៧. ភាពរអែងចិត្តដែលបានរារាំងខ្ញុំ ពីការលាតត្រដាងបញ្ហារបស់អ្នកដទៃ
នៅដើមខែកក្កដា ឆ្នាំ ២០២៣ ខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងជាអ្នកដឹកនាំតំបន់ ហើយទទួលខុសត្រូវជាចម្បងលើកិច្ចការផ្សាយដំណឹងល្អ។ ខ្ញុំដឹងថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ វាជាតួនាទីរបស់ខ្ញុំ ក្នុងការមើលការខុសត្រូវ និងតាមដានកិច្ចការរបស់បងប្អូនប្រុសស្រីទាំងអស់ ក្នុងដែនទទួលខុសត្រូវរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ វឌ្ឍនភាពក្នុងការតាមដាន និងអនុវត្តកិច្ចការរបស់ខ្ញុំគឺយឺតយ៉ាវណាស់ ព្រោះខ្ញុំតែងតែអនុវត្តម្ដងមួយចំណុច ហើយរង់ចាំឲ្យបងប្អូនប្រុសស្រីធ្វើរួចរាល់សិន មុននឹងបន្តទៅចំណុចបន្ទាប់ទៀត។ ខ្ញុំធ្វើបែបនេះ ដើម្បីកុំឲ្យពួកគេមានអារម្មណ៍ថា មានសម្ពាធខ្លាំង ឬមួម៉ៅដោយសារទំហំកិច្ចការច្រើនពេក។ ខ្ញុំចង់ឲ្យគ្រប់គ្នាមានអារម្មណ៍ថា ខ្ញុំជាមនុស្សដែលចេះយល់ពីអ្នកដទៃ ដែលអាចយល់ និងអាណិតអាសូរពួកគេ ដូច្នេះ ខ្ញុំប្រុងប្រយ័ត្នណាស់ ពេលមើលការខុសត្រូវ និងតាមដានកិច្ចការ ដោយសារខ្ញុំខ្លាចថា បងប្អូនប្រុសស្រីនឹងនិយាយថា ខ្ញុំតឹងរ៉ឹងពេក និងមិនចេះយល់ពីអ្នកដទៃ ហើយមិនមែនជាអ្នកដឹកនាំល្អទេ។
ម្ដងនោះ នៅពេលខ្ញុំតាមដានកិច្ចការរបស់អ្នកមើលការខុសត្រូវខាងផ្សាយដំណឹងល្អម្នាក់ឈ្មោះ គ្រីសានតា ដំបូងឡើយ ខ្ញុំមានគម្រោងតាមដាន និងពិនិត្យមើលកិច្ចការរបស់អ្នកធ្វើកិច្ចការផ្សាយដំណឹងល្អម្នាក់ៗ ដែលគាត់ទទួលខុសត្រូវ ព្រមទាំងស្ថានភាពរបស់អ្នកដែលអាចទទួលយកដំណឹងល្អម្នាក់ៗ តែគាត់ទើបតែបញ្ចប់ការជួបជុំរួច ហើយខ្ញុំក៏គិតក្នុងចិត្តថា៖ «គាត់ទើបតែបញ្ចប់ការជួបជុំរួច ដូច្នេះគាត់ប្រហែលជាត្រូវការសម្រាកហើយ។ បើខ្ញុំនៅតែបន្តតាមដានកិច្ចការរបស់គាត់ តើគាត់នឹងគិតថាខ្ញុំខ្វះការយោគយល់ខ្លាំងដែរទេ?» ខ្ញុំមិនចង់ឲ្យគាត់មានសម្ពាធដោយសាររបៀបនៃការតាមដានរបស់ខ្ញុំចំពោះគាត់ឡើយ។ «ដោយសារគាត់ប្រហែលជាបានពិនិត្យមើលកិច្ចការរបស់អ្នកធ្វើកិច្ចការផ្សាយដំណឹងល្អ ក្នុងអំឡុងពេលជួបជុំរួចហើយ វានឹងអាចងាយស្រួលសម្រាប់គាត់ក្នុងការឆ្លើយសំណួរអំពីរឿងនេះ ដូច្នេះពេលនេះ ខ្ញុំនឹងមិនសួរគាត់ពីរឿងផ្សេងទៀតឡើយ។ ធ្វើបែបនេះ គាត់នឹងមិនរអ៊ូថា ខ្ញុំសួរសំណួរគាត់ច្រើនពេកទេ ហើយគាត់នឹងមានអារម្មណ៍ថា ខ្ញុំកំពុងគិតគូរពីស្ថានភាពគាត់ ហើយថាខ្ញុំជាមនុស្សដែលយោគយល់ និងចេះយល់ចិត្ត» ខ្ញុំជឿថា អ្នកដឹកនាំល្អម្នាក់ត្រូវតែយល់ពីបងប្អូនប្រុសស្រីរបស់ខ្លួន និងគិតគូរពីអារម្មណ៍របស់ពួកគេ ដូច្នេះ នៅពេលនោះ ខ្ញុំគ្រាន់តែសួរ គ្រីសានតា អំពីកិច្ចការ និងផែនការរបស់អ្នកធ្វើកិច្ចការផ្សាយដំណឹងល្អប៉ុណ្ណោះ ហើយខ្ញុំមិនបានសួរនាំថា តើអ្នកដែលអាចទទួលយកដំណឹងល្អកំពុងមានស្ថានភាពយ៉ាងណានោះទេ។ ក្រោយមក ពេលគាត់បំពេញភារកិច្ចរបស់ខ្លួន គាត់គ្រាន់តែតាមដានកិច្ចការរបស់អ្នកធ្វើកិច្ចការផ្សាយដំណឹងល្អប៉ុណ្ណោះ ចំណែកឯគាត់មិនបានតាមដានវឌ្ឍនភាពនៃកិច្ចការផ្សេងទៀត ឬស្ថានភាពរបស់អ្នកដែលអាចទទួលយកដំណឹងល្អឡើយ។ គាត់មិនបានពិនិត្យមើលព័ត៌មានលម្អិតនៃរឿងទាំងនេះឲ្យបានទាន់ពេលវេលាទេ ដែលបណ្ដាលឲ្យការបំពេញភារកិច្ចរបស់គាត់មិនសូវមានប្រសិទ្ធភាព។ ខ្ញុំក៏មានបញ្ហាដូចគ្នានេះដែរ ពេលកំពុងតាមដានជាមួយអ្នកមើលការខុសត្រូវផ្នែកផ្សាយដំណឹងល្អម្នាក់ទៀត ឈ្មោះ ប៊ែលឡា។ ប៊ែលឡា ទើបតែចូលមកក្នុងដែននៃការទទួលខុសត្រូវរបស់ខ្ញុំ ហើយពេលមួយដែលខ្ញុំបានសួរគាត់អំពីអ្នកធ្វើកិច្ចការផ្សាយដំណឹងល្អពីរបីនាក់ គាត់បានឆ្លើយថា៖ «ខ្ញុំមិនទាន់បានតាមដានរឿងទាំងនេះនៅឡើយទេ។ ខ្ញុំមិនសូវស្គាល់មនុស្សទាំងនេះទេ ហើយខ្ញុំនៅតែបន្តស្វែងយល់ពីពួកគេ»។ ខ្ញុំបានគិតថា៖ «អស់រយៈពេលប្រាំថ្ងៃហើយ តើវាពិតជាត្រូវការពេលយូរយ៉ាងនេះ ដើម្បីពិនិត្យមើលរឿងទាំងនេះដែរឬទេ?» ខ្ញុំចង់រំឭកគាត់ថា វិធីសាស្ត្រនេះគឺគ្មានប្រសិទ្ធភាពទេ ហើយនឹងធ្វើឲ្យកិច្ចការយឺតយ៉ាវ តែបន្ទាប់មក ខ្ញុំក៏គិតថា៖ «បើខ្ញុំចង្អុលបង្ហាញពីបញ្ហារបស់គាត់ ពេលដែលគាត់ទើបតែមកដល់បានមិនយូរប៉ុន្មាននោះ គាត់អាចនឹងមានអារម្មណ៍ថា ខ្ញុំមិនយោគយល់ ឬចេះយល់ចិត្តឡើយ ហើយថា ខ្ញុំមិនគិតគូរពីការលំបាករបស់គាត់ទេ។ ខ្ញុំមិនចង់បន្សល់ទុកនូវចំណាប់អារម្មណ៍មិនល្អដល់គាត់ទេ ហើយបើខ្ញុំនិយាយរឿងទាំងនេះ ខ្ញុំបារម្ភថា គាត់នឹងមិនសហការយ៉ាងសកម្មជាមួយខ្ញុំនៅពេលក្រោយឡើយ ពេលដែលខ្ញុំត្រូវការជំនួយពីគាត់ ឬត្រូវអនុវត្តកិច្ចការ ហើយខ្ញុំខ្លាចថា គាត់ក៏អាចចង្អុលបង្ហាញពីបញ្ហា និងចំណុចខ្វះខាតរបស់ខ្ញុំនៅពេលក្រោយដែរ»។ ដោយគិតពីរឿងទាំងនេះ ខ្ញុំមិនបានចង្អុលបង្ហាញពីបញ្ហារបស់ ប៊ែលឡា ទេ ហើយជាលទ្ធផល វឌ្ឍនភាពនៃកិច្ចការផ្សាយដំណឹងល្អដែលគាត់ទទួលខុសត្រូវ គឺដំណើរការយឺតយ៉ាវខ្លាំងណាស់។ ដោយសារតែខ្ញុំមិនបានបំពេញភារកិច្ចជាអ្នកដឹកនាំរបស់ខ្ញុំ ដើម្បីមើលការខុសត្រូវ និងតាមដានកិច្ចការផ្សាយដំណឹងល្អនេះ ទើបវឌ្ឍនភាពនៃកិច្ចការផ្សាយដំណឹងល្អនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្ញុំ ដើរយឺតដូចខ្យងអ៊ីចឹង។
