៧៥. តើជាវិធីសាស្រ្តត្រឹមត្រូវដែរឬទេដែលថា ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក?

ដោយ យីន អាន ប្រទេសចិន

ជីតារបស់ខ្ញុំគឺជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់នៅក្នុងភូមិរបស់យើង ហើយគាត់តែងតែរីករាយក្នុងការជួយអ្នកដទៃ។ កាលខ្ញុំនៅក្មេង គាត់ និងជីដូនរបស់ខ្ញុំបានប្ដូរទីលំនៅទៅរស់នៅក្នុងទីក្រុង ប៉ុន្តែ រាល់ពេលដែលមាននរណាម្នាក់នៅក្នុងភូមិត្រូវការជំនួយអ្វីមួយ គាត់តែងតែទុកការងាររបស់គាត់មួយឡែក ហើយត្រឡប់មកភូមិវិញដើម្បីជួយ។ គ្រប់គ្នានិយាយថា ជីតារបស់ខ្ញុំគឺជាមនុស្សល្អម្នាក់ ហើយគោរពគាត់យ៉ាងខ្លាំង ហើយរាល់ពេលដែលគេនិយាយពីគាត់ មនុស្សម្នាតែងតែលើកមេដៃសរសើរ។ ខ្ញុំមានមោទនភាពណាស់ ដែលមានជីតាបែបនេះ។ ក្រោយពេលជីតារបស់ខ្ញុំលាចាកលោកទៅ ខ្ញុំតែងតែឮគេនិយាយពីគាត់ ថា គាត់គឺជាមនុស្សដែលមានសីលធម៌ និងកេរ្តិ៍ឈ្មោះល្អ។ ពេលឮបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា របៀបដែលជីតាខ្ញុំប្រព្រឹត្តខ្លួនគឺល្អ និងគួរឲ្យទុកចិត្ត ហើយទោះបីជាគាត់ស្លាប់ទៅហើយក្ដី ក៏គាត់នៅតែមានកេរ្តិ៍ឈ្មោះល្អដែរ។ ក្រោយមក រាល់ពេលដែលមានគេសុំឲ្យខ្ញុំជួយ ខ្ញុំតែងតែជួយពួកគេយ៉ាងសកម្ម ដោយមានអារម្មណ៍ថា ការជួយអ្នកដទៃបែបនេះគឺជារឿងល្អ ហើយធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្អម្នាក់។

ក្រោយពេលជឿលើព្រះជាម្ចាស់ ខ្ញុំបានធ្វើវីដេអូនៅក្នុងពួកជំនុំ។ ដោយសារតែខ្ញុំយល់ដឹងខ្លះៗអំពីបច្ចេកវិទ្យាកុំព្យូទ័រ បងប្អូនប្រុសស្រីតែងតែមករកខ្ញុំ ដើម្បីឲ្យជួយដោះស្រាយបញ្ហាកុំព្យូទ័ររបស់ពួកគេ។ ខ្ញុំមានអារម្មណ៍ថា ការជួយបងប្អូនប្រុសស្រីដោះស្រាយបញ្ហាកុំព្យូទ័ររបស់ពួកគេ គឺជាការធ្វើអំពើល្អមួយ។ លើសពីនេះទៅទៀត ពេលដែលបងប្អូនប្រុសស្រីសុំឲ្យខ្ញុំជួយ វាមានន័យថា ពួកគេទុកចិត្តខ្ញុំ ហើយខ្ញុំតែងសួរខ្លួនឯងថា៖ «បើខ្ញុំមិនជួយ តើគ្រប់គ្នានឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំពិតជាអាត្មានិយម និងខ្វះភាពជាមនុស្សមែនទេ?» ដូច្នេះ ដរាបណាខ្ញុំអាចដោះស្រាយបញ្ហាបាន ខ្ញុំមិនដែលបដិសេធនរណាម្នាក់ឡើយ។ ជួនកាល ពេលដែលខ្ញុំមិនអាចដោះស្រាយបញ្ហាបាន ខ្ញុំបានខិតខំគិតរកវិធី ដើម្បីស្វែងរកព័ត៌មាន រួចព្យាយាមរកដំណោះស្រាយ។ ប៉ុន្តែ ទោះបីជាការងារនេះស៊ីពេលខ្ញុំច្រើន ហើយធ្វើឲ្យយឺតយ៉ាវដល់កិច្ចការចម្បងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែផ្តល់អាទិភាពជួយបងប្អូនប្រុសស្រីដោះស្រាយបញ្ហាកុំព្យូទ័ររបស់ពួកគេដែរ។ ខ្ញុំមានអារម្មណ៍ថា ដោយសារតែខ្ញុំបានទទួលយកសំណើរបស់ពួកគេ ខ្ញុំត្រូវតែធ្វើវាឲ្យបានល្អ។ យ៉ាងណាមិញ បើខ្ញុំធ្វើមិនបានល្អ តើខ្ញុំមិនបាក់មុខទេឬ? បើរឿងនោះកើតឡើង តើអ្នកណានឹងទុកចិត្តខ្ញុំទៅថ្ងៃមុខ? បន្តិចម្ដងៗ ខ្ញុំទទួលបានការសរសើរពីបងប្អូនប្រុសស្រី ហើយគ្រប់គ្នាគិតថា ខ្ញុំមានភាពជាមនុស្សល្អ និងស្ម័គ្រចិត្តជួយអ្នកដទៃ។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា តម្លៃដែលខ្ញុំបានបង់ពិតជាមានតម្លៃ។

ក្រោយមក ដោយសារតែតម្រូវការនៃកិច្ចការ ខ្ញុំបានចាប់ផ្ដើមសិក្សាពីបច្ចេកវិទ្យាថ្មីមួយប្រភេទ។ អ្នកដឹកនាំបានណែនាំខ្ញុំយ៉ាងជាក់លាក់ថា៖ «អ្នកត្រូវតែរៀនពីរបៀបប្រើប្រាស់វាឲ្យបានលឿន រួចបង្រៀនអ្នកផ្សេងទៀត។ បើមិនដូច្នោះទេ វានឹងពន្យារពេលការប្រើប្រាស់របស់បងប្អូនប្រុសស្រី ហើយប៉ះពាល់ដល់ប្រសិទ្ធភាពការងារ»។ ខណៈពេលដែលខ្ញុំកំពុងផ្តោតលើការសិក្សាបច្ចេកវិទ្យាថ្មីនេះ ស្រាប់តែកុំព្យូទ័ររបស់បងស្រី ស៊ាវស៊ឺ បានលោតអេក្រង់ពណ៌ខៀវ ហើយបើកមិនចេញ ហើយគាត់បានសុំឲ្យខ្ញុំជួយពិនិត្យមើលថា តើវាមានបញ្ហាអ្វី។ ពេលខ្ញុំមើលកូដនៅលើអេក្រង់ពណ៌ខៀវនោះ ខ្ញុំឃើញថា វាជារឿងដែលខ្ញុំមិនធ្លាប់ជួបពីមុនមកទេ ហើយខ្ញុំក៏មិនដឹងថាត្រូវដោះស្រាយវាយ៉ាងម៉េចដែរ ដូច្នេះ ខ្ញុំក៏ប្រាប់គាត់ឲ្យយកវាទៅជាងជួសជុលទៅ។ ប៉ុន្តែ គាត់បារម្ភថា ការជួសជុលអាចនឹងស៊ីពេលយូរ ហើយនៅតែទទូចឲ្យខ្ញុំជួយជួសជុលវា ដោយនិយាយថា៖ «ខ្ញុំទុកកុំព្យូទ័រនៅជាមួយអ្នកហើយ ខ្ញុំជឿជាក់ថា អ្នកច្បាស់ជាអាចជួសជុលវាបាន»។ ខ្ញុំបានឃើញថា គាត់ទុកចិត្តខ្ញុំខ្លាំងប៉ុនណា ហើយខ្ញុំក៏គិតថា៖ «បើខ្ញុំបដិសេធម្ដងទៀត តើគាត់នឹងគិតយ៉ាងណាចំពោះខ្ញុំ?» ខ្ញុំមិនដាច់ចិត្តបដិសេធ ក៏យល់ព្រមទៅ។ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ខ្ញុំនៅផ្ទះស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិត ហើយខិតខំគិតរកវិធី ដើម្បីជួសជុលកុំព្យូទ័រនោះ។ ខ្ញុំបានសាកល្បងវិធីជាច្រើន ហើយចុងក្រោយក៏អាចជួសជុលវាបាន។ បងស្រីនោះសប្បាយចិត្តខ្លាំងណាស់ ពេលឃើញកុំព្យូទ័រជួសជុលរួចរាល់ ហើយខ្ញុំក៏មានអារម្មណ៍ត្រេកអរដែរ ដោយគិតថា ការប្រឹងប្រែងធ្វើការយ៉ាងលំបាកក្នុងរយៈពេលពីរថ្ងៃនេះ ទីបំផុតទទួលបានលទ្ធផលហើយ ប៉ុន្តែ ខ្ញុំក៏មានអារម្មណ៍ស្រងូតស្រងាត់បន្តិចដែរ ដោយគិតថា៖ «ខ្ញុំបានជួយអ្នកដទៃដោះស្រាយបញ្ហារបស់ពួកគេ ប៉ុន្តែខ្ញុំនៅមិនទាន់យល់ច្បាស់ពីបច្ចេកវិទ្យាដែលខ្ញុំត្រូវសិក្សានៅឡើយទេ។ ប៉ុន្តែ តើនរណាជាអ្នកប្រើឲ្យខ្ញុំសន្យាជាមួយអ្នកដទៃបែបនេះ? ខ្ញុំមានតែបង់ថ្លៃបន្ថែមបន្តិចទៀត ហើយនៅរៀនរហូតដល់យប់ជ្រៅ»។ បន្ទាប់ពីនោះមក រាល់ពេលដែលបងប្អូនប្រុសស្រីមានបញ្ហាកុំព្យូទ័រ ពួកគេតែងតែទូរស័ព្ទមកខ្ញុំឲ្យជួយដោះស្រាយ ហើយខ្ញុំមានអារម្មណ៍ក្រែងចិត្តក្នុងការបដិសេធ។ ខ្ញុំបានចំណាយពេលជាច្រើនលើរឿងនេះ ដែលធ្វើឲ្យយឺតយ៉ាវដល់កិច្ចការចម្បងរបស់ខ្ញុំ។ ខ្ញុំធ្លាប់គិតចង់ស្នើដល់បងប្អូនប្រុសស្រីថា បើឧបករណ៍របស់ពួកគេមានបញ្ហា ពួកគេគួរតែយកវាទៅជាងជួសជុលសិនទៅ ហើយខ្ញុំនឹងដោះស្រាយរឿងទាំងនេះម្ដងទៀត បន្ទាប់ពីខ្ញុំឆ្លងផុតរយៈពេលដ៏រវល់នេះ។ ប៉ុន្តែ ពេលដែលបងប្អូនប្រុសស្រីទូរស័ព្ទមកសុំឲ្យខ្ញុំជួយម្ដងទៀត ខ្ញុំបែរជាទៅជួយពួកគេទាំងមិនដឹងខ្លួនដដែល។ ទោះបីជាខ្ញុំរវល់គ្មានពេលសម្រាករៀងរាល់ថ្ងៃក៏ដោយ ការដែលបានឮការសរសើររបស់គ្រប់គ្នាបន្ទាប់ពីជួសជុលរួច ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងនេះពិតជាមានតម្លៃ។ ដោយសារតែខ្ញុំរវល់ជួយអ្នកដទៃជួសជុលឧបករណ៍កុំព្យូទ័ររាល់ថ្ងៃ ផែនការសិក្សារបស់ខ្ញុំក៏ត្រូវបានពន្យារពេល។ អ្នកមើលការខុសត្រូវបានសួរខ្ញុំថា៖ តើការរៀនសូត្ររបស់ខ្ញុំទៅដល់ណាហើយ ហើយបានប្រកបគ្នាជាមួយខ្ញុំ ដោយជំរុញឲ្យខ្ញុំរៀនបន្ថែមពីបច្ចេកវិទ្យានេះ រួចបង្រៀនវាដល់បងប្អូនប្រុសស្រីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំដឹងថាកិច្ចការនេះគឺបន្ទាន់ណាស់ ហើយការដែលមិនរៀនពីវា នឹងប៉ះពាល់ដល់ប្រសិទ្ធភាព និងវឌ្ឍនភាពនៃកិច្ចការវីដេអូមិនខាន។ ប៉ុន្តែ ពេលនោះខ្ញុំក៏គិតថា៖ «បើខ្ញុំបដិសេធមិនជួយ ពេលដែលបងប្អូនប្រុសស្រីពឹងពាក់ តើពួកគេនឹងគិតថា ខ្ញុំជាមនុស្សអាត្មានិយម និងគ្មានក្ដីស្រឡាញ់ទេឬ?» ក្នុងអំឡុងពេលនោះ ខ្ញុំបានខិតខំរៀនជំនាញបច្ចេកទេសផង ហើយក៏ត្រូវជួយបងប្អូនប្រុសស្រីដោះស្រាយបញ្ហាកុំព្យូទ័រផងក្នុងពេលតំណាលគ្នា ហើយខ្ញុំមានអារម្មណ៍ថា ពេលវេលាក្នុងមួយថ្ងៃៗហាក់ដូចជាមិនគ្រប់គ្រាន់សោះ ហើយខ្ញុំពិតជាហត់នឿយខ្លាំងណាស់ ប៉ុន្តែ ខ្ញុំមិនដឹងថាត្រូវអនុវត្តបែបណាឡើយ។

ក្រោយមក ពេលដែលខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏បានដឹងពីទស្សនៈខុសឆ្គងចំពោះអ្វីដែលត្រូវដេញតាមនៅក្នុងខ្លួនខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមចេះនិយាយ ពួកគេរៀនពាក្យសម្ដីគ្រប់ប្រភេទពីមនុស្ស ពីពួកអ្នកមិនជឿ ពីសាតាំង និងពីលោកីយ៍។ វាចាប់ផ្ដើមពីការអប់រំដំបូង ដែលមនុស្សត្រូវបានបង្រៀនដោយឪពុកម្ដាយ និងក្រុមគ្រួសាររបស់ខ្លួន អំពីថាតើពួកគេគួរធ្វើជាមនុស្សប្រភេទណា ត្រូវនិយាយអ្វី ត្រូវមានសីលធម៌អ្វី ត្រូវមានគំនិត និងសេចក្ដីសុចរិតបែបណា និងរឿងជាច្រើនទៀត។ សូម្បីតែបន្ទាប់ពីបានចូលទៅក្នុងសង្គមក៏ដោយ ក៏បុគ្គលម្នាក់ៗនៅតែទទួលយកការចាក់បញ្ចូលនូវគោលលទ្ធិ និងទ្រឹស្ដីផ្សេងៗពីសាតាំងដោយមិនដឹងខ្លួនដែរ។ “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” នេះគឺជាទម្រង់ដ៏ចាំបាច់នៃឥរិយាបថសីលធម៌ ដែលត្រូវបានបណ្ដុះចូលទៅក្នុងមនុស្សគ្រប់រូបដោយក្រុមគ្រួសាររបស់ពួកគេ ឬដោយសង្គម។ ប្រសិនបើអ្នកមានឥរិយាបថសីលធម៌នេះ មនុស្សនឹងនិយាយថា អ្នកជាមនុស្សខ្ពង់ខ្ពស់ ថ្លៃថ្នូរ និងមានសេចក្ដីសុចរិត ហើយអ្នកនឹងទទួលបានការគោរពសរសើរ និងការវាយតម្លៃខ្ពស់នៅក្នុងសង្គម។ ដោយសារតែឃ្លា “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” នេះគឺមកពីមនុស្ស មកពីសាតាំង ហេតុដូច្នេះហើយ វាគឺជារឿងដែលយើងគួរតែវែកញែក និងញែកឱ្យដឹង ហើយលើសពីនេះទៅទៀត វាគឺជាអ្វីដែលយើងគួរតែបោះបង់ចោល។ ហេតុអ្វីបានជាយើងគួរញែកឱ្យដឹង និងបោះបង់ឃ្លានេះចោល? ជាដំបូង ចូរយើងពិនិត្យពិច័យថាតើឃ្លានេះត្រឹមត្រូវដែរឬទេ ហើយថាតើវាជារឿងត្រឹមត្រូវដែរឬទេ ក្នុងការធ្វើជាប្រភេទមនុស្សដែលតំណាងឱ្យឃ្លានេះ។ តើវាពិតជាខ្ពង់ខ្ពស់មែនឬទេ ក្នុងការធ្វើជាមនុស្សម្នាក់ដែលអាចរស់នៅស្របតាមឃ្លា “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” និងមានចរិតលក្ខណៈសីលធម៌បែបនេះ? តើបុគ្គលបែបនេះមានតថភាពនៃសេចក្ដីពិតដែរឬទេ? តើពួកគេមានភាពជាមនុស្សដែលភាវៈដែលព្រះបានបង្កើតគួរតែមាន និងមានគោលការណ៍នៃការប្រព្រឹត្តខ្លួនដែលពួកគេគួរតែប្រកាន់ខ្ជាប់ ដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលដែរឬទេ? តើអ្នករាល់គ្នាសុទ្ធតែយល់ពីឃ្លា “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” ដែរឬទេ? ជាដំបូង សូមពន្យល់តាមពាក្យសម្ដីរបស់អ្នករាល់គ្នាផ្ទាល់ ថាតើឃ្លានេះមានន័យដូចម្ដេច។ (វាមានន័យថា នៅពេលដែលនរណាម្នាក់ប្រគល់ភារកិច្ចឱ្យអ្នក អ្នកគួរតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញវាឱ្យបានសម្រេច។) ដូច្នេះ តើអ្នកពិតជាគួរតែប្រព្រឹត្តបែបនោះមែនឬទេ? អត្ថន័យនៃឃ្លា “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” គឺថា ប្រសិនបើនរណាម្នាក់ប្រគល់ភារកិច្ចឱ្យអ្នក នេះមានន័យថា ពួកគេវាយតម្លៃអ្នកខ្ពស់ ជឿជាក់លើអ្នក និងគិតថាអ្នកជាមនុស្សដែលអាចទុកចិត្តបាន ដូច្នេះហើយ មិនថាបុគ្គលនោះសុំឱ្យអ្នកធ្វើអ្វីក៏ដោយ ក៏អ្នកគួរតែយល់ព្រម ហើយធ្វើវាឱ្យបានល្អ និងត្រឹមត្រូវទៅតាមតម្រូវការរបស់ពួកគេ ព្រមទាំងធ្វើឱ្យពួកគេសប្បាយចិត្ត និងបំពេញចិត្តពួកគេ នោះទើបអ្នកជាមនុស្សល្អ។ អត្ថន័យបង្កប់គឺថា ស្តង់ដាសម្រាប់កំណត់ថាតើអ្នកជាមនុស្សល្អឬអត់ គឺអាស្រ័យលើថាតើបុគ្គលដែលបានប្រគល់ភារកិច្ចឱ្យអ្នកនោះ ពេញចិត្តឬក៏អត់។ តើវាអាចត្រូវបានពន្យល់តាមរបៀបនេះបានដែរឬទេ? (អាចបាន។) ដូច្នេះ តើវាមិនងាយស្រួលទេឬ ក្នុងការធ្វើជាមនុស្សល្អនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ និងត្រូវបានសង្គមទទួលស្គាល់បែបនេះនោះ? (ងាយស្រួលមែន។) តើពាក្យថា “ងាយស្រួល” នេះមានន័យដូចម្ដេច? វាមានន័យថា ស្តង់ដានេះគឺទាបណាស់ ហើយមិនខ្ពង់ខ្ពស់ទាល់តែសោះ។ ប្រសិនបើអ្នកបំពេញតាមស្តង់ដាសីលធម៌នៃ “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” នោះអ្នកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលមានឥរិយាបថសីលធម៌នៅក្នុងរឿងបែបនេះ។ ដោយបង្កប់ន័យ វាមានន័យថា អ្នកស័ក្តិសមនឹងទទួលបានការទុកចិត្តពីមនុស្ស ការប្រគល់ឱ្យភារកិច្ចចាត់ចែងពីពួកគេ ថាអ្នកគឺជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អ ហើយថាអ្នកគឺជាមនុស្សល្អ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ពេលឆ្លុះបញ្ចាំងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា ខ្ញុំមិនបានប្រព្រឹត្តខ្លួន ឬធ្វើសកម្មភាពស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តែបែរធ្វើតាមគំនិតប្រពៃណីដែលសាតាំងបានបញ្ចូលទៅវិញ ដូចជាពាក្យថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»។ ទោះបីជាឪពុកម្ដាយរបស់ខ្ញុំមិនបានបញ្ចូលគំនិតនេះដល់ខ្ញុំយ៉ាងច្បាស់លាស់ក៏ដោយ ក៏ខ្ញុំបានសង្កេតឃើញតាំងពីក្មេងពីរបៀបដែលជីតារបស់ខ្ញុំ យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាដែលអ្នកដទៃបានប្រគល់ឱ្យគាត់ដែរ ហើយទោះបីជាវាពិបាក ឬស៊ីពេលយូរប៉ុណ្ណាក៏ដោយ ក៏គាត់នៅតែធ្វើវាឱ្យរួចរាល់ដែរ ដែលទីបំផុតទទួលបានការគោរពពីអ្នកជុំវិញខ្លួន ហើយថែមទាំងត្រូវបានគេចងចាំយ៉ាងល្អបន្ទាប់ពីគាត់ទទួលមរណភាពទៅទៀតផង។ ខ្ញុំគិតថា នេះគឺជាវិធីត្រឹមត្រូវក្នុងការប្រព្រឹត្តខ្លួន ហើយថា ខ្ញុំអាចទទួលបានការកោតសរសើរពីមនុស្សម្នាតាមវិធីនេះ ហើយថា ខ្ញុំអាចក្លាយជាមនុស្សដែលមានសេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់។ ដោយមិនដឹងខ្លួន តាមរយៈការទទួលឥទ្ធិពលពីគំនិតនេះជាប្រចាំ ខ្ញុំក៏ចាប់ផ្ដើមដេញតាម ដើម្បីក្លាយជាមនុស្សបែបនោះដោយខ្លួនឯង។ តាំងពីបងប្អូនប្រុសស្រីដឹងថា ខ្ញុំមានជំនាញខ្លះៗក្នុងការជួសជុលកុំព្យូទ័រមក ពួកគេតែងតែមករកខ្ញុំឱ្យជួយ រាល់ពេលមានបញ្ហា។ ខ្ញុំមិនដែលបដិសេធនរណាម្នាក់ឡើយ ហើយជាលទ្ធផល