ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២០)
ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ផ្នែកទីប្រាំបី)
យើងបានប្រកបគ្នាចប់សព្វគ្រប់ហើយអំពីទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ នៅក្នុងការជួបជុំកាលពីលើកមុន។ តើអ្នករាល់គ្នាបានយកខ្លឹមសារនៃការប្រកបគ្នានេះ មកប្រៀបធៀបនឹងខ្លួនឯងដែរឬទេ? តើអ្នករាល់គ្នាបានរិះគិតអំពីការប្រកបគ្នានេះដែរឬទេ? ពេលដែលពួកគេបានឮការប្រកបគ្នារបស់ខ្ញុំហើយ អស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងអ្នកដែលមានស្មារតីយុត្តិធម៌ ព្រមទាំងមានភាពជាមនុស្សខ្លះៗ អាចអនុវត្តសេចក្ដីពិតខ្លះបាន បន្ទាប់ពីពួកគេយល់ពីសេចក្ដីពិតទាំងនោះ។ ដំបូង ពួកគេអាចយកសេចក្ដីពិតដែលពួកគេយល់ មកផ្ទៀងផ្ទាត់នឹងស្ថានភាពរបស់ខ្លួន ពិនិត្យពិច័យខ្លួនឯងធៀបនឹងសេចក្ដីពិត រកឱ្យឃើញបញ្ហារបស់ខ្លួន ហើយបន្ទាប់មកប្រើប្រាស់រឿងរ៉ាវ និងបរិយាកាសខ្លះៗនៅក្នុងជីវិតជាក់ស្ដែង និងនៅក្នុងការបំពេញភារកិច្ច ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ជាបណ្ដើរៗ ទាក់ទងនឹងសេចក្ដីពិតដែលពួកគេយល់ ពួកគេចាប់យល់នូវគោលការណ៍ដែលមនុស្សគួរអនុវត្ត និងប្រកាន់ខ្ជាប់។ ម្យ៉ាង ពួកគេទទួលបានការយល់ដឹង និងចំណេះដឹងកាន់តែស៊ីជម្រៅអំពីខ្លួនឯង ហើយម្យ៉ាងទៀត ពួកគេយល់កាន់តែជាក់ស្ដែង និងកាន់តែសុក្រឹតត្រឹមត្រូវអំពីអ្វីដែលសេចក្ដីពិតពោល និងមានអត្ថន័យយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិត តែបែរជាស្អប់ខ្ពើមសេចក្ដីពិតវិញនោះ គឺគ្មានការដឹងខ្លួនឡើយ ហើយក៏គ្មានការផ្លាស់ប្ដូរអ្វីនៅក្នុងខ្លួនពួកគេដែរ ទោះបីជាពួកគេឮសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ។ សភាពរបស់ពួកគេ អាកប្បកិរិយានៅពេលបំពេញភារកិច្ចរបស់ពួកគេ គោលដៅដែលពួកគេដេញតាម របៀបរស់នៅ និងគោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់ពួកគេ មិនផ្លាស់ប្ដូរសោះឡើយ។ ពួកគេបន្តធ្វើអ្វីៗតាមចិត្តចង់ និងរស់នៅតាមអំពើចិត្ត។ សេចក្ដីពិតទាំងនេះគ្មានឥទ្ធិពលអ្វីលើពួកគេឡើយ ហើយក៏មិនអាចធ្វើឱ្យពួកគេឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង រហូតដល់ថ្នាក់ស្អប់ខ្លួនឯងបានដែរ។ ប្រសិនបើពួកគេមិនអាចឈានដល់កម្រិតនៃការស្អប់ខ្លួនឯងទេ នោះពួកគេប្រាកដជាមិនអាចសម្រេចបាននូវការប្រែចិត្តយ៉ាងពិតប្រាកដឡើយ។ បើគ្មានការប្រែចិត្តយ៉ាងពិតប្រាកដទេ នោះក៏គ្មានការចូលទៅក្នុងយ៉ាងពិតប្រាកដដែរ។ បើគ្មានការចូលទៅក្នុងយ៉ាងពិតប្រាកដទេ នោះប្រាកដជាគ្មានការផ្លាស់ប្ដូរនិស្ស័យឡើយ។ ហេតុដូច្នេះហើយ មនុស្សជាច្រើនដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ទោះបីជាពួកគេក៏បានជួបជុំគ្នា បំពេញភារកិច្ច បានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ និងតែងតែទាក់ទងជាមួយបងប្អូនប្រុសស្រីក៏ដោយ ក៏ពួកគេគ្មានការយល់ដឹងអំពីខ្លួនឯង មិនបង្ហាញការផ្លាស់ប្ដូរអ្វីឡើយ និងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ក៏មិនកើនឡើងទាល់តែសោះ។ ពួកគេដើរតាមព្រះជាម្ចាស់ ដោយប្រើសញ្ញាណ និងការស្រមើស្រមៃនានាពីដំបូងរបស់ខ្លួន ព្រមទាំងមានបំណងចិត្ត និងសេចក្ដីប្រាថ្នាចង់ទទួលបានព្រះពរ។ មិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ទស្សនៈរបស់ពួកគេស្ដីពីការជឿលើព្រះជាម្ចាស់ ទស្សនៈរបស់ពួកគេលើរឿងរ៉ាវផ្សេងៗ វិធីសាស្ត្រនៃការដេញតាម និងគោលដៅដែលពួកគេដេញតាម ព្រមទាំងអាកប្បកិរិយារបស់ពួកគេនៅពេលបំពេញភារកិច្ច មិនផ្លាស់ប្ដូរសោះឡើយ។ អ្វីដែលពួកគេបញ្ចេញឱ្យឃើញ និងការស្ដែងចេញពីការរស់នៅរបស់ពួកគេសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការមិនដេញតាមសេចក្ដីពិត។ យើងបានប្រកបគ្នាអំពីទំនួលខុសត្រូវចំនួនដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ប៉ុន្តែអាកប្បកិរិយារបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន មិនបានផ្លាស់ប្ដូរសោះឡើយ។ អាកប្បកិរិយារបស់ពួកគេនៅពេលបំពេញភារកិច្ចរបស់ខ្លួន និងចំពោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មិនបានផ្លាស់ប្ដូរសោះឡើយ។ ខ្លឹមសារដែលបានប្រកបគ្នា មានគោលបំណងរំលឹក ត្រួតពិនិត្យ និងជំរុញទឹកចិត្តដល់អស់អ្នកដែលដេញតាមសេចក្ដីពិតក្នុងកម្រិតណាមួយ និងអស់អ្នកដែលមានភាពជាមនុស្សខ្លះៗ ហើយដែលមានមនសិការដឹងខ្លួនខ្លះៗ។ ទោះជាយ៉ាងណាក៏ដោយ វាគ្មានឥទ្ធិពលអ្វីសោះលើមនុស្សមួយចំនួនដែលរឹងទទឹងខ្លាំង ក្រឡេចក្រឡុច និងមិនទទួលយកសេចក្ដីពិតសោះឡើយ។ តើនេះមកពីហេតុអ្វី? ពីព្រោះអាកប្បកិរិយារបស់មនុស្សទាំងនេះចំពោះសេចក្ដីពិត គឺជាអាកប្បកិរិយាទាស់ទទឹង និងស្អប់ខ្ពើម។ មិនថាមានការប្រកបគ្នាអំពីសេចក្ដីពិតច្រើនយ៉ាងណាក៏ដោយ ក៏អាកប្បកិរិយារបស់ពួកគេនៅតែដដែលគឺ៖ «យ៉ាងណាក៏ដោយ ខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ និងដើរតាមព្រះជាម្ចាស់ ខ្ញុំកំពុងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាខ្ញុំប្រព្រឹត្តបែបណាទេ ឱ្យតែខ្ញុំតស៊ូដល់ទីបញ្ចប់ នោះខ្ញុំអាចទទួលបានព្រះពរហើយ!» តើការគិតបែបនេះមានហេតុផលដែរឬទេ? ពួកគេជាមនុស្សដែលរឹងរូសកែមិនឡើង និងគ្មានសេចក្ដីខ្មាសអៀនទាល់តែសោះ មែនទេ? តើនេះមិនមែនជាការរឹងទទឹង និងមិនព្រមប្រែចិត្តទាល់តែសោះទេឬអី? (មែនហើយ។)
ទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគឺ៖ «កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា»។ កាលពីមុន យើងបានបែងចែកការប្រកបគ្នារបស់យើងអំពីទំនួលខុសត្រូវនេះ ជាដប់ពីរចំណុច។ ខ្លឹមសារនៃចំណុចទាំងដប់ពីរនេះ ភាគច្រើននិយាយអំពីរបៀបដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរចាត់ចែង និងដោះស្រាយបញ្ហាទាំងនេះ នៅពេលដែលមានមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កជាការបង្អាក់ និងការរំខានលេចឡើងនៅក្នុងពួកជំនុំ ដើម្បីសម្រេចបាននូវលទ្ធផលនៃការការពារកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ ដោយហេតុនេះ ទើបបំពេញតួនាទីដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែបំពេញ និងទំនួលខុសត្រូវដែលពួកគេគួរតែអនុវត្ត។ យើងបានប្រកបគ្នាអំពីចំណុចនីមួយៗនៅក្នុងទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនេះយ៉ាងលម្អិត ដោយប្រកបគ្នាអំពីការសម្ដែងចេញជាក់លាក់មួយចំនួននៃចំណុចនីមួយៗ និងបានលើកឡើងនូវឧទាហរណ៍ជាក់លាក់មួយចំនួនផងដែរ។ បើនិយាយពីគោលការណ៍វិញ ខ្លឹមសារដែលបានប្រកបគ្នា គឺមានភាពជាក់ស្ដែងណាស់។ ទោះបីជាឧទាហរណ៍ដែលបានលើកឡើង ប្រហែលជាមិនគ្របដណ្ដប់សព្វគ្រប់ក៏ដោយ ប៉ុន្តែយើងបានប្រកបគ្នាយ៉ាងច្បាស់លាស់អំពីបញ្ហាសំខាន់ៗនៃមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ។ ជាពិសេស អ្នករាល់គ្នាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គួរតែយល់អំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងពួកជំនុំ។ ដំបូង អ្នកត្រូវស្វែងរកព្រះបន្ទូលដែលវែកញែកអំពីសារជាតិនៃបញ្ហា ចេញពីខ្លឹមសារដែលបានប្រកបគ្នា ហើយយកវាមកផ្ទៀងផ្ទាត់ជាមួយនឹងបញ្ហាទាំងនោះ។ ការយល់ដឹងអំពីសារជាតិនៃបញ្ហា ធ្វើឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកដំណោះស្រាយដែលសមស្រប និងដោះស្រាយបញ្ហាតាមគោលការណ៍សេចក្ដីពិត។ ការយល់ដឹងអំពីសារជាតិនៃបញ្ហា គឺសំខាន់ណាស់ មុននឹងដោះស្រាយវា។ នៅពេលដែលអ្នកយល់អំពីសារជាតិនៃបញ្ហានោះហើយ អ្នកក៏គួរតែយល់ និងក្ដាប់ឱ្យបាននូវគោលការណ៍សម្រាប់ដោះស្រាយបញ្ហានេះដែរ។ ទិដ្ឋភាពទាំងពីរនេះ គឺខ្វះមិនបានឡើយ៖ មួយគឺសារជាតិនៃបញ្ហា និងមួយទៀតគឺគោលការណ៍សម្រាប់ដោះស្រាយបញ្ហាបែបនេះ។ ទាំងនេះជារឿងដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែយល់ឱ្យបានច្បាស់។ មានតែការក្ដាប់បាននូវគោលការណ៍ទាំងពីរនេះទេ ទើបអ្នកអាចដោះស្រាយរាល់បញ្ហាបានយ៉ាងសុក្រឹតត្រឹមត្រូវ និងចាត់ចែងមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវដែលពាក់ព័ន្ធនឹងបញ្ហាផ្សេងៗបានយ៉ាងសមស្រប ជាជាងការយកបទប្បញ្ញត្តិមកអនុវត្ត និងបំប៉ោងបញ្ហាហួសហេតុ។ បច្ចុប្បន្ននេះ នៅពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនដោះស្រាយបញ្ហាខ្លះ ផ្នែកខ្លះ ពួកគេគ្រាន់តែយកបទប្បញ្ញត្តិមកអនុវត្តប៉ុណ្ណោះ ហើយមួយផ្នែកទៀត ពួកគេមិនក្ដាប់បាននូវសារជាតិនៃបញ្ហានោះទេ ដែលងាយនឹងធ្វើឱ្យមនុស្សរងភាពអយុត្តិធម៌ និងបង្កឱ្យមានសេចក្ដីវៀចវេរ។ រឿងនេះតម្រូវឱ្យមានការយល់ដឹងច្បាស់លាស់អំពីសេចក្ដីលម្អិត ភាពជាក់លាក់ និងបរិបទនៃបញ្ហា។ ជាងនេះទៅទៀត វាជារឿងសំខាន់ដែលត្រូវមើលទៅលើឥរិយាបថជាទៀងទាត់របស់បុគ្គលម្នាក់ ដើម្បីកំណត់ថាពួកគេស្ថិតនៅក្នុងប្រភេទណាមួយ។ មានតែការស្ទាត់ជំនាញនូវទិដ្ឋភាពទាំងនេះទេ ទើបបញ្ហាអាចត្រូវបានដោះស្រាយស្របតាមគោលការណ៍។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន នៅពេលបំពេញកិច្ចការរបស់ខ្លួន គ្រាន់តែយកបទប្បញ្ញត្តិមកអនុវត្តចំពោះបញ្ហា និងបំប៉ោងបញ្ហាហួសហេតុប៉ុណ្ណោះ ខណៈដែលពួកគេមិនអាចមើលធ្លុះដល់សារជាតិជាក់ស្ដែងរបស់មនុស្សដែលពាក់ព័ន្ធ ថាតើពួកគេជាមនុស្សល្អ ឬមនុស្សអាក្រក់ ថាតើឥរិយាថរបស់ពួកគេជាទម្លាប់ ឬគ្រាន់តែជាអំពើរំលងម្ដងម្កាល។ ពួកគេមិនអាចមានការយល់ដឹងចំពោះទិដ្ឋភាពទាំងនេះឡើយ ដូច្នេះពួកគេងាយនឹងបង្កើតកំហុសណាស់។ ក្នុងករណីបែបនេះ ប្រសិនបើពួកជំនុំអាចធ្វើការបោះឆ្នោតសម្រេច នោះវាអាចជៀសវាងកំហុសមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។ វត្តមាននៃសេចក្ដីវៀចវេរ និងកំហុសទាំងនេះនៅក្នុងកិច្ចការរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ អាចបើកបង្ហាញយ៉ាងច្បាស់បំផុតថា តើពួកគេមានការយល់ដឹង និងចាត់ចែងរឿងរ៉ាវនានាស្របតាមគោលការណ៍ដែរឬទេ។ វាក៏បើកបង្ហាញផងដែរថា តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមានតថភាពនៃសេចក្ដីពិតដែរឬទេ។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ មិនអាចដោះស្រាយបញ្ហាជាក់ស្ដែងទាំងនេះបានទេ នោះវាគ្រប់គ្រាន់នឹងបញ្ជាក់ថា អ្នកដឹកនាំ ឬអ្នកធ្វើការរូបនេះ មិនមែនជាអ្នកដែលដេញតាមសេចក្ដីពិតឡើយ។
បន្ទាប់ពីបានយល់អំពីទំនួលខុសត្រូវដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែអនុវត្ត គោលការណ៍ដែលពួកគេគួរតែធ្វើតាម និងវិសាលភាពនៃកិច្ចការរបស់ពួកគេរួចមក យើងគួរតែត្រឡប់ទៅរកប្រធានបទនៃដំណាក់កាលនៃការប្រកបគ្នានេះវិញគឺ៖ ការលាតត្រដាងពួកអ្នកដឹកនាំក្លែងក្លាយ។ នេះគឺជាប្រធានបទសំខាន់។ ទាក់ទងនឹងទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ប្រធានបទដែលយើងនឹងប្រកបគ្នានៅថ្ងៃនេះ គឺនិយាយអំពីចំណុចដែលពួកអ្នកដឹកនាំក្លែងក្លាយធ្វេសប្រហែសចំពោះទំនួលខុសត្រូវរបស់ខ្លួន និងការសម្ដែងចេញរបស់ពួកគេអំពីការមិនធ្វើកិច្ចការជាក់ស្ដែង។ ជាដំបូង ចូរយើងអានខ្លឹមសារនៃទំនួលខុសត្រូវទីដប់ពីរ។ (ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា។) ទំនួលខុសត្រូវទីដប់ពីរ បានលើកឡើងយ៉ាងច្បាស់អំពីទិដ្ឋភាពបីនៃកិច្ចការដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែយល់។ តើរឿងនេះទាក់ទងនឹងការលាតត្រដាងអ្នកដឹកនាំក្លែងក្លាយយ៉ាងដូចម្ដេច? (ជាដំបូង យើងត្រូវយល់អំពីទំនួលខុសត្រូវមួយចំនួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងកិច្ចការនេះ។ បន្ទាប់មក យើងប្រៀបធៀបដើម្បីមើលថាតើអ្នកដឹកនាំក្លែងក្លាយបានបំពេញទំនួលខុសត្រូវទាំងនេះដែរឬទេ ហើយថាតើអ្វីខ្លះជាការសម្ដែងចេញរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ ការវាស់វែងពួកគេតាមស្តង់ដានេះ គឺមានភាពសុក្រឹតត្រឹមត្រូវ គួរសម។) ត្រឹមត្រូវហើយ។ ការយល់ដឹងថាតើមនុស្សម្នាក់ជាអ្នកដឹកនាំក្លែងក្លាយ ឬមិនមែន មិនមែនធ្វើឡើងដោយការប្រើភ្នែករបស់អ្នកដើម្បីមើលមុខរបស់ពួកគេ ហើយមើលថាតើទម្រង់មុខរបស់ពួកគេល្អ ឬអាក្រក់នោះទេ ហើយក៏មិនមែនធ្វើឡើងដោយការមើលថាតើពួកគេមើលទៅហាក់ដូចជារងទុក្ខច្រើនប៉ុនណា ឬពួកគេរត់ចុះរត់ឡើងប៉ុនណានោះដែរ។ ផ្ទុយទៅវិញ អ្នកត្រូវមើលថាតើពួកគេបំពេញទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែរឬទេ ហើយថាតើពួកគេអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងបានដែរឬទេ។ នេះគឺជាស្តង់ដាដ៏សុក្រឹតត្រឹមត្រូវតែមួយគត់ ដើម្បីវាយតម្លៃពួកគេ។ នេះគឺជាគោលការណ៍នៃការវែកញែក ការយល់ដឹង និងការកំណត់ថាតើមនុស្សម្នាក់ជាអ្នកដឹកនាំក្លែងក្លាយឬអត់។ មានតែតាមរបៀបនេះទេ ទើបការវាយតម្លៃអាចមានភាពយុត្តិធម៌ ស្របតាមគោលការណ៍ ស្របតាមសេចក្ដីពិត និងស្មើភាពចំពោះមនុស្សគ្រប់គ្នា។ ការកំណត់លក្ខណៈនរណាម្នាក់ថាជាអ្នកដឹកនាំក្លែងក្លាយ ឬអ្នកធ្វើការក្លែងក្លាយ ត្រូវតែផ្អែកលើអង្គហេតុគ្រប់គ្រាន់។ វាដាច់ខាតមិនត្រូវផ្អែកលើហេតុការណ៍ ឬអំពើរំលងមួយ ឬពីរឡើយ ហើយការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយមួយគ្រា កាន់តែមិនអាចយកមកធ្វើជាមូលដ្ឋានសម្រាប់រឿងនេះបានទៀត។ ស្តង់ដាដ៏សុក្រឹតត្រឹមត្រូវតែមួយគត់ដើម្បីកំណត់លក្ខណៈនរណាម្នាក់ គឺថាតើពួកគេអាចធ្វើកិច្ចការជាក់ស្ដែង និងប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានដែរឬទេ ព្រមទាំងថាតើពួកគេជាបុគ្គលដែលត្រឹមត្រូវដែរឬទេ ថាតើពួកគេជាមនុស្សដែលស្រឡាញ់សេចក្ដីពិត និងអាចចុះចូលនឹងព្រះជាម្ចាស់បានដែរឬទេ ហើយថាតើពួកគេមានកិច្ចការ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ។ មនុស្សម្នាក់អាចត្រូវបានកំណត់លក្ខណៈយ៉ាងត្រឹមត្រូវថាជាអ្នកដឹកនាំក្លែងក្លាយ ឬអ្នកធ្វើការក្លែងក្លាយ ដោយផ្អែកលើកត្តាទាំងនេះប៉ុណ្ណោះ។ កត្តាទាំងនេះគឺជាស្តង់ដា និងគោលការណ៍សម្រាប់វាយតម្លៃ និងកំណត់ថាតើនរណាម្នាក់ជាអ្នកដឹកនាំក្លែងក្លាយ ឬអ្នកធ្វើការក្លែងក្លាយ ឬមិនមែន។
កិច្ចការទាំងបី ដែលអ្នកដឹកនាំ និងអ្នកធ្វើការគប្បីធ្វើនៅក្នុងទំនួលខុសត្រូវទីដប់ពីរ
I. កំណត់ឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ ដែលបង្កការបង្អាក់ និងការរំខាន
ទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ រួមមានកិច្ចការបី ឬជំហានបី។ ដោយធ្វើតាមជំហានទាំងបីនេះ ដើម្បីបញ្ចប់កិច្ចការនេះ គោលការណ៍នៃកិច្ចការនេះត្រូវបានប្រកាន់ខ្ជាប់ ហើយទំនួលខុសត្រូវនៃកិច្ចការនេះត្រូវបានបំពេញ។ តើកិច្ចការទាំងបីនេះមានអ្វីខ្លះ? (ទីមួយ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ ទីពីរ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ទីបី ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា។) កិច្ចការទាំងបីនេះ គឺជាសេចក្ដីតម្រូវសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងទំនួលខុសត្រូវទីដប់ពីរ។ ជាដំបូង សេចក្ដីតម្រូវទីមួយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវកំណត់ឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងជីវិតពួកជំនុំ។ គឺត្រូវកំណត់ឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ មិនមែនឆ្លើយតបដោយស្ពឹកស្រពន់ និងមិនយកចិត្តទុកដាក់នោះទេ ហើយក៏មិនមែនកំណត់លក្ខណៈដោយងងឹតងងល់ និងដោយធ្វេសប្រហែសដែរ ការកំណត់លក្ខណៈដោយមិនប្រុងប្រយ័ត្ន គឺមិនអាចទទួលយកបានឡើយ។ ដោយសារតែគុណសម្បត្តិអន់ និងភាពភាន់ភាំងរបស់ពួកគេ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន បានលួសកាត់ និងស្ដីប្រដៅមនុស្សដោយធ្វេសប្រហែសចំពោះរឿងតូចតាច ដោយធ្វើការកំណត់លក្ខណៈតាមទំនើងចិត្ត និងធ្វើការកំណត់អំពីរឿងរ៉ាវនានាដោយងងឹតងងល់ ដោយមិនប្រកាន់ខ្ជាប់នូវគោលការណ៍។ ការធ្វើការតាមរបៀបនេះ គឺបំពានលើគោលការណ៍សេចក្ដីពិត។ ហេតុដូច្នេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យ៉ាងហោចណាស់ត្រូវតែអាចយល់ដឹងអំពី មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗបាន។ មានតែការយល់ដឹងប៉ុណ្ណោះ ទើបពួកគេអាចកំណត់បានយ៉ាងឆាប់ និងសុក្រឹតត្រឹមត្រូវអំពីបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងពួកជំនុំ។ ដើម្បីសម្រេចបាននូវសមត្ថភាពក្នុងការយល់ដឹងអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ តើសេចក្ដីតម្រូវទីមួយជាអ្វី? ដំបូង ចាំបាច់ត្រូវយល់អំពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់ប្រភេទមនុស្សផ្សេងៗគ្នា ក៏ដូចជារបៀបដែលព្រះជាម្ចាស់កំណត់លក្ខណៈមនុស្សផ្សេងៗ និងសភាពផ្សេងៗដែលពួកគេមាន។ លើសពីនេះ វាជារឿងសំខាន់ដែលត្រូវវែកញែកថាតើសភាពអវិជ្ជមានផ្សេងៗកើតឡើងដោយរបៀបណា និងថាតើឫសគល់របស់វាជាអ្វី។ ជាងនេះទៅទៀត មនុស្សម្នាក់ត្រូវតែយល់អំពីផលប៉ះពាល់នៃមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ មកលើកិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ តើអ្វីជាមូលដ្ឋានសម្រាប់បំពេញលក្ខខណ្ឌទាំងនេះ? តើកិច្ចការអ្វីដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែអនុវត្តជាមុនសិន? ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការតែងតែតាំងខ្លួនខ្ពស់ត្រដែត ធ្វើខ្លួនដូចជាមន្ត្រី ហើយមិនទាក់ទងជាមួយបងប្អូនប្រុសស្រី មិនក្ដាប់បាននូវសភាពផ្សេងៗរបស់បងប្អូនប្រុសស្រី មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សប្រភេទផ្សេងៗគ្នា ហើយខ្វះការសង្កេតលម្អិត និងការយល់ដឹងស៊ីជម្រៅអំពីពួកគេ តើរឿងនេះអាចទទួលយកបានដែរឬទេ? រឿងនេះប្រាកដជាមិនអាចទទួលយកបានឡើយ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន តែងតែសម្ងំនៅក្នុងបន្ទប់របស់ខ្លួន ដោយយកភក្ដីភាពខាងវិញ្ញាណ និងការសរសេរអត្ថបទទីបន្ទាល់អំពីបទពិសោធ ធ្វើជាលេសដើម្បីមិនអើពើ និងមិនក្ដាប់យកកិច្ចការរបស់ពួកជំនុំ។ មើលពីសម្បកក្រៅ ហាក់ដូចជាពួកគេកំពុងធ្វើកិច្ចការពួកជំនុំ ខណៈពេលដែលសម្ងំនៅក្នុងបន្ទប់របស់ខ្លួន ប៉ុន្តែតាមពិតទៅ ពួកគេបានញែកខ្លួនចេញពីកិច្ចការរបស់ពួកជំនុំ និងពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់រួចទៅហើយ។ តើរបៀបធ្វើការបែបនេះ អាចដោះស្រាយបញ្ហាដែលមាននៅក្នុងចំណុចផ្សេងៗនៃកិច្ចការពួកជំនុំបានដែរឬទេ? តើវាអាចជួយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យបំពេញភារកិច្ចរបស់ពួកគេបានល្អដែរឬទេ? នៅពេលដែលពួកគេសម្ងំនៅក្នុងបន្ទប់របស់ខ្លួនដើម្បីសរសេរអត្ថបទទីបន្ទាល់ តើពួកគេកំពុងដកពិសោធកិច្ចការរបស់ព្រះជាម្ចាស់មែនទេ? ហេតុដូច្នេះហើយ វិធីសាស្ត្រនេះគឺមិនសមរម្យឡើយ។ យោងតាមទំនួលខុសត្រូវទីដប់ពីរ កិច្ចការទីមួយរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គឺត្រូវកំណត់ឱ្យបានឆាប់នូវមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត។ មនុស្សមួយចំនួនសួរថា៖ «តើការឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងជីវិតពួកជំនុំ គឺគ្រាន់តែដើម្បីឱ្យពួកគេអាចកំណត់បានយ៉ាងឆាប់ និងសុក្រឹតត្រឹមត្រូវអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវដែលបង្កការរំខាន និងការបង្អាក់តែប៉ុណ្ណោះមែនទេ?» តើការយល់ដឹងបែបនេះត្រឹមត្រូវដែរឬទេ? (ទេ)។ នេះគឺជាការយល់ដឹងដ៏វៀចវេរមួយ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែមានអាកប្បកិរិយា និងវិធីសាស្ត្រត្រឹមត្រូវចំពោះកិច្ចការរបស់ខ្លួន ហើយក៏ត្រូវចុះទៅមូលដ្ឋានឱ្យបានស៊ីជម្រៅផងដែរ។ មានតែតាមរបៀបនេះទេ ទើបពួកគេអាចកំណត់ និងដោះស្រាយបញ្ហាបានយ៉ាងឆាប់ និងសុក្រឹតត្រឹមត្រូវ។ ប្រសិនបើពួកគេមិនដាក់ខ្លួនចូលទៅក្នុងមូលដ្ឋាន និងរស់នៅជាមួយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទេ នោះវានឹងពិបាកខ្លាំងណាស់ក្នុងការកំណត់បញ្ហាទាំងអស់នៅក្នុងកិច្ចការរបស់ពួកជំនុំ។ ប្រសិនបើពួកគេអាចដោះស្រាយបញ្ហាបានតែពីរបី បន្ទាប់ពីមនុស្សបានរាយការណ៍ និងស្វែងរកដំណោះស្រាយ នោះប្រសិទ្ធភាពនៃកិច្ចការនេះនឹងមានកម្រិតខ្លាំងណាស់។ របៀបធ្វើការដ៏ខុសឆ្គងបំផុតសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ គឺការសម្ងំនៅតែក្នុងផ្ទះ និងធ្វើការនៅពីក្រោយទ្វារបិទជិត ដូចជាអ្នកប្រាជ្ញសម័យបុរាណដែលលះបង់ខ្លួនទាំងស្រុងដើម្បីសិក្សាសៀវភៅរបស់អ្នកប្រាជ្ញ ហើយមិនយកចិត្តទុកដាក់ចំពោះរឿងរ៉ាវខាងក្រៅ។ អាកប្បកិរិយា និងរបៀបរស់នៅបែបនេះ គឺមិនអាចទទួលយកបានឡើយសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកនៅម្នាក់ឯងក្នុងបន្ទប់របស់អ្នក ស្ដាប់ការបង្រៀន អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សរសេរកំណត់ហេតុនៃភក្ដីភាពខាងវិញ្ញាណ និងសរសេរអត្ថបទការបង្រៀន ប៉ុន្តែតើការទទួលបានគោលលទ្ធិ និងព្រះបន្ទូលខ្លះៗ មានន័យថាអ្នកយល់ពីសេចក្ដីពិតដែរឬទេ? តើវាមានន័យថាអ្នកយល់ពីស្ថានភាពជាក់ស្ដែង និងសភាពពិតរបស់មនុស្សដែលត្រូវបានបើកបង្ហាញដោយសេចក្ដីពិតដែរឬទេ? (ទេ។) ដូច្នេះ ទោះបីជាជីវិតនៃភក្ដីភាពខាងវិញ្ញាណ គឺចាំបាច់នៅក្នុងកិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការក៏ដោយ ប៉ុន្តែរឿងដែលសំខាន់បំផុត គឺត្រូវមានវិធីសាស្ត្រធ្វើការ និងរបៀបរស់នៅដ៏ត្រឹមត្រូវ។
II. បញ្ឈប់ និងរឹតត្បិតមនុស្សអាក្រក់ឱ្យបានឆាប់
សេចក្ដីតម្រូវទីពីរសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ដែលបានរៀបរាប់នៅក្នុងទំនួលខុសត្រូវទីដប់ពីរ គឺថា នៅពេលដែលពួកគេកំណត់អំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ ពួកគេត្រូវតែអាចធ្វើការវិនិច្ឆ័យបានយ៉ាងឆាប់ និងសុក្រឹតត្រឹមត្រូវ។ ពួកគេចាំបាច់ត្រូវយល់ដឹងឱ្យបានច្បាស់អំពីធម្មជាតិនៃមនុស្ស និងព្រឹត្តិការណ៍ផ្សេងៗ ហើយយល់អំពីរបៀបដែលរឿងទាំងនោះជះឥទ្ធិពលដល់ជីវិតពួកជំនុំ ថាតើរឿងទាំងនោះគំរាមកំហែង រំខាន ឬបំផ្លិចបំផ្លាញដល់សភាព ការចូលទៅក្នុងជីវិត និងការបំពេញភារកិច្ចរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ដែរឬទេ ហើយថាតើរឿងទាំងនោះប៉ះពាល់ដល់លទ្ធផលនៃការបំពេញភារកិច្ចរបស់មនុស្សដែរឬទេ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែវិនិច្ឆ័យ និងវាយតម្លៃរឿងទាំងនេះឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រសិនបើពួកគេខ្វះសមត្ថភាពក្នុងការការគិតអំពីរឿងនេះ ហើយពួកគេមិនមានគុណសម្បត្តិត្រឹមត្រូវទេ នោះពួកគេនឹងមិនអាចធ្វើកិច្ចការរបស់ពួកជំនុំបានឡើយ។ លើសពីនេះ អ្នកដឹកនាំ និងអ្នកធ្វើការចាំបាច់ត្រូវមានការឆ្លើយតប និងការយល់ដឹងយ៉ាងរហ័សចំពោះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ។ ឧទាហរណ៍ នៅពេលដែលមានជម្លោះកើតឡើងនៅក្នុងពួកជំនុំ ហើយមានការបង្អាក់ និងការរំខានផ្សេងៗកើតឡើង អ្នកមិនអាចកំណត់បញ្ហាបាន ហើយគិតថាវាជារឿងតូចតាច ដែលបណ្ដាលឱ្យមនុស្សជាច្រើនរងផលប៉ះពាល់ និងមិនបានបំពេញភារកិច្ចរបស់ពួកគេបានល្អ។ តើអ្នកដឹកនាំ ឬអ្នកធ្វើការបែបនេះ មិនមែនស្ពឹកស្រពន់ និងងងឹតងងល់ទេឬអី? (មែនហើយ។) នេះគឺជាបញ្ហារបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តើអ្នកគួរធ្វើដូចម្ដេច នៅពេលដែលអ្នករកឃើញថា មាននរណាម្នាក់កំពុងរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំ? ជាដំបូង អ្នកត្រូវពិនិត្យបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ហើយវាយតម្លៃ និងវិនិច្ឆ័យអំពីសារជាតិរបស់មនុស្សបែបនេះ ព្រមទាំងផលប៉ះពាល់ និងផលវិបាកនៃរឿងបែបនេះមកលើកិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំ។ តើអ្វីគួរជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យបែបនេះ? វាគួរតែផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត។ មនុស្សមួយចំនួននិយាយថា៖ «តើអ្នកផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា? ខ្ញុំយល់ថា នេះគឺជាការនិយាយតែមាត់។» តាមពិតទៅ វាមិនមែនជាការនិយាយតែមាត់នោះទេ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? នៅពេលដែលអ្នកជួបប្រទះរឿងបែបនេះ ឬឃើញ ឬឮអំពីរឿងទាំងនោះ អ្នកគ្រាន់តែត្រូវប្រៀបធៀបរឿងទាំងនោះជាមួយនឹងបញ្ហាដែលត្រូវបានលាតត្រដាងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ចូរមើលពីរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាង និងវែកញែកអំពីមនុស្ស និងរឿងរ៉ាវបែបនេះ និងរបៀបដែលព្រះអង្គកំណត់លក្ខណៈបញ្ហាទាំងនេះ ដូចជារបៀបដែលព្រះអង្គលាតត្រដាងអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ឬរបៀបដែលទ្រង់លាតត្រដាងនិស្ស័យពុករលួយនានារបស់មនុស្សជាដើម។ បន្ទាប់មក អ្នកប្រៀបធៀប និងវែកញែករឿងទាំងនេះស្របតាមព្រះបន្ទូលទាំងនោះ ហើយតាមរយៈការប្រកបគ្នាជាមួយបងប្អូនប្រុសស្រី និងការសង្កេតផ្ទាល់ខ្លួនរបស់អ្នក នៅទីបំផុត អ្នកអាចធ្វើការវាយតម្លៃ និងកំណត់លក្ខណៈបានយ៉ាងសុក្រឹតត្រឹមត្រូវអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវដែលអ្នកឃើញ ព្រមទាំងបង្កើតដំណោះស្រាយដែលសមស្រប។ តើគួរចាត់ចែងយ៉ាងដូចម្ដេច ចំពោះអ្នកដែលត្រូវបានកំណត់ថាស្ថិតនៅក្នុងចំណោមមនុស្សផ្សេងៗដែលរំខាន និងបង្អាក់? ពួកគេមិនត្រឹមតែគួរត្រូវបានលាតត្រដាង និងវែកញែកដើម្បីជួយឱ្យមនុស្សយល់ដឹងអំពីពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវតែត្រូវបានបញ្ឈប់ និងរឹតត្បិតផងដែរ ហើយអ្នកដែលនៅតែកែមិនឡើង ទោះបីជាមានការដាស់តឿនច្រើនដងក៏ដោយ គួរតែត្រូវបានជម្រុះចោល។ តើមានវិធីសាស្ត្រ និងរបៀបជាក់លាក់អ្វីខ្លះ សម្រាប់ការបញ្ឈប់ និងរឹតត្បិតពួកគេ? (លួសកាត់ និងព្រមានពួកគេ។) តើការលួសកាត់គឺជាវិធីសាស្ត្រដ៏ល្អដែរឬទេ? (ល្អ។) ការលាតត្រដាងទង្វើរបស់ពួកគេ ការចង្អុលបង្ហាញបញ្ហាដ៏អាក្រក់បំផុតរបស់ពួកគេ ការវែកញែកសារជាតិរបស់ពួកគេ និងការផ្តល់ការព្រមាន តើទាំងនេះមិនមែនជាវិធីសាស្ត្រដែលអាចធ្វើទៅបានទេឬ? ជាការពិតណាស់ រឿងដែលសំខាន់បំផុត គឺត្រូវអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ និងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋានដើម្បីបញ្ចុះបញ្ចូល និងវែកញែកពួកគេ។ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិត ហើយបដិសេធយ៉ាងដាច់អហង្ការមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន នោះវិធានការតឹងរ៉ឹងជាងនេះគឺចាំបាច់ណាស់។ ជាដំបូង ត្រូវផ្តល់ការព្រមានដល់ពួកគេ បន្ទាប់មកប្រើបញ្ញត្តិរដ្ឋបាលរបស់ពួកជំនុំដើម្បីរឹតត្បិតពួកគេ ដោយមិនអនុញ្ញាតឱ្យពួកគេប្រព្រឹត្តអំពើខុសឆ្គង និងរំខានបងប្អូនប្រុសស្រីតាមអំពើចិត្តឡើយ។ ពួកគេក៏គួរត្រូវបានលួសកាត់ ហើយបន្ទាប់មកត្រូវស្ថិតក្រោមការមើលការខុសត្រូវ។ វិធីសាស្ត្រទាំងនេះគឺចាំបាច់ណាស់ ទាំងអស់នេះគឺដើម្បីធានាថាកិច្ចការរបស់ពួកជំនុំត្រូវបានធ្វើបានល្អ និងដើម្បីសង្គ្រោះមនុស្ស ដោយណែនាំពួកគេឱ្យដើរលើផ្លូវត្រូវ។ ការប្រើវិធីសាស្ត្រទាំងនេះ ប្រាកដជានឹងសម្រេចបានលទ្ធផលល្អ។ ម្យ៉ាង ប្រើសេចក្ដីពិតដែលមនុស្សយល់ ដើម្បីបញ្ចុះបញ្ចូល និងលាតត្រដាងពួកគេ ដោយវែកញែកនិស្ស័យ និងសារជាតិរបស់ពួកគេ លាតត្រដាងពីធម្មជាតិនៃទង្វើរបស់ពួកគេ និងផលវិបាកធ្ងន់ធ្ងរដែលបណ្ដាលមកពីទង្វើទាំងនោះ នេះគឺជាកិច្ចការអប្បបរមាដែលមនុស្សអាចធ្វើបាន។ ជំហានបន្ទាប់ គឺត្រូវវែកញែក និងយល់ដឹងអំពីពួកគេដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកំណត់លក្ខណៈពួកគេឱ្យស្របតាមនោះ។ ប្រសិនបើពួកគេស្ដាប់តាមដំបូន្មាន ទទួលយកវា និងប្រែចិត្ត នោះប្រាកដជារឿងដ៏ល្អបំផុត។ ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនទទួលយក ហើយបន្តរំខានដល់កិច្ចការរបស់ពួកជំនុំ តើគួរធ្វើដូចម្ដេច? ក្នុងករណីនោះ មិនចាំបាច់គួរសមទេ។ ព្រះដំណាក់របស់ព្រះជាម្ចាស់មានបញ្ញត្តិរដ្ឋបាល ហើយនៅចំណុចនេះ បុគ្គលនោះគួរតែត្រូវបានបញ្ឈប់ និងរឹតត្បិតស្របតាមបញ្ញត្តិរដ្ឋបាលនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើបុគ្គលនោះជាអ្នកជឿថ្មីដែលមានកម្ពស់ទាប ដែលមិនយល់ពីសេចក្ដីពិត ពួកគេអាចត្រូវបានជួយដោយសេចក្ដីស្រឡាញ់ អ្នកអាចប្រកបគ្នាពីសេចក្ដីពិតដើម្បីជួយឱ្យពួកគេស្គាល់ខ្លួនឯង។ ចំពោះអ្នកដែលអាចទទួលយកសេចក្ដីពិត និងប្រែចិត្ត មិនចាំបាច់បញ្ឈប់ រឹតត្បិត ឬលួសកាត់ពួកគេឡើយ។ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិត វាមិនមែនជារឿងដែលមានគ្រឹះនៅរាក់ ឬកម្ពស់ទាប និងមិនយល់ពីសេចក្ដីពិតនោះទេ វាគឺជាបញ្ហាទាក់ទងនឹងភាពជាមនុស្សរបស់ពួកគេ។ ចំពោះមនុស្សបែបនេះ ការគ្រប់គ្រងតាមបែបរដ្ឋបាល និងការដាក់ទោសតាមបែបរដ្ឋបាល គួរតែត្រូវបានប្រើដើម្បីបញ្ឈប់ និងរឹតត្បិតពួកគេ។ លទ្ធផលចុងក្រោយដែលសម្រេចបាន គឺការប្រកាន់ខ្ជាប់នូវកិច្ចការរបស់ពួកជំនុំ និងសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ ដោយអនុញ្ញាតឱ្យជីវិតពួកជំនុំដំណើរការទៅដោយមានរបៀបរៀបរយ។ នេះហៅថាការធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ ហើយនេះគឺជាលទ្ធផលដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែសម្រេចបាននៅក្នុងកិច្ចការរបស់ខ្លួន។ មានតែការសម្រេចបានលទ្ធផលនេះទេប៉ុណ្ណោះ ទើបមានន័យថាពួកគេបំពេញទំនួលខុសត្រូវរបស់ខ្លួន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនអើពើនឹងបញ្ហាណាមួយដែលកើតឡើង ដោយគ្រាន់តែឆ្លើយតបឱ្យតែបានបានដោយប្រើព្រះបន្ទូល និងគោលលទ្ធិខ្លះៗ ឬស្ដីបន្ទោស និងលួសកាត់អ្នកដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំតាមរបៀបសាមញ្ញ ដោយប្រើពាក្យពេចន៍តែពីរបីម៉ាត់ តើនេះអាចដោះស្រាយបញ្ហាបានដែរឬទេ? វាមិនត្រឹមតែបរាជ័យក្នុងការដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំឱ្យមានភាពវឹកវរកាន់តែខ្លាំងនៅក្នុងពួកជំនុំផងដែរ មនុស្សភាគច្រើនបាត់បង់ឆន្ទៈក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវបានរំខានក្នុងកម្រិតផ្សេងៗគ្នា ដែលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេ។ តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ បានបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយឬនៅ? (នៅទេ។) នេះបង្ហាញថា អ្នកដឹកនាំ និងអ្នកធ្វើការទាំងនេះ មិនមានសមត្ថភាពក្នុងការបំពេញកិច្ចការរបស់ខ្លួនឡើយ។
III. លាតត្រដាងពីទង្វើអាក្រក់របស់មនុស្សអាក្រក់ ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹង និងរៀនសូត្រទុកជាមេរៀន
សេចក្ដីតម្រូវទីបីនៅក្នុងទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គឺថានៅពេលដោះស្រាយការបង្អាក់ និងការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង ហើយមានការធ្វើឱ្យទៅជាធម្មតាវិញយ៉ាងពិតប្រាកដ។ ពួកគេគួរតែអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត បោះបង់និស្ស័យពុករលួយរបស់ពួកគេចោល ហើយសម្រេចបានការដើរតាមព្រះជាម្ចាស់ ការចុះចូលនឹងព្រះជាម្ចាស់ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មានតែកិច្ចការបែបនេះប៉ុណ្ណោះដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ម្យ៉ាង ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែលធ្វើការតាមរបៀបនេះ គឺអាចដោះស្រាយបញ្ហា និងបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិតបាន ខណៈពេលកំពុងធ្វើការ។ បន្ថែមពីលើនេះ តាមរយៈការប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ពួកគេជួយបងប្អូនប្រុសស្រីឱ្យយល់ពីសេចក្ដីពិត ចេះពីរបៀបឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង បោះបង់និស្ស័យពុករលួយរបស់ខ្លួនចោល បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ចេះពីរបៀបយល់ដឹង និងប្រព្រឹត្តចំពោះមនុស្ស សម្រេចបានការដើរតាមព្រះជាម្ចាស់ និងការចុះចូលនឹងព្រះជាម្ចាស់ កុំឱ្យអ្នកដទៃត្រួតត្រា ហើយអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន។ នេះគឺជាការបំពេញភារកិច្ចរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ នេះគឺជាគោលការណ៍ដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរអនុវត្តដើម្បីធ្វើការដោះស្រាយបញ្ហា ខណៈពេលកំពុងបំពេញកិច្ចការរបស់ពួកជំនុំ។ មិនថាមានបញ្ហាអ្វីកើតឡើងនៅក្នុងពួកជំនុំនោះទេ ដំបូងបំផុត ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែស្វែងរកសេចក្ដីពិត ចាប់យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការណែនាំរបស់ព្រះជាម្ចាស់ជាមួយគ្នា។ បន្ទាប់មក ពួកគេគួរតែស្វែងរកព្រះបន្ទូលដែលពាក់ព័ន្ធរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលមាន។ នៅក្នុងដំណើរការនៃការដោះស្រាយបញ្ហា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែប្រកបគ្នាឱ្យបានកាន់តែច្រើនអំពីព្រះបន្ទូលដែលពាក់ព័ន្ធរបស់ព្រះជាម្ចាស់ ជាមួយបងប្អូនប្រុសស្រី និងយល់ពីសារជាតិនៃបញ្ហានានាដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេក៏គួរតែឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រកបគ្នាអំពីការយល់ដឹងរបស់ខ្លួន ដើម្បីយល់ដឹងពីបញ្ហាទាំងនេះផងដែរ។ នៅពេលដែលមនុស្សភាគច្រើនអាចមានការយល់ដឹងដូចគ្នា និងឈានដល់ការឯកភាពគ្នា នោះបញ្ហានានានឹងកាន់តែងាយស្រួលដោះស្រាយ។ ក្នុងការដោះស្រាយបញ្ហា កុំចេះតែរៀបរាប់ព្រឹត្តិការណ៍ដដែលៗ ឬដេញដោលរឿងតូចតាច ឬបន្ទោសបុគ្គលដែលពាក់ព័ន្ធនឹងបញ្ហានោះឡើយ។ ដំបូង សូមកុំផ្ដោតលើបញ្ហាតូចតាចអី ផ្ទុយទៅវិញ ត្រូវប្រកបគ្នាអំពីសេចក្ដីពិតឱ្យបានច្បាស់លាស់ ព្រោះការធ្វើបែបនេះនឹងបើកសម្ដែងពីធម្មជាតិនៃបញ្ហា។ មានតែវិធីសាស្ត្រនេះទេដែលជួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យរៀនយល់ដឹងពីបញ្ហាដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលបានការយល់ដឹងពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលកើតឡើង និងរៀនសូត្រទុកជាមេរៀនជាក់ស្ដែងពីបញ្ហាទាំងនោះ។ វាក៏អនុញ្ញាតឱ្យពួកគេយកព្រះបន្ទូល និងគោលលទ្ធិដែលពួកគេតែងតែយល់ មកប្រៀបធៀបនឹងជីវិតពិត ដោយធ្វើឱ្យពួកគេអាចយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ។ តើនេះមិនមែនជាអ្វីដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរធ្វើទេឬ? ការដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត ភាគច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់សេចក្ដីពិតដើម្បីជម្រះសញ្ញាណ និងការស្រមើស្រមៃរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងនិស្ស័យពុករលួយរបស់ពួកគេ។ វិធីសាស្ត្រនេះផ្ដល់លទ្ធផលល្អៗបំផុត។ កាលណាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការកាន់តែអាចប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានច្រើនប៉ុនណា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក៏កាន់តែងាយស្រួលយល់ពីសេចក្ដីពិតបានច្រើនប៉ុណ្ណោះដែរ។ តាមរបៀបនេះ ពួកគេនឹងដឹងពីរបៀបអនុវត្ត និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅប្រើប្រាស់នៅក្នុងជីវិតពិត។ ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការឧស្សាហ៍ដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យដោះស្រាយបញ្ហាជាក់ស្ដែង នោះពួកគេនឹងអាចនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងតថភាពនៃសេចក្ដីពិត ហើយថែមទាំងបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេទៀតផង។ មនុស្សមួយចំនួននិយាយថា៖ «តើសេចក្ដីតម្រូវសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនេះ មិនតឹងរ៉ឹងពេកទេឬ? តើពួកយើងអាចមានការយល់ដឹងច្រើនយ៉ាងនេះបានដោយរបៀបណា?» អ្នកប្រហែលជាមិនធ្លាប់មានការយល់ដឹងបែបនេះពីមុនមកទេ ប៉ុន្តែតើអ្នកមិនអាចរៀន និងអនុវត្តដើម្បីសម្រេចបានលទ្ធផលនេះទេឬ? នេះគឺជារបៀបដែលកិច្ចការរបស់ព្រះជាម្ចាស់បណ្ដុះបណ្ដាលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ព្រមទាំងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ប្រសិនបើអ្នកមិនដឹងពីរបៀបធ្វើវាទេ អ្នកអាចរៀន និងអនុវត្តបាន។ មិនថាមានបញ្ហាអ្វីកើតឡើងនោះទេ អ្នកត្រូវតែរៀនឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាដំណើរការនៃការអនុវត្ត។ បន្ទាប់ពីអនុវត្តបានពីរបីដង និងសម្រេចបានលទ្ធផលហើយ អ្នកនឹងមានផ្លូវ ហើយដឹងពីរបៀបអនុវត្តសេចក្ដីពិត។ នៅពេលដែលព្រះជាម្ចាស់យាងមកធ្វើកិច្ចការ នេះជារបៀបដែលទ្រង់ដឹកនាំមនុស្សឱ្យរៀនចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែឧស្សាហ៍ប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រី ប្រឈមមុខនឹងបញ្ហាជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា និងធ្វើកិច្ចការរបស់ពួកជំនុំឱ្យបានល្អ។ តើពួកអ្នកដឹកនាំពួកជំនុំគួរដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដោយរបៀបណា? របៀបដ៏សំខាន់គឺត្រូវដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យកំណត់រក និងដោះស្រាយបញ្ហានៅក្នុងជីវិតពិត ឱ្យអនុវត្ត និងពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិត ដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនត្រឹមតែអាចអនុវត្តសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយល់ដឹងអំពីរឿងអវិជ្ជមាន និងមនុស្សអវិជ្ជមាន គឺពួកអ្នកដឹកនាំក្លែងក្លាយ ពួកអ្នកធ្វើការក្លែងក្លាយ មនុស្សអាក្រក់ ពួកអ្នកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទទៀតផង។ គោលបំណងនៃការយល់ដឹងអំពីមនុស្សផ្សេងៗ គឺដើម្បីដោះស្រាយបញ្ហា។ មានតែការដោះស្រាយការរំខាននានាដែលបង្កឡើងដោយមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទឱ្យបានដាច់ស្រេចប៉ុណ្ណោះ ទើបកិច្ចការរបស់ពួកជំនុំអាចដំណើរការទៅមុខដោយរលូន ហើយអាចប្រតិបត្តិបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំបាន។ ស្របពេលជាមួយគ្នានោះ ការដោះស្រាយជាមួយមនុស្សអាក្រក់ ក៏ជាការក្រើនរំឭកឱ្យជៀសវាងការបង្កើតកំហុស ឬការប្រព្រឹត្តអំពើអាក្រក់ដែរ ដែលធ្វើឱ្យខ្លួនអាចសម្រេចបានការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ តាមរបៀបនេះ អ្នកមិនត្រឹមតែបំពេញភារកិច្ចរបស់អ្នក និងទទួលបានការចូលទៅក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតទៀតផង។ តើនេះមិនមែនជាការបាញ់ព្រួញមួយបានសត្វពីរទេឬ? នៅពេលដែលអ្នកយល់ពីសេចក្ដីពិត និងអាចដោះស្រាយបញ្ហាបាន នេះបញ្ជាក់ថា អ្នកមានគុណសម្បត្តិធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយបំពេញតាមសេចក្ដីតម្រូវដើម្បីទទួលបានការបណ្ដុះបណ្ដាលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកគួរតែធ្វើជាអ្នកនាំមុខ និងណែនាំបងប្អូនប្រុសស្រីក្នុងការរៀនយល់ដឹងអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវជាច្រើននៅក្នុងជីវិតពិត សម្រេចបានការយល់ដឹងអំពីសេចក្ដីពិត ចេះពីរបៀបប្រព្រឹត្តចំពោះមនុស្សគ្រប់ប្រភេទដែលបង្អាក់ និងរំខានកិច្ចការរបស់ពួកជំនុំ ចេះពីរបៀបអនុវត្តសេចក្ដីពិត ប្រព្រឹត្តចំពោះមនុស្សផ្សេងៗស្របតាមគោលការណ៍ និងប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា។ នេះគឺជាទំនួលខុសត្រូវរបស់អ្នក។ តាមរយៈការអនុវត្តតាមរបៀបនេះ គឺអ្នកចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកនឹងរៀនសូត្រទុកជាមេរៀន ទទួលបានការយល់ដឹង និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់រឿងរ៉ាវដែលកើតឡើងចំពោះអ្នកនៅក្នុងជីវិតពិត ដោយមានគោលការណ៍នៃការអនុវត្តនៅក្នុងរបៀបដែលអ្នកចាត់ចែងរឿងរ៉ាវនានា ប្រព្រឹត្តចំពោះមនុស្ស និងបំពេញភារកិច្ចរបស់អ្នក។ តាមរបៀបនេះ អ្នកនឹងអាចអនុវត្តសេចក្ដីពិតបាន។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺត្រូវសម្រេចឱ្យបានលទ្ធផលបែបនេះ។ ហេតុដូច្នេះហើយ មិនថាមានរឿងអ្វីកើតឡើងនោះទេ អ្នកត្រូវតែរៀនសូត្រទុកជាមេរៀន និងមានការយល់ដឹងជានិច្ច។ អ្នកមិនអាចបណ្ដោយឱ្យរឿងទាំងនោះកន្លងផុតទៅទទេៗបានឡើយ ហើយអ្នកក៏មិនអាចឱ្យឱកាសណាមួយក្នុងការរៀនសូត្រទុកជាមេរៀន និងមានការយល់ដឹង កន្លងផុតទៅបានដែរ។ នៅពេលដែលមានរឿងអ្វីមួយកើតឡើង យើងមិនត្រូវដោះស្រាយបញ្ហានោះដោយអាកប្បកិរិយាអវិជ្ជមាន និងពេញដោយការស្ដីបន្ទោសឡើយ។ ផ្ទុយទៅវិញ យើងគួរប្រឈមមុខនឹងបញ្ហានោះដោយអាកប្បកិរិយាវិជ្ជមាន។ តើត្រូវធ្វើដោយរបៀបណា? ត្រូវស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហានោះ។ មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយ ហើយភាពជាមនុស្សរបស់ពួកគេក៏មានភាពខុសគ្នាដែរ គឺមានល្អ និងអាក្រក់ ដូច្នេះ ពេលមនុស្សជួបគ្នា តើអាចគ្មានបញ្ហាកើតឡើងយ៉ាងដូចម្ដេចកើត? ឧបមាថា ព្រះជាម្ចាស់បានរៀបចំមជ្ឈដ្ឋាននេះសម្រាប់អ្នក ហើយទ្រង់បានបង្ហាញមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗបែបនេះ ឱ្យកើតឡើងនៅជុំវិញខ្លួនអ្នក តើអ្នកគួរមានអាកប្បកិរិយាបែបណា? ត្រូវអរព្រះគុណព្រះជាម្ចាស់ដែលបានរៀបចំបញ្ហាជាច្រើននេះនៅចំពោះមុខអ្នក។ ទ្រង់កំពុងប្រទានឱកាសឱ្យអ្នក ដើម្បីអនុវត្ត និងរៀនសូត្រទុកជាមេរៀន ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ អ្នកក៏គួរតែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានឱកាសបែបនេះដល់អ្នកដែរ។ មិនថាអ្នកជួបប្រទះបញ្ហាអ្វីនោះទេ អ្នកត្រូវតែដឹកនាំបងប្អូនប្រុសស្រីឱ្យរៀនយល់ដឹង រៀនសូត្រទុកជាមេរៀន និងទទួលបានការយល់ដឹងជាមួយអ្នកដែរ។ បន្ថែមពីលើនេះ អ្នកត្រូវតែដឹកនាំពួកគេឱ្យឆ្លុះបញ្ចាំងពី និងយល់ជាមួយអ្នកថា តើមនុស្សមានសញ្ញាណ និងការស្រមើស្រមៃអ្វីខ្លះចំពោះបញ្ហានេះ មានទស្សនៈវៀចវេរអ្វីខ្លះ តើបានរៀនមេរៀនអ្វីខ្លះពីការជួបប្រទះនឹងរឿងនេះ តើសញ្ញាណ និងទស្សនៈខុសឆ្គងអ្វីខ្លះត្រូវបានជម្រះ ហើយចុងក្រោយ តើបានយល់ពីសេចក្ដីពិតអ្វីខ្លះ។ នេះជារបៀបដែលមនុស្សគួរពិសោធកិច្ចការរបស់ព្រះជាម្ចាស់ ដោយមិនត្រូវរំលងរឿងណាមួយឡើយ។ ប្រសិនបើអ្នកបានពិសោធកិច្ចការរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងបានដោះស្រាយបញ្ហាជាច្រើន នោះអ្នកនឹងឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាសេចក្ដីពិត ហើយពិតជាអាចសម្អាតមនុស្ស និងសង្គ្រោះពួកគេឱ្យរួចពីឥទ្ធិពលរបស់សាតាំងបាន។ នៅពេលដែលមនុស្សយល់ និងទទួលបានសេចក្ដីពិត ពួកគេនឹងឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច និងក្លាយជាការពិតទាំងស្រុង។ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចអនុវត្ត និងពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេនឹងអាចបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងជីវិតពិតរបស់ពួកគេ ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងត្រឹមត្រូវដើម្បីមើលមនុស្ស និងរឿងរ៉ាវនានា ហើយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកវាស់វែងមនុស្ស និងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ ជាជាងពឹងផ្អែកលើអ្វីដែលពួកគេឃើញ ឬអារម្មណ៍របស់ពួកគេ ហើយកាន់តែមិនពឹងផ្អែកលើសញ្ញាណ និងការស្រមើស្រមៃឡើយ។ នៅពេលដែលពួកគេបានរៀនមេរៀនទាំងនេះហើយ វាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេអាចរស់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជានិច្ច។ តាមរបៀបនេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគឺស្របតាមស្ដង់ដាទាំងស្រុងនៅក្នុងកិច្ចការរបស់ពួកគេ ហើយទំនួលខុសត្រូវរបស់ពួកគេត្រូវបានបំពេញ។ ទាល់តែពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អិតល្អន់ ទើបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចទទួលបានផលទាំងនេះ។ ប្រសិនបើនៅក្នុងស្ថានភាពជាច្រើនដែលអ្នកជួបប្រទះ អ្នកមិនដឹងពីរបៀបដឹកនាំបងប្អូនប្រុសស្រីឱ្យរៀនសូត្រទុកជាមេរៀន ហើយអ្នកមិនអាចយល់ដឹងអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗទេ នោះអ្នកគឺជាមនុស្សម្នាក់ដែលងងឹតងងល់ ជាមនុស្សភាន់ភាំងដែលស្ពឹកស្រពន់ និងល្ងិតល្ងង់។ នៅពេលប្រឈមមុខនឹងស្ថានភាពបែបនេះ មិនត្រឹមតែអ្នកនឹងត្រូវវង្វេង ដោយមិនដឹងថាត្រូវចាត់ចែងស្ថានភាពទាំងនោះបែបណា និងគ្មានសមត្ថភាពសម្រាប់កិច្ចការនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងប៉ះពាល់ដល់ការពិសោធរបស់បងប្អូនប្រុសស្រីចំពោះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងនេះផងដែរ។ ប្រសិនបើអ្នកចាត់ចែងរឿងរ៉ាវនានាមិនបានត្រឹមត្រូវ មិនធ្វើកិច្ចការអ្វីសោះ មិននិយាយអ្វីសូម្បីមួយម៉ាត់ដើម្បីប្រកបគ្នាអំពីសេចក្ដីពិតដែលអ្នកគួរធ្វើ ហើយមិនអាចនិយាយអ្វីដែលមានប្រយោជន៍ ឬកសាងដល់អ្នកដទៃ នោះនៅពេលដែលមនុស្សជាច្រើនប្រឈមមុខនឹងមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងនេះដែលបង្កឱ្យមានការបង្អាក់ និងការរំខាន ពួកគេនឹងមិនត្រឹមតែបរាជ័យក្នុងការទទួលយកបញ្ហាទាំងនេះពីព្រះជាម្ចាស់ ការប្រព្រឹត្តចំពោះរឿងទាំងនេះប្រកបដោយភាពវិជ្ជមាន និងយ៉ាងសកម្ម និងការរៀនសូត្រពីរឿងទាំងនេះទុកជាមេរៀនប៉ុណ្ណោះទេ ប៉ុន្តែសញ្ញាណ និងការប្រយ័ត្នប្រយែងរបស់ពួកគេចំពោះព្រះជាម្ចាស់នឹងកាន់តែធ្ងន់ធ្ងរឡើង ព្រមទាំងការមិនទុកចិត្ត និងការសង្ស័យរបស់ពួកគេចំពោះទ្រង់ក៏នឹងកើនឡើងដែរ។ តើនេះមិនមែនជាផលវិបាកដែលបណ្ដាលមកពីពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការខ្វះតថភាពនៃសេចក្ដីពិត និងមិនអាចប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទេឬ? តើនេះមិនមែនជាសញ្ញាដែលបង្ហាញថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនអាចធ្វើកិច្ចការជាក់ស្ដែងបានទេឬ? អ្នកមិនទាន់បានធ្វើកិច្ចការរបស់ពួកជំនុំឱ្យបានត្រឹមត្រូវ មិនទាន់បានបំពេញការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក មិនទាន់បានបំពេញទំនួលខុសត្រូវជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ហើយមិនទាន់បានដឹកនាំបងប្អូនប្រុសស្រីឱ្យចេញពីអំណាចរបស់សាតាំងនៅឡើយទេ។ ពួកគេនៅតែរស់នៅក្នុងនិស្ស័យពុករលួយ និងការល្បួងរបស់សាតាំងដដែល។ តើអ្នកមិនមែនកំពុងពន្យារពេលការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? អ្នកកំពុងធ្វើឱ្យប៉ះពាល់ដល់ មនុស្សយ៉ាងខ្លាំង! ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការមួយរូប អ្នកគួរតែទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដើម្បីដឹកនាំបងប្អូនប្រុសស្រីមកចំពោះព្រះភក្ដ្រព្រះជាម្ចាស់ ដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសម្រេចបានការយល់ដឹងអំពីសេចក្ដីពិត និងបំពេញភារកិច្ចរបស់ពួកគេដោយមានគោលការណ៍ ដែលធ្វើឱ្យសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់មានការកើនឡើង។ អ្នកមិនត្រឹមតែបានបរាជ័យក្នុងការអនុវត្តតាមរបៀបនេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងមិនបានរឹតត្បិត ឬដោះស្រាយការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់ទៀតផង ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ បន្ទាប់ពីបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ពួកគេមិនត្រឹមតែមិនមានការរីកចម្រើន និងមិនយល់ពីសេចក្ដីពិត ឬទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានសញ្ញាណ និងការយល់ច្រឡំជាច្រើនអំពីព្រះជាម្ចាស់ ដោយគ្មានការចុះចូលពិតប្រាកដសោះឡើយ។ អ៊ីចឹង តើអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើ ជាក់ស្ដែងមិនមែនកំពុងបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ទេឬ? អ្នកមិនត្រឹមតែមិនបានដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងតថភាពនៃសេចក្ដីពិត ឬការពារពួកគេប៉ុណ្ណោះទេ ប៉ុន្តែបែរជាបណ្ដោយឱ្យពួកគេត្រូវរំខានដោយមនុស្សអាក្រក់ និងត្រូវបានបំភាន់ ព្រមទាំងត្រួតត្រាដោយពួកទទឹងនឹងព្រះគ្រីស្ទទៅវិញ។ តើអ្នកមិនបានធ្វើរឿងដែលធ្វើឱ្យមនុស្សរបស់ខ្លួនឈឺចាប់ និងធ្វើឱ្យសត្រូវសប្បាយចិត្តទេឬ? តើអ្នកមិនមែនកំពុងជួយជ្រោមជ្រែងអំពើអាក្រក់ទេឬ? អ្នកបានធ្វើការអស់រយៈពេលជាយូរមកហើយ ប៉ុន្តែអ្នកមិនត្រឹមតែបានបរាជ័យក្នុងការសម្រេចបានលទ្ធផលវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបានធ្វើឱ្យគម្លាតរវាងបងប្អូនប្រុសស្រី និងព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហើយធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយមិនយល់ពីសេចក្ដីពិត ឬមិនចេះយល់ដឹងពីការបង្អាក់ និងការរំខានរបស់មនុស្សអាក្រក់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចូលទៅក្នុងជីវិតរបស់ពួកគេ។ តើបញ្ហាស្ថិតនៅត្រង់ណា? តើនេះមិនមែនជាការប្រព្រឹត្តអំពើអាក្រក់ជាច្រើនទេឬ? មិនថាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការធ្វើកិច្ចការអ្វីនោះទេ ប្រសិនបើពួកគេមិនអាចធ្វើតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយចាត់ចែងរឿងរ៉ាវនានា និងដោះស្រាយបញ្ហានានាតាមគោលការណ៍សេចក្ដីពិតទេនោះ ផលប៉ះពាល់របស់ពួកគេនឹងមិនមែនកើតមានត្រឹមតែចំពោះខ្លួនឯង ឬមនុស្សពីរបីនាក់ប៉ុណ្ណោះទេ គឺវានឹងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់នៅក្នុងពួកជំនុំ លទ្ធផលនៃការបំពេញភារកិច្ចរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ លទ្ធផលនៃការផ្សាយដំណឹងល្អអំពីនគរព្រះ ហើយថែមទាំងប៉ះពាល់ដល់ថាតើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចត្រូវបានសង្រ្គោះ និងនាំចូលទៅក្នុងនគរព្រះបានដែរឬទេទៀតផង។ ទាំងនេះគឺជាផ្នែកទាំងអស់ដែលអាចរងផលប៉ះពាល់។ មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់ ប៉ុន្តែដើរតាមពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលបណ្ដាលឱ្យពួកគេត្រូវវិនាស។ វាដូចជាមនុស្សនៅក្នុងមជ្ឈដ្ឋានសាសនា ដែលត្រូវបានបំភាន់ និងត្រួតត្រាដោយពួកគ្រូគង្វាល និងពួកចាស់ទុំ ដែលជាលទ្ធផល ពួកគេបរាជ័យក្នុងការស្វាគមន៍ព្រះជាម្ចាស់នៅពេលទ្រង់យាងត្រឡប់មកវិញ ហើយបែរជាធ្លាក់ទៅក្នុងមហន្តរាយទៅវិញ។ នេះគឺជាការពិតជាក់ស្ដែងទាំងអស់។ ហេតុដូច្នេះហើយ ការចេះយល់ដឹងអំពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ គឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់!
ទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ តម្រូវឱ្យពួកគេបំពេញកិច្ចការដ៏សំខាន់បំផុតចំនួនបី៖ ទីមួយ ពួកគេត្រូវតែកំណត់រកឱ្យឃើញមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ ដែលបង្កឱ្យមានការបង្អាក់ និងការរំខាននៅក្នុងកិច្ចការរបស់ពួកជំនុំ។ ទីពីរ បន្ទាប់ពីបានយល់ដឹង និងកំណត់លក្ខណៈរបស់ពួកគេហើយ ពួកគេត្រូវតែបញ្ឈប់ និងរឹតត្បិតមនុស្សអាក្រក់ជាបន្ទាន់។ នេះគឺជាជំហានទីពីរ។ ទីបី ខណៈពេលកំពុងបញ្ឈប់ និងរឹតត្បិតមនុស្សអាក្រក់ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ ពួកគេត្រូវតែប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាញឹកញាប់ជាមួយបងប្អូនប្រុសស្រី ដើម្បីលាតត្រដាងអំពើអាក្រក់របស់មនុស្សអាក្រក់ ហើយតាមដានយ៉ាងដិតដល់នូវប្រតិកម្ម និងការយល់ដឹងរបស់បងប្អូនប្រុសស្រីចំពោះរឿងនេះ ដោយកែតម្រូវទស្សនៈមិនត្រឹមត្រូវណាមួយដែលពួកគេមានជាបន្ទាន់។ ជាការពិតណាស់ ប្រសិនបើបងប្អូនប្រុសស្រីមួយចំនួនដែលដេញតាមសេចក្ដីពិតមានការយល់ដឹង ពួកគេគួរតែត្រូវបានលើកទឹកចិត្តឱ្យប្រកបគ្នាឱ្យបានកាន់តែច្រើន។ បន្ថែមពីលើនេះ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក៏គួរតែជួយដល់អ្នកដែលខ្សោយ ឬមានកម្ពស់នៅតូចទាប ហើយលើកទឹកចិត្តពួកគេឱ្យនិយាយឱ្យបានកាន់តែច្រើនដែរ។ លទ្ធផលដែលចង់បាន គឺដើម្បីជួយបងប្អូនប្រុសស្រីឱ្យមានការយល់ដឹង និងរៀនសូត្រទុកជាមេរៀនពីព្រឹត្តិការណ៍ដែលកើតឡើង ដោយរៀនយល់ដឹងពីមនុស្ស និងរឿងរ៉ាវនានា។ គោលបំណងនៃការយល់ដឹងពីមនុស្ស និងរឿងរ៉ាវនានា គឺដើម្បីឱ្យពួកគេអាចយល់ពីមនុស្សប្រភេទផ្សេងៗយ៉ាងសុក្រឹតត្រឹមត្រូវ ហើយប្រព្រឹត្តចំពោះពួកគេដោយប្រើវិធីសាស្ត្រត្រឹមត្រូវ ស្របតាមគោលការណ៍សេចក្ដីពិត ខណៈពេលដែលខ្លួនឯងក៏រៀនសូត្រទុកជាមេរៀនដែរ។ តើពួកគេគួររៀនអំពីមេរៀនអ្វីខ្លះ? ពួកគេគួរតែសង្កេតមើលថា តើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណាចំពោះមនុស្សទាំងនេះ នៅពេលដែលទ្រង់វែកញែក និងលាតត្រដាងសភាពរបស់ពួកគេ។ ការដឹងពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះមនុស្សទាំងនេះ ធ្វើឱ្យកាន់តែច្បាស់ថា តើខ្លួនគួរធ្វើជាមនុស្សបែបណា និងគួរដើរតាមផ្លូវបែបណា មែនទេ? (មែនហើយ។) សរុបសេចក្ដីមក លទ្ធផលចុងក្រោយដែលត្រូវសម្រេចបាន គឺដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៅក្នុងមជ្ឈដ្ឋានជីវិតពិត អាចបំពេញភារកិច្ចរបស់ពួកគេបានតាមធម្មតា និងចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ តាមរបៀបនេះ ការបំពេញកិច្ចការរបស់ពួកជំនុំដោយពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ នឹងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើវិនិច្ឆ័យតាមជំហានទាំងបីនៃការបំពេញកិច្ចការនេះ តើវាពិបាកទេសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្នុងការធ្វើកិច្ចការងារនេះឱ្យបានល្អ? (ទេ មិនពិបាកទេ។) ប្រសិនបើពឹងផ្អែកលើចិត្តសប្បុរស និងគុណសម្បត្តិរបស់មនុស្ស វាអាចនឹងលំបាកខ្លះដែរក្នុងការធ្វើការងារនេះឱ្យបានល្អ ពីព្រោះអ្នកនឹងមិនសម្រេចបានលទ្ធផលដែលព្រះជាម្ចាស់តម្រូវ ហើយនឹងមិនបំពេញទំនួលខុសត្រូវពិតប្រាកដរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការឡើយ។ តើអ្នកអាចធ្វើការងារនេះឱ្យបានល្អបានដែរឬទេ ប្រសិនបើពឹងផ្អែកលើនិស្ស័យពុករលួយរបស់មនុស្ស? (ទេ មិនអាចទេ។) និយាយឱ្យចំទៅ ការពឹងផ្អែកលើនិស្ស័យពុករលួយដើម្បីធ្វើការងារនេះ មានន័យថាជាការធ្វើសកម្មភាពតាមគំនិតផ្ទាល់ខ្លួនរបស់អ្នក។ តើការធ្វើបែបនេះនឹងបង្កឱ្យមានលទ្ធផលអ្វី? (វានឹងបង្កឱ្យមានភាពវឹកវរនៅក្នុងពួកជំនុំ។) នេះគឺជាផលវិបាកមួយ៖ អ្នកកាន់តែធ្វើការ អ្វីៗកាន់តែវឹកវរ។ តើភាពវឹកវរគឺជាអ្វី? តើសភាពជាក់លាក់នៃភាពវឹកវរគឺជាអ្វី? គឺនៅពេលដែលនៅក្នុងអំឡុងពេលនៃការជួបជុំ មនុស្សមិនអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាអំពីសេចក្ដីពិតបានតាមធម្មតា។ តែងតែមានមនុស្សអាក្រក់ និងពួកអ្នកមិនជឿបង្កការរំខាន ឬមានជម្លោះឥតឈប់ឈរ ដោយមនុស្សគ្រប់គ្នាប្រកាន់ខ្ជាប់ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើតជាបក្ខពួក និងក្រុមតូចៗ។ បងប្អូនប្រុសស្រីខ្វះការយល់ដឹង ហើយស្ថិតក្នុងភាពស្រពេចស្រពិល។ អស់អ្នកដែលមានការយល់ដឹងខាងវិញ្ញាណ និងដែលស្រឡាញ់សេចក្ដីពិត ក៏ត្រូវបានរំខានដែរ ហើយជីវិតរបស់ពួកគេមិនរីកចម្រើនឡើយ។ នៅក្នុងពួកជំនុំបែបនេះ មនុស្សអាក្រក់ និងពួកអ្នកមិនជឿកាន់អំណាចទាំងស្រុង ហើយព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការឡើយ។ នៅក្នុងពួកជំនុំបែបនេះ មិនថាមានរឿងអ្វីកើតឡើងនោះទេ មនុស្សនិយាយប្រជែងគ្នា ដោយបញ្ចេញទស្សនៈគ្រប់បែបយ៉ាង ហើយស្ទើរតែគ្មានទស្សនៈត្រឹមត្រូវណាមួយត្រូវបានលើកឡើងឡើយ។ ពួកជំនុំបែកបាក់យ៉ាងឆាប់រហ័សទៅជាបក្ខពួកជាច្រើន គ្មានការរួបរួមគ្នាក្នុងចំណោមមនុស្ស ហើយគ្មានសញ្ញានៃកិច្ចការ ឬការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សការពារខ្លួនពីគ្នាទៅវិញទៅមក និងមើលគ្នាដោយការសង្ស័យ។ ក្រុមពីរ ឬបីដណ្ដើមអំណាច និងផលប្រយោជន៍គ្នា។ មនុស្សគ្រប់គ្នាស្វែងរកខ្នងបង្អែករៀងៗខ្លួន ហើយវាយប្រហារ និងផាត់ចេញអ្នកដែលមានគំនិតផ្ទុយ ហើយអាចនឹងមានការប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ នេះគឺជាទិដ្ឋភាពនៃភាពវឹកវរ។ តើស្ថានភាពនេះបង្កឡើងដោយរបៀបណា? តើវាមិនមែនដោយសារតែពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនអាចធ្វើកិច្ចការរបស់ខ្លួនបានទេឬ? (មែនហើយ។) ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែលធ្វើការតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ នាំមកនូវផលវិបាកទាំងនេះ។ តើការធ្វើការតាមគំនិតផ្ទាល់ខ្លួនមានន័យដូចម្ដេច? វាមានន័យថា ជាការមិនយល់ពីសេចក្ដីពិត ការខ្វះគោលការណ៍ និងការធ្វើសកម្មភាពដោយងងឹតងងល់ដោយផ្អែកលើនិស្ស័យពុករលួយ ព្រមទាំងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ដែលនាំទៅរកសភាពកាន់តែវឹកវរនៅក្នុងពួកជំនុំ។ មនុស្សមួយចំនួនអាចនឹងនិយាយថា៖ «ហេតុអ្វីបានជាមានមនុស្សអាក្រក់បង្កការរំខាននៅក្នុងពួកជំនុំទៅវិញ? ខ្ញុំមិនដឹងថាអ្នកណាខុស អ្នកណាត្រូវទេ ឬមិនដឹងថាគួរឈរនៅខាងណាឡើយ»។ អ្នកផ្សេងទៀតអាចនឹងនិយាយថា៖ «ពួកជំនុំបែកបាក់ជាបក្ខពួកជាច្រើន។ តើយើងត្រូវរស់នៅជីវិតពួកជំនុំដោយរបៀបណា? រាល់ការជួបជុំគឺមិនហុចផ្លែផ្កា ហើយខាតពេលឥតប្រយោជន៍។ ការបន្តជឿបែបនេះ នឹងមិនទទួលបានលទ្ធផលអ្វីឡើយ»។ នៅពេលដែលពួកជំនុំប្រែជាវឹកវរខ្លាំង រហូតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចរស់នៅជីវិតពួកជំនុំបាន នោះពួកជំនុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធទាំងស្រុង។ នេះបញ្ជាក់យ៉ាងច្បាស់ថា ដរាបណាមនុស្សអាក្រក់ និងពួកអ្នកមិនជឿកាន់អំណាច ពួកគេនឹងបំផ្លាញពួកជំនុំ។ ពួកជំនុំមិនអាចដំណើរការបានទេ បើគ្មានមនុស្សល្អ និងអស់អ្នកដែលអនុវត្តសេចក្ដីពិតធ្វើជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ បើគ្មានពួកគេទេ គឺមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ! ប្រសិនបើមនុស្សអាក្រក់ និងពួកអ្នកមិនជឿមិនត្រូវបានរឹតត្បិតទេ នោះនឹងគ្មានជីវិតពួកជំនុំឡើយ ហើយសណ្តាប់ធ្នាប់ធម្មតារបស់ពួកជំនុំនឹងត្រូវខូចទាំងស្រុង ដោយប្រែទៅជារញ៉េរញ៉ៃ។ នេះគឺជាលទ្ធផលនៅពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនធ្វើការងាររបស់ខ្លួនឱ្យបានល្អ។ ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនអាចទទួលយកសេចក្ដីពិត មិនចេះគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬមិនពឹងអាងលើព្រះជាម្ចាស់ទេ នោះពួកគេនឹងមិនអាចធ្វើកិច្ចការរបស់ពួកជំនុំបានល្អឡើយ។ ពួកគេនឹងមិនអាចដោះស្រាយបញ្ហាណាមួយដែលកើតឡើងនៅក្នុងពួកជំនុំ ឬដោះស្រាយការលំបាកណាមួយដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះឡើយ។ តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបែបនេះអាចបង្កើតលទ្ធផលល្អបានដែរឬទេ ប្រសិនបើពួកគេកាន់អំណាច? ពួកគេអាចត្រឹមតែនាំមកនូវភាពវឹកវរដល់ពួកជំនុំតែប៉ុណ្ណោះ ហើយចុងក្រោយ នេះគឺជាស្ថានភាពដែលនឹងកើតឡើង។ ពេលនោះ ពួកជំនុំនេះប្រែជាសោះកក្រោះ ជាកន្លែងដែលសាតាំងកាន់អំណាច ហើយវាប្រែជាយ៉ាប់យ៉ឺនខុសពីដើម។ ព្រះជាម្ចាស់នឹងមិនទទួលស្គាល់ពួកជំនុំនេះទេ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងពួកជំនុំនេះឡើយ។ ពួកជំនុំបែបនេះគឺមានតែឈ្មោះប៉ុណ្ណោះ ហើយគួរតែត្រូវបានបិទចោល។
ការវែកញែកអំពីការបង្ហាញរបស់ពួកអ្នកដឹកនាំក្លែងក្លាយទាក់ទងនឹងទំនួលខុសត្រូវទីដប់ពីរ
I. ពួកអ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិអន់ និងមិនអាចកំណត់ពីបញ្ហានៃការបង្អាក់ និងការរំខានបានទេ
ទាំងនេះគឺជាកិច្ចការដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែធ្វើ ដូចដែលមានចែងនៅក្នុងទំនួលខុសត្រូវទីដប់ពីរ។ យើងនឹងមិនប្រកបគ្នាអំពីឧទាហរណ៍ជាក់លាក់បន្ថែមទៀតទេនៅពេលនេះ។ ប្រធានបទនៃការប្រកបគ្នានៅថ្ងៃនេះ គឺដើម្បីលាតត្រដាងការសម្តែងចេញជាក់លាក់របស់ពួកអ្នកដឹកនាំក្លែងក្លាយ ខណៈពេលដែលពួកគេបំពេញកិច្ចការទាំងនេះ និងដើម្បីកំណត់ថាតើឥរិយាបថណាខ្លះដែលឆ្លុះបញ្ចាំងពីសារជាតិរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ហើយអាចយកទៅប្រើប្រាស់ដើម្បីកំណត់លក្ខណៈបុគ្គលម្នាក់ថាជាអ្នកដឹកនាំក្លែងក្លាយបាន។ នេះគឺជាប្រធានបទសំខាន់នៃការប្រកបគ្នានៅថ្ងៃនេះ។ ជាដំបូង សេចក្ដីតម្រូវសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅក្នុងកិច្ចការនេះគឺ ត្រូវកំណត់រកឱ្យឃើញជាបន្ទាន់នូវមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កឱ្យមានការបង្អាក់ និងការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្តាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។ ការកំណត់រកឱ្យឃើញជាបន្ទាន់ គឺជាស្ដង់ដាតម្រូវសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ នៅពេលណាដែលមានរឿងអ្វីមួយកើតឡើង ឱ្យតែមានតម្រុយបន្តិចបន្តួចថាមានអ្វីខុសប្រក្រតី ដូចជាសញ្ញានៃការចាប់ផ្ដើមធ្វើសកម្មភាពរបស់មនុស្សអាក្រក់ ឬនរណាម្នាក់បង្ហាញសញ្ញានៃការបង្កបញ្ហា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែមានញាណដឹងអំពីវា និងមានការប្រុងប្រយ័ត្ន។ ប្រសិនបើពួកគេស្ពឹកស្រពន់ និងល្ងិតល្ងង់ នោះវានឹងមានបញ្ហាហើយ។ ជាពិសេសនៅក្នុងស្ថានភាពដែលមានមនុស្សអាក្រក់បង្កការរំខាន ឱ្យតែពេលដែលបញ្ហានេះចាប់ផ្ដើមលេចឡើង ហើយមិនច្បាស់ថា តើមនុស្សទាំងនេះមានបំណងចង់ធ្វើអ្វី ឬស្ថានភាពនឹងវិវត្តទៅជាយ៉ាងណាឱ្យប្រាកដ ពោលគឺនៅពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនទាន់អាចមើលធ្លុះពីបញ្ហានេះ ពួកគេមិនគួរធ្វើសកម្មភាពដោយងងឹតងងល់ ឬធ្វើឱ្យពួកគេដឹងខ្លួនមុនឡើយ ដើម្បីជៀសវាងការវិនិច្ឆ័យខុស។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា មិនកត់សម្គាល់ និងមិនដឹងពីស្ថានភាពនោះទេ។ ផ្ទុយទៅវិញ វាមានន័យថា ការរង់ចាំ និងការសង្កេតមើល ដើម្បីឱ្យឃើញថា តើអ្វីៗវិវត្តទៅជាយ៉ាងណា ហើយថាតើអ្វីជាបំណង គោលដៅ និងកត្តាជំរុញចិត្តរបស់មនុស្សទាំងនេះ។ នេះគឺជាកិច្ចការដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវធ្វើ។ នៅពេលដែលស្ថានភាពវិវត្តដល់កម្រិតជាក់លាក់មួយ ហើយមនុស្សទាំងនេះចាប់ផ្ដើមបញ្ចេញភាពអវិជ្ជមាន និងផ្សព្វផ្សាយទស្សនៈខុសឆ្គង ដែលបង្កការរំខានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែចាត់វិធានការជាបន្ទាន់។ ពួកគេគួរតែក្រោកឈរឡើងដោយមិនស្ទាក់ស្ទើរ ដើម្បីលាតត្រដាង វែកញែក និងរឹតត្បិតអំពើអាក្រក់របស់បុគ្គលទាំងនេះ ដោយជួយអ្នកដទៃឱ្យរៀនសូត្រទុកជាមេរៀន និងយល់ដឹង ព្រមទាំងមើលធ្លុះមនុស្សអាក្រក់។ នេះគឺជាដំណើរការនៃការកំណត់រកឱ្យឃើញជាបន្ទាន់ និងសុក្រឹតត្រឹមត្រូវនូវមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កឱ្យមានការបង្អាក់ និងការរំខាន។ នេះហើយជាអត្ថន័យដែលថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការកំពុងធ្វើកិច្ចការនេះ។ គោលដៅចម្បងនៃកិច្ចការនេះ គឺដើម្បីកំណត់រកឱ្យឃើញនូវមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយបន្ទាប់មកដោះស្រាយវាជាបន្ទាន់។ នេះគឺជាអ្វីដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការអាចសម្រេចបាន។ ដូច្នេះ តើអ្វីខ្លះជាការសម្តែងចេញរបស់ពួកអ្នកដឹកនាំក្លែងក្លាយនៅក្នុងកិច្ចការនេះ? តើយើងអាចវែកញែក និងយល់ដឹងពីពួកអ្នកដឹកនាំក្លែងក្លាយបានដោយរបៀបណា? ច្បាស់ណាស់ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចកំណត់រកឱ្យឃើញជាបន្ទាន់ និងសុក្រឹតត្រឹមត្រូវនូវការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់ចំពោះកិច្ចការរបស់ពួកជំនុំឡើយ។ នេះគឺជាបញ្ហាដ៏ច្បាស់បំផុតចំពោះការបំពេញកិច្ចការរបស់ពួកជំនុំដោយពួកអ្នកដឹកនាំក្លែងក្លាយ គឺពួកគេគ្មានការយល់ដឹងពាក់ព័ន្ធនឹងការរំខានដែលបង្កឡើងដោយមនុស្សអាក្រក់ចំពោះកិច្ចការរបស់ពួកជំនុំឡើយ។ ហេតុអ្វីបានជានិយាយថា ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចកំណត់រកឱ្យឃើញនូវបញ្ហា ឬមើលធ្លុះសារជាតិនៃបញ្ហាបាន? សកម្មភាពរបស់មនុស្សមួយចំនួន គឺជាការបង្អាក់ និងការរំខានយ៉ាងច្បាស់ក្រឡែតដល់កិច្ចការរបស់ពួកជំនុំ ប៉ុន្តែពួកអ្នកដឹកនាំក្លែងក្លាយមិនអាចយល់ដឹង ឬមើលឃើញបញ្ហាឡើយ គឺពួកគេងងឹតងងល់។ មនុស្សមួយចំនួនបញ្ចេញភាពអវិជ្ជមាន បំភាន់ និងរំខានអ្នកដទៃនៅក្នុងពួកជំនុំ។ អ្នកផ្សេងទៀតបង្កើតជាក្រុមតូចៗ លួចធ្វើរឿងមិនស្មោះត្រង់ ដោយវិនិច្ឆ័យបុគ្គលមួយចំនួននៅពីក្រោយខ្នងពួកគេជារឿយៗ។ នៅមានអ្នកផ្សេងទៀតប្រលោមស្នេហ៍ និងចែចង់គ្នាយ៉ាងព្រហើន។ អ្នកដឹកនាំក្លែងក្លាយធ្វើពុតជាមើលមិនឃើញរឿងទាំងនេះ។ ពួកគេមិនដឹងទាល់តែសោះអំពីភាពធ្ងន់ធ្ងរនៃបញ្ហាទាំងនេះ និងថាតើការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់មនុស្សប៉ុន្មាននាក់នឹងរងផលប៉ះពាល់ ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយ ព្រមទាំងថាតើវានឹងនាំមកនូវផលវិបាកអ្វីខ្លះ ដូច្នេះពួកគេមិនអើពើនឹងរឿងទាំងនេះឡើយ។ នៅពេលដែលមនុស្សមួយចំនួនកត់សម្គាល់ឃើញបញ្ហា ហើយរាយការណ៍ប្រាប់អ្នកដឹកនាំក្លែងក្លាយ អ្នកដឹកនាំក្លែងក្លាយនោះអាចនឹងនិយាយថា៖ «ពួកគេសុទ្ធតែជាបងប្អូនប្រុសស្រី តើមានអ្នកណាដែលមិនបញ្ចេញឱ្យឃើញសេចក្ដីពុករលួយខ្លះនោះ? តើមានអ្នកណាដែលគ្មានអារម្មណ៍ និងបំណងប្រាថ្នានោះ? កុំវិនិច្ឆ័យ ឬ កាត់ទោសអ្នកដទៃផ្ដេសផ្ដាសអី!» មិនថារឿងអ្វីមួយនៅក្នុងពួកជំនុំ ដែលគួរឱ្យហួសចិត្ត អាក្រក់ ឬផ្ទុយនឹងសេចក្ដីពិតយ៉ាងណានោះទេ ពួកអ្នកដឹកនាំក្លែងក្លាយមើលមិនឃើញទាល់តែសោះ។ ក្នុងអំឡុងពេលនៃការជួបជុំ មនុស្សមួយចំនួនតែងតែនិយាយអ្វីដែលអវិជ្ជមាន ដូចជា៖ «គេចេះតែនិយាយថា ថ្ងៃនៃព្រះជាម្ចាស់ជិតមកដល់ហើយ តើថ្ងៃនោះមកដល់នៅពេលណាឱ្យពិតប្រាកដទៅ?» បងប្អូនប្រុសស្រីមួយចំនួនរងផលប៉ះពាល់ដោយសាររឿងនេះដោយមិនដឹងខ្លួន ប៉ុន្តែតើអ្នកដឹកនាំក្លែងក្លាយមានប្រតិកម្មយ៉ាងណា? ពួកគេចាត់ទុកថាវាជាភាពទន់ខ្សោយធម្មតា ហើយមើលមិនឃើញថា វាគឺជាការបញ្ចេញភាពអវិជ្ជមាន ការបំភាន់ និងការរំខានដល់អ្នកដទៃឡើយ។ បងប្អូនប្រុសស្រីមួយចំនួនរងផលប៉ះពាល់យ៉ាងច្បាស់នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេមិនចង់ផ្សាយដំណឹងល្អទៀតទេ ហើយលែងចូលរួមការជួបជុំប្រកបដោយភាពវិជ្ជមាន ឬយ៉ាងស្វាហាប់ទៀតហើយ។ រាល់ពេលដែលមានការជួបជុំ គឺត្រូវតែហៅពួកគេឱ្យមកចូលរួម។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនមើលឃើញថា នេះជាបញ្ហាឡើយ។ ពួកគេមិនកត់សម្គាល់ឃើញថា តើមានការផ្លាស់ប្ដូរអ្វីខ្លះកើតឡើងក្នុងចំណោមមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំឡើយ នៅពេលដែលបញ្ហានេះកើតឡើង។ ពួកគេគ្រាន់តែដឹកនាំការជួបជុំតាមទម្លាប់ដោយគ្មានការគិតគូរ ដោយមិនដឹងថាមានរឿងអ្វីកើតឡើងនៅពីក្រោយ ការផ្លាស់ប្ដូរនៅក្នុងសភាពរបស់មនុស្ស តើមនុស្សមានបញ្ហាអ្វីខ្លះ អ្នកណាជាអ្នកបង្កបញ្ហាទាំងនោះ អ្នកណាខ្លះជាមេក្លោង ប្រភពនៃបញ្ហាមកពីអ្នកណា ហើយតើបញ្ហាអ្វីខ្លះដែលត្រូវដោះស្រាយ គឺពួកគេមិនអាចមើលឃើញរឿងទាំងនេះឡើយ។ តើដោយសារតែពួកគេខ្វាក់ភ្នែកមែនទេ បានជាពួកគេមិនអាចមើលឃើញរឿងទាំងនេះ? (ទេ)។ ដោយសារពួកគេមិនមែនខ្វាក់ភ្នែកទេ ចុះហេតុអ្វីបានជាពួកគេមើលមិនឃើញ ឬកំណត់រកមិនឃើញ នៅពេលដែលមានការបង្អាក់ ការរំខានដ៏ធ្ងន់ធ្ងរ និងទស្សនៈខុសឆ្គងយ៉ាងច្បាស់ក្រឡែតបែបនេះលេចឡើងនៅក្នុងពួកជំនុំ? ច្បាស់ណាស់ អ្នកដឹកនាំនេះគឺជាមនុស្សងងឹតងងល់ និងគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ទោះបីជាពួកគេមិនអាចកំណត់រកឃើញបញ្ហាទាំងនេះក៏ដោយ ក៏ពួកគេអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យមនុស្សស្ដាប់ក្នុងអំឡុងពេលនៃការជួបជុំបានដែរ។ មិនថាមនុស្សយល់ពីការអានរបស់ពួកគេកម្រិតណា ឬថាតើវាទទួលបានលទ្ធផលឬអត់នោះទេ ពួកគេនៅតែបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយសារហេតុផលនេះតែមួយមុខ ពួកគេអាចចាត់ទុកថាជាអ្នកដឹកនាំល្អបានហើយ»។ ពួកគេផ្ដោតតែលើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប្រសិនបើការធ្វើបែបនេះមិនទទួលបានលទ្ធផលអ្វីទេ តើនេះមិនមែនគ្រាន់តែជាការធ្វើឱ្យតែរួចពីដៃទេឬ? ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហាបានទេ តើមនុស្សអាចទទួលបានប្រយោជន៍អ្វីពីការជួបជុំ? ដូច្នេះ តើអ្នកដឹកនាំនេះជាអ្នកដឹកនាំក្លែងក្លាយមែនទេ? (មែនហើយ។) ការសម្តែងចេញមួយរបស់អ្នកដឹកនាំក្លែងក្លាយនៅពេលបំពេញកិច្ចការនេះ គឺភាពងងឹតងងល់។ ពួកគេងងឹតងងល់ មិនថាបញ្ហានោះច្បាស់ក្រឡែតនៅចំពោះមុខពួកគេយ៉ាងណា ឬកំពុងកើតឡើងនៅជុំវិញខ្លួនពួកគេនោះទេ ពួកគេមិនអាចមើលឃើញ ឬកំណត់រកឱ្យឃើញពីបញ្ហានោះបានឡើយ។ មើលពីខាងក្រៅ ពួកគេហាក់ដូចជាស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាងមនុស្សធម្មតា ប៉ុន្តែពួកគេមិនយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់និយាយអំពីអ្វី តើព្រះបន្ទូលទាំងនោះសំដៅលើមនុស្សណា ឬតើព្រះបន្ទូលទាំងនោះនិយាយអំពីស្ថានភាពណាឡើយ គឺពួកគេមិនអាចផ្សារភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងជីវិតពិតបានទេ។ ដូច្នេះ តើការយល់ដឹងដែលពួកគេប្រកបគ្នានោះគឺជាអ្វី? តើវាស្របតាមសេចក្ដីពិតដែរឬទេ? តើពួកគេអាចដោះស្រាយបញ្ហាជាក់ស្ដែងបានដែរឬទេ? (ទេ មិនអាចទេ។) នៅពេលដែលពួកគេផ្សាយ ពួកគេបញ្ចេញតែវោហារឥតខ្លឹមសារ ហាក់ដូចជាពួកគេយល់ច្បាស់ពីសេចក្ដីពិតណាស់អ៊ីចឹង ប៉ុន្តែពួកគេមិនអាចកំណត់រកឱ្យឃើញនូវការរំខានយ៉ាងច្បាស់ក្រឡែតដែលបង្កឡើងដោយមនុស្សអាក្រក់នៅក្នុងពួកជំនុំឡើយ ហើយបែរជាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។ តើនេះបង្ហាញថា ពួកគេយល់ពីសេចក្ដីពិត និងមានការយល់ដឹងដែរឬទេ? តើពួកគេមានការយល់ដឹងពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ គ្មានទេ។) ប្រសិនបើពួកគេអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធម្មតា ហេតុអ្វីបានជាពួកគេមិនអាចប្រើប្រាស់ព្រះបន្ទូលទាំងនោះ ដើម្បីមើល និងដោះស្រាយបញ្ហាបាន? ហេតុអ្វីបានជាពួកគេមិនដែលបើកចិត្ត នៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់? ហេតុអ្វីបានជាពួកគេគ្មានចិត្តដែលរហ័សរហួន នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើអ្វីទៅជាឫសគល់នៃបញ្ហានេះ? ហេតុអ្វីបានជាពួកគេងងឹតងងល់? តើអ្វីជាមូលហេតុនៃភាពងងឹតងងល់របស់ពួកគេ? (គឺដោយសារតែពួកគេខ្វះសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានគុណសម្បត្តិអន់ខ្លាំង។) ត្រឹមត្រូវហើយ។ មិនមែនភ្នែករបស់ពួកគេខ្វាក់ទេ តែចិត្តរបស់ពួកគេទេដែលខ្វាក់។ តើចិត្តខ្វាក់មានន័យដូចម្ដេច? វាមានន័យថា មានគុណសម្បត្តិអន់ខ្លាំង និងខ្វះសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មិនថាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាទេ ពួកគេយល់ត្រឹមតែសំបកក្រៅប៉ុណ្ណោះ។ ពួកគេមិនអាចផ្សារភ្ជាប់វាទៅនឹងមនុស្ស ព្រឹត្តិការណ៍ រឿងរ៉ាវ និងស្ថានភាពផ្សេងៗដែលលេចឡើងនៅក្នុងពួកជំនុំបានឡើយ ហើយពួកគេក៏មិនអាចគ្រប់គ្រង ចាត់ចែងនិងដោះស្រាយបញ្ហាផ្សេងៗស្របតាមគោលការណ៍សេចក្ដីពិតបានដែរ។ នេះគឺជាឫសគល់នៃភាពងងឹតងងល់របស់ពួកគេ គឺពួកគេមានគុណសម្បត្តិអន់ និងមិនមានសមត្ថភាពធ្វើកិច្ចការនេះឡើយ។ ហេតុដូច្នេះហើយ មិនថាពួកគេឧស្សាហ៍ព្យាយាមរៀនសូត្រ និងប្រឹងប្រែងហ្វឹកហាត់ខ្លាំងប៉ុនណានោះទេ ហើយមិនថាពួកគេខិតខំធ្វើការខ្លាំងប៉ុនណាដើម្បីប៉ះប៉ូវការខ្វះសមត្ថភាពរបស់ខ្លួននោះទេ តើពួកគេអាចបំពេញទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបានដែរឬទេ? ពួកគេមិនអាចទេ។ មនុស្សទាំងនេះគួរឱ្យអាណិតណាស់។ មិនថាពួកគេបំពាក់បំប៉នខ្លួនឯងដោយព្រះបន្ទូល និងគោលលទ្ធិច្រើនប៉ុនណានោះទេ ពួកគេមិនអាចបំពេញទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ឬបំពេញកិច្ចការនេះបានឡើយ។
អម្បាញ់មិញនេះ យើងបានប្រកបគ្នាអំពីការបង្ហាញចេញមួយរបស់ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះគឺថា ពួកគេមិនអាចមើលឃើញថា ទង្វើរបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ បង្កការរំខានដល់ពួកជំនុំឡើយ ហើយពួកគេក៏មិនអាចមើលធ្លុះដល់សារជាតិរបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទដែរ។ នៅពេលជួបប្រទះនឹងរឿងរ៉ាវដែលមនុស្សអាក្រក់បង្កការបង្អាក់ និងការរំខាន ជួនកាលពួកគេអាចនឹងកត់សម្គាល់ឃើញតម្រុយបន្តិចបន្តួច ឬមិនថាជាតាមរយៈបទពិសោធ អារម្មណ៍ ឬអព្ភន្ដរញ្ញាណរបស់ពួកគេក្ដី ពួកគេអាចនឹងគ្រាន់តែមានញាណដឹងថាមានអ្វីមួយមិនសូវស្រួល ថាការសម្ដែងចេញរបស់បុគ្គលនេះ កែវភ្នែករបស់ពួកគេ និងពាក្យសម្ដីរបស់ពួកគេ គឺខុសប្រក្រតីខ្លះៗ។ ពួកគេអាចនឹងមានអារម្មណ៍ដឹងខ្លះៗ ប៉ុន្តែពួកគេមិនអាចមើលធ្លុះរឿងជាច្រើន ហើយពួកគេបរាជ័យក្នុងការរកឱ្យឃើញនូវបញ្ហាភាគច្រើន។ តើអ្វីទៅជាហេតុផលដែលធ្វើឱ្យពួកគេមើលមិនធ្លុះដល់សារជាតិនៃបញ្ហា? រឿងនេះពាក់ព័ន្ធនឹងបញ្ហាមួយទៀត។ ពួកគេឧស្សាហ៍ព្យាយាមណាស់ ដោយសម្ងំនៅក្នុងបន្ទប់របស់ពួកគេពេញមួយថ្ងៃដើម្បីសរសេរសេចក្ដីអធិប្បាយកត់ត្រាអំពីកិច្ចចំណាយពេលខាងវិញ្ញាណជាមួយព្រះជាម្ចាស់របស់ពួកគេ សរសេរការយល់ដឹង និងបទពិសោធរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ រៀនទំនុកបរិសុទ្ធ កំណត់គោលដៅថាត្រូវអធិដ្ឋានចំនួនប៉ុន្មានដង ចំនួនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវអាន និងចំនួនសេចក្ដីអធិប្បាយដែលត្រូវស្ដាប់ជារៀងរាល់ថ្ងៃ និងរយៈពេល ដែលត្រូវសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ គឺពួកគេបំពេញកិច្ចការទាំងអស់នេះ ដូច្នេះហេតុអ្វីបានជាពួកគេនៅតែមិនអាចមើលធ្លុះរឿងរ៉ាវនានានៅពេលដែលវាកើតឡើង? ពួកគេមិនយល់ពីសេចក្ដីពិត។ ពួកគេអាចត្រឹមតែពោលពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយពួកគេមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានឡើយ។ មនុស្សមួយចំនួនតែងតែនិយាយពាក្យពេចន៍ និងគោលលទ្ធិដើម្បីបំភាន់អ្នកដទៃ ហើយពួកអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះរឿងនេះបានទេ។ ទោះបីជាជួនកាលពួកគេមានញាណដឹងថាមានអ្វីមួយមិនស្រួល ថាអាចមានបញ្ហាក្ដី ដោយឃើញថាមនុស្សទាំងនោះហាក់ដូចជាមិនអាក្រក់ ពួកគេក៏ចេះតែបណ្ដោយឱ្យបញ្ហានោះកន្លងផុតទៅទាំងស្រពេចស្រពិល។ ពួកគេមិនអាចស្វែងរកគោលការណ៍សេចក្ដីពិត ដើម្បីញែកដឹងពីបញ្ហាបែបនេះឡើយ ហើយទោះបីជាពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីសភាព និងសារជាតិរបស់មនុស្សបែបនេះក៏ដោយ ក៏ពួកគេមិនដឹងពីរបៀបផ្សារភ្ជាប់ព្រះបន្ទូលទាំងនោះទៅនឹងស្ថានភាពទាំងនេះដែរ។ ចិត្តគំនិតរបស់ពួកគេស្រពេចស្រពិល ហើយពួកគេមិនអាចមើលធ្លុះរឿងទាំងនេះឡើយ។ នៅពេលដែលពួកគេចង់ស្វែងរក ពួកគេមិនដឹងពីរបៀបរៀបរាប់វាឱ្យច្បាស់លាស់ឡើយ។ ពួកគេនិយាយយ៉ាងយូរ ដោយមិនពន្យល់ពីសារជាតិនៃបញ្ហា ហើយដោយមិនរៀបរាប់ឱ្យច្បាស់លាស់ថា តើការបង្ហាញចេញជារួមរបស់មនុស្សបែបនេះមានលក្ខណៈដូចម្ដេច ថាតើមនុស្សជាតិ ការដេញតាម ការបំពេញភារកិច្ចរបស់ពួកគេ និងការតាំងចិត្តរបស់ពួកគេក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់មានលក្ខណៈដូចម្ដេច ឬថាតើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិតមានលក្ខណៈដូចម្ដេច ហើយថាតើពួកគេជាមនុស្សដែលទទួលយកសេចក្ដីពិតដែរឬទេ។ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះ មិនអាចមើលធ្លុះ ឬពន្យល់រឿងទាំងនេះឱ្យបានច្បាស់លាស់ឡើយ។ ទោះបីជាពួកគេមានញាណដឹងថាមានបញ្ហាក៏ដោយ ក៏ពួកគេនិយាយរវើរវាយ ដោយនិយាយរឿងរ៉ាវជាច្រើន ដោយមិនពន្យល់ពីគំនិតរបស់ពួកគេឱ្យបានច្បាស់ឡើយ។ អ្នកស្ដាប់របស់ពួកគេ ចាំបាច់ត្រូវចេះញែកដឹង ទាញយកចំណុចសំខាន់ៗ និងវិភាគពាក្យសម្ដីរបស់ពួកគេ ដើម្បីដឹងពីសំណួរដែលពួកគេកំពុងសួរ សភាពជារួមរបស់បុគ្គលដែលពួកគេកំពុងរៀបរាប់ និងចុងក្រោយ កំណត់លក្ខណៈសារជាតិរបស់បុគ្គលនោះ ថាតើពួកគេអាក្រក់ ឬល្អ ថាតើពួកគេជាអ្នកដែលដេញតាមសេចក្ដីពិត ឬគ្រាន់តែជាអ្នកធ្វើការដោយកម្លាំង។ នៅពេលដែលអ្នកសុំឱ្យអ្នកដឹកនាំក្លែងក្លាយរៀបរាប់ពីបញ្ហា ឬលើកជាសំណួរ ពួកគេមិនអាចរៀបរាប់ពីឫសគល់ និងសារជាតិនៃបញ្ហា ឬចំណុចសំខាន់របស់វាឱ្យបានច្បាស់លាស់ឡើយ។ សរុបមក ពួកអ្នកដឹកនាំក្លែងក្លាយមិនមានអាកប្បកិរិយាជាក់លាក់ណាមួយចំពោះបញ្ហាដែលពួកគេមិនអាចមើលធ្លុះឡើយ ហើយចំពោះរឿងរ៉ាវដែលពួកគេអាចកត់សម្គាល់ឃើញតម្រុយខ្លះៗ ពួកគេនៅតែមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាទាំងនេះដដែល។ សូម្បីតែនៅពេលដែលមនុស្សមួយចំនួនបញ្ចេញភាពអវិជ្ជមាន និងផ្សព្វផ្សាយសញ្ញាណនានា ដែលបង្កផលប៉ះពាល់អាក្រក់ដល់ជីវិតពួកជំនុំក៏ដោយ ក៏ពួកគេមិនអាចមើលធ្លុះរឿងនេះបានដែរ។ ពួកគេមិនអាចមើលធ្លុះ ឬកំណត់លក្ខណៈសារជាតិនៃបញ្ហាពីផ្ទៃខាងក្រៅ ឬពីដំណាក់កាលដំបូងរបស់វាបានឡើយ។ ជាការពិតណាស់ ការមើលធ្លុះដល់សារជាតិនៃបញ្ហា មិនមែនជារឿងសាមញ្ញទេ។ រឿងដែលសំខាន់បំផុតនៅក្នុងកិច្ចការរបស់ពួកជំនុំ គឺការមើលធ្លុះដល់សារជាតិរបស់មនុស្សផ្សេងៗគ្នាដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អស់អ្នកដែលយល់ពីសេចក្ដីពិត អាចសម្រេចបានរឿងនេះ ប៉ុន្តែពួកអ្នកដឹកនាំក្លែងក្លាយ និងពួកអ្នកធ្វើការក្លែងក្លាយមិនអាចឡើយ។ នៅពេលដែលពួកគេឃើញពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់កិច្ចការរបស់ពួកជំនុំ ពួកគេមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហានោះទេ ហើយថែមទាំងការពារពួកទទឹងនឹងព្រះគ្រីស្ទទៀតផង ដោយនិយាយថា៖ «ពួកគេគ្រាន់តែបញ្ចេញឱ្យឃើញនិស្ស័យពុករលួយខ្លះៗ ហើយក្រអឺតក្រទម រឹងរូស និងធ្វើតាមតែអំពើចិត្តបន្តិចបន្តួចប៉ុណ្ណោះ។ ពួកគេនៅតែអាចស៊ូទ្រាំនឹងការលំបាកក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនបាន។ ដូច្នេះ យើងមិនគួរវិនិច្ឆ័យ និងថ្កោលទោសពួកគេឡើយ យើងមិនគួរធ្វើឱ្យរឿងនេះក្លាយជារឿងធំដុំនោះទេ»។ អ្នកផ្សេងទៀតសួរថា៖ «ប្រសិនបើពួកគេអាចស៊ូទ្រាំនឹងការលំបាកក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនបាន តើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតដែរឬទេ? តើពួកគេបានញុះញង់ បំភាន់ ឬអូសទាញអ្នកដទៃនៅពីក្រោយខ្នងដែរឬទេ? តើពួកគេបានលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដែរឬទេ?» ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះរឿងទាំងនេះឡើយ។ ថែមទាំងមានមនុស្សមួយចំនួនដែលស្ថិតនៅក្រោមបដានៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ បានលាបពណ៌ និងប្រមាថព្រះជាម្ចាស់ដោយចេតនា និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានដោយចេតនា ក្នុងពេលកំពុងវែកញែក និងនិយាយអំពីការស្គាល់សញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេអំពីទ្រង់។ បន្ទាប់ពីបានឮថាពួកគេធ្វើបែបនេះហើយ ពួកអ្នកដឹកនាំក្លែងក្លាយអាចនឹងមានអារម្មណ៍ថា អ្វីដែលពួកគេបាននិយាយ ស្ដាប់ទៅដូចជាខុសប្រក្រតីបន្តិច ប៉ុន្តែពួកគេមិនអាចមើលធ្លុះដល់ភាពធ្ងន់ធ្ងរនៃបញ្ហានេះឡើយ ហើយពួកគេកាន់តែមិនអាចមើលឃើញពីផលប៉ះពាល់អវិជ្ជមាន និងផលវិបាកធ្ងន់ធ្ងរដែលពាក្យសម្ដីទាំងនេះនាំមកដែរ។ ហេតុដូច្នេះហើយ ការបង្អាក់ និងការរំខានផ្សេងៗដែលកើតឡើងនៅចំពោះមុខពួកអ្នកដឹកនាំក្លែងក្លាយ គឺពួកគេមិនបានកត់សម្គាល់ឃើញទាល់តែសោះ ឬប្រសិនបើពួកគេកត់សម្គាល់ឃើញមែន ក៏ពួកគេមិនដឹងពីរបៀបកំណត់លក្ខណៈរឿងទាំងនោះ ឬពីរបៀបផ្សារភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងស្ថានភាពទាំងនេះដែរ។ រឿងរ៉ាវដ៏ច្បាស់ក្រឡែតទាំងនេះ ក្លាយជារឿងច្របូកច្របល់សម្រាប់ពួកគេ។ ពួកអ្នកដឹកនាំក្លែងក្លាយ គឺជាមនុស្សល្ងីល្ងើ។ នៅក្នុងពួកជំនុំ ពួកគេមិនអាចញែកដឹងថាមនុស្សណាខ្លះកំពុងដេញតាមសេចក្ដីពិត ហើយមនុស្សណាខ្លះជាអ្នកជឿពិតប្រាកដដែលអាចទទួលយកសេចក្ដីពិតឡើយ។ ពួកគេមិនអាចញែកដឹងថាមនុស្សណាខ្លះមិនដេញតាមសេចក្ដីពិត ប៉ុន្តែនៅតែអាចធ្វើការដោយកម្លាំងបាន ហើយភាគច្រើនស្ម័គ្រចិត្តលះបង់ និងប្រព្រឹត្តស្របតាមគោលការណ៍ ព្រមទាំងចេះស្ដាប់បង្គាប់ និងចុះចូលក្នុងកម្រិតមួយ ទោះបីជាជួនកាលនិយាយពាក្យពេចន៍អវិជ្ជមានខ្លះៗក៏ដោយ។ ពួកគេក៏មិនអាចញែកដឹងថាមនុស្សណាខ្លះដើរតួក្នុងផ្លូវអវិជ្ជមានតែមួយមុខ បញ្ចេញភាពអវិជ្ជមាន និងវិនិច្ឆ័យអ្នកដទៃ ហើយតែងតែមានសញ្ញាណអំពីការរៀបចំកិច្ចការទាំងអស់ក្នុងដំណាក់របស់ព្រះជាម្ចាស់ និងអំពីច្បាប់ ព្រមទាំងសេចក្ដីតម្រូវទាក់ទងនឹងគ្រប់កិច្ចការទាំងអស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយមានអាកប្បកិរិយាទាស់ទទឹង ជាជាងការទទួលយកឡើយ ហើយថែមទាំងមិនបង្ហាញការគោរពកោតខ្លាចជាពិសេសចំពោះរឿងទាំងនេះ រហូតដល់ថ្នាក់ជំនុំជម្រះរឿងទាំងនេះទៀតផង។ សរុបមក ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះមនុស្សប្រភេទណាមួយឡើយ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺ នៅក្នុងពួកជំនុំ មានមនុស្សមួយចំនួនដែលផ្សព្វផ្សាយសញ្ញាណនានា បញ្ចេញភាពអវិជ្ជមានជាញឹកញាប់ និងមិនទាំងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនៃការជួបជុំផង។ ពួកគេតែងតែបង្កើតបក្ខពួក ដោយពាក់ព័ន្ធនឹងការច្រណែន និងការឈ្លោះប្រកែកគ្នា។ មនុស្សមួយចំនួនតែងតែចង់ធ្វើជាអ្នកដឹកនាំ តែងតែចង់រស់នៅពឹងលើពួកជំនុំ និងតែងតែចង់កាន់កាប់ទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ក៏មានមនុស្សមួយចំនួនដែរ ដែលមើលពីខាងក្រៅទៅហាក់ដូចជាមានឥរិយាបថល្អខ្លះៗ ប៉ុន្តែមិនបានដើរតួក្នុងផ្លូវវិជ្ជមានណាមួយឡើយនៅក្នុងភារកិច្ចរបស់ខ្លួន។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះតួអង្គអវិជ្ជមានទាំងនេះឡើយ ហើយមិនអាចចាត់ថ្នាក់ពួកគេបានទេ។ ពួកគេមិនអាចមើលធ្លុះថាមនុស្សទាំងនេះកំពុងដើរលើផ្លូវណា សារជាតិរបស់ពួកគេជាអ្វី ហើយថាតើពួកគេជាមនុស្សដែលទទួលយកសេចក្ដីពិតដែរឬទេ។ តើនេះមិនមែនជាបញ្ហាពាក់ព័ន្ធនឹងគុណសម្បត្តិរបស់ពួកអ្នកដឹកនាំក្លែងក្លាយទេឬ? ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះ មានគុណសម្បត្តិអន់ខ្លាំងណាស់។ អ្វីក៏ដោយដែលពួកគេធ្វើ គឺរញ៉េរញ៉ៃទាំងស្រុង ហើយកិច្ចការណាមួយដែលពួកគេធ្វើ គឺបញ្ចប់ទៅដោយគ្មានសណ្តាប់ធ្នាប់ទាល់តែសោះ។
មនុស្សមួយចំនួនចំណាយតង្វាយដោយគ្មានគោលការណ៍ នៅពេលពួកគេទិញរបស់របរសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ដោយទិញរបស់របរតាមតែអំពើចិត្ត ដោយមិនសុំការអនុញ្ញាត។ នៅពេលឃើញបែបនេះ ពួកអ្នកដឹកនាំក្លែងក្លាយថែមទាំងនិយាយថា៖ «ទោះបីជាពួកគេបានចំណាយប្រាក់ច្រើនបន្តិចក៏ដោយ ក៏ពួកគេមានចេតនាល្អដែរ។ នៅពេលទិញរបស់របរសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ យើងគួរតែទិញរបស់ដែលល្អបំផុត នេះមិនមែនជាការខ្ជះខ្ជាយប្រាក់ទេ។ តើនេះមិនមែនជារបៀបដែលតង្វាយគួរត្រូវបានប្រើប្រាស់ទេឬ?» តើពាក្យសម្ដីរបស់ពួកគេមានគោលការណ៍ដែរឬទេ? (គ្មានទេ។) ដូច្នេះ តើពាក្យសម្ដីទាំងនេះជាពាក្យសម្ដីប្រភេទណា? តើពាក្យសម្ដីទាំងនេះមិនមែនជាពាក្យសម្ដីល្ងីល្ងើទេឬ? ពាក្យសម្ដីដែលគ្មានគោលការណ៍ គឺជាពាក្យសម្ដីល្ងីល្ងើ ហើយពាក្យសម្ដីដែលគ្មានមូលដ្ឋាន ក៏ជាពាក្យសម្ដីល្ងីល្ងើដែរ។ មនុស្សមួយចំនួននិយាយពាក្យពេចន៍ និងគោលលទ្ធិជាញឹកញាប់ក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ពួកគេមានវោហារសាស្ត្រល្អជាពិសេស ហើយនិយាយក្នុងរបៀបដែលមានរចនាសម្ព័ន្ធ ដែលស្ដាប់ទៅហាក់ដូចជាមានរបៀបរៀបរយណាស់ ហើយពួកគេមានជំនាញនិយាយយ៉ាងល្អប្រសើរ។ តើពួកអ្នកដឹកនាំក្លែងក្លាយនិយាយដូចម្ដេចខ្លះអំពីមនុស្សបែបនេះ? «ជីវិតពួកជំនុំរបស់យើង ពឹងផ្អែកទាំងស្រុងលើម្នាក់នេះម្នាក់នោះ។ គេជាមនុស្សដែលមានវោហារសាស្រ្តល្អបំផុត ហើយគេមានការយល់ដឹងច្រើនបំផុតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើគ្មានគេទេ ជីវិតពួកជំនុំរបស់យើងនឹងស្ងួតហួតហែង និងគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ»។ ពួកគេមិនដឹងទេថា មនុស្សទាំងនេះគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ។ មិនថាមនុស្សម្នាក់ស្ដាប់ពួកគេច្រើនប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនទទួលបានការស្អាងចិត្តណាមួយឡើយ ពួកគេនឹងមិនយល់ពីសេចក្ដីពិត ឬដឹងពីរបៀបផ្សារភ្ជាប់សេចក្ដីពិតទៅនឹងខ្លួនឯង ដើម្បីយល់ពីសភាពផ្ទាល់ខ្លួន និងដោះស្រាយបញ្ហារបស់ពួកគេឡើយ។ ក្រោមការបញ្ជោរ និងការញុះញង់របស់ពួកអ្នកដឹកនាំក្លែងក្លាយ មនុស្សដែលនិយាយពាក្យពេចន៍ និងគោលលទ្ធិ មនុស្សដែលចូលចិត្តធ្វើខ្លួនឱ្យលេចធ្លោ និងសូម្បីតែមនុស្សដែលនិយាយចាកប្រធានបទជាញឹកញាប់ ដោយនិយាយវែងឆ្ងាយឥតប្រយោជន៍នៅរាល់ការជួបជុំ អំពីប្រធានបទដែលហួសហេតុ គ្មានន័យ និងប៉ាតណាប៉ាតណី សុទ្ធតែត្រូវបានផ្ដល់ឱកាសឱ្យសម្ដែង។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចញែកដឹងពីពួកគេបានឡើយ ហើយថែមទាំងចាត់ទុកពួកគេថាជាមនុស្សមានទេពកោសល្យទៀតផង ដោយបញ្ជោរពួកគេថា៖ «អ្នករាល់គ្នានិយាយបានល្អណាស់ ហេតុអ្វីបានជាអ្នកមិនសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ? គួរឱ្យស្ដាយណាស់!» នៅក្នុងពួកជំនុំ ពួកនិស្សិតសាកលវិទ្យាល័យ ពួកសាស្ត្រាចារ្យ និងពួកបញ្ញវន្តទាំងនោះ ត្រូវបានពួកអ្នកដឹកនាំក្លែងក្លាយចាត់ទុកថាជាសម្បត្តិដ៏មានតម្លៃ។ ពួកគេនិយាយថា៖ «ពួកបញ្ញវន្ត និងពួកសាស្ត្រាចារ្យទាំងនេះ គឺជាបុគ្គលដែលមានទេពកោសល្យ។ ពួកគេមានបទពិសោធ និងកេរ្តិ៍ឈ្មោះយ៉ាងច្រើននៅក្នុងសង្គម។ ប្រសិនបើពួកគេក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងពួកជំនុំ នោះកិច្ចការកាន់តែច្រើនអាចនឹងសម្រេចបាន ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងទទួលបានផលកាន់តែច្រើន។ នៅពេលអនាគត កិច្ចការរបស់ពួកជំនុំនឹងពឹងផ្អែកទាំងស្រុងលើពួកគេ។ ដោយមានពួកបញ្ញវន្តទាំងនេះដឹកនាំយើង សេចក្ដីជំនឿរបស់យើងលើព្រះជាម្ចាស់ប្រាកដជានឹងនាំមកនូវព្រះពរមិនខាន»។ ហេតុដូច្នេះហើយ នៅក្នុងពួកជំនុំដែលមានវត្តមានពួកអ្នកដឹកនាំក្លែងក្លាយ អស់អ្នកដែលមានឋានៈនៅក្នុងសង្គម អស់អ្នកដែលមានចំណេះដឹង អស់អ្នកដែលមានវោហារសាស្ត្រ អស់អ្នកដែលនិយាយពាក្យពេចន៍ និងគោលលទ្ធិឥតខ្លឹមសារ អស់អ្នកដែលមានកិត្យានុភាពខ្លះៗ និងអ្វីៗផ្សេងទៀត គឺមនុស្សទាំងអស់នេះហើយដែលគ្មានតថភាពនៃសេចក្ដីពិតទាល់តែសោះ បានកាន់កាប់តំណែងសំខាន់ៗនៅក្នុងពួកជំនុំ ហើយត្រូវបានអ្នកដឹកនាំក្លែងក្លាយចាត់ទុកថាជាកម្លាំងសំខាន់ និងថែមទាំងជាអ្វីដែលគេហៅថាជាសសរទ្រូងរបស់ពួកជំនុំទៀតផង។ នៅពេលមានរឿងអ្វីកើតឡើងនៅក្នុងពួកជំនុំ ពួកអ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «ទៅសួរម្នាក់នេះម្នាក់នោះទៅ គាត់ធ្លាប់ជានាយកប្រតិបត្តិក្រុមហ៊ុន» ឬ «ទៅសួរម្នាក់នេះម្នាក់នោះទៅ គាត់ធ្លាប់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនោះ» ឬ «ទៅសួរម្នាក់នេះម្នាក់នោះទៅ គាត់ធ្លាប់ជាមេធាវីកំពូលនៅក្រុមហ៊ុនមេធាវី»។ ពួកអ្នកដឹកនាំក្លែងក្លាយចាត់ទុកមនុស្សទាំងនេះថាជាសសរទ្រូង និងជាកម្លាំងសំខាន់របស់ពួកជំនុំ។ តើជីវិតពួកជំនុំអាចល្អប្រសើរបានដែរឬទេ ក្រោមកាលៈទេសៈបែបនេះ? (មិនអាចទេ។) ដូច្នេះ តើលទ្ធផលជាអ្វី? ពួកបុគ្គលដែលគេហៅថាជាកម្លាំងសំខាន់ និងសសរទ្រូងទាំងនេះ ប្រជែងយកឋានៈដោយសម្ងាត់ ឬដោយបើកចំហ ហើយបង្កើតបក្ខពួក និងផ្សព្វផ្សាយសញ្ញាណ និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានជាញឹកញាប់។ បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំដែលជាអ្នកជឿពិតប្រាកដ ស្រឡាញ់សេចក្ដីពិត អាចទទួលយកសេចក្ដីពិត និងមានការយល់ដឹងបរិសុទ្ធអំពីសេចក្ដីពិត ជារឿយៗត្រូវបានពួកគេផាត់ចេញ និងគាបសង្កត់។ ពួកបុគ្គលដែលគេហៅថាបុគ្គលល្បីល្បាញក្នុងសង្គមទាំងនេះ មិនថាពេលបំពេញភារកិច្ចរបស់ខ្លួន ឬធ្វើកិច្ចការណាមួយឡើយ គឺគ្មានភាពស្មោះត្រង់ និងមិនដែលធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិតឡើយ ពួកគេដើរតាមផ្លូវនៃសង្គមដែលមិនជឿទាំងស្រុង។ ហេតុដូច្នេះហើយ នៅក្នុងពួកជំនុំបែបនេះ អ្នកដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ អ្នកដែលមានការយល់ដឹងបរិសុទ្ធ និងអ្នកដែលមានភាពជាមនុស្សខ្លះៗ និងមានស្មារតីយុត្តិធម៌ គ្មានឱកាសសម្រាប់និយាយ គ្មានសិទ្ធិនិយាយ ហើយប្រាកដណាស់ថាគ្មានសិទ្ធិធ្វើការសម្រេចចិត្តឡើយ។ មិនថាមានរឿងអ្វីកើតឡើងនៅក្នុងពួកជំនុំទេ អ្នកធ្វើការសម្រេចចិត្តចុងក្រោយ តែងតែជាក្រុមដែលគេហៅថាសមាជិកសំខាន់ៗនេះ។ ពួកអ្នកដឹកនាំក្លែងក្លាយកោតសរសើរ និងជឿជាក់លើមនុស្សទាំងនេះដោយងងឹតងងល់ ដូច្នេះនៅទីបំផុត ពួកគេពឹងផ្អែកលើមនុស្សទាំងនេះឱ្យរកដំណោះស្រាយ រាល់ពេលដែលមានរឿងអ្វីកើតឡើង។ ប្រសិនបើមនុស្សទាំងនេះបានដេញតាមសេចក្ដីពិត និងបានធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិត នេះនឹងក្លាយជារឿងល្អ។ ក៏ប៉ុន្តែ មនុស្សទាំងនេះភាគច្រើនមិនដេញតាមសេចក្ដីពិតឡើយ។ ពួកគេមានចំណេះដឹង និងការអប់រំខ្លះៗ ពួកគេមានឋានៈសង្គម ហើយលើសពីនេះទៅទៀត ពួកគេមានភាពជាមនុស្សបោកបញ្ឆោត និងពិសពុល ហើយមានសម្តីផ្អែម និងពូកែបំភាន់អ្នកដទៃ។ នេះគឺជាសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ។ តើអ្វីជាលទ្ធផលនៃការដែលពួកអ្នកដឹកនាំក្លែងក្លាយពឹងផ្អែកលើមនុស្សទាំងនេះ? ពួកគេធ្វើឱ្យកិច្ចការរបស់ពួកជំនុំ និងសណ្តាប់ធ្នាប់នៃជីវិតពួកជំនុំរញ៉េរញ៉ៃទាំងស្រុង ហើយពួកគេបំផ្លាញការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយបណ្ដាលឱ្យពួកជំនុំបាត់បង់ទីបន្ទាល់ទាំងស្រុង។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួនសង្ឃឹមថានឹងមានបុគ្គលធំដុំនៅក្នុងពួកជំនុំ ដែលយល់ពីនយោបាយ និងព្រឹត្តិការណ៍បច្ចុប្បន្ន ដោយគិតថា៖ «ប្រសិនបើមានមនុស្សបែបនេះដើម្បីពង្រីកទំហំរបស់ពួកជំនុំ ពង្រឹងឥទ្ធិពលរបស់វា និងបង្កើនកេរ្តិ៍ឈ្មោះរបស់វា នោះកិច្ចការនៃការផ្សាយដំណឹងល្អនឹងមានសង្ឃឹមហើយ។ នោះពិតជាបុព្វហេតុដ៏គួរឱ្យអបអរសាទរមែន!» នៅក្នុងពួកជំនុំដែលគ្រប់គ្រងដោយពួកអ្នកដឹកនាំក្លែងក្លាយ ក្នុងអំឡុងពេលនៃជីវិតពួកជំនុំ មនុស្សមួយចំនួននិយាយយ៉ាងច្រើនអំពីនយោបាយ ព្រឹត្តិការណ៍បច្ចុប្បន្ន ស្ថានភាពអន្តរជាតិ និងកិច្ចការក្នុងស្រុក ពួកគេពិភាក្សាអំពីជីវិតឯកជនរបស់បុគ្គលនយោបាយជាន់ខ្ពស់ និងថែមទាំងវិភាគអំពីការសមគំនិត និងល្បិចកលបើកចំហរបស់បុគ្គលនយោបាយទាំងនេះ បានយ៉ាងច្បាស់លាស់ និងសមហេតុសមផលទៀតផង។ ពួកអ្នកដឹកនាំក្លែងក្លាយ ដោយមានចិត្តច្រណែន និយាយថា៖ «ទីបំផុត ពួកជំនុំរបស់យើងមានបុគ្គលធំដុំម្នាក់ដើម្បីជួយយើងរក្សាមុខមាត់ហើយ! ពីមុន ខ្ញុំតែងតែមានអារម្មណ៍ថាគ្មានកម្លាំងចិត្ត ខកចិត្ត និងមានអារម្មណ៍ថាខ្ញុំមិនអាចងើបមុខរួច ពីព្រោះពួកជំនុំរបស់យើងខ្វះបុគ្គលធំដុំបែបនេះ។ ប៉ុន្តែឥឡូវនេះ យើងមានមនុស្សបែបនេះនៅក្នុងពួកជំនុំរបស់យើងហើយ។ ដូច្នេះ យើងគួរតែអនុញ្ញាតឱ្យម្នាក់នេះធ្វើអ្វីដែលគេចង់ធ្វើ និងនិយាយអ្វីដែលគេចង់និយាយ ហើយផ្ដល់សេរីភាពឱ្យគេ។ តើដំណាក់របស់ព្រះជាម្ចាស់មិនអនុវត្តសេរីភាព និងសិទ្ធិមនុស្សទេឬ? តើយុគសម័យនៃនគរព្រះមិនសង្កត់ធ្ងន់លើសិទ្ធិមនុស្សទេឬ?» ពួកអ្នកដឹកនាំក្លែងក្លាយចាត់ទុកអស់អ្នកដែលចូលចិត្តនិយាយអំពីនយោបាយ និងបញ្ចេញមតិអំពីមនុស្សល្បីៗ អ្នកដែលតែងតែនិយាយរ៉ាយរ៉ាប់មិនឈប់អំពីគំនិតខ្ពង់ខ្ពស់តែអត់ប្រយោជន៍នៅក្នុងចំណោមមនុស្ស ថាជាសម្បត្តិដ៏កម្រ ហើយចង់បណ្ដុះបណ្ដាលពួកគេឱ្យក្លាយជាសសរទ្រូង និងជាបង្គោលដ៏រឹងមាំរបស់ពួកជំនុំ។ ហេតុនេះ ពួកគេតែងតែលើកទឹកចិត្ត និងសរសើរមនុស្សទាំងនោះ ដោយខ្លាចថាវានឹងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ ប្រសិនបើពួកគេប្រែជាអវិជ្ជមាន។ សរុបមក ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះ គឺស្ពឹកស្រពន់ និងងងឹតងងល់។ ពួកគេមិនអាចកំណត់ពីមនុស្សផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំបានឆាប់ឡើយ។ ទោះបីជាពួកគេកំណត់ពីមនុស្សទាំងនោះបានក៏ដោយ ក៏ពួកគេមិនអាចមើលធ្លុះដល់សារជាតិរបស់មនុស្សអាក្រក់បានដែរ។ ពួកគេមិនទាំងអាចមើលធ្លុះមនុស្សដែលអាក្រក់យ៉ាងច្បាស់ក្រឡែត ដែលស្ថិតក្នុងប្រភេទជាពួកទទឹងនឹងព្រះគ្រីស្ទផង ដូចជាអស់អ្នកដែលបង្កើតបក្ខពួក និងបង្កើតនគរឯករាជ្យជាដើម។ នៅពេលដែលពួកគេឃើញពួកទទឹងនឹងព្រះគ្រីស្ទបង្កើតបក្ខពួក អួតអាង និងធ្វើតាមតែចិត្តរបស់ខ្លួនដោយអំណាចដ៏ធំធេងដែលពួកគេមាន តើពួកអ្នកដឹកនាំក្លែងក្លាយវាយតម្លៃពួកគេយ៉ាងដូចម្ដេច? «បុគ្គលម្នាក់នេះពិតជាអស្ចារ្យណាស់ គេពិតជាពិសេសមែន! ខ្ញុំមិនបានកត់សម្គាល់ឃើញទេពកោសល្យនេះពីមុនមកទេ គេពូកែជាងខ្ញុំឆ្ងាយណាស់ គេពិតជាធ្វើឱ្យខ្ញុំខ្មាសគេមែន។ មើលសមត្ថភាពរបស់គេចុះ គេហ៊ានធ្វើហ៊ានទទួល និយាយដោយមានឥរិយាបថថ្លៃថ្នូរ និងរក្សាពាក្យសម្ដីរបស់ខ្លួន។ ចំណែកឯខ្ញុំវិញគ្មានបានការសោះ ខ្ញុំដូចជាក្មេងស្រីតូចដែលកំសាកអ៊ីចឹង»។ ពួកគេកោតសរសើរពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងសម្បើម ឱនក្បាលគោរពពួកគេ និងសុខចិត្តក្លាយជាអ្នកដើរតាមពួកគេ។ លក្ខណៈមួយនៃការសម្ដែងចេញរបស់ពួកអ្នកដឹកនាំក្លែងក្លាយនេះ គឺភាពងងឹតងងល់ ហើយមួយទៀតគឺភាពស្ពឹកស្រពន់។ ជារួម សារជាតិនៃបញ្ហារបស់អ្នកដឹកនាំក្លែងក្លាយនេះ គឺគុណសម្បត្តិអន់។
មនុស្សមានភ្នែក គឺដើម្បីឱ្យពួកគេអាចមើលឃើញរឿងរ៉ាវនានា។ បន្ទាប់ពីមនុស្សម្នាក់មើលឃើញអ្វីមួយ គំនិតរបស់ពួកគេនឹងមានប្រតិកម្ម ហើយធ្វើការវិនិច្ឆ័យ ហើយបន្ទាប់ពីពួកគេបង្កើតការវិនិច្ឆ័យ ពួកគេនឹងបង្កើតទស្សនៈ និងទទួលបានផ្លូវនៃការអនុវត្ត។ នេះបញ្ជាក់ថា ពួកគេមិនងងឹតភ្នែកទេ មិនថាពួកគេឃើញអ្វីក៏ដោយ ពួកគេមានប្រតិកម្មជាប្រក្រតី និងដឹងពីរបៀបប្រឈមមុខ និងដោះស្រាយវា។ នេះគឺជាមនុស្សដែលមានការគិតជាប្រក្រតី។ មនុស្សមានដំណើរការនៃការមានប្រតិកម្មចំពោះអ្វីដែលពួកគេឃើញ ពួកគេនឹងរិះគិត និងពិចារណាអំពីរឿងនោះ តិចឬច្រើន។ នៅពេលដែលគំនិតរបស់ពួកគេលេចចេញមក រូបភាពនៃរឿងនោះកើតឡើងបន្តិចម្ដងៗនៅក្នុងគំនិតរបស់ពួកគេ ហើយពួកគេបង្កើតទស្សនៈ អាកប្បកិរិយា និងវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះ តើអ្វីទៅជាលក្ខខណ្ឌចាំបាច់សម្រាប់ការបង្កើតរឿងទាំងនេះ? ភ្នែករបស់មនុស្សត្រូវតែអាចមើលឃើញរឿងរ៉ាវនានា បន្ទាប់មកបញ្ជូនព័ត៌មានដែលប្រមូលបានទៅកាន់ខួរក្បាល និងគំនិតរបស់ពួកគេ ដើម្បីត្រិះរិះពិចារណា។ ប្រសិនបើមនុស្សម្នាក់អាចមើលឃើញរឿងរ៉ាវនានាដោយភ្នែករបស់ពួកគេ នោះពួកគេមិនងងឹតភ្នែកទេ ហើយបន្ទាប់មកពួកគេអាចគិត និងរិះគិត មានការដឹងខ្លួន អាកប្បកិរិយា និងទស្សនៈ ហើយចុងក្រោយទាញសេចក្ដីសន្និដ្ឋានដ៏ត្រឹមត្រូវ។ ជាការពិតណាស់ ការឈានដល់សេចក្ដីសន្និដ្ឋានទាំងនេះ ត្រូវការពេលវេលាខ្លះ។ តើការមានការដឹងខ្លួន ទស្សនៈ និងអាកប្បកិរិយា មុនពេលឈានដល់សេចក្ដីសន្និដ្ឋានទាំងនេះ មានន័យដូចម្ដេច? វាមានន័យថា គំនិតរបស់មនុស្សម្នាក់គឺសកម្ម មិនស្ពឹកស្រពន់ ដែលបញ្ជាក់ថា មនុស្សម្នាក់នេះនៅរស់ មិនមែនស្លាប់ទេ។ ពួកអ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិអន់។ តើវាអន់ត្រង់ចំណុចណាខ្លះ? ពួកអ្នកដឹកនាំក្លែងក្លាយខ្វះគុណសម្បត្តិទាំងពីរនេះ។ ភ្នែករបស់ពួកគេបើក ប៉ុន្តែពួកគេមិនអាចមើលឃើញរឿងរ៉ាវនានាដែលកំពុងកើតឡើង ឬលាតត្រដាងឡើយ ដែលនេះគឺជាភាពងងឹតងងល់។ បន្ថែមពីលើនេះ នៅពេលដែលពួកគេឃើញរឿងរ៉ាវនានា គំនិតរបស់ពួកគេគ្មានប្រតិកម្មឡើយ ពួកគេមិនបង្កើតទស្សនៈ ឬការគិតណាមួយទេ ហើយពួកគេគ្មានមធ្យោបាយ ឬវិធីសាស្ត្រត្រឹមត្រូវដើម្បីវិនិច្ឆ័យ និងទាញសេចក្ដីសន្និដ្ឋានឡើយ។ នេះគឺជាភាពស្ពឹកស្រពន់ខាងវិញ្ញាណ។ មនុស្សដែលស្ពឹកស្រពន់ខាងវិញ្ញាណ មិនអាចយល់ដឹងអ្វីបានឡើយ ពួកគេគ្មានការវាយតម្លៃត្រឹមត្រូវ ឬការវិនិច្ឆ័យដែលសុក្រឹតនោះទេ ហើយចុងក្រោយ ពួកគេមិនអាចទាញសេចក្ដីសន្និដ្ឋានត្រឹមត្រូវឡើយ និងមិនដឹងពីរបៀបប្រឈមមុខ ចាត់ចែង ឬដោះស្រាយបញ្ហានៅចំពោះមុខឡើយ។ នេះគឺជាភាពស្ពឹកស្រពន់ និងល្ងីល្ងើ។ នៅពេលដែលមនុស្សម្នាក់ស្ពឹកស្រពន់ និងល្ងីល្ងើខាងវិញ្ញាណ រហូតដល់ថ្នាក់ពួកគេមិនមានប្រតិកម្មទាល់តែសោះនៅពេលមានរឿងអ្វីកើតឡើង នេះគឺជាការស្លាប់ហើយ នេះគឺជាការរៀបរាប់អំពីរឿងនេះយ៉ាងត្រឹមត្រូវបំផុត។ ចូរទុកមួយឡែកសិនថាតើអ្នកដឹកនាំក្លែងក្លាយពិតជាស្លាប់មែនឬអត់ ហើយគ្រាន់តែនិយាយថា ពួកគេមានគុណសម្បត្តិអន់ចុះ។ តើវាអន់កម្រិតណា? មិនថាមានព្រឹត្តិការណ៍សំខាន់ប៉ុនណាកើតឡើងក៏ដោយ ក៏ពួកគេមិនអាចមើលឃើញវាដែរ ហើយទោះបីជាពួកគេមើលឃើញវាក៏ដោយ ក៏ពួកគេមិនអាចមើលធ្លុះវាដែរ។ ឧទាហរណ៍៖ មិនថាពួកអ្នកដឹកនាំក្លែងក្លាយធ្វើការយូរប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចទាញសេចក្ដីសន្និដ្ឋានបានដែរថា សារជាតិនៃបញ្ហាជាអ្វី ត្រូវចាត់ថ្នាក់វាដោយរបៀបណា ត្រូវកំណត់លក្ខណៈវាដោយរបៀបណា ឬថាតើមូលដ្ឋានសម្រាប់ការកំណត់លក្ខណៈជាអ្វីឡើយ។ ពួកគេមិនដឹងពីរបៀបវាយតម្លៃរឿងទាំងនេះទេ ហើយគ្មានស្ដង់ដា ឬគោលការណ៍សម្រាប់វាយតម្លៃរឿងទាំងនេះឡើយ។ ពួកគេគឺជាមនុស្សល្ងីល្ងើ ដែលខ្វះការយល់ដឹងខាងវិញ្ញាណ។ នេះគឺជាការសម្ដែងចេញចម្បងរបស់ពួកអ្នកដឹកនាំក្លែងក្លាយនៅក្នុងកិច្ចការដំបូង។ ពួកគេងងឹតងងល់ ភ្លើ ល្ងង់ខ្លៅ និងស្ពឹកស្រពន់ ប៉ុន្តែពួកគេនៅតែចង់ធ្វើជាអ្នកដឹកនាំ។ តើនេះមិនមែនជាការបង្អែបង្អង់កិច្ចការទេឬអី? តើនេះមិនមែនជារឿងដែលមានបញ្ហាខ្លាំងទេឬ? ប្រសិនបើមនុស្សម្នាក់មិនធ្លាប់បម្រើជាអ្នកដឹកនាំពីមុនមក ហើយប្រសិនបើពួកគេទើបតែជួបប្រទះរឿងអ្វីមួយជាលើកដំបូង ហើយរឿងនេះមិនត្រូវបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនមានមនុស្សធ្លាប់ជួបប្រទះ ពោលគឺប្រសិនបើពួកគេគ្មានបទពិសោធ ឬចំណេះដឹងអំពីរឿងនេះ ក្នុងកាលៈទេសៈបែបនេះ វានឹងត្រូវការពេលវេលាសម្រាប់បុគ្គលនោះ ដើម្បីបង្កើតការយល់ដឹង អាកប្បកិរិយា និងទស្សនៈដ៏ត្រឹមត្រូវ។ ប៉ុន្តែ ហេតុអ្វីបានជាគេនិយាយថា ពួកអ្នកដឹកនាំក្លែងក្លាយស្ពឹកស្រពន់ និងងងឹតងងល់? គឺដោយសារតែខ្ញុំបានថ្លែងព្រះបន្ទូលយ៉ាងច្រើន ប៉ុន្តែមិនថាខ្ញុំលាតត្រដាង និងវែកញែករឿងរ៉ាវច្រើនប៉ុនណា ឬខ្ញុំលើកឧទាហរណ៍ច្រើនប៉ុនណាក៏ដោយ ក៏ពួកអ្នកដឹកនាំក្លែងក្លាយគ្រាន់តែដឹងអំពីរឿងរ៉ាវទាំងនោះ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែមិនយល់ពីគោលការណ៍សេចក្ដីពិតចេញពីព្រះបន្ទូលទាំងនោះឡើយ។ បន្ថែមពីលើនេះ ខ្ញុំកាន់តែនិយាយ ពួកគេកាន់តែច្របូកច្របល់។ ពួកគេនិយាយថា៖ «មានរឿងរ៉ាវច្រើនម្ល៉េះ មានព្រះបន្ទូលច្រើនម្ល៉េះ មានសាច់រឿងច្រើនម្ល៉េះ តើនរណាអាចចងចាំរឿងទាំងអស់នេះ និងធ្វើការផ្សារភ្ជាប់ទៅនឹងជីវិតពិតបាន? កុំនិយាយច្រើនពេកអី ខ្ញុំពិបាកនឹងទទួលយក និងយល់រឿងទាំងអស់នេះណាស់។ គ្រាន់តែប្រាប់ខ្ញុំពីរបៀបចាត់ចែងមនុស្សម្នាក់នេះមក៖ តើគួរតែបណ្ដេញគេចេញ ឬទុកគេ?» តើនេះមិនមែនជាភាពស្ពឹកស្រពន់ទេឬ? វាគឺជាភាពស្ពឹកស្រពន់យ៉ាងខ្លាំង! តាមពិតទៅ ការនិយាយថាពួកគេស្ពឹកស្រពន់ គឺជាការទុកមុខឱ្យពួកគេខ្លះ ដ្បិតបុគ្គលនេះអាចនៅក្មេង ឬប្រហែលជាគ្មានការអប់រំ ឬប្រហែលជាពួកគេចាស់ណាស់ហើយ និងល្ងីល្ងើបន្តិច ការនិយាយតាមរបៀបនេះ គឺរក្សាមុខមាត់របស់ពួកគេ។ ប៉ុន្តែតាមពិតទៅ វាគឺជាគុណសម្បត្តិអន់ និងការខ្វះសមត្ថភាពក្នុងការយល់ដឹងសេចក្ដីពិត។ ការពន្យល់នេះធ្វើឱ្យរឿងនេះច្បាស់លាស់។
ប្រសិនបើការបង្អាក់ និងការរំខានធ្ងន់ធ្ងរកើតឡើងនៅក្នុងពួកជំនុំ ហើយពួកអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាទាំងនេះទេ តើពួកគេមានសមត្ថភាពសម្រាប់កិច្ចការដឹកនាំដែរឬទេ? តើបងប្អូនប្រុសស្រីអាចត្រូវបានការពារក្រោមការដឹកនាំរបស់ពួកគេដែរឬទេ? តើកិច្ចការរបស់ពួកជំនុំ បរិយាកាសដែលបងប្អូនប្រុសស្រីបំពេញភារកិច្ចរបស់ខ្លួន និងសណ្តាប់ធ្នាប់ជាប្រក្រតីនៃជីវិតពួកជំនុំ អាចត្រូវបានការពារ និងថែរក្សាដែរឬទេ? ទាំងនេះគឺជារឿងមូលដ្ឋានបំផុតដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែសម្រេចបាន។ តើពួកអ្នកដឹកនាំក្លែងក្លាយអាចសម្រេចរឿងទាំងនេះបានដែរឬទេ? ទេ ពួកគេមិនអាចទេ។ ពួកគេមិនទាំងអាចកំណត់ ឬមើលធ្លុះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវដែលបង្កការបង្អាក់ និងការរំខានផង ដូច្នេះតើពួកគេអាចបន្តជំហានបន្ទាប់នៃកិច្ចការរបស់ពួកគេដោយរបៀបណា? ពួកគេមិនទាំងអាចយល់ដឹងរឿងមូលដ្ឋានបំផុតផង ដូចជាថាតើមនុស្សល្អមានលក្ខណៈបែបណា មនុស្សអាក្រក់មានលក្ខណៈបែបណា មនុស្សដែលពោរពេញទៅដោយការបោកបញ្ឆោតមានលក្ខណៈបែបណា ឬមនុស្សមានពុតមានលក្ខណៈបែបណា ដូច្នេះតើពួកគេអាចចាត់ចែងកិច្ចការពួកជំនុំបានដោយរបៀបណា? ពួកគេគ្មានសមត្ថភាពធ្វើរឿងនេះឡើយ។ មិនមែនថាពួកគេមានចេតនាមិនធ្វើកិច្ចការជាក់ស្ដែង ឬថាពួកគេខ្ជិល និងសម្ងំសោយសុខនឹងផលប្រយោជន៍នៃឋានៈនោះទេ គឺគ្រាន់តែថាពួកគេមានគុណសម្បត្តិអន់ និងគ្មានសមត្ថភាពធ្វើកិច្ចការរបស់ពួកគេប៉ុណ្ណោះ។ នេះគឺជាសារជាតិនៃបញ្ហា។ មនុស្សដែលមានគុណសម្បត្តិអន់ខ្លាំង អាចគ្រាន់តែពោលពាក្យពេចន៍ និងគោលលទ្ធិ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិប៉ុណ្ណោះ ក្នុងអំឡុងពេលនៃការជួបជុំ ពួកគេអាចគ្រាន់តែលួងលោម និងដាស់តឿនអ្នកដទៃ ដោយនិយាយរឿងដូចជា៖ «ចូរជឿលើព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ! តើអ្នកអាចសម្ងំសោយសុខខាងសាច់ឈាមក្នុងពេលបែបនេះដោយរបៀបណា? តើអ្នកនៅតែអាចលោភលន់ចង់បានប្រាក់ និងរបស់របរលោកីយ៍ដោយរបៀបណា? ព្រះជាម្ចាស់ប្រាកដជាឈឺចាប់ក្នុងព្រះហឫទ័យខ្លាំងណាស់!» ពួកគេអាចត្រឹមតែអធិប្បាយការបង្រៀនបែបនេះប៉ុណ្ណោះ។ នៅពេលដែលមានអំពើអាក្រក់ផ្សេងៗ ដូចជាការបង្អាក់ ការរំខាន និងការបញ្ចេញភាពអវិជ្ជមានកើតឡើង ពួកគេមិនអាចមើលឃើញ ឬកំណត់ពីរឿងទាំងនោះបានឡើយ។ បងប្អូនប្រុសស្រីចង់រស់នៅក្នុងជីវិតពួកជំនុំជាប្រក្រតី ប៉ុន្តែមិនអាចធ្វើបាន ហើយពួកគេចង់មានបរិយាកាសសមរម្យដើម្បីបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេមិនអាចធ្វើបានឡើយ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាទាំងនេះបានទេ ដូច្នេះតើពួកគេមានប្រយោជន៍អ្វី? បងប្អូនប្រុសស្រីចង់រស់នៅក្នុងជីវិតពួកជំនុំ ដើម្បីយល់ពីសេចក្ដីពិត និងដោះស្រាយការលំបាក និងសភាពអវិជ្ជមានរបស់ពួកគេ។ ពួកគេសង្ឃឹមយ៉ាងមុតមាំថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការអាចប្រកបគ្នាអំពីសេចក្ដីពិតឱ្យបានច្បាស់លាស់ និងសព្វជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងទាំងនេះ។ ប្រសិនបើពួកជំនុំមួយជាកន្លែងមួយដែលពួកអ្នកដឹកនាំក្លែងក្លាយកាន់អំណាច តើបញ្ហាជាក់ស្ដែងទាំងនេះអាចដោះស្រាយបានដែរឬទេ? ពួកអ្នកដឹកនាំក្លែងក្លាយមិនយល់ពីចិត្តរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនអាចមើលឃើញការលំបាករបស់រាស្ដ្រទាំងនោះដែរ។ ផ្ទុយទៅវិញ ពួកគេបន្តនិយាយពាក្យពេចន៍ និងគោលលទ្ធិ ហើយនិយាយរ៉ាយរ៉ាប់មិនឈប់អំពីគំនិតខ្ពង់ខ្ពស់តែអត់ប្រយោជន៍ ដែលបណ្ដាលឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ខកចិត្តយ៉ាងខ្លាំង។ តើនរណានឹងនៅតែចង់ចូលរួមការជួបជុំជាប្រចាំទៀត? តើពួកអ្នកដឹកនាំក្លែងក្លាយអាចចេះគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជម្រះមនុស្សអាក្រក់ ពួកអ្នកមិនជឿ ពួកអ្នកឱកាសនិយម និងមនុស្សសហាយស្មន់ ដែលទុច្ចរិត និងស្រឡាញ់របស់របរលោកីយ៍ទាំងនោះ ចេញពីពួកជំនុំ ស្របតាមព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីរារាំងពួកគេមិនឱ្យជ្រៀតជ្រែក និងរំខានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅក្នុងជីវិតពួកជំនុំជាប្រក្រតីបានដែរឬទេ? តើពួកអ្នកដឹកនាំក្លែងក្លាយអាចសម្រេចរឿងនេះបានដែរឬទេ? ពួកគេមិនអាចទេ។ នៅពេលដែលនរណាម្នាក់ស្នើសុំបែបនេះ តើពួកអ្នកដឹកនាំក្លែងក្លាយនិយាយដូចម្ដេច? «អ្នករឿងច្រើនណាស់! តើអ្នកគិតថាមានតែអ្នកទេឬអី ដែលស្រឡាញ់ព្រះជាម្ចាស់ និងចង់មានភក្ដីភាពក្នុងការបំពេញភារកិច្ចនោះ? តើនរណាដែលមិនចង់បានបែបនោះ? ពួកគេក៏ជឿលើព្រះជាម្ចាស់ និងត្រូវបានព្រះជាម្ចាស់រើសតាំងដែរ។ ទោះបីជាពួកគេមានបញ្ហាខ្លះៗក៏ដោយ ក៏យើងគួរតែប្រព្រឹត្តចំពោះពួកគេឱ្យបានត្រឹមត្រូវដែរ។ កុំចេះតែចាប់កំហុសអ្នកដទៃពេក។ ឆ្លៀតឱកាសនេះដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឱ្យបានច្រើនជាងមុនទៅ អ្នកត្រូវរៀនចេះអត់ឱន និងអត់ធ្មត់»។ ពួកអ្នកដឹកនាំក្លែងក្លាយ គឺជាមនុស្សល្ងីល្ងើ និងងងឹតងងល់ ហើយពួកគេគ្មានគោលការណ៍ក្នុងការប្រព្រឹត្តចំពោះមនុស្សប្រភេទផ្សេងៗគ្នាឡើយ។ ពួកគេមិនអាចមើលធ្លុះអ្នកដែលគួរតែត្រូវបានរឹតត្បិត ឬជម្រះចេញឡើយ ផ្ទុយទៅវិញ ពួកគេបណ្ដោយឱ្យមនុស្សទាំងនេះធ្វើអ្វីតាមចិត្តចង់ និងធ្វើឫកដូចជាអ្នកកាងនៅក្នុងពួកជំនុំ ដោយផ្ដល់ឱកាសឱ្យពួកគេធ្វើសកម្មភាពយ៉ាងទូលំទូលាយ ដែលធ្វើឱ្យពួកជំនុំរញ៉េរញ៉ៃ រហូតដល់ថ្នាក់កម្រិតនៃភាពច្របូកច្របល់នៅក្នុងពួកជំនុំខ្លះ អាចត្រូវបានពិពណ៌នាដោយឃ្លាមួយថា៖ ពួកគេក្លាយជាកន្លែងដែលលាយឡំគ្នាដូចសម្លកកូរ។ មនុស្សអាក្រក់ ពួកអ្នកមិនជឿ ពួកមនុស្សសហាយស្មន់ ពួកអ្នកកាងនៅតាមមូលដ្ឋាន និងសូម្បីតែមនុស្សមួយចំនួនដែលហ៊ានលក់ក្បាលពួកជំនុំ និងបងប្អូនប្រុសស្រី នៅពេលជួបប្រទះគ្រោះថ្នាក់សូម្បីបន្តិចបន្តួច សុទ្ធតែនៅលាយឡំគ្នានៅក្នុងពួកជំនុំទាំងនេះ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះមនុស្សទាំងនេះឡើយ ហើយពួកគេមិនចាត់ចែង ឬដោះស្រាយជាមួយមនុស្សទាំងនេះទេ។ ហេតុដូច្នេះហើយ ក្រោមការដឹកនាំរបស់ពួកអ្នកដឹកនាំក្លែងក្លាយដែលងងឹតងងល់ និងស្ពឹកស្រពន់បែបនេះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចត្រូវបានការពារឡើយ ហើយកិច្ចការរបស់ពួកជំនុំ និងសណ្តាប់ធ្នាប់ជាប្រក្រតីនៃជីវិតពួកជំនុំ ប្រាកដជាមិនអាចត្រូវបានថែរក្សាឡើយ។ តើអស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងសុខចិត្តទទួលយកសេចក្ដីពិត អាចយល់ និងទទួលបានសេចក្ដីពិតនៅក្នុងជីវិតពួកជំនុំដ៏លាយឡំគ្នាបែបនេះដោយរបៀបណា? តើមនុស្សទាំងនោះនឹងមិនមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តទេឬអី? ប្រសិនបើអ្នកដឹកនាំពួកជំនុំម្នាក់ មិនអាចថែរក្សាកិច្ចការរបស់ពួកជំនុំ សណ្តាប់ធ្នាប់ជាប្រក្រតីនៃជីវិតពួកជំនុំ ឬបរិយាកាសសម្រាប់បងប្អូនប្រុសស្រីក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ឬធានាសុវត្ថិភាពនៃរឿងទាំងនេះទេ នោះអ្នកដឹកនាំម្នាក់នេះគឺជាអ្នកដឹកនាំក្លែងក្លាយដោយឥតសង្ស័យ។ ហេតុអ្វីបានជាពួកគេត្រូវបានគេហៅថាជាអ្នកដឹកនាំក្លែងក្លាយ? គឺដោយសារតែពួកគេងងឹតងងល់ និងស្ពឹកស្រពន់ ដែលនាំឱ្យមានការកើតឡើងម្ដងហើយម្ដងទៀតនូវការដែលមនុស្សអាក្រក់បង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ លើសពីនេះទៅទៀត សូម្បីតែពេលដែលរឿងនេះបានបង្កជាផលវិបាករួចហើយក៏ដោយ ក៏ពួកគេនៅតែមិនអាចចាត់ចែង និងដោះស្រាយបញ្ហាបានឆាប់ និងសុក្រឹតត្រឹមត្រូវដែរ ហើយពួកគេក៏មិនអាចថែរក្សាកិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំរបស់បងប្អូនប្រុសស្រីឱ្យបានត្រឹមត្រូវដែរ។ និយាយឱ្យស្រួលស្ដាប់ទៅ ពួកអ្នកដឹកនាំបែបនេះមិនមានសមត្ថភាពក្នុងកិច្ចការរបស់ពួកគេទេ និយាយឱ្យចំទៅ ពួកគេកំពុងធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរនៅក្នុងទំនួលខុសត្រូវរបស់ពួកគេ។ ទោះបីជាពួកគេបម្រើជាអ្នកដឹកនាំក៏ដោយ ក៏ពួកគេការពារផលប្រយោជន៍របស់មនុស្សអាក្រក់ និងផលប្រយោជន៍របស់ពួកអ្នកបម្រើសាតាំងដែរ ខណៈពេលដែលមិនអើពើនឹងកិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេការពារ និងបណ្ដោយឱ្យមនុស្សអាក្រក់ទាំងនោះបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ ដែលបណ្ដាលឱ្យបងប្អូនប្រុសស្រីរងការខូចខាត។ បើវិនិច្ឆ័យតាមគុណសម្បត្តិ និងការសម្ដែងចេញរបស់ពួកគេ ទោះបីជាពួកគេគ្រាន់តែមានគុណសម្បត្តិអន់ និងគ្មានសមត្ថភាពក្នុងកិច្ចការរបស់ពួកគេ ហើយមិនអាចត្រូវបានកំណត់លក្ខណៈថាជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ផលវិបាកនៃទង្វើរបស់ពួកគេចំពោះកិច្ចការរបស់ពួកជំនុំ គឺធ្ងន់ធ្ងរណាស់។ ធម្មជាតិនៃទង្វើរបស់ពួកគេ គឺដូចគ្នានឹងទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលបង្កើតនគរឯករាជ្យ និងគាបសង្កត់បងប្អូនប្រុសស្រីដែរ។ ទាំងពីរក្រុមនេះការពារ និងបណ្ដោយឱ្យមនុស្សអាក្រក់ ហើយបណ្ដោយឱ្យពួកអ្នកបម្រើសាតាំងធ្វើអ្វីតាមចិត្តចង់នៅក្នុងពួកជំនុំ។ គ្រាន់តែថា ពួកអ្នកដឹកនាំក្លែងក្លាយមិនប្រព្រឹត្តអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំដោយបើកចំហ និងដោយឥតអៀនខ្មាស ដូចពួកទទឹងនឹងព្រះគ្រីស្ទធ្វើនោះទេ។ ពួកគេមិនមានចេតនាអូសទាញមនុស្សមករកខ្លួនឯង និងឱ្យមនុស្សស្ដាប់បង្គាប់ពួកគេឡើយ ប៉ុន្តែលទ្ធផលចុងក្រោយគឺដូចគ្នានឹងលទ្ធផលរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលបង្កើតនគរឯករាជ្យដែរ។ ទាំងពីរក្រុមនេះបណ្ដាលឱ្យបងប្អូនប្រុសស្រីដែលស្រឡាញ់សេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ រងការខូចខាត និងត្រូវបំផ្លាញ ហើយគ្មានផ្លូវរស់ឡើយ។ នៅក្នុងបរិយាកាស និងជីវិតពួកជំនុំបែបនេះ វាពិបាកណាស់សម្រាប់បងប្អូនប្រុសស្រីដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ក្នុងការមានការរីកចម្រើននៅក្នុងជីវិត ហើយវាពិបាកណាស់សម្រាប់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី។ ជាធម្មតា កិច្ចការនៃការផ្សាយដំណឹងល្អ និងកិច្ចការផ្សេងៗរបស់ពួកជំនុំ ក៏ត្រូវបានរារាំងយ៉ាងខ្លាំងដែរ ហើយមិនអាចរីកចម្រើនជាប្រក្រតីបានឡើយ។ នេះគឺជាការសម្ដែងចេញទីមួយរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ដែលយើងកំពុងវែកញែកទាក់ទងនឹងទំនួលខុសត្រូវទីដប់ពីរ គឺការមិនកត់សម្គាល់ និងការមិនអាចមើលធ្លុះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវនានាដែលកើតឡើងនៅជុំវិញពួកគេ។ ការសម្ដែងចេញនេះ គឺគ្រប់គ្រាន់ដើម្បីកំណត់លក្ខណៈមនុស្សបែបនេះថាជាពួកអ្នកដឹកនាំក្លែងក្លាយហើយ។
II. អ្នកដឹកនាំក្លែងក្លាយមិនដោះស្រាយជាមួយមនុស្សដែលបង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ ស្របតាមគោលការណ៍ទេ
ចំពោះ កិច្ចការទីពីរដែលមានចែងនៅក្នុងទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ យើងនឹងលាតត្រដាង និងវែកញែកអំពីការសម្ដែងចេញរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ កិច្ចការទីពីរគឺថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែប្រើប្រាស់គោលការណ៍សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់ នៅពេលដែលរកឃើញបញ្ហាទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកដឹកនាំក្លែងក្លាយក៏គ្មានសមត្ថភាពនៅក្នុងការធ្វើកិច្ចការនេះដែរ។ ហេតុដូច្នេះហើយ ការសម្ដែងចេញទីពីររបស់ពួកអ្នកដឹកនាំក្លែងក្លាយដែលយើងនឹងវែកញែក គឺថាពួកគេមិនដឹងពីគោលការណ៍សម្រាប់ដោះស្រាយជាមួយមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំឡើយ។ នៅពេលដែលពួកអ្នកដឹកនាំក្លែងក្លាយចូលរួមក្នុងជីវិតពួកជំនុំ ពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនដែលយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនដែលក្ដាប់បាននូវគោលការណ៍នៃអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូលឡើយ ហើយក៏មិនដឹងពីគោលការណ៍ និងស្ដង់ដាដែលព្រះជាម្ចាស់តម្រូវសម្រាប់បញ្ហាផ្សេងៗដែរ។ នេះកាន់តែបញ្ជាក់ថា ពួកអ្នកដឹកនាំក្លែងក្លាយខ្វះសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិត ហើយមានគុណសម្បត្តិអន់ខ្លាំង។ មនុស្សមួយចំនួននិយាយថា៖ «តើអ្នកអាចនិយាយថា ពួកគេមានគុណសម្បត្តិអន់បានដោយរបៀបណា? ពួកគេធ្វើម្ហូបឆ្ងាញ់ណាស់ ស្លៀកពាក់ទាន់សម័យ និងនិយាយស្តីពីរោះនៅពេលទាក់ទងជាមួយអ្នកដទៃ ហើយមនុស្សគ្រប់គ្នាចូលចិត្តស្ដាប់ពួកគេ»។ តើរូបរាងខាងក្រៅរបស់មនុស្សម្នាក់ អាចតំណាងឱ្យសារជាតិរបស់ពួកគេបានដែរឬទេ? តើការដែលមានសមត្ថភាពធ្វើរឿងខាងក្រៅខ្លះបានល្អ មានន័យថាពួកគេមានគុណសម្បត្តិល្អដែរឬទេ? ដើម្បីវាយតម្លៃ វាស់វែង និងកំណត់លក្ខណៈអ្វីមួយ ត្រូវតែមានស្ដង់ដាដ៏សុក្រឹតត្រឹមត្រូវជានិច្ច។ ដើម្បីវាស់វែងគុណសម្បត្តិរបស់មនុស្សម្នាក់ ស្ដង់ដាគឺថាតើការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បរិសុទ្ធដែរឬទេ។ ការនិយាយថាមនុស្សទាំងនេះមានគុណសម្បត្តិអន់ គឺភាគច្រើនសំដៅទៅលើការខ្វះសមត្ថភាពរបស់ពួកគេក្នុងការយល់ដឹងពីសេចក្ដីពិត។ យើងវាស់វែងគុណសម្បត្តិរបស់មនុស្សម្នាក់ដោយផ្អែកលើសមត្ថភាពរបស់ពួកគេក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើវាមិនមានលក្ខណៈសត្យានុម័ត និងយុត្តិធម៌ខ្លាំងទេឬ? (មែនហើយ)។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ប្រសិនបើអ្នកមិនអាចយល់ពីព្រះបន្ទូលរបស់ព្រះអាទិករទេ តើអ្នកមានគុណសម្បត្តិអ្វីទៅ? តើអ្នកមានគំនិតដែលអាចគិតពិចារណាបានដែរឬទេ? មនុស្សបែបនេះខ្វះគុណសម្បត្តិជាមនុស្ស។ គុណសម្បត្តិរបស់ពួកគេគឺអន់រហូតដល់ថ្នាក់ពួកគេមិនអាចសូម្បីតែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង តើមនុស្សបែបនេះអាចទទួលបានសេចក្ដីពិតក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់បានដែរឬទេ?
ឥឡូវនេះ យើងនឹងប្រកបគ្នា និងវែកញែកអំពីការសម្ដែងចេញទីពីររបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបដោះស្រាយជាមួយអ្នកដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំឡើយ ហើយក៏មិនអាចមើលធ្លុះមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗបានដែរ។ នេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា ពួកអ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិអន់ ខ្វះសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិត និងមិនមានគុណសម្បត្តិដើម្បីយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ឧទាហរណ៍៖ មានមនុស្សម្នាក់តែងតែទាស់ ទទឹង ចំពោះនរណាក៏ដោយដែលជាអ្នកដឹកនាំ។ ពួកអ្នកដឹកនាំក្លែងក្លាយក៏អាចកត់សម្គាល់ឃើញថា មនុស្សម្នាក់នេះមានបញ្ហា ហើយមានញាណដឹងថាពួកគេហាក់ដូចជាមនុស្សអាក្រក់ និងជាអាទទឹងនឹងព្រះគ្រីស្ទ។ ពួកគេអាចចាប់បានតម្រុយខ្លះៗអំពីរឿងរ៉ាវនានា ដែលនេះមិនអន់ពេកនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកសួរពួកគេថា៖ «តើអ្វីដែលធ្វើឱ្យអ្នកនិយាយថា ពួកគេហាក់ដូចជាអាទទឹងនឹងព្រះគ្រីស្ទ និងជាមនុស្សអាក្រក់? តើមានការសម្ដែងចេញជាក់លាក់ធ្វើជាភស្តុតាងដែរឬទេ? តើអ្នកអាចកំណត់ថា ពួកគេជាអាទទឹងនឹងព្រះគ្រីស្ទ និងជាមនុស្សអាក្រក់បាន ដោយគ្រាន់តែពួកគេតែងតែទាស់ទទឹងចំពោះនរណាក៏ដោយដែលជាអ្នកដឹកនាំបានដែរឬទេ? ត្រឹមតែប៉ុណ្ណឹងមិនគ្រប់គ្រាន់ដើម្បីកំណត់លក្ខណៈពួកគេតាមរបៀបនេះឡើយ វាគ្រាន់តែជារឿងនៃនិស្ស័យ ជាបញ្ហានៃភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតប៉ុណ្ណោះ។ តើពួកគេមានធម្មជាតិជាអាទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើពួកគេជាមនុស្សដែលមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិតដែរឬទេ? តើពួកគេបានរំខានដល់កិច្ចការរបស់ពួកជំនុំដែរឬទេ? តើពួកគេបានចោទប្រកាន់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងអស់ថាជាពួកអ្នកដឹកនាំក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើពួកគេបានធ្វើរឿងទាំងនេះដែរឬទេ?» ពួកគេឆ្លើយតបថា៖ «វាហាក់ដូចជាពួកគេបានធ្វើដែរ»។ ប្រសិនបើអ្នកសួរទៀតថា៖ «អ៊ីចឹង តើយើងគួរកំណត់លក្ខណៈ និងដោះស្រាយជាមួយពួកគេដោយរបៀបណា?» ពួកគេឆ្លើយថា ពួកគេមិនដឹងទេ។ ប្រសិនបើអ្នកសួរថា៖ «ចំពោះមនុស្សប្រភេទនេះ តើយើងគួរផ្ដល់ការព្រមានដល់ពួកគេ និងលាតត្រដាងពួកគេ ដើម្បីជួយបងប្អូនប្រុសស្រីឱ្យទទួលបានការយល់ដឹងដែរឬទេ?» ពួកគេនៅតែមិនដឹងដដែល។ នេះគឺជាករណីនៃការមិនដឹងអ្វីទាល់តែសោះ និងមិនអាចមើលធ្លុះអ្វីទាំងអស់។ ពួកគេអាចកត់សម្គាល់ឃើញតម្រុយខ្លះៗ ប៉ុន្តែមិនដឹងពីរបៀបកំណត់លក្ខណៈ ឬដោះស្រាយជាមួយមនុស្សបែបនេះស្របតាមគោលការណ៍ឡើយ។ តើពួកគេអាចដោះស្រាយបញ្ហាជាក់ស្ដែងបានដែរឬទេ? តើពួកគេអាចជួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យរៀនសូត្រទុកជាមេរៀនបានដែរឬទេ? ដោយសារបុគ្គលបែបនេះជាមនុស្សអាក្រក់ និងជាពួកទទឹងនឹងព្រះគ្រីស្ទ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដកពួកគេចេញ ឬដាក់ពួកគេឱ្យនៅដាច់ដោយឡែក មុនពេលពួកគេប្រព្រឹត្តអំពើអាក្រក់ណាមួយជាក់ស្ដែង នោះពួកគេនឹងសម្ដែងការទាស់ទទឹង ហើយបងប្អូនប្រុសស្រីនឹងមិនអាចយល់ថាហេតុអ្វីបានជាអ្នកធ្វើបែបនោះឡើយ។ ហេតុដូច្នេះហើយ ចាំបាច់ត្រូវទុកឱ្យពួកគេសម្ដែងមួយរយៈសិន។ នៅពេលដែលទង្វើអាក្រក់របស់ពួកគេកាន់តែលេចឡើងច្បាស់ ហើយពួកគេចាប់ផ្ដើមផ្សព្វផ្សាយទស្សនៈខុសឆ្គង និងពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដោយបំភាន់ និងព្យាយាមអូសទាញបងប្អូនប្រុសស្រី ដណ្ដើមអំណាច និងឥទ្ធិពល បង្កើតនគរឯករាជ្យ និងប៉ុនប៉ងបំផ្លាញកិច្ចការរបស់ពួកជំនុំ នោះមនុស្សភាគច្រើននឹងអាចកំណត់ ពីសារជាតិធម្មជាតិរបស់ពួកគេបានយ៉ាងច្បាស់ ហើយជាធម្មតា ពួកគេនឹងអាចក្រោកឈរឡើងដើម្បីលាតត្រដាង យល់ដឹង និងបដិសេធពួកគេបាន។ ពេលនោះ អ្នកអាចដកពួកគេចេញ និងដោះស្រាយជាមួយពួកគេស្របតាមគោលការណ៍សេចក្ដីពិតបានហើយ។ មានតែការធ្វើការតាមរបៀបនេះទេ ទើបអាចជួយបងប្អូនប្រុសស្រីឱ្យមានការយល់ដឹងបាន។ តើពួកអ្នកដឹកនាំក្លែងក្លាយអាចចាត់ចែង និងដោះស្រាយបញ្ហាតាមរបៀបនេះបានដែរឬទេ? ពួកអ្នកដឹកនាំក្លែងក្លាយខ្វះគុណសម្បត្តិ និងប្រាជ្ញានេះ។ តើអ្នកឃើញមានអ្នកដឹកនាំក្លែងក្លាយណាម្នាក់ ដែលអាចដោះស្រាយជាមួយមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទបានឆាប់ដែរឬទេ? គ្មានសូម្បីតែម្នាក់។ ហេតុដូច្នេះហើយ ពួកអ្នកដឹកនាំក្លែងក្លាយប្រាកដជានឹងមិនការពារបងប្អូនប្រុសស្រីពីការរំខានរបស់មនុស្សអាក្រក់ និងការបំភាន់របស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកអ្នកដឹកនាំក្លែងក្លាយភាគច្រើន មិនត្រឹមតែមិនស្គាល់ខ្លួនឯងបន្ទាប់ពីត្រូវបានដកហូតតំណែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងត្អូញត្អែរយ៉ាងខ្លាំង ដោយរអ៊ូរទាំថា ដំណាក់របស់ព្រះជាម្ចាស់មិនផ្តល់យុត្តិធម៌ដល់ពួកគេ ដោយនិយាយថា វាប្រៀបដូចជា «ដល់ត្រើយសើយគូទឱ្យ» ដោយអះអាងថា ពួកគេបានខិតខំប្រឹងប្រែង ប៉ុន្តែមិនទទួលបានការផ្ដល់តម្លៃ ហើយទទួលរងនូវភាពអយុត្តិធម៌។ ប្រសិនបើអ្នកលាតត្រដាងពួកគេថាជាពួកអ្នកដឹកនាំក្លែងក្លាយ ពួកគេនៅតែទាស់ទទឹង ដោយគិតថា៖ «ខ្ញុំបានបម្រើជាអ្នកដឹកនាំអស់រយៈពេលជាច្រើនឆ្នាំ ទោះបីជាខ្ញុំគ្មានសមិទ្ធផលអ្វីក៏ដោយ យ៉ាងហោចណាស់ខ្ញុំបានស៊ូទ្រាំនឹងការលំបាកដែរ។ ហេតុអ្វីបានជាខ្ញុំត្រូវបានដកហូតតំណែង? នេះប្រៀបដូចជាដល់ត្រើយសើយគូទឱ្យអ៊ីចឹង!» មិនថាអ្នកលាតត្រដាងពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែទាស់ទទឹងដដែល។ ពួកគេថែមទាំងនិយាយថា៖ «នៅពេលដែលខ្ញុំបានរកឃើញអាទទឹងនឹងព្រះគ្រីស្ទម្នាក់ ខ្ញុំខ្វល់ខ្វាយចិត្តរហូតដល់ថ្នាក់ខ្ញុំតែងតែឡើងពងបែកមាត់ និងដេកមិនលក់។ តើខ្ញុំអាចមានបន្ទុកបែបនេះបានដោយរបៀបណា ប្រសិនបើខ្ញុំជាអ្នកដឹកនាំក្លែងក្លាយនោះ?» ពួកគេមិនបានធ្វើកិច្ចការចាំបាច់ណាមួយឡើយ គ្មានសមត្ថភាពធ្វើកិច្ចការណាមួយឡើយ ហើយមិនទាំងដឹងថាត្រូវធ្វើអ្វីផង ប៉ុន្តែពួកគេនៅតែអាចសរសើរខ្លួនឯងបាន។ តើនេះមិនមែនជាការបង្កបញ្ហាទេឬ? គួរឱ្យស្អប់ខ្ពើមណាស់!
ចំពោះបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងពួកជំនុំ ពួកអ្នកដឹកនាំក្លែងក្លាយដឹងច្បាស់ថា ធម្មជាតិនៃបញ្ហាទាំងនោះគឺបង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ ប៉ុន្តែពួកគេមិនអើពើនឹងបញ្ហាទាំងនោះឡើយ។ នៅពេលដែលពួកគេឃើញបញ្ហាជាក់ស្ដែង ពួកគេគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ ហើយមិនហ៊ានលាតត្រដាងបញ្ហាចាំបាច់ និងសំខាន់ៗឡើយ។ ពួកគេគ្រាន់តែនិយាយបញ្ឆិតបញ្ឆៀងខ្លះៗ និងផ្ដល់ការដាស់តឿនខ្លះៗ ដោយអធិប្បាយអំពីគោលលទ្ធិ ដោយមិនដោះស្រាយបញ្ហាទាំងនោះឱ្យចំៗឡើយ ហើយមានតែប៉ុណ្ណឹងឯង។ នៅពេលជួបប្រទះនឹងមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេទាល់តម្រិះ ដោយប្រកាន់យកអាកប្បកិរិយាព្រងើយកន្តើយ ហាក់ដូចជារឿងនោះមិនមានអ្វីពាក់ព័ន្ធនឹងពួកគេ។ ពួកគេមិនដឹងពីរបៀបដ៏ សមស្របបំផុតដើម្បីចាត់ចែងបញ្ហាទាំងនេះទេ មិនដឹងថាត្រូវនិយាយអ្វីដើម្បីដោះស្រាយបញ្ហានានា មិនដឹងពីរបៀបការពារបងប្អូនប្រុសស្រី ហើយក៏គ្មានបន្ទុកអ្វីដែរ។ អ្វីដែលពួកគេមាន គឺគ្រាន់តែជាបំណងល្អបន្តិចបន្តួចប៉ុណ្ណោះ៖ «ខ្ញុំដឹងថាអ្នកគឺជាមនុស្សអាក្រក់។ ខ្ញុំនឹងមិនបណ្ដោយឱ្យអ្នករំខាន និងធ្វើបាបបងប្អូនប្រុសស្រីឡើយ។ ដរាបណាខ្ញុំស្ថិតនៅក្នុងតំណែងនេះ ខ្ញុំត្រូវតែការពារបងប្អូនប្រុសស្រី និងបំពេញទំនួលខុសត្រូវរបស់ខ្ញុំឱ្យដល់ទីបញ្ចប់»។ តើនេះមានប្រយោជន៍អ្វីទៅ? តើអ្នកបានដោះស្រាយបញ្ហានេះហើយឬនៅ? ខណៈពេលដែលអ្នករវល់តែខ្វល់ខ្វាយចិត្ត តើពួកទទឹងនឹងព្រះគ្រីស្ទនឹងនៅស្ងៀមដែរឬទេ? តើពួកគេនឹងឈប់រំខានដល់កិច្ចការរបស់ពួកជំនុំដែរឬទេ? នៅពេលដែលពួកគេឃើញថា អ្នកគឺជាអ្នកដឹកនាំដែលគ្មានប្រយោជន៍ និងកំសាក ជាមនុស្សអសារឥតការដែលគ្មានប្រាជ្ញា និងគ្មានសមត្ថភាពការងារយ៉ាងច្បាស់ក្រឡែតនោះ ពួកគេនឹងមិនទុកអ្នកនៅក្នុងភ្នែកទាល់តែសោះ។ ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ភាគច្រើន គឺមានល្បិចកល និងពិសពុលជាពិសេស។ ពួកគេបំភាន់ និងរំខានបងប្អូនប្រុសស្រី ហើយអ្នកគ្មានមធ្យោបាយដើម្បីបញ្ឈប់ ឬរឹតត្បិតពួកគេឡើយ។ អ្នកក៏មិនដឹងថាត្រូវស្វែងរកជំនួយពីនរណា ដើម្បីដោះស្រាយបញ្ហាទាំងនោះដែរ អ្នកគ្រាន់តែខ្វល់ខ្វាយចិត្ត និងរសាប់រសល់ យំបណ្ដើរ អធិដ្ឋានបណ្ដើរ។ អ្នកមើលទៅគួរឱ្យអាណិតណាស់ ហាក់ដូចជាអ្នកចេះគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ខ្លាំងណាស់ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រុសស្រីខ្លាំងណាស់អ៊ីចឹង។ សូម្បីតែជាមួយមនុស្សអាក្រក់យ៉ាងជាក់ស្ដែងដូចជាពួកទទឹងនឹងព្រះគ្រីស្ទ ក៏អ្នកមិនអាចដោះស្រាយជាមួយពួកគេបានដែរ។ អ្នកមិនអាចវែកញែកទង្វើ និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទស្របតាមសេចក្ដីពិតបានឡើយ ហើយអ្នកក៏មិនអាចលាតត្រដាងជាសាធារណៈនូវបំណង ចេតនា និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីជួយបងប្អូនប្រុសស្រីឱ្យមានការយល់ដឹងបានដែរ។ អ្នកមិនអាចធ្វើរឿងទាំងនេះបានសោះឡើយ។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួនថែមទាំងនិយាយថា៖ «មិនគួរមាននរណាម្នាក់លាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ប្រសិនបើបងប្អូនប្រុសស្រីដឹងថា ពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយគេចចេញពីពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងសងសឹក»។ តើនេះមិនមែនជាមនុស្សកំសាកដែលគ្មានប្រយោជន៍ទេឬ? តើមនុស្សបែបនេះអាចចាត់ចែងកិច្ចការរបស់ពួកជំនុំបានដែរឬទេ? តើពួកគេអាចការពារបងប្អូនប្រុសស្រី ដើម្បីឱ្យពួកគេអាចរស់នៅក្នុងជីវិតពួកជំនុំជាប្រក្រតីបានដែរឬទេ? តើនេះជាវិធីសាស្ត្រដោះស្រាយបញ្ហាប្រភេទណាទៅ? នៅពេលគ្មានរឿងអ្វីកើតឡើង ពួកគេអាចអធិប្បាយអំពីគោលលទ្ធិមិនចេះចប់មិនចេះហើយ ប៉ុន្តែនៅពេលមានរឿងអ្វីមួយកើតឡើង ពួកគេច្របូកច្របល់ និងវង្វេងវង្វាន់ អាចបានត្រឹមតែយំប៉ុណ្ណោះ។ តើពួកគេមិនមែនជាមនុស្សកំសាកដែលគ្មានប្រយោជន៍ទេឬ? ដោយមើលឃើញបងប្អូនប្រុសស្រីត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រូវបានមនុស្សអាក្រក់រំខាន ពួកគេទាល់តម្រិះ ដោយគ្មានមធ្យោបាយឆ្លើយតបឡើយ។ ពួកគេមិនទាំងដឹងពីរបៀបធ្វើរឿងមូលដ្ឋានបំផុត ក្នុងការរួបរួមជាមួយបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំដែលមានស្មារតីយុត្តិធម៌គួរសម មានភាពជាមនុស្ស និងអាចទទួលយកសេចក្ដីពិត ដើម្បីប្រកបគ្នា ប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីដោះស្រាយបញ្ហាទាំងនេះ ព្រមទាំងលាតត្រដាង និងយល់ដឹងពីពួកទទឹងនឹងព្រះគ្រីស្ទផង។ តើមនុស្សបែបនេះមិនមែនជាមនុស្សឥតបានការទេឬ? (មែនហើយ)។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួន ប្រយ័ត្នប្រយែងហួសហេតុ កំសាក និងគ្មានប្រយោជន៍។ តើពួកគេកំសាក និងគ្មានប្រយោជន៍ដល់កម្រិតណា? នៅពេលដែលមនុស្សអាក្រក់ចេញមកបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ដោយនិយាយសម្ដីអាក្រក់ និងឥតកោតក្រែងយ៉ាងខ្លាំងក្លា ពួកគេភ័យខ្លាចរហូតដល់ញ័រខ្លួន ដោយគិតថា៖ «ខ្ញុំមិនហ៊ានដោះស្រាយជាមួយពួកគេទេ។ ពួកគេគ្រោះថ្នាក់ណាស់ ពួកគេជាមនុស្សអាក្រក់ក្នុងសង្គម។ ប្រសិនបើខ្ញុំលាតត្រដាងពួកគេ ដើម្បីការពារបងប្អូនប្រុសស្រី ពួកគេច្បាស់ជារករឿងប្រឆាំងនឹងខ្ញុំ និងសងសឹកមិនខាន។ អ៊ីចឹង តើខ្ញុំអាចបន្តធ្វើជាអ្នកដឹកនាំបានដោយរបៀបណា? ពួកគេស្គាល់កន្លែងដែលខ្ញុំរស់នៅ។ តើពួកគេនឹងធ្វើបាបគ្រួសាររបស់ខ្ញុំដែរឬទេ? តើពួកគេនឹងរាយការណ៍ពីខ្ញុំដោយសារតែខ្ញុំជឿលើព្រះជាម្ចាស់ដែរឬទេ?» ពួកអ្នកដឹកនាំក្លែងក្លាយបែបនេះ មិនអាចទទួលរ៉ាប់រងកិច្ចការរបស់ពួកជំនុំបានឡើយ។ ការភ័យខ្លាចហួសហេតុរបស់ពួកគេ ធ្វើឱ្យពួកគេជាប់គាំងមិនធ្វើអ្វីសោះ។ ជាធម្មតា ពួកគេមិនអាចយល់ពីគោលការណ៍សម្រាប់ដោះស្រាយបញ្ហាបែបនេះ និងមនុស្សបែបនេះឡើយ។ នរណាក៏ដោយដែលត្រូវបានកំណត់លក្ខណៈថាជាអ្នកបង្អាក់ និងអ្នករំខានដល់កិច្ចការរបស់ពួកជំនុំ មិនមែនជាមនុស្សដែលគ្រាន់តែធ្វើខុសម្ដងម្កាលនោះទេ។ ផ្ទុយទៅវិញ ភាពជាមនុស្សរបស់ពួកគេគឺអាក្រក់ខ្លាំងណាស់ រហូតដល់ពួកគេតែងតែប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែង និងប្រព្រឹត្តអំពើអាក្រក់ជាច្រើន។ បុគ្គលបែបនេះពិតជាមានសារជាតិជាមនុស្សអាក្រក់មិនខាន។ ការដោះស្រាយជាមួយមនុស្សអាក្រក់ ក៏តម្រូវឱ្យមានវិធីសាស្ត្រប្រកបដោយប្រាជ្ញាខ្លះដែរ។ អ្នកត្រូវពិចារណាពីប្រវត្តិ និងមជ្ឈដ្ឋាន ហើយថាតើមនុស្សអាក្រក់អាចនឹងធ្វើសកម្មភាពអ្វីខ្លះ បន្ទាប់ពីត្រូវបានដោះស្រាយ ហើយថាតើរឿងនេះអាចនាំបញ្ហាដល់ពួកជំនុំដែរឬទេ។ មានតែការពិចារណាលើទិដ្ឋភាពទាំងនេះយ៉ាងយកចិត្តទុកដាក់ប៉ុណ្ណោះ ទើបអ្នកអាចដោះស្រាយរឿងនេះបានយ៉ាងសមស្រប តាមរបៀបដែលស្របតាមគោលការណ៍សេចក្ដីពិត និងប្រើប្រាស់ប្រាជ្ញា។ អស់អ្នកដែលយល់ពីសេចក្ដីពិត នឹងក្ដាប់បាននូវគោលការណ៍ដោយមិនដឹងខ្លួន ខណៈពេលដោះស្រាយបញ្ហាទាំងនេះ។ នៅពេលពួកគេធ្វើកិច្ចការនេះ ពួកគេនឹងយល់បន្តិចម្ដងៗពីរបៀបប្រព្រឹត្តចំពោះមនុស្សផ្សេងៗគ្នា បង្កើតបានជាផ្លូវ និងវិធីសាស្ត្រនានា ហើយមានប្រាជ្ញានៅក្នុងចិត្តរបស់ពួកគេ។ ប៉ុន្តែ ពួកអ្នកដឹកនាំក្លែងក្លាយខ្វះផ្លូវ វិធីសាស្ត្រ និងប្រាជ្ញានេះទាំងស្រុង។ នេះគឺដោយសារតែពួកគេមិនចេះគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ពួកគេមិនចេះគិតថាតើកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នឹងរងផលប៉ះពាល់ ឬថាតើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនឹងប្រឈមនឹងគ្រោះថ្នាក់ដែរឬទេ។ ដោយសារពួកគេមិនចេះគិតអំពីរឿងទាំងនេះ ពួកគេដោះស្រាយបញ្ហានានាដោយគ្មានគោលការណ៍ ហើយកាន់តែគ្មានប្រាជ្ញាទៅទៀត។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាទាំងនេះបានឡើយ ហើយមិនរៀនសូត្រពីបញ្ហាទាំងនោះដើម្បីទុកជាមេរៀនទេ ដែលបញ្ជាក់ថា ពួកគេមិនព្រមរៀនសូត្រ គ្មានសមត្ថភាព មិនអើពើលើកិច្ចការដែលត្រឹមត្រូវ និងមិនអាចធ្វើកិច្ចការអ្វីបានឡើយ។ នៅពេលដែលពួកគេឃើញមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខាន ពួកគេមិនលាតត្រដាងមនុស្សទាំងនេះ ហើយក៏មិនដោះស្រាយបញ្ហាដែរ។ ពួកគេគិតតែពីការការពារផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ ឬការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួនជិះជាន់អ្នកទន់ខ្សោយ តែខ្លាចអ្នកដែលមានអំណាចខ្លាំងជាងខ្លួន។ ពួកគេជិះជាន់ និងសម្ដែងឫទ្ធិដាក់អ្នកដែលស្លូតបូតឥតឈប់ឈរ ប៉ុន្តែនៅពេលពួកគេជួបមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេបែរជាញញឹមពព្រាយ និងបញ្ចើចបញ្ចើទៅវិញ។ តើព្រះជាម្ចាស់អាចសព្វព្រះទ័យនឹងពួកអ្នកដឹកនាំក្លែងក្លាយ និងពួកអ្នកធ្វើការក្លែងក្លាយដែលគ្មានគោលការណ៍បែបនេះបានដែរឬទេ? ច្បាស់ជាមិនអាចទេ។ តើដំណាក់របស់ព្រះជាម្ចាស់អាចបណ្ដុះបណ្ដាលមនុស្សដែលជិះជាន់អ្នកទន់ខ្សោយ និងខ្លាចអ្នកខ្លាំង ហើយគ្មានស្មារតីយុត្តិធម៌ ឱ្យធ្វើជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបានដែរឬទេ? ច្បាស់ជាមិនអាចទេ! មនុស្សទាំងនេះសុទ្ធតែជាអ្នកមិនជឿ និងជាអ្នកគ្មានជំនឿ ដែលគ្មានមនសិការ ឬវិចារណញ្ញាណ ហើយមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយដំណាក់របស់ព្រះជាម្ចាស់មិនចង់បានពួកគេឡើយ។
