XV. ព្រះបន្ទូលស្ដីពីការថ្លែងទំនាយអំពីសោភ័ណភាពនៃនគរព្រះ និងទិសដៅរបស់មនុស្សជាតិ ព្រមទាំងព្រះបន្ទូលសន្យា និងព្រះពររបស់ព្រះជាម្ចាស់

៦៨៦. កិច្ចការរបស់ខ្ញុំមានរយៈពេលប្រាំមួយពាន់ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានសន្យាថាការគ្រប់គ្រងរបស់អារក្សលើមនុស្សជាតិទាំងមូល ក៏ស្ថិតនៅមិនលើសពីប្រាំមួយពាន់ឆ្នាំដែរ។ ដូច្នេះ ឥលូវនេះដល់ពេលហើយ។ ខ្ញុំនឹងមិនបន្ដ ហើយក៏មិនពន្យារពេលតទៅទៀតដែរ៖ ក្នុងអំឡុងពេលគ្រាចុងក្រោយ ខ្ញុំនឹងធ្វើឱ្យសាតាំងវិនាស ខ្ញុំនឹងយកសិរីល្អទាំងអស់របស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងទាមទារព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅលើផែនដីត្រលប់មកវិញ ដើម្បីឱ្យព្រលឹងដែលរងទុក្ខព្រួយទាំងអស់នេះអាចគេចផុតពីសមុទ្រទុក្ខ ដើម្បីឱ្យកិច្ចការទាំងមូលរបស់ខ្ញុំនៅលើផែនដីនឹងត្រូវបញ្ចប់។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនត្រលប់មកជាសាច់ឈាមនៅលើផែនម្ដងទៀតឡើយ ហើយវិញ្ញាណគ្រប់គ្រងទាំងអស់របស់ខ្ញុំក៏នឹងមិនធ្វើកិច្ចការនៅលើផែនដីម្ដងទៀតដែរ។ ខ្ញុំនឹងមិនធ្វើកិច្ចការអ្វីទៀតឡើយនៅលើផែនដីនេះ ក្រៅតែពីកិច្ចការម្យ៉ាងគឺ៖ ខ្ញុំនឹងបង្កើតមនុស្សជាតិជាថ្មី ជាមនុស្សជាតិដែលបរិសុទ្ធ និងជាទីក្រុងដ៏ស្មោះត្រង់របស់ខ្ញុំនៅលើផែនដី។ ប៉ុន្ដែចូរដឹងថា ខ្ញុំនឹងមិនបំផ្លាញពិភពលោកទាំងមូលឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញមនុស្សជាតិទាំងមូលដែរ។ ខ្ញុំនឹងរក្សាទុកមនុស្សមួយភាគបី ជាមនុស្សដែលស្រលាញ់ខ្ញុំ និងជាមនុស្សដែលខ្ញុំបានយកឈ្នះដោយហ្មត់ចត់ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សមួយភាគបីនេះបង្កើតផលផ្លែ និងចម្រើនកូនចៅឡើងនៅលើផែនដី ដូចជាជនជាតិអ៊ីស្រាអែលបានធ្វើក្រោមក្រឹត្យវិន័យដែរ ដោយប្រទានឱ្យពួកគេមានហ្វូងចៀម គោក្របីជាច្រើន និងទ្រព្យសម្បត្តិទាំងអស់នៅលើផែនដី។ មនុស្សជាតិនេះនឹងនៅជាប់ជាមួយខ្ញុំជារៀងរហូត ប៉ុន្ដែមិនមែនជាមនុស្សជាតិដែលកខ្វក់គួរឱ្យស្អប់ខ្ពើមនាពេលសព្វថ្ងៃនេះទេ តែជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានទទួលមក។ មនុស្សជាតិប្រភេទនេះនឹងមិនត្រូវបំផ្លាញ រំខាន ឬក៏ឡោមព័ទ្ធដោយសាតាំងឡើយ ហើយពួកគេគឺជាមនុស្សជាតិតែមួយក្រុមគត់ដែលរស់នៅលើផែនដីក្រោយពេលដែលខ្ញុំយកជ័យជម្នះលើសាតាំង។ នេះគឺជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានយកឈ្នះនៅថ្ងៃនេះ និងបានទទួលសេចក្ដីសន្យារបស់ខ្ញុំ។ ដូច្នេះហើយ មនុស្សជាតិដែលត្រូវបានយកឈ្នះក្នុងអំឡុងពេលគ្រាចុងក្រោយ ក៏ជាមនុស្សជាតិដែលនឹងនៅរស់រានមានជីវិត និងទទួលព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំដែរ។ វានឹងក្លាយជាភស្ដុតាងតែមួយគត់អំពីជ័យជម្នះរបស់ខ្ញុំលើសាតាំង និងជាជ័យភណ្ឌតែមួយគត់នៃចម្បាំងរបស់ខ្ញុំជាមួយសាតាំង។ ខ្ញុំបានសង្គ្រោះជ័យភណ្ឌទាំងនេះចេញពីការគ្រប់គ្រងរបស់សាតាំង ហើយពួកគេជាការបង្ហាញយ៉ាងច្បាស់ និងជាផលផ្លែតែមួយនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ ពួកគេមកពីគ្រប់ជាតិសាសន៍ និងគ្រប់និកាយ ពីគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ ពួកគេមកពីពូជអំបូរផ្សេងគ្នា មានភាសា ទំនៀមទម្លាប់ និងពណ៌សម្បុរផ្សេងគ្នា ហើយពួកគេបែកខ្ញែកទៅគ្រប់ប្រជាជាតិ និងគ្រប់និកាយទាំងអស់នៅលើសាកលលោក ព្រមទាំងគ្រប់ផ្នែកទាំងអស់នៅលើពិភពលោក។ នៅទីបំផុត ពួកគេនឹងមករួមគ្នាបង្កើតជាមនុស្សជាតិពេញលេញមួយក្រុម គឺជាក្រុមមនុស្សដែលកម្លាំងរបស់សាតាំងមិនអាចឈោងទៅដល់។

(ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨៧. នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបានសម្រេច នោះនគរព្រះនឹងលេចរូបរាងឡើងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សនឹងត្រឡប់មកភាពប្រក្រតីវិញបន្តិចម្តងៗ ដូច្នេះ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គឺមាននគរព្រះបានបង្កើតនៅលើផែនដីហើយ។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់ក៏បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សមិនប្រឈមមុខនឹងភាពងងឹត មិនប្រឈមមុខនឹងពិភពមនុស្សដែលអកុសល ហើយពួកគេមិនអត់ធន់នឹងភាពត្រជាក់នៃពិភពរបស់មនុស្សតទៅទៀតទេ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយសុភមង្គល ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស និងមនុស្ស។ ខ្ញុំផ្លាស់ទៅគ្រប់កន្លែងនៃពិភពលោក ខ្ញុំរីករាយពីលើកំពូលបល្ល័ង្កនៃខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងផ្កាយទាំងពួង។ ពួកទេវតាច្រៀងចម្រៀងថ្មី និងរាំរបាំថ្មីថ្វាយដល់ខ្ញុំ។ ភាពងាយរងគ្រោះរបស់ពួកគេ លែងធ្វើឱ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសំឡេងពួកទេវតាយំខ្សឹកខ្សួលនៅចំពោះព្រះភ័ក្ត្រខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំអំពីការលំបាកតទៅទៀតដែរ។ ថ្ងៃនេះ អ្នករាល់គ្នារស់នៅចំពោះមុខខ្ញុំ។ ថ្ងៃស្អែក អ្នករាល់គ្នានឹងរស់នៅក្នុងនគររបស់ខ្ញុំ។ តើនេះមិនមែនជាព្រះពរដ៏ធំបំផុតដែលខ្ញុំប្រទានដល់មនុស្សទេឬអី?