ពេលដែលយើងសង្ខេបកិច្ចការជាមួយគ្នា ប៊ែលឡា បាននិយាយដោយបើកចំហរថា៖ «ខ្ញុំរង់ចាំតែអ្នកដឹកនាំចង្អុលបង្ហាញពីចំណុចខ្វះខាតនៅក្នុងភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ»។ ពេលឮគាត់និយាយបែបនេះ ខ្ញុំបានដឹងថា ខ្ញុំមិនបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំជាអ្នកដឹកនាំឡើយ ថាខ្ញុំមិនបានតាមដានកិច្ចការរបស់គាត់ ឬចង្អុលបង្ហាញពីបញ្ហានៅក្នុងភារកិច្ចរបស់គាត់ឡើយ។ ខ្ញុំមានអារម្មណ៍ថា មានកំហុសខ្លាំងណាស់ ដូច្នេះ ខ្ញុំក៏បើកចំហរក្នុងការប្រកបគ្នាអំពីសភាពរបស់ខ្ញុំ។ ក្រោយពីការប្រកបគ្នារបស់ខ្ញុំ អ្នកមើលការខុសត្រូវឈ្មោះ លីណា បានចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការអនុវត្តសេចក្ដីពិតមិនមែនជាការនិយាយពាក្យសំដីឥតបានការ ឬស្រែកពាក្យស្លោកនោះទេ។ ផ្ទុយទៅវិញ វាគឺអំពីរបៀបដែល ទោះបីជាមនុស្សជួបប្រទះអ្វីក៏ដោយនៅក្នុងជីវិត ដរាបណាវាពាក់ព័ន្ធនឹងគោលការណ៍នៃការប្រព្រឹត្តខ្លួន ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវផ្សេងៗ ឬបញ្ហានៃការបំពេញភារកិច្ចរបស់ពួកគេ ពួកគេត្រូវតែធ្វើការជ្រើសរើស ហើយពួកគេគួរតែស្វែងរកសេចក្ដីពិត ស្វែងរកមូលដ្ឋាន និងគោលការណ៍នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មកស្វែងរកមាគ៌ានៃការអនុវត្ត។ អស់អ្នកដែលអាចអនុវត្តតាមរបៀបនេះ គឺជាមនុស្សដែលដេញតាមសេចក្ដីពិត។ ការដែលអាចដេញតាមសេចក្ដីពិតតាមរបៀបនេះ ទោះបីជាជួបប្រទះការលំបាកធំប៉ុណ្ណាក៏ដោយ គឺដើរនៅលើមាគ៌ារបស់ពេត្រុស ដែលជាមាគ៌ានៃការស្វែងរកសេចក្ដីពិត។ ឧទាហរណ៍៖ តើគោលការណ៍អ្វីដែលគួរតែប្រកាន់ខ្ជាប់ នៅពេលដែលទាក់ទងនឹងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ? ទស្សនៈដើមរបស់អ្នកគឺថា “ភាពសុខដុមរមនាគឺជាកំណប់ទ្រព្យ ការអត់ធ្មត់គឺជាភាពអស្ចារ្យ” ហើយថាអ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ចៀសវាងធ្វើឱ្យអ្នកដទៃបាក់មុខ និងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត ដើម្បីឱ្យងាយស្រួលក្នុងការចុះសម្រុងជាមួយអ្នកដទៃនាពេលអនាគត។ ដោយសារទស្សនៈនេះរឹតត្បិត អ្នកក៏នៅតែស្ងៀមស្ងាត់នៅពេលដែលអ្នកឃើញអ្នកដទៃធ្វើអំពើអាក្រក់ ឬបំពានគោលការណ៍។ អ្នកសុខចិត្តឱ្យកិច្ចការរបស់ពួកជំនុំទទួលរងការខាតបង់ ជាជាងធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត។ ទោះបីជាអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយនរណាក៏ដោយ អ្នកព្យាយាមរក្សាទំនាក់ទំនងល្អជាមួយពួកគេ។ អ្នកតែងតែគិតអំពីមនោសញ្ចេតនារបស់មនុស្ស និងការរក្សាមុខមាត់នៅពេលអ្នកនិយាយ ហើយអ្នកតែងតែនិយាយពាក្យពីរោះៗដើម្បីផ្គាប់ចិត្តអ្នកដទៃ។ ទោះបីជាអ្នកដឹងថានរណាម្នាក់មានបញ្ហាក៏ដោយ អ្នកជ្រើសរើសអត់ឱនឱ្យពួកគេ ហើយគ្រាន់តែនិយាយដើមពួកគេពីក្រោយខ្នង ប៉ុន្តែនៅចំពោះមុខពួកគេ អ្នកនៅតែរក្សាភាពសុខដុម និងរក្សាទំនាក់ទំនងរបស់អ្នកដដែល។ តើអ្នកគិតយ៉ាងណាចំពោះការប្រព្រឹត្តខ្លួនបែបនេះ? តើវាមិនមែនជាមនុស្សផ្គាប់ចិត្តគេទេឬ? តើវាមិនមែនជាមនុស្សក្រឡេចក្រឡុចទេឬ? វាបំពានគោលការណ៍នៃការប្រព្រឹត្តខ្លួន។ តើការប្រព្រឹត្តខ្លួនបែបនេះមិនមែនជារឿងថោកទាបទេឬ? អស់អ្នកដែលប្រព្រឹត្តបែបនេះមិនមែនជាមនុស្សល្អទេ ហើយនេះមិនមែនជាវិធីដ៏ថ្លៃថ្នូរក្នុងការប្រព្រឹត្តខ្លួននោះទេ។ ទោះបីជាអ្នកបានរងទុក្ខប៉ុណ្ណា និងទោះបីជាអ្នកបានលះបង់ច្រើនប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកប្រព្រឹត្តខ្លួនដោយគ្មានគោលការណ៍ នោះអ្នកបានបរាជ័យក្នុងរឿងនេះហើយ ហើយអ្នកនឹងមិនត្រូវបានទទួលស្គាល់ ចងចាំ ឬទទួលយកនៅចំពោះព្រះជាម្ចាស់ឡើយ» («ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ យ៉ាងហោចណាស់ មនុស្សត្រូវមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់មក លីណា បានប្រកបគ្នាជាមួយខ្ញុំថា៖ «អ្នកមិនខ្វល់ពីការតាមដានកិច្ចការ គឺដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកដទៃ ហើយទោះបីជាអ្នករក្សាទំនាក់ទំនងទាំងនោះបានក៏ដោយ ក៏ជាលទ្ធផល កិច្ចការត្រូវបានពន្យារពេលដែរ។ តាមរយៈអ្វីដែល ប៊ែលឡា ទើបតែនិយាយ តាមពិតទៅ គាត់សង្ឃឹមឲ្យអ្នកតាមដានកិច្ចការនោះ ដើម្បីឲ្យគាត់អាចមានការចង្អុលបង្ហាញ និងផ្លូវដើរខ្លះនៅក្នុងភារកិច្ចរបស់គាត់។ តែអ្នកធ្វើកិច្ចការដោយមានផ្នត់គំនិតជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ហើយអ្នកគ្រាន់តែព្យាយាមការពារមុខមាត់របស់ខ្លួន និងរក្សាទំនាក់ទំនង ដោយមិនចង្អុលបង្ហាញពីបញ្ហារបស់គាត់ប៉ុណ្ណោះ។ ចុងក្រោយ អ្នកមិនបានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អទេ ហើយដោយសារតែអ្នកខ្វះការតាមដាន និងការណែនាំ ទើបកិច្ចការរបស់ ប៊ែលឡា គ្មានការចង្អុលបង្ហាញ ដែលបណ្ដាលឲ្យកិច្ចការផ្សាយដំណឹងល្អគ្មានប្រសិទ្ធភាពដោយផ្ទាល់តែម្ដង។ អ្នកត្រូវតែឆ្លុះបញ្ចាំងយ៉ាងហ្មត់ចត់ពីបញ្ហារបស់ខ្លួន ដែលជាមនុស្សផ្គាប់ចិត្តអ្នកដទៃ!» ក្រោយពីស្ដាប់បងស្រីនោះរួច ខ្ញុំមានអារម្មណ៍ខ្មាសអៀនខ្លាំងណាស់។ ខ្ញុំពិតជាមានផ្នត់គំនិតជា «មនុស្សផ្គាប់ចិត្តអ្នកដទៃ» នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃមែន។ ខ្ញុំមិនចង់ធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តទេ ខ្ញុំមិនចង់ឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រីឡើយ ហើយខ្ញុំមិនចង់ឲ្យពួកគេគិតថា