៣៣. តើមនុស្សគួរដេញតាមអ្វីនៅក្នុងជីវិត?
ខ្ញុំកើតក្នុងគ្រួសារកសិករធម្មតាមួយនៅទសវត្សរ៍ឆ្នាំ១៩៧០។ ខ្ញុំមានបងប្អូនច្រើន ហើយពួកយើងរស់នៅក្នុងជីវភាពក្រីក្រ។ ផ្ទុយទៅវិញ គ្រួសារមួយចំនួនក្នុងភូមិរបស់យើង បានធ្វើការនៅទីរួមស្រុក។ គេមានប្រាក់ខែ ហូបឆ្ងាញ់ និងស្លៀកពាក់សមរម្យ។ អ្នកភូមិក៏គួរសម និងគោរពគេខ្លាំងណាស់ដែរ។ ពេលឃើញបែបនេះ ខ្ញុំក៏ចាប់ផ្ដើមគិតថា៖ «មានលុយគឺវាល្អមែន រស់នៅយ៉ាងបរិបូរណ៍ ហើយគេឯងក៏កោតសរសើរទៀត»។ ម៉ែខ្ញុំតែងតែផ្ដាំថា៖ «យើងគ្មានសាច់ញាតិអ្នកមានទេ ហើយក៏គ្មានខ្សែរយៈរកការងារធ្វើដែរ។ កូនត្រូវតែខំរៀន ចូលមហាវិទ្យាល័យ ថ្ងៃក្រោយរកការងារបានធ្វើ។ ពេលកូនរៀនចប់មានការងារធ្វើ ម៉ែអស់បារម្ភហើយ»។ ហេតុនេះ ខ្ញុំចាត់ទុកការចូលមហាវិទ្យាល័យ ជាក្ដីសង្ឃឹមតែមួយគត់ ដើម្បីផ្លាស់ប្ដូរវាសនាខ្ញុំ។ ប៉ុន្តែ ពេលការប្រឡងចូលមហាវិទ្យាល័យជិតមកដល់ រឿងនឹកស្មានមិនដល់ក៏កើតឡើង។ ម៉ែខ្ញុំកើតជំងឺមហារីកបំពង់ក ហើយត្រូវសម្រាកពេទ្យដើម្បីវះកាត់ ដែលត្រូវចំណាយលុយច្រើនណាស់។ គ្រួសារខ្ញុំពិតជាគ្មានលុយឲ្យខ្ញុំរៀនបន្តទេ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ដូចមេឃធ្លាក់សង្កត់អ៊ីចឹង។ ថ្ងៃបន្ទាប់ៗមក ខ្ញុំបានកំដរម៉ែទៅពេទ្យដើម្បីព្យាបាល និងចាក់គីមី ប៉ុន្តែគាត់នៅតែស្លាប់ចោលខ្ញុំ។ ក្ដីសុបិនចង់ចូលមហាវិទ្យាល័យរបស់ខ្ញុំ ក៏រលាយសាបសូន្យអស់ ហើយមានគេម្នាក់ថែមទាំងបានចំអកឱ្យខ្ញុំនៅចំពោះមុខថា៖ «នាងមានវាសនាដូច ឈីងវិន ក្នុងរឿងក្ដីស្រមៃក្នុងវិមានក្រហមអ៊ីចឹង។ មហិច្ឆិតារបស់នាងខ្ពស់ជាងមេឃ តែវាសនារបស់នាងស្ដើងជាងក្រដាស។ ព្រមទទួលស្គាល់វាសនាខ្លួនឯងទៅ!» នៅចំពោះមុខការចំអកនេះ ខ្ញុំបានដឹងថា ទំនៀមទម្លាប់លោកីយ៍នេះ ពិតជាប្រែប្រួលលឿនស្មានមិនត្រូវ និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងមែន។ បើអត់លុយ មនុស្សគ្រប់គ្នានឹងមើលងាយអ្នកហើយ។ ពេលនោះ ខ្ញុំតាំងចិត្តថា ខ្ញុំត្រូវតែរឹងមាំ ដើម្បីទាមទារសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ។ ខ្ញុំត្រូវតែរកលុយឱ្យបានជាដាច់ខាត ដើម្បីថ្ងៃណាមួយ ខ្ញុំអាចធ្វើឱ្យអ្នកដែលធ្លាប់ចំអកឱ្យខ្ញុំ ងាកមកមើលខ្ញុំក្នុងផ្លូវថ្មី!
ក្រោយរៀបការរួច ខ្ញុំឃើញថា អាជីពពេទ្យជាជម្រើសដ៏ល្អមួយ ព្រោះអាចរកលុយបានច្រើន ហើយគេឯងក៏គោរព។ ហេតុនេះ ខ្ញុំក៏សុំឱ្យប្ដីខ្ញុំប្រើប្រាស់ខ្សែរយៈរបស់គាត់ ដើម្បីជួយឱ្យខ្ញុំបានចូលរៀនសាលាពេទ្យ។ ក្រោយបញ្ចប់ការបណ្ដុះបណ្ដាលវេជ្ជសាស្ត្ររយៈពេលបីឆ្នាំ ខ្ញុំក៏បើកគ្លីនិកផ្ទាល់ខ្លួន។ ខ្ញុំរាក់ទាក់ដាក់អ្នកដទៃ ហើយបន្តិចម្ដងៗ ក៏មានមនុស្សកាន់តែច្រើនមកមើលជំងឺនៅគ្លីនិកខ្ញុំ។ ខ្ញុំក៏បន្តរៀនពេទ្យបន្ថែម ដើម្បីយកសញ្ញាបត្រផ្សេងៗ។ ជំនាញពេទ្យរបស់ខ្ញុំក៏កាន់តែពូកែឡើង ហើយមិនយូរប៉ុន្មាន ខ្ញុំក៏ក្លាយជាគ្រូពេទ្យល្បីឈ្មោះម្នាក់នៅតំបន់នោះ។ ខ្ញុំបើកគ្លីនិករកលុយបានច្រើនជាងប្ដីខ្ញុំធ្វើការទៅទៀត អ្នកជំងឺគោរពខ្ញុំ ហើយសាច់ញាតិ និងមិត្តភក្ដិក៏កោតសរសើរខ្ញុំដែរ។ ប្រពន្ធមិត្តភក្ដិខ្ញុំថែមទាំងសរសើរខ្ញុំផ្ទាល់មាត់ថា៖ «ឥឡូវ ឯងស្លៀកពាក់ឡូយណាស់។ បើធៀបនឹងប៉ុន្មានឆ្នាំមុន ឯងដូចជាមនុស្សពីរផ្សេងគ្នាអ៊ីចឹង!» ខ្ញុំមានមិត្តភក្ដិកាន់តែច្រើនឡើងៗដោយមិនដឹងខ្លួន ហើយមនុស្សកាន់តែច្រើនបានមករកខ្ញុំឲ្យជួយពួកគេ។ សូម្បីតែអ្នកដែលធ្លាប់ចំអកឲ្យខ្ញុំពីមុន ក៏ញញឹមញញែម និងនិយាយបញ្ចោរ ពេលឃើញខ្ញុំដែរ។ វាពិតជាត្រូវមែនដែលគេថា «លុយអាចបង្វិលពិភពលោកបាន» «ពេលអ្នកក្រនៅក្នុងទីក្រុង គ្មាននរណាម្នាក់ខ្វល់ខ្វាយពីអ្នកទេ តែពេលអ្នកមាននៅក្នុងព្រៃភ្នំ អ្នកនឹងរកឃើញសាច់ញាតិដែលអ្នកមិនដែលស្គាល់»។ ការបើកគ្លីនិកធ្វើឱ្យខ្ញុំមានទាំងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយការចង់បានមុខមាត់របស់ខ្ញុំ ក៏ត្រូវចិត្តយ៉ាងខ្លាំង។
ប៉ុន្មានឆ្នាំមកនេះ ជំនាញពេទ្យរបស់ខ្ញុំកាន់តែពូកែឡើង ហើយមនុស្សកាន់តែច្រើនបានមករកខ្ញុំដើម្បីព្យាបាល។ គ្រូបង្រៀនពីរបីនាក់នៅសាលាក្បែរនោះ បានហៅខ្ញុំឲ្យទៅបើកគ្លីនិកនៅសាលារបស់ពួកគេ។ ពិតណាស់ ខ្ញុំមិនរំលងឱកាសរកលុយដ៏ល្អបែបនេះទេ។ ខ្ញុំបើកគ្លីនិកពីរក្នុងពេលតែមួយ ហើយក៏កាន់តែរវល់ឡើងៗ។ បងថ្លៃស្រីរបស់ខ្ញុំបានផ្សាយដំណឹងល្អអំពីគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ ប៉ុន្តែខ្ញុំគ្មានពេលស្វែងយល់ទេ ព្រោះខ្ញុំបានលះបង់ពេលវេលា និងកម្លាំងទាំងអស់ទៅលើគ្លីនិកអស់ទៅហើយ។ ថ្ងៃមួយ ខ្ញុំបានបញ្ចប់ការងារ ក្រោយពេលចាក់ថ្នាំឲ្យក្មេងស្រីអាយុ២ ឆ្នាំម្នាក់រួច។ ពេលកំពុងញ៉ាំបាយ ស្រាប់តែខ្ញុំទទួលបានទូរស័ព្ទពីគ្រួសាររបស់នាង ដោយប្រាប់ថា នាងបែកពពុះមាត់ និងប្រកាច់ពេញខ្លួន ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកណ្ដាល។ ពួកគេសុំឱ្យខ្ញុំទៅដល់ទីនោះឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំភ័យខ្លាំងណាស់ រហូតដល់ស្លេកមុខ ហើយក៏ប្រញាប់ទៅមន្ទីរពេទ្យ។ គ្រូពេទ្យប្រចាំការបាននិយាយថា៖ «ពេលនេះមិនអីទេ។ ក្មេងតូចនេះប្រហែលជាប្រតិកម្មថ្នាំហើយ»។ មានម្ដងទៀត អ្នកជំងឺម្នាក់បានធ្វើតេស្តប្រតិកម្មស្បែក តែមិនមានប្រតិកម្មអ្វីទេ។ ប៉ុន្តែ ពេលកំពុងដាក់សេរ៉ូម ស្រាប់តែគាត់ចាប់ផ្ដើមញ័រពេញខ្លួន។ ញ័ររង្គើទាំងគ្រែ ហើយបេះដូងរបស់ខ្ញុំ ស្រាប់តែស្ទើរតែលោតចេញមកក្រៅទៅហើយ។ ទាល់តែសង្គ្រោះបន្ទាន់រួច ទើបគាត់បានធូរស្បើយបន្តិចម្ដងៗ។ ក្រោយពីជួបរឿងទាំងពីរនេះរួចមក ខ្ញុំភ័យបារម្ភរាល់ថ្ងៃ ហើយអារម្មណ៍នៅមិនសុខសោះពេញមួយថ្ងៃ ដោយភ័យខ្លាចយ៉ាងខ្លាំងថានឹងមានកំហុសឆ្គងវេជ្ជសាស្ត្រកើតឡើង។ ទោះបីការបើកគ្លីនិកអាចឲ្យខ្ញុំរកលុយបានខ្លះ ហើយការកោតសរសើរ និងការគោរពពីអ្នកដទៃ បានបំពេញចិត្តចង់បានមុខមាត់របស់ខ្ញុំក្ដី តែក្រោយពីហត់នឿយពេញមួយថ្ងៃ ខ្ញុំបែរជាមានអារម្មណ៍ថាក្នុងចិត្តទទេស្អាត និងវង្វេងវង្វាន់ទៅវិញ។ តាំងពីតូចមក ខ្ញុំជឿលើព្រះអម្ចាស់យេស៊ូវ ហើយមុនពេលបើកគ្លីនិក ខ្ញុំឧស្សាហ៍អធិដ្ឋាន និងអានព្រះគម្ពីរណាស់។ តែពេលនេះ ពេញមួយថ្ងៃ ខ្ញុំគិតតែពីរឿងធ្វើយ៉ាងណាត្រូវប្រយ័ត្នប្រយែងក្នុងការព្យាបាល និងធ្វើយ៉ាងណាឲ្យជំនាញពេទ្យរបស់ខ្ញុំកាន់តែពូកែ ដើម្បីយកឈ្នះគ្រូពេទ្យដទៃ។ ខ្ញុំលែងអធិដ្ឋាន ឬអានព្រះគម្ពីរទៀតហើយ ចិត្តរបស់ខ្ញុំបានឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់ ហើយខ្ញុំកំពុងរស់នៅដូចជាអ្នកគ្មានជំនឿម្នាក់អ៊ីចឹង។ ខ្ញុំចង់កែប្រែខ្លួនឯង តែរាល់ថ្ងៃខ្ញុំរវល់ខ្លាំងពេក រហូតគ្មានកម្លាំងនឹងដកខ្លួនរួចសោះ។
ចំណុចរបត់នៅក្នុងជីវិតជាអ្នកជឿរបស់ខ្ញុំ គឺនៅឆ្នាំ ២០០៨។ ពេលនោះ ខ្ញុំអាយុ៣៦ ឆ្នាំ ហើយកំពុងពពោះកូនទីពីរ។ ពេលពពោះបានបួនខែ ពេទ្យពិនិត្យឃើញថាខ្ញុំមានជំងឺលើសឈាម ហើយចូលដល់ខែទីប្រាំមួយ ឬទីប្រាំពីរ ខ្លួនខ្ញុំហើមទាំងអស់ ធ្មេញក៏រង្គើ ហើយសក់ខ្ញុំក៏ចាប់ផ្ដើមស្កូវដោយមិនដឹងខ្លួន។ ខ្ញុំត្រូវដេកពេទ្យ ព្រោះសម្ពាធឈាមនៅតែបន្តឡើងខ្ពស់។ យប់មួយ ធ្មេញខ្ញុំជាច្រើនចាប់ផ្ដើមហូរឈាម ហើយពោះខ្ញុំក៏ចាប់ផ្ដើមឈឺ។ សញ្ញាព្រមាននៃការហូរឈាមខ្លាំងបានលេចឡើង ហើយក្រោយពីពិគ្រោះយោបល់បន្ទាន់ជាមួយគ្រូពេទ្យជាច្រើននាក់រួច គ្រូពេទ្យក៏សម្រេចចិត្តវះកាត់យកកូនចេញភ្លាមៗ។ គាត់ថែមទាំងបានប្រាប់ថា វាមានលទ្ធភាពអាចទៅរួចដែលទាំងរូបខ្ញុំ និងកូន ប្រហែលជាមិនអាចឆ្លងផុតពីការវះកាត់នេះឡើយ។ ខ្ញុំដេកនៅលើគ្រែវះកាត់ ស្ដាប់សំឡេងទង្គិចគ្នានៃឧបករណ៍ពេទ្យ ហើយក្នុងចិត្តខ្ញុំពោរពេញដោយគំនិតច្របូកច្របល់ថា៖ «ខ្ញុំទើបតែអាយុ ៣៦ ឆ្នាំសោះ ហើយតែងតែដេញតាមតែលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ប្រសិនបើខ្ញុំបាត់បង់ជីវិត តើលុយទាំងអស់នៅលើលោកនេះ មានប្រយោជន៍អ្វីទៅ? លុយច្រើនប៉ុណ្ណាក៏មិនអាចសង្គ្រោះជីវិតខ្ញុំបានដែរ! តើលុយកាក់ កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងការកោតសរសើរ មិនមែនសុទ្ធតែជារបស់ក្រៅខ្លួនទេឬ?» អំឡុងពេលវះកាត់ គ្រូពេទ្យបាននិយាយដោយការភ្ញាក់ផ្អើលថា៖ «សុកបានរបើកអស់បីភាគបួនទៅហើយ តែមិនមានហូរឈាមខ្លាំងទេ។ អ្នកនិងកូនមានសុវត្ថិភាពហើយ។ ពិតជាសំណាងធំមែន!» ក្រោយពេលចេញពីពេទ្យ ខ្ញុំខ្សោយកម្លាំងខ្លាំងណាស់ ហើយត្រូវសម្រាកថែទាំសុខភាពនៅផ្ទះ។ បងថ្លៃស្រីខ្ញុំបានធ្វើបន្ទាល់ប្រាប់ខ្ញុំ អំពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាម្តងទៀត។ ពេលស្ដាប់ការប្រកបគ្នារបស់គាត់រួច ខ្ញុំក៏យល់ថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងសង្គ្រោះមនុស្សជាតិ។ មានតែការទទួលយកសេចក្ដីពិតទេ ទើបអាចបន្សុទ្ធ និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់មនុស្សបាន ហើយមានតែធ្វើបែបនេះទេ ទើបពួកគេអាចទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រាភយន្តរាយ ហើយអាចរស់រានមានជីវិត ដើម្បីទទួលបានគោលដៅដ៏ស្រស់បំព្រង។ ខ្ញុំក្រឡេកមើលទៅប៉ុន្មានឆ្នាំមុន ពេលដែលខ្ញុំលះបង់ពេលវេលា និងកម្លាំងទាំងអស់ទៅលើមុខរបររបស់ខ្ញុំ។ ខ្ញុំមិនដែលគិតចង់ស្វែងយល់ពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់សោះ។ បើខ្ញុំបដិសេធមិនទទួលយកព្រះដ៏ពិត នោះខ្ញុំកំពុងតែទាស់ទទឹងនឹងព្រះជាម្ចាស់ហើយ! គិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ដូច្នេះ ខ្ញុំក៏សម្រេចចិត្តស្វែងយល់ពីផ្លូវពិតនេះ។ ថ្ងៃបន្ទាប់ៗមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើន ហើយក៏ជឿជាក់យ៉ាងច្បាស់ថា ព្រះអម្ចាស់យេស៊ូវពិតជាបានយាងត្រឡប់មកវិញ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាមែន។ បន្ទាប់មក ខ្ញុំក៏បានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចាប់ផ្ដើមរស់នៅក្នុងជីវិតពួកជំនុំ។
មួយរយៈក្រោយមក សុខភាពខ្ញុំក៏បានធូរស្បើយឡើងវិញ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏ត្រូវបានគេជ្រើសរើសជាគ្រូជំនួយផ្នែកស្រោចស្រព។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ ដែលបានលើកតម្កើងខ្ញុំ ឲ្យខ្ញុំអាចបំពេញភារកិច្ចបាន។ ខ្ញុំមិនសូវបាននៅគ្លីនិកប៉ុន្មានទេ ព្រោះខ្ញុំត្រូវទៅចូលរួមការជួបជុំជាច្រើន ហើយអ្នកជំងឺដែលមកព្យាបាលក៏កាន់តែតិចទៅៗដែរ។ ខ្ញុំព្រួយបារម្ភណាស់ ហើយគិតថា៖ «បើនៅតែអញ្ចឹងទៀត តើនឹងទៅជាយ៉ាងណាទៅ?! បើម៉ូយប្រចាំរបស់ខ្ញុំទៅមើលជំងឺកន្លែងផ្សេងអស់ តើថ្ងៃក្រោយខ្ញុំបានលុយពីណាមក? បើនៅតែអញ្ចឹង តើខ្ញុំមិនត្រូវបិទគ្លីនិកចោលទេឬ? ធ្វើអញ្ចឹងមិនកើតទេ! ខ្ញុំត្រូវតែទៅនិយាយជាមួយពួកអ្នកដឹកនាំពួកជំនុំ សុំឲ្យពួកគាត់បន្ធូរបន្ថយក្រុមជួបជុំដែលខ្ញុំត្រូវទទួលខុសត្រូវខ្លះ ទើបបាន»។ តែក្រោយមក ខ្ញុំគិតថា៖ ខ្ញុំគឺជាភាវៈដែលព្រះបានបង្កើត ហើយខ្ញុំគួរតែបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាព នេះជាមនសិការ និងវិចារណញាណដែលខ្ញុំគួរតែមាន។ ដូច្នេះ ខ្ញុំក៏មិនបាននិយាយអ្វីប្រាប់អ្នកដឹកនាំឡើយ។ ប៉ុន្តែខណៈពេលជួបជុំ ខ្ញុំមានអារម្មណ៍ថាតានតឹង និងនៅមិនសុខយ៉ាងខ្លាំង ហើយលួចគណនាក្នុងចិត្តថា ខ្ញុំខាតលុយអស់ប៉ុន្មាន ពេលមកចូលរួមការជួបជុំនេះ។ ខ្ញុំមិនបានស្ងប់ចិត្តនៅចំពោះព្រះជាម្ចាស់ ដើម្បីសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះអង្គទាល់តែសោះ។ ខ្ញុំដឹងថាសភាពរបស់ខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះ ខ្ញុំក៏អធិដ្ឋាន និងស្វែងរកព្រះជាម្ចាស់។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ ដែលជួយខ្ញុំបានច្រើនណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើអ្នកមិនស្វះស្វែងរកឱកាសឱ្យព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ទេ ហើយប្រសិនបើអ្នកមិនប្រឹងប្រែងឱ្យខ្លាំងជាងគេដើម្បីស្វែងរកការប្រោសឱ្យគ្រប់លក្ខណ៍ទេ នោះទីបំផុត អ្នកនឹងពោរពេញដោយវិប្បដិសារីមិនខាន។ ឱកាសដ៏ល្អបំផុតក្នុងការទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ គឺជាពេលនេះ។ ពេលនេះគឺពេលដ៏ល្អណាស់។ ពេលដែលកិច្ចការរបស់ទ្រង់បានបញ្ចប់ ប្រសិនបើអ្នកមិនស្វះស្វែងឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍ឱ្យអស់ពីចិត្តនោះទេ វានឹងយឺតពេលហើយ អ្នកនឹងបាត់បង់ឱកាស។ មិនថាអ្នកមានក្តីប្រាថ្នាអស្ចារ្យបែបណានោះទេ ប្រសិនបើព្រះជាម្ចាស់មិនធ្វើការតទៅទៀតទេ នោះទោះបីអ្នកប្រឹងប្រែងយ៉ាងណា ក៏អ្នកគ្មានផ្លូវនឹងទទួលបានភាពគ្រប់លក្ខណ៍បានដែរ។ អ្នកត្រូវចាប់យកឱកាសនេះ ហើយសហការ ខណៈពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងអស្ចារ្យ។ ប្រសិនបើអ្នកបាត់បង់ឱកាសនេះ អ្នកនឹងមិនទទួលបានឱកាសថ្មីផ្សេងទេ ទោះបីជាអ្នកប្រឹងប្រែងយ៉ាងណាក៏ដោយ» («ចូរគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ចំណែកឯអ្នកដែលនៅចន្លោះកណ្ដាល ដៃម្ខាងក្ដាប់លុយ ដៃម្ខាងទៀតក្ដាប់សេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាច្បាស់ក្រឡែតដោយខ្លួនឯងទេឬ? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាមានភាពស្មោះត្រង់ចំពោះ នោះអ្នករាល់គ្នានឹងជ្រើសរើសក្នុងរបៀបនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? មនុស្សជាច្រើននៃអ្នករាល់គ្នាបានរេរារវាងខុស និងត្រូវ តើមែនទេ? នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខដុម និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។ រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសព្រះទ័យណាស់។ ដួងចិត្តរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ ព្រះលោហិតបេះដូងដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ មិននឹកស្មានថាបែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការទទួលយកទាំងគ្មានជម្រើសរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានបើកបង្ហាញទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំបានឃើញពីបំណងព្រះហឫទ័យដ៏បន្ទាន់របស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ ពេលនេះ កិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលដ៏សំខាន់បំផុត ក្នុងការកំណត់លទ្ធផលរបស់មនុស្សហើយ។ ភយន្តរាយផ្សេងៗកំពុងកើតមាននៅគ្រប់ទីកន្លែង រួមមានការរញ្ជួយដី គ្រោះទុរ្ភិក្ស និងរោគរាតត្បាតដែលកើតឡើងជាញឹកញាប់។ កិច្ចការរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ ហើយការដើរតាមព្រះជាម្ចាស់ និងការទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអង្គ គឺជាឱកាសតែមួយគត់របស់យើង ដើម្បីអាចទទួលបានការសង្គ្រោះ។ បើយើងបាត់បង់ឱកាសនេះ យើងនឹងស្ដាយក្រោយអស់មួយជីវិតមិនខាន។ ការដែលខ្ញុំមានឱកាសបានបំពេញភារកិច្ចស្រោចស្រព គឺជាព្រះគុណរបស់ព្រះជាម្ចាស់។ បំណងព្រះហឫទ័យរបស់ព្រះអង្គ គឺចង់ឲ្យខ្ញុំទទួលបានសេចក្ដីពិតកាន់តែច្រើន តាមរយៈការបំពេញភារកិច្ច។ ប៉ុន្តែ ខ្ញុំបែរជាខ្លាចថា បើចូលរួមការជួបជុំច្រើនពេក ខ្ញុំនឹងខាតពេលរកលុយទៅវិញ។ ពេលកំពុងជួបជុំ ខ្ញុំមិនអាចស្ងប់ចិត្តដើម្បីសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ ហើយខ្ញុំថែមទាំងចង់សុំពួកអ្នកដឹកនាំ ឲ្យបន្ធូរបន្ថយក្រុមជួបជុំដែលខ្ញុំត្រូវទទួលខុសត្រូវទៀតផង។ រវាងលុយកាក់ និងភារកិច្ច ខ្ញុំនៅតែឱបក្រសោបរបស់ក្រៅខ្លួន ដូចជាលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដោយមិនព្រមលះបង់សោះ។ ពេលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ ហើយភយន្តរាយដ៏ធំសម្បើមធ្លាក់ចុះមក បើខ្ញុំមិនទាន់ទទួលបានសេចក្ដីពិតទេ ខ្ញុំនឹងត្រូវវិនាសនៅក្នុងភយន្តរាយនោះមិនខាន។ ដល់ពេលនោះ ទោះជាខ្ញុំទ្រហោយំ និងសង្កៀតធ្មេញប៉ុណ្ណា ឬស្ដាយក្រោយខ្លាំងប៉ុណ្ណា ក៏វាហួសពេលបាត់ទៅហើយដែរ។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំក៏យល់ដែរថា ទោះបីការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ អាចនាំមកនូវការសប្បាយខាងសាច់ឈាម ហើយធ្វើឲ្យគេឯងគោរពកោតសរសើរក៏ពិតមែន តែវាគ្រាន់តែជាការស្កប់ស្កល់មួយគ្រាប៉ុណ្ណោះ។ ពេលភយន្តរាយមកដល់ លុយមិនអាចសង្គ្រោះជីវិតយើងបានទាល់តែសោះ។ ខ្ញុំនឹកគិតថា ទោះបីខ្ញុំរកលុយបានខ្លះពីការបើកគ្លីនិកក៏ពិតមែន តែខ្ញុំស្ទើរតែស្លាប់ដោយសារធ្លាក់ឈាមពេលសម្រាលកូនទៅហើយ។ បើគ្មានការថែរក្សា និងការពារពីព្រះជាម្ចាស់ទេ ទោះមានលុយច្រើនប៉ុណ្ណាក៏មិនអាចសង្គ្រោះជីវិតខ្ញុំបានដែរ។ ប្រពន្ធមិត្តភក្ដិខ្ញុំម្នាក់គាត់ជាគ្រូបង្រៀន ស្រាប់តែពេទ្យពិនិត្យឃើញថាគាត់មានជំងឺមហារីកសុដន់ នៅអាយុជាង៣០ ឆ្នាំ។ សូម្បីតែថ្នាំនាំចូលតម្លៃថ្លៃៗ ក៏មិនអាចសង្គ្រោះជីវិតគាត់បានដែរ ហើយចុងក្រោយ គាត់ក៏បានបាត់បង់ជីវិតក្នុងអាយុ ៣៦ ឆ្នាំ។ ម្យ៉ាងទៀត មិត្តរួមថ្នាក់ខ្ញុំម្នាក់គាត់បើកមន្ទីរពេទ្យឆ្អឹង ហើយក៏ល្បីឈ្មោះគួរសមដែរនៅក្នុងស្រុកយើង។ នឹកស្មានមិនដល់ ពេទ្យពិនិត្យឃើញថាគាត់មានជំងឺមហារីកថ្លើម ហើយគួរឲ្យសោកស្ដាយ គាត់ក៏ស្លាប់នៅប្រាំមួយខែក្រោយមក។ ខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «តើមនុស្សម្នាក់នឹងបានផលចំណេញអ្វី ប្រសិនបើគាត់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភយន្តរាយកាន់តែធ្ងន់ធ្ងរឡើងៗ ដោយមានការរញ្ជួយដី គ្រោះទុរ្ភិក្ស និងរោគរាតត្បាតកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។ មនុស្សជាច្រើនបានស្លាប់យ៉ាងទាន់ហន់នៅក្នុងភយន្តរាយទាំងនោះ។ ទោះមានលុយច្រើនប៉ុណ្ណាក៏ដោយ ក៏យើងមិនអាចធ្វើអ្វីបានដែរ នៅចំពោះមុខសេចក្ដីស្លាប់។ លុយមិនអាចសង្គ្រោះជីវិតនរណាម្នាក់បានឡើយ។ មានតែការដើរតាមព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតឲ្យបានល្អទេ ទើបយើងអាចទទួលបានការសង្គ្រោះពីព្រះជាម្ចាស់ ហើយអាចរស់រានមានជីវិតបាន។ មានតែធ្វើបែបនេះទេ ទើបយើងអាចមានវាសនា និងគោលដៅដ៏ល្អមួយ។ ពេលនេះ កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់មិនទាន់ចប់នៅឡើយទេ។ ខ្ញុំគួរតែខិតខំដេញតាមសេចក្ដីពិត និងចេះឲ្យតម្លៃចំពោះឱកាសបានបំពេញភារកិច្ចរបស់ខ្ញុំនៅពេលនេះ។ ចាប់ពីពេលនោះមក ឲ្យតែមានពេលទំនេរ ខ្ញុំតែងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំក៏អាចស្ងប់ចិត្តបាន ខណៈពេលកំពុងជួបជុំ។
