អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)

អ្នករាល់គ្នាគួរតែដឹងអំពីសាច់រឿងបង្កប់ពីក្រោយព្រះគម្ពីរ និងសាច់រឿងនៃការបង្កើតព្រះគម្ពីររួចហើយ។ មនុស្សដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់មិនមានចំណេះដឹងនេះឡើយ គឺពួកគេមិនដឹងទេ។ ប្រសិនបើអ្នកត្រូវនិយាយត្រង់ៗអំពីចំណេះដឹងទាំងនេះទៅកាន់ពួកគេ នោះគេនឹងលែងក្លាយជាមនុស្សប្រកាន់ខ្ជាប់នឹងព្រះគម្ពីរជាមួយអ្នកទៀតហើយ។ ជានិច្ចកាល ពួកគេកំពុងតែសិក្សាស៊ីជម្រៅទៅលើសេចក្តីំទំនាយដែលត្រូវបានថ្លែង៖ តើសេចក្តីទំនាយនេះបានក្លាយជាការពិតហើយឬនៅ? តើសេចក្តីទំនាយនោះបានក្លាយជាការពិតហើយឬនៅ? ការទទួលដំណឹងល្អរបស់ពួកគេគឺស្របតាមព្រះគម្ពីរ ហើយពួកគេប្រកាសដំណឹងល្អដែលស្របតាមព្រះគម្ពីរ។ ជំនឿរបស់គេលើព្រះជាម្ចាស់ពឹងអាងលើព្រះបន្ទូលចេញពីព្រះគម្ពីរ ហើយបើគ្មានព្រះគម្ពីរទេ នោះពួកគេនឹងមិនជឿលើព្រះជាម្ចាស់ឡើយ។ នេះជារបៀបដែលពួកគេរស់នៅ គឺដោយពិនិត្យពិច័យលើព្រះគម្ពីរ។ នៅពេលដែលពួកគេសិក្សាព្រះគម្ពីរម្ដងទៀត ហើយសុំឱ្យអ្នកពន្យល់ អ្នកនិយាយថា៖ «ជាដំបូង ចូរយើងកុំផ្ទៀងផ្ទាត់ប្រយោគនីមួយៗឡើយ។ ផ្ទុយទៅវិញ ចូរយើងមើលពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការវិញ។ ចូរយើងដើរតាមផ្លូវដែលយើងដើរ ហើយប្រៀបធៀបវាជាមួយសេចក្តីពិត ដើម្បីចង់ដឹងថាតើផ្លូវនេះពិតជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយចូរយើងប្រើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីពិនិត្យមើលថាតើផ្លូវមួយនេះត្រឹមត្រូវឬក៏អត់។ ចំពោះថាតើសេចក្តីនេះ ឬសេចក្តីនោះបានក្លាយជាការពិតដូចបានថ្លែងទុកឬអត់ ក្នុងនាមជាមនុស្ស យើងមិនគួរខ្វល់អំពីវាឡើយ។ សម្រាប់យើង វាប្រសើរជាងក្នុងការនិយាយអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការថ្មីៗបំផុតដែលព្រះជាម្ចាស់បានកំពុងតែធ្វើ»។ សេចក្តីទំនាយនៅក្នុងព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលត្រូវបានបញ្ជូនមក តាមរយៈពួកហោរានៅគ្រានោះ ហើយព្រះបន្ទូលត្រូវបានសរសេរឡើង ដោយមនុស្សដែលព្រះជាម្ចាស់បានប្រើប្រាស់ និងទទួលបានការបណ្ដាលឱ្យតាក់តែងឡើង។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចពន្យល់អំពីព្រះបន្ទូលទាំងនោះ មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលអាចបកស្រាយអត្ថន័យនៃព្រះបន្ទូលទាំងនោះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន។ អ្នកនិយាយថា៖ «អ្នកមិនមែនជាព្រះជាម្ចាស់ឡើយ ហើយខ្ញុំក៏មិនមែនជាព្រះជាម្ចាស់ដែរ ដូច្នេះ តើនរណាហ៊ានពន្យល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ? តើអ្នកហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះឬ? ទោះបីជាហោរាយេរេមា យ៉ូហាន និងអេលីយ៉ា មកក៏ដោយ ក៏ពួកគេមិនហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះដែរ ព្រោះថាពួកគេមិនមែនជាកូនចៀមឡើយ។ មានតែកូនចៀមប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន ហើយគ្មានអ្នកផ្សេងទៀតអាចពន្យល់អំពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ខ្ញុំមិនហ៊ានដណ្ដើមព្រះនាមរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានបំណងចង់ពន្យល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ តើអ្នកជាព្រះជាម្ចាស់ឬ? គ្មានសត្តនិកររបស់ព្រះជាម្ចាស់ណាម្នាក់ហ៊ានបើកក្រាំង ឬពន្យល់អំពីព្រះបន្ទូលទាំងនោះឡើយ ហើយខ្ញុំក៏មិនហ៊ានពន្យល់ដែរ។ យកល្អ អ្នកមិនគួរព្យាយាមចង់ពន្យល់ពីព្រះបន្ទូលទាំងនោះឡើយ។ មិនគួរមាននរណាម្នាក់ព្យាយាមពន្យល់ព្រះបន្ទូលទាំងនោះទេ។ ចូរយើងនិយាយអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធវិញ ព្រោះថានេះជាអ្វីដែលមនុស្សអាចធ្វើបាន។ ខ្ញុំមានចំណេះដឹងតិចតួចប៉ុណ្ណោះអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ហើយខ្ញុំក៏គ្មានបទពិសោធផ្ទាល់ខ្លួនអំពីកិច្ចការបែបនេះដែរ ដូច្នេះ ខ្ញុំអាចនិយាយអំពីកិច្ចការនេះបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ចំពោះអត្ថន័យនៃព្រះបន្ទូលដែលអេសាយ ឬព្រះយេស៊ូវបានថ្លែងនៅក្នុងសម័យរបស់ពួកគេ ខ្ញុំនឹងមិនពន្យល់ឡើយ។ ខ្ញុំមិនសិក្សាព្រះគម្ពីរឡើយ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំដើរតាមកិច្ចការនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ជាការពិត អ្នកចាត់ទុកព្រះគម្ពីរជាក្រាំងតូចមួយ ប៉ុន្តែតើនេះមិនមែនជាសៀវភៅមួយដែលមានតែកូនចៀមប៉ុណ្ណោះដែលអាចបើកបានទេឬអី? ក្រៅពីកូនចៀម តើនរណាទៅដែលអាចបើកវាបាន? អ្នកមិនមែនជាកូនចៀមឡើយ ហើយខ្ញុំក៏មិនហ៊ានតាំងខ្លួនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ដូច្នេះ ចូរយើងកុំវិភាគអំពីព្រះគម្ពីរ ឬពិនិត្យពិច័យព្រះគម្ពីរឡើយ។ អ្វីដែលប្រសើរជាងក្នុងការពិភាក្សានោះ គឺជាកិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណបរិសុទ្ធ ព្រោះថានេះជាកិច្ចការនាពេលបច្ចុប្បន្ន ដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ចូរយើងមើលអំពីគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ និងលក្ខណៈសំខាន់នៃកិច្ចការរបស់ទ្រង់វិញ ហើយប្រើប្រាស់ចំណុចទាំងនេះ ដើម្បីផ្ទៀងផ្ទាត់មើលថាតើផ្លូវដែលយើងដើរនាពេលសព្វថ្ងៃ គឺជាផ្លូវដែលត្រឹមត្រូវឬអត់ ហើយដោយធ្វើបែបនេះ វានឹងជួយឱ្យយើងប្រាកដច្បាស់អំពីផ្លូវមួយនោះ»។ ប្រសិនបើអ្នករាល់គ្នាចង់ប្រកាសដំណឹងល្អ ជាពិសេសទៅកាន់មនុស្សដែលស្ថិតនៅក្នុងពិភពខាងសាសនា អ្នកត្រូវតែយល់អំពីព្រះគម្ពីរ និងមានសមត្ថភាពប៉ិនប្រសប់អំពីសាច់រឿងខាងក្នុងនៃព្រះគម្ពីរ បើមិនដូច្នោះទេ អ្នកគ្មានផ្លូវអាចប្រកាសដំណឹងល្អបានឡើយ។ នៅពេលដែលអ្នកបានយល់អំពីរូបភាពធំ ហើយឈប់ពិនិត្យពិច័យលើព្រះបន្ទូលដែលគ្មានជីវិតនៃព្រះគម្ពីរតាមរបៀបមិនសំខាន់ ប៉ុន្តែបែរជានិយាយតែអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្តីពិតជីវិត នោះអ្នកនឹងអាចទទួលបានមនុស្សដែលស្វែងរកចេញពីដួងចិត្តដ៏ពិតមិនខាន។

