ជំពូកទី ១០០

ខ្ញុំស្អប់អស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន និងមិនបានជ្រើសរើស។ ដូច្នេះហើយ ខ្ញុំត្រូវតែយកមនុស្សទាំងនេះចេញពីដំណាក់របស់ខ្ញុំម្ដងមួយៗ នោះទើបធ្វើឱ្យព្រះវិហាររបស់ខ្ញុំបរិសុទ្ធ និងឥតខ្ចោះ ដំណាក់របស់ខ្ញុំតែងតែថ្មីជានិច្ច ហើយមិនដែលចាស់ឡើយ ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ អាចសាយភាយជារៀងរហូត ហើយរាស្ត្រដ៏បរិសុទ្ធរបស់ខ្ញុំអាចក្លាយជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ ព្រឹត្តិការណ៍ប្រភេទនេះ ដំណាក់ប្រភេទនេះ នគរព្រះប្រភេទនេះ គឺជាគោលដៅរបស់ខ្ញុំ និងជាលំនៅដ្ឋានរបស់ខ្ញុំ។ នេះគឺជាមូលដ្ឋាននៃការបង្កើតរបស់សព្វសារពើរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចធ្វើឱ្យអង្រួន ឬផ្លាស់ប្ដូរវាបានទេ។ នឹងមានត្រឹមតែខ្ញុំផ្ទាល់ និងបុត្រជាទីស្រឡាញ់របស់ខ្ញុំប៉ុណ្ណោះ ដែលរស់នៅជាមួយគ្នានៅក្នុងមូលដ្ឋាននេះ ហើយគ្មាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឱ្យជាន់ឈ្លីវានឹងបាតជើង គ្មានអ្វីត្រូវបានអនុញ្ញាតឱ្យកាន់កាប់វា ហើយជាងនេះទៅទៀត គ្មានអ្វីមួយដែលមិនជាទីពេញចិត្ត ត្រូវបានអនុញ្ញាតឱ្យកើតឡើងឡើយ។ គ្រប់យ៉ាងគឺជាការសរសើរ និងការអបអរសាទរ ហើយគ្រប់យ៉ាងនឹងក្លាយជាទស្សនីយភាពដែលមិនអាចគិតស្រមៃដល់។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នករាល់គ្នាថ្វាយអស់ទាំងកម្លាំងរបស់អ្នកចំពោះខ្ញុំ ដោយអស់ពីចិត្ត និងអស់ពីគំនិត ហើយឱ្យអស់ពីសមត្ថភាពរបស់អ្នក។ មិនថាថ្ងៃនេះ ឬថ្ងៃស្អែក មិនថាអ្នកគឺជាមនុស្សម្នាក់ដែលបម្រើខ្ញុំ ឬជាអ្នកដែលទទួលបានព្រះពរឡើយ អ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ឱ្យអស់ពីកម្លាំងរបស់អ្នកដើម្បីនគររបស់ខ្ញុំ។ នេះគឺជាករណីកិច្ចដែលមនុស្សត្រូវបានបង្កើតទាំងអស់គួរបំពេញ ហើយវាត្រូវតែបានធ្វើ និងអនុវត្តតាមវិធីនេះ។ ខ្ញុំនឹងប្រមូលផ្ដុំរបស់សព្វសារពើ ដើម្បីផ្ដល់ការបម្រើសម្រាប់ធ្វើឱ្យភាពស្រស់ស្អាតនៃនគររបស់ខ្ញុំថ្មីជានិច្ច ហើយសម្រាប់ធ្វើឱ្យដំណាក់របស់ខ្ញុំស្រុះស្រួលគ្នា