ខ្ញុំទទួលបានការវាយតម្លៃល្អៗមួយចំនួន។ នេះរឹតតែធ្វើឱ្យខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថា នេះគឺជាវិធីត្រឹមត្រូវក្នុងការប្រព្រឹត្តខ្លួន។ ពេលដែលបងប្អូនប្រុសស្រីមករកខ្ញុំម្ដងទៀតជាមួយនឹងបញ្ហា ទោះបីជាខ្ញុំមិនទាន់បំពេញភារកិច្ចខ្លួនឯងរួចរាល់ក៏ដោយ ក៏ខ្ញុំនៅតែជួយពួកគេដែរ។ ខ្ញុំគិតថា ពួកគេសុំឱ្យខ្ញុំជួយ ព្រោះពួកគេទុកចិត្តខ្ញុំ ហើយមានអារម្មណ៍ថា បើខ្ញុំមិនជួសជុលកុំព្យូទ័រឱ្យពួកគេទេ តើខ្ញុំមិនធ្វើឱ្យពួកគេខកចិត្តទេឬ? ដើម្បីប្រាកដថា បងប្អូនប្រុសស្រីនិយាយល្អពីខ្ញុំ និងដើម្បីក្លាយជាមនុស្សម្នាក់ដែលនៅក្នុងកែវភ្នែករបស់ពួកគេមានសេចក្ដីស្រឡាញ់ និងមានភាពជាមនុស្សល្អនោះ ខ្ញុំតែងតែបំពេញគ្រប់សំណូមពរ ទោះលំបាកយ៉ាងណាក៏ដោយ ដោយសុខចិត្តលះបង់ការសម្រាកខ្លះ ឬសូម្បីតែពន្យារពេលកិច្ចការចម្បងរបស់ខ្ញុំទៀតផង គ្រាន់តែដើម្បីបញ្ចប់កិច្ចការដែលអ្នកដទៃបានប្រគល់ឱ្យខ្ញុំ។ ខ្ញុំកំពុងរស់នៅតាមគុណធម៌ដែលគេហៅថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»។ ដោយធ្វើរឿងផ្សេងៗដោយគ្មានគោលការណ៍ និងមិនចេះបែងចែកអាទិភាពការងារ។ ខ្ញុំគ្រាន់តែដេញតាមការចាត់ទុកថាជាមនុស្សគួរឱ្យទុកចិត្ត និងជាមនុស្សល្អនៅក្នុងក្រសែភ្នែកអ្នកដទៃប៉ុណ្ណោះ ដែលបណ្តាលឱ្យខ្ញុំមិនបានរៀនជំនាញបង្កើតវីដេអូដែលខ្ញុំគួរតែបានរៀន និងធ្វើឱ្យពន្យារពេលកិច្ចការចម្បងរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ការគិត និងទស្សនៈរបស់ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយ និងបំភ្លៃ ហើយខ្ញុំថែមទាំងមិនដឹងថា មនុស្សល្អពិតប្រាកដជានរណាផង។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយក៏បានយល់ដឹងពីទំនួលខុសត្រូវ និងកាតព្វកិច្ចដែលភាវៈដែលព្រះបានបង្កើតគួរតែបំពេញ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «មានទិដ្ឋភាពមួយទៀតចំពោះសេចក្ដីថ្លែងសីលធម៌ថា “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” ដែលចាំបាច់ត្រូវញែកឱ្យដឹង។ ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក មិនទាមទារពេលវេលា និងកម្លាំងរបស់អ្នកច្រើនពេកទេ ហើយស្ថិតក្នុងកម្រិតនៃគុណសម្បត្តិរបស់អ្នក ឬប្រសិនបើអ្នកមានមជ្ឈដ្ឋាន និងលក្ខខណ្ឌត្រឹមត្រូវ នោះដោយចេញពីមនសិការ និងវិចារណញ្ញាណជាមនុស្ស អ្នកអាចធ្វើរឿងមួយចំនួនដើម្បីអ្នកដទៃ និងព្យាយាមបំពេញតាមសំណើដែលសមហេតុផល និងសមរម្យមួយចំនួនពីពួកគេ ក្នុងដែនកំណត់ដែលអ្នកអាចចាត់ចែងបាន។ ក៏ប៉ុន្តែ ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក ទាមទារពេលវេលា និងកម្លាំងរបស់អ្នកយ៉ាងច្រើនសម្បើម ហើយឆក់យកពេលវេលារបស់អ្នកយ៉ាងច្រើន រហូតដល់ថ្នាក់ធ្វើឱ្យអ្នកលះបង់ជីវិតរបស់អ្នក ហើយការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកនៅក្នុងជាតិនេះ ព្រមទាំងភារកិច្ចដែលអ្នកគួរតែធ្វើក្នុងនាមជាភាវៈដែលព្រះបានបង្កើត នឹងត្រូវរលាយបាត់បង់អស់ និងត្រូវបានជំនួស តើអ្នកគួរធ្វើដូចម្ដេច? អ្នកគួរតែបដិសេធ ពីព្រោះនេះមិនមែនជាការទទួលខុសត្រូវ ឬកាតព្វកិច្ចរបស់អ្នកឡើយ។ ចំពោះការទទួលខុសត្រូវ និងកាតព្វកិច្ចនៃជីវិតរបស់មនុស្សម្នាក់ ក្រៅពីការមើលថែឪពុកម្ដាយ និងការចិញ្ចឹមកូន ព្រមទាំងការបំពេញការទទួលខុសត្រូវក្នុងសង្គម និងក្រោមក្របខ័ណ្ឌនៃច្បាប់ រឿងដែលសំខាន់បំផុតនោះគឺថា កម្លាំង ពេលវេលា និងជីវិតរបស់មនុស្សម្នាក់ គួរតែត្រូវបានចំណាយទៅលើការបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើត ជាជាងបណ្ដោយឱ្យពេលវេលា និងកម្លាំងរបស់ពួកគេត្រូវចំណាយអស់ដោយសារភារកិច្ចដែលបុគ្គលណាម្នាក់បានប្រគល់ឱ្យពួកគេ។ នេះគឺដោយសារតែព្រះជាម្ចាស់បង្កើតមនុស្សម្នាក់មក ប្រទានជីវិតដល់ពួកគេ និងនាំពួកគេមកកាន់ពិភពលោកនេះ មិនមែនដើម្បីឱ្យពួកគេធ្វើកិច្ចការ ឬបំពេញការទទួលខុសត្រូវដើម្បីប្រយោជន៍របស់មនុស្សណាម្នាក់ផ្សេងទៀតឡើយ។ អ្វីដែលមនុស្សគួរតែទទួលយកលើសពីអ្វីៗទាំងអស់ គឺការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ មានតែការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាការផ្ទុកផ្ដាក់ពិតប្រាកដ។ ការទទួលយកភារកិច្ចដែលមនុស្សម្នាក់ទៀតបានប្រគល់ឱ្យអ្នក