ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៥)
ចំណុចទីដប់បួន៖ ត្រូវញែកដឹងពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបោសសម្អាតចេញឬបណ្ដេញពួកគេចេញ (ផ្នែកទីបួន)
ស្តង់ដា និងមូលដ្ឋានដើម្បីញែកដឹងពីប្រភេទផ្សេងៗនៃមនុស្សអាក្រក់
ថ្ងៃនេះ យើងបន្តប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគឺ៖ «ត្រូវញែកដឹងពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបោសសម្អាតចេញឬបណ្ដេញពួកគេចេញ»។ ប៉ុន្មានលើកមុន យើងបានប្រកបគ្នាអំពីទិដ្ឋភាពមួយចំនួនដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែញែកដឹង ក៏ដូចជាសេចក្ដីពិតសំខាន់ៗដែលពួកគេគួរយល់ដឹង នៅពេលធ្វើកិច្ចការនេះ ពោលគឺយើងបានប្រកបគ្នាអំពីរបៀបញែកដឹងពីមនុស្សអាក្រក់គ្រប់ប្រភេទ។ តើមនុស្សអាក្រក់គ្រប់ប្រភេទត្រូវបានកំណត់និយមន័យយ៉ាងដូចម្តេច? ពួកគេគឺជាអស់អ្នកដែលជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់ក្រោមការបន្លំធ្វើជាជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនទទួលយកសេចក្ដីពិត ហើយថែមទាំងរំខានដល់កិច្ចការរបស់ពួកជំនុំទៀតផង។ មនុស្សបែបនេះទាំងអស់ ត្រូវចាត់ចូលក្នុងប្រភេទជាមនុស្សអាក្រក់។ ពួកគេគឺជាអ្នកដែលពួកជំនុំគួរតែបោសសម្អាតចេញឬបណ្ដេញចេញ ពោលគឺជាអស់អ្នកដែលមិនត្រូវបានអនុញ្ញាតឱ្យមានវត្តមាននៅក្នុងពួកជំនុំឡើយ។ យើងបែងចែក និងវែកញែកមនុស្សអាក្រក់គ្រប់ប្រភេទ តាមរយៈលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួនបី។ តើលក្ខណៈវិនិច្ឆ័យទាំងបីនេះមានអ្វីខ្លះ? ទីមួយគឺ គោលបំណងសម្រាប់ការជឿលើព្រះជាម្ចាស់របស់មនុស្សម្នាក់។ ទីពីរគឺ ភាពជាមនុស្សរបស់មនុស្សម្នាក់ ដោយវែកញែកភាពជាមនុស្សរបស់គេ ដើម្បីញែកដឹង និងមើលឱ្យឃើញច្បាស់ថាតើពួកគេស្ថិតក្នុងចំណោមអស់អ្នកដែលពួកជំនុំគួរតែបោសសម្អាតចេញដែរឬទេ។ តើលក្ខណៈវិនិច្ឆ័យទីបីគឺជាអ្វី? (អាកប្បកិរិយារបស់មនុស្សម្នាក់ចំពោះភារកិច្ចរបស់ខ្លួន។) អាកប្បកិរិយារបស់មនុស្សម្នាក់ចំពោះភារកិច្ចរបស់ខ្លួន គឺជាលក្ខណៈវិនិច្ឆ័យទីបី។ លក្ខណៈវិនិច្ឆ័យទីមួយត្រូវបានប្រកបគ្នារួចហើយពីមុន។ ចំណែកឯលក្ខណៈវិនិច្ឆ័យទីពីរវិញ គឺភាពជាមនុស្សរបស់មនុស្សម្នាក់ មានពីរចំណុចត្រូវបានប្រកបគ្នា។ តើចំណុចទីមួយគឺជាអ្វី? (ចូលចិត្តបំភ្លៃការពិត និងនិយាយកុហក។) ចុះចំណុចទីពីរវិញ? (ចូលចិត្តកេងចំណេញ។) តាមរយៈខ្លឹមសារនៃចំណុចទាំងពីរនេះ វាហាក់ដូចជាមិនគ្រប់គ្រាន់ទេក្នុងការចាត់ទុកចំណុចទាំងនេះថាជាការបង្ហាញចេញរបស់មនុស្សអាក្រក់ ប៉ុន្តែផ្អែកលើការបង្ហាញចេញលម្អិតដែលខ្ញុំបានប្រកបគ្នារួចពីមុន មនុស្សពីរប្រភេទនេះបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំដោយគ្មានការប្រែចិត្តយ៉ាងពិតប្រាកដឡើយ។ ការបង្ហាញចេញផ្សេងៗរបស់ពួកគេ បានបង្កការរំខាន និងការបំផ្លិចបំផ្លាញដល់ជីវិតពួកជំនុំ ដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដល់ទំនាក់ទំនងរវាងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រួចទៅហើយ។ យោងតាមការបង្ហាញចេញរបស់ពួកគេ និងផ្អែកលើសារជាតិធម្មជាតិរបស់ពួកគេ មនុស្សពីរប្រភេទនេះគួរតែស្ថិតនៅក្នុងប្រភេទ ជាមនុស្សអាក្រក់។ អ្នកដឹកនាំពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គួរតែញែកដឹង និងកំណត់លក្ខណៈរបស់ពួកគេ ហើយបោសសម្អាតពួកគេចេញឱ្យបានទាន់ពេលវេលា។ តើការធ្វើបែបនេះសមស្របដែរឬទេ? (សមស្រប។) វាពិតជាសមស្របទាំងស្រុង។ ឥរិយាបថរបស់មនុស្សពីរប្រភេទនេះនៅក្នុងពួកជំនុំមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង។ ពួកគេគ្មានចំណាប់អារម្មណ៍លើសេចក្ដីពិតសោះឡើយ ហើយពួកគេក៏មិនចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ទាល់តែសោះដែរ។ នៅក្នុងចំណោមបងប្អូនប្រុសស្រី អ្វីដែលពួកគេសម្តែងចេញ ហាក់ដូចជាមិនខុសពីពួកអ្នកគ្មានជំនឿឡើយ។ ពួកគេតែងតែនិយាយកុហក និងបោកប្រាស់អ្នកដទៃ បំពេញភារកិច្ចរបស់ខ្លួនបែបបង្គ្រប់កិច្ច និងគ្មានស្មារតីទទួលខុសត្រូវសូម្បីបន្តិច ហើយមិនកែប្រែឡើយ ទោះបីជាមានការដាស់តឿនជាច្រើនលើកច្រើនសាក៏ដោយ។ ពួកគេមិនត្រឹមតែប៉ះពាល់ដល់ជីវិតពួកជំនុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំទៀតផង។ ច្បាស់ណាស់ ពួកគេស្ថិតក្នុងចំណោមអស់អ្នកដែលពួកជំនុំគួរតែបោសសម្អាតចេញ ឬបណ្ដេញចេញ ហើយវាពិតជាសមស្របទាំងស្រុងក្នុងការកំណត់លក្ខណៈពួកគេថាជាមនុស្សអាក្រក់ និងចាត់ពួកគេចូលក្នុងជួរនៃមនុស្សបែបនេះ ពោលគឺការធ្វើបែបនេះមិនហួសហេតុទាល់តែសោះ។ ចំពោះប្រភេទទីមួយ គឺអស់អ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក បញ្ហារបស់ពួកគេមិនមែនធម្មតា ដូចការនិយាយស្ដីមិនសូវសមរម្យ ឬមានឧបសគ្គក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃជាដើមនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺមានបញ្ហាពាក់ព័ន្ធនឹងនិស្ស័យរបស់ពួកគេ។ បើនិយាយឱ្យស៊ីជម្រៅ បញ្ហានៃនិស្ស័យរបស់ពួកគេ គឺជាបញ្ហានៃសារជាតិធម្មជាតិរបស់ពួកគេ។ បើនិយាយឱ្យរាក់វិញ វាគឺជាបញ្ហាមួយពាក់ព័ន្ធនឹងភាពជាមនុស្សរបស់ពួកគេ ពោលគឺ ភាពជាមនុស្សរបស់ពួកគេគឺថោកទាប និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់ ដែលធ្វើឱ្យពួកគេមិនអាចទាក់ទងជាមួយអ្នកដទៃបានតាមរបៀបធម្មតាឡើយ។ ពួកគេមិនត្រឹមតែខ្វះការបង្ហាញចេញវិជ្ជមាន ដូចជាការផ្គត់ផ្គង់ ការជួយ ឬការស្រឡាញ់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែទង្វើ និងឥរិយាបថរបស់ពួកគេមានតែបង្កការរំខាន ការបំផ្លិចបំផ្លាញ និងការបង្ហិនបង្ហោចប៉ុណ្ណោះ។ ប្រសិនបើមនុស្សមួយចំនួនមានទម្លាប់ចូលចិត្តបំភ្លៃការពិត និងនិយាយកុហក ហើយតែងតែធ្វើបែបនេះមិនថាដោយបើកចំហ ឬដោយលាក់កំបាំង ដែលបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំ និងដល់បងប្អូនប្រុសស្រី នោះពួកគេស្ថិតក្នុងចំណោមអស់អ្នកដែលពួកជំនុំគួរតែបោសសម្អាតចេញហើយ។ ប្រភេទមួយទៀតគឺអស់អ្នកដែលចូលចិត្តកេងចំណេញ។ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ ពួកគេតែងតែព្យាយាមយកផលចំណេញ ដោយភ្នែកសម្លឹងលើផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច។ ពួកគេមិនយកចិត្តទុកដាក់លើការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយក៏មិនយកចិត្តទុកដាក់លើការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អឬបំពេញទំនួលខុសត្រូវរបស់ខ្លួនដែរ។ លើសពីនេះទៅទៀត ពួកគេមិនយកចិត្តទុកដាក់លើការទាក់ទងគ្នាជាធម្មតាជាមួយបងប្អូនប្រុសស្រី រៀនសូត្រពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្វះខាតរបស់ខ្លួន និងកសាងទំនាក់ទំនងធម្មតាឬដឹកនាំជីវិតពួកជំនុំធម្មតានោះឡើយ។ ពួកគេមិនយកចិត្តទុកដាក់លើរឿងទាំងនេះទេ គឺពួកគេគ្រាន់តែមកពួកជំនុំ និងមកក្នុងចំណោមបងប្អូនប្រុសស្រី ដើម្បីកេងចំណេញប៉ុណ្ណោះ។ ឱ្យតែពួកគេមានវត្តមាននៅក្នុងពួកជំនុំ ហើយឱ្យតែបងប្អូនប្រុសស្រីទាក់ទងជាមួយពួកគេ នោះបងប្អូនប្រុសស្រីនឹងមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត។ បងប្អូនប្រុសស្រីមិនត្រឹមតែមានអារម្មណ៍ស្អប់ខ្ពើមចំពោះទង្វើ និងឥរិយាបថរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែជាចម្បង ពួកគេជារឿយៗ មានអារម្មណ៍ថាត្រូវបានរំខាន និងរឹតត្បិតនៅក្នុងចិត្តយ៉ាងខ្លាំង។ តើពាក្យ «យ៉ាងខ្លាំង» នេះ សំដៅលើអ្វី? វាមានន័យថា នៅក្នុងស្ថានភាពជីវិតជាក់ស្ដែង នៅពេលប្រឈមមុខនឹងការយាយីពីសំណាក់ពួកអ្នកមិនជឿ ឬមនុស្សអាក្រក់ បុគ្គលមួយចំនួនត្រូវបានរឹតត្បិតដោយអារម្មណ៍ ហើយមិនអាចដោះខ្លួនរួចឡើយ ចំណែកឯអ្នកផ្សេងទៀត ទោះបីជាមិនពេញចិត្តនឹងរឿងនេះក៏ដោយ ក៏មិនហ៊ាននិយាយចេញមកដែរ ប៉ុន្តែតែងតែមានអារម្មណ៍ថាត្រូវបានរឹតត្បិតនៅក្នុងចិត្ត និងខ្វះសេចក្ដីសុខសាន្ត។ តើនេះមិនមែនជាការរំខានដ៏ធ្ងន់ធ្ងរដល់បងប្អូនប្រុសស្រីទេឬ? (មែនហើយ ជាការរំខាន។) ហេតុដូច្នេះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែញែកដឹងពីបុគ្គលទាំងពីរប្រភេទនេះ។ អស់អ្នកណាដែលត្រូវបានចាត់ថ្នាក់ថាជាមនុស្សអាក្រក់គឺស្ថិតក្នុងចំណោមអស់អ្នកដែលពួកជំនុំគួរតែបោសសម្អាតចេញ។ គោលការណ៍ជាក់លាក់សម្រាប់ការចាត់ចែងបុគ្គលបែបនេះ ត្រូវបានប្រកបគ្នារួចហើយនៅក្នុងការជួបជុំលើកមុន ដូច្នេះនឹងមិនលើកយកមកប្រកបគ្នាលម្អិតម្ដងទៀតនៅពេលនេះទេ។ សរុបសេចក្ដីមក មនុស្សពីរប្រភេទដែលបានប្រកបគ្នាខាងលើ បង្កការរំខានមិនត្រឹមតែដល់ជីវិតពួកជំនុំរបស់បងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដល់សណ្ដាប់ធ្នាប់នៃការបំពេញភារកិច្ចរបស់ពួកគេទៀតផង។ ឥរិយាបថរបស់ពួកគេមួយចំនួន ថែមទាំងអាចធ្វើឱ្យអ្នកជឿថ្មីខ្លះដែលខ្វះគ្រឹះជំពប់ដួលទៀតផង។ ហេតុដូច្នេះ ផ្អែកលើរបៀប និងមធ្យោបាយដែលពួកគេប្រព្រឹត្តតាម ក៏ដូចជាការបង្ហាញចេញផ្សេងៗនៃភាពជាមនុស្សរបស់ពួកគេ និងផលវិបាកដ៏អាក្រក់ដែលបណ្តាលមកពីការបង្ហាញចេញទាំងនេះ មនុស្សពីរប្រភេទទាំងនេះ គឺស្ថិតក្នុងចំណោមអស់អ្នកដែលគួរតែត្រូវបានបោសសម្អាតចេញ ហើយការចាត់ពួកគេចូលក្នុងជួរនៃមនុស្សអាក្រក់ គឺមិនហួសហេតុទាល់តែសោះ។ ទោះបីជាឥរិយាបថរបស់អស់អ្នកដែលចូលចិត្តបំភ្លៃការពិត និងនិយាយកុហក និងអស់អ្នកដែលចូលចិត្តកេងចំណេញ ហាក់ដូចជាមិនច្រឡោះបោះ ឬកាចសាហាវហួសហេតុដូចមនុស្សអាក្រក់ដែលត្រូវបានកំណត់ក្នុងសញ្ញាណរបស់មនុស្សក៏ដោយ ទោះបីជាពួកគេខ្វះការបង្ហាញចេញយ៉ាងច្បាស់ក្រឡែតបែបនេះក៏ដោយ ប៉ុន្តែផលវិបាកដ៏អាក្រក់នៃឥរិយាបថរបស់ពួកគេ និងភាពជាមនុស្សរបស់ពួកគេតម្រូវឱ្យពួកគេត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ នេះគឺជាការបង្ហាញចេញរបស់មនុស្សពីរប្រភេទ និងគោលការណ៍សម្រាប់ការចាត់ចែងពួកគេ ដែលបានប្រកបគ្នាកាលពីលើកមុន។
II. ផ្អែកលើភាពជាមនុស្សរបស់មនុស្សណាម្នាក់
គ. ប្រព្រឹត្តខុសសីលធម៌ និងមិនចេះទប់ចិត្ត
ថ្ងៃនេះ យើងបន្តប្រកបគ្នាអំពីការបង្ហាញ ចេញរបស់មនុស្សប្រភេទផ្សេងមួយចំនួនទៀតពាក់ព័ន្ធនឹងភាពជាមនុស្សរបស់ពួកគេ ដោយចាប់ផ្តើមពីមនុស្សប្រភេទទីបី។ តើចរិតលក្ខណៈចម្បងនៃភាពជាមនុស្សរបស់មនុស្សទាំងនេះគឺជាអ្វី? គឺការប្រព្រឹត្តខុសសីលធម៌ និងកង្វះការទប់ចិត្ត។ ការយល់ដឹងអំពីការប្រព្រឹត្តខុសសីលធម៌ និងកង្វះការទប់ចិត្តតាមន័យត្រង់ គឺងាយស្រួលណាស់។ វាមានន័យថា ឥរិយាបថ អត្តចរិត និងការនិយាយស្ដីរបស់បុគ្គលទាំងនេះ មើលទៅមិនត្រឹមត្រូវឡើយ ពោលគឺពួកគេមិនមែនជាបុគ្គលថ្លៃថ្នូរ និងសមរម្យទេ។ នេះគឺជាការយល់ដឹងជាមូលដ្ឋានអំពីការបង្ហាញ ចេញរបស់មនុស្សប្រភេទនេះ។ នៅក្នុងពួកជំនុំ ជៀសមិនផុតទេដែលទស្សនៈរបស់មនុស្សមួយចំនួន លើការជឿលើព្រះជាម្ចាស់ និងរបៀបដែលពួកគេដេញតាម នឹងមានសេចក្តីវៀចវេរ ឬកំហុសឆ្គង។ ការនិយាយស្ដី និងអត្តចរិតរបស់ពួកគេ ខ្វះសេចក្ដីគោរពជឿយ៉ាងខ្ជាប់ខ្ជួន ការបង្ហាញចេញរបស់ពួកគេនៅក្នុងជីវិត និងគុណភាពនៃភាពជាមនុស្សរបស់ពួកគេ មិនសមស្របតាមសុជីវធម៌របស់ពួកបរិសុទ្ធទាល់តែសោះ ហើយពួកគេខ្វះចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់ទាំងស្រុង។ ជារួម ការនិយាយស្ដី ឥរិយាបថ និងអត្តចរិតរបស់ពួកគេអាចត្រឹមតែពិពណ៌នាបានថាជាការប្រព្រឹត្តខុសសីលធម៌ និងមិនចេះទប់ចិត្ត។ ជាការពិតណាស់ ការបង្ហាញចេញជាក់លាក់មានច្រើនណាស់ ដែលមនុស្សគ្រប់គ្នាអាចមើលឃើញ និងងាយស្រួលញែកដឹង។ បុគ្គលទាំងនេះប្រៀបដូចជាពួកអ្នកមិនជឿ និងពួកអ្នកគ្មានជំនឿដែរ។ ជាក់ស្ដែង ពួកគេបង្ហាញឥរិយាបថខុសសីលធម៌យ៉ាងខ្លាំង។ នៅពេលនិយាយដល់ការជួបជុំ ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ពួកគេ គឺគ្មានរបៀបសោះ។ អ្នកខ្លះមិនខ្វល់នឹងការរៀបចំខ្លួនឱ្យបានស្អាតបាតមុនពេលចេញពីផ្ទះឡើយ ដោយមកចូលរួមការជួបជុំក្នុងសភាពគ្មានរបៀបរៀបរយ សក់ក្បាលមិនសិត និងមុខមិនលុប។ អ្នកខ្លះស្លៀកពាក់មិនសមរម្យ ដោយពាក់ស្បែកជើងផ្ទាត់ចាស់ៗ ឬថែមទាំងពាក់សម្លៀកបំពាក់គេងយប់មកចូលរួមការជួបជុំទៀតផង។ អ្នកផ្សេងទៀតរស់នៅយ៉ាងកខ្វក់ ដោយមិនយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន ហើយមិនខ្វល់នឹងការស្លៀកពាក់ខោអាវកខ្វក់មកចូលរួមការជួបជុំឡើយ។ មនុស្សទាំងនេះសុទ្ធតែចាត់ទុកការជួបជុំជារឿងសាមញ្ញបំផុត ហាក់ដូចជាការទៅលេងផ្ទះអ្នកជិតខាង ដោយមិនចាត់ទុកជារឿងសំខាន់ឡើយ។ ក្នុងអំឡុងពេលនៃការជួបជុំ ការនិយាយស្ដី និងអត្តចរិតរបស់ពួកគេ ក៏មិនចេះទប់ចិត្តដែរ ហើយពួកគេនិយាយខ្លាំងៗដោយគ្មានការក្រែងរអែង ថែមទាំងជ្រួលច្រាល់ និងធ្វើកាយវិការយ៉ាងរញ៉េរញ៉ៃនៅពេលសប្បាយចិត្ត និងបង្ហាញពីការបណ្ដែតបណ្ដោយខ្លួនយ៉ាងខ្លាំង។ មិនថាមានមនុស្សប៉ុន្មាននាក់នៅទីនោះទេ ពួកគេសើច និយាយលេងសើច និងធ្វើកាយវិការច្រងេងច្រងាង ដោយអង្គុយគងអន្ទាក់ខ្លានិងធ្វើខ្លួនហាក់ដូចជាពួកគេខ្ពង់ខ្ពស់ជាងអ្នកគ្រប់គ្នាផ្សេងទៀត។ ពួកគេចូលចិត្តធ្វើខ្លួនទាក់ទាញចំណាប់អារម្មណ៍ជាពិសេស និងថែមទាំងធ្វើឫកពា ទៀតផង ដោយមិនដែលសម្លឹងនរណាម្នាក់ចំភ្នែកដោយផ្ទាល់នៅពេលនិយាយជាមួយពួកគេឡើយ តែបែរជាសម្លឹងមើលចុះឡើងទៅវិញ។ តើនេះមិនមែនជាការប្រព្រឹត្តខុសសីលធម៌ទេឬ? (មែនហើយ។) វាគឺជាការបណ្ដែតបណ្ដោយខ្លួន និងខ្វះការទប់ចិត្តសូម្បីបន្តិច។ ជាការពិតណាស់ ពួកអ្នកគ្មានជំនឿប្រហែលសន្មតថាការនិយាយស្ដី និងអត្តចរិតរបស់បុគ្គលបែបនេះគឺមកពីកង្វះការចិញ្ចឹមអប់រំល្អ ប៉ុន្តែយើងយល់ឃើញផ្សេងពីនេះ។ វាមិនមែនគ្រាន់តែជាបញ្ហានៃកង្វះការចិញ្ចឹមអប់រំល្អប៉ុណ្ណោះទេ។ ក្នុងនាមជាមនុស្សពេញវ័យ មនុស្សគួរតែដឹងច្បាស់អំពីរបៀបត្រឹមត្រូវ និងសមរម្យក្នុងការនិយាយ ប្រព្រឹត្ត និងទាក់ទងជាមួយអ្នកដទៃ ជាពិសេស មនុស្ស គួរតែដឹងពីរបៀបធ្វើបែបនេះក្នុងលក្ខណៈដែលសមស្របតាមសុជីវធម៌របស់ពួកបរិសុទ្ធ ដែល ជួយស្អាងបងប្អូនប្រុសស្រី និងដែលបង្កើតបានជាភាពជាមនុស្សធម្មតា ដោយមិនចាំបាច់មានគេប្រាប់ឡើយ។ ជាពិសេស នៅពេលរស់នៅក្នុងជីវិតពួកជំនុំ នៅចំពោះមុខបងប្អូនប្រុសស្រី ទោះបីជាមិនចាំបាច់ធ្វើពុតក៏ដោយ ក៏មនុស្ស ត្រូវតែចេះទប់ចិត្តដែរ។ ដូច្នេះ តើកម្រិត និងស្ដង់ដាតម្រូវជាចាំបាច់នៃការទប់ចិត្តនេះគឺជាអ្វី? គឺត្រូវអនុលោមតាមសុជីវធម៌របស់ពួកបរិសុទ្ធ។ សម្លៀកបំពាក់ និងការស្លៀកពាក់របស់មនុស្ស គួរតែថ្លៃថ្នូរ និងសមរម្យ ដោយជៀសវាងការស្លៀកពាក់បែបប្លែកៗ។ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ មនុស្សត្រូវតែមានចិត្តគោរពជឿយ៉ាងខ្ជាប់ខ្ជួន និងមិនធ្វើកាយវិការច្រងេងច្រងាងឡើយ។ ជាការពិតណាស់ នៅចំពោះមុខអ្នកដទៃ ពួកគេក៏គួរតែរក្សាសេចក្ដីគោរពជឿយ៉ាងខ្ជាប់ខ្ជួន និងលក្ខណៈជាមនុស្សដែរ ដើម្បីឱ្យពួកគេបង្ហាញខ្លួនក្នុងលក្ខណៈដែលសមរម្យ មានប្រយោជន៍ និងជួយស្អាងដល់អ្នកដទៃ។ នេះគឺជាអ្វីដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ អស់អ្នកដែលប្រព្រឹត្តខុសសីលធម៌ និងមិនចេះទប់ចិត្ត មិនយកចិត្តទុកដាក់ទាល់តែសោះលើការសម្តែងចេញនូវទិដ្ឋភាពជាមូលដ្ឋានបំផុតនៃភាពជាមនុស្ស ហើយហេតុផលច្បាស់លាស់មួយចំពោះការព្រងើយកន្តើយរបស់ពួកគេ គឺភាពអវិជ្ជាទាំងស្រុងរបស់ពួកគេអំពីរបៀបធ្វើជាមនុស្សដែលមានចិត្តគោរពជឿយ៉ាងខ្ជាប់ខ្ជួន ឬជាមនុស្សដែលមានសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរដែលទទួលបានការគោរព។ ពួកគេគ្រាន់តែមិនយល់អំពីរឿងទាំងនេះប៉ុណ្ណោះ។ ហេតុដូច្នេះ ទោះបីជាពួកជំនុំមានបទប្បញ្ញត្តិ និងសំណូមពរជាច្រើនលើកច្រើនសាឱ្យស្លៀកពាក់ឱ្យបានស្អាតបាត ថ្លៃថ្នូរ និងសមរម្យនៅពេលជួបជុំ ដោយមិនស្លៀកពាក់ប្លែកៗក៏ដោយ ក៏ពួកគេបន្តមិនយកចិត្តទុកដាក់លើច្បាប់ទាំងនេះដែរ ដោយជារឿយៗ មកដល់ទាំងពាក់ស្បែកជើងផ្ទាត់ រញ៉េរញ៉ៃគ្មានរបៀបរៀបរយឬថែមទាំងពាក់សម្លៀកបំពាក់គេងយប់ទៀតផង។ នេះគឺជាការបង្ហាញ ចេញមួយរបស់អ្នកដែលប្រព្រឹត្តខុសសីលធម៌ និងមិនចេះទប់ចិត្ត។
អ្នកដែលបណ្ដែតបណ្ដោយខ្លួន និងមិនចេះទប់ចិត្តបង្ហាញចេញអាកប្បកិរិយាមួយទៀត គឺការស្លៀកពាក់ទាន់សម័យ និងការតុបតែងមុខក្រាស់ៗបែបទាក់ចិត្តនៅពេលជួបជុំ។ ពួកគេចាប់ផ្តើមតុបតែងខ្លួន និងរៀបចំខ្លួនពីរថ្ងៃមុនពេលជួបជុំនីមួយៗ ដែលរិះគិតថាតើត្រូវតុបតែងមុខបែបណា ពាក់គ្រឿងអលង្ការអ្វី ជ្រើសរើសសក់ម៉ូតអ្វី ពាក់សម្លៀកបំពាក់ណា យួរកាបូបអ្វី និងពាក់ស្បែកជើងមួយណា។ ស្ត្រីខ្លះថែមទាំងលាបក្រែមមាត់ ផាត់ភ្នែក និងផាត់ច្រមុះយ៉ាងឆើតឆាយបែបល្បួង ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ អ្នកខ្លះស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងឆើតឆាយបែបល្បួងហួសហេតុ ដោយបញ្ចេញស្មា និងខ្នង និងស្លៀកពាក់ប្លែកៗ។ នៅក្នុងការជួបជុំ ពួកគេមិនស្តាប់ការប្រកបគ្នារបស់បងប្អូនប្រុសស្រីដោយយកចិត្តទុកដាក់ឡើយ ហើយក៏មិនអធិស្ឋានដែរ ពួកគេកាន់តែមិនចូលរួមក្នុងការប្រកបគ្នា ឬចែករំលែកការយល់ដឹងផ្ទាល់ខ្លួន និងទីបន្ទាល់តាមរយៈបទពិសោធឡើយ។ ផ្ទុយទៅវិញ ពួកគេប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេងទៀត ដោយខ្វល់ថាតើនរណាស្លៀកពាក់ល្អជាង ឬអន់ជាងពួកគេ តើនរណាស្លៀកពាក់ខោអាវម៉ាកល្បីៗដែលកំពុងពេញនិយមខ្លាំង តើនរណាស្លៀកពាក់ខោអាវថោកៗនៅផ្សារតាមផ្លូវ តើខ្សែដៃរបស់នរណាតម្លៃប៉ុន្មាន ជាដើម។ ពួកគេផ្តោតតែលើរឿងទាំងនេះប៉ុណ្ណោះ ហើយថែមទាំង ជារឿយនិយាយអំពីរឿងទាំងនេះដោយបើកចំហទៀតផង។ តាមរយៈការស្លៀកពាក់ ក៏ដូចជាការនិយាយស្ដី អាកប្បកិរិយា និងអត្តចរិតរបស់បុគ្គលទាំងនេះ វាច្បាស់ណាស់ថា ការចូលរួមរបស់ពួកគេនៅក្នុងជីវិតពួកជំនុំ និងការទាក់ទងរបស់ពួកគេជាមួយបងប្អូនប្រុសស្រី មិនមែនក្នុងគោលបំណងស្វែងយល់អំពីសេចក្ដីពិតឡើយ ហើយកាន់តែមិនមែនដើម្បីដេញតាមការចូលទៅក្នុងជីវិតដើម្បីសម្រេចបាននូវការផ្លាស់ប្តូរនិស្ស័យដែរ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ពេលវេលាក្នុងអំឡុងពេលនៃការជួបជុំដើម្បីអួតអំពីការសោយសុខនឹងប្រាក់កាស និងជីវិតខាងសម្ភារៈរបស់ពួកគេ។ អ្នកខ្លះមកកន្លែងជួបជុំដោយពាក់សម្លៀកបំពាក់ម៉ាកល្បីៗដើម្បីសម្ញែង ដែលបណ្ដែតបណ្ដោយខ្លួនយ៉ាងពេញទំហឹងទៅតាមចំណង់ របស់ពួកគេចំពោះម៉ូត និងនិន្នាការសង្គមនៅក្នុងចំណោមបងប្អូនប្រុសស្រី ដោយទាក់ទាញអ្នកដទៃឱ្យដេញតាមនិន្នាការទាំងនេះ និងធ្វើឱ្យអ្នកដទៃច្រណែន និងឱ្យតម្លៃខ្ពស់លើពួកគេ។ ទោះបីជាកត់សម្គាល់ឃើញការសម្លឹងមើល និងឥរិយាបថ ស្អប់ខ្ពើមរបស់បងប្អូនប្រុសស្រីមួយចំនួនចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែមិនខ្វល់ ដែលបន្តធ្វើអ្វីៗតាមរបៀបរបស់ពួកគេ ដែលពាក់ស្បែកជើងកែងខ្ពស់ និងយួរកាបូបម៉ាកល្បីៗ។ អ្នកខ្លះថែមទាំងព្យាយាមធ្វើខ្លួនជាអ្នកមានស្តុកស្តម្ភ ដែលបាញ់ទឹកអប់ដែលមានគុណភាពអន់មកចូលរួមការជួបជុំ ដូច្នេះបន្ទាប់ពីពួកគេចូលក្នុងបន្ទប់ ក្លិនលាយចូលគ្នានៃទឹកអប់ ម្សៅផាត់មុខ និងប្រេងលាបសក់ បង្កើតបានជាក្លិនឈួល និងមិនគួរឱ្យចូលចិត្តឡើយ។ អ្នកចូលរួមការជួបជុំជាច្រើនផ្សេងទៀតមានការខឹងសម្បា ប៉ុន្តែមិនហ៊ាននិយាយចេញមកឡើយ ដែលមានអារម្មណ៍ស្អប់ខ្ពើមនៅពេលឃើញមនុស្សទាំងនេះ ហើយអ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ រក្សាគម្លាតពីពួកគេ។ មិនថាការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ពួកគេគឺថ្លៃថ្នូរ ឬធម្មតាៗនោះទេ ចំណុចសម្គាល់របស់បុគ្គលបែបនេះ គឺការនិយាយស្ដី អាកប្បកិរិយា អត្តចរិតនិងរបៀបរស់នៅរបស់ពួកគែដែលឥតខ្វល់ និងគ្មានវិន័យជាខ្លាំង មិនត្រឹមតែក្នុងអំឡុងពេលនៃការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការទាក់ទងប្រចាំថ្ងៃរបស់ពួកគេជាមួយបងប្អូនប្រុសស្រី ឬនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេទៀតផង។ និយាយឱ្យចំទៅ ពួកគេបណ្ដែតបណ្ដោយខ្លួនជាខ្លាំង គ្មានការគ្រប់គ្រងដោយការចេះទប់ចិត្តសូម្បីបន្តិចឡើយ។ ជីវិតប្រចាំថ្ងៃរបស់ពួកគេគ្មានរបៀបរបបឡើយ។ ពួកគេនិយាយអ្វីដែលពួកគេចង់និយាយ ប្រព្រឹត្តដោយមិនខ្វល់ និងតាមតែចិត្ត មិនដែលពិភាក្សាអំពីបទពិសោធផ្ទាល់ខ្លួន កម្រចែករំលែកការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកម្រនិយាយអំពីការលំបាកដែលត្រូវបានជួបប្រទះក្នុងការបំពេញភារកិច្ចរបស់ពួកគេណាស់។ តើប្រធានបទតែមួយគត់ដែលពួកគេពិភាក្សាគឺជាអ្វី? គឺនិន្នាការសង្គម ម៉ូតទាន់សម័យ អាហារឆ្ងាញ់ៗ ជីវិតឯកជនរបស់បុគ្គលល្បីៗនៅក្នុងសង្គម និងសូម្បីតែតារា ក៏ដូចជារឿងរ៉ាវប្លែកៗ និងរឿងប៉ប៉ាច់ប៉ប៉ោចពីសង្គម។ តាមរយៈការបង្ហាញចេញតាមធម្មជាតិទាំងនេះរបស់ពួកគេ វាមិនពិបាកទេក្នុងការមើលឃើញថា ជំនឿរបស់មនុស្សបែបនេះលើព្រះជាម្ចាស់ គឺគ្រាន់តែធ្វើឱ្យតែបានៗនៅក្នុងជីវិតប៉ុណ្ណោះ។ ជីវិតរបស់ពួកគេផ្តោតទាំងស្រុងលើការហូប ការផឹក និងការសប្បាយ ជាជាងលើរឿងដូចជាការរស់នៅក្នុងជីវិតពួកជំនុំ ការបំពេញភារកិច្ច ឬការដេញតាមសេចក្ដីពិត។ អ្វីដែលហៅថា «បណ្ដែតបណ្ដោយខ្លួន និងមិនចេះទប់ចិត្ត» គឺមានន័យថា របៀបរស់នៅរបស់បុគ្គលទាំងនេះ អ្វីដែលពួកគេសម្តែងចេញក្នុងភាពជាមនុស្ស និងរបៀបដោះស្រាយបញ្ហា ការប្រព្រឹត្តចំពោះអ្នកដទៃ និងការទាក់ទងជាមួយអ្នកដទៃរបស់ពួកគេ សុទ្ធតែបណ្ដែតបណ្ដោយខ្លួន និងមិនចេះទប់ចិត្ត។ ពួកគេតែងតែត្រាប់តាមពាក្យសម្តីពេញនិយមនៅក្នុងសង្គម។ មិនថាបងប្អូនប្រុសស្រីចូលចិត្តស្ដាប់ ឬថាតើពួកគេអាចយល់បានឬអត់នោះទេ បុគ្គលទាំងនេះនៅតែបន្តនិយាយដដែល។ ពួកគេថែមទាំងជាញឹកញាប់ត្រាប់តាមពាក្យពោលរបស់បុគ្គលល្បីៗមួយចំនួននៅក្នុងសង្គម និងតារាចម្រៀង និងតារាភាពយន្តទៀតផង។ ចំពោះវាក្យសព្ទវិជ្ជមានដែលជារឿយៗត្រូវបានប្រើនៅក្នុងដំណាក់ព្រះជាម្ចាស់ និងក្នុងចំណោមបងប្អូនប្រុសស្រី ពួកគេមិនដែលបង្ហាញចំណាប់អារម្មណ៍អ្វីឡើយ។ ពួកគេមិនដែលប្រកបគ្នាអំពីសេចក្ដីពិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឡើយ។ អ្វីដែលពួកគេគោរពបូជាគឺនិន្នាការលោកិយ។ បុគ្គលល្បីៗ និងតារាផ្សេងៗ គឺជាគោលដៅនៃការគោរពបូជា និងការត្រាប់តាមរបស់ពួកគេ។ ឧទាហរណ៍ ពួកគេចាប់បានយ៉ាងរហ័សនូវពាក្យ និងឃ្លាពេញនិយមនៅលើអ៊ីនធឺណិត ហើយប្រើប្រាស់វានៅក្នុងជីវិតរបស់ពួកគេ និងនៅក្នុងការសន្ទនាជាមួយបងប្អូនប្រុសស្រី។ ជាការពិតណាស់ ពាក្យទាំងនេះប្រាកដជាមិនមែនជាពាក្យវិជ្ជមាន ឬជួយស្អាងឡើយ។ វាសុទ្ធតែជាពាក្យអវិជ្ជមាន ដែលគ្មានតម្លៃ និងកាន់តែគ្មានអត្ថន័យសម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់។ វាគឺជាពាក្យសម្តីពេញនិយមដែលបង្កើតឡើងដោយមនុស្សជាតិពុករលួយ និងអាក្រក់ ដែលតំណាងឱ្យគំនិត និងទស្សនៈនៃកម្លាំងអាក្រក់ទាំងស្រុង។ ពាក្យបែបនេះជារឿយៗត្រូវបានកត់សម្គាល់ ទទួលយក និងប្រើប្រាស់ដោយអ្នកមិនជឿនៅក្នុងពួកជំនុំ ដែលចូលចិត្តនិន្នាការអាក្រក់។ ពួកគេបិទចិត្តទាំងស្រុងចំពោះប្រជុំសព្ទ និងវាក្យសព្ទខាងវិញ្ញាណនៃដំណាក់ព្រះជាម្ចាស់ ដែលមិនស្ដាប់ ឬរៀនសូត្រអំពីវាដោយយកចិត្តទុកដាក់ឡើយ។ ផ្ទុយទៅវិញ ពួកគេចាប់បាន