អារម្ភកថា

ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីឱ្យពិតប្រាកដដែលពួកគេគួរតែធ្វើដើម្បីឱ្យស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែ បើទោះបីជាមនុស្សស្គាល់ពាក្យថា «ព្រះជាម្ចាស់» និងឃ្លាដូចជា «កិច្ចការរបស់ព្រះជាម្ចាស់» ក៏ដោយ ក៏ពួកគេមិនស្គាល់ព្រះជាម្ចាស់ដែរ ហើយរឹតតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ថែមទៀត។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់លើទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះគឺជារឿងពិតប្រាកដដោយសារតែការមានជំនឿលើព្រះជាម្ចាស់ គឺជារឿងដែលចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ តាមរបៀបនេះ ពួកគេនៅឆ្ងាយខ្លាំងណាស់ពីការសម្រេចបានតាមតម្រូវការរបស់ព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនអាចសក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ ហើយរឹតតែមិនអាចបំពេញតាមព្រះរាជបំណងរបស់ព្រះអង្គទៅទៀត។ «ជំនឿជឿលើព្រះជាម្ចាស់» គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតនៃជំនឿលើព្រះជាម្ចាស់។ ដើម្បីឈានទៅមុខមួយកម្រិតទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយជាមួយនឹងអត្ថន័យជំនឿសាសនាដ៏ខ្លាំងក្លា។ ជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតេយ្យភាពលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ហើយដោយហេតុនេះ បោះចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបអាចហៅថាជា «ជំនឿលើព្រះជាម្ចាស់»។ ប៉ុន្តែ ជារឿយៗមនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងស្រាលស្ងើកណាស់។ នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់តាមរបៀបនេះ វាបាត់បង់នូវអត្ថន័យហើយ ទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់នោះឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ក្នុងចំណោមពាក្យពេចន៍ និងគោលលទ្ធិឥតខ្លឹមសាររហូតមកដល់សព្វថ្ងៃនេះពួកគេនៅតែមិនដឹងថា ពួកគេខ្វះនូវសារជាតិនៃសេចក្ដីជំនឿជឿលើព្រះជាម្ចាស់ ហើយពួកគេមិនអាចទទួលបាននូវការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។ ពួកគេនៅតែអធិស្ឋានសុំឱ្យព្រះជាម្ចាស់ ប្រទានពរដល់ពួកគេនូវសន្តិភាព និងព្រះគុណដ៏គ្រប់គ្រាន់។ ចូរយើងធ្វើចិត្តឱ្យស្ងប់ ហើយត្រិះរិះពិចារណាឱ្យច្បាស់ថា៖ តើវាអាចទៅរួចទេថា ការជឿលើព្រះជាម្ចាស់ គឺជាកិច្ចការដ៏ងាយស្រួលបំផុតនៅលើផែនដី? តើវាអាចទេថា ការជឿលើព្រះជាម្ចាស់គ្មានន័យអ្វីសោះ ក្រៅពីការទទួលយកព្រះគុណឱ្យបានច្រើនពីព្រះជាម្ចាស់? មនុស្សដែលជឿលើព្រះជាម្ចាស់ទាំងមិនស្គាល់ទ្រង់ ឬអ្នកដែលជឿព្រះជាម្ចាស់ហើយបែរជាប្រឆាំងទាស់នឹងទ្រង់ តើពួកគេពិតជាអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរឬទេ?

ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមិនអាចវាស់ស្ទង់ និងមិនអាចយល់បានបំផុតចំពោះមនុស្ស។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ និងមានបន្ទូលដោយផ្ទាល់ព្រះអង្គ ក្នុងចំណោមមនុស្សជាតិទេ នោះមិនថាយ៉ាងណាក៏ដោយ មនុស្សនឹងមិនអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលបានដាក់ជីវិតរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ ក៏នឹងមិនអាចទទួលបានការសព្វព្រះទ័យពីទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនចាប់ផ្ដើមធ្វើការទេ ទោះបីមនុស្សធ្វើការបានល្អយ៉ាងណាក៏វានៅតែគ្មានតម្លៃអ្វីសោះឡើយ ព្រោះថាព្រះតម្រិះរបស់ព្រះជាម្ចាស់នឹងតែងតែខ្ពង់ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ មិនអាចមនុស្សណាម្នាក់វាស់ស្ទង់បានឡើយ។ ហេតុនេះហើយបានជាខ្ញុំនិយាយថា អស់អ្នកដែល «យល់ទាំងស្រុង» អំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តាមពិតទៅជាមនុស្សអសមត្ថភាពវិញទេ។ ពួកគេទាំងអស់គ្នា សុទ្ធតែជាមនុស្សក្រអឺតក្រទម និងល្ងង់ខ្លៅ។ មនុស្សមិនគួរកំណត់ព្រំដែនលើកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត មនុស្សមិនអាចកំណត់ព្រំដែនលើកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សគឺតូចជាងសត្វស្រមោចទៅទៀត។ តើមនុស្សអាចវាស់ស្ទង់អំពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកដែលចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចថា «ព្រះជាម្ចាស់មិនធ្វើការបែបនេះ ឬបែបនោះ» ឬ «ព្រះជាម្ចាស់មានលក្ខណៈបែបនេះ ឬបែបនោះ» តើពួកគេមិនមែនកំពុងនិយាយទាំងអួតក្អេងក្អាងទេឬអី? យើងទាំងអស់គ្នាគួរតែដឹងថា មនុស្សដែលរស់នៅខាងសាច់ឈាមបែបនេះ ត្រូវបានអារក្សសាតាំងធ្វើឱ្យពុករលួយរួចទៅហើយ។ និស្ស័យដើមរបស់មនុស្សជាតិគឺប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សជាតិមិនអាចមានឋានៈស្មើនឹងព្រះជាម្ចាស់ឡើយ ហើយមនុស្សជាតិក៏គ្មានថ្ងៃសង្ឃឹមចង់ផ្ដល់ដំបូន្មានដល់កិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់ដឹកនាំមនុស្ស នោះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់។ វាជារឿងសក្ដិសមដែលមនុស្សគួរតែចុះចូលធ្វើតាម ដោយមិនចាំបាច់ហាមាត់និយាយអំពីទស្សនៈបែបនេះ ឬបែបនោះឡើយ ដ្បិតមនុស្សគ្មានអ្វីក្រៅពីជាធូលីដីឡើយ។ ដោយសារនេះជាចេតនារបស់យើងក្នុងការស្វែងរកព្រះជាម្ចាស់ ដូច្នេះ យើងមិនគួរដាក់សញ្ញាណរបស់យើងពីលើកិច្ចការរបស់ទ្រង់ ដើម្បីឱ្យព្រះជាម្ចាស់យកទៅពិចារណាឡើយ ហើយជាងនេះទៅទៀត យើងមិនគួរប្រើនិស្ស័យពុករលួយរបស់យើងទាំងអស់មកប្រឆាំងយ៉ាងដាច់អហង្ការនឹងកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ តើការធ្វើបែបនេះមិនធ្វើឱ្យយើងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ដោយសារតែយើងជឿថា មានព្រះជាម្ចាស់ ហើយដោយសារតែយើងចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងចង់ឃើញទ្រង់ ដូច្នេះ យើងគួរតែស្វែងរកផ្លូវនៃសេចក្តីពិត និងផ្លូវនៃភាពចុះសម្រុងជាមួយទ្រង់វិញ។ យើងមិនគួរប្រឆាំងនឹងទ្រង់ ដោយរឹងទទឹងនឹងទ្រង់ឡើយ។ តើទង្វើបែបនេះអាចនាំឱ្យមានផលល្អអ្វីទៅ?

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលខុសប្រក្រតីចំពោះអ្នកផងដែរ ប៉ុន្តែសម្រាប់ឥឡូវនេះ ខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញនូវភាពធម្មជាតិរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឱ្យអ្នកខ្វល់ចិត្តឡើយ។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឱ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។

វាមិនពិបាកក្នុងការពិនិត្យពិច័យរឿងបែបនេះឡើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះជាមុនសិន៖ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនអាចទទួលព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។ យើងគួរតែញីភ្នែកខាងវិញ្ញាណរបស់យើង ដើម្បីឱ្យមើលឃើញច្បាស់ ហើយមិនផុងជ្រៅនៅក្នុងពាក្យនិយាយបំផ្លើសបែបរវើរវាយ។ យើងគួរតែគិតអំពីកិច្ចការដ៏ពិតជាក់របស់ព្រះជាម្ចាស់ និងមើលទៅកាន់ទិដ្ឋភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់វិញ។ ចូរកុំបណ្ដោយខ្លួនឱ្យអណ្ដែតអណ្ដូង ឬវង្វេងនៅក្នុងការរវើរវាយឡើយ ប៉ុន្តែចូរទន្ទឹងរង់ចាំជានិច្ចនូវថ្ងៃដែលព្រះអម្ចាស់ព្រះយេស៊ូវយាងនៅលើពពក ចុះមកភ្លាមៗក្នុងចំណោមអ្នករាល់គ្នា ហើយនាំយកអ្នករាល់គ្នាដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ឃើញទ្រង់ និងអស់អ្នកដែលមិនដឹងពីរបៀបធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ការគិតអំពីកិច្ចការជាក់ស្ដែង គឺជារឿងដែលប្រសើរជាង!

