ជំពូកទី ១២

នៅពេលដែលមនុស្សទាំងអស់យកចិត្តទុកដាក់ នៅពេលដែលរបស់សព្វសារពើត្រូវផ្លាស់ថ្មី និងមានជីវិតជាថ្មី នៅពេលដែលមនុស្សគ្រប់រូបចុះចូលនឹងព្រះជាម្ចាស់ដោយគ្មានចិត្តសង្ស័យ និងស្ម័គ្រចិត្តរ៉ាប់រងរែកពុនបន្ទុកដ៏ធ្ងន់របស់ព្រះជាម្ចាស់ ពេលនោះគឺជាពេលដែលផ្លេកបន្ទោរពីទិសខាងកើតបញ្ចេញរស្មីភ្លឺផ្លេកឡើង ដោយជះពន្លឺទៅលើមនុស្សរាល់គ្នាចេញពីទិសខាងកើតទៅទិសខាងលិច ធ្វើឱ្យមនុស្សទាំងអស់នៅលើផែនដីមានអារម្មណ៍ភ័យតក់ស្លុតនឹងការមកដល់នៃពន្លឺនេះ។ នៅកាលៈទេសៈដ៏សំខាន់នេះ ព្រះជាម្ចាស់ចាប់ផ្ដើមជីវិតថ្មីម្ដងទៀត។ នេះអាចនិយាយបានថា នៅក្នុងពេលនេះ ព្រះជាម្ចាស់ចាប់ផ្ដើមកិច្ចការថ្មីនៅលើផែនដី ដោយប្រកាសទៅកាន់មនុស្សនៅក្នុងចក្រវាឡទាំងមូលថា «នៅពេលដែលពន្លឺចេញពីទិសខាងកើត នោះក៏ជាពេលដ៏ប្រាកដដែលខ្ញុំចាប់ផ្តើមបញ្ចញព្រះសូរសៀងរបស់ខ្ញុំដែរ។ នៅពេលដែលផ្លេកបន្ទោរបញ្ចេញពន្លឺ សាកលលោកទាំងមូលក៏នឹងត្រូវបំភ្លឺ ហើយគ្រប់តារានិករទាំងអស់ក៏កើតមានការផ្លាស់ប្តូរផងដែរ»។ ដូច្នេះ តើពេលណាទៅទើបផ្លេកបន្ទោរបញ្ចេញពន្លឺពីទិសខាងកើតមក? នៅពេលដែលផ្ទៃមេឃប្រែជាងងឹត ហើយផែនដីប្រែជាបាត់ពន្លឺ នោះគឺជាពេលដែលព្រះជាម្ចាស់លាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីលោកីយ៍នេះ ហើយក៏ជាពេលដែលអ្វីៗទាំងអស់នៅក្រោមស្ថាសួគ៌ជិតនឹងត្រូវឡោមព័ទ្ធដោយព្យុះសង្ឃរាផងដែរ។ ទើបតែពេលនោះទេដែលមនុស្សទាំងអស់នឹងភ័យស្លន់ស្លោ ខ្លាចផ្គរលាន់ ខ្លាចពន្លឺចាំងឆ្វាចចេញពីផ្លេកបន្ទោរ ហើយរឹតតែភ័យខ្លាចនឹងការវាយប្រហារពីទឹកជំនន់ ដែលពួកគេរាល់គ្នាភាគច្រើនបិទភ្នែករង់ចាំឱ្យព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ និងវាយផ្ដួលពួកគេ។ ហើយនៅពេលដែលសភាពផ្សេងៗកើតមានរួចហើយ នោះផ្លេកបន្ទោរពីទិសខាងកើតក៏បញ្ចេញរស្មីមកភ្លាមៗដែរ។ នេះមានន័យថា នៅទិសខាងកើតនៃពិភពលោកនេះ រាប់ចាប់តាំងពីពេលដែលទីបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គចាប់ផ្ដើម រហូតមកទល់នឹងពេលដែលទ្រង់ចាប់ផ្ដើមបំពេញកិច្ចការ រហូតមកទល់នឹងពេលដែលភាពជាព្រះចាប់ផ្ដើមមានអធិបតេយ្យភាពលើផែនដីទាំងមូល ពេលនោះពន្លឺនៃផ្លេកបន្ទោរដ៏ក្រហមច្រាលពីទិសខាងកើត នឹងបញ្ចេញរស្មីមកលើចក្រវាលទាំងមូល ដែលមិនធ្លាប់មានពីមុនមកឡើយ។ នៅពេលដែលប្រទេសនៅលើផែនដីក្លាយជានគររបស់ព្រះគ្រីស្ទ នោះគឺជាពេលដែលចក្រវាលទាំងមូលត្រូវបានបំភ្លឺ។ បច្ចុប្បន្ននេះគឺពេលដែលផ្លេកបន្ទោរពីទិសខាងកើតបញ្ចេញរស្មីហើយ។ ព្រះជាម្ចាស់ដែលយកកំំណើតជាមនុស្សចាប់ផ្ដើមបំពេញកិច្ចការ ហើយទ្រង់ក៏ថ្លែងព្រះបន្ទូលចេញមកក្នុងភាពជាព្រះដោយផ្ទាល់ផងដែរ។ អាចនិយាយបានថា នៅពេលព្រះជាម្ចាស់ចាប់ផ្ដើមថ្លែងព្រះបន្ទូលនៅលើផែនដី គឺជាពេលដែលផ្លេកបន្ទោរពីទិសខាងកើត ចាប់ផ្ដើមបញ្ចេញពន្លឺមកហើយ។ បើនិយាយឱ្យចំទៅ នៅពេលដែលទឹករស់ហូរចេញពីបល្ល័ង្ក នៅពេលដែលព្រះសូរសៀងចាប់ផ្ដើមថ្លែងចេញពីបល្ល័ង្ក ច្បាស់ណាស់ថា ពេលនោះព្រះសូរសៀងនៃព្រះវិញ្ញាណទាំងប្រាំពីរ នឹងចាប់ផ្ដើមបន្លឺឡើងជាផ្លូវការមិនខាន។ នៅគ្រានេះ ផ្លេកបន្ទោរពីទិសខាងកើតចាប់ផ្ដើមបញ្ចេញរស្មី ហើយដោយសារតែថិរវេលារបស់វា ដូច្នេះ កម្រិតនៃការបំភ្លឺក៏មានភាពខុសគ្នាដែរ ហើយវិសាលភាពនៃពន្លឺចាំងចែងនោះក៏មានព្រំដែនផងដែរ។ ប៉ុន្តែ ដោយសារបម្លាស់ទីនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារការផ្លាស់ប្ដូរនៅក្នុងផែនការរបស់ទ្រង់ ដោយសារភាពខុសគ្នានៅក្នុងកិច្ចការលើពួកបុត្រា និងរាស្ត្ររបស់ព្រះជាម្ចាស់ ដូច្នេះផ្លេកបន្ទោរបង្កើនការបំពេញមុខងារដើមរបស់ខ្លួន រហូតដល់កម្រិតមួយដែលធ្វើឱ្យចក្រវាឡទាំងមូលបានបំភ្លឺ ហើយគ្មានសេសសល់កករ ឬកាកស្នឹមអ្វីឡើយ។ នេះជាការបង្ហាញយ៉ាងច្បាស់ពីផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ របស់ព្រះជាម្ចាស់ ហើយក៏ជាផលផ្លែដែលព្រះជាម្ចាស់ទទួលបានផងដែរ។ «តារានិករ» មិនសំដៅទៅលើហ្វូងផ្កាយនៅលើមេឃនោះទេ តែសំដៅលើគ្រប់ទាំងពួកបុត្រា និងរាស្ត្ររបស់ព្រះជាម្ចាស់រាល់គ្នា ដែលធ្វើការដើម្បីទ្រង់។ ដោយសារតែពួកគេធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅក្នុងនគររបស់ព្រះជាម្ចាស់ និងតំណាងឱ្យទ្រង់នៅក្នុងនគររបស់ទ្រង់ ហើយដោយសារតែពួកគេជាសត្តនិករ ទើបពួកគេត្រូវហៅថា «តារានិករ»។ «បំផ្លាស់បំប្រែ» សំដៅទៅលើការបំផ្លាស់បំប្រែអត្តសញ្ញាណ និងឋានៈ៖ មនុស្សផ្លាស់ប្ដូរពីមនុស្សនៅលើផែនដី ទៅជារាស្រ្តនៃនគរព្រះ ហើយជាងនេះទៀត ព្រះជាម្ចាស់គង់នៅជាមួយពួកគេ ហើយសិរីល្អរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងខ្លួនពួកគេផងដែរ។ ហេតុនេះហើយ ពួកគេកាន់កាប់អំណាចអធិបតេយ្យជំនួសឱ្យព្រះជាម្ចាស់ ហើយពិសនិងភាពមិនបរិសុទ្ធនៅក្នុងខ្លួនពួកគេ ត្រូវបានកិច្ចការរបស់ព្រះជាម្ចាស់សម្អាតឱ្យបានបរិសុទ្ធឡើង ហើយចុងក្រោយ ធ្វើឱ្យពួកគេស័ក្ដិសមនឹងឱ្យព្រះជាម្ចាស់ប្រើ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាទិដ្ឋភាពអត្ថន័យមួយផ្នែកនៃព្រះបន្ទូលទាំងនេះ។ នៅពេលដែលកាំពន្លឺចេញពីព្រះជាម្ចាស់បំភ្លឺលើទឹកដីទាំងមូល នោះរបស់សព្វសារពើក្នុងស្ថានសួគ៌ និងនៅលើផែនដី នឹងផ្លាស់ប្ដូរទៅតាមកម្រិតខុសៗគ្នា ហើយតារានិករនៅលើមេឃ ក៏នឹងផ្លាស់ប្ដូរដែរ ព្រះអាទិត្យ និងព្រះចន្ទនឹងត្រូវផ្លាស់ថ្មី ហើយមនុស្សនៅលើផែនដីក៏នឹងត្រូវផ្លាស់ថ្មីជាបន្តបន្ទាប់ ដែលនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅចន្លោះស្ថានសួគ៌ និងផែនដី ហើយគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ។

