៣៨. រាយការណ៍ពីមនុស្សអាក្រក់
ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានក្រុមនៅខែកុម្ភៈ ឆ្នាំ ២០២១ ហើយមិនយូរប៉ុន្មានក្រោយមក បងស្រី ស៊ីន យី បានប្រាប់ខ្ញុំអំពីឥរិយាបថរបស់ លីវ ហ័រ ដែលជាអ្នកដឹកនាំក្រុមរបស់គាត់។ ស៊ីន យី បានកត់សម្គាល់ឃើញថា លីវ ហ័រ មិនបានធ្វើការងារអ្វីមួយឱ្យពិតប្រាកដទេ ហើយនាងថែមទាំងគាបសង្កត់ និងដកអ្នកដែលមានទស្សនៈមិនស្របនឹងនាងចេញទៀតផង។ នៅពេលដែលបងប្រុសម្នាក់បានលាតត្រដាងពីបញ្ហាមួយចំនួនរបស់ លីវ ហ័រ នាងយកតែចំណុចខ្វះខាតតិចតួចបំផុតក្នុងភារកិច្ចរបស់គាត់ មកធ្វើឲ្យក្លាយជាបញ្ហាធំ។ ចាត់ទុកគាត់ជាគោលដៅពិសេស ហើយមិនរាប់បញ្ចូលគាត់រាល់ពេលតាមដែលអាចធ្វើបាន ដែលធ្វើឱ្យគាត់ធ្លាក់ក្នុងភាពអវិជ្ជមាន។ មានបងស្រីម្នាក់ដែលមិនយល់ស្របជាមួយ លីវ ហ័រ ហើយបដិសេធមិនស្តាប់នាងអំឡុងពេលពិភាក្សាការងារ។ លីវ ហ័រ គុំកួននឹងនាងយ៉ាងខ្លាំង ហើយតែងតែវាយប្រហារនាង។ នៅពេលណាដែលបងស្រីនោះបដិសេធមិនយល់ស្របជាមួយ លីវ ហ័រ ហើយមិនព្រមធ្វើតាមគំនិតរបស់នាង លីវ ហ័រ ក៏ស្តីបន្ទោស និងជេរប្រទេចនាង។ មានម្តងនោះ នាងថែមទាំងចង្អុលទៅកាន់នាង ហើយនិយាយយ៉ាងសាហាវថា «អ្នកឯងមានគុណសម្បត្តិទាប ប៉ុន្តែចេះជ្រៀតជ្រែកគេណាស់!» នាងស្ដីបន្ទោសប្អូនស្រីនោះដោយឥតឈប់ឈរ រហូតដល់ចំណុចដែលនាងមានអារម្មណ៍ត្រូវបានរឹតត្បឹត និងខ្លាចក្នុងការបំពេញភារកិច្ចជាមួយ លីវ ហ័រ។ លីវ ហ័រ ក៏បានវាយប្រហារ និងសងសឹកនឹងបងប្អូនប្រុសស្រីដទៃទៀត ដែលបានព្យាយាមផ្តល់យោបល់ឱ្យនាង ឬបដិសេធមិនធ្វើតាមបញ្ជារបស់នាង។ នាងបានចោទពួកគេមួយចំនួនថាបានដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងធ្វើបាបអ្នកដទៃ ដោយចេតនាមិនប្រគល់ភារកិច្ចឱ្យពួកគេ។ ជាលទ្ធផល បងប្អូនប្រុសស្រីទាំងអស់នេះពិតជាបានរងទុក្ខ ហើយមានអារម្មណ៍ថាត្រូវបានគេគាបសង្កត់។ ការគាបសង្កត់ និងការធ្វើទុក្ខដោយគ្មានការពិចារណារបស់នាងចំពោះបងប្អូនប្រុសស្រីទាំងអស់នោះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រសិទ្ធភាពការងាររបស់ពួកជំនុំ។ ខ្ញុំខឹងខ្លាំងណាស់ពេលបានឮអំពីឥរិយាបថរបស់ លីវ ហ័រ។ បន្ទាប់ពីនោះ យើងបាននិយាយទៅកាន់អ្នកដែលពាក់ព័ន្ធ ឬដឹងពីស្ថានភាពនោះ ហើយបានបញ្ជាក់ថា ការណ៍ទាំងអស់នេះពិតជាបានកើតឡើងមែន។ លីវ ហ័រ មានធម្មជាតិដ៏ពិសពុល ព្យាបាទ និងមានបំណងយ៉ាងជ្រាលជ្រៅចង់បានឋានៈ។ នាងនឹងគុំកួន ហើយសងសឹកអ្នកណាក៏ដោយ ដែលគំរាមកំហែងដល់ឋានៈ និងកេរ្តិ៍ឈ្មោះរបស់នាង ដោយមិនបត់បែនតាមឆន្ទៈ ឬយល់ព្រមជាមួយនាង ហើយនឹងវាយប្រហារ ដកចេញ និងធ្វើបាបពួកគេ។ ខ្ញុំបានអានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ដែលមានបន្ទុលថា៖ «មានតែមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលមាននិស្ស័យកាចសាហាវបែបនេះ។ នៅពេលមនុស្សកាចសាហាវប្រឈមនឹងការដាស់តឿន ការចោទប្រកាន់ ការបង្រៀន ឬការជួយក្នុងចេតនាល្អណាមួយ ពួកគេមានអាកប្បកិរិយារមិលគុណ ឬមិនទទួលយកការជួយដោយបន្ទាបខ្លួននោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រែជាខឹងសម្បាដោយសារតែសេចក្ដីខ្មាស និងមានអរិភាព និងមានអារម្មណ៍ស្អប់យ៉ាងខ្លាំង ហើយថែមទាំងតបតទៀតផង។ ... ជាការពិតណាស់ នៅពេលដែលពួកគេតបតដាក់អ្នកដទៃដោយសារតែសម្អប់ វាមិនមែនដោយសារតែពួកគេមានការស្អប់ ឬគំនុំចាស់ចំពោះបុគ្គលនោះទេ ប៉ុន្តែដោយសារតែបុគ្គលនោះបានលាតត្រដាងកំហុសរបស់ពួកគេ។ នេះបង្ហាញថា គ្រាន់តែការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ មិនថាអ្នកណាជាអ្នកធ្វើដូច្នេះ ហើយមិនថាពួកគេមានទំនាក់ទំនងបែបណានឹងពួកទទឹងនឹងព្រះគ្រីស្ទនោះទេ គឺអាចដុតបញ្ឆេះសម្អប់ និងញុះញង់ឱ្យមានការសងសឹករបស់ពួកគេបាន។ មិនថាជាអ្នកណាក៏ដោយ ទោះបីជាពួកគេយល់ដឹងពីសេចក្តីពិត ឬទោះបីជាពួកគេជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ ឬជាសមាជិកធម្មតានៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក៏ដោយ ឱ្យតែមានអ្នកណាលាតត្រដាង និងលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេនឹងចាត់ទុកបុគ្គលនោះជាសត្រូវ។ ពួកគេថែមទាំងនិយាយដោយបើកចំហថា 'ខ្ញុំនឹងលេងធ្ងន់ដាក់អ្នកណាដែលលួសកាត់ខ្ញុំ។ អ្នកណាដែលលួសកាត់ខ្ញុំ លាតត្រដាងរឿងអាស្រូវសម្ងាត់របស់ខ្ញុំ ធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់បណ្ដេញខ្ញុំចេញ ឬដណ្ដើមចំណែកនៃព្រះពររបស់ខ្ញុំ ខ្ញុំនឹងមិនលើកលែងឱ្យពួកគេដាច់ខាត'» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «មិនថាពួកគេបានធ្វើខុសអ្វី ឬបានធ្វើរឿងអាក្រក់អ្វីនោះទេ មនុស្សដែលមាននិស្ស័យកាចសាហាវទាំងនោះ នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់លាតត្រដាង ឬលួសកាត់ពួកគេបានឡើយ។ ប្រសិនបើនរណាម្នាក់លាតត្រដាង និងធ្វើឱ្យពួកគេអាក់អន់ចិត្ត ពួកគេនឹងខឹងសម្បា សងសឹក និងមិនបញ្ចប់រឿងនោះឡើយ។ ពួកគេគ្មានការអត់ធ្មត់ និងការអត់ឱនចំពោះអ្នកដទៃឡើយ ហើយមិនចេះយោគយល់ចំពោះពួកគេទេ។ តើការប្រព្រឹត្តខ្លួនរបស់ពួកគេផ្អែកលើគោលការណ៍អ្វី? 'ខ្ញុំសុខចិត្តក្បត់គេ ជាជាងឲ្យគេក្បត់ខ្ញុំ'។ មានន័យថា ពួកគេមិនអត់ឱនចំពោះការត្រូវបាននរណាម្នាក់ធ្វើឱ្យអាក់អន់ចិត្តឡើយ។ តើនេះមិនមែនជាតក្កវិជ្ជារបស់មនុស្សអាក្រក់ទេឬអី? នេះគឺជាតក្កវិជ្ជារបស់មនុស្សអាក្រក់យ៉ាងពិតប្រាកដ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតធ្វើឱ្យពួកគេអាក់អន់ចិត្តឡើយ។ ចំពោះពួកគេ វាជារឿងមិនអាចទទួលយកបានឡើយចំពោះនរណាម្នាក់ដែលប៉ះពាល់ពួកគេ សូម្បីតែបន្តិច ក៏មិនបានដែរ ហើយពួកគេស្អប់នរណាក៏ដោយដែលធ្វើបែបនេះ។ ពួកគេនឹងបន្តតាមយាយីបុគ្គលនោះ ហើយមិនបញ្ចប់រឿងនោះឡើយ។ នោះហើយជាសារជាតិរបស់មនុស្សអាក្រក់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញ ថាមនុស្សអាក្រក់មានធម្មជាតិព្យាបាទដ៏ក្រៃលែង ហើយថាពួកគេស្អប់សេចក្ដីពិត និងអ្នកដែលដេញតាមសេចក្ដីពិត។ គេនឹងខឹងគុំកួនអ្នកណាដែលប្រមាថគេ ហើយស្វែងរកឱកាសដើម្បីវាយប្រហារពួកគេ ហើយសងសឹកពួកគេ ដោយមិនរាប់បញ្ចូល និងធ្វើបាបមនុស្សទាំងនោះ រហូតដល់ពួកគេក្លាយជាមនុស្សអវិជ្ជមាន ហើយចុះចាញ់។ ដោយផ្អែកលើឥរិយាបថទូទៅរបស់ លីវ ហ័រ វាច្បាស់ណាស់ថា នាងនឹងវាយប្រហារ និងមិនរាប់បញ្ចូលនរណាម្នាក់ ដែលមិនយល់ស្របនឹងនាង ឬគំរាមកំហែងផលប្រយោជន៍របស់នាង។ នាងក៏នឹងបំភ្លៃការពិត ដើម្បីជំនុំជម្រះ និងថ្កោលទោសមនុស្សដោយឥតឈប់ឈរ រហូតដល់ពួកគេក្លាយជាមនុស្សអវិជ្ជមាន។ ខ្ញុំបានឃើញថា លីវ ហ័រ មានភាពជាមនុស្សព្យាបាទ ហើយថា ជាសារជាតិ នាងជាមនុស្សអាក្រក់ដែលស្អប់សេចក្តីពិត ហើយមិនទទួលយកសេចក្ដីពិតទេ។ នាងគួរតែត្រូវគេបណ្តេញចេញពីពួកជំនុំ។ ខ្ញុំដឹងថាខ្ញុំមិនអាចអង្គុយមើលបានទេ ខណៈដែលមនុស្សអាក្រក់ដូចជា លីវ ហ័រ បង្កការបំផ្លិចបំផ្លាញនៅក្នុងពួកជំនុំ ហើយត្រូវរាយការណ៍យ៉ាងឆាប់រហ័សអំពីរឿងនេះ ដូច្នេះក្រោយមក យើងបានរាយការណ៍បញ្ហារបស់ លីវ ហ័រ ទៅអ្នកមើលការខុសត្រូវរបស់យើង។
ប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានទទួលសំបុត្រពីអ្នកមើលការខុសត្រូវរបស់យើង ម៉េង រ៉ាន់ និយាយថា «លីវ ហ័រ មានសមត្ថភាពការងារ និងអាចដោះស្រាយបញ្ហាជាក់ស្តែងមួយចំនួន។ ទោះបីជានាងប្រព្រឹត្តទៅតាមនិស្ស័យពុករលួយរបស់នាងពេលខ្លះក៏ដោយ ដែលនេះធ្វើឱ្យអ្នកខ្លះមានអារម្មណ៍ថាត្រូវបានរឹតត្បិត ដរាបណានាងសុខចិត្តផ្លាស់ប្តូរ នាងគួរតែទទួលបានឱកាសដើម្បីប្រែចិត្ត»។ ខ្ញុំនៅតែមិនយល់ពីរឿងនេះ។ លីវ ហ័រ ពិតជាបានធ្វើអំពើអាក្រក់។ ហើយនេះមិនមែនជាអំពើរំលងតែម្តងនោះទេ នាងតែងតែប្រព្រឹត្តបែបនោះ។ មិនថាបងប្អូនប្រុសស្រីបានប្រកប និងណែនាំនាងយ៉ាងណានោះទេ នាងមិនបានកែប្រែទាល់តែសោះ ហើយនាងថែមទាំងគាបសង្កត់ និងធ្វើបាបពួកគេថែមទៀត។ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ លីវ ហ័រ មានសារជាតិជាមនុស្សអាក្រក់។ ចុះហេតុអ្វីបានជា ម៉េង រ៉ាន់ មិនធ្វើអ្វីសោះចំពោះនាង? វាហាក់បីដូចជា ម៉េង រ៉ាន់ កំពុងការពារមនុស្សអាក្រក់យ៉ាងច្បាស់ក្រឡែត។ នៅពេលនោះ មានបងប្អូនប្រុសស្រីខ្លះបានរាយការណ៍ពីអំពើអាក្រក់របស់ ម៉េង រ៉ាន់។ កាលពីប៉ុន្មានឆ្នាំមុន ម៉េង រ៉ាន់ បានបង្កឲ្យមានការបែកបាក់ក្នុងពួកជំនុំ បង្កើតបក្សពួក បានស្វែងរកចំណុចដើម្បីប្រើប្រឆាំងនឹងអ្នកដឹកនាំ និងអ្នកធ្វើការ ហើយវាយប្រហារពួកគេ ដើម្បីដណ្តើមតំណែងជាអ្នកដឹកនាំសម្រាប់ខ្លួននាង។ សកម្មភាពរបស់នាងបានរំខានដល់ជីវិតក្នុងក្រុមជំនុំ ហើយនាងត្រូវបានគេស្នើសុំឱ្យធ្វើការឆ្លុះបញ្ចាំងដាច់ដោយឡែកតែឯង។ នៅពេលរឿងនេះកើតឡើង ស៊ីន យី បានដឹងពីឥរិយាបថរបស់ ម៉េង រ៉ាន់ រួចក៏បានប្រកប និងវែកញែកជាមួយនឹងបងប្អូនប្រុសស្រី។ ដោយសារតែរឿងនេះហើយទើប ម៉េង រ៉ាន់ គុំកួននឹងនាង។ ក្រោយមក ម៉េង រ៉ាន់ បានធ្វើពុតជាប្រែចិត្តដើម្បីទទួលបានការទុកចិត្តពីបងប្អូនប្រុសស្រីមកវិញ ហើយក្លាយជាអ្នកមើលការខុសត្រូវ។ បន្ទាប់ពីនោះមក នាងក៏បានទៅសងសឹកនឹង ស៊ីន យី។ មានពេលមួយ នៅពេលដែល ស៊ីន យី បានចង្អុលបង្ហាញពីសេចក្ដីវៀចវេរ និងបញ្ហាមួយចំនួននៅក្នុងការងាររបស់ លីវ ហ័រ លីវ ហ័រ មិនព្រមចុះចាញ់ឡើយ ហើយបានឈ្លោះជាមួយនាង។ ម៉េង រ៉ាន់ ដឹងថា លីវ ហ័រ មានបញ្ហាក្នុងភារកិច្ចរបស់នាង ប៉ុន្តែនាងបែរជាជ្រើសកាន់ជើងនាង ហើយដាក់ឱ្យនៅដោយឡែក និងគាបសង្កត់ ស៊ីន យី។ នេះបានធ្វើឱ្យ ស៊ីន យី មានអារម្មណ៍តឹងទ្រូង និងវេទនាយ៉ាងខ្លាំង ហើយនាងបានធ្លាក់ខ្លួនឈឺជាទម្ងន់។ ក្រោយមក មិនត្រឹមតែ ម៉េង រ៉ាន់ មិនបានធ្វើការឆ្លុះបញ្ចាំងមកលើខ្លួនឯងនោះទេ នាងថែមទាំងឆ្លៀតឱកាសចំអកឱ្យ ស៊ីន យី ថែមទៀតផង ហើយបានដាក់ឈ្មោះនាងដោយអយុត្តិធម៌ថាជាពួកទទឹងនឹងព្រះគ្រីស្ដ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុស។ នាងបានស្តីបន្ទោស ស៊ីន យី យ៉ាងខ្លាំងចំពោះការដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយបានបំភាន់បងប្អូនប្រុសស្រីផ្សេងទៀតឱ្យរិះគន់ ស៊ីន យី ផងដែរ។ ផ្អែកតាមសកម្មភាពទាំងនេះ វាច្បាស់ណាស់ថា ម៉េង រ៉ាន់ មាននិស្ស័យកាចសាហាវ។
ប៉ុន្មានថ្ងៃក្រោយមក ម៉េង រ៉ាន់ បានចូលរួមជាមួយយើងនៅក្នុងការជួបជុំមួយ និងការពារ លីវ ហ័រ ដោយនិយាយថា «អ្នកមិនអាចនិយាយថានេះជាបញ្ហារបស់ លីវ ហ័រ តែឯងទេ អ្នកផ្សេងទៀតក៏មានកំហុសដែរ។ យើងគួរតែផ្តល់ឱកាសឱ្យនាងប្រែចិត្ត! នាងហាក់ដូចជាមានអាកប្បកិរិយាល្អសព្វថ្ងៃនេះ ហើយសកម្មខ្លាំងក្នុងការបំពេញភារកិច្ចរបស់នាង...»។ ពេលខ្ញុំព្យាយាមប្រកបជាមួយ ម៉េង រ៉ាន់ អំពីគោលការណ៍វែកញែកមនុស្សអាក្រក់ នាងហាក់ដូចជាមិនស្តាប់អ្វីដែលខ្ញុំបាននិយាយទាល់តែសោះ។ នេះធ្វើឱ្យយើងមានអារម្មណ៍កាន់តែជឿជាក់ថា ម៉េង រ៉ាន់ កំពុងមានចេតនាការពារ លីវ ហ័រ។ ម៉េង រ៉ាន់ ជាអ្នកមើលការខុសត្រូវ ហើយនាងអាចមើលឃើញយ៉ាងច្បាស់ថា លីវ ហ័រ គឺជាមនុស្សអាក្រក់ ប៉ុន្តែនាងបែរជាមិនធ្វើអ្វីទាំងអស់ ហើយធ្វើជាខែលរបស់នាងទៅវិញ។ លើសពីនេះ ម៉េង រ៉ាន់ ខ្លួនឯងមានធម្មជាតិដ៏ព្យាបាទក្រៃលែង ហើយនាងមិនទទួលយកសេចក្ដីពិត នាងបានបង្អាក់ និងរំខានដល់ការងាររបស់ពួកជំនុំជាប្រចាំ ហើយនាងបានគាបសង្កត់ និងធ្វើបាបបងប្អូនប្រុសស្រី។ តាមគោលការណ៍ នាងក៏ទំនងជាមនុស្សអាក្រក់ម្នាក់ដែរ។ ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ន ខ្ញុំបានដឹងថា ខ្ញុំគួរតែរាយការណ៍រឿងនេះទៅប្រធានក្រុមរបស់ខ្ញុំ និងលាតត្រដាងសកម្មភាពរបស់ ម៉េង រ៉ាន់ និង លីវ ហ័រ ដើម្បីការពារផលប្រយោជន៍របស់ពូួកជំនុំ។ ប៉ុន្តែពេលនោះ ខ្ញុំបាននឹកឃើញថា ម៉េង រ៉ាន់ ជាអ្នកមើលការខុសត្រូវ នាងអាចនឹងគាបខ្ញុំដូចនាងគាបអ្នកដទៃដែរ ប្រសិនបើខ្ញុំធ្វើឱ្យនាងខឹងដោយរាយការណ៍ពីបញ្ហារបស់នាង។ ខ្ញុំអាចត្រូវបានដកហូតតំណែង មុនពេលបញ្ហាទាំងនេះត្រូវបានដោះស្រាយ។ បើ ម៉េង រ៉ាន់ រកលេសបញ្ឈប់ខ្ញុំពីការបំពេញភារកិច្ចរបស់ខ្ញុំ តើខ្ញុំនឹងបន្តដេញតាមសេចក្ដីពិត ហើយទទួលបានសេចក្ដីសង្គ្រោះដោយរបៀបណា? ដោយដឹងរឿងនេះ ខ្ញុំក៏ដកដង្ហើមធំ ហើយគិតថា «ដូចពាក្យចាស់គេពោលថា 'បក្សីដែលអើតក្បាលចេញ នឹងត្រូវគេបាញ់ជាមិនខាន'។ ខ្ញុំគួរតែបំភ្លេចវាចោល។ បញ្ហាកាន់តែតិច កាន់តែប្រសើរ។ ការការពារខ្លួនឯងជារឿងសំខាន់»។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាចង់ដកថយ និងសម្របសម្រួល ហើយខ្ញុំមិនមានភាពក្លាហានក្នុងការអនុវត្តសេចក្តីពិតទេ។ ប៉ុន្តែនៅពេលដែលខ្ញុំគិតអំពីបងប្អូនប្រុសស្រីដែលត្រូវបានគាបសង្កត់ដោយ លីវ ហ័រ និង ម៉េង រ៉ាន់ និងរបៀបដែលពួកគេរស់នៅក្នុងភាពរងទុក្ខឥតឈប់ឈរ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាមានកំហុស។ ខ្ញុំគិតទៅគិតមក មិនអាចសម្រេចចិត្តបាន បើខ្ញុំមិនរាយការណ៍រឿងនេះទេ ខ្ញុំមិនបានការពារផលប្រយោជន៍ពួកជំនុំទេ ប៉ុន្តែប្រសិនបើខ្ញុំរាយការណ៍ ខ្ញុំអាចនឹងត្រូវបានគេដកចេញពីភារកិច្ចរបស់ខ្ញុំ ហើយបន្ទាប់មកខ្ញុំនឹងគ្មានអនាគតល្អឬគោលដៅល្អឡើយ។ នៅពេលនោះ ខ្ញុំក៏បានដឹងថាមានអ្វីខុសជាមួយសភាពរបស់ខ្ញុំ។ តើខ្ញុំមិនមែនជាមនុស្សកំសាកទេឬ? ខ្ញុំខ្វះស្មារតីយុត្តិធម៍ ហើយខ្ញុំមិនបានបង្ហាញពីការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ទេ។ ខ្ញុំមិនអាចធ្វើជាមនុស្សខ្សោយខ្លាំង និងខ្វះសតិសម្បជញ្ញៈបែបនេះបានទេ ខ្ញុំត្រូវតែចេញមុខការពារផលប្រយោជន៍ពួកជំនុំ។ ប៉ុន្តែនៅពេលដែលត្រូវរាយការណ៍ពី លីវ ហ័រ និង ម៉េង រ៉ាន់ ខ្ញុំពិតជាមានអារម្មណ៍កំសាក និងភ័យខ្លាច ដូច្នេះ ខ្ញុំបានលត់ជង្គង់មុខព្រះជាម្ចាស់ ហើយអធិដ្ឋាន សុំឱ្យទ្រង់ណែនាំផ្លូវខ្ញុំ ហើយផ្តល់សេចក្តីជំនឿ និងភាពក្លាហានដល់ខ្ញុំ។ បន្ទាប់ពីនោះ ខ្ញុំក៏បាននឹកឃើញវគ្គមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចអនុវត្តសេចក្ដីសុចរិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចអនុវត្តសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នកហ៊ានតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងលាតត្រដាងសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ត្រូវបានបំពេញនៅក្នុងខ្លួនអ្នកបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ៗហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះឱ្យបានញឹកញាប់ ហើយគិតអំពីសំណួរទាំងនេះឱ្យបានញឹកញាប់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលដែលខ្ញុំគិតពីសំណួររបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថាត្រូវបានស្តីបន្ទោសយ៉ាងខ្លាំង។ ជាញឹកញយ ខ្ញុំបានប្រាប់អ្នកដទៃថា យើងត្រូវតែគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ ហើយត្រូវមានស្មារតីយុត្តិធម៌ ថាយើងត្រូវអនុវត្តសេចក្តីពិត លាតត្រដាង និងរាយការណ៍ពីពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ដើម្បីការពារផលប្រយោជន៍ពួកជំនុំ។ ប៉ុន្តែនៅពេលមានរឿងកើតឡើងដែលគំរាមកំហែងដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបែរជាមានអារម្មណ៍ភ័យខ្លាច ហើយរួញរា។ ខ្ញុំបានវែកញែកឃើញថា លីវ ហ័រ គឺជាមនុស្សអាក្រក់ ប៉ុន្តែពេលខ្ញុំឃើញ ម៉េង រ៉ាន់ ការពារនាង ខ្ញុំមានអារម្មណ៍ខ្លាចរអានឹងឋានៈ និងសិទ្ធិអំណាចរបស់ ម៉េង រ៉ាន់ ហើយខ្ញុំមិនហ៊ានប្រកាន់ខ្ជាប់តាមគោលការណ៍ទាំងនោះទេ។ ខ្ញុំព្រួយបារម្ភថា ខ្ញុំនឹងត្រូវគេគាបសង្កត់ ដកភារកិច្ច ហើយបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីសង្គ្រោះ ដូច្នេះ ខ្ញុំបានចុះញ៉មនឹងឋានៈ និងសិទ្ធិអំណាចរបស់នាង។ តើខ្ញុំមិនមែនកំពុងសម្រុះសម្រួលនឹងសាតាំង ហើយឱនក្បាលចំពោះវាទេឬ? ខ្ញុំមិនបានការពារផលប្រយោជន៍របស់ពួកជំនុំ ទៅតាមភារកិច្ចរបស់ខ្ញុំទេ ខ្ញុំបែរជាគិតតែពីអនាគត និងជោគវាសនារបស់ខ្ញុំប៉ុណ្ណោះ។ ក្នុងខណៈពេលដ៏សំខាន់នេះ ខ្ញុំមិនបានផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ពួកជំនុំទេ ហើយខ្ញុំបាននៅស្ងៀមមិនធ្វើអ្វីឡើយ ខណៈដែលមនុស្សអាក្រក់បង្កការរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយបានគាបសង្កត់បងប្អូនប្រុសស្រី។ តើខ្ញុំមិនរមិលគុណទេឬ? ខ្ញុំអាត្មានិយមណាស់ ហើយគួរឱ្យស្អប់ខ្ពើម។ តើមនសិការ និងវិចារណញ្ញាណរបស់ខ្ញុំនៅឯណា? ពេលខ្ញុំពិចារណាលើរឿងទាំងអស់នេះ ខ្ញុំមានវិប្បដិសារីជាខ្លាំង ហើយខ្ញុំដឹងថា ខ្ញុំត្រូវតែប្រកាន់ជំហរមួយ និងការពារផលប្រយោជន៍របស់ពួកជំនុំ។ ខ្ញុំត្រូវតែរាយការណ៍ពីអំពើអាក្រក់របស់ លីវ ហ័រ និង ម៉េង រ៉ាន់។ ខ្ញុំមិនអាចបណ្តោយឱ្យពួកគេបន្តប្រព្រឹត្តអំពើអាក្រក់នៅក្នុងពួកជំនុំបានទៀតទេ។ បន្ទាប់ពីនោះ យើងបានរាយការណ៍ពី លីវ ហ័រ និង ម៉េង រ៉ាន់ ទៅអ្នកដឹកនាំរបស់យើង។
ពេលអ្នកដឹកនាំបានទទួលសំបុត្រយើងហើយ នាងប្រាប់ថានាងនឹងមកដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែនាងបែរជាត្រូវបានទាក់ទើដោយសាររឿងរ៉ាវផ្សេងៗមួយចំនួនទៅវិញ។ ពេលវេលាក៏កន្លងទៅជាច្រើនថ្ងៃ ហើយខ្ញុំក៏អត់ធ្មត់លែងបាន។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រួល ហើយឆ្ងល់ក្នុងចិត្តថា «ហេតុអ្វីបានជាអ្នកដឹកនាំចំណាយពេលយូរម្ល៉េះដើម្បីមកដោះស្រាយបញ្ហាទាំងនេះ? បើនាងទៅសួរនាំអ្នកដទៃអំពីស្ថានភាពនេះជាមុន ហើយប្រសិនបើ ម៉េង រ៉ាន់ ដឹងថាយើងបានរាយការណ៍ពីនាង តើ ម៉េង រ៉ាន់ នឹងធ្វើបាបយើងទេ?» ពេលខ្ញុំចាប់មានអារម្មណ៍រងទុក្ខវេទនាយ៉ាងខ្លាំង រំពេចនោះខ្ញុំក៏នឹកឃើញដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅពេលប្រឈមមុខនឹងបញ្ហាក្នុងជីវិតជាក់ស្ដែង តើអ្នកគួរយល់ដឹង និងយល់តម្លៃនៃសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដោយរបៀបណា? នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហាទាំងនេះ ហើយមិនដឹងថាត្រូវស្វែងយល់ ដោះស្រាយ និងឆ្លងកាត់បញ្ហាទាំងនោះដោយរបៀបណា តើអ្នកគួរប្រកាន់យកអាកប្បកិរិយាបែបណា ដើម្បីបង្ហាញថាអ្នកមានបំណង និងបំណងប្រាថ្នាចង់ចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងមានតថភាពនៃការចុះចូលនេះ? ដំបូង អ្នកត្រូវរៀនរង់ចាំ បន្ទាប់មក អ្នកត្រូវរៀនស្វែងរក ហើយបន្ទាប់មកទៀត អ្នកត្រូវរៀនចុះចូល» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍រអាម៉ាស់។ ខ្ញុំគិតថា នៅពេលខ្ញុំរាយការណ៍ពីបញ្ហានេះហើយ បញ្ហានោះនឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដូច្នេះខ្ញុំចាប់ផ្តើមព្រួយបារម្ភនៅពេលដែលការធ្វើដំណើរមករបស់អ្នកដឹកនាំបន្តពន្យារពេល។ ខ្ញុំបានរស់នៅក្នុងសភាពថប់បារម្ភ គិតតែពីការការពារខ្លួនឯងដោយគ្មានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់សូម្បីតែបន្តិច។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ ថាអ្វីៗទាំងអស់កើតឡើងដោយសារអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ពេលយើងមានបទពិសោធន៍នឹងរឿងអ្វីមួយ យើងត្រូវតែមានជំនឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយរៀនរង់ចាំនិងចុះចូល។ បន្ទាប់ពីបានដឹងច្បាស់ពីរឿងនេះ ខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់ ផ្ទុកផ្តាក់រឿងនេះដល់ទ្រង់ ហើយសម្លឹងមើលទៅទ្រង់។ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ មិនយូរប៉ុន្មាន លីវ ហ័រ ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ដោយសារហេតុផលមួយចំនួន ក្នុងនោះរួមមាន ភាពអសមត្ថភាពរបស់នាងក្នុងការធ្វើការងារពិតប្រាកដ។ បន្ទាប់មក បងប្អូនប្រុសស្រីត្រូវបានរួចផុតពីការគាបសង្កត់របស់នាង ហើយអាចបំពេញភារកិច្ចរបស់ពួកគេបានជាធម្មតា។ ខ្ញុំបានឃើញថាអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដែលវាជាលទ្ធផលនៃអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់ ហើយសេចក្ដីជំនឿរបស់ខ្ញុំក៏កាន់តែរឹងមាំ។ ប៉ុន្តែទោះបីជា លីវ ហ័រ បានលាលែងពីតំណែងក៏ដោយ អំពើអាក្រក់របស់នាងនៅមិនទាន់ត្រូវបានកំណត់លក្ខណៈ និងដោះស្រាយនៅឡើយ រីឯបញ្ហារបស់ ម៉េង រ៉ាន់ ក៏នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ខ្ញុំដឹងថា យើងគួរតែបន្តរាយការណ៍រឿងនេះ រហូតដល់បញ្ហាទាំងនេះត្រូវបានដោះស្រាយម្តង ឱ្យចប់សព្វគ្រប់។
ប៉ុន្មានថ្ងៃក្រោយមក ស៊ីវ យូ ដែលជាអ្នកដឹកនាំរបស់យើងបានមកត្រួតពិនិត្យស្ថានភាព ហើយយើងបានផ្តល់ព័ត៌មានដល់នាងអំពីព័ត៌មានលម្អិតនៃអំពើអាក្រក់របស់ លីវ ហ័រ និង ម៉េង រ៉ាន់។ ក៏ប៉ុន្តែ នៅពេលដែលយើងពិភាក្សាអំពីឥរិយាបថរបស់ ម៉េង រ៉ាន់ យើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលដឹងថា ស៊ីវ យូ មិនឯកភាពនឹងការដកហូតតំណែងនាងចេញ។ នាងអះអាងថា ម៉េង រ៉ាន់ មានសមត្ថភាពការងារខ្លះ ហើយថែមទាំងនិយាយថា «តើអ្នកគិតថាវាងាយស្រួលក្នុងការបណ្តុះបណ្តាលអ្នកមើលការខុសត្រូវម្នាក់ឬ? យើងបានចំណាយពេលជិតពីរឆ្នាំបណ្តុះបណ្តាល ម៉េង រ៉ាន់។ បើយើងដកហូតតំណែងនាងចេញដោយសារតែអ្នកស្នើសុំយើង តើយើងទៅរកអ្នកជំនួសនាងនៅឯណា? អ្នកគិតថាការងារយើងស្រួលធ្វើណាស់ឬ?» ឮដូច្នេះ ខ្ញុំបានគិតថា «អ្នកគិតតែពីសមត្ថភាពការងារសម្បកក្រៅរបស់ ម៉េង រ៉ាន់ ប៉ុណ្ណោះ ហើយមិនបានគិតគូរពីភាពជាមនុស្ស និងសារជាតិធម្មជាតិរបស់នាងឡើយ។ បើអ្នកមិនវែកញែក និងដោះស្រាយជាមួយមនុស្សដោយផ្អែកលើសារជាតិរបស់ពួកគេទេ តើគោលការណ៍នោះនៅឯណា?» បន្ទាប់មក ស៊ីវ យូ បាននិយាយថា នាងត្រូវការពិនិត្យមើលរឿងនេះបន្ថែមទៀត ហើយការប្រជុំក៏ត្រូវបានបញ្ចប់ភ្លាមៗ។ ក្រោយមក យើងបានប្រកបគ្នាជាមួយ ម៉េង រ៉ាន់ ពីរដងទៀត ប៉ុន្តែមិនត្រឹមតែនាងមិនព្រមទទួលយកទេ នាងថែមទាំងលួសកាត់យើងទៀតផង។ ខ្ញុំឃើញថា ម៉េង រ៉ាន់ តែងតែបដិសេធមិនទទួលយកការលួសកាត់ ហើយឃើញថានាងមិនពេញចិត្ត និងស្អប់សេចក្តីពិត នាងបង្ហាញខ្លួនឯងថាជាមនុស្សអាក្រក់។ ថ្វីបើដូច្នេះ នៅពេលដែលយើងរាយការណ៍ពីស្ថានភាពនេះទៅកាន់អ្នកដឹកនាំរបស់យើង យើងក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាថ្មីម្តងទៀតចំពោះការឆ្លើយតបរបស់នាង។ ស៊ីវ យូ បានសរសេរប្រាប់យើង ថា លីវ ហ័រ ពិតជាបានធ្វើអំពើអាក្រក់មួយចំនួនមែន ប៉ុន្តែនាងបង្ហាញឆន្ទៈប្រែចិត្ត។ ស៊ីវ យូ បាននិយាយថា នាងមិនគិតថា លីវ ហ័រ ជាមនុស្សមានសារជាតិជាមនុស្សអាក្រក់នោះទេ នាងគ្រាន់តែមាននិស្ស័យពុករលួយខ្លាំងតែប៉ុណ្ណោះ។ នាងបានប្រាប់យើងថា លីវ ហ័រ គួរតែទទួលបានឱកាសម្តងទៀតដើម្បីប្រែចិត្ត។ លិខិតនោះក៏បានបញ្ជាក់ផងដែរថា ទោះបីជា ម៉េង រ៉ាន់ បង្ហាញឥរិយាបថខ្លះៗបែបមនុស្សអាក្រក់ក៏ដោយ ទាំងនេះគ្រាន់តែជាការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់នាងទេ។ នៅចុងបញ្ចប់នៃលិខិត ស៊ីវ យូ បានជំរុញឱ្យយើងឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់ ប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ ហើយធ្វើកាន់តែច្រើនដើម្បីជួយអ្នកដទៃ។ បន្ទាប់ពីអានលិខិតនោះរួច ខ្ញុំស្រឡាំងកាំង ខ្ញុំមានអារម្មណ៍តឹងទ្រូង និងបាក់ទឹកចិត្ត។ ប្រសិនបើ ស៊ីវ យូ មិនយល់ព្រមធ្វើអ្វីមួយអំពី លីវ ហ័រ និង ម៉េង រ៉ាន់ ទេ ពួកគេនឹងមានសេរីភាពក្នុងការបន្តធ្វើអ្វីៗតាមអំពើចិត្តនៅក្នុងពួកជំនុំ។ ធ្វើបាប និងគាបសង្កត់បងប្អូនប្រុសស្រី និងបង្អាក់កិច្ចការរបស់ពួកជំនុំ។ តើស៊ីវ យូ មិនមែនកំពុងបណ្តែតបណ្តោយឱ្យមានអំពើអាក្រក់របស់មនុស្សអាក្រក់ទេឬ? ខ្ញុំគិតថា ដោយសារតែ ស៊ីវ យូ គឺជាអ្នកដឹកនាំ នាងនឹងជួយដោះស្រាយជាមួយមនុស្សអាក្រក់ទាំងនេះ និងការពារបងប្អូនប្រុសស្រី។ ខ្ញុំមិននឹកស្មានថា នាងដោះស្រាយបញ្ហានេះដោយវិធីនេះទេ។ វាជារឿងគួរឱ្យខកចិត្តជាខ្លាំង ដែលគ្មានអ្នកណាធ្វើអី្វសោះចំពោះរឿង លីវ ហ័រ និង ម៉េង រ៉ាន់ ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ទៀតទេ។ ខ្ញុំស្ថិតក្នុងស្ថានភាពលំបាកមួយ ខ្ញុំមិនចង់ពាក់ព័ន្ធនឹងបញ្ហានេះទៀតទេ ប៉ុន្តែខ្ញុំមានអារម្មណ៍មិនស្រួលសោះ ហើយថាខ្ញុំគួរតែបន្តរាយការណ៍ទៅថ្នាក់លើ។ ប៉ុន្តែអ្វីៗកាន់តែស្មុគស្មាញទៅៗ ខ្ញុំមិនហ៊ានធ្វើឱ្យអ្នកមើលការខុសត្រូវទាស់ចិត្តឡើយ កុំថាឡើយដល់អ្នកដឹកនាំ។ ប្រសិនបើខ្ញុំបន្តរាយការណ៍ពីបញ្ហាទាំងនេះ តើខ្ញុំនឹងប្រឈមមុខនឹងផលវិបាកដែរឬទេ? ការដែលពួកគេធ្វើឱ្យជីវិតខ្ញុំលំបាក គឺជាការព្រួយបារម្ភតិចតួចបំផុតសម្រាប់ខ្ញុំ ពួកគេថែមទាំងអាចដកភារកិច្ចខ្ញុំចេញ គាបសង្កត់ និងបណ្តេញខ្ញុំចេញ។ ដូច្នេះ តើខ្ញុំអាចទទួលបានសេចក្ដីសង្រ្គោះដោយរបៀបណា? ខ្ញុំគិតកាន់តែច្រើន កាន់តែធ្វើឱ្យខ្ញុំបារម្ភ ភ័យខ្លាច តឹងទ្រូង ហើយឈឺចាប់។ ខ្ញុំដឹងថាសភាពរបស់ខ្ញុំមិនស្រួល ហើយក៏ប្រញាប់អធិដ្ឋានទៅព្រះជាម្ចាស់ សុំឱ្យទ្រង់ណែនាំខ្ញុំឱ្យអនុវត្តសេចក្តីពិត។