កិច្ចការរបស់ព្រះយេហូវ៉ា ក្រឹត្យវិន័យដែលទ្រង់បានបង្កើតឡើង និងគោលការណ៍ដែលទ្រង់បានចង្អុលបង្ហាញដល់មនុស្សនៅក្នុងការរស់នៅរបស់ពួកគេ មាតិកានៃកិច្ចការដែលទ្រង់បានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ភាពសំខាន់នៃការដែលទ្រង់ដាក់ឱ្យប្រើប្រាស់ក្រឹត្យវិន័យរបស់ទ្រង់ ភាពសំខាន់នៃកិច្ចការរបស់ទ្រង់ចំពោះយុគសម័យនៃព្រះគុណ និងកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងដំណាក់កាលចុងក្រោយនេះ៖ ទាំងអស់នេះហើយ គឺជាចំណុចដែលអ្នករាល់គ្នាគួរយល់ដឹង។ ដំណាក់កាលដំបូង គឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទីពីរ គឺជាកិច្ចការនៅយុគសម័យនៃព្រះគុណ។ ហើយដំណាក់កាលទីបី គឺជាកិច្ចការនៃគ្រាចុងក្រោយ។ អ្នករាល់គ្នាត្រូវតែយល់ឱ្យបានច្បាស់អំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់។ ចាប់តាំងពីដើមដំបូង រហូតដល់ទីបញ្ចប់ ទាំងអស់មាននូវបីដំណាក់កាល។ តើអ្វីទៅជាលក្ខណៈសំខាន់នៃកិច្ចការនៅដំណាក់កាលនីមួយៗ? តើនៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំមានដំណាក់កាលចំនួនប៉ុន្មានដែលត្រូវអនុវត្ត? តើដំណាក់កាលទាំងនេះត្រូវបានអនុវត្តយ៉ាងដូចម្ដេច? ហេតុអ្វីបានជាដំណាក់កាលនីមួយៗត្រូវបានអនុវត្តតាមរបៀបនោះ? ទាំងនេះសុទ្ធតែជាសំណួរដ៏សំខាន់។ កិច្ចការនៅយុគសម័យនីមួយៗមាននូវគុណតម្លៃតំណាងរបស់វា។ តើកិច្ចការអ្វីទៅដែលព្រះយេហូវ៉ាបានអនុវត្ត? ហេតុអ្វីបានជាទ្រង់ធ្វើវាតាមរបៀបនោះ? ហេតុអ្វីទ្រង់ត្រូវបានហៅថាជាព្រះយេហូវ៉ា? ជាថ្មីម្ដងទៀត តើកិច្ចការអ្វីដែលព្រះយេស៊ូវបានអនុវត្តនៅក្នុងយុគសម័យនៃព្រះគុណ? តើទ្រង់បានធ្វើកិច្ចការនោះដោយរបៀបណា? តើផ្នែកណាខ្លះនៃនិស្ស័យរបស់ព្រះជាម្ចាស់តំណាងឱ្យដំណាក់កាលនីមួយៗនៃកិច្ចការ និងយុគសម័យនីមួយៗ? តើផ្នែកណាខ្លះនៃនិស្ស័យរបស់ទ្រង់ដែលត្រូវបានបង្ហាញចេញនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ? តើមានផ្នែកណាខ្លះនៅក្នុងយុគសម័យនៃព្រះគុណ? តើមានផ្នែកណាខ្លះនៅក្នុងយុគសម័យចុងក្រោយ? ទាំងនេះគឺជាសំណួរដ៏សំខាន់ដែលអ្នករាល់គ្នាត្រូវយល់ឱ្យបានច្បាស់។ និស្ស័យទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងដំណើរផ្លូវនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ។ និស្ស័យទាំងនេះមិនត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យនៃព្រះគុណ យុគសម័យនៃក្រឹត្យវិន័យ ឬតែក្នុងអំឡុងពេលនៃគ្រាចុងក្រោយប៉ុណ្ណោះនោះឡើយ។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយតំណាងដោយការជំនុំជម្រះ សេចក្ដីក្រោធ និងការវាយផ្ចាល។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយ មិនអាចជំនួសឱ្យកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ យ៉ាងណាមិញ ដំណាក់កាលទាំងបីដែលមានភាពជាប់ទាក់ទងគ្នានេះ បង្កើតបានជាស្ថាប័នមួយ ហើយដំណាក់កាលទាំងបីនេះសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយ។ តាមធម្មតា ការអនុវត្តនៃកិច្ចការនេះ ត្រូវបានបែងចែកជាយុគសម័យខុសៗគ្នា។ កិច្ចការដែលត្រូវបានធ្វើនៅគ្រាចុងក្រោយនាំមកនូវការបិទបញ្ចប់ចំពោះអ្វីៗគ្រប់យ៉ាង ហើយការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាកិច្ចការនៃការចាប់ផ្ដើម ឯកិច្ចការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ គឺជាកិច្ចការនៃការប្រោសលោះ។ ចំពោះនិមិត្តអំពីកិច្ចការនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គ្មាននរណាម្នាក់អាចទទួលបានគតិជ្រៅជ្រះ ឬការយល់ដឹងឡើយ ហើយនិមិត្តទាំងនេះនៅបន្តជាពាក្យប្រដៅដដែល។ នៅគ្រាចុងក្រោយ មានតែកិច្ចការនៃព្រះបន្ទូលប៉ុណ្ណោះដែលត្រូវបានអនុវត្ត ដើម្បីនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ប៉ុន្តែវាមិនតំណាងឱ្យយុគសម័យទាំងអស់ឡើយ។ គ្រាចុងក្រោយគ្មានអ្វីលើសពីគ្រាចុងក្រោយទេ ហើយហើយមិនលើសពីយុគសម័យនៃនគរព្រះឡើយ ហើយវាមិនតំណាងឱ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។ សេចក្តីអាថ៌កំបាំងប្រភេទនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចបើកសម្ដែងបានឡើយ។ មិនថាមនុស្សនោះមានការយល់ដឹងអំពីព្រះគម្ពីរអស្ចារ្យប៉ុនណាឡើយ ប៉ុន្តែវានៅតែជាព្រះបន្ទូល ដ្បិតមនុស្សមិនយល់អំពីលក្ខណៈសំខាន់នៃព្រះគម្ពីរឡើយ។ នៅក្នុងការអានព្រះគម្ពីរ មនុស្សអាចយល់អំពីសេចក្តីពិតខ្លះ គេអាចពន្យល់ព្រះបន្ទូលបានខ្លះ ឬពិនិត្យពិច័យលើបទគម្ពីរ និងជំពូកដ៏ល្បីៗមួយចំនួនបាន ប៉ុន្តែគេនឹងមិនអាចចម្រាញ់យកអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលទាំងនោះបានឡើយ ព្រោះថាអ្វីៗទាំងអស់ដែលមនុស្សមើលឃើញ គឺជាព្រះបន្ទូលដែលស្លាប់ មិនមែនជាឈុតឆាកនៃកិច្ចការរបស់ព្រះយេហូវ៉ា និងរបស់ព្រះយេស៊ូវឡើយ ហើយមនុស្សគ្មានផ្លូវអាចបកស្រាយសេចក្តីអាថ៌កំបាំងនៃកិច្ចការនេះបានឡើយ។ ដូច្នេះ សេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ដ៏លាក់កំបាំងបំផុត ហើយមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ គ្មាននរណាម្នាក់អាចយល់ដោយផ្ទាល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពន្យល់ និងបើកសម្ដែងការនោះដល់មនុស្ស បើមិនដូច្នោះទេ សេចក្តីទាំងនេះនឹងនៅតែជាពាក្យប្រដៅចំពោះមនុស្សជារៀងរហូត នៅតែបន្តជាសេចក្តីអាថ៌កំបាំងជារៀងរហូត។ មិនបាច់និយាយដល់សេចក្តីនៅក្នុងពិភពខាងសាសនាទេ។ នៅថ្ងៃនេះ ប្រសិនបើខ្ញុំមិនមានបន្ទូលប្រាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នាក៏នឹងមិនយល់អំពីសេចក្តីនោះដែរ។ កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គឺជាសេចក្តីមួយដែលមានលក្ខណៈអាថ៌កំបាំងខ្លាំងជាងសេចក្តីទំនាយទាំងអស់របស់ពួកហោរាទៅទៀត។ វាជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ហើយគ្មានហោរាណាម្នាក់នៅក្នុងយុគសម័យទាំងអស់អាចវាស់ស្ទង់បានឡើយ ព្រោះសេចក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យចុងក្រោយប៉ុណ្ណោះ ហើយវាមិនធ្លាប់ត្រូវបានបើកសម្ដែងកាលពីមុនឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចយល់អំពីសេចក្តីអាថ៌កំបាំងនេះ ហើយប្រសិនបើអ្នកអាចទទួលយកវាបានទាំងស្រុង នោះគ្រប់បុគ្គលសាសនាទាំងអស់នឹងត្រូវចាញ់ក្រោមសេចក្តីអាថ៌កំបាំងនេះមិនខាន។ មានតែសេចក្តីនេះទេ ដែលជានិមិត្តដ៏អស្ចារ្យបំផុត និងជាសេចក្តីដែលមនុស្សចង់យល់បំផុត ប៉ុន្តែវាក៏ជាអ្វីមួយដែលគេមិនយល់ច្បាស់បំផុតដែរ។ នៅពេលដែលអ្នករាល់គ្នាស្ថិតនៅក្នុងយុគសម័យនៃព្រះគុណ អ្នកមិនដឹងអំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ ឬកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ាឡើយ។ មនុស្សមិនយល់អំពីហេតុផលដែលព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យ ហេតុផលដែលទ្រង់សុំឱ្យបណ្ដាជនកាន់តាមក្រឹត្យវិន័យ ឬហេតុផលដែលព្រះវិហារត្រូវបានសង់ ហើយក៏មិនយល់អំពីហេតុផលដែលប្រជាជនអ៊ីស្រាអែលត្រូវបានដឹកនាំចេញពីស្រុកអេស៊ីព្ទ ចូលទៅក្នុងវាលរហោស្ថាន បន្ទាប់មក ចូលទៅក្នុងទឹកដីកាណានឡើយ។ រហូតមកដល់ពេលបច្ចុប្បន្ន បញ្ហាទាំងនេះនៅមិនទាន់បើកសម្ដែងឱ្យដឹងនៅឡើយទេ។

