ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៧)

ចំណុចទីប្រាំពីរ៖ ចាត់ចែង និងប្រើមនុស្សក្នុងប្រភេទផ្សេងៗគ្នាឱ្យបានសមស្រប ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីប្រើមនុស្សម្នាក់ៗឱ្យត្រូវចំសក្ដានុពលរបស់ពួកគេ (ផ្នែកទីពីរ)

នៅក្នុងការប្រកបលើកមុន ទំនួលខុសត្រូវទីប្រាំពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានពិភាក្សា៖ «បែងចែក និងប្រើប្រាស់មនុស្សប្រភេទផ្សេងៗដោយសមហេតុផល ដោយផ្អែកលើលក្ខណៈមនុស្សជាតិ និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីឱ្យម្នាក់ៗត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាព»។ យើងបានប្រកបគ្នាជាចម្បងអំពីទិដ្ឋភាពបីយ៉ាងនៃទំនួលខុសត្រូវនេះ។ តើទិដ្ឋភាពទាំងបីយ៉ាងនេះមានអ្វីខ្លះ? (មួយគឺការប្រើប្រាស់មនុស្សប្រភេទផ្សេងៗដោយសមហេតុផល ដោយផ្អែកលើលក្ខណៈមនុស្សជាតិរបស់ពួកគេ មួយទៀតគឺការប្រើប្រាស់មនុស្សប្រភេទផ្សេងៗដោយសមហេតុផលដោយផ្អែកលើចំណុចខ្លាំងរបស់ពួកគេ ហើយមួយទៀតគឺរបៀបប្រព្រឹត្តចំពោះ និងប្រើប្រាស់មនុស្សប្រភេទពិសេសមួយចំនួន។) ជាមូលដ្ឋាន ទិដ្ឋភាពទាំងបីនេះគឺមានដូចនេះ។ បើមើលតាមទិដ្ឋភាពទាំងបីនេះ តើគោលការណ៍របស់ដំណាក់ព្រះជាម្ចាស់ក្នុងការប្រើប្រាស់មនុស្ស គឺដើម្បីឱ្យម្នាក់ៗត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាព មែនឬទេ? (មែនហើយ។) តើគោលការណ៍នេះត្រឹមត្រូវដែរឬទេ? តើវាមានភាពយុត្តិធម៌ចំពោះមនុស្សដែរឬទេ? (គឺយុត្តិធម៌។) ចំពោះមនុស្សល្ងីល្ងើដែលមានបញ្ញាខ្សោយ ពួកគេគ្មានសមត្ថភាពធ្វើអ្វីបានឡើយ ហើយមិនអាចបំពេញភារកិច្ចសូម្បីតែបន្តិចបន្តួចបានឡើយ។ ប្រសិនបើអ្នកចាត់តាំងការងារមួយដល់ពួកគេ ទោះបីជាវាស្ថិតនៅក្នុងទិដ្ឋភាពវិជ្ជាជីវៈ បច្ចេកទេស ឬជាការងារដែលប្រើកម្លាំងក៏ដោយ ក៏ពួកគេមិនអាចបំពេញវាបានដែរ។ មនុស្សបែបនេះដាច់ខាតមិនអាចប្រើប្រាស់បានឡើយ សូម្បីតែ បម្រើការក៏មិនបានដែរ។ នេះគឺនិយាយអំពីបញ្ញា។ បើនិយាយពីលក្ខណៈមនុស្សជាតិវិញ ចំពោះអស់អ្នកណាដែលមានលក្ខណៈមនុស្សជាតិមិនល្អ និងជាមនុស្សអាក្រក់ ទោះបីជាពួកគេអាចធ្វើកិច្ចការខ្លះ និងបំពេញភារកិច្ចខ្លះក៏ដោយ ប៉ុន្តែដោយសារតែលក្ខណៈមនុស្សជាតិរបស់ពួកគេអាក្រក់ពេក ពួកគេនឹងបង្កការរំខាន និងការបង្អាក់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ដែលនាំឱ្យខាតបង់ច្រើនជាងចំណេញ ហើយមិនអាចធ្វើអ្វីបានល្អឡើយ។ មនុស្សបែបនេះមិនសមនឹងការបំពេញភារកិច្ចទេ ហើយដាច់ខាតមិនអាចប្រើប្រាស់បានឡើយ។ ប្រសិនបើមានមនុស្សដែលមានចំណុចខ្លាំងជាក់លាក់ណាមួយ ដរាបណាពួកគេបំពេញគ្រប់លក្ខខណ្ឌទាំងអស់ដែលតម្រូវសម្រាប់ការងាររបស់ដំណាក់ព្រះជាម្ចាស់ដោយផ្អែកលើមូលដ្ឋាននៃការមានលក្ខណៈមនុស្សជាតិដែលស្របតាមស្ដង់ដានោះពួកគេអាចត្រូវបានរៀបចំ និងប្រើប្រាស់ដោយសមហេតុផលបាន។ លើកមុន យើងក៏បានប្រកបគ្នាអំពីរបៀបប្រព្រឹត្តចំពោះ និងប្រើប្រាស់មនុស្សប្រភេទពិសេសមួយចំនួនផងដែរ។ ប្រភេទទីមួយ គឺជាមនុស្សដែលដូចជាយូដាស ដែលជាមនុស្សកំសាកញីជាពិសេស។ ដោយវិនិច្ឆ័យពីភាពកំសាកញីជាពិសេសរបស់ពួកគេ នៅពេលដែលពួកគេត្រូវបាននាគដ៏ធំដែលមានសម្បុរក្រហមចាប់បាន គឺមានឱកាស១០០ ភាគរយដែលពួកគេនឹងក្លាយជាយូដាស ប្រសិនបើពួកគេត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការសំខាន់ៗ នៅពេលមានរឿងអ្វីកើតឡើង ពួកគេនឹងក្បត់អ្វីៗទាំងអស់។ តើ ទាំងនេះមិនមែនជាចរិតលក្ខណៈដែលគ្រោះថ្នាក់ទេឬ? ក៏មានមនុស្សមួយប្រភេទទៀតដែលស្រដៀងនឹងអ្នកមិនជឿសាសនាដែរ ដែលយើងហៅថា មិត្តភក្តិពួកជំនុំ។ មនុស្សទាំងនេះហាក់ដូចជាជឿនៅក្នុងចិត្តរបស់ពួកគេថា មានបុរសចំណាស់ម្នាក់នៅលើមេឃ ប៉ុន្តែពួកគេមិនដឹងថាតើ ព្រះជាម្ចាស់ពិតជាមានមែនឬទេ ទ្រង់គង់នៅឯណា ឬទ្រង់ពិតជាបានធ្វើកិច្ចការថ្មីរបស់ទ្រង់ឬអត់ ហើយពួកគេជាញឹកញាប់សង្ស័យអំពីវត្តមានរបស់ព្រះជាម្ចាស់។ ពួកគេមិនជឿ និងដើរតាមព្រះជាម្ចាស់ដោយពិតប្រាកដនោះទេ។ ហេតុដូច្នេះហើយ មនុស្សបែបនេះមិនអាចប្រើប្រាស់បានទេ ពួកគេមិនសមនឹងការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ សូម្បីតែអស់អ្នកណាដែលជឿដោយពិតប្រាកដ ក៏មិនប្រាកដថាអាចបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលស្របតាមស្ដង់ដាបានដែរ ចុះទម្រាំតែអ្នកមិនជឿសាសនាម្នាក់ ដែលជាមិត្តភក្តិរបស់ពួកជំនុំទៅទៀត! មនុស្សមួយប្រភេទទៀត គឺជាអស់អ្នកណាដែលត្រូវបានបណ្ដេញចោល ហើយក្រុមនេះក៏ត្រូវបានបែងចែកជាច្រើនកាលៈទេសៈផងដែរ។

ខ្លឹមសារនៃការប្រកបលើកមុន ទាក់ទងនឹង ទំនួលខុសត្រូវទីប្រាំពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ ជាមូលដ្ឋានបានគ្របដណ្ដប់លើចំណុចសំខាន់ៗទាំងបីនេះ៖ មួយគឺការប្រើប្រាស់មនុស្សប្រភេទផ្សេងៗដោយសមហេតុផល ដោយផ្អែកលើលក្ខណៈមនុស្សជាតិរបស់ពួកគេ មួយទៀតគឺការប្រើប្រាស់មនុស្សប្រភេទផ្សេងៗដោយសមហេតុផល ដោយផ្អែកលើចំណុចខ្លាំងរបស់ពួកគេ ហើយមួយទៀតគឺរបៀបប្រព្រឹត្តចំពោះ និងប្រើប្រាស់មនុស្សប្រភេទពិសេសមួយចំនួន។ ចំណុចសំខាន់ៗទាំងបីនេះត្រូវបានប្រកបគ្នាដោយផ្អែកលើទិដ្ឋភាព មួយចំនួនដែលបានរៀបរាប់នៅក្នុងទំនួលខុសត្រូវទីប្រាំពីរ ហើយគោលការណ៍ទាំងអស់ត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់។ មនុស្សខ្លះនិយាយថា៖ «ទោះបីជាគោលការណ៍ត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់ក៏ដោយ នៅពេលជួបប្រទះបញ្ហាជាក់លាក់ និងកាលៈទេសៈពិសេសមួយចំនួន យើងនៅតែមិនដឹងថាត្រូវអនុវត្តគោលការណ៍ទាំងនេះដោយរបៀបណា ត្រូវប្រព្រឹត្តចំពោះមនុស្សដោយរបៀបណា ឬត្រូវដំឡើងតំណែង និងប្រើប្រាស់បុគ្គលម្នាក់ៗដោយរបៀបណានោះទេ ភាគច្រើនយើងនៅតែច្របូកច្របល់»។ តើបញ្ហាបែបនេះមានមែនដែរឬទេ? (មែនហើយ។) តើបញ្ហានេះគួរដោះស្រាយដោយរបៀបណា? ការពិចារណាទីមួយក្នុងការដំឡើងតំណែង និងប្រើប្រាស់មនុស្ស គឺតម្រូវការនៃកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់។ ការពិចារណាទីពីរគឺថាតើឥទ្ធិពលនៃការប្រើប្រាស់បុគ្គលម្នាក់ទៅលើកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់មានផលចំណេញច្រើនជាងការខាតបង់ ឬក៏ការខាតបង់ច្រើនជាងផលចំណេញ។ ប្រសិនបើលក្ខណៈមនុស្សជាតិរបស់បុគ្គលម្នាក់មានកំហុសឆ្គង ប៉ុន្តែការប្រើប្រាស់ពួកគេមានផលចំណេញច្រើនជាងការខាតបង់ចំពោះកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ នោះបុគ្គលបែបនេះអាចត្រូវបានប្រើប្រាស់ជាបណ្ដោះអាសន្ន រហូតដល់រកបានមនុស្សល្អជាងនេះ។ ប្រសិនបើការប្រើប្រាស់បុគ្គលនេះបណ្ដាលឱ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អ និងខាតបង់ច្រើនជាងផលចំណេញដែលនាំឱ្យខូចខាត និង ខូចការដល់កិច្ចការរបស់ពួកជំនុំ នោះបុគ្គលបែបនេះដាច់ខាតមិនអាចប្រើប្រាស់បានឡើយ។ នេះគឺជាគោលការណ៍នៃការថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិដែលត្រូវតែយល់ឱ្យបានជាមុន នៅក្នុងស្ថានភាពដែលគ្មានបេក្ខជនសមរម្យ ហើយវាក៏ជាគោលការណ៍សម្រាប់ការប្រើប្រាស់មនុស្សជាបណ្ដោះអាសន្នផងដែរ។ នៅពេលមិនអាចរកបេក្ខជនសមរម្យបាន ហើយមិនច្បាស់ថាអ្នកណាអាចប្រសើរជាងគេ នៅពេលដែលមិនឃើញច្បាស់ថាអ្នកណាដែលសមទាំងស្រុងសម្រាប់កិច្ចការមួយ ហើយមនុស្សគ្រប់គ្នាមើលទៅប្រហាក់ប្រហែលគ្នា តើគួរធ្វើដូចម្ដេច? ជម្រើសតែមួយគត់គឺត្រូវស្វែងរកមនុស្សពីរនាក់ដែលមានការយល់ដឹងខាងវិញ្ញាណគួរសម ពោលគឺអស់អ្នកណាដែលយល់ពីសេចក្ដីពិតសុទ្ធសាធ ដើម្បីសហការគ្នាក្នុងការធ្វើកិច្ចការ។ ខណៈពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ សេចក្ដីពិតគួរតែត្រូវបានប្រកបគ្នាជាមួយពួកគេឱ្យបានច្រើន ហើយស្ថានភាពរបស់ពួកគេគួរតែត្រូវបានសង្កេត និងស្វែងយល់ នេះធ្វើឱ្យអាចកំណត់បានថា តើអ្នកណាមានគុណសម្បត្តិប្រសើរជាង ដែលធ្វើឱ្យការស្វែងរកបេក្ខជនដែលត្រឹមត្រូវកាន់តែងាយស្រួល។ មិនថារៀបចំឱ្យអ្នកណាធ្វើភារកិច្ចក៏ដោយ ក៏ត្រូវតែផ្អែកលើគុណសម្បត្តិ ចំណុចខ្លាំង និងចរិតលក្ខណៈរបស់ពួកគេដែរ នេះគឺជារឿងចាំបាច់។ ប្រសិនបើគេមិនអាចមើលធ្លុះទិដ្ឋភាពទាំងនេះ ហើយមិនយល់ថាបុគ្គលនោះមានចំណុចខ្លាំងអ្វីខ្លះទេ នោះដំបូងឡើយ ពួកគេគួរតែត្រូវបានចាត់តាំងឱ្យធ្វើភារកិច្ចសាមញ្ញមួយ ឬការងារដែលប្រើកម្លាំងខ្ល ឬត្រូវបានរៀបចំឱ្យស្ទាបស្ទង់រកអ្នកទទួលដំណឹងល្អសម្រាប់ការផ្សាយដំណឹងល្អ។ បន្ទាប់ពីរយៈពេលសាកល្បងមួយ ការតាមដាន និងការសង្កេតបន្ថែម ធ្វើឱ្យអាចវាយតម្លៃស្ថានភាពរបស់ពួកគេបានយ៉ាងត្រឹមត្រូវ និងកាន់តែងាយស្រួលក្នុងការកំណត់ភារកិច្ចដែលសមរម្យបំផុតសម្រាប់ពួកគេ។ ប្រសិនបើគុណសម្បត្តិរបស់ពួកគេអន់ពេក ហើយពួកគេខ្វះចំណុចខ្លាំង ការចាត់តាំងឱ្យពួកគេធ្វើការងារដែលប្រើកម្លាំងខ្លះគឺគ្រប់គ្រាន់ហើយ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែស្វែងយល់អំពីអ្នកមើលការខុសត្រូវលើកិច្ចការសំខាន់ៗ ប្រធានផ្នែកផ្សាយដំណឹងល្អ ប្រធានក្រុមនីមួយៗ អ្នកដឹកនាំក្រុមផលិតភាពយន្ត ជាដើម ពីប្រភពផ្សេងៗ ហើយសង្កេត និងពិនិត្យពិច័យមនុស្សទាំងនេះឱ្យកាន់តែដិតដល់ មុននឹងពួកគេអាចប្រាកដអំពីមនុស្សទាំងនោះបាន។ មានតែតាមរយៈការចាត់តាំងភារកិច្ចដល់មនុស្សដោយប្រុងប្រយ័ត្នតាមរបៀបនេះទេ ទើបពួកគេអាចធានាថាការរៀបចំទាំងនោះសមស្រប ហើយថាមនុស្សទាំងនោះនឹងមានប្រសិទ្ធភាពនៅក្នុងភារកិច្ចរបស់ពួកគេ។ មនុស្សខ្លះនិយាយថា៖ «សូម្បីតែអ្នកមិនជឿសាសនាក៏និយាយដែរថា 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ'។ ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់មិនទុកចិត្តមនុស្សដូច្នេះ? ពួកគេទាំងអស់សុទ្ធតែជាអ្នកជឿ តើពួកគេអាចអាក្រក់ដល់កម្រិតណាទៅ? តើពួកគេមិនមែនសុទ្ធតែជាមនុស្សល្អទេឬ? ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់ត្រូវតែស្វែងយល់ពីពួកគេ មើលការខុសត្រូវលើពួកគេ និងសង្កេតពួកគេដូច្នេះ?» តើពាក្យសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? តើពួកគេមានបញ្ហាឬ? (មែនហើយ។) តើការស្វែងយល់ពីនរណាម្នាក់ និងការសង្កេតពួកគេឱ្យបានស៊ីជម្រៅ និងការប្រាស្រ័យទាក់ទងជាមួយពួកគេយ៉ាងជិតស្និទ្ធ ស្របតាមគោលការណ៍ដែរឬទេ? គឺស្របតាមគោលការណ៍ទាំងស្រុង។ តើវាស្របតាមគោលការណ៍មួយណា? (ចំណុចទីបួននៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «តាមដានជាប់ជានិច្ចនូវស្ថានភាពរបស់អ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗនានា ហើយកែតម្រូវការចាត់តាំងភារកិច្ចរបស់ពួកគេ ឬបណ្ដេញពួកគេចេញភ្លាមៗតាមការចាំបាច់ ដើម្បីការពារ ឬកាត់បន្ថយការខាតបង់ដែលបណ្ដាលមកពីការប្រើប្រាស់មនុស្សមិនសមរម្យ និងធានាប្រសិទ្ធភាព និងដំណើរការរលូននៃកិច្ចការ»។) នេះគឺជាចំណុចយោងដ៏ល្អមួយ ប៉ុន្តែតើមូលហេតុពិតប្រាកដនៃការធ្វើបែបនេះគឺជាអ្វី? គឺដោយសារតែមនុស្សមាននិស្ស័យពុករលួយ។ ទោះបីជាសព្វថ្ងៃនេះ មានមនុស្សជាច្រើនធ្វើភារកិច្ចក៏ដោយ ក៏មានមនុស្សតិចតួចប៉ុណ្ណោះដែលដេញតាមសេចក្ដីពិត។ មានមនុស្សតិចតួចណាស់ដែលដេញតាមសេចក្ដីពិត និងចូលទៅក្នុងតថភាព នៅពេលដែលពួកគេធ្វើភារកិច្ចរបស់ខ្លួន។ សម្រាប់មនុស្សភាគច្រើន ពួកគេនៅតែធ្វើអ្វីៗដោយគ្មានគោលការណ៍ ពួកគេនៅតែមិនមែនជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ពួកគេគ្រាន់តែអះអាងថា ពួកគេស្រឡាញ់សេចក្ដីពិត សុខចិត្តដេញតាមសេចក្ដីពិត និងសុខចិត្តខិតខំដើម្បីសេចក្ដីពិត ប៉ុន្តែគេនៅតែមិនដឹងថា ការប្ដេជ្ញាចិត្តរបស់ពួកគេនឹងស្ថិតស្ថេរបានយូរប៉ុណ្ណានោះទេ។ មនុស្សដែលមិនដេញតាមសេចក្ដីពិត ងាយនឹងបញ្ចេញនិស្ស័យពុករលួយរបស់ពួកគេនៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។ ពួកគេគ្មានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនឡើយ ពួកគេជាញឹកញាប់ធ្វើការបង្គ្រប់កិច្ច ពួកគេធ្វើតាមតែចិត្តចង់របស់ខ្លួន ហើយថែមទាំងមិនអាចទទួលយកការលួសកាត់បានទៀតផង។ នៅពេលដែលពួកគេមានអារម្មណ៍អវិជ្ជមាន និងខ្សោយ ពួកគេងាយនឹងបោះបង់ចោលកិច្ចការរបស់ពួកគេ។ រឿងនេះកើតឡើងជាញឹកញាប់ ដែលជារឿងធម្មតាបំផុត នេះគឺជារបៀបប្រព្រឹត្តរបស់អស់អ្នកណាដែលមិនដេញតាមសេចក្ដីពិត។ ដូច្នេះហើយ នៅពេលដែលមនុស្សមិនទាន់ទទួលបានសេចក្តីពិត ពួកគេជាមនុស្សដែលមិនគួរឱ្យជឿជាក់ និងមិនគួរឱ្យទុកចិត្តបានឡើយ។ តើឃ្លាថា ពួកគេមិនគួរឱ្យទុកចិត្ត មានន័យដូចម្ដេចទៅ? ឃ្លានេះមានន័យថា កាលណាពួកគេជួបនឹងការលំបាក ឬឧបសគ្គ ពួកគេទំនងជាបរាជ័យ ហើយមានអារម្មណ៍អវិជ្ជមាន និងខ្សោយ។ តើអ្នកដែលច្រើនតែមានអារម្មណ៍អវិជ្ជមាន និងខ្សោយ ជាមនុស្សគួរឱ្យទុកចិត្តបានទេ? ពិតជាមិនបានឡើយ។ ប៉ុន្តែមនុស្សដែលយល់ពីសេចក្តីពិត គឺមានលក្ខណៈខុសពីនេះ។ មនុស្សដែលយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ ច្បាស់ជាមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ ហើយមានតែមនុស្សដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្សដែលគួរឱ្យទុកចិត្ត។ មនុស្សដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ គឺមិនគួរឱ្យទុកចិត្តឡើយ។ តើគួរប្រព្រឹត្តចំពោះមនុស្សដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ដោយរបៀបណា? ជាការពិតណាស់ ពួកគេគួរតែទទួលបានជំនួយ និងការគាំទ្រប្រកបដោយសេចក្ដីស្រឡាញ់។ ពួកគេគួរតែត្រូវបានតាមដានឱ្យបានដិតដល់ជាងមុន នៅពេលដែលពួកគេ ធ្វើភារកិច្ចរបស់ខ្លួន ហើយផ្ដល់ជំនួយ និងការចង្អុលបង្ហាញបន្ថែម ទាល់តែបែបនោះទើបអាចធានាបានថា ពួកគេធ្វើភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ហើយតើការធ្វើបែបនេះមានគោលបំណងអ្វីទៅ? គោលបំណងដ៏សំខាន់បំផុត គឺដើម្បីប្រកាន់ខ្ជាប់តាមកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ គោលបំណងទីពីរចំពោះរឿងនេះ គឺដើម្បីកំណត់បញ្ហាភ្លាមៗ ផ្គត់ផ្គង់ គាំទ្រពួកគេ ហើយដោះស្រាយ ឬលួសកាត់ពួកគេភ្លាមៗ កែតម្រូវការភ្លាំងភ្លាត់របស់ពួកគេ និងប៉ះប៉ូវចំណុចខ្វះខាត និងភាពទន់ខ្សោយរបស់ពួកគេ។ ការនេះមានប្រយោជន៍ដល់មនុស្ស ហើយគ្មានគំនិតព្យាបាទនោះទេ។ ការមើលការខុសត្រូវមនុស្ស ការសង្កេតពួកគេ ការព្យាយាមស្វែងយល់ពីពួកគេទាំងអស់នេះគឺដើម្បីជួយពួកគេឱ្យចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនតាមការតម្រូវរបស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍ ដើម្បីបញ្ឈប់ពួកគេពីការបង្កការរំខាន ឬការបង្អាក់ និងដើម្បីបញ្ឈប់ពួកគេពីការធ្វើកិច្ចការដែលឥតប្រយោជន៍។ គោលបំណងនៃការធ្វើបែបនេះ គឺទាំងស្រុងដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះពួកគេ និងចំពោះកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ គឺគ្មានចេតនាអាក្រក់ឡើយ។ ឧបមាថាមាននរណាម្នាក់និយាយថា៖ «ដូច្នេះនេះគឺជាគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស នេះគឺជាវិធីសាស្ត្រដែលពួកគេប្រើ។ ចាប់ពីពេលនេះតទៅ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺគ្មានអារម្មណ៍សុវត្ថិភាពទេ។ តែងតែមាននរណាម្នាក់ចាំមើលអ្នក វាពិបាកក្នុងការធ្វើភារកិច្ចរបស់អ្នកណាស់!» តើពាក្យសម្ដីនេះត្រឹមត្រូវដែរឬទេ? តើមនុស្សប្រភេទណាដែលនិយាយពាក្យបែបនេះ? (អ្នកមិនជឿសាសនា។) អ្នកមិនជឿសាសនា មនុស្សដែលមិនសមហេតុផល និងអស់អ្នកណាដែលខ្វះការយល់ដឹងខាងវិញ្ញាណ។ ពួកគេមានទំនោរនិយាយពាក្យសម្តីផ្តេសផ្តាសដោយមិនយល់ពីសេចក្ដីពិត។ តើបញ្ហានៅត្រង់ណា? តើពាក្យសម្ដីទាំងនេះមិនមែនជាការវិនិច្ឆ័យ និងការថ្កោលទោសកិច្ចការរបស់ពួកជំនុំទេឬ? វាក៏ជាការវិនិច្ឆ័យ និងការថ្កោលទោសចំពោះសេចក្ដីពិត និងអ្វីៗដែលវិជ្ជមានផងដែរ។ អស់អ្នកណាដែលអាចនិយាយពាក្យបែបនេះបាន ពិតជាមនុស្សវង្វេង ដែលមិនយល់ពីសេចក្ដីពិត ហើយពួកគេទាំងអស់គឺជាអ្នកមិនជឿសាសនា ដែលមិនស្រឡាញ់សេចក្ដីពិត។