មានន័យថាជាការធ្វេសប្រហែសចំពោះភារកិច្ចពិតប្រាកដរបស់អ្នកហើយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា ការជួយបងប្អូនប្រុសស្រីគឺមិនខុសទេ ហើយថានេះគឺជាសេចក្ដីស្រឡាញ់ដែលបុគ្គលមានភាពជាមនុស្សធម្មតាម្នាក់គួរតែមាន។ ទោះជាយ៉ាងណាក៏ដោយ ការលះបង់ពេលវេលា និងកម្លាំងកាយ ដើម្បីជួយអ្នកដទៃដោយគ្មានគោលការណ៍ ដោយមិនគិតពីកិច្ចការពួកជំនុំ និងធ្វើឱ្យយឺតយ៉ាវដល់ភារកិច្ចរបស់ខ្ញុំ ការជួយបែបនេះគឺមិនសមរម្យទេ ហើយខ្ញុំគួរតែបដិសេធមិនធ្វើវាឡើយ ព្រះជាម្ចាស់បានកំណត់ការចាប់កំណើតរបស់ខ្ញុំនៅក្នុងគ្រាចុងក្រោយ ហើយខ្ញុំមានបេសកកម្ម និងភារកិច្ចផ្ទាល់ខ្លួនដែលត្រូវបំពេញ។ បើខ្ញុំធ្វើឱ្យយឺតយ៉ាវដល់ភារកិច្ចរបស់ខ្ញុំ ដើម្បីតែបញ្ចប់កិច្ចការដែលអ្នកដទៃបានប្រគល់ឱ្យ នោះមានន័យថា ខ្ញុំកំពុងតែព្រងើយកន្តើយនឹងកិច្ចការដ៏ត្រឹមត្រូវរបស់ខ្ញុំហើយ។ ដោយពិចារណាថា ថ្នាក់ដឹកនាំបានរៀបចំឱ្យខ្ញុំសិក្សាពីបច្ចេកវិទ្យាថ្មី ខ្ញុំគួរតែរៀនវាឱ្យបានឆាប់បំផុត ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការផលិតវីដេអូសម្រាប់អ្នកគ្រប់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលអ្នកដទៃមានបញ្ហាពាក់ព័ន្ធនឹងឧបករណ៍ ហើយសុំឱ្យខ្ញុំជួយ ទោះបីជាខ្ញុំដឹងថា ការជួសជុលឧបករណ៍នោះនឹងស៊ីពេល និងកម្លាំងច្រើន ហើយធ្វើឱ្យយឺតយ៉ាវដល់ការងារចម្បងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែទុកកិច្ចការខ្លួនឯងមួយឡែក ដើម្បីទៅជួយពួកគេដែរ គ្រាន់តែដើម្បីបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អអំពីខ្ញុំ ដែលធ្វើឱ្យពន្យារពេលការស្រាវជ្រាវរបស់ខ្ញុំលើបច្ចេកវិទ្យាផលិតវីដេអូ។ ខ្ញុំបានដឹងថា វិធីសាស្រ្តរបស់ខ្ញុំខ្វះគោលការណ៍ ថា ខ្ញុំមិនដឹងថាកិច្ចការណាគួរតែបដិសេធ ហើយកិច្ចការណាគួរតែជួយនោះទេ ហើយកំពុងធ្វើតាមទស្សនវិជ្ជារបស់សាតាំងទាំងងងឹតងងុល។ ជាលទ្ធផល ខ្ញុំបានចំណាយពេលរាល់ថ្ងៃធ្វើឱ្យខ្លួនឯងរវល់ និងហត់នឿយ សូម្បីតែលះបង់ពេលវេលាសម្រាប់ការចំណាយពេលខាងវិញ្ញាណ ព្រមទាំងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង ហើយកិច្ចការចម្បងរបស់ខ្ញុំក៏ត្រូវបានពន្យារពេលផងដែរ។ ឥឡូវនេះ ខ្ញុំបានយល់ដឹងថា ខ្ញុំត្រូវតែផ្តល់អាទិភាពដល់ភារកិច្ចផ្ទាល់ខ្លួនរបស់ខ្ញុំគ្រប់ពេលវេលា។ នេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីខ្ញុំ។ បើខ្ញុំពន្យារពេលភារកិច្ចរបស់ខ្ញុំ ដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ ឬដើម្បីបញ្ចប់កិច្ចការដែលអ្នកដទៃបានប្រគល់ឱ្យខ្ញុំ នេះគឺជាការព្រងើយកន្តើយនឹងកិច្ចការដ៏ត្រឹមត្រូវរបស់ខ្ញុំ ហើយវាមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយទទួលបានការវែកញែកខ្លះៗអំពីគុណធម៌ដែលហៅថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅក្នុងសង្គមមនុស្សនេះ បុគ្គលម្នាក់ៗសុទ្ធតែមានផ្នត់គំនិតជួញដូរ ហើយមនុស្សគ្រប់គ្នាសុទ្ធតែពាក់ព័ន្ធនឹងការដោះដូរផលប្រយោជន៍។ មនុស្សគ្រប់គ្នាទាមទារពីអ្នកដទៃ ហើយពួកគេសុទ្ធតែចង់បានផលចំណេញពីការខាតបង់របស់អ្នកដទៃ ដោយមិនចង់ឱ្យខ្លួនឯងរងការខាតបង់ណាមួយឡើយ។ មនុស្សមួយចំនួននិយាយថា៖ “ក្នុងចំណោមអស់អ្នកដែល «ស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យខ្លួន» ក៏មានមនុស្សជាច្រើនដែលមិនស្វែងរកផលចំណេញពីការខាតបង់របស់អ្នកដទៃដែរ។ ពួកគេគ្រាន់តែមានគោលបំណងស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលអ្នកដទៃបានប្រគល់ឱ្យពួកគេប៉ុណ្ណោះ មនុស្សទាំងនេះពិតជាមានឥរិយាបថសីលធម៌នេះមែន”។ សេចក្ដីថ្លែងគឺមិនត្រឹមត្រូវទេ។ ទោះជាពួកគេមិនស្វែងរកទ្រព្យសម្បត្តិ របស់របរសម្ភារៈ ឬផលប្រយោជន៍ណាមួយក៏ដោយ ក៏ពួកគេស្វែងរកកេរ្តិ៍ឈ្មោះដែរ។ តើ “កេរ្តិ៍ឈ្មោះ” នេះគឺជាអ្វី? វាមានន័យថា៖ “ខ្ញុំបានទទួលយកភារកិច្ចដែលបុគ្គលនោះបានប្រគល់ឱ្យខ្ញុំ។ ទោះបីជាបុគ្គលនោះមានវត្តមាន ឬអត់ក៏ដោយ ដរាបណាខ្ញុំធ្វើវាបានល្អ និងចាត់ចែងដោយស្មោះត្រង់នូវអ្វីដែលពួកគេបានប្រគល់ឱ្យខ្ញុំ នោះខ្ញុំនឹងមានកេរ្តិ៍ឈ្មោះល្អ។ យ៉ាងហោចណាស់ ក៏មនុស្សមួយចំនួននឹងដឹងថា ខ្ញុំជាមនុស្សល្អ ជាមនុស្សដែលមានចរិតលក្ខណៈសីលធម៌ខ្ពស់ និងជាមនុស្សដែលស័ក្តិសមនឹងយកតម្រាប់តាម។ ខ្ញុំអាចមានកន្លែងឈរជើងក្នុងចំណោមមនុស្ស និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អនៅក្នុងក្រុមមនុស្ស។ នោះគឺពិតជាមានតម្លៃណាស់!” មនុស្សផ្សេងទៀតនិយាយថា៖ “«ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» ហើយដោយសារអ្នកដទៃបានប្រគល់អ្វីមួយឱ្យយើង ទោះបីជាពួកគេមានវត្តមាន ឬអត់ក៏ដោយ យើងគួរតែចាត់ចែងវាឱ្យបានល្អ និងប្រកាន់ខ្ជាប់វាឱ្យដល់ទីបញ្ចប់។ ទោះបីជាយើងមិនអាចបន្សល់ទុកកេរ្តិ៍ឈ្មោះល្អដល់កូនចៅជំនាន់ក្រោយក៏ដោយ យ៉ាងហោចណាស់ ក៏មនុស្សនឹងមិនរិះគន់យើងពីក្រោយខ្នង ដោយនិយាយថាយើងគ្មានភាពគួរឱ្យទុកចិត្តបានដែរ។ យើងមិនអាចបណ្ដោយឱ្យកូនចៅជំនាន់ក្រោយ រងការរើសអើង និងរងនូវភាពអយុត្តិធម៌បែបនេះឡើយ”។ តើពួកគេកំពុងស្វែងរកអ្វី? ពួកគេនៅតែស្វែងរកកេរ្តិ៍ឈ្មោះដដែល។ មនុស្សមួយចំនួនផ្ដល់ភាពសំខាន់យ៉ាងខ្លាំងទៅលើទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់ ខណៈដែលអ្នកផ្សេងទៀតឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តើ “កេរ្តិ៍ឈ្មោះ” មានន័យដូចម្ដេច? តើការពិពណ៌នាជាក់លាក់នៃ “កេរ្តិ៍ឈ្មោះ” ក្នុងចំណោមមនុស្សមានអ្វីខ្លះ? គឺការដែលត្រូវគេហៅថាជាមនុស្សល្អ ជាមនុស្សដែលមានចរិតលក្ខណៈសីលធម៌ខ្ពស់ ជាគំរូដ៏ល្អឥតខ្ចោះ ជាមនុស្សមានគុណធម៌ ឬជាបរិសុទ្ធជន។ ថែមទាំងមានមនុស្សមួយចំនួន ដែលដោយសារតែពួកគេទទួលបានជោគជ័យក្នុងការ “ស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យខ្លួន” និងមានចរិតលក្ខណៈសីលធម៌បែបនេះតែម្ដងសោះ ពួកគេក៏ត្រូវបានសរសើរជារៀងរហូត ហើយកូនចៅរបស់ពួកគេក៏ទទួលបានផលប្រយោជន៍ពីសិរីរុងរឿងរបស់ពួកគេដែរ។ អ្នកឃើញទេ ផលប្រយោជន៍ទាំងនេះមានចំនួនច្រើនជាងផលប្រយោជន៍បន្តិចបន្តួចដែលពួកគេអាចទទួលបាននៅពេលបច្ចុប្បន្នទៅទៀត។ ហេតុដូច្នេះហើយ ការជំរុញចិត្តសម្រាប់អ្នកណាដែលប្រកាន់ខ្ជាប់នូវអ្វីដែលហៅថាស្តង់ដាសីលធម៌នៃ “ការស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” គឺមិនសាមញ្ញនោះទេ។ ពួកគេមិនត្រឹមតែស្វែងរកការបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រកាន់ខ្ជាប់វា គឺដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ឬកេរ្តិ៍ឈ្មោះ មិនថាសម្រាប់ជាតិនេះ ឬជាតិក្រោយឡើយ។ ជាការពិតណាស់ ក៏មានអស់អ្នកដែលចង់ចៀសវាងការត្រូវគេរិះគន់ពីក្រោយខ្នង និងចៀសវាងការមានកេរ្តិ៍ឈ្មោះអាក្រក់ផងដែរ។ សរុបមក ការជំរុញចិត្តសម្រាប់មនុស្សក្នុងការធ្វើរឿងបែបនេះ គឺមិនសាមញ្ញទេ វាពិតជាមិនមែនជាសកម្មភាពដែលកើតចេញពីទស្សនៈនៃភាពជាមនុស្ស ឬពីការទទួលខុសត្រូវក្នុងសង្គមរបស់មនុស្សជាតិឡើយ។ ដោយមើលទៅលើចេតនា និងការជំរុញចិត្តរបស់មនុស្សដែលធ្វើរឿងបែបនេះ មនុស្សដែលប្រកាន់ខ្ជាប់នូវឃ្លា “ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក” គឺមិនមានគោលបំណងសាមញ្ញទាល់តែសោះ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា នៅពីក្រោយមនុស្សដែលរស់នៅតាមគំនិតប្រពៃណីថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» នោះ ពួកគេបានលាក់បាំងនូវបំណងផ្ទាល់ខ្លួន។ ឧទាហរណ៍ ពេលដែលខ្ញុំកំពុងជួយបងប្អូនប្រុសស្រីជួសជុលកុំព្យូទ័រ ទោះបីជាខ្ញុំមិនរំពឹងថានឹងទទួលបានផលប្រយោជន៍ជាសម្ភារៈអ្វីពីពួកគេក៏ដោយ ក៏ខ្ញុំចង់ទទួលបានការវាយតម្លៃល្អៗពីពួកគេ និងចង់បន្សល់ទុកចំណាប់អារម្មណ៍ល្អនៅក្នុងចិត្តរបស់ពួកគេដែរ។ ដូច្នេះហើយ ខ្ញុំសុខចិត្តលះបង់ពេលវេលា និងកម្លាំងកាយរបស់ខ្ញុំ ដើម្បីបញ្ចប់កិច្ចការដែលពួកគេបានប្រគល់ឱ្យខ្ញុំ ដើម្បីឱ្យពួកគេមើលឃើញថា ខ្ញុំជាមនុស្សដែលគួរឱ្យទុកចិត្ត និងអាចពឹងពាក់បាន។ ខ្ញុំបាននឹកគិតដល់ជីតារបស់ខ្ញុំ។ គាត់បានរស់នៅដោយផ្អែកលើគុណធម៌នៃពាក្យថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»។ គាត់ខ្លាចថា ក្រោយពេលប្ដូរទៅនៅទីក្រុង គាត់នឹងត្រូវបានគេរិះគន់ថា មើលងាយអ្នកភូមិ ដូច្នេះ មិនថាអ្នកភូមិមានបញ្ហាអ្វីនោះទេ គាត់តែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ នេះបានធ្វើឱ្យគាត់ទទួលបានកេរ្តិ៍ឈ្មោះល្អ ហើយគ្រប់គ្នាគិតថា គាត់ជាមនុស្សដែលមានចិត្តសប្បុរស និងជាមនុស្សល្អ។ ខ្ញុំបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីជីតារបស់ខ្ញុំ ហើយខ្ញុំក៏បានរស់នៅតាមគំនិតប្រពៃណីដែលថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» ផងដែរ។ ពេលមនុស្សដែលខ្ញុំស្គាល់នៅជុំវិញខ្លួនជួបប្រទះការលំបាក ឱ្យតែពួកគេមករកខ្ញុំ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយពួកគេ ដោយសារតែខ្លាចថា ពួកគេអាចនឹងនិយាយមិនល្អពីខ្ញុំ។ ពេលដែលបងប្អូនប្រុសស្រីមានបញ្ហាកុំព្យូទ័រ ហើយសុំឱ្យខ្ញុំជួយ ខ្ញុំមិនបានគិតពីភារកិច្ចខ្លួនឯង ឬភាពបន្ទាន់នៃកិច្ចការនីមួយៗឡើយ ហើយដើម្បីចៀសវាងការបាត់បង់ទំនុកចិត្តរបស់ពួកគេ ខ្ញុំនឹងទុកភារកិច្ចខ្លួនឯងមួយឡែក ហើយជួយពួកគេក្នុងរបៀបមួយដែលខ្វះគោលការណ៍ ដែលនាំឱ្យមានការពន្យារពេលក្នុងកិច្ចការពួកជំនុំ។ ឥឡូវនេះ ខ្ញុំបានយល់ដឹងថា ការដែលអាចធ្វើតាមពាក្យ «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» មិនមានន័យថាជាមនុស្សដែលមានភាពជាមនុស្សពិតប្រាកដ ឬអត្តចរិតថ្លៃថ្នូរនោះទេ។ វាគ្រាន់តែជាមធ្យោបាយមួយ ដើម្បីយកចិត្តមនុស្សប៉ុណ្ណោះ ដោយប្រើប្រាស់ការជួយអ្នកដទៃ ជាមធ្យោបាយដើម្បីទទួលបានការសរសើរ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អ។ ការដេញតាមរបស់ខ្ញុំចំពោះរឿងនេះ ពិតជាការបំភាន់ និងមានភាពលាក់ពុតមែន! ខ្ញុំមិនអាចរស់នៅតាមគំនិតប្រពៃណីនេះតទៅទៀតឡើយ។ ខ្ញុំត្រូវតែធ្វើសកម្មភាព និងប្រព្រឹត្តខ្លួនស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ត្រូវតែមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងចំពោះភារកិច្ចផ្ទាល់ខ្លួន។ ការបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើត គឺជាបេសកកម្ម និងការទទួលខុសត្រូវរបស់ខ្ញុំ។ ក្រោយមក ពេលជួបប្រទះស្ថានភាពស្រដៀងគ្នានេះ ខ្ញុំបានតាំងចិត្តអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

មានពេលមួយ បងស្រីម្នាក់បានទិញកុំព្យូទ័រថ្មី ហើយចង់ឱ្យខ្ញុំជួយដំឡើងប្រព័ន្ធឡើងវិញ។ ពេលខ្ញុំឃើញថា កុំព្យូទ័រនោះគឺជាម៉ូដែលចុងក្រោយបង្អស់ ហើយខ្ញុំមិនធ្លាប់ដំឡើងវាពីមុនមក ហើយវាខ្វះកម្មវិធីដំណើរការមួយចំនួន ខ្ញុំបានដឹងថា ការយល់ព្រមជួយ មានន័យថាត្រូវចំណាយពេល និងកម្លាំង ដើម្បីស្វែងរកព័ត៌មាន។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងចិត្ត ដោយគិតថា៖ «បើខ្ញុំបដិសេធមិនជួយបងស្រីនោះទេ តើគាត់នឹងគិតថា ខ្ញុំមិនចង់ជួយគាត់ ហើយបាត់បង់ចំណាប់អារម្មណ៍ល្អដែលគាត់មានចំពោះខ្ញុំទេឬ?» ប៉ុន្តែ ពេលនោះខ្ញុំក៏នឹកឃើញថា ខ្ញុំមានកិច្ចការបន្ទាន់ខ្លះដែលត្រូវដោះស្រាយ ដែលទាមទារពេលវេលា និងកម្លាំង ដើម្បីចំណាយលើការស្រាវជ្រាវ ហើយការជួយបងស្រីនោះដំឡើងកុំព្យូទ័រ នឹងធ្វើឱ្យយឺតយ៉ាវដល់កិច្ចការរបស់ខ្ញុំមិនខាន។ ពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែខ្វល់ពីការយល់ឃើញរបស់អ្នកដទៃមកលើខ្ញុំម្ដងទៀតហើយ។ ដូច្នេះ ខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនចង់ពន្យារពេលកិច្ចការ ដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈឡើយ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ប្រសិនបើនរណាម្នាក់ប្រគល់ភារកិច្ចឱ្យអ្នក តើអ្នកគួរអនុវត្តដោយរបៀបណា? ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក គឺជារឿងដែលទាមទារកម្លាំងតែបន្តិចបន្តួចប៉ុណ្ណោះ ដែលអ្នកគ្រាន់តែនិយាយ ឬធ្វើសកម្មភាពតូចមួយប៉ុណ្ណោះ ហើយអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ អ្នកអាចជួយដោយចេញពីភាពជាមនុស្ស និងក្ដីមេត្តារបស់អ្នកបាន។ នេះមិនត្រូវបានចាត់ទុកថាខុសនោះទេ។ នេះគឺជាគោលការណ៍មួយ។ ក៏ប៉ុន្តែ ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក នឹងទាមទារពេលវេលា និងកម្លាំងរបស់អ្នកយ៉ាងច្រើនសម្បើម ឬថែមទាំងខ្ជះខ្ជាយពេលវេលារបស់អ្នកយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតនោះ អ្នកមានសិទ្ធិបដិសេធ។ សូម្បីតែជាឪពុកម្ដាយរបស់អ្នកក៏ដោយ ក៏អ្នកមានសិទ្ធិបដិសេធដែរ។ មិនចាំបាច់ត្រូវស្មោះត្រង់ចំពោះពួកគេ ឬទទួលយកភារកិច្ចដែលពួកគេបានប្រគល់ឱ្យនោះទេ នេះគឺជាសិទ្ធិរបស់អ្នក។ តើសិទ្ធិនេះបានមកពីណា? វាត្រូវបានប្រទានដល់អ្នកដោយព្រះជាម្ចាស់។ នេះគឺជាគោលការណ៍ទីពីរ។ គោលការណ៍ទីបីគឺថា ប្រសិនបើនរណាម្នាក់ប្រគល់ភារកិច្ចមួយចំនួនឱ្យអ្នក ទោះបីជាវាមិនទាមទារពេលវេលា និងកម្លាំងច្រើនសម្បើមក៏ដោយ ប៉ុន្តែវាអាចរំខាន ឬប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នក