ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៥)
ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងច្បាស់លាស់។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ភាគបី)
មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ
នៅក្នុងការប្រជុំលើកមុន យើងបានប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់ពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងច្បាស់លាស់។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា»។ ទាក់ទងនឹងទំនួលខុសត្រូវនេះ យើងបានប្រកបគ្នាជាចម្បងអំពីបញ្ហាផ្សេងៗដែលទាក់ទងនឹងជីវិតពួកជំនុំ ដែលយើងបានបែងចែកជាដប់មួយចំណុច។ សូមអានចំណុចទាំងនោះឡើង។ (I. តែងនិយាយចាកប្រធានជារឿយៗ នៅពេលប្រកបគ្នាពីសេចក្តីពិត។ II. និយាយពីពាក្យ និងគោលលទ្ធិ ដើម្បីបំភាន់មនុស្ស និងទទួលបានការគោរពពីពួកគេ។ III. និយាយឥតប្រយោជន៍អំពីកិច្ចការផ្ទៃក្នុង កសាងទំនាក់ទំនងផ្ទាល់ខ្លួន និងដោះស្រាយកិច្ចការផ្ទាល់ខ្លួន។ IV. ការបង្កើតបក្សពួក។ V. ការប្រជែងដណ្ដើមឋានៈ។ VI. ការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ។ VII. ការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា និងទំនាស់ពាក្យសម្ដី។ VIII. ការផ្សព្វផ្សាយសញ្ញាណផ្សេងៗ។ IX. ការបញ្ចេញភាពអវិជ្ជមាន។ X. ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។ XI. ការប្រើឥទ្ធិពល និងការរំខានដល់ការបោះឆ្នោត។) លើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំ ដែលជាការប្រជែងដណ្ដើមឋានៈ និងចំណុចទីប្រាំមួយ ដែលជាការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ។ បញ្ហាទាំងពីរប្រភេទនេះ ក៏ដូចជាចំណុចបួនមុនដែរ ក៏បង្កឱ្យមានការរំខាន និងការបង្អាក់ដល់ជីវិតពួកជំនុំ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំផងដែរ។ ដោយមើលទៅលើលក្ខណៈនៃបញ្ហាទាំងពីរប្រភេទនេះ ការខូចខាតដែលវាបង្កដល់ជីវិតពួកជំនុំ និងផលប៉ះពាល់របស់វាទៅលើច្រកចូលទៅក្នុងជីវិតរបស់មនុស្ស បញ្ហាទាំងពីរនេះអាចចាត់ទុកជាមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ។
VII. ការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា និងទំនាស់ពាក្យសម្ដី
ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីប្រាំពីរដែលជាការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា និងទំនាស់ពាក្យសម្ដី។ បញ្ហាបែបនេះកើតមានជាញឹកញាប់នៅក្នុងជីវិតពួកជំនុំ ហើយគ្រប់គ្នាមើលឃើញយ៉ាងច្បាស់។ នៅពេលដែលមនុស្សជួបជុំគ្នាដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ ឬពិភាក្សាអំពីបញ្ហាជាក់ស្ដែងមួយចំនួន ទស្សនៈផ្ទុយគ្នា ឬការជជែកវែកញែកអំពីរឿងខុសនិងត្រូវ តែងតែនាំឱ្យមានការប្រកែក និងទំនាស់គ្នារវាងមនុស្ស។ ប្រសិនបើមនុស្សមិនយល់ស្របគ្នា និងមានទស្សនៈខុសៗគ្នា ប៉ុន្តែការណ៍នេះមិនបានរំខានដល់ជីវិតពួកជំនុំទេ តើការណ៍នេះរាប់ថាជាការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា និងទំនាស់ពាក្យសម្ដីដែរឬទេ? ការណ៍នេះមិនរាប់បញ្ចូលទេ។ វាស្ថិតក្នុងការប្រកបគ្នាធម្មតា។ ហេតុដូច្នេះ បើមើលពីខាងក្រៅ បញ្ហាជាច្រើនហាក់ដូចជាពាក់ព័ន្ធនឹងចំណុចទីប្រាំពីរ ប៉ុន្តែតាមការពិត មានតែបញ្ហាណាដែលមានសភាពធ្ងន់ធ្ងរជាងទាក់ទងនឹងកាលៈទេសៈ និងធម្មជាតិ ហើយនាំទៅរកការបង្អាក់ និងការរំខានប៉ុណ្ណោះ ទើបស្ថិតនៅក្រោមចំណុចនេះ។ ឥឡូវនេះ ចូរយើងប្រកបគ្នាអំពីធម្មជាតិនៃបញ្ហាណាខ្លះ ដែលស្ថិតនៅក្រោមចំណុចនេះ។
ទីមួយ ដោយពិនិត្យមើលលើការសម្ដែងចេញនៃការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា ច្បាស់ណាស់ វាមិនទាក់ទងនឹងការប្រកបគ្នាធម្មតាអំពីសេចក្ដីពិត ការស្វែងរកសេចក្ដីពិត ការមានការយល់ដឹង ឬការបំភ្លឺផ្សេងគ្នា ដោយផ្អែកលើការប្រកបគ្នាពីសេចក្ដីពិត ឬការស្វែងរក ការប្រកបគ្នា ការពិភាក្សាអំពីគោលការណ៍សេចក្ដីពិត និងការស្វែងរកមាគ៌ានៃការអនុវត្ត ទាក់ទងនឹងសេចក្ដីពិតណាមួយឡើយ ផ្ទុយទៅវិញ វាទាក់ទងនឹងការប្រកែក និងការទាស់ទែងគ្នាលើរឿងខុសនិងត្រូវ។ នេះគឺជាការសម្ដែងចេញជាមូលដ្ឋានរបស់វា។ ពេលខ្លះ តើបញ្ហាបែបនេះកើតឡើង នៅក្នុងជីវិតពួកជំនុំដែរឬទេ? (មែនហើយ។) ដោយគ្រាន់តែផ្អែកលើរូបរាងខាងក្រៅ ក៏អាចបញ្ជាក់យ៉ាងច្បាស់ថា ទង្វើដូចជាការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា មិនមែនអំពីការស្វែងរកសេចក្ដីពិត ឬអំពីការប្រកបគ្នាពីសេចក្ដីពិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬអំពីការសហការដោយចុះសម្រុងគ្នានោះទេ ប៉ុន្តែផ្ទុយទៅវិញ វាមានឫសគល់ចេញពីភាពឆាប់ខឹង ហើយភាសាដែលប្រើនោះ មានបង្កប់នូវការវិនិច្ឆ័យ និងការថ្កោលទោស ហើយថែមទាំងពាក្យបណ្ដាសាទៀតផងពោលគឺការសម្ដែងចេញបែបនេះ គឺជាការបើកសម្ដែងនិស្ស័យពុករលួយរបស់សាតាំងយ៉ាងពិតប្រាកដ។ នៅពេលដែលមនុស្សវាយប្រហារគ្នាទៅវិញទៅមក ទោះបីជាភាសារបស់ពួកគេមុតស្រួច ឬប៉ិនប្រសប់ក៏ដោយ ក៏វាតែងតែបង្កប់នូវភាពឆាប់ខឹង ការព្យាបាទ និងការស្អប់ ហើយគ្មានសេចក្ដីស្រឡាញ់ ការអត់ឱន និងការអត់ធ្មត់ឡើយ ហើយជាធម្មតា វាពិតជាគ្មានការសហការដោយចុះសម្រុងគ្នាទាល់តែសោះ។ វិធីសាស្ត្រដែលមនុស្សប្រើដើម្បីវាយប្រហារគ្នាទៅវិញទៅមកមានច្រើនបែប។ ឧទាហរណ៍ នៅពេលដែលមនុស្សពីរនាក់កំពុងពិភាក្សាអំពីរឿងមួយ បុគ្គល «ក» និយាយទៅកាន់បុគ្គល «ខ» ថា៖ «អ្នកខ្លះមានភាពជាមនុស្សមិនល្អ និងមាននិស្ស័យក្រអឺតក្រទម។ ពួកគេសម្ញែងរាល់ពេលដែលពួកគេធ្វើអ្វីបានបន្តិចបន្តួច ហើយពួកគេមិនស្ដាប់នរណាម្នាក់ឡើយ។ ពួកគេដូចជាអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែងអំពីអស់អ្នកដែលព្រៃផ្សៃ និងខ្វះភាពជាមនុស្សដូចជាសត្វតិរច្ឆានអ៊ីចឹង»។ បន្ទាប់ពីបានឮដូច្នេះ បុគ្គល «ខ» គិតថា៖ «តើអ្វីដែលអ្នកនិយាយអម្បាញ់មិញនេះ មិនមែនសំដៅលើខ្ញុំទេឬ? អ្នកថែមទាំងលើកយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកបើកកកាយពីខ្ញុំទៀត! ដោយសារអ្នកបាននិយាយពីខ្ញុំ ខ្ញុំក៏នឹងមិនញញើតដៃដែរ។ អ្នកបានធ្វើមិនល្អដាក់ខ្ញុំ ដូច្នេះ ខ្ញុំក៏នឹងធ្វើមិនល្អដាក់អ្នកវិញដែរ!» ដូច្នេះ បុគ្គល «ខ» ក៏និយាយថា៖ «អ្នកខ្លះមើលទៅដូចជាគោរពកោតខ្លាចព្រះខ្លាំងណាស់ពីខាងក្រៅ ប៉ុន្តែតាមពិតទៅ ក្នុងចិត្តពួកគេពិសពុលជាងអ្នកណាទាំងអស់។ ពួកគេថែមទាំងមានទំនាក់ទំនងមិនត្រឹមត្រូវជាមួយភេទផ្ទុយគ្នា ដូចជាស្រីពេស្យា និងស្រីសំផឹងដែលបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផងពោលគឺព្រះជាម្ចាស់ខ្ពើមរអើមបំផុតចំពោះមនុស្សបែបនេះ ហើយទ្រង់ក៏ស្អប់ខ្ពើមពួកគេខ្លាំងណាស់ដែរ។ តើការមើលទៅគោរពកោតខ្លាចព្រះពីខាងក្រៅមានប្រយោជន៍អ្វីទៅ? នោះគឺជាការមានពុតប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនចូលចិត្តអ្នកមានពុតសោះឡើយ។ អ្នកមានពុតទាំងអស់គឺជាពួកផារិស៊ី!» បន្ទាប់ពីបានឮដូច្នេះ បុគ្គល «ក» គិតថា៖ «នេះគឺជាការវាយបកមកលើខ្ញុំហើយតើ! ល្អណាស់ អ្នកបានធ្វើមិនល្អដាក់ខ្ញុំ ដូច្នេះ កុំបន្ទោសខ្ញុំថា ខ្ញុំមិនញញើតដៃឱ្យសោះ!» ទៅវិញទៅមក អ្នកទាំងពីរក៏ចាប់ផ្ដើមឈ្លោះទាស់ទែងគ្នា។ តើនេះជាការប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? (អត់ទេ) តើពួកគេកំពុងធ្វើអ្វីដែរ? (វាយប្រហារគ្នា និងឈ្លោះទាស់ទែងគ្នា។) ពួកគេថែមទាំងឆ្លៀតយកប្រៀបរក «មូលដ្ឋាន» សម្រាប់ការវាយប្រហាររបស់ពួកគេ ដោយលើកយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាមូលដ្ឋានទៀតផងពោលគឺនេះជាការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា ហើយក្នុងពេលជាមួយគ្នានោះ វាក៏ជាការពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដីផងដែរ។ តើការប្រកបគ្នាក្នុងទម្រង់បែបនេះ គេឃើញមានពេលខ្លះនៅក្នុងជីវិតពួកជំនុំដែរឬទេ? តើនេះជាការប្រកបគ្នាធម្មតាមែនទេ? តើវាជាការប្រកបគ្នានៅក្នុងភាពជាមនុស្សធម្មតាមែនទេ? (អត់ទេ។) បន្ទាប់មក តើការប្រកបគ្នាក្នុងទម្រង់បែបនេះ បង្កឱ្យមានការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំដែរឬទេ? តើវាបង្កឱ្យមានការបង្អាក់ និងការរំខានបែបណាដែរ? (ជីវិតពួកជំនុំធម្មតាត្រូវបានរំខាន មនុស្សធ្លាក់ចូលទៅក្នុងទំនាស់អំពីរឿងខុសនិងត្រូវ ហើយជាលទ្ធផល ពួកគេមិនអាចសញ្ជឹងគិត និងប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់បានឡើយ។) នៅពេលដែលមនុស្សពាក់ព័ន្ធក្នុងការទាស់ទែង និងការប្រកែកគ្នាអំពីរឿងខុសនិងត្រូវបែបនេះ ហើយធ្វើការវាយប្រហារផ្ទាល់ខ្លួនក្នុងអំឡុងពេលជីវិតពួកជំនុំ តើព្រះវិញ្ញាណបរិសុទ្ធនៅតែធ្វើការដែរឬទេ? ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការទេ។ ការប្រកបគ្នាបែបនេះធ្វើឱ្យចិត្តរបស់មនុស្សច្របូកច្របល់។ មានព្រះបន្ទូលខ្លះនៅក្នុងព្រះគម្ពីរ តើអ្នករាល់គ្នាមានចាំទេ? («បើមនុស្សពីរនាក់ឯកភាពគ្នានៅលើផែនដីនេះចំពោះអ្វីៗដែលពួកគេនឹងទូលសុំ នោះវានឹងត្រូវបានសម្រេច ដោយព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌។ «ដ្បិតទីណាដែលមានមនុស្សពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងព្រះនាមរបស់ខ្ញុំ នោះខ្ញុំគង់នៅក្នុងកណ្ដាលពួកគេ»។ (ម៉ាថាយ ១៨:១៩-២០)») តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេចដែរ? នៅពេលដែលមនុស្សជួបជុំគ្នានៅចំពោះព្រះជាម្ចាស់ ពួកគេត្រូវតែមានចិត្តគំនិតតែមួយ និងរួបរួមគ្នានៅចំពោះព្រះជាម្ចាស់។ ទាល់តែមនុស្សមានចិត្តគំនិតតែមួយ ទើបព្រះជាម្ចាស់នឹងប្រទានពរដល់ពួកគេ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការ។ ប៉ុន្តែ តើមនុស្សពីរនាក់ដែលកំពុងប្រកែកគ្នា ដែលខ្ញុំបានលើកឡើងអម្បាញ់មិញនេះ មានចិត្តគំនិតតែមួយដែរឬទេ? (អត់ទេ) តើពួកគេកំពុងពាក់ព័ន្ធនឹងអ្វីដែរ? ការវាយប្រហារគ្នា ការទាស់ទែងគ្នា ហើយថែមទាំងការវិនិច្ឆ័យ និងការថ្កោលទោសទៀតផង។ ទោះបីជាពួកគេមិនបានប្រើពាក្យជេរប្រទេចផ្ដាសា ឬពាក្យអាម៉ឹងពីសម្បកក្រៅក៏ដោយ ក៏បំណងនៅពីក្រោយពាក្យសម្ដីរបស់ពួកគេ មិនមែនដើម្បីប្រកបគ្នាពីសេចក្ដីពិត ឬស្វែងរកសេចក្ដីពិតនោះទេ ហើយពួកគេក៏មិនមែនកំពុងនិយាយនៅក្នុងសតិសម្បជញ្ញៈ និងហេតុផលនៃភាពជាមនុស្សធម្មតានោះដែរ។ គ្រប់ពាក្យគ្រប់ម៉ាត់ដែលពួកគេនិយាយ សុទ្ធតែគ្មានការទទួលខុសត្រូវ ហើយបង្កប់នូវភាពគឃ្លើន និងការព្យាបាទ។ គ្រប់ពាក្យគ្រប់ម៉ាត់មិនស្របនឹងការពិតទេ ហើយក៏គ្មានមូលដ្ឋានអ្វីនោះដែរ។ គ្រប់ពាក្យគ្រប់ម៉ាត់មិនមែនជាការវិនិច្ឆ័យរឿងមួយដោយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់នោះទេ វាគឺជាការបើកការវាយប្រហារផ្ទាល់ខ្លួន ការវិនិច្ឆ័យ និងការថ្កោលទោស ដោយផ្អែកលើចំណូលចិត្ត និងបំណងរបស់ខ្លួន ទាស់នឹងមនុស្សម្នាក់ដែលពួកគេស្អប់ និងមើលងាយ។ គ្មានការណ៍ណាមួយក្នុងចំណោមការណ៍ទាំងនេះ ជាការសម្ដែងចេញអំពីការមានចិត្តគំនិតតែមួយឡើយ ផ្ទុយទៅវិញ ទាំងនេះគឺជាពាក្យសម្ដី និងការសម្ដែងចេញដែលកើតចេញពីភាពឆាប់ខឹង និងនិស្ស័យពុករលួយរបស់សាតាំង ហើយការណ៍ទាំងនេះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ ហេតុដូច្នេះហើយ គ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅទីនោះទេ។ នេះគឺជាការសម្ដែងចេញមួយអំពីការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា។
នៅក្នុងជីវិតពួកជំនុំ ទំនាស់ និងជម្លោះ ជារឿយៗកើតឡើងរវាងមនុស្ស ដោយសារតែរឿងតូចតាច ឬទស្សនៈ និងផលប្រយោជន៍ផ្ទុយគ្នា។ ទំនាស់ក៏កើតឡើងជាញឹកញាប់ ដោយសារតែបុគ្គលិកលក្ខណៈ មហិច្ឆតា និងចំណូលចិត្តមិនចុះសម្រុងគ្នាផងដែរ។ ការខ្វែងគំនិត និងការមិនចុះសម្រុងគ្នាគ្រប់ប្រភេទក៏កើតមានឡើងក្នុងចំណោមបុគ្គលម្នាក់ៗផងដែរ ដោយសារតែភាពខុសគ្នានៃឋានៈសង្គម និងកម្រិតអប់រំ ឬភាពខុសគ្នាខាងផ្នែកភាពជាមនុស្ស និងធម្មជាតិរបស់ពួកគេ ហើយថែមទាំងភាពខុសគ្នាខាងផ្នែករបៀបនិយាយស្ដី និងការដោះស្រាយបញ្ហា ក្នុងចំណោមហេតុផលផ្សេងៗទៀត។ ប្រសិនបើមនុស្សមិនស្វែងរកការដោះស្រាយបញ្ហាទាំងនេះដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប្រសិនបើគ្មានការយោគយល់គ្នា ការអត់ឱន ការគាំទ្រ និងការជួយគ្នាទេ ហើយប្រសិនបើមនុស្សបែរជាមានការប្រកាន់ និងការស្អប់នៅក្នុងចិត្តរបស់ពួកគេ ហើយប្រព្រឹត្តដាក់គ្នាទៅវិញទៅមកដោយភាពឆាប់ខឹងនៅក្នុងនិស្ស័យពុករលួយ នោះការណ៍នេះទំនងជានឹងនាំទៅរកការវាយប្រហារ និងការវិនិច្ឆ័យគ្នាមិនខាន។ មនុស្សខ្លះមានសតិសម្បជញ្ញៈ និងហេតុផលខ្លះ ហើយនៅពេលមានទំនាស់កើតឡើង ពួកគេអាចរក្សាការអត់ធ្មត់ ប្រព្រឹត្តដោយហេតុផល និងជួយភាគីម្ខាងទៀតដោយសេចក្ដីស្រឡាញ់។ ក៏ប៉ុន្តែ មនុស្សខ្លះទៀតមិនអាចធ្វើបែបនេះបានទេ ពួកគេខ្វះសូម្បីតែការអត់ឱន ការអត់ធ្មត់ ភាពជាមនុស្ស និងហេតុផលជាមូលដ្ឋានបំផុត។ ជារឿយៗ ពួកគេមានការប្រកាន់ ការសង្ស័យ និងការយល់ច្រឡំផ្សេងៗទៅលើអ្នកដទៃ ដោយសារតែរឿងតូចតាច ពាក្យមួយម៉ាត់ ឬកាយវិការទឹកមុខណាមួយ ដែលនាំឱ្យពួកគេមានគំនិត ការសង្ស័យ ការវិនិច្ឆ័យ និងការថ្កោលទោសគ្រប់ប្រភេទទៅលើអ្នកទាំងនោះនៅក្នុងចិត្តរបស់ពួកគេ។ ស្ថានភាពទាំងនេះកើតឡើងជាញឹកញាប់នៅក្នុងពួកជំនុំ ហើយតែងតែប៉ះពាល់ដល់ទំនាក់ទំនងធម្មតារវាងបុគ្គលម្នាក់ៗ ប៉ះពាល់ដល់ការទាក់ទងដោយចុះសម្រុងរបស់បងប្អូនប្រុសស្រី ហើយថែមទាំងការប្រកបគ្នារបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលមនុស្សទាក់ទងគ្នា ការមានទំនាស់កើតឡើង គឺជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើបញ្ហាបែបនេះកើតឡើងជាញឹកញាប់នៅក្នុងជីវិតពួកជំនុំ នោះវាអាចប៉ះពាល់ រំខាន ហើយថែមទាំងបំផ្លាញជីវិតពួកជំនុំធម្មតាទៀតផង។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់ចាប់ផ្ដើមឈ្លោះប្រកែកគ្នានៅក្នុងពេលប្រជុំ ការប្រជុំនោះនឹងត្រូវបានរំខាន ជីវិតពួកជំនុំនឹងមិនបង្កើតផល ហើយអ្នកដែលចូលរួមការប្រជុំនឹងមិនទទួលបានអ្វីឡើយ ហើយពួកគេនឹងប្រជុំដោយឥតប្រយោជន៍ និងខាតពេល។ ជាលទ្ធផល បញ្ហាទាំងនេះនឹងបានប៉ះពាល់ដល់សណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំរួចទៅហើយ។
ក. ការសម្ដែងចេញជាច្រើនប្រភេទអំពីការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា និងទំនាស់ពាក្យសម្ដី
១. ការលាតត្រដាងពីចំណុចខ្វះខាតគ្នាទៅវិញទៅមក
មនុស្សខ្លះតែងតែចូលចិត្តនិយាយឥតប្រយោជន៍អំពីរឿងរ៉ាវក្នុងផ្ទះ និងប្រធានបទមិនសំខាន់ក្នុងអំឡុងពេលប្រជុំ ហើយពួកគេនិយាយអំពីបញ្ហាគ្រួសារកំប៉ិកកំប៉ុក និងជជែកគ្នាលេងជាមួយបងប្អូនប្រុសស្រី រាល់ពេលដែលពួកគេជួបគ្នា ដែលធ្វើឱ្យបងប្អូនប្រុសស្រីទាំងនោះមានអារម្មណ៍តែលតោល។ អាចមាននរណាម្នាក់ក្រោកឈរឡើងដើម្បីនិយាយកាត់ពួកគេ ប៉ុន្តែតើមានអ្វីកើតឡើងបន្ទាប់មក? ប្រសិនបើនិយាយកាត់ពួកគេជាប់ជានិច្ច ពួកគេនឹងមិនសប្បាយចិត្ត ហើយការដែលពួកគេមិនសប្បាយចិត្តនេះ មានន័យថាជាបញ្ហាហើយ។ ពួកគេគិតថា៖ «អ្នកតែងតែនិយាយកាត់ខ្ញុំ និងមិនឱ្យខ្ញុំនិយាយបានឡើយ។ ល្អណាស់ ចាំមើល៍! ខ្ញុំនឹងនិយាយកាត់អ្នកវិញ នៅពេលអ្នកនិយាយ! នៅពេលអ្នកប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំនឹងនិយាយកាត់ដោយលើកយកវគ្គផ្សេងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអ្នកប្រកបគ្នាអំពីការស្គាល់ខ្លួនឯង ខ្ញុំនឹងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្ស។ នៅពេលអ្នកប្រកបគ្នាអំពីការយល់ដឹងពីនិស្ស័យក្រអឺតក្រទមរបស់អ្នក ខ្ញុំនឹងប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដីពីការកំណត់លទ្ធផល និងគោលដៅរបស់មនុស្ស។ មិនថាអ្នកនិយាយពីអ្វីឡើយ ខ្ញុំនឹងនិយាយពីអ្វីមួយដែលផ្ទុយជានិច្ច!» ជាងនេះទៅទៀត ប្រសិនបើអ្នកដទៃចូលរួមនិយាយកាត់ដែរ នោះបុគ្គលនេះនឹងក្រោកឈរវាយប្រហារពួកគេមិនខាន។ ក្នុងពេលជាមួយគ្នានោះ ដោយសារតែពួកគេមានការខកចិត្ត និងការស្អប់នៅក្នុងចិត្ត ក្នុងអំឡុងពេលប្រជុំ ពួកគេតែងតែបើកកកាយចំណុចខ្សោយរបស់មនុស្សដែលបានបង្អាក់ពួកគេ ដោយនិយាយអំពីរបៀបដែលបុគ្គលនោះធ្លាប់បោកប្រាស់អ្នកដទៃក្នុងអាជីវកម្ម មុនពេលពួកគេបានជឿលើព្រះជាម្ចាស់ ថាតើពួកគេគ្មានសីលធម៌ប៉ុនណានៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។ល។ពោលគឺពួកគេនិយាយអំពីរឿងទាំងនេះ រាល់ពេលដែលបុគ្គលនោះនិយាយ។ ដំបូងឡើយ បុគ្គលនោះអាចមានការអត់ធ្មត់ ប៉ុន្តែយូរៗទៅ ពួកគេចាប់ផ្ដើមគិតថា៖ «ខ្ញុំតែងតែជួយអ្នក ខ្ញុំតែងតែបង្ហាញការអត់ឱន និងការអត់ធ្មត់ចំពោះអ្នក ប៉ុន្តែអ្នកមិនបង្ហាញការអត់ឱនណាមួយចំពោះខ្ញុំសោះ។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះខ្ញុំបែបនេះ កុំបន្ទោសខ្ញុំថា ខ្ញុំមិនញញើតដៃឱ្យសោះ! យើងបានរស់នៅក្នុងភូមិជាមួយគ្នាជាយូរមកហើយ ពោលគឺយើងទាំងពីរនាក់ស្គាល់គ្នាច្បាស់ណាស់។ អ្នកបានវាយប្រហារខ្ញុំ ដូច្នេះ ខ្ញុំនឹងវាយប្រហារអ្នកវិញ។ អ្នកបានបើកកកាយចំណុចខ្សោយរបស់ខ្ញុំ ប៉ុន្តែអ្នកខ្លួនឯងក៏មានចំណុចខ្សោយច្រើនដែរ»។ ដូច្នេះ ពួកគេនិយាយថា៖ «អ្នកថែមទាំងបានលួចរបស់គេ នៅពេលអ្នកនៅក្មេងទៀតផង។ អំពើលួចកំប៉ិកកំប៉ុកដែលអ្នកបានធ្វើទាំងនោះ គឺរឹតតែគួរឱ្យអាម៉ាស់ទៅទៀត! យ៉ាងហោចណាស់ អ្វីដែលខ្ញុំបានធ្វើ គឺជារឿងអាជីវកម្ម ពោលគឺដើម្បីជីវភាពរស់នៅតែប៉ុណ្ណោះ។ នៅក្នុងលោកនេះ តើអ្នកណាមិនធ្លាប់ធ្វើខុសខ្លះនោះ? ចុះអាកប្បកិរិយារបស់អ្នកវិញ? អាកប្បកិរិយារបស់អ្នក គឺជាអាកប្បកិរិយារបស់ចោរ ជាចោរប្លន់!» តើនេះមិនមែនជាការពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមកទេឬ? តើវិធីសាស្ត្រនៃការវាយប្រហារទាំងនេះគឺជាអ្វីដែរ? វាគឺជាការបើកកកាយចំណុចខ្សោយគ្នាទៅវិញទៅមក មែនទេ? (មែនហើយ។) ពួកគេថែមទាំងរិះគិតទៀតថា៖ «អ្នកចេះតែបើកកកាយចំណុចខ្សោយរបស់ខ្ញុំ ដើម្បីធ្វើឱ្យគ្រប់គ្នាដឹងអំពីចំណុចខ្សោយទាំងនោះ និងដឹងអំពីប្រវត្តិដ៏អាម៉ាស់របស់ខ្ញុំ ដោយធ្វើឱ្យអ្នកដទៃលែងគោរពខ្ញុំទៀត។ ល្អណាស់ ខ្ញុំក៏មិនញញើតដៃដែរ។ ខ្ញុំដឹងទាំងអស់អំពីចំនួនដៃគូដែលអ្នកធ្លាប់មាន ថាតើអ្នកធ្លាប់នៅជាមួយមនុស្សភេទផ្ទុយគ្នាប៉ុន្មាននាក់។ ខ្ញុំមានភស្តុតាងទាំងអស់ក្នុងដៃខ្ញុំ»។ ប្រសិនបើអ្នកបើកកកាយចំណុចខ្សោយរបស់ខ្ញុំម្ដងទៀត ហើយធ្វើឱ្យខ្ញុំទ្រាំលែងបាន ខ្ញុំនឹងបើកកកាយអំពើខុសឆ្គងរបស់អ្នកទាំងអស់ឱ្យគេដឹងមិនខាន!» ការបើកកកាយចំណុចខ្សោយគ្នាទៅវិញទៅមក គឺជាបញ្ហាដែលកើតមានជាញឹកញាប់ ក្នុងចំណោមអស់អ្នកដែលស្គាល់គ្នា និងអ្នកដែលស្គាល់គ្នាច្បាស់។ ប្រហែលដោយសារតែការខ្វែងគំនិតគ្នា ឬដោយសារការមានទំនាស់ ឬគំនុំគុំកួនរវាងគ្នា ទើបមនុស្សពីរនាក់យករឿងកំប៉ិកកំប៉ុកពីអតីតកាលមកធ្វើជាអាវុធវាយប្រហារគ្នាទៅវិញទៅមកក្នុងអំឡុងពេលប្រជុំ។ មនុស្សទាំងពីរនាក់នេះ បើកកកាយចំណុចខ្សោយគ្នា វាយប្រហារ និងថ្កោលទោសគ្នាទៅវិញទៅមក ដោយធ្វើឱ្យខាតពេលវេលារបស់គ្រប់គ្នាសម្រាប់ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប៉ះពាល់ដល់ជីវិតពួកជំនុំធម្មតា។ តើការប្រជុំបែបនេះអាចបង្កើតផលផ្លែបានដែរឬទេ? តើមនុស្សនៅជុំវិញពួកគេនៅតែមានចិត្តចង់ប្រជុំទៀតដែរឬទេ? បងប្អូនប្រុសស្រីខ្លះចាប់ផ្ដើមគិតថា៖ «អ្នកទាំងពីរនេះពិតជារំខានមែន។ គ្មានហេតុផលអ្វីដែលត្រូវរំឭករឿងអតីតកាលទាំងនោះទាល់តែសោះ! ឥឡូវពួកគេទាំងពីរជឿលើព្រះជាម្ចាស់ហើយ ដូច្នេះ ពួកគេគួរតែបំភ្លេចចោលរឿងទាំងនោះ។ តើអ្នកណាដែលគ្មានបញ្ហានោះ? តើឥឡូវនេះ ពួកគេទាំងពីរមិនបានមកនៅចំពោះព្រះជាម្ចាស់ទេឬ? បញ្ហាទាំងអស់នេះអាចដោះស្រាយបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការបើកកកាយចំណុចខ្សោយមិនមែនជាការអនុវត្តសេចក្ដីពិតទេ ហើយក៏មិនមែនជាការរៀនសូត្រពីចំណុចខ្លាំងរបស់គេ ដើម្បីបំពេញចំណុចខ្សោយរបស់ខ្លួនដែរ។ វាគឺជាការវាយប្រហារគ្នាទៅវិញទៅមក វាគឺជាអាកប្បកិរិយារបស់សាតាំង»។ ការវាយប្រហារគ្នារបស់ពួកគេ រំខាន និងបំផ្លាញជីវិតពួកជំនុំធម្មតា។ គ្មាននរណាអាចបញ្ឈប់ពួកគេបានឡើយ ហើយពួកគេក៏មិនស្ដាប់ដែរ ទោះបីជានរណាប្រកបគ្នាពីសេចក្ដីពិតប្រាប់ពួកគេក៏ដោយ។ អ្នកខ្លះណែនាំពួកគេថា៖ «ឈប់បើកកកាយចំណុចខ្សោយគ្នាទៅវិញទៅមកទៅ»។ តាមពិត រឿងទាំងអស់នេះមិនមែនជារឿងធំដុំនោះទេ។ តើវាមិនមែនត្រឹមជាការខ្វែងគំនិតគ្នាដោយពាក្យសម្ដីខ្លីមួយទេឬ? រវាងអ្នកទាំងពីរ គឺគ្មានការស្អប់គ្នាដ៏ជ្រាលជ្រៅអ្វីឡើយ។ ប្រសិនបើអ្នកទាំងពីរអាចបើកចិត្ត លាតត្រដាង បោះបង់ចោលការប្រកាន់ ការខកចិត្ត និងការស្អប់ ដើម្បីអធិដ្ឋាន និងស្វែងរកសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់ នោះបញ្ហាទាំងអស់នេះអាចនឹងត្រូវបានដោះស្រាយមិនខាន»។ ប៉ុន្តែមនុស្សទាំងពីរនាក់នៅតែស្ថិតក្នុងភាពជាប់គាំងដដែល។ ម្នាក់ក្នុងចំណោមពួកគេនិយាយថា៖ «ប្រសិនបើគាត់អាចសុំទោសខ្ញុំមុន ហើយប្រសិនបើគាត់បើកចិត្តលាតត្រដាងជាមុន នោះខ្ញុំក៏នឹងធ្វើដូចគ្នាដែរ។ ប៉ុន្តែប្រសិនបើគាត់នៅតែមិនលះបង់មុនទេ នោះខ្ញុំក៏នឹងមិនញញើតដៃនឹងគាត់ដែរ! អ្នកសុំឱ្យខ្ញុំអនុវត្តសេចក្ដីពិតចុះហេតុអ្វីបានជាគាត់មិនអនុវត្តទៅ? អ្នកសុំឱ្យខ្ញុំលះបង់ចោលចុះហេតុអ្វីបានជាគាត់មិនធ្វើមុនទៅ?» តើនេះមិនមែនគ្មានហេតុផលទេឬ? (មែនហើយ។) ពួកគេចាប់ផ្ដើមប្រព្រឹត្តដោយគ្មានហេតុផល។ គ្មានដំបូន្មានរបស់អ្នកណាម្នាក់មានឥទ្ធិពលលើពួកគេទេ ហើយពួកគេក៏មិនស្ដាប់ការប្រកបគ្នាពីសេចក្ដីពិតដែរ។ ឱ្យតែពួកគេឃើញមុខគ្នាភ្លាម ពួកគេឈ្លោះប្រកែកគ្នា បើកកកាយចំណុចខ្សោយរបស់គ្នា ហើយវាយប្រហារគ្នាទៅវិញទៅមកភ្លាម។ ទោះបីពួកគេមិនឈ្លោះទាស់ទែងគ្នាក៏ដោយ ក៏ពួកគេបង្ហាញចិត្តស្អប់នៅក្នុងទង្វើរបស់ខ្លួន ហើយគ្រប់ពាក្យគ្រប់ម៉ាត់ដែលពួកគេនិយាយ សុទ្ធតែបង្កប់ន័យវាយប្រហារ និងពាក្យបណ្ដាសាដែរ។ ប្រសិនបើនៅក្នុងជីវិតពួកជំនុំ មានមនុស្សពីរនាក់បែបនេះដែលវាយប្រហារ និងពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដីភ្លាមៗនៅពេលដែលពួកគេឃើញមុខគ្នា តើជីវិតពួកជំនុំនេះអាចបង្កើតផលផ្លែបានដែរឬទេ? តើមនុស្សអាចទទួលបានអ្វីដែលជាផលវិជ្ជមានចេញពីការណ៍នេះដែរឬទេ? (អត់ទេ) នៅពេលដែលស្ថានភាពបែបនេះកើតឡើង មនុស្សភាគច្រើនចាប់ផ្ដើមព្រួយបារម្ភ ដោយនិយាយថា៖ «រាល់ពេលដែលយើងប្រជុំ អ្នកទាំងពីរនោះតែងតែឈ្លោះគ្នា ហើយពួកគេមិនស្ដាប់ដំបូន្មានរបស់អ្នកណាទេ។ តើយើងគួរធ្វើដូចម្ដេចទៅ?» ឱ្យតែមានពួកគេនៅទីនោះ ការប្រជុំមិនមានសេចក្ដីសុខសាន្តទេ ហើយគ្រប់គ្នាត្រូវបានរំខានដោយពួកគេ។ ក្នុងករណីបែបនេះ អ្នកដឹកនាំពួកជំនុំគួរតែចូលរួមដោះស្រាយបញ្ហានេះ។ ពួកគេមិនត្រូវអនុញ្ញាតឱ្យបុគ្គលបែបនេះបន្តរំខានដល់ជីវិតពួកជំនុំទៀតឡើយ។ បន្ទាប់ពីមានការផ្ដល់ដំបូន្មាន ការប្រកបគ្នា និងការណែនាំជាវិជ្ជមានម្ដងហើយម្ដងទៀត ប្រសិនបើនៅតែគ្មានលទ្ធផលអ្វីកើតឡើង ហើយភាគីទាំងពីរបន្តប្រកាន់ខ្ជាប់នូវការប្រកាន់របស់ខ្លួន បដិសេធមិនព្រមអត់ទោសឱ្យគ្នាទៅវិញទៅមក ហើយបន្តវាយប្រហារគ្នា និងរំខានដល់ជីវិតពួកជំនុំទៀត នោះវាជាការចាំបាច់ណាស់ដែលត្រូវដោះស្រាយបញ្ហានេះស្របតាមគោលការណ៍។ ត្រូវប្រាប់ពួកគេថា៖ «អ្នកទាំងពីរបានស្ថិតនៅក្នុងស្ថានភាពនេះជាយូរមកហើយ ហើយវាបានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ និងដល់បងប្អូនប្រុសស្រីទាំងអស់។ មនុស្សភាគច្រើនខឹង តែមិនហ៊ាននិយាយស្ដីចំពោះអាកប្បកិរិយារបស់អ្នកទាំងពីរ។ ដោយពិចារណាលើអាកប្បកិរិយា និងការសម្ដែងចេញបច្ចុប្បន្នរបស់អ្នកទាំងពីរ ពួកជំនុំត្រូវតែផ្អាកការចូលរួមរបស់អ្នកនៅក្នុងជីវិតពួកជំនុំដោយស្របតាមគោលការណ៍ ហើយតម្រូវឱ្យអ្នកទាំងពីរនៅដាច់ដោយឡែកសម្រាប់ការឆ្លុះបញ្ចាំងពីខ្លួនឯង។ នៅពេលដែលអ្នកទាំងពីរអាចចុះសម្រុងគ្នា ចូលរួមក្នុងការប្រកបគ្នាបានធម្មតា និងមានទំនាក់ទំនងបានធម្មតាជាមួយគ្នាវិញ ពេលនោះ អ្នកអាចត្រឡប់មកចូលរួមក្នុងជីវិតពួកជំនុំវិញបាន»។ មិនថាពួកគេយល់ព្រមឬមិនយល់ព្រមឡើយ ពួកជំនុំគួរតែធ្វើការសម្រេចចិត្តនេះ។ នេះគឺជាការដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍។ បញ្ហាទាំងនេះគួរតែត្រូវបានដោះស្រាយតាមរបៀបបែបនេះ។ ម្យ៉ាង ការណ៍នេះគឺមានប្រយោជន៍សម្រាប់បុគ្គលទាំងពីរ។ វាអាចជំរុញឱ្យពួកគេឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង។ ម្យ៉ាងទៀត វាជួយការពារបងប្អូនប្រុសស្រីកាន់តែច្រើនពីការរំខានដោយមនុស្សអាក្រក់។ មនុស្សខ្លះនិយាយថា៖ «ពួកគេមិនបានធ្វើអំពើអាក្រក់អ្វីទេ។ បើមើលតាមសារជាតិរបស់ពួកគេ ពួកគេក៏មិនមែនជាមនុស្សអាក្រក់នោះដែរ។ ពួកគេគ្រាន់តែមានចំណុចខ្វះខាតតិចតូចក្នុងភាពជាមនុស្សរបស់ពួកគេ ពួកគេគ្រាន់តែចចេស ងាយនឹងគ្មានហេតុផល ហើយងាយនឹងច្រណែនឈ្នានីស និងមានទំនាស់ប៉ុណ្ណោះ។ ហេតុអ្វីបានជាដាក់ពួកគេឱ្យនៅដាច់ដោយឡែក ដោយសារតែរឿងនេះ?» ទោះបីជាភាពជាមនុស្សរបស់ពួកគេយ៉ាងណាក៏ដោយ ដរាបណាពួកគេបង្កការរំខានដល់ជីវិតពួកជំនុំ អ្នកដឹកនាំពួកជំនុំគួរតែចូលរួម ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិនបើបុគ្គលទាំងពីរនេះជាមនុស្សអាក្រក់ នោះនៅពេលដែលដឹងភ្លាម វិធានការមិនគួរត្រឹមតែដាក់ពួកគេឱ្យនៅដាច់ដោយឡែកនោះទេ។ ត្រូវតែធ្វើការសម្រេចចិត្តភ្លាមៗ ដើម្បីបណ្ដេញពួកគេចេញដោយផ្ទាល់។ ប្រសិនបើទង្វើរបស់ពួកគេគ្រាន់តែវាយប្រហារគ្នា និងឈ្លោះគ្នាអំពីរឿងខុសនិងត្រូវ ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬប្រព្រឹត្តអំពើអាក្រក់ផ្សេងទៀតដែលបង្កការខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេមិនមែនជាមនុស្សអាក្រក់ទេ នោះពួកគេមិនចាំបាច់ត្រូវបានបណ្ដេញចេញឡើយ។ ផ្ទុយទៅវិញ ជីវិតពួកជំនុំរបស់ពួកគេគួរតែត្រូវបានផ្អាក ហើយពួកគេគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង។ វិធីសាស្រ្តនេះគឺសមស្របបំផុត។ គោលបំណងនៃការដោះស្រាយបញ្ហាតាមរបៀបនេះ គឺដើម្បីធានាសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ និងធានាថាកិច្ចការពួកជំនុំអាចដំណើរការទៅបានធម្មតា។
២. ការលាតត្រដាង និងការវាយប្រហារគ្នាទៅវិញទៅមក
មនុស្សមួយចំនួនគ្មានសមត្ថភាពយល់ដឹងក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចេះប្រកបគ្នាពីការយល់ដឹងផ្អែកលើបទពិសោធរបស់ខ្លួនអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេចេះតែភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីមនុស្ស ទៅនឹងអ្នកដទៃប៉ុណ្ណោះ។ ដូច្នេះហើយ នៅពេលណាដែលពួកគេប្រកបគ្នាពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេតែងតែមានបំណងផ្ទាល់ខ្លួន ពោលគឺពួកគេតែងតែចង់ឆ្លៀតឱកាសលាតត្រដាង និងវាយប្រហារអ្នកដទៃ ដែលបង្កឱ្យមានភាពចលាចលនៅក្នុងពួកជំនុំជានិច្ច។ ប្រសិនបើអស់អ្នកដែលត្រូវបានលាតត្រដាង អាចដោះស្រាយស្ថានការណ៍ទាំងនេះដោយត្រឹមត្រូវ យល់ថាបញ្ហាទាំងនោះមកពីព្រះជាម្ចាស់ ហើយរៀនពីការចុះចូល និងការអត់ធ្មត់ នោះនឹងមិនមានជម្លោះណាមួយកើតឡើងឡើយ។ ក៏ប៉ុន្តែ ជាការជៀសមិនរួចទេ ដែលអាចមាននរណាម្នាក់មានអារម្មណ៍រឹងទទឹង នៅពេលដែលពួកគេឮអ្នកដទៃប្រកបគ្នាអំពី និងលាតត្រដាងពីបញ្ហារបស់ពួកគេ។ ពួកគេគិតក្នុងចិត្តថា៖ «ហេតុអ្វីបានជានៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ អ្នកមិនចែកចាយពីការយល់ដឹងផ្អែកលើបទពិសោធរបស់អ្នកអំពីព្រះបន្ទូលទាំងនោះ ឬនិយាយពីការស្គាល់ខ្លួនឯង ប៉ុន្តែបែរជាវាយប្រហារ និងតម្រង់មករកខ្ញុំតែម្នាក់ឯងទៅវិញ? តើអ្នកមិនពេញចិត្តនឹងខ្ញុំឬ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ជាក់ច្បាស់រួចហើយថា ខ្ញុំមាននិស្ស័យពុករលួយ តើអ្នកចាំបាច់ត្រូវនិយាយវាទៀតឬ? ខ្ញុំអាចមាននិស្ស័យពុករលួយ ប៉ុន្តែតើអ្នកគ្មាននិស្ស័យពុករលួយដែរទេឬ? អ្នកតែងតែតម្រង់មករកខ្ញុំ ដោយហៅខ្ញុំថាជាមនុស្សដែលបោកបញ្ឆោត ប៉ុន្តែអ្នកក៏មិនខ្វះល្បិចកលដែរ!» ដោយពោរពេញដោយការអាក់អន់ចិត្ត និងការរឹងទទឹង ពួកគេអាចនឹងអត់ធ្មត់ម្ដងឬពីរដង ប៉ុន្តែក្រោយពេលវេលាកន្លងផុតទៅ ហើយការឈឺចិត្តរបស់ពួកគេបានកកកុញ ពួកគេក៏ផ្ទុះឡើង។ ហើយនៅពេលដែលពួកគេផ្ទុះឡើង វានឹងក្លាយជាគ្រោះមហន្តរាយ។ ពួកគេនិយាយថា៖ «នៅពេលមនុស្សមួយចំនួនប្រព្រឹត្ត និងនិយាយស្ដី ពួកគេធ្វើពុតជាស្មោះត្រង់ និងបើកចំហណាស់នៅខាងក្រៅ ប៉ុន្តែតាមពិតពួកគេពោរពេញទៅដោយឧបាយកលគ្រប់បែបយ៉ាង ហើយតែងតែរៀបចំផែនការប្រឆាំងនឹងអ្នកដទៃជានិច្ច។ គ្មាននរណាអាចយល់ពីគំនិត ឬចេតនារបស់ពួកគេបានឡើយ នៅពេលដែលនិយាយជាមួយពួកគេ។ ពួកគេគឺជាមនុស្សដែលបោកបញ្ឆោត។ នៅពេលដែលយើងជួបមនុស្សបែបនេះ យើងមិនអាចនិយាយ ឬប្រាស្រ័យទាក់ទងជាមួយពួកគេបានឡើយ។ ពួកគេគួរឱ្យខ្លាចណាស់។ ប្រសិនបើអ្នកមិនប្រយ័ត្នទេ អ្នកនឹងធ្លាក់ក្នុងអន្ទាក់របស់ពួកគេ ហើយត្រូវពួកគេបោកប្រើមិនខាន។ មនុស្សបែបនេះ គឺជាមនុស្សអាក្រក់បំផុត ជាប្រភេទមនុស្សដែលព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមបំផុត។ ពួកគេគួរតែត្រូវបោះទៅក្នុងជង្ហុកធំ ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ!» បន្ទាប់ពីបានឮដូច្នេះ មនុស្សម្នាក់ទៀតក៏គិតថា៖ «អ្នកមាននិស្ស័យពុករលួយ ប៉ុន្តែអ្នកមិនព្រមឱ្យអ្នកដទៃលាតត្រដាងពីអ្នកទេឬ? អ្នកពិតជាក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកហើយ ដូច្នេះខ្ញុំនឹងរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត ដើម្បីលាតត្រដាងអ្នក ហើយចាំមើលថាតើអ្នកមានអ្វីនិយាយទៀត!» មនុស្សម្នាក់ទៀតនោះ កាន់តែខឹងខ្លាំងឡើងបន្ទាប់ពីត្រូវបានលាតត្រដាង ហើយគិតថា៖ «អីចឹង អ្នកមិនព្រមបញ្ចប់រឿងនេះទេ មែនទេ? អ្នកនៅតែមិនព្រមបណ្ដោយឱ្យរឿងនេះកន្លងផុតទៅ មែនទេ? អ្នកគ្រាន់តែមិនចូលចិត្តខ្ញុំ ហើយគិតថាខ្ញុំមាននិស្ស័យពុករលួយ មែនទេ? បាន ដូច្នេះខ្ញុំក៏នឹងលាតត្រដាងអ្នកដែរ!» ដូច្នេះហើយ ពួកគេក៏និយាយថា៖ «មនុស្សមួយចំនួន គឺគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ ពួកគេស្រឡាញ់ឋានៈ និងការសរសើរពីអ្នកដទៃ ពួកគេចូលចិត្តបង្រៀនអ្នកដទៃ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីលាតត្រដាង និងថ្កោលទោសមនុស្សដទៃ ធ្វើឱ្យអ្នកដទៃគិតថា ពួកគេខ្លួនឯងគ្មាននិស្ស័យពុករលួយឡើយ។ ពួកគេធ្វើខ្លួនខ្ពង់ខ្ពស់ ហើយគិតថាពួកគេត្រូវបានញែកជាបរិសុទ្ធហើយ ប៉ុន្តែតើពួកគេមិនមែនគ្រាន់តែជាអារក្សដ៏ស្មោកគ្រោកទេឬ? តើពួកគេមិនមែនគ្រាន់តែជាពួកសាតាំង និងពួកវិញ្ញាណអាក្រក់ទេឬ? តើអ្វីទៅជាពួកទទឹងនឹងព្រះគ្រីស្ទ? ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាពួកសាតាំង!» តើពួកគេបានប្រយុទ្ធគ្នាប៉ុន្មានជុំហើយ? តើមានអ្នកឈ្នះដែរឬទេ? (អត់ទេ) តើពួកគេបាននិយាយអ្វីដែលអាចស្អាងចិត្តអ្នកដទៃដែរឬទេ? (អត់ទេ) ដូច្នេះ តើពាក្យសម្ដីទាំងនេះជាអ្វីទៅ? (ជាការជំនុំជម្រះ ជាការថ្កោលទោស) ទាំងនេះគឺជាការជំនុំជម្រះ។ ពួកគេកំពុងនិយាយដោយមិនបានគិតមុខគិតក្រោយ ដោយមិនគិតពីស្ថានការណ៍ពិត ឬការពិត ព្រមទាំងជំនុំជម្រះ និងថ្កោលទោសអ្នកដទៃតាមតែអំពើចិត្ត សូម្បីតែដាក់បណ្ដាសាពួកគេក៏មាន។ តើពួកគេមានមូលដ្ឋានផ្អែកលើការពិត សម្រាប់ការហៅអ្នកដទៃថាជាបុគ្គលទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើបុគ្គលនោះបានបង្ហាញពីអំពើអាក្រក់ និងការសម្ដែងចេញអ្វីខ្លះរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ? តើនិស្ស័យពុករលួយរបស់ពួកគេឡើងដល់កម្រិតនៃសារជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទដែរឬទេ? នៅពេលដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឮពួកគេលាតត្រដាងពីអ្នកដទៃ តើពួកគេនឹងគិតថាវាផ្អែកលើការពិត និងពិតត្រង់ដែរឬទេ? តើមានសេចក្ដីសប្បុរស ឬបំណងល្អណាមួយនៅក្នុងពាក្យសម្ដីដែលមនុស្សទាំងពីរនាក់នេះបាននិយាយដែរឬទេ? (អត់ទេ) តើបំណងរបស់ពួកគេគឺដើម្បីជួយគ្នាទៅវិញទៅមកឱ្យស្គាល់ខ្លួនឯង និងដើម្បីឱ្យពួកគេអាចបោះបង់និស្ស័យពុករលួយរបស់ខ្លួន ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មែនទេ? (អត់ទេ) បើដូច្នេះ តើពួកគេកំពុងធ្វើការនេះដើម្បីអ្វីដែរ? គឺដើម្បីបញ្ចេញគំនុំផ្ទាល់ខ្លួន ដើម្បីវាយប្រហារ និងសងសឹកនឹងភាគីម្ខាងទៀត ដូច្នេះហើយពួកគេក៏ចោទប្រកាន់ភាគីម្ខាងទៀតតាមតែអំពើចិត្ត ដោយគ្មានមូលដ្ឋានទាល់តែសោះ។ ពួកគេមិនបានវាយតម្លៃ និងកំណត់លក្ខណៈគ្នាទៅវិញទៅមកដោយត្រឹមត្រូវ ផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកបង្ហាញ ហើយនិងសារជាតិរបស់បុគ្គលម្នាក់ទៀតនោះទេ ផ្ទុយទៅវិញ ពួកគេកំពុងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីវាយប្រហារគ្នាទៅវិញទៅមក សងសឹក និងបញ្ចេញគំនុំផ្ទាល់ខ្លួនរបស់ពួកគេ ពោលគឺពួកគេមិនមែនកំពុងប្រកបគ្នាពីសេចក្ដីពិតទាល់តែសោះ។ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ពួកគេតែងតែចាប់យកចំណុចខ្សោយរបស់អ្នកដទៃ ដើម្បីវាយប្រហារ និងថ្កោលទោសពួកគេថាមាននិស្ស័យក្រអឺតក្រទម ពោលគឺឥរិយាបថនេះគឺអាក្រក់ និងព្យាបាទ ហើយនេះពិតជាមិនមែនជាការលាតត្រដាងដោយបំណងល្អនោះទេ។ ជាលទ្ធផល វាគ្រាន់តែនាំទៅរកការប្រទូសរ៉ាយ និងការស្អប់ខ្ពើមគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ប្រសិនបើការលាតត្រដាងត្រូវបានធ្វើឡើងដោយឥរិយាបថជួយអ្នកដទៃចេញពីសេចក្ដីស្រឡាញ់ នោះមនុស្សអាចដឹងពីរឿងនេះបាន ហើយពួកគេអាចដោះស្រាយវាដោយត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ចាប់យកនិស្ស័យក្រអឺតក្រទមរបស់អ្នកដទៃដើម្បីថ្កោលទោស និងវាយប្រហារពួកគេ នោះគឺគ្រាន់តែដើម្បីវាយប្រហារ និងធ្វើទុក្ខបុកម្នេញបុគ្គលនោះតែប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាមាននិស្ស័យក្រអឺតក្រទម ដូច្នេះហេតុអ្វីបានជាតែងតែតម្រង់មករកមនុស្សតែម្នាក់? ហេតុអ្វីបានជាតែងតែផ្ដោតលើមនុស្សតែម្នាក់ ដោយមិនព្រមឈប់សោះដូច្នេះ? ការលាតត្រដាងពីនិស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ជាប់ជានិច្ច តើបំណងនៃការធ្វើបែបនេះគឺពិតជាដើម្បីជួយពួកគេឱ្យបោះបង់និស្ស័យនោះមែនទេ? (អត់ទេ) បើដូច្នេះ តើហេតុផលគឺជាអ្វីដែរ? គឺដោយសារតែពួកគេមិនពេញចិត្តនឹងអ្នកដទៃ ដូច្នេះពួកគេក៏រកឱកាសដើម្បីវាយប្រហារ និងសងសឹក ដោយតែងតែចង់ធ្វើទុក្ខបុកម្នេញអ្នកនោះជានិច្ច។ ហេតុដូច្នេះហើយ នៅពេលដែលពួកគេនិយាយថា អ្នកដទៃគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ជាសាតាំង ជាអារក្ស ជាមនុស្សដែលបោកបញ្ឆោត និងអាក្រក់ តើវាជាការពិតដែរឬទេ? វាអាចពាក់ព័ន្ធនឹងការពិតខ្លះដែរ ប៉ុន្តែបំណងរបស់ពួកគេក្នុងការនិយាយរឿងទាំងនេះ គឺមិនមែនដើម្បីជួយអ្នកដទៃ ឬដើម្បីប្រកបគ្នាពីសេចក្ដីពិតនោះទេ ប៉ុន្តែគឺដើម្បីបញ្ចេញគំនុំផ្ទាល់ខ្លួន និងដើម្បីសងសឹក។ ពួកគេបានរងការធ្វើទុក្ខបុកម្នេញ ដូច្នេះហើយពួកគេក៏ចង់សងសឹកវិញ។ តើពួកគេសងសឹកដោយរបៀបណា? គឺដោយការលាតត្រដាងអ្នកដទៃ ថ្កោលទោសពួកគេ ហៅពួកគេថាជាអារក្ស ជាសាតាំង ជាវិញ្ញាណអាក្រក់ ជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ ពោលគឺលាបពណ៌ពួកគេតាមតែអ្វីដែលអាក្រក់បំផុត និងចោទប្រកាន់ពួកគេពីបទអ្វីដែលធ្ងន់ធ្ងរបំផុត។ តើនេះមិនមែនជាការជំនុំជម្រះ និងការថ្កោលទោសតាមតែអំពើចិត្តទេឬ? បំណង ចេតនា និងការជំរុញចិត្តរបស់ភាគីទាំងពីរក្នុងការនិយាយរឿងទាំងនេះ គឺមិនមែនដើម្បីជួយភាគីម្ខាងទៀតឱ្យស្គាល់ខ្លួនឯង និងដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេនោះទេ ហើយរឹតតែមិនមែនដើម្បីជួយពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬយល់ពីគោលការណ៍សេចក្ដីពិតនោះដែរ។ ផ្ទុយទៅវិញ ពួកគេកំពុងព្យាយាមវាយប្រហារ និងយាយីអ្នកដទៃក្នុងការលាតត្រដាងពួកគេ ដើម្បីឱ្យពួកគេអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបញ្ចេញគំនុំផ្ទាល់ខ្លួន និងការសងសឹក។ នេះគឺជាការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី។ ទោះបីជារបៀបវាយប្រហារអ្នកដទៃនេះអាចមើលទៅដូចជាសមហេតុផលជាងការលាតត្រដាងពីចំណុចខ្សោយគ្នាទៅវិញទៅមក ហើយវាជាការភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងអ្នកដទៃ ដើម្បីនិយាយថាពួកគេមាននិស្ស័យពុករលួយ ថាពួកគេជាអារក្ស និងជាសាតាំង ហើយមើលពីខាងក្រៅវាហាក់ដូចជាមានលក្ខណៈខាងវិញ្ញាណក៏ដោយ ក៏សារជាតិនៃរបៀបទាំងពីរនេះគឺដូចគ្នាដែរ។ របៀបទាំងពីរនេះមិនមែនជាការប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតនៅក្នុងភាពជាមនុស្សធម្មតានោះទេ ផ្ទុយទៅវិញ វាគឺជាការជំនុំជម្រះ ការថ្កោលទោស និងការដាក់បណ្ដាសាអ្នកដទៃដោយគ្មានការទទួលខុសត្រូវ និងតាមតែអំពើចិត្ត ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយនិងការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារផ្ទាល់ខ្លួន។ ការសន្ទនាដែលមានលក្ខណៈបែបនេះក៏បង្កឱ្យមានការរំខាន និងការបង្អាក់នៅក្នុងជីវិតពួកជំនុំផងដែរ ហើយវាជ្រៀតជ្រែក និងបំផ្លាញដល់ច្រកចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។
តើអ្នករាល់គ្នាគួរធ្វើដូចម្ដេច នៅពេលជួបមនុស្សពីរនាក់កំពុងវាយប្រហារគ្នា ដោយលាតត្រដាងនិស្ស័យពុករលួយរបស់គ្នាទៅវិញទៅមក? តើចាំបាច់ត្រូវវាយតុ ហើយស្ដីបន្ទោសពួកគេដែរឬទេ? តើចាំបាច់ត្រូវចាក់ទឹកត្រជាក់មួយធុងលើពួកគេ ដើម្បីឱ្យពួកគេស្ងប់អារម្មណ៍ ហើយធ្វើឱ្យពួកគេដឹងថាខ្លួនខុស និងសុំទោសគ្នាទៅវិញទៅមកដែរឬទេ? តើវិធីសាស្ត្រទាំងនេះអាចដោះស្រាយបញ្ហាបានដែរឬទេ? (អត់ទេ) បុគ្គលទាំងពីរនាក់នេះតែងតែឈ្លោះគ្នានៅរាល់ការជួបជុំ ហើយបន្ទាប់ពីការជួបជុំនីមួយៗចប់ ពួកគេក៏ត្រៀមខ្លួនសម្រាប់ការឈ្លោះគ្នាបន្ទាប់ទៀត។ នៅផ្ទះ ពួកគេស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមូលដ្ឋាននានា ដើម្បីប្រើក្នុងការវាយប្រហាររបស់ពួកគេ ពួកគេថែមទាំងសរសេរសេចក្ដីព្រាងទុក ហើយគិតរកវិធីពីរបៀបវាយប្រហារភាគីម្ខាងទៀត ថាត្រូវវាយប្រហារលើទិដ្ឋភាពអ្វីខ្លះ ត្រូវជំនុំជម្រះ និងថ្កោលទោសពួកគេដោយរបៀបណា ត្រូវប្រើតុងសំឡេងបែបណា និងត្រូវប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាខ្លះ ដើម្បីធ្វើការវាយប្រហារ និងថ្កោលទោសដែលគួរឱ្យជឿជាក់បំផុត។ ពួកគេក៏ស្វែងរកពាក្យពេចន៍ខាងវិញ្ញាណផ្សេងៗ ហើយប្រើវិធីសម្ដែងចេញផ្សេងៗគ្នា ដើម្បីថ្កោលទោស និងវាយប្រហារភាគីម្ខាងទៀត ដោយរារាំងមិនឱ្យពួកគេអាចផ្លាស់ប្ដូរស្ថានការណ៍បាន ហើយពួកគេព្យាយាមផ្ដួលពួកគេក្នុងការឈ្លោះគ្នាលើកក្រោយ និងធ្វើឱ្យពួកគេមិនអាចងើបឡើងវិញបានឡើយ។ អាកប្បកិរិយាទាំងនេះសុទ្ធតែជាការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី។ តើបញ្ហាបែបនេះងាយស្រួលដោះស្រាយដែរឬទេ? បន្ទាប់ពីបានទទួលដំបូន្មាន ជំនួយ និងការប្រកបគ្នាពីសេចក្ដីពិតពីមនុស្សភាគច្រើនហើយ ប្រសិនបើពួកគេនៅតែមិនប្រែចិត្ត ឬផ្លាស់ប្ដូរ ពោលគឺ ពួកគេឈ្លោះប្រកែក និងជេរប្រទេចគ្នាទៅវិញទៅមកនៅពេលជួបគ្នា មិនស្ដាប់ដំបូន្មានរបស់អ្នកណា ហើយមិនព្រមទទួលយកនៅពេលដែលមាននរណាម្នាក់ប្រកបគ្នាពីសេចក្ដីពិត ឬលួសកាត់ពួកគេទេ តើគួរធ្វើដូចម្ដេចដែរ? ការនេះងាយស្រួលដោះស្រាយណាស់៖ ពួកគេគួរតែត្រូវបានបណ្ដេញចេញ។ តើការនោះមិនដោះស្រាយបញ្ហាទេឬ? តើវាមិនងាយស្រួលទេឬ? តើចាំបាច់ត្រូវបន្តប្រកបគ្នាជាមួយពួកគេទៀតដែរឬទេ? តើចាំបាច់ត្រូវជួយពួកគេដោយក្ដីស្រឡាញ់ទៀតដែរឬទេ? ចូរប្រាប់ខ្ញុំមក តើវាសមរម្យដែរឬទេ ក្នុងការបង្ហាញការអត់ឱន និងការអត់ធ្មត់ដោយក្ដីស្រឡាញ់ចំពោះមនុស្សបែបនេះ? (វាមិនសមរម្យទេ) ហេតុអ្វីបានជាវាមិនសមរម្យ? (ពួកគេមិនព្រមទទួលយកសេចក្ដីពិតទេដូច្នេះ វាគ្មានប្រយោជន៍អ្វីក្នុងការប្រកបគ្នាជាមួយពួកគេឡើយ)។ ត្រឹមត្រូវហើយ ពួកគេមិនព្រមទទួលយកសេចក្ដីពិតទេ។ ពួកគេចូលរួមការជួបជុំ គឺដើម្បីតែជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដីប៉ុណ្ណោះ។ ពួកគេមិនជឿលើព្រះជាម្ចាស់ដើម្បីស្វែងរកសេចក្ដីពិតទេ ហើយពួកគេគ្រាន់តែចូលចិត្តជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដីប៉ុណ្ណោះ។ តើនេះជាការបើកបង្ហាញ និងការសម្ដែងចេញនៃភាពជាមនុស្សធម្មតាដែរឬទេ? តើពួកគេមានវិចារណញាណដែលភាពជាមនុស្សធម្មតាគួរតែមានដែរឬទេ? (អត់ទេ) ពួកគេខ្វះវិចារណញាណនៃភាពជាមនុស្សធម្មតា។ ក្នុងអំឡុងពេលជួបជុំ មនុស្សបែបនេះមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ចង់អារម្មណ៍ និងត្រឹមត្រូវ ដើម្បីឱ្យពួកគេអាចយល់ និងទទួលបានសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដោយហេតុនោះអាចដោះស្រាយនិស្ស័យពុករលួយ និងបញ្ហារបស់ពួកគេបានទេ។ ផ្ទុយទៅវិញ ពួកគេតែងតែចង់ដោះស្រាយបញ្ហារបស់អ្នកដទៃ។ ការផ្ដោតអារម្មណ៍របស់ពួកគេគឺតម្រង់ទៅលើអ្នកដទៃជានិច្ច ដោយស្វែងរកកំហុសរបស់ពួកគេ។ ពួកគេតែងតែមានបំណងស្វែងរកបញ្ហារបស់អ្នកដទៃនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេប្រើឱកាសនៃការអាន និងការប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលាតត្រដាង និងវាយប្រហារអ្នកដទៃ ហើយពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីជំនុំជម្រះ បន្ទាបបន្ថោក និងថ្កោលទោសអ្នកដទៃ។ តែពួកគេបែរជាមិនអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំពោះខ្លួនឯងឡើយ។ តើពួកគេជាមនុស្សប្រភេទណា? តើមនុស្សទាំងនេះជាអ្នកដែលទទួលយកសេចក្ដីពិតដែរឬទេ? (អត់ទេ) ពួកគេពូកែ និងចូលចិត្តជាពិសេសលើរឿងមួយគឺ៖ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជារឿយៗ ពួកគេកំណត់សម្គាល់ឃើញនៅក្នុងអ្នកដទៃនូវបញ្ហា ស្ថានភាព និងការសម្ដែងចេញផ្សេងៗ ដែលព្រះបន្ទូលរបស់ទ្រង់បានលាតត្រដាង។ កាលណាពួកគេកាន់តែកំណត់សម្គាល់ឃើញបញ្ហាទាំងនេះ កាលនោះពួកគេកាន់តែមានអារម្មណ៍ថាខ្លួនមានទំនួលខុសត្រូវដ៏ធំមួយ ហើយជឿជាក់ថាមានរឿងជាច្រើនដែលពួកគេអាចធ្វើបាន ដោយគិតថាពួកគេគួរតែលាតត្រដាងពីបញ្ហាទាំងនេះ។ ពួកគេនឹងមិនព្រមលើកលែងឱ្យមនុស្សណាម្នាក់ដែលមានបញ្ហាទាំងនេះបានរួចខ្លួនឡើយ។ តើពួកគេជាមនុស្សប្រភេទណា? តើមនុស្សបែបនេះមានវិចារណញាណដែរឬទេ? តើពួកគេមានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិតដែរឬទេ? (អត់ទេ) នៅក្នុងពួកជំនុំ ប្រសិនបើមនុស្សបែបនេះមិននិយាយស្ដី ឬមិនបង្កការរំខានទេ នោះមិនចាំបាច់ដោះស្រាយជាមួយពួកគេឡើយ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេប្រព្រឹត្តតាមរបៀបនេះជាប់លាប់ ដោយតែងតែវាយប្រហារ ជំនុំជម្រះ និងថ្កោលទោសអ្នកដទៃ នោះពួកជំនុំគួរតែចាត់វិធានការស្របគ្នាដើម្បីដោះស្រាយជាមួយពួកគេ ដោយបណ្ដេញពួកគេចេញ។ ចំណែកឯអស់អ្នកដែលត្រូវបានមនុស្សលាតត្រដាង ហើយបន្ទាប់មកក៏វាយប្រហារ ជំនុំជម្រះ និងថ្កោលទោសពួកគេវិញ ដោយប្រើវិធីសាស្រ្ត និងមធ្យោបាយដូចគ្នា ប្រសិនបើស្ថានការណ៍ធ្ងន់ធ្ងរ ហើយពួកគេបានបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ នោះពួកគេក៏គួរតែត្រូវបានបណ្ដេញចេញដូចគ្នាដែរ ហើយត្រូវញែកដាច់ដោយឡែកពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពោលគឺ មិនត្រូវយោគយល់ពួកគេណាម្នាក់ឡើយ។
តើការសម្ដែងចេញអ្វីផ្សេងទៀតនៃការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី ដែលមានលក្ខណៈបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ? ការលាតត្រដាងពីចំណុចខ្សោយគ្នាទៅវិញទៅមក និងការលាតត្រដាងនិស្ស័យពុករលួយរបស់គ្នាទៅវិញទៅមក ដើម្បីបញ្ចេញគំនុំផ្ទាល់ខ្លួន និងសងសឹកគ្នា គឺជាការសម្ដែងចេញយ៉ាងច្បាស់អំពីការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ។ ក្រៅពីការសម្ដែងចេញទាំងពីរនេះ ក៏មានការធ្វើពុតជាបើកចំហ និងលាតត្រដាងខ្លួនឯង ហើយពិនិត្យពិច័យខ្លួនឯង ដើម្បីលាតត្រដាង និងពិនិត្យពិច័យអ្នកដទៃដោយចេតនា ពោលគឺការវាយប្រហារប្រភេទនេះក៏ជាការសម្ដែងចេញអំពីការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំដែរ។ ដូច្នេះ តើអ្វីដែលមនុស្សម្នាក់និយាយ គឺជាការវាយប្រហារ ដរាបណាវាមិនមែនជារឿងបញ្ហារបស់ខ្លួនឯង ប៉ុន្តែជារឿងរបស់អ្នកដទៃ ដោយមិនគិតថាតើវាត្រូវបាននិយាយតាមរបៀបចាក់ដោត ឬនិយាយបញ្ឆិតបញ្ឆៀង ឬតាមរបៀបប៉ិនប្រសប់នោះទេ? (អត់ទេ) បើដូច្នេះ តើស្ថានការណ៍អ្វីខ្លះដែលចាត់ទុកជាការវាយប្រហារ? វាអាស្រ័យលើបំណង និងចេតនានៅពីក្រោយអ្វីដែលបាននិយាយ។ ប្រសិនបើអ្វីមួយត្រូវបាននិយាយដើម្បីវាយប្រហារ និងសងសឹកនឹងមនុស្ស ឬដើម្បីបញ្ចេញគំនុំផ្ទាល់ខ្លួន នោះគឺជាការវាយប្រហារ។ នេះគឺជាស្ថានការណ៍មួយ។ ជាងនេះទៅទៀត ការពង្រីកទិដ្ឋភាពខាងក្រៅនៃបញ្ហាឱ្យហួសហេតុ ដើម្បីជំនុំជម្រះ និងថ្កោលទោសមនុស្ស ដែលផ្ទុយពីការពិត ព្រមទាំងធ្វើសេចក្ដីសន្និដ្ឋានដោយគ្មានការទទួលខុសត្រូវ ដោយមិនបានមើលទាល់តែសោះថាតើសារជាតិនៃបញ្ហាគឺជាអ្វីពោលគឺ ការនេះក៏ជាការបញ្ចេញគំនុំផ្ទាល់ខ្លួន និងការសងសឹកដែរ វាគឺជាការជំនុំជម្រះ និងការថ្កោលទោស ហើយស្ថានការណ៍ប្រភេទនេះក៏ចាត់ទុកជាការវាយប្រហារដែរ។ តើមានអ្វីទៀតដែរទេ? (ការបង្កើតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានអំពីមនុស្ស តើជាការវាយប្រហារដែរឬទេ?) ការបង្កើតពាក្យចចាមអារ៉ាមពិតជារាប់បញ្ចូលដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត។ តើមានស្ថានការណ៍ប៉ុន្មានដែលចាត់ទុកជាការវាយប្រហារ? (បី) សូមសង្ខេបពីស្ថានការណ៍ទាំងនេះ។ (ទីមួយគឺការវាយប្រហារអ្នកដទៃដោយមានគោលបំណងជាក់លាក់។ ទីពីរគឺការជំនុំជម្រះ និងថ្កោលទោសអ្នកដទៃតាមរបៀបដែលផ្ទុយពីការពិត ដែលជាការកំណត់លក្ខណៈអ្នកដទៃតាមតែអំពើចិត្តដោយគ្មានការទទួលខុសត្រូវ។ ទីបីគឺការបង្កើតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានអំពីមនុស្ស។) សារជាតិនៃស្ថានការណ៍ទាំងបីនេះនីមួយៗ មានលក្ខណៈគ្រប់គ្រាន់ជាការវាយប្រហារផ្ទាល់ខ្លួន។ តើយើងបែងចែកដោយរបៀបណាថាតើស្ថានការណ៍ណាដែលមានលក្ខណៈគ្រប់គ្រាន់ជាការវាយប្រហារផ្ទាល់ខ្លួន ហើយស្ថានការណ៍ណាមិនមាន? នៅពេលនិយាយដល់អស់អ្នកដែលកំពុងធ្វើការវាយប្រហារ តើសកម្មភាព ឬពាក្យសម្ដីអ្វីខ្លះដែលចាត់ទុកជាការវាយប្រហារ? ឧបមាថា ពាក្យសម្ដីរបស់មនុស្សម្នាក់មានលក្ខណៈនាំឱ្យវង្វេងបន្តិច ហើយអាចនាំអ្នកដទៃឱ្យយល់ខុសបាន ហើយក៏មានលក្ខណៈនៃការបង្កើតពាក្យចចាមអារ៉ាមផងដែរ។ បុគ្គលនោះកំពុងបង្កើតបញ្ហាទាំងគ្មានរឿងអ្វីសោះ ហើយប្រឌិតពាក្យចចាមអារ៉ាម និងការភូតកុហកដើម្បីបំភាន់ និងនាំអ្នកដទៃឱ្យវង្វេង។ បំណង និងចេតនារបស់ពួកគេគឺដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនទទួលស្គាល់ និងជឿជាក់ថាអ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ ហើយយល់ស្របថាអ្វីដែលពួកគេនិយាយគឺស្របតាមសេចក្ដីពិត។ ក្នុងពេលជាមួយគ្នានោះ ពួកគេក៏ចង់សងសឹកនឹងអ្នកផ្សេងដែរ ដើម្បីធ្វើឱ្យអ្នកនោះអវិជ្ជមាន និងទន់ខ្សោយ។ ពួកគេគិតថា៖ «អ្នកមានចរិតថោកទាបបែបនេះ ដូច្នេះ ខ្ញុំត្រូវតែលាតត្រដាងពីស្ថានភាពពិតរបស់អ្នក ហើយបំបាក់ភាពក្រអឺតក្រទមរបស់អ្នកនោះ រួចហើយយើងនឹងបានឃើញថាអ្នកមានអ្វីសម្រាប់បង្អួតបង្ហាញទៀត! នៅក្បែរអ្នក តើខ្ញុំអាចលេចធ្លោបានយ៉ាងម៉េចកើត? ការស្អប់របស់ខ្ញុំនឹងមិនបានធូរស្បើយឡើយ លុះត្រាតែខ្ញុំវាយអ្នកឱ្យធ្លាក់ក្នុងភាពអវិជ្ជមាន និងធ្វើឱ្យអ្នកដួលជាមុនសិន។ ខ្ញុំនឹងបង្ហាញគ្រប់គ្នាថា អ្នកក៏អាចអវិជ្ជមានបានដែរ ហើយថាអ្នកក៏មានភាពទន់ខ្សោយដែរ!» ប្រសិនបើនេះជាបំណងរបស់ពួកគេ នោះពាក្យសម្ដីរបស់ពួកគេចាត់ទុកជាការវាយប្រហារ។ ប៉ុន្តែឧបមាថា បំណងរបស់ពួកគេគឺគ្រាន់តែដើម្បីបញ្ជាក់ឱ្យច្បាស់ពីការពិត និងអ្វីដែលពិតត្រង់ទាក់ទងនឹងបញ្ហាមួយប៉ុណ្ណោះ បន្ទាប់ពីទទួលបានការយល់ដឹងដ៏ត្រឹមត្រូវអំពីរឿងនោះ និងបានរកឃើញពីសារជាតិនៃបញ្ហាតាមរយៈបទពិសោធមួយរយៈ ពួកគេយល់ថា ពួកគេគួរតែប្រកបគ្នាពីរឿងនោះ ដើម្បីឱ្យមនុស្សភាគច្រើនអាចយល់បាន និងដឹងថាការយល់ដឹងប្រភេទណាអំពីបញ្ហានេះគឺបរិសុទ្ធ ពោលគឺ គោលបំណងរបស់ពួកគេគឺដើម្បីកែតម្រូវទស្សនៈដែលខុសឆ្គង ឬលម្អៀងរបស់មនុស្សកាន់តែច្រើនលើបញ្ហានេះ តើនេះជាការវាយប្រហារដែរឬទេ? (អត់ទេ) ពួកគេមិនមែនកំពុងបង្ខំនរណាម្នាក់ឱ្យទទួលយកមតិផ្ទាល់ខ្លួនរបស់ពួកគេទេ ហើយរឹតតែមិនមានបំណងសងសឹកផ្ទាល់ខ្លួនណាមួយដែរ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែចង់បញ្ជាក់ការពិតឱ្យច្បាស់ប៉ុណ្ណោះ ហើយពួកគេកំពុងប្រើសេចក្ដីស្រឡាញ់ដើម្បីជួយភាគីម្ខាងទៀតឱ្យយល់ និងដើម្បីរារាំងពួកគេពីការដើរខុសផ្លូវតាមរយៈការយល់ដឹងនេះ។ ទោះបីជាភាគីម្ខាងទៀតទទួលយកការនេះ ឬអត់ក៏ដោយ ក៏ពួកគេអាចបំពេញទំនួលខុសត្រូវរបស់ខ្លួនបានដែរ។ ដូច្នេះហើយ អាកប្បកិរិយានេះ វិធីសាស្រ្តនេះ មិនមែនជាការវាយប្រហារទេ។ តាមរយៈភាសា ការជ្រើសរើសពាក្យពេចន៍ របៀប តុងសំឡេង និងឥរិយាបថនៃការនិយាយនៅក្នុងការសម្ដែងចេញពីរផ្សេងគ្នានេះ មនុស្សម្នាក់អាចដឹងបានថាតើបំណង និងចេតនារបស់បុគ្គលនោះជាអ្វី។ ប្រសិនបើមនុស្សម្នាក់មានបំណងវាយប្រហារភាគីម្ខាងទៀត ពាក្យសម្ដីរបស់ពួកគេប្រាកដជាមុតស្រួច ហើយបំណង និងចេតនារបស់ពួកគេនឹងបង្ហាញឱ្យឃើញច្បាស់នៅក្នុងតុងសំឡេងនិយាយ ការលើកដាក់សំឡេង ការជ្រើសរើសពាក្យពេចន៍ និងឥរិយាបថរបស់ពួកគេ។ ប្រសិនបើពួកគេមិនមែនកំពុងបង្ខំភាគីម្ខាងទៀតឱ្យទទួលយកអ្វីដែលពួកគេកំពុងនិយាយ ហើយពួកគេពិតជាមិនមែនកំពុងវាយប្រហារពួកគេទេ នោះការនិយាយស្ដីរបស់ពួកគេប្រាកដជានឹងស្របតាមការសម្ដែងចេញនៃសតិសម្បជញ្ញៈ និងវិចារណញាណនៃភាពជាមនុស្សធម្មតាមិនខាន។ លើសពីនេះទៅទៀត ឥរិយាបថនៃការនិយាយ តុងសំឡេង និងការជ្រើសរើសពាក្យពេចន៍របស់ពួកគេប្រាកដជានឹងមានវិចារណញាណ ដោយស្ថិតនៅក្នុងរង្វង់នៃភាពជាមនុស្សធម្មតា។
បន្ទាប់ពីបានប្រកបគ្នាពីគោលការណ៍សម្រាប់បែងចែករវាងអ្វីដែលចាត់ទុកជាការវាយប្រហារផ្ទាល់ខ្លួន និងអ្វីដែលមិនមែន តើឥឡូវនេះអ្នករាល់គ្នាអាចយល់ដឹងពីរឿងនេះបានដែរឬទេ? ប្រសិនបើអ្នករាល់គ្នានៅតែមិនអាចយល់ដឹងពីរឿងនេះបានទេ នោះអ្នករាល់គ្នានឹងមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហានោះឡើយ។ ទោះបីជាការប្រកបគ្នារបស់នរណាម្នាក់ស្ដាប់ទៅល្អយ៉ាងណាក៏ដោយ ប្រសិនបើពួកគេមិនអនុវត្តតាមគោលការណ៍ ប្រសិនបើពួកគេមិនមានគោលបំណងជួយមនុស្សឱ្យយល់ពីសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប៉ុន្តែបែរជាស្វែងរករឿងដើម្បីយាយីមនុស្សឥតឈប់ឈរទៅវិញ ដោយខិតខំអស់ពីសមត្ថភាពដើម្បីជំនុំជម្រះ និងថ្កោលទោសពួកគេ ហើយទោះបីជាមើលពីខាងក្រៅ ពួកគេហាក់ដូចជាមនុស្សដែលចេះដឹងក៏ដោយ តែតាមពិតបំណង និងចេតនារបស់ពួកគេគឺដើម្បីថ្កោលទោស និងវាយប្រហារអ្នកដទៃ នោះស្ថានការណ៍នេះគឺពាក់ព័ន្ធនឹងការវាយប្រហារផ្ទាល់ខ្លួន។ រឿងតូចតាចដែលកើតឡើងរវាងមនុស្សគឺសាមញ្ញ និងជាក់ស្តែងណាស់។ ប្រសិនបើមានការប្រកបគ្នាពីសេចក្ដីពិតទាក់ទងនឹងបញ្ហាទាំងនេះ វានឹងចំណាយពេលមិនដល់មួយពេលនៃការជួបជុំផង។ បើដូច្នេះ តើចាំបាច់ដែរឬទេ ក្នុងការចំណាយពេលរបស់បងប្អូនប្រុសស្រី ដោយនិយាយពីរឿងទាំងនោះយ៉ាងច្រើននៅរាល់ការជួបជុំ? គឺមិនចាំបាច់ទេ។ ប្រសិនបើមនុស្សតែងតែយាយីអ្នកដទៃឥតឈប់ឈរ នោះចាត់ទុកជាការវាយប្រហារមនុស្ស និងបង្កការរំខានហើយ។ តើអ្វីជាហេតុផលដែលមនុស្សតោងជាប់នឹងរឿងមួយ ហើយនិយាយពីវាមិនចេះចប់? គឺដោយសារគ្មាននរណាម្នាក់សុខចិត្តបោះបង់បំណង និងចេតនាផ្ទាល់ខ្លួនរបស់ពួកគេ គ្មាននរណាម្នាក់ព្យាយាមស្គាល់ខ្លួនឯង ហើយគ្មាននរណាម្នាក់ទទួលយកសេចក្ដីពិត ឬការពិតឡើយ ដូច្នេះហើយទើបពួកគេយាយីអ្នកដទៃឥតឈប់ឈរ។ តើអ្វីទៅជាសារជាតិនៃការយាយីអ្នកដទៃឥតឈប់ឈរ? វាគឺជាការវាយប្រហារ។ វាគឺជាការរកចំណុចខ្សោយរបស់អ្នកដទៃ ការចាប់កំហុសក្នុងការជ្រើសរើសពាក្យពេចន៍របស់អ្នកដទៃ និងការប្រើប្រាស់ចំណុចខ្សោយរបស់អ្នកដទៃដើម្បីប្រឆាំងនឹងពួកគេ ដោយនិយាយដដែលៗពីរឿងតែមួយមិនចេះចប់ ហើយឈ្លោះគ្នារហូតដល់មុខក្រហម។ ប្រសិនបើមនុស្សប្រកបគ្នាចេញពីភាពជាមនុស្សធម្មតា ដោយគាំទ្រ និងជួយគ្នាទៅវិញទៅមកដែលជាការបំពេញទំនួលខុសត្រូវរបស់ពួកគេ នោះទំនាក់ទំនងរវាងពួកគេនឹងកាន់តែប្រសើរឡើងៗ។ ប៉ុន្តែប្រសិនបើពួកគេជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ និងការឈ្លោះប្រកែកគ្នាទៅវិញទៅមក ដោយធ្វើឱ្យខ្លួនឯងជាប់ជំពាក់គ្នាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរៀងៗខ្លួន តែងតែចង់ឈ្នះគេ មិនចង់ទទួលស្គាល់ការបរាជ័យ និងមិនព្រមសម្របសម្រួល មិនព្រមបោះបង់ចោលគំនុំផ្ទាល់ខ្លួន នោះទំនាក់ទំនងរវាងពួកគេទាំងពីរនឹងកាន់តែតានតឹងឡើងៗ ហើយកាន់តែយ៉ាប់យ៉ឺនទៅៗនៅទីបំផុត។ វានឹងមិនមែនជាទំនាក់ទំនងធម្មតារវាងបុគ្គលឡើយ ហើយវាថែមទាំងអាចឈានដល់ចំណុចដែលភ្នែករបស់ពួកគេនឹងឡើងក្រហមនៅពេលណាដែលពួកគេជួបគ្នាទៀតផង។ ចូរសាកគិតមើល នៅពេលដែលឆ្កែប្រយុទ្ធគ្នា ភ្នែករបស់ឆ្កែដែលកាចសាហាវនឹងឡើងក្រហម។ តើការដែលភ្នែករបស់វាឡើងក្រហមនោះមានន័យដូចម្ដេច? តើវាមិនមែនពោរពេញដោយការស្អប់ខ្ពើមទេឬ? ចុះមនុស្សវាយប្រហារគ្នាទៅវិញទៅមក ក៏មិនដូចគ្នាដែរឬ? នៅពេលដែលមនុស្សប្រកបគ្នាពីសេចក្ដីពិត ប្រសិនបើពួកគេមិនវាយប្រហារគ្នាទៅវិញទៅមក ប៉ុន្តែបែរជាអាចយកចំណុចខ្លាំងមកបំពេញចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមក ហើយជួយគាំទ្រគ្នាទៅវិញទៅមក តើវាអាចទៅរួចដែរឬទេ ដែលទំនាក់ទំនងរវាងពួកគេនឹងអាក្រក់នោះ? ទំនាក់ទំនងរបស់ពួកគេប្រាកដជានឹងកាន់តែមានភាពធម្មតាឡើងៗ។ នៅពេលដែលមនុស្សពីរនាក់និយាយ ជជែកកម្សាន្ត ប្រកបគ្នា ឬក៏ជជែកវែកញែកនៅក្នុងសតិសម្បជញ្ញៈ និងវិចារណញាណនៃភាពជាមនុស្សធម្មតា ទំនាក់ទំនងរបស់ពួកគេនឹងមានភាពធម្មតា ហើយពួកគេនឹងមិនខឹង ឬចាប់ផ្ដើមឈ្លោះគ្នាភ្លាមៗនៅពេលដែលពួកគេជួបគ្នានោះទេ។ ប្រសិនបើការស្អប់ខ្ពើម និងការផ្ទុះកំហឹងដែលមិនអាចពន្យល់បានកើតឡើងនៅក្នុងមនុស្ស នៅពេលដែលពួកគេមិនទាន់បានឃើញមុខគ្នាសោះ ដោយគ្រាន់តែឮគេនិយាយពីភាគីម្ខាងទៀត នោះនេះមិនមែនជាការសម្ដែងចេញនៃការមានវិចារណញាណ និងសតិសម្បជញ្ញៈនៃភាពជាមនុស្សធម្មតានោះទេ។ មនុស្សវាយប្រហារគ្នាទៅវិញទៅមក ពីព្រោះពួកគេមាននិស្ស័យពុករលួយ គឺមិនពាក់ព័ន្ធទាំងស្រុងនឹងបរិយាកាសរបស់ពួកគេឡើយ។ គឺដោយសារតែមនុស្សមិនស្រឡាញ់សេចក្ដីពិត មិនអាចទទួលយកសេចក្ដីពិតបាន ហើយមិនអនុវត្តសេចក្ដីពិត ឬដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍នៅពេលមានជម្លោះកើតឡើង ដូច្នេះហើយទើបជារឿងធម្មតាដែលករណីនៃការលាតត្រដាងពីចំណុចខ្វះខាតគ្នាទៅវិញទៅមក ការជំនុំជម្រះ ហើយថែមទាំងការវាយប្រហារ និងការថ្កោលទោសគ្នាទៅវិញទៅមកកើតមានឡើងនៅក្នុងជីវិតពួកជំនុំ។ ដោយសារមនុស្សមាននិស្ស័យពុករលួយ ហើយពួកគេតែងតែស្ថិតក្នុងស្ថានភាពខ្វះវិចារណញាណ ហើយពួកគេរស់នៅតាមនិស្ស័យពុករលួយរបស់ពួកគេ ហើយទោះបីជាពួកគេយល់ពីសេចក្ដីពិតខ្លះក៏ដោយ ក៏វាពិបាកសម្រាប់ពួកគេក្នុងការអនុវត្តវាដែរ ដូច្នេះហើយជម្លោះ និងការវាយប្រហារគ្រប់ប្រភេទក៏ងាយនឹងកើតឡើងរវាងពួកគេ។ ប្រសិនបើការវាយប្រហារទាំងនេះកើតឡើងម្ដងម្កាល នោះវានឹងមានឥទ្ធិពលត្រឹមតែបណ្ដោះអាសន្នលើជីវិតពួកជំនុំប៉ុណ្ណោះ ប៉ុន្តែអស់អ្នកដែលតែងតែងាយនឹងវាយប្រហារគ្នាទៅវិញទៅមក គឺបង្កការរំខាន និងការបង្អាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ ហើយពួកគេក៏ប៉ះពាល់ និងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់ច្រកចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។
៣. ទំនាស់ពាក្យសម្ដី
នៅក្នុងពួកជំនុំ ក៏មានមនុស្សមួយប្រភេទទៀតផងដែរ ពោលគឺមនុស្សមួយប្រភេទនេះចូលចិត្តដោះសាការពារខ្លួនខ្លាំងណាស់។ ឧទាហរណ៍ ប្រសិនបើពួកគេបានធ្វើ ឬនិយាយអ្វីមួយខុស ពួកគេខ្លាចអ្នកដទៃគិតមិនល្អចំពោះពួកគេ ហើយខ្លាចថាការនេះនឹងប៉ះពាល់ដល់រូបភាពរបស់ពួកគេនៅក្នុងក្រសែភ្នែករបស់មនុស្សភាគច្រើន ដូច្នេះហើយពួកគេក៏ដោះសាការពារខ្លួនឯង និងពន្យល់ពីរឿងនោះក្នុងអំឡុងពេលជួបជុំ។ គោលបំណងរបស់ពួកគេក្នុងការពន្យល់រឿងនោះ គឺដើម្បីការពារកុំឱ្យមនុស្សមានគំនិតមិនល្អអំពីពួកគេ ដូច្នេះហើយពួកគេក៏ប្រឹងប្រែង និងគិតគូរពីរឿងនេះយ៉ាងខ្លាំង ដោយរិះគិតពេញមួយថ្ងៃថា៖ «តើខ្ញុំអាចបញ្ជាក់រឿងនេះឱ្យបានច្បាស់ដោយរបៀបណា? តើខ្ញុំអាចពន្យល់រឿងនេះឱ្យបុគ្គលនោះយល់ច្បាស់ដោយរបៀបណា? តើខ្ញុំអាចច្រានចោលការគិតមិនល្អដែលពួកគេមានចំពោះខ្ញុំដោយរបៀបណា? ការជួបជុំថ្ងៃនេះ គឺជាឱកាសល្អមួយដើម្បីនិយាយអំពីរឿងនេះ»។ នៅពេលជួបជុំ ពួកគេក៏និយាយថា៖ «រឿងដែលខ្ញុំបានធ្វើលើកមុន មិនមានបំណងធ្វើឱ្យនរណាម្នាក់ឈឺចាប់ ឬលាតត្រដាងពីនរណាម្នាក់ទេ។ ខ្ញុំមានចេតនាចង់ជួយមនុស្សប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សមួយចំនួនតែងតែយល់ច្រឡំពីខ្ញុំ តែងតែចង់តម្រង់មករកខ្ញុំ ហើយតែងតែគិតថាខ្ញុំលោភលន់ និងមានមហិច្ឆតា ហើយថាភាពជាមនុស្សរបស់ខ្ញុំមិនល្អ។ ប៉ុន្តែតាមពិត ខ្ញុំមិនមែនជាមនុស្សបែបនោះទាល់តែសោះ មែនទេ? ខ្ញុំមិនបានធ្វើ ឬនិយាយរឿងបែបនោះទេ។ កាលណាខ្ញុំនិយាយពីនរណាម្នាក់ នៅពេលដែលពួកគេមិននៅទីនោះ គឺខ្ញុំមិនមានចេតនាបង្កបញ្ហាដល់ពួកគេនោះទេ។ នៅពេលដែលមនុស្សបានធ្វើអំពើអាក្រក់ ម៉េចក៏មិនឱ្យអ្នកដទៃនិយាយពីរឿងនោះបាន?» ពួកគេនិយាយយ៉ាងច្រើន ដោយទាំងដោះសា និងការពារខ្លួនឯង ព្រមទាំងលាតត្រដាងពីបញ្ហារបស់ភាគីម្ខាងទៀតយ៉ាងច្រើនគួរសមផងដែរ ទាំងអស់នេះគឺដើម្បីយករួចខ្លួនពីរឿងនោះ ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាជឿជាក់ថា អ្វីដែលពួកគេបានសម្ដែងចេញមិនមែនជានិស្ស័យពុករលួយ ហើយថាពួកគេមិនមានភាពជាមនុស្សមិនល្អ ឬមិនចូលចិត្តសេចក្ដីពិត រឹតតែមិនមានចេតនាអាក្រក់ទៀតផង ហើយគិតថា ផ្ទុយទៅវិញ ពួកគេមានចេតនាល្អ ថាចេតនាល្អរបស់ពួកគេតែងតែត្រូវបានគេយល់ច្រឡំ ហើយថាពួកគេតែងតែត្រូវបានគេថ្កោលទោសដោយសារតែការយល់ច្រឡំរបស់អ្នកដទៃ។ ទាំងត្រង់ៗ និងបញ្ឆិតបញ្ឆៀង ពាក្យសម្ដីរបស់ពួកគេធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថា ពួកគេគ្មានកំហុស ហើយថាអស់អ្នកដែលគិតថាពួកគេខុស និងអាក្រក់ គឺជាមនុស្សអាក្រក់ និងជាអស់អ្នកដែលមិនស្រឡាញ់សេចក្ដីពិត។ បន្ទាប់ពីបានឮដូច្នេះ ភាគីម្ខាងទៀតក៏យល់ថា៖ «តើខ្លឹមសារនៃពាក្យសម្ដីរបស់អ្នក មិនមែនចង់និយាយថាអ្នកគ្មាននិស្ស័យពុករលួយទេឬ? មិនមែនគ្រាន់តែចង់ឱ្យគេមើលមកល្អទេឬ? តើនេះមិនមែនជាការមិនស្គាល់ខ្លួនឯង មិនព្រមទទួលយកសេចក្ដីពិត មិនព្រមទទួលយកការពិតទេឬ? បើអ្នកមិនព្រមទទួលយករឿងទាំងនេះទេ ក៏ហីទៅចុះ ប៉ុន្តែហេតុអ្វីបានជាតម្រង់មករកខ្ញុំ? ខ្ញុំមិនមានបំណងតម្រង់មករកអ្នកទេ ហើយក៏មិនចង់វាយប្រហារអ្នកដែរ។ អ្នកចង់គិតអីក៏គិតទៅចុះ តើវាពាក់ព័ន្ធអ្វីនឹងខ្ញុំ?» ដូច្នេះហើយ ពួកគេក៏ទប់ចិត្តមិនបាន ហើយនិយាយថា៖ «នៅពេលមនុស្សមួយចំនួនជួបប្រទះបញ្ហាតូចតាច ដោយរងនូវការប្រព្រឹត្តដោយអយុត្តិធម៌ ឬការឈឺចាប់បន្តិចបន្តួច ពួកគេក៏មិនព្រមទទួលយកវា ហើយចង់ដោះសា និងពន្យល់ពីខ្លួនឯង។ ពួកគេតែងតែព្យាយាមយករួចខ្លួនពីបញ្ហានោះ ពួកគេតែងតែចង់ឱ្យគេមើលមកល្អ ចង់ឱ្យគេឃើញរូបខ្លួនស្រោបមាស។ ពួកគេមិនមែនជាមនុស្សបែបនោះទេ ដូច្នេះហេតុអ្វីបានជាពួកគេព្យាយាមចង់ឱ្យគេមើលមកល្អ ធ្វើឱ្យខ្លួនឯងមើលទៅដូចជាល្អឥតខ្ចោះដូច្នេះ? ម្យ៉ាងទៀត ខ្ញុំប្រកបគ្នាពីសេចក្ដីពិត ខ្ញុំមិនតម្រង់មករកនរណាម្នាក់ទេ ហើយក៏មិនគិតពីការវាយប្រហារ ឬសងសឹកនរណាម្នាក់ដែរ។ អ្នកណាគេចង់គិតអីក៏គិតទៅចុះ!» តើមនុស្សទាំងពីរនាក់នេះកំពុងប្រកបគ្នាពីសេចក្ដីពិតមែនទេ? (មិនមែនទេ) បើដូច្នេះ តើពួកគេកំពុងធ្វើអ្វីដែរ? ភាគីម្ខាងនិយាយថា៖ «ខ្ញុំបានធ្វើរឿងទាំងនោះដើម្បីកិច្ចការរបស់ពួកជំនុំ។ ខ្ញុំមិនខ្វល់ថាអ្នកគិតយ៉ាងម៉េចទេ»។ ភាគីម្ខាងទៀតនិយាយថា៖ « ស្ថានសួគ៌ចាំឃ្លាំមើលទង្វើរបស់មនុស្សលោក។ ព្រះជាម្ចាស់ជ្រាបពីគំនិតរបស់មនុស្ស។ កុំគិតថាដោយសារតែអ្នកមានចេតនាល្អ មានសមត្ថភាព និងពូកែវោហារស័ព្ទ ហើយអ្នកមិនធ្វើអំពើអាក្រក់ នោះព្រះជាម្ចាស់នឹងមិនពិនិត្យពិច័យអ្នកឱ្យសោះនោះ។ កុំគិតថាបើអ្នកលាក់បាំងគំនិតរបស់អ្នកឱ្យជ្រៅទៅ នោះព្រះជាម្ចាស់មិនអាចទតឃើញនោះឡើយ។ បងប្អូនប្រុសស្រីទាំងអស់អាចមើលឃើញផង ចុះទម្រាំព្រះជាម្ចាស់ទៅទៀត! តើអ្នកមិនដឹងទេឬថា ព្រះជាម្ចាស់ទ្រង់ពិនិត្យពិច័យក្នុងចិត្តគំនិតរបស់មនុស្សនោះ?» តើពួកគេទាំងពីរនាក់កំពុងឈ្លោះប្រកែកគ្នាអំពីរឿងអ្វីដែរ? ភាគីម្ខាងកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះសាការពារខ្លួនឯង ដើម្បីឱ្យខ្លួនរួចផុតពីកំហុស ដោយមិនចង់ឱ្យអ្នកដទៃមានគំនិតមិនល្អចំពោះពួកគេឡើយ។ រីឯភាគីម្ខាងទៀតវិញ ទទូចមិនព្រមបណ្ដោយឱ្យរឿងនេះកន្លងផុតទៅ ដោយមិនអនុញ្ញាតឱ្យបុគ្គលនោះចង់ឱ្យគេមើលមកល្អ ហើយក្នុងពេលជាមួយគ្នានោះ ក៏មានបំណងលាតត្រដាង និងថ្កោលទោសពួកគេតាមរយៈការស្ដីបន្ទោសផងដែរ។ មើលពីខាងក្រៅ អ្នកទាំងពីរនេះមិនមែនកំពុងជេរប្រទេចគ្នា ឬលាតត្រដាងគ្នាដោយផ្ទាល់នោះទេ ប៉ុន្តែការនិយាយស្ដីរបស់ពួកគេគឺមានគោលបំណង៖ ភាគីម្ខាងព្យាយាមរារាំងភាគីម្ខាងទៀតកុំឱ្យមានការយល់ច្រឡំចំពោះពួកគេ ហើយទាមទារឱ្យស្តារកិត្តិយសរបស់ខ្លួនឡើងវិញ រីឯភាគីម្ខាងទៀតបដិសេធមិនព្រមធ្វើដូច្នេះទេ ហើយបែរជាទទូចចង់លាបពណ៌ និងថ្កោលទោសពួកគេ ដោយទាមទារឱ្យភាគីម្ខាងទៀតទទួលស្គាល់ទៅវិញ។ តើការសន្ទនានេះជាការប្រកបគ្នាពីសេចក្ដីពិតធម្មតាមែនទេ? (មិនមែនទេ)។ តើវាជាការសន្ទនាដែលផ្អែកលើសតិសម្បជញ្ញៈ និងហេតុផលមែនទេ? (មិនមែនទេ)។ បើដូច្នេះ តើការសន្ទនាប្រភេទនេះមានសារជាតិដូចម្ដេចដែរ? តើការសន្ទនាប្រភេទនេះជាការវាយប្រហារគ្នាទៅវិញទៅមកមែនទេ? (មែនហើយ)។ តើអ្នកដែលកំពុងដោះសាការពារខ្លួនឯង កំពុងប្រកបគ្នាអំពីរបៀបដែលពួកគេអាចទទួលយកអ្វីៗពីព្រះជាម្ចាស់ អាចស្គាល់ខ្លួនឯង និងអាចរកឃើញគោលការណ៍ដែលគួរតែអនុវត្តមែនទេ? មិនមែនទេ ពួកគេកំពុងដោះសាការពារខ្លួនឯងចំពោះមនុស្សដទៃ។ ពួកគេចង់បញ្ជាក់ឱ្យច្បាស់ពីគំនិត ទស្សនៈ ចេតនា និងគោលបំណងរបស់ពួកគេចំពោះអ្នកដទៃ ចង់ពន្យល់ពីខ្លួនឯងចំពោះភាគីម្ខាងទៀត និងចង់ឱ្យភាគីម្ខាងទៀតស្តារកិត្តិយសរបស់ខ្លួនឡើងវិញ។ លើសពីនេះទៅទៀត ពួកគេចង់បដិសេធការលាតត្រដាង និងការថ្កោលទោសរបស់ភាគីម្ខាងទៀតចំពោះពួកគេ ហើយទោះបីជាអ្វីដែលភាគីម្ខាងទៀតនិយាយនោះស្របតាមការពិត ឬសេចក្ដីពិតក៏ដោយ ដរាបណាពួកគេមិនទទួលស្គាល់ ឬមិនសុខចិត្តទទួលយកវាទេ នោះពួកគេចាត់ទុកថាអ្វីដែលភាគីម្ខាងទៀតនិយាយគឺខុស ហើយពួកគេចង់កែតម្រូវវា។ ចំណែកឯភាគីម្ខាងទៀតមិនចង់ស្តារកិត្តិយសឱ្យទេ តែបែរជាលាតត្រដាងពួកគេ ដោយបង្ខំពួកគេឱ្យទទួលយកការថ្កោលទោសរបស់ខ្លួនទៅវិញ។ ម្នាក់មិនសុខចិត្តទទួលយក ហើយម្នាក់ទៀតទទូចចង់ឱ្យទទួលយក ដែលនាំឱ្យមានការវាយប្រហាររវាងពួកគេ។ សារជាតិនៃការសន្ទនាប្រភេទនេះ គឺការពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក។ ដូច្នេះ តើការវាយប្រហារប្រភេទនេះមានសារជាតិដូចម្ដេចដែរ? តើការសន្ទនានេះមានលក្ខណៈជាការបដិសេធគ្នាទៅវិញទៅមក ការប្រើពាក្យប្ដឹងផ្ដល់ និងការថ្កោលទោសគ្នាទៅវិញទៅមកមែនទេ? (មែនហើយ)។ តើទម្រង់នៃការសន្ទនាបែបនេះក៏កើតមាននៅក្នុងជីវិតពួកជំនុំដែរឬទេ? (មាន)។ ការសន្ទនាប្រភេទនេះសុទ្ធតែជាទំនាស់ពាក្យសម្ដី។
ហេតុអ្វីបានជាការសន្ទនាប្រភេទនេះត្រូវបានគេហៅថាទំនាស់ពាក្យសម្ដី? (នោះគឺដោយសារតែអស់អ្នកដែលជាប់ពាក់ព័ន្ធកំពុងឈ្លោះប្រកែកគ្នាអំពីរឿងត្រូវខុស គ្មាននរណាម្នាក់ព្យាយាមស្គាល់ខ្លួនឯង ហើយក៏គ្មាននរណាម្នាក់ទទួលបានអ្វីដែរ។ ពួកគេគ្រាន់តែជាប់ជំពាក់នឹងរឿងនោះឥតឈប់ឈរ ហើយការសន្ទនានោះគឺគ្មានន័យអ្វីឡើយ។) ពួកគេគ្រាន់តែនិយាយច្រើនឥតប្រយោជន៍ឈ្លោះប្រកែកគ្នាថាតើអ្នកណាត្រូវ ឬអ្នកណាខុស អ្នកណាគ្រាន់បើជាង ឬអ្នកណាអន់ជាងប៉ុណ្ណោះ។ ពួកគេឈ្លោះប្រកែកគ្នាឥតឈប់ឈរដោយមិនដែលមានអ្នកឈ្នះសោះឡើយ ហើយបន្ទាប់មកក៏នៅតែបន្តឈ្លោះគ្នាទៀត។ តើនៅទីបំផុតពួកគេទទួលបានអ្វីខ្លះពីការនេះ? តើជាការយល់ដឹងពីសេចក្ដីពិត ជាការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនទេ? តើជាសមត្ថភាពក្នុងការប្រែចិត្ត និងទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់មែនទេ? តើជាសមត្ថភាពក្នុងការទទួលយកអ្វីៗពីព្រះជាម្ចាស់ និងស្គាល់ខ្លួនឯងកាន់តែច្បាស់មែនទេ? ពួកគេមិនទទួលបានអ្វីមួយនៅក្នុងចំណោមរឿងទាំងអស់នេះឡើយ។ ជម្លោះដែលគ្មានន័យទាំងនេះ និងការសន្ទនាអំពីរឿងត្រូវខុសទាំងនេះ គឺជាទំនាស់ពាក្យសម្ដី។ និយាយឱ្យត្រង់ទៅ ទំនាស់ពាក្យសម្ដី គឺជាការសន្ទនាដែលគ្មានន័យអ្វីសោះឡើយ ដែលអ្វីៗដែលបាននិយាយគឺជារឿងមិនសមហេតុផល គ្មានពាក្យមួយម៉ាត់ណាដែលស្អាងចិត្ត ឬមានប្រយោជន៍ដល់អ្នកដទៃឡើយ ផ្ទុយទៅវិញ ពាក្យសម្ដីដែលបាននិយាយសុទ្ធតែធ្វើឱ្យឈឺចាប់ ហើយមានប្រភពចេញពីឆន្ទៈរបស់មនុស្ស ភាពឆេវឆាវ គំនិតរបស់មនុស្ស ហើយជាការពិតណាស់ រឹតតែខ្លាំងជាងនេះទៅទៀតគឺចេញពីនិស្ស័យពុករលួយរបស់មនុស្ស។ រាល់ពាក្យសម្ដីដែលបាននិយាយ គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន រូបភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួន មិនមែនដើម្បីការស្អាងចិត្ត ឬការជួយអ្នកដទៃ មិនមែនដើម្បីការយល់ដឹងផ្ទាល់ខ្លួនអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិត ឬដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយជាការពិតណាស់ មិនមែនដើម្បីពិភាក្សាថា តើនិស្ស័យពុករលួយមួយណាខ្លះរបស់ខ្លួនដែលត្រូវបានលាតត្រដាងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើនិស្ស័យពុករលួយរបស់ពួកគេស្របគ្នានឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ ឬថាតើការយល់ដឹងរបស់ខ្លួនត្រឹមត្រូវដែរឬទេ។ ទោះបីជាការដោះសាការពារខ្លួនឯង និងការពន្យល់ដែលគ្មានន័យទាំងនេះស្ដាប់ទៅគួរឱ្យពេញចិត្ត ស្មោះត្រង់ ឬមានជំនឿជ្រាលជ្រៅយ៉ាងណាក៏ដោយ ក៏សុទ្ធតែជាទំនាស់ពាក្យសម្ដី និងជាការវាយប្រហារ និងការជំនុំជម្រះគ្នាទៅវិញទៅមក ដែលមិនផ្ដល់ផលប្រយោជន៍ដល់អ្នកដទៃ ឬដល់ខ្លួនឯងឡើយ។ វាមិនត្រឹមតែធ្វើឱ្យអ្នកដទៃឈឺចាប់ និងប៉ះពាល់ដល់ទំនាក់ទំនងធម្មតារវាងបុគ្គលប៉ុណ្ណោះទេ ថែមទាំងរារាំងដល់ការលូតលាស់នៃជីវិតរបស់ខ្លួនឯងទៀតផង។ សរុបសេចក្ដីមក ដោយមិនគិតពីលេស ចេតនា អាកប្បកិរិយា តុងសំឡេងដែលបានប្រើ ឬមធ្យោបាយ និងបច្ចេកទេសដែលបានប្រើប្រាស់ ដរាបណាមានការពាក់ព័ន្ធនឹងការជំនុំជម្រះ និងការថ្កោលទោសអ្នកដទៃតាមតែអំពើចិត្ត នោះពាក្យសម្ដី វិធីសាស្ត្រ និងអ្វីៗផ្សេងទៀតទាំងនេះ សុទ្ធតែស្ថិតនៅក្នុងប្រភេទនៃការវាយប្រហារអ្នកដទៃ ហើយសុទ្ធតែជាទំនាស់ពាក្យសម្ដី។ តើវិសាលភាពនេះទូលំទូលាយដែរឬទេ? (វាទូលំទូលាយគួរសម។) ដូច្នេះ នៅពេលដែលអ្នករាល់គ្នាជួបប្រទះនឹងការវាយប្រហារ ការជំនុំជម្រះ និងការថ្កោលទោសពីអ្នកដទៃ តើអ្នករាល់គ្នាអាចចៀសវាងពីការវាយប្រហារ និងការថ្កោលទោសអ្នកដទៃវិញបានដែរឬទេ? នៅពេលជួបប្រទះស្ថានការណ៍ប្រភេទនេះ តើអ្នករាល់គ្នាគួរអនុវត្តដូចម្ដេច? (យើងត្រូវតែស្ងប់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់តាមរយៈការអធិស្ឋាន នោះសេចក្ដីស្អប់នឹងលែងមាននៅក្នុងចិត្តរបស់យើងទៀតហើយ។) ដរាបណាមនុស្សម្នាក់ចេះយោគយល់ និងមានហេតុផល ដរាបណាពួកគេអាចធ្វើឱ្យខ្លួនស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានដល់ទ្រង់ ព្រមទាំងទទួលយកសេចក្ដីពិត នោះពួកគេអាចគ្រប់គ្រងចេតនា និងបំណងប្រាថ្នារបស់ខ្លួនបាន ហើយបន្ទាប់មកក៏អាចឈានដល់ចំណុចមួយដែលពួកគេលែងជំនុំជម្រះ ឬវាយប្រហារអ្នកដទៃទៀតហើយ។ ដរាបណាចេតនា និងគោលបំណងរបស់នរណាម្នាក់មិនមែនដើម្បីបញ្ចេញគំនុំផ្ទាល់ខ្លួន ឬសងសឹក ហើយពិតជាមិនមែនដើម្បីវាយប្រហារភាគីម្ខាងទៀតនោះទេ តែបែរជាធ្វើឱ្យភាគីម្ខាងទៀតឈឺចាប់ដោយអចេតនា ដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ឬយល់វាត្រឹមតែរាក់ៗ ហើយដោយសារតែពួកគេមានភាពល្ងង់ខ្លៅ និងមិនចេះដឹង ឬរឹងរូសខ្លះ នោះតាមរយៈជំនួយ ការគាំទ្រ និងការប្រកបគ្នាពីអ្នកដទៃ បន្ទាប់ពីបានយល់ពីសេចក្ដីពិត ការនិយាយស្ដីរបស់ពួកគេនឹងកាន់តែត្រឹមត្រូវ ក៏ដូចជាការវាយតម្លៃ និងទស្សនៈរបស់ពួកគេចំពោះអ្នកដទៃដែរ ហើយពួកគេនឹងអាចប្រព្រឹត្តដោយត្រឹមត្រូវចំពោះនិស្ស័យពុករលួយដែលអ្នកដទៃសម្ដែងចេញ និងសកម្មភាពមិនត្រឹមត្រូវរបស់ពួកគេ ដោយហេតុនោះក៏បន្តិចម្ដងៗកាត់បន្ថយការវាយប្រហារ និងការជំនុំជម្រះរបស់ពួកគេទៅលើអ្នកដទៃ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សម្នាក់តែងតែរស់នៅក្នុងនិស្ស័យពុករលួយរបស់ខ្លួន ស្វែងរកឱកាសដើម្បីសងសឹកនឹងនរណាម្នាក់ដែលពួកគេមិនពេញចិត្ត ឬដែលធ្លាប់ធ្វើឱ្យពួកគេអាក់អន់ចិត្ត ឬធ្វើបាបពួកគេពីមុនមក តែងតែមានចេតនាបែបនេះ ហើយមិនស្វែងរកសេចក្ដីពិត ឬអធិស្ឋានដល់ ឬពឹងផ្អែកលើព្រះជាម្ចាស់ទាល់តែសោះ នោះពួកគេអាចវាយប្រហារអ្នកដទៃគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយការនេះគឺពិបាកនឹងដោះស្រាយណាស់។ ការវាយប្រហារអ្នកដទៃដោយអចេតនាគឺងាយស្រួលដោះស្រាយ ប៉ុន្តែការវាយប្រហារដោយចេតនាគឺមិនងាយដោះស្រាយទេ។ ប្រសិនបើមនុស្សម្នាក់វាយប្រហារ និងជំនុំជម្រះអ្នកដទៃម្ដងម្កាលដោយអចេតនា តាមរយៈការដែលអ្នកដទៃប្រកបគ្នាពីសេចក្ដីពិតដើម្បីជួយគាំទ្រដល់ពួកគេ នោះពួកគេនឹងអាចកែប្រែខ្លួនបាន នៅពេលដែលពួកគេយល់ពីសេចក្ដីពិត។ ក៏ប៉ុន្តែ ប្រសិនបើនរណាម្នាក់តែងតែស្វែងរកការសងសឹក និងបញ្ចេញគំនុំផ្ទាល់ខ្លួន តែងតែចង់ធ្វើទុក្ខបុកម្នេញ ឬចង់ផ្ដួលអ្នកដទៃ ហើយពួកគេវាយប្រហារអ្នកដទៃដោយចេតនាបែបនេះ ដែលមនុស្សគ្រប់គ្នាអាចដឹង និងមើលឃើញបាន នោះអាកប្បកិរិយាបែបនេះក្លាយជាការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ ហើយវាគឺជាការបង្អាក់ និងការរំខានដោយចេតនាទាំងស្រុង។ ហេតុដូច្នេះហើយ ការមាននិស្ស័យនៃការវាយប្រហារអ្នកដទៃនេះ គឺពិបាកនឹងផ្លាស់ប្ដូរណាស់។
ឥឡូវនេះ តើអ្នករាល់គ្នាបានយល់ពីរបៀបដោះស្រាយបញ្ហានៃការវាយប្រហារ និងការថ្កោលទោសអ្នកដទៃហើយឬនៅ? មានវិធីតែមួយគត់ គឺត្រូវតែអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ នោះសេចក្ដីស្អប់របស់ពួកគេនឹងរលាយបាត់ទៅបន្តិចម្ដងៗ។ មនុស្សដែលអាចវាយប្រហារអ្នកដទៃមានពីរប្រភេទធំៗ។ ប្រភេទទីមួយ គឺអស់អ្នកដែលនិយាយស្ដីដោយមិនបានគិតគូរ ដែលនិយាយត្រង់ៗ ហើយដែលអាចនិយាយពាក្យសម្ដីធ្វើឱ្យឈឺចាប់ខ្លះៗនៅពេលណាដែលពួកគេមិនពេញចិត្តនឹងនរណាម្នាក់។ ក៏ប៉ុន្តែ ភាគច្រើន ពួកគេមិនបានវាយប្រហារមនុស្សដោយចេតនាទេ ពោលគឺពួកគេគ្រាន់តែមិនអាចទប់ចិត្តខ្លួនឯងបាន នេះគ្រាន់តែជានិស្ស័យរបស់ពួកគេប៉ុណ្ណោះ ហើយពួកគេក៏បង្កើតការវាយប្រហារទៅលើអ្នកដទៃដោយអចេតនា។ ប្រសិនបើពួកគេត្រូវបានលួសកាត់ ពួកគេអាចទទួលយកបាន ដូច្នេះហើយ ពួកគេមិនមែនជាមនុស្សអាក្រក់ទេ ហើយក៏មិនមែនជាគោលដៅដែលត្រូវសម្អាតចេញដែរ។ ប៉ុន្តែមនុស្សអាក្រក់មិនព្រមទទួលយកការលួសកាត់ទេ ហើយពួកគេតែងតែបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ ពួកគេតែងតែវាយប្រហារ ជំនុំជម្រះ យាយី និងសងសឹកអ្នកដទៃ ហើយមិនព្រមទទួលយកសេចក្ដីពិតសូម្បីតែបន្តិចឡើយ។ ពួកគេគឺជាមនុស្សអាក្រក់ ហើយពួកគេគឺជាអស់អ្នកដែលពួកជំនុំត្រូវដោះស្រាយ និងបោសសម្អាតចេញ។ ហេតុអ្វីបានជាត្រូវដោះស្រាយ និងបោសសម្អាតពួកគេចេញ? បើយើងពិនិត្យមើលពីសារជាតិធម្មជាតិរបស់ពួកគេ អាកប្បកិរិយានៃការវាយប្រហាររបស់ពួកគេចំពោះអ្នកដទៃ មិនមែនជារឿងអចេតនាទេ គឺជារឿងចេតនា។ នេះក៏ព្រោះតែមនុស្សទាំងនេះមានចរិតបែបព្យាបាទ ពោលគឺគ្មាននរណាអាចប្រមាថ ឬរិះគន់ពួកគេបានឡើយ ហើយប្រសិនបើនរណាម្នាក់និយាយអ្វីមួយដែលធ្វើឱ្យពួកគេឈឺចាប់បន្តិចដោយចៃដន្យ ពួកគេនឹងគិតរកឱកាសដើម្បីសងសឹកវិញមិនខាន ដូច្នេះហើយ មនុស្សបែបនេះគឺមានសមត្ថភាពបង្កើតការវាយប្រហារទៅលើអ្នកដទៃ។ នេះគឺជាមនុស្សមួយប្រភេទដែលពួកជំនុំត្រូវដោះស្រាយ និងបោសសម្អាតចេញ។ នរណាក៏ដោយដែលពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី ទោះបីជាពួកគេនៅភាគីណាក៏ដោយ ទោះបីជាពួកគេវាយប្រហារដោយសកម្ម ឬអសកម្មក៏ដោយ ដរាបណាពួកគេចូលរួមក្នុងការវាយប្រហារប្រភេទនេះ ពួកគេគឺជាមនុស្សអាក្រក់ដែលមានចេតនាអាក្រក់ ដែលនឹងធ្វើទុក្ខបុកម្នេញអ្នកដទៃ នៅពេលមានការមិនពេញចិត្តបន្តិចបន្តួច។ មនុស្សបែបនេះបង្កការបង្អាក់ និងការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ។ ពួកគេគឺជាមនុស្សអាក្រក់មួយប្រភេទនៅក្នុងពួកជំនុំ។ ក្នុងករណីដែលមិនសូវធ្ងន់ធ្ងរ អាចដោះស្រាយដោយដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែកដើម្បីធ្វើការឆ្លុះបញ្ចាំង។ ក្នុងករណីដែលធ្ងន់ធ្ងរជាងនេះ ត្រូវបោសសម្អាត ឬបណ្ដេញបុគ្គលនោះចេញ។ នេះគឺជាគោលការណ៍ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវយល់ នៅពេលដោះស្រាយបញ្ហានេះ។
តាមរយៈការប្រកបគ្នានេះ តើឥឡូវនេះអ្នករាល់គ្នាបានយល់ពីអត្ថន័យនៃការវាយប្រហារអ្នកដទៃហើយឬនៅ? តើអ្នកអាចឈ្វេងយល់ពីវាបានទេ? បន្ទាប់ពីខ្ញុំបានកំណត់និយមន័យអំពីការវាយប្រហាររួចមក មនុស្សមួយចំនួនគិតថា៖ «ជាមួយនឹងនិយមន័យដ៏ទូលំទូលាយអំពីការវាយប្រហារអ្នកដទៃបែបនេះ ទៅថ្ងៃខាងមុខ តើអ្នកណានឹងហ៊ាននិយាយស្ដីទៅ? ពួកយើងដែលជាមនុស្សលោក គ្មាននរណាម្នាក់មិនយល់ពីសេចក្ដីពិតទេ ដូច្នេះគ្រាន់តែហាមាត់និយាយ ក៏នឹងទៅជាការវាយប្រហារអ្នកដទៃដែរ ដែលនេះជារឿងអាក្រក់ណាស់! ទៅថ្ងៃខាងមុខ យើងគួរគ្រាន់តែហូបចុក នៅស្ងៀម បិទមាត់មិននិយាយស្ដីដោយមិនបានគិតគូរ ចាប់ពីពេលដែលយើងក្រោកពីគេងនៅពេលព្រឹក ដើម្បីចៀសវាងការវាយប្រហារអ្នកដទៃ។ បើធ្វើបែបនេះបាន គឺល្អណាស់ ហើយយើងនឹងមានសេចក្តីសុខច្រើនៗពេញមួយថ្ងៃមិនខាន។ »។ តើការគិតបែបនេះត្រឹមត្រូវដែរឬទេ? ការបិទមាត់មិនអាចដោះស្រាយបញ្ហាបានទេ។ សារជាតិនៃបញ្ហានៃការវាយប្រហារអ្នកដទៃ គឺជាបញ្ហានៃចិត្តរបស់មនុស្សម្នាក់ វាបណ្ដាលមកពីនិស្ស័យពុករលួយរបស់មនុស្សម្នាក់ ហើយវាមិនមែនជាបញ្ហានៃមាត់នោះទេ។ អ្វីដែលមនុស្សនិយាយចេញពីមាត់ គឺត្រូវបានគ្រប់គ្រងដោយនិស្ស័យពុករលួយ និងគំនិតរបស់ពួកគេ។ ប្រសិនបើនិស្ស័យពុករលួយរបស់មនុស្សម្នាក់ត្រូវបានដោះស្រាយ ហើយពួកគេពិតជាយល់ពីសេចក្ដីពិតបានខ្លះ ហើយការនិយាយស្ដីរបស់ពួកគេក៏កាន់តែមានគោលការណ៍ និងមានខ្នាតផងដែរ នោះបញ្ហានៃការវាយប្រហាររបស់ពួកគេចំពោះអ្នកដទៃ នឹងត្រូវបានដោះស្រាយមួយផ្នែក។ ជាការពិតណាស់ នៅក្នុងជីវិតពួកជំនុំ ដើម្បីឱ្យមនុស្សមានទំនាក់ទំនងធម្មតារវាងបុគ្គល និងមិនពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក ឬទំនាស់ពាក្យសម្ដី វាចាំបាច់ណាស់ដែលពួកគេត្រូវតែចូលមកចំពោះព្រះជាម្ចាស់ក្នុងការអធិស្ឋានជាញឹកញាប់ ដោយទូលសូមការណែនាំពីព្រះជាម្ចាស់ ហើយពួកគេត្រូវតែស្ងប់នៅចំពោះព្រះជាម្ចាស់ដោយចិត្តដែលគោរពកោតខ្លាចព្រះ ហើយស្រេកឃ្លានសេចក្ដីសុចរិត។ តាមរបៀបនោះ នៅពេលដែលនរណាម្នាក់និយាយអ្វីមួយដែលធ្វើឱ្យអ្នកឈឺចាប់ដោយអចេតនា ចិត្តរបស់អ្នកអាចស្ងប់នៅចំពោះព្រះជាម្ចាស់ អ្នកនឹងមិនប្រកាន់ទោសពួកគេ ហើយអ្នកនឹងមិនចង់ឈ្លោះប្រកែកជាមួយបុគ្គលនោះឡើយ ហើយរឹតតែមិនចង់ការពារ និងដោះសាខ្លួនឯងទៀតផង។ ផ្ទុយទៅវិញ អ្នកនឹងទទួលយកវាពីព្រះជាម្ចាស់ អរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានឱកាសល្អមួយដល់អ្នកដើម្បីស្គាល់ខ្លួនឯង និងអរព្រះគុណទ្រង់ដែលបានអនុញ្ញាតឱ្យអ្នកបានដឹងថា អ្នកនៅតែមានបញ្ហាបែបនេះតាមរយៈពាក្យសម្ដីរបស់អ្នកដទៃ។ នេះគឺជាឱកាសល្អមួយសម្រាប់អ្នកដើម្បីស្គាល់ខ្លួនឯង វាគឺជាព្រះគុណរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់។ អ្នកមិនគួរមានគំនុំចំពោះអ្នកដែលធ្វើឱ្យអ្នកឈឺចាប់ ហើយមិនត្រូវមានអារម្មណ៍ខ្ពើមរអើម និងស្អប់ចំពោះអ្នកដែលបានលើកឡើងដោយអចេតនាពីកំហុស ឬលាតត្រដាងពីចំណុចខ្សោយរបស់អ្នកនោះទេ ក៏មិនត្រូវគេចវេះពីពួកគេដោយចេតនាឬអចេតនា ឬប្រើគ្រប់មធ្យោបាយដើម្បីសងសឹកពួកគេនោះដែរ។ ក្នុងចំណោមវិធីសាស្រ្តទាំងនេះ គ្មានវិធីសាស្ត្រណាគឺជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ចូរចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋានជាញឹកញាប់ ហើយបន្ទាប់ពីចិត្តរបស់អ្នកបានស្ងប់ អ្នកនឹងអាចប្រព្រឹត្តចំពោះវាបានត្រឹមត្រូវ នៅពេលអ្នកដទៃធ្វើឱ្យអ្នកឈឺចាប់ដោយអចេតនា អ្នកនឹងអាចបង្ហាញការអត់ឱននិងការអត់ធ្មត់ចំពោះពួកគេ។ ប្រសិនបើនរណាម្នាក់ធ្វើឱ្យអ្នកឈឺចាប់ដោយចេតនា តើអ្នកគួរធ្វើដូចម្ដេចដែរ? តើអ្នកនឹងដោះស្រាយវាដោយរបៀបណា?តើអ្នកនឹងឈ្លោះជាមួយពួកគេដោយភាពឆេវឆាវ ឬក៏អ្នកនឹងធ្វើឱ្យខ្លួនស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិត? ជាការពិតណាស់ ខ្ញុំមិនចាំបាច់មានបន្ទូលទេ អ្នករាល់គ្នាប្រាកដជាដឹងយ៉ាងច្បាស់ថា វិធីសាស្ត្រមួយណា គឺជាជម្រើសដ៏ត្រឹមត្រូវហើយ។