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨៨. នៅពេលដែលនគរព្រះចុះមកផែនដីទាំងស្រុង នោះមនុស្សទាំងអស់នឹងត្រូវត្រឡប់ទៅរកសភាពដើមរបស់ពួកគេវិញ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំរីករាយពីលើកំពូលបល្ល័ង្កនៃខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងផ្កាយទាំងពួង។ ពួកទេវតាច្រៀងចម្រៀងថ្មី និងរាំរបាំថ្មីថ្វាយដល់ខ្ញុំ។ ភាពងាយរងគ្រោះរបស់ពួកគេ លែងធ្វើឱ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសំឡេងពួកទេវតាយំខ្សឹកខ្សួលនៅចំពោះព្រះភ័ក្ត្រខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំអំពីការលំបាកតទៅទៀតដែរ»។ នេះបង្ហាញថា ថ្ងៃដែលព្រះជាម្ចាស់ទទួលបានសិរីល្អពេញបរិបូរ គឺជាថ្ងៃដែលមនុស្សទទួលបានការសម្រាករបស់គេហើយ។ មនុស្សលែងប្រញាប់ប្រញាល់ដោយសារការរំខានរបស់សាតាំងទៀតហើយ លោកីយ៍ឈប់ដើរទៅមុខទៀត ហើយជីវិតរបស់មនុស្សក៏បានសម្រាក ដ្បិតតារានិករជាច្រើននៅលើមេឃត្រូវបានផ្លាស់ថ្មី ហើយព្រះអាទិត្យ ព្រះចន្ទ ហ្វូងផ្កាយ ។ល។ និង ។ល។ ព្រមទាំងភ្នំ និងទន្លេនៅលើស្ថានសួគ៌ និងផែនដីទាំងអស់ផង សុទ្ធតែត្រូវផ្លាស់ប្តូរទាំងអស់។ ហើយដោយសារតែមនុស្សបានផ្លាស់ប្តូរ ហើយព្រះជាម្ចាស់ក៏បានផ្លាស់ប្តូរ ដូច្នេះរបស់សព្វសារពើក៏នឹងផ្លាស់ប្តូរដូចគ្នាដែរ។ នេះគឺជាគោលបំណងចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនេះជាអ្វីដែលនឹងសម្រេចបាននៅទីបញ្ចប់។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨៩. នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នានេះដែរ ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឱ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី! ឱមនុស្សជាតិទាំងអស់ដែលជាការបង្កើតរបស់ខ្ញុំអើយ! នៅទីបំផុត ពួកគេបានត្រឡប់មករកជីវិតសារជាថ្មីនៅក្នុងពន្លឺ ពួកគេបានរកឃើញមូលដ្ឋានគ្រឹះនៃជីវិត ហើយឈប់ជាប់គាំងនៅក្នុងភក់ជ្រាំទៀតហើយ! ឱរបស់សព្វសារពើនៃការបង្កើតជាច្រើនដែលខ្ញុំកាន់នៅក្នុងព្រះហស្តរបស់ខ្ញុំអើយ! តាមរយៈព្រះបន្ទូលរបស់ខ្ញុំ តើពួកវាមិនអាចផ្លាស់ប្រែជាថ្មីបានយ៉ាងដូចម្តេចទៅ? នៅក្នុងពន្លឺ តើពួកវាមិនអាចធ្វើតាមតួនាទីរបស់ពួកវាបានយ៉ាងដូចម្តេចទៅ? ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៅទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៅទៀតហើយ។ ដោយមិនត្រូវបានចែកខណ្ឌដោយលំហតទៅទៀត ស្ថានសួគ៌ និងផែន រួមគ្នាតែមួយ និងមិនដែលកាត់ចេញពីគ្នាម្តងទៀតនោះទេ។ ក្នុងឱកាសដ៏រីករាយ និងពេលវេលាដ៏សប្បាយនេះ សេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ខ្ញុំបានពង្រីកទូទាំងពិភពលោក ហើយមនុស្សជាតិទាំងអស់កោតសរសើរដល់សេចក្តីសុចរិត និងភាពបរិសុទ្ធនោះឥតឈប់ឈរ។ ទីក្រុងទាំងឡាយនៃស្ថានសួគ៌ កំពុងតែសើចដោយក្តីសប្បាយរីករាយ។ ហើយនគរនៃផែនដីកំពុងរាំច្រៀងយ៉ាងសប្បាយ។ នៅពេលនេះ តើនរណាមិនរីករាយ ហើយតើនរណាមិនយំ? ផែនដីដែលនៅក្នុងសភាវៈដំបូងរបស់ខ្លួន គឺជាកម្មសិទ្ធិរបស់ស្ថានសួគ៌ ហើយស្ថានសួគ៌រួបរួមជាមួយផែនដី។ មនុស្សគឺជាខ្សែភ្ជាប់រវាងស្ថានសួគ៌ និងផែនដី ហើយដោយសារតែភាពបរិសុទ្ធ និងការផ្លាស់ប្រែជាថ្មីរបស់មនុស្ស នោះស្ថានសួគ៌លែងលាក់បាំងពីផែនដីតទៅទៀតហើយ ចំណែកផែនដីក៏លែងស្ងប់ស្ងាត់ចំពោះស្ថានសួគ៌ដែរ។ ទឹកមុខរបស់មនុស្សជាតិ ពោរពេញទៅដោយស្នាមញញឹមនៃភាពរីករាយ ហើយនៅក្នុងចិត្តរបស់ពួកគេ មានបង្កប់នូវភាពផ្អែមល្ហែមមួយ ដែលភាពផ្អែមល្ហែមនោះ មិនផ្លាស់ប្តូរនោះទេ។ មនុស្សមិនឈ្លោះទាស់ទែងជាមួយមនុស្ស ឬក៏វាយគ្នានោះទេ។ តើនៅក្នុងពន្លឺរបស់ខ្ញុំ មានមនុស្សដែលមិនរស់នៅដោយសុខក្សេមក្សាន្តជាមួយអ្នកដទៃឬទេ? តើនៅក្នុងរជ្ជកាលរបស់ខ្ញុំ មានមនុស្សដែលធ្វើឱ្យខូចកិត្តិយសព្រះនាមរបស់ខ្ញុំឬទេ? មនុស្សទាំងអស់តម្រង់ការសម្លឹងដោយគោរពរបស់ពួកគេឆ្ពោះមករកខ្ញុំ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេស្រែករកខ្ញុំដោយអាថ៌កំបាំង។ ខ្ញុំបានតាមរកមើលគ្រប់សកម្មភាពរបស់មនុស្សជាតិ៖ នៅក្នុងចំណោមមនុស្សដែលបានលាងសម្អាត គ្មាននរណាម្នាក់ដែលមិនស្តាប់បង្គាប់ខ្ញុំនោះទេ ហើយក៏គ្មាននរណាម្នាក់ផ្ទេរការជំនុំជម្រះថ្វាយខ្ញុំនោះដែរ។ គ្រប់មនុស្សជាតិទាំងអស់ត្រូវបានផ្សព្វផ្សាយដោយនិស្ស័យរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងតែមកស្គាល់ខ្ញុំ កំពុងតែមកកាន់តែជិតខ្ញុំ ហើយកំពុងតែស្រឡាញ់ខ្ញុំ។ ខ្ញុំឈរយ៉ាងមាំមួននៅក្នុងវិញ្ញាណរបស់មនុស្ស ខ្ញុំត្រូវបានលើកតម្កើងទៅកាន់កំពូលដ៏ខ្ពស់បំផុតនៅក្នុងក្រសែភ្នែករបស់មនុស្ស ហើយខ្ញុំហូរតាមលោហិតនៅក្នុងសរសៃឈាមរបស់មនុស្ស។ ការលើកតម្កើងដ៏រីករាយនៅក្នុងចិត្តរបស់មនុស្ស បំពេញគ្រប់ទីកន្លែងនៅលើផែនដី ខ្យល់មានសភាពត្រជាក់និងបរិសុទ្ធ អ័ភ្រដ៏ក្រាស់ក៏លែងក្រាលគ្របលើដីតទៅទៀត ហើយព្រះអាទិត្យបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩០. នៅក្នុងពន្លឺរបស់ខ្ញុំ មនុស្សមើលឃើញពន្លឺម្តងទៀត។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ មនុស្សស្វែងរកអ្វីៗដែលពួកគេរីករាយ។ ខ្ញុំបានយាងមកពីទិសខាងកើត ខ្ញុំចេញមកពីទិសខាងកើត។ នៅពេលដែលសិរីល្អរបស់ខ្ញុំបញ្ចេញពន្លឺឡើង នោះជាតិសាសន៍ទាំងអស់ត្រូវបានបំភ្លឺ គ្រប់យ៉ាងត្រូវបាននាំមកនៅក្នុងពន្លឺ មិនមែនអ្វីមួយនៅក្នុងភាពងងឹតឡើយ។ នៅក្នុងនគរព្រះ ជីវិតដែលរាស្ត្ររបស់ព្រះជាម្ចាស់រស់នៅជាមួយព្រះជាម្ចាស់ គឺមានសេចក្តីសុខមិនអាចវាស់ស្ទង់បាន។ ទឹករាំដោយអំណរក្នុងជីវិតដ៏មានព្រះពររបស់មនុស្ស ភ្នំរីករាយជាមួយមនុស្សដែលជាភាពបរិបូរណ៍របស់ខ្ញុំ។ មនុស្សទាំងអស់តស៊ូ ធ្វើការយ៉ាងប្រឹងប្រែង ដោយបង្ហាញភក្តីភាពរបស់ពួកគេនៅក្នុងនគររបស់ខ្ញុំ។ នៅក្នុងនគរព្រះ ការបះបោរលែងមានតទៅទៀតហើយ ការទាស់ទទឹងក៏លែងមានទៀតដែរ។ ស្ថានសួគ៌ និងផែនដីពឹងអាស្រ័យគ្នាទៅវិញទៅមក ខ្ញុំនិងមនុស្សចូលមកជិតគ្នាដោយអារម្មណ៍ដ៏ជ្រាលជ្រៅ ដោយផ្អែកខ្នងដាក់គ្នា តាមរយៈសុភមង្គលដ៏ផ្អែមល្ហែមរបស់ជីវិត...។ នៅពេលនេះ ខ្ញុំចាប់ផ្តើមជីវិតរបស់ខ្ញុំនៅស្ថានសួគ៌ជាផ្លូវការ។ ការរំខានរបស់សាតាំងលែងមានតទៅទៀត ហើយមនុស្សចូលទៅក្នុងទីសម្រាក។ ទូទាំងសាកលលោកទាំងមូល រាស្ត្ររើសតាំងរបស់ខ្ញុំរស់នៅក្នុងសិរីល្អរបស់ខ្ញុំ ដោយទទួលព្រះពរមិនអាចប្រៀបធៀបបាន មិនដូចជាមនុស្សដែលរស់នៅក្នុងចំណោមមនុស្សនោះទេ ប៉ុន្តែជាមនុស្សដែលរស់នៅជាមួយព្រះជាម្ចាស់។ មនុស្សទាំងអស់បានឆ្លងកាត់សេចក្តីពុករលួយរបស់សាតាំង ហើយបានផឹកភាពល្វីងជូរចត់ និងភាពផ្អែមល្ហែមនៃជីវិតរហូតទាល់តែអស់។ ពេលនេះ តើបុគ្គលម្នាក់អាចមិនអរសប្បាយក្នុងការរស់នៅក្នុងពន្លឺរបស់ខ្ញុំបានយ៉ាងដូចម្ដេចកើត? តើបុគ្គលម្នាក់អាចរំលងពេលវេលាដ៏ស្រស់បំព្រងនេះ ហើយបណ្តោយឱ្យវាកន្លងទៅបានយ៉ាងដូចម្ដេចកើត? ម្នាលបណ្ដាជនទាំងឡាយអើយ! ចូរច្រៀងចម្រៀងនៅក្នុងចិត្តរបស់អ្នក ហើយរាំដោយក្តីអំណរដើម្បីខ្ញុំ! ចូរលើកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកឡើង ហើយថ្វាយវាមកខ្ញុំ! ចូរទូងស្គររបស់អ្នក ហើយលេងយ៉ាងរីករាយដើម្បីខ្ញុំ! ខ្ញុំបញ្ចេញសេចក្តីអំណររបស់ខ្ញុំទៅទូទាំងសាកលលោកទាំងមូល! ខ្ញុំបើកសម្តែងព្រះភ័ក្ត្រដ៏រុងរឿងរបស់ខ្ញុំចំពោះមនុស្ស! ខ្ញុំនឹងស្រែកដោយសម្លេងយ៉ាងឮ! ខ្ញុំនឹងទៅហួសពីសាកលលោក! ខ្ញុំសោយរាជ្យនៅក្នុងមនុស្សរួចហើយ! ខ្ញុំត្រូវបានមនុស្សលើកតម្កើង! ខ្ញុំរសាត់នៅក្នុងផ្ទៃមេឃពណ៌ខៀវនៅខាងលើ ហើយមនុស្សដើរជាមួយខ្ញុំ។ ខ្ញុំយាងក្នុងចំណោមមនុស្ស ហើយរាស្ត្ររបស់ខ្ញុំនៅជុំវិញខ្ញុំ! ចិត្តរបស់មនុស្សសប្បាយរីករាយ ចម្រៀងរបស់ពួកគេអង្រួនសាកលលោក ដោយបន្ទរស្ថានសួគ៌! សាកលលោកលែងគ្របដណ្តប់ដោយអ័ព្ទតទៅទៀតហើយ លែងមានភក់ជ្រាំតទៅទៀត និងលែងមានគំនរសំរាមតទៅទៀត។ ឱមនុស្សបរិសុទ្ធនៃសាកលលោកអើយ! នៅក្រោមការត្រួតពិនិត្យរបស់ខ្ញុំ អ្នកបង្ហាញទឹកមុខពិតរបស់អ្នក។ អ្នកមិនមែនជាមនុស្សដែលគ្រប់ដណ្តប់ដោយភាពកខ្វក់នោះទេ ប៉ុន្តែជាពួកបរិសុទ្ធដែលបរិសុទ្ធដូចកែវចរណៃ អ្នកទាំងអស់គ្នាជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ អ្នកទាំងអស់គ្នាជាក្តីអំណររបស់ខ្ញុំ! របស់សព្វសារពើបានត្រឡប់ជាមានជីវិត! ពួកបរិសុទ្ធទាំងអស់បានត្រឡប់មកបម្រើខ្ញុំនៅស្ថានសួគ៌ ដោយចូលទៅក្នុងការឱបក្រសោបដ៏កក់ក្តៅរបស់ខ្ញុំ លែងយំ លែងព្រួយបារម្ភតទៅទៀតហើយ ដោយថ្វាយខ្លួនចំពោះខ្ញុំ ត្រឡប់មកដំណាក់របស់ខ្ញុំ ហើយនៅក្នុងស្រុកកំណើតរបស់ពួកគេ ពួកគេនឹងស្រឡាញ់ខ្ញុំដោយគ្មានទីបញ្ចប់! ភាពអស់កល្បទាំងអស់មិនដែលផ្លាស់ប្តូរឡើយ! ឯណាទៅក្តីទុក្ខព្រួយ! ឯណាទៅទឹកភ្នែក! ឯណាទៅសាច់ឈាម! ផែនដីកន្លងផុតទៅ ប៉ុន្តែស្ថានសួគ៌ស្ថិតនៅអស់កល្បជានិច្ច។ ខ្ញុំលេចមកចំពោះមនុស្សទាំងអស់ ហើយមនុស្សទាំងអស់សរសើរតម្កើងខ្ញុំ។ ជីវិតនេះ ភាពស្រស់បំព្រងនេះ ចាប់ពីពេលដែលមិនអាចបំភ្លេចបាននេះ រហូតដល់ចុងបញ្ចប់ នឹងមិនផ្លាស់ប្តូរឡើយ។ នេះគឺជាជីវិតនៃនគរព្រះ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ចូរអរសប្បាយ ម្នាលជនទាំងឡាយអើយ! នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩១. នគរព្រះកំពុងពង្រីកនៅក្នុងចំណោមមនុស្ស វាកំពុងតែលេចរូបរាងនៅក្នុងចំណោមមនុស្ស ហើយវាកំពុងតែឈរនៅក្នុងចំណោមមនុស្ស។ គ្មានកម្លាំងណាអាចបំផ្លាញនគររបស់ខ្ញុំបានទេ។ នៅក្នុងចំណោមប្រជារាស្ត្ររបស់ខ្ញុំដែលនៅក្នុងនគរព្រះនាពេលបច្ចុប្បន្ននេះ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមិនមែនជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សទាំងអស់? តើនរណាក្នុងចំណោមអ្នករាល់គ្នា ដែលដេកនៅខាងក្រៅស្ថានភាពរបស់មនុស្ស? នៅពេលដែលចំណុចចាប់ផ្តើមថ្មីរបស់ខ្ញុំត្រូវបានប្រកាសដល់ហ្វូងមនុស្សទាំងឡាយ តើមនុស្សនឹងមានប្រតិកម្មយ៉ាងដូចម្តេច? អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែករបស់អ្នករាល់គ្នាហើយ អំពីសភាពរបស់មនុស្សជាតិ តើអ្នកនៅតែមិនមានសង្ឃឹមពិតប្រាកដក្នុងការស៊ូទ្រាំជារៀងរហូតនៅក្នុងពិភពលោកនេះឬ? ខ្ញុំកំពុងតែយាងគ្រប់ទីកន្លែងជាមួយប្រជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំរស់នៅកណ្តាលចំណោមពួកគេ។ បច្ចុប្បន្ននេះ អស់អ្នកដែលមានសេចក្តីស្រលាញ់ពិតចំពោះខ្ញុំ មនុស្សប្រភេទនេះគឺជាមនុស្សដែលមានព្រះពរ។ មានពរហើយអស់អ្នកណាដែលថ្វាយខ្លួនដល់ខ្ញុំ ពួកគេនឹងស្នាក់នៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលស្គាល់ខ្ញុំ ពួកគេនឹងកាន់កាប់អំណាចនៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលដើរតាមខ្ញុំ ពួកគេនឹងគេចផុតពីចំណងរបស់សាតាំង ហើយរីករាយនឹងព្រះពររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលអាចបោះបង់ខ្លួនឯង ដ្បិតពួកគេនឹងចូលទៅក្នុងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយទទួលបានអំណោយនៃនគររបស់ខ្ញុំទុកជាមរតក។ ខ្ញុំនឹងចងចាំអស់អ្នកដែលរត់ស្វះស្វែងដើម្បីខ្ញុំ ខ្ញុំនឹងឱបអស់អ្នកដែលបានចំណាយដើម្បីខ្ញុំដោយអំណរ ហើយខ្ញុំនឹងប្រទានភាពរីករាយដល់អស់អ្នកណាដែលថ្វាយតង្វាយដល់ខ្ញុំ។ ខ្ញុំនឹងប្រទានពរដល់អស់អ្នកណាដែលស្វែងរកភាពរីករាយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ពួកគេនឹងក្លាយជាសរសដែលទប់បង្គោលនគររបស់ខ្ញុំយ៉ាងពិតប្រាកដ ពួកគេនឹងមានភាពបរិបូរណ៍ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងដំណាក់របស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមជាមួយពួកគេបានទេ។ តើអ្នករាល់គ្នាធ្លាប់បានទទួលយកព្រះពរ ដែលបានផ្តល់ដល់អ្នករាល់គ្នាហើយឬនៅ? តើអ្នករាល់គ្នាធ្លាប់ស្វែងរកសេចក្តីសន្យា ដែលបានធ្វើសម្រាប់អ្នករាល់គ្នាហើយឬនៅ? ក្រោមការចង្អុលបង្ហាញនៃពន្លឺរបស់ខ្ញុំ អ្នករាល់គ្នាប្រាកដជានឹងយកឈ្នះការហ៊ុមព័ទ្ធនៃកម្លាំងរបស់ភាពងងឹត។ នៅកណ្តាលភាពងងឹត អ្នកប្រាកដជានឹងមិនបាត់បង់ពន្លឺដែលកំពុងដឹកនាំអ្នកនោះទេ។ អ្នកប្រាកដជានឹងក្លាយជាម្ចាស់នៃរបស់សព្វសារពើទាំងអស់។ អ្នកប្រាកដជានឹងក្លាយជាអ្នកដែលមានជ័យជម្នះម្នាក់នៅចំពោះមុខសាតាំង។ នៅពេលដែលអាណាចក្រនៃនាគដ៏ធំមានសម្បុរក្រហមដួលរលំ នោះអ្នកប្រាកដជានឹងក្រោកឈរនៅកណ្តាលហ្វូងមនុស្សជាច្រើន ដើម្បីធ្វើបន្ទាល់អំពីភាពជោគជ័យរបស់ខ្ញុំ។ អ្នកប្រាកដជានឹងឈរយ៉ាងរឹងមាំ និងមិនរង្គោះរង្គើ នៅក្នុងដែនដីនៃស៊ីនីម។ តាមរយៈការរងទុក្ខដែលអ្នកស៊ូទ្រាំ អ្នកនឹងទទួលព្រះពររបស់ខ្ញុំជាមរតក ហើយនឹងផ្សាយសីរីរុងរឿងរបស់ខ្ញុំទៅទូទាំងពិភពលោកទាំងមូលជាក់ជាមិនខាន។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩២. ព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅគ្រប់ទីកន្លែងនៅលើផែនដី និងនៅទូទាំងសកលលោកទាំងមូល។ ក្នុងចំណោមរបស់សព្វសារពើគឺជាផលផ្លែនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ ក្នុងចំណោមមនុស្សទាំងអស់គឺពោរពេញទៅដោយស្នាព្រះហស្ដនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ អ្វីៗគ្រប់យ៉ាងគឺដូចរបស់សព្វសារពើនៅក្នុងព្រះនគររបស់ខ្ញុំ ហើយមនុស្សទាំងអស់រស់នៅក្នុងសេចក្ដីស្ងប់ក្រោមផ្ទៃមេឃរបស់ខ្ញុំដូចចៀមនៅលើវាលស្មៅរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល ហើយខ្ញុំសព្វព្រះហឫទ័យទាំងស្រុង ត្បិតរបស់សព្វសារពើបានទទួលមកវិញនូវភាពបរិសុទ្ធ ហើយខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត ហើយមនុស្សនៅលើផែនដីអាចដឹកនាំភាពស្ងប់ស្ងៀម ដោយរីករាយនឹងជីវិតក្រោមការណែនាំរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងព្រះហស្តរបស់ខ្ញុំ មនុស្សទាំងអស់បានទទួលមកវិញនូវរូបរាងដើម និងប្រាជ្ញាពីមុនរបស់ពួកគេ។ ពួកគេលែងគ្របដណ្ដប់ដោយធូលីទៀតហើយ ប៉ុន្តែនៅក្នុងព្រះនគររបស់ខ្ញុំ ពួកគេគឺបរិសុទ្ធដូចជាថ្លើមថ្មអ៊ីចឹង ដោយម្នាក់ៗមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង ដ្បិតព្រះនគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅក្នុងចំណោមមនុស្ស។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩៣. «ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល...»