ដំណាក់ព្រះជាម្ចាស់មើលខុសត្រូវ សង្កេត និងព្យាយាមស្វែងយល់ពីអស់អ្នកណាដែលធ្វើភារកិច្ច។ តើអ្នករាល់គ្នាអាចទទួលយកគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់នេះបានដែរឬទេ? (បាន)។ វាជារឿងដ៏ល្អប្រសើរណាស់ ប្រសិនបើអ្នកអាចទទួលយកការដែលដំណាក់របស់ព្រះជាម្ចាស់មើលការខុសត្រូវ សង្កេត និងព្យាយាមស្វែងយល់ពីអ្នកបាន។ វាជួយអ្នកក្នុងការបំពេញភារកិច្ចរបស់អ្នកដោយអ្នកអាចធ្វើភារកិច្ចរបស់អ្នកក្នុងរបៀបដែលស្របតាមស្ដង់ដា និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ វាផ្ដល់ផលប្រយោជន៍ និងជួយអ្នកដោយគ្មានគុណវិបត្តិអ្វីទាល់តែសោះ។ នៅពេលដែលអ្នកបានយល់ពីគោលការណ៍នេះហើយ តើអ្នកមិនគួរឈប់មានអារម្មណ៍ទាស់ទទឹង ឬការប្រុងប្រយ័ត្នការពារខ្លួនណាមួយចំពោះការមើលការខុសត្រូវរបស់អ្នកដឹកនាំ អ្នកធ្វើការ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតទេឬ? ទោះបីជាពេលខ្លះមាននរណាម្នាក់ព្យាយាមស្វែងយល់ពីអ្នក សង្កេតអ្នក និងមើលការខុសត្រូវលើការងាររបស់អ្នកក៏ដោយ ក៏នេះមិនមែនជារឿងដែលសំដៅលើបុគ្គលអ្នកផ្ទាល់នោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ពីព្រោះកិច្ចការដែលជារបស់អ្នកនៅពេលនេះ ភារកិច្ចដែលអ្នកបំពេញ និងការងារណាក៏ដោយដែលអ្នកធ្វើ មិនមែនជាកិច្ចការឯកជន ឬការងារផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ វាពាក់ព័ន្ធនឹងកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ ហើយទាក់ទងនឹងផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ នៅពេលដែលនរណាម្នាក់ចំណាយពេលបន្តិចបន្តួចដើម្បីមើលការខុសត្រូវ ឬសង្កេតអ្នក ឬស្វែងយល់ពីអ្នកឱ្យបានស៊ីជម្រៅ ដោយព្យាយាមនិយាយគ្នា ស្មោះត្រង់ចេញពីចិត្តជាមួយអ្នក និងស្វែងយល់ថាតើ សភាពរបស់អ្នកយ៉ាងម៉េចដែរក្នុងអំឡុងពេលនេះ ហើយសូម្បីតែពេលខ្លះឥរិយាបថរបស់ពួកគេរាងតឹងរ៉ឹងបន្តិច ហើយពួកគេលួសកាត់ ប្រៀនប្រដៅ និងស្ដីបន្ទោសអ្នកខ្លះៗ ទាំងអស់នេះគឺដោយសារតែពួកគេមានឥរិយាបថប្រកបដោយមនសិកា និងការទទួលខុសត្រូវចំពោះកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់។ អ្នកមិនគួរមានគំនិត ឬអារម្មណ៍អវិជ្ជមានណាមួយចំពោះរឿងនេះឡើយ។ តើវាមានន័យដូចម្ដេច ប្រសិនបើអ្នកអាចទទួលយកបាននៅពេលដែលអ្នកដទៃមើលការខុសត្រូវ សង្កេត និងព្យាយាមស្វែងយល់ពីអ្នក? នោះមានន័យថា នៅក្នុងចិត្តរបស់អ្នក អ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ហើយ។ ប្រសិនបើអ្នកមិនទទួលយកការមើលការខុសត្រូវ ការសង្កេត និងការព្យាយាមស្វែងយល់ពីអ្នករបស់មនុស្សទេប្រសិនបើអ្នកប្រឆាំងទាស់នឹងរឿងទាំងអស់នេះតើអ្នកអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានដែរឬទេ? ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់គឺលម្អិត ស៊ីជម្រៅ និងត្រឹមត្រូវជាងនៅពេលមនុស្សព្យាយាមស្វែងយល់ពីអ្នកទៅទៀត។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់គឺកាន់តែជាក់លាក់ តឹងរ៉ឹង និងស៊ីជម្រៅជាងនោះទៅទៀត។ ប្រសិនបើអ្នកមិនអាចទទួលយកការមើលការខុសត្រូវពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានទេ តើការអះអាងរបស់អ្នកដែលថាអ្នកអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បាននោះមិនមែនជាពាក្យទទេទេឬ? ដើម្បីឱ្យអ្នកអាចទទួលយកការពិនិត្យពិច័យ និងការត្រួតពិនិត្យរបស់ព្រះជាម្ចាស់បាន អ្នកត្រូវតែទទួលយកការមើលការខុសត្រូវពីដំណាក់របស់ព្រះជាម្ចាស់ អ្នកដឹកនាំ និងអ្នកធ្វើការ ឬបងប្អូនប្រុសស្រីជាមុនសិន។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមានសិទ្ធិមនុស្ស ខ្ញុំមានសេរីភាពរបស់ខ្ញុំ ខ្ញុំមានរបៀបធ្វើការរបស់ខ្ញុំ។ ការដែលត្រូវគេមើលការខុសត្រូវ និងត្រួតពិនិត្យគ្រប់រឿងដែលខ្ញុំធ្វើ តើនេះមិនមែនជារបៀបរស់នៅដែល ពិបាកដកដង្ហើមទេឬ? តើសិទ្ធិមនុស្សរបស់ខ្ញុំនៅឯណា? តើសេរីភាពរបស់ខ្ញុំនៅឯណា?» តើពាក្យសម្ដីនេះត្រឹមត្រូវដែរឬទេ? តើសិទ្ធិមនុស្ស និងសេរីភាពជាសេចក្ដីពិតដែរឬទេ? វាមិនមែនជាសេចក្ដីពិតទេ។ សិទ្ធិមនុស្ស និងសេរីភាពគ្រាន់តែជា វិធីដែលមានអរិយធម៌ និងមានការរីកចម្រើនបន្ថែមក្នុងការប្រព្រឹត្តចំពោះមនុស្សនៅក្នុងសង្គមមនុស្សប៉ុណ្ណោះ ប៉ុន្តែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតគឺលើសអ្វីៗទាំងអស់។ គេមិនអាចលើកយកព្រះបន្ទូលមកនិយាយក្នុងពេលតែមួយជាមួយនឹង «សិទ្ធិមនុស្ស» និង «សេរីភាព» បានឡើយ។ ដូច្នេះហើយ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អ្វីក៏ដោយដែលត្រូវបានធ្វើគឺមិនមែនផ្អែកលើទ្រឹស្ដី ឬចំណេះដឹងខ្ពង់ខ្ពស់របស់ពិភពដែលមិនជឿសាសនានោះទេ ប៉ុន្តែគឺផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត។ ដូច្នេះ នៅពេលដែលមនុស្សខ្លះនិយាយថា ពួកគេចង់បានសិទ្ធិមនុស្ស និងសេរីភាព តើនេះស្របតាមគោលការណ៍ដែរឬទេ? (មិនស្របតាមទេ)។ វាច្បាស់ណាស់ថា វាមិនស្របតាមគោលការណ៍នៃការធ្វើភារកិច្ចឡើយ។ អ្នកស្ថិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់កំពុងធ្វើភារកិច្ចរបស់ភាវៈដែលបានបង្កើតមក មិនមែនធ្វើការនៅក្នុងសង្គមដើម្បីរកប្រាក់នោះទេ។ ដូច្នេះហើយ មិនចាំបាច់ឱ្យនរណាម្នាក់ចេញមុខការពារសិទ្ធិមនុស្សរបស់អ្នកឡើយ រឿងបែបនេះគឺមិនចាំបាច់ទេ។ តើមនុស្សភាគច្រើនមានការវែកញែកទាក់ទងនឹងសិទ្ធិមនុស្ស និងសេរីភាពដែរឬទេ? ទាំងនេះស្ថិតក្នុងគំនិត និងទស្សនៈរបស់មនុស្ស ហើយមិនអាចលើកយកមកនិយាយក្នុងពេលតែមួយជាមួយនឹងសេចក្ដីពិតបានឡើយ គំនិតបែបនេះមិនអាចអនុវត្តបាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ។ ការដែលអ្នកដឹកនាំមើលការខុសត្រូវលើការងាររបស់អ្នកគឺជារឿងល្អ។ ហេតុអ្វី? ពីព្រោះវាមានន័យថា ពួកគេកំពុងទទួលខុសត្រូវចំពោះកិច្ចការរបស់ពួកជំនុំ នេះគឺជាភារកិច្ចរបស់ពួកគេ ជាទំនួលខុសត្រូវរបស់ពួកគេ។ ការដែលអាចបំពេញទំនួលខុសត្រូវនេះបាន បង្ហាញថាពួកគេជាអ្នកដឹកនាំដែលមានសមត្ថភាព ជាអ្នកដឹកនាំដ៏ល្អម្នាក់។ ប្រសិនបើអ្នកត្រូវបានគេឱ្យសេរីភាព និងសិទ្ធិមនុស្សពេញលេញ ហើយអ្នកអាចធ្វើអ្វីក៏បានតាមតែចិត្តចង់ ធ្វើតាមបំណងប្រាថ្នារបស់អ្នក និងរីករាយនឹងសេរីភាព និងប្រជាធិបតេយ្យពេញលេញ ហើយទោះជាអ្នកធ្វើអ្វី ឬធ្វើដោយរបៀបណាក៏ដោយ ក៏អ្នកដឹកនាំមិនខ្វល់ ឬមិនមើលការខុសត្រូវ មិនដែលសួរនាំអ្នក មិនត្រួតពិនិត្យការងាររបស់អ្នក មិននិយាយអ្វីនៅពេលរកឃើញបញ្ហា ហើយមានតែការលួងលោម ឬចរចាជាមួយអ្នកប៉ុណ្ណោះ តើពួកគេជាអ្នកដឹកនាំល្អដែរឬទេ? ច្បាស់ណាស់ថាមិនមែនទេ។ អ្នកដឹកនាំបែបនេះកំពុងធ្វើបាបអ្នកហើយ។ ពួកគេបណ្ដោយឱ្យអ្នកប្រព្រឹត្តអំពើអាក្រក់ អនុញ្ញាតឱ្យអ្នកប្រឆាំងនឹងគោលការណ៍ និងធ្វើតាមតែចិត្តចង់។ ពួកគេកំពុងរុញអ្នកឆ្ពោះទៅរករណ្ដៅភ្លើង។ នេះមិនមែនជាអ្នកដឹកនាំដែលទទួលខុសត្រូវ និងស្របតាមស្ដង់ដានោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកដឹកនាំម្នាក់អាចមើលការខុសត្រូវអ្នកជាប្រចាំ រកឃើញបញ្ហានៅក្នុងការងាររបស់អ្នក ហើយដាស់តឿន ឬស្ដីបន្ទោស និងលាតត្រដាងអ្នកភ្លាមៗ ព្រមទាំងកែតម្រូវ និងជួយដោះស្រាយសកម្មភាពដែលមិនត្រឹមត្រូវ និងការ ខុសឆ្គងរបស់អ្នកក្នុងការធ្វើភារកិច្ចឱ្យបានទាន់ពេលវេលា ហើយនៅក្រោមការមើលការខុសត្រូវ ការស្ដីបន្ទោស ការផ្គត់ផ្គង់ និងជំនួយរបស់ពួកគេឥរិយាបថខុសឆ្គងរបស់អ្នកចំពោះភារកិច្ចក៏បានផ្លាស់ប្ដូរ អ្នកអាចបោះបង់ចោលទស្សនៈមិនសមហេតុផលមួយចំនួន គំនិតផ្ទាល់ខ្លួនរបស់អ្នក និងអ្វីៗដែលកើតចេញពីភាពឆេវឆាវ ក៏ថយចុះបន្តិចម្ដងៗ ហើយអ្នកអាចទទួលយកដោយចិត្តស្ងប់នូវពាក្យសម្ដី និងទស្សនៈដែលត្រឹមត្រូវ និងស្របតាមគោលការណ៍សេចក្ដីពិត តើនេះមិនមានប្រយោជន៍សម្រាប់អ្នកទេឬ? ផលប្រយោជន៍ពិតជាធំធេងណាស់!

ដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នកដឹកនាំ និងអ្នកធ្វើការរបស់ខ្លួនដោយអនុវត្តការមើលការខុសត្រូវ ការសង្កេត និងការស្វែងយល់។ តើអ្វីជាមូលដ្ឋាន សម្រាប់ប្រព្រឹត្តចំពោះមនុស្សតាមរបៀបនេះ? ហេតុអ្វីបានជាត្រូវប្រព្រឹត្តចំពោះមនុស្សតាមរបៀបនេះ? តើនេះមិនមែនជាវិធីសាស្ត្រ និងរបៀបដែលកើតចេញពីគោលការណ៍នៃការស្មោះត្រង់ ម៉ឺងម៉ាត់ និងការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនទេឬ? (មែនហើយ។) ប្រសិនបើអ្នកដឹកនាំម្នាក់មិនដែលមើលការខុសត្រូវ សង្កេត ឬស្វែងយល់ឱ្យបានស៊ីជម្រៅពីមនុស្សដែលពួកគេទទួលខុសត្រូវក្នុងការ ធ្វើភារកិច្ចទេ តើពួកគេអាចត្រូវបានចាត់ទុកថាជាអ្នកដឹកនាំដែលស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួនបានទេ? ច្បាស់ណាស់ ថាមិនអាចទេ។ តើអ្នកដឹកនាំ អ្នកធ្វើការ និងអ្នកមើលការខុសត្រូវរបស់អ្នកបានត្រួតពិនិត្យការងាររបស់អ្នកដែរឬទេ? តើពួកគេបានជជីកសួរអំពីវឌ្ឍនភាពនៃការងាររបស់អ្នកដែរឬទេ? តើពួកគេបានដោះស្រាយបញ្ហាដែលកើតឡើងក្នុងការងាររបស់អ្នកដែរឬទេ? តើពួកគេបានកែតម្រូវចំណុចខ្វះខាត ឬ ការខុសឆ្គងជាក់ស្ដែងណាមួយក្នុងការងាររបស់អ្នកដែរឬទេ? តើពួកគេបានផ្ដល់ជំនួយ ការផ្គត់ផ្គង់ ការគាំទ្រ ឬការលួសកាត់ទាក់ទងនឹងការបង្ហាញចេញ និងការបើក ឱ្យដឹងផ្សេងៗនៃលក្ខណៈមនុស្សជាតិរបស់អ្នក និងការដេញតាមការចូលទៅក្នុងជីវិតរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកដឹកនាំម្នាក់មិនត្រឹមតែមិនដែលផ្ដល់ការណែនាំសម្រាប់អស់អ្នកណាដែលបំពេញភារកិច្ចធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនដែលផ្ដល់ការប្រកប ជំនួយ ឬការគាំទ្រសម្រាប់អស់អ្នកណាដែលចូលរួមក្នុងកិច្ចការសំខាន់ៗទៀតផងគឺមិនបាច់និយាយដល់ការមើលការខុសត្រូវ ការសង្កេត ឬការស្វែងយល់ឱ្យបានស៊ីជម្រៅនោះទេ។ បើគ្មានការបង្ហាញចេញ និងសកម្មភាពទាំងនេះទេ តើអ្នកដឹកនាំនេះអាចត្រូវបានចាត់ទុកថាជាអ្នកដឹកនាំដែលធ្វើកិច្ចការជាក់ស្ដែងបានទេ? តើពួកគេស្របតាមស្ដង់ដាជាអ្នកដឹកនាំដែរឬទេ? (មិនស្របតាមទេ)។ មនុស្សខ្លះនិយាយថា៖ «អ្នកដឹកនាំរបស់យើងគ្រាន់តែរៀបចំការជួបជុំគ្នាឱ្យយើងពីរដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្តិចបន្តួច រួចហើយអានការប្រកបខ្លះៗពីខាងលើ ហើយពេលខ្លះពួកគេប្រកបគ្នាអំពីការយល់ដឹងពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែពួកគេមិនដែលផ្ដល់ដំបូន្មាន ការផ្គត់ផ្គង់ ឬជំនួយណាមួយទាក់ទងនឹង សភាពផ្សេងៗរបស់យើង ក៏ដូចជាការលំបាកដែលយើងជួបប្រទះនៅពេលធ្វើភារកិច្ច ឬក្នុងការចូលទៅក្នុងជីវិតឡើយ»។ ចុះអ្នកយល់ឃើញអំពីអ្នកដឹកនាំនេះវិញ យ៉ាងម៉េចដែរ? (ពួកគេមិនស្របតាមស្ដង់ដាទេ ពួកគេជាអ្នកដឹកនាំក្លែងក្លាយ។) ប្រសិនបើអ្នកដឹកនាំម្នាក់មិនខ្វល់ពីការងាររបស់ខ្លួន ឬ សភាពផ្សេងៗរបស់មនុស្សក្រោមបង្គាប់របស់ពួកគេ ហើយក៏មិនបំពេញទំនួលខុសត្រូវរបស់ខ្លួនដែរ នោះពួកគេមិនស្របតាមស្ដង់ដាជាអ្នកដឹកនាំឡើយ។ ពួកគេមិនមើលការខុសត្រូវ សង្កេត ឬព្យាយាមស្វែងយល់ពីនរណាម្នាក់ឡើយ។ រាល់ពេល ការសន្ទនារបស់អ្នកជាមួយពួកគេគឺបែបនេះ៖ «ឥឡូវនេះ ម្នាក់នេះយ៉ាងម៉េចហើយ?» «ខ្ញុំកំពុងសង្កេតមើលពួកគេ»។ «តើអ្នកសង្កេតមើលយូរប៉ុនណាហើយ? តើអ្នកស្គាល់ពួកគេច្បាស់ទេ?» «ខ្ញុំសង្កេតមើលពួកគេមួយឆ្នាំឬពីរឆ្នាំហើយ។ ខ្ញុំនៅតែមិនសូវស្គាល់ពួកគេច្បាស់ទេ»។ «ចុះម្នាក់នោះវិញ?» «ខ្ញុំនៅតែមិនសូវច្បាស់ពីពួកគេដែរ ប៉ុន្តែពួកគេអាចស៊ូទ្រាំនឹងការលំបាកក្នុងការធ្វើភារកិច្ច មានការប្ដេជ្ញាចិត្ត និងសុខចិត្តប្រើប្រាស់ខ្លួនឯងដើម្បីព្រះជាម្ចាស់»។ «ទាំងអស់នោះគឺសំបកក្រៅទេ។ ចុះការដេញតាមសេចក្ដីពិតរបស់ពួកគេវិញយ៉ាងម៉េចដែរ?» «ខ្ញុំក៏ត្រូវស្វែងយល់ពីរឿងនោះដែរឬ? ដូចនេះ ខ្ញុំនឹងពិនិត្យមើលវា»។ រយៈពេលយូរប៉ុនណាទៀតដែលអ្នកត្រូវរង់ចាំលទ្ធផល បន្ទាប់ពីពួកគេនិយាយថាពួកគេនឹងពិនិត្យមើលវា គឺមិនត្រូវបានដឹងឡើយ វាជារឿងដែលមិនប្រាកដប្រជា។ អ្នកដឹកនាំក្លែងក្លាយបែបនេះ គឺមិនគួរឱ្យទុកចិត្តនៅក្នុងកិច្ចការរបស់ពួកគេឡើយ។

តើអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវរបស់ពួកជំនុំអ្នក មានឥរិយាបថទទួលខុសត្រូវចំពោះការងាររបស់អ្នករាល់គ្នាដែរឬទេ? តើពួកគេពិតជាយល់ច្បាស់ និងស្វែងយល់ពីសភាពរបស់អ្នករាល់គ្នាទាក់ទងនឹងការងារដែរឬទេ? តើចំណុចការងារនេះត្រូវបានដោះស្រាយដិតដល់ហើយឬនៅ? (នៅទេ)។ គ្មាននរណាម្នាក់បានដោះស្រាយចំណុចនេះបានដិតដល់ទេ គ្មាននរណាម្នាក់បានឈានដល់ចំណុចនៃការស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន និងការម៉ឺងម៉ាត់ និងទទួលខុសត្រូវចំពោះការងារឡើយ។ បើអីចឹង តើការសម្រេចបាននូវចំណុចនេះងាយស្រួលឬទេ? តើវាពិបាកទេ? វាមិនពិបាកទេ។ ប្រសិនបើអ្នកពិតជាមានគុណសម្បត្តិដល់កម្រិតណាមួយ ពិតជាយល់ច្បាស់ពីជំនាញវិជ្ជាជីវៈនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នក ហើយមិនមែនជាអ្នកក្រៅវិជ្ជាជីវៈទេ នោះអ្នកគ្រាន់តែត្រូវកាន់ខ្ជាប់នូវពាក្យមួយឃ្លាប៉ុណ្ណោះ នោះអ្នក នឹងអាចស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួនបាន។ តើពាក្យមួយឃ្លានោះជាអ្វី? គឺ «យកចិត្តទុកដាក់លើវា»។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើរឿងរ៉ាវនានា និងយកចិត្តទុកដាក់លើមនុស្ស នោះអ្នកនឹងអាចស្មោះត្រង់ និងទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់អ្នកបានហើយ។ តើពាក្យមួយឃ្លានេះងាយស្រួលអនុវត្តដែរឬទេ? តើអ្នកអនុវត្តវាដោយរបៀបណា? វាមិនមែនមានន័យថា ប្រើត្រចៀកដើម្បីស្ដាប់ ឬប្រើខួរក្បាលដើម្បីគិតនោះទេ។ វាមានន័យថា ការប្រើចិត្តរបស់អ្នក។ ប្រសិនបើមនុស្សម្នាក់អាចប្រើចិត្តរបស់ខ្លួនបានពិតប្រាកដ នោះនៅពេលដែលភ្នែករបស់ពួកគេឃើញនរណាម្នាក់ធ្វើអ្វីមួយ ប្រព្រឹត្តតាមរបៀបណាមួយ ឬមានប្រតិកម្មបែបណាចំពោះអ្វីមួយ ឬនៅពេលដែលត្រចៀករបស់ពួកគេឮយោបល់ ឬការលើកឡើងរបស់មនុស្សមួយចំនួន តាមរយៈការប្រើចិត្តដើម្បីសញ្ជឹងគិត និងត្រិះរិះអំពីរឿងទាំងនេះ នោះគំនិត ទស្សនៈ និងឥរិយាបថមួយចំនួននឹងកើតឡើងនៅក្នុងគំនិតរបស់ពួកគេ។ គំនិត ទស្សនៈ និងឥរិយាបថទាំងនេះ នឹងធ្វើឱ្យពួកគេមានការយល់ដឹងដ៏ស៊ីជម្រៅ ជាក់លាក់ និងត្រឹមត្រូវអំពីបុគ្គល ឬរឿងរ៉ាវនោះ ហើយក្នុងពេលជាមួយគ្នានោះ នឹងបង្កើតឱ្យមានការវិនិច្ឆ័យ និងគោលការណ៍ដែលសមស្រប និងត្រឹមត្រូវ។ មានតែនៅពេលដែលមនុស្សម្នាក់មានការបង្ហាញចេញនៃការប្រើចិត្តរបស់ពួកគេបែបនេះទេ ទើបវាមានន័យថា ពួកគេស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើរឿងរ៉ាវនានាទេ ប្រសិនបើអ្នកខ្វះចិត្តសម្រាប់រឿងនេះ នោះភ្នែករបស់អ្នកក៏មិនមានប្រតិកម្មចំពោះអ្វីដែលអ្នកឃើញដែរ ហើយត្រចៀករបស់អ្នកក៏មិនមានប្រតិកម្មចំពោះអ្វីដែលអ្នកឮដែរ។ ភ្នែករបស់អ្នកមិនដែលសង្កេតមើលមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗឡើយ ភ្នែករបស់អ្នកមិនសង្កេតមើលព័ត៌មានដែលអ្នកបានជួបប្រទះនោះទេ។ នៅក្នុងចិត្តរបស់អ្នក អ្នកនឹងមិនបែងចែកសំឡេង និងការលើកឡើងផ្សេងៗដែលអ្នកឮនោះទេ អ្នកនឹងមិនអាចបែងចែកព័ត៌មានដែលអ្នកបានឮនោះទេ។ នេះប្រៀបដូចជាខ្វាក់ភ្នែកទាំងដែលមានភ្នែកភ្លឺកំពុងបើកមើលក៏ដោយ។ នៅពេលដែលចិត្តរបស់មនុស្សម្នាក់ខ្វាក់ ភ្នែករបស់ពួកគេក៏ខ្វាក់ដែរ។ ដូច្នេះ តើអ្វីដែលនាំឱ្យមានការបង្កើតជាគំនិត ទស្សនៈ និងឥរិយាបថ ពីការសង្កេតមើលរបស់ផ្សេងៗដោយភ្នែក និងការទទួលព័ត៌មានដោយត្រចៀក? វាអាស្រ័យទាំងស្រុងលើការយកចិត្តទុកដាក់ និងការស្វែងរកសេចក្ដីពិត។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើរឿងណាមួយ រាល់ពេលដែលអ្នកទទួលបានព័ត៌មាន ទោះជាបានឃើញ ឬបានឮក៏ដោយ អ្នកនឹងអាចបង្កើតជាទស្សនៈ និងទទួលបានការយល់ដឹងដ៏ស៊ីជម្រៅអំពីបុគ្គល ឬរឿងនោះ។ ប៉ុន្តែប្រសិនបើអ្នកមិនយកចិត្តទុកដាក់ទេ ទោះបីទទួលបានព័ត៌មានច្រើនប៉ុនណាក៏គ្មានប្រយោជន៍ដែរ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការបែងចែក ឬមើលធ្លុះវាទេ អ្នកនឹងមិនទទួលបានអ្វីឡើយដោយក្លាយជាគ្មានប្រយោជន៍ គ្មានបានការអ្វីសោះ។ តើមនុស្សដែលគ្មានបានការសំដៅលើនរណា? គឺសំដៅលើនរណាម្នាក់ដែលមិនយកចិត្តទុកដាក់ក្នុងការធ្វើ ភារកិច្ចរបស់ខ្លួន។ ពួកគេមានភ្នែក និងត្រចៀក ប៉ុន្តែរបស់ទាំងនេះគ្មានប្រយោជន៍អ្វីឡើយ។ មនុស្សដែលគ្មានចិត្ត នឹងមិនស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន ហើយក៏មិនអាចសម្រេចបាននូវឥរិយាបថដែលម៉ឺងម៉ាត់ និងដែលមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួនដែរ។

ដំណាក់របស់ព្រះជាម្ចាស់អនុវត្តការមើលការខុសត្រូវលើអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ ដោយសង្កេត និងស្វែងយល់ពីពួកគេឱ្យបានស៊ីជម្រៅ ក្នុងគោលបំណងធ្វើឱ្យកិច្ចការរបស់ពួកជំនុំកាន់តែប្រសើរឡើង និងណែនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យដើរលើមាគ៌ាត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះហើយ ការមើលការខុសត្រូវ និងការសង្កេតលើអ្នកដឹកនាំ និងអ្នកធ្វើការ គឺជារឿងចាំបាច់ ហើយត្រូវតែអនុវត្តតាមរបៀបនេះ។ ជាមួយនឹងការមើលការខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ប្រសិនបើគេរកឃើញថា អ្នកដឹកនាំ និងអ្នកធ្វើការមិនបានចូលរួមធ្វើកិច្ចការជាក់ស្ដែង ហើយពួកគេត្រូវបានដោះស្រាយ និងចាត់វិធានការភ្លាមៗ នោះការនេះគឺមានប្រយជន៍ដល់វឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំ។ ការមើលការខុសត្រូវលើអ្នកដឹកនាំ និងអ្នកធ្វើការ គឺជាទំនួលខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយការធ្វើដូច្នេះគឺស្របទាំងស្រុងជាមួយនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកដឹកនាំ និងអ្នកធ្វើការមាននិស្ស័យពុករលួយ ប្រសិនបើពួកគេមិនត្រូវបានមើលការខុសត្រូវទេ វាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់កិច្ចការរបស់ពួកជំនុំទៀតផង។ តើនៅក្នុងកាលៈទេសៈបែបណា ដែលអ្នកដឹកនាំ និងអ្នកធ្វើការលែងត្រូវការការមើលការខុសត្រូវពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀត? គឺនៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការយល់ពីសេចក្ដីពិតបានពេញលេញ ចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងប្រព្រឹត្តដោយមានគោលការណ៍ ដោយក្លាយជាមនុស្សដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ និងប្រើប្រាស់ដោយព្រះជាម្ចាស់។ ក្នុងករណីបែបនេះ ការមើលការខុសត្រូវពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្លាយជារឿងមិនចាំបាច់ ហើយដំណាក់របស់ព្រះជាម្ចាស់នឹងលែងសង្កត់ធ្ងន់លើបញ្ហានេះទៀតហើយ។ ទោះយ៉ាងណា តើវាប្រាកដដែរឬទេថា នរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍មិនមានកំហុស និងការខុសឆ្គងទាល់តែសោះនោះ? មិនប្រាកដទេ។ ហេតុដូច្នេះ ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់នៅតែចាំបាច់ ក៏ដូចជាការមើលការខុសត្រូវពីសំណាក់អស់អ្នកណាដែលយល់ពីសេចក្ដីពិតដែរ ការអនុវត្តនេះគឺស្របទាំងស្រុងជាមួយនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារមនុស្សទាំងអស់មាននិស្ស័យពុករលួយ មានតែតាមរយៈការមើលការខុសត្រូវប៉ុណ្ណោះទើបអាចជំរុញអ្នកដឹកនាំ និងអ្នកធ្វើការឱ្យទទួលខុសត្រូវចំពោះការងាររបស់ពួកគេ និងស្មោះត្រង់នឹងភារកិច្ចរបស់ពួកគេបាន។ បើគ្មានការមើលការខុសត្រូវទេ អ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើននឹងប្រព្រឹត្តដោយគ្មានការកោតក្រែង តាមតែអំពើចិត្ត ហើយប្រកាន់យកនូវឥរិយាបថបង្គ្រប់កិច្ច។នេះគឺជាការពិតជាក់ស្ដែង។ ប្រសិនបើអ្នកជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយបងប្អូនប្រុសស្រីនៅជុំវិញអ្នកតែងតែមើលការខុសត្រូវ និងសង្កេតអ្នក ដោយព្យាយាមស្វែងយល់ថាតើអ្នកជាមនុស្សដែលដេញតាមសេចក្ដីពិតឬអត់ នោះសម្រាប់អ្នក នេះគឺជារឿងល្អហើយ។ ប្រសិនបើពួកគេរកឃើញបញ្ហាណាមួយរបស់អ្នក ហើយអ្នកអាចដោះស្រាយវាបានឆាប់តាមដែលអាចធ្វើទៅបាន នោះនេះគឺមានប្រយោជន៍ដល់ការដេញតាមសេចក្ដីពិត និងការចូលទៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើពួកគេរកឃើញថាអ្នកកំពុងប្រព្រឹត្តអំពើអាក្រក់ ហើយថាអ្នកបង្ហាញ អាកប្បកិរិយាអាក្រក់ជាច្រើនក្នុងជីវិតឯកជន ហើយពិតជាមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ នោះពួកគេនឹងលាតត្រដាងអ្នក និងបណ្ដេញអ្នកចេញពីតំណែង ដែលនឹងដកមនុស្សនាំទុក្ខម្នាក់ចេញសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយក៏អនុញ្ញាតឱ្យអ្នកជៀសផុតពីការដាក់ទោសធ្ងន់ធ្ងរជាងនេះផងដែរ៖ ការមើលការខុសត្រូវបែបនេះគឺមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា។ ដូច្នេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែមានការឆ្លើយតបត្រឹមត្រូវចំពោះការមើលការខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ អ្នកនឹងមានអារម្មណ៍ថាអ្នកត្រូវការការមើលការខុសត្រូវពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកត្រូវការជំនួយពីពួកគេ។ ប្រសិនបើអ្នកជាមនុស្សអាក្រក់ ហើយមានអារម្មណ៍ខុសឆ្គងក្នុងចិត្ត អ្នកនឹងខ្លាចការដែលត្រូវបានគេមើលការខុសត្រូវ ហើយព្យាយាមគេចវេះពីវា នេះគឺជារឿងដែលជៀសមិនរួច។ ដូច្នេះ គ្មានការសង្ស័យឡើយថា អស់អ្នកណាដែលទាស់ទទឹង និងមិនពេញចិត្តចំពោះការមើលការខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គឺមានអ្វីលាក់បាំង ហើយពិតជាមិនមែនជាមនុស្សស្មោះត្រង់ឡើយ៕ គ្មាននរណាខ្លាចការមើលការខុសត្រូវជាងមនុស្សដែលបោកបញ្ឆោតនោះទេ។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរប្រកាន់យកឥរិយាបថបែបណាចំពោះការមើលការខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់? តើគួរតែជាភាពអវិជ្ជមាន ការប្រុងប្រយ័ត្នការពារខ្លួន ការទាស់ទទឹង និងការអាក់អន់ចិត្ត ឬជាការចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយទទួលយកដោយបន្ទាបខ្លួន? (ទទួលយកដោយបន្ទាបខ្លួន។) តើការទទួលយកដោយបន្ទាបខ្លួនសំដៅលើអ្វី? វាមានន័យថា ទទួលយកអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត ប្រកាន់យកឥរិយាបថត្រឹមត្រូវ និងមិនត្រូវឆេវឆាវ។ ប្រសិនបើនរណាម្នាក់ពិតជារកឃើញបញ្ហាណាមួយរបស់អ្នក ហើយចង្អុលបង្ហាញវាប្រាប់អ្នក ជួយអ្នកឱ្យបែងចែក និងយល់ពីវា ជួយអ្នកក្នុងការដោះស្រាយបញ្ហានេះ នោះពួកគេកំពុងទទួលខុសត្រូវចំពោះអ្នក ហើយទទួលខុសត្រូវចំពោះកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ហើយវាធម្មតា និងសមហេតុផលបំផុត។ ប្រសិនបើមានអស់អ្នកណាដែលចាត់ទុកការមើលការខុសត្រូវរបស់ពួកជំនុំថាមានប្រភពមកពីសាតាំង និងមកពីចេតនាអាក្រក់ នោះពួកគេគឺជាពួកអារក្ស និងពួកសាតាំង។ ដោយមានចរិតលក្ខណៈអារក្សបែបនេះ ពួកគេពិតជាមិនអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនរណាម្នាក់ពិតជាស្រឡាញ់សេចក្ដីពិត ពួកគេនឹងមានការយល់ដឹងត្រឹមត្រូវចំពោះការមើលការខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេនឹងអាចចាត់ទុកថាវាត្រូវបានធ្វើឡើងដោយសេចក្ដីស្រឡាញ់ ថាវាមកពីព្រះជាម្ចាស់ ហើយពួកគេនឹងអាចទទួលយកវាពីព្រះជាម្ចាស់បាន។ ពួកគេពិតជាមិនឆេវឆាវ ឬធ្វើអ្វីតាមសន្ទុះចិត្តឡើយ ហើយរឹតតែមិនមានការទាស់ទទឹង ការប្រុងប្រយ័ត្នការពារខ្លួន ឬការសង្ស័យកើតឡើងនៅក្នុងចិត្តរបស់ពួកគេទៀតផង។ ឥរិយាបថត្រឹមត្រូវបំផុតក្នុងការ ប្រព្រឹត្តចំពោះការមើលការខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គឺ៖ រាល់ពាក្យសម្ដី សកម្មភាព ការមើលការខុសត្រូវ ការសង្កេត ឬការកែតម្រូវសូម្បីតែការលួសកាត់ ដែលជាជំនួយដល់អ្នក អ្នកគួរតែទទួលយកពីព្រះជាម្ចាស់ ចូរកុំឆេវឆាវ។ ការឆេវឆាវគឺមកពីមេកំណាច មកពីសាតាំង វាមិនមែនមកពីព្រះជាម្ចាស់ទេ ហើយវាមិនមែនជាឥរិយាបថដែលមនុស្សគួរមានចំពោះសេចក្ដីពិតនោះទេ។

