សេចក្តីផ្ដើម

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩៩១ ព្រះជាម្ចាស់បានបន្លឺព្រះសូរសៀងរបស់ទ្រង់ជាលើកដំបូងនៅក្នុងពួកជំនុំ ហើយព្រះសូរសៀងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សគ្រប់រូបដែលកំពុងតែរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធនៅគ្រានោះ។ ព្រះសូរសៀងនេះបានថ្លែងថា «ព្រះដំណាក់របស់ព្រះជាម្ចាស់បានលេចមក» និងថ្លែងទៀតថា «ព្រះសិរសានៃចក្កវាឡ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់គឺជាព្រះអាទិត្យដ៏ចាំងចែង។» តាមរយៈព្រះបន្ទូលដ៏សំខាន់ និងស៊ីជម្រៅទាំងនេះ មនុស្សទាំងអស់ត្រូវបាននាំចូលទៅក្នុងពិភពមួយថ្មី។ អស់អ្នកណាដែលបានអានព្រះបន្ទូលនេះ មានអារម្មណ៍យ៉ាងស្និទ្ធស្នាលចំពោះកិច្ចការថ្មី ជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់រៀបនឹងធ្វើ។ វាជាការបន្លឺព្រះសូរសៀងមួយដ៏ពីរោះ ផ្អែមដូចទឹកឃ្មុំ ហើយខ្លីៗ ដែលបាននាំមនុស្សទាំងអស់ចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងយុគសម័យមួយថ្មី ហើយបានចាក់គ្រឹះមូលដ្ឋាន និងបានបង្កើតជាដំណាក់កាលមួយសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនេះ។ គេអាចនិយាយបានថា ព្រះសូរសៀងដែលព្រះជាម្ចាស់បានថ្លែងនៅពេលនេះ គឺជាព្រះសូរសៀងមួយដែលចម្លងយុគសម័យនានា ដែលអាចនិយាយថានេះជាលើកទីមួយហើយ ចាប់តាំងពីការចាប់ផ្ដើមយុគសម័យនៃព្រះគុណដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ពូជសាសន៍មនុស្សជាសាធារណៈ និងអាចនិយាយបានថា វាជាលើកទីមួយដែលព្រះជាម្ចាស់បានមានបន្ទូល ក្រោយបានលាក់ព្រះភ័ក្ត្រអស់រយៈពេលពីរពាន់ឆ្នាំ ហើយលើសពីនេះទៀត គេអាចនិយាយបានទៀតថា វាជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយសម្រាប់កិច្ចការដែលព្រះជាម្ចាស់រៀបនឹងធ្វើនៅក្នុងយុគសម័យនៃនគរព្រះ។

លើកទីមួយដែលព្រះជាម្ចាស់បានបន្លឺព្រះសូរសៀង គឺទ្រង់បានធ្វើឡើងនៅក្នុងទម្រង់នៃការសរសើរចេញពីទស្សនៈរបស់បុគ្គលទីបី ជាភាសាបែបថ្លៃថ្នូរផង និងធម្មតាផង ក៏ដូចជាបទបញ្ញត្តិនៃជីវិតដែលងាយស្រួលទទួលបាន។ តាមរយៈព្រះសូរសៀងនេះ ទ្រង់បានយកមនុស្សមួយក្រុមតូចនេះ ដែលដឹងតែពីរបៀបរីករាយនឹងព្រះគុណរបស់ទ្រង់ ក្នុងពេលដែលពួកគេទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយបាននាំពួកគេចូលទៅក្នុងដំណាក់កាលមួយទៀតនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដោយស្ងប់ស្ងាត់។ ស្ថិតក្រោមកាលៈទេសៈទាំងនេះ មនុស្សមិនបានដឹងអំពីប្រភេទនៃកិច្ចការដែលព្រះជាម្ចាស់នឹងធ្វើនៅគ្រាចុងក្រោយ ឬកាន់តែមិនហ៊ានស្រមៃអំពីអ្វីដែលទ្រង់បានរៀបចំទុកនៅលើផ្លូវខាងមុខនោះដែរ។ ចាប់តាំងពីពេលនោះមក ព្រះជាម្ចាស់បានបន្តបន្លឺព្រះសូរសៀងកាន់តែច្រើន ដើម្បីនាំមនុស្សជាតិចូលទៅក្នុងយុគសម័យថ្មីមួយជំហានម្ដងៗ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា គ្រប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់សុទ្ធតែមានខ្លឹមសារខុសៗគ្នា ហើយលើសពីនេះទៅទៀត ព្រះសូរសៀងរបស់ទ្រង់ប្រើនូវទម្រង់នៃការសរសើរ និងសំនួនវោហារខុសៗគ្នា។ ព្រះសូរសៀងដែលមានសំនៀងស្រដៀងគ្នា តែខុសត្រង់ខ្លឹមសារទាំងនេះ ពេញទៅដោយព្រះទ័យយកចិត្តទុកដាក់ និងព្រះទ័យព្រួយបារម្ភរបស់ព្រះជាម្ចាស់ ហើយសឹងតែគ្រប់ព្រះសូរសៀងទាំងអស់មាននូវបទបញ្ញត្តិនៃជីវិតដែលមានមាតិកាខុសៗគ្នា ក៏ដូចជាព្រះបន្ទូលអំពីការរំឭក ការដាស់តឿន និងការកម្សាន្តចិត្តមកពីព្រះជាម្ចាស់ទៅកាន់មនុស្សដែរ។ នៅក្នុងព្រះសូរសៀងទាំងនេះ អត្ថបទព្រះគម្ពីរបែបនេះលេចមកម្ដងហើយម្ដងទៀត៖ «ព្រះដ៏ពិតតែមួយអង្គបានត្រលប់ជាសាច់ឈាម និងទ្រង់ជាព្រះសិរសានៃចក្រវាឡ ដែលបញ្ជាលើរបស់សព្វសារពើ»។ «ស្ដេចដ៏មានជ័យគង់នៅលើបល្ល័ង្កដ៏ពេញដោយសិរីល្អរបស់ទ្រង់»។ «ទ្រង់ក្ដាប់ចក្រវាឡទាំងមូលនៅក្នុងព្រះហស្តរបស់ទ្រង់» ជាដើម។ សារមួយត្រូវបានបញ្ជូនចេញតាមរយៈអត្ថបទគម្ពីរទាំងនេះ ឬគេអាចនិយាយមួយបែបទៀតថា អត្ថបទគម្ពីរទាំងនេះបញ្ជូននូវសារមួយទៅកាន់ពូជសាសន៍មនុស្ស៖ ព្រះជាម្ចាស់បានយាងចូលក្នុងពិភពមនុស្សរួចហើយ ព្រះជាម្ចាស់នឹងចាប់ផ្ដើមធ្វើកិច្ចការមួយដែលកាន់តែអស្ចារ្យ នគរព្រះបានយាងចុះមករួចហើយនៅក្នុងចំណោមមនុស្សមួយក្រុម ហើយព្រះជាម្ចាស់បានទទួលសិរីល្អ និងបានឈ្នះលើខ្មាំងសត្រូវដ៏ច្រើនសន្ធឹកសន្ធាប់របស់ទ្រង់រួចហើយ។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់នីមួយៗឆក់យកដួងចិត្តរបស់មនុស្សម្នាក់ៗ។ គ្រប់មនុស្សទាំងអស់ទន្ទឹងរង់ចាំយ៉ាងអន្ទះសាចង់ឱ្យព្រះជាម្ចាស់បន្លឺព្រះសូរសៀងជាព្រះបន្ទូលថ្មីៗកាន់តែច្រើន ពីព្រោះគ្រប់ពេលដែលព្រះជាម្ចាស់មានបន្ទូល ទ្រង់ធ្វើឱ្យដួងចិត្តរបស់មនុស្សរំភើបញាប់ញ័រ ហើយលើសពីនេះ ទ្រង់គ្រប់គ្រង និងទ្រទ្រង់គ្រប់ទាំងចលនា និងអារម្មណ៍របស់មនុស្ស ដូច្នេះ មនុស្សក៏ចាប់ផ្ដើមពឹងអាង និងស្ងើចសរសើរកាន់តែខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់...។ តាមរបៀបនេះ មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បានបំភ្លេចចោលព្រះគម្ពីរទាំងមិនដឹងខ្លួន ហើយថែមទាំងមិនសូវជាពិចារណាទៅលើមេរៀន និងសំណេរដ៏ហួសសម័យកាលរបស់បុគ្គលខាងវិញ្ញាណ ដោយសារតែនៅក្នុងសំណេរអតីតកាលនោះ ពួកគេរកមិនឃើញនូវមូលដ្ឋានណាមួយសម្រាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះឡើយ ហើយពួកគេក៏មិនអាចរកឃើញពីគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការបន្លឺព្រះសូរសៀងទាំងនេះដែរ។ ជាលទ្ធផល វាកាន់តែចាំបាច់សម្រាប់មនុស្សក្នុងការទទួលស្គាល់ថា ព្រះសូរសៀងទាំងនេះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលពួកគេមិនធ្លាប់បានឃើញ ក៏មិនធ្លាប់បានឮ តាំងពីដើមដំបូងមក និងទទួលស្គាល់ថា ព្រះសូរសៀងទាំងនេះលើសពីកម្រិតយល់ដឹងរបស់មនុស្សដែលជឿលើព្រះជាម្ចាស់ ព្រមទាំងទទួលស្គាល់ទៀតថា វាហួសពីអ្វីៗដែលត្រូវបាននិយាយ ដោយបុគ្គលខាងវិញ្ញាណណាមួយកាលពីអតីតកាល ឬនៅក្នុងព្រះសូរសៀងកាលពីអតីតកាលរបស់ព្រះជាម្ចាស់។ ដោយទទួលបានកម្លាំងចិត្តពីព្រះសូរសៀងទាំងនេះ មនុស្សបានចូលទៅក្នុងបរិយាកាសនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងមិនដឹងខ្លួន គឺចូលទៅក្នុងជីវិតនៃការកាន់មុខតំណែងមុខគេនៅយុគសម័យថ្មី។ ដោយទទួលបានកម្លាំងចិត្តពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សដែលពេញដោយការប្រមើលទុក បានភ្លក់រសជាតិដ៏ផ្អែមដែលត្រូវបានដឹកនាំដោយផ្ទាល់ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំជឿថា អំឡុងពេលដ៏ខ្លីនេះ គឺជាពេលវេលាមួយដែលមនុស្សគ្រប់រូបនឹងក្រឡេកមើលក្រោយ ដោយមានអនុស្សាវរីយ៍ដ៏គង់វង្សស្ថិតស្ថេរ ហើយតាមពិតទៅ អ្វីដែលមនុស្សបានរីករាយក្នុងអំឡុងពេលនេះ គឺគ្មានអ្វីក្រៅពីបរិយាកាសនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ឬគេអាចហៅបទពិសោធនេះថាជារសជាតិដ៏ផ្អែមនៃថ្នាំដែលស្រោបស្ករពីខាងក្រៅ។ នេះគឺដោយសារតែ ចាប់តាំងពីពេលនេះតទៅ ពួកគេនៅតែស្ថិតក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅតែស្ថិតក្នុងបរិយាកាសនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សត្រូវបានដឹកនាំចូលទៅក្នុងដំណាក់កាលមួយទៀតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួន ដែលជាជំហានទីមួយនៃកិច្ចការ និងព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ដែលជាដំណាក់កាលនៃការល្បងលរបស់ពួកអ្នកស៊ីឈ្នួល។