ក្រោយមក មន្ទីរសុខាភិបាលបានតម្រូវឲ្យគ្លីនិកសហគមន៍ទាំងអស់ត្រូវច្របាច់បញ្ចូលគ្នា ដាក់ឲ្យនៅក្រោមការគ្រប់គ្រងរួមតែមួយ ហើយអនុវត្តប្រព័ន្ធទូទាត់សងប្រាក់ថ្លៃព្យាបាលរួម។ អ្នកជំងឺលែងអាចទទួលបានការទូទាត់សងថ្លៃព្យាបាល នៅតាមគ្លីនិកឯកជនទៀតហើយ។ មានគ្រូពេទ្យមួយចំនួនដែលបើកគ្លីនិកនៅក្បែរផ្ទះខ្ញុំ បានមករកខ្ញុំ ដើម្បីពិភាក្សារឿងច្របាច់គ្លីនិកបញ្ចូលគ្នា។ ខ្ញុំគិតថា គ្លីនិកនឹងមានទំហំធំជាងមុន ក្រោយពេលច្របាច់បញ្ចូលគ្នា ហើយខ្ញុំប្រាកដជារកលុយបានកាន់តែច្រើនមិនខាន។ ការច្របាច់គ្លីនិកបញ្ចូលគ្នានេះ គឺជាការល្បួងដ៏ធំមួយសម្រាប់ខ្ញុំ។ តែបន្ទាប់មក ខ្ញុំនឹកគិតថា ឥឡូវនេះខ្ញុំកំពុងបំពេញភារកិច្ចស្រោចស្រព ហើយត្រូវចូលរួមការជួបជុំសឹងតែរាល់ថ្ងៃ។ ពេលខ្ញុំបើកគ្លីនិកខ្លួនឯង កាលវិភាគពេលវេលារបស់ខ្ញុំ គឺមានភាពបត់បែនច្រើន តែបើគ្លីនិកត្រូវច្របាច់បញ្ចូលគ្នាមែន ដៃគូរកស៊ីប្រាកដជារារាំងខ្ញុំ មិនឲ្យទៅជួបជុំញឹកញាប់ ដើម្បីតែប្រយោជន៍របស់ពួកគេមិនខាន ហើយខ្ញុំក៏នឹងលែងមានសេរីភាពទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចដូចមុនទៀតដែរ។ ជីវិតរបស់ខ្ញុំ ប្រាកដជាខាតបង់មិនខាន។ ខ្ញុំពិតជាមិនអាចច្របាច់គ្លីនិកបញ្ចូលគ្នាទេ ព្រោះវានឹងប៉ះពាល់ដល់ការជួបជុំ និងការបំពេញភារកិច្ចរបស់ខ្ញុំ។ តែបើខ្ញុំមិនព្រមច្របាច់គ្លីនិកបញ្ចូលគ្នាទេ នោះអ្នកជំងឺប្រាកដជាកាន់តែតិចទៅៗ ព្រោះគេដឹងថា គេមិនអាចទទួលបានការទូទាត់សងថ្លៃព្យាបាលនៅគ្លីនិកខ្ញុំឡើយ។ យូរៗទៅ គ្លីនិកខ្ញុំប្រាកដជាត្រូវបិទទ្វារមិនខាន ហើយពេលនោះ ខ្ញុំនឹងអស់ផ្លូវរកលុយទាំងស្រុងតែម្ដង។ ប្រឈមមុខនឹងជម្រើសនេះ ខ្ញុំក៏ស្ទាក់ស្ទើរ ហើយប្រាប់ពួកគេថា៖ «ទុកពេលឲ្យខ្ញុំគិតមើលសិន»។ ប៉ុន្មានថ្ងៃបន្ទាប់មក ក្នុងចិត្តខ្ញុំតានតឹងខ្លាំងណាស់ ហាក់ដូចជាមានដុំថ្មដ៏ធំសង្កត់ពីលើអញ្ចឹង។ ខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ ពេលនេះ គ្លីនិករបស់ទូលបង្គំកំពុងជួបរឿងច្របាច់បញ្ចូលគ្នាហើយ។ ទូលបង្គំពិបាកសម្រេចចិត្តពីរឿងនេះណាស់ ហើយមិនដឹងថាត្រូវធ្វើបែបណាទេ។ សូមព្រះអង្គមេត្តាដឹកនាំទូលបង្គំផង»។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយក៏ទទួលបានការយល់ដឹងខ្លះៗ អំពីឫសគល់ដែលធ្វើឲ្យខ្ញុំដេញតាមតែលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «“លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន” តើនេះជានិន្នាការមួយដែរឬទេ? បើធៀបទៅនឹងម៉ូដសម្លៀកបំពាក់ និងនិន្នាការម្ហូបអាហារឆ្ងាញ់ៗដែលអ្នករាល់គ្នាបានលើកឡើង តើភាសិតនេះមិនកាន់តែអាក្រក់ទៀតទេឬអី? “លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន” គឺជាទស្សនវិជ្ជារបស់សាតាំង។ វារីករាលដាលយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្ស និងក្នុងគ្រប់សង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានពិសោធជាមួយជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរការនៃការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំងទេឬអី? ប្រហែលមនុស្សមិនមានកម្រិតនៃការយល់ដឹងអំពីព្រះបន្ទូលនេះដូចគ្នានោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាមានកម្រិតនៃការបកស្រាយ និងកម្រិតនៃការទទួលស្គាល់ភាសិតនេះខុសៗគ្នា ផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញខ្លួនពួកគេ និងផ្អែកលើបទពិសោធរបស់ពួកគេផ្ទាល់។ តើរឿងមិនបែបនេះទេឬអី? មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាពាក់ព័ន្ធពាក្យភាសិតនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើចិត្តរបស់មនុស្សណាម្នាក់? រឿងខ្លះត្រូវបានបើកសម្ដែងតាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងលោកីយ៍នេះ រួមទាំងអ្នករាល់គ្នាគ្រប់ៗរូបផងដែរ។ តើនេះវាជាអ្វីទៅ? នេះជាការថ្វាយបង្គំលុយ។ តើវាពិបាកនឹងដកចេញពីដួងចិត្តរបស់មនុស្សម្នាក់មែនទេ? ពិតជាពិបាកណាស់! ហាក់ដូចជាការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយនោះ ជ្រាលជ្រៅខ្លាំងណាស់! សាតាំងប្រើលុយដើម្បីអន្ទងចិត្តមនុស្ស និងធ្វើឱ្យពួកគេទាំងអស់ពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ និងសម្ភារៈ។ ហើយការថ្វាយបង្គំលុយនេះ សម្ដែងចេញតាមរយៈឥរិយាបថរបស់មនុស្សយ៉ាងដូចម្តេច? តើអ្នករាល់គ្នាមិនគិតថា នៅក្នុងពិភពលោកនេះ អ្នកមិនអាចរស់បានឡើយ បើគ្មានលុយ ហើយថាអ្នកមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃ បើគ្មានវាទេឬអី? ចំនួនលុយដែលមនុស្សមាន កំណត់ថាតើឋានៈរបស់ពួកគេខ្ពស់កម្រិតណា និងថាតើពួកគេថ្លៃថ្នូរកម្រិតណា។ អ្នកក្រមិនមានអារម្មណ៍ថាពួកគេអាចងើបមុខមាត់បានឡើយ ចំណែកឯអ្នកមានវិញ មានឋានៈខ្ពស់ ងើបមុខមាត់ ហើយអាចនិយាយដោយសំឡេងខ្លាំងៗ និងរស់នៅដោយភាពក្រអឺតក្រទម និងតាមអំពើចិត្ត។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអី ដែលមនុស្សជាច្រើនសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយកាក់កាន់តែច្រើនទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? គ្រាន់តែប្រើប្រាស់វិធីសាស្ត្រនេះ និងពាក្យភាសិតនេះ សាតាំងបានធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះ។ តើបំណងចិត្តរបស់សាតាំង មិនមែនពិសពុលទេឬអី? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំយល់ថា រាល់ពេលដែលខ្ញុំត្រូវជ្រើសរើសរវាងភារកិច្ច និងលុយកាក់ ខ្ញុំតែងតែរើសយកលុយកាក់ និងផលប្រយោជន៍ជានិច្ច។ ឫសគល់នៃរឿងនេះ គឺបណ្ដាលមកពីការយាយីពីគំនិត និងទស្សនៈរបស់សាតាំង។ តាំងពីតូចមក គំនិត និងទស្សនៈរបស់សាតាំង ដូចជា «លុយអាចបង្វិលពិភពលោកបាន» និង «ពេលអ្នកក្រនៅក្នុងទីក្រុង គ្មាននរណាម្នាក់ខ្វល់ខ្វាយពីអ្នកទេ តែពេលអ្នកមាននៅក្នុងព្រៃភ្នំ អ្នកនឹងរកឃើញសាច់ញាតិដែលអ្នកមិនដែលស្គាល់»។ ខ្ញុំជឿថា មានលុយទើបមានមុខមាត់ក្នុងសង្គម ហើយទាល់តែមានលុយ ទើបយើងអាចងើបមុខរួច រស់នៅបានខ្ពង់ខ្ពស់ជាងគេ និងមានជីវិតដ៏ហ៊ឺហាត្រចះត្រចង់។ បើគ្មានលុយទេ យើងច្បាស់ជាអន់ជាងគេមិនខាន។ កាលពីក្មេង ដោយសារតែគ្រួសារខ្ញុំក្រ ខ្ញុំបានតាំងចិត្តថា ត្រូវតែចូលរៀនមហាវិទ្យាល័យ ដើម្បីផ្លាស់ប្ដូរវាសនាខ្លួនឯង។ ប៉ុន្តែ ក្ដីសុបិនចង់ចូលមហាវិទ្យាល័យរបស់ខ្ញុំបានរលាយសាបសូន្យ ពេលពេទ្យពិនិត្យឃើញថា ម៉ែខ្ញុំមានជំងឺធ្ងន់ធ្ងរមើលមិនជា មុនពេលប្រឡងចូលមហាវិទ្យាល័យ។ ការចំអកឡកឡឺយពីមនុស្សក្នុងលោកីយ៍ រឹតតែជំរុញចិត្តខ្ញុំឲ្យចង់ក្លាយជាអ្នកមាន។ ពេលខ្ញុំឃើញថា ធ្វើជាពេទ្យអាចបានទាំងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំក៏ចូលរៀនពេទ្យ ប្រឡងយកសញ្ញាបត្រ និងបើកគ្លីនិក។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏ទទួលបានជោគជ័យគួរសម ហើយការកោតសរសើររបស់គេឯង បានធ្វើឲ្យចិត្តអំនួតខ្ញុំស្កប់ស្កល់យ៉ាងខ្លាំង។ ខ្ញុំកាន់តែជឿជាក់ថា មានលុយគឺធ្វើឲ្យជីវិតយើងខ្ពង់ខ្ពស់មែន។ ខ្ញុំចាត់ទុកលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជាគោលដៅនៃការដេញតាមក្នុងជីវិតខ្ញុំ។ ប៉ុន្មានឆ្នាំនោះ ខ្ញុំលះបង់ពេលវេលា និងកម្លាំងទាំងអស់ទៅលើមុខរបរគ្លីនិក ដើម្បីតែដេញតាមភាពមានបាន។ ដោយសារតែខ្ញុំតានតឹងខ្លាំងពេញមួយថ្ងៃ ខ្ញុំក៏កើតជំងឺលើសឈាម ហើយក៏ជួបវិបត្តិលើសឈាមពេលពពោះ អំឡុងពេលសម្រាលកូន។ បើគ្មានការការពារពីព្រះជាម្ចាស់ទេ ខ្ញុំច្បាស់ជាស្លាប់បាត់យូរហើយ។ អស់រយៈពេលប្រាំបីឆ្នាំ បងថ្លៃស្រីខ្ញុំខិតខំផ្សាយដំណឹងល្អឲ្យខ្ញុំម្ដងហើយម្ដងទៀត តែខ្ញុំរវល់តែខំរកលុយ។ ព្រលឹងខ្ញុំហាក់ដូចជាត្រូវងងឹតងងុល ហើយខ្ញុំគ្មានចំណាប់អារម្មណ៍ចង់ស្វែងយល់ពីផ្លូវពិតទាល់តែសោះ ខ្ញុំបានបដិសេធសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ហើយខ្ញុំស្ទើរតែបាត់បង់ឱកាសដ៏ធំនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ទៅហើយ។ សូម្បីតែក្រោយពេលខ្ញុំចាប់ផ្ដើមជឿព្រះជាម្ចាស់ក៏ដោយ ក៏ទស្សនៈរបស់ខ្ញុំចំពោះរឿងរ៉ាវផ្សេងៗ នៅតែមិនផ្លាស់ប្ដូរដែរ។ ខ្ញុំខ្លាចថា បើខ្ញុំបំពេញភារកិច្ចច្រើនពេក ឬចូលរួមការជួបជុំច្រើនពេក ខ្ញុំនឹងខាតពេលរកលុយ ដូច្នេះ ខ្ញុំមិនចង់ទទួលខុសត្រូវក្រុមជួបជុំច្រើនទេ។ ពេលកំពុងជួបជុំ ខ្ញុំមិនអាចស្ងប់ចិត្តដើម្បីសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ ហើយការចូលទៅក្នុងជីវិតរបស់ខ្ញុំក៏រងផលប៉ះពាល់។ វាដូចទៅនឹងអ្វីដែលព្រះជាម្ចាស់បានលាតត្រដាងមែនថា៖ «តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី?» ខ្ញុំរស់នៅតាមច្បាប់រស់រានមានជីវិតរបស់សាតាំង ហើយដើរតាមផ្លូវខុស ក្នុងការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ វាបាននាំមកនូវសេចក្ដីទុក្ខលំបាកដល់សាច់ឈាមខ្ញុំ ហើយលើសពីនេះទៅទៀត គឺការខាតបង់ដល់ជីវិតខ្ញុំ។ ការពិតបង្ហាញថា «លុយអាចបង្វិលពិភពលោកបាន» និង «លុយមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ តែបើគ្មានលុយវិញ អ្នកមិនអាចធ្វើអ្វីបានឡើយ» គឺជាទស្សនៈខុសទំនងរបស់សាតាំង ដែលបំភាន់ ធ្វើឲ្យពុករលួយ និងលេបត្របាក់មនុស្ស។ បើខ្ញុំនៅតែមិនអាចមើលធ្លុះពីល្បិចដែលសាតាំងធ្វើបាបមនុស្សទេ ហើយបន្តតស៊ូដើម្បីតែលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈទៀត នោះចុងក្រោយ ខ្ញុំច្បាស់ជាត្រូវសាតាំងចាប់យកមិនខាន ហើយឱកាសទទួលបានការសង្គ្រោះរបស់ខ្ញុំ នឹងត្រូវបំផ្លាញចោល។ ពេលយល់ពីចំណុចនេះ ខ្ញុំក៏សម្រេចចិត្តថាមិនច្របាច់គ្លីនិកបញ្ចូលគ្នាទេ ហើយពេលដល់ថ្ងៃផុតកំណត់ឈ្នួលទីតាំង ខ្ញុំនឹងបិទគ្លីនិក ហើយផ្ដោតលើការបំពេញភារកិច្ច។ ពេលមិត្តភក្ដិរួមអាជីពខលមកខ្ញុំម្ដងទៀត ខ្ញុំក៏បញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំមិនច្របាច់គ្លីនិកបញ្ចូលគ្នាទេ។ ទោះបីខ្ញុំរកលុយបានតិចជាងមុន តែក៏មានសេរីភាពក្នុងការជួបជុំ និងបំពេញភារកិច្ច។ ពេលអនុវត្តបែបនេះ ក្នុងចិត្តខ្ញុំមានអារម្មណ៍ថាស្ងប់ និងស្រឡះល្អណាស់។
មិនយូរប៉ុន្មាន ថ្ងៃផុតកំណត់ឈ្នួលទីតាំងក៏មកដល់ ហើយខ្ញុំក៏ចាប់ផ្ដើមស្ទាក់ស្ទើរម្ដងទៀត។ ខ្ញុំនឹកគិតថា តាំងពីរៀនពេទ្យ រហូតដល់បើកគ្លីនិកនេះ ខ្ញុំចំណាយពេលអស់មួយទសវត្សរ៍ពេញទៅហើយ ហើយខ្ញុំបានឆ្លងកាត់ការលំបាកជាច្រើន ព្រមទាំងលះបង់កម្លាំងញើសឈាមមិនតិចទេ ទម្រាំបើកគ្លីនិកនេះបាន។ ខ្ញុំពិតជាមិនដាច់ចិត្តបោះបង់វាចោលសោះ។ ខ្ញុំក៏គិតដែរថា បើខ្ញុំបិទគ្លីនិក មិនត្រឹមតែជីវភាពរស់នៅរបស់ខ្ញុំនឹងធ្លាក់ចុះជាងមុនទេ តែខ្ញុំថែមទាំងបាត់បង់ការកោតសរសើរពីគេឯងទៀតផង។ ក្នុងចិត្តខ្ញុំតស៊ូយ៉ាងខ្លាំង ហើយមិនដឹងថាត្រូវធ្វើបែបណាទេ ដូច្នេះ ខ្ញុំក៏លុតជង្គង់អធិដ្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្តថា៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ ទូលបង្គំធ្លាប់បាននិយាយថា ទូលបង្គំនឹងបិទគ្លីនិក ដើម្បីបំពេញភារកិច្ចឲ្យបានល្អ ពេលដល់ថ្ងៃផុតកំណត់ឈ្នួលទីតាំង។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់ដាច់អាល័យទាំងស្រុងនៅឡើយទេ។ សូមព្រះអង្គមេត្តាបំភ្លឺ និងដឹកនាំទូលបង្គំ ហើយប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ទូលបង្គំផង»។ ថ្ងៃនោះ ខ្ញុំបានទៅធ្វើការនៅគ្លីនិក។ នៅតាមផ្លូវ ស្រាប់តែខ្ញុំឃើញក្ដារមឈូសពណ៌ខ្មៅរលោងមួយ នៅមុខមន្ទីរពេទ្យឯកជនមួយ ដែលមានកម្រងផ្កានៅក្បែរនោះ។ ខ្ញុំឮសំឡេងយំល្វើយៗ ធ្វើឲ្យខ្ញុំភ្ញាក់ព្រើត។ មានកំហុសឆ្គងវេជ្ជសាស្ត្រកើតឡើងហើយ! ក្រោយសាកសួរ ទើបដឹងថា មានស្ត្រីម្នាក់និងកូនរបស់គាត់ បានស្លាប់ពេលសម្រាល នៅក្នុងមន្ទីរពេទ្យនេះ។ ខ្ញុំនឹកគិតត្រឡប់ទៅវិញថា ប៉ុន្មានឆ្នាំមកនេះ ទោះបីគ្លីនិកខ្ញុំមានជួបរឿងគ្រោះថ្នាក់តូចតាចខ្លះៗមែន តែវាតែងតែកន្លងផុតទៅដោយគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។ នេះមិនមែនដោយសារខ្ញុំមានជំនាញពេទ្យពូកែទេ ហើយក៏មិនមែនដោយសារខ្ញុំប្រុងប្រយ័ត្នក្នុងការព្យាបាលពេកដែរ។ វាសុទ្ធតែដោយសារការថែរក្សា និងការពារពីព្រះជាម្ចាស់ទាំងអស់! បើគ្មានការថែរក្សា និងការពារពីព្រះជាម្ចាស់ទេ គ្រាន់តែកំហុសឆ្គងវេជ្ជសាស្ត្រមួយ ក៏ល្មមធ្វើឲ្យខ្ញុំក្ស័យធនបាត់ទៅហើយ។ ក្នុងចិត្តខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ ហើយដឹងថាខ្ញុំត្រូវតែតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ខ្ញុំនឹកគិតថា កិច្ចការរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ ហើយបងប្អូនប្រុសស្រីទាំងអស់គ្នាកំពុងតែប្រញាប់ប្រញាល់បំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់គោលដៅរបស់ពួកគេ។ ប៉ុន្តែ ខ្ញុំបែរជារវល់ជាប់ជំពាក់នឹងគ្លីនិក ហើយមិនអាចលះបង់ពេលវេលា និងកម្លាំងបន្ថែមទៀតទៅលើភារកិច្ចរបស់ខ្ញុំបានឡើយ។ ការជឿព្រះជាម្ចាស់បែបស្ទាក់ស្ទើររបស់ខ្ញុំ មិនត្រឹមតែរារាំងដល់ភារកិច្ចខ្ញុំទេ វាក៏ធ្វើឲ្យជីវិតខ្ញុំរងផលប៉ះពាល់ផងដែរ។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលព្រះជាម្ចាស់ ហើយក៏បានដឹងពីរបៀបរស់នៅឲ្យមានន័យ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាការពិតណាស់គឺអ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆានក្នុងសម្លៀកបំពាក់មនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ ... អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើតម្នាក់ បើខ្ញុំអាចជ្រើសរើសដើរតាមព្រះជាម្ចាស់អស់មួយជីវិត ហើយបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតបានល្អ នេះទើបជាជីវិតដែលមានតម្លៃ និងមានន័យបំផុត។ ខ្ញុំនឹកឃើញដល់ពេត្រុស។ ពេលព្រះយេស៊ូវត្រាស់ហៅគាត់ គាត់ក៏ទម្លាក់សំណាញ់ចោល ហើយបោះបង់ឧបករណ៍រកស៊ីរបស់គាត់។ គាត់បានលះបង់អ្វីៗទាំងអស់ ដើម្បីដើរតាមព្រះអម្ចាស់យេស៊ូវ ហើយចុងក្រោយ គាត់ក៏ទទួលបានសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍។ ងាកមកមើលខ្លួនខ្ញុំវិញ ខ្ញុំឃើញថា ខ្ញុំរស់នៅតាមគំនិត និងទស្សនៈរបស់សាតាំង ដោយដេញតាមតែលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ បន្តិចម្ដងៗ ព្រះជាម្ចាស់ក៏លែងមានកន្លែងនៅក្នុងចិត្តខ្ញុំ ហើយខ្ញុំក៏ធ្លាក់ខ្លួនក្លាយជាអ្នកដែលគ្មានសេចក្ដីជំនឿពិតប្រាកដ។ គឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ហើយ ដែលបាននាំខ្ញុំត្រឡប់មកដំណាក់របស់ព្រះអង្គវិញ ហើយខ្ញុំគួរតែឲ្យតម្លៃឲ្យបានពេញលេញចំពោះឱកាសបានបំពេញភារកិច្ចនៅពេលនេះ។ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា៖ «មនុស្សកើតមកនៅលើផែនដីនេះ ហើយវាកម្របានជួបខ្ញុំណាស់ ហើយវាក៏កម្រមានឱកាសស្វែងរក និងទទួលបានសេចក្ដីពិតដែរ។ ហេតុអ្វីបានជាអ្នក មិនផ្តល់រង្វាន់ដល់ពេលវេលាដ៏ស្រស់ត្រកាលនេះ ជាផ្លូវដ៏ត្រឹមត្រូវដើម្បីស្វះស្វែងនៅក្នុងជីវិតនេះ?» («ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពិតមែនហើយ។ នេះគឺជាឱកាសតែមួយគត់របស់ខ្ញុំ ដើម្បីទទួលបានការសង្គ្រោះ។ បើខ្ញុំនៅតែមិនយកចិត្តទុកដាក់ក្នុងការដើរតាមព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិតទេ នោះពេលភយន្តរាយមកដល់ ខ្ញុំនឹងបាត់បង់ជីវិតមិនខាន។ ដល់ពេលនោះ ទោះជាខ្ញុំរកលុយបានអស់ពីលើលោកក៏ដោយ តើវាមានតម្លៃ ឬមានន័យអ្វីទៅ? ខ្ញុំបើកគ្លីនិកបណ្ដើរ បំពេញភារកិច្ចបណ្ដើរ ហើយក៏មិនសូវមានពេលអានព្រះបន្ទូលព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួនឯងដែរ។ ក្នុងនាមជាអ្នកដែលជឿព្រះជាម្ចាស់តែពេលទំនេរ តើពេលណាទើបខ្ញុំអាចយល់ពីសេចក្ដីពិតបានទៅ? មានតែការស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតឲ្យបានល្អទេ ទើបយើងអាចទទួលបានការសង្គ្រោះ និងមានគោលដៅដ៏ស្រស់បំព្រងមួយបាន។ នេះទើបជាផ្លូវត្រូវក្នុងជីវិត។ ខ្ញុំត្រូវតែបោះបង់គ្លីនិកចោល ហើយចំណាយពេលវេលាទាំងអស់ លះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំក៏បិទគ្លីនិកចោល។
គឺការដឹកនាំ និងការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលធ្វើឲ្យខ្ញុំអាចវែកញែកដឹងពីចេតនាដ៏អាក្រក់របស់សាតាំង ក្នុងការបំភាន់ និងធ្វើឲ្យមនុស្សពុករលួយតាមរយៈលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយបានជួយឲ្យខ្ញុំយល់ពីតម្លៃ និងអត្ថន័យនៃការដើរតាមសេចក្ដីពិតនៅក្នុងជីវិត។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការដឹកនាំ និងការចង្អុលបង្ហាញពីព្រះបន្ទូលរបស់ព្រះអង្គ ដែលអនុញ្ញាតឲ្យខ្ញុំអាចធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃមួយ រវាងមុខរបរ និងភារកិច្ច។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនៅតែបន្តបំពេញភារកិច្ចនៅក្នុងពួកជំនុំជានិច្ច។ ខ្ញុំបានបញ្ចេញឲ្យឃើញសេចក្ដីពុករលួយជាច្រើន ហើយតាមរយៈការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត ព្រមទាំងឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯង និស្ស័យពុករលួយរបស់ខ្ញុំក៏ទទួលបានការផ្លាស់ប្ដូរខ្លះៗ ហើយបន្តិចម្ដងៗ ខ្ញុំក៏ចាប់ផ្ដើមរស់នៅមានលក្ខណៈជាមនុស្សខ្លះ។ ការផ្លាស់ប្ដូរដែលខ្ញុំទទួលបាននេះ គឺជាលទ្ធផលដែលសម្រេចបានដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អរព្រះគុណព្រះជាម្ចាស់ សម្រាប់សេចក្ដីសង្គ្រោះរបស់ព្រះអង្គ!