៩៨. អ្វីដែលបានលាក់ នៅពីក្រោយរបាំងមុខ
នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខ្ញុំកំពុងរចនាផ្ទាំងរូបភាពនៅក្នុងពួកជំនុំ។ អ្នកដឹកនាំបានកត់សម្គាល់ឃើញថា ជំនាញរបស់ខ្ញុំល្អគួរសម ហើយក៏បានដំឡើងតួនាទីខ្ញុំជាប្រធានក្រុម។ ការដែលឃើញអ្នកដឹកនាំជឿជាក់លើខ្ញុំបែបនេះ គឺពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។ ប៉ុន្តែ ខ្ញុំក៏មានការព្រួយបារម្ភខ្លះៗដែរ។ កាលពីមុន ខ្ញុំគ្រាន់តែជាសមាជិកក្រុមម្នាក់ប៉ុណ្ណោះ ហើយការដែលមានជំនាញខ្សោយក្នុងតួនាទីនោះ វាមិនមែនជាបញ្ហាធំដុំទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំជាប្រធានក្រុម ដូច្នេះសេចក្តីតម្រូវគឺខ្ពស់ជាងមុន។ តើកម្រិតជំនាញបច្ចុប្បន្នរបស់ខ្ញុំ អាចបំពេញតាមសេចក្ដីតម្រូវទាំងនេះបានដែរឬទេ? ខ្ញុំច្បាស់ជាខ្មាសគេខ្លាំងណាស់ បើខ្ញុំមិនអាចចាត់ចែងការងារនេះបាន ហើយត្រូវបានគេដកហូតតំណែងនោះ! ពេលខ្ញុំមិនទាន់ធ្វើជាប្រធានក្រុម បងប្អូនប្រុសស្រីមានចំណាប់អារម្មណ៍ល្អមកលើខ្ញុំ។ ប៉ុន្តែ បើពួកគេបានដឹងពីកម្រិតជំនាញពិតប្រាកដរបស់ខ្ញុំ តើពួកគេនឹងគិតថា ខ្ញុំគ្រាន់តែពាក់របាំងមុខ ហើយខ្ញុំគ្មានទេពកោសល្យពិតប្រាកដមែនទេ? តើវានឹងមិនបំផ្លាញចំណាប់អារម្មណ៍ល្អរបស់ពួកគេមកលើខ្ញុំទេឬ? ពេលនោះ អ្នកដឹកនាំបានចង្អុលបង្ហាញពីបញ្ហាមួយចំនួនទាក់ទងនឹងផ្ទាំងរូបភាពភាពយន្តដែលខ្ញុំបានរចនា។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង ហើយខ្ញុំបារម្ភពីអ្វីដែលអ្នកដឹកនាំនឹងគិតមកលើខ្ញុំ។ តើនាងនឹងគិតថា ជំនាញខ្ញុំអន់ពេក មិនអាចផ្ដល់ការណែនាំ និងការមើលការខុសត្រូវបានទេដឹង? ដោយគិតបែបនេះ ខ្ញុំក៏បានរកឃើញវិធីដោះស្រាយមួយ។ ពេលពិភាក្សាពីបញ្ហាផ្សេងៗ ខ្ញុំនឹងមិនចាប់ផ្ដើមដោយការចែករំលែកមតិរបស់ខ្ញុំទេ ហើយខ្ញុំនឹងទុកឲ្យអ្នកដទៃនិយាយមុន។ បើមតិរបស់មនុស្សគ្រប់គ្នាស្របគ្នា ខ្ញុំនឹងបន្ទរតាមពួកគេ ប៉ុន្តែ បើពួកគេមិនស្របគ្នាទេ ខ្ញុំនឹងនិយាយឲ្យស្រពេចស្រពិល។ តាមរបៀបនេះ ទោះបីជាមានកំហុសកើតឡើងក៏ដោយ ក៏គេមិនអាចមើលឃើញពីចំណុចខ្វះខាតរបស់ខ្ញុំដែរ ហើយខ្ញុំក៏មិនបាក់មុខនោះទេ។ មានពេលមួយ យើងកំពុងពិភាក្សាអំពីការរចនាមួយ។ ខ្ញុំបានគិតថា មានបញ្ហាខ្លះលើការរៀបចំប្លង់ ប៉ុន្តែខ្ញុំមិនច្បាស់ទេ។ ខ្ញុំបានបារម្ភថា ខ្ញុំនឹងនិយាយខុស ហើយត្រូវគេមើលងាយ ដូច្នេះ ខ្ញុំមិនបានផ្ដួចផ្ដើមប្រកបគ្នាឡើយ។ ក្រោយមក ពេលអ្នកដឹកនាំបានសួរយោបល់ខ្ញុំ ខ្ញុំក៏ភ័យ ប៉ុន្តែ នៅសំបកក្រៅ ខ្ញុំបានធ្វើទឹកមុខស្ងប់ស្ងាត់។ ខ្ញុំបាននិយាយថា៖ «មតិរបស់ខ្ញុំគឺដូចគ្នាទៅនឹងមនុស្សគ្រប់គ្នាដែរ ខ្ញុំមិនឃើញមានបញ្ហាអ្វីផ្សេងទៀតទេ»។ អ្នកដឹកនាំបានងក់ក្បាល ហើយមិនបាននិយាយអ្វីទៀតឡើយ។ ពេលគិតត្រឡប់ទៅវិញ សូម្បីតែពាក្យថា៖ «ខ្ញុំមិនយល់ទេ ខ្ញុំមិនច្បាស់ពីរឿងនេះទេ» ក៏ខ្ញុំមិនអាចនិយាយបានដែរ។ ខ្ញុំមានអារម្មណ៍តូចចិត្តបន្តិច ប៉ុន្តែ ខ្ញុំគ្រាន់តែបានគិតពីវាបន្តិច ហើយក៏បំភ្លេចវាចោលទៅ។
នៅថ្ងៃបន្ទាប់ ខ្ញុំ និងអ្នកដឹកនាំបានពិភាក្សាអំពីផែនការរចនាមួយ។ ខ្ញុំរាងភ័យបន្តិច។ ខ្ញុំបានមើលការរចនានោះអស់រយៈពេលយ៉ាងយូរ ប៉ុន្តែមិនហ៊ានចែករំលែកមតិរបស់ខ្ញុំទេ។ ខ្ញុំខ្លាចថា អ្នកដឹកនាំនឹងមើលមកខ្ញុំយ៉ាងម៉េច បើសិនជាខ្ញុំនិយាយខុស។ ពេលមួយទៀត ខ្ញុំបានកត់សម្គាល់ឃើញបញ្ហានៅលើការរចនាមួយ ប៉ុន្តែខ្ញុំគ្មានដំណោះស្រាយទេ។ ខ្ញុំចង់និយាយដោយស្មោះត្រង់ ប៉ុន្តែ ខ្ញុំបានបារម្ភពីអ្វីដែលអ្នកដឹកនាំនឹងគិតមកលើខ្ញុំ បើសិនជាខ្ញុំនិយាយចេញមក។ តើនាងនឹងឆ្ងល់ទេថា ហេតុអ្វីបានជាបញ្ហាសាមញ្ញសោះ ក៏ខ្ញុំមិនអាចដោះស្រាយបាន? តើនាងនឹងគិតថា ជំនាញខ្ញុំខ្សោយខ្លាំងណាស់មែនទេ? ដោយគិតបែបនេះ ខ្ញុំក៏មិនបាននិយាយដោយស្មោះត្រង់ទេ។ ខ្ញុំបានធ្វើពុតជាកំពុងគិតយ៉ាងជ្រៅ ហើយបានប្រាប់អ្នកដឹកនាំថា៖ «ខ្ញុំត្រូវការពេលបន្ថែមទៀត ដើម្បីគិតអំពីការរចនានេះ។ ចុះហេតុអ្វីអ្នកមិននិយាយពីអ្វីដែលអ្នកគិតមុនទៅ?» អ្នកដឹកនាំបានចែករំលែកគំនិតរបស់នាងដោយផ្អែកលើគោលការណ៍ ហើយសួរពីយោបល់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាដីកំពុងស្រុតនៅក្រោមជើងខ្ញុំអ៊ីចឹង។ ខ្ញុំចង់និយាយដោយស្មោះត្រង់ ប៉ុន្តែវាហាក់ដូចជាមាត់ខ្ញុំត្រូវបានបិទជិត។ នៅទីបំផុត ខ្ញុំបាននិយាយថា៖ «នោះជាអ្វីដែលខ្ញុំកំពុងគិតបេះបិទតែម្ដង»។ ក្រោយពេលនិយាយបែបនោះ ខ្ញុំមានអារម្មណ៍តានតឹង និងស្អប់ខ្ពើមខ្លួនឯង ដូចជាមានអ្វីមកអួលពេញបំពង់កអ៊ីចឹង។ វាច្បាស់ណាស់ថា ខ្ញុំមិនបានដឹងពីរបៀបកែសម្រួលវាឲ្យបានត្រឹមត្រូវទេ ប៉ុន្តែ ខ្ញុំបែរជាធ្វើពុតជាដឹងថាត្រូវធ្វើអ្វី ដើម្បីបង្ហាញថា ខ្ញុំមានសមត្ថភាព និងអាចវិភាគបញ្ហាបាន។ តើនេះមិនមែនជាការដែលខ្ញុំគ្រាន់តែព្យាយាមបោកប្រាស់ និងបោកបញ្ឆោតមនុស្សទេឬ? ខ្ញុំពិតជាមានអារម្មណ៍តានតឹងក្នុងចិត្តណាស់។ លុះដល់ល្ងាចថ្ងៃនោះ ខ្ញុំមានអារម្មណ៍អស់កម្លាំង ហើយមិនទទួលបានអ្វីសោះ។
ក្នុងអំឡុងពេលការចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានឆ្ងល់ថា៖ «ការពិនិត្យមើលការរចនាឡើងវិញជាមួយអ្នកដឹកនាំ អាចជាឱកាសមួយដើម្បីបង្កើនជំនាញរបស់ខ្ញុំ។ នេះជារឿងល្អមួយ ប៉ុន្តែ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ហត់នឿយខ្លាំង ជំនួសឲ្យការទទួលបានសេរីភាពទៅវិញ?» បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ការរក្សាជំហររបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងនាមជាភាវៈដែលបានបង្កើតមក និងការធ្វើជាមនុស្សសាមញ្ញម្នាក់ តើរឿងនេះងាយស្រួលធ្វើដែរឬទេ? (គឺមិនងាយស្រួលទេ។) តើការលំបាកស្ថិតនៅត្រង់ណា? គឺនៅត្រង់នេះឯង មនុស្សតែងតែយល់ថា ខ្លួនឯងមានឋានៈខ្ពង់ខ្ពស់ និងមានបុណ្យស័ក្តិធំធេងណាស់។ ពួកគេក៏បានប្រគល់អត្តសញ្ញាណ និងឋានៈជាមនុស្សអស្ចារ្យ និងជាកំពូលមនុស្សឱ្យខ្លួនឯង ព្រមទាំងប្រព្រឹត្តអំពើដែលជាការធ្វើពុត និងមិនពិត ព្រមទាំងការសម្ដែងខាងក្រៅទាំងនោះផងដែរ។ ប្រសិនបើអ្នកមិនព្រមលះបង់របស់ទាំងនេះទេ ហើយពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នកតែងតែត្រូវបានដាក់កំហិត និងគ្រប់គ្រងដោយរបស់ទាំងនេះ នោះអ្នកនឹងជួបការលំបាកក្នុងការចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាស់។ អ្នកនឹងពិបាកក្នុងការមិនប្រញាប់ប្រញាល់រកដំណោះស្រាយចំពោះរឿងដែលអ្នកមិនយល់ ហើយនាំយករឿងបែបនេះមកនៅចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ និងថ្វាយដួងចិត្តដ៏ស្មោះត្រង់មួយដល់ទ្រង់។ អ្នកនឹងមិនអាចធ្វើរឿងនេះបានឡើយ។ វាច្បាស់ណាស់ដោយសារតែឋានៈ ងារ អត្តសញ្ញាណ និងរបស់ទាំងអស់នេះរបស់អ្នក គឺជារបស់ក្លែងក្លាយ និងមិនពិតប្រាកដ ដោយសារតែរបស់ទាំងនេះប្រឆាំង និងផ្ទុយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបរបស់ទាំងនេះចងអ្នក ធ្វើឱ្យអ្នកមិនអាចមកនៅចំពោះព្រះជាម្ចាស់បាន។ តើរបស់ទាំងនេះនាំអ្វីខ្លះមកឱ្យអ្នក? របស់ទាំងនេះធ្វើឱ្យអ្នកពូកែក្លែងបន្លំខ្លួន ធ្វើពុតជាយល់ដឹង ធ្វើពុតជាឆ្លាត ធ្វើពុតជាមនុស្សអស្ចារ្យ ធ្វើពុតជាមនុស្សល្បីល្បាញ ធ្វើពុតជាមានសមត្ថភាព ធ្វើពុតជាមានប្រាជ្ញា ហើយថែមទាំងធ្វើពុតជាដឹងគ្រប់រឿង មានសមត្ថភាពគ្រប់យ៉ាង និងអាចធ្វើអ្វីៗបានទាំងអស់។ ការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកដទៃគោរពបូជា និងស្ងើចសរសើរអ្នក។ ពួកគេនឹងមករកអ្នកជាមួយនឹងបញ្ហាទាំងអស់របស់ពួកគេ ដោយពឹងផ្អែកលើអ្នក និងសម្លឹងមើលមកអ្នក។ ដូច្នេះ វាប្រៀបដូចជាអ្នកដាក់ខ្លួនឯងនៅលើភ្លើងដើម្បីអាំង។ ចូរប្រាប់ខ្ញុំមក តើការអាំងនៅលើភ្លើងមានអារម្មណ៍ល្អដែរឬទេ? (មិនល្អទេ។) អ្នកមិនយល់ទេ ប៉ុន្តែអ្នកមិនហ៊ាននិយាយថា អ្នកមិនយល់នោះទេ។ អ្នកមិនអាចមើលធ្លុះទេ ប៉ុន្តែអ្នកមិនហ៊ាននិយាយថា អ្នកមើលមិនធ្លុះនោះទេ។ អ្នកបានធ្វើខុសយ៉ាងច្បាស់ ប៉ុន្តែអ្នកមិនហ៊ានទទួលស្គាល់កំហុសទេ។ ចិត្តរបស់អ្នកឈឺចាប់ខ្លាំង ប៉ុន្តែអ្នកមិនហ៊ាននិយាយថា៖ “លើកនេះពិតជាកំហុសរបស់ខ្ញុំមែន ខ្ញុំបានជំពាក់ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំបានបង្កការខាតបង់ដ៏ធំធេងដល់ដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំគ្មានភាពក្លាហានដើម្បីឈរនៅចំពោះមុខមនុស្សគ្រប់គ្នា ហើយទទួលស្គាល់កំហុសនេះទេ”។ ហេតុអ្វីបានជាអ្នកមិនហ៊ាននិយាយ? អ្នកជឿថា៖ “ខ្ញុំត្រូវតែរស់នៅឱ្យស័ក្តិសមនឹងកេរ្តិ៍ឈ្មោះ និងកិត្តិនាមដែលបងប្អូនប្រុសស្រីរបស់ខ្ញុំបានផ្ដល់ឱ្យខ្ញុំ ខ្ញុំមិនអាចក្បត់ការគោរព និងការទុកចិត្តដែលពួកគេមានចំពោះខ្ញុំបានទេ ហើយរឹតតែមិនអាចក្បត់ការរំពឹងទុកយ៉ាងខ្លាំងក្លាដែលពួកគេមានចំពោះខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះបានឡើយ។ ហេតុដូច្នេះហើយ ខ្ញុំត្រូវតែបន្តធ្វើពុតតទៅទៀត”។ តើការក្លែងបន្លំបែបនេះយ៉ាងដូចម្ដេចដែរ? អ្នកបានធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សអស្ចារ្យ និងជាកំពូលមនុស្សដោយជោគជ័យ។ បងប្អូនប្រុសស្រីចង់មករកអ្នកដើម្បីសាកសួរ ពិគ្រោះយោបល់ ហើយថែមទាំងអង្វរករសុំដំបូន្មានពីអ្នកទៀតផង អំពីបញ្ហាអ្វីក៏ដោយដែលពួកគេជួបប្រទះ។ វាហាក់ដូចជាពួកគេមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ។ ប៉ុន្តែ តើចិត្តរបស់អ្នកមិនឈឺចាប់ខ្លាំងទេឬអី?» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសភាពពិតរបស់ខ្ញុំ។ ពេលពិភាក្សាអំពីផែនការរចនាជាមួយអ្នកដឹកនាំ ខ្ញុំមិនដែលមានអារម្មណ៍មានសេរីភាពឡើយ។ មូលហេតុចម្បងនោះគឺថា ធម្មជាតិរបស់ខ្ញុំពិតជាក្រអឺតក្រទមខ្លាំងណាស់ ហើយខ្ញុំមិនអនុញ្ញាតឲ្យខ្លួនឯងបង្កើតកំហុសទេ កុំថាឡើយដល់ទៅការមិនអាចយល់ ឬមិនអាចធ្វើរឿងអ្វីមួយបាននោះ។ ខ្ញុំកំពុងតែធ្វើទារុណកម្មខ្លួនឯង។ តាំងពីខ្ញុំបានឡើងធ្វើជាប្រធានក្រុមមក អ្នកដឹកនាំមានចំណាប់អារម្មណ៍ល្អមកលើខ្ញុំ ហើយឱ្យតម្លៃខ្ញុំ ដូច្នេះ ខ្ញុំបានបារម្ភថា បើគេបានឃើញចំណុចខ្វះខាតច្រើនពេកក្នុងការងារខ្ញុំ វានឹងប៉ះពាល់ដល់ការយល់ឃើញរបស់អ្នកដទៃមកលើខ្ញុំ។ ជាពិសេស ក្រោយពេលមានបញ្ហាជាមួយនឹងផ្ទាំងរូបភាពភាពយន្តដែលខ្ញុំបានរចនា ខ្ញុំកាន់តែមានការប្រុងប្រយ័ត្នជាងមុនទៅទៀត។ ខ្ញុំតែងតែទុកឲ្យអ្នកដទៃចែករំលែកមតិរបស់ពួកគេមុន ដើម្បីចៀសវាងការលាតត្រដាងបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំច្រើនពេក។ ពេលខ្ញុំ និងអ្នកដឹកនាំបានពិនិត្យមើលការរចនាជាមួយគ្នា ខ្ញុំអាចមើលឃើញពីបញ្ហាមួយចំនួន ប៉ុន្តែ ខ្ញុំខ្លាចនិយាយខុស ដូច្នេះ ខ្ញុំមិនបាននិយាយដោយស្មោះត្រង់ទេ។ ពេលខ្លះ ខ្ញុំបានដឹងច្បាស់ថា ខ្ញុំគ្មានដំណោះស្រាយសម្រាប់បញ្ហានេះទេ ប៉ុន្តែ ដើម្បីចៀសវាងកុំឲ្យអ្នកដឹកនាំមើលងាយ ខ្ញុំធ្វើពុតជាដឹង ដោយបន្ទរតាមមតិរបស់អ្នកដឹកនាំ ហើយនិយាយថា ខ្ញុំក៏យល់ឃើញដូចគ្នាដែរ។ ខ្ញុំកំពុងតែពាក់របាំងមុខ។ ខ្ញុំកំពុងតែបោកបញ្ឆោតគេយ៉ាងច្បាស់ក្រឡែត។ សូម្បីតែពាក្យថា «ខ្ញុំមិនយល់ទេ ខ្ញុំមិនច្បាស់ពីរឿងនេះទេ» ក៏ខ្ញុំមិនហ៊ាននិយាយដែរ។ ខ្ញុំតែងតែលាក់បាំងចំណុចខ្វះខាតរបស់ខ្ញុំជានិច្ច ដើម្បីកុំឲ្យបាក់មុខ។ ខ្ញុំខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងពេកហើយ! ការពិតនោះគឺ ដោយសារខ្ញុំទើបតែចាប់ផ្ដើមទទួលការបណ្ដុះបណ្ដាល ការធ្វើខុសគឺជារឿងធម្មតាទាំងស្រុង។ មនុស្សគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ពីកម្រិតជំនាញពិតប្រាកដរបស់ខ្ញុំ ដូច្នេះ គ្មានការចាំបាច់ត្រូវលាក់បាំងវាទេ។ ទោះបីជាបងប្អូនប្រុសស្រីបានឃើញចំណុចខ្វះខាតរបស់ខ្ញុំក៏ដោយ ក៏ពួកគេមិនបានមើលងាយខ្ញុំដែរ គឺពួកគេនឹងជួយខ្ញុំ។ ប៉ុន្តែ ខ្ញុំនៅតែចចេសធ្វើពុតជាដឹងគ្រប់យ៉ាង និងអាចធ្វើបានគ្រប់យ៉ាង។ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ដើម្បីលាក់បាំងចំណុចខ្សោយ និងចំណុចខ្វះខាតរបស់ខ្ញុំ។ ខ្ញុំពិតជាល្ងង់ខ្លៅ និងមិនដឹងអីមែន! ខ្ញុំចេះតែបន្តលាក់បាំងខ្លួនឯង ហើយមិនអាចមានភាពស្មោះត្រង់ ពេលទាក់ទងជាមួយអ្នកដទៃ។ ការរស់នៅបែបនេះ ពិតជាមានពុតត្បុត ក្រឡេចក្រឡុច និងបោកបញ្ឆោតខ្លាំងណាស់!
