ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក

ប្រាកដណាស់ ខ្ញុំបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា និងបាននិយាយពាក្យពេចន៍មួយចំនួនផងដែរ។ តែទោះយ៉ាងនេះក្ដី ខ្ញុំមិនអាចជួយឲ្យមានអារម្មណ៍ថា បន្ទូលនិងកិច្ចការរបស់ខ្ញុំ មិនបានបំពេញបំណងនៃកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយនេះទាំងស្រុងឡើយ។ សម្រាប់គ្រាចុងក្រោយនេះ កិច្ចការរបស់ខ្ញុំគឺមិនមែនសម្រាប់ជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ឬមនុស្សមួយចំនួននោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីនិស្ស័យរបស់ខ្ញុំវិញ។ ប៉ុន្តែ ដោយសារហេតុផលដ៏ច្រើនអនេក ប្រហែលដោយសារតែការខ្វះពេលវេលា ឬមមាញឹកនឹងការងារខ្លាំងពេក មនុស្សមិនបានស្គាល់ខ្ញុំតាមរយៈនិស្ស័យរបស់ខ្ញុំនោះទេ។ ដូច្នេះខ្ញុំចាប់ផ្ដើមផែនការថ្មីរបស់ខ្ញុំ ដែលជាកិច្ចការចុងក្រោយរបស់ខ្ញុំ ហើយបើកទំព័រថ្មីនៅក្នុងកិច្ចការរបស់ខ្ញុំ ដើម្បីឲ្យអស់អ្នកដែលឃើញខ្ញុំ ពួកគេនឹងញាប់ញ័រដួងចិត្ត ស្រក់ទឹកភ្នែក និងស្រែកយំឥតឈប់ឈរចំពោះអត្ថិភាពរបស់ខ្ញុំ។ នេះក៏ព្រោះតែខ្ញុំនាំមកឲ្យពិភពលោកនូវទីបញ្ចប់របស់មនុស្សជាតិ ហើយចាប់ពីពេលនេះតទៅ ខ្ញុំលាតត្រដាងនិស្ស័យទាំងអស់របស់ខ្ញុំចំពោះមុខមនុស្សជាតិ ដើម្បីឲ្យអស់អ្នកដែលស្គាល់ខ្ញុំ និងអស់អ្នកដែលមិនស្គាល់ អាចសប្បាយភ្នែកដែលឃើញថា ខ្ញុំពិតជាបានមកកាន់ពិភពមនុស្ស គឺបានមកកាន់ផែនដី ជាកន្លែងដែលអ្វីៗគ្រប់យ៉ាងពហុគុណឡើង។ នេះជាផែនការរបស់ខ្ញុំ និងជា «ការសារភាព» តែមួយគត់របស់ខ្ញុំ ចាប់តាំងពីពេលដែលខ្ញុំបង្កើតមនុស្សជាតិមក។ សូមឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ទាំងស្រុងចំពោះរាល់ចលនារបស់ខ្ញុំ ត្បិតដំបងរបស់ខ្ញុំសង្កត់ជិតដល់មនុស្សជាតិម្ដងទៀតហើយ គឺជិតដល់អស់អ្នកដែលប្រឆាំងនឹងខ្ញុំ។

ខ្ញុំចាប់ផ្តើមកិច្ចការដែលខ្ញុំត្រូវធ្វើរួមជាមួយស្ថានសួគ៌។ ដូច្នេះហើយ បានជាខ្ញុំប្រជ្រៀតផ្លូវទៅមុខឆ្លងកាត់ហ្វូងមនុស្សច្រើនតំណ ហើយធ្វើដំណើរចុះឡើងរវាងស្ថានសួគ៌ និងផែនដី ដោយគ្មាននរណាម្នាក់ដឹងពីចលនារបស់ខ្ញុំ ឬក៏ចាប់អារម្មណ៍អំពីពាក្យសំដីរបស់ខ្ញុំឡើយ។ ហេតុដូចនេះ ផែនការរបស់ខ្ញុំនៅតែបន្តជឿនលឿនទៅមុខដោយរលូន។ វាគ្រាន់តែថា ញាណរបស់អ្នករាល់គ្នាបានប្រែទៅជាស្ពឹកខ្លាំង រហូតដល់ថ្នាក់មិនចាប់ភ្លឹកនឹងជំហាននៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែ ប្រាកដជានឹងមានថ្ងៃមួយដែលអ្នករាល់គ្នានឹងដឹងពីព្រះហឫទ័យរបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំរស់នៅរួមជាមួយអ្នករាល់គ្នា និងរងទុក្ខរួមជាមួយអ្នករាល់គ្នា ហើយខ្ញុំបានយល់ដឹងតាំងពីយូរយារមកហើយអំពីឥរិយាបថដែលមនុស្សជាតិមានចំពោះខ្ញុំ។ ខ្ញុំមិនចង់និយាយពីរឿងនេះបន្ថែមទៀតទេ ហើយខ្ញុំពិតជាមិនចង់ធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់មុខតាមរយៈការលើកយកឧទាហរណ៍បន្ថែមទៀតអំពីប្រធានបទដ៏ឈឺចាប់នេះមកនិយាយឡើយ។ ខ្ញុំសង្ឃឹមតែម្យ៉ាងគត់ថា អ្នករាល់គ្នាចងចាំទុកក្នុងចិត្តនូវអ្វីៗទាំងអស់ដែលខ្លួនបានធ្វើ ដើម្បីឲ្យយើងទាំងអស់គ្នាអាចបញ្ចូលរឿងរ៉ាវរបស់ខ្លួនជាមួយគ្នានៅថ្ងៃដែលយើងទាំងអស់គ្នាជួបគ្នាម្តងទៀត។ ខ្ញុំមិនចង់ចោទប្រកាន់ខុសទៅលើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ត្បិតខ្ញុំតែងតែប្រព្រឹត្ដដោយយុត្ដិធម៌ មិនលំអៀង និងប្រកបដោយកិត្ដិយស។ ពិតមែនហើយ ខ្ញុំក៏សង្ឃឹមដែរថា អ្នករាល់គ្នាអាចទៀងត្រង់ ហើយមិនធ្វើអ្វីដែលប្រឆាំងនឹងស្ថានសួគ៌ និងផែនដី ឬមនសិការផ្ទាល់ខ្លួនឡើយ។ នេះជាបញ្ហាតែមួយគត់ដែលខ្ញុំសួរអំពីអ្នករាល់គ្នា។ មនុស្សជាច្រើនមានអារម្មណ៍ច្រាស់ច្រាល់ និងងាយឈឺចាប់ ព្រោះពួកគេបានប្រព្រឹត្តខុសធ្ងន់ធ្ងរពេក ហើយមនុស្សជាច្រើនមានអារម្មណ៍ខ្មាសខ្លួនឯង ព្រោះពួកគេមិនធ្លាប់ធ្វើអំពើល្អអ្វីមួយសោះ។ តែទោះជាយ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើនដែលគ្មានអារម្មណ៍អាម៉ាស់មុខចំពោះអំពើបាបរបស់ខ្លួនដែរ ដោយប្រែក្លាយពីអាក្រក់ទៅជាកាន់តែអាក្រក់ ដោយហែកចេញអស់របាំងមុខដែលបិទបាំងលក្ខណៈគួរឲ្យខ្ពើមរបស់ពួកគេដែលមិនទាន់ត្រូវបានលាតត្រដាងពេញលេញដើម្បីសាកល្បងនិស្ស័យរបស់ខ្ញុំ។ ខ្ញុំមិនខ្វល់ និងមិនយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការដែលខ្ញុំគួរតែធ្វើដូចជា ប្រមូលព័ត៌មាន ឬធ្វើដំណើរជុំវិញផែនដី ឬធ្វើអ្វីមួយដែលខ្ញុំចាប់អារម្មណ៍។ នៅសម័យកាលដែលសំខាន់ៗ ខ្ញុំបន្តធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្សតាមផែនការដូចដើម មិនយឺតពេក ហើយក៏មិនឆាប់ពេក និងដោយងាយស្រួល ព្រមទាំងមានប្រសិទ្ធិភាពលឿន។ ទោះយ៉ាងណាក៏ដោយ នៅរាល់ជំហាននៃកិច្ចការរបស់ខ្ញុំ អ្នកខ្លះត្រូវបានបោះចោលទៅម្ខាង ត្បិតខ្ញុំស្អប់ការបញ្ជោររបស់ពួកគេ និងការស្ដាប់បង្គាប់ក្លែងក្លាយរបស់ពួកគេ។ អ្នកទាំងនោះដែលគួរឲ្យស្អប់ខ្ពើមចំពោះខ្ញុំ ប្រាកដជានឹងត្រូវបានបោះបង់ចោល ទោះមានចេតនា ឬអចេតនាក៏ដោយ។ សរុបសេចក្ដីមក ខ្ញុំចង់ឲ្យអ្នកដែលខ្ញុំស្អប់នៅឆ្ងាយពីខ្ញុំ។ មិនចាំបាច់និយាយទេ ខ្ញុំនឹងមិនប្រណីដល់មនុស្សអាក្រក់ដែលបន្តនៅក្នុងផ្ទះរបស់ខ្ញុំឡើយ។ ដោយសារតែថ្ងៃដាក់ទោសមនុស្សជិតមកដល់ហើយ នោះខ្ញុំមិនបាច់ប្រញាប់បណ្ដេញអស់អ្នកដែលគួរឲ្យស្អប់ទាំងនោះចេញពីផ្ទះរបស់ខ្ញុំទេ ត្បិតខ្ញុំមានផែនការផ្ទាល់ខ្លួនខ្ញុំហើយ។

ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗ មិនមែនជាដំណាក់កាលដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗនូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ បែបបទដែលពួកគេបានដើរតាមខ្ញុំ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ និងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីដៃខ្ញុំបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលខ្ញុំចាត់ចែង។ ខ្ញុំកំណត់វាសនារបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។ ខ្ញុំមិនបានធ្វើការកែប្រែអ្វីមួយឡើយទៅលើផែនការរបស់ខ្ញុំតាំងពីពេលវាចាប់ផ្ដើមមកម្លេះ។ វាគ្រាន់តែថា តាមការគិតរបស់មនុស្ស អ្នកដែលខ្ញុំណែនាំបន្ទូលរបស់ខ្ញុំទាំងអស់នោះហាក់ដូចជាកំពុងថយចំនួនចុះ គឺដូចជាអ្នកដែលខ្ញុំពិតជាយល់ព្រម។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែរក្សាផែនការរបស់ខ្ញុំមិនឲ្យផ្លាស់ប្តូរដាច់ខាត។ ផ្ទុយទៅវិញ វាគឺជាជំនឿ និងសេចក្ដីស្រឡាញ់របស់មនុស្សទេដែលកំពុងតែផ្លាស់ប្តូរជានិច្ច កំពុងតែថយចុះជានិច្ច រហូតដល់កម្រិតដែលវាអាចធ្វើឲ្យមនុស្សម្នាក់ៗបែរចេញពីការលុតក្រាបចំពោះខ្ញុំ ទៅជាព្រងើយកន្តើយចំពោះខ្ញុំ ហើយថែមទាំងបណ្តេញខ្ញុំចេញទៀត។ ឥរិយាបថរបស់ខ្ញុំចំពោះអ្នករាល់គ្នា នឹងមិនក្តៅ ហើយក៏មិនត្រជាក់ដែរ លើកលែងតែខ្ញុំមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមខ្លាំង ទើបទីបំផុតដាក់ចេញនូវទណ្ឌកម្ម។ ទោះយ៉ាងណាក៏ដោយ នៅថ្ងៃដាក់ទណ្ឌកម្មអ្នករាល់គ្នា ខ្ញុំក៏នឹងនៅតែមើលឃើញអ្នករាល់គ្នាដែរ ប៉ុន្តែអ្នករាល់គ្នានឹងមិនអាចមើលឃើញខ្ញុំទៀតទេ។ ដោយសារតែជីវិតក្នុងចំណោមអ្នករាល់គ្នាបានក្លាយជាគួរឲ្យធុញទ្រាន់ និងល្អក់កករចំពោះខ្ញុំ ដូច្នេះមិនចាំបាច់និយាយអ្វីទេ ខ្ញុំបានជ្រើសរើសកន្លែងផ្សេងទៀតដើម្បីគង់នៅ ដែលល្អប្រសើរជាងមុនដើម្បីចៀសផុតពីការឈឺចាប់ដោយសារពាក្យសំដីព្យាបាទរបស់អ្នករាល់គ្នា និងគេចផុតពីអាកប្បកិរិយាដ៏ថោកទាបដែលមិនអាចទ្រាំបានរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាលែងអាចបំភាន់ខ្ញុំ ឬប្រព្រឹត្ដចំពោះខ្ញុំតាមបែបបង្គ្រប់កិច្ចទៀតហើយ។ មុនពេលខ្ញុំចាកចេញពីអ្នករាល់គ្នា ខ្ញុំនៅតែត្រូវដាស់តឿនអ្នករាល់គ្នាឲ្យចៀសវាងធ្វើអ្វីមួយដែលមិនស្របតាមសេចក្ដីពិត។ ផ្ទុយទៅវិញ គួរតែធ្វើនូវអ្វីដែលគាប់ចិត្តទាំងអស់គ្នា ដែលផ្ដល់ប្រយោជន៍ដល់ទាំងអស់គ្នា និងដែលមានប្រយោជន៍ដល់វាសនាផ្ទាល់ខ្លួនរបស់អ្នក បើមិនដូច្នេះទេ អ្នកដែលរងទុក្ខនៅក្នុងគ្រោះមហន្តរាយ នឹងមិនមែនជានរណាផ្សេងក្រៅពីអ្នកឡើយ។

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលខ្ញុំមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ត្បិតខ្ញុំឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចឡើយ នូវអស់អ្នកដែលគ្មានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេ ឲ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ ថ្ងៃរបស់ខ្ញុំបានមកដល់ហើយនៅទីបំផុត ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់អ្នករាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ត្បិតជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាអ្នករាល់គ្នាជាមនុស្សកំសាក ឬរឹងរូសប៉ុណ្ណោះ។ ចំពោះបញ្ហានេះ ខ្ញុំនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត និងសម្ដែងអំពីខ្លួនឯង ហើយខ្ញុំនឹងកំណត់ទីបញ្ចប់របស់អ្នករាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើការនេះឲ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលបង្ហាញខ្ញុំថាគ្មានភក្ដីភាពទាល់តែសោះក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ត្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឲ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។

ខាង​ដើម៖ មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន

បន្ទាប់៖ តើអ្នកស្មោះត្រង់ចំពោះអ្នកណា?

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