១៦. អ្វីដែលខ្ញុំទទួលបានបន្ទាប់ពីបរាជ័យដ៏ជូរចត់
ក្នុងឆ្នាំ ២០១៣ ប៉ូលិសបានចាប់ខ្លួនខ្ញុំ តាមរយៈការតាមដានទូរស័ព្ទ។ ពួកគេបានបង្ហាញរូបថតរបស់អ្នកដឹកនាំថ្នាក់លើ ហើយប្រាប់ឱ្យខ្ញុំកំណត់អត្តសញ្ញាណពួកគាត់ ហើយពេលខ្ញុំមិនព្រមនិយាយ ពួកគេព្យាយាមគំរាមកំហែង និងបំភ័យខ្ញុំ ដោយនិយាយថា ពួកគេនឹងឃុំខ្ញុំឲ្យនៅតែឯង ហើយធ្វើទារុណកម្មខ្ញុំ។ ដោយសារការណែនាំរបស់ព្រះជាម្ចាស់ ទើបខ្ញុំមិនភ័យខ្លាច។ បន្ទាប់មក ខ្ញុំនៅតែរក្សាជំហរយ៉ាងរឹងមាំរាល់ពេលប៉ូលិសសួរចម្លើយ ដោយអធិដ្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ ហើយខ្ញុំមិនបានលក់ក្បាលបងប្អូនប្រុសស្រីរបស់ខ្ញុំឡើយ។ ក្រោយមក ខ្ញុំត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។
ក្នុងខែមេសា ឆ្នាំ២០១៤ ខ្ញុំត្រូវបានគេបញ្ជូនទៅពន្ធនាគារស្ត្រី ដើម្បីអនុវត្តទោសរបស់ខ្ញុំ។ ប្រធានអង្គភាពពន្ធនាគារបានប្រាប់ឲ្យខ្ញុំសរសេរសេចក្ដីថ្លែងអះអាងពីការប្រែចិត្ត ហើយស្បថថានឹងមិនជឿលើព្រះជាម្ចាស់ទៀតទេ ប៉ុន្តែ ខ្ញុំមិនព្រមសរសេរទេ ហើយបែរជាធ្វើបន្ទាល់អំពីព្រះជាម្ចាស់ប្រាប់គាត់ទៅវិញ។ ដោយឃើញជំហរដ៏រឹងមាំរបស់ខ្ញុំ គាត់បានឲ្យអ្នកទោសផ្សេងទៀត ធ្វើបាប វាយដំ និងជេរប្រមាថខ្ញុំ ហើយគាត់បានឲ្យខ្ញុំឈរនៅក្នុងបន្ទប់តូចមួយរយៈពេលដប់ពីរម៉ោងក្នុងមួយថ្ងៃ ដោយមិនឲ្យកម្រើកឡើយ។ ជើង និងប្រអប់ជើងរបស់ខ្ញុំឡើងស្ពឹក ហើយហើមដោយសារការឈរ ហើយគ្រប់នាទីមានអារម្មណ៍ហាក់ដូចជាមួយម៉ោងអ៊ីចឹង។ ពួកអ្នកទោសបានចំអកឲ្យខ្ញុំ ពេលពួកគេឃើញពីការរងទុក្ខរបស់ខ្ញុំ ដោយនិយាយថា៖ «ប្រាប់ព្រះជាម្ចាស់របស់អ្នក ឱ្យប្រែក្រឡាអ្នកក្លាយជាសត្វឥន្ទ្រីទៅ ដើម្បីឱ្យអ្នកអាចហោះចេញពីទីនេះបាន!» ខ្ញុំបានអធិដ្ឋាននៅក្នុងចិត្ត ទូលសូមទ្រង់ណែនាំខ្ញុំឱ្យយកឈ្នះការធ្វើបាបនេះ ហើយមិនក្បត់ទ្រង់។ ដោយសារការណែនាំរបស់ព្រះជាម្ចាស់ ខ្ញុំក៏ស៊ូទ្រាំបាន។ ថ្ងៃមួយ មន្ត្រីពន្ធនាគារបានផ្ដល់សំណួរចំនួនដប់ឲ្យខ្ញុំឆ្លើយ ដែលសុទ្ធតែជាសំណួរបដិសេធ និងមួលបង្កាច់ព្រះជាម្ចាស់។ រឿងនេះធ្វើឱ្យខ្ញុំខឹងខ្លាំងណាស់៖ «ពួកអារក្សទាំងនេះពិតជាពូកែខាងប្រឌិតពាក្យកុហកមែន! ខ្ញុំត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយមិនត្រូវនាំភាពអាម៉ាស់ដល់ព្រះនាមទ្រង់ឡើយ»។ ដូច្នេះ ខ្ញុំបានយកឱកាសនេះឆ្លើយសំណួរ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបដិសេធទស្សនៈខុសទំនងរបស់ពួកគេ។ ជាលទ្ធផល រឿងនេះបានធ្វើឱ្យពួកមន្ត្រីពន្ធនាគារខឹងសម្បា ហើយពួកគេមិនឲ្យខ្ញុំញ៉ាំអាហារថ្ងៃត្រង់ចំនួនបីថ្ងៃ។ ជួនកាល ខ្ញុំមានអារម្មណ៍វិលមុខដោយសារតែឃ្លាន ហើយបានស្រែករកព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំ ដោយទូលសូមឱ្យទ្រង់ចម្រើនសេចក្ដីជំនឿរបស់ខ្ញុំ និងជួយឱ្យខ្ញុំនៅតែរក្សាជំហរយ៉ាងរឹងមាំ។ ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ» (ម៉ាថាយ ៤:៤)។ ពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏លែងសូវមានអារម្មណ៍ថាឃ្លានទៀត។
ប្រាំមួយខែមុនពេលខ្ញុំត្រូវបានដោះលែង ថ្នាក់លើបានដាក់សម្ពាធដល់អង្គភាពពន្ធនាគារ ដោយនិយាយថា ខ្ញុំគឺជាមនុស្សតែម្នាក់គត់នៅក្នុងតំបន់នោះ ដែលមិនទាន់កែប្រែគំនិត ហើយដើម្បីជៀសវាងការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះពន្ធនាគារ លើកនេះ ខ្ញុំត្រូវតែកែប្រែគំនិត។ បន្ទាប់ពីនោះ ពួកគេបានធ្វើទារុណកម្មលើរាងកាយខ្ញុំមួយជុំទៀត។ ក្នុងសីតុណ្ហភាពប្រមាណដកម្ភៃអង្សាសេ ពួកគេបានឱ្យខ្ញុំឈរនៅក្នុងបន្ទប់ទឹក ហើយចាក់ទឹកស្រោចពីលើខ្ញុំ ថែមទាំងចាក់ចូលទៅក្នុងត្រចៀករបស់ខ្ញុំទៀតផង។ ខ្លួនប្រាណរបស់ខ្ញុំទាំងមូលទទឹកជោកអស់ ប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យខ្ញុំផ្លាស់ខោអាវចេញឡើយ។ ក្រោយមក ពួកគេបាននាំខ្ញុំទៅបន្ទប់តូចមួយ ហើយពួកគេបានឲ្យឃាតកពីរនាក់មកបង្ខំខ្ញុំឲ្យចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច»។ ពួកគេបានគំរាមថា ប្រសិនបើខ្ញុំបដិសេធ ពួកគេនឹងនាំខ្ញុំទៅច្រករបៀងដែលគ្មានកាមេរ៉ាសុវត្ថិភាព វាយខ្ញុំរហូតដល់ស្លាប់ រួចហើយនិយាយថា ខ្ញុំស្លាប់ដោយសារជំងឺ។ ចិត្តរបស់ខ្ញុំច្របូកច្របល់យ៉ាងខ្លាំង៖ «បើខ្ញុំចុះហត្ថលេខា នោះខ្ញុំនឹងក្បត់ព្រះជាម្ចាស់ហើយ ប៉ុន្តែបើខ្ញុំមិនចុះទេ ពួកគេនឹងរកវិធីថ្មីៗមកធ្វើទារុណកម្មខ្ញុំមិនខាន។ ចុះបើពួកគេវាយខ្ញុំរហូតដល់ស្លាប់នោះ?» ពីមុន ខ្ញុំធ្លាប់ឮអ្នកទោសម្នាក់និយាយថា មានអ្នកទោសម្នាក់បានស្លាប់នៅទីនេះ ហើយថា ពួកគេបានអូសសាកសពនោះចេញទៅ ដូចជាសត្វឆ្កែងាប់មួយក្បាលអ៊ីចឹង។ គ្រាន់តែគិតដល់រឿងនេះ ក៏ធ្វើឲ្យខ្ញុំពេញដោយក្ដីភ័យខ្លាចទៅហើយ។ ប្រសិនបើខ្ញុំត្រូវគេវាយរហូតដល់ស្លាប់ ខ្ញុំនឹងលែងមានឱកាសទទួលបានសេចក្ដីសង្គ្រោះទៀតហើយ។ បន្ទាប់មក ខ្ញុំក៏គិតថា៖ «តើខ្ញុំគ្រាន់តែរឹងរូសធ្វើតាមបទប្បញ្ញត្តិ ដោយមិនព្រមចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចនេះមែនទេ? ព្រះជាម្ចាស់ទតមើលដួងចិត្តមនុស្ស មិនមែនគ្រាន់តែមើលឥរិយាបថខាងក្រៅរបស់ពួកគេនោះទេ។ ខ្ញុំមិនចង់ក្បត់ព្រះជាម្ចាស់ពិតមែនទេ ខ្ញុំគ្រាន់តែប្រើប្រាជ្ញា ដើម្បីដោះស្រាយជាមួយនាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះ»។ ដូច្នេះ ខ្ញុំក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចនោះ។ ប៉ុន្តែ ពេលដែលខ្ញុំចុះហត្ថលេខាភ្លាម ចិត្តរបស់ខ្ញុំក៏ពោរពេញដោយសេចក្ដីងងឹត។ ទោះជាយ៉ាងនេះក្ដី ខ្ញុំនៅតែបន្តលួងលោមខ្លួនឯងថា៖ «ខ្ញុំមិនមែនក្បត់ព្រះជាម្ចាស់ពិតមែនទេ ខ្ញុំគ្រាន់តែប្រើប្រាជ្ញា ដើម្បីដោះស្រាយជាមួយនាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះ»។ ខ្ញុំថែមទាំងបានប្រាប់ពួកគេទៀតថា៖ «ខ្ញុំមិនមែនចុះហត្ថលេខាលើរបស់នេះពិតមែនទេ។ ខ្ញុំគ្រាន់តែសហការជាមួយការងាររបស់អ្នកប៉ុណ្ណោះ»។
ក្នុងខែមិថុនា ឆ្នាំ ២០១៦ ខ្ញុំត្រូវបានគេដោះលែងពីពន្ធនាគារ។ ក្រោយមក ខ្ញុំបានស្ដាប់ឮសេចក្តីអធិប្បាយមួយថា អ្នកដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច គឺបានទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន ហើយបានបើកទ្វារនរក។ ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ថាទន់ដៃទន់ជើង ហាក់ដូចជាមេឃប្រែជាងងឹតស្លុប។ ទីបំផុត ខ្ញុំបានដឹងថា ការចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចនេះមានភាពធ្ងន់ធ្ងរប៉ុនណា ហើយថាទង្វើនេះបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ ខ្ញុំនឹកស្មានមិនដល់សោះថា បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមក ខ្ញុំបែរជាបញ្ចប់ដំណើរនៃសេចក្ដីជំនឿរបស់ខ្ញុំ ដោយការក្បត់ទៅវិញ។ ភាពឈឺចាប់ និងក្ដីអស់សង្ឃឹមនៅក្នុងចិត្តខ្ញុំនៅពេលនោះ គឺពិតជាមិនអាចរកពាក្យអ្វីមកថ្លែងបានឡើយ។ នៅក្នុងការរងទុក្ខយ៉ាងខ្លាំង ខ្ញុំថែមទាំងបានគិតចង់លោតពីលើអគារ ដើម្បីបញ្ចប់រឿងគ្រប់យ៉ាងទៀតផង។ ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ចំពោះអស់អ្នកដែលមិនបង្ហាញភាពស្មោះត្រង់សូម្បីតែបន្តិចសោះចំពោះខ្ញុំ ក្នុងអំឡុងពេលទុក្ខវេទនា ខ្ញុំនឹងមិនមានសេចក្ដីករុណាទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំមិនចូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំរឹតតែមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះអាចជានរណានោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឱ្យខ្ញុំខូចព្រះហឫទ័យទាំងស្រុង ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងដួងព្រះហឫទ័យរបស់ខ្ញុំជារៀងរហូត» («ចូរត្រៀមអំពើល្អទុកឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថាឈឺចាប់ដូចត្រូវកាំបិតចាក់ក្នុងបេះដូង។ និស្ស័យរបស់ព្រះជាម្ចាស់មិនអត់ឱនឱ្យការប្រមាថឡើយ ហើយអ្នកណាក៏ដោយដែលក្បត់ព្រះជាម្ចាស់ នឹងមិនទទួលបានសេចក្ដីករុណារបស់ទ្រង់ម្ដងទៀតជាដាច់ខាត។ ខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច និងបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ថា ផ្លូវនៃសេចក្ដីជំនឿរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយ ហើយថាព្រះជាម្ចាស់នឹងលែងសង្គ្រោះមនុស្សដូចជាខ្ញុំទៀតហើយ។ ពេលគិតពីអំពើអាក្រក់ដែលខ្ញុំបានប្រព្រឹត្ត ចិត្តរបស់ខ្ញុំឈឺចាប់មិនអាចទ្រាំបាន ហើយខ្ញុំប្រាថ្នាចង់ឲ្យគេចាប់ដាក់ពន្ធនាគារម្ដងទៀត ដើម្បីគ្រាន់តែលុបលាងអំពើរំលងរបស់ខ្ញុំប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ ខ្ញុំប្រៀបដូចជាសាកសពដើរបានអ៊ីចឹង។ ខ្ញុំបានឆ្លងកាត់មួយថ្ងៃៗទាំងវង្វេងវង្វាន់ ហើយខ្ញុំខ្មាសអៀនខ្លាំងពេក មិនហ៊ានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឡើយ។
ថ្ងៃមួយ ខ្ញុំបានឃើញបងប្រុសម្នាក់ដែលខ្ញុំធ្លាប់សហការជាមួយ នៅក្នុងភាពយន្តដែលផលិតដោយដំណាក់របស់ព្រះជាម្ចាស់ ហើយខ្ញុំក៏រឹតតែមានអារម្មណ៍ឈឺចាប់ និងមានកំហុសថែមទៀត។ យើងទាំងពីរនាក់ជឿលើព្រះជាម្ចាស់ដូចគ្នា ប៉ុន្តែគាត់កំពុងបំពេញភារកិច្ចរបស់គាត់ ដើម្បីធ្វើបន្ទាល់ថ្វាយទ្រង់ ចំណែកឯខ្ញុំវិញ ត្រូវបានគេជម្រុះចោល ហើយនឹងត្រវបានដាក់ទោស។ ខ្ញុំរឹតតែស្អប់ខ្លួនឯងខ្លាំងឡើង ដែលពីមុនមិនព្រមដេញតាមសេចក្តីពិត ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំសមតែស្លាប់ ហើយមិនស័ក្តិសមនឹងរស់នៅឡើយ។ ខ្ញុំគ្រាន់តែចង់រស់នៅឲ្យតែផុតមួយថ្ងៃៗ ហើយប្រសិនបើថ្ងៃណាមួយខ្ញុំស្លាប់ នោះវាគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ហើយ។ យប់ឡើង ខ្ញុំដេកលើគ្រែ បម្រះចុះបម្រះឡើង គេងមិនលក់សោះ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏បានផុសឡើងក្នុងគំនិតរបស់ខ្ញុំថា៖ «នៅពេលដែលមនុស្សមិនស្តាប់បង្គាប់ខ្ញុំ នោះខ្ញុំបណ្តាលឱ្យពួកគេស្គាល់ខ្ញុំចេញពីការមិនស្តាប់បង្គាប់របស់ពួកគេ។ បើពិចារណាអំពីធម្មជាតិដ៏ចាស់គំរិលរបស់មនុស្ស ហើយបើពិចារណាអំពីសេចក្តីមេត្តាករុណារបស់ខ្ញុំ នោះខ្ញុំអនុញ្ញាតឱ្យពួកគេប្រែចិត្ត និងបង្កើតការចាប់ផ្តើមថ្មីមួយ ជាជាងដាក់ពួកគេទៅក្នុងសេចក្តីស្លាប់» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់ចក្រវាលទាំងមូល» ជំពូកទី ១៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «តើវាសនារបស់អ្នកពិតជាមិនអាចផ្លាស់ប្តូរបានទេឬ? តើអ្នកព្រមស្លាប់ទាំងការសោកស្តាយបែបនេះទេ?» («សារជាតិ និងអត្តសញ្ញាណរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍យ៉ាងច្បាស់ថា ព្រះជាម្ចាស់មិនបានបោះបង់ខ្ញុំចោលទេ ហើយថា ទ្រង់នៅតែប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីត្រាស់ហៅខ្ញុំ ដោយសង្ឃឹមថា ខ្ញុំនឹងប្រែចិត្តចំពោះទ្រង់។ ព្រះបន្ទូលដ៏សប្បុរសរបស់ព្រះជាម្ចាស់ មានអារម្មណ៍ប្រៀបដូចចរន្តទឹកដ៏កក់ក្ដៅ និងទន់ភ្លន់ ហើយបានបំពេញដួងចិត្តខ្ញុំដោយភាពកក់ក្ដៅ។ ព្រះជាម្ចាស់មិនចង់ឃើញខ្ញុំស្ថិតក្នុងភាពអវិជ្ជមាន និងការយល់ច្រឡំ លិចលង់ក្នុងក្ដីអស់សង្ឃឹម ហើយបោះបង់ខ្លួនឯងនោះទេ។ ព្រះជាម្ចាស់ចង់ឲ្យខ្ញុំក្រោកឈរឡើងពីការបរាជ័យ ហើយឆ្លុះបញ្ចាំងពីឫសគល់នៃការដួលរលំរបស់ខ្ញុំ។ ខ្ញុំបានគិតដល់ការដែលព្រះជាម្ចាស់មានព្រះបន្ទូលថា ការប្រែចិត្តរបស់អ្នកក្រុងនីនីវេ ទទួលបានសេចក្ដីករុណារបស់ទ្រង់។ ព្រះជាម្ចាស់ក៏សង្ឃឹមដែរថា ខ្ញុំអាចប្រែចិត្ត ចាប់ផ្ដើមសាជាថ្មី ហើយដើរលើផ្លូវនៃសេចក្ដីជំនឿម្ដងទៀត។ ខ្ញុំមានអារម្មណ៍ដឹងពីសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់ខ្ញុំក៏ពោរពេញដោយសេចក្ដីដឹងគុណចំពោះទ្រង់។ ដូច្នេះ ខ្ញុំក៏លុតជង្គង់ចុះ ហើយអធិដ្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានក្បត់ទ្រង់ ហើយធ្វើឲ្យទ្រង់ឈឺព្រះហឫទ័យ។ ប៉ុន្តែ ទ្រង់មិនបានបោះបង់ការសង្គ្រោះទូលបង្គំឡើយ ហើយទ្រង់នៅតែផ្ដល់ឱកាសឲ្យទូលបង្គំប្រែចិត្តទៀត។ អរព្រះគុណទ្រង់! ឱព្រះជាម្ចាស់អើយ ទូលបង្គំស្ម័គ្រចិត្តប្រែចិត្តហើយ។ សូមទ្រង់ណែនាំទូលបង្គំឱ្យឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងផង»។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយទទួលបានការស្គាល់ពីខ្លួនឯងខ្លះៗ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អស់អ្នកណាដែលត្រូវបានរុកគួនដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែអស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះដោយពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ នោះពួកគេនឹងឈររឹងមាំនៅចុងបញ្ចប់ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិតដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់ពួកគេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។ បើអ្នកដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ នៅតែអាចកេងចំណេញនាពេលសព្វថ្ងៃដដែល ដូច្នេះ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចគេចផុតពីការសាកល្បងចុងក្រោយឡើយ។ សម្រាប់មនុស្សដែលត្រូវបានយកឈ្នះ ទុក្ខវេទនាបែបនេះគឺជាការបន្សុទ្ធដ៏ធំបំផុតមួយ ប៉ុន្តែសម្រាប់មនុស្សដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ វាជាកិច្ចការនៃការផាត់ចោលទាំងស្រុង។ មិនថាពួកគេត្រូវបានល្បងលបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅទីបំផុតឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងអ្វីសោះឡើងក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សថោកទាបបែបនេះ នឹងត្រូវបាន “បណ្ដេញចេញ” ទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ទីបញ្ចប់ ហើយពួកគេនឹងមិនទទួលបានសេចក្ដីករុណាណាមួយទាល់តែសោះឡើយ។ អស់អ្នកដែលគ្មានភាពជាមនុស្ស ពិតជាមិនមានសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់នោះឡើយ។ នៅពេលដែលបរិយាកាសមានភាពសុខស្រួល ឬពួកគេទទួលបានផលប្រយោជន៍អ្វីមួយ ពួកគេស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែនៅពេលដែលបំណងប្រាថ្នារបស់ពួកគេត្រូវបានប៉ះពាល់ ឬទីបំផុតត្រូវរលាយបាត់ ពួកគេក៏ក្រោកឡើងបះបោរភ្លាមៗ។ សូម្បីតែក្នុងរយៈពេលត្រឹមតែមួយយប់ ពួកគេប្រែពីមនុស្សដែលមានស្នាមញញឹម និងមាន “ចិត្តល្អ” ទៅជាពេជ្ឈឃាតដែលមានមុខមាត់សាហាវយង់ឃ្នង ដោយនឹកស្មានមិនដល់ ពួកគេចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីម្សិលមិញ ថាជាសត្រូវសួរពូជរបស់ពួកគេ ដោយគ្មានហេតុផលអ្វីសោះ។ ប្រសិនបើពួកអារក្សកំណាចដែលសម្លាប់មនុស្សដោយមិនព្រិចភ្នែកទាំងនេះ មិនត្រូវបានបណ្ដេញចេញទេនោះ តើពួកគេនឹងមិនក្លាយជាការគំរាមកំហែងលាក់កំបាំងដ៏ធ្ងន់ធ្ងរទេឬ?» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏ដឹងថាខ្ញុំធ្លាប់ជាមនុស្សអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមម្នាក់។ នៅពេលប្រឈមមុខនឹងការគំរាមកំហែងពីពួកឃាតក ខ្ញុំក៏ក្លាយជាភ័យខ្លាចថា ប្រសិនបើខ្ញុំត្រូវគេសម្លាប់ ខ្ញុំនឹងមិនទទួលបានសេចក្ដីសង្គ្រោះទេ ដូច្នេះ ខ្ញុំក៏ចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ហើយក្បត់ព្រះជាម្ចាស់។ ជាធម្មតា ខ្ញុំតែងនិយាយតាមមាត់ថា ខ្ញុំនឹងមិនក្បត់ព្រះជាម្ចាស់ទេ ទោះបីជាមានអ្នកណាក្បត់ក៏ដោយ ហើយខ្ញុំថែមទាំងចាត់ទុកខ្លួនឯងថា ជាមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដទៀតផង។ ប៉ុន្តែពេលជីវិតខ្ញុំស្ថិតក្នុងគ្រោះថ្នាក់ ដើម្បីការពារខ្លួន ខ្ញុំបែរជាគិតពីសុវត្ថិភាពខ្លួនឯង ហើយក្បត់ព្រះជាម្ចាស់ទៅវិញ។ តើខ្ញុំមានភាពជាមនុស្សត្រង់ណាទៅ? តើខ្ញុំជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដត្រង់ណាទៅ? មានតែអស់អ្នកដែលក្នុងអំឡុងការធ្វើទារុណកម្មរបស់នាគដ៏ធំមានសម្បុរក្រហម អាចស៊ូទ្រាំនឹងការរងទុក្ខទាំងអស់ ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្សដែលមានភាពជាមនុស្ស ហើយជាមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ខ្ញុំបានគិតដល់ការដែលខ្ញុំទទួលបានព្រះគុណពីព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដើម្បីបានស្ថិតក្នុងចំណោមអស់អ្នកដែលជឿលើទ្រង់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏បានយល់ពីសេចក្ដីពិត អំពីរបៀបដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយ និងផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ពីសេចក្ដីពិតមួយចំនួន ហើយមើលធ្លុះនូវរឿងរ៉ាវជាច្រើន ហើយគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលបានជួយខ្ញុំឲ្យឆ្លងកាត់ថ្ងៃដ៏លំបាក និងឈឺចាប់បំផុតនៅក្នុងពន្ធនាគារ។ ខ្ញុំទទួលបានច្រើនណាស់ពីព្រះជាម្ចាស់ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ចង់ឲ្យខ្ញុំធ្វើបន្ទាល់ ខ្ញុំបែរជាក្បត់ទ្រង់ ដោយការចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ដើម្បីការពារខ្លួនទៅវិញ។ ខ្ញុំបានប្រព្រឹត្តទង្វើក្បត់ដ៏ធំបែបនេះ ហើយខ្ញុំពិតជាស័ក្តិសមនឹងត្រូវបណ្ដាសាមែន! នៅពេលនោះ ទីបំផុតខ្ញុំក៏ដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃសេចក្ដីជំនឿរបស់ខ្ញុំ ខ្ញុំមិនទទួលបានសេចក្ដីពិត និងជីវិតទាល់តែសោះ។ ខ្ញុំគ្រាន់តែជាអង្កាមដែលគ្មានជីវិតប៉ុណ្ណោះ ដូច្នេះ តើខ្ញុំម្ដេចនឹងអាចមិនដួលបានទៅ? ពេលដឹងរឿងទាំងនេះ ខ្ញុំប្រាថ្នាចង់ខិតខំឡើងទៅមុខ ហើយលែងសូវអវិជ្ជមានទៀតហើយ ហើយខ្ញុំឧស្សាហ៍អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីប្រែចិត្ត។ មិនថាលទ្ធផលរបស់ខ្ញុំនឹងទៅជាយ៉ាងណានោះទេ ខ្ញុំស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្ញុំ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយខិតខំដេញតាមសេចក្ដីពិត។
ក្នុងខែកុម្ភៈ ឆ្នាំ ២០១៨ ខ្ញុំបានទទួលយកភារកិច្ចខាងអត្ថបទ ហើយខ្ញុំមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំង ដោយចង់បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ និងលុបលាងអំពើរំលងពីមុនរបស់ខ្ញុំ។ ក្នុងពេលកំពុងបំពេញភារកិច្ច រាល់ពេលដែលខ្ញុំនឹកគិតដល់ទង្វើក្បត់ដែលខ្ញុំបានប្រព្រឹត្ត ចិត្តរបស់ខ្ញុំតែងតែឈឺចាប់ ហើយខ្ញុំមានអារម្មណ៍ថា រឿងនេះប្រៀបដូចជាបន្លាចាក់ចំដួងចិត្តរបស់ខ្ញុំ ដែលនាំមកនូវការឈឺចាប់ និងអារម្មណ៍មានកំហុសយ៉ាងខ្លាំង។ ជួនកាល ខ្ញុំតែងសួរខ្លួនឯងថា៖ «ខ្ញុំគិតថា ខ្ញុំកំពុងប្រើប្រាជ្ញា ដើម្បីដោះស្រាយជាមួយប៉ូលិស ពេលដែលខ្ញុំចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ប៉ុន្តែ តើព្រះជាម្ចាស់ទតមើលរឿងនេះយ៉ាងដូចម្ដេចទៅ?» ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «អ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ» (ម៉ាថាយ ១០:៣៣)។ ដោយសារតែខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ព្រមទាំងបដិសេធ និងក្បត់ព្រះជាម្ចាស់នៅចំពោះមុខសាតាំង ព្រះជាម្ចាស់មិនទទួលស្គាល់ខ្ញុំថាជាមនុស្សដែលជឿលើទ្រង់ឡើយ ពីព្រោះ «ប្រាជ្ញា» របស់ខ្ញុំមិនអាចយកជាការបានទេនៅចំពោះសេចក្ដីពិត ហើយវាគ្រាន់តែជាការបោកបញ្ឆោតខ្លួនឯង និងអ្នកដទៃប៉ុណ្ណោះ។ ប្រាជ្ញាគឺជារឿងវិជ្ជមានដែលបានមកពីព្រះជាម្ចាស់ ហើយការប្រើប្រាស់វា គឺជាការអនុវត្តដែលការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ ខ្ញុំបានប្រើ «ប្រាជ្ញា» ដើម្បីតែការពារខ្លួនឯង ដែលធម្មជាតិរបស់វា គឺជាការក្បត់ព្រះជាម្ចាស់តែម្ដង។ អស់អ្នកដែលបដិសេធ និងក្បត់ព្រះជាម្ចាស់នៅចំពោះមុខមនុស្ស គឺត្រូវបានព្រះជាម្ចាស់ថ្កោលទោស ហើយព្រះជាម្ចាស់ស្អប់ខ្ពើមការក្បត់របស់មនុស្សចំពោះទ្រង់ណាស់។ អ្វីដែលព្រះជាម្ចាស់ចង់បាន គឺឲ្យមនុស្សធ្វើបន្ទាល់ថ្វាយទ្រង់នៅចំពោះមុខសាតាំង លើកតម្កើងព្រះនាមទ្រង់ជានិច្ច និងមិនបដិសេធទ្រង់ជាដាច់ខាត។ ប៉ុន្តែ អ្វីដែលខ្ញុំហៅថា «ប្រាជ្ញា» នោះ គ្រាន់តែជាលេសដើម្បីយកតែរួចខ្លួន និងបន្តរស់នៅទាំងអាម៉ាស់ប៉ុណ្ណោះ។ ពេលដឹងរឿងទាំងនេះ ខ្ញុំរឹតតែស្អប់ខ្លួនឯងខ្លាំងឡើង ហើយខ្ញុំបានប្ដេជ្ញាដោយស្ងៀមស្ងាត់នៅក្នុងចិត្តថា ទៅថ្ងៃមុខ ពេលប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះ ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយមិនស្វែងរកការយកតែរួចខ្លួនម្ដងទៀតឡើយ។
ក្រោយមក ខ្ញុំក៏តែងតែសញ្ជឹងគិតនៅក្នុងចិត្តថា «ហេតុអ្វីបានជាខ្ញុំបរាជ័យ? ហេតុអ្វីបានជាបងប្អូនប្រុសស្រីមួយចំនួន អាចស៊ូទ្រាំនឹងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ហើយប្រកាន់ខ្ជាប់នូវជំហរ សូម្បីតែត្រូវស្លាប់ ក៏មិនក្បត់ព្រះជាម្ចាស់ ចំណែកឯខ្ញុំបែរជាក្បត់ទ្រង់ទៅវិញ? តើអ្វីទៅជាឫសគល់នៃបរាជ័យរបស់ខ្ញុំ?» តាមរយៈការឆ្លុះបញ្ចាំង ខ្ញុំក៏ដឹងថា ខ្ញុំឲ្យតម្លៃលើជីវិតខ្លួនឯងខ្លាំងពេកហើយ។ ខ្ញុំបានក្បត់ព្រះជាម្ចាស់ដោយសារតែខ្លាចស្លាប់ ដែលធ្វើឲ្យខកខានទីបន្ទាល់របស់ខ្ញុំ។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយខ្ញុំក៏បានយល់ពីរបៀបប្រឈមមុខនឹងសេចក្ដីស្លាប់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវបានស្លាប់ដោយរបៀបណា? ក្នុងចំណោមពួកសិស្សទាំងនោះ មានអ្នកខ្លះត្រូវគេគប់នឹងដុំថ្ម ត្រូវគេអូសពីក្រោយសេះ ត្រូវគេឆ្កាងបញ្ច្រាសជើង ត្រូវគេប្រើសេះប្រាំបំបែកសាកសព ពោលគឺទម្រង់ផ្សេងៗនៃការស្លាប់ សុទ្ធតែបានកើតមានចំពោះពួកគេ។ តើពួកគេស្លាប់ដោយសារមូលហេតុអ្វី? តើមកពីពួកគេបានប្រព្រឹត្តអំពើខុសឆ្គងខ្លះ ហើយបន្ទាប់មកត្រូវបានប្រហារជីវិតតាមច្បាប់មែនទេ? អត់ទេ។ ពួកគេបានផ្សាយដំណឹងល្អអំពីព្រះអម្ចាស់ ប៉ុន្តែមនុស្សខាងលោកីយ៍ មិនទទួលយកដំណឹងល្អនេះឡើយ ហើយផ្ទុយទៅវិញ ពួកគេបែរជាថ្កោលទោស វាយដំ និងជេរប្រមាថអ្នកទាំងនោះ ហើយថែមទាំងសម្លាប់ពួកគេទៀតផង។ ពួកគេបានរងទុក្ករកម្មបែបនេះឯង។ ... តាមពិត រូបកាយរបស់ពួកគេបានស្លាប់ និងចាកចេញទៅដោយរបៀបនេះ។ ពួកគេចាកចេញពីពិភពរបស់មនុស្សតាមរបៀបនេះ ប៉ុន្តែ មិនមែនមានន័យថា លទ្ធផលរបស់ពួកគេដូចទៅនឹងរបៀបដែលពួកគេចាកចេញនោះឡើយ។ មិនថាពួកគេស្លាប់ និងចាកចេញទៅតាមរបៀបណា ឬវាកើតឡើងដោយរបៀបណានោះទេ ក៏ព្រះជាម្ចាស់មិនបានកំណត់ពីលទ្ធផលចុងក្រោយនៃជីវិតទាំងនោះ និងភាវៈដែលព្រះបានបង្កើតទាំងនោះ តាមរបៀបនេះដែរ។ អ្នកត្រូវយល់ឱ្យបានច្បាស់ពីចំណុចនេះ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រើមធ្យោបាយជាក់លាក់ទាំងនោះ ដើម្បីថ្កោលទោសលោកីយ៍នេះ និងដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។ ភាវៈដែលព្រះបានបង្កើតមកទាំងនេះ បានប្រើជីវិតដ៏មានតម្លៃបំផុតរបស់ខ្លួន ពោលគឺ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេ ដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងដើម្បីប្រកាសប្រាប់ទៅសាតាំង និងលោកីយ៍ថា កិច្ចការរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់ ថាព្រះអង្គ គឺជាព្រះអម្ចាស់ និងជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ សូម្បីដល់ពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវដែរ។ តើនេះមិនមែនជាទម្រង់នៃការជំនុំជម្រះមកលើលោកីយ៍នេះទេឬអី? ពួកគេបានប្រើជីវិតរបស់ខ្លួន ដើម្បីប្រកាសប្រាប់ទៅលោកីយ៍ ដើម្បីបញ្ជាក់ទៅកាន់មនុស្សលោកថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះអម្ចាស់ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះគ្រីស្ទ ថាទ្រង់គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ថាកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល ដែលទ្រង់បានធ្វើ អនុញ្ញាតឱ្យមនុស្សជាតិបន្តរស់រាន្តមានជីវិតតទៅទៀត។ ការពិតនេះមិនផ្លាស់ប្ដូរជារៀងរហូត។ អស់អ្នកណាដែលរងទុក្ករកម្ម ព្រោះតែការផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ តើអ្នកនោះបំពេញភារកិច្ចរបស់ខ្លួនដល់កម្រិតណា? តើដល់កម្រិតចុងក្រោយដែរឬទេ? តើកម្រិតចុងក្រោយនោះត្រូវបើកបង្ហាញឱ្យឃើញតាមរបៀបណា? (ពួកគេបានបូជាជីវិតរបស់ខ្លួន។) ត្រឹមត្រូវហើយ ពួកគេបានលះបង់ជីវិតរបស់ខ្លួន។ ក្រុមគ្រួសារ ទ្រព្យសម្បត្តិ និងសម្ភារៈនៅក្នុងជីវិតនេះ គឺសុទ្ធតែជារបស់ក្រៅខ្លួនទាំងអស់។ របស់តែម្យ៉ាងគត់ ដែលនៅជាប់នឹងខ្លួន គឺជីវិត។ ចំពោះមនុស្សគ្រប់រូបដែលនៅរស់ ជីវិតគឺជារបស់សមនឹងឱ្យតម្លៃខ្លាំងបំផុត ជារបស់ដ៏វិសេសវិសាលបំផុត តែមនុស្សទាំងនេះពិតជាអាចបូជាជីវិត ដែលជាទ្រព្យដ៏វិសេសវិសាលបំផុតរបស់ពួកគេ ដើម្បីបញ្ជាក់ និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិបានប្រាកដមែន។ រហូតដល់ថ្ងៃដែលពួកគេស្លាប់ ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនដែលបដិសេធកិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីធ្វើបន្ទាល់ពីអត្ថិភាពនៃការពិតនេះ។ តើនេះមិនមែនជាទម្រង់នៃការធ្វើបន្ទាល់ដ៏ខ្ពស់បំផុតទេឬអី? នេះគឺជាវិធីដ៏ល្អបំផុតក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ។ ការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ គឺត្រូវធ្វើតាមរបៀបនេះឯង។ នៅពេលសាតាំងគំរាមកំហែង និងសម្លុតបំភ័យពួកគេ ហើយចុងក្រោយ សូម្បីពេលវាឱ្យអ្នកទាំងនោះលះបង់ជីវិតរបស់ពួកគេក្ដី ក៏ពួកគេមិនបានបោះបង់ចោលការទទួលខុសត្រូវរបស់ពួកគេដែរ។ នេះហើយជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗឱ្យដល់កម្រិតខ្ពស់បំផុតនោះ។ និយាយបែបនេះ តើខ្ញុំចង់មានន័យដូចម្ដេច? តើខ្ញុំចង់បានន័យថា អ្នករាល់គ្នាគួរតែប្រើវិធីសាស្ត្រដូចគ្នានេះ ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងផ្សាយដំណឹងល្អរបស់ទ្រង់មែនទេ? អ្នកមិនចាំបាច់ត្រូវធ្វើបែបនេះទេ ប៉ុន្តែអ្នកត្រូវយល់ថា នេះគឺជាទំនួលខុសត្រូវរបស់អ្នក ហើយប្រសិនបើព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើបែបនោះមែន អ្នកគួរទទួលយក និងចាត់ទុកវាជាកាតព្វកិច្ចដែលអ្នកត្រូវបំពេញ» («ការប្រកាសដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវតែបំពេញ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរំជួលចិត្តខ្ញុំយ៉ាងខ្លាំង។ ពួកសាវ័កដែលដើរតាមព្រះអម្ចាស់យេស៊ូវ បានបូជាជីវិតតាមវិធីផ្សេងៗគ្នា ដើម្បីផ្សាយដំណឹងល្អរបស់ព្រះអម្ចាស់ សេចក្ដីស្លាប់របស់ពួកគេ គឺជាការជំនុំជម្រះលើមនុស្សជំនាន់ដ៏អាក្រក់នេះ ហើយពួកគេបានធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដោយលះបង់ជីវិតរបស់ពួកគេផ្ទាល់។ នេះគឺជាភាពអាម៉ាស់ដ៏ធំបំផុតសម្រាប់សាតាំង។ ពួកគេបានបំពេញការទទួលខុសត្រូវរបស់ពួកគេ ជាភាវៈដែលព្រះបានបង្កើតយ៉ាងពិតប្រាកដ ហើយទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ទោះបីជារូបកាយរបស់ពួកគេបានស្លាប់ក៏ដោយ ក៏ព្រលឹងរបស់ពួកគេបានត្រឡប់ទៅរកព្រះជាម្ចាស់វិញដែរ។ អ្នកដែលចង់យកតែរួចខ្លួន និងខ្លាចស្លាប់ ទោះបីជាពួកគេរស់រានមានជីវិតក៏ដោយ ក៏ប្រៀបដូចជាសាកសពដើរបានដែលគ្មានជីវិតដែរ ហើយបន្ទាប់ពីស្លាប់ទៅ ពួកគេនៅតែត្រូវទទួលការកាត់ទោសជារៀងរហូត។ ដូចដែលព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា៖ «ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)។ រាល់ពេលដែលខ្ញុំក្រឡេកទៅមើលទង្វើដែលខ្ញុំបានក្បត់ព្រះជាម្ចាស់ ដើម្បីការពារខ្លួនឯង ពេលប្រឈមមុខនឹងការគំរាមកំហែងអាយុជីវិត ចិត្តរបស់ខ្ញុំតែងតែឈឺចាប់ដោយសារវិប្បដិសារី ហើយព្រលឹងរបស់ខ្ញុំត្រូវរងការធ្វើទារុណកម្មយ៉ាងខ្លាំង។ ភាពឈឺចាប់នេះ គឺអាក្រក់ជាងការរងទុក្ខខាងរូបកាយទៅទៀត។ ខ្ញុំក៏បានយល់ដែរថា វាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយថានាគដ៏ធំមានសម្បុរក្រហម មិនអាចសម្រេចពីជីវិត ឬសេចក្ដីស្លាប់របស់ខ្ញុំបានឡើយ។ ប្រសិនបើថ្ងៃណាមួយ ខ្ញុំត្រូវនាគដ៏ធំមានសម្បុរក្រហមធ្វើទុក្ខបុកម្នេញរហូតដល់ស្លាប់ នោះក៏ដោយសារមានការអនុញ្ញាតពីព្រះជាម្ចាស់ និងត្រូវបានកំណត់ទុកជាមុនដោយទ្រង់ដែរ។ ខ្ញុំគួរតែចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ ការស្លាប់ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺជាកិច្ចការដ៏មានអត្ថន័យ។
នៅយប់មួយ ក្នុងខែធ្នូ ឆ្នាំ ២០២៣ ខ្ញុំទទួលបានសំបុត្រមួយពីអ្នកដឹកនាំថ្នាក់លើ ដែលនិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេតលើអ្នកដែលធ្លាប់បានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចពីមុន។ ពេលខ្ញុំឃើញសំបុត្រនោះ ខ្ញុំក៏ស្រឡាំងកាំង ហើយខ្ញុំក៏នឹកគិតដល់រឿងដែលខ្ញុំធ្លាប់ចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច។ ជាពិសេស បន្ទាប់ពីឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលចែងថា៖ «តើអស់អ្នកដែលចុះហត្ថលេខាលើ “សេចក្ដីថ្លែងអះអាងទាំងបីចំណុច” មិនមែនជាអ្នកដែលបានបំផ្ទុះគ្រាប់បែក និងធ្វើឱ្យខ្លួនឯងខ្ទេចខ្ទីអស់ទេឬ?» («របៀបដេញតាមសេចក្ដីពិត (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងពិតជាចប់ហើយ ហើយថាជីវិតនៃសេចក្ដីជំនឿរបស់ខ្ញុំ គឺត្រូវបានបញ្ចប់។ ខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹម។ ខ្ញុំដឹងថា តាមរយៈការចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច និងការក្បត់ព្រះជាម្ចាស់ ខ្ញុំនឹងត្រូវធ្លាក់នរក និងទទួលការដាក់ទោសជាមិនខាន។ ខ្ញុំមានអារម្មណ៍ថា ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ចាត់ការខ្ញុំបែបណាក៏ដោយ ក៏វាជារឿងដ៏សុចរិតដែរ ហើយថាសូម្បីតែសេចក្ដីស្លាប់ ក៏ជាអ្វីដែលខ្ញុំស័ក្តិសមនឹងទទួលបានដែរ។ យប់នោះ ខ្ញុំគ្មានកម្លាំងនឹងដោះស្រាយបញ្ហានៅក្នុងការងាររបស់ខ្ញុំទេ។ ខ្ញុំគ្មានកម្លាំងកំហែងទាល់តែសោះ ហើយខ្ញុំមិនបាននិយាយមួយម៉ាត់ឡើយពេញមួយយប់។ ប៉ុន្មានថ្ងៃបន្ទាប់ ខ្ញុំហូបមិនចូល គេងមិនលក់ ហើយរាល់ពេលដែលខ្ញុំនឹកគិតដល់អំពើរំលងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានលទ្ធផល ឬគោលដៅល្អឡើយ។ ខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែង ហើយគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។ ខ្ញុំគ្រាន់តែរង់ចាំឲ្យពួកជំនុំប្រាប់ខ្ញុំថា ខ្ញុំត្រូវបានគេបោសសម្អាតចេញប៉ុណ្ណោះ។ នៅក្នុងភាពឈឺចាប់ និងក្ដីអស់សង្ឃឹមរបស់ខ្ញុំ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់បំភ្លឺ និងណែនាំខ្ញុំ ឲ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។