ថ្ងៃមួយ ខ្ញុំក៏បានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានបន្ទូលថា៖ «តើមនុស្សគួរមានអាកប្បកិរិយាបែបណា ទាក់ទងនឹងរបៀបប្រព្រឹត្តចំពោះអ្នកដឹកនាំ ឬអ្នកធ្វើការ? ប្រសិនបើអ្វីដែលអ្នកដឹកនាំ ឬអ្នកធ្វើការធ្វើ គឺត្រឹមត្រូវ និងស្របតាមសេចក្ដីពិត នោះអ្នកអាចស្ដាប់បង្គាប់ពួកគេបាន។ ប្រសិនបើអ្វីដែលពួកគេធ្វើ គឺខុស និងមិនស្របតាមសេចក្ដីពិតទេ នោះអ្នកមិនគួរស្ដាប់បង្គាប់ពួកគេឡើយ ហើយអ្នកអាចលាតត្រដាងពួកគេ ប្រឆាំងនឹងពួកគេ និងលើកឡើងពីមតិយោបល់ផ្សេងបាន។ ប្រសិនបើពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែង ឬប្រព្រឹត្តអំពើអាក្រក់ដែលបង្កការរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយត្រូវបានបើកសម្ដែងថាជាអ្នកដឹកនាំក្លែងក្លាយ អ្នកធ្វើការក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកអាចញែកដឹង លាតត្រដាង និងរាយការណ៍អំពីពួកគេបាន។ ទោះជាយ៉ាងណាក៏ដោយ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មួយចំនួនមិនយល់ពីសេចក្ដីពិត ហើយកំសាកខ្លាំងណាស់។ ពួកគេខ្លាចត្រូវបានពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទគាបសង្កត់ និងធ្វើបាប ដូច្នេះពួកគេមិនហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍ឡើយ។ ពួកគេនិយាយថា 'ប្រសិនបើអ្នកដឹកនាំបណ្ដេញខ្ញុំចេញ ខ្ញុំចប់ហើយ។ ប្រសិនបើគាត់ឱ្យមនុស្សគ្រប់គ្នាលាតត្រដាង ឬបោះបង់ខ្ញុំចោល នោះខ្ញុំនឹងមិនអាចជឿលើព្រះជាម្ចាស់បានទៀតទេ។ ប្រសិនបើខ្ញុំត្រូវបានបណ្ដេញចេញពីពួកជំនុំ នោះព្រះជាម្ចាស់នឹងមិនចង់បានខ្ញុំ ហើយនឹងមិនសង្គ្រោះខ្ញុំឡើយ។ ហើយតើសេចក្ដីជំនឿរបស់ខ្ញុំមិនទៅជាអសារបង់ទេឬអី?' តើការគិតបែបនេះមិនគួរឱ្យអស់សំណើចទេឬ? តើមនុស្សបែបនេះមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទតំណាងឱ្យព្រះជាម្ចាស់ឬ នៅពេលដែលពួកគេបណ្ដេញអ្នកចេញ? នៅពេលដែលអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាប និងបណ្ដេញអ្នកចេញ នេះគឺជាកិច្ចការរបស់សាតាំង ហើយគ្មានពាក់ព័ន្ធអ្វីនឹងព្រះជាម្ចាស់ឡើយ។ នៅពេលដែលមនុស្សត្រូវបានបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំ ការណ៍នេះស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ លុះត្រាតែមានការសម្រេចចិត្តរួមរវាងពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ប៉ុណ្ណោះ ហើយនៅពេលដែលការបោសសម្អាត ឬការបណ្ដេញចេញនោះ ស្របទាំងស្រុងតាមការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ តើការដែលអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ បណ្តេញអ្នកចេញពីពួកជំនុំ អាចបញ្ជាក់ថាអ្នកនឹងមិនទទួលបានសេចក្តីសង្គ្រោះដោយរបៀបណា? នេះគឺជាការធ្វើទុក្ខបុកម្នេញរបស់សាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនមានន័យថា អ្នកនឹងមិនត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់នោះទេ។ ការដែលថាតើអ្នកអាចត្រូវបានសង្គ្រោះឬអត់ គឺអាស្រ័យលើព្រះជាម្ចាស់។ គ្មានមនុស្សណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសម្រេចថា តើអ្នកអាចត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ឬអត់នោះទេ។ អ្នកត្រូវតែច្បាស់លាស់អំពីរឿងនេះ។ ហើយការចាត់ទុកការបណ្ដេញចេញរបស់អ្នកដោយអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ ថាជាការបណ្ដេញចេញដោយព្រះជាម្ចាស់ តើនេះមិនមែនជាការយល់ខុសចំពោះព្រះជាម្ចាស់ទេឬ? ពិតមែនហើយ។ ហើយនេះមិនត្រឹមតែជាការយល់ខុសចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ផងដែរ។ វាក៏ជាការប្រមាថចំពោះព្រះជាម្ចាស់មួយបែបដែរ។ ហើយតើការយល់ខុសចំពោះព្រះជាម្ចាស់តាមរបៀបនេះ មិនមែនជាភាពល្ងង់ខ្លៅ និងល្ងីល្ងើទេឬ? នៅពេលដែលអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទបណ្ដេញអ្នកចេញ ហេតុអ្វីបានជាអ្នកមិនស្វែងរកសេចក្ដីពិត? ហេតុអ្វីបានជាអ្នកមិនស្វែងរកនរណាម្នាក់ដែលយល់ពីសេចក្ដីពិត ដើម្បីទទួលបានការញែកដឹងខ្លះៗ? ហើយហេតុអ្វីបានជាអ្នកមិនរាយការណ៍រឿងនេះទៅថ្នាក់លើ? នេះបញ្ជាក់ថា អ្នកមិនជឿថាសេចក្តីពិតគ្រងរាជ្យខ្ពស់បំផុតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ វាបង្ហាញថា អ្នកគ្មានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ ហើយថាអ្នកមិនមែនជាអ្នកដែលជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ ប្រសិនបើអ្នកទុកចិត្តលើសព្វានុភាពរបស់ព្រះជាម្ចាស់ ហេតុអ្វីបានជាអ្នកខ្លាចការសងសឹករបស់អ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ? តើពួកគេអាចកំណត់វាសនារបស់អ្នកបានឬ? ប្រសិនបើអ្នកមានសមត្ថភាពក្នុងការញែកដឹង ហើយដឹងថាទង្វើរបស់ពួកគេផ្ទុយនឹងសេចក្ដីពិត ហេតុអ្វីមិនប្រកបជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលយល់ពីសេចក្ដីពិត? អ្នកមានមាត់ ហេតុអ្វីបានជាអ្នកមិនហ៊ាននិយាយចេញមក? ហេតុអ្វីបានជាអ្នកខ្លាចអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទម្ល៉េះ? នេះបញ្ជាក់ថា អ្នកគឺជាមនុស្សកំសាក ជាមនុស្សមិនបានការ និងជាកញ្ជះរបស់សាតាំង។ ... ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែជំនួសឱ្យការចុះចូលនឹងព្រះជាម្ចាស់ អ្នកបែរជាចុះញ៉ម និងជ្រកកោនជាមួយសត្រូវរបស់ព្រះជាម្ចាស់ គឺពួកទទឹងនឹងព្រះគ្រីស្ទ ហើយលទ្ធផលគឺ អ្នកត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះប្រើឧបាយកល និងធ្វើបាប នោះអ្នកបាននាំរឿងនេះដាក់ខ្លួនឯងហើយ។ តើអ្នកមិនសមមុខទេឬអី? ប្រសិនបើអ្នកចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទជាចៅហ្វាយរបស់អ្នក ជាអ្នកដឹកនាំរបស់អ្នក ជាបង្អែករបស់អ្នក នោះអ្នកកំពុងជ្រកកោនជាមួយសាតាំង អ្នកកំពុងដើរតាមសាតាំង ដែលមានន័យថា អ្នកបានវង្វេង ហើយដើរខុសផ្លូវ និងឈានជើងចូលទៅក្នុងផ្លូវដែលគ្មានថ្ងៃត្រឡប់វិញហើយ។ តើអ្នកគួរមានអាកប្បកិរិយាបែបណាចំពោះពួកទទឹងនឹងព្រះគ្រីស្ទ? អ្នកគួរតែលាតត្រដាងពួកគេ និងធ្វើការតយុទ្ធជាមួយពួកគេ។ ប្រសិនបើមានតែអ្នកម្នាក់ ឬពីរនាក់ ហើយអ្នកខ្សោយពេកមិនអាចប្រឈមមុខនឹងពួកទទឹងនឹងព្រះគ្រីស្ទតែម្នាក់ឯងបាន អ្នកគួរតែរួបរួមគ្នាជាមួយមនុស្សមួយចំនួនដែលយល់ពីសេចក្ដីពិត ដើម្បីរាយការណ៍ និងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ហើយគួរតែបន្តធ្វើបែបនេះ រហូតទាល់តែពួកគេត្រូវបានបោសសម្អាតចេញ» (ដកស្រង់ពី «ចំណុចទីបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងទស្សនៈមិនត្រឹមត្រូវរបស់ខ្ញុំ។ នៅពេលត្រូវរាយការណ៍ពីមនុស្សអាក្រក់ទាំងនោះ ខ្ញុំបរាជ័យក្នុងការប្រកាន់គោលការណ៍ អនុវត្តសេចក្ដីពិត និងការពារផលប្រយោជន៍របស់ពួកជំនុំម្តងហើយម្តងទៀត ព្រោះខ្ញុំខ្លាចអ្នកដឹកនាំ និងអ្នកធ្វើការគាបសង្កត់ខ្ញុំ ធ្វើឱ្យខ្ញុំលំបាក ឬថែមទាំងអាចកាត់ទោស និងបណ្តេញខ្ញុំចេញទៀតផង ហើយដកហូតឱកាសរបស់ខ្ញុំក្នុងការទទួលបានសេចក្ដីសង្រ្គោះ។ ដូច្នេះខ្ញុំគ្រាន់តែធ្វើមិនឃើញចំពោះអំពើរបស់ពួកគេ ហើយមិនហ៊ានប្រកាន់គោលការណ៍ មិនហ៊ានបន្តរាយការណ៍និងលាតត្រដាងពីពួកគេ។ ខ្ញុំបាននិយាយជាញឹកញាប់អំពីរបៀបដែលសេចក្ដីពិត និងព្រះគ្រីស្ទសោយរាជ្យក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលជួបស្ថានភាពជាក់ស្តែង ខ្ញុំខ្វះចំណេះដឹង និងសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់។ ហើយមិនជឿថាព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើ ហើយគ្រប់គ្រងជោគវាសនារបស់យើងទេ។ ខ្ញុំបានចាត់ទុកឋានៈ និងអំណាចរបស់មនុស្សអាក្រក់ថាមានសារៈសំខាន់ខ្លាំងណាស់ ហើយខ្ញុំខ្លាចពួកគេ។ តាមពិត មិនថាមានឋានៈនិងអំណាច ដែលអ្នកដឹកនាំក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់មានប៉ុណ្ណានោះទេ ពួកគេនៅតែមិនអាចគ្រប់គ្រងជោគវាសនារបស់យើង ឬសម្រេចថាយើងទទួលបានសេចក្ដីសង្គ្រោះឬអត់ឡើយ។ ទោះបីពួកគេសាហាវឃោរឃៅប៉ុណ្ណាក៏ដោយ ពួកគេមិនអាចលើសពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ។ ទោះបីខ្ញុំត្រូវបានមនុស្សអាក្រក់គាបសង្កត់ ហើយមិនអាចបំពេញភារកិច្ចរបស់ខ្ញុំជាបណ្ដោះអាសន្នក៏ដោយ នោះមិនមែនមានន័យថា ខ្ញុំនឹងបាត់បង់ឱកាសក្នុងការទទួលសេចក្តីសង្រ្គោះទេ។ ព្រះជាម្ចាស់ពិនិត្យពិច័យលើរបស់សព្វសារពើ ដរាបណាខ្ញុំដេញតាម និងអនុវត្តសេចក្តីពិត ទីបំផុតខ្ញុំនៅតែអាចទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត មនុស្សអាក្រក់ទាំងនេះមិនអាចមានជំហររឹងមាំនៅក្នុងពួកជំនុំបានទេ ហើយពួកគេទាំងអស់នឹងត្រូវបើកសម្ដែង និងជម្រុះចោលជាមិនខាន។ ប៉ុន្តែខ្ញុំបានជឿទាំងខុសថាអ្នកដឹកនាំបានគ្រប់គ្រងអនាគត និងជោគវាសនារបស់ខ្ញុំ ហើយថា កាលណាខ្ញុំប្រមាថនាង នោះខ្ញុំនឹងបាត់បង់ភារកិច្ចរបស់ខ្ញុំ និងឱកាសទទួលបានសេចក្តីសង្រ្គោះ។ ខ្ញុំពិតជាល្ងង់ និងវង្វេងវង្វាន់មែន! តើជំនឿពិតលើព្រះជាម្ចាស់របស់ខ្ញុំមាននៅត្រង់ណា? ដល់ចំណុចនោះ ខ្ញុំបានឆ្លុះបញ្ចាំង ហេតុអ្វីខ្ញុំមិនអាចអនុវត្តសេចក្តីពិតក្នុងរឿងនេះបាន ហើយតើអ្វីទៅដែលជាប្រភពនៃបញ្ហារបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលនេះរបស់ព្រះជាម្ចាស់៖ «សាតាំងធ្វើឱ្យមនុស្សពុករលួយ តាមរយៈការអប់រំ និងការបណ្ដុះបណ្ដាលរបស់រដ្ឋាភិបាលជាតិ និងរបស់បុគ្គលល្បីៗ និងបុគ្គលអស្ចារ្យ។ ពាក្យរបស់អារក្សរបស់ពួកគេ បានក្លាយជាជីវិត និងធម្មជាតិរបស់មនុស្ស។ 'មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់' គឺជាពាក្យស្លោករបស់សាតាំងដ៏ល្បីល្បាញមួយ ដែលបានជ្រាបចូលទៅក្នុងមនុស្សគ្រប់គ្នា និងបានក្លាយជាជីវិតរបស់ពួកគេ។ មានពាក្យសម្ដីនៃទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តខ្លួននៅក្នុងលោកិយ ដែលមានលក្ខណៈបែបនេះដែរ។ សាតាំងប្រើប្រាស់វប្បធម៌ប្រពៃណីរបស់ជាតិសាសន៍នីមួយៗ ដើម្បីអប់រំ បំភាន់ និងធ្វើឱ្យមនុស្សពុករលួយ ដោយបណ្ដាលឱ្យមនុស្សជាតិធ្លាក់ចូលទៅក្នុងជង្ហុកនៃសេចក្ដីវិនាសដ៏គ្មានដែលកំណត់ ហើយនៅទីបំផុត ត្រូវព្រះជាម្ចាស់បំផ្លាញចោល ដោយសារតែពួកគេបម្រើសាតាំង និងប្រឆាំងនឹងព្រះជាម្ចាស់។ ... នៅមានជាតិពុលរបស់សាតាំងជាច្រើនទៀតនៅក្នុងជីវិត ការប្រព្រឹត្តខ្លួន និងអាកប្បកិរិយារបស់មនុស្ស។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ការរស់នៅក្នុងលោកីយ៍របស់ពួកគេ របៀបដែលពួកគេធ្វើកិច្ចការ និង ពាក្យស្លោក របស់ពួកគេ សុទ្ធតែពោរពេញដោយជាតិពុលរបស់នាគដ៏ធំមានសម្បុរក្រហម ហើយសេចក្តីទាំងនេះសុទ្ធតែមកពីសាតាំង។ ហេតុដូចនេះ អ្វីៗដែលហូរកាត់ឆ្អឹង និងឈាមរបស់មនុស្ស គឺជារបស់សាតាំងទាំងអស់។ ពួកមន្រ្តី ពួកអ្នកកាន់អំណាច និង ពួកអ្នកជោគជ័យ សុទ្ធតែមានផ្លូវ និងអាថ៌កំបាំងនៃភាពជោគជ័យរៀងៗខ្លួន។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងដ៏ល្អឥតខ្ចោះនៃធម្មជាតិ របស់ពួកគេទេឬ? ពួកគេបានធ្វើការធំៗនៅលើលោកនេះ ហើយគ្មាននរណាម្នាក់មើលធ្លុះឧបាយកល និងល្បិចកលដែលនៅពីក្រោយពួកគេឡើយ។ នេះបញ្ជាក់ថា ធម្មជាតិ របស់ពួកគេមានលក្ខណៈលាក់ពុត