នៅពេលមានបញ្ហានានាកើតឡើងនៅក្នុងកិច្ចការរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ការឆ្លើយតបរបស់ពួកគេគឺតែងតែគេចវេះពីទំនួលខុសត្រូវ។ ពាក្យដែលពួកគេនិយាយញឹកញាប់បំផុតគឺ «ខ្ញុំបានប្រកបគ្នាជាមួយពួកគេហើយ»។ ការបង្កប់ន័យនៅត្រង់នេះគឺ «ខ្ញុំបាននិយាយអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវនិយាយហើយ ដូច្នេះនៅពេលមានរឿងអ្វីខុសឆ្គងកើតឡើង វាគឺជាទំនួលខុសត្រូវរបស់ពួកគេ។ ខ្ញុំមិនពាក់ព័ន្ធនឹងរឿងនេះទេ»។ នេះហើយជាមូលហេតុដែលប្រយោគ «ខ្ញុំបានប្រកបគ្នាជាមួយពួកគេហើយ» គឺជាយ័ន្តការពារ និងជាបាវចនាសម្រាប់ពួកអ្នកដឹកនាំក្លែងក្លាយ។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយឃើញ អាទទឹងនឹងព្រះគ្រីស្ទម្នាក់ ធ្វើអ្វីតាមតែចិត្តខ្លួនឯង ប្រព្រឹត្តតាមអំពើចិត្ត និងបង្កការរំខាននៅក្នុងពួកជំនុំ ពួកគេក៏ប្រើវិធីសាស្ត្រនៃការប្រកបគ្នា និងការផ្ដល់ជំនួយផងដែរ។ បន្ទាប់ពីនិយាយពាក្យដាស់តឿន និងព្រមានពីរបីម៉ាត់រួចមក ពួកគេសន្មតថា អាទទឹងនឹងព្រះគ្រីស្ទនឹងស្តាប់បង្គាប់ និងចុះចូល ហើយលែងបំភាន់មនុស្ស ឬរំខានដល់ជីវិតពួកជំនុំទៀតហើយ។ តើនេះមិនមែនជាការសន្មតដ៏ល្ងង់ខ្លៅទេឬ? ការប្រើវិធីសាស្ត្រដ៏ល្ងង់ខ្លៅបែបនេះ ដើម្បីរឹតត្បិតការរំខានរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជារបៀបដែលអ្នកដឹកនាំក្លែងក្លាយធ្វើការ ហើយវាពិតជាល្ងង់ខ្លៅបំផុត! អ្នកដឹកនាំក្លែងក្លាយមិនធ្វើអ្វីក្រៅពីការរវល់ធ្វើការទាំងងងឹតងងល់ឡើយ។ ពួកគេបានត្រឹមតែរវល់នឹងកិច្ចការទូទៅ ខណៈពេលដែលមិនអាចបំពេញកិច្ចការជាមូលដ្ឋានបាន។ ពួកគេមិនស្រោចស្រពដល់អស់អ្នកដែលអាចទទួលយកសេចក្ដីពិតបានឡើយ ពួកគេមិនរឹតត្បិតអស់អ្នកដែលបង្កការបង្អាក់ និងការរំខានឡើយ ហើយពួកគេមិនជម្រះចេញនូវអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែង និងមិនព្រមកែប្រែទោះបីជាមានការដាស់តឿនជាច្រើនលើកច្រើនសាក៏ដោយ។ ជាពិសេស ពួកគេមិនយកចិត្តទុកដាក់ចំពោះរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់ និងបង្កការរំខានឡើយ។ ពួកគេមិនលាតត្រដាង ឬយល់ដឹងពីមនុស្សទាំងនោះឡើយ ហើយពួកគេក៏មិនជម្រះ ឬបណ្ដេញមនុស្សទាំងនោះចេញដែរ ដោយបណ្ដោយឱ្យពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ពួកគេមិនខ្វល់ខ្វាយសោះឡើយ ហើយគិតថា អំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនពាក់ព័ន្ធនឹងពួកគេទេ។ នៅក្នុងកិច្ចការរបស់ពួកគេ ពួកអ្នកដឹកនាំក្លែងក្លាយអាចបានត្រឹមតែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ ពួកគេធ្វើកិច្ចការទូទៅបន្តិចបន្តួច ហើយបន្ទាប់មកគិតថាពួកគេបានធ្វើកិច្ចការជាក់ស្ដែង ហើយថាពួកគេមានលក្ខណៈត្រូវតាមស្ដង់ដាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ មិនថានរណាបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំនោះទេ ពួកគេគ្រាន់តែនិយាយរ៉ាយរ៉ាប់អំពីគោលលទ្ធិខ្លះៗប្រាប់អ្នកទាំងនោះ ផ្តល់ការដាស់តឿន និងការរំលឹកខ្លះៗ ហើយគិតថាបញ្ហាត្រូវបានដោះស្រាយ។ ពួកគេរវល់ពេញមួយថ្ងៃ ដោយចាត់ចែងទាំងរឿងធំ និងរឿងតូចតាច ហើយចាត់ទុកថាខ្លួនឯងកំពុងធ្វើការបានល្អ។ ពួកគេថែមទាំងអួតអាងទៀតថា៖ «មើលពួកជំនុំរបស់យើងចុះ។ មនុស្សគ្រប់គ្នាត្រូវបានចាត់ចែងឱ្យបំពេញភារកិច្ចបានយ៉ាងល្អ៖ អ្នកដែលអាចផ្សាយដំណឹងល្អបាន កំពុងផ្សាយដំណឹងល្អ អ្នកដែលអាចធ្វើវីដេអូបាន កំពុងធ្វើវីដេអូ អ្នកដែលអាចច្រៀងបាន កំពុងថតទំនុកតម្កើង ជីវិតពួកជំនុំរបស់យើងកំពុងតែរីកចម្រើនហើយ!» ក៏ប៉ុន្តែ ពួកគេមិនមើលឃើញបញ្ហាលាក់កំបាំងជាច្រើននៅក្នុងពួកជំនុំទាល់តែសោះ។ ពួកគេមិនហ៊ានដោះស្រាយជាមួយមនុស្សអាក្រក់ និងពួកអ្នកមិនជឿទាំងនោះ ដែលតែងតែបង្អាក់ និងរំខានដល់ជីវិតពួកជំនុំឡើយ ដូច្នេះពួកគេមិនអើពើនឹងអ្នកទាំងនោះទេ។ ពួកគេធ្វើជាមើលមិនឃើញពួកទទឹងនឹងព្រះគ្រីស្ទ ដែលប្រព្រឹត្តតាមរបៀបផ្ទាល់ខ្លួន ដោយម្នាក់ៗព្យាយាមទាញយកមនុស្ស និងបង្កើតក្រុមតូចៗផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនអាចដោះស្រាយសំណួរជាច្រើនដែលបានលើកឡើងដោយអ្នកជឿថ្មី ដែលស្រេកឃ្លានសេចក្ដីសុចរិតបានឡើយ។ ជំនួសឱ្យការស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងទាំងនេះ ពួកអ្នកដឹកនាំក្លែងក្លាយតែងតែព្យាយាមគេចវេះពីបញ្ហាទាំងនេះ ខណៈពេលដែលនៅតែអះអាងថា «ជីវិតពួកជំនុំកំពុងរីកចម្រើន»។ តើនេះមិនមែនជាការក្លែងបន្លំ និងការបោកប្រាស់ទេឬ? ពួកអ្នកដឹកនាំក្លែងក្លាយទុកពួកអ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនៅក្នុងពួកជំនុំ ដោយមិនជម្រះពួកគេចេញ ឬដោះស្រាយជាមួយពួកគេឡើយ ដោយបណ្ដោយឱ្យពួកគេប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែង និងធ្វើឱ្យជីវិតពួកជំនុំប្រែជារញ៉េរញ៉ៃទាំងស្រុង ខណៈពេលដែលធ្វើពុតជាមើលមិនឃើញ។ ពួកអ្នកដឹកនាំក្លែងក្លាយបែបនេះ គឺងងឹតងងល់ខ្លាំងណាស់! ពួកគេដើរតួជាខែលការពារសម្រាប់ពួកអ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយថែមទាំងមានអារម្មណ៍មោទនភាពចំពោះរឿងនេះទៀតផង ដោយគិតថា ការមិនជម្រះមនុស្សថោកទាបទាំងនេះចេញ គឺជាការមានចិត្តស្រឡាញ់ និងការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាការបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំទេឬ? តើនេះមិនមែនជាការមានចេតនាទាស់ទទឹងនឹងព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះអង្គទេឬ? ប៉ុន្តែ ពួកអ្នកដឹកនាំក្លែងក្លាយមិនដឹងខ្លួនអំពីរឿងនេះទាល់តែសោះ។ ប្រសិនបើអ្នកសួរពួកគេថា តើបញ្ហាជាក់ស្ដែងទាំងនេះត្រូវបានដោះស្រាយហើយឬនៅ ពួកគេឆ្លើយថា៖ «ខ្ញុំបានលួសកាត់ពួកគេហើយ ខ្ញុំបានប្រកបគ្នាជាមួយពួកគេហើយ» ដែលបង្កប់ន័យថា បញ្ហាត្រូវបានដោះស្រាយ ហើយលែងពាក់ព័ន្ធនឹងពួកគេទៀតហើយ។ តើនេះមិនមែនជាការគេចវេះពីទំនួលខុសត្រូវទេឬ? ចំពោះអ្នកដឹកនាំក្លែងក្លាយ នៅពេលដែលនរណាម្នាក់ប្រព្រឹត្តអំពើខុសឆ្គងណាមួយ ឱ្យតែពួកគេបានលួសកាត់អ្នកប្រព្រឹត្តនោះឱ្យតែរួចពីដៃ និងផ្ដល់ការរំលឹក និងការដាស់តឿនខ្លះៗដល់អ្នកនោះ នោះកិច្ចការរបស់ពួកគេត្រូវបានបញ្ចប់ ហើយវាហាក់ដូចជាពួកគេបានដោះស្រាយបញ្ហានោះរួចហើយ។ តើនេះមិនមែនជាការបោកបញ្ឆោតទេឬ? ពួកអ្នកដឹកនាំក្លែងក្លាយខកខានមិនបានជម្រះពួកអ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទចេញឱ្យបានឆាប់យ៉ាងច្បាស់ក្រឡែត ហើយបន្ទាប់មក ពួកគេលើកយកលេសដែលស្តាប់ទៅហាក់ដូចជាសមហេតុផល ដោយនិយាយថា៖ «ខ្ញុំបានប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយពួកគេ ពួកគេសុទ្ធតែបានទទួលស្គាល់អ្វីដែលពួកគេបានធ្វើ និងមានអារម្មណ៍ថាមានវិប្បដិសារី ហើយពួកគេសុទ្ធតែបានយំ និងនិយាយថា ពួកគេនឹងប្រែចិត្តជាមិនខាន ហើយលែងប៉ុនប៉ងបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេទៀតហើយ»។ តើពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះ មិនមែនគ្រាន់តែបោកបញ្ឆោតខ្លួនឯង ដូចជាក្មេងលេងបាយឡុកបាយឡទេឬ? ពួកអ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ សុទ្ធតែជាមនុស្សដែលស្អប់ខ្ពើមសេចក្ដីពិត។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេទទួលយកសេចក្ដីពិតទាល់តែសោះ ហើយពួកគេមិនមែនជាគោលដៅនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាគោលដៅនៃការស្អប់ខ្ពើម និងសម្អប់របស់ព្រះជាម្ចាស់។ ប៉ុន្តែ ពួកអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះពួកអ្នកមិនជឿ មនុស្សអាក្រក់ និងពួក ទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដូចជាបងប្អូនប្រុសស្រី និងជួយពួកគេដោយក្ដីស្រឡាញ់។ តើបញ្ហានៅទីនេះមានលក្ខណៈបែបណា? តើវាជាភាពល្ងង់ខ្លៅ និងអវិជ្ជាដែលរារាំងពួកគេមិនឱ្យមើលឃើញមនុស្សទាំងនេះច្បាស់ ឬតើពួកគេកំពុងព្យាយាមផ្គាប់ចិត្តមនុស្សទាំងនោះ ដោយសារខ្លាចធ្វើឱ្យពួកគេអាក់អន់ចិត្ត? មិនថាមកពីហេតុផលអ្វីនោះទេ អ្វីដែលសំខាន់បំផុតនោះគឺថា ពួកអ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែង ហើយពួកគេមិនទទួលយកសេចក្ដីពិត ឬទទួលស្គាល់កំហុសរបស់ខ្លួនឡើយ នៅពេលដែលពួកគេត្រូវបានលួសកាត់។ នេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា ពួកអ្នកដឹកនាំក្លែងក្លាយគ្មានតថភាពនៃសេចក្ដីពិតទាល់តែសោះ។ ពួកគេមិនធ្វើការស្របតាមការរៀបចំកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយជាពិសេសនៅត្រង់កន្លែងណាដែលពាក់ព័ន្ធនឹងកិច្ចការនៃការជម្រះពួកជំនុំ ពួកគេធ្វើសកម្មភាពតាមរបៀបបង្គ្រប់កិច្ច។ ពួកគេគ្រាន់តែធ្វើបង្គ្រប់កិច្ច ដោយជម្រះមនុស្សអាក្រក់ដែលលេចធ្លោច្បាស់ៗពីរបីនាក់ចេញប៉ុណ្ណោះ។ នៅពេលត្រូវបានលាតត្រដាង និងលួសកាត់ ពួកគេថែមទាំងរកហេតុផល និងលេសផ្សេងៗ ដើម្បីគេចវេះពីទំនួលខុសត្រូវ និងប្រកែកយកត្រូវសម្រាប់ខ្លួនឯងទៀតផង។ ហេតុដូច្នេះហើយ អ្នកដឹកនាំក្លែងក្លាយដែលមិនធ្វើកិច្ចការជាក់ស្ដែង គឺជាថ្មជំពប់ដែលរារាំងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនឱ្យសម្រេចបាន។ ពួកអ្នកដឹកនាំក្លែងក្លាយចាត់ចែងតែកិច្ចការទូទៅដែលនៅកម្រិតខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ដែលគ្មានតម្លៃអ្វីទាល់តែសោះ។ ពួកគេមិនដែលដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងពួកជំនុំឡើយ។ ពួកគេគ្រាន់តែគេចវេះពីបញ្ហាទាំងនោះប៉ុណ្ណោះ។ នេះមិនត្រឹមតែពន្យារពេលដល់ដំណើរការជាប្រក្រតីនៃកិច្ចការរបស់ពួកជំនុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតផង។ និយាយឱ្យចំទៅ ពួកអ្នកដឹកនាំក្លែងក្លាយបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយដើរតួជាខែលការពារសម្រាប់ពួកអ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ។ នៅគ្រាដ៏សំខាន់នៃសង្គ្រាមខាងវិញ្ញាណ ពួកគេឈរនៅខាងមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីទាស់ទទឹង និងបោកបញ្ឆោតព្រះជាម្ចាស់។ តើនេះមិនមែនជាការសម្ដែងចេញនៃការក្បត់ព្រះជាម្ចាស់ទេឬ? ដោយវិនិច្ឆ័យតាមទស្សនៈ និងឥរិយាបថរបស់ពួកអ្នកដឹកនាំក្លែងក្លាយ គឺវាច្បាស់ណាស់ថាពួកគេមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតឡើយ ពួកគេមិនយល់ពីសេចក្ដីពិតទាល់តែសោះ ហើយពួកគេគ្មានសមត្ថភាពធ្វើកិច្ចការដឹកនាំសោះឡើយ។
ពួកអ្នកដឹកនាំក្លែងក្លាយមិនប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែតាមចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេធ្វើសកម្មភាពដោយគ្មានគោលការណ៍អ្វីឡើយ ដោយធ្វើអ្វីតាមតែចិត្តចង់។ នៅពេលដែលពួកគេឃើញពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់ពួកជំនុំ ពួកអ្នកដឹកនាំក្លែងក្លាយមិនស្អប់ពួកគេទេ។ ពួកគេជឿថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗទៅកាន់ពួកទទឹងនឹងព្រះគ្រីស្ទ អាចរឹតត្បិតការបង្អាក់ និងការរំខានរបស់ពួកគេបាន។ តើពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សប្រភេទណា? ពួកគេគឺជាពួកអារក្ស ពួកគេគឺជាពួកសាតាំង! មិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយអាចបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ និងរំខានដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេគឺជាពួកអារក្ស និងពួកសាតាំងនៅក្នុងជីវិតពិត។ ពួកអ្នកដឹកនាំក្លែងក្លាយសង្ឃឹមថានឹងធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថាមានវិប្បដិសារី និងផ្លាស់ប្ដូរគំនិតរបស់ពួកគេ ដោយការអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនទៅកាន់ពួកគេ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅខ្លាំងទេឬ? មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ មិនទទួលយកសេចក្ដីពិតទាល់តែសោះ។ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនប៉ុណ្ណាក៏ដោយ ពួកគេនឹងមិនឆ្លុះបញ្ចាំង ឬស្គាល់ខ្លួនឯងឡើយ ហើយមិនថាពួកគេធ្វើខុសច្រើនប៉ុណ្ណាក៏ដោយ ពួកគេនឹងមិនទទួលស្គាល់កំហុសរបស់ពួកគេឡើយ។ ពួកគេគឺជាពួកមនុស្សមានបាបដែលត្រូវបានកំណត់ជោគវាសនាមកឱ្យធ្លាក់នរក ប៉ុន្តែអ្នកគិតថា ការអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន និងការផ្ដល់ពាក្យដាស់តឿនខ្លះៗ អាចផ្លាស់ប្ដូរពួកគេបាន តើនេះមិនមែនជាការគិតស្រមើស្រមៃទេឬ? ប្រសិនបើមនុស្សជាតិដែលពុករលួយ អាចទទួលយកសេចក្ដីពិតបានយ៉ាងងាយស្រួលនោះ ព្រះជាម្ចាស់មិនចាំបាច់បំពេញកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលច្រើនម្ល៉េះ និងសម្ដែងចេញនូវសេចក្ដីពិតច្រើនម្ល៉េះនៅក្នុងកិច្ចការរបស់ទ្រង់? គឺដោយសារតែការសង្គ្រោះមនុស្សមិនងាយស្រួលនោះទេ ដោយសារតែការលំបាករបស់មនុស្សមានច្រើនពេក ហើយការបះបោររបស់ពួកគេគឺធំពេក! មានតែអស់អ្នកដែលអាចទទួលយកសេចក្ដីពិតប៉ុណ្ណោះ ទើបអាចត្រូវបានសង្គ្រោះ។ អស់អ្នកដែលមិនពេញចិត្ត និងស្អប់សេចក្ដីពិត មិនអាចត្រូវបានសង្គ្រោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកដឹកនាំក្លែងក្លាយជឿថា ប្រសិនបើពួកគេនិយាយពាក្យសម្ដីអាក្រក់ៗខ្លះទៅកាន់ពួកអ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ បុគ្គលទាំងនេះនឹងមានអារម្មណ៍ថាមានវិប្បដិសារី និងចាប់ផ្ដើមស្គាល់ខ្លួនឯង ហើយថាប្រសិនបើបន្ទាប់មកពួកគេនិយាយពាក្យដាស់តឿន និងពាក្យលួងលោមខ្លះៗទៅកាន់ពួកគេ នោះពួកគេនឹងប្រែចិត្ត ធ្វើឱ្យពួកគេអាចផ្ដោតចិត្តលើការបំពេញភារកិច្ចរបស់ខ្លួន ប្រែជាស្មោះត្រង់ និងឆ្លងកាត់ការផ្លាស់ប្ដូរនិស្ស័យ ដោយប្រែក្លាយពួកទទឹងនឹងព្រះគ្រីស្ទ ទៅជាចៀមដែលចេះស្តាប់បង្គាប់។ តើនេះមិនមែនជាគំនិតដ៏ល្ងង់ខ្លៅទេឬ? គំនិតនេះគឺល្ងង់ខ្លៅបំផុត! នេះគឺដូចជាពាក្យសម្ដីរវើរវាយរបស់មនុស្សឆ្កួតអ៊ីចឹង តើរឿងរ៉ាវអាចសាមញ្ញបែបនេះបានដោយរបៀបណាទៅ! ព្រះជាម្ចាស់បាន និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះអស់រយៈពេលជាងសាមសិបឆ្នាំមកហើយ ហើយតើមនុស្សសម្រេចបានការស្គាល់ខ្លួនឯង និងការផ្លាស់ប្ដូរបានកម្រិតណាទៅ? មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលសម្រេចបានលទ្ធផលខ្លះៗ។ អស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិត មិនថាពួកគេស្ដាប់ការបង្រៀនច្រើនប៉ុណ្ណាក៏ដោយ យ៉ាងច្រើនបំផុតយល់បានត្រឹមតែគោលលទ្ធិខ្លះៗប៉ុណ្ណោះ។ និស្ស័យនៃជីវិតរបស់ពួកគេមិនបានផ្លាស់ប្ដូរទាល់តែសោះ ហើយសូម្បីតែឥរិយាបថល្អៗ និងអំពើល្អៗ ក៏កម្រនឹងបានឃើញពីពួកគេដែរ។ តើមនុស្សទាំងនេះជាមនុស្សប្រភេទណា? ពួកគេគឺជាមនុស្សដែលបរិភោគនំប៉័ងឱ្យឆ្អែត ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ពួកគេផ្ដោតតែលើការសោយសុខព្រះគុណរបស់ព្រះជាម្ចាស់ និងដេញតាមតែព្រះពរប៉ុណ្ណោះ ពួកគេគ្មានអ្វីក្រៅពីសត្វតិរច្ឆានដែលស្លៀកពាក់ជាមនុស្សឡើយ! មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ពួកគេពោរពេញទៅដោយនិស្ស័យពុករលួយ ហើយឆ្អឹង និងឈាមរបស់ពួកគេ ពោរពេញទៅដោយជាតិពុលរបស់សាតាំង។ ប្រសិនបើពួកគេមិនអាចទទួលយកសេចក្ដីពិត ឬការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ តើពួកគេអាចចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដបានដោយរបៀបណា? តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់បានដោយរបៀបណា? តើពួកគេអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានដោយរបៀបណា? តើការទទួលបានសេចក្ដីសង្គ្រោះ អាចសាមញ្ញដូចដែលមនុស្សស្រមៃដែរឬទេ? សាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ រហូតដល់ថ្នាក់ពួកគេបានក្លាយជាពួកអារក្ស។ ឥឡូវនេះ ព្រះជាម្ចាស់បានយាងមកដើម្បីសង្គ្រោះពួកគេ ហើយមិនថាទ្រង់មានព្រះបន្ទូលច្រើនប៉ុណ្ណាក៏ដោយ ការប្រែក្លាយមនុស្សដែលបានក្លាយជាពួកអារក្ស ឱ្យទៅជាមនុស្សពិតប្រាកដ គឺជាកិច្ចការដ៏លំបាកខ្លាំងណាស់។ ព្រះជាម្ចាស់មិនត្រឹមតែត្រូវសម្ដែងចេញនូវសេចក្ដីពិតជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែមនុស្សក៏ត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួនផងដែរ ដើម្បីសហការ ដោយការដេញតាម ការទទួលយក និងការអនុវត្តសេចក្ដីពិត ទើបពួកគេអាចរំដោះខ្លួនចេញពីឥទ្ធិពលរបស់សាតាំង និងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលថា៖ «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស»។ ទោះបីជាមានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ មានតែអស់អ្នកដែលឆ្លងកាត់បទពិសោធនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងចុះចូលនឹងកិច្ចការរបស់ព្រះអង្គទាំងស្រុងប៉ុណ្ណោះ ទើបអាចត្រូវបានជម្រះ និងប្រោសឱ្យគ្រប់លក្ខណ៍បាន។ អស់អ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ ដែលមិនទទួលយកសេចក្ដីពិតសូម្បីបន្តិចសោះ នៅក្នុងចិត្តរបស់ពួកគេគឺស្អប់ខ្ពើមសេចក្ដីពិត។ ពួកគេនឹងមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេអាចត្រឹមតែត្រូវបានបើកសម្ដែង និងជម្រុះចោលដោយកិច្ចការរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ពួកអ្នកដឹកនាំក្លែងក្លាយគ្មានការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគិតអំពីកិច្ចការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ក្នុងន័យសាមញ្ញពេក ដោយជឿថា ដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗទៅកាន់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ និងការនិយាយពាក្យលួសកាត់ធ្ងន់ៗខ្លះ នោះពួកគេនឹងប្រែចិត្ត និងផ្លាស់ប្ដូរ ហើយប្រែក្លាយជាស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តើបញ្ហានៅទីនេះគឺជាអ្វី? ក្រៅពីការមិនដេញតាមសេចក្ដីពិត និងមិនយល់ពីសេចក្ដីពិត វាក៏ដោយសារតែពួកអ្នកដឹកនាំក្លែងក្លាយមានគុណសម្បត្តិអន់ខ្លាំងផងដែរ។ ហេតុដូច្នេះហើយ ពួកគេគ្មានការយល់ដឹងទាល់តែសោះ ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និងរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស។ ដើម្បីមើលថាតើសារជាតិរបស់មនុស្សម្នាក់គឺជាអ្វី ថាតើពួកគេមានតថភាពនៃសេចក្ដីពិតដែរឬទេ និងថាតើគួរប្រព្រឹត្តចំពោះពួកគេបែបណា គឺចាំបាច់ត្រូវពិចារណាពីគុណសម្បត្តិរបស់ពួកគេ និងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត គឺអ្នកត្រូវសង្កេតមើលថាតើការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតមានលក្ខណៈបែបណា និងថាតើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬទេ។ ចុះតើអ្វីទៅជាមូលដ្ឋានសម្រាប់វាស់វែងថាតើមនុស្សម្នាក់អាចយល់ដឹងពីសេចក្ដីពិតបានដែរឬទេ? វាអាស្រ័យជាចម្បងលើគុណភាពនៃគុណសម្បត្តិរបស់ពួកគេ និងថាតើការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បរិសុទ្ធដែរឬទេ។ មនុស្សមួយចំនួនរស់នៅដល់អាយុហាសិប ឬហុកសិបឆ្នាំហើយ នៅតែមិនអាចមើលធ្លុះដល់សារជាតិ និងភាពជាក់ស្ដែងនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ។ ពួកគេនៅតែស្រមៃថាសង្គមមនុស្សគឺស្រស់ស្អាត ហើយចង់រស់នៅដោយសុខសន្តិភាព និងសុខដុមរមនាជាមួយអ្នកដទៃ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅ និងឆោតល្ងង់ខ្លាំងទេឬ? ប្រសិនបើការជឿលើព្រះជាម្ចាស់ អាចប្រែក្លាយមនុស្សគ្រប់គ្នាឱ្យទៅជាមនុស្សល្អបាន តើចាំបាច់ត្រូវមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សដែរឬទេ? ពួកអ្នកដឹកនាំក្លែងក្លាយមិនកំណត់លក្ខណៈមនុស្សផ្សេងៗគ្នាដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្អែកលើតែឥរិយាបថខាងក្រៅ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ កិច្ចការដែលពួកគេធ្វើ ក៏នៅកម្រិតខាងក្រៅខ្លាំងណាស់ដែរ ដូចជាក្មេងលេងបាយឡុកបាយឡអ៊ីចឹង។ ពួកគេគិតថា ពេលខ្លះពួកគេអាចស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រឹមត្រូវ ដើម្បីអនុវត្តចំពោះស្ថានភាពណាមួយ ហើយថា ការដែលគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗទៅកាន់មនុស្ស នឹងផ្លាស់ប្ដូរពួកគេបាន៖ «មើលចុះ ក្រោមការដឹកនាំ និងការដាស់តឿនរបស់ខ្ញុំ ជាមួយនឹងជំនួយប្រកបដោយក្ដីស្រឡាញ់របស់ខ្ញុំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមានប្រសិទ្ធភាពលើមនុស្សហើយ។ ពួកគេលែងចង់ធ្វើជាពួកទទឹងនឹងព្រះគ្រីស្ទទៀតហើយ ហើយពួកគេសុខចិត្តផ្លាស់ប្ដូរទស្សនៈរបស់ពួកគេលើការជឿព្រះជាម្ចាស់។ ពួកគេនឹងលែងដណ្ដើមអំណាច និងផលប្រយោជន៍ទៀតហើយ ហើយពួកគេនឹងមិនបង្កើតនគរឯករាជ្យឡើយ ពួកគេនឹងលែងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំទៀតហើយ ហើយពួកគេនឹងលែងបំភាន់ ឬទាញយកបងប្អូនប្រុសស្រីទៀតហើយ!» តើអ្នកអាចរឹតត្បិតពួកគេបានដែរឬទេ? អ្នកមិនអាចរឹតត្បិតអស់អ្នកដែលជាមនុស្សអាក្រក់យ៉ាងពិតប្រាកដ ដែលបង្កការបង្អាក់ និងការរំខានបានឡើយ។ ដោយសារពួកគេមានសារជាតិជាមនុស្សអាក្រក់ ពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ពេលវេលា មិនថាយប់ ឬថ្ងៃឡើយ ឱ្យតែពួកគេមានឱកាស គឺពួកគេធ្វើអាក្រក់ហើយ។ តើវាត្រឹមត្រូវដែរឬទេ ដែលអ្នកមិនដកពួកគេចេញពីពួកជំនុំនោះ? តើពួកគេនឹងបញ្ឈប់អំពើអាក្រក់របស់ពួកគេដោយស្ម័គ្រចិត្តដែរឬទេ? ពួកគេមិនមែនជាមនុស្សទេ ពួកគេគឺជាពួកអារក្ស និងពួកសាតាំង! តើពួកអារក្ស និងសាតាំងបានទាស់ទទឹងនឹងព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំហើយ? ពួកគេនៅតែទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល រហូតមកដល់សព្វថ្ងៃនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់គ្រប់ប្រភេទ ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ គឺជាពួកអារក្ស និងពួកសាតាំងនៅក្នុងជីវិតពិត។ ពួកគេគឺជាសត្រូវនៅក្នុងជីវិតពិត។ តើពួកគេអាចផ្លាស់ប្ដូរសារជាតិរបស់ពួកគេ ដោយសារតែពាក្យសម្ដីពីរបីម៉ាត់របស់អ្នក ឬដោយសារតែចិត្តស្រឡាញ់របស់អ្នកបានដែរឬទេ? អ្នកល្ងង់ខ្លៅណាស់! អ្នកគិតថា អ្នកអាចសង្គ្រោះមនុស្សពីបាបបាន ដោយគ្រាន់តែអ្នកយល់គោលលទ្ធិបន្តិចបន្តួចឬ? តើអ្នកអាចសង្គ្រោះពួកគេបានដែរឬទេ? ពួកគេត្រូវបានកំណត់ជោគវាសនាមកឱ្យធ្លាក់នរក ហើយអ្នកគិតថា ពាក្យសម្ដីពីរោះៗពីរបីម៉ាត់ អាចផ្លាស់ប្ដូរពួកគេបាន។ តើវាងាយស្រួលដល់ម្ល៉ឹងឬ? ប្រសិនបើមនុស្សងាយស្រួលសង្គ្រោះដល់ម្ល៉ឹង ព្រះជាម្ចាស់មិនចាំបាច់មានព្រះបន្ទូលជាច្រើន ឬបំពេញកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលឡើយ។ តើទ្រង់ចាំបាច់ចំណាយពេលវេលាយ៉ាងច្រើន និងព្រះលោហិតបេះដូងរបស់ទ្រង់យ៉ាងច្រើន ដើម្បីសង្គ្រោះមនុស្សដែរឬទេ?
