មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ

សព្វថ្ងៃនេះ ដោយសារអ្នករាល់គ្នាព្យាយាមស្រលាញ់ និងស្គាល់ព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែស៊ូទ្រាំនឹងការលំបាក និងការបន្សុទ្ធតាមផ្នែកមួយ ហើយមួយទៀត អ្នករាល់គ្នាត្រូវតែបង់ថ្លៃ។ គ្មានមេរៀនណាដែលជ្រាលជ្រៅជាងមេរៀនអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយអាចនិយាយបានថា មេរៀនដែលមនុស្សរៀនអំពីជំនឿក្នុងមួយជីវិតគឺរៀនអំពីរបៀបស្រឡាញ់ព្រះជាម្ចាស់នេះឯង។ និយាយឱ្យចំគឺថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្រឡាញ់ទ្រង់ និងមិនបានស្គាល់ព្រះអង្គ ហើយមិនដែលស្រឡាញ់ព្រះអង្គដោយសេចក្ដីស្រឡាញ់ពិតប្រាកដដែលចេញពីក្នុងចិត្តរបស់អ្នកទេ នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺឥតប្រយោជន៍ឡើយ។ ប្រសិនបើអ្នកគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះអ្នករស់នៅដោយអសារឥតការ ហើយជីវិតទាំងមូលរបស់អ្នកគឺទាបបំផុតក្នុងចំណោមជីវិតទាំងអស់។ ប្រសិនបើពេញមួយជីវិតរបស់អ្នក អ្នកមិនដែលស្រឡាញ់ និងបំពេញព្រះហឫទ័សព្រះជាម្ចាស់សោះ នោះតើអ្វីទៅជាប្រយោជន៍នៃការរស់នៅរបស់អ្នក? ហើយតើអ្វីទៅជាប្រយោជន៍នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់? តើនោះមិនមែនជាការខ្ជះខ្ជាយនូវការខិតខំទេឬអី? និយាយឱ្យចំគឺថា ប្រសិនបើមនុស្សជឿ និងស្រឡាញ់ព្រះជាម្ចាស់ នោះពួកគេត្រូវតែបង់ថ្លៃ។ ជាជាងការព្យាយាមធ្វើសកម្មភាពតាមរបៀបមួយចំនួននៅខាងក្រៅ ពួកគេគួរតែស្វះស្វែងរកពន្លឺពិតប្រាកដនៅខាងក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ។ ប្រសិនបើអ្នកសាទរចំពោះការច្រៀងរាំ ប៉ុន្តែគ្មានសមត្ថភាពអនុវត្តនូវសេចក្តីពិត តើអ្នកអាចនិយាយថាស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ការស្រឡាញ់ព្រះជាម្ចាស់តម្រូវឱ្យមានការស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ និងតម្រូវឱ្យអ្នកស្ទង់មើលជ្រៅទៅខាងក្នុង នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ដោយព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងព្យាយាមដឹងនូវអ្វីៗដែលជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះហើយទើបជាកិច្ចការដែលទ្រង់ប្រាប់ឱ្យអ្នកសម្រេចឱ្យបាន និងជារបៀបដែលអ្នកគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់។ ឧទាហរណ៍៖ មានរឿងអ្វីមួយកើតឡើងដែលតម្រូវឱ្យអ្នកស៊ូទ្រាំនឹងការលំបាក នៅពេលនោះអ្នកគួរតែយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបដែលអ្នកគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកមិនត្រូវបំពេញចិត្តខ្លួនឯងទេ៖ ជាដំបូង ត្រូវលះកាត់ចិត្តខ្លួនឯងចោលសិន។ គ្មានអ្វីដែលអន់ជាងសាច់ឈាមទៅទៀតនោះទេ។ អ្នកត្រូវតែប្រឹងប្រែងបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញករណីយកិច្ចរបស់អ្នក។ ដោយមានគំនិតបែបនេះ ព្រះជាម្ចាស់នឹងនាំមកឱ្យអ្នកនូវការបំភ្លឺយ៉ាងពិសេសនៅក្នុងរឿងនេះ ហើយចិត្តរបស់អ្នកក៏នឹងបានសុខស្រួលផងដែរ។ មិនថារឿងធំ ឬតូចនោះទេ នៅពេលដែលវាកើតឡើងចំពោះអ្នក ជាដំបូង អ្នកត្រូវលះកាត់ចិត្តខ្លួនឯងចោលសិន ហើយចាត់ទុកសាច់ឈាមថាជារបស់ដែលអន់បំផុតក្នុងចំណោមរបស់ទាំងអស់។ កាលណាអ្នកកាន់តែបំពេញចិត្តខាងសាច់ឈាម នោះវាកាន់តែយកសេរីភាពទៅបាត់កាន់តែច្រើន។ ប្រសិនបើអ្នកបំពេញចិត្តវានៅពេលនេះ ពេលក្រោយវានឹងសុំច្រើនបន្ថែមទៀត។ នៅពេលរឿងនេះចេះតែបន្ត មនុស្សនឹងបែរមកស្រឡាញ់សាច់ឈាមកាន់តែខ្លាំងឡើងៗ។ សាច់ឈាមតែងតែមានសេចក្ដីប្រាថ្នាហួសហេតុ ហើយវាតែងតែសុំឱ្យអ្នកបំពេញចិត្តវា និងឱ្យអ្នកចម្អែតវា មិនថាវាស្ថិតនៅក្នុងរបស់ដែលអ្នកបរិភោគ អ្វីៗដែលអ្នកស្លៀកពាក់ ឬនៅក្នុងកំហឹងរបស់អ្នក ឬការផ្គាប់ផ្គុនចំពោះភាពទន់ខ្សោយ និងភាពខ្ជិលច្រអូសរបស់អ្នកនោះទេ...