២៣. របៀបដែលខ្ញុំបានដោះស្រាយសេចក្តីច្រណែនរបស់ខ្ញុំ
នៅឆ្នាំ ២០១៩ ខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមសម្រាប់ក្រុមវីដេអូ។ ខ្ញុំគិតក្នុងចិត្តថា «មើលទៅ ខ្ញុំដូចជាមានសមត្ថភាពគ្រាន់បើដែរ បើមិនដូច្នោះទេ ពួកគេមិនបោះឆ្នោតជ្រើសតាំងខ្ញុំឡើយ»។ ស្របពេលជាមួយគ្នានោះ ខ្ញុំបានប្ដេជ្ញាថា ខ្ញុំនឹងដាក់ចិត្តបំពេញភារកិច្ចខ្ញុំឱ្យបានល្អ។ នៅពេលនោះ ជំនាញ 3D របស់បងស្រី ស៊ាវ យ៉ា គឺលេចធ្លោជាពិសេស ហើយគ្រប់គ្នាតែងតែទៅរកគាត់ ពេលពួកគេមានបញ្ហាបច្ចេកទេស។ ពេលឃើញគ្រប់គ្នាតែងចោមរោម ស៊ាវ យ៉ា ដើម្បីសួរចម្ងល់ជានិច្ចបែបនេះ ខ្ញុំមានអារម្មណ៍ច្រណែនបន្តិចក្នុងចិត្ត តែខ្ញុំអាចដោះស្រាយវាបានយ៉ាងត្រឹមត្រូវ។ ការពិតទៅ ជំនាញរបស់ខ្ញុំគឺគំនូរជីវចល 2D ហើយខ្ញុំមិនសូវដឹងច្រើនពីបច្ចេកវិទ្យា 3D ទេ ដូច្នេះ វាជារឿងធម្មតាទេ ដែលមនុស្សម្នាសុំជំនួយពីគាត់។ ម្យ៉ាងទៀត បងស្រី ស៊ូ ជៀ តែងតែសួរខ្ញុំនូវសំណួរបច្ចេកទេសមួយចំនួន ដែលជួយសម្រួលអារម្មណ៍ខ្ញុំបានខ្លះដែរ។ តែក្រោយមក បងប្អូនស្រីៗចាប់ផ្ដើមទៅរក ស៊ាវ យ៉ា មិនត្រឹមតែសម្រាប់បញ្ហាបច្ចេកទេសប៉ុណ្ណោះទេ តែថែមទាំងដើម្បីប្រកបគ្នាអំពីបញ្ហា និងការលំបាកនានាក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេទៀតផង។ នោះហើយជាពេលដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ច្រណែនយ៉ាងខ្លាំង។ «ខ្ញុំជាប្រធានក្រុម តើហេតុអ្វីបានជាគ្មាននរណាម្នាក់មករកខ្ញុំសោះអ៊ីចឹង? តើពួកគេគិតថា ខ្ញុំមិនពូកែដូច ស៊ាវ យ៉ា មែនទេ? ចុះហេតុអ្វីបានជាពួកគេបោះឆ្នោតជ្រើសតាំងខ្ញុំជាប្រធានក្រុមតាំងពីដំបូងមកម្ល៉េះ? តើនេះមិនមែនជាការធ្វើឱ្យខ្ញុំធ្លាក់ក្នុងស្ថានភាពដ៏គួរឱ្យអាម៉ាស់ទេឬ?» រាល់ពេលដែលខ្ញុំឃើញបងប្អូនស្រីៗប្រកបគ្នា ខ្ញុំចង់ចូលរួមដែរ តែពេលឃើញពួកគេចោមរោម ស៊ាវ យ៉ា ខ្ញុំក៏ប្ដូរចិត្តភ្លាម។ «អ្នកលេចធ្លោជាងគេបាត់ទៅហើយ។ ប្រសិនបើខ្ញុំ ដែលជាប្រធានក្រុម ដើរទៅទីនោះ តើវាមិនកាន់តែធ្វើឱ្យអ្នកលេចធ្លោ និងមើលទៅមានសមត្ថភាពជាងមុនទេឬ ចំណែកឯខ្ញុំវិញ នឹងមើលទៅកាន់តែគ្មានតម្លៃទៅវិញ?» ដូច្នេះ ខ្ញុំក៏ងាកចេញ ហើយដើរទៅបន្ទប់មួយទៀត ដើម្បីចំណាយពេលខាងវិញ្ញាណម្នាក់ឯង។ ពីខាងក្រៅ ម្ដងម្កាល ខ្ញុំឮសំឡេងសើចរបស់ ស៊ាវ យ៉ា ហើយវាស្ដាប់ទៅពិតជាទើសត្រចៀកខ្ញុំណាស់ ហាក់ដូចជាគាត់កំពុងតែមានចេតនាអួតប្រាប់ពី «កិត្យានុភាព» របស់គាត់អ៊ីចឹង។ បន្ទាប់ពីនោះមក ខ្ញុំកាន់តែមានការមិនពេញចិត្តចំពោះគាត់ខ្លាំងឡើងៗ។ «ខ្ញុំច្បាស់ណាស់ជាប្រធានក្រុម តែគ្រប់គ្នាបែរជាទៅចោមរោមអ្នកទៅវិញ។ តើឱ្យខ្ញុំយកមុខទៅទុកនៅឯណា? អ្នកមិនទាំងខ្វល់ពីអារម្មណ៍ខ្ញុំផង។ យ៉ាងហោចណាស់ អ្នកគួរតែហៅខ្ញុំឱ្យចូលរួមជាមួយអ្នកដែរ ដើម្បីទុកមុខឱ្យខ្ញុំខ្លះ! ខ្ញុំអាចមើលដឹងថា អ្នកគ្មានការគោរពចំពោះខ្ញុំជាប្រធានក្រុមរបស់អ្នកទាល់តែសោះ»។ ក្រោយមក ខ្ញុំចាប់ផ្ដើមឆ្ងល់ថា ប្រសិនបើការប្រកបគ្នារបស់ខ្ញុំអំឡុងពេលការជួបជុំ ផ្តល់ការបំភ្លឺកាន់តែច្រើន តើមនុស្សម្នានឹងចាប់ផ្ដើមមករកខ្ញុំ ដើម្បីប្រកបគ្នាអំពីបញ្ហារបស់ពួកគេឬទេ? ធ្វើបែបនោះ ខ្ញុំអាចស្រោចស្រង់មុខមាត់ខ្ញុំមកវិញបានខ្លះ។ ដូច្នេះ អំឡុងពេលជួបជុំ ខ្ញុំបានប្រឹងគិតស្ទើរតែប្រេះខួរ ដើម្បីរកវិធីធ្វើឱ្យការប្រកបគ្នារបស់ខ្ញុំលេចធ្លោ តែខ្ញុំកាន់តែខំប្រឹង ខួរក្បាលខ្ញុំកាន់តែគិតអ្វីមិនចេញសោះ។ ការប្រកបគ្នារបស់ខ្ញុំចេញមកស្ងួតហួតហែង និងសោះកក្រោះ ហើយបន្ទាប់ពីនោះមក នៅតែគ្មាននរណាម្នាក់មកប្រកបគ្នាជាមួយខ្ញុំដដែល។ បន្ដិចម្ដងៗ ខ្ញុំចាប់ផ្ដើមមានទស្សនៈអវិជ្ជមានចំពោះបងប្អូនស្រីផ្សេងទៀត។ ខ្ញុំមិនចង់និយាយជាមួយពួកគេទេ ហើយខ្ញុំរឹតតែមិនចង់ដឹងលឺពី ស៊ាវ យ៉ា ទៅទៀត។ ខ្ញុំនិយាយជាមួយគាត់ទាំងបង្ខំចិត្ត លុះត្រាតែមានភាពចាំបាច់ខ្លាំងក្នុងការពិភាក្សាការងារប៉ុណ្ណោះ ហើយទោះជាយ៉ាងនោះក្ដី ក៏ខ្ញុំធ្វើមុខស្អុយ និងប្រើសម្លេងរឹងកំព្រឹសដែរ។ ពេលឃើញខ្ញុំបែបនេះ ស៊ាវ យ៉ា មិនហ៊ាននិយាយជាមួយខ្ញុំឡើយ។
ល្ងាចមួយ គ្រប់គ្នាចោមរោម ស៊ាវ យ៉ា ដើម្បីសួរចម្ងល់ម្ដងទៀត ហើយសូម្បីតែ ស៊ូ ជៀ ក៏ចូលរួមជាមួយពួកគេដែរ។ ពេលមើលពួកគេនិយាយ និងសើចក្អាកក្អាយ ខណៈពេលពិភាក្សាគ្នាពីនេះពីនោះ ស្រាប់តែខ្ញុំមានអារម្មណ៍ថាត្រូវគេផាត់ចោល ហើយគិតថា ស៊ាវ យ៉ា មានចេតនាធ្វើបែបនេះដើម្បីបញ្ជោះខ្ញុំ។ កាលណាខ្ញុំកាន់តែគិតពីវា ខ្ញុំកាន់តែខឹងខ្លាំងឡើង។ បន្តិចក្រោយមក ស៊ាវ យ៉ា បានសួរសំណួរមួយមកខ្ញុំ។ ខ្ញុំគ្មានបំណងចង់ឆ្លើយតបនឹងគាត់ទេ ដូច្នេះ ខ្ញុំក៏ធ្វើពុតជាមិនឮ។ គាត់បានសួរម្ដងទៀត ហើយខ្ញុំក៏បានគំហកតបទៅគាត់វិញ យ៉ាងគំរោះគំរើយ។ ស៊ាវ យ៉ា មានការភ្ញាក់ផ្អើលបន្តិច ហើយសួរថា «មានរឿងអី?» ខ្ញុំបានតបទាំងខឹងថា «គ្មានរឿងអីទេ!» ពេលឃើញខ្ញុំបែបនោះ ស៊ាវ យ៉ា គ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅអង្គុយនៅកន្លែងគាត់វិញ។ ខ្ញុំមានអារម្មណ៍តូចចិត្ត និងថប់ដង្ហើមយ៉ាងខ្លាំង រហូតដល់ដើរចូលទៅបន្ទប់មួយទៀត ហើយចាប់ផ្ដើមយំ។ ស៊ាវ យ៉ា បានដើរមកមើលខ្ញុំ តែខ្ញុំមិនខ្វល់ពីគាត់ទេ ដោយមានអារម្មណ៍ថា ការឈឺចាប់របស់ខ្ញុំទាំងអស់គឺជាកំហុសរបស់គាត់។ បន្ទាប់ពីនោះមក ខ្ញុំចាប់ផ្ដើមលួចប្រកួតប្រជែងជាមួយគាត់នៅក្នុងចិត្ត។ ជារៀងរាល់ព្រឹកអំឡុងពេលយើងចំណាយពេលខាងវិញ្ញាណ ខ្ញុំតែងតែបញ្ចេញមតិ បន្ទាប់ពីបងប្អូនស្រីៗផ្សេងទៀតបានប្រកបគ្នារួច តែនៅពេល ស៊ាវ យ៉ា ប្រកបគ្នារួច ខ្ញុំបែរជានៅស្ងៀមឈឹងទៅវិញ។ ខ្ញុំគិតក្នុងចិត្តថា៖ «ខ្ញុំនឹងទុកឱ្យអ្នកនិយាយម្នាក់ឯង ហើយឱ្យអ្នកភ្លក់រសជាតិថា តើការធ្លាក់ក្នុងស្ថានភាពដ៏គួរឱ្យអាម៉ាស់មានអារម្មណ៍បែបណា»។ ពេលយើងពិភាក្សាការងារ ខ្ញុំតែងប្រញាប់បន្ថែមមតិរបស់ខ្ញុំ បន្ទាប់ពីអ្នកផ្សេងនិយាយចប់ តែនៅពេល ស៊ាវ យ៉ា និយាយចប់ ខ្ញុំធ្វើហាក់ដូចជាមិនឮអ្វីសោះ ដោយធ្វើព្រងើយដាក់គាត់។ ដោយសារតែអាកប្បកិរិយារបស់ខ្ញុំចំពោះ ស៊ាវ យ៉ា និងបងប្អូនស្រីផ្សេងទៀតមានភាពខុសគ្នាស្រឡះពេក បងប្អូនស្រីផ្សេងទៀតក៏ចាប់ផ្តើមមានអារម្មណ៍ទើសទាល់បន្តិចដែរ។ ពួកគេមិនហ៊ាននិយាយបញ្ចេញមតិដោយសេរីទេ អំឡុងពេលពិភាក្សាការងារ ដែលបណ្តាលឱ្យមានប្រសិទ្ធភាពទាប និងទទួលបានលទ្ធផលមិនល្អនៅក្នុងការជួបជុំរបស់ពួកយើង។ ខ្ញុំគិតថា ការធ្វើបែបនេះនឹងអាចធ្វើឱ្យ ស៊ាវ យ៉ា បាក់មុខបន្តិច តែផ្ទុយទៅវិញ វាមិនបានប៉ះពាល់អារម្មណ៍គាត់សោះឡើយ។ ទំនាក់ទំនងរបស់គាត់ជាមួយគ្រប់គ្នានៅតែល្អដដែល ហើយពួកគេនៅតែទៅរកគាត់ពេលមានបញ្ហា។ រឿងនេះធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង។ ក្រោយមក ខ្ញុំលែងចង់ផ្តួចផ្តើមគំនិតពិភាក្សាពីរឿងទាក់ទងនឹងភារកិច្ចរបស់យើងទៀតហើយ។ ខ្ញុំមិនចង់និយាយជាមួយ ស៊ាវ យ៉ា ទេ ហើយខ្ញុំក៏មិនចង់រវីរវល់ជាមួយបងប្អូនស្រីផ្សេងទៀតដែរ។ ខ្ញុំនៅតែម្នាក់ឯងរាល់ថ្ងៃ ដោយមានអារម្មណ៍ថប់ដង្ហើម និងវេទនាយ៉ាងខ្លាំងនៅក្នុងចិត្ត។
មួយរយៈក្រោយមក ឱ្យតែល្ងាចឡើងក្រោយញ៉ាំបាយរួច ពោះរបស់ខ្ញុំចាប់ផ្ដើមឆ្អល់ហើមជានិច្ច ហើយវាពិតជាមិនស្រួលខ្លួនខ្លាំងណាស់។ ខ្ញុំបានសាកល្បងថ្នាំគ្រប់ប្រភេទ តែគ្មានប្រសិទ្ធភាពសោះ។ ល្ងាចមួយ ទាំង ស៊ាវ យ៉ា និងបងស្រីដែលជាអ្នកទទួលភ្ញៀវ បានរំលឹកខ្ញុំថា ពេលជួបប្រទះនឹងជំងឺបែបនេះ ខ្ញុំត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង និងរៀនសូត្រពីមេរៀននេះ។ ទើបពេលនោះហើយ ដែលខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឱ្យទ្រង់បំភ្លឺ និងណែនាំខ្ញុំឱ្យស្គាល់ពីខ្លួនឯង។ ពេលកំពុងអធិដ្ឋាន ទិដ្ឋភាពនៃសេចក្តីច្រណែនរបស់ខ្ញុំចំពោះ ស៊ាវ យ៉ា បានផុសឡើងក្នុងចិត្តខ្ញុំម្តងមួយៗ ហើយខ្ញុំក៏ដឹងថា ខ្ញុំត្រូវតែឆ្លុះបញ្ចាំងលើបញ្ហានេះ។
អំឡុងពេលការចំណាយពេលខាងវិញ្ញាណ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន ហើយទទួលបានការយល់ដឹងខ្លះៗអំពីសភាពរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមួយចំនួនតែងតែភ័យខ្លាចថា អ្នកដទៃពូកែជាងខ្លួន ឬខ្ពស់ជាងខ្លួន ខ្លាចថាអ្នកដទៃត្រូវគេទទួលស្គាល់ ចំណែកឯខ្លួនវិញ ត្រូវគេមើលរំលង ហើយរឿងនេះនាំឱ្យពួកគេវាយប្រហារ និងផាត់អ្នកដទៃចេញ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានទេពកោសល្យទេឬអី? តើនោះមិនមែនអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬអី? តើនេះជានិស្ស័យបែបណាទៅ? នេះជានិស្ស័យកាចសាហាវ។ មនុស្សណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដែលបំពេញតាមតែបំណងប្រាថ្នាអាត្មានិយមរបស់ខ្លួន ដោយពុំបានគិតគូរពីអ្នកដទៃ ឬពុំបានពិចារណាអំពីប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សនោះមាននិស្ស័យអាក្រក់ ហើយព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេឡើយ។ ប្រសិនបើអ្នកពិតជាអាចបង្ហាញពីការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ ប្រសិនបើអ្នកណែនាំបុគ្គលល្អម្នាក់ និងអនុញ្ញាតឱ្យគេហ្វឹកហ្វឺន និងអនុវត្តភារកិច្ចណាមួយ ដោយឱ្យផលជាការបន្ថែមបុគ្គលមានទេពកោសល្យម្នាក់ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទៅហើយទេឬ? បើដូច្នោះ តើអ្នកមិនមានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នកទេឬអី? នោះគឺជាអំពើល្អនៅចំពោះព្រះជាម្ចាស់។ មនុស្សដែលបំពេញតួនាទីជាអ្នកដឹកនាំ គួរមានមនសិការ និងវិចារណញ្ញាណតិចតួចបំផុតនេះ។ អស់អ្នកណាដែលអាចអនុវត្តសេចក្តីពិតបាន អ្នកនោះអាចទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់នៅក្នុងកិច្ចការដែលពួកគេធ្វើ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបានត្រង់ល្អ។ ប្រសិនបើអ្នកគ្រាន់តែធ្វើអ្វីៗដើម្បីឱ្យអ្នកដទៃមើល ហើយតែងតែចង់ទទួលបានការកោតសរសើរ និងការកោតស្ញប់ស្ញែងពីអ្នកដទៃ ប៉ុន្ដែអ្នកមិនទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ទេ ដូច្នេះ តើនៅក្នុងចិត្តរបស់អ្នកនៅមានព្រះជាម្ចាស់ទៀតដែរឬទេ? មនុស្សបែបនេះគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ ចូរកុំតែងតែធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ហើយកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឥតឈប់ឈរ។ ចូរកុំគិតពីផលប្រយោជន៍របស់មនុស្ស ហើយកុំគិតអំពីភាពអំនួត កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់របស់អ្នក។ អ្នកត្រូវតែគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពរបស់អ្នក។ អ្នកគួរតែគិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមសញ្ជឹងគិតថាតើនៅក្នុងការបំពេញភារកិច្ចរបស់អ្នកកន្លងមក មានភាពមិនបរិសុទ្ធដែរឬអត់ ថាតើអ្នកមានភក្តីភាព បានបំពេញទំនួលខុសត្រូវរបស់អ្នក និងបានដាក់ចិត្តដាក់កាយធ្វើវាឬអត់ ក៏ដូចជាថាតើអ្នកបានគិតពីភារកិច្ចរបស់អ្នក និងកិច្ចការរបស់ពួកជំនុំអស់ពីចិត្តឬអត់។ អ្នកត្រូវតែពិចារណារឿងទាំងអស់នេះ។ ប្រសិនបើអ្នកគិតពីរឿងទាំងនេះឱ្យបានញឹកញាប់ និងគិតឱ្យបានច្បាស់ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អមិនខាន» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែរស់នៅក្នុងសភាពនៃសេចក្តីច្រណែន។ តាំងពី ស៊ាវ យ៉ា មកដល់ ពេលខ្ញុំឃើញគ្រប់គ្នាយកបញ្ហារបស់ពួកគេទៅរកគាត់ ជំនួសឱ្យខ្ញុំដែលជាប្រធានក្រុមនេះ ខ្ញុំមានអារម្មណ៍មិនសុខចិត្តសោះឡើយ។ ខ្ញុំមានអារម្មណ៍ថា គាត់បានដណ្តើមភាពលេចធ្លោពីខ្ញុំ ហើយខ្ញុំក៏មានសេចក្តីច្រណែន និងអាក់អន់ចិត្តយ៉ាងខ្លាំង។ ដើម្បីរក្សាមុខមាត់របស់ខ្ញុំក្នុងនាមជាប្រធានក្រុម