មានតែលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង

ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ អ្នកមិនគ្រាន់តែរៀនប្រើប្រាស់សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែក៏ត្រូវរៀនស្វែងយល់ និងបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យផងដែរ ជាមនុស្សដែលអ្នកមិនត្រូវច្រណែន ឬគាបសង្កត់នោះឡើយ។ ការអនុវត្តតាមរបៀបនេះ គឺមានប្រយោជន៍ចំពោះកិច្ចការពួកជំនុំ។ ប្រសិនបើអ្នកអាចបណ្ដុះបណ្ដាលអ្នកដែលដេញតាមសេចក្តីពិតពីរបីនាក់ឱ្យសហប្រតិបត្តិការជាមួយអ្នក និងបំពេញកិច្ចការគ្រប់យ៉ាងឱ្យបានល្អ ហើយចុងក្រោយ អ្នករាល់គ្នាសុទ្ធតែមានទីបន្ទាល់បទពិសោធ នោះអ្នកនឹងក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ។ ប្រសិនបើអ្នកអាចដោះស្រាយរឿងគ្រប់យ៉ាងទៅតាមគោលការណ៍ទាំងនេះបាន នោះអ្នកកំពុងប្ដេជ្ញាចិត្តបង្ហាញពីភក្ដីភាពរបស់អ្នកហើយ។ មនុស្សមួយចំនួនតែងតែភ័យខ្លាចថា អ្នកដទៃពូកែជាងខ្លួន និងខ្ពស់ជាងខ្លួន ខ្លាចថាអ្នកដទៃត្រូវគេទទួលស្គាល់ ចំណែកឯខ្លួនវិញ ត្រូវគេមើលរំលង ហើយរឿងនេះនាំឱ្យពួកគេវាយប្រហារ និងឈប់រាប់រកអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានទេពកោសល្យទេឬអី? តើនោះមិនមែនអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬអី? តើនេះជានិស្ស័យបែបណាទៅ? ជានិស្ស័យព្យាបាទ! មនុស្សណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើអ្វីតាមតែបំណងប្រាថ្នាអាត្មានិយមរបស់ខ្លួន ដោយពុំបានគិតគូរពីអ្នកដទៃ ឬពុំបានពិចារណាអំពីប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សនោះមាននិស្ស័យអាក្រក់ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ។ ប្រសិនបើអ្នកពិតជាអាចបង្ហាញពីការគិតគូរយ៉ាងពិតប្រាកដដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយត្រឹមត្រូវមិនខាន។ ប្រសិនបើអ្នកណែនាំបុគ្គលល្អម្នាក់ និងអនុញ្ញាតឱ្យគេឆ្លងកាត់ការបណ្ដុះបណ្ដាល និងបំពេញភារកិច្ចណាមួយ នោះគឺដូចជាបានបន្ថែមបុគ្គលមានទេពកោសល្យម្នាក់ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ បែបនេះ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទៅហើយទេ? ពេលនោះ តើអ្នកមិនមែនកំពុងបង្ហាញភក្ដីភាពនៅក្នុងភារកិច្ចរបស់អ្នកទេឬអី? នោះគឺជាទង្វើល្អនៅចំពោះព្រះជាម្ចាស់។ មនុស្សដែលបំពេញតួនាទីជាអ្នកដឹកនាំ គួរមានសតិសម្បជញ្ញៈ និងហេតុផលតិចតួចបំផុតនេះ។ អស់អ្នកណាដែលអាចអនុវត្តសេចក្តីពិតបាន អ្នកនោះអាចទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់នៅក្នុងកិច្ចការដែលពួកគេធ្វើ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបានត្រង់ល្អ។ ប្រសិនបើអ្នកគ្រាន់តែធ្វើអ្វីៗដើម្បីឱ្យអ្នកដទៃមើល ហើយតែងតែចង់ទទួលបានការកោតសរសើរ និងការកោតស្ញប់ស្ញែងពីអ្នកដទៃ ប៉ុន្ដែអ្នកមិនទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ទេ ដូច្នេះ តើនៅក្នុងចិត្តរបស់អ្នកនៅមានព្រះជាម្ចាស់ទៀតដែរឬទេ? មនុស្សបែបនេះគ្មានការគោរពព្រះជាម្ចាស់ឡើយ។ ចូរកុំធ្វើអ្វីៗដើម្បីតែខ្លួនឯង ហើយកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ។ ចូរកុំគិតពីផលប្រយោជន៍របស់មនុស្ស ហើយកុំគិតអំពីអំនួត កេរ្តិ៍ឈ្មោះ និងឋានៈធ្វើអី។ អ្នកត្រូវតែគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមសញ្ជឹងគិតថាតើនៅក្នុងការបំពេញភារកិច្ចរបស់អ្នកកន្លងមក មានភាពមិនបរិសុទ្ធដែរឬអត់ ថាតើអ្នកមានភាពស្មោះត្រង់ បានបំពេញទំនួលខុសត្រូវរបស់អ្នក និងបានដាក់ចិត្តដាក់កាយធ្វើវាឬអត់ ក៏ដូចជាថាតើអ្នកបានគិតពីភារកិច្ចរបស់អ្នក និងកិច្ចការរបស់ពួកជំនុំអស់ពីចិត្តឬអត់។ អ្នកត្រូវតែពិចារណារឿងទាំងអស់នេះ។ ប្រសិនបើអ្នកគិតពីរឿងទាំងនេះឱ្យបានញឹកញាប់ និងស្វែងរកដំណោះស្រាយ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកឱ្យបានល្អមិនខាន។ ប្រសិនបើអ្នកមានគុណសម្បត្តិអន់ ប្រសិនបើបទពិសោធរបស់អ្នកនៅរាក់ ឬប្រសិនបើអ្នកមិនប៉ិនប្រសប់នៅក្នុងការងារវិជ្ជាជីវៈរបស់អ្នកទេ នោះការងាររបស់អ្នកអាចមានកំហុសឆ្គង ឬការខ្វះចន្លោះខ្លះមិនខាន ហើយអ្នកនឹងមិនទទួលបានលទ្ធផលល្អនោះទេ ប៉ុន្តែអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់អ្នកហើយ។ អ្នកពុំបានបំពេញតាមបំណងប្រាថ្នាអាត្មានិយម ឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នកគិតគូរជាប់ជានិច្ចដល់កិច្ចការរបស់ពួកជំនុំ និងប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីអ្នកមិនអាចមិនទទួលបានលទ្ធផលល្អនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ដួងចិត្តអ្នកនឹងត្រូវបានត្រង់ដែរ។ ជាងនេះទៅទៀត ប្រសិនបើអ្នកអាចស្វែងរកសេចក្តីពិតដើម្បីដោះស្រាយបញ្ហានៅក្នុងភារកិច្ចរបស់អ្នក នោះអ្នកនឹងបំពេញភារកិច្ចរបស់អ្នកត្រឹមត្រូវតាមបទដ្ឋាន ហើយក្នុងពេលជាមួយគ្នានោះដែរ អ្នកក៏នឹងអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានផងដែរ។ នេះគឺជាអត្ថន័យនៃការមានទីបន្ទាល់នោះឯង។

មនុស្សខ្លះជឿលើព្រះជាម្ចាស់ តែមិនស្វែងរកសេចក្តីពិតទេ។ ពួកគេតែងតែរស់នៅតាមសាច់ឈាម តែងល្មោភចង់បានសេចក្តីសប្បាយខាងសាច់ឈាម តែងបំពេញតាមបំណងប្រាថ្នាអាត្មានិយមរបស់ខ្លួនជានិច្ច។ មិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំនោះទេ ពួកគេនឹងមិនដែលចូលទៅក្នុងតថភាពនៃសេចក្តីពិតឡើយ។ នេះជាសញ្ញានៃការនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់។ អ្នកនិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីដែលទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ តើខ្ញុំបាននាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ដូចម្ដេចកើតទៅ?» គ្រប់ទាំងគំនិតនិងការគិតរបស់អ្នក សុទ្ធតែអាក្រក់ទាំងអស់។ គោលបំណង គោលដៅ និងមូលហេតុនៅពីក្រោយការធ្វើកិច្ចការផ្សេងៗរបស់អ្នក និងលទ្ធផលកើតចេញពីទង្វើរបស់អ្នក តែងបំពេញចិត្តសាតាំងជានិច្ច ធ្វើឱ្យអ្នកក្លាយជាតួត្លុករបស់វា ហើយអនុញ្ញាតឱ្យវាទាញប្រយោជន៍អ្វីមួយពីអ្នក។ អ្នកមិនបានធ្វើបន្ទាល់ដែលគ្រីស្ទបរិស័ទគួរធ្វើនៅក្នុងនាមជាគ្រីស្ទបរិស័ទឡើយ។ អ្នកជាកម្មសិទ្ធិរបស់សាតាំង។ អ្នកធ្វើឱ្យអាប់ឱនដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់ ហើយអ្នកគ្មានទីបន្ទាល់ពិតឡើយ។ តើព្រះជាម្ចាស់នឹងនឹកចាំពីកិច្ចការដែលអ្នកបានធ្វើដែរឬទេ? ចុងក្រោយ តើព្រះជាម្ចាស់នឹងសន្និដ្ឋានបែបណាចំពោះទង្វើ ឥរិយាបថ និងភារកិច្ចដែលអ្នកបានបំពេញ? តើអ្វីៗត្រូវតែចេញជាសេចក្ដីសន្និដ្ឋានណាមួយមែនទេ? នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ ហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ? ហេតុអ្វីបានជាអស់អ្នកណាដែលអធិប្បាយ ដេញអារក្ស និងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមព្រះអម្ចាស់ ក្លាយទៅជាអ្នកប្រព្រឹត្តអាក្រក់ទៅវិញ? នោះគឺដោយសារតែពួកគេមិនទទួលយកសេចក្តីពិតដែលបើកសម្តែងដោយព្រះអម្ចាស់យេស៊ូវ ពួកគេមិនបានកាន់តាមបញ្ញត្តិរបស់ទ្រង់ ហើយនៅក្នុងចិត្តពួកគេ គ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិតឡើយ។ ពួកគេគ្រាន់តែចង់ដោះដូរកិច្ចការដែលពួកគេបានធ្វើ ការរងទុក្ខលំបាកដែលពួកគេបានឆ្លងកាត់ និងការលះបង់ដែលពួកគេបានធ្វើដើម្បីព្រះអម្ចាស់ ជាមួយនឹងព្រះពរនៃនគរស្ថានសួគ៌ប៉ុណ្ណោះ។ ចំពោះរឿងនេះ ពួកគេបានប៉ុនប៉ងដោះដូរជាមួយព្រះជាម្ចាស់ ហើយពួកគេបានព្យាយាមប្រើព្រះជាម្ចាស់ និងបញ្ឆោតព្រះជាម្ចាស់ ដូច្នេះហើយទើបព្រះអម្ចាស់យេស៊ូវមានព្រះទ័យនឿយណាយនឹងពួកគេ ស្អប់ពួកគេ និងថ្កោលទោសពួកគេថាជាអ្នកប្រព្រឹត្តអាក្រក់។ សព្វថ្ងៃនេះ មនុស្សកំពុងទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកខ្លះនៅតែដេញតាមកេរ្តិ៍ឈ្មោះនិងឋានៈដដែល ហើយតែងចង់លេចមុខលេចមាត់ តែងចង់ធ្វើជាអ្នកដឹកនាំនិងអ្នកធ្វើកិច្ចការ ដើម្បីបានកេរ្តិ៍ឈ្មោះនិងឋានៈ។ ទោះបីជាពួកគេសុទ្ធតែនិយាយថា ពួកគេជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ព្រមទាំងលះបង់គ្រប់យ៉ាង និងលះបង់ដើម្បីព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេបំពេញភារកិច្ចរបស់ខ្លួនដើម្បីតែទទួលបានកិត្តិនាម ផលប្រយោជន៍ និងឋានៈប៉ុណ្ណោះ ហើយពួកគេតែងតែមានគម្រោងការផ្ទាល់ខ្លួនជានិច្ច។ ពួកគេមិនស្តាប់បង្គាប់ ក៏គ្មានភក្ដីភាពចំពោះព្រះជាម្ចាស់ដែរ ពួកគេប្រព្រឹត្តអំពើចិត្តអាក្រក់មិនចេះគិត ដោយមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ ដូច្នេះហើយ ទើបពួកគេក្លាយជាអ្នកប្រព្រឹត្តអាក្រក់។ ព្រះជាម្ចាស់ស្អប់អ្នកប្រព្រឹត្តអាក្រក់ទាំងនេះណាស់ ហើយព្រះជាម្ចាស់មិនសង្គ្រោះពួកគេឡើយ។ តើមានបទដ្ឋានអ្វីដែលប្រើដើម្បីវិនិច្ឆ័យថាតើទង្វើរបស់មនុស្សម្នាក់ល្អឬអាក្រក់នោះ? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការសម្ដែងចេញ និងសកម្មភាពរបស់ពួកគេ មានទីបន្ទាល់អំពីការអនុវត្តសេចក្តីពិត និងការរស់នៅតាមតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬមិនបានរស់នៅតាមតថភាពនេះទេ នោះគ្មានអ្វីត្រូវសង្ស័យឡើយ អ្នកគឺជាមនុស្សប្រព្រឹត្តអាក្រក់ហើយ។ តើព្រះជាម្ចាស់ព្រះតម្រិះបែបណាចំពោះអ្នកប្រព្រឹត្តអាក្រក់? ចំពោះព្រះជាម្ចាស់ គំនិតនិងទង្វើពីសម្បកក្រៅរបស់អ្នក ពុំធ្វើបន្ទាល់ថ្វាយទ្រង់ឡើយ ហើយក៏មិនធ្វើឱ្យសាតាំងអាម៉ាស់មុខ ឬយកឈ្នះលើសាតាំងដែរ។ ផ្ទុយទៅវិញ ទង្វើនោះនាំភាពអាម៉ាស់ដល់ទ្រង់ និងពេញដោយសញ្ញាដែលអ្នកនាំភាពអាប់ឱនដល់ព្រះអង្គ។ អ្នកមិនមែនធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ មិនមែនលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ឡើយ ហើយអ្នកក៏មិនមែនបំពេញទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់អ្នកចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកកំពុងតែធ្វើដើម្បីខ្លួនឯងប៉ុណ្ណោះ។ តើឃ្លាថា «ដើម្បីខ្លួនឯង» មានន័យដូចម្ដេច? បើនិយាយឱ្យចំទៅ គឺមានន័យថា ដើម្បីសាតាំង។ ដូច្នេះ ចុងក្រោយ ព្រះជាម្ចាស់នឹងមានបន្ទូលថា៖ «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទង្វើរបស់អ្នកមិនចាត់ទុកជាអំពើល្អឡើយ តែចាត់ទុកជាអំពើអាក្រក់វិញ។ ទង្វើនេះមិនត្រឹមតែមិនអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់នោះទេ តែក៏នឹងត្រូវថ្កោលទោសផងដែរ។ ក្នុងការជឿលើព្រះជាម្ចាស់បែបនេះ តើមនុស្សសង្ឃឹមចង់បានអ្វី? ចុងក្រោយ តើជំនឿបែបនេះនឹងមិនបានអ្វីសោះទេឬអី?

ចំពោះមនុស្សគ្រប់គ្នាដែលបំពេញភារកិច្ចអ្វីមួយ មិនថាការយល់ពីសេចក្ដីពិតរបស់ពួកគេជ្រាលជ្រៅ ឬរាក់នោះទេ វិធីដ៏សាមញ្ញាបំផុតក្នុងការអនុវត្តការចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺត្រូវគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់គ្រប់រឿង ហើយត្រូវលះបង់ចោលបំណងប្រាថ្នាអាត្មានិយម គោលបំណងផ្ទាល់ខ្លួន មូលហេតុ អំនួត និងឋានៈចោល។ ដំបូង ត្រូវគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុន។ យ៉ាងហោចណាស់ ក៏មនុស្សម្នាក់គួរធ្វើរឿងនេះដែរ។ ប្រសិនបើបុគ្គលម្នាក់ដែលបំពេញភារកិច្ចអ្វីមួយ មិនអាចធ្វើសូម្បីតែកិច្ចការប៉ុណ្ណេះបានផង ដូច្នេះ តើអាចថាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងដូចម្ដេចកើតទៅ? នោះមិនមែនជាការបំពេញភារៈកិច្ចរបស់មនុស្សម្នាក់ទេ។ ដំបូង អ្នកគួរតែគិតពីប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ត្រូវគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគិតពីកិច្ចការរបស់ពួកជំនុំ។ ត្រូវចាត់ទុករឿងទាំងនេះជារឿងអាទិភាពនិងសំខាន់បំផុត។ បន្ទាប់ពីនោះទៅ ទើបអ្នកអាចគិតអំពីស្ថិរភាពនៃឋានៈរបស់អ្នក ឬរបៀបដែលអ្នកដទៃគិតមកលើអ្នក។ នៅពេលដែលអ្នកបំបែករឿងនេះជាពីរជំហាន រួចធ្វើការសម្របសម្រួលខ្លះ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា រឿងនេះងាយស្រួលជាងមុនបន្តិចទេឬអី? ប្រសិនបើអ្នកអនុវត្តបែបនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនមែនជារឿងពិបាកឡើយ។ លើសពីនេះ អ្នកគួរតែអាចបំពេញទំនួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ចនិងភារកិច្ចរបស់អ្នក និងបោះបង់បំណងប្រាថ្នាអាត្មានិយម