ខ្ញុំជាមនុស្សមិនចេះគិតគូរដល់គេនោះទេ។ ដើមឡើយ ខ្ញុំចង់តាមដានកិច្ចការជាច្រើនជាមួយ គ្រីសានតា តែខ្ញុំខ្លាចថា បើខ្ញុំតាមដាន និងពិនិត្យមើលរឿងផ្សេងៗច្រើនពេក គាត់នឹងគិតថាខ្ញុំមិនយោគយល់ ដូច្នេះ ខ្ញុំក៏ជ្រើសរើសតាមដាន និងសួរនាំតែពីកិច្ចការណាដែលងាយស្រួលសម្រាប់គាត់ប៉ុណ្ណោះ ហើយខ្ញុំមិនបានតាមដាន ឬសួរនាំអំពីកិច្ចការស្មុគស្មាញ ដែលនឹងធ្វើឲ្យគាត់មានបន្ទុកផ្លូវកាយឡើយ។ ខ្ញុំគិតថា ធ្វើបែបនេះ គាត់នឹងមិនរអ៊ូថាឲ្យខ្ញុំ ឬមានគំនិតមិនល្អចំពោះខ្ញុំទេ។ ជាលទ្ធផល កិច្ចការផ្សាយដំណឹងល្អដែលគាត់ទទួលខុសត្រូវក្លាយជាគ្មានប្រសិទ្ធភាព។ ខ្ញុំបានតាមដានកិច្ចការរបស់ ប៊ែលឡា តាមរបៀបដូចគ្នាដែរ។ ខ្ញុំឃើញថា គាត់បំពេញភារកិច្ចរបស់គាត់ខ្វះប្រសិទ្ធភាព ហើយធ្វើឲ្យកិច្ចការយឺតយ៉ាវ តែខ្ញុំមិនចង់ចង្អុលបង្ហាញពីរឿងនេះទេ ព្រោះខ្លាចគាត់អាក់អន់ចិត្ត។ អ្វីដែលខ្ញុំបានធ្វើ និងរបៀបដែលខ្ញុំប្រព្រឹត្ត គឺជាអ្វីដែលព្រះជាម្ចាស់បានលាតត្រដាង នៅពេលទ្រង់មានព្រះបន្ទូលថា៖ «រក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ចៀសវាងធ្វើឱ្យអ្នកដទៃបាក់មុខ និងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត»។ ខ្ញុំធ្លាប់គិតថា ខ្ញុំធ្វើបានល្អហើយ ដែលប្រព្រឹត្តបែបនេះ ហើយថា ខ្ញុំកំពុងជៀសវាងជម្លោះជាមួយបងប្អូនប្រុសស្រី។ ខ្ញុំគិតថា ខ្ញុំតែងតែគិតគូរពីអារម្មណ៍ និងការលំបាករបស់អ្នកដទៃ ហើយថាខ្ញុំជាមនុស្សល្អម្នាក់ តែព្រះជាម្ចាស់មានព្រះបន្ទូលថា ទង្វើនេះគឺប្រឆាំងនឹងគោលការណ៍នៃការប្រព្រឹត្តខ្លួន។ ការដែលខ្ញុំបណ្ដោយតាមបងប្អូនស្រីរបស់ខ្ញុំម្ដងហើយម្ដងទៀត ធ្វើឲ្យវឌ្ឍនភាពនៃកិច្ចការផ្សាយដំណឹងល្អដំណើរការយឺតយ៉ាវ ហើយបានធ្វើឲ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំរួចទៅហើយ។ ខ្ញុំមិនមែនជាមនុស្សល្អទាល់តែសោះ តែជាមនុស្សផ្គាប់ចិត្តអ្នកដទៃ និងជាមនុស្សបោកបញ្ឆោត។ បើខ្ញុំមិនផ្លាស់ប្ដូរផ្នត់គំនិតជាមនុស្សផ្គាប់ចិត្តអ្នកដទៃនេះទេ នោះគ្រប់យ៉ាងដែលខ្ញុំធ្វើ នឹងក្លាយជាឥតប្រយោជន៍មិនខាន ព្រោះខ្ញុំមិនបានអនុវត្តសេចក្ដីពិត ឬផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ ហើយព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យខ្ញុំទេ។ ការដឹងរឿងនេះ ធ្វើឲ្យខ្ញុំចង់ផ្លាស់ប្ដូរ។ ខ្ញុំត្រូវតែចង្អុលបង្ហាញពីបញ្ហា ឬចំណុចខ្វះខាតនានាដែលខ្ញុំបានឃើញ នៅក្នុងការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី ហើយខ្ញុំត្រូវតែផ្ដល់ការប្រកបគ្នា និងជំនួយ ព្រមទាំងឈប់គិតពីមុខមាត់របស់ខ្ញុំទៀត។ ខ្ញុំលែងចង់រក្សាទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកដទៃទៀតហើយ។ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅកាន់ព្រះជាម្ចាស់៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដា ទូលបង្គំឃើញថា ទូលបង្គំគ្រាន់តែព្យាយាមរក្សាទំនាក់ទំនងរបស់ទូលបង្គំជាមួយបងប្អូនប្រុសស្រីប៉ុណ្ណោះ ដោយមិនបានដាក់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាចម្បងឡើយ។ ពេលនេះ ទូលបង្គំមានការយល់ដឹងខ្លះៗអំពីខ្លួនឯងហើយ ហើយទូលបង្គំស្ម័គ្រចិត្តប្រែចិត្ត អនុវត្តសេចក្ដីពិត ប្រព្រឹត្តទៅតាមគោលការណ៍ និងបំពេញភារកិច្ចរបស់ទូលបង្គំជាអ្នកដឹកនាំ»។ ក្រោយពីអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ថា មានភាពក្លាហានឡើង។ ក្រោយមក ពេលខ្ញុំតាមដានកិច្ចការរបស់បងប្អូនប្រុសស្រី ខ្ញុំបានប្រាប់ពួកគេអំពីបញ្ហាដែលខ្ញុំបានឃើញ។ ពេលខ្ញុំអនុវត្តទៅតាមសេចក្ដីពិត បងប្អូនប្រុសស្រីមិនបានខឹងខ្ញុំ ដូចដែលខ្ញុំធ្លាប់គិតនោះទេ ហើយទំនាក់ទំនងរបស់យើងក៏មិនមានបញ្ហាដែរ។ ផ្ទុយទៅវិញ ពួកគេស្ម័គ្រចិត្តទទួលយកការណែនាំ។ ខ្ញុំចង់បន្តខិតខំប្រឹងប្រែងធ្វើជាមនុស្សស្មោះត្រង់ និងចង្អុលបង្ហាញពីបញ្ហា ឬផ្ដល់យោបល់ដល់បងប្អូនប្រុសស្រី។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តសេចក្ដីពិតមិនមែនជារឿងងាយស្រួលទេ ហើយគ្រាន់តែដឹងពីសេចក្ដីពិត មិនមែនមានន័យថាគេអាចអនុវត្តវាបាននោះឡើយ។ ព្រះជាម្ចាស់បានរៀបចំមជ្ឈដ្ឋានមួយទៀត ដើម្បីបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្ញុំ។
នៅថ្ងៃទី១៣ ខែកក្កដា មានការបោះឆ្នោតជ្រើសតាំងមួយបានធ្វើឡើងនៅក្នុងពួកជំនុំ ហើយបងស្រី អៅហួ ត្រូវបានជ្រើសតាំងជាអ្នកដឹកនាំពួកជំនុំ។ ប្រហែលមួយសប្ដាហ៍ក្រោយមក ស្រាប់តែគាត់ប្រាប់ខ្ញុំថា គាត់រកបានការងារធ្វើហើយ ព្រោះគាត់ត្រូវសងបំណុលគេខ្លះ។ ម៉ោងធ្វើការរបស់គាត់ គឺពីម៉ោង ៥ ព្រឹក ដល់ ៩ យប់។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារគាត់ទើបតែធ្វើជាអ្នកដឹកនាំបានប៉ុន្មានថ្ងៃសោះ តែគាត់រកបានការងារធ្វើ ហើយធ្វើការច្រើនម៉ោងយ៉ាងនេះទៅហើយ ដែលធ្វើឲ្យគាត់គ្មានពេលទាល់តែសោះ ដើម្បីបំពេញភារកិច្ចរបស់គាត់។ ខ្ញុំបានការប្រកបគ្នាជាមួយគាត់ តែគាត់បាននិយាយថា៖ «ខ្ញុំពិតជាត្រូវធ្វើការមែន ដើម្បីខ្ញុំអាចសងបំណុលរបស់ខ្ញុំបាន»។ ខ្ញុំបានគិតថា៖ «បងស្រីម្នាក់នេះពិតជាមានការលំបាកមែន ហើយមិនអាចបំពេញភារកិច្ចរបស់គាត់ឲ្យបានល្អទេ ដូច្នេះ គាត់មិនស័ក្ដិសមធ្វើជាអ្នកដឹកនាំពួកជំនុំទៀតឡើយ។ ខ្ញុំត្រូវរាយការណ៍រឿងនេះទៅអ្នកមើលការខុសត្រូវ ដើម្បីពិភាក្សាផ្លាស់ប្ដូរភារកិច្ចរបស់គាត់»។ តែបន្ទាប់មក ខ្ញុំក៏គិតថា៖ «បើខ្ញុំនិយាយរឿងនេះ ហើយគាត់ត្រូវបានផ្លាស់ប្ដូរភារកិច្ច នោះវាអាចប៉ះពាល់ដល់កិត្តិយសរបស់គាត់ ហើយគាត់អាចនឹងគិតថា ខ្ញុំមិនយល់ពីការលំបាករបស់គាត់ និងមិនផ្ដល់ឱកាសឲ្យគាត់ រួចគាត់នឹងរក្សាគម្លាតពីខ្ញុំមិនខាន»។ ខ្ញុំចង់រក្សាទំនាក់ទំនងជាមួយគាត់ ដូច្នេះ ខ្ញុំមិនបានប្រាប់អ្នកមើលការខុសត្រូវអំពីស្ថានភាពរបស់គាត់ទេ។ ខ្ញុំបានគិតថា គាត់ជំពាក់លុយគេមិនច្រើនទេ ហើយប្រហែលជាបើគាត់ធ្វើការមួយខែ គាត់អាចសងបំណុលដែលគាត់ជំពាក់បាន រួចគាត់នឹងមានពេលបំពេញភារកិច្ចរបស់ខ្លួនហើយ។ ក្នុងម៉ោងធ្វើការរបស់គាត់ ខ្ញុំអាចជួយគាត់តាមដានការងារខ្លះបាន។ បន្ទាប់ពីនោះមក អៅហួ ធ្វើការពេញមួយថ្ងៃ ហើយមិនបានធ្វើកិច្ចការពួកជំនុំទាល់តែសោះ ដែលធ្វើឲ្យកិច្ចការជាច្រើនត្រូវយឺតយ៉ាវ។
មួយសប្ដាហ៍ក្រោយមក អ្នកមើលការខុសត្រូវឈ្មោះ លីណា បានឃើញថា អៅហួ មិនបានបំពេញភារកិច្ចរបស់គាត់ ក៏បានសួរខ្ញុំពីស្ថានភាពរបស់គាត់ ទើបពេលនោះ ខ្ញុំបានប្រាប់គាត់អំពីកិច្ចការរបស់ អៅហួ។ លីណា បានប្រកបគ្នាជាមួយខ្ញុំថា៖ «ផ្អែកលើទង្វើរបស់ អៅហួ គាត់មិនអាចបំពេញភារកិច្ចរបស់គាត់ជាអ្នកដឹកនាំបានទៀតទេ។ ភាពជាអ្នកដឹកនាំនៅក្នុងពួកជំនុំ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃកិច្ចការពួកជំនុំទាំងមូល។ អ្នកដឹកនាំល្អអាចរ៉ាប់រងកិច្ចការរបស់ពួកជំនុំបាន ឯអ្នកដឹកនាំដែលគ្មានការទទួលខុសត្រូវ អាចធ្វើឲ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ ការពិតគឺ អ្នកក៏បានឃើញស្ថានភាពនៅក្នុងពួកជំនុំនេះដែរ ដូច្នេះ អ្នកដឹងហើយថា អៅហួ ពិតជាមិនអាចអនុវត្តកិច្ចការដឹកនាំបានឡើយ។ អ្នកគួរតែរាយការណ៍ និងដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា ពេលដែលអ្នកបានរកឃើញ តែអ្នកមិនបានចាត់វិធានការទេ។ អ្នកមិនបានផ្លាស់ប្ដូរភារកិច្ចរបស់គាត់ឲ្យបានទាន់ពេលទេ ហើយក៏មិនបានរាយការណ៍ពីបញ្ហារបស់គាត់ដែរ អ្នកគ្រាន់តែបណ្ដោយឲ្យគាត់នៅកន្លែងដើមប៉ុណ្ណោះ។ ទង្វើបែបនេះ ធ្វើឲ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវ»។ ក្រោយពីស្ដាប់ការប្រកបគ្នារបស់បងស្រីរួច ខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះ។ ខ្ញុំបានឃើញបញ្ហានេះ តែខ្ញុំបែរជាប្រព្រឹត្តតាមគំនិតផ្ទាល់ខ្លួន ជាជាងអនុវត្តសេចក្ដីពិត ហើយខ្ញុំមិនបានគិតថា តើវានឹងធ្វើឲ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវឬអត់ទេ។ ខ្ញុំពិតជាល្ងង់ខ្លៅមែន។ បងស្រី លីណា បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាខ្លះៗឲ្យខ្ញុំស្ដាប់៖ «នៅពេលដែលអ្នកដឹកនាំពួកជំនុំខ្លះឃើញបងប្អូនប្រុសស្រីបំពេញភារកិច្ចឱ្យតែរួចពីដៃ ពួកគេមិនស្ដីបន្ទោសអ្នកទាំងនោះទេ ទោះបីជាពួកគេគួរតែស្ដីបន្ទោសក៏ដោយ។ នៅពេលដែលពួកគេឃើញយ៉ាងច្បាស់ថា ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់កំពុងរងការខូចខាត ពួកគេពុំខ្វាយខ្វល់នឹងបញ្ហានេះ ឬសួរនាំអ្វីឡើយ ហើយពួកគេក៏ពុំធ្វើឱ្យអ្នកដទៃអន់ចិត្តសូម្បីតែបន្តិចដែរ។ តាមពិត ពួកគេពិតជាមិនបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះភាពទន់ខ្សោយរបស់មនុស្សទេ តែផ្ទុយទៅវិញ បំណងនិងគោលដៅរបស់ពួកគេ គឺដើម្បីយកឈ្នះចិត្តមនុស្សទៅវិញទេ។ ពួកគេដឹងយ៉ាងច្បាស់ថា៖ “ឱ្យតែខ្ញុំធ្វើបែបនេះ ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្ត នោះពួកគេមុខជាគិតថា ខ្ញុំគឺជាអ្នកដឹកនាំល្អហើយ។ ពួកគេនឹងមានការយល់ឃើញល្អៗមកលើខ្ញុំ។ ពួកគេនឹងពេញចិត្ត និងចូលចិត្តខ្ញុំមិនខាន”។ ពួកគេពុំខ្វល់ថា ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាតប៉ុនណា ឬថាការខាតបង់ធំប៉ុនណាត្រូវបានបង្កឡើងដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬថាជីវិតពួកជំនុំរបស់ពួកគេរងការរំខានខ្លាំងបែបណានោះទេ ពួកគេគ្រាន់តែប្រកាន់ខ្ជាប់តាមទស្សនវិជ្ជាបែបសាតាំងរបស់ខ្លួន ហើយមិនធ្វើឱ្យអ្នកណាម្នាក់អន់ចិត្តប៉ុណ្ណោះ។ នៅក្នុងចិត្តពួកគេ គ្មានការស្ដីបន្ទោសខ្លួនឯងសោះឡើយ។ នៅពេលពួកគេឃើញនរណាម្នាក់បង្កការរំខាន និងការបង្អាក់ យ៉ាងច្រើនណាស់ពួកគេនិយាយត្រឹមពីរបីម៉ាត់ជាមួយពួកនោះ សម្រាលបញ្ហា ហើយបន្ទាប់មកក៏ឈប់ត្រឹមនោះ។ ពួកគេនឹងមិនប្រកបគ្នាអំពីសេចក្ដីពិត ឬបង្ហាញពីសារជាតិនៃបញ្ហាប្រាប់បុគ្គលនោះ រឹតតែមិនវិភាគវែកញែកសភាពរបស់គេឱ្យល្អិតល្អន់ទៅទៀត ហើយក៏មិនដែលប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីនោះដែរ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដែលលាតត្រដាង ឬវែកញែកកំហុសដែលមនុស្សធ្វើជារឿយៗ ឬនិស្ស័យពុករលួយដែលមនុស្សបើកសម្ដែងជាញឹកញាប់នោះឱ្យបានល្អិតល្អន់ឡើយ។ ពួកគេពុំបានដោះស្រាយបញ្ហាជាក់ស្ដែងណាមួយទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេតែងតែបណ្តោយតាមការអនុវត្តមិនត្រឹមត្រូវ និងការបើកសម្ដែងសេចក្ដីពុករលួយរបស់មនុស្ស ហើយមិនថាមនុស្សនោះអវិជ្ជមាន ឬទន់ខ្សោយប៉ុនណាទេ ពួកគេមិនព្រមយកចិត្តទុកដាក់លើបញ្ហានេះឡើយ។ ពួកគេចេះតែអធិប្បាយពាក្យពេចន៍និងគោលលទ្ធិមួយចំនួន