និងរួបរួមគ្នា។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យបំពានខ្ញុំទេ ហើយនរណាដែលធ្វើដូច្នោះ ត្រូវតែឈឺចាប់ដោយការជំនុំជម្រះ ហើយនឹងត្រូវបណ្ដាសា។ ពេលនេះ បណ្ដាសារបស់ខ្ញុំចាប់ផ្ដើមធ្លាក់មកលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយបណ្ដាសារបស់ខ្ញុំកាន់តែធ្ងន់ធ្ងរជាងការជំនុំជម្រះរបស់ខ្ញុំទៀតផង។ ពេលនេះ គឺជាពេលដើម្បីចាប់ផ្ដើមថ្កោលទោសមនុស្សទាំងអស់ ដូច្នេះហើយទើបហៅថា ជាបណ្ដាសា។ នេះគឺដោយសារពេលនេះគឺជាយុគសម័យចុងក្រោយ និងមិនមែនជាពេលនៃការបង្កើតទេ។ ដោយសារតែយុគសម័យបានផ្លាស់ប្ដូរ នោះជំហាននៃកិច្ចការរបស់ខ្ញុំនៅពេលនេះ គឺខុសគ្នាខ្លាំងណាស់។ ផ្អែកលើតម្រូវការនៃកិច្ចការរបស់ខ្ញុំ នោះមនុស្សដែលខ្ញុំត្រូវការក៏ខុសគ្នាដែរ។ អ្នកណាដែលគួរតែត្រូវបានបោះបង់ចោល នឹងត្រូវបានបោះបង់ចោល។ អ្នកណាដែលគួរត្រូវបានកាត់ចេញ នឹងត្រូវបានកាត់ចេញ។ អ្នកណាដែលគួរនឹងត្រូវសម្លាប់ នឹងត្រូវបានសម្លាប់ ហើយអ្នកណាដែលគួរតែនៅ គឺត្រូវតែទុកឱ្យនៅ។ នេះគឺជានិន្នាការដែលមិនអាចជៀសរួច ដែលមិនទាក់ទងនឹងបំណងរបស់មនុស្សឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចផ្លាស់ប្ដូរវាបានដែរ។ វាត្រូវតែបានសម្រេច ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ! ខ្ញុំបោះបង់អ្នកណាដែលខ្ញុំចង់បោះបង់ ហើយលុបបំបាត់អ្នកណាដែលខ្ញុំចង់លុបបំបាត់។ គ្មាននរណាម្នាក់នឹងប្រព្រឹត្តយ៉ាងបំពានបានទេ។ ខ្ញុំទុកអ្នកដែលខ្ញុំចង់ទុក ហើយខ្ញុំស្រឡាញ់អ្នកដែលខ្ញុំចង់ស្រឡាញ់។ ការណ៍នេះត្រូវតែបានសម្រេចដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ! ខ្ញុំមិនធ្វើសកម្មភាពតាមមនោសញ្ចេនាឡើយ។ ជាមួយខ្ញុំ គឺមានតែសេចក្ដីសុចរិត ការជំនុំជម្រះ និងសេចក្ដីក្រោធប៉ុណ្ណោះ ពោលគឺគ្មានមនោសញ្ចេតនាទាល់តែសោះ។ គ្មានស្នាមរបស់មនុស្សបន្តិចសោះនៅក្នុងខ្ញុំ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាអង្គរបស់ព្រះជាម្ចាស់។ ដោយសារតែមនុស្សទាំងអស់មើលឃើញទិដ្ឋភាពរបស់ខ្ញុំ នោះគឺជាភាពជាមនុស្សរបស់ខ្ញុំ ហើយពួកគេមិនបានឃើញទិដ្ឋភាពដែលជាភាពជាព្រះរបស់ខ្ញុំទេ។ ពិតណាស់ ពួកគេខ្វាក់ ហើយច្រឡំបល់!

អ្នករាល់គ្នាត្រូវតែរក្សាអ្វីដែលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នានៅក្នុងចិត្ត អ្នកត្រូវតែយល់ពីព្រះទ័យរបស់ខ្ញុំ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ ហើយបង្ហាញការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងស្គាល់ភាពមានគ្រប់ទាំងព្រះចេស្ដារបស់ខ្ញុំ ហើយមើលឃើញអង្គរបស់ខ្ញុំ។ ដោយសារព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលនៃប្រាជ្ញា ហើយគ្មាននរណាម្នាក់អាចយល់ពីគោលការណ៍ ឬក្រឹត្យវិន័យនៅពីក្រោយព្រះបន្ទូលរបស់ខ្ញុំឡើយ។ មនុស្សគិតថា ខ្ញុំអនុវត្តការបោកបញ្ឆោត និងល្បិចកល ហើយពួកគេមិនស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រមាថមើលងាយប្រឆាំងនឹងខ្ញុំ។ ពួកគេពិតជាខ្ខាក់ និងល្ងង់ណាស់! ពួកគេខ្វះសូម្បីតែភាពឆ្លាតវៃដ៏តិចតួចបំផុត។ រាល់ប្រយោគដែលខ្ញុំថ្លែង គឺមានសិទ្ធិអំណាច និងការជំនុំជម្រះ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះបន្ទូលរបស់ខ្ញុំបានទេ។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំចេញទៅ នោះអ្វីៗពិតជាបានសម្រេចដោយស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ នេះគឺជានិស្ស័យរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំគឺជាសិទ្ធិអំណាច ហើយនរណាដែលកែប្រែព្រះបន្ទូលនោះ គឺប្រមាថនឹងការវាយផ្ចាលរបស់ខ្ញុំ ហើយខ្ញុំត្រូវតែវាយផ្ដួលពួកគេ។ ក្នុងករណីធ្ងន់ធ្ងរ នោះពួកគេនាំយកការបំផ្លាញទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេទៅកាន់ស្ថានឃុំព្រលឹង ឬទៅក្នុងជង្ហុកធំ។ នេះគឺជាវិធីតែមួយដែលខ្ញុំដោះស្រាយជាមួយមនុស្សជាតិ ហើយមនុស្សគ្មានផ្លូវផ្លាស់ប្ដូរវាបានទេ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ចូរចងចាំរឿងនេះ! គ្មាននរណាម្នាក់ត្រូវបានបណ្ដោយឱ្យមើលងាយបញ្ញត្តិរបស់ខ្ញុំបានទេ។ អ្វីៗត្រូវបានសម្រេច ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ! កាលពីអតីតកាល ខ្ញុំដូចជាធូររលុងចំពោះអ្នករាល់គ្នា ហើយអ្នកជួបប្រទះត្រឹមតែព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ ព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលអំពីការវាយផ្ដួលមនុស្ស គឺមិនទាន់កើតឡើងឡើយ។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅ គ្រោះមហន្តរាយទាំងអស់ (ទាំងនេះ ទាក់ទងទៅនឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ) នឹងចូលមកម្ដងមួយៗ ដើម្បីដាក់ទោសអស់អ្នកដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ។ នឹងត្រូវមានការកើតឡើងនូវតថភាព បើមិនដូច្នោះទេ មនុស្សនឹងមិនអាចមើលឃើញសេចក្ដីក្រោធរបស់ខ្ញុំទេ ផ្ទុយទៅវិញពួកគេនឹងប្រមាថខ្លួនឯងម្ដងហើយម្ដងទៀត។ នេះគឺជាជំហាននៃផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយវាគឺជាវិធីដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំនៅជំហានបន្ទាប់។ ខ្ញុំមានបន្ទូលនេះទៅកាន់អ្នករាល់គ្នាទុកជាមុន នោះទើបអ្នករាល់គ្នាអាចចៀសវាងការប្រព្រឹត្តបទល្មើស និងចៀសវាងការឈឺចាប់ដោយការវិនាសជារៀងរហូត។ មានន័យថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ លើកលែងតែបុត្រច្បងៗរបស់ខ្ញុំ ចូលទៅកាន់ទីកន្លែងសមរម្យរបស់ពួកគេ ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំនឹងវាយផ្ចាលពួកគេម្ដងម្នាក់ៗ។ ខ្ញុំនឹងមិនឱ្យពួកគេសូម្បីតែម្នាក់របូតចេញពីផ្លែសន្ទូចឡើយ។ មើល៎ អ្នករាល់គ្នាហ៊ានប្រមាថម្ដងទៀតទេ! មើល៎ អ្នករាល់គ្នាហ៊ានបះបោរម្ដងទៀតទេ! ខ្ញុំបានមានបន្ទូលកាលពីមុនថា ខ្ញុំសុចរិតចំពោះគ្រប់គ្នា ហើយថា ខ្ញុំគ្មានមនោសញ្ចេតនាប៉ុនសរសៃអម្បោះឡើយ ហើយនេះបង្ហាញថា និស្ស័យរបស់ខ្ញុំ មិនត្រូវបានមើលងាយឡើយ។ នេះគឺជាអង្គរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានទេ។ មនុស្សទាំងអស់ស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ ហើយមនុស្សទាំងអស់មើលឃើញព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ។ មនុស្សទាំងអស់ត្រូវតែស្ដាប់បង្គាប់ខ្ញុំទាំងស្រុង និងយ៉ាងពិតប្រាកដ នេះគឺជាបញ្ញាត្តិរដ្ឋបាលរបស់ខ្ញុំ។ មនុស្សទាំងអស់នៅទូទាំងពិភពលោក និងចុងបំផុតនៃផែនដី គួរតែសរសើរ និងលើកតម្កើងខ្ញុំ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ដោយសារខ្ញុំគឺជាអង្គនៃព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះបន្ទូលនិងព្រះសូរសៀងរបស់ខ្ញុំ ការមានបន្ទូលនិងឥរិយារបស់ខ្ញុំបានទេ ដោយសារទាំងអស់នេះគឺជាបញ្ហារបស់ខ្ញុំតែមួយអង្គគត់ ហើយទាំងអស់នេះគឺជាអ្វីៗដែលខ្ញុំមានតាំងពីជំនាន់បុរាណបំផុត ហើយដែលនឹងមានជារៀងរហូត។

មនុស្សមានបំណងសាកល្បងខ្ញុំ ហើយពួកគេចង់ស្វែងរកអ្វីមួយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ដែលពួកគេអាចប្រើប្រាស់ប្រឆាំងនឹងខ្ញុំ ក៏ដូចជាដើម្បីបង្កាច់បង្ខូចខ្ញុំ។ តើខ្ញុំត្រូវបង្កាច់បង្ខូចដោយអ្នកឬ? តើខ្ញុំត្រូវបានកាត់សេចក្ដីជាធម្មតាឬ? តើកិច្ចការរបស់ខ្ញុំត្រូវបានពិភាក្សាជាធម្មតាឬ? អ្នកពិតជាក្រុមមួយដែលមិនស្គាល់ពីអ្វីល្អសម្រាប់អ្នកមែន! អ្នកមិនស្គាល់ខ្ញុំទាល់តែសោះ! តើភ្នំស៊ីយ៉ូនជាអ្វី? តើលំនៅដ្ឋានរបស់ខ្ញុំជាអ្វី? តើដែនដីដ៏ល្អរបស់ស្រុកកាណានគឺជាអ្វី? តើអ្វីគឺជាមូលដ្ឋាននៃការបង្កើត? ហេតុអ្វីបានជាប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំចេះតែលើកឡើងអំពីព្រះបន្ទូលទាំងនេះ? ភ្នំស៊ីយ៉ូន លំនៅរបស់ខ្ញុំ ដែនដីដ៏ល្អរបស់កាណាន មូលដ្ឋាននៃការបង្កើត ទាំងអស់នេះត្រូវបានមានបន្ទូលដោយផ្អែកទៅលើអង្គរបស់ខ្ញុំ (សំដៅលើរាងកាយ)។ មនុស្សទាំងអស់គិតថា ទាំងអស់នេះគឺជាទីកន្លែងដែលកើតមានជារូបរាង។ អង្គរបស់ខ្ញុំគឺជាភ្នំស៊ីយ៉ូន។ វាគឺជាលំនៅរបស់ខ្ញុំ។ នរណាក៏ដោយដែលចូលទៅក្នុងពិភពខាងវិញ្ញាណនឹងឡើងភ្នំស៊ីយ៉ូន ហើយនឹងចូលទៅក្នុងលំនៅដ្ឋានរបស់ខ្ញុំ។ ខ្ញុំបានបង្កើតរបស់សព្វសារពើនៅក្នុងអង្គរបស់ខ្ញុំ។ មានន័យថា របស់សព្វសារពើត្រូវបានបង្កើតនៅក្នុងរាងកាយ ដូច្នេះហើយ វាគឺជាមូលដ្ឋាន ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា អ្នករាល់គ្នានឹងត្រឡប់ទៅកាន់រាងកាយជាមួយខ្ញុំ? នៅទីនោះ មានបង្កប់នូវអត្ថន័យដើម។ ដូចទៅនឹងការហៅ «ព្រះជាម្ចាស់» អ៊ីចឹង នាមទាំងនេះ គ្មានអត្ថន័យខាងក្នុង និងអត្ថន័យនៃខ្លួនវាទេ ផ្ទុយទៅវិញ ពួកវាគឺជាឈ្មោះខុសគ្នាដែលខ្ញុំផ្ដល់ទៅកាន់ទីកន្លែងផ្សេងៗគ្នា។ ដូច្នេះ ចូរកុំយកចិត្តទុកដាក់ខ្លាំងពេកទៅលើន័យត្រង់របស់ពួកវា ប៉ុន្តែចូរផ្ដោតការយកចិត្តទុកដាក់ទៅលើការស្ដាប់ព្រះបន្ទូលរបស់ខ្ញុំបានហើយ។ អ្នកត្រូវមើលឃើញព្រះបន្ទូលទាំងនោះតាមវិធីនេះ ដូច្នេះ អ្នកនឹងអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំដាស់តឿនអ្នករាល់គ្នាម្ដងហើយម្ដងទៀតថា ព្រះបន្ទូលរបស់ខ្ញុំប្រកបដោយប្រាជ្ញា? តើអ្នករាល់គ្នាប៉ុន្មាននាក់ដែលបានព្យាយាមគិតអំពីអត្ថន័យនៅពីក្រោយការមានបន្ទូលបែបនេះ? អ្នកទាំងអស់គ្នាកំពុងតែវិភាគយ៉ាងងងឹតងងល់ ហើយកំពុងតែឥតហេតុផល!