កិច្ចការនៅគ្រាចុងក្រោយ គឺជាដំណាក់កាលចុងក្រោយនៃដំណាក់កាលទាំងបី។ វាជាកិច្ចការនៃយុគសម័យថ្មីមួយទៀត ហើយវាមិនតំណាងឱ្យកិច្ចការគ្រប់គ្រងទាំងអស់ឡើយ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឱ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ ប៉ុន្តែតំណាងតែផ្នែកមួយនៃដំណាក់កាលទាំងមូលប៉ុណ្ណោះ។ ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឱ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឱ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឱ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឱ្យយុគសម័យមួយតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការតែនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងកំណត់អត្ថន័យព្រះជាម្ចាស់ទៅតាមនិយមន័យខាងក្រោមថា «ព្រះជាម្ចាស់ជាព្រះដែលគង់នៅក្នុងព្រះវិហារ ហើយដើម្បីបម្រើព្រះជាម្ចាស់ យើងត្រូវតែស្លៀកពាក់ជាសង្ឃ ហើយចូលទៅក្នុងព្រះវិហារ»។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមិនត្រូវបានអនុវត្ត ហើយយុគសម័យនៃក្រឹត្យវិន័យបានបន្ត រហូតមកដល់ពេលបច្ចុប្បន្ន នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ជាព្រះ ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរនោះឡើយ។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យមិនត្រូវបានធ្វើ ហើយមានតែកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ នោះអ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងដឹងគឺថា ព្រះជាម្ចាស់អាចប្រោសលោះមនុស្ស និងអត់ទោសដល់បាបរបស់មនុស្សតែប៉ុណ្ណោះ។ អ្វីដែលមនុស្សដឹងគឺ ទ្រង់បរិសុទ្ធ និងស្លូតត្រង់ និងដឹងទៀតថា ទ្រង់អាចលះបង់អង្គទ្រង់ដោយការជាប់ឆ្កាង ដើម្បីជាប្រយោជន៍ដល់មនុស្ស។ មនុស្សនឹងដឹងតែរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែគេគ្មានការយល់ដឹងអំពីរឿងផ្សេងឡើយ។ ដូច្នេះ យុគសម័យនីមួយៗតំណាងឱ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់។ ចំពោះផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលត្រូវបានតំណាងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ផ្នែកណានៅក្នុងយុគសម័យនៃព្រះគុណ និងផ្នែកណានៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានតែនៅពេលដែលដំណាក់កាលទាំងបីត្រូវបានដាក់បញ្ចូលគ្នាប៉ុណ្ណោះ ទើបវាអាចបើកសម្ដែងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ មានតែនៅពេលដែលមនុស្សចាប់ផ្ដើមដឹងអំពីដំណាក់កាលទាំងបីប៉ុណ្ណោះ ទើបគេអាចយល់អំពីវាបានទាំងស្រុង។ គ្មានដំណាក់កាលណាមួយក្នុងដំណាក់កាលទាំងបីអាចត្រូវបានលុបចោលនោះឡើយ។ អ្នករាល់គ្នានឹងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញបាន គឺក្រោយពេលដែលអ្នកដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះតែប៉ុណ្ណោះ។ ការដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់នៅក្រោមក្រឹត្យវិន័យតែមួយឡើយ ហើយការដែលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ក៏មិនមែនមានន័យថា ព្រះជាម្ចាស់នឹងប្រោសលោះមនុស្សជាតិជារៀងរហូតនោះដែរ។ ទាំងនេះគឺជាការធ្វើសេចក្តីសន្និដ្ឋានរបស់មនុស្សតែប៉ុណ្ណោះ។ យុគសម័យនៃព្រះគុណបានមកដល់ទីបញ្ចប់ហើយ ដូច្នេះ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់ជាកម្មសិទ្ធិចំពោះឈើឆ្កាងតែមួយគត់ ហើយនិយាយទៀតថា ឈើឆ្កាងតំណាងឱ្យសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តែមួយនោះឡើយ ព្រោះការនិយាយបែបនេះ នឹងដាក់ព្រំដែនកំណត់ព្រះជាម្ចាស់មិនខាន។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រះជាម្ចាស់កំពុងតែផ្ដោតធ្វើកិច្ចការនៃព្រះបន្ទូល ប៉ុន្តែអ្នកមិនអាចនិយាយថា ព្រះជាម្ចាស់មិនដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយនិយាយទៀតថា អ្វីគ្រប់យ៉ាងដែលទ្រង់បាននាំមក គឺជាការវាយផ្ចាល និងការជំនុំជម្រះនោះឡើយ។ កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីទិសដៅ និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឱ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។ មានតែក្រោយពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ឥឡូវនេះ អ្នករាល់គ្នាបានដកពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យចុងក្រោយរួចហើយ តើនិស្ស័យរបស់ព្រះជាម្ចាស់គឺជាអ្វីទៅ? តើអ្នកហ៊ាននិយាយថា ព្រះជាម្ចាស់ជាព្រះដែលគ្រាន់តែមានបន្ទូលតែម្យ៉ាងឬ? អ្នកនឹងមិនហ៊ានធ្វើសេចក្តីសន្និដ្ឋានបែបនេះឡើយ។ អ្នកខ្លះនឹងនិយាយថា ព្រះជាម្ចាស់ជាព្រះដែលលាតត្រដាងសេចក្តីអាថ៌កំបាំង ហើយនិយាយទៀតថា ព្រះជាម្ចាស់គឺជាកូនចៀម និងជាព្រះដែលបកត្រាទាំងប្រាំពីរ។ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានធ្វើសេចក្តីសន្និដ្ឋានបែបនេះឡើយ។ អ្នកផ្សេងទៀតនឹងនិយាយថា ព្រះជាម្ចាស់ជាសាច់ឈាមដែលយកកំណើតជាមនុស្ស ប៉ុន្តែនេះនៅតែមិនទាន់ត្រឹមត្រូវនៅឡើយទេ។ អ្នកផ្សេងទៀតអាចនិយាយថា ព្រះដែលយកកំណើតជាមនុស្សយាងមក ដើម្បីមានបន្ទូលតែប៉ុណ្ណោះ ហើយទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យអ្វីឡើយ។ ការនិយាយបែបនេះមិនត្រូវឡើយ ព្រោះព្រះយេស៊ូវបានត្រលប់ជាសាច់ឈាម ហើយបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ដូច្នេះ អ្នកនឹងមិនហ៊ានកំណត់អត្ថន័យព្រះជាម្ចាស់ស្រាលៗបែបនេះឡើយ។ គ្រប់កិច្ចការដែលត្រូវបានធ្វើនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ឥឡូវបានមកដល់ទីបញ្ចប់ហើយ។ មានតែក្រោយពេលដែលកិច្ចការទាំងអស់នេះត្រូវបានបើកសម្ដែងឱ្យមនុស្សបានឃើញ និងត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សជាតិប៉ុណ្ណោះ ទើបមនុស្សជាតិនឹងដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ និងដឹងពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ នៅពេលដែលកិច្ចការនៃដំណាក់កាលនេះត្រូវបានបញ្ចប់ទាំងស្រុង នោះគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ នឹងត្រូវបានបើកសម្ដែង គ្រប់ទាំងសេចក្តីពិតដែលមិនបានយល់កាលពីមុន នឹងត្រូវបានបង្ហាញឱ្យយល់ច្បាស់ ហើយពូជសាសន៍មនុស្សនឹងបានដឹងអំពីផ្លូវ និងទិសដៅទៅថ្ងៃអនាគតរបស់គេ។ នេះគឺជាកិច្ចការទាំងស្រុងដែលត្រូវធ្វើនៅក្នុងដំណាក់កាលបច្ចុប្បន្ន។ ទោះបីផ្លូវដែលមនុស្សដើរនាពេលសព្វថ្ងៃ ជាផ្លូវនៃឈើឆ្កាង និងផ្លូវនៃទុក្ខវេទនាក៏ដោយ ក៏អ្វីដែលមនុស្សត្រូវអនុវត្ត អ្វីដែលគេហូប ផឹក និងរីករាយនៅថ្ងៃនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលមនុស្សបានធ្វើនៅក្រោមក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ អ្វីដែលត្រូវបានស្នើសុំពីមនុស្សនាពេលសព្វថ្ងៃ ខុសពីអ្វីដែលត្រូវបានស្នើសុំកាលពីអតីតកាល ហើយក៏កាន់តែខុសពីអ្វីដែលត្រូវបានស្នើសុំនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ដូច្នេះ តើអ្វីទៅដែលត្រូវបានស្នើសុំពីមនុស្សនៅក្រោមក្រឹត្យវិន័យ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល? វាជាការដែលមនុស្សត្រូវតែកាន់តាមថ្ងៃសប្ប័ទ និងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្វើការនៅថ្ងៃសប្ប័ទ ឬបំពានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនេះទៀតទេ។ នៅថ្ងៃសប្ប័ទ មនុស្សធ្វើការ ជួបជុំគ្នា និងអធិស្ឋានតាមធម្មតា ហើយគ្មានបម្រាមណាមួយត្រូវបានដាក់ទៅលើពួកគេទេ។ អស់អ្នកដែលនៅក្នុងយុគសម័យនៃព្រះគុណត្រូវទទួលបុណ្យជ្រមុជទឹក ហើយពួកគេក៏ត្រូវបានស្នើសុំឱ្យតមអាហារ កាច់នំប៉័ង ផឹកស្រាទំពាំងបាយជូរ គ្របក្បាល និងលាងជើងរបស់អ្នកដទៃ។ សព្វថ្ងៃនេះ ច្បាប់ទាំងនេះត្រូវបានលុបបំបាត់ចោល ប៉ុន្តែមនុស្សទទួលបានការទាមទារកាន់តែធំ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ចម្រើនឡើងកាន់តែស៊ីជម្រៅ ហើយច្រកចូលរបស់មនុស្សក៏ឡើងកាន់តែខ្ពស់ដែរ។ កាលពីអតីតកាល ព្រះយេស៊ូវបានដាក់ព្រះហស្តរបស់ទ្រង់លើមនុស្ស ហើយអធិស្ឋានសម្រាប់ពួកគេ ប៉ុន្តែឥឡូវនេះ ចំពោះគ្រប់ទាំងសេចក្តីដែលត្រូវបានថ្លែង តើអ្វីទៅជាអត្ថប្រយោជន៍នៃការអធិស្ឋានដាក់ដៃពីលើ? គឺមានតែព្រះបន្ទូលមួយគត់ ដែលអាចសម្រេចជាលទ្ធផលបាន។ នៅពេលដែលទ្រង់បានដាក់ព្រះហស្តរបស់ទ្រង់ទៅលើមនុស្សកាលពីអតីតកាល វាជាការប្រទានពរដល់មនុស្ស ហើយវាក៏ជាការប្រោសមនុស្សឱ្យជាពីជំងឺរបស់គេដែរ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅគ្រានោះ ប៉ុន្តែសព្វថ្ងៃនេះ វាមិននៅបែបនោះទៀតឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការ និងសម្រេចជាលទ្ធផល។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញយ៉ាងច្បាស់ដល់អ្នករាល់គ្នា ហើយអ្នកគួរតែអនុវត្តតាមព្រះបន្ទូលដែលអ្នកបានទទួល។ ព្រះបន្ទូលរបស់ទ្រង់ គឺជាបំណងព្រះហឫទ័យរបស់ទ្រង់ ហើយព្រះបន្ទូលទាំងនោះ គឺជាកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្នកនឹងយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ ហើយចំពោះការដែលទ្រង់សុំឱ្យអ្នកទទួលបាន អ្នកគ្រាន់តែអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ទៅ ដោយមិនចាំបាច់មានការដាក់ដៃពីលើនោះឡើយ។ អ្នកខ្លះនិយាយថា៖ «សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក! សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក ដើម្បីឱ្យទូលបង្គំអាចទទួលបានព្រះពររបស់ទ្រង់ និងដើម្បីឱ្យទូលបង្គំអាចចូលរួមចំណែកជាមួយទ្រង់»។ ទាំងនេះជាការអនុវត្តពីអតីតកាលដែលហួសសម័យ ឥឡូវនេះ វាប្រើការលែងបានទៀតហើយ ព្រោះថាយុគសម័យបានផ្លាស់ប្ដូរហើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការស្របតាមយុគសម័យ ដោយមិនធ្វើការបែបព្រាវៗ ឬស្របតាមក្បួនច្បាប់នោះឡើយ។ យុគសម័យបានផ្លាស់ប្ដូរ ហើយយុគសម័យថ្មីក៏នាំមកនូវកិច្ចការថ្មីដែរ។ នេះជាការពិតនៅគ្រប់ដំណាក់កាលនៃកិច្ចការ ដូច្នេះ កិច្ចការរបស់ទ្រង់មិនដែលជាន់ដានដដែលៗឡើយ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដូចជា ការប្រោសជំងឺឱ្យជា ការបណ្ដេញអារក្ស ការដាក់ដៃអធិស្ឋានលើមនុស្ស និងការប្រទានពរដល់មនុស្ស។ យ៉ាងណាមិញ ការធ្វើបែបនេះនៅក្នុងសម័យបច្ចុប្បន្ន នឹងក្លាយជារឿងគ្មានន័យឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនោះកាលនៅគ្រានោះ ដោយសារតែវាជាយុគសម័យនៃព្រះគុណ ហើយវាមានព្រះគុណគ្រប់គ្រាន់សម្រាប់មនុស្សដើម្បីរីករាយ។ មនុស្សមិនត្រូវបានស្នើសុំឱ្យបង់ថ្លៃអ្វីឡើយ ហើយដរាបណាគេមានសេចក្តីជំនឿ នោះគេនឹងទទួលបានព្រះគុណមិនខាន។ អ្វីៗគ្រប់យ៉ាងត្រូវបានប្រព្រឹត្តចំពោះដោយប្រកបដោយព្រះគុណ។ ឥឡូវនេះ យុគសម័យបានផ្លាស់ប្ដូរ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏បានវិវឌ្ឍទៅមុខដែរ។ គឺមានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះ ទើបការបះបោររបស់មនុស្ស និងអ្វីៗដែលមិនបរិសុទ្ធនៅក្នុងមនុស្ស នឹងត្រូវជម្រះចោល។ នៅដំណាក់កាលនៃការប្រោសលោះនោះ វាជារឿងចាំបាច់ដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនោះ គឺជាការបង្ហាញព្រះគុណគ្រប់គ្រាន់ ដើម្បីឱ្យមនុស្សរីករាយ ដូច្នេះ មនុស្សអាចត្រូវបានប្រោសលោះពីបាប ហើយតាមរយៈមធ្យោបាយនៃព្រះគុណ បាបរបស់គេត្រូវបានអត់ទោសឱ្យ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺជាការលាតត្រដាងសេចក្តីទុច្ចរិតដែលមាននៅខាងក្នុងមនុស្ស តាមរយៈមធ្យោបាយនៃការវាយផ្ចាល ការជំនុំជម្រះ និងការផ្ចាញ់ដោយព្រះបន្ទូល ក៏ដូចជាការប្រៀនប្រដៅ និងការបើកសម្ដែងនៃព្រះបន្ទូល ដើម្បីឱ្យមនុស្សជាតិនៅជំនាន់ក្រោយៗត្រូវបានសង្រ្គោះ។ នេះគឺជាកិច្ចការមួយដែលស៊ីជម្រៅជាងការប្រោសលោះ។ ព្រះគុណនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រប់គ្រាន់សម្រាប់ការរីករាយរបស់មនុស្ស ប៉ុន្តែឥឡូវនេះ មនុស្សបានដកពិសោធន៍ព្រះគុណនេះរួចហើយ ដូច្នេះ គេលែងរីករាយនឹងវាទៀតហើយ។ ឥឡូវ កិច្ចការនេះក្លាយជាអតីតកាល ហើយវាលែងត្រូវបានធ្វើទៀតហើយ។ ឥឡូវនេះ មនុស្សត្រូវបានសង្រ្គោះ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ ក្រោយពេលដែលមនុស្សត្រូវបានជំនុំជម្រះ ត្រូវបានវាយផ្ចាល និងត្រូវបានបន្សុទ្ធ នោះនិស្ស័យរបស់គេនឹងត្រូវបានផ្លាស់ប្ដូរ។ ចំពោះព្រះបន្ទូលដែលខ្ញុំបានថ្លែង តើវាមិនទាន់គ្រប់គ្រាន់ទៀតឬ? ដំណាក់កាលនីមួយៗត្រូវបានធ្វើស្របតាមការវិវឌ្ឍនៃពូជសាសន៍មនុស្សទាំងមូល ហើយក៏ស្របតាមយុគសម័យដែរ។ កិច្ចការទាំងអស់សុទ្ធតែសំខាន់ ហើយកិច្ចការទាំងអស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍នៃសេចក្តីសង្រ្គោះចុងក្រោយ ដើម្បីឱ្យមនុស្សជាតិអាចមានទិសដៅល្អនៅថ្ងៃអនាគត និងដើម្បីឱ្យមនុស្សជាតិអាចត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់គេនៅចុងបញ្ចប់។

កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនានានៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឱ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឱ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ។ នោះគឺដោយសារតែមានដំណាក់កាលតែមួយប៉ុណ្ណោះនៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹកនាំជីវិតរបស់ខ្លួន ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាននូវកិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ និងឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ។ ការយកកំណើតជាមនុស្សលើកទីពីរ នឹងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីលាងជម្រះបាបរបស់មនុស្ស ហើយប្រោសឱ្យគេបានបរិសុទ្ធយ៉ាងពេញលេញ។ ដូច្នេះ តាមរយៈការយកកំណើតជាមនុស្សលើកទីពីរ កិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នឹងត្រូវនាំទៅរកការបិទបញ្ចប់ ហើយភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក៏បានបញ្ចប់ដែរ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងបានមកដល់ទីបញ្ចប់ទាំងស្រុង។ ក្រោយការយកកំណើតជាមនុស្សលើកទីពីរ ទ្រង់នឹងមិនត្រលប់ជាសាច់ឈាមជាលើកទីបីសម្រាប់កិច្ចការរបស់ទ្រង់ឡើយ។ ព្រោះការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយនឹងទទួលបានទាំងស្រុងនូវពួករាស្ត្ររើសតាំងរបស់ទ្រង់ ហើយមនុស្សជាតិនៅក្នុងគ្រាចុងក្រោយនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្រ្គោះ ហើយក៏មិនយាងត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការណាមួយទៀតដែរ។ នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះបន្ទូលមានអំណាចខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីដឹងអំពីនិស្ស័យទាំងនោះដោយខ្លួនឯងឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានលាតត្រដាងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកឯង អ្នកនឹងមិនអាចបដិសេធវាបានឡើយ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឱ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឱ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឱ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឱ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឱ្យបរិសុទ្ធ ឬការផ្លាស់ប្រែដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែគេគ្មានចំណេះដឹងសូម្បីតែបន្ដិចអំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានសម្អាតឱ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឱ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឱ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឱ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឱ្យព្រះជាម្ចាស់ប្រោសឱ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។ មនុស្សបានស្រែកបែបនេះកាលពីអតីតកាល ដោយសារតែគេគ្មានការយល់ដឹងអំពីនិស្ស័យពីកំណើតដ៏ពុករលួយរបស់គេ។ ទាំងនេះគឺជាភាពមិនបរិសុទ្ធដែលមាននៅក្នុងមនុស្ស។ នៅក្នុងអំឡុងពេលដ៏យូរនៃការជំនុំជម្រះ និងការវាយផ្ចាល មនុស្សបានរស់នៅក្នុងបរិយាកាសដ៏តានតឹងមួយ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? តើអ្នកមិនបានស្រែកខ្លាំងដែរទេឬ មុនពេលដែលមានការល្បងលដល់ពួកអ្នកស៊ីឈ្នួល? «ចូរចូលក្នុងនគរព្រះ! អស់អ្នកដែលទទួលយកព្រះនាមនេះ នឹងចូលទៅក្នុងនគរព្រះ! មនុស្សទាំងអស់នឹងចូលរួមទទួលចំណែកពីព្រះជាម្ចាស់!» នៅពេលដែលការល្បងលនៃពួកអ្នកស៊ីឈ្នួលបានមកដល់ នោះអ្នកលែងស្រែកឡើងទៀតហើយ។ កាលពីដើមដំបូង មនុស្សទាំងអស់បានស្រែកឡើងថា «ឱ ព្រះជាម្ចាស់អើយ! នៅគ្រប់ទីកន្លែងដែលទ្រង់ដាក់ទូលបង្គំ នោះទូលបង្គំនឹងចុះចូលឱ្យទ្រង់ដឹកនាំ»។ នៅពេលដែលបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ «តើនរណាខ្លះនឹងក្លាយដូចជាប៉ុលរបស់ខ្ញុំ?» មនុស្សបាននិយាយថា «ទូលបង្គំព្រម!» បន្ទាប់មក ពួកគេបានឃើញឃ្លាថា «ចុះចំណែកសេចក្តីជំនឿរបស់យ៉ូប?» និងបាននិយាយថា «ទូលបង្គំព្រមមានសេចក្តីជំនឿរបស់យ៉ូប។ ឱ ព្រះជាម្ចាស់អើយ សូមទ្រង់ល្បងលទូលបង្គំមកចុះ!» នៅពេលដែលការល្បងលពួកអ្នកស៊ីឈ្នួលបានមកដល់ ពួកគេបានដួលរលំតែម្ដង ហើយមិនអាចក្រោកឈរបានម្ដងទៀតឡើយ។ ក្រោយមកទៀត ភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់គេចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងៗ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? ដូច្នេះ អ្វីដែលអ្នករាល់គ្នាបានដកពិសោធន៍នៅថ្ងៃនេះ គឺជាលទ្ធផលដែលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល ហើយវាមានកម្រិតធំធេងជាងលទ្ធផលដែលត្រូវបានសម្រេចតាមរយៈការធ្វើទីសម្គាល់ និងការអស្ចារ្យរបស់ព្រះយេស៊ូវទៅទៀត។ សិរីល្អរបស់ព្រះជាម្ចាស់ដែលអ្នកមើលឃើញ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលអ្នកមើលឃើញ មិនត្រឹមតែត្រូវបានមើលឃើញតាមរយៈមធ្យោបាយនៃការជាប់ឆ្កាង ការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ក៏តាមរយៈមធ្យោបាយនៃការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់ដែរ។ ការនេះបង្ហាញដល់អ្នកថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនកើតឡើងតាមរយៈតែការធ្វើទីសម្គាល់ ការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថា ការជំនុំជម្រះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែអាចតំណាងឱ្យសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងបើកសម្ដែងពីភាពពេញដោយព្រះចេស្ដារបស់ទ្រង់ដែរ។

អ្វីដែលមនុស្សទទួលបានសព្វថ្ងៃនេះ ដូចជា កម្ពស់បច្ចុប្បន្ន ចំណេះដឹង សេចក្តីស្រឡាញ់ ស្វាមីភក្ដិ ការស្ដាប់បង្គាប់ និងគតិជ្រៅជ្រះរបស់គេ ទាំងអស់នេះគឺជាលទ្ធផលដែលទទួលបានតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ ការដែលអ្នកអាចមានស្វាមីភក្ដិ និងបន្តឈរមាំរហូតមកដល់ថ្ងៃនេះ គឺទទួលបានតាមរយៈព្រះបន្ទូល។ ឥឡូវ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សពិតជាអស្ចារ្យមែន ហើយមានរឿងជាច្រើនទៀតនៅក្នុងកិច្ចការនេះ ដែលមនុស្សមិនអាចទទួលបាន ដោយព្រោះវាជាសេចក្តីអាថ៌កំបាំង និងភាពអច្ឆរិយៈ។ ដូចនេះ មនុស្សជាច្រើនបានចុះចូល។ អ្នកខ្លះមិនធ្លាប់ចុះចូលចំពោះមនុស្សណាម្នាក់ឡើយ តាំងពីកើតមក ប៉ុន្តែនៅពេលដែលពួកគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ពួកគេក៏ព្រមចុះចូលទាំងស្រុង ទាំងមិនបានចាប់អារម្មណ៍ ហើយពួកគេមិនហ៊ានពិនិត្យពិច័យ ឬនិយាយអ្វីផ្សេងឡើយ។ មនុស្សបានលុតជង្គង់នៅក្រោមព្រះបន្ទូល ហើយត្រូវបានដួលនៅក្រោមការជំនុំជម្រះនៃព្រះបន្ទូល។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់មនុស្ស នោះមនុស្សជាតិទាំងអស់នឹងចុះចូលចំពោះព្រះសូរសៀង ក្រាបចុះ ដោយគ្មានពាក្យនៃការបើកសម្ដែងឡើយ គឺដូចជារបៀបដែលប៉ុលបានធ្លាក់ដួលទៅលើដី ដោយសារតែពន្លឺដ៏ចាំងនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាសអ៊ីចឹងដែរ។ ប្រសិនបើព្រះជាម្ចាស់បានបន្តធ្វើកិច្ចការតាមរបៀបនេះ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យដ៏ពុករលួយរបស់គេតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល និងទទួលបានសេចក្តីសង្រ្គោះឡើយ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលដោយផ្ទាល់ទៅកាន់ត្រចៀករបស់មនុស្សម្នាក់ៗ ដើម្បីឱ្យមនុស្សទាំងអស់ដែលមានត្រចៀក អាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់តាមរយៈព្រះបន្ទូល។ មានតែបែបនេះទេ ទើបលទ្ធផលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាជាងឱ្យព្រះវិញ្ញាណស្ដែងចេញ ដើម្បីធ្វើឱ្យមនុស្សចុះចូលទាំងភ័យខ្លាច។ មានតែតាមរយៈកិច្ចការដ៏ជាក់ស្ដែង តែអស្ចារ្យនេះប៉ុណ្ណោះ ទើបនិស្ស័យចាស់របស់មនុស្សដែលកប់យ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំ អាចត្រូវបានលាតត្រដាងយ៉ាងពេញលេញ ដើម្បីឱ្យមនុស្សអាចស្គាល់វា និងឱ្យទ្រង់ផ្លាស់ប្ដូរវា។ ទាំងនេះគឺជាកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមានតែតាមរយៈការមានបន្ទូល និងការអនុវត្តការជំនុំជម្រះនៅក្នុងលក្ខណៈជាក់ស្ដែងនេះទេ ទើបទ្រង់សម្រេចបានលទ្ធផលនៃការជំនុំជម្រះទៅលើមនុស្សតាមរយៈព្រះបន្ទូល។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ វាត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមនុស្សបានស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីឱ្យដឹងអំពីលទ្ធផលដែលត្រូវបានសម្រេច តាមរយៈកិច្ចការនៃព្រះបន្ទូល និងដើម្បីឱ្យដឹងថា ព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម ហើយបង្ហាញសិទ្ធិអំណាចរបស់ទ្រង់តាមរយៈការជំនុំជម្រះមនុស្សដោយព្រះបន្ទូល។ ទោះបីជាសាច់ឈាមរបស់ទ្រង់មានទម្រង់ខាងក្រៅនៃភាពជាមនុស្សសាមញ្ញ និងធម្មតាក៏ដោយ ប៉ុន្តែលទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាននោះ បង្ហាញដល់មនុស្សថា ទ្រង់ពេញដោយសិទ្ធិអំណាច ថាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងថាព្រះបន្ទូលរបស់ទ្រង់គឺជាការស្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តាមរយៈមធ្យោបាយនេះ មនុស្សជាតិទាំងអស់បានមើលឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្កដែលបានត្រលប់ជាសាច់ឈាម ដែលគ្មាននរណាម្នាក់អាចប្រមាថទ្រង់បានឡើយ និងមើលឃើញទៀតថា គ្មាននរណាម្នាក់អាចខ្ពស់ហួសពីការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល ហើយក៏គ្មានកម្លាំងនៃសេចក្តីងងឹតណាមួយអាចយកឈ្នះលើសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មនុស្សចុះចូលចំពោះទ្រង់ទាំងស្រុង ដោយសារតែទ្រង់ជាព្រះបន្ទូលដែលត្រលប់ជាសាច់ឈាម ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ និងដោយសារតែការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល។ កិច្ចការដែលត្រូវបាននាំមកដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាសិទ្ធិអំណាចមួយដែលទ្រង់មាន។ ហេតុផលដែលទ្រង់ត្រលប់ជាសាច់ឈាម គឺដោយសារតែសាច់ឈាមក៏អាចមានសិទ្ធិអំណាចដែរ ហើយទ្រង់អាចអនុវត្តកិច្ចការតាមរបៀបជាក់ស្ដែងមួយនៅក្នុងចំណោមមនុស្សជាតិ គឺតាមរបៀបមួយដែលមនុស្សអាចមើលឃើញ និងពាល់បាន។ កិច្ចការនេះមានលក្ខណៈប្រាកដប្រជាជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានគ្រប់ទាំងសិទ្ធិអំណាច ហើយលទ្ធផលរបស់វាក៏ស្ដែងចេញឱ្យឃើញច្បាស់ដែរ។ នេះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អាចមានបន្ទូល និងធ្វើការនៅតាមរបៀបជាក់ស្ដែង។ ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចអ្វីឡើយ ហើយមនុស្សអាចចូលទៅជិតបាន ខណៈដែលលក្ខណៈសំខាន់របស់ទ្រង់មានសិទ្ធិអំណាច ប៉ុន្តែចំពោះសិទ្ធិអំណាចរបស់ទ្រង់ គ្មាននរណាម្នាក់អាចមើលឃើញឡើយ។ នៅពេលដែលទ្រង់មានបន្ទូល និងធ្វើការ មនុស្សមិនអាចដឹងពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយការនេះជួយឱ្យទ្រង់ធ្វើកិច្ចការចេញពីលក្ខណៈជាក់ស្ដែង។ គ្រប់ទាំងកិច្ចការជាក់ស្ដែងនេះ អាចសម្រេចបានលទ្ធផល។ ទោះបីជាគ្មានមនុស្សណាម្នាក់ដឹងថា ទ្រង់មានសិទ្ធិអំណាច ឬមើលឃើញថា ទ្រង់មិនអាចត្រូវបានប្រមាថ ឬមើលឃើញពីសេចក្ដីក្រោធរបស់ទ្រង់ក៏ដោយ ក៏ទ្រង់សម្រេចបានលទ្ធផលគ្រោងទុកនៃព្រះបន្ទូលរបស់ទ្រង់តាមរយៈសិទ្ធិអំណាចដ៏លាក់កំបាំងរបស់ទ្រង់ សេចក្ដីក្រោធដ៏លាក់កំបាំងរបស់ទ្រង់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូលដោយចំហ។ អាចនិយាយម្យ៉ាងទៀតបានថា តាមរយៈព្រះសូរសៀងរបស់ទ្រង់ ភាពប្រាកដប្រជានៃព្រះបន្ទូលរបស់ទ្រង់ និងគ្រប់ទាំងព្រះប្រាជ្ញាញាណចេញពីព្រះបន្ទូលរបស់ទ្រង់ នោះមនុស្សនឹងជឿទាំងស្រុងតែម្ដង។ តាមរបៀបនេះ មនុស្សចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមើលទៅហាក់ដូចជាគ្មានសិទ្ធិអំណាច ប៉ុន្តែបែរជាអាចសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សបានទៅវិញ។ នេះគឺជាទិដ្ឋភាពមួយទៀតនៃភាពសំខាន់អំពីការយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាការមានបន្ទូលកាន់តែប្រាកដប្រជា និងអនុញ្ញាតឱ្យតថភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ទ្រង់មានឥទ្ធិពលទៅលើមនុស្ស ដើម្បីឱ្យមនុស្សធ្វើបន្ទាល់ពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ បើកិច្ចការនេះមិនត្រូវបានធ្វើឡើង តាមរយៈមធ្យោបាយនៃការយកកំណើតជាមនុស្សទេ នោះវានឹងមិនអាចសម្រេចបានលទ្ធផលអ្វីឡើយ ហើយវានឹងមិនអាចសង្រ្គោះមនុស្សដែលពេញដោយអំពើបាបបានយ៉ាងពេញលេញឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះទ្រង់នឹងបន្តជាព្រះវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងពាល់បាន។ មនុស្សជាសត្តនិករនៃសាច់ឈាម ដូច្នេះ គេនិងព្រះជាម្ចាស់មានពិភពពីរផ្សេងគ្នា និងមានធម្មជាតិខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចចុះសម្រុងជាមួយមនុស្ស ដែលមកពីសាច់ឈាមឡើយ ហើយវាក៏គ្មានផ្លូវនៃការបង្កើតនូវទំនាក់ទំនងរវាងពួកគេបានដែរ បើដូច្នេះ មនុស្សគ្មានសមត្ថភាពទទួលបានការបំផ្លាស់ប្រែខាងវិញ្ញាណឡើយ។ ដោយសារតែហេតុផលនេះហើយបានជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវតែត្រលប់ជាមនុស្ស ដើម្បីធ្វើកិច្ចការដើមរបស់ទ្រង់។ ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត និងបន្ទាបអង្គទ្រង់ត្រលប់ជាមនុស្ស ដើម្បីធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរស់នៅកណ្ដាលចំណោមពួកគេបាន ប៉ុន្តែមនុស្សមិនអាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត និងក្លាយជាវិញ្ញាណបានទេ ហើយលើសពីនេះ គេក៏មិនអាចចុះទៅកាន់ទីដ៏ទាបបំផុតនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ដោយសារហេតុផលដដែលនេះហើយ បានជាក្នុងអំឡុងនៃការយកកំណើតជាមនុស្សលើកទីមួយ មានតែសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចប្រោសលោះមនុស្សតាមរយៈការជាប់ឆ្កាង ប៉ុន្តែវាគ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានជាប់ឆ្កាង ជាតង្វាយលោះបាបសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់អាចត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែមនុស្សមិនអាចឡើងទៅស្ថានសួគ៌ដោយផ្ទាល់ ដើម្បីទទួលតង្វាយលោះបាបដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេឡើយ។ ដោយសារហេតុផលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺសុំឱ្យព្រះជាម្ចាស់រត់ចុះឡើងពីរបីដងនៅចន្លោះស្ថានសួគ៌និងផែនដី ដោយមិនចាំបាច់ឱ្យមនុស្សត្រូវឡើងទៅស្ថានសួគ៌ ដើម្បីទទួលយកសេចក្តីសង្រ្គោះនេះទេ ព្រោះមនុស្សបានធ្លាក់ចុះ ហើយលើសពីនេះទៅទៀត មនុស្សក៏មិនអាចឡើងទៅស្ថានសួគ៌បានដែរ ថែមទាំងមិនអាចទទួលយកតង្វាយលោះបានទៀតផង។ ដូច្នេះ វាចាំបាច់ណាស់ដែលព្រះយេស៊ូវត្រូវយាងមកកណ្ដាលចំណោមមនុស្សជាតិ ហើយធ្វើកិច្ចការដែលមនុស្សមិនអាចសម្រេចបាន ដោយព្រះអង្គទ្រង់ផ្ទាល់។ គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺសុទ្ធតែជាពេលដ៏ចាំបាច់បំផុត។ បើមានដំណាក់កាលណាមួយដែលអាចត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនចាំបាច់ត្រូវចុះចូល រហូតដល់រងភាពអាម៉ាស់នៃការយកកំណើតជាមនុស្សនោះឡើយ។

នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ដឹងអំពីសេចក្តីអាថ៌កំបាំងជាច្រើន និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈមនុស្សជំនាន់មុន។ តាមរយៈព្រះបន្ទូល មនុស្សបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់អំពីសេចក្តីអាថ៌កំបាំង ដែលមិនធ្លាប់ត្រូវបានបើកសម្ដែងពីមនុស្សជំនាន់មុន ក៏ដូចជាកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីគ្រាមុន និងគោលការណ៍ដែលពួកគេបានធ្វើការដែរ។ តាមរយៈព្រះបន្ទូល មនុស្សក៏ចាប់ផ្ដើមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ដូចជាយល់អំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស ហើយមនុស្សក៏ចាប់ផ្ដើមដឹងពីសារជាតិសំខាន់របស់គេផងដែរ។ តាមរយៈជំហាននៃកិច្ចការទាំងនេះ និងតាមរយៈគ្រប់ទាំងព្រះបន្ទូលដែលបានថ្លែងមក មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណ កិច្ចការរបស់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏ដឹងអំពីនិស្ស័យទាំងស្រុងរបស់ទ្រង់ដែរ។ ចំណេះដឹងរបស់អ្នកអំពីកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ក៏ទទួលបានតាមរយៈព្រះបន្ទូលដែរ។ តើការបោះបង់ចោលនូវចំណេះដឹងអំពីសញ្ញាណចាស់ និងភាពជោគជ័យរបស់អ្នក ក៏មិនត្រូវបានទទួលតាមរយៈព្រះបន្ទូលដែរទេឬអី? នៅក្នុងដំណាក់កាលមុន ព្រះយេស៊ូវបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែនៅក្នុងដំណាក់កាលនេះ វាគ្មានទីសម្គាល់ និងការអស្ចារ្យឡើយ។ តើការដែលអ្នកទទួលបានការយល់ដឹងអំពីហេតុផលដែលព្រះជាម្ចាស់មិនបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យ ក៏មិនបានមកតាមរយៈព្រះបន្ទូលដែរទេឬអី? ដូច្នេះ ព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ គឺខ្ពស់ហួសពីកិច្ចការដែលត្រូវបានធ្វើដោយពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុនទៅទៀត។ សូម្បីតែសេចក្តីទំនាយដែលពួកហោរាបានថ្លែង ក៏មិនអាចសម្រេចបានលទ្ធផលនេះដែរ។ ពួកហោរាបានថ្លែងតែសេចក្តីទំនាយប៉ុណ្ណោះ ពួកគេបាននិយាយអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែមិនបាននិយាយអំពីកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនាពេលបច្ចុប្បន្នឡើយ។ ពួកគេក៏មិនបានថ្លែង ដើម្បីដឹកនាំមនុស្សជាតិនៅក្នុងជីវិតរបស់ពួកគេ ឬក៏ផ្ដល់នូវសេចក្តីពិតចំពោះមនុស្សជាតិ ឬបើកសម្ដែងពីសេចក្តីអាថ៌កំបាំងដល់ពួកគេឡើយ រឹតតែមិនបានផ្ដល់នូវជីវិតទៅទៀត។ ចេញពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ មានសេចក្តីទំនាយ និងសេចក្តីពិត ប៉ុន្តែព្រះបន្ទូលទាំងនេះបម្រើជាចម្បង ដើម្បីប្រទានជីវិតដល់មនុស្សប៉ុណ្ណោះ។ ព្រះបន្ទូលនាពេលបច្ចុប្បន្នខុសពីសេចក្តីទំនាយរបស់ពួកហោរា។ នេះគឺជាដំណាក់កាលនៃកិច្ចការមួយសម្រាប់ជីវិតរបស់មនុស្ស