អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច

ធាតុផ្សំនៃជំនឿរបស់មនុស្សភាគច្រើនដែលមានចំពោះព្រះជាម្ចាស់ គឺជាជំនឿបែបសាសនា៖ ពួកគេមិនអាចស្រឡាញ់ព្រះជាម្ចាស់ ហើយអាចត្រឹមតែ ដើរតាមព្រះជាម្ចាស់ ដូចជាមនុស្សយន្ត ពួកគេមិនអាចចង់បាន ឬស្រឡាញ់ព្រះជាម្ចាស់ឱ្យពិតប្រាកដនោះឡើយ។ ពួកគេគ្រាន់តែដើរតាមព្រះអង្គយ៉ាងស្ងៀមស្ងាត់ប៉ុណ្ណោះ។ មនុស្សច្រើនណាស់ ជឿលើព្រះជាម្ចាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេគ្រាន់តែ «គោរព» ព្រះជាម្ចាស់ ដ្បិតពួកគេខ្លាចវិនាស ឬពុំនោះទេ ពួកគេ «ស្ញប់ស្ញែង» ព្រះជាម្ចាស់ ដ្បិតទ្រង់ឧត្ដុង្គឧត្ដម និងមានឫទ្ធានុភាព ប៉ុន្តែនៅក្នុងការគោរព និងការស្ញប់ស្ញែងរបស់គេ ពុំមាននូវសេចក្ដីស្រឡាញ់ ហើយនិងការចង់បានដ៏ពិតប្រាកដនោះទេ។ នៅក្នុងបទពិសោធរបស់ពួកគេ ពួកគេស្វែងរកតែរឿងអសារឥតការនៃសេចក្ដីពិត ពុំនោះទេ គឺស្វែងរកតែ សេចក្ដីអាថ៌កំបាំងមួយចំនួនដែលពុំមានសារៈសំខាន់។ មនុស្សភាគច្រើន គ្រាន់តែដើរតាមដោយស្ទូចយកព្រះពរនៅក្នុងទឹកដែលល្អក់កករ ពួកគេមិនស្វែងរកសេចក្ដីពិត ក៏មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដ ដើម្បីទទួលព្រះពររបស់ទ្រង់ដែរ។ ជីវិតនៃជំនឿ របស់មនុស្សទាំងអស់ ចំពោះព្រះជាម្ចាស់ គឺគ្មានន័យអ្វីសោះ គ្មានទាំងតម្លៃ និងមានតែការគិតគូរនិងការចង់បានរបស់ពួកគេផ្ទាល់។ ពួកគេមិនមែនជឿព្រះជាម្ចាស់ដើម្បីស្រឡាញ់ទ្រង់ទេ តែដើម្បីបានទទួលព្រះពរវិញ។ មនុស្សជាច្រើនធ្វើអ្វីៗទៅតាមទំនើងចិត្ត ពួកគេធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយមិនដែលពិចារណាដល់ប្រយោជន៍របស់ព្រះជាម្ចាស់ ឬពិចារណាថា អ្វីដែលគេធ្វើនោះស្រប ឬពុំស្របនឹងព្រះហឫទ័យព្រះជាម្ចាស់ទេ។ មនុស្សបែបនេះ សូម្បីត្រឹមឱ្យមានជំនឿពិត គេមិនអាចធ្វើបានផង ទម្រាំឱ្យគេស្រឡាញ់ព្រះជាម្ចាស់ទៀត គឺកាន់តែមិនអាចទៅរួច។ ជាងនេះទៅទៀត លក្ខណៈពិតរបស់ព្រះជាម្ចាស់ គឺមិនត្រឹមតែឱ្យមនុស្សជឿលើទ្រង់ប៉ុណ្ណោះទេ គឺឱ្យគេស្រឡាញ់ទ្រង់។ ប៉ុន្តែ មនុស្សជាច្រើនក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ គឺសុទ្ធតែអសមត្ថភាព រកមិនឃើញ «អាថ៌កំបាំង» នេះ។ មនុស្សមិនហ៊ានស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនព្យាយាមស្រឡាញ់ទ្រង់ដែរ។ ពួកគេពុំដែលធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់មានលក្ខណៈគួរឱ្យស្រឡាញ់ច្រើនណាស់។ ពួកគេពុំធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់ គឺជាព្រះដែលស្រឡាញ់មនុស្ស និងជាព្រះដ៏គង់នៅ ដើម្បីឱ្យមនុស្សស្រឡាញ់។ សោភ័ណភាពរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមក តាមរយៈកិច្ចការរបស់ទ្រង់៖ លុះត្រាតែ មនុស្សមានបទពិសោធពីកិច្ចការរបស់ទ្រង់ ទើបពួកគេអាចរកឃើញសោភ័ណភាពរបស់ទ្រង់។ មានតែតាមរយៈបទពិសោធជាក់ស្ដែងរបស់គេទេ ទើបគេអាចស្ងើចសរសើរពី សោភ័ណភាពរបស់ព្រះជាម្ចាស់បាន ហើយប្រសិនបើមិនមានការកត់សម្គាល់ពីបទពិសោធនេះនៅក្នុងជីវិតពិតទេ ក៏គ្មាននរណាម្នាក់អាចរកឃើញសោភណភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់មានលក្ខណៈគួរឱ្យស្រឡាញ់ច្រើនណាស់ ប៉ុន្តែប្រសិនបើគ្មានចំណងទំនាក់ទំនងពិតជាមួយនឹងទ្រង់ទេ មនុស្សក៏មិនអាចរកឃើញលក្ខណៈដ៏គួរឱ្យស្រឡាញ់ទាំងនេះដែរ។ មានន័យថា ប្រសិនបើព្រះជាម្ចាស់មិនបានក្លាយជាសាច់ឈាមទេ មនុស្សច្បាស់ជាមិនអាចមានចំណងទំនាក់ទំនងពិតជាមួយនឹងព្រះជាម្ចាស់ឡើយ ហើយប្រសិនបើពួកគេមិនអាចមានចំណងទំនាក់ទំនងពិតជាមួយទ្រង់ទេ នោះពួកគេច្បាស់ជាមិនអាចស្គាល់កិច្ចការរបស់ទ្រង់ឡើយ ហើយសេចក្ដីស្រឡាញ់របស់គេចំពោះព្រះអង្គ ក៏ច្បាស់ជាត្រូវសៅហ្មង ដោយភាពក្លែងក្លាយជា និងការស្រមើស្រមៃជាច្រើន។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅឯស្ថានសួគ៌ មិនជាក់ស្ដែងដូចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅផែនដីនេះទេ ដ្បិតការដែលមនុស្សស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺផ្អែកទៅលើការស្រមើស្រមៃរបស់គេ មិនមែនផ្អែកលើអ្វីដែលគេមើលឃើញផ្ទាល់នឹងភ្នែក និងផ្អែកលើអ្វីដែលគេបានពិសោធដោយខ្លួនឯង។ ពេលព្រះជាម្ចាស់យាងមកផែនដី មនុស្សអាចមើលឃើញសោភ័ណភាព និងទង្វើរបស់ទ្រង់ផ្ទាល់ ហើយពួកគេក៏អាចមើលឃើញ គ្រប់យ៉ាងទាក់ទងទៅនឹងនិស្ស័យជាក់ស្ដែង