និងពិសពុលកម្រិតណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅដោយសាតាំង។ ពិសរបស់សាតាំង ហូរកាត់ឈាមរបស់មនុស្សគ្រប់រូប ហើយអាចនិយាយបានថា ធម្មជាតិរបស់មនុស្សគឺពុករលួយ ទុច្ចរិត ប្រទូសរ៉ាយ និងប្រឆាំងនឹងព្រះជាម្ចាស់ ព្រមទាំងពោរពេញ និងជ្រួតជ្រាបដោយទស្សនវិជ្ជា និងជាតិពុលរបស់សាតាំង។ វាបានក្លាយជា សារជាតិធម្មជាតិ របស់សាតាំងទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់ និងឈរនៅខាងប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើធម្មជាតិ របស់ពួកគេត្រូវបានវែកញែកតាមរបៀបនេះ នោះមនុស្សនឹងងាយស្គាល់ខ្លួនឯងហើយ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញឫសគល់មូលហេតុនៃអសមត្ថភាពរបស់ខ្ញុំក្នុងការអនុវត្តសេចក្តីពិត៖ ខ្ញុំត្រូវសាតាំងធ្វើឱ្យពុករលួយខ្លាំងពេក។ តាំងពីក្មេងមក ខ្ញុំបានទទួលការអប់រំនៅសាលា ហើយត្រូវបានសង្គមបណ្ដុះឱ្យគិតបែបនោះ ដែលបានបណ្ដុះខ្ញុំដោយថ្នាំពុលជាច្រើនរបស់សាតាំង ដូចជា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» «បញ្ហាកាន់តែតិច កាន់តែប្រសើរ» «ចូរឱ្យអ្វីៗបានរសាត់ផុតទៅចុះ ប្រសិនបើសេចក្តីទាំងនោះមិនប៉ះពាល់ដល់បុគ្គលផ្ទាល់ខ្លួនទេនោះ» និង «មនុស្សដែលយល់ដឹងពីស្ថានការគឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា»។ ដោយសារខ្ញុំរស់នៅក្រោមឥទ្ធិពលថ្នាំពុលរបស់សាតាំងទាំងនេះហើយ ទើបខ្ញុំតែងតែការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយពិចារណាតែលើអនាគត និងជោគវាសនារបស់ខ្ញុំជាមុនសិន នៅពេលដែលអ្វីៗបានកើតឡើងចំពោះខ្ញុំ ជាជាងគិតពីផលប្រយោជន៍របស់ពួកជំនុំ។ ខ្ញុំមើលដឹងថា លីវ ហ័រ និង ម៉េង រ៉ាន់ គឺជាមនុស្សអាក្រក់ ដែលពួកគេបានរារាំង និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ហើយថាបងប្អូនប្រុសស្រីរងទុក្ខដែលមិនអាចរៀបរាប់បានដោយសារការគាបសង្កត់របស់ពួកគេ ប៉ុន្តែខ្ញុំបានជ្រើសយកការគេចវេះនិងមិនអើពើនឹងស្ថានភាពនេះដើម្បីការពារផលប្រយោជន៍របស់ខ្ញុំ។ ខ្ញុំមិនបានការពារកិច្ចការរបស់ពួកជំនុំទេ។ វាគឺជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ដែលថាពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងអ្នកមិនជឿទាំងអស់ត្រូវបានជម្រះចេញពីពួកជំនុំ ដូច្នេះបងប្អូនប្រុសស្រីអាចរស់នៅក្នុងជីវិតពួកជំនុំធម្មតា ដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ពួកគេ។ ទោះជាយ៉ាងណានេះក្តី ខ្ញុំបែរជាកំសាក និងប្រុងប្រយ័ត្នហួសហេតុពេក ហើយមិនហ៊ានប្រកាន់ជំហរលាតត្រដាងមនុស្សអាក្រក់ទាំងអស់នោះ សូម្បីតែបន្ទាប់ពីខ្ញុំបានឃើញពួកគេគាបសង្កត់អ្នកដទៃ និងរំខានដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ដោយគ្រាន់តែដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។ តើខ្ញុំមិនមែនកំពុងឈរខាងសាតាំង ហើយបណ្ដោយឱ្យមនុស្សអាក្រក់ទាំងនេះ ទាំងដែលគេកំពុងសង្កត់សង្កិនពួកជំនុំទេឬ? តើខ្ញុំមិនមែនជាអ្នកសមគំនិតគេទេឬ? ធម្មតា ខ្ញុំជឿ ហើយធ្វើតាមព្រះជាម្ចាស់ ប៉ុន្តែជាក់ស្តែង ខ្ញុំបែរជាការពារសាតាំង ហើយកាន់ជើងមនុស្សអាក្រក់ទៅវិញ។ នៅគ្រាដ៏សំខាន់ ខ្ញុំបែរជាបោះបង់ពួកជំនុំ ហើយការពារតែខ្លួនឯង ជាជាងគិតគូរពីផលប្រយោជន៍របស់ពួកជំនុំ។ ខ្ញុំបានដឹងថាខ្ញុំបានបោកបញ្ឆោត និងអាត្មានិយមខ្លាំងណាស់។ នគររបស់ព្រះជាម្ចាស់ ចង់បានអ្នកដែលមានចិត្តស្មោះត្រង់និងមានស្មារតីយុត្តិធម៌។ មនុស្សបោកបញ្ឆោត និងអាត្មានិយម ដែលការពារតែផលប្រយោជន៍ខ្លួន គឺជារបស់សាតាំង ហើយព្រះជាម្ចាស់នឹងមិនជួយសង្គ្រោះពួកគេទេ។
បន្ទាប់ពីនោះមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចខាងក្រោម៖ «ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យកាចសាហាវក្រៃលែង។ ប្រសិនបើអ្នកព្យាយាមលួសកាត់ពួកគេ ឬលាតត្រដាងពួកគេ ពួកគេនឹងស្អប់អ្នក ហើយខាំអ្នកជាប់មិនលែង ហាក់ដូចជាពួកគេជាពស់ពិសអ៊ីចឹង។ អ្នកនឹងមិនអាចរលាស់ពួកគេចេញបានឡើយ ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ។ នៅពេលដែលអ្នកជួបប្រទះពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ តើអ្នករាល់គ្នាមានអារម្មណ៍ភ័យខ្លាចដែរឬទេ? មនុស្សខ្លះពិតជាភ័យខ្លាច ហើយនិយាយថា 'ខ្ញុំមិនហ៊ានលួសកាត់ពួកគេទេ។ ពួកគេកាចសាហាវណាស់ ដូចជាពស់ពិសអ៊ីចឹង ហើយប្រសិនបើពួកគេរុំខ្ញុំជាប់ ខ្ញុំមុខជាចប់មិនខាន'។ តើនេះជាមនុស្សប្រភេទណា? កម្ពស់របស់ពួកគេនៅតូចពេក ពួកគេជាមនុស្សមិនបានការ ពួកគេមិនមែនជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទឡើយ ហើយពួកគេមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ។ ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើដូចម្ដេច នៅពេលដែលអ្នកជួបប្រទះពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ? ប្រសិនបើពួកគេគំរាមកំហែងអ្នក ឬព្យាយាមយកជីវិតរបស់អ្នក តើអ្នកនឹងភ័យខ្លាចដែរឬទេ? នៅក្នុងស្ថានភាពបែបនេះ អ្នកត្រូវតែរួបរួមគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នកជាបន្ទាន់ ហើយក្រោកឈរឡើង ស៊ើបអង្កេត ប្រមូលភស្តុតាង និងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ រហូតទាល់តែពួកគេត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ នេះគឺជាការដោះស្រាយបញ្ហាយ៉ាងហ្មត់ចត់។ ...រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គួរតែចងចាំការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់នៅក្នុងចិត្តជានិច្ច។ ជម្រះមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទចេញ គឺជាការប្រយុទ្ធដ៏សំខាន់បំផុតនៅក្នុងសមរភូមិប្រឆាំងនឹងសាតាំង។ ប្រសិនបើឈ្នះការប្រយុទ្ធនេះ វានឹងក្លាយជាទីបន្ទាល់របស់អ្នកឈ្នះ។ ការប្រយុទ្ធប្រឆាំងនឹងពួកសាតាំង និងពួកអារក្សកំណាច គឺជាទីបន្ទាល់តាមរយៈបទពិសោធដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែមាន។ វាគឺជាតថភាពនៃសេចក្ដីពិតដែលអ្នកឈ្នះត្រូវតែមាន។ ព្រះជាម្ចាស់បានប្រទានសេចក្ដីពិតជាច្រើនដល់មនុស្ស បានដឹកនាំអ្នកអស់រយៈពេលជាយូរមកហើយ និងបានផ្គត់ផ្គង់ជាច្រើនដល់អ្នក ក្នុងគោលបំណងឱ្យអ្នកធ្វើបន្ទាល់ និងការពារកិច្ចការរបស់ពួកជំនុំ។ ប៉ុន្តែលទ្ធផលគឺ នៅពេលដែលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ អ្នកបែរជាកំសាក និងដកខ្លួនថយ ដោយរត់បាតជើងសព្រាតទៅវិញ។ អ្នកគឺជាមនុស្សមិនបានការ។ អ្នកមិនអាចយកឈ្នះពួកសាតាំងបានទេ អ្នកមិនបានធ្វើបន្ទាល់ឡើយ ហើយព្រះជាម្ចាស់ស្អប់ខ្ពើមអ្នក។ នៅក្នុងគ្រាដ៏សំខាន់នេះ អ្នកត្រូវតែក្រោកឈរឡើង ហើយធ្វើសង្គ្រាមប្រឆាំងនឹងពួកសាតាំង លាតត្រដាងអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ថ្កោលទោស និងដាក់បណ្ដាសាពួកគេ ធ្វើឱ្យពួកគេគ្មានកន្លែងលាក់ខ្លួន និងជម្រះពួកគេចេញពីពួកជំនុំ។ មានតែការធ្វើបែបនេះទេ ទើបអាចចាត់ទុកថាជាការទទួលបានជ័យជម្នះលើពួកសាតាំង និងបញ្ចប់វាសនារបស់ពួកគេបាន។ អ្នកគឺជាម្នាក់នៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ជាអ្នកដើរតាមព្រះជាម្ចាស់។ អ្នកមិនអាចខ្លាចបញ្ហាប្រឈមបានឡើយ អ្នកត្រូវតែអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត។ នេះហើយគឺជាអត្ថន័យនៃការធ្វើជាអ្នកឈ្នះ។ ប្រសិនបើអ្នកខ្លាចបញ្ហាប្រឈម ហើយធ្វើការសម្រុះសម្រួល ដោយសារតែអ្នកខ្លាចការសងសឹកពីមនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ទេ ហើយអ្នកក៏មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ អ្នកគឺជាមនុស្សមិនបានការ ដែលអន់ជាងអ្នកបម្រើការទៅទៀត» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបណ្ដុះខ្ញុំឱ្យមានជំនឿ និងកម្លាំង។ ខ្ញុំត្រូវឈប់ខ្លាចកម្លាំងនៃសេចក្ដីងងឹតរបស់សាតាំង ខ្ញុំត្រូវឈប់ការពារខ្លួនឯង ហើយឈប់ធ្វើជាមនុស្សគ្មានប្រយោជន៍។ ខ្ញុំត្រូវតែប្រកាន់ជំហរដើម្បីលាតត្រដាងមនុស្សអាក្រក់ក្នុងពួកជំនុំ និងការពារផលប្រយោជន៍របស់ពួកជំនុំ នោះគឺជាភារកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏បានបង្ហាញផ្លូវនៃការអនុវត្តដល់ខ្ញុំផងដែរ៖ អំណាចរបស់មនុស្សតែម្នាក់មានកំណត់ ប៉ុន្តែខ្ញុំអាចរួបរួមជាមួយបងប្អូនប្រុសស្រីឯទៀតដែលមានស្មារតីយុត្តិធម៌ដើម្បីរាយការណ៍ និងលាតត្រដាងមនុស្សអាក្រក់ទាំងនោះ ធ្វើដូច្នេះ ដើម្បីការពារជីវិតពួកជំនុំរបស់យើង រារាំងមិនឱ្យបងប្អូនប្រុសស្រីរងការរំខានដោយកម្លាំងរបស់សាតាំង ហើយធ្វើឱ្យប្រាកដថាមនុស្សអាក្រក់ត្រូវបានគេដោះស្រាយតាមរបៀបត្រឹមត្រូវ។ ទោះបីជាខ្ញុំត្រូវបានគេគាបសង្កត់ និងធ្វើបាបក៏ដោយ ក៏ខ្ញុំមិនព្រមចុះចាញ់នឹងកម្លាំងរបស់សាតាំងដែរ។ បន្ទាប់មក ខ្ញុំលែងស្ថិតនៅក្រោមការត្រួតត្រាពីឥទ្ធិពលងងឹតរបស់សាតាំង ហើយខ្ញុំលែងគិតពីអនាគតនិងជោគវាសនារបស់ខ្ញុំទៀតហើយ។ ខ្ញុំបានរួបរួមជាមួយបងប្អូនប្រុសស្រីផ្សេងទៀត ហើយបានរាយការណ៍ពីបញ្ហារបស់ ម៉េង រ៉ាន់ ទៅកាន់អ្នកដឹកនាំម្នាក់ទៀត។ បន្ទាប់ពីពិនិត្យមើលស្ថានភាពរួច អ្នកដឹកនាំបានដកហូតតំណែង ម៉េង រ៉ាន់ ចេញ។ ខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំងពេលឃើញ ម៉េង រ៉ាន់ នៅទីបំផុតត្រូវគេដកហូតតំណែង ហើយខ្ញុំពោរពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់។ បន្ទាប់ពីនោះ ពួកយើងបានជួយអ្នកដឹកនាំប្រមូលព័ត៌មានទាក់ទងនឹងអំពើអាក្រក់ទាំងអស់របស់ លីវ ហ័រ និង ម៉េង រ៉ាន់។ ពួកគេទាំងពីរត្រូវបានគេកំណត់លក្ខណៈថាជាមនុស្សអាក្រក់ជាបន្តបន្ទាប់ ហើយត្រូវបានបណ្តេញចេញ រីឯ ស៊ីវ យូ ក៏ត្រូវបានគេដកហូតតំណែងចេញដែរពីបទជាអ្នកដឹកនាំក្លែងក្លាយ ដោយសារតែនាងមិនបានធ្វើការងារពិតប្រាកដ ហើយបានបណ្តោយឱ្យមនុស្សអាក្រក់ដើររុកកួនធ្វើអំពើអាក្រក់ក្នុងពួកជំនុំ។ រួចផុតពីការរំខានរបស់មនុស្សអាក្រក់ទាំងនោះ ភាពស្ងប់ស្ងាត់ដោយសន្តិភាពបានត្រលប់មកក្នុងជីវិតពួកជំនុំរបស់យើងវិញ ហើយបងប្អូនប្រុសស្រីអាចបំពេញភារកិច្ចរបស់ពួកគេបានជាធម្មតា។ បន្តិចក្រោយមក រាល់គម្រោងក្នុងពួកជំនុំបានចាប់ផ្តើមទទួលបានលទ្ធផល។
តាមរយៈបទពិសោធន៍នេះ ខ្ញុំបានយល់ឃើញថារបស់សព្វសារពើ ស្ថិតនៅក្រោមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយខ្ញុំក៏បានឃើញសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ផងដែរ។ កម្លាំងអាក្រក់របស់សាតាំងមិនអាចមានជំហររឹងមាំក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ អ្នកដែលគួរត្រូវបានបើកសម្ដែង នឹងត្រូវបានបើកសម្ដែងនៅទីបំផុត ហើយត្រូវបានជម្រុះចោល ក្រឡេកទៅមើលរបៀបដែល ម៉េង រ៉ាន់ រារាំងយើង នៅពេលដែលយើងរាយការណ៍ និងលាតត្រដាង លីវ ហ័រ និងរបៀបដែល ស៊ីវ យូ ព្យាយាមរារាំងពួកយើងមិនឱ្យរាយការណ៍ពី ម៉េង រ៉ាន់ ខ្ញុំមិនបានយល់ថាហេតុអ្វីបានជាព្រះជាម្ចាស់បណ្តោយឱ្យវាកើតឡើងនៅពេលនោះទេ ប៉ុន្តែឥឡូវនេះខ្ញុំឃើញតាមរយៈ លីវ ហ័រ ព្រះជាម្ចាស់បានបើកសម្តែងមនុស្សអាក្រក់ និងជាអ្នកដឹកនាំក្លែងក្លាយដែលបានលាក់បាំងយ៉ាងជ្រៅ ពីម្នាក់ទៅម្នាក់។ ដោយសារហេតុនេះ ខ្ញុំទទួលបានការវែកញែក និងរៀនមេរៀនដ៏មានតម្លៃ។ ព្រះជាម្ចាស់ពិតជាមានព្រះប្រាជ្ញាញាណមែន! ទោះបីជាដំណើរការនៃការរាយការណ៍អំពីពួកគេពោរពេញទៅដោយភាពរញ៉េរញ៉ៃក្រវេចក្រៀនយ៉ាងណាក៏ដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដឹកនាំផ្លូវខ្ញុំគ្រប់ជំហាន ហើយបានបណ្តុះខ្ញុំឱ្យស្គាល់អំពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់។ ខ្ញុំបានឃើញថាសេចក្ដីពិត និងសេចក្ដីសុចរិតពិតជាសោយរាជ្យក្នុងដំណាក់របស់ព្រះជាម្ចាស់។ នេះបានផ្ដល់ឱ្យខ្ញុំនូវជំនឿកាន់តែស៊ប់ទៅលើព្រះជាម្ចាស់ ហើយបានជួយខ្ញុំឱ្យយល់ដឹងពីធម្មជាតិអាត្មានិយម និងបោកបញ្ឆោតរបស់ខ្ញុំ។ ខ្ញុំមិនដែលអាចរៀនអំពីរឿងនេះក្នុងបរិយាកាសសុខស្រួលនោះទេ។ អរគុណដល់ព្រះជាម្ចាស់!