វាពិតជាពិបាកណាស់ក្នុងការចៀសវាងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដីនៅក្នុងជីវិតពួកជំនុំ ដោយគ្រាន់តែពឹងផ្អែកលើកម្លាំងមនុស្ស ការគ្រប់គ្រងខ្លួនឯងរបស់មនុស្ស និងការអត់ធ្មត់របស់មនុស្ស។ ទោះបីជាភាពជាមនុស្សរបស់អ្នកល្អយ៉ាងណា ទោះបីជាអ្នកស្លូតបូតនិងចិត្តល្អយ៉ាងណា ឬមានចិត្តទូលាយយ៉ាងណាក៏ដោយ ក៏ជៀសមិនផុតដែរដែលអ្នកនឹងជួបប្រទះមនុស្សឬរឿងរ៉ាវខ្លះដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ សុចរិតភាពរបស់អ្នក ជាដើម។ អ្នកគួរតែមានគោលការណ៍មួយនៅក្នុងចិត្តរបស់អ្នកអំពីរបៀបដោះស្រាយ និងប្រព្រឹត្តចំពោះបញ្ហាប្រភេទនេះ។ ប្រសិនបើអ្នកដោះស្រាយបញ្ហាទាំងនេះដោយភាពឆេវឆាវ វាងាយស្រួលណាស់ ពោលគឺបើពួកគេជេរអ្នក អ្នកនឹងជេរពួកគេវិញ។ បើពួកគេវាយប្រហារអ្នក អ្នកនឹងវាយប្រហារពួកគេវិញ។ អ្នកប្រើធ្មេញទល់នឹងធ្មេញ ភ្នែកទល់នឹងភ្នែក ដោយសងទៅគេតាមរបៀបដែលគេបានប្រព្រឹត្តចំពោះអ្នក ដើម្បីការពារសេចក្ដីថ្លៃថ្នូរ សុចរិតភាព និងមុខមាត់របស់អ្នក។ ការនេះគឺងាយស្រួលសម្រេចបានណាស់។ ក៏ប៉ុន្តែ អ្នកគួរតែថ្លឹងថ្លែងនៅក្នុងចិត្តរបស់អ្នកថាតើវិធីសាស្ត្រនេះគួរធ្វើដែរឬទេ ថាតើវាមានប្រយោជន៍ដល់អ្នក និងអ្នកដទៃដែរឬទេ ហើយថាតើវាជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ។ ជាញឹកញាប់ នៅពេលដែលមនុស្សមិនទាន់បានយល់ពីសារជាតិនៃបញ្ហានេះ គំនិតដំបូងរបស់ពួកគេគឺថា៖ «គាត់មិនបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំផង ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវបង្ហាញសេចក្ដីមេត្តាករុណាដល់គាត់វិញនោះ? គាត់មិនបង្ហាញសេចក្ដីស្រឡាញ់ដល់ខ្ញុំផង ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវប្រព្រឹត្តចំពោះគាត់ដោយសេចក្ដីស្រឡាញ់វិញនោះ? គាត់គ្មានការអត់ធ្មត់ចំពោះខ្ញុំ និងមិនជួយខ្ញុំផង ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវអត់ធ្មត់ចំពោះគាត់ ឬជួយគាត់វិញនោះ? គាត់គ្មានសណ្ដានចិត្តល្អចំពោះខ្ញុំទេ ដូច្នេះខ្ញុំនឹងធ្វើអាក្រក់ដាក់គាត់វិញ។ ហេតុអ្វីបានជាខ្ញុំមិនអាចប្រើធ្មេញទល់នឹងធ្មេញ ភ្នែកទល់នឹងភ្នែកវិញបាន?» ទាំងនេះគឺជាគំនិតដំបូងដែលចូលមកក្នុងគំនិតរបស់មនុស្ស។ ប៉ុន្តែនៅពេលដែលអ្នកពិតជាប្រព្រឹត្តតាមរបៀបបែបនេះ តើអ្នកមានអារម្មណ៍សុខសាន្តក្នុងចិត្ត ឬក៏មានអារម្មណ៍មិនសុខចិត្ត និងឈឺចាប់? នៅពេលដែលអ្នកពិតជាជ្រើសរើសការនេះ តើអ្នកចំណេញបានអ្វីខ្លះដែរ? តើអ្នកទទួលបានអ្វីខ្លះដែរ? មនុស្សជាច្រើនបានឆ្លងកាត់បទពិសោធន៍ថា នៅពេលដែលពួកគេពិតជាប្រព្រឹត្តតាមរបៀបនេះ ពួកគេមានអារម្មណ៍មិនសុខចិត្ត។ ជាការពិតណាស់ សម្រាប់មនុស្សភាគច្រើន វាមិនមែនជាបញ្ហានៃសតិសម្បជញ្ញៈមានទោសនោះទេ ហើយរឹតតែមិនមែនជាភាពមិនសុខចិត្តដែលបណ្ដាលមកពីអារម្មណ៍ថាពួកគេជំពាក់ព្រះជាម្ចាស់នោះដែរ។ មនុស្សមិនមានកម្ពស់ខាងវិញ្ញាណបែបនោះទេ។ តើអ្វីទៅដែលបណ្ដាលឱ្យមានភាពមិនសុខចិត្តនេះនៅក្នុងពួកគេ? វាមានប្រភពចេញពីសេចក្ដីស្អប់ចំពោះមនុស្ស ការប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសុចរិតភាពរបស់ពួកគេ នៅពេលដែលពួកគេរងការប្រមាថ ក៏ដូចជាការឈឺចាប់ដែលពួកគេមានអារម្មណ៍ និងការផ្ទុះឡើងនៃកំហឹង សេចក្ដីស្អប់ ការរឹងទទឹង និងការថ្នាំងថ្នាក់ដែលកើតឡើងនៅក្នុងចិត្តរបស់ពួកគេ បន្ទាប់ពីសម្ដីបង្ករឿង ដែលទាំងអស់នេះធ្វើឱ្យមនុស្សមានអារម្មណ៍មិនសុខចិត្ត។ តើផលវិបាកនៃភាពមិនសុខចិត្តនេះគឺជាអ្វី? ភ្លាមៗបន្ទាប់ពីមានអារម្មណ៍បែបនេះ អ្នកនឹងចាប់ផ្ដើមរិះគិតពីរបៀបប្រើពាក្យសម្ដីដើម្បីដោះស្រាយជាមួយបុគ្គលនោះ ពីរបៀបប្រើមធ្យោបាយស្របច្បាប់ និងសមហេតុផលដើម្បីផ្ដួលពួកគេ ដើម្បីបង្ហាញពួកគេថាអ្នកមានសេចក្ដីថ្លៃថ្នូរ និងសុចរិតភាព ហើយមិនមែនជាមនុស្សដែលងាយនឹងឱ្យគេធ្វើបាបនោះទេ។ នៅពេលដែលអ្នកមានអារម្មណ៍មិនសុខចិត្ត នៅពេលដែលអ្នកបង្កើតសេចក្ដីស្អប់ អ្វីដែលអ្នកគិតនោះមិនមែនជាការបង្ហាញការអត់ធ្មត់ និងការអត់ឱនចំពោះបុគ្គលនោះ ឬការប្រព្រឹត្តដោយត្រឹមត្រូវចំពោះពួកគេ ឬប្រព្រឹត្តរឿងវិជ្ជមានផ្សេងទៀតនោះទេ ប៉ុន្តែបែរជាគិតពីរឿងអវិជ្ជមានគ្រប់បែបយ៉ាង ដូចជា ការច្រណែន ការខ្ពើមរអើម ការស្អប់ខ្ពើម ការព្យាបាទ សេចក្ដីស្អប់ និងការថ្កោលទោស រហូតដល់ថ្នាក់អ្នកជេរប្រទេចផ្ដាសាពួកគេរាប់មិនអស់នៅក្នុងចិត្តរបស់អ្នកទៅវិញ ហើយដោយមិនប្រកាន់ថាពេលណាជាពេលណាទេសូម្បីតែពេលដែលអ្នកកំពុងហូបចុក ឬគេង ក៏អ្នកគិតពីរបៀបសងសឹកពួកគេ និងស្រមៃពីរបៀបដែលអ្នកនឹងចាត់ការណ៍ជាមួយពួកគេ និងដោះស្រាយស្ថានការណ៍បែបនោះ ប្រសិនបើពួកគេវាយប្រហារ ឬថ្កោលទោសអ្នក ។ល។ ជាដើមដែរ។ អ្នកចំណាយពេលពេញមួយថ្ងៃរិះគិតពីរបៀបផ្ដួលភាគីម្ខាងទៀត ពីរបៀបបញ្ចេញកំហឹង និងសេចក្ដីស្អប់របស់អ្នក ហើយធ្វើឱ្យភាគីម្ខាងទៀតចុះចាញ់ និងខ្លាចអ្នក ហើយមិនហ៊ានបង្ករឿងជាមួយនឹងអ្នកទៀតឡើយ។ អ្នកក៏តែងតែគិតពីរបៀបបង្រៀនមេរៀនមួយដល់ភាគីម្ខាងទៀត ដើម្បីឱ្យពួកគេដឹងថាអ្នកខ្លាំងប៉ុនណាដែរ។ នៅពេលដែលគំនិតបែបនេះកើតឡើង ហើយនៅពេលដែលសេណារីយ៉ូដែលស្រមៃនោះលេចឡើងម្តងហើយម្តងទៀតនៅក្នុងគំនិតរបស់អ្នក ការរំខាន និងផលវិបាកដែលវាបង្កដល់អ្នកគឺមិនអាចវាស់វែងបានឡើយ។ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងស្ថានភាពនៃការពាក់ព័ន្ធនឹងទំនាស់ពាក្យសម្ដី និងការវាយប្រហារគ្នាទៅវិញទៅមក តើផលវិបាកគឺជាអ្វីដែរ? ពេលនោះ តើវាងាយស្រួលស្ងប់ចិត្តនៅចំពោះព្រះជាម្ចាស់ដែរឬទេ? តើវាមិនពន្យារពេលដល់ច្រកចូលទៅក្នុងជីវិតរបស់អ្នកទេឬ? (មែនហើយ)។ នេះគឺជាផលជះកើតមានលើមនុស្សម្នាក់ដែលជ្រើសរើសផ្លូវខុសក្នុងការដោះស្រាយបញ្ហា។ ប្រសិនបើអ្នកជ្រើសរើសផ្លូវត្រូវ នៅពេលដែលនរណាម្នាក់និយាយស្ដីតាមរបៀបដែលធ្វើឱ្យប៉ះពាល់ដល់រូបភាព ឬមោទនភាពរបស់អ្នក ឬមើលងាយដល់សុចរិតភាព និងសេចក្ដីថ្លៃថ្នូររបស់អ្នក អ្នកអាចជ្រើសរើសការអត់ឱនបាន។ អ្នកនឹងមិនឈ្លោះប្រកែកជាមួយពួកគេដោយប្រើភាសាណាមួយ ឬមានចេតនាដោះសាការពារខ្លួនឯង ហើយច្រានចោល និងវាយប្រហារភាគីម្ខាងទៀត ដែលនាំឱ្យកើតមានសេចក្ដីស្អប់នៅក្នុងខ្លួនអ្នកឡើយ។ តើសារជាតិ និងសារៈសំខាន់នៃការអត់ឱនគឺជាអ្វី? អ្នកនិយាយថា៖ «រឿងខ្លះដែលគាត់បាននិយាយមិនស្របនឹងការពិតទេ ប៉ុន្តែមនុស្សគ្រប់គ្នាគឺបែបនោះឯង មុនពេលដែលពួកគេយល់ពីសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះ ហើយខ្ញុំក៏ធ្លាប់ជាមនុស្សបែបនេះដែរ។ ឥឡូវនេះខ្ញុំយល់ពីសេចក្ដីពិតហើយ ខ្ញុំមិនដើរតាមផ្លូវរបស់អ្នកមិនជឿដែលឈ្លោះប្រកែកគ្នាអំពីរឿងត្រូវខុស ឬពាក់ព័ន្ធនឹងទស្សនវិជ្ជានៃការតយុទ្ធនោះទេ ពោលគឺខ្ញុំជ្រើសរើសការអត់ឱន និងប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្ដីស្រឡាញ់។ រឿងខ្លះដែលគាត់បាននិយាយមិនស្របនឹងការពិតទេ ប៉ុន្តែខ្ញុំមិនយកចិត្តទុកដាក់នឹងវាឡើយ។ ខ្ញុំទទួលយកអ្វីដែលខ្ញុំអាចទទួលស្គាល់ និងយល់បាន។ ខ្ញុំទទួលយកវាពីព្រះជាម្ចាស់ ហើយនាំវាមកចំពោះព្រះជាម្ចាស់ក្នុងការអធិស្ឋាន ដោយទូលសូមឱ្យទ្រង់រៀបចំស្ថានភាពដែលបើកបង្ហាញពីនិស្ស័យពុករលួយរបស់ខ្ញុំ ដែលអនុញ្ញាតឱ្យខ្ញុំបានដឹងពីសារជាតិនៃនិស្ស័យពុករលួយទាំងនេះ និងមានឱកាសចាប់ផ្ដើមដោះស្រាយបញ្ហាទាំងនេះ បន្តិចម្ដងៗយកឈ្នះលើវា ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ចំពោះអ្នកណាដែលធ្វើឱ្យខ្ញុំឈឺចាប់ដោយពាក្យសម្ដីរបស់ពួកគេ និងថាតើរឿងដែលពួកគេនិយាយត្រូវឬខុស ឬថាតើចេតនារបស់ពួកគេជាអ្វី ម្យ៉ាង ខ្ញុំអនុវត្តការឈ្វេងយល់អំពីរឿងនោះ ហើយម្យ៉ាងទៀត ខ្ញុំអត់ឱនឱ្យពួកគេ»។ ប្រសិនបើបុគ្គលនេះជាអ្នកដែលទទួលយកសេចក្ដីពិត អ្នកអាចអង្គុយប្រកបគ្នាជាមួយពួកគេដោយសុខសាន្ត។ ប្រសិនបើពួកគេមិនមែនជាអ្នកដែលទទួលយកសេចក្តីពិត ប្រសិនបើពួកគេជាមនុស្សអាក្រក់ នោះកុំយកចិត្តទុកដាក់នឹងពួកគេអី។ ចូររង់ចាំរហូតដល់ពួកគេបានបើកសម្ដែងទាំងស្រុងពីខ្លួនឯង បងប្អូនប្រុសស្រីទាំងអស់ រួមទាំងអ្នកដែរ ឈ្វេងយល់យ៉ាងច្បាស់ពីពួកគេហើយអ្នកដឹកនាំ និងអ្នកធ្វើការហៀបនឹងបោសសម្អាតពួកគេចេញ និងដោះស្រាយពួកគេ ពោលគឺនោះដល់ពេលដែលព្រះជាម្ចាស់ត្រូវដោះស្រាយពួកគេ ហើយជាការពិតណាស់ អ្នកក៏នឹងមានអារម្មណ៍រីករាយផងដែរ។ ក៏ប៉ុន្តែ ផ្លូវដែលអ្នកគួរជ្រើសរើស គឺមិនមែនជាការជាប់ពាក់ព័ន្ធនឹងទំនាស់ពាក្យសម្ដីជាមួយមនុស្សអាក្រក់ ឬឈ្លោះប្រកែកជាមួយពួកគេ ហើយព្យាយាមដោះសាការពារខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញ គឺត្រូវអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត នៅពេលមានរឿងអ្វីកើតឡើង។ ទោះបីជាត្រូវប្រព្រឹត្តចំពោះអ្នកដែលបានធ្វើឱ្យអ្នកឈឺចាប់ ឬអ្នកដែលមិនបានធ្វើឱ្យឈឺចាប់ និងមានប្រយោជន៍ដល់អ្នកក៏ដោយ ក៏គោលការណ៍នៃការអនុវត្តគួរតែដូចគ្នាដែរ។ នៅពេលអ្នកជ្រើសរើសផ្លូវនេះ តើនឹងមានសេចក្ដីស្អប់នៅក្នុងចិត្តរបស់អ្នកដែរឬទេ? វាអាចនឹងមានភាពមិនស្រណុកចិត្តបន្តិចបន្តួច។ តើនរណានឹងគ្មានអារម្មណ៍មិនស្រណុកចិត្តនោះ នៅពេលដែលគេប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ខ្លួន? ប្រសិនបើមាននរណាម្នាក់អះអាងថា ខ្លនគ្មានអារម្មណ៍មិនស្រណុកចិត្ត នោះគឺជាការកុហក ជាការបោកបញ្ឆោតហើយ ប៉ុន្តែអ្នកអាចស៊ូទ្រាំនឹងការលំបាកនេះបាន ដើម្បីជាប្រយោជន៍ដល់ការអនុវត្តសេចក្ដីពិត។ នៅពេលអ្នកជ្រើសរើសផ្លូវនេះ អ្នកនឹងមានមនសិការជ្រះថ្លា នៅពេលអ្នកចូលមកចំពោះព្រះជាម្ចាស់ម្ដងទៀត។ ហេតុអ្វីបានជាអ្នកនឹងមានមនសិការជ្រះថ្លា? នោះព្រោះតែអ្នកនឹងដឹងយ៉ាងច្បាស់ថា ពាក្យសម្ដីរបស់អ្នកមិនមានប្រភពចេញពីភាពឆេវឆាវនោះទេ ថាអ្នកមិនឈ្លោះប្រកែកជាមួយអ្នកដទៃរហូតដល់មុខក្រហម ដើម្បីតែបំណងប្រាថ្នាដ៏អាត្មានិយមផ្ទាល់ខ្លួនរបស់អ្នកនោះទេ និងថា ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការយល់ពីសេចក្ដីពិត អ្នកបែរជាដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ ហើយដើរលើផ្លូវផ្ទាល់ខ្លួនរបស់អ្នកទៅវិញ។ អ្នកនឹងដឹងយ៉ាងច្បាស់នៅក្នុងចិត្តរបស់អ្នកថា ផ្លូវដែលអ្នកបានជ្រើសរើស គឺត្រូវបានដឹកនាំដោយព្រះជាម្ចាស់ តម្រូវដោយព្រះជាម្ចាស់ ដូច្នេះហើយអ្នកនឹងមានអារម្មណ៍សុខសាន្តខ្លាំងនៅក្នុងចិត្ត។ នៅពេលដែលអ្នកមានសេចក្ដីសុខសាន្តបែបនេះ តើសេចក្ដីស្អប់ និងគំនុំផ្ទាល់ខ្លួនរវាងអ្នក និងអ្នកដទៃអាចរំខានអ្នកបានដែរឬទេ? (មិនបានទេ)។ នៅពេលដែលអ្នកពិតជាបានបោះបង់ចោល ហើយសុខចិត្តជ្រើសរើសផ្លូវវិជ្ជមាន នោះចិត្តរបស់អ្នកនឹងបានស្ងប់ ហើយមានសេចក្ដីសុខសាន្ត។ អ្នកនឹងលែងត្រូវបានរំខានដោយការថ្នាំងថ្នាក់ចិត្ត សេចក្ដីស្អប់ ផ្នត់គំនិត និងឧបាយកលសងសឹកដែលកើតចេញពីសេចក្ដីស្អប់នោះ ក្នុងចំណោមសេចក្ដីផ្សេងទៀតដែលកើតចេញពីភាពឆេវឆាវទៀតហើយ។ ផ្លូវដែលអ្នកបានជ្រើសរើសនឹងនាំមកនូវសេចក្ដីសុខសាន្ត និងចិត្តដែលស្ងប់ដល់អ្នក ហើយសេចក្ដីទាំងឡាយដែលកើតចេញពីភាពឆេវឆាវនឹងលែងអាចរំខានអ្នកបានទៀតហើយ។ នៅពេលដែលសេចក្ដីទាំងនោះមិនអាចរំខានអ្នកបានទៀត តើអ្នកនឹងនៅតែគិតរកវិធីវាយប្រហារអស់អ្នកដែលនិយាយធ្វើឱ្យអ្នកឈឺចាប់ ឬជាប់ពាក់ព័ន្ធនឹងទំនាស់ពាក្យសម្ដីជាមួយពួកគេទៀតដែរឬទេ? អ្នកនឹងមិនគិតទៀតឡើយ។ ជាការពិតណាស់ ម្ដងម្កាល ភាពឆេវឆាវ ភាពមិនចេះទប់អារម្មណ៍ និងការថ្នាំងថ្នាក់របស់អ្នកនឹងត្រូវរើឡើងវិញ ដោយសារតែកម្ពស់ខាងវិញ្ញាណរបស់អ្នកនៅទាប ឬដោយសារតែបរិបទពិសេសមួយចំនួន។ ក៏ប៉ុន្តែ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត និងឆន្ទៈរបស់អ្នកក្នុងការអនុវត្តសេចក្ដីពិត នឹងរារាំងសេចក្ដីទាំងនេះមិនឱ្យរំខានដល់ចិត្តរបស់អ្នកឡើយ។ ពោលគឺ សេចក្ដីទាំងនេះមិនអាចរំខានអ្នកបានទេ។ អ្នកអាចនៅតែមានការផ្ទុះឡើងនៃភាពឆេវឆាវ ដូចជាការគិតថា៖ «គាត់ចេះតែបង្កការលំបាកឱ្យខ្ញុំ។ ខ្ញុំគួរតែនិយាយជាមួយគាត់ម្ដងនៅថ្ងៃណាមួយ ហើយសួរគាត់ថាហេតុអ្វីបានជាគាត់តែងតែតម្រង់មករកខ្ញុំ ហើយតែងតែធ្វើបាបខ្ញុំ។ ខ្ញុំគួរតែសួរគាត់ថាហេតុអ្វីបានជាគាត់តែងតែមើលងាយខ្ញុំ និងជេរប្រមាថខ្ញុំ»។ អ្នកអាចនឹងមានគំនិតប្រភេទនេះម្ដងម្កាល។ ក៏ប៉ុន្តែ បន្ទាប់ពីបានគិតគូរបន្ថែមទៀត អ្នកនឹងដឹងថាគំនិតទាំងនោះគឺខុស ហើយថាការប្រព្រឹត្តតាមរបៀបនោះនឹងមិនជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ នៅពេលដែលមានគំនិតបែបនេះ អ្នកនឹងត្រឡប់មកចំពោះព្រះជាម្ចាស់វិញយ៉ាងឆាប់រហ័សដើម្បីកែប្រែស្ថានភាពនេះ ដូច្នេះ គំនិតខុសឆ្គងទាំងនេះនឹងមិនគ្រប់គ្រងអ្នកឡើយ។ ជាលទ្ធផល រឿងវិជ្ជមានមួយចំនួននឹងចាប់ផ្ដើមកើតឡើងនៅក្នុងខ្លួនអ្នក ដូចជាការស្គាល់ខ្លួនឯង ក៏ដូចជាការបំភ្លឺ និងការស្រាយបំភ្លឺខ្លះៗដែលព្រះជាម្ចាស់ប្រទានឱ្យអ្នក ដែលនឹងធ្វើឱ្យអ្នកអាចយល់ដឹងពីមនុស្ស និងមើលធ្លុះដល់បញ្ហា ហើយដោយមិនដឹងខ្លួន រឿងវិជ្ជមានទាំងនេះនឹងធ្វើឱ្យអ្នកយល់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតកាន់តែច្រើនឡើង។ នៅត្រង់ចំណុចនេះ ប្រព័ន្ធការពាររបស់អ្នក ពោលគឺ «អង្គបដិបក្ខ» ដែលទប់ទល់នឹងសេចក្ដីស្អប់ បំណងប្រាថ្នាអាត្មានិយម និងភាពឆេវឆាវ នឹងកាន់តែខ្លាំងឡើងៗ ហើយកម្ពស់របស់អ្នកនឹងកាន់តែធំឡើងៗ។ សេចក្ដីទាំងឡាយដែលកើតចេញពីភាពឆេវឆាវនឹងលែងអាចគ្រប់គ្រងអ្នកបានទៀតហើយ។ ទោះបីយូរៗម្ដង អ្នកអាចនឹងមានគំនិត យោបល់ និងការជំរុញចិត្តភ្លាមៗដែលមិនត្រឹមត្រូវក៏ដោយ ក៏សេចក្ដីទាំងនេះនឹងរលាយបាត់ទៅយ៉ាងឆាប់រហ័សដែរ វានឹងត្រូវបានលុបបំបាត់ និងកម្ចាត់ចោលដោយប្រព័ន្ធការពារ និងកម្ពស់របស់អ្នក។ នៅពេលនេះ រឿងវិជ្ជមាន តថភាពនៃសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងគ្រប់គ្រងនៅក្នុងខ្លួនអ្នក។ នៅពេលដែលរឿងវិជ្ជមានទាំងនេះគ្រប់គ្រង អ្នកនឹងលែងរងឥទ្ធិពលពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ខាងក្រៅទៀតហើយ។ កម្ពស់របស់អ្នកនឹងលូតលាស់ ស្ថានភាពរបស់អ្នកនឹងកាន់តែមានភាពធម្មតាឡើងៗ ហើយអ្នកនឹងលែងរស់នៅតាមនិស្ស័យពុករលួយ និងលែងវិវឌ្ឍនៅក្នុងទិសដៅនៃវដ្ដដ៏កាចសាហាវទៀតហើយ ហើយតាមរបៀបនេះ កម្ពស់របស់អ្នកនឹងលូតលាស់ជាបន្តបន្ទាប់។
នៅពេលដែលអ្នកស្ថិតនៅក្នុងពួកជំនុំ ឬនៅក្នុងចំណោមមនុស្សមួយក្រុម វាជាការមានប្រយោជន៍ ប្រសិនបើអ្នកអាចជ្រើសរើសការអត់ឱន និងការអត់ធ្មត់ ហើយជ្រើសរើសផ្លូវអនុវត្តដែលត្រឹមត្រូវ នៅពេលអ្នកជួបប្រទះនឹងការវាយប្រហារផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសុចរិតភាពរបស់អ្នក។ អ្នកប្រហែលជាមិនឃើញពីប្រយោជន៍នេះទេ ប៉ុន្តែនៅពេលដែលអ្នកឆ្លងកាត់បទពិសោធន៍នៃព្រឹត្តិការណ៍ប្រភេទនេះ អ្នកនឹងរកឃើញដោយមិនដឹងខ្លួនថា សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស និងផ្លូវដែលទ្រង់ប្រទានដល់ពួកគេ គឺជាផ្លូវដ៏ភ្លឺស្វាង ហើយជាផ្លូវពិត និងមានជីវិត ដែលធ្វើឱ្យមនុស្សអាចទទួលបានសេចក្ដីពិត និងផ្ដល់ផលប្រយោជន៍ដល់មនុស្ស ហើយគឺជាផ្លូវដែលប្រកបដោយអត្ថន័យបំផុត។ នៅពេលដែលអ្នកស្ថិតនៅក្នុងចំណោមមនុស្សមួយក្រុម ជាពិសេសនៅពេលដែលអ្នកស្ថិតនៅក្នុងជីវិតពួកជំនុំ អ្នកអាចយកឈ្នះលើការល្បួង និងគ្រឿងបញ្ឆោតចិត្តផ្សេងៗបាន។ នៅពេលដែលនរណាម្នាក់វាយប្រហារ និងធ្វើឱ្យអ្នកឈឺចាប់ដោយការព្យាបាទ ឬស្វែងរកការសងសឹកនឹងអ្នកដោយចេតនា ហើយបញ្ចេញសេចក្ដីស្អប់របស់ពួកគេមកលើអ្នក វាជាការសំខាន់ណាស់ដែលអ្នកអាចដោះស្រាយការនេះ និងអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត។ ពីព្រោះព្រះជាម្ចាស់ទ្រង់ស្អប់និស្ស័យពុករលួយរបស់មនុស្ស ទ្រង់បានប្រាប់មនុស្សមិនឱ្យដោះស្រាយរឿងដែលពួកគេជួបប្រទះដោយភាពឆេវឆាវនោះទេ ប៉ុន្តែត្រូវស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មកក៏យល់យ៉ាងពិតប្រាកដអំពីអ្វីដែលជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់ ប៉ុន្តែនៅពេលដែលមនុស្សម្នាក់យល់ពីសេចក្ដីពិត នោះនឹងមានគោលការណ៍ចំពោះការអត់ធ្មត់របស់ពួកគេ ហើយវាអាចក្លាយទៅជាកម្លាំងចលករ និងជំនួយសម្រាប់បុគ្គលនោះក្នុងការអនុវត្តសេចក្ដីពិត។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សម្នាក់មិនស្រឡាញ់សេចក្ដីពិត ចូលចិត្តឈ្លោះប្រកែកអំពីរឿងត្រូវខុស និងវាយប្រហារអ្នកដទៃ ហើយមានទំនោររស់នៅក្នុងភាពឆេវឆាវរបស់ខ្លួន នោះនៅពេលដែលពួកគេរងការវាយប្រហារ ពួកគេងាយនឹងជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដី និងការវាយប្រហារគ្នាទៅវិញទៅមក។ ការនេះនាំមកនូវគ្រោះថ្នាក់ដល់អ្នកគ្រប់គ្នាដែលពាក់ព័ន្ធ ដោយមិនបានផ្ដល់ការស្អាងចិត្ត ឬជំនួយដល់នរណាម្នាក់ឡើយ។ នៅពេលណាដែលនរណាម្នាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី ក្រោយមកពួកគេនឹងមានអារម្មណ៍ថាអស់កម្លាំង នឿយហត់យ៉ាងខ្លាំង ហើយភាគីទាំងសងខាងសុទ្ធតែរងរបួស។ ពួកគេមិនអាចទទួលបានសេចក្ដីពិតណាមួយទាល់តែសោះ ហើយនៅទីបញ្ចប់ពួកគេក៏មិនទទួលបានអ្វីដែរ។ អ្វីដែលនៅសេសសល់គឺមានតែសេចក្ដីស្អប់ និងចេតនាសងសឹក នៅពេលដែលពួកគេមានឱកាស។ នេះគឺជាផលវិបាកអាក្រក់ដែលការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដីបង្កឡើងដល់មនុស្សនៅទីបំផុត។