និងនិស្ស័យធម្មតារបស់ទ្រង់ ដែលសេចក្ដីទាំងអស់នេះមានលក្ខណៈជាក់ស្ដែង លើសពីការដែលគេស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ រាប់ពាន់ដង។ បើទោះបីមនុស្សស្រឡាញ់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ខ្លាំងប៉ុនណា ក៏សេចក្ដីស្រឡាញ់នេះគ្មានអ្វីជាក់ស្ដែងដែរ ហើយពោរពេញទៅដោយគំនិតរបស់មនុស្ស។ បើទោះបីជាសេចក្ដីស្រឡាញ់របស់មនុស្ស ចំពោះព្រះដែលគង់នៅលើផែនដីនេះ មានតិចតួចស្តួចស្ដើងម្ដេចក្ដី ក៏សេចក្ដីស្រឡាញ់នេះ ជាសេចក្ដីស្រឡាញ់ជាក់ស្ដែងដែរ បើទោះបីជាមានតិចតួចប៉ុនណាក្ដី ក៏សេចក្ដីស្រឡាញ់នេះ នៅតែជាសេចក្ដីស្រឡាញ់ពិត។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈកិច្ចការជាក់ស្ដែង ហើយទ្រង់ទទួលបាននូវសេចក្ដីស្រឡាញ់របស់គេ តាមរយៈចំណេះដឹងនេះហើយ។ គឺដូចជា ពេត្រុសដែរ៖ ប្រសិនបើគាត់មិនធ្លាប់រស់នៅ ជាមួយព្រះយេស៊ូវ នោះគាត់មុខជាមិនអាចស្រឡាញ់ព្រះយេស៊ូវឡើយ។ ដូច្នេះ ភក្ដីភាពដែលគាត់មាន ចំពោះព្រះយេស៊ូវ ក៏ផ្អែកលើចំណងទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវដែរ។ ដើម្បីឱ្យមនុស្សស្រឡាញ់ព្រះជាម្ចាស់ ទ្រង់បានយាងមកក្នុងចំណោមមនុស្សលោក ហើយរស់នៅជាមួយពួកគេ ហើយអស់ទាំងសេចក្ដីដែលព្រះអង្គបើកសម្ដែងឱ្យមនុស្សបានឃើញ និងមានបទពិសោធ សុទ្ធតែជាតថភាពរបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់ប្រើភាពជាក់ស្ដែង និងដំណើរមកដល់នៃហេតុការណ៍ ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រេចផ្នែកនៃកិច្ចការរបស់ទ្រង់ក្នុងការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ហើយនេះគឺជាកិច្ចការនៃការដឹកនាំ និងការបើកផ្លូវ។ មានន័យថា អ្នកត្រូវរកឃើញវីធីអនុវត្ត និងស្គាល់និមិត្តទាំងនេះ ក្នុងព្រះបន្ទូលទ្រង់។ មនុស្សនឹងមានផ្លូវ និងនិមិត្តនៅក្នុងការអនុវត្តជាក់ស្ដែងរបស់គេ តាមរយៈការយល់ដឹងសេចក្ដីទាំងនេះ ហើយគេនឹងអាចទទួលបាននូវការស្រាយបំភ្លឺ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេនឹងអាចយល់ដឹងថា សេចក្ដីទាំងនេះ មកពីព្រះជាម្ចាស់ ហើយអាចយល់ឃើញយ៉ាងជាក់។ បន្ទាប់ពីមានការយល់ដឹងហើយ មនុស្សត្រូវចូលទៅក្នុងតថភាពនេះភ្លាម ហើយត្រូវប្រើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីផ្គាប់ព្រះទ័យរបស់ទ្រង់ នៅក្នុងជីវិតជាក់ស្ដែងរបស់គេ។ ព្រះជាម្ចាស់ នឹងដឹកនាំអ្នកក្នុងគ្រប់ការទាំងអស់ រួចទ្រង់នឹងប្រទានឱ្យអ្នកនូវវិធីអនុវត្ត ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថា ទ្រង់គួរឱ្យស្រឡាញ់យ៉ាងពិសេស ព្រមទាំងអនុញ្ញាតិឱ្យអ្នកមើលឃើញថា គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ធ្វើឡើងដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកចង់ឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់ស្គាល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាង ពិតប្រាកដ នោះអ្នកត្រូវតែចូលឱ្យជ្រៅក្នុងភាពជាក់ស្ដែង អ្នកត្រូវតែចូលជ្រៅទៅក្នុងជីវិតពិត និងមើលឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្ដីស្រឡាញ់ និងការសង្គ្រោះមើលឃើញថា គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីឱ្យមនុស្សអាចលះបង់រឿងសៅហ្មង ហើយបន្សុទ្ធលក្ខណៈដែលមានក្នុងមនុស្ស ជាសេចក្ដីដែលមិនអាចឱ្យគេផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ប្រើព្រះបន្ទូល ដើម្បីផ្គត់ផ្គង់មនុស្សលោក ទ្រង់ចាត់ចែងស្ថានការណ៍នៃ ជីវិតពិតសម្រាប់ឱ្យមនុស្សមានបទពិសោធ ហើយប្រសិនបើ មនុស្សហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ច្រើន នោះពេលគេយកព្រះបន្ទូលនោះទៅអនុវត្ត នោះពួកគេក៏អាចដោះស្រាយការលំបាកទាំងអស់ក្នុងជីវិតរបស់គេ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា អ្នកតែមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីចូលឱ្យជ្រៅក្នុងភាពជាក់ស្ដែង។ ប្រសិនបើអ្នកមិនហូប និងផឺកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនមាននូវកិច្ចការរបស់ព្រះអង្គ នោះអ្នកនឹងមិនមានមាគ៌ាចូលទៅឯជីវិតឡើយ។ ប្រសិនបើអ្នកមិនដែលហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងទាល់ប្រាជ្ញា នៅពេលមានរឿងកើតឡើងចំពោះអ្នក។ អ្នកគ្រាន់តែដឹងថា ខ្លួនគប្បីស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនអាចបែងចែកភាពខុសគ្នា និងគ្មានវិធីអនុវត្តសោះ។ អ្នកច្របូកច្របល់ និងវង្វេងវង្វាន់ ហើយពេលខ្លះ អ្នកថែមទាំងជឿថា តាមរយៈការបំពេញតាមសាច់ឈាម អ្នកក៏ផ្គាប់ព្រះទ័យព្រះជាម្ចាស់ដែរ ទាំងអស់នេះ គឺជាលទ្ធផលនៃការមិនហូប និងមិនផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា ប្រសិនបើអ្នកគ្មានជំនួយមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចេះតែរអ៊ូរទាំ នៅក្នុងភាពជាក់ស្ដែង នោះអ្នកអសមត្ថភាពជាមូលដ្ឋានក្នុងការស្វែងរកវិធីអនុវត្តហើយ។ មនុស្សបែបនេះ មិនយល់ពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់តែម្ដង ហើយរឹតតែមិនយល់អំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើអ្នកឧស្សាហ៍អធិស្ឋាន ស្រាវជ្រាវ ហើយស្វែងរក ដោយប្រើការស្រាយបំភ្លឺ និងការដឹកនាំដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការនេះ អ្នកនឹងរកឃើញថា អ្នកគួរយកព្រះបន្ទូលមកអនុវត្ត គួររិះរកឱកាសសម្រាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយអ្នកលែងច្របូកច្របល់ និងវង្វេងវង្វាន់ដែរ បន្ទាប់មក អ្នកនឹងមានផ្លូវមួយក្នុងជីវិតពិត ហើយអ្នកនឹងផ្គាប់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ ពេលដែលអ្នកបានផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ នោះនឹងមានការដឹកនាំរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់អ្នក ហើយអ្នកនឹងមានការប្រទានព្រះពរជាពិសេសពីព្រះជាម្ចាស់ គឺជាព្រះពរដែលនឹងផ្ដល់ឱ្យអ្នកមានទឹកចិត្តរីករាយ៖ អ្នកនឹងមានអារម្មណ៍ថាមានកិត្តយសជាពិសេស ដ្បិតអ្នកបានផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមានអាម្មណ៍ស្រស់ស្រាយពីខាងក្នុងជាពិសេស ហើយក្នុងដួងចិត្តរបស់អ្នក អ្នកនឹងបានជ្រះស្រឡះ ហើយស្ងប់សុខផង។ សម្បជញ្ញៈរបស់អ្នកនឹងបានស្រាកស្រាន្ត ព្រមទាំងបានរួចពីចោទប្រកាន់ទាំងអម្បាលម៉ាន ហើយអ្នកនឹងមានអារម្មណ៍រីករាយក្នុងចិត្ត នៅពេលជួបបងប្អូន ប្រុសស្រីរបស់ខ្លួន។ នេះហើយជាអត្ថន័យនៃការត្រេកអរ នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានតែវិធីនេះទេ ទើបជាការអរសប្បាយនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ភាពអរសប្បាយរបស់មនុស្សនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចទទួលបានតាមរយៈបទពិសោធមួយគឺ៖ តាមរយៈការឆ្លងកាត់នូវការលំបាក និងបទពិសោធនៃការយកសេចក្ដីពិតទៅអនុវត្ត។ ប្រសិនបើអ្នកគ្រាន់តែពោលថា ព្រះជាម្ចាស់ពិតជាស្រឡាញ់អ្នក ដោយពោលថា ព្រះជាម្ចាស់បានបង់ថ្លៃលោះដ៏ធ្ងន់ធ្ងរដើម្បីមនុស្សលោក ដល់ថ្នាក់ទ្រង់ថ្លែងព្រះបន្ទូលជាច្រើនដោយអត់ធ្មត់ និងដោយសប្បុរស ហើយតែងសង្គ្រោះមនុស្សលោករហូត នោះការពោលពាក្យសម្ដីរបស់អ្នក វាបានត្រឹមតែជាការអរសប្បាយតែម្ខាងរបស់ព្រះជាម្ចាស់ទេ។ ប៉ុន្ដែ ការអរសប្បាយដ៏អស្ចារ្យជាងនេះ ដែលជាការអរសប្បាយពិត គឺពេលដែលមនុស្សយកសេចក្ដីពិតទៅអនុវត្តនៅក្នុងជីវិតពិតរបស់ពួកគេ បន្ទាប់ពីពួកគេបានជ្រះថ្លា និងបានសុខសាន្តនៅក្នុងចិត្តហើយ។ ពួកគេមានអារម្មណ៍ថាត្រូវ បានបណ្ដាលចិត្តជាខ្លាំងនៅក្នុងចិត្ត និងមានអារម្មណ៍ថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់បំផុត។ អ្នកនឹងមានអារម្មណ៍ថា តម្លៃដែលអ្នកបានបង់ គឺលើសពីសមរម្យទៅហើយ។ ដោយបានបង់តម្លៃដ៏លើសលប់ តាមរយៈការប្រឹងប្រែង របស់អ្នក នោះអ្នកនឹងបានភ្លឺថ្លាក្នុងចិត្តជាពិសេស៖ អ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងតែរីករាយនឹងក្ដីស្រឡាញ់យ៉ាងពិតប្រាកដ ហើយអ្នកនឹងយល់ថា ព្រះជាម្ចាស់បានធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ នៅក្នុងមនុស្សលោកយល់ថា ការដែលទ្រង់រែងមនុស្សលោក គឺដើម្បីបន្សុទ្ធពួកគេ ហើយយល់ថា ព្រះជាម្ចាស់ល្បងលមនុស្ស ដើម្បីពិសោធមើលថា ពួកគេស្រឡាញ់ពិតប្រាកដដែរឬទេ។ ប្រសិនបើអ្នកយកសេចក្ដីពិតមកអនុវត្តបែបនេះរហូត នោះអ្នកនឹងបង្កើតបានការចេះដឹងដ៏ច្បាស់លាស់អំពីកិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ហើយពេលនោះអ្នកនឹងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះមុខអ្នក ច្បាស់ដូចថ្ងៃ។ ប្រសិនបើអ្នកអាចយល់ច្បាស់អំពីសេចក្ដីពិតជាច្រើន