។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះសេចក្ដីប្រាថ្នារបស់វានឹងកាន់តែខ្លាំងឡើង ហើយសាច់ឈាមក៏កាន់តែស្រើបស្រាលឡើងៗ រហូតដល់ថ្នាក់សាច់ឈាមរបស់មនុស្សលាក់ពួនសូម្បីតែសញ្ញាណដែលកាន់តែជ្រៅទៅៗ ហើយបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងលើកតម្កើងខ្លួនឯង ព្រមទាំងសង្ស័យអំពីកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះភាពទន់ខ្សោយរបស់សាច់ឈាមនឹងកាន់តែខ្លាំងឡើង។ អ្នកនឹងមានអារម្មណ៍ថា គ្មាននរណាម្នាក់បង្ហាញការគិតគូរដល់ភាពទន់ខ្សោយរបស់អ្នកទេ អ្នកនឹងជឿជានិច្ចថា ព្រះជាម្ចាស់បានទៅឆ្ងាយសែនឆ្ងាយ ហើយអ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់អីក៏គ្រោតគ្រាតយ៉ាងនេះ? ហេតុអ្វីបានជាទ្រង់មិនឱ្យមនុស្សឈប់សម្រាកខ្លះផងដូច្នេះ?» នៅពេលមនុស្សបំពេញចិត្តសាច់ឈាម ហើយស្រលាញ់បីបាច់វាខ្លាំងពេក នោះពួកគេបំផ្លាញខ្លួនឯងហើយ។ ប្រសិនបើអ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់ ហើយមិនបំពេញចិត្តសាច់ឈាមមែន នោះអ្នកនឹងឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវ និងល្អខ្លាំងណាស់ ហើយឃើញថា ការដាក់បណ្ដាសារបស់ទ្រង់ចំពោះការបះបោររបស់អ្នក និងការជំនុំជម្រះរបស់ទ្រង់ចំពោះភាពទុច្ចរិតរបស់អ្នកគឺជារឿងត្រឹមត្រូវ។ មានពេលខ្លះ ព្រះជាម្ចាស់នឹងវាយផ្ចាល ហើយដាក់ពិន័យអ្នក និងបង្កើនបរិយាកាសដើម្បីលត់ដំអ្នក ដោយបង្ខំអ្នកឱ្យមករកទ្រង់ ហើយអ្នកនឹងមានអារម្មណ៍ជានិច្ចថា អ្វីដែលព្រះជាម្ចាស់កំពុងធ្វើ គឺអស្ចារ្យមែន។ ដូច្នេះ អ្នកនឹងមានអារម្មណ៍ហាក់ដូចជាគ្មានការឈឺចាប់ខ្លាំងនោះទេ ហើយយល់ឃើញថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ខ្លាំងណាស់។ ប្រសិនបើអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាម ហើយនិយាយថា ព្រះជាម្ចាស់ទៅឆ្ងាយសែនឆ្ងាយ នោះអ្នកនឹងមានអារម្មណ៍ឈឺចាប់ជានិច្ច ហើយអ្នកនឹងពិបាកចិត្តជានិច្ច អ្នកនឹងមិនយល់ច្បាស់អំពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ឡើយ ហើយវានឹងហាក់ដូចជាព្រះជាម្ចាស់មិនចេះអាណិតអាសូរចំពោះភាពទន់ខ្សោយរបស់មនុស្សអ្វីបន្តិចសោះ ថែមទាំងមិនដឹងពីការលំបាករបស់មនុស្សទៀតផង។ ដូច្នេះហើយ អ្នកនឹងមានអារម្មណ៍កម្សត់ និងឯកោជានិច្ច ប្រៀបដូចជាអ្នកបានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ហើយនៅពេលនេះអ្នកនឹងចាប់ផ្ដើមត្អូញត្អែរ។ កាលណាអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាមកាន់តែច្រើនបែបនេះ នោះអ្នកនឹងមានអារម្មណ៍ថាព្រះជាម្ចាស់ទៅកាន់តែឆ្ងាយទៅៗ រហូតដល់ថ្នាក់អាក្រក់យ៉ាងខ្លាំងដោយអ្នកបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមប្រឆាំងនឹងព្រះជាម្ចាស់ ថែមទាំងពេញដោយការបះបោរទៀតផង។ ដូច្នេះ អ្នកត្រូវតែបះបោរទាស់នឹងសាច់ឈាម ហើយកុំផ្គាប់ផ្គុនដល់វាទៀត៖ «ប្តី (ប្រពន្ធ) កូនៗ ក្ដីសង្ឃឹម អាពាហ៍ពិពាហ៍ គ្រួសាររបស់ខ្ញុំ គ្មាននរណាម្នាក់មានបញ្ហានោះទេ! ក្នុងចិត្តខ្ញុំមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ហើយខ្ញុំត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបំពេញចិត្តសាច់ឈាមឡើយ»។ អ្នកត្រូវតែមានការតាំងចិត្តបែបនេះ។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះជាប់ជានិច្ច នោះនៅពេលអ្នកអនុវត្តនូវសេចក្ដីពិត ហើយទុកចោលខ្លួនឯងទៅម្ខាង អ្នកនឹងអាចធ្វើបានដូច្នោះដោយការខិតខំដ៏តិចតួចប៉ុណ្ណោះ។ គេនិយាយថា កាលពីមុនមានកសិករម្នាក់បានឃើញពស់មួយកករឹងនៅលើផ្លូវ។ កសិករនោះបានយកវាឡើង ហើយឱបវាជាប់នឹងទ្រូងរបស់គាត់ ហើយបន្ទាប់ពីពស់នោះបានរស់ឡើងវិញ វាក៏បានចឹកកសិកររហូតដល់ស្លាប់។ សាច់ឈាមរបស់មនុស្សគឺដូចជាពស់ដែរ៖ លក្ខណៈរបស់វាគឺបង្កអន្តរាយដល់អាយុជីវិតរបស់គេ ហើយនៅពេលវាទទួលបានលក្ខណៈផ្ទាល់ខ្លួនរបស់វាពេញលេញ នោះជីវិតរបស់អ្នកក៏ត្រូវបាត់បង់។ សាច់ឈាមគឺជារបស់សាតាំង។ នៅក្នុងសាច់ឈាមនេះតែងតែមានសេចក្ដីប្រាថ្នាដ៏ហួសហេតុជានិច្ច។ វាគិតតែពីខ្លួនឯង តែងតែប្រាថ្នាភាពស្រួល ចង់បានភាពស្រណុក ឥតខ្វល់ ឥតប្រញាប់ទាល់តែសោះ ដោយលង់ក្នុងភាពខ្ជិលច្រអូស ហើយប្រសិនបើអ្នកបំពេញចិត្តវាដល់ចំណុចមួយ នោះនៅទីបំផុត វានឹងលេបត្របាក់អ្នកមិនខាន។ និយាយឱ្យចំគឺថា ប្រសិនបើអ្នកបំពេញចិត្តវាពេលនេះ វានឹងសុំឱ្យអ្នកបំពេញចិត្តវាម្ដងទៀតនៅពេលក្រោយមិនខាន។ វាមានសេចក្ដីប្រាថ្នាហួសហេតុ និងតម្រូវការថ្មីៗជានិច្ច ហើយកេងចំណេញពីការផ្គាប់ផ្គុនរបស់អ្នកចំពោះសាច់ឈាម ដើម្បីធ្វើឱ្យអ្នកស្រឡាញ់បីបាច់វាកាន់តែខ្លាំងឡើង និងរស់នៅក្នុងភាពសុខស្រួលរបស់វា ហើយប្រសិនបើអ្នកមិនដែលអាចយកឈ្នះវាទេ នោះនៅទីបំផុត អ្នកនឹងបំផ្លាញខ្លួនឯង។ មិនថាអ្នកអាចទទួលបានជីវិតនៅចំពោះព្រះជាម្ចាស់ឬអត់ ហើយលទ្ធផលចុងក្រោយរបស់អ្នកនឹងទៅជាយ៉ាងណានោះទេ គឺអាស្រ័យលើរបៀបដែលអ្នកធ្វើការបះបោរទាស់នឹងសាច់ឈាមយ៉ាងដូចម្ដេចប៉ុណ្ណោះ។ ព្រះជាម្ចាស់បានសង្គ្រោះអ្នក និងជ្រើសរើសអ្នក ហើយបានកំណត់អ្នកទុកជាមុន ប៉ុន្តែប្រសិនបើអ្នកមិនព្រមបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ អ្នកមិនព្រមអនុវត្តនូវសេចក្ដីពិតទេ ហើយអ្នកមិនព្រមបះបោរទាស់នឹងសាច់ឈាមរបស់អ្នក ដោយមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដទេ នោះនៅទីបំផុតអ្នកនឹងបំផ្លាញខ្លួនឯង ហេតុដូច្នេះហើយ អ្នកនឹងត្រូវស៊ូទ្រាំចំពោះការឈឺចាប់យ៉ាងខ្លាំងមហិមា។ ប្រសិនបើអ្នកជានិច្ចកាលផ្គាប់ផ្គុនដល់សាច់ឈាម នោះសាតាំងនឹងលេបអ្នកបន្តិចម្តងៗរហូតដល់អស់ ហើយមិនទុកឱ្យអ្នកមានជីវិត ឬទាក់ទងនឹងព្រះវិញ្ញាណឡើយ រហូតដល់ថ្ងៃដែលអ្នកងងឹតនៅខាងក្នុងទាំងស្រុង។ នៅពេលអ្នករស់នៅក្នុងភាពងងឹត អ្នកនឹងត្រូវសាតាំងចាប់ឃុំខ្លួន អ្នកនឹងលែងមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកទៀតហើយ នៅពេលនោះអ្នកនឹងបដិសេធថាគ្មានព្រះជាម្ចាស់ទេ រួចហើយអ្នកនឹងចាកចេញពីទ្រង់។ ដូច្នេះ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបង់ថ្លៃនៃការឈឺចាប់ ហើយស៊ូទ្រាំនឹងការលំបាក។ មិនចាំបាច់មានជំនឿស៊ប់ និងការលំបាកពីខាងក្រៅ ក៏ដូចជាការអានច្រើន និងការរវល់ខ្លាំងច្រើននោះទេ ផ្ទុយទៅវិញពួកគេគួរតែទុកចោលរបស់ដែលនៅជាមួយពួកគេទាំងនេះដូចជា៖ ការគិតហួសប្រមាណ ផលប្រយោជន៍ផ្ទាល់ខ្លួន និងការពិចារណាផ្ទាល់ខ្លួន សញ្ញាណ និងបំណងរបស់ពួកគេ។ នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ការលួសកាត់របស់ព្រះជាម្ចាស់ចំពោះនិស្ស័យខាងក្រៅរបស់មនុស្ស ក៏ជាផ្នែកមួយនៃកិច្ចការរបស់ព្រះអង្គផងដែរ ឧទាហរណ៍ដូចជា ការលួសកាត់ចំពោះភាពជាមនុស្សដែលមិនត្រឹមត្រូវពីខាងក្រៅរបស់មនុស្ស ឬក៏របៀបរស់នៅ និងទម្លាប់របស់ពួកគេ មធ្យោបាយ និងទំនៀមទម្លាប់របស់ពួកគេ ក៏ដូចជាការអនុវត្តខាងក្រៅរបស់ពួកគេ និងជំនឿមុតមាំរបស់ពួកគេ។ ប៉ុន្តែនៅពេលទ្រង់ប្រាប់ឱ្យមនុស្សអនុវត្តនូវសេចក្ដីពិត ហើយផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ អ្វីដែលត្រូវបានលួសកាត់ជាចម្បងនោះគឺជាបំណង និងសញ្ញាណនៅក្នុងពួកគេ។ ការត្រឹមតែលួសកាត់និស្ស័យខាងក្រៅរបស់អ្នក នោះមិនពិបាកទេ។ វាប្រៀបដូចជាការប្រាប់អ្នកកុំឱ្យបរិភោគនូវអ្វីដែលអ្នកចូលចិត្តជាដើម គឺស្រួលទេ។ តែទោះជាយ៉ាងនេះក្ដី ចំពោះអ្វីៗដែលប៉ះជាប់នឹងសញ្ញាណខាងក្នុងខ្លួនឯង គឺមិនងាយកម្ចាត់ចេញនោះទេ។ វាតម្រូវឱ្យមនុស្សបះបោរទាស់នឹងសាច់ឈាម ហើយបង់ថ្លៃ និងរងទុក្ខនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់។ ជាពិសេស វាគឺដូច្នេះឯងចំពោះបំណងរបស់មនុស្ស។ ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។ នៅពេលអ្នកមិនអនុវត្តនូវសេចក្ដីពិត អ្នកមានអារម្មណ៍ថា បំណងរបស់អ្នកទាំងអស់គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងឃើញថា នៅក្នុងខ្លួនអ្នកមានបំណងមិនត្រឹមត្រូវជាច្រើន។ ដូច្នេះ នៅពេលព្រះជាម្ចាស់ប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ទ្រង់ធ្វើឱ្យពួកគេដឹងថា មានសញ្ញាណជាច្រើននៅក្នុងខ្លួនពួកគេដែលរារាំងពួកគេមិនឱ្យស្គាល់ព្រះជាម្ចាស់។ នៅពេលអ្នកដឹងថា បំណងរបស់អ្នកសុទ្ធតែខុស ហើយប្រសិនបើអ្នកអាចឈប់អនុវត្តតាមសញ្ញាណ និងបំណងរបស់អ្នក ហើយអាចធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវជំហររបស់អ្នកទោះមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ នេះទើបបញ្ជាក់ថា អ្នកបានបះបោរទាស់នឹងសាច់ឈាម។ នៅពេលអ្នកបះបោរទាស់នឹងសាច់ឈាម នោះនឹងមានការតយុទ្ធនៅក្នុងខ្លួនអ្នកដោយចៀសមិនរួចឡើយ។ សាតាំងនឹងព្យាយាមធ្វើឱ្យមនុស្សធ្វើតាមវា វានឹងព្យាយាមធ្វើឱ្យពួកគេធ្វើតាមសញ្ញាណខាងសាច់ឈាម ហើយប្រកាន់យកផលប្រយោជន៍ខាងសាច់ឈាម ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបំភ្លឺ ហើយពន្យល់មនុស្សពីខាងក្នុង ហើយនៅពេលនេះ វាអាស្រ័យលើអ្នក ថាតើអ្នកធ្វើតាមព្រះជាម្ចាស់ ឬធ្វើតាមសាតាំង។ ព្រះជាម្ចាស់សុំឱ្យមនុស្សអនុវត្តនូវសេចក្ដីពិតជាចម្បង ដើម្បីលួសកាត់អ្វីៗដែលនៅខាងក្នុងពួកគេ លួសកាត់គំនិត និងសញ្ញាណរបស់ពួកគេ ដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្តមនុស្ស ហើយបំភ្លឺ និងពន្យល់ពួកគេ។ ដូច្នេះការតយុទ្ធនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង៖ នៅរាល់ពេលដែលមនុស្សអនុវត្តនូវសេចក្តីពិត ឬអនុវត្តនូវសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ វាមានការតយុទ្ធយ៉ាងខ្លាំងក្លាមួយ ហើយទោះបីជាគ្រប់យ៉ាងអាចមើលទៅហាក់ដូចជាល្អជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ ក៏តាមពិតទៅនៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងមានការតយុទ្ធស្លាប់រស់មួយកើតមានជាដរាប