អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់

តើព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកជំនុំនាពេលសព្វថ្ងៃនេះយ៉ាងដូចម្តេច? តើអ្នកយល់ជាក់ច្បាស់អំពីសំណួរនេះទេ? តើអ្វីជាការលំបាកធំបំផុតរបស់បងប្អូនប្រុសស្រីរបស់អ្នក? តើពួកគេខ្វះអ្វីជាងគេ? បច្ចុប្បន្ននេះ មានមនុស្សមួយចំនួនដែលមានភាពអវិជ្ជមាននៅពេលពួកគេឆ្លងកាត់ការល្បងល ហើយអ្នកខ្លះថែមទាំងត្អូញត្អែរទៀតផង។ មនុស្សផ្សេងទៀតលែងឆ្ពោះទៅមុខទៀត ពីព្រោះព្រះជាម្ចាស់បានបញ្ចប់ការមានបន្ទូលហើយ។ មនុស្សមិនបានចូលក្នុងផ្លូវត្រូវនៃជំនឿលើព្រះជាម្ចាស់ទេ។ ពួកគេមិនអាចរស់នៅដោយឯករាជ្យបានទេ ហើយពួកគេក៏មិនអាចរក្សាជីវិតខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ មនុស្សមួយចំនួនដើរតាម និងដេញតាមប្រកបដោយថាមពល ហើយពួកគេមានឆន្ទៈអនុវត្តនៅពេលដែលព្រះជាម្ចាស់មានបន្ទូល ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់មិនមានបន្ទូល ពួកគេលែងដើរទៅមុខទៀត។ មនុស្សនៅតែមិនបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេមិនមែនមានសេចក្ដីស្រឡាញ់ដោយចៃដន្យចំពោះព្រះជាម្ចាស់ទេ។ កាលពីមុនពួកគេបានដើរតាមព្រះជាម្ចាស់ដោយសារពួកគេត្រូវបានគេបង្ខំ។ ឥឡូវនេះមានមនុស្សមួយចំនួនដែលធុញទ្រាន់នឹងកិច្ចការរបស់ព្រះជាម្ចាស់។ តើមនុស្សបែបនេះមិនប្រឈមនឹងគ្រោះថ្នាក់ទេឬអី? មានមនុស្សជាច្រើនស្ថិតក្នុងសភាពមួយដែលគ្រាន់តែអាចគ្រប់គ្រងស្ថានការ។ ទោះបីពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានទៅកាន់ទ្រង់ក៏ដោយ ក៏ពួកគេធ្វើដូច្នេះតែពាក់កណ្ដាលនៃចិត្តរបស់ពួកគេ ហើយពួកគេលែងមានកត្តាជំរុញដែលពួកគេធ្លាប់មាននោះទេ។ មនុស្សភាគច្រើនមិនចាប់អារម្មណ៍នឹងកិច្ចការនៃការបន្សុទ្ធ និងការឱ្យប្រោសឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ទេ ហើយជាការពិតវាហាក់ដូចជាពួកគេនៅតែបន្ដមិនមានកត្តាជំរុញពីខាងក្នុងទេ។ នៅពេលពួកគេត្រូវបានយកឈ្នះដោយការរំលង ពួកគេមិនមានអារម្មណ៍ជំពាក់ចំពោះព្រះជាម្ចាស់ ហើយក៏មិនដឹងថាមានអារម្មណ៍វិប្បដិសារីដែរ។ ពួកគេមិនដេញតាមសេចក្ដីពិត ឬចាកចេញពីពួកជំនុំទេ ហើយផ្ទុយទៅវិញដេញតាមតែការសប្បាយបណ្តោះអាសន្នតែប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សល្ងីល្ងើ ឡប់ឡែ! នៅពេលដែលពេលកំណត់មកដល់ ពួកគេទាំងអស់នឹងត្រូវបានផាត់ចោល ហើយគ្មាននរណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះឡើយ! តើអ្នកគិតថា ប្រសិនបើនរណាម្នាក់ទទួលបានការសង្រ្គោះម្ដងហើយ នោះពួកគេនឹងត្រូវទទួលបានការសង្គ្រោះជានិច្ចមែនទេ? ជំនឿនេះគឺជាការបោកប្រាស់សុទ្ធ! អស់អ្នកដែលមិនស្វះស្វែងរកច្រកចូលទៅឯជីវិតនោះទេ នោះនឹងត្រូវបានវាយផ្ចាល។ មនុស្សភាគច្រើនមិនមានចំណាប់អារម្មណ៍ទាល់តែសោះក្នុងការចូលទៅរកជីវិត ចាប់អារម្មណ៍លើនិមិត្ត ឬការអនុវត្តសេចក្តីពិតនោះទេ។ ពួកគេមិនដេញតាមដើម្បីចូលទៅក្នុង ហើយពួកគេប្រាកដជាមិនចូលជ្រៅជាងនេះទេ។ តើពួកគេមិនមែនកំពុងបំផ្លាញខ្លួនឯងទេឬ? ឥឡូវនេះមានចំណែករបស់មនុស្ស ដែលលក្ខខណ្ឌរបស់ពួកគេកំពុងមានភាពប្រសើរឡើងឥតឈប់ឈរ។ កាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការកាន់តែច្រើន ពួកគេនឹងមានទំនុកចិត្តកាន់តែច្រើនដែរ។ កាលណាពួកគេមានបទពិសោធកាន់តែច្រើន ពួកគេកាន់តែមានការយល់ដឹងចំពោះអាថ៌កំបាំងដ៏ស៊ីជម្រៅនៃកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាពួកគេចូលកាន់តែជ្រៅ ពួកគេកាន់តែយល់។ ពួកគេមានអារម្មណ៍ថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយពួកគេមានអារម្មណ៍នឹងន និងទទួលបានការបំភ្លឺនៅក្នុងខ្លួនពួកគេ។ ពួកគេមានការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ ទាំងនេះ គឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ។ អ្នកខ្លះនិយាយថា៖ «ទោះបីគ្មានព្រះបន្ទូលថ្មីមកពីព្រះជាម្ចាស់ក៏ដោយ ខ្ញុំនៅតែត្រូវស្វែងរកសេចក្តីពិតឱ្យកាន់តែស៊ីជម្រៅ ខ្ញុំត្រូវតែយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាងនៅក្នុងបទពិសោធជាក់ស្តែងរបស់ខ្ញុំ និងចូលទៅរកសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ មនុស្សប្រភេទនេះមាននូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាព្រះជាម្ចាស់មិនបានបង្ហាញនូវទឹកព្រះភ័ក្ត្ររបស់ទ្រង់ និងលាក់បាំងពីមនុស្សគ្រប់រូប ហើយទោះបីជាទ្រង់មិនបានមានព្រះបន្ទូលអ្វី និងមានពេលខ្លះមនុស្សឆ្លងកាត់ការបន្សុទ្ធខាងក្នុងខ្លះៗក៏ដោយ តែព្រះជាម្ចាស់មិនបានទុកចោលមនុស្សទាំងស្រុងទេ។ ប្រសិនបើមនុស្សម្នាក់មិនអាចរក្សាបាននូវសេចក្តីពិតដែលពួកគេគប្បីប្រកាន់ខ្ជាប់ នោះពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ ក្នុងកំឡុងពេលនៃការបន្សុទ្ធ ការដែលព្រះជាម្ចាស់មិនបើកបង្ហាញអង្គទ្រង់ ប្រសិនបើអ្នកមិនមានទំនុកចិត្តទេតែផ្ទុយទៅវិញដកខ្លួនថយ ហើយប្រសិនបើអ្នកមិនផ្តោតលើការមានបទពិសោធនូវព្រះបន្ទូលរបស់ទ្រង់នោះទេ នោះអ្នកកំពុងរត់ចេញពីកិច្ចការរបស់ព្រះជាម្ចាស់ហើយ។ ក្រោយមក អ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានផាត់ចោលផងដែរ។ អ្នកដែលមិនស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រហែលជាមិនអាចឈរជាទីបន្ទាល់សម្រាប់ទ្រង់បានឡើយ។ មនុស្សដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ គឺពឹងផ្អែកទាំងស្រុងលើការជំរុញចិត្ដរបស់ពួកគេ ដើម្បីដេញតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស គឺសំខាន់អនុញ្ញាតឱ្យពួកគេទទួលបានសេចក្តីពិត។ ការដែលអ្នកដេញតាមដើម្បីបានជីវិត គឺដើម្បីជាប្រយោជន៍ក្នុងការប្រោសឱ្យអ្នកគ្រប់លក្ខណ៍ ហើយការទាំងអស់នេះ ដើម្បីឱ្យអ្នកស័ក្តិសមនឹងការដែលព្រះជាម្ចាស់ទ្រង់ប្រើ។ អ្វីទាំងអស់ដែលអ្នកកំពុងតាមរកឥឡូវនេះគឺជាការស្ដាប់ឮនូវអាថ៌កំបាំង ការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការសម្លឹងមើលដោយរីករាយ និងមើលជុំវិញដើម្បីមើលថាតើមានអ្វីថ្មីខ្លះ រឺក៏មាននិន្នាការអ្វីមួយ ដើម្បីអាចបំពេញឱ្យការចង់ដឹងចង់ឃើញរបស់អ្នក។ ប្រសិនបើនេះជាចេតនានៅក្នុងចិត្តរបស់អ្នក នោះគ្មានផ្លូវក្នុងណាដែលអ្នកឈានទៅដល់សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនដេញតាមសេចក្ដីពិត គឺមិនអាចដើរតាមដល់ទីបញ្ចប់បានទេ។ ឥឡូវនេះ វាមិនមែនថាព្រះជាម្ចាស់មិនធ្វើអ្វីមួយទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាមនុស្សទេដែលមិនសហការជាមួយទ្រង់ ពីព្រោះពួកគេធុញទ្រាន់នឹងកិច្ចការរបស់ទ្រង់។ ពួកគេគ្រាន់តែចង់ឮព្រះបន្ទូលដែលទ្រង់មានបន្ទូលដើម្បីប្រទាននូវព្រះពរ ហើយពួកគេមិនចង់ស្តាប់ព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ទេ។ តើមានហេតុផលអ្វីសម្រាប់ការនេះ? មូលហេតុគឺថា បំណងប្រាថ្នារបស់មនុស្សដើម្បីទទួលបានព្រះពរ មិនទាន់ត្រូវបានបំពេញនៅឡើយ ដូច្នេះហើយពួកគេបានត្រឡប់ទៅជាមានភាពអវិជ្ជមាន និងចុះខ្សោយវិញ។ វាមិនមែនមកពីព្រះជាម្ចាស់មានចេតនាមិនអនុញ្ញាតឱ្យមនុស្សដើរតាមទ្រង់ទេ ហើយក៏មិនមែនមកពីទ្រង់មានចេតនាធ្វើបាបមនុស្សដែរ។ មនុស្សមានភាពអវិជ្ជមាន និងភាពខ្សោយ ដោយសារតែចេតនារបស់ពួកគេមិនត្រឹមត្រូវ។ ព្រះជាម្ចាស់គឺជាព្រះដែលផ្តល់ជីវិតដល់មនុស្ស ហើយទ្រង់មិនអាចនាំមនុស្សទៅក្នុងសេចក្ដីស្លាប់បានឡើយ។ ភាពអវិជ្ជមាន ភាពទន់ខ្សោយ និងការប្រព្រឹត្តអំពើអាក្រក់ឡើងវិញរបស់មនុស្ស គឺសុទ្ធតែបណ្តាលមកពីការប្រព្រឹត្តរបស់ពួកគេផ្ទាល់។

កិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ នាំមកនូវការបន្សុទ្ធខ្លះៗដល់មនុស្ស ហើយមានតែអ្នកដែលអាចឈររឹងមាំនៅពេលពួកគេទទួលការបន្សុទ្ធនេះទេ ទើបទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ មិនថាទ្រង់លាក់ទុកក្នុងព្រះអង្គទ្រង់យ៉ាងម៉េច ទោះបីតាមរយៈការមិនមានព្រះបន្ទូល ឬមិនធ្វើកិច្ចការក៏ដោយ អ្នកនៅតែអាចបន្តដេញតាមដោយភាពស្វាហាប់បាន។ ទោះបីព្រះជាម្ចាស់មានបន្ទូលថាទ្រង់នឹងបដិសេធអ្នកក៏ដោយ ក៏អ្នកនៅតែតាមទ្រង់ដែរ។ នេះគឺជាការរក្សាជំហរធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់លាក់បាំងអង្គទ្រង់ចេញពីអ្នក ហើយអ្នកឈប់ដើរតាមទ្រង់ទៀត តើនេះជាការរក្សាជំហរធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេ? ប្រសិនបើមនុស្សមិនបានចូលដោយពិតប្រាកដ នោះពួកគេមិនមានកម្ពស់ពិតប្រាកដទេ ហើយនៅពេលដែលពួកគេពិតជាជួបប្រទះនូវការល្បងលដ៏ខ្លាំងក្លា ពួកគេនឹងជំពប់ដួល។ នៅពេលដែលព្រះជាម្ចាស់មិនមានបន្ទូល ឬធ្វើអ្វីដែលមិនស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងបំបែកបំបាក់ទំនាក់ទំនងជាមួយទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងសំដែងតាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើទ្រង់បំពេញទៅតាមឆន្ទៈរបស់អ្នក ហើយអ្នកអាចក្រោកឈរឡើង ហើយដេញតាមពេញដោយថាមពល ដូច្នេះតើអ្វីជាគ្រឹះនៃការរស់នៅរបស់អ្នកទៅ? ខ្ញុំមានបន្ទូលហើយថា មានមនុស្សជាច្រើនដែលកំពុងរស់នៅតាមរបៀបដែលពឹងផ្អែកទាំងស្រុងលើការចង់ដឹងចង់ឃើញរបស់មនុស្ស។ ពួកគេពិតជាមិនមានវានៅក្នុងចិត្តដ៏ពិតប្រាកដក្នុងការដេញតាមនោះទេ។ អស់អ្នកដែលមិនដេញតាមច្រកចូលទៅក្នុងសេចក្តីពិត ប៉ុន្តែពឹងផ្អែកលើការចង់ដឹងចង់ឃើញរបស់ពួកគេនៅក្នុងជីវិត គឺជាមនុស្សដែលគួរឱ្យស្អប់ខ្ពើម ហើយពួកគេប្រឈមនឹងគ្រោះថ្នាក់ទៀតផង! ប្រភេទនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ ទោះយ៉ាងណាក៏ដោយ មនុស្សតែងតែចង់ដឹងចង់ឃើញជានិច្ច ពួកគេចូលចិត្តសាកសួរអំពីពាក្យចចាមអារ៉ាម ពួកគេព្រួយបារម្ភអំពីរឿងរ៉ាវបច្ចុប្បន្ននៅក្រៅប្រទេស