ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២២)
លើកមុន យើងបានប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់បីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ និងដើម្បីឱ្យពួកគេអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទ និងអាចបោះបង់ពួកនោះចេញពីចិត្តបាន»។ ឥឡូវនេះ ចូរយើងរំលឹកឡើងវិញ៖ តើយើងបានប្រកបគ្នាអំពីចំណុចជាក់លាក់អ្វីខ្លះ ដែលទាក់ទងនឹងខ្លឹមសារជាក់លាក់នៃទំនួលខុសត្រូវទីដប់បីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ? (យើងបានប្រកបគ្នាអំពីប្រាំចំណុច៖ ការលាតត្រដាង ការលួសកាត់ ការពិនិត្យពិច័យ ការដាក់កំហិត និងការមើលការខុសត្រូវ។) ចំណុចទាំងប្រាំនេះគឺជាកិច្ចការជាក់លាក់ដែលពាក់ព័ន្ធនឹងទំនួលខុសត្រូវនេះរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ទាំងនេះគឺជាកិច្ចការជាក់លាក់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវអនុវត្តទាក់ទងនឹងពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ តើអ្នកដឹកនាំក្លែងក្លាយមានការសម្តែងចេញអ្វីខ្លះ ទាក់ទងនឹងកិច្ចការទាំងនេះ? តើលើកមុន យើងក៏បានប្រកបគ្នាអំពីសេចក្ដីលម្អិតខ្លះៗដែរឬទេ? (មែនហើយ។) ការសម្តែងចេញរបស់អ្នកដឹកនាំក្លែងក្លាយ មានដូចតទៅ៖ ទីមួយគឺ ពួកគេខ្លាចធ្វើឱ្យគេអន់ចិត្ត ហើយមិនហ៊ានបោសសម្អាត ឬបណ្ដេញពួកទទឹងនឹងព្រះគ្រីស្ទចេញឡើយ។ ទីពីរគឺ ពួកគេមិនសម្គាល់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ទីបីគឺ ពួកគេធ្វើជាខែលការពារឱ្យពួកទទឹងនឹងព្រះគ្រីស្ទ។ ទីបួនគឺ ពួកគេមិនទទួលខុសត្រូវចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើភាពមិនទទួលខុសត្រូវមានលក្ខណៈបែបណា? នៅពេលប្រឈមមុខនឹងការរំខាន និងការបំភាន់ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដឹកនាំក្លែងក្លាយមិនអាចការពារបងប្អូនប្រុសស្រីបានទេ មិនអាចលាតត្រដាងអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចលាតត្រដាងល្បិចកលរបស់សាតាំង និងមិនអាចប្រកបសេចក្ដីពិតដើម្បីជួយឱ្យបងប្អូនប្រុសស្រីសម្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ ពោលគឺពួកគេមិនធ្វើកិច្ចការបែបនេះទេ។ បន្ថែមលើនេះ ចំពោះអ្នកដែលមានកម្ពស់នៅស្ទើរ និងខ្វះការសម្គាល់ ដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ពួកគេមិនត្រឹមតែខកខានមិនបានធ្វើកិច្ចការស្រោចស្រង់ណាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយាយពាក្យគ្មានភាពជាមនុស្ស ដូចជា «ពួកគេសមមុខហើយ» ទៀតផង។ នេះគឺជាការសម្តែងចេញជាក់លាក់នៃភាពមិនទទួលខុសត្រូវ ដែលបញ្ជាក់ថា អ្នកដឹកនាំក្លែងក្លាយគ្មានស្មារតីទទួលបន្ទុកចំពោះកិច្ចការរបស់ពួកជំនុំឡើយ។ ការសម្តែងចេញទាំងនេះ គឺជាសកម្មភាព និងរបៀបធ្វើការជាក់លាក់របស់អ្នកដឹកនាំក្លែងក្លាយ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងរំខានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ឥរិយាបថជាក់លាក់របស់ពួកគេចំពោះកិច្ចការនេះ គឺភាពមិនទទួលខុសត្រូវ និងគ្មានភក្ដីភាព។ ពួកគេបង្កើតលេសផ្សេងៗ និងប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីបើកដៃឱ្យពួកទទឹងនឹងព្រះគ្រីស្ទ ដោយធ្វើជាខែលការពារឱ្យពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមិនបានការពារកិច្ចការរបស់ពួកជំនុំ ព្រមទាំងសិទ្ធិ និងផលប្រយោជន៍របស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយអាចដោះស្រាយបញ្ហាទាំងឡាយបានទាន់ពេលវេលា ដូចជាការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរមកលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយបន្ទាប់មកដាក់កំហិត ដាក់ឱ្យនៅដាច់ដោយឡែក និងបោសសម្អាត ឬបណ្ដេញពួកទទឹងនឹងព្រះគ្រីស្ទចេញ នោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងទទួលបានការការពារខ្លាំងបំផុត។ ក៏ប៉ុន្តែ ក្នុងនាមជាអ្នកដឹកនាំ ពួកគេគ្មានសមត្ថភាពសម្រាប់កិច្ចការនេះទេ។ តាមទស្សនៈមួយ គេអាចនិយាយបានថា ពួកគេកំពុងលួចលាក់ការពារពួកទទឹងនឹងព្រះគ្រីស្ទ និងកំពុងត្រួសត្រាយផ្លូវឱ្យពួកនោះអាចបន្តបំភាន់ ត្រួតត្រា និងធ្វើបាបយ៉ាងធ្ងន់ធ្ងរមកលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ព្រមទាំងរំខានដល់ជីវិតពួកជំនុំ និងការបំពេញភារកិច្ចជាប្រក្រតីរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាការសម្តែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ។
ចំណុចទីដប់បួន៖ ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ (ផ្នែកទីមួយ)
បន្ទាប់ពីបានប្រកបគ្នាចប់សព្វគ្រប់អំពីទំនួលខុសត្រូវទីដប់បីរបស់អ្នកដឹកនាំ និងអ្នកធ្វើការរួចហើយ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីដប់បួនវិញម្ដង។ ខ្លឹមសារនៃទំនួលខុសត្រូវទីដប់បួន មានលក្ខណៈស្រដៀងគ្នាខ្លះទៅនឹងចំណុចទីដប់បីដែរ។ កិច្ចការជាក់លាក់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើនៅក្នុងទំនួលខុសត្រូវទីដប់បួននេះ មិនត្រឹមតែទាក់ទងនឹងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងមនុស្សអាក្រក់ផ្សេងៗទៀតផង ដែលធ្វើឱ្យវិសាលភាពរបស់វាកាន់តែធំទូលាយជាងទំនួលខុសត្រូវទីដប់បី។ មុននឹងប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់បួន ចូរយើងអានខ្លឹមសាររបស់វាជាមុនសិន។ (ទំនួលខុសត្រូវទីដប់បួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ត្រូវស្គាល់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបោសសម្អាត ឬបណ្ដេញពួកគេចេញ»។) ប្រយោគនេះមិនវែងទេ ប៉ុន្តែនៅពេលនិយាយដល់កិច្ចការជាក់លាក់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើ វាមិនសាមញ្ញដូចអ្វីដែលមើលឃើញពីសំបកក្រៅនោះឡើយ។ តើអ្វីទៅជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែលបានលើកឡើងនៅក្នុងប្រយោគនេះឱ្យប្រាកដ? តើនរណាគឺជាគោលដៅនៃកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវអនុវត្ត? (មនុស្សអាក្រក់ផ្សេងៗ និងពួកទទឹងនឹងព្រះគ្រីស្ទ។) តើកិច្ចការជាក់លាក់ដែលត្រូវធ្វើនោះគឺជាអ្វី? (សម្គាល់ពួកគេឱ្យបានឆាប់។ នៅពេលសម្គាល់ពួកគេហើយ ត្រូវបោសសម្អាត ឬបណ្ដេញពួកគេចេញ។) ត្រូវសម្គាល់ឱ្យបានឆាប់ ដោយកុំបង្អែបង្អង់។ នៅពេលសម្គាល់ឃើញសញ្ញាណាមួយហើយ ត្រូវធ្វើការវិនិច្ឆ័យ និងការកំណត់លក្ខណៈឱ្យបានត្រឹមត្រូវ រួចបន្តចាត់ចែងបុគ្គលដែលពាក់ព័ន្ធ ដោយបោសសម្អាតពួកគេចោល។ តាមពិតទៅ កិច្ចការជាក់លាក់ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើ មានភារកិច្ចពីរ៖ ការសម្គាល់មនុស្ស និងការដោះស្រាយបញ្ហា។ មើលពីសំបកក្រៅ ហាក់ដូចជាសាមញ្ញបែបនេះ៖ ទីមួយគឺសម្គាល់ បន្ទាប់មកត្រូវរកដំណោះស្រាយ និងវិធានការឱ្យបានឆាប់ ដោយតម្រង់គោលដៅទៅរកមនុស្សអាក្រក់ផ្សេងៗ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យបោសសម្អាត ឬបណ្ដេញចេញ។ តាមទស្សនៈនេះ វាហាក់ដូចជាងាយស្រួលសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការក្នុងការធ្វើកិច្ចការនេះឱ្យបានល្អ និងបំពេញទំនួលខុសត្រូវនេះ ដោយមិនមានការលំបាកច្រើនឡើយ ពីព្រោះដំណាក់របស់ព្រះជាម្ចាស់ធ្លាប់បានប្រកបគ្នាជាច្រើនអំពីសេចក្ដីលម្អិតនៃការសម្គាល់ និងការបោសសម្អាតមនុស្សប្រភេទផ្សេងៗ ដោយបានមានបន្ទូលជាច្រើនអំពីបញ្ហានេះ។ មើលពីសំបកក្រៅ កិច្ចការដែលពាក់ព័ន្ធនឹងទំនួលខុសត្រូវទីដប់បួន ហាក់ដូចជាស្រដៀងគ្នាខ្លះទៅនឹងខ្លឹមសារជាក់លាក់នៃទំនួលខុសត្រូវទីដប់ពីរនិងទីដប់បី ដែលបានប្រកបគ្នាកាលពីលើកមុន ប៉ុន្តែនៅក្នុងទំនួលខុសត្រូវទីដប់បួន គោលដៅនៃកិច្ចការដែលធ្វើដោយអ្នកដឹកនាំ និងអ្នកធ្វើការ មិនត្រឹមតែជាពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងមនុស្សអាក្រក់ផ្សេងៗផងដែរ។ ចំណុចនេះពង្រីកវិសាលភាពគ្របដណ្ដប់លើមនុស្សអាក្រក់ផ្សេងៗ ដែលតម្រូវឱ្យមានការប្រកបគ្នាជាប្រព័ន្ធ និងជាក់លាក់។ ដោយសារមិនពាក់ព័ន្ធនឹងការសម្តែងចេញរបស់មនុស្សអាក្រក់តែមួយប្រភេទ ប៉ុន្តែពាក់ព័ន្ធនឹងមនុស្សអាក្រក់ប្រភេទផ្សេងៗ ដូច្នេះនៅពេលប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់បួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ យើងនឹងផ្តោតលើការបញ្ជាក់អំពីគោលដៅនៃកិច្ចការនេះ។ នេះគឺជាទិដ្ឋភាពមួយ។ បន្ថែមលើនេះ មិនថាត្រូវរឹតត្បិត ញែកឱ្យនៅដាច់ដោយឡែក បោសសម្អាត ឬបណ្ដេញពួកគេចេញនោះទេ របៀបដោះស្រាយជាមួយមនុស្សទាំងនេះគឺជាអ្វីដែលយើងនឹងប្រកបគ្នាលម្អិតនៅពេលបន្ទាប់។
អ្វីទៅជាពួកជំនុំ
មុននឹងប្រកបគ្នាអំពីកិច្ចការនេះឱ្យបានលម្អិត ចូរយើងប្រកបគ្នាអំពីប្រធានបទបន្ទាប់បន្សំមួយជាមុនសិន។ ប្រធានបទបន្ទាប់បន្សំនេះ អាចជារឿងដែលគេដឹងទូទៅ ឬអាចជាប្រធានបទមួយដែលអ្នករាល់គ្នាមិនមានការយល់ដឹងជាក់លាក់។ តើប្រធានបទនោះជាអ្វី? គឺ «អ្វីទៅជាពួកជំនុំ?» តើប្រធានបទនេះស្តាប់ទៅយ៉ាងម៉េចដែរ? អ្នកខ្លះអាចនិយាយថា៖ «អ្នកកំពុងប្រកបគ្នាអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ដូច្នេះចូរប្រកបគ្នាអំពីចំណុចនោះឱ្យបានជាក់លាក់ទៅ។ ហេតុអ្វីចាំបាច់ប្រកបគ្នាថាអ្វីទៅជាពួកជំនុំ? តើវាទាក់ទងនឹងប្រធានបទនេះដែរឬទេ?» មើលពីសំបកក្រៅ វាហាក់ដូចជាមិនពាក់ព័ន្ធគ្នាទេ ហើយអ្នកខ្លះថែមទាំងអាចនិយាយថា៖ «នេះគឺជាប្រធានបទដែលមិនពាក់ព័ន្ធគ្នាទាល់តែសោះ។ ហេតុអ្វីបានជាលើកយកមកប្រកបគ្នា?» មិនថាអ្នករាល់គ្នាគិតយ៉ាងណានោះទេ ចូរទុកគំនិតទាំងនេះមួយអន្លើសិន ហើយពិចារណាថាតើអ្វីទៅជាពួកជំនុំ។ នៅពេលដែលនិយមន័យនៃពាក្យនេះ ពោលគឺពាក្យថា «ពួកជំនុំ» ត្រូវបានប្រកបគ្នាច្បាស់លាស់ហើយ អ្នករាល់គ្នានឹងដឹងថា ហេតុអ្វីបានជាយើងប្រកបគ្នាលើប្រធានបទនេះ។
I. ការយល់ដឹងមួយចំនួនអំពីពួកជំនុំ
ការប្រកបគ្នាអំពីអ្វីទៅជាពួកជំនុំ មានន័យថា ជាការផ្ដល់នូវការពន្យល់ដ៏ច្បាស់លាស់ និងសុក្រឹតត្រឹមត្រូវអំពីពាក្យ «ពួកជំនុំ» ពោលគឺមានន័យថា ជាការបញ្ជាក់ឱ្យដឹងនូវនិយមន័យជាក់លាក់ និងសុក្រឹតត្រឹមត្រូវនៃពាក្យ «ពួកជំនុំ» នោះឯង។ ជាដំបូង អ្នករាល់គ្នាអាចពិភាក្សាថា តើអ្នកយល់ និងដឹងអំពីពាក្យ «ពួកជំនុំ» នេះយ៉ាងដូចម្ដេចខ្លះ។ តើអ្វីទៅជាពួកជំនុំ? ចូរយើងចាប់ផ្ដើមពីការពន្យល់តាមទ្រឹស្ដី ហើយបន្ទាប់មកបន្តចូលទៅកាន់និយមន័យដែលកាន់តែជាក់លាក់ និងជាក់ស្ដែងជាងនេះទៀត។ (តាមការយល់ដឹងរបស់ខ្ញុំ កន្លែងដែលបងប្អូនប្រុសស្រីដែលជឿលើព្រះជាម្ចាស់ដោយស្មោះ និងដេញតាមសេចក្ដីពិត ជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះជាម្ចាស់ ត្រូវបានហៅថាជាពួកជំនុំ។) និយមន័យនេះសំដៅលើថា តើពួកជំនុំគឺជាទីកន្លែងបែបណា ពោលគឺជាមូលដ្ឋានអង្គភាពរូបវន្ត និងរូបី។ នេះគឺជានិយមន័យតាមទ្រឹស្ដី។ តើនិយមន័យនេះសុក្រឹតត្រឹមត្រូវដែរឬទេ? តើមានចំណុចមិនសុក្រឹតត្រឹមត្រូវដែរឬទេ? បើនិយាយពីទ្រឹស្ដី និយមន័យនេះអាចទទួលយកបាន។ តើនរណាអាចបន្ថែមទៀតបាន? (ខ្ញុំសុំបន្ថែមបន្តិច។ ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងការដែលទ្រង់សម្ដែងចេញសេចក្ដីពិត ទើបមានមនុស្សមួយក្រុមដែលដើរតាមព្រះជាម្ចាស់ ហើយការប្រមូលផ្ដុំដែលពួកគេបង្កើតឡើងនោះឯង ត្រូវបានហៅថាជាពួកជំនុំ។) និយមន័យនេះពិពណ៌នាថាតើពួកជំនុំគឺជាការប្រមូលផ្ដុំបែបណា។ នេះក៏ជានិយមន័យតាមទ្រឹស្ដីជាផ្លូវការផងដែរ។ (ខ្ញុំសុំបន្ថែមថា ក្រុមមនុស្សនេះមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅពេលពួកគេជួបជុំគ្នា ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេអាចអនុវត្តសេចក្ដីពិត និងចម្រើនលូតលាស់ក្នុងជីវិត។ ការជួបជុំរបស់មនុស្សបែបនេះហើយ គឺជាពួកជំនុំ។) ការបន្ថែមទៅលើនិយមន័យនៃពួកជំនុំនេះ ពិពណ៌នាថាវាជាការជួបជុំបែបណា ពោលគឺលក្ខខណ្ឌកំណត់សម្រាប់ការជួបជុំនេះ គឺការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការចម្រើនលូតលាស់ក្នុងជីវិត។ នេះក៏ជានិយមន័យតាមទ្រឹស្ដីជាផ្លូវការអំពីពួកជំនុំដែរ។ តើមានការបន្ថែមទៀតទេ? (គឺជាក្រុមមនុស្សដែលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍នៃការអនុវត្ត ហើយដែលត្រូវបានគ្រប់គ្រងដោយសេចក្ដីពិត និងព្រះគ្រីស្ទ។ ក្រុមនេះអាចដកបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ អាចទទួលយកសេចក្ដីពិត អាចចម្រើនលូតលាស់ក្នុងជីវិត និងអាចទទួលបានសេចក្ដីសង្គ្រោះ។ ក្រុមបែបនេះ ហៅថាជាពួកជំនុំ។) ពាក្យ «ក្រុម» នេះ គឺដូចគ្នានឹង «ការប្រមូលផ្ដុំ» ដែលបានលើកឡើងអម្បាញ់មិញដែរ។ តើមានការបន្ថែមទៀតទេ? ប្រសិនបើអ្នករាល់គ្នាគ្មានអ្វីបន្ថែមទៀតទេ អ្នកអាចរៀបរាប់ឡើងវិញនូវការយល់ដឹងទាំងបួនដែលបានលើកឡើងខាងលើ ពោលគឺអំពីអ្វីដែលអ្នកបានចាត់ទុកជានិយមន័យពិតប្រាកដនៃពួកជំនុំ ចាប់តាំងពីដើមដំបូងនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់រហូតមកដល់ពេលនេះ។ ការកំណត់និយមន័យតាមទ្រឹស្ដីគួរតែងាយស្រួល មែនទេ? ឧទាហរណ៍៖ ការប្រមូលផ្ដុំនៃមនុស្សដែលដើរតាម និងថ្វាយបង្គំព្រះជាម្ចាស់ដោយស្មោះ អាចហៅថាជាពួកជំនុំ ឬក្រុមដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដេញតាមការចុះចូលចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ អាចហៅថាជាពួកជំនុំ ឬក្រុមដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមានការគង់នៅរបស់ព្រះជាម្ចាស់ ហើយអាចថ្វាយបង្គំព្រះជាម្ចាស់ អាចហៅថាជាពួកជំនុំ។ តើទាំងនេះមិនមែនជានិយមន័យតាមទ្រឹស្ដីអំពីពួកជំនុំទេឬ? (មែនហើយ។) អ្នករាល់គ្នាសុទ្ធតែយល់ និងដឹងអំពីខ្លឹមសារនៃលក្ខខណ្ឌកំណត់ទាំងនេះនៅក្នុងនិយមន័យនៃពួកជំនុំ មែនទេ? (មែនហើយ។) បើដូច្នេះ ចូរនិយាយឡើងវិញ។ (ពួកជំនុំសំដៅលើការប្រមូលផ្ដុំនៃមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះ និងដើរតាមព្រះគ្រីស្ទ។ ពួកជំនុំពិត មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមានការណែនាំរបស់ព្រះជាម្ចាស់ វាត្រូវបានគ្រប់គ្រងដោយព្រះគ្រីស្ទ និងសេចក្ដីពិត ជាកន្លែងដែលអ្នកដើរតាមព្រះជាម្ចាស់ ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដកបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងមានការចូលទៅក្នុងជីវិត។ នេះគឺជាពួកជំនុំពិត។ ពួកជំនុំខុសពីសហគមន៍សាសនា។ ពួកជំនុំមិនប្រព្រឹត្តពិធីសាសនា ឬទម្រង់ខាងក្រៅនៃការថ្វាយបង្គំព្រះជាម្ចាស់ឡើយ។) នេះគឺជាមូលដ្ឋាននៃនិយមន័យតាមទ្រឹស្ដីអំពីពួកជំនុំ។ ឧទាហរណ៍៖ ការកំណត់និយមន័យពួកជំនុំថាជាកន្លែងដែលព្រះជាម្ចាស់បានត្រាស់ឱ្យមនុស្សមកជួបជុំគ្នា ឬការកំណត់និយមន័យពួកជំនុំថាជាការប្រមូលផ្ដុំនៃមនុស្សដែលជឿលើ ដើរតាម ចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ដោយស្មោះ ឬការកំណត់និយមន័យពួកជំនុំថាជាការជួបជុំនៃមនុស្សដែលព្រះជាម្ចាស់បានត្រាស់ហៅមក។ល។ ការកំណត់ទាំងនេះឆ្លុះបញ្ចាំងពីការយល់ដឹង ឬនិយមន័យជាមូលដ្ឋានមួយចំនួនអំពីពួកជំនុំ ដោយក្រុមអ្នកជឿផ្សេងៗគ្នា។ ចូរយើងកុំពិភាក្សាលម្អិតអំពីរបៀបកំណត់និយមន័យពួកជំនុំយ៉ាងពិតប្រាកដពីសំណាក់សាសនា និងនិកាយផ្សេងៗនោះឡើយ។ សម្រាប់យើងដែលដើរតាមព្រះជាម្ចាស់ តើអ្វីទៅជានិយមន័យនៃពួកជំនុំ? គឺគ្មានអ្វីក្រៅពីក្រុមមនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះ មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានការណែនាំរបស់ព្រះជាម្ចាស់ ហើយអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដេញតាមសេចក្ដីពិត ដេញតាមការចុះចូលចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់។ ទោះបីជាត្រូវបានកំណត់និយមន័យថាជាកន្លែង ការប្រមូលផ្ដុំ ការជួបជុំ ក្រុម សហគមន៍ ឬអ្វីផ្សេងទៀតក៏ដោយ ទោះបីជាប្រើប្រាស់ពាក្យសម្គាល់អ្វីក៏ដោយ ក៏លក្ខខណ្ឌកំណត់សម្រាប់និយមន័យនេះ គឺមានចំណុចជាមូលដ្ឋានទាំងនេះឯង។ ផ្អែកតាមតាមការយល់ដឹងជាមូលដ្ឋានរបស់មនុស្សអំពីពួកជំនុំ តាមរយៈលក្ខខណ្ឌដែលអ្នករាល់គ្នាប្រើដើម្បីកំណត់និយមន័យឈ្មោះ «ពួកជំនុំ» គឺច្បាស់ណាស់ថា នៅពេលដែលមនុស្សដើរតាមព្រះជាម្ចាស់ និងយល់សេចក្ដីពិតខ្លះៗហើយ ការយល់ដឹងរបស់ពួកគេអំពីពួកជំនុំ គឺលែងជាសហគមន៍ ឬក្រុមធម្មតាទៀតហើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការជឿលើព្រះជាម្ចាស់ដោយស្មោះ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការអាចចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ ឬទាក់ទងនឹងទិដ្ឋភាពដែលពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិត ការផ្លាស់ប្ដូរនិស្ស័យ ការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងចំណុចផ្សេងៗទៀត។ បើមើលតាមបែបនេះ បន្ទាប់ពីព្រះជាម្ចាស់បានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ឈ្មោះ «ពួកជំនុំ» នៅក្នុងចិត្តរបស់មនុស្សភាគច្រើន ទទួលបាននូវការយល់និងដឹងកាន់តែស៊ីជម្រៅ និងជាក់លាក់ ដែលស្របគ្នាកាន់តែខ្លាំងទៅនឹងព្រះតម្រិះរបស់ព្រះជាម្ចាស់អំពីពួកជំនុំ។ វាលែងជាអ្វីដែលសាមញ្ញដូចជាអគារ សហគមន៍សង្គម នាយកដ្ឋាន ស្ថាប័ន ឬអ្វីផ្សេងទៀតហើយ ផ្ទុយទៅវិញវាទាក់ទងនឹងរឿងរ៉ាវនានាដូចជា ការជឿលើព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងការថ្វាយបង្គំព្រះជាម្ចាស់។
II. តម្លៃនៃការមានពួកជំនុំ និងកិច្ចការដែលពួកជំនុំធ្វើ