នេះគឺជាការបន្ថែម និងការប្រកប របស់យើងទាក់ទងនឹង ទំនួលខុសត្រូវទីប្រាំពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ដូច្នេះ តើនេះមានន័យថា ទំនួលខុសត្រូវនេះត្រូវបានប្រកបគ្នាចប់សព្វគ្រប់ ដោយគ្មានខ្លឹមសារជាក់លាក់បន្ថែមទៀតទេឬ? មិនមែនទេ ទំនួលខុសត្រូវនីមួយៗនៅតែមានខ្លឹមសារដែលជាក់លាក់ និងលម្អិតជាងនេះទៅទៀត។ អ្វីដែលខ្ញុំបានប្រកបគ្នាគឺជាគោលការណ៍ធំៗ ចំណែកឯចំណុចដែលនៅសល់ គឺរបៀបអនុវត្តសេចក្ដីលម្អិតជាក់លាក់ និងការប្រតិបត្តិ ហើយនិងការអនុវត្តគោលការណ៍ទាំងនេះ គឺអាស្រ័យលើការចូលរួមរបស់អ្នករាល់គ្នាតាមរយៈបទពិសោធ។ ប្រសិនបើអ្នករាល់គ្នានៅតែមិនអាចមើលធ្លុះគោលការណ៍ទាំងនេះ ឬមិនដឹងពីរបៀបអនុវត្តវាទេ នោះចូរស្វែងរក និងប្រកបគ្នាទៅវិញទៅមក។ ប្រសិនបើការប្រកបគ្នាទៅវិញទៅមកនៅតែមិនទទួលបានលទ្ធផល នោះចូរជជីកសួរទៅថ្នាក់លើរបស់អ្នក។ សរុបមក ទោះបីជាត្រូវដោះស្រាយជាមួយមនុស្សប្រភេទណាក៏ដោយ ឬសម្រេចចិត្តថាត្រូវដំឡើងឋានៈ និងប្រើប្រាស់នរណាក៏ដោយ ក៏ត្រូវតែអនុវត្តស្របតាមគោលការណ៍ដែរ។ សម្រាប់បុគ្គលដែលមានទេពកោសល្យមួយចំនួន នៅក្នុងស្ថានភាពដែលគ្មាននរណាម្នាក់អាចមើលធ្លុះ ឬយល់ពីពួកគេបានពេញលេញទេ នោះពួកគេអាចត្រូវបានដំឡើងឋានៈ និងប្រើប្រាស់ជាបឋមសិន ទៅតាមតម្រូវការនៃកិច្ចការរបស់ពួកជំនុំ។ ចូរកុំបង្អង់ការងារ ហើយក៏កុំបង្អង់ការបណ្ដុះបណ្ដាលមនុស្សដែរ នេះគឺជាចំណុចគន្លឹះ។ មនុស្សខ្លះសួរថា៖ «ចុះបើពួកគេធ្វើឱ្យការងារខូចខាតបន្ទាប់ពីត្រូវបានប្រើប្រាស់ តើអ្នកណាទទួលខុសត្រូវ?» នៅពេលដែលអ្នកប្រើប្រាស់នរណាម្នាក់ តើវាដូចជាអ្នកដាក់ពួកគេនៅលើកោះដាច់ស្រយាលមួយ ដោយគ្មាននរណាអាចទាក់ទងពួកគេបានឬ? តើមិនមានអ្នកផ្សេងទៀតជាច្រើននៅជុំវិញពួកគេ ដែលកំពុងចូលរួមក្នុងកិច្ចការជាក់លាក់ណាមួយទេឬ? មានវិធីជាច្រើនដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ពោលគឺការមើលការខុសត្រូវ ការសង្កេត និងការស្វែងយល់ពីពួកគេ ហើយបើលក្ខខណ្ឌអំណោយផល គឺតាមរយៈការទាក់ទងយ៉ាងជិតស្និទ្ធ។ តើការទាក់ទងយ៉ាងជិតស្និទ្ធមានន័យដូចម្ដេច? វាមានន័យថា ការធ្វើការ រួមគ្នាជាមួយពួកគេ។ ដំណើរការនៃការធ្វើការ គឺជាដំណើរការនៃការស្វែងយល់ពីពួកគេ។ តើអ្នកនឹងមិនឈានទៅដល់ការយល់ពីពួកគេបន្តិចម្ដងៗ តាមរយៈការទាក់ទងបែបនេះទេឬ? ប្រសិនបើអ្នកមានឱកាសទាក់ទង ប៉ុន្តែមិនបានធ្វើ ហើយគ្រាន់តែហៅទូរសព្ទទៅសួរសំណួរពីរបី រួចហើយក៏ទុកចោល នោះវាមិនអាចទៅរួចទេក្នុងការយល់ពីពួកគេ។ អ្នកត្រូវតែទាក់ទងជាមួយអស់អ្នកណាដែលអ្នកអាចទាក់ទងបាន ដើម្បីដោះស្រាយបញ្ហា។ ដូច្នេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវខ្ជិលច្រអូសក្នុងការងាររបស់ខ្លួនឡើយ។ ដូច្នេះ ប្រសិនបើអ្នកចង់សង្កេត និងស្វែងយល់ពីនរណាម្នាក់ តើអ្នកគួរធ្វើដូចម្ដេច? (ដោយទាក់ទងជាមួយពួកគេ។) ត្រូវទេ? ចំណុចគន្លឹះគឺត្រូវយកចិត្តទុកដាក់! ព័ត៌មានដែលអ្នករាល់គ្នាអាចរក្សានៅក្នុងចិត្តរបស់អ្នករាល់គ្នា អាចប្រៀបដូចនឹងសត្វស្វាមួយក្បាលដែលបេះពោត បេះបណ្ដើរ ចោលបណ្ដើរ ហើយនៅទីបញ្ចប់ នៅសល់តែពោតមួយផ្លែគត់ ដែលធ្វើឱ្យការខិតខំប្រឹងប្រែងទាំងមូលឥតប្រយោជន៍។ នៅចុងបញ្ចប់នៃការស្ដាប់សេចក្តីអធិប្បាយ អ្នករាល់គ្នាមិនអាចចាំខ្លឹមសារដែលបានប្រកបគ្នាមុននេះទេ តើហេតុផលអ្វី? (យើងមិនបានយកចិត្តទុកដាក់លើវា។) អ្នករាល់គ្នាជាធម្មតាមិនផ្ដោតលើការអនុវត្តសេចក្ដីពិតទេ ដូច្នេះចិត្តរបស់អ្នករាល់គ្នាក៏មិនផ្ដោតលើបញ្ហាទាំងនេះដែរ។ ទាក់ទងនឹងរបៀបយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាព របៀបស្គាល់ខ្លួនឯង និងរបៀបមើលធ្លុះសារជាតិនៃមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដោយប្រើសេចក្ដីពិត អ្នករាល់គ្នាគ្មានច្រកចូលទាល់តែសោះ ដូច្នេះហើយ បញ្ហាទាំងនេះគ្មានគ្រឹះនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ។ ចំពោះរឿងទាំងឡាយដែលពាក់ព័ន្ធនឹងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត អ្នករាល់គ្នាតែងតែមានអារម្មណ៍ច្របូកច្របល់។ ឥឡូវនេះ អ្នករាល់គ្នានៅតែចូលរួមការជួបជុំរៀងរាល់សប្ដាហ៍ដើម្បីស្ដាប់សេចក្តីអធិប្បាយ។ ប្រសិនបើអ្នកមិនស្ដាប់សេចក្តីអធិប្បាយទេ តើជំនឿបន្តិចបន្តួចលើព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នករាល់គ្នា មិនរលាយបាត់បន្តិចម្ដងៗទេឬ? នេះគឺជាសញ្ញាគ្រោះថ្នាក់! តើអ្នករាល់គ្នាអាចយកចិត្តទុកដាក់លើវាបានដែរឬទេ? ខ្ញុំបានប្រាប់អ្នករាល់គ្នានូវសេចក្ដីលម្អិតទាំងអស់ហើយ ប្រសិនបើអ្នកពិតជាមានចិត្តមែន អ្នកនឹងអាចធ្វើបាន។ ប្រសិនបើអ្នកគ្មានចិត្តទេ ទោះខ្ញុំនិយាយយ៉ាងណាក៏ដោយ ក៏អ្នកមិនយល់ដែរ។ ការប្រកបរបស់យើងលើប្រធានបទនេះចប់ត្រឹមនេះហើយ។

ចំណុច​ទីប្រាំបី៖​ ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរក​របៀប​ដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ (ផ្នែកទីមួយ)

អ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវតែកំណត់ និងដោះស្រាយការលំបាកឱ្យបានឆាប់

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីទំនួលខុសត្រូវទីប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរក​របៀប​ដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ»។ យើងនឹងលាតត្រដាងពីការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយទាក់ទងនឹងទំនួលខុសត្រូវនេះ។ ការរាយការណ៍ឱ្យបានឆាប់ និងការស្វែងរក​របៀប​ដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ។ តើនេះមិនមែនជាផ្នែកមួយនៃការងារ និងភារកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការទេឬ? (មែនហើយ វាជាផ្នែកមួយ)។ អ្នកដឹកនាំ និងអ្នកធ្វើការនឹងជួបប្រទះបញ្ហាស្មុគស្មាញមួយចំនួននៅក្នុងការងាររបស់ពួកគេដោយចៀសមិនរួច ឬជួបប្រទះការលំបាកដែលលើសពីវិសាលភាពនៃកិច្ចការរបស់ពួកជំនុំ ឬជួបប្រទះករណីពិសេសដែលមិនពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត ហើយមិនដឹងពីរបៀបដោះស្រាយស្ថានភាពទាំងនេះ។ ឬ ដោយសារតែពួកគេមានគុណសម្បត្តិខ្សោយ ហើយដូច្នេះមិនអាចយល់ពីគោលការណ៍បានត្រឹមត្រូវ ពួកគេនឹងជួបប្រទះដោយចៀសមិនរួចនូវការភាន់ច្រឡំ និងការលំបាកមួយចំនួនដែលពិបាកដោះស្រាយ។ ការភាន់ច្រឡំ និងការលំបាកទាំងនេះអាចទាក់ទងនឹងបញ្ហានៃការប្រើប្រាស់បុគ្គលិក បញ្ហាទាក់ទងនឹងការងារ បញ្ហាដែលកើតចេញពីបរិយាកាសខាងក្រៅ បញ្ហាទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់មនុស្ស ការបង្អាក់ និងការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់ ក៏ដូចជាបញ្ហានៃការដកចេញ ឬការបណ្ដេញមនុស្សចេញ ជាដើម។ ចំពោះបញ្ហាទាំងអស់នេះ ដំណាក់របស់ព្រះជាម្ចាស់មានសេចក្ដីតម្រូវ និងបទប្បញ្ញត្តិជាក់លាក់ ឬមានការណែនាំដោយផ្ទាល់មាត់មួយចំនួន។ លើសពីបទប្បញ្ញត្តិជាក់លាក់ទាំងនេះ ក៏មានករណីពិសេសមួយចំនួនដែលមិនបានលើកឡើងដោយចៀសមិនរួចដែរ។ ទាក់ទងនឹងករណីពិសេសទាំងនេះ អ្នកដឹកនាំខ្លះអាចដោះស្រាយបានដោយប្រកាន់ខ្ជាប់នូវគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ ដូចជាការការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ការធានាសុវត្ថិភាពរបស់បងប្អូនប្រុសស្រី និងការរក្សាដំណើរការដោយរលូននៃកិច្ចការរបស់ពួកជំនុំ។ ហើយលើសពីនេះទៅទៀត ពួកគេធ្វើកិច្ចការនេះបានយ៉ាងល្អខណៈដែលអ្នកដឹកនាំខ្លះមិនអាចធ្វើដូច្នោះបាន។ តើគួរធ្វើដូចម្ដេចចំពោះបញ្ហាដែលមិនអាចដោះស្រាយបាន? អ្នកដឹកនាំ និងអ្នកធ្វើការខ្លះធ្វើការទាំងច្របូកច្របល់ មិនអាច រកឃើញបញ្ហា ហើយទោះបីជាពួកគេ រកឃើញក៏ដោយ ក៏ពួកគេមិនអាចដោះស្រាយបានដែរ។ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃ ដោយមិនស្វែងរកដំណោះស្រាយពីខាងលើ គឺគ្រាន់តែប្រាប់បងប្អូនប្រុសស្រីថា «ចូរដោះស្រាយដោយខ្លួនឯងចុះ ចូរពឹងផ្អែកលើព្រះជាម្ចាស់ ហើយងើយមើលទៅព្រះជាម្ចាស់ដើម្បីរកដំណោះស្រាយ» ហើយបន្ទាប់មក ពួកគេក៏ចាត់ទុកថាបញ្ហាត្រូវបានដោះស្រាយហើយ។ មិនថាមានបញ្ហាច្រើនប៉ុនណាកកកុញក៏ដោយ ពួកគេមិនអាចដោះស្រាយដោយខ្លួនឯងបានទេ ប៉ុន្តែពួកគេមិនរាយការណ៍រឿងនេះឡើងទៅលើ ឬស្វែងរករបៀបដោះស្រាយបញ្ហាទាំងនោះឡើយ អាចមកពីខ្លាចថាខាងលើនឹងមើលធ្លុះពីពួកគេ ហើយពួកគេនឹងបាក់មុខ។ ក៏មានអ្នកដឹកនាំ និងអ្នកធ្វើការខ្លះដែលមិនដែលរាយការណ៍បញ្ហាទៅខាងលើដែរ ហើយខ្ញុំមិនដឹងថាហេតុអ្វីទេ។ ការរាយការណ៍ឡើងទៅលើ មិនចាំបាច់មានន័យថាត្រូវរាយការណ៍ដោយផ្ទាល់ទៅខាងលើនោះទេ គេច្បាស់ជាអាចរាយការណ៍ទៅអ្នកដឹកនាំប្រចាំមណ្ឌល ឬតំបន់ជាមុនសិន។ ហើយប្រសិនបើពួកគេមិនអាចដោះស្រាយបានទេ នោះអ្នកអាចស្នើសុំឱ្យអ្នកដឹកនាំ និងអ្នកធ្វើការរាយការណ៍ដោយផ្ទាល់ទៅខាងលើ។ ប្រសិនបើអ្នកស្នើសុំឱ្យអ្នកដឹកនាំ ឬអ្នកធ្វើការរាយការណ៍បញ្ហាណាមួយទៅខាងលើ ដោយបញ្ជាក់ពីស្ថានភាពឱ្យបានច្បាស់លាស់ តើពួកគេអាចលាក់បាំងបញ្ហានេះទុក និងមិនអើពើនឹងបញ្ហានេះបានទេឬ? មនុស្សបែបនេះគឺកម្រមានណាស់។ ទោះបីជាពិតជាមានអ្នកដឹកនាំបែបនេះក៏ដោយ អ្នកនៅតែអាចបញ្ជាក់រឿងនេះជាមួយអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀត ដើម្បីលាតត្រដាងអ្នកដែលលាក់បាំងបញ្ហានេះទុក ហើយមិនរាយការណ៍។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀតទាំងនេះនៅតែមិនរាយការណ៍បញ្ហានេះទៀត នោះមានមធ្យោបាយចុងក្រោយមួយគឺ៖ អ្នកអាចសរសេរដោយផ្ទាល់ទៅកាន់គេហទំព័ររបស់ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីឱ្យគេបញ្ជូនបន្តទៅខាងលើ ដូច្នេះគឺធានាថាបញ្ហានេះត្រូវបានរាយការណ៍ទៅខាងលើ។ នេះគឺដោយសារតែខាងលើបានដោះស្រាយសំបុត្របែបនេះជាច្រើនដងរួចមកហើយ ហើយបន្ទាប់មក ពួកគេបានប្រគល់បន្ទុកដោយផ្ទាល់ដល់អ្នកដឹកនាំ និងអ្នកធ្វើការដើម្បីដោះស្រាយបញ្ហា។ តាមពិត មានច្រកជាច្រើនសម្រាប់រាយការណ៍បញ្ហាឡើងទៅលើ វាងាយស្រួលក្នុងការអនុវត្ត វាអាស្រ័យតែទៅលើថាតើមនុស្សនោះពិតជាចង់ដោះស្រាយបញ្ហាដែរឬទេ។ ទោះបីជាអ្នកមិនទុកចិត្តអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់ក៏ដោយ អ្នកគួរតែនៅជឿជាក់ថា ព្រះជាម្ចាស់គឺសុចរិត ហើយថាខាងលើប្រតិបត្តិតាមគោលការណ៍សេចក្ដីពិត។ ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ ហើយអ្នកមិនជឿថាសេចក្ដីពិតគ្រប់គ្រងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចសម្រេចកិច្ចការអ្វីបានឡើយ។ មនុស្សជាច្រើនមិនយល់ពីសេចក្ដីពិតទេ ពួកគេមិនជឿថាសេចក្ដីពិតគ្រប់គ្រងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែគិតថា មន្ត្រីក្នុងលោកីយ៍តែងតែឃុបឃិតការពារគ្នាទៅវិញទៅមក ហើយដំណាក់របស់ព្រះជាម្ចាស់ក៏ច្បាស់ជាដូចគ្នាដែរ។ ពួកគេមិនជឿថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងសេចក្ដីសុចរិតនោះទេ។ ហេតុដូច្នេះ មនុស្សបែបនេះអាចហៅថាជាអ្នកមិនជឿសាសនា។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនតូចដែលអាចរាយការណ៍ពីបញ្ហាជាក់ស្ដែងបាន។ មនុស្សបែបនេះអាចហៅថាជាមនុស្សដែលការពារផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលមានទំនួលខុសត្រូវ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ មិនត្រឹមតែមិន អាចដោះស្រាយបញ្ហាធ្ងន់ធ្ងរនៅពេលដែលពួកគេរកឃើញបញ្ហាទាំងនោះទេ ពួកគេក៏មិនរាយការណ៍ ឡើងទៅលើដែរ។ ពួកគេចាប់ផ្ដើមមានអារម្មណ៍ដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ នៅពេលខាងលើធ្វើការស៊ើបអង្កេត។ ការធ្វើបែបនេះធ្វើឱ្យការងារយឺតយ៉ាវ។ ហេតុដូច្នេះ មិនថាអ្នកជាបងប្អូនប្រុសស្រីធម្មតា ឬជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះទេ នៅពេលណាដែលអ្នកជួបប្រទះបញ្ហាដែលអ្នកមិនអាចដោះស្រាយបាន ហើយដែលពាក់ព័ន្ធនឹងគោលការណ៍ការងារធំៗ អ្នកគួរតែរាយការណ៍ឡើងទៅលើ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ប្រសិនបើអ្នកជួបប្រទះការភាន់ច្រឡំ ឬការលំបាក ប៉ុន្តែមិនបានដោះស្រាយទេ កិច្ចការមួយចំនួននឹងមិនអាចរីកចម្រើនទៅមុខបានឡើយ វានឹងត្រូវទុកមួយឡែក ហើយត្រូវបញ្ឈប់។ ការណ៍នេះប៉ះពាល់ដល់វឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំ។ ហេតុដូច្នេះ នៅពេលដែលមានបញ្ហាបែបនេះកើតឡើង ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់វឌ្ឍនភាពនៃការងារ នោះបញ្ហាទាំងនោះត្រូវតែលាតត្រដាង និងដោះស្រាយឱ្យបានទាន់ពេលវេលា។ ប្រសិនបើបញ្ហាណាមួយមិនងាយស្រួលនឹងដោះស្រាយ អ្នកត្រូវតែរកមនុស្សដែលយល់ពីសេចក្តីពិត និងមនុស្សដែលមានឯកទេសនៅក្នុងផ្នែកនោះ បន្ទាប់មក ត្រូវអង្គុយជាមួយពួកគេ និងធ្វើការស៊ើបសួរ ហើយដោះស្រាយបញ្ហានោះជាមួយគ្នា។ បញ្ហាបែបនេះមិនអាចពន្យារពេលបានឡើយ! រាល់ថ្ងៃដែលអ្នកពន្យារពេលក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺជាការពន្យារពេលមួយថ្ងៃនៃវឌ្ឍនភាពនៃការងារ។ នេះមិនមែនជាការរារាំងដល់កិច្ចការរបស់មនុស្សតែម្នាក់ទេ តែវាប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ ក៏ដូចជារបៀបដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញភារកិច្ចរបស់ពួកគេផងដែរ។ ហេតុដូច្នេះ នៅពេលដែលអ្នកជួបប្រទះការភាន់ច្រឡំ ឬការលំបាកបែបនេះ វាត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស មិនអាចពន្យារពេលបានឡើយ។ ប្រសិនបើអ្នកពិតជាមិនអាចដោះស្រាយបានទេ នោះចូររាយការណ៍ទៅខាងលើជាបន្ទាន់។ ពួកគេនឹងចេញមកដោះស្រាយដោយផ្ទាល់ ឬប្រាប់ផ្លូវដល់អ្នក។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការមិនអាចដោះស្រាយបញ្ហាបែបនេះបាន ហើយទុកបញ្ហានោះចោល ជាជាងរាយការណ៍ទៅខាងលើ និងស្វែងរកដំណោះស្រាយពីពួកគេ នោះពួកអ្នកដឹកនាំបែបនោះគឺខ្វាក់ហើយ ពួកគេជាមនុស្សស្លាប់ខួរ ហើយពួកគេគឺគ្មានបានការ។ ពួកគេគួរតែត្រូវបានបណ្ដេញ និងដកចេញពីតំណែងរបស់ពួកគេ។ ប្រសិនបើពួកគេមិនត្រូវបានដកចេញពីតំណែងរបស់ពួកគេទេ កិច្ចការរបស់ពួកជំនុំនឹងមិនអាចរីកចម្រើនទៅមុខបានឡើយ វានឹងត្រូវបំផ្លាញនៅក្នុងដៃរបស់ពួកគេ។ ហេតុដូច្នេះ រឿងនេះត្រូវតែដោះស្រាយភ្លាមៗ។

ការងារផលិតភាពយន្តក៏ជាផ្នែកការងារដ៏សំខាន់មួយរបស់ដំណាក់របស់ព្រះជាម្ចាស់ដែរ។ ក្រុមការងារផលិតភាពយន្តតែងតែជួបប្រទះបញ្ហាមួយដែលគ្រប់គ្នាមានជម្លោះលើអត្ថបទរឿង។ ឧទាហរណ៍ អ្នកដឹកនាំរឿងជឿថាអត្ថបទរឿងខុសគ្នា ឬឃ្លាតឆ្ងាយពីជីវិតពិត ហើយវានឹងមើលទៅមិនពិតប្រាកដនៅពេលថត ហើយដូច្នេះ ពួកគេចង់កែប្រែវា។ ប៉ុន្តែ អ្នកសរសេរអត្ថបទរឿងមិនយល់ស្របដាច់ខាត ដោយជឿជាក់ថាអត្ថបទរឿងបានសរសេរឡើងយ៉ាងសមហេតុផល ហើយទាមទារឱ្យអ្នកដឹកនាំរឿងថតតាមអត្ថបទរឿង។ តួសម្ដែងក៏មានការជំទាស់រៀងៗខ្លួនដែរ ដោយមិនយល់ស្របទាំងជាមួយអ្នកសរសេរអត្ថបទរឿង និងអ្នកដឹកនាំរឿង។ តួសម្ដែងម្នាក់និយាយថា «បើអ្នកដឹកនាំរឿងទទូចចង់ថតបែបនោះ ខ្ញុំមិនសម្ដែងទេ!»។ អ្នកសរសេរអត្ថបទរឿងនិយាយថា «បើអ្នកដឹកនាំរឿងកែអត្ថបទរឿង នោះអ្នករាល់គ្នានឹងទទួលខុសត្រូវដោយខ្លួនឯងនៅពេលមានបញ្ហាណាមួយកើតឡើង!»។ អ្នកដឹកនាំរឿងនិយាយថា «បើគេបង្ខំឱ្យខ្ញុំថតតាមអត្ថបទរឿង ហើយមានកំហុសកើតឡើង ដំណាក់របស់ព្រះជាម្ចាស់នឹងឱ្យខ្ញុំទទួលខុសត្រូវ។ បើអ្នកចង់ឱ្យខ្ញុំថត វាត្រូវតែធ្វើតាមគំនិតរបស់ខ្ញុំ បើមិនអីចឹងទេ ខ្ញុំក៏មិនថតដែរ»។ ពេលនេះ ភាគីទាំងបីកំពុងជាប់គាំង មែនទេ? ឃើញច្បាស់ហើយថា ការងារមិនអាចបន្តទៅមុខបានទេ។ តើនេះមិនមែនជាការភាន់ច្រឡំដែលបានកើតឡើងទេឬ? ដូច្នេះ តើអ្នកណាត្រូវពិតប្រាកដ? ម្នាក់ៗមានទ្រឹស្ដីរៀងៗខ្លួន មានសេចក្តីសំអាងរៀងៗខ្លួន ហើយគ្មាននរណាម្នាក់ព្រមសម្រុះសម្រួលឡើយ។ ដោយភាគីទាំងបីជាប់គាំងបែបនេះ តើអ្វីទៅដែលរងការខូចខាត? (កិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់។) កិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ត្រូវបានរារាំង និងខូចខាត។ តើអ្នករាល់គ្នាធ្លាប់មានអារម្មណ៍អន្ទះសា និងព្រួយបារម្ភពេលប្រឈមមុខនឹងស្ថានភាពបែបនេះទេ? បើមិនធ្លាប់ នោះបញ្ជាក់ថាអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់ពិតប្រាកដទេ។ នៅពេលការភាន់ច្រឡំ និងការរាំងស្ទះបែបនេះកើតឡើង មនុស្សខ្លះក៏អន្ទះសារហូតដល់ហូបមិនបាន ដេកមិនលក់ ហើយគិតថា «តើគួរធ្វើដូចម្ដេច? ការប្រកែកគ្នា និងមិនព្រមចុះចាញ់បែបនេះមិនបានការអ្វីទេ។ តើនេះមិនប៉ះពាល់ដល់ដំណើរការថតទេឬ? វាបានធ្វើឱ្យយឺតយ៉ាវជាច្រើនថ្ងៃហើយ ហើយមិនអាចពន្យារពេលទៀតបានទេ។ តើយើងអាចដោះស្រាយបញ្ហានេះដោយរបៀបណាដើម្បីឱ្យការថតប្រព្រឹត្តទៅដោយរលូន ហើយការងារមិនយឺតយ៉ាវ? តើយើងគួរទៅរកអ្នកណាដើម្បីដោះស្រាយបញ្ហានេះ?» បើអ្នកមានចិត្ត អ្នកគួរតែស្វែងរកដំណោះស្រាយពីអ្នកដឹកនាំ ហើយបើអ្នកដឹកនាំមិនអាចដោះស្រាយបានទេ អ្នកគួរតែរាយការណ៍ទៅខាងលើជាបន្ទាន់។ បើអ្នកពិតជាគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ អ្នកគួរតែធ្វើគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន នេះគឺជារឿងសំខាន់បំផុត។ ហើយចុះប្រសិនបើអ្នកមិនបារម្ភវិញ? អ្នកអាចនឹងសញ្ជប់សញ្ជឹងពីវាដោយគិតថា «ពួកគេជាអ្នកខុស។ ខ្ញុំនឹងនៅតែប្រកាន់យកគំនិតរបស់ខ្ញុំ។ ខ្ញុំមិនជឿថាពួកគេអាចធ្វើអ្វីខ្ញុំបានទេ។ ខ្ញុំនឹងហូប រួចគេងមួយស្របក់ ព្រោះរសៀលនេះគ្មានអ្វីធ្វើទេ»។ ជើងរបស់អ្នកចាប់ផ្ដើមធ្ងន់ ក្បាលរបស់អ្នកចាប់ផ្ដើមធីងធោង ចិត្តរបស់អ្នកបាត់បង់ភាពស្វាហាប់ ហើយអ្នកក៏ក្លាយជាខ្ជិលច្រអូស។ មានការលំបាកជា​ច្រើន ប៉ុន្តែអ្នកមិនយកចិត្តទុកដាក់ និងខ្ជិលច្រអូស ដូច្នេះគ្មានមធ្យោបាយដោះស្រាយបញ្ហាបានទេ។ ហេតុអ្វី? ព្រោះអ្នកខ្វះកម្លាំងចិត្ត និងបំណងប្រាថ្នាក្នុងការដោះស្រាយវា ដូច្នេះអ្នកមិនអាចគិតរកដំណោះស្រាយឃើញទេ។ អ្នកគិតក្នុងចិត្តថា៖ «មិនសូវមានការលំបាកកើតឡើង ហើយការងារត្រូវឈប់ទេ។ ខ្ញុំនឹងឆ្លៀតឱកាសនេះសម្រាកពីរ​បីថ្ងៃ ហើយលំហែបន្តិច។ ហេតុអ្វីត្រូវហត់នឿយគ្រប់ពេល? បើខ្ញុំសម្រាកឥឡូវនេះ គ្មាននរណាម្នាក់អាចនិយាយអ្វីបានទេ។ យ៉ាងណាមិញ ខ្ញុំមិនមែនកំពុងគេចវេះពីការងារ ឬមិនទទួលខុសត្រូវចំពោះការងាររបស់ខ្ញុំទេ។ ខ្ញុំចង់ទទួលខុសត្រូវ ប៉ុន្តែមានការលំបាកនេះនៅចំពោះមុខយើង តើអ្នកណានឹងដោះស្រាយវា? តើយើងអាចថតបានដោយរបៀបណាបើមិនមិនដោះស្រាយវា? បើមានការលំបាករារាំងយើងពីការថត តើយើងមិនគួរសម្រាកទេឬ?» មានបញ្ហាដ៏ធំបែបនេះនៅចំពោះមុខអ្នក តើនឹងមានផលវិបាកអ្វីខ្លះបើវាមិនត្រូវបានដោះស្រាយឱ្យបានឆាប់រហ័ស? បើបញ្ហានៅតែកើតឡើងជាបន្តបន្ទាប់ ហើយគ្មានបញ្ហាណាមួយអាចត្រូវបានដោះស្រាយ តើការងារអាចបន្តរីកចម្រើនទៅមុខបានទេ? ការណ៍នេះនឹងបង្កឱ្យមានការយឺតយ៉ាវ ដែលមិនអាចកំណត់បាន។ ដំណើរការការងារអាចត្រឹមតែទៅមុខ មិនអាចថយក្រោយបានទេ ដូច្នេះដោយដឹងថាបញ្ហានេះបង្កការលំបាក អ្នកមិនគួរពន្យារពេលតទៅទៀតទេ អ្នកត្រូវដោះស្រាយវាឱ្យបានឆាប់រហ័ស។ នៅពេលដែលបញ្ហានេះត្រូវបានដោះស្រាយហើយ ចូរប្រញាប់ដោះស្រាយបញ្ហាបន្ទាប់នៅពេលដែលវាកើតឡើង ដោយព្យាយាមមិនឱ្យខាតពេល ដើម្បីឱ្យការងារអាចដំណើរការទៅដោយរលូន និងបញ្ចប់តាមពេលកំណត់។ តើស្តាប់ទៅយ៉ាងម៉េចដែរ? (ល្អ)។ អ្នកដែលមានចិត្តប្រឈមមុខនឹងការភាន់ច្រឡំ និងការលំបាកដោយមានឥរិយាបថបែបនេះ។ ពួកគេមិនខ្ជះខ្ជាយពេលវេលា មិនរកលេសឱ្យខ្លួនឯង និងមិនលោភលន់នឹងភាពសុខស្រួលខាងសាច់ឈាមឡើយ។ ផ្ទុយទៅវិញ អ្នកដែលគ្មានចិត្តនឹងឆ្លៀតឱកាស ពួកគេនឹងរកលេស និងរកឱកាសដើម្បីសម្រាក ធ្វើអ្វីៗគ្រប់យ៉ាងដោយយឺតៗ និងគ្មានការប្រញាប់ប្រញាល់ ឬការព្រួយបារម្ភណាមួយ ដោយខ្វះការប្តេជ្ញាចិត្តក្នុងការស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក ឬលះបង់អ្វីទាំងអស់។ ហើយនៅទីបំផុត តើមានអ្វីកើតឡើង? នៅពេលប្រឈមមុខនឹងការភាន់ច្រឡំ ឬការលំបាក ម្នាក់ៗក៏ជាប់គាំងអស់ជាច្រើនថ្ងៃ។ ទាំងអ្នកដឹកនាំរឿង តួសម្ដែង និងអ្នកសរសេរអត្ថបទរឿង គ្មាននរណារាយការណ៍ពីបញ្ហានោះទេ។ ទន្ទឹមនឹងនេះ អ្នកដឹកនាំគឺងងឹតងងល់ ហើយមិនអាចមើលឃើញថានេះជាបញ្ហាទេ ទោះបីជាពួកគេមើលឃើញថាវាជាបញ្ហា ហើយមិនអាចដោះស្រាយបានដោយខ្លួនឯងក៏ដោយ ក៏ពួកគេមិនរាយការណ៍ឡើងទៅលើដែរ។ នៅពេលដែលបញ្ហាត្រូវបានរាយការណ៍ពីមួយថ្នាក់ទៅមួយថ្នាក់រហូតដល់ខាងលើ ពេលដប់ថ្ងៃ ឬកន្លះខែបានកន្លងផុតទៅហើយ។ តើពួកគេបានធ្វើអ្វីខ្លះក្នុងអំឡុងពេលដប់ថ្ងៃទៅកន្លះខែនេះ? តើមាននរណាម្នាក់ធ្វើភារកិច្ចរបស់ខ្លួនទេ? គ្មានទេ ពួកគេបានចំណាយពេលរបស់ពួកគេក្នុងការស៊ីផឹក និងសប្បាយរីករាយ! តើពួកគេមិនគ្រាន់តែទំនេរឥតប្រយោជន៍ទេឬ? រាល់អ្នកមើលការខុសត្រូវទាំងអស់ដែលមិនអាចស្វែងរកដំណោះស្រាយចំពោះការភាន់ច្រឡំ និងការលំបាកដែលជួបប្រទះក្នុងការងាររបស់ពួកគេឱ្យបានឆាប់រហ័សគឺគ្រាន់តែជាអ្នកនៅទំនេរឥតប្រយោជន៍ដែលឆ្លងផុតមួយថ្ងៃៗដោយគ្មានគោលបំណងប៉ុណ្ណោះ។ មនុស្សបែបនេះត្រូវបានគេហៅកាត់ថាជា «ពួកមនុស្សទំនេរឥតបានការ»។ ហេតុអ្វី «ជាពួកមនុស្សទំនេរឥតបានការ»? ព្រោះមនុស្សទាំងនេះមិនដោះស្រាយភារកិច្ចរបស់ពួកគេដោយឥរិយាបទម៉ឺងម៉ាត់ ទទួលខុសត្រូវ ម៉ត់ចត់ ឬវិជ្ជមាននោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេធ្វើឱ្យតែរួចពីដៃ មានភាពអវិជ្ជមាន និងធ្វើការយឺតយ៉ាវ គឺគ្រាន់តែសង្ឃឹមថានឹងមានការលំបាក ឬការជាប់គាំងណាមួយកើតឡើង ដើម្បីឱ្យពួកគេមានលេសដើម្បីបិទទ្វារឈប់ធ្វើការប៉ុណ្ណោះ។

អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រឹមតែគួរដោះស្រាយការភាន់ច្រឡំ និងការលំបាកដែលជួបប្រទះក្នុងការងារឱ្យបានឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងគួរត្រួតពិនិត្យ និងរកឱ្យឃើញបញ្ហាទាំងនេះឱ្យបានឆាប់រហ័សផងដែរ។ ហេតុអ្វីបានជាត្រូវធ្វើបែបនេះ? គឺមានគោលបំណងតែមួយគត់ក្នុងការធ្វើដូច្នេះ៖ គឺដើម្បីការពារកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ដោយធានាថាកិច្ចការគ្រប់ផ្នែកទាំងអស់រីកចម្រើនទៅមុខដោយរលូន និងត្រូវបានបញ្ចប់ដោយជោគជ័យតាមកាលវិភាគការងារធម្មតា។ ដើម្បីធានាថាកិច្ចការរីកចម្រើនទៅមុខដោយរលូន តើបញ្ហាអ្វីខ្លះដែលត្រូវដោះស្រាយ? ជាដំបូង វាចាំបាច់ណាស់ក្នុងការបោសសម្អាតឱ្យបានម៉ត់ចត់នូវរាល់ឧបសគ្គ និង ការរារាំងទាំងឡាយដែលរំខានដល់កិច្ចការរបស់ពួកជំនុំ ដើម្បីដាក់កំហិតអ្នកមិនជឿសាសនា និងមនុស្សអាក្រក់ដោយបង្ការពួកគេពីការបង្កបញ្ហា។ បន្ថែមពីនេះ អ្នកមើលការខុសត្រូវ លើកិច្ចការនីមួយៗ និងបងប្អូនប្រុសស្រីត្រូវតែត្រូវបានណែនាំឱ្យយល់ពីសេចក្ដីពិត និងរកឃើញផ្លូវនៃការអនុវត្ត ដើម្បីរៀនសហការដោយសុខដុមរមនា និងមើលការខុសត្រូវគ្នាទៅវិញទៅមក។ មានតែតាមរបៀបនេះទេ ទើបអាចធានាបាននូវការបញ្ចប់កិច្ចការ។ ទោះបីជាប្រឈមមុខនឹងការលំបាក ឬការភាន់ច្រឡំបែបណាក៏ដោយ ប្រសិនបើអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវមិនអាចដោះស្រាយបានទេ ពួកគេគួរតែរាយការណ៍បញ្ហានោះទៅខាងលើជាបន្ទាន់ ហើយស្វែងរកដំណោះស្រាយ។ អ្នកដឹកនាំ និងអ្នកមើលការខុសត្រូវ មិនថាក្នុងការងារអ្វីដែលពួកគេធ្វើក៏ដោយ គួរតែផ្ដល់អាទិភាពដល់ការដោះស្រាយបញ្ហា ដោយដោះស្រាយទាំងបញ្ហាបច្ចេកទេស និងបញ្ហាគោលការណ៍ដែលទាក់ទងនឹងការងារ ក៏ដូចជាការលំបាកផ្សេងៗដែលមនុស្សជួបប្រទះទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកមិនអាចដោះស្រាយការភាន់ច្រឡំ និងការលំបាកបានទេ អ្នកនឹងមិនអាចធ្វើការងាររបស់អ្នកបានល្អឡើយ។ ហេតុដូច្នេះ នៅពេលដែលអ្នកជួបប្រទះការលំបាក ឬការភាន់ច្រឡំមិនធម្មតាដែលអ្នកមិនអាចដោះស្រាយបាន អ្នកគួរតែរាយការណ៍ទៅខាងលើជាបន្ទាន់។ កុំខ្ជះខ្ជាយពេលវេលា ព្រោះការពន្យារពេលពីបីទៅប្រាំថ្ងៃអាចបង្កការខាតបង់ដល់ការងារ ហើយប្រសិនបើវាត្រូវបានពន្យារពេលកន្លះខែ ឬមួយខែ ការខាតបង់នឹងធំធេងពេកហើយ។ ជាងនេះទៅទៀត ទោះបីជាបញ្ហាអ្វីក៏ដោយ វាត្រូវតែដោះស្រាយដោយផ្អែកលើគោលការណ៍សេចក្ដីពិត។ ទោះក្នុងកាលៈទេសៈណាក៏ដោយ កុំប្រើទស្សនៈវិជ្ជានៃការរស់នៅក្នុងលោកីយ៍របស់មនុស្សដើម្បីដោះស្រាយបញ្ហាជាដាច់ខាត។ កុំបង្វែររឿងដែលធ្ងន់ធ្ងរទៅជារឿងតូចតាច បង្វែររឿងដែលតូចតាចទៅជាគ្មានរឿងអ្វីសោះ ឬគ្រាន់តែស្ដីបន្ទោសភាគីទាំងសងខាងដែលពាក់ព័ន្ធនឹងបញ្ហា រួចហើយឱ្យលួងពួកគេដោយពាក្យផ្អែមល្អែម ដោយតែងតែប្រើវិធីចរចា និងលួងលោមពួកគេ ព្រោះខ្លាចធ្វើឱ្យរឿងរ៉ាវកាន់តែរីកធំ។ ការធ្វើបែបនេះនាំឱ្យបញ្ហាមិនត្រូវបានដោះស្រាយពីឫសគល់ ដែលបន្សល់ទុកនូវបញ្ហាដែលនៅអូសបន្លាយទៅថ្ងៃមុខ។ តើនេះមិនមែនជាវិធីដែលគ្រាន់តែព្យាយាមសម្រួលដើម្បីឱ្យតែរួចផុតទេឬ? ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកបានប្រើអស់គ្រប់មធ្យោបាយរបស់មនុស្សដើម្បីដោះស្រាយបញ្ហាហើយ តែវានៅតែមិនអាចដោះស្រាយបានពិតប្រាកដ ហើយអ្នកមិនអាចរកឃើញគោលការណ៍សម្រាប់បញ្ហាបច្ចេកទេសនៅក្នុងការងារបាន នោះអ្នកគួរតែរាយការណ៍បញ្ហាទាំងនេះទៅខាងលើជាបន្ទាន់ ហើយស្វែងរកដំណោះស្រាយដោយមិនចាំបាច់រង់ចាំ ឬពន្យារពេលឡើយ។ រាល់បញ្ហាដែលមិនអាចដោះស្រាយបាន គួរតែត្រូវបានរាយការណ៍ទៅខាងលើជាបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយ។ តើគោលការណ៍នេះស្តាប់ទៅយ៉ាងម៉េចដែរចំពោះអ្នក? (ល្អ)។

តើក្រុមផលិតភាពយន្ត និងក្រុមសរសេរអត្ថបទរឿងជាប់គាំងលើបញ្ហានៃការថតជាញឹកញាប់ដែរឬទេ? ម្នាក់ៗមានហេតុផលរៀងៗខ្លួន ហើយពួកគេមិនអាចឈានដល់ការព្រមព្រៀងគ្នាបានទេ ដោយតែងតែមានការប្រកែកគ្នាដោយពាក្យសម្ដី។ តើអ្នកដឹកនាំអាចដោះស្រាយបញ្ហាទាំងនេះនៅពេលដែលវាកើតឡើងបានទេ? (ពេលខ្លះពួកគេអាចដោះស្រាយបាន។) តើអ្នករាល់គ្នាធ្លាប់ជួបប្រទះស្ថានភាពដែលអ្នកដឹកនាំបានដោះស្រាយបញ្ហាមួយចំនួនតាមរយៈការប្រកបគ្នា ហើយវាស្ដាប់ទៅសមហេតុផលឥតខ្ចោះ និងមុតមាំតាមទ្រឹស្ដី ប៉ុន្តែអ្នកនៅតែមិនប្រាកដថា តើវាស្របតាមសេចក្ដីតម្រូវរបស់ដំណាក់របស់ព្រះជាម្ចាស់ ឬគោលការណ៍សេចក្ដីពិតដែរឬទេ? (ធ្លាប់)។ តើអ្នករាល់គ្នាបានដោះស្រាយស្ថានភាពបែបនេះដោយរបៀបណា? (ពេលខ្លះ ពួកយើងនឹងស្វែងរកពីខាងលើ។) នោះគឺជាវិធីសាស្រ្តត្រឹមត្រូវ។ តើអ្នករាល់គ្នាធ្លាប់ស្ថិតក្នុងស្ថានភាពដែលអ្នកសម្រេចចិត្តមិនជជីកសួរនាំអំពីបញ្ហាណាមួយ ដោយសារតែអ្នកឃើញថាបងប្អូនប្រុសថ្នាក់លើរវល់ខ្លាំង ហើយអ្នកគិតថាវាមិនអីទេ ដរាបណាបញ្ហានោះត្រឹមត្រូវតាមទ្រឹស្ដី រួចហើយក៏សម្រេចចិត្តថតសិន ដោយមិនគិតថាវាស្របតាមសេចក្ដីពិតឬអត់នោះទេ? (ពួកយើងធ្លាប់មានបញ្ហាធ្ងន់ធ្ងរអំពីរឿងនេះកាលពីមុន។ វាបាននាំឱ្យពួកយើងត្រូវធ្វើការងារម្តងទៀត និងបានបង្កការបង្អាក់ និងការរំខានដល់ការងារ។) ស្ថានភាពនោះគឺធ្ងន់ធ្ងរណាស់! បញ្ហាជាច្រើនដែលក្រុមផលិតភាពយន្តជួបប្រទះ នៅចុងក្រោយ តាមពិតទៅ ជាទំនួលខុសត្រូវរបស់ក្រុមសរសេរអត្ថបទរឿង។ ឧទាហរណ៍ ប្រសិនបើភាពយន្តមួយចេញមកជាការរៀបរាប់រឿងរ៉ាវវែងអន្លាយច្របូកច្របល់រយៈពេលពីរម៉ោងកន្លះ នោះអ្នកសរសេរអត្ថបទរឿងគឺជាអ្នកទទួលខុសត្រូវចម្បង។ ប៉ុន្តែចុះ ទំនួលខុសត្រូវរបស់អ្នកដឹកនាំរឿងវិញ? ប្រសិនបើអត្ថបទរឿងនោះជារឿងរ៉ាវវែងអន្លាយច្របូកច្របល់ តើអ្នកដឹកនាំរឿងគួរតែអាចមើលឃើញចំណុចនេះដែរឬទេ? តាមទ្រឹស្ដី ពួកគេគួរតែអាចមើលឃើញ។ ក៏ប៉ុន្តែ អ្នកដឹកនាំរឿងនៅតែអាចចំណាយពេលរាប់ខែ និងប្រើប្រាស់កម្លាំងពលកម្ម ធនធានសម្ភារៈ និងហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបញ្ចប់ការថតនៅក្រោមស្ថានភាពបែបនេះ។ តើនេះជាបញ្ហាបែបណាទៅ? ក្នុងនាមជាអ្នកដឹកនាំរឿង តើទំនួលខុសត្រូវរបស់អ្នករាល់គ្នាគឺជាអ្វី? នៅពេលទទួលបានអត្ថបទរឿង អ្នកគួរតែគិតថា «អត្ថបទរឿងនេះវែង ហើយមានខ្លឹមសារច្រើនណាស់ ប៉ុន្តែវាខ្វះចំណុចស្នូល ខ្វះផ្ទៃរឿង រចនាសម្ព័ន្ធទាំងមូលគឺគ្មានព្រលឹង។ អត្ថបទរឿងនេះមិនអាចថតបានទេ វាត្រូវតែបញ្ជូនត្រឡប់ទៅឱ្យអ្នកសរសេរអត្ថបទរឿងដើម្បីឱ្យពួកគេកែសម្រួលឡើងវិញ»។ តើអ្នករាល់គ្នាមានសមត្ថភាពធ្វើបែបនេះទេ? តើអ្នករាល់គ្នាធ្លាប់បញ្ជូនអត្ថបទរឿងត្រឡប់ទៅវិញទេ? (មិនធ្លាប់ទេ)។ តើមកពីអ្នកមិនអាចមើលឃើញបញ្ហា ឬក៏មកពីអ្នកខ្លាចមិនហ៊ានបញ្ជូនវាត្រឡប់ទៅវិញ? ឬក៏អ្នកខ្លាចនរណាម្នាក់នឹងវិនិច្ឆ័យអ្នក ដោយនិយាយថា «គេឱ្យអត្ថបទរឿងដែលសរសេររួចរាល់ហើយមកអ្នក ហើយអ្នកបដិសេធវាត្រឹមតែមួយម៉ាត់ ដោយបញ្ជូនវាត្រឡប់ទៅវិញ។ អ្នកពិតជាក្រអឺតក្រទមពេកហើយ មែនទេ?» វាជាអ្វីដែលអ្នករាល់គ្នាខ្លាចមែនទេ? អ្នកមើលឃើញបញ្ហាហើយ ដូច្នេះហេតុអ្វីមិនបញ្ជូនអត្ថបទរឿងត្រឡប់ទៅឱ្យអ្នកសរសេរវិញ? (យើងមិនទទួលខុសត្រូវចំពោះការងារផលិតភាពយន្តរបស់យើងទេ។) សម្រាប់ក្រុមផលិតភាពយន្ត ក្រៅពីអ្នកដឹកនាំពួកជំនុំ អ្នកដឹកនាំរឿងគួរតែដើរតួជាអ្នកមើលការខុសត្រូវ ជាអ្នកដែលធ្វើការសម្រេចចិត្ត និងមានសិទ្ធិសម្រេចចុងក្រោយ។ ដោយសារអ្នកគឺជាអ្នកដឹកនាំរឿង អ្នកគួរតែទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហានេះ ដោយធ្វើការត្រួតពិនិត្យទាក់ទងនឹងអត្ថបទរឿងឱ្យបានត្រឹមត្រូវចាប់ពីពេលដែលអ្នកទទួលបានវា។ ឧបមាថាអ្នកទទួលបានអត្ថបទរឿងមួយ ហើយពិនិត្យមើលវាពីដើមដល់ចប់ ដោយឃើញថាខ្លឹមសារគឺល្អណាស់។ វាមានចំណុចស្នូល និងផ្ទៃរឿង ដំណើររឿងវិលជុំវិញខ្សែរឿងសំខាន់មួយ ហើយអត្ថបទរឿងទាំងមូលហាក់ដូចជាគ្មានបញ្ហាធំដុំទេ។ វាមើលទៅល្អ គួរឱ្យថត ដូច្នេះអត្ថបទរឿងនេះអាចទទួលយកបាន។ ក៏ប៉ុន្តែ ប្រសិនបើអត្ថបទរឿងនោះវែង ដោយរៀបរាប់ពីរឿងរ៉ាវរបស់មនុស្សម្នាក់ពីដើមដល់ចប់ ដោយគ្មានចំណុចផ្ដោត ឬផ្ទៃរឿងដែលលេចធ្លោ ដែលធ្វើឱ្យមិនច្បាស់ថាអត្ថបទរឿងនេះចង់បង្ហាញពីអ្វី ចង់សម្រេចបានអ្វីនៅក្នុងចិត្តអ្នកទស្សនា ឬអ្វីទៅជាគំនិតស្នូល និងអត្ថន័យខាងវិញ្ញាណរបស់វា។ វាគ្រាន់តែជាការរៀបរាប់វែងអន្លាយ ជាអត្ថបទរឿងដែលច្របូកច្របល់ តើអត្ថបទរឿងនេះអាចទទួលយកបានទេ? តើអ្នកដឹកនាំរឿងគួរធ្វើដូចម្ដេចក្នុងស្ថានភាពបែបនេះ? ពួកគេត្រូវតែបញ្ជូនអត្ថបទរឿងត្រឡប់ទៅវិញ ហើយផ្ដល់យោបល់សម្រាប់ការកែសម្រួលរបស់អ្នកសរសេរអត្ថបទរឿង។ មនុស្សពីក្រុមសរសេរអត្ថបទរឿងអាចនឹងជំទាស់ ដោយនិយាយថា «នេះមិនយុត្តិធម៌ទេ! ពួកគេជាអ្នកណាបានជាមកត្រួតពិនិត្យអត្ថបទរឿងដែលយើងបានសរសេរ? ហេតុអ្វីបានជាពួកគេមានសិទ្ធិសម្រេច? ដំណាក់របស់ព្រះជាម្ចាស់គួរតែប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ និងសមហេតុផល!» ពេលនោះ តើគួរធ្វើដូចម្ដេចអីចឹង? ប្រសិនបើអ្នកដឹកនាំរឿងអាចរកឃើញបញ្ហានៅក្នុងអត្ថបទរឿងបាន ពួកគេមិនគួរប្រញាប់ធ្វើការសម្រេចចិត្តទេ ប៉ុន្តែគួរតែប្រកបគ្នាអំពីបញ្ហានេះជាមួយអ្នកដឹកនាំពួកជំនុំ និងសមាជិកក្រុមផលិតភាពយន្តជាមុនសិន។ ប្រសិនបើមនុស្សគ្រប់គ្នា ដោយផ្អែកលើបទពិសោធនៃការថតកន្លងមក និងការយល់ដឹងអំពីអត្ថបទរឿង បានចាត់ទុកព្រមគ្នាថាអត្ថបទរឿងមួយមិនស្របតាមស្ដង់ដា ហើយជឿជាក់ថាការថតអត្ថបទរឿងនោះមិនត្រឹមតែធ្វើឱ្យការងារផលិតភាពយន្តយឺតយ៉ាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្ជះខ្ជាយធនធានមនុស្ស ធនធានសម្ភារៈ និងធនធានហិរញ្ញវត្ថុទាំងអស់ដែលពាក់ព័ន្ធផងដែរ ហើយគ្មាននរណាម្នាក់អាចទទួលខុសត្រូវបែបនេះបានទេ នោះអត្ថបទរឿងនេះគួរតែត្រូវបានបញ្ជូនត្រឡប់ទៅវិញ។ អត្ថបទរឿងដែលរៀបរាប់វែងអន្លាយច្របូកច្របល់គឺដាច់ខាតមិនត្រូវថតឡើយ នេះគឺជាគោលការណ៍។ ប្រសិនបើមនុស្សគ្រប់គ្នាមានអារម្មណ៍ដូចគ្នាចំពោះអត្ថបទរឿងនោះ អ្នកសរសេរអត្ថបទរឿងគួរតែទទួលយកដោយគ្មានលក្ខខណ្ឌ ហើយកែសម្រួលអត្ថបទរឿងឡើងវិញតាមការផ្ដល់យោបល់ពីក្រុមផលិតភាពយន្ត។ ប្រសិនបើនៅតែមានការខ្វែងគំនិតគ្នា សមាជិក និងអ្នកដឹកនាំពីភាគីទាំងពីរអាចជជែកដេញដោលជាមួយគ្នា ដើម្បីមើលថាហេតុផលរបស់ភាគីណាស្របតាមគោលការណ៍សេចក្ដីពិត។ ប្រសិនបើការជាប់គាំងនៅតែបន្តដោយមិនអាចឈានដល់ការសរុបសម្រេចណាមួយបាន នោះមធ្យោបាយចុងក្រោយគួរតែត្រូវបានប្រើប្រាស់ ដែលជាទំនួលខុសត្រូវទីប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលបានប្រកបគ្នានៅថ្ងៃនេះ៖ «ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរក​របៀប​ដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ»។ បញ្ហាដែលជាប់គាំង ហើយមិនអាចដោះស្រាយបាន ត្រូវបានគេស្គាល់ថាជាការភាន់ច្រឡំ និងការលំបាក។ ភាគីនីមួយៗគិតថាហេតុផលរបស់ខ្លួនត្រឹមត្រូវ ហើយគ្មាននរណាម្នាក់អាចធ្វើការសម្រេចចិត្តបានទេ។ ការទៅមកៗបែបនេះធ្វើឱ្យបញ្ហាកាន់តែច្របូកច្របល់ ធ្វើឱ្យការយល់ដឹងរបស់មនុស្សគ្រប់គ្នាអំពីដំណើរដើមទងនៃបញ្ហា និងទិសដៅដែលត្រូវដើរទៅមុខមានភាពស្រពិចស្រពិល។ នៅពេលនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែទទួលខុសត្រូវ ក្នុងការរាយការណ៍ និងស្វែងរកដំណោះស្រាយឱ្យបានឆាប់ចំពោះបញ្ហា និងការភាន់ច្រឡំទាំងនេះដែលកើតឡើងក្នុងការងារ ដោយព្យាយាមដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់ ដើម្បីកុំឱ្យវារារាំងដល់វឌ្ឍនភាពនៃការងារ ហើយលើសពីនេះទៅទៀត គឺដើម្បីកុំឱ្យវាកកកុញបន្ថែមទៀត។ ការរាយការណ៍ និងស្វែងរករបៀបដោះស្រាយបញ្ហាទាំងនេះឱ្យបានឆាប់ តើនេះមិនមែនជាការបំពេញការងារទេឬ? តើនេះមិនមែនជាការបង្ហាញឥរិយាបថដែលម៉ឺងម៉ាត់ និងដែលមានទំនួលខុសត្រូវចំពោះការងារទេឬ? តើនេះមិនមែនជាការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនទេឬ? តើនេះមិនមែនជាការស្មោះត្រង់ទេឬ? (មែនហើយ) នេះគឺជាការមានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់ខ្លួន។