ព្រះបន្ទូលដែលបានថ្លែងចេញនៅមុនការល្បងលពួកអ្នកស៊ីឈ្នួល ភាគច្រើនស្ថិតនៅក្នុងទម្រង់ជាការប្រៀនប្រដៅ ការដាស់តឿន ការស្ដីបន្ទោស និងការលត់ដំ ហើយនៅតាមកន្លែងខ្លះ ព្រះបន្ទូលទាំងនេះបានប្រើនូវងារចាស់ៗ ដែលត្រូវបានប្រើនៅក្នុងយុគសម័យនៃព្រះគុណ ដូចជាការប្រើពាក្យ «ពួកកូនប្រុសរបស់ខ្ញុំ» សម្រាប់មនុស្សដែលបានដើរតាមព្រះជាម្ចាស់ ដើម្បីធ្វើឱ្យមនុស្សកាន់តែងាយស្រួលចូលទៅជិតព្រះជាម្ចាស់ ឬដើម្បីឱ្យមនុស្សអាចមើលឃើញទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់មានលក្ខណៈស្និទ្ធស្នាល។ តាមរបៀបនេះ មិនថាការជំនុំជម្រះអ្វីក៏ដោយដែលព្រះជាម្ចាស់បានធ្វើចំពោះការលើកតម្កើងខ្លួន ការក្អេងក្អាង និងនិស្ស័យពុករលួយផ្សេងទៀតរបស់មនុស្សជាតិ គឺមនុស្សសុទ្ធតែនឹងអាចដោះស្រាយបាន ហើយទទួលយកការជំនុំជម្រះនោះនៅក្នុងអត្តសញ្ញាណរបស់ខ្លួនជា «បុត្រា» ដោយគ្មានការប្រឆាំងចំពោះព្រះសូរសៀងរបស់ «ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា» ហើយក៏មិនមានភាពសង្ស័យទៅលើព្រះបន្ទូលសន្យាដែល «ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា» បានធ្វើចំពោះ «ពួកកូនប្រុស» របស់ទ្រង់នោះដែរ។ ក្នុងអំឡុងពេលនេះ មនុស្សទាំងអស់បានរីករាយនឹងអត្ថិភាពដែលគ្មានបញ្ហាដូចជាអត្ថិភាពរបស់ទារក ហើយការនេះបានសម្រេចគោលបំណងរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលគេបានចូលដល់ «ភាពពេញវ័យ» នោះទ្រង់នឹងចាប់ផ្ដើមធ្វើការជំនុំជម្រះទៅលើពួកគេមិនខាន។ ការនេះក៏បានចាក់គ្រឹះមូលដ្ឋានសម្រាប់កិច្ចការនៃការជំនុំជម្រះពូជសាសន៍មនុស្សដែលព្រះជាម្ចាស់ផ្ដើមឡើងជាផ្លូវការនៅក្នុងយុគសម័យនៃនគរព្រះដែរ។ ដោយសារតែគោលបំណងចម្បងនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនេះ គឺដើម្បីជំនុំជម្រះ និងយកឈ្នះលើមនុស្សគ្រប់រូប ហើយនៅពេលដែលមនុស្សចេះឈររឹងមាំនៅលើដីបានភ្លាម នោះព្រះជាម្ចាស់នឹងចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ដែលជាការជំនុំជម្រះ និងការវាយផ្ចាលមនុស្ស។ ជាក់ស្ដែង គ្រប់ទាំងព្រះសូរសៀងនៅមុនការល្បងលពួកអ្នកស៊ីឈ្នួល ត្រូវបានថ្លែងចេញសម្រាប់ជាប្រយោជន៍នៃការឆ្លងផុតនូវគ្រាអន្តរកាល ដែលជាគោលបំណងដ៏ពិត ជាជាងអ្វីដែលបានលេចមកឱ្យឃើញ។ ព្រះជាម្ចាស់មានព្រះហឫទ័យចង់ចាប់ផ្ដើមជាផ្លូវការនូវកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃនគរព្រះឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ទ្រង់គ្មានបំណងបន្តលួងលោមមនុស្សជាតិឱ្យធ្វើដំណើរទៅមុខ តាមរយៈការចម្អែតពួកគេដោយថ្នាំដែលស្របដោយស្ករនោះឡើយ ផ្ទុយទៅវិញ ទ្រង់សព្វព្រះហឫទ័យចង់ឃើញទឹកមុខពិតប្រាកដរបស់មនុស្សគ្រប់រូប នៅមុខបល្ល័ង្គជំនុំជម្រះរបស់ទ្រង់ ហើយទ្រង់កាន់តែសព្វព្រះហឫទ័យចង់ឃើញអាកប្បកិរិយាពិតប្រាកដដែលមនុស្សគ្រប់រូបនឹងមានចំពោះទ្រង់ ក្រោយពេលបាត់បង់ព្រះគុណរបស់ទ្រង់។ អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឃើញនោះគឺជាលទ្ធផល មិនមែនជាដំណើរការឡើយ។ ប៉ុន្តែនៅពេលនោះ នឹងគ្មាននរណាម្នាក់យល់អំពីគោលបំណងដ៏ចម្បងរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែដួងចិត្តរបស់មនុស្សខ្វល់ខ្វាយតែជាមួយទិសដៅ និងទស្សនទានអំពីអនាគតរបស់ខ្លួនប៉ុណ្ណោះ។ មនុស្សមួយចំនួនតូចឆ្ងល់ថា ការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវបានតម្រង់ទៅរកមនុស្សគ្រប់រូបម្ដងហើយម្ដងទៀត។ ស្ថិតក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ មានតែនៅពេលដែលមនុស្សចាប់ផ្ដើមរស់នៅក្នុងជីវិតធម្មតាជាមនុស្សប៉ុណ្ណោះ ទើបព្រះជាម្ចាស់ផ្លាស់ប្ដូរអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សជាតិ។