ហើយមានតែក្រោយពេលការតយុទ្ធដ៏ខ្លាំងក្លានេះចប់ និងក្រោយពេលលទ្ធផលដ៏ច្រើនមហិមាចេញមកប៉ុណ្ណោះ ទើបអាចកំណត់ការឈ្នះចាញ់បាន។ គេមិនដឹងថាតើត្រូវសើច ឬយំនោះទេ។ ព្រោះបំណងជាច្រើននៅក្នុងខ្លួនមនុស្សគឺសុទ្ធតែខុសឆ្គង ឬដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ភាគច្រើនមានលក្ខណៈផ្ទុយពីសញ្ញាណរបស់ពួកគេ នៅពេលមនុស្សអនុវត្តនូវសេចក្តីពិត ការតយុទ្ធដ៏មហិមាមួយបានកើតឡើងនៅពីក្រោយឆាក។ ដោយបានអនុវត្តនូវសេចក្ដីពិតនេះ នៅពីក្រោយឆាក មនុស្សនឹងស្រក់ទឹកភ្នែកសោកសៅយ៉ាងច្រើនរាប់មិនអស់ មុនពេលដែលពួកគេរៀបចំចិត្តរបស់ខ្លួនដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបំផុត។ ដោយសារតែការតយុទ្ធនេះ មនុស្សត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបន្សុទ្ធ ហើយនេះគឺជាការរងទុក្ខពិតប្រាកដ។ នៅពេលការតយុទ្ធនេះកើតមានមកលើអ្នក ហើយប្រសិនបើអ្នកពិតជាអាចឈរនៅខាងព្រះជាម្ចាស់មែន នោះអ្នកនឹងអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ខណៈពេលកំពុងអនុវត្តនូវសេចក្តីពិត វាចៀសមិនរួចទេថា គេនឹងរងទុក្ខនៅខាងក្នុង ហើយប្រសិនបើនៅពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត អ្វីគ្រប់យ៉ាងនៅក្នុងខ្លួនមនុស្សសុទ្ធតែត្រឹមត្រូវមែន នោះពួកគេនឹងមិនត្រូវការព្រះជាម្ចាស់ប្រោសឱ្យពួកគេគ្រប់លក្ខណ៍នោះទេ ឯការតយុទ្ធនឹងមិនមានឡើយ ហើយពួកគេនឹងមិនរងទុក្ខដែរ។ ដោយសារតែមានរឿងរ៉ាវជាច្រើននៅក្នុងខ្លួនមនុស្សដែលមិនសមស្របនឹងឱ្យព្រះជាម្ចាស់ប្រើការ ហើយដោយសារតែមាននិស្ស័យបះបោរយ៉ាងច្រើនរបស់សាច់ឈាមបែបនេះ ទើបមនុស្សត្រូវរៀនមេរៀនអំពីការបះបោរទាស់នឹងសាច់ឈាមឱ្យបានកាន់តែជ្រៅជ្រះ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ហៅថា ការរងទុក្ខ ដែលទ្រង់បានមានបន្ទូលប្រាប់មនុស្សឱ្យទទួលរងជាមួយទ្រង់។ ពេលអ្នកជួបការលំបាក សូមប្រញាប់អធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱ ព្រះអង្គអើយ! ទូលបង្គំចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំចង់ស៊ូទ្រាំនឹងការលំបាកចុងក្រោយ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយមិនខ្វល់ថាទូលបង្គំជួបប្រទះឧបសគ្គខ្លាំងយ៉ាងណានោះទេ ទូលបង្គំនៅតែបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច។ ទោះបីជាទូលបង្គំត្រូវលះបង់ជីវិតរបស់ទូលបង្គំទាំងស្រុងក្ដី ក៏កូននៅតែត្រូវបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច!» ដោយមានការតាំងចិត្តបែបនេះ នៅពេលអ្នកអធិស្ឋានដូច្នេះ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក។ រាល់ពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត រាល់ពេលដែលពួកគេទទួលរងនូវការបន្សុទ្ធ រាល់ពេលដែលពួកគេត្រូវបានល្បងល ហើយរាល់ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ពួកគេ មនុស្សត្រូវតែស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ ទាំងអស់នេះគឺជាការសាកល្បងសម្រាប់មនុស្ស ដូច្នេះហើយបានជាមានការតយុទ្ធនៅក្នុងខ្លួនពួកគេទាំងអស់គ្នា។ នេះគឺជាតម្លៃជាក់ស្តែងដែលពួកគេត្រូវបង់។ ការអានព្រះបន្ទូលឱ្យបានច្រើន និងការរវល់ខ្លាំងច្រើនគឺជាចំណែកមួយនៃតម្លៃនោះ។ វាជាអ្វីដែលមនុស្សគួរតែធ្វើ វាជាករណីយកិច្ចរបស់ពួកគេ និងជាការទទួលខុសត្រូវដែលពួកគេគួរតែបំពេញ ប៉ុន្តែមនុស្សត្រូវតែទុកចោលនូវអ្វីៗនៅក្នុងខ្លួនពួកគេដែលចាំបាច់ត្រូវទុកចោល។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះទោះជាអ្នករងទុក្ខវេទនាខាងក្រៅខ្លាំងយ៉ាងណាក៏ដោយ ទោះជាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយ ទាំងអស់នោះនឹងគ្មានប្រយោជន៍អ្វីឡើយ! និយាយឱ្យចំទៅគឺថា មានតែការផ្លាស់ប្ដូរនៅក្នុងខ្លួនអ្នកតែប៉ុណ្ណោះទើបអាចកំណត់ ថាតើការលំបាកខាងក្រៅរបស់អ្នកមានតម្លៃឬអត់។ នៅពេលនិស្ស័យខាងក្នុងរបស់អ្នកបានផ្លាស់ប្តូររួចហើយ ហើយអ្នកបានអនុវត្តនូវសេចក្តីពិត នោះការរងទុក្ខខាងក្រៅរបស់អ្នកទាំងអស់នឹងទទួលបានការអនុម័តពីព្រះជាម្ចាស់ តែប្រសិនបើនិស្ស័យខាងក្នុងរបស់អ្នកគ្មានការផ្លាស់ប្តូរទេ នោះទោះបីជាអ្នកស៊ូទ្រាំនឹងការរងទុក្ខយ៉ាងណា ឬទោះជាអ្នករវល់ខ្លាំងនៅខាងក្រៅយ៉ាងណាក៏ដោយ ក៏នឹងគ្មានការអនុម័តពីព្រះជាម្ចាស់ឡើយ ហើយការលំបាកដែលគ្មានការបញ្ជាក់ពីព្រះជាម្ចាស់គឺឥតប្រយោជន៍នោះទេ។ ដូច្នេះ មិនថាតម្លៃដែលអ្នកបានបង់ត្រូវបានព្រះជាម្ចាស់អនុម័ត ឬអត់ គឺវាត្រូវបានកំណត់ដោយថាតើមានការផ្លាស់ប្ដូរនៅក្នុងខ្លួនអ្នក ឬអត់ និងដោយថាតើអ្នកអនុវត្តនូវសេចក្ដីពិត ហើយបះបោរទាស់នឹងបំណង និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឬអត់ ដើម្បីបំពេញបានតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ស្គាល់ព្រះជាម្ចាស់ និងមានភក្ដីភាពចំពោះព្រះជាម្ចាស់។ មិនថាអ្នករវល់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើអ្នកមិនដែលចេះធ្វើការបះបោរទាស់នឹងបំណងផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែចេះតែធ្វើការស្វះស្វែងរកសកម្មភាព និងជំនឿមុតមាំខាងក្រៅ ហើយមិនដែលយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នកទេ នោះការលំបាករបស់អ្នកនឹងគ្មានប្រយោជន៍អ្វីឡើយ។ នៅក្នុងស្ថានភាពមួយចំនួន ប្រសិនបើអ្នកមានអ្វីមួយចង់និយាយ ប៉ុន្តែអ្នកមានអារម្មណ៍ក្នុងខ្លួនថា ការនិយាយនេះមិនត្រឹមត្រូវ ការនិយាយនេះមិនផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីរបស់អ្នកទេ ហើយអាចធ្វើឱ្យពួកគេឈឺចាប់ទៅទៀត ពេលនោះអ្នកនឹងមិននិយាយចេញមកទេ ដោយសុខចិត្តឈឺចាប់នៅខាងក្នុងវិញ ដ្បិតពាក្យសម្ដីទាំងនេះមិនអាចបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ នៅពេលនេះ នឹងមានការតយុទ្ធមួយនៅក្នុងអ្នក តែអ្នកនឹងសុខចិត្តរងការឈឺចាប់ ហើយលះបង់នូវអ្វីដែលអ្នកស្រលាញ់។ អ្នកនឹងសុខចិត្តស៊ូទ្រាំរងការលំបាកនេះ ដើម្បីបំពេញនូវព្រះហឫទ័យព្រះជាម្ចាស់ ហើយទោះបីជាអ្នកនឹងរងការឈឺចាប់នៅក្នុងខ្លួនក៏ដោយ ក៏អ្នកនឹងមិនផ្គាប់ផ្គុនដល់សាច់ឈាមដែរ ហើយនៅតែបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ដដែល ដូច្នេះហើយអ្នកក៏នឹងទទួលបានភាពសុខស្រួលនៅក្នុងខ្លួនវិញផងដែរ។ នេះទើបពិតជាការបង់ថ្លៃ ហើយជាតម្លៃដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះ ព្រះជាម្ចាស់ប្រាកដជាប្រទានពរដល់អ្នក ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ នោះមិនថាអ្នកយល់ដឹងច្រើនប៉ុនណា ឬអ្នកចេះនិយាយបានល្អប៉ុនណាទេ វានឹងគ្មានបានការអ្វីឡើយ! នៅលើផ្លូវឆ្ពោះទៅរកការស្រឡាញ់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចឈរនៅខាងព្រះជាម្ចាស់នៅពេលទ្រង់ច្បាំងជាមួយសាតាំង ហើយអ្នកមិនត្រឡប់ទៅរកសាតាំងវិញទេ នោះអ្នកនឹងសម្រេចបាននូវសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយអ្នកនឹងបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។

នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាទង្វើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក អ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ។ ឧទាហរណ៍ថា ប្រសិនបើអ្នករើសអើងចំពោះបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកនឹងបញ្ចេញពាក្យសម្ដីដែលអ្នកចង់និយាយ ជាពាក្យសម្ដីដែលអ្នកមានអារម្មណ៍ថា អាចនឹងមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិននិយាយចេញមកទេ នោះអ្នកនឹងមានអារម្មណ៍មិនស្រួលចិត្ត ហើយនៅខណៈនោះ ការតយុទ្ធមួយនឹងចាប់ផ្ដើមនៅក្នុងខ្លួនអ្នក៖ «តើខ្ញុំនិយាយ ឬអត់?» នេះហើយជាចម្បាំង។ ដូច្នេះ វាមានការតយុទ្ធនៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកជួបប្រទះ ហើយនៅពេលមានការតយុទ្ធនៅក្នុងខ្លួនអ្នក ដោយសារតែអ្នកសហការពិតប្រាកដ និងរងទុក្ខពិតប្រាកដ នោះព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនឯង។ នៅទីបំផុត អ្នកអាចទុកចោលបញ្ហានេះនៅក្នុងខ្លួនឯង ហើយកំហឹងក៏រលត់បាត់ជាធម្មតា។ នេះជាឥទ្ធិពលនៃការសហការរបស់អ្នកជាមួយព្រះជាម្ចាស់។ អ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ តម្រូវឱ្យពួកគេបង់ថ្លៃជាក់លាក់មួយនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ។ បើគ្មានការលំបាកពិតប្រាកដទេ ពួកគេមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ពួកគេសូម្បីតែឈានជិតដល់កម្រិតនៃការបំពេញព្រះហឫទ័យព្រះជាម្ចាស់ក៏អត់ដែរ ហើយពួកគេគ្រាន់តែកំពុងព្រោកប្រាជ្ញពីពាក្យស្លោកឥតខ្លឹមសារតែប៉ុណ្ណោះ! តើពាក្យស្លោកឥតខ្លឹមសារទាំងនេះអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឬទេ? នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើនូវបន្ទាល់។ ថ្វីបើមើលពីខាងក្រៅវាហាក់ដូចជាមិនសំខាន់ក៏ដោយ ក៏នៅពេលរឿងទាំងនេះកើតឡើង វាបង្ហាញឱ្យដឹងថាតើអ្នកស្រលាញ់ព្រះជាម្ចាស់ ឬអត់។ ប្រសិនបើអ្នកធ្វើបាន នោះអ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់បាន