ចំពោះប្រធានបទអំពីការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដីដែលយើងទើបតែបានប្រកបគ្នានេះ តើឥឡូវនេះអ្នករាល់គ្នាបានយល់ពីគោលការណ៍នៃការចេះឈ្វេងយល់ហើយឬនៅ? តើអ្នកអាចបែងចែកបានទេថាស្ថានភាពណាខ្លះដែលបង្កើតជាការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី? ការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដីកើតឡើងជាញឹកញាប់នៅក្នុងចំណោមក្រុមមនុស្ស ហើយគេអាចសង្កេតឃើញវាបានជាញឹកញាប់។ ការវាយប្រហារគ្នាទៅវិញទៅមក ជាចម្បងគឺពាក់ព័ន្ធនឹងការតម្រង់គោលដៅទៅលើបញ្ហារបស់នរណាម្នាក់ដោយមានគោលបំណង ដើម្បីវាយប្រហារពួកគេផ្ទាល់ខ្លួន ជំនុំជម្រះពួកគេ ថ្កោលទោសពួកគេ ហើយថែមទាំងដាក់ជេរប្រទេចផ្ដាសាពួកគេទៀតផង ដោយមានគោលបំណងដើម្បីសងសឹក វាយបក បញ្ចេញគំនុំផ្ទាល់ខ្លួន ជាដើម។ ទោះក្នុងករណីណាក៏ដោយ ការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី មិនមែនជាការប្រកបគ្នាពីសេចក្ដីពិត និងមិនមែនជាការអនុវត្តសេចក្ដីពិតនោះទេ ហើយរឹតតែមិនមែនជាការសម្ដែងចេញនៃការសហការយ៉ាងចុះសម្រុងគ្នានោះដែរ។ ផ្ទុយទៅវិញ វាគឺជាការសម្ដែងចេញនៃការសងសឹក និងការវាយប្រហារទៅលើមនុស្ស ដោយសារតែភាពឆេវឆាវ និងនិស្ស័យពុករលួយរបស់សាតាំង។ គោលបំណងនៃការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី គឺពិតជាមិនមែនដើម្បីប្រកបគ្នាពីសេចក្ដីពិតឱ្យបានច្បាស់លាស់នោះទេ ហើយរឹតតែមិនមែនដើម្បីឈ្លោះប្រកែកគ្នាដើម្បីយល់ពីសេចក្ដីពិតនោះដែរ។ ផ្ទុយទៅវិញ គោលបំណងគឺដើម្បីបំពេញនូវនិស្ស័យពុករលួយ មហិច្ឆតា បំណងប្រាថ្នាអាត្មានិយម និងចំណង់ចំណូលចិត្តខាងសាច់ឈាមរបស់ខ្លួន។ ជាក់ស្តែង ការវាយប្រហារគ្នាទៅវិញទៅមកមិនមែនជាការប្រកបគ្នាពីសេចក្ដីពិតទេ ហើយពិតជាមិនមែនជាការជួយ និងប្រព្រឹត្តចំពោះមនុស្សដោយសេចក្ដីស្រឡាញ់ឡើយ។ ផ្ទុយទៅវិញ វាគឺជាយុទ្ធសាស្ត្រ និងវិធីសាស្ត្រមួយរបស់សាតាំងសម្រាប់ធ្វើទុក្ខបុកម្នេញ លេងសើចចំអក និងបោកបញ្ឆោតមនុស្ស។ មនុស្សរស់នៅក្នុងនិស្ស័យពុករលួយ ហើយមិនយល់ពីសេចក្ដីពិត។ ប្រសិនបើពួកគេមិនជ្រើសរើសអនុវត្តសេចក្ដីពិតទេ វាងាយស្រួលណាស់សម្រាប់ពួកគេក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់ និងការល្បួងបែបនេះ ហើយនៅក្នុងសមរភូមិនៃការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី។ ពួកគេឈ្លោះប្រកែកគ្នារហូតដល់មុខឡើងក្រហម ថែមទាំងប្រកែកមិនចេះចប់មិនចេះហើយ ដោយគ្រាន់តែពាក្យមួយម៉ាត់ ឃ្លាមួយឃ្លា ឬការក្រឡេកមើលមួយភ្លែត ដោយតស៊ូប្រយុទ្ធគ្នាអស់ជាច្រើនឆ្នាំដើម្បីយកឈ្នះគ្នា រហូតដល់ចាញ់ទាំងសងខាង ដោយគ្រាន់តែរឿងតែមួយ។ ពេលជួបគ្នាភ្លាម ពួកគេក៏ឈ្លោះគ្នាមិនឈប់ ហើយអ្នកខ្លះថែមទាំងវាយប្រហារ ជេរប្រទេច និងថ្កោលទោសគ្នានៅក្នុងក្រុមជជែកកម្សាន្តតាមកុំព្យូទ័រទៀតផង។ ម៉េចក៏សេចក្ដីស្អប់ធ្ងន់ធ្ងរដល់ថ្នាក់នេះ! ពួកគេជេរប្រទេចគ្នាមិនទាន់អស់ចិត្តនៅពេលជួបជុំ ពួកគេមិនទាន់បានរំសាយកំហឹង ពួកគេមិនទាន់បានសម្រេចគោលបំណង ហើយបន្ទាប់ពីពួកគេត្រឡប់ទៅផ្ទះវិញ កាលណាពួកគេកាន់តែគិត ក៏កាន់តែខឹង ហើយនៅទីនោះពួកគេក៏បន្តជេរប្រទេចគ្នាទៀត។ តើនេះជាស្មារតីបែបណាទៅ? តើវាស័ក្តិសមនឹងលើកស្ទួយ ស័ក្តិសមនឹងគាំទ្រដែរឬទេ? (មិនស័ក្តិសមទេ)។ តើនេះជា «ស្មារតីស្វិតស្វាញ» បែបណាទៅ? នេះគឺជាស្មារតីដែលមិនខ្លាចអ្វីទាំងអស់ គឺជាស្មារតីដែលគ្មានច្បាប់ទម្លាប់ គឺជាផលវិបាកនៃការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ។ ជាការពិតណាស់ អាកប្បកិរិយា និងសកម្មភាពបែបនេះនាំមកនូវការរំខាន និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ច្រកចូលទៅក្នុងជីវិតរបស់បុគ្គលទាំងនេះ ហើយក៏បង្កការរំខាន និងការបង្អាក់ដល់ជីវិតពួកជំនុំផងដែរ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខនឹងស្ថានការណ៍ទាំងនេះ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការរកឃើញថាមនុស្សពីរនាក់កំពុងវាយប្រហារគ្នា និងជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដី ហើយប្តេជ្ញាថានឹងប្រយុទ្ធដល់ទីបញ្ចប់ នោះពួកគេត្រូវតែបោសសម្អាតមនុស្សទាំងនោះចេញយ៉ាងឆាប់រហ័ស មិនត្រូវអត់ឱនឱ្យពួកគេទេ ហើយប្រាកដណាស់ មិនត្រូវបណ្ដោយពួកគេនោះឡើយ។ ពួកគេត្រូវតែការពារបងប្អូនប្រុសស្រីដទៃទៀត និងរក្សាជីវិតពួកជំនុំធម្មតា ដោយធានាថាការជួបជុំនីមួយៗទទួលបានលទ្ធផល ហើយមិនអនុញ្ញាតឱ្យបុគ្គលបែបនេះដណ្ដើមពេលវេលារបស់បងប្អូនប្រុសស្រីសម្រាប់ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាពីសេចក្ដីពិត ដែលរំខានដល់ជីវិតពួកជំនុំធម្មតានោះទេ។ ប្រសិនបើគេរកឃើញថានៅក្នុងអំឡុងពេលជួបជុំ ពួកគេកំពុងវាយប្រហារគ្នា និងជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដី នោះការនេះត្រូវតែបញ្ឈប់ និងដោះស្រាយភ្លាមៗ។ ប្រសិនបើមិនអាចរារាំងបានទេ ត្រូវតែលាតត្រដាង និងវះកាត់មនុស្សទាំងនេះចេញភ្លាមៗតាមរយៈការជួបជុំ ហើយគួរតែបោសសម្អាតពួកគេចេញ។ ពួកជំនុំគឺជាកន្លែងសម្រាប់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រាប់ថ្វាយបង្គំព្រះជាម្ចាស់ មិនមែនជាកន្លែងសម្រាប់វាយប្រហារគ្នា ឬជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដី ដើម្បីបញ្ចេញគំនុំផ្ទាល់ខ្លួននោះទេ។ នរណាក៏ដោយដែលរំខានជីវិតពួកជំនុំជាញឹកញាប់ ដែលប៉ះពាល់ដល់ច្រកចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ត្រូវតែបោសសម្អាតអ្នកនោះចេញ។ ពួកជំនុំមិនស្វាគមន៍មនុស្សបែបនេះទេ មិនអនុញ្ញាតឱ្យមានការរំខានពីពួកអារក្ស ឬវត្តមានរបស់មនុស្សអាក្រក់ឡើយ ពោលគឺត្រូវបោសសម្អាតមនុស្សទាំងនេះចេញ នោះបញ្ហានឹងត្រូវបានដោះស្រាយមិនខាន។
នៅក្នុងពួកជំនុំ ប្រសិនបើគេរកឃើញថាមនុស្សមួយចំនួនកំពុងជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី នោះដោយមិនខ្វល់ថាពួកគេមានការដោះសា និងហេតុផលបែបណា និងមិនខ្វល់ថាពួកគេមានគោលដៅនៃការពិភាក្សាយ៉ាងណានោះទេ ពោលគឺមិនថាការពិភាក្សានោះជាសេចក្ដីដែលមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ឬអត់នោះឡើយ ដរាបណាវាបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ នោះត្រូវដោះស្រាយបញ្ហានេះភ្លាម ដោយគ្មានការស្ទាក់ស្ទើរឡើយ។ ប្រសិនបើមិនអាចបញ្ឈប់ ឬរារាំងអ្នកដែលពាក់ព័ន្ធបានទេ គួរតែបោសសម្អាតពួកគេចេញ។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ នៅពេលប្រឈមមុខនឹងស្ថានការណ៍បែបនេះ។ គោលការណ៍ជាចម្បងគឺមិនមែនឱ្យអ្នកសមគំនិតជាមួយនឹងទង្វើអាក្រក់របស់មនុស្សទាំងនេះ តាមរយៈការអត់ឱនឱ្យពួកគេ ឬបណ្ដែតបណ្ដោយពួកគេនោះទេ ហើយក៏មិនមែនដើម្បីឱ្យអ្នកដើរតួជា «មន្ត្រីសុចរិត» ដែលវិនិច្ឆ័យរឿងត្រូវខុសសម្រាប់មនុស្សទាំងនេះ ដោយមើលថាអ្នកណាត្រូវ និងអ្នកណាខុស អ្នកណាមានហេតុផល និងអ្នកណាមិនមានហេតុផល ដោយបែងចែករឿងត្រូវខុសឱ្យបានច្បាស់លាស់ ហើយបន្ទាប់មកដាក់ទោសស្មើៗគ្នាដល់ភាគីទាំងពីរ ឬដាក់ទោសម្នាក់ដែលអ្នកចាត់ទុកថាមានទោស ហើយឱ្យរង្វាន់ដល់ម្នាក់ទៀតនោះទេ ពោលគឺនេះមិនមែនជាវិធីដោះស្រាយបញ្ហានោះទេ។ ក្នុងការដោះស្រាយបញ្ហានេះ អ្នកមិនត្រូវវាស់វែងវាដោយផ្អែកលើច្បាប់ ហើយរឹតតែមិនត្រូវវាស់វែង និងជំនុំជម្រះវាដោយផ្អែកលើបទដ្ឋានសីលធម៌នោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកត្រូវវាស់វែង និងដោះស្រាយវាស្របតាមគោលការណ៍នៃកិច្ចការរបស់ពួកជំនុំ។ ទាក់ទងនឹងភាគីទាំងពីរដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក ដរាបណាពួកគេបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ អ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំគួរតែចាត់ទុករឿងនេះជាកាតព្វកិច្ចរបស់ខ្លួនក្នុងការបញ្ឈប់ និងរារាំងពួកគេ ឬដាក់ពួកគេឱ្យនៅដាច់ដោយឡែក ឬបោសសម្អាតពួកគេចេញ ជាជាងស្ដាប់ដោយយកចិត្តទុកដាក់នូវការរៀបរាប់ពីអ្វីដែលបានកើតឡើងពីភាគីទាំងសងខាង និងនិយាយពីហេតុផល និងលេសរៀងៗខ្លួន ព្រមទាំងចេតនា គោលបំណង និងឫសគល់ដែលនៅពីក្រោយនៃការវាយប្រហារអ្នកដទៃ និងការចូលរួមក្នុងទំនាស់ពាក្យសម្ដីនោះឡើយពោលគឺពួកគេមិនចាំបាច់យល់ពីសាច់រឿងទាំងមូលនោះទេ ផ្ទុយទៅវិញ ពួកគេគួរតែដោះស្រាយបញ្ហា ដោយលុបបំបាត់ការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំ និងដោះស្រាយជាមួយមនុស្សដែលបង្កបញ្ហាទាំងនោះ។ ឧបមាថា អ្នកដឹកនាំ និងអ្នកធ្វើការព្យាយាមសម្រុះសម្រួល ហើយឈរលើផ្លូវកណ្ដាល ដោយប្រកាន់យកគោលនយោបាយផ្សះផ្សាចំពោះមនុស្សទាំងពីរនាក់ដែលបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារគ្នាទៅវិញទៅមក ដោយអនុញ្ញាតឱ្យពួកគេបង្កការបង្អាក់ និងការរំខានដល់ជីវិតពួកជំនុំតាមតែអំពើចិត្ត ដោយមិនបានអន្តរាគមន៍ ឬដោះស្រាយវា ពោលគឺពួកគេនៅតែបន្តបណ្ដែតបណ្ដោយមនុស្សទាំងនេះ។ ពួកគេគ្រាន់តែដាស់តឿន និងណែនាំពួកគេរាល់ពេល ហើយមិនអាចដោះស្រាយបញ្ហាឱ្យបានដាច់ស្រេចនោះទេ។ អ្នកដឹកនាំ និងអ្នកធ្វើការបែបនេះ គឺធ្វេសប្រហែសនឹងការទទួលខុសត្រូវរបស់ខ្លួន។ ប្រសិនបើបញ្ហានៃការដែលមនុស្សជាប់ពាក់ព័ន្ធនឹងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដីកើតឡើងនៅក្នុងពួកជំនុំ ដែលបង្កការរំខាន និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវិតពួកជំនុំ ដោយហេតុនោះក៏បង្កើតឱ្យមានការថ្នាំងថ្នាក់ និងការខ្ពើមរអើមនៅក្នុងចិត្តមនុស្សភាគច្រើន នោះអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែចាត់វិធានការយ៉ាងឆាប់រហ័ស ដោយត្រូវយកភាគីទាំងពីរចេញទៅដាច់ដោយឡែក ឬបោសសម្អាតពួកគេចេញ ស្របតាមការរៀបចំកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ និងគោលការណ៍សម្រាប់ការបោសសម្អាតពួកជំនុំ។ ពួកគេមិនគួរដើរតួជា «មន្ត្រីសុចរិត» ដែលកាត់សេចក្ដីសម្រាប់អ្នកដែលពាក់ព័ន្ធ និងធ្វើការវិនិច្ឆ័យទាក់ទងនឹងជម្លោះផ្ទាល់ខ្លួនទាំងនេះទេ ពួកគេមិនគួរស្ដាប់ដោយយកចិត្តទុកដាក់នូវពាក្យសម្ដីឥតបានការដែលអូសបន្លាយ និងគួរឱ្យខ្ពើមរអើមរបស់មនុស្សទាំងនេះ ដើម្បីមើលថាអ្នកណាត្រូវ និងអ្នកណាខុស ហើយបន្ទាប់ពីបានវិនិច្ឆ័យរឿងទាំងនេះរួច ក៏នាំមនុស្សកាន់តែច្រើនឱ្យធ្វើការពិភាក្សា និងប្រកបគ្នាអំពីរឿងទាំងនេះ ដែលនាំឱ្យមនុស្សកាន់តែច្រើនមានការខ្ពើមរអើម និងការស្អប់ខ្ពើមនៅក្នុងចិត្តរបស់ពួកគេនោះឡើយ។ ការនេះនឹងធ្វើឱ្យខាតពេលវេលាដែលមនុស្សគួរតែប្រើប្រាស់ដើម្បីហូប ផឹក និងប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការនេះរឹតតែជាការធ្វេសប្រហែសនឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការទៅទៀត ហើយគោលការណ៍នៃការអនុវត្តនេះគឺមិនត្រឹមត្រូវទេ។ ប្រសិនបើភាគីដែលត្រូវបានរឹតត្បិតទាំងនេះ ធ្វើការប្រែចិត្តនៅចំណុចណាមួយ ហើយលែងយកពេលជួបជុំទៅវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដីទៀត នោះការដាក់ពួកគេឱ្យនៅដាច់ដោយឡែក អាចត្រូវបានលើកចេញបាន។ ប្រសិនបើពួកគេត្រូវបានបោសសម្អាតចេញក្នុងនាមជាមនុស្សអាក្រក់ ហើយមាននរណាម្នាក់អះអាងថាពួកគេបានកែប្រែខ្លួនល្អប្រសើរជាងមុន នោះវាជាការចាំបាច់ត្រូវពិនិត្យមើលសិនថាតើពួកគេពិតជាបង្ហាញការប្រែចិត្តយ៉ាងពិតប្រាកដឬអត់ ហើយក៏ត្រូវស្វែងរកមតិយោបល់ពីមនុស្សភាគច្រើនអំពីរឿងនេះផងដែរ។ ទោះបីជាទទួលយកពួកគេមកវិញក៏ដោយ ក៏ត្រូវតាមដានពួកគេយ៉ាងដិតដល់ ហើយត្រូវកម្រិតពេលវេលានិយាយរបស់ពួកគេឱ្យបានតឹងរ៉ឹងផងដែរ ហើយនៅពេលក្រោយគួរតែដោះស្រាយជាមួយពួកគេទៅតាមការសម្ដែងចេញរបស់ពួកគេ។ ទាំងនេះគឺជាគោលការណ៍ដែលអ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំគួរតែយល់ និងយកចិត្តទុកដាក់។ ជាការពិតណាស់ ការដោះស្រាយបញ្ហានេះមិនអាចផ្អែកលើសេចក្ដីសន្មតបែបអត្តនោម័តបានទេ។ វាត្រូវតែមានសារជាតិនៃការបង្កការបង្អាក់ និងការរំខានចំពោះការវាយប្រហារគ្នាទៅវិញទៅមករបស់ភាគីទាំងពីរហើយ។ មិនគួរហាមឃាត់មនុស្សមិនឱ្យនិយាយស្ដី និងដាក់ឱ្យនៅដាច់ដោយឡែក ដោយព្រោះតែមនុស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយអ្វីមួយដែលធ្វើឱ្យភាគីម្ខាងទៀតឈឺចាប់មួយគ្រា ហើយបុគ្គលនោះក៏បានវាយបកវិញដោយពាក្យសម្ដីរបស់ខ្លួននោះទេ។ ការដោះស្រាយមនុស្សតាមរបៀបនោះគឺពិតជាមិនស្របតាមគោលការណ៍ទាល់តែសោះ! អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយល់ច្បាស់ពីគោលការណ៍ ដោយធានាថាមនុស្សភាគច្រើនយល់ស្របថា សកម្មភាពរបស់ពួកគេគឺស្របតាមគោលការណ៍ ជាជាងធ្វើអ្វីផ្តេសផ្តាស ឬពន្លើសបញ្ហាឱ្យធំលើសពីការពិត។ នៅពេលនិយាយដល់ទិដ្ឋភាពនៃកិច្ចការនេះ ម្យ៉ាង មនុស្សភាគច្រើនត្រូវតែរៀនចេះឈ្វេងយល់ថាអ្វីជាការវាយប្រហារ ហើយម្យ៉ាងទៀត អ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំក៏ត្រូវដឹងពីគោលការណ៍ដែលគួរយល់ និងការទទួលខុសត្រូវដែលគួរធ្វើក្នុងការបំពេញកិច្ចការនេះផងដែរ។
៤. ការថ្កោលទោសមនុស្សតាមអំពើចិត្ត
ការវាយប្រហារគ្នាទៅវិញទៅមកក៏មានការសម្ដែងចេញមួយបែបទៀតដែរ។ មនុស្សមួយចំនួនចេះពាក្យពេចន៍ខាងវិញ្ញាណខ្លះៗ ហើយពួកគេតែងតែប្រើពាក្យពេចន៍ទាំងនោះក្នុងការនិយាយស្ដីរបស់ពួកគេ ដូចជា «អារក្ស» «សាតាំង» «មិនអនុវត្តសេចក្ដីពិត» «មិនស្រឡាញ់សេចក្ដីពិត» «ពួកផារិស៊ី» ជាដើម ដោយពួកគេប្រើពាក្យពេចន៍ទាំងនេះដើម្បីវិនិច្ឆ័យមនុស្សមួយចំនួនតាមអំពើចិត្ត។ តើការនេះគ្មានលក្ខណៈជាការវាយប្រហារបន្តិចបន្តួចទេឬ? កាលពីមុន មានមនុស្សម្នាក់ដែលចង់ជេរប្រទេចនរណាម្នាក់ដែលមិនធ្វើតាមបំណងរបស់ខ្លួន នៅពេលដែលគាត់ប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រី។ ប៉ុន្តែគាត់បានគិតក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំជឿលើព្រះជាម្ចាស់ហើយ ការជេរប្រទេចមនុស្សហាក់ដូចជាមិនសមរម្យសោះ។ វាធ្វើឱ្យខ្ញុំមើលទៅមិនសមនឹងការប្រព្រឹត្តដ៏សមរម្យជាពួកបរិសុទ្ធ។ ខ្ញុំមិនអាចជេរប្រទេច ឬប្រើពាក្យអសុរោះបានទេ ប៉ុន្តែប្រសិនបើខ្ញុំមិនជេរប្រទេចទេ ខ្ញុំនឹងមិនស្ងប់ចិត្ត ខ្ញុំនឹងមិនអាចបំបាត់សេចក្ដីស្អប់របស់ខ្ញុំបានឡើយ គឺខ្ញុំនឹងចង់ជេរប្រទេចមនុស្សរហូត។ បើអ៊ីចឹង តើខ្ញុំគួរជេរប្រទេចពួកគេដោយរបៀបណាទៅ?» ដូច្នេះហើយ គាត់ក៏បានបង្កើតពាក្យថ្មីមួយឡើង។ នរណាក៏ដោយដែលធ្វើឱ្យគាត់អាក់អន់ចិត្ត ធ្វើឱ្យគាត់ឈឺចាប់តាមរយៈទង្វើរបស់ពួកគេ ឬមិនស្ដាប់បង្គាប់គាត់ នឹងត្រូវគាត់ជេរប្រទេចដូច្នេះថា៖ «អារក្សកំណាច!» «ឯងគឺជាអារក្សកំណាច!» «ឈ្មោះនេះ ឈ្មោះនោះ គឺជាអារក្សកំណាច!» គាត់បានបន្ថែមពាក្យ «កំណាច» នៅពីមុខពាក្យ «អារក្ស» ខ្ញុំពិតជាមិនដែលឮនរណាប្រើឃ្លានេះពីមុនមកទេ។ តើវាមិនថ្មីប្លែកទេឬ? បងប្អូនប្រុសស្រីត្រូវបានគាត់ជេរប្រទេចយ៉ាងសាមញ្ញថាជា «អារក្សកំណាច» តើមាននរណាស្ដាប់ឮហើយមានអារម្មណ៍ស្រួលក្នុងចិត្តដែរទេ? ឧទាហរណ៍ ប្រសិនបើគាត់សុំឱ្យបងប្អូនប្រុសស្រីណាម្នាក់ចាក់ទឹកឱ្យគាត់មួយកែវ ហើយបុគ្គលនោះរវល់ពេក ហើយប្រាប់ឱ្យគាត់ទៅចាក់ទឹកដោយខ្លួនឯង គាត់នឹងជេរប្រទេចពួកគេថា៖ «ឯងជាអារក្សកំណាច!» ប្រសិនបើគាត់ត្រឡប់មកពីការប្រជុំវិញ ហើយឃើញថាអាហាររបស់គាត់មិនទាន់បានរៀបចំរួចរាល់ គាត់នឹងខឹងឡើងថា៖ «ពួកឯងជាអារក្សកំណាច ខ្ជិលច្រអូសគ្រប់ៗគ្នា។ ខ្ញុំចេញទៅបំពេញភារកិច្ច ត្រឡប់មកវិញសូម្បីតែបាយទឹកក៏គ្មានហូបស្រាប់ដែរ!» នរណាក៏ដោយដែលប្រាស្រ័យទាក់ទងជាមួយគាត់ អាចនឹងត្រូវគាត់ជេរប្រទេចថាជា «អារក្សកំណាច»។ តើមនុស្សប្រភេទនេះជាមនុស្សបែបណា? (ជាមនុស្សអាក្រក់) តើគាត់អាក្រក់ត្រង់ណា? នៅក្នុងក្រសែភ្នែករបស់គាត់ នរណាក៏ដោយដែលធ្វើឱ្យគាត់អាក់អន់ចិត្ត ឬមិនធ្វើតាមបំណងរបស់គាត់ គឺជាអារក្សកំណាច ឯខ្លួនគាត់ផ្ទាល់មិនមែនទេ ប៉ុន្តែអ្នកផ្សេងទៀតទាំងអស់សុទ្ធតែមែន។ ដោយនិយាយបែបនេះ តើគាត់មានមូលដ្ឋានណាមួយដែរឬទេ? គ្មានទាល់តែសោះ។ គាត់គ្រាន់តែជ្រើសរើសពាក្យមួយតាមអំពើចិត្តដើម្បីជេរប្រទេចមនុស្ស ដែលអាចឱ្យគាត់បំបាត់សេចក្ដីស្អប់ និងបញ្ចេញអារម្មណ៍របស់គាត់បាន។ គាត់ជឿថា ប្រសិនបើគាត់ជេរប្រទេចនរណាម្នាក់ពិតមែន អ្នកដទៃនឹងនិយាយថាគាត់មើលទៅមិនដូចជាអ្នកជឿលើព្រះជាម្ចាស់ទេ។ ប៉ុន្តែគាត់គិតថា ប្រសិនបើគាត់ហៅនរណាម្នាក់ថាជាអារក្ស នោះមិនមែនជាការជេរប្រទេចទេ ហើយវាគួរតែមើលទៅសមហេតុផលសម្រាប់អ្នកដទៃ ដែលអាចបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់គាត់ផង ហើយមិនទុកចន្លោះឱ្យអ្នកដទៃចាប់កំហុសគាត់បានផង។ បុរសម្នាក់នេះពិតជាមានល្បិចកល និងអាក្រក់ណាស់ គាត់ប្រើពាក្យសម្ដីដែលព្យាបាទបំផុត ជាប្រភេទពាក្យសម្ដីដែលធ្វើឱ្យមនុស្សគ្មានមធ្យោបាយទប់ទល់បាន ដើម្បីសងសឹក និងថ្កោលទោសពួកគេ ប៉ុន្តែ មនុស្សមិនអាចចោទប្រកាន់គាត់ថាបានជេរប្រទេច ឬនិយាយដោយគ្មានហេតុផលបានឡើយ។ នៅពេលប្រឈមមុខនឹងមនុស្សបែបនេះ តើមនុស្សភាគច្រើននឹងគេចចេញពីគាត់ ឬចូលទៅជិតគាត់? (ពួកគេនឹងគេចចេញពីគាត់) ហេតុអ្វី? ពួកគេមិនហ៊ានបង្ករឿងជាមួយគាត់ទេ ដូច្នេះពួកគេអាចត្រឹមតែគេចឱ្យឆ្ងាយពីគាត់ប៉ុណ្ណោះ។ នេះគឺជាអ្វីដែលមនុស្សឆ្លាតនឹងធ្វើ។
បាតុភូតនៃការថ្កោលទោស ការលាបពណ៌ និងការធ្វើទុក្ខបុកម្នេញមនុស្សតាមអំពើចិត្ត តែងតែកើតមានឡើងជាញឹកញាប់នៅក្នុងពួកជំនុំគ្រប់ទីកន្លែង។ ឧទាហរណ៍ មនុស្សមួយចំនួនមានការរើសអើងចំពោះអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់ ហើយដើម្បីសងសឹក ពួកគេក៏និយាយដើមអ្នកនោះពីក្រោយខ្នង ដោយលាតត្រដាង និងវែកញែកអ្នកនោះក្រោមរូបភាពនៃការប្រកបគ្នាពីសេចក្ដីពិត។ បំណង និងចេតនានៅពីក្រោយទង្វើបែបនេះគឺខុសឆ្គង។ ប្រសិនបើមនុស្សម្នាក់ពិតជាកំពុងប្រកបគ្នាពីសេចក្ដីពិតដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងដើម្បីជាប្រយោជន៍ដល់អ្នកដទៃមែន នោះពួកគេគួរតែប្រកបគ្នាពីបទពិសោធន៍ពិតរបស់ខ្លួន ហើយនាំយកប្រយោជន៍ដល់អ្នកដទៃតាមរយៈការពិនិត្យពិច័យ និងការស្គាល់ខ្លួនឯង។ ការអនុវត្តបែបនេះនឹងនាំមកនូវលទ្ធផលល្អប្រសើរជាង ហើយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក៏នឹងយល់ស្របដែរ។ ប្រសិនបើការប្រកបគ្នារបស់នរណាម្នាក់លាតត្រដាង វាយប្រហារ និងបន្ទាបបន្ថោកអ្នកដទៃក្នុងគោលបំណងវាយប្រហារ ឬសងសឹកនឹងអ្នកនោះ នោះបំណងនៃការប្រកបគ្នានោះគឺខុសឆ្គង គ្មានភាពយុត្តិធម៌ គួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ ហើយក៏មិនស្អាងចិត្តដល់បងប្អូនប្រុសស្រីដែរ។ ប្រសិនបើបំណងរបស់នរណាម្នាក់គឺដើម្បីថ្កោលទោស ឬធ្វើទុក្ខបុកម្នេញអ្នកដទៃ នោះពួកគេគឺជាមនុស្សអាក្រក់ ហើយពួកគេកំពុងប្រព្រឹត្តអំពើអាក្រក់។ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់គួរតែមានការឈ្វេងយល់នៅពេលនិយាយដល់មនុស្សអាក្រក់។ ប្រសិនបើមាននរណាម្នាក់វាយប្រហារ លាតត្រដាង ឬបន្ទាបបន្ថោកមនុស្សដោយចេតនា នោះពួកគេគួរតែត្រូវបានជួយដោយក្ដីស្រឡាញ់ ត្រូវបានប្រកបគ្នាជាមួយ និងពិនិត្យពិច័យ ឬត្រូវបានលួសកាត់។ ប្រសិនបើពួកគេមិនអាចទទួលយកសេចក្ដីពិតបាន ហើយរឹងរូសបដិសេធមិនកែប្រែខ្លួន នោះនេះគឺជាបញ្ហាមួយផ្សេងទៀតទាំងស្រុង។ នៅពេលនិយាយដល់មនុស្សអាក្រក់ដែលតែងតែថ្កោលទោស លាបពណ៌ និងធ្វើទុក្ខបុកម្នេញអ្នកដទៃតាមអំពើចិត្ត ពួកគេគួរតែត្រូវបានលាតត្រដាងទាំងស្រុង ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរៀនឈ្វេងយល់ពីពួកគេ ហើយបន្ទាប់មក ពួកគេគួរតែត្រូវបានដាក់កំហិត ឬបណ្ដេញចេញពីពួកជំនុំ។ ការនេះគឺចាំបាច់ណាស់ ព្រោះមនុស្សប្រភេទនេះរំខានដល់ជីវិតពួកជំនុំ និងកិច្ចការពួកជំនុំ ហើយពួកគេទំនងជានឹងនាំមនុស្សឱ្យវង្វេង និងនាំភាពចលាចលមកលើពួកជំនុំ។ ជាពិសេស មនុស្សអាក្រក់មួយចំនួនវាយប្រហារ និងថ្កោលទោសអ្នកដទៃជាញឹកញាប់ គឺគ្រាន់តែដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងការសម្ញែង និងធ្វើឱ្យអ្នកដទៃគោរពកោតសរសើរពួកគេប៉ុណ្ណោះ។ មនុស្សអាក្រក់ទាំងនេះជារឿយៗឆ្លៀតឱកាសនៃការប្រកបគ្នាពីសេចក្ដីពិតនៅក្នុងការប្រជុំ ដើម្បីលាតត្រដាង ពិនិត្យពិច័យ និងគាបសង្កត់អ្នកដទៃដោយប្រយោល។ ពួកគេថែមទាំងដោះសាខ្លួនដោយនិយាយថា ពួកគេកំពុងធ្វើការនេះដើម្បីជួយមនុស្ស និងដើម្បីដោះស្រាយបញ្ហាដែលមាននៅក្នុងពួកជំនុំ ហើយប្រើលេសទាំងនេះធ្វើជាគម្របបាំងដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ពួកគេគឺជាប្រភេទមនុស្សដែលវាយប្រហារ និងធ្វើទុក្ខបុកម្នេញអ្នកដទៃ ហើយពួកគេទាំងអស់សុទ្ធតែជាមនុស្សអាក្រក់យ៉ាងច្បាស់ក្រឡែត។ អស់អ្នកណាដែលវាយប្រហារ និងថ្កោលទោសមនុស្សដែលស្វែងរកសេចក្ដីពិត គឺកាចសាហាវបំផុត ហើយមានតែអស់អ្នកដែលលាតត្រដាង និងពិនិត្យពិច័យមនុស្សអាក្រក់ដើម្បីការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានមនសិការយុត្តិធម៌ និងត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ មនុស្សអាក្រក់ជារឿយៗមានល្បិចកលយ៉ាងខ្លាំងក្នុងការប្រព្រឹត្តអំពើអាក្រក់របស់ខ្លួន។ ពួកគេទាំងអស់សុទ្ធតែប៉ិនប្រសប់ក្នុងការប្រើគោលលទ្ធិដើម្បីដោះសាឱ្យខ្លួនឯង និងសម្រេចគោលបំណងរបស់ខ្លួនក្នុងការនាំអ្នកដទៃឱ្យវង្វេង។ ប្រសិនបើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់គ្មានការឈ្វេងយល់ពីពួកគេ ហើយមិនអាចដាក់កំហិតលើមនុស្សអាក្រក់ទាំងនេះបានទេ នោះជីវិតពួកជំនុំ និងកិច្ចការរបស់ពួកជំនុំនឹងត្រូវធ្លាក់ទៅក្នុងភាពរញ៉េរញ៉ៃទាំងស្រុង