និងយកមកប្រើប្រាស់យ៉ាងរហ័សនូវអ្វីដែលអវិជ្ជមាននៃពិភពលោកដែលគ្មានជំនឿ និងអ្វីដែលមនុស្សថោកទាបយកចិត្តទុកដាក់។ ហេតុនេះ បុគ្គលទាំងនេះ មិនថាត្រូវបានវិនិច្ឆ័យតាមរយៈការស្លៀកពាក់ខាងក្រៅ ការនិយាយស្ដី និងអត្តចរិតរបស់ពួកគេ ឬតាមរយៈគំនិត និងទស្សនៈផ្សេងៗ និងឥរិយាបថ ចំពោះអ្វីៗដែលពួកគេបើកឱ្យដឹង នោះទេ គឺប្លែកខុសគេយ៉ាងខ្លាំងក្នុងចំណោមបងប្អូនប្រុសស្រី។ តើការប្លែកខុស គេមានន័យដូចម្តេច? វាមានន័យថា ការនិយាយស្ដី អាកប្បកិរិយា និងអត្តចរិតរបស់ពួកគេ គឺដូចជាអ្នកគ្មានជំនឿ ដែលមិនបង្ហាញពីការផ្លាស់ប្តូរសោះឡើយ។ ពួកគេគ្រាន់តែជាអ្នកមិនជឿប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកខ្លះច្រៀងទំនុកបរិសុទ្ធពីរនៅលើឆាកនៃ ដំណាក់ព្រះជាម្ចាស់ ហើយទទួលបានការកោតសរសើរពីអ្នកគ្រប់គ្នា ដូច្នេះពួកគេចាប់ផ្តើមគិតថាខ្លួនឯងជាតារា ឬជាបុគ្គលសំខាន់ ដែលតែងតែទាមទារឱ្យតុបតែងមុខក្រាស់ៗសម្រាប់ការសម្តែង ដែលទទូចចង់ធ្វើម៉ូតសក់តាម តារាល្បីណាមួយ និងលាបពណ៌សក់ប្លែកៗ។ នៅពេលអ្នកផ្សេងទៀតនិយាយថា៖ «អ្នកជឿគួរតែស្លៀកពាក់ដោយភាពថ្លៃថ្នូរ និងសមរម្យ។ រចនាបថរបស់អ្នកមិនស្របតាមសេចក្ដីតម្រូវរបស់ដំណាក់ព្រះជាម្ចាស់ឡើយ» ពួកគេត្អូញត្អែរថា៖ «ច្បាប់របស់ដំណាក់ ព្រះជាម្ចាស់តឹងរ៉ឹងពេកហើយ។ ពិតជាមានបញ្ហាច្រើនមែន! ហេតុអ្វីបានជាពិបាកម្ល៉េះក្នុងការធ្វើជាតារា?» បន្ទាប់ពីច្រៀងទំនុកបរិសុទ្ធបានត្រឹមតែពីរ ពួកគេគិតស្រមៃថាខ្លួនឯងជាតារា និងគិតថាពួកគេអស្ចារ្យណាស់ ហើយនៅពេលណាដែលពួកគេទំនេរ ពួកគេតែងតែរិះគិតថា៖ «តើតារានៃពិភពលោកដែលគ្មានជំនឿ ប្រើម្រាមដៃប៉ុន្មានដើម្បីកាន់មីក្រូហ្វូន? តើពួកគេដើរប៉ុន្មានជំហានដើម្បីឡើងដល់លើឆាក? ហេតុអ្វីបានជាខ្ញុំមិនទទួលបានផ្កា នៅពេលដែលខ្ញុំច្រៀងបានល្អខ្លាំង? តារានៅក្នុងពិភពលោកមានភ្នាក់ងារ និងជំនួយការ។ ពួកគេមិនចាំបាច់ចាត់ចែង ឬដោះស្រាយបញ្ហាភាគច្រើនដោយខ្លួនឯងឡើយ ជំនួយការរបស់ពួកគេធ្វើទាំងអស់។ ប៉ុន្តែក្នុងនាមជាអ្នកចម្រៀងនៅក្នុងដំណាក់ព្រះជាម្ចាស់ ខ្ញុំត្រូវតែចាត់ចែងកិច្ចការធម្មតាៗ ដូចជាការទៅយកអាហារ ការស្លៀកពាក់ និងការទិញទំនិញដោយខ្លួនឯង។ ដំណាក់ព្រះជាម្ចាស់គឺអភិរក្សនិយមពេកហើយ!» នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែមានអារម្មណ៍មិនសប្បាយចិត្តឡើយក្នុងការរស់នៅក្នុងដំណាក់ព្រះជាម្ចាស់។ ពួកគេមានអារម្មណ៍ថារងគ្រោះជាពិសេស តែងតែមិនពេញចិត្ត និងពោរពេញដោយការត្អូញត្អែរ។ តើមនុស្សបែបនេះអាចស្រឡាញ់សេចក្ដីពិតបានដែរឬ? តើពួកគេនឹងអនុវត្តសេចក្ដីពិតដែរឬ? ហេតុអ្វីបានជាពួកគេមិនឆ្លុះបញ្ចាំងពីខ្លួនឯង? ទស្សនៈរបស់ពួកគេលើអ្វីៗគឺវៀចវេរខ្លាំងណាស់ ស្រដៀងនឹងទស្សនៈរបស់អ្នកគ្មានជំនឿ។ យ៉ាងម៉េចបានជាពួកគេមិនអាចភ្ញាក់ខ្លួននឹងរឿងនេះ? ដំណាក់ព្រះជាម្ចាស់មិនរារាំងពួកគេពីការក្លាយជាតារាឡើយ ប៉ុន្តែតើទស្សនៈ និងវិធីសាស្ត្រទាំងនេះរបស់ពួកគេ ដែលជាទស្សនៈ និងវិធីសាស្ត្ររបស់អ្នកមិនជឿ អាចទៅរួចនៅក្នុងដំណាក់ព្រះជាម្ចាស់ដែរឬ? ជាមូលដ្ឋានគ្រឹះគឺមិនអាចទទួលយកបានទេ។ ការនិយាយស្ដី និងអត្តចរិតជាប្រចាំរបស់ពួកគេ គឺគួរឱ្យស្អប់ខ្ពើមចំពោះមនុស្សភាគច្រើន។ ដោយសារតែ «គំនិតបើកចំហ» និងការបណ្ដែតបណ្ដោយខ្លួនយ៉ាងខ្លាំងរបស់ពួកគេ អ្វីក៏ដោយដែលមនុស្សបែបនេះនិយាយ ឬធ្វើ គឺបណ្ដែតបណ្ដោយខ្លួន និងមិនចេះទប់ចិត្ត ដោយមិនបើកឱ្យដឹង អ្វីក្រៅពីនិស្ស័យរបស់សាតាំងឡើយ។
ដំណាក់ព្រះជាម្ចាស់សង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា បងប្អូនប្រុសស្រីគួរតែរក្សាព្រំដែនរវាងបុរស និងស្ត្រី ហើយមិនត្រូវជាប់ជំពាក់ជាមួយមនុស្សភេទផ្ទុយគ្នាឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបណ្ដែតបណ្ដោយខ្លួន និងមិនចេះទប់ចិត្ត ដោយមិនយកចិត្តទុកដាក់លើដំបូន្មាននេះសោះឡើយ ហើយថែមទាំងព្យាយាមលួចលាក់ល្បួង ឬមានទំនាក់ទំនងស្នេហាជាមួយអ្នកដទៃទៀតផង ដែលរំខានដល់ជីវិតពួកជំនុំ។ ពួកគេចូលចិត្តទាក់ទងជាមួយមនុស្សភេទផ្ទុយគ្នា សូម្បីតែស្វែងរកហេតុផល និងការដោះសាដើម្បីទំនាក់ទំនង និងទាក់ទងគ្នាដោយលេងសើចក៏ដោយ។ នៅពេលឃើញនរណាម្នាក់ដែលមានភេទផ្ទុយគ្នា ដែលមានរូបរាងទាក់ទាញឬដែលពួកគេត្រូវរ៉ូវគ្នា ពួកគេចាប់ផ្តើមទាញ និងកន្ត្រាក់គ្នា ញ៉ែគ្នា និងចំអន់គ្នា រញ៉េរញ៉ៃជាមួយសម្លៀកបំពាក់របស់គ្នា និងញីសក់ក្បាលរបស់គ្នាឱ្យគ្មានរបៀបរៀបរយ ហើយថែមទាំងគប់ដុំទឹកកកចូលក្នុងសម្លៀកបំពាក់របស់ពួកគេក្នុងរដូវរងាទៀតផង។ ពួកគេលេងសើចជាមួយគ្នាដូចសត្វ ដោយគ្មានព្រំដែន ឬគ្មានកិត្តិយស និងមិនមានអារម្មណ៍ខ្មាសអៀនឡើយ។ អ្នកខ្លះនិយាយថា៖ « ហេតុដូចម្តេចបានជាការធ្វើបែបនោះអាចត្រូវបានចាត់ទុកថាជាការលេងសើច? ពួកគេកំពុងបង្ហាញមនោសញ្ចេតនាទេតើ។ ការធ្វើបែបនោះហៅថាក្ដីស្រឡាញ់ផ្អែមល្អែម ភាពរ៉ូមែនទិក»។ ប្រសិនបើអ្នកកំពុងស្វែងរកភាពរ៉ូមែនទិក អ្នកបានជ្រើសរើសកន្លែងខុសហើយ។ ពួកជំនុំគឺជាកន្លែងដែលបងប្អូនប្រុសស្រីបំពេញភារកិច្ចរបស់ខ្លួន។ វាគឺជាកន្លែងសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់ មិនមែនសម្រាប់ការញ៉ែគ្នាឡើយ។ ការបង្ហាញអាកប្បកិរិយាបែបនេះជាសាធារណៈនៅចំពោះមុខអ្នកគ្រប់គ្នា ធ្វើឱ្យមនុស្សភាគច្រើនមានអារម្មណ៍ស្អប់ខ្ពើម និងខ្ពើមរអើម។ បញ្ហាសំខាន់គឺថា វាមិនជួយស្អាងអ្នកដទៃឡើយ ហើយអ្នកក៏បាត់បង់សេចក្តីសុចរិត និងសេចក្ដីថ្លៃថ្នូររបស់អ្នកដែរ។ តើអ្នកមានអាយុប៉ុន្មានហើយ? តើអ្នកមិនអាចបែងចែកដៃស្តាំ និងដៃឆ្វេងបានទេឬ? តើអ្នកមិនយល់ពីភាពខុសគ្នារវាងបុរស និងស្ត្រីទេឬ? ប៉ុន្តែអ្នកបែរជាចូលរួមក្នុងការញ៉ែគ្នាទៅវិញ! វាជារឿងធម្មតាទេសម្រាប់កុមារអាយុប្រាំពីរ ឬប្រាំបីឆ្នាំក្នុងការលេងសើច។ អាកប្បកិរិយា និងចំណាប់អារម្មណ៍បែបនេះ គឺជារឿងធម្មតាសម្រាប់អាយុរបស់ពួកគេ។ ប៉ុន្តែប្រសិនបើមនុស្សពេញវ័យបង្ហាញអាកប្បកិរិយាទាំងនេះ តើវាមិនមែនជារឿងក្មេងខ្ចីទេឬ? និយាយឱ្យចំទៅ នោះហើយជាអត្ថន័យរបស់វា។ បើនិយាយពីសារជាតិវិញ តើនេះគឺជាអ្វី? (ការបណ្ដែតបណ្ដោយខ្លួន ភាពបណ្ដែតបណ្ដោយខ្លួន។) វាពិតជាបណ្ដែតបណ្ដោយខ្លួនពេកហើយ! ក្នុងការជឿលើព្រះជាម្ចាស់ មនុស្សត្រូវតែដឹងថាត្រូវមានកិត្តិយស។ សូម្បីតែក្នុងចំណោមអ្នកគ្មានជំនឿ ក៏មានមនុស្សតិចតួចប្រព្រឹត្តដោយបណ្ដែតបណ្ដោយខ្លួនខ្លាំងដែរ។ មនុស្សដែលបណ្ដែតបណ្ដោយខ្លួនបែបនេះ ពិតជាឡេះឡោះ និងគួរឱ្យស្អប់ខ្ពើមណាស់! ការគប់ដុំទឹកកកចូលក្នុងសម្លៀកបំពាក់របស់សមាជិកដែលមានភេទផ្ទុយដើម្បីភាពរំភើប មិនត្រឹមតែដេញតាមពួកគេដោយលេងសើចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាត់គូទរបស់ពួកគេទៀតផង។ នៅពេលនរណាម្នាក់លាតត្រដាងការពិតថា អាកប្បកិរិយាបែបនេះគឺបណ្ដែតបណ្ដោយខ្លួនពេកហើយ និងធ្វើឱ្យព្រំដែនរវាងបុរស និងស្ត្រីមិនច្បាស់លាស់ ពួកគេតបវិញថា៖ «យើងគ្រាន់តែលេងសើចបែបនេះ ព្រោះយើងស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។ មនុស្សគួរតែយល់»។ ពួកគេបណ្ដែតបណ្ដោយខ្លួនរហូតដល់កម្រិតមួយ ដែលមិនត្រឹមតែអនុញ្ញាតឱ្យខ្លួនឯងបណ្ដែតបណ្ដោយខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអ្នកដទៃឱ្យចូលរួមក្នុងការបណ្ដែតបណ្ដោយខ្លួនរបស់ពួកគេទៀតផង។តើនេះជាប្រភេទមនុស្សអាក្រក់បែបណាទៅ? ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះគួរតែបន្តនៅក្នុងពួកជំនុំដែរឬទេ? (ទេ)។ ការនៅក្បែរមនុស្សប្រភេទនេះ តែងតែមានអារម្មណ៍មិនស្រួល និងឆ្គាំឆ្គង។ នៅពេលពួកគេឃើញនរណាម្នាក់ ពួកគេមិនស្វាគមន៍បែបធម្មតាឡើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែដាល់ពួកគេមួយដៃ ដោយនិយាយថា៖ «តើអ្នកបានទៅកន្លែងណា ប៉ុន្មានឆ្នាំមកនេះ? ខ្ញុំស្មានថាអ្នកបានរលាយបាត់ពីផែនដីនេះទៅហើយ! តើអ្នកសុខសប្បាយទេ?» សូម្បីតែរបៀបស្វាគមន៍របស់ពួកគេក៏ព្រៃផ្សៃ និងធ្វើឫកពាដែរ។ ពួកគេមិនត្រឹមតែនិយាយស្ដីបែបព្រៃផ្សៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងប្រើដៃប្រើជើងជាមួយអ្នកដទៃទៀតផង។ តើនេះមិនស្រដៀងនឹងអាកប្បកិរិយារបស់មនុស្សពាល និងមនុស្សទំនើងទេឬ? តើអ្នករាល់គ្នាចូលចិត្តមនុស្សបែបនេះដែរឬទេ? (ទេ។) តើអារម្មណ៍នៃការត្រូវបានគេចំអក និងលេងសើចគឺស្រួលចិត្តដែរឬទេ? (ទេ។) វាមិនស្រួលចិត្តឡើយ ហើយអ្នកមិនអាចសូម្បីតែសម្តែងចេញ បានផង។ អ្នកគ្រាន់តែត្រូវស៊ូទ្រាំនឹងវា ហើយនៅពេលក្រោយដែលអ្នកឃើញពួកគេ អ្នកជៀសវាងពួកគេពីចម្ងាយ។ សរុបសេចក្ដីមក តើនេះនិយាយអ្វីខ្លះអំពីគុណភាពនៃភាពជាមនុស្សរបស់មនុស្សបែបនេះ? (វាអន់។) មិនថាត្រូវបានមើលពីជ្រុងណានោះទេ មិនថាជាការនិយាយស្ដី និងអត្តចរិតរបស់ពួកគេ ការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ពួកគេ របៀបដែលពួកគេដោះស្រាយជាមួយពិភពលោក និងការទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ ទស្សនៈរបស់ពួកគេចំពោះនិន្នាការនៃពិភពលោកដែលគ្មានជំនឿ ឬរបៀបនៃការជឿលើព្រះជាម្ចាស់ និងឥរិយាបថ របស់ពួកគេចំពោះព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គនោះទេ វាមិនពិបាកទេក្នុងការមើលឃើញថា បុគ្គលទាំងនេះខ្វះភាពគោរពជឿ ឬចិត្តកោតខ្លាចដល់ព្រះជាម្ចាស់។ គេក៏មិនអាចមើលឃើញភាពស្មោះត្រង់ណាមួយនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ដែរ នៅពេលនិយាយដល់ការស្វែងរក ឬការទទួលយកសេចក្ដីពិត។ អ្វីដែលត្រូវបានសង្កេតឃើញគឺភាពបណ្ដែតបណ្ដោយខ្លួន និងកង្វះការទប់ចិត្តរបស់ពួកគេ ការយកតម្រាប់តាមតារា និងរូបព្រះជាប្រចាំរបស់ពួកគេ និងកង្វះបំណងក្នុងការកែប្រែទោះបីជាសេចក្ដីពិតត្រូវបានប្រកបគ្នាយ៉ាងណាក៏ដោយ។ តើលក្ខណៈនៃភាពជាមនុស្សរបស់ពួកគេអាចសង្ខេបបានថាជាអ្វី? គឺភាពបណ្ដែតបណ្ដោយខ្លួន និងកង្វះការទប់ចិត្ត។ ហេតុនេះ វាអាចត្រូវបានថ្លែងយ៉ាងច្បាស់ថា ពួកគេគឺជាអ្នកគ្មានជំនឿដែលបានលបចូលក្នុង ដំណាក់ព្រះជាម្ចាស់។ ពួកគេគឺជាអ្នកមិនជឿ។
មនុស្សដែលភ្លើតភ្លើន និងមិនចេះទប់ចិត្ត ប្រើប្រាស់ជម្រើសពាក្យពេចន៍ដូចគ្នានឹងមនុស្សទំនើង និងមនុស្សពាល នៃពិភពអ្នកគ្មានជំនឿដែរ។ ពួកគេចូលចិត្តជាពិសេសក្នុងការត្រាប់តាមការនិយាយស្តី និងស្ទីលរបស់តារា និងបុគ្គលអវិជ្ជមាននៅក្នុងសង្គម ដោយភាសាភាគច្រើនរបស់ពួកគេមានរបៀបនិយាយបែបថោកទាប ដែលស្តាប់ទៅដូចជាអ្វីដែលមនុស្សពាល និងមនុស្សយូកូងនិយាយអីចឹង។ ឧទាហរណ៍ នៅពេលដែលអ្នកគ្មានជំនឿម្នាក់មកដល់ ដោយពោលពាក្យប្លែកៗពីរបីឃ្លា បន្ទាប់ពីគោះទ្វាររួច បងប្អូនប្រុសស្រីនិយាយថា៖ «មានអ្វីមួយមិនស្រួលហើយ ហេតុអ្វីបានជាមនុស្សម្នាក់នេះមើលទៅដូចជាអ្នកយកការណ៍ ឬអ្នកស៊ើបការណ៍សម្ងាត់អីចឹង?» ទោះបីជាពួកគេមិនអាចប្រាកដក្នុងពេលនោះក៏ដោយ ក៏វាធ្វើឱ្យមនុស្សភាគច្រើនមានអារម្មណ៍មិនស្រួលឡើយ។ ប៉ុន្តែ អ្នកដែលភ្លើតភ្លើន និងមិនចេះទប់ចិត្តនោះនិយាយយ៉ាងសម្បើម ថែមទាំងមានឫកពាខ្លះទៀតផង ដោយនិយាយថា៖ «អ្នកស៊ើបការណ៍ឬ? មិនធ្វើឱ្យខ្ញុំខ្លាចទេ! ហេតុអ្វីត្រូវខ្លាចពួកគេ? ប្រសិនបើអ្នករាល់គ្នាខ្លាច អ្នកមិនបាច់ចេញទៅក្រៅទេ។ ខ្ញុំនឹងទៅមើលថាពួកគេចង់បានអ្វី។» មើលទៅថាពួកគេក្លាហាន និងហ៊ានយ៉ាងណា។ តើអ្នករាល់គ្នានឹងនិយាយបែបនេះដែរឬទេ? (ទេ នេះមិនមែនជារបៀបដែលមនុស្សធម្មតានិយាយនោះទេ វាដូចជាអ្វីដែលមនុស្សទំនើងនិយាយអីចឹង)។ មនុស្សទំនើងនិយាយខុសពីមនុស្សធម្មតា ពួកគេក្អេងក្អាងជាពិសេស។ មនុស្សរៀនភាសាតាមប្រភេទរបស់ខ្លួន មនុស្សដែលស្គាល់ពីសង្គមខាងក្រៅច្រើនតែងទទួលយកភាសាដែលពេញនិយមក្នុងសង្គមមកប្រើ មនុស្សទំនើង និងមនុស្សពាលចូលចិត្តនិយាយពាក្យបច្ចេកទេសរបស់ខ្លួន ហើយអ្នកមិនជឿគឺដូចជាអ្នកគ្មានជំនឿអីចឹងដែរ ដោយនិយាយអ្វីគ្រប់យ៉ាងដែលពួកអ្នកគ្មានជំនឿនិយាយ។ មនុស្សល្អ មានសេចក្ដីថ្លៃថ្នូរ និងសមរម្យ មានអារម្មណ៍ស្អប់ខ្ពើម និងខ្ពើមរអើម នៅពេលឮការនិយាយស្តីរបស់អ្នកគ្មានជំនឿ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេព្យាយាមត្រាប់តាមការនិយាយស្តីបែបនោះឡើយ។ ពួកអ្នកមិនជឿខ្លះ ទោះបីជាបានជឿអស់រយៈពេលដប់ ឬម្ភៃឆ្នាំហើយក៏ដោយ ក៏នៅតែប្រើប្រាស់ភាសារបស់ពួកអ្នកគ្មានជំនឿដដែល ដោយមានចេតនាជ្រើសរើសការនិយាយស្តីបែបនោះ ហើយខណៈពេលកំពុងនិយាយ ពួកគេថែមទាំងត្រាប់តាមអត្តចរិត ទឹកមុខ និងកាយវិការរបស់ពួកអ្នកគ្មានជំនឿ ព្រមទាំងការសម្លឹងមើលដោយកែវភ្នែករបស់ពួកគេទៀតផង។ តើបុគ្គលបែបនេះអាចគាប់ចិត្តក្នុងក្រសែភ្នែកបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំដែរឬទេ? (ទេ)។ បងប្អូនប្រុសស្រីភាគច្រើនយល់ថាពួកគេមិនគួរឱ្យចូលចិត្ត និងមិនស្រួលមើលឡើយ។ តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះពួកគេ? (ស្អប់ខ្ពើម)។ ចម្លើយគឺច្បាស់ណាស់៖ ស្អប់ខ្ពើម។ តាមរយៈអ្វីដែលពួកគេសម្ដែងចេញ ការដេញតាមរបស់ពួកគេ និងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលពួកគេគោរពកោតខ្លាចនៅក្នុងចិត្ត វាច្បាស់ណាស់ថា ភាពជាមនុស្សរបស់ពួកគេ មិនមានសេចក្ដីថ្លៃថ្នូរ ឬមានភាពសមរម្យឡើយ ហើយនៅឆ្ងាយយ៉ាងខ្លាំងពីការគោរពប្រតិបត្តិ និងការសមស្របតាមសុជីវធម៌របស់ពួកបរិសុទ្ធ។ វាជារឿងកម្រណាស់ដែលឮពាក្យសម្ដីដែលអ្នកជឿ ឬពួកបរិសុទ្ធគួរនិយាយ និងពាក្យសម្ដីដែលជួយស្អាងអ្នកដទៃ និងបង្ហាញពីសេចក្ដីសុចរិតភាព និងសេចក្ដីថ្លៃថ្នូរ។ ពួកគេមិនងាយនឹងនិយាយពាក្យទាំងនេះឡើយ។ អ្វីដែលពួកគេគោរពកោតខ្លាច ប្រាថ្នាចង់បាន និងដេញតាមនៅក្នុងចិត្តរបស់ពួកគេ គឺមិនចុះសម្រុងជាមូលដ្ឋានជាមួយនឹងអ្វីដែលពួកបរិសុទ្ធគួរដេញតាម និងប្រាថ្នាចង់បានឡើយ ដែលធ្វើឱ្យពិបាកនឹងទប់ចិត្តនូវអ្វីដែលពួកគេសម្ដែងចេញមកក្រៅ ការនិយាយស្តី និងឥរិយាបថរបស់ពួកគេ។ ការសុំឱ្យពួកគេចេះទប់ចិត្ត មិនបណ្ដែតបណ្ដោយខ្លួន ឬមិនផ្តេកផ្តួល ហើយរក្សាសេចក្ដីថ្លៃថ្នូរ និងភាពសមរម្យ គឺជាការទាមទារដ៏ខ្ពស់ខ្លាំង។ កុំថាឡើយការរស់នៅដូចមនុស្សដែលមានភាពជាមនុស្ស និងវិចារណញ្ញាណ ដែលយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ពួកគេមិនអាចសូម្បីតែការសម្រេចបាននូវការធ្វើជាមនុស្សធម្មតាម្នាក់ដែលមានសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរ ដែលសមស្របតាមសុជីវធម៌របស់ពួកបរិសុទ្ធ គោរពតាមច្បាប់ទម្លាប់ និងមើលទៅមានតម្រិះប្រកបដោយវិចារណញ្ញាណនៅខាងក្រៅ។ កាលពីមុន មានមនុស្សម្នាក់ដែលបានទៅជនបទដើម្បីផ្សាយដំណឹងល្អ ហើយបានឃើញថា បងប្អូនប្រុសស្រីខ្លះមានគ្រួសារក្រីក្រ និងរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម។ គាត់បាននិយាយដោយចំអក និងកំប្លែងលេងសើចថា៖ «ផ្ទះនេះចាស់ទ្រុឌទ្រោមណាស់ មិនសមឱ្យមនុស្សរស់នៅទេ វាសមសម្រាប់តែជ្រូកនៅប៉ុណ្ណោះ។ អ្នកគួរតែរើចេញឱ្យលឿនទៅ!» បងប្អូនប្រុសស្រីបានឆ្លើយតបថា៖ «ការរើចេញគឺងាយស្រួលទេ ប៉ុន្តែតើនរណានឹងផ្ដល់ផ្ទះផ្សេងទៀតឱ្យពួកយើងរស់នៅ?» គាត់បាននិយាយដោយមិនចេះគិត និងតាមតែអំពើចិត្ត ដោយនិយាយអ្វីក៏ដោយដែលនឹកឃើញនៅក្នុងចិត្ត ដោយមិនគិតពីផលប៉ះពាល់ដែលវាអាចមានលើអ្នកដទៃឡើយ។ នេះគឺជាការមានធម្មជាតិដ៏ថោកទាប។ បងប្អូនប្រុសស្រីបានសួរថា៖ «ប្រសិនបើពួកយើងរើចេញ តើនរណានឹងឱ្យផ្ទះពួកយើងរស់នៅ? តើអ្នកមានផ្ទះទេ?» គាត់គ្មានចម្លើយឡើយ។ ដោយឃើញថាមនុស្សកំពុងជួបការលំបាក គាត់គួរតែអាចដោះស្រាយការលំបាករបស់ពួកគេសិន មុននឹងនិយាយ។ តើអ្វីទៅជាផលវិបាកនៃការដែលគាត់និយាយដោយមិនចេះគិត ដោយមិនអាចដោះស្រាយការលំបាករបស់ពួកគេបាន? តើនេះជាបញ្ហានៃការនិយាយដោយត្រង់ និងឥតលាក់លៀមពេកឬ? ដាច់ខាតមិនមែនទេ។ បញ្ហាគឺថា ភាពថោកទាបរបស់គាត់ធ្ងន់ធ្ងរពេក គាត់គឺជាមនុស្សដែលភ្លើតភ្លើន និងមិនចេះទប់ចិត្ត។ មនុស្សបែបនេះខ្វះខាតទាំងស្រុងនូវមនោគតិអំពីសុចរិតភាព សេចក្ដីថ្លៃថ្នូរ ការគិតគូរ ការអត់ឱន ការយកចិត្តទុកដាក់ ការគោរព ការយល់ដឹង ការអាណិតអាសូរ សេចក្ដីមេត្តាករុណា ការចេះគិតគូរ ការជួយ និងអ្វីៗផ្សេងទៀត។ គុណសម្បត្តិដែលចាំបាច់ទាំងនេះសម្រាប់ភាពជាមនុស្សធម្មតា គឺជាអ្វីដែលមនុស្សគួរតែមាន។ ពួកគេមិនត្រឹមតែខ្វះគុណសម្បត្តិទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ នៅពេលឃើញថានរណាម្នាក់កំពុងជួបការលំបាក ពួកគេថែមទាំងអាចពេបជ្រាយ សើចចំអក ចំអន់ និងតិះដៀលអ្នកទាំងនោះទៀតផង។ ពួកគេមិនត្រឹមតែគ្មានសមត្ថភាពយល់ ឬជួយអ្នកទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងនាំមកនូវភាពសោកសៅ ភាពអស់សង្ឃឹម ការឈឺចាប់ និងថែមទាំងបញ្ហាដល់អ្នកទាំងនោះទៀតផង។ ចំពោះអស់អ្នកដែលមានភាពថោកទាបធ្ងន់ធ្ងរបែបនេះ មនុស្សភាគច្រើនមើលឃើញពួកគេយ៉ាងច្បាស់ និងស៊ូទ្រាំនឹងពួកគេម្ដងហើយម្ដងទៀត។ តើអ្នករាល់គ្នាគិតថា មនុស្សបែបនេះអាចមានការប្រែចិត្តពិតប្រាកដដែរទេ? ខ្ញុំមិនគិតថា វាអាចទៅរួចទេ។ តាមសារជាតិធម្មជាតិរបស់ពួកគេ ពួកគេមិនមែនជាអ្នកស្រឡាញ់សេចក្ដីពិតឡើយ ដូច្នេះ តើពួកគេអាចទទួលយកការលួសកាត់ និងការប្រៀនប្រដៅដោយរបៀបណា? ក្នុងការពិពណ៌នាអំពីមនុស្សបែបនេះ ពួកអ្នកគ្មានជំនឿមានពាក្យដូចជា «ប្រកាន់ខ្ជាប់តាមរបៀបផ្ទាល់ខ្លួន» ឬ «ដើរតាមផ្លូវផ្ទាល់ខ្លួន ដោយមិនខ្វល់ពីអ្វីដែលអ្នកដទៃនិយាយ» តើនេះជាតក្កវិជ្ជាដ៏គួរឱ្យអស់សំណើចអ្វីទៅ? ពាក្យពោលដែលគេហៅថាជាពាក្យពោលល្បីៗ និងសុភាសិតទាំងនេះ ជារឿយៗត្រូវបានគេមើលឃើញថាជារឿងវិជ្ជមាននៅក្នុងសង្គមនេះ ដែលបំភ្លៃការពិត និងធ្វើឱ្យច្រឡំរវាងខុស និងត្រូវ។ ចំពោះការបង្ហាញចេញនៃភាពជាមនុស្សរបស់អស់អ្នកដែលភ្លើតភ្លើន និងមិនចេះទប់ចិត្ត ជាមូលដ្ឋាន គឺបែបហ្នឹងឯង។
មិនថាតើបុគ្គលដែលភ្លើតភ្លើន និងមិនចេះទប់ចិត្តប៉ះពាល់ដល់ជីវិតពួកជំនុំ ទំនាក់ទំនងធម្មតាក្នុងចំណោមបងប្អូនប្រុសស្រី ឬការបំពេញភារកិច្ចជាប្រក្រតីរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្ដី ឱ្យតែការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញនូវភាពជាមនុស្សរបស់ពួកគេបង្កជាផលប៉ះពាល់ និងផលវិបាកអាក្រក់ ដែលរំខានដល់បងប្អូនប្រុសស្រី នោះបញ្ហាទាំងនេះគួរតែត្រូវបានដោះស្រាយ ហើយគួរតែចាត់វិធានការសមស្របចំពោះបុគ្គលបែបនេះ ជាជាងគ្រាន់តែបណ្ដោយឱ្យពួកគេធ្វើអ្វីតាមចិត្ត ដោយគ្មានការរារាំងនោះឡើយ។ ចំពោះករណីស្រាលៗ ការជួយ និងការគាំទ្រអាចត្រូវបានផ្តល់ឱ្យ ឬពួកគេអាចត្រូវបានលួសកាត់ និងព្រមាន។ ចំពោះករណីធ្ងន់ធ្ងរ ដែលឥរិយាបថ និងអត្តចរិតរបស់ពួកគេ គឺបណ្តែតបណ្តោយខ្លួនជាពិសេស ដូចជាឥរិយាបថ និងអត្តចរិតរបស់ ពួកអ្នកគ្មានជំនឿ ឬពួកអ្នកមិនជឿ ដែលគ្មានសុជីវធម៌ របស់ពួកបរិសុទ្ធសូម្បីបន្តិចនោះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរបស់ពួកជំនុំ គួរតែរកដំណោះស្រាយសមស្របដើម្បីចាត់ចែងបុគ្គលទាំងនេះ។ ប្រសិនបើបងប្អូនប្រុសស្រីភាគច្រើនយល់ព្រម ហើយលក្ខខណ្ឌអំណោយផល បុគ្គលទាំងនេះគួរតែត្រូវបានបោសសម្អាតចេញ។ យ៉ាងហោចណាស់ ពួកគេមិនគួរត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ចនៅក្នុងពួកជំនុំដែលបំពេញភារកិច្ចពេញម៉ោងឡើយ។ តើ «ចំពោះករណីស្រាលៗ» សំដៅលើអ្វី? វាមានន័យថា មនុស្សមួយចំនួនគឺជាអ្នកជឿថ្មី ដែលពីដើមឡើយជាអ្នកគ្មានជំនឿ ដែលមិនធ្លាប់ជឿលើគ្រីស្ទសាសនា ហើយមិនយល់ថាការជឿលើព្រះជាម្ចាស់តម្រូវឱ្យធ្វើអ្វីខ្លះឡើយ។ ការនិយាយស្តី និងឫកពាររបស់ពួកគេ បញ្ចេញឱ្យឃើញទម្លាប់របស់ពួកអ្នកគ្មានជំនឿ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការប្រកបគ្នាអំពីសេចក្ដីពិត និងការរស់នៅក្នុងជីវិតពួកជំនុំ ពួកគេកែប្រែ និងផ្លាស់ប្ដូរជាបណ្តើរៗ ដែលក្លាយមកជាដូចអ្នកជឿ និងបង្ហាញលក្ខណៈជាមនុស្សខ្លះៗ។ បុគ្គលទាំងនេះមិនគួរត្រូវបានចាត់ថ្នាក់ចូលក្នុងជួរមនុស្សអាក្រក់ឡើយ ប៉ុន្តែជាអស់អ្នកដែលអាចជួយបាន។ មួយក្រុមទៀត គឺមនុស្សវ័យក្មេង ដែលមានអាយុប្រហែលម្ភៃឆ្នាំ ដែលទោះបីជាបានជឿលើព្រះជាម្ចាស់អស់រយៈពេលបីទៅប្រាំឆ្នាំហើយក៏ដោយ ក៏នៅតែបណ្តោយខ្លួនទៅនឹងការលេងសើចច្រើន មិនសូវនឹងនរ បង្ហាញចរិតដូចកូនក្មេងខ្លះៗនៅក្នុងការនិយាយស្តីចេញមកក្រៅ និងអត្តចរិតរបស់ពួកគេ ពោលគឺនិយាយ ប្រព្រឹត្ត និងធ្វើសកម្មភាពដូចកូនក្មេង និងអ្វីៗផ្សេងទៀត ដោយសារតែវ័យក្មេងរបស់ពួកគេ។ ចំពោះមនុស្សទាំងនេះ ការជួយ និងការគាំទ្រគួរតែត្រូវបានផ្ដល់ឱ្យដោយក្តីស្រឡាញ់។ ពួកគេគួរតែត្រូវបានផ្តល់ពេលវេលាឱ្យបានគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរជាបណ្តើរៗ ដោយមិនដាក់ការទាមទារតឹងរ៉ឹងពេកទេ។ ជាការពិតណាស់ ចំពោះមនុស្សពេញវ័យដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែបង្ហាញការនិយាយស្តី អត្តចរិត អាកប្បកិរិយា និង សកម្មភាពដែលភ្លើតភ្លើន និងមិនចេះទប់ចិត្ត ដូចអ្នកគ្មានជំនឿ ហើយដែលបដិសេធមិនផ្លាស់ប្ដូរ ទោះបីជាមានការដាស់តឿនជាច្រើនដងក៏ដោយ នោះចាំបាច់ត្រូវមានវិធីសាស្ត្រផ្សេង។ ពួកគេគួរតែត្រូវបានចាត់ចែងស្របតាមបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើការនិយាយស្តី ឫកពានិងការបញ្ចេញឱ្យឃើញនូវភាពជាមនុស្សរបស់បុគ្គលបែបនេះ រំខានដល់មនុស្សភាគច្រើន និងបង្កើតជាផលប៉ះពាល់អាក្រក់នៅក្នុងពួកជំនុំ ដែលធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ស្អប់ខ្ពើមនៅពេលឃើញពួកគេ មិនចង់ស្ដាប់ពួកគេនិយាយ មិនចង់ឃើញទឹកមុខរបស់ពួកគេនៅពេលពួកគេនិយាយ ហើយក៏មិនចង់មើលការស្លៀកពាក់របស់ពួកគេ ហើយមនុស្សភាគច្រើនសប្បាយចិត្តជាង និងមានស្ថានភាពល្អជាង នៅពេលដែលបុគ្គលបែបនេះមិនចូលរួមការជួបជុំ ពោលគឺមានអារម្មណ៍មិនស្រួល និងស្អប់ខ្ពើមចំពោះការចូលរួមលំៗ របស់ពួកគេនៅក្នុងជីវិតពួកជំនុំ និងវត្តមានលំៗ របស់ពួកគេនៅក្នុងចំណោមបងប្អូនប្រុសស្រី ហាក់ដូចជាមានសត្វល្អិតដែលបង្កការរំខានអីចឹង នោះបុគ្គលបែបនេះគឺជាមនុស្សអាក្រក់ដោយឥតសង្ស័យឡើយ។ ពោលគឺ នៅពេលណាដែលពួកគេរស់នៅក្នុងជីវិតពួកជំនុំ និងបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រី មនុស្សភាគច្រើនមានអារម្មណ៍ថាត្រូវបានរំខាន និងស្អប់ខ្ពើមជាខ្លាំង។ ក្នុងករណីបែបនេះ បុគ្គលទាំងនេះគួរតែត្រូវបានចាត់ចែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនត្រូវទុកចោលឱ្យធ្វើអ្វីតាមតែអំពើចិត្ត ឬត្រូវបន្តការសង្កេតមើលទៀតឡើយ។ យ៉ាងហោចណាស់ ពួកគេគួរតែត្រូវបានជម្រះចេញពីពួកជំនុំដែលបំពេញភារកិច្ចពេញម៉ោង ហើយបញ្ជូនទៅកាន់ពួកជំនុំសាមញ្ញដើម្បីប្រែចិត្ត។ ហេតុអ្វីបានជាចាត់ចែងតាមរបៀបនេះ? (ពួកគេបានបង្កការរំខាន និងផលវិបាកអាក្រក់ដល់មនុស្សភាគច្រើន ដែលរំខានដល់ជីវិតពួកជំនុំ)។ ពីព្រោះផលវិបាក និងផលប៉ះពាល់នៃការបង្ហាញចេញរបស់ពួកគេ គឺថោកទាបខ្លាំងណាស់! យោងតាមចំណុចនេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ព្រមទាំងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មិនគួរធ្វើជាមើលរំលងពួកគេ និងបណ្ដែតបណ្ដោយអាកប្បកិរិយារបស់ពួកគេដោយងងឹតងងល់ឡើយ។ វាជារឿងមិនសមរម្យទេសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ដែលមិនធ្វើអ្វីសោះ សូម្បីតែនៅពេលដែលបុគ្គលបែបនេះបង្កការរំខានដល់មនុស្សភាគច្រើនក៏ដោយ។ បុគ្គលបែបនេះគួរតែត្រូវបានជម្រះចេញពីពួកជំនុំ ស្របតាមបទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់ នេះគឺជាជម្រើសដ៏ឈ្លាសវៃបំផុត។
តើពីមុនមក ពួកជំនុំធ្លាប់បានដោះស្រាយ មនុស្សដែលបណ្តែតបណ្តោយខ្លួន និងមិនចេះទប់ចិត្តដែរឬទេ? (ធ្លាប់។) នៅពេលដែលមនុស្សបែបនេះត្រូវបានដោះស្រាយ ពួកគេខ្លះបានយំសោក ដោយនិយាយថា៖ «វាមិនមែនជាចេតនាទេ។ វាគ្រាន់តែជាអាកប្បកិរិយាមួយគ្រារបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេ។ សូមផ្ដល់ឱកាសឱ្យខ្ញុំម្ដងទៀតផង! ប្រសិនបើខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ចទេ ខ្ញុំនឹងមិនអាចជឿលើព្រះជាម្ចាស់បានឡើយ នៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ដែលនៅទីនោះគ្រប់គ្នាជាអ្នកគ្មានជំនឿ»។ ពួកគេនិយាយដោយអង្វរករជាខ្លាំង ហើយហាក់ដូចជាកើតទុក្ខពិតមែន ដែលសម្តែងចេញនូវការមិនដាច់ចិត្តចាកចេញពីព្រះជាម្ចាស់ និងសុំឱ្យដំណាក់ព្រះជាម្ចាស់ផ្ដល់ឱកាសឱ្យពួកគេម្ដងទៀតដើម្បីប្រែចិត្ត។ ការផ្ដល់ឱកាសឱ្យពួកគេម្ដងទៀតគឺអាចធ្វើទៅបាន ប៉ុន្តែចំណុចសំខាន់គឺថាតើពួកគេអាចផ្លាស់ប្ដូរបានឬអត់។ ប្រសិនបើមើលឃើញយ៉ាងច្បាស់ថា បុគ្គលនេះគ្មានភាពជាមនុស្សសូម្បីបន្តិច គ្មានមនសិការ ឬវិចារណញ្ញាណ ដែលជាមូលដ្ឋាន គឺជារបស់ដែលគ្មានបេះដូង និងគ្មានវិញ្ញាណ នោះពួកគេមិនគួរត្រូវបានផ្ដល់ឱកាសម្ដងទៀតឡើយ។ វានឹងឥតសារ។ ប៉ុន្តែប្រសិនបើធាតុពិតរបស់បុគ្គលនោះល្អ ហើយគ្រាន់តែថាភាពជាមនុស្សរបស់ពួកគេមិនទាន់ចាស់ទុំ ដោយសារតែវ័យក្មេងរបស់ពួកគេ ហើយពួកគេមុខជាផ្លាស់ប្ដូរ ក្នុងរយៈពេលពីរបីឆ្នាំទៀត នោះពួកគេត្រូវតែបានផ្តល់ឱ្យនូវឱកាសដើម្បីប្រែចិត្ត។ ពួកគេមិនត្រូវដកចេញពីពួកជំនុំដាច់ខាត។ មិនត្រូវឱ្យមនុស្សល្អណាម្នាក់អាចត្រូវបានបំផ្លាញឡើយ។ មនុស្សមួយចំនួនគឺជាអ្នកមិនជឿពីកំណើត ពួកគេជារបស់ដែលបណ្តែតបណ្តោយខ្លួន មិនចេះដឹង និងល្ងីល្ងើពីកំណើត ហើយនៅក្នុងភាពជាមនុស្សរបស់ពួកគេ ពួកគេខ្វះមនោគតិអំពីកិត្តិយសពីកំណើតដែលមិនដឹងថាសេចក្ដីអៀនខ្មាសជាអ្វីឡើយ។ បន្ទាប់ពីបានប្រព្រឹត្តក្នុងរបៀបដែលមិនថ្លៃថ្នូរនៅទីសាធារណៈ មនុស្សភាគច្រើននឹងមានអារម្មណ៍ស្ដាយក្រោយ និងអៀនខ្មាសក្នុងការប្រឈមមុខនឹងអ្នកដទៃ។ លើសពីនេះទៅទៀត នៅពេលដែលពួកគេចង់ធ្វើរឿងបែបនេះ ពួកគេអាចចេះគិតគូរដល់អារម្មណ៍ និងមតិយោបល់របស់បងប្អូនប្រុសស្រី ហើយគិតដល់សេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរផ្ទាល់របស់ខ្លួនឯង ហើយពួកគេនឹងមិនប្រព្រឹត្តក្នុងរបៀបបែបនេះឡើយ។ យ៉ាងច្រើនពួកគេប្រហែលជាគ្រាន់តែឡូឡានៅផ្ទះជាមួយកូនៗ ឬបងប្អូនរបស់ពួកគេប៉ុណ្ណោះ។ នៅពេលនៅខាងក្រៅ ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មនុស្សគួរតែយល់ថា កិត្តិយស ភាពសមរម្យ ច្បាប់ទម្លាប់ និងសេចក្ដីថ្លៃថ្នូរមានន័យដូចម្ដេច។ តើមនុស្សដែលខ្វះការយល់ដឹងអំពីមនោគតិទាំងនេះអាចផ្លាស់ប្ដូរបានឬ ទោះបីជាមានជំនួយពីអ្នកក៏ដោយ? ទោះបីជាពួកគេចេះទប់ចិត្តនៅពេលឥឡូវនេះក៏ដោយ តើពួកគេអាចស៊ូទ្រាំបានយូរប៉ុនណា? មិនយូរទេ ពួកគេនឹងត្រឡប់ទៅរករបៀបចាស់របស់ពួកគេវិញជាមិនខាន។ ដោយសារតែមនុស្សបែបនេះខ្វះសេចក្ដីថ្លៃថ្នូរ និងសេចក្ដីអៀនខ្មាសនៅក្នុងភាពជាមនុស្សរបស់ពួកគេ ដែលមិនដឹងថាច្បាប់ទម្លាប់ ភាពសមរម្យ ឬ សុជីវធម៌ របស់ពួកបរិសុទ្ធមានន័យដូចម្ដេច ហើយភាពជាមនុស្សរបស់ពួកគេមិនមានគុណសម្បត្តិទាំងនេះពីកំណើត នោះអ្នកមិនអាចជួយពួកគេបានឡើយ។ មនុស្សដែលមិនអាចត្រូវបានជួយគឺជាមនុស្សដែលមិនអាចផ្លាស់ប្ដូរបាន ជាមនុស្សដែលមិនអាចទទួលការណែនាំ ឬទទួលឥទ្ធិពលបាន។ បុគ្គលបែបនេះត្រូវតែជម្រះចេញឱ្យបានលឿន និងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារកុំឱ្យពួកគេបង្កការរំខាននៅក្នុងចំណោមបងប្អូនប្រុសស្រី និងការពារកុំឱ្យនាំមកនូវភាពអាម៉ាស់នៅទីនេះ។ ដំណាក់ព្រះជាម្ចាស់មិនត្រូវការនរណាម្នាក់មកគ្រាន់តែដើម្បីបង្គ្រប់ចំនួននោះទេ។ ប្រសិនបើព្រះជាម្ចាស់មិនសង្គ្រោះនរណាម្នាក់ទេ នោះការគ្រាន់តែបង្គ្រប់ចំនួនប៉ុនណាក៏ដោយ ក៏នឹងគ្មានប្រយោជន៍សម្រាប់បុគ្គលនោះដែរ។ អស់អ្នកដែលព្រះជាម្ចាស់មិនទទួលស្គាល់គួរតែត្រូវបានដកចេញ។ ចូរជម្រះចេញនូវអស់អ្នកដែលមិនគួរនៅសល់ក្នុងដំណាក់ព្រះជាម្ចាស់ ក្រែងលោវត្តមានរបស់បុគ្គលម្នាក់នេះ ប៉ះពាល់អាក្រក់ដល់អ្នកដទៃជាច្រើនទៀត ដែលជារឿងមិនយុត្តិធម៌ចំពោះមនុស្សភាគច្រើន។ ប្រសិនបើអ្នករាល់គ្នាមើលធ្លុះដល់សារជាតិនៃអស់អ្នកដែលបណ្តែតបណ្តោយខ្លួន និងមិនចេះទប់ចិត្ត អ្នកគួរតែដោះស្រាយពួកគេ និងដកពួកគេចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាជាងអត់ឱនឱ្យពួកគេដោយគ្មានកំណត់។ អ្នកខ្លះនិយាយថា៖ «ម្តងម្កាលពួកគេពិតជាបង្កើតបានលទ្ធផលខ្លះ នៅពេលបំពេញភារកិច្ចរបស់ពួកគេ។ កិច្ចការផ្នែកនោះនៅតែត្រូវការពួកគេ។ ពួកគេក៏មានចិត្តស្រឡាញ់គួរសមដែរ និងអាចលះបង់ខ្លះៗ»។ ប៉ុន្តែតើនរណានៅក្នុងចំណោមអស់អ្នកដែលនៅសល់ក្នុងដំណាក់ព្រះជាម្ចាស់ដែលមិនអាចលះបង់ខ្លះៗបាននោះ? តើនរណាដែលមិនអាចសម្រេចបានលទ្ធផលខ្លះៗ នៅពេលបំពេញភារកិច្ចរបស់ពួកគេនោះ? ប្រសិនបើមនុស្សគ្រប់គ្នាអាចបង្កើតបានលទ្ធផលខ្លះៗ ហេតុអ្វីមិនជ្រើសរើសមនុស្សល្អដែលមានសេចក្ដីថ្លៃថ្នូរ និងសមរម្យដើម្បីបំពេញភារកិច្ច? ហេតុអ្វីបានជាទទូចចង់ទុកមនុស្សប្រភេទដែលជាមនុស្សថោកទាប មនុស្សខូចខិល និងមនុស្សល្ងីល្ងើពកថ្ងាស នៅក្នុងពួកជំនុំដែលបំពេញភារកិច្ចពេញម៉ោងដើម្បីបង្កការរំខានដូច្នេះ? ហេតុអ្វីបានជាទទូចចង់ទុកអ្នកមិនជឿទាំងនោះ ដែលរស់នៅដូចជាអ្នកគ្មានជំនឿ ឱ្យធ្វើការដោយកម្លាំងនៅក្នុងដំណាក់ព្រះជាម្ចាស់ដូច្នេះ? ដំណាក់ព្រះជាម្ចាស់មិនខ្វះអ្នកធ្វើការដោយកម្លាំងទេ ដំណាក់ព្រះជាម្ចាស់គ្រាន់តែចង់បានមនុស្សស្មោះត្រង់ដែលស្រឡាញ់សេចក្ដីពិត មនុស្សទៀងត្រង់ និងអស់អ្នកដែលអាចដេញតាមសេចក្ដីពិត ដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ប៉ុណ្ណោះ។
អស់អ្នកភាគច្រើនដែលកំពុងបំពេញភារកិច្ចនាពេលបច្ចុប្បន្ន គឺជាមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលច្រើនជាងប្រាំ ឬប្រាំមួយឆ្នាំមកហើយ ហើយមនុស្សគ្រប់ប្រភេទត្រូវបានបើកសម្តែងយ៉ាងពេញលេញនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ គឺអស់អ្នកដែលជាអ្នកមិនជឿ មនុស្សល្ងីល្ងើ អ្នកដឹកនាំក្លែងក្លាយ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ សុទ្ធតែត្រូវបានបើកសម្តែង ទាំងអស់។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើនបានឃើញយ៉ាងច្បាស់ថា មនុស្សទាំងនេះភាគច្រើនបដិសេធមិនផ្លាស់ប្ដូរ ទោះបីជាមានការដាស់តឿនជាច្រើនដងក៏ដោយ ដែលបានបង្កការរំខាន និងការបង្អាក់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់រួចទៅហើយ។ ពេលវេលាបានមកដល់ហើយ ដែលអ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ត្រូវតែជម្រះចេញ។ ការមិនជម្រះពួកគេចេញនឹងប៉ះពាល់ដល់ប្រតិបត្តិការនៃកិច្ចការរបស់ពួកជំនុំ និងការផ្សាយដំណឹងល្អអំពីនគរព្រះ។ ការមិនជម្រះពួកគេចេញ នឹងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពោលគឺ ជីវិតពួកជំនុំនឹងបន្តត្រូវបានរំខាន ហើយនឹងមិនអាចរកឃើញសេចក្ដីសុខសាន្តឡើយ។ ហេតុដូច្នេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំគ្រប់ជាន់ថ្នាក់ គួរតែចាប់ផ្ដើមជម្រះពួកជំនុំ ស្របតាមព្រះរាជបំណង របស់ព្រះជាម្ចាស់ និងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំឃើញថា មនុស្សមួយចំនួនធំខ្វះភាពជាមនុស្ស។ ក្នុងអំឡុងពេលនៃការជួបជុំ អ្នកខ្លះបង្ហាញអាកប្បកិរិយាមិនសមរម្យគ្រប់បែបយ៉ាង ហើយមិនមានអត្តចរិតត្រឹមត្រូវឡើយ មិនថាអង្គុយ ឬឈរក្ដី ដោយមានរៀបចំទឹកតែ ទូរសព្ទដៃ ឡេលាបមុខ និងទឹកអប់ សុទ្ធតែនៅក្បែរខ្លួនពួកគេ។ អ្នកខ្លះដែលចូលចិត្តឱ្យខ្លួនមើលទៅស្រស់ស្អាតតែងមើលរូបរាងរបស់ខ្លួននៅក្នុងកញ្ចក់ និងផាត់មុខថែមឥតឈប់ ហើយអ្នកផ្សេងទៀតតែងតែផឹកទឹក អូសមើលទូរសព្ទរបស់ខ្លួនដើម្បីអានព័ត៌មាន ឬមើលវីដេអូនៃពិភពដែលមិនជឿ និយាយ និងជជែកគ្នាដោយអង្គុយគងអន្ទាក់ខ្លា ពត់ពែនខ្លួនដែលប្រហាក់ប្រហែលនឹងទម្រង់សត្វពស់ ដោយមិនសូម្បីតែរក្សាបានទម្រង់ដ៏ត្រឹមត្រូវមួួយផង។ ខ្ញុំក៏បានឮដែរថា មនុស្សមួយចំនួនត្រឡប់ទៅបន្ទប់ដេកវិញនៅពេលយប់ ហើយទម្រេតខ្លួននៅលើគ្រែទាំងមិនដោះស្បែកជើងផង ដោយដេករហូតដល់ភ្លឺ។ នៅពេលព្រឹក ពួកគេបើកភ្នែកឡើង មិនមែនដើម្បីអធិដ្ឋាន ឬពលីខាងវិញ្ញាណទេ ប៉ុន្តែដើម្បីឆែកមើលព័ត៌មាននៅលើទូរសព្ទដៃរបស់ពួកគេជាមុនសិន។ ក្នុងអំឡុងពេលទទួលទានអាហារ នៅពេលដែលពួកគេឃើញអាហារឆ្ងាញ់ ឬនៅពេលដែលពួកគេឃើញសាច់ ពួកគេទទួលទានយ៉ាងល្មោភ ដោយមិនខ្វល់ថាតើអ្នកដទៃនឹងបានទទួលទានឬអត់នោះទេ ឱ្យតែពួកគេបានឆ្អែត ហើយបន្ទាប់មកក៏ទៅដេកវិញភ្លាម។ ពួកគេខ្វះលក្ខណៈជាមនុស្សនៅក្នុងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ ដែលប្រព្រឹត្តបណ្តែតបណ្តោយខ្លួន និងមិនចេះទប់ចិត្ត ដូចអ្នកគ្មានជំនឿ ដែលមិនគោរពតាមច្បាប់ទម្លាប់អ្វីទាល់តែសោះ គ្មានការស្ដាប់បង្គាប់ ឬការចុះចូលសូម្បីបន្តិច គឺដូចជាសត្វតិរច្ឆានអីចឹង។ ប្រាប់ខ្ញុំមកមើល៍ តើមនុស្សប្រភេទដែលមានធម្មជាតិថោកទាប ធ្ងន់ធ្ងរបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? (ទេ។) បើអីចឹង តើមានប្រយោជន៍អ្វីដែលពួកគេជឿលើព្រះជាម្ចាស់? ដោយមានគុណសម្បត្តិអន់ពេកមិនអាចឈានដល់សេចក្ដីពិតបានទាល់តែសោះ តើពួកគេអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬ នៅពេលដែលពួកគេអាន? ដោយគ្មានច្បាប់ទម្លាប់ណាមួយក្នុងការប្រព្រឹត្តខ្លួន តើការធ្វើការដោយកម្លាំងរបស់ពួកគេអាចត្រូវតាមស្តង់ដាដែរឬ? ដោយគ្មានមនសិការ ឬវិចារណញ្ញាណ តើពួកគេអាចទទួលយកបានដែរឬទេ នៅពេលស្ដាប់សេចក្តីអធិប្បាយ និងស្ដាប់ការប្រកបគ្នាអំពីសេចក្ដីពិត? (ទេ។) អស់អ្នកដែលបង្ហាញអាកប្បកិរិយាទាំងនេះ ជាមូលដ្ឋានគ្រឹះ គឺខ្វះភាពជាមនុស្ស ដូច្នេះ តើពួកគេអាចទទួលបានសេចក្ដីពិតដោយរបៀបណាទៅ? អស់អ្នកដែលគ្មានភាពជាមនុស្សគឺជាសត្វតិរច្ឆាន ពួកអារក្ស មនុស្សស្លាប់ដែលគ្មានវិញ្ញាណ ដែលមិនអាចយល់សេចក្ដីពិតបានឡើយនៅពេលដែលពួកគេស្ដាប់ឮ ហើយមិនសមនឹងស្ដាប់សេចក្ដីពិតឡើយ។ ការឱ្យពួកគេយល់ និងទទួលបានសេចក្ដីពិតគឺដូចជាការបង្ខំត្រីឱ្យរស់នៅលើគោក ឬបង្ខំជ្រូកឱ្យហោះអីចឹង គឺមិនអាចទៅរួចទេ! កាលពីមុន នៅពេលនិយាយអំពីថាតើមនុស្សប្រភេទណាជាសត្វតិរច្ឆាន ពាក្យ «សត្វតិរច្ឆាន» ជារឿយៗត្រូវបានប្រើនាំមុខដោយពាក្យ «ឆ្កែ» ដូច្នេះ ពួកគេត្រូវបានហៅថា «ឆ្កែតិរច្ឆាន»។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចិញ្ចឹមឆ្កែ និងប្រាស្រ័យទាក់ទងជាមួយពួកវាយ៉ាងជិតស្និទ្ធ ខ្ញុំបានរកឃើញថា ឆ្កែមានចំណុចល្អបំផុតដែលមនុស្សខ្វះ៖ ពួកវាប្រព្រឹត្តតាមច្បាប់ទម្លាប់ ចេះស្ដាប់បង្គាប់ និងមានការគោរពខ្លួនឯង។ អ្នកកំណត់ព្រំដែនឱ្យពួកវាហាត់ប្រាណ ហើយពួកវានឹងហាត់ប្រាណតែនៅក្នុងព្រំដែននោះប៉ុណ្ណោះ ហើយគ្មានករណីលើកលែងឡើយ ពួកវានឹងមិនទៅកន្លែងដែលអ្នកហាមមិនឱ្យទៅដាច់ខាត។ ប្រសិនបើពួកវាដើរឆ្លងបន្ទាត់ដោយចៃដន្យ ពួកវានឹងថយក្រោយយ៉ាងលឿន ដោយគ្រវីកន្ទុយរបស់ពួកវាឥតឈប់ ដើម្បីសុំការអភ័យទោស និងទទួលស្គាល់កំហុសរបស់ពួកវា។ តើមនុស្សអាចធ្វើបែបនេះបានដែរឬទេ? (ទេ។) មនុស្សធ្វើមិនបានឡើយ។ ទោះបីជាឆ្កែប្រហែលជាមិនយល់ច្រើនដូចមនុស្សក៏ដោយ ក៏ពួកវាក្តាប់បានរឿងមួយដែរ៖ «នេះគឺជាទឹកដីរបស់ម្ចាស់ ជាផ្ទះរបស់ម្ចាស់។ ខ្ញុំទៅកន្លែងណាដែលម្ចាស់អនុញ្ញាត ហើយជៀសវាងកន្លែងដែលខ្ញុំត្រូវបានហាមមិនឱ្យទៅ»។ សូម្បីតែមិនបាច់វាយក៏ដោយ ក៏ពួកវាជៀសវាងមិនទៅទីនោះដែរ ពួកវាមានស្មារតីគោរពខ្លួនឯង។ សូម្បីតែឆ្កែក៏ដឹងថាសេចក្ដីអៀនខ្មាសជាអ្វីដែរ ចុះហេតុអ្វីបានជាមនុស្សមិនដឹង? តើវាហួសហេតុពេកទេក្នុងការចាត់ថ្នាក់អស់អ្នកដែលមិនស្គាល់សេចក្ដីអៀនខ្មាសថាជាសត្វតិរច្ឆាន? (ទេ មិនហួសហេតុទេ។) វាមិនហួសហេតុទាល់តែសោះ មនុស្សភាគច្រើនមិនមានសូម្បីតែគុណធម៌របស់ឆ្កែផង។ នៅពេលអនាគត នៅពេលដែលយើងនិយាយថាមនុស្សមួយចំនួនគឺជាសត្វតិរច្ឆាន យើងមិនអាចហៅពួកគេថា «ឆ្កែតិរច្ឆាន» ទៀតទេ នោះនឹងជាការប្រមាថដល់ឆ្កែ ដ្បិតមនុស្សទាំងនេះ សត្វតិរច្ឆានទាំងនេះ គឺអាក្រក់ជាងឆ្កែទៅទៀត។ ហេតុដូច្នេះហើយ នៅពេលដែលមនុស្សបែបនេះបង្កការរំខានដល់ជីវិតពួកជំនុំ ឬដល់ការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី ពួកគេត្រូវតែបានដកចេញជាបន្ទាន់ នេះគឺសមហេតុផល ត្រឹមត្រូវ និងមិនហួសហេតុទាល់តែសោះ។ នេះមិនមែនជាការគ្មានក្តីស្រឡាញ់នោះទេ នេះគឺជាការធ្វើតាមគោលការណ៍។ ទោះបីជាអស់អ្នកដែលបណ្តែតបណ្តោយខ្លួន និងមិនចេះទប់ចិត្ត បង្ហាញលទ្ធផលខ្លះនៅក្នុងភារកិច្ចរបស់ពួកគេក៏ដោយ តើពួកគេអាចត្រូវបានសង្គ្រោះដែរឬ? តើពួកគេជាមនុស្សដែលទទួលយកសេចក្ដីពិតដែរឬ? ពួកគេមិនអាចសូម្បីតែទប់ចិត្តចំពោះសកម្មភាពរបស់ខ្លួនឯងផង ដូច្នេះ តើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬ? ពួកគេមិនអាចរក្សាសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរផ្ទាល់របស់ខ្លួនឯងបានផង ដូច្នេះ តើពួកគេអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬ? នោះគឺមិនអាចទៅរួចទេ។ ដូច្នេះ ការដោះស្រាយ បុគ្គលទាំងនេះតាមរបៀបបែបនេះ គឺមិនហួសហេតុទាល់តែសោះ វាផ្អែកទាំងស្រុងលើគោលការណ៍ ហើយ ក្នុងគោលបំណងការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខានរបស់សាតាំងទាំងស្រុង។ សរុបសេចក្ដីមក នៅពេលរកឃើញបុគ្គលបែបនេះ ពួកគេគួរតែត្រូវបានដោះស្រាយទៅតាមនោះដែលផ្អែកលើ គោលការណ៍ជាច្រើនដែលខ្ញុំទើបតែបានលើកឡើង។ តើវាហួសហេតុពេកទេ ក្នុងការចាត់ថ្នាក់មនុស្សប្រភេទដែលពិតជាបណ្តែតបណ្តោយខ្លួន និងមិនចេះទប់ចិត្ត ហើយដែលពិតជាសម្ងំសុខក្នុង សាច់ឈាម ដោយគ្មានសុជីវធម៌ របស់ពួកបរិសុទ្ធសូម្បីបន្តិច ថាជាអ្នកគ្មានជំនឿ និងអ្នកមិនជឿ? (ទេ។) ដោយសារពួកគេត្រូវបានចាត់ថ្នាក់ថាជាអ្នកគ្មានជំនឿ និងអ្នកមិនជឿ នោះការរាប់ពួកគេបញ្ចូលទៅក្នុងជួរនៃប្រភេទមនុស្សអាក្រក់ផ្សេងៗដែលពួកជំនុំគួរដកចេញ គឺមិនហួសហេតុឡើយ។ មនុស្សដែលមិនអាចសូម្បីតែទប់ចិត្តចំពោះអាកប្បកិរិយា និងអត្តចរិត របស់ខ្លួនឯង ប្រាកដជាមិនអាចទទួលយកសេចក្ដីពិតបានឡើយ។ តើអស់អ្នកដែលមិនអាចទទួលយកសេចក្ដីពិត មិនមែនជាសត្រូវនៃសេចក្ដីពិតទេឬអី? (មែនហើយ ពួកគេគឺជាសត្រូវ។) តើវាហួសហេតុពេកទេក្នុងការកំណត់លក្ខណៈអស់អ្នកដែលជាសត្រូវនៃសេចក្ដីពិតថាជាមនុស្សអាក្រក់? (ទេ។) វាមិនហួសហេតុទាល់តែសោះ។ ដូច្នេះ គោលការណ៍សម្រាប់ការដោះស្រាយពួកគេគឺសមស្របទាំងស្រុង។
ឃ. មានទំនោរចង់សងសឹក
ការប្រកបគ្នារបស់យើងអំពីការបង្ហាញចេញរបស់មនុស្សប្រភេទទីបី គឺអស់អ្នកដែលបណ្តែតបណ្តោយខ្លួន និងមិនចេះទប់ចិត្ត បានបញ្ចប់ហើយ។ ក្រៅពីមនុស្សប្រភេទនេះ នៅមានមនុស្សជាច្រើនផ្សេងទៀតដែលស្ថិតក្នុងជំពូកមនុស្សអាក្រក់ ហើយពួកជំនុំគួរតែសម្គាល់ និងបោសសម្អាតប្រភេទមនុស្សអាក្រក់ទាំងនេះចេញ។ បន្ទាប់មក យើងនឹងពិភាក្សា អំពីប្រភេទទីបួន។ ក្នុងចំណោមមនុស្សអាក្រក់ផ្សេងៗដែលពួកជំនុំគួរតែសម្គាល់ និងបោសសម្អាតចេញនោះ ប្រភេទទីបួន គឺជាបញ្ហាប្រឈម និងជាការលំបាកដ៏ធំមួយ។ តើមនុស្សទាំងនេះ អាចជាអ្នកណា? ពួកគេគឺជាអស់អ្នកដែលមានទំនោរចង់សងសឹក។ តាមរយៈឃ្លាថា «មានទំនោរចង់សងសឹក» គឺច្បាស់ណាស់ថា មនុស្សទាំងនេះមិនមែនជាមនុស្សល្អឡើយ។ បើនិយាយតាមភាសាសាមញ្ញ ពួកគេគឺជាមនុស្សខូច។ បើវិនិច្ឆ័យតាមការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញជាប់លាប់ នូវភាពជាមនុស្សរបស់ពួកគេ ក៏ដូចជាគោលការណ៍នៃការប្រព្រឹត្តរបស់ពួកគេ ចិត្តរបស់ពួកគេមិនល្អទេ។ ដូចពាក្យពោលថា ពួកគេគឺជា «មនុស្សកាចសាហាវ»។ យើងនិយាយថា ពួកគេមិនមែនជាប្រភេទមនុស្សចិត្តល្អឡើយ និយាយឱ្យចំទៅ បុគ្គលទាំងនេះគ្មានចិត្តល្អទេ ប៉ុន្តែមានភាពកាចសាហាវ ភាពព្យាបាទ និងភាពឃោរឃៅ។ នៅពេលដែលនរណាម្នាក់និយាយ ឬធ្វើអ្វីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ មុខមាត់ ឬឋានៈរបស់បុគ្គលទាំងនេះ ឬដែលធ្វើឱ្យពួកគេអាក់អន់ចិត្ត ទីមួយ ពួកគេមានភាពប្រទូសរ៉ាយនៅក្នុងចិត្តរបស់ពួកគេ។ មួយផ្សេងទៀតដោយផ្អែកលើភាពប្រទូសរ៉ាយនេះ ពួកគេប្រព្រឹត្តដោយមានគោលបំណង និងទិសដៅក្នុងការបញ្ចេញសម្អប់ និងរំសាយសេចក្ដីក្រោធរបស់ខ្លួន ជាអាកប្បកិរិយាមួយដែលហៅថាជាការចង់សងសឹក។ តែងតែមានបុគ្គលបែបនេះមួយចំនួននៅក្នុងចំណោមមនុស្ស។ មិនថា មនុស្សម្នាពិពណ៌នាអំពីលក្ខណៈជាមនុស្សរបស់ពួកគេថាជាការប្រកាន់ច្រើន ការត្រួតត្រាប្រើអំណាច ឬការងាយនឹងប៉ះពាល់អារម្មណ៍ក៏ដោយ ទោះបីជាប្រើប្រាស់ពាក្យពេចន៍អ្វីដើម្បីពិពណ៌នា ឬសង្ខេបអំពីភាពជាមនុស្សរបស់ពួកគេក៏ដោយ ក៏ការបង្ហាញចេញជាទូទៅក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ គឺថា នរណាក៏ដោយដែលធ្វើឱ្យពួកគេឈឺចាប់ ឬអាក់អន់ចិត្ត ដោយអចេតនា ឬដោយចេតនា គឺត្រូវតែរងទុក្ខ និងប្រឈមមុខនឹងផលវិបាកដែលសមស្របតាមនោះ។ គឺដូចជាមនុស្សមួយចំនួននិយាយថា៖ «ធ្វើឱ្យពួកគេអាក់អន់ចិត្ត នោះអ្នកនឹងទទួលលទ្ធផលអាក្រក់លើសពីអ្វីដែលអ្នកគិត។ ប្រសិនបើអ្នកប៉ះពាល់ ឬធ្វើឱ្យពួកគេឈឺចាប់ កុំគិតថានឹងគេចផុតដោយងាយឱ្យសោះ»។ តើបុគ្គលបែបនេះមាននៅក្នុងចំណោមមនុស្សដែរឬទេ? (មាន។) ពួកគេពិតជាមានមែន។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ មិនថារឿងនោះសមនឹងខឹង ឬសមនឹងប្រកាន់ច្រើន ឬអត់នោះទេ អស់អ្នកដែលមានទំនោរចង់សងសឹក ទុកវាជាកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃរបស់ខ្លួន ដែលចាត់ទុកវាជារឿងសំខាន់បំផុត។ អ្នកណាក៏ដោយដែលធ្វើឱ្យពួកគេអាក់អន់ចិត្ត គឺមិនអាចទទួលយកបានឡើយ ហើយពួកគេទាមទារឱ្យបង់ថ្លៃតបស្នងសមសម្របតាមនោះ ដែលនេះគឺជាគោលការណ៍របស់ពួកគេសម្រាប់ប្រព្រឹត្តចំពោះមនុស្ស សម្រាប់ប្រព្រឹត្តចំពោះអ្នកណាក៏ដោយដែលពួកគេចាត់ទុកជាសត្រូវ។ ឧទាហរណ៍៖ នៅក្នុងជីវិតពួកជំនុំ មនុស្សមួយចំនួនប្រកបគ្នាអំពីសភាពរបស់ខ្លួន ឬប្រកបគ្នាជាធម្មតា និងចែករំលែកបទពិសោធរបស់ខ្លួន ដែលពិភាក្សាអំពីសភាព និងសេចក្ដីពុករលួយរបស់ពួកគេ។ ក្នុងការធ្វើបែបនេះ ពួកគេនិយាយពាក់ព័ន្ធដល់សភាព និងសេចក្ដីពុករលួយរបស់អ្នកដទៃដោយអចេតនា។ អ្នកនិយាយអាចនឹងគ្មានចេតនា ប៉ុន្តែអ្នកស្ដាប់បែរជាយកវាមកទុកក្នុងចិត្តទៅវិញ។ បន្ទាប់ពីស្ដាប់ហើយ បុគ្គលនេះមិនអាចយល់ដឹង ឬប្រព្រឹត្តចំពោះរឿងនេះបានត្រឹមត្រូវឡើយ ហើយពួកគេងាយនឹងកើតមានចិត្តគំនិតចង់សងសឹក។ ប្រសិនបើពួកគេមិនព្រមឱ្យរឿងនេះកន្លងផុតទៅ ហើយទទូចចង់វាយប្រហារ និងចង់សងសឹក នោះវានឹងបង្កបញ្ហាដល់កិច្ចការរបស់ពួកជំនុំ ដូច្នេះ រឿងនេះត្រូវតែដោះស្រាយឱ្យទាន់ពេលវេលា។ ឱ្យតែមានមនុស្សអាក្រក់នៅក្នុងពួកជំនុំ ការរំខាននឹងកើតមានជៀសមិនផុតឡើយ ដូច្នេះ មិនត្រូវមើលស្រាលលើហេតុការណ៍ដែលមនុស្សអាក្រក់រំខានដល់ពួកជំនុំឡើយ។ មិនថាដោយចេតនា ឬអត់នោះទេ ឱ្យតែអ្នកប៉ះពាល់ ឬធ្វើឱ្យពួកគេឈឺចាប់ ពួកគេនឹងមិនព្រមបញ្ចប់រឿងដោយងាយឡើយ។ ពួកគេគិតក្នុងចិត្តថា៖ «អ្នកនិយាយអំពីសេចក្ដីពុករលួយរបស់ខ្លួនឯង ហេតុអ្វីបានជាលើកឡើងពីខ្ញុំ? អ្នកនិយាយអំពីការស្គាល់ខ្លួនឯងរបស់អ្នក ហេតុអ្វីបានជាលាតត្រដាងខ្ញុំ? ការលាតត្រដាងសេចក្ដីពុករលួយរបស់ខ្ញុំធ្វើឱ្យខ្ញុំបាត់បង់មុខមាត់ និងសេចក្ដីថ្លៃថ្នូរ ធ្វើឱ្យខ្ញុំអាម៉ាស់មុខនៅក្នុងចំណោមបងប្អូនប្រុសស្រី ធ្វើឱ្យខ្ញុំបាត់បង់កិត្តិយស និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំ។ អីចឹង ខ្ញុំនឹងសងសឹកអ្នក អ្នកនឹងទទួលលទ្ធផលលើសពីអ្វីដែលអ្នកគិត! កុំគិតថាខ្ញុំងាយនឹងធ្វើបាបឱ្យសោះ កុំគិតថាអ្នកអាចជិះជាន់ខ្ញុំបាន ដោយសារតែជីវភាពគ្រួសារខ្ញុំក្រីក្រ និងឋានៈក្នុងសង្គមរបស់ខ្ញុំមិនខ្ពស់នោះ។ កុំចាត់ទុកខ្ញុំជាមនុស្សទន់ជ្រាយឱ្យសោះ ខ្ញុំមិនមែនជាមនុស្សដែលគេអាចមកលេងសើចជាមួយឡើយ!» មិនបាច់និយាយដល់របៀបដែលពួកគេអនុវត្តការសងសឹករបស់ខ្លួនទេ យើងគ្រាន់តែពិចារណាអំពីមនុស្សទាំងនេះផ្ទាល់បានហើយ៖ នៅពេលដែលពួកគេជួបប្រទះរឿងតូចតាចទាំងនេះ ដែលជារឿងកើតឡើងជាញឹកញាប់នៅក្នុងជីវិតពួកជំនុំ ពួកគេមិនត្រឹមតែមិនអាចប្រព្រឹត្តចំពោះ ឬយល់ដឹងអំពីរឿងទាំងនេះបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងកើតមានសម្អប់ និងរង់ចាំឱកាសដើម្បីសងសឹកទៀតផង ដែលថែមទាំងប្រើមធ្យោបាយដ៏គ្មានសីលធម៌ដើម្បីអនុវត្តការសងសឹករបស់ខ្លួន។ តើនេះបញ្ជាក់អ្វីខ្លះអំពីភាពជាមនុស្សរបស់ពួកគេ? (វាមានភាពព្យាបាទ។) តើពួកគេជាមនុស្សចិត្តល្អដែរឬទេ? (ទេ)។ ប្រភេទមនុស្សល្អបំផុត គឺជាអ្នកដែលអាចទទួលយកសេចក្ដីពិតបាន។ នៅពេលដែលពួកគេឮអ្នកដទៃប្រកបគ្នា និងចែករំលែកបទពិសោធរបស់ខ្លួន ពួកគេរិះគិតថា៖ «ខ្ញុំក៏មានសេចក្ដីពុករលួយនេះដែរ។ អ្វីដែលពួកគេពិពណ៌នា ហាក់ដូចសភាពរបស់ខ្ញុំ។ មិនថាពួកគេមានចេតនាលាតត្រដាងខ្ញុំ ឬនិយាយដោយអចេតនាអំពីអ្វីមួយដែលចៃដន្យដូចសភាពរបស់ខ្ញុំនោះទេ ខ្ញុំនឹងយល់ដឹងវាឱ្យបានត្រឹមត្រូវ គឺខ្ញុំនឹងស្ដាប់ពីរបៀបដែលពួកគេបានឆ្លងកាត់បទពិសោធនេះ របៀបដែលពួកគេស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសភាពនេះ និងរបៀបដែលពួកគេអនុវត្ត និងចូលទៅក្នុង»។ នេះគឺជាមនុស្សដែលពិតជាទទួលយកសេចក្ដីពិត។ មនុស្សដែលអន់ជាងនេះបន្តិច នៅពេលឮបែបនេះ អាចនឹងគិតថា៖ «ហេតុអ្វីបានជានិស្ស័យពុករលួយដែលពួកគេទទួលស្គាល់ ដូចជាសភាពរបស់ខ្ញុំម៉្លេះ? តើពួកគេកំពុងនិយាយអំពីខ្ញុំឬ? មិនអីទេ ទុកឱ្យពួកគេនិយាយចុះ។ យ៉ាងណាមិញ ខ្ញុំមិនបានខាតបង់អ្វីឡើយ ហើយយ៉ាងណា មនុស្សភាគច្រើនប្រហែលជាមិនដឹងផង។ ប្រហែលជាពួកគេគ្រាន់តែនិយាយអំពីខ្លួនឯង ហើយវាគ្រាន់តែចៃដន្យដូចសភាពរបស់ខ្ញុំប៉ុណ្ណោះ យើងទាំងអស់គ្នាមានសភាពដូចគ្នាទេតើ»។ ពួកគេមិនចាត់ទុកជារឿងធ្ងន់ធ្ងរឡើយ មិនមានសម្អប់នៅក្នុងចិត្ត ហើយក៏មិនបង្កើតចិត្តគំនិតចង់សងសឹកដែរ។ ប៉ុន្តែវាខុសគ្នាសម្រាប់មនុស្សអាក្រក់ដែលមិនមានចិត្តល្អ។ អ្នកដទៃមុខជាមើលឃើញរឿងដដែលនេះជារឿងធម្មតា ដែលដោះស្រាយ និងប្រព្រឹត្តចំពោះវាតាមនោះ។ ជាការពិតណាស់ មនុស្សល្អដែលទទួលយកសេចក្ដីពិតនឹងដោះស្រាយវាដោយសកម្មជាមុន និងក្នុងផ្លូវវិជ្ជមាន។ មនុស្សសាមញ្ញ ទោះបីជាមិនដោះស្រាយវាក្នុងផ្លូវវិជ្ជមានក៏ដោយ ក៏មិនមានសម្អប់ដែរ កុំថាឡើយចង់សងសឹកនោះ។ ប៉ុន្តែសម្រាប់មនុស្សមិនមានចិត្តល្អទាំងនោះ រឿងធម្មតា និងសាមញ្ញបំផុតបែបនេះ អាចបណ្តាលឱ្យពួកគេមានភាពច្របូកច្របល់ក្នុងចិត្ត ដែលធ្វើឱ្យពួកគេមិនអាចស្ងប់ចិត្តបានឡើយ។ អ្វីដែលពួកគេបង្កើតឡើង មិនមែនជារឿងវិជ្ជមាន ឬសាមញ្ញទេ ប៉ុន្តែជារឿងកាចសាហាវ និងទុច្ចរិត ពោលគឺពួកគេចង់សងសឹក។ តើអ្វីជាហេតុផលសម្រាប់ការសងសឹករបស់ពួកគេ? ពួកគេជឿថា