ដើម្បីផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់មនុស្ស និងមិនមែនសម្រាប់ជាប្រយោជន៍នៃការថ្លែងទំនាយឡើយ។ ដំណាក់កាលទីមួយ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា។ កិច្ចការរបស់ទ្រង់ គឺរៀបចំផ្លូវមួយសម្រាប់មនុស្ស ដើម្បីថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី។ វាជាកិច្ចការនៃទីចាប់ផ្ដើម ដើម្បីស្វែងរកប្រភពដើមសម្រាប់កិច្ចការនៅលើផែនដី។ នៅគ្រានោះ ព្រះយេហូវ៉ាបានបង្រៀនដល់ប្រជាជនអ៊ីស្រាអែលឱ្យកាន់តាមថ្ងៃសប្ប័ទ គោរពឪពុកម្ដាយរបស់ខ្លួន និងរស់នៅចុះសម្រុងគ្នា។ នេះគឺដោយសារតែមនុស្សនៅគ្រានោះ មិនបានយល់អំពីអ្វីដែលបានរួមផ្សំជាមនុស្ស ហើយក៏មិនយល់ពីរបៀបរស់នៅលើផែនដីដែរ។ នៅក្នុងដំណាក់កាលទីមួយនៃកិច្ចការ វាចាំបាច់ណាស់ដែលទ្រង់ត្រូវចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេ។ រាល់សេចក្តីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ពួកគេ មនុស្សជាតិមិនធ្លាប់ដឹងឮ ឬមានចំណេះបែបនោះពីមុនមកឡើយ។ នៅគ្រានោះ ព្រះជាម្ចាស់បានរើសតាំងពួកហោរាជាច្រើននាក់ ដើម្បីថ្លែងទំនាយ ហើយពួកគេទាំងអស់បានធ្វើការនេះ ក្រោមការចង្អុលបង្ហាញរបស់ព្រះយេហូវ៉ា។ នេះគ្រាន់តែជាចំណុចមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលទីមួយ ព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមឡើយ ដូច្នេះ ទ្រង់បានបង្គាប់ដល់គ្រប់ពូជអំបូរ និងគ្រប់ប្រជាជាតិតាមរយៈពួកហោរា។ នៅពេលដែលព្រះយេស៊ូវបានធ្វើការនៅក្នុងសម័យរបស់ទ្រង់ ទ្រង់មិនបានមានបន្ទូលជាច្រើន ដូចនៅក្នុងសម័យបច្ចុប្បន្នឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះបន្ទូលនៅក្នុងគ្រាចុងក្រោយនេះ មិនធ្លាប់បានធ្វើនៅក្នុងយុគសម័យ និងជំនាន់មុនៗឡើយ។ ទោះបីអេសាយ ដានីយ៉ែល និងយ៉ូហានបានថ្លែងនូវសេចក្តីទំនាយជាច្រើនក៏ដោយ ក៏សេចក្តីទំនាយរបស់គេខុសគ្នាស្រឡះពីព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះដែរ។ អ្វីដែលពួកគេបានមានប្រសាសន៍ គឺគ្រាន់តែជាសេចក្តីទំនាយប៉ុណ្ណោះ ប៉ុន្តែព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះ មិនមែនជាសេចក្តីទំនាយឡើយ។ ប្រសិនបើខ្ញុំប្រែក្លាយគ្រប់ទាំងសេចក្តីដែលខ្ញុំមានបន្ទូលនាពេលនេះឱ្យក្លាយជាសេចក្តីទំនាយ តើអ្នករាល់គ្នានឹងអាចយល់ដែរឬទេ? ឧបមាថា អ្វីដែលខ្ញុំបានមានបន្ទូលនោះ គឺជាកិច្ចការនានាក្រោយពេលដែលខ្ញុំបានចេញទៅផុត តើអ្នកអាចទទួលបានការយល់ដឹងយ៉ាងដូចម្ដេចទៅ? កិច្ចការនៃព្រះបន្ទូលមិនត្រូវបានធ្វើនៅក្នុងសម័យរបស់ព្រះយេស៊ូវ ឬនៅក្នុងយុគសម័យនៃក្រឹត្យវិន័យឡើយ។ ប្រហែលជាអ្នកខ្លះនឹងនិយាយថា «តើព្រះយេហូវ៉ាមិនបានមានបន្ទូលនៅក្នុងពេលដែលទ្រង់ធ្វើការដែរទេឬអី? បន្ថែមពីលើការប្រោសជំងឺឱ្យជា ការបណ្ដេញអារក្ស និងការធ្វើទីសម្គាល់ និងការអស្ចារ្យ តើព្រះយេស៊ូវមិនបានមានបន្ទូលនៅគ្រាដែលទ្រង់កំពុងតែធ្វើការដែរទេឬអី?» វាមានភាពខុសគ្នារវាងរឿងរ៉ាវនានាដែលត្រូវបានថ្លែង។ តើអ្វីទៅជាលក្ខណៈសំខាន់នៃព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែង? ទ្រង់កំពុងតែចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេនៅលើផែនដី ហើយវាមិនបានប៉ះពាល់ដល់កិច្ចការនៅក្នុងជីវិតខាងវិញ្ញាណឡើយ។ ហេតុអ្វីបានជាគេនិយាយថា នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូល ទ្រង់បានបង្គាប់ទៅកាន់មនុស្សនៅគ្រប់ទីកន្លែង? ពាក្យថា «បង្គាប់» មានន័យថា ប្រាប់យ៉ាងជាក់ច្បាស់ និងបញ្ជាដោយត្រង់។ ទ្រង់មិនបានប្រទានជីវិតដល់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែកាន់ដៃមនុស្ស ហើយបង្រៀនពួកគេពីរបៀបគោរពស្រឡាញ់ទ្រង់ ដោយមិនបានផ្ដល់ជាប្រស្នាជាច្រើនឡើយ។ កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺមិនទាក់ទងនឹងការដោះស្រាយ ការប្រៀនប្រដៅមនុស្ស ឬការប្រទានការជំនុំជម្រះ និងការវាយផ្ចាលឡើយ ប៉ុន្តែវាជាការចង្អុលបង្ហាញពួកគេវិញ។ ព្រះយេហូវ៉ាបានបញ្ជាទៅកាន់ម៉ូសេឱ្យប្រាប់ប្រជារាស្ត្ររបស់ទ្រង់ ឱ្យដើរប្រមូលនំម៉ាណានៅឯវាលរហោស្ថាន។ រៀងរាល់ព្រឹក មុនពេលថ្ងៃរះ ពួកគេត្រូវចេញទៅប្រមូលនំម៉ាណា គឺមួយគ្រប់ល្មមសម្រាប់ពួកគេក្នុងការបរិភោគសម្រាប់ថ្ងៃនោះប៉ុណ្ណោះ។ នំម៉ាណាមិនអាចរក្សាទុករហូតដល់ថ្ងៃស្អែកបានឡើយ ព្រោះវានឹងដុះផ្សិតមិនខាន។ ទ្រង់មិនបានបង្រៀនមនុស្ស ឬលាតត្រដាងពីធម្មជាតិរបស់ពួកគេ ហើយក៏មិនបានបង្ហាញគំនិត និងយោបល់របស់ពួកគេដែរ។ ទ្រង់មិនបានផ្លាស់ប្ដុរមនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បានចង្អុលបង្ហាញដល់ពួកគេនៅក្នុងការដឹកនាំជីវិតរបស់ខ្លួនវិញ។ មនុស្សនៅគ្រានោះ ដូចជាកូនក្មេងអ៊ីចឹង ហើយពួកគេគ្មានយល់អ្វីឡើយ ក្រៅពីការដេកដើរឈរអង្គុយ ដូច្នេះ ព្រះយេហូវ៉ាគ្រាន់តែចេញក្រឹត្យវិន័យ ដើម្បីចង្អុលបង្ហាញដល់បណ្ដាជនប៉ុណ្ណោះ។

ដើម្បីផ្សាយដំណឹងល្អ ឱ្យមនុស្សទាំងអស់ដែលស្វែងរកដោយដួងចិត្តដ៏ពិត អាចទទួលបានចំណេះដឹងអំពីកិច្ចការដែលត្រូវបានធ្វើនៅថ្ងៃនេះ និងជឿជាក់យ៉ាងមុតមាំ អ្នកត្រូវតែមានការយល់ដឹងដ៏ច្បាស់លាស់អំពីសាច់រឿងនៅខាងក្នុង យល់អំពីលក្ខណៈសំខាន់ និងភាពសំខាន់នៃកិច្ចការដែលត្រូវបានធ្វើនៅក្នុងដំណាក់កាលនីមួយៗ។ ដោយស្ដាប់ឮការប្រកបគ្នារបស់អ្នក អ្នកផ្សេងទៀតអាចយល់អំពីកិច្ចការរបស់ព្រះយេហូវ៉ា កិច្ចការរបស់ព្រះយេស៊ូវ ហើយកាន់តែសំខាន់ជាងនេះទៀតនោះ គឺគេអាចយល់អំពីគ្រប់ទាំងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក៏ដូចជាទំនាក់ទំនង និងភាពខុសគ្នារវាងដំណាក់កាលទាំងបីនៃកិច្ចការនេះដែរ។ ដូច្នេះ ក្រោយពេលដែលពួកគេបានបញ្ចប់ការស្ដាប់ហើយ អ្នកផ្សេងទៀតនឹងមើលឃើញថា ដំណាក់កាលទាំងបីមិនបានបង្អាក់ដល់គ្នាឡើយ ប៉ុន្តែមើលឃើញថា ដំណាក់កាលទាំងអស់គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ទោះបីជាពួកទ្រង់ធ្វើការនៅក្នុងយុគសម័យផ្សេងគ្នា មាតិកានៃកិច្ចការដែលពួកទ្រង់អនុវត្តខុសគ្នា ហើយព្រះបន្ទូលដែលពួកទ្រង់មានបន្ទូលខុសគ្នាក៏ដោយ ក៏គោលការណ៍ដែលពួកទ្រង់ធ្វើ គឺតែមួយ និងដូចគ្នាដែរ។ ទាំងនេះគឺជានិមិត្តដ៏ធំបំផុតដែលអ្នកដើរតាមព្រះជាម្ចាស់ទាំងអស់គួរតែយល់។

ខាង​ដើម៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)

បន្ទាប់៖ ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