គ្មាន​នរ​ណា​ម្នាក់​ដែល​មានសាច់​ឈាមអាច​គេច​ផុត​ពី​ថ្ងៃ​នៃ​សេចក្ដី​ក្រោធបានឡើយ

ថ្ងៃ​នេះ​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា សម្រាប់​ជា​ប្រយោជន៍​ដល់ការ​រស់​រាន​ផ្ទាល់​​របស់​អ្នក​​រាល់​គ្នា​ និង​ដើម្បី​ឲ្យ​កិច្ច​ការ​របស់​ខ្ញុំ​​រីក​ចម្រើនទៅ​ដោយ​រលូន និង​ដើម្បី​​ឲ្យ​កិច្ច​ការ​ដំបូង​របស់​ខ្ញុំ​​នៅក្នុង​សាកលលោក​ទាំង​មូល​ អាចត្រូវ​បាន​​អនុវត្ត​​ត្រឹម​ត្រូវ​ និង​ឥត​ខ្ចោះ ដោយ​បើក​សម្ដែង​ពី​ព្រះ​បន្ទូល​ សិទ្ធិ​អំណាច ឫទ្ធា​នុភាព​ និ​ង​ការ​ជំនុំ​ជម្រះ​របស់ខ្ញុំ​​ចំពោះ​មនុស្ស​នៅ​គ្រប់​ប្រទេស និង​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​។ កិច្ច​ការ​ដែលខ្ញុំ​​ធ្វើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​កិច្ច​ការ​របស់ខ្ញុំ​​នៅ​ក្នុង​សាកលលោក​ទាំង​មូល​។ ទោះបីជា​ឥលូវ​នេះ ដល់​ពេលវេលា​នៃ​​គ្រា​ចុង​ក្រោយ​ហើយ​ក៏​ដោយ ក៏​សូម​ចាំ​​ថា «​គ្រា​ចុង​ក្រោយ​» គឺ​ត្រឹម​​ជា​ឈ្មោះ​សម្រាប់​យុគ​សម័យ​មួយ ដូច​ជាយុគ​​សម័យ​ក្រឹត្យ​វិន័យ និងយុគ​សម័យ​ព្រះគុណ​ដែរ ហើយ​វា​បង្ហាញ​ពី​យុគ​សម័យ​ទាំង​មូល​ មិន​មែនត្រឹម​តែ​​ពីរ​បីឆ្នាំ ឬក៏​ពីរ​បី​ខែ​ចុ​ងក្រោយ​នោះ​ទេ។ ប៉ុន្ដែ គ្រា​ចុង​ក្រោយ​មិនមាន​លក្ខណៈ​​ដូច​គ្នា​នឹង​យុគ​សម័យ​ព្រះ​គុណ និង​យុគ​សម័យ​ក្រឹត្យ​វិន័យ​ទេ។ កិច្ច​ការ​នៃ​គ្រា​ចុង​ក្រោយ​មិន​មែន​ត្រូវ​​អនុវត្ត​នៅក្នុង​ប្រទេស​អ៊ី​ស្រាអែល​ទេ ប៉ុន្ដែ​​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​វិញ ហើយ​វា​គឺ​ជា​ជ័យ​ជម្នះរបស់​មនុស្ស​ពីគ្រប់ជាតិ​សាសន៍ និង​ពី​គ្រប់​ពូជ​អំបូរ​ទាំង​អស់​ដែល​នៅ​ក្រៅ​អ៊ី​ស្រាអែល នៅចំពោះ​​បល្ល័ង្ក​របស់​ខ្ញុំ​ ប្រយោជន៍​ឲ្យ​សិរីល្អ​របស់​ខ្ញុំ​​​នៅ​លើ​សាកល​លោក​ទាំង​មូល​អាចបំពេញចក្រវាឡ និង​លំហអាកាសបាន។ យ៉ាង​នោះ​​​ទើប​ខ្ញុំ​​​អាច​ទទួល​បាន​សិរី​ល្អ​​កាន់​តែប្រសើរ ប្រយោជន៍​ឲ្យ​ជីវិត​ទាំង​អស់​នៅ​លើ​ផែន​ដី អាច​បញ្ជូន​សិរី​ល្អ​​របស់​ខ្ញុំ​ទៅ​កាន់​ជាតិ​សាសន៍​ទាំង​អស់ និង​ទៅ​ដល់​មនុស្ស​គ្រប់​ជំនាន់​ជា​រៀង​រហូត ហើយឲ្យ​ជីវិត​ទាំង​អស់​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែន​ដី អាចមើល​ឃើញ​សិរី​ល្អ​​ដែល​ខ្ញុំ​បាន​ទទួល​នៅលើ​ផែន​ដី។ កិច្ច​ការ​ដែល​បាន​អនុវត្ត​នៅគ្រា​ចុង​ក្រោយ គឺ​ជា​​កិច្ច​ការ​នៃការ​យក​ឈ្នះ​។ វា​មិន​មែន​ជាការ​ណែនាំពី​​​ជីវិត​មនុស្ស​ទាំង​អស់​នៅលើ​ផែន​ដី​ទេ ប៉ុន្ដែ​ជា​ការ​បញ្ចប់​នៃ​ជីវិត​ដែល​រង​វេទនា​គ្មាន​ទីបញ្ចប់ និង​រាប់​ពាន់​ឆ្នាំ​នៅ​លើ​ផែន​ដី​។ ជា​លទ្ធ​ផល កិច្ច​ការ​នៃ​គ្រា​ចុង​ក្រោយមិន​អាច​មាន​លក្ខណៈ​ដូច​ជា​កិច្ច​ការ​រាប់​ពាន់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រាអែល​ទេ ហើយ​ក៏​មិន​អាច​មាន​លក្ខណៈ​ដូច​ជាកិច្ច​ការត្រឹម​តែ​ប៉ុន្មាន​​ឆ្នាំ​នៅ​ក្នុង​ស្រុក​យូដា ដែល​បាន​បន្ដ​អស់​រយៈ​ពេល​ពីរ​ពាន់​ឆ្នាំ​​រហូត​ដល់ការ​មក​យក​និស្ស័យ​ជា​មនុស្ស​ជា​លើក​ទីពីរ​របស់​ព្រះ​ជា​ម្ចាស់​​នោះ​ដែរ​។ មនុស្ស​នៃ​គ្រា​ចុង​ក្រោយ​ ​ជួបប្រទះ​តែនឹង​​កា​រលេច​មក​​ជា​សាច់​ឈាម​ម្ដ​ង​ទៀត​នៃ​ព្រះដ៏​​ប្រោស​លោះ​ប៉ុណ្ណោះ ហើយ​ពួក​គេ​ទទួល​កិច្ច​ការ​ និង​ព្រះ​បន្ទូល​ផ្ទាល់​ខ្លួន​របស់ព្រះ​ជា​ម្ចាស់។ វា​នឹង​មិន​ដល់​​ពីរ​ពាន់​ឆ្នាំ​នោះ​ទេ មុន​ពេលដែល​​គ្រា​ចុង​ក្រោយ​​ឈាន​ដល់​ទី​បញ្ចប់ ព្រោះ​វា​ជា​រយៈ​ពេល​មួយ​ខ្លី ដូច​កាល​ដែល​ព្រះ​យេស៊ូវ​បាន​អនុវត្ត​កិច្ច​ការ​របស់​ទ្រង់​នៅយុគ​សម័យ​ព្រះគុណ​ក្នុង​ស្រុក​យូដា​ដែរ។ នេះ​គឺ​ដោយ​សារ​តែ​គ្រាចុង​ក្រោយ​គឺ​ជា​ការ​បញ្ចប់​នៃ​យុគ​សម័យ​ទាំង​មូល។ វា​ជា​ការ​បង្ហើយ និង​ជា​ទីបញ្ចប់​នៃ​ផែន​ការ​គ្រប់​គ្រង​របស់​ព្រះ​ជា​ម្ចាស់​រយៈ​ពេល​៦ពាន់​ឆ្នាំ ហើយ​វា​ក៏​បញ្ចប់​ដំណើរ​រង​ទុក្ខ​នៃ​ជីវិត​មនុស្ស​ជាតិ​ដែរ។ វា​មិន​យក​មនុស្ស​ជាតិ​ទាំង​អស់​ចូល​ទៅ​ក្នុង​យុគ​សម័យ​ថ្មី ឬក៏​អនុញ្ញាត​ឲ្យ​ជីវិត​របស់​មនុស្ស​ជាតិ​បន្ដ​ទៅ​ទៀត​ដែរ ព្រោះ​វា​គ្មាន​សារៈ​សំខាន់​អ្វី​​សម្រាប់​ផែន​ការ​គ្រប់​គ្រង​របស់ខ្ញុំ ឬក៏​សម្រាប់​អត្ថិ​ភាព​របស់​មនុស្ស​ទេ។ ប្រសិន​បើ​មនុស្ស​ជាតិ​បន្ដ​ធ្វើ​បែប​នេះ​ទៀត នោះ​មិន​យូរ​មិន​ឆាប់ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ដោយ​អារក្ស ហើយ​ព្រលឹងទាំង​អស់​​ដែល​ជាកម្ម​សិទ្ធិរបស់​ខ្ញុំ​នឹង​ត្រូវ​បំផ្លាញ​ដោយ​ដៃ​របស់​វាជា​មិន​ខាន។ កិច្ច​ការ​របស់​ខ្ញុំ​​មាន​​រយៈ​ពេល​៦ពាន់​ឆ្នាំ ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាន​សន្យា​ថា​ការ​គ្រប់​គ្រង​របស់​អារក្ស​លើ​មនុស្ស​ជាតិ​ទាំង​មូល​ ក៏​ស្ថិត​នៅ​មិន​លើស​ពី​៦​ពាន់​ឆ្នាំ​ដែរ។ ដូច្នេះ​ឥលូវ​នេះ ដល់​ពេល​ហើយ​។ ខ្ញុំ​នឹង​មិន​បន្ដ ហើយ​ក៏​មិន​ពន្យារ​ពេល​តទៅ​ទៀត​ដែរ៖ ក្នុង​អំឡុ​ង​ពេល​គ្រា​ចុង​ក្រោយ ខ្ញុំ​​នឹងធ្វើ​ឲ្យ​សាតាំងវិនាស ខ្ញុំនឹង​យក​សិរី​ល្អ​​ទាំង​អស់​របស់​ខ្ញុំ​​ត្រលប់​មក​វិញ ហើយខ្ញុំ​​នឹង​ទាម​ទារ​ព្រលឹង​ទាំង​អស់​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ​​នៅ​លើ​ផែន​ដី​ត្រលប់​មក​វិញ ដើម្បី​ឲ្យ​ព្រលឹង​ដែល​រង​ទុក្ខ​ព្រួយ​ទាំង​អស់​នេះ​អាច​គេច​ផុត​ពី​សមុទ្រ​ទុក្ខ យ៉ាង​នោះ​កិច្ច​ការ​ទាំង​មូល​របស់​ខ្ញុំ​នៅ​លើផែន​ដី​នឹង​ត្រូវ​បញ្ចប់។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​នឹង​មិន​ត្រលប់​មក​ជា​សាច់​ឈាម​នៅ​លើ​ផែន​ម្ដង​ទៀត​​ឡើយ ហើយ​វិញ្ញាណគ្រប់​គ្រង​ទាំង​អស់​របស់​ខ្ញុំ​ក៏​នឹង​មិន​ធ្វើកិច្ច​ការ​នៅ​លើ​ផែន​ដី​ម្ដង​ទៀត​ដែរ។ ខ្ញុំ​នឹង​មិន​ធ្វើ​កិច្ច​ការ​អ្វី​ទៀតឡើយ​នៅ​លើ​ផែន​ដី​នេះ​ ក្រៅតែ​ពីកិច្ច​ការ​ម្យ៉ាង​គឺ៖ ខ្ញុំ​នឹង​បង្កើត​មនុស្ស​ជាតិ​ជាថ្មី ជា​មនុស្ស​ជាតិ​ដែល​បរិសុទ្ធ និង​ជា​ទីក្រុង​ដ៏​ស្មោះ​ត្រង់​របស់​ខ្ញុំ​នៅ​លើ​ផែន​ដី។ ប៉ុន្ដែ​ចូ​រដឹង​ថា ខ្ញុំ​នឹង​មិន​បំផ្លាញ​ពិភព​លោក​ទាំង​មូល​ឡើយ ហើយ​ខ្ញុំ​ក៏​នឹង​មិន​បំផ្លាញ​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ​ខ្ញុំ​នឹង​រក្សា​ទុក​មនុស្ស​​មួយ​ភាគ​បី​ ជា​មនុស្ស​ដែល​ស្រលាញ់​ខ្ញុំ និង​ជា​មនុស្ស​ដែល​ខ្ញុំ​បាន​បង្ក្រាប​ដោយ​ហ្មត់​ចត់ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ភាគ​បី​​នេះ​បង្កើត​ផល​ផ្លែ និង​ចម្រើន​កូន​ចៅ​​ឡើង​នៅ​លើ​ផែន​ដីដូច​ជា​ជន​ជាតិ​អ៊ី​ស្រាអែលបាន​ធ្វើ​ក្រោម​ក្រឹត្យ​វិន័យ​ដែរ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​ហ្វូង​ចៀម គោក្របី​ជា​ច្រើន​ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​លើ​ផែន​ដី។ មនុស្ស​ជាតិ​នេះ​នឹង​នៅ​ជា​ប់ជា​មួយ​ខ្ញុំ​ជា​រៀង​រហូត ប៉ុន្ដែ​មិន​មែន​ជា​មនុស្ស​ជាតិ​ដែល​កខ្វក់​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​សព្វ​ថ្ងៃ​នេះ​ទេ តែ​ជា​​មនុស្ស​ជាតិ​មួយ​ក្រុម​ដែល​ខ្ញុំ​បាន​ទទួលមក​។ មនុស្ស​ជាតិ​ប្រភេទនេះ​នឹង​មិន​ត្រូវ​បំផ្លាញ រំខាន ឬក៏​ឡោម​ព័ទ្ធ​ដោយ​សាតាំង​ឡើយ ហើយ​ពួក​គេគឺ​ជា​មនុស្ស​ជាតិ​តែ​មួយ​ក្រុម​គត់​ដែល​រស់​នៅ​លើ​ផែន​ដី​​ក្រោយ​ពេល​ដែល​ខ្ញុំ​យក​ជ័យ​ជម្នះ​លើ​សាតាំង។ នេះ​គឺ​ជា​មនុស្ស​ជាតិ​មួយ​ក្រុម​ដែល​ខ្ញុំ​បាន​បង្ក្រាប​នៅ​ថ្ងៃ​នេះ និង​បាន​ទទួល​សេចក្ដី​សន្យា​របស់​ខ្ញុំ។ ដូច្នេះហើយ មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​បង្ក្រាប​ក្នុង​អំឡុង​ពេល​គ្រា​ចុង​ក្រោយ ក៏​ជា​មនុស្ស​ជាតិ​ដែល​នឹង​នៅរស់​រាន​មាន​ជីវិត និង​ទទួល​ព្រះពរ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​របស់​ខ្ញុំ​ដែរ។ វា​នឹង​ក្លាយ​ជា​ភស្ដុតាង​តែ​មួយ​គត់​អំពី​ជ័យ​ជម្នះ​របស់​ខ្ញុំ​លើ​សាតាំង និង​ជាជ័យ​ភណ្ឌ​តែ​មួយ​គត់​នៃ​ចម្បាំង​របស់​ខ្ញុំ​ជា​មួយ​សាតាំង​។ ខ្ញុំ​បាន​សង្គ្រោះ​ជ័យ​ភណ្ឌ​​ទាំង​នេះ​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​សាតាំង ហើយ​ពួក​គេ​​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​​ និង​ជា​ផល​ផ្លែ​តែ​មួយ​នៃ​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​៦ពាន់​ឆ្នាំ​របស់​ខ្ញុំ។ ពួក​គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ និ​ងគ្រប់​និកាយ ពីគ្រប់​ទីកន្លែង និងគ្រប់​​ប្រទេស​ទាំង​អស់​នៅ​លើ​សាកលលោក។ ពួក​គេ​មក​ពី​ពូជ​អំបូរ​ផ្សេង​គ្នា មាន​ភាសា​ទំនៀម​ទម្លាប់ និង​ពណ៌​សម្បុរ​ផ្សេង​គ្នា ហើយ​ពួក​គេ​បែក​ខ្ញែក​ទៅ​គ្រប់​ប្រជា​ជាតិ និង​គ្រប់​និកាយ​ទាំង​អស់​នៅ​លើ​សាកល​លោក ព្រម​ទាំង​គ្រប់​ជ្រុង​ទាំង​អស់​នៅ​លើ​ពិភព​លោក​។ នៅ​ទីបំផុត ពួក​គេ​នឹង​មក​រួម​គ្នា​បង្កើត​ជា​មនុស្ស​ជាតិ​ពេញ​លេញ​មួយ​ក្រុម គឺ​ជា​ក្រុម​មនុស្ស​ដែល​កម្លាំង​របស់​សាតាំង​មិន​អាច​ឈោង​ទៅ​ដល់។ ក្នុង​ចំណោម​មនុស្ស​ជាតិ​ទាំង​នោះ អស់​អ្នក​​ដែល​ខ្ញុំ​មិន​បាន​សង្គ្រោះ និង​មិន​បាន​បង្ក្រាប នឹង​លិច​លង់​ទៅ​ក្នុង​ជម្រៅ​សមុទ្រ​ដោយ​ស្ងាត់​ៗ ហើយ​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង​សន្ធោសន្ធៅ​អស់​កល្ប​ជា​និច្ច​របស់​ខ្ញុំ​។ ខ្ញុំ​នឹងបំផ្លាញ​មនុស្ស​ជាតិ​ចាស់ និង​កខ្វក់បំផុត​នេះ​ចោល ដូច​ដែល​ខ្ញុំ​បាន​បំផ្លាញ​កូន​ច្បង​របស់​ជន​ជាតិ​អេស៊ីព្ទ និង​​គោ​ក្របី​របស់​ពួក​គេ​ដែរ ដោយ​ទុក​តែ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​បរិភោគ​សាច់​កូន​ចៀម និង​បាន​ផឹក​ឈាម​កូន​ចៀម ព្រម​ទាំង​បាន​លាប​ឈាម​កូន​ចៀម​នៅ​លើធ្នឹម​​ទ្វារ​របស់​ពួក​គេ​ប៉ុណ្ណោះ។ តើ​មនុស្ស​ដែល​ខ្ញុំ​បាន​បង្រ្កាប និង​មនុស្ស​ដែល​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ មិន​មែន​ជា​មនុស្ស​ដែល​បរិភោគ​សាច់​កូន​ចៀមដែល​ជា​រូបខ្ញុំ និង​ផឹក​ឈាម​កូន​ចៀម​ដែល​ជា​រូបខ្ញុំ ព្រម​ទាំង​បា​ន​ប្រោសលោះ​ដោយ​ខ្ញុំ និង​ថ្វាយ​បង្គំ​ខ្ញុំ​ទេ​ឬអី? តើ​សិរីល្អ​​របស់​ខ្ញុំ​មិន​នៅជាមួយ​​មនុស្ស​បែប​នេះ​ជា​និច្ច​​ទេ​ឬ​អី? តើអ្នក​រាល់​គ្នា​​​ដែល​គ្មាន​សាច់​កូន​ចៀមដែល​ជា​រូប​ខ្ញុំ មិន​បាន​លិច​លង់​នៅ​ក្នុង​ជម្រៅ​សមុទ្រ​ដោយ​ស្ងាត់ៗ​ហើយទេ​ឬ​អី? ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ជំទាស់​នឹង​ខ្ញុំ ហើយ​ថ្ងៃ​នេះ​ព្រះបន្ទូល​របស់​ខ្ញុំគ្រាន់​តែ​ដូច​ជា​ព្រះ​បន្ទូល ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូលទៅ​កាន់កូន​ចៅ​របស់​អ៊ី​ស្រាអែលប៉ុណ្ណោះ។ ប៉ុន្ដែ ​ភាព​រឹង​រូស​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​អ្នក​រាល់​គ្នា​កំពុងជំរុញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឆួល​ឡើង ដោយ​នាំ​ការ​រង​ទុក្ខ​វេទនា​បន្ថែម​ទៀត​មក​លើ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ការ​ជំនុំ​ជម្រះ​បន្ថែម​ទៀត​មក​លើ​​អំពើ​បាប​របស់​អ្នក​រាល់​គ្នា និង​សេចក្ដី​ក្រោធ​បន្ថែម​ទៀត​មក​លើ​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា។ តើ​នរណា​អាច​នៅ​រស់​រាន​មាន​ជីវិត​បាន​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តចំពោះ​ខ្ញុំ​ដូច​ថ្ងៃ​នេះ? តើ​សេចក្ដី​ទុច្ច​រិត​របស់​នរណា​ដែល​អាច​គេច​ផុត​ពី​​ព្រះ​នេត្រ​នៃ​ការវាយ​ផ្ចាល​​របស់​ខ្ញុំ? តើ​អំពើបាប​របស់​នរណា​ដែល​អាច​គេច​ពី​ព្រះ​ហស្ដរបស់​ខ្ញុំ ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា​បាន​? ខ្ញុំ​ជា​ព្រះ​យេហូវ៉ា មាន​បន្ទូល​​ដូច្នេះ​ទៅ​កាន់​អ្នក​រាល់​គ្នា​ដែល​ជា​កូន​ចៅ​នៃ​គ្រួសារ​សាសន៍​ដទៃ ហើយ​ព្រះ​បន្ទូល​ដែល​ខ្ញុំ​ថ្លែង​ទៅ​កាន់​អ្នក​រាល់​គ្នា​ លើស​ពី​ព្រះ​សូរ​សៀង​ទាំង​អស់ដែល​ខ្ញុំ​ថ្លែង​នៅ​យុគ​សម័យ​ក្រឹត្យ​វិន័យ និង​យុគ​សម័យ​ព្រះគុណ ប៉ុន្ដែ​អ្នក​រាល់​គ្នា​បែរ​ជារឹង​រូស​ជាង​ជន​ជាតិ​អេស៊ីព្ទ​ទាំង​អស់​នោះ​ទៅ​វិញ។ តើ​អ្នក​រាល់​គ្នា​មិនមែន​​ប្រមូល​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ទុក នៅ​ពេល​ដែល​ខ្ញុំ​សម្រាក​ធ្វើ​កិច្ច​ការ​របស់​ខ្ញុំ​ទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ទុក្ខ​ទោស​នៅ​ថ្ងៃ​របស់​ខ្ញុំ ដែល​ជា​ព្រះ​ដ៏មាន​គ្រប់​ចេស្ដា​យ៉ាង​ដូច​ម្ដេចបាន​?