មនុស្សមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះពួកគេដោយពាក្យសម្ដីព្យាបាទដែលលាតត្រដាងស្ថានភាពពិតអំពីពួកគេ ក៏ដូចជាផ្នែកដ៏អាក្រក់ និងសេចក្ដីពុករលួយរបស់ពួកគេផងដែរ។ ពួកគេចាត់ទុកអ្វីដែលមនុស្សនិយាយថាជាចេតនា ហេតុនេះហើយចាត់ទុកអ្នកទាំងនោះជាសត្រូវរបស់ខ្លួន។ បន្ទាប់មក ពួកគេមានអារម្មណ៍ថាត្រឹមត្រូវក្នុងការប្រើការសងសឹកដើម្បីដោះស្រាយរឿងនេះ ដែលប្រើមធ្យោបាយផ្សេងៗដើម្បីសម្រេចគោលបំណងសងសឹករបស់ខ្លួន។ តើនេះមិនមែនជានិស្ស័យកាចសាហាវទេឬ? (មែនហើយ ជានិស្ស័យកាចសាហាវ។) នៅក្នុងជីវិតពួកជំនុំ នៅពេលដែលបងប្អូនប្រុសស្រីនិយាយអំពីសភាពរបស់ខ្លួន អ្នកស្ដាប់ភាគច្រើនអាចយល់អារម្មណ៍ហ្នឹង និងទទួលយកវាពីព្រះជាម្ចាស់។ មានតែអ្នកដែលស្អប់ខ្ពើម សេចក្ដីពិត និងមាននិស្ស័យទុច្ចរិតប៉ុណ្ណោះ ដែលបង្កើតភាពប្រទូសរ៉ាយ និងថែមទាំងមានចិត្តគំនិតចង់សងសឹកនៅពេលឮវា ដែលលាតត្រដាងសារជាតិធម្មជាតិរបស់ពួកគេយ៉ាងច្បាស់។ នៅពេលដែលចិត្តគំនិតចង់សងសឹកកើតឡើងហើយ នោះអាកប្បកិរិយា និងសកម្មភាពសងសឹកជាបន្តបន្ទាប់នឹងកើតមានឡើងតាមក្រោយ។ នៅពេលដែលសកម្មភាពនៃការសងសឹកលេចឡើង តើទំនាក់ទំនងរវាងមនុស្សនឹងក្លាយទៅជាយ៉ាងណា? វាមិនត្រឹមត្រូវទៀតឡើយ។ ហើយតើនរណាជាជនរងគ្រោះពិតប្រាកដនៅក្នុងរឿងនេះ? (គឺមនុស្ស ដែលពួកគេចង់សងសឹកទៅលើ។) ត្រឹមត្រូវហើយ។ ជនរងគ្រោះពិតប្រាកដ គឺជាអស់អ្នកដែលប្រកបគ្នាអំពីទីបន្ទាល់តាមរយៈបទពិសោធរបស់ខ្លួន។ ដូច្នេះ អស់អ្នកដែលមានទំនោរចង់សងសឹក នឹងវិនិច្ឆ័យ វាយប្រហារ និងថែមទាំងទម្លាក់កំហុស ឬនិយាយបង្កាច់បង្ខូចអ្នកដែលពួកគេយល់ថាបានលាតត្រដាង ឬមានភាពប្រទូសរ៉ាយចំពោះពួកគេ ដោយប្រើពាក្យសម្ដី ឬសកម្មភាពនៅក្នុងស្ថានភាពផ្សេងៗ។ អស់អ្នកដែលមានទំនោរចង់សងសឹក មិនមែនគ្រាន់តែមានសម្អប់នៅក្នុងចិត្តមួយរយៈ ហើយចប់ត្រឹមហ្នឹងនោះទេ។ ពួកគេស្វែងរក និងថែមទាំងបង្កើតឱកាសគ្រប់បែបយ៉ាងដើម្បីសងសឹកអ្នកដែលជាគោលដៅនៃការសងសឹករបស់ខ្លួន ជាអ្នកដែលពួកគេមានភាពប្រទូសរ៉ាយចំពោះ និងអ្នកដែលពួកគេយល់ថាមិនល្អចំពោះពួកគេ។ ឧទាហរណ៍៖ ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ប្រសិនបើអ្នកដែលពួកគេមានភាពប្រទូសរ៉ាយចំពោះ បំពេញតាមគោលការណ៍នៃការប្រើប្រាស់មនុស្សនៅក្នុងដំណាក់ ព្រះជាម្ចាស់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីត្រូវបានជ្រើសរើសជាអ្នកដឹកនាំ នោះភាពប្រទូសរ៉ាយរបស់ពួកគេនឹងបណ្តាលឱ្យពួកគេវិនិច្ឆ័យ ថ្កោលទោស និងវាយប្រហារបុគ្គលនោះ។ ពួកគេថែមទាំងអាចធ្វើសកម្មភាពនៅពីក្រោយខ្នង ឬធ្វើរឿងដែលនាំឱ្យខូចខាតដល់បុគ្គលនោះ ដើម្បីសងសឹកទៀតផង។ សរុបមក មធ្យោបាយនៃការអនុវត្តការសងសឹករបស់ពួកគេមានផ្សេងៗគ្នា។ ឧទាហរណ៍៖ ពួកគេអាចស្វែងរកចំណុចនានា ដើម្បីប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងនរណាម្នាក់ និងនិយាយអាក្រក់ពីគេ បង្កើតពាក្យចចាមអារ៉ាមអំពីបុគ្គលនោះតាមរយៈការនិយាយបំផ្លើស និងពាក្យដែលឮតៗគ្នាដែលគ្មានមូលដ្ឋាន ឬ បង្កឱ្យមានការបែកបាក់រវាងបុគ្គលនោះ និងអ្នកដទៃ។ ពួកគេថែមទាំងអាចចោទប្រកាន់មិនពិតចំពោះបុគ្គលនោះទៅកាន់អ្នកដឹកនាំ ដែលអះអាងថា បុគ្គលនោះមិនស្មោះត្រង់ និងទាស់ទទឹងតាមរយៈភាពអវិជ្ជមានក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តាមពិតទៅ រឿងទាំងនេះសុទ្ធតែជាការប្រឌិតដោយចេតនា ដែលធ្វើឱ្យមានរឿងទាំងដែលគ្មានរឿងអ្វីសោះ។ មើលចុះថា ផ្តើមចេញពីការសង្ស័យ និងការយល់ច្រឡំរបស់ពួកគេចំពោះបុគ្គលនោះ ដូច្នេះតើមានអាកប្បកិរិយា និងសកម្មភាពមិនសមហេតុផលជាច្រើនកើតឡើងបែបណា។ វិធីសាស្ត្រទាំងអស់នេះ កើតចេញពីធម្មជាតិដែលចង់សងសឹករបស់ពួកគេ។ តាមពិតទៅ នៅពេលដែលបុគ្គលនោះចែករំលែកទីបន្ទាល់តាមរយៈបទពិសោធរបស់ខ្លួន វាមិនបានតម្រង់ទៅរកពួកគេទាល់តែសោះ ពោលគឺគ្មានបំណងអាក្រក់ណាមួយចំពោះពួកគេទាល់តែសោះ។ វាគ្រាន់តែដោយសារតែពួកគេស្អប់ខ្ពើមនឹងសេចក្ដីពិត និងមាននិស្ស័យកាចសាហាវដែលមានទំនោរចង់សងសឹក ទើបពួកគេមិនអនុញ្ញាតឱ្យអ្នកដទៃលាតត្រដាងពួកគេ ហើយក៏មិនអនុញ្ញាតឱ្យមានការពិភាក្សាអំពីការស្គាល់ខ្លួនឯង ដែលពិភាក្សាអំពីនិស្ស័យពុករលួយ ឬ និយាយអំពីធម្មជាតិបែបសាតាំងរបស់ខ្លួនដែរ។ នៅពេលដែលប្រធានបទបែបនេះត្រូវបានលើកយកមកពិភាក្សា ពួកគេខឹងសម្បាយ៉ាងខ្លាំង ដោយសន្មតថា ពួកគេកំពុងត្រូវបានគេតម្រង់រក និងលាតត្រដាង ហេតុនេះហើយទើបបង្កើត និងបង្កឱ្យមានចិត្តគំនិតចង់សងសឹក។ ការបង្ហាញចេញរបស់មនុស្សប្រភេទនេះក្នុងការអនុវត្តការសងសឹករបស់ខ្លួន មិនកំណត់ត្រឹមតែក្នុងកាលៈទេសៈមួយប៉ុណ្ណោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? គឺដោយសារតែបុគ្គលបែបនេះមានធម្មជាតិកាចសាហាវ គ្មាននរណាម្នាក់អាចប៉ះពាល់ ឬរករឿងពួកគេបានឡើយ។ ពួកគេមានភាពកោងកាចពីកំណើតចំពោះគ្រប់គ្នា និងគ្រប់យ៉ាង ស្ទើរតែដូចគ្នានឹងសត្វខ្យាដំរី ឬក្អែបអីចឹង។ ហេតុនេះ មិនថានរណាម្នាក់ប៉ះពាល់ ឬធ្វើឱ្យពួកគេឈឺចាប់ដោយការនិយាយដោយចេតនា ឬអចេតនានោះទេ ដរាបណាពួកគេមានអារម្មណ៍ថា មោទនភាពឬកិត្តិយសរបស់ពួកគេត្រូវបានបាត់បង់ ពួកគេនឹងរកវិធីដើម្បីស្រោចស្រង់មោទនភាព និងកិត្តិយសរបស់ខ្លួនមកវិញ ដែលនាំឱ្យមានសកម្មភាពសងសឹកជាបន្តបន្ទាប់។
បន្ទាប់មក ខ្ញុំនឹងប្រកបអំពីការបង្ហាញចេញផ្សេងទៀតរបស់ អ្នកដែលមានទំនោរចង់សងសឹក។ អ្នកខ្លះត្រូវបានអ្នកដឹកនាំលួសកាត់ ដោយសារតែពួកគេបានបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ដែលបណ្តាលឱ្យពួកគេមានការមិនពេញចិត្ត។ ចូរប្រាប់ខ្ញុំមើល៍ តើការលួសកាត់ពួកគេសមហេតុផលដែរឬទេ? (សមហេតុផល។) វាពិតជាសមហេតុផល និងជារឿងធម្មតាទាំងស្រុង។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នកឱ្យតែរួចពីដៃ ដែលបណ្តាលឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ ហើយអ្នកមិនប្រព្រឹត្តស្របតាមគោលការណ៍ ហើយមាននរណាម្នាក់ក្រោកឈរឡើងដើម្បីលាតត្រដាង និងលួសកាត់អ្នក នោះវាសមហេតុផលហើយ ហើយអ្នកគួរតែទទួលយកវា។ ប៉ុន្តែអ្នកដែលមានទំនោរចង់សងសឹក មិនត្រឹមតែបដិសេធមិនទទួលយកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការមិនពេញចិត្តទៀតផង។ នៅពេលដែលអ្នកដឹកនាំចាកចេញទៅ ពួកគេចាប់ផ្ដើមបោះសម្តីប្រមាថថា៖ «តើអ្នកឯងសម្ងែងអ្វីហ្នឹង? តើមិនមែនគ្រាន់តែដោយសារអ្នកឯងមានមុខតំណែងផ្លូវការទេឬអី? ប្រសិនបើខ្ញុំមានមុខតំណែងបែបនេះ ខ្ញុំមុខជា ធ្វើបានល្អជាងអ្នកឯងទៅទៀត! មកលួសកាត់ខ្ញុំ តើអ្នកឯងគិតថាខ្លួន ជានរណា? ខ្ញុំស្អប់អ្នកឯងណាស់ដែលបានលួសកាត់ខ្ញុំ។ ខ្ញុំដាក់បណ្ដាសាឱ្យឡានកិនអ្នកឯង ឱ្យឈ្លក់ទឹកស្លាប់ ឱ្យ ឈ្លក់បាយស្លាប់។ ខ្ញុំដាក់បណ្ដាសាឱ្យអ្នកឯងស្លាប់យ៉ាងវេទនា! អ្នកឯងហ៊ានលួសកាត់ខ្ញុំឬ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ហ៊ានលួសកាត់ខ្ញុំឡើយ!» នៅពេលដែលអ្នកដឹកនាំទាំងនោះត្រូវបានអ្នកដឹកនាំថ្នាក់លើលួសកាត់ដោយសាររឿងខ្លះ ពួកគេសប្បាយចិត្តនឹងភាពអកុសលរបស់អ្នកដឹកនាំ ហើយក្លាយជាសប្បាយរីករាយយ៉ាងខ្លាំង ដោយក្រហឹមបទចម្រៀង ទាំងគិតក្នុងចិត្តថា៖ «យ៉ាងម៉េចដែរ? អ្នកឯងបានសម្ញែង ឥឡូវនេះអ្នកឯងទទួលកម្មហើយ! អ្នកណាក៏ដោយដែលលួសកាត់ខ្ញុំ ខ្ញុំនឹងធ្វើឱ្យជីវិតរបស់គេវេទនា!» តើអ្នកគិតយ៉ាងណាចំពោះមនុស្សបែបនេះ? (ពួកគេមានភាពព្យាបាទ។) មិនថាការលួសកាត់ពួកគេសមហេតុផលយ៉ាងណានោះទេ ពួកគេមិនអាចទទួលយកវាបានឡើយ។ ពួកគេតវ៉ា និងការពារខ្លួនយ៉ាងរឹងត្អឹង ហើយបន្ទាប់មក ពួកគេនៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃដដែល ដែលនៅតែកែមិនឡើង ទោះបីជាមានការដាស់តឿនជាច្រើនដងក៏ដោយ។ ប្រសិនបើអ្នកតែងតែប្រព្រឹត្តក្នុងរបៀបឱ្យតែរួចពីដៃ នៅក្នុងដំណាក់ ព្រះជាម្ចាស់ នោះអ្នកនឹងគ្រាន់តែត្រូវបានលួសកាត់ប៉ុណ្ណោះ។ ប្រសិនបើអ្នកនៅកន្លែងធ្វើការរបស់អ្នកនៅក្នុងពិភពលោកខាងក្រៅ ហើយអ្នកប្រព្រឹត្តឱ្យតែរួចពីដៃ ចុងក្រោយអ្នកអាចនឹងត្រូវគេបញ្ឈប់ពីការងារ ហើយបាត់បង់របរចិញ្ចឹមជីវិត របស់អ្នក។ ភាគច្រើននៅក្នុងដំណាក់ ព្រះជាម្ចាស់ គោលការណ៍គឺត្រូវប្រកបគ្នាអំពីសេចក្ដីពិត និងគាំទ្រដោយសេចក្ដីស្រឡាញ់ ដែលអនុញ្ញាតឱ្យមនុស្សភាគច្រើនដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា។ តាមពិតទៅ ក្នុងចំណោមអ្នកដឹកនាំ និងអ្នកធ្វើការ មានតែចំនួនតិចតួចប៉ុណ្ណោះដែលអាចប្រឈមមុខនឹងការលួសកាត់យ៉ាងធ្ងន់ធ្ងរ។ មនុស្សភាគច្រើនប្រព្រឹត្តដោយផ្អែកលើសេចក្ដីជំនឿ ការយល់ដឹង មនសិការ និងវិចារណញ្ញាណ ដែលទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ហើយមិនធ្វើកំហុសធ្ងន់ឡើយ ដូច្នេះពួកគេមិនប្រឈមមុខនឹងការលួសកាត់ធ្ងន់ធ្ងរទេ។ យ៉ាងណាក៏ដោយ ការត្រូវបានលួសកាត់គឺជារឿងល្អមួយ។ តើមានមនុស្សប៉ុន្មាននាក់ទៅដែលបានទទួលការលួសកាត់ ជាពិសេសពីខាងលើនោះ? នេះគឺជាឱកាសដ៏ល្អសម្រាប់ការស្គាល់ខ្លួនឯង និងការរីកចម្រើននៃជីវិត។ អ្នកជឿត្រូវតែយ៉ាងហោចណាស់យល់អំពីសារៈសំខាន់នៃការត្រូវបានលួសកាត់ ដោយទទួលស្គាល់ថាវាជារឿងល្អ។ ទោះបីជាការលួសកាត់ពីបុគ្គលមួយចំនួនមិនស្របទាំងស្រុងតាមគោលការណ៍ ដែលត្រូវបានលាយឡំជាមួយនឹងនិស្ស័យផ្ទាល់ខ្លួន និងការឆាប់ខឹងក៏ដោយ ក៏អ្នកគួរតែពិនិត្យមើលខ្លួនឯង ដើម្បីមើលថាតើទិដ្ឋភាពណាខ្លះនៃសកម្មភាពរបស់អ្នកមិនស្របតាមគោលការណ៍ ហើយទទួលយកវាដោយវិជ្ជមាន។ ការធ្វើបែបនេះមានប្រយោជន៍ចំពោះអ្នក។ ប៉ុន្តែ មនុស្សអាក្រក់ទាំងនេះមិនអាចទទួលយកសូម្បីតែការលួសកាត់ដែលសមហេតុផល។ ទោះបីជាពួកគេមិនធ្វើសកម្មភាពដើម្បីសងសឹកក៏ដោយ ក៏ចិត្តរបស់ពួកគេពោរពេញទៅដោយការមិនពេញចិត្តយ៉ាងខ្លាំង ហើយពួកគេដាក់បណ្ដាសា និងជេរប្រមាថ។ នៅពេលដែលអស់អ្នកដែលបានលួសកាត់ពួកគេ ប្រឈមមុខនឹងការលួសកាត់ផ្ទាល់ខ្លួន ឬជួបប្រទះគ្រោះកាច ពួកគេសប្បាយចិត្តជាងក្មេងដែលប្រារព្ធពិធីចូលឆ្នាំថ្មីទៅទៀត។ នេះគឺជាការបង្ហាញចេញរបស់មនុស្សអាក្រក់។ ក៏មានមនុស្សមួយចំនួនដែលប្រកួតប្រជែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរ។ ពួកគេជារឿយៗមិនធ្វើតាមគោលការណ៍ និងប្រព្រឹត្តឱ្យតែរួចពីដៃ ដែលនាំឱ្យការបំពេញភារកិច្ចរបស់ពួកគេគ្មានផលផ្លែ។ នៅពេលដែលអ្នកដឹកនាំប្រកបគ្នាអំពីបញ្ហារបស់ពួកគេ និងលួសកាត់ពួកគេ អស់អ្នកដែលមានទំនោរចង់សងសឹកមិនអាចប្រព្រឹត្តចំពោះរឿងនេះបានត្រឹមត្រូវឡើយ។ ទោះបីជាពួកគេទទួលស្គាល់ក្នុងចិត្តអំពីភាពឱ្យតែរួចពីដៃ និងកង្វះគោលការណ៍របស់ខ្លួនក្នុងការបំពេញភារកិច្ចក៏ដោយ ក៏ពួកគេនៅតែបង្កើតគំនិត និងសកម្មភាពនៃការសងសឹក ដើម្បីឆ្លើយតបនឹងការត្រូវបានលួសកាត់ដែរ។ បន្ទាប់មក ពួកគេសរសេរសំបុត្រចោទប្រកាន់មិនពិតចំពោះអ្នកដឹកនាំ ដោយចាប់យកការអនុវត្តខ្លះៗ និងការបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយរបស់ពួកគេ ដើម្បីនិយាយបំប៉ោង និងរាយការណ៍ទៅថ្នាក់លើ ក្នុងបំណងចង់ឱ្យគេដកហូតតំណែងអ្នកដឹកនាំ។ ប្រសិនបើគោលបំណងរបស់ពួកគេមិនសម្រេចទេ ពួកគេបង្កការខូចខាត និងបង្កការរំខាននៅពីក្រោយខ្នង ដែលរឹងទទឹងយ៉ាងមានះប្រឆាំងនឹងការរៀបចំរបស់អ្នកដឹកនាំ។ ពួកគេមិនគិតពីកិច្ចការរបស់ពួកជំនុំ គោលការណ៍ដែលត្រូវបានតម្រូវដោយដំណាក់ព្រះជាម្ចាស់ ឬប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់ខ្លួនឡើយ ពោលគឺពួកគេខ្វល់តែពីការបញ្ចេញកំហឹងរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេបដិសេធមិនស្ដាប់នរណាម្នាក់ឡើយ ថែមទាំងបដិសេធការដាស់តឿនរបស់អ្នកដឹកនាំ និងអ្នកធ្វើការទៀតផង។ ទោះបីជាពួកគេមិនតវ៉ា ឬរឹងទទឹងនៅចំពោះមុខក៏ដោយ ក៏នៅពីក្រោយខ្នង ពួកគេអាចបញ្ចេញភាពអវិជ្ជមាន បោះបង់ការងារដើម្បីប្រឆាំង និងចាប់យកចំណុចខ្សោយណាមួយដើម្បីប្រើប្រាស់ប្រឆាំងនឹងការរៀបចំកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ ឬប្រឆាំងនឹងអ្នកដឹកនាំ និងអ្នកធ្វើការ។ ពួកគេថែមទាំងផ្សព្វផ្សាយសញ្ញាណទៀតផង។ ពួកគេខ្លួនឯងផ្ទាល់មានភាពអវិជ្ជមាន និងរារែកក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេក៏ព្យាយាមទាញមនុស្សកាន់តែច្រើនឱ្យមានភាពអវិជ្ជមាន និងខ្ជិលច្រអូស ហើយមិនយកចិត្តទុកដាក់នឹងភារកិច្ចរបស់ខ្លួនដែរ។ តើអ្វីជាគោលការណ៍របស់ពួកគេ? «ខ្ញុំមិនខ្លាចស្លាប់ទេ ខ្ញុំត្រូវរកនរណាម្នាក់ដើម្បីទាញមកជាមួយខ្ញុំ។ អ្នកដឹកនាំលួសកាត់ខ្ញុំ ដោយនិយាយថាការបំពេញភារកិច្ចរបស់ខ្ញុំមិនត្រូវតាមស្តង់ដា នោះខ្ញុំនឹងធ្វើឱ្យប្រាកដថា អ្នកគ្រប់គ្នាមិនអាចបំពេញភារកិច្ចបានល្អឡើយ។ ប្រសិនបើខ្ញុំធ្វើមិនបានល្អទេ នោះគ្មាននរណាម្នាក់់ក្នុងចំណោមអ្នករាល់គ្នានឹងធ្វើបានល្អដែរ! អ្នកដឹកនាំលួសកាត់ខ្ញុំ ហើយពួកអ្នករាល់គ្នាសើចឱ្យខ្ញុំ ខ្ញុំនឹងធ្វើឱ្យជីវិតលំបាកសម្រាប់ អ្នករាល់គ្នាទាំងអស់!» នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ឬប្រឆាំងនឹងគោលការណ៍ ហើយមាននរណាម្នាក់រាយការណ៍រឿងនេះទៅអ្នកដឹកនាំ ពួកគេស៊ើបអង្កេតរឿងនេះថា៖ «តើនរណាបានរាយការណ៍ពីខ្ញុំ? តើនរណាបានប្រាប់អ្នកដឹកនាំពីខ្ញុំ? តើនរណាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដឹកនាំ? ប្រសិនបើខ្ញុំរកឃើញថានរណាបានរាយការណ៍ពីខ្ញុំទៅអ្នកដឹកនាំថ្នាក់លើ ខ្ញុំនឹងមិនមិនគួរសមចំពោះ អ្នកនោះឡើយ! ខ្ញុំនឹងមិនបញ្ចប់រឿងនេះដោយងាយទេ!» ពួកគេមិនត្រឹមតែអាចនិយាយពាក្យគំរោះគំរើយប៉ុណ្ណោះទេ ប៉ុន្តែជាការពិតណាស់ ពួកគេក៏អាចអនុវត្តការគំរាមកំហែងបែបនេះបានដែរ។ បុគ្គលទាំងនេះមានល្បិចកលអាក្រក់ និងស្មោកគ្រោកជាច្រើនសម្រាប់ការសងសឹក មិនមែនគ្រាន់តែចាប់យកចំណុចខ្សោយដើម្បីវិនិច្ឆ័យ និងថ្កោលទោសអ្នកដទៃប៉ុណ្ណោះទេ។ អ្នកខ្លះមានចេតនាលួចដុំសាកថ្មកុំព្យូទ័រយួរដៃរបស់អ្នកដែលពួកគេចង់សងសឹកជាមួយ ដែលធ្វើឱ្យអ្នកនោះមិនអាចសាកថ្មកុំព្យូទ័រយួរដៃបាន និងរារាំងការបំពេញភារកិច្ចរបស់អ្នកនោះ។ អ្នកខ្លះទៀតមានចេតនាដាក់អំបិលយ៉ាងច្រើនទៅក្នុងអាហាររបស់នរណាម្នាក់ ដើម្បីធ្វើឱ្យហូបមិនកើត។ មធ្យោបាយសងសឹកដ៏ថោកទាបទាំងនេះ ដែលកើតមានជាញឹកញាប់ក្នុងចំណោមអ្នកគ្មានជំនឿ ក៏ត្រូវបានប្រើប្រាស់ដោយមនុស្សអាក្រក់នៅក្នុងពួកជំនុំដែរ។ វិធីសាស្ត្រនៃការអនុវត្តការសងសឹករបស់ពួកគេមានលើសពីនេះទៅទៀត រួមទាំងល្បិចកលគ្មានសីលធម៌មួយចំនួនដែលយើងមិនធ្លាប់ឃើញពីមុនមក។ យើងគ្រាន់តែលើកយកឧទាហរណ៍សាមញ្ញៗមួយចំនួនប៉ុណ្ណោះ។ ក្នុងចំណោមពួកគេ បុគ្គលខ្លះមានចេតនាបង្កើតបញ្ហា ឧបសគ្គ និងការលំបាកដល់អ្នកដទៃ។នេះជារឿងកើតឡើងជាញឹកញាប់។ នៅក្នុងក្រុមនីមួយៗ ក្រោមកាលៈទេសៈ និងបរិយាកាសផ្សេងៗ និស្ស័យកាចសាហាវរបស់អ្នកដែលមានទំនោរចង់សងសឹក ត្រូវបានលាតត្រដាងជានិច្ច។ ការបង្ហាញចេញនូវការចង់សងសឹករបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ គឺកាន់តែច្បាស់ថែមទៀត។ ដរាបណាមានមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលពិតជាជឿលើទ្រង់ និងដេញតាមសេចក្ដីពិតនឹងត្រូវបានរំខាន។ ថ្ងៃដែលមានមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគឺជាថ្ងៃដែលពួកជំនុំគ្មានសេចក្ដីសុខសាន្តនោះឡើយ ពោលគឺមនុស្សល្អនឹងត្រូវបានវាយប្រហារ និងផាត់ចេញ ជាពិសេស អស់អ្នកដែលដេញតាមសេចក្ដីពិតនឹងប្រឈមមុខនឹងភាពប្រទូសរ៉ាយ និងការសងសឹករបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាប និងអនុវត្តការសងសឹករបស់ខ្លួនចំពោះអ្នកដទៃដោយរបៀបណា? ទីមួយ ពួកគេតម្រង់គោលដៅលើអស់អ្នកដែលដេញតាមសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវគោលការណ៍។ បុគ្គលអាក្រក់ទាំងនេះយល់ឃើញយ៉ាងច្បាស់ថា មានតែអស់អ្នកដែលដេញតាមសេចក្ដីពិតប៉ុណ្ណោះ ដែលគ្រោះថ្នាក់បំផុតសម្រាប់ពួកគេ។ ទីមួយ មនុស្សដែលយល់ពីសេចក្ដីពិត អាចសម្គាល់ពួកគេ ឱ្យតែពួកគេធ្វើរឿងអាក្រក់ ពួកគេនឹងត្រូវមើលធ្លុះដោយអ្នកដែលយល់ពីសេចក្ដីពិត។ ទីពីរ ដោយសារមានវត្តមានមនុស្សដែលយល់ពីសេចក្ដីពិត អំពើអាក្រក់របស់ពួកគេនឹងត្រូវបានរឹតត្បិតខ្លះៗ ដែលធ្វើឱ្យពួកគេពិបាកនឹងសម្រេចគោលបំណងរបស់ខ្លួន។ តាមទស្សនៈនេះ មានតែអស់អ្នកដែលដេញតាមសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកការពារកិច្ចការរបស់ពួកជំនុំ។ ដោយសារមានវត្តមានអ្នកដែលដេញតាមសេចក្ដីពិត ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ មិនហ៊ានធ្វើអ្វីតាមអំពើចិត្តឡើយ ហើយត្រូវចេះទប់ចិត្តខ្លះ។ ហេតុនេះ អ្នកដែលដេញតាមសេចក្ដីពិត គឺជាបន្លាក្នុងភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ជាឆ្អឹងស្លាក់ក្នុងបំពង់ករបស់ពួកគេ ហើយនោះហើយជាមូលហេតុដែលពួកគេរកវិធីដើម្បីអនុវត្តការសងសឹករបស់ខ្លួន។
នៅពេលដែលមនុស្សអាក្រក់អនុវត្តការសងសឹករបស់ខ្លួន ពួកគេបង្ហាញនូវនិស្ស័យកាចសាហាវ ដែលគ្មានហេតុផល និងខ្វះតម្រិះប្រកបដោយវិចារណញ្ញាណ។ អស់អ្នកដែលធ្លាប់ចំណាយពេលជាមួយពួកគេមួយរយៈ និងយល់ពីពួកគេ មានការភ័យខ្លាចចំពោះពួកគេក្នុងកម្រិតណាមួយ។ ការសន្ទនាជាមួយពួកគេទាមទារឱ្យមានការប្រុងប្រយ័ត្ន និងភាពគួរសមបំផុត ដែលទាមទារឱ្យមានការគោរពហួសហេតុ។ អស់អ្នកទាំងនោះត្រូវតែផ្គាប់ចិត្ត និងសម្របតាមពួកគេជានិច្ច ហើយរាល់បញ្ហា ឬកំហុសដែលពួកគេមាន មិនអាចត្រូវបានចង្អុលបង្ហាញដោយផ្ទាល់បានឡើយ។ ផ្ទុយទៅវិញ អស់អ្នកទាំងនោះត្រូវតែពិភាក្សាអំពីបញ្ហាទាំងនេះដោយពង្វាង ដោយប្រលោម ហើយបន្ទាប់ពីនិយាយរួច អស់អ្នកទាំងនោះត្រូវតែសរសើរពួកគេផងដែរ ដោយនិយាយថា៖ «ទោះបីជាអ្នកមានគុណវិបត្តិ ឬកង្វះខាតនេះក៏ដោយ ក៏អ្នករៀនជំនាញបានលឿនជាងពួកយើងដែរ សមត្ថភាពជំនាញរបស់អ្នកខ្លាំងជាងអ្នកដទៃ ហើយប្រសិទ្ធភាពការងាររបស់អ្នកខ្ពស់ជាងពួកយើង។ ខ្ញុំមើលឃើញ កំហុសរបស់អ្នកជាចំណុចខ្លាំងទៅវិញ»។ អស់អ្នកទាំងនោះថែមទាំងត្រូវបញ្ជោរពួកគេទៀតផង។ ហេតុអ្វីបានជាអស់អ្នកទាំងនោះធ្វើបែបនេះ? គឺដោយសារតែខ្លាចការសងសឹករបស់ពួកគេ។ តាមរបៀបនេះ បុគ្គលអាក្រក់ទាំងនេះក្លាយជាពេញចិត្ត ហើយពួកគេមានអារម្មណ៍ឈប់ខឹងក្រោធនៅក្នុងចិត្ត។ ដើម្បីជៀសវាងការសងសឹករបស់ពួកគេ មនុស្សភាគច្រើនខ្លាចមិនហ៊ានលើកឡើងពីបញ្ហាណាមួយដែលខ្លួន រកឃើញជាមួយពួកគេដោយមុខទល់មុខឡើយ ហើយ ក៏មិនហ៊ានរាយការណ៍ពីបញ្ហាទាំងនេះដែរ។ សូម្បីតែនៅពេលដែលឃើញច្បាស់ថា ពួកគេកំពុងធ្វើឱ្យខូចផលប្រយោជន៍របស់ដំណាក់ ព្រះជាម្ចាស់ ហើយថាកិច្ចការរបស់ពួកជំនុំកំពុងត្រូវបានពន្យារពេលដោយសារតែភាពមានះ និងភាពតាមតែចិត្តខ្លួនឯងដោយមិនខ្វល់របស់ពួកគេ ឬសូម្បីតែនៅពេលដែលកត់សម្គាល់ឃើញភាពវៀចវេរខ្លះៗនៅក្នុងទិសដៅ និងគោលការណ៍របស់ពួកគេក៏ដោយ ក៏គ្មាននរណាម្នាក់ហ៊ានជំទាស់ ឬរាយការណ៍ពីពួកគេទៅថ្នាក់លើដែរ។ ដោយសារតែនិស្ស័យកាចសាហាវរបស់ពួកគេ និងភាពជាមនុស្សរបស់ពួកគេដែលមានទំនោរចង់សងសឹក អ្នកដទៃមានការភ័យខ្លាចចំពោះពួកគេខ្លះៗ មានអារម្មណ៍ខឹង ប៉ុន្តែខ្លាចមិនហ៊ាននិយាយចេញមកក្រៅ។ ការសន្ទនាជាមួយពួកគេត្រូវតែមានភាពគួរសម និងចេះប្រើពាក្យពេចន៍ជាពិសេស ដែលបង្ហាញឥរិយាបថ ដ៏ល្អ ទន់ភ្លន់ និងថ្លៃថ្នូរជាពិសេសចំពោះពួកគេ។ នៅពេលដែលមនុស្សនិយាយទៅកាន់ពួកគេដោយការគោរព និងភាពគួរសម ដែលសម្របតាមពួកគេ នោះពួកគេមានអារម្មណ៍ស្រួលនៅក្នុងចិត្ត។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់និយាយត្រង់ៗ ដែលលាតត្រដាងបញ្ហារបស់ពួកគេ និងផ្តល់យោបល់ នោះពួកគេនឹងស្អប់ខ្ពើម យល់ថាវាជាការមិនគោរព ថាអ្នកដទៃមានការជំទាស់ ឬមានអមិត្តភាពចំពោះពួកគេ។ រឿងនេះជំរុញឱ្យពួកគេសងសឹកបុគ្គលនោះ និងធ្វើបាបគេ គឺពួកគេត្រូវតែទម្លាក់គេចុះ និងធ្វើឱ្យខូចឈ្មោះរបស់គេ។ ប្រសិនបើបុគ្គលនោះធ្លាក់ក្នុងដៃរបស់ពួកគេ គេនឹងមិនមានលទ្ធផលល្អឡើយ។ តើមនុស្សបែបនេះគួរឱ្យខ្លាចដែរឬទេ? (មែនហើយ។) ប្រសិនបើអ្នកមិនយល់ពីពួកគេ ហើយអ្នកធ្វើឱ្យពួកគេអាក់អន់ចិត្តមែននោះ ពួកគេនឹងគុំកួនអ្នក គិតគូរពីការសងសឹកអ្នក សូម្បីតែពេលហូប និងដេកក៏ដោយ។ នៅពេលដែលអ្នកក្លាយជាគោលដៅរបស់ពួកគេហើយនោះ បញ្ហាគឺជៀសមិនរួចឡើយ ដ្បិតពួកគេប្ដេជ្ញាចិត្តថានឹងសងសឹក។ ទោះបីជាពួកគេអាចនិយាយរកអ្នកដូចមុននៅសម្បកក្រៅក៏ដោយ ប៉ុន្តែនៅពេលដែលពួកគេគិតគូរពីការសងសឹក អ្វីៗគ្រប់យ៉ាងដែលអ្នកធ្លាប់ធ្វើ ឬនិយាយទៅកាន់ពួកគេពីមុនមក ក្លាយជាអាវុធសម្រាប់ពួកគេ។ ពួកគេនឹងចាត់ទុកអ្នកជាសត្រូវ អនុវត្តការសងសឹករបស់ខ្លួនបន្តិចម្ដងៗ រហូតទាល់តែពួកគេមានអារម្មណ៍ថាបានសងសឹកគ្រប់គ្រាន់ និងពេញចិត្តទាំងស្រុង។ នេះគឺជាផលវិបាកនៃការទាក់ទង ជាមួយមនុស្សអាក្រក់។
