៥០. តើការដេញតាមចំណេះដឹង អាចធានាបាននូវអនាគតដ៏ល្អមួយដែរឬទេ?
តាំងពីតូចមក ក្រុមគ្រួសារ និងលោកគ្រូអ្នកគ្រូបានប្រាប់ខ្ញុំឱ្យខិតខំរៀនសូត្រ ហើយថា មានតែការចូលរៀននៅសាកលវិទ្យាល័យប៉ុណ្ណោះ ទើបខ្ញុំអាចមានជីវិតដ៏ល្អមួយបាន បើមិនដូច្នោះទេ ខ្ញុំនឹងត្រូវរស់នៅរងទុក្ខ និងក្រីក្រអស់មួយជីវិត។ ដោយឃើញថាគ្រួសារខ្ញុំក្រីក្រ ហើយអ្នកភូមិមើលងាយពួកយើង ខ្ញុំក៏គិតថា បើខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យបាន នោះខ្ញុំអាចរកការងារល្អមួយបាន ហើយពេលនោះ អ្នកភូមិនឹងលែងហ៊ានមើលងាយពួកយើងទៀតហើយ។ ខ្ញុំនឹកឃើញឃ្លាមួយនៅក្នុងសៀវភៅសិក្សាថ្នាក់បឋមសិក្សារបស់ខ្ញុំថា «តាមរយៈការអាន មនុស្សអាចទទួលបានទាំងក្ដីស្រឡាញ់ និងទ្រព្យសម្បត្តិ»។ ខ្ញុំជឿថា បើខ្ញុំខិតខំរៀនសូត្រ ខ្ញុំនឹងទទួលបានចំណេះដឹងយ៉ាងច្រើនពីសៀវភៅ ហើយថា កាលណាខ្ញុំមានចំណេះដឹងកាន់តែច្រើន និងមានការអប់រំកាន់តែប្រសើរ ខ្ញុំនឹងកាន់តែមានទ្រព្យសម្បត្តិ ហើយថា មានតែចំណេះដឹងទេដែលអាចផ្លាស់ប្ដូរវាសនារបស់ខ្ញុំបាន។ ពេលក្រុមគ្រួសារនិយាយប្រាប់ខ្ញុំអំពីការជឿលើព្រះជាម្ចាស់ មាត់ខ្ញុំយល់ព្រម តែក្នុងចិត្តខ្ញុំគិតថា៖ «ពេលនេះការរៀនសូត្រគឺជារឿងសំខាន់បំផុត។ ខ្ញុំនឹងជឿឱ្យបានត្រឹមត្រូវ នៅពេលខ្ញុំចូលរៀននៅសាកលវិទ្យាល័យ ហើយមានការងារល្អធ្វើ»។ ដូច្នេះ ខ្ញុំមិនដែលចូលរួមការជួបជុំទេ។ ម្ដងម្កាល ក្រុមគ្រួសារខ្ញុំបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកឱ្យខ្ញុំមើល ប៉ុន្តែខ្ញុំគ្រាន់តែអានវាដូចជាសៀវភៅរឿងប៉ុណ្ណោះ ខណៈពេលដែលចិត្តរបស់ខ្ញុំផ្តោតតែទៅលើការកសាងអនាគតដ៏ត្រចះត្រចង់ តាមរយៈការចូលរៀននៅសាកលវិទ្យាល័យ។
ពេលនោះ លទ្ធផលសិក្សារបស់ខ្ញុំគឺល្អគួរសម ហើយអ្នកភូមិបានសរសើរខ្ញុំថា រៀនពូកែ និងដឹងក្ដី ដោយនិយាយថា ខ្ញុំច្បាស់ជាទទួលបានជោគជ័យមិនខាន។ សាច់ញាតិរបស់ខ្ញុំឧស្សាហ៍លើកទឹកចិត្តខ្ញុំឱ្យខិតខំរៀនសូត្រ ដោយនិយាយថា គ្រួសារយើងច្បាស់ជាមាននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យម្នាក់មិនខាន។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តផង និងភ្ញាក់ផ្អើលផង។ ដោយសារតែគ្រួសារខ្ញុំក្រីក្រ ហើយអ្នកដទៃធ្លាប់តែមើលងាយពួកយើង ខ្ញុំមានអារម្មណ៍ថាខ្លួនឯងតូចទាបណាស់ នៅក្នុងចំណោមអ្នកដទៃ ដូចជាខ្ញុំនៅក្រោមគេទាំងអស់អ៊ីចឹង។ ខ្ញុំនឹកស្មានមិនដល់សោះថា គេឱ្យតម្លៃខ្ញុំដោយសារតែខ្ញុំរៀនបានពិន្ទុល្អ ដូច្នេះ វាហាក់ដូចជាបង្ហាញខ្ញុំថា ការចេះដឹងជ្រៅជ្រះពិតជាអាចទទួលបានការកោតសរសើរពីអ្នកដទៃមែន។ ប៉ុន្តែ បន្ទាប់មក ខ្ញុំគិតថា លទ្ធផលរបស់ខ្ញុំមិនទាន់ល្អបំផុតនៅឡើយទេ ដូច្នេះ ខ្ញុំត្រូវតែជំរុញខ្លួនឯងឱ្យខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ក្រោយមក ខ្ញុំបានចូលរៀននៅវិទ្យាល័យលំដាប់កំពូលប្រចាំស្រុក ហើយខ្ញុំមានជំនឿចិត្តថា ខ្ញុំមានឱកាសច្រើនក្នុងការចូលរៀននៅសាកលវិទ្យាល័យ ហើយដល់ពេលនោះ អ្នកដែលស្គាល់ខ្ញុំច្បាស់ជានឹងមើលមកខ្ញុំក្នុងរូបភាពថ្មីមិនខាន។ ពេលខ្ញុំរៀនដល់ថ្នាក់បញ្ចប់វិទ្យាល័យ លោកគ្រូអ្នកគ្រូឧស្សាហ៍និយាយថា៖ «ការប្រឡងចូលថ្នាក់មហាវិទ្យាល័យ កំណត់ពីភាពខ្ពង់ខ្ពស់នៃជីវិតរបស់អ្នក» «នៅក្នុងសង្គមសព្វថ្ងៃ ការប្រកួតប្រជែងគឺស្វិតស្វាញណាស់ វាគឺជាការរស់រានរបស់អ្នកដែលខ្លាំងពូកែ ហើយមានតែអ្នកដែលចេះសម្របខ្លួនទេ ទើបអាចរស់បាន» និង «បើសិនជាអ្នកមិនខិតខំប្រឹងប្រែងពីក្មេងទេ អ្នកនឹងស្ដាយក្រោយនៅពេលចាស់ទៅ»។ ខ្ញុំបានដឹងថា មានតែការទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យកំពូលទេ ទើបខ្ញុំអាចមានអនាគតល្អបាន ហើយដើម្បីសម្រេចគោលដៅនេះ ខ្ញុំកាន់តែខិតខំរៀនសូត្រខ្លាំងឡើង។ ខ្ញុំឧស្សាហ៍រំលងម៉ោងសម្រាកអាហារថ្ងៃត្រង់ ដើម្បីអង្គុយធ្វើលំហាត់នៅក្នុងថ្នាក់ សូម្បីតែការដើរទៅអាហារដ្ឋាន ក៏ខ្ញុំមានអារម្មណ៍ថាជាការខ្ជះខ្ជាយពេលវេលាដែរ។ សម្រាប់ការប្រឡងម្ដងៗ ខ្ញុំខ្វល់ខ្វាយយ៉ាងខ្លាំងអំពីពិន្ទុ និងចំណាត់ថ្នាក់របស់ខ្ញុំ។ ពេលចំណាត់ថ្នាក់ខ្ញុំឡើង ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ប៉ុន្តែពេលចំណាត់ថ្នាក់ខ្ញុំមិនសូវល្អប្រសើរ ឬធ្លាក់ចុះ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្ត និងខ្វាយខ្វល់យ៉ាងខ្លាំង។ ទោះបីជាខ្ញុំខិតខំរៀនសូត្រក៏ដោយ ក៏ភាគច្រើន ចំណាត់ថ្នាក់របស់ខ្ញុំនៅត្រឹមប្រមាណលេខដប់ពីរ ឬដប់បីប៉ុណ្ណោះ ហើយខ្ញុំពិតជាឈឺចាប់ និងមានសម្ពាធយ៉ាងខ្លាំង។ ប៉ុន្តែខ្ញុំគិតថា លុះត្រាតែខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យបាន ទើបខ្ញុំមានជីវិតដ៏ល្អ ហើយលែងមានគេមើលងាយទៀត ដូច្នេះ ខ្ញុំបន្តខិតខំរៀនសូត្រ ដោយមិនហ៊ានបន្ធូរបន្ថយដៃបន្តិចសោះឡើយ។
បីខែមុនការប្រឡងចូលរៀនថ្នាក់មហាវិទ្យាល័យ មានរឿងមួយបានកើតឡើង ដែលប៉ះពាល់ដល់អារម្មណ៍ខ្ញុំយ៉ាងខ្លាំង។ សាលាបានរៀបចំការប្រឡងសាកល្បងមួយ ហើយមានសិស្សរៀនត្រួតម្នាក់បានធ្លាក់ ដោយសារតែខ្វះពិន្ទុបន្តិចបន្តួចមិនដល់កម្រិតកំណត់សម្រាប់សាកលវិទ្យាល័យលំដាប់កំពូល ហើយចុងក្រោយគាត់ក៏បានលោតសម្លាប់ខ្លួន។ ពេលខ្ញុំឮរឿងនេះ ចិត្តខ្ញុំមិនស្ងប់ទាល់តែសោះ។ ពិន្ទុរបស់គាត់ខ្ពស់ជាងខ្ញុំឆ្ងាយណាស់ ប៉ុន្តែដោយសារតែខ្វះតែប៉ុន្មានពិន្ទុសោះ គាត់ក៏បញ្ចប់ជីវិតរបស់ខ្លួន។ អង្គុយនៅក្នុងថ្នាក់រៀន ខ្ញុំសម្លឹងមើលជុំវិញខ្លួន ឃើញតុដែលពោរពេញទៅដោយគំនរសៀវភៅ និងមិត្តរួមថ្នាក់ដែលកំពុងខិតខំរៀនសូត្រ ស្រាប់តែខ្ញុំមានអារម្មណ៍វង្វេងវង្វាន់យ៉ាងខ្លាំង។ ខ្ញុំនឹកគិតក្នុងចិត្តថា៖ «ជីវិតក្មេងខ្ចីមួយទើបតែត្រូវបានបញ្ចប់ដោយសារតែពិន្ទុបន្តិចបន្តួចសោះ តើវាស័ក្តិសមដែរឬទេ? តើយើងជាសិស្សរស់នៅដើម្បីតែពិន្ទុប៉ុណ្ណោះទេ? តើពិន្ទុពិតជាសំខាន់ជាងជីវិតមែនទេ? តើចំណាត់ថ្នាក់ប្រឡងពិតជាអាចកំណត់វាសនារបស់មនុស្សម្នាក់បានដែរឬទេ? ហេតុអ្វីបានជាគាត់មិនគិតវែងឆ្ងាយជាងនេះ?» ពេលខ្ញុំគិតថា ខ្លួនឯងក៏កំពុងតែខិតខំយ៉ាងត្រដាបត្រដួសដើម្បីបានពិន្ទុខ្ពស់ និងបានចូលរៀននៅសាកលវិទ្យាល័យល្អ មិនខុសពីសិស្សរៀនត្រួតម្នាក់នោះឡើយ ខ្ញុំក៏សួរខ្លួនឯងថា៖ «តើសាកលវិទ្យាល័យគឺជាផ្លូវចេញតែមួយគត់របស់ខ្ញុំមែនទេ? ចុះបើខ្ញុំប្រឡងមិនអាចចូលរៀននៅសាកលវិទ្យាល័យ តើមានបញ្ហាអ្វីទៅ? តើចំណេះដឹងពិតជាអាចផ្លាស់ប្ដូរវាសនារបស់មនុស្សដែរឬទេ?» សំណួរជាច្រើនដែលខ្ញុំមិនអាចឆ្លើយបាន បានផុសឡើងក្នុងគំនិតរបស់ខ្ញុំ។ ខ្ញុំនឹកឃើញដល់ជីតារបស់ខ្ញុំ។ គាត់មានការអប់រំខ្ពស់ និងបានអានសៀវភៅជាច្រើន ប៉ុន្តែគាត់ចំណាយពេលពេញមួយជីវិតជាកសិករ។ ចំណេះដឹងមិនបានផ្លាស់ប្ដូរវាសនារបស់គាត់ឡើយ។ ដោយឡែក មានបងប្អូនជីដូនមួយរបស់ខ្ញុំម្នាក់។ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គាត់បានទៅធ្វើការនៅទីក្រុងធំ ហើយអ្នកភូមិបានស្ញប់ស្ញែង និងសរសើរគាត់យ៉ាងខ្លាំង ប៉ុន្តែគាត់នៅតែរអ៊ូរទាំថា ការងារនោះមិនសូវល្អ។ ខ្ញុំមិនដឹងថា ក្រោយពីការខិតខំប្រឹងប្រែងទាំងអស់របស់ខ្ញុំ ខ្ញុំនឹងមានវាសនាដូចជីតារបស់ខ្ញុំ ដែលចំណេះដឹងរបស់គាត់គ្មានប្រយោជន៍ ឬដូចបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលទទួលបានការស្ញប់ស្ញែងពីអ្នកដទៃ តែមិនដែលស្កប់ស្កល់នោះ។ ចុះបើខ្ញុំពិតជាអាចចូលរៀននៅសាកលវិទ្យាល័យល្អមែន បញ្ចប់ការសិក្សា មានការងារល្អធ្វើ ហើយទទួលបានការស្ញប់ស្ញែងពីអ្នកដទៃ រួចក៏រៀបការមានគ្រួសារ តើខ្ញុំនឹងឱ្យកូនៗខិតខំរៀនសូត្រដូចខ្ញុំ ដើម្បីប្រឹងប្រែងចូលរៀននៅសាកលវិទ្យាល័យឬ? ជំនាន់នីមួយៗតែងតែធ្វើរឿងដដែលៗក្នុងជីវិតបែបនេះ ប៉ុន្តែ តើនេះពិតជាវិធីរស់នៅតែមួយគត់មែនទេ? តើគ្មានផ្លូវផ្សេងទេឬ? ខ្ញុំមានអារម្មណ៍វង្វេងវង្វាន់យ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក ចំពោះផ្លូវជីវិតដែលត្រូវដើរទៅមុខ ហើយខ្ញុំមិនដឹងថា ខ្លួនឯងរស់នៅដើម្បីអ្វី ឬគួរតែដេញតាមអ្វី ទើបមានន័យនោះឡើយ
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមន្ទិលនានារបស់ខ្ញុំត្រូវបានដោះស្រាយ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងភាពល្វឹងល្វើយនៃចក្កវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមច្បាប់វដ្ដជីវិត ហើយប្រកាន់ខ្ជាប់តាមក្បួនច្បាប់ដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ...» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនកំពុងតែនិយាយចំមន្ទិលដែលខ្ញុំកំពុងមានទេឬ? ប៉ុន្តែ ខ្ញុំមិនដែលចែករំលែកគំនិតក្នុងជម្រៅចិត្តទាំងនេះ ជាមួយនរណាម្នាក់ឡើយ ចុះហេតុអ្វីបានជាព្រះជាម្ចាស់ជ្រាប? ហាក់ដូចជាព្រះជាម្ចាស់ជ្រាបពីគំនិតរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត ទ្រង់ជ្រាបពីសភាពបច្ចុប្បន្ននៃជីវិតមនុស្សជាតិទាំងមូល ខ្ញុំមានអារម្មណ៍ពីសព្វានុភាពរបស់ព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំ ហើយស្របពេលជាមួយគ្នានេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទាក់ទាញខ្ញុំឱ្យបន្តអានទៅមុខទៀត។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ចាប់តាំងពីការមកដល់នៃវិទ្យាសាស្រ្តសង្គម គំនិតរបស់មនុស្សត្រូវបានកាន់កាប់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍សម្រាប់ត្រួតត្រាមនុស្សលោក ធ្វើឱ្យមនុស្សគ្មានចន្លោះគ្រប់គ្រាន់ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ និងគ្មានលក្ខខណ្ឌអំណោយផលច្រើនដូចមុនសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេទេ ពិភពខាងក្នុងរបស់មនុស្សគឺងងឹត អស់សង្ឃឹម និងទទេសូន្យ។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តសង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានលេចឡើងមកដើម្បីបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងទៀត ដែលផ្ទុយនឹងសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ដើម្បីចាក់បំពេញដួងចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថាព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូរ និងភាពមហិមារបស់ព្រះជាម្ចាស់ ហើយពួកគេលែងអើពើចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានសារជាតិ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ។ ... វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការសប្បាយ និងភាពស្រាកស្រាន្ត អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនៅតែប្រព្រឹត្តបាប និងរអ៊ូរទាំអំពីភាពអយុត្តិធម៌នៅក្នុងសង្គម ដោយជៀសមិនផុតដែរ។ ការដែលមានចំណុចទាំងអស់នេះ មិនអាចរារាំងចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្សដែលចង់រុករកបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់គេ អាចត្រឹមនាំមកនូវសេចក្ដីទុក្ខព្រួយកាន់តែច្រើនមកលើគេ និងធ្វើឱ្យមនុស្សរស់នៅក្នុងភាពថប់បារម្ភឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ រហូតដល់ថ្នាក់ដែលមនុស្សភ័យខ្លាចសូម្បីតែវិទ្យាសាស្រ្ត និងចំណេះដឹង និងរឹតតែភ័យខ្លាចសូម្បីតែអារម្មណ៍ទទេសូន្យនេះ។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានទាល់តែសោះ។ មិនថាអ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ អ្នកគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សលោកបានទាល់តែសោះ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីអារម្មណ៍ដែលមិនអាចពន្យល់បាននៃភាពទទេសូន្យនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែគ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ យ៉ាងណាមិញ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ដែលអាចជំនួសឋានៈ និងជីវិតរបស់ព្រះជាម្ចាស់បានឡើយ។ អ្វីដែលមនុស្សជាតិត្រូវការ គឺមិនត្រឹមតែជាសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ ស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សជាតិត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការផ្គត់ផ្គង់ជីវិតពីទ្រង់ដល់មនុស្ស។ ទាល់តែមនុស្សទទួលបានការផ្គត់ផ្គង់ជីវិតពីព្រះជាម្ចាស់ និងសេចក្ដីសង្រ្គោះរបស់ទ្រង់ នោះទើបសេចក្តីត្រូវការរបស់គេ បំណងប្រាថ្នាក្នុងការរុករករបស់គេ និងភាពទទេសូន្យនៅក្នុងចិត្តរបស់គេ អាចត្រូវបានដោះស្រាយ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា មនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយថា ឫសគល់នៃភាពកណ្ដោចកណ្ដែង និងភាពអស់សង្ឃឹមរបស់យើង គឺដោយសារតែព្រះជាម្ចាស់ លែងមានកន្លែងនៅក្នុងដួងចិត្តយើងទៀតហើយ ក្រឡេកមើលទៅក្រោយ ខ្ញុំជឿថាមានព្រះជាម្ចាស់តាំងពីខ្ញុំនៅក្មេង ប៉ុន្តែចាប់តាំងពីចូលរៀនមក នៅក្នុងសៀវភៅសិក្សា មិនដែលធ្លាប់មានការលើកឡើងពីព្រះជាម្ចាស់ទាល់តែសោះ។ គេនិយាយថា មនុស្សវិវឌ្ឍចេញពីសត្វស្វា ហើយក៏មានពាក្យថា៖ «ចំណេះដឹងអាចផ្លាស់ប្ដូរវាសនារបស់អ្នក» «ការដេញតាមផ្សេងទៀតគឺតូចតាច មានតែការរៀនសូត្រទេដែលប្រសើរបំផុត» និង «វិទ្យាសាស្ត្រគឺខ្ពង់ខ្ពស់បំផុត»។ គំនិត និងសេចក្ដីថ្លែងអះអាងបែបនេះគឺមកពីសាតាំង ដែលដឹកនាំមនុស្សឱ្យគោរពបូជាចំណេះដឹង និងវិទ្យាសាស្ត្រ។ ខ្ញុំមិនដឹងថាតាំងពីពេលណាទេ ប៉ុន្តែខ្ញុំក៏បានទទួលយកសេចក្ដីថ្លែងអះអាងទាំងនេះ ដោយឱ្យតម្លៃយ៉ាងខ្លាំងទៅលើចំណេះដឹង និងចាត់ទុកវាជារឿងដ៏មានសារៈសំខាន់បំផុត ហើយក្នុងការដេញតាមចំណេះដឹង ខ្ញុំចាត់ទុកសេចក្តីជំនឿជារឿងបន្ទាប់បន្សំ។ ពេលនេះ ខ្ញុំពោរពេញទៅដោយភាពវង្វេងវង្វាន់អំពីជីវិត ហើយជាច្រើនដង ខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែងដែលមិនអាចពន្យល់បាន។ តាមការពិត នេះគឺដោយសារតែខ្ញុំបានរសាត់ឆ្ងាយពីព្រះជាម្ចាស់ខ្លាំងពេក។ ទោះបីជាការសិក្សាបានធ្វើឱ្យចំណេះដឹងកាន់តែទូលំទូលាយ និងពង្រីកព្រំដែនចំណេះវិជ្ជារបស់ខ្ញុំ ហើយខ្ញុំទទួលបានការសរសើរ និងការស្ញប់ស្ញែងពីអ្នកដទៃក៏ដោយ ក៏ចំណេះដឹងមិនអាចដោះស្រាយភាពវង្វេងវង្វាន់ដែលខ្ញុំមានចំពោះជីវិតបានទេ ហើយវាក៏មិនអាចបង្ហាញខ្ញុំពីផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតបានដែរ។ ដួងចិត្តរបស់ខ្ញុំនៅតែវង្វេងវង្វាន់ អស់សង្ឃឹម និងឈឺចាប់ដដែល។ ខ្ញុំបានអានព្រះបន្ទូលព្រះជាម្ចាស់ដែលចែងថា៖ «បើគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេទេ ពិភពខាងក្នុងរបស់មនុស្សគឺងងឹត អស់សង្ឃឹម និងទទេសូន្យ»។ «អ្វីដែលមនុស្សជាតិត្រូវការ គឺមិនត្រឹមតែជាសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ ស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សជាតិត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការផ្គត់ផ្គង់ជីវិតពីទ្រង់ដល់មនុស្ស»។ ខ្ញុំបានយល់ដឹងថា មានតែការជឿលើព្រះជាម្ចាស់ និងការទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់ទេ ទើបអាចរួចផុតពីភាពកណ្ដោចកណ្ដែង និងការឈឺចាប់ទាំងឡាយបាន។ ចាប់ពីពេលនោះមក ខ្ញុំបានដឹងថា ខ្ញុំត្រូវតែជឿលើព្រះជាម្ចាស់យ៉ាងស្មោះត្រង់ និងអានព្រះបន្ទូលរបស់ទ្រង់ ហើយខ្ញុំមិនអាចព្រងើយកន្តើយនឹងជំនឿរបស់ខ្ញុំទៀតទេ។ បន្តបន្ទាប់មក ខ្ញុំចាប់ផ្ដើមចូលរួមការជួបជុំម្ដងក្នុងមួយសប្ដាហ៍ ហើយការដែលអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង
ក្រោយពីការប្រឡងចូលថ្នាក់មហាវិទ្យាល័យ ខ្ញុំមានពេលច្រើនជាងមុនដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំឧស្សាហ៍ចំណាយពេលជាមួយបងប្អូនប្រុសស្រី ដោយរស់នៅក្នុងជីវិតពួកជំនុំ។ ខ្ញុំបានឃើញថា នៅក្នុងពួកជំនុំ សេចក្ដីពិតជាអ្នកគ្រប់គ្រង ហើយក៏គ្មានការបែងចែករវាងអ្នកមានអ្នកក្រ ឋានៈសង្គម ឬអាយុវ័យ ក្នុងចំណោមបងប្អូនប្រុសស្រីឡើយ។ គ្រប់គ្នាអាចបើកចំហ ប្រកបគ្នា និងជួយគ្នាទៅវិញទៅមក នៅពេលដែលយើងបើកសម្តែងសេចក្ដីពុករលួយ ហើយយើងមិនមើលងាយ ឬប្រកួតប្រជែងគ្នាឡើយ។ ខ្ញុំពិតជារីករាយនឹងជីវិតបែបនេះណាស់។ មិនយូរប៉ុន្មាន ខ្ញុំទទួលបានលិខិតអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យ ហើយខ្ញុំចាប់ផ្ដើមស្ទាក់ស្ទើរថាតើខ្ញុំគួរតែចូលរៀននៅសាកលវិទ្យាល័យឬអត់។ តាមការពិត ខ្ញុំពិតជាចង់រៀននៅសាកលវិទ្យាល័យណាស់ ព្រោះក្រោយពីខិតខំរៀនសូត្រអស់ជាច្រើនឆ្នាំមកនេះ គោលដៅរបស់ខ្ញុំគឺតែងតែចង់រៀននៅសាកលវិទ្យាល័យ និងរកការងារសមរម្យមួយ ដែលមានប្រាក់ខែ និងអត្ថប្រយោជន៍ល្អ ដើម្បីកុំឱ្យគេមើលងាយ និងកុំឱ្យខ្ញុំរងទុក្ខដោយសារភាពក្រីក្រទៀត។ ប៉ុន្តែ ខ្ញុំក៏បារម្ភថា ខ្ញុំនឹងគ្មានពេលចូលរួមការជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ប្រសិនបើខ្ញុំចូលរៀននៅសាកលវិទ្យាល័យ ហើយរវល់នឹងការសិក្សារបស់ខ្ញុំ។ ក្នុងភាពមិនច្បាស់លាស់ ខ្ញុំក៏បានសួរទៅកាន់ក្រុមគ្រួសាររបស់ខ្ញុំ ហើយពួកគាត់និយាយថា៖ «កូនគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្មោះត្រង់ មុននឹងធ្វើការសម្រេចចិត្ត»។ បន្ទាប់មក ខ្ញុំបានទូលប្រាប់ព្រះជាម្ចាស់អំពីការលំបាករបស់ខ្ញុំ ហើយសូមទ្រង់ណែនាំខ្ញុំឱ្យធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើមនុស្សចាត់ទុកចំណេះដឹងជាអ្វីដែលវិជ្ជមានមែនទេ? យ៉ាងហោចណាស់ ក៏មនុស្សគិតថា អត្ថន័យបង្កប់នៃពាក្យ “ចំណេះដឹង” នេះ មានភាពវិជ្ជមាន ជាជាងអវិជ្ជមានដែរ។ ដូច្នេះ ហេតុអ្វីបានជាយើងលើកឡើងនៅទីនេះថា សាតាំងប្រើចំណេះដឹង ដើម្បីធ្វើឱ្យមនុស្សពុករលួយទៅវិញ? តើទ្រឹស្ដីនៃការវិវត្តន៍មិនមែនជាទិដ្ឋភាពនៃចំណេះដឹងមួយទេឬអី? តើច្បាប់វិទ្យាសាស្ត្ររបស់ញូតុន មិនមែនជាចំណេះដឹងមួយផ្នែកទេឬអី? ទំនាញផែនដីក៏ជាចំណេះដឹងមួយផ្នែកដែរ មែនទេ? (មែនហើយ។) ដូច្នេះ ហេតុអ្វីបានជាចំណេះដឹងត្រូវបានរាប់បញ្ចូលក្នុងចំណោមរបស់ដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សជាតិពុករលួយ? តើអ្នករាល់គ្នាមានទស្សនៈបែបណាចំពោះរឿងនេះ? តើចំណេះដឹងមានសេចក្តីពិតសូម្បីតែមួយចំណិតនៅក្នុងនោះដែរឬទេ? (អត់ទេ។) ដូច្នេះ តើសារជាតិនៃចំណេះដឹងជាអ្វី? តើចំណេះដឹងទាំងអស់ដែលមនុស្សបានរៀនសូត្រ មានមូលដ្ឋានផ្អែកលើអ្វី? តើវាផ្អែកលើមូលដ្ឋានទ្រឹស្ដីនៃការវិវត្តន៍មែនទេ? តើចំណេះដឹងដែលមនុស្សទទួលបានតាមរយៈការរុករក និងការសន្និដ្ឋាន មិនមែនមានមូលដ្ឋានផ្អែកលើលទ្ធិមិនជឿព្រះទេឬអី? តើចំណេះដឹងណាមួយបែបនេះ មានការផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយសេចក្តីពិតដែរឬទេ? (អត់ទេ។) ដូច្នេះ តើសាតាំងប្រើចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយដោយរបៀបណា? ខ្ញុំគ្រាន់តែនិយាយថា គ្មានចំណេះដឹងណាមួយត្រូវបានផ្សារភ្ជាប់ទៅនឹងការថ្វាយបង្គំព្រះជាម្ចាស់ ឬជាមួយសេចក្តីពិតឡើយ។ មនុស្សមួយចំនួនគិតពីសម្ដីខ្ញុំបែបនេះ៖ “ចំណេះដឹងអាចនឹងមិនទាក់ទងអ្វីជាមួយនឹងសេចក្តីពិតក៏ពិតមែន ក៏ប៉ុន្តែវាក៏មិនធ្វើឱ្យមនុស្សពុករលួយនោះដែរ”។ តើអ្នករាល់គ្នាយល់ឃើញបែបណាចំពោះទស្សនៈនេះ? តើចំណេះដឹងបង្រៀនអ្នកថា សេចក្តីសុខរបស់មនុស្សត្រូវបង្កើតឡើងដោយដៃទាំងពីររបស់មនុស្ស មែនទេ? តើចំណេះដឹងបង្រៀនអ្នកថា វាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់គេ មែនទេ? (មែន។) តើនេះជាសម្ដីបែបណាដែរ? (ជាសម្ដីរបស់អារក្ស។) ពិតជាត្រឹមត្រូវណាស់! វាជាសម្ដីរបស់អារក្ស! ចំណេះដឹង គឺជាប្រធានបទដ៏ស្មុគស្មាញមួយក្នុងពិភាក្សាគ្នា។ អ្នកអាចត្រឹមនិយាយថា ចំណេះដឹងក្នុងវិស័យណាមួយ គ្មានអ្វីក្រៅពីចំណេះដឹងឡើយ។ នោះគឺចំណេះដឹងមួយផ្នែកដែលរៀនសូត្រនៅលើមូលដ្ឋាននៃការមិនថា្វយបង្គំព្រះជាម្ចាស់ និងផ្អែកលើការមិនយល់ថា ព្រះជាម្ចាស់ជាអ្នកបង្កើតរបស់សព្វសារពើ។ នៅពេលដែលមនុស្សសិក្សាអំពីចំណេះដឹងប្រភេទនេះ ពួកគេមិនយល់ឃើញថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ ហើយពួកគេក៏មិនយល់ឃើញថា ព្រះជាម្ចាស់កំពុងតែត្រួតត្រា ឬកំពុងគ្រប់គ្រងលើរបស់សព្វសារពើនោះដែរ។ ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺស្រាវជ្រាវ និងរុករកគ្មានទីបញ្ចប់ទៅលើចំណេះដឹងមួយផ្នែកនោះ ហើយព្យាយាមរកចម្លើយ ដោយផ្អែកលើចំណេះដឹង។ យ៉ាងណាមិញ ប្រសិនបើមនុស្សមិនជឿលើព្រះជាម្ចាស់ ហើយគេបែរជាគ្រាន់តែធ្វើការស្រាវជ្រាវទៅវិញ តើពិតទេដែលថាពួកគេនឹងមិនដែលរកឃើញចម្លើយពិតនោះ? ចំណេះដឹងទាំងអស់នោះ អាចផ្ដល់ជីវភាព ការងារ និងប្រាក់ចំណូលដល់អ្នកបាន ដើម្បីកុំឱ្យអ្នកស្រេកឃ្លាន ប៉ុន្តែ វានឹងមិនធ្វើឱ្យអ្នកថ្វាយបង្គំព្រះជាម្ចាស់ឡើយ ហើយវាក៏នឹងមិនដែលនាំអ្នកឱ្យចេញឆ្ងាយពីសេចក្ដីអាក្រក់នោះដែរ។ កាលណាអ្នកសិក្សាពីចំណេះដឹងកាន់តែច្រើន នោះអ្នកនឹងកាន់តែមានបំណងចង់បះបោរទាស់នឹងព្រះជាម្ចាស់ កាន់តែចង់ដាក់ព្រះជាម្ចាស់ទៅក្នុងកម្មវត្ថុនៃការសិក្សា កាន់តែចង់ល្បួងព្រះជាម្ចាស់ និងកាន់តែចង់ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងឡើង។ ដូច្នេះ ឥឡូវនេះ តើយើងមើលឃើញអ្វីខ្លះដែលចំណេះដឹងកំពុងតែបង្រៀនដល់មនុស្ស? វាសុទ្ធតែជាទស្សនវិជ្ជារបស់សាតាំងទាំងអស់។ តើទស្សនវិជ្ជានិងក្បួនច្បាប់នៃការរស់រាន ដែលសាតាំងផ្សព្វផ្សាយនៅក្នុងចំណោមមនុស្សពុករលួយ មានទំនាក់ទំនងអ្វីជាមួយសេចក្តីពិតដែរឬទេ? វាគ្មានអ្វីពាក់ព័ន្ធទាល់ជាមួយនឹងសេចក្តីពិត ហើយតាមពិតទៅ វាផ្ទុយទៅនឹងសេចក្តីពិតវិញទេ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់លាតត្រដាងពីរបៀបដែលសាតាំងប្រើប្រាស់ចំណេះដឹងជាល្បិច ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ខ្ញុំបានឃើញថា ចំណេះដឹងជាក់ស្ដែងអាចជួយយើងឱ្យយល់ដឹងពីចំណេះដឹងទូទៅជាមូលដ្ឋាន ហើយវាអាចជួយយើងក្នុងកិច្ចការ និងជីវិត ប៉ុន្តែក្នុងអំឡុងពេលដែលយើងរៀនសូត្រ សាតាំងបានបញ្ចូលទ្រឹស្ដីគ្មានព្រះ ទ្រឹស្ដីវិវឌ្ឍន៍ លទ្ធិម៉ាក្ស និងមនោគមវិជ្ជាផ្សេងៗទៀតមកក្នុងយើង។ អ្វីទាំងនេះដឹកនាំយើងឱ្យបដិសេធ និងបះបោរទាស់នឹងព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយរសាត់កាន់តែឆ្ងាយពីទ្រង់។ ខ្ញុំនឹកឃើញបងស្រីម្នាក់ធ្លាប់និយាយថា កូនស្រីរបស់គាត់ជឿថាមានព្រះជាម្ចាស់តាំងពីនៅក្មេងម៉្លេះ ហើយនាងបានជឿតាមគាត់ដែរ ប៉ុន្តែក្រោយមក បន្ទាប់ពីនាងចូលរៀននៅសាកលវិទ្យាល័យ ពេលបងស្រីនិយាយប្រាប់កូនស្រីអំពីការជឿលើព្រះជាម្ចាស់ កូនស្រីរបស់គាត់លែងទទួលស្គាល់ថាមានព្រះជាម្ចាស់ទៀតហើយ។ តាមការពិត ខ្ញុំក៏ដូចគ្នាដែរ។ ពេលខ្ញុំនៅក្មេង ខ្ញុំជឿថាមានព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងសៀវភៅសិក្សា និងចំណេះដឹងដែលបង្រៀននៅសាលា គេមិនដែលនិយាយពីពាក្យ «ព្រះជាម្ចាស់» នោះទេ ហើយអ្វីៗទាំងអស់គឺនិយាយតែពីសម្ភារៈនិយម និងទ្រឹស្ដីវិវឌ្ឍន៍ ដោយនិយាយថា អ្វីៗទាំងអស់នៅលើលោកនេះកើតឡើងដោយធម្មជាតិ ហើយថាមនុស្សវិវឌ្ឍចេញពីសត្វស្វា ដែលធ្វើឱ្យខ្ញុំចាប់ផ្ដើមមន្ទិលអំពីការមានព្រះជាម្ចាស់។ ខ្ញុំបានដឹងថា សាតាំងពិតជាប្រើប្រាស់ចំណេះដឹង ដើម្បីបំភាន់ និងធ្វើឱ្យមនុស្សពុករលួយមែន។ ប៉ុន្តែនៅពេលនោះ ខ្ញុំមិនបានដឹងខ្លួនទាល់តែសោះ ហើយខ្ញុំនៅតែស្រេកឃ្លានចំណេះដឹង ដោយចង់បន្តហែលក្នុងមហាសមុទ្រនៃចំណេះដឹងតទៅទៀត។ ខ្ញុំមិនបានដឹងសោះថា នេះគឺជាល្បិចដែលសាតាំងប្រើ ដើម្បីបំភាន់ និងធ្វើឱ្យមនុស្សពុករលួយ។ ប្រៀបដូចជាកង្កែបដែលត្រូវគេស្ងោរទាំងរស់ក្នុងទឹកដែលកំពុងតែក្ដៅឡើងៗបន្តិចម្ដងៗ ប្រសិនបើមនុស្សម្នាក់មិនប្រុងប្រយ័ត្ន ហើយមិនប្រញាប់លោតចេញពីទឹកឱ្យបានឆាប់ទេ នៅពេលដែលសាតាំងលេបត្របាក់ពួកគេ ពួកគេថែមទាំងមិនដឹងខ្លួនទាល់តែសោះ។ ចំណេះដឹងដែលបង្រៀននៅសាកលវិទ្យាល័យសុទ្ធតែជាទ្រឹស្ដីគ្មានព្រះ ហើយកាលណាខ្ញុំរៀនកាន់តែច្រើន ខ្ញុំកាន់តែពិសពុលយ៉ាងជ្រៅ។ ប្រសិនបើនៅទីបញ្ចប់ ខ្ញុំក្លាយជាមនុស្សដែលបដិសេធព្រះជាម្ចាស់ដោយសារតែមានចំណេះដឹងច្រើនពេក នោះវានឹងហួសពេលបាត់ទៅហើយ។ តើនេះមិនមែនជាការបំផ្លាញខ្លួនឯងទេឬ? ផលវិបាកនៃរឿងនេះពិតជាគួរឱ្យខ្លាចណាស់!