និងនិយាយពាក្យដាស់តឿនពីរបីម៉ាត់ប៉ុណ្ណោះ ដើម្បីដោះស្រាយស្ថានការណ៍ឱ្យតែបានៗ ដោយព្យាយាមរក្សាឱ្យបាននូវការចុះសម្រុងគ្នា។ ហេតុនេះហើយទើបរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ពុំដឹងថាត្រូវឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងដោយរបៀបណា ពុំមានដំណោះស្រាយទាល់តែសោះចំពោះនិស្ស័យពុករលួយដែលពួកគេបង្ហាញចេញ ហើយពួកគេរស់នៅតាមពាក្យពេចន៍ និងគោលលទ្ធិ សញ្ញាណ និងការស្រមើស្រមៃ ដោយគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ ពួកគេថែមទាំងជឿនៅក្នុងចិត្តទៀតថា៖ “អ្នកដឹកនាំរបស់យើងមានការយល់ដឹងអំពីភាពទន់ខ្សោយរបស់យើង ច្រើនជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងតូចទាបខ្លាំងណាស់ ដើម្បីរស់នៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ យើងគ្រាន់តែបំពេញតាមសេចក្ដីតម្រូវរបស់អ្នកដឹកនាំ គ្រាន់តែចុះចូលនឹងអ្នកដឹកនាំយើង នោះយើងកំពុងចុះចូលនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើនៅថ្ងៃណាមួយខាងលើដកអ្នកដឹកនាំរបស់យើងចេញពីតំណែង យើងនឹងបញ្ចេញយោបល់របស់យើង ហើយដើម្បីរក្សាអ្នកដឹកនាំរបស់យើង និងការពារពួកគេពីការដកចេញពីតំណែង យើងនឹងចរចាជាមួយខាងលើ និងបង្ខំពួកគេឱ្យយល់ស្របតាមការទាមទាររបស់យើង។ នេះជារបៀបដែលយើងនឹងធ្វើការត្រឹមត្រូវសម្រាប់អ្នកដឹកនាំយើង”។ កាលណាមនុស្សមានគំនិតបែបនេះនៅក្នុងចិត្តពួកគេ កាលណាពួកគេបង្កើតទំនាក់ទំនងបែបនេះជាមួយអ្នកដឹកនាំពួកគេ ហើយកាលណាពួកគេមានប្រភេទនៃការពឹងអាង ការកោតសរសើរ និងការថ្វាយបង្គំបែបនេះនៅក្នុងចិត្តចំពោះអ្នកដឹកនាំពួកគេ នោះពួកគេមានសេចក្ដីជំនឿកាន់តែខ្លាំងឡើងចំពោះអ្នកដឹកនាំរបស់ខ្លួន ហើយតែងតែចង់ស្ដាប់ពាក្យសម្ដីរបស់អ្នកដឹកនាំ ជំនួសឲ្យការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំបែបនេះស្ទើរតែយកតំណែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តមនុស្សទៅហើយ។ ប្រសិនបើអ្នកដឹកនាំសុខចិត្តរក្សាទំនាក់ទំនងបែបនេះជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ប្រសិនបើនៅក្នុងចិត្តពួកគេទទួលបានអារម្មណ៍សប្បាយរីករាយចេញពីរឿងនេះ ហើយជឿថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គប្បីប្រព្រឹត្តមកលើពួកគេបែបនេះ ដូច្នេះ រវាងអ្នកដឹកនាំបែបនេះ និងប៉ុល គ្មានអ្វីខុសគ្នានោះទេ ពួកគេបានបោះជំហានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ... ពួកទទឹងនឹងព្រះគ្រីស្ទ ពុំធ្វើកិច្ចការជាក់ស្ដែងឡើយ ពួកគេពុំប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ ពួកគេពុំណែនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពសេចក្ដីពិតឡើយ។ ពួកគេធ្វើការ ដើម្បីតែឋានៈបុណ្យស័ក្តិ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ប៉ុណ្ណោះ ពួកគេខ្វល់តែអំពីការតាំងខ្លួនឯងឡើង ការការពារតំណែងរបស់ខ្លួននៅក្នុងចិត្តមនុស្ស និងធ្វើឱ្យមនុស្សគ្រប់គ្នាថ្វាយបង្គំពួកគេ លើកសរសើរពួកគេ និងធ្វើតាមពួកគេគ្រប់ពេលប៉ុណ្ណោះ។ ទាំងនេះគឺជាគោលបំណងដែលពួកគេចង់សម្រេចបាន។ នេះហើយគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមធ្វើ ដើម្បីយកឈ្នះចិត្តមនុស្ស និងគ្រប់គ្រងលើរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់។ តើវិធីធ្វើការបែបនេះ មិនទុច្ចរិតទេឬអី? វាជារឿងដែលគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់!» («ចំណុចទីមួយ៖ ពួកគេព្យាយាមយកឈ្នះចិត្តមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់បានលាតត្រដាងថា ពេលអ្នកដឹកនាំ និងអ្នកធ្វើការ ធ្វើជាមិនឃើញពីបញ្ហានៅក្នុងកិច្ចការ ដោយគ្រាន់តែរក្សាមុខមាត់របស់ពួកគេ និងទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីរបស់ពួកគេ នោះមនុស្សបែបនេះគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយពួកគេកំពុងដើរលើផ្លូវរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ ខ្ញុំពិតជាប្រភេទមនុស្សដែលព្រះជាម្ចាស់បានលាតត្រដាងមែន។ ខ្ញុំដឹងច្បាស់ថា ប៊ែលឡា បំពេញភារកិច្ចរបស់គាត់ដោយគ្មានប្រសិទ្ធភាពទេ តែខ្ញុំគ្មានភាពក្លាហានក្នុងការចង្អុលបង្ហាញពីបញ្ហារបស់គាត់ឡើយ។ ខ្ញុំគ្រាន់តែចង់ឲ្យគាត់មានអារម្មណ៍ថា ខ្ញុំយល់ពីការលំបាករបស់គាត់ប៉ុណ្ណោះ ដើម្បីកុំឲ្យពួកយើងមានជម្លោះ និងអាចរក្សាទំនាក់ទំនងល្អបាន។ អៅហួ មិនអាចបំពេញទំនួលខុសត្រូវជាអ្នកដឹកនាំរបស់គាត់បានទេ ដោយសារតែការងាររបស់គាត់ ដូច្នេះ ខ្ញុំគួរតែរាយការណ៍ពីស្ថានភាពរបស់គាត់ទៅអ្នកដឹកនាំថ្នាក់លើ ដើម្បីផ្លាស់ប្ដូរភារកិច្ចរបស់គាត់ឲ្យបានទាន់ពេលវេលា តែខ្ញុំខ្លាចថា បើគាត់ដឹងរឿងនេះ គាត់នឹងមានគំនិតអវិជ្ជមានចំពោះខ្ញុំ ដូច្នេះ ខ្ញុំក៏មិនបានរាយការណ៍ប្រាប់ថ្នាក់លើទេ។ ខ្ញុំមិនខ្វល់ទេ ទោះបីជាវានឹងធ្វើឲ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវក៏ដោយ។ ខ្ញុំគ្រាន់តែចង់បានការទទួលស្គាល់ និងការគាំទ្រពីបងប្អូនប្រុសស្រីរបស់ខ្ញុំប៉ុណ្ណោះ ដើម្បីឲ្យពួកគេមានចំណាប់អារម្មណ៍ល្អចំពោះខ្ញុំ ដូច្នេះ ខ្ញុំតែងតែទុកផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់មួយឡែកសិន។ ទង្វើរបស់ខ្ញុំពិតជាទុច្ចរិត ហើយគួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ណាស់។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់៖ «ឱព្រះជាម្ចាស់ ទូលបង្គំដឹងថា ទូលបង្គំមិនបានគិតគូរពីផលប្រយោជន៍របស់ពួកជំនុំនៅក្នុងភារកិច្ចរបស់ទូលបង្គំទេ ហើយទូលបង្គំតែងតែគិតពីទំនាក់ទំនងរបស់ទូលបង្គំជាមួយបងប្អូនប្រុសស្រី ដោយចង់ឲ្យពួកគេមើលឃើញទូលបង្គំជាអ្នកដឹកនាំល្អ និងគោរពទូលបង្គំ។ ទង្វើរបស់ទូលបង្គំមិនស្របនឹងសេចក្ដីពិតទេ ហើយវាបានប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ ទូលបង្គំមិនបានបំពេញភារកិច្ចរបស់ទូលបង្គំជាអ្នកដឹកនាំទេ ហើយកំពុងដើរលើផ្លូវរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ សូមអរព្រះគុណ ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានរៀបចំឲ្យបងស្រី លីណា មើលឃើញពីសេចក្ដីល្អៀងរបស់ទូលបង្គំ និងចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ទូលបង្គំ។ ទៅថ្ងៃមុខ ទូលបង្គំស្ម័គ្រចិត្តអនុវត្តសេចក្ដីពិត ហើយលែងរក្សាទំនាក់ទំនងរបស់ទូលបង្គំជាមួយ អៅហួ ទៀតហើយ ហើយទូលបង្គំនឹងគិតគូរពីផលប្រយោជន៍របស់ពួកជំនុំ»។ នៅរសៀលនោះ ខ្ញុំបានប្រកបគ្នាជាមួយ អៅហួ ហើយគាត់ទទួលស្គាល់ថា គាត់មិនបានបំពេញភារកិច្ចរបស់ខ្លួនបានល្អទេ និងបានធ្វើឲ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវ។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនអាចបោះបង់កិច្ចការរបស់គាត់បានទេ ដូច្នេះ ខ្ញុំក៏បានផ្លាស់ប្ដូរភារកិច្ចរបស់គាត់។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត៖ «នៅក្នុងទស្សនវិជ្ជាសម្រាប់ការរស់នៅ មានគោលការណ៍មួយដែលចែងថា “ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង”។ នេះមានន័យថា ដើម្បីរក្សាទំនាក់ទំនងល្អ មនុស្សមិនត្រូវនិយាយពីបញ្ហារបស់មិត្តភ័ក្តិខ្លួនឡើយ ទោះបីជាពួកគេមើលឃើញច្បាស់ពីបញ្ហានោះក៏ដោយ។ នេះមានន័យថា ពួកគេគួរតែប្រកាន់ខ្ជាប់តាមគោលការណ៍នៃការមិនធ្វើឱ្យមនុស្សអាក់អន់ចិត្ត ឬលាតត្រដាងពីចំណុចខ្វះចន្លោះរបស់ពួកគេ។ ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក លាក់បាំងគ្នាទៅវិញទៅមក សមគំនិតគ្នាទៅវិញទៅមក ហើយទោះបីជាពួកគេដឹងយ៉ាងច្បាស់ថា អ្នកដទៃជាមនុស្សប្រភេទណាក៏ដោយ ក៏ពួកគេមិននិយាយត្រង់ៗនោះដែរ តែប្រើវិធីបោកបញ្ឆោត ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេឱ្យបានល្អ។ ហេតុអ្វីបានជាមនុស្សម្នាក់ចង់រក្សាទំនាក់ទំនងបែបនេះទៅវិញ? នោះគឺដោយសារតែពួកគេមិនចង់បង្កើតសត្រូវនៅក្នុងសង្គមនេះ នៅក្នុងក្រុម បើបង្កើតសត្រូវហើយ នោះមានន័យថា ខ្លួនពួកគេនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ជាញឹកញាប់មិនខាន។ ដោយដឹងថា នរណាម្នាក់នឹងក្លាយជាសត្រូវរបស់អ្នក និងធ្វើបាបអ្នក បន្ទាប់ពីអ្នកបានលាតត្រដាងពីចំណុចខ្វះខាតរបស់ពួកគេ ឬក៏ធ្វើឱ្យពួកគេឈឺចាប់ ហើយដោយមិនចង់ធ្វើឱ្យខ្លួនអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ ម្ល៉ោះហើយ អ្នកប្រើគោលការណ៍នៃទស្សនវិជ្ជាសម្រាប់ការរស់នៅដែលចែងថា “បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ”។ ពេលពិចារណាពីចំណុចនេះ ប្រសិនបើមនុស្សពីរនាក់មានទំនាក់ទំនងបែបនេះ តើពួកគេចាត់ទុកជាមិត្តពិតប្រាកដដែរឬទេ? (អត់ទេ។) ពួកគេមិនមែនជាមិត្តពិតប្រាកដឡើយ កាន់តែមិនមែនជាមនុស្សជំនិតនឹងគ្នាទៀតហើយ។ ដូច្នេះ តើនេះជាទំនាក់ទំនងប្រភេទណាឱ្យប្រាកដទៅ? តើនេះមិនមែនជាទំនាក់ទំនងសង្គមបែបសាមញ្ញធម្មតាទេឬអី? (ពិតមែនហើយ។) នៅក្នុងទំនាក់ទំនងសង្គមបែបនេះ មនុស្សមិនអាចបង្ហាញអារម្មណ៍របស់ខ្លួនចេញមក មិនអាចសន្ទនាគ្នាស៊ីជម្រៅ ឬមិនអាចនិយាយអ្វីដែលពួកគេចង់និយាយបានឡើយ។ ពួកគេមិនអាចនិយាយអ្វីដែលមានក្នុងចិត្តរបស់ខ្លួន ក៏មិនអាចនិយាយពីបញ្ហារបស់អ្នកដទៃដែលពួកគេមើលឃើញ ឬនិយាយពាក្យដែលផ្តល់ប្រយោជន៍ដល់អ្នកដទៃនោះបានដែរ។ ផ្ទុយទៅវិញ ពួកគេជ្រើសយកពាក្យល្អៗមកនិយាយ ដើម្បីឱ្យអ្នកដទៃពេញចិត្ត។ ពួកគេមិនហ៊ាននិយាយការពិត ឬប្រកាន់ខ្ជាប់តាមគោលការណ៍ឡើយ ក្រែងលោវាធ្វើឱ្យអ្នកដទៃកើតចិត្តគុំកួនចំពោះពួកគេ។ នៅពេលគ្មាននរណាម្នាក់គំរាមកំហែងដល់ខ្លួន តើបុគ្គលនោះមិនរស់នៅក្នុងភាពសុខស្រួល និងស្ងប់សុខទេឬអី? តើនេះមិនមែនជាគោលដៅរបស់មនុស្សក្នុងការផ្សព្វផ្សាយនូវពាក្យស្លោកថា៖ “បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ” ទេឬអី? (មែនហើយ។) ច្បាស់ណាស់ថា នេះគឺជាវិធីរស់រាន្តដែលមានកលល្បិចបោកបញ្ឆោត ដោយមានធាតុនៃការការពារខ្លួន មានគោលដៅដើម្បីថែរក្សាការពារខ្លួនពួកគេ។ មនុស្សដែលរស់នៅបែបនេះ គ្មានមនុស្សជំនិតទេ គ្មានមិត្តជិតស្និទ្ធណាម្នាក់ដែលពួកគេអាចនិយាយប្រាប់រឿងអាថ៌កំបាំងបានឡើយ។ ពួកគេប្រយ័ត្នប្រយែងចំពោះគ្នាទៅវិញទៅមក ហើយចេះគិតគូរថ្លឹងថ្លែង និងមានយុទ្ធសាស្ត្រ ម្នាក់ៗទាញយកប្រយោជន៍ដែលពួកគេត្រូវការពីទំនាក់ទំនងបែបនេះ។ តើនេះមិនមែនដូច្នោះទេឬអី? ចំណុចសំខាន់នៃគោលដៅដែលថា “បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ” គឺដើម្បីកុំឱ្យប៉ះពាល់ និងមិនបង្កើតសត្រូវជាមួយអ្នកដទៃ ដើម្បីការពារខ្លួនពួកគេ ដោយមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ។ នេះគឺជាបច្ចេកទេស និងវិធីសាស្រ្តដែលគេប្រើ ដើម្បីកុំឱ្យខ្លួនពួកគេរងការឈឺចាប់។ ពេលពិនិត្យមើលពីទិដ្ឋភាពផ្សេងៗនៃសារជាតិនេះ តើតម្រូវការនៃក្រមសីលធម៌នៃការប្រព្រឹត្តរបស់មនុស្សដែលថា “បើអ្នកវាយគេ កុំវាយគេចំមុខឡើយ។ បើអ្នករិះគន់គេ កុំរិះគន់ពីចំណុចខ្វះខាតរបស់គេឡើយ” នេះ ជាក្រមសីលធម៌មួយថ្លៃថ្នូរដែរឬទេ? វិជ្ជមានដែរឬទេ? (អត់ទេ។) ដូច្នេះ តើឃ្លានេះកំពុងបង្រៀនមនុស្សអ្វីខ្លះ? បង្រៀនថា អ្នកមិនត្រូវធ្វើឱ្យនរណាម្នាក់ពិបាកចិត្ត ឬឈឺចាប់ឡើយ បើមិនដូច្នេះទេ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលត្រូវរងការឈឺចាប់មិនខាន ហើយក៏បង្រៀនដែរថា អ្នកមិនគួរទុកចិត្តមនុស្សណាម្នាក់ឡើយ។ ប្រសិនបើអ្នកធ្វើឱ្យមិត្តល្អណាម្នាក់របស់អ្នកឈឺចាប់ នោះមិត្តភាពនេះនឹងចាប់ផ្តើមផ្លាស់ប្តូរស្ងាត់ៗបន្តិចម្តងៗ។ ពួកគេនឹងផ្លាស់ប្តូរពីមិត្តល្អ មិត្តជិតស្និទ្ធរបស់អ្នក ទៅជាមនុស្សមិនស្គាល់គ្នា ឬជាសត្រូវមិនខាន។ តើការបង្រៀនមនុស្សបែបនេះអាចដោះស្រាយបញ្ហាអ្វីខ្លះ? តាមរយៈការប្រព្រឹត្តបែបនេះ ទោះបីអ្នកមិនបង្កើតសត្រូវ ហើយថែមទាំងបាត់បង់មិត្តភក្ដិតិចតួចក៏ដោយ តើការនេះនឹងធ្វើឱ្យមនុស្សកោតសរសើរ និងពេញចិត្តចំពោះអ្នក ហើយតែងតែទុកអ្នកជាមិត្តដែរឬទេ? តើការនេះសម្រេចបានទាំងស្រុងនូវបទដ្ឋានសម្រាប់ក្រមសីលធម៌នៃការប្រព្រឹត្តដែរឬទេ? ភាគច្រើន នេះគ្រាន់តែជាទស្សនវិជ្ជាសម្រាប់ការរស់នៅតែប៉ុណ្ណោះ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ទីបំផុតខ្ញុំក៏បានយល់ដឹងថា «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» គឺជាទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់សាតាំង។ មនុស្សភាគច្រើនប្រើទស្សនៈវិជ្ជានេះ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ ហើយនេះក៏ជារបៀបប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយអ្នកដទៃដែរ។ ដើម្បីឲ្យគេមើលឃើញថា ខ្ញុំជាមិត្តដែលចេះយល់ចិត្ត និងគិតគូរពីអ្នកដទៃ ខ្ញុំប្រុងប្រយ័ត្នខ្លាំងណាស់ជាមួយអ្នកដទៃ ហើយសូម្បីតែពេលខ្ញុំឃើញបញ្ហារបស់អ្នកដទៃ ក៏ខ្ញុំមិននិយាយចេញមកដែរ ដោយគិតថា ធ្វើបែបនេះ ខ្ញុំនឹងមិនបង្កើតសត្រូវ ឬធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តឡើយ។ តាមពិតទៅ បើយើងរកឃើញថា អ្នកដទៃមានបញ្ហា តែយើងមិនចង្អុលបង្ហាញប្រាប់គេ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបើយើងការពារគ្នាទៅវិញទៅមក ដោយមិននិយាយការពិត និងមិនប្រព្រឹត្តជាមនុស្សស្មោះត្រង់ទេនោះ នោះវាមិនអាចហៅថាមិត្តភាពពិតប្រាកដបានទេ។ ការប្រើប្រាស់ទស្សនវិជ្ជាបែបសាតាំងនេះ ដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកដទៃ មានតែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះ។ នេះគ្មានអ្វីក្រៅពីទង្វើបោកបញ្ឆោត និងមានល្បិចកលនោះទេ។ ខ្ញុំបានដឹងថា ខ្ញុំមិនបានចាត់ទុក គ្រីសានតា ប៊ែលឡា និង អៅហួ ជាបងប្អូនស្រីរបស់ខ្ញុំនៅក្នុងពួកជំនុំទេ ហើយខ្ញុំមិនបានធ្វើអ្វីសោះ ដើម្បីជួយពួកគេឲ្យស្គាល់ពីបញ្ហារបស់ពួកគេ។ ខ្ញុំគ្រាន់តែចង់បានការទទួលស្គាល់ពីពួកគេប៉ុណ្ណោះ ហើយខ្ញុំមិនចង់ឲ្យពួកគេមានគំនិតអវិជ្ជមានចំពោះខ្ញុំទេ។ ដើម្បីការពារផលប្រយោជន៍របស់ខ្ញុំ សូម្បីតែពេលខ្ញុំឃើញថា ពួកគេមិនបានបំពេញភារកិច្ចរបស់ពួកគេបានល្អ និងបានធ្វើឲ្យកិច្ចការយឺតយ៉ាវក៏ដោយ ក៏ខ្ញុំមិនបានចង្អុលបង្ហាញពីរឿងនេះ ឬប្រកបគ្នាដើម្បីដោះស្រាយវាដែរ។ ខ្ញុំមិនមានសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះបងប្អូនប្រុសស្រីរបស់ខ្ញុំទេ។ ខ្ញុំតែងតែគិតថា ដរាបណាខ្ញុំមិនចង្អុលបង្ហាញពីបញ្ហារបស់ពួកគេទេ ពួកយើងអាចបន្តសហការគ្នាបាន ហើយថា ពួកយើងថែមទាំងអាចមានទំនាក់ទំនងល្អទៀតផង។ ប៉ុន្តែ តាមពិតទៅ ការតោងជាប់នូវទស្សនវិជ្ជា «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» សម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍មិនទទួលបានលទ្ធផលល្អឡើយ គឺខ្ញុំមិនត្រឹមតែធ្វើឲ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវប៉ុណ្ណោះទេ ថែមទាំងមិនអាចដោះស្រាយបញ្ហារបស់ពួកគេ និងមិនបានជួយពួកគេឲ្យបំពេញភារកិច្ចរបស់ខ្លួនបានល្អទៀតផង។ ពេលនោះ ខ្ញុំក៏បានយល់ដឹងថា ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំត្រូវតែចង្អុលបង្ហាញពីបញ្ហាដែលបងប្អូនប្រុសស្រីមាននៅក្នុងភារកិច្ចរបស់ពួកគេ និងណែនាំពួកគេឲ្យស្គាល់ខ្លួនឯង ព្រមទាំងកែតម្រូវកំហុសរបស់ពួកគេ។ នេះជាអ្វីដែលបងប្អូនប្រុសស្រីពិតប្រាកដគួរធ្វើ។
ក្រោយមក ខ្ញុំបានឃើញថា ការប្រកបគ្នារបស់ព្រះជាម្ចាស់មានលើកឡើងអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖
១. ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
២. ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ។
៣. ប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ។
៤. តាមដានព័ត៌មានអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗ ហើយផ្លាស់ប្ដូរភារកិច្ចដែលបានចាត់តាំងឱ្យពួកគេភ្លាមៗ ឬដកពួកគេចេញទៅតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនស័ក្តិសម ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន។
