អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)

នៅគ្រាដែលព្រះយេស៊ូវធ្វើការនៅក្នុងស្រុកយូដា ទ្រង់បានធ្វើកិច្ចការនោះដោយបើកចំហ ប៉ុន្តែពេលនេះ ខ្ញុំធ្វើការ និងមានបន្ទូលក្នុងចំណោមអ្នករាល់គ្នាជាសម្ងាត់វិញ។ អ្នកជឿជាច្រើនសុទ្ធតែមិនដឹងរឿងនេះសោះ។ កិច្ចការរបស់ខ្ញុំក្នុងចំណោមអ្នករាល់គ្នា គឺបិទមិនឲ្យអ្នកក្រៅដឹងទេ។ ព្រះបន្ទូលទាំងអស់នេះ ការវាយផ្ចាល និងការជំនុំជម្រះទាំងនេះ គឺឲ្យដឹងត្រឹមអ្នករាល់គ្នាប៉ុណ្ណោះ និងគ្មាននរណាផ្សេងឡើយ។ កិច្ចការទាំងអស់នេះ ត្រូវបានអនុវត្តនៅក្នុងចំណោមអ្នករាល់គ្នា និងបើកសម្ដែងប្រាប់តែអ្នករាល់គ្នាប៉ុណ្ណោះ ក្នុងចំណោមអ្នកមិនជឿ គ្មាននរណាដឹងរឿងនេះទេ ដ្បិតវេលាកំណត់នៅមិនទាន់មកដល់នៅឡើយទេ។ មនុស្សដែលនៅទីនេះទាំងអស់ ហៀបនឹងត្រូវបានប្រោសឲ្យបានពេញខ្នាតហើយ បន្ទាប់ពីបានទ្រាំទ្រនឹងការវាយផ្ចាល ប៉ុន្តែអស់អ្នកដែលនៅខាងក្រៅវិញ គេមិនដឹងអ្វីសោះអំពីរឿងនេះ។ កិច្ចការនេះលាក់កំបាំងណាស់! ចំពោះពួកគេ ព្រះជាម្ចាស់ដែលបានត្រឡប់ជាសាច់ឈាម បានបំពួនព្រះកាយ ប៉ុន្តែចំពោះអ្នកដែលនៅក្នុងចង្កោមនេះវិញ គេអាចនិយាយបានថា ទ្រង់បើកចំហ។ ថ្វីបើនៅក្នុងព្រះជាម្ចាស់ គ្រប់យ៉ាងសុទ្ធតែបើកចំហ គ្រប់យ៉ាងត្រូវបានបើកសម្ដែង ហើយគ្រប់យ៉ាងត្រូវបានដោះឲ្យរួច ក៏រឿងនេះជាការពិត ចំពោះតែអស់អ្នកដែលជឿលើព្រះអង្គប៉ុណ្ណោះ ចំណែកអ្នកដែលនៅសេសសល់ គឺអ្នកមិនជឿវិញនោះ គ្មានអ្វីត្រូវបានបង្ហាញឲ្យគេដឹងឡើយ។ កិច្ចការដែលកំពុងត្រូវបានធ្វើឡើងសព្វថ្ងៃក្នុងចំណោមអ្នករាល់គ្នា និងនៅក្នុងប្រទេសចិន គឺត្រូវបានបិទបាំងយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យពួកគេដឹង។ ប្រសិនបើគេដឹងពីកិច្ចការនេះ ម្ល៉េះគ្រប់យ៉ាងដែលគេធ្វើ គឺជំទាស់នឹងរឿងនេះ ហើយដាក់វាទៅក្នុងការបៀតបៀនជាមិនខាន។ ពួកគេមុខជាមិនជឿរឿងនេះទេ។ ដើម្បីធ្វើកិច្ចការនៅក្នុងជាតិសាសន៍របស់នាគដ៏ធំមានសម្បុរក្រហម ដែលជាកន្លែងអន់ជាងគេបង្អស់នេះ មិនមែនជាភារកិច្ចងាយស្រួលនោះទេ។ ប្រសិនបើកិច្ចការនេះ ត្រូវយកទៅដាក់កណ្ដាលចំណោមសាធារណជន នោះវាមុខជាមិនអាចបន្តទៀតបានទេ។ កិច្ចការដំណាក់កាលនេះ មិនអាចយកទៅអនុវត្តកណ្ដាលចំណោមសាធារណជនបានតែម្ដង។ ប្រសិនបើកិច្ចការនេះត្រូវយកទៅអនុវត្តកណ្ដាលចំណោមសាធារណជន តើពួកគេអាចអនុញ្ញាតឲ្យកិច្ចការនេះវិវឌ្ឍទៅមុខបានដោយរបៀបណា? តើទង្វើបែបនេះមិនធ្វើឲ្យកិច្ចការនេះមានហានិភ័យកាន់តែខ្លាំងទេឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវលាក់បំបាំង តែផ្ទុយទៅវិញ ត្រូវបានអនុវត្តដូចនៅក្នុងសម័យព្រះយេស៊ូវ លុះកាលទ្រង់ប្រោសមនុស្សឈឺ និងដេញអារក្សយ៉ាងអស្ចារ្យ តើការនោះមិនក្លាយជា «រឹបអូស» ដែលត្រូវវិញ្ញាណអាក្រក់ចាប់យកទៅជាយូរហើយទេឬអី? តើពួកគេអាចបណ្ដោយឲ្យព្រះជាម្ចាស់មានវត្តមានគង់នៅបានទេ? ប្រសិនបើពេលនេះ ខ្ញុំចូលទៅក្នុងសាលាប្រជុំ ដើម្បីប្រកាសព្រះបន្ទូល និងបង្រៀនមនុស្ស នោះខ្ញុំមិនត្រូវគេវាយដំ ក្លាយទៅជាបំណែកៗជាយូរហើយទេឬអី? ហើយប្រសិនបើរឿងនេះបានកើតឡើង តើឲ្យកិច្ចការរបស់ខ្ញុំអាចបន្តអនុវត្តទៅមុខទៀតបានដោយរបៀបណា? ហេតុផលដែលគ្មានទីសម្គាល់ និងការអស្ចារ្យត្រូវបានសម្ដែងចេញដោយបើកចំហនោះ គឺដើម្បីការលាក់បំបាំងនេះហើយ។ ដូច្នេះ ចំពោះអ្នកមិនជឿ កិច្ចការរបស់ខ្ញុំមិនអាចត្រូវបានមើលឃើញ ស្គាល់ ឬរកឃើញនោះឡើយ។ ប្រសិនបើកិច្ចការដំណាក់កាលនេះ ត្រូវធ្វើឡើងក្នុងលក្ខណៈដូចគ្នានឹងកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យនៃព្រះគុណ កិច្ចការនេះមិនអាចនៅជាប់លាប់ដូចសព្វថ្ងៃនេះទេ។ ដូច្នេះ ការធ្វើការជាសម្ងាត់បែបនេះ គឺជាប្រយោជន៍ដល់អ្នករាល់គ្នា និងដល់កិច្ចការទាំងមូល។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះមកដល់ទីបញ្ចប់ ពោលគឺពេលដែលកិច្ចការសម្ងាត់នេះបញ្ចប់ទៅ នោះដំណាក់កាលកិច្ចការនេះនឹងបែកធ្លាយដល់សាធារណជនទូទៅ។ គ្រប់គ្នានឹងដឹងថា មានអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងប្រទេសចិន។ គ្រប់គ្នានឹងដឹងថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមនៅក្នុងប្រទេសចិន និងដឹងថា កិច្ចការរបស់ទ្រង់ឈានដល់ទីបញ្ចប់ហើយ។ លុះដល់ពេលនោះទើបមនុសភ្នកនឹកឃើញថា៖ ហេតុអ្វីបានជាប្រទេសចិនពុំទាន់បង្ហាញនូវឱនភាព ឬការដួលរលំដូច្នេះ? វាបញ្ជាក់ថា ព្រះជាម្ចាស់កំពុងអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងប្រទេសចិន ហើយបានប្រោសមនុស្សមួយក្រុមឲ្យបានគ្រប់លក្ខណ៍ ក្លាយជាអ្នកមានជ័យជម្នះ។

ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់ ក្នុងគ្រាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ប៉ុណ្ណោះ មិនមែនដល់សត្តនិករទាំងអស់ឡើយ។ ទ្រង់បានក្លាយជាសាច់ឈាម ដើម្បីបង្ហើយដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ និងមិនមែនដើម្បីបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សនោះឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ទ្រង់គឺទ្រង់ត្រូវតែយកទៅអនុវត្តដោយអង្គឯង ដូច្នេះទ្រង់ចាំបាច់ត្រូវធ្វើកិច្ចការនេះក្នុងសាច់ឈាម។ កាលណាកិច្ចការនេះបញ្ចប់ទៅ នោះទ្រង់នឹងចាកចេញពីពិភពមនុស្ស ទ្រង់មិនអាចគង់នៅយូរក្នុងចំណោមមនុស្សជាតិបានឡើយ ខ្លាចក្រែងមានឧបសគ្គរាំងស្ទះដល់កិច្ចការនេះកើតមានឡើង។ អ្វីដែលទ្រង់សម្ដែងដល់ហ្វូងបណ្ដាជន គ្រាន់តែជានិស្ស័យសុចរិតរបស់ទ្រង់ និងស្នាព្រះហស្តទាំងអស់របស់ទ្រង់ប៉ុណ្ណោះ ពុំមែនជារូបអង្គពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ ដ្បិតរូបអង្គរបស់ព្រះជាម្ចាស់អាចសម្ដែងឲ្យឃើញតែតាមរយៈនិស្ស័យរបស់ទ្រង់ប៉ុណ្ណោះ និងមិនអាចជំនួសដោយរូបអង្គនៃសាច់ឈាមជាមនុស្សរបស់ទ្រង់នោះឡើយ។ រូបអង្គនៃសាច់ឈាមរបស់ទ្រង់ត្រូវបានបើកបង្ហាញដើម្បីកំណត់ចំនួនមនុស្ស គឺមានតែអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះ ដ្បិតទ្រង់ធ្វើការនៅក្នុងសាច់ឈាម។ នេះហើយជាហេតុផលដែលកិច្ចការដែលកំពុងត្រូវបានអនុវត្តនៅពេលនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់។ ព្រះយេស៊ូវក៏បង្ហាញអង្គទ្រង់ដល់តែសាសន៍យូដា ក្នុងគ្រាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបដូចគ្នានេះដែរ ហើយទ្រង់ពុំដែលបង្ហាញអង្គទ្រង់ជាសាធារណៈ ដល់ជាតិសាសន៍ដទៃទៀតឡើយ។ ដូច្នេះ កាលណាទ្រង់បានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់នឹងចាកចេញពីពិភពរបស់មនុស្សភ្លាម មិននៅយូរទេ។ ក្រោយមកទៀត គឺមិនមែនទ្រង់ (រូបភាពមនុស្សម្នាក់នេះ) ទេ ដែលបង្ហាញអង្គទ្រង់ដល់មនុស្ស តែគឺព្រះវិញ្ញាណបរិសុទ្ធវិញ ដែលអនុវត្តកិច្ចការនេះដោយផ្ទាល់។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ត្រូវបានបញ្ចប់ទៅទាំងស្រុង នោះទ្រង់នឹងចាកចេញពីពិភពមនុស្សដែលតែងតែស្លាប់នេះ ហើយមិនយាងត្រឡប់មកធ្វើកិច្ចការណាមួយ ដូចគ្នាទៅនឹងកិច្ចការដែលទ្រង់ធ្វើកាលទ្រង់នៅជាសាច់ឈាមម្ដងទៀតឡើយ។ បន្ទាប់ពីនេះ កិច្ចការនេះនឹងត្រូវធ្វើឡើងទាំងអស់ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ ក្នុងគ្រានេះ មនុស្សកម្រនឹងអាចមើលឃើញរូបអង្គនៃរូបកាយសាច់ឈាមរបស់ទ្រង់ណាស់ ទ្រង់មិនបង្ហាញអង្គទ្រង់ដល់មនុស្សទាល់តែសោះ តែទ្រង់នៅលាក់ព្រះកាយជានិរន្តវិញ។ ពេលវេលាសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមមានកំណត់។ កិច្ចការនេះត្រូវបានអនុវត្តនៅក្នុងយុគសម័យ កាលសម័យ ជាតិសាសន៍ និងក្នុងចំណោមក្រុមមនុស្សជាក់លាក់។ កិច្ចការនេះបង្ហាញឲ្យឃើញតែកិច្ចការក្នុងសម័យកាលនៃការយកកំណើតរបស់ព្រះជាម្ចាស់ វាតំណាងឲ្យយុគសម័យ ហើយវាតំណាងឲ្យកិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ នៅក្នុងយុគសម័យមួយដោយឡែកប៉ុណ្ណោះ ហើយមិនមែនកិច្ចការទាំងស្រុងរបស់ព្រះអង្គឡើយ។ ដូច្នេះ រូបអង្គរបស់ព្រះជាម្ចាស់ដែលក្លាយជាសាច់ឈាម នឹងមិនត្រូវបានបង្ហាញដល់មនុស្សទាំងអស់ឡើយ។ អ្វីដែលត្រូវបានបង្ហាញដល់បណ្ដាជន គឺភាពសុចរិតរបស់ព្រះជាម្ចាស់ និងនិស្ស័យទាំងអស់របស់ព្រះអង្គ មិនមែនរូបអង្គរបស់ទ្រង់ ក្នុងគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ។ រូបអង្គដែលបង្ហាញឲ្យមនុស្សឃើញនោះ មិនមែនជារូបអង្គតែអង្គឯង ក៏មិនមែនជារូបអង្គទាំងពីរអង្គរួមគ្នាដែរ។ ដូច្នេះ វាជារឿងចាំបាច់ដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ត្រូវចាកចេញពីផែនដីពេលបញ្ចប់កិច្ចការដែលទ្រង់ត្រូវធ្វើ ដ្បិតទ្រង់យាងមកដើម្បីធ្វើតែកិច្ចការដែលទ្រង់គួរធ្វើ និងមិនមែនមកបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សឡើយ។ ទោះបីជាសារៈសំខាន់នៃការយកកំណើតជាមនុស្សនេះ ត្រូវបានសម្រេចរួចរាល់ ដោយព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដល់ទៅពីរលើក ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ជាចំហ ដល់ជាតិសាសន៍ណាផ្សេងដែលមិនធ្លាប់បានឃើញទ្រង់ពីមុនសោះនោះឡើយ។ ព្រះយេស៊ូវនឹងមិនសម្ដែងអង្គទ្រង់ផ្ទាល់ ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដល់សាសន៍យូដាម្ដងទៀតឡើយ ទ្រង់ក៏មិនឈរនៅលើភ្នំដើមអូលីវ ហើយលេចមកឲ្យមនុស្សទាំងអស់ឃើញដែរ។ គ្រប់យ៉ាងដែលសាសន៍យូដាបានឃើញ គឺរូបអង្គរបស់ព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់មានព្រះជន្មគង់នៅក្នុងស្រុកយូដា។ នេះគឺមកពីកិច្ចការរបស់ព្រះយេស៊ូវ ក្នុងការដែលទ្រង់យកកំណើតជាមនុស្ស បានបញ្ចប់ទៅកាលពីពីរពាន់ឆ្នាំមុន។ ទ្រង់នឹងមិនត្រឡប់មកស្រុកយូដា ក្នុងរូបភាពជាសាសន៍យូដា ក៏រឹតតែមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់ជាតិសាសន៍ដទៃណាផ្សេងទៀតដែរ ដ្បិតរូបអង្គព្រះយេស៊ូវដែលបានត្រឡប់ជាសាច់ឈាម គ្រាន់តែជារូបភាពជាសាសន៍យូដាម្នាក់ប៉ុណ្ណោះ និងមិនមែនជារូបអង្គជាបុត្រមនុស្សដែលយ៉ូហានបានឃើញនោះទេ។ ទោះបីជាព្រះយេស៊ូវបានសន្យានឹងអ្នកដែលដើរតាមទ្រង់ថា ទ្រង់នឹងយាងត្រឡប់មកវិញ ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់មនុស្សដែលនៅក្នុងជាតិសាសន៍ដទៃទៀតដែរ។ អ្នករាល់គ្នាគួរដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺដើម្បីបើកយុគសម័យមួយ។ កិច្ចការនេះ ត្រូវបានកំណត់តែក្នុងរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ ហើយទ្រង់មិនអាចអាចបង្ហើយកិច្ចការទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដូចដែលរូបអង្គរបស់ព្រះយេស៊ូវក្នុងនាមជាសាសន៍យូដា អាចតំណាងត្រឹមតែរូបអង្គរបស់ព្រះជាម្ចាស់កាលទ្រង់ធ្វើការក្នុងស្រុកយូដា ហើយទ្រង់អាចធ្វើតែកិច្ចការនៃការជាប់ឆ្កាងតែប៉ុណ្ណោះ។ ក្នុងគ្រាដែលព្រះយេស៊ូវគង់ក្នុងសាច់ឈាមនៅឡើយ ទ្រង់មិនអាចធ្វើកិច្ចការនៃការបញ្ចប់យុគសម័យ ឬបំផ្លាញមនុស្សជាតិបានឡើយ។ ដូច្នេះ បន្ទាប់ពីទ្រង់ត្រូវគេឆ្កាង និងបានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់ក៏យាងឡើងទៅស្ថានខ្ពស់ ហើយបំបាំងព្រះកាយទ្រង់ពីមនុស្សលោកទៅ។ តាំងពីពេលនោះមក ពួកអ្នកជឿដ៏ស្មោះត្រង់ដែលមកពីជាតិសាសន៍ដទៃទាំងអស់នេះ មិនអាចមើលឃើញការបើកសម្ដែងរបស់ព្រះអម្ចាស់យេស៊ូវទេ តែអាចត្រឹមមើលឃើញរូបភាពរបស់ទ្រង់ ដែលពួកគេបិទភ្ជាប់ទៅនឹងជញ្ជាំងតែប៉ុណ្ណោះ។ រូបភាពនេះ គ្រាន់តែជារូបភាពដែលមនុស្សគូរប៉ុណ្ណោះ មិនមែនជារូបអង្គនៃព្រះជាម្ចាស់ ដូចដែលទ្រង់បើកបង្ហាញអង្គទ្រង់ឲ្យមនុស្សបានឃើញនោះឡើយ។ ព្រះជាម្ចាស់នឹងមិនបង្ហាញអង្គទ្រង់ដោយចំហដល់បណ្ដាជនក្នុងរូបភាពកាលពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះឡើយ។ កិច្ចការដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ គឺដើម្បីអនុញ្ញាតឲ្យគេយល់ពីនិស្ស័យរបស់ទ្រង់។ ទាំងអស់នេះត្រូវបានបង្ហាញដល់មនុស្ស ដោយមធ្យោបាយនៃកិច្ចការក្នុងយុគសម័យខុសៗគ្នា ការនេះត្រូវបានសម្រេចឡើងតាមរយៈនិស្ស័យដែលទ្រង់បានសម្ដែងឲ្យមនុស្សឃើញ និងកិច្ចការដែលទ្រង់បានធ្វើ មិនមែនតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវឡើយ។ មានន័យថា រូបអង្គរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឲ្យមនុស្សស្គាល់ មិនមែនតាមរយៈរូបអង្គនៃការយកកំណើតជាមនុស្សនេះឡើយ តែគឺតាមរយៈកិច្ចការដែលត្រូវបានអនុវត្តដោយព្រះដែលយកកំណើតជាមនុស្សដែលមានទាំងរូបអង្គ និងសណ្ឋានទាំងពីរ ចំណែករូបអង្គរបស់ទ្រង់ក៏ត្រូវបានបង្ហាញឲ្យគេឃើញ ហើយនិស្ស័យរបស់ទ្រង់ក៏ត្រូវបានសម្ដែងឲ្យគេស្គាល់ តាមរយៈកិច្ចការរបស់ទ្រង់ដែរ។ នេះហើយគឺជាសារៈសំខាន់នៃកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងសាច់ឈាម។

កាលណាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទាំងពីរអង្គឈានដល់ទីបញ្ចប់ នោះទ្រង់នឹងចាប់ផ្ដើមបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ ដល់គ្រប់ជាតិសាសន៍នៃអ្នកមិនជឿទាំងអស់ ដោយអនុញ្ញាតឲ្យពួកបណ្ដាជនគ្រប់គ្នាមើលឃើញរូបអង្គរបស់ទ្រង់។ ទ្រង់នឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ ហើយទ្រង់នឹងបង្ហាញយ៉ាងច្បាស់ពីចុងបញ្ចប់នៃជំពូកមនុស្សខុសៗគ្នា តាមរយៈមធ្យោបាយនេះ ទាំងធ្វើឲ្យយុគសម័យចាស់ ឈានដល់ទីបញ្ចប់ទាំងស្រុងផង។ ហេតុផលដែលកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មិនលាតសន្ធឹងកាន់តែធំទូលាយ (ដូចកាលព្រះយេស៊ូវធ្វើការតែក្នុងស្រុកយូដា ហើយសព្វថ្ងៃខ្ញុំធ្វើការតែក្នុងចំណោមអ្នករាល់គ្នា) គឺមកពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានដែនកំណត់ និងមានកំហិត។ ទ្រង់គ្រាន់តែកំពុងអនុវត្តកិច្ចការរបស់ទ្រង់មួយរយៈពេលខ្លី ក្នុងរូបភាពសាច់ឈាមជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ប៉ុណ្ណោះ។ ទ្រង់មិនមែនកំពុងប្រើសាច់ឈាមនេះ មកធ្វើកិច្ចការដ៏អស់កល្បជានិច្ច ឬកិច្ចការនៃការបង្ហាញអង្គទ្រង់ដល់បណ្ដាជន ក្នុងជាតិសាសន៍អ្នកមិនជឿនោះឡើយ។ កិច្ចការនៅក្នុងសាច់ឈាមនេះ អាចកំណត់បានត្រឹមវិសាលភាព (ដូចជា ការធ្វើការតែក្នុងស្រុកយូដា ឬក្នុងចំណោមអ្នករាល់គ្នា) ហើយតាមមធ្យោបាយនៃកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងដែនកំណត់នេះ នោះវិសាលភាពនៃកិច្ចការនេះអាចលាតសន្ធឹងទៅបាន។ ពិតណាស់ កិច្ចការលាតសន្ធឹងនេះ ត្រូវតែអនុវត្តផ្ទាល់ដោយព្រះវិញ្ញាណបរិសុទ្ធ និងលែងជាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ទ្រង់ទៀតហើយ។ ដោយព្រោះកិច្ចការក្នុងសាច់ឈាមនេះ មានដែនកំណត់ និងមិនលាតសន្ធឹងដល់គ្រប់ទិសទីទាំងអស់ក្នុងសកលលោក កិច្ចការនេះមិនអាចសម្រេចបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធអនុវត្តកិច្ចការបន្តបន្ទាប់មកទៀត តាមរយៈកិច្ចការក្នុងសាច់ឈាមនេះ។ ដូច្នេះ កិច្ចការដែលត្រូវបានធ្វើឡើងក្នុងសាច់ឈាម ជាកិច្ចការដែលមានលក្ខណៈនាំមុខ ជាកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងដែនកំណត់ជាក់លាក់។ បន្ទាប់ពីនេះ គឺព្រះវិញ្ញាណរបស់ទ្រង់ហើយដែលអនុវត្តកិច្ចការនេះបន្តទៀត ហើយជាងនេះទៀត ទ្រង់ធ្វើការនេះក្នុងវិសាលភាពដែលធំជាងមុនផង។

ព្រះជាម្ចាស់យាងមកដើម្បីធ្វើកិច្ចការនៅលើផែនដីប៉ុណ្ណោះដើម្បីដឹកនាំយុគសម័យ។ទ្រង់មានន័យថាបើកយុគសម័យមួយថ្មី និងបញ្ចប់យុគសម័យចាស់ប៉ុណ្ណោះ។ ទ្រង់មិនបានយាងមករស់ជាគំរូពីដំណើរជីវិតរបស់មនុស្សម្នាក់នៅលើផែនដី មកឲ្យព្រះអង្គផ្ទាល់បានស្គាល់ពីអំណរ និងទុក្ខនៃជីវិតនៅក្នុងពិភពរបស់មនុស្សលោក ឬមកប្រោសបុគ្គលម្នាក់ជាក់លាក់ឲ្យបានគ្រប់លក្ខណ៍ ដោយព្រះហស្តទ្រង់ ឬមកទតមើលបុគ្គលម្នាក់ជាក់លាក់ចម្រើនលូតលាស់។ នេះមិនមែនជាកិច្ចការរបស់ទ្រង់ទេ កិច្ចការរបស់ទ្រង់ គឺគ្រាន់តែមកចាប់ផ្ដើមយុគសម័យថ្មី និងបញ្ចប់យុគសម័យចាស់។ ពោលគឺទ្រង់នឹងចាប់ផ្ដើមយុគសម័យមួយដោយផ្ទាល់ បញ្ចប់យុគសម័យមួយទៀតដោយផ្ទាល់ និងយកឈ្នះសាតាំង តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ដែរ។ រាល់ពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺប្រៀបដូចជាទ្រង់ឈានជើងចូលទៅក្នុងសមរភូមិ។ ដំបូង ទ្រង់ឈ្នះលោកីយ៍ រួចហើយយកឈ្នះលើសាតាំង ទាំងនៅក្នុងសាច់ឈាមនៅឡើយ។ ទ្រង់យកសិរីរុងរឿងទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់ ហើយបើកវាំងនននៃកិច្ចការរយៈពេលពីរពាន់ឆ្នាំនេះទាំងស្រុង ធ្វើដូច្នេះ ដើម្បីឲ្យមនុស្សទាំងអស់លើផែនដី មានផ្លូវត្រឹមត្រូវមួយសម្រាប់ដើរ និងមានជីវិតសុខសាន្ត និងរីករាយមួយ សម្រាប់រស់នៅដែរ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនអាចគង់នៅជាមួយមនុស្សលោកលើផែនដីបានយូរទេ ដ្បិតព្រះជាម្ចាស់គឺជាព្រះ ហើយសំខាន់បំផុត គឺទ្រង់មិនដូចគ្នានឹងមនុស្សលោកទេ។ ទ្រង់មិនអាចរស់ក្នុងអាយុកាលនៃមនុស្សធម្មតាម្នាក់ ពោលគឺទ្រង់មិនអាចគង់នៅលើផែនដីនេះ ដូចមនុស្សម្នាក់ដែលគ្មានអ្វីសោះ ក្រៅពីភាពសាមញ្ញឡើយ ដ្បិតទ្រង់មានចំណែកជាមនុស្សធម្មតារបស់បុគ្គលធម្មតាម្នាក់ តិចតួចណាស់ សម្រាប់រក្សាជីវិតជាមនុស្សរបស់ទ្រង់។ ក្នុងន័យមួយទៀតគឺ តើព្រះជាម្ចាស់អាចបង្កើតគ្រួសារ ចាប់អាជីពការងារ និងបីបាច់កូនចៅលើផែនដីនេះ ដោយរបៀបណា? តើនេះមិនមែនជាក្ដីអាម៉ាស់ដល់ទ្រង់ទេឬអី? ដែលទ្រង់ត្រូវបានផ្ដល់នូវភាពជាមនុស្សធម្មតានោះ គឺសម្រាប់តែគោលបំណងអនុវត្តកិច្ចការក្នុងលក្ខណៈធម្មតាមួយ មិនមែនឲ្យទ្រង់អាចមានគ្រួសារ និងអាជីពការងារ ដូចមនុស្សធម្មតាម្នាក់នោះទេ។ ញាណធម្មតារបស់ទ្រង់ គំនិតធម្មតារបស់ទ្រង់ ព្រមទាំងការចិញ្ចឹមជីវិត និងការស្លៀកពាក់ធម្មតានៃសាច់ឈាមរបស់ទ្រង់ គឺល្មមនឹងបញ្ជាក់ថា ទ្រង់មានភាពជាមនុស្សធម្មតាហើយ។ ពុំចាំបាច់ឲ្យទ្រង់មានគ្រួសារ ឬអាជីវការងារ ដើម្បីមកបញ្ជាក់ថា ទ្រង់មានភាពជាមនុស្សសាមញ្ញនោះឡើយ។ រឿងនេះគឺមុខជាមិនចាំបាច់សោះតែម្ដង! ការយាងមកផែនដីរបស់ព្រះជាម្ចាស់ គឺព្រះបន្ទូលដែលបានត្រឡប់ជាសាច់ឈាម ទ្រង់គ្រាន់តែអនុញ្ញាតឲ្យមនុស្សយល់ព្រះបន្ទូលរបស់ទ្រង់ និងមើលឃើញព្រះបន្ទូលរបស់ទ្រង់ ពោលគឺ ទ្រង់អនុញ្ញាតឲ្យមនុស្សមើលឃើញកិច្ចការដែលត្រូវបានអនុវត្តដោយសាច់ឈាមរបស់ទ្រង់។ ចេតនារបស់ទ្រង់ គឺមិនមែនឲ្យមនុស្សប្រព្រឹត្តចំពោះសាច់ឈាមរបស់ទ្រង់ ដោយវិធីពិសេសអ្វីឡើយ តែឲ្យមនុស្សចេះស្ដាប់បង្គាប់ដល់ទីបញ្ចប់ប៉ុណ្ណោះ ពោលគឺ ស្ដាប់បង្គាប់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ហើយចុះចូលនឹងគ្រប់កិច្ចការដែលទ្រង់ធ្វើ។ ទ្រង់គ្រាន់តែធ្វើការក្នុងសាច់ឈាមប៉ុណ្ណោះ ទ្រង់គ្មានចេតនាបង្គាប់ឲ្យមនុស្សលើកតម្កើងភាពមហិមា និងភាពបរិសុទ្ធនៃសាច់ឈាមរបស់ទ្រង់ឡើយ តែផ្ទុយទៅវិញ ទ្រង់កំពុងបង្ហាញឲ្យមនុស្សឃើញប្រាជ្ញានៃកិច្ចការរបស់ទ្រង់ និងសិទ្ធិអំណាចទាំងអស់ដែលទ្រង់មានវិញ។ ដូច្នេះហើយ ទោះបីជាទ្រង់មានភាពជាមនុស្សដ៏អស្ចារ្យ ក៏ទ្រង់មិនធ្វើសេចក្ដីប្រកាសដែរ ហើយផ្ដោតតែលើកិច្ចការដែលទ្រង់គួរធ្វើតែប៉ុណ្ណោះ។ អ្នករាល់គ្នាគប្បីដឹងថា ហេតុអ្វីបានជាព្រះជាម្ចាស់ក្លាយជាសាច់ឈាម តែមិនប្រកាស ឬធ្វើបន្ទាល់ពីភាពជាមនុស្សធម្មតារបស់ទ្រង់ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែអនុវត្តកិច្ចការដែលទ្រង់ចង់ធ្វើប៉ុណ្ណោះ។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាអាចមើលឃើញ តាយរយៈព្រះដែលយកកំណើតជាមនុស្ស គឺលក្ខណៈជាព្រះរបស់ទ្រង់ នេះគឺមកពីទ្រង់មិនដែលប្រកាសពីលក្ខណៈជាមនុស្សរបស់ទ្រង់ ឲ្យមនុស្សយកតម្រាប់តាម។ លុះដល់ពេលដែលមនុស្សដឹកនាំមនុស្សដទៃទៀត ទើបគេនិយាយពីលក្ខណៈជាមនុស្សរបស់ទ្រង់ ដើម្បីទទួលបានការសរសើរ និងការជឿជាក់កាន់តែច្រើន ហើយទទួលបាននូវភាពជាអ្នកដឹកនាំពីមនុស្សដទៃផង។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានយកឈ្នះមនុស្សលោក តាមរយៈកិច្ចការរបស់ទ្រង់តែម្យ៉ាងគត់ (ពោលគឺ ជាកិច្ចការដែលមនុស្សទទួលមិនបាន)។ វាជារឿងមិនសំខាន់ មិនថាទ្រង់ត្រូវបានលើកសរសើរដោយមនុស្ស ឬធ្វើឱ្យមនុស្សគោរពទ្រង់នោះទេ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីបណ្ដុះទឹកចិត្តគោរពកោតខ្លាចចំពោះទ្រង់ នៅក្នុងចិត្តរបស់មនុស្ស។ គ្រប់យ៉ាងដែលទ្រង់ត្រូវការ គឺឲ្យអ្នកគោរពកោតខ្លាចទ្រង់ នៅពេលដែលអ្នកបានឃើញនិស្ស័យរបស់ទ្រង់ ផ្ទាល់នឹងភ្នែក។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺជាកិច្ចការរបស់ព្រះអង្គផ្ទាល់ មិនមានមនុស្សណាធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ ក៏គ្មានមនុស្សណាអាចទទួលយកកិច្ចការនេះបានដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបអាចធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ និងចាប់ផ្ដើមយុគសម័យមួយថ្មី សម្រាប់ដឹកនាំមនុស្សទៅក្នុងការរស់នៅបែបថ្មី។ កិច្ចការដែលទ្រង់ធ្វើ គឺដើម្បីឲ្យមនុស្សអាចចាប់ផ្ដើមមានជីវិតថ្មីជាកម្មសិទ្ធ និងចូលទៅក្នុងយុគសម័យថ្មីមួយ។ កិច្ចការដែលនៅសេសសល់ ត្រូវបានប្រគល់ទៅឲ្យអស់អ្នកណាដែលមានភាពជាមនុស្សធម្មតា ដែលត្រូវបានអ្នកដទៃលើកសរសើរ។ ដូច្នេះ ទ្រង់បានបង្ហើយកិច្ចការរយៈពេលពីរពាន់ឆ្នាំ តែក្នុងរយៈពេលបីឆ្នាំកន្លះ ក្នុងថេរវេលាសាមបីឆ្នាំដែលទ្រង់សណ្ឋិតក្នុងសាច់ឈាមក្នុងយុគសម័យនៃព្រះគុណ។ កាលព្រះជាម្ចាស់យាងមកដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់តែងតែបង្ហើយកិច្ចការរយៈពេលពីរពាន់ឆ្នាំរបស់ទ្រង់ ឬកិច្ចការក្នុងយុគសម័យមួយទាំងមូលក្នុងថេរវេលាខ្លីបំផុត គឺពីរបីឆ្នាំប៉ុណ្ណោះ។ ទ្រង់មិនបានបង្អង់ ហើយទ្រង់ក៏មិនពន្យាពេលដែរ ទ្រង់គ្រាន់តែបង្រួមកិច្ចការរយៈពេលជាច្រើនឆ្នាំ ដើម្បីឲ្យវាសម្រេចទៅបានតែក្នុងរយៈពេលពីរបីឆ្នាំយ៉ាងខ្លី។ នេះគឺមកពីកិច្ចការដែលទ្រង់ធ្វើផ្ទាល់នោះ គឺដើម្បីជាប្រយោជន៍ដល់ការបើកច្រកផ្លូវថ្មីមួយ និងការដឹកនាំយុគសម័យថ្មីមួយទាំងស្រុង។

ខាង​ដើម៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)

បន្ទាប់៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