ថ្ងៃបន្ទាប់ ខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ត្រូវបានដកស្រង់នៅក្នុងវីដេអូទីបន្ទាល់តាមរយៈបទពិសោធមួយ ហើយក៏ទទួលបានការយល់ដឹងខ្លះៗ អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សភាគច្រើនបានប្រព្រឹត្តអំពើរំលងមួយចំនួន និងបានធ្វើឱ្យខ្លួនឯងមានស្នាមប្រឡាក់។ ឧទាហរណ៍ មនុស្សមួយចំនួនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបាននិយាយពាក្យប្រមាថ មនុស្សមួយចំនួនបានបដិសេធការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយបានបដិសេធមិនបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ មនុស្សមួយចំនួនបានក្បត់ព្រះជាម្ចាស់ នៅពេលដែលពួកគេបានប្រឈមមុខនឹងសេចក្ដីល្បួង អ្នកខ្លះបានចុះហត្ថលេខាលើ “សេចក្ដីថ្លែងអះអាងទាំងបីចំណុច” នៅពេលពួកគេត្រូវបានចាប់ខ្លួន ក្បត់ព្រះជាម្ចាស់ អ្នកខ្លះបានលួចតង្វាយ អ្នកខ្លះបានខ្ជះខ្ជាយតង្វាយ អ្នកខ្លះបានរំខានដល់ជីវិតពួកជំនុំជាញឹកញាប់ និងបានបង្កគ្រោះថ្នាក់ដល់រាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ អ្នកខ្លះបានបង្កើតបក្សពួក និងធ្វើបាបអ្នកដទៃ ធ្វើឱ្យពួកជំនុំរញ៉េរញ៉ៃ អ្នកខ្លះតែងតែផ្សព្វផ្សាយសញ្ញាណ និងសេចក្ដីស្លាប់ ដែលបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ហើយអ្នកខ្លះបានពាក់ព័ន្ធក្នុងសម្ពន្ធភាពមិនសមរម្យជាមួយមនុស្សភេទផ្ទុយគ្នា និងការរួមភេទមិនរើសមុខ ហើយបានក្លាយជាឥទ្ធិពលដ៏អាក្រក់បំផុត។ អាចនិយាយបានថា មនុស្សគ្រប់គ្នាមានអំពើរំលង និងស្នាមប្រឡាក់រៀងៗខ្លួន។ ក៏ប៉ុន្តែ មនុស្សមួយចំនួនមានសមត្ថភាពទទួលយកសេចក្ដីពិត និងប្រែចិត្ត ចំណែកឯអ្នកផ្សេងទៀតមិនអាចទទួលយកសេចក្ដីពិតឡើយ ហើយសុខចិត្តស្លាប់ជាជាងប្រែចិត្ត។ ដូច្នេះ ពួកគេគួរតែត្រូវបានប្រព្រឹត្តដាក់ស្របទៅតាមសារជាតិធម្មជាតិ និងការបង្ហាញចេញជាប់លាប់របស់ពួកគេ។ អស់អ្នកណាដែលអាចប្រែចិត្ត គឺជាអស់អ្នកណាដែលពិតជាជឿលើព្រះជាម្ចាស់ ប៉ុន្តែចំពោះអស់អ្នកណាដែលពិតជាមិនព្រមប្រែចិត្ត ពួកគេគួរតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញតាមការគួរ។ មនុស្សមួយចំនួនជាមនុស្សអាក្រក់ ខ្លះល្ងង់ខ្លៅ ខ្លះឆ្កួតលីលា ហើយខ្លះទៀតជាសត្វតិរច្ឆាន។ មនុស្សគ្រប់រូបគឺខុសៗគ្នា។ មនុស្សអាក្រក់មួយចំនួនត្រូវបានវិញ្ញាណអាក្រក់ចូលសណ្ឋិត ចំណែកឯអ្នកផ្សេងទៀតគឺជាបាវបម្រើរបស់សាតាំង និងពួកអារក្ស។ អ្នកខ្លះមានធម្មជាតិពិសពុលក្រៃលែង ចំណែកឯអ្នកខ្លះទៀតពូកែមានល្បិចកលបោកបញ្ឆោត អ្នកខ្លះលោភលន់ជាខ្លាំងនៅពេលនិយាយដល់រឿងលុយកាក់ ហើយអ្នកផ្សេងទៀតចូលចិត្តរួមភេទមិនរើសមុខ។ អាកប្បកិរិយារបស់មនុស្សគ្រប់រូបគឺខុសៗគ្នា ដូច្នេះ មនុស្សគ្រប់រូបគួរតែត្រូវបានពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ ដោយយោងទៅតាមធម្មជាតិ និងអាកប្បកិរិយាជាប់លាប់របស់ពួកគេ។ ... ការចាត់ចែងរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ គឺផ្អែកលើកាលៈទេសៈ និងប្រវត្តិជាក់ស្ដែងនៅពេលនោះ ក៏ដូចជាផ្អែកលើសកម្មភាព និងឥរិយាបថរបស់បុគ្គលនោះ ព្រមទាំងសារជាតិធម្មជាតិរបស់គេផងដែរ។ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តដោយអយុត្តិធម៌ចំពោះនរណាម្នាក់ឡើយ។ នេះគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង។ ដំណាក់របស់ព្រះជាម្ចាស់ចាត់ការមនុស្សទៅតាមគោលការណ៍ ហើយនិស្ស័យរបស់ព្រះជាម្ចាស់មានទាំងឫទ្ធានុភាព និងសេចក្ដីក្រោធ ព្រមទាំងក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។ ខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ហើយបានប្រព្រឹត្តអំពើបាបនៃការប្រមាថ ដែលមិនអាចលើកលែងទោសឲ្យបានឡើយ ទាំងនៅក្នុងជាតិនេះ និងបរលោក។ បន្ទាប់ពីក្បត់ព្រះជាម្ចាស់ ចិត្តរបស់ខ្ញុំមានតែភាពងងឹត ហើយខ្ញុំបានលិចលង់នៅក្នុងទារុណកម្មនៃភាពឈឺចាប់ ដោយរស់នៅប្រៀបដូចជាសាកសពដើរបានអ៊ីចឹង។ នេះគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ព្រះជាម្ចាស់មិនបានបោះបង់ខ្ញុំចោលទេ ហើយតាមរយៈព្រះបន្ទូលរបស់ទ្រង់ ទ្រង់បានបំភ្លឺ និងណែនាំខ្ញុំ ដោយជួយឲ្យខ្ញុំអាចដើរចេញពីភាពអវិជ្ជមាន និងការយល់ច្រឡំ។ ខ្ញុំមានអារម្មណ៍ថា នៅក្នុងនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ក៏មាននូវសេចក្ដីមេត្តាករុណា និងសេចក្ដីសង្គ្រោះរបស់ទ្រង់ផងដែរ។ ព្រះជាម្ចាស់សម្រេចពីលទ្ធផលរបស់មនុស្ស ដោយផ្អែកលើប្រវត្តិដែលនៅពីក្រោយទង្វើរបស់ពួកគេ សារជាតិធម្មជាតិ និងអាកប្បកិរិយាជាប់លាប់របស់ពួកគេ ព្រមទាំងផ្អែកលើថា តើពួកគេបានប្រែចិត្តយ៉ាងពិតប្រាកដហើយឬនៅ។ ពេលនឹកគិតត្រឡប់ទៅកាលដែលខ្ញុំត្រូវបានគេចាប់ខ្លួន និងធ្វើទារុណកម្ម ហើយក្នុងពេលដែលរូបកាយទន់ខ្សោយ ពេលដែលអាយុជីវិតខ្ញុំរងការគំរាមកំហែង ខ្ញុំក៏បានក្បត់ព្រះជាម្ចាស់ ហើយបន្ទាប់មក ខ្ញុំក៏ពោរពេញដោយការស្ដាយក្រោយ និងការដឹងខុស។ ពួកជំនុំបានឃើញថា ខ្ញុំមានការយល់ដឹងខ្លះៗពីខ្លួនឯង និងមានការប្រែចិត្ត ហើយក៏បានផ្ដល់ឱកាសឲ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ។ តាំងពីពេលនោះមក ខ្ញុំតែងតែខិតខំអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នកដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច អ្នកដែលត្រូវបានគេបោសសម្អាតចេញ តែងតែធ្វើមិនបានល្អជាបន្តបន្ទាប់នៅក្នុងភារកិច្ចរបស់ពួកគេ ហើយបន្ទាប់ពីក្បត់ព្រះជាម្ចាស់ ពួកគេមិនបានប្រែចិត្តយ៉ាងពិតប្រាកដ ឬបំពេញភារកិច្ចរបស់ពួកគេឲ្យបានត្រឹមត្រូវឡើយ។ មនុស្សបែបនេះ គឺជាអ្នកដែលព្រះជាម្ចាស់បើកសម្ដែង និងជម្រុះចោល។ ព្រះជាម្ចាស់មានបន្ទូលថា អ្នកដែលចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច នឹងត្រូវខ្ទេចខ្ទីគ្មានសល់ ហើយបានប្រព្រឹត្តអំពើបាបដែលនាំឲ្យស្លាប់។ ប៉ុន្តែ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស ដោយផ្អែកលើសារជាតិធម្មជាតិ និងការប្រែចិត្តរបស់ពួកគេ។ បន្ទាប់ពីចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ខ្ញុំមានអារម្មណ៍ស្ដាយក្រោយយ៉ាងខ្លាំង និងស្ដីបន្ទោសខ្លួនឯងនៅក្នុងចិត្ត។ ព្រះជាម្ចាស់បានប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីជំនុំជម្រះ និងវាយផ្ចាលខ្ញុំ ដែលជួយឲ្យខ្ញុំយល់ពីធម្មជាតិ និងផលវិបាកនៃការចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ឲ្យដឹងថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ គឺមិនអនុញ្ញាតឲ្យមានការប្រមាថឡើយ ដើម្បីបណ្ដុះនូវចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងឲ្យមានការប្រែចិត្តយ៉ាងពិតប្រាកដ។ រឿងនេះបានជួយឲ្យខ្ញុំយល់យ៉ាងស៊ីជម្រៅ នូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលថា៖ «សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនកម្រឡើយ ប៉ុន្តែជាការប្រែចិត្តដ៏ពិតរបស់មនុស្សវិញទេ ដែលកម្រនោះ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។
បន្ទាប់មក ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត ដែលទាក់ទងយ៉ាងច្បាស់នឹងសភាពរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សទាំងអស់ជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ រង្វាន់ និងមកុដ។ តើមនុស្សគ្រប់រូបមិនមានបំណងនេះនៅក្នុងចិត្តទេឬ? តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែមានបំណងនេះ។ នេះគឺជាការពិត។ ទោះបីជាមនុស្សមិនសូវនិយាយអំពីវាក៏ដោយ ហើយថែមទាំងលាក់បាំងបំណង និងសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរក៏ដោយ ក៏សេចក្ដីប្រាថ្នានេះ បំណងនេះ និងគំនិតជំរុញនេះ ដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស មិនដែលរង្គោះរង្គើឡើយ។ មិនថាមនុស្សយល់ពីទ្រឹស្ដីខាងវិញ្ញាណកម្រិតណា មានចំណេះដឹងតាមរយៈបទពិសោធអ្វីខ្លះ អាចបំពេញភារកិច្ចអ្វី ស៊ូទ្រាំនឹងការរងទុក្ខបានកម្រិតណា ឬលះបង់តម្លៃប៉ុនណាក៏ដោយ ក៏ពួកគេមិនដែលបោះបង់ចោលបំណងក្នុងការទទួលបានព្រះពរ ដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេឡើយ ហើយតែងតែធ្វើកិច្ចការលំបាកដោយស្ងៀមស្ងាត់ និងរត់ចុះរត់ឡើងដើម្បីបម្រើបំណងនេះ។ តើនេះមិនមែនជារឿងដែលកប់ជ្រៅបំផុតនៅក្នុងដួងចិត្តរបស់មនុស្សទេឬ? បើគ្មានបំណងក្នុងការទទួលបានព្រះពរនេះទេ តើអ្នករាល់គ្នានឹងមានអារម្មណ៍យ៉ាងណា? តើអ្នករាល់គ្នានឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នា និងដើរតាមព្រះជាម្ចាស់ដោយអាកប្បកិរិយាបែបណា? តើមនុស្សនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើបំណងក្នុងការទទួលបានព្រះពរ ដែលលាក់នៅក្នុងដួងចិត្តរបស់ពួកគេនេះ ត្រូវបានលុបបំបាត់ទាំងស្រុងនោះ? វាអាចទៅរួចដែលថាមនុស្សជាច្រើននឹងក្លាយជាអវិជ្ជមាន ហើយថា អ្នកខ្លះនឹងអស់កម្លាំងចិត្តនៅក្នុងភារកិច្ចរបស់ពួកគេ ព្រមទាំងបាត់បង់ចំណាប់អារម្មណ៍នៅក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ពួកគេនឹងហាក់ដូចជាបានបាត់បង់ព្រលឹងរបស់ខ្លួន ហើយវានឹងមើលទៅហាក់ដូចជាដួងចិត្តរបស់ពួកគេត្រូវបានដកចេញអ៊ីចឹង។ នេះហើយជាមូលហេតុដែលខ្ញុំនិយាយថា បំណងក្នុងការទទួលបានព្រះពរ គឺជារឿងដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ ប្រហែលជា នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឬរស់នៅក្នុងជីវិតពួកជំនុំ ពួកគេមានអារម្មណ៍ថា ពួកគេបានយល់សេចក្ដីពិតមួយចំនួន ហើយអាចលះបង់គ្រួសាររបស់ពួកគេ ព្រមទាំងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយក្ដីរីករាយ ហើយថា ពេលនេះ ពួកគេមានការយល់ដឹងពីបំណងរបស់ពួកគេក្នុងការទទួលបានព្រះពរ ហើយបានបោះបង់បំណងនេះ ព្រមទាំងលែងត្រូវបានវាគ្រប់គ្រង ឬរឹតត្បិតទៀតហើយ។ បន្ទាប់មក ពួកគេគិតថា ពួកគេលែងមានបំណងក្នុងការទទួលបានព្រះពរទៀតហើយ ប៉ុន្តែព្រះជាម្ចាស់ព្រះតម្រិះផ្ទុយពីនេះ។ មនុស្សគ្រាន់តែមើលរឿងរ៉ាវយ៉ាងរាក់កំផែលប៉ុណ្ណោះ។ បើគ្មានការល្បងលទេ ពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ដរាបណាពួកគេមិនចាកចេញពីពួកជំនុំ ឬបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ ហើយពួកគេនៅតែបន្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ នោះពួកគេជឿថា ពួកគេបានផ្លាស់ប្ដូរហើយ។ ពួកគេមានអារម្មណ៍ថា ពួកគេលែងត្រូវបានជំរុញដោយភាពក្លៀវក្លា ឬការជំរុញចិត្តមួយឆាវរបស់ពួកគេ នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជឿថា ពួកគេអាចដេញតាមសេចក្ដីពិត ហើយថា ពួកគេអាចបន្តស្វែងរក និងអនុវត្តសេចក្ដីពិត ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឱ្យនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធ ហើយពួកគេទទួលបានការផ្លាស់ប្ដូរដ៏ពិតប្រាកដខ្លះ។ ក៏ប៉ុន្តែ នៅពេលមានរឿងរ៉ាវកើតឡើង ដែលទាក់ទងដោយផ្ទាល់ទៅនឹងគោលដៅ និងលទ្ធផលរបស់ពួកគេ តើការបង្ហាញចេញរបស់ពួកគេបែបណា? ស្ថានភាពពិតរបស់ពួកគេ ត្រូវបានបើកសម្ដែងឱ្យឃើញទាំងស្រុង» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់បានលាតត្រដាងចំៗពីសភាពរបស់ខ្ញុំតែម្ដង។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំគិតថាខ្ញុំឈប់ដេញតាមព្រះពរទៀតហើយ ប៉ុន្តែ បំណងប្រាថ្នាចង់បានព្រះពរ ត្រូវបានលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំ ហើយប្រសិនបើមិនមានការបើកសម្ដែងការពិតទេនោះ ខ្ញុំប្រាកដជានៅតែគិតថា ខ្ញុំមានការផ្លាស់ប្ដូរនៅក្នុងរឿងនេះមិនខាន។ អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ខ្ញុំតែងតែបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ ដូច្នេះ ខ្ញុំនៅតែតោងជាប់ក្ដីសង្ឃឹមក្លែងក្លាយ ដោយគិតថា ព្រះជាម្ចាស់ប្រហែលជាបានអភ័យទោសឲ្យខ្ញុំហើយ។ ខ្ញុំបានរងទុក្ខ និងលះបង់នៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយទ្រាំនឹងជំងឺ ដើម្បីតស៊ូក្នុងភារកិច្ចរបស់ខ្ញុំ ហេតុនេះហើយ ទើបខ្ញុំគិតថាខ្ញុំស្មោះត្រង់នឹងព្រះជាម្ចាស់។ ប៉ុន្តែ ពេលខ្ញុំឃើញថា លទ្ធផលសម្រាប់អ្នកដែលចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច គឺនរក ខ្ញុំក៏ទន់ដៃទន់ជើង ហើយពេលឃើញថាក្ដីសង្ឃឹមរបស់ខ្ញុំចំពោះព្រះពរ ត្រូវបានរលាយសូន្យទាំងស្រុង ខ្ញុំក៏បាត់បង់ចំណង់ក្នុងការបំពេញភារកិច្ច ហើយខ្ញុំថែមទាំងមិនចង់ខ្វល់ខ្វាយពីកិច្ចការពួកជំនុំទៀតផង។ ពេលប្រឈមមុខនឹងការពិត ខ្ញុំបានឃើញថា ខ្ញុំនៅតែព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ហើយថាការដែលខ្ញុំស៊ូទ្រាំនឹងការរងទុក្ខនៅក្នុងភារកិច្ច គឺដើម្បីតែព្រះពរប៉ុណ្ណោះ។ ខ្ញុំបានឃើញថា បំណងចង់បានព្រះពររបស់ខ្ញុំ ចាក់ឫសយ៉ាងជ្រៅប៉ុនណា។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់សម្រាប់ការបើកសម្ដែងរបស់ទ្រង់ ដែលធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯង ហើយក៏បានជំរុញការប្ដេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការដេញតាមសេចក្ដីពិតផងដែរ។ បន្ទាប់ពីនោះ ខ្ញុំបានប្ដេជ្ញាចិត្តប្រគល់ខ្លួនឯងថ្វាយព្រះជាម្ចាស់ ហើយខ្ញុំដឹងថា ទោះបីជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបណាក៏ដោយ អ្វីដែលខ្ញុំត្រូវធ្វើគឺការចុះចូល និងបំពេញភារកិច្ចដែលខ្ញុំគួរធ្វើ។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់ ដោយផ្អែកលើអំពើរំលងដែលទូលបង្គំបានប្រព្រឹត្ត ទូលបង្គំគួរតែត្រូវជម្រះចេញតាំងពីយូរណាស់មកហើយ។ ប៉ុន្មានឆ្នាំមកនេះ ទូលបង្គំទទួលបានការស្រោចស្រព និងការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ទ្រង់យ៉ាងច្រើនដោយមិនបានបង់ថ្លៃអ្វីសោះ ហើយទូលបង្គំទទួលបានអ្វីៗយ៉ាងច្រើន។ ទោះបីជាពេលនេះ ទ្រង់បណ្ដេញទូលបង្គំចេញក៏ដោយ ក៏ទូលបង្គំនៅតែអរព្រះគុណទ្រង់ដែរ។ ឱព្រះជាម្ចាស់អើយ! ទូលបង្គំប្រាថ្នាចង់ដើរតាមទ្រង់ជារៀងរហូត ហើយទូលបង្គំនឹងលែងចង់បានព្រះពរអ្វីទៀតឡើយ»។ ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំមិនស្នើសុំទទួលការប្រទានពរណាមួយឡើយ អ្វីដែលខ្ញុំស្នើសុំ គឺខ្ញុំអាចដើរតាមផ្លូវដែលខ្ញុំគួរដើរស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» («ផ្លូវ ... (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះមកដោយមិនដឹងខ្លួន។ ចិត្តរបស់ខ្ញុំពោរពេញដោយសេចក្ដីដឹងគុណចំពោះព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ថា វិញ្ញាណរបស់ខ្ញុំត្រូវបានរំដោះឲ្យមានសេរីភាពជាងពេលណាៗទាំងអស់។
ថ្ងៃមួយ ខ្ញុំទទួលបានសំបុត្រមួយពីអ្នកដឹកនាំថ្នាក់លើ។ ដោយពិចារណាលើស្ថានភាពដែលខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច និងការដែលខ្ញុំតែងតែបំពេញភារកិច្ចជាប់លាប់នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ពួកគេក៏បានផ្ដល់ឱកាសឲ្យខ្ញុំប្រែចិត្ត ហើយពួកគេបានប្រាប់ឲ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំដោយស្ងប់ចិត្ត។ ពេលទទួលបានសំបុត្រនោះ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺជាការជំនុំជម្រះ និងសេចក្ដីសង្គ្រោះ ហើយអ្វីៗទាំងអស់នេះ គឺដើម្បីឲ្យខ្ញុំអាចដើរលើផ្លូវដ៏ត្រឹមត្រូវ នៃការដេញតាមសេចក្ដីពិត។ នៅពេលនោះ ការយល់ច្រឡំរបស់ខ្ញុំចំពោះព្រះជាម្ចាស់ ត្រូវបានលុបបំបាត់ចោល។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏ស្អប់សេចក្ដីបញ្ឆោតរបស់ខ្លួនឯង និងការដែលមិនយល់ពីចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ ហើយខ្ញុំរឹតតែដឹងថា ទ្រង់បានចំណាយព្រះលោហិតបេះដូងរបស់ទ្រង់ច្រើនប៉ុនណាសម្រាប់ខ្ញុំ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឱ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឱ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក» («អ្នកគប្បីទុកផលប្រយោជន៍នៃឋានៈចោលមួយឡែក រួចឈ្វេងយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះមកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពីមុន ខ្ញុំធ្លាប់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គនេះជាច្រើនដងមកហើយ ប៉ុន្តែខ្ញុំមិនដែលយល់វាពិតប្រាកដទេ។ ឥឡូវនេះ បន្ទាប់ពីឆ្លងកាត់បទពិសោធនេះ ខ្ញុំក៏ដឹងថា អ្វីដែលព្រះជាម្ចាស់ធ្វើ គឺមិនមែនចេញពីការស្អប់ខ្ពើមចំពោះមនុស្សឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់យ៉ាងណានោះទេ ទោះបីជាវាពាក់ព័ន្ធនឹងការថ្កោលទោស ឬការដាក់បណ្ដាសាក៏ដោយ គឺដើម្បីបន្សុទ្ធមនុស្ស ដើម្បីរំដោះពួកគេឲ្យរួចពីការរឹតត្បិត និងចំណងនៃនិស្ស័យពុករលួយ និងដើម្បីសង្គ្រោះមនុស្សចេញពីអំណាចរបស់សាតាំង។ ការដែលនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងដល់មនុស្ស គឺជាសេចក្ដីសង្គ្រោះដ៏អស្ចារ្យបំផុតសម្រាប់ពួកគេ។ ខ្ញុំស្ម័គ្រចិត្តដេញតាមសេចក្ដីពិត ហើយខិតខំបំពេញតាមអ្វីដែលព្រះជាម្ចាស់តម្រូវ។ មិនថាលទ្ធផលរបស់ខ្ញុំទៅជាយ៉ាងណានោះទេ ទោះបីជាខ្ញុំអាចត្រឹមតែធ្វើការដោយកម្លាំងថ្វាយព្រះអាទិករក៏ដោយ ក៏ខ្ញុំស្ម័គ្រចិត្ត និងស្កប់ចិត្តដែរ។ អរព្រះគុណព្រះជាម្ចាស់!