៩២. តើមានកង្វល់អ្វីខ្លះនៅពីក្រោយការដែលខ្ញុំមិនចង់ទទួលបានការដំឡើងតំណែង?

ខ្ញុំបានសហការធ្វើការងារបោសសម្អាតនៅក្នុងពួកជំនុំ ហើយអស់រយៈពេលជាច្រើនឆ្នាំនៃការអនុវត្ត ខ្ញុំបានក្ដាប់បានគោលការណ៍ខ្លះៗទាក់ទងនឹងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំក៏ទទួលបានលទ្ធផលខ្លះៗដែរនៅក្នុងភារកិច្ចរបស់ខ្ញុំ។ នៅពេលពិភាក្សាអំពីបញ្ហាផ្សេងៗ អ្នកដឹកនាំ គ្រូជំនួយ និងបងប្អូនប្រុសស្រីដែលខ្ញុំសហការជាមួយ ជាទូទៅបានយល់ស្របនឹងទស្សនៈរបស់ខ្ញុំ។ ពួកគេតែងមកប្រកបជាមួយខ្ញុំ ហើយទទួលយកយោបល់របស់ខ្ញុំ នៅពេលដែលពួកគេពិបាកក្នុងការមើលធ្លុះបញ្ហាឱ្យបានច្បាស់លាស់។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងវិសេសជាងគេ ដោយគិតថាខ្ញុំពូកែជាងពួកគេ។ នៅក្នុងខែធ្នូ ឆ្នាំ ២០២០ ខ្ញុំត្រូវបានដំឡើងតំណែងឱ្យបំពេញភារកិច្ចនៅតំបន់មួយផ្សេងទៀត។ បងស្រីពីរនាក់ដែលខ្ញុំសហការជាមួយ បានបំពេញភារកិច្ចនេះយូរជាងខ្ញុំ ហើយពួកគេក្ដាប់បានគោលការណ៍បានច្បាស់ជាងខ្ញុំ។ មានពីរបីដងដែលពួកយើងបានវិភាគឯកសារសម្រាប់ដកមនុស្សចេញជាមួយគ្នា ហើយបងស្រីទាំងពីរបានវិភាគយ៉ាងល្អិតល្អន់ ដោយផ្សារភ្ជាប់ទៅនឹងគោលការណ៍។ ខ្ញុំចង់និយាយប្រកបដែរ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ពួកគេទើបតែបានប្រកបនូវអ្វីដែលខ្ញុំបានយល់រួចទៅហើយ ហើយថាចំពោះបញ្ហាខ្លះដែលពួកគេបានចង្អុលបង្ហាញនោះ ខ្ញុំមិនទាំងបានសម្គាល់ឃើញផង ដូច្នេះ ខ្ញុំបានគិតថា មិននិយាយអ្វីសោះគឺល្អជាង ហើយថាការនិយាយចេញទៅ នឹងគ្មានតម្លៃជាទីពិចារណាឡើយ ហើយវាមានតែធ្វើឱ្យខ្ញុំមើលទៅដូចជាខ្វះសមត្ថភាពប៉ុណ្ណោះ។ ហេតុនេះហើយ ខ្ញុំចេះតែនៅស្ងៀមទៅ។ មួយលើកក្រោយមកទៀត ពួកយើងបានវិភាគឯកសារមួយសម្រាប់ការបណ្ដេញមនុស្សអាក្រក់ចេញ។ ខ្ញុំមិនគិតថាបុគ្គលនោះពិតជាមនុស្សអាក្រក់ទេ ដូច្នេះខ្ញុំក៏បានប្រកបនូវទស្សនៈរបស់ខ្ញុំ។ បន្ទាប់មក បងស្រីម្នាក់បាននិយាយថា គាត់ជឿថាបុគ្គលនេះមានសារជាតិជាមនុស្សអាក្រក់ ហើយគាត់បានធ្វើការវិភាគលើរឿងនេះ ដោយទាញចេញពីអំពើអាក្រក់របស់បុគ្គលនោះ និងសារជាតិនៃទង្វើរបស់ពួកគេ។ បងស្រីម្នាក់ទៀតក៏បានយល់ស្របនឹងគាត់ដែរ។ ក្រោយពីបានស្ដាប់អ្វីដែលពួកគេនិយាយរួច ខ្ញុំគិតថាការប្រកបរបស់បងស្រីទាំងពីរពិតជាត្រឹមត្រូវ និងផ្អែកលើគោលការណ៍ ហើយភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ថាខ្មាសគេយ៉ាងខ្លាំង។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំបានធ្វើឱ្យខ្លួនឯងអាម៉ាស់មុខហើយ។ តើបងស្រីទាំងពីរនឹងគិតយ៉ាងណាចំពោះខ្ញុំឥលូវនេះ? តើពួកគេនឹងគិតថាខ្ញុំខ្វះការមើលធ្លុះ ហើយមានគុណសម្បត្តិទាបឬទេ?» ក្រោយមកទៀត នៅពេលពួកយើងវិភាគឯកសារជាមួយគ្នាម្តងទៀត ខ្ញុំមិនបានហ៊ានគ្រាន់តែបញ្ចេញទស្សនៈរបស់ខ្លួនត្រង់ៗឡើយ ដោយសារតែខ្លាចថាអ្នកដទៃនឹងយល់ឃើញយ៉ាងណាចំពោះខ្ញុំ ប្រសិនបើការប្រកបរបស់ខ្ញុំមិនត្រឹមត្រូវ។ កាលពីមុន បងប្អូនប្រុសស្រីដែលខ្ញុំធ្លាប់សហការជាមួយ មិនសូវបំពេញភារកិច្ចបានល្អដូចខ្ញុំទេ ប៉ុន្តែឥឡូវនេះ បងស្រីដែលខ្ញុំកំពុងសហការជាមួយគឺពូកែជាងខ្ញុំគ្រប់បែបយ៉ាង ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគឺជាមនុស្សដែលគ្មានសមត្ថភាពជាងគេនៅទីនោះ ហើយខ្ញុំមិនសូវត្រូវបានគេកត់សម្គាល់ឡើយ ហើយតែងតែធ្លាក់ចូលទៅក្នុងសភាពមួយដែលមានអារម្មណ៍ថាត្រូវបានគាបសង្កត់ក្នុងចិត្ត។ កំឡុងពេលនោះ សភាពរបស់ខ្ញុំគឺអាក្រក់ខ្លាំងណាស់ ហើយជួនកាល ខ្ញុំថែមទាំងចង់រត់គេចពីស្ថានភាពនេះ និងលែងចង់បំពេញភារកិច្ចនៅទីនោះទៀតផង។ មិនយូរប៉ុន្មាន ដោយសារតែការកាត់បន្ថយបរិមាណការងារ ក៏មានតម្រូវការក្នុងការកាត់បន្ថយបុគ្គលិក ហើយអ្នកដឹកនាំបានវាយតម្លៃថាគុណសម្បត្តិរបស់ខ្ញុំគឺមធ្យម ហើយបានចាត់តាំងខ្ញុំឡើងវិញ។