។ នេះជាលទ្ធផលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ត្រឡប់ទៅជាទម្រង់ដើមរបស់ពួកគេវិញ ពីព្រោះពួកទេវតាដែលបានរងទុក្ខអស់ពេលជាច្រើនឆ្នាំ ត្រូវបានដោះលែង ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «ពួកគេមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង»។ ដោយសារពួកទេវតាធ្វើការនៅលើផែនដី និងបម្រើព្រះជាម្ចាស់នៅលើផែនដី ហើយដោយសារតែសិរីល្អរបស់ព្រះជាម្ចាស់សាយភាយពាសពេញពិភពលោក ទើបស្ថានសួគ៌មកដល់ផែនដី រីឯផែនដីឡើងដល់ស្ថានសួគ៌។ ហេតុដូច្នេះហើយ មនុស្សគឺជាតំណដែលភ្ជាប់ស្ថានសួគ៌ និងផែនដី។ ស្ថានសួគ៌ និងផែនដីលែងឃ្លាតគ្នាទៀតហើយ លែងបែកគ្នាទៀតហើយ ប៉ុន្តែភ្ជាប់គ្នាតែមួយ។ នៅទូទាំងពិភពលោក មានតែព្រះជាម្ចាស់ និងមនុស្សប៉ុណ្ណោះ។ មិនមានធូលី ឬភាពកខ្វក់ឡើយ ហើយអ្វីៗទាំងអស់សុទ្ធតែថ្មីឡើងវិញ ដូចកូនចៀមដែលដេកនៅលើវាលស្មៅបៃតងក្រោមមេឃ ដោយរីករាយនឹងព្រះគុណគ្រប់យ៉ាងរបស់ព្រះជាម្ចាស់។ ហើយដោយសារតែការមកដល់នៃភាពបៃតង ទើបដង្ហើមជីវិតភ្លឺចែងចាំងឡើង ដ្បិតព្រះជាម្ចាស់យាងមកកាន់ពិភពលោកដើម្បីរស់នៅជាមួយមនុស្សអស់កល្បជានិច្ចដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលចេញពីព្រះឱស្ឋថា «ខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត»។ នេះគឺជានិមិត្តរូបនៃការចាញ់របស់សាតាំង វាគឺជាថ្ងៃដែលព្រះជាម្ចាស់សម្រាក ហើយថ្ងៃនេះនឹងត្រូវបានប្រកាសលើកសរសើរដោយមនុស្សទាំងអស់ និងធ្វើពិធីរំឭកដោយមនុស្សទាំងអស់។ នៅពេលព្រះជាម្ចាស់សម្រាកនៅលើរាជបល្ល័ង្ក នោះក៏ជាពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដីនេះដែរ ហើយវាគឺជាពេលដែលអាថ៌កំបាំងទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស ព្រះជាម្ចាស់ព្រមទាំងមនុស្ស នឹងមានភាពសុខដុមនឹងគ្នា លែងបែកគ្នាជារៀងរហូត ទាំងនេះគឺជាទស្សនីយភាពដ៏ស្រស់ស្អាតនៃនគរព្រះ!

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩៤. ដោយផ្អែកលើមុខងារ និងទីបន្ទាល់ផ្សេងៗរបស់ពួកគេ ពួកអ្នកមានជ័យជម្នះនៅក្នុងនគរព្រះ នឹងបម្រើក្នុងមុខងារជាសង្ឃ ឬជាអ្នកដើរតាមហើយអស់អ្នកដែលមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនា នឹងក្លាយជាសមាជិកនៃគណៈសង្ឃនៅក្នុងនគរព្រះ។ គណៈសង្ឃនឹងត្រូវបង្កើតឡើងនៅពេលដែលកិច្ចការនៃដំណឹងល្អនៅទូទាំងសកលលោកបានមកដល់ទីបញ្ចប់។ នៅពេលដែលគ្រានោះមកដល់ ការដែលមនុស្សគួរតែធ្វើនឹងក្លាយជាការបំពេញតាមភារកិច្ចរបស់គេនៅក្នុងនគររបស់ព្រះជាម្ចាស់ និងរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងនគរព្រះ។ នៅក្នុងគណៈបូជាចារ្យ វានឹងមានមហាបូជាចារ្យ និងពួកបូជាចារ្យ ហើយអ្នកផ្សេងទៀតនឹងក្លាយជាពួកកូនប្រុស និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ការនេះត្រូវបានកំណត់ដោយទីបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ក្នុងអំឡុងពេលនៃទុក្ខវេទនា ហើយទាំងនេះមិនមែនជាងារដែលត្រូវបានផ្ដល់ជូនទាំងឥតហេតុផលនោះឡើយ។ នៅពេលដែលឋានៈរបស់មនុស្សត្រូវបានតាំងឡើង នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវឈប់ ដ្បិតមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ និងត្រលប់ទៅកាន់មុខងារដើមរបស់គេ ហើយនេះគឺជាសញ្ញានៃការសម្រេចកិច្ចការរបស់ព្រះជាម្ចាស់ វាជាលទ្ធផលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស ហើយវាជារូបតំណាងឱ្យនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចសហប្រតិបត្តិការរបស់មនុស្ស។ ចុងបញ្ចប់ មនុស្សនឹងរកឃើញសេចក្តីស្ងប់សុខនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់ក៏នឹងយាងត្រលប់ទៅកាន់ព្រះដំណាក់របស់ទ្រង់ ដើម្បីសម្រាកដែរ។ ការនេះនឹងបានជាលទ្ធផលចុងក្រោយនៃកិច្ចសហប្រតិបត្តិការរយៈពេល ៦ ០០០ ឆ្នាំ រវាងព្រះជាម្ចាស់និងមនុស្ស។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩៥. នៅពេលដែលកិច្ចការនៃការយកឈ្នះត្រូវបានបញ្ចប់ជាស្ថាពរ មនុស្សនឹងត្រូវនាំទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង។ ជាការពិតណាស់ ជីវិតនេះនឹងមាននៅលើផែនដី ប៉ុន្តែវានឹងខុសគ្នាទាំងស្រុងពីជីវិតរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាជីវិតដែលមនុស្សនឹងត្រូវមាន ក្រោយពីមនុស្សជាតិទាំងមូលត្រូវបានយកឈ្នះ វានឹងក្លាយជាការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សនៅលើផែនដី ហើយការដែលធ្វើឱ្យមនុស្សមានជីវិតមួយបែបនេះ នឹងក្លាយជាសេចក្ដីសំអាងដែលបញ្ជាក់ថាមនុស្សបានចូលទៅក្នុងពិភពថ្មីមួយដែលស្រស់បំព្រង។ វានឹងក្លាយជាការចាប់ផ្ដើមនៃជីវិតរបស់មនុស្ស និងព្រះជាម្ចាស់នៅលើផែនដី។ ការលើកឡើងសម្រាប់ជីវិតដ៏ស្រស់បំព្រងក្រោយពីមនុស្សត្រូវបានបន្សុទ្ធ និងយកឈ្នះរួចមក គឺគេនឹងត្រូវចុះចូលនៅចំពោះព្រះអាទិករ។ ហេតុនេះហើយ កិច្ចការនៃការយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅមុនពេលដែលមនុស្សចូលទៅក្នុងគោលដៅដ៏អស្ចារ្យនេះ។ ជីវិតបែបនេះ គឺជាជីវិតរបស់មនុស្សនៅលើផែនដីនាពេលអនាគត ជាជីវិតដ៏ស្រស់បំព្រងនៅលើផែនដី ជាជីវិតដែលមនុស្សទន្ទឹងចង់បាន ជាប្រភេទនៃជីវិតដែលមនុស្សមិនធ្លាប់ឈានដល់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកឡើយ។ វាគឺជាលទ្ធផលចុងក្រោយនៃកិច្ចការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ។ វាគឺជាអ្វីដែលមនុស្សស្រេកឃ្លានចង់បានបំផុត ហើយវាក៏ជាការសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សផងដែរ។ ប៉ុន្តែ ការសន្យានេះ មិនអាចចូលមកដល់ភ្លាមៗនោះទេ។ មនុស្សនឹងចូលទៅក្នុងទិសដៅអនាគត នៅពេលណាដែលកិច្ចការនៃគ្រាចុងក្រោយបង្អស់ ត្រូវបានបញ្ចប់រួចរាល់ និងពេលដែលមនុស្សត្រូវបានយកឈ្នះរួចទាំងស្រុងតែប៉ុណ្ណោះ ពោលគឺនៅពេលណាដែលសាតាំងត្រូវបានយកឈ្នះទាំងស្រុង។ បន្ទាប់ពីមនុស្សត្រូវបានបន្សុទ្ធរួច គេនឹងលែងមានធម្មជាតិដែលមានបាបទៀតហើយ ដ្បិតព្រះជាម្ចាស់បានយកឈ្នះលើសាតាំងជាស្រេចហើយ មានន័យថា នឹងគ្មានការឈ្លានពានដោយកម្លាំងកម្រោល ហើយគ្មានកម្លាំងណាមួយដែលអាចវាយប្រហារលើសាច់ឈាមរបស់មនុស្សបានឡើយ។ ដូចនេះហើយ មនុស្សនឹងត្រូវដោះលែងឱ្យមានសេរីភាព និងបានបរិសុទ្ធ គេនឹងបានចូលទៅក្នុងភាពអស់កល្បជានិច្ច។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩៦. នៅពេលមនុស្សសម្រេចជីវិតជាមនុស្សពិតនៅលើផែនដី ហើយអំណាចទាំងស្រុងរបស់សាតាំងត្រូវបានដាក់ជាបាវបម្រើ នោះមនុស្សនឹងរស់នៅលើផែនដីបានងាយស្រួល។ រឿងរ៉ាវនានានឹងមិនស្មុគស្មាញដូចជាពេលសព្វថ្ងៃនេះទេ៖ ទំនាក់ទំនងរបស់មនុស្ស ទំនាក់ទំនងសង្គម ទំនាក់ទំនងគ្រួសារដែលស្មុគស្មាញ នាំមកនូវបញ្ហាជាច្រើន នាំមកនូវការឈឺចាប់យ៉ាងក្រៃលែង! ជីវិតរបស់មនុស្សនៅទីនេះ គឺវេទនាខ្លាំងណាស់! នៅពេលណាដែលមនុស្សត្រូវបានយកឈ្នះរួចហើយ ដួងចិត្តនិងចិត្តគំនិតរបស់គេ នឹងត្រូវបំផ្លាស់បំប្រែ៖ គេនឹងមានដួងចិត្តមួយដែលគោរពកោតខ្លាច និងស្រឡាញ់ព្រះជាម្ចាស់។ នៅពេលណាដែលអស់អ្នកទាំងឡាយដែលស្ថិតក្នុងសាកលលោកនេះ ដែលស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់ ត្រូវបានយកឈ្នះរួចហើយ ពោលគឺនៅពេលដែលសាតាំងត្រូវបានបង្ក្រាបរួចហើយ ហើយនៅពេលដែលសាតាំង ពោលគឺគ្រប់អំណាចនៃភាពងងឹតទាំងអស់ ត្រូវបានដាក់ឱ្យជាប់ចំណងរួច នោះជីវិតរបស់មនុស្សនៅលើផែនដីនឹងលែងមានបញ្ហាទៀត ហើយគេនឹងអាចរស់នៅនៅលើផែនដីបានដោយសេរី។ ប្រសិនបើជីវិតរបស់មនុស្សមិនមានទំនាក់ទំនងខាងសាច់ឈាម និងគ្មានភាពស្មុគស្មាញខាងសាច់ឈាមទេ នោះជីវិតនេះនឹងកាន់តែមានភាពងាយស្រួលជាងមុន។ ទំនាក់ទំនងរបស់មនុស្សខាងសាច់ឈាម មានភាពស្មុគស្មាញយ៉ាងខ្លាំង ហើយការដែលមនុស្សមានអ្វីទាំងអស់ទាំងនេះ គឺជាសេចក្ដីសម្អាងដែលបញ្ជាក់ថា គេមិនទាន់បានរំដោះខ្លួនចេញផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នាជាមួយបងប្អូនប្រុស និងបងប្អូនស្រីរបស់អ្នក ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នា ជាមួយសមាជិកគ្រួសាររបស់អ្នក នោះអ្នកនឹងគ្មានក្ដីកង្វល់ និងមិនចាំបាច់ត្រូវព្រួយបារម្ភអំពីនរណាម្នាក់ឡើយ។ គ្មានអ្វីល្អប្រសើរជាងនេះឡើយ ហើយបែបនេះ មនុស្សនឹងត្រូវសម្រាលការឈឺចាប់របស់គេបានពាក់កណ្ដាល។ ការរស់នៅក្នុងជីវិតមនុស្សដែលធម្មតានៅលើផែនដី មនុស្សនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងពួកទេវតា។ ថ្វីបីគេនៅជាសាច់ឈាមនៅឡើយ តែគេនឹងកាន់តែមានលក្ខណៈដូចទេវតាមួយអង្គដែរ។ នេះគឺជាការសន្យាចុងក្រោយ ជាការសន្យាចុងបង្អស់ដែលបានប្រទានមកឱ្យមនុស្ស។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩៧. អស់អ្នកដែលព្រះជាម្ចាស់មានព្រះទ័យចង់បំផ្លាស់បំប្រែឱ្យបានគ្រប់ល្ខណ៍នឹងទទួលបានព្រះពរ និងមរតករបស់ទ្រង់។ មានន័យថា ពួកគេទទួលយកកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយសេចក្ដីទាំងពីរក៏ក្លាយជាលក្ខណៈដែលពួកគេមាននៅក្នុងជីវិតគេ។ ពួកគេមានព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនពួកគេ។ អ្នករាល់គ្នាអាចទទួលយកលក្ខណៈទាំងអស់របស់ព្រះជាម្ចាស់តាមសណ្ឋានពិតនៃលក្ខណៈនោះ ទោះជាលក្ខណៈអ្វីក៏ដោយ ហើយហេតុនេះ ទើបអ្នករស់នៅតាមសេចក្ដីពិតបាន។ នេះគឺជាជំពូកមនុស្សដែលព្រះជាម្ចាស់បានបំផ្លាស់បំប្រែឱ្យគ្រប់លក្ខណ៍ និងទទួលយក។ មានតែមនុស្សជំពូកនេះទេ ទើបអាចទទួលព្រះពរដែលព្រះជាម្ចាស់ប្រទានឱ្យបាន៖

១) ការទទួលបានសេចក្តីស្រឡាញ់ទាំងស្រុងពីព្រះជាម្ចាស់។

២) ការប្រព្រឹត្ដស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។

៣) ទទួលបានការណែនាំពីព្រះជាម្ចាស់ ដោយរស់នៅក្នុងពន្លឺរបស់ទ្រង់ ហើយទទួលបានការ បំភ្លឺពីព្រះអង្គ។