អ្នកដឹកនាំ និងអ្នកធ្វើការដែលទទួលបន្ទុកការងារ ត្រូវតែសម្គាល់ឃើញ និងដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងការងារឱ្យបានឆាប់ ព្រោះមានតែការធ្វើបែបនេះទេ ទើបអាចធានាបានថាការងារមានដំណើរទៅមុខដោយរលូន។ រាល់អ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់ដែលមិនអាចដោះស្រាយបញ្ហាបានគឺខ្វះតថភាពនៃសេចក្ដីពិត ហើយគឺជាអ្នកដឹកនាំ និងអ្នកធ្វើការក្លែងក្លាយ។ អ្នកណាដែលរកឃើញបញ្ហា ប៉ុន្តែមិនអាចដោះស្រាយបាន ផ្ទុយទៅវិញបែរជាគេចវេះ ឬបិទបាំងបញ្ហានោះ គឺជាមនុស្សឥតបានការដែលចេះតែបំផ្លាញការងារ។ បញ្ហាដែលមានជម្លោះត្រូវតែដោះស្រាយតាមរយៈការប្រកប គ្នានិងការជជែកដេញដោល។ ប្រសិនបើវិធីទាំងនេះមិនបានផ្ដល់លទ្ធផលត្រឹមត្រូវ ផ្ទុយទៅវិញបែរជាធ្វើឱ្យបញ្ហាកាន់តែច្របូកច្របល់ទៅទៀត នោះអ្នកដឹកនាំចម្បងគួរតែទទួលបន្ទុកដោះស្រាយបញ្ហានោះដោយខ្លួនឯងផ្ទាល់ ដោយស្នើដំណោះស្រាយ និងវិធីសាស្រ្តឱ្យបានឆាប់ ព្រមទាំងសង្កេត ស្វែងយល់ និងវិនិច្ឆ័យឱ្យបានឆាប់ ដើម្បីមើលថាតើលទ្ធផលនៃស្ថានភាពនោះនឹងទៅជាយ៉ាងណា។ នៅពេលដែលជម្លោះនៅតែបន្តកើតមានចំពោះបញ្ហាមួយចំនួន ហើយមិនអាចឈានដល់សេចក្តីសម្រេចណាមួយបាន បញ្ហានោះត្រូវតែរាយការណ៍ទៅខាងលើជាបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយ ជាជាងគ្រាន់តែព្យាយាមសម្រួលឱ្យតែរួចផុត រង់ចាំ ឬពន្យារពេល ហើយជាពិសេសជាជាងព្រងើយកន្តើយចំពោះបញ្ហា។ តើនេះជារបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការបច្ចុប្បន្នរបស់អ្នករាល់គ្នាបំពេញការងារដែរឬទេ? ពួកគេគួរតែតាមដាន និងជំរុញវឌ្ឍនភាពនៃការងារឱ្យបានឆាប់ ហើយក្នុងពេលជាមួយគ្នានេះដែរ ត្រូវរកឱ្យឃើញជម្លោះផ្សេងៗដែលកើតឡើងក្នុងការងារ ព្រមទាំងមិនត្រូវមើលរំលងបញ្ហាតូចតាចផ្សេងៗឡើយ។ នៅពេលដែលរកឃើញបញ្ហាធំដុំ អ្នកដឹកនាំ និងអ្នកធ្វើការចម្បងគួរតែមានវត្តមានដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនោះ ដោយស្វែងយល់ឱ្យបានត្រឹមត្រូវអំពីដំណើរដើមទង មូលហេតុដែលបញ្ហាកើតឡើង និងទស្សនៈរបស់អ្នកដែលពាក់ព័ន្ធ ដើម្បីអាចយល់ច្បាស់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ។ ក្នុងពេលជាមួយគ្នានេះ ពួកគេគួរតែចូលរួមក្នុងការប្រកបគ្នា ការជជែកដេញដោល និងសូម្បីតែការប្រកែកគ្នាអំពីបញ្ហាទាំងនេះ។ នេះគឺជាការចាំបាច់ ការចូលរួមគឺជារឿងសំខាន់ ព្រោះវាជួយអ្នកក្នុងការធ្វើការវិនិច្ឆ័យ និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងការងារ។ ប្រសិនបើអ្នកគ្រាន់តែស្ដាប់ដោយមិនចូលរួម តែងតែឈរនៅម្ខាងដោយឱបដៃ ហើយធ្វើខ្លួនដូចជាអ្នកដែលចូលរួមស្ដាប់នៅក្នុងថ្នាក់ ដោយគិតថាបញ្ហាណាមួយដែលកើតឡើងក្នុងការងារមិនមែនជារឿងរបស់អ្នក ហើយគ្មានទស្សនៈ ឬ ឥរិយាបថជាក់លាក់ណាមួយចំពោះបញ្ហានោះទេ នោះអ្នកគឺជាអ្នកដឹកនាំក្លែងក្លាយយ៉ាងច្បាស់។ នៅពេលដែលអ្នកចូលរួម អ្នកនឹងដឹងយ៉ាងលម្អិតថា តើបញ្ហាអ្វីខ្លះបានកើតឡើងក្នុងការងារ អ្វីដែលបណ្តាលឱ្យមានបញ្ហាទាំងនេះ អ្នកណាជាអ្នកទទួលខុសត្រូវ ចំណុចគន្លឹះនៃបញ្ហាស្ថិតនៅត្រង់ណា ហើយថាតើវាបណ្ដាលមកពីសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ឬមកពីភាពខ្វះខាតផ្នែកបច្ចេកទេស និងជំនាញ។ ចំណុចទាំងអស់នេះត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់ដើម្បីអាចចាត់ចែង និងដោះស្រាយបញ្ហាដោយយុត្តិធម៌។ នៅពេលដែលអ្នកចូលរួមក្នុងការងារនេះ ហើយរកឃើញថាបញ្ហាមិនមែនកើតឡើងដោយសារមនុស្ស ឬបង្កឡើងដោយចេតនាពីនរណាម្នាក់ ប៉ុន្តែអ្នកពិបាកនឹងចង្អុលបង្ហាញពីសារជាតិនៃបញ្ហា ហើយមិនដឹងពីរបៀបដោះស្រាយវា ដោយភាគីទាំងពីរបានប្រកែកគ្នាអស់រយៈពេលជាយូរមកហើយ ឬនៅពេលដែលមនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងចំពោះបញ្ហាមួយ ប៉ុន្តែនៅតែមិនអាចដោះស្រាយបាន ហើយមិនអាចរកឃើញគោលការណ៍ ឬរកឃើញទិសដៅ ដែលបណ្ដាលឱ្យការងារជាប់គាំង ហើយក៏ខ្លាចថាការបន្តទៅមុខនឹងបង្កឱ្យមានកំហុស ការបង្អាក់ និងផលវិបាកអវិជ្ជមានបន្ថែមទៀត ដូច្នេះតើអ្នកគួរធ្វើដូចម្ដេច? អ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើបំផុតនោះ មិនមែនជាការពិភាក្សាអំពីវិធានការតបតវិញ ឬដំណោះស្រាយជាមួយមនុស្សគ្រប់គ្នាទៀតនោះទេ ប៉ុន្តែគឺត្រូវរាយការណ៍បញ្ហានោះទៅខាងលើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែសង្ខេប និងកត់ត្រាបញ្ហានៅក្នុងការងារ ហើយរាយការណ៍ទៅខាងលើឱ្យបានឆាប់ ដោយមិនត្រូវពន្យារពេល រង់ចាំ ឬមានផ្នត់គំនិតពឹងផ្អែកលើសំណាង ដោយគិតថាការគេងមួយយប់អាចនឹងនាំមកនូវការបំផុសគំនិត ឬការមើលឃើញច្បាស់ភ្លាមៗ ដែលនេះជារឿងកម្រកើតមាន ហើយទំនងជាមិនកើតឡើងទេ។ ដូច្នេះ ដំណោះស្រាយដ៏ល្អបំផុតគឺត្រូវរាយការណ៍បញ្ហានោះទៅខាងលើ ហើយស្វែងរកដំណោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយធានាថាបញ្ហាត្រូវបានដោះស្រាយយ៉ាងឆាប់ និងលឿនបំផុតតាមដែលអាចធ្វើទៅបាន នេះទើបជាការធ្វើការងារពិតប្រាកដ។

ការភាន់ច្រឡំ និងការលំបាក ដែលអ្នកដឹកនាំ និងអ្នកធ្វើការជួបប្រទះជាញឹកញាប់នៅក្នុងការងាររបស់ពួកគេ

I. ការភាន់ច្រឡំ

ដោយផ្អែកលើខ្លឹមសារដែលយើងទើបតែបាន ពិភាក្សាគ្នា តស់ យើងមកសង្ខេបថាតើអ្វីទៅដែលហៅថា «ការភាន់ច្រឡំ» និង «ការលំបាក»។ ទាំងពីរនេះមិនមែនជារឿងតែមួយនោះទេ។ ជាដំបូង ខ្ញុំនឹងពន្យល់ពីពាក្យ «ការភាន់ច្រឡំ»។ ការភាន់ច្រឡំគឺនៅពេលដែលអ្នកមិនអាចមើលធ្លុះបញ្ហាណាមួយបាន អ្នកមិនដឹងពីរបៀបវិនិច្ឆ័យ ឬបែងចែកឱ្យដាច់ ថាតើធ្វើបែបណាទើបស្របតាមគោលការណ៍ ឬត្រឹមត្រូវនោះទេ។ ទោះបីជាអ្នកអាចមើលធ្លុះវាបានខ្លះៗក៏ដោយ ក៏អ្នកនៅតែមិនប្រាកដថាការយល់ឃើញរបស់អ្នកត្រឹមត្រូវឬអត់ អ្នកមិនដឹងពីរបៀបចាត់ចែង ឬដោះស្រាយបញ្ហានោះ ហើយពិបាកក្នុងការ ឈានដល់ការសម្រេចសរុបអំពីវាណាស់។ សរុបមក អ្នកមិនប្រាកដក្នុងចិត្ត ហើយមិនអាចធ្វើការសម្រេចចិត្តបាន។ ប្រសិនបើអ្នកមិនយល់សេចក្ដីពិតសូម្បីតែបន្តិច ហើយគ្មាននរណាផ្សេងទៀតដោះស្រាយបញ្ហានោះទេ នោះបញ្ហានោះក៏ក្លាយជាមិនអាចដោះស្រាយបានដែរ។ តើនេះមិនមែនជាការប្រឈមមុខនឹងបញ្ហាដ៏លំបាកមួយទេឬ? នៅពេលប្រឈមមុខនឹងបញ្ហាបែបនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែរាយការណ៍ទៅខាងលើ ហើយស្វែងរកពីខាងលើ ដើម្បី ដោះស្រាយបញ្ហាបានកាន់តែលឿន។ តើអ្នករាល់គ្នាឧស្សាហ៍ប្រឈមមុខនឹងការភាន់ច្រឡំដែរឬទេ? (មែនហើយ)។ ការប្រឈមមុខនឹងការភាន់ច្រឡំជាប្រចាំគឺជាបញ្ហាមួយទៅហើយ។ ឧបមាថាអ្នកកំពុងប្រឈមមុខនឹងបញ្ហាមួយ ហើយអ្នកមិនដឹងពីវិធីសាស្រ្តសមរម្យដើម្បីដោះស្រាយវាទេ។ មានមនុស្សម្នាក់ស្នើដំណោះស្រាយមួយដែលអ្នកគិតថាសមហេតុផល ខណៈដែលមនុស្សម្នាក់ទៀតស្នើដំណោះស្រាយ ផ្សេងគ្នាមួយទៀតដែលអ្នកក៏គិតថាសមហេតុផលដែរ ហើយប្រសិនបើអ្នកមិនអាចមើលឃើញច្បាស់ថាដំណោះស្រាយមួយណាដែលសមរម្យជាងគេ ដោយមតិរបស់មនុស្សគ្រប់គ្នាមានភាពខុសៗគ្នា ហើយគ្មាននរណាម្នាក់យល់ពីឫសគល់ ឬសារជាតិនៃបញ្ហានោះទេ នោះច្បាស់ជាមានការភ្លាត់ភ្លាំងកើតឡើងមិនខានក្នុងការដោះស្រាយបញ្ហានោះ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាមួយ វាជារឿងសំខាន់ និងចាំបាច់ណាស់ក្នុងការកំណត់ពីឫសគល់ និងសារជាតិរបស់វា។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនចេះបែងចែកឱ្យដាច់ មិនអាចយល់ពីសារជាតិនៃបញ្ហា ហើយមិនអាចឈានដល់ការសរុបសម្រេចដែលត្រឹមត្រូវទេ ពួកគេត្រូវតែរាយការណ៍បញ្ហានោះទៅខាងលើឱ្យបានឆាប់ ហើយស្វែងរកដំណោះស្រាយពីពួកគេ នេះគឺជាការចាំបាច់ ហើយមិនមែនជាការមានប្រតិកម្មជ្រុលនោះទេ។ បញ្ហាដែលមិនបានដោះស្រាយអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ ចំណុចនេះត្រូវតែយល់ឱ្យបានច្បាស់។ ប្រសិនបើអ្នកពោរពេញទៅដោយការភិតភ័យ តែងតែខ្លាចថាខាងលើអាចនឹងមើលធ្លុះពីសមត្ថភាពពិតប្រាកដរបស់អ្នក ឬថាពួកគេអាចនឹងកែតម្រូវភារកិច្ចរបស់អ្នក ឬបណ្ដេញអ្នកចេញ នៅពេលដែលពួកគេមើលធ្លុះថាអ្នកមិនអាចធ្វើការងារពិតប្រាកដបាន ហើយហេតុដូច្នេះ អ្នកមិនហ៊ានរាយការណ៍ពីបញ្ហានោះទេ ការធ្វើបែបនេះអាចធ្វើឱ្យការងារយឺតយ៉ាវបានយ៉ាងងាយ។ ប្រសិនបើអ្នកជួបប្រទះការភាន់ច្រឡំដែលអ្នកមិនអាចដោះស្រាយដោយខ្លួនឯងបាន ប៉ុន្តែមិនរាយការណ៍ទៅខាងលើទេ នៅពេលដែលការណ៍នេះបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ហើយខាងលើតម្រូវឱ្យអ្នកទទួលខុសត្រូវ អ្នកនឹងស្ថិតក្នុងបញ្ហាធំណាស់។ តើនេះមិនមែនជារឿងដែលត្រូវបន្ទាសខ្លួនឯងទេឬ? នៅពេលប្រឈមមុខនឹងការភាន់ច្រឡំបែបនេះ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនទទួលខុសត្រូវ ហើយគ្រាន់តែនិយាយគោលលទ្ធិខ្លះៗ និងអនុវត្តបទប្បញ្ញត្តិខ្លះៗដើម្បីដោះស្រាយបញ្ហាឱ្យតែរួចពីដៃ នោះបញ្ហានៅតែមិនត្រូវបានដោះស្រាយ ហើយអ្វីៗនៅតែដដែល ការងារមិនអាចទៅមុខបានទេ។ នេះគឺជាអ្វីដែលកើតឡើងពិតប្រាកដនៅពេលដែលការភាន់ច្រឡំមិនត្រូវបានដោះស្រាយ វាបង្កឱ្យមានការយឺតយ៉ាវបានយ៉ាងងាយ។

នៅពេលមានការភាន់ច្រឡំកើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការខ្លះអាចដឹងថាមានបញ្ហាកើតឡើងហើយ ប៉ុន្តែអ្នកដឹកនាំ និងអ្នកធ្វើការខ្លះទៀតបែរជាមិនអាចមើលឃើញបញ្ហានោះទៅវិញ។ នេះហើយគឺជាក្រុមអ្នកដឹកនាំ និងអ្នកធ្វើការដែលមានគុណសម្បត្តិអន់ខ្លាំង ស្ពឹកស្រពិល និងល្ងង់ខ្លៅ។ ពួកគេខ្វះនូវញាណដឹងចំពោះបញ្ហា។ មិនថាការភាន់ច្រឡំដែលនៅចំពោះមុខធំដុំប៉ុនណានោះទេ អ្វីដែលពួកគេបង្ហាញចេញមក គឺភាពស្ពឹកស្រពិល និងល្ងង់ខ្លៅ ដោយទុកបញ្ហានោះចោលមិនរវីរវល់ ហើយព្យាយាមគេចវេះពីបញ្ហានោះ។ នេះហើយជាអ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើការងារពិតប្រាកដ។ អ្នកដឹកនាំ និងអ្នកធ្វើការទាំងនោះដែលមានគុណសម្បត្តិ និងសមត្ថភាពការងារក្នុងកម្រិតជាក់លាក់មួយ អាចដឹងនៅពេលដែលស្ថានការណ៍បែបនេះកើតឡើងថា៖ «នេះគឺជាបញ្ហា ខ្ញុំត្រូវតែកត់ចំណាំវាទុក។ ខាងលើមិនដែលបានលើកឡើងអំពីបញ្ហាប្រភេទនេះពីមុនមកទេ ហើយនេះក៏ជាលើកទីមួយដែរ ដែលពួកយើងបានជួបប្រទះ ដូច្នេះ តើគោលការណ៍សម្រាប់ដោះស្រាយរឿងប្រភេទនេះគឺជាអ្វីឱ្យពិតប្រាកដ? តើបញ្ហាជាក់លាក់នេះគួរដោះស្រាយដោយរបៀបណា? វាហាក់ដូចជាខ្ញុំមានគំនិតតាមបែបអារម្មណ៍ខ្លះៗ ប៉ុន្តែវាមិនច្បាស់លាស់សោះ ហើយខ្ញុំមានឥរិយាបថខ្លះៗចំពោះបញ្ហានេះដែរ ប៉ុន្តែមានត្រឹមតែឥរិយាបថគឺមិនគ្រប់គ្រាន់ទេ។ សំខាន់គឺត្រូវស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា។ យើងត្រូវលើកយកបញ្ហានេះមកប្រកបគ្នា និងពិភាក្សាគ្នាជាមួយគ្នា»។ បន្ទាប់ពីបានប្រកបគ្នា និងពិភាក្សាគ្នាមួយវគ្គហើយ ប្រសិនបើពួកគេនៅតែមិនដឹងថាត្រូវធ្វើបន្តដូចម្ដេច ហើយគ្មានផែនការអនុវត្តច្បាស់ដើម្បីដោះស្រាយបញ្ហានេះទេ ហើយការភាន់ច្រឡំនេះនៅតែមាន នោះពួគគេត្រូវស្វែងរកពីខាងលើហើយ។ នៅពេលនេះ វាជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលត្រូវកត់ត្រាចំណុចដែលភាន់ច្រឡំអំពីបញ្ហានោះទុក ដើម្បីនៅពេលដល់ពេលកំណត់ ពួកគេអាចពន្យល់បានច្បាស់ថា បញ្ហានៃការភាន់ច្រឡំនោះគឺជាអ្វីឱ្យពិតប្រាកដ និងថាតើអ្វីដែលកំំពុងស្វែងរកនោះគឺជាអ្វីឱ្យពិតប្រាកដ។ នេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ។

II. ការលំបាក

ក. តើមានការលំបាកអ្វីខ្លះ

បន្ទាប់មកទៀត ចូរក្រឡេកមើលពាក្យ «ការលំបាក» ម្ដង។ បើមើលតាមន័យត្រង់ ការលំបាក គឺមានកម្រិតធ្ងន់ធ្ងរជាងការភាន់ច្រឡំ។ ដូច្នេះ តើការលំបាកសំដៅទៅលើអ្វីឱ្យពិតប្រាកដ? មនុស្សម្នាក់ពន្យល់ថា (ព្រះជាម្ចាស់ ការយល់ដឹងរបស់ពួកខ្ញុំគឺថា ការលំបាកគឺជាបញ្ហាដែលជួបប្រទះជាក់ស្ដែង ដែលគេបានព្យាយាមដោះស្រាយហើយ ប៉ុន្តែនៅតែមិនអាចដោះស្រាយបាន នេះហើយចាត់ទុកថាជាការលំបាក។) (សូមបន្ថែមបន្តិច គឺពេលខ្លះគេអាចជួបប្រទះបញ្ហាស្មុគស្មាញខ្លាំងមួយចំនួនដែលមិនធ្លាប់ជួបប្រទះពីមុនមក ហើយគ្រប់គ្នាសុទ្ធតែខ្វះបទពិសោធ គឺសុទ្ធតែវង្វេងវង្វាន់ គ្មានយោបល់ ឬគំនិតអ្វីឡើយ នេះគឺជាប្រភេទបញ្ហាដ៏លំបាក។) បញ្ហាដ៏លំបាក ហៅថាការលំបាក ត្រូវទេ? ការពន្យល់ដែលសាមញ្ញ និងចំៗបំផុតអំពីការលំបាក គឺបញ្ហាដែលកើតមានឡើងជាក់ស្ដែង។ ឧទាហរណ៍៖ គុណសម្បត្តិរបស់មនុស្ស ជំនាញវិជ្ជាជីវៈ ជំងឺឈឺថ្កាត់ខាងរាងកាយ ព្រមទាំងបញ្ហាខាងបរិស្ថាន និងបញ្ហាលោកីយ៍ជាដើម។ បញ្ហាដែលកើតមានឡើងជាក់ស្ដែងទាំងនេះ ហៅថាការលំបាក។ ប៉ុន្តែ ទំនួលខុសត្រូវទីប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដែលពួកយើងកំពុងប្រកបគ្នានៅពេលនេះ គឺពួកគេត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរក​របៀប​ដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ។ ការលំបាកដែលសំដៅនៅត្រង់នេះ មិនមែនជាបញ្ហា ដែលមានទូទៅជាក់ស្តែងនោះទេ តែគឺជាបញ្ហាដ៏ស្មុគស្មាញពិសេសដែលមិនអាចដោះស្រាយបាន ដែលបានជួបប្រទះនៅក្នុងការងារ។ តើទាំងនេះជាបញ្ហាប្រភេទណា? គឺជាកិច្ចការខាងក្រៅដែលមិនសូវពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត។ បញ្ហាប្រភេទនេះ ទោះបីជាមិនពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតក្ដី ប៉ុន្តែវាពិបាកដោះស្រាយជាងបញ្ហាទូទៅ។ តើពិបាកជាងនៅត្រង់ណា? ឧទាហរណ៍៖ វាពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ឬពាក់ព័ន្ធនឹងសុវត្ថិភាពរបស់មនុស្សមួយចំនួននៅក្នុងពួកជំនុំជាដើម។ ទាំងនេះសុទ្ធតែជាការលំបាកដែលអ្នកដឹកនាំ និងអ្នកធ្វើការជួបប្រទះនៅក្នុងការងារ។ ឧទាហរណ៍៖ ការជឿព្រះជាម្ចាស់នៅឯបរទេស មិនថារស់នៅក្នុងប្រទេសណានោះទេ ការងារនានារបស់ពួកជំនុំ និងបរិស្ថានរស់នៅរបស់បងប្អូនប្រុសស្រី សុទ្ធតែត្រូវស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលមូលដ្ឋាន ហើយសុទ្ធតែត្រូវការការយល់ដឹងអំពីច្បាប់ និងគោលនយោបាយក្នុងមូលដ្ឋាន។ បញ្ហាទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងទំនាក់ទំនងខាងក្រៅ និងទាក់ទិនជាមួយកិច្ចការខាងក្រៅ ដែលវាមានភាពស្មុគស្មាញជាងបើប្រៀបធៀបនឹងបញ្ហាបុគ្គលិកនៅក្នុងពួកជំនុំ។ តើភាពស្មុគស្មាញនៅត្រង់ណា? នេះមិនមែនសាមញ្ញដោយគ្រាន់តែប្រាប់មនុស្សនៅក្នុងពួកជំនុំឱ្យចុះចូលនឹងព្រះជាម្ចាស់ ស្ដាប់បង្គាប់ អនុវត្តសេចក្ដីពិត ស្មោះត្រង់ក្នុងការបំពេញភារកិច្ច និងយល់ពីសេចក្ដីពិត ហើយធ្វើការដោះស្រាយបញ្ហាតាមគោលការណ៍នោះទេ។ គ្រាន់តែនិយាយរឿងទាំងនេះតែមួយមុខ នឹងមិនអាចដោះស្រាយបញ្ហាបានឡើយ។ ផ្ទុយទៅវិញ វាទាមទារឱ្យមានការយល់ដឹងអំពីច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិគ្រប់ទិដ្ឋភាពរបស់ប្រទេសនោះ ព្រមទាំងទំនៀមទម្លាប់ និងការអនុវត្តនៅក្នុងមូលដ្ឋានជាដើម។ មានកត្តាជាច្រើនដែលពាក់ព័ន្ធនឹងកិច្ចការខាងក្រៅទាំងនេះ ហើយជាញឹកញាប់ តែងកើតមានបញ្ហាដែលនឹកស្មានមិនដល់ ឬបញ្ហាដែលពិបាកដោះស្រាយដោយត្រូវប្រើគោលការណ៍របស់ពួកជំនុំ ហើយការកើតឡើងនៃបញ្ហាទាំងនេះ បង្កើតបានជាការលំបាកនានា។ ឧទាហរណ៍៖ នៅខាងក្នុងពួកជំនុំ ប្រសិនបើមនុស្សមួយចំនួនបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ បញ្ហាទាំងនេះអាចដោះស្រាយបានដោយការប្រកបសេចក្ដីពិត ដោយការលួសកាត់ ឬដោយការផ្ដល់ជំនួយ និងការគាំទ្រ។ ប៉ុន្តែ នៅខាងក្រៅវិញ តើអ្នកអាចប្រើគោលការណ៍ និងវិធីសាស្ត្រទាំងនេះដើម្បីដោះស្រាយបញ្ហាបានដែរឬទេ? តើវិធីបែបនេះអាចដោះស្រាយបញ្ហាបែបនោះបានដែរឬទេ? (ទេ មិនបានទេ។) ដូច្នេះ តើគួរធ្វើដូចម្ដេច? ត្រូវតែប្រើវិធីសាស្ត្រឈ្លាសវៃមួយចំនួន ដើម្បីដោះស្រាយ និងឆ្លើយតបចំពោះបញ្ហាបែបនេះ។ នៅក្នុងដំណើរការនៃការដោះស្រាយកិច្ចការខាងក្រៅទាំងនេះ ដំណាក់របស់ព្រះជាម្ចាស់ក៏បានដាក់ចេញនូវគោលការណ៍មួយចំនួនផងដែរ ប៉ុន្តែមិនថាពន្យល់អំពីគោលការណ៍ទាំងនេះយ៉ាងណានោះទេ ការលំបាកគ្រប់ប្រភេទនៅតែបន្តកើតឡើងជាញឹកញាប់។ ដោយសារតែពិភពលោកនេះ សង្គមនេះ និងមនុស្សជាតិមួយនេះ ខ្មៅងងឹត និងស្មុគស្មាញពេក ហើយដោយសារតែការរំខាននៃកម្លាំងដ៏អាក្រក់របស់នាគដ៏ធំសម្បុរក្រហម នៅពេលដោះស្រាយកិច្ចការខាងក្រៅទាំងនេះ នឹងមានការលំបាកបន្ថែម និងដែលនឹកស្មានមិនដល់មួយចំនួនកើតឡើង។ នៅពេលការលំបាកទាំងនេះកើតឡើង ប្រសិនបើអ្នករាល់គ្នាត្រូវបានផ្ដល់ឱ្យនូវគោលការណ៍ដ៏សាមញ្ញមួយ ដោយពោលថា «គ្រាន់តែចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់ទៅ អ្វីៗទាំងអស់ត្រូវបានចាត់ចែងដោយព្រះជាម្ចាស់ហើយ មិនបាច់ខ្វល់ពីបញ្ហានោះទេ» តើនេះអាចដោះស្រាយបញ្ហាបានដែរឬទេ? (ទេ មិនបានទេ។) ប្រសិនបើបញ្ហាមិនអាចដោះស្រាយបានទេ នោះអ្វីដែលនឹងកើតឡើងគឺ បរិស្ថានដែលបងប្អូនប្រុសស្រីបំពេញភារកិច្ចរបស់ពួកគេ និងបរិស្ថានរស់នៅរបស់ពួកគេ នឹងត្រូវរងការរំខាន យាយី និងបំផ្លិចបំផ្លាញ។ តើនេះមិននាំឱ្យកើតមានការលំបាកទេឬអី? ដូច្នេះ តើគួរធ្វើដូចម្ដេច? តើអាចដោះស្រាយដោយការឆាប់ខឹងបានទេ? ច្បាស់ណាស់ថាគឺមិនបានទេ។ អ្នកខ្លះនិយាយថា៖ «ចុះតើយើងអាចដោះស្រាយដោយមធ្យោបាយផ្លូវច្បាប់បានដែរឬទេ?» រឿងជាច្រើនមិនអាចដោះស្រាយដោយច្បាប់បានទេ។ ឧទាហរណ៍៖ នៅកន្លែងដែលនាគដ៏ធំសម្បុរក្រហមលូកដៃ និងជ្រៀតជ្រែក តើច្បាប់អាចដោះស្រាយបញ្ហាបានដែរឬទេ? ច្បាប់គ្មានប្រសិទ្ធភាពអ្វីឡើយនៅទីនោះ។ នៅកន្លែងជាច្រើន អំណាចរបស់មនុស្សតែងតែធំជាងច្បាប់ ដូច្នេះកុំរំពឹងថានឹងដោះស្រាយបញ្ហាបានដោយការពឹងផ្អែកលើច្បាប់ឱ្យសោះ។ ការប្រើវិធីសាស្ត្ររបស់មនុស្ស ឬការឆាប់ខឹងដើម្បីដោះស្រាយបញ្ហា ក៏មិនសមរម្យដែរ។ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើដូចម្ដេចនៅក្នុងស្ថានការណ៍បែបនេះ? តើអ្នកដែលចេះតែនិយាយពាក្យពេចន៍ និងគោលលទ្ធិ អាចដោះស្រាយបញ្ហាទាំងនេះបានដែរឬទេ នៅពេលដែលវាកើតឡើង? តើទាំងនេះមិនមែនជាបញ្ហាដ៏ស្មុគស្មាញពិសេសទេឬ? តើអ្នកគិតថា ការជួលមេធាវី និងការឡើងតុលាការដើម្បីដោះស្រាយបញ្ហា នឹងមានប្រសិទ្ធភាពដែរឬទេ? តើមនុស្សទាំងនោះយល់ពីសេចក្ដីពិតដែរឬទេ? គ្មានកន្លែងណានៅក្នុងពិភពលោកនេះសម្រាប់និយាយហេតុផលឡើយ សូម្បីតែចៅក្រមនៅក្នុងប្រទេសនីតិរដ្ឋ ក៏មិនតែងតែធ្វើតាមច្បាប់ដែរ ផ្ទុយទៅវិញ ពួកគេកែសម្រួលការវិនិច្ឆ័យរបស់ខ្លួនដោយផ្អែកលើថាតើអ្នកណាជាអ្នកពាក់ព័ន្ធ ដែលនេះជាការខ្វះភាពយុត្តិធម៌។ នៅក្នុងពិភពលោកនេះ មិនថានៅទីណាទេ មនុស្សពឹងអាងលើកម្លាំង និងអំណាច ដើម្បីជាសំអាងក្នុងការនិយាយ។ ដូច្នេះ តើយើងជាអ្នកជឿព្រះជាម្ចាស់គួរពឹងអាងលើអ្វី? យើងគួរប្រព្រឹត្តចំពោះមនុស្ស និងដោះស្រាយរឿងរ៉ាវស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្របតាមសេចក្ដីពិត។ ប៉ុន្តែ តើអ្វីៗគ្រប់យ៉ាងអាចដំណើរការទៅយ៉ាងរលូនសម្រាប់យើងនៅក្នុងពិភពលោកនេះដែរឬទេ ប្រសិនបើយើងពឹងអាងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត? ទេ មិនអាចទេ នេះទាមទារឱ្យមានប្រាជ្ញា។ ហេតុនេះ នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការប្រឈមមុខនឹងបញ្ហាបែបនេះ ប្រសិនបើពួកគេយល់ឃើញថាបញ្ហានេះសំខាន់ខ្លាំង ហើយខ្លាចថាពួកគេអាចនឹងដោះស្រាយវាដោយមិនសមរម្យ ហើយនាំឱ្យមានបញ្ហាដល់ដំណាក់របស់ព្រះជាម្ចាស់ ដោយបង្កឱ្យមានផលប៉ះពាល់ ឬលទ្ធផលមិនល្អ នោះបញ្ហាបែបនេះគឺជាការលំបាកសម្រាប់ពួកគេហើយ។ នៅពេលប្រឈមមុខនឹងការលំបាកដែលពួកគេមិនអាចដោះស្រាយបាន ពួកគេត្រូវរាយការណ៍ទៅកាន់ខាងលើឱ្យបានឆាប់ ហើយស្វែងរកវិធីសាស្ត្រសមស្របដើម្បីដោះស្រាយបញ្ហាទាំងនោះ។ នេះគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ។