ឥឡូវនេះ នៅក្នុងពួកជំនុំ មនុស្សផ្សេងៗត្រូវបានបើកសម្ដែង និងចាត់ថ្នាក់តាមប្រភេទរៀងៗខ្លួនរួចហើយ។ មនុស្សគ្រប់គ្នាគួរតែត្រូវបានចាត់ថ្នាក់តាមប្រភេទរបស់ពួកគេ ហើយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មានគោលការណ៍ និងបញ្ញត្តិរដ្ឋបាលដែលចែងអំពីរបៀបប្រព្រឹត្ត និងដោះស្រាយចំពោះមនុស្សប្រភេទផ្សេងៗគ្នា។ ព្រះជាម្ចាស់មានការអត់ធ្មត់ និងការអត់ឱន មានសេចក្ដីមេត្តាករុណា ហើយមាននិស្ស័យសុចរិត ប៉ុន្តែកុំភ្លេចថា ព្រះជាម្ចាស់ក៏មានសេចក្ដីក្រោធ និងតេជានុភាពផងដែរ។ មនុស្សមួយចំនួននិយាយថា៖ «ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សគ្រប់រូបទទួលបានសេចក្ដីសង្រ្គោះ ហើយមិនសព្វព្រះហឫទ័យចង់ឱ្យនរណាម្នាក់វិនាសហិនហោចឡើយ»។ នេះគឺជាការពិត ប៉ុន្តែព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យ «មនុស្សគ្រប់រូប» ទទួលបានសេចក្ដីសង្រ្គោះ មិនមែនវត្ថុគ្រប់យ៉ាង ឬអារក្សគ្រប់រូបនោះទេ។ នៅពេលដែលមនុស្សវិនាសហិនហោច ព្រះជាម្ចាស់មានព្រះហឫទ័យទុក្ខព្រួយ និងសោកសៅ។ នៅពេលដែលពួកអារក្សវិនាសហិនហោច វាគឺជាទីបញ្ចប់ដ៏ត្រឹមត្រូវ និងជាការដាក់ទោសដែលពួកគេសមនឹងទទួល។ ព្រះជាម្ចាស់មិនមានព្រះហឫទ័យសោកសៅចំពោះពួកគេឡើយ។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់ និងជាគោលការណ៍របស់ទ្រង់ក្នុងការដោះស្រាយជាមួយមនុស្ស។ មនុស្សតែងតែចង់ជំទាស់នឹងព្រះជាម្ចាស់ ដោយគិតថា អស់អ្នកមិនជឿ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ ក៏ជាមនុស្សដែរ។ ពួកគេជឿថា អស់អ្នកដែលតែងតែបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ក៏ជាមនុស្សដែរ អស់អ្នកដែលដណ្ដើមឋានៈ និងបង្កើតនគរឯករាជ្យ ក៏ជាមនុស្សដែរ ហើយអស់អ្នកដែលតែងតែប្រព្រឹត្តអំពើអាសអាភាស ក៏ជាមនុស្សដែរ។ ពួកគេរាប់បញ្ចូលបុគ្គលទាំងអស់នេះ ដែលជាពូជពង្សនៃពួកអារក្ស ទៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងមិនសមហេតុផលទេឬ? តើនេះមិនមែនផ្ទុយនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ? ដោយសារ ទស្សនៈរបស់ពួកគេលើបញ្ហាផ្សេងៗ គឺជំទាស់ទាំងស្រុងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត នោះមតិរបស់ពួកគេចំពោះតួអង្គអវិជ្ជមានផ្សេងៗ ចំពោះពួកអារក្ស និងពួកសាតាំង គឺផ្ទុយទាំងស្រុងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយខុសគ្នាដាច់ស្រឡះ។ ព្រះជាម្ចាស់មិនដែលចាត់ទុកពួកអារក្សដែលដើរតាមសាតាំង ថាជាមនុស្សឡើយ។ តើព្រះជាម្ចាស់កំណត់លក្ខណៈមនុស្សទាំងនេះដោយរបៀបណា? ពួកគេគឺជាអ្នកបម្រើរបស់អារក្សសាតាំង ពួកគេគឺជាសត្វតិរច្ឆាន។ ដោយសារចេតនាល្អ និងសេចក្ដីស្រឡាញ់ដ៏ល្ងិតល្ងង់របស់ពួកគេ ហើយដោយត្រូវបានជំរុញដោយការគិតស្រមើស្រមៃផ្ទាល់ខ្លួន ពួកអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះពួកអ្នកមិនជឿ ពួកអារក្ស និងពួកអ្នកបម្រើរបស់សាតាំងទាំងនេះ ថាជាបងប្អូនប្រុសស្រី។ ហេតុដូច្នេះហើយ ពួកគេបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរសយ៉ាងខ្លាំងចំពោះអ្នកទាំងនោះ ដោយជួយ និងគាំទ្រពួកគេជានិច្ច។ ជាលទ្ធផល ដោយសារពួកអ្នកដឹកនាំក្លែងក្លាយផ្ដល់ការគាំទ្រ ការជួយ និងការដឹកនាំដល់មនុស្សទាំងនោះ បងប្អូនប្រុសស្រីពិតប្រាកដ ដែលជាអ្នកដែលព្រះជាម្ចាស់ចង់សង្គ្រោះ មានការខ្វល់ចិត្តយ៉ាងខ្លាំង។ ជីវិតពួកជំនុំមិនអាចចូលទៅក្នុងគន្លងដ៏ត្រឹមត្រូវបានឡើយ ហើយបងប្អូនប្រុសស្រីមិនអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតបានជាប្រក្រតី ដោយគ្មានការរំខានពីមនុស្សអាក្រក់បានឡើយ។ តើនេះមិនមែនជា «សមិទ្ធផល» របស់ពួកអ្នកដឹកនាំក្លែងក្លាយទេឬ? «សមិទ្ធផល» របស់ពួកគេគឺធំដុំណាស់៖ ពួកគេមិនត្រឹមតែខកខានមិនបានការពារបងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្ដល់ការគោរព និងការការពារដែលមិនសមនឹងទទួលបាន ដល់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះទៀតផង។ តើនេះមិនមែនជាការបង្អាក់ដល់កិច្ចការរបស់ពួកជំនុំទេឬ? លក្ខណៈនៃការធ្វើបែបនេះរបស់ពួកអ្នកដឹកនាំក្លែងក្លាយ គឺជាការបង្អាក់ ប៉ុន្តែពួកគេបែរជាគិតថា ពួកគេកំពុងថែរក្សាកិច្ចការរបស់ពួកជំនុំ និងកំពុងជួយ ហើយគាំទ្ររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៅវិញ។ តើព្រះជាម្ចាស់យល់ឃើញយ៉ាងណាចំពោះទង្វើទាំងនេះរបស់ពួកអ្នកដឹកនាំក្លែងក្លាយ? ព្រះជាម្ចាស់ស្អប់ខ្ពើមទង្វើទាំងនេះ ទ្រង់ស្អប់ខ្ពើមទង្វើទាំងនេះជាខ្លាំង! ពួកអ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែងទេ ប៉ុន្តែផ្ដោតលើការការពារមនុស្សអាក្រក់ ដោយដើរតួជាអ្នកបម្រើរបស់សាតាំង។ នេះនាំឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលជាអ្នកស្រឡាញ់សេចក្ដីពិត មិនអាចទទួលបានការគាំទ្រ និងការផ្គត់ផ្គង់ពីពួកជំនុំ ទោះបីជារស់នៅក្នុងជីវិតពួកជំនុំក៏ដោយ ហើយចង់បំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែមិនអាចទទួលបានការធានាសុវត្ថិភាពឡើយ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដឹងមិនយល់សោះឡើយអំពីរឿងទាំងនេះ ហើយគិតថា៖ «ខ្ញុំប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មើភាព ដូច្នេះហេតុអ្វីបានជាអ្នករាល់គ្នាត្អូញត្អែរ? តើខ្ញុំត្រូវធ្វើអ្វីទើបអាចបំពេញចិត្តអ្នករាល់គ្នាបាន? នេះហើយជាអត្ថន័យនៃការប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌។ អ្នករាល់គ្នាគ្រាន់តែរឿងច្រើន និងពិបាកផ្គាប់ចិត្តប៉ុណ្ណោះ! យ៉ាងណាក៏ដោយ ខ្ញុំទទួលខុសត្រូវចំពោះព្រះជាម្ចាស់ ខ្ញុំកំពុងធ្វើអ្វីៗគ្រប់យ៉ាងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់!» តើពួកគេមិនមែនជាមនុស្សគ្មានហេតុផលទេឬ ដែលអាចពោលពាក្យបែបនេះចេញមកបាននោះ? តើពួកគេមិនមែនល្ងង់ខ្លៅយ៉ាងខ្លាំងទេឬ? ពួកគេពិតជាគ្មានហេតុផល និងល្ងង់ខ្លៅយ៉ាងខ្លាំងពិតមែន។ ដំណាក់របស់ព្រះជាម្ចាស់និយាយជារៀងរាល់ថ្ងៃអំពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ប៉ុន្តែពួកអ្នកដឹកនាំក្លែងក្លាយមិនដែលយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគិតថា មិនថាមនុស្សនោះជានរណា មិនថាសារជាតិរបស់ពួកគេជាអ្វី មិនថាពួកគេធ្លាប់ធ្វើរឿងអាក្រក់ៗកម្រិតណា ហើយមិនថាពួកគេមានភាពជាមនុស្សពិសពុលយ៉ាងណានោះទេ ក្រោមការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយមានជំនួយពីការគាំទ្រប្រកបដោយក្ដីស្រឡាញ់របស់មនុស្ស នៅទីបំផុតពួកគេនឹងប្រែចិត្ត ហើយកែខ្លួន។ តើទស្សនៈនេះមិនមែនខុសទាំងស្រុងទេឬ? (មែនហើយ។) ក្រៅពីមានការយល់ដឹងដែលខុសទំនងយ៉ាងធ្ងន់ធ្ងរអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកអ្នកដឹកនាំក្លែងក្លាយក៏តាំងខ្លួនថាយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ ហើយដោយគិតតែមួយជ្រុង និងធ្វើសកម្មភាពតាមបំណងប្រាថ្នាអាត្មានិយមផ្ទាល់ខ្លួន ពួកគេបង្ហាញសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ។ ហើយតើលទ្ធផលគឺជាអ្វី? នៅទីបំផុត ពួកគេបែរជាការពារមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ដោយក្លាយជាបក្ខពួករបស់ពួកគេ ដោយផ្ដល់ឱកាស និងទីតាំងដ៏ល្អសម្រាប់ពួកគេ ដើម្បីបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំ។ ក្នុងពេលជាមួយគ្នានេះ បងប្អូនប្រុសស្រីដែលត្រូវការការការពារយ៉ាងពិតប្រាកដ ត្រូវបានពួកអ្នកដឹកនាំក្លែងក្លាយមិនអើពើ ដោយមិនដែលសួរពួកគេថា៖ «តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាចំពោះការដែលមានមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនៅក្នុងពួកជំនុំ និងអស់អ្នកដែលបញ្ចេញភាពអវិជ្ជមាន និងផ្សព្វផ្សាយសញ្ញាណនានាទាំងនោះ? តើអ្នករាល់គ្នាយល់ព្រមឱ្យទុកពួកគេនៅក្នុងពួកជំនុំដែរឬទេ? តើអ្នកសុខចិត្តបំពេញភារកិច្ច និងរស់នៅក្នុងជីវិតពួកជំនុំជាមួយពួកគេដែរឬទេ?» ពួកគេមិនដែលសួរថា តើបងប្អូនប្រុសស្រីមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះឡើយ។ តើអ្នករាល់គ្នាគិតយ៉ាងណា តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបែបនេះ មិនគួរឱ្យស្អប់ខ្ពើមខ្លាំងទេឬ? ពួកគេធ្វើសកម្មភាពក្រោមបដាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ដោយពាក់ងារបែបនេះ ប៉ុន្តែតាមពិតទៅ ពួកគេកំពុងធ្វើកិច្ចការការពារសាតាំង និងពួកអ្នកបម្រើរបស់សាតាំង។ ពិតជាគួរឱ្យសង្វេគណាស់! ប្រសិនបើអ្នកនិយាយថា ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបែបនេះមានគុណសម្បត្តិអន់ និងមិនធ្វើកិច្ចការជាក់ស្ដែង ពួកគេប្រហែលជាមិនសុខចិត្តទេ។ ពួកគេនឹងមានអារម្មណ៍ថារងអយុត្តិធម៌ ដោយគិតថា ពួកគេរវល់ជារៀងរាល់ថ្ងៃ ហើយមិនដែលនៅទំនេរឡើយ ដូច្នេះតើអាចថាមកពីពួកគេមិនធ្វើកិច្ចការជាក់ស្ដែងបានដោយរបៀបណា? ប៉ុន្តែផ្អែកលើការសម្ដែងចេញរបស់ពួកគេ ដែលមានអារម្មណ៍ថាក្រុមទាំងពីរគឺសំខាន់ដូចគ្នា ដោយគិតថា ក្រុមទាំងពីរត្រូវតែទទួលបានការប្រព្រឹត្តចំពោះដោយស្មើភាពគ្នា ដោយប្រើការប្រព្រឹត្តដោយយុត្តិធម៌ជាលេស ដើម្បីអនុញ្ញាតឱ្យមនុស្សអាក្រក់ និងអស់អ្នកដែលបង្កការបង្អាក់ និងការរំខាន ត្រួតត្រានៅក្នុងពួកជំនុំ ហើយបណ្ដោយឱ្យអំពើអាក្រក់ផ្សេងៗនៅតែបន្តមាននៅក្នុងពួកជំនុំ តើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងនេះជាអ្វី? ផ្អែកលើការសម្ដែងចេញរបស់ពួកគេ របៀប និងគោលការណ៍នៃការធ្វើការរបស់ពួកគេ និងបំណងចិត្តរបស់ពួកគេក្នុងការធ្វើការ ពួកគេគឺជាពួកអ្នកដឹកនាំក្លែងក្លាយ និងជាមនុស្សល្ងង់ខ្លៅដែលវង្វេងវង្វាន់យ៉ាងពិតប្រាកដ។ តើការនិយាយបែបនេះសុក្រឹតត្រឹមត្រូវដែរឬទេ? (មែនហើយ។)
នៅក្នុងសង្គម មិនថាជាមនុស្សនៅក្នុងក្រុម ឬវណ្ណៈណានោះទេ ពួកគេមិនបែងចែករវាងមនុស្សអាក្រក់ និងមនុស្សល្អឡើយ ហើយពួកគេរឹតតែមិនពិភាក្សាអំពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ ឬថាតើសារជាតិនៃមនុស្សជាតិដែលពុករលួយគឺជាអ្វីនោះទេ សូម្បីតែល្អ និងអាក្រក់ ក៏ពួកគេមិនបែងចែកផង។ ប៉ុន្តែ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងគឺផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សេចក្ដីពិតមិនដែលផ្លាស់ប្ដូរឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រេចអ្វីៗគ្រប់យ៉ាង។ នៅក្នុងពួកជំនុំ មនុស្សគ្រប់ប្រភេទត្រូវបានបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវបានចាត់ថ្នាក់តាមប្រភេទរៀងៗខ្លួនដោយឯងៗ។ មនុស្សគ្រប់ប្រភេទគួរតែត្រូវបានប្រើឱ្យសមស្របបំផុត ផ្អែកទៅលើភាពជាមនុស្ស ការដេញតាម និងសារជាតិរបស់ពួកគេ។ តើនេះជាការចាត់ថ្នាក់មនុស្សតាមឋានៈឬ? វាមិនមែនជាការចាត់ថ្នាក់មនុស្សតាមឋានៈទេ ប៉ុន្តែជាការបែងចែកប្រភេទពួកគេ។ មនុស្សម្នាក់ៗគួរតែត្រូវបានចាត់ថ្នាក់តាមប្រភេទរៀងៗខ្លួន គឺពួកគេគួរតែត្រូវបានដាក់នៅកន្លែងដែលពួកគេគួរនៅ។ ការនៅលាយឡំគ្នាគឺមិនអាចទទួលយកបានឡើយ។ ការនៅលាយឡំគ្នាគឺគ្រាន់តែជាបណ្ដោះអាសន្ន និងមានរយៈពេលកំណត់។ ឧទាហរណ៍ នៅពេលដែលស្រងែ និងស្រូវនៅលាយឡំគ្នា ប្រសិនបើការដកស្រងែប៉ះពាល់ដល់ស្រូវ និងអាចបណ្ដាលឱ្យស្រូវងាប់ នោះកុំទាន់អាលដកស្រងែ។ ប៉ុន្តែការមិនដកពួកវា មិនមែនមានន័យថា ពួកវាមិនត្រូវបានបែងចែកទៅតាមប្រភេទនោះទេ ចុះតើគួរដកពួកវានៅពេលណា? គឺនៅពេលវេលាដ៏ត្រឹមត្រូវ។ ព្រះជាម្ចាស់នឹងរៀបចំពេលវេលា។ ឥឡូវនេះគឺជាពេលវេលាដែលត្រូវចាត់ថ្នាក់មនុស្សម្នាក់ៗទៅតាមប្រភេទរបស់ពួកគេហើយ។ ត្រូវតែបែងចែកមនុស្សគ្រប់ប្រភេទទៅតាមប្រភេទរបស់ពួកគេ។ នេះគឺជាការចាំបាច់។ ហេតុអ្វីបានជាត្រូវធ្វើកិច្ចការនេះ? តាមទស្សនៈនៃទ្រឹស្ដី គឺមានមូលដ្ឋានពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមទស្សនៈនៃស្ថានភាពជាក់ស្ដែង វាចាំបាច់ត្រូវធ្វើបែបនេះ គឺវាមានតម្លៃជាក់ស្ដែង ហើយវាគឺជាកិច្ចការដែលខានមិនបាន។ នៅពេលដែលការដកស្រងែមិន ប៉ះពាល់ដល់ស្រូវ នោះត្រូវតែដកស្រងែចេញ ហើយញែកវាចេញពីស្រូវ។ ប្រសិនបើពួកអ្នកមិនជឿ និងមនុស្សអាក្រក់ ពោលគឺអស់អ្នកដែលជាស្រងែនោះឯង ត្រូវបានចាត់ទុកជាបងប្អូនប្រុសស្រី នោះវាអយុត្តិធម៌ពេកហើយសម្រាប់បងប្អូនប្រុសស្រីទាំងអស់ដែលលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះស្ម័គ្រ។ ម្យ៉ាង មនុស្សទាំងនេះនឹងតែងតែត្រូវបានរំខាន ទទួលឥទ្ធិពល និងទទួលរងការធ្វើបាបដោយមនុស្សអាក្រក់ដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ម្យ៉ាងទៀត មនុស្សមួយចំនួនដែលមានកម្ពស់ខាងវិញ្ញាណនៅតូចទាប មិនយល់ពីសេចក្ដីពិតទេ ហើយនឹងត្រូវបានរឹតត្បិត ប្រែក្លាយជាមានភាពអវិជ្ជមាន និងទន់ខ្សោយ ឬថែមទាំងជំពប់ដួលទៀតផង នៅពេលដែលពួកគេជួបប្រទះនឹងមនុស្សអាក្រក់ដែលបង្កការបង្អាក់ និងការរំខាន។ លើសពីនេះទៅទៀត អ្វីៗគ្រប់យ៉ាងដែលពួកអ្នកដែលបង្កការបង្អាក់ និងការរំខានធ្វើ និងពាក្យសម្ដីគ្រប់ម៉ាត់ដែលពួកគេនិយាយ គឺនាំមកនូវភាពវឹកវរ ភាពរញ៉េរញ៉ៃ និងស្ថានភាពគ្មានសណ្ដាប់ធ្នាប់។ ស្ថានភាពជាក់ស្ដែងបំផុតនោះគឺថា នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឬធ្វើកិច្ចការមួយចំនួន ពួកគេប្រព្រឹត្តអំពើខុសឆ្គងដោយឥតកោតក្រែង និងមិនធ្វើតាមគោលការណ៍ឡើយ ដែលនាំឱ្យមានការខ្ជះខ្ជាយកម្លាំងពលកម្ម ធនធានសម្ភារៈ និងធនធានហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនទទួលបានលទ្ធផលអ្វីសោះ។ នៅទីបំផុត តើមានរឿងអ្វីកើតឡើង? នៅពេលដែលពួកគេត្រូវបានដកហូតតំណែង មនុស្សគ្រប់គ្នាត្រូវសងចំពោះអំពើអាក្រក់របស់ពួកគេ។ ការងារចាំបាច់ត្រូវធ្វើឡើងវិញ ហើយកម្លាំងពលកម្ម ធនធានសម្ភារៈ ពេលវេលា និងថាមពលដ៏មានតម្លៃបំផុតរបស់មនុស្សគ្រប់គ្នាដែលបានចំណាយ មុនពេលបុគ្គលទាំងនោះត្រូវបានដកហូតតំណែង ត្រូវបានខាតបង់ដោយសារតែអំពើខុសឆ្គងដោយឥតកោតក្រែងរបស់ពួកគេ ហើយមិនអាចប៉ះប៉ូវសងវិញបានឡើយ។ ផលប៉ះពាល់អវិជ្ជមានដែលពួកគេបាននាំមកដល់ការងារនេះ គឺធំធេងពេកហើយ! គ្មាននរណាម្នាក់អាចរ៉ាប់រងទំនួលខុសត្រូវនេះបានទេ។ ទោះបីជាកិច្ចការនេះត្រូវបានធ្វើបានល្អនៅពេលក្រោយក៏ដោយ ក៏មិនមាននរណាម្នាក់អាចប៉ះប៉ូវសងនូវការខាតបង់ពីមុនមកបានដែរ។ មនុស្សមួយចំនួននិយាយថាឱ្យពួកគេសងជាលុយ។ រឿងនេះក៏គួរតែធ្វើដែរ ប៉ុន្តែតើលុយអាចទិញពេលវេលាបានទេ? តើលុយអាចទិញពេលវេលា និងថាមពលរបស់បងប្អូនប្រុសស្រី ឬតម្លៃដ៏ស្មោះត្រង់ដែលពួកគេបានបង់បានទេ? ទេ មិនអាចទេ របស់ទាំងនោះគឺកាត់ថ្លៃមិនបានឡើយ! មិនថាមានមនុស្សប៉ុន្មាននាក់បង្កការបង្អាក់ និងការរំខាននៅក្នុងពួកជំនុំនោះទេ ផលវិបាកគឺមិនអាចវាស់ស្ទង់បានឡើយ។ ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីជាច្រើននឹងរងផលប៉ះពាល់។ ការខាតបង់គឺធំធេងណាស់ ហើយមិនអាចប៉ះប៉ូវសងវិញបានទេ។ តើការខាតបង់ចំពោះជីវិតរបស់បងប្អូនប្រុសស្រី អាចប៉ះប៉ូវសងវិញបានទេ? តើនរណានឹងសងចំពោះការខាតបង់នេះ? ដូច្នេះ មនុស្សអាក្រក់ទាំងនេះត្រូវតែជម្រះចេញ។ ពួកគេមិនមែនជាប្រភេទដូចគ្នាជាមួយនឹងបងប្អូនប្រុសស្រីដែលដេញតាមសេចក្ដីពិតនោះទេ។ ពួកគេគឺជាកម្មសិទ្ធិរបស់ក្រុមអារក្ស និងសាតាំង ដែលមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបង្កការរំខាន និងបំផ្លាញ។ ប្រសិនបើមនុស្សអាក្រក់ទាំងនេះមិនត្រូវបានបោសសម្អាតចេញពីពួកជំនុំទេ នោះកិច្ចការរបស់ពួកជំនុំ និងសណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំ មិនអាចធានាបានឡើយ។ មិនថាក្រុមណាមួយមានមនុស្សប៉ុន្មាននាក់នោះទេ ឱ្យតែមានមនុស្សម្នាក់នៅក្នុងចំណោមពួកគេបង្កការបង្អាក់ និងការរំខាន គឺនរណាម្នាក់ដែលប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែង មិនដែលចាត់ចែងបញ្ហាតាមគោលការណ៍ មិនដែលទទួលយកអ្វីដែលវិជ្ជមាន ឬសេចក្ដីពិត មិនស្ដាប់នរណា ប្រព្រឹត្តតាមអំពើចិត្តដោយមិនខ្វល់ថាតើពួកគេមានឋានៈ ឬអំណាចអ្វីឡើយ ហើយតាមសារជាតិគឺជាសាតាំងដែលមានជីវិត បុគ្គលបែបនេះ ឱ្យតែពួកគេស្នាក់នៅក្នុងពួកជំនុំ មិនយូរមិនឆាប់ ពួកគេនឹងនាំមកនូវការរំខាន និងការបំផ្លិចបំផ្លាញយ៉ាងធំដល់កិច្ចការរបស់ពួកជំនុំ។ នៅពេលដល់ថ្ងៃដែលត្រូវបោសសម្អាតពួកគេចេញ និងចាត់ចែងពួកគេ តើនឹងមានមនុស្សប៉ុន្មាននាក់ដែលត្រូវសម្អាតផលវិបាកអាក្រក់ៗ និងស្ថានភាពគ្មានសណ្ដាប់ធ្នាប់នានាដែលពួកគេបានបង្កឡើង! ហេតុដូច្នេះហើយ ការបោសសម្អាតចេញ ឬការបណ្ដេញមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះចេញ គឺជាកិច្ចការដ៏សំខាន់មួយដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែអនុវត្ត ហើយមិនត្រូវធ្វេសប្រហែសឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកដឹកនាំក្លែងក្លាយបង្ហាញសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះអស់អ្នកដែលគួរតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញ ធ្វើជាមើលមិនឃើញអំពើអាក្រក់របស់ពួកគេ អត់ឱន និងទទួលយកពួកគេថាជាបងប្អូនប្រុសស្រី ហើយថែមទាំងចាត់ទុកអស់អ្នកដែលមានប្រយោជន៍សម្រាប់ពួកគេថាជាមនុស្សមានទេពកោសល្យ ព្រមទាំងបណ្ដុះបណ្ដាល និងប្រើពួកគេទៀតផង។ មិនថាពួកគេធ្វើរឿងអាក្រក់អ្វីខ្លះក៏ដោយ ក៏ពួកអ្នកដឹកនាំក្លែងក្លាយរកលេសដើម្បីដោះសារឱ្យពួកគេ ហើយថែមទាំងផ្ដល់ជំនួយ និងការគាំទ្រប្រកបដោយក្ដីស្រឡាញ់ដល់ពួកគេទៀតផង។ ក្នុងកម្រិតខ្លះ តើនេះមិនមែនជាការបង្អាក់ដោយចេតនាទេឬ? (មែនហើយ។) ពួកអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តតាមគំនិតផ្ទាល់ខ្លួន ព្រមទាំងសេចក្ដីសប្បុរស និងភាពក្លៀវក្លារបស់ខ្លួន ដែលនៅទីបំផុត បង្កឱ្យមានបញ្ហាយ៉ាងធំដល់ពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់! ប្រសិនបើមនុស្សអាក្រក់ទាំងនេះកាន់អំណាច នោះមហន្តរាយ និងផលវិបាកនានាដែលពួកគេនាំមកដល់ពួកជំនុំ គឺមិនអាចគណនាបានឡើយ។
បច្ចុប្បន្ននេះ មានបទប្បញ្ញត្តិមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ថា មិនថានរណាប្រព្រឹត្តអំពើខុសឆ្គងនោះទេ ឱ្យតែវាបណ្ដាលឱ្យមានការខាតបង់ដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេត្រូវតែប៉ះប៉ូវសងចំពោះការខាតបង់នោះ។ ប្រសិនបើការខាតបង់ធំពេក ហើយផលវិបាកធ្ងន់ធ្ងរ តើបញ្ហានេះអាចដោះស្រាយដោយគ្រាន់តែសងជាលុយបានដែរឬទេ? ការខាតបង់ខ្លះ ទោះបីជាលុយកាក់ចំនួនប៉ុន្មានក៏មិនអាចប៉ះប៉ូវសងវិញបានដោយដែរ វាគឺជាការខាតបង់ដែលមិនអាចជួសជុលបាន និងមិនអាចស្រោចស្រង់បានឡើយ។ ឥឡូវនេះ ថ្ងៃនីមួយៗគឺមានតម្លៃ និងសំខាន់ណាស់។ នៅពេលដែលរយៈពេលមួយថ្ងៃបានកន្លងផុតទៅហើយ តើអាចយកពេលវេលានោះមកវិញបានទេ? រឿងនោះក៏មិនអាចស្រោចស្រង់បានដែរ។ ហេតុអ្វីបានជាយើងនិយាយថា ការខកខានរឿងមួយចំនួន គឺជាការសោកស្ដាយអស់មួយជីវិត? គឺដោយសារតែពេលវេលាមិនអាចយកមកវិញបានហ្នឹងឯង។ តើខ្ញុំនិយាយបែបនេះចង់មានន័យដូចម្ដេច? អ្វីដែលល្អបំផុតគឺត្រូវបង្ការកុំឱ្យមានបញ្ហាកើតឡើង ជាជាងការចំណាយលុយដើម្បីដោះស្រាយបញ្ហាទាំងនោះ បន្ទាប់ពីវាបានកើតឡើងហើយ។ នេះគឺជាវិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហា។ «ការធ្វើរបងការពារ ក្រោយពេលដែលគោបានបាត់ទៅហើយនោះ» គឺជាជម្រើសចុងក្រោយបំផុត។ អ្វីដែលល្អបំផុតគឺត្រូវធ្វើកិច្ចការដើម្បីបង្ការ មុនពេលមានរឿងរ៉ាវកើតឡើង។ នេះមានន័យថា មុនពេលមានការបង្អាក់ ឬការរំខានណាមួយកើតឡើង ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែមានការយល់ដឹងច្បាស់លាស់ និងការយល់ដឹងសព្វជ្រុងជ្រោយអំពីមនុស្សប្រភេទផ្សេងៗនៅក្នុងពួកជំនុំ ហើយសង្កេតមើលយ៉ាងយកចិត្តទុកដាក់ និងក្ដាប់ឱ្យបានឆាប់រហ័សនូវសភាព និស្ស័យ និងការដេញតាមរបស់មនុស្សប្រភេទផ្សេងៗ ព្រមទាំងអាកប្បកិរិយា និងទស្សនៈរបស់ពួកគេនៅពេលបំពេញភារកិច្ច ដើម្បីធានាថាបងប្អូនប្រុសស្រីទាំងអស់មានជីវិតពួកជំនុំ និងបរិយាកាសប្រក្រតីសម្រាប់ការបំពេញភារកិច្ចរបស់ពួកគេ។ តាមរបៀបនេះ កិច្ចការរបស់ពួកជំនុំអាចដំណើរការទៅមុខដោយមានរបៀបរៀបរយ។ ទាំងនេះគឺជាទំនួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ជាការពិតណាស់ ពួកអ្នកដឹកនាំក្លែងក្លាយមិនមានសមត្ថភាពធ្វើកិច្ចការនេះទេ។ ពួកគេគឺជាមនុស្សល្ងីល្ងើដែលមោហ៍បាំង និងជាមនុស្សគ្មានប្រយោជន៍។ ឥឡូវនេះ ពួកគេមានគំនិតដ៏ឆ្លាតវៃមួយថា៖ «នរណាក៏ដោយដែលមិនធ្វើតាមគោលការណ៍ ហើយធ្វើឱ្យខូចការងារ នឹងត្រូវផាកពិន័យ! ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីមួយខុស ពួកគេនឹងត្រូវបានផាកពិន័យ!» ពួកគេគិតថា ការផាកពិន័យគឺជាដំណោះស្រាយដ៏ល្អបំផុត និងជាគោលការណ៍នៃការអនុវត្តដ៏ល្អបំផុត។ ប្រសិនបើបញ្ហាទាំងអស់អាចដោះស្រាយបានដោយការផាកពិន័យ តើការដេញតាមសេចក្ដីពិតមានប្រយោជន៍អ្វីទៅ? ហេតុអ្វីបានជាអ្នកដឹកនាំក្លែងក្លាយ ត្រូវបានហៅថាក្លែងក្លាយ? គឺដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ហើយពួកគេចាត់ទុកការធ្វើតាមបទប្បញ្ញត្តិថាជាការអនុវត្តសេចក្ដីពិត និងចាត់ទុកពាក្យពេចន៍ និងគោលលទ្ធិដែលពួកគេយល់ថាជាសេចក្ដីពិត ហើយនៅពេលមានរឿងរ៉ាវកើតឡើង ពួកគេពិតជាមិនអាចរកឃើញគោលការណ៍ ឬទិសដៅត្រឹមត្រូវឡើយ និងមិនអាចដោះស្រាយបញ្ហាពីឫសគល់បានទេ។ ពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនអាចក្ដាប់បាននូវបំណងរបស់ព្រះជាម្ចាស់ទាល់តែសោះ ប៉ុន្តែនៅតែចង់ធ្វើការ និងធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ពិតជាល្ងង់ខ្លៅណាស់! នៅក្នុងករណីនេះ តើអ្វីទៅជាការសម្ដែងចេញដ៏សំខាន់របស់អ្នកដឹកនាំក្លែងក្លាយ? ពួកគេមិនអាចមើលធ្លុះដល់សារជាតិរបស់មនុស្សប្រភេទផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំឡើយ មិនអាចបែងចែកពួកគេទៅតាមប្រភេទបាន ហើយច្បាស់ណាស់ថា មិនអាចប្រព្រឹត្តចំពោះ និងចាត់ចែងពួកគេតាមគោលការណ៍បានឡើយ។ នៅក្នុងគំនិតរបស់អ្នកដឹកនាំក្លែងក្លាយ រឿងទាំងអស់នេះគឺជាភាពរញ៉េរញ៉ៃច្របូកច្របល់។ ពួកគេស្មានអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំណងរបស់ទ្រង់ ដោយផ្អែកលើភាពក្លៀវក្លារបស់ពួកគេ និងសញ្ញាណ ព្រមទាំងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ ពួកគេយកសេចក្ដីសប្បុរស ភាពក្លៀវក្លា និងការស្រមើស្រមៃ ព្រមទាំងសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ទៅដាក់លើព្រះជាម្ចាស់ ដោយជឿថា រឿងទាំងនេះស្របតាមសេចក្ដីពិត ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអាចតំណាងឱ្យអ្វីដែលព្រះជាម្ចាស់ចង់បាន។ ហេតុនេះ ពួកគេពឹងផ្អែកលើរឿងទាំងនេះដើម្បីធ្វើការ និងដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះគឺជាការសម្ដែងចេញដ៏សំខាន់របស់អ្នកដឹកនាំក្លែងក្លាយ។ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងអំពីការសម្ដែងចេញទីពីររបស់អ្នកដឹកនាំក្លែងក្លាយនៅត្រឹមនេះចុះ។
III. អ្នកដឹកនាំក្លែងក្លាយមិនលាតត្រដាង និងបញ្ឈប់មនុស្សអាក្រក់ឡើយ
បន្ទាប់មក យើងនឹងប្រកបគ្នាអំពីការសម្ដែងចេញទីបីរបស់ពួកអ្នកដឹកនាំក្លែងក្លាយ គឺការមិនអើពើ និងមិនសាកសួរអំពីមនុស្សដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ សូម្បីតែនៅពេលដែលពួកគេរកឃើញថាមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទកំពុងរំខានដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់ចំពោះរឿងនេះដែរ។ រឿងនេះមានលក្ខណៈធ្ងន់ធ្ងរជាងការសម្ដែងចេញពីរដំបូងទៅទៀត។ ហេតុអ្វីបានជាគេនិយាយថា វាធ្ងន់ធ្ងរជាង? ការសម្ដែងចេញពីរដំបូង ពាក់ព័ន្ធនឹងគុណសម្បត្តិរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ប៉ុន្តែការសម្ដែងចេញនេះ ពាក់ព័ន្ធនឹងភាពជាមនុស្សរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួនមានគុណសម្បត្តិអន់ រហូតដល់ថ្នាក់ពួកគេមិនអាចមើលធ្លុះដល់លក្ខណៈនៃការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំឡើយ។ ពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួន ទោះបីជាពួកគេអាចរកឃើញបញ្ហានៃការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ប៉ុន្តែគួរឱ្យស្តាយដែលពួកគេមិនយល់ពីសេចក្ដីពិត ហើយមិនអាចចាត់ចែង និងដោះស្រាយបញ្ហាទាំងនេះបាន។ ពួកគេតែងតែប្រព្រឹត្តតាមគំនិត និងភាពក្លៀវក្លារបស់ខ្លួន ដោយធ្វើអ្វីដែលពួកគេចូលចិត្តធ្វើ ដោយគិតនៅក្នុងចិត្តថា៖ «ឱ្យតែខ្ញុំកំពុងធ្វើកិច្ចការរបស់ពួកជំនុំ គឺមិនអីទេ ចំណែកឯអ្នកណាដែលបង្កការបង្អាក់ និងការរំខាន នោះជារឿងផ្ទាល់ខ្លួនរបស់គេ ហើយមិនពាក់ព័ន្ធនឹងខ្ញុំឡើយ»។ ក៏មានពួកអ្នកដឹកនាំក្លែងក្លាយមួយចំនួនដែលមានគុណសម្បត្តិបន្តិចបន្តួច និងអាចធ្វើកិច្ចការបានបន្តិចបន្តួច ហើយដឹងអំពីគោលការណ៍បន្តិចបន្តួចសម្រាប់ចាត់ចែងមនុស្សប្រភេទនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេខ្លាចធ្វើឱ្យមនុស្សអាក់អន់ចិត្ត ដូច្នេះនៅពេលដែលពួកគេរកឃើញមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទដែលបង្កការបង្អាក់ និងការរំខាន ពួកគេមិនហ៊ានលាតត្រដាង បញ្ឈប់ ឬរឹតត្បិតពួកគេឡើយ។ ពួកគេដើរតាមទស្សនវិជ្ជាបែបសាតាំង ហើយពួកគេធ្វើជាមើលមិនឃើញចំពោះបញ្ហាដែលពួកគេមានអារម្មណ៍ថា មិនពាក់ព័ន្ធនឹងពួកគេ។ ពួកគេមិនខ្វល់ទាល់តែសោះថាតើលទ្ធផលនៃកិច្ចការរបស់ពួកជំនុំទៅជាយ៉ាងណា ឬថាតើការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រងផលប៉ះពាល់ខ្លាំងប៉ុនណាឡើយ។ ពួកគេគិតថារឿងបែបនេះមិនពាក់ព័ន្ធនឹងពួកគេទេ។ ដូច្នេះ ក្នុងអំឡុងពេលកាន់តំណែងរបស់អ្នកដឹកនាំក្លែងក្លាយបែបនេះ សណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំមិនត្រូវបានរក្សាឡើយ ហើយភារកិច្ច និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ក៏មិនត្រូវបានការពារដែរ។ តើបញ្ហានេះមានលក្ខណៈបែបណា? វាមិនមែនថាមកពីពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះមិនអាចធ្វើកិច្ចការបាន ដោយសារតែគុណសម្បត្តិរបស់ពួកគេអន់នោះទេ គឺដោយសារតែភាពជាមនុស្សរបស់ពួកគេអន់ ហើយពួកគេខ្វះមនសិការ និងវិចារណញ្ញាណ ទើបពួកគេមិនធ្វើកិច្ចការជាក់ស្ដែង។ តើពួកអ្នកដឹកនាំក្លែងក្លាយ ក្លែងក្លាយបែបណា? ពួកគេខ្វះមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្ស។ ហេតុដូច្នេះហើយ ក្នុងអំឡុងពេលដែលពួកគេធ្វើការជាអ្នកដឹកនាំ បញ្ហានៃមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ មិនត្រូវបានដោះស្រាយទាល់តែសោះ។ បងប្អូនប្រុសស្រីមួយចំនួនរងការធ្វើបាបយ៉ាងខ្លាំង ហើយកិច្ចការរបស់ពួកជំនុំក៏រងការខាតបង់យ៉ាងធ្ងន់ធ្ងរដែរ។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយប្រភេទនេះកត់សម្គាល់ឃើញបញ្ហា នៅពេលដែលពួកគេឃើញមនុស្សអាក្រក់ ឬអាទទឹងនឹងព្រះគ្រីស្ទបង្កការបង្អាក់ ឬការរំខាន ពួកគេដឹងថាទំនួលខុសត្រូវរបស់ពួកគេគឺជាអ្វី អ្វីដែលពួកគេគួរធ្វើ និងរបៀបដែលពួកគេគួរធ្វើ ប៉ុន្តែពួកគេមិនធ្វើអ្វីទាល់តែសោះ ហើយថែមទាំងធ្វើពុតជាមិនដឹង មិនអើពើនឹងរឿងនេះទាំងស្រុង និងមិនរាយការណ៍រឿងនេះទៅថ្នាក់លើឡើយ។ ពួកគេធ្វើពុតជាមិនដឹងអ្វីសោះ និងមិនឃើញអ្វីសោះ ដោយបណ្ដោយឱ្យមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទបង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ។ តើភាពជាមនុស្សរបស់ពួកគេមិនមានបញ្ហាទេឬ? តើពួកគេមិនមែនជាបក្ខពួកតែមួយជាមួយនឹងមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទេឬ? តើពួកគេប្រកាន់យកគោលការណ៍អ្វី ក្នុងនាមជាអ្នកដឹកនាំ? «ខ្ញុំមិនបង្កការបង្អាក់ ឬការរំខានទេ ប៉ុន្តែខ្ញុំនឹងមិនធ្វើអ្វីដែលធ្វើឱ្យគេអាក់អន់ចិត្ត ឬអ្វីដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃឡើយ។ ទោះបីជាកំណត់លក្ខណៈខ្ញុំថាជាអ្នកដឹកនាំក្លែងក្លាយក៏ដោយ ក៏ខ្ញុំនៅតែមិនធ្វើអ្វីដែលធ្វើឱ្យគេអាក់អន់ចិត្តដែរ។ ខ្ញុំត្រូវទុកផ្លូវក្រោយសម្រាប់ខ្លួនឯង»។ តើនេះជាតក្កវិជ្ជាបែបណា? វាគឺជាតក្កវិជ្ជារបស់សាតាំង។ ហើយតើនេះជានិស្ស័យបែបណា? តើវាមិនមែនមានល្បិច និងបោកបញ្ឆោតខ្លាំងទេឬ? មនុស្សបែបនេះមិនមានភាពស្មោះត្រង់សូម្បីបន្តិចនៅក្នុងការប្រព្រឹត្តិរបស់ពួកគេចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែមានល្បិចកល និងក្រឡេចក្រឡុចក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយមានផែនការដ៏អាក្រក់ជាច្រើន ដោយគិតពីខ្លួនឯងនៅក្នុងគ្រប់រឿងទាំងអស់។ ពួកគេមិនគិតសូម្បីបន្តិចដល់កិច្ចការរបស់ពួកជំនុំ ហើយគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ។ ជាមូលដ្ឋាន ពួកគេមិនស័ក្តិសមនឹងបម្រើជាអ្នកដឹកនាំពួកជំនុំឡើយ។ មនុស្សបែបនេះមិនមានបន្ទុកសូម្បីបន្តិចចំពោះកិច្ចការរបស់ពួកជំនុំ ឬការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេខ្វល់តែពីផលប្រយោជន៍ និងការសោយសុខផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេផ្ដោតតែលើការសោយសុខនឹងផលប្រយោជន៍នៃឋានៈ ដោយគ្មានការខ្វល់ខ្វាយថាតើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ស្ថិតក្នុងស្ថានភាពបែបណានោះទេ។ តើនេះមិនមែនជាមនុស្សដែលអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមបំផុតទេឬ? សូម្បីតែនៅពេលដែលពួកគេរកឃើញមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទកំពុងរំខានដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់ចំពោះរឿងនេះដែរ ហាក់ដូចជារឿងទាំងនេះមិនពាក់ព័ន្ធនឹងពួកគេសោះ។ វាប្រៀបដូចជាគង្វាលចៀមម្នាក់ដែលឃើញចចកកំពុងស៊ីចៀម ប៉ុន្តែមិនធ្វើអ្វីសោះ ដោយខ្វល់តែពីការការពារជីវិតខ្លួនឯងប៉ុណ្ណោះ។ មនុស្សបែបនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាគង្វាលចៀមឡើយ។ អ្វីៗគ្រប់យ៉ាងដែលអ្នកដឹកនាំក្លែងក្លាយប្រភេទនេះធ្វើ គឺដើម្បីការពារកេរ្តិ៍ឈ្មោះ ឋានៈ អំណាច និងផលប្រយោជន៍ផ្សេងៗដែលពួកគេកំពុងសោយសុខនាពេលបច្ចុប្បន្នឱ្យបានជាអតិបរមា។ ពួកគេគ្មានបន្ទុកនៅក្នុងចិត្តចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ពួកជំនុំ ឬការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលជាភារកិច្ច និងទំនួលខុសត្រូវរបស់ពួកគេឡើយ។ ពួកគេមិនដែលគិតគូរពីរឿងទាំងនេះទេ។ ពួកគេគិតថា៖ «ហេតុអ្វីបានជាអ្នកដឹកនាំត្រូវតែធ្វើកិច្ចការទាំងនេះ? ហេតុអ្វីបានជាការមិនធ្វើកិច្ចការទាំងនេះ បណ្ដាលឱ្យរងការលួសកាត់ និងថ្កោលទោស ហើយត្រូវបានបងប្អូនប្រុសស្រីបដិសេធ?» ពួកគេមិនយល់ឡើយ ហើយព្រងើយកន្តើយទាំងស្រុង។ នៅក្នុងចិត្តរបស់ខ្ញុំ មិនថាមនុស្សប្រភេទនេះមើលទៅមានឥរិយាបថល្អកម្រិតណា ឬគោរពច្បាប់ ស្ងៀមស្ងាត់ ឬខិតខំធ្វើការ និងមានសមត្ថភាពកម្រិតណានោះទេ ការដែលពួកគេប្រព្រឹត្តដោយគ្មានគោលការណ៍ និងគ្មានទំនួលខុសត្រូវចំពោះកិច្ចការរបស់ពួកជំនុំ តម្រូវឱ្យខ្ញុំមើលទៅពួកគេក្នុងផ្លូវថ្មីមួយ។ ចុងក្រោយ ខ្ញុំបានកំណត់លក្ខណៈមនុស្សប្រភេទនេះថាបែបនេះ៖ ពួកគេប្រហែលជាមិនធ្វើកំហុសធំដុំអ្វីទេ ប៉ុន្តែពួកគេមានល្បិច និងបោកបញ្ឆោតខ្លាំងណាស់។ ពួកគេមិនទទួលខុសត្រូវអ្វីទាល់តែសោះ ហើយពួកគេក៏មិនថែរក្សាកិច្ចការរបស់ពួកជំនុំទាល់តែសោះដែរ គឺពួកគេគ្មានភាពជាមនុស្សឡើយ។ ខ្ញុំមានអារម្មណ៍ថា ពួកគេដូចជាសត្វមួយប្រភេទ នៅក្នុងភាពពុតត្បុតរបស់ពួកគេ គឺពួកគេស្រដៀងនឹងសត្វកញ្ជ្រោងបន្តិចដែរ។ មនុស្សនិយាយថា សត្វកញ្ជ្រោងមានពុតត្បុត ប៉ុន្តែតាមពិតទៅ មនុស្សទាំងនេះមានពុតត្បុតជាងសត្វកញ្ជ្រោងទៅទៀត។ មើលពីខាងក្រៅ ហាក់ដូចជាពួកគេមិនបានធ្វើអំពើអាក្រក់អ្វីទេ ប៉ុន្តែតាមពិតទៅ អ្វីៗគ្រប់យ៉ាងដែលពួកគេនិយាយ និងធ្វើ គឺដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺក្នុងគោលបំណងសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេ ហើយពួកគេមិនចេះគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេមិនដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំសូម្បីបន្តិច ហើយពួកគេក៏មិនដោះស្រាយបញ្ហាជាក់ស្ដែងដែលពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះ មិនធ្វើកិច្ចការណាមួយដើម្បីដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ។ ចុះតើអ្វីទៅជាគោលបំណងនៃអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ? តើវាមិនមែនគ្រាន់តែដើម្បីផ្គាប់ចិត្តមនុស្ស និងធ្វើឱ្យអ្នកដទៃឱ្យតម្លៃពួកគេខ្ពស់ទេឬ? ពួកគេព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាគិតល្អពីពួកគេ ដោយមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តឡើយ ហេតុនេះហើយទើបពួកគេបានសោយសុខនឹងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍នៃឋានៈរបស់ពួកគេ។ អ្វីដែលគួរឱ្យស្អប់បំផុតអំពីពួកគេ គឺថាទង្វើទាំងអស់របស់ពួកគេមិននាំមកនូវផលប្រយោជន៍ដល់ការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេបំភាន់មនុស្ស ដោយធ្វើឱ្យអ្នកដទៃកោតសរសើរ និងគោរពស្រឡាញ់ពួកគេ។ តើមនុស្សទាំងនេះមិនមានល្បិច និងបោកបញ្ឆោតជាងសត្វកញ្ជ្រោងទៅទៀតទេឬ? ពួកគេគឺជាឧទាហរណ៍នៃអ្នកដឹកនាំក្លែងក្លាយយ៉ាងពិតប្រាកដ។ ពួកគេមានឋានៈជាអ្នកដឹកនាំ និងកាន់តួនាទីនេះ ប៉ុន្តែមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ដោយ ចាត់ចែងតែកិច្ចការទូទៅដែលមើលឃើញនឹងភ្នែក និងសើៗ ឬពួកគេធ្វើកិច្ចការដែលខាងលើបានចាត់តាំងជាពិសេសបន្តិចបន្តួចទាំងទើសទាល់។ ប្រសិនបើគ្មានការចាត់តាំងពិសេសពីខាងលើទេ ពួកគេមិនធ្វើកិច្ចការសំខាន់ៗរបស់ពួកជំនុំឡើយ។ ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងការថែរក្សាកិច្ចការរបស់ពួកជំនុំ និងសណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំ ពួកគេខ្លាចធ្វើឱ្យមនុស្សអាក់អន់ចិត្ត និងមិនហ៊ានប្រកាន់ខ្ជាប់គោលការណ៍ឡើយ។ ពួកគេមិនដោះស្រាយបញ្ហានានាដែលកកកុញនៅក្នុងកិច្ចការរបស់ពួកជំនុំឡើយ ហើយសូម្បីតែពេលដែលពួកគេឃើញទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានបំផ្លាញដោយពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ក៏ដោយ ក៏ពួកគេមិនធ្វើអ្វីដើម្បីបញ្ឈប់ ឬរឹតត្បិតរឿងនេះដែរ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងច្បាស់ថាមនុស្សទាំងនេះកំពុងធ្វើអាក្រក់ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេធ្វើពុតជាមិនដឹង ដោយមិននិយាយមួយម៉ាត់ឡើយ។ មនុស្សទាំងនេះគឺជាមនុស្សដែលមានល្បិច និងបោកបញ្ឆោត។ តើមនុស្សទាំងនេះមិនមានពុតត្បុតជាងសត្វកញ្ជ្រោងទេឬ? ពីខាងក្រៅ ពួកគេមើលទៅរាក់ទាក់ចំពោះមនុស្សគ្រប់គ្នា និងមិនធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់នរណាម្នាក់ឡើយ ប៉ុន្តែពួកគេបង្អែបង្អង់រឿងដ៏សំខាន់នៃការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ កិច្ចការរបស់ពួកជំនុំ និងកិច្ចការនៃការផ្សាយដំណឹងល្អ។ តើមនុស្សបែបនេះស័ក្តិសមនឹងធ្វើជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែរឬទេ? តើពួកគេមិនមែនជាពួកអ្នកបម្រើរបស់សាតាំងទេឬ? តើពួកគេមិនមែនជាអស់អ្នកដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំទេឬ? ទោះបីជាមើលពីខាងក្រៅ ពួកគេមិនបានប្រព្រឹត្តអំពើអាក្រក់ជាក់ស្ដែងណាមួយក៏ដោយ ប៉ុន្តែផលវិបាកនៃការធ្វើការបែបនេះរបស់ពួកគេ គឺធ្ងន់ធ្ងរជាងការប្រព្រឹត្តអំពើអាក្រក់ទៅទៀត។ ពួកគេរារាំងដល់ការប្រតិបត្តិ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់ ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ពួកគេធ្វើឱ្យប៉ះពាល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយថែមទាំងអាចបំផ្លាញក្តីសង្ឃឹមរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការទទួលបានសេចក្ដីសង្គ្រោះទៀតផង។ ចូរប្រាប់ខ្ញុំមកមើល តើនេះមិនមែនជាការប្រព្រឹត្តអំពើអាក្រក់ទេឬ? នេះគឺជាអ្វីដែលមនុស្សផ្គាប់ចិត្តគេ ដែលមិនប្រកាន់ខ្ជាប់គោលការណ៍សោះ ធ្វើហ្នឹងឯង។ មនុស្សដែលមិនយល់ពីសេចក្ដីពិត មិនអាចមើលឃើញបានល្អិតល្អន់ពីផលវិបាកដ៏អាក្រក់របស់ពួកអ្នកដឹកនាំក្លែងក្លាយដែលធ្វើការបែបនេះឡើយ ហើយពួកគេក៏មិនអាចក្ដាប់បានថាចេតនា មូលហេតុ និងគោលបំណងរបស់ពួកគេគឺជាអ្វីដែរ។ អ្នកនឹងមិនអាចស្មានដឹងឡើយថា ពួកគេចង់ធ្វើអ្វីឱ្យប្រាកដនៅក្នុងចិត្តរបស់ពួកគេនោះទេ មនុស្សបែបនេះមានល្បិចខ្លាំងណាស់! បើនិយាយក្នុងន័យធៀប ពួកគេគឺជាកញ្ជ្រោងដែលមានល្បិច។ បើនិយាយឱ្យចំ ពួកគេគឺជាអារក្សដែលមានជីវិត គឺជាអារក្សរស់នៅក្នុងចំណោមមនុស្ស!
នៅពេលនិយាយដល់របៀបដែលគួរកំណត់លក្ខណៈពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះ ដោយផ្អែកលើសារជាតិនិស្ស័យរបស់ពួកគេ គឺមិនអាចដាក់បញ្ចូលពួកគេតាមតែចិត្តទៅក្នុងប្រភេទមនុស្សអាក្រក់ ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សមានពុតត្បុត និងអ្វីៗផ្សេងទៀតបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ បើវិនិច្ឆ័យតាមអ្វីដែលពួកគេសម្ដែងចេញ ដូចជាការសម្ដែងចេញនៃភាពជាមនុស្សរបស់ពួកគេ និងអាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការរបស់ពួកជំនុំ ព្រមទាំងការដែលពួកគេមិនដោះស្រាយបញ្ហាដែលពួកគេរកឃើញ ពួកគេគឺជាប្រភេទពួកអ្នកដឹកនាំក្លែងក្លាយដែលថោកទាបបំផុត។ បើវិនិច្ឆ័យតាមការសម្ដែងចេញផ្សេងៗរបស់ពួកគេ ទោះបីជាពួកគេមិនបង្កើតជាបក្ខពួក ឬបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនយ៉ាងសកម្មជាមុន ហើយកម្រធ្វើបន្ទាល់អំពីខ្លួនឯង និងទោះបីជាពួកគេអាចចុះសម្រុងបានយ៉ាងល្អជាមួយបងប្អូនប្រុសស្រី ទ្រាំលំបាក បង់ថ្លៃ មិនលួចតង្វាយ ហើយថែមទាំងរឹតត្បិតខ្លួនឯងយ៉ាងតឹងរ៉ឹងមិនឱ្យស្វែងរកឯកសិទ្ធិពិសេសក៏ដោយ ក៏ប៉ុន្តែ នៅពេលដែលពួកគេជួបប្រទះនឹងមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ឬមនុស្សផ្សេងៗដែលខ្ជះខ្ជាយតង្វាយ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនបញ្ឈប់ ឬចាត់ចែងមនុស្សទាំងនោះឡើយ ពួកគេមិននិយាយអ្វីសោះ ឬមិនធ្វើកិច្ចការអ្វីសោះ។ មនុស្សបែបនេះគួរឱ្យខ្លាចណាស់! ពួកគេគឺជាប្រភេទពួកអ្នកដឹកនាំក្លែងក្លាយដែលគួរឱ្យស្អប់ខ្ពើមបំផុត ពួកគេមិនអាចស្រោចស្រង់បានឡើយ! ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេមិនអាចស្រោចស្រង់បាន? វាមិនមែនថាមកពីពួកគេមានគុណសម្បត្តិអន់ ឬពួកគេមិនអាចយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ពួកគេពិតជាមានសមត្ថភាពក្នុងការយល់ដឹង និងសមត្ថភាពការងារខ្លះមែន ប៉ុន្តែនៅពេលដែលពួកគេរកឃើញនរណាម្នាក់បង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ពួកគេមិនចាត់ចែង ឬដោះស្រាយឡើយ។ ពួកគេធ្វើកិច្ចការនេះបន្តិចបន្តួចទាំងទើសទាល់ លុះត្រាតែពួកគេជួបប្រទះនឹងការមើលការខុសត្រូវយ៉ាងតឹងរ៉ឹង និងការសួរនាំញឹកញាប់ពីពួកអ្នកដឹកនាំថ្នាក់លើរបស់ពួកគេ ឬនៅពេលដែលពួកគេត្រូវបានលួសកាត់ប៉ុណ្ណោះ។ មិនថាពួកគេធ្វើកិច្ចការនេះឬអត់ ឬពួកគេធ្វើវាដោយរបៀបណានោះទេ ការការពារខ្លួនឯងគឺជាអាទិភាពចម្បងរបស់ពួកគេ។ ពួកគេមិនបំពេញទំនួលខុសត្រូវជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាល់តែសោះ។ ក្រៅពីការពារខ្លួនឯង និងរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនធ្វើកិច្ចការសំខាន់ៗឡើយ ហើយពួកគេធ្វើតែកិច្ចការសើៗបន្តិចបន្តួចដែលពួកគេគ្មានជម្រើសអ្វីក្រៅពីត្រូវធ្វើប៉ុណ្ណោះ។ ក្រៅពីការពារខ្លួនឯង ពួកគេមិនខ្វល់ពីរឿងអ្វីផ្សេងទៀតឡើយ។ តើពួកគេមិនមានល្បិច និងពុតត្បុតជាងសត្វកញ្ជ្រោងទេឬ? មនុស្សមួយចំនួននិយាយថា៖ «វាគឺជាសភាវគតិនៃសត្វកញ្ជ្រោងដែលត្រូវស៊ីសត្វតូចៗ ដូច្នេះតើវាមិនមែនជាសភាវគតិរបស់ពួកអ្នកដឹកនាំក្លែងក្លាយដែលត្រូវការពារខ្លួនឯងដែរទេឬ?» តើនេះជាសភាវគតិឬ? នេះគឺជាធម្មជាតិរបស់ពួកគេ! ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះការពារឋានៈ កេរ្តិ៍ឈ្មោះ និងមុខមាត់ផ្ទាល់ខ្លួនរបស់ពួកគេ រក្សាទំនាក់ទំនងជាមួយមនុស្ស និងជៀសវាងការធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ដោយសុខចិត្តធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ដំណាក់របស់ព្រះជាម្ចាស់ និងធ្វើឱ្យខូចកិច្ចការរបស់ពួកជំនុំ។ ពួកគេមិនទាំងចាត់ចែងការដកហូតតំណែង ឬការផ្លាស់ប្ដូរមនុស្សដោយផ្ទាល់ដៃផង ផ្ទុយទៅវិញ បែរជាចាត់ឱ្យអ្នកដទៃធ្វើជំនួសពួកគេទៅវិញ។ ពួកគេគិតថា៖ «ប្រសិនបើបុគ្គលនោះចង់សងសឹក គេនឹងមិនមករកខ្ញុំទេ។ ខ្ញុំត្រូវការពារខ្លួនឯងជាមុនសិន នៅក្នុងស្ថានភាពណាក៏ដោយដែលខ្ញុំជួបប្រទះ»។ មនុស្សទាំងនេះមានល្បិចខ្លាំងពេកហើយ! ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកមិនទាំងអាចទទួលយកទំនួលខុសត្រូវនេះផង ដូច្នេះតើអ្នកស័ក្តិសមធ្វើជាអ្នកដឹកនាំដែរឬទេ? អ្នកគ្រាន់តែជាជនកំសាកដែលគ្មានប្រយោជន៍ប៉ុណ្ណោះ! បើគ្មានសេចក្ដីក្លាហានបន្តិចបន្តួចនេះទេ តើអ្នកនៅតែជាអ្នកជឿលើព្រះជាម្ចាស់ដែរឬទេ? តើមនុស្សដែលប្រើល្បិចកលដើម្បីគេចវេះពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការបំពេញភារកិច្ច គឺជាអ្នកដើរតាមព្រះជាម្ចាស់ដែរឬទេ? ព្រះជាម្ចាស់មិនចង់បានមនុស្សបែបនេះឡើយ។ ពួកអ្នកដឹកនាំក្លែងក្លាយទាំងនេះ មានល្បិច និងពុតត្បុតដូចសត្វកញ្ជ្រោងអ៊ីចឹង។ នៅពេលដែលពួកគេឃើញនរណាម្នាក់បង្កការបង្អាក់ ឬការរំខាន ពួកគេមិនចាត់ចែង ហើយក៏មិនដោះស្រាយដែរ គឺពួកគេមិនធ្វើកិច្ចការជាក់ស្ដែងតែម្ដង។ មិនថាពួកគេត្រូវបានលាតត្រដាង និងលួសកាត់យ៉ាងណាក៏ដោយ ក៏ពួកគេមិនធ្វើសកម្មភាពដែរ។ ដោយសារតែអ្នកមិនបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំ និងអ្នកធ្វើការ ហេតុអ្វីបានជាអ្នកនៅកាន់តំណែងនោះទៀត? តើដើម្បីឱ្យអ្នកអាចធ្វើជាគ្រឿងតាំងលម្អឬ? តើដើម្បីឱ្យអ្នកអាចសោយសុខនឹងផលប្រយោជន៍នៃឋានៈឬ? អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រឿងនោះទេ! ការមិនធ្វើការងារជាក់ស្ដែង ប៉ុន្តែចង់ឱ្យបងប្អូនប្រុសស្រីស្ញប់ស្ញែង និងគោរពស្រឡាញ់អ្នក តើនេះមិនមែនជាផ្នត់គំនិតរបស់អារក្សទេឬ? វាពិតជាគ្មានការខ្មាសអៀនសោះ! មនុស្សមួយចំនួននិយាយថា ពួកគេមិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ។ បើអ៊ីចឹង ហេតុអ្វីបានជាអ្នករក្សាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន? តើគោលបំណងរបស់អ្នកក្នុងការបំភាន់មនុស្សគឺជាអ្វី? ប្រសិនបើអ្នកមិនចង់ធ្វើជាអ្នកដឹកនាំទេ អ្នកអាចលាលែងពីតំណែងដោយខ្លួនឯងបាន។ ហេតុអ្វីបានជាអ្នកមិនលាលែង? ហេតុអ្វីបានជាអ្នកនៅកាន់តំណែងនោះ ហើយមិនចុះចេញ? ប្រសិនបើអ្នកមិនចង់លាលែងទេ នោះអ្នកត្រូវតែធ្វើកិច្ចការជាក់ស្ដែងខ្លះដោយការទទួលខុសត្រូវ។ គ្មានជម្រើសអ្វីផ្សេងទេ នេះគឺជាទំនួលខុសត្រូវរបស់អ្នក។ ប្រសិនបើអ្នកមិនអាចធ្វើកិច្ចការជាក់ស្ដែងបានទេ អ្វីដែលល្អបំផុតគឺអ្នកគួរតែទទួលខុសត្រូវ ហើយលាលែងពីតំណែងទៅ។ អ្នកមិនគួរបង្អែបង្អង់កិច្ចការរបស់ពួកជំនុំ ឬធ្វើឱ្យប៉ះពាល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកខ្វះសូម្បីតែមនសិការ និងវិចារណញ្ញាណបន្តិចបន្តួចនេះ តើអ្នកនៅតែមានភាពជាមនុស្សដែរឬទេ? អ្នកមិនស័ក្តិសមនឹងហៅថាមនុស្សឡើយ! មិនថាពួកគេអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានឬអត់នោះទេ មនុស្សដែលជឿលើព្រះជាម្ចាស់ ស័ក្តិសមនឹងហៅថាមនុស្ស លុះត្រាតែពួកគេមានមនសិការ និងវិចារណញ្ញាណយ៉ាងហោចណាស់បន្តិចបន្តួច។
ដើម្បីធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ មនុស្សម្នាក់ត្រូវមានគុណសម្បត្តិក្នុងកម្រិតណាមួយ។ គុណសម្បត្តិរបស់មនុស្សម្នាក់ កំណត់សមត្ថភាពការងាររបស់ពួកគេ និងកម្រិតដែលពួកគេក្ដាប់បាននូវគោលការណ៍សេចក្ដីពិត។ ប្រសិនបើគុណសម្បត្តិរបស់អ្នកខ្វះខាតបន្តិចបន្តួច ហើយអ្នកមិនមានការយល់ដឹងជ្រៅជ្រះគ្រប់គ្រាន់អំពីសេចក្ដីពិត ប៉ុន្តែអ្នកអាចអនុវត្តតាមដែលអ្នកអាចយល់បាន ហើយអ្នកអាចយកអ្វីដែលអ្នកយល់ទៅអនុវត្តបាន ហើយនៅក្នុងចិត្តរបស់អ្នក អ្នកបរិសុទ្ធ និងស្មោះត្រង់ និងមិនរៀបគម្រោងអ្វីដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយអ្នកអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បាន នោះអ្នកគឺជាមនុស្សដែលត្រឹមត្រូវហើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកដឹកនាំក្លែងក្លាយមិនមានលក្ខណៈសម្បត្តិទាំងនេះទេ។ ពួកគេមិនខ្វល់ខ្វាយពីបញ្ហាផ្សេងៗនៃការបង្អាក់ និងការរំខានដែលកើតឡើងនៅក្នុងពួកជំនុំឡើយ។ ទោះបីជាពួកគេកត់សម្គាល់ឃើញបញ្ហាទាំងនេះក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់ដែរ។ ប្រសិនបើគេសួរថាតើពួកគេដឹងអំពីស្ថានភាពនេះដែរឬទេ ពួកគេឆ្លើយថា៖ «ខ្ញុំគិតថាខ្ញុំដឹងបន្តិចបន្តួចដែរ ប៉ុន្តែមិនមែនទាំងអស់ទេ»។ រឿងនេះបានកើតឡើងនៅចំពោះមុខអ្នក ហេតុអ្វីបានជាអ្នកនិយាយថាអ្នកមិនដឹងទៅវិញ? តើអ្នកមិនមែនកំពុងតែព្យាយាមបោកប្រាស់មនុស្សទេឬ? ដោយសារតែអ្នកពិតជាដឹងរឿងនេះ តើអ្នកបានគិតអំពីរបៀបចាត់ចែងវាដែរឬទេ? តើអ្នកបានធ្វើកិច្ចការអ្វីខ្លះទេ? តើអ្នកបានព្យាយាមរកដំណោះស្រាយអ្វីខ្លះទេ? ពួកគេឆ្លើយថា៖ «គុណសម្បត្តិរបស់បុគ្គលនោះល្អជាងខ្ញុំ ហើយគេបានវោហារ និងពូកែនិយាយ។ ខ្ញុំមិនហ៊ានជ្រៀតជ្រែកជាមួយគេទេ។ ចុះបើខ្ញុំលើកឡើងនូវរឿងដែលមិនមែនជាបញ្ហាពិតប្រាកដ ហើយធ្វើឱ្យគេអាក់អន់ចិត្តវិញនោះ? វានឹងធ្វើឱ្យការងាររបស់ខ្ញុំពិបាកនៅពេលក្រោយមិនខាន!» ដោយសារតែអ្នកមិនហ៊ាន អ្នកគឺជាជនកំសាកដែលគ្មានប្រយោជន៍ និងធ្វេសប្រហែសក្នុងទំនួលខុសត្រូវរបស់អ្នក ហើយអ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំឡើយ! នៅពេលដែលអ្នកជួបប្រទះស្ថានភាពបែបនេះ តើអ្នកដឹងពីរបៀបចាត់ចែងវាដែរឬទេ? ពួកគេឆ្លើយថា៖ «ទោះបីជាខ្ញុំដឹងពីរបៀបចាត់ចែងវាក៏ដោយ ក៏ខ្ញុំមិនហ៊ានដែរ។ តើនោះមិនមែនជាអ្វីដែលខាងលើត្រូវធ្វើទេឬ? ហើយក៏មានក្រុមសម្រេចចិត្តដែរ។ ហេតុអ្វីបានជាកិច្ចការនេះធ្លាក់មកលើខ្ញុំទៅវិញ?» ដោយសារតែអ្នកបានឃើញ និងដឹងរឿងនេះ អ្នកគួរតែចាត់ចែងស្ថានភាពនេះ។ ប្រសិនបើកម្ពស់ខាងវិញ្ញាណរបស់អ្នកទាបពេក ហើយអ្នកមិនអាចដោះស្រាយបញ្ហានេះបាន តើអ្នកបានប្រាប់ថ្នាក់លើរបស់អ្នកអំពីបញ្ហានេះដែរឬទេ? តើអ្នកបានរាយការណ៍រឿងនេះដែរឬទេ? តើអ្នកបានធ្វើអ្វីដែលស្ថិតនៅក្រោមដែននៃទំនួលខុសត្រូវរបស់អ្នក និងកិច្ចការដែលធ្លាក់មកលើអ្នកដែរឬទេ? តើអ្នកបានបំពេញទំនួលខុសត្រូវណាមួយរបស់អ្នកដែរឬទេ? គឺអត់សោះតែម្ដង! នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងច្បាស់ណាស់ថា៖ «ខ្ញុំបានដឹងអំពីបញ្ហានេះ ប៉ុន្តែខ្ញុំមិនបានធ្វើសកម្មភាពទេ។ ខ្ញុំមានអារម្មណ៍ថាមានកំហុស! ខ្ញុំគួរតែរាយការណ៍រឿងនោះ ប៉ុន្តែខ្ញុំមិនបានធ្វើ។ ប៉ុន្តែអ្នកផ្សេងទៀតក៏មិនបានធ្វើវាដែរ តើវាពាក់ព័ន្ធអ្វីនឹងខ្ញុំ?» តើអ្នកផ្សេងទៀតគឺជាអ្នកដឹកនាំដែរឬទេ? មិនថាអ្នកផ្សេងទៀតធ្វើវាឬអត់ នោះជារឿងរបស់ពួកគេ ហេតុអ្វីបានជាអ្នកមិនធ្វើវា? ប្រសិនបើអ្នកផ្សេងទៀតមិនធ្វើវា តើមានន័យថាអ្នកមិនចាំបាច់ធ្វើវាដែរឬ? តើនេះគឺជាសេចក្ដីពិតឬ? ទោះបីជាអ្នកផ្សេងទៀតបានធ្វើវាក៏ដោយ តើនោះអាចជំនួសឱ្យការដែលអ្នកធ្វើវាបានដែរឬទេ? អ្វីដែលអ្នកធ្វើ គឺជារឿងរបស់អ្នក។ តើអ្នកបានបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកហើយឬនៅ? ប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកធ្វេសប្រហែសក្នុងទំនួលខុសត្រូវរបស់អ្នក គ្មានលក្ខណៈសម្បត្តិធ្វើជាអ្នកដឹកនាំ ហើយអ្នកគួរតែទទួលខុសត្រូវ និងលាលែងពីតំណែង។ អ្នកមិនដឹងគុណចំពោះរបៀបដែលអ្នកត្រូវបានលើកតម្កើងឡើយ អ្នកមិនស័ក្តិសមនឹងទទួលបានទំនុកចិត្តពីបងប្អូនប្រុសស្រី អ្នកមិនស័ក្តិសមនឹងទទួលបានទំនុកចិត្តពីដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នករឹតតែមិនស័ក្តិសមនឹងទទួលបានការលើកតម្កើងពីព្រះជាម្ចាស់ទៅទៀត។ អ្នកគឺជាមនុស្សថោកទាបដែលគ្មានបេះដូង។ អ្នកដឹកនាំក្លែងក្លាយប្រភេទទីបី ចរិតលក្ខណៈរបស់ពួកគេគឺមានបញ្ហា។ មិនថាការដេញតាមផ្ទាល់ខ្លួន និងការចូលទៅក្នុងជីវិតរបស់ពួកគេយ៉ាងណានោះទេ គ្រាន់តែវិនិច្ឆ័យតាមការពិតដែលពួកគេមិនធ្វើកិច្ចការជាក់ស្ដែង មិនស្រោចស្រង់ការខាតបង់ណាមួយសម្រាប់ពួកជំនុំ ហើយច្បាស់ណាស់ថាមិនអាចបញ្ឈប់ ឬចាត់ចែងអំពើអាក្រក់របស់មនុស្សអាក្រក់បានឆាប់រហ័ស ក្នុងអំឡុងពេលកាន់តំណែងរបស់ពួកគេ មនុស្សប្រភេទនេះមិនត្រឹមតែមានបញ្ហាគុណសម្បត្តិអន់ និងបញ្ហាមិនធ្វើកិច្ចការជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុត ពួកគេគ្មានភាពជាមនុស្សឡើយ។ មនសិការរបស់ពួកគេគឺស្អុយរលួយទាំងស្រុង ហើយពួកគេគ្មានវិចារណញ្ញាណអ្វីទាល់តែសោះ។ និយាយជាភាសាសាមញ្ញ គឺពួកគេគ្មានសីលធម៌ឡើយ ពួកគេអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមដល់កម្រិតកំពូល ហើយពួកគេមិនគួរឱ្យទុកចិត្តឡើយ។ ក្នុងចំណោមមនុស្សទាំងបីប្រភេទដែលយើងបានវែកញែក ភាពជាមនុស្សរបស់ប្រភេទនេះគឺអាក្រក់បំផុត។ មនុស្សពីរប្រភេទដំបូងមានគុណសម្បត្តិអន់ ពួកគេមិនអាចធ្វើការបាន ហើយពួកគេមិនបំពេញតាមគោលការណ៍ និងស្ដង់ដារបស់ដំណាក់របស់ព្រះជាម្ចាស់សម្រាប់ការបណ្ដុះបណ្ដាល និងការដំឡើងតំណែងមនុស្សឡើយ ដូច្នេះពួកគេមិនអាចបណ្ដុះបណ្ដាល ឬប្រើបានទេ។ គុណសម្បត្តិរបស់ពួកគេគឺអន់ខ្លាំងណាស់ ពួកគេងងឹតងងល់ និងស្ពឹកស្រពន់ ហើយពួកគេប្រៀបដូចជាមនុស្សស្លាប់អ៊ីចឹង ពួកគេមិនស័ក្តិសមនឹងយកមកលាតត្រដាង និងវែកញែកឡើយ។ មនុស្សប្រភេទទីបី គឺជាមនុស្សដែលអាក្រក់បំផុត។ បើនិយាយពីភាពជាមនុស្សរបស់ពួកគេ គឺពួកគេគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់ ហើយយើងកំណត់លក្ខណៈប្រភេទនេះថា មានល្បិច និងពុតត្បុត។ មនុស្សទាំងនេះមានល្បិចជាងសត្វកញ្ជ្រោងទៅទៀត។ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទេ ប៉ុន្តែមានលេសជាច្រើន ហើយមានអារម្មណ៍ស្ងប់ចិត្តទាំងស្រុង។ មិនថាមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់កិច្ចការរបស់ពួកជំនុំយ៉ាងណាក៏ដោយ ក៏ពួកគេមិនខ្វល់ខ្វាយចិត្ត ឬព្រួយបារម្ភអំពីវាដែរ ហើយនៅតែចង់បន្តធ្វើជាអ្នកដឹកនាំដដែល។ ហេតុអ្វីបានជាពួកគេញៀននឹងអំណាចខ្លាំងម្ល៉េះ? ពួកអ្នកដឹកនាំទាំងនេះនិយាយថា៖ «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច។ មនុស្សគ្រប់គ្នាស្រឡាញ់អំណាច!» ពួកគេមិនចង់ធ្វើកិច្ចការជាក់ស្ដែងណាមួយទេ ប៉ុន្តែពួកគេនៅតែចង់តោងជាប់នឹងតំណែងរបស់ពួកគេ ហើយសោយសុខនឹងផលប្រយោជន៍នៃឋានៈរបស់ពួកគេ។ តើនេះជាមនុស្សថោកទាបប្រភេទណា? ពួកគេគឺជាពូជពង្សនៃសាតាំងសុទ្ធសាធ ពួកគេមិនមែនជាអ្វីដែលល្អទាល់តែសោះ។
ថ្ងៃនេះ យើងបានប្រកបគ្នាបីចំណុចអំពីទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ពួកអ្នកដឹកនាំក្លែងក្លាយដែលយើងបានវែកញែកនៅក្នុងទំនួលខុសត្រូវទីដប់ពីរ ស្ទើរតែដូចគ្នាទៅនឹងពួកអ្នកដឹកនាំក្លែងក្លាយដែលយើងបានលាតត្រដាងពីមុនដែរ។ ទោះបីជាយើងបានវែកញែកបីចំណុចក៏ដោយ ក៏ចំណុចទាំងនោះភាគច្រើនគ្របដណ្ដប់លើបញ្ហាពីរ៖ មួយគឺថា ពួកគេមានគុណសម្បត្តិអន់ ហើយមិនអាចធ្វើកិច្ចការជាក់ស្ដែងបានឡើយ។ មួយទៀតគឺថា ភាពជាមនុស្សរបស់ពួកគេគឺថោកទាប គួរឱ្យស្អប់ខ្ពើម មានល្បិច និងពុតត្បុត ហើយពួកគេមិនធ្វើកិច្ចការ ជាក់ស្ដែងទេ។ ទាំងនេះគឺជាបញ្ហាមូលដ្ឋាន និងសំខាន់របស់ពួកអ្នកដឹកនាំក្លែងក្លាយ។ ឱ្យតែនរណាម្នាក់មានបញ្ហាមួយក្នុងចំណោមបញ្ហាទាំងពីរនេះ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយហើយ។ រឿងនេះមិនបាច់សង្ស័យឡើយ។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១