ហើយប្រសិនបើអ្នកមិនបានអនុវត្តនូវសេចក្ដីស្រឡាញ់ដល់ទ្រង់ទេ នេះបង្ហាញឱ្យដឹងថា អ្នកមិនមែនជាមនុស្សដែលអនុវត្តនូវសេចក្តីពិតនោះទេ ហើយអ្នកគឺគ្មានការពិត និងគ្មានជីវិតដែរ អ្នកគឺជាអង្កាម! នៅក្នុងអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះមនុស្ស ព្រះជាម្ចាស់ត្រូវការឱ្យពួកគេប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេអំពីទ្រង់។ ថ្វីបើគ្មានបញ្ហាធំដុំកើតឡើងចំពោះអ្នកនៅពេលនេះក្ដី ហើយអ្នកក៏មិនធ្វើបន្ទាល់ឱ្យបានអស្ចារ្យក្ដី ក៏រាល់សេចក្ដីលម្អិតនៃជីវិតប្រចាំថ្ងៃរបស់អ្នកសុទ្ធតែទាក់ទងនឹងការធ្វើបន្ទាល់ពីព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកអាចឈ្នះការកោតសរសើរពីបងប្អូនប្រុសស្រីរបស់អ្នក ពីសមាជិកគ្រួសាររបស់អ្នក និងពីមនុស្សគ្រប់គ្នាជុំវិញអ្នក ហើយប្រសិនបើថ្ងៃណាមួយ អ្នកមិនជឿមកកោតសរសើរនូវអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ និងឃើញថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺអស្ចារ្យ នោះមានន័យថាអ្នកបានធ្វើបន្ទាល់ហើយ។ ទោះបីអ្នកគ្មានពន្លឺខាងក្នុង និងមានគុណសម្បត្តិអន់ក៏ដោយ តាមរយៈការដែលព្រះជាម្ចាស់ជាម្ចាស់ប្រោសឱ្យអ្នកគ្រប់លក្ខណ៍ នោះអ្នកអាចបំពេញព្រះហឫទ័យរបស់ទ្រង់ ហើយគិតគូរពីបំណងព្រះហឫទ័យរបស់ទ្រង់ ដោយបង្ហាញដល់អ្នកដទៃអំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើនៅក្នុងមនុស្សដែលមានគុណសម្បត្តិអន់បំផុត។ នៅពេលមនុស្សភ្ញាក់ខ្លួនស្គាល់ព្រះជាម្ចាស់វិញ ហើយក្លាយជាអ្នកមានជ័យជម្នះនៅចំពោះមុខសាតាំង និងមានភក្ដីភាពចំពោះព្រះជាម្ចាស់បំផុត នោះគ្មាននរណាម្នាក់ដែលមានបង្អែករឹងមាំជាងក្រុមមនុស្សនេះឡើយ ហើយនេះជាទីបន្ទាល់ដ៏អស្ចារ្យបំផុត។ ទោះបីជាអ្នកគ្មានសមត្ថភាពធ្វើកិច្ចការអស្ចារ្យបានក៏ដោយ ក៏អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ អ្នកដទៃមិនអាចទុកចោលសញ្ញាណរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចធ្វើបាន អ្នកដទៃមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ក្នុងបទពិសោធជាក់ស្តែងរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចប្រើសកម្មភាព និងកម្ពស់ជាក់ស្ដែងរបស់អ្នកដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីទ្រង់យ៉ាងខ្ទរខ្ទារ។ នេះទើបរាប់ជាការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដមែន។ ប្រសិនបើអ្នកគ្មានសម្ថភាពនេះទេ នោះអ្នកមិនធ្វើបន្ទាល់នៅក្នុងចំណោមសមាជិកគ្រួសាររបស់អ្នក នៅក្នុងចំណោមបងប្អូនប្រុសស្រីរបស់អ្នក ឬនៅចំពោះមុខមនុស្សឡើយ។ ប្រសិនបើអ្នកមិនអាចធ្វើបន្ទាប់នៅចំពោះមុខសាតាំងបានទេ សាតាំងនឹងសើចចំអកដាក់អ្នក វានឹងចាត់ទុកអ្នកជាមនុស្សឆ្កួត ជារបស់លេង ហើយជារឿយៗវានឹងធ្វើឱ្យអ្នកវង្វេងវង្វាន់ និងនាំឱ្យអ្នកវិកលចរិត។ នាពេលអនាគត ការល្បងលដ៏ធំអាចនឹងកើតមានដល់អ្នក ប៉ុន្តែថ្ងៃនេះ បើសិនជាអ្នកស្រឡាញ់ព្រះជាម្ចាស់ដោយដួងចិត្តពិតមែន ហើយដោយមិនខ្វល់ថាការល្បងលនៅខាងមុខធំប៉ុនណា និងដោយមិនគិតពីអ្វីដែលកើតឡើងចំពោះអ្នក ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះចិត្តអ្នកនឹងបានសុខស្រួល ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ មិនថាការល្បងលដែលអ្នកជួបប្រទះនាពេលអនាគតធំប៉ុនណាក៏ដោយ។ អ្នករាល់គ្នាមិនអាចមើលឃើញនូវអ្វីដែលនឹងកើតឡើងនាពេលអនាគតឡើយ។ អ្នករាល់គ្នាគ្រាន់តែអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងស្ថានភាពថ្ងៃនេះបាន។ អ្នករាល់គ្នាគ្មានសមត្ថភាពធ្វើកិច្ចការដ៏អស្ចារ្យណាមួយទេ ហើយគួរតែផ្ដោតលើការបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការដកបទពិសោធព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិតពិត ហើយធ្វើបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារ ដែលធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ទោះបីជាសាច់ឈាមរបស់អ្នកនឹងនៅតែមិនទាន់ពេញចិត្ត ហើយនឹងរងទុក្ខក៏ដោយ ក៏អ្នកនឹងបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន ហើយធ្វើឱ្យសាតាំងអាម៉ាស់មុខដែរ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះព្រះជាម្ចាស់នឹងបើកផ្លូវមួយនៅចំពោះមុខអ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលដ៏ធំមកដល់ អ្នកដទៃនឹងធ្លាក់ចុះ ប៉ុន្តែអ្នកនឹងនៅតែអាចឈរយ៉ាងរឹងមាំ៖ ដោយសារតែតម្លៃដែលអ្នកបានបង់នោះ ព្រះជាម្ចាស់នឹងការពារអ្នក ដូច្នេះអ្នកអាចឈរយ៉ាងរឹងមាំ និងមិនធ្លាក់ចុះឡើយ។ បើជាធម្មតាអ្នកអាចអនុវត្តនូវសេចក្តីពិតបាន និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ ដោយដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះព្រះជាម្ចាស់នឹងការពារអ្នកជាប្រាកដក្នុងអំឡុងពេលល្បងលនាពេលអនាគត។ ថ្វីបើអ្នកជាមនុស្សឆោតល្ងង់ មានកម្ពស់តូចទាប និងមានគុណសម្បត្តិអន់ក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនរើសអើងអ្នកដែរ។ វាអាស្រ័យលើថាតើបំណងរបស់អ្នកត្រឹមត្រូវ ឬអត់។ ឧបមាថា ថ្ងៃនេះ អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់ ដោយអ្នកយកចិត្តទុកដាក់តាំងពីចំណុចតូចល្អិតបំផុត ហើយអ្នកបំពេញព្រះហឫទ័យព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ អ្នកមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ អ្នកថ្វាយបេះដូងពិតរបស់អ្នកដល់ព្រះជាម្ចាស់ ហើយទោះបីជាមានរឿងខ្លះដែលអ្នកមិនយល់ច្បាស់ក៏ដោយ ក៏អ្នកអាចចូលមកចំពោះព្រះជាម្ចាស់ ដើម្បីកែតម្រូវបំណងរបស់អ្នក និងស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់បានដែរ ហើយអ្នកធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ហើយទោះបីជាបងប្អូនប្រុសស្រីរបស់អ្នកអាចបោះបង់ចោលអ្នកក៏ដោយ ក៏អ្នកនៅតែមានដួងចិត្តចង់បំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ និងមិនល្មោភចង់បានការសប្បាយខាងសាច់ឈាមនោះដែរ។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះអ្នកនឹងត្រូវបានការពារនៅពេលការល្បងលដ៏ធំចូលមកដល់អ្នក។

តើការល្បងលសំដៅទៅរកស្ថានភាពខាងក្នុងអ្វីខ្លះនៅក្នុងមនុស្ស? ពួកវាតម្រង់ទៅរកនិស្ស័យបះបោរនៅក្នុងមនុស្សដែលគ្មានសមត្ថភាពបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន។ មានភាពមិនបរិសុទ្ធយ៉ាងច្រើននៅក្នុងខ្លួនមនុស្ស ព្រមទាំងមានការលាក់ពុតយ៉ាងច្រើនផងដែរ ដូច្នេះហើយព្រះជាម្ចាស់ដាក់មនុស្សឱ្យស្ថិតក្រោមការល្បងល ដើម្បីញែកខ្លួនពួកគេជាបរិសុទ្ធ។ ប៉ុន្តែ ប្រសិនបើសព្វថ្ងៃនេះអ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះការល្បងលនាពេលអនាគតនឹងក្លាយជាភាពគ្រប់លក្ខណ៍សម្រាប់អ្នក។ ប្រសិនបើសព្វថ្ងៃនេះអ្នកមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានទេ នោះការល្បងលនាពេលអនាគតនឹងល្បួងអ្នក ហើយអ្នកនឹងធ្លាក់ចុះទាំងមិនដឹងខ្លួន ហើយនៅពេលនោះអ្នកនឹងមិនអាចជួយខ្លួនឯងបានទេ ដ្បិតអ្នកមិនអាចតាមទាន់កិច្ចការរបស់ព្រះជាម្ចាស់បាន និងគ្មានកម្ពស់ពិតនោះទេ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យអាចឈរយ៉ាងរឹងមាំនាពេលអនាគត ចង់បំពេញព្រះហឫទ័យព្រះជាម្ចាស់ឱ្យបានប្រសើរឡើង និងចង់ធ្វើតាមទ្រង់រហូតដល់ចុងបំផុត អ្នកត្រូវតែកសាងគ្រឹះឱ្យរឹងមាំនៅថ្ងៃនេះ។ អ្នកត្រូវតែបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការអនុវត្តនូវសេចក្ដីពិតក្នុងគ្រប់ការទាំងអស់ និងគិតគូរពីបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះនឹងមានគ្រឹះមួយនៅក្នុងអ្នក ហើយព្រះជាម្ចាស់នឹងជំរុញចិត្តដែលស្រឡាញ់ទ្រង់នៅក្នុងខ្លួនឯង ហើយទ្រង់នឹងផ្តល់ទំនុកចិត្តដល់អ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលកើតមានដល់អ្នកពិតមែន នោះអ្នកអាចនឹងរងការឈឺចាប់មួយចំនួន និងកើតទុក្ខដល់កម្រិតជាក់លាក់មួយ ព្រមទាំងរងនូវទុក្ខព្រួយយ៉ាងធ្ងន់ធ្ងរ ប្រៀបដូចជាអ្នកបានស្លាប់ដូច្នោះដែរ ប៉ុន្តែសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់នឹងមិនប្រែប្រួលឡើយ ហើយថែមទាំងកាន់តែជ្រាលជ្រៅខ្លាំងឡើង។ នេះហើយគឺជាព្រះពររបស់ព្រះជាម្ចាស់។ បើសិនជានៅថ្ងៃនេះ អ្នកអាចទទួលយកគ្រប់ទាំងព្រះបន្ទូល និងគ្រប់ទាំងទង្វើរបស់ព្រះជាម្ចាស់ ដោយមានដួងចិត្តនៃការចុះចូល នោះអ្នកប្រាកដជានឹងទទួលបានព្រះពរពីព្រះជាម្ចាស់មិនខាន ដូច្នេះហើយអ្នកនឹងក្លាយជាមនុស្សដែលព្រះជាម្ចាស់ប្រទានពរឱ្យ និងទទួលបានការសន្យារបស់ទ្រង់។ បើសិនជាថ្ងៃនេះអ្នកមិនអនុវត្តទេ នៅពេលការល្បងលកើតមានដល់អ្នកនៅថ្ងៃណាមួយ នោះអ្នកនឹងមិនមានសេចក្ដីជំនឿ ឬចិត្តដែលស្រឡាញ់នោះទេ ហើយនៅពេលនោះការល្បងលនឹងក្លាយជាសេចក្ដីល្បួង។ អ្នកនឹងធ្លាក់ចូលក្នុងសេចក្ដីល្បួងរបស់សាតាំង ហើយនឹងគ្មានផ្លូវគេចចេញបានឡើយ។ សព្វថ្ងៃនេះ អ្នកប្រហែលជាអាចឈរយ៉ាងរឹងមាំនៅពេលដែលការល្បងលតូចមួយកើតមានដល់អ្នក ប៉ុន្តែដោយចៀសមិនរួច អ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទៀតទេនៅពេលដែលការល្បងលដ៏សម្បើមមួយកើតមានដល់អ្នកនៅថ្ងៃណាមួយ។ មនុស្សមួយចំនួនបញ្ឆោតខ្លួនឯង ហើយគិតថា ពួកគេជិតបានគ្រប់លក្ខណ៍រួចទៅហើយ។ បើសិនជាអ្នកមិនចូលឱ្យជ្រៅជាងនេះនៅពេលទាំងនោះទេ ហើយនៅតែឥតខ្វល់ខ្វាយ នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលល្បងលធំដុំជាងនេះទេ ហើយអ្វីគ្រប់យ៉ាងហាក់ដូចជាមិនអីនោះទេ ប៉ុន្តែនៅពេលព្រះជាម្ចាស់ល្បងលអ្នក នោះអ្នកនឹងឃើញថា អ្នកមានការខ្វះខាតច្រើនណាស់ កម្ពស់របស់អ្នកតូចណាស់ ហើយអ្នកគ្មានសមត្ថភាពក្នុងការស៊ូទ្រាំនឹងការល្បងលដ៏ធំបានឡើយ។ បើសិនជាអ្នកនៅតែបែបនេះ និងនៅក្នុងសភាពនិចល នោះនៅពេលដែលការល្បងលមកដល់ អ្នកនឹងដួល។ អ្នករាល់គ្នាគួរតែឧស្សាហ៍មើលទៅកម្ពស់របស់អ្នកថាតើវាតូចប៉ុនណា មានតែវិធីនេះទេទើបធ្វើឱ្យអ្នករីកចម្រើនបាន។ បើសិនជាទាល់តែស្ថិតក្នុងពេលល្បងលទើបអ្នកឃើញថា កម្ពស់របស់អ្នកតូចទាបខ្លាំង អំណាចចិត្តរបស់អ្នកខ្សោយណាស់ ការពិតនៅក្នុងខ្លួនអ្នកតិចណាស់ ហើយឃើញថា អ្នកគ្មានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ បើសិនជាដល់ពេលនោះទើបអ្នកដឹងរឿងទាំងនេះ នោះវានឹងយឺតពេលហើយ។

បើសិនជាអ្នកមិនដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងដួលដោយចៀសមិនរួចក្នុងពេលល្បងល ពីព្រោះអ្នកមិនដឹងពីវិធីដែលព្រះជាម្ចាស់ប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ និងមធ្យោបាយដែលទ្រង់ធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍ ហើយនៅពេលការល្បងលរបស់ព្រះជាម្ចាស់មកដល់អ្នក ហើយពួកវាមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទេ។ សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់គឺជានិស្ស័យទាំងអស់របស់ទ្រង់ ហើយនៅពេលនិស្ស័យទាំងអស់របស់ទ្រង់ត្រូវបានបង្ហាញដល់មនុស្ស តើការនេះនាំយកអ្វីខ្លះដល់សាច់ឈាមរបស់អ្នក? នៅពេលដែលនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស សាច់ឈាមរបស់ពួកគេនឹងរងការឈឺចាប់ខ្លាំង ដោយចៀសមិនរួចឡើយ។ បើសិនជាអ្នកមិនរងការឈឺចាប់នេះទេ នោះអ្នកមិនអាចត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍ឡើយ ហើយអ្នកក៏នឹងមិនអាចបូជាសេចក្ដីស្រឡាញ់ពិតប្រាកដថ្វាយដល់ព្រះជាម្ចាស់បានដែរ។ បើព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ទ្រង់ប្រាកដជានឹងបង្ហាញនូវនិស្ស័យទាំងអស់របស់ទ្រង់ដល់អ្នកមិនខានឡើយ។ ចាប់តាំងពីពេលបង្កើតរហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនដែលបង្ហាញពីនិស្ស័យទាំងអស់របស់ទ្រង់ដល់មនុស្សទេ ប៉ុន្តែក្នុងអំឡុងគ្រាចុងក្រោយនេះ ទ្រង់បើកសម្ដែងឱ្យដឹងអំពីនិស្ស័យទាំងនេះដល់ក្រុមមនុស្សដែលទ្រង់បានជ្រើសរើស និងកំណត់ទុកជាមុន ហើយតាមរយៈការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ ទ្រង់លាតត្រដាងនិស្ស័យរបស់ទ្រង់ ដែលតាមរយៈនេះ ទ្រង់ធ្វើឱ្យមនុស្សមួយក្រុមបានពេញខ្នាត។ នេះហើយជាសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ការពិសោធសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ ទាមទារឱ្យមនុស្សបង់ថ្លៃខ្ពស់ ហើយស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ មានតែបន្ទាប់ពីនេះទេ ទើបពួកគេត្រូវបានព្រះជាម្ចាស់ទទួលយក និងអាចថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ពួកគេដល់ព្រះជាម្ចាស់វិញ ហើយមានតែពេលនោះទេទើបសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើសិនជាមនុស្សចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ ហើយបើសិនជាពួកគេចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដយ៉ាងពេញលេញដល់ព្រះជាម្ចាស់ នោះពួកគេត្រូវតែពិសោធនូវការរងទុក្ខខ្លាំង និងទារុណកម្មយ៉ាងច្រើនពីស្ថានភាពរបស់ពួកគេ ដើម្បីរងការឈឺចាប់ដែលអាក្រក់ជាងការស្លាប់ទៅទៀត។ នៅទីបំផុត ពួកគេនឹងត្រូវបានបង្ខំឱ្យថ្វាយចិត្តពិតប្រាកដជូនដល់ព្រះជាម្ចាស់វិញ។ មិនថាអ្នកស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ឬអត់នោះទេ វានឹងត្រូវបានបើកឱ្យដឹងក្នុងអំឡុងពេលនៃការលំបាក និងការបន្សុទ្ធ។ ព្រះជាម្ចាស់ញែកសេចក្ដីស្រឡាញ់របស់មនុស្សជាបរិសុទ្ធ ហើយការនេះក៏សម្រេចបានតែនៅក្នុងពេលដែលមានការលំបាក និងការបន្សុទ្ធប៉ុណ្ណោះ។

ខាង​ដើម៖ មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់

បន្ទាប់៖ ការជជែកដោយសង្ខេបអំពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ»

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