មនុស្សដែលមានទំនោរចង់សងសឹក ដោយផ្អែកលើអាកប្បកិរិយាផ្សេងៗរបស់ពួកគេ និងផ្អែកលើគោលការណ៍ និងវិធីសាស្ត្រដែលពួកគេធ្វើសកម្មភាព និងប្រព្រឹត្តខ្លួន គឺបង្កជាការគំរាមកំហែងដល់មនុស្សស្ទើរតែគ្រប់គ្នា លើកលែងតែអ្នកដែលមានចិត្តល្អ និងដែលរាក់ទាក់ចំពោះមនុស្សគ្រប់គ្នា និងអ្នកដែលខ្វះគោលការណ៍នៅពេលដោះស្រាយជាមួយនរណាម្នាក់ប៉ុណ្ណោះ ដែលបុគ្គលបែបនេះមានសុវត្ថិភាពពេលនៅក្បែរមនុស្សកាចសាហាវ។ ប៉ុន្តែ អស់អ្នកដែលមានមនសិការ ឬស្មារតីយុត្តិធម៌សូម្បីតែបន្តិចបន្តួច នឹងមានអារម្មណ៍ថាត្រូវបានគំរាមកំហែងក្នុងកម្រិតផ្សេងៗគ្នា តិចឬច្រើន នៅពេលស្ថិតនៅចំពោះមុខមនុស្សដែលមានទំនោរចង់សងសឹក។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេអាចប្រឈមនឹងផលអាក្រក់ដល់រាងកាយ ឬសូម្បីតែការគំរាមកំហែងដល់អាយុជីវិត ចំណែកឯក្នុងករណីស្រាលវិញ ពួកគេអាចរងនូវការវាយប្រហារដោយពាក្យសម្ដី ការបរិហារកេរ្តិ៍ ឬការមួលបង្កាច់។ ទាំងនេះ គឺស្ថិតក្នុងចំណោមការបញ្ចេញឱ្យឃើញ និងការបង្ហាញ ចេញជារួមនៃនិស្ស័យកាចសាហាវរបស់មនុស្សដែលមានទំនោរចង់សងសឹក។ ដោយផ្អែកលើការបង្ហាញ ចេញជារួមរបស់ពួកគេ មនុស្សបែបនេះក៏បង្កឱ្យមានការរំខាននៅក្នុងចំណោមបងប្អូនប្រុសស្រី និងនៅក្នុងពួកជំនុំផងដែរ។ មនុស្សស្ទើរតែគ្រប់គ្នាដែលប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានទំនោរចង់សងសឹកទាំងនេះ ក្លាយជាគោលដៅនៃការសងសឹករបស់ពួកគេ ហើយស្ទើរតែតែងតែ ក្លាយជាជនរងគ្រោះជានិច្ច។ អ្នកដែលមានទំនោរចង់សងសឹក មាននិស្ស័យកាចសាហាវ ពួកគេគឺជាគ្រាប់បែកកំណត់ម៉ោងដែលអាចផ្ទុះគ្រប់ពេលវេលា។ ទោះបីជាពួកគេអាចធ្វើតាមគេឯងដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងដឹកនាំ ជីវិតពួកជំនុំជាធម្មតាក៏ដោយ បើវិនិច្ឆ័យពីភាពជាមនុស្សរបស់ពួកគេ ពួកគេអាចស្វែងរកការសងសឹក និងបង្កការគំរាមកំហែងដល់អ្នកដទៃគ្រប់ពេលវេលា ហើយធ្វើឱ្យមនុស្សភ័យខ្លាច និងប្រយ័ត្នប្រយែងចំពោះពួកគេ។ តើនេះមិនមែនបង្កើតជាការរំខានដល់មនុស្សភាគច្រើនរួចទៅហើយទេឬ? (មែនហើយ បង្កើតជាការំខាន។) ដើម្បីចៀសវាងការធ្វើឱ្យពួកគេអាក់អន់ចិត្ត ដើម្បីផ្គាប់ចិត្តពួកគេ និងដើម្បីគេចចេញពីគំនុំ និងការសងសឹករបស់ពួកគេ មនុស្សត្រូវតែសង្កេតមើលទឹកមុខរបស់ពួកគេជានិច្ច និងស្តាប់អត្ថន័យបង្កប់នៃពាក្យសម្ដីរបស់ពួកគេ ហើយព្យាយាមស្វែងយល់ពីបំណង គោលដៅ និងទិសដៅរបស់ពួកគេនៅពេលពួកគេនិយាយ។ តាមទស្សនៈនេះ តើមនុស្សភាគច្រើនមិនត្រឹមតែត្រូវបានរំខានដោយពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានពួកគេគ្រប់គ្រងផងដែរមែនទេ? (មែនហើយ។) ដូច្នេះ បើវិនិច្ឆ័យតាមធម្មជាតិនៃរឿងនេះ តើបុគ្គលដែលមានទំនោរចង់សងសឹកបែបនេះ មិនមែនជាមនុស្សអាក្រក់ទេឬ? (មែនហើយ ជាមនុស្សអាក្រក់។) ច្បាស់ណាស់ថា ពួកគេគួរតែត្រូវបានកំណត់លក្ខណៈថាជាមនុស្សអាក្រក់។ ប្រសិនបើគេព្យាយាមស្វែងយល់ពីស្ថានភាពនៃបុគ្គលបែបនេះ មនុស្សភាគច្រើនខ្លាចមិនហ៊ាននិយាយការពិតអំពីពួកគេឡើយ ហើយនឹងច្រានចោលគ្រប់សំណួរអំពីពួកគេជាមួយនឹងចម្លើយបែបមិនច្បាស់លាស់ដូចជា «មិនអីទេ» ដែលមិនហ៊ានរាយការណ៍ពីបញ្ហារបស់ពួកគេ ឬនិយាយអំពី ឬវាយតម្លៃពួកគេឡើយ។ តើនេះមិនមែនជាស្ថានភាពដែលមានបញ្ហាទេឬ? អ្នកខ្លះនិយាយថា៖ «មនុស្សអាក្រក់បែបនេះ អាចស្វែងរកការសងសឹកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តើអ្នកណាហ៊ានទៅរករឿងពួកគេនោះ? លើសពីនេះ ពួកគេតែងតែអះអាងថាមានខ្សែរយៈទាំងនៅក្នុងរង្វង់សង្គមងងឹត និងសង្គម ស្របច្បាប់ ហើយគំរាមថា ប្រសិនបើមាននរណាម្នាក់ធ្វើឱ្យពួកគេអាក់អន់ចិត្ត នោះអ្នកនោះនឹងមិនមានលទ្ធផលល្អឡើយ ពួកគេនឹងបង្រៀនអ្នកនោះឱ្យស្គាល់មេរៀន ហើយធ្វើឱ្យគ្រួសាររបស់គេស្លាប់យ៉ាងវេទនា។ ហេតុនេះ គ្មាននរណាម្នាក់ហ៊ានរករឿងពួកគេឡើយ។ បណ្ដោយឱ្យគេធ្វើតាមចិត្តចុះ ហើយយើងសុំត្រឹមតែសុខសម្រាប់ខ្លួនឯងបានហើយ»។ អ្នកឃើញទេ ស្ថានភាពបែបនេះត្រូវបានបង្កើតឡើងនៅក្នុងពួកជំនុំ ដែលមានន័យយ៉ាងជាក់ច្បាស់ថា ពួកគេបានគ្រប់គ្រងមនុស្សទាំងនេះរួចទៅហើយ។ ដោយសារតែបានឃើញនិស្ស័យកាចសាហាវរបស់ពួកគេក្នុងការស្វែងរកការសងសឹក មនុស្សមិនហ៊ានចោទប្រកាន់ ឬលួសកាត់ពួកគេឡើយ ហើយក៏មិនហ៊ាននិយាយការវាយតម្លៃពិតរបស់ខ្លួនចំពោះពួកគេដែរ។ ការសន្ទនាពាក់ព័ន្ធនឹងពួកគេត្រូវតែប្រយ័ត្នប្រយែង ដោយសារខ្លាចធ្វើឱ្យពួកគេអាក់អន់ចិត្ត ហើយសូម្បីតែការនិយាយលម្អិតអំពីការបង្ហាញចេញពិតរបស់ពួកគេនៅពីក្រោយខ្នង ក៏ជារឿងគួរឱ្យខ្លាចខ្លាំងណាស់ដែរ។ តើមនុស្សខ្លាចអ្វី? ពួកគេខ្លាចថា ពាក្យសម្ដីរបស់ពួកគេនឹងឮដល់ត្រចៀករបស់មនុស្សដែលមានទំនោរចង់សងសឹកនោះ ដែលនឹងស្វែងរកការសងសឹកចំពោះពួកគេ។ បន្ទាប់ពីនិយាយរួច ពួកគេវាយថ្ងាសខ្លួនឯង ហើយនិយាយថា៖ «ចប់ហើយ ថ្ងៃនេះខ្ញុំបាននិយាយរឿងដែលមិនគួរនិយាយសោះ។ ចាំមើលចុះ ខ្ញុំនឹងរងទុក្ខដោយសាររឿងនេះជាមិនខាន។ ហេតុអ្វីបានជាខ្ញុំមិនចេះបិទមាត់សោះអីចឹង?» ចាប់ពីពេលនោះមក ពួកគេរស់នៅក្នុងការភ័យខ្លាច និងការថប់បារម្ភជានិច្ច រស់នៅដោយប្រយ័ត្នប្រយែងបំផុត តែងតែសង្កេតមើលនៅពេលនៅក្បែរមនុស្សនោះ ហើយឆ្ងល់ថា៖ «តើគាត់ដឹងពីអ្វីដែលខ្ញុំបាននិយាយដែរឬទេ? តើវាឮដល់ត្រចៀកគាត់ហើយឬនៅ? តើឥរិយាបថ របស់គាត់ចំពោះខ្ញុំនៅដដែលដូចពីមុនដែរឬទេ?» ពួកគេកាន់តែរិះគិត ពួកគេកាន់តែមិនស្ងប់ចិត្ត ហើយរឿងនេះកាន់តែអូសបន្លាយយូរទៅ ការភ័យខ្លាចរបស់ពួកគេកាន់តែធំឡើង ដូច្នេះពួកគេសម្រេចចិត្តថា យកល្អគួរតែគេចចេញពីគាត់តែម្ដងទៅ ហើយគិតថា៖ «ខ្ញុំមិនអាចប្រថុយទៅរករឿងគាត់បានទេ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំអាចគេចចេញពីគាត់បាន។ មិនថាគាត់ដឹងពីអ្វីដែលខ្ញុំបាននិយាយឬអត់នោះទេ តើខ្ញុំមិនអាចគ្រាន់តែនៅឱ្យឆ្ងាយពីគាត់ទេឬ?» ការភ័យខ្លាចនេះក្លាយជាខ្លាំងក្លា រហូតដល់ថ្នាក់ពួកគេមិនហ៊ានសូម្បីតែចូលរួមការជួបជុំ ដោយគេចចេញពីកន្លែងណាដែលមនុស្សកាចសាហាវនេះអាចនឹងនៅ សូម្បីតែជាកន្លែងដែលពួកគេត្រូវបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ដោយមានអារម្មណ៍ភ័យស្ទើរលស់ព្រលឹង។
តើមនុស្សអាក្រក់ដែលមានទំនោរចង់សងសឹកទាំងនោះគួរត្រូវបានដោះស្រាយដោយរបៀបណា? (បោសសម្អាតពួកគេចេញ។) វាគឺសាមញ្ញណាស់៖ គ្រាន់តែបីម៉ាត់ប៉ុណ្ណោះ គឺបោសសម្អាតពួកគេចេញ នោះជាការស្រេច។ ប្រសិនបើពួកគេត្រូវបានបោសសម្អាតចេញ ហើយមនុស្សភាគច្រើនអបអរសាទរ មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង នោះការបោសសម្អាតពួកគេចេញគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយ។ កាលពីមុន ក្នុងអំឡុងពេលនៃការជួបជុំ វត្តមានរបស់មនុស្សអាក្រក់បានធ្វើឱ្យមនុស្សភាគច្រើនត្រូវបានរឹតត្បិតនៅពេលប្រកបគ្នា។ ពួកគេខ្លាចថា ការនិយាយខុសមួយម៉ាត់អាចធ្វើឱ្យមនុស្សអាក្រក់អាក់អន់ចិត្ត ដូច្នេះពួកគេបានប្រយ័ត្នប្រយែង និងចៀសវាងមនុស្សអាក្រក់ទាំងនោះ នៅពេលនិយាយស្ដី។ មានច្បាប់ដែលមិនបានចែងមួយបានលេចឡើងក្នុងអំឡុងពេលនៃការជួបជុំ៖ ប្រសិនបើមាននរណាម្នាក់ឱ្យសញ្ញាតាមភ្នែក នោះប្រធានបទនឹងផ្លាស់ប្ដូរភ្លាមៗ។ នេះគឺជាស្ថានភាពដែលបានកើតឡើង។ នៅពេលដែលអ្នកដែលមានទំនោរចង់សងសឹកទាំងនោះត្រូវបានបោសសម្អាតចេញ ពួកជំនុំក៏មានសន្តិភាព ជីវិតពួកជំនុំបានក្លាយជាធម្មតា ហើយទំនាក់ទំនងរវាងមនុស្សក៏បានត្រឡប់ទៅរកភាពប្រក្រតីវិញដែរ។ ឥឡូវនេះ បងប្អូនប្រុសស្រីអាចចែករំលែក និងអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដោយសេរី ហើយចែករំលែកទីបន្ទាល់តាមរយៈបទពិសោធរបស់ពួកគេបានដោយសេរី ដោយមិនត្រូវបានគ្រប់គ្រងដោយនរណាម្នាក់ ដោយមិនខ្លាចនរណាម្នាក់ និងដោយមិនចាំបាច់សង្កេតមើលទឹកមុខរបស់នរណាម្នាក់ឡើយ។ ដោយផ្អែកលើលទ្ធផលនេះ តើការបោសសម្អាតមនុស្សអាក្រក់បែបនេះចេញ ត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) ពិតជាត្រឹមត្រូវណាស់។ ពួកគេគួរតែត្រូវបានបោសសម្អាតចេញ។ បើមិនបោសសម្អាតពួកគេចេញទេ ជីវិតនឹងក្លាយជាមិនអាចទ្រាំទ្របានសម្រាប់មនុស្សគ្រប់គ្នា ហើយមនុស្សជាច្រើននឹងភ័យខ្លាចខ្លាំងដល់ថ្នាក់មិនហ៊ានចូលរួមការជួបជុំឡើយ។ បុគ្គលដែលខ្លាចច្រើនមួយចំនួន ថែមទាំងអាចយល់សប្តិអាក្រក់ ដែលតែងតែយល់សប្តិថាត្រូវបានពួកអារក្សអាក្រក់ច្របាច់កទៀតផង។ ពួកគេនឹងតែងតែប្រយ័ត្នប្រយែងហួសហេតុក្នុងអំឡុងពេលនៃការជួបជុំ មិនហ៊ាននិយាយស្ដីឡើយ ហើយមិនអាចមានអារម្មណ៍ថាស្រឡះខ្លួន និងមានសេរីភាពនោះទេ។ចាប់តាំងពីមនុស្សអាក្រក់ត្រូវបានបោសសម្អាតចេញមក ពួកគេបានផ្លាស់ប្ដូរទាំងស្រុង៖ ឥឡូវនេះ ពួកគេហ៊ាននិយាយក្នុងអំឡុងពេលនៃការជួបជុំ ពួកគេកាន់តែសកម្មក្នុងអំឡុងពេលនៃការប្រកបគ្នា ហើយពួកគេមានអារម្មណ៍ថាស្រឡះខ្លួន និងមានសេរីភាព។ តើនេះមិនមែនជារឿងល្អទេឬ? (មែនហើយ ជារឿងល្អ។) វាងាយស្រួលណាស់ក្នុងការសម្គាល់បុគ្គលដែលមានទំនោរចង់សងសឹក ដែលមាននិស្ស័យកាចសាហាវបែបនេះ។ ជាទូទៅ បន្ទាប់ពីប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់អស់រយៈពេលជាងប្រាំមួយខែមក មនុស្សគ្រប់គ្នាគួរតែអាចញាណដឹង និងមើលឃើញយ៉ាងច្បាស់ថា តើពួកគេជាបុគ្គលប្រភេទនោះឬអត់។ វាលេចចេញច្បាស់ក្រឡែត បន្ទាប់ពីបានចំណាយពេលជាមួយពួកគេមួយរយៈ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងពួកជំនុំ មិនគួរអកម្មក្នុងការដោះស្រាយជាមួយមនុស្សអាក្រក់បែបនេះឡើយ។ តើការមិនអកម្មមានន័យដូចម្តេច? វាមានន័យថា មិនត្រូវរង់ចាំរហូតដល់ពួកគេបានធ្វើឱ្យមនុស្សគ្រប់គ្នាខឹងសម្បា ដោយការបំភាន់មនុស្សមួយចំនួន និងការប្រព្រឹត្តអំពើអាក្រក់ ទើបចាត់ការពួកគេនោះទេ នោះគឺអកម្មពេកហើយ។ ដូច្នេះ តើពេលណាគឺជាពេលវេលាដ៏ល្អបំផុតដើម្បីដោះស្រាយជាមួយមនុស្សអាក្រក់? គឺនៅពេលដែលមនុស្សមួយចំនួនតូចបានរងការខូចខាតរួចទៅហើយ និងមានអារម្មណ៍ស្អប់ខ្ពើម និងប្រយ័ត្នប្រយែងយ៉ាងខ្លាំងចំពោះពួកគេ ហើយនៅពេលដែលពួកគេត្រូវបានកំណត់លក្ខណៈយ៉ាងច្បាស់ថាជាមនុស្សអាក្រក់។ នៅចំណុចនេះ ពួកគេគួរតែត្រូវបានដោះស្រាយ និងបោសសម្អាតចេញភ្លាមៗ ដើម្បីការពារកុំឱ្យមនុស្សកាន់តែច្រើនរងការខូចខាត និងដើម្បីចៀសវាងកុំឱ្យអ្នកដែលខ្លាចច្រើន ភ័យស្ទើរលស់ព្រលឹង ឬត្រូវពួកគេធ្វើឱ្យជំពប់ដួល។ តើអ្វីដែលសំខាន់បំផុតនៅត្រង់នេះ? ប្រសិនបើមនុស្សអាក្រក់ត្រូវបានបណ្តោយឱ្យបង្កការរំខាននៅក្នុងពួកជំនុំយូរពេក លទ្ធផលចុងក្រោយគឺថា ពួកគេនឹងគ្រប់គ្រងពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើវាឈានដល់កម្រិតនេះ មនុស្សគ្រប់គ្នានឹងរងទុក្ខ។ ដើម្បីចៀសវាងការខូចខាតដល់មនុស្សគ្រប់គ្នា នៅពេលដែលមនុស្សមួយផ្នែកបានរងការខូចខាត ឬនៅពេលដែលអ្នកខ្លះមានការស្អប់ខ្ពើមយ៉ាងខ្លាំង និងបានមើលធ្លុះបុគ្គលបែបនេះ ហើយសម្គាល់ពួកគេថាជាមនុស្សអាក្រក់ដែលមានទំនោរចង់សងសឹក នោះពួកអ្នកដឹកនាំពួកជំនុំគួរតែបោសសម្អាតពួកគេចេញឱ្យទាន់ពេលវេលា។ ពួកគេមិនត្រូវរង់ចាំរហូតដល់មនុស្សអាក្រក់បានប្រព្រឹត្តអំពើអាក្រក់ជាច្រើន និងបង្កឱ្យមានការខឹងសម្បាជាសាធារណៈ ទើបសម្រេចចិត្តធ្វើសកម្មភាពនោះទេ នោះគឺអកម្មពេកហើយ។ ហើយតើពួកអ្នកដឹកនាំពួកជំនុំបែបនេះមិនមែនជាមនុស្សគ្មានបានការទេឬ? (មែនហើយ ជាមនុស្សគ្មានបានការ។) ក្នុងការអនុវត្តកិច្ចការបែបនេះ ពួកអ្នកដឹកនាំពួកជំនុំគួរតែឆាប់ប្រតិកម្មជាពិសេសចំពោះសភាព ការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញរបស់បុគ្គលបែបនេះ មើលធ្លុះនិស្ស័យរបស់ពួកគេយ៉ាងលឿន ហើយបន្ទាប់មកកំណត់ថា ពួកគេគឺជាមនុស្សអាក្រក់ដែលគួរតែត្រូវបានបោសសម្អាតចេញ ហើយដោះស្រាយជាមួយពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើមិនអាចធ្វើការកំណត់មួយនៅពេលចាប់ផ្ដើមបានទេ នោះការផ្តោតលើការសង្កេតគឺជាការចាំបាច់ ដែលត្រូវ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពាក្យសម្ដី អាកប្បកិរិយា និងអត្តចរិត របស់ពួកគេ ស្វែងយល់ពីគំនិត និងទំនោរនៃសកម្មភាពរបស់ពួកគេ។ នៅពេលដែលរកឃើញថា ពួកគេមានបំណងធ្វើការសងសឹក វិធានការបន្ទាន់គួរតែត្រូវបានអនុវត្តដើម្បីបោសសម្អាតពួកគេចេញ ដើម្បីការពារកុំឱ្យមនុស្សកាន់តែច្រើនរងការខូចខាត និងរងទុក្ខដោយសារអំពើសងសឹក។
អ្នកដឹកនាំពួកជំនុំខ្លះនិយាយថា៖ «ពួកយើងមិនខ្លាចមនុស្សអាក្រក់ទេ ក្រៅពីកោតខ្លាចព្រះជាម្ចាស់ ពួកយើងមិនខ្លាចនរណាម្នាក់ឡើយ។ តើមនុស្សអាក្រក់ជាស្អីសម្រាប់ពួកយើង? សូម្បីតែសាតាំងក៏ពួកយើងមិនខ្លាចផង ហើយពួកយើងក៏មិនខ្លាចការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញ ដោយនាគដ៏ធំមានសម្បុរក្រហមដែរ ដូច្នេះហេតុអ្វីបានជាពួកយើងគួរខ្លាចមនុស្សអាក្រក់? មនុស្សអាក្រក់គ្រាន់តែជាអារក្សតូចតាចប៉ុណ្ណោះ ហេតុអ្វីត្រូវខ្លាចពួកគេ? ពួកយើងនឹងគ្រាន់តែទុកពួកគេនៅក្នុងពួកជំនុំ ហើយបណ្ដោយឱ្យបងប្អូនប្រុសស្រីភាគច្រើនរងការខូចខាតទៅ។ បន្ទាប់ពីបានរងការខូចខាតហើយ ពួកគេនឹងមានការរីកចម្រើនក្នុងសមត្ថភាពសម្គាល់ ហើយជាមួយសមត្ថភាព សម្គាល់នេះ ពួកគេនឹងលែងត្រូវបានចងភ្ជាប់ និងរឹតត្បិតដោយមនុស្សអាក្រក់បែបនេះទៀតហើយ។ នោះនឹងជារឿងល្អណាស់!» តើមនុស្សភាគច្រើនអាចសម្រេចបាននូវកម្ពស់នេះដែរឬទេ? (ទេ)។ ពួកគេមិនអាចទេ។ សេចក្ដីជំនឿរបស់ពួកគេខ្សោយពេក សេចក្ដីពិតដែលពួកគេយល់មានតិចតួចពេក ហើយកម្ពស់របស់ពួកគេតូចពេក។ ពួកគេចៀសវាងមនុស្សអាក្រក់នៅពេលណាដែលពួកគេឃើញអ្នកទាំងនោះ មិនហ៊ានធ្វើឱ្យអ្នកទាំងនោះអាក់អន់ចិត្តឡើយ។ ក្រៅពីខ្លាចស្លាប់ និងឱ្យតម្លៃជីវិតផ្ទាល់ខ្លួនរបស់ពួកគេ មនុស្សភាគច្រើនក៏ការពារផលប្រយោជន៍ខាងសាច់ឈាមផ្សេងៗរបស់ពួកគេផងដែរ ពោលគឺពួកគេមិនអាចទទួលបានសមត្ថភាពសម្គាល់ ឬរៀនមេរៀនពីរឿងរ៉ាវផ្សេងៗដែលមនុស្សអាក្រក់ធ្វើឡើយ។ ហេតុនេះ គំនិតនេះជាមូលដ្ឋានគ្រឹះគឺមិនអាចអនុវត្តបាន ហើយមិនអាចផ្តល់លទ្ធផលអ្វីឡើយ។ ប្រសិនបើមនុស្សអាក្រក់ម្នាក់លេចឡើងនៅក្នុងពួកជំនុំ នៅពេលដែលមនុស្សភាគច្រើនបានទទួលស្គាល់ និងកំណត់ថាបុគ្គលនោះជាមនុស្សអាក្រក់ តើមានមនុស្សប៉ុន្មាននាក់ដែលមានស្មារតីយុត្តិធម៌ដើម្បីក្រោកឈរឡើង ផ្ដាច់ទំនាក់ទំនងជាមួយមនុស្សអាក្រក់នោះ តយុទ្ធប្រឆាំងនឹងពួកគេ និងការពារផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់? តើមានប៉ុន្មានភាគរយ? តើមាន១០% ដែរឬទេ? ប្រសិនបើមិនមាន១០% ទេ តើមាន៥% ដែរឬទេអីចឹង? (ប្រហែលប៉ុណ្ណឹង។) នោះមានន័យថា នៅក្នុងក្រុមដែលមានគ្នាម្ភៃនាក់ អាចមានមនុស្សម្នាក់ដែលក្រោកឈរឡើងដើម្បីតយុទ្ធប្រឆាំងនឹងមនុស្សអាក្រក់ ដើម្បីលាតត្រដាង និងតតាំងនឹងពួកគេដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលរួមក្នុងការជជែកដេញដោល និងបោសសម្អាតពួកគេចេញពីពួកជំនុំ។ បុគ្គលបែបនេះគឺជាវីរបុរសនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ជាបុគ្គលដែលគួរឱ្យសរសើររបស់ពួកជំនុំ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការខ្លះខ្លាចមិនហ៊ានដោះស្រាយជាមួយមនុស្សអាក្រក់។ តើមនុស្សបែបនេះស័ក្តិសមសម្រាប់តួនាទីរបស់ពួកគេដែរឬ? តើពួកគេមានលក្ខណៈសម្បត្តិ ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរឬ? នៅពេលដែលពួកគេឮអំពីមនុស្សអាក្រក់ម្នាក់ដែលចាំបាច់ត្រូវបោសសម្អាតចេញពីពួកជំនុំ ពួកគេនិយាយថា៖ «វាមានបញ្ហាបន្តិចបន្តួចក្នុងការបោសសម្អាតពួកគេចេញ។ ខ្ញុំធ្លាប់ស្និទ្ធស្នាលជាមួយពួកគេខ្លះដែរ។ ពួកគេដឹងថាខ្ញុំរស់នៅឯណា និងដឹងថាអ្នកណានៅក្នុងគ្រួសាររបស់ខ្ញុំជឿលើព្រះជាម្ចាស់។ ប្រសិនបើខ្ញុំបណ្ដេញពួកគេចេញ ពួកគេប្រាកដជានឹងស្វែងរកការសងសឹកចំពោះខ្ញុំជាមិនខាន»។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ តើមនុស្សបែបនេះសមនឹងធ្វើជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែរឬទេ? (ទេ។) បន្ទាប់ពីរកឃើញមនុស្សអាក្រក់ម្នាក់ដែលចាំបាច់ត្រូវបោសសម្អាតចេញ គំនិតដំបូងរបស់ពួកគេគឺគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយខ្លាចការសងសឹករបស់មនុស្សអាក្រក់។ ពួកគេមិនបានពិចារណាថា តើមនុស្សអាក្រក់ដែលដឹងពីទីតាំងជួបជុំ និងព័ត៌មានទំនាក់ទំនងមួយចំនួនរបស់បងប្អូនប្រុសស្រី អាចនឹងលក់ក្បាលពួកជំនុំ ឬបងប្អូនប្រុសស្រីឬអត់ទេ បន្ទាប់ពីត្រូវបានបោសសម្អាតចេញ ព្រមទាំង មិនបានពិចារណាថាតើរឿងនេះគួរត្រូវបានបង្ការដោយរបៀបណាទេ។ ការព្រួយបារម្ភចម្បងរបស់ពួកគេ មិនមែនជាផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ទេ ប៉ុន្តែជាការភ័យខ្លាចថា មនុស្សអាក្រក់ដែលដឹងពីស្ថានភាពគ្រួសាររបស់ពួកគេអាចនឹងលក់ក្បាល និងជះឥទ្ធិពលអាក្រក់ដល់គ្រួសាររបស់ពួកគេ។ តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបែបនេះមានទីបន្ទាល់ដែរឬទេ? (ទេ។) ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការខ្លះឃើញមនុស្សអាក្រក់ប្រព្រឹត្តបែបជិះជាន់ និងព្យាយាមគ្រប់គ្រងពួកជំនុំ ប៉ុន្តែពួកគេមិនហ៊ាននិយាយឡើយ។ ផ្ទុយទៅវិញ ពួកគេសម្របសម្រួល និងគេចវេះ មិនហ៊ានចាត់ការមនុស្សអាក្រក់ឡើយ។ នៅពេលដែលពួកគេឃើញមនុស្សអាក្រក់ ពួកគេមានអារម្មណ៍ភ័យខ្លាច ហាក់ដូចជាពួកគេបានឃើញអារក្សអាក្រក់ដែលមានក្បាលបី និងដៃប្រាំមួយអីចឹង ដោយមិនបានការពារផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ឡើយ។ ក្នុងពេលជាមួយគ្នានោះ បងប្អូនប្រុសស្រីសាមញ្ញខ្លះមានស្មារតីយុត្តិធម៌ខ្លះៗ មានភាពក្លាហាន និងសេចក្ដីជំនឿដើម្បីក្រោកឈរឡើង និងលាតត្រដាងមនុស្សអាក្រក់ បន្ទាប់ពីបានរកឃើញពួកគេ ហើយមិនខ្លាចថា មនុស្សអាក្រក់នឹងស្វែងរកការសងសឹកចំពោះពួកគេឡើយ។ ប៉ុន្តែ បុគ្គលបែបនេះមានតិចតួចពេកនៅក្នុងពួកជំនុំ។ ៥% ដែលអ្នករាល់គ្នាបានលើកឡើងមុននេះប្រហែលជាការនិយាយបំផ្លើស មិនមែនជាការប៉ាន់ស្មានបែបប្រយ័ត្នប្រយែងនោះទេ។ តាមទស្សនៈនេះ តើឥរិយាបថ របស់មនុស្សភាគច្រើនចំពោះបុគ្គលដែលមាននិស្ស័យកាចសាហាវ ដែលមានទំនោរចង់សងសឹកគឺជាអ្វី? (មនុស្សភាគច្រើនការពារខ្លួនឯង។) គំនិតដំបូងរបស់ពួកគេគឺការពារខ្លួនឯង មិនពិចារណាពីរបៀបក្រោកឈរឡើង និងតយុទ្ធប្រឆាំងនឹងមនុស្សអាក្រក់ ដើម្បីការពារផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីឡើយ ហើយផ្ដោតតែលើការការពារខ្លួនឯងប៉ុណ្ណោះ។ តើការការពារខ្លួនឯងនេះបង្ហាញពីបញ្ហាអ្វី? (មនុស្សបែបនេះអាត្មានិយមណាស់។) ម្យ៉ាង វាឆ្លុះបញ្ចាំងពីភាពជាមនុស្សដែលអាត្មានិយមយ៉ាងខ្លាំង ហើយម្យ៉ាងទៀត វាបង្ហាញថា សេចក្ដីជំនឿរបស់មនុស្សភាគច្រើនលើព្រះជាម្ចាស់គឺខ្សោយពេក។ ពួកគេអះអាងដោយផ្ទាល់មាត់ថា៖ «ព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាពលើអ្វីៗទាំងអស់ ព្រះជាម្ចាស់គឺជាបង្អែករបស់ពួកយើង» ប៉ុន្តែនៅពេលប្រឈមមុខនឹងតថភាព ពួកគេមានអារម្មណ៍ថា ពួកគេមិនអាចពឹងអាងលើព្រះជាម្ចាស់បានទេ ហើយត្រូវតែពឹងអាងលើខ្លួនឯង ហើយផ្ដល់អាទិភាពលើការការពារខ្លួនឯងផ្ទាល់ ដែលជារឿងមួយដែលពួកគេចាត់ទុកថាជាប្រាជ្ញាដ៏ខ្ពង់ខ្ពស់បំផុត។ ន័យបង្កប់គឺ៖ «គ្មាននរណាម្នាក់អាចការពារខ្ញុំបានទេ សូម្បីតែព្រះជាម្ចាស់ក៏មិនអាចទុកចិត្តបានដែរ។ តើព្រះជាម្ចាស់នៅឯណា? ពួកយើងមិនអាចមើលឃើញទ្រង់ទេ! លើសពីនេះ ខ្ញុំមិនដឹងថា តើព្រះជាម្ចាស់នឹងការពារខ្ញុំឬអត់នោះទេ។ ចុះបើទ្រង់មិនការពារខ្ញុំវិញ?» សេចក្ដីជំនឿរបស់មនុស្សគឺគួរឱ្យអាណិតណាស់។ ពួកគេប្រកាសជានិច្ចថា៖ «ព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាពលើអ្វីៗទាំងអស់ ព្រះជាម្ចាស់គឺជាបង្អែករបស់ពួកយើង» ប៉ុន្តែនៅពេលមានស្ថានការណ៍កើតឡើង ពួកគេស្វែងរកតែការការពារខ្លួនឯងប៉ុណ្ណោះ មិនអាចក្រោកឈរឡើងដើម្បីតយុទ្ធប្រឆាំងនឹងសាតាំង និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនឡើយ និងខ្វះសូម្បីតែសេចក្ដីជំនឿប៉ុណ្ណេះ។ សេចក្ដីជំនឿរបស់មនុស្សគឺគួរឱ្យអាណិតណាស់ វាក៏ត្រូវបានលាតត្រដាងទាំងស្រុងដោយសាររឿងនេះដែរ។ កម្ពស់របស់ពួកគេគឺតូចប៉ុណ្ណឹងឯង។ ចំពោះមនុស្សអាក្រក់ដែលមានទំនោរចង់សងសឹកទាំងនោះ ប្រសិនបើមានបុគ្គលពីរបីនាក់ដែលចង់លាតត្រដាងពួកគេ ប៉ុន្តែមានអារម្មណ៍ថាឯកោ និងគ្មានអំណាច ហើយខ្លាចត្រូវបានមនុស្សអាក្រក់គាបសង្កត់ ពួកគេគួរតែរួបរួមគ្នាជាមួយពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន ឬជាមួយបងប្អូនប្រុសស្រីដែលមានសមត្ថភាពសម្គាល់។ បន្ទាប់ពីពួកគេរួមកម្លាំងគ្នា ពួកគេនឹងមានទំនុកចិត្តទាំងស្រុងលើជ័យជម្នះ។ បន្ទាប់មក ពួកគេអាចលាតត្រដាង និងវែកញែកសកម្មភាព និងអាកប្បកិរិយារបស់មនុស្សអាក្រក់បែបនេះ ហើយអនុញ្ញាតឱ្យមនុស្សភាគច្រើនសម្គាល់ និងមើលឃើញយ៉ាងច្បាស់ពីមុខមាត់ពិតរបស់មនុស្សអាក្រក់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរួបរួមចិត្ត និងគំនិត និងរួមគ្នាបោសសម្អាតមនុស្សអាក្រក់ចេញ។ មុននេះ អ្នករាល់គ្នាបានលើកឡើងថា នៅពេលដែលបុគ្គលអាក្រក់លេចឡើង ប្រហែលម្នាក់ក្នុងចំណោមម្ភៃនាក់នៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ អាចមានស្មារតីយុត្តិធម៌ដើម្បីនិយាយដោយយុត្តិធម៌ និងហ៊ានក្រោកឈរឡើង ហើយបោសសម្អាតមនុស្សអាក្រក់បែបនេះចេញ។ ម្នាក់ក្នុងចំណោមម្ភៃនាក់ គឺតិចតួចពេកហើយ ប្រសិនបើពួកជំនុំមួយមានមនុស្សតែដប់នាក់ តើពួកគេនឹងជម្រះបុគ្គលអាក្រក់ចេញដោយរបៀបណាទៅ? ពួកគេនឹងមិនអាចធ្វើបានឡើយ មនុស្សដប់នាក់នោះនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សអាក្រក់ ហើយស៊ូទ្រាំនឹងការធ្វើបាបពីពួកគេ ដែលជារឿងមិនអាចទទួលយកបានឡើយ។ វាមុខជាល្អណាស់ក្នុងការកំណត់គោលដៅឱ្យមានម្នាក់ក្នុងចំណោមដប់នាក់ ឬសូម្បីតែម្នាក់ក្នុងចំណោមប្រាំនាក់ដែលមានភាពក្លាហានក្រោកឈរឡើង និងតយុទ្ធប្រឆាំងនឹងមនុស្សអាក្រក់! ការស្វែងរកការពារខ្លួនឯងជានិច្ច មិនត្រឹមតែបណ្តាលឱ្យបាត់បង់ទីបន្ទាល់នៅពីមុខសាតាំងប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកាន់តែអាក្រក់នោះគឺ បាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់។ នៅក្នុងពួកជំនុំដែលមានបុគ្គលអាក្រក់ម្នាក់ យ៉ាងហោចណាស់ មនុស្សមួយចំនួននឹងរងការខូចខាត។ ប្រសិនបើមានបុគ្គលអាក្រក់ពីរនាក់ មនុស្សភាគច្រើននឹងរងការខូចខាត ហើយប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទកាន់អំណាច ដោយមានបក្ខពួក និងកូនចៅមួយចំនួននៅក្រោមពួកគេ នោះរាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំនឹងរងការខូចខាត។ តើ ពិតមែនដែរឬទេ? (មែនហើយ។) មនុស្សម្នាក់ដែលក្រោកឈរឡើងប្រឆាំងនឹងមនុស្សអាក្រក់ តំណាងឱ្យកម្លាំងមួយចំណែក ចំណែកឯមនុស្សដប់នាក់ដែលក្រោកឈរឡើងប្រឆាំងនឹងមនុស្សអាក្រក់ តំណាងឱ្យកម្លាំងដប់ចំណែក។ ដូច្នេះ តើអ្នករាល់គ្នាគិតថា មនុស្សអាក្រក់ខ្លាចមនុស្សម្នាក់ ឬខ្លាចមនុស្សដប់នាក់ជាង? (ដប់នាក់។) ដូច្នេះប្រសិនបើមនុស្សម្ភៃ សាមសិប ឬហាសិបនាក់ សុទ្ធតែក្រោកឈរឡើងប្រឆាំងនឹងមនុស្សអាក្រក់ តើអ្នកណានឹងឈ្នះនៅទីបំផុត? (បងប្អូនប្រុសស្រី។) នៅទីបំផុត បងប្អូនប្រុសស្រីនឹងឈ្នះ។ តើវាមិនធ្វើឱ្យការបោសសម្អាតមនុស្សអាក្រក់ចេញកាន់តែងាយស្រួលជាងមុនច្រើនទេឬ? គ្នាច្រើនគឺមានកម្លាំង មនោគតិដ៏សាមញ្ញនេះគួរតែច្បាស់លាស់ចំពោះអ្នករាល់គ្នា។ ដូច្នេះ ការសម្គាល់ និងការបោសសម្អាតមនុស្សអាក្រក់ចេញ មិនមែនជាទំនួលខុសត្រូវតែឯងរបស់អ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់នោះទេ ប៉ុន្តែជាទំនួលខុសត្រូវរួមរបស់រាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំ។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ រួមជាមួយនឹងកិច្ចសហការរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីបោសសម្អាតមនុស្សអាក្រក់ចេញ មនុស្សគ្រប់គ្នាអាចរីករាយនឹងថ្ងៃល្អៗបាន។ ប្រសិនបើមនុស្សអាក្រក់មិនត្រូវបានបោសសម្អាតចេញ ហើយត្រូវបានទុកនៅក្នុងពួកជំនុំដោយសង្ឃឹមថាពួកគេនឹងប្រែចិត្ត ប៉ុន្តែមិនឃើញមានការរីកចម្រើនបន្ទាប់ពីប្រាំមួយខែ ឬមួយឆ្នាំ ហើយពួកគេបន្តបង្កការរំខានដែលមិនអាចទ្រាំទ្របានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នេះគឺជាលទ្ធផលនៃការបង្ហាញក្ដីមេត្តាចំពោះមនុស្សអាក្រក់។ ការអនុញ្ញាតឱ្យមនុស្សអាក្រក់ប្រព្រឹត្តបែបជិះជាន់ និងគ្រប់គ្រងពួកជំនុំ គឺស្មើនឹងការប្រគល់ខ្លួនឯងទៅឱ្យមនុស្សអាក្រក់ ក៏ដូចជាការប្រគល់បងប្អូនប្រុសស្រីទៅក្នុងដៃរបស់ពួកគេ ហើយអនុញ្ញាតឱ្យពួកគេគ្រប់គ្រងដោយសេរី និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើវាងាយស្រួលទេក្នុងការយល់ និងទទួលបានសេចក្ដីពិត នៅក្នុងបរិយាកាសដែលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទកាន់អំណាចនោះ? (ទេ។) ពេលវេលាមានតម្លៃណាស់។ ដោយការបោសសម្អាតមនុស្សអាក្រក់ចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អ្នកអាចស្ដារសន្តិភាព និងរីករាយនឹងជីវិតពួកជំនុំដ៏ត្រឹមត្រូវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយល់សេចក្ដីពិតកាន់តែច្រើន។ ប្រសិនបើអ្នកមិនបោសសម្អាតមនុស្សអាក្រក់ចេញទេ ពួកគេនឹងបង្កការរំខាន និងការបំផ្លិចបំផ្លាញនៅក្នុងចំណោមមនុស្សដូចជាឆ្កែឆ្កួត និយាយ និងធ្វើអ្វីៗតាមដែលពួកគេចង់។ នេះដកហូតពេលវេលារបស់អ្នកក្នុងការទទួលបានសេចក្ដីពិត ហើយមានន័យថា ពេលវេលារបស់អ្នក និងការបំពេញភារកិច្ចរបស់អ្នក ត្រូវបានគ្រប់គ្រងដោយមនុស្សអាក្រក់។ តើនេះជារឿងល្អ ឬអាក្រក់? (រឿងអាក្រក់។) តាមទ្រឹស្ដី មនុស្សគ្រប់គ្នាដឹងថាវាជារឿងអាក្រក់ ប៉ុន្តែនៅពេលប្រឈមមុខនឹងមនុស្សអាក្រក់ដែលរំខានពួកជំនុំ ពួកគេលែងគិតបែបនេះទៀតហើយ ហើយផ្ដោតតែលើការមិនត្រូវបាន ប្រើឧបាយកលប្រឆាំង ឬ ត្រូវបានធ្វើឱ្យខូខាតយ៉ាងធ្ងន់ធ្ងរដោយមនុស្សអាក្រក់ប៉ុណ្ណោះ។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់នៅក្នុងពួកជំនុំ ខ្លាចមនុស្សអាក្រក់បែបនេះ ពួកជំនុំនឹងងាយធ្លាក់ក្រោមការគ្រប់គ្រងរបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នឹងត្រូវបានពួកគេគ្រប់គ្រងផងដែរ។ តើពួកគេអាចត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់នៅពេលនោះដែរឬទេ? នោះពិបាកនិយាយណាស់។ ប្រសិនបើពួកជំនុំមួយមិនមានមនុស្សពីរ ឬបីនាក់ដែលយល់សេចក្ដីពិត និងមានចិត្តគំនិតតែមួយក្នុងការធ្វើបន្ទាល់ និងបម្រើព្រះជាម្ចាស់ទេ នោះគឺជាពួកជំនុំដែលអស់សង្ឃឹមមួយ ហើយនោះគឺជាស្ថានភាពដ៏សោកសៅ។