អ្នកនឹងមានអារម្មណ៍ថា គ្រប់សេចក្ដីទាំងអស់សុទ្ធ តែងាយយកមកអនុវត្ត ដែលនឹងប្រោសឱ្យអ្នកមានសេរីដ៏ធំធេង និងប្រោសអ្នកឱ្យរួច រហូតអ្នកអាចយកឈ្នះបញ្ហា និងការល្បួងនានា ហើយអ្នកនឹងឃើញថា គ្មានអ្វីជាបញ្ហា ចំពោះអ្នកឡើយ។ នៅពេលនោះអ្នកកំពុងតែអរសប្បាយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់ពិតរបស់ព្រះជាម្ចាស់នឹងមកសណ្ឋិតលើអ្នកជាមិនខាន។ ព្រះជាម្ចាស់ប្រទានពរដល់មនុស្សដែលមាននិមិត្ត មនុស្សដែលមានសេចក្ដីពិត មានចំណេះដឹង និងស្រឡាញ់ទ្រង់ពិតប្រាកដ។ ប្រសិនបើមនុស្សចង់មើលឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេត្រូវតែយកសេចក្ដីពិត មកអនុវត្តក្នុងជីវិតជាក់ស្ដែង ពួកគេត្រូវតែព្រមស៊ូទ្រាំនឹងការឈឺចាប់ និងបោះបង់អ្វីៗដែលគេស្រឡាញ់ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ច្បាស់ជាប្រទានពរដល់អ្នកតាមវិធីនេះ ហើយប្រសិនបើអ្នកស៊ូទ្រាំនឹងការលំបាកបែបនេះបាន បន្ទាប់មក កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងកើតមានដល់អ្នក។ មនុស្សអាចមើលឃើញលក្ខណៈគួរឱ្យស្រទ្បាញ់របស់ព្រះជាម្ចាស់ តាមរយៈជីវិតជាក់ស្តែង និងបទពិសោធព្រះបន្ទូលព្រះជាម្ចាស់ ហើយទាល់តែគេបានភ្លក់នូវសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទើបគេអាចស្រឡាញ់ទ្រង់ យ៉ាងពិតប្រាកដបាន។

អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាអ្នកដែលស្រឡាញ់សេចក្ដីពិត ហើយកាលណាអ្នកដែលស្រឡាញ់សេចក្តីពិត យកសេចក្តីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេមានសេចក្តីពិតកាន់តែច្រើន។ កាលណាពួកគេយកសេចក្តីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែច្រើន។ ហើយកាលណាពួកគេយកសេចក្ដីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេក៏ទទួលបានព្រះពរពីព្រះជាម្ចាស់កាន់តែច្រើនដែរ។ ប្រសិនបើអ្នកអនុវត្តបែបនេះបានរហូត នោះសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះអ្នក នឹងជួយឱ្យអ្នកមើលឃើញបន្តិចម្ដងៗ ដូចជា ពេត្រុសចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់៖ លោកបាននិយាយថា ព្រះជាម្ចាស់មិនត្រឹមតែមានប្រាជ្ញាញាណ បង្កើតនូវផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះទៀត ទ្រង់ក៏មានប្រាជ្ញាញាណ ក្នុងការអនុវត្តកិច្ចការជាក់ស្តែង ក្នុងមនុស្សផងដែរ។ ពេត្រុសបាននិយាយថា ទ្រង់មិនត្រឹមតែស័ក្ដិសមឱ្យមនុស្សស្រឡាញ់ ដោយព្រោះការដែលព្រះអង្គបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះ គឺដោយព្រោះភាពវាងវៃក្នុងការបង្កើតមនុស្សលោក សង្គ្រោះមនុស្សលោក និងប្រោសឱ្យ មនុស្សលោកបានគ្រប់លក្ខណ៍ និងដើម្បីបន្សល់ទុកសេចក្ដីស្រឡាញ់ឱ្យពួកគេ។ ពេត្រុសបាននិយាយទៀតថា នៅក្នុងព្រះអង្គមានលក្ខណៈជាច្រើនដែលស័ក្ដិសមឱ្យ មនុស្សស្រឡាញ់។ ពេត្រុសទូលទៅព្រះយេស៊ូវថា «តើការបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ គឺជាហេតុផលតែមួយដែលធ្វើឱ្យទ្រង់ស័ក្ដិសមនឹងទទួលសេចក្ដីស្រឡាញ់ពីមនុស្សលោកមែនទេ? នៅក្នុងព្រះអង្គមានលក្ខណៈច្រើនទៀតដែលគួរឱ្យស្រឡាញ់។ ព្រះអង្គធ្វើការ និងមានចលនាក្នុងជីវិតជាក់ស្ដែង ព្រះវិញ្ញាណរបស់ទ្រង់ពាល់ទូលបង្គំពីខាងក្នុង ទ្រង់លត់ដំទូលបង្គំ ទ្រង់ទិតៀនទូលបង្គំ សេចក្ដីទាំងអស់នេះ រឹតតែសមឱ្យទ្រង់ទទួលនូវសេចក្ដីស្រឡាញ់ពីមនុស្សលោកថែមទៀតផង»។ ប្រសិនបើអ្នកចង់ឃើញ និងស្គាល់សេចក្ដីស្រឡាញ់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្រាវជ្រាវ និងស្វែងរកក្នុងជីវិតជាក់ស្ដែង ហើយត្រូវព្រមលះបង់សាច់ឈាមរបស់ខ្លួនដោយឡែក។ អ្នកត្រូវតែធ្វើការតាំងចិត្តបែបនេះ។ អ្នកត្រូវធ្វើជាមនុស្សម្នាក់ដែលមានការតាំងចិត្ត ជាមនុស្សដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ដោយមិនខ្ជិលច្រអូស ឬលោភនឹងការអាស្រ័យផលនៃសាច់ឈាម ក៏មិនរស់ដើម្បីសាច់ឈាម តែរស់ដើម្បីព្រះជាម្ចាស់។ ក៏មានពេលខ្លះ អ្នកក៏មិនបានផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ មូលហេតុមកពីអ្នកមិនយល់ព្រះហឫទ័យទ្រង់ ដូច្នេះពេលក្រោយ អ្នកត្រូវផ្គាប់ព្រះហឫទ័យទ្រង់ឱ្យបាន មិនត្រូវផ្គាប់សាច់ឈាម ឡើយ ទោះបីជាត្រូវខំប្រឹងប្រែងជាងមុនក៏ដោយ។ កាលណាអ្នកមានបទពិសោធដូច្នេះហើយ អ្នកនឹងបានស្គាល់ ព្រះជាម្ចាស់។ អ្នកត្រូវតែមើលឃើញថា ព្រះជាម្ចាស់អាចបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ឃើញថា ទ្រង់បានយកកំណើតជាសាច់ឈាម ដើម្បីឱ្យមនុស្សអាចនឹងមើលឃើញទ្រង់ ហើយមានចំណងទាក់ទងជាមួយទ្រង់យ៉ាងពិតប្រាកដ។ អ្នកនឹងមើលឃើញថា ទ្រង់អាចដើរក្នុងចំណោមមនុស្សលោក ហើយឃើញថា ព្រះវិញ្ញាណរបស់ទ្រង់អាចប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ នៅក្នុងជីវិតជាក់ស្ដែង ដោយអនុញាតិឱ្យពួកគេមើលឃើញនូវលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់ និងស្គាល់ការលត់ដំ ការវាយផ្ចាល និងស្គាល់ព្រះពររបស់ព្រះអង្គ។ ប្រសិនបើអ្នកមានបទពិសោធបែបនេះរហូត នោះអ្នកនឹងមិនអាចដាច់ចេញពីព្រះជាម្ចាស់ក្នុងជីវិតជាក់ស្ដែងបានឡើយ ហើយប្រសិនបើថ្ងៃមួយសម្ពន្ធភាពរបស់អ្នកជាមួយនឹងព្រះជាម្ចាស់លែងប្រក្រតី នោះអ្នកនឹងអាចរងនូវការស្ដីបន្ទោស និងមានវិប្បដិសារី។ នៅពេលដែលអ្នកមានសម្ពន្ធភាពប្រក្រតីមួយ ជាមួយព្រះជាម្ចាស់ នោះអ្នកនឹងមិនចង់ទៅឆ្ងាយពីព្រះជាម្ចាស់ទេ ហើយប្រសិនបើថ្ងៃមួយព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងទៅឆ្ងាយពីអ្នក នោះអ្នកនឹងភ័យខ្លាច រួចនិយាយថា អ្នកស៊ូស្លាប់ ប្រសើរជាងឱ្យព្រះជាម្ចាស់ចេញឆ្ងាយពីអ្នក។ កាលណាអ្នកមាន អារម្មណ៍បែបនេះ នោះអ្នកគិតថា អ្នកមិនអាចចាកចេញឆ្ងាយពីព្រះជាម្ចាស់ឡើយ អ្នកនឹងមានមូលដ្ឋានគ្រឹះមួយ ហើយអ្នកនឹងត្រេកអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ តាមវិធីនេះ។

មនុស្សនិយាយអំពីការដែលគេយកព្រះជាម្ចាស់់ ធ្វើជាជីវិតរបស់គេជារឿយៗ ប៉ុន្តែបទពិសោធរបស់គេ គឺមិនទាន់ដល់ចំណុចនោះនៅឡើយទេ។ អ្នកគ្រាន់តែនិយាយថា ព្រះជាម្ចាស់ជាជីវិតអ្នក អ្នកនិយាយថា ព្រះអង្គដឹកនាំអ្នករាល់ថ្ងៃ ដោយអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃ ហេតុនេះ ទ្រង់បានក្លាយទៅជាជីវិតរបស់អ្នកហើយ។ ការចេះដឹងរបស់មនុស្សដែលនិយាយដូច្នេះ រាក់កំផែលណាស់។ មនុស្សជាច្រើនគ្មានមូលដ្ឋានគ្រឹះនៅក្នុងខ្លួនទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានដាក់ដាំនៅក្នុងពួកគេ ប៉ុន្តែព្រះបន្ទូលនោះមិនទាន់ដុះពន្លកឡើងទេ ក៏រឹតតែមិនទាន់កើតមានជាផលផ្លែផង។ បច្ចុប្បន្ននេះ តើអ្នកមានបទពិសោធដល់កម្រិតណាហើយ? ទើបតែពេលនេះ គឺបន្ទាប់ពីព្រះជាម្ចាស់បានជំរុញអ្នកមកដល់កម្រិតនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកមិនអាចចាកចេញពីព្រះជាម្ចាស់រួច។ លុះថ្ងៃមួយ នៅពេលដែលបទពិសោធរបស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប្រសិនបើព្រះជាម្ចាស់បង្ខំឱ្យអ្នកចេញទៅឆ្ងាយ អ្នកច្បាស់ជាមិនអាចធ្វើបានឡើយ។ អ្នកនឹងគិតជានិច្ចថា អ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់សណ្ឋិតក្នុងអ្នកឡើយ។ អ្នកអាចរស់នៅដោយគ្មានប្ដី គ្មានប្រពន្ធ ឬកូន គ្មានគ្រួសារ គ្មានឪពុក ឬម្ដាយ គ្មានការអាស្រ័យផលផ្នែកសាច់ឈាម ប៉ុន្តែអ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់បានឡើយ។ ជីវិតរស់នៅដោយគ្មានព្រះជាម្ចាស់ ប្រៀបបានទៅនឹងការបាត់បង់ ជីវិតរបស់អ្នកដូច្នោះដែរ អ្នកច្បាស់ជាមិនអាចរស់ដោយគ្មានព្រះជាម្ចាស់ឡើយ។ កាលណាអ្នកមានបទពិសោធដល់ចំណុចនេះហើយ អ្នកនឹងសម្រេចគោលដៅ នៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក គឺទ្រង់ក្លាយជាគ្រឹះនៃវត្តមានជីវិតរបស់អ្នក។ អ្នកនឹងមិនអាចចេញទៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកមានបទពិសោធដល់កម្រិតនេះ អ្នកនឹងអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយពេលដែលអ្នកមានសម្ពន្ធភាពជិតស្និទនឹងព្រះជាម្ចាស់គ្រប់គ្រាន់ហើយ ព្រះអង្គនឹងក្លាយជាជីវិតរបស់អ្នក ជាក្ដីស្រឡាញ់របស់អ្នក ហើយនៅពេលនោះ អ្នកនឹងអធិស្ឋានទៅព្រះអង្គ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចចេញឆ្ងាយពីព្រះអង្គឡើយ។ ទ្រង់ជាជីវិតទូលបង្គំ។ ទូលបង្គំអាចបន្តរស់ដោយគ្មានអ្វីៗទាំងអស់បាន ប៉ុន្តែទូលបង្គំមិនអាចបន្តរស់ដោយគ្មានព្រះអង្គបានឡើយ»។ នេះជាស្ថានការណ៍ពិតរបស់មនុស្ស វាគឺជាជីវិតពិតរបស់គេ។ មនុស្សខ្លះធ្លាប់ត្រូវគេបង្ខំឱ្យឈានមកដល់ស្ថានការណ៍ជីវិតដែលគេមានសព្វថ្ងៃ៖ ពួកគេត្រូវបន្តទៅមុខ បើទោះជាពួកគេមិនចង់ក៏ដោយ ហើយពួកគេតែមានអារម្មណ៍ថា