ខ្ញុំ​បាន​ធ្វើ​កិច្ច​ការ និង​បានមាន​បន្ទូល​តាម​របៀប​នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​បាន​ចំណាយ​ថាម​ពល និង​ការ​ខំប្រឹង​ប្រែង​យ៉ាង​ច្រើន ប៉ុន្ដែ​តើ​នៅ​ពេល​ណា ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ស្ដាប់តាម​​អ្វី​ដែល​ខ្ញុំ​មាន​បន្ទូល​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់នោះ? តើ​នៅ​កន្លែង​ណា ដែល​អ្នក​រាល់​គ្នា​បានឱន​ចុះ​នៅ​​ចំពោះ​ខ្ញុំ ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា។ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​ចំពោះ​ខ្ញុំ​បែប​នេះ? តើ​ហេតុ​អ្វី​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ និង​ធ្វើ ជំរុញ​​ឲ្យ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឆួល​ឡើង​បែប​នេះ? តើ​ហេតុ​អ្វី​បាន​ជា​ចិត្ត​របស់​អ្នក​រាល់​គ្នា​រឹង​រូស​ដូច្នេះ? តើ​ខ្ញុំ​ធ្លាប់​វាយ​អ្នក​រាល់​គ្នាឬ​ទេ? តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ធ្វើ​អ្វី​សោះ ក្រៅ​ពី​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​​ព្រះ​ទ័យ និង​ថប់​បារម្ភដូច្នេះ? តើ​អ្នក​រាល់​គ្នា​កំពុង​រង់​ចាំ​ឲ្យ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំដែល​ជា​ព្រះ​យេហូវ៉ា ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ឬ? តើ​អ្នក​រាល់​គ្នា​កំពុង​រង់​ចាំ​ឲ្យ​ខ្ញុំ​បញ្ជូន​សេចក្ដី​ក្រោធ​របស់​ខ្ញុំ ​ដែល​បានឆួល​ឡើង​ដោយ​សារ​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា​ឬ? តើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ មិន​មែន​សម្រាប់​អ្នក​រាល់​គ្នា​ទេ​ឬ​អី? ប៉ុន្ដែ​ជា​និច្ច​កាល អ្នក​រាល់​គ្នា​តែង​តែ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដែល​ជា​ព្រះ​យេហូវ៉ា​បែប​នេះគឺ៖ លួច​​យញ្ញ​បូជា​របស់​ខ្ញុំ យក​ដង្វាយ​ពី​អាសនា​របស់​ខ្ញុំ​ទៅកាន់​​ជម្រក​របស់​ឆ្កែ​ចចក ដើម្បី​ផ្ដល់​ចំណី​ដល់​កូន​ឆ្កែ​ចចក​ទាំង​អស់នោះ ហើយ​និង​កូន​នៃ​កូន​ឆ្កែ​ចចក​ទៀត មនុស្ស​ប្រយុទ្ធ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក ប្រឈម​មុខ​ដាក់​គ្នា​ដោយ​សេចក្ដីក្រេវ​ក្រោធ និង​ដាវ​លំពែង បោះចោល​​ព្រះ​បន្ទូល​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា​ ទៅ​ក្នុង​បង្គន់​ឲ្យ​ក្លាយ​ទៅ​ជា​លាមក​ដ៏​កខ្វក់។ តើ​ឯ​ណា​ទៅ​សុចរិត​ភាព​របស់​អ្នក​រាល់​គ្នា? សារជាតិ​ជា​មនុស្ស​របស់​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជាសត្វ​សាហាវ! បេះ​ដូង​​របស់​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជាដុំ​ថ្ម​ជាយូរ​មក​ហើយ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹងទេ​ឬ​អី​ថា នៅ​ពេល​ដែល​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​មក​ដល់ គឺ​ជា​ពេល​ដែល​ខ្ញុំ​នឹង​ជំនុំ​ជម្រះ​ការ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តទាស់​នឹង​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា នៅថ្ងៃ​នេះ​? តើ​អ្នក​រាល់​គ្នា​គិត​ថា តាម​រយៈ​ការបោក​បញ្ឆោត​ខ្ញុំ​បែប​នេះ ការ​បោះ​ចោល​ព្រះ​បន្ទូល​របស់​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ និង​​មិន​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​នោះ តើ​អ្នក​រាល់​គ្នា​គិត​ថា ​តាម​រយៈ​ការ​ធ្វើ​បែប​នេះ​នៅ​ក្រោយ​ខ្នង​​ខ្ញុំ អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពីការ​ឃ្លាំ​មើល​ដែល​ពោរពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឬអី? ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ខ្ញុំ​ដែល​ជា​ព្រះ​យេហូវ៉ា​ បាន​ទត​មើល​ឃើញ​​អ្នក​រាល់​គ្នា​ដោយ​ព្រះ​នេត្រ​របស់​ខ្ញុំ​ហើយ​​ទេ​ឬ​អី នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​លួច​យក​យញ្ញ​បូជា​របស់​ខ្ញុំ និង​លោភ​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំនោះ? តើ​អ្នក​រាល់​គ្នា​​មិន​ដឹងទេ​ឬ​អី​​ថា​ នៅ​ពេល​​ដែល​អ្នក​រាល់​គ្នា​បាន​លួច​យក​យញ្ញ​បូជា​របស់​ខ្ញុំ គឺ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទង្វើ​​បែប​នេះ​នៅ​មុខ​អាសនា​ដែល​គេ​បាន​ថ្វាយ​យញ្ញ​បូជា​? តើ​អ្នក​រាល់​គ្នា​អាច​ជឿ​បាន​យ៉ាង​ដូច​ម្ដេច​ថា