ចំពោះគោលគំនិត និងនិយមន័យជាក់លាក់នៃពួកជំនុំ យើងនឹងមិនប្រញាប់ធ្វើការសន្និដ្ឋាននៅពេលនេះទេ។ បន្ទាប់ពីអ្នករាល់គ្នាមានគោលគំនិតជាមូលដ្ឋានអំពីឈ្មោះ «ពួកជំនុំ» ឬនិយមន័យរបស់វាហើយ តើអ្នករាល់គ្នាយល់ច្បាស់អំពីចំណុចដូចជា តម្លៃនៃអត្ថិភាពរបស់ពួកជំនុំ កិច្ចការដែលកើតចេញពីអត្ថិភាពរបស់ពួកជំនុំ និងតួនាទីដែលពួកជំនុំមាននៅក្នុងចំណោមមនុស្សដែរឬទេ? តើខ្លឹមសារនៃទិដ្ឋភាពទាំងនេះ ទាក់ទងនឹងនិយមន័យនៃពួកជំនុំដែរឬទេ? និយាយឱ្យសាមញ្ញ អ្វីដែលពួកជំនុំធ្វើ គឺជាតម្លៃនៃអត្ថិភាពរបស់ពួកជំនុំ។ ចូរលើកយកផ្ទះមួយខ្នងមកធ្វើជាឧទាហរណ៍ទៅចុះ តើផ្ទះនេះមានគោលបំណងអ្វី? តើវាមានតម្លៃ និងសារៈសំខាន់អ្វីខ្លះសម្រាប់មនុស្សដែលរស់នៅ និងប្រើប្រាស់វា? យ៉ាងហោចណាស់ វាផ្ដល់ជាជម្រកបាំងខ្យល់បាំងភ្លៀង ដែលនេះគឺជាតម្លៃមួយរបស់វា។ តម្លៃមួយទៀតគឺថា នៅពេលដែលអ្នកអស់កម្លាំង និងនឿយហត់ ហើយគ្មានកន្លែងទៅ ផ្ទះគឺជាកន្លែងដែលអ្នកអាចសម្រាក និងស្នាក់នៅដោយក្តីសុខសាន្ត និងស្កប់ស្កល់ក្នុងចិត្ត។ ផ្ទះនេះត្រូវបានហៅថាជាលំនៅឋាន ប៉ុន្តែតើវាមានមុខងារអ្វីសម្រាប់អ្នក? វាផ្ដល់ជាជម្រកបាំងខ្យល់បាំងភ្លៀង ការសម្រាក ការលំហែ ការទទួលបានសេរីភាពជាដើម។ មុខងារ ទាំងនេះគឺជាតម្លៃនៃផ្ទះនេះសម្រាប់អ្នក។ ឥឡូវនេះ ជាថ្មីម្ដងទៀត តើអ្វីទៅជាតួនាទីរបស់ពួកជំនុំ? តើអ្វីទៅជាតម្លៃ និងសារៈសំខាន់នៃការបង្កើត និងអត្ថិភាពរបស់ពួកជំនុំ? និយាយឱ្យសាមញ្ញ តើពួកជំនុំធ្វើអ្វីខ្លះ តើវាមានតួនាទីអ្វី? តើអ្នករាល់គ្នាយល់ច្បាស់អំពីរឿងនេះទេ? តើកិច្ចការជាក់លាក់អ្វី ឬកិច្ចការប្រភេទណាដែលពួកជំនុំគួរធ្វើ ហើយតើវិសាលភាពនៃកិច្ចការនោះត្រូវតែគ្របដណ្តប់លើអ្វីខ្លះ ទើបអាចហៅថាជាពួកជំនុំបាន ទើបកិច្ចការនេះជាអ្វីដែលពួកជំនុំពិតគួរតែធ្វើ? នេះគឺជាខ្លឹមសារជាក់លាក់មួយចំនួនដែលគួរប្រកបគ្នាទាក់ទងនឹងនិយមន័យនៃពួកជំនុំ។ ជាដំបូង តើពួកជំនុំធ្វើកិច្ចការអ្វីឱ្យប្រាកដទៅ? (ជាចម្បង ពួកជំនុំផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ និងផ្សាយដំណឹងល្អ ដោយអនុញ្ញាតឱ្យមនុស្សកាន់តែច្រើនចូលមកចំពោះព្រះជាម្ចាស់ និងទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់។) តើនេះជាកិច្ចការជាក់លាក់ដែរឬទេ? (មែនហើយ។) នេះគឺជាសារៈសំខាន់នៃអត្ថិភាពរបស់ពួកជំនុំ និងជាកិច្ចការជាក់លាក់មួយដែលពួកជំនុំត្រូវធ្វើ ប៉ុន្តែវាមិនមែនជាអ្វីៗទាំងអស់នោះទេ។ ការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ គឺជាកិច្ចការជាក់លាក់។ តើនរណាទទួលខុសត្រូវចំពោះកិច្ចការនេះ? គឺក្រុមផ្សាយដំណឹងល្អបច្ចុប្បន្ននេះ។ តើពួកជំនុំធ្វើកិច្ចការអ្វីផ្សេងទៀត? (ការរៀបចំបងប្អូនប្រុសស្រីឱ្យជួបជុំគ្នា ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយធ្វើឱ្យពួកគេអាចយល់សេចក្ដីពិតជាបន្តបន្ទាប់ និងបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី។) កិច្ចការជាក់លាក់នេះ គឺដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់សេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី។ ការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាកិច្ចការចម្បង និងសំខាន់របស់ពួកជំនុំ។ ការដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់សេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី គឺជាកិច្ចការដ៏សំខាន់របស់ពួកជំនុំ។ កិច្ចការនេះតម្រង់ទិសដៅទៅខាងក្នុង។ កិច្ចការទាំងពីរនេះ មួយនៅខាងក្រៅ និងមួយនៅខាងក្នុង គឺជាកិច្ចការដែលកើតចេញពីអត្ថិភាពរបស់ពួកជំនុំ។ គេក៏អាចនិយាយបានថា វាជាកិច្ចការសំខាន់ពីរដែលពួកជំនុំគួរបំពេញ។ តើមានអ្វីផ្សេងទៀតទេ? (កិច្ចការមួយទៀតគឺការដឹកនាំមនុស្សឱ្យដកពិសោធអំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដើម្បីត្រូវបានបន្សុទ្ធ និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ។) នេះគឺជាកិច្ចការខាងក្នុងជាក់លាក់របស់ពួកជំនុំ។ កិច្ចការទាំងអស់នេះដែលអ្នករាល់គ្នាបានលើកឡើង គឺជាកិច្ចការតំណាង។ ការដកបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដូចជាការឆ្លងកាត់មជ្ឈដ្ឋានផ្សេងៗ ការឆ្លងកាត់ការការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ និងអ្វីៗផ្សេងទៀត ដែលចុងក្រោយសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងទទួលបានសេចក្ដីសង្គ្រោះ គឺជាកិច្ចការជាក់លាក់មួយ។ នេះគឺជាឥទ្ធិពល និងផលប៉ះពាល់ដែលការបង្កើត និងអត្ថិភាពរបស់ពួកជំនុំមានចំពោះមនុស្ស។ កិច្ចការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ មិនត្រឹមតែអនុវត្តដោយក្រុមផ្សាយដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រេចបានតាមរយៈអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ ទំនុកបរិសុទ្ធ វីដេអូ និងភាពយន្តផ្សេងៗជាដើម ដែលក៏ជាខ្លឹមសារ និងគម្រោងជាក់លាក់ដែលរួមបញ្ចូលនៅក្នុងកិច្ចការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ បន្ថែមលើនេះ មានកិច្ចការដែលទាក់ទងនឹងជីវិតពួកជំនុំគឺ៖ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីយល់សេចក្ដីពិត ការអាចចុះចូលចំពោះព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ និងការដកបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងមជ្ឈដ្ឋានផ្សេងៗដែលព្រះជាម្ចាស់បានរៀបចំឡើងក្នុងអំឡុងពេលបំពេញភារកិច្ច ដើម្បីសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងទទួលបានសេចក្ដីសង្គ្រោះ។ ទាំងនេះគឺជាកិច្ចការមួយចំនួនដែលកើតចេញពីមូលដ្ឋាននៃអត្ថិភាពរបស់ពួកជំនុំ បន្ទាប់ពីវាត្រូវបានបង្កើតឡើង។ ក្រៅពីកិច្ចការសំខាន់ៗទាំងនេះ តើមានកិច្ចការបន្ទាប់បន្សំដែរឬទេ? តើកិច្ចការបន្ទាប់បន្សំគឺជាអ្វី? ពួកវាសំដៅលើកិច្ចការចាត់ចែងទូទៅ ឬមិនសំខាន់ ប៉ុន្តែក៏មានផលប្រយោជន៍ខ្លះដែរសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្លួន។ កិច្ចការនេះអាចជះឥទ្ធិពលជាវិជ្ជមានដល់ការចម្រើនលូតលាស់ក្នុងជីវិតរបស់មនុស្ស និងការបំផ្លាស់បំប្រែទស្សនៈរបស់ពួកគេលើបញ្ហានានា។ ក្នុងកាលៈទេសៈពិសេស តើកិច្ចការចាត់ចែងទូទៅដែលទាក់ទងនឹងការរស់រានខាងរូបកាយរបស់មនុស្ស ដែលកើតចេញពីកិច្ចការរបស់ពួកជំនុំ រាប់ថាជាកិច្ចការចាំបាច់របស់ពួកជំនុំដែរឬទេ? ឧទាហរណ៍៖ ការធ្វើស្រែចម្ការ ការចិញ្ចឹមសត្វ និងសកម្មភាពផ្សេងទៀតដែលផ្ដល់អាហារចាំបាច់មួយចំនួនសម្រាប់អស់អ្នកដែលកំពុងបំពេញភារកិច្ច តើទាំងនេះរាប់ថាជាកិច្ចការស្នូលរបស់ពួកជំនុំដែរឬទេ? (មិនរាប់ទេ។) ចុះចំណែកការផ្ដល់កុំព្យូទ័រ ឧបករណ៍ និងរបស់ផ្សេងទៀតសម្រាប់អ្នកដែលកំពុងបំពេញភារកិច្ចវិញ តើទាំងនេះរាប់ថាជាកិច្ចការស្នូលរបស់ពួកជំនុំដែរឬទេ? (មិនរាប់ទេ។) បើដូច្នេះ តើកិច្ចការស្នូលរបស់ពួកជំនុំសំដៅលើអ្វី? ចំណុចនេះពាក់ព័ន្ធនឹងនិយមន័យនៃពួកជំនុំ។ និយមន័យពីមុនរបស់អ្នករាល់គ្នាអំពីពួកជំនុំគឺល្អហើយ ខ្ញុំពេញចិត្តនឹងនិយមន័យទាំងនោះណាស់ ពីព្រោះលក្ខខណ្ឌកំណត់នៅក្នុងនិយមន័យរបស់អ្នករាល់គ្នា ទាក់ទងនឹងសេចក្ដីពិតដ៏ខ្ពង់ខ្ពស់ ដូចជាការចូលទៅក្នុងជីវិតរបស់មនុស្ស ជំនឿពិតរបស់ពួកគេលើព្រះជាម្ចាស់ និងការដើរតាមព្រះជាម្ចាស់ ការស្គាល់ព្រះជាម្ចាស់ ហើយថែមទាំងការផ្លាស់ប្ដូរនិស្ស័យ ការចុះចូលចំពោះព្រះជាម្ចាស់ និងការថ្វាយបង្គំព្រះជាម្ចាស់ទៀតផង។ ដោយយោងតាមចំណុចនេះ អត្ថិភាពរបស់ពួកជំនុំគឺដាច់ខាតមិនមែនដើម្បីប្រយោជន៍នៃអ្វីដែលទាក់ទងនឹងការរស់នៅខាងសាច់ឈាម និងផលប្រយោជន៍របស់មនុស្ស ដូចជាការធ្វើឱ្យពួកគេមានការស្លៀកពាក់និងហូបចុក ការធ្វើឱ្យពួកគេមានសុខភាពល្អ ឬការគិតគូរពីអនាគតរបស់ពួកគេនោះឡើយ។ ពួកជំនុំមិនមែនមានវត្តមានឡើងដើម្បីទ្រទ្រង់ការរស់រានខាងរូបកាយរបស់មនុស្ស ឬដើម្បីអនុញ្ញាតឱ្យមនុស្សសោយសុខនឹងជីវិតខាងសាច់ឈាមនោះឡើយ។ មនុស្សមួយចំនួននិយាយថា៖ «វាមិនត្រឹមត្រូវទេ។ ជីវិតខាងរួបកាយ និងការរស់រានរបស់យើង ត្រូវបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានបន្ទូលប្រាប់ឱ្យយើងរៀនសិល្បៈទំនើបនិងចំណេះដឹងមួយចំនួនអំពីការថែរក្សាសុខភាព។ តើទាំងនេះមិនមែនទាក់ទងនឹងការរស់រានរបស់យើងទេឬ?» តើទាំងនេះត្រូវបានចាត់ទុកថាជាកិច្ចការស្នូលរបស់ពួកជំនុំដែរឬទេ? (អត់ទេ។) ដោយសារពួកជំនុំមានសមាសភាពនៃពួកអ្នកជឿលើព្រះជាម្ចាស់ ហើយជីវិតរបស់មនុស្សរមែងជាប់ពាក់ព័ន្ធនឹងការហូបចុក សម្លៀកបំពាក់ ទីជម្រក ការធ្វើដំណើរ និងតម្រូវការប្រចាំថ្ងៃ ដូច្នេះពួកជំនុំជួយមនុស្សដោះស្រាយបញ្ហាទាំងនេះជាការបន្ទាប់បន្សំប៉ុណ្ណោះ។ ដោយសារបញ្ហាទាំងនេះត្រូវបានដោះស្រាយ មនុស្សគិតថា៖ «ពួកជំនុំក៏ទទួលខុសត្រូវចំពោះតម្រូវការប្រចាំថ្ងៃរបស់យើងដែរ។ នេះគឺជាកិច្ចការជាប្រចាំរបស់ពួកជំនុំ និងជាកិច្ចការស្នូលរបស់ពួកជំនុំ»។ តើនេះមិនមែនជាការយល់ច្រឡំទេឬ? (មែនហើយ។) តើអ្វីបណ្ដាលឱ្យមានការយល់ច្រឡំនេះ? (ពួកគេមិនយល់ច្បាស់ថា អ្វីទៅជាកិច្ចការស្នូលរបស់ពួកជំនុំ។) ហេតុអ្វីបានជាមកដល់ពេលនេះហើយ ពួកគេនៅតែមិនទាន់យល់ច្បាស់អំពីរឿងនេះទៀត? តើមិនមែនមកពីសមត្ថភាពយល់ដឹងរបស់ពួកគេមានបញ្ហាទេឬ? (មែនហើយ។) ហេតុអ្វីបានសមត្ថភាពយល់ដឹងរបស់ពួកគេមានបញ្ហា? នេះគឺជាបញ្ហានៃគុណសម្បត្តិ។ សរុបមក គឺដោយសារតែគុណសម្បត្តិអន់។
ទាក់ទងនឹងកិច្ចការស្នូលរបស់ពួកជំនុំ មានបីចំណុចដែលទើបតែបានលើកឡើង៖ មួយគឺការធ្វើបន្ទាល់ និងការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មួយទៀតគឺការដឹកនាំមនុស្សឱ្យហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជួយមនុស្សឱ្យយល់សេចក្ដីពិត អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរ។ ហើយមួយទៀតគឺការដឹកនាំមនុស្សឱ្យមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានបទពិសោធអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងបោះចោលនិស្ស័យពុករលួយរបស់ខ្លួន ដើម្បីសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ ដោយផ្អែកលើការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទាំងអស់នេះមានគោលបំណងឱ្យមនុស្សទទួលបានសេចក្ដីសង្គ្រោះ។ អ្នករាល់គ្នាធ្វើបានល្អដែលបានលើកឡើងនូវចំណុចទាំងបីនេះ។ ទាំងនេះគឺជាកិច្ចការដែលពួកជំនុំត្រូវធ្វើ និងជាតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់ពួកជំនុំសម្រាប់មនុស្សជាតិ សម្រាប់សមាជិកពួកជំនុំ និងសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប៉ុន្តែ នេះមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ ក្រៅពីកិច្ចការស្នូលទាំងនេះ ចូរគិតម្ដងទៀតថា តើមនុស្សទទួលបានអត្ថប្រយោជន៍សំខាន់អ្វីផ្សេងទៀត ក្រៅពីការមានបទពិសោធអំពីកិច្ចការនេះដែលពួកជំនុំអនុវត្ត។ (មនុស្សរៀនសម្គាល់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ។) ការសម្គាល់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ គឺជិតត្រូវហើយ ព្រោះវាពាក់ព័ន្ធនឹងកិច្ចការស្នូលរបស់ពួកជំនុំ។ នៅពេលយើងនិយាយអំពីកិច្ចការស្នូល យើងកំពុងនិយាយអំពីកិច្ចការគំរូ។ អ្វីដែលយើងបានប្រកបគ្នាអម្បាញ់មិញ គឺជាផលវិជ្ជមានដែលមនុស្សទទួលបាន ឬកិច្ចការមួយចំនួនដែលពួកជំនុំអនុវត្ត ហើយដែលមនុស្សចូលរួម ឬមានបទពិសោធ។ ក្រៅពីកិច្ចការស្នូលទាំងនេះ តម្លៃមួយទៀតនៃអត្ថិភាពរបស់ពួកជំនុំ គឺការជួយមនុស្សឱ្យយល់អំពីមនុស្សលោក ពិភពលោក និងឥទ្ធិពលនៃសេចក្ដីងងឹត។ តើនេះជាកិច្ចការស្នូលរបស់ពួកជំនុំ ក្រៅពីកិច្ចការទាំងបីដែលអ្នករាល់គ្នាបានប្រកបគ្នាដែរឬទេ? តើនេះជាកិច្ចការជាក់លាក់ដែរឬទេ? (មែនហើយ។) បើប្រៀបធៀបទៅនឹងកិច្ចការទាំងបីដំបូង កិច្ចការនេះត្រូវបានចាត់ទុកថាជាកិច្ចការបន្ទាប់បន្សំ។ ហេតុអ្វីបានជាវាត្រូវបានចាត់ទុកថាជាកិច្ចការបន្ទាប់បន្សំ? ពីព្រោះវាជាលទ្ធផលដែលមនុស្សសម្រេចបានតាមរយៈការឆ្លងកាត់បទពិសោធលើកិច្ចការទាំងបីដំបូង ពោលគឺវាសម្រេចបានដោយការឆ្លងកាត់បទពិសោធលើកិច្ចការរបស់ព្រះជាម្ចាស់ ការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការយល់សេចក្ដីពិត ការយល់អំពីនិស្ស័យពុករលួយរបស់ខ្លួន និងការស្គាល់ព្រះជាម្ចាស់។ ជាលទ្ធផល មនុស្សចាប់ផ្ដើមយល់អំពីមនុស្សលោកដ៏ទុច្ចរិតនេះ ពិភពលោកដ៏ខ្មៅងងឹតនេះ និងឥទ្ធិពលនៃសេចក្ដីងងឹត។ តើលទ្ធផលនេះសម្រេចបានមួយផ្នែកហើយឬនៅ នៅពេលនេះ? (មែនហើយ។) តើនេះមិនមែនជាតម្លៃនៃអត្ថិភាពរបស់ពួកជំនុំទេឬ? តើនេះមិនមែនជាមុខងារ និងឥទ្ធិពលដែលអត្ថិភាពរបស់ពួកជំនុំគួរមានសម្រាប់អស់អ្នកដែលដើរតាមព្រះជាម្ចាស់ទេឬ? (មែនហើយ។) ម្យ៉ាង វាមានឥទ្ធិពលបែបវត្ថុវិស័យនេះ ហើយម្យ៉ាងទៀត ពួកជំនុំក៏កំពុងអនុវត្តកិច្ចការនេះប្រកបដោយភាពវិជ្ជមាន និងសកម្មផងដែរ។ តើគម្រោងជាក់លាក់អ្វីខ្លះដែលពាក់ព័ន្ធនឹងកិច្ចការនេះ? ឧទាហរណ៍ ភាពយន្តអំពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលឆ្លងកាត់បទពិសោធនៃការចាប់ខ្លួន និងការធ្វើទារុណកម្ម៖ ម្យ៉ាង ទាំងនេះគឺជាទីបន្ទាល់ដែលបង្កើតឡើងដោយអ្នកដើរតាមព្រះជាម្ចាស់ ក្នុងពេលពួកគេរងទុក្ខពីការបៀតបៀនដ៏ឃោរឃៅរបស់សាតាំង ហើយម្យ៉ាងទៀត ភាពយន្តទាំងនេះលាតត្រដាងពីរបៀបដែលមនុស្សលោកដ៏ទុច្ចរិតនេះ ពិភពលោកដ៏ខ្មៅងងឹតនេះ និងឥទ្ធិពលនៃសេចក្ដីងងឹតទាំងឡាយ ទាស់ទទឹង និងថ្កោលទោសព្រះជាម្ចាស់ និងសេចក្ដីពិត ព្រមទាំងវិធីសាស្ត្រផ្សេងៗដែលពួកគេប្រើដើម្បីបៀតបៀនយ៉ាងឃោរឃៅចំពោះអ្នកដែលដើរតាមព្រះជាម្ចាស់។ ទន្ទឹមនឹងការលាតត្រដាងរឿងរ៉ាវទាំងនេះ ភាពយន្តទាំងនេះជួយមនុស្សឱ្យយល់អំពីមនុស្សលោក ពិភពលោក និងឥទ្ធិពលនៃសេចក្ដីងងឹតតាមទស្សនៈនេះផងដែរ។ អ្នកខ្លះទូលសួរថា៖ «តើព្រះបន្ទូលរបស់ព្រះអង្គដែលសម្តែងថា 'ការយល់អំពីមនុស្សលោក និងពិភពលោក' មានន័យដូចម្តេច?» តើអ្នករាល់គ្នាគិតថាវាមានន័យដូចម្ដេច? (ការយល់អំពីសេចក្ដីងងឹត និងសេចក្ដីទុច្ចរិតរបស់មនុស្សលោក និងពិភពលោក ព្រមទាំងការយល់អំពីសារជាតិដែលថា មនុស្សលោកទាំងមូលគឺជាសត្រូវរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ វាមានន័យថា ការយល់អំពីសេចក្ដីទុច្ចរិត និងសេចក្ដីងងឹតរបស់មនុស្សលោក ការយល់អំពីមុខមាត់ដ៏គួរឱ្យស្អប់ខ្ពើម និងធាតុពិតរបស់មនុស្សលោកទាំងមូលដែលជាសត្រូវនឹងព្រះជាម្ចាស់។ វីដេអូអំពីការធ្វើទារុណកម្ម ឬទីបន្ទាល់តាមរយៈបទពិសោធផ្ទាល់ខ្លួន គឺជាឧទាហរណ៍ជាក់លាក់នៃកិច្ចការនេះដែលពួកជំនុំធ្វើ។ បន្ថែមលើនេះ ការលាតត្រដាងវប្បធម៌ប្រពៃណី ទស្សនៈសីលធម៌របស់មនុស្ស គំនិតរបស់ក្រុមជនជាតិ ឬពូជសាសន៍មួយចំនួន ព្រមទាំងគោលលទ្ធិប្រពៃណីនៃសាសនាតាវ និងសាសនាខុងជឺនៅក្នុងប្រទេសចិន សេចក្ដីពិតក្លែងក្លាយមួយចំនួន និងច្បាប់ទម្លាប់គ្រួសារ ព្រមទាំងការចិញ្ចឹមបីបាច់ដែលចងភ្ជាប់ និងរឹតត្បិតគំនិតរបស់ពួកគេ តើការលាតត្រដាងរឿងទាំងនេះមានគោលបំណងអ្វី? តើនេះស្ថិតនៅក្នុងប្រភេទកិច្ចការមួយណា? តើខ្លឹមសារដែលខ្ញុំបានពិនិត្យពិច័យពីមុននៅក្នុងរឿង «ដេកលើគំនរអុស និងភ្លក់ប្រមាត់ល្វីង» មិនមែនជាផ្នែកនៃការយល់អំពីពិភពលោក មនុស្សលោក និងឥទ្ធិពលនៃសេចក្ដីងងឹតទេឬ? (មែនហើយ។) នេះគឺជាឧទាហរណ៍អំពីខ្លឹមសារជាក់លាក់នៃកិច្ចការនេះ។ ដូច្នេះ កិច្ចការនេះក៏ជាកិច្ចការជាក់លាក់ដែលពួកជំនុំគួរអនុវត្តផងដែរ។ សរុបសេចក្ដីមក កិច្ចការរបស់ពួកជំនុំ ម្យ៉ាងគឺដើម្បីណែនាំមនុស្សយ៉ាងវិជ្ជមានឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតតាមរយៈសេចក្ដីពិត ដោយដឹកនាំពួកគេឱ្យសម្រេចបានការចុះចូលចំពោះព្រះជាម្ចាស់។ ម្យ៉ាងទៀត គឺដើម្បីលាតត្រដាងពិភពលោកដ៏ខ្មៅងងឹតរបស់សាតាំង លាតត្រដាងសកម្មភាពផ្សេងៗនៃការប្រទូសរ៉ាយរបស់សាតាំងចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ និងលាតត្រដាងនិន្នាការអាក្រក់នៅក្នុងសង្គមមនុស្ស គំនិត និងសញ្ញាណផ្សេងៗរបស់មនុស្សលោកដែលពុករលួយ ព្រមទាំងសេចក្តីបង្រៀនក្លែងក្លាយ និងពាក្យភូតកុហក់របស់ពួកគេជាដើម ដើម្បីឱ្យមនុស្សអាចយល់អំពីធម្មជាតិពិត និងសារជាតិនៃយុគសម័យដ៏ទុច្ចរិតនេះ។ តើនេះមិនមែនជាកិច្ចការស្នូលរបស់ពួកជំនុំទេឬ? (មែនហើយ។) តាមពិតទៅ អ្នករាល់គ្នាទទួលបានច្រើនរួចទៅហើយពីកិច្ចការរបស់ពួកជំនុំ និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។ នៅពេលនិយាយអំពីមនុស្សនៅក្នុងពួកជំនុំ មិនថាពួកគេជាអ្នកដែលចាប់អារម្មណ៍លើសេចក្ដីពិត ឬអ្នកដែលមិនចាប់អារម្មណ៍លើសេចក្ដីពិតនោះទេ បន្ទាប់ពីដើរតាមព្រះជាម្ចាស់អស់រយៈពេលបីទៅប្រាំឆ្នាំ តាមរយៈការជួបជុំដើម្បីប្រកបគ្នាអំពីសេចក្ដីពិត ការអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការឆ្លងកាត់បទពិសោធអំពីការបៀតបៀន និងការបង្ខូចកេរ្តិ៍ឈ្មោះពីសំណាក់អ្នកមិនជឿ ការរំខានពីសំណាក់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវគ្រប់ប្រភេទ ពួកគេចាប់ផ្តើមសម្គាល់ និងយល់ដឹងអំពីពិភពលោកដ៏ខ្មៅងងឹតនេះ មនុស្សលោកដ៏ទុច្ចរិត អំណាចគ្រប់គ្រងទាំងឡាយ និងឥទ្ធិពលនៃសេចក្ដីងងឹតនៃពិភពលោកទាំងមូល ដោយមិនដឹងខ្លួន។ ទាំងនេះគឺជាផលដែលពួកគេទទួលបាន។ ហើយតើផលទាំងនេះកើតឡើងដោយរបៀបណា? តើពួកវាកើតឡើងដោយសារអត្ថិភាពរបស់ពួកជំនុំមែនទេ? តើពួកវាកើតឡើងដោយសារកិច្ចការដែលពួកជំនុំធ្វើមែនទេ? (មែនហើយ។) ម្យ៉ាង មនុស្សទទួលបានការយល់ដឹងខ្លះៗអំពីព្រះបន្ទូល កិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់ ហើយម្យ៉ាងទៀត ពួកគេក៏ទទួលបានការយល់ដឹង និងការសម្គាល់ដែលត្រូវគ្នាខ្លះៗអំពីពិភពលោក មនុស្សលោក និងឥទ្ធិពលនៃសេចក្ដីងងឹតផងដែរ។ លទ្ធផល និងឥទ្ធិពលវិជ្ជមាននៃផលទាំងពីរនេះលើមនុស្ស គឺជាអ្វីដែលពួកគេគួរសម្រេចបាន ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។