អ្នកប្រហែលជាបើកសៀវភៅនេះសម្រាប់គោលបំណងនៃការសិក្សាស្រាវជ្រាវ ឬក្នុងចេតនាចង់ទទួលយក។ មិនថាអ្នកមានអាកប្បកិរិយាបែបណានោះឡើយ ខ្ញុំសង្ឃឹមថា អ្នកនឹងអានវាដល់ចប់ ហើយនឹងមិនឆាប់ទុកសៀវភៅនេះចោលឡើយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្ដូរ ប៉ុន្តែការនេះអាស្រ័យលើការជំរុញចិត្ត និងកម្រិតនៃការយល់ដឹងរបស់អ្នកផងដែរ។ យ៉ាងណាមិញ មានរឿងមួយដែលអ្នកគួរតែដឹងគឺ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឱ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឱ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឱ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឱ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។ ទោះបីជាយ៉ាងណា អ្នកមិនគួរច្របល់ខ្មៅឱ្យចូលគ្នាជាមួយនឹងស ឬយកខ្ពស់ជាទាប ឬយករាក់ទៅជាជ្រៅឡើយ។ យ៉ាងណាក៏ដោយ អ្នកមិនគួរបដិសេធនូវអ្វីដែលអ្នកដឹងថាជាសេចក្តីពិតឡើយ។ មនុស្សគ្រប់គ្នាដែលជឿថាមានព្រះជាម្ចាស់គួរតែសួរនាំរកបញ្ហា ដោយចេញពីទស្សនៈដ៏ត្រឹមត្រូវ ហើយទទួលយកកិច្ចការថ្មី និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់ ដោយចេញពីទស្សនៈជាមនុស្សដែលទ្រង់បានបង្កើតមក បើមិនដូច្នោះទេ ពួកគេនឹងត្រូវព្រះជាម្ចាស់ដកចេញជាមិនខាន។

ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួសដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែវាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ នៅពេលដែលព្រះយេស៊ូវយាងមកក្នុងពិភពមនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ ហើយបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ នៅក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយជាមួយនឹងការយកកំណើតជាមនុស្សនេះ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ និងនាំមកនូវយុគសម័យនៃនគរព្រះ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយថែមទាំងអាចទទួលយកការណែនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀតផង។ ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែអស្ចារ្យ ដើម្បីដកនិស្ស័យដែលធ្វើឱ្យពុករលួយដោយសាតាំងរបស់មនុស្សចេញឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ ដូច្នេះពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍អំពីទ្រង់ដែលជាព្រះដ៏ជាក់ស្ដែង និងមានគ្រប់ព្រះចេស្ដា។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចចុះចូលតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់តាមរយៈការមានបន្ទូល ការអនុញ្ញាតឱ្យអស់អ្នកដែលទទួលយកការកាត់ទោសនិងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះ អំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ។) ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះ ព្រះជាម្ចាស់ប្រើវិធីសាស្រ្តនៃការសម្ដែងចេញនូវនិស្ស័យខាងក្នុងរបស់ទ្រង់ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ»។ នៅពេលនោះ អ្នកនឹងដឹងយ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបានថា សាច់ឈាមសាមញ្ញដែលបានមានបន្ទូលយ៉ាងច្រើននេះ គឺជាព្រះដែលយកកំណើតជាមនុស្សលើកទីពីរ។ លើសពីនេះទៅទៀត អ្នកនឹងយល់យ៉ាងពិតប្រាកដថា អ្នកពិតជាមានពរណាស់ និងមានអារម្មណ៍ថា អ្នកជាមនុស្សមានសំណាងបំផុតនៅក្នុងលោក។ តើអ្នកមិនព្រមទទួលយកព្រះពរនេះទេឬអី?

បន្ទាប់៖ ជំពូកទី ១៖ ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