៤) រស់នៅជារូបភាពដែលព្រះជាម្ចាស់ស្រឡាញ់លើផែនដីនេះ ដោយស្រឡាញ់ព្រះជាម្ចាស់ប្រាកដ ដូចពេត្រុសដែរ ទាំងត្រូវគេឆ្កាងដើម្បីព្រះជាម្ចាស់ និងស័ក្ដិសមនឹងស្លាប់ ដើម្បីតបស្នងនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿងដូចពេត្រុសដែរ។

៥) ទទួលបានការស្រឡាញ់ ការគោរព និងការកោតសសើរពីមនុស្សគ្រប់គ្នានៅលើផែនដីនេះ។

៦) ការជម្នះគ្រប់កត្តាទាំងអស់ក្នុងចំណងនៃសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹង ដោយមិនផ្តល់ឱកាសឱ្យដល់សាតាំងធ្វើកិច្ចការរបស់ខ្លួនបាន ដោយឱ្យព្រះជាម្ចាស់សណ្ឋិត និងរស់នៅក្នុងវិញ្ញាណមួយដ៏ស្រស់ថ្លា និងរស់រវើកហើយមិនដែលនឿយហត់ឡើយ។

៧) ការមានចិត្តត្រេកអរ និងរីករាយរកបរិយាយមិនបាន គ្រប់ពេលវេលាពេញមួយជីវិត ដូចជាមនុស្សម្នាក់ដែលបានមើលឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់បានមកដល់។

៨) ការទទួលបានសិរីរុងរឿងរួមគ្នាជាមួយព្រះជាម្ចាស់ និងមានទឹកមុខដូចគ្នានឹងពួកបរិសុទ្ធស្ងួនភ្ងារបស់ព្រះជាម្ចាស់។

៩) ការក្លាយខ្លួនជាកូនស្ងួនភ្ងាររបស់ព្រះជាម្ចាស់ គឺជាអ្វីដែលទ្រង់ស្រឡាញ់នៅលើផែនដីនេះ។

១០) ការផ្លាស់ប្ដូរសណ្ឋាន និងការឡើងទៅស្ថានសួគ៌ជាន់ទីបីជាមួយព្រះជាម្ចាស់ និងការទៅហួសពីដែនកំណត់នៃសាច់ឈាម។

(ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩៨. នៅពេលមនុស្សចូលទៅក្នុងទិសដៅដ៏អស់កល្បជានិច្ច នោះមនុស្សនឹងថ្វាយបង្គំព្រះអាទិករ ហើយដ្បិតមនុស្សបានទទួលនូវសេចក្ដីសង្គ្រោះ និងបានចូលក្នុងភាពអស់កល្បជានិច្ច នោះមនុស្សនឹងមិនស្វែងរកវត្ថុបំណងណាមួយឡើយ ហើយបន្ថែមលើនេះ គេក៏នឹងមិនត្រូវការព្រួយបារម្ភចំពោះការឡោមព័ទ្ធពីសំណាក់សាតាំងដែរ។ នៅពេលនេះ មនុស្សនឹងដឹងពីកន្លែងរបស់គេ ហើយនឹងបំពេញភារកិច្ចរបស់គេ ហើយបើទោះបីជាពួកគេមិនត្រូវបានវាយផ្ចាល ឬជំនុំជម្រះក្ដី ក៏មនុស្សម្នាក់ៗនឹងត្រូវបំពេញភារកិច្ចរបស់ពួកគេដែរ។ នៅពេលនោះ មនុស្សនឹងមានទាំងអត្តសញ្ញាណនិងឋានៈជាសត្តនិករ។ នឹងលែងមានភាពខុសគ្នារវាងខ្ពស់និងទាប។ មនុស្សម្នាក់ៗ នឹងគ្រាន់តែត្រូវបំពេញមុខងារផ្សេងៗគ្នាតែប៉ុណ្ណោះ។ បែបនេះក្ដី ក៏មនុស្សនៅតែបន្តរស់នៅក្នុងទិសដៅដែលត្រឹមត្រូវ និងសមស្របសម្រាប់មនុស្សជាតិ។ មនុស្សនឹងបំពេញភារកិច្ចរបស់ខ្លួនដើម្បីបានថ្វាយបង្គំព្រះអាទិករ ហើយគឺមនុស្សជាតិនេះហើយ ដែលនឹងត្រូវក្លាយជាមនុស្សជាតិអស់កល្បជានិច្ច។ នៅពេលនោះ មនុស្សនឹងបានទទួលនូវជីវិតមួយដែលព្រះជាម្ចាស់បានបំភ្លឺ ជាជីវិតមួយដែលស្ថិតក្រោមការបីបាច់ និងការការពារពីព្រះជាម្ចាស់ ជាជីវិតមួយសមប្រកបជាមួយព្រះជាម្ចាស់។ មនុស្សជាតិនឹងដឹកនាំជីវិតធម្មតាមួយនៅលើផែនដី ហើយមនុស្សទាំងអស់នឹងចូលទៅក្នុងផ្លូវដែលត្រឹមត្រូវ។ នៅទីបំផុត ផែនការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ នឹងបានបង្ក្រាបលើសាតាំង ដែលមានន័យថា ព្រះជាម្ចាស់នឹងបានស្រោចស្រង់នូវរូបភាពដើមរបស់មនុស្ស ដែលទ្រង់បានបង្កើតមក យ៉ាងនោះ ទើបបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ នឹងបានសម្រេចជោគជ័យ។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៩៩. ការរស់នៅក្នុងសេចក្ដីសម្រាក សំដៅលើជីវិតមួយដែលគ្មានចម្បាំង គ្មានភាពស្មោកគ្រោក និងគ្មានការតតាំងជាមួយសេចក្ដីទុច្ចរិត។ មានន័យថា ជីវិតនេះ គឺជាជីវិតមួយដែលគ្មានការរំខានពីសាតាំង (ក្នុងន័យនេះ «សាតាំង» សំដៅលើអំណាចសត្រូវ) និងសេចក្ដីពុករលួយរបស់សាតាំង ហើយជីវិតនេះនឹងមិនរងនូវការឈ្លានពានពីអំណាចណាមួយដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ឡើយ។ គឺជាជីវិតមួយដែលគ្រប់សព្វសារពើទាំងអស់ ដើរតាមប្រភេទរៀងៗខ្លួន និងអាចថ្វាយបង្គំព្រះអម្ចាស់ដែលបង្កើតសព្វសារពើបាន ហើយស្ថានសួគ៌និងផែនដី មានសភាពស្ងប់ស្ងាត់ទាំងស្រុង។ នេះគឺជាអត្ថន័យពាក្យថា «ជីវិតស្រាកស្រាន្តរបស់មនុស្ស»។ នៅពេលដែលព្រះជាម្ចាស់សម្រាក សេចក្ដីទុច្ចរិតនឹងលែងមាននៅលើផែនដីនេះទៀតហើយ ហើយក៏លែងមានការឈ្លានពានបន្ថែមទៀតពីអំណាចសត្រូវដែរ ហើយមនុស្សជាតិនឹងចូលទៅក្នុងពិភពថ្មីមួយ គេលែងជាមនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ជាមនុស្សជាតិដែលត្រូវបានសង្គ្រោះ ក្រោយពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ថ្ងៃសម្រាករបស់មនុស្សជាតិ ក៏នឹងក្លាយជាថ្ងៃសម្រាករបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានបាត់បង់សេចក្ដីសម្រាករបស់ទ្រង់ដោយសារមនុស្សជាតិមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបាន មិនមែនដោយសារទ្រង់មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានតាំងពីដើមមកនោះទេ។ ការចូលទៅក្នុងសេចក្ដីសម្រាកពុំមានន័យថា អ្វីគ្រប់សព្វសារពើឈប់កម្រើក ឬឈប់វិវឌ្ឍនោះទេ ហើយវាក៏មិនមានន័យថា ព្រះជាម្ចាស់ឈប់បំពេញកិច្ចការ ឬមានន័យថា