កិច្ចការរបស់ពួកជំនុំអាចសង្ខេបបានថា ជាការផ្សព្វផ្សាយ និងការធ្វើបន្ទាល់អំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងការដឹកនាំមនុស្សឱ្យហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចយល់សេចក្ដីពិត អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរ។ បន្ថែមលើនេះ នៅលើមូលដ្ឋាននៃការយល់សេចក្ដីពិត ពួកគេអាចមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ បោះចោលនិស្ស័យពុករលួយរបស់ខ្លួន និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ។ ក្រៅពីទិដ្ឋភាពទាំងបីនេះ វាពាក់ព័ន្ធនឹងការជួយមនុស្សឱ្យយល់អំពីមនុស្សលោកដ៏ទុច្ចរិត ពិភពលោកដ៏ខ្មៅងងឹត និងឥទ្ធិពលនៃសេចក្ដីងងឹត។ ទោះបីជាគម្រោងកិច្ចការរបស់ពួកជំនុំមិនសូវមានច្រើនក៏ដោយ ប៉ុន្តែខ្លឹមសារជាក់លាក់គឺមានច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារទាំងអស់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត ការជម្រុះចោលនិស្ស័យពុករលួយរបស់ខ្លួន និងការចុះចូលចំពោះព្រះជាម្ចាស់។ ជាការពិតណាស់ វាថែមទាំងពាក់ព័ន្ធនឹងការទទួលបានសេចក្ដីសង្គ្រោះទៀតផង។ នេះគឺជាមុខងាររបស់ពួកជំនុំ និងជាតម្លៃនៃអត្ថិភាពរបស់ពួកជំនុំ។ គ្រប់ទិដ្ឋភាពនៃកិច្ចការរបស់ពួកជំនុំ គឺសុទ្ធតែទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពីព្រោះវាពាក់ព័ន្ធនឹងរបៀបដែលមនុស្សប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់ សេចក្ដីសង្គ្រោះរបស់ពួកគេ និងទស្សនៈ ព្រមទាំងឥរិយាបថរបស់ពួកគេចំពោះពិភពលោក មនុស្សលោក និងឥទ្ធិពលនៃសេចក្ដីងងឹត។ សរុបសេចក្ដីមក អត្ថិភាពរបស់ពួកជំនុំគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងមនុស្សគ្រប់គ្នា ហើយកិច្ចការដែលពួកជំនុំអនុវត្ត ព្រមទាំងតម្លៃនិងសារៈសំខាន់នៃអត្ថិភាពនេះ គឺមិនអាចកាត់ផ្ដាច់បានពីមនុស្សម្នាក់ៗដែលទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។
បន្ទាប់ពីបានប្រកបគ្នាអំពីកិច្ចការជាក់លាក់ដែលពួកជំនុំចាំបាច់ត្រូវធ្វើរួចមក ចូរយើងពិភាក្សាអំពីនិយមន័យ និងទស្សនៈមិនសមស្របដែលមនុស្សមានចំពោះពាក្យថា «ពួកជំនុំ» និងសារៈសំខាន់នៃអត្ថិភាពរបស់ពួកជំនុំ។ ជាដំបូង មនុស្សគិតថាពួកជំនុំគឺជាកន្លែងដែលផ្ដល់ភាពសុខសាន្តយ៉ាងសមគួរ ជាកន្លែងដែលពោរពេញទៅដោយភាពកក់ក្ដៅ និងពន្លឺព្រះអាទិត្យ ជាកន្លែងមានមេត្រីភាពយ៉ាងសមគួរ គ្មានជម្លោះ គ្មានសង្គ្រាម គ្មានការកាប់សម្លាប់ ឬគ្មានការបង្ហូរឈាម ពោលគឺជាកន្លែងដ៏ល្អឥតខ្ចោះដែលដួងចិត្តរបស់មនុស្សប្រាថ្នាចង់បាន និងពោរពេញទៅដោយសុភមង្គល។ នៅទីនេះ គ្មានការច្រណែន ឬការឈ្លោះប្រកែកគ្នា គ្មានល្បិចកល គ្មាននិន្នាការអាក្រក់ ឬបាតុភូតផ្សេងៗទៀតដែលមាននៅក្នុងពិភពដែលមិនជឿឡើយ។ វាទុកដូចជាផែសំចតដ៏ល្អឥតខ្ចោះ ដែលមនុស្សអាចបោះយុថ្កាភ្ជាប់ដួងចិត្តរបស់ពួកគេបាន។ ទោះបីជាការស្រមើស្រមៃរបស់មនុស្សអំពីពាក្យថា «ពួកជំនុំ» ស្រស់ស្អាតយ៉ាងណាក៏ដោយ សរុបមក មនុស្សស្វែងរកបាននូវការទ្រទ្រង់ខាងវិញ្ញាណយ៉ាងសមគួរនៅក្នុងពួកជំនុំ។ ការទ្រទ្រង់ខាងវិញ្ញាណនេះ មានមុខងារកាន់តែជាក់ស្ដែងសម្រាប់មនុស្ស៖ នៅពេលដែលពួកគេជួបប្រទះនឹងការលំបាក ពួកគេអាចមកកាន់ពួកជំនុំដើម្បីចែករំលែកពីទុក្ខលំបាករបស់ពួកគេ ហើយពួកជំនុំអាចជួយសម្រាលក្ដីកង្វល់ និងដោះស្រាយការលំបាករបស់ពួកគេបាន។ ឧទាហរណ៍៖ ប្រសិនបើពួកគេជួបប្រទះនឹងការលំបាកនៅកន្លែងធ្វើការ ឬក្នុងជីវិតរស់នៅ ប្រសិនបើកូនៗរបស់ពួកគេមិនស្ដាប់បង្គាប់ ប្រសិនបើប្ដី ឬប្រពន្ធរបស់ពួកគេផិតក្បត់ ប្រសិនបើមានជម្លោះរវាងម្ដាយក្មេកនិងកូនប្រសារស្រី ប្រសិនបើមានជម្លោះជាមួយមិត្តរួមការងារ ឬអ្នកជិតខាង ប្រសិនបើកូនៗរបស់ពួកគេរងការធ្វើបាប ប្រសិនបើដីធ្លីរបស់ពួកគេត្រូវជនពាលប្រចាំតំបន់ណាម្នាក់រំលោភយក ជាដើម នៅពេលដែលរឿងទាំងនេះកើតឡើង មនុស្សសង្ឃឹមថាមាននរណាម្នាក់នៅក្នុងពួកជំនុំអាចចេញមុខការពារពួកគេ និងជួយដោះស្រាយ ព្រមទាំងចាត់ចែងបញ្ហាទាំងនេះបាន។ នៅក្នុងគំនិតរបស់មនុស្ស ពួកជំនុំគឺជាកន្លែងបែបនេះឯង។ ពិតណាស់ នៅក្នុងគំនិតរបស់មនុស្ស ពួកជំនុំគឺជាកន្លែងជ្រកកោន ជាឋានសួគ៌ដ៏ល្អឥតខ្ចោះ ជាកន្លែងសម្រាលក្ដីកង្វល់ និងដោះស្រាយការលំបាក លុបបំបាត់អំពើហិង្សា និងអនុញ្ញាតឱ្យមនុស្សចិត្តល្អរស់នៅដោយសុខសាន្ត និងលើកស្ទួយយុត្តិធម៌។ ប្រសិនបើជីវិតជួបការលំបាក ពួកជំនុំគួរតែជួយសម្រាលទុក្ខ។ ប្រសិនបើគ្មានបន្លែសម្រាប់ហូប និងគ្មានអង្ករសម្រាប់ដាំបាយ ពួកជំនុំគួរតែចែកជូនពួកគេ។ ប្រសិនបើគ្មានសម្លៀកបំពាក់ ពួកជំនុំគួរតែទិញឱ្យពួកគេ។ប្រសិនបើមាននរណាម្នាក់ធ្លាក់ខ្លួនឈឺ ពួកជំនុំគួរតែចេញថ្លៃព្យាបាល។ នៅពេលមាននរណាម្នាក់ជួបប្រទះនឹងការលំបាកនៅកន្លែងធ្វើការ បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំគួរតែលូកដៃជួយ ជួយរត់ការ ប្រើប្រាស់ទំនាក់ទំនង ឬផ្ដល់ការណែនាំ។ នៅពេលកូនៗរបស់ពួកគេកំពុងប្រឡងចូលមហាវិទ្យាល័យ ពួកគេងាកមករកពួកជំនុំដើម្បីរកមនុស្សឱ្យបានកាន់តែច្រើនមកជួយអធិស្ឋានឱ្យកូនៗ ក្នុងគោលបំណងធានាថាកូនៗរបស់ពួកគេអាចចូលរៀននៅមហាវិទ្យាល័យបានដោយជោគជ័យ។ មិនថាជួបប្រទះនឹងការលំបាកអ្វីក៏ដោយ ឱ្យតែបានមកកាន់ពួកជំនុំ ការលំបាកទាំងនេះនឹងអាចដោះស្រាយ និងសម្របសម្រួលបានទាំងអស់។ សូម្បីតែពេលដែលរងការធ្វើបាបពីសំណាក់មនុស្សអាក្រក់ក៏ដោយ ពួកជំនុំ អាចដោះស្រាយបញ្ចប់រឿងទាំងនេះបាន ដោយសារខ្លួនមានមនុស្សច្រើន និងមានឥទ្ធិពលខ្លាំង។ មានការលើកទឹកចិត្ត និងការគាំទ្រពីមនុស្សជាច្រើន ពួកគេនឹងលែងមានចិត្តរារែក ឬខ្លាចការធ្វើបាបពីសំណាក់ពួកជនពាលទៀតហើយ។ សូម្បីតែនៅពេលដែលត្រូវគេធ្វើបាប ត្រូវគេរើសអើង និងត្រដររស់ក្នុងសង្គមដោយសារគ្មានមធ្យោបាយចិញ្ចឹមជីវិតក៏ដោយ ក៏មនុស្សម្នាក់ៗអាចស្វែងរកជំនួយ និងដំបូន្មានល្អៗពីពួកជំនុំ និងស្វែងរកការងារដែលស័ក្ដិសមសម្រាប់ខ្លួនបានដែរ។ រឿងទាំងអស់នេះ និងរឿងជាច្រើនទៀត គឺជាតួនាទីដែលមនុស្សជឿថាពួកជំនុំគួរតែបំពេញ និងជាកិច្ចការដែលពួកជំនុំគួរតែធ្វើ។ ផ្អែកតាមគំនិតនិងសញ្ញាណរបស់មនុស្ស ឬតាមអ្វីដែលពួកគេទាមទារពីពួកជំនុំ វាច្បាស់ណាស់ថា ពួកគេពិតជាចាត់ទុកពួកជំនុំជាស្ថាប័នសុខុមាលភាព អង្គការសប្បុរសធម៌ ភ្នាក់ងារស្វែងរកគូស្រករ ឬភ្នាក់ងារជ្រើសរើសបុគ្គលិក ឬសមាគមកាកបាទក្រហម។ អ្នកខ្លះថែមទាំងគិតថា ទោះបីជាពួកគេមានសមត្ថភាពកម្រិតណាក៏ដោយ ឬមានឋានៈអ្វីនៅក្នុងសង្គម និងក្នុងចំណោមមនុស្សលោកក៏ដោយ ពួកគេតែងតែត្រូវការស្ថាប័នដ៏មានអំណាចមួយដើម្បីពឹងផ្អែកជានិច្ច។ នៅពេលដែលពួកគេជួបប្រទះនឹងការលំបាកនៅក្នុងសង្គម ឬប្រឈមមុខនឹងអ្នកមានអំណាច ពួកគេត្រូវការបង្អែកដ៏រឹងមាំមួយដើម្បីគាំទ្រពួកគេ និយាយជំនួសពួកគេ ចេញមុខចាត់ចែងជំនួសពួកគេ និងតស៊ូដើម្បីសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ។ តាមទស្សនៈរបស់ពួកគេ ពួកជំនុំអាចបំពេញតួនាទីនេះ និងសម្រេចបាននូវគោលបំណងដែលពួកគេសង្ឃឹមចង់បាន ដូច្នេះ ពួកជំនុំក្លាយជាជម្រើសតែមួយគត់របស់ពួកគេ។ ច្បាស់ណាស់ ពួកគេចាត់ទុកពួកជំនុំជាសហជីព ឬសមាគមសង្គម ដូចជាសហជីពគ្រូបង្រៀន សហជីពដឹកជញ្ជូន សមាគមកសិករ សមាគមនារី សមាគមជនចាស់ជរា ជាដើម ពោលគឺជាប្រភេទក្រុម និងអង្គការសង្គមបែបនេះឯង។ មិនថានិយមន័យរបស់មនុស្សអំពីពួកជំនុំពិតយ៉ាងណានោះទេ ប៉ុន្តែបើផ្អែកលើកិច្ចការដែលពួកជំនុំធ្វើ និងនិយមន័យដ៏ត្រឹមត្រូវរបស់ពួកជំនុំនោះ វាច្បាស់ណាស់ថា អាកប្បកិរិយា និងការទាមទាររបស់មនុស្សចំពោះពួកជំនុំគឺមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានឡើយ ហើយមនុស្សមិនគួរមានអាកប្បកិរិយា និងការទាមទារបែបនេះទេ។ ពួកជំនុំមិនមែនជាកន្លែងសម្រាប់ «ប្លន់អ្នកមានដើម្បីចិញ្ចឹមអ្នកក្រ» លុបបំបាត់អំពើហិង្សា និងអនុញ្ញាតឱ្យមនុស្សចិត្តល្អរស់នៅដោយសុខសាន្ត ឬលើកស្ទួយយុត្តិធម៌ឡើយ ហើយរឹតតែមិនមែនជាកន្លែងសម្រាប់ជួយពិភពលោក និងសង្គ្រោះមនុស្ស ឬសម្រាលក្ដីកង្វល់ និងដោះស្រាយការលំបាករបស់ពួកគេនោះដែរ។ ពួកជំនុំមិនមែនជាអង្គការសប្បុរសធម៌ មិនមែនជាស្ថាប័នសុខុមាលភាព និងមិនមែនជាសហគមន៍សង្គមឡើយ។ ការបង្កើត និងវត្តមានរបស់ពួកជំនុំ មិនមែនដើម្បីដើរតួជាក្រុម ឬអង្គការសង្គមនោះទេ។ ក្រៅពីភារកិច្ចចាំបាច់មួយចំនួនដែលពួកជំនុំគួរតែអនុវត្ត ដែលរួមមានការធ្វើបន្ទាល់ និងការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការដឹកនាំមនុស្សឱ្យហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ និងជម្រុះចោលនិស្ស័យពុករលួយរបស់ពួកគេដើម្បីទទួលបានសេចក្ដីសង្គ្រោះ ពួកជំនុំគ្មានកាតព្វកិច្ចក្នុងការផ្ដល់មុខងារ ឬជំនួយណាមួយដល់សង្គម ឬក្រុមជនជាតិណាមួយឡើយ។ បន្ថែមពីនេះ ពួកជំនុំមិនមែនជាកន្លែងសម្រាប់តស៊ូដើម្បីសិទ្ធិ និងផលប្រយោជន៍របស់មនុស្សឡើយ ហើយក៏គ្មានកាតព្វកិច្ចក្នុងការធានាដល់ជីវិតខាងសាច់ឈាម ឋានៈក្នុងសង្គម តំណែងការងារ ប្រាក់ខែ សុខុមាលភាពសង្គមរបស់មនុស្ស និងអ្វីៗផ្សេងៗទៀតនោះដែរ។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេជឿថាមុខងាររបស់ពួកជំនុំគឺដើម្បីលុបបំបាត់អំពើហិង្សា និងអនុញ្ញាតឱ្យមនុស្សចិត្តល្អរស់នៅដោយសុខសាន្ត លើកស្ទួយយុត្តិធម៌ បំបាត់ក្ដីកង្វល់ និងដោះស្រាយការលំបាករបស់មនុស្ស ជួយពិភពលោក និងសង្គ្រោះមនុស្ស ព្រមទាំងតស៊ូដើម្បីសិទ្ធិ និងផលប្រយោជន៍របស់មនុស្ស ពោលគឺមានមុខងារទាំងនេះឯង។ ហេតុដូច្នេះហើយ មនុស្សជឿថាពួកជំនុំគឺជាទីពឹងទាន់ចិត្តរបស់ពួកគេ ហើយរាល់ការលំបាកណាក៏ដោយ ក៏ពួកជំនុំអាចដោះស្រាយ និងចាត់ចែងបានដែរ។ ច្បាស់ណាស់ មនុស្សចាត់ទុកពួកជំនុំជាស្ថាប័ន អង្គការ ឬក្រុមសង្គម។ ទោះជាយ៉ាងណាក៏ដោយ តើពួកជំនុំគឺជាស្ថាប័នបែបនេះឬ? (មិនមែនទេ)។ ប្រសិនបើមនុស្សជឿថា ពួកជំនុំមានមុខងារ និងតួនាទីលុបបំបាត់អំពើហិង្សា និងធ្វើឱ្យមនុស្សចិត្តល្អរស់នៅដោយសុខសាន្ត លើកស្ទួយយុត្តិធម៌ បំបាត់ក្ដីកង្វល់ និងដោះស្រាយការលំបាករបស់មនុស្ស ជួយពិភពលោក និងសង្គ្រោះមនុស្ស តស៊ូដើម្បីសិទ្ធិ និងផលប្រយោជន៍របស់មនុស្សជាដើមនោះ ពួកជំនុំនេះមិនអាចហៅថាជាពួកជំនុំបានទេ ពីព្រោះវាគ្មានទំនាក់ទំនងអ្វីជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬកិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ឡើយ។ ក្រុម ឬអង្គការបែបនេះ គួរតែហៅថាជាក្រុម ឬអង្គការទៅបានហើយ វាគ្មានទំនាក់ទំនងអ្វីជាមួយនឹងពួកជំនុំ ហើយក៏គ្មានទំនាក់ទំនងអ្វីជាមួយនឹងកិច្ចការរបស់ពួកជំនុំដែរ។ ប្រសិនបើអង្គការមួយ ក្រោមស្លាកនៃការជឿលើព្រះជាម្ចាស់ ចូលរួមក្នុងសកម្មភាពនានា ដូចជាការចូលរួមពិធីបុណ្យ ការថ្វាយបង្គំព្រះជាម្ចាស់ ការអានព្រះគម្ពីរ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង និងការសរសើរតម្កើង ឬសូម្បីតែមានការជួបជុំ និងការថ្វាយបង្គំជាផ្លូវការ ក៏ដូចជាការប្រជុំដែលគេហៅថាការសិក្សាព្រះគម្ពីរ ការប្រជុំអធិស្ឋាន ការប្រជុំអ្នករួមការងារ និងការប្រជុំផ្លាស់ប្ដូរបទពិសោធជាដើម ទោះបីជាវាមានសមាជិក និងរចនាសម្ព័ន្ធបែបណាក៏ដោយ ក៏វាមិនពាក់ព័ន្ធនឹងពួកជំនុំពិតប្រាកដដែរ។ ដូច្នេះ តើពួកជំនុំពិតប្រាកដគឺជាអ្វីឱ្យប្រាកដ? តើវាលេចជារូបរាងឡើងដោយរបៀបណា? ពួកជំនុំពិតប្រាកដមួយ កកើតឡើងដោយសារការលេចមករបស់ព្រះជាម្ចាស់ កិច្ចការ និងការសម្ដែងចេញនូវសេចក្ដីពិតរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក។ ពួកជំនុំនេះកកើតឡើង នៅពេលដែលមនុស្សបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ត្រឡប់មករកព្រះជាម្ចាស់ ហើយចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់។ នេះហើយគឺជាពួកជំនុំពិតប្រាកដ។ ពួកជំនុំមិនមែនមនុស្សជាអ្នករៀបចំនិងបង្កើតឡើងឡើយ ប៉ុន្តែគឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកបង្កើតឡើង ហើយដឹកនាំ និងឃ្វាលដោយព្រះអង្គផ្ទាល់។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មានបញ្ជាបេសកកម្មសម្រាប់ពួកជំនុំរបស់ព្រះអង្គ។ បេសកកម្មរបស់ពួកជំនុំគឺដើម្បីផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងជួយមនុស្សឱ្យឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ត្រឡប់មកចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ ទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ទទួលបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ពោលគឺសាមញ្ញបែបនេះឯង។ នេះគឺជាតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់ពួកជំនុំ។
III. និយមន័យពួកជំនុំ
បន្ទាប់ពីបានប្រកបគ្នាអំពប្រធានបទ៖ តើពួកជំនុំជាអ្វី រួចមក ពេលនេះ អ្នករាល់គ្នាមានការយល់ដឹងខ្លះៗអំពីការកកើតឡើងនៃពួកជំនុំ កិច្ចការដែលពួកជំនុំធ្វើ និងលទ្ធផលដែលសម្រេចបាន។ អ្នករាល់គ្នាក៏អាចយល់ខ្លះៗអំពីតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់ពួកជំនុំផងដែរ។ ដូច្នេះ តើពេលនេះយើងអាចធ្វើការកំណត់និយមន័យឱ្យបានត្រឹមត្រូវថាតើពួកជំនុំគឺជាអ្វីឱ្យប្រាកដបានដែរឬទេ? ជាដំបូង ពួកជំនុំមិនមែនជាកន្លែងផ្ដល់ការលួងលោមចិត្តដល់មនុស្សឡើយ ហើយក៏មិនមែនជាកន្លែងធានាឱ្យមនុស្សមានហូបចុក និងស្លៀកពាក់គ្រប់គ្រាន់ ឬជាកន្លែងផ្ដល់ជម្រកដល់មនុស្សនោះដែរ។ ពួកជំនុំមិនមែនជាកន្លែងធានាសិទ្ធិ និងផលប្រយោជន៍ខាងសាច់ឈាមរបស់មនុស្ស ឬដោះស្រាយការលំបាកដែលពួកគេប្រឈមនៅក្នុងជីវិតឡើយ។ វាមិនមែនជាកន្លែងសម្រាប់បំពេញភាពទទេស្អាតខាងវិញ្ញាណរបស់មនុស្ស និងផ្ដល់ការទ្រទ្រង់ខាងវិញ្ញាណនោះទេ។ ដោយសារពួកជំនុំមិនមែនជាអ្វីដែលមនុស្សសន្មតតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេទេ ដូច្នេះ តើនិយមន័យជាក់លាក់របស់ពួកជំនុំគឺជាអ្វី? តើពួកជំនុំគឺជាអ្វីឱ្យប្រាកដ? នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលពិពណ៌នាជាមូលដ្ឋានអំពីពាក្យសម្គាល់ពួកជំនុំ។ តើព្រះអង្គបានមានបន្ទូលដូចម្ដេចឱ្យប្រាកដ? («ដ្បិតទីណាដែលមានមនុស្សពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងព្រះនាមរបស់ខ្ញុំ នោះខ្ញុំគង់នៅក្នុងកណ្ដាលពួកគេ»។ (ម៉ាថាយ ១៨:២០)) ព្រះបន្ទូលទាំងនេះមានន័យថា មិនថាមានមនុស្សប៉ុន្មាននាក់ជួបជុំគ្នានោះទេ ដរាបណាពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេដឹងថាព្រះជាម្ចាស់គង់នៅទីនោះជាមួយពួកគេ នោះកន្លែងនោះគឺជាពួកជំនុំ គឺពិតជាដូច្នោះឯង។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានលេចមកដើម្បីបំពេញកិច្ចការ និងសម្ដែងចេញនូវសេចក្ដីពិត។ នៅពេលមនុស្សជួបជុំគ្នាដើម្បីហូបនិងផឹក អានអធិដ្ឋាន និងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ក៏គង់នៅទីនោះ ហើយការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធក៏នៅទីនោះដែរ ដែលមានន័យថាព្រះជាម្ចាស់ទទួលស្គាល់កន្លែងនោះថាជាពួកជំនុំ។ ប្រសិនបើមនុស្សជួបជុំគ្នា ប៉ុន្តែមិនហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេគ្រាន់តែសូត្រតាមគោលលទ្ធិខាងវិញ្ញាណដែលឥតន័យ ហើយពួកគេមិនដឹងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះវាមិនមែនជាពួកជំនុំទេ ពីព្រោះព្រះជាម្ចាស់មិនទទួលស្គាល់ឡើយ ដូច្នេះហើយទើបវាមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ការជួបជុំដែលព្រះជាម្ចាស់គង់នៅ គឺព្រះអង្គប្រទានពរ និងដឹកនាំ ហើយនៅពេលដែលមនុស្សជួបជុំគ្នានៅក្នុងការជួបជុំបែបនេះ មិនថាពួកគេកំពុងហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត ឬប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហានោះទេ រឿងទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងសេចក្ដីតម្រូវ និងការដឹកនាំរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយ ព្រះអង្គក៏ប្រទានពរដល់ពួកគេទាំងអស់។ ហេតុនេះហើយ ទាល់តែការជួបជុំណាមានការណែនាំ ការដឹកនាំ និងព្រះវត្តមានរបស់ព្រះជាម្ចាស់ នោះទើបអាចហៅថាជាពួកជំនុំបាន។ នេះជានិយមន័យដ៏សាមញ្ញបំផុត និងជាមូលដ្ឋានបំផុតរបស់ពួកជំនុំ ហើយក៏ជានិយមន័យនៃពួកជំនុំក្នុងអំឡុងយុគសម័យនៃព្រះគុណផងដែរ។ និយមន័យនេះកើតចេញពីបរិបទនៃកិច្ចការរបស់ព្រះជាម្ចាស់នៅពេលនោះ ហេតុដូច្នេះហើយទើបមានភាពត្រឹមត្រូវ និងពិតប្រាកដ។ ប៉ុន្តែ ក្នុងដំណាក់កាលកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយនេះ ដោយសារព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលកាន់តែច្រើន និងបានបំពេញកិច្ចការកាន់តែធំធេង ដូច្នេះនិយមន័យរបស់ពួកជំនុំត្រូវតែមានន័យស៊ីជម្រៅជាងនិយមន័យជាមូលដ្ឋានពីយុគសម័យនៃព្រះគុណនោះ។ កិច្ចការរបស់ព្រះជាម្ចាស់បានវិវឌ្ឍទៅមុខកាន់តែឆ្ងាយ។ ពួកជំនុំមិនមែនគ្រាន់តែមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងព្រះវត្តមានរបស់ព្រះជាម្ចាស់ទៀតនោះឡើយ។ ពេលនេះ ព្រះជាម្ចាស់កំពុងបំពេញកិច្ចការដោយផ្ទាល់នៅក្នុងពួកជំនុំរបស់ព្រះអង្គ ដោយដឹកនាំ និងឃ្វាលពួកគេ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចហូបនិងផឹកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះអង្គ ព្រមទាំងដើរតាម និងធ្វើបន្ទាល់អំពីព្រះគ្រីស្ទ។ ហេតុដូច្នេះហើយ និយមន័យរបស់ពួកជំនុំនៅគ្រាចុងក្រោយ គឺវិវត្តខ្ពស់ជាងក្នុងយុគសម័យនៃព្រះគុណ ជាការពិពណ៌នាកាន់តែស៊ីជម្រៅ ត្រឹមត្រូវ និងជាក់លាក់ ហើយពិតណាស់ ក៏មិនអាចកាត់ផ្តាច់ចេញពីសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ។ ដូច្នេះ តើវិធីដ៏ត្រឹមត្រូវ និងសមស្របបំផុតក្នុងការកំណត់និយមន័យពួកជំនុំគឺជាអ្វី? ជាដំបូង និយមន័យជាមូលដ្ឋានគួរតែជាក្រុមមនុស្សដែលដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់។ ជាក់លាក់ជាងនេះទៅទៀត ពួកជំនុំគឺជាក្រុមមនុស្សដែលដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់ ស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះអង្គ ដេញតាមសេចក្ដីពិត អនុវត្ត និងទទួលបទពិសោធពីព្រះបន្ទូលរបស់ព្រះអង្គ ហើយអាចចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ ផ្នែកដ៏សំខាន់នៃនិយមន័យនេះគឺ «ក្រុមមនុស្ស»។ ពួកជំនុំមិនមែនជាទីកន្លែង បណ្តុំមនុស្ស ឬជាសហគមន៍ឡើយ ហើយរឹតតែមិនមែនជាការជួបជុំនៃមនុស្សដែលមានសេចក្ដីជំនឿនោះទៅទៀត។ «ក្រុម» អាចមានមនុស្សប្រហែលដប់នាក់ ឬសាមសិបទៅហាសិបនាក់ ឬពិតណាស់ អាចមានចំនួនច្រើនជាងនេះទៀត។ ពួកគេអាចជួបជុំគ្នា ឬពួកគេអាចបំបែកជាក្រុមតូចៗដើម្បីជួបជុំគ្នា។ រឿងនេះគឺអាចបត់បែន និងអាចប្រែប្រួលបាន។ សរុបមក នៅពេលដែលអ្នកដើរតាមព្រះជាម្ចាស់ទាំងនេះ លើកតម្កើង ធ្វើបន្ទាល់ពីព្រះអង្គ និងថ្វាយបង្គំព្រះអង្គ ព្រមទាំងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ នោះពួកគេគឺជាពួកជំនុំហើយ។ មិនថាមានពួកគេប៉ុន្មាននាក់ជួបជុំគ្នានោះទេ ពួកគេនៅតែជាពួកជំនុំដដែល។ ឧទាហរណ៍៖ មនុស្ស៥០នាក់ត្រូវបានហៅថាជាពួកជំនុំតូច ហើយមនុស្ស១០០នាក់ត្រូវបានហៅថាជាពួកជំនុំធំ ពោលគឺទំហំរបស់ពួកជំនុំត្រូវបានកំណត់ដោយចំនួនសមាជិក។ មានពួកជំនុំធំ មធ្យម និងតូច។ ចំនួនមនុស្សនៅក្នុងពួកជំនុំគឺមិនកំណត់នោះទេ។ចូរយើងពិនិត្យមើលម្ដងទៀតអំពីនិយមន័យនៃពួកជំនុំ៖ ជាក្រុមមនុស្សដែលដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់ ស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដេញតាមសេចក្តីពិត អនុវត្ត និងទទួលបានបទពិសោធពីព្រះបន្ទូលរបស់ព្រះអង្គ អាចចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ និងទទួលបានសេចក្តីសង្រ្គោះពីព្រះអង្គ។ ហេតុអ្វីបានជាគេកំណត់អត្ថន័យពួកជំនុំបែបនេះ? នោះព្រោះតែព្រះជាម្ចាស់ចង់ធ្វើកិច្ចការនៅក្នុងពួកជំនុំ ហើយព្រះជាម្ចាស់ចង់សង្រ្គោះមនុស្សមួយក្រុមនោះ។ មានតែក្រុមមនុស្សបែបនេះទេ ទើបអាចហៅថាជាពួកជំនុំ។ ហើយមានតែពេលដែលមនុស្សមួយក្រុមនេះជួបជុំគ្នាទេ ទើបពួកគេអាចហូបនិងផឹកព្រះបន្ទូលព្រះជាម្ចាស់បានធម្មតា និងអនុវត្តតាមព្រះបន្ទូល ព្រមទាំងអធិស្ឋានយ៉ាងពិតប្រាកដទៅកាន់ព្រះជាម្ចាស់ ចុះចូលទ្រង់ និងថ្វាយបង្គំទ្រង់។ក្រុមមនុស្សនោះត្រូវបានគ្រប់គ្រង និងដឹកនាំដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ គឺតាមរយៈក្រុមមនុស្សបែបនេះហើយ ទើបនិយមន័យរបស់ពួកជំនុំត្រូវបានបង្កើតឡើង។ ដោយសារមនុស្សនៅក្នុងសាសនាមិនទទួលយកសេចក្ដីពិត និងមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនសង្គ្រោះពួកគេ នោះពួកគេមិនមែនជាពួកជំនុំទេ ពួកគេគឺជាសហគមន៍សាសនា។ នេះគឺជាភាពខុសគ្នាដ៏ច្បាស់លាស់បំផុតរវាងពួកជំនុំ និងសាសនា។ មានតែពួកជំនុំប៉ុណ្ណោះដែលស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានតែពួកជំនុំដែលទទួលបានការឃ្វាលផ្ទាល់ពីព្រះគ្រីស្ទផ្ទាល់ប៉ុណ្ណោះ ទើបស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើការស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យដូចម្ដេច? តើយើងចាំបាច់ត្រូវលើកឡើងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំ ការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនៅទីនេះដែរឬទេ? (ទេ)។ ចូរប្រាប់ខ្ញុំមកមើល តើមួយណាជាក់ស្ដែងជាង៖ ការស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ? (ការស្ថិតក្រោមគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់)។ ការស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានភាពជាក់ស្ដែង និងជាក់លាក់ជាង។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គ្រាន់តែផ្ដល់ឱ្យមនុស្សនូវការបំភ្លឺ និងការស្រាយបំភ្លឺខ្លះៗ ដើម្បីជួយពួកគេឱ្យយល់ពីសេចក្ដីពិត និងដឹកនាំពួកគេឱ្យស្វែងរកឃើញគោលការណ៍នៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ លទ្ធផលសម្រេចបាន គឺពួកគេស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបានបំពេញកិច្ចការទេ តើមនុស្សនៅតែអាចបំពេញភារកិច្ចរបស់ពួកគេ តាមរយៈការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការក្ដាប់បានគោលការណ៍ដែរឬទេ? (មែនហើយ)។ ពេលនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងយ៉ាងច្រើន។ មនុស្សស្ដាប់សេចក្តីអធិប្បាយជាញឹកញាប់ ហើយអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ សូម្បីតែគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏មនុស្សដឹងថាខ្លួនត្រូវធ្វើអ្វីដែរ។ អស់អ្នកដែលស្រឡាញ់សេចក្ដីពិត អាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់បាន ដរាបណាពួកគេយល់ពីសេចក្ដីពិត។ អស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិត ទោះបីជាបានឮ ក៏មិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ហើយទោះបីជាពួកគេយល់បានបន្តិចបន្តួច ក៏ពួកគេមិនព្រមអនុវត្តតាមដែរ ហេតុដូច្នេះហើយ មានតែត្រូវជម្រុះពួកគេចោលប៉ុណ្ណោះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតដោយផ្ទាល់ ដើម្បីដឹកនាំ និងឃ្វាលមនុស្សដោយផ្ទាល់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គ្រាន់តែជាជំនួយប៉ុណ្ណោះ។ ប្រៀបដូចជាពេលក្មេងម្នាក់ទើបតែរៀនដើរអ៊ីចឹង ជួនកាលត្រូវមានមនុស្សធំចាំជួយគ្រាហ៍។ នៅពេលដែលក្មេងនោះអាចដើរបានយ៉ាងរឹងមាំ និងអាចរត់បាន នោះមិនចាំបាច់មាននរណាម្នាក់មកជួយទប់ពួកគេទៀតទេ។ ហេតុដូច្នេះហើយ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនមែនជារឿងដាច់ខាតឡើយ ហើយក៏មិនមែនជារឿងសំខាន់បំផុតដែរ។ នៅពេលមនុស្សស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានន័យថាពួកគេយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់ពីសេចក្ដីពិត និងដឹងច្បាស់ពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងគោលការណ៍និងស្ដង់ដាដែលព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សអនុវត្ត ហើយពួកគេក៏អាចយល់ជ្រាប និងអនុវត្តគោលការណ៍និងស្ដង់ដាទាំងនេះបាន។ នេះហើយជាអត្ថន័យនៃដួងចិត្តរបស់មនុស្សដែលស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលអំពីរឿងទាំងនេះយ៉ាងច្បាស់លាស់ និងក្បោះក្បាយគ្រប់គ្រាន់រួចទៅហើយ ដូច្នេះ មិនចាំបាច់លើកឡើងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅទីនេះទេ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានសម្ដែងចេញនូវសេចក្ដីពិតដ៏ច្រើនអនេក ធ្វើឱ្យសេចក្ដីពិតនីមួយៗមានភាពច្បាស់លាស់ និងងាយយល់ដល់មនុស្ស។ ហេតុដូច្នេះហើយ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនសូវសំខាន់នោះទេ ហើយគ្រាន់តែជាជំនួយប៉ុណ្ណោះ។ មានតែពេលដែលមនុស្សមិនយល់ពីសេចក្ដីពិត ឬពេលដែលព្រះជាម្ចាស់មិនទាន់បានថ្លែងព្រះបន្ទូលយ៉ាងក្បោះក្បាយ និងច្បាស់លាស់បែបនេះប៉ុណ្ណោះ ទើបព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការខ្លះៗក្នុងលក្ខណៈជាជំនួយ និងជាការដាស់តឿន ដែលផ្ដល់ឱ្យមនុស្សនូវពន្លឺបន្តិចបន្តូច និងជំរុញពួកគេខ្លះៗ ដើម្បីជួយពួកគេឱ្យធ្វើការជ្រើសរើសបានត្រឹមត្រូវ និងដើរលើផ្លូវដ៏ត្រឹមត្រូវនៅក្នុងជីវិត និងក្នុងមជ្ឈដ្ឋានផ្សេងៗរបស់ពួកគេ។ ពេលនេះគឺជាយុគសម័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ដើម្បីដឹកនាំមនុស្សលោក ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្របដណ្តប់លើអ្វីៗទាំងអស់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គ្រាន់តែជាជំនួយប៉ុណ្ណោះ។ នៅពេលដែលមនុស្សយល់ពីសេចក្ដីពិត អាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះទើបសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ចូរយើងមើលឃ្លាដំបូងនៅក្នុងនិយមន័យជាមូលដ្ឋានរបស់ពួកជំនុំ៖ «ដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់»។ ពាក្យ «ដោយស្មោះត្រង់» នេះមានអត្ថន័យជាក់លាក់មួយ។ វាមិនសំដៅទៅលើអ្នកដែលគ្រាន់តែចំណាយពេលឥតប្រយោជន៍ អ្នកដែលមកក្នុងនាមបង្គ្រប់កិច្ច អ្នកដែលគិតតែស៊ីចុកឱ្យតែឆ្អែតក្រពះ អ្នកដែលពឹងផ្អែកលើព្រះគុណដើម្បីទទួលបានសេចក្ដីសង្គ្រោះ ឬអ្នកដែលមានចេតនានិងគោលដៅលាក់កំបាំងណាមួយឡើយ។ ដូច្នេះ តើពាក្យ «ដោយស្មោះត្រង់» មានន័យដូចម្ដេច? ការពន្យល់ដ៏ជាមូលដ្ឋាននិងសាមញ្ញបំផុតគឺបែបនេះ៖ ដរាបណានរណាម្នាក់បានឮអំពីព្រះជាម្ចាស់ អំពីសេចក្ដីពិត ឬអំពីព្រះអាទិករ ពួកគេមានអារម្មណ៍ប្រាថ្នាចង់បានក្នុងដួងចិត្ត សុខចិត្តលះបង់ សុខចិត្តបូជាខ្លួន សុខចិត្តរងទុក្ខលំបាក ហើយសុខចិត្តមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ដើម្បីទទួលយកការត្រាស់ហៅរបស់ព្រះជាម្ចាស់ ព្រមទាំងបោះបង់អ្វីៗទាំងអស់ចោលដើម្បីដើរតាមព្រះជាម្ចាស់។ ឱ្យតែពួកគេមានចិត្តស្មោះត្រង់ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ អ្នកខ្លះនិយាយថា៖ «ម្តេចក៏ព្រះអង្គមិនមានបន្ទូលថា នេះគឺជាក្រុមអ្នកសេចក្ដីជំនឿមុតមាំដែលដើរតាមព្រះជាម្ចាស់?» មនុស្សមិនអាចឈានដល់កម្រិតនោះបានទេ។ ក្នុងចំណោមអ្នកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួននៅពេលនេះ អ្នកខ្លះបានជឿជិតដប់ឆ្នាំ ហើយអ្នកខ្លះបានជឿម្ភៃឆ្នាំ ឬសាមសិបឆ្នាំមកហើយ ការមានភាពស្មោះត្រង់នេះ គឺគ្រប់គ្រាន់ជាមូលដ្ឋានទៅហើយ។ ការកំណត់និយមន័យថាជាការមានសេចក្ដីជំនឿមុតមាំ គឺមិនមែនជាការត្រឹមត្រូវឡើយ។ និយមន័យរបស់យើងអំពីពួកជំនុំ គឺផ្អែកលើស្ថានភាពជាមូលដ្ឋាន និងជាក់លាក់មួយ ដោយមិនប្រកាន់តែលើពាក្យពេចន៍ ឬកំណត់និយមន័យនិងស្ដង់ដាឱ្យខ្ពស់ហួសហេតុពេកនោះទេ ព្រោះការធ្វើបែបនោះខ្វះភាពជាក់ស្ដែង។ អ្នកខ្លះនិយាយថា៖ «ការនិយាយថា 'ដោយស្មោះត្រង់' និង 'មានសេចក្ដីជំនឿមុតមាំ' គឺមិនគ្រប់គ្រាន់ទេ។ គួរតែហៅថាជាក្រុមមនុស្សសុចរិតដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទើបជារឿងដ៏អស្ចារ្យ!» ប្រសិនបើយើងកំណត់ស្ដង់ដាខ្ពស់បែបនេះ នោះឃ្លាបន្ទាប់ដែលថា «ដេញតាមសេចក្ដីពិត អនុវត្ត និងទទួលបទពិសោធពីព្រះបន្ទូលរបស់ព្រះអង្គ» នឹងលែងចាំបាច់ទាំងអស់។ ចំណុចសំខាន់គឺសមាជិកទាំងអស់នៃពួកជំនុំ ជាអ្នកដែលព្រះជាម្ចាស់ចង់សង្គ្រោះ។ ក្រុមមនុស្សនេះពោរពេញទៅដោយនិស្ស័យពុករលួយរបស់សាតាំង ហើយពោរពេញទៅដោយសញ្ញាណ និងការស្រមើស្រមៃអំពីព្រះជាម្ចាស់។ និយាយឱ្យកាន់តែជាក់ស្ដែងទៅ ពួកគេពោរពេញទៅដោយការបះបោរ ខ្វះការចុះចូល មិនយល់ពីសេចក្ដីពិត និងគ្មានការស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ នេះគឺជាស្ថានភាពដ៏ជាក់ស្ដែងបំផុត។ ហេតុដូច្នេះហើយ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សមាជិកពួកជំនុំគឺស្ថិតនៅក្នុងស្ថានភាពពិត និងឋានៈជាក់ស្ដែងបែបនេះឯង។ ការជ្រើសរើសមនុស្សរបស់ព្រះជាម្ចាស់ គឺផ្អែកលើលក្ខខណ្ឌជាមូលដ្ឋាននេះ៖ តើពួកគេអាចដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់ ហើយលះបង់ខ្លួន និងលះបង់ចោលដោយពិតប្រាកដដែរឬទេ។ អ្នកខ្លះនិយាយថា៖ «ប្រសិនបើពួកគេស្មោះត្រង់ ចុះហេតុអ្វីបានជាពួកគេនៅតែមានបំណងប្រាថ្នាហួសហេតុ? ប្រសិនបើពួកគេស្មោះត្រង់ ចុះហេតុអ្វីបានជាពួកគេនៅតែចង់ទទួលបានព្រះពរ?» រឿងទាំងនេះនឹងផ្លាស់ប្ដូរបន្តិចម្ដងៗ នៅពេលដែលមនុស្សទទួលបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់។ ពេលនេះ យើងកំពុងកំណត់និយមន័យគោលគំនិតជាមូលដ្ឋានរបស់ពួកជំនុំ។ គោលគំនិតជាមូលដ្ឋាននេះ គឺជាសេចក្ដីតម្រូវអប្បបរមា និងជាស្ដង់ដាទាបបំផុតសម្រាប់ការជ្រើសរើសមនុស្សរបស់ព្រះជាម្ចាស់។ ស្ដង់ដាទាំងនេះមិនមែនជារឿងទទេៗ ឬនិយាយបំផ្លើសទាល់តែសោះ ហើយពិតជាស្របទៅនឹងស្ថានភាពពិតរបស់អ្នករាល់គ្នាខ្លាំងណាស់។ ម្យ៉ាងទៀត នៅពេលព្រះជាម្ចាស់ជ្រើសរើសអ្នករាល់គ្នា ហើយសម្រេចព្រះទ័យសង្គ្រោះនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា នេះគឺជាលក្ខណៈវិនិច្ឆ័យដែលព្រះជាម្ចាស់ទតពិនិត្យ។ ប្រសិនបើអ្នកបំពេញតាមសេចក្ដីតម្រូវទាំងនេះ អ្នកត្រូវបានព្រះជាម្ចាស់នាំចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយក្លាយជាសមាជិកនៃពួកជំនុំ។ នេះគឺជាស្ថានភាពជាក់ស្ដែង។ ហេតុដូច្នេះហើយ ឃ្លាដំបូងនៅក្នុងនិយមន័យអំពីពួកជំនុំគឺ «ដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់»។ នេះគឺត្រឹមត្រូវសមគួរហើយ។ ក្រុមមនុស្សនេះខ្វះការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ពួកគេខ្វះលទ្ធភាពផ្ដាច់ខ្លួនចេញពីឥទ្ធិពលនៃសេចក្ដីងងឹត ហើយក៏ខ្វះការបះបោរប្រឆាំងនឹងពិភពលោក និងនាគដ៏ធំមានសម្បុរក្រហមឱ្យបានទាំងស្រុងនោះដែរ។ ពួកគេនៅខ្វះរឿងទាំងអស់នេះ។ ហេតុអ្វី? ពីព្រោះនិយមន័យនេះបានលើកឡើងបន្ថែមទៀតអំពីការអាចស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងដំណើរការនៃការដេញតាម ដោយសារមនុស្សមានដួងចិត្តដែលស្រឡាញ់សេចក្ដីពិត និងប្រាថ្នាចង់បានសេចក្ដីពិត ពួកគេអាចទទួលបទពិសោធ និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទីបំផុត ពួកគេអាចថ្វាយបង្គំព្រះជាម្ចាស់បាន។ ការថ្វាយបង្គំព្រះជាម្ចាស់ គឺរួមមានការចុះចូលនឹងព្រះជាម្ចាស់ ការស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការទទួលយកការចាត់ចែងរបស់ព្រះជាម្ចាស់ និងការទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ទីបំផុត ក្រុមមនុស្សនេះអាចទទួលបានសេចក្ដីសង្គ្រោះ។ នេះគឺជាឋានៈជាក់ស្ដែងរបស់សមាជិកពួកជំនុំនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលក្ខខណ្ឌដ៏ជាមូលដ្ឋានបំផុតទេឬ? (មែនហើយ)។ អ្នកខ្លះនិយាយថា៖ «ព្រះអង្គមិនបានលើកឡើងអំពីការជម្រុះចោលនិស្ស័យពុករលួយរបស់សាតាំង និងការទទួលបានការបន្សុទ្ធឡើយ។ និយមន័យរបស់ពួកជំនុំនេះ មិនបានរួមបញ្ចូលរឿងទាំងនេះទេ»។ តើរឿងទាំងនេះត្រូវបានរួមបញ្ចូលនៅក្នុងនិយមន័យនេះដែរឬទេ? (មែនហើយ)។ តើផ្នែកមួយណាដែលរួមបញ្ចូលរឿងទាំងនេះ? គឺការស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើនិស្ស័យពុករលួយរបស់អ្នកមិនត្រូវបានជម្រះឱ្យស្រឡះបន្តិចម្ដងៗទេឬអី? តើអ្នកមិនអាចជម្រុះចោលនិស្ស័យពុករលួយរបស់សាតាំង និងសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យទេឬអី? (មែនហើយ)។ ក្នុងអំឡុងពេលនៃការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ អ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ ហើយជម្រះនូវនិស្ស័យពុករលួយរបស់ខ្លួនឯង។ នៅពេលដែលអ្នកជម្រះនិស្ស័យពុករលួយរបស់អ្នកបានខ្លះៗ តើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ និងការចុះចូលនឹងព្រះជាម្ចាស់មានការកើនឡើងដែរឬទេ? តើមានទំនាក់ទំនងរវាងរឿងទាំងនេះដែរឬទេ? (មែនហើយ)។ អ្នកកាន់តែថ្វាយបង្គំព្រះជាម្ចាស់ អ្នកនឹងកាន់តែមានការចុះចូលនឹងព្រះជាម្ចាស់។ កាលណាការចុះចូលនឹងព្រះជាម្ចាស់របស់អ្នកកើនឡើង តើអ្នកមិនកាន់តែខិតជិតដល់ការទទួលបានសេចក្ដីសង្គ្រោះទេឬអី? (មែនហើយ)។ ដូច្នេះ តើក្រុមនេះជាមនុស្សប្រភេទណា? ពួកគេជាអ្នកដែលអាចទទួលបានសេចក្ដីសង្គ្រោះ។ នេះគឺជាស្ថានភាពជាក់ស្ដែងរបស់សមាជិកពួកជំនុំ។ អ្នកខ្លះនិយាយថា៖ «និយមន័យរបស់ពួកជំនុំនេះ មិនបានលើកឡើងអំពីកិច្ចការដែលពួកជំនុំចូលរួមធ្វើនោះទេ»។ តើមានផ្នែកណាមួយនៅទីនេះដែលទាក់ទងនឹងកិច្ចការដ៏សំខាន់ដែលពួកជំនុំចូលរួមធ្វើដែរឬទេ? (ការដេញតាមដើម្បីទទួលបានសេចក្ដីសង្គ្រោះ)។ ផ្នែកនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ កិច្ចការដែលពួកជំនុំធ្វើ មិនថាជាការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការដឹកនាំមនុស្សឱ្យហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការជួយមនុស្សឱ្យស្គាល់ខ្លួនឯង និងការជម្រុះចោលនិស្ស័យពុករលួយរបស់សាតាំងនោះទេ ទីបំផុតគឺមានគោលបំណងជួយមនុស្សឱ្យទទួលបានសេចក្ដីសង្គ្រោះ។ ដូច្នេះ តើពេលនេះអ្នករាល់គ្នាអាចទទួលយកគោលគំនិតដ៏សាមញ្ញនិងជាមូលដ្ឋានបំផុតរបស់ពួកជំនុំនេះបានដែរឬទេ? (មែនហើយ)។ និយមន័យនេះមិនមែនការបំផ្លើស ឬអសារឥតការឡើយ ហើយក៏មិនប្រើពាក្យពេចន៍ និងឃ្លាប្រយោគខ្ពង់ខ្ពស់ពិបាកយល់ពេកនោះទេ ប៉ុន្តែវារួមបញ្ចូលនូវតម្រូវការជាមូលដ្ឋានបំផុតសម្រាប់ការកកើត ឬការកំណត់និយមន័យពួកជំនុំ។
តើអ្នករាល់គ្នាយល់ពីសាវតារនិយមន័យនៃគោលគំនិតរបស់ពួកជំនុំដែរឬទេ បន្ទាប់ពីខ្ញុំបានពន្យល់រឿងនេះដល់អ្នករាល់គ្នារួចមក? (មែនហើយ)។ ប្រសិនបើខ្ញុំមិនបានពន្យល់តាមរបៀបនេះទេ អ្នករាល់គ្នាមុខជាគិតថា កិច្ចការដ៏សំខាន់របស់ពួកជំនុំ និងនិយមន័យរបស់ពួកជំនុំ គឺមានភាពជ្រាលជ្រៅខ្លាំងណាស់មិនខាន។ កាលបើអ្នករាល់គ្នាយល់ពីនិយមន័យរបស់ពួកជំនុំ អ្នករាល់គ្នាយល់ឃើញថា ការយល់ដឹងរបស់អ្នករាល់គ្នាអំពីពួកជំនុំគឺរាក់កំផែលខ្លាំងណាស់។ និយមន័យរបស់ពួកជំនុំត្រូវបានពន្យល់យ៉ាងច្បាស់ ពោលគឺពិតជាជាក់ស្ដែងបែបនេះឯង។ អ្វីៗកាន់តែមានភាពជាក់ស្ដែង មនុស្សច្រើនតែយល់ឃើញកាន់តែខ្លាំងថាវាជារឿងរាក់កំផែល។ តាមពិតទៅ ប្រសិនបើអ្នកពិនិត្យមើលឱ្យបានដិតដល់ ពាក្យនីមួយៗនៃនិយមន័យនេះ គឺមានទំនាក់ទំនង និងពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងស្ថានភាពជាក់ស្ដែង និងជាក់លាក់ ហើយវាមិនមែនជារឿងរាក់កំផែលទាល់តែសោះ។ ឃ្លាដំបូងនៅក្នុងនិយមន័យរបស់ពួកជំនុំគឺ «ដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់»។ ពាក្យ «ដោយស្មោះត្រង់» នេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់បាន។ តើមានមនុស្សប៉ុន្មាននាក់ដែលមានភាពស្មោះត្រង់បែបនេះ? តើមនុស្សងាយនឹងមានភាពស្មោះត្រង់នេះដែរឬទេ? វាមិនងាយស្រួលឡើយ។ ចំណែកឯការ «ស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះអង្គ» វិញ តើអ្នកសម្រេចបានចំណុចនេះហើយឬនៅ? អ្នកគិតថាឃ្លានេះគឺរាក់កំផែល និងងាយស្រួលសម្រេចបាន។ ប្រសិនបើព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរក្រោកឡើង ដើរតាមយើង ហើយបំពេញភារកិច្ចរបស់អ្នក» ហើយមនុស្សស្ដាប់បង្គាប់ តើនេះមានន័យថា ពួកគេស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? នេះគ្រាន់តែមានន័យថា មនុស្សសុខចិត្តជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនទាន់ឈានដល់ចំណុចដែលពួកគេស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ គឺពួកគេនៅឆ្ងាយពីរឿងនេះណាស់! តើអ្នកចាំបាច់ត្រូវមានអ្វីខ្លះ ដើម្បីស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់? សេចក្ដីតម្រូវអប្បបរមាគឺថា អ្នកត្រូវតែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកចាំបាច់ត្រូវដឹងថាតើសេចក្ដីតម្រូវនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់សំដៅទៅលើអ្វី តើគោលការណ៍អ្វីខ្លះដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវ ហើយនៅពេលប្រឈមមុខនឹងមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ តើត្រូវអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា និងតើត្រូវប្រែក្លាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាការអនុវត្តរបស់អ្នក ដើម្បីធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យដោយរបៀបណា។ នេះមិនមែនជារឿងងាយស្រួលឡើយ។ វាទាមទារឱ្យមានរយៈពេលដ៏យូរនៃការហូបនិងផឹក ការអានអធិដ្ឋាន ការទទួលបទពិសោធ និងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ព្រះជាម្ចាស់ ដើម្បីឈានទៅដល់ការស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហេតុដូច្នេះហើយ ឃ្លាថា «ស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះអង្គ» មើលទៅហាក់ដូចជាសាមញ្ញនៅសំបកក្រៅ ហាក់បីដូចជាមនុស្សភាគច្រើនសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹងដែរ ប៉ុន្តែតាមពិតទៅ វាមិនមែនបែបនោះទេ។ ផ្អែកតាមស្ថានភាពជាក់ស្ដែងរបស់មនុស្ស វាច្បាស់ណាស់ថា ឃ្លានេះគ្រាន់តែជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សប៉ុណ្ណោះ ដែលពួកគេមិនទាន់សម្រេចបានទាល់តែសោះ។ ឃ្លាបន្ទាប់គឺ «ស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះអង្គ» គឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ អ្នកមិនទាន់សម្រេចបាននូវការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅឡើយទេ អ្នកគ្រាន់តែស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ តើអ្នកគួរស្វែងរករឿងនេះដោយរបៀបណា? នៅពេលអ្នកជួបប្រទះនឹងស្ថានភាពផ្សេងៗ ចូរអនុវត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ កុំនិយាយកុហក ចូរធ្វើជាមនុស្សស្មោះត្រង់។ តើអ្នកអាចធ្វើបែបនោះបានដែរឬទេ? វាមិនងាយស្រួលធ្វើឡើយ។ នៅពេលអ្នកត្រូវបានគេលួសកាត់ អ្នកគួរតែអាចចុះចូល ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ព្រមទាំងអនុវត្តស្របតាមសេចក្ដីពិត។ តើអ្នកអាចសម្រេចបានរឿងនេះដែរឬទេ? ប្រសិនបើវាមានអារម្មណ៍ថាលំបាកខ្លាំង ឬប្រសិនបើឆន្ទៈផ្ទាល់ខ្លួនរបស់អ្នកខ្លាំងពេក ហើយអ្នកតែងតែចង់បញ្ចេញភាពឆេវឆាវរបស់អ្នក នោះអ្នកត្រូវតែស្វែងរកការប្រព្រឹត្តស្របតាមគោលការណ៍ ហើយមិនត្រូវបញ្ចេញភាពឆេវឆាវរបស់អ្នក ឬប្រព្រឹត្តតាមអំពើចិត្ត និងតាមតែការនឹកឃើញឡើយ។ អ្នកត្រូវតែធ្វើតាមអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែង ទទួលយកការលួសកាត់ ស្គាល់ពីអំពើរំលងរបស់អ្នក និងយល់ពីចំណុចដែលអ្នកបានធ្វើខុស។ នេះហៅថា ការស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើការចាប់ផ្ដើមអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យថាមនុស្សម្នាក់បានផ្លាស់ប្ដូរហើយមែនទេ? វាមិនសាមញ្ញបែបនេះឡើយ។ ប្រសិនបើអ្នកត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ តើអ្នកអាចទប់ចិត្តមិនប្រព្រឹត្តតាមអំពើចិត្ត និងតាមតែការនឹកឃើញបានដែរឬទេ? វាមិនងាយស្រួលឡើយ។ វាទាមទារឱ្យអ្នកយល់ពីសេចក្ដីពិត អាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលបទពិសោធមួយរយៈសិន ទើបអ្នកអាចសម្រេចបានរឿងនេះ។ ប្រសិនបើអ្នកនិយាយថា អ្នកចង់អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមានត្រឹមតែការតាំងចិត្តតាមសម្តី ហើយគ្មានការជំរុញ ក្នុងដួងចិត្តរបស់អ្នកទេ នោះគឺមិនបានការឡើយ។ នៅពេលដែលអ្នកមានចិត្តចង់ ហើយអ្នកពិតជាចង់អនុវត្តសេចក្ដីពិតមែននោះ នោះអ្នកអាចអនុវត្តសេចក្ដីពិតនោះបាន។ នៅពេលដែលអ្នកមិនសុខចិត្តអនុវត្តសេចក្ដីពិតនៅក្នុងដួងចិត្តរបស់អ្នក ទោះបីជាអ្នកស្បថស្បែ ឬមានអ្នកដទៃគាំទ្រអ្នកក៏ដោយ ក៏វានឹងគ្មានប្រយោជន៍អ្វីដែរ។ អ្នកត្រូវតែមានការប្ដេជ្ញាចិត្ត ពោលគឺ អ្នកត្រូវតែមានដួងចិត្តដែលមានបំណងប្រាថ្នាដ៏ខ្លាំងខ្លាចំពោះព្រះជាម្ចាស់។ អ្នកចាំបាច់ត្រូវដឹងថាតើព្រះជាម្ចាស់កំណត់និយមន័យលើរឿងរ៉ាវអ្វីមួយយ៉ាងដូចម្ដេច និងអ្វីដែលព្រះអង្គតម្រូវចំពោះរឿងនោះ រួចស្វែងរក និងចងក្រងរាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ដែលទាក់ទងនឹងទិដ្ឋភាពនេះ ហើយបន្ទាប់មក អានអធិដ្ឋាន និងស្វែងយល់ពីព្រះបន្ទូលទាំងនោះ។ ចូរសរសេរព្រះបន្ទូលទាំងនោះទុកក្នុងសៀវភៅសរសេរ ឬដាក់នៅកន្លែងដែលអ្នកអាចមើលឃើញបានដោយងាយ។ ក្នុងអំឡុងពេលសម្រាកពីការងាររបស់អ្នក ចូរមើលព្រះបន្ទូលទាំងនោះ អានព្រះបន្ទូលទាំងនោះ ហើយយូរៗទៅ អ្នកនឹងទន្ទេញចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ និងរក្សាទុកនៅក្នុងដួងចិត្តរបស់អ្នក។ ជារៀងរាល់ថ្ងៃ ចូរត្រិះរិះពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិចារណាមើលថាតើការនិយាយ និងការប្រព្រឹត្តតាមរបៀបណា ទើបចាត់ទុកថាជាការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះហៅថា ការស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើវាងាយស្រួលសម្រេចបានដែរឬទេ? វាមិនងាយស្រួលឡើយ។ វាមិនមែនជារឿងដែលអាចសម្រេចបានត្រឹមតែមួយយប់ ឬដោយការប្រឹងប្រែងត្រឹមតែមួយឆាវនោះទេ។ មនុស្សខ្លះនិយាយថា «ខ្ញុំសូមយកឈាមមកស្បថ» ប៉ុន្តែវាគ្មានប្រយោជន៍ឡើយ។ អ្នកនិយាយថា «ខ្ញុំនឹងតមអាហារ ហើយអធិស្ឋានដោយមិនហូប ឬផឹកអ្វីទាំងអស់» ប៉ុន្តែវាគ្មានប្រយោជន៍ឡើយ។ អ្នកនិយាយថា «ខ្ញុំនឹងបង្អត់ដំណេកពេញមួយយប់ ហើយរងទុក្ខ» ប៉ុន្តែវាក៏គ្មានប្រយោជន៍ដែរ។ អ្នកត្រូវតែដេញតាមសេចក្ដីពិត។ អ្នកត្រូវតែមានការសម្ដែងចេញនៃការដេញតាមសេចក្ដីពិត ហើយអ្នកត្រូវតែមានផ្លូវសម្រាប់ការដេញតាមសេចក្ដីពិត។ អ្នកត្រូវតែមានមធ្យោបាយ និងវិធីសាស្ត្រដ៏ត្រឹមត្រូវ។ មិនថាអ្នកមានមធ្យោបាយ ឬវិធីសាស្ត្របែបណាក៏ដោយ អ្នកមិនអាចងាកចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ អ្នកត្រូវតែផ្តោតការយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ទៀងផ្ទាត់រឿងរ៉ាវគ្រប់យ៉ាងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីដោះស្រាយបញ្ហានៅក្នុងគ្រប់ស្ថានភាពទាំងអស់ និងតម្កល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអាទិភាពចម្បងបំផុតរបស់អ្នក។ នេះហៅថា ការដេញតាមសេចក្ដីពិត។ ឧទាហរណ៍៖ ទាក់ទងនឹងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ អ្នកចាំបាច់ត្រូវមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងយ៉ាងដូចម្ដេចអំពីរឿងនេះ ហើយស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលទាក់ទងនឹងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ សម្រាប់ការសហការប្រកបដោយភាពសុខដុមរមនា ក៏ត្រូវស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាក់ទងនឹងទិដ្ឋភាពនេះដែរ។ ទាក់ទងនឹងការបំពេញភារកិច្ចដោយស្មោះត្រង់ ចូរស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីរបៀបបំពេញភារកិច្ចតាមរបៀបដែលស្របតាមស្ដង់ដា ហើយទន្ទេញចាំព្រះបន្ទូលដ៏សំខាន់របស់ព្រះជាម្ចាស់ ដោយរក្សាទុកព្រះបន្ទូលទាំងនោះនៅក្នុងដួងចិត្តរបស់អ្នក។ ចំណែកឯថាតើអ្នកដឹកនាំក្លែងក្លាយគឺជាអ្វី តើអ្នកដឹកនាំក្លែងក្លាយមានការសម្ដែងចេញអ្វីខ្លះ តើពួកគេមានមនសិការ និងហេតុផលដែរឬទេ ហើយតើព្រះជាម្ចាស់កំណត់លក្ខណៈអ្នកដឹកនាំក្លែងក្លាយយ៉ាងដូចម្ដេច ចូរស្វែងរកព្រះបន្ទូលដ៏សំខាន់ទាំងនេះរបស់ព្រះជាម្ចាស់ ហើយសរសេរព្រះបន្ទូលទាំងនោះទុកក្នុងសៀវភៅ ដាក់នៅកន្លែងដែលអ្នកអាចមើលឃើញបានដោយងាយ និងអានអធិដ្ឋានព្រះបន្ទូលទាំងនោះនៅពេលណាដែលអ្នកមានពេលទំនេរ។ ចំពោះគ្រប់បញ្ហាដែលទាក់ទងនឹងការចូលទៅក្នុងជីវិត និងការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ចូរអនុវត្ត និងខិតខំប្រឹងប្រែងតាមរបៀបនេះ។ នេះហៅថា ការដេញតាមសេចក្ដីពិត។ ប្រសិនបើការខិតខំប្រឹងប្រែងរបស់អ្នកមិនឈានដល់កម្រិតនេះទេ វាមិនហៅថាជាការដេញតាមសេចក្ដីពិតឡើយ។ វាហៅថាជាការធ្វើឱ្យតែរួចពីដៃ ការធ្វើត្រឹមតែសំបកក្រៅ និងការបណ្ដែតបណ្ដោយពេលវេលាចោលឥតប្រយោជន៍។
ចូរយើងមើលពាក្យ «ថ្វាយបង្គំព្រះជាម្ចាស់»។ ការថ្វាយបង្គំព្រះជាម្ចាស់ មានពាក់ព័ន្ធនឹងសេចក្តីញញើតញញើម ការកោតខ្លាច ការគោរព និងភាពស្មោះត្រង់ពិតប្រាកដ ព្រមទាំងការចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ ការមានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្ត ការដោះស្រាយយ៉ាងសមស្របចំពោះបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំ និងបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រគល់ឱ្យ ហើយនឹងប្រព្រឹត្តយ៉ាងម៉ត់ចត់ និងដោយការទទួលខុសត្រូវចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងជាដើម។ ការសម្ដែងចេញទាំងអស់នេះ ហៅថាការថ្វាយបង្គំ។ មិនថាជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងប្រាប់អ្នកផ្ទាល់ ឬគ្រប់ព្រះបន្ទូលដែលព្រះអង្គធ្លាប់បានសម្ដែងចេញនោះទេ ដរាបណាអ្នកដឹង និងចងចាំព្រះបន្ទូលទាំងនោះ ហើយដរាបណាអ្នកយល់ និងទទួលស្គាល់ព្រះបន្ទូលទាំងនោះនៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកគួរតែចាត់ទុកព្រះបន្ទូលទាំងនោះជាលក្ខណៈវិនិច្ឆ័យសម្រាប់របៀបដែលអ្នកប្រព្រឹត្តខ្លួន រស់នៅ ជាដើម។ នេះគឺជាការសម្ដែងចេញនៃការថ្វាយបង្គំព្រះជាម្ចាស់។ នៅពេលប្រឈមមុខនឹងរឿងរ៉ាវ មិនថាវាស្របតាមចំណូលចិត្ត បំណងប្រាថ្នា ឬសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ឬយ៉ាងណានោះទេ អ្នកគួរតែអាចធ្វើឱ្យដួងចិត្តរបស់អ្នកស្ងប់ ហើយពិចារណាថា៖ «តើព្រះជាម្ចាស់ធ្វើរឿងនេះមែនឬទេ? តើវាផ្ដើមចេញពីព្រះជាម្ចាស់ឬ? ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? តើព្រះជាម្ចាស់ចង់បន្សុទ្ធអ្វីនៅក្នុងខ្លួនខ្ញុំ តើព្រះអង្គចង់ផ្លាស់ប្ដូរអ្វីនៅក្នុងខ្លួនខ្ញុំ? តើព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺជាអ្វីឱ្យប្រាកដ? តើខ្ញុំគួរចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់ដោយរបៀបណា? តើខ្ញុំគួរបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ដោយរបៀបណា? តើខ្ញុំគួរបំពេញការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាមនុស្សម្នាក់ដោយរបៀបណា?» ការសម្ដែងចេញទាំងអស់នេះ បន្ថែមពីលើការសម្ដែងចេញផ្សេងៗទៀត គឺជាការសម្ដែងចេញនៃការថ្វាយបង្គំព្រះជាម្ចាស់។ ទោះបីជាអ្នកមិនយល់ពីសេចក្ដីពិតច្រើនជាងនេះក៏ដោយ ក្នុងនាមជាមនុស្សធម្មតាម្នាក់ ក្នុងនាមជាអ្នកដែលជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ក្នុងនាមជាអ្នកដែលដើរតាមព្រះជាម្ចាស់ដោយស្មោះត្រង់ នេះគឺជាអាកប្បកិរិយាដែលយ៉ាងហោចណាស់អ្នកគួរតែមានចំពោះព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ចំពោះអ្នក ភារកិច្ចរបស់អ្នក និងការទទួលខុសត្រូវរបស់អ្នក អ្នកគួរតែចាត់ទុករឿងទាំងអស់នេះដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ដោយមិនត្រូវធ្វេសប្រហែស ព្រងើយកន្តើយ ឬមើលងាយឡើយ។ នេះហៅថា ការថ្វាយបង្គំព្រះជាម្ចាស់។ ការដោះស្រាយរឿងរ៉ាវគ្រប់យ៉ាងដែលទាក់ទងនឹងព្រះជាម្ចាស់ ដោយដួងចិត្តប្រុងប្រយ័ត្ន យកចិត្តទុកដាក់ កោតខ្លាចព្រះជាម្ចាស់ និងញញើតញញើមនឹងព្រះជាម្ចាស់ នេះហៅថា ការថ្វាយបង្គំព្រះជាម្ចាស់។ តើនេះងាយស្រួលសម្រេចបានដែរឬទេ? វាមិនងាយស្រួលឡើយ។ ប្រសិនបើគ្មានបទពិសោធពិតទេ សូម្បីតែការយល់ពីពាក្យថា «ថ្វាយបង្គំព្រះជាម្ចាស់» ក៏ជារឿងលំបាកទៅហើយ កុំថាឡើយដល់ការអនុវត្តជាក់ស្ដែងក្នុងការថ្វាយបង្គំព្រះជាម្ចាស់នោះ។ ឃ្លាចុងក្រោយនៃនិយមន័យរបស់ពួកជំនុំគឺ «ទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះអង្គ»។ តើឃ្លានេះគួរត្រូវបានយល់យ៉ាងដូចម្ដេច? ផ្លូវឆ្ពោះទៅរកការទទួលបានសេចក្ដីសង្គ្រោះគឺវែងឆ្ងាយ ហើយវាទាមទារឱ្យមានសេចក្ដីតម្រូវកាន់តែច្រើនចំពោះចំណុចនេះ។ ជាដំបូង ផ្លូវដែលអ្នកដើរត្រូវតែត្រឹមត្រូវ។ អ្នកត្រូវតែអាចទទួលយកសេចក្ដីពិតទាំងអស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយធ្វើជាមនុស្សម្នាក់ដែលស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលនឹងព្រះជាម្ចាស់។ ជីវិតរបស់អ្នកត្រូវតែស្ថិតក្រោមការគ្រប់គ្រងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកមិនត្រឹមតែត្រូវទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវស្រឡាញ់សេចក្ដីពិត និងប្រព្រឹត្តស្របតាមសេចក្ដីពិតទៀតផង។ អ្នកត្រូវតែមានការកោតខ្លាច និងការចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ ឧស្សាហ៍អធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ហើយផ្លាស់ប្ដូរបន្តិចម្ដងៗទៅរកការថ្វាយបង្គំព្រះជាម្ចាស់។ ពេលនោះ អ្នកគឺជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់។ អ្នកពិតជាប្រភេទមនុស្សដែលព្រះជាម្ចាស់ចង់សង្គ្រោះ។ មនុស្សដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ ត្រូវតែជាបុគ្គលដែលត្រឹមត្រូវ។ តើការធ្វើជាបុគ្គលដែលត្រឹមត្រូវ មានផលប្រយោជន៍អ្វីខ្លះ? ផលប្រយោជន៍នោះគឺថា ការទទួលបានសេចក្ដីសង្គ្រោះនឹងមិនពិបាកពេកសម្រាប់អ្នកឡើយ ពោលគឺអ្នកនឹងមានក្ដីសង្ឃឹមក្នុងការទទួលបានវា។ នេះគឺជាការប្រកបគ្នាទាំងអស់ដែលយើងបានធ្វើឡើង អំពីសេចក្ដីលម្អិតជាក់លាក់នៃនិយមន័យរបស់ពួកជំនុំ។
IV. សញ្ញាណ និងទស្សនៈដែលមនុស្សមានចំពោះពួកជំនុំ
អម្បាញ់មិញនេះ យើងបានប្រកបគ្នាអំពីថាតើពួកជំនុំគឺជាអ្វី កិច្ចការសំខាន់ដែលពួកជំនុំធ្វើ និងអ្វីដែលមនុស្សស្រមៃអំពី និងតម្រូវពីពួកជំនុំនៅក្នុងសញ្ញាណរបស់ពួកគេ។ នៅទីបំផុត យើងបានផ្ដល់និយមន័យសម្រាប់គោលគំនិតនៃពួកជំនុំ។ ឥឡូវនេះ ដោយសារវាត្រូវបានកំណត់និយមន័យរួចហើយ អ្នកគួរតែមានការយល់ដឹងយ៉ាងសុក្រឹតត្រឹមត្រូវអំពីការកំណត់ឈ្មោះ «ពួកជំនុំ» នេះ។ អ្នកគួរតែមានការយល់ដឹងជាមូលដ្ឋានអំពីកិច្ចការដែលពួកជំនុំគួរធ្វើ តួនាទីដែលពួកជំនុំបំពេញក្នុងការជួយមនុស្សឱ្យទទួលបានសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងសារសំខាន់នៃពួកជំនុំសម្រាប់មនុស្សគ្រប់គ្នាដែលដើរតាមព្រះជាម្ចាស់។ យើងក៏បានធ្វើការវែកញែក និងការលាតត្រដាងជាតំណាងយ៉ាងសង្ខេបផងដែរ អំពីអ្វីដែលមនុស្សជឿថាជាតម្លៃនៃអត្ថិភាពរបស់ពួកជំនុំ និងកិច្ចការដែលពួកជំនុំគួរធ្វើ នៅក្នុងសញ្ញាណរបស់ពួកគេ។ តើមានអ្វីដែលអ្នករាល់គ្នាមិនអាចមើលធ្លុះ ឬមិនយល់អំពីការយល់ដឹង និងការបកស្រាយដែលមនុស្សមានចំពោះពួកជំនុំនៅក្នុងសញ្ញាណរបស់ពួកគេដែរឬទេ? មនុស្សមួយចំនួនគិតថា ពួកជំនុំគួរតែចូលរួមក្នុងកិច្ចការមួយចំនួននៅក្នុងសង្គម ឬមានតួនាទីមួយចំនួននៅក្នុងសង្គម ដូចជាការរក្សាយុត្តិធម៌ជាដើម។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកជំនុំតំណាងឱ្យរូបភាពវិជ្ជមាន ដូច្នេះ ហេតុអ្វីបានជាពួកជំនុំមិនអាចរក្សាយុត្តិធម៌បាន? តើការរក្សាយុត្តិធម៌ មានពាក់ព័ន្ធអ្វីនឹងកិច្ចការរបស់ពួកជំនុំ ឬសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរឬទេ? (មិនពាក់ព័ន្ធទេ។) តើ «ការរក្សាយុត្តិធម៌» ដែលមនុស្សនិយាយដល់នេះ សំដៅទៅលើអ្វី? (អ្វីដែលមនុស្សហៅថាការរក្សាយុត្តិធម៌ មិនមែនជាយុត្តិធម៌ពិតនោះទេ។ វាគ្រាន់តែជាការការពារផលប្រយោជន៍នៃសាច់ឈាមប៉ុណ្ណោះ ហើយវាមិនស្របនឹងសេចក្ដីពិតឡើយ។) តើយុត្តិធម៌នេះ មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតដែរឬទេ? (មិនពាក់ព័ន្ធទេ។) នេះគឺជាអ្វីដែលមនុស្សជាតិហៅថាយុត្តិធម៌។ ឧទាហរណ៍៖ ការវាយផ្ដួលកម្លាំងអាក្រក់មួយចំនួន ការកែតម្រូវភាពអយុត្តិធម៌ និងករណីខ្លះៗដែលមនុស្សត្រូវបានគេធ្វើបាប និងត្រូវបានគេមើលងាយ ឬការដាក់ទោសដែលស័ក្តិសមទៅលើមនុស្សអាក្រក់ និងការស្ដារ ឬការពារផលប្រយោជន៍របស់ក្រុមងាយរងគ្រោះ ជាដើម ទាំងនេះហើយគឺជាអ្វីដែលមនុស្សហៅថាការរក្សាយុត្តិធម៌។ តើអ្វីទៅជាគោលបំណងចម្បងនៃការរក្សាយុត្តិធម៌នេះ? តើវាមានពាក់ព័ន្ធអ្វីនឹងការដែលមនុស្សដេញតាមសេចក្ដីពិតដែរឬទេ? តើវាមានពាក់ព័ន្ធអ្វីនឹងការដែលមនុស្សត្រូវបានសង្គ្រោះដែរឬទេ? (មិនពាក់ព័ន្ធទេ។) នេះគ្រាន់តែជាពាក្យសម្ដីដែលកើតចេញពីមូលដ្ឋាននៃយុត្តិធម៌សីលធម៌ និងក្រមសីលធម៌ប៉ុណ្ណោះ វាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះនឹងសេចក្ដីពិត។ តើយើងអាចនិយាយថា វាមិនឈានដល់កម្រិតនៃសេចក្ដីពិតបានឬទេ? (អាចបាន។) តើយើងអាចនិយាយបែបនេះបានទេ? (មិនអាចនិយាយបានទេ របស់ទាំងពីរនេះមិនពាក់ព័ន្ធនឹងគ្នាឡើយ។) ត្រូវហើយ របស់ទាំងពីរនេះមិនពាក់ព័ន្ធនឹងគ្នាទាល់តែសោះ វាគឺជារឿងពីរផ្សេងគ្នា។ តើមនុស្សជាតិរក្សាយុត្តិធម៌បែបណា? វាគឺជាយុត្តិធម៌ដែលក្រោយពីរាស្ត្រសាមញ្ញដែលមានឋានៈសង្គមទាបជាងបន្តិច ត្រូវបានមនុស្សអាក្រក់ជិះជាន់ ឬដកហូតសិទ្ធិ ឬផលប្រយោជន៍ណាមួយ ហើយមនុស្សអាក្រក់ត្រូវបានដាក់ទោសយ៉ាងស័ក្តិសម ហើយរាស្ត្រសាមញ្ញ ឬមនុស្សធម្មតានោះ លែងរងការធ្វើបាបទៀត។ វាគឺនិយាយអំពីការស្ដារ និងការធានានូវផលប្រយោជន៍ខាងសាច់ឈាមរបស់មនុស្ស ការសម្រេចបាននូវសមភាពរវាងមនុស្ស ការលុបបំបាត់គម្លាតរវាងវណ្ណៈសង្គម និងការធានាថាមនុស្សអាក្រក់មិនអាចសម្រេចអំពើអាក្រក់របស់ខ្លួនបាន ហើយថា ភាពអយុត្តិធម៌របស់អស់អ្នកដែលត្រូវបានគេធ្វើបាប ត្រូវបានដោះស្រាយ។ នេះគឺជាអ្វីដែលមនុស្សជាតិហៅថាការរក្សាយុត្តិធម៌ ហើយវាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះនឹងសេចក្ដីពិត។ តើអ្នករាល់គ្នានៅតែអាចនិយាយថា វាមិនឈានដល់កម្រិតនៃសេចក្ដីពិតបានដោយរបៀបណា? តើវាពាក់ព័ន្ធនឹងសេចក្ដីពិតដែរឬទេ? អត់ទេ វាមិនពាក់ព័ន្ធទេ។ ចូរប្រាប់ខ្ញុំមកមើល៍ តើរាស្ត្រសាមញ្ញ និងមនុស្សធម្មតាដែលរងភាពអយុត្តិធម៌ទាំងនោះ ប្រាកដថាជាមនុស្សល្អដែរឬទេ? (មិនប្រាកដថាជាមនុស្សល្អទេ។) ការបញ្ឈប់ពួកគេមិនឱ្យរងភាពអយុត្តិធម៌ តើនេះជាយុត្តិធម៌ឬ? តើវាស្របនឹងសេចក្ដីពិតដែរឬទេ? តើមនុស្សទាំងនោះអាចត្រូវបានសង្គ្រោះដែរឬទេ? ទាំងនេះច្បាស់ណាស់ថាជារឿងពីរផ្សេងគ្នា តើអាចយកវាមកលាយឡំគ្នាបានដោយរបៀបណា? រឿងនេះមិនអាចឈានដល់កម្រិតនៃសេចក្ដីពិតបានឡើយ វាគឺមិនមែនជារឿងដូចគ្នានឹងសេចក្ដីពិតទាល់តែសោះ។ ប្រសិនបើអ្នករាល់គ្នាមានការជំទាស់ខ្លះអំពីបញ្ហានេះ នោះប្រហែលជាអ្នករាល់គ្នាភាគច្រើនមិនអាចមើលធ្លុះបញ្ហានៃការរក្សាយុត្តិធម៌នេះទេ ហើយនៅតែប្រកាន់ខ្ជាប់ខ្លះៗនឹងរឿងនេះ ដោយគិតថា៖ «តើរឿងនេះអាចខុសបានដោយរបៀបណាទៅ? តើរឿងនេះអាចមិនមែនជាកិច្ចការដែលពួកជំនុំគួរធ្វើបានដោយរបៀបណាទៅ?» តាមការពិត រឿងនេះគ្មានពាក់ព័ន្ធអ្វីនឹងកិច្ចការរបស់ពួកជំនុំឡើយ។ ក៏មានមនុស្សមួយចំនួនដែលគិតថា ពួកជំនុំគួរតែជាកន្លែងដែលដាក់ទោសអំពើអាក្រក់ និងលើកតម្កើងអំពើល្អ ហើយថាពួកជំនុំគួរតែបំពេញមុខងារនេះ ដោយដាក់ទោសអំពើអាក្រក់ និងកម្លាំងនៃសេចក្ដីងងឹតដ៏អាក្រក់ ខណៈដែលលើកតម្កើងអំពើល្អ និងរឿងដែលមានគុណធម៌។ តើវាដូច្នោះមែនឬ? តើការដាក់ទោសអំពើអាក្រក់ និងការលើកតម្កើងអំពើល្អ អាចឈានដល់កម្រិតនៃសេចក្ដីពិតបានដែរឬទេ? នៅពេលនិយាយដល់អ្វីដែលអាក្រក់ និងអ្វីដែលល្អ មនុស្សមិនអាចបែងចែករឿងទាំងនេះឱ្យបានច្បាស់លាស់ឡើយ។ តើមនុស្សចង់មានន័យយ៉ាងណាចំពោះការដាក់ទោសអំពើអាក្រក់ និងការលើកតម្កើងអំពើល្អ? តើវាពាក់ព័ន្ធនឹងការដាក់ទោសអំពើអាក្រក់ ការផ្តល់រង្វាន់ដល់អំពើល្អ និងការញែកមនុស្សគ្រប់ប្រភេទតាមពូជអម្បូររបស់ពួកគេ ដែលព្រះជាម្ចាស់មានព្រះបន្ទូលដែរឬទេ? (មិនពាក់ព័ន្ធទេ។) វាគឺមិនពាក់ព័ន្ធនឹងគ្នាឡើយ។ តើអ្វីទៅជាស្តង់ដារបស់មនុស្សជាតិសម្រាប់ការកំណត់និយមន័យសេចក្ដីអាក្រក់ និងសេចក្ដីល្អ? យោងតាមនិយមន័យរបស់ជនជាតិចិន តើអ្វីជាសេចក្ដីអាក្រក់ និងអ្វីជាសេចក្ដីល្អ? តើអ្វីជាមូលដ្ឋានសម្រាប់និយមន័យរបស់ពួកគេអំពីសេចក្ដីអាក្រក់ និងសេចក្ដីល្អ? គឺវប្បធម៌ព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនានិយាយអំពីគោលគំនិតនានាដូចជា ការជួយពិភពលោក និងការសង្គ្រោះមនុស្ស ការមិនសម្លាប់សត្វ ជាដើម។ រឿងទាំងនេះត្រូវបានចាត់ទុកថាជាសេចក្ដីល្អ ចំណែកឯការបរិភោគសាច់មាន់ ត្រី សាច់គោ ឬសាច់ចៀម ត្រូវបានចាត់ទុកថាជាសេចក្ដីអាក្រក់ ហើយមនុស្សដែលធ្វើបែបនេះគួរតែត្រូវដាក់ទោស។ មនុស្សមិនគួរហូបសាច់ ហើយមិនគួរសម្លាប់សត្វមានជីវិតឡើយ។ ការសម្លាប់សត្វត្រូវបានចាត់ទុកថាជាសេចក្ដីអាក្រក់ ហើយអស់អ្នកដែលសម្លាប់សត្វគួរតែសារភាពបាប និងសុំការអត់ទោសនៅចំពោះព្រះពុទ្ធ។ នេះជានិយមន័យនៃសេចក្ដីអាក្រក់របស់ព្រះពុទ្ធសាសនា តើវាដូចគ្នានឹងសេចក្ដីអាក្រក់ដែលព្រះជាម្ចាស់មានព្រះបន្ទូលដែរឬទេ? (មិនដូចគ្នាទេ។) ពួកវាជារឿងពីរផ្សេងគ្នា ដូច្នេះ និយមន័យនៃសេចក្ដីអាក្រក់នោះ គ្មានពាក់ព័ន្ធអ្វីទាល់តែសោះនឹងសេចក្ដីពិត ហើយច្បាស់ណាស់ថាមិនអាចឈានដល់កម្រិតនៃសេចក្ដីពិតបានឡើយ។ ចុះតើព្រះពុទ្ធសាសនាចង់មានន័យយ៉ាងណាចំពោះសេចក្ដីល្អ? វាគឺកាន់តែខុសទំនង រាក់កំភែល និងពុតត្បុតទៅទៀត។ អ្នកកាន់ព្រះពុទ្ធសាសនាជឿថា ការមិនសម្លាប់សត្វមានជីវិតណាមួយ គឺជាសេចក្ដីល្អ ហើយការលែងសត្វដែលជាប់ក្នុងទ្រុង គឺជាសេចក្ដីល្អ។ មិនថាបុគ្គលអាក្រក់ម្នាក់បានសម្លាប់មនុស្សអស់ប៉ុន្មាននាក់ ឬបានប្រព្រឹត្តអំពើបាបច្រើនប៉ុនណានោះទេ ប្រសិនបើពួកគេដាក់កាំបិតសត្តឃាតចុះ នោះពួកគេអាចក្លាយជាព្រះពុទ្ធបានភ្លាមៗ រឿងនេះត្រូវបានចាត់ទុកថាជាសេចក្ដីល្អ។ ក៏មានពាក្យមួយឃ្លាថា «ការសង្គ្រោះជីវិតមួយ ប្រសើរជាងការសង់ចេតិយប្រាំពីរជាន់» ដែលមានន័យថា ការសង្គ្រោះមនុស្សដោយងងឹតងងុល ដោយគ្មានលក្ខខណ្ឌ និងគ្មានគោលការណ៍ សូម្បីតែការសង្គ្រោះពួកអារក្ស មនុស្សអាក្រក់ ពួកឧក្រិដ្ឋជន ពួកជនពាល និងអ្នកផ្សេងទៀត ក៏ត្រូវបានចាត់ទុកថាជាសេចក្ដីល្អដែរ។ តើនេះជាសេចក្ដីល្អប្រភេទណាទៅ? មនុស្សបែបនេះគឺជាមនុស្សល្ងីល្ងើ ដែលគ្មានការញែកដឹង គ្មានជំហរ ឬគ្មានគោលការណ៍អ្វីឡើយ។ ការសង្គ្រោះនរណាក៏ដោយ និងការអត់ទោសឱ្យនរណាក៏ដោយ តើអាចចាត់ទុកថាជាសេចក្ដីល្អបានដែរឬទេ? វាមិនទាំងស័ក្តិសមនឹងពាក្យនេះផង នេះគឺជាការធ្វើពុតរបស់សាតាំង និងពួកអារក្ស។ ពួកគេមិនសម្លាប់សត្វទេ ប៉ុន្តែបានលេបត្របាក់ព្រលឹងរាប់មិនអស់។ នេះគឺជាអ្វីដែលពួកគេហៅថាសេចក្ដីល្អ ដែលតាមពិតទៅ គ្រាន់តែជាការធ្វើពុតប៉ុណ្ណោះ។ ដូច្នេះ តើសញ្ញាណរបស់មនុស្សដែលថា ពួកជំនុំគួរតែដើរតួនាទីក្នុងការដាក់ទោសសេចក្ដីអាក្រក់ និងលើកតម្កើងសេចក្ដីល្អ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) មិនថាមានប្រវត្តិវប្បធម៌នៃពូជសាសន៍ ឬសាសនាណាមួយនោះទេ ការដាក់ទោសសេចក្ដីអាក្រក់ និងការលើកតម្កើងសេចក្ដីល្អ គ្មានពាក់ព័ន្ធអ្វីនឹងកិច្ចការរបស់ពួកជំនុំ ឬទីបន្ទាល់របស់ពួកជំនុំឡើយ។ ចូរកុំគិតថា ដោយសារតែពាក្យទាំងនេះហាក់ដូចជាយុត្តិធម៌ និងគួរឱ្យសរសើរ នោះពួកវាគួរតែពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ ឬថា នេះគឺជាតួនាទីដែលពួកជំនុំគួរតែបំពេញនៅក្នុងសង្គមឱ្យសោះ។ នេះគឺជាសញ្ញាណ និងការស្រមៃរបស់មនុស្ស។ ក្រៅពី «ការរក្សាយុត្តិធម៌» និង «ការដាក់ទោសសេចក្ដីអាក្រក់ និងការលើកតម្កើងសេចក្ដីល្អ» ពាក្យល្អៗផ្សេងទៀតដោយយោងតាមសញ្ញាណរបស់មនុស្ស ដូចជា «ការតស៊ូដើម្បីសិទ្ធិ និងផលប្រយោជន៍របស់មនុស្ស» និង «ការសម្រាលទុក្ខកង្វល់ និងដោះស្រាយការលំបាក» ក៏គ្មានទំនាក់ទំនងអ្វីនឹងកិច្ចការរបស់ពួកជំនុំ ឬទីបន្ទាល់របស់ពួកជំនុំដែរ។ អ្នកទាំងអស់គ្នាគួរតែអាចយល់អំពីរឿងនេះ។ និយមន័យនៃពួកជំនុំ កិច្ចការដែលពួកជំនុំគួរធ្វើ និងតម្លៃ ព្រមទាំងសារសំខាន់នៃអត្ថិភាពរបស់ពួកជំនុំ ត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់ជាមូលដ្ឋានហើយ។
ស្ដងដា និងមូលដ្ឋានដើម្បីស្គាល់ពីប្រភេទផ្សេងៗនៃមនុស្សអាក្រក់
ចូរយើងត្រឡប់ទៅនិយាយអំពីទំនួលខុសត្រូវទីដប់បួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការវិញ៖ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបោសសម្អាត ឬបណ្ដេញពួកគេចេញ»។ ចូរយើងក្រឡេកមើលថាតើកិច្ចការនេះដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែធ្វើ មានពាក់ព័ន្ធនឹងព័ត៌មានលម្អិតនីមួយៗអំពីពួកជំនុំ ដែលខ្ញុំទើបតែបានប្រកបគ្នាដែរឬទេ។ ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រកបគ្នាអំពីព័ត៌មានលម្អិតជាក់លាក់ទាំងនេះ? តើព័ត៌មានលម្អិតទាំងនេះ និងកិច្ចការនេះដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែធ្វើ មានទំនាក់ទំនងអ្វីនឹងគ្នា? (មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ មិនមែនជាសមាជិកពួកជំនុំទេ ហើយចាំបាច់ត្រូវតែជម្រះចេញ។ លើសពីនេះ អត្ថិភាពរបស់ពួកគេ រារាំង និងរំខានដល់កិច្ចការដែលពួកជំនុំធ្វើ។) ដូច្នេះ មានទំនាក់ទំនងនឹងគ្នា ការប្រកបគ្នានេះមិនមែនឥតប្រយោជន៍ឡើយ។ បន្ទាប់ពីយល់អំពីព័ត៌មានលម្អិតនីមួយៗអំពីការកំណត់ឈ្មោះ ឬនិយមន័យនៃពួកជំនុំហើយ ចូរយើងពិនិត្យពិច័យថាតើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរប្រព្រឹត្តចំពោះសមាជិកពួកជំនុំដោយរបៀបណា តើគួរប្រព្រឹត្តចំពោះមនុស្សផ្សេងៗដែលចាំបាច់ត្រូវបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំដោយរបៀបណា តើពួកគេអាចធ្វើកិច្ចការនេះឱ្យបានល្អដោយរបៀបណា និងថាតើពួកគេគួរបំពេញទំនួលខុសត្រូវរបស់ខ្លួន និងថែរក្សាកិច្ចការរបស់ពួកជំនុំដោយរបៀបណា។ ជាដំបូង ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែយល់ថា តើអ្វីទៅជានិយមន័យនៃពួកជំនុំ ហេតុអ្វីបានជាពួកជំនុំចាំបាច់ត្រូវមានអត្ថិភាព និងថាតើពួកជំនុំគួរធ្វើកិច្ចការអ្វីខ្លះ។ ក្រោយពីយល់អំពីរឿងទាំងនេះហើយ បន្ទាប់មកពួកគេគួរតែក្រឡេកមើលថាតើសមាជិកពួកជំនុំបច្ចុប្បន្នណាខ្លះ ដែលមិនបានបំពេញតួនាទីវិជ្ជមាន នៅពេលនិយាយដល់តម្លៃនៃអត្ថិភាពរបស់ពួកជំនុំ ឬកិច្ចការដែលពួកជំនុំធ្វើ ឬអ្នកណាដែលអាចនឹងបង្កឱ្យមានការបង្អាក់ ការរំខាន និងផលប៉ះពាល់អវិជ្ជមានដល់កិច្ចការដ៏សំខាន់របស់ពួកជំនុំ ឬថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ពួកជំនុំ និងធ្វើឱ្យអាប់ឱនដល់ព្រះនាមរបស់ព្រះជាម្ចាស់ទៀតផង។ ការញែកដឹងឱ្យបានច្បាស់លាស់ និងការបោសសម្អាត ឬការបណ្ដេញមនុស្សទាំងនេះចេញឱ្យបានឆាប់រហ័ស តើនេះមិនមែនជាកិច្ចការដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរធ្វើទេឬ? (មែនហើយ។) ដូច្នេះ តើការធ្វើកិច្ចការនេះឱ្យបានល្អ ពាក់ព័ន្ធនឹងអ្វីខ្លះ? ដើម្បីបោសសម្អាត ឬបណ្ដេញមនុស្សអាក្រក់គ្រប់ប្រភេទចេញ និងបន្សុទ្ធពួកជំនុំ ហើយអនុញ្ញាតឱ្យតម្លៃនៃអត្ថិភាពរបស់ពួកជំនុំត្រូវបានបង្ហាញចេញ និងឱ្យពួកជំនុំបំពេញតួនាទីដែលខ្លួនគួរធ្វើ ព្រមទាំងអនុញ្ញាតឱ្យកិច្ចការរបស់ពួកជំនុំដំណើរការទៅដោយរលូនក្នុងពេលតែមួយនោះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែញែកឱ្យដឹងជាមុនសិនថា តើមនុស្សណាខ្លះនៅក្នុងពួកជំនុំគឺជាមនុស្សអាក្រក់ និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាព័ត៌មាន ឬស្ថានភាពជាក់ស្ដែងដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការចាំបាច់ត្រូវក្ដាប់ឱ្យបានជាមុនសិន នៅពេលអនុវត្តកិច្ចការនេះ។ រឿងដំបូងដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការប្រឈមមុខនៅក្នុងកិច្ចការនេះ គឺការស្គាល់ពីប្រភេទផ្សេងៗរបស់មនុស្ស។ តើអ្វីជាគោលបំណងនៃកាស្គាល់ពីប្រភេទផ្សេងៗរបស់មនុស្ស? គឺដើម្បីញែកពួកគេទៅតាមប្រភេទរបស់ខ្លួន និងការពារអស់អ្នកដែលជាសមាជិកពិតប្រាកដរបស់ពួកជំនុំ។ ក៏ប៉ុន្តែ ការការពារមនុស្សទាំងនេះតែមួយមុខ មិនមានន័យថា កិច្ចការដែលបានរៀបរាប់នៅក្នុងទំនួលខុសត្រូវទីដប់បួន កំពុងត្រូវបានអនុវត្តដោយជោគជ័យនោះទេ។ ចុះតើអ្វីទៅជាទិដ្ឋភាពដ៏សំខាន់បំផុតនៃការអនុវត្តកិច្ចការនេះឱ្យបានជោគជ័យ? វាគឺការបោសសម្អាត ឬការបណ្ដេញចេញនូវពួកអ្នកមិនជឿ និងមនុស្សអាក្រក់គ្រប់ប្រភេទ ដែលមិនមែនជាសមាជិករបស់ពួកជំនុំ។ មិនថាមនុស្សទាំងនេះត្រូវបានកំណត់លក្ខណៈថាជាមនុស្សអាក្រក់ ឬជាពួកទទឹងនឹងព្រះគ្រីស្ទឬអត់នោះទេ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌសម្រាប់ការត្រូវបោសសម្អាត ឬបណ្ដេញចេញ នោះតម្រូវការសម្រាប់កិច្ចការនេះកើតឡើងហើយ ហើយវាដល់ពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ ចូរយើងប្រកបគ្នាជាមុនសិន អំពីរបៀបស្គាល់ពីប្រភេទផ្សេងៗរបស់មនុស្ស។
I. ផ្អែកលើគោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់
តើយើងគួរស្គាល់ពីប្រភេទផ្សេងៗរបស់មនុស្សដោយរបៀបណា? លក្ខណៈវិនិច្ឆ័យទីមួយ គឺត្រូវស្គាល់ពីពួកគេ ដោយស្របតាមគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់។ លក្ខណៈវិនិច្ឆ័យទីពីរ គឺស្របតាមភាពជាមនុស្សរបស់ពួកគេ។ ហើយលក្ខណៈវិនិច្ឆ័យទីបី គឺស្របតាមអាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ចរបស់ខ្លួន។ ប្រសិនបើយើងត្រូវប្រើចំណងជើងខ្លីៗ និងសាមញ្ញមួយចំនួន នោះគឺ៖ ទីមួយ គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ ទីពីរ ភាពជាមនុស្សរបស់ពួកគេ និងទីបី អាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ចរបស់ខ្លួន។ ឥឡូវនេះ ដោយសារយើងមានចំណងជើងទាំងបីនេះហើយ តើអ្នករាល់គ្នាមានការយល់ដឹងបែបណាដែរ ចំពោះចំណងជើងនីមួយៗ? យើងមិនសូវបានប្រកបគ្នាច្រើនអំពីគោលបំណងក្នុងការជឿលើព្រះជាម្ចាស់របស់មនុស្សពីមុនមកទេ។ យើងបាននិយាយច្រើនអំពីភាពជាមនុស្សរបស់មនុស្ស និងអាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ចរបស់ខ្លួន ដូច្នេះ អ្នករាល់គ្នាស្គាល់ច្បាស់ពីរឿងទាំងនេះជាង។ តាមពិតទៅ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ ក៏មិនមែនជារឿងប្លែកសម្រាប់អ្នករាល់គ្នាដែរ ពីព្រោះអ្នករាល់គ្នាខ្លួនឯង ក៏បានមកជឿលើព្រះជាម្ចាស់ដោយមានគោលបំណងដែរ។ មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់ ដោយសារពួកគេមិនចង់ធ្លាក់នរក អ្នកខ្លះជឿដោយសារពួកគេចង់ទៅស្ថានសួគ៌ អ្នកខ្លះជឿដោយសារពួកគេមិនចង់ស្លាប់ អ្នកខ្លះជឿដើម្បីគេចពីមហន្តរាយ អ្នកខ្លះជឿគ្រាន់តែដោយសារពួកគេចង់ធ្វើជាមនុស្សល្អ អ្នកខ្លះជឿដោយសារពួកគេចង់គេចពីការធ្វើបាប ជាដើម។ ប្រធានបទនេះ មិនគួរជារឿងប្លែកចំពោះអ្នករាល់គ្នាទេ គ្រាន់តែថាសេចក្ដីលម្អិតដែលខ្ញុំនឹងនិយាយ អាចជារឿងប្លែកបន្តិច អ្នកអាចនឹងមានអារម្មណ៍មិនប្រាកដប្រជាអំពីវា ដោយមិនដឹងថាខ្ញុំនឹងនិយាយអ្វីអំពីវា ឬខ្ញុំនឹងចាប់ផ្ដើមពីត្រង់ណា។ ដូច្នេះ ចូរយើងនិយាយអំពីរឿងនេះដោយសង្ខេប។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សដែលមានចេតនា និងគោលបំណងបែបណាក្នុងការជឿលើព្រះជាម្ចាស់ ទើបជាអស់អ្នកដែលគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញ? (អស់អ្នកដែលដេញតាមតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ហើយចង់តែកាន់អំណាច និងអ្នកដែលនឹងរំខានដល់ពួកជំនុំដោយអសីលធម៌ ដើម្បីតែឋានៈរបស់ខ្លួន។) នេះគឺជាប្រភេទមួយនៃមនុស្ស។ តើមានប្រភេទផ្សេងទៀតទេ? (ពួកអ្នកមិនជឿដែលដេញតាមតែព្រះពរ និងស្វែងរកតែការបរិភោគនំប៉័ងឱ្យឆ្អែតប៉ុណ្ណោះ។) ពួកអ្នកមិនជឿ នេះគឺជាប្រភេទមួយទៀត។ តើមានទៀតទេ? អ្នករាល់គ្នាប្រហែលជាកំពុងគិតអំពីការបង្ហាញចេញរបស់មនុស្សមួយចំនួន ប៉ុន្តែអ្នកមិនអាចញែកដឹងឱ្យបានច្បាស់ទេថា តើមនុស្សទាំងនេះគ្រាន់តែបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ឬថាតើពួកគេពិតជាមនុស្សដែលមានគោលបំណងមិនបរិសុទ្ធក្នុងការជឿលើព្រះជាម្ចាស់ ដែលគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញនោះទេ។ អ្នករកនឹកមិនឃើញឡើយ ហើយមានអារម្មណ៍ថាមិនសូវច្បាស់ ដូច្នេះ អ្នករាល់គ្នាមិនអាចនិយាយវាចេញមកបានទេ។ ប្រធានបទស្ដីពីគោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ គឺទូលំទូលាយណាស់។ មនុស្សគ្រប់គ្នាមានចេតនា និងគោលបំណងខ្លះក្នុងការជឿលើព្រះជាម្ចាស់។ ក៏ប៉ុន្តែ ប្រភេទមនុស្សដែលមានគោលបំណងមិនបរិសុទ្ធក្នុងការជឿលើព្រះជាម្ចាស់ ដែលយើងកំពុងនិយាយនៅទីនេះ មិនបំពេញតាមលក្ខខណ្ឌសម្រាប់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចទទួលបានសេចក្ដីសង្គ្រោះទេ ហើយពួកគេមិនទាំងអាចឈានដល់ស្តង់ដាអប្បបរមានៃការធ្វើជាអ្នកធ្វើការដោយកម្លាំងផង។ មិនថាមនុស្សទាំងនេះមានគោលបំណងអ្វីក្នុងការជឿលើព្រះជាម្ចាស់នោះទេ ទោះជាយ៉ាងណាក៏ដោយ នៅពេលមានឱកាស មនុស្សទាំងនេះដែលមកជឿលើព្រះជាម្ចាស់ដោយមានគោលបំណង នឹងព្យាយាមសម្រេចគោលដៅរបស់ខ្លួន ហើយប្រសិនបើពួកគេគ្មានឱកាសទេ ពួកគេនឹងប្រព្រឹត្តសេចក្ដីអាក្រក់ និងបង្កការរំខាន។ រឿងនេះនឹងនាំមកនូវផលវិបាកដែលនឹកស្មានមិនដល់ចំពោះកិច្ចការរបស់ពួកជំនុំ ឬចំពោះការចូលទៅក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយមនុស្សទាំងនេះគួរតែជាមុខសញ្ញាសម្រាប់ការបោសសម្អាត ឬការបណ្ដេញចេញ។ ចូរទុកភាពជាមនុស្សរបស់មនុស្សទាំងនេះ ឬអាកប្បកិរិយាដែលពួកគេមានចំពោះភារកិច្ចរបស់ខ្លួនមួយឡែកសិន ដោយគ្រាន់តែនិយាយអំពីគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ វាគឺច្បាស់ណាស់ថាមិនមែនដើម្បីទទួលយកសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយរឹតតែមិនមែនដើម្បីចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ទៅទៀត។ ហេតុដូច្នេះហើយ ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ តាមធម្មជាតិ នឹងមិនមានលទ្ធផលជាសេចក្ដីសង្គ្រោះឡើយ។ ជាជាងការអនុញ្ញាតឱ្យមនុស្សទាំងនេះស្នាក់នៅក្នុងពួកជំនុំ និងរំខានឥតឈប់ឈរដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ពោលគឺបងប្អូនប្រុសស្រីពិតប្រាកដនោះ វាប្រសើរជាងក្នុងការញែកឱ្យដឹង និងកំណត់លក្ខណៈពួកគេយ៉ាងសុក្រឹតត្រឹមត្រូវ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបន្ទាប់មកបោសសម្អាតពួកគេចេញពីពួកជំនុំយ៉ាងឆាប់រហ័ស។ ពួកគេមិនគួរត្រូវបានចាត់ទុកជាសមាជិកពួកជំនុំ ឬជាបងប្អូនប្រុសស្រីឡើយ។ ដូច្នេះ តើមនុស្សប្រភេទទាំងនេះជានរណា? អម្បាញ់មិញនេះ អ្នករាល់គ្នាបាននិយាយយ៉ាងទូលំទូលាយអំពីគោលគំនិតមួយចំនួន។ ខ្ញុំនឹងលើកឧទាហរណ៍ជាក់ស្ដែងមួយចំនួន ហើយអ្នករាល់គ្នានឹងយល់នៅពេលដែលអ្នករាល់គ្នាបានឮឧទាហរណ៍ទាំងនោះ។
ក. ដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាមន្ត្រី