ខ. ទស្សនៈ និងឥរិយាបថត្រឹមត្រូវ ដែលមនុស្សម្នាក់​គួរមាន នៅពេលជួបប្រទះ​នឹង​ការលំបាក

អ្វីដែលខ្ញុំត្រូវពន្យល់ដល់អ្នករាល់គ្នានៅទីនេះ មិនមែនតម្រង់ចំពោះតែអ្នកដឹកនាំ និងអ្នកធ្វើការប៉ុណ្ណោះទេ តែចំពោះមនុស្សទាំងអស់ដែលនៅទីនេះដែរ នេះគឺជាគោលការណ៍ដ៏សំខាន់បំផុត។ មិនថាអ្នករាល់គ្នាធ្វើការងាររបស់ពួកជំនុំ បំពេញភារកិច្ច ឬផ្សាយដំណឹងល្អនៅទីណាក៏ដោយ គឺមិនមែនសុទ្ធតែរលូននោះទេ។ សូម្បីតែកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏ជួបការលំបាកយ៉ាងខ្លាំងដែរ តើអ្នករាល់គ្នាបានកត់សម្គាល់ឃើញការពិតនេះដែរឬទេ? ទោះបីជាអ្នករាល់គ្នាមិនដឹង ឬមិនយល់ច្បាស់ពីរឿងជាក់លាក់ក្ដី ប៉ុន្តែអ្នករាល់គ្នាសុទ្ធតែដឹងអំពីស្ថានការណ៍ទូទៅ។ ការផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់ មិនមែនជារឿងរលូនស្រួលទេ ហើយអ្នករាល់គ្នាគួរតែត្រៀមចិត្ត និងទទួលស្គាល់ចំពោះរឿងនេះ។ ការពិតដែលជាក់លាក់នេះមាននៅទីនេះហើយ ដូច្នេះ តើយើងគួរមានឥរិយាបថបែបណាចំពោះបញ្ហាទាំងនេះ ទើបសមរម្យបំផុត សមហេតុសមផលបំផុត និងត្រឹមត្រូវបំផុត? តើការមានចិត្តកំសាក និងភ័យខ្លាចក្នុងចិត្តត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) ដោយសារការមានចិត្តកំសាក និងភ័យខ្លាចមិនត្រឹមត្រូវ ដូច្នេះ តើវាត្រឹមត្រូវដែរឬទេ ដែលមានឥរិយាបថ និងទស្សនៈថា អ្នកមិនខ្លាចមេឃមិនខ្លាចដី ជាសត្រូវនឹងពិភពលោកទាំងមូល តតាំងនឹងពិភពលោកទាំងមូលដល់ទីបញ្ចប់ ហើយធ្វើការប្រឆាំងនោះ? (ទេ មិនត្រឹមត្រូវទេ។) តើនេះជាវិចារណញាណនៃភាពជាមនុស្សធម្មតា ឬជាការឆាប់ខឹង? ទស្សនៈមិនត្រឹមត្រូវទាំងនេះ សុទ្ធតែជាការឆ្លុះបញ្ចាំងនូវការឆាប់ខឹង មិនមែនជាសេចក្ដីជំនឿពិតប្រាកដឡើយ។ ដូច្នេះ តើទស្សនៈ និងឥរិយាបថបែបណាដែលត្រឹមត្រូវ? ខ្ញុំនឹងរៀបរាប់ខ្លះៗប្រាប់អ្នករាល់គ្នា។ នេះគឺជាទស្សនៈទីមួយដែលមនុស្សគួរមាន៖ មិនថានៅបរទេស ឬនៅក្នុងប្រទេសចិនទេ ការដែលមនុស្សអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនដោយអស់ពីចិត្ត គឺជាបុព្វហេតុដ៏យុត្តិធម៌បំផុតនៅក្នុងចំណោមមនុស្សជាតិ តាំងពីបុរាណកាលមកទល់បច្ចុប្បន្ន។ ការបំពេញភារកិច្ចរបស់ពួកយើង គឺធ្វើឡើងដោយបើកចំហ និងត្រឹមត្រូវ មិនមែនលួចលាក់ទេ ព្រោះអ្វីដែលយើងកំពុងធ្វើនៅពេលនេះ គឺជាបុព្វហេតុដ៏យុត្តិធម៌បំផុតនៅក្នុងចំណោមមនុស្សជាតិ។ តើ «ភាពយុត្តិធម៌» នេះសំដៅលើអ្វី? គឺសំដៅលើសេចក្ដីពិត សំដៅលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សំដៅលើការរៀបចំ និងព្រះរាជបញ្ជាបេសកកម្មរបស់ព្រះអាទិករ វាគឺខ្ពស់ជាងសីលធម៌ ក្រមសីលធម៌ និងច្បាប់របស់មនុស្សទាំងស្រុង ហើយជាបុព្វហេតុមួយដែលធ្វើឡើងនៅក្រោមការដឹកនាំ និងការថែរក្សារបស់ព្រះអាទិករ។ តើនេះមិនមែនជាទស្សនៈដ៏ត្រឹមត្រូវបំផុតទេឬ? ម្យ៉ាង ទស្សនៈនេះគឺជាការពិតដែលកើតមានជាក់ស្ដែង ម្យ៉ាងទៀត វាក៏ជាការទទួលស្គាល់ដ៏ត្រឹមត្រូវបំផុត ចំពោះភារកិច្ចដែលខ្លួនបានបំពេញដែរ។ នេះគឺជាទស្សនៈទីពីរដែលមនុស្សគួរមាន៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើ និងហេតុការណ៍ទាំងអស់។ អ្វីៗទាំងអស់ រាប់ទាំងមេដឹកនាំនៅលើពិភពលោក និងអំណាច សាសនា អង្គការ និងជាតិសាសន៍ណាមួយនៅក្នុងពិភពលោក គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ដើម្បីត្រួតត្រា និងគ្រប់គ្រង គ្មានវាសនារបស់នរណាម្នាក់ ត្រូវបានគ្រប់គ្រងដោយខ្លួនឯងឡើយ។ ពួកយើងក៏មិនមែនជាករណីលើកលែងដែរ វាសនារបស់ពួកយើង គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ដើម្បីត្រួតត្រា និងគ្រប់គ្រង ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរទិសដៅនៃការទៅ ឬការស្នាក់នៅរបស់ពួកយើងបានឡើយ ក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរអនាគត និងគោលដៅរបស់ពួកយើងបានដែរ។ ដូចដែលព្រះគម្ពីរបានចែងថា៖ «ព្រះទ័យព្រះរាជាស្ថិតក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ដូចជាទឹកទន្លេ ទ្រង់ចង់បង្វែរឲ្យហូរទៅណា ស្រេចតែនឹងទ្រង់» (សុភាសិត ២១:១)។ ចុះទម្រាំវាសនារបស់ពួកយើងដែលជាមនុស្សដ៏តូចតាចទៅទៀត! ការគ្រប់គ្រង និងប្រព័ន្ធរបស់មេដឹកនាំនៃប្រទេសដែលយើងរស់នៅ ព្រមទាំងបរិស្ថានរស់នៅនៃប្រទេសនេះ មិនថាពួកគេគំរាមកំហែង មានអរិភាព ឬមានមេត្រីភាពចំពោះពួកយើងនោះទេ គឺអ្វីៗទាំងអស់នេះសុទ្ធតែស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយពួកយើងមិនមានអ្វីដែលត្រូវព្រួយបារម្ភ ឬខ្វល់ខ្វាយឡើយ។ នេះគឺជាទស្សនៈដែលមនុស្សគួរប្រកាន់ខ្ជាប់ និងជាការយល់ដឹងដែលពួកគេគួរមាន ព្រមទាំងជាសេចក្ដីពិតដែលពួកគេគួរមាន និងយល់ដឹងផងដែរ។ ហើយនេះគឺជាទស្សនៈទីបី ដែលជាទស្សនៈសំខាន់បំផុតដែរ៖ មិនថាពួកយើងរស់នៅទីកន្លែងណា នៅក្នុងប្រទេសណា ហើយមិនថាសមត្ថភាព ឬគុណសម្បត្តិនៃពួកយើងបែបណានោះទេ ពួកយើងគ្រាន់តែជាចំណែកមួយនៃសភាវៈដែលត្រូវបានបង្កើតមកដ៏តូចតាចប៉ុណ្ណោះ។ ការទទួលខុសត្រូវ និងភារកិច្ចតែមួយគត់ដែលពួកយើងគួរតែបំពេញ គឺការចុះចូលនឹងអធិបតេយ្យភាព ការរៀបចំ និងការចាត់ចែងរបស់ព្រះអាទិករ គឺគ្មានអ្វីផ្សេងឡើយ គឺសាមញ្ញបែបនេះឯង។ ទោះបីជាបច្ចុប្បន្ននេះ ពួកយើងនៅក្នុងប្រទេសដែលមានសេរីភាព និងបរិស្ថានដែលមានសេរីភាពក្ដី ប៉ុន្តែប្រសិនបើថ្ងៃណាមួយ ព្រះជាម្ចាស់លើកកម្លាំងដែលមានអរិភាពមកធ្វើទុក្ខបុកម្នេញ និងធ្វើបាបពួកយើង នោះពួកយើងមិនគួរមានការត្អូញត្អែរអ្វីឡើយ។ ហេតុអ្វីបានជាយើងមិនគួរមានការត្អូញត្អែរ? ពីព្រោះពួកយើងបានត្រៀមខ្លួនរួចជាយូរមកហើយ កាតព្វកិច្ច ការទទួលខុសត្រូវ និងភារកិច្ចរបស់ពួកយើង គឺការចុះចូលនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ចាត់ចែង។ តើការចុះចូលនេះគឺជាសេចក្ដីពិតដែរឬទេ? តើវាជាឥរិយាបថដែលមនុស្សគួរមានដែរឬទេ? (មែនហើយ។) ប្រសិនបើថ្ងៃណាមួយ មនុស្សជាតិទាំងមូល និងបរិស្ថានទាំងមូលប្រឆាំងនឹងពួកយើង ហើយពួកយើងប្រឈមមុខនឹងសេចក្ដីស្លាប់ តើពួកយើងគួរមានការត្អូញត្អែរដែរឬទេ? (ពួកយើងមិនគួរទេ។) អ្នកខ្លះនិយាយថា «តើព្រះជាម្ចាស់មិនបានដឹកនាំពួកយើងមកបរទេស ដើម្បីកុំឱ្យពួកយើងរងការធ្វើទុក្ខបុកម្នេញដ៏ឃោរឃៅរបស់សាតាំងតទៅទៀតទេឬអី? តើមិនមែនដើម្បីឱ្យពួកយើងអាចបំពេញភារកិច្ចដោយសេរី និងស្រូបយកខ្យល់អាកាសនៃសេរីភាពទេឬអី? ចុះហេតុអ្វីបានជាព្រះជាម្ចាស់នៅតែមានបំណងឱ្យពួកយើងប្រឈមមុខនឹងសេចក្ដីស្លាប់ទៅវិញ?» ពាក្យទាំងនេះមិនត្រឹមត្រូវទេ។ ការចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់គឺជាឥរិយាបថមួយ ជាឥរិយាបថដែលមនុស្សគួរមានចំពោះព្រះជាម្ចាស់ ចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ វាគឺជាឥរិយាបថដែលភាវៈដែលត្រូវបានបង្កើតមកគួរតែមាន។

នៅមានចំណុចដ៏សំខាន់បំផុតមួយទៀត ដែលមនុស្សគួរដឹងគឺ៖ ទោះបីជានៅបរទេសមានភាពនឹងនរ និងសេរីភាពគួរសមក្ដី ប៉ុន្តែនៅតែពិបាកនឹងជៀសផុតពីការយាយីជាញឹកញាប់ពីសំណាក់នាគដ៏ធំសម្បុរក្រហម។ នៅពេលប្រឈមមុខនឹងការយាយីរបស់នាគដ៏ធំសម្បុរក្រហម មនុស្សមួយចំនួនមានការព្រួយបារម្ភថា៖ «អំណាចរបស់នាគដ៏ធំសម្បុរក្រហមគឺខ្លាំងពេកហើយ។ វាអាចទិញទឹកចិត្តបុគ្គលសំខាន់ៗនៅជុំវិញពិភពលោក ដើម្បីឱ្យបម្រើវា និងធ្វើការជំនួសវា។ ដូច្នេះ ទោះបីជាពួកយើងរត់គេចមកបរទេសក៏ដោយ ក៏ពួកយើងនៅតែមានគ្រោះថ្នាក់ និងនៅតែមានគ្រោះកាចមួយប៉ប្រិចភ្នែកដដែល! តើពួកយើងអាចធ្វើអ្វីបានទៅ?» រាល់ពេលដែលឮដំណឹងទាំងនេះ មនុស្សមួយចំនួនចាប់ផ្ដើមព្រួយបារម្ភ និងភិតភ័យ ចង់តែសម្របសម្រួល ចង់តែរត់គេច ដោយមិនដឹងថាគួរទៅពួននៅឯណា។ រាល់ពេលដែលរឿងនេះកើតឡើង អ្នកខ្លះគិតថា «ពិភពលោកនេះធំទូលាយណាស់ ប៉ុន្តែបែរជាគ្មានកន្លែងសម្រាប់ខ្ញុំសោះ! នៅក្រោមអំណាចរបស់នាគដ៏ធំសម្បុរក្រហម ខ្ញុំរងការធ្វើទុក្ខបុកម្នេញពីវា ហើយសូម្បីតែនៅក្រៅដែនសមត្ថកិច្ចរបស់វាទៅហើយ ហេតុអ្វីបានជាខ្ញុំនៅតែត្រូវបានវារំខានទៀត? អំណាចរបស់នាគដ៏ធំសម្បុរក្រហមគឺខ្លាំងពេកហើយ ទោះបីជាខ្ញុំរត់ទៅដល់ជើងមេឃក៏ដោយ ហេតុអ្វីបានជាវានៅតែអាចរកខ្ញុំឃើញទៀត?» មនុស្សទប់ចិត្តមិនបាន ក៏ក្លាយជាភិតភ័យ និងមិនដឹងថាត្រូវធ្វើដូចម្ដេច។ តើនេះគឺជាការស្ដែងចេញនៃការមានសេចក្ដីជំនឿឬ? តើបញ្ហានៅត្រង់នេះគឺជាអ្វី? (គឺខ្វះសេចក្ដីជំនឿលើព្រះជាម្ចាស់។) តើវាគ្រាន់តែជាការខ្វះសេចក្ដីជំនឿលើព្រះជាម្ចាស់តែមួយមុខឬ? តើអ្នករាល់គ្នាមានអារម្មណ៍នៅក្នុងជម្រៅចិត្តថា ខ្លួនឯងអន់ជាងអ្នកដទៃដែរឬទេ? តើអ្នកមានអារម្មណ៍លួចលាក់បន្តិចបន្តួច ដូចជាចោរដែរឬទេ ក្នុងការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា និងក្នុងការបំពេញភារកិច្ចរបស់អ្នកនៅក្នុងពួកជំនុំនោះ? តើអ្នកមានអារម្មណ៍ថាខ្លួនឯងតូចទាបជាងអ្នកដែលនៅក្នុងពិភពសាសនាដែរឬទេ? «មើលអំណាចរបស់ពួកគេចុះ ពួកគេមានគ្រូគង្វាលផ្លូវការ និងមានព្រះវិហារធំៗដែលរដ្ឋទទួលស្គាល់ គឺពិតជាធំស្កឹមស្កៃណាស់! គេមានក្រុមចម្រៀង និងក្រុមហ៊ុននៅក្នុងប្រទេសជាច្រើន។ ប៉ុន្តែងាកមកមើលពួកយើងវិញ តែងតែត្រូវបានគេធ្វើបាប ប្រឈមមុខនឹងការបដិសេធគ្រប់ទីកន្លែងដែលយើងទៅ ហេតុអ្វីបានជាពួកយើងខុសពីពួកគេ? ហេតុអ្វីបានជាពួកយើងមិនហ៊ានបើកចំហអំពីជំនឿគ្រប់ទីកន្លែងដែលយើងទៅ? ហេតុអ្វីបានជាពួកយើងត្រូវរស់នៅយ៉ាងវេទនាម៉្លេះ? ជាពិសេស មានការឃោសនាអវិជ្ជមានទាំងអស់នោះនៅលើអ៊ីនធឺណិត។ ហេតុអ្វីបានជាពួកជំនុំផ្សេងទៀតមិនទទួលរងរឿងនេះ ហេតុអ្វីបានជាពួកយើងត្រូវរងទុក្ខនឹងរឿងទាំងនេះរហូតដូច្នេះ? អ្នកជឿព្រះជាម្ចាស់ដទៃទៀត ប្រកាសជាសាធារណៈអំពីជំនឿរបស់ពួកគេលើជំនឿគ្រីស្ទបរិស័ទនៅគ្រប់ទីកន្លែងដែលពួកគេទៅ ប៉ុន្តែពួកយើងជាអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា មិនហ៊ាននិយាយដោយបើកចំហឡើយ ដោយខ្លាចថាមនុស្សអាក្រក់អាចនឹងរាយការណ៍ពីពួកយើង ហើយបន្ទាប់មកពួកយើងនឹងត្រូវគេចាប់ខ្លួន»។ ថ្មីៗនេះ ខ្ញុំបានឮថា មានមនុស្សម្នាក់ដែលអះអាងថាជាមន្ត្រីរដ្ឋាភិបាល បានសួរសំណួរខ្លះៗទៅកាន់បងប្អូនប្រុសស្រីមួយចំនួន។ ដោយឃើញថាមានមន្ត្រីម្នាក់កំពុងសួរពួកគេ ពួកគេក៏ភ័យខ្លាច ហើយបានប្រាប់រឿងគ្រប់យ៉ាងដែលពួកគេដឹង ដោយឆ្លើយនូវអ្វីក៏ដោយដែលគេបានសួរ។ តើបញ្ហារបស់ពួកគេក្នុងការប្រព្រឹត្តបែបនេះគឺជាអ្វី? អ្នកគឺជាអ្នកជឿព្រះជាម្ចាស់ម្នាក់ ហេតុអ្វីបានជាអ្នកត្រូវខ្លាចមន្ត្រី? ប្រសិនបើអ្នកមិនបានធ្វើអ្វីខុសច្បាប់ទេនោះ មិនចាំបាច់ត្រូវខ្លាចឡើយ។ ប្រសិនបើអ្នកមានសេចក្ដីពិត ហេតុអ្វីត្រូវខ្លាចពួកអារក្ស និងសាតាំង? តើអ្នកគិតថាការជឿព្រះជាម្ចាស់មិនមែនជាផ្លូវត្រូវទេឬអី? តើអ្នកមានអារម្មណ៍ថាអ្នកបានធ្វើអ្វីមួយខុសច្បាប់ឬ? បើមិនដូច្នោះទេ ហេតុអ្វីបានជាអ្នកខ្លាចមន្ត្រី? តើមនុស្សបែបនេះមិនមែនល្ងង់ខ្លៅ និងមិនចេះដឹងទេឬអី? មនុស្សមួយចំនួនបានរងទុក្ខដោយការតាមចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅក្នុងប្រទេសចិនដីគោក។ ក្រោយពេលមកដល់បរទេស តើពួកគេមានអារម្មណ៍ថាខ្លួនខុសទេក្នុងការជឿព្រះជាម្ចាស់? តើពួកគេមានអារម្មណ៍ថាអាម៉ាស់មុខដោយសារការធ្វើទុក្ខបុកម្នេញរបស់នាគដ៏ធំសម្បុរក្រហមដែរឬទេ? តើពួកគេមានអារម្មណ៍ថាខ្មាស ដោយមិនហ៊ានប្រឈមមុខនឹងដូនតារបស់ខ្លួន និងមានអារម្មណ៍ថាមិនមានកិត្តិយសដែរឬទេ ដោយសារតែពួកគេត្រូវបានបង្ខំឱ្យរត់គេចខ្លួនមកបរទេសដើម្បីជឿព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួននោះ? តើពួកគេមើលឃើញថារបបសាតាំង និងពិភពសាសនា ប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងពួកជំនុំដោយអរិភាព ហើយមានអារម្មណ៍ថាខ្លួនតូចទាបជាងគេ ឬប្រហែលជាមានអារម្មណ៍ថាគួរឱ្យអាម៉ាស់ជាងការប្រព្រឹត្តបទឧក្រិដ្ឋទៅទៀតដែរឬទេ? តើអ្នករាល់គ្នាមានអារម្មណ៍ទាំងនេះដែរឬទេ? (ទេ គ្មានទេ។) អ្នករាល់គ្នាអាចគ្រវីក្បាលនៅខាងក្រៅ ដោយមិនចង់ទទួលយកគំនិត និងអារម្មណ៍ទាំងនេះ ប៉ុន្តែនៅពេលប្រឈមមុខនឹងស្ថានការណ៍ជាក់ស្ដែង ផ្នត់គំនិតរបស់មនុស្ស អាកប្បកិរិយារបស់ពួកគេ និងសកម្មភាពដែលពួកគេធ្វើដោយមិនដឹងខ្លួន នឹងបង្ហាញឱ្យឃើញនូវចំណុចដែលជ្រៅបំផុត និងលាក់កំបាំងបំផុតនៃដួងចិត្តរបស់ពួកគេជាមិនខាន។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? ប្រសិនបើអ្នកមិនមានរឿងទាំងនេះទេ ហេតុអ្វីបានជាអ្នកខ្លាច? តើមនុស្សដែលមិនបានបំពានច្បាប់ខ្លាចប៉ូលិសដែរឬទេ? តើពួកគេខ្លាចចៅក្រមដែរឬទេ? ទេ មិនខ្លាចឡើយ។ មានតែអ្នកដែលបានបំពានច្បាប់ប៉ុណ្ណោះ ដែលខ្លាចប៉ូលិសបំផុត ហើយមានតែជនជាតិចិនប៉ុណ្ណោះ ដែលស៊ាំនឹងការត្រូវបានប៉ូលិសគាបសង្កត់ ដែលខ្លាចពួកគេបំផុត ពីព្រោះប៉ូលិសបក្សកុម្មុយនីស្ត គ្មានច្បាប់ទម្លាប់ និងធ្វើអ្វីៗតាមតែចិត្តចង់។ ហេតុនេះហើយ នៅពេលដែលជនជាតិចិនទើបតែមកដល់បរទេសដំបូង គ្រាន់តែឃើញប៉ូលិសភ្លាម ក៏ធ្វើឱ្យពួកគេមានអារម្មណ៍ភ័យខ្លាចដែរ។ នេះគឺជាលទ្ធផលនៃការភ័យខ្លាចចំពោះការគ្រប់គ្រងរបស់នាគដ៏ធំសម្បុរក្រហម វាគឺជាអ្វីមួយដែលត្រូវបានលាតត្រដាងដោយមិនដឹងខ្លួន។ នៅក្នុងប្រទេសលោកខាងលិច ស្ថានភាពរបស់អ្នកគឺស្របច្បាប់ អ្នកមានសិទ្ធិរស់នៅ អ្នកមិនបានបំពានច្បាប់ណាមួយឡើយ ហើយអ្នកក៏មិនបានវាយប្រហាររដ្ឋាភិបាលដែរ ព្រមទាំងមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់។ មិនថាជំនឿរបស់អ្នកបង្កឱ្យមានការជជែកវែកញែកនៅក្នុងពិភពសាសនាខ្លាំងកម្រិតណានោះទេ ការពិតមួយនៅតែច្បាស់លាស់ គឺ៖ ជំនឿរបស់អ្នកត្រូវបានការពារដោយច្បាប់ គឺជាជំនឿស្របច្បាប់ និងមានសេរីភាព ហើយនេះគឺជាសិទ្ធិមនុស្សដ៏ត្រឹមត្រូវរបស់អ្នក។ អ្នកមិនបានបំពានច្បាប់ណាមួយឡើយ ដូច្នេះ ប្រសិនបើមាននរណាម្នាក់អះអាងថាជាប៉ូលិស ហើយសួរអ្នកថា «តើអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ? បង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នកមកខ្ញុំ! តើអ្នកមកពីណា? តើអ្នកមានអាយុប៉ុន្មាន? តើអ្នកបានជឿព្រះប៉ុន្មានឆ្នាំហើយ? តើអ្នករស់នៅឯណា? ប្រាប់អាសយដ្ឋានរបស់អ្នកមកខ្ញុំ!» តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច? ចំពោះសំណួរទីមួយ «តើអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ?» តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច? (បាទ/ចាស។) ហេតុអ្វីបានជាអ្នករាល់គ្នានិយាយថា «បាទ/ចាស»? តើនេះផ្អែកលើការពិតឬ? ឬតើនេះជាកាតព្វកិច្ចរបស់អ្នកក្នុងនាមជាពលរដ្ឋម្នាក់ ដែលអ្នកត្រូវតែនិយាយថា «បាទ/ចាស» ប្រសិនបើគេសួរ? ឬតើព្រះជាម្ចាស់បានណែនាំអ្នកឱ្យនិយាយថា «បាទ/ចាស»? តើអ្វីជាមូលដ្ឋានរបស់អ្នករាល់គ្នា? ចំពោះសំណួរទីពីរដែលគេបានសួរ «បង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នកមកខ្ញុំ!» តើអ្នករាល់គ្នានឹងបង្ហាញវាដែរឬទេ? (ទេ មិនបង្ហាញទេ។) និងសំណួរទីបី៖ «តើអ្នករស់នៅឯណា? សរសេរអាសយដ្ឋានរបស់អ្នកមក។» តើអ្នកនឹងសរសេរវាដែរឬទេ? (ទេ មិនសរសេរទេ។) សំណួរទីបួន៖ «តើអ្នកបានជឿព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយ? តើនរណាជាអ្នកណែនាំអ្នកឱ្យជឿ? ហេតុអ្វីបានជាអ្នកជឿ? តើអ្នកបាននៅបរទេសប៉ុន្មានឆ្នាំហើយ?» តើអ្នកនឹងឆ្លើយសំណួរទាំងនេះដែរឬទេ? (ទេ មិនឆ្លើយទេ។) សំណួរទីប្រាំ៖ «តើអ្នកកំពុងបំពេញភារកិច្ចអ្វីនៅទីនេះ? តើនរណាជាអ្នកដឹកនាំរបស់អ្នក?» តើអ្នកនឹងឆ្លើយតបចំពោះសំណួរនេះដែរឬទេ? (ទេ មិនឆ្លើយទេ។) ហេតុអ្វីមិនឆ្លើយ? (ខ្ញុំមិនមានកាតព្វកិច្ចត្រូវប្រាប់ពួកគេទេ។) បើដូច្នោះ ត្រឡប់ទៅសំណួរទីមួយវិញ៖ ប្រសិនបើគេសួរថាតើអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ អ្នករាល់គ្នាបានឆ្លើយព្រមគ្នាថា អ្នកនឹងឆ្លើយថា «បាទ/ចាស»។ តើការឆ្លើយបែបនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? (ពីព្រោះជំនឿគឺជាសេរីភាពផ្ទាល់ខ្លួន។ ប៉ូលិសគ្មានសិទ្ធិអំណាចជ្រៀតជ្រែកឡើយ។ ហេតុនេះ ខ្ញុំមានសិទ្ធិមិនប្រាប់ពួកគេ។) ចុះហេតុអ្វីបានជាអ្នកមិនប្រាប់ពួកគេ? (ពីព្រោះខ្ញុំចាំបាច់ត្រូវបញ្ជាក់ជាមុនសិនថា ហេតុអ្វីបានជាពួកគេសួរខ្ញុំ ពួកគេសួរក្នុងតួនាទីជាអ្វី ហើយថាតើការសួររបស់ពួកគេស្របច្បាប់ដែរឬទេ។ ប្រសិនបើគោលបំណង និងអត្តសញ្ញាណរបស់ពួកគេមិនច្បាស់លាស់ទេ ខ្ញុំមិនមានកាតព្វកិច្ចត្រូវឆ្លើយសំណួររបស់ពួកគេឡើយ។) ពាក្យនេះត្រឹមត្រូវហើយ។ នៅពេលដំបូង អ្នករាល់គ្នាបាននិយាយថា អ្នកនឹងឆ្លើយថា «បាទ/ចាស» ប៉ុន្តែនៅពេលដែលខ្ញុំបន្តសួរ អ្នករាល់គ្នាក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតី ដោយមានអារម្មណ៍ថាចម្លើយរបស់ខ្លួនមិនត្រឹមត្រូវ។ តើអ្នករាល់គ្នាបានរកឃើញកន្លែងដែលមានបញ្ហាហើយឬនៅ? នៅក្នុងរឿងនេះ នេះគឺជាការយល់ដឹងដែលអ្នករាល់គ្នាគួរមាន៖ ពួកយើងមិនបានបំពានច្បាប់ណាមួយឡើយដោយការជឿលើព្រះជាម្ចាស់ ពួកយើងមិនមែនជាឧក្រិដ្ឋជនទេ ពួកយើងមានសិទ្ធិមនុស្ស និងសេរីភាពរបស់ពួកយើង។ មិនមែននរណាក៏ចេះតែអាចសួរចម្លើយ ឬសួរនាំពួកយើងតាមតែចិត្តបានឡើយ។ មិនមែនឱ្យតែមាននរណាម្នាក់សួរនាំពួកយើង គឺពួកយើងត្រូវតែឆ្លើយតាមការពិតនោះទេ ពួកយើងមិនមានកាតព្វកិច្ចត្រូវធ្វើបែបនេះឡើយ។ តើពាក្យទាំងនេះត្រឹមត្រូវដែរឬទេ? (មែនហើយ ត្រឹមត្រូវ។) វាជាអំពើខុសច្បាប់សម្រាប់នរណាម្នាក់ មិនថាជានរណាក៏ដោយ ក្នុងការសួរចម្លើយពួកយើងតាមអំពើចិត្ត។ ពួកយើងត្រូវតែយល់អំពីច្បាប់ និងរៀនពីរបៀបប្រើប្រាស់វាដើម្បីការពារខ្លួនឯង។ នេះគឺជាប្រាជ្ញាដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែមាន។ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច ប្រសិនបើអ្នកជួបប្រទះស្ថានការណ៍បែបនេះនៅថ្ងៃអនាគត? ប្រសិនបើមាននរណាម្នាក់សួរអ្នកថាតើអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច តើអ្នកនឹងដោះស្រាយដោយរបៀបណា? ពាក្យដំបូងដែលអ្នកនិយាយគឺ៖ «តើអ្នកជានរណា? តើអ្នកមានសិទ្ធិអ្វីមកសួរខ្ញុំដូច្នេះ? តើខ្ញុំធ្លាប់ស្គាល់អ្នកដែរឬទេ?» ប្រសិនបើពួកគេនិយាយថា ពួកគេជាបុគ្គលិកនៃទីភ្នាក់ងាររដ្ឋាភិបាលណាមួយ នោះអ្នកគួរសួររកកាតសម្គាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើពួកគេមិនបង្ហាញកាតសម្គាល់ខ្លួនទេ អ្នកត្រូវនិយាយថា៖ «អ្នកគ្មានសិទ្ធិនិយាយជាមួយខ្ញុំទេ ហើយខ្ញុំក៏គ្មានកាតព្វកិច្ចត្រូវឆ្លើយតបនឹងអ្នកដែរ។ បុគ្គលិករដ្ឋាភិបាលមានច្រើនណាស់ តើខ្ញុំត្រូវឆ្លើយប្រាប់ពួកគេទាំងអស់គ្នាឬ? រដ្ឋាភិបាលមានមនុស្សដែលត្រូវបានចាត់តាំងឱ្យចាត់ចែងការងារជាក់លាក់ តើអ្នកពិតជាទទួលបន្ទុកលើរឿងនេះមែនឬ? សូម្បីតែអ្នកទទួលបន្ទុកមែនក៏ដោយ ក៏ខ្ញុំមិនបានបំពានច្បាប់ដែរ ដូច្នេះ ហេតុអ្វីបានជាខ្ញុំត្រូវឆ្លើយប្រាប់អ្នក? ហេតុអ្វីបានជាខ្ញុំត្រូវប្រាប់អ្នកគ្រប់យ៉ាង? ប្រសិនបើអ្នកគិតថាខ្ញុំបានធ្វើអ្វីមួយខុស និងបំពានច្បាប់ អ្នកអាចបង្ហាញភស្តុតាងបាន។ ប៉ុន្តែ ប្រសិនបើអ្នកចង់ឱ្យខ្ញុំឆ្លើយសំណួរណាមួយរបស់អ្នក សូមទៅនិយាយជាមួយមេធាវីរបស់ខ្ញុំចុះ។ ខ្ញុំមិនមានកាតព្វកិច្ចត្រូវឆ្លើយប្រាប់អ្នកទេ ហើយអ្នកក៏គ្មានសិទ្ធិសួរដែរ!» តើរបៀបឆ្លើយតបនេះយ៉ាងម៉េចដែរ? តើវាបង្ហាញពីសេចក្ដីថ្លៃថ្នូរដែរឬទេ? (មែនហើយ​ វាបង្ហាញ។) ចុះតើការឆ្លើយតបរបស់អ្នករាល់គ្នាបានបង្ហាញពីអ្វី? តើវាបានបង្ហាញពីសេចក្ដីថ្លៃថ្នូរដែរឬទេ? (ទេ មិនបង្ហាញទេ។) ការឆ្លើយតបតាមរបៀបរបស់អ្នករាល់គ្នា បង្ហាញពីការមិនយល់ដឹងអំពីច្បាប់។ អ្នកចេះតែឆ្លើយនូវអ្វីដែលអ្នកដទៃសួរ ហើយតើមានរឿងអ្វីកើតឡើងនៅទីបំផុត? អ្នកក្លាយជាយូដា។ អ្នករាល់គ្នាអាចឆ្លើយផ្ដេសផ្ដាស ហើយនេះគឺជាហេតុផលសម្រាប់រឿងនោះ៖ មនុស្សនៅក្នុងប្រទេសនៃនាគដ៏ធំសម្បុរក្រហម ត្រូវបានបញ្ចូលមនោគមវិជ្ជា និងលាងខួរក្បាលឱ្យគិតថា អ្នកជឿព្រះជាម្ចាស់គឺជាមនុស្សដែលមិនចេះដឹង ជាមនុស្សថ្នាក់ទាប និងត្រូវបានរដ្ឋធ្វើទុក្ខបុកម្នេញ ថានៅក្នុងប្រទេសនេះ ពួកគេគួរតែរស់នៅដោយគ្មានសិទ្ធិមនុស្ស ឬសេចក្ដីថ្លៃថ្នូរ ដូច្នេះហើយ អ្នកជឿបន្ទាបខ្លួនឯងទៅកាន់ឋានៈទាបជាងនេះ។ ក្រោយពេលមកដល់ប្រទេសលោកខាងលិច ពួកគេមិនយល់ពីរឿងដូចជា តើសិទ្ធិមនុស្សគឺជាអ្វី តើសេចក្ដីថ្លៃថ្នូរគឺជាអ្វី ឬតើកាតព្វកិច្ចរបស់ពលរដ្ឋគឺជាអ្វីនោះទេ។ ដូច្នេះ នៅពេលដែលមាននរណាម្នាក់សួរថាតើអ្នកជឿព្រះជាម្ចាស់ដែរឬទេ អ្នកប្រញាប់ទទួលស្គាល់ដោយសារតែការភ័យខ្លាច ដោយប្រាប់ពួកគេនូវអ្វីគ្រប់យ៉ាងដែលអ្នកដឹង និងមិនបង្ហាញកម្ពស់ទាល់តែសោះ។ តើនរណាជាអ្នកបង្កឱ្យមានរឿងទាំងអស់នេះ? គឺការបញ្ចូលមនោគមវិជ្ជា និងការគ្រប់គ្រងរបស់នាគដ៏ធំសម្បុរក្រហម ជាអ្នកបង្កឱ្យមានរឿងនេះ។ ជ្រៅនៅក្នុងជម្រៅចិត្តដោយមិនដឹងខ្លួនរបស់មនុស្សគ្រប់គ្នានៅក្នុងប្រទេសចិនដីគោក មានគំនិតមួយថា ឱ្យតែអ្នកជឿព្រះជាម្ចាស់ គឺអ្នកមានឋានៈទាបបំផុតនៅក្នុងសង្គមនេះ នៅក្នុងចំណោមមនុស្សជាតិ អ្នកក្លាយជាដាច់ចេញពីសង្គម និងមនុស្សជាតិ។ ហេតុនេះ មនុស្សទាំងនេះខ្វះសេចក្ដីថ្លៃថ្នូរ សិទ្ធិមនុស្ស និងការយល់ដឹងដើម្បីការពារខ្លួនឯង ពួកគេល្ងង់ខ្លៅ មិនចេះដឹង និងខ្វះការយល់ឃើញ ដោយបណ្ដោយឱ្យអ្នកដទៃធ្វើបាប និងចាត់ចែងពួកគេតាមតែចិត្ត។ នេះគឺជាផ្នត់គំនិតរបស់អ្នករាល់គ្នា។ ឆ្ងាយពីការប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនដើម្បីព្រះជាម្ចាស់ អ្នកលក់ទ្រង់ចេញនៅគ្រប់ពេល អ្នកក្លាយជាយូដានៅគ្រប់ពេល។ ដូច្នេះ តើអ្នកអាចប្រព្រឹត្តដោយសេចក្ដីថ្លៃថ្នូរដោយរបៀបណា? តើអ្នកគួរប្រឈមមុខនឹងជនប្លែកមុខដែលសួរសំណួរអ្នកដោយរបៀបណា? ដំបូង ត្រូវសួរថាពួកគេជានរណា បន្ទាប់មកសួររកកាតសម្គាល់ខ្លួនរបស់ពួកគេ។ នេះគឺជានីតិវិធីស្របច្បាប់ដ៏ត្រឹមត្រូវ។ នៅក្នុងប្រទេសលោកខាងលិច ប៉ូលិស ឬបុគ្គលិករដ្ឋាភិបាលផ្សេងទៀត នៅពេលទាក់ទងជាមួយសាធារណជន ក្នុងនាមជាតំណាងដែលធ្វើការជំនួសឱ្យរដ្ឋាភិបាល តែងតែបង្ហាញកាតសម្គាល់ខ្លួនរបស់ពួកគេជាមុនសិន។ បន្ទាប់ពីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេដោយផ្អែកលើកាតសម្គាល់ខ្លួនរបស់ពួកគេហើយ ទើបអ្នកសម្រេចចិត្តថាត្រូវឆ្លើយតបនឹងសំណួររបស់ពួកគេ ឬដោះស្រាយជាមួយនឹងការទាមទាររបស់ពួកគេចំពោះអ្នកដោយរបៀបណា។ ជាការពិតណាស់ នៅក្នុងរឿងនេះ អ្នកប្រាកដជាមានជម្រើស អ្នកពិតជាមានសិទ្ធិសម្រេចដោយខ្លួនឯង អ្នកមិនមែនជាអាយ៉ងទេ។ ទោះបីជាអ្នកជាជនជាតិចិន និងជាសមាជិកនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ដោយ ក៏អ្នកគឺជាសមាជិកស្របច្បាប់ និងត្រូវបានទទួលស្គាល់នៃប្រទេសដែលអ្នករស់នៅដែរ។ ចូរកុំភ្លេចថា អ្នកមានសិទ្ធិសម្រេចដោយខ្លួនឯង អ្នកមិនមែនជាទាសករ ឬជាអ្នកទោសនៃប្រទេសណាមួយឡើយ អ្នកគឺជាមនុស្សដែលអាចទទួលបាននូវច្បាប់ សិទ្ធិមនុស្ស និងប្រព័ន្ធនៃប្រទេសនេះ។