ពួកគេហាក់កំពុងនៅជាប់នឹងកន្លៀតថ្ម ឬកន្លែងដ៏លំបាកមួយ។ អ្នកត្រូវតែមានបទពិសោធដែលថា ព្រះជាម្ចាស់គឺជាជីវិតរបស់អ្នក បទពិសោធដែលថា ប្រសិនបើព្រះជាម្ចាស់ត្រូវដកចេញពីដួងចិត្តរបស់អ្នក ការនេះវាប្រៀបបានទៅនឹងការបាត់បង់ជីវិតរបស់អ្នក។ ព្រះជាម្ចាស់ត្រូវតែជាជីវិតរបស់អ្នក ហើយអ្នកច្បាស់ជាមិនអាចចេញឆ្ងាយពីទ្រង់ឡើយ។ តាមរយៈវិធីនេះ អ្នកនឹងមានបទពិសោធពិតពីព្រះជាម្ចាស់ ហើយនៅពេលនេះ ពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ គឺអ្នកនឹងស្រឡាញ់ទ្រង់ពិតប្រាកដ ហើយក្ដីស្រឡាញ់នោះ ក៏ក្លាយជាក្ដីស្រឡាញ់ដ៏បរិសុទ្ធអស្ចារ្យ។ ថ្ងៃមួយ នៅពេលដែលបទពិសោធរបស់អ្នកបង្ហាញថា ជីវិតរបស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ នៅពេលអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ រួចហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទុកព្រះជាម្ចាស់ចោលនៅខាងក្នុងបានឡើយ ហើយអ្នកក៏មិនអាចបំភ្លេចទ្រង់បានដែរ ទោះបីជាអ្នកចង់ធ្វើបែបនេះក៏ដោយ។ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក អ្នកអាចបំភ្លេចលោកិយចោល អ្នកអាចបំភ្លេចភរិយា ស្វាមី ឬកូនៗរបស់អ្នកបាន ប៉ុន្តែអ្នកនឹងពិបាកបំភ្លេចព្រះជាម្ចាស់ណាស់ ការធ្វើបែបនេះ គឺច្បាស់ជាមិនអាចទៅរួច នេះជាជីវិតពិត និងជាក្ដីស្រឡាញ់ពិតដែលអ្នកមានចំពោះព្រះជាម្ចាស់។ កាលណាសេចក្ដីស្រឡាញ់ដែលមនុស្សមានចំពោះព្រះជាម្ចាស់ បានឈានដល់ចំណុចមួយជាក់លាក់ នោះក្ដីស្រឡាញ់ដែលគេមានចំពោះអ្វីៗដទៃទៀត គឺមិនអាចប្រៀបស្មើនឹងក្ដីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់ឡើយ។ ក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ គឺជាអាទិភាពទីមួយ។ តាមរយៈវិធីនេះ អ្នកអាចលះបង់ចោលអ្វីៗផ្សេងទៀតទាំងអស់បាន ហើយក៏ព្រមទទួលការដោះស្រាយ និងការលួសកាត់ពីសំណាក់ព្រះជាម្ចាស់ផងដែរ។ កាលណាអ្នកអាចមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ធំលើសអ្វីៗទាំងអស់ នោះអ្នកនឹងរស់នៅក្នុងតថភាព និងនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិខាន។

នៅពេលដែលព្រះជាម្ចាស់ក្លាយជាជីវិតនៅក្នុងមនុស្សហើយ មនុស្សមិនអាចចេញឆ្ងាយពីព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាទង្វើរបស់ព្រះជាម្ចាស់ទេឬអី? គ្មានទីបន្ទាល់ណាអស្ចារ្យជាងនេះទៀតទេ! ព្រះជាម្ចាស់បានធ្វើកិច្ចការ ដល់ចំណុចជាក់លាក់មួយហើយ ព្រះអង្គបានបង្គាប់ឱ្យមនុស្សធ្វើកិច្ចការបម្រើឱ្យគេត្រូវទទួលទោស ឬឱ្យគេស្លាប់ ហើយមនុស្សក៏មិនបានរាថយដែរ នេះគឺបង្ហាញថា ពួកគេត្រូវព្រះជាម្ចាស់យកឈ្នះហើយ។ មនុស្សដែលមានសេចក្ដីពិតក្នុងបទពិសោធពិតរបស់គេ គឺជាមនុស្សដែលអាចឈរមាំនៅក្នុងទីបន្ទាល់របស់គេ អាចឈរមាំនៅក្នុងតួនាទីរបស់គេ អាចឈរនៅខាងព្រះជាម្ចាស់ដោយមិនរាថយ ហើយគឺជាមនុស្សដែលអាចមានសម្ពន្ធភាពសាមញ្ញមួយ ជាមួយនឹងមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ ជាមនុស្សដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ពេលដែលមានរឿងរ៉ាវកើតឡើងចំពោះពួកគេ ហើយអាចស្ដាប់បង្គាប់រហូតដល់ទីមរណាផង។ ការអនុវត្តរបស់អ្នក និងការបើកសម្ដែងក្នុងជីវិតជាក់ស្ដែងរបស់អ្នក គឺជាទីបន្ទាល់របស់ព្រះជាម្ចាស់ សេចក្ដីទាំងនេះគឺជាការរស់ជាទីបន្ទាល់ និងជាបន្ទាល់របស់ព្រះជាម្ចាស់ ហើយនេះជាការអាស្រ័យ ផលពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ នៅពេល អ្នកបានដកពិសោធន៍ដល់ចំណុចនេះហើយ ផលដែលនឹងត្រូវកើតមាន នឹងសម្រេចបាន។ អ្នកមានជីវិតជាទីបន្ទាល់ពិត ហើយគ្រប់ទាំងសកម្មភាពរបស់អ្នក នឹងត្រូវអ្នកដទៃមើលឃើញទាំងស្ងើចសរសើរ។ ការស្លៀកពាក់ និងកិរិយាខាងក្រៅរបស់អ្នក គ្មានអ្វីគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែជីវិតរបស់អ្នកគឺជាការរស់ជាទីបន្ទាល់ពីការគោរពកោតខ្លាចព្រះជាទីបំផុត ហើយពេលដែលអ្នកផ្សាយព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកក៏ត្រូវដឹកនាំ និងស្រាយបំភ្លឺដោយព្រះអង្គ។ អ្នកអាចថ្លែងពីព្រះហឫទ័យ របស់ព្រះជាម្ចាស់ តាមរយៈពាក្យសម្ដីរបស់អ្នកអាចផ្សាយអំពី តថភាព ហើយអ្នកអាចយល់ច្រើន អំពីការបម្រើខាងឯវិញ្ញាណ។ អ្នកអាចនិយាយស្ដីដោយស្មោះត្រង់ អ្នកជាមនុស្សត្រឹមត្រូវ និងទៀងត្រង់ ចេះទុកមុខ ហើយថ្លៃថ្នូរ អ្នកអាចស្ដាប់តាមការចាត់ចែងរបស់ព្រះជាម្ចាស់ និងឈរមាំក្នុងទីបន្ទាល់របស់ខ្លួន នៅពេលដែលមានរឿងរ៉ាវកើតឡើងចំពោះអ្នក ហើយអ្នកក៏មានភាពនឹងធឹង និងស្រគត់ស្រគំ ទោះបីអ្នកកំពុងដោះស្រាយបញ្ហាអ្វីក៏ដោយ។ បុគ្គលបែបនេះគឺពិតជាធ្លាប់បានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មែន។ មនុស្សខ្លះនៅវ័យក្មេង ប៉ុន្តែពួកគេប្រព្រឹត្តខ្លួនដូចជាមនុស្សវ័យកណ្ដាល ពួកគេមានភាពចាស់ទុំគេមានសេចក្ដីពិត ហើយមានគេស្ងើចសរសើរផង ហើយអ្នកទាំងអស់នេះ ជាមនុស្សដែលមានទីបន្ទាល់ និងជាទីសម្គាល់ពីព្រះជាម្ចាស់។ មានន័យថា ពេលដែលពួកគេមានបទពិសោធដល់ចំណុចមួយជាក់លាក់ នោះពួកគេនឹងមានការយល់ដឹងដ៏ជ្រាលជ្រៅចំពោះព្រះជាម្ចាស់ នៅក្នុងពួកគេ ហើយកិរិយាខាងក្រៅរបស់ពួកគេ នឹងបាននឹងធឹងទៀតផង។ មនុស្សជាច្រើន គេមិនយកសេចក្ដីពិតទៅអនុវត្ត ហើយក៏មិនឈរមាំនៅក្នុងទីបន្ទាល់របស់គេដែរ។ នៅក្នុងមនុស្សបែបនេះ គ្មានទេសេចក្ដីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ ឬបន្ទាល់អំពីព្រះជាម្ចាស់ ហើយពួកគេទាំងអស់នេះ គឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់ជាទីបំផុត។ ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងទីជំនុំ ប៉ុន្តែសាតាំងទើបជាទីបន្ទាល់ជីវិតរបស់គេវិញ ហើយនេះជាការបន្ទាបបន្ថោកព្រះជាម្ចាស់ ជាការបំពានព្រះជាម្ចាស់ និងជាការប្រមាថព្រះជាម្ចាស់។ នៅក្នុងមនុស្សជំពូកនេះ គ្មានទេទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ ដូច្នេះ សម្ដីនិងសកម្មភាពរបស់មនុស្ស សុទ្ធតែតំណាងឱ្យសាតាំង។ ប្រសិនបើដួងចិត្តរបស់អ្នក បានមេត្រីជានិច្ចនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយអ្នកក៏យកចិត្តទុកដាក់ចំពោះមនុស្ស និងរឿងរ៉ាវ ព្រមទាំងហេតុការណ៍ដែលកំពុងតែកើតឡើងជុំវិញខ្លួនឯងជាប់ជានិច្ច ហើយប្រសិនបើអ្នកចេះគិតដល់បន្ទុករបស់ព្រះជាម្ចាស់ និងមានចិត្តគោរពកោតខ្លាចដល់ទ្រង់ នោះព្រះអង្គនឹងស្រាយបំភ្លឺពីក្នុងចិត្តអ្នកជារឿយៗ។ នៅក្នុងពួកជំនុំ មានមនុស្សដែលជា «អ្នកត្រួតត្រា» ជាច្រើន៖ ពួកគេត្រៀមឃ្លាំមើលភាពកម្សោយរបស់អ្នកដទៃ បន្ទាប់មកក៏ចម្លង និងប្រព្រឹត្តតាមពួកគេ។ ពួកគេអសមត្ថភាពក្នុងការបែងចែកភាពខុសគ្នា ពួកគេមិនស្អប់អំពើបាប មិនខ្ពើមកិច្ចការរបស់សាតាំង ហើយនៅទីបំផុត ពួកគេនឹងត្រូវព្រះជាម្ចាស់បោះបង់ចោលទាំងស្រុង។ ដួងចិត្តរបស់អ្នកត្រូវតែជាដួងចិត្តដែលចេះគោរពកោតខ្លាច នៅចំពោះព្រះជាម្ចាស់ជានិច្ច ពាក្យសម្ដី និងសកម្មភាពរបស់អ្នក ក៏មិនត្រូវស្ទើរក្ដៅស្ទើរត្រជាក់ ហើយមិនត្រូវមានចិត្តចង់ប្រឆាំង ទាស់នឹងព្រះជាម្ចាស់ ឬធ្វើឱ្យទ្រង់ព្រួយព្រះទ័យឡើយ។ អ្នកមិនគប្បីព្រមឱ្យកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ក្លាយជាអសារឥតការ ឬបណ្ដោយឱ្យការលំបាកដែលអ្នកបានស៊ូទ្រាំ និងគ្រប់យ៉ាងដែលអ្នកយកមកអនុវត្ត ទៅជាឥតប្រយោជន៍នោះឡើយ។ អ្នកត្រូវតែព្រមធ្វើការឱ្យខ្លាំងជាងមុន និងស្រឡាញ់ព្រះជាម្ចាស់ជាងមុននៅលើផ្លូវខាងមុខ។ មនុស្សទាំងនេះ គឺជាមនុស្សដែលមាននិមិត្តទុកជា មូលដ្ឋានគ្រឹះរបស់ពួកគេ។ ពួកគេគឺជាមនុស្សដែលស្វែងរកវឌ្ឍនភាព។

ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ហើយមានបទពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយដួងចិត្តគោរពដល់ព្រះជាម្ចាស់ នោះសេចក្ដីសង្គ្រោះ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចនឹងឃើញមាននៅក្នុងមនុស្សបែបនេះ។ មនុស្សទាំងនេះអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន ពួកគេអាចរស់ជាទីបន្ទាល់ពីសេចក្ដីពិតពីលក្ខណៈ និងនិស្ស័យរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបានភ្លក់ និងមើលឃើញលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់ព្រះ។ ទាល់តែដល់ពេលនោះ ទើបដួងចិត្តដែលស្រឡាញ់ព្រះ ដួងចិត្តដែលជំរុញចិត្តអ្នកដទៃឱ្យថ្វាយខ្លួន ដោយភក្ដីភាពដល់ព្រះជាម្ចាស់ អាចត្រូវបណ្ដុះឡើងនៅក្នុងពួកគេ។ ព្រះជាម្ចាស់មិនបង្ខំមនុស្សលោក ឱ្យស្រឡាញ់ទ្រង់ដោយពាក្យសម្ដី និងការសម្ដែងទឹកមុខ ឬដោយការស្រមើស្រមៃរបស់ពួកគេឡើយ ហើយព្រះអង្គក៏មិនបង្ខំពួកគេឱ្យស្រឡាញ់ទ្រង់ដែរ។ ផ្ទុយទៅវិញ ទ្រង់ទុកឱ្យគេស្រឡាញ់ទ្រង់ដោយឆន្ទៈរបស់គេផ្ទាល់ ហើយទ្រង់ទុកឱ្យគេមើលឃើញពីលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់ នៅក្នុងកិច្ចការ និងព្រះសូរសៀងទ្រង់វិញ បន្ទាប់មក ក៏មានការនឹកចាំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងពួកគេ។ មានតែតាមវិធីនេះទេ ទើបមនុស្សអាចធ្វើជាបន្ទាល់ពីព្រះជាម្ចាស់យ៉ាងពិតប្រាកដបាន។ មនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ដោយសារតែអ្នកដទៃជំរុញឱ្យពួក គេធ្វើដូច្នេះ ហើយវាក៏មិនមែនជាសន្ទុះអារម្មណ៍តែមួយពេលនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារពួកគេបានឃើញពីលក្ខណៈគួរឱ្យស្រឡាញ់របស់ព្រះអង្គ ពួកគេបានឃើញថា ព្រះអង្គមានលក្ខណៈច្រើន ស័ក្ដិសមនឹងឱ្យមនុស្សស្រឡាញ់ ដោយសារពួកគេបានឃើញការសង្គ្រោះ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ស្ងើចសរសើរ និងចង់បានព្រះជាម្ចាស់ពិតប្រាកដ ហើយក៏កើតមានចំណង់ចិត្ត ដែលធ្វើឱ្យគេមិនអាចរស់នៅដោយគ្មានព្រះជាម្ចាស់បាន។ ហេតុផលដែលមនុស្សដែលធ្វើបន្ទាល់ពិតពីព្រះជាម្ចាស់ អាចធ្វើបន្ទាល់ខ្ទរខ្ទារពីទ្រង់បាន គឺមកពីទីបន្ទាល់របស់ពួកគេចាក់គ្រឹះនៅលើការដឹងឮ និងការចង់បានព្រះជាម្ចាស់ពិតប្រាកដ។ ទីបន្ទាល់បែបនេះ មិនមែនត្រូវបានប្រទានមកស្របទៅនឹងសន្ទុះចិត្តឡើយ តែស្របទៅនឹងការស្គាល់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់វិញ។ ដោយសារតែពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ពួកគេគិតថា ពួកគេប្រាកដជាត្រូវធ្វើបន្ទាល់ពីព្រះអង្គ និងត្រូវធ្វើឱ្យពួកមនុស្សដែលចង់បានព្រះជាម្ចាស់ បានស្គាល់ទ្រង់ ហើយត្រូវដឹងពីលក្ខណៈគួរឱ្យស្រឡាញ់ និងភាពជាក់លាក់របស់ទ្រង់។ ទីបន្ទាល់របស់គេ កើតពីឆន្ទៈស្ម័គ្រចិត្តដូចគ្នានឹងសេចក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ដែរ។ ទីបន្ទាល់នេះ គឺជាទីបន្ទាល់ពិត ហើយមានសារៈសំខាន់ និងតម្លៃពិត។ ទីបន្ទាល់នេះ មិនមែនជាទីបន្ទាល់អសកម្ម ឬល្អតែខាងក្រៅ និងគ្មានន័យនោះទេ។ ហេតុផលមានតម្លៃ និងមានន័យបំផុត ដែលមានតែមនុស្សដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ អាចមាននៅក្នុងជីវិតគេ ក៏ជាហេតុផលដែល ធ្វើឱ្យពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ នោះគឺមនុស្សទាំងនេះ អាចរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយអាចរស់នៅដើម្បីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះអង្គបាន។ ដោយសារតែពួកគេរស់នៅក្នុងពន្លឺ មិនរស់នៅក្នុងសេចក្ដីងងឹត ទើបពួកគេមិនរស់ក្នុងជីវិតឥតន័យ តែរស់ក្នុងជីវិតដែលប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់វិញ។ មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេអាចអាស្រ័យផលនៃព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបអាចរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឱ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយទទួលព្រះចេស្ដាជាមួយនឹងព្រះជាម្ចាស់ដែរ។ ពួកមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ គេអាចដើរគ្រប់ទីកន្លែងនៅក្រោមមេឃ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេពួកគេអាចប្រើអនុភាពនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ ដោយសារពួកគេអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងអាចថ្វាយការប្រឹងប្រែងទាំងអស់របស់គេ សម្រាប់កិច្ចការរបស់ព្រះអង្គបាន។ មនុស្សទាំងនេះ មកជុំគ្នាពីគ្រប់ទីកន្លែង ក្នុងពិភពលោក។ ពួកគេនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុសៗគ្នា តែវត្តមានជីវិតរបស់ពួកគេមានអត្ថន័យដូចៗគ្នា។ ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេមានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្តដូចគ្នា ហើយមានសេចក្ដីប្រាថ្នាដូចគ្នាផង។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយសេរី ចំណែកឯមនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ អាចធ្វើដំណើរទៅទូទាំងសកលលោកទៀតផង។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ពួកគេទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។

ខាង​ដើម៖ របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ

បន្ទាប់៖ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