ជាដំបូង ចូរយើងនិយាយអំពីមនុស្សប្រភេទទីមួយដែលគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំ។ មនុស្សមួយចំនួនតែងតែចង់ធ្វើជាមន្ត្រីនៅក្នុងសង្គម និងនាំកិត្តិយសដល់ដូនតារបស់ពួកគេ ប៉ុន្តែផ្លូវអាជីពរបស់ពួកគេមិនទទួលបានជោគជ័យឡើយ។ ទោះជាយ៉ាងនេះក្ដី បំណងប្រាថ្នាចង់ធ្វើជាមន្ត្រីរបស់ពួកគេ មិនបានថមថយសោះឡើយ។ ប៉ុន្តែ ឋានៈសង្គមនៃគ្រួសាររបស់ពួកគេមិនខ្ពង់ខ្ពស់ទេ ដូច្នេះពួកគេមានអារម្មណ៍ថា ជីវិតគឺអស់សង្ឃឹម ហើយមើលឃើញថា ពិភពលោកនេះអយុត្តិធម៌ពេកហើយ សូម្បីតែបំណងប្រាថ្នាដ៏តូចតាចនេះ ក៏ពួកគេមិនអាចសម្រេចបានផង។ ពួកគេមានអារម្មណ៍ថា ពួកគេមានចំណេះដឹង និងសមត្ថភាពខ្លះដែរ ប៉ុន្តែគ្មាននរណាម្នាក់ឱ្យតម្លៃពួកគេឡើយ។ ពួកគេរកអ្នកចាំជួយជ្រោមជ្រែងមិនបាន ហើយសេចក្តីសង្ឃឹមក្នុងការក្លាយជាមន្ត្រី ហាក់ដូចជាឆ្ងាយដាច់ស្រយាលសម្រាប់ពួកគេ។ នៅក្នុងស្ថានភាពដ៏អស់សង្ឃឹមនេះ ពួកគេបានរកឃើញពួកជំនុំ។ ពួកគេមានអារម្មណ៍ថា ប្រសិនបើពួកគេអាចក្លាយជាអ្នកដឹកនាំនៅក្នុងពួកជំនុំ នោះវាក៏ដូចជាការធ្វើជាមន្ត្រីដែរ ហើយបំណងប្រាថ្នារបស់ពួកគេអាចត្រូវបានបំពេញ។ ដូច្នេះ ពួកគេក៏មកកាន់ដំណាក់របស់ព្រះជាម្ចាស់ ដោយចង់សម្រេចកិច្ចការដ៏អស្ចារ្យ។ ពួកគេគិតថា សមត្ថភាព និងទេពកោសល្យរបស់ពួកគេ គឺស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយក្តីសង្ឃឹមរបស់ពួកគេក្នុងការធ្វើជាមន្ត្រី និងជាបុគ្គលដ៏លេចធ្លោអាចសម្រេចបាន ដោយហេតុនេះ ក៏បំពេញបំណងប្រាថ្នាអស់មួយជីវិតរបស់ពួកគេ។ ទស្សនៈរបស់ពួកគេចំពោះការជឿលើព្រះជាម្ចាស់ អាចសង្ខេបបានដោយពាក្យស្លោកដូចជា «ធ្វើល្អបានល្អ» «មាសសុទ្ធគង់តែនឹងភ្លឺចែងចាំងនៅទីបំផុត» និង «បក្សីឆ្លាតចេះរើសទ្រនំយ៉ាងឈ្លាសវៃ»។ នេះហើយជាប្រវត្តិដែលពួកគេបានជ្រើសរើសដើរលើផ្លូវនៃការជឿលើព្រះជាម្ចាស់។ ដោយវិនិច្ឆ័យតាមសារជាតិរបស់មនុស្សនេះ វាច្បាស់ណាស់ថា ពួកគេមិនជឿលើអត្ថិភាពនៃសេចក្ដីពិតនៅក្នុងពិភពលោកនេះឡើយ ហើយពួកគេរឹតតែមិនជឿលើអត្ថិភាពរបស់ព្រះសង្គ្រោះទៅទៀត។ សរុបសេចក្ដីមក ពួកគេមិនជឿលើព្រះដ៏ពិតតែមួយអង្គឡើយ ហើយពួកគេរឹតតែមិនជឿលើអត្ថិភាពរបស់ព្រះអាទិករទៅទៀត។ ទោះបីជាអ្វីដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ឬអ្វីដែលត្រូវបានផ្សាយនៅក្នុងពិភពសាសនាក្ដី ដែលថាព្រះជាម្ចាស់បានបង្កើតពិភពលោក និងមនុស្សជាតិ ថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើ និងដឹកនាំមនុស្សជាតិ ពាក្យសម្ដីទាំងនេះគ្រាន់តែជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ពួកគេប៉ុណ្ណោះ។ គ្មាននរណាម្នាក់ស្រាវជ្រាវពីវា ហើយគ្មាននរណាម្នាក់អាចផ្ទៀងផ្ទាត់វាបានឡើយ។ រឿងទាំងនេះគ្រាន់តែជារឿងព្រេង និងជារឿងនិទាន ជាប្រភេទនៃវប្បធម៌សាសនាតែប៉ុណ្ណោះ។ នេះគឺជាការយល់ដឹងជាមូលដ្ឋានបំផុតរបស់ពួកគេអំពីសេចក្ដីជំនឿ។ ពួកគេមកជឿលើព្រះជាម្ចាស់ជាមួយនឹងការយល់ដឹងនេះ ដោយគិតថាពួកគេកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ដោយបោះបង់សេចក្ដីងងឹតមករកពន្លឺ ហើយថាពួកគេគឺជា «បក្សីឆ្លាត» ដែលចេះរើសទ្រនំយ៉ាងឈ្លាសវៃ។ ជាការពិតណាស់ ជម្រើស និងបំណងប្រាថ្នារបស់ពួកគេក្នុងការក្លាយជាមន្ត្រី និងជាបុគ្គលដ៏លេចធ្លោ មិនត្រូវបានបោះបង់ចោលឡើយ។ ពួកគេជឿថា នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយដែលមានមនុស្សជាច្រើននេះ គ្មានកន្លែងសម្រាប់ពួកគេឡើយ ហើយមានតែដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំមកនូវក្តីសង្ឃឹមដល់ពួកគេ។ មានតែការរស់នៅក្នុងពួកជំនុំប៉ុណ្ណោះ ទើបអាចផ្តល់ឱកាសឱ្យពួកគេប្រើប្រាស់ទេពកោសល្យរបស់ខ្លួន និងសម្រេចបំណងប្រាថ្នាក្នុងការក្លាយជាបុគ្គលដ៏លេចធ្លោបាន។ នេះគឺដោយសារតែ នៅក្នុងទស្សនៈរបស់ពួកគេចំពោះស្ថានភាពបច្ចុប្បន្ន ពិភពលោកខាងក្រៅកំពុងតែក្លាយជាកាន់តែទុច្ចរិត និងងងឹតទៅៗ មានតែពួកជំនុំទេដែលជាដែនដីបរិសុទ្ធនៅក្នុងពិភពលោកនេះ។ ពួកជំនុំគឺជាកន្លែងតែមួយគត់នៅក្នុងពិភពលោកដែលអាចផ្តល់ឱ្យមនុស្សនូវការទ្រទ្រង់ខាងវិញ្ញាណ ហើយមានតែពួកជំនុំប៉ុណ្ណោះដែលកំពុងតែរីកចម្រើនកាន់តែខ្លាំងឡើងៗ។ ពួកគេមកជឿលើព្រះជាម្ចាស់ជាមួយនឹងក្ដីប្រាថ្នា និងគោលបំណងបែបនេះ។ បន្ទាប់ពីចាប់ផ្ដើមមានសេចក្ដីជំនឿ ពួកគេមិនយល់អ្វីសោះអំពីការជឿលើព្រះជាម្ចាស់ ការដេញតាមសេចក្ដីពិត ឬអំពីបញ្ហាដែលពាក់ព័ន្ធនឹងសេចក្ដីពិត និស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេមិនដេញតាម ឬយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនបានបោះបង់បំណងប្រាថ្នាចង់បានឋានៈ និងការធ្វើជាមន្ត្រីសោះឡើយ ផ្ទុយទៅវិញ ពួកគេបន្តប្រកាន់ខ្ជាប់នូវសញ្ញាណ និងទស្សនៈទាំងនេះ ខណៈពេលដែលកំពុងនៅស្ថិតលាយឡំនក្នុងពួកជំនុំ។ ពួកគេចាត់ទុកពួកជំនុំថាជាអង្គការសង្គម ជាសហគមន៍សាសនា ហើយចាត់ទុកកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាការស្រមើស្រមៃដែលបង្កើតឡើងដោយពួកអ្នកជឿ ដោយសារតែអបិយជំនឿរបស់ពួកគេ។ ហេតុដូច្នេះហើយ រាល់ពេលនិយាយដល់ការដេញតាមសេចក្ដីពិត រាល់ពេលនិយាយដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម និងទាស់ទទឹង។ ប្រសិនបើមាននរណាម្នាក់និយាយថា អ្វីមួយគឺជាការធ្វើរបស់ព្រះជាម្ចាស់ ជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬជាការចាត់ចែងរបស់ព្រះជាម្ចាស់ នោះពួកគេមានអារម្មណ៍ស្អប់ខ្ពើម។ ក៏ប៉ុន្តែ មិនថាពួកគេមានអារម្មណ៍ស្អប់ខ្ពើមយ៉ាងណា ហើយមិនថាពួកគេទទួលស្គាល់ ឬទទួលយកសេចក្ដីពិតឬអត់នោះទេ ក៏បំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានឋានៈនៅក្នុងពួកជំនុំ ដើម្បីបំពេញការស្រេកឃ្លានសិទ្ធិអំណាចរបស់ខ្លួន មិនដែលថមថយ ឬត្រូវបានលះបង់ចោលឡើយ។ ដោយសារតែពួកគេមានមហិច្ឆតា និងបំណងប្រាថ្នាបែបនេះ ពួកគេរមែងបញ្ចេញឱ្យឃើញនូវការបង្ហាញចេញផ្សេងៗដោយឯកឯង។ ឧទាហរណ៍ ពួកគេញុះញង់មនុស្សដោយនិយាយរឿងដូចជា៖ «ចូរកុំផ្អែកអ្វីៗទាំងអស់ទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬផ្សារភ្ជាប់អ្វីៗទាំងអស់ទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ពេក។ តាមពិតទៅ គំនិត និងពាក្យសម្ដីជាច្រើនរបស់មនុស្សគឺត្រឹមត្រូវហើយ មនុស្សគួរតែមានទស្សនៈ និងជំហរផ្ទាល់ខ្លួន»។ ពួកគេផ្សព្វផ្សាយសេចក្ដីថ្លែងទាំងនេះដើម្បីបំភាន់មនុស្ស។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏ខិតខំបញ្ចេញទេពកោសល្យ អំណោយទាន ព្រមទាំងស្នៀត និងកលល្បិចផ្សេងៗដែលពួកគេអាចប្រើនៅក្នុងពិភពលោក ដោយព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស និងទទួលបានការយកចិត្តទុកដាក់ ព្រមទាំងការឱ្យតម្លៃខ្ពស់ពីមនុស្ស។ តើអ្វីទៅជាគោលបំណងនៃការខិតខំបញ្ចេញសមត្ថភាពរបស់ពួកគេ? វាគឺដើម្បីធ្វើឱ្យមនុស្សឱ្យតម្លៃ និងកោតសរសើរពួកគេ គឺដើម្បីមានឋានៈនៅក្នុងចំណោមមនុស្ស ហើយដោយហេតុនេះ ក៏បំពេញក្ដីប្រាថ្នារបស់ពួកគេក្នុងការដេញតាមអាជីពជាមន្ត្រី និងដើម្បីនាំកិត្តិយសដល់ដូនតារបស់ខ្លួន។ ពួកគេពេញចិត្តនៅពេលត្រូវបានមនុស្សគោរព សរសើរ ដើរតាម គាំទ្រ លើកតម្កើង និងកោតសរសើរ ហើយសូម្បីតែពេលត្រូវបានគេបញ្ជោរ។ លើសពីនេះទៅទៀត ពួកគេដេញតាម និងសោយសុខនឹងរបស់ទាំងនេះដោយមិនចេះនឿយហត់។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់តែងតែលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងនិស្ស័យពុករលួយផ្សេងៗរបស់មនុស្សក្ដី ក៏នៅក្នុងចិត្តរបស់ពួកគេ ពួកគេមើលងាយរឿងទាំងនេះថាគ្មានតម្លៃ និងមានអារម្មណ៍ស្អប់ខ្ពើមជាខ្លាំងចំពោះរឿងទាំងនេះ។ ពួកគេផ្ដោតចិត្តគំនិតតែទៅលើការដេញតាមឋានៈ និងការត្រូវបានអ្នកដទៃស្ញប់ស្ញែង និងកោតសរសើរ ដើម្បីបំពេញក្ដីប្រាថ្នាដែលពួកគេមិនអាចសម្រេចបាននៅក្នុងពិភពលោក និងសង្គម។ ដូច្នេះ តើអ្វីទៅជាគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់? វាមិនមែនដើម្បីទទួលបានមួយជាមួយរយនៅក្នុងជាតិនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងបរលោកនោះទេ ហើយច្បាស់ណាស់ថា វាមិនមែនដើម្បីទទួលយកសេចក្ដីពិត និងត្រូវបានសង្គ្រោះឡើយ។ គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ មិនមែនដើម្បីធ្វើជាភាវៈដែលព្រះបានបង្កើតនោះទេ ប៉ុន្តែគឺដើម្បីធ្វើជាមន្ត្រី និងជាចៅហ្វាយ ដើម្បីសោយសុខផលប្រយោជន៍នៃឋានៈ។ ពិតជាមានមនុស្សបែបនេះនៅក្នុងពួកជំនុំ ទាំងនេះគឺជាពួកអ្នកប្រព្រឹត្តអំពើអាក្រក់ដែលជ្រៀតចូលក្នុងពួកជំនុំ។ ពួកជំនុំមិនអនុញ្ញាតឱ្យមនុស្សបែបនេះនៅលាយឡំក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាដាច់ខាត ដូច្នេះ មនុស្សទាំងនេះគឺជាអស់អ្នកដែលត្រូវបោសសម្អាតចេញ។ តើវាងាយស្រួលទេក្នុងការមើលធ្លុះគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់? (ងាយស្រួល។) ដោយពិចារណាលើចេតនា និងគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ រួមផ្សំជាមួយនឹងការបង្ហាញចេញផ្សេងៗរបស់ពួកគេនៅក្នុងពួកជំនុំ តើពួកគេជាមនុស្សប្រភេទណា? (ជាពួកអ្នកមិនជឿ។) ត្រឹមត្រូវហើយ ពួកគេគឺជាអ្នកមិនជឿ។ ក្រៅពីជាអ្នកមិនជឿ ពួកគេក៏ចង់ដេញតាមឋានៈ និងឱកាសជោគជ័យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីបំពេញការស្រេកឃ្លានសិទ្ធិអំណាចរបស់ខ្លួន។ គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីធ្វើជាមន្ត្រី។ ដូច្នេះ ហេតុអ្វីបានជាមនុស្សទាំងនេះគួរតែត្រូវបានជម្រះចេញ? នរណាម្នាក់អាចនឹងនិយាយថា៖ «ប្រសិនបើពួកអ្នកមិនជឿធ្វើការដោយកម្លាំងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងនាមជាមិត្តភក្តិរបស់ពួកជំនុំ ពួកគេអាចជួយបានបន្តិចបន្តួច តើមិនអាចទុកពួកគេឱ្យនៅបានទេឬ?» តើសេចក្ដីថ្លែងនេះសមហេតុផលដែរឬទេ? (មិនសមហេតុផលទេ។) ហេតុអ្វីបានជាវាមិនសមហេតុផល? (បំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើជាមន្ត្រី ប្រាកដជានឹងនាំឱ្យធ្វើរឿងដែលរំខានដល់អ្នកដទៃ មិនផ្ដល់ផលប្រយោជន៍ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងប៉ះពាល់ដល់ការដេញតាមសេចក្ដីពិតរបស់បងប្អូនប្រុសស្រី។) មិនថាអ្នកមើលតាមរបៀបណាក៏ដោយ ក៏ពួកអ្នកមិនជឿទាស់ទទឹងនឹងសេចក្ដីពិត និងបដិសេធព្រះជាម្ចាស់ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់មិនអាចទុកពួកគេបានឡើយ។ ពួកគេនឹងមិនដើរតួនាទីវិជ្ជមានឡើយ។ មិនថាពួកគេដេញតាមការធ្វើជាមន្ត្រីឬអត់នោះទេ គ្រាន់តែពាក្យសម្ដី ការបង្ហាញចេញ និងទង្វើរបស់ពួកគេក្នុងនាមជាពួកអ្នកមិនជឿ ក៏អាចបង្កជាការរំខាន ហើយនឹងមិនមានឥទ្ធិពលវិជ្ជមានដែរ។ នៅពេលជួបប្រទះនឹងបរិយាកាសជាក់លាក់ណាមួយ បងប្អូនប្រុសស្រីមួយចំនួននិយាយថា៖ «នេះគឺជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយយើងត្រូវតែចុះចូល»។ តើពួកអ្នកមិនជឿអាចចុះចូលបានដែរឬទេ? វាល្អណាស់ទៅហើយ ប្រសិនបើពួកគេមិនក្រោកឈរឡើងដើម្បីរំខាន និងប្រឆាំង។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេថែមទាំងនិយាយថា៖ «ចូរកុំនិយាយថាអ្វីៗគ្រប់យ៉ាងគឺជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ មនុស្សគួរតែមានគំនិតផ្ទាល់ខ្លួនខ្លះ និងមានឯករាជ្យភាពខ្លះ ចូរកុំទម្លាក់អ្វីៗគ្រប់យ៉ាងទៅលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់!» ពួកគេមិនត្រឹមតែទាញអ្នកដទៃឱ្យធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយាយសេចក្ដីខុសទំនងដែលស្រពេចស្រពិល និងទំនងជាត្រឹមត្រូវតែបែរជាខុស ដើម្បីបំភាន់មនុស្ស។ តើនេះមិនមែនជាភាពឥតអៀនខ្មាសទេឬ? ពួកគេប្រហែលជាអាចប្រើឧបាយកល និងកលល្បិចដ៏ឆ្លាតវៃខ្លះនៅក្នុងចំណោមពួកអ្នកគ្មានជំនឿ ប៉ុន្តែដំណាក់របស់ព្រះជាម្ចាស់គឺជាកន្លែងខុសហើយសម្រាប់ការប៉ុនប៉ងប្រើឧបាយកល និងកលល្បិចទាំងនេះ! មនុស្សមួយចំនួនបើកគ្លីនិកដែលអ្នករាល់គ្នាចូលចិត្តទៅ ពីព្រោះពួកគេនិយាយថា ការចាក់ថ្នាំនៅទីនោះមិនឈឺទេ។ ហេតុអ្វីបានជាការចាក់ថ្នាំមិនឈឺ? ចុងម្ជុលត្រូវបានជ្រលក់ក្នុងថ្នាំស្ពឹក ដូច្នេះវាច្បាស់ជាមិនឈឺនោះទេ។ តើនេះគឺជាចំណាត់ការដ៏ឈ្លាសវៃឬ? (មិនមែនទេ វាគឺជាចំណាត់ការដ៏ពិសពុល។) ប៉ុន្តែពួកគេចាត់ទុកវាថាជាចំណាត់ការដ៏ឈ្លាសវៃ និងអួតអាងអំពីវា ដោយគិតថាវាបង្ហាញពីសមត្ថភាព និងជំនាញរបស់ពួកគេ ដោយនិយាយថា៖ «អ្នករាល់គ្នាចេះតែនិយាយអំពីការចុះចូលនឹងព្រះជាម្ចាស់ ការចាត់ចែងរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ តើអ្នកមានជំនាញដូចខ្ញុំដែរឬទេ?» តើនេះមិនមែនជាភាពឥតអៀនខ្មាសទេឬ? (មែនហើយ។) ពួកគេថែមទាំងអួតអាងអំពីកលល្បិចដ៏ពិសពុលបែបនេះទៀតផង! មនុស្សដែលលាក់ទុកនូវបំណងចិត្តជាពួកអ្នកមិនជឿ ដែលជ្រៀតចូលក្នុងពួកជំនុំ គឺជាអស់អ្នកដែលគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ ហេតុអ្វីទៅ? នៅក្នុងចិត្តរបស់ពួកគេ មនុស្សទាំងនេះទាស់ទទឹងនឹងសេចក្ដីពិត ហើយមិនពេញចិត្តនឹងវាទេ។ មិនថាគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់គឺជាអ្វីនោះឡើយ មិនថាវាជារឿងដែលពួកគេអាចទទួលស្គាល់ដោយបើកចំហឬអត់នោះទេ ដោយផ្អែកលើសារជាតិរបស់ពួកគេជាអ្នកមិនជឿ ពួកជំនុំគួរតែបោសសម្អាតពួកគេ ឬបណ្ដេញពួកគេចេញ។ ពួកអ្នកមិនជឿទាំងនេះជ្រៀតចូលក្នុងពួកជំនុំដោយមានគោលបំណងជាក់លាក់មួយ ដោយចង់បញ្ចេញទេពកោសល្យរបស់ខ្លួន សម្រេចមហិច្ឆតារបស់ខ្លួន និងបំពេញក្ដីប្រាថ្នារបស់ខ្លួននៅក្នុងពួកជំនុំ។ ពួកគេចង់ប្រើប្រាស់កន្លែងដ៏មានតម្លៃដែលជាពួកជំនុំ ធ្វើជាមធ្យោបាយដើម្បីសម្រេចគោលដៅក្នុងការកាន់អំណាច ការអួតសម្ញែង និងការបំភាន់ ព្រមទាំងគ្រប់គ្រងមនុស្ស។ ដោយពិចារណាលើគោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ ពួកគេអាចរំខាន និងបង្អាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំបាន។ ហេតុដូច្នេះហើយ មនុស្សទាំងនេះត្រូវតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញពីដំណាក់របស់ព្រះជាម្ចាស់។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែមើលឱ្យធ្លុះដល់សារជាតិជាអ្នកមិនជឿរបស់ពួកគេ។ មិនថាអ្នកផ្អែកលើការបង្ហាញចេញរបស់ពួកគេ ឬសេចក្ដីថ្លែងដ៏ជាប់លាប់របស់ពួកគេអំពីការជឿលើព្រះជាម្ចាស់នោះទេ នៅពេលដែលអ្នកក្ដាប់បានស្ថានភាព និងញែកដឹងយ៉ាងច្បាស់ថាពួកគេគឺជាអ្នកមិនជឿ អ្នកគួរតែបដិសេធពួកគេយ៉ាងដាច់អហង្ការដោយគ្មានការស្ទាក់ស្ទើរឡើយ។ មិនថាអ្នកប្រើវិធីសាស្ត្រ ឬប្រាជ្ញាអ្វីនោះទេ ចូររកគ្រប់មធ្យោបាយដែលអ្នកអាចធ្វើបានដើម្បីបោសសម្អាតពួកគេចេញ នេះហើយគឺជាកិច្ចការដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែធ្វើ វាគឺជាកិច្ចការដែលពួកគេគួរតែរ៉ាប់រង។ នេះគឺជាប្រភេទមួយនៃមនុស្សដែលគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញ។
ខ. ដើម្បីស្វែងរកភេទផ្ទុយ
ដូច្នេះ តើការបង្ហាញចេញរបស់មនុស្សប្រភេទទីពីរដែលគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញ មានអ្វីខ្លះ? មនុស្សមួយចំនួនមិនដែលពាក់ព័ន្ធក្នុងការជឿលើព្រះជាម្ចាស់សោះឡើយ ពួកគេគ្រាន់តែមានចំណាប់អារម្មណ៍ល្អចំពោះជំនឿនេះប៉ុណ្ណោះ។ ពួកគេមិនចាប់អារម្មណ៍ចង់ដឹងថា តើមនុស្សគួរដេញតាមអ្វី ឬទទួលបានអ្វីពីការជឿលើព្រះជាម្ចាស់នោះទេ។ ពួកគេបានឮថា អ្នកដែលជឿលើព្រះជាម្ចាស់ គឺជាមនុស្សចេះទទួលខុសត្រូវ និងគ្មានល្បិចកល ដូច្នេះ ពួកគេចង់រកគូស្រករនៅក្នុងពួកជំនុំ បន្ទាប់មក រៀបការ និងរស់នៅក្នុងជីវិតដ៏មានស្ថិរភាព។ នេះគឺជាចេតនា និងគោលបំណងរបស់ពួកគេ ដូច្នេះ ពួកគេមកកាន់ពួកជំនុំដើម្បីស្វែងរកគូស្រករដ៏ស័ក្តិសមរបស់ខ្លួន។ ពួកអ្នកមិនជឿទាំងនេះគ្មានចំណាប់អារម្មណ៍សោះឡើយក្នុងការជឿលើព្រះជាម្ចាស់ ពួកគេមិនខ្វល់ទាល់តែសោះអំពីព្រះអាទិករ សេចក្ដីពិត ការត្រូវបានសង្គ្រោះ ការស្គាល់ព្រះជាម្ចាស់ ការបំពេញភារកិច្ច ឬបញ្ហាផ្សេងៗបែបនេះ។ ទោះបីជាពួកគេអាចយល់ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់សេចក្ដីអធិប្បាយក្ដី ក៏ពួកគេមិនចង់យកវាទៅដាក់ក្នុងចិត្តដែរ។ ពួកគេគ្រាន់តែចង់ស្វែងរកគូស្រករដ៏ស័ក្តិសមប៉ុណ្ណោះ ហើយជាការពិតណាស់ ពួកគេសង្ឃឹមថានឹងបានជួបមនុស្សកាន់តែច្រើន និងពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួន។ ពួកគេមកជឿលើព្រះជាម្ចាស់ក្នុងគោលបំណងស្វែងរកគូស្រករដ៏ស័ក្តិសម។ មនុស្សមួយចំនួនអាចនឹងនិយាយថា៖ «តើអ្នករាល់គ្នាដឹងដោយរបៀបណាថាពួកគេមានគោលបំណងនេះ? ពួកគេមិនបាននិយាយអ្វី ឬរៀបរាប់ប្រាប់អ្នករាល់គ្នាទេ!» ពួកគេបង្ហាញវាតាមរយៈឥរិយាបថរបស់ខ្លួន។ ចូរមើលពីរបៀបដែលពួកគេតែងតែស្វែងរកភេទផ្ទុយ នៅពេលដែលពួកគេបំពេញភារកិច្ច ឬទាក់ទងជាមួយនរណាម្នាក់។ នៅពេលដែលពួកគេពេញចិត្តនរណាម្នាក់ ពួកគេចេះតែប្រកបគ្នាជាមួយបុគ្គលនោះ និងចូលទៅជិតអ្នកនោះ ដោយតែងតែសាកសួរព័ត៌មាន និងស្វែងយល់ពីអ្នកនោះ។ ទង្វើ និងការបង្ហាញចេញដ៏ខុសប្រក្រតីទាំងនេះ គួរតែទាក់ទាញការយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ពីសំណាក់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ដែលគួរតែពិនិត្យអង្កេតថា តើចេតនារបស់ពួកគេគឺជាអ្វី និងគោលបំណងអ្វីដែលពួកគេចង់សម្រេច ពួកគេគួរតែស្វែងយល់ឱ្យច្បាស់ថា តើនរណាជាអ្នកផ្សាយដំណឹងល្អដល់ពួកគេ ហេតុអ្វីបានជាពួកគេស្វែងរកការទាក់ទងជាមួយភេទផ្ទុយជាពិសេស ហេតុអ្វីបានជាពួកគេតែងតែមានរឿងនិយាយជាមួយភេទផ្ទុយ និងហេតុអ្វីបានជាពួកគេមានការពេញចិត្តជាពិសេសចំពោះភេទផ្ទុយ ជាពិសេសបង្ហាញការចង់ដឹងចង់ឃើញ និងការខ្វល់ខ្វាយយ៉ាងពិសេសចំពោះមនុស្សដែលពួកគេចូលចិត្ត។ បុគ្គលបែបនេះមានចំណាប់អារម្មណ៍ល្អចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់។ ទោះបីជាពួកគេមិនសូវចាប់អារម្មណ៍លើការជួបជុំ ការស្ដាប់សេចក្ដីអធិប្បាយ ការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការច្រៀងទំនុកបរិសុទ្ធ ការប្រកបអំពីបទពិសោធផ្ទាល់ខ្លួន និងបញ្ហាផ្សេងៗបែបនេះក្ដី ក៏ជាទូទៅ ពួកគេមិននិយាយអ្វីដែលបង្កជាការរំខាន និងការបង្អាក់ឡើយ។ ពួកគេផ្ដោតអារម្មណ៍តែទៅលើការស្វែងរកគូស្រករ ដើម្បីរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខប៉ុណ្ណោះ។ ប្រសិនបើពួកគេរកឃើញគូស្រករ ពួកគេអាចជឿលើព្រះជាម្ចាស់តាមគូស្រកររបស់គេបាន ទោះបីជាពួកគេខ្លួនឯងមិនដេញតាមក្ដី ក៏ពួកគេអាចគាំទ្រគូស្រកររបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់បានដែរ។ អ្នកខ្លះមានភាពជាមនុស្សដែលអាចទទួលយកបានគួរសម ចេះជួយអ្នកដទៃ និងព្យាយាមអស់ពីសមត្ថភាពដើម្បីរាប់អានគេ និងធ្វើល្អ។ ឧទាហរណ៍៖ ពួកគេអាចអត់ឱនឱ្យអ្នកដទៃ គិតពីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីជួយដោះស្រាយបញ្ហាដល់អស់អ្នកដែលមានការលំបាក ឬផ្ដល់ដំបូន្មានខ្លះៗ ជាដើម។ ពួកគេមានចិត្តល្អគួរសមចំពោះអ្នកដទៃ និងគ្មានគំនិតព្យាបាទឡើយ ប៉ុន្តែគោលបំណង និងគោលដៅរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ មិនសូវថ្លៃថ្នូរប៉ុន្មានទេ។ ពួកគេមិនដេញតាមសេចក្ដីពិតឡើយ ហើយពួកគេមិនទទួលយកសេចក្ដីពិតទេ មិនថានរណាប្រកបគ្នាជាមួយពួកគេក៏ដោយ។ បន្ទាប់ពីបានដើរតាមអស់រយៈពេលកន្លះឆ្នាំ ឬមួយឆ្នាំទៅពីរឆ្នាំ ពួកគេគ្មានការផ្លាស់ប្ដូរអ្វីសោះឡើយ។ ទោះបីជាពួកគេមិននិយាយអ្វីអំពីការមិនជឿ ហើយពួកគេមិនបង្កជាការរំខាន ឬការបង្អាក់ណាមួយក្ដី ក៏ពួកគេមិនមានចំណាប់អារម្មណ៍អ្វីដែរចំពោះបញ្ហានៃការជឿលើព្រះជាម្ចាស់។ តើវាសមរម្យឬទេសម្រាប់មនុស្សបែបនេះក្នុងការបន្តនៅក្នុងពួកជំនុំ? (មិនសមរម្យទេ។) តើមនុស្សបែបនេះគួរតែត្រូវបានជម្រះចេញដែរឬទេ? (ពួកគេក៏គួរតែត្រូវបានជម្រះចេញដែរ។) តើអ្វីទៅជាហេតុផល? (ពីព្រោះពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទេ ហើយពួកគេមិនមែនជាគោលដៅសម្រាប់ការសង្គ្រោះឡើយ។ ប្រសិនបើពួកគេបន្តនៅក្នុងពួកជំនុំ ខណៈពេលដែលតែងតែស្វែងរកគូស្រករ វានឹងរំខានដល់អ្នកដទៃ និងនាំពួកគេឱ្យធ្លាក់ទៅក្នុងសេចក្ដីល្បួង ពួកគេនឹងមិនដើរតួនាទីវិជ្ជមានឡើយ។) វាគឺពិតជាបែបហ្នឹងឯង។ ឧទាហរណ៍៖ អ្នកខ្លះចូលចិត្តហូបសាច់ជាពិសេស។ នៅពេលដែលពួកគេហូបសាច់ ពួកគេភ្លេចពីកិច្ចការរបស់ខ្លួន។ ប្រសិនបើគ្មានសាច់ទេ ពួកគេនៅតែអាចយកចិត្តទុកដាក់លើកិច្ចការត្រឹមត្រូវខ្លះបាន ប៉ុន្តែនៅពេលដែលមានសាច់ កិច្ចការរបស់ពួកគេក៏ត្រូវពន្យារពេល។ តើសាច់គឺជាអ្វីសម្រាប់ពួកគេ? (ជាសេចក្ដីល្បួង។) ត្រឹមត្រូវហើយ វាគឺជាសេចក្ដីល្បួង។ ដូច្នេះ តើអស់អ្នកដែលតែងតែស្វែងរកគូស្រករ អាចចាត់ទុកថាជាប្រភពនៃសេចក្ដីល្បួងបានដែរឬទេ? (បាន។) ពួកគេពិតជាប្រភពនៃសេចក្ដីល្បួងមែន។ ចំពោះមនុស្សបែបនេះ គួរតែបញ្ជាក់ប្រាប់ពួកគេឱ្យច្បាស់ថា៖ «អ្នកមិនមានភាពស្មោះសរចំពោះការជឿលើព្រះជាម្ចាស់ ឬចំពោះការបំពេញភារកិច្ចរបស់អ្នកឡើយ។ អ្នកមិនដែលអាចសម្របខ្លួនចូលក្នុងពួកជំនុំបានទេ ហើយមិនដែលត្រូវបានចាត់ទុកថាជាអ្នកជឿពិតប្រាកដឡើយ។ តាមរយៈការទាក់ទងគ្នាអស់ពេលពីរឆ្នាំមកនេះ យើងបានឃើញពីគោលបំណងរបស់អ្នកហើយគឺ៖ អ្នកគ្រាន់តែចង់ស្វែងរកគូស្រករនៅក្នុងពួកជំនុំប៉ុណ្ណោះ។ តើនេះមិនមែនជាការធ្វើបាបមនុស្សល្អទេឬ? មនុស្សនៅក្នុងពួកជំនុំមិនស័ក្តិសមសម្រាប់អ្នកទេ។ មានមនុស្សជាច្រើនដែលស័ក្តិសមនឹងអ្នកនៅក្នុងចំណោមពួកអ្នកគ្មានជំនឿ។ ចូរទៅរកនរណាម្នាក់នៅក្នុងចំណោមពួកអ្នកគ្មានជំនឿចុះ»។ ន័យដែលបង្កប់គឺដើម្បីប្រាប់ពួកគេថា៖ «យើងបានមើលធ្លុះអ្នកហើយ។ អ្នកមិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ អ្នកមិនមែនជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ទេ។ អ្នកមិនអាចចាត់ទុកថាជាបងប្អូនប្រុសស្រីរបស់ពួកយើងបានឡើយ»។ មនុស្សបែបនេះគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំ ស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់។ តាមរបៀបនេះ មនុស្សទាំងនេះដែលស្វែងរកគូស្រករយ៉ាងផ្ដេសផ្ដាស និងល្បួងអ្នកដទៃ នឹងត្រូវបានជម្រះចេញ។ តើមនុស្សបែបនេះមិនងាយស្រួលញែកដឹងទេឬ? (ងាយស្រួល។) មនុស្សទាំងនេះក៏ជាពួកអ្នកមិនជឿដែរ។ ពួកគេមានការចូលចិត្តបន្តិចបន្តួចចំពោះពួកជំនុំ ចំពោះសេចក្ដីជំនឿសាសនា និងចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់។ ពួកគេគ្រាន់តែចង់ប្រើឱកាសនៃការជឿលើព្រះជាម្ចាស់ ដើម្បីស្វែងរកគូស្រករនៅក្នុងចំណោមពួកអ្នកជឿ ដើម្បីរស់នៅជាមួយ និងបម្រើពួកគេដោយស្មោះស្ម័គ្រប៉ុណ្ណោះ។ ចូរប្រាប់ខ្ញុំមកមើល៍ តើរឿងបែបនេះអាចទៅរួចដែរឬទេ? តើយើងគួរតែបំពេញបំណងពួកគេដែរឬទេ? តើពួកជំនុំគួរតែរៀបចំរឿងបែបនេះដែរឬទេ? (មិនគួរទេ។) ពួកជំនុំគ្មានកាតព្វកិច្ចបំពេញតាមចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ មិនថាពួកគេគិតថាអ្នកជឿគឺជាមនុស្សល្អកម្រិតណានោះទេ ថាពួកគេនឹងអាចរស់នៅយ៉ាងត្រឹមត្រូវជាមួយអ្នកជឿទាំងនេះ ឬថាអ្នកជឿអាចដើរលើផ្លូវត្រូវក្ដី ក៏វាគ្មានប្រយោជន៍ដែរ គំនិតរបស់ពួកគេមិនសំខាន់ឡើយ។ ពួកអ្នកមិនជឿបែបនេះ ក៏អាចរកឃើញនៅក្នុងពួកជំនុំភាគច្រើនដែរ។ របៀបដោះស្រាយជាមួយមនុស្សទាំងនេះ គឺត្រូវប្រើវិធីសាស្ត្រដែលយើងទើបតែបានប្រកបគ្នា ឬអ្នករាល់គ្នាអាចប្រើវិធីសាស្ត្រល្អជាងនេះប្រសិនបើអ្នកមាន ឱ្យតែពួកគេត្រូវបានដោះស្រាយស្របតាមគោលការណ៍។ ពួកអ្នកមិនជឿទាំងនេះត្រូវបានចាត់ចូលក្នុងចំណោមប្រភេទផ្សេងៗនៃមនុស្សអាក្រក់ តើនេះហួសហេតុដែរឬទេ? (មិនហួសហេតុទេ។) នេះហើយជារបៀបដែលយើងប្រព្រឹត្តចំពោះពួកអ្នកមិនជឿ។
គ. ដើម្បីគេចពីមហន្តរាយ
តើមានមនុស្សប្រភេទណាផ្សេងទៀតដែលគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំ? (ប្រភេទមួយទៀត គឺអស់អ្នកដែលជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីគេចពីមហន្តរាយប៉ុណ្ណោះ។) ការជឿលើព្រះជាម្ចាស់គ្រាន់តែដើម្បីគេចពីមហន្តរាយ ក៏ជាគោលបំណងដែលមនុស្សមានសម្រាប់ការជឿដែរ។ តើមនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ មិនមានសេចក្ដីលាយឡំបែបនេះដែរទេឬ? (មាន។) ដូច្នេះ តើយើងគួរតែបែងចែកដោយរបៀបណាថា តើមនុស្សណាខ្លះគួរតែត្រូវបានបោសសម្អាត ឬបណ្ដេញចេញដោយសារតែរឿងនេះ ហើយតើមនុស្សណាខ្លះគ្រាន់តែបង្ហាញពីការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយជាធម្មតា ហើយមិនគួរត្រូវបានបោសសម្អាត ឬបណ្ដេញចេញ? ចំពោះមនុស្សភាគច្រើន សេចក្ដីជំនឿរបស់ពួកគេលាយឡំជាមួយនឹងបំណងចិត្តនៃការជឿលើព្រះជាម្ចាស់ដើម្បីគេចពីមហន្តរាយ នេះគឺជាការពិត។ នៅក្នុងចំណោមអស់អ្នកដែលជឿលើព្រះជាម្ចាស់ដើម្បីគេចពីមហន្តរាយ អ្នករាល់គ្នាត្រូវតែបែងចែកឱ្យដាច់នូវពួកអ្នកមិនជឿដែលត្រូវតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការបោសសម្អាត ឬបណ្ដេញចេញ។ ឧទាហរណ៍៖ នៅពេលដែលមនុស្សបែបនេះឃើញថា មហន្តរាយចាប់ផ្ដើមកាន់តែធ្ងន់ធ្ងរទៅៗ ពួកគេចាប់ផ្ដើមចូលរួមការជួបជុំញឹកញាប់ជាងមុន ហើយប្រញាប់យកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេបានប្រគល់ឱ្យពួកជំនុំវិញពីមុនមកវិញ ដោយនិយាយថា ឥឡូវនេះពួកគេចង់ជឿលើព្រះជាម្ចាស់ដោយម៉ឺងម៉ាត់។ ក៏ប៉ុន្តែ នៅពេលដែលមហន្តរាយកន្លងផុតទៅ ឬថមថយទៅវិញ ពួកគេត្រឡប់ទៅរកស៊ី និងរកលុយវិញ ដោយបិទគ្រប់មធ្យោបាយទាក់ទង ដើម្បីកុំឱ្យបងប្អូនប្រុសស្រីអាចរកឃើញ ឬទាក់ទងពួកគេឱ្យមកចូលរួមការជួបជុំបាន។ នៅពេលមានមហន្តរាយកើតឡើង ពួកគេស្វែងរកបងប្អូនប្រុសស្រីយ៉ាងសកម្ម ប៉ុន្តែនៅពេលដែលមហន្តរាយបញ្ចប់ទៅ វាក្លាយជាពិបាកខ្លាំងណាស់សម្រាប់បងប្អូនប្រុសស្រីក្នុងការស្វែងរកពួកគេ ហើយកម្រមាននរណាម្នាក់អាចទាក់ទងពួកគេបានណាស់។ តើការបង្ហាញចេញទាំងនេះមិនច្បាស់ណាស់ទេឬ? (ច្បាស់ណាស់។) នៅពេលដែលគ្មានមហន្តរាយ ពួកគេនិយាយថា៖ «មនុស្សត្រូវមានជីវិតធម្មតា។ យើងត្រូវតែរស់នៅប្រចាំថ្ងៃ។ ខ្ញុំត្រូវធ្វើម្ហូបនៅផ្ទះរាល់ថ្ងៃ ហើយខ្ញុំត្រូវជូនកូនទៅសាលា និងទៅទទួលកូនពីសាលា ដូច្នេះ ពេលខ្លះខ្ញុំមិនអាចមកចូលរួមការជួបជុំបានទេ។ ម្យ៉ាងទៀត ការរស់នៅត្រូវការលុយ ការចំណាយលើការរស់នៅទាំងអស់ត្រូវតែបង់។ យើងមិនអាចរស់រានបានទេ បើមិនរកលុយ។ នៅក្នុងពិភពលោកនេះ គ្មាននរណាម្នាក់អាចរស់បានដោយគ្មានលុយឡើយ។ ការជឿលើព្រះជាម្ចាស់ត្រូវតែមានភាពជាក់ស្ដែង!» ពួកគេនិយាយដោះសាយ៉ាងប៉ិនប្រសប់ និងផ្ដល់ហេតុផលជាច្រើន ដោយផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការរកលុយ និងការរស់នៅប្រចាំថ្ងៃ ដោយគ្រាន់តែចូលរួមការជួបជុំម្ដងម្កាល និងកម្រអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាស់។ អាកប្បកិរិយារបស់ពួកគេចំពោះការជឿលើព្រះជាម្ចាស់ គឺមិនអស់ពីចិត្ត មិនត្រជាក់ក៏មិនក្ដៅ។ នៅពេលមានមហន្តរាយកើតឡើង ពួកគេនិយាយថា៖ «អូ! ខ្ញុំមិនអាចគ្មានព្រះជាម្ចាស់បានទេ ខ្ញុំត្រូវការព្រះជាម្ចាស់! ខ្ញុំត្រូវតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងអំពាវនាវរកទ្រង់ជារៀងរាល់ថ្ងៃ! ខ្ញុំមិនមែនកំពុងព្យាយាមគេចពីមហន្តរាយទេ រឿងសំខាន់គឺថា ខ្ញុំមិនអាចគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំឡើយ។ ការរស់នៅក្នុងជីវិតដ៏ល្អប្រសើរដោយគ្មានព្រះជាម្ចាស់នៅក្នុងចិត្ត នៅតែមានអារម្មណ៍ថាទទេសូន្យដដែល!» ពួកគេមិនអាចនិយាយសូម្បីតែមួយម៉ាត់ដែលបង្ហាញពីការស្គាល់ព្រះជាម្ចាស់ឡើយ អ្វីដែលពួកគេនិយាយសុទ្ធតែជាពាក្យពេចន៍ដើម្បីដោះសាឱ្យទង្វើ និងឥរិយាបថរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនដឹងថា ដំណាក់របស់ព្រះជាម្ចាស់ចែកសៀវភៅប៉ុន្មានក្បាលដល់មនុស្សគ្រប់គ្នានោះទេ ពួកគេមិនដឹងថាសេចក្ដីអធិប្បាយបានទៅដល់ប្រធានបទអ្វីហើយនោះទេ ពួកគេមិនដឹងថា សេចក្ដីពិតអ្វីខ្លះដែលកំពុងត្រូវបានប្រកបគ្នានៅក្នុងជីវិតពួកជំនុំនាពេលបច្ចុប្បន្ននោះទេ។ ពួកគេចូលរួមការជួបជុំកន្លះឆ្នាំម្ដង ឬមួយឆ្នាំម្ដង។ នៅពេលដែលពួកគេមកចូលរួម ពួកគេនិយាយថា៖ «ពួកអ្នកគ្មានជំនឿគឺអាក្រក់ណាស់។ សង្គមគឺអយុត្តិធម៌។ ពិភពលោកនេះគឺអាក្រក់។ ការខិតខំរកលុយគឺលំបាកណាស់! បន្ទុករបស់ព្រះជាម្ចាស់ដាក់លើមនុស្សគឺស្រាល...»។ ពួកគេចេះតែនិយាយអំពីរឿងឥតប្រយោជន៍ទាំងនេះ ដែលមិនពាក់ព័ន្ធនឹងប្រធានបទ និងខ្លឹមសារនៃការប្រកបគ្នាក្នុងការជួបជុំឡើយ។ ពួកគេនិយាយពាក្យពេចន៍អសារឥតការពីរបីម៉ាត់នៅក្នុងការអធិដ្ឋានរបស់ពួកគេ និងពាក្យពេចន៍រាក់កំភែលពីរបីម៉ាត់អំពីការជឿលើព្រះជាម្ចាស់ ហើយបន្ទាប់មកចាត់ទុកខ្លួនឯងថាជាពួកអ្នកជឿ ដោយមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្ត និងមានសេចក្ដីសុខសាន្ដ។ តើនេះគឺជាការជឿលើព្រះជាម្ចាស់ដែរឬទេ? តើមនុស្សបែបនេះជាមនុស្សថោកទាបធុនណាទៅ? ប្រសិនបើអ្នកសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នកមិនចូលរួមការជួបជុំឱ្យបានទៀងទាត់?» ពួកគេនិយាយថា៖ «ស្ថានភាពរបស់ខ្ញុំមិនអំណោយផលទេ។ នេះគឺជាបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ខ្ញុំ ហើយខ្ញុំត្រូវតែចុះចូល»។ ពាក្យពេចន៍ទាំងនេះស្តាប់ទៅពីរោះណាស់! ពួកគេក៏និយាយដែរថា៖ «មើលចុះ ព្រះជាម្ចាស់បានរៀបចំបរិយាកាសនេះសម្រាប់ខ្ញុំ។ គ្រួសារទាំងមូលរបស់ខ្ញុំពឹងផ្អែកលើខ្ញុំសម្រាប់អាហារ ដូច្នេះខ្ញុំត្រូវតែរកលុយដើម្បីរស់! នៅពេលនេះ ការរកលុយគឺជាភារកិច្ចដែលព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំ»។ ពួកគេមិនបាននិយាយសោះឡើយអំពីការបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយពួកគេរឹតតែមិននិយាយអំពីរបៀបអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ពួកគេគ្រាន់តែចូលរួមការជួបជុំម្ដងម្កាល និងថ្វាយតង្វាយជាលុយពីរបីយ័ន ដោយគិតថាពួកគេបានចូលរួមចំណែកដល់ដំណាក់របស់ព្រះជាម្ចាស់។ មានអ្នកផ្សេងទៀតដែលនៅពេលកូនរបស់ពួកគេឈឺ ពួកគេអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយពីរបីថ្ងៃក្រោយមក នៅពេលកូនរបស់ពួកគេបានធូរស្បើយ ពួកគេប្រញាប់ថ្វាយលុយតង្វាយខ្លះទៅឱ្យពួកជំនុំ រួចហើយក៏បាត់ខ្លួនម្ដងទៀត។ រាល់ពេលដែលពួកគេទាក់ទងជាមួយបងប្អូនប្រុសស្រី ពួកគេមិនដែលប្រកបគ្នាអំពីសេចក្ដីពិតឡើយ ហើយពួកគេក៏មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ នៅពេលគ្មានមហន្តរាយ ឬគ្រោះកាចទេនោះ ពួកគេមិនដែលអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឡើយ។ ការសន្ទនាប្រចាំថ្ងៃរបស់ពួកគេ តែងតែនិយាយអំពី រឿងកំប៉ិកកំប៉ុកក្នុងគ្រួសារ ជម្លោះរកខុសត្រូវ ជីវិតខាងសាច់ឈាម បាតុភូតសង្គមផ្សេងៗ និងរឿងរ៉ាវផ្សេងៗដែលពួកគេបានឃើញ និងបានឮ ពួកគេកម្រប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាស់ ហើយមិនដែលនិយាយពាក្យពេចន៍ចេញពីចិត្តមួយម៉ាត់ណាដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែរក្សាកន្លែងរបស់ខ្លួននៅក្នុងពួកជំនុំ ដើម្បីស្វែងរកការថែរក្សា និងការការពារពីព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគ្រាន់តែជារបៀបរបស់ពួកគេនៃការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ ពួកគេគ្រាន់តែស្វែងរកសេចក្ដីសុខសាន្ដ និងព្រះពរ ដោយមិនដេញតាមសេចក្ដីពិតទាល់តែសោះ។ ពួកគេគ្មានចំណាប់អារម្មណ៍លើសេចក្ដីពិតសោះឡើយ។ ពួកគេគ្រាន់តែចង់ទទួលបានផលប្រយោជន៍ ព្រះគុណ និងព្រះពរពីការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេមិនខ្វល់អំពីជាតិក្រោយទេ ពីព្រោះពួកគេមើលមិនឃើញវា ហើយមិនជឿលើរឿងនេះទាល់តែសោះ។ ពួកគេគ្រាន់តែចង់សោយសុខព្រះគុណរបស់ព្រះជាម្ចាស់នៅក្នុងជាតិនេះ និងគេចពីមហន្តរាយទាំងអស់ប៉ុណ្ណោះ។ ដោយសារតែព្រះជាម្ចាស់ និងពួកជំនុំគឺជាទីជម្រករបស់ពួកគេ រាល់ពេលដែលពួកគេមកចូលរួមការជួបជុំ គឺច្បាស់ណាស់ថា នោះគឺជាពេលដែលពួកគេបានជួបប្រទះនឹងការលំបាក ឬមហន្តរាយ។ តើមនុស្សបែបនេះជាពួកអ្នកជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ដែរឬទេ? (មិនមែនទេ។) តើពួកគេជាមនុស្សប្រភេទណាទៅ? (ជាពួកឆ្លៀតឱកាស និងជាពួកអ្នកមិនជឿ។) ទាំងនេះគឺជាអ្នកមិនជឿដែលចង់ប្រើប្រាស់ពួកជំនុំដើម្បីគេចពីមហន្តរាយ។ តើមនុស្សបែបនេះគួរតែត្រូវបានអនុញ្ញាតឱ្យបន្តនៅក្នុងពួកជំនុំដែរឬទេ? (មិនគួរទេ។) នៅពេលដែលពួកគេមកចូលរួមការជួបជុំ ពួកគេរំខានអ្នកដទៃ និងធ្វើឱ្យអ្នកដទៃធុញថប់ក្នុងចិត្ត។ មនុស្សភាគច្រើនគួរសមពេក ហើយមានអារម្មណ៍ទើសទាល់ក្នុងការហាមឃាត់អ្នកទាំងនោះ ដូច្នេះ ពួកគេក៏បណ្ដោយឱ្យអ្នកទាំងនោះនិយាយប៉ប៉ាច់ប៉ប៉ោច និងរំខានដល់ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់មនុស្សគ្រប់គ្នា។ តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរធ្វើអ្វីនៅចំណុចនេះ? តើពួកគេមិនគួរទទួលយកការទទួលខុសត្រូវក្នុងការដាក់កំហិតលើមនុស្សបែបនេះ ការការពារផលប្រយោជន៍របស់មនុស្សភាគច្រើន និងការរក្សាជីវិតពួកជំនុំឱ្យនៅប្រក្រតីទេឬ? (គួរតែទទួលយក។) អ្នកអាចយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីពួកគេមកវិញ ហើយណែនាំឱ្យពួកគេចាកចេញពីពួកជំនុំ។ មានវិធីសាស្ត្រផ្សេងៗដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់ឱ្យចាកចេញពីពួកជំនុំ អ្នករាល់គ្នាអាចគិតរកវិធីដោយខ្លួនឯងបាន។ គ្រាន់តែធានាថា ពួកគេមិនអាចទាក់ទងបងប្អូនប្រុសស្រីបានទៀតនោះទេ។ ឧបមាថាមាននរណាម្នាក់និយាយថា៖ «មនុស្សម្នាក់នេះល្អទេ។ ពួកគេគ្រាន់តែនិយាយអំពីរឿងកំប៉ិកកំប៉ុកក្នុងគ្រួសារខ្លះៗនៅក្នុងពួកជំនុំប៉ុណ្ណោះ ប៉ុន្តែពួកគេមិនរំខានដល់កិច្ចការរបស់ពួកជំនុំ ឬប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកយើងឡើយ ដូច្នេះ យើងគួរតែអត់ឱនឱ្យគេ! ក្នុងការជឿលើព្រះជាម្ចាស់ តើយើងមិនគួរអត់ឱន និងទ្រាំទ្រចំពោះមនុស្សគ្រប់ប្រភេទទេឬ? ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សគ្រប់រូបទទួលបានសេចក្ដីសង្រ្គោះ ហើយទ្រង់មិនចង់ឱ្យនរណាម្នាក់វិនាសហិនហោចឡើយ!» នោះអ្នកត្រូវពិចារណាថា តើពួកគេជាគោលដៅសម្រាប់ការសង្គ្រោះដែរឬទេ។ ប្រសិនបើមិនមែនទេ តើយើងមិនគួរញែកឱ្យដឹង និងបោសសម្អាតពួកគេចេញទេឬ? (គួរតែបែបនេះ។) អ្នកខ្លះនិយាយថា៖ «ខ្ញុំគួរសមពេកហើយ ខ្ញុំមានអារម្មណ៍ទើសទាល់ក្នុងការបញ្ចុះបញ្ចូលឱ្យពួកគេចាកចេញពីពួកជំនុំ»។ បញ្ហានេះងាយស្រួលដោះស្រាយណាស់។ ប្រសិនបើអ្នកគ្រាន់តែមិនទាក់ទងពួកគេ នោះអ្នកនឹងមិនត្រូវបានពួកគេរំខាន ឬរឹតត្បិតឡើយ។ ទោះបីជាអ្នកជួបពួកគេក្ដី ក៏អ្នកមិនចាំបាច់រវីរវល់ជាមួយពួកគេដែរ។ មិនចាំបាច់និយាយអំពីបញ្ហានៃការជឿលើព្រះជាម្ចាស់ជាមួយពួកគេទេ គ្រាន់តែប្រព្រឹត្តចំពោះពួកគេដូចជាពួកអ្នកគ្មានជំនឿទៅបានហើយ។ អ្នកខ្លះនិយាយថា៖ «តើយើងមិនអាចជួយពួកគេដោយក្ដីស្រឡាញ់ និងប្រកបគ្នាអំពីសេចក្ដីពិតដែលយើងយល់ជាមួយពួកគេបានទេឬ?» ចំពោះពួកអ្នកមិនជឿបែបនេះ ប្រសិនបើអ្នកពិតជាមានក្ដីស្រឡាញ់មែន អ្នកអាចសាកល្បងមើលបាន។ ប្រសិនបើអ្នកពិតជាអាចផ្លាស់ប្ដូរពួកគេបានមែន នោះពួកគេមិនចាំបាច់ត្រូវបានបោសសម្អាត ឬបណ្ដេញចេញឡើយ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំនឹងមិនខ្ជះខ្ជាយកម្លាំងរបស់ខ្ញុំទេ។ ការជួយពួកគេគឺគ្មានប្រយោជន៍ឡើយ ដូចជាការងូតទឹកឱ្យជ្រូកអ៊ីចឹង មិនថាអ្នកលាងវាឱ្យស្អាតយ៉ាងណាក៏ដោយ ក៏វានៅតែទៅននៀលក្នុងភក់ដដែល។ វាគឺជាសត្វប្រភេទហ្នឹងឯង វានឹងមិនផ្លាស់ប្ដូរឡើយ!» ប្រសិនបើអ្នកអាចយល់រឿងនេះបាន នោះអ្នកត្រឹមត្រូវហើយ។ តើអ្នកនឹងនៅតែប្រកបគ្នាអំពីសេចក្ដីពិតជាមួយអ្នកមិនជឿបែបនេះដើម្បីជួយពួកគេទៀតឬ? តើអ្នករាល់គ្នានៅតែធ្វើកិច្ចការដ៏ឥតប្រយោជន៍នេះទៀតឬ? (អត់ទេ។) នៅពេលនេះ អ្នករាល់គ្នាដឹងថា អ្នកល្ងង់ខ្លៅ ហើយមិនបានមើលធ្លុះមនុស្សឡើយ។ ពួកអ្នកមិនជឿមិនអាចផ្លាស់ប្ដូរបានឡើយ។ មនុស្សទាំងនេះក៏ដឹងដែរថា អស់អ្នកដែលជឿលើព្រះជាម្ចាស់ធ្វើរឿងល្អ និងជៀសវាងការធ្វើរឿងអាក្រក់ ថាពួកគេមិនធ្វើបាបអ្នកដទៃ ឬបោកប្រាស់គេឡើយ។ ពួកគេមានចំណាប់អារម្មណ៍ល្អចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់ ដូច្នេះ ពួកគេបន្លំខ្លួនចូលក្រោមលេសថា «ជឿថាមានព្រះជាម្ចាស់» និង «ជឿលើព្រះជាម្ចាស់គឺល្អ» ហើយជ្រៀតចូលក្នុងពួកជំនុំ ដោយធ្វើឱ្យមនុស្សគិតថាពួកគេជាបងប្អូនប្រុសស្រី។ អ្នកខ្លះពិតជាចាញ់បោកមែន ដោយចាត់ទុកពួកគេថាជាបងប្អូនប្រុសស្រីយ៉ាងពិតប្រាកដ ហើយតែងតែទៅសួរសុខទុក្ខ និងជួយពួកគេ។ ទាល់តែយូរទៅទើបពួកគេដឹងថា៖ «មនុស្សម្នាក់នេះមកពួកជំនុំ តែនៅពេលដែលពួកគេជួបមហន្តរាយ ឬការលំបាកប៉ុណ្ណោះ ដោយនិយាយរឿងឥតប្រយោជន៍ និងនិយាយផ្ដេសផ្ដាស។ នៅពេលដែលរឿងរ៉ាវរលូន ហើយគ្រប់យ៉ាងល្អប្រសើរសម្រាប់ពួកគេ នៅពេលដែលជីវិតរបស់ពួកគេល្អ ពួកគេមិនខ្វល់ពីនរណាម្នាក់ឡើយ។ ប្រសិនបើយើងបានដឹងតាំងពីដំបូងមកថាពួកគេជាមនុស្សចោលម្សៀតបែបនេះ យើងមុខជាមិនជួយពួកគេ ឬខំប្រឹងច្រើនយ៉ាងនេះទេ!» តើការសោកស្ដាយនៅពេលនេះមានប្រយោជន៍អ្វី? វាហួសពេលនឹងសោកស្ដាយហើយ អ្នកបាននិយាយឥតប្រយោជន៍ច្រើនណាស់មកហើយ! សរុបសេចក្ដីមក ពួកអ្នកមិនជឿបែបនេះចាំបាច់ត្រូវញែកឱ្យដឹង ដោះស្រាយ និងបោសសម្អាតចេញពីពួកជំនុំឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ កុំចាត់ទុកពួកគេថាជាបងប្អូនប្រុសស្រីឡើយ ពួកគេមិនមែនជាបងប្អូនប្រុសស្រីទេ។ មានតែមនុស្សដែលត្រូវបានព្រះជាម្ចាស់រើសតាំងប៉ុណ្ណោះ ទើបជាបងប្អូនប្រុសស្រី មានតែអស់អ្នកដែលអាចត្រូវបានសង្គ្រោះ និងជាអស់អ្នកដែលដេញតាមការថ្វាយបង្គំព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាបងប្អូនប្រុសស្រី។ អស់អ្នកដែលស្ថិតនៅលាយឡំក្នុងដំណាក់របស់ព្រះជាម្ចាស់ដើម្បីគេចពីមហន្តរាយ និងសោយសុខព្រះគុណរបស់ព្រះជាម្ចាស់យ៉ាងលោភលន់ ដោយមិនទទួលយកសេចក្ដីពិត គឺជាពួកអ្នកមិនជឿ។ ពួកគេមិនមែនជាបងប្អូនប្រុសស្រីទេ ហើយពួកគេច្បាស់ជាមិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកយល់ដែរឬទេ? ពួកអ្នកមិនជឿបែបនេះត្រូវតែត្រូវបានប្រព្រឹត្តចំពោះស្របតាមគោលការណ៍ ពួកគេគួរតែត្រូវបានចាត់ចែងតាមរបៀបដែលពួកគេគួរទទួល។ នេះគឺជាទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ហើយវាក៏ជាគោលការណ៍ដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូបគួរតែយល់ឱ្យច្បាស់ដែរ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១