ឆ្នាំ ១៩៩១ គឺជាឆ្នាំដ៏អស្ចារ្យមួយ។ យើងអាចហៅឆ្នាំនេះថាជា «ឆ្នាំមាស»។ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីនៅយុគសម័យនៃនគរព្រះ ហើយបានបន្លឺព្រះសូរសៀងរបស់ទ្រង់ទៅកាន់ពូជសាសន៍មនុស្សទាំងមូល។ ជាមួយគ្នា មនុស្សបានរីករាយនឹងភាពកក់ក្ដៅដែលមិនធ្លាប់មានកាលពីមុន ហើយលើសពីនេះ ពួកគេបានជួបនូវការឈឺចាប់ដែលកើតក្រោយការជំនុំជម្រះដែលមិនធ្លាប់មានរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ មនុស្សបានស្គាល់រសជាតិដ៏ផ្អែមល្អែម ដែលពួកគេមិនធ្លាប់ភ្លក់ពីមុនមក ដូចជានៅពេលដែលពួកគេបានទទួលព្រះជាម្ចាស់ ហើយពួកគេមានអារម្មណ៍អំពីការជំនុំជម្រះ និងការបោះបង់ចោល ដូចជាពេលដែលគេបានបាត់បង់ព្រះជាម្ចាស់អ៊ីចឹង។ មានក៏លំបាក ហើយក្រក៏លំបាក មនុស្សដែលស្គាល់ពីអារម្មណ៍ទាំងនេះ មានតែអស់អ្នកដែលធ្លាប់បានឆ្លងកាត់ដោយផ្ទាល់ប៉ុណ្ណោះ ដ្បិតវាជាអ្វីមួយដែលមនុស្សគ្មានសមត្ថភាព ឬមធ្យោបាយក្នុងការពណ៌នានោះឡើយ។ ស្នាមរបួសបែបនេះ គឺជាអ្វីមួយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សគ្រប់រូប ដែលជាទម្រង់មួយនៃបទពិសោធ និងទ្រព្យសម្បត្តិអរូបិយ។ ខ្លឹមសារនៃព្រះសូរសៀងដែលព្រះជាម្ចាស់បានថ្លែងនៅក្នុងឆ្នាំនេះ តាមពិតទៅ ស្ថិតនៅក្នុងផ្នែកដ៏ធំចំនួនពីរ៖ ផ្នែកទីមួយគឺជាកន្លែងដែលព្រះជាម្ចាស់បានយាងចុះមកក្នុងពិភពលោករបស់មនុស្ស ដើម្បីអញ្ជើញមនុស្សឱ្យមកចំពោះបល្ល័ង្ករបស់ទ្រង់ក្នុងនាមជាភ្ញៀវ ហើយទីពីរគឺជាកន្លែងដែលមនុស្សជាតិត្រូវបានប្រើប្រាស់ដោយព្រះជាម្ចាស់ ក្នុងនាមជាពួកអ្នកស៊ីឈ្នួល ដែលត្រូវបានស៊ីផឹកយ៉ាងឆ្អែត។ ជាការពិតណាស់ មិនចាំបាច់និយាយនោះទេ ផ្នែកទីមួយគឺជាបំណងប្រាថ្នាដ៏គួរឱ្យស្រលាញ់ និងស្មោះត្រង់បំផុតរបស់មនុស្ស ហើយលើសពីនោះទៅទៀតគឺដោយសារតែមនុស្សមានទម្លាប់ជាយូរមកហើយក្នុងការធ្វើឱ្យសេចក្ដីរីករាយនៃអ្វីៗសព្វសារពើរបស់ព្រះជាម្ចាស់ ក្លាយទៅជាកម្មវត្ថុនៃជំនឿរបស់ពួកគេទៅលើទ្រង់។ នេះជាហេតុផលដែលនាំឱ្យមនុស្សទាំងអស់ត្រៀមខ្លួនចូលទៅក្នុងនគរព្រះ ហើយរង់ចាំនៅទីនោះ ដើម្បីឱ្យព្រះជាម្ចាស់ប្រទានរង្វាន់ផ្សេងៗដល់ពួកគេ នៅពេលដែលព្រះអង្គចាប់ផ្ដើមបន្លឺព្រះសូរសៀងរបស់ទ្រង់។ មនុស្សដែលស្ថិតក្នុងកាលៈទេសៈទាំងនេះ មិនបានបង់ថ្លៃដ៏សមគួរ តាមរយៈការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេ ការព្យាយាមបំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងការសម្ដែងការគិតគូរពិចារណាទៅលើព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ បើក្រឡេកមើលមួយភ្លែត មនុស្សហាក់ដូចជាមមាញឹកជាប់ជានិច្ច ដូចជាពួកគេបានលះបង់ខ្លួន និងបានធ្វើការសម្រាប់ព្រះជាម្ចាស់អ៊ីចឹង ប៉ុន្តែតាមពិតទៅ ពួកគេកំពុងតែគន់គូរនៅក្នុងដួងចិត្តដ៏ស៊ីជម្រៅបំផុតរបស់ពួកគេអំពីជំហានបន្ទាប់ដែលពួកគេគួរតែធ្វើ ដើម្បីទទួលបានព្រះពរ ឬសោយរាជ្យជាស្ដេច។ គេអាចនិយាយបានថា ក្នុងពេលដែលដួងចិត្តរបស់មនុស្សកំពុងតែរីករាយនឹងព្រះជាម្ចាស់ គេក៏កំពុងតែគិតគូរពីផលប្រយោជន៍ចេញពីព្រះជាម្ចាស់ដែរ។ មនុស្សដែលមានលក្ខខណ្ឌបែបនេះ ត្រូវបានព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមបំផុត ដ្បិតនិស្ស័យរបស់ព្រះជាម្ចាស់មិនអត់ឱនដល់មនុស្សណាដែលបោកបញ្ឆោត ឬប្រើប្រាស់ទ្រង់នោះឡើយ។ ប៉ុន្តែមនុស្សមិនអាចយល់អំពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នោះទេ។ គឺនៅពេលដែលស្ថិតនៅក្នុងគ្រាកំពុងស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់បែបយ៉ាងនេះហើយ ដែលទ្រង់បានមានបន្ទូលនូវផ្នែកទីមួយនៃព្រះសូរសៀងរបស់ទ្រង់។ កម្រិតនៃទុក្ខលំបាកដែលព្រះជាម្ចាស់បានរងទុក្ខ និងចំនួននៃការខ្វល់ខ្វាយ និងការគិតគូរដែលទ្រង់មាននៅគ្រានេះ គ្មានមនុស្សណាម្នាក់អាចស្រមៃឃើញបានឡើយ។ គោលបំណងនៃផ្នែកទីមួយនៃព្រះសូរសៀងទាំងនេះ គឺដើម្បីលាតត្រដាងរាល់ភាពស្មោកគ្រោកគ្រប់ប្រភេទ ដែលមនុស្សបង្ហាញចេញ នៅពេលដែលទទួលបានមុខតំណែង និងផលប្រយោជន៍ និងដើម្បីលាតត្រដាងអំពីភាពលោភលន់ និងភាពគួរឱ្យស្អប់ខ្ពើមរបស់មនុស្ស។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលនៅក្នុងសំនៀងដ៏ស្មោះពិត ដូចជាអ្នកម្ដាយដែលស្រឡាញ់កូនក៏ដោយ ក៏ទ្រង់មានព្រះពិរោធយ៉ាងជ្រាលជ្រៅនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដែលឆេះក្ដៅខ្លាំងដូចជាព្រះអាទិត្យនាពេលថ្ងៃត្រង់ និងដូចជាទ្រង់មានចំពោះខ្មាំងសត្រូវរបស់ទ្រង់អ៊ីចឹងដែរ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ព្រះជាម្ចាស់គ្មានព្រះហឫទ័យចង់មានបន្ទូលទៅកាន់មនុស្សមួយក្រុម ដែលខ្វះនូវលក្ខណៈជាមនុស្សធម្មតាដែរ ហើយគ្រប់ពេលដែលទ្រង់មានបន្ទូល ទ្រង់កំពុងតែទប់ព្រះពិរោធ ក្នុងពេលដែលទ្រង់បន្លឺព្រះសូរសៀងរបស់ទ្រង់ទាំងបង្ខំ។ លើសពីនេះទៅទៀត ទ្រង់កំពុងតែមានបន្ទូលទៅកាន់ពូជសាសន៍មនុស្ស ដែលគ្មានភាពជាមនុស្សសាមញ្ញ គ្មានការត្រិះរិះពិចារណា ពុករលួយទាំងស្រុង ដោយភាពលោភលន់ដែលបានចាក់ឫសជាប់ជាធម្មជាតិទីពីរ មិនស្ដាប់បង្គាប់ និងបះបោរទាស់នឹងព្រះជាម្ចាស់រហូតដល់ទីបំផុត។ ជម្រៅដែលពូជសាសន៍មនុស្សបានធ្លាក់ចុះ និងកម្រិតនៃភាពស្អប់ និងភាពខ្ពើមរអើមរបស់ព្រះជាម្ចាស់ចំពោះពូជសាសន៍មនុស្ស អាចស្រមៃឃើញយ៉ាងងាយស្រួល ប៉ុន្តែអ្វីដែលពិបាកសម្រាប់ពូជសាសន៍មនុស្សក្នុងការស្រមៃ គឺជាការឈឺចាប់ដែលពួកគេបានធ្វើចំពោះព្រះជាម្ចាស់ ព្រោះថាវាមិនអាចពណ៌នាដោយពាក្យសម្ដីបានឡើយ។ នៅក្នុងបរិបទនេះ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា គ្មាននរណាម្នាក់អាចឈ្វេងយល់ពីកម្រិតនៃការឈឺចាប់របស់ព្រះជាម្ចាស់បានឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មាននរណាអាចរកឃើញពីកម្រិតនៃភាពគ្មានហេតុផល និងមិនអាចកែបានរបស់ពូជសាសន៍មនុស្សនោះដែរ។ ដោយគ្មានភាពអៀនខ្មាស ឬភាពអល់អែកសូម្បីតែបន្ដិច មនុស្សគ្រប់រូបបានព្រងើយកន្ដើយ ទាំងគិតថាពួកគេមានសិទ្ធិធ្វើជាបុត្រារបស់ព្រះជាម្ចាស់ ដើម្បីទទួលគ្រប់ទាំងរង្វាន់ដែលទ្រង់បានរៀបចំទុកសម្រាប់មនុស្ស ថែមទាំងដល់កម្រិតប្រណាំងប្រជែងជាមួយគ្នា ដោយគ្មាននរណាម្នាក់ចង់នៅពីក្រោយទេ ហើយគ្រប់គ្នាសុទ្ធតែខ្លាចចាញ់ការប្រកួតនេះ។ ឥឡូវនេះ អ្នកគួរតែដឹងអំពីប្រភេទនៃមុខតំណែងដែលមនុស្សនៅគ្រានោះបានទទួលនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ហើយ។ តើពូជសាសន៍ប្រភេទនេះអាចទទួលបានរង្វាន់ពីព្រះជាម្ចាស់យ៉ាងដូចម្ដេចកើតទៅ? ប៉ុន្តែ ការដែលមនុស្សទទួលរង្វាន់ពីព្រះជាម្ចាស់ គឺជាកំណប់ទ្រព្យដ៏មានតម្លៃបំផុតនៅគ្រប់ជំនាន់ ប៉ុន្តែព្រះជាម្ចាស់បែរជាទទួលការឈឺចាប់ដ៏ខ្លាំងពីមនុស្សទៅវិញ។ ចាប់តាំងពីដើមដំបូងនៃទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស នេះគឺជាអ្វីដែលមនុស្សតែងតែបានទទួលពីព្រះជាម្ចាស់ ហើយនេះក៏ជាអ្វីដែលមនុស្សតែងតែធ្វើចំពោះព្រះជាម្ចាស់វិញដែរ។

ព្រះជាម្ចាស់បានមានព្រះហឫទ័យថប់បារម្ភយ៉ាងខ្លាំង នៅពេលដែលទ្រង់បានទតឃើញពូជសាសន៍មនុស្សនេះ ពុករលួយដល់ឆ្អឹង ដូច្នេះ ទ្រង់គ្មានជម្រើសអ្វីក្រៅពីបោះពួកគេចូលទៅក្នុងបឹងភ្លើង ដើម្បីឱ្យភ្លើងឆេះបន្សុទ្ធពួកគេនោះឡើយ។ នេះជាផ្នែកទីពីរនៃការបន្លឺព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលទ្រង់បានធ្វើទៅកាន់មនុស្សជាតិ ក្នុងនាមពួកគេជាអ្នកស៊ីឈ្នួលរបស់ទ្រង់។ នៅក្នុងផ្នែកនេះ ព្រះជាម្ចាស់បានមានបន្ទូល ចាប់ពីសូរសំនៀងពីរោះ ទៅកាន់សូរសំនៀងមិនពីរោះ និងចេញពីការមានបន្ទូលតិចតួច ទៅកាន់ការមានបន្ទូលជាច្រើន ទាក់ទងនឹងវិធីសាស្ត្រ និងរយៈពេល ដោយប្រើប្រាស់នូវមុខតំណែងជា «អង្គរបស់ព្រះជាម្ចាស់» ធ្វើជានុយ ដើម្បីលាតត្រដាងពីនិស្ស័យដ៏ពុករលួយរបស់មនុស្ស ក្នុងពេលនោះដែរ ទ្រង់ក៏ធ្វើការបែងចែកផ្សេងៗចំពោះ[ក] ពួកអ្នកស៊ីឈ្នួល ដែលជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ និងជាពួកកូនប្រុសរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សធ្វើការជ្រើសរើស។ ច្បាស់ណាស់ ដូចជាព្រះជាម្ចាស់បានទស្សន៍ទាយទុកអ៊ីចឹង គឺគ្មាននរណាម្នាក់បានជ្រើសរើសចង់ក្លាយជាអ្នកស៊ីឈ្នួលសម្រាប់ព្រះជាម្ចាស់នោះឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេទាំងអស់បែរជាព្យាយាមចង់ក្លាយជាអង្គរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងអំឡុងពេលនេះ ទោះបីជាភាពធ្ងន់ធ្ងរដែលព្រះជាម្ចាស់បានមានបន្ទូល គឺជាអ្វីមួយដែលមនុស្សមិនធ្លាប់ស្មានទុក និងមិនធ្លាប់បានឮក៏ដោយ ក៏ពួកគេនៅតែខ្វល់ខ្វាយខ្លាំងចំពោះឋានៈដែរ ហើយលើសពីនេះ ពួកគេវក់វីចិត្តជាមួយនឹងការឈ្នះបានព្រះពរ ហើយពួកគេគ្មានពេលដើម្បីបង្កើតនូវសញ្ញាណមួយអំពីព្រះសូរសៀងនៃការមានបន្ទូល និងទម្រង់នៃការមានបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ឋានៈផ្ទាល់ខ្លួន និងអនាគតរបស់គេ តែងតែស្ថិតនៅក្នុងគំនិតរបស់គេជានិច្ច។ តាមរបៀបនេះ ព្រះសូរសៀងរបស់ព្រះជាម្ចាស់បាននាំមនុស្សជាតិចូលទៅក្នុង «ផ្លូវដ៏វង្វេង» ដែលទ្រង់បានរៀបចំទុកសម្រាប់គេ ទាំងមិនដឹងខ្លួន។ ដោយជាប់ចិត្តដកមិនរួចជាមួយនឹងអន្ទាក់នៃអនាគត និងទិសដៅរបស់គេ មនុស្សបានដឹងថា ខ្លួនគ្មានសមត្ថភាពក្លាយជាអង្គរបស់ព្រះជាម្ចាស់ឡើយ ហើយគេក៏អល់អែកក្នុងការប្រព្រឹត្តក្នុងនាមជាអ្នកស៊ីឈ្នួលរបស់ទ្រង់ដែរ។ ដោយរារែកចិត្តរវាងផ្នត់គំនិតផ្ទុយគ្នាទាំងនេះ ពួកគេបានទទួលយកការជំនុំជម្រះ និងការវាយផ្ចាលដែលមិនធ្លាប់កើតមានកាលពីមុន ដែលព្រះជាម្ចាស់បានធ្វើទៅកាន់មនុស្សជាតិ ទាំងមិនដឹងខ្លួន។ តាមធម្មតា ទម្រង់នៃការជំនុំជម្រះ និងការបន្សុទ្ធនេះ គឺជាអ្វីមួយដែលមនុស្សគ្មានផ្លូវព្រមនឹងទទួលឡើយ។ យ៉ាងណាមិញ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលមានព្រះប្រាជ្ញាញាណ ហើយមានតែទ្រង់មួយប៉ុណ្ណោះ ដែលមានព្រះចេស្ដា ដើម្បីទាមទារឱ្យមានការចុះចូលដ៏ឱនលំទោនពីពូជសាសន៍មនុស្សដ៏ពុករលួយនេះ ដើម្បីឱ្យពួកគេចុះចូលដល់ទីបញ្ចប់ ទោះបីចង់ក្តី ឬមិនចង់ក្ដី។ មនុស្សជាតិគ្មានជម្រើសអ្វីក្នុងការជ្រើសរើសឡើយ។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលជាអ្នកអារកាត់ ហើយមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលអាចប្រើប្រាស់វិធីសាស្ត្របែបនេះ ដើម្បីប្រទាននូវសេចក្តីពិត និងជីវិតទៅដល់មនុស្ស និងបង្ហាញទិសដៅដល់គេ។ វិធីសាស្ត្រនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលមិនអាចចៀសផុតបាន ហើយរឹតតែច្បាស់ ឬមិនអាចប្រកែកបាននោះគឺ វាក៏ជាភាពចាំបាច់ដែលមិនអាចខ្វះបានរបស់មនុស្សដែរ។ ព្រះជាម្ចាស់មានបន្ទូល និងធ្វើការនៅក្នុងវិធីសាស្ត្រនេះ ដើម្បីផ្ទេរការពិតនេះទៅកាន់មនុស្ស៖ នៅក្នុងការសង្រ្គោះមនុស្សជាតិ ព្រះជាម្ចាស់ធ្វើឡើងដោយចេញពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ និងសម្រាប់ជាប្រយោជន៍នៃការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងការទទួលសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ពូជសាសន៍មនុស្សទទួល ដោយសារតែវាបានធ្លាក់ដល់ចំណុចមួយដែលព្រះជាម្ចាស់មិនអាចធ្វើអ្វី ក្រៅពីមានបន្ទូលដោយផ្ទាល់ឡើយ។ នៅពេលដែលមនុស្សទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នេះគឺជាព្រះគុណដ៏ធំបំផុត ហើយវាក៏ជាសេចក្តីអនុគ្រោះដ៏ពិសេសដែរ ពោលគឺ បើមិនមែនសម្រាប់ព្រះជាម្ចាស់បន្លឺព្រះសូរសៀងរបស់ទ្រង់នៅក្នុងមនុស្សទេ នោះជោគវាសនារបស់មនុស្សនឹងត្រូវដាច់ពូជមិនខាន។ ក្នុងពេលដែលទ្រង់ស្អប់ខ្ពើមមនុស្ស ព្រះជាម្ចាស់នៅតែត្រៀមជាស្រេច និងព្រមបង់ថ្លៃគ្រប់យ៉ាងសម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។ ក្នុងគ្រានោះដែរ នៅពេលដែលមនុស្សនិយាយច្រំដែលអំពីសេចក្តីស្រឡាញ់របស់ពួកគេដែលមានចំពោះព្រះជាម្ចាស់ និងរបៀបដែលពួកគេចេះញែកអ្វីទាំងអស់ជាពិសិដ្ឋសម្រាប់ព្រះជាម្ចាស់ នោះពួកគេកំពុងតែបះបោរចំពោះព្រះជាម្ចាស់ ហើយកំពុងតែកំហែងទុកព្រះគុណគ្រប់យ៉ាងពីព្រះជាម្ចាស់ ក្នុងពេលដែលពួកគេកំពុងតែធ្វើឱ្យព្រះជាម្ចាស់មានព្រះហឫទ័យឈឺចាប់ដែលហួសនឹងថ្លែង។ នេះគឺជាភាពខុសគ្នាដ៏ធំរវាងព្រះជាម្ចាស់ដែលមានព្រះហឫទ័យទូលាយ និងមនុស្សដែលមានចិត្តអាត្មានិយម!