គោលបំណង និងមូលហេតុផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគួរមានការគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយតម្កល់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការពួកនុំ និងភារកិច្ចដែលអ្នកគួរតែបំពេញជាធំ។ បន្ទាប់ពីដកពិសោធន៍រឿងនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា នេះគឺជាវិធីដ៏ល្អមួយក្នុងការប្រព្រឹត្តខ្លួន។ នេះគឺជាការរស់នៅដោយទៀងត្រង់និងស្មោះត្រង់ មិនមែនជាមនុស្សអប្រិយថោកទាបឡើយ ហើយជាការរស់នៅដោយត្រឹមត្រូវនិងគួរឱ្យគោរព មិនមែនគួរឱ្យស្អប់ ថោកទាប និងឥតបានការនោះទេ។ អ្នកនឹងមានអារម្មណ៍ថា មនុស្សម្នាក់គួរតែប្រព្រឹត្តបែបនេះ ហើយពួកគេគួររស់នៅតាមរូបភាពនេះ។ បន្ដិចម្ដងៗ បំណងប្រាថ្នាដែលអ្នកចង់បំពេញតាមប្រយោជន៍ផ្ទាល់ខ្លួន នឹងកាន់តែថមថយទៅៗ។ ឥឡូវនេះ មិនថាអ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់យូរប៉ុនណានោះទេ ក៏ច្រកចូលរបស់អ្នក ការបើកសម្ដែងឱ្យយល់ និងបទពិសោធអំពីមេរៀនពាក់ព័ន្ធនឹងការដេញតាមសេចក្ដីពិត ការអនុវត្តសេចក្ដីពិត និងការចូលទៅក្នុងតថភាពនៃសេចក្តីពិត នៅខ្វះភាពស៊ីជម្រៅនៅឡើយ ហើយអ្នកពុំមានបទពិសោធ ឬការបើកសម្ដែងឱ្យយល់ពិតប្រាកទេ ដូច្នេះ អ្នកមិនអាចធ្វើបន្ទាល់ពិតប្រាកដបានទេ។ ពេលនេះ ខ្ញុំសូមចែកចាយជាមួយអ្នករាល់គ្នានូវវិធីសាស្ត្រសាមញ្ញនេះ៖ អ្នករាល់គ្នាត្រូវចាប់ផ្ដើមអនុវត្តតាមវិធីនេះ ហើយនៅពេលដែលអ្នកបានធ្វើបែបនេះមួយរយៈ នោះសភាពនៅក្នុងខ្លួនអ្នករាល់គ្នានឹងចាប់ផ្ដើមផ្លាស់ប្តូរដោយមិនដឹងខ្លួន។ វានឹងប្ដូរពីសភាពនៃគំនិតមិនដាច់ស្រេច ដែលអ្នកមិនចាប់អារម្មណ៍ខ្លាំងលើការជឿលើព្រះជាម្ចាស់ ក៏មិនធុញទ្រាន់ខ្លាំងនឹងការជឿព្រះដែរ ឱ្យទៅជាសភាពដែលអ្នកមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់និងការធ្វើជាមនុស្សស្មោះត្រង់ គឺជារឿងល្អ ហើយអ្នកនឹងមានចំណាប់អារម្មណ៍ក្នុងការធ្វើជាមនុស្សស្មោះត្រង់ ព្រមទាំងមានអារម្មណ៍ថា ការរស់នៅតាមរបៀបនេះ គឺមានន័យ និងមានការទំនុកបម្រុង។ អ្នកនឹងមានអារម្មណ៍បន្ទាបខ្លួន ស្ងប់ចិត្ត និងមានសេចក្ដីអំណរនៅក្នុងចិត្តរបស់អ្នក។ សភាពរបស់អ្នកនឹងប្រែជាបែបនេះ។ នោះគឺជាលទ្ធផលដែលបានមកពីការលះបង់គោលបំណងផ្ទាល់ខ្លួន ផលប្រយោជន៍ និងបំណងប្រាថ្នាអាត្មានិយមចោល។ លទ្ធផលគឺបែបនោះឯង។ លទ្ធផលនេះមួយចំណែកបានមកពីកិច្ចសហប្រតិបត្តិការរបស់មនុស្ស ហើយមួយចំណែកទៀត គឺបានមកពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធនឹងមិនបំពេញកិច្ចការដោយគ្មានកិច្ចសហប្រតិបត្តិការរបស់មនុស្សឡើយ។ មនុស្សគ្រប់រូបមានសភាពមិនត្រឹមត្រូវនៅក្នុងខ្លួនពួកគេ ដូចជា ភាពអកម្ម ភាពទន់ខ្សោយ ភាពគ្មានម្ចាស់ការ និងភាពផុយស្រួយជាដើម។ បើមិនដូច្នោះទេ ពួកគេមានគោលបំណងថោកទាប ឬពួកគេត្រូវបានញាំញីដោយអំនួត បំណងប្រាថ្នាអាត្មានិយម និងផលប្រយោជន៍ផ្ទាល់ខ្លួនឥតឈប់។ ឬមិនដូច្នេះទេ ពួកគេគិតថា ខ្លួនគេមានគុណសម្បត្តិអន់ ទើបពួកគេជួបប្រទះសភាពអសកម្មខ្លះ។ អ្នកមុខជាពិបាកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធណាស់ ប្រសិនបើអ្នកតែងតែរស់នៅក្នុងសភាពទាំងអស់នេះ។ ប្រសិនបើអ្នកពិបាកនឹងទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះធាតុសកម្មនៅក្នុងខ្លួនអ្នកនឹងកាន់តែតិចទៅៗ ហើយធាតុអកម្មនឹងលេចចេញមក ហើយរំខានដល់អ្នកមិនខាន។ មនុស្សតែងពឹងទៅលើឆន្ទៈផ្ទាល់ខ្លួន ដើម្បីបង្ក្រាបលើសភាពអកម្មនិងអវិជ្ជមានទាំងនោះ ប៉ុន្តែមិនថាពួកគេបង្ក្រាបយ៉ាងណាទេ ពួកគេមិនអាចយកឈ្នះលើសភាពទាំងនោះបានឡើយ។ មូលហេតុចម្បងនៃបញ្ហានេះគឺថា មនុស្សមិនអាចឈ្វេងយល់ឱ្យបានល្អិតល្អន់អំពីសភាពអកម្មនិងអវិជ្ជមាននេះបាន។ ពួកគេមិនអាចមើលឃើញពីសារជាតិរបស់ពួកគេឱ្យបានច្បាស់។ ចំណុចនេះធ្វើឱ្យពួកគេពិបាកនឹងលះបង់សាច់ឈាមនិងសាតាំងបានណាស់។ ជាងនេះទៅទៀត មនុស្សតែងជាប់ផុងនៅក្នុងសភាពអកម្ម ស្រងេះស្រងោច និងអន់ថយ ហើយពួកគេពុំបានអធិស្ឋាន ឬសរសើរព្រះជាម្ចាស់ឡើយ តែផ្ទុយទៅវិញ ពួកគេគ្រាន់តែធ្វើអ្វីឱ្យតែរួចពីដៃប៉ុណ្ណោះ។ ហេតុនេះ ទើបព្រះវិញ្ញាណបរិសុទ្ធពុំបំពេញកិច្ចការក្នុងចំណោមពួកគេ ម្ល៉ោះហើយពួកគេក៏មិនអាចយល់ពីសេចក្ដីពិតបាន ពួកគេខ្វះផ្លូវក្នុងការបំពេញកិច្ចការគ្រប់យ៉ាង ហើយពួកគេមិនអាចយល់ពីបញ្ហាណាមួយឱ្យបានច្បាស់លាស់នោះទេ។ នៅក្នុងខ្លួនអ្នកមានរឿងអកម្មនិងអវិជ្ជមានជាច្រើន ហើយរឿងទាំងនោះមានពេញនៅក្នុងចិត្តអ្នក ដូច្នេះ អ្នកតែងតែមានវិញ្ញាណអកម្ម ស្រងេះស្រហោច ហើយអ្នកកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងកាន់តែខ្សោយទៅៗ។ ប្រសិនបើអ្នកមិនអាចទទួលបានការបំភ្លឺនិងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះអ្នកនឹងមិនអាចគេចពីសភាពទាំងនេះបានឡើយ ហើយសភាពអកម្មរបស់អ្នក នឹងមិនអាចផ្លាស់ប្ដូរបានទេ ដោយសារប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបានបំពេញកិច្ចការលើអ្នកទេ នោះអ្នកក៏មិនអាចស្វែងរកផ្លូវបានដែរ។ ដោយសារហេតុផលទាំងពីរនេះហើយទើបអ្នកពិបាកនឹងកម្ចាត់សភាពអកម្មរបស់អ្នក និងចូលទៅក្នុងសភាពធម្មតាបាននោះ។ ទោះបីជានៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់អ្នកក្នុងពេលនេះ អ្នកស៊ូទ្រាំនឹងការលំបាក ខំប្រឹងបំពេញការងារ ប្រឹងប្រែងខ្លាំង ហើយអ្នកអាចលះបង់គ្រួសារនិងការងាររបស់អ្នក និងអាចលះបង់គ្រប់យ៉ាងបានក៏ពិតមែន ក៏ប៉ុន្តែ សភាពនៅក្នុងខ្លួនអ្នកនៅតែមិនទាន់បានផ្លាស់ប្ដូរពិតប្រាកដនៅឡើយទេ។ មានការជាប់ជំពាក់ជាច្រើនដែលចងរឹតអ្នករាល់គ្នាជាប់មិនឱ្យដេញតាម និងអនុវត្តសេចក្ដីពិត ដូចជា សញ្ញាណ ការស្រមើស្រមៃ ចំណេះដឹង ទស្សនៈវិជ្ជាសម្រាប់ការរស់នៅ បំណងប្រាថ្នាអាត្មានិយម និងនិស្ស័យពុករលួយរបស់អ្នកជាដើម។ ចំណុចអវិជ្ជមានទាំងអស់នេះ មានពេញប្រៀបនៅក្នុងចិត្តរបស់អ្នករាល់គ្នា។ ទោះបីជាអ្នករាល់គ្នានៅក្មេងក្ដី ក៏ប៉ុន្តែគំនិតរបស់អ្នករាល់គ្នាស្មុគ្រស្មាញខ្លាំងណាស់។ អ្នករាល់គ្នាអង្កេត និងសិក្សាពីព្រះបន្ទូលនិងការសម្ដែងចេញរបស់ខ្ញុំគ្រប់យ៉ាង រួចហើយក៏គិតជ្រុលហួសហេតុអំពីអ្វីៗទាំងនោះឥតឈប់។ តើហេតុអ្វី? អ្នករាល់គ្នាបានដើរតាមព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនទាន់បានឃើញការរីកចម្រើន ឬការផ្លាស់ប្ដូរណាមួយនៅក្នុងខ្លួនអ្នករាល់គ្នានៅឡើយទេ។ ដួងចិត្តរបស់មនុស្ស ត្រូវបានអ្វីៗជារបស់សាតាំងគ្រប់គ្រងទាំងស្រុង។ ចំណុចនេះគឺច្បាស់លាស់នឹងឱ្យអ្នករាល់គ្នាមើលឃើញបានហើយ។ ប្រសិនបើអ្នកមិនកាត់ផ្ដាច់អ្វីទាំងនេះចោលទេ ប្រសិនបើអ្នកមិនអាចកម្ចាត់សភាពអកម្មទាំងនេះបានទេ នោះអ្នកនឹងមិនអាចបំផ្លាស់បំប្រែខ្លួនអ្នកទៅក្នុងលក្ខណៈដូចជាកូនក្មេង និងមកចំពោះព្រះជាម្ចាស់ដោយក្លៀវក្លា គួរឱ្យស្រឡាញ់ គ្មានកំហុស សាមញ្ញ ទៀងត្រង់ និងបរិសុទ្ធបានឡើយ។ ពេលនោះ អ្នកមុខជាពិបាកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬសេចក្ដីពិតណាស់។

ពេលនេះ អ្នករាល់គ្នាសុទ្ធតែមានគុណសម្បត្តិល្អពីរបីយ៉ាង ដើម្បីផ្ដល់ការណែនាំដល់ខ្លួនឯង មានដូចជា ឆន្ទៈក្នុងរងទុក្ខ និងសេចក្ដីជំនឿជាដើម។ គុណសម្បត្តិល្អទាំងនេះ បានសង្គ្រោះអ្នករាល់គ្នា។ ប្រសិនបើអ្នកគ្មានគុណសម្បត្តិទាំងនេះទេ ពោលគឹគ្មានឆន្ទៈក្នុងការរងទុក្ខក្នុងការលំបាក និងសេចក្ដីជំនឿពិតប្រាកដក្នុងលះបង់ខ្លួនអ្នកដើម្បីព្រះជាម្ចាស់ទេ នោះអ្នកមុខជាគ្មានការជំរុញចិត្តក្នុងការបំពេញភារកិច្ចរបស់អ្នកឡើយ ហើយអ្នកមុខជាមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនមកដល់សព្វថ្ងៃនេះទេ។ មនុស្សខ្លះបំពេញភារកិច្ចរបស់ខ្លួនបានមួយរយៈ ប៉ុន្តែដោយសារពួកគេមិនចាប់អារម្មណ៍នឹងសេចក្ដីពិត និងដោយសារពួកគេមិនទទួលបានប្រយោជន៍ពីភារកិច្ចនោះ ទើបពួកគេត្រឡប់ទៅខាងលោកីយ៍វិញ ដើម្បីធ្វើការ រកប្រាក់ និងរៀបការ។ ពួកគេគិតថា ចំណាយពេលឥតប្រយោជន៍នៅទីនេះ ទាំងមើលមិនឃើញលទ្ធផលអ្វីសោះ គឺជាការខាតបង់យុវភាពរបស់ពួកគេ ខាតបង់ឆ្នាំល្អៗ និងខាតបង់ជីវិតរបស់ពួកគេ។ មនុស្សទាំងនេះត្រូវបានលាតត្រដាងថាជាអ្នកមិនជឿ។ មានតែអ្នកដែលលះបង់ដើម្បីព្រះជាម្ចាស់ពិតប្រាកដទេ ទើបអាចប្រកាន់តាមភារកិច្ច និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន។ ពេលនេះ អ្នករាល់គ្នាសុទ្ធតែបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោង។ អ្នកមិនជាប់ចំណងគ្រួសារ អាពាហ៍ពិពាហ៍ ឬទ្រព្យសម្បត្តិឡើយ។ អ្នកបានងើបផុតពីរឿងទាំងនោះរួចហើយ។ ក៏ប៉ុន្តែ សញ្ញាណ ការស្រមើស្រមៃ ចំណេះដឹង គោលបំណង និងបំណងប្រាថ្នាផ្ទាល់ខ្លួន ដែលមានពេញនៅក្នុងក្បាលរបស់អ្នក នៅតែមិនទាន់ផ្លាស់ប្ដូរទាំងស្រុងដដែល។ ដូច្នេះ នៅពេលមានរឿងអ្វីមួយដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ ឋានៈ ឬឱកាសដើម្បីលេចមុខលេចមាត់ ឧទាហរណ៍ នៅពេលដែលអ្នកឮថា ដំណាក់របស់ព្រះជាម្ចាស់ គ្រោងនឹងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យជាច្រើន នោះបេះដូងរបស់អ្នករាល់គ្នាក៏ចាប់ផ្ដើមលោតដោយក្ដីរំភើបត្រេកអរ អ្នករាល់គ្នាតែងតែចង់ឱ្យខ្លួនឯងមានកេរ្តិ៍ឈ្មោះ និងទទួលបានការចាប់អារម្មណ៍ច្រើន។ អ្នករាល់គ្នាសុទ្ធតែចង់ប្រជែងដណ្ដើមឋានៈ និងកេរ្តិ៍ឈ្មោះ។ អ្នកមានអារម្មណ៍ខ្មាសអៀនចំពោះរឿងនេះ ប៉ុន្តែអ្នកនឹងមានអារម្មណ៍មិនសប្បាយចិត្ត ប្រសិនបើអ្នកមិនបានធ្វើរឿងនេះ។ អ្នកមានអារម្មណ៍ច្រណែន ស្អប់ និងខកចិត្ត នៅពេលអ្នកឃើញនរណាម្នាក់លេចធ្លោ ហើយគិតថា រឿងនេះមិនយុត្តិធម៌នោះទេ៖ «ហេតុអ្វីបានជាខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាអ្នកដទៃតែងតែទទួលបានការចាប់អារម្មណ៍ច្រើន? ហេតុអ្វីបានជាមិនដែលដល់វេនខ្ញុំអ៊ីចឹង?» ហើយបន្ទាប់ពីអ្នកមានអារម្មណ៍ខកចិត្ត អ្នកក៏ព្យាយាមទប់អារម្មណ៍នេះ ប៉ុន្តែអ្នកមិនអាចទប់បានឡើយ។ អ្នកអធិស្ឋានទៅព្រះជាម្ចាស់ ហើយក៏មានអារម្មណ៍ល្អមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបប្រទះស្ថានភាពបែបនោះម្ដងទៀត អ្នកនៅតែមិនអាចយកឈ្នះវាបានដដែល។ តើនេះមិនមែនជាការបង្ហាញពីកម្ពស់ក្មេងខ្ចីទេឬអី? នៅពេលដែលមនុស្សធ្លាក់ចូលទៅក្នុងសភាពបែបនេះ តើពួកគេមិនមែនបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំងទេឬអី? ទាំងនេះគឺជាច្រវាក់នៃធម្មជាតិដ៏ពុករលួយរបស់សាតាំង ដែលចងមនុស្សជាប់។ ប្រសិនបើមនុស្សកម្ចាត់និស្ស័យពុករលួយទាំងនេះចោល តើពួកគេនឹងមិនមានអារម្មណ៍ថាមានសេរីភាព និងបានរំដោះទេឬអី? សូមគិតពីរឿងនេះ៖ ប្រសិនបើអ្នកប្រាថ្នាចង់គេចចេញពីការធ្លាក់ចូលទៅក្នុងសភាពនៃការប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះនិងឋានៈ ដើម្បីរំដោះខ្លួនឯងចេញពីសភាពពុករលួយទាំងនេះ និងដើម្បីដោះលែងខ្លួនអ្នកចេញពីភាពធុញថប់ និងចំណងនៃកេរ្ដិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ដូច្នេះ តើអ្នកត្រូវតែយល់ពីសេចក្ដីពិតមួយណា? តើអ្នកត្រូវតែមានតថភាពនៃសេចក្ដីមួយណា ដើម្បីឱ្យអ្នកទទួលបានសេរីភាព និងការដោះលែង? ដំបូង អ្នកត្រូវតែយល់ថា សាតាំងប្រើកេរ្ដិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ដើម្បីធ្វើឱ្យមនុស្សពុករលួយ ដើម្បីអូសទាញពួកគេ ដើម្បីធ្វើបាបពួកគេ ដើម្បីធ្វើឱ្យពួកគេអន់ថយ និងបោះពួកគេចូលទៅក្នុងអំពើបាប។ ជាងនេះទៅទៀត មានតែតាមរយៈការទទួលយកសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចបោះបង់កេរ្ដិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈបាន។ ការទម្លាក់អ្វីទាំងអស់នេះចុះ គឺជារឿងពិបាកខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា មិនថាពួកគេចាស់ឬក្មេង ឬមិនថាពួកគេជាអ្នកជឿថ្មីឬអ្នកជឿយូរនោះទេ។ ទោះមនុស្សខ្លះអឹមអៀនច្រើន ហើយពួកគេមើលទៅមិនសូវនិយាយស្ដីអ្វីច្រើនក៏ពិតមែន ក៏ប៉ុន្តែតាមពិត ពួកគេមានការលំបាកលាក់ទុកក្នុងចិត្តច្រើនជាងអ្នកដទៃទៅទៀត។ ការលះបង់កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ គឺជាការលំបាកណាស់សម្រាប់មនុស្សគ្រប់គ្នា។ គ្មាននរណាម្នាក់អាចយកឈ្នះការល្បួងទាំងនេះបានឡើយ។ សភាពខាងក្នុងរបស់មនុស្សសុទ្ធតែដូចគ្នាទាំងអស់។ សាតាំងបានធ្វើឱ្យមនុស្សពុករលួយដោយមិនប្រើអ្វីក្រៅពីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍នេះឡើយ។ វប្បធម៌ប្រពៃណីរយៈពេលរាប់សិបពាន់ឆ្នាំ បានបណ្ដុះគំនិតទាំងនេះនៅក្នុងខ្លួនមនុស្ស។ ហេតុនេះហើយ ធម្មជាតិពុករលួយរបស់មនុស្ស ស្រឡាញ់និងដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈដូចគ្នា គ្រាន់តែថា វិធីនៃការដេញតាម និងការសម្ដែងចេញនោះខុសៗគ្នាទៅតាមមនុស្សផ្សេងគ្នាប៉ុណ្ណោះ។ មានមនុស្សមួយចំនួនដែលមិនធ្លាប់និយាយពីរឿងនេះសោះ និងបានលាក់បាំងវានៅក្នុងចិត្តរបស់ពួកគេ ហើយក៏មានអ្នកខ្លះទៀតដែលបាននិយាយទម្លាយរឿងនេះចេញមកដែរ។ មានមនុស្សមួយចំនួនដែលមិនស្ទាក់ស្ទើរនឹងតស៊ូខំប្រឹងដើម្បីបានរបស់ទាំងនេះឡើយ ចំណែកអ្នកខ្លះទៀតពុំបានតស៊ូខំប្រឹងដើម្បីបានរបស់ទាំងនេះនោះទេ ប៉ុន្តែពួកគេលួចស្ដីបន្ទោស រអ៊ូរទាំ និងបោករបស់របរចោលស្ងាត់ៗ។ ទោះបីមនុស្សខុសគ្នាបង្ហាញចេញមកខុសៗគ្នាក៏ដោយ ក៏ប៉ុន្តធម្មជាតិរបស់ពួកគេ គឺដូចគ្នាតែមួយទេ។ ពួកគេសុទ្ធតែមនុស្សពុករលួយដែលទាស់ទទឹងនឹងព្រះជាម្ចាស់ទាំងអស់។ ប្រសិនបើអ្នកតែងផ្ដោតសំខាន់លើកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ប្រសិនបើអ្នកឱ្យតម្លៃលើរបស់ទាំងនេះខ្ពស់ខ្លាំងពេក ប្រសិនបើរបស់ទាំងនេះគ្រប់គ្រងលើចិត្តអ្នក ហើយប្រសិនបើអ្នកគ្មានឆន្ទៈលះបង់អ្វីទាំងនេះចោលទេ នោះអ្នកនឹងត្រូវរបស់ទាំងនេះគ្រប់គ្រង និងចងអ្នកជាប់មិនខាន។ អ្នកនឹងក្លាយទៅជាទាសកររបស់វា ហើយចុងក្រោយ វានឹងបំផ្លាញអ្នកខ្ទេចគ្មានសល់នោះទេ។ អ្នកត្រូវតែរៀនលះបង់ និងរៀនទុករបស់ទាំងនេះចោលមួយឡែក ដើម្បីណែនាំអ្នកដទៃ និងដើម្បីឱ្យពួកគេលេចធ្លោ។ កុំខំតស៊ូ ឬប្រញាប់កេងចំណេញពីឱកាសដើម្បីបានលេចធ្លោ ឬរះឡើងឱ្យសោះ។ អ្នកត្រូវតែអាចទុកអ្វីៗទាំងនេះចោលមួយឡែក តែអ្នកមិនត្រូវពន្យារពេលក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ចូរធ្វើជាមនុស្សដែលសម្ងំធ្វើការមិនឱ្យគេដឹង ហើយមិនត្រូវអតសំញែងដាក់អ្នកដទៃ នៅពេលអ្នកកំពុងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភក្ដីភាពឡើយ។ កាលណាអ្នកអាចលះបង់អំនួតនិងឋានៈរបស់អ្នកបានកាន់តែច្រើន ហើយកាលណាអ្នកអាចលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកបានកាន់តែច្រើន នោះអ្នកនឹងកាន់តែមានអារម្មណ៍ស្ងប់ ហើយចិត្តរបស់អ្នកនឹងកាន់តែមានពន្លឺ ហើយសភាពរបស់អ្នកក៏នឹងកាន់តែប្រសើរឡើងដែរ។ កាលណាអ្នកខំតស៊ូ និងប្រកួតប្រជែងកាន់តែខ្លាំង នោះសភាពរបស់អ្នកនឹងកាន់តែងងឹតទៅៗ។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ សាកល្បងមើលចុះ! ប្រសិនបើអ្នកចង់កែប្រែសភាពពុករលួយនេះ ហើយមិនឱ្យអ្វីទាំងនេះគ្រប់គ្រងអ្នកបាន អ្នកត្រូវតែស្វែងរកសេចក្ដីពិត និងយល់ឱ្យបានច្បាស់ពីសារជាតិនៃអ្វីទាំងនេះ ហើយបន្ទាប់មក ត្រូវទុកអ្វីទាំងនេះមួយឡែក ហើយលះបង់វាចោល។ បើមិនដូច្នោះទេ ប្រសិនបើអ្នកខំតស៊ូកាន់តែខ្លាំង នោះចិត្តរបស់អ្នកនឹងកាន់តែងងឹតខ្លាំងឡើង ហើយអ្នកនឹងកាន់តែមានចិត្តច្រណែន និងចិត្តស្អប់ខ្លាំងឡើង ហើយបំណងប្រាថ្នារបស់អ្នកចង់បានអ្វីទាំងនេះ នឹងកាន់តែរីកធំខ្លាំងឡើងៗ។ កាលណាបំណងប្រាថ្នារបស់អ្នកចង់បានរបស់ទាំងនេះកាន់តែខ្លាំង នោះអ្នកនឹងកាន់តែមិនអាចទទួលបានរបស់ទាំងនេះ ហើយនៅពេលដែលរឿងនេះកើតឡើង នោះចិត្តស្អប់របស់អ្នកនឹងកើនឡើង។ នៅពេលដែលចិត្តស្អប់របស់អ្នកកើនឡើង នោះក្នុងខ្លួនរបស់អ្នកនឹងកាន់តែងងឹតទៅៗ។ នៅពេលក្នុងខ្លួនអ្នកកាន់តែងងឹតទៅៗ នោះអ្នកនឹងបំពេញភារកិច្ចមិនបានល្អ ហើយកាលណាអ្នកបំពេញភារកិច្ចមិនបានល្អ នោះអ្នកនឹងកាន់តែលែងសូវមានប្រយោជន៍នៅក្នុងដំណាក់ព្រះជាម្ចាស់ទៀតហើយ។ នេះគឺជាវដ្ដមួយដ៏សែនអាក្រក់ និងប្រទាក់ក្រឡាគ្នា។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់ខ្លួនមិនបានល្អទេ នោះអ្នកនឹងត្រូវផាត់ចោលបន្ដិចម្ដងៗមិនខាន។

ដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងខ្លួនបុគ្គលម្នាក់ និងបំផ្លាស់បំប្រែសភាពអកម្មជាច្រើនរបស់ពួកគេ បុគ្គលនោះត្រូវតែសហប្រតិបត្តិការ និងស្វែងរកយ៉ាងសកម្ម ត្រូវរងទុក្ខជាច្រើន ត្រូវលះបង់តម្លៃ លះបង់អ្វីៗ និងលះបង់សាច់ឈាម ដោយកែប្រែផ្លូវដើររបស់ពួកគេបន្តិចម្ដងៗ។ ដើម្បីសម្រេចបានលទ្ធផលនេះ និងដើម្បីឱ្យពួកគេអាចបោះជំហាននៅលើផ្លូវត្រឹមត្រូវបាន គឺត្រូវការចំណាយពេលយូរណាស់ ប៉ុន្តែដើម្បីឱ្យព្រះជាម្ចាស់លាតត្រដាងពីនរណាម្នាក់ គឺត្រូវការពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ប្រសិនបើអ្នកពុំបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អទេ ប៉ុន្តែតែងតែព្យាយាមក្លែងបន្លំខ្លួន ហើយតែងតែព្យាយាមប្រកួតប្រជែងដណ្ដើមឋានៈ ដើម្បីបានលេចធ្លោ និងរះត្រដែតឡើង ដោយប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់អ្នក ការរស់នៅក្នុងសភាពបែបនេះ តើអ្នកមិនមែនគ្រាន់តែជាអ្នកស៊ីឈ្នួលទេឬអី? អ្នកអាចបម្រើបាន ប្រសិនបើអ្នកចង់ ប៉ុន្តែអ្នកអាចនឹងត្រូវគេលាតត្រដាង នៅមុនពេលដែលការបម្រើរបស់អ្នកបានចប់។ នៅពេលមនុស្សត្រូវគេលាតត្រដាង នោះថ្ងៃដែលពួកគេត្រូវថ្កោលទោស និងផាត់ចោល ក៏នឹងចូលមកដល់។ តើអាចកែប្រែលទ្ធផលនោះបានដែរឬទេ? មិនងាយស្រួលនោះទេ។ អាចថាព្រះជាម្ចាស់បានកំណត់ពីលទ្ធផលរបស់ពួកគេរួចជាស្រេចហើយ ដែលក្នុងករណីនេះ ពួកគេកំពុងមានបញ្ហាហើយ។ ជាទូទៅ មនុស្សតែងប្រព្រឹត្តអំពើរំលង បង្ហាញចេញនិស្ស័យពុករលួយ និងប្រព្រឹត្តកំហុសតូចតាចជាច្រើន ឬពួកគេធ្វើតាមបំណងអាត្មានិយមរបស់ខ្លួន ពេលពួកគេនិយាយ ពួកគេមានគោលបំណងផ្ទាល់ខ្លួននិងលេងល្បិច ប៉ុន្តែឱ្យតែពួកគេពុំបង្អាក់ ឬរំខានដល់កិច្ចការពួកជំនុំ ឬបង្កភាពរញ៉េរញ៉ៃខ្លាំង ឬប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ឬបង្កលទ្ធផលអាក្រក់ជាក់ស្ដែង នោះពួកគេនឹងនៅតែមានឱកាសប្រែចិត្តដដែល។ ប៉ុន្តែ ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់ខ្លាំងមួយចំនួន ឬបង្កគ្រោះមហន្តរាយធំណាមួយ តើពួកគេនៅតែអាចសង្គ្រោះខ្លួនឯងបានដែរឬទេ? បុគ្គលដែលជឿលើព្រះជាម្ចាស់ ហើយបំពេញភារកិច្ចធ្លាក់ដល់ចំណុចនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់។ ប្រៀបដូចជាប្ដីប្រពន្ធរៀបការរួច រស់នៅក្នុងជីវិតរួមគ្នាដូច្នោះដែរ។ ប្រសិនបើមានការមិនចុះសម្រុងគ្នារវាងពួកគេទាំងពីរបន្តិចបន្តួច ហើយជួលកាល ពួកគេនិយាយអ្វីដែលធ្វើឱ្យម្នាក់ទៀតឈឺចាប់ នោះពួកគេអាចរស់នៅជាមួយគ្នាបាន លុះត្រាតែពួកគេមានការអត់ធ្មត់ដាក់គ្នាទៅវិញទៅមក។ ប៉ុន្តែប្រសិនបើក្នុងចំណោមពួកគេទាំងពីរ មានម្នាក់ណាមានសហាយ ដូច្នេះមិនថាបែបណាទេ ដៃគូម្ខាងទៀតមិនអាចឱ្យអ្នកមានសហាយនោះមកជុំគ្នាវិញបានឡើយ ហើយប្រសិនបើម្នាក់នោះមិនព្រមត្រឡប់មកវិញទេ តើពួកគេទាំងពីរអាចបន្តរស់នៅជាមួយគ្នាបានដែរឬទេ? ការដែលអត់ធ្មត់ចំពោះបុគ្គលបែបនោះ នឹងគ្មានបានប្រយោជន៍អ្វីឡើយ គឺគ្មានបានការទេ។ អាពាហ៍ពិពាហ៍បែបនេះ គឺបែកបាក់ហើយ អ្វីដែលពួកគេអាចធ្វើបានគឺត្រូវលែងលះគ្នា។ ប្រសិនបើមនុស្សពីរនាក់ដើរដល់ចំណុចនេះ ពេលនោះ ទោះបីជាពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយក៏ដោយ ក៏ចំណងអាពាហ៍ពិពាហ៍របស់ពួកគេមានត្រឹមតែឈ្មោះប៉ុណ្ណោះ។ មិនថាពួកគេលែងលះគ្នាឬអត់ គឺគ្មានអ្វីខុសគ្នាឡើយ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ បំពេញភារកិច្ចរបស់អ្នក ហើយអ្នកបានដើរមកដល់ចំណុចដូចគ្នានេះ នៅពេលអ្នកខកឱកាសក្នុងការដេញតាមសេចក្ដីពិត និងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយដួងចិត្តរបស់អ្នករឹងដូចថ្ម អ្នកមិនដែលប្រែចិត្ត ឬត្រឡប់ក្រោយ ហើយអ្នកបន្តមានះដេញតាមឋានៈ ដោយពុំទទួលយកសេចក្ដីពិតសូម្បីបន្តិចណានោះ ដូច្នេះ ទោះព្រះជាម្ចាស់បានប្រទានឱកាសដល់អ្នកច្រើនប៉ុនណា មិនយូរមិនឆាប់ទេ ក៏គង់មានថ្ងៃណាមួយដែលអ្នកនឹងត្រូវលាតត្រដាង និងផាត់ចោលមិនខាន។ ភាគច្រើន បញ្ហាអ្វីមួយ ឬស្ថានភាពណាមួយ ឬពាក្យសម្ដីឬអាកប្បកិរិយាណាមួយ នឹងលាតត្រដាងអ្នកទាំងស្រុងមិនខាន។ ហេតុនេះហើយ ប្រសិនបើមនុស្សណាម្នាក់ពុំទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬទទួលបានសេចក្ដីពិតទេ ប្រសិនបើពួកគេតែងជាប់ចំណង ឬគ្រប់គ្រងដោយសេចក្ដីពុករលួយរបស់ខ្លួន ដោយនិស្ស័យបែបសាតាំង ប្រសិនបើពួកគេរស់នៅក្នុងគោលបំណងនិងបំណងប្រាថ្នាអាត្មានិយមគ្រប់បែបយ៉ាង ហើយមិនអាចងើបចេញផុតពីរបស់ទាំងនេះបាន នោះពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ មិនយូរមិនឆាប់ទេ ពួកគេនឹងត្រូវជំពប់ដួល ហើយត្រូវលាតត្រដាងមិនខាន។ ប្រហែលអ្នកមិនទាន់ជំពប់ដួលនៅឡើយទេ ប៉ុន្តែនោះពុំមានន័យថា អ្នកនឹងមិនជំពប់ដួលនៅពេលក្រោយទៀតនោះទេ។ ប្រហែលពេលនេះ អ្នកនៅអាចបំពេញភារកិច្ចរបស់អ្នកបាន ប្រហែលអ្នកនៅមានឆន្ទៈខ្លះក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងរងការលំបាក ប្រហែលអ្នកមានឆន្ទៈក្នុងការដេញដើម្បីឱ្យអ្នកត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ប៉ុន្តែនោះពុំមែនជាការជំនួសការយល់ដឹងអំពីសេចក្ដីពិតឡើយ ឬដើម្បីបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ ក៏ពុំមានន័យថា អ្នកនឹងមិនជំពប់ដួលនៅពេលក្រោយ ឬថាអ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដែរ។ មនុស្សមួយចំនួនជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែពុំយល់ពីសេចក្ដីពិតបន្តិចណាសោះឡើយ។ ទស្សនៈយល់ឃើញរបស់ពួកគេចំពោះអ្វីៗ នៅតែដូចគ្នានឹងអ្នកមិនជឿដដែល។ នៅពេលពួកគេឃើញអ្នកដឹកនាំក្លែងក្លាយនិងពួកទទឹងនឹងព្រះគ្រីស្ទត្រូវគេលាតត្រដាងនិងផាត់ចោល ពួកគេគិតថា៖ «ការជឿលើព្រះជាម្ចាស់ ការដើរតាមព្រះជាម្ចាស់ ការរស់នៅចំពោះព្រះជាម្ចាស់ គឺប្រៀបដូចជាការដើរនៅលើផ្ទាំងទឹកកកដ៏ស្ដើងរហៀរ! ប្រៀបដូចជាការរស់នៅលើចុងកាំបិត!» ហើយអ្នកខ្លះទៀតនិយាយថា៖ «ការធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការ និងការបម្រើព្រះជាម្ចាស់ គឺគ្រោះថ្នាក់ខ្លាំងណាស់។ គឺមិនខុសពីសម្ដីមនុស្សថា៖ 'នៅក្បែរស្ដេច គឺគ្រោះថ្នាក់ដូចជាដេកក្បែរខ្លាអ៊ីចឹង។' ប្រសិនបើអ្នកធ្វើ ឬនិយាយអ្វីខុស នោះអ្នកនឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងត្រូវផាត់ចោល និងដាក់ទោសមិនខាន!» តើសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? តើឃ្លាថា «ការដើរនៅលើផ្ទាំងទឹកកកដ៏ស្ដើងរហៀរ» និង «ការរស់នៅលើចុងកាំបិត» មានន័យដូចម្ដេច? ឃ្លាទាំងពីរនេះមានន័យថា មានគ្រោះថ្នាក់ខ្លាំង មានគ្រោះថ្នាក់ខ្លាំងគ្រប់ពេលវេលា ហើយថា ការធ្វេសប្រហែសតែបន្តិច នឹងនាំទៅដល់ការបាត់បង់ឋានៈរបស់ពួកគេ។ «នៅក្បែរស្ដេច គឺគ្រោះថ្នាក់ដូចជាដេកក្បែរខ្លាអ៊ីចឹង» គឺជាពាក្យសម្ដីពេញនិយមក្នុងចំណោមអ្នកមិនជឿ។ វាមានន័យថា ការរស់នៅក្បែរស្ដេចអាក្រក់ គឺគ្រោះថ្នាក់ខ្លាំងណាស់។ ប្រសិនបើមនុស្សយកពាក្យស្លោកនេះមកអនុវត្តនៅក្នុងការបម្រើព្រះ តើពួកគេមានកំហុសត្រង់ណា? ការប្រៀបធៀបស្ដេចអាក្រក់ទៅនឹងព្រះជាម្ចាស់ ទៅនឹងព្រះជាម្ចាស់ដែលបង្កើតរបស់សព្វសារពើ តើនេះមិនមែនជាការប្រមាថដល់ព្រះជាម្ចាស់ទេឬអី? នោះគឺជាបញ្ហាធ្ងន់ធ្ងរណាស់។ ព្រះជាម្ចាស់គឺជាព្រះដ៏បរិសុទ្ធនិងសុចរិត។ ការដែលមនុស្សគួរត្រូវដាក់ទោសព្រោះទាស់ទទឹងនឹងព្រះជាម្ចាស់ ឬព្រោះប្រទូស្តនឹងទ្រង់ គឺត្រូវបានរើសតាំងដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី។ សាតាំងនិងអារក្ស ពុំមានសេចក្ដីពិតសូម្បីមួយចម្រៀកណាឡើយ។ ពួកគេស្មោកគ្រោក អាក្រក់ ពួកគេកាប់សម្លាប់មនុស្សស្លូតត្រង់ និងលេបត្របាក់មនុស្ស។ តើឱ្យព្រះជាម្ចាស់ពេញព្រះទ័យនឹងពួកគេយ៉ាងដូចម្ដេចកើតទៅ? ហេតុអ្វីបានជាមនុស្សបំភ្លៃការពិត និងមួលបង្កាច់ព្រះជាម្ចាស់? នេះគឺជាការប្រមាថដល់ព្រះជាម្ចាស់ធ្ងន់ធ្ងរខ្លាំងណាស់! នៅពេលមនុស្សខ្លះដែលតែងតែអកម្ម ហើយពុំបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់ ទទួលនូវការលួសកាត់និងការដោះស្រាយជាមួយ ពួកគេបារម្ភថា ពួកគេនឹងត្រូវផាត់ចោល ហើយពួកគេតែងតែគិតក្នុងចិត្តថា៖ «ការជឿលើព្រះជាម្ចាស់ គឺពិតជាដូចការដើរនៅលើផ្ទាំងទឹកកកដ៏ស្ដើងរហៀរមែន! ឱ្យតែអ្នកធ្វើអ្វីខុស នោះអ្នកនឹងត្រូវគេដោះស្រាយជាមួយ។ ឱ្យតែគេកំណត់ថា អ្នកគឺជាអ្នកដឹកនាំក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកនឹងត្រូវដកចេញ ហើយផាត់ចោលមិនខាន។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ការដែលព្រះជាម្ចាស់ក្រោធខឹង គឺមិនមែនជារឿងមិនធម្មតាអ្វីទេ ហើយនៅពេលដែលមនុស្សបានធ្វើរឿងអាក្រក់ពីរបីហើយ នោះត្រឹមពាក្យសម្ដីមួយម៉ាត់ ក៏ផាត់ពួកគេចោល។ មិនបានផ្ដល់ឱកាសណាមួយដើម្បីឱ្យពួកគេប្រែចិត្តសោះ»។ តើអ្វីៗពិតជាដូច្នោះមែនទេ? តើដំណាក់របស់ព្រះជាម្ចាស់ ពិតជាមិនផ្ដល់ឱកាសណាមួយដើម្បីឱ្យមនុស្សប្រែចិត្តមែនទេ? (មិនពិតនោះទេ។) ពួកមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវគេបណ្ដេញចេញ ដោយសារតែពួកគេបានប្រព្រឹត្តអំពើអាក្រក់ច្រើនបែបច្រើនយ៉ាង ហើយត្រូវបានលួសកាត់និងដោះស្រាយជាមួយ ហើយទោះបីជាមានការដាស់តឿនម្ដងហើយម្ដងទៀតក៏ពិតមែន ក៏ប៉ុន្តែពួកគេនៅតែមិនព្រមផ្លាស់ប្ដូរផ្លូវរបស់ពួកគេដដែល។ តើមនុស្សដែលគិតបែបនេះ មានបញ្ហាអ្វី? ពួកគេកំពុងរកលេសដោះសាក្លែងក្លាយដើម្បីខ្លួនពួកគេ។ ពួកគេមិនបានស្វែងរកសេចក្ដីពិតទេ ហើយពួកគេក៏ពុំបានផ្ដល់ការបម្រើឱ្យបានត្រឹមត្រូវដែរ ហើយដោយសារពួកគេខ្លាចត្រូវគេបណ្ដេញចេញនិងផាត់ចោល ទើបពួកគេរអ៊ូរទាំជាខ្លាំង និងផ្សាយពីសញ្ញាណរបស់ពួកគេ។ ច្បាស់ណាស់ថា ពួកគេមានភាពជាមនុស្សមិនល្អ ហើយពួកគេតែងធ្វេសប្រហែស និងធ្វើការឱ្យតែរួចពីរដៃ ព្រមទាំងអកម្ម និងខ្ជិលច្រអូសក្នុងការងារផង។ ពួកគេខ្លាចត្រូវលាតត្រដាង និងផាត់ចោល ដូច្នេះ ពួកគេទម្លាក់ការស្ដីបន្ទោសគ្រប់យ៉ាងទៅលើពួកជំនុំ និងទៅលើព្រះជាម្ចាស់។ តើរឿងនេះមានលក្ខណៈបែបណា? នោះគឺជាការវិនិច្ឆ័យលើព្រះជាម្ចាស់ ជាការរអ៊ូរទាំអំពីទ្រង់ ហើយជាការទាស់ទទឹងនឹងទ្រង់។ សម្ដីទាំងអស់នេះ គឺជាពាក្យកុហកច្បាស់ក្រឡែត ហើយជាការអះអាងខុសទំនងខ្លាំងបំផុត។ ការពិតដែលមនុស្សទាំងនេះអាចនិយាយពាក្យអស់នេះបាន គឺសបញ្ជាក់ឱ្យឃើញថា ទោះបីពួកគេជឿលើព្រះជាម្ចាស់ច្រើនឆ្នាំក៏ដោយ ក៏ពួកគេមិនដែលដេញតាមសេចក្ដីពិតទាល់សោះដែរ។ មានតែបែបនេះទេ ទើបធ្វើឱ្យពួកគេធ្លាក់ទៅដល់ថ្នាក់វិនិច្ឆ័យព្រះជាម្ចាស់ ទាស់ទទឹងនឹងទ្រង់ និងប្រមាថដល់ទ្រង់។ វាជាភស្តុតាងបញ្ជាក់ថា អស់អ្នកណាដែលតែងអកម្ម ហើយពុំដេញតាមសេចក្ដីពិត អ្នកនោះកំពុងរស់នៅក្នុងគ្រោះថ្នាក់យ៉ាងប្រាកដ។ ដូច្នេះ តើអ្នកជឿលើព្រះជាម្ចាស់គួរអនុវត្តបែបណាដើម្បីធ្វើឱ្យខ្លួនពួកគេមានសុវត្ថិភាព និងរំដោះខ្លួនឱ្យមានសេរីភាពពីកាលៈទេសៈគ្រោះថ្នាក់ទាំងនេះ? គន្លឹះសំខាន់គឺត្រូវដើរនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត។ ប្រសិនបើមនុស្សអាចយល់ពីសេចក្ដីពិតបានខ្លះ ប្រសិនបើពួកគេអាចចុះចូលនឹងព្រះជាម្ចាស់នៅកម្រិតធម្មតាបំផុតបាន នោះពួកគេនឹងមានសុវត្ថិភាពនិងក្ដីសុខសាន្តហើយ។ អស់អ្នកណាដែលពុំដេញតាមសេចក្ដីពិត ដែលពុំមានតថភាពនៃសេចក្ដីពិត ហើយអកម្មជារឿយៗ នោះពួកគេតែងស្ថិតក្នុងគ្រោះថ្នាក់នៃការផាត់ចោលជានិច្ច។ មនុស្សដែលមានចិត្តនឿយណាយនឹងសេចក្ដីពិត ដែលតែងមានអារម្មណ៍ថា ការអនុវត្តសេចក្ដីពិតគឺពិបាកខ្លាំង ឬជាការល្ងង់ខ្លៅ អ្នកនោះជាមនុស្សដែលស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងបំផុត។ មិនយូរមិនឆាប់ទេ ពួកគេនឹងត្រូវលាតត្រដាង ហើយផាត់ចោលមិនខាន។

មិនខ្វល់ថាបុគ្គលនោះជាមនុស្សបោកបញ្ឆោត ឬជាមនុស្សគ្មានឧបាយកលនិងស្មោះត្រង់ខ្លាំងប៉ុនណាទេ ក៏គោលបំណង បំណងប្រាថ្នា និងភាពមិនបរិសុទ្ធរបស់មនុស្ស ច្រើនឬតិច គឺមានដូចតែគ្នាទេ។ ប្រសិនបើអ្នករាល់គ្នាអាចផ្លាស់ប្ដូរផ្លូវដើររបស់អ្នកបាន កម្ចាត់បង់នូវសភាពពុករលួយទាំងនេះ ហើយយ៉ាងហោចណាស់ ក៏បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ នោះអ្នកនឹងមានលក្ខណៈដូចជាមនុស្សហើយ។ ប្រសិនបើអ្នកស្ពាយជាប់តាមខ្លួននូវគោលបំណងផ្ទាល់ខ្លួន ការជំរុញលើកទឹកចិត្ត និងបំណងប្រាថ្នា នៅពេលអ្នកកំពុងបំពេញភារកិច្ច នោះអ្នកមុខជាបង្កឱ្យមានការភ្លាំងភ្លាត់និងកំហុសមិនខាន ហើយអ្នកមុខជាពិបាកនឹងដោះស្រាយបញ្ហាទៅតាមគោលការណ៍ ឬបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ណាស់។ នេះគឺដោយសារមនុស្សធ្វេសប្រហែសខ្លាំងពេក និងធ្វើការឱ្យតែរួចពីដៃ ហើយមានភាពមិនបរិសុទ្ធជាច្រើន។ ប្រសិនបើអ្នកចង់បំពេញភារកិច្ចឱ្យបានល្អ ដំបូងអ្នកត្រូវដោះស្រាយគោលបំណងនិងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ ពេលនោះ សភាពនៅក្នុងខ្លួនអ្នកនឹងផ្លាស់ប្ដូរបន្តិចម្ដងៗ ផ្នត់គំនិតរបស់អ្នកនឹងបានប្រសើរ ធាតុសកម្មនៅក្នុងខ្លួនអ្នកនឹងកើនឡើង ភាពមិនបរិសុទ្ធរបស់អ្នកនឹងកាត់បន្ថយ ដួងចិត្តរបស់អ្នកនឹងកាន់តែបរិសុទ្ធនិងធម្មតាជាងមុន ហើយអ្នកនឹងចង់ត្រឹមបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អដើម្បីបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ប៉ុណ្ណោះ។ បែបនោះ អ្នកនឹងមិនងាយត្រូវគំនិតនិងទស្សនៈបែបសាតាំង ឬទស្សនៈវិជ្ជាសម្រាប់ការរស់នៅ គ្រប់គ្រងបានឡើយ។ អ្នកនឹងទទួលបានការដោះលែង និងសេរីភាពដោយឯកឯង ហើយគ្រប់យ៉ាងដែលអ្នកធ្វើ នឹងមានភាពងាយស្រួល និងគួរជាទីពេញចិត្ត។ ដូចនៅពេលមនុស្សកំពុងដើរអ៊ីចឹង ប្រសិនបើពួកគេរែកពុនបន្ទុកច្រើនពេក នោះការដើរនឹងហត់អស់កម្លាំងណាស់ ហើយពួកគេនឹងដើរកាន់តែយឺតទៅៗ រហូតដល់ពួកគេដួលចុះ និងអស់កម្លាំងទៅមុខលែងរួច។ ប្រសិនបើពួកគេទម្លាក់ចុះបន្ទុកទាំងនោះចោល នោះពួកគេនឹងអាចដើរទៅបានកាន់តែស្រួលជាងមុនច្រើន ហើយពួកគេក៏នឹងមានអារម្មណ៍ទទួលបានការដោះលែង និងមានសេរីភាពដែរ។ អ្នករាល់គ្នាគួរសរសេរកំណត់ត្រា ឬអត្ថបទទីបន្ទាល់អំពីទិដ្ឋភាពណាមួយដែលអ្នករាល់គ្នាទទួលបានការដោះលែង និងសេរីភាព។ អ្នកគួរសរសេរអំពីរបៀបដែលអ្នកស្វែងរកសេចក្ដីពិត និងដាក់ចុះបន្ទុករបស់អ្នក នៅពេលមានរឿងអ្វីកើតឡើងចំពោះអ្នក និងគោលបំណងផ្ទាល់ខ្លួន និងការជំរុញលើកទឹកចិត្តមួយណាដែលអ្នកបានលះបង់ ហើយតើអ្នកទទួលបានការបំភ្លឺបែបណា ហើយតើអ្នកទទួលបានអារម្មណ៍ល្អបែបណា។ ចូរសរសេរពីសភាពនិងចំណេះដឹងទាំងនេះ។ នេះគឺជាទីបន្ទាល់បទពិសោធ ហើយវាមានប្រយោជន៍ច្រើនចំពោះខ្លួនអ្នកផង និងចំពោះអ្នកដទៃផង។ បែបនេះ បទពិសោធរបស់អ្នកនឹងកើនឡើង ការយល់ដឹងពីសេចក្ដីពិតរបស់អ្នក នឹងបានប្រសើរឡើង ហើយថ្ងៃនៃការដោះលែង និងសេរីភាពរបស់អ្នក នឹងបានកើនឡើងច្រើន។ អ្នកនឹងក្លាយជាមនុស្សមានសេរីភាព ក្លាយជាមនុស្សដូចយ៉ូបដែរ។ ហេតុអ្វីបានជាយ៉ូបអាចនិយាយសម្ដីដ៏ល្បីល្បាញថា៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១) បានងាយស្រួលអ្វីខ្លាំងម្ល៉េះ? តើគាត់អាចនិយាយបានងាយបែបនេះត្រឹមពេលមួយយប់ឬ? មិនអាចជាដាច់ខាត។ ពាក្យសម្ដីទាំងនេះ គឺជាការផ្សែផ្សំពីបទពិសោធជាច្រើនថ្ងៃ ច្រើនឆ្នាំ និងច្រើនទសវត្សរ៍។ សម្ដីទាំងនោះគឺជាផលផ្លែចេញពីការប្រមូលផ្ដុំបទពិសោធជីវិតរាប់ទសវត្សរ៍។ ការទទួលបានសេចក្ដីពិត និងនិយាយពីទីបន្ទាល់ គឺមិនមែនជាបញ្ហាធម្មតាឡើយ។ វិធីតែមួយគត់ដើម្បីទទួលបានលទ្ធផលនៅក្នុងជំនឿរបស់បុគ្គលម្នាក់លើព្រះជាម្ចាស់ គឺត្រូវដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត។ បន្ទាប់ពីលះបង់ការដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ នោះអ្វីៗនឹងកាន់តែងាយស្រួលសម្រាប់អ្នក។ អ្នកនឹងងាយស្រួលក្នុងការចាប់ផ្ដើមដើរនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត។ នៅពេលបទពិសោធរបស់អ្នកឈានដល់កម្រិតដែលអ្នកយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាព នោះអ្នកនឹងបានទទួលសេចក្ដីពិត និងទទួលបានការដោះលែង និងសេរីភាពហើយ។ មកដល់ចំណុចនោះ អ្នកនឹងគិតថា អ្នកបានទទួលអ្វីៗយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈការដើរតាមព្រះគ្រីស្ទ និងការដេញតាមសេចក្ដីពិត។ ដើម្បីទទួលបានសេចក្ដីពិត អ្នកនឹងត្រូវលះបង់ការដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈរបស់អ្នក និងលះបង់ការជាប់ជំពាក់ដោយកិច្ចការគ្រួសាររបស់អ្នក។ អ្នកនឹងបានដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក អ្នកនឹងបានយល់ពីសេចក្ដីពិតបន្តិចម្ដងៗ និងបានមើលធ្លុះពីរឿងរ៉ាវជាច្រើន។ អ្នកនឹងមិនត្រូវសាតាំងធ្វើឱ្យវង្វេង ឬជាប់ចំណងសាតាំងម្ដងទៀតឡើយ។ ការទទួលបានសេចក្ដីពិតនិងជីវិត គឺជារឿងមានតម្លៃបំផុត។ សេចក្ដីពិត គឺជាអ្វីដែលមានតម្លៃឱ្យអ្នកស្រឡាញ់ខ្លាំងបំផុត។ នៅពេលដែលអ្នកយល់ថា សេចក្ដីពិតគឺជារបស់មានតម្លៃបំផុត នោះអ្នកនឹងដឹងថា កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ ឋានៈ មាសប្រាក់ មុខមាត់ និងកិត្តិយស គឺគ្មានតម្លៃអ្វីឡើយ ហើយអ្វីៗទាំងអស់នេះ បានធ្វើឱ្យអ្នកមានគ្រោះថ្នាក់រហូតមក។ ហេតុនេះ អ្នកនឹងប្រែជាស្អប់ និងបដិសេធអ្វីៗទាំងនេះ ហើយនឹងអាចលះបង់វាបាន។ វាពិតជាមានន័យខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនដែលមិនអាចកាត់ផ្ដាច់ចំណងនៃកេរ្តិ៍ឈ្មោះនិងឋានៈនេះបានដែរ។ ពេញមួយថ្ងៃ ពួកគេប្រឹងគិត និងប្រឹងប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈជាមួយអ្នកដទៃ។ ពួកគេថែមទាំងខឹងនិងទាស់ទែងគ្នាអំពីរឿងមុខមាត់និងកិត្តិយសខ្លះទៀតផង។ ពួកគេពុំស្វែងរកសេចក្ដីពិតទេ ហើយពួកគេក៏ពុំយកគំនិតទៅគិតអំពីបំណងព្រះហឫទ័យព្រះជាម្ចាស់ដែរ។ ពួកគេចាត់ទុកកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈធំជាងអ្វីៗទាំងអស់ ហេតុដូច្នេះហើយ ទើបពួកគេខំប្រឹងខ្នះខ្នែងរាប់សិបឆ្នាំដើម្បីតែរឿងទាំងអស់នេះ ដោយពុំមានតថភាពនៃសេចក្ដីពិតសូម្បីបន្តិចណាសោះឡើយ។ មិនថាពួកគេបំពេញភារកិច្ចអ្វីនោះទេ ពួកគេធ្វើមិនបានល្អទេ ហើយពួកគេលះបង់ឆ្នាំដ៏ល្អបំផុតនៅក្នុងជីវិតរបស់ពួកគេចោល។ នេះគឺជាសភាពដ៏គួរឱ្យឈឺចាប់បំផុតរបស់អ្នកដែលមិនដេញតាមសេចក្ដីពិត។ ពេលមនុស្សទាំងនេះជឿលើព្រះជាម្ចាស់របៀបនេះ ពួកគេធ្វេសប្រហែស ធ្វើការឱ្យតែរួចពីដៃ។ រយៈពេលដប់ឬម្ភៃឆ្នាំបានកន្លងផុតទៅ ហើយពួកគេនៅតែមិនទទួលបានសេចក្ដីពិតនិងជីវិតទៀត ហើយពួកគេនៅតែមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដដែល។ នៅពេលដែលគ្រោះមហន្តរាយមកដល់ ពួកគេនឹងមានការភ្ញាក់ផ្អើលខ្លាំង មិនដឹងថាថ្ងៃណាពួកគេនឹងត្រូវស្លាប់នៅក្នុងគ្រោះមហន្តរាយនោះទេ ហើយដល់ពេលនោះ ស្ដាយក្រោយ នឹងយឺតពេលមិនខាន។ ហេតុនេះហើយ មិនយូរមិនឆាប់ទេ អ្នកដែលជឿលើព្រះជាម្ចាស់ តែមិនដេញតាមសេចក្ដីពិត គង់នឹងមានថ្ងៃស្ដាយក្រោយទេ។ ពេលនេះ នៅមានមនុស្សជាច្រើនដែលនៅតែដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈទាំងងងឹតងងុលដដែល ហើយនៅពេលដែលពួកគេត្រូវដោះស្រាយជាមួយនិងត្រូវលួសកាត់ ពួកគេមានអារម្មណ៍ថា ពួកគេបានទទួលរងនូវការអាម៉ាស់យ៉ាងខ្លាំងបំផុត។ ពួកគេខំប្រឹងយ៉ាងខ្លាំងដើម្បីរកលេសដោះសានិងការពន្យល់ក្លែងក្លាយដើម្បីខ្លួនពួកគេ ដើម្បីការពារមុខមាត់ និងកិត្តិយសរបស់ខ្លួន។ ពួកគេពុំទទួលយកសេចក្ដីពិតដើម្បីដោះស្រាយនិស្ស័យពុករលួយផ្ទាល់ខ្លួនឡើយ ហើយពួកគេនៅតែចាត់ទុកកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈធំជាងអ្វីៗទាំងអស់។ មនុស្សប្រភេទនេះ រស់នៅក្នុងជីវិតដ៏គួរឱ្យអាណិតខ្លាំងណាស់! ពួកគេជាមនុស្សល្ងីល្ងើនិងល្ងង់ខ្លៅបំផុត!

ពេលនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន ដើម្បីដកពិសោធន៍ពីរបៀបកម្ចាត់នូវនិស្ស័យពុករលួយរបស់ខ្លួន របៀបទទួលបានការណែនាំពីព្រះជាម្ចាស់ របៀបបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះស្ម័គ្រ របៀបបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ របៀបបំពេញទំនួលខុសត្រូវរបស់អ្នក និងជៀសវាងការធ្វេសប្រហែសនិងបំពេញភារកិច្ចឱ្យតែរួចពីដៃ និងរបៀបលះបង់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ ដើម្បីដកពិសោធន៍ និងទទួលបានចំណេះដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលអ្នកបំពេញភារកិច្ច និងដើម្បីមើលឃើញពីកិច្ចការរបស់ព្រះជាម្ចាស់។ នេះពិតជាឱកាសដ៏ល្អពិតមែន! ថ្ងៃណាមួយ នៅពេលអ្នករាល់បានផ្លាស់ប្ដូរហើយ នោះអ្នកនឹងលែងប្រជែងដណ្ដើមកិត្តិយសនិងឋានៈទៀតហើយ។ មិនថាតម្រូវចង់បានអ្វីពីអ្នករាល់គ្នាទេ នោះអ្នករាល់គ្នានឹងឈប់គិតថា វាពិបាកទៀតឡើយ ហើយអ្វីៗនឹងងាយស្រួលសម្រាប់អ្នកធ្វើមិនខាន។ អ្នកនឹងងាយស្រួលអនុវត្តសេចក្ដីពិត ប្រព្រឹត្តស្របតាមគោលការណ៍ និងមើលធ្លុះពីរឿងរ៉ាវជាច្រើន។ អ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានធម្មតាទាំងស្រុង ហើយអ្នកនឹងលែងស្ថិតក្រោមគំនាបរបស់បុគ្គលណាម្នាក់ ព្រឹត្តិការណ៍អ្វីមួយ ឬរបស់អ្វីទៀតហើយ។ នេះគឺជាការចូលទៅក្នុងតថភាពនៃសេចក្ដីពិតទាំងស្រុង។

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥

ខាង​ដើម៖ ប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់ នោះអ្នកនឹងអាចទទួលបានសេចក្តីពិត

បន្ទាប់៖ ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុក្បែរខ្លួន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