មួយរយៈក្រោយមក ដោយសារតែការកើនឡើងនៃបរិមាណការងារ អ្នកដឹកនាំបានសរសេរសំបុត្រមកស្នើខ្ញុំឱ្យបន្តធ្វើការងារបោសសម្អាតនៅតំបន់មួយផ្សេងទៀត។ នៅពេលខ្ញុំឃើញសំបុត្ររបស់ពួកគេ ខ្ញុំមានអារម្មណ៍ទាស់ទទឹងខ្លះ ដោយគិតថា «បងប្អូនប្រុសស្រីដែលខ្ញុំត្រូវទៅសហការជាមួយនៅទីនោះ សុទ្ធតែមានគុណសម្បត្តិល្អជាងខ្ញុំ ហើយពួកគេក៏ពូកែជាងខ្ញុំដែរ ក្នុងការប្រកបសេចក្តីពិត និងការមើលរឿងសព្វសារពើ។ ខ្ញុំនឹងមិនលេចធ្លោអ្វីឡើយក្នុងការបំពេញភារកិច្ចនៅទីនោះ ហើយចុងក្រោយមានតែធ្វើឱ្យខ្លួនឯងអាម៉ាស់មុខប៉ុណ្ណោះ។ ខ្ញុំមិនចង់ទៅទីនោះទេ»។ ដូច្នេះ ខ្ញុំក៏បានបដិសេធ ដោយលើកហេតុផលដោះសារថា ខ្ញុំខ្វះគុណសម្បត្តិ ហើយមិនអាចចាត់ចែងភារកិច្ចនេះបានទេ។ ដោយបរិមាណការងារបានកើនឡើង អ្នកដឹកនាំ និងអ្នកធ្វើការបានសរសេរសំបុត្រមកខ្ញុំជាច្រើនដងក្នុងការប្រកប ប៉ុន្តែនៅពេលខ្ញុំគិតដល់បងប្អូនប្រុសស្រីនៅតំបន់នោះថាមានគុណសម្បត្តិ និងសមត្ថភាពការងារល្អៗ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងមិនត្រូវបានគេកត់សម្គាល់ឡើយនៅទីនោះ ដូច្នេះ ខ្ញុំចេះតែបន្តបដិសេធសំណើរបស់ពួកគេ។ តាមពិតទៅ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តខ្លាំងណាស់ ចំពោះការគេចវេះពីភារកិច្ច ហើយខ្ញុំមានអារម្មណ៍ថាមានកំហុស ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតក្នុងចិត្តថា «វាដូចតែគ្នាទេនៅកន្លែងណាក៏ដោយដែលខ្ញុំបំពេញភារកិច្ច ហើយការងារនៅទីនេះក៏ត្រូវការមនុស្សមកសហការដែរ ដូច្នេះ ខ្ញុំគ្រាន់តែអាចខំប្រឹងធ្វើការបន្ថែមទៀត និងបំពេញភារកិច្ចនៅទីនេះឱ្យបានល្អទៅបានហើយ»។

មួយរយៈក្រោយមក មានបងស្រីម្នាក់បានសរសេរសំបុត្រមកខ្ញុំ ដែលនៅក្នុងនោះ គាត់បានលើកយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក្នុងការដែលត្រូវបានចាត់តាំងភារកិច្ចឡើងវិញមកប្រកបជាមួយខ្ញុំ ហើយគាត់បានចង្អុលបង្ហាញថា ការដែលខ្ញុំស្ទាក់ស្ទើរមិនចង់ទៅបំពេញភារកិច្ចនៅតំបន់ផ្សេងនោះ អាចមកពីខ្ញុំជាប់ចំណងកេរ្តិ៍ឈ្មោះ និងឋានៈ។ គាត់ក៏បានរំលឹកខ្ញុំឱ្យប្រឈមមុខនឹងបញ្ហារបស់ខ្លួន និងស្វែងរកសេចក្តីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ពេលឃើញបងស្រីបើកចំហចិត្តប្រកបមកខ្ញុំបែបនេះ បានធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំបានដឹងខ្លួនថា ខ្ញុំបានបដិសេធភារកិច្ចជាច្រើនលើកច្រើនសា ហើយថាត្រង់ចំណុចនេះ ខ្ញុំពិតជាកំពុងបះបោរទាស់នឹងព្រះជាម្ចាស់មែន! ខ្ញុំដឹងថា នេះគឺជាឱកាសមួយទៀតដែលព្រះជាម្ចាស់ប្រទានឱ្យខ្ញុំដើម្បីប្រែចិត្ត ហើយថាខ្ញុំត្រូវតែចាប់យកឱកាសនេះឱ្យបាន។ ខ្ញុំបានឃើញថា នៅក្នុងសំបុត្រនោះ បងស្រីបានដកស្រង់អត្ថបទនៃព្រះបន្ទូលមួយមកឱ្យខ្ញុំអាន៖ «នៅពេលដែលមនុស្សមាននិស្ស័យរឹងទទឹង តើនៅក្នុងខ្លួនពួកគេមានសភាពបែបណា? សំខាន់គឺ ពួកគេរឹងរូស និងរាប់ខ្លួនឯងជាសុចរិត។ ពួកគេតែងប្រកាន់តាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេតែងគិតថា អ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ ពួកគេមិនចេះបន់បែនទាល់តែសោះ ហើយពួកគេប្រកាន់តែតាមគំនិតរបស់ខ្លួនប៉ុណ្ណោះ។ នេះគឺជាឥរិយាបថនៃភាពរឹងទទឹង។ ពួកគេចចេស មិនព្រមស្ដាប់គេ ដោយបន្តប្រកាន់ខ្ជាប់តាមរបៀបមួយមិនព្រមកែ ទទូចថាត្រូវតែធ្វើបែបនោះ ទោះរឿងនោះត្រឹមត្រូវ ឬខុសក៏ដោយ។ នៅក្នុងរឿងនេះ ក៏មានភាពមិនចេះប្រែចិត្តខ្លះដែរ។ ដូចពាក្យពោលថា៖ 'ជ្រូកងាប់មិនចេះខ្លាចទឹកកំពុងពុះ'។ មនុស្សដឹងទាំងស្រុងថា អ្វីជារឿងត្រឹមត្រូវដែលត្រូវធ្វើ ក៏ប៉ុន្តែ ពួកគេមិនធ្វើវានោះទេ ពួកគេបែរជារឹងរូសបដិសេធមិនទទួលយកសេចក្ដីពិតទៅវិញ។ នេះគឺជានិស្ស័យមួយប្រភេទ៖ ភាពរឹងទទឹង។ តើនៅក្នុងស្ថានភាពបែបណាដែលអ្នករាល់គ្នាបង្ហាញចេញនូវនិស្ស័យរឹងទទឹង? តើអ្នកមានភាពរឹងទទឹងញឹកញាប់ដែរឬទេ? (មាន។) ញឹកញាប់ណាស់! ហើយដោយសារភាពរឹងទទឹងគឺជានិស្ស័យរបស់អ្នក ដូច្នេះ និស្ស័យនេះនៅតោងជាប់ខ្លួនអ្នកគ្រប់វិនាទីនៃជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ភាពរឹងទទឹងរារាំងមនុស្សពីការអាចចូលមកចំពោះព្រះជាម្ចាស់ វារារាំងមនុស្សពីការអាចទទួលយកសេចក្ដីពិត ហើយវារារាំងពួកគេពីការអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ហើយប្រសិនបើអ្នកមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ តើអាចមានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកនៅក្នុងទិដ្ឋភាពនេះបានដែរឬទេ? អាច ប៉ុន្តែមានការលំបាកខ្លាំង។ សព្វថ្ងៃនេះ តើនិស្ស័យរឹងទទឹងរបស់អ្នករាល់គ្នាបានផ្លាស់ប្ដូរខ្លះហើយឬនៅ? ហើយតើមានការផ្លាស់ប្ដូរបានច្រើនប៉ុនណាហើយ? ឧទាហរណ៍ថា កាលពីមុន អ្នកធ្លាប់រឹងទទឹងជាទីបំផុត ប៉ុន្តែសព្វថ្ងៃនេះ មានការផ្លាស់ប្ដូរបន្តិចបន្តួចនៅក្នុងខ្លួនអ្នកហើយ៖ នៅពេលអ្នកជួបប្រទះបញ្ហាមួយចំនួន អ្នកមានមនសិការខ្លះនៅក្នុងចិត្តរបស់អ្នក ហើយអ្នកនិយាយទៅកាន់ខ្លួនឯងថា៖ 'ចំពោះបញ្ហានេះ ខ្ញុំត្រូវតែអនុវត្តសេចក្ដីពិតខ្លះទើបបាន។ ដោយសារព្រះជាម្ចាស់បានលាតត្រដាងពីនិស្ស័យរឹងទទឹងនេះ ដោយសារខ្ញុំបានឮពីរឿងនេះ ហើយឥឡូវខ្ញុំក៏បានដឹងពីរឿងនេះទៀត ដូច្នេះ ខ្ញុំត្រូវតែធ្វើការផ្លាស់ប្ដូរ។ កាលពីមុន នៅពេលដែលខ្ញុំបានជួបប្រទះរឿងបែបនេះពីរបីដង ខ្ញុំបានធ្វើតាមសាច់ឈាមរបស់ខ្ញុំ រួចក៏ត្រូវបរាជ័យ ហើយខ្ញុំមិនពេញចិត្តនោះទេ។ ពេលនេះ ខ្ញុំត្រូវតែអនុវត្តសេចក្ដីពិត'។ ពេលមានការតាំងចិត្តបែបនេះ គឺអាចអនុវត្តសេចក្ដីពិតបានហើយ ហើយនេះគឺជាការផ្លាស់ប្ដូរ។ នៅពេលដែលអ្នកមានបទពិសោធតាមរបៀបនេះបានមួយរយៈ ហើយអ្នកអាចអនុវត្តសេចក្ដីពិតបានច្រើន ហើយការណ៍នេះធ្វើឱ្យមានការផ្លាស់ប្ដូរកាន់តែច្រើន ហើយនិស្ស័យបះបោរ និងរឹងទទឹងរបស់អ្នកកាន់តែថមថយទៅៗ តើមានការផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់អ្នកដែរឬទេ? ប្រសិននិស្ស័យបះបោររបស់អ្នកថមថយចុះជាបន្តបន្ទាប់យ៉ាងច្បាស់ ហើយការចុះចូលរបស់អ្នកចំពោះព្រះជាម្ចាស់កាន់តែច្រើនឡើងៗ នោះមានការផ្លាស់ប្ដូរពិតប្រាកដមិនខាន។ ដូច្នេះ តើអ្នកត្រូវធ្វើការផ្លាស់ប្ដូរដល់កម្រិតណាដើម្បីសម្រេចបាននូវការចុះចូលពិតប្រាកដ? នៅពេលដែលគ្មានភាពរឹងទទឹងសូម្បីតែបន្តិចណាសោះ ហើយមានតែការចុះចូលវិញ នោះអ្នកនឹងសម្រេចបាន។ នេះគឺជាដំណើរការដែលត្រូវចំណាយពេល។ ការផ្លាស់ប្ដូរនិស្ស័យមិនមែនកើតមានឡើងត្រឹមពេលមួយយប់នោះទេ វាត្រូវការពេលវេលាបទពិសោធយូរអង្វែង អាចដល់មួយជីវិតក៏មាន។ ជួនកាល ចាំបាច់ត្រូវរងទុក្ខលំបាកធំៗ ទុក្ខលំបាកដូចជាការស្លាប់ហើយរស់ឡើងវិញ ទុក្ខលំបាកដែលមានការឈឺចាប់និងការលំបាកខ្លាំងជាងការព្យាបាលជំងឺដែលមានការឈឺចាប់ខ្លាំងជាដើម» («មានតែការស្គាល់ពីប្រភេទទាំងប្រាំមួយនៃនិស្ស័យពុករលួយប៉ុណ្ណោះ ទើបមានន័យថាជាការស្គាល់ខ្លួនឯងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ អ្វីដែលព្រះជាម្ចាស់បានលាតត្រដាងគឺជាសភាពរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំបានរស់នៅក្នុងនិស្ស័យរឹងទទឹង។ រឿងនេះបានរារាំងខ្ញុំមិនឱ្យចូលមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរកសេចក្តីពិត ហើយធ្វើឱ្យខ្ញុំមិនអាចចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ ខ្ញុំបានគិតត្រឡប់ទៅលើការរៀបចំរបស់អ្នកដឹកនាំសម្រាប់ខ្ញុំ ឱ្យទៅបំពេញភារកិច្ចនៅតំបន់មួយផ្សេងទៀត។ ខ្ញុំដឹងថា ខ្ញុំត្រូវឱ្យអាទិភាពដល់ការងាររបស់ពួកជំនុំ ប៉ុន្តែខ្ញុំបារម្ភថា បងស្រីដែលខ្ញុំនឹងទៅសហការជាមួយ មានគុណសម្បត្តិ និងការមើលធ្លុះប្រសើរជាងខ្ញុំ ហើយខ្ញុំខ្លាចថា ការសហការជាមួយពួកគេក្នុងភារកិច្ច មិនត្រឹមតែមិនធ្វើឱ្យខ្ញុំទទួលបានការទទួលស្គាល់ប៉ុណ្ណោះទេ តែវានឹងធ្វើឱ្យខ្ញុំមើលទៅដូចជាអន់ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនត្រូវបានគេមើលឃើញទៀតផង។ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ខ្ញុំបានបដិសេធភារកិច្ចយ៉ាងរឹងទទឹងម្ដងហើយម្ដងទៀត ហើយទោះបីជាអ្នកដទៃប្រកបជាមួយខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំបានត្រឹមតែមិនស្ដាប់ដែរ។ ចិត្តរបស់ខ្ញុំត្រូវបានបិទជិតទាំងស្រុងចំពោះព្រះជាម្ចាស់។ ខ្ញុំពិតជារឹងទទឹង និងរឹងរូសណាស់! ខ្ញុំដឹងថា បរិមាណការងារនៅតំបន់នោះច្រើន ហើយពួកគេត្រូវការមនុស្សបន្ថែមដើម្បីជួយ ប៉ុន្តែនៅគ្រាដ៏សំខាន់នេះ ខ្ញុំខ្វល់តែពីមុខមាត់ និងឋានៈរបស់ខ្លួន ហើយមិនបានគិតគូរដល់ការងារពួកជំនុំសោះឡើយ។ ខ្ញុំពិតជាអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងគ្មានភាពជាមនុស្សសោះ! ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដូច្នេះខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ព្រះជាម្ចាស់អើយ និស្ស័យរបស់ទូលបង្គំរឹងរូស និងរឹងទទឹងណាស់។ ទូលបង្គំដឹងពីសេចក្តីពិត ប៉ុន្តែមិនអនុវត្តវាឡើយ។ ទូលបង្គំសុខចិត្តផ្លាស់ប្ដូរសភាពបះបោររបស់ទូលបង្គំនេះ ហើយស្វែងរកសេចក្តីពិតដើម្បីដោះស្រាយបញ្ហារបស់ទូលបង្គំ។ សូមទ្រង់ណែនាំ និងដឹកនាំទូលបង្គំផង»។ បន្ទាប់ពីនេះមក ខ្ញុំបានសរសេរសំបុត្រទៅអ្នកដឹកនាំ ដើម្បីបង្ហាញពីការស្ម័គ្រចិត្តរបស់ខ្ញុំក្នុងការទៅបំពេញភារកិច្ចនៅតំបន់មួយផ្សេងទៀត។

ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងថា ហេតុអ្វីបានជាខ្ញុំមិនព្រមទៅបំពេញភារកិច្ចនៅតំបន់ផ្សេង ហើយខ្ញុំបានដឹងថា នេះគឺដោយសារតែវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំបានស្វែងរកសេចក្តីពិតលើចំណុចនេះដោយយកចិត្តទុកដាក់។ ខ្ញុំបានអានអត្ថបទនៃព្រះបន្ទូលមួយ៖ «ពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេទាំងទើសទាល់ដើម្បីទទួលបានព្រះពរ។ ពួកគេក៏សាកសួរផងដែរថា តើពួកគេនឹងអាចសម្ញែងខ្លួន និងទទួលបានការកោតសរសើរពីអ្នកដទៃដែរឬទេ ដោយការបំពេញភារកិច្ចនេះ ហើយថាតើខាងលើ ឬព្រះជាម្ចាស់នឹងដឹងដែរឬទេ ប្រសិនបើពួកគេបំពេញភារកិច្ចនេះ។ ទាំងនេះគឺជាអ្វីដែលពួកគេពិចារណា នៅពេលដែលពួកគេបំពេញភារកិច្ច។ រឿងដំបូងដែលពួកគេចង់កំណត់ឱ្យច្បាស់ គឺថាតើពួកគេអាចទទួលបានផលប្រយោជន៍អ្វីខ្លះ ដោយការបំពេញភារកិច្ច ហើយថាតើពួកគេអាចទទួលបានព្រះពរដែរឬទេ។ នេះគឺជារឿងសំខាន់បំផុតសម្រាប់ពួកគេ។ ពួកគេមិនដែលគិតអំពីរបៀបគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ របៀបផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងទទួលបានក្តីសុខឡើយ ហើយពួកគេកាន់តែមិនដែលស្វែងរកការយល់សេចក្ដីពិត ឬស្វែងរកវិធីដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ និងសម្តែងចេញនូវលក្ខណៈជាមនុស្សឡើយ។ ពួកគេមិនដែលពិចារណារឿងទាំងនេះទេ។ ពួកគេគ្រាន់តែគិតថាតើពួកគេអាចទទួលបានព្រះពរ និងទទួលបានផលប្រយោជន៍ដែរឬទេ តើត្រូវទទួលបានកន្លែងឈរជើង ទទួលបានឋានៈ ធ្វើឱ្យមនុស្សកោតសរសើរពួកគេ និងធ្វើឱ្យខ្លួនឯងលេចធ្លោ និងក្លាយជាមនុស្សពូកែជាងគេនៅក្នុងពួកជំនុំ និងនៅក្នុងចំណោមមនុស្សដោយរបៀបណា។ ពួកគេពិតជាមិនសុខចិត្តធ្វើជាអ្នកដើរតាមធម្មតាឡើយ។ ពួកគេតែងតែចង់ធ្វើជាអ្នកទីមួយនៅក្នុងពួកជំនុំ មានសិទ្ធិសម្រេចចុងក្រោយ ក្លាយជាអ្នកដឹកនាំ និងធ្វើឱ្យមនុស្សគ្រប់គ្នាស្តាប់ពួកគេ។ ទាល់តែបែបនេះ ទើបពួកគេអាចពេញចិត្តបាន។ អ្នករាល់គ្នាអាចឃើញថា ចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយរឿងទាំងនេះ។ តើពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយពិតប្រាកដដែរឬទេ? តើពួកគេបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលព្រះបានបង្កើតដោយពិតប្រាកដដែរឬទេ? (ទេ។) ចុះតើពួកគេចង់ធ្វើអ្វី? (កាន់អំណាច។) ត្រឹមត្រូវហើយ។ ពួកគេនិយាយថា៖ 'ចំពោះខ្ញុំ នៅក្នុងពិភពលោកនេះ ខ្ញុំចង់ពូកែជាងអ្នកផ្សេងទៀត។ ខ្ញុំត្រូវតែជាអ្នកទីមួយនៅក្នុងរាល់ក្រុមណាមួយ។ ខ្ញុំបដិសេធមិនធ្វើជាអ្នកទីពីរឡើយ ហើយខ្ញុំនឹងមិនធ្វើជាកូនចៅគេឡើយ។ ខ្ញុំចង់ធ្វើជាអ្នកដឹកនាំ និងមានសិទ្ធិសម្រេចចុងក្រោយនៅក្នុងរាល់ក្រុមមនុស្សណាមួយដែលខ្ញុំនៅជាមួយ។ ប្រសិនបើខ្ញុំមិនមានសិទ្ធិសម្រេចចុងក្រោយទេ នោះខ្ញុំនឹងព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបញ្ចុះបញ្ចូលអ្នករាល់គ្នា ដើម្បីធ្វើឱ្យអ្នករាល់គ្នាកោតសរសើរខ្ញុំ និងធ្វើឱ្យអ្នករាល់គ្នាជ្រើសរើសខ្ញុំជាអ្នកដឹកនាំ។ នៅពេលដែលខ្ញុំមានឋានៈ ខ្ញុំនឹងមានសិទ្ធិសម្រេចចុងក្រោយ មនុស្សគ្រប់គ្នានឹងត្រូវស្តាប់ខ្ញុំ។ អ្នកនឹងត្រូវធ្វើតាមរបៀបរបស់ខ្ញុំ ហើយអ្នកនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ'។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចអ្វីក៏ដោយ ពួកគេនឹងព្យាយាមដាក់ខ្លួនឯងនៅក្នុងតំណែងខ្ពស់ នៅក្នុងតំណែងជាអ្នកនាំមុខគេ។ ពួកគេមិនអាចពេញចិត្តនឹងកន្លែងរបស់ពួកគេក្នុងនាមជាអ្នកដើរតាមធម្មតាឡើយ។ ហើយតើពួកគេចូលចិត្តអ្វីខ្លាំងបំផុត? គឺការឈរនៅចំពោះមុខមនុស្ស ដោយចេញបញ្ជា និងស្តីឱ្យមនុស្ស ដោយធ្វើឱ្យមនុស្សធ្វើតាមអ្វីដែលពួកគេនិយាយ។ ពួកគេមិនដែលគិតអំពីរបៀបបំពេញភារកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវឡើយ ហើយពួកគេកាន់តែមិនស្វែងរកគោលការណ៍សេចក្ដីពិត ដើម្បីអនុវត្តសេចក្ដីពិត និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ឡើយ ខណៈពេលបំពេញភារកិច្ចរបស់ពួកគេ។ ផ្ទុយទៅវិញ ពួកគេរិះរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យខ្លួនឯងលេចធ្លោ ដើម្បីធ្វើឱ្យអ្នកដឹកនាំគិតល្អពីពួកគេ និងដំឡើងតំណែងពួកគេ ដើម្បីឱ្យពួកគេអាចក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការ និងអាចដឹកនាំអ្នកដទៃបាន។ នេះគឺជាអ្វីដែលពួកគេចំណាយពេលពេញមួយថ្ងៃគិត និងសង្ឃឹមចង់បាន។ ពួកទទឹងនឹងព្រះគ្រីស្ទមិនសុខចិត្តឱ្យអ្នកដទៃដឹកនាំឡើយ ហើយពួកគេក៏មិនសុខចិត្តធ្វើជាអ្នកដើរតាមធម្មតាដែរ ហើយកាន់តែមិនសុខចិត្តបំពេញភារកិច្ចរបស់ពួកគេដោយស្ងៀមស្ងាត់ដោយមិនចង់បានមុខមាត់ឡើយ។ មិនថាភារកិច្ចរបស់ពួកគេជាអ្វីនោះទេ ប្រសិនបើពួកគេមិនអាចនៅមុខគេ និងលេចធ្លោជាងគេបានទេ ប្រសិនបើពួកគេមិនអាចនៅពីលើអ្នកដទៃ និងដឹកនាំអ្នកដទៃបានទេ នោះពួកគេយល់ថា ការបំពេញភារកិច្ចរបស់ពួកគេគួរឱ្យធុញទ្រាន់ណាស់ ហើយក្លាយជាអវិជ្ជមាន និងចាប់ផ្ដើមខ្ជិលច្រអូស។ បើគ្មានការសរសើរ ឬការគោរពលើកតម្កើងពីអ្នកដទៃទេ នោះវាកាន់តែមិនគួរឱ្យចាប់អារម្មណ៍សម្រាប់ពួកគេ ហើយពួកគេកាន់តែគ្មានបំណងចង់បំពេញភារកិច្ចរបស់ពួកគេ។ ប៉ុន្តែប្រសិនបើពួកគេអាចនៅមុខគេ និងលេចធ្លោជាងគេ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ និងទទួលបានសិទ្ធិសម្រេចចុងក្រោយ នោះពួកគេមានអារម្មណ៍ថាមានកម្លាំងចិត្ត ហើយនឹងស៊ូទ្រាំនឹងរាល់ការលំបាកណាមួយ។ ពួកគេតែងតែមានបំណងផ្ទាល់ខ្លួននៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយពួកគេតែងតែចង់ធ្វើឱ្យខ្លួនឯងលេចធ្លោ ជាមធ្យោបាយដើម្បីបំពេញតម្រូវការរបស់ពួកគេក្នុងការយកឈ្នះអ្នកដទៃ និងបំពេញបំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេ។ ខណៈពេលបំពេញភារកិច្ចរបស់ពួកគេ បន្ថែមពីលើការប្រកួតប្រជែងយ៉ាងខ្លាំង ពោលគឺការប្រកួតប្រជែងក្នុងគ្រប់ទិដ្ឋភាព ដើម្បីឱ្យលេចធ្លោ ដើម្បីនៅចំណុចកំពូល ដើម្បីបានខ្ពស់ជាងអ្នកដទៃ ពួកគេក៏កំពុងគិតអំពីរបៀបរក្សាឋានៈ កេរ្តិ៍ឈ្មោះ និងកិត្តិយសបច្ចុប្បន្នរបស់ពួកគេផងដែរ» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់លាតត្រដាងថា មិនថាពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចនៅទីណាទេ ពួកគេធ្វើដូច្នេះ ដើម្បីបំពេញបំណងប្រាថ្នាចង់បានឋានៈរបស់ពួកគេ។ ប្រសិនបើពួកគេជាបុគ្គលលេចធ្លោ ឬជាអ្នកដឹកនាំនៅក្នុងចំណោមមនុស្ស ហើយពួកគេអាចលេចធ្លោ និងទទួលបានការកោតសរសើរ នោះពួកគេមានកម្លាំងចិត្តខ្លាំងណាស់ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែប្រសិនបើពួកគេមិនអាចលេចធ្លោ ហើយតែងតែបរាជ័យក្នុងការធ្វើឱ្យខ្លួនឯងប្លែកពីគេ នោះពួកគេមិនទាំងចង់បំពេញភារកិច្ចរបស់ខ្លួនផង។ តាមរយៈការប្រៀបធៀបទស្សនៈនៃការដេញតាមរបស់ខ្ញុំជាមួយការយល់ដឹងនេះ ខ្ញុំបានដឹងថា វាដូចគ្នាបេះបិទទៅនឹងទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលខ្ញុំត្រូវបានចាត់តាំងឱ្យទៅបំពេញភារកិច្ចនៅតំបន់ផ្សេង ហើយខ្ញុំឃើញថាបងស្រីដែលខ្ញុំសហការជាមួយ មានគុណសម្បត្តិ និងសមត្ថភាពការងារល្អជាងខ្ញុំ ខ្ញុំមានអារម្មណ៍ថាអន់ និងគ្មានប្រយោជន៍នៅក្នុងចំណោមពួកគេ ហើយថាខ្ញុំមិនត្រូវបានគេកត់សម្គាល់សោះ។ នេះបណ្តាលឱ្យខ្ញុំតែងតែរស់នៅក្នុងសភាពកើតទុក្ខ និងការគាបសង្កត់ក្នុងចិត្ត ហើយមិនបានគិតគូរពីរបៀបបំពេញភារកិច្ចឱ្យបានល្អឡើយ ហើយខ្ញុំតែងតែចង់រត់គេចចេញពីស្ថានភាពនេះ។ បន្ទាប់ពីត្រូវបានចាត់តាំងភារកិច្ចឡើងវិញ ខ្ញុំមិនបានឆ្លុះបញ្ចាំងពីផ្លូវខុសដែលខ្ញុំបានដើរនោះទេ ហើយនៅពេលដែលអ្នកដឹកនាំបានរៀបចំឱ្យខ្ញុំទៅបំពេញភារកិច្ចនៅតំបន់ផ្សេងម្តងទៀត ខ្ញុំបានរកលេសបដិសេធ ដោយសារខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងមិនអាចលេចធ្លោបាន។ ទោះបីជាបងប្អូនប្រុសស្រីបានប្រកបជាមួយខ្ញុំជាច្រើនដងក៏ដោយ ហើយខ្ញុំដឹងថាបរិមាណការងារនៅតំបន់នោះច្រើន និងត្រូវការមនុស្សបន្ថែមជាបន្ទាន់ដើម្បីជួយ ខ្ញុំនៅតែមិនអើពើនឹងការងាររបស់ពួកជំនុំដដែល។ ការខ្វល់ខ្វាយរបស់ខ្ញុំចំពោះកេរ្តិ៍ឈ្មោះ និងឋានៈគឺលើសលុបណាស់។ ខ្ញុំតែងតែអះអាងថា ខ្ញុំបំពេញភារកិច្ចដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ និងតបស្នងសេចក្តីស្រឡាញ់របស់ទ្រង់ ប៉ុន្តែឥឡូវនេះ ខ្ញុំបានឃើញថា ការលះបង់ ការចំណាយកម្លាំងកាយចិត្ត និងការរងទុក្ខរបស់ខ្ញុំ សុទ្ធតែដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ។ ខ្ញុំមិនមែនកំពុងបំពេញភារកិច្ចទាល់តែសោះ តែផ្ទុយទៅវិញ គឺព្យាយាមប្រើប្រាស់ និងបោកបញ្ឆោតព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានសួរខ្លួនឯងថា «ហេតុអ្វីបានជាខ្ញុំឱ្យតម្លៃខ្លាំងម៉្លេះលើកេរ្តិ៍ឈ្មោះ និងឋានៈ?» នេះគឺដោយសារតែពិសពុលរបស់សាតាំងដូចជា «សុខចិត្តធ្វើក្បាលមាន់ កុំឱ្យតែធ្វើកន្ទុយគោ» និង «ដូចជាដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ» បានចាក់ឫសនៅក្នុងចិត្តរបស់ខ្ញុំ ហើយបានក្លាយជាគោលដៅសម្រាប់ខ្ញុំដេញតាម និងជាវិធាននៃការរស់រាន។ ខ្ញុំជឿថា ការរស់នៅមានន័យថាត្រូវតែលេចធ្លោ និងទទួលបានការកោតសរសើរពីមនុស្ស ហើយថាការរស់នៅបែបនេះ ទើបមានន័យ និងមានតម្លៃ។ ប្រសិនបើខ្ញុំមិនអាចលេចធ្លោ ឬតែងតែត្រូវគេមើលងាយនៅគ្រប់កន្លែងដែលខ្ញុំទៅ នោះខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងរស់នៅក្នុងជីវិតដ៏គ្មានតម្លៃ។ ទោះបីជាមើលពីក្រៅ ខ្ញុំហាក់ដូចជាកំពុងបំពេញភារកិច្ចក៏ដោយ តែខាងក្នុងចិត្តវិញ ខ្ញុំផ្តោតតែលើរបៀបទទួលបានជំហរខ្លួនឯង និងទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ហើយនៅពេលដែលការងាររបស់ពួកជំនុំត្រូវការការសហការពីខ្ញុំ ខ្ញុំបែរជារកលេសបដិសេធ ដោយសារតែបំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំមិនត្រូវបានបំពេញ។ ដោយរស់នៅតាមពិសពុលរបស់សាតាំងទាំងនេះ ខ្ញុំបានក្លាយជាក្រអឺតក្រទម និងអាត្មានិយមយ៉ាងខ្លាំង ដោយគ្មានលក្ខណៈជាមនុស្សសោះ ហើយខ្ញុំបានបះបោរទាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ដោយមិនអាចគ្រប់គ្រងបាន។ កំឡុងពេលនោះ ខ្ញុំបានបដិសេធភារកិច្ចជាច្រើនលើកច្រើនសា ហើយតែងតែមានអារម្មណ៍ភ័យខ្លាច និងមិនស្រួលចិត្ត ដោយមានអារម្មណ៍ហាក់ដូចជាខ្ញុំកំពុងស្ថិតនៅលើមាត់ជ្រោះនៃគ្រោះថ្នាក់។ អាកប្បកិរិយាបែបនេះចំពោះភារកិច្ច គឺងាយនឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ណាស់ ហើយប្រសិនបើខ្ញុំមិនប្រែចិត្តចំពោះព្រះទេនោះ ខ្ញុំប្រាកដជាត្រូវបានព្រះជាម្ចាស់ទុកចោល និងជម្រុះចោលមិនខាន។ ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយខ្ញុំទទួលស្គាល់ថា ការបដិសេធភារកិច្ចគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ។ ខ្ញុំពោរពេញដោយការសោកស្ដាយ និងវិប្បដិសារី ហើយខ្ញុំស្អប់ខ្លួនឯង ដែលអាចបះបោរទាស់នឹងព្រះជាម្ចាស់តាមរបៀបនេះ ដោយបន្សល់ទុកនូវអំពើរំលង និងស្នាមប្រឡាក់ជាច្រើន។ ខ្ញុំពិតជាជំពាក់ព្រះជាម្ចាស់ច្រើនណាស់! ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ គឺជាផ្លូវដែលគ្មានថ្ងៃត្រឡប់ ដែលនាំទៅរកសេចក្តីវិនាស ដូច្នេះ ខ្ញុំចង់ផ្លាស់ប្ដូរទស្សនៈនៃការដេញតាមរបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្ត និងការចូលទៅក្នុង នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដោយសារអ្នកចង់បន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងនាមជាសមាជិកម្នាក់ដែលមានចិត្តស្ងប់នឹងនរ អ្នកគួរតែរៀនស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់រឿងជាមុនសិន បំពេញភារកិច្ចរបស់អ្នកឱ្យអស់ពីសមត្ថភាពរបស់អ្នក និងអាចយល់ និងអនុវត្តសេចក្ដីពិតបាន តាមរបៀបនេះ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អ្នកនឹងក្លាយជាភាវៈដែលព្រះបានបង្កើតទាំងក្នុងនាមនិងតថភាព។ អត្តសញ្ញាណរបស់មនុស្សជាតិ គឺជាភាវៈដែលព្រះបានបង្កើត នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នោះគឺជាលក្ខណៈរបស់មនុស្ស។ ដូច្នេះ តើអ្នកអាចត្រូវតាមស្ដង់ដាក្នុងនាមជាភាវៈដែលព្រះបានបង្កើតដោយរបៀបណា? ចំពោះរឿងនោះ អ្នកត្រូវតែរៀនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រព្រឹត្តខ្លួនស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មិនមែនថា នៅពេលដែលព្រះជាម្ចាស់ប្រទានងារនេះដល់អ្នកហើយ គឺចប់ត្រឹមហ្នឹងនោះទេ ផ្ទុយទៅវិញ ដោយសារអ្នកគឺជាភាវៈដែលព្រះបានបង្កើត អ្នកគួរតែបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត ហើយដោយសារអ្នកគឺជាភាវៈដែលព្រះបានបង្កើត អ្នកគួរតែបំពេញទំនួលខុសត្រូវរបស់ភាវៈដែលព្រះបានបង្កើត។ ដូច្នេះ តើភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតគឺជាអ្វី? តើទំនួលខុសត្រូវរបស់ភាវៈដែលព្រះបានបង្កើតគឺជាអ្វី? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងយ៉ាងច្បាស់អំពីភារកិច្ច កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាវៈដែលព្រះបានបង្កើត តើមែនទេ? អ្នកបានទទួលយកភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត។ ចាប់ពីថ្ងៃនេះតទៅ អ្នកគឺជាសមាជិកពិតប្រាកដនៃដំណាក់របស់ព្រះជាម្ចាស់ ពោលគឺ អ្នកទទួលស្គាល់ខ្លួនឯងថាជាភាវៈមួយក្នុងចំណោមភាវៈដែលព្រះបានបង្កើតរបស់ព្រះជាម្ចាស់។ ចាប់ពីថ្ងៃនេះតទៅ អ្នកគួរតែកែសម្រួលផែនការជីវិតរបស់អ្នកឡើងវិញ អ្នកមិនគួរដេញតាមសេចក្តីប្រាថ្នា បំណងប្រាថ្នា និងគោលដៅដែលអ្នកបានកំណត់ពីមុនសម្រាប់ជីវិតរបស់អ្នកទៀតឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែផ្លាស់ប្ដូរអត្តសញ្ញាណ និងទស្សនៈរបស់អ្នក ហើយរៀបចំផែនការគោលដៅជីវិត និងទិសដៅដែលអ្នកគួរមានក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ ទីមួយ គោលដៅ និងទិសដៅរបស់អ្នកមិនគួរជាការក្លាយជាអ្នកដឹកនាំ ឬដឹកនាំ ឬពូកែនៅក្នុងរាល់វិស័យណាមួយ ឬក្លាយជាបុគ្គលល្បីល្បាញដែលប្រកបការងារណាមួយ ឬក្តាប់បានជំនាញវិជ្ជាជីវៈជាក់លាក់ណាមួយនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែទទួលយកភារកិច្ចរបស់អ្នកពីព្រះជាម្ចាស់ ពោលគឺ អ្នកត្រូវតែដឹងថាការងារអ្វីដែលអ្នកគួរធ្វើ និងភារកិច្ចអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ នៅខណៈនេះ ហើយអ្នកត្រូវតែស្វែងរកព្រះរាជបំណងរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់តម្រូវឱ្យអ្នកធ្វើអ្វីក៏ដោយ និងមិនថាភារកិច្ចអ្វីត្រូវបានរៀបចំសម្រាប់អ្នកនៅក្នុងដំណាក់របស់ទ្រង់ក៏ដោយ អ្នកត្រូវតែស្វែងយល់ និងដឹងឱ្យច្បាស់អំពីសេចក្ដីពិតដែលអ្នកគួរយល់ និងគោលការណ៍ដែលអ្នកគួរអនុវត្តតាម និងក្តាប់បាន ដើម្បីបំពេញភារកិច្ចនោះ។ ប្រសិនបើអ្នកមិនអាចចាំបានទេ អ្នកអាចកត់ត្រាទុក ហើយនៅពេលអ្នកមានពេល ចូរមើលវាឱ្យបានច្រើន និងរិះគិតអំពីវាឱ្យបានច្រើន។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត គោលដៅជីវិតចម្បងរបស់អ្នក គួរតែជាការបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត និងធ្វើជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា។ នេះគឺជាគោលដៅជីវិតមូលដ្ឋានគ្រឹះបំផុតដែលអ្នកគួរមាន។ ទីពីរ និងជាក់លាក់ជាងនេះទៅទៀត គឺរបៀបបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត និងធ្វើជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា នេះគឺសំខាន់បំផុត។ ទិសដៅ និងគោលដៅទាំងនេះដែលត្រូវបានដេញតាមដោយមនុស្សជាតិពុករលួយ ដូចជាកេរ្តិ៍ឈ្មោះ ឋានៈ ភាពចង់បានមុខមាត់ និងឱកាសនាពេលអនាគតផ្ទាល់ខ្លួន គឺជាអ្វីដែលអ្នកគួរលះបង់ចោល» («របៀបដេញតាមសេចក្ដីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំគឺជាភាវៈដែលព្រះបានបង្កើត ហើយថា ខ្ញុំគួរតែខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ នេះគឺជាការទទួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំមិនគួរតែងតែផ្តោតលើរបៀបដែលអ្នកដទៃយល់ឃើញមកលើខ្ញុំ ឬប្រកួតប្រជែងជាមួយអ្នកដទៃថាអ្នកណាមានជំនាញពូកែជាងនោះទេ។ អ្វីដែលខ្ញុំគួរធ្វើ គឺការចុះចូល បំពេញភារកិច្ចរបស់ខ្ញុំស្របតាមតម្រូវការ និងគោលការណ៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងលក្ខណៈដ៏ជាក់ស្ដែង អធិស្ឋានទៅកាន់ព្រះជាម្ចាស់ឱ្យបានច្រើនចំពោះរឿងដែលខ្ញុំមិនយល់ ហើយស្វែងរកការប្រកបជាមួយអ្នកដទៃ និងខិតខំប្រឹងប្រែងទៅលើគោលការណ៍នៃសេចក្តីពិត។ នេះគឺជាផ្លូវនៃការអនុវត្តដ៏ត្រឹមត្រូវ។

ឥឡូវនេះ ដោយសារខ្ញុំកំពុងបំពេញភារកិច្ចនៅតំបន់មួយផ្សេងទៀត ជួនកាលខ្ញុំនៅតែវាយតម្លៃខុស ឬវិនិច្ឆ័យខុសចំពោះបញ្ហានានា នៅពេលវិភាគឯកសារសម្រាប់ការបោសសម្អាតមនុស្ស។ នៅពេលដែលការសម្រេចចិត្តដែលខ្ញុំបានសរសេរអំពីការបោសសម្អាតមានបញ្ហា ហើយគ្រប់គ្នាបានផ្តល់យោបល់ និងការកែតម្រូវ ខ្ញុំនៅតែមានអារម្មណ៍មិនស្រួលក្នុងចិត្តខ្លះៗ និងបារម្ភអំពីរបៀបដែលអ្នកដទៃមើលឃើញមកខ្ញុំ។ នៅពេលដែលអារម្មណ៍ទាំងនេះលេចឡើង ខ្ញុំបានដឹងថា ខ្ញុំកំពុងត្រូវបានជាប់ចំណង និងរឹតត្បិតដោយបំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំម្ដងទៀត ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយសុខចិត្តប្រឈមមុខនឹងចំណុចខ្វះខាតរបស់ខ្លួនឱ្យបានត្រឹមត្រូវ ទទួលយកសំណើកែតម្រូវដែលត្រឹមត្រូវ និងបំពេញភារកិច្ចតាមគោលការណ៍។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មួយរយៈមក ខ្ញុំបានឃើញថា ទោះបីជាខ្ញុំនៅតែមានចំណុចខ្វះខាតច្រើននៅក្នុងភារកិច្ចក៏ដោយ ខ្ញុំមានការរីកចម្រើនក្នុងការមើលធ្លុះមនុស្ស និងការមើលមនុស្ស ព្រមទាំងរឿងរ៉ាវនានា តាមរយៈការណែនាំ ការប្រកប និងជំនួយពីបងប្អូនប្រុសស្រីដែលជាដៃគូរបស់ខ្ញុំ។ ការជ្រើសរើសពាក្យពេចន៍របស់ខ្ញុំ ក៏កាន់តែមានភាពច្បាស់លាស់ជាងមុនច្រើនដែរ។ រឿងទាំងនេះពិតជាបានជួយខ្ញុំប៉ះប៉ូវចំណុចខ្វះខាតរបស់ខ្ញុំបានច្រើនណាស់។ ទោះបីជាជួនកាល ខ្ញុំនៅតែបារម្ភអំពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនក៏ដោយ តែខ្ញុំអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីបះបោរទាស់នឹងខ្លួនឯង ហើយមិនត្រូវបានរឹតត្បិតខ្លាំងពេកដោយបំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈឡើយ។ អរព្រះគុណព្រះជាម្ចាស់ដែលបានសង្គ្រោះខ្ញុំ!

ខាង​ដើម៖ ៨៨. មេរៀនដ៏ល្វីងជូរចត់នៃការធ្វើជាមនុស្សផ្គាប់ចិត្តគេ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