នៅក្នុងការធ្វើការ និងការមានបន្ទូល ព្រះជាម្ចាស់មិនត្រូវបានកម្រិតឱ្យធ្វើតាមវិធីសាស្ត្រជាក់លាក់ណាមួយឡើយ ប៉ុន្តែ ទ្រង់យកការសម្រេចលទ្ធផលជាគោលដៅរបស់ទ្រង់វិញ។ សម្រាប់ហេតុផលនេះ នៅក្នុងផ្នែកនៃការបន្លឺព្រះសូរសៀងរបស់ទ្រង់នេះ ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ ដោយមិនបើកសម្ដែងច្បាស់ៗអំពីអត្តសញ្ញាណផ្ទាល់របស់ទ្រង់ឡើយ ប៉ុន្តែទ្រង់គ្រាន់តែបង្ហាញនូវពាក្យពេចន៍ពីរបីប៉ុណ្ណោះ ដូចជា «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ» និង «ព្រះសិរសានៃចក្រវាឡ» ជាដើម។ ច្បាស់ណាស់ ការនេះជះឥទ្ធិពលទៅលើព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ឬចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ ជាពិសេស ដោយសារតែមនុស្សជាតិនៅក្នុងគ្រាដំបូងនោះ គ្មានចំណេះដឹងទាល់តែសោះអំពីគោលគំនិតទាក់ទងនឹង «ព្រះគ្រីស្ទ» និង «ការយកកំណើតជាមនុស្ស» ដូច្នេះហើយទើប ព្រះជាម្ចាស់បានបន្ទាបព្រះអង្គទ្រង់មកធ្វើជាមនុស្សជាមួយនឹង «មុខងារដ៏ពិសេស» មួយ ដើម្បីបង្ហាញពីព្រះសូរសៀងរបស់ទ្រង់។ នេះគឺជាការខ្វល់ខ្វាយ និងព្រះតម្រិះយ៉ាងប្រុងប្រយ័ត្នរបស់ព្រះជាម្ចាស់ ដោយសារតែមនុស្សនៅគ្រានោះអាចទទួលបានតែងារបែបនេះប៉ុណ្ណោះ។ ទោះបីព្រះជាម្ចាស់ប្រើប្រាស់ងារបែបណាក៏ដោយ ក៏លទ្ធផលនៃកិច្ចការរបស់ទ្រង់មិនត្រូវបានរងផលប៉ះពាល់នោះដែរ ព្រោះនៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ ព្រះជាម្ចាស់មានគោលបំណងជួយឱ្យមនុស្សអាចធ្វើការផ្លាស់ប្ដូរ ជួយឱ្យមនុស្សអាចទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ មិនថាទ្រង់ធ្វើអ្វីនោះឡើយ ព្រះជាម្ចាស់តែងតែយកព្រះហឫទ័យទុកដាក់អំពីតម្រូវការរបស់មនុស្សជានិច្ច។ នេះគឺជាចេតនានៅពីក្រោយកិច្ចការ និងការមានបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់គិតគូរយ៉ាងហ្មត់ចត់ទៅលើគ្រប់ទិដ្ឋភាពរបស់មនុស្សក៏ដោយ ហើយទ្រង់ជាព្រះដែលពេញដោយព្រះប្រាជ្ញាញាណនៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើក៏ដោយ ក៏ខ្ញុំអាចនិយាយថា៖ បើព្រះជាម្ចាស់មិនធ្វើបន្ទាល់អំពីអង្គទ្រង់ទេ នោះនឹងគ្មាននរណាម្នាក់នៅក្នុងចំណោមពូជសាសន៍របស់មនុស្សដែលត្រូវបានបង្កើតមក មានសមត្ថភាពស្គាល់ព្រះជាម្ចាស់ផ្ទាល់ ឬមានសមត្ថភាពឈរធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់នោះឡើយ។ បើព្រះជាម្ចាស់បន្តប្រើប្រាស់ «អង្គដែលមានមុខងារពិសេស» ជាងារមួយនៅក្នុងកិច្ចការរបស់ទ្រង់ នោះនឹងគ្មានមនុស្សណាម្នាក់ដែលអាចចាត់ទុកព្រះជាម្ចាស់ ជាព្រះជាម្ចាស់ឡើយ ហើយនេះជាទុក្ខព្រួយរបស់មនុស្សជាតិ។ គឺអាចនិយាយបានថា នៅក្នុងចំណោមពូជសាសន៍របស់មនុស្សដែលត្រូវបានបង្កើតមក គ្មាននរណាម្នាក់ដែលអាចស្គាល់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចស្រឡាញ់ព្រះជាម្ចាស់ ខ្វល់ខ្វាយអំពីព្រះជាម្ចាស់ និងចូលជិតព្រះជាម្ចាស់បាននោះដែរ។ សេចក្តីជំនឿរបស់មនុស្សគឺសម្រាប់តែជាប្រយោជន៍នៃការឈ្នះបានព្រះពរតែប៉ុណ្ណោះ។ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ ក្នុងនាមជាអង្គដែលមានមុខងារពិសេស បានផ្ដល់ជាតម្រុយទៅកាន់មនុស្សគ្រប់គ្នាថា៖ មនុស្សជាតិមានភាពងាយស្រួលក្នុងការទទួលយកព្រះជាម្ចាស់ ជាម្នាក់នៅក្នុងចំណោមពូជសាសន៍មនុស្ស ហើយការឈឺចាប់ និងការអាម៉ាស់ដ៏ធំបំផុតដែលមនុស្សជាតិធ្វើចំពោះព្រះជាម្ចាស់ គឺអាចមើលឃើញយ៉ាងច្បាស់ នៅពេលដែលទ្រង់លេចមក ឬធ្វើការដោយបើកចំហ ព្រះជាម្ចាស់នៅតែត្រូវបានមនុស្សបដិសេធ ហើយថែមទាំងត្រូវគេបំភ្លេចចោលទៀតផង។ ព្រះជាម្ចាស់ស៊ូទ្រាំរងការអាម៉ាស់ដ៏ធំបំផុត ដើម្បីសង្រ្គោះមនុស្សជាតិ ដើម្បីបានការទទួលស្គាល់របស់មនុស្សជាតិ។ តម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់ការទាំងអស់នេះ គឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាដែលមានមនសិការ គួរតែអាចយល់បាន។ ពូជសាសន៍មនុស្សបានទទួលព្រះសូរសៀង និងកិច្ចការរបស់ព្រះជាម្ចាស់ និងបានទទួលសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ក្នុងពេលជាមួយគ្នា វាមិនបានកើតឡើងចំពោះអស់អ្នកណាដែលសួរថា៖ តើព្រះជាម្ចាស់បានទទួលអ្វីខ្លះទៅពីមនុស្សជាតិ? ចេញពីគ្រប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ មនុស្សបានទទួលសេចក្តីពិត បានផ្លាស់ប្ដូរប្រកបដោយភាពជោគជ័យ បានរកឃើញទិសដៅនៅក្នុងជីវិត ប៉ុន្តែអ្វីដែលព្រះជាម្ចាស់បានទទួលវិញ គឺគ្មានអ្វីក្រៅពីពាក្យពេចន៍ដែលមនុស្សប្រើ ដើម្បីសម្ដែងនូវការជំពាក់គុណរបស់គេចំពោះព្រះជាម្ចាស់ និងពាក្យខ្សឹបសរសើរដ៏ខ្សោយពីរបីម៉ាត់នោះឡើយ។ ច្បាស់ណាស់ នេះមិនមែនជាការសងគុណដែលព្រះជាម្ចាស់ទាមទារពីមនុស្សនោះឡើយ។

ទោះបីព្រះសូរសៀងជាច្រើនរបស់ព្រះជាម្ចាស់ ត្រូវបានថ្លែងចេញរួចហើយក៏ដោយ ក៏មនុស្សភាគច្រើននៅតែផ្អាកឈប់នៅដំណាក់កាលមួយ ដែលតំណាងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់កាលពីដើមដំបូង ដែលស្ថិតនៅក្នុងចំណេះដឹង និងការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ដែលរាំងស្ទះដល់ពួកគេមិនឱ្យបន្តដំណើរទៅមុខទៀតដែរ ហើយនេះជាប្រធានបទមួយដ៏ឈឺចាប់។ ផ្នែកនៃ «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» នេះ គ្រាន់តែជាកូនសោមួយ ដើម្បីបើកដួងចិត្តរបស់មនុស្សប៉ុណ្ណោះ ហើយការផ្អាកឈប់នៅត្រង់នេះ គឺជាការមិនបំពេញតាមចេតនារបស់ព្រះជាម្ចាស់។ គោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការបន្លឺព្រះសូរសៀងរបស់ទ្រង់នៅត្រង់ផ្នែកនេះ គឺដើម្បីនាំមនុស្សចេញពីយុគសម័យនៃព្រះគុណ ចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយទ្រង់មិនចង់ឱ្យមនុស្សបន្តនៅទ្រឹងមួយកន្លែងនៅក្នុងការបន្លឺព្រះសូរសៀងរបស់ទ្រង់នៅត្រង់ផ្នែកនេះ ឬសូម្បីយកព្រះសូរសៀងរបស់ទ្រង់នៅត្រង់ផ្នែកនេះ មកធ្វើជាគោលការណ៍នោះឡើយ បើមិនដូច្នោះទេ ព្រះសូរសៀងនាថ្ងៃអនាគតរបស់ព្រះជាម្ចាស់នឹងក្លាយជាមិនចាំបាច់ ឬគ្មានន័យមិនខាន។ បើគ្មាននរណាម្នាក់អាចចូលរួមនៅក្នុងអ្វីដែលព្រះជាម្ចាស់ទាមទារ ដើម្បីឱ្យមនុស្សទទួលបានព្រះសូរសៀងរបស់ទ្រង់នៅត្រង់ផ្នែកនេះ នោះមនុស្សនៅតែមិនដឹងអំពីច្រកចូលរបស់ពួកគេដដែល។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅត្រង់ផ្នែកនេះ គឺជាលក្ខខណ្ឌដ៏សំខាន់បំផុតមួយដែលព្រះជាម្ចាស់ទាមទារពីមនុស្សនៅក្នុងយុគសម័យនៃនគរព្រះ ហើយក៏ជាផ្លូវតែមួយគត់ ដែលមនុស្សជាតិនឹងត្រូវដើរនៅលើផ្លូវដ៏ត្រឹមត្រូវ។ បើអ្នកជាបុគ្គលម្នាក់ដែលមិនយល់អ្វីសោះ ជាការល្អ អ្នកគួរតែចាប់ផ្ដើម ដោយអានព្រះបន្ទូលនៅផ្នែកនេះចុះ!

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ការបែងចែក»។

ខាង​ដើម៖ អារម្ភកថា

បន្ទាប់៖ ជំពូកទី ១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