៥. ត្រូវយល់ និងក្ដាប់ឱ្យបានពីស្ថានការណ៍ និងវឌ្ឍនភាពនៃចំណុចការងារនីមួយៗ ហើយអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា កែតម្រូវសេចក្ដីវៀចវេ និងកែប្រែកំហុសក្នុងការងារ ដើម្បីឱ្យការងារនោះដំណើរការទៅដោយរលូន។
(ដកស្រង់ពី «ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)
ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំឃើញកាន់តែច្បាស់ថា ទង្វើរបស់ខ្ញុំមិនស្របតាមស្ដង់ដារនៃភាពជាអ្នកដឹកនាំដែលព្រះជាម្ចាស់តម្រូវឡើយ ដោយសារខ្ញុំមិនបានបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់ខ្ញុំជាអ្នកដឹកនាំទេ។ ការធ្វើជាអ្នកដឹកនាំពួកជំនុំ មានន័យថា គេត្រូវតែដឹកនាំបងប្អូនប្រុសស្រីឲ្យហូប និងផឹក ព្រមទាំងយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចអនុវត្តសេចក្ដីពិត និងទទួលបានការចូលទៅក្នុងជីវិត។ ក្នុងនាមជាអ្នកដឹកនាំ ទំនួលខុសត្រូវមួយរបស់ខ្ញុំ គឺត្រូវមើលការខុសត្រូវលើគ្រប់ផ្នែកទាំងអស់នៃកិច្ចការរបស់ពួកជំនុំ ចាប់ពីសភាពរបស់មនុស្ស រហូតដល់វឌ្ឍនភាពនៃកិច្ចការ។ បើមានផ្នែកណាមួយនៃកិច្ចការ ដែលកំពុងរារាំងដល់កិច្ចការទាំងមូលរបស់ពួកជំនុំ នោះវាត្រូវតែដោះស្រាយឲ្យបានទាន់ពេលវេលា។ នេះជារឿងដែលខ្ញុំមិនបានធ្វើពីមុនមកទេ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងពីរបៀបបំពេញភារកិច្ចរបស់ខ្ញុំជាអ្នកដឹកនាំឲ្យបានល្អ។
នៅថ្ងៃមួយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ បងប្រុស អឺវីន បានរាយការណ៍ប្រាប់ខ្ញុំថា បងស្រី ស្ដេស៊ី ដែលជាអ្នកដឹកនាំពួកជំនុំ និយាយគ្មានប្រាជ្ញាទេ ខណៈពេលកំពុងផ្សាយដំណឹងល្អ។ ឧទាហរណ៍ គាត់បានលាតត្រដាងពីសាសនា គ្រូគង្វាល និងចាស់ទុំ ភ្លាមៗពេលដែលគាត់ទាក់ទងជាមួយអ្នកដែលអាចទទួលយកដំណឹងល្អ ដែលធ្វើឲ្យអ្នកដែលអាចទទួលយកដំណឹងល្អមានសញ្ញាណ ហើយមិនចង់បន្តចូលរួមការជួបជុំទៀតទេ។ ខ្ញុំក៏កត់សម្គាល់ឃើញថា ស្ដេស៊ី និយាយគ្មានប្រាជ្ញាដែរ ហើយខ្ញុំដឹងថា ខ្ញុំត្រូវតែប្រកបគ្នាអំពីរឿងនេះជាមួយគាត់ តែខ្ញុំគិតក្នុងចិត្តថា៖ «វាជារឿងពិតដែល ស្ដេស៊ី ជាមនុស្សត្រង់ៗពេក តែគាត់បានផ្សាយដំណឹងល្អមួយរយៈហើយ តើគាត់នឹងទទួលយកការណែនាំរបស់ខ្ញុំទេ? បើគាត់មិនទទួលយកវាទេ តើគាត់នឹងមានគំនិតអវិជ្ជមានចំពោះខ្ញុំដែរឬទេ?» តែខ្ញុំក៏បានគិតដែរថា បើខ្ញុំមិនចង្អុលបង្ហាញពីបញ្ហារបស់គាត់ទេ ការបំពេញភារកិច្ចរបស់គាត់នឹងមិនទទួលបានលទ្ធផលល្អឡើយ ដូច្នេះ ខ្ញុំនៅតែគួរចង្អុលបង្ហាញពីបញ្ហារបស់គាត់ដដែល។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានផ្សាយដំណឹងល្អជាមួយ ស្ដេស៊ី ហើយជិតដល់ពេលបញ្ចប់ ខ្ញុំបានអធិស្ឋានក្នុងចិត្តថា៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដា សូមប្រទានភាពក្លាហានដល់ទូលបង្គំ ដើម្បីចង្អុលបង្ហាញពីបញ្ហារបស់ ស្ដេស៊ី។ ទូលបង្គំរាងខ្លាចបន្តិចថា គាត់នឹងមិនទទួលយកអ្វីដែលទូលបង្គំនិយាយ ហើយនឹងមានចំណាប់អារម្មណ៍មិនល្អចំពោះទូលបង្គំ តែទូលបង្គំមិនចង់ជាប់ចំណងដោយសារនិស្ស័យពុករលួយរបស់ទូលបង្គំឡើយ ហើយទូលបង្គំក៏មិនចង់ធ្វើឲ្យប៉ះពាល់ដល់កិច្ចការផ្សាយដំណឹងល្អ គ្រាន់តែដើម្បីរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃនោះដែរ។ ឱព្រះជាម្ចាស់ សូមប្រទានភាពក្លាហានដល់ទូលបង្គំផង»។ បន្ទាប់មក ខ្ញុំបានសង្ខេបពីបញ្ហាដែលពួកយើងបានជួបប្រទះ ក្នុងអំឡុងពេលធ្វើកិច្ចការផ្សាយដំណឹងល្អ ហើយខ្ញុំបានចង្អុលបង្ហាញពីបញ្ហាខ្លះៗរបស់ ស្ដេស៊ី។ ស្ដេស៊ី បាននិយាយថា៖ «អរគុណដែលបានចង្អុលបង្ហាញពីចំណុចខ្វះខាត និងបញ្ហារបស់ខ្ញុំ នេះពិតជាជំនួយដ៏ធំសម្រាប់ខ្ញុំ»។ បន្ទាប់ពីនោះមក គាត់ក៏ចាប់ផ្ដើមអនុវត្តកែតម្រូវបញ្ហាទាំងនេះបន្ដិចម្ដងៗ។
តាមរយៈការដកបទពិសោធជាក់ស្ដែងនៅក្នុងមជ្ឈដ្ឋានទាំងនេះដែលរៀបចំដោយព្រះជាម្ចាស់ ខ្ញុំក៏យល់ដឹងថា៖ «ការមិននិយាយពីកំហុសរបស់កល្យាណមិត្ត ជួយរក្សាចំណងមិត្តភាពឱ្យបានល្អ និងយូរអង្វែង» គឺជាទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍បែបសាតាំង ដែលបំភាន់ និងធ្វើឲ្យមនុស្សពុករលួយ ហើយវាពិតជាមិនស្របតាមសេចក្ដីពិតឡើយ។ កិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់គឺពិតជាជាក់ស្ដែងណាស់ ហើយវាត្រូវបានធ្វើឡើងដើម្បីសង្គ្រោះពួកយើង និងអនុញ្ញាតឲ្យពួកយើងបោះចោលនូវទស្សនៈ និងទស្សនវិជ្ជាបែបសាតាំងដែលពួកយើងប្រកាន់ខ្ជាប់។ បើខ្ញុំមិនបានដកបទពិសោធកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ខ្ញុំប្រាកដជានៅតែរស់នៅតាមទស្សនវិជ្ជាបែបសាតាំងនេះ ហើយខ្ញុំប្រាកដជានៅតែព្យាយាមបោកបញ្ឆោតអ្នកដទៃដោយការសម្ដែងធ្វើជាល្អពីសំបកក្រៅ ដោយមិនដឹងខ្លួនដដែល។ គឺការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលធ្វើឲ្យខ្ញុំយល់ដឹងពីគោលការណ៍នៃការប្រព្រឹត្តខ្លួនទាំងនេះ។ ខ្ញុំពិតជាមានពរណាស់ដែលបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រោះវាបានផ្ដល់ឱកាសឲ្យខ្ញុំផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំពិតជាដឹងគុណព្រះដ៏មានគ្រប់ព្រះចេស្ដាខ្លាំងណាស់!