ខ្ញុំបានប្រឹងគិតស្ទើរតែប្រេះខួរអំឡុងពេលជួបជុំ ដើម្បីរកវិធីធ្វើឱ្យការប្រកបគ្នារបស់ខ្ញុំស្តាប់ទៅមានអត្ថន័យជ្រាលជ្រៅ ដើម្បីឱ្យបងប្អូនស្រីៗកោតសរសើរខ្ញុំ។ ធ្វើបែបនោះ ពួកគេនឹងមករកខ្ញុំដើម្បីប្រកបគ្នា និងដោះស្រាយរាល់បញ្ហា ឬការលំបាកនានាទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់ពួកគេ។ តែខ្ញុំកាន់តែខំប្រឹង ខ្ញុំរឹតតែមិនអាចប្រកបគ្នាអ្វីបានសោះ។ បន្ទាប់ពីនោះមក ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ផ្ទុយទៅវិញ ការអាក់អន់ចិត្តរបស់ខ្ញុំចំពោះ ស៊ាវ យ៉ា កាន់តែខ្លាំងឡើងៗ។ មិនថានៅក្នុងការជួបជុំ ឬការពិភាក្សាការងារទេ ខ្ញុំតែងតែឆ្លើយតបយ៉ាងរំភើបចំពោះអ្វីដែលអ្នកផ្សេងនិយាយ តែរាល់ពេលដែល ស៊ាវ យ៉ា និយាយ ខ្ញុំធ្វើព្រងើយដាក់គាត់ ដោយមានចេតនាបង្កើតភាពស្ងាត់ជ្រងំ ដើម្បីធ្វើឱ្យគាត់ធ្លាក់ក្នុងស្ថានភាពដ៏គួរឱ្យអាម៉ាស់។ វាគឺជាវិធីប្រយោលរបស់ខ្ញុំ ក្នុងការវាយប្រហារ និងផាត់គាត់ចោល។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ ទំនាក់ទំនងរបស់គ្រប់គ្នាជាមួយ ស៊ាវ យ៉ា នៅតែល្អដដែល។ ខ្ញុំខឹងយ៉ាងខ្លាំងរហូតដល់មិនចង់និយាយជាមួយនរណាម្នាក់ឡើយ ហើយខ្ញុំថែមទាំងទម្លាក់កំហឹងរបស់ខ្ញុំទៅលើភារកិច្ចខ្ញុំទៀតផង។ ការច្រណែននឹងអ្នកដែលមានសមត្ថភាពជាងខ្លួន បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សចង្អៀតចង្អល់ និងគិតតែពីរឿងកំប៉ិកកំប៉ុក។ ខ្ញុំមិនអាចទ្រាំមើលអ្នកដទៃល្អជាងខ្ញុំបានទេ។ ឱ្យតែខ្ញុំឃើញនរណាម្នាក់ខ្លាំងជាងខ្ញុំ ខ្ញុំនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីវាយប្រហារ និងផាត់ពួកគេចោល។ ពេលមិនបានដូចចិត្ត ខ្ញុំក៏ក្លាយជាអវិជ្ជមាន ហើយចាប់ផ្តើមខ្ជិលច្រអូស ដោយធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំពិតជាកំពុងធ្វេសប្រហែសនឹងភារកិច្ចចម្បងរបស់ខ្ញុំហើយ! ការពិតទៅ ស៊ាវ យ៉ា មានជំនាញវិជ្ជាជីវៈល្អ ហើយគាត់អាចប្រកបគ្នាអំពីសេចក្តីពិតដើម្បីដោះស្រាយបញ្ហាបាន។ វាផ្តល់អត្ថប្រយោជន៍ទាំងសម្រាប់ភារកិច្ចរបស់យើង និងការចូលទៅក្នុងជីវិតរបស់បងប្អូនស្រី នៅពេលដែលពួកគេយកបញ្ហារបស់ខ្លួនទៅរកគាត់។ ព្រះជាម្ចាស់បានរៀបចំមនុស្សដែលល្អជាងខ្ញុំឱ្យនៅក្បែរខ្ញុំ ដើម្បីឱ្យយើងអាចរៀនសូត្រពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់ខ្លួន និងជួយគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ចឱ្យបានល្អ ហើយស្របពេលជាមួយគ្នានោះ ខ្ញុំក៏អាចបន្តលូតលាស់បានដែរ។ ខ្ញុំគួរតែសហការជាមួយ ស៊ាវ យ៉ា មិនមែនច្រណែន ឬផាត់គាត់ចោលនោះទេ។ បន្ទាប់ពីនោះមក ខ្ញុំបានបើកចំហចិត្តជាមួយគ្រប់គ្នា ហើយបានប្រកបគ្នាអំពីសភាពនៃសេចក្តីច្រណែនរបស់ខ្ញុំចំពោះ ស៊ាវ យ៉ា ក្នុងអំឡុងពេលនោះ។ ស៊ាវ យ៉ា មិនត្រឹមតែមិនប្រកាន់ខឹងនឹងខ្ញុំទេ តែគាត់ថែមទាំងបានរកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនមកជួយខ្ញុំទៀតផង។ ខ្ញុំមានអារម្មណ៍ខ្មាសអៀន និងសោកស្តាយបន្តិចដែរ ហើយខ្ញុំគិតថា ខ្ញុំត្រូវតែចាប់ផ្តើមសហការឱ្យបានល្អជាមួយគាត់ ដើម្បីបំពេញភារកិច្ចរបស់យើង។ អ្វីដែលនឹកស្មានមិនដល់នោះគឺ ចាប់ពីថ្ងៃនោះមក អាការៈឆ្អល់ហើមពោះរបស់ខ្ញុំក៏បានបាត់ទៅវិញ។ បន្ទាប់ពីនោះមក ពេលខ្ញុំឃើញគ្រប់គ្នាចោមរោម ស៊ាវ យ៉ា ដើម្បីសួរចម្ងល់ ខ្ញុំលែងមានអារម្មណ៍មិនល្អទៀតហើយ ហើយខ្ញុំអាចសហការយ៉ាងចុះសម្រុងជាមួយបងប្អូនស្រីរបស់ខ្ញុំ។
ដោយសារតែការយល់ដឹងរបស់ខ្ញុំអំពីនិស្ស័យពុករលួយរបស់ខ្លួននៅរាក់កំភែលពេក មួយរយៈក្រោយមក ខ្ញុំក៏រើឡើងវិញនូវទម្លាប់ចាស់របស់ខ្ញុំ។ ពេលឃើញបងប្អូនស្រីពីរបីនាក់តែងតែចោមរោម ស៊ាវ យ៉ា ដើម្បីសួរចម្ងល់ បំណងប្រាថ្នាចង់បានឋានៈរបស់ខ្ញុំ ក៏ចាប់ផ្តើមរើឡើងម្តងទៀត។ នៅពេលនោះ អាន ជៀ មានទស្សនៈមិនល្អចំពោះ ស៊ាវ យ៉ា លើបញ្ហាមួយចំនួន។ ខ្ញុំគួរតែជួយដោះស្រាយបញ្ហា និងបំបាត់គម្លាតរវាងពួកគេ។ ប៉ុន្តែ ខណៈពេលដែលខ្ញុំធ្វើហាក់ដូចជាកំពុងប្រកបគ្នាជាមួយ អាន ជៀ តាមពិត ខ្ញុំបានប្រើប្រាស់ការប្រកបគ្នារបស់យើងជាឱកាសចង្អុលបង្ហាញដោយចេតនាពីកំហុសរបស់ ស៊ាវ យ៉ា ទៅវិញ។ រឿងនេះបណ្តាលឱ្យទស្សនៈមិនល្អរបស់ អាន ជៀ ចំពោះ ស៊ាវ យ៉ា កាន់តែខ្លាំងឡើង ហើយបន្ទាប់ពីនោះមក អាន ជៀ លែងយកបញ្ហារបស់ខ្លួនទៅរក ស៊ាវ យ៉ា ទៀតហើយ តែបែរជាចាប់ផ្តើមមករកខ្ញុំវិញ។ ទោះជាយ៉ាងណាក៏ដោយ តែងតែមានបងប្អូនស្រីពីរនាក់ចោមរោម ស៊ាវ យ៉ា ជានិច្ច ដូច្នេះ បើប្រៀបធៀបទៅ ខ្ញុំនៅតែចាញ់ប្រៀបគាត់ដដែល។ បន្ទាប់មក ខ្ញុំក៏នឹកឃើញល្បិចមួយ៖ «ប្រសិនបើខ្ញុំគ្រាន់តែធ្វើពុតជាបន្ទាបខ្លួននៅចំពោះមុខគាត់ ហើយយើង “ត្រូវរ៉ូវគ្នា” វិញ គាត់នឹងគាំទ្រការងាររបស់ខ្ញុំមិនខាន។ ធ្វើបែបនោះ តើឋានៈរបស់ខ្ញុំជាប្រធានក្រុម នឹងមិនមានភាពរឹងមាំទេឬ?» ដូច្នេះ ខ្ញុំក៏និយាយទៅកាន់ ស៊ាវ យ៉ា ថា «ស៊ាវ យ៉ា ទោះបីជាខ្ញុំជាប្រធានក្រុមក៏ពិតមែន តែខ្ញុំមិនពូកែដូចអ្នកទេ លើចំណុចជាច្រើន។ អ្នកសឹងតែដូចជាប្រធានក្រុមទៅហើយ គ្រាន់តែគ្មានតំណែងប៉ុណ្ណោះ។ ចាប់ពីពេលនេះតទៅ សូមឱ្យពួកយើងសហការគ្នា ដើម្បីបំពេញការងាររបស់ក្រុមឱ្យបានល្អ»។ បន្ទាប់ពីនោះមក ខ្ញុំបានផ្តួចផ្តើមគំនិតពិភាក្សាពីរាល់បញ្ហាដែលទាក់ទងនឹងភារកិច្ចរបស់យើងជាមួយ ស៊ាវ យ៉ា។ រាល់ពេលដែលគាត់មានគំនិត ឬយោបល់អ្វីទាក់ទងនឹងភារកិច្ចរបស់យើង គាត់ក៏តែងតែសួរយោបល់របស់ខ្ញុំមុនគេជានិច្ច ហើយបន្ទាប់មក ទើបខ្ញុំយកទៅប្រាប់បងប្អូនស្រីផ្សេងទៀត។ ពេលឃើញ ស៊ាវ យ៉ា តែងតែមកសុំយោបល់ខ្ញុំលើគ្រប់រឿងបែបនេះ ខ្ញុំលួចអរក្នុងចិត្តយ៉ាងខ្លាំង។ «ទីបំផុត ខ្ញុំអាចបង្វែរគូប្រជែងរបស់ខ្ញុំឱ្យក្លាយជាកូនចៅរបស់ខ្ញុំបាន ហើយដណ្តើមបានឋានៈជាអ្នកគ្រប់គ្រងយ៉ាងពេញសិទ្ធិ»។ ហើយដោយគ្រាន់តែធ្វើបែបនេះ យើងក៏បាន «សហការគ្នាយ៉ាងចុះសម្រុង» អស់មួយរយៈពេលយូរ។ ក្រោយមក ខ្ញុំត្រូវបានបំបែកចេញពី ស៊ាវ យ៉ា ដោយសារតែមានការផ្លាស់ប្តូរក្នុងការចាត់តាំងភារកិច្ចរបស់ខ្ញុំ។
មិនយូរប៉ុន្មាន ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលលាតត្រដាងពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទវាយប្រហារ និងផាត់អ្នកដែលមានមតិផ្ទុយចេញ ហើយវាធ្វើឱ្យខ្ញុំនឹកឃើញភ្លាមៗ ដល់ទង្វើដែលខ្ញុំបានធ្វើកាលពីមុន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អាទទឹងនឹងព្រះគ្រីស្ទមានល្បិច និងវិធីសាស្ត្រជាច្រើនសម្រាប់ការវាយប្រហារ និងផាត់ចេញអ្នកជំទាស់។ ក្រៅពីការប្រឈមមុខដាក់គ្នា និងការមិនទទួលស្គាល់ជាសាធារណៈ ល្បិចដ៏មានឥទ្ធិពលបំផុតរបស់ពួកគេរួមមានការអូសទាញ និងការបញ្ចុះបញ្ចូលអ្នកជំទាស់ ដោយធ្វើឱ្យពួកគេទាំងអស់ស្ដាប់តាមខ្លួន។ ប្រសិនបើអ្នកជំទាស់មិនស្ដាប់ទេ អាទទឹងនឹងព្រះគ្រីស្ទនឹងគាបសង្កត់ពួកគេ បង្ក្រាបពួកគេ និងធ្វើឱ្យពួកគេខូចឈ្មោះ តាមរបៀបដូចគ្នាដែលពួកអ្នកមិនជឿដោះស្រាយជាមួយគូប្រជែងនយោបាយដែរ។ នេះហើយបង្ហាញថាពួកទទឹងនឹងព្រះគ្រីស្ទមានភាពកាចសាហាវ និងឃោរឃៅប៉ុនណា។ ប៉ុន្តែ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទនឹងប្រើវិធីសាស្ត្រទន់ភ្លន់ដើម្បីអូសទាញមនុស្ស។ ឧទាហរណ៍ ប្រសិនបើមានអ្នកជំទាស់ណាម្នាក់ដែលមានមតិមិនស្របនឹងពួកគេ ពួកគេនឹងមើលថាតើបុគ្គលនោះចូលចិត្តអ្វី និងមានចំណុចខ្សោយនៅត្រង់ណាខ្លះ ដោយប្រើគ្រប់មធ្យោបាយដ៏ថោកទាបដើម្បីធ្វើឱ្យពួកគេចុះញ៉ម។ ឬពួកគេនឹងធ្វើពុតជាចុះចូល និងទទួលស្គាល់កំហុសរបស់ពួកគេនៅចំពោះមុខអ្នកជំទាស់ ឬធ្វើគ្រប់មធ្យោបាយដើម្បីផ្ដល់ផលប្រយោជន៍ដល់អ្នកជំទាស់ និងបំពេញចិត្តពួកគេ ឬប្រហែលជាឱ្យមិត្តភក្តិជិតស្និទ្ធរបស់ពួកគេទៅបញ្ចុះបញ្ចូលអ្នកជំទាស់ ហើយបន្ទាប់មក ពួកគេធ្វើពុតជាកំពុងប្រកបគ្នាអំពីសេចក្ដីពិតជាមួយអ្នកជំទាស់នោះ ដោយនិយាយថា៖ “ការពួតដៃគ្នារបស់យើងសម្រាប់កិច្ចការពួកជំនុំគឺល្អឥតខ្ចោះណាស់ យើងអាចចែកគ្នាគ្រប់គ្រងពួកជំនុំនេះពាក់កណ្ដាលម្នាក់នៅពេលអនាគត។ ទោះបីជាខ្ញុំជាអ្នកដឹកនាំក៏ដោយ ក៏ខ្ញុំនឹងស្ដាប់រាល់យោបល់ដែលអ្នកមានដែរ។ តាមពិតទៅ គឺខ្ញុំទេដែលនឹងសហការជាមួយអ្នក”។ ប្រសិនបើអ្នកជំទាស់គឺជាមនុស្សដែលមិនយល់ពីសេចក្ដីពិត នោះវានឹងងាយស្រួលសម្រាប់អាទទឹងនឹងព្រះគ្រីស្ទក្នុងការបញ្ចុះបញ្ចូលពួកគេ។ អស់អ្នកដែលយល់ពីសេចក្ដីពិត នឹងមើលធ្លុះរឿងនេះ ហើយនិយាយថា “ម្នាក់នេះពិតជាអ្នកប្រើល្បិចមែន ពួកគេមិនវាយប្រហារដោយបើកចំហទេ ប៉ុន្តែប្រើល្បិច ជំនួសឱ្យការប្រើវិធីសាស្ត្ររឹងត្អឹង ពួកគេចូលមកយ៉ាងទន់ភ្លន់”។ សម្រាប់អាទទឹងនឹងព្រះគ្រីស្ទ អ្នកជំទាស់គឺជាការគំរាមកំហែងដល់ឋានៈ និងអំណាចរបស់ពួកគេ។ អ្នកណាដែលគំរាមកំហែងដល់ឋានៈ និងអំណាចរបស់ពួកគេ មិនថាជាអ្នកណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើគ្រប់មធ្យោបាយដើម្បី “ចាត់ការ” ពួកគេដែរ។ ប្រសិនបើមនុស្សទាំងនេះពិតជាមិនអាចធ្វើឱ្យចុះញ៉ម ឬបញ្ចុះបញ្ចូលបានទេ នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងផ្ដួលពួកគេ ឬបោសសម្អាតពួកគេចេញ។ នៅទីបំផុត ពួកទទឹងនឹងព្រះគ្រីស្ទនឹងសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការមានអំណាចដាច់ខាត និងតាំងខ្លួនជាច្បាប់។ នេះគឺជាបច្ចេកទេសមួយដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែប្រើជាទម្លាប់ ដើម្បីរក្សាឋានៈ និងអំណាចរបស់ពួកគេ គឺពួកគេវាយប្រហារ និងផាត់ចេញអ្នកជំទាស់» («ចំណុចទីពីរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំពិតជាតក់ស្លុតយ៉ាងខ្លាំង។ តើនេះមិនមែនជាល្បិចដដែល ដែលខ្ញុំធ្លាប់ប្រើទៅលើ ស៊ាវ យ៉ា កាលពីពេលនោះទេឬ? ខ្ញុំបានដឹងថា ពេលដែលខ្ញុំធ្វើពុតជាបន្ទាបខ្លួននៅចំពោះមុខគាត់ តាមពិត ខ្ញុំកំពុងតែព្យាយាមទាញគាត់មកធ្វើជាបក្សពួក ដែលនេះគឺជាវិធីសាស្ត្រក្នុងការវាយប្រហារ និងផាត់អ្នកដែលមានមតិផ្ទុយចេញ។ គិតរំលឹកដល់ពេលនោះ ខ្ញុំឃើញថា តែងតែមានបងប្អូនស្រីៗចោមរោម ស៊ាវ យ៉ា ជានិច្ច ហើយគ្រប់គ្នា មិនថាពួកគេមានបញ្ហាការងារ ឬការលំបាកនានាទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់ពួកគេទេ ពួកគេតែងតែចូលចិត្តទៅរកគាត់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចយកឈ្នះគាត់បានឡើយ។ ដូច្នេះ ដើម្បីរក្សាឋានៈរបស់ខ្ញុំជាប្រធានក្រុមឱ្យបានរឹងមាំ ខ្ញុំក៏បានប្រើវិធីសាស្ត្រទន់ភ្លន់ជាងមុន។ ខ្ញុំមានចេតនាធ្វើពុតជាបន្ទាបខ្លួននៅចំពោះមុខគាត់ ដោយនិយាយពាក្យសម្ដីដូចជា «ខ្ញុំមិនពូកែដូចអ្នកទេ» និង «អ្នកសឹងតែដូចជាប្រធានក្រុមទៅហើយ»។ មើលពីសំបកក្រៅ ខ្ញុំហាក់ដូចជាបន្ទាបខ្លួនខ្លាំងណាស់ តែតាមពិតទៅ ខ្ញុំចង់ទាញគាត់មកខាងខ្ញុំ ឱ្យគាត់ធ្វើជាជំនួយការរបស់ខ្ញុំ និងឱ្យគាត់សហការជាមួយការងាររបស់ខ្ញុំ។ ធ្វើបែបនោះ គ្រប់គ្នានឹងមកចោមរោមខ្ញុំវិញ។ មើលពីសំបកក្រៅ ពួកយើងហាក់ដូចជា «ចុះសម្រុងគ្នា» ណាស់ តែគំនិតដែលនៅពីក្រោយរឿងនេះ គឺពិតជាថោកទាប និងគួរឱ្យស្អប់ខ្ពើមណាស់ ហើយព្រះជាម្ចាស់ស្អប់ខ្ពើមរឿងនេះបំផុត។ ខ្ញុំបានគិតដល់ពួកអ្នកនយោបាយនៅក្នុងពិភពគ្មានជំនឿ ដែលប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីដណ្ដើមអំណាចពីគូប្រជែងរបស់ពួកគេ។ ពួកគេតែងតែលាបពណ៌គូប្រជែងរបស់ពួកគេ ឬប្រើល្បិចដើម្បីទាញអ្នកទាំងនោះមកបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ ដើម្បីការពារឋានៈរបស់ខ្លួនឯង ខ្ញុំក៏បានប្រឹងគិតស្ទើរតែប្រេះខួរដែរ ដោយសុខចិត្តប្រើប្រាស់គ្រប់មធ្យោបាយដ៏ថោកទាប និងគួរឱ្យស្អប់ខ្ពើមទាំងអស់។ តើនេះជាអាកប្បកិរិយារបស់អ្នកជឿឬ? ខ្ញុំគ្មានអ្វីខុសពីពួកមិនជឿសោះឡើយ! ខ្ញុំពិតជាគួរឱ្យខ្ពើមរអើមណាស់!