ខ្លួនឯង​​ឆ្លាត​ល្មម​នឹង​អាច​បោក​បញ្ឆោត​ខ្ញុំ​តាម​របៀប​នេះបាន? តើ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​អាច​ឃ្លាត​ចេញ​ពី​អំពើ​បាប​ដ៏​សាហាវ​របស់​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​សេចក្ដី​ក្រេវ​ក្រោធ​ដ៏​លើស​លប់​របស់​ខ្ញុំ ​អាច​រំលង​ទង្វើអាក្រក់​របស់​អ្នក​​​រាល់​គ្នា​យ៉ាង​ដូច​ម្ដេចកើត? ការ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នៅ​ថ្ងៃ​នេះ មិន​មែន​បើក​ផ្លូវ​ចេញ​សម្រាប់​អ្នក​រាល់​គ្នា​ទេ ប៉ុន្ដែ​គឺ​សន្សំ​ទោស​សម្រាប់​អ្នក​​រាល់​​គ្នា​នៅ​ថ្ងៃ​ស្អែក​វិញ​ ព្រោះ​វាជំរុញ​​ការ​ដាក់​ទោស​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា ចំពោះ​អ្នក​រាល់​គ្នា។ តើ​ទង្វើ​ និង​ពាក្យ​សម្ដី​អាក្រក់ៗ​​របស់​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​ដាក់​ទោស​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចកើត? តើ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ដល់​ព្រះកាណ៌​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​បើក​ផ្លូវ​ចេញ​សម្រាប់​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាចលើក​លែង​ចំពោះ​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នាដែល​មិន​គោរព​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​មិន​កាត់​ផ្ដាច់​អណ្ដាត​របស់​អ្នក​រាល់​គ្នា​ ដែល​មាន​ពិស​ដូច​ជា​អណ្ដាត​ពស់​យ៉ាង​ដូច​ម្ដេចកើត​? អ្នក​រាល់​គ្នា​មិន​អំពាវ​នាវ​រក​ខ្ញុំ​សម្រាប់​ជា​ប្រយោជន៍​ដល់​សេចក្ដី​សុច​រិត​របស់​អ្នក​រាល់​គ្នាទេ ប៉ុន្ដែអ្នក​រាល់​គ្នាបែរ​ជា​​សន្សំ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ទុក​ដោយ​សារ​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​ទៅ​វិញ។ តើ​ខ្ញុំ​អាច​អត់ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? នៅ​ក្នុង​ព្រះនេត្រ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា គឺ​ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កខ្វក់។ ព្រះ​នេត្រ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា ទត​ឃើញ​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​ជា​ការ​វាយ​ផ្ចាល​ដែល​គ្មាន​បន្ធូរ​។ តើ​ការ​ដាក់​ទោស និង​ការ​ជំនុំ​ជម្រះ​ដ៏​សុច​រិត​របស់​ខ្ញុំ ​អាច​ឃ្លាត​ចេញ​ពី​អ្នក​​រាល់គ្នា​យ៉ាង​ដូច​ម្ដេច​កើត? ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ព្រះ​ទ័យ និង​ពេញ​ដោយ​​សេចក្ដី​ក្រោធ តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ព្រះ​ហស្ដ​របស់​ខ្ញុំ និង​ឃ្លាត​ចេញ​​ពី​ថ្ងៃ​ដែល​ខ្ញុំជា​ព្រះ​យេហូវ៉ា ដាក់​ទោស និង​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​​ថាពាក្យ​សម្ដី​ និង​សូរ​ស័ព្ទ​ដ៏​អាក្រក់ដែល​ចេញ​ពីមាត់​​របស់​អ្នក​រាល់​គ្នាបាន​ឮ​ទៅ​ដល់​ព្រះកាណ៌​ខ្ញុំ​ហើយទេ​ឬ​អី​? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​​ថាសេចក្ដីទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​បានធ្វើ​ឲ្យ​ប្រឡាក់​​​អាវ​វែង​​នៃ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ហើយទេ​ឬ​អី? តើអ្នក​រាល់​គ្នា​មិន​ដឹង​ថា​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ្នក​​​រាល់​អ្នក​បានជំរុញឲ្យ​​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ​ឆួល​ឡើង​ហើយទេឬ​អី? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា អ្នក​រាល់​គ្នា​បាន​ទុក​ខ្ញុំចោលឲ្យខឹង​ក្រេវក្រោធ​​ និង​បាន​សាក​ល្បង​ភាព​អត់​ធ្មត់​របស់​ខ្ញុំ​ជា​យូរ​មក​ហើយ​? តើ​អ្នក​រាល់​គ្នា​មិន​ដឹងទេ​ឬ​អីថា អ្នក​រាល់​គ្នា​បាន​បំផ្លាញ​សាច់​ឈាម​របស់​ខ្ញុំរួច​ទៅ​ហើយ ដោយ​កាត់​បន្ថយ​ទៅ​ជាចំណិតៗ? ខ្ញុំ​បានស៊ូ​ទ្រាំ​រហូត​មក​ដល់​ពេល​នេះ ទើប​ខ្ញុំ​បង្ហាញ​​សេចក្ដី​ក្រោធ​របស់​ខ្ញុំចេញ​ទៅ ដោយ​មិន​លើក​លែង​ឲ្យ​​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ តើ​រាល់​គ្នា​មិន​ដឹង​ថា​ព្រះនេត្រ​របស់​ខ្ញុំ​បាន​ទត​ឃើញទង្វើ​អាក្រក់របស់​អ្នក​រាល់​គ្នា​ ហើយ​ព្រះកន្សែង​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់​ព្រះកាណ៌​របស់​ព្រះវរបិតា​ខ្ញុំ​ហើយ​ទេ​ឬ​អី? តើ​ទ្រង់​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​នេះ​យ៉ាង​ដូច​ម្ដេច​កើត? តើ​មាន​កិច្ច​ការ​ណា​មួយ​ដែល​ខ្ញុំ​ធ្វើ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​មិន​មែន​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា? ប៉ុន្ដែ តើ​នរណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ បាន​ស្រលាញ់​កិច្ច​ការ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង? តើ​ខ្ញុំ​អាច​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​ខ្ញុំ​ដោយ​សារ​តែ​ខ្ញុំ​ទន់​ខ្សោយ និង​ដោយ​សារ​តែ​ខ្ញុំ​បាន​រង​ទុក្ខ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​យល់​ពី​ព្រះ​ហឫទ័យ​របស់​ខ្ញុំ​ទេ​ឬ​អី? ខ្ញុំ​មាន​បន្ទូល​ទៅ​កាន់​អ្នក​រាល់​គ្នា​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ តើ​ខ្ញុំ​មិន​បានលះ​បង់​យ៉ាង​ច្រើន​សម្រាប់​អ្នក​រាល់​គ្នា​ទេ​ឬ​អី? ទោះ​បី​ជា​ខ្ញុំ​ព្រម​ទទួល​ការ​រង​ទុក្ខ​ទាំង​អស់​នេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​កិច្ច​ការនៃ​​ព្រះ​វរបិតារបស់​​ខ្ញុំ​ក៏​ដោយ តើ​អ្នក​រាល់​គ្នា​អាច​រួច​ផុត​ពី​ការ​ដាក់​ទោសដែល​ខ្ញុំ​នាំ​មក​លើ​អ្នក​រាល់​គ្នា​ ដោយ​សារ​លទ្ធ​ផល​នៃ​ការ​រង​ទុក្ខ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​បាន​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ទេ​ឬ​អី? ថ្ងៃ​នេះ ព្រះ​វរបិតា​ខ្ញុំ​បាន​ប្រទាន​ខ្ញុំ​មក​ឲ្យ​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​មិន​ដឹងថា ​អ្នក​រាល់​គ្នា​បាន​រីក​រាយយ៉ាង​ខ្លាំង លើ​សពី​ព្រះ​បន្ទូល​ដ៏​សប្បុរស​របស់​ខ្ញុំទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​ប្ដូរដើម្បី​ជីវិត​ និង​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​រីក​រាយជា​មួយ​​ទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ព្រះ​វរបិតា​ខ្ញុំ​បាន​ប្រើជីវិត​របស់​ខ្ញុំ ​ដើម្បី​ធ្វើ​ចម្បាំង​ជា​មួយ​សាតាំង ហើយ​ថា​ទ្រង់​ក៏​បាន​ប្រទាន​ជីវិត​របស់​ខ្ញុំ​មក​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​​​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​បានជីវិត​មួយ​រយ​ដង និង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ជៀស​ផុត​ពី​សេចក្ដី​ល្បួង​ជា​ច្រើន? តើ​អ្នក​រាល់​គ្នា​មិន​ដឹងទេ​ឬ​អី​ថា មាន​តែ​តាម​រយៈ​កិច្ច​ការ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ ទើប​អ្នក​រាល់​គ្នា​បាន​រួច​ផុត​ពី​សេចក្ដី​ល្បួង និង​ការ​ពី​ការ​ដាក់​ទោស​​​ដ៏​ធ្ងន់​ធ្ងរជា​ច្រើន? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ដោយ​សារ​ខ្ញុំ​តែ​មួយ​គត់​ទើប​ព្រះ​វរបិតា​ខ្ញុំ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​រីក​រាយ​រហូត​មក​ដល់​ពេល​នេះ? តើ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​អាច​នៅ​​រឹង​រូស និង​មិន​បន្ទន់​ចិត្ដ ហាក់​ដូច​ជា​ភាព​ឃោរ​ឃៅ​បាន​រីក​ចម្រើន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​យ៉ាង​ដូចម្ដេច​កើត? តើ​ការ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​នៅថ្ងៃ​នេះ អាច​គេច​ផុត​ពី​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ ដែល​នឹង​កើត​ឡើង​ក្រោយ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ផែន​ដី​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អស់​អ្នក​​ដែល​រឹង​រូស និង​មិន​បន្ទន់​ចិត្ត គេច​ផុត​ពីសេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​កើត?

ចូរ​ត្រឡប់​ទៅ​គិត​ពីអតីតកាល៖ តើ​នៅ​ពេល​ណា​ដែលព្រះនេត្រ​របស់​ខ្ញុំ​ក្រេវ​ក្រោធ ហើយ​ព្រះ​សូរ​សៀង​របស់​ខ្ញុំ​ទាស់​នឹង​អ្នក​រាល់​គ្នា? តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​​បាន​ចែក​សក់​ជា​មួយ​អ្នក​រាល់​គ្នា? តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​រាល់​គ្នា​ដោយ​មិន​សម​ហេតុ​ផល? តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​បានស្ដី​បន្ទោស​អ្នក​រាល់​គ្នានៅ​​ចំពោះ​មុខ? តើ​វា​មិន​មែន​សម្រាប់​ជា​ប្រយោជន៍​នៃ​កិច្ច​ការ​របស់​ខ្ញុំ​ទេ​ឬ​អី ដែល​ខ្ញុំ​ទូល​សុំ​ព្រះ​វរបិតា​របស់​​ខ្ញុំ​ឲ្យ​ជួយ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​សេចក្ដី​ល្បួង​គ្រប់​បែប​យ៉ាង? តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​នេះ? តើ​ខ្ញុំ​ធ្លាប់​បាន​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្ញុំ ដើម្បី​វាយ​ធ្វើបាប​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​ឬ​ទេ? តើហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​សង​ខ្ញុំ​វិញ​បែប​នេះ? ក្រោយ​ពេល​ដែល​ផ្លាស់​ប្ដូរ​ចិត្តចំពោះ​ខ្ញុំ​​យ៉ាង​ឆាប់​រហ័ស អ្នក​រាល់​គ្នា​ក៏​លែង​ក្ដៅ និង​លែង​ត្រជាក់​ត​ទៅ​ទៀត ហើយ​បន្ទាប់​មក​ អ្នក​រាល់​គ្នាក៏​ព្យាយាមបញ្ចុះ​បញ្ចូល​​ខ្ញុំ និង​លាក់​បាំង​អ្វីៗ​ពី​ខ្ញុំ ហើយមាត់​របស់​អ្នក​រាល់​គ្នាពេញ​ដោយពាក្យ​សម្ដី​របស់​មនុស្ស​ទុច្ច​រិត។ តើ​អ្នក​រាល់​គ្នា​គិត​ថាអណ្ដាត​របស់​អ្នក​រាល់​គ្នា​អាច​បោក​ប្រាស់​វិញ្ញាណ​របស់​ខ្ញុំ​បាន​ឬ? តើ​អ្នក​រាល់​គ្នា​គិត​ថាអណ្ដាត​របស់​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឬ? ទោះ​ជា​ពួក​គេ​ប្រាថ្នា​បែប​នេះ​ក៏​ដោយ តើ​អ្នក​រាល់​គ្នា​គិត​ថា​អណ្ដាត​របស់​អ្នក​រាល់​គ្នា​អាច​​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​ទង្វើ​របស់​ខ្ញុំ ដែល​ជា​ព្រះ​យេហូវ៉ាបាន​ឬ? តើ​ខ្ញុំ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ ដែល​មនុស្ស​ធ្វើ​ការ​វិនិច្ឆ័យ​ឬ? តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​ដង្កូវ​ដ៏​តូច​មួយប្រមាថ​ខ្ញុំបែប​នេះ​ឬ​ទេ? តើ​ខ្ញុំ​អាច​ដាក់​កូន​ដែល​មិនស្ដាប់​​បង្គាប់​បែប​នេះ​នៅក្នុង​ចំណោម​ព្រះ​ពរ​ដ៏​អស់​កល្ប​ជា​និច្ច​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច​កើត? ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក​រាល់​គ្នា​បាន​លាត​ត្រដាង និង​បាន​ថ្កោល​ទោស​អ្នក​រាល់​គ្នា​ជា​យូរ​មក​ហើយ។ នៅ​ពេល​ដែល​ខ្ញុំ​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​បង្កើត​អ្វីៗ​ទាំង​អស់​មក ខ្ញុំ​មិន​បាន​បណ្ដោយ​ឲ្យ​សត្វលោក​ណា​មួយ ​​ចូល​រួម​តាម​ដែល​ពួក​គេ​ពេញ​ចិត្ត​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​បណ្ដោយ​​ឲ្យ​អ្វី​​មក​រំខាន​ដល់​កិច្ច​ការ​ និង​ការ​គ្រប់​គ្រង​របស់​ខ្ញុំឡើយ ទោះ​បី​ជា​ពួក​គេ​ថ្នា​ចង់​ធ្វើបែប​នេះ​​ក៏​ដោយ។ ខ្ញុំ​មិន​លើក​លែង​ចំពោះ​មនុស្ស​ណា​ម្នាក់ ឬក៏​វត្ថុ​ណា​មួយ​ឡើយ តើ​ខ្ញុំ​អាចអនុគ្រោះ​ឲ្យ​​អស់​អ្នក​​ដែល​​ឃោរឃៅ និង​គ្មាន​មនុស្ស​ធម៌​​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​អត់​ទោស​ដល់​​អស់​អ្នក​​ដែល​បះ​បោរ​ទាស់​នឹង​ព្រះ​បន្ទូល​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចកើត​? តើ​ខ្ញុំ​អាច​អនុគ្រោះ​​ឲ្យ​អស់​អ្នក​​ដែល​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ជោគ​វាសនា​របស់​មនុស្ស​មិន​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ដ​របស់​ខ្ញុំ​ ដែលជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដាទេ​ឬ​អី? តើ​ខ្ញុំ​អាច​រាប់​​សេចក្ដី​ទុច្ច​រិត និង​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ្នក​​​ជា​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អំពើ​បាប​របស់​អ្នក​​អាច​ធ្វើ​ឲ្យកខ្វក់​​ដល់​ភាព​បរិសុទ្ធ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចកើត? ខ្ញុំ​មិន​កខ្វក់​ដោយ​សារ​ភាព​មិន​បរិសុទ្ធរបស់​មនុស្ស​ទុច្ច​រិត​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​រីក​រាយ​ចំពោះ​ដង្វាយ​របស់​មនុស្ស​ទុច្ច​រិត​ដែរ។ ប្រសិន​បើ​អ្នក​​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​ដែល​ជា​ព្រះយេហូវ៉ា