យោងតាមខ្លឹមសារដែលខ្ញុំបានប្រកបនេះ តើអ្នករាល់គ្នាគួរប្រឈមមុខនឹងស្ថានភាពដែលកើតឡើងភ្លាមៗ និងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុកជាមុនដោយរបៀបណា? នេះគឺជាចំណុចទីបួនដែលយើងត្រូវប្រកបគ្នា គឺកុំកំសាក។ មនុស្សខ្លះសួរថា «តើការមិនកំសាក មានន័យថាជាការធ្វើខ្លួនហ៊ានបែបល្ងង់ខ្លៅឬ?» ទេ ការមិនកំសាកមានន័យថា មិនភ័យខ្លាចចំពោះអំណាចណាមួយឡើយ ពីព្រោះពួកយើងមិនមែនជាឧក្រិដ្ឋជន ហើយក៏មិនមែនជាទាសករដែរ។ ពួកយើងគឺជារាស្ដ្ររើសតាំងដ៏ថ្លៃថ្នូររបស់ព្រះជាម្ចាស់ ជាមនុស្សជាតិដ៏ថ្លៃថ្នូរដែលត្រូវបានបង្កើតមកនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ។ នៅក្នុងដំណោះស្រាយរបស់អ្នកចំពោះបញ្ហានេះ ជាដំបូង និងសំខាន់បំផុត គឺអ្នកមិនត្រូវកំសាកឡើយ។ បន្ថែមពីនេះ ត្រូវការពារភារកិច្ចរបស់អ្នក និងស្ថានភាពដែលអ្នកបំពេញភារកិច្ចឱ្យបានសកម្ម ហើយត្រូវប្រឈមមុខនឹងស្ថានភាពផ្សេងៗ ព្រមទាំងពាក្យសម្ដី ទង្វើ និងរឿងផ្សេងទៀតនៃអំណាចផ្សេងៗដែលតម្រង់មករកយើង ដោយឥរិយាបថសកម្មផងដែរ។ ការប្រឈមមុខនឹងរឿងទាំងនេះដោយសកម្ម និងមិនកំសាក តើអ្នកគិតយ៉ាងណាចំពោះឥរិយាបថនេះ? (ល្អ។) ការរស់នៅតាមរបៀបនេះគឺមានសេចក្ដីថ្លៃថ្នូរ ដូចជាមនុស្សម្នាក់ មិនមែនរស់នៅបែបលួចលាក់ដើម្បីតែរស់នោះទេ។ យើងមកបរទេសនេះដើម្បីបំពេញភារកិច្ច មិនមែនដើម្បីបំពេញក្រពះ ឬរកស៊ីចិញ្ចឹមជីវិតឡើយ។ យើងមិនបានបំពានច្បាប់ណាមួយ មិនបានបង្កបញ្ហាដល់ប្រទេសណាមួយ ហើយយើងច្បាស់ជាមិនមែនជាទាសកររបស់ប្រទេសណាមួយឡើយ។ យើងកំពុងបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ យើងចិញ្ចឹមខ្លួនឯង មិនពឹងផ្អែកលើអ្នកដទៃឡើយ។ នេះគឺស្របច្បាប់ទាំងស្រុង។

ក្នុងចំណោមចំណុចទាំងបួនដែលយើងទើបតែបានពិភាក្សានេះ ចំណុចនីមួយៗសុទ្ធតែសំខាន់។ តើចំណុចទីមួយគឺជាអ្វី? (មិនថានៅក្រៅប្រទេស ឬនៅក្នុងប្រទេសចិនទេ ការដែលមនុស្សលះបង់ខ្លួនឯងទាំងស្រុងដើម្បីព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន គឺជាបុព្វហេតុដ៏សុចរិតបំផុតនៅក្នុងចំណោមមនុស្សជាតិទាំងមូល តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ការបំពេញភារកិច្ចរបស់ពួកយើង គឺធ្វើឡើងដោយបើកចំហ និងត្រឹមត្រូវ មិនមែនដោយលួចលាក់ទេ ពីព្រោះអ្វីដែលពួកយើងកំពុងធ្វើនៅពេលនេះ គឺជាបុព្វហេតុដ៏សុចរិតបំផុតនៅក្នុងចំណោមមនុស្សជាតិ។) ចុះចំណុចទីពីរ? (ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់កិច្ចការ និងរបស់សព្វសារពើ។ អ្វីៗគ្រប់យ៉ាង រួមទាំងមេដឹកនាំនៅលើពិភពលោក និងអំណាចណាមួយនៅក្នុងពិភពលោកផង គឺស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតត្រាដោយព្រះហស្ដរបស់ព្រះជាម្ចាស់ គ្មានវាសនារបស់មនុស្សណាម្នាក់ ត្រូវបានគ្រប់គ្រងដោយខ្លួនឯងឡើយ។ ពួកយើងក៏មិនលើកលែងដែរ វាសនារបស់ពួកយើង ត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរទិសដៅដែលពួកយើងទៅ ឬនៅបានឡើយ។ មិនថាការគ្រប់គ្រង និងប្រព័ន្ធដឹកនាំរបស់មេដឹកនាំនៃប្រទេសដែលយើងរស់នៅមានលក្ខណៈបែបណា មិនថាបរិយាកាសនៃការរស់នៅក្នុងប្រទេសនេះមានលក្ខណៈបែបណា ហើយមិនថាពួកគេមានការគំរាមកំហែង មានអរិភាព ឬមានមេត្រីភាពចំពោះពួកយើងយ៉ាងណានោះទេ អ្វីៗទាំងនេះសុទ្ធតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយពួកយើងគ្មានអ្វីដែលត្រូវព្រួយបារម្ភ ឬខ្វល់ខ្វាយឡើយ។) ចុះចំណុចទីបី? (មិនថាពួកយើងនៅទីណា ហើយមិនថាសមត្ថភាព ឬគុណសម្បត្តិរបស់ពួកយើងខ្ពស់ ឬទាបនោះទេ ពួកយើងគ្រាន់តែជាចំណែកមួយនៃភាវៈដែលត្រូវបានបង្កើតមកដ៏តូចទាបប៉ុណ្ណោះ។ ការទទួលខុសត្រូវ និងភារកិច្ចតែមួយគត់ដែលពួកយើងគួរតែបំពេញ គឺការចុះចូលចំពោះអធិបតេយ្យភាព ការរៀបចំ និងការចាត់ចែងរបស់ព្រះអាទិករ។ ទោះបីជាបច្ចុប្បន្ន ពួកយើងស្ថិតនៅក្នុងប្រទេសដែលមានសេរីភាពក៏ដោយ ប្រសិនបើថ្ងៃណាមួយ ព្រះជាម្ចាស់លើកកម្លាំងអរិភាពណាមួយឡើងមក ដើម្បីធ្វើទុក្ខបុកម្នេញ និងធ្វើបាបពួកយើង ពួកយើងមិនគួរមានពាក្យត្អូញត្អែរអ្វីឡើយ។ នេះគឺដោយសារតែ កាតព្វកិច្ច ការទទួលខុសត្រូវ និងភារកិច្ចរបស់ពួកយើង គឺត្រូវចុះចូលចំពោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ និងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ចាត់ចែង។) ចំណុចទីបួន គឺត្រូវប្រឈមមុខយ៉ាងសកម្មចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលនៅខាងក្រៅដោយមិនកំសាក។ ចំណុចទាំងបួននេះគឺជាឥរិយាបថ និងការយល់ដឹងដែលមនុស្សគ្រប់គ្នាដែលបំពេញភារកិច្ចរបស់ខ្លួនគួរតែមាន ហើយចំណុចទាំងនេះក៏ជាសេចក្ដីពិតដែលមនុស្សគ្រប់គ្នាដែលបំពេញភារកិច្ចរបស់ខ្លួនគួរតែយល់ដឹងដែរ។ ទោះបីជាចំណុចទាំងបួននេះ មិនសូវពាក់ព័ន្ធខ្លាំងទៅនឹងការទទួលខុសត្រូវទីប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលបានប្រកបគ្នានៅថ្ងៃនេះក៏ដោយ ប៉ុន្តែដោយសារយើងកំពុងនិយាយអំពីការលំបាកនៅក្នុងការងារ ហេតុនេះយើងនៅតែត្រូវការនិយាយអំពីបញ្ហាទាំងនេះដដែល គឺមិនមែននិយាយឥតប្រយោជន៍នោះទេ។

គ. គោលការណ៍ដែលអ្នកដឹកនាំ និងអ្នកធ្វើការ គួរអនុវត្ត នៅពេលជួបប្រទះនឹងការលំបាក

អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ ជួបប្រទះនឹងបញ្ហាលំបាកដោះស្រាយមួយចំនួននៅក្នុងកិច្ចការខាងក្រៅ ហើយពួកគេទាល់តម្រិះ មើលមិនធ្លុះដល់ឫសគល់នៃបញ្ហា ហើយក៏មិនដឹងថាត្រូវដោះស្រាយបែបណាដែរ។ ពួកគេគ្រាន់តែទុកវាចោល មិនអើពើ ជាហេតុធ្វើឱ្យរឿងនេះត្រូវយឺតយ៉ាវ។ តើនេះជាបញ្ហាអ្វី? នេះគឺជាបញ្ហាដែលអ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើការងារបាន ហើយគ្រាន់តែធ្វើឱ្យខាតពេលប៉ុណ្ណោះ។ អ្នកដឹកនាំក្លែងក្លាយខ្វះវិចារណញ្ញាណជាមនុស្សធម្មតាឡើយ។ ដោយសារតែពួកគេមិនអាចដោះស្រាយបញ្ហាបាន ហេតុអ្វីបានជាពួកគេមិនរាយការណ៍ទៅខាងលើ? ប្រសិនបើអ្នករាយការណ៍បញ្ហាទៅខាងលើ នោះពួកយើងអាចប្រឈមមុខនឹងបញ្ហានោះជាមួយគ្នា ហើយបញ្ហានោះគង់តែនឹងត្រូវបានដោះស្រាយ។ មានរឿងខ្លះដែលអ្នករាល់គ្នាមិនអាចមើលធ្លុះ នោះខ្ញុំនឹងជួយវិភាគរឿងទាំងនោះប្រាប់អ្នករាល់គ្នា។ ឱ្យតែពួកយើងមិនបំពានច្បាប់ ឬបទប្បញ្ញត្តិរបស់រដ្ឋាភិបាល នោះគ្មានបញ្ហាណាដែលធំដុំ រហូតដល់ជម្នះមិនបាននោះទេ។ ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត យើងដោះស្រាយដោយខ្លួនឯង។ ចំណែកឯបញ្ហាដែលពាក់ព័ន្ធនឹងច្បាប់ យើងអាចស្វែងរកជំនួយផ្នែកច្បាប់ ហើយដោះស្រាយតាមរយៈផ្លូវច្បាប់។ មិនថាមានកម្លាំងអាក្រក់អ្វី ដែលមានបំណងរំខាន និងបំផ្លិចបំផ្លាញកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ចូរចងចាំរឿងមួយ៖ ឱ្យតែពួកយើងមិនបំពានច្បាប់ ឬមិនបំពានបទប្បញ្ញត្តិរបស់រដ្ឋាភិបាល នោះគ្មាននរណាម្នាក់អាចធ្វើអ្វីយើងបានឡើយ។ នេះគឺដោយសារតែ ប្រទេសនៅបរទេសភាគច្រើន គឺជាប្រទេសប្រជាធិបតេយ្យ និងគ្រប់គ្រងដោយច្បាប់។ សូម្បីតែពួកកម្លាំងអាក្រក់ធ្វើសកម្មភាពបំពានច្បាប់ក៏ដោយ ក៏ពួកគេខ្លាចការលាតត្រដាង និងការដាក់ទោសតាមផ្លូវច្បាប់ដែរ។ នេះគឺជាការពិត។ មិនថាដៃដ៏ខ្មៅងងឹតរបស់នាគដ៏ធំសម្បុរក្រហម រំខាន និងបំផ្លិចបំផ្លាញកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬយាយីដល់ជីវិតរស់នៅប្រក្រតីរបស់ពួកយើង ឬសូកប៉ាន់នរណាម្នាក់ឱ្យធ្វើរឿងអាក្រក់យ៉ាងណានោះទេ ពួកយើងត្រូវតែថតរូប និងថតវីដេអូជាក់ស្ដែង រក្សាទុកជាកំណត់ត្រាឱ្យបានត្រឹមត្រូវដោយម៉ត់ចត់ ព្រមទាំងសរសេរឱ្យបានច្បាស់លាស់អំពីពេលវេលា ទីកន្លែង និងមនុស្សដែលពាក់ព័ន្ធផងដែរ។ នៅពេលដែលពេលវេលាមកដល់ យើងនឹងដោះស្រាយរឿងនេះតាមរយៈផ្លូវច្បាប់ ហើយយើងមិនចាំបាច់ខ្លាចវាឡើយ។ ទោះបីជាការគាបសង្កត់របស់នាគដ៏ធំសម្បុរក្រហម មានភាពឆ្កួតលីលាយ៉ាងណាក៏ដោយ ក៏ពួកយើងមិនខ្លាចវាដែរ ពីព្រោះព្រះជាម្ចាស់គឺជាបង្អែករបស់ពួកយើង ហើយថ្ងៃណាមួយ ព្រះជាម្ចាស់នឹងទម្លាក់ភយន្តរាយមកដើម្បីបំផ្លាញវា។ ព្រះជាម្ចាស់នឹងដាក់ទោសវាដោយផ្ទាល់ ហើយពួកយើងមិនចាំបាច់ធ្វើអ្វីឡើយ។ ជួនកាល អ្នករាល់គ្នាមិនអាចមើលធ្លុះបញ្ហាមួយចំនួនឡើយ។ ក្នុងករណីនោះ អ្នកគួរតែប្រញាប់រាយការណ៍ឡើងទៅលើ ហើយខាងលើនឹងចង្អុលបង្ហាញផ្លូវដល់អ្នក ដោយធ្វើឱ្យបញ្ហាធំក្លាយជាតូច ហើយបញ្ហាតូចត្រូវបានដោះស្រាយ។ តាមពិតទៅ ចំពោះបញ្ហាជាច្រើន អ្នករាល់គ្នាមិនដឹងពីរបៀបវិភាគ ហើយមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាឡើយ ហើយគិតថា ស្ថានការណ៍នោះធំដុំ និងធ្ងន់ធ្ងរ ប៉ុន្តែបន្ទាប់ពីខាងលើបានវិភាគហើយ អ្នករាល់គ្នានឹងដឹងថា តាមពិតជាគោលវាមិនមានអ្វីសោះ។ គ្មានអ្វីដែលត្រូវខ្លាច ហើយគ្មានអ្វីដែលធំដុំឡើយ គ្រាន់តែលែងដៃពីវាទៅ នោះវានឹងដោះស្រាយដោយខ្លួនឯងបន្ទាប់ពីមួយរយៈក្រោយមក។ ការរំខានរបស់ពួកកម្លាំងអាក្រក់ មិនអាចបង្កឱ្យមានចលាចលធំដុំឡើយ។ ពួកគេខ្លាចការលាតត្រដាងជាសាធារណៈខ្លាំងណាស់ ហេតុនេះពួកគេមិនហ៊ានបំពានព្រំដែនឡើយ។ ប្រសិនបើពួកមនុស្សលីលាមួយក្ដាប់តូច ហ៊ានបំពានព្រំដែន នោះយើងអាចដោះស្រាយវាតាមច្បាប់ ដោយចាត់វិធានការតាមផ្លូវច្បាប់។ នេះគឺជារឿងដែលអ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់គួរតែមើលឲ្យធ្លុះ។ មិនថាអ្នកជួបប្រទះនឹងស្ថានការណ៍បែបណានោះទេ អ្នកដាច់ខាតមិនត្រូវធ្វើខ្លួនវង្វេងវង្វាន់ ឬល្ងង់ខ្លៅឡើយ។ ប្រសិនបើអ្នកមិនអាចមើលធ្លុះស្ថានការណ៍ ឬមិនអាចដោះស្រាយវាបានទេ អ្នកគួរតែរាយការណ៍ឡើងទៅលើភ្លាមៗ ហើយអនុញ្ញាតឱ្យខាងលើផ្ដល់ដំបូន្មាន និងយុទ្ធសាស្ត្រដល់អ្នក។ អ្វីដែលគួរឱ្យខ្លាចពិតប្រាកដតែមួយគត់នោះគឺ អ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះបញ្ហា ឬមិនអាចដោះស្រាយបញ្ហាបាន ប៉ុន្តែពួកគេក៏មិនរាយការណ៍បញ្ហាទៅខាងលើ ឬមិនប្រាប់ឱ្យខាងលើបានដឹងពីបញ្ហានោះដែរ។ ពួកគេរង់ចាំទាល់តែស្ថានការណ៍ធ្ងន់ធ្ងរ និងធ្វើឱ្យការងារយឺតយ៉ាវ ទើបរាយការណ៍ឡើងទៅលើ ដែលទំនងជាបាត់បង់ឱកាសដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា។ វាដូចជាមនុស្សម្នាក់ដែលមានជំងឺមហារីក ប៉ុន្តែមិនពិនិត្យ ឬព្យាបាលទាន់ពេលវេលា ដោយទៅមន្ទីរពេទ្យដើម្បីព្យាបាលទាល់តែជំងឺមហារីកឈានដល់ដំណាក់កាលចុងក្រោយ ប៉ុន្តែនៅពេលនោះ វាយឺតពេលទៅហើយ ហើយពួកគេបានត្រឹមតែរង់ចាំសេចក្ដីស្លាប់ប៉ុណ្ណោះ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយទំនងជាធ្វើឱ្យកិច្ចការងារយឺតយ៉ាវបំផុត។ អ្នកដឹកនាំក្លែងក្លាយគឺជាមនុស្សខ្សោយបញ្ញា ពួកគេគឺជាមនុស្សចោលម្សៀតដែលមិនទទួលខុសត្រូវ ហើយក៏មិនការពារកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។ ហេតុអ្វីបានជានិយាយថា អ្នកដឹកនាំក្លែងក្លាយគឺជាមនុស្សថោកទាប ជាមនុស្សចង្រៃ និងជាជនល្ងង់ខ្លៅដែលខ្វះវិចារណញ្ញាណបំផុត? នោះគឺដោយសារតែមូលហេតុនេះឯង។ អ្នកដឹកនាំក្លែងក្លាយណាដែលមានគុណសម្បត្តិអន់ខ្លាំង រហូតដល់មិនអាចដោះស្រាយសូម្បីតែកិច្ចការខាងក្រៅបាន គួរតែត្រូវបានបណ្ដេញចេញ និងជម្រុះចោលភ្លាមៗ ដោយមិនត្រូវប្រើប្រាស់ទៀតឡើយ ដើម្បីការពារកុំឱ្យមានការយឺតយ៉ាវបន្ថែមទៀតដល់កិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ការងាររបស់អ្នកដឹកនាំក្លែងក្លាយ គឺជាការងារដែលបង្កការរាំងស្ទះបំផុត។ ជាញឹកញាប់ នៅពេលដែលមានបញ្ហាកើតឡើង វាអាចដោះស្រាយបានតាមរយៈការពិគ្រោះយោបល់ទាន់ពេលវេលាជាមួយមនុស្សគ្រប់គ្នា។ អ្វីដែលគួរឱ្យបារម្ភតែមួយគត់នោះគឺថា អ្នកដឹកនាំក្លែងក្លាយដែលទទួលបន្ទុកគឺជាមនុស្សខ្សោយបញ្ញា ដែលពួកគេមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន ប៉ុន្តែបែរជាមិនពិភាក្សាជាមួយក្រុមសម្រេចចិត្ត ឬរាយការណ៍ទៅខាងលើ ហើយពួកគេប្រកាន់យកឥរិយាបថមិនអើពើ ដោយលាក់បាំង និងសង្កត់បញ្ហានោះទុក។ នេះគឺជាអ្វីដែលធ្វើឱ្យកិច្ចការយឺតយ៉ាវបំផុត។ ប្រសិនបើបញ្ហាត្រូវបានពន្យារពេល ហើយសភាពការណ៍ប្រែប្រួល វាអាចនាំឱ្យបាត់បង់ការផ្តួចផ្តើមក្នុងការដោះស្រាយបញ្ហាដែលនាំទៅរកស្ថានភាពអកម្ម។ តើរឿងនេះបញ្ជាក់អំពីអ្វី? រឿងខ្លះមិនអាចពន្យារពេលបានទេ ហើយត្រូវតែដោះស្រាយភ្លាមៗនៅឱកាសដំបូង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹកនាំក្លែងក្លាយមិនបានយល់ដឹងពីរឿងនេះឡើយ ដូច្នេះ បុគ្គលដែលមានគុណសម្បត្តិអន់ខ្លាំង ដាច់ខាតមិនត្រូវដឹកនាំគេឡើយ។ អ្នកដឹកនាំក្លែងក្លាយចេះតែនិយាយពាក្យពេចន៍ និងគោលលទ្ធិមួយចំនួនប៉ុណ្ណោះ ហើយមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងណាមួយបានឡើយ។ ពួកគេមានតែធ្វើឱ្យមនុស្សខូចខាត ឬបង្កឱ្យមានការយឺតយ៉ាវប៉ុណ្ណោះ។ មានតែការបណ្ដេញអ្នកដឹកនាំក្លែងក្លាយទាំងនេះចេញ ហើយជ្រើសរើសបុគ្គលដែលមានបន្ទុក និងមានស្មារតីទទួលខុសត្រូវឱ្យធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការប៉ុណ្ណោះ ទើបកិច្ចការរបស់ពួកជំនុំអាចរីកចម្រើនទៅមុខជាប្រក្រតីបាន។ មិនថាជួបប្រទះបញ្ហាអ្វីនោះទេ ឱ្យតែអ្នកអាចស្វែងរកសេចក្ដីពិត នោះគឺមានវិធីដោះស្រាយហើយ។ កិច្ចការខាងក្រៅ និងការរំខានដែលបង្កឡើងដោយនាគដ៏ធំសម្បុរក្រហម អាចដោះស្រាយបានតាមរយៈផ្លូវច្បាប់នៅពេលចាំបាច់ វាមិនមែនជារឿងធំដុំនោះទេ។ ឱ្យតែពួកយើងមិនបំពានច្បាប់ ឬមិនបំពានបទប្បញ្ញត្តិរបស់រដ្ឋាភិបាល នោះគ្មាននរណាម្នាក់អាចធ្វើអ្វីយើងបានឡើយ ហើយដោយមានទំនុកចិត្តនេះ ពួកយើងមិនចាំបាច់ខ្លាចការរំខានណាមួយពីសាតាំង ឬពួកអារក្សឡើយ។