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយទទួលបានការយល់ដឹងខ្លះៗអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ដឹងថា ជោគវាសនារបស់មនុស្សម្នាក់គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយថាមនុស្សគ្មានសមត្ថភាពផ្លាស់ប្ដូរវាសនារបស់ខ្លួនបានឡើយ។ តើវាសនារបស់ខ្ញុំនឹងទៅជាយ៉ាងណា តើខ្ញុំនឹងធ្វើកិច្ចការអ្វី តើខ្ញុំនឹងមានជីវិតបែបណា ហើយតើខ្ញុំនឹងក្រ ឬមាន អ្វីទាំងអស់នេះគឺស្ថិតនៅក្រោមការកំណត់ទុកជាមុន និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយខ្ញុំមិនអាចផ្លាស់ប្ដូរវាបានទេ រឹតតែមិនអាចផ្លាស់ប្ដូរបានតាមរយៈចំណេះដឹង ឬសញ្ញាបត្រទៅទៀត។ ដូចជាជីតារបស់ខ្ញុំអ៊ីចឹង ព្រះជាម្ចាស់បានកំណត់ទុកជាមុនឱ្យគាត់ធ្វើជាកសិករ ហើយទោះបីជាគាត់អានសៀវភៅច្រើន និងរៀនសូត្របានច្រើនក៏ដោយ ក៏រឿងនេះមិនអាចផ្លាស់ប្ដូរវាសនារបស់គាត់បានដែរ។ ខ្ញុំបានដឹងថា វាសនារបស់មនុស្សពិតជាមិនស្ថិតនៅក្នុងដៃរបស់ពួកគេមែន ហើយថាការមានការអប់រំខ្ពស់ មិនប្រាកដថានាំឱ្យមានការងារល្អនោះទេ។ ខ្ញុំចង់ផ្លាស់ប្ដូរវាសនារបស់ខ្ញុំតាមរយៈការសិក្សា ប៉ុន្តែគំនិតនោះពិតជាល្ងង់ខ្លៅណាស់។ ពេលខ្ញុំដឹងរឿងនេះ ខ្ញុំក៏ស្ម័គ្រចិត្តផ្ទុកផ្ដាក់ខ្លួនខ្ញុំទៅព្រះជាម្ចាស់ ហើយខ្ញុំស្ម័គ្រចិត្តចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។
ក្នុងអំឡុងពេលនោះ ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយមានអត្ថបទមួយវគ្គជាពិសេស បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ខ្ញុំ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «យុវវ័យមិនគួរគ្មានឧត្តមគតិ ក្ដីប្រាថ្នា និងបំណងដ៏ក្លៀវក្លា ក្នុងការធ្វើខ្លួនឱ្យបានល្អប្រសើរនោះទេ។ ពួកគេមិនគួរខូចចិត្តចំពោះក្ដីសង្ឃឹមរបស់ខ្លួន ហើយពួកគេក៏មិនត្រូវអស់ក្តីសង្ឃឹមក្នុងជីវិត ឬទំនុកចិត្តលើអនាគតនោះដែរ។ ពួកគេគប្បីមានសេចក្ដីទ្រាំទ្រ ដើម្បីបន្តដើរតាមមាគ៌ានៃសេចក្ដីពិត ដែលពួកគេបានជ្រើសរើសនៅពេលនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ ក្នុងការចំណាយពេលពេញមួយជីវិតរបស់ពួកគេសម្រាប់ខ្ញុំ។ ពួកគេមិនគួរគ្មានសេចក្ដីពិត ហើយពួកគេក៏មិនគួរលាក់ភាពពុតត្បុត និងសេចក្ដីទុច្ចរិតដែរ ពួកគេគួរប្រកាន់គោលជំហរម៉ឺងម៉ាត់ក្នុងឥរិយាបថដែលត្រឹមត្រូវ។ ពួកគេមិនគួរបណ្ដែតបណ្ដោយខ្លួន ឱ្យរសាត់អណ្ដែតគ្មានគោលដៅនោះទេ ប៉ុន្តែពួកគេគួរតែមានស្មារតីហ៊ានធ្វើពលីកម្មនិងតស៊ូ ដើម្បីយុត្តិធម៌និងសេចក្ដីពិត។ យុវជនគួរតែមានភាពក្លាហាន មិនចុះចាញ់ចំពោះការជិះជាន់ ដោយកម្លាំងនៃភាពងងឹត និងដើម្បីបំប្លែងសារៈសំខាន់នៃអត្ថិភាពរបស់ពួកគេ។ យុវជនមិនគួរចុះចាញ់សត្រូវរបស់ខ្លួនឡើយ តែពួកគេគួរបើកចិត្តឱ្យទូលាយ និងស្មោះត្រង់ ក្នុងស្មារតីអធ្យាស្រ័យចំពោះបងប្អូនរបស់ខ្លួន។ ជាការពិត ទាំងនេះគឺជាការតម្រូវរបស់ខ្ញុំ សម្រាប់មនុស្សគ្រប់គ្នា និងជាដំបូន្មានរបស់ខ្ញុំសម្រាប់មនុស្សគ្រប់គ្នា។ លើសពីនេះទៀត ទាំងនេះគឺជាព្រះបន្ទូលលួងលោមដល់យុវជនទាំងអស់គ្នា។ អ្នករាល់គ្នាគួរតែប្រតិបត្តិស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ ជាពិសេស យុវជនមិនគួរគ្មានការប្តេជ្ញាចិត្ត ប្រើការវិនិច្ឆ័យលើបញ្ហានានា និងស្វែងរកយុត្តិធម៌ ព្រមទាំងសេចក្ដីពិតនោះទេ។ អ្នករាល់គ្នាគួរតែស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អប្រពៃ ហើយអ្នកគួរតែទទួលបានការពិតនៃរឿងរ៉ាវវិជ្ជមានទាំងអស់។ អ្នកគួរតែទទួលខុសត្រូវចំពោះជីវិតរបស់អ្នក ហើយអ្នកមិនត្រូវមើលស្រាលវាឡើយ។ មនុស្សកើតមកនៅលើផែនដីនេះ ហើយវាកម្របានជួបខ្ញុំណាស់ ហើយវាក៏កម្រមានឱកាសស្វែងរក និងទទួលបានសេចក្ដីពិតដែរ។ ហេតុអ្វីបានជាអ្នក មិនផ្តល់រង្វាន់ដល់ពេលវេលាដ៏ស្រស់ត្រកាលនេះ ជាផ្លូវដ៏ត្រឹមត្រូវដើម្បីស្វះស្វែងនៅក្នុងជីវិតនេះ? ហើយហេតុអ្វីបានជាអ្នកតែងតែទាត់ចោលសេចក្ដីពិត និងសេចក្ដីយុត្តិធម៌? ... ជីវិតរបស់អ្នករាល់គ្នាគួរតែពោរពេញដោយសេចក្ដីយុត្តិធម៌ សេចក្ដីពិត និងភាពបរិសុទ្ធ។ ជីវិតរបស់អ្នកមិនគួរគ្មានសីលធម៌ទាំងវ័យក្មេងបែបនេះ ដែលនាំឱ្យអ្នកធ្លាក់ចូលក្នុងស្ថានឃុំព្រលឹងទេ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា នេះអាចជាឧបទ្រពចង្រៃដ៏អាក្រក់ទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា នេះជាអំពើអយុត្តិធម៌យ៉ាងអាក្រក់ទេឬ?» («ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះបានជួយខ្ញុំឱ្យស្វែងរកឃើញការចង្អុលបង្ហាញដ៏ត្រឹមត្រូវក្នុងជីវិត។ ព្រះជាម្ចាស់គឺជាប្រភពនៃភាពស្រស់ស្អាត និងសេចក្ដីល្អទាំងអស់។ ខ្ញុំជឿលើព្រះជាម្ចាស់ និងអានព្រះបន្ទូលរបស់ទ្រង់ ហើយតាមរយៈព្រះបន្ទូលទាំងនោះ ខ្ញុំអាចបែងចែករវាងរឿងវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងអាចស្គាល់ពីនិន្នាការអាក្រក់ផ្សេងៗ ហើយខ្ញុំក៏ដឹងពីរបៀបរស់នៅបង្ហាញពីភាពជាមនុស្សធម្មតាជាដើម។ អ្វីទាំងអស់នេះគឺជារឿងដែលខ្ញុំត្រូវការសម្រាប់ជីវិតខាងវិញ្ញាណរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនដេញតាមសេចក្ដីពិត ហើយបន្តជ្រើសរើសដេញតាមចំណេះដឹងវិញ ខ្ញុំច្បាស់ជារងឥទ្ធិពលពីទស្សនវិជ្ជា និងភាពពិសពុលគ្រប់ប្រភេទរបស់សាតាំង ហើយកាន់តែពុករលួយថែមទៀតមិនខាន។ ដូចកាលខ្ញុំនៅរៀនអ៊ីចឹង ខ្ញុំដឹងច្បាស់ថាលទ្ធផលរបស់ខ្ញុំគឺត្រឹមមធ្យម ប៉ុន្តែខ្ញុំមិនព្រមទទួលយកការពិតទេ ហើយខិតខំរៀនសូត្រយ៉ាងខ្លាំងដើម្បីចូលរៀននៅសាកលវិទ្យាល័យល្អ។ ជាលទ្ធផល ខ្ញុំបានធ្វើបាបខ្លួនឯង ហើយរសាត់កាន់តែឆ្ងាយពីព្រះជាម្ចាស់។ ដើមឡើយ យើងត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយយើងគួរតែជឿលើទ្រង់ ព្រមទាំងដេញតាមសេចក្ដីពិត ប៉ុន្តែដោយសារតែសាតាំងល្បួង និងបំភាន់ខ្ញុំ ខ្ញុំដឹងតែពីទៅសាលា និងរៀនសូត្រ ហើយមិនយល់ដឹងថា