ឬរហូតដល់ថ្នាក់មានភាពចលាចលតែម្ដង។ នៅពេលដែលមនុស្សអាក្រក់ប្រកបគ្នាអំពីបញ្ហា និងពិនិត្យពិច័យបញ្ហាទាំងនោះ ពួកគេតែងតែមានបំណង និងគោលដៅ ហើយវាតែងតែសំដៅទៅលើនរណាម្នាក់ជានិច្ច។ ពួកគេមិនមែនកំពុងពិនិត្យពិច័យ ឬស្គាល់ខ្លួនឯង ហើយក៏មិនមែនកំពុងបើកចំហ និងលាតត្រដាងខ្លួនឯងដើម្បីដោះស្រាយបញ្ហារបស់ខ្លួនដែរ ផ្ទុយទៅវិញ ពួកគេកំពុងឆ្លៀតឱកាសដើម្បីលាតត្រដាង ពិនិត្យពិច័យ និងវាយប្រហារអ្នកដទៃ។ ពួកគេជារឿយៗឆ្លៀតឱកាសនៃការប្រកបគ្នាពីការស្គាល់ខ្លួនឯង ដើម្បីពិនិត្យពិច័យ និងថ្កោលទោសអ្នកដទៃ ហើយតាមរយៈការប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ពួកគេក៏លាតត្រដាង បន្ទាបបន្ថោក និងបង្ខូចកេរ្តិ៍ឈ្មោះមនុស្ស។ ពួកគេមានអារម្មណ៍ខ្ពើមឆ្អើម និងស្អប់ខ្ពើមជាខ្លាំងចំពោះអស់អ្នកណាដែលស្វែងរកសេចក្ដីពិត អស់អ្នកណាដែលមានបន្ទុកសម្រាប់កិច្ចការរបស់ពួកជំនុំ និងអស់អ្នកណាដែលជារឿយៗបំពេញភារកិច្ចរបស់ខ្លួន។ មនុស្សអាក្រក់នឹងប្រើគ្រប់ហេតុផល និងលេសគ្រប់បែបយ៉ាង ដើម្បីបំបាក់ស្មារតីរបស់មនុស្សទាំងនេះ និងរារាំងពួកគេពីការបំពេញកិច្ចការពួកជំនុំ។ អារម្មណ៍មួយផ្នែកដែលពួកគេមានចំពោះមនុស្សទាំងនោះគឺការច្រណែន និងការស្អប់ខ្ពើម ហើយមួយផ្នែកទៀតគឺការភ័យខ្លាចថាមនុស្សទាំងនេះនឹងក្រោកឡើងធ្វើការ ដែលបង្កជាការគំរាមកំហែងដល់កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈរបស់ពួកគេ។ ដូច្នេះហើយ ពួកគេក៏ប្រញាប់ប្រញាល់ក្នុងការសាកល្បងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីព្រមាន គាបសង្កត់ និងដាក់កំហិតលើមនុស្សទាំងនោះ រហូតដល់ថ្នាក់ប្រមូលឯកសារភស្តុតាងក្លែងក្លាយដើម្បីទម្លាក់កំហុស និងបំភ្លៃការពិតដើម្បីថ្កោលទោសពួកគេទៀតផង។ ការនេះបង្ហាញឱ្យឃើញទាំងស្រុងថា និស្ស័យរបស់មនុស្សអាក្រក់ទាំងនេះគឺជានិស្ស័យដែលស្អប់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន។ ពួកគេមានសេចក្ដីស្អប់ខ្ពើមជាខ្លាំងចំពោះអស់អ្នកណាដែលស្វែងរកសេចក្ដីពិត និងស្រឡាញ់អ្វីៗដែលវិជ្ជមាន ហើយចំពោះអស់អ្នកណាដែលគ្មានល្បិចកល សមរម្យ និងទៀងត្រង់។ ពួកគេអាចនឹងមិននិយាយដូច្នេះទេ ប៉ុន្តែនេះគឺជាផ្នត់គំនិតដែលពួកគេមាន។ ដូច្នេះ ហេតុអ្វីបានជាពួកគេតម្រង់គោលដៅជាពិសេសទៅលើអ្នកស្វែងរកសេចក្ដីពិត និងមនុស្សដែលសមរម្យ ហើយទៀងត្រង់ ដើម្បីលាតត្រដាង បន្ទាបបន្ថោក គាបសង្កត់ និងផាត់ចេញ? នេះគឺជាការប៉ុនប៉ងយ៉ាងច្បាស់ពីសំណាក់ពួកគេ ដើម្បីផ្ដួលរំលំ និងវាយប្រហារមនុស្សល្អ និងអស់អ្នកណាដែលស្វែងរកសេចក្ដីពិត ដើម្បីជាន់ឈ្លីពួកគេនៅក្រោមបាតជើង ដូច្នេះពួកគេអាចគ្រប់គ្រងពួកជំនុំបាន។ មនុស្សមួយចំនួនមិនជឿថានេះជាការពិតទេ។ ចំពោះពួកគេ ខ្ញុំសូមសួរសំណួរមួយថា៖ ហេតុអ្វីបានជានៅពេលប្រកបគ្នាពីសេចក្ដីពិត មនុស្សអាក្រក់ទាំងនេះមិនលាតត្រដាង ឬពិនិត្យពិច័យខ្លួនឯង ប៉ុន្តែបែរជាតែងតែតម្រង់គោលដៅ និងលាតត្រដាងអ្នកដទៃទៅវិញ? តើវាអាចទៅរួចទេដែលថាពួកគេមិនបានបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ ឬថាពួកគេគ្មាននិស្ស័យពុករលួយ? ពិតជាមិនមែនដូច្នោះទេ។ បើដូច្នេះ តើហេតុអ្វីបានជាពួកគេទទូចចង់តម្រង់គោលដៅទៅលើអ្នកដទៃដើម្បីលាតត្រដាង និងពិនិត្យពិច័យ? តើពួកគេកំពុងព្យាយាមសម្រេចបានអ្វីឱ្យពិតប្រាកដ? សំណួរនេះទាមទារឱ្យមានការគិតយ៉ាងជ្រាលជ្រៅ។ មនុស្សម្នាក់កំពុងធ្វើអ្វីដែលពួកគេគួរធ្វើ ប្រសិនបើពួកគេលាតត្រដាងអំពើអាក្រក់របស់មនុស្សអាក្រក់ដែលរំខានដល់ពួកជំនុំ។ ប៉ុន្តែ ផ្ទុយទៅវិញ មនុស្សទាំងនេះបែរជាលាតត្រដាង និងធ្វើទុក្ខបុកម្នេញមនុស្សល្អ ក្រោមលេសនៃការប្រកបគ្នាពីសេចក្ដីពិតទៅវិញ។ តើបំណង និងគោលដៅរបស់ពួកគេគឺជាអ្វី? តើពួកគេក្រេវក្រោធដោយសារតែពួកគេឃើញថាព្រះជាម្ចាស់សង្គ្រោះមនុស្សល្អមែនទេ? នោះគឺជាការពិត។ ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សអាក្រក់ទេ ដូច្នេះមនុស្សអាក្រក់ក៏ស្អប់ព្រះជាម្ចាស់ និងមនុស្សល្អដែរ នេះគឺជារឿងធម្មជាតិទាំងស្រុង។ មនុស្សអាក្រក់មិនទទួលយក ឬស្វែងរកសេចក្ដីពិតទេ។ ពួកគេខ្លួនឯងមិនអាចត្រូវបានសង្គ្រោះបានទេ ប៉ុន្តែពួកគេបែរជាធ្វើទុក្ខបុកម្នេញមនុស្សល្អទាំងនោះដែលស្វែងរកសេចក្ដីពិត ហើយអាចត្រូវបានសង្គ្រោះទៅវិញ។ តើបញ្ហានៅត្រង់នេះគឺជាអ្វី? ប្រសិនបើមនុស្សទាំងនេះមានការស្គាល់ខ្លួនឯង និងសេចក្ដីពិត ពួកគេអាចនឹងបើកចំហ និងប្រកបគ្នាបាន ប៉ុន្តែពួកគេបែរជាតែងតែតម្រង់គោលដៅលើ និងញុះញង់អ្នកដទៃទៅវិញ ពួកគេតែងតែមានទំនោរចង់វាយប្រហារអ្នកដទៃ ហើយពួកគេតែងតែចាត់ទុកអស់អ្នកណាដែលស្វែងរកសេចក្ដីពិតថាជាសត្រូវដែលខ្លួនបង្កើតឡើង។ ទាំងនេះគឺជាលក្ខណៈសម្គាល់នៃមនុស្សអាក្រក់។ អស់អ្នកណាដែលមានសមត្ថភាពប្រព្រឹត្តអំពើអាក្រក់បែបនេះ គឺជាពួកអារក្ស និងពួកសាតាំងយ៉ាងពិតប្រាកដ ជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ ដែលគួរតែត្រូវបានដាក់កំហិត ហើយប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់ជាច្រើន គួរតែដោះស្រាយជាមួយពួកគេភ្លាមៗ គឺត្រូវបណ្ដេញពួកគេចេញពីពួកជំនុំ។ អស់អ្នកណាដែលវាយប្រហារ និងផាត់ចេញមនុស្សល្អ គឺជាដង្កូវក្នុងសាច់។ ហេតុអ្វីបានជាខ្ញុំហៅពួកគេថាជាដង្កូវក្នុងសាច់? ពីព្រោះពួកគេងាយនឹងបង្កឱ្យមានជម្លោះ និងការខ្វែងគំនិតគ្នាដែលមិនចាំបាច់នៅក្នុងពួកជំនុំ ដែលបណ្ដាលឱ្យស្ថានភាពនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ។ ពួកគេតម្រង់គោលដៅទៅលើមនុស្សម្នាក់នៅថ្ងៃនេះ និងម្នាក់ទៀតនៅថ្ងៃស្អែក ហើយពួកគេតែងតែតម្រង់គោលដៅទៅលើអ្នកដទៃ ទៅលើអស់អ្នកណាដែលស្រឡាញ់ និងស្វែងរកសេចក្ដីពិត។ ការនេះងាយនឹងរំខានដល់ជីវិតពួកជំនុំ និងមានផលវិបាកដល់ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាធម្មតារបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ក៏ដូចជាដល់ការប្រកបគ្នាពីសេចក្ដីពិតជាធម្មតារបស់ពួកគេផងដែរ។ មនុស្សអាក្រក់ទាំងនេះតែងតែឆ្លៀតឱកាសនៃការរស់នៅក្នុងជីវិតពួកជំនុំ ដើម្បីវាយប្រហារអ្នកដទៃក្នុងនាមនៃការប្រកបគ្នាពីសេចក្ដីពិត។ គ្រប់ពាក្យសម្ដីដែលពួកគេនិយាយបង្កប់នូវអរិភាព។ ពួកគេប្រើពាក្យសម្ដីញុះញង់ដើម្បីវាយប្រហារ និងថ្កោលទោសអស់អ្នកណាដែលស្វែងរកសេចក្ដីពិត និងអស់អ្នកណាដែលលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ តើផលវិបាកនៃការនេះនឹងទៅជាយ៉ាងណា? វានឹងបង្អាក់ និងរំខានដល់ជីវិតរបស់ពួកជំនុំ ហើយបណ្ដាលឱ្យមនុស្សមានចិត្តមិនស្ងប់ និងមិនអាចស្ងប់ស្ងៀមនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានឡើយ។ ជាពិសេស រឿងរ៉ាវឥតអៀនខ្មាសដែលមនុស្សអាក្រក់ទាំងនេះនិយាយដើម្បីថ្កោលទោស វាយប្រហារ និងធ្វើឱ្យអ្នកដទៃឈឺចាប់ អាចបង្កឱ្យមានការប្រឆាំងតបតវិញ។ ការនេះមិនអំណោយផលដល់ការដោះស្រាយបញ្ហាឡើយ។ ផ្ទុយទៅវិញ វារឹតតែបង្កឱ្យមានការភ័យខ្លាច និងការថប់បារម្ភនៅក្នុងពួកជំនុំ និងធ្វើឱ្យទំនាក់ទំនងរវាងមនុស្សតានតឹង ដែលនាំឱ្យមានភាពតានតឹងកើតឡើងរវាងពួកគេ និងបណ្ដាលឱ្យពួកគេធ្លាក់ទៅក្នុងការឈ្លោះប្រកែកគ្នា។ អាកប្បកិរិយារបស់មនុស្សទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ជីវិតពួកជំនុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានជម្លោះនៅក្នុងពួកជំនុំទៀតផង។ វាថែមទាំងអាចប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំទាំងមូល និងការផ្សព្វផ្សាយដំណឹងល្អទៀតផង។ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែព្រមានមនុស្សប្រភេទនេះ ហើយក៏ត្រូវដាក់កំហិត និងដោះស្រាយពួកគេផងដែរ។ ម្យ៉ាង បងប្អូនប្រុសស្រីត្រូវតែដាក់កំហិតយ៉ាងតឹងរ៉ឹងលើមនុស្សអាក្រក់ទាំងនេះដែលវាយប្រហារ និងថ្កោលទោសអ្នកដទៃជាញឹកញាប់។ ម្យ៉ាងទៀត អ្នកដឹកនាំពួកជំនុំគួរតែលាតត្រដាង និងបញ្ឈប់ជាបន្ទាន់ដល់អស់អ្នកណាដែលវាយប្រហារ និងថ្កោលទោសមនុស្សតាមអំពើចិត្ត ហើយប្រសិនបើពួកគេនៅតែមិនអាចកែប្រែបាន ត្រូវជម្រះពួកគេចេញពីពួកជំនុំ។ ត្រូវតែរារាំងមនុស្សអាក្រក់កុំឱ្យរំខានដល់ជីវិតរបស់ពួកជំនុំនៅក្នុងការប្រជុំ ហើយក្នុងពេលជាមួយគ្នានោះ ក៏គួរតែដាក់កំហិតដល់មនុស្សដែលនាំគេឱ្យវង្វេង កុំឱ្យនិយាយស្ដីក្នុងរបៀបដែលប៉ះពាល់ដល់ជីវិតពួកជំនុំផងដែរ។ ប្រសិនបើរកឃើញមនុស្សអាក្រក់កំពុងប្រព្រឹត្តអំពើអាក្រក់ ត្រូវតែលាតត្រដាងពួកគេ ។ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យពួកគេ ប្រព្រឹត្តតាមអំពើចិត្ត ធ្វើអំពើអាក្រក់តាមតែចិត្តចង់នោះទេ។ ការនេះគឺចាំបាច់ដើម្បីរក្សាជីវិតពួកជំនុំធម្មតា និងធានាថារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចប្រជុំ ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាពីសេចក្ដីពិតជាធម្មតាបាន ដែលអនុញ្ញាតឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា។ មានតែបែបនេះទេ ទើបបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់អាចត្រូវបានអនុវត្តនៅក្នុងពួកជំនុំ ហើយមានតែតាមរបៀបនេះទេ ទើបរាស្ត្ររើសតាំងរបស់ទ្រង់អាចយល់ពីសេចក្ដីពិត ចូលទៅក្នុងតថភាព និងទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាបានរកឃើញមនុស្សអាក្រក់ប្រភេទនេះនៅក្នុងពួកជំនុំដែរឬទេ? ពួកគេតែងតែមានការស្អប់ដោយឈ្នានីសចំពោះមនុស្សល្អ ហើយពួកគេតែងតែតម្រង់គោលដៅទៅលើពួកគេ។ ថ្ងៃនេះពួកគេមិនចូលចិត្តមនុស្សល្អម្នាក់ ថ្ងៃស្អែកម្នាក់ទៀត។ ពួកគេមានសមត្ថភាពរិះគន់នរណាម្នាក់ និងរកឃើញកំហុសជាច្រើននៅក្នុងពួកគេ ហើយលើសពីនេះទៅទៀត អ្វីដែលពួកគេនិយាយស្ដាប់ទៅហាក់ដូចជាមានមូលដ្ឋានច្បាស់លាស់ និងសមហេតុផលណាស់ ហើយនៅទីបំផុត ពួកគេក៏បង្កឱ្យមានកំហឹងរីករាលដាល ក្លាយជាមហន្តរាយដល់ក្រុម។ ពួកគេរំខានដល់ពួកជំនុំរហូតដល់ថ្នាក់ចិត្តរបស់មនុស្សត្រូវបានធ្វើឱ្យច្របូកច្របល់ មនុស្សជាច្រើនក្លាយជាអវិជ្ជមាន និងទន់ខ្សោយ គ្មានប្រយោជន៍ ឬការស្អាងចិត្តណាមួយត្រូវបានទទួលពីការប្រជុំឡើយ ហើយអ្នកខ្លះថែមទាំងបាត់បង់បំណងចង់ចូលរួមការប្រជុំទៀតផង។ តើមនុស្សអាក្រក់បែបនេះមិនមែនជាដង្កូវក្នុងសាច់ទេឬ? ប្រសិនបើពួកគេមិនទាន់ដល់កម្រិតដែលគួរតែត្រូវបានជម្រះចេញទេ ពួកគេគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬត្រូវបានដាក់កំហិត។ ឧទាហរណ៍ ក្នុងអំឡុងពេលប្រជុំ ត្រូវចាត់ឱ្យពួកគេអង្គុយនៅកន្លែងដាច់ចេញពីគេ ដើម្បីកុំឱ្យពួកគេមានឥទ្ធិពលលើអ្នកដទៃ។ ប្រសិនបើពួកគេទទូចចង់ស្វែងរកឱកាសដើម្បីនិយាយស្ដី និងវាយប្រហារមនុស្ស ពួកគេគួរតែត្រូវបានដាក់កំហិត គឺហាមឃាត់មិនឱ្យនិយាយរឿងឥតប្រយោជន៍។ ប្រសិនបើមិនអាចដាក់កំហិតលើពួកគេរួចទេ ហើយពួកគេហៀបនឹងផ្ទុះឡើង ឬប្រឆាំងតបត ពួកគេគួរតែត្រូវបានជម្រះចេញជាបន្ទាន់។ នោះគឺ នៅពេលដែលពួកគេលែងសុខចិត្តទទួលការដាក់កំហិត ហើយនិយាយថា «តើអ្នកមានមូលដ្ឋានអ្វីមកដាក់កំហិតការនិយាយស្ដីរបស់ខ្ញុំ? ហេតុអ្វីបានជាអ្នកផ្សេងទៀតអាចនិយាយបានប្រាំនាទី ហើយខ្ញុំបានតែមួយនាទី?» នៅពេលដែលពួកគេសួរសំណួរទាំងនេះជាប់ជានិច្ច នោះមានន័យថាពួកគេនឹងប្រឆាំងតបតហើយ។ នៅពេលដែលពួកគេហៀបនឹងប្រឆាំងតបត តើពួកគេមិនមែនកំពុងប្រឆាំងទេឬ? តើពួកគេមិនមែនកំពុងព្យាយាមបង្កបញ្ហា បង្កចលាចលទេឬ? តើពួកគេមិនមែនហៀបនឹងរំខានដល់ជីវិតពួកជំនុំទេឬ? ពួកគេហៀបនឹងបង្ហាញធាតុពិតរបស់ពួកគេហើយ។ ពេលវេលាដើម្បីដោះស្រាយពួកគេបានមកដល់ហើយ គឺត្រូវជម្រះពួកគេចេញឱ្យបានឆាប់។ តើការនេះសមហេតុផលដែរឬទេ? បាទ សមហេតុផល។ ការធានាថាមនុស្សភាគច្រើនអាចរស់នៅក្នុងជីវិតពួកជំនុំធម្មតាបាន ពិតជាមិនងាយស្រួលឡើយ ដោយមានមនុស្សអាក្រក់ វិញ្ញាណអាក្រក់ វិញ្ញាណស្មោកគ្រោកគ្រប់ប្រភេទ និង «អ្នកមានទេពកោសល្យពិសេស» ដែលកំពុងតែរកធ្វើឱ្យខូចការ។ តើយើងអាចមិនដាក់កំហិតលើពួកគេបានទេ? «អ្នកមានទេពកោសល្យពិសេស» មួយចំនួនចាប់ផ្ដើមបន្ទាបបន្ថោក និងវាយប្រហារអ្នកដទៃភ្លាមៗនៅពេលដែលពួកគេបើកមាត់ ប្រសិនបើអ្នកពាក់វ៉ែនតា ឬប្រសិនបើអ្នកមិនសូវមានសក់ច្រើន ពួកគេក៏វាយប្រហារអ្នកដែរ។ ប្រសិនបើអ្នកចែករំលែកទីបន្ទាល់ផ្អែកលើបទពិសោធន៍របស់អ្នកក្នុងអំឡុងពេលប្រជុំ ឬប្រសិនបើអ្នកមានភាពសកម្ម និងទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់អ្នក ពួកគេក៏វាយប្រហារ និងវិនិច្ឆ័យអ្នកដែរ។ ប្រសិនបើអ្នកមានជំនឿលើព្រះជាម្ចាស់ក្នុងអំឡុងពេលនៃការល្បងល ប្រសិនបើអ្នកទន់ខ្សោយ ឬប្រសិនបើអ្នកយកឈ្នះការលំបាកក្នុងគ្រួសារដោយប្រើជំនឿរបស់អ្នកដោយមិនត្អូញត្អែរអំពីព្រះជាម្ចាស់ ពួកគេក៏វាយប្រហារអ្នកដែរ។ តើការវាយប្រហារនៅត្រង់នេះមានន័យដូចម្ដេច? វាមានន័យថា មិនថាអ្នកដទៃធ្វើអ្វីទេ វាមិនដែលធ្វើឱ្យមនុស្សទាំងនេះពេញចិត្តឡើយ។ ពួកគេតែងតែមិនចូលចិត្តជានិច្ច ពួកគេតែងតែរកកំហុសដែលគ្មានពិតប្រាកដ ពួកគេតែងតែព្យាយាមចោទប្រកាន់អ្នកដទៃអំពីរឿងរ៉ាវផ្សេងៗ ហើយគ្មានអ្វីដែលអ្នកដទៃធ្វើគឺត្រឹមត្រូវនៅក្នុងក្រសែភ្នែករបស់ពួកគេឡើយ។ ទោះបីជាអ្នកប្រកបគ្នាពីសេចក្ដីពិត និងដោះស្រាយបញ្ហានានាស្របតាមការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនឹងរិះគន់ និងចាប់កំហុស រកកំហុសក្នុងគ្រប់រឿងដែលអ្នកធ្វើដែរ។ ពួកគេបង្កបញ្ហាដោយចេតនា ហើយមនុស្សគ្រប់រូបសុទ្ធតែក្លាយជាគោលដៅនៃការវាយប្រហាររបស់ពួកគេ។ រាល់ពេលដែលមនុស្សបែបនេះលេចមុខនៅក្នុងពួកជំនុំ អ្នកត្រូវតែដោះស្រាយពួកគេ។ ប្រសិនបើមានពីរនាក់លេចមុខ នោះអ្នកគួរតែដោះស្រាយទាំងពីរនាក់។ នេះក៏ព្រោះតែគ្រោះថ្នាក់ដែលពួកគេបង្កដល់ជីវិតពួកជំនុំគឺធ្ងន់ធ្ងរណាស់ ពួកគេបង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយផលវិបាកនៃការនេះគឺធ្ងន់ធ្ងរខ្លាំងណាស់។
ខ. ចរិតលក្ខណៈរបស់មនុស្សដែលវាយប្រហារអ្នកដទៃជាញឹកញាប់
ថ្ងៃនេះ យើងបានប្រកបគ្នាលើទិដ្ឋភាពជាច្រើនដែលទាក់ទងនឹងបញ្ហានៃការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី។ តើអ្នករាល់គ្នាបានយល់ពីធម្មជាតិនៃការសម្ដែងចេញដែលបង្ហាញដោយបុគ្គលប្រភេទផ្សេងៗនៅក្នុងទិដ្ឋភាពនីមួយៗទាំងនេះដែរឬទេ? ចូរចាប់ផ្ដើមជាមួយអស់អ្នកដែលមានទំនោរវាយប្រហារអ្នកដទៃ តើពួកគេមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាដែរឬទេ? (អត់ទេ) តើការខ្វះវិចារណញ្ញាណរបស់ពួកគេសម្ដែងចេញដោយរបៀបណា? តើអ្វីទៅជាឥរិយាបថ និងគោលការណ៍របស់ពួកគេចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ? តើពួកគេជ្រើសរើសវិធីសាស្ត្រ និងឥរិយាបថអ្វីខ្លះដើម្បីដោះស្រាយជាមួយមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ? ឧទាហរណ៍ ការចូលចិត្តជជែកវែកញែករឿងត្រូវនិងខុស តើនេះមិនមែនជាឥរិយាបថមួយដែលពួកគេមានចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗទេឬ? (មែនហើយ) ការចូលចិត្តជជែកវែកញែករឿងត្រូវនិងខុស មានន័យថា ព្យាយាមបញ្ជាក់ឱ្យច្បាស់ពីអ្វីដែលត្រូវ ឬខុសនៅក្នុងគ្រប់បញ្ហាទាំងអស់ ដោយមិនព្រមឈប់រហូតដល់បញ្ហានោះត្រូវបានបញ្ជាក់ឱ្យច្បាស់ ហើយយល់ដឹងថាអ្នកណាត្រូវ និងអ្នកណាខុស ហើយបន្តតោងស្អិតជាប់នឹងរឿងដែលគ្មានប្រយោជន៍។ តើការប្រព្រឹត្តបែបនេះមានន័យដូចម្ដេចទៅ? តើការជជែកវែកញែករឿងត្រូវនិងខុសគឺជារឿងត្រឹមត្រូវដែរឬទេ? (អត់ទេ) តើកំហុសនៅត្រង់ណា? តើមានទំនាក់ទំនងណាមួយរវាងការនេះ និងការអនុវត្តសេចក្ដីពិតដែរឬទេ? (គ្មានទំនាក់ទំនងទេ) ហេតុអ្វីបានជាអ្នកនិយាយថាគ្មានទំនាក់ទំនង? ការជជែកវែកញែករឿងត្រូវនិងខុស មិនមែនជាការប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិតទេ វាមិនមែនជាការពិភាក្សា ឬការប្រកបគ្នាពីគោលការណ៍សេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ មនុស្សតែងតែនិយាយអំពីអ្នកណាត្រូវ និងអ្នកណាខុស អ្នកណាត្រឹមត្រូវ និងអ្នកណាច្រឡំ អ្នកណាមានហេតុផល និងអ្នកណាគ្មាន អ្នកណាមានហេតុផលល្អ និងអ្នកណាគ្មាន អ្នកណាបង្ហាញពីគោលលទ្ធិខ្ពង់ខ្ពស់ជាង នេះគឺជាអ្វីដែលពួកគេស៊ើបអង្កេត។ នៅពេលដែលព្រះជាម្ចាស់ដាក់មនុស្សឱ្យឆ្លងកាត់ការល្បងល ពួកគេតែងតែព្យាយាមជជែកវែកញែកជាមួយព្រះជាម្ចាស់ ពួកគេតែងតែលើកឡើងពីហេតុផលនេះ ឬហេតុផលនោះ។ តើព្រះជាម្ចាស់ពិភាក្សារឿងបែបនេះជាមួយអ្នកដែរឬទេ? តើព្រះជាម្ចាស់សួរថាបរិបទនោះជាអ្វីដែរឬទេ? តើព្រះជាម្ចាស់សួរអំពីមូលហេតុ និងហេតុផលរបស់អ្នកដែរឬទេ? ទ្រង់មិនសួរទេ។ ព្រះជាម្ចាស់សួរថា តើអ្នកមានឥរិយាបថចុះចូល ឬទាស់ទទឹង នៅពេលដែលទ្រង់ល្បងលអ្នក។ ព្រះជាម្ចាស់សួរថា តើអ្នកយល់ពីសេចក្ដីពិតដែរឬទេ តើអ្នកចុះចូលដែរឬទេ។ នេះគឺជាអ្វីទាំងអស់ដែលព្រះជាម្ចាស់សួរ គ្មានអ្វីផ្សេងទៀតឡើយ។ ព្រះជាម្ចាស់មិនសួរអ្នកថា អ្វីជាហេតុផលសម្រាប់ការមិនចុះចូលរបស់អ្នកនោះទេ ទ្រង់មិនមើលថា តើអ្នកមានហេតុផលល្អដែរឬទេ ពោលគឺទ្រង់មិនពិចារណារឿងបែបនេះដាច់ខាត។ ព្រះជាម្ចាស់គ្រាន់តែមើលថា តើអ្នកចុះចូលដែរឬទេ។ ទោះបីជាបរិយាកាសរស់នៅរបស់អ្នក និងបរិបទនោះជាអ្វីក៏ដោយ ព្រះជាម្ចាស់គ្រាន់តែពិនិត្យពិច័យថា តើមានការចុះចូលនៅក្នុងចិត្តរបស់អ្នកដែរឬទេ តើអ្នកមានឥរិយាបថចុះចូលដែរឬទេ។ ព្រះជាម្ចាស់មិនជជែកវែកញែករឿងត្រូវនិងខុសជាមួយអ្នកទេ ព្រះជាម្ចាស់មិនខ្វល់ថាហេតុផលរបស់អ្នកជាអ្វីឡើយ។ ព្រះជាម្ចាស់គ្រាន់តែខ្វល់ថា តើអ្នកពិតជាចុះចូលមែនឬទេ នេះគឺជាអ្វីទាំងអស់ដែលព្រះជាម្ចាស់សួរអ្នក។ តើនេះមិនមែនជាគោលការណ៍សេចក្ដីពិតទេឬ? មនុស្សប្រភេទដែលចូលចិត្តជជែកវែកញែករឿងត្រូវនិងខុស ដែលចូលចិត្តជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដី តើមានគោលការណ៍សេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេដែរឬទេ? (អត់ទេ) ហេតុអ្វីមិនមាន? តើពួកគេធ្លាប់យកចិត្តទុកដាក់ចំពោះគោលការណ៍សេចក្ដីពិតដែរឬទេ? តើពួកគេធ្លាប់ដេញតាមរកគោលការណ៍ទាំងនោះដែរឬទេ? តើពួកគេធ្លាប់ស្វែងរកគោលការណ៍ទាំងនោះដែរឬទេ? ពួកគេមិនដែលយកចិត្តទុកដាក់ មិនដែលដេញតាមរក ឬមិនដែលស្វែងរកគោលការណ៍ទាំងនោះឡើយ ហើយគោលការណ៍ទាំងនោះគឺអវត្តមានទាំងស្រុងពីចិត្តរបស់ពួកគេដែរ។ ជាលទ្ធផល ពួកគេអាចរស់នៅត្រឹមតែក្នុងសញ្ញាណជាមនុស្សប៉ុណ្ណោះ អ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់ពួកគេគឺរឿងត្រូវនិងខុស រឿងត្រឹមត្រូវនិងមិនត្រឹមត្រូវ លេស ហេតុផល ការវែកញែកដោយប្រើល្បិច និងការជជែកដេញដោល ហើយមិនយូរប៉ុន្មាន ពួកគេក៏វាយប្រហារ វិនិច្ឆ័យ និងថ្កោលទោសគ្នាទៅវិញទៅមក។ និស្ស័យរបស់មនុស្សប្រភេទនេះគឺថា ពួកគេចូលចិត្តជជែកវែកញែករឿងត្រូវនិងខុស ហើយវិនិច្ឆ័យ និងថ្កោលទោសមនុស្ស។ មនុស្សប្រភេទនេះគ្មានសេចក្ដីស្រឡាញ់ ឬការទទួលយកសេចក្ដីពិតឡើយ ពួកគេអាចនឹងព្យាយាមជជែកវែកញែកជាមួយព្រះជាម្ចាស់ សូម្បីតែជំនុំជម្រះព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់ក៏មាន។ នៅទីបំផុត ពួកគេនឹងត្រូវទទួលទណ្ឌកម្ម។