ពេលនេះ អ្នករាល់គ្នានៅតែមិនយល់អ្វីៗភាគច្រើន ដែលខ្ញុំបានមានបន្ទូលកាលពីអតីតកាល។ អ្នកនៅតែស្ថិតក្នុងសភាពនៃមន្ទិលសង្ស័យ ហើយមិនអាចបំពេញព្រះទ័យរបស់ខ្ញុំបាន។ ពេលណាក៏ដោយដែលអ្នកអាចច្បាស់អំពីប្រយោគនីមួយៗដែលខ្ញុំថ្លែង នោះនឹងក្លាយជាពេលដែលជីវិតរបស់អ្នករាល់គ្នាធំដឹងក្ដីហើយ។ ចំពោះខ្ញុំ មួយថ្ងៃគឺជាវេលាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំគឺជាវេលាមួយថ្ងៃ។ តើអ្នករាល់គ្នាយល់ដូចម្ដេចអំពីពេលវេលាដែលខ្ញុំមានបន្ទូលនេះនេះ? តើអ្នកពន្យល់វាយ៉ាងដូចម្ដេច? អ្នកបកស្រាយវាខុស! ហើយជាងនេះទៅទៀត មនុស្សភាគច្រើនប្រកែកជាមួយខ្ញុំអំពីបញ្ហានេះ ដោយចង់ស្វែងរកអ្វីមួយដើម្បីប្រើប្រាស់ប្រឆាំងនឹងខ្ញុំ។ អ្នកមិនស្គាល់អ្វីល្អសម្រាប់អ្នកឡើយ! ចូរប្រយ័ត្ន បើមិនដូច្នោះទេ ខ្ញុំនឹងវាយផ្ដួលអ្នករាល់គ្នា! នៅពេលដែលថ្ងៃនោះមកដល់ ដែលគ្រប់យ៉ាងត្រូវបានធ្វើឱ្យច្បាស់ នោះអ្នករាល់គ្នានឹងយល់យ៉ាងពេញលេញ។ ខ្ញុំនៅតែមិនមានបន្ទូលប្រាប់អ្នករាល់គ្នានៅពេលនេះ (ពេលនេះ គឺជាពេលដើម្បីលាតត្រដាងមនុស្ស។ គ្រប់គ្នាត្រូវតែប្រុងប្រយ័ត្ន និងប្រយ័ត្នប្រយែង ដើម្បីអាចបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ)។ ខ្ញុំនឹងលាតត្រដាងមនុស្សទាំងអស់ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ ហើយទម្រង់ដើមរបស់វានឹងត្រូវបើកសម្ដែងចេញមក ដើម្បីបង្ហាញថា តើព្រះបន្ទូលនោះពិតឬអត់។ ប្រសិនបើនរណាម្នាក់ជាស្រីសំផឹង ឬជាស្រីឥតកេរ្ត៍ខ្មាស់ នោះខ្ញុំត្រូវតែាលាតត្រដាងពួកគេ។ ខ្ញុំបានមានបន្ទូលកាលពីមុនថា ខ្ញុំធ្វើអ្វីៗដោយមិនចាំបាច់ខំប្រឹងឡើយ ហើយថា ខ្ញុំគ្រាន់តែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ដើម្បីលាតត្រដាងមនុស្ស។ ខ្ញុំមិនខ្លាចការក្លែងបន្លំទេ។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានថ្លែង នោះអ្នកត្រូវតែបើកសម្ដែងសណ្ឋានដើមរបស់អ្នក ហើយមិនថាអ្នកក្លែងបន្លំខ្លួនបានល្អបែបណានោះទេ ខ្ញុំនឹងច្បាស់ជាមើលឃើញវា។ នេះគឺជាគោលការណ៍នៃទង្វើរបស់ខ្ញុំ គឺការប្រើប្រាស់ត្រឹមតែព្រះសូរសៀងប៉ុណ្ណោះ ហើយមិនចំណាយកម្លាំងណាមួយឡើយ។ មនុស្សព្រួយបារម្ភជាខ្លាំងអំពី ថាតើព្រះបន្ទូលរបស់ខ្ញុំនឹងអាចសម្រេចឬអត់ ហើយពួកគេខ្វល់ខ្វាយចំពោះផលប្រយោជន៍របស់ខ្ញុំ និងបារម្ភចំពោះខ្ញុំ ប៉ុន្តែការប្រឹងប្រែងទាំងអស់នេះមិនត្រូវការចេញថ្លែឡើយ។ អ្នកបារម្ភអំពីខ្ញុំ ប៉ុន្តែតើជីវិតផ្ទាល់ខ្លួនរបស់អ្នកធំដឹងក្ដីហើយឬនៅ? ចុះជោគវាសនាផ្ទាល់ខ្លួនរបស់អ្នកវិញ យ៉ាងម៉េចដែរ? ចូរសួរខ្លួនឯងជារឿយៗ ហើយចូរកុំធ្វេសប្រហែសឱ្យសោះ។ មនុស្សទាំងអស់គួរតែយកចិត្តទុកដាក់អំពីកិច្ចការរបស់ខ្ញុំ ហើយតាមរយៈទង្វើរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ ពួកគេគួរតែមើលឃើញអង្គរបស់ខ្ញុំ មានចំណេះដឹងកាន់តែប្រសើរអំពីខ្ញុំ ស្គាល់ពីភាពមានគ្រប់ព្រះចេស្ដារបស់ខ្ញុំ ស្គាល់ពីប្រាជ្ញារបស់ខ្ញុំ និងស្គាល់ពីវិធី និងវីធីសាស្ត្រដែលខ្ញុំបានបង្កើតរបស់សព្វសារពើ ហើយដោយហេតុនោះ ពួកគេថ្វាយការសរសើរដែលគ្មានទីបញ្ចប់ដល់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់មើលឃើញអ្នកណាដែលខ្ញុំដាក់ព្រះហស្ដនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំលើ អ្នកណាដែលខ្ញុំធ្វើការលើ អ្វីដែលខ្ញុំចង់ធ្វើ និងអ្វីដែលខ្ញុំចង់សម្រេចបាន។ នេះគឺជាអ្វីមួយដែលមនុស្សម្នាក់ៗត្រូវតែសម្រេចបាន ដោយសារនេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ខ្ញុំនឹងសម្រេចអ្វីដែលខ្ញុំមានបន្ទូល។ គ្មាននរណាម្នាក់គួរតែវិភាគព្រះបន្ទូលរបស់ខ្ញុំជាធម្មតាឡើយ។ គ្រប់គ្នាត្រូវតែមើលឃើញគោលការណ៍នៅពីក្រោយទង្វើរបស់ខ្ញុំ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ ហើយចេញពីព្រះបន្ទូលរបស់ខ្ញុំ ពួកគេស្គាល់សេចក្ដីក្រោធរបស់ខ្ញុំ អ្វីជាបណ្ដាសារបស់ខ្ញុំ និងអ្វីជាការជំនុំជម្រះរបស់ខ្ញុំ។ អ្វីៗទាំងអស់នេះ គឺមាននៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ហើយគឺជាអ្វីៗដែលមនុស្សម្នាក់ៗគួរតែមើលឃើញ នៅក្នុងព្រះបន្ទូលនីមួយៗរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ៩៩

បន្ទាប់៖ ជំពូកទី ១០១

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