ខ្ញុំគួរតែជឿលើព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់នោះទេ ហើយខ្ញុំមិនយល់ដឹងថា ជីវិតគួរតែផ្ដោតលើការដេញតាមសេចក្ដីពិត និងសេចក្ដីសង្គ្រោះនោះឡើយ។ ខ្ញុំផ្ដោតទាំងស្រុងទៅលើការសិក្សារបស់ខ្ញុំ ហើយខ្ញុំបានខ្ជះខ្ជាយពេលវេលាយ៉ាងច្រើន។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់បានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលខ្ញុំមិនទាន់យល់ដឹង ហើយខ្ញុំពោរពេញទៅការស្ដាយក្រោយ។ ប្រសិនបើខ្ញុំបានចូលរួមការជួបជុំឱ្យបានត្រឹមត្រូវតាំងពីប៉ុន្មានឆ្នាំមុន តើខ្ញុំមិនយល់ដឹងពីសេចក្ដីពិតកាន់តែច្រើនទេឬ? ប្រសិនបើខ្ញុំបន្តរៀននៅសាកលវិទ្យាល័យប៉ុន្មានឆ្នាំទៀត កិច្ចការរបស់ព្រះជាម្ចាស់ប្រហែលជាបានបញ្ចប់បាត់ទៅហើយ ដូច្នេះ ខ្ញុំច្បាស់ជាបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីសង្គ្រោះមិនខាន។ ក្រោយពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំអាចទទួលអារម្មណ៍ពីបំណងព្រះហឫទ័យដ៏បន្ទាន់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់កំពុងរង់ចាំមនុស្សឱ្យត្រឡប់មកចំពោះទ្រង់វិញ ហើយទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ ដើម្បីកុំឱ្យពួកគេរងការធ្វើបាបពីសាតាំងតទៀត។ ខ្ញុំមិនអាចរំលងឱកាសនេះបានទេ។
ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ដែលពិតជាបានលើកទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើអ្នកមានឋានៈខ្ពង់ខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានចំណេះដឹងដ៏លើសលប់ មានទ្រព្យសម្បត្តិហូរហៀរ និងមានការគាំទ្រពីមនុស្សជាច្រើន ក៏ប៉ុន្តែអ្នកនៅតែមិនជាប់ជំពាក់នឹងរឿងទាំងនេះ ហើយនៅតែមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងការផ្ទុកផ្ដាក់របស់ទ្រង់ ព្រមទាំងធ្វើអ្វីដែលព្រះជាម្ចាស់តម្រូវពីអ្នក នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានអត្ថន័យបំផុតនៅលើផែនដី និងជាកិច្ចការដ៏យុត្តិធម៌បំផុតរបស់មនុស្សជាតិ។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់ឋានៈ ឬគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវបណ្ដាសា ហើយលើសពីនេះទៅទៀត នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់ថា តើមនុស្សប្រភេទណានឹងទទួលបានការសព្វព្រះហឫទ័យ និងព្រះពរពីទ្រង់ ហើយមនុស្សប្រភេទណានឹងត្រូវទ្រង់ដាក់បណ្ដាសា និងស្អប់ខ្ពើម។ អ្នកដែលទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដោយមិនខ្វល់ពីឧបសគ្គអ្វីទាំងអស់ ហើយថ្វាយខ្លួនពួកគេទាំងរូបកាយ និងចិត្តដល់ព្រះជាម្ចាស់ គឺជាអ្នកដែលនឹងទទួលបានការសព្វព្រះហឫទ័យ និងព្រះពរពីព្រះជាម្ចាស់។ ប្រសិនបើមាននរណាម្នាក់បដិសេធការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដើម្បីតែដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួន នេះគឺជាការបះបោរទាស់នឹងព្រះជាម្ចាស់ ហើយមនុស្សបែបនេះនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ ខ្ញុំបានគិតថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ប្រសិនបើខ្ញុំដេញតាមតែចំណេះដឹង ហើយមិនដេញតាមសេចក្ដីពិតទេ នោះខ្ញុំនឹងខ្ជះខ្ជាយខ្យល់ដង្ហើមដែលព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំទទេៗមិនខាន។ ប្រសិនបើខ្ញុំអាចប្រើពេលវេលាប៉ុន្មានឆ្នាំនេះ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមភាវៈដែលព្រះបានបង្កើត ជាជាងការបន្តការសិក្សានៅសាកលវិទ្យាល័យ ដោយប្រាប់មនុស្សកាន់តែច្រើននូវដំណឹងល្អដែលព្រះជាម្ចាស់យាងមកធ្វើកិច្ចការសង្គ្រោះមនុស្សជាតិ និងជួយមនុស្សវង្វេងវង្វាន់ដូចជាខ្ញុំកាន់តែច្រើនឱ្យត្រឡប់មកចំពោះព្រះជាម្ចាស់វិញ នោះនេះនឹងក្លាយជារឿងដែលអស្ចារ្យ និងមានន័យបំផុតក្នុងការធ្វើ។ ខ្ញុំនឹកឃើញដល់ពេត្រុស។ គាត់ពូកែទាំងការសិក្សា និងអត្តចរិតតាំងពីក្មេង ហើយឪពុកម្ដាយរបស់គាត់សង្ឃឹមថាគាត់នឹងជោគជ័យក្នុងការសិក្សា ហើយលេចធ្លោនៅក្នុងលោកីយ៍ ប៉ុន្តែ ពេត្រុសមិនបានដេញតាមចំណេះដឹងបន្ថែម ឬការអប់រំខ្ពស់ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈនោះទេ។ ផ្ទុយទៅវិញ គាត់បានជ្រើសរើសជឿលើព្រះជាម្ចាស់ និងផ្សាយ។ ទោះបីជាមានការប្រឆាំងពីឪពុកម្ដាយរបស់គាត់ក៏ដោយ ក៏គាត់បានឈប់រៀនបន្ទាប់ពីបញ្ចប់វិទ្យាល័យ។ ទោះបីជាគាត់ប្រកបរបរនេសាទចិញ្ចឹមជីវិត និងរស់នៅក្នុងជីវិតដ៏សាមញ្ញក៏ដោយ ប៉ុន្តែដោយសារតែការចង់បានរបស់គាត់ចំពោះព្រះជាម្ចាស់ គាត់តែងតែស្វែងរកការស្គាល់ និងស្រឡាញ់ព្រះជាម្ចាស់ជានិច្ច ហើយនៅទីបញ្ចប់ គាត់ទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ការដេញតាមរបស់ពេត្រុសធ្វើឱ្យខ្ញុំស្ញប់ស្ញែង ហើយស្របពេលនោះ វាក៏បានលើកទឹកចិត្តខ្ញុំ ដោយផ្ដល់ឱ្យខ្ញុំនូវការតាំងចិត្តក្នុងការបោះបង់ចោលសាកលវិទ្យាល័យ។
មិនយូរប៉ុន្មាន ថ្ងៃចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យក៏បានមកដល់។ មិត្តរួមថ្នាក់ម្នាក់បានទូរស័ព្ទមកបបួលខ្ញុំទៅចុះឈ្មោះជាមួយគ្នា ប៉ុន្តែខ្ញុំប្រាប់គាត់ថា ខ្ញុំមិនទៅរៀននៅសាកលវិទ្យាល័យទេ។ បន្ទាប់ពីនោះ មិត្តរួមថ្នាក់ មិត្តភក្តិ និងក្រុមគ្រួសារដែលមិនជឿ បានមកម្នាក់ម្ដងៗដើម្បីព្យាយាមបញ្ចុះបញ្ចូលខ្ញុំ។ អ្នកខ្លះនិយាយថា៖ «បើគ្មានសញ្ញាបត្រទេ ឯងនឹងមិនអាចរកការងារល្អធ្វើក្នុងសង្គមបានឡើយ»។ អ្នកខ្លះទៀតនិយាយថា៖ «មានមនុស្សចង់ចូលរៀននៅសាកលវិទ្យាល័យ ប៉ុន្តែមិនអាចចូលរៀនបាន។ ប៉ុន្តែ មើលឯងចុះ ប្រឡងជាប់ហើយ បែរជាជ្រើសរើសមិនទៅរៀនទៅវិញ? តើឯងឆ្កួតទៅហើយមែនទេ?» បងប្រុសរបស់ខ្ញុំថែមទាំងនិយាយថា គាត់នឹងឱ្យលុយខ្ញុំបីពាន់យ័ន ប្រសិនបើខ្ញុំទៅរៀននៅសាកលវិទ្យាល័យ ហើយគាត់នឹងទិញទូរស័ព្ទល្អមួយឱ្យខ្ញុំទៀតផង។ ខ្ញុំមានអារម្មណ៍សោកសៅ និងទន់ខ្សោយបន្តិច