ឧទាហរណ៍ ពួកគេចង់ដឹងចង់ឃើញអំពីអ្វីដែលកំពុងកើតឡើងនៅអ៊ីស្រាអែល ឬប្រសិនបើមានការរញ្ជួយដីនៅអេហ្ស៊ីប ពួកគេតែងតែរកមើលអ្វីថ្មី ហើយប្លែកមួយចំនួន ដើម្បីបំពេញតាមបំណងប្រាថ្នាដែលអាត្មានិយមរបស់ពួកគេ។ ពួកគេមិនដេញតាមជីវិត ហើយពួកគេក៏មិនដេញតាមឱ្យទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ដែរ។ ពួកគេគ្រាន់តែព្យាយាមចង់ឱ្យពេលកំណត់របស់ព្រះជាម្ចាស់មកដល់ឆាប់ៗ ដើម្បីឱ្យក្តីសុបិន្តដ៏ស្រស់ត្រកាលរបស់ពួកគេអាចក្លាយជាការពិត ហើយបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់ពួកគេត្រូវបានបំពេញ។ មនុស្សប្រភេទនេះមិនមានភាពប្រាកដប្រជាទេ ពួកគេជាមនុស្សដែលមានទស្សនវិស័យមិនត្រឹមត្រូវ។ មានតែការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ដែលជាមូលដ្ឋានគ្រឹះនៃជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ ហើយប្រសិនបើមនុស្សមិនដេញតាមច្រកចូលទៅកាន់ជីវិត ប្រសិនបើពួកគេមិនស្វះស្វែងរកការផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ នោះពួកគេនឹងត្រូវដាក់ទោស។ អ្នកដែលត្រូវបានដាក់ទោស គឺជាអ្នកដែលមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងកំឡុងពេលធ្វើកិច្ចការរបស់ព្រះជាម្ចាស់។

តើមនុស្សគួរសហការជាមួយព្រះជាម្ចាស់យ៉ាងដូចម្តេចក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ? បច្ចុប្បន្ននេះ ព្រះជាម្ចាស់កំពុងសាកល្បងមនុស្ស។ ទ្រង់មិនមានបន្ទូលអ្វីទេ ប៉ុន្តែទ្រង់កំពុងលាក់អង្គទ្រង់ ហើយមិនទាក់ទងផ្ទាល់ជាមួយមនុស្សទេ។ បើមើលពីខាងក្រៅ មើលទៅដូចជាទ្រង់មិនធ្វើកិច្ចការណាមួយទេ ប៉ុន្តែសេចក្ដីពិតគឺថា ទ្រង់នៅតែធ្វើការនៅក្នុងមនុស្ស។ អ្នកណាដែលកំពុងស្វះស្វែងរកច្រកចូលទៅឯជីវិត មាននិមិត្តសម្រាប់ការស្វះស្វែងរកជីវិតរបស់ពួកគេ ហើយមិនមានការសង្ស័យសូម្បីតែពួកគេមិនបានយល់ច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ។ នៅពេលឆ្លងកាត់ការល្បងល សូម្បីតែនៅពេលដែលអ្នកមិនដឹងថាតើព្រះជាម្ចាស់ចង់ធ្វើអ្វី និងកិច្ចការអ្វីដែលទ្រង់ចង់សម្រេចបានក៏ដោយ អ្នកគប្បីដឹងថាចេតនារបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺល្អជានិច្ច។ បើអ្នកដេញតាមទ្រង់ដោយចិត្តស្មោះត្រង់ នោះទ្រង់នឹងមិនដែលឃ្លាតពីអ្នកឡើយ ហើយនៅទីបំផុតទ្រង់ប្រាកដជានឹងប្រោសអ្នកឱ្យគ្រប់លក្ខណ៍ ហើយនាំមនុស្សទៅរកទិសដៅដែលសមរម្យ។ មិនថាព្រះជាម្ចាស់កំពុងសាកល្បងមនុស្សយ៉ាងដូចម្ដេចទេ នឹងមានថ្ងៃមួយជាពេលដែលទ្រង់នឹងផ្តល់ឱ្យមនុស្សនូវលទ្ធផលសមរម្យ ហើយផ្តល់ឱ្យពួកគេនូវរង្វាន់សមរម្យ ដោយអាស្រ័យលើអ្វីដែលពួកគេបានធ្វើ។ ព្រះជាម្ចាស់នឹងមិនដឹកនាំមនុស្សទៅចំណុចជាក់លាក់ណាមួយ ហើយក្រោយមកបោះបង់ពួកគេចោល ហើយព្រងើយកន្តើយនឹងពួកគេនោះទេ។ នេះគឺដោយសារតែព្រះជាម្ចាស់ជាព្រះដែលគួរឱ្យទុកចិត្ត។ នៅដំណាក់កាលនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើកិច្ចការបន្សុទ្ធ។ ទ្រង់កំពុងបន្សុទ្ធគ្រប់មនុស្សទាំងអស់។ នៅក្នុងជំហាននៃកិច្ចការដែលកើតឡើងដោយសារការល្បងលនៃសេចក្ដីស្លាប់ និងការល្បងលនៃសេចក្ដីវាយផ្ចាល នោះការបន្សុទ្ធត្រូវបានធ្វើឡើងតាមរយៈព្រះបន្ទូល។ ដើម្បីឱ្យមនុស្សទទួលបានបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែយល់ជាមុនសិនពីកិច្ចការបច្ចុប្បន្នរបស់ទ្រង់ និងរបៀបដែលមនុស្សលោកគួរតែសហការ។ តាមពិត នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងម៉េច មិនថាវាជាការបន្សុទ្ធ ឬសូម្បីតែទ្រង់មិនមានបន្ទូលក៏ដោយ មិនមានជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវនឹងសញ្ញាណរបស់មនុស្សលោកឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់បានបែក និងខ្ចាត់ខ្ចាយចេញពីសញ្ញាណរបស់មនុស្ស។ នេះហើយជាកិច្ចការរបស់ទ្រង់។ ប៉ុន្តែអ្នកត្រូវតែជឿថា ដោយសារកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលជាក់លាក់មួយ នោះទ្រង់នឹងមិនធ្វើឱ្យមនុស្សទាំងអស់ស្លាប់ទេ ទោះបីជាមានរឿងអីក៏ដោយ។ ទ្រង់ប្រទានទាំងការសន្យា និងព្រះពរដល់មនុស្ស ហើយអស់អ្នកដែលដេញតាមទ្រង់នឹងអាចទទួលបានព្រះពររបស់ទ្រង់ ប៉ុន្តែអ្នកដែលមិនដេញតាមព្រះអង្គ នោះនឹងត្រូវព្រះជាម្ចាស់ផាត់ចោល។ វាអាស្រ័យលើការស្វែងរករបស់អ្នក។ មិនថាមានអ្វីផ្សេងទៀតទេ អ្នកត្រូវតែជឿថានៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ មនុស្សគ្រប់គ្នានឹងមានទិសដៅដ៏សមរម្យ។ ព្រះជាម្ចាស់បានផ្តល់ឱ្យមនុស្សនូវសេចក្តីប្រាថ្នាដ៏ល្អត្រកាល ប៉ុន្តែដោយគ្មានការស្វះស្វែងរក ពួកគេមិនអាចទទួលបានទេ។ អ្នកគប្បីអាចមើលឃើញការនេះឥឡូវ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ និងការវាយផ្ចាលមនុស្សរបស់ទ្រង់ គឺជាកិច្ចការរបស់ទ្រង់ ប៉ុន្តែមនុស្សសម្រាប់ផ្នែករបស់ពួកគេវិញ ត្រូវតែដេញតាមការផ្លាស់ប្តូរនិស្ស័យគ្រប់ពេលទាំងអស់។ តាមបទពិសោធជាក់ស្តែងរបស់អ្នក ជាដំបូងអ្នកត្រូវដឹងពីរបៀបនាំការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែរកឱ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ នូវអ្វីដែលអ្នកគួរតែបញ្ចូល និងកំហុសរបស់អ្នក ដែលអ្នកគួរតែស្វែងរកច្រកទៅរកបទពិសោធជាក់ស្តែងរបស់អ្នក ហើយយកចំណែកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគប្បីយកទៅអនុវត្ត ហើយព្យាយាមធ្វើបែបនោះ។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយ។ លើសពីនេះទៀត ជីវិតរបស់ពួកជំនុំត្រូវតែថែរក្សាឱ្យបាន អ្នកត្រូវតែមានជីវិតខាងវិញ្ញាណជាធម្មតា ហើយអ្នកត្រូវតែអាចប្រគល់នូវសភាពបច្ចុប្បន្នទាំងអស់របស់អ្នកទៅព្រះជាម្ចាស់។ មិនថាកិច្ចការរបស់ទ្រង់ផ្លាស់ប្តូរយ៉ាងណាក៏ដោយ ជីវិតខាងវិញ្ញាណរបស់អ្នកគួរនៅតែធម្មតា។ ការចូលទៅក្នុងជីវិតខាងវិញ្ញាណអាចរក្សាបាននូវភាពធម្មតារបស់អ្នក។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែបន្តជីវិតខាងវិញ្ញាណរបស់អ្នកដោយមិនមានការរំខាន ហើយបំពេញនូវភារកិច្ចរបស់អ្នក។ នេះជាអ្វីដែលមនុស្សគប្បីធ្វើ។ អ្វីទាំងអស់គឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែសម្រាប់អ្នកដែលមានស្ថានភាពធម្មតា ការនេះគឺល្អឥតខ្ចោះ សម្រាប់អ្នកដែលមានស្ថានភាពមិនធម្មតា វាគឺជាការល្បងល។ នៅដំណាក់កាលបច្ចុប្បន្ននៃកិច្ចការបន្សុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ មនុស្សខ្លះនិយាយថាកិច្ចការរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយមនុស្សត្រូវការការបន្សុទ្ធជាចាំបាច់ បើមិនដូច្នេះទេ កម្ពស់របស់ពួកគេនឹងមានភាពតូចខ្លាំង ហើយពួកគេនឹងគ្មានផ្លូវទទួលបាននូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានស្ថានភាពមិនល្អ វាត្រឡប់ជាហេតុដែលមិនដេញតាមព្រះជាម្ចាស់ ហើយជាហេតុដែលមិនចូលរួមការជួបជុំ ឬហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មិនថាទ្រង់ធ្វើអ្វី ឬផ្លាស់ប្តូរអ្វីដែលទ្រង់មានឥទ្ធិពលលើទេ មនុស្សត្រូវតែរក្សាមូលដ្ឋានគ្រឹះនៃជីវិតខាងវិញ្ញាណជាធម្មតា។ ប្រហែលជាអ្នកមិនបានធូរស្បើយក្នុងដំណាក់កាលបច្ចុប្បន្ននៃជីវិតខាងវិញ្ញាណរបស់អ្នកទេ ប៉ុន្តែអ្នកនៅតែមិនមានការកើនឡើងច្រើនទេ ហើយមិនបានប្រមូលផលដ៏ច្រើនផង។ នៅក្នុងកាលៈទេសៈទាំងនេះ អ្នកនៅតែត្រូវធ្វើតាមច្បាប់ អ្នកត្រូវតែធ្វើតាមច្បាប់ទាំងនេះដើម្បីកុំឱ្យអ្នកខាតបង់ក្នុងជីវិតរបស់អ្នក និងធ្វើឱ្យអ្នកបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើជីវិតខាងវិញ្ញាណរបស់អ្នកមិនប្រក្រតី នោះអ្នកមិនអាចយល់ពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានទេ ហើយផ្ទុយទៅវិញ អ្នកតែងតែមានអារម្មណ៍ជានិច្ចថាវាមិនត្រូវគ្នានឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយទោះបីជាអ្នកសុខចិត្តដើរតាមទ្រង់ក៏ដោយ ក៏អ្នកខ្វះនូវកត្តាជំរុញពីខាងក្នុងដែរ។ ដូច្នេះទោះបីព្រះជាម្ចាស់កំពុងធ្វើអ្វីក៏ដោយ មនុស្សត្រូវតែមានការសហការ។ ប្រសិនបើមនុស្សមិនសហការទេនោះ ព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើកិច្ចការរបស់ទ្រង់បានទេ ហើយប្រសិនបើមនុស្សមិនមានចិត្តក្នុងការសហការទេនោះ ពួកគេពិបាកនឹងទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធណាស់។ ប្រសិនបើអ្នកចង់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅខាងក្នុងអ្នក ហើយប្រសិនបើអ្នកចង់ទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះ អ្នកត្រូវតែរក្សាការលះបង់ដើមរបស់អ្នកនៅចំពោះមុខព្រះជាម្ចាស់។ ឥឡូវនេះ អ្នកមិនចាំបាច់មានការយល់ដឹងស៊ីជម្រៅ មានទ្រឹស្តីខ្ពង់ខ្ពស់ ឬអ្វើផ្សេងទៀតទេ អ្វីដែលតម្រូវនោះគឺថា អ្នកត្រូវតែកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះដើម។ ប្រសិនបើមនុស្សមិនសហការជាមួយព្រះជាម្ចាស់ ហើយមិនដេញតាមច្រកចូលឱ្យកាន់តែជ្រៅទេនោះ ព្រះជាម្ចាស់នឹងដកហូតអ្វីៗទាំងអស់ដែលជារបស់ពួកគេពីមុន។ នៅខាងក្នុងចិត្ត មនុស្សតែងតែលោភលន់ជានិច្ចដើម្បីភាពងាយស្រួល ហើយពេញចិត្តនឹងអ្វីដែលមានរួចហើយ។ ពួកគេចង់ទទួលបានការសន្យារបស់ព្រះជាម្ចាស់ដោយមិនបង់ថ្លៃអ្វីទាំងអស់។ ទាំងនេះគឺជាគំនិតផ្ដេសផ្ដាសដែលមនុស្សមាន។ ការទទួលបានជីវិតដោយមិនបង់ថ្លៃ ប៉ុន្តែតើគ្រប់យ៉ាងមានភាពងាយស្រួលអញ្ចឹងទេ? នៅពេលនរណាម្នាក់ជឿលើព្រះជាម្ចាស់ ហើយព្យាយាមចូលទៅក្នុងជីវិត និងស្វែងរកការផ្លាស់ប្តូរនិស្ស័យរបស់ខ្លួន ពួកគេត្រូវតែបង់ថ្លៃ និងសម្រេចបាននូវសភាពមួយដែលពួកគេនឹងធ្វើតាមព្រះជាម្ចាស់ជានិច្ច ទោះបីទ្រង់ធ្វើអ្វីក៏ដោយ។ នេះគឺជាអ្វីដែលមនុស្សត្រូវធ្វើ។ ទោះបីជាអ្នកធ្វើតាមច្បាប់ទាំងអស់នេះក៏ដោយ អ្នកត្រូវតែប្រកាន់ខ្ជាប់ជានិច្ចហើយមិនថាការល្បងលធំយ៉ាងណាក៏ដោយ អ្នកមិនអាចបោះបង់ចោលទំនាក់ទំនងជាធម្មតារបស់អ្នកជាមួយព្រះជាម្ចាស់បានទេ។ អ្នកគួរតែអាចអធិស្ឋាន រក្សាជីវិតពួកជំនុំរបស់អ្នក ហើយមិនត្រូវចាកចេញពីបងប្អូន ប្រុសស្រីរបស់អ្នកឡើយ។ នៅពេលព្រះជាម្ចាស់ល្បងលអ្នក អ្នកគួរនៅតែស្វែងរកសេចក្ដីពិត។ នេះគឺជាតម្រូវការអប្បបរមាសម្រាប់ជីវិតខាងវិញ្ញាណ។ ការមានបំណងជានិច្ចក្នុងការស្វែងរក និងខិតខំប្រឹងសហការដោយប្រើថាមពលទាំងអស់របស់អ្នក តើការនេះអាចធ្វើទៅបានទេ? ប្រសិនបើមនុស្សយករឿងនេះធ្វើជាគ្រឹះ ពួកគេនឹងអាចទទួលបាននូវយោបល់ និងច្រកចូលទៅក្នុងសេចក្ដីពិត។ វាមានភាពងាយស្រួលក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលសភាពផ្ទាល់ខ្លួនរបស់អ្នកមានលក្ខណៈធម្មតា។ ក្នុងកាលៈទេសៈទាំងនេះ វាមិនមានអារម្មណ៍ពិបាកក្នុងការអនុវត្តនូវសេចក្តីពិតទេ ហើយអ្នកមានអារម្មណ៍ថាកិច្ចការរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ប៉ុន្តែប្រសិនបើស្ថានភាពរបស់អ្នកខ្សោយ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់អស្ចារ្យប៉ុនណា ហើយមិនថានរណាម្នាក់និយាយបានយ៉ាងល្អយ៉ាងណាក៏ដោយ ក៏អ្នកនឹងមិនខ្វល់ដែរ។ នៅពេលដែលស្ថានភាពរបស់មនុស្សម្នាក់មិនធម្មតា ព្រះជាម្ចាស់មិនអាចធ្វើកិច្ចការនៅក្នុងពួកគេបានទេ ហើយពួកគេក៏មិនអាចទទួលបានការផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេដែរ។

ប្រសិនបើមនុស្សមិនមានទំនុកចិត្តទេ វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការបន្តដំណើរទៅមុខទៀត។ ឥឡូវនេះ អ្នករាល់គ្នាអាចឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនស្របគ្នានឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន និងបានថ្លែងព្រះបន្ទូលជាច្រើន ហើយទោះបីមនុស្សអាចទទួលស្គាល់ថា កិច្ចការ និងព្រះបន្ទូលទាំងនោះ ជាសេចក្តីពិតក៏ដោយ ក៏សញ្ញាណអំពីព្រះជាម្ចាស់នៅតែទំនងជាកើតមានក្នុងកិច្ចការ និងព្រះបន្ទូលទាំងនោះដែរ។ ប្រសិនបើមនុស្សចង់យល់ពីសេចក្តីពិត និងចង់ទទួលបានសេចក្តីពិត ពួកគេត្រូវតែមានទំនុកចិត្ត និងកម្លាំងចិត្តដើម្បីអាចឈរជាប់នឹងអ្វីដែលពួកគេបានឃើញ ហើយនិងអ្វីដែលពួកគេទទួលបានពីបទពិសោធរបស់ពួកគេ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីចំពោះមនុស្សទេ ពួកគេត្រូវតែកាន់តាមនូវអ្វីដែលខ្លួនមាន ហើយស្មោះត្រង់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងរក្សាភក្តីភាពចំពោះព្រះអង្គរហូតដល់ទីបញ្ចប់។ នេះជាភារកិច្ចរបស់មនុស្ស។ មនុស្សត្រូវតែកាន់តាមនូវអ្វីដែលពួកគេគប្បីធ្វើ។ ការជឿលើព្រះជាម្ចាស់តម្រូវឱ្យមានការស្តាប់បង្គាប់ទ្រង់ និងមានបទពិសោធនៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន អាចនិយាយបានថាសម្រាប់មនុស្ស វាជាការប្រោសឱ្យគ្រប់លក្ខណ៍ ជាការបន្សុទ្ធ ហើយជាងនេះទៅទៀត គឺជាការដាក់ទោស។ មិនមានជំហានតែមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវនឹងសញ្ញាណរបស់មនុស្សទេ។ អ្វីដែលមនុស្សចូលចិត្ត គឺព្រះបន្ទូលដ៏តឹងរឹងរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់យាងមក មនុស្សគប្បីរីករាយនឹងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ មិនថាព្រះបន្ទូលរបស់ទ្រង់តឹងរឹងយ៉ាងណាក៏ដោយ ទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ក្នុងនាមជាសត្ដនិករដែលទ្រង់បង្កើតមក មនុស្សគួរតែបំពេញនូវភារកិច្ចដែលខ្លួនគួរធ្វើ ហើយធ្វើជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងពេលនៃការបន្សុទ្ធ។ នៅគ្រប់ទាំងការល្បងល ពួកគេគួរតែលើកទីបន្ទាល់ដែលពួកគេនិយាយ ហើយធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់។ មនុស្សដែលធ្វើបែបនេះជាអ្នកមានជ័យជម្នះ។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងណា ក៏អ្នកនៅតែមានទំនុកចិត្ត ហើយមិនដែលបាត់បង់ទំនុកចិត្តលើទ្រង់ឡើយ។ អ្នកធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចិត្តរបស់មនុស្សគួរតែអាចត្រឡប់មករកទ្រង់វិញ ហើយងាកទៅរកទ្រង់នៅគ្រប់ពេលទាំងអស់។ នេះគឺជាអ្នកមានជ័យជំនះ។ អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកដែលមានជ័យជំនះ» គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកមានជ័យជម្នះ»។ ប្រសិនបើការស្វះស្វែងរបស់អ្នកពិតជាប្រសើរ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់អ្នក ប៉ុន្តែអ្នកដកថយដោយគ្មានព្រះពររបស់ទ្រង់ តើនេះជាភាពបរិសុទ្ធដែរឬទេ? ដោយសារអ្នកប្រាកដថាផ្លូវនេះជាសេចក្ដីពិត អ្នកត្រូវតែដើរតាមវារហូតដល់ទីបញ្ចប់។ អ្នកត្រូវតែរក្សាការលះបង់ចំពោះព្រះជាម្ចាស់។ ចាប់តាំងពីអ្នកបានឃើញថាព្រះជាម្ចាស់ទ្រង់បានយាងមកផែនដីដើម្បីប្រោសអ្នកឱ្យគ្រប់លក្ខណ៍ អ្នកគប្បីប្រគល់ដួងចិត្តអ្នកទាំងស្រុងដល់ទ្រង់។ ប្រសិនបើអ្នកនៅតែអាចដើរតាមទ្រង់ទោះបីទ្រង់ធ្វើអ្វីក៏ដោយ ទោះបីទ្រង់កំណត់នូវលទ្ធផលដែលមិនអំណោយផលសម្រាប់អ្នកនៅចុងបញ្ចប់ក៏ដោយ នេះហើយគឺជាការរក្សានូវភាពបរិសុទ្ធរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ ការថ្វាយរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ និងព្រហ្មចារីបរិសុទ្ធចំពោះព្រះជាម្ចាស់មានន័យថា រក្សាដួងចិត្តដ៏ស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។ សម្រាប់មនុស្ស ភាពស្មោះស្ម័គ្រគឺភាពបរិសុទ្ធ ហើយសមត្ថភាពក្នុងការស្មោះស្ម័គ្រនៅចំពោះព្រះជាម្ចាស់ គឺរក្សាភាពបរិសុទ្ធ។ នេះជាអ្វីដែលអ្នកគប្បីអនុវត្ត។ នៅពេលអ្នកគួរអធិស្ឋាន អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកគួរជួបជុំធ្វើការប្រកបគ្នា ចូរអ្នកធ្វើដូច្នេះ។ នៅពេលដែលអ្នកគួរច្រៀងទំនុកតម្កើង អ្នកច្រៀងទំនុកតម្កើង ហើយនៅពេលអ្នកគួរបោះបង់ចោលសាច់ឈាម នោះចូរអ្នកបោះបង់ចោលសាច់ឈាមនោះចុះ។ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក អ្នកមិនច្របូកច្របល់ទេ។ នៅពេលអ្នកប្រឈមនឹងការល្បងល អ្នកនឹងឈរយ៉ាងរឹងមាំ។ នេះគឺជាការលះបង់ចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនប្រកាន់ខ្ជាប់នូវអ្វីដែលមនុស្សគប្បីធ្វើនោះទេ នោះរាល់ការរងទុក្ខ និងការតាំងចិត្តរបស់អ្នកពីមុនមកទាំងអស់ នឹងគ្មានប្រយោជន៍ឡើយ។

សម្រាប់គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មានវិធីមួយដែលមនុស្សគួរតែសហការ។ ព្រះជាម្ចាស់បានបន្សុទ្ធមនុស្ស ដើម្បីឱ្យពួកគេមានទំនុកចិត្តនៅពេលពួកគេឆ្លងកាត់នូវការបន្សុទ្ធនោះ។ ព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ដើម្បីឱ្យពួកគេមានទំនុកចិត្តថាក្នុងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយមានឆន្ទៈក្នុងការទទួលយកការបន្សុទ្ធរបស់ទ្រង់ ហើយត្រូវបានដោះស្រាយ និងកាត់ចេញដោយព្រះជាម្ចាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សដើម្បីនាំពួកគេឱ្យមានការបំភ្លឺ និងយល់ជាក់ច្បាស់ ហើយដើម្បីឱ្យពួកគេសហការជាមួយទ្រង់ ហើយអនុវត្ត។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលក្នុងកំឡុងពេលធ្វើការបន្សុទ្ធទេ។ ទ្រង់មិនបន្លឺសម្លេងរបស់ទ្រង់ទេ ប៉ុន្តែក៏នៅតែមានកិច្ចការដែលមនុស្សគប្បីធ្វើដែរ។ អ្នកគប្បីប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកមានរួចហើយ អ្នកនៅតែអាចអធិស្ឋានដល់ព្រះជាម្ចាស់ នៅជិតព្រះជាម្ចាស់ ហើយធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់។ តាមរបៀបនេះ អ្នកនឹងបំពេញបាននូវភារកិច្ចផ្ទាល់ខ្លួនរបស់អ្នកហើយ។ អ្នកទាំងអស់គ្នាគប្បីមើលឃើញយ៉ាងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីការល្បងលអំពីទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់មនុស្ស ទាមទារឱ្យពួកគេអធិស្ឋានដល់ព្រះជាម្ចាស់កាន់តែច្រើន ហើយពួកគេច្រើនតែចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះទ្រង់។ ប្រសិនបើព្រះជាម្ចាស់បំភ្លឺអ្នក ហើយឱ្យអ្នកយល់ពីបំណងព្រះហឫទ័យទ្រង់ ហើយអ្នកមិនបានយកអ្វីមួយដើម្បីអនុវត្ត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ នៅពេលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនៅតែអាចអធិស្ឋានទៅកាន់ទ្រង់បាន ហើយនៅពេលដែលអ្នកទទួលយកព្រះបន្ទូលរបស់ទ្រង់ អ្នកគប្បីមករកទ្រង់ ហើយស្វែងរក ព្រមទាំងមានទំនុកចិត្តលើទ្រង់ ដោយគ្មានដាននៃអារម្មណ៍ធ្លាក់ទឹកចិត្ត ឬឈឺចាប់ឡើយ។ អ្នកដែលមិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពោរពេញទៅដោយថាមពលក្នុងពេលជួបជុំគ្នា ប៉ុន្តែធ្លាក់ចូលក្នុងភាពងងឹតនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ មានអ្នកខ្លះទៀត មិនទាំងចង់ជួបជុំគ្នាផង។ ដូច្នេះអ្នកត្រូវមើលឱ្យច្បាស់ថាតើភារកិច្ចអ្វីដែលមនុស្សគប្បីបំពេញ។ អ្នកប្រហែលជាមិនដឹងថាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីទេ ប៉ុន្តែអ្នកអាចបំពេញភារកិច្ចរបស់អ្នក អ្នកអាចអធិស្ឋាននៅពេលអ្នកគួរ អ្នកអាចអនុវត្តសេចក្តីពិតនៅពេលដែលអ្នកគួរ ហើយអ្នកអាចធ្វើអ្វីដែលមនុស្សគួរធ្វើ។ អ្នកអាចធ្វើតាមនិមិត្តដើមរបស់អ្នក។ តាមវិធីនេះអ្នកនឹងអាចទទួលយកជំហាននៃកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់បាន។ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបលាក់កំបាំង វាជាបញ្ហាប្រសិនបើអ្នកមិនស្វែងរក។ នៅពេលដែលទ្រង់មានបន្ទូល និងអធិប្បាយនៅក្នុងសាលាប្រជុំ អ្នកស្តាប់ដោយក្តីរីករាយ ប៉ុន្តែនៅពេលដែលទ្រង់មិនមានបន្ទូល អ្នកខ្វះនូវថាមពល ហើយថយក្រោយវិញ។ តើមនុស្សដែលធ្វើបែបនេះជាមនុស្សប្រភេទណា? នេះគឺជាមនុស្សដែលដើរទៅគ្រប់កន្លែងតាមតែគេ។ ពួកគេគ្មានជំហរ គ្មានទីបន្ទាល់ និងគ្មាននិមិត្តទេ! មនុស្សភាគច្រើនគឺដូច្នេះ។ ប្រសិនបើអ្នកបន្ដធ្វើដូច្នេះ នៅថ្ងៃមួយនៅពេលដែលអ្នកបានជួបនឹងការល្បងលដ៏ធំ អ្នកនឹងធ្លាក់ចូលទៅក្នុងការដាក់ទោស។ ការមានជំហរ គឺមានសារៈសំខាន់ណាស់នៅក្នុងដំណើរការរបស់ព្រះជាម្ចាស់ក្នុងការប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនមានការសង្ស័យចំពោះជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់មនុស្ស ប្រសិនបើអ្នកប្រកាន់ខ្ជាប់ដោយស្មោះត្រង់នូវអ្វីដែលព្រះជាម្ចាស់បានដាក់ឱ្យអ្នកអនុវត្ត នោះមានន័យថាអ្នកចងចាំការដាស់តឿនរបស់ព្រះជាម្ចាស់ ហើយមិនថាទ្រង់ធ្វើអ្វីក៏ដោយនៅសព្វថ្ងៃនេះ អ្នកមិនភ្លេចការដាស់តឿនរបស់ទ្រង់ទេ ប្រសិនបើអ្នកមិនមានការសង្ស័យអំពីកិច្ចការរបស់ទ្រង់ រក្សាជំហររបស់អ្នក ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ហើយទទួលបានជ័យជម្នះគ្រប់ជំហាននៃផ្លូវ នោះនៅទីបញ្ចប់អ្នកនឹងត្រូវបានឱ្យប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយត្រូវបានក្លាយជាអ្នកដែលមានជ័យជម្នះ។ ប្រសិនបើអ្នកអាចឈរយ៉ាងរឹងមាំក្នុងគ្រប់ជំហាននៃការល្បងលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកនៅតែអាចរក្សាជំហររឹងមាំបានរហួតដល់ទីបញ្ចប់នោះ នោះអ្នកគឺជាអ្នកដែលមានជ័យជម្នះ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចឈររឹងមាំក្នុងទុការល្បងលបច្ចុប្បន្នរបស់អ្នកទេ នៅពេលអនាគតវានឹងកាន់តែពិបាក។ ប្រសិនបើអ្នកគ្រាន់តែទទួលរងនូវការរងទុក្ខតិចតួច ហើយអ្នកមិនដេញតាមសេចក្ដីពិតទេនោះទីបំផុតអ្នកនឹងមិនទទួលបានអ្វីឡើយ។ អ្នកនឹងត្រូវទុកចោលដោយមិនមានអ្វីសោះ។ មានមនុស្សមួយចំនួនដែលលះបង់ការប្រឹងសង្វាតរបស់ពួកគេ នៅពេលពួកគឃើញថាព្រះជាម្ចាស់មិនមានបន្ទូល ហើយចិត្តរបស់ពួកគេចាប់ផ្ដើមបែកខ្ញែក។ តើមនុស្សបែបនេះមិនមែនជាមនុស្សល្ងីល្ងើទេឬ? មនុស្សប្រភេទនេះគ្មានភាពពិតទេ។ នៅពេលដែលព្រះជាម្ចាស់កំពុងមានបន្ទូល ពួកគេតែងតែរត់ចុះឡើងជានិច្ច ដែលមើលទៅហាក់ដូចជារវល់ និងរីករាយនៅខាងក្រៅ ប៉ុន្តែឥឡូវនេះពេលទ្រង់មិនមានបន្ទូលទៀត ពួកគេឈប់ស្វែងរក។ មនុស្សប្រភេទនេះគ្មានអនាគតទេ។ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវតែចូលពីទិដ្ឋភាពវិជ្ជមាន ហើយរៀននូវមេរៀនដែលអ្នកគប្បីរៀន។ នៅពេលអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយអានព្រះបន្ទូលរបស់ទ្រង់ អ្នកគប្បីវាស់ស្ទង់សភាពរបស់អ្នកជាមួយនឹងវា ស្វែងរកឃើញកំហុសរបស់អ្នក ហើយឃើញថាអ្នកនៅតែមានមេរៀនជាច្រើនដើម្បីរៀន។ បើអ្នកកាន់តែស្វែងរកដោយភាពស្មោះស្ម័គ្រនៅពេលអ្នកឆ្លងកាត់ការបន្សុទ្ធកាន់តែច្រើន នោះអ្នកកាន់តែនឹងមើលឃើញថាខ្លួនមិនមិនមានសមត្ថភាពគ្រប់គ្រាន់។ នៅពេលអ្នកឆ្លងកាត់ការបន្សុទ្ធ មានបញ្ហាជាច្រើនដែលអ្នកជួបប្រទះ។ អ្នកមិនអាចមើលឃើញបញ្ហាទាំងនោះច្បាស់ទេ អ្នកត្អូញត្អែរ អ្នកបង្ហាញពីសាច់ឈាមរបស់អ្នក មានតែវិធីនេះទេដែលអ្នករកឃើញថាអ្នកមាននិស្ស័យពុករលួយជាច្រើនអនេកនៅក្នុងខ្លួនឯង។

មនុស្សខ្វះនូវលក្ខណៈសម្បត្តិល្អ ហើយពួកគេខ្វះមិនដល់ខ្នាតគម្រូរបស់ព្រះជាម្ចាស់ ពួកគេប្រហែលជាត្រូវការទំនុកចិត្តច្រើនជាងមុន ដើម្បីដើរតាមផ្លូវនេះនាពេលអនាគត។ កិច្ចការរបស់ព្រះជាម្ចាស់នៅថ្ងៃចុងក្រោយបង្អស់ តម្រូវឱ្យមានទំនុកចិត្តខ្ពស់ ដែលជាទំនុកចិត្តខ្ពស់ជាងទំនុកចិត្តរបស់យ៉ូបទៅទៀត។ បើគ្មានទំនុកចិត្តទេ មនុស្សនឹងមិនអាចបន្តទទួលបានបទពិសោធ ហើយពួកគេក៏មិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដែរ។ នៅថ្ងៃនៃការល្បងលដ៏ខ្លាំងចូលមកដល់ នឹងមានមនុស្សជាច្រើនចាកចេញពីពួកជំនុំ អ្នកខ្លះនៅទីនេះ អ្នកខ្លះនៅទីនោះ។ នឹងមានអ្នកខ្លះដែលធ្វើបានល្អគួរសមក្នុងការស្វះស្វែងរករបស់ពួកគេក្នុងកាលគ្រាមុន ហើយវានឹងមិនច្បាស់ទេថាហេតុអ្វីបានជាពួកគេឈប់ជឿទៀត។ មានរឿងរ៉ាវជាច្រើននឹងកើតឡើងដែលអ្នកនឹងមិនយល់ ហើយព្រះជាម្ចាស់នឹងមិនបើកសម្ដែងនូវទីសំគាល់ ឬការអស្ចារ្យណាមួយ ហើយក៏មិនធ្វើអភិនីហារណាមួយដែរ។ នេះគឺដើម្បីដឹងថាតើអ្នកអាចប្រកាន់ជំហររឹងមាំបានទេ ព្រះជាម្ចាស់ប្រើព្រឹត្តិការណ៍ដើម្បីបន្សុទ្ធមនុស្ស។ អ្នកមិនទាន់បានរងនូវការឈឺចាប់ច្រើននៅឡើយទេ។ នៅថ្ងៃខាងមុខ នៅពេលមានការល្បងលដ៏ខ្លាំងមកដល់ នៅកន្លែងខ្លះ មនុស្សគ្រប់គ្នានៅក្នុងពួកជំនុំនឹងចាកចេញ ហើយអ្នកដែលអ្នកមានទំនាក់ទំនងល្អជាមួយ ក៏នឹងចាកចេញ ហើយបោះបង់ចោលជំនឿរបស់ពួកគេ។ តើពេលនោះ អ្នកនឹងអាចឈររឹងមាំបានទេ? រហូតមកដល់ពេលនេះ ការល្បងលដែលអ្នកបានជួបប្រទះមានតិចតួចណាស់ ហើយអ្នកសឹងតែមិនអាចទ្រាំទ្រនឹងទុក្ខលំបាកនោះបាន។ ជំហាននេះរួមបញ្ចូលទាំងការបន្សុទ្ធ និងការប្រោសឱ្យគ្រប់លក្ខណ៍តាមរយៈព្រះបន្ទូលតែប៉ុណ្ណោះ។ នៅជំហានបន្ទាប់ ព្រឹត្តិការណ៍នឹងកើតឡើងមកលើអ្នកដើម្បីបន្សុទ្ធអ្នក ហើយបន្ទាប់មកអ្នកនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នៅពេលវាត្រឡប់ជារឿងធ្ងន់ធ្ងរ ព្រះជាម្ចាស់នឹងណែនាំអ្នកឱ្យប្រញាប់ឡើង ហើយចាកចេញ ហើយអ្នកកាន់សាសនានឹងព្យាយាមទាក់ទាញអ្នកឱ្យទៅជាមួយគេ។ ការនេះគឺដើម្បីមើលថាតើអ្នកអាចបន្តនៅលើផ្លូវបានឬអត់ ហើយរឿងទាំងអស់នេះ គឺជាការល្បងល។ ការល្បងលនាពេលបច្ចុប្បន្ននេះមានតិចតួចនៅឡើយ ប៉ុន្តែនៅពេលថ្ងៃនោះមកដល់ នៅពេលដែលនឹងមានផ្ទះខ្លះដែលឪពុកម្តាយលែងជឿ ហើយខ្លះកូនៗក៏លែងជឿទៀត។ តើអ្នកនឹងអាចបន្តបានទេ? បើអ្នកឆ្ពោះទៅមុខកាន់តែឆ្ងាយ ការល្បងលរបស់អ្នកក៏កាន់តែច្រើន។ ព្រះជាម្ចាស់ទ្រង់បំពេញកិច្ចការរបស់ទ្រង់ក្នុងការបន្សុទ្ធមនុស្សតាមតំរូវការ និងកម្ពស់របស់ពួកគេ។ ក្នុងដំណាក់កាលដែលព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ គឺមិនអាចទៅរួចទេដែលចំនួនមនុស្សនឹងបន្តកើនឡើង វានឹងថយចុះ។ មានតែតាមរយៈការបន្សុទ្ធទាំងនេះទេ ទើបមនុស្សអាចនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ការទទួលបានការដោះស្រាយ ការប្រៀនប្រដៅ ការសាកល្បង ការវាយផ្ចាល ការដាក់បណ្ដាសា តើអ្នកអាចស៊ូទ្រាំនឹងបញ្ហាទាំងអស់នេះទេ? នៅពេលដែលអ្នកឃើញពួកជំនុំមួយដែលមានសភាពល្អខ្លាំង ដែលបងប្អូនស្រី និងបងប្អូនប្រុសទាំងអស់កំពុងស្វែងរកដោយប្រើថាមពលច្រើន អ្នកខ្លួនឯងមានអារម្មណ៍ទទួលបានការលើកទឹកចិត្ត។ នៅថ្ងៃដែលពួកគេបានចាកចេញទៅ ពួកគេខ្លះលែងជឿ អ្នកខ្លះឈប់ដើម្បីធ្វើជំនួញ ឬទៅរៀបការ ហើយអ្នកខ្លះបានចូលរួមក្នុងសាសនា។ តើអ្នកនឹងអាចឈររឹងមាំបានទេនៅពេលនោះ? តើអ្នកនឹងអាចនៅតែគ្មានការប៉ះទង្គិចនៅក្នុងចិត្តមែនទេ? ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញទេ! ទ្រង់ប្រើប្រាស់របស់ជាច្រើនដើម្បីបន្សុទ្ធមនុស្ស។ មនុស្សមើលឃើញការទាំងនេះថាជាវិធីសាស្រ្ត ប៉ុន្តែតាមចេតនាដើមរបស់ព្រះជាម្ចាស់ ទាំងនេះមិនមែនជាវិធីសាស្ត្រនោះទេ ប៉ុន្តែជាការពិត។ នៅទីបញ្ចប់ នៅពេលដែលទ្រង់បន្សុទ្ធមនុស្សដល់ចំណុចជាក់លាក់មួយ ហើយពួកគេលែងមានការត្អូញត្អែរទៀត ដូច្នេះដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះនឹងត្រូវបញ្ចប់។ កិច្ចការដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយនៅពេលដែលទ្រង់មិនធ្វើកិច្ចការ ហើយលាក់បាំងអង្គទ្រង់ វាកាន់តែជាគោលបំណងដើម្បីប្រោសអ្នកឱ្យគ្រប់លក្ខណ៍ ហើយជាពិសេសនៅក្នុងវិធីនេះវាអាចត្រូវបានគេមើលឃើញថា មនុស្សមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ មិនថាពួកគេមានទំនុកចិត្តពិតប្រាកដលើទ្រង់ឬអត់នោះទេ។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់ នោះមិនចាំបាច់អ្នកស្វែងរកទេ។ មានតែនៅពេលដែលទ្រង់ត្រូវបានលាក់បាំង ទើបអ្នកត្រូវស្វែងរក និងមានអារម្មណ៍ទៅតាមផ្លូវរបស់អ្នក។ អ្នកគប្បីអាចបំពេញភារកិច្ចជាមនុស្សដែលទ្រង់បានបង្កើត ហើយមិនថាលទ្ធផលអនាគត និងទិសដៅរបស់អ្នកយ៉ាងណាទេ អ្នកគប្បីអាចដេញតាមចំណេះដឹង និងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលអ្នកនៅរស់ ហើយទោះបីព្រះជាម្ចាស់ប្រព្រឹត្តយ៉ាងណាមកលើអ្នកក៏ដោយ អ្នកគប្បីអាចជៀសវាងពីការត្អូញត្អែរ។ មានលក្ខខណ្ឌមួយសម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការនៅក្នុងមនុស្ស។ ពួកគេត្រូវតែស្រេកឃ្លាន និងស្វែងរក ហើយមិនត្រូវមានចិត្តពាក់កណ្ដាល ឬសង្ស័យអំពីសកម្មភាពរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវតែអាចប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ពួកគេគ្រប់ពេលវេលា។ មានតែតាមរយៈរបៀបនេះទេ ដែលពួកគេអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ នៅក្នុងជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលជាតម្រូវការពីមនុស្ស គឺការមានទំនុកចិត្តដ៏ខ្លាំង ហើយចូលមករកព្រះជាម្ចាស់ដើម្បីស្វែងរក មានតែតាមរយៈបទពិសោធទេ ទើបមនុស្សអាចដឹងថាព្រះជាម្ចាស់ដ៏ពេញដោយក្ដីស្រឡាញ់យ៉ាងដូចម្ដេច និងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស។ ប្រសិនបើអ្នកមិនមានបទពិសោធ ប្រសិនបើអ្នកមិនមានអារម្មណ៍តាមផ្លូវរបស់អ្នកតាមរយៈការនោះ ប្រសិនបើអ្នកមិនស្វែងរកទេ នោះអ្នកនឹងមិនទទួលបានអ្វីឡើយ។ អ្នកត្រូវតែមានអារម្មណ៍តាមផ្លូវរបស់អ្នកតាមរយៈបទពិសោធរបស់អ្នក ហើយមានតែតាមរយៈបទពិសោធរបស់អ្នកប៉ុណ្ណោះ ដែលអ្នកអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ហើយទទួលស្គាល់ភាពអស្ចារ្យ និងភាពយល់មិនដល់របស់ទ្រង់។

ខាង​ដើម៖ ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត

បន្ទាប់៖ តើអ្នកគឺជាមនុស្សម្នាក់ដែលចូលមកឯជីវិតឬ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