ខ្ញុំចាប់ផ្តើមពិចារណាថា ហេតុអ្វីបានជាខ្ញុំតែងតែត្រូវប្រកួតប្រជែងជាមួយ ស៊ាវ យ៉ា ជានិច្ច។ ហេតុផលចម្បង គឺដោយសារតែខ្ញុំមានអារម្មណ៍ថា ក្នុងនាមជាប្រធានក្រុម ខ្ញុំត្រូវតែជាមនុស្សលេខមួយក្នុងចំណោមមនុស្សទាំងអស់ ហើយគ្មានសមាជិកក្រុមណាម្នាក់អាចល្អជាង ឬពូកែជាងខ្ញុំឡើយ។ បន្ទាប់មក ខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គថា៖ «មិនថាអ្នកធ្វើអ្វីនោះទេ ទោះជារឿងសំខាន់ ឬមិនសំខាន់ក៏ដោយ អ្នកតែងតែត្រូវការនរណាម្នាក់នៅក្បែរដើម្បីជួយអ្នក ចង្អុលបង្ហាញ និងផ្តល់ដំបូន្មានដល់អ្នក ឬធ្វើអ្វីៗដោយសហការជាមួយអ្នក។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាថា អ្នកនឹងធ្វើអ្វីៗបានកាន់តែត្រឹមត្រូវ មានកំហុសកាន់តែតិច និងមិនសូវងាយដើរខុសផ្លូវឡើយ ហើយនេះគឺជារឿងល្អ។ ជាពិសេស ការបម្រើព្រះជាម្ចាស់ មិនមែនជារឿងតូចតាចនោះទេ ហើយការមិនដោះស្រាយនិស្ស័យពុករលួយរបស់អ្នក អាចធ្វើឱ្យអ្នកជួបគ្រោះថ្នាក់បាន! មនុស្សមាននិស្ស័យរបស់សាតាំង ហើយអាចបះបោរ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មនុស្សដែលរស់នៅតាមនិស្ស័យរបស់សាតាំង អាចបដិសេធ ប្រឆាំងទាស់ និងក្បត់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺល្ងង់ខ្លៅណាស់ ពួកគេមិនដឹងពីរឿងនេះទេ ពួកគេគិតថា៖ “ខ្ញុំពិបាកណាស់ទម្រាំតែទទួលបានអំណាច តើហេតុអ្វីខ្ញុំត្រូវចែករំលែកវាជាមួយអ្នកដទៃ? ការប្រគល់វាទៅឱ្យអ្នកដទៃ មានន័យថាខ្ញុំនឹងគ្មានអំណាចសម្រាប់ខ្លួនឯងទេ តើមែនទេ? តើខ្ញុំអាចបង្ហាញពីទេពកោសល្យ និងសមត្ថភាពរបស់ខ្ញុំដោយគ្មានអំណាចបានដោយរបៀបណា?” ពួកគេមិនដឹងទេថា អ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យមនុស្ស មិនមែនជាអំណាច ឬឋានៈនោះទេ ប៉ុន្តែជាភារកិច្ចមួយ។ ពួកទទឹងនឹងព្រះគ្រីស្ទ ទទួលយកតែអំណាច និងឋានៈប៉ុណ្ណោះ ពួកគេទុកភារកិច្ចរបស់ពួកគេមួយឡែក ហើយពួកគេមិនធ្វើការងារជាក់ស្តែងឡើយ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយ ចង់តែកាន់អំណាច គ្រប់គ្រងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងសោយសុខពីប្រយោជន៍នៃឋានៈប៉ុណ្ណោះ។ ការធ្វើបែបនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ នេះគឺជាការប្រឆាំងទាស់នឹងព្រះជាម្ចាស់ហើយ! ជនណាដែលដេញតាមតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ជាជាងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ គឺជាអ្នកដែលកំពុងលេងជាមួយភ្លើង និងលេងសើចនឹងជីវិតរបស់ខ្លួនហើយ។ អ្នកដែលលេងជាមួយភ្លើង និងជីវិតរបស់ពួកគេ អាចនឹងបំផ្លាញខ្លួនឯងបានគ្រប់ពេល។ សព្វថ្ងៃនេះ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ អ្នកកំពុងតែបម្រើព្រះជាម្ចាស់ ដែលនេះមិនមែនជារឿងធម្មតានោះទេ។ អ្នកមិនមែនកំពុងធ្វើអ្វីៗសម្រាប់នរណាម្នាក់ឡើយ ហើយរឹតតែមិនមែនធ្វើការដើម្បីតែក្រពះ និងការរស់នៅនោះដែរ ផ្ទុយទៅវិញ អ្នកកំពុងតែបំពេញភារកិច្ចរបស់អ្នកនៅក្នុងពួកជំនុំ។ ជាពិសេស ភារកិច្ចនេះគឺបានមកពីការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ ដូច្នេះ តើការបំពេញភារកិច្ចនេះមានន័យដូចម្តេច? គឺមានន័យថា អ្នកនឹងត្រូវទទួលខុសត្រូវចំពោះព្រះជាម្ចាស់សម្រាប់ភារកិច្ចរបស់អ្នក មិនថាអ្នកធ្វើវាបានល្អ ឬមិនល្អនោះទេ ទីបំផុត អ្នកត្រូវតែធ្វើការបកស្រាយទូលថ្វាយព្រះជាម្ចាស់ ហើយត្រូវតែមានលទ្ធផលមួយ។ នេះគឺដោយសារតែ អ្វីដែលអ្នកបានទទួលយក គឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដែលជាការទទួលខុសត្រូវដ៏ពិសិដ្ឋមួយ ហើយមិនថាការទទួលខុសត្រូវនេះធំ ឬតូចនោះទេ វាគឺជារឿងដ៏ធ្ងន់ធ្ងរមួយ។ តើវាធ្ងន់ធ្ងរកម្រិតណា? ក្នុងកម្រិតតូច វាពាក់ព័ន្ធនឹងថាតើអ្នកអាចទទួលបានសេចក្តីពិតនៅក្នុងមួយជីវិតនេះដែរឬទេ ហើយវាពាក់ព័ន្ធនឹងរបៀបដែលព្រះជាម្ចាស់ទតមើលមកអ្នក។ ក្នុងកម្រិតធំ វាទាក់ទងដោយផ្ទាល់ទៅនឹងអនាគត និងជោគវាសនារបស់អ្នក ទាក់ទងនឹងលទ្ធផលរបស់អ្នក ប្រសិនបើអ្នកប្រព្រឹត្តអំពើអាក្រក់ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ អ្នកនឹងត្រូវថ្កោលទោស និងត្រូវដាក់ទោស។ គ្រប់យ៉ាងដែលអ្នកធ្វើ នៅពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នក ត្រូវបានកត់ត្រាទុកដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មានគោលការណ៍ និងស្តង់ដាផ្ទាល់របស់ទ្រង់ សម្រាប់របៀបដែលវាត្រូវបានដាក់ពិន្ទុ និងវាយតម្លៃ ព្រះជាម្ចាស់កំណត់លទ្ធផលរបស់អ្នកដោយផ្អែកលើការប្រព្រឹត្តទាំងស្រុងរបស់អ្នកនៅក្នុងភារកិច្ចរបស់អ្នក។ តើនេះជារឿងធ្ងន់ធ្ងរដែរឬទេ? វាពិតជាធ្ងន់ធ្ងរមែន! ដូច្នេះ ប្រសិនបើអ្នកត្រូវបានចាត់តាំងភារកិច្ចមួយ តើវាជារឿងដែលអ្នកត្រូវដោះស្រាយតែម្នាក់ឯងមែនទេ? (ទេ។) កិច្ចការនោះ មិនមែនជារឿងដែលអ្នកអាចបញ្ចប់ដោយខ្លួនឯងបាននោះទេ ប៉ុន្តែវាទាមទារឱ្យអ្នកទទួលខុសត្រូវចំពោះវា។ ទំនួលខុសត្រូវនេះគឺជារបស់អ្នក អ្នកត្រូវតែបញ្ចប់ការផ្ទុកផ្ដាក់នោះ។ តើនេះពាក់ព័ន្ធនឹងអ្វី? វាពាក់ព័ន្ធនឹងការសហការ អំពីរបៀបសហការក្នុងការបម្រើ អំពីរបៀបសហការដើម្បីបំពេញភារកិច្ចរបស់អ្នក អំពីរបៀបសហការដើម្បីបញ្ចប់ការផ្ទុកផ្ដាក់របស់អ្នក អំពីរបៀបសហការដើម្បីឱ្យអ្នកធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ វាពាក់ព័ន្ធនឹងរឿងទាំងនេះឯង» («ចំណុចទីប្រាំបី (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ថា ពេលដែលបងប្អូនប្រុសស្រីបោះឆ្នោតជ្រើសតាំងខ្ញុំជាប្រធានក្រុម ពួកគេមិនមែនកំពុងផ្តល់ឋានៈឱ្យខ្ញុំទេ តែវាគឺជាការទទួលខុសត្រូវមួយ។ ខ្ញុំគប្បីសហការយ៉ាងចុះសម្រុងជាមួយគ្រប់គ្នា ហើយមិនថាអ្នកណាមានចំណុចខ្លាំងនោះទេ ខ្ញុំគួរតែបណ្តោយឱ្យពួកគេប្រើប្រាស់ចំណុចខ្លាំងទាំងនោះឱ្យបានពេញលេញ។ មានតែការរៀនសូត្រពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់យើងទេ ទើបពួកយើងអាចបំពេញភារកិច្ចរបស់យើងបាន។ ឧទាហរណ៍ ស៊ាវ យ៉ា ពូកែខាងបច្ចេកទេស ហើយគាត់ក៏យកចិត្តទុកដាក់ចំពោះការចូលទៅក្នុងជីវិតរបស់គាត់ដែរ។ ខ្ញុំគួរតែទុកឱ្យគាត់បញ្ចេញចំណុចខ្លាំងរបស់គាត់ឱ្យបានច្រើនជាងនេះ។ រឿងនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់ការងារពួកជំនុំប៉ុណ្ណោះទេ តែវាក៏ជាជំនួយដល់ខ្ញុំ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនផងដែរ។ ប៉ុន្តែតាំងពីខ្ញុំក្លាយជាប្រធានក្រុមមក ខ្ញុំបានលើកតម្កើងខ្លួនឯងទៅកាន់ឋានៈជាប្រធានក្រុមទៅហើយ។ ពេញមួយថ្ងៃៗ ខ្ញុំមិនដែលគិតអំពីរបៀបសហការយ៉ាងចុះសម្រុងជាមួយគ្រប់គ្នា ដើម្បីបំពេញភារកិច្ចរបស់យើងឱ្យបានល្អនោះទេ ផ្ទុយទៅវិញ ខ្ញុំបែរជាងប់ងល់តែនឹងឋានៈ និងមុខមាត់របស់ខ្លួនឯងទៅវិញ។ ខ្ញុំចាត់ទុកនរណាក៏ដោយដែលពូកែជាងខ្ញុំជាគូប្រជែង ហើយព្យាយាមគ្រប់វិធីដើម្បីគាបសង្កត់ពួកគេ ដោយមិនខ្វល់ខ្វាយសោះថា តើទង្វើរបស់ខ្ញុំនឹងធ្វើឱ្យប៉ះពាល់ដល់ពួកគេ ឬប៉ះពាល់ដល់វឌ្ឍនភាពការងាររបស់យើងឬអត់នោះទេ។ តើនេះហៅថាជាការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងម៉េចទៅ? ខ្ញុំពិតជាកំពុងតែរំខានដល់ការងារពួកជំនុំយ៉ាងច្បាស់ណាស់! ខ្ញុំបានគិតដល់ពួកមន្ត្រីនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម ដែលមិនដែលបណ្តោយឱ្យកូនចៅរបស់ពួកគេលេចធ្លោជាង ឬដណ្តើមភាពលេចធ្លោពីពួកគេ។ ពេលដែលពួកគេដឹងថា មាននរណាម្នាក់កំពុងគំរាមកំហែងដល់ឋានៈរបស់ពួកគេ ពួកគេនឹងគាបសង្កត់ និងធ្វើបាបអ្នកនោះ ហើយមិនឈប់នោះទេ លុះត្រាតែទម្លាក់អ្នកនោះបានសម្រេច។ ហើយក៏មានពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ ដែលដណ្តើមឋានៈគ្នាផងដែរ។ ពួកគេចាត់ទុកនរណាក៏ដោយដែលពូកែជាងពួកគេ ថាជាបន្លាក្នុងភ្នែករបស់ពួកគេ ដោយគាបសង្កត់ និងផាត់អ្នកទាំងនោះចោល ដែលរំខានយ៉ាងធ្ងន់ធ្ងរដល់ការងារដំណាក់របស់ព្រះជាម្ចាស់ ដោយគ្មានការប្រែចិត្តសោះឡើយ ហើយចុងក្រោយ ពួកគេត្រូវបានបណ្តេញចេញពីពួកជំនុំ។ ខ្ញុំបានឃើញថា ផលវិបាកនៃការដេញតាមឋានៈ គឺពិតជាគួរឱ្យខ្លាចណាស់! អំឡុងពេលដែលខ្ញុំធ្វើជាប្រធានក្រុម ខ្ញុំតែងតែប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជានិច្ច។ ទោះបីជាខ្ញុំរក្សាបាននូវឋានៈជាប្រធានក្រុមក៏ពិតមែន តែខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ខ្ញុំថែមទាំងបានវាយប្រហារ និងផាត់ចោលអ្នកដែលពូកែជាងខ្ញុំ និងរំខានដល់ការងារពួកជំនុំទៀតផង។ អ្វីដែលខ្ញុំនៅសល់ គឺមានតែអំពើរំលងដែលគួរឱ្យស្អប់ខ្ពើមសម្រាប់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់។ ប្រសិនបើពេលវេលាអាចត្រឡប់ថយក្រោយបាន ខ្ញុំពិតជាប្រាថ្នាចង់សហការយ៉ាងចុះសម្រុងជាមួយ ស៊ាវ យ៉ា និងអ្នកផ្សេងទៀត ដើម្បីបំពេញភារកិច្ចរបស់យើង។
ក្រោយមក ខ្ញុំបានមើលវីដេអូទីបន្ទាល់ពីបទពិសោធន៍មួយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលបានដកស្រង់នៅក្នុងនោះ ពិតជាស័ក្តិសមនឹងសភាពរបស់ខ្ញុំខ្លាំងណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីទទួលបានអំណាច និងឋានៈ រឿងដំបូងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើនៅក្នុងពួកជំនុំ គឺព្យាយាមធ្វើឱ្យអ្នកដទៃទុកចិត្ត និងកោតសរសើរពួកគេ ដើម្បីឱ្យពួកគេអាចបញ្ចុះបញ្ចូលមនុស្សកាន់តែច្រើន និងធ្វើឱ្យមនុស្សកាន់តែច្រើនសម្លឹងមើលទៅលើ និងថ្វាយបង្គំពួកគេ ដោយហេតុនេះ ពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការមានសិទ្ធិសម្រេចចុងក្រោយ និងក្ដាប់អំណាចនៅក្នុងពួកជំនុំ។ នៅពេលនិយាយដល់ការទទួលបានអំណាច ពួកគេជំនាញបំផុតក្នុងការប្រជែង និងតយុទ្ធជាមួយអ្នកដទៃ។ អស់អ្នកដែលដេញតាមសេចក្ដីពិត អ្នកដែលមានកិត្យានុភាពនៅក្នុងពួកជំនុំ និងអ្នកដែលបងប្អូនប្រុសស្រីស្រឡាញ់ គឺជាគូប្រជែងចម្បងរបស់ពួកគេ។ មនុស្សណាក៏ដោយដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេ គឺជាគូប្រជែងរបស់ពួកគេ។ ពួកគេប្រជែងជាមួយអ្នកដែលខ្លាំងជាងពួកគេដោយមិនរារែក ហើយពួកគេប្រជែងនឹងអ្នកដែលខ្សោយជាងពួកគេ ដោយគ្មានអារម្មណ៍អាណិតសូម្បីបន្តិច។ ចិត្តរបស់ពួកគេពោរពេញទៅដោយទស្សនវិជ្ជានៃការប្រជែង និងការតយុទ្ធ។ ពួកគេជឿថា ប្រសិនបើមនុស្សមិនប្រជែង និងតយុទ្ធទេ នោះពួកគេនឹងមិនអាចទទួលបានផលប្រយោជន៍អ្វីឡើយ ហើយថាពួកគេអាចទទួលបានអ្វីដែលពួកគេចង់បាន តែតាមរយៈការប្រជែង និងការតយុទ្ធប៉ុណ្ណោះ។ ដើម្បីទទួលបានឋានៈ និងដើម្បីយកតំណែងដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងចំណោមក្រុមមនុស្ស ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីប្រជែងជាមួយនរណាក៏ដោយ ហើយពួកគេមិនលើកលែងឱ្យមនុស្សម្នាក់ណាដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេឡើយ។ មិនថាពួកគេទាក់ទងជាមួយនរណាក៏ដោយ ការទាក់ទងទាំងនេះពោរពេញទៅដោយការប្រជែង និងការតយុទ្ធ ហើយពួកគេនៅតែបន្តប្រជែង និងតយុទ្ធរហូតដល់វ័យចាស់។ ពួកគេតែងតែនិយាយថា៖ “តើខ្ញុំអាចយកឈ្នះមនុស្សម្នាក់នោះបានទេ ប្រសិនបើខ្ញុំតយុទ្ធនឹងពួកគេ?” អ្នកណាដែលមានវោហារ ហើយអាចនិយាយដោយសមហេតុផល មានរចនាសម្ព័ន្ធ និងមានរបៀបរៀបរយ ក្លាយជាគោលដៅនៃការច្រណែន និងការត្រាប់តាមរបស់ពួកគេ។ លើសពីនេះទៅទៀត អ្នកទាំងនោះក្លាយជាគូប្រជែងរបស់ពួកគេ។ អ្នកណាដែលដេញតាមសេចក្ដីពិត និងមានសេចក្ដីជំនឿ ហើយអាចជួយ និងគាំទ្របងប្អូនប្រុសស្រីបានញឹកញាប់ និងធ្វើឱ្យពួកគេអាចងើបចេញពីភាពអវិជ្ជមាន និងភាពទន់ខ្សោយ ក៏ក្លាយជាគូប្រជែងរបស់ពួកគេដែរ ដូចគ្នានឹងនរណាម្នាក់ដែលមានជំនាញក្នុងវិជ្ជាជីវៈជាក់លាក់ណាមួយ ហើយទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រីក្នុងកម្រិតណាមួយដែរ។ អ្នកណាដែលទទួលបានលទ្ធផលក្នុងការងាររបស់ខ្លួន និងទទួលបានការទទួលស្គាល់ពីខាងលើ នោះជាធម្មតាជៀសមិនរួចក្លាយជាគូប្រជែងកាន់តែធំសម្រាប់ពួកគេ។ ... ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រាកដថាចង់កាន់កាប់តំណែងខ្ពស់បំផុត មិនថាពួកគេនៅទីណានោះទេ។ រាល់ពេលដែលពួកគេទៅកន្លែងណាមួយ ពួកគេមាននិស្ស័យ និងផ្នត់គំនិតមួយដែលជំរុញឱ្យពួកគេធ្វើសកម្មភាព។ តើផ្នត់គំនិតនេះគឺជាអ្វី? វាគឺ “ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង!” ហេតុអ្វីបានជាមានពាក្យ “ប្រកួតប្រជែង” ដល់ទៅបីដង ហេតុអ្វីមិនប្រើពាក្យ “ប្រកួតប្រជែង” តែម្ដងទៅ? (ការប្រកួតប្រជែងបានក្លាយជាជីវិតរបស់ពួកគេ វាគឺជាអ្វីដែលពួកគេពឹងផ្អែកដើម្បីរស់។) នេះជានិស្ស័យរបស់ពួកគេ។ ពួកគេកើតមកមាននិស្ស័យដែលក្រអឺតក្រទមយ៉ាងខ្លាំង និងពិបាកនឹងទប់ស្កាត់ ពោលគឺ ចាត់ទុកខ្លួនឯងថាគ្មាននរណាប្រៀបផ្ទឹមបាន និងលើកតម្កើងខ្លួនឯងជ្រុលហួសហេតុ។ គ្មាននរណាម្នាក់អាចទប់ស្កាត់និស្ស័យដ៏ក្រអឺតក្រទមយ៉ាងខ្លាំងរបស់ពួកគេនេះបានឡើយ សូម្បីតែពួកគេផ្ទាល់ក៏មិនអាចគ្រប់គ្រងវាបានដែរ។ ដូច្នេះ ជីវិតរបស់ពួកគេគឺមានតែការប្រយុទ្ធ និងការប្រកួតប្រជែងប៉ុណ្ណោះ។ តើពួកគេប្រយុទ្ធ និងប្រកួតប្រជែងដើម្បីអ្វី? ច្បាស់ណាស់ ពួកគេប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ មុខមាត់ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាពួកគេត្រូវប្រើវិធីសាស្ត្រអ្វីក៏ដោយ ដរាបណាមនុស្សគ្រប់គ្នាចុះចូលនឹងពួកគេ ហើយដរាបណាពួកគេទទួលបានផលប្រយោជន៍ និងឋានៈសម្រាប់ខ្លួនឯង នោះពួកគេបានសម្រេចគោលដៅរបស់ពួកគេហើយ។ ឆន្ទៈរបស់ពួកគេក្នុងការប្រកួតប្រជែង មិនមែនជាការសប្បាយបណ្ដោះអាសន្នឡើយ វាគឺជាប្រភេទនៃនិស្ស័យដែលកើតចេញពីធម្មជាតិបែបសាតាំង។ វាប្រៀបដូចជានិស្ស័យរបស់នាគដ៏ធំមានសម្បុរក្រហម ដែលប្រយុទ្ធជាមួយស្ថានសួគ៌ ប្រយុទ្ធជាមួយផែនដី និងប្រយុទ្ធជាមួយមនុស្សអ៊ីចឹង។ ចុះនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទប្រយុទ្ធ និងប្រកួតប្រជែងជាមួយអ្នកដទៃនៅក្នុងពួកជំនុំ តើពួកគេចង់បានអ្វី? ដោយគ្មានការសង្ស័យឡើយ គឺពួកគេកំពុងប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ។ ប៉ុន្តែ ប្រសិនបើពួកគេទទួលបានឋានៈ តើវាមានប្រយោជន៍អ្វីដល់ពួកគេ? តើវាមានប្រយោជន៍អ្វីដល់ពួកគេ ប្រសិនបើអ្នកដទៃស្ដាប់តាម កោតសរសើរ និងថ្វាយបង្គំពួកគេនោះ? សូម្បីតែពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯង ក៏មិនអាចពន្យល់ពីរឿងនេះបានដែរ។ តាមការពិត ពួកគេចូលចិត្តសោយសុខនឹងកេរ្តិ៍ឈ្មោះ និងឋានៈ ចូលចិត្តឱ្យមនុស្សគ្រប់គ្នាញញឹមដាក់ពួកគេ ហើយទទួលបានការស្វាគមន៍ដោយការបញ្ជោរ និងការអែបអប។ ដូច្នេះ រាល់ពេលដែលអាទទឹងនឹងព្រះគ្រីស្ទទៅកាន់ពួកជំនុំណាមួយ គេធ្វើរឿងតែមួយគត់៖ គឺប្រយុទ្ធ និងប្រកួតប្រជែងនឹងអ្នកដទៃ។ ទោះបីជាគេដណ្ដើមបានអំណាច និងឋានៈក៏ដោយ ក៏គេមិនទាន់បញ្ចប់ត្រឹមនេះដែរ។ ដើម្បីការពារឋានៈរបស់គេ និងធានាឱ្យបាននូវអំណាចរបស់គេ គេបន្តប្រយុទ្ធ និងប្រកួតប្រជែងនឹងអ្នកដទៃ។ គេនឹងធ្វើបែបនេះរហូតដល់គេស្លាប់។ ដូច្នេះ ទស្សនវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ “ដរាបណាអ្នកនៅមានជីវិត កុំឈប់ប្រយុទ្ធឱ្យសោះ”។ ប្រសិនបើមានមនុស្សអាក្រក់បែបនេះនៅក្នុងពួកជំនុំ តើវានឹងរំខានដល់បងប្អូនប្រុសស្រីដែរឬទេ? ឧទាហរណ៍៖ ឧបមាថាមនុស្សគ្រប់គ្នាកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងស្ងៀមស្ងាត់ ហើយបរិយាកាសមានភាពស្ងប់ស្ងាត់ និងមានអារម្មណ៍រីករាយ។ នៅពេលនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងពុះកញ្ជ្រោលដោយសេចក្ដីមិនពេញចិត្ត។ គេនឹងក្លាយជាច្រណែននឹងអស់អ្នកដែលកំពុងប្រកបគ្នាអំពីសេចក្ដីពិត ហើយស្អប់អ្នកទាំងនោះ។ គេនឹងចាប់ផ្ដើមវាយប្រហារ និងធ្វើការវិនិច្ឆ័យលើអ្នកទាំងនោះ។ តើនេះមិនមែនជាការរំខានដល់បរិយាកាសដ៏ស្ងប់ស្ងាត់នេះទេឬ? គេគឺជាមនុស្សអាក្រក់ដែលមកដើម្បីរំខាន និងធ្វើឱ្យអ្នកដទៃខ្ពើមរអើម។ នេះហើយជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនកំពុងស្វែងរកការបំផ្លាញ ឬការយកឈ្នះលើអស់អ្នកដែលពួកគេប្រកួតប្រជែង និងបង្ក្រាបនោះទេ ដរាបណាពួកគេទទួលបានកេរ្តិ៍ឈ្មោះ ឋានៈ ភាពអំនួត និងមោទនភាព ហើយធ្វើឱ្យមនុស្សកោតសរសើរពួកគេ នោះពួកគេបានសម្រេចគោលដៅរបស់ខ្លួនហើយ។ ខណៈពេលដែលពួកគេកំពុងប្រកួតប្រជែង ពួកគេបញ្ចេញឱ្យឃើញនូវប្រភេទនៃនិស្ស័យបែបសាតាំងយ៉ាងច្បាស់។ តើនេះជានិស្ស័យអ្វី? នោះគឺ មិនថាពួកគេបង្ហាញខ្លួននៅក្នុងពួកជំនុំណាក៏ដោយ ក៏ពួកគេតែងតែចង់ប្រកួតប្រជែង និងតយុទ្ធជាមួយអ្នកដទៃ ពួកគេតែងតែចង់ប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយពួកគេមានអារម្មណ៍ថាពួកគេបានសម្រេចគោលដៅរបស់ខ្លួន លុះត្រាតែពេលដែលពួកជំនុំធ្លាក់ចូលទៅក្នុងភាពវឹកវរ និងភាពចលាចល នៅពេលដែលពួកគេទទួលបានឋានៈ ហើយមនុស្សគ្រប់គ្នាចុះញ៉មនឹងពួកគេ។ នេះហើយគឺជាធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺ ពួកគេប្រើប្រាស់ការប្រកួតប្រជែង និងការតយុទ្ធ ដើម្បីសម្រេចគោលដៅរបស់ខ្លួន» («ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការឈ្លោះប្រកែកជាមួយអ្នកដទៃជានិច្ច ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈ ហើយធ្វើឱ្យពួកជំនុំធ្លាក់ក្នុងភាពវឹកវរយ៉ាងរញ៉េរញ៉ៃនោះ គឺជាការដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលត្រូវព្រះជាម្ចាស់ថ្កោលទោស និងជម្រុះចោល។ ក្រឡេកទៅមើលអតីតកាលវិញ ខ្ញុំតែងតែជឿថា ក្នុងនាមជាប្រធានក្រុម ឋានៈរបស់ខ្ញុំនៅក្នុងក្រុមគួរតែខ្ពស់ជាងគេ ហើយគ្រប់គ្នាគួរតែមកចោមរោមខ្ញុំ។ ពេលខ្ញុំឃើញគ្រប់គ្នាចោមរោម ស៊ាវ យ៉ា ដើម្បីសួរចម្ងល់ ខ្ញុំជឿថា គាត់បានដណ្តើមឋានៈរបស់ខ្ញុំហើយ។ ខ្ញុំត្រូវបានគ្រប់គ្រងដោយពិសពុលរបស់សាតាំងដែលថា «មានតែម្នាក់គត់ដែលអាចធ្វើជាធំបាន»។ ខ្ញុំតែងតែតាមរកយករឿង ស៊ាវ យ៉ា គ្រប់ជំហាន ហើយថែមទាំងលួចចាក់រុកបង្កជម្លោះរវាង អាន ជៀ និងគាត់ពីក្រោយខ្នងទៀតផង។ ពេលដែលខ្ញុំដឹងខ្លួនថា ខ្ញុំមិនអាចយកឈ្នះគាត់បាន ខ្ញុំក៏ទាញ ស៊ាវ យ៉ា មកខាងខ្ញុំ។ មើលពីសំបកក្រៅ ខ្ញុំហៅវាថាជាការសហការ តែតាមពិត ខ្ញុំចង់ឱ្យគាត់ស្តាប់បង្គាប់ខ្ញុំ និងធ្វើជាឧបករណ៍របស់ខ្ញុំ ដើម្បីឱ្យគ្រប់គ្នាមកចោមរោមខ្ញុំវិញ។ ធ្វើបែបនោះ ខ្ញុំអាចរក្សាតំណែងរបស់ខ្ញុំជាប្រធានក្រុមបានយ៉ាងរឹងមាំ។ នៅក្នុងការប្រកួតប្រជែងដណ្តើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់ខ្ញុំនេះ ខ្ញុំមិនត្រឹមតែធ្វើឱ្យ ស៊ាវ យ៉ា ឈឺចាប់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យបងប្អូនស្រីផ្សេងទៀតមានអារម្មណ៍ទើសទាល់ និងមិនហ៊ាននិយាយបញ្ចេញមតិដោយសេរី ពេលពិភាក្សាការងារទៀតផង ដែលធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការងារ។ មូលហេតុចម្បងដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុម គឺដើម្បីដឹកនាំគ្រប់គ្នាក្នុងការបំពេញភារកិច្ចរបស់យើង តែផ្ទុយទៅវិញ ខ្ញុំបែរជាងប់ងល់តែនឹងការប្រកួតប្រជែងដណ្តើមដើម្បីឋានៈ បង្កឱ្យមានការច្រណែន និងជម្លោះ ព្រមទាំងវិនិច្ឆ័យអ្នកដទៃពីក្រោយខ្នង និងញុះញង់ឱ្យមានការបែកបាក់ក្នុងចំណោមបងប្អូនស្រីរបស់ខ្ញុំ។ ខ្ញុំបានធ្វើឱ្យក្រុមទាំងមូលធ្លាក់ក្នុងភាពវឹកវរយ៉ាងរញ៉េរញ៉ៃ។ តើខ្ញុំមិនមែនកំពុងតែធ្វើខ្លួនជាអ្នកបម្រើសាតាំងទេឬ? ខ្ញុំមើលឃើញខ្លួនឯងដូចជាសត្វរុយដ៏ស្អុយរលួយ ដែលរំខានដល់ចិត្តមនុស្ស និងធ្វើឱ្យគ្រប់គ្នាធុញថប់។ ខ្ញុំបានលះបង់គ្រួសារ និងការងាររបស់ខ្ញុំ ដើម្បីមកបំពេញភារកិច្ច ក្នុងគោលបំណងដេញតាមសេចក្តីពិត និងទទួលបានសេចក្ដីសង្រ្គោះ។ ប៉ុន្តែ ខ្ញុំបែរជាចាត់ទុកការដេញតាមឋានៈជារឿងសំខាន់បំផុតទៅវិញ ដោយតែងតែប្រកួតប្រជែងដណ្តើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជានិច្ច។ ជាលទ្ធផល ខ្ញុំបានបង្អាក់ និងរំខានដល់ការងារពួកជំនុំ ហើយបានដើរចូលទៅក្នុងផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទម្នាក់ ដោយមិនដឹងខ្លួនសូម្បីតែបន្តិច។ កាលណាខ្ញុំកាន់តែគិតពីរឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍មិនល្អ។ ខ្ញុំបានគិតដល់ ប៉ុល។ កាលនោះ ពេលគាត់ឃើញ ពេត្រុស មានកិត្យានុភាពខ្ពស់ក្នុងចំណោមអ្នកជឿ គាត់ក៏មានចិត្តច្រណែន។ ទោះបីជាគាត់ដឹងច្បាស់ថា ពេត្រុស គឺជាអ្នកដែលព្រះអម្ចាស់យេស៊ូវបានតែងតាំងឱ្យឃ្វាលពួកជំនុំក៏ដោយ ក៏គាត់នៅតែធ្វើគ្រប់យ៉ាងតាមដែលគាត់អាចធ្វើបាន ដើម្បីបន្ទាបបន្ថោក ពេត្រុស និងលើកតម្កើងខ្លួនឯងដែរ ដោយនិយាយថា គាត់គឺជាមេនៃពួកសាវ័ក ដើម្បីឱ្យគ្រប់គ្នាគោរព និងកោតសរសើរគាត់។ ក្រោយមក គាត់នៅតែរឹងរូសមិនព្រមប្រែចិត្ត ហើយថែមទាំងព្យាយាមប្រកួតប្រជែងឋានៈជាមួយព្រះជាម្ចាស់ទៀតផង ដោយនិយាយយ៉ាងឥតអៀនខ្មាសថា ឱ្យតែរូបគាត់រស់នៅ នោះគឺជាព្រះគ្រីស្ទហើយ។ គាត់បានប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានព្រះជាម្ចាស់ដាក់ទោស។ ខ្ញុំកំពុងតែដើរលើផ្លូវដូចគ្នានឹង ប៉ុល ដែរ។ ប្រសិនបើខ្ញុំមិនប្រែចិត្តទេ ខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងជម្រុះចោល ដូចជាគាត់មិនខាន។