ការមានទំនោរចង់សងសឹក គឺជាការបង្ហាញ ចេញនៃទង្វើអាក្រក់ ហើយវាគឺជាអាកប្បកិរិយា និងការបង្ហាញ ចេញមួយដែលកើតចេញពីនិស្ស័យកាចសាហាវ។ នៅពេលដែលបុគ្គលបែបនេះបង្ហាញអាកប្បកិរិយាជាក់លាក់នេះ ពួកគេគួរតែត្រូវបានកំណត់លក្ខណៈថាជាមនុស្សអាក្រក់។ ជាការពិតណាស់ មនុស្សមួយចំនួន ដោយសារតែពួកគេមានចិត្តចង្អៀត ខ្វះការយល់ដឹងជ្រៅជ្រះ ឬជាអ្នកជឿថ្មីថ្មោងដែលមិនយល់សេចក្ដីពិត តែងតែប្រកាន់រឿងតូចតាចជាមួយអ្នកដទៃ មានសម្អប់ចំពោះអ្នកដែលមិនអំណោយផលចំពោះពួកគេ ឬបានធ្វើឱ្យខូចខាតដល់ពួកគេ ឬធ្លាប់បានប្រើមធ្យោបាយខ្លះដើម្បីធ្វើការសងសឹកចំពោះបុគ្គលមួយចំនួន ប៉ុន្តែនៅពេលឮថា អ្នកដែលមានទំនោរចង់សងសឹកគឺជាមនុស្សអាក្រក់ ហើយត្រូវបោសសម្អាតចេញពីពួកជំនុំ ពួកគេក៏ផ្លាស់ប្ដូរគំនិតរបស់ខ្លួន កែប្រែខ្លួនដោយស្ងាត់ៗនៅក្នុងចិត្ត ហើយបង្ហាញពីការចេះប្រមាណខ្លួនឱ្យសមល្មម និងការទប់ចិត្តខ្លះៗនៅក្នុងអាកប្បកិរិយារបស់ពួកគេ។ ចូរប្រាប់ខ្ញុំមើល៍ តើមនុស្សបែបនេះត្រូវបានចាត់ទុកថាស្ថិតនៅក្នុងចំណោមជួរមនុស្សអាក្រក់ដែរឬទេ? (ទេ។) តើអ្វីបញ្ជាក់ពីរឿងនេះ? (សមត្ថភាពរបស់ពួកគេក្នុងការកែប្រែខ្លួន។) តើសមត្ថភាពរបស់ពួកគេក្នុងការកែប្រែខ្លួនបង្ហាញពីអ្វី? វាបង្ហាញថា ពួកគេអាចទទួលយកសេចក្ដីពិតបាន ពោល វាគឺជាសញ្ញាល្អមួយ។ ហេតុអ្វីបានជាពួកយើងនិយាយថា ពួកគេអាចទទួលយកសេចក្ដីពិតបាន? ពីព្រោះ បន្ទាប់ពីបានឮសេចក្ដីពិតក្នុងទិដ្ឋភាពនេះ និងបានភ្ញាក់ខ្លួនថា ការស្វែងរកការសងសឹកគឺជាការបង្ហាញចេញរបស់មនុស្សអាក្រក់ ពួកគេឆ្លុះបញ្ចាំងពីសភាពពុករលួយផ្ទាល់របស់ខ្លួន ទទួលស្គាល់សារជាតិពុករលួយរបស់ខ្លួន ហើយបន្ទាប់មកប្រែចិត្តចំពោះព្រះជាម្ចាស់ ប្រព្រឹត្តស្របទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចេះទប់ចិត្តលើអាកប្បកិរិយារបស់ពួកគេ។ នេះគឺជាការបង្ហាញ ចេញនៃការទទួលយកសេចក្ដីពិត។ មនុស្សអាក្រក់ដែលយើងនិយាយនៅទីនេះមិនទទួលយកសេចក្ដីពិតឡើយ។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតទៅកាន់ពួកគេច្បាស់លាស់កម្រិតណាទេ ពួកគេមិនទទួលយកឡើយ។ ពួកគេនៅតែរឹងរូស ហើយបដិសេធមិនស្តាប់នរណាម្នាក់ឡើយ។ ទោះបីជាអ្នកព្រមានពួកគេថា៖ «ទង្វើរបស់អ្នកនឹងនាំឱ្យត្រូវបានបោសសម្អាតចេញ» ក៏ពួកគេមិនខ្វល់ដែរ ហើយបន្តធ្វើតាមរបៀបរបស់ពួកគេ ដែលមិនអាចផ្លាស់ប្ដូរបានដោយនរណាម្នាក់ឡើយ។ នៅពេលដែលអ្នកលាតត្រដាងពួកគេ ពួកគេមិនទទួលស្គាល់កំហុសរបស់ខ្លួនឡើយ។ នៅពេលដែលអ្នកប្រាប់ពួកគេថា ពួកគេគឺជាអ្នកដែលមានទំនោរចង់សងសឹក ពួកគេគឺជាមនុស្សអាក្រក់ ហើយពួកគេគួរតែត្រូវបានបោសសម្អាតចេញ ពួកគេនៅតែមិនបោះបង់ចោលការប្រព្រឹត្តអាក្រក់របស់ខ្លួន ហើយប្រាកដជានឹងមិនកែប្រែខ្លួនឡើយ។ តើនេះជាមនុស្សប្រភេទបែបណា? ពួកគេគឺជាអ្នកដែលស្អប់ខ្ពើមសេចក្ដីពិត។ ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ មិនថាសារជាតិនិស្ស័យរបស់ពួកគេត្រូវបានកំណត់លក្ខណៈបែបណា មិនថាអំពើអាក្រក់របស់ពួកគេត្រូវបានលាតត្រដាងបែបណា ឬមិនថាពួកគេត្រូវបានដោះស្រាយបែបណានោះទេ ពួកគេនៅតែមិនកែប្រែ នឹងមិនឱនក្បាល និងទទួលស្គាល់កំហុសរបស់ខ្លួនជាដាច់ខាត ហើយប្រាកដជានឹងមិនបោះបង់ឡើយ។ នេះគឺជាភាពអសមត្ថភាពក្នុងការ កែប្រែខ្លួន។ តើអ្វីជាសារជាតិនៃការមិនកែប្រែខ្លួន? គឺការបដិសេធមិនទទួលយកសេចក្ដីពិត។ ប្រសិនបើពួកគេអាចទទួលយកសូម្បីតែសេចក្តីថ្លែងអះអាងត្រឹមត្រូវមួយឃ្លា ឬ សេចក្ដីពិតតែមួយចំណុច នោះពួកគេនឹងមិនបន្តដើរលើផ្លូវខុសដោយមិនត្រឡប់ក្រោយឡើយ។ ពួកគេនឹងត្រឡប់ក្រោយ ទទួលស្គាល់កំហុសរបស់ខ្លួន ហើយបោះបង់ចោលនូវអ្វីដែលពួកគេធ្លាប់ប្រកាន់ខ្ជាប់ពីមុនក្នុងកម្រិតណាមួយ។ ដោយសារតែពួកគេជាមនុស្សអាក្រក់ ដោយសារតែពួកគេជាបុគ្គលអាក្រក់ដែលមាននិស្ស័យកាចសាហាវ បន្ទាប់ពីអាកប្បកិរិយានៃការស្វែងរកការសងសឹករបស់ពួកគេកើតចេញពីនិស្ស័យបែបនេះ ពួកគេមិនត្រឹមតែបដិសេធមិនទទួលយកអ្វីដែលត្រូវបានលាតត្រដាងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការត្រូវបានលួសកាត់ ឬការកំណត់លក្ខណៈបែបនេះប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រកាន់ខ្ជាប់តាមផ្លូវរបស់ខ្លួនរហូតដល់ទីបញ្ចប់។ ពួកគេមិនមានគម្រោងទទួលយកការត្រូវបានកំណត់លក្ខណៈ ឬការត្រូវបានលាតត្រដាងឡើយ ហើយពួកគេក៏មិនមានបំណងទទួលស្គាល់សេចក្ដីពុករលួយរបស់ខ្លួនដែរ។ ជាការពិតណាស់ បើមិនទទួលស្គាល់សេចក្ដីពុករលួយរបស់ខ្លួនទេ ពួកគេមិនមានគម្រោងបោះបង់ចោលអាកប្បកិរិយា រួមជាមួយនឹងសកម្មភាពនៃការស្វែងរកការសងសឹករបស់ខ្លួនទេ ហើយក៏មិនបោះបង់គោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់ពួកគេដែរ។ ពួកគេអាក្រក់ទាំងស្រុង និងយ៉ាងពេញទី។ តើមនុស្សអាក្រក់បែបនេះមិនមែនជាអារក្សទេឬ? (មែនហើយ ជាអារក្ស។) ពួកគេគឺជាអារក្សដែលមានសារជាតិរបស់សាតាំងទាំងស្រុង។ អ្នកមិនអាចផ្លាស់ប្ដូរពួកគេបានទេ។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានផ្លាស់ប្ដូរបាន? មូលហេតុឫសគល់ គឺការបដិសេធទាំងស្រុងរបស់ពួកគេមិនទទួលយកសេចក្ដីពិត។ ពួកគេបដិសេធសូម្បីតែសេចក្ដីពិតដ៏តូចបំផុត សេចក្តីថ្លែងអះអាងត្រឹមត្រូវ ពាក្យពេចន៍វិជ្ជមាន ឬរបស់វិជ្ជមានណាមួយ។ ទោះបីជាពួកគេទទួលស្គាល់ដោយផ្ទាល់មាត់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជារបស់វិជ្ជមានក៏ដោយ ក៏ចិត្តរបស់ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយពួកគេក៏មិនមានគម្រោងអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីផ្លាស់ប្ដូររបៀបនៃការប្រព្រឹត្តខ្លួន និងការធ្វើរឿងរ៉ាវនានារបស់ពួកគេដែរ។ ជួនកាល ពួកគេអាចទទួលស្គាល់ដោយផ្ទាល់មាត់ថា ទង្វើរបស់ពួកគេគឺផ្អែកលើទស្សនៈវិជ្ជារបស់សាតាំងទាំងស្រុង ប៉ុន្តែពួកគេនៅតែមិនទទួលយកសេចក្ដីពិតជាដាច់ខាត។ នរណាក៏ដោយដែលប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ នឹងត្រូវជួបប្រទះនឹងការមិនពេញចិត្តយ៉ាងខ្លាំងរបស់ពួកគេ និងសូម្បីតែសម្អប់ និងការវិនិច្ឆ័យរបស់ពួកគេ ហើយនរណាក៏ដោយដែលលាតត្រដាង និងសម្គាល់ពួកគេក៏ក្លាយជាគោលដៅនៃសម្អប់ និងការសងសឹករបស់ពួកគេដែរ ដោយមិនគិតថាជានរណាឡើយ សូម្បីតែឪពុកម្ដាយបង្កើតផ្ទាល់ខ្លួនរបស់ពួកគេក៏មិនត្រូវបានលើកលែងដែរ។ តើពួកគេមិនហួសពីការប្រោះលោះទេឬ? (មែនហើយ ហួសពីការប្រោះលោះ។) ពួកគេគឺហួសពីការប្រោះលោះហើយ។ តើវាគួរឱ្យអាណិត ទេក្នុងការបោសសម្អាតពួកគេចេញ? (ទេ។) បុគ្គលបែបនេះត្រូវតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញ។ ទាំងនេះជាមូលដ្ឋានគឺសុទ្ធតែជាការបង្ហាញ ចេញរបស់អ្នកដែលមានទំនោរចង់សងសឹក។ ទាំងនេះគឺជាចរិតលក្ខណៈរបស់ពួកគេ និស្ស័យរបស់ពួកគេ របៀប និងវិធីសាស្ត្រនៃការធ្វើរឿងរ៉ាវរបស់ពួកគេ និងដំណើរការនៃការគិតរបស់ពួកគេ ព្រមទាំងឥរិយាបថ របស់ពួកគេចំពោះសេចក្ដីពិត ជាមូលដ្ឋានគឺបែបហ្នឹង។ ផលប៉ះពាល់ដែលពួកគេមានទៅលើពួកជំនុំ និងទៅលើ បងប្អូនប្រុសស្រី ត្រូវបានពិភាក្សារួចហើយ ដូច្នេះមិនចាំបាច់ប្រកបគ្នាអំពីរឿងនេះម្ដងទៀតទេ។ នេះបញ្ចប់ការប្រកបគ្នាអំពីការបង្ហាញ ចេញរបស់មនុស្សប្រភេទទីបួន គឺអ្នកដែលមានទំនោរចង់សងសឹក។
ង. មិនចេះប្រយ័ត្នមាត់
បន្ទាប់មក យើងនឹងប្រកបគ្នាអំពីមនុស្សប្រភេទទីប្រាំ គឺអ្នកដែលមិនចេះប្រយ័ត្នមាត់។ តើនេះជាបញ្ហាធ្ងន់ធ្ងរដែរឬទេ? បើមើលតាមទស្សនៈនៃន័យត្រង់ ការមិនចេះប្រយ័ត្នមាត់ ហាក់ដូចជាមិនមែនជាបញ្ហាធំដុំនោះទេ។ អ្នកខ្លះប្រហែលនឹងមានការយល់ឃើញខ្លះៗ ចំពោះការកំណត់លក្ខណៈបុគ្គលទាំងនេះថាជាមនុស្សអាក្រក់៖ «ដោយសារមនុស្សមានមាត់ គឺសម្រាប់និយាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយពួកគេអាចពិភាក្សាគ្នាពីបញ្ហាផ្សេងៗគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ តើវាមិនហាក់ដូចជាហួសហេតុពេកទេឬ ក្នុងការចាត់ថ្នាក់អ្នកដែលមិនចេះប្រយ័ត្នមាត់ ចូលក្នុងចំណោមមនុស្សអាក្រក់ដែលត្រូវបោសសម្អាតចេញនោះ?» តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះរឿងនេះ? (ប្រសិនបើពួកគេបង្កការរំខាន និងការបង្អាក់ដល់ជីវិតពួកជំនុំ ឬកិច្ចការរបស់ពួកជំនុំ ដែលនាំឱ្យមានផលវិបាកអាក្រក់ នោះពួកគេក៏ត្រូវបោសសម្អាតចេញដែរ។) បញ្ហាជាមួយមនុស្សបែបនេះ មិនមែននៅត្រង់ការមិនចេះប្រយ័ត្នមាត់នោះទេ តែជាបញ្ហាជាមួយនឹងភាពជាមនុស្សរបស់ពួកគេ។ ប្រសិនបើពួកគេបង្កការរំខានដល់បងប្អូនប្រុសស្រី ដល់ជីវិតពួកជំនុំ និងកិច្ចការពួកជំនុំ ឬពាក្យសម្ដីរបស់ពួកគេស្មើនឹងការក្បត់ និងការលក់ពួកជំនុំ ហើយថែមទាំងនាំភាពអាម៉ាស់ដល់ដំណាក់ព្រះជាម្ចាស់ និងព្រះនាមរបស់ព្រះជាម្ចាស់ទៀតនោះ ដូច្នេះបុគ្គលបែបនេះត្រូវតែត្រូវបានដោះស្រាយ។ ជាដំបូង ចូរយើងពិភាក្សាអំពីការបង្ហាញចេញរបស់អ្នកដែលមិនចេះប្រយ័ត្នមាត់ ហើយបន្ទាប់មក ពិភាក្សាអំពីរបៀបដោះស្រាយជាមួយពួកគេ។ តើអ្នកដែលមិនចេះប្រយ័ត្នមាត់អាចហៅថាជា«មនុស្សមាត់ឥតគម្រប» បានដែរឬទេ? (បាន។) តើដូច្នេះមែនឬ? តើនេះជាចរិតលក្ខណៈរបស់មនុស្សបែបនេះមែនទេ? តើការធ្វើជាមនុស្សមាត់ឥតគម្របមានន័យថាជាមនុស្សល្ងង់ខ្លៅ និងមិនដឹងថាអ្វីគួរនិយាយ ឬមិនគួរនិយាយ ដែលនឹកឃើញអ្វីក៏និយាយហ្នឹង ដោយមិនគិតពីផលវិបាកមែនទេ? តើនេះមានន័យថាមិនចេះប្រយ័ត្នមាត់របស់ខ្លួនមែនទេ? (ទេ។) មនុស្សខ្លះពូកែនិយាយស្ដី និងពូកែប្រាស្រ័យទាក់ទង ពួកគេជាមនុស្សត្រង់ ហើយសាមញ្ញ និងស្មោះត្រង់គួរសម។ ពួកគេតែងតែចែករំលែកការគិតនៅក្នុងចិត្ត និងគំនិតរបស់ខ្លួន ការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្លួន អ្វីដែលពួកគេបានឆ្លងកាត់ និងសូម្បីតែកំហុសរបស់ពួកគេជាមួយអ្នកដទៃ។ ក៏ប៉ុន្តែ បុគ្គលទាំងនេះមិនមែនសុទ្ធតែល្ងង់ខ្លៅ ឬមិនចេះប្រយ័ត្នមាត់នោះទេ។ វាហាក់ដូចជាពួកគេនិយាយគ្រប់រឿង ហើយសាមញ្ញ និងស្មោះត្រង់ណាស់ ប៉ុន្តែនៅពេលនិយាយដល់បញ្ហាសំខាន់ៗ ជាបញ្ហាដែលអាចនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ ឬ ដំណាក់ព្រះជាម្ចាស់ ឬបញ្ហាដែលអាចពាក់ព័ន្ធនឹងការក្បត់របស់ពួកគេចំពោះបងប្អូនប្រុសស្រី ឬពួកជំនុំ ដែលធ្វើឱ្យពួកគេក្លាយជាយូដាសនោះ ពួកគេមិននិយាយមួយម៉ាត់ឡើយ។ នេះហៅថាការចេះប្រយ័ត្នមាត់។ ដូច្នេះ មិនមែនមានន័យថា មនុស្សត្រង់ មនុស្សមាត់ឥតគម្រប ឬអ្នកដែលពូកែនិយាយ សុទ្ធតែមិនចេះប្រយ័ត្នមាត់នោះទេ។ តើការមិនចេះប្រយ័ត្នមាត់នៅទីនេះមានន័យដូចម្តេច? ការមិនចេះប្រយ័ត្នមាត់មានន័យថា ការនិយាយដោយគ្មានគោលការណ៍ និងនិយាយយ៉ាងផ្តេសផ្តាស ដោយមិនពិចារណាពីអ្នកស្ដាប់ ពេលវេលា ឬបរិបទឡើយ។ លើសពីនេះទៅទៀត វាពាក់ព័ន្ធនឹងការមិនចេះការពារកិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ទាល់តែសោះ ឬមិនខ្វល់ទាល់តែសោះថាតើវាផ្ដល់ផលប្រយោជន៍ដល់បងប្អូនប្រុសស្រី ឬជីវិតពួកជំនុំដែរឬទេ គឺចេះតែនិយាយប៉ាតណាប៉ាតណី។ តើ «ការចេះតែនិយាយប៉ាតណាប៉ាតណី» មានផលវិបាកអ្វីខ្លះ? គឺការក្បត់ដោយអចេតនាចំពោះផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់បងប្អូនប្រុសស្រី។ ដោយមិនមានចេតនា ដោយសារតែការនិយាយស្ដីផ្តេសផ្តាស និងការមិនចេះប្រយ័ត្នមាត់របស់ពួកគេ ពួកគេផ្ដល់អនុភាព ដល់អ្នកគ្មានជំនឿដើម្បីប្រឆាំងនឹងដំណាក់ព្រះជាម្ចាស់ អនុញ្ញាតឱ្យអ្នកគ្មានជំនឿសើចចំអកឱ្យបងប្អូនប្រុសស្រីមួយចំនួន និងឱ្យអ្នកគ្មានជំនឿ និងមនុស្សដែលមិនជឿលើព្រះជាម្ចាស់ ដឹងរឿងជាច្រើនដែលពួកគេមិនគួរដឹង។ ជាលទ្ធផល មនុស្សទាំងនេះបញ្ចេញមតិដោយសេរី និងនិយាយពាក្យសម្ដីដែលមិនផ្តល់ការគោរពអំពីបញ្ហានៃដំណាក់ព្រះជាម្ចាស់ និងកិច្ចការផ្ទៃក្នុងរបស់ពួកជំនុំ ហើយនិយាយអ្វីៗដែលបង្កាច់បង្ខូច និងប្រមាថដល់ព្រះជាម្ចាស់។ ពួកគេថែមទាំងអាចប្រឌិតពាក្យចចាមអារ៉ាមអំពីបងប្អូនប្រុសស្រី ពួកជំនុំ និងកិច្ចការនៃដំណាក់ព្រះជាម្ចាស់ ដែលនាំឱ្យមានផលវិបាកអាក្រក់។ នេះគឺជាការបង្កជាការរំខានដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់ និងស្មើនឹងការប្រព្រឹត្តអំពើអាក្រក់។ បុគ្គលខ្លះយកចិត្តទុកដាក់ជាពិសេសក្នុងការស្វែងយល់ និងស៊ើបអង្កេតថាតើនរណាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងពួកជំនុំ អាសយដ្ឋានគ្រួសាររបស់ពួកគេ ព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រី កិច្ចការហិរញ្ញវត្ថុ និងគណនេយ្យរបស់ពួកជំនុំ បុគ្គលិកគណនេយ្យ និងបញ្ជីឈ្មោះមនុស្សដែលត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញពីពួកជំនុំ។ ពួកគេក៏ផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការស្វែងយល់អំពីការរៀបចំកិច្ចការរបស់ពួកជំនុំផងដែរ។ អាកប្បកិរិយាបែបនេះ គឺគួរឱ្យសង្ស័យយ៉ាងខ្លាំង ហើយអាចចង្អុលបង្ហាញថា ពួកគេគឺជាភ្នាក់ងារបង្កប់ខ្លួន ឬជាអ្នកស៊ើបការណ៍សម្ងាត់របស់នាគដ៏ធំមានសម្បុរក្រហម។ ប្រសិនបើព័ត៌មានលម្អិតទាំងនេះត្រូវបានបែកធ្លាយទៅដល់ពួកអារក្សដែលគ្មានជំនឿ ដែលអនុញ្ញាតឱ្យនាគដ៏ធំមានសម្បុរក្រហមដឹងអំពីព័ត៌មានទាំងនោះ នោះផលវិបាកនឹងមិនអាចគិតដល់ឡើយ។ អ្នកខ្លះ ដោយសារតែភាពល្ងង់ខ្លៅ និងការមិនដឹងអី អាចនឹងចែករំលែកព័ត៌មាននេះ ឬផ្នែកខ្លះនៃព័ត៌មាននេះ ជាមួយសមាជិកគ្រួសារដែលគ្មានជំនឿ របស់ពួកគេ ដែលបន្ទាប់មកយកទៅផ្សព្វផ្សាយ ឬផ្តល់វាទៅឱ្យភ្នាក់ងាររបស់នាគដ៏ធំមានសម្បុរក្រហម។ រឿងនេះអាចបង្កជាហានិភ័យដែលអាចកើតមាន និងនាំមកនូវបញ្ហាជាច្រើនដល់កិច្ចការរបស់ពួកជំនុំ ព្រមទាំងមានផលវិបាកដែលមិនអាចនឹកស្មានដល់ទៀតផង។ បញ្ហាផ្ទៃក្នុងរបស់ពួកជំនុំទាំងនេះជារឿយៗត្រូវបានចែករំលែកដោយអចេតនាជាមួយសមាជិកគ្រួសារដែលគ្មានជំនឿដោយមនុស្សមួយចំនួនដែលបើកកកាយគ្រប់យ៉ាងដោយគ្មានលាក់លៀម។ ហើយពួកគេថែមទាំងចែករំលែកជាមួយសាច់ញាតិ និងមិត្តភក្តិដែលគ្មានជំនឿរបស់ពួកគេទៀតផង។ រឿងនេះនាំឱ្យមានការបែកធ្លាយបញ្ហាផ្ទៃក្នុងរបស់ពួកជំនុំជាបន្តបន្ទាប់ តាមរយៈពាក្យសម្ដីរបស់ពួកគេទៅកាន់ពិភពខាងក្រៅ។ តើការបែកធ្លាយទាំងនេះមានផលវិបាកអ្វីខ្លះ? សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិដែលគ្មានជំនឿរបស់ពួកគេជាច្រើន បានដឹងអំពីកិច្ចការផ្ទៃក្នុងជាច្រើនរបស់ពួកជំនុំ ដែលសូម្បីតែបងប្អូនប្រុសស្រីប្រហែលជាមិនដឹងផង ឬដឹងអំពីអាសយដ្ឋានផ្ទះរបស់បងប្អូនប្រុសស្រី ឈ្មោះពិតរបស់ពួកគេ និងរឿងឯកជនក្នុងអាពាហ៍ពិពាហ៍។ តើបញ្ហារបស់ពួកជំនុំទាំងនេះបែកធ្លាយដោយរបៀបណា? តើអ្នកគ្មានជំនឿបានដឹងអំពីរឿងទាំងនេះដោយរបៀបណា? គឺមាន «អ្នកឆ្លើយឆ្លងព័ត៌មាន» នៅក្នុងពួកជំនុំ! តើមនុស្សបែបនេះត្រូវបានហៅថាអ្វី? (គឺជាអ្នកដែលមិនចេះប្រយ័ត្នមាត់។) ត្រឹមត្រូវហើយ។ ពួកគេចែករំលែកគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតពួកជំនុំប្រចាំថ្ងៃ ឬរឿងរ៉ាវទាក់ទងនឹងបងប្អូនប្រុសស្រី ជាមួយសមាជិកគ្រួសារដែលគ្មានជំនឿរបស់ពួកគេ ដូចជា បងស្រីណាម្នាក់បានលែងលះគ្នា ប្ដីរបស់បងស្រីម្នាក់ទៀតរកស៊ីខាតបង់ ឬគាត់មានកូនប្រុសមិនស្តាប់បង្គាប់ ឬបងប្អូនប្រុសស្រីណាម្នាក់ទិញផ្ទះ ជាដើម។ ពួកគេក៏និយាយអំពីបងប្អូនប្រុសស្រីដែលត្រូវបានចាប់ខ្លួនដោយនាគដ៏ធំមានសម្បុរក្រហម ហើយក្លាយជាយូដាស ឬអ្នកដែលបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយថែមទាំងនិយាយថា អ្នកដឹកនាំពួកជំនុំបានលួសកាត់ពួកគេទៀតផង។ ការសន្ទនារបស់ពួកគេនៅផ្ទះគឺសុទ្ធតែជុំវិញប្រធានបទទាំងនេះទាំងស្រុង។ សមាជិកគ្រួសាររបស់ពួកគេថែមទាំងផ្ដល់ដំបូន្មាន និងយុទ្ធសាស្ត្រ ដើម្បីជួយពួកគេឱ្យប្រឆាំងនឹងពួកអ្នកដឹកនាំ បងប្អូនប្រុសស្រី ឬនរណាម្នាក់នៅក្នុងពួកជំនុំដែលមិនចុះសម្រុងនឹងពួកគេ បង្កការលំបាក ឬបានលាតត្រដាងពួកគេ។ នៅក្នុងការជួបជុំក្នុងចំណោមបងប្អូនប្រុសស្រី បុគ្គលបែបនេះហាក់ដូចជាស្តាប់បង្គាប់ និងមានអាកប្បកិរិយាល្អជាពិសេស និយាយតិច មិនពូកែនិយាយស្ដី មិនដែលនិយាយអំពីនិស្ស័យពុករលួយរបស់ខ្លួន មិនដែលប្រកបគ្នាអំពីការយល់ដឹងតាមរយៈបទពិសោធរបស់ខ្លួន ហើយថែមទាំងកម្រអធិដ្ឋានទៀតផង។ ពួកគេប្រព្រឹត្តចំពោះបងប្អូនប្រុសស្រី ដោយមានស្មារតីប្រយ័ត្នប្រយែងខ្លួន ខណៈពេលដែលប្រព្រឹត្តចំពោះសមាជិកគ្រួសារដែលគ្មានជំនឿរបស់ពួកគេ ហាក់ដូចជាពួកគេជាសមាជិកនៃដំណាក់ព្រះជាម្ចាស់ទៅវិញ។ ពួកគេរៀបរាប់ព័ត៌មានលម្អិតទាំងអស់អំពីពួកជំនុំទៅកាន់សមាជិកគ្រួសាររបស់ពួកគេដោយគ្មានចន្លោះ ដែលចែករំលែកគ្រប់យ៉ាងជាមួយពួកគេ រួមទាំងសូម្បីតែការបោះពុម្ពសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់ពួកជំនុំ នរណាមានទេពកោសល្យអ្វីខ្លះនៅក្នុងពួកជំនុំ និងរឿងជាច្រើនទៀត គឺ រឿងទាំងនេះសុទ្ធតែត្រូវបានយកទៅពិភាក្សាជាមួយសមាជិកគ្រួសាររបស់ពួកគេ និងមនុស្សដែលមិនជឿលើព្រះជាម្ចាស់។ មិនថាពួកគេមានគោលបំណងអ្វីក្នុងការធ្វើបែបនេះនោះទេ ផលវិបាកចុងក្រោយគឺថា ពួកគេក្បត់កិច្ចការរបស់ពួកជំនុំ និងបងប្អូនប្រុសស្រី។ ពួកគេដឹងច្បាស់អំពីស្ថានភាពរបស់សមាជិកសំខាន់ៗគ្រប់រូបនៅក្នុងពួកជំនុំ។ ជាការពិតណាស់ មនុស្សទាំងនេះក៏ជាប្រធានបទនៃការពិភាក្សា និងការវិនិច្ឆ័យនៅពីក្រោយខ្នងរបស់ពួកគេដែរ ហើយប្រហែលថែមទាំង ក្លាយជាអ្នកដែលពួកគេលួចក្បត់ដោយសម្ងាត់ទៀតផង។ ប្រសិនបើនរណាម្នាក់មានទំនាក់ទំនងល្អជាមួយពួកគេ ពួកគេសរសើរអ្នកនោះមិនដាច់ពីមាត់នៅចំពោះមុខគ្រួសាររបស់ពួកគេ។ ផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់មានទំនាក់ទំនងមិនល្អជាមួយពួកគេ ពួកគេជេរប្រមាថអ្នកនោះមិនដាច់ពីមាត់នៅចំពោះមុខគ្រួសាររបស់ពួកគេ ថែមទាំងធ្វើឱ្យគ្រួសាររបស់ពួកគេចូលរួមជេរប្រមាថដែរ ហើយហៅបងប្អូនប្រុសស្រីថាជាមនុស្សល្ងង់ ឬនិយាយថាពួកគេគ្មានបានការ។ បុគ្គលទាំងនេះប្រមាថបងប្អូនប្រុសស្រី ដោយប្រើពាក្យប្រមាថណាក៏ដោយដែលអ្នកគ្មានជំនឿប្រើ។ ពួកគេដូចជាអ្នកគ្មានជំនឿអីចឹង ពោលគឺពួកគេគឺជាអ្នកមិនជឿសុទ្ធសាធ ពួកគេមិនមែនជាមនុស្សល្អឡើយ ហើយបុគ្គលបែបនេះគួរតែត្រូវបានបោសសម្អាតចេញឱ្យទាន់ពេល។
នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម ព័ត៌មានរបស់មនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ គួរតែរក្សាទុកជាការសម្ងាត់ ហើយសូម្បីតែនៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផ្លាស់ទៅបរទេសក៏ដោយ ក៏ព័ត៌មានរបស់ពួកគេនៅតែត្រូវតែរក្សាជាឯកជនដែរ។ នេះគឺដោយសារតែអ្នកស៊ើបការណ៍សម្ងាត់របស់នាគដ៏ធំមានសម្បុរក្រហម បានសាយភាយទៅគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក ដោយជ្រៀតចូលគ្រប់ទីកន្លែង ក្នុងគោលបំណងជាក់លាក់ដើម្បីប្រមូលព័ត៌មានអំពីអស់អ្នកដែលជឿលើព្រះជាម្ចាស់។ នៅប្រទេសចិនដីគោក ស្ថានភាពសម្រាប់បងប្អូនប្រុសស្រីដែលដើរតាមព្រះជាម្ចាស់គឺលំបាក និងគ្រោះថ្នាក់ខ្លាំងណាស់។ សូម្បីតែនៅពេលពួកគេទៅបរទេស ក៏នៅតែមានកម្រិតគ្រោះថ្នាក់ខ្លះដែរ។ ប្រសិនបើអ្នកស៊ើបការណ៍សម្ងាត់របស់នាគដ៏ធំមានសម្បុរក្រហមប្រមូលបានព័ត៌មានរបស់ពួកគេ ទីមួយ មានហានិភ័យនៃការបញ្ជូនខ្លួនត្រឡប់ទៅវិញ ហើយទីពីរ យ៉ាងហោចណាស់ សមាជិកគ្រួសារ និងសាច់ញាតិរបស់ពួកគេនៅប្រទេស ចិនដីគោក អាចនឹងជាប់ពាក់ព័ន្ធ។ ដោយសារមូលហេតុសុវត្ថិភាព និងដោយក្តីគោរពចំពោះបុគ្គលម្នាក់ៗ មនុស្សគ្រប់គ្នាគួរតែរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រីជាការសម្ងាត់ ហើយមិនគួរចែករំលែកវាជាមួយអ្នកដែលមិនជឿលើព្រះជាម្ចាស់ឡើយ។ សូម្បីតែក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ក៏ដោយ ក៏មិនគួរយកព័ត៌មានផ្ទាល់ខ្លួនទៅបើកកកាយប្រាប់អ្នកដទៃតាមចិត្ត ដោយគ្មានការយល់ព្រមរបស់បុគ្គលម្នាក់ៗឡើយ។ មិនអនុញ្ញាតជាដាច់ខាតក្នុងការចាត់ទុកព័ត៌មានណាមួយអំពីបងប្អូនប្រុសស្រី កិច្ចការពួកជំនុំ ភារកិច្ចដែលនរណាម្នាក់បំពេញ បទពិសោធដែលបានចែករំលែកនៅក្នុងការប្រកបគ្នា ឬព័ត៌មានលម្អិតផ្សេងទៀតបែបនេះ ជាប្រធានបទសន្ទនាដើម្បីចែករំលែកជាមួយអ្នកគ្មានជំនឿ ក្នុងពេលទំនេររបស់ខ្លួនឡើយ។ តើការពិភាក្សាអំពីរឿងទាំងនេះជាមួយពួកគេ មានផលវិបាកអ្វីខ្លះ? តើមានលទ្ធផលវិជ្ជមានដែរឬទេ? (ទេ។) ផលវិបាកនៃការពិភាក្សាបែបនេះ គឺថាពួកអារក្សដែលគ្មានជំនឿទាំងនេះចាប់បានអានុភាព សើចចំអក និងវិនិច្ឆ័យ ហើយថែមទាំងដាក់បណ្តាសា និងបង្ខូចកេរ្តិ៍ឈ្មោះទៀតផង។ តើនេះល្អដែរឬទេ? (ទេ។) អ្នករាល់គ្នាគួរតែពិនិត្យមើលថាតើមានបុគ្គលដែលមានបំណងមិនល្អនៅក្នុងពួកជំនុំដែរឬទេ ដែលពិភាក្សាអំពីព័ត៌មានលម្អិតដូចជា ស្ថានភាពជាក់ស្តែងនៃកិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំ ក៏ដូចជា ថាតើនរណាពិតជាជឿលើព្រះជាម្ចាស់ នរណាដេញតាមសេចក្ដីពិត នរណាបំពេញភារកិច្ចរបស់ខ្លួន នរណាមិនបំពេញភារកិច្ចរបស់ខ្លួន នរណាជារឿយៗអវិជ្ជមាន នរណាមានសេចក្ដីជំនឿស្រពេចស្រពិល ហើយថែមទាំងព័ត៌មានផ្ទាល់ខ្លួន និងស្ថានភាពអំពីបងប្អូនប្រុសស្រី ជាមួយអ្នកគ្មានជំនឿ និងសមាជិកគ្រួសារដែលគ្មានជំនឿដោយគ្មានលាក់លៀមសោះ។ ចូរពិនិត្យរកមើលបុគ្គលបែបនេះ។ មានរឿងរ៉ាវខ្លះដែលសូម្បីតែមនុស្សនៅក្នុងពួកជំនុំក៏មិនចាំបាច់ដឹងដែរ ប៉ុន្តែសមាជិកគ្រួសារដែលគ្មានជំនឿរបស់បុគ្គលបែបនេះ បែរជាដឹងអំពីរឿងទាំងនេះច្រើនជាងអ្នកនៅក្នុងពួកជំនុំទៅទៀត ហើយថែមទាំងដឹងច្បាស់ជាងទៀតផង។ តើរឿងនេះកើតឡើងដោយរបៀបណា? នេះគឺជា «ស្នាដៃ» របស់ភ្នាក់ងារបង្កប់ខ្លួននៅខាងក្នុង។ ភ្នាក់ងារបង្កប់ខ្លួននេះ ប្រព្រឹត្តចំពោះសមាជិកគ្រួសាររបស់ពួកគេ ហាក់ដូចជាគេទាំងនោះជាពួកអ្នកដឹកនាំពួកជំនុំ ហើយរាយការណ៍ រាល់អ្វីដែលពួកគេឃើញនៅក្នុងពួកជំនុំទៅកាន់ «ពួកអ្នកដឹកនាំ» នៅឯផ្ទះរបស់ពួកគេ ក្នុងបំណងយកចិត្ត និងធ្វើឱ្យទំនាក់ទំនងមនោសញ្ចេតនារបស់ពួកគេជាមួយគ្រួសារកាន់តែស៊ីជម្រៅ។ ជាក់ស្តែង ភ្នាក់ងារបង្កប់ខ្លួនដែលមិនចេះប្រយ័ត្នមាត់ទាំងនោះហើយ ដែលបានក្បត់រឿងរ៉ាវទាំងអស់របស់ពួកជំនុំ។ ពួកគេមិនគោរពបងប្អូនប្រុសស្រី ហើយពួកគេក៏មិនការពារកិច្ចការ និងផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ដែរ។ ពួកគេចាត់ទុកដំណាក់ព្រះជាម្ចាស់ និងពួកជំនុំ ដូចជាសង្គម ឬទីសាធារណៈ ហើយបញ្ចេញមតិ និងវិនិច្ឆ័យបងប្អូនប្រុសស្រីតាមចិត្ត ហាក់ដូចជាពួកគេជាអ្នកគ្មានជំនឿ ថែមទាំងចូលដៃជាមួយអ្នកមិនជឿ និងអ្នកគ្មានជំនឿ ក្នុងការសម្រេចការវិនិច្ឆ័យលើបងប្អូនប្រុសស្រីដោយសេរី ទៀតផង។ លើសពីនេះទៅទៀត បុគ្គលខ្លះ បន្ទាប់ពីត្រូវបានពួកអ្នកដឹកនាំលួសកាត់ ឬបន្ទាប់ពីមានជម្លោះ ការទាស់ទែង និងភាពមិនចុះសម្រុងជាមួយបងប្អូនប្រុសស្រី ក៏ទៅផ្ទះហើយបង្កើតសាច់រឿង ដើម្បីឱ្យប្រាកដថាគ្រួសាររបស់ពួកគេបានដឹងរឿងទាំងអស់។ ផលវិបាកគឺថា គ្រួសាររបស់ពួកគេស្វែងរកការសងសឹកចំពោះពួកអ្នកដឹកនាំ ឬបងប្អូនប្រុសស្រី ក្នុងបំណងលក់ពួកជំនុំ និងបំផ្លាញពួកជំនុំ។ តើនេះជាបាតុភូតល្អដែរឬទេ? (ទេ។) ការចែករំលែកកិច្ចការផ្ទៃក្នុងរបស់ពួកជំនុំ និងរឿងរ៉ាវដូចជាថាតើមានបងប្អូនប្រុសស្រីប៉ុន្មាននាក់រស់នៅក្នុងជីវិតពួកជំនុំ ហើយថាតើមនុស្សគ្រប់គ្នាធ្វើភារកិច្ចអ្វីខ្លះ ជាមួយសមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ដោយគ្មានលាក់លៀម តើពួកគេជាមនុស្សថោកទាបបែបណា? តើពួកគេជាអ្នកជឿពិតប្រាកដដែរឬទេ? (ទេ។) តើពួកគេជាសមាជិកនៃ ដំណាក់ព្រះជាម្ចាស់ដែរឬទេ? តើអាចហៅពួកគេថាជាបងប្អូនប្រុសស្រីបានដែរឬទេ? (ទេ។) ការទុកភ្នាក់ងារបង្កប់ខ្លួន និងជនក្បត់ដែលលាក់មុខបែបនេះនៅក្នុងពួកជំនុំ មិនថាពីអតីតកាល បច្ចុប្បន្ន ឬអនាគត នាំមកនូវបញ្ហាធំដល់ដំណាក់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រី។ ទោះបីជាពួកគេហាក់ដូចជាមិនបានប្រព្រឹត្តអំពើអាក្រក់ច្រើននៅក្នុងជីវិតពួកជំនុំក៏ដោយ តែផលវិបាក និងផលប៉ះពាល់នៃការដែលពួកគេលួចបញ្ជូនព័ត៌មានលម្អិតផ្សេងៗអំពី ដំណាក់ព្រះជាម្ចាស់ទៅឱ្យអ្នកគ្មានជំនឿ ពួកសាតាំង និងពួកអារក្ស គឺគ្រោះថ្នាក់ខ្លាំងណាស់! តើគួរអនុញ្ញាតឱ្យមនុស្សថោកទាបបែបនេះនៅសល់ក្នុងពួកជំនុំដែរឬទេ? (ទេ។) តើពួកគេសមនឹងត្រូវបានហៅថាជា សមាជិកនៃដំណាក់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេស័ក្តិសមនឹងត្រូវបានចាត់ទុកថា ជាបងប្អូនប្រុសស្រីដែរឬទេ? (ទេ។) តើមនុស្សបែបនេះគួរត្រូវបានដោះស្រាយដោយរបៀបណា? (ពួកគេគួរតែត្រូវបានបោសសម្អាតចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។) ពួកគេត្រូវតែបោសសម្អាតចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន! ទាត់ពួកគេចេញទៅ! នេះគឺជាហេតុផលសម្រាប់ការបោសសម្អាតពួកគេចេញ៖ «អ្នកមិនចេះប្រយ័ត្នមាត់ អ្នកមិនស្គាល់អ្វីដែលល្អសម្រាប់ខ្លួនឯងរមិលគុណ។ អ្នកជឿលើព្រះជាម្ចាស់ និងសោយសុខនឹងព្រះគុណរបស់ទ្រង់ ព្រមទាំងជំនួយ សេចក្ដីស្រឡាញ់ ការអត់ធ្មត់ និងការយកចិត្តទុកដាក់ពីបងប្អូនប្រុសស្រី ប៉ុន្តែអ្នកនៅតែលក់ក្បាលបងប្អូនប្រុសស្រី និងពួកជំនុំបែបនេះដដែល។ អ្នកគ្មានបានការទេ ចេញឱ្យឆ្ងាយទៅ!» រឿងរ៉ាវរបស់បងប្អូនប្រុសស្រី រឿងរ៉ាវរបស់ពួកជំនុំ និងកិច្ចការណាមួយនៃដំណាក់ព្រះជាម្ចាស់មិនគួរត្រូវបានបើកកកាយទៅកាន់អ្នកគ្មានជំនឿឡើយ ហើយក៏មិនគួរត្រូវបានពួកគេយកធ្វើជាប្រធានបទនៃការសន្ទនាលេងសើចដែរ។ ពួកគេមិនស័ក្តិសមឡើយ! អ្នកណាក៏ដោយដែលផ្សព្វផ្សាយព័ត៌មានបែបនេះ ក្លាយជាបុគ្គលដែលត្រូវបណ្តាសា ជាមនុស្សដែលពួកជំនុំត្រូវតែបោសសម្អាតចេញ ហើយបងប្អូនប្រុសស្រីគួរតែបដិសេធពួកគេ។ គ្រាន់តែផ្អែកលើទង្វើនៃការលក់ក្បាលបងប្អូនប្រុសស្រី និងពួកជំនុំ ដែលចែករំលែកបញ្ហាផ្ទៃក្នុងរបស់ពួកជំនុំជាមួយអ្នកគ្មានជំនឿដើម្បីនិយាយលេងសើច ដោយឥតសង្ស័យ ពួកគេគឺជាជនក្បត់ ភ្នាក់ងារបង្កប់ខ្លួន និងជាមនុស្សអាក្រក់ដែលគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ បងប្អូនប្រុសស្រីមានសេរីភាពក្នុងការប្រកបគ្នា និងជជែកវែកញែកតាមការចាំបាច់ អំពីកិច្ចការណាក៏ដោយដែលត្រូវបានធ្វើនៅក្នុងពួកជំនុំ ដូចជាថាតើនរណាគួរតែត្រូវបានបោសសម្អាតចេញ ឬការកើតឡើងនៃព្រឹត្តិការណ៍មួយចំនួន ប៉ុន្តែវាមិនត្រូវបានចែករំលែកជាមួយអ្នកគ្មានជំនឿឡើយ ហើយក៏មិនអាចត្រូវបាននិយាយប្រាប់សមាជិកគ្រួសារដែលគ្មានជំនឿបានដែរ។ ជាពិសេស ស្ថានភាពផ្ទាល់ខ្លួន និងស្ថានភាពគ្រួសាររបស់បងប្អូនប្រុសស្រីថ្មីថ្មោងដែលមានកម្ពស់តូច មិនត្រូវបានលាតត្រដាងប្រាប់អ្នកក្រៅឡើយ។ ប្រសិនបើអ្នកពិបាកនឹងរក្សាវាទុកក្នុងចិត្ត អ្នកគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងពឹងអាងលើទ្រង់ ដើម្បីរៀនចេះទប់ចិត្តខ្លួនឯង ហើយទៅធ្វើសកម្មភាពដែលមានអត្ថន័យខ្លះទៅ។ ប្រសិនបើអ្នកពិតជាមិនអាចគ្រប់គ្រងខ្លួនឯងបានមែន អ្នកគួរតែរាយការណ៍ទៅពួកជំនុំជាមុនសិន ដើម្បីស្វែងរកដំណោះស្រាយ ដើម្បីការពារកុំឱ្យមានផលវិបាកអាក្រក់ ពីព្រោះការផ្សព្វផ្សាយព័ត៌មានបែបនេះងាយនឹងបង្កបញ្ហាបំផុត។ ឧទាហរណ៍ លេខទូរសព្ទផ្ទាល់ខ្លួន អាសយដ្ឋានផ្ទះ រយៈពេលប៉ុន្មានឆ្នាំដែលនរណាម្នាក់បានជឿលើព្រះជាម្ចាស់ ស្ថានភាពគ្រួសារ និងស្ថានភាពអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន ជាដើម គឺជាប្រធានបទរសើប។ រឿងទាំងនេះគ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិត ឬការចូលទៅក្នុងជីវិតឡើយ ពោលគឺ វាទាក់ទងនឹងឯកជនភាពផ្ទាល់ខ្លួន។ មានតែភ្នាក់ងារ និងភ្នាក់ងារបង្កប់ខ្លួនប៉ុណ្ណោះដែលស៊ើបអង្កេតរឿងទាំងនេះដោយចំៗ។ ប្រសិនបើអ្នកចូលចិត្តចង់ដឹង និងផ្សព្វផ្សាយរឿងបែបនេះ តើវាចង្អុលបង្ហាញពីនិស្ស័យបែបណា? វាគឺថោកទាបណាស់! មិនដេញតាមសេចក្ដីពិត តែផ្ដោតលើការនិយាយដើមគេ ធ្វើខ្លួនជាភ្នាក់ងារបង្កប់ខ្លួន ឬអ្នកស៊ើបការណ៍សម្ងាត់ និងបម្រើការដល់ នាគដ៏ធំមានសម្បុរក្រហម តើនោះមិនមែនថោកទាប និងអាក្រក់ទេឬអី? អ្នកណាក៏ដោយដែលសាកសួរចំៗ ស៊ើបអង្កេត និងផ្សព្វផ្សាយប្រធានបទរសើប និងរឿងឯកជនរបស់អ្នកដទៃយ៉ាងផ្តេសផ្តាស កំពុងមានបំណងមិនល្អ និងជាអ្នកមិនជឿ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ត្រូវតែប្រយ័ត្នប្រយែងជាពិសេសចំពោះបុគ្គលបែបនេះ។ ប្រសិនបើមនុស្សបែបនេះមិនប្រែចិត្តទេ ជីវិតពួកជំនុំរបស់ពួកគេគួរតែត្រូវបានបញ្ឈប់ ពីព្រោះការលក់ក្បាលបងប្អូនប្រុសស្រី គឺជាទង្វើអសីលធម៌ គួរឱ្យស្អប់ខ្ពើម និងគួរឱ្យអាម៉ាស់បំផុត។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គួរតែនៅឱ្យឆ្ងាយពីបុគ្គលទាំងនេះ។ នៅក្នុងជីវិតពួកជំនុំ មនុស្សគួរតែត្រូវបានរឹតត្បិតមិនឱ្យសាកសួរ និងពិភាក្សាអំពីរឿងទាំងនេះ ព្រោះរឿងទាំងនេះគ្មានពាក់ព័ន្ធអ្វីនឹងការប្រកបគ្នាអំពីសេចក្ដីពិតឡើយ ហើយការនិយាយអំពីរឿងទាំងនេះ មិននាំមកនូវផលប្រយោជន៍អ្វីដល់អ្នកដទៃទាល់តែសោះ។
ដំណាក់ព្រះជាម្ចាស់មានបញ្ញត្តិរដ្ឋបាល និងបទប្បញ្ញត្តិផ្សេងៗដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវតែប្រកាន់ខ្ជាប់តាម។ រឿងរ៉ាវដូចជា កិច្ចការផ្ទៃក្នុងរបស់ពួកជំនុំ ការកែសម្រួលផ្នែកបុគ្គលិកចំពោះថ្នាក់អ្នកដឹកនាំ និងអ្នកធ្វើការ កិច្ចការបោសសម្អាតរបស់ពួកជំនុំ និងការរៀបចំពីខាងលើ ជាដើម មិនត្រូវយកទៅផ្សព្វផ្សាយនៅក្នុងពួកជំនុំតាមចិត្តឡើយ ដើម្បីការពារកុំឱ្យអ្នកមិនជឿ និងមនុស្សអាក្រក់យកព័ត៌មានទាំងនោះទៅក្បត់ប្រាប់ទៅសាតាំង។ មូលហេតុនៃរឿងនេះ គឺដោយសារតែដំណាក់ព្រះជាម្ចាស់ខុសពីសង្គម ពោលគឺព្រះជាម្ចាស់តម្រូវឱ្យមនុស្សដេញតាមសេចក្ដីពិត អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន រិះគិត និងប្រកបគ្នាឱ្យបានច្រើន។ មានតែការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចបង្កើតបានជាបរិយាកាសត្រឹមត្រូវ។ មានតែការចែករំលែកទីបន្ទាល់តាមរយៈបទពិសោធឱ្យបានច្រើនប៉ុណ្ណោះ ទើបអាចបង្កើតបានជាបរិយាកាសបែបនេះ។ បន្ថែមលើនេះ មានអ្នកជឿថ្មីៗ ជាច្រើននៅក្នុងដំណាក់ព្រះជាម្ចាស់ ដែលបានជឿលើព្រះជាម្ចាស់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ វាជៀសមិនរួចទេដែលថា មានអ្នកមិនជឿមួយចំនួនមិនទាន់ត្រូវបានបញ្ចេញឱ្យឃើញនៅឡើយ។ ជាពិសេស រយៈពេលប្រាំ ឬដប់ឆ្នាំដំបូងនៃជំនឿ គឺជាពេលវេលាសម្រាប់បញ្ចេញឱ្យឃើញធាតុពិតរបស់មនុស្ស ក្នុងអំឡុងពេលនេះ មិនប្រាកដថានរណាអាចប្រកាន់ខ្ជាប់ និងនរណាមិនអាចប្រកាន់ខ្ជាប់នោះទេ ហើយក៏មិនដឹងថានៅតែមានមនុស្សអាក្រក់ប៉ុន្មាននាក់ដែលអាចរំខានដល់ពួកជំនុំដែរ។ ការចេះតែផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួន និងកិច្ចការខាងក្រៅបែបនេះយ៉ាងផ្តេសផ្តាស ក៏ដូចជារឿងរ៉ាវដែលមិនពាក់ព័ន្ធនឹងការប្រកបគ្នាអំពីសេចក្ដីពិត អាចនាំឱ្យមានផលវិបាកអាក្រក់ជាច្រើន។ ឧទាហរណ៍ នរណាម្នាក់អាចសួរថា «តើអ្នកដឹកនាំនោះមកពីណា? តើពួកគេរស់នៅឯណា?» ព័ត៌មានរសើបនេះ មិនមែនជាអ្វីដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចាំបាច់ត្រូវដឹងនោះទេ។ ម្នាក់ទៀតអាចសួរថា «តើដំណាក់ព្រះជាម្ចាស់ចំណាយអស់ប៉ុន្មានដើម្បីបោះពុម្ពសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយក្បាល?» តើការដឹងរឿងនេះមានប្រយោជន៍ដែរឬទេ? (ទេ។) តើថ្លៃបោះពុម្ពហ្នឹងពាក់ព័ន្ធអ្វីនឹងអ្នក? តើគេមានដែលទារលុយពីអ្នកទេ? វាហាក់ដូចជាមិនពាក់ព័ន្ធនឹងអ្នកសោះ ត្រូវទេ? អ្នកខ្លះប្រហែលសួរថា «តើឥឡូវនេះនរណាជាអ្នកដឹកនាំថ្នាក់លើនៅក្នុងដំណាក់ព្រះជាម្ចាស់?» ប្រសិនបើពួកគេមិនមែនកំពុងដឹកនាំអ្នកដោយផ្ទាល់ទេ តើការមិនដឹងរឿងនេះប៉ះពាល់ដល់អ្នកដែរឬទេ? (ទេ។) នៅប្រទេស ចិនដីគោក ការដឹងរឿងទាំងនេះអាចជាបញ្ហា។ ប្រសិនបើត្រូវបានចាប់ខ្លួនដោយនាគដ៏ធំមានសម្បុរក្រហម ហើយត្រូវរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនដឹងរឿងទាំងនេះទេ ទោះបីជាពួកគេវាយអ្នកយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចបញ្ចេញប្រាប់អ្វីបានដែរ ដូច្នេះអ្នកនឹងមិនក្លាយជាយូដាសឡើយ។ ប៉ុន្តែប្រសិនបើអ្នកដឹង ហើយមិនអាចទ្រាំទ្រនឹងការវាយដំយ៉ាងសាហាវដែលពួកគេធ្វើដាក់អ្នកបានទេ នោះអ្នកអាចនឹងនិយាយចេញទៅ ហើយក្លាយជាយូដាស។ នៅពេលនោះ អ្នកអាចនឹងគិតថា «ហេតុអ្វីបានជាខ្ញុំសួរសំណួរទាំងនោះយ៉ាងផ្តេសផ្តាសម៉្លេះកាលហ្នឹង? វាប្រសើរជាងបើខ្ញុំមិនដឹង។ ទោះបីជាត្រូវគេវាយរហូតដល់ស្លាប់ ក៏ខ្ញុំនៅតែមិនដឹងអំពីរឿងទាំងនោះដដែល ទោះបីជាខ្ញុំចង់ប្រឌិតចម្លើយ ក៏ខ្ញុំមុខជាមិនអាចរកនឹកឃើញអ្វីដែរ។ បើអីចឹង ខ្ញុំមុខជាមិនក្លាយជាយូដាសទេ។ ឥឡូវនេះ ខ្ញុំចាំទុកជាមេរៀនហើយ ពោលគឺ យកល្អមិនគួរដឹងច្រើនពេកទេអំពីរឿងដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិតទាំងនេះ។ ការសាកសួរអំពីរឿងបែបនេះគ្មានប្រយោជន៍អ្វីទេ ការមិនដឹងគឺប្រសើរជាង»។ ហើយមានអ្នកផ្សេងទៀតដែលអាចសួរថា «តើមានក្រុមប៉ុន្មាននៅក្នុងដំណាក់ព្រះជាម្ចាស់ដែលធ្វើការងារជំនាញ?» តើវាពាក់ព័ន្ធអ្វីនឹងអ្នក? គ្រាន់តែធ្វើការងារអ្វីក៏ដោយដែលគេចាត់តាំងឱ្យក្រុមផ្ទាល់របស់អ្នកទៅបានហើយ។ ការមិនដឹងរឿងនេះ មិនប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការបំពេញភារកិច្ចរបស់អ្នកតាមធម្មតា ក្នុងការដេញតាមសេចក្ដីពិតនៅក្នុងជំនឿរបស់អ្នក ឬក្នុងការរស់នៅក្នុងជីវិតពួកជំនុំឡើយ ពោលគឺវាមិនប៉ះពាល់ដល់អ្វីមួយឡើយ។ ការមិនដឹងរឿងនេះមិនរារាំងអ្នកពីការដេញតាមសេចក្ដីពិត ឬ សម្រេចបានសេចក្ដីសង្គ្រោះក្នុងនាមជាអ្នកជឿឡើយ ដូច្នេះចាំបាច់សួរធ្វើអ្វី? «តើបងប្អូនប្រុសស្រីភាគច្រើនមកពីទីក្រុង ឬជនបទ? តើពួកគេទទួលបានការអប់រំសិក្សា ឬមិនទទួលបានការអប់រំសិក្សា?» តើការដឹងរឿងទាំងនេះមានប្រយោជន៍ដែរឬទេ? (ទេ។) ចុះបើពួកគេសុទ្ធតែមកពីជនបទតើវាយ៉ាងម៉េច? ហើយចុះបើពួកគេសុទ្ធតែមកពីទីក្រុងតើវាយ៉ាងម៉េច? រឿងនេះគ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតឡើយ។ អ្នកខ្លះប្រហែលសួរថា «តើកិច្ចការផ្សាយដំណឹងល្អយ៉ាងម៉េចហើយឥឡូវនេះ?» ការសួរអំពីរឿងនេះបន្តិចបន្តួចគឺមិនអីទេ ប៉ុន្តែមនុស្សខ្លះ ដោយសារតែការចង់ដឹងចង់ឮ ក៏សួរលម្អិតថាតើកិច្ចការផ្សាយដំណឹងល្អបានសាយភាយទៅដល់ប៉ុន្មានប្រទេសហើយឱ្យប្រាកដ ដែលជារឿងមិនចាំបាច់ឡើយ។ ទោះបីជាពួកគេបានដឹងរឿងនេះក៏ដោយ តើវានឹងមានផលប៉ះពាល់អ្វីដល់ពួកគេ? តើការដឹងព័ត៌មានលម្អិតបែបនេះ នឹងនាំមកនូវផលប្រយោជន៍អ្វី? ប្រសិនបើអ្នកគ្មានតថភាពនៃសេចក្ដីពិតទេ អ្នកនឹងនៅតែគ្មានវាដដែល ទោះបីជាអ្នកបានដឹងក៏ដោយ ការដឹងរឿងនេះនឹងមិនជួយឱ្យអ្នកបំពេញភារកិច្ចរបស់អ្នកបានល្អទាល់តែសោះ ឬផ្តល់ជំនួយណាមួយដល់ការចូលទៅក្នុងជីវិតរបស់អ្នកឡើយ។ មិនសាកសួរអំពីកិច្ចការទូទៅខ្លះៗក៏មិនអីដែរ តាមពិតទៅ ការមិនដឹងគឺប្រសើរជាង។ ការដឹងច្រើនពេកគឺជាបន្ទុក។ នៅពេលដែលព័ត៌មានបែបនេះបែកធ្លាយ វាបង្កជាបញ្ហា និងជាអំពើរំលង។ ការដឹងរឿងទាំងនេះមិនល្អទេ៖ អ្នកកាន់តែដឹងច្រើន វាកាន់តែអាចបង្កបញ្ហាច្រើន។ អស់អ្នកដែលយល់ពីសេចក្ដីពិត ដឹងថាអ្វីគួរត្រូវបាននិយាយ និងអ្វីមិនគួរត្រូវបាននិយាយ។ ពួកអ្នកល្ងង់ខ្លៅ ដែលខ្វះ ការយល់ដឹងខាងវិញ្ញាណ មិនចេះបែងចែករវាងអ្នកក្នុង និងអ្នកក្រៅឡើយនៅពេលពួកគេនិយាយ គឺនិយាយតែរឿងផ្តេសផ្តាសប៉ុណ្ណោះ។ ដូច្នេះ រឿងទាំងនេះមិនគួររាយការណ៍ប្រាប់អ្នកនៅក្នុងពួកជំនុំដែលមិនយល់ពីសេចក្ដីពិតឡើយ។ ការដឹងរឿងទាំងនេះ មិននាំមកនូវផលប្រយោជន៍តាមរបៀបណាមួយឡើយ។ ទីមួយ មនុស្សទាំងនេះមិនអាចជួយដោះស្រាយបញ្ហាបានទេ។ ទីពីរ ពួកគេមិនអាចការពារកិច្ចការរបស់ពួកជំនុំបានទេ។ ហើយទីបី មិនចាំបាច់ឱ្យពួកគេនិយាយល្អពីដំណាក់ព្រះជាម្ចាស់ឡើយ។ ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយសកម្មភាពទាំងអស់របស់ព្រះជាម្ចាស់គឺសុចរិត តើចាំបាច់ត្រូវការការអែបអប និងការបញ្ជោរពីអ្នកមិនជឿ និងអ្នកគ្មានជំនឿដែលខ្វះការយល់ដឹងខាងវិញ្ញាណទាំងនោះដែរឬទេ? គឺមិនត្រូវការទេ។ ទោះបីជាគ្មានភាវៈដែលព្រះបានបង្កើតសូម្បីតែមួយនៅក្នុងពិភពលោកទាំងមូល ដើរតាមព្រះជាម្ចាស់ ឬថ្វាយបង្គំទ្រង់ក៏ដោយ ក៏ឋានៈ និងសារជាតិរបស់ព្រះជាម្ចាស់នៅតែមិនផ្លាស់ប្តូរដដែល។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ មិនប្រែប្រួលជារៀងរហូត មិនផ្លាស់ប្តូរដោយសារការប្រែប្រួលនៃកាលៈទេសៈណាមួយឡើយ។ អត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់គឺមិនផ្លាស់ប្តូរអស់កល្បជានិច្ច។ ទាំងនេះគឺជាសេចក្ដីពិតដែលអស់អ្នកជឿលើព្រះជាម្ចាស់គួរតែយល់។ អ្នកមិនជឿ និងអ្នកគ្មានជំនឿទាំងនោះ និយាយ និងធ្វើសកម្មភាពដោយមិនបែងចែករវាងអ្នកក្នុង និងអ្នកក្រៅឡើយ តើវាមានផលប្រយោជន៍ដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់ដែរឬទេ ក្នុងការឱ្យពួកគេដឹងច្រើនពេកនោះ? តើចាំបាច់ឱ្យពួកគេដឹងអំពីកិច្ចការនៃដំណាក់ព្រះជាម្ចាស់ដែរឬទេ? ពួកគេមិនស័ក្តិសមនឹងដឹងរឿងនេះឡើយ! អ្នកខ្លះប្រហែលសួរថា «តើរឿងទាំងនេះសុទ្ធតែជាអាថ៌កំបាំង ហើយនោះជាមូលហេតុដែលមិនអាចឱ្យគេដឹងបានមែនទេ?» ដោយបានជឿលើព្រះជាម្ចាស់មកទល់ពេលនេះ តើអ្នករាល់គ្នាគិតថារឿងទាំងនេះមានអាថ៌កំបាំងដែរឬទេ? (ទេ។) ប៉ុន្តែរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូរ ពួកគេមិនត្រូវបណ្តោយឱ្យអ្នកគ្មានជំនឿយកទៅពិភាក្សា ឬសើចចំអកឡើយ។ ដំណាក់ព្រះជាម្ចាស់ ពួកជំនុំ និងបងប្អូនប្រុសស្រី មិនថាជាក្រុម ឬបុគ្គលម្នាក់ៗ សុទ្ធតែមានសេចក្ដីថ្លៃថ្នូរ ពួកគេសុទ្ធតែជារបស់វិជ្ជមាន ហើយមិនគួរមាននរណាម្នាក់ប៉ុនប៉ងប្រមាថ ពួកគេឡើយ។ នរណាក៏ដោយដែលប្រព្រឹត្តទង្វើបណ្តោយឱ្យពួកសាតាំង និងពួកអារក្ស ប្រមាថតាមទំនើងចិត្ត និងបរិហារកេរ្តិ៍ ឬបំផ្លាញកេរ្តិ៍ឈ្មោះនៃ ដំណាក់ព្រះជាម្ចាស់ ឬបំផ្លាញកេរ្តិ៍ឈ្មោះរបស់បងប្អូនប្រុសស្រីតាមចិត្ត គឺជាអ្នកដែលត្រូវបណ្តាសា! ដូច្នេះ ពួកជំនុំដាច់ខាតមិនអនុញ្ញាតឱ្យមានវត្តមានរបស់អ្នកដែលមិនចេះប្រយ័ត្នមាត់ឡើយ។ នៅពេលត្រូវបានរកឃើញ ពួកគេត្រូវតែបោសសម្អាតចេញ! តើវិធីសាស្ត្រនេះស្របតាមគោលការណ៍ដែរឬទេ? (មែនហើយ ស្របតាម។)
មនុស្សខ្លះមានការប្រយ័ត្នប្រយែង និងការប្រុងប្រយ័ត្នជាពិសេស នៅពេលពួកគេនិយាយ ទាក់ទង ប្រាស្រ័យទាក់ទង ឬសេពគប់ជាមួយបងប្អូនប្រុសស្រី ប៉ុន្តែនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ ពួកគេក្លាយជាមនុស្សមាត់ឥតគម្រប ដោយនិយាយប្រាប់គ្រប់រឿង សូម្បីតែព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រី ដែលធ្វើឱ្យសមាជិកគ្រួសាររបស់ពួកគេ អ្នកគ្មានជំនឿដែលមិនមានសេចក្តីជំនឿ និងអ្នកដែលជឿតែឈ្មោះ បានដឹងរឿងរ៉ាវជាច្រើនអំពីកិច្ចការរបស់ពួកជំនុំ។ មនុស្សបែបនេះគឺជាភ្នាក់ងារបង្កប់ខ្លួន ជាជនក្បត់ គឺយូដាស ហើយច្បាស់ណាស់ជាប្រភេទបុគ្គលដែលពួកជំនុំគួរតែបោសសម្អាតចេញ។ ពួកគេនៅក្នុងពួកជំនុំកាន់តែយូរ ពួកគេនឹងដឹងព័ត៌មានអំពីបងប្អូនប្រុសស្រីកាន់តែច្រើន ពួកគេនឹងក្បត់កាន់តែច្រើន ហើយនឹងមានរឿងរ៉ាវកាន់តែច្រើនដែលអ្នកគ្មានជំនឿចាប់ថ្នាក់ ដើម្បីប្រើជាអនុភាព និងសម្រាប់ការបរិហារកេរ្តិ៍។ ប្រសិនបើអ្នកមិនខ្លាចពួកគេទម្លាយព័ត៌មាននេះទៅឱ្យអ្នកគ្មានជំនឿទេ នោះទុកពួកគេចុះ។ ប្រសិនបើអ្នកមិនចង់ឱ្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងកិច្ចការផ្ទៃក្នុងរបស់ពួកជំនុំត្រូវបានចែកចាយ ពីមាត់របស់ពួកគេទេ នោះអ្នកគួរតែបោសសម្អាតភ្នាក់ងារបង្កប់ខ្លួនទាំងនេះចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តើការធ្វើបែបនេះសមរម្យដែរឬទេ? (មែនហើយ សមរម្យ។) មិនគួរបន្ធូរបន្ថយឱ្យបុគ្គលបែបនេះឡើយ។ ពួកគេគ្មានបំណងល្អទេ ហើយពួកគេក៏មិនមែនជាមនុស្សល្អដែរ។ តើមនុស្សបែបនេះប្រៀបធៀបនឹងមនុស្សពីរប្រភេទដែលបានលើកឡើងពីមុន គឺអ្នកដែលមានទំនោរចង់សងសឹក និងអ្នកដែលបណ្តែតបណ្តោយខ្លួន និងមិនចេះទប់ចិត្ត តើយ៉ាងម៉េចដែរ? តើពួកគេល្អជាង ឬអាក្រក់ជាង? (អាក្រក់ជាង។) បុគ្គលទាំងនេះក៏អាចបំពេញភារកិច្ចរបស់ខ្លួន បញ្ចេញកម្លាំងខ្លះ និងស៊ូទ្រាំទុក្ខលំបាកខ្លះដែរ។ ពួកគេអាចធ្វើអ្វីក៏បានដែលដំណាក់ព្រះជាម្ចាស់តម្រូវពីពួកគេ ហើយមិនបដិសេធឡើយ ប៉ុន្តែមានបញ្ហាមួយគឺ៖ ពួកគេទម្លាយគ្រប់យ៉ាងអំពីដំណាក់ព្រះជាម្ចាស់ទៅប្រាប់អ្នកគ្មានជំនឿ។ ពួកគេដើរតួជាជនក្បត់ ជាភ្នាក់ងារបង្កប់ខ្លួនជារៀងរាល់ថ្ងៃ។ ដោយសារតែហេតុផលនេះហើយ ទើបពួកជំនុំមិនអាចអត់ឱនឱ្យពួកគេបានឡើយ ហើយត្រូវតែបោសសម្អាតពួកគេចេញ។ តើអ្នកយល់ទេ? (យល់។) មិនថាពួកគេសប្បាយចិត្ត ឬមិនសប្បាយចិត្តនៅក្នុងពួកជំនុំ នរណារករឿងពួកគេ នរណាត្រូវគ្នាជាមួយពួកគេ មិនថាពួកគេត្រូវបានបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ ឬត្រូវបានដកហូតដំណែងនោះទេ គឺមិនថារឿងអ្វីកើតឡើងឡើយ ពួកគេតែងតែត្រូវចែករំលែក គ្រប់លម្អិតជាមួយសមាជិកគ្រួសារដែលគ្មានជំនឿ របស់ពួកគេជានិច្ច។ ពួកគេធានាថាសមាជិកគ្រួសារដែលគ្មានជំនឿ និងអ្នកគ្មានជំនឿបានដឹងភ្លាមៗ និងក្ដាប់បានស្ថានការណ៍ផ្ទៃក្នុងរបស់ពួកជំនុំយ៉ាងឆាប់រហ័ស។ ចំពោះបុគ្គលបែបនេះ អ្នកមិនត្រូវបន្ធូរបន្ថយ ឬមានភាពមេត្តាករុណាដល់ពួកគេជាដាច់ខាត។ ឱ្យតែរកឃើញម្នាក់ ត្រូវបោសសម្អាតចេញម្នាក់។ តើវិធីនេះយ៉ាងម៉េចដែរ? (សមរម្យ។) តើការធ្វើបែបនេះគឺដាច់មេត្តាឬទេ? (ទេ)។ មិនដាច់មេត្តាទេ។ អ្នកចាត់ទុកពួកគេជាបងប្អូនប្រុសស្រី ប៉ុន្តែពួកគេមិនការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ ឬផលប្រយោជន៍របស់បងប្អូនប្រុសស្រីទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេលក់ផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីគ្រប់ពេលវេលា។ អ្នកចាត់ទុកពួកគេជាសមាជិកគ្រួសារ ប៉ុន្តែតើពួកគេចាត់ទុកអ្នកជាសមាជិកគ្រួសារដែរឬទេ? (ទេ។) បើដូច្នោះមែន កុំបន្ធូរបន្ថយឱ្យពួកគេអី។ ប្រសិនបើពួកគេត្រូវតែបោសសម្អាតចេញ អីចឹងបោសសម្អាតពួកគេចេញចុះ។ មកទល់ពេលនេះ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះបុគ្គលបែបនេះដែរឬទេ? (ធ្លាប់។ ពួកគេបានចែករំលែករឿងគ្រប់យ៉ាងអំពីបងប្អូនប្រុសស្រីជាមួយសមាជិកគ្រួសាររបស់ពួកគេ ហើយជួនកាល ពួកគេក៏បានប្រាប់សមាជិកគ្រួសាររបស់ពួកគេអំពីបញ្ហាខ្លះ និងការរៀបចំជាក់លាក់នៅក្នុងពួកជំនុំផងដែរឱ្យតែមានឱកាស។ បន្ទាប់មក សមាជិកគ្រួសាររបស់ពួកគេក៏ប្រមូលរឿងរ៉ាវទាំងនោះដើម្បីនិយាយដើមពួកជំនុំពីក្រោយខ្នង។) តើបុគ្គលទាំងនេះត្រូវបានបោសសម្អាតចេញហើយឬនៅ? (រួចហើយ។) បន្ទាប់ពីត្រូវបានបោសសម្អាតចេញ តើពួកគេបានត្អូញត្អែរដែរឬទេ? ពួកគេអាចនឹងមានអារម្មណ៍ថាមិនយុត្តិធម៌ ហើយគិតថា «ខ្ញុំមិនបានធ្វើអ្វីសោះ។ រឿងនេះមិនមែនជាការបំពានលើបញ្ញត្តិរដ្ឋបាលទេ ហើយខ្ញុំក៏មិនបានបង្កការបង្អាក់ ឬការរំខានដែរ ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវបានបោសសម្អាតចេញ?» តើអ្នករាល់គ្នាគិតថា ធម្មជាតិនៃទង្វើរបស់ពួកគេ ធ្ងន់ធ្ងរជាងការបង្កការបង្អាក់ និងការរំខានដែរឬទេ? (មែនហើយ ធ្ងន់ធ្ងរជាង។) តើមនុស្សបែបនេះអាចត្រូវបានប្រោសលោះបានដែរឬទេ? តើវាងាយស្រួលទេសម្រាប់ពួកគេក្នុងការផ្លាស់ប្ដូរដែរឬទេ? (ទេ។) ហេតុអ្វីបានជាអ្នកនិយាយថាវានឹងមិនងាយស្រួល? តើចំណុចណាដែលបង្ហាញថា វាពិបាកសម្រាប់ពួកគេក្នុងការផ្លាស់ប្ដូរ? (ពួកគេមិនមែនជាផ្នែកមួយរបស់ដំណាក់ព្រះជាម្ចាស់ទេ ពួកគេមិនមែនជាបងប្អូនប្រុសស្រីឡើយ។ សារជាតិរបស់ពួកគេគឺជាសារជាតិរបស់អ្នកមិនជឿ និងអ្នកគ្មានជំនឿ។) នេះគឺជាសារជាតិរបស់ពួកគេ។ ដូច្នេះ តើអ្នកអាចដឹងថាពួកគេជាអ្នកគ្មានជំនឿ និងអ្នកមិនជឿដោយរបៀបណា? (មិនថាពួកគេមានអារម្មណ៍បែបណានៅក្នុងពួកជំនុំទេ ពួកគេបញ្ចេញដាក់គ្រួសាររបស់ពួកគេ ដែលបង្ហាញថា មិនថារឿងអ្វីកើតឡើងឡើយ ពួកគេមិនទទួលយកវាពីព្រះជាម្ចាស់ទេ ហើយពួកគេកាន់តែមិនរៀនមេរៀនអ្វីទាំងអស់។ មនុស្សបែបនេះមិនដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនទទួលយកសេចក្ដីពិតឡើយ ដូច្នេះសារជាតិរបស់ពួកគេគឺជាអ្នកមិនជឿ។) សារជាតិរបស់ពួកគេនេះ ត្រូវបានបង្ហាញច្បាស់ហើយ។ ពួកគេបញ្ចេញអារម្មណ៍ដាក់គ្រួសាររបស់ពួកគេ និងប្រព្រឹត្តចំពោះគ្រប់យ៉ាងដោយផ្អែកលើអារម្មណ៍។ ដូច្នេះ តើអ្នកអាចដឹងដោយរបៀបណាថា ពួកគេមិនមែនជាផ្នែកមួយ របស់ដំណាក់ព្រះជាម្ចាស់ ប៉ុន្តែជាអ្នកគ្មានជំនឿ ដែលបានលបចូលក្នុងដំណាក់ព្រះជាម្ចាស់? (ពីព្រោះពួកគេអាចលក់ផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ ដោយដើរតួជាជនក្បត់ និងជាភ្នាក់ងារបង្កប់ខ្លួន ហើយពីព្រោះជាមូលដ្ឋានគ្រឹះ ពួកគេមិនមែនជាមនុស្សដែលការពារកិច្ចការ និងផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ឡើយ។ ហេតុនេះ បុគ្គលទាំងនេះមិនមែនជាអ្នកដែលមានចិត្តតែមួយជាមួយដំណាក់ព្រះជាម្ចាស់ទេ។) ការពន្យល់នេះមិនចំចំណុចទេ។ ទុកឱ្យខ្ញុំពន្យល់ប្រាប់។ ទោះបីជាបុគ្គលទាំងនេះចូលរួមជីវិតពួកជំនុំ និងបំពេញភារកិច្ចក៏ដោយ តើពួកគេធ្លាប់ចាត់ទុកបងប្អូនប្រុសស្រីជាគ្រួសារដែរឬទេ? និយាយឱ្យចំទៅ តើពួកគេចាត់ទុកបងប្អូនប្រុសស្រីជាគ្នាឯងដែរឬទេ? (ទេ។) បើអីចឹង តើពួកគេចាត់ទុកបងប្អូនប្រុសស្រីជាអ្វី? (ជាអ្នកក្រៅ។) ត្រឹមត្រូវហើយ គឺចាត់ទុកជាអ្នកក្រៅ ជាគូបដិបក្ខ។ អីចឹង តើពួកគេចាត់ទុកដំណាក់ព្រះជាម្ចាស់ និងពួកជំនុំជាអ្វីទៅវិញ? តើមិនមែនគ្រាន់តែជាកន្លែងធ្វើការសម្រាប់ពួកគេទេឬអី? (ត្រូវហើយ។) ពួកគេចាត់ទុកដំណាក់ព្រះជាម្ចាស់ និងពួកជំនុំ ហាក់ដូចជាក្រុមហ៊ុន ឬស្ថាប័ននៃពិភពលោកដែលគ្មានជំនឿ គឺមើលឃើញបងប្អូនប្រុសស្រីជាអ្នកក្រៅ ជាមនុស្សដែលត្រូវប្រយ័ត្នខ្លួន និងជាគូបដិបក្ខ។ ហេតុនេះ ពួកគេអាច ទម្លាយបានយ៉ាងងាយនូវព័ត៌មានផ្សេងៗ និងស្ថានការណ៍ជាក់ស្ដែងផ្សេងៗអំពីបងប្អូនប្រុសស្រីទៅឱ្យអ្នកដែលជាមូលដ្ឋានគ្រឹះមិនជឿលើព្រះជាម្ចាស់។ ពួកគេដឹងថា មនុស្សដែលគ្មានជំនឿទាំងនេះនឹងមិននិយាយល្អទេ ហើយថែមទាំងអាចនិយាយបង្កាច់បង្ខូចបងប្អូនប្រុសស្រី និងបរិហារកេរ្តិ៍ដំណាក់ព្រះជាម្ចាស់ទៀតផង គឺពួកគេដឹងរឿងទាំងអស់នេះ ប៉ុន្តែពួកគេនៅតែទម្លាយ ស្ថានការណ៍របស់បងប្អូនប្រុសស្រី និងពួកជំនុំទៅប្រាប់អ្នកគ្មានជំនឿ ទាំងនេះយ៉ាងផ្តេសផ្តាស ដោយគ្មានលាក់លៀមសោះឡើយ។ ច្បាស់ណាស់ ពួកគេមើលឃើញបងប្អូនប្រុសស្រីជាអ្នកក្រៅ ជាគូបដិបក្ខ ហើយនៅពេលដែលមានរឿងមិនសប្បាយចិត្តណាមួយកើតឡើង ពួកគេចាប់ដៃគ្នាជាមួយអ្នកគ្មានជំនឿភ្លាម ដើម្បីចំអក បរិហារកេរ្តិ៍ និងប្រព្រឹត្តប្រឆាំងបងប្អូនប្រុសស្រីពីក្រោយខ្នង ដើម្បីបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ខ្លួន។ ពួកគេមានអារម្មណ៍ថា ការវិនិច្ឆ័យបងប្អូនប្រុស ឬស្រីណាម្នាក់ គឺមិនអាចធ្វើទៅបានទេនៅក្នុងពួកជំនុំ ពីព្រោះប្រសិនបើពួកគេពិភាក្សារឿងរ៉ាវរបស់ពួកជំនុំ ឬពិភាក្សាអំពីបងប្អូនប្រុសស្រីនៅចំពោះមុខបងប្អូនប្រុសស្រីផ្ទាល់ ពួកគេមានអារម្មណ៍ថា ពួកគេនឹងត្រូវទទួលរងផលវិបាក ដែលនឹងមិនផ្តល់ផលល្អសម្រាប់ពួកគេឡើយ។ ប៉ុន្តែ ការពិភាក្សារឿងទាំងនេះជាមួយគ្រួសាររបស់ពួកគេ គឺបំពេញនូវ សេចក្ដីឆាប់ខឹង បំណងប្រាថ្នា និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេបានយ៉ាងពេញលេញ ដោយមិនចាំបាច់ទទួលផលវិបាកអ្វីឡើយ ព្រោះថាយ៉ាងណាមិញគ្រួសារនៅតែជាគ្រួសារ ដែលមុខជាមិនលក់ក្បលពួកគេឡើយ។ ប៉ុន្តែចំពោះបងប្អូនប្រុសស្រីវិញគឺមិនដូចគ្នាទេ ដែលអាចរាយការណ៍ពីពួកគេ លាតត្រដាងពួកគេ និងលួសកាត់ពួកគេ ហើយថែមទាំងធ្វើឱ្យពួកគេបាត់បង់ភារកិច្ច និងតួនាទីរបស់ពួកគេទៀតផង នៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។ ដូច្នេះ ការនិយាយថា ពួកគេមើលឃើញបងប្អូនប្រុសស្រីជាគូបដិបក្ខ របស់ខ្លួនគឺមិនខុសទាល់តែសោះ។ គូបដិបក្ខ គឺជាមនុស្សដែលគួរតែត្រូវប្រយ័ត្នខ្លួនជាមួយ។ ហេតុនេះ ពួកគេមិននិយាយរកបងប្អូនប្រុសស្រីទេ មិនប្រកបគ្នាជាមួយពួកគេ ហើយក៏មិនលាតត្រដាងអ្វីប្រាប់ពួកគេដែរ។ ផ្ទុយទៅវិញ ពួកគេ «រស់នៅក្នុងជីវិតពួកជំនុំ» ជាមួយសមាជិកគ្រួសារដែលគ្មានជំនឿ របស់ពួកគេនៅឯផ្ទះទៅវិញ ដែលជាកន្លែងដែលពួកគេចែករំលែកគ្រប់យ៉ាង និងនិយាយអស់ពីចិត្ត។ ពួកគេបញ្ចេញដោយគ្មានលាក់លៀមនូវគំនិត យោបល់ការរំខានចិត្ត ការមិនពេញចិត្ត និងទស្សនៈវៀចវេរទាំងអស់របស់ពួកគេ ដោយគ្មានការកោតក្រែងអ្វីទាល់តែសោះ គឺមានអារម្មណ៍ធូរស្រាល និងក្តីរីករាយក្នុងការធ្វើបែបនេះ។ សមាជិកគ្រួសាររបស់ពួកគេមិនស្អប់ខ្ពើមពួកគេទេ តែបែរជាជួយ និងសហការជាមួយពួកគេទៅវិញ។ ប្រសិនបើពួកគេនិយាយបែបនេះនៅក្នុងពួកជំនុំវិញ នោះ ធម្មជាតិពិតរបស់ពួកគេជាអ្នកមិនជឿនឹងត្រូវលាតត្រដាងទាំងស្រុង ហើយពួកជំនុំនឹងត្រូវបោសសម្អាតពួកគេចេញ។ ដូច្នេះ ពួកគេមិនមើលឃើញបងប្អូនប្រុសស្រីជាគ្រួសារទេ ប៉ុន្តែជាគូបដិបក្ខ។ នេះគឺជាទិដ្ឋភាពមួយ។ ទិដ្ឋភាពមួយទៀតគឺថា ពួកគេមិនដែលចាត់ទុកខ្លួនឯងជាចំណែកមួយនៃពួកជំនុំឡើយ ដូច្នេះ អ្វីក៏ដោយដែលកើតឡើងចំពោះពួកជំនុំ មិនថាជាការបរិហារកេរ្តិ៍ និងការប្រមាថពីមជ្ឈដ្ឋានសាសនា ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងការចំអកពីអ្នកគ្មានជំនឿ ឬ ការមួលបង្កាច់ និងការធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលជាតិឡើយគឺមិនពាក់ព័ន្ធ និងមិនសំខាន់សម្រាប់ពួកគេផ្ទាល់ឡើយ។ ឧបមាថា នេះគឺជាអារម្មណ៍ពិតរបស់ពួកគេ៖ «ប្រសិនបើរូបភាពរបស់ពួកជំនុំត្រូវបានបំផ្លាញ ហើយព្រះនាមរបស់ព្រះជាម្ចាស់ត្រូវអាប់ឱនកិត្តិយស នោះសេចក្ដីថ្លៃថ្នូររបស់យើងជាអ្នកជឿនឹងត្រូវប្រឈមយ៉ាងធ្ងន់ធ្ងរ។ ដោយសារហេតុផលនេះ ខ្ញុំនឹងមិនពិភាក្សារឿងរ៉ាវរបស់ពួកជំនុំ ឬកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ជាមួយអ្នកគ្មានជំនឿឡើយ ដើម្បីកុំឱ្យពួកគេយកទៅនិយាយដើម និងសើចចំអកបាន។ ទោះបីដើម្បីការពារខ្លួនខ្ញុំក៏ដោយ ក៏ខ្ញុំមិននិយាយរឿងរ៉ាវរបស់ដំណាក់ព្រះជាម្ចាស់ប្រាប់សមាជិកគ្រួសារដែលគ្មានជំនឿរបស់ខ្ញុំតាមចិត្តដែរ» ប្រសិនបើពួកគេមានការយល់ដឹងបែបនេះ តើពួកគេមិន ចេះប្រយ័ត្នមាត់ទេឬអី? ចុះហេតុអ្វីបានជាពួកគេមិនអាចធ្វើបែបនេះបាន? ច្បាស់ណាស់ថា ជាមូលដ្ឋានគ្រឹះពួកគេមិនចាត់ទុកខ្លួនឯងជាចំណែកមួយនៃដំណាក់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនចាត់ទុកខ្លួនឯងជាអ្នកជឿដែរ។ មនុស្សខ្លះនិយាយថា៖ «ពាក្យសម្តីរបស់អ្នកមិនត្រឹមត្រូវទេ។ ប្រសិនបើពួកគេមិនចាត់ទុកខ្លួនឯងជាចំណែកមួយនៃដំណាក់ព្រះជាម្ចាស់ទេ ហេតុអ្វីបានជាពួកគេនៅតែមកចូលរួមការជួបជុំ?» ក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ មានមនុស្សគ្រប់ប្រភេទ។ តើយើងមិនធ្លាប់ប្រកបគ្នាអំពីរឿងនេះពីមុនមកទេឬអី? មានមនុស្សជាច្រើនដែលមកជឿលើព្រះជាម្ចាស់ដោយមានបំណង និងគោលបំណងមិនត្រឹមត្រូវផ្សេងៗ ហើយនេះគឺជាប្រភេទមួយ។ ការជឿលើព្រះជាម្ចាស់ដើម្បីការសប្បាយ ដើម្បីកែអផ្សុក ឬដើម្បីស្វែងរកទីពឹងខាងវិញ្ញាណ តើអ្នកមិនជឿបែបនេះមិនមានច្រើនទេឬ? តើគេមិនអាចរកឃើញមនុស្សបែបនេះបានច្រើនសន្ធឹកសន្ធាប់ទេឬ? (ត្រូវហើយ។) ពួកគេមិនទាំងទទួលស្គាល់ខ្លួនឯងថាជាអ្នកជឿលើព្រះជាម្ចាស់ផង។ ជាការពិតណាស់ កិច្ចការទាំងអស់របស់ពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញភារកិច្ច មិនមែនជារឿងដែលពួកគេខ្វល់ខ្វាយឡើយ ពួកគេមិនយកចិត្តទុកដាក់ចំពោះរឿងទាំងនេះទេ។ ហេតុនេះ ពួកគេអាចពិភាក្សាអំពីស្ថានភាពការងាររបស់ពួកជំនុំ កិច្ចការផ្ទៃក្នុងរបស់ពួកជំនុំ និងសូម្បីតែបញ្ហាណាមួយដែលកើតឡើងក្នុងចំណោមបងប្អូនប្រុសស្រី ជាមួយអ្នកគ្មានជំនឿបានតាមចិត្ត និងដោយគ្មានការប្រយ័ត្ន។ បន្ទាប់ពីពួកគេនិយាយចប់ អ្នកគ្មានជំនឿក៏បន្តនិយាយដើម បង្កាច់បង្ខូចនិងដៀលត្មះ ប៉ុន្តែវាមិនរំខានពួកគេសូម្បីបន្តិច។ ពួកគេថែមទាំងអាចចូលរួមជាមួយអ្នកគ្មានជំនឿ ក្នុងការជេរប្រមាថបងប្អូនប្រុសស្រី វិនិច្ឆ័យដំណាក់ព្រះជាម្ចាស់ និងវាយតម្លៃកិច្ចការ និងការរៀបចំការងាររបស់ដំណាក់ព្រះជាម្ចាស់ទៀតផង។ តើពួកគេជាអ្នកជឿលើព្រះជាម្ចាស់ដែរឬទេ? (ទេ។) អ្នកជឿពិតប្រាកដនឹងមិនធ្វើបែបនេះឡើយ។ ទោះបីជាដើម្បីការពារសេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ ក៏ពួកគេនឹងមិនរមិលគុណ និងទៅចូលដៃជាមួយអ្នកនៅខាងក្រៅពួកជំនុំដែរ។ តើមិនអីចឹងទេឬ? (ត្រូវហើយ។) ដូច្នេះ បុគ្គលបែបនេះគឺជាមនុស្សអាក្រក់ និងជាអ្នកមិនជឿដែលត្រូវតែបោសសម្អាតចេញ។ បោសសម្អាតពួកគេចេញកាន់តែឆាប់ ពួកជំនុំនឹងមានសេចក្ដីស្ងប់សុខកាន់តែឆាប់។
ចូរនិយាយអំពីខ្លួនអ្នកវិញម្ដង។ ឧទាហរណ៍ ប្រសិនបើឪពុកម្ដាយរបស់អ្នកមិនជឿលើព្រះជាម្ចាស់ ឬប្រសិនបើបងប្អូនប្រុសស្រី ឬមិត្តភក្តិល្អបំផុតរបស់អ្នកមិនជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនប្រឆាំងនឹងជំនឿរបស់អ្នក ហើយជាក់ស្តែងថែមទាំងគាំទ្រជំនឿរបស់អ្នកខ្លាំងដែរទៀតផង តើអ្នកនឹងនិយាយប្រាប់ពួកគេអំពីអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងពួកជំនុំដែរឬទេ? ឧបមាថាមិត្តភក្តិស្រីរបស់អ្នកម្នាក់សួរថា៖ «តើមានបុរសណាម្នាក់នៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា ដែលកំពុងស្វែងរកដៃគូដែរឬទេ? តើមានបុរសណាដែល គ្មានល្បិចកល ហើយខ្ពស់ មានទ្រព្យសម្បត្តិ និងសង្ហាជាពិសេសដែរឬទេ?» ក្នុងចំណោមអ្នកគ្មានជំនឿ ក៏មានមនុស្សត្រឹមត្រូវមួយចំនួនដែលចង់ស្វែងរកដៃគូត្រឹមត្រូវម្នាក់ដើម្បីរួមរស់ជាមួយគ្នាដែរ។ មិត្តភក្តិស្រីរបស់អ្នកចង់ស្វែងរកអ្នកដែលជឿលើព្រះជាម្ចាស់ ដូច្នេះ តើអ្នកនឹងសុខចិត្តប្រាប់នាងដែរឬទេ? (ទេ។) អ្នកគួរតែប្រាប់នាងថា៖ «ការដែលអ្នកចូលចិត្តអ្នកជឿគឺគ្មានប្រយោជន៍ទេ។ អ្នកគឺជាអ្នកគ្មានជំនឿ ហើយជាមូលដ្ឋានគ្រឹះ អ្នកមិនចុះសម្រុងជាមួយអ្នកជឿឡើយ។ អ្នកគ្មានភាសារួមទេ ពោលគឺអ្នកដើរផ្លូវផ្សេងគ្នា! មើលខ្លួនឯងចុះ ស្លៀកពាក់ឆើតឆាយម្ល៉េះ តើមានបងប្អូនប្រុសណាម្នាក់នៅក្នុងពួកជំនុំរបស់យើងពេញចិត្ត លើអ្នកទៅ?» អ្នកមិនឱ្យតម្លៃនាងខ្ពស់ទេ ដូច្នេះ តើអ្នកអាចនិយាយជាមួយនាងអំពីរឿងរ៉ាវរបស់ពួកជំនុំបានដែរឬទេ? (ទេ។) ទើបតែ និយាយបានពីរបីម៉ាត់ ហើយការសន្ទនានឹងត្រូវបែកបាក់ ដោយសារទស្សនៈខុសគ្នាទាំងស្រុង។ ទោះបីជាអ្នកគ្មានជំនឿមួយចំនួនមានចំណាប់អារម្មណ៍ល្អចំពោះអ្នកជឿ ហើយទោះបីជាពួកគេរក្សាមិត្តភាពជាមួយអ្នក បន្ទាប់ពីអ្នកក្លាយជាអ្នកជឿក៏ដោយ តើអ្នកនឹងសុខចិត្តចែករំលែកកិច្ចការផ្ទៃក្នុងរបស់ពួកជំនុំ ឬការលំបាកដែលអ្នកជួបប្រទះក្នុងការបំពេញភារកិច្ចរបស់អ្នកជាមួយពួកគេដែរឬទេ? (ទេ។) ទោះបីជាពួកគេគាំទ្រជំនឿរបស់អ្នកលើព្រះជាម្ចាស់ក៏ដោយ តើមានប្រយោជន៍អ្វីក្នុងការពិភាក្សារឿងរ៉ាវរបស់ពួកជំនុំជាមួយពួកគេនោះ? ឧទាហរណ៍ បងប្អូនប្រុសស្រីខ្លះបានស៊ូទ្រាំនឹងការធ្វើទារុណកម្ម និងការសួរចម្លើយដោយនាគដ៏ធំមានសម្បុរក្រហម ដោយមិនក្លាយជាយូដាសឡើយ។ នេះគឺជាទីបន្ទាល់មួយដែលសូម្បីតែអ្នកគ្មានជំនឿក៏កោតសរសើរដែរ តើអ្នកនឹងសុខចិត្តចែករំលែករឿងនេះជាមួយពួកគេដែរឬទេ? (ទេ។) ហេតុអ្វីបានជាអ្នកមិនសុខចិត្តពិភាក្សារឿងនេះ? (រឿងរ៉ាវបែបនេះមិនពាក់ព័ន្ធនឹងពួកគេទេ ហើយពួកគេមិនអាចយល់ពី ទីបន្ទាល់តាមរយៈបទពិសោធទាំងនេះបានឡើយ។) ពួកគេនឹងមិនអាចយល់បានឡើយ។ តើការពិភាក្សារឿងរ៉ាវទាំងនេះអាចមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះ? (ចុងក្រោយពួកគេអាចនឹងវិនិច្ឆ័យពួកជំនុំទៅវិញ។) ពួកគេនឹងវិនិច្ឆ័យថា៖ «ហេតុអ្វីបានជាធ្វើបាបខ្លួនឯងបែបនេះ? ហេតុអ្វីបានជាប្រឆាំងនឹងរដ្ឋាភិបាលជាតិ?» ឃើញទេ គ្រាន់តែមតិយោបល់មួយម៉ាត់ អាចលាតត្រដាងធម្មជាតិរបស់ពួកគេបាន។ តើនេះអាចចាត់ទុកថាជាការប្រឆាំងនឹងរដ្ឋាភិបាលជាតិបានដោយរបៀបណា? ច្បាស់ណាស់ថា ស្ដេចអារក្សដែលគ្រប់គ្រងប្រទេស កំពុងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ ដោយមិនទុកផ្លូវឱ្យពួកគេរស់ឡើយ។ សូម្បីតែពេលដែលពួកគេដឹងឮ រឿងនេះក៏ដោយ ក៏ពួកគេធ្វើពុតជាមិនដឹងដែរ។ ច្បាស់ណាស់ថា ពួកគេនិយាយតាមរបៀបដែលបញ្ច្រាសសេចក្ដីពិត និងបំភ្លៃការពិត។ តើអ្នកអាចពិភាក្សាអ្វីផ្សេងទៀតជាមួយពួកគេបានទៅ? អ្នកមិនអាចនិយាយជាមួយពួកគេអំពីអ្វីដែលទាក់ទងនឹងសេចក្តីជំនឿលើព្រះជាម្ចាស់បានឡើយ អ្នកមិនអាចឱ្យពួកគេដឹងអ្វីអំពីរឿងនេះបានទេ។ អ្នកដែលមិនចេះប្រយ័ត្នមាត់ អាចនិយាយប្រាប់គ្រប់យ៉ាងអំពីពួកជំនុំទៅអ្នកគ្មានជំនឿ។ ពួកគេច្បាស់ណាស់ថាជាអ្នកមិនជឿ ពោលគឺ ពួកគេគឺជាពួកអារក្សដែលចូលមកក្នុងដំណាក់ព្រះជាម្ចាស់ដើម្បីរស់នៅដោយឥតបានការ ជាសត្វតិរច្ឆានដែលរមិលគុណដោយគ្មានមនសិការ ឬវិចារណញ្ញាណសូម្បីបន្តិច។ ចំពោះពួកគេ ការខូចខាតណាមួយដល់ផលប្រយោជន៍ ឬកេរ្តិ៍ឈ្មោះរបស់ដំណាក់ព្រះជាម្ចាស់ ឬពួកជំនុំមិនប៉ះពាល់ដល់ពួកគេទាល់តែសោះ មិនប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយរបស់ពួកគេឡើយ ហើយពួកគេមិនមានអារម្មណ៍សោកសៅសូម្បីបន្តិច ដូច្នេះ ពួកគេអាចនិយាយអំពីកិច្ចការផ្ទៃក្នុងរបស់ពួកជំនុំទៅប្រាប់អ្នកគ្មានជំនឿ និងមនុស្សដែលមិនជឿលើព្រះជាម្ចាស់ យ៉ាងផ្តេសផ្តាស ដោយគ្មានការញញើតសូម្បីបន្តិច។ តើមនុស្សបែបនេះគួរឱ្យស្អប់ដែរឬទេ? (មែនហើយ គួរឱ្យស្អប់!) តើអ្នកមិនជឿដែលមិនមើលឃើញបងប្អូនប្រុសស្រីជាគ្រួសារ ប៉ុន្តែមើលឃើញអ្នកគ្មានជំនឿជាគ្រួសាររបស់ពួកគេ អាចទទួលយកសេចក្ដីពិតបានដែរឬទេ? (ទេ។) តើពួកគេអាចទទួលស្គាល់ថាព្រះជាម្ចាស់គឺជាសេចក្ដីពិតបានដែរឬទេ? (ទេ។) តើមនុស្សដែលមិនចាត់ទុកខ្លួនឯងជាសមាជិកនៃពួកជំនុំ នៅពេលឮព្រះបន្ទូលនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ អាចទុកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេមួយឡែក ដើម្បីដេញតាមសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬទេ? (ទេ។) សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ មានតែការលក់ផលប្រយោជន៍របស់ពួកជំនុំ ការចូលដៃជាមួយអ្នកក្រៅ និងការបម្រើជាភ្នាក់ងារបង្កប់ខ្លួន ជាយូដាស និងជាជនក្បត់ ហាក់ដូចជានេះគឺជាបេសកកម្មរបស់ពួកគេអីចឹង។ ពួកគេមិនដើរតាមផ្លូវត្រឹមត្រូវទេ ប៉ុន្តែរស់នៅដើម្បីប្រព្រឹត្តអំពើអាក្រក់ ពោលគឺ ពួកគេសមនឹងស្លាប់ និងត្រូវបានដាក់បណ្ដាសា! ពួកយូដាស ជនក្បត់ និងអ្នកបម្រើសាតាំងទាំងនេះ ដែលរមិលគុណ គឺជាមនុស្សទុច្ចរិតអវិជ្ជមាន ពួកគេមានគ្រោះថ្នាក់ដល់មនុស្សជាតិ ហើយត្រូវបានមនុស្សទាំងអស់ស្អប់ខ្ពើម។ ដូច្នេះ តើវាពិតជាត្រឹមត្រូវ ទេដែលពួកជំនុំត្រូវដោះស្រាយជាមួយពួកគេ និងបោសសម្អាតពួកគេចេញ? (ត្រូវហើយ។) វាពិតជាត្រឹមត្រូវណាស់! តើអ្នករាល់គ្នាមិនចូលចិត្តត្រូវបានគេលក់ក្បាលមែនទេ? ប្រសិនបើពួកជំនុំ ឬដំណាក់ព្រះជាម្ចាស់ត្រូវបានគេលក់ មនុស្សភាគច្រើនប្រហែលជាមិនអាណិតអាសូរយ៉ាងជ្រាលជ្រៅ ឬមានអារម្មណ៍តានតឹងខ្លាំងពេកនោះទេ ពួកគេគ្រាន់តែមានអារម្មណ៍មិនស្រួលក្នុងចិត្តបន្តិចប៉ុណ្ណោះ ព្រោះយ៉ាងណាមិញ ពួកគេគឺជាសមាជិកម្នាក់នៅក្នុងនោះ។ ប៉ុន្តែ ចុះប្រសិនបើអ្នកត្រូវបាននរណាម្នាក់នៅក្នុងពួកជំនុំលក់ក្បាលទៅឱ្យអ្នកគ្មានជំនឿ ហើយដោយសារតែពួកគេលក់ក្បាលអ្នក អ្នកគ្មានជំនឿបានបំភ្លៃការពិត បរិហារកេរ្តិ៍ ចំអក វិនិច្ឆ័យ និងថ្កោលទោសអ្នក? តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលនោះ? តើពេលនោះ អ្នកនឹងមិនជួបប្រទះការធ្វើឱ្យអាប់កិត្តិយស និងភាពអាម៉ាស់ដែលត្រូវបានទទួលរងដោយពួកជំនុំ និងដំណាក់ព្រះជាម្ចាស់ ទេឬអី? (ត្រូវហើយ។) តាមទស្សនៈនេះ តើវាត្រឹមត្រូវ ទេក្នុងការបោសសម្អាតបុគ្គលបែបនេះចេញ? (ត្រឹមត្រូវ។) ពួកគេគួរតែត្រូវបានបោសសម្អាតចេញ មិនចាំបាច់បន្ធូរបន្ថយឱ្យពួកគេទេ។ ទាក់ទងនឹងអ្នកដែលមិនចេះប្រយ័ត្នមាត់ ដោយផ្អែកលើការបង្ហាញចេញផ្សេងៗនៃរបៀបដែលពួកគេប្រព្រឹត្តខ្លួន និងអ្វីដែលពួកគេសម្តែងចេញ ពួកគេគឺជាអ្នកមិនជឿនៅក្នុងពួកជំនុំ ជាប្រភេទមនុស្សអាក្រក់ដែលគួរតែត្រូវបានបោសសម្អាតចេញ។ មិនថាសកម្មភាពរបស់ពួកគេត្រូវបានធ្វើឡើងដោយសម្ងាត់ ឬដោយបើកចំហនោះទេ ឱ្យតែរកឃើញថានរណាម្នាក់មិនចេះប្រយ័ត្នមាត់ ហើយសារជាតិភាពមនុស្សរបស់ពួកគេគឺជាសារជាតិភាពជាមនុស្សរបស់អ្នកមិនជឿសុទ្ធសាធ នោះត្រូវរាយការណ៍ពីពួកគេទៅពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការជាបន្ទាន់ ហើយជូនដំណឹងដល់បងប្អូនប្រុសស្រី។ សមត្ថភាពក្នុងការសម្គាល់បានទាន់ពេលវេលា និងត្រឹមត្រូវ គួរតែត្រូវបានធ្វើឡើងចំពោះបុគ្គលបែបនេះ ហើយបន្ទាប់មក ពួកគេគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កុំឱ្យពួកគេមានការពាក់ព័ន្ធណាមួយជាមួយពួកជំនុំ កិច្ចការរបស់ពួកជំនុំ ឬបងប្អូនប្រុសស្រីឡើយ ការបោសសម្អាត ពួកគេចេញឱ្យបានទាំងស្រុងគឺជាសកម្មភាពដ៏ត្រឹមត្រូវ។ ការប្រកបគ្នាអំពីការបង្ហាញ ចេញនៃភាពជាមនុស្ស ដែលមិនចេះប្រយ័ត្នមាត់នេះ សូមបញ្ចប់ត្រឹមនេះចុះ។
តើមនុស្សបីប្រភេទដែលត្រូវបានប្រកបគ្នានៅថ្ងៃនេះ ជាករណីធ្ងន់ធ្ងរជាងមនុស្សពីរប្រភេទដែលត្រូវបានប្រកបគ្នាកាលពីមុនដែរឬទេ? (ត្រូវហើយ។) ស្ថានភាព របស់ពួកគេកាន់តែអាក្រក់ ហើយភាពជាមនុស្ស របស់ពួកគេកាន់តែថោកទាប និងគួរឱ្យស្អប់ខ្ពើមជាងមុន ហើយការធ្វើឱ្យខូចខាត និងផលប៉ះពាល់របស់ពួកគេលើផលប្រយោជន៍របស់ពួកជំនុំ និងបងប្អូនប្រុសស្រីទាំងអស់កាន់តែធំជាងមុន។ ដូច្នេះ កុំមើលស្រាលមនុស្សទាំងបីប្រភេទនេះឱ្យសោះ ពួកគេគួរតែត្រូវបានប្រយ័ត្នខ្លួនជាមួយយ៉ាងប្រុងប្រយ័ត្ន និងមិនត្រូវបានបណ្ដោយឱ្យធ្វើអ្វីតាមចិត្តឡើយ។ ប្រសិនបើនរណាម្នាក់ ត្រូវបានគេរកឃើញថាជាមនុស្សម្នាក់ក្នុងចំណោមបីប្រភេទនេះ ពួកគេគួរតែត្រូវបានលាតត្រដាង និងសម្គាល់ភ្លាមៗ ហើយបន្ទាប់មកចាត់ចែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើពួកគេកំពុងបំពេញភារកិច្ចសំខាន់ ត្រូវរកនរណាម្នាក់មកទទួលបន្តភារកិច្ចរបស់ពួកគេភ្លាមៗ ហើយបន្ទាប់មក ដកពួកគេចេញពីភារកិច្ចនោះ និងបោសសម្អាតពួកគេចេញ។ យល់ទេ? (យល់។) សភាពផ្សេងៗរបស់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំ ការបង្ហាញ ចេញផ្សេងៗរបស់ពួកគេនៅក្នុងដំណាក់កាលផ្សេងៗគ្នា កិច្ចការរបស់ពួកជំនុំ និងសូម្បីតែកិច្ចការផ្ទៃក្នុងមួយចំនួនរបស់ពួកជំនុំ ត្រូវបានអនុញ្ញាតឱ្យពិភាក្សា និងប្រកបគ្នាតែក្នុងចំណោមបងប្អូនប្រុសស្រីប៉ុណ្ណោះ។ នេះគឺដើម្បីធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹង និងការមើលឃើញកាន់តែច្បាស់អំពីគោលការណ៍ដែលត្រូវបានតម្រូវដោយដំណាក់ព្រះជាម្ចាស់ ដោយហេតុនេះ សម្រេចបាននូវសមត្ថភាពក្នុងការប្រព្រឹត្តស្របទៅ តាមគោលការណ៍សេចក្ដីពិត។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍មួយត្រូវតែច្បាស់លាស់គឺ៖ មិនថាជាសេចក្ដីពិត ឬគោលការណ៍ទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬមិនថាជាបទប្បញ្ញត្តិសម្រាប់កិច្ចការទូទៅនោះទេ គឺដាច់ខាតមិនត្រូវនិយាយប្រាប់អ្នកគ្មានជំនឿឡើយ ដែលនឹងបណ្ដាលឱ្យអ្នកគ្មានជំនឿបញ្ចេញមតិ និងចោទប្រកាន់។ រឿងនេះត្រូវបានហាមឃាត់ដាច់ខាត។ មនុស្សខ្លះប្រហែលនិយាយថា៖ «ប្រសិនបើវាត្រូវបានហាមឃាត់ដាច់ខាត តើនេះមានន័យថាវាជាបញ្ញត្តិរដ្ឋបាលមែនទេ?» អាចនិយាយបែបនេះបាន អ្នកណាដែលទម្លាយព័ត៌មាន នឹងត្រូវទទួលរងផលវិបាកទៅតាមនោះ។ ហេតុអ្វីបានជាពួកគេត្រូវទទួលរងផលវិបាក? ពីព្រោះអ្នកដែលទម្លាយ កិច្ចការផ្ទៃក្នុងរបស់ពួកជំនុំ មិនការពារពួកជំនុំ ឬបងប្អូនប្រុសស្រីទេ ហើយអាចក្បត់ពួកជំនុំ និងបងប្អូនប្រុសស្រីបានយ៉ាងងាយ។ ដោយសារពួកគេដើរតួជាជនក្បត់ និងជាយូដាស ពួកគេមិនគួរទទួលបានការបន្ធូរបន្ថយ ឬចាត់ទុកជាបងប្អូនប្រុសស្រី ឬគ្រួសារទៀតឡើយ។ ពួកគេគួរតែត្រូវបានចាត់ចែងដូចជាជនក្បត់ និងយូដាស ហើយត្រូវបានបោសសម្អាតចេញពីពួកជំនុំដោយផ្ទាល់។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំធ្លាប់មានទម្លាប់អាក្រក់ជាមនុស្សមាត់ឥតគម្រប ខ្ញុំងាយនឹង និយាយផ្ដេសផ្ដាស។ ឥឡូវនេះ ដោយសារខ្ញុំឃើញផលវិបាកនៃសកម្មភាពបែបនេះ ខ្ញុំមិនហ៊ាន និយាយផ្ដេសផ្ដាសទៀតទេ។» ល្អហើយ។ ដោយសារអ្នកបាននិយាយបែបនេះ អាកប្បកិរិយារបស់អ្នកនឹងត្រូវបានសង្កេតមើល។ ប្រសិនបើអ្នកពិតជាប្រែចិត្ត និង កែប្រែខ្លួន ដោយលែងបញ្ជូនព័ត៌មាន យ៉ាងផ្ដេសផ្ដាស ឬក្បត់ផលប្រយោជន៍របស់បងប្អូនប្រុសស្រីទៀត ហើយចេះប្រយ័ត្នមាត់ នោះដំណាក់ព្រះជាម្ចាស់នឹងផ្ដល់ឱកាសមួយឱ្យអ្នក។ ប្រសិនបើរកឃើញម្ដងទៀតថាអ្នកបានធ្វើបែបនេះ ថាអ្នកគឺជាអ្នកដែលផ្សព្វផ្សាយព័ត៌មានណាមួយ នោះអ្នកនឹងមិនទទួលបានការបន្ធូរបន្ថយណាមួយឡើយ ពោលគឺបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនឹងរួបរួមគ្នាដើម្បីបោសសម្អាតអ្នកចេញ។ នៅពេលរឿងនោះកើតឡើង កុំយំ ឬត្អូញត្អែរថាអ្នកមិនត្រូវបានព្រមានជាមុនឱ្យសោះ។ ឥឡូវនេះដោយសារអ្វីៗត្រូវបានពន្យល់យ៉ាងច្បាស់ហើយ ប្រសិនបើរឿងនេះកើតឡើងម្ដងទៀត ដំណាក់ព្រះជាម្ចាស់នឹងមិនបន្ធូរបន្ថយឱ្យជាដាច់ខាត។ យល់ទេ? (យល់ហើយ។) ប្រសិនបើអ្នករាល់គ្នាឃើញនរណាម្នាក់ដែលមិនទាន់យល់ ចូរពន្យល់ប្រាប់ពួកគេ ចង្អុលបង្ហាញ ដល់ពួកគេ គឺប្រើអ្វីដែលយើងបានប្រកបគ្នានៅថ្ងៃនេះ។ ប្រសិនបើអ្នករាល់គ្នាសង្កេតឃើញនរណាម្នាក់បង្ហាញសញ្ញានៃអាកប្បកិរិយានេះ ឬនរណាម្នាក់ដែលធ្លាប់ប្រព្រឹត្តបែបនេះពីមុនមក ចូរទាក់ទងជាមួយពួកគេ ព្រមានពួកគេ និងប្រាប់ពួកគេអំពីធម្មជាតិ និងផលវិបាកនៃសកម្មភាពបែបនេះ ព្រមទាំងឥរិយាបថ របស់ដំណាក់ព្រះជាម្ចាស់ចំពោះបញ្ហា និងមនុស្សទាំងនេះ។ បន្ទាប់ពីធ្វើឱ្យរឿងរ៉ាវច្បាស់លាស់ហើយ ចូរសង្កេតមើលពួកគេ ដើម្បីមើលថាតើពួកគេអាចប្រែចិត្តបានដែរឬទេ និងមើលអ្វីដែលពួកគេនឹងធ្វើនៅពេលអនាគត។ ប្រសិនបើពួកគេផ្លាស់ប្ដូរ និងលែងប្រព្រឹត្តបែបនេះទៀត ពួកគេអាចត្រូវបានទទួលយកមកវិញ និងចាត់ទុកជាបងប្អូនប្រុសស្រី។ ប៉ុន្តែ ប្រសិនបើពួកគេនៅតែរឹងរូសមិនប្រែចិត្ត ហើយបន្តប្រព្រឹត្តបែបនេះដោយលួចលាក់ ចូរបោសសម្អាត ពួកគេចេញនៅពេលណាដែលអ្នករកឃើញមនុស្សបែបនេះម្នាក់។ ប្រសិនបើអ្នករកឃើញមួយគូ នោះ បោសសម្អាតពួកគេទាំងពីរនាក់ចេញ ប្រសិនបើអ្នករកឃើញមួយក្រុម នោះបោសសម្អាតពួកគេចេញមួយក្រុមទាំងមូលតែម្ដង។ កុំបង្ហាញការបន្ធូរបន្ថយឱ្យសោះ។ មនុស្សខ្លះសួរថា៖ «តើខ្ញុំអាចនិយាយជាមួយអ្នកទាំងនោះក្នុងសមាជិកគ្រួសាររបស់ខ្ញុំដែលធ្លាប់ជឿ ប៉ុន្តែក្រោយមកត្រូវបានបោសសម្អាតចេញដែរឬទេ?» ហាក់ដូចជាអ្នកដែលចូលចិត្តនិយាយច្រើន និងចូលចិត្តនិយាយដើមគេមិនងាយគ្រប់គ្រងខ្លួនឯងទេ ហើយតែងតែសួរដោយរឹងរូសថា តើការធ្វើបែបនោះត្រូវបានអនុញ្ញាតដែរឬទេ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ តើវាត្រូវបានអនុញ្ញាតដែរឬទេ? (ទេ។) មិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយនរណាម្នាក់ឡើយ ព្រោះវាងាយនឹងនាំឱ្យមានផលវិបាក។ មនុស្សបែបនេះសុទ្ធតែត្រូវតែបានចាត់ចែងដូចជាយូដាស។ អ្នកដែលជាអ្នកគ្មានជំនឿ អ្នកដែលត្រូវបានបោសសម្អាតចេញ អ្នកដែលជិតស្និទ្ធនឹងអ្នក អ្នកដែលគួរឱ្យទុកចិត្ត អ្នកដែលគាំទ្រជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកដែលមានចំណាប់អារម្មណ៍ល្អចំពោះការជឿលើព្រះជាម្ចាស់ និង អ្នកដែលជឿលើព្រះជាម្ចាស់តែឈ្មោះ ដែលគ្រាន់តែរស់នៅក្នុងជីវិតពួកជំនុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្តិចបន្តួច ប៉ុន្តែមិនបំពេញភារកិច្ចរបស់ខ្លួនទាល់តែសោះ គឺមិនត្រូវនិយាយជាមួយឡើយ ប្រសិនបើនរណាម្នាក់និយាយ ពួកគេនឹងត្រូវបានចាត់ចែងដូចជាយូដាស។ យល់ទេ? (យល់ហើយ។) តើនរណាផ្សេងទៀតដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមអ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន? តើសមាជិកពួកជំនុំសាមញ្ញ ត្រូវបានរាប់បញ្ចូលដែរឬទេ? (ត្រូវបានរាប់បញ្ចូល។) កុំភ្លេចរឿងនេះ កុំល្ងង់ឱ្យសោះ។ អ្នករាល់គ្នាត្រូវតែក្ដាប់គោលការណ៍ឱ្យបានល្អ។ កុំបន្តជឿ តែចុងក្រោយបែរជាក្លាយជាយូដាស និងក្បត់ដំណាក់ព្រះជាម្ចាស់ ក្បត់បងប្អូនប្រុសស្រីដោយមិនទាំងដឹងខ្លួន ហើយថែមទាំងមានអារម្មណ៍មោទនភាពចំពោះរឿងនេះទៀតផង។ ការមិនចេះប្រយ័ត្នមាត់ ហើយថែមទាំងការក្បត់កិច្ចការរបស់ពួកជំនុំ និងបងប្អូនប្រុសស្រីគឺជាអំពើរំលងដ៏ធ្ងន់ធ្ងរ។ ព្រះជាម្ចាស់រក្សាកំណត់ត្រារបស់នរណាម្នាក់ក៏ដោយដែលប្រព្រឹត្តអំពើអាក្រក់បែបនេះ។ ឥឡូវនេះ ដោយសារវាត្រូវបានពន្យល់យ៉ាងច្បាស់ដល់អ្នក ហើយអ្នកក៏បានយល់ហើយ ប្រសិនបើអ្នកធ្វើវាម្ដងទៀត វាមិនមែនជាអំពើរំលងធម្មតាទៀតទេ វាគឺជាការបំពានលើបញ្ញត្តិរដ្ឋបាល ដែលធ្វើឱ្យអ្នកក្លាយជាគោលដៅសម្រាប់ការត្រូវបានបោសសម្អាតចេញ ហើយអ្នកនឹងត្រូវបានដកហូតសិទ្ធិទទួលបានសេចក្ដីសង្គ្រោះ។ យល់ទេ? (យល់ហើយ។)
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១