ព្រោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងធ្លាប់ជាក្មេងម្នាក់ដែលស្ដាប់បង្គាប់ និងដឹងក្ដី នៅក្នុងកែវភ្នែករបស់ពួកគាត់ ជាសិស្សពូកែដែលមានពិន្ទុល្អ និងជាយុវជនដែលមានសង្ឃឹមជាមួយនឹងអនាគតដ៏ត្រចះត្រចង់ ប៉ុន្តែពេលនេះ ខ្ញុំត្រូវបានគេចាត់ទុកថាជាមនុស្សឆ្កួត និងមិនស្ដាប់បង្គាប់ទៅវិញ។ ខ្ញុំមានអារម្មណ៍មិនសូវស្រួលចិត្តបន្តិច។ ប៉ុន្តែ អរគុណដល់ការថែរក្សារបស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំគិតដល់ការពិតដែលថា ខ្ញុំកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងជីវិត ដោយជ្រើសរើសបុព្វហេតុដ៏យុត្តិធម៌បំផុត ខ្ញុំក៏ឃើញខ្លួនឯងពោរពេញដោយសេចក្ដីជំនឿម្ដងទៀត។ ទោះពួកគេចង់គិត និងនិយាយអ្វីក៏ស្រេចតែពួកគេចុះ ខ្ញុំនឹងបន្តចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំដូចធម្មតា។ នៅពេលនោះ ខ្ញុំពិតជាចូលចិត្តច្រៀងចម្រៀងទំនុកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបទ ដែលមានចំណងជើងថា «អ្នកគួរតែបោះបង់គ្រប់យ៉ាងសម្រាប់សេចក្តីពិត»៖
១ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលដេញតាមព្រះជាម្ចាស់ អ្នកត្រូវតែគិតគូរ និងប្រព្រឹត្តចំពោះជីវិតរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន ដោយពិចារណាអំពីរបៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែលកាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកក៏គួរតែស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អប្រពៃដែរ។ នៅថ្ងៃនេះ អ្នកមិនអាចស្កប់ចិត្តជាមួយនឹងរបៀបដែលអ្នកត្រូវបានព្រះអង្គយកឈ្នះប៉ុណ្ណឹងទេ ប៉ុន្តែអ្នកក៏ត្រូវពិចារណាពីរបៀបដែលអ្នកគួរដើរលើផ្លូវដែលមានខាងមុខអ្នកផងដែរ។ អ្នកត្រូវតែមានការតាំងចិត្ត និងចិត្តក្លាហាន ដើម្បីឱ្យព្រះអង្គប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍។ អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។
២ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតកម្រិតទាបបែបនេះ ហើយមិនមានគោលដៅណាមួយក្នុងការដេញតាមទេនោះ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ព្រះជាម្ចាស់សង្ឃឹមថាយើងរស់នៅដើម្បីដេញតាមសេចក្ដីពិត និងភាពត្រឹមត្រូវ ហើយប្រសិនបើយើងបោះបង់សេចក្ដីពិត ដើម្បីតែសេចក្ដីសុខបណ្ដោះអាសន្ន នោះយើងនឹងបាត់បង់សេចក្ដីថ្លៃថ្នូររបស់យើង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺតម្លៃ និងអត្ថន័យនៃជីវិត។ កាលពីមុន ខ្ញុំមិនដឹងថាជីវិតដែលមានន័យគឺជាអ្វីនោះទេ។ ខ្ញុំគិតថា ការសិក្សារៀនសូត្រចំណេះដឹងនៅសាលា ការចូលរៀននៅសាកលវិទ្យាល័យល្អ និងការមានអនាគតដ៏ត្រចះត្រចង់ នឹងទទួលបានការស្ញប់ស្ញែងពីអ្នកដទៃ ហើយនេះមានន័យថា ខ្ញុំកំពុងធ្វើឱ្យជីវិតខ្ញុំមានតម្លៃ។ ប៉ុន្តែនឹកស្មានមិនដល់ ក្រោយពីរៀនសូត្រអស់ជាច្រើនឆ្នាំមក មិនត្រឹមតែវាគ្មានបង្រៀនខ្ញុំពីរបៀបប្រព្រឹត្តខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្ញុំវង្វេងផ្លូវទៀតផង។ ខ្ញុំថែមទាំងភ្លេចថា ខ្ញុំមកពីព្រះជាម្ចាស់ ហើយថាខ្យល់ដង្ហើមនៃជីវិតនេះត្រូវបានប្រទានមកឱ្យខ្ញុំដោយព្រះជាម្ចាស់ ហើយខ្ញុំក៏ត្រូវបានសាតាំងធ្វើបាប និងបោកប្រាស់ផងដែរ។ នៅទីបញ្ចប់ ខ្ញុំស្ទើរតែក្លាយជាដូចសាតាំង ដែលទាស់ទទឹង និងបដិសេធព្រះជាម្ចាស់ ហើយរស់នៅដោយគ្មានតម្លៃ ឬសេចក្ដីថ្លៃថ្នូរអ្វីទាំងអស់។ ពេលនេះ ខ្ញុំកំពុងជ្រើសរើសដើរលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត។ ទោះបីជាក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំមិនយល់ដឹងពីខ្ញុំ ហើយមួលបង្កាច់ខ្ញុំ ហើយនៅថ្ងៃអនាគត ខ្ញុំប្រហែលជាមិនមានជីវិតរស់នៅមានទ្រព្យធន ឬទទួលបានការស្ញប់ស្ញែងពីមនុស្សម្នាក៏ដោយ ក៏តាមរយៈការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំអាចយល់ដឹងពីសេចក្ដីពិត និងទទួលបានជីវិត។ នេះគឺជារឿងដែលមានន័យបំផុត ហើយការរងទុក្ខនេះមិនមែនជារឿងឥតប្រយោជន៍នោះទេ។ ដូច្នេះ ទោះបីជាពួកគេព្យាយាមបញ្ចុះបញ្ចូលខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនរង្គើដែរ ហើយខ្ញុំដឹងថា កម្លាំងនេះត្រូវបានប្រទានមកខ្ញុំដោយព្រះជាម្ចាស់។
បន្ទាប់ពីនោះមក ខ្ញុំមិនបានទៅរៀននៅសាកលវិទ្យាល័យទេ ផ្ទុយទៅវិញ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ។ តាមរយៈការប្រកបគ្នា និងការលាតត្រដាងរបស់ព្រះជាម្ចាស់ ខ្ញុំទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីការដេញតាមចំណេះដឹងរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឱ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឱ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំអ្នកចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឱ្យស្រួលស្ដាប់ទៅ ដើម្បីឱ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឱ្យមានមហិច្ឆតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាសេចក្ដីប្រាថ្នារបស់មនុស្សខ្ពង់ខ្ពស់យ៉ាងណា មិនថាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬសមហេតុផលយ៉ាងណាក៏ដោយ ក៏អ្វីៗដែលមនុស្សចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពេញមួយជីវិតរបស់ពួកគេ ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ “កិត្តិយស” និង “ផលប្រយោជន៍”។ សាតាំងប្រើវិធីសាស្ត្រដ៏ស្រទន់មួយ ជាវិធីសាស្ត្រដែលស្របតាមសញ្ញាណរបស់មនុស្សយ៉ាងខ្លាំង ហើយដែលមិនមានលក្ខណៈខ្លាំងក្លានោះទេ ដើម្បីឱ្យមនុស្ស ទទួលយកមធ្យោបាយ និងច្បាប់នៃការរស់រានរបស់វា បង្កើតគោលដៅ និងទិសដៅជីវិត ហើយមានសេចក្ដីប្រាថ្នាក្នុងជីវិត ដោយមិនដឹងខ្លួន។ ទោះបីជាការពណ៌នារបស់មនុស្សអំពីសេចក្ដីប្រាថ្នានៃជីវិតរបស់ពួកគេ ស្ដាប់ទៅអស្ចារ្យយ៉ាងណាក៏ដោយ ក៏សេចក្ដីប្រាថ្នាទាំងនេះតែងតែនៅវិលវល់ជុំវិញកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែរ។ អ្វីគ្រប់យ៉ាងដែលមហាបុរស ឬបុគ្គលល្បីល្បាញណាម្នាក់ ឬតាមពិតទៅ នរណាក៏ដោយ ដេញតាមពេញមួយជីវិតរបស់ពួកគេ គឺទាក់ទងតែនឹងពាក្យពីរម៉ាត់នេះប៉ុណ្ណោះ គឺ “កេរ្តិ៍ឈ្មោះ” និង “លាភសក្ការៈ”។ មនុស្សគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និងអ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅឱ្យសាតាំង ដោយរីករាយ និងដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយប្រគល់ទាំងអស់គ្មានសល់អ្វីឡើយ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិច ហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ក្រោយពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទីបំផុតខ្ញុំបានដឹងថា ខ្ញុំត្រូវបានសាតាំងល្បួងឱ្យដើរលើផ្លូវខុស ក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ សាតាំងពិតជាពិសពុល និងទុច្ចរិតមែន៖ ដំបូង វាប្រើប្រាស់រឿងដែលមើលទៅដូចជាត្រឹមត្រូវ ដោយធ្វើឱ្យមនុស្សសិក្សា និងរៀនសូត្រចំណេះដឹង ហើយបន្ទាប់មក ក្នុងដំណើរការនៃការរៀនសូត្រ ដោយមិនឱ្យយើងដឹងខ្លួន វាបានបញ្ចូលគំនិត និងសេចក្ដីថ្លែងអះអាងបែបសាតាំងគ្រប់ប្រភេទទៅក្នុងដួងចិត្តរបស់មនុស្ស ដូចជា «ចំណេះដឹងអាចផ្លាស់ប្ដូរវាសនារបស់អ្នក» «ការដេញតាមផ្សេងទៀតគឺតូចតាច មានតែការរៀនសូត្រទេដែលប្រសើរបំផុត» «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» និង «អ្នកណាដែលធ្វើការប្រើគំនិតគ្រប់គ្រងអ្នកដទៃ ហើយអ្នកណាដែលធ្វើការដោយប្រើដៃ ត្រូវបានអ្នកដទៃគ្រប់គ្រង»។ គំនិតទាំងនេះធ្វើឱ្យយើងគោរពបូជាចំណេះដឹង និងដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដោយគិតថា ការទទួលបានការអប់រំខ្ពស់ នឹងនាំឱ្យមានការងារល្អ នាំកិត្តិយសដល់បុព្វបុរស និងអាចឱ្យយើងរួចផុតពីជីវិតដែលពោរពេញដោយកិច្ចការលំបាក។ ដូច្នេះ ខ្ញុំគិតថា តាមរយៈការចូលរៀននៅសាកលវិទ្យាល័យ ខ្ញុំអាចផ្លាស់ប្ដូរវាសនារបស់ខ្ញុំបាន ហើយទទួលបាននូវអ្វីដែលមនុស្សហៅថា ជីវិតដ៏ល្អ។ ខ្ញុំចាប់ផ្ដើមផ្ដោតទៅលើពិន្ទុ និងចំណាត់ថ្នាក់ប្រឡង ហើយខ្ញុំឧស្សាហ៍មានអារម្មណ៍ធ្លាក់ទឹកចិត្ត និងខកចិត្ត នៅពេលដែលការខិតខំប្រឹងប្រែងរបស់ខ្ញុំមិនទទួលបានលទ្ធផលល្អ។ ទោះបីជាច្រើនដង ខ្ញុំមានអារម្មណ៍ថា ជីវិតជាសិស្សគឺកណ្ដោចកណ្ដែង និងគួរឱ្យធុញទ្រាន់ ឬខ្ញុំមានអារម្មណ៍ឈឺចាប់ដោយសារតែការប្រកួតប្រជែងជាមួយអ្នកដទៃ ដើម្បីដណ្ដើមចំណាត់ថ្នាក់ក៏ដោយ ក៏ខ្ញុំនៅតែសុខចិត្តរងទុក្ខ និងនឿយហត់សម្រាប់គោលដៅនេះ ដោយមិនដឹងពីរបៀបរើបម្រះ និងតវ៉ានោះទេ។ ខ្ញុំនឹកឃើញដល់មិត្តរួមតុរបស់ខ្ញុំ។ គាត់តែងតែខិតខំរៀនសូត្ររហូតដល់យប់ជ្រៅ ក្នុងបំណងចង់ចូលរៀននៅសាកលវិទ្យាល័យល្អមួយ ប៉ុន្តែគាត់កើតជំងឺចម្លែកមួយ ដោយសារតែការព្រួយបារម្ភខ្លាំងពេក។ នៅទីបញ្ចប់ គាត់ត្រូវឈប់សម្រាកពីការសិក្សា ដើម្បីព្យាបាលជំងឺ។ ហើយក៏មានសិស្សរៀនត្រួតម្នាក់នោះ ដែលបានលោតសម្លាប់ខ្លួន។ សម្រាប់អ្នកដទៃ វាហាក់ដូចជាខុសគ្នាត្រឹមតែពិន្ទុបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែគាត់ឱ្យតម្លៃទៅលើពិន្ទុនោះ ជាងជីវិតរបស់គាត់ទៅទៀត។ ទីបំផុត គាត់បានជ្រើសរើសលោតសម្លាប់ខ្លួន។ នេះក៏បណ្ដាលមកពីការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈផងដែរ។ ចេញពីការពិតទាំងនេះ ខ្ញុំបានឃើញពីបំណងដ៏អាក្រក់របស់សាតាំង ក្នុងការល្បួងមនុស្សឱ្យដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ សាតាំងមិនត្រឹមតែដឹកនាំយើងឱ្យឆ្ងាយពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើបាប និងលេងសើចនឹងយើងតាមតែចិត្តចង់ រហូតដល់ទីបំផុត វាលេបត្របាក់យើង។ ប្រសិនបើគ្មានការលាតត្រដាងរបស់ព្រះជាម្ចាស់ទេ ខ្ញុំច្បាស់ជាមិនអាចមើលឃើញយ៉ាងច្បាស់ថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គឺជាល្បិចដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយនោះទេ ហើយខ្ញុំច្បាស់ជាបន្តរងទុក្ខលំបាកគ្រប់បែបយ៉ាងដែលមិនចាំបាច់ ដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លើសពីនេះទៅទៀត ខ្ញុំច្បាស់ជារសាត់ឆ្ងាយពីព្រះជាម្ចាស់ ហើយបិទទ្វារចំពោះសេចក្ដីសង្គ្រោះរបស់ទ្រង់មិនខាន។ ខ្ញុំបានខិតខំរៀនសូត្រជាងដប់ឆ្នាំ ដើម្បីទទួលបានការស្ញប់ស្ញែងពីអ្នកដទៃ ហើយខ្ញុំបានព្រងើយកន្តើយ ថែមទាំងភ្លេចអំពីការជឿលើព្រះជាម្ចាស់ទៀតផង។ ប្រសិនបើមិនមែនដោយសារសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលទ្រង់បានរៀបចំឱ្យបងប្អូនប្រុសស្រីមកជួយខ្ញុំ និងនាំខ្ញុំចូលក្នុងជីវិតពួកជំនុំទេ ខ្ញុំមិនដឹងថាខ្ញុំនឹងត្រូវរសាត់អណ្ដែតក្នុងភាពវង្វេងវង្វាន់យូរប៉ុណ្ណាទៀតនោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំកាន់តែមើលឃើញថា ផ្លូវនៃការជឿលើព្រះជាម្ចាស់ គឺជាផ្លូវដ៏ត្រឹមត្រូវក្នុងជីវិត។ ព្រះជាម្ចាស់បានបើកសម្ដែងនូវរាល់អាថ៌កំបាំងនៃសេចក្ដីពិតដល់យើង ឧទាហរណ៍ ថាតើមនុស្សបានអភិវឌ្ឍមកដល់សព្វថ្ងៃនេះដោយរបៀបណា តើមនុស្សមកពីណា ហើយនឹងទៅទីណា ការពិតអំពីរបៀបដែលមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ របៀបដោះស្រាយនិស្ស័យពុករលួយ និងរស់នៅបង្ហាញពីលក្ខណៈជាមនុស្សពិតប្រាកដ របៀបស្គាល់ និងថ្វាយបង្គំព្រះជាម្ចាស់ របៀបក្លាយជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដាជាដើម។ នៅក្នុងសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ ខ្ញុំបានឃើញពីការចង្អុលបង្ហាញនៃជីវិត ហើយខ្ញុំបានរកឃើញតម្លៃនៃជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាដឹងគុណណាស់ ដែលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់បានមកដល់ខ្ញុំ ដោយអនុញ្ញាតឱ្យខ្ញុំត្រឡប់មកចំពោះទ្រង់វិញ។ អរព្រះគុណព្រះជាម្ចាស់!