ឥឡូវនេះ បញ្ហារបស់អ្នកដឹកនាំក្លែងក្លាយត្រូវតែត្រូវបានវែកញែក និងយល់ហើយ។ រឿងនេះសំខាន់ណាស់ចំពោះការធ្វើកិច្ចការរបស់ពួកជំនុំឱ្យបានល្អ! ឥឡូវនេះ ចូរយើងប្រកបគ្នាអំពីមូលហេតុដែលអ្នកដឹកនាំក្លែងក្លាយ នៅពេលជួបបញ្ហាដែលពួកគេមិនអាចដោះស្រាយដោយខ្លួនឯងបាន នៅតែមិនរាយការណ៍ទៅខាងលើ។ តើពួកយើងគួរយល់ឃើញបែបណាចំពោះរឿងនេះ? អ្នករាល់គ្នាអាចវិភាគរឿងនេះ ហើយទទួលបានផលប្រយោជន៍ពីការធ្វើបែបនេះ។ បញ្ហាដែលអ្នកដឹកនាំក្លែងក្លាយមិនធ្វើការងារជាក់ស្ដែង គឺធ្ងន់ធ្ងររួចទៅហើយ ប៉ុន្តែមានបញ្ហាមួយទៀតដែលធ្ងន់ធ្ងរជាងនេះទៅទៀត៖ គឺនៅពេលដែលពួកជំនុំជួបប្រទះនឹងការរំខានពីពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែមិនដោះស្រាយបញ្ហានោះទេ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺថា ពួកគេក៏មិនរាយការណ៍ទៅខាងលើដែរ ដោយបណ្ដោយឱ្យពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់ពួកជំនុំ។ ពួកគេគ្រាន់តែឈរមើលពីចម្ងាយដោយសុវត្ថិភាព ដោយមិនធ្វើឱ្យនរណាម្នាក់ទាស់ចិត្តឡើយ។ មិនថាកិច្ចការរបស់ពួកជំនុំត្រូវបានរំខានដល់កម្រិតណានោះទេ ក៏អ្នកដឹកនាំក្លែងក្លាយមិនខ្វល់ដែរ។ តើនេះជាបញ្ហាអ្វី? តើអ្នកដឹកនាំក្លែងក្លាយបែបនេះ ខ្វះសីលធម៌ពេកហើយមែនទេ? គ្រាន់តែការពិតមួយនេះ ក៏គ្រប់គ្រាន់នឹងបណ្ដេញអ្នកដឹកនាំក្លែងក្លាយបែបនេះចេញដែរ។ ការដែលអ្នកដឹកនាំក្លែងក្លាយបណ្ដោយឱ្យពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់ពួកជំនុំតាមទំនើងចិត្ត គឺស្មើនឹងការប្រគល់ពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅឱ្យពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដោយដើរតួជាអ្នកការពារពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ។ រឿងនេះនាំមកនូវការខាតបង់ធំធេងណាស់ដល់កិច្ចការរបស់ពួកជំនុំ! គ្រាន់តែចំណុចនេះមួយប៉ុណ្ណោះ បញ្ហាមិនមែននៅត្រង់ថា តើគួរដកអ្នកដឹកនាំក្លែងក្លាយចេញឬអត់នោះទេ ប៉ុន្តែនៅត្រង់ថាតើពួកគេគួរតែត្រូវបានបោសសម្អាតចេញឬអត់។ តើមួយណាដែលមានលក្ខណៈធ្ងន់ធ្ងរជាង៖ អ្នកដឹកនាំក្លែងក្លាយមិនធ្វើការងារជាក់ស្ដែង ឬអ្នកដឹកនាំក្លែងក្លាយបណ្ដោយឱ្យពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់ពួកជំនុំ? ការមិនធ្វើការងារជាក់ស្ដែង អាចប៉ះពាល់ដល់ការចូលទៅក្នុងជិវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងវឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំ រឿងនេះបង្កឱ្យមានការយឺតយ៉ាវដល់កិច្ចការសំខាន់ៗរួចទៅហើយ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយបណ្ដោយឱ្យពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់ពួកជំនុំតាមទំនើងចិត្ត ដោយមិនស្វែងរកដំណោះស្រាយ ឬរាយការណ៍ទៅខាងលើ នោះផលវិបាកនឹងក្លាយទៅជាធ្ងន់ធ្ងរហួសពីការស្មានមិនខាន។ យ៉ាងហោចណាស់ ជីវិតពួកជំនុំត្រូវបានធ្លាក់ទៅក្នុងភាពវឹកវរ និងគ្មានសណ្ដាប់ធ្នាប់ទាំងស្រុង ដោយសារពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយបន្ថែមពីនេះ កិច្ចការរបស់ពួកជំនុំត្រូវខូចខាត និងគាំងដំណើរ។ តើរឿងនេះមិនប៉ះពាល់ផ្ទាល់ដល់ការពង្រីកការងារផ្សាយដំណឹងល្អទេឬ? ផលវិបាកគឺពិតជាធ្ងន់ធ្ងរមែន! ដូច្នេះ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តកំហុសនេះ ពួកគេត្រូវតែត្រូវបានបណ្ដេញចេញ។ អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើនតែងតែមានគំនិត និងសញ្ញាណខុសប្លែកគ្នាអំពីការរាយការណ៍បញ្ហាទៅខាងលើ។ អ្នកខ្លះនិយាយថា៖ «ទោះជារាយការណ៍បញ្ហាទៅខាងលើ ក៏មិនប្រាកដថាអាចដោះស្រាយបានដែរ»។ នេះគឺជាសម្តីដ៏ខុសឆ្គង! តើអ្នកមានន័យយ៉ាងម៉េចដែលថា «មិនប្រាកដថាអាចដោះស្រាយបាន»? គ្រាន់តែអ្នកដោះស្រាយវាមិនបាន មិនមែនមានន័យថា ខាងលើដោះស្រាយមិនបាននោះទេ។ ប្រសិនបើខាងលើផ្ដល់ផ្លូវដល់អ្នក នោះបញ្ហាគឺត្រូវបានដោះស្រាយជាមូលដ្ឋានហើយតាមជាក់ស្ដែង ប្រសិនបើខាងលើមិនផ្ដល់ផ្លូវដល់អ្នកទេ នោះអ្នកគ្មានផ្លូវឡើយ។ សូម្បីតែរឿងតូចតាចប៉ុណ្ណឹងក៏អ្នកមិនអាចមើលធ្លុះដែរ អ្នកក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកហើយ! អ្នកខ្លះទៀតនិយាយថា «នៅពេលដែលយើងជួបប្រទះការលំបាក ឬបញ្ហា យើងត្រូវពិចារណាប៉ុន្មានថ្ងៃសិន ហើយរាយការណ៍លុះត្រាតែយើងពិតជាមិនអាចរកដំណោះស្រាយឃើញ»។ ប្រហែលស្ដាប់ទៅដូចជាអ្នកដែលនិយាយពាក្យនេះមានហេតុផល ប៉ុន្តែតើការសញ្ជឹងគិតប៉ុន្មានថ្ងៃនេះ មិនធ្វើឱ្យកិច្ចការយឺតយ៉ាវទេឬ? តើអ្នកអាចប្រាកដទេថា ការសញ្ជឹងគិតប៉ុន្មានថ្ងៃនឹងដោះស្រាយបញ្ហាបាន? តើអ្នកអាចធានាបានទេថា វានឹងមិនបង្កឱ្យមានការយឺតយ៉ាវ? អ្នកខ្លះទៀតនិយាយថា «ប្រសិនបើយើងរាយការណ៍បញ្ហាភ្លាមៗ តើខាងលើនឹងមិនគិតថាយើងមិនអាចមើលធ្លុះសូម្បីតែរឿងតូចតាចនេះទេឬអី? តើពួកគេនឹងមិនថាឱ្យយើងល្ងង់ខ្លៅ និងមិនយល់ដឹង ហើយលួសកាត់យើងទេឬអី?» ការនិយាយបែបនេះគឺខុសហើយ មិនថាអ្នករាយការណ៍បញ្ហាឬអត់នោះទេ កម្រិតគុណសម្បត្តិរបស់អ្នកក៏ត្រូវបានមើលឃើញច្បាស់រួចហើយដែរ ខាងលើដឹងរឿងទាំងអស់ហ្នឹង។ តើអ្នកគិតថា ខាងលើនឹងឱ្យតម្លៃអ្នកខ្ពស់ ប្រសិនបើអ្នកមិនរាយការណ៍បញ្ហាឬ? ប្រសិនបើអ្នករាយការណ៍បញ្ហានោះ ហើយវាមិនបានធ្វើឱ្យកិច្ចការធំដុំយឺតយ៉ាវទេនោះ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនតម្រូវឱ្យអ្នកទទួលខុសត្រូវឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនរាយការណ៍វា ហើយវានាំឱ្យមានការយឺតយ៉ាវ នោះអ្នកនឹងត្រូវតម្រូវឱ្យទទួលខុសត្រូវដោយផ្ទាល់ ហើយអ្នកនឹងត្រូវដកចេញភ្លាមៗ ដោយមិនប្រើប្រាស់ទៀតឡើយ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ក៏នឹងមើលឃើញថាអ្នកជាមនុស្សមិនយល់ដឹង ល្ងង់ខ្លៅ ជាមនុស្សមានបញ្ញាទន់ខ្សោយ និងមានសភាពផ្លូវចិត្តមិនប្រក្រតី ហើយពួកគេនឹងស្អប់អ្នក ព្រមទាំងមើលងាយអ្នកជារៀងរហូត។ អស់អ្នកណាដែលតែងតែខ្លាចការលួសកាត់ ឬខ្លាចខាងលើមើលស្រាល ដោយសារតែការរាយការណ៍បញ្ហា គឺជាមនុស្សដែលមានគុណសម្បត្តិអន់ និងល្ងង់ខ្លៅបំផុត។ ពួកគេត្រូវតែត្រូវបានដកចេញដោយមិនប្រើប្រាស់ទៀតឡើយ។ មានគុណសម្បត្តិអន់ដល់កម្រិតនេះហើយ នៅតែចង់បានមុខមាត់ទៀត តើនេះមិនមែនអត់កេរ្តិ៍ខ្មាសសោះទេឬអី? និយាយប្រាប់ខ្ញុំមក តើអ្នកដឹកនាំក្លែងក្លាយដែលមិនត្រឹមតែធ្វើការងារមិនបានល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកិច្ចការធំដុំយឺតយ៉ាវទៀតនោះ មិនគួរឱ្យស្អប់ទេឬ? តើគួរដកពួកគេចេញដែរឬទេ? (មែនហើយ គួរដកចេញ។) ប្រសិនបើជួបប្រទះរឿងធំ ហើយពួកគេអាចរាយការណ៍ឱ្យបានឆាប់ ដោយមិនបង្កឱ្យមានការយឺតយ៉ាវ ឬផលវិបាកធ្ងន់ធ្ងរទេនោះ តើគួរយល់ឃើញបែបណាពីអ្នកដឹកនាំបែបនេះ? យ៉ាងហោចណាស់ អាចចាត់ទុកបានថាពួកគេមានវិចារណញ្ញាណ ហើយអាចការពារកិច្ចការរបស់ពួកជំនុំបាន។ តើអ្នកដឹកនាំបែបនេះគួរតែបន្តប្រើប្រាស់ទៀតដែរឬទេ? គួរ។ មានតែអ្នកដឹកនាំដែលមានបញ្ញាទន់ខ្សោយបំផុតប៉ុណ្ណោះ ដែលមិនហ៊ានរាយការណ៍បញ្ហា ដោយសារតែខ្លាចត្រូវបានលួសកាត់។ តើអ្នកដឹកនាំបែបនេះ នៅតែអាចប្រើប្រាស់នៅថ្ងៃអនាគតបានដែរឬទេ? ខ្ញុំគិតថា ពួកគេមិនអាចប្រើប្រាស់បានទៀតទេ ពីព្រោះការប្រើប្រាស់ពួកគេ ធ្វើឱ្យការងារយឺតយ៉ាវពេក។ មកដល់ពេលនេះ អ្នករាល់គ្នាគួរតែអាចមើលធ្លុះបញ្ហាប្រភេទនេះហើយមែនទេ? នៅពេលដែលជួបប្រទះបញ្ហាដែលអ្នកមិនអាចដោះស្រាយបាន ចូរប្រញាប់រាយការណ៍ និងប្រកបគ្នាដើម្បីរកដំណោះស្រាយជាមួយក្រុមសម្រេចចិត្ត។ ប្រសិនបើក្រុមសម្រេចចិត្តមិនអាចដោះស្រាយបានទេ ចូររាយការណ៍ទៅខាងលើភ្លាមៗ។ ចូរកុំបារម្ភពីរឿងនេះ ឬរឿងនោះអី ការដែលអាចដោះស្រាយបញ្ហាឱ្យបានឆាប់ ទើបជារឿងសំខាន់បំផុត។ ឧទាហរណ៍ដែលបានលើកឡើងអម្បាញ់មិញនេះ កើតឡើងនៅគ្រប់ពួកជំនុំទាំងអស់។ ការលំបាក និងបញ្ហាទាំងនេះនឹងលេចឡើង។ បើប្រៀបធៀបទៅនឹងការលំបាកផ្ទៃក្នុងមួយចំនួនរបស់ពួកជំនុំ បញ្ហាខាងក្រៅទាំងនេះមានផលវិបាកធ្ងន់ធ្ងរជាង។ ដូច្នេះ ការលំបាកនៃបញ្ហាខាងក្រៅគឺធំជាងបន្តិច បើប្រៀបធៀបទៅនឹងបញ្ហាផ្ទៃក្នុងរបស់ពួកជំនុំ។ ប្រសិនបើអ្នកជួបប្រទះបញ្ហាខាងក្រៅ អ្នករាល់គ្នាគួរតែដោះស្រាយបញ្ហាទាំងនោះឱ្យបានលឿនតាមរយៈការពិគ្រោះយោបល់ ឬរាយការណ៍ទៅខាងលើ។ នេះជារឿងចាំបាច់។ មានតែការអនុវត្តតាមរបៀបនេះប៉ុណ្ណោះ ទើបអាចធានាបាននូវវឌ្ឍនភាពជាប្រក្រតីនៃកិច្ចការរបស់ពួកជំនុំ និងធានាថា ការផ្សាយដំណឹងល្អអំពីនគរព្រះមិនត្រូវបានរារាំង។ ការប្រកបគ្នារបស់ពួកយើងអំពីគោលការណ៍នៃការដោះស្រាយបញ្ហាខាងក្រៅរបស់ពួកជំនុំគឺមានតែប៉ុណ្ណឹងទេ។

នៅគ្រប់ពួកជំនុំនីមួយៗ មានមនុស្សមួយចំនួនដែលមានគុណសម្បត្តិអន់ ហើយពួកគេតែងតែជួបប្រទះការលំបាកក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយមិនអាចរកឃើញគោលការណ៍នៃការអនុវត្តបានឡើយ ទោះបីជាមានការប្រកបសេចក្ដីពិតដល់ពួកគេយ៉ាងណាក៏ដោយ។ ពួកគេគ្រាន់តែអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ ដោយគ្មានប្រសិទ្ធភាពពិតប្រាកដអ្វីសោះ។ ក្នុងករណីបែបនេះ ភារកិច្ចរបស់មនុស្សទាំងនេះ ចាំបាច់ត្រូវកែសម្រួល។ ការកែសម្រួលនេះ គឺជាការចាត់តាំងបុគ្គលិកឡើងវិញ។ ឧទាហរណ៍៖ មានមនុស្សម្នាក់ដែលត្រូវបានចាត់តាំងឱ្យធ្វើការងារសំខាន់មួយ ប៉ុន្តែពួកគេមានបញ្ហាមួយចំនួននៅក្នុងការងាររបស់ពួកគេ ដែលមិនអាចដោះស្រាយបាន ទោះបីជាអ្នកប្រកបជាមួយពួកគេយ៉ាងណាក៏ដោយ។ អ្នកមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហា ឬថាតើមនុស្សនេះនៅតែអាចប្រើប្រាស់បានឬអត់ឡើយ ហើយការសង្កេត ឬការប្រកបបន្ថែមក៏គ្មានលទ្ធផលដែរ។ ទោះបីជាមនុស្សនេះ មិនបង្កឱ្យមានការយឺតយ៉ាវច្រើនពេកដល់ការងារក៏ដោយ ប៉ុន្តែបញ្ហាសំខាន់ៗមិនត្រូវបានដោះស្រាយសោះ ដែលតែងតែធ្វើឱ្យអ្នកមានអារម្មណ៍មិនសូវស្រួលក្នុងចិត្ត។ តើអ្នកគួរធ្វើដូចម្តេច នៅពេលប្រឈមមុខនឹងរឿងនេះ? នេះគឺជាបញ្ហាសំខាន់ណាស់។ ប្រសិនបើអ្នកមិនអាចដោះស្រាយវាដោយខ្លួនឯងបានទេ អ្នកគួរតែយកបញ្ហានេះទៅក្នុងការជួបជុំរបស់អ្នកដឹកនាំ និងអ្នកធ្វើការដើម្បីប្រកបគ្នា វែកញែក និងវិភាគ។ ប្រសិនបើនៅទីបំផុត អាចឈានដល់ការឯកភាពគ្នាមួយ នោះបញ្ហានឹងត្រូវបានដោះស្រាយ។ ប្រសិនបើការអនុវត្តតាមរបៀបនេះ មិនអាចដោះស្រាយបញ្ហាបានទេ នៅពេលដែលវាចេះតែអូសបន្លាយ តើវាអាចធ្វើឱ្យកិច្ចការធំដុំយឺតយ៉ាវដែរឬទេ? ប្រសិនបើអាច នោះអ្នកគួរតែរាយការណ៍ទៅខាងលើ ហើយស្វែងរកដំណោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សរុបមក មិនថាអ្នកជួបប្រទះការភាន់ច្រឡំ ឬការលំបាកអ្វីនៅក្នុងការងាររបស់អ្នកទេ ឱ្យតែវាអាចប៉ះពាល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឬរារាំងដល់វឌ្ឍនភាពជាប្រក្រតីនៃកិច្ចការរបស់ពួកជំនុំ នោះបញ្ហានេះគួរតែត្រូវបានដោះស្រាយឱ្យបានឆាប់។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានទេ អ្នកគួរតែស្វែងរកមនុស្សពីរបីនាក់ដែលយល់អំពីសេចក្ដីពិត ដើម្បីដោះស្រាយជាមួយគ្នា។ ប្រសិនបើសូម្បីតែវិធីនេះ ក៏មិនមានប្រសិទ្ធភាពដែរ នោះអ្នកត្រូវតែលើកយកបញ្ហានេះមក ហើយរាយការណ៍ទៅខាងលើដើម្បីស្វែងរកដំណោះស្រាយ។ នេះគឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវតែយកចិត្តទុកដាក់ចំពោះរាល់ការលំបាក ឬការភាន់ច្រឡំដែលពួកគេជួបប្រទះ មិនមែនគ្រាន់តែផ្សព្វផ្សាយពាក្យពេចន៍ និងគោលលទ្ធិម្តងម្កាល ស្រែកពាក្យស្លោក ដើម្បីដាស់តឿនបងប្អូនប្រុសស្រី ឬលួសកាត់ពួកគេ ហើយចាត់ទុកថាចប់រឿង បន្ទាប់ពីរកឃើញបញ្ហា ឬការលំបាកនោះទេ។ ជួនកាល ការនិយាយពាក្យពេចន៍ និងគោលលទ្ធិអាចដោះស្រាយបញ្ហាលើសំបកក្រៅបាន ប៉ុន្តែនៅទីបំផុត វាមិនអាចដោះស្រាយបញ្ហាឫសគល់បានឡើយ។ បញ្ហាដែលពាក់ព័ន្ធនឹងឫសគល់ និស្ស័យពុករលួយ ព្រមទាំងសញ្ញាណ និងការស្រមៃរបស់មនុស្ស ត្រូវតែដោះស្រាយតាមរយៈការប្រកបសេចក្ដីពិត ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក៏មានការលំបាកផ្ទាល់ខ្លួនរបស់មនុស្ស បញ្ហាបរិស្ថាន និងបញ្ហាដែលទាក់ទងនឹងចំណេះដឹងផ្នែកវិជ្ជាជីវៈដែលចាំបាច់សម្រាប់ការបំពេញភារកិច្ចផងដែរ បញ្ហាជាក់ស្តែងទាំងអស់នេះ សុទ្ធតែតម្រូវឱ្យមានដំណោះស្រាយពីអ្នកដឹកនាំ និងអ្នកធ្វើការ។ ក្នុងចំណោមបញ្ហាទាំងនេះ រាល់ការភាន់ច្រឡំ និងការលំបាកដែលអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចដោះស្រាយបាន អាចត្រូវបាននាំយកទៅក្នុងការជួបជុំរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីវែកញែក វិភាគ និងដោះស្រាយ ឬពួកគេអាចរាយការណ៍ដោយផ្ទាល់ទៅខាងលើ ដើម្បីស្វែងរកសេចក្ដីពិតសម្រាប់ជាដំណោះស្រាយ។ នេះហៅថា ការធ្វើការងារពិតប្រាកដ ហើយមានតែតាមរយៈការបណ្ដុះបណ្ដាលឱ្យធ្វើការងារពិតប្រាកដតាមរបៀបនេះប៉ុណ្ណោះ ទើបកម្ពស់របស់មនុស្សម្នាក់អាចលូតលាស់បាន ហើយអាចបំពេញភារកិច្ចរបស់ពួកគេបានល្អ។ អ្នកដឹកនាំ និងអ្នកធ្វើការ ឱ្យតែពួកគេមានស្មារតីទទួលខុសត្រូវ ពួកគេនឹងអាចរកឃើញបញ្ហានៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មានបញ្ហាជាច្រើនដែលពួកគេត្រូវដោះស្រាយជារៀងរាល់ថ្ងៃ។ ឧទាហរណ៍៖ ខ្ញុំទើបតែបានលើកឡើងពីហេតុការណ៍មួយ ដែលមាននរណាម្នាក់សួរអ្នកថាតើអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ ហើយអ្នករាល់គ្នាសុទ្ធតែមានការភាន់ច្រឡំ។ ដំបូងឡើយ មនុស្សគ្រប់គ្នាឆ្លើយថា ពួកគេនឹងឆ្លើយថា «ជឿ» ប៉ុន្តែក្រោយមក មនុស្សមួយចំនួននិយាយថា នោះមិនមែនជាចម្លើយត្រឹមត្រូវទេ ហើយអ្នកផ្សេងទៀតនិយាយថា ពួកគេមិនដឹងឡើយ។ មានចម្លើយគ្រប់បែបយ៉ាងទាំងអស់។ នៅទីបំផុត អ្នកដឹកនាំ និងអ្នកធ្វើការក៏វង្វេងវង្វាន់ដែរ ដោយគិតថា «ការឆ្លើយថា «មិនជឿ» លើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការបដិសេធព្រះជាម្ចាស់នៅចំពោះមុខអ្នកដទៃ ហើយបន្ទាប់មក ព្រះជាម្ចាស់នឹងមិនទទួលស្គាល់យើងទេ ប៉ុន្តែតើនឹងមានផលវិបាកអ្វីខ្លះ ប្រសិនបើនិយាយថា «ជឿ» លើព្រះដ៏មានគ្រប់ព្រះចេស្ដា? ជម្រើសទាំងពីរសុទ្ធតែមើលទៅមិនត្រឹមត្រូវសោះ»។ អ្នកដឹកនាំ និងអ្នកធ្វើការមិនដឹងពីរបៀបដោះស្រាយរឿងនេះទេ ហើយមិនអាចធ្វើការសម្រេចចិត្តបានឡើយ។ ដូច្នេះ នៅពេលដែលបងប្អូនប្រុសស្រីជួបប្រទះស្ថានការណ៍បែបនេះម្តងទៀត ពួកគេនឹងនៅតែខ្វះទស្សនៈ និងឥរិយាបថដ៏ត្រឹមត្រូវដដែល ហើយបញ្ហានឹងនៅតែមិនត្រូវបានដោះស្រាយ ដែលមានន័យថា អ្នកដឹកនាំ និងអ្នកធ្វើការមិនបានបំពេញទំនួលខុសត្រូវរបស់ពួកគេឡើយ គឺពួកគេបានបរាជ័យក្នុងការអនុវត្តការទទួលខុសត្រូវរបស់ពួកគេ។ ការបរាជ័យក្នុងការអនុវត្តការទទួលខុសត្រូវរបស់ខ្លួន គឺជាបញ្ហានៃសមត្ថភាព និងបញ្ហានៃគុណសម្បត្តិ ប៉ុន្តែនៅពេលដែលបញ្ហាបែបនេះកើតឡើង តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកដឹងថា វាមិនទាន់ត្រូវបានដោះស្រាយ? អ្នកមិនគួរមិនអើពើ ឬសង្កត់បញ្ហានេះទុកដើម្បីឱ្យវាស្ងប់ទៅវិញ ដោយអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាធ្វើតាមចិត្ត និងធ្វើតាមអារម្មណ៍របស់ពួកគេឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរាយការណ៍រឿងនេះទៅខាងលើ ដើម្បីស្វែងរកសកម្មភាពសមស្រប និងមាគ៌ានៃការអនុវត្ត ដើម្បីយកទៅអនុវត្តនៅក្នុងស្ថានការណ៍បែបនេះ។ នៅទីបំផុត មនុស្សគ្រប់គ្នាគួរតែត្រូវបានធ្វើឱ្យយល់ថាតើព្រះរាជបំណងរបស់ព្រះជាម្ចាស់នៅក្នុងស្ថានការណ៍ទាំងនេះគឺជាអ្វី តើគោលការណ៍អ្វីដែលមនុស្សគួរប្រកាន់ខ្ជាប់ ហើយតើឥរិយាបថ និងជំហរអ្វីដែលពួកគេគួរប្រកាន់យក។ បន្ទាប់មក នៅពេលប្រឈមមុខនឹងស្ថានការណ៍បែបនេះម្ដងទៀតនៅពេលអនាគត ពួកគេនឹងយល់អំពីគោលការណ៍សេចក្ដីពិត និងមានមាគ៌ានៃការអនុវត្ត។ តាមរបៀបនេះ ទើបអ្នកដឹកនាំ និងអ្នកធ្វើការបំពេញទំនួលខុសត្រូវរបស់ពួកគេ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាឆ្លើយថា អ្នកនឹងឆ្លើយថា «ជឿ» នៅពេលត្រូវបានគេសួរថាតើអ្នករាល់គ្នាជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ នៅពេលដំបូង? រឿងនេះមានហេតុផលរបស់វា៖ អ្នកដឹកនាំ និងអ្នកធ្វើការ មិនដែលប្រកបជាមួយអ្នករាល់គ្នាអំពីរបៀបដោះស្រាយបញ្ហាបែបនេះឡើយ។ ពួកគេចាត់ទុកបញ្ហាទាំងនេះជារឿងតូចតាច ដែលមនុស្សគ្រប់គ្នាមានការយល់ដឹងរៀងៗខ្លួន ដែលមនុស្សគ្រប់គ្នាអាចយល់ដឹងតាមដែលពួកគេចូលចិត្ត និងអនុវត្តតាមដែលពួកគេយល់ឃើញថាស័ក្តិសម។ ហេតុនេះ នៅពេលដែលអ្នករាល់គ្នាត្រូវបានសួរនូវសំណួរនេះ មានចម្លើយគ្រប់បែបយ៉ាងទាំងអស់។ ដូច្នេះ តើឥឡូវនេះ អ្នករាល់គ្នាបានឈានដល់ការសរុបសេចក្តីលើរឿងនេះហើយឬនៅ? តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើនរណាម្នាក់សួរអ្នកថាតើអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរឬទេ? ទីមួយ សួរថាពួកគេជានរណា។ ទីពីរ សុំឱ្យពួកគេបង្ហាញលិខិតសម្គាល់ខ្លួន។ ប្រសិនបើពួកគេសួរព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតរបស់អ្នក សូមកុំឆ្លើយប្រាប់គេ។ សូម្បីតែពួកគេបង្ហាញលិខិតសម្គាល់ខ្លួនក៏ដោយ ក៏មិនត្រូវប្រាប់ពួកគេដែរ ពីព្រោះនេះគឺជាឯកជនភាពផ្ទាល់ខ្លួនរបស់អ្នក។ តើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំ អ្នកណាបានផ្សាយដំណឹងល្អដល់អ្នក អ្នកបានបំពេញភារកិច្ចនៅឯណា សេចក្តីជំនឿរបស់អ្នករឹងមាំប៉ុនណា របៀបដែលអ្នកជ្រើសរើសផ្លូវអនាគតរបស់អ្នក របៀបដែលអ្នកស្វែងរក និងទទួលបានសេចក្ដីពិត រឿងទាំងនេះមានតម្លៃខ្លាំងណាស់សម្រាប់យើង ដែលមិនអាចប្រាប់ទៅមនុស្សប្លែកមុខណាម្នាក់ដោយផ្ដេសផ្ដាសបានឡើយ។ ពួកគេគ្មានសិទ្ធិសាកសួរអំពីព័ត៌មានសំខាន់បែបនេះទេ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអាចដោះស្រាយបញ្ហាបែបនេះបានទេ ពួកគេគួរតែរាយការណ៍ឱ្យបានឆាប់ទៅខាងលើ ដើម្បីស្វែងរកដំណោះស្រាយ និងសុំវិធីសមស្របដើម្បីឆ្លើយតប។ ខាងលើនឹងមិនចំអកឱ្យអ្នកឡើយ យ៉ាងច្រើនណាស់ ពួកគេនឹងនិយាយថា អ្នកល្ងង់ពេកហើយ។ មិនថាមានរឿងអ្វីកើតឡើងទេ ការដែលអាចដោះស្រាយបញ្ហាបាន គឺជាលទ្ធផលដ៏ល្អបំផុត។

ថ្ងៃនេះ ចំពោះការទទួលខុសត្រូវទីប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលនិយាយអំពីការរាយការណ៍ឱ្យបានឆាប់ និងការស្វែងរកដំណោះស្រាយចំពោះការភាន់ច្រឡំ និងការលំបាកដែលជួបប្រទះនៅក្នុងការងារ គឺយើងបានប្រកបគ្នាជាចម្បងអំពីថាតើអ្វីខ្លះជាការភាន់ច្រឡំ និងការលំបាក ក៏ដូចជារបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរចាត់ចែង និងដោះស្រាយបញ្ហាទាំងនេះ នៅពេលដែលពួកគេប្រឈមមុខនឹងបញ្ហាទាំងនេះ និងរបៀបដែលត្រូវដោះស្រាយរឿងទាំងនេះ។ ចំពោះថាតើការសម្តែងចេញរបស់អ្នកដឹកនាំក្លែងក្លាយមានលក្ខណៈបែបណា នៅពេលដែលពួកគេជួបប្រទះនឹងបញ្ហាទាំងនេះ យើងនឹងលើកយកមកពិភាក្សានៅក្នុងការប្រកបគ្នាលើកក្រោយ។

ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