ក្រោយមក ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកត្រូវតែរៀនលះបង់ និងបោះបង់របស់ទាំងនេះចោល រៀនណែនាំអ្នកដទៃ និងអនុញ្ញាតឱ្យអ្នកដទៃលេចធ្លោ នៅពេលដែលមានឱកាសល្អ។ កុំដណ្ដើម ឬប្រជែងយកឱកាសដើម្បីលេចធ្លោ និងលេចត្រដែត នៅពេលណាដែលអ្នកជួបប្រទះនឹងឱកាសទាំងនោះឡើយ។ អ្នកត្រូវតែអាចបោះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវបង្អាក់ការបំពេញភារកិច្ចរបស់អ្នកដែរ។ ចូរធ្វើជាមនុស្សម្នាក់ដែលធ្វើការដោយស្ងាត់ស្ងៀម មិនបង្អួត ហើយថែមទាំងបំពេញភារកិច្ចរបស់ខ្លួនដោយចិត្តស្មោះត្រង់។ នៅពេលដែលអ្នកលះបង់អំនួត និងឋានៈរបស់អ្នកកាន់តែខ្លាំង ហើយអ្នកបោះបង់ផលប្រយោជន៍របស់អ្នកកាន់តែខ្លាំង នោះអ្នកនឹងមានអារម្មណ៍កាន់តែសុខសាន្ត នោះនឹងមានពន្លឺកាន់តែខ្លាំងនៅក្នុងចិត្តរបស់អ្នក ហើយសភាពរបស់អ្នកនឹងកាន់តែប្រសើរឡើង។ នៅពេលដែលអ្នកកាន់តែដណ្ដើម និងប្រជែងគ្នា នោះសភាពរបស់អ្នកនឹងកាន់តែងងឹត។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ ចូរសាកល្បងមើលទៅ! ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរសភាពដ៏ពុករលួយបែបនេះ ហើយមិនចង់ឱ្យកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈគ្រប់គ្រងទេនោះ អ្នកត្រូវតែស្វែងរកសេចក្ដីពិត មើលធ្លុះសារជាតិនៃកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ហើយបន្ទាប់មក បោះបង់ និងលះបង់របស់ទាំងនោះចោល» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើអ្នករាល់គ្នាមានគោលការណ៍អ្វីខ្លះសម្រាប់ការប្រព្រឹត្តខ្លួន? អ្នកគួរតែប្រព្រឹត្តខ្លួនឱ្យស្របតាមតួនាទីរបស់អ្នក ស្វែងរកកន្លែងដែលត្រឹមត្រូវរបស់អ្នក ហើយត្រូវធ្វើឱ្យបានល្អនូវភារកិច្ចណាដែលអ្នកគួរធ្វើ។ មានតែដូច្នោះទេ ទើបជាមនុស្សម្នាក់ដែលមានវិចារណញ្ញាណ។ ជាឧទាហរណ៍ ប្រសិនបើអ្នកពូកែខាងជំនាញវិជ្ជាជីវៈជាក់លាក់ណាមួយ និងក្ដាប់បានអំពីគោលការណ៍នានា អ្នកគួរតែទទួលខុសត្រូវ និងអនុវត្តការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅក្នុងផ្នែកនោះ។ ប្រសិនបើអ្នកអាចផ្ដល់ជាគំនិត និងការយល់ដឹងផ្សេងៗ ដើម្បីបំផុសអ្នកដទៃឱ្យបំពេញភារកិច្ចរបស់ពួកគេបានកាន់តែប្រសើរ អ្នកគួរតែផ្ដល់ជាគំនិតទាំងនោះ។ ប្រសិនបើអ្នកអាចរកឃើញកន្លែងត្រឹមត្រូវសម្រាប់អ្នក និងសហការដោយចុះសម្រុងគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកនឹងបានបំពេញភារកិច្ចរបស់អ្នក។ នេះហើយគឺជាការប្រព្រឹត្តខ្លួនស្របតាមតួនាទីរបស់អ្នក» («គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ទ្រង់រួច ខ្ញុំបានយល់ថា ប្រសិនបើខ្ញុំចង់រួចផុតពីការរឹតត្បិត និងចំណងនៃមុខមាត់ និងឋានៈ ខ្ញុំត្រូវតែរៀនលះបង់ និងបោះបង់របស់ទាំងនេះចោល ហើយចាត់ទុកភារកិច្ចរបស់ខ្ញុំជារឿងសំខាន់បំផុត។ មិនថាអ្នកណាមានចំណុចខ្លាំងនោះទេ ខ្ញុំគួរតែបណ្តោយឱ្យពួកគេប្រើប្រាស់ចំណុចខ្លាំងទាំងនោះឱ្យបានពេញលេញ ដើម្បីឱ្យពួកយើងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់យើង និងបំពេញភារកិច្ចរបស់យើង។ រឿងនេះនឹងផ្តល់ប្រយោជន៍ទាំងសម្រាប់ការងារពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ហើយខ្ញុំក៏អាចរៀនសូត្រពីចំណុចខ្លាំងរបស់អ្នកដទៃ ដើម្បីប៉ះប៉ូវចំណុចខ្វះខាតរបស់ខ្លួនឯងបានផងដែរ។ ពេលយល់ពីរឿងនេះ ខ្ញុំក៏ប្រាប់ខ្លួនឯងថា៖ ចាប់ពីពេលនេះតទៅ មិនថាខ្ញុំបំពេញភារកិច្ចអ្វីនោះទេ រាល់ពេលដែលខ្ញុំជួបបងប្អូនប្រុសស្រីដែលពូកែជាងខ្ញុំ ខ្ញុំត្រូវតែរៀនសូត្រពីពួកគេឱ្យបានច្រើន និងសហការជាមួយពួកគេយ៉ាងចុះសម្រុង។
នៅឆ្នាំ ២០២៥ ខ្ញុំកំពុងសហការជាមួយ លី ពីង និង ស៊ូ ទីង លើភារកិច្ចខាងអត្ថបទ។ ពេលខ្ញុំឃើញ លី ពីង តែងតែសួរ ស៊ូ ទីង អំពីគោលការណ៍សម្រាប់ការជ្រើសរើសអត្ថបទ ខ្ញុំមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តបន្តិចដែរ។ «ខ្ញុំក៏ដឹងពីគោលការណ៍ទាំងនោះដែរ។ តើ លី ពីង គិតថាខ្ញុំមិនពូកែដូច ស៊ូ ទីង មែនទេ បានជាគាត់មិននឹកឃើញសួរខ្ញុំសោះអ៊ីចឹង?» ខ្ញុំបានដឹងថា សេចក្តីច្រណែនរបស់ខ្ញុំកំពុងតែរើឡើងម្តងទៀតហើយ ហើយខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ចូរកុំតែងតែធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ហើយកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឥតឈប់ឈរ។ ចូរកុំគិតពីផលប្រយោជន៍របស់មនុស្ស ហើយកុំគិតអំពីភាពអំនួត កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់របស់អ្នក។ អ្នកត្រូវតែគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពរបស់អ្នក។ អ្នកគួរតែគិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមសញ្ជឹងគិតថាតើនៅក្នុងការបំពេញភារកិច្ចរបស់អ្នកកន្លងមក មានភាពមិនបរិសុទ្ធដែរឬអត់ ថាតើអ្នកមានភក្តីភាព បានបំពេញទំនួលខុសត្រូវរបស់អ្នក និងបានដាក់ចិត្តដាក់កាយធ្វើវាឬអត់ ក៏ដូចជាថាតើអ្នកបានគិតពីភារកិច្ចរបស់អ្នក និងកិច្ចការរបស់ពួកជំនុំអស់ពីចិត្តឬអត់។ អ្នកត្រូវតែពិចារណារឿងទាំងអស់នេះ។ ប្រសិនបើអ្នកគិតពីរឿងទាំងនេះឱ្យបានញឹកញាប់ និងគិតឱ្យបានច្បាស់ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អមិនខាន» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ស៊ូ ទីង បានបំពេញភារកិច្ចនេះយូរជាងគេក្នុងចំណោមពួកយើង ហើយគាត់យល់ច្បាស់ពីគោលការណ៍ជាង។ ប្រសិនបើគាត់ប្រកបគ្នាកាន់តែច្រើន ពួកយើងទាំងអស់គ្នានឹងទទួលបានកាន់តែច្រើន ដែលជារឿងមានប្រយោជន៍សម្រាប់ពួកយើងក្នុងការបំពេញភារកិច្ចឱ្យបានល្អ។ ម្យ៉ាងទៀត វាមិនសំខាន់ទេថាបងប្អូនប្រុសស្រីរបស់ខ្ញុំសួរនរណា ដរាបណាបញ្ហាត្រូវបានដោះស្រាយ។ ខ្ញុំមិនចាំបាច់ត្រូវប្រកួតប្រជែងដើម្បីឋានៈដ៏គ្មានតម្លៃនោះឡើយ ខ្ញុំត្រូវតែចាត់ទុកភារកិច្ចរបស់ខ្ញុំជារឿងសំខាន់បំផុត។ ពេលខ្ញុំគិតបែបនេះ ខ្ញុំលែងមានអារម្មណ៍មិនល្អទៀតហើយ។ ក្រោយមក ខ្ញុំបានផ្តោតលើការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ រាល់ពេលដែលខ្ញុំឃើញបងប្អូនប្រុសស្រីណាដែលពូកែជាងខ្ញុំលើចំណុចណាមួយ ខ្ញុំនឹងតាំងចិត្តរៀនសូត្រពីពួកគេ ដើម្បីឱ្យពួកយើងអាចទាញយកចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក និងសហការគ្នាបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ បន្តិចម្តងៗ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានចិត្តទូលាយជាងមុន ហើយខ្ញុំលែងត្រូវរឹតត្បិតដោយមុខមាត់ និងឋានៈទៀតហើយ។ សភាពរបស់ខ្ញុំកាន់តែប្រសើរឡើងៗ។ ខ្ញុំកាន់តែយល់ច្បាស់ឡើងៗថា ការប្រកួតប្រជែងដណ្តើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈគឺជារឿងគ្មានន័យ ហើយវាគ្រាន់តែធ្វើឱ្យមនុស្សរស់នៅក្នុងការឈឺចាប់ និងថប់ដង្ហើមប៉ុណ្ណោះ។ មានតែការដេញតាមសេចក្តីពិត និងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប៉ុណ្ណោះ ទើបមានតម្លៃ និងអត្ថន័យពិតប្រាកដ។