តើ​អ្នក​​អាច​យក​យញ្ញ​បូជា​នៅ​អាសនា​របស់​ខ្ញុំ​សម្រាប់​ខ្លួនឯង​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​​អាច​ប្រើ​អណ្ដាត​ពិស​ពុល​របស់​អ្នក​​មក​ប្រមាថ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​ឬ​ទេ? តើ​អ្នក​​អាច​បះ​បោរ​ទាស់​នឹង​ព្រះ​បន្ទូល​របស់​ខ្ញុំ​តាម​របៀប​នេះ​ឬ​ទេ? តើ​អ្នក​​អាច​ប្រព្រឹត្ត​ចំពោះ​សិរី​ល្អ និង​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ ទុក​ជា​ឧបករណ៍​មួយ​ដែល​បម្រើ​ដល់​សាតាំង​ ដែល​ជា​មេកំណាច​​ឬ​ទេ? ជីវិត​របស់​ខ្ញុំ​បាន​ប្រទាន​មក​សម្រាប់​ជា​ការរីក​រាយ​របស់​ពួក​បរិសុទ្ធ​។ តើ​ខ្ញុំ​អាច​អនុញ្ញាត​ឲ្យ​អ្នក​​លេង​សើច​ជា​មួយ​​ជីវិត​របស់​ខ្ញុំតាម​ដែល​អ្នក​​ប្រាថ្នា និង​ប្រើ​ប្រាស់​ធ្វើ​ជា​ឧបករណ៍​បង្ករ​ទំនាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​អាច​គ្មាន​ចិត្ត និង​ខ្វះ​សេចក្ដី​ល្អ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ខ្ញុំ​បាន​កត់​ត្រា​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ជីវិត​ទាំង​នេះ​ទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ នៅ​ពេល​​ដែល​ខ្ញុំ​ដាក់​ទោស​ដល់ប្រទេស​​អេស៊ីព្ទ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ប្រឆាំង​ និង​បំពាន​លើ​ខ្ញុំ​តាម​របៀប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច​កើត? ខ្ញុំសូម​ប្រាប់​អ្នក​​រាល់គ្នា​ដោយ​ត្រង់​ថា នៅ​ពេល​ដែល​ថ្ងៃ​នោះ​មក​ដល់ ទោស​របស់​អ្នក​រាល់​គ្នា​នឹង​កាន់​តែ​ពិបាក​ទ្រាំ​​ជាង​ទោស​របស់​ប្រទេស​អេស៊ីព្ទ​ទៅ​ទៀត។ តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ថ្ងៃ​នៃ​សេចក្ដីក្រោធ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចបាន? ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា៖ ការ​ស៊ូ​ទ្រាំ​របស់​ខ្ញុំ​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​មាន​សម្រាប់​ការ​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ដែរ។ នៅ​ពេលដែល​ការ​ស៊ូ​ទ្រាំ​របស់​ខ្ញុំ​ដល់​ទី​បញ្ចប់ តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​មនុស្ស​ដែល​នឹង​ត្រូវ​ទទួល​រង​ការជំនុំ​ជម្រះ​ដែល​ពេញ​ដោយ​​សេចក្ដី​ក្រោធទេ​ឬ​អី? តើ​អ្វីៗ​មិន​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ដ​របស់​ខ្ញុំ​ ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​​ចេស្ដា​ទេ​ឬ​អី? នៅ​ក្រោម​មេឃ​នេះ តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​ខ្ញុំបែប​នេះយ៉ាង​ដូច​ម្ដេច​កើត? ជីវិត​អ្នក​រាល់​គ្នា​នឹង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជួប​ជា​មួយ​ព្រះ​មែស្ស៊ីដែល​គេ​បាន​ថ្លែង​ថា​ ទ្រង់​នឹង​យាង​មក ប៉ុន្ដែ​បែរ​ជា​មិន​បាន​យាង​មក។ តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​សត្រូវ​របស់​ទ្រង់​ទេ​ឬ​អី? ព្រះ​យេស៊ូវ​បាន​ធ្វើ​​មិត្ត​សម្លាញ់​ជា​មួយ​អ្នក​រាល់​គ្នា ប៉ុន្ដែ​អ្នក​រាល់​គ្នា​គឺ​ជា​សត្រូវ​របស់​ព្រះ​មែស្ស៊ី។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ទោះ​បី​ជា​អ្នក​រាល់​គ្នា​គឺ​ជា​មិត្ត​សម្លាញ់​នឹង​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នាបាន​បំពេញ​ភាជនៈ​របស់​អស់​អ្នក​​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នោះ​ដែរ? ទោះ​បីជាអ្នក​រាល់​គ្នា​ជិត​ស្និទ្ធ​យ៉ាង​ខ្លាំង​ជា​មួយ​ព្រះ​យេហូវ៉ា​ក៏​ដោយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថាពាក្យ​សម្ដី​ដ៏​អាក្រក់របស់​អ្នក​រាល់​គ្នា​ បាន​ឮ​ទៅ​ដល់​ព្រះកាណ៌​របស់​ព្រះ​យេហូវ៉ា និង​បាន​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ឆួល​ឡើង​ហើយ​ទេឬ​អី? តើ​ទ្រង់​អាច​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​យ៉ាង​ដូច​ម្ដេច​កើត ហើយ​តើ​ទ្រង់​អាច​មិន​ដុត​បំផ្លាញ​ភាជនៈទាំង​អស់​​របស់​អ្នក​ ដែល​ពេញ​ដោយ​ទង្វើ​អាក្រក់​ ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ទ្រង់​អាច​មិន​ធ្វើ​ជា​សត្រូវ​របស់​អ្នក​​យ៉ាង​ដូច​ម្ដេច​កើត?

ខាង​ដើម៖ នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ

បន្ទាប់៖ ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ «ពពកស» មួយដុំ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