តើអស់អ្នកដែលចូលចិត្តជជែកវែកញែករឿងត្រូវនិងខុស ស្វែងរកសេចក្ដីពិតដែរឬទេ? តើពួកគេស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្វែងរកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ឬស្វែងរកគោលការណ៍សេចក្ដីពិតដែលគួរតែអនុវត្តនៅក្នុងស្ថានការណ៍ទាំងនេះ តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលពួកគេជួបប្រទះដែរឬទេ? គឺអត់ទេ។ នៅពេលប្រឈមមុខនឹងស្ថានការណ៍ផ្សេងៗ ពួកគេមានទំនោរសិក្សាថា «តើព្រឹត្តិការណ៍នោះយ៉ាងម៉េចដែរ» ឬ «តើមនុស្សនោះយ៉ាងម៉េចដែរ»។ តើអាកប្បកិរិយានេះជាអ្វី? តើនេះមិនមែនជាអ្វីដែលមនុស្សតែងតែហៅថា ការតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវទេឬ? ពួកគេជជែកវែកញែកអំពីហេតុផលរបស់មនុស្ស និងដំណើររឿង ពួកគេទទូចចង់បញ្ជាក់រឿងទាំងនេះឱ្យច្បាស់ ប៉ុន្តែពួកគេមិនបាននិយាយថានៅក្នុងស្ថានការណ៍ដ៏ស្មុគស្មាញទាំងនេះ ផ្នែកណាមួយនៃដំណើរការ ដែលពួកគេបានស្វែងរកសេចក្ដីពិត បានយល់ពីសេចក្ដីពិត ឬត្រូវបានបំភ្លឺនោះទេ។ ពួកគេខ្វះបទពិសោធ និងវិធីសាស្ត្រនៃការអនុវត្តទាំងនេះ។ ពួកគេចេះតែនិយាយថា៖ «ឯងពិតជាតម្រង់មករកខ្ញុំយ៉ាងច្បាស់ពីរឿងនោះ ឯងកំពុងប្រមាថខ្ញុំ។ តើឯងគិតថាខ្ញុំល្ងង់ដល់ថ្នាក់មើលមិនដឹងមែនទេ? ហេតុអ្វីបានជាឯងប្រមាថខ្ញុំ? ខ្ញុំមិនបានធ្វើឱ្យឯងអាក់អន់ចិត្តផង ហេតុអ្វីបានជាឯងតម្រង់មករកខ្ញុំ? បើឯងតម្រង់មករកខ្ញុំ ខ្ញុំនឹងតបតវិញមិនខាន! ខ្ញុំបានអត់ធ្មត់ជាមួយឯងជាយូរមកហើយ ប៉ុន្តែការអត់ធ្មត់របស់ខ្ញុំក៏មានដែនកំណត់ដែរ។ កុំគិតថាខ្ញុំងាយស្រួលឱ្យគេធ្វើបាបឱ្យសោះ ខ្ញុំមិនខ្លាចឯងទេ!» ដោយតោងជាប់នឹងបញ្ហាទាំងនេះ ពួកគេនៅតែបន្តលើកយកហេតុផលរបស់ខ្លួនមកនិយាយមិនឈប់ ដោយនិយាយដដែលៗពីរឿងត្រូវនិងខុស និងរឿងត្រឹមត្រូវនិងមិនត្រឹមត្រូវនៃបញ្ហានោះ ប៉ុន្តែអ្វីដែលគេហៅថាហេតុផលរបស់ពួកគេ គឺមិនស្របតាមសេចក្ដីពិតទាល់តែសោះ ហើយគ្មានពាក្យមួយម៉ាត់ណាដែលស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេនិយាយដដែលៗពីរឿងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ រហូតដល់ថ្នាក់អ្នកដទៃមានអារម្មណ៍ធុញទ្រាន់ជាខ្លាំង ហើយគ្មាននរណាម្នាក់ចង់ស្ដាប់ពួកគេទៀតទេ ប៉ុន្តែពួកគេខ្លួនឯងបែរជាមិនដែលធុញទ្រាន់នឹងការនិយាយរឿងទាំងនេះទៅវិញ ពួកគេនិយាយពីរឿងទាំងនេះគ្រប់ទីកន្លែងដែលពួកគេទៅ ហាក់ដូចជាត្រូវខ្មោចចូលអ៊ីចឹង។ នេះហើយដែលហៅថា ការតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ ហើយគ្រាន់តែបដិសេធមិនព្រមស្វែងរកសេចក្ដីពិត។ ចរិតលក្ខណៈទីពីររបស់មនុស្សដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី គឺការចូលចិត្តជាពិសេសរបស់ពួកគេក្នុងការតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ។ តើអស់អ្នកដែលតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ ស្រឡាញ់សេចក្ដីពិតដែរឬទេ? (អត់ទេ) ពួកគេមិនស្រឡាញ់សេចក្ដីពិតទេ នេះគឺច្បាស់ណាស់។ បើអ៊ីចឹង តើបុគ្គលទាំងនេះយល់ពីសេចក្ដីពិតដែរឬទេ? តើពួកគេដឹងថាអ្វីទៅជាសេចក្ដីពិតដែលព្រះជាម្ចាស់មានបន្ទូលពិតប្រាកដដែរឬទេ? ដោយវិនិច្ឆ័យតាមការប្រព្រឹត្តខាងក្រៅរបស់ពួកគេក្នុងការតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ តើពួកគេដឹងថាអ្វីទៅជាសេចក្ដីពិតពិតប្រាកដដែរឬទេ? គឺច្បាស់ណាស់ថា ពួកគេមិនដឹងទេ។ តើអ្វីទៅជាគំនិតដែលពួកគេគោរព? គឺជាគំនិតដែលថា អ្នកណាដែលពាក្យសម្ដីរបស់ខ្លួនមានហេតុផលត្រឹមត្រូវជាងគេ គឺជាអ្នកត្រូវ អ្នកណាដែលទង្វើរបស់ខ្លួនត្រឹមត្រូវត្រង់ ហើយអាចបង្ហាញដល់គ្រប់គ្នាបាន គឺជាអ្នកមានហេតុផលត្រឹមត្រូវ ហើយអ្នកណាដែលប្រព្រឹត្តស្របតាមសីលធម៌ គុណធម៌ និងវប្បធម៌ប្រពៃណី ដោយទទួលបានការយល់ព្រមពីមនុស្សភាគច្រើន គឺជាអ្នកមានហេតុផលត្រឹមត្រូវ។ នៅក្នុងទស្សនៈរបស់ពួកគេ «ភាពត្រឹមត្រូវ» នេះតំណាងឱ្យសេចក្ដីពិត ដូច្នេះហើយ ទើបពួកគេអាចតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវយ៉ាងគឃ្លើន ហើយពួកគេមិនដែលឈប់និយាយដដែលៗពីបញ្ហាទាំងនេះឡើយ។ ពួកគេជឿថា ការដែលខ្លួនមានហេតុផលត្រឹមត្រូវ គឺស្មើនឹងការមានសេចក្ដីពិត តើនេះមិនមែនជារឿងគួរឱ្យរំខានទេឬ? មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនបានបង្អាក់ ឬរំខានដល់កិច្ចការរបស់ពួកជំនុំទេ ខ្ញុំមិនឆ្លៀតឱកាសយកប្រយោជន៍ពីអ្នកដទៃ ខ្ញុំមិនចូលចិត្តលួចរបស់អ្នកដទៃ ហើយខ្ញុំក៏មិនមែនជាអ្នកធ្វើបាបគេដែរ ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេ»។ តើន័យបង្កប់នៅត្រង់នេះមានន័យថា អ្នកជាមនុស្សដែលអនុវត្តសេចក្ដីពិត ជាអ្នកដែលមានសេចក្ដីពិតមែនទេ? មនុស្សមួយភាគធំដែលតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ ជឿថាខ្លួនជាមនុស្សទៀងត្រង់ ដូច្នេះហើយទើបមិនចាំបាច់ខ្វល់ខ្វាយពីពាក្យចចាមអារ៉ាម ហើយចាត់ទុកខ្លួនថាជាមនុស្សថ្លៃថ្នូរ គួរឱ្យគោរព ដែលមិនចេះនិយាយបញ្ជោរអ្នកដទៃឡើយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខនឹងស្ថានការណ៍ផ្សេងៗ ពួកគេមានទំនោរជជែកវែកញែកនិងដេញដោល ហើយទទូចចង់បញ្ជាក់ថាហេតុផលរបស់ពួកគេគឺត្រឹមត្រូវតាមរយៈមធ្យោបាយទាំងនេះ។ ពួកគេជឿថា ប្រសិនបើហេតុផលរបស់ពួកគេរឹងមាំ ហើយអាចលើកយកមកបង្ហាញដោយបើកចំហ ហើយមនុស្សភាគច្រើនយល់ស្របជាមួយវា នោះពួកគេគឺជាមនុស្សដែលមានសេចក្ដីពិតហើយ។ តើ «សេចក្ដីពិត» របស់ពួកគេគឺជាអ្វី? តើវាត្រូវបានវាស់វែងដោយស្តង់ដារអ្វី? តើអ្នករាល់គ្នាគិតថាមនុស្សបែបនេះអាចយល់ពីសេចក្ដីពិតបានដែរឬទេ? (អត់ទេ) ហេតុដូច្នេះហើយ ពួកគេតែងតែតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ ហើយនិយាយដដែលៗពីរឿងទាំងនោះដោយរឹងរូស។ មនុស្សទាំងនេះមិនយល់ពីសេចក្ដីពិតទេ ដូច្នេះហើយទើបពួកគេតែងតែនិយាយថា៖ «ខ្ញុំមិនបានធ្វើឱ្យអ្នកអាក់អន់ចិត្តផង។ ហេតុអ្វីបានជាអ្នកតែងតែតម្រង់មករកខ្ញុំ? ការដែលអ្នកតម្រង់មករកខ្ញុំគឺខុសហើយ!» ពួកគេជឿថា៖ «ប្រសិនបើខ្ញុំមិនបានធ្វើឱ្យអ្នកអាក់អន់ចិត្តទេ អ្នកមិនគួរប្រព្រឹត្តមកលើខ្ញុំបែបនេះឡើយ។ ដោយសារតែអ្នកប្រព្រឹត្តមកលើខ្ញុំបែបនេះ ខ្ញុំនឹងសងសឹកអ្នកវិញ ខ្ញុំនឹងតបតវិញ ហើយការតបតរបស់ខ្ញុំគឺជាការការពារខ្លួនដោយស្របច្បាប់ វាគឺស្របច្បាប់។ នេះគឺជាគោលការណ៍សេចក្ដីពិត។ ហេតុដូច្នេះ អ្វីដែលអ្នកកំពុងធ្វើគឺមិនស្របតាមគោលការណ៍សេចក្ដីពិតទេ ប៉ុន្តែអ្វីដែលខ្ញុំកំពុងធ្វើគឺស្រប។ ដូច្នេះ ខ្ញុំនឹងតោងស្អិតជាប់នឹងបញ្ហានេះ ខ្ញុំនឹងតែងតែលើកឡើងពីបញ្ហានេះ ហើយតែងតែនិយាយពីអ្នក!» ពួកគេជឿថា ការតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវគឺស្របតាមគោលការណ៍សេចក្ដីពិត ប៉ុន្តែតើនេះមិនមែនជាកំហុសដ៏ធំមួយទេឬ? វាពិតជាកំហុសដ៏ធំមួយមែន ហើយពួកគេបានដើរខុសទិសដៅហើយ។ ការតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ គឺជាបញ្ហាខុសគ្នាទាំងស្រុងពីការអនុវត្តសេចក្ដីពិត។ នេះគឺជាបញ្ហាទីពីរនៃភាពជាមនុស្សរបស់មនុស្សទាំងនេះ គឺពួកគេតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ។ តើបញ្ហានៃភាពជាមនុស្សទាក់ទងនឹងអ្វី? តើវាមិនទាក់ទងនឹងធម្មជាតិរបស់បុគ្គលម្នាក់ទេឬ? មនុស្សទាំងនេះបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនយល់ពីសេចក្ដីពិតទេ ហើយពួកគេគិតថាពាក្យពេចន៍ដែលពួកគេចេះ ដូចជា ការបើកចំហនិងភាពសុចរិត ភាពទៀងត្រង់និងស្មោះត្រង់ ការមិនលាក់លៀម ភាពត្រង់និងថ្លៃថ្នូរ ជាដើម គឺជាមូលដ្ឋានគ្រឹះនៃរបៀបប្រព្រឹត្តខ្លួន ហើយពួកគេចាត់ទុកចំណុចទាំងនេះថាជាគោលការណ៍សេចក្ដីពិត។ នេះគឺជាទស្សនៈខុសឆ្គងយ៉ាងខ្លាំង។
មនុស្សដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងអ្នកដែលមានទំនោរចូលរួមក្នុងទំនាស់ពាក្យសម្ដី គឺមានភាពជាមនុស្សមិនប្រក្រតី។ ទិដ្ឋភាពទីមួយគឺការចូលចិត្តជជែកវែកញែករឿងត្រូវនិងខុស ទិដ្ឋភាពទីពីរគឺការតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ។ ចុះទិដ្ឋភាពទីបីគឺជាអ្វី? តើវាមិនមែនជាការបដិសេធទាំងស្រុងរបស់ពួកគេក្នុងការទទួលយកសេចក្ដីពិតទេឬ? ពួកគេមិនអាចទទួលយកបានឡើយ សូម្បីតែពាក្យសម្ដីត្រឹមត្រូវតែមួយម៉ាត់។ ពួកគេគិតថា៖ «ទោះបីជាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវក៏ដោយ ក៏អ្នកនៅតែត្រូវជួយខ្ញុំរក្សាមុខមាត់ដែរ អ្នកត្រូវនិយាយដោយប៉ិនប្រសប់ ហើយមិនធ្វើឱ្យខ្ញុំឈឺចាប់។ ប្រសិនបើពាក្យសម្ដីរបស់អ្នកចាក់ដោត ហើយអាចធ្វើឱ្យខ្ញុំបាត់បង់មុខមាត់ អ្នកត្រូវតែនិយាយជាមួយខ្ញុំជាលក្ខណៈឯកជន។ អ្នកមិនត្រូវធ្វើឱ្យខ្ញុំឈឺចាប់នៅចំពោះមុខមនុស្សជាច្រើន ដោយមិនគិតពីកិត្តិយសរបស់ខ្ញុំ ហើយមិនផ្ដល់ផ្លូវចេញឱ្យខ្ញុំពីស្ថានភាពដ៏អាម៉ាស់នេះឡើយ។ លើសពីនេះទៅទៀត អ្វីដែលអ្នកនិយាយគឺខុស ដូច្នេះខ្ញុំត្រូវតែតបតវិញ!» ក្នុងករណីធ្ងន់ធ្ងរជាងនេះ មនុស្សប្រភេទនេះនឹងប្រឆាំងតបវិញថា៖ «ទោះបីជាពាក្យសម្ដីរបស់អ្នកត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនទទួលយកដែរ! អ្នកអាចនិយាយពីអ្នកណាផ្សេងក៏បានដែរ ប៉ុន្តែការតម្រង់មករកខ្ញុំគឺមិនបានជាដាច់ខាត ទោះបីជាអ្នកនិយាយត្រូវក៏ដោយ!» សូម្បីតែនៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមានអារម្មណ៍ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់កំពុងតម្រង់មករក ឬលាតត្រដាងពួកគេ ពួកគេនឹងមានអារម្មណ៍ខ្ពើមរអើមនឹងព្រះបន្ទូលទាំងនោះ ហើយមិនព្រមស្ដាប់ឡើយ គ្រាន់តែថា ដោយសារតែពួកគេកំពុងប្រឈមមុខនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនអាចជជែកវែកញែកជាមួយទ្រង់បាន។ ប្រសិនបើនរណាម្នាក់ចង្អុលបង្ហាញពីបញ្ហា ឬស្ថានភាពរបស់ពួកគេទល់មុខគ្នា ឬនិយាយពីពួកគេដោយអចេតនាដោយគ្មានបំណងតម្រង់មករកពួកគេ ពួកគេក៏អាចតបតវិញ ហើយចាប់ផ្ដើមទំនាស់ពាក្យសម្ដីបានដែរ។ តើនេះមិនមានន័យថាបុគ្គលបែបនេះបដិសេធទាំងស្រុងក្នុងការទទួលយកសេចក្ដីពិតទេឬ? (មែនហើយ) នេះគឺជាសារជាតិនៃភាពជាមនុស្សរបស់ពួកគេ គឺការបដិសេធដាច់ខាតក្នុងការទទួលយកសេចក្ដីពិត។ ដូច្នេះ ទោះបីជាខ្លឹមសារនៃទំនាស់ពាក្យសម្ដីរបស់ពួកគេជាអ្វី ឬទំនាស់នោះកើតឡើងនៅទីណាក៏ដោយ ក៏ភាពជាមនុស្សរបស់មនុស្សបែបនេះគឺច្បាស់ក្រឡែត។ ពួកគេមិនយល់ពីសេចក្ដីពិតទេ ហើយទោះបីជាពួកគេយល់ពីអ្វីដែលគេនិយាយក្នុងអំឡុងពេលសេចក្ដីអធិប្បាយក៏ដោយ ក៏ពួកគេមិនទទួលយកសេចក្ដីពិតដែរ។ ពួកគេនៅតែជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក ហើយបន្តចូលរួមក្នុងទំនាស់ពាក្យសម្ដី ឬមានទំនោរវាយប្រហារអ្នកដទៃជារឿយៗដដែល។ ដោយវិនិច្ឆ័យតាមការសម្ដែងចេញទាំងនេះរបស់ពួកគេ តើពួកគេជាមនុស្សប្រភេទណា? ទីមួយ តើពួកគេជាអ្នកស្រឡាញ់សេចក្ដីពិតដែរឬទេ? តើពួកគេជាបុគ្គលដែលអាចអនុវត្តសេចក្ដីពិត នៅពេលដែលពួកគេយល់ដឹងដែរឬទេ? (អត់ទេ) នៅពេលដែលពួកគេរកឃើញបញ្ហា តើពួកគេអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះបានដែរឬទេ? (អត់ទេ) នៅពេលដែលពួកគេមានសញ្ញាណ និងគំនិតប្រកាន់ ឬមតិផ្ទាល់ខ្លួនចំពោះអ្នកដទៃ តើពួកគេអាចផ្ដួចផ្ដើមទុកគំនិតទាំងនោះមួយឡែកដើម្បីស្វែងរកសេចក្ដីពិតបានដែរឬទេ? (អត់ទេ) ពួកគេមិនអាចធ្វើរឿងណាមួយទាំងនេះបានឡើយ។ ដោយមើលលើរឿងទាំងអស់ដែលពួកគេមិនអាចធ្វើបាននេះ វាគឺជាក់ស្ដែងណាស់ថាបុគ្គលទាំងអស់ដែលមានទំនោរវាយប្រហារអ្នកដទៃ និងជាប់ពាក់ព័ន្ធក្នុងទំនាស់ពាក្យសម្ដី គឺមិនមែនជាមនុស្សល្អនោះទេ។ ដោយវិនិច្ឆ័យតាមការសម្ដែងចេញផ្សេងៗរបស់ពួកគេ ពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយក៏មិនព្រមស្វែងរកសេចក្ដីពិតដែរ។ នៅក្នុងបញ្ហាដែលពាក់ព័ន្ធនឹងសេចក្ដីពិត ទោះបីជាពួកគេមានការយល់ឃើញលម្អៀង ឬខុសឆ្គងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែរាប់ខ្លួនឯងជាសុចរិត ហើយមិនស្វែងរកសេចក្ដីពិតទាល់តែសោះ ហើយសូម្បីតែនៅពេលដែលមានការប្រកបគ្នាពីសេចក្ដីពិតយ៉ាងច្បាស់លាស់ទៅកាន់ពួកគេក៏ដោយ ក៏ពួកគេបដិសេធមិនព្រមទទួលយកដែរ ហើយរឹតតែមិនព្រមអនុវត្តទៀតផង។ ក្នុងពេលជាមួយគ្នានេះ បុគ្គលទាំងនេះបង្ហាញនូវការសម្ដែងចេញមួយដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀតគឺ៖ បន្ទាប់ពីទទួលបានការយល់ដឹងពីពាក្យពេចន៍និងគោលលទ្ធិមួយចំនួន ពួកគេប្រើគោលលទ្ធិដ៏ធំធេងដែលពួកគេយល់ដឹងនោះ ដើម្បីវាយប្រហារ វិនិច្ឆ័យ និងថ្កោលទោសអ្នកដទៃតាមអំពើចិត្ត ហើយថែមទាំងដើម្បីបង្ខិតបង្ខំ និងគ្រប់គ្រងអ្នកដទៃទៀតផង។ ប្រសិនបើពួកគេមិនអាចធ្វើឱ្យអ្នកចុះចាញ់តាមរយៈការវិនិច្ឆ័យ និងការថ្កោលទោសរបស់ពួកគេបានទេ ពួកគេនឹងគិតគ្រប់មធ្យោបាយដើម្បីបង្ខិតបង្ខំអ្នកដោយប្រើទ្រឹស្ដីឥតន័យ។ ប្រសិនបើអ្នកនៅតែមិនព្រមចុះចាញ់ ពួកគេនឹងប្រើវិធីសាស្ត្រដែលគួរឱ្យស្អប់ខ្ពើម និងអាក្រក់ជាងនេះទៅទៀតដើម្បីវាយប្រហារអ្នក រហូតដល់អ្នកចុះចាញ់ពួកគេ ក្លាយជាទន់ខ្សោយនិងអវិជ្ជមាន ឬចាប់ផ្ដើមសរសើរពួកគេ ហើយត្រូវពួកគេគ្រប់គ្រងដោយឧបាយកល ទើបពួកគេមានអារម្មណ៍ពេញចិត្ត។ ដូច្នេះ ដោយផ្អែកលើអាកប្បកិរិយា ការសម្ដែងចេញ និងឥរិយាបថចំពោះសេចក្ដីពិតរបស់បុគ្គលទាំងនេះ តើពួកគេជាមនុស្សប្រភេទណា? ពួកគេបដិសេធទាំងស្រុងក្នុងការទទួលយកសេចក្ដីពិត នេះគឺជាឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត។ ចុះចំណែកឯភាពជាមនុស្សរបស់ពួកគេវិញ? បុគ្គលទាំងនេះភាគច្រើនគឺជាមនុស្សអាក្រក់ បើនិយាយដោយប្រយ័ត្នប្រយែង គឺជាង ៩០% នៃពួកគេគឺជាមនុស្សអាក្រក់។ មនុស្សអាក្រក់ចូលចិត្តបញ្ជាក់រឿងត្រូវនិងខុសឱ្យច្បាស់លាស់ក្នុងគ្រប់បញ្ហា បើមិនដូច្នេះទេ ពួកគេនឹងមិនព្រមឈប់ឡើយ ហើយពួកគេតែងតែមានទំនោរបែបនេះជានិច្ច។ លើសពីនេះទៅទៀត នៅពេលប្រឈមមុខនឹងស្ថានការណ៍ផ្សេងៗ បុគ្គលអាក្រក់តែងតែនិយាយដដែលៗពីរឿងមនុស្សនិងរបស់ផ្សេងៗ ហើយតោងស្អិតជាប់នឹងរឿងទាំងនោះ ដោយតែងតែលើកយកហេតុផលផ្ទាល់ខ្លួនមកនិយាយ តែងតែព្យាយាមធ្វើឱ្យគ្រប់គ្នាយល់ស្របនិងគាំទ្រពួកគេ ហើយនិយាយថាពួកគេត្រូវ ហើយមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយអាក្រក់ពីពួកគេឡើយ។ ជាងនេះទៅទៀត នៅពេលដែលមនុស្សអាក្រក់ប្រឈមមុខនឹងស្ថានការណ៍ផ្សេងៗ ពួកគេតែងតែស្វែងរកឱកាសដើម្បីដាក់គំនាប និងគ្រប់គ្រងមនុស្សជានិច្ច។ តើពួកគេប្រើវិធីសាស្ត្រអ្វីដើម្បីគ្រប់គ្រងមនុស្ស? ពួកគេថ្កោលទោសគ្រប់គ្នា ដោយធ្វើឱ្យមនុស្សគ្រប់រូបជឿថាខ្លួនមិនល្អគ្រប់គ្រាន់ ថាខ្លួនមានបញ្ហានិងកំហុស ហើយថាខ្លួនអន់ជាងមនុស្សអាក្រក់ទាំងនេះ បន្ទាប់ពីនោះ មនុស្សអាក្រក់ក៏មានអារម្មណ៍រីករាយនិងសប្បាយចិត្ត។ នៅពេលដែលពួកគេបានវាយផ្ដួលមនុស្សគ្រប់គ្នារួច ដោយនៅសល់តែពួកគេឈរម្នាក់ឯង តើពួកគេមិនបាននាំគ្រប់គ្នាមកនៅក្រោមការគ្រប់គ្រងរបស់ពួកគេទេឬ? គោលបំណងដែលពួកគេសម្រេចបានតាមរយៈការគ្រប់គ្រងមនុស្សគឺដើម្បីថ្កោលទោស និងវាយផ្ដួលគ្រប់គ្នា ដោយធ្វើឱ្យគ្រប់គ្នាជឿថាខ្លួនគ្មានសមត្ថភាព ក្លាយជាអវិជ្ជមាននិងទន់ខ្សោយ បាត់បង់ជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់និងលើសេចក្ដីពិត ហើយបាត់បង់ជំនឿលើព្រះជាម្ចាស់ និងគ្មានផ្លូវដើរ បន្ទាប់ពីនេះ មនុស្សអាក្រក់ទាំងនេះក៏មានអារម្មណ៍សប្បាយចិត្តនិងពេញចិត្ត។ ដោយមើលលើទិដ្ឋភាពទាំងនេះ តើវាមិនច្បាស់ទេឬថា មនុស្សអាក្រក់គឺជាភាគច្រើននៃបុគ្គលប្រភេទនេះ? ចូរមើលថាតើមនុស្សប្រភេទណាដែលតែងតែមានទំនោរវាយប្រហារអ្នកដទៃ នៅពេលដែលពួកគេនៅក្នុងក្រុម ទោះបីជាទល់មុខគ្នា ឬនៅពីក្រោយខ្នងក៏ដោយ ដោយប្រើវិធីសាស្ត្រផ្សេងៗដើម្បីវាយប្រហារអ្នកដទៃ មនុស្សបែបនេះគឺជាមនុស្សអាក្រក់ហើយ។ បុគ្គលទាំងនេះមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយក៏មិនប្រកបគ្នាពីសេចក្ដីពិតដែរ ហើយពួកគេតែងតែឆ្លៀតឱកាសអួតអាងថាខ្លួនជាមនុស្សល្អ ថាអ្វីក៏ដោយដែលពួកគេធ្វើគឺមានហេតុផលនិងមានមូលដ្ឋានត្រឹមត្រូវ ហើយថាពួកគេប្រព្រឹត្តខ្លួនដោយទៀងត្រង់និងសុចរិត ពួកគេតែងតែអួតអាងថាខ្លួនជាមនុស្សថ្លៃថ្នូរនិងគួរឱ្យគោរព ហើយជាបុគ្គលដែលត្រង់និងយុត្តិធម៌។ មនុស្សទាំងនេះមិនដែលធ្វើបន្ទាល់អំពីសេចក្ដីពិត ហើយក៏មិនដែលធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ពួកគេគ្រាន់តែចូលចិត្តតោងស្អិតជាប់នឹងមនុស្សនិងរឿងរ៉ាវ ហើយលើកយកហេតុផលផ្ទាល់ខ្លួនមកនិយាយប៉ុណ្ណោះ។ បំណងនិងគោលបំណងរបស់ពួកគេគឺដើម្បីធ្វើឱ្យមនុស្សជឿថា ពួកគេជាមនុស្សល្អ ហើយថាពួកគេយល់គ្រប់យ៉ាង។ ចំពោះអស់អ្នកនៅក្នុងពួកជំនុំដែលតែងតែជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី មិនថានោះជាអ្នកដែលផ្ដើមការវាយប្រហារ ឬអ្នកដែលត្រូវគេវាយប្រហារទេ ប្រសិនបើជីវិតពួកជំនុំត្រូវបានបង្អាក់និងរំខាន នោះមនុស្សភាគច្រើនគួរតែក្រោកឈរឡើងដើម្បីព្រមាននិងដាក់កំហិតពួកគេ។ មិនគួរទុកពេលឱ្យមនុស្សទាំងនេះធ្វើការអាក្រក់តាមអំពើចិត្តនោះទេ ហើយក៏មិនគួរបណ្ដោយឱ្យពួកគេប៉ះពាល់ដល់អ្នកដទៃ ដោយការបញ្ចេញកំហឹងផ្ទាល់ខ្លួន និងការសងសឹកព្រោះតែគំនុំផ្ទាល់ខ្លួននិងកំហឹងមួយគ្រារបស់ខ្លួននោះដែរ។ ជាការពិតណាស់ អ្នកដឹកនាំពួកជំនុំក៏គួរតែបំពេញការទទួលខុសត្រូវរបស់ខ្លួនដោយស្មោះត្រង់ផងដែរ ដោយដាក់កំហិតមនុស្សទាំងនេះយ៉ាងមានប្រសិទ្ធភាពពីការបង្អាក់និងការរំខានដល់ជីវិតពួកជំនុំ ហើយការពារមនុស្សភាគច្រើនពីការរំខាន។ នៅពេលដែលមនុស្សជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី អ្នកដឹកនាំពួកជំនុំគួរតែអាចបញ្ឈប់និងដាក់កំហិតពួកគេបានទាន់ពេលវេលា។ ប្រសិនបើការព្យាយាមបញ្ឈប់និងដាក់កំហិតពួកគេមិនអាចដោះស្រាយបញ្ហាបាន ហើយពួកគេនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ហើយចូលរួមក្នុងទំនាស់ពាក្យសម្ដី រំខានដល់អ្នកដទៃ ហើយពួកគេនៅតែបន្តបំផ្លាញជីវិតពួកជំនុំទៀត នោះបុគ្គលបែបនេះគួរតែត្រូវបានដកចេញ ឬបណ្ដេញចេញ។ នេះគឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំ។
យើងបានប្រកបគ្នាច្រើនគួរសមអំពីអាកប្បកិរិយា និងការសម្ដែងចេញរបស់អស់អ្នកដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដី។ មិញនេះ យើងក៏បានពិនិត្យពិច័យ និងប្រកបគ្នាដោយសង្ខេបអំពីភាពជាមនុស្សរបស់ពួកគេផងដែរ ដែលការនេះនឹងធ្វើឱ្យអ្នករាល់គ្នាអាចទទួលបានការយល់ដឹងកាន់តែច្រើនពីពួកគេ ហើយធ្វើឱ្យអ្នករាល់គ្នាភាគច្រើនអាចយល់ពីអ្វីដែលកំពុងកើតឡើង និងយល់ដឹងពីពួកគេបានទាន់ពេលវេលា នៅពេលដែលពួកគេនិយាយស្ដីនិងប្រព្រឹត្ត។ កាលណាអ្នករាល់គ្នាយល់ដឹង និងស្គាល់ពីសារជាតិនៃមនុស្សទាំងនេះកាន់តែច្បាស់ កាលនោះអ្នករាល់គ្នាក៏អាចយល់ដឹងពីពួកគេកាន់តែឆាប់រហ័ស ហើយជាលទ្ធផល អ្នករាល់គ្នានឹងទទួលការរំខានពីពួកគេកាន់តែតិចទៅៗ។ អ្នករាល់គ្នាភាគច្រើនគួរតែយល់ច្បាស់អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអស់អ្នកដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារគ្នាទៅវិញទៅមក និងទំនាស់ពាក្យសម្ដីចំពោះជីវិតពួកជំនុំ និងចំពោះរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ហើយ។ ប្រាកដណាស់ មនុស្សប្រភេទនេះនឹងមិនឆ្លុះបញ្ចាំងពីខ្លួនឯង ហើយឈប់ឈ្លោះប្រកែកគ្នានោះទេ។ ប្រសិនបើមិនដោះស្រាយ និងបោសសម្អាតពួកគេចេញឱ្យបានទាន់ពេលទេ ពួកគេនឹងបង្កការបង្អាក់ និងការរំខានជាបន្តបន្ទាប់ដល់ជីវិតពួកជំនុំ។ ហេតុដូច្នេះហើយ ការដោះស្រាយ និងការបោសសម្អាតមនុស្សបែបនេះចេញ គឺជាកិច្ចការដ៏សំខាន់មួយសម្រាប់អ្នកដឹកនាំពួកជំនុំ ហើយមិនគួរត្រូវបានមើលរំលងឡើយ។
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១