មនុស្សឈប់រស់នៅដែរ។ ទីសម្គាល់នៃការចូលទៅក្នុងសេចក្ដីសម្រាក គឺនៅពេលដែលសាតាំងត្រូវបានបំផ្លាញ នៅពេលដែលមនុស្សទុច្ចរិតដែលចូលដៃជើងក្នុងការប្រព្រឹត្តអំពើអាក្រក់របស់វា ត្រូវបានដាក់ទោស និងត្រូវកម្ចាត់ចោល និងនៅពេលដែលគ្រប់អំណាចទាំងអស់ដែលទទឹងនឹងព្រះជាម្ចាស់លែងកើតមាន។ ព្រះជាម្ចាស់ដែលយាងចូលទៅក្នុងសេចក្ដីសម្រាក សំដៅលើថា ទ្រង់នឹងលែងបំពេញកិច្ចការរបស់ទ្រង់ក្នុងសេចក្ដីសង្គ្រោះមនុស្សលោកទៀត។ មនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា មនុស្សជាតិទាំងមូលនឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ និងរស់នៅក្រោមព្រះពររបស់ទ្រង់ គ្មានសេចក្ដីពុករលួយរបស់សាតាំង ហើយសេចក្ដីទុច្ចរិតក៏នឹងលែងកើតមានទៀត។ ស្ថិតក្រោមការថែទាំរបស់ព្រះជាម្ចាស់ មនុស្សលោកនឹងរស់នៅតាមធម្មតានៅលើផែនដី។ នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមានលក្ខណៈពេញលេញទាំងស្រុង។ ព្រះជាម្ចាស់នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗនឹងត្រូវត្រឡប់ទៅកន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាទិសដៅដែលព្រះជាម្ចាស់និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ព្រះជាម្ចាស់មានទិសដៅរបស់ទ្រង់ ហើយមនុស្សជាតិមានទិសដៅរបស់មនុស្សជាតិ។ នៅពេលកំពុងសម្រាក ព្រះជាម្ចាស់នឹងបន្តដឹកនាំមនុស្សលោកទាំងអស់នៅក្នុងជីវិតរស់នៅរបស់ពួកគេនៅលើផែនដី ហើយនៅពេលស្ថិតក្នុងពន្លឺរបស់ទ្រង់ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់នៅលើស្ថានសួគ៌។ ព្រះជាម្ចាស់នឹងលែងរស់នៅក្នុងចំណោមមនុស្សលោក ហើយមនុស្សលោកក៏នឹងលែងអាចរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងទិសដៅរបស់ទ្រង់ទៀតបានដែរ។ ព្រះជាម្ចាស់និងមនុស្សលោក មិនអាចរស់នៅក្នុងពិភពដូចគ្នាបានទេ ក៏ប៉ុន្តែទាំងព្រះជាម្ចាស់និងមនុស្សលោក មានលក្ខណៈនៃការរស់នៅរៀងៗខ្លួន។ ព្រះជាម្ចាស់ គឺជាព្រះដែលដឹកនាំមនុស្សជាតិទាំងអស់ ហើយគ្រប់មនុស្សជាតិទាំងអស់ គឺជាការបង្ហាញឱ្យឃើញច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សលោក គឺជាមនុស្សដែលត្រូវព្រះជាម្ចាស់ដឹកនាំនិងគ្មានសារជាតិដូចព្រះជាម្ចាស់ឡើយ។ «សម្រាក» មានន័យថា ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ។ ហេតុនេះ នៅពេលដែលព្រះជាម្ចាស់យាងចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ទ្រង់បានយាងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញហើយ។ ទ្រង់នឹងលែងរស់នៅលើផែនដីនេះ ឬគង់ក្នុងចំណោមមនុស្សជាតិ ដើម្បីរួមចំណែកក្នុងភាពសប្បាយរីករាយ និងទុក្ខសោករបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ពួកគេបានក្លាយជារបស់ពិតប្រាកដនៃការបង្កើតសព្វសារពើមក។ ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ពីផែនដីនេះ និងរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា។ មនុស្សនឹងលែងរឹងចចេសនឹងព្រះជាម្ចាស់ ឬលែងប្រឆាំងនឹងទ្រង់ទៀតហើយ ហើយគេនឹងត្រូវត្រឡប់ទៅកាន់ជីវិតដើមរបស់អ័ដាម និងអេវ៉ាវិញ។ ទាំងអស់នេះ នឹងក្លាយជាជីវិត និងជាទិសដៅរៀងៗខ្លួនរបស់ព្រះជាម្ចាស់និងមនុស្សលោក បន្ទាប់ពីព្រះជាម្ចាស់និងមនុស្សលោកចូលទៅក្នុងសេចក្ដីសម្រាក។ ការបរាជ័យរបស់សាតាំង គឺជារឿងដែលមិនអាចគេចផុតបាន នៅក្នុងសង្គ្រាមរវាងសាតាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ ក្រោយពីបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ និងបញ្ចប់ការសង្គ្រោះមនុស្សជាតិទាំងស្រុង រួចចូលទៅក្នុងសេចក្ដីសម្រាក ក៏បានក្លាយជារឿងដែលមិនអាចគេចផុតដូចគ្នាដែរ។ កន្លែងសម្រាករបស់មនុស្សជាតិគឺនៅលើផែនដី ហើយកន្លែងសម្រាករបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌។ ពេលមនុស្សលោកថ្វាយបង្គំព្រះជាម្ចាស់ក្នុងសេចក្ដីសម្រាក ពួកគេនឹងរស់នៅលើផែនដីនេះ ហើយពេលព្រះជាម្ចាស់ដឹកនាំមនុស្សជាតិ ដែលនៅសេសសល់ក្នុងសេចក្ដីសម្រាក ទ្រង់នឹងដឹកនាំពួកគេពីស្ថានសួគ៌ មិនមែនពីផែនដីឡើយ។ ព្រះជាម្ចាស់នឹងនៅតែជាព្រះវិញ្ញាណដដែល ចំណែកមនុស្សនឹងនៅតែជាសាច់ឈាមដដែល។ ព្រះជាម្ចាស់ និងមនុស្សលោក សម្រាកក្នុងលក្ខណៈខុសគ្នា។ នៅពេលដែលព្រះជាម្ចាស់សម្រាក ទ្រង់នឹងយាងយក ហើយលេចឡើងក្នុងចំណោមមនុស្សលោក។ នៅពេលដែលមនុស្សលោកសម្រាក ព្រះជាម្ចាស់នឹងដឹកនាំពួកគេទៅលេងស្ថានសួគ៌ក៏ដូចជាទៅត្រេកអរ សប្បាយនឹងជីវិតនៅទីនោះផងដែរ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៧០០. នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ XIV. ព្រះបន្ទូលស្ដីពីស្ដង់ដារបស់ព្រះជាម្ចាស់សម្រាប់កំណត់លទ្ធផលរបស់មនុស្ស និងស្ដីពីទីចុងបញ្ចប់សម្រាប់មនុស្សគ្រប់ប្រភេទ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