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «មិនថាក្នុងបរិបទណាក៏ដោយ មិនថាគេបំពេញភារកិច្ចអ្វីក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទនឹងព្យាយាមធ្វើឱ្យអ្នកដទៃមើលឃើញថា គេមិនទន់ខ្សោយទេ ថាគេតែងតែរឹងមាំ ពោរពេញដោយសេចក្ដីជំនឿ និងមិនដែលអវិជ្ជមានឡើយ ដើម្បីកុំឱ្យមនុស្សមើលឃើញពីកម្ពស់ពិត ឬអាកប្បកិរិយាពិតរបស់គេចំពោះព្រះជាម្ចាស់បានជាដាច់ខាត។ ... ប្រសិនបើមានរឿងធំដុំកើតឡើង ហើយមាននរណាម្នាក់សួរគេអំពីការយល់ដឹងរបស់គេចំពោះព្រឹត្តិការណ៍នោះ គេស្ទាក់ស្ទើរក្នុងការបញ្ចេញឱ្យឃើញនូវទស្សនៈរបស់ខ្លួន ផ្ទុយទៅវិញ គេទុកឱ្យអ្នកដទៃនិយាយមុន។ ភាពស្ទាក់ស្ទើររបស់គេមានហេតុផលរបស់វា៖ ហេតុផលមួយគឺ មិនមែនថាគេគ្មានទស្សនៈនោះទេ ប៉ុន្តែគេខ្លាចថាទស្សនៈរបស់ខ្លួនខុស ថាប្រសិនបើគេនិយាយវាចេញមក អ្នកដទៃនឹងច្រានវាចោល ដែលធ្វើឱ្យគេមានអារម្មណ៍ខ្មាសអៀន ហើយនោះហើយជាមូលហេតុដែលគេមិននិយាយវាចេញមក។ ឬហេតុផលមួយទៀតគឺ គេគ្មានទស្សនៈទេ ហើយដោយសារមិនអាចមើលដឹងបញ្ហានេះបានច្បាស់លាស់ គេមិនហ៊ាននិយាយតាមអំពើចិត្តឡើយ ព្រោះខ្លាចមនុស្សសើចចំអកចំពោះកំហុសរបស់ខ្លួន ដូច្នេះ ភាពស្ងៀមស្ងាត់គឺជាជម្រើសតែមួយគត់របស់គេ។ សរុបមក អាទទឹងនឹងព្រះគ្រីស្ទមិនងាយនឹងនិយាយចេញមកដើម្បីបញ្ចេញទស្សនៈរបស់ខ្លួនឡើយ ពីព្រោះគេខ្លាចក្នុងការបញ្ចេញឱ្យឃើញពីធាតុពិតរបស់ខ្លួន ខ្លាចក្នុងការឱ្យមនុស្សឃើញថា គេកម្សត់កម្រ និងគួរឱ្យអាណិត ដែលបណ្ដាលឱ្យប៉ះពាល់ដល់រូបភាពដែលអ្នកដទៃមានចំពោះគេ។ ដូច្នេះ បន្ទាប់ពីអ្នកគ្រប់គ្នាផ្សេងទៀតបានប្រកបគ្នាអំពីទស្សនៈ គំនិត និងចំណេះដឹងរបស់ពួកគេចប់រួចរាល់ហើយ គេក៏ចាប់យកការអះអាងដែលខ្ពង់ខ្ពស់ជាង និងសមហេតុផលជាងណាមួយ ដែលគេលើកយកមកធ្វើជាទស្សនៈ និងការយល់ដឹងរបស់ខ្លួនផ្ទាល់។ គេសង្ខេបវា ហើយប្រកបគ្នាអំពីរឿងទាំងនោះទៅកាន់អ្នកគ្រប់គ្នា ដោយហេតុនេះ គេក៏ទទួលបានឋានៈខ្ពស់នៅក្នុងដួងចិត្តរបស់អ្នកដទៃ។ ពួកទទឹងនឹងព្រះគ្រីស្ទមានល្បិចកលខ្លាំងណាស់៖ នៅពេលដល់ពេលដែលត្រូវបញ្ចេញទស្សនៈ ពួកគេមិនដែលបើកចំហ និងបង្ហាញអ្នកដទៃពីសភាពពិតរបស់ខ្លួនឡើយ ឬឱ្យមនុស្សដឹងពីអ្វីដែលពួកគេកំពុងគិតពិតប្រាកដ ពីកម្រិតនៃគុណសម្បត្តិរបស់ពួកគេ ពីលក្ខណៈនៃភាពជាមនុស្សរបស់ពួកគេ ពីកម្រិតនៃសមត្ថភាពនៃការយល់ដឹងរបស់ពួកគេ និងថាតើពួកគេមានចំណេះដឹងពិតប្រាកដអំពីសេចក្ដីពិតឬក៏អត់នោះឡើយ។ ដូច្នេះហើយ ក្នុងពេលជាមួយគ្នានឹងការអួតអាង និងការធ្វើពុតជាស៊ប់ខាងវិញ្ញាណ និងជាមនុស្សគ្រប់លក្ខណ៍ ពួកគេធ្វើអស់ពីសមត្ថភាពដើម្បីបិទបាំងមុខមាត់ពិត និងកម្ពស់ពិតរបស់ពួកគេ។ ពួកគេមិនដែលបញ្ចេញឱ្យឃើញពីភាពទន់ខ្សោយរបស់ពួកគេដល់បងប្អូនប្រុសស្រីឡើយ ហើយពួកគេក៏មិនដែលព្យាយាមស្គាល់ពីភាពខ្វះខាត និងចំណុចខ្វះខាតរបស់ពួកគេផ្ទាល់ដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើអស់ពីសមត្ថភាពដើម្បីបិទបាំងរឿងទាំងនោះ» («ចំណុចទីប្រាំបួន (ផ្នែកទីដប់)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេបំពេញភារកិច្ចអ្វី ឬស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ពួកគេមិនងាយបញ្ចេញមតិរបស់ពួកគេឡើយ ពេលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ។ ពួកគេមិនឲ្យអ្នកដទៃដឹងពីសភាពពិតរបស់ពួកគេឡើយ ហើយពួកគេក៏មិនឲ្យអ្នកដទៃដឹងពីគុណសម្បត្តិ និងភាពជាមនុស្សរបស់ពួកគេដែរ ព្រោះខ្លាចលាតត្រដាងពីភាពទន់ខ្សោយរបស់ពួកគេ។ ដើម្បីលាក់បាំងចំណុចខ្វះខាតរបស់ពួកគេ ពួកគេថែមទាំងយកសំណូមពរ និងគំនិតល្អៗរបស់អ្នកដទៃ មកធ្វើជារបស់ខ្លួនឯងទៀតផង ដោយសង្ខេប និងបង្ហាញវា ហាក់បីដូចជាពួកគេជាអ្នកបានគិតឃើញអញ្ចឹង ធ្វើឲ្យអ្នកដទៃយល់ច្រឡំថា ពួកគេមានការយល់ដឹង និងមានគុណសម្បត្តិ ដូច្នេះ ទើបសម្រេចបាននូវគោលដៅនៃការទទួលបានការកោតសរសើរ និងគោរពបូជាពីអ្នកដទៃ។ ដោយប្រៀបធៀបរឿងនេះមកខ្លួនឯង ខ្ញុំបានឃើញថា អាកប្បកិរិយារបស់ខ្ញុំគឺដូចគ្នាទៅនឹងអាកប្បកិរិយារបស់អាទទឹងនឹងព្រះគ្រីស្ទបេះបិទតែម្ដង! ពេលដែលខ្ញុំ និងអ្នកដឹកនាំកំពុងពិភាក្សាអំពីផែនការរចនាមួយ ខ្ញុំខ្លាចអ្នកដឹកនាំវាយតម្លៃទាបមកលើជំនាញវិជ្ជាជីវៈរបស់ខ្ញុំ ដូច្នេះ ពេលបញ្ចេញមតិ ខ្ញុំមានបំណងនិយាយឲ្យស្រពេចស្រពិល ធ្វើពុតជាយល់ ហើយបន្ទរតាមអ្នកដឹកនាំ។ ខ្ញុំធ្វើហាក់បីដូចជាខ្ញុំមានមតិដូចគ្នាទៅនឹងអ្នកដឹកនាំអ៊ីចឹង ដោយប្រើវិធីនេះ ដើម្បីលាក់បាំងចំណុចខ្វះខាតរបស់ខ្ញុំ។ ពេលគិតត្រឡប់ទៅវិញ ខ្ញុំតែងតែបំពេញភារកិច្ចរបស់ខ្ញុំបែបនេះជានិច្ច៖ ដើម្បីការពារមុខមាត់ និងឋានៈរបស់ខ្ញុំនៅក្នុងចិត្តមនុស្ស ខ្ញុំមិនដែលចង់ឲ្យអ្នកដទៃឃើញពីចំណុចខ្វះខាត ឬចំណុចខ្សោយរបស់ខ្ញុំឡើយ។ វាច្បាស់ណាស់ថាមានបញ្ហាខ្លះ អាចដោះស្រាយបានយ៉ាងឆាប់រហ័ស តាមរយៈការប្រកបគ្នាជាមួយអ្នកចេះដឹង ប៉ុន្តែ ខ្ញុំបានគិតថា ការស្វែងរកជំនួយពីអ្នកដទៃ នឹងធ្វើឲ្យខ្ញុំមើលទៅអសមត្ថភាព និងអន់ជាងគេ ដូច្នេះ ខ្ញុំសុខចិត្តស្វែងរកឯកសារដោយស្ងាត់ៗ ហើយតស៊ូដោះស្រាយរឿងនេះដោយខ្លួនឯង ហើយខ្ញុំមិនព្រមសុំយោបល់ពីអ្នកដទៃឡើយ។ នេះបណ្ដាលឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ និងធ្វើឲ្យរាំងស្ទះដល់កិច្ចការផ្សេងទៀត។ ខ្ញុំតែងតែចង់ក្លែងបន្លំខ្លួនឯង ធ្វើជាមនុស្សដែលដឹង និងអាចធ្វើបានគ្រប់យ៉ាង ដោយពាក់របាំងមុខឲ្យគេមើល។ តើខ្ញុំមិនកំពុងតែបំភាន់មនុស្សទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទតែងតែលាក់បាំង និងក្លែងបន្លំខ្លួនឯងតាមរបៀបនេះឯង។ ពួកគេបោកបញ្ឆោត និងបំភាន់មនុស្ស ដោយក្លែងបន្លំកម្ពស់ពិតប្រាកដរបស់ពួកគេ ដើម្បីអូសទាញមនុស្សឲ្យមកដើរតាមពួកគេ។ តើអាកប្បកិរិយារបស់ខ្ញុំ មានអ្វីខុសប្លែកពីអាកប្បកិរិយារបស់អាទទឹងនឹងព្រះគ្រីស្ទទៅ? អ្វីដែលខ្ញុំកំពុងបញ្ចេញឲ្យឃើញ គឺជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ! ការដឹងខ្លួនបែបនេះ បានធ្វើឲ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា បើសិនជាខ្ញុំមិនផ្លាស់ប្ដូរទេ ខ្ញុំនឹងត្រូវបានគេលាតត្រដាង ហើយជម្រុះចោលមិនខាន។ ខ្ញុំប្រញាប់អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយស្ម័គ្រចិត្តប្រែចិត្ត និងផ្លាស់ប្ដូរ។ ខ្ញុំលែងចង់ក្លែងបន្លំខ្លួនឯង និងបោកបញ្ឆោតអ្នកដទៃ ដើម្បីការពារអំនួត និងមុខមាត់របស់ខ្ញុំទៀតហើយ។
ក្រោយមក ខ្ញុំបានស្វែងរកផ្លូវនៃការអនុវត្តមួយ ដោយផ្អែកលើបញ្ហារបស់ខ្ញុំ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «មិនថាអ្នកជួបប្រទះបញ្ហាអ្វីនោះទេ អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ អ្នកដាច់ខាតមិនត្រូវក្លែងបន្លំខ្លួន ឬបង្ហាញរូបភាពក្លែងក្លាយទៅកាន់អ្នកដទៃឡើយ។ មិនថាវាជាការខ្វះខាតរបស់អ្នក ភាពមិនគ្រប់គ្រាន់របស់អ្នក គុណវិបត្តិរបស់អ្នក ឬនិស្ស័យពុករលួយរបស់អ្នកទេ អ្នកត្រូវតែបើកចំហ និងប្រកបគ្នាអំពីរឿងទាំងនេះ។ កុំលាក់បាំងរឿងទាំងនេះឡើយ។ ការរៀនពីរបៀបបើកចំហខ្លួនឯង គឺជាជំហានដំបូងឆ្ពោះទៅរកការចូលទៅក្នុងជីវិត ហើយវាគឺជាឧបសគ្គទីមួយ ដែលពិបាកនឹងយកឈ្នះបំផុត។ នៅពេលដែលអ្នកបានយកឈ្នះឧបសគ្គនេះហើយ វានឹងងាយស្រួលក្នុងការចូលទៅក្នុងសេចក្ដីពិត។ នៅពេលដែលអ្នកបោះជំហាននេះ តើវានឹងបញ្ជាក់ពីអ្វី? វានឹងបញ្ជាក់ថា អ្នកកំពុងបើកចំហចិត្តរបស់អ្នក ហើយលាតត្រដាង និងបើកចំហអំពីគ្រប់ផ្នែករបស់អ្នក មិនថាល្អ ឬអាក្រក់ វិជ្ជមាន ឬអវិជ្ជមាន ហើយបញ្ចាំងពន្លឺលើវាដើម្បីឱ្យអ្នកដទៃឃើញ និងដើម្បីឱ្យព្រះជាម្ចាស់ទតឃើញ ដោយមិនលាក់បាំង ឬបិទបាំងអ្វីពីព្រះជាម្ចាស់ឡើយ ដោយមិនប្រើការក្លែងបន្លំ សេចក្តីបញ្ឆោត ឬការបោកបំភាន់ចំពោះព្រះជាម្ចាស់ឡើយ ហើយក៏ស្មោះត្រង់ឥតលាក់លៀមចំពោះអ្នកដទៃដូចគ្នាដែរ។ តាមរបៀបនេះ អ្នកនឹងរស់នៅក្នុងពន្លឺ មិនត្រឹមតែព្រះជាម្ចាស់នឹងពិនិត្យពិច័យអ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកដទៃក៏នឹងឃើញថា មានគោលការណ៍ និងតម្លាភាពក្នុងសកម្មភាពរបស់អ្នកដែរ។ អ្នកមិនចាំបាច់ប្រើវិធីសាស្ត្រណាមួយដើម្បីការពារកេរ្តិ៍ឈ្មោះ មុខមាត់ និងឋានៈរបស់អ្នកឡើយ ហើយអ្នកក៏មិនចាំបាច់ធ្វើការលាក់បាំង ឬបិទបាំងកំហុសរបស់អ្នកដែរ។ អ្នកមិនចាំបាច់ធ្វើការខិតខំប្រឹងប្រែងដ៏ឥតប្រយោជន៍ទាំងនេះទេ។ ប្រសិនបើអ្នកអាចលះបង់រឿងទាំងនេះបាន ជីវិតរបស់អ្នកនឹងក្លាយជាធូរស្រាលយ៉ាងខ្លាំង គ្មានការរឹតត្បិត និងការឈឺចាប់ ហើយអ្នកនឹងរស់នៅក្នុងពន្លឺទាំងស្រុង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្តមួយ។ ពេលបំពេញភារកិច្ចរបស់ខ្លួន ហើយជួបប្រទះនឹងរឿងដែលខ្លួនមិនអាចយល់ ឬមិនអាចដោះស្រាយបាន គេគួរបើកចំហ និងស្វែងរកជំនួយពីអ្នកដទៃឲ្យបានច្រើន ហើយធ្វើជាមនុស្សស្មោះត្រង់។ គេគួរតែមានភាពពិតប្រាកដ និងមិនត្រូវការពារកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងឡើយ។ តាមរបៀបនេះ គេអាចស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទទួលបានការរីកចម្រើន។ ប៉ុន្តែ ខ្ញុំបានគិតតែពីរឿងអំនួតរបស់ខ្ញុំ ដោយតែងតែលាក់បាំងចំណុចខ្វះខាត និងក្លែងបន្លំខ្លួនឯងជានិច្ច។ ខ្ញុំមិនបានគិតពីលទ្ធផលការងារថាល្អកម្រិតណាទេ ឬគិតពីរបៀបបង្កើនជំនាញវិជ្ជាជីវៈរបស់ខ្ញុំឡើយ។ រហូតមកដល់ចំណុចនោះ ខ្ញុំមិនទាន់ក្ដាប់បានគោលការណ៍នៅឡើយទេ រីឯជំនាញរបស់ខ្ញុំមិនមានការរីកចម្រើន ហើយខ្ញុំក៏មិនទាន់បានបំពេញភារកិច្ចរបស់ខ្ញុំស្របតាមស្ដង់ដាដែរ។ តើការព្យាយាមរក្សាអំនួតរបស់ខ្ញុំ មានប្រយោជន៍អ្វីទៅ? បើសិនខ្ញុំបានប្រព្រឹត្តតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ហើយបានប្រព្រឹត្តជាមនុស្សស្មោះត្រង់នោះ ទោះបីជាកេរ្តិ៍ឈ្មោះខ្ញុំអាចរងផលប៉ះពាល់បន្តិចបន្តួចក៏ដោយ ក៏ជំនាញរបស់ខ្ញុំអាចត្រូវបានកែលម្អ ហើយខ្ញុំអាចបំពេញភារកិច្ចបានល្អជាងមុន ព្រមទាំងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះទ័យដែរ។ តើវាមិនល្អជាងនេះឆ្ងាយណាស់ទៅហើយទេឬ? ពេលគិតបែបនេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយស្ម័គ្រចិត្តប្រែចិត្ត។ ក្រោយមក ពេលទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា ខ្ញុំលែងលាក់បាំងខ្លួនឯងទៀតហើយ ពេលខ្ញុំមិនបានយល់ពីរឿងអ្វីមួយ ហើយខ្ញុំបានលើកយកសំណួររបស់ខ្ញុំមកពិភាក្សាក្នុងក្រុមយ៉ាងសកម្ម។ ការអនុវត្តតាមរបៀបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសេរីភាព ហើយខ្ញុំទទួលបានចំណេះដឹងខ្លះៗពីអ្នកដទៃ។
បន្ទាប់មក ខ្ញុំក៏បានស្វែងរក ហើយឆ្ងល់ថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចមើលឃើញចំណុចខ្វះខាតរបស់ខ្ញុំបានត្រឹមត្រូវ ក្រោយពេលឡើងធ្វើជាប្រធានក្រុម? តើទស្សនៈខុសឆ្គងអ្វីខ្លះ ដែលកំពុងគ្រប់គ្រងខ្ញុំ?» ខណៈពេលកំពុងស្វែងរក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលនរណាម្នាក់ត្រូវបានបងប្អូនប្រុសស្រីជ្រើសតាំងឱ្យធ្វើជាអ្នកដឹកនាំ ឬត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈឱ្យធ្វើកិច្ចការណាមួយ ឬបំពេញភារកិច្ចណាមួយ នេះមិនមែនមានន័យថា ពួកគេមានឋានៈឬតំណែងពិសេស ឬសេចក្ដីពិតដែលពួកគេយល់គឺជ្រៅជាង និងច្រើនជាងអ្នកដទៃនោះទេ។ រឹតតែមិនមែនមានន័យថា បុគ្គលនេះអាចចុះចូលនឹងព្រះជាម្ចាស់ ហើយនឹងមិនក្បត់ទ្រង់ឡើយ។ ជាការពិត វាក៏មិនមែនមានន័យថា ពួកគេស្គាល់ព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ដែរ។ តាមពិតទៅ ពួកគេមិនបានសម្រេចអ្វីទាំងអស់នេះទេ។ ការដំឡើងឋានៈនិងបណ្ដុះបណ្ដាល គ្រាន់តែជាការដំឡើងឋានៈនិងបណ្ដុះបណ្ដាលតាមន័យធម្មតាប៉ុណ្ណោះ ហើយមិនស្មើនឹងការដែលពួកគេត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន និងយល់ឃើញថាស័ក្ដិសមនោះទេ។ ... ដូច្នេះ តើអ្វីទៅជាគោលបំណងនិងសារៈសំខាន់នៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលនរណាម្នាក់? គឺបុគ្គលនេះត្រូវបានដំឡើងឋានៈក្នុងនាមបុគ្គលម្នាក់ ដើម្បីឱ្យពួកគេអនុវត្ត និងដើម្បីឱ្យពួកគេទទួលការស្រោចស្រពនិងហ្វឹកហាត់ជាពិសេស ដូច្នេះអាចឱ្យពួកគេយល់ពីគោលការណ៍សេចក្ដីពិត និងគោលការណ៍ មធ្យោបាយ និងវិធីសាស្ត្រធ្វើកិច្ចការនិងដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងរបៀបដោះស្រាយនិងប្រព្រឹត្តចំពោះបរិយាកាសនិងមនុស្សប្រភេទផ្សេងៗដែលពួកគេជួបប្រទះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតាមរបៀបដែលការពារផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់។ ដោយវិនិច្ឆ័យផ្អែកលើចំណុចទាំងនេះ តើមនុស្សមានទេពកោសល្យដែលត្រូវបានដំណាក់ព្រះជាម្ចាស់ដំឡើងឋានៈនិងបណ្ដុះបណ្ដាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវលើកិច្ចការរបស់ពួកគេ និងបំពេញភារកិច្ចរបស់ពួកគេបានល្អ ក្នុងអំឡុងពេលនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាល ឬមុនពេលនៃការដំឡើងឋានៈនិងបណ្ដុះបណ្ដាលដែរឬទេ? ពិតណាស់ គឺមិនអាចទេ។ ដូច្នេះ វាមិនអាចជៀសផុតទេ ក្នុងអំឡុងពេលនៃការបណ្ដុះបណ្ដាល មនុស្សទាំងនេះនឹងឆ្លងកាត់ការលួសកាត់ ការជំនុំជម្រះ និងការវាយផ្ចាល ការលាតត្រដាង ថែមទាំងការដកហូតតំណែងទៀតផង។ នេះជារឿងធម្មតាទេ នេះជាការបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ពេលដំណាក់របស់ព្រះជាម្ចាស់ដំឡើងតួនាទី និងបណ្ដុះបណ្ដាលនរណាម្នាក់ វាមិនមែនមានន័យថា បុគ្គលនោះយល់ពីសេចក្តីពិត ហើយមានតថភាព ឬយល់ច្បាស់ពីគោលការណ៍ទាំងស្រុងនោះទេ។ ការដំឡើងតួនាទី គ្រាន់តែជាឱកាសមួយសម្រាប់ការបណ្ដុះបណ្ដាលប៉ុណ្ណោះ ហើយរឿងនេះតម្រូវឲ្យមនុស្សមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនឯងឲ្យបានត្រឹមត្រូវ។ ខ្ញុំបានវាយតម្លៃខ្លួនឯងខ្ពស់ពេកហើយ ដោយគិតថា ការបានឡើងធ្វើជាប្រធានក្រុម មានន័យថា ខ្ញុំត្រូវតែមានគុណសម្បត្តិ ជំនាញ និងលក្ខណៈសម្បត្តិផ្សេងៗទៀតល្អជាងអ្នកដទៃ។ ខ្ញុំបានលើកតម្កើងខ្លួនឯង ហើយដើម្បីការពារកុំឲ្យអ្នកដទៃមើលធ្លុះខ្លួនខ្ញុំ ខ្ញុំបានក្លែងបន្លំ និងបានលាក់បាំងខ្លួនឯង បានប្រើល្បិចគ្រប់សព្វបែបយ៉ាង ដើម្បីលាក់បាំងចំណុចខ្សោយរបស់ខ្ញុំ ហើយសូម្បីតែពេលចែករំលែកមតិ ក៏ខ្ញុំគិតច្រើនពេកដែរ។ ខ្ញុំគ្មានភាពបើកចំហទេ ពេលទាក់ទងជាមួយអ្នកដទៃ ហើយខ្ញុំកំពុងតែចងរឹតខ្លួនឯង រហូតដល់ហត់នឿយយ៉ាងខ្លាំង។ ពេលឆ្លុះបញ្ចាំងពីរឿងនេះ ការត្រូវបានដំឡើងធ្វើជាប្រធានក្រុម គ្រាន់តែជាឱកាសមួយដើម្បីទទួលបានការបណ្ដុះបណ្ដាលប៉ុណ្ណោះ។ មជ្ឈដ្ឋាននេះបានជំរុញខ្ញុំឱ្យដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំស្របទៅតាមគោលការណ៍។ ការមានចំណុចខ្វះខាត និងមានសេចក្ដីវៀចវេរក្នុងការបំពេញភារកិច្ច គឺជារឿងធម្មតា ហើយខ្ញុំអាចប្រើឱកាសទាំងនេះ ដើម្បីប៉ះប៉ូវនូវចំណុចខ្វះខាតរបស់ខ្ញុំ ដើម្បីឲ្យតាមរយៈបទពិសោធន៍ ខ្ញុំអាចយល់ពីសេចក្តីពិតកាន់តែច្រើន និងក្ដាប់បានគោលការណ៍កាន់តែច្បាស់ ហើយបន្តិចម្ដងៗ ខ្ញុំនឹងអាចបំពេញភារកិច្ចរបស់ខ្ញុំបានស្របតាមស្ដង់ដា។ ទៅថ្ងៃមុខ ខ្ញុំគួរតែមើលចំណុចខ្វះខាតរបស់ខ្ញុំឲ្យបានត្រឹមត្រូវ ហើយរៀនមានភាពប្រាកដប្រជា ហើយខ្ញុំគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការរៀនសូត្រពីគោលការណ៍ និងជំនាញ។ នេះជាអ្វីដែលខ្ញុំគួរតែដេញតាម និងចូលទៅក្នុង។
មានពេលមួយ អ្នកដឹកនាំកំពុងណែនាំយើងក្នុងការងារ ហើយបានសុំឲ្យយើងបញ្ចេញមតិទៅលើរូបភាពផ្ទៃខាងក្រោយមួយ។ ខ្ញុំបានឮបងស្រីពីរនាក់ដែលកំពុងសហការជាមួយខ្ញុំ មានមតិខុសពីខ្ញុំ ខ្ញុំក៏បានគិតថា៖ «មតិរបស់បងស្រីទាំងពីរគឺដូចគ្នា។ បើសិនជាខ្ញុំនិយាយខុស វានឹងគួរឲ្យខ្មាសគេខ្លាំងណាស់។ តើពួកគេនឹងគិតថា ខ្ញុំខ្វះគុណសម្បត្តិ និងចំណូលចិត្តមែនទេ?» ពេលបានគិតបែបនេះ ខ្ញុំក៏ស្ទាក់ស្ទើរ ដោយគិតថា៖ «ប្រហែលជាខ្ញុំគួរតែយល់ស្របតាមបងស្រីទាំងពីរទៅ ដើម្បីកុំឲ្យខ្មាសគេ បើសិនជាខ្ញុំនិយាយខុស»។ ប៉ុន្តែ ពេលនោះ ខ្ញុំក៏បាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលខ្ញុំបានអានពីមុន៖ «មិនថាអ្នកជួបប្រទះបញ្ហាអ្វីនោះទេ អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ អ្នកដាច់ខាតមិនត្រូវក្លែងបន្លំខ្លួន ឬបង្ហាញរូបភាពក្លែងក្លាយទៅកាន់អ្នកដទៃឡើយ។ មិនថាវាជាការខ្វះខាតរបស់អ្នក ភាពមិនគ្រប់គ្រាន់របស់អ្នក គុណវិបត្តិរបស់អ្នក ឬនិស្ស័យពុករលួយរបស់អ្នកទេ អ្នកត្រូវតែបើកចំហ និងប្រកបគ្នាអំពីរឿងទាំងនេះ។ កុំលាក់បាំងរឿងទាំងនេះឡើយ។ ... អ្នកមិនចាំបាច់ប្រើវិធីសាស្ត្រណាមួយដើម្បីការពារកេរ្តិ៍ឈ្មោះ មុខមាត់ និងឋានៈរបស់អ្នកឡើយ ហើយអ្នកក៏មិនចាំបាច់ធ្វើការលាក់បាំង ឬបិទបាំងកំហុសរបស់អ្នកដែរ។ អ្នកមិនចាំបាច់ធ្វើការខិតខំប្រឹងប្រែងដ៏ឥតប្រយោជន៍ទាំងនេះទេ។ ប្រសិនបើអ្នកអាចលះបង់រឿងទាំងនេះបាន ជីវិតរបស់អ្នកនឹងក្លាយជាធូរស្រាលយ៉ាងខ្លាំង គ្មានការរឹតត្បិត និងការឈឺចាប់ ហើយអ្នកនឹងរស់នៅក្នុងពន្លឺទាំងស្រុង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានផ្ដល់ឲ្យខ្ញុំនូវផ្លូវនៃការអនុវត្តមួយ។ មិនថាមតិរបស់បុគ្គលណាម្នាក់ត្រូវ ឬខុសយ៉ាងណាក៏ដោយ ក៏គេគួរតែលើកវាមកស្វែងរក និងប្រកបគ្នា បើសិនជាមានរឿងអ្វីដែលគេមិនយល់។ នេះទើបមានន័យថា ជាការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់ខ្លួន។ គំនិតនេះធ្វើឲ្យចិត្តខ្ញុំភ្លឺស្វាង ហើយខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយស្ម័គ្រចិត្តលះបង់អំនួតរបស់ខ្ញុំ ហើយនិយាយការពិត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អ្នកដឹកនាំបានយល់ស្របនឹងមតិរបស់ខ្ញុំ ហើយបានផ្ដល់ឲ្យយើងនូវការចង្អុលបង្ហាញខ្លះៗសម្រាប់ការកែសម្រួល។ ក្រោយពេលស្ដាប់រួច ខ្ញុំក៏មានការយល់ដឹងកាន់តែច្បាស់។ ខ្ញុំបានមានអារម្មណ៍ថា ការមិនការពារអំនួត និងការមិនលាក់បាំងខ្លួនឯង ដោយមានភាពស្មោះត្រង់ និងនិយាយការពិត បាននាំមកនូវភាពសុខសាន្ត និងការធូរស្រាលដល់ចិត្តរបស់ខ្ញុំ។
ឥឡូវនេះ ខ្ញុំលែងត្រូវបានរឹតត្បិតដោយអំនួតរបស់ខ្ញុំទៀតហើយ ហើយខ្ញុំអាចពិភាក្សាពីរឿងនានាដែលខ្ញុំមិនច្បាស់ ជាមួយបងប្អូនប្រុសស្រីដោយបើកចំហ និងសាមញ្ញ។ ពេលអ្នកដឹកនាំបានចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ ខ្ញុំអាចទទួលយកបាន មើលឃើញពីចំណុចខ្វះខាតរបស់ខ្ញុំបានយ៉ាងត្រឹមត្រូវ ហើយស្វែងរកគោលការណ៍ពាក់ព័ន្ធ និងចំណេះដឹងវិជ្ជាជីវៈ ដើម្បីរៀនសូត្រ។ មួយរយៈក្រោយមក ខ្ញុំមានការរីកចម្រើនខ្លះៗនៅក្នុងជំនាញបច្ចេកទេសរបស់ខ្ញុំ ហើយក៏បានកាត់បន្ថយកំហុសឆ្គងក្នុងការបំពេញភារកិច្ចផងដែរ។ តាមរយៈបទពិសោធនេះ ខ្ញុំពិតជាបានដឹងថា ព្រះជាម្ចាស់ប្រទានពរដល់មនុស្សស្មោះត្រង់ ហើយស្អប់ខ្ពើមមនុស្សបោកបញ្ឆោត ហើយការទទួលស្គាល់ពីចំណុចខ្សោយ និងចំណុចខ្វះខាតរបស់ខ្ញុំ ព្រមទាំងការអនុវត្តធ្វើជាមនុស្សស្មោះត្រង់ មិនមែនជារឿងគួរឲ្យខ្មាសអៀនទេ ហើយការអនុវត្តតាមរបៀបនេះ នាំមកនូវភាពសុខសាន្ត និងការធូរស្រាលក្នុងចិត្តខ្ញុំ។