ឬបំផ្លាញឆន្ទៈរបស់អ្នកក្នុងការបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងភាពស្មោះត្រង់របស់អ្នកចំពោះព្រះជាម្ចាស់ អ្នកក៏គួរតែបដិសេធវាដែរ។ ប្រសិនបើនរណាម្នាក់ប្រគល់អ្វីមួយឱ្យអ្នក ដែលអាចប៉ះពាល់ដល់ការដេញតាមសេចក្ដីពិតរបស់អ្នក បង្អាក់ និងរំខានដល់ការតាំងចិត្តរបស់អ្នកក្នុងការដេញតាមសេចក្ដីពិត និងល្បឿនរបស់អ្នកក្នុងការដេញតាមសេចក្ដីពិត ហើយធ្វើឱ្យអ្នកបោះបង់ចោលពាក់កណ្ដាលទី នោះអ្នកកាន់តែគួរតែបដិសេធវាថែមទៀត។ អ្នកគួរតែបដិសេធអ្វីៗទាំងអស់ដែលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នក ឬការដេញតាមសេចក្ដីពិតរបស់អ្នក។ នេះគឺជាសិទ្ធិរបស់អ្នក។ អ្នកមានសិទ្ធិនិយាយថា “ទេ”។ មិនចាំបាច់ឱ្យអ្នកចំណាយពេលវេលា និងកម្លាំងរបស់អ្នកឡើយ។ អ្នកអាចបដិសេធរបស់សព្វសារពើដែលគ្មានអត្ថន័យ គ្មានតម្លៃ គ្មានការធ្វើឱ្យស្អាងឡើង គ្មានជំនួយ ឬគ្មានប្រយោជន៍ដល់ការបំពេញភារកិច្ចរបស់អ្នក ការដេញតាមសេចក្ដីពិត ឬសេចក្ដីសង្គ្រោះរបស់អ្នក។ តើនេះអាចចាត់ទុកថាជាគោលការណ៍មួយបានដែរឬទេ? មែនហើយ នេះគឺជាគោលការណ៍មួយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះជាម្ចាស់បានប្រកបគ្នាអំពីគោលការណ៍ចំនួនបីអំពីរបៀបដែលយើងគួរដោះចាត់ចែងកិច្ចការដែលអ្នកដទៃបានប្រគល់ឱ្យយើង ដែលបានផ្ដល់ឱ្យខ្ញុំនូវផ្លូវសម្រាប់អនុវត្ត។ បើបញ្ហាកុំព្យូទ័ររបស់បងស្រីនោះមិនស្មុគស្មាញ ហើយគ្រាន់តែជាកិច្ចការសាមញ្ញ ខ្ញុំអាចជួយគាត់បាន ព្រោះនេះគឺជាសេចក្ដីស្រឡាញ់ដែលគួរតែមានរវាងបងប្អូនប្រុសស្រី។ ប៉ុន្តែ បើបញ្ហារបស់គាត់មិនអាចដោះស្រាយបានលឿនទេ ហើយតម្រូវឱ្យខ្ញុំទុកភារកិច្ចខ្ញុំមួយឡែក ព្រមទាំងលះបង់ពេលវេលា និងកម្លាំងដើម្បីដោះស្រាយនោះ នោះខ្ញុំត្រូវតែថ្លឹងថ្លែងពីផលចំណេញ និងផលប៉ះពាល់ ហើយគិតគូរពីភារកិច្ចខ្លួនឯងជាមុនសិន ហើយបើវាពន្យារពេលដំណើរការកិច្ចការរបស់ខ្ញុំ នោះខ្ញុំមិនអាចយល់ព្រមជួយបានឡើយ។ ខ្ញុំមិនអាចបន្តដូចពីមុនបានទៀតទេ ដោយទទួលយកគ្រប់សំណូមពរមិនថាវាសំខាន់ឬអត់ គ្រាន់តែដើម្បីទទួលបានការសរសើរពីមនុស្ស ដោយមិនគិតពីទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនឯងឡើយ។ នេះនឹងពន្យារពេលដល់កិច្ចការពួកជំនុំមិនខាន។ ការស្មោះត្រង់ចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ គឺជារឿងដ៏សំខាន់បំផុត។ ដោយវិនិច្ឆ័យតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការជួយបងស្រីនោះរៀបចំកុំព្យូទ័រឡើងវិញ នឹងស៊ីពេលវេលា និងកម្លាំងរបស់ខ្ញុំ ហើយនឹងពន្យារពេលភារកិច្ចរបស់ខ្ញុំ ម្យ៉ាងទៀត បងស្រីនោះក៏មិនត្រូវការឱ្យធ្វើវាបន្ទាន់ដែរ ដូច្នេះ ខ្ញុំក៏បានបដិសេធគាត់ ហើយប្រាប់គាត់ថា ខ្ញុំនឹងជួយដំឡើងកុំព្យូទ័ររបស់គាត់ នៅពេលដែលខ្ញុំមានពេលទំនេរ។ ពេលដែលខ្ញុំបានអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬការពារមុខមាត់របស់ខ្ញុំនៅក្នុងក្រសែភ្នែកអ្នកដទៃ ខ្ញុំមានអារម្មណ៍ថាបានធូរស្បើយ ឥតមានកង្វល់ និងមានមនសិការដ៏ជ្រះថ្លា។

តាមរយៈបទពិសោធនេះ ខ្ញុំបានដឹងថា ការស្វែងរកសេចក្តីពិត និងការអនុវត្តស្របតាមគោលការណ៍ក្នុងគ្រប់កិច្ចការទាំងអស់ គឺជាផ្លូវដែលត្រូវដើរ។ ខ្ញុំត្រូវតែទទួលយកភារកិច្ចរបស់ខ្ញុំដោយមិនគេចវេះ ហើយខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវា ព្រោះនេះគឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់កិច្ចការដែលអ្នកដទៃបានប្រគល់ឱ្យខ្ញុំ ខ្ញុំគួរតែវាយតម្លៃថាតើវាស្របតាមគោលការណ៍ឬអត់ ហើយថាតើវានឹងពន្យារពេលភារកិច្ចរបស់ខ្ញុំដែរឬទេ។ ខ្ញុំមិនគួរយកផលប្រយោជន៍ផ្ទាល់ខ្លួនមកពាក់ព័ន្ធ ឬរស់នៅតាមទស្សនវិជ្ជារបស់សាតាំងឡើយ។ នេះគឺស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា៖ «គឺការមើលមនុស្ស និងអ្វីៗ ព្រមទាំងការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព ទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ ដោយយកសេចក្ដីពិតជាលក្ខខណ្ឌវិនិច្ឆ័យរបស់ខ្លួន» («អត្ថន័យនៃការដេញតាមសេចក្តីពិត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។

ខាង​ដើម៖ ៧០. តើលុយ និងឋានៈបានផ្ដល់អ្វីខ្លះដល់ខ្ញុំ?

បន្ទាប់៖ ៨៩. ការឆ្លុះបញ្ចាំងអំពីការតស៊ូរបស់ខ្ញុំជាមួយនឹងជំងឺ

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger