ជីវិតខាងវិញ្ញាណបែបធម្មតា នាំមនុស្សមកលើផ្លូវត្រូវ

អ្នករាល់គ្នាទើបតែបានដើរលើចំណែកដ៏តូចមួយនៃផ្លូវជីវិតជាអ្នកជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ ហើយអ្នករាល់គ្នាមិនទាន់បានដើរតាមផ្លូវត្រូវនៅឡើយទេ ដូច្នេះអ្នករាល់គ្នាស្ថិតនៅឆ្ងាយពីបទដ្ឋានរបស់ព្រះជាម្ចាស់នៅឡើយ។ ឥឡូវនេះ ឋានៈរបស់អ្នករាល់គ្នាមិនល្មមនឹងការទាមទាររបស់ទ្រង់នោះឡើយ។ ដោយសារតែលក្ខណសម្បត្តិនិងធម្មជាតិពុករលួយរបស់អ្នករាល់គ្នា អ្នករាល់គ្នាតែងតែប្រព្រឹត្តចំពោះកិច្ចការរបស់ព្រះដោយធ្វេសប្រហែស។ អ្នកមិនប្រព្រឹត្តចំពោះកិច្ចការនេះ ដោយយកចិត្តទុកដាក់ទេ។ នេះជាចំណុចខ្វះខាតដ៏ធ្ងន់ធ្ងរបំផុតរបស់អ្នករាល់គ្នា។ ជាការពិតណាស់ គ្មាននរណាម្នាក់អាចដឹងច្បាស់ពីផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ អ្នករាល់គ្នាភាគច្រើន មិនយល់ពីផ្លូវនេះ ហើយមិនអាចមើលឃើញផ្លូវនេះច្បាស់លាស់នោះទេ។ លើសពីនេះទៅទៀត អ្នករាល់គ្នាភាគច្រើន មិនបានគិតខ្វល់ពីរឿងនេះទេ ហើយអ្នករឹតតែមិនយកចិត្តទុកដាក់លើរឿងនេះទៀត។ ប្រសិនបើអ្នករាល់គ្នានៅតែបន្តរស់នៅ ដោយមិនអើពើនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបែបនេះ នោះផ្លូវដែលអ្នករាល់គ្នាដើរ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ នឹងត្រូវអាសារបង់។ នេះគឺដោយសារតែអ្នករាល់គ្នាមិនបានធ្វើអ្វីគ្រប់យ៉ាង អស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដោយសារតែអ្នករាល់គ្នាមិនសហការល្អជាមួយព្រះជាម្ចាស់។ មិនមែនព្រះជាម្ចាស់មិនបានធ្វើកិច្ចការមកលើអ្នក ឬព្រះវិញ្ញាណបរិសុទ្ធមិនបានពាល់ចិត្តអ្នកនោះទេ។ គឺដោយសារតែអ្នកធ្វេសប្រហែស រហូតដល់អ្នកមិនយកចិត្តទុកដាក់លើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកត្រូវតែបង្វែរស្ថានភាពនេះភ្លាមៗ ហើយដើរតាមផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សលោក។ នេះគឺជាប្រធានបទគោល សម្រាប់ថ្ងៃនេះ។ «ផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ» សំដៅទៅលើការទទួលការបំភ្លឺក្នុងវិញ្ញាណ មានចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលបានភាពច្បាស់លាស់នៅលើផ្លូវខាងមុខ អាចចូលទៅរកសេចក្តីពិតដោយសន្សឹមៗ និងមានចំណេះកាន់តែច្រើនអំពីព្រះជាម្ចាស់។ ជាបឋម ផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សលោក គឺជាផ្លូវឆ្ពោះទៅរកការយល់ដឹងកាន់តែច្បាស់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនងាករេនិងការយល់ខុស ហើយអ្នកដែលដើរតាមផ្លូវនោះ ក៏ដើរត្រង់ទៅមុខ។ ដើម្បីសម្រចបាននូវចំណុចនេះ អ្នករាល់គ្នានឹងត្រូវធ្វើកិច្ចការឱ្យស្របនឹងព្រះជាម្ចាស់ ស្វែងរកផ្លូវដែលត្រឹមត្រូវដើម្បីអនុវត្ត ហើយដើរតាមផ្លូវដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ កត្តានេះពាក់ព័ន្ធនឹងកិច្ចសហការពីខាងមនុស្សលោក៖ ពោលគឺអ្វីដែលអ្នករាល់គ្នាត្រូវធ្វើដើម្បីបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែលទ្រង់ចង់បានពីអ្នករាល់គ្នា និងរបៀបដែលអ្នកត្រូវប្រព្រឹត្ដ ដើម្បីដើរនៅលើផ្លូវត្រូវនៃជំនឿលើព្រះជាម្ចាស់។

ការបោះជំហានឆ្ពោះទៅលើផ្លូវដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ អាចនឹងមើលទៅហាក់ដូចជាស្មុគស្មាញ ប៉ុន្តែនៅពេលអ្នកយល់ច្បាស់ពីផ្លូវនៃការអនុវត្ត អ្នកនឹងឃើញថា វាកាន់តែងាយស្រួល។ ការពិតគឺថា មនុស្សមានសមត្ថភាពធ្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានទាមទារពីពួកគេ មិនដូចជាទ្រង់កំពុងព្យាយាមបង្រៀនសត្វជ្រូកឱ្យហោះនោះទេ។ ក្នុងគ្រប់ស្ថានភាពទាំងអស់ ព្រះជាម្ចាស់ព្យាយាមដោះស្រាយបញ្ហារបស់មនុស្ស និងដោះស្រាយកង្វល់របស់ពួកគេ។ អ្នករាល់គ្នាត្រូវតែយល់អំពីរឿងនេះ សូមកុំយល់ខុសពីព្រះជាម្ចាស់ឱ្យសោះ។ មនុស្សត្រូវបានដឹកនាំ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតាមផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរ។ ដូចដែលបានរៀបរាប់ពីមុន អ្នកត្រូវតែថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់។ នេះគឺជាតម្រូវការដែលត្រូវបំពេញជាមុន សម្រាប់ការដើរលើផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ។ អ្នកត្រូវធ្វើដូចនេះដើម្បីចូលទៅផ្លូវដែលត្រូវ។ តើមនុស្សម្នាក់បំពេញកិច្ចការនៃការថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ដោយបញ្ញាចិត្ត បានយ៉ាងដូចម្តេច? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានដល់ទ្រង់ គឺអ្នកធ្វើដោយប្រហែស អ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ទាំងពេលអ្នកកំពុងធ្វើការ។ តើការនេះអាចត្រូវចាត់ទុកបានថាជាការថ្វាយដួងចិត្តដល់ព្រះជាម្ចាស់ដែរឬទេ? អ្នកកំពុងគិតអំពីបញ្ហាគ្រួសារ ឬកិច្ចការខាងសាច់ឈាម។ អ្នកតែងតែមានគំនិតពីរ។ តើនេះអាចត្រូវបានចាត់ទុកថា ជាការធ្វើឱ្យចិត្តស្ងប់ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ដែរឬទេ? នេះក៏ព្រោះតែដួងចិត្តរបស់អ្នកតែងតែជាប់រវល់នឹងកិច្ចការខាងក្រៅ ហើយមិនអាចវិលត្រឡប់ទៅរកព្រះជាម្ចាស់វិញបាន។ ប្រសិនបើអ្នកចង់ឱ្យដួងចិត្តរបស់អ្នកមានភាពសុខសាន្តពិតប្រាកដនៅចំពោះព្រះជាម្ចាស់ នោះអ្នកត្រូវតែធ្វើកិច្ចសហការ ដោយសម្បជញ្ញៈ។ នេះមានន័យថា អ្នករាល់គ្នានីមួយៗ ត្រូវតែមានពេលវេលាសម្រាប់ការថ្វាយបង្គំផ្ទាល់ខ្លួនរបស់អ្នក ដែលជាពេលវេលាដែលអ្នកទុកមនុស្ស កម្មវិធីនានា និងរបស់ផ្សេងៗគ្នានៅដោយឡែក ហើយដាក់ដួងចិត្ត និងធ្វើឱ្យខ្លួនឯងស្ងប់ នៅចំពោះព្រះភក្រ្តនៃព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាត្រូវរក្សាកំណត់ត្រារៀងៗខ្លួនអំពីការថ្វាយបង្គំផ្ទាល់ខ្លួន ដោយកត់ត្រាចំណេះដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបដែលវិញ្ញាណរបស់ពួកគេត្រូវបានពាល់ចិត្ត មិនថាវាមានអត្ថន័យជ្រាលជ្រៅ ឬរាក់កំផែលនោះទេ។ មនុស្សគ្រប់គ្នា ត្រូវតែមានដួងចិត្តស្ងប់ស្ងៀមនៅចំពោះព្រះភក្រ្តនៃព្រះដោយមានស្មារតី។ ប្រសិនបើអ្នកអាចលះបង់មួយម៉ោង ឬពីរម៉ោងរាល់ថ្ងៃ សម្រាប់ជីវិតខាងវិញ្ញាណដ៏ពិតប្រាកដ នោះជីវិតរបស់អ្នកនៅថ្ងៃនោះនឹងមានអារម្មណ៍ថា មានខ្លឹមសារ ហើយដួងចិត្តអ្នកនឹងភ្លឺថ្លា ហើយមានភាពច្បាស់លាស់។ ប្រសិនបើអ្នករស់នៅក្នុងជីវិតខាងព្រលឹងវិញ្ញាណប្រភេទនេះ ជារៀងរាល់ថ្ងៃនោះ ដួងចិត្តអ្នកនឹងអាចត្រឡប់ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់បានកាន់តែច្រើន វិញ្ញាណអ្នកនឹងកាន់តែរឹងមាំទៅៗ ស្ថានភាពអ្នកនឹងប្រសើរឡើងឥតឈប់ឈរ អ្នកនឹងមានសមត្ថភាពកាន់តែច្រើន ក្នុងការដើរលើផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ ហើយព្រះជាម្ចាស់នឹងប្រទានពរកាន់តែច្រើនឡើងដល់អ្នក។ គោលបំណងនៃជីវិតខាងវិញ្ញាណរបស់អ្នករាល់គ្នា គឺដើម្បីទទួលបានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដោយដឹងខ្លួន មិនមែនដើម្បីកាន់តាមច្បាប់ ឬធ្វើពិធីសាសនាទេ តែដើម្បីប្រព្រឹត្ដស្របតាម ព្រះជាម្ចាស់ដោយពិតប្រាកដ ដើម្បីលត់ដំខ្លួនអ្នកដោយពិតប្រាកដ នេះជាអ្វីដែលមនុស្សគួរធ្វើ ដូច្នេះ អ្នករាល់គ្នាគួរធ្វើបែបនេះ ដោយការប្រឹងប្រែងជាទីបំផុត។ កាលណាកិច្ចសហការរបស់អ្នកកាន់តែល្អ ហើយអ្នកកាន់តែខំប្រឹងប្ដូរផ្ដាច់ នោះចិត្តរបស់អ្នកនឹងកាន់តែអាចវិលមករកព្រះជាម្ចាស់ ហើយអ្នកនឹងអាចធ្វើឱ្យចិត្តអ្នកស្ងប់នៅចំពោះទ្រង់បានកាន់តែប្រសើរ។ គង់ដល់ពេលមួយ ព្រះជាម្ចាស់នឹងទទួលបានដួងចិត្តរបស់អ្នកទាំងស្រុង។ គ្មាននរណាម្នាក់អាចបង្វែរ ឬចាប់យកដួងចិត្តអ្នកបានទេ ហើយអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកដើរតាមផ្លូវនេះ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងត្រូវបានបង្ហាញដល់អ្នកគ្រប់ពេលវេលា ហើយបំភ្លឺអ្នកអំពីអ្វីៗទាំងអស់ ដែលអ្នកមិនយល់កត្តានេះ អាចសម្រេចបានតាមរយៈកិច្ចសហការរបស់អ្នក។ នេះជាមូលហេតុដែលព្រះជាម្ចាស់តែងមានព្រះបន្ទូលថា៖ «អស់អ្នកដែលធ្វើស្របនឹងខ្ញុំ ខ្ញុំនឹងឱ្យរង្វាន់ទ្វេដង។» អ្នករាល់គ្នាត្រូវតែមើលឃើញផ្លូវនេះឱ្យច្បាស់។ ប្រសិនបើអ្នកចង់ដើរតាមផ្លូវដែលត្រឹមត្រូវ នោះអ្នករាល់គ្នាត្រូវតែធ្វើអ្វីទាំងអស់ដែលអ្នកអាចធ្វើបាន ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានជីវិតខាងវិញ្ញាណ។ នៅពេលចាប់ផ្តើម អ្នកប្រហែលជាមិនអាចទទួលបានលទ្ធផលល្អ នៅក្នុងការខិតខំប្រឹងប្រែងនេះទេ ប៉ុន្តែអ្នកមិនត្រូវបណ្ដោយឱ្យខ្លួនឯងរាថយ ឬដេកលង់លក់ក្នុងភាពអវិជ្ជមាននោះទេ អ្នកត្រូវតែខិតខំប្រឹងប្រែងបន្តទៀត! ពេលដែលអ្នករស់នៅក្នុងជីវិតខាងវិញ្ញាណកាន់តែច្រើននោះ ដួងចិត្តរបស់អ្នកនឹងកាន់តែជាប់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែងតែយកចិត្តទុកដាក់លើបញ្ហាទាំងនេះជានិច្ច តែងតែទ្រាំទ្របន្ទុកនេះជានិច្ច។ បន្ទាប់ពីនោះ សូមបង្ហាញការពិតពីខាងក្នុងរបស់អ្នកដល់ព្រះជាម្ចាស់តាមរយៈជីវិតខាងវិញ្ញាណរបស់អ្នក។ ទូលទ្រង់ពីអ្វីដែលអ្នកចង់ធ្វើ អ្វីដែលអ្នកកំពុងគិត ការយល់ដឹង និងទស្សនៈរបស់អ្នកអំពីព្រះបន្ទូលរបស់ទ្រង់។ ចូរកុំលាក់អ្វីឱ្យសោះ សូម្បីតែបន្តិច! សូមហាត់រៀននិយាយពាក្យក្នុងចិត្តអ្នក និងបង្ហាញពីអារម្មណ៍ពិតរបស់អ្នកចំពោះព្រះជាម្ចាស់។ ប្រសិនបើវានៅក្នុងដួងចិត្តរបស់អ្នក សូមនិយាយចេញដោយពិតប្រាកដ។ នៅពេលអ្នកនិយាយតាមរបៀបនេះកាន់តែច្រើន នោះអ្នកនឹងមានអារម្មណ៍ថា អ្នកស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយព្រះជាម្ចាស់នឹងទាញដួងចិត្តអ្នក ទៅកៀកនឹងទ្រង់កាន់ខ្លាំងដែរ។ នៅពេលរឿងនេះកើតឡើង អ្នកនឹងមានអារម្មណ៍ថា អ្នកស្រឡាញ់ព្រះជាម្ចាស់ជាងនរណាៗទាំងអស់។ អ្នកនឹងមិនដែលឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឡើយ ទោះបីមានបញ្ហាអ្វីក៏ដោយ។ ប្រសិនបើអ្នកអនុវត្តការថ្វាយបង្គំខ្លីបែបនេះជារៀងរាល់ថ្ងៃ ហើយមិនយកវាចេញពីក្នុងចិត្ត តែចាត់ទុកវាថាជារឿងដែលមានសារៈសំខាន់ខ្លាំងបំផុតក្នុងជីវិតអ្នកវិញ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងគង់នៅក្នុងដួងចិត្តរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលត្រូវបានពាល់ចិត្តដោយព្រះវិញ្ញាណបរិសុទ្ធ។ ដួងចិត្តរបស់អ្នកហាក់ដូចជាត្រូវព្រះជាម្ចាស់គ្រប់គ្រងជាប់ជានិច្ច ហាក់ដូចជាអ្វីដែលអ្នកស្រឡាញ់ តែងស្ថិតនៅក្នុងដួងចិត្តរបស់អ្នកជាប់ជានិច្ច។ គ្មាននរណាម្នាក់អាចយកវាចេញពីអ្នកបានទេ។ នៅពេលរឿងនេះកើតឡើង ព្រះជាម្ចាស់ពិតជាគង់នៅខាងក្នុងខ្លួនអ្នក ហើយមានទីអាស្រ័យមួយនៅក្នុងដួងចិត្តរបស់អ្នក។

ខាង​ដើម៖ ការបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ខ្លាំងណាស់

បន្ទាប់៖ សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