នៅពេលដែលព្រះជាម្ចាស់សង្រ្គោះមនុស្ស នោះគ្រាន់តែជាពេលមួយដែលព្រះជាម្ចាស់បន្សុទ្ធ និងជំនុំជម្រះមនុស្សប៉ុណ្ណោះ (ហើយមនុស្សនេះមិនសំដៅលើអស់អ្នកណាដែលមិនត្រូវបានជ្រើសរើសតាមធម្មជាតិនោះឡើយ) ហើយគ្រប់គ្នាត្រូវទួញយំទាំងក្ដីជូរចត់ ឬដេកភ័យនៅលើគ្រែ ឬក៏ត្រូវវាយផ្ដួល ឬលោតចុះទៅក្នុងនរកនៃសេចក្តីស្លាប់ ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះសូរសៀងរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សចាប់ផ្ដើមស្គាល់ខ្លួនឯង។ បើអ្វីៗមិនបែបនេះទេ ម្ល៉េះសមភ្នែករបស់ពួកគេនឹងដូចជាភ្នែកគីង្គក់ ដែលចេះតែសំឡឹងទៅលើ ទាំងគ្មាននរណាម្នាក់ជឿជាក់ គ្មាននរណាស្គាល់ខ្លួនឯង ល្ងង់ដប់គត់មិនទាំងដឹងថាខ្លួនគេមានទម្ងន់ប៉ុន្មានគីឡូផង។ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ ដោយសារតែសព្វានុភាពរបស់ព្រះជាម្ចាស់នេះហើយ ទើបមុខមាត់ដ៏កខ្វក់របស់មនុស្ស ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់លម្អិតបែបនេះ ដែលធ្វើឱ្យមនុស្សប្រៀបធៀបចំណុចនេះទៅនឹងមុខមាត់ពិតរបស់គេ ក្រោយពីបានអានព្រះបន្ទូលនេះរួច។ មនុស្សទាំងអស់សុទ្ធតែដឹងថា ព្រះជាម្ចាស់ហាក់ដូចជាទ្រង់ជ្រាបយ៉ាងច្បាស់ថា ក្នុងក្បាលរបស់ពួកគេមានកោសិកាខួរក្បាលចំនួនប៉ុន្មានដូច្នោះដែរ ហើយនេះមិនចាំបាច់និយាយដល់ទៅថាទ្រង់ស្គាល់មុខមាត់ដ៏កខ្វក់ ឬគំនិតកប់ជ្រៅរបស់ពួកគេផង។ នៅក្នុងព្រះបន្ទូល «ពូជសាសន៍មនុស្សទាំងមូល ហាក់ដូចជាត្រូវបានគេបែងចែករួចជាស្រេចដូច្នោះដែរ។ នៅក្រោមរស្មីដែលចាំចែងពីទិសខាងកើតមក ទម្រង់ដើមរបស់មនុស្សជាតិទាំងអស់ ក៏ត្រូវបើកសម្តែង ភ្នែករបស់គេក៏ត្រូវស្រវាំងដោយពន្លឺ មិនដឹងថាត្រូវធ្វើបែបណានោះទេ» អាចយល់បានថា នៅថ្ងៃណាមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបញ្ចប់ នោះមនុស្សជាតិទាំងមូលនឹងត្រូវព្រះជាម្ចាស់ជំនុំជម្រះ។ គ្មាននរណាម្នាក់នឹងអាចរួចខ្លួនបានឡើយ។ ព្រះជាម្ចាស់នឹងចាត់ការមនុស្សជាតិរាល់គ្នា ម្ដងមួយៗ ដោយមិនទតរំលងបុគ្គលណាម្នាក់ឡើយ ហើយមានតែបែបនេះទេ ទើបអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយទើបព្រះជាម្ចាស់មានបន្ទូលថា៖ «ពួកគេប្រៀបដូចជាសត្វដែលរត់គេចពីពន្លឺរបស់ខ្ញុំ ទៅចូលជ្រកនៅក្នុងល្អាងភ្នំដូច្នោះដែរ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចលាក់ខ្លួនផុតពីពន្លឺរបស់ខ្ញុំបានឡើយ»។ មនុស្សគឺជាសត្វដ៏អន់ថយ និងតូចទាប។ ពួកគេរស់នៅក្នុងដៃរបស់សាតាំង ហាក់ដូចជាពួកគេបានជ្រកកោននៅក្នុងព្រៃចាស់ នៅជ្រៅកណ្ដាលភ្នំ ប៉ុន្តែ ដោយសារតែគ្មានអ្វីមួយដែលអាចគេចផុតពីការដុតកម្ទេចដោយអណ្តាតភ្លើងរបស់ព្រះជាម្ចាស់បាន ម្ល៉ោះហើយសូម្បីតែក្នុងពេលស្ថិតក្រោម «ការការពារ» ពីកងកម្លាំងរបស់សាតាំងក៏ដោយ តើព្រះជាម្ចាស់អាចភ្លេចពួកគេយ៉ាងដូចម្ដេចកើតទៅ? នៅពេលដែលមនុស្សទទួលយកការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះទម្រង់ប្លែកៗ និងសភាពដ៏សែនអាក្រក់របស់មនុស្ស សុទ្ធតែនឹងត្រូវពិពណ៌នាឱ្យឃើញតាមរយៈប៉ាកការបស់ព្រះជាម្ចាស់ទាំងអស់។ ព្រះជាម្ចាស់មានបន្ទូលស្របទៅតាមតម្រូវការ និងចិត្តគំនិតរបស់មនុស្ស។ ដូច្នេះ ចំពោះមនុស្សវិញ ព្រះជាម្ចាស់មើលទៅដូចជាមានចំណេះដឹងខ្ពង់ខ្ពស់ខាងផ្នែកចិត្តវិទ្យាដូច្នោះដែរ។ មើលទៅដូចជាព្រះជាម្ចាស់គឺជាចិត្តវិទូមួយរូប ហើយព្រះជាម្ចាស់ក៏មើលទៅដូចជាគ្រូពេទ្យឯកទេសផ្នែកឱសថព្យាបាលសរីរាង្គផ្នែកខាងក្នុងផងដែរ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ថាហេតុអ្វីបានទ្រង់មានការយល់ដឹងអំពីមនុស្សដែលមាន «លក្ខណៈស្មុគស្មាញ» ច្រើនដល់ម្ល៉េះទេ។ កាលណាមនុស្សគិតបែបនេះកាន់តែច្រើន នោះពួកគេនឹងយល់អំពីតម្លៃរបស់ព្រះជាម្ចាស់កាន់តែច្រើន ហើយពួកគេនឹងកាន់តែមានអារម្មណ៍ថា ព្រះជាម្ចាស់ជ្រាលជ្រៅ និងមិនអាចវាស់ស្ទង់បានឡើយ។ មើលទៅហាក់ដូចជារវាងព្រះជាម្ចាស់និងមនុស្ស មានព្រំដែនអាកាសដែលមិនអាចឆ្លងកាត់គ្នាបានដូច្នោះដែរ ហើយរវាងអ្នកទាំងពីរ ហាក់ដូចជាកំពុងតែមើលគ្នាទៅវិញទៅមកពីច្រាំងម្ខាងម្នាក់នៃទន្លេជូ[ក] ដែលមិនអាចធ្វើអ្វីបាន ក្រៅពីសំឡឹងមើលគ្នាទៅវិញទៅមកនោះទេ។ នេះចង់មានន័យថា មនុស្សនៅលើផែនដីបានត្រឹមសម្លឹងមើលទៅព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនដែលមានឱកាសសិក្សាលម្អិតអំពីទ្រង់ឡើយ ហើយគ្រប់យ៉ាងដែលពួកគេមានចំពោះទ្រង់ គឺជាអារម្មណ៍ជាប់ជំពាក់តែប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់ពួកគេ តែងមានអារម្មណ៍ថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ ប៉ុន្តែដោយសារតែព្រះជាម្ចាស់ «គ្មានព្រះទ័យមេត្តា គ្មានមនោសញ្ចេតនា» ដូច្នេះពួកគេមិនដែលមានឱកាសនិយាយពីទុក្ខព្រួយដែលមានក្នុងចិត្តរបស់ពួកគេនៅចំពោះព្រះភ័តក្រ្តទ្រង់ឡើយ។ ពួកគេប្រៀបដូចជាភរិយាវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលឈរនៅចំពោះមុខស្វាមីរបស់នាង មិនដែលមានឱកាសនិយាយពីអារម្មណ៍ពិតរបស់នាងចេញមកទេ ដោយសារតែសេចក្ដីទៀងត្រង់របស់ស្វាមីនាង។ មនុស្សគឺជាជនថោកទាបដែលមើលងាយខ្លួនឯង ដូច្នេះហើយ ដោយសារតែភាពងាយនឹងរងគ្រោះរបស់ពួកគេនេះ ដោយសារតែកង្វះការគោរពខ្លួនឯងនេះ ទើបខ្ញុំកាន់តែមានចិត្តស្អប់មនុស្សកាន់តែខ្លាំងឡើងៗដោយមិនដឹងខ្លួន ហើយសេចក្តីក្រោធនៅក្នុងព្រះហឫទ័យរបស់ខ្ញុំក៏ផ្ទុះឡើងខ្លាំងផងដែរ។ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហាក់ដូចជាខ្ញុំបានទទួលរងការប៉ះទង្គិចផ្លូវចិត្តអ៊ីចឹង។ ខ្ញុំបានបាត់បង់ក្តីសង្ឃឹមលើមនុស្សតាំងពីយូរណាស់មកហើយ ប៉ុន្តែដោយសារតែ «ម្តងនេះទៀត ថ្ងៃរបស់ខ្ញុំកាន់តែខិតចូលមកកៀកនឹងមនុស្សជាតិទាំងអស់ហើយ ដោយដាស់ពូជមនុស្សឱ្យភ្ញាក់ជាថ្មីម្តងទៀត ដោយប្រទានការចាប់ផ្តើមថ្មីមួយដល់មនុស្សជាតិ»។ ជាថ្មីម្ដងទៀត ខ្ញុំក៏ខំប្រមែប្រមូលសេចក្ដីក្លាហានដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ ដើម្បីចាប់នាគដ៏ធំមានសម្បុរក្រហម និងបង្ក្រាបលើវាផង។ បំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់គឺបែបនេះ៖ គ្មានអ្វីក្រៅពីយកឈ្នះលើកូនចៅនៃនាគដ៏ធំមានសម្បុរក្រហមនៅក្នុងប្រទេសចិនឡើយ។ មានតែបែបនេះទេ ទើបអាចចាត់ទុកថាជាការយកឈ្នះលើនាគដ៏ធំមានសម្បុរក្រហមបាន ជាការវិនាសសាបសូន្យនៃនាគដ៏ធំមានសម្បុរក្រហម។ មានតែបែបនេះទេ ទើបគ្រប់គ្រាន់នឹងបញ្ជាក់បានថា ព្រះជាម្ចាស់ឡើងសោយរាជ្យជាស្ដេចនៅទូទាំងផែនដីទាំងមូល ហើយបញ្ជាក់ពីសមិទ្ធផលនៃកិច្ចការដ៏ធំមហិមារបស់ព្រះជាម្ចាស់ និងបញ្ជាក់ថាព្រះជាម្ចាស់មានការចាប់ផ្ដើមថ្មីមួយនៅលើផែនដី ហើយទ្រង់បានទទួលសិរីល្អនៅលើផែនដីនេះ។ ដោយសារតែទេសភាពដ៏ស្រស់បំព្រងនៅទីចុងបញ្ចប់ ទើបព្រះជាម្ចាស់មិនអាចឃាត់អង្គទ្រង់មិនឱ្យសម្ដែងព្រះទ័យឆេះឆួលថា៖ «បេះដូងរបស់ខ្ញុំលោត ហើយភ្នំទាំងឡាយក៏លោតកញ្ឆេងដោយក្ដីអរសប្បាយ ទឹកក៏រារាំដោយក្ដីអរសប្បាយ ហើយទឹករលកក៏បក់បោកលើថ្មប៉ប្រ៉ះទឹក ទៅតាមចង្វាក់នៃបេះដូងរបស់ខ្ញុំដែរ។ ខ្ញុំពិបាកនឹងសម្ដែងអារម្មណ៍ដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំណាស់»។ តាមរយៈព្រះបន្ទូលនេះ អាចមើលឃើញបានថា អ្វីដែលព្រះជាម្ចាស់បានគ្រោងទុក ទ្រង់បានសម្រេចរួចស្រេចទៅហើយ។ ព្រះជាម្ចាស់បានកំណត់ទុកជាមុនជាស្រេច ហើយក៏ជាអ្វីដែលព្រះជាម្ចាស់ឱ្យមនុស្សដកបទពិសោធន៍ និងមើលឃើញផងដែរ។ ទស្សនីយភាពនៃនគរព្រះស្រស់ស្អាតណាស់ ហើយស្ដេចនៃនគរព្រះ គឺជាអ្នកមានជ័យជម្នះ ហើយតាំងពីព្រះសិរសារហូតដល់ព្រះបាទារបស់ទ្រង់ គ្មានដានសាច់ឬឈាមឡើយ អ្វីៗគឺសុទ្ធតែជាធាតុរបស់ព្រះទាំងស្រុង។ ព្រះកាយរបស់ទ្រង់ទាំងមូល ភ្លឺចិញ្ចាចដោយសិរីល្អដ៏ពិសិដ្ឋ គ្មានប្រឡាក់ប្រឡូសទៅដោយគំនិតរបស់មនុស្សឡើយ។ ព្រះកាយរបស់ទ្រង់ទាំងមូល តាំងពីលើដល់ក្រោម ពេញទៅដោយសេចក្តីសុចរិត និងខ្យល់អាកាសនៃស្ថានសួគ៌ ហើយភាយចេញនូវគន្ធពិដោរដ៏គួរឱ្យទាក់ទាញ។ ដូចជាមនុស្សជាទីស្រឡាញ់នៅក្នុងព្រះគម្ពីរចម្រៀងដូច្នោះដែរ ទ្រង់មានសម្រស់ស្អាតជាងពួកបរិសុទ្ធរាល់គ្នា ខ្ពង់ខ្ពស់ជាងពួកបរិសុទ្ធពីសម័យមុនៗទៅទៀត។ ទ្រង់គឺជាបុគ្គលគំរូម្នាក់នៅក្នុងចំណោមមនុស្សរាល់គ្នា ហើយមនុស្សមិនអាចប្រៀបផ្ទឹមស្មើនឹងទ្រង់បានទេ។ មនុស្សមិនស័ក្តិសមនឹងមើលទៅទ្រង់ដោយផ្ទាល់ទេ។ គ្មាននរណាម្នាក់អាចមើលឃើញពីទឹកព្រះភ័ក្ត្រប្រកបដោយសិរីល្អរបស់ព្រះជាម្ចាស់ មើលឃើញការលេចមករបស់ព្រះជាម្ចាស់ ឬរូបអង្គរបស់ព្រះជាម្ចាស់បានឡើយ។ គ្មាននរណាម្នាក់អាចប្រកួតប្រជែងនឹងលក្ខណៈទាំងនេះបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចពោលពាក្យសរសើរលក្ខណៈទាំងនេះចេញពីមាត់ពួកគេបានដោយស្រួលៗនោះដែរ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានទីបញ្ចប់ទេ ប្រៀបដូចជាទឹកដែលផុសចេញពីក្នុងដី ដែលមិនចេះរីងស្ងួតដូច្នោះដែរ ម្ល៉ោះហើយ គ្មាននរណាម្នាក់អាចវាស់ស្ទង់ពីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់បាននោះទេ។ តែចំពោះព្រះជាម្ចាស់វិញ សេចក្តីអាថ៌កំបាំងបែបនេះ គ្មានទីបញ្ចប់ឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើនដង ដោយប្រើប្រាស់មធ្យោបាយនិងភាសាខុសៗគ្នា អំពីការផ្លាស់ថ្មី និងការបំផ្លាស់បំប្រែទាំងស្រុងនៅក្នុងចក្រវាឡទាំងមូល ដែលការថ្លែងមកម្ដងចេះតែជ្រាលជ្រៅជាងម្ដង៖ «ខ្ញុំចង់ធ្វើឱ្យរបស់គ្រប់យ៉ាងដែលកខ្វក់ ត្រូវដុតទៅជាផេះ ក្រោមខ្សែព្រះនេត្រទតមើលរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យពួកបុត្រាដែលមិនស្តាប់បង្គាប់ទាំងអម្បាលម៉ាន ត្រូវវិនាសបង់ចេញពីមុខព្រះនេត្ររបស់ខ្ញុំ មិនឱ្យមានវត្តមានតទៅទៀតឡើយ»។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលអំពីរឿងនេះម្ដងហើយម្ដងទៀតបែបនេះ? តើព្រះអង្គមិនខ្លាចថា មនុស្សនឹងកាន់តែធុញទ្រាន់នឹងរឿងទាំងនោះទេឬអី? មនុស្សប្រាថ្នាចង់ស្គាល់ព្រះជាម្ចាស់ដោយគ្រាន់តែរាវរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលនឹកឃើញថាត្រូវពិនិត្យមើលខ្លួនពួកគេឡើយ។ ដូច្នេះហើយបានជាព្រះជាម្ចាស់ប្រើវិធីសាស្ត្រនេះ ដើម្បីរំឭកពួកគេ ធ្វើឱ្យពួកគេគ្រប់គ្នាបានស្គាល់ខ្លួនឯង ដើម្បីឱ្យពួកគេអាចស្គាល់ពីការមិនស្ដាប់បង្គាប់របស់មនុស្សតាមរយៈខ្លួនពួកគេ រួចក៏លុបបំបាត់ការមិនស្ដាប់បង្គាប់របស់ពួកគេនៅចំពោះព្រះជាម្ចាស់។ ពេលអានទៅឃើញថា ព្រះជាម្ចាស់សព្វព្រះទ័យចង់ «បែងចែង» មនុស្ស ពួកគេក៏ស្រាប់តែចាប់ផ្ដើមមានអារម្មណ៍អន្ទះអន្ទែងភ្លាម ហើយសាច់ដុំរបស់ពួកគេក៏ដូចជាចង់ឈប់ធ្វើចលនាដែរ។ រំពេចនោះ ពួកគេក៏ត្រលប់មកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់វិញ រួចរិះគន់ខ្លួនឯង ដូច្នេះហើយពួកគេក៏ចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។ ក្រោយមក បន្ទាប់ពីពួកគេបានសម្រេចចិត្តរួចហើយ ព្រះជាម្ចាស់ក៏ប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញពីសារជាតិរបស់នាគដ៏ធំមានសម្បុរក្រហមឱ្យពួកគេបានឃើញ។ ដូច្នេះ មនុស្សចូលរួមជាមួយពិភពខាងវិញ្ញាណដោយផ្ទាល់ និងដោយសារតែតួនាទីដែលពួកគេបានតាំងចិត្តប្រកាន់យក នោះគំនិតរបស់ពួកគេក៏ចាប់ផ្ដើមដើរតួផងដែរ ដែលបង្កើតឱ្យមានមនោសញ្ចេតនារវាងមនុស្សនិងព្រះជាម្ចាស់ ដែលនេះផ្ដល់ប្រយោជន៍កាន់តែធំដល់កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម។ តាមរបៀបនេះ មនុស្សក៏មានអារម្មណ៍ក្រឡេកមើលទៅកាន់ពេលវេលាដែលកន្លងផុតទាំងមិនដឹងខ្លួន៖ កាលពីមុន មនុស្សបានជឿលើព្រះដ៏ស្រពេចស្រពិលរាប់សិបឆ្នាំ។ ជាច្រើនឆ្នាំមកហើយ ពួកគេមិនដែលមានសេរីភាពនៅក្នុងចិត្តរបស់ពួកគេទេ មិនអាចអរសប្បាយខ្លាំងបាន ហើយទោះបីជាពួកគេបានជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ជីវិតរបស់ពួកគេគ្មានសណ្ដាប់ធ្នាប់ដែរ។ ជីវិតរបស់គេដូចជាមិនខុសអ្វីពីមុនពេលជឿព្រះនោះទេ។ ជីវិតរបស់ពួកគេនៅតែគ្មានន័យ និងគ្មានសង្ឃឹម ហើយជំនឿរបស់ពួកគេនៅពេលនោះ ហាក់ដូចជាមានភាពច្របូកច្របល់ គ្មានអ្វីប្រសើរជាងពេលមិនជឿព្រះនោះទេ។ ចាប់តាំងពីពេលដែលពួកគេបានឃើញព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គទ្រង់នាពេលសព្វថ្ងៃនេះមក ផ្ទៃមេឃ និងផែនដី ហាក់ដូចជាត្រូវបានផ្លាស់ថ្មីដូច្នោះដែរ ហើយជីវិតរបស់ពួកគេមានរស្មីត្រចះត្រចង់ ពួកគេលែងអស់សង្ឃឹមដូចមុន ហើយដោយសារការយាងមកដល់នៃព្រះដ៏ជាក់ស្ដែង ដូច្នេះពួកគេក៏មានអារម្មណ៍នឹងធឹងនៅក្នុងចិត្តរបស់ពួកគេ និងមានសេចក្ដីសុខសាន្តនៅក្នុងវិញ្ញាណរបស់ពួកគេ។ គ្រប់កិច្ចការដែលពួកគេធ្វើ ពួកគេលែងដេញតាមខ្យល់ និងលែងដេញចាប់ស្រមោលទៀតហើយ។ ពួកគេលែងដេញតាមទាំងគ្មានគោលដៅ ហើយពួកគេក៏លែងធ្វើការទាំងប្រញាប់ប្រញាល់ទៀតដែរ។ ជីវិតនាពេលសព្វថ្ងៃ គឺកាន់តែស្រស់បំព្រង ហើយមនុស្សបានចូលទៅក្នុងនគរព្រះទាំងមិនបានរំពឹងទុក ហើយបានក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយក្រោយមកទៀត ក៏...។ នៅក្នុងដួងចិត្តរបស់មនុស្ស កាលណាពួកគេគិតអំពីរឿងនេះកាន់តែច្រើន នោះភាពផ្អែមល្ហែមក៏មានកាន់តែច្រើនផងដែរ។ កាលណាពួកគេគិតអំពីរឿងនេះកាន់តែច្រើន នោះពួកគេក៏កាន់តែរីករាយឡើង ហើយពួកគេកាន់តែទទួលបានការបណ្ដាលចិត្តឱ្យស្រឡាញ់ព្រះជាម្ចាស់ខ្លាំងឡើងដែរ។ ដូច្នេះ មិត្តភាពរវាងព្រះជាម្ចាស់ និងមនុស្សត្រូវបានប្រសើរឡើងទាំងពួកគេមិនដឹងខ្លួន។ មនុស្សស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ស្គាល់ព្រះជាម្ចាស់កាន់តែច្រើន ហើយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងខ្លួនមនុស្សកាន់តែងាយស្រួល ហើយកិច្ចការនោះលែងបង្ខំ ឬតម្រូវឱ្យមនុស្សត្រូវតែធ្វើទៀតហើយ តែត្រូវដើរតាមដំណើរធម្មជាតិវិញ ហើយមនុស្សក៏បំពេញមុខងារវិសេសផ្ទាល់ខ្លួនរបស់គេ។ មានតែបែបនេះទេ ទើបមនុស្សនឹងអាចស្គាល់ព្រះជាម្ចាស់បានបន្ដិចម្ដងៗ។ បែបនេះ ទើបជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ កិច្ចការនេះមិនតម្រូវឱ្យមានការខំប្រឹងប្រែងសូម្បីបន្តិចណាសោះឡើយ ហើយត្រូវយកមកប្រើដើម្បីឱ្យសមទៅនឹងធម្មជាតិរបស់មនុស្ស។ ដូច្នេះហើយបានជាពេលនោះ ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងពិភពរបស់មនុស្ស តាមរយៈការដឹកនាំរបស់ខ្ញុំ មនុស្សជាតិបានមកដល់ថ្ងៃនេះទាំងមិនដឹងខ្លួន ហើយក៏បានស្គាល់ខ្ញុំទាំងមិនដឹងខ្លួនដែរ។ ប៉ុន្តែ ចំពោះថាតើត្រូវដើរនៅលើផ្លូវខាងមុខដោយរបៀបណានោះ គ្មាននរណាម្នាក់មានគំនិតអ្វីនោះទេ ក៏គ្មាននរណាម្នាក់ដឹងដែរ ហើយជាងនេះទៅទៀត គ្មាននរណាម្នាក់មានតម្រុយដឹងថាផ្លូវនោះនឹងនាំពួកគេទៅកាន់ទិសដៅណានោះទេ។ មានតែតាមរយៈការការពារពីព្រះដ៏មានគ្រប់ព្រះចេស្តាប៉ុណ្ណោះ ទើបមនុស្សម្នាក់ៗអាចដើរនៅលើផ្លូវនេះរហូតដល់ទីបញ្ចប់បាន។ មានតែតាមរយៈការដឹកនាំពីផ្លេកបន្ទោរពីទិសខាងកើតប៉ុណ្ណោះ ទើបមនុស្សនឹងអាចឆ្លងកាត់ច្រកទ្វារចូលទៅនគររបស់ខ្ញុំបាន»។ តើនេះមិនមែនជាខ្លឹមសារសង្ខេបនៃអ្វីដែលខ្ញុំបានពិពណ៌នាខាងលើ ដែលមាននៅក្នុងចិត្តរបស់មនុស្សទេឬអី? នៅក្នុងនោះមានបង្កប់នូវអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សគិតនៅក្នុងចិត្តរបស់គេ គឺច្បាស់ជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ហើយ ហើយអ្វីដែលទ្រង់មានបន្ទូលចេញពីព្រះឱស្ឋទ្រង់ គឺច្បាស់ជាអ្វីដែលមនុស្សស្រេកឃ្លានចង់ដឹងមិនខាន។ ត្រង់នេះហើយជាចំណុចដែលព្រះជាម្ចាស់ពូកែបំផុតនៅក្នុងការលាតត្រដាងពីដួងចិត្តរបស់មនុស្ស។ បើមិនដូច្នោះទេ តើមនុស្សគ្រប់គ្នាអាចនឹងជឿជាក់ដោយស្មោះយ៉ាងម្ដេចកើតទៅ? តើនេះមិនមែនជាលទ្ធផលដែលព្រះជាម្ចាស់ប្រាថ្នាចង់សម្រេចបាន តាមរយៈការយកឈ្នះលើនាគដ៏ធំមានសម្បុរក្រហមទេឬអី?

តាមពិតទៅ មានព្រះបន្ទូលជាច្រើនដែលព្រះជាម្ចាស់គ្មានបំណងចង់បង្ហាញប្រាប់ពីអត្ថន័យសើៗឡើយ។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ជាច្រើន ព្រះជាម្ចាស់គ្រាន់តែមានបំណងផ្លាស់ប្ដូរសញ្ញាណរបស់មនុស្ស និងបង្វែរចំណាប់អារម្មណ៍របស់ពួកគេប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបានផ្សារភ្ជាប់ចំណុចសំខាន់ណាមួយទៅនឹងព្រះបន្ទូលទាំងនេះទេ ដូច្នេះហើយ ព្រះបន្ទូលជាច្រើន មិនចាំបាច់ត្រូវលើកមកពន្យល់នោះទេ។ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយកឈ្នះលើមនុស្សរួចហើយ យកឈ្នះដល់កម្រិតមួយដែលធ្វើឱ្យពួកគេក្លាយជាដូចសព្វថ្ងៃនេះ នោះកម្លាំងរបស់មនុស្សក៏ឡើងដល់ចំណុចជាក់លាក់មួយ ដូច្នេះ ព្រះជាម្ចាស់ក៏ថ្លែងបន្ទូលព្រមានបន្ថែមទៀតជាបន្តបន្ទាប់ ជាធម្មនុញដែលទ្រង់បង្កើតឡើងសម្រាប់រាស្ត្ររបស់ព្រះជាម្ចាស់៖ «ទោះបីជាមនុស្សដែលរស់នៅលើផែនដីនេះ មានចំនួនច្រើនដូចជាផ្កាយក៏ដោយ ក៏ខ្ញុំស្គាល់ពួកគេរាល់គ្នាច្បាស់ដូចបាតព្រះហស្តរបស់ខ្ញុំដូច្នោះដែរ។ ហើយទោះបីជាមនុស្សដែល 'ស្រឡាញ់' ខ្ញុំ មានច្រើនដូចជាគ្រាប់ខ្សាច់នៅឯសមុទ្រក៏ដោយ ក៏មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលខ្ញុំរើសតាំង នោះគឺអស់អ្នកណាដែលដេញតាមពន្លឺដ៏ភ្លឺត្រចះនេះ ជាមនុស្សផ្សេងក្រៅពីអ្នកដែល 'ស្រឡាញ់' ខ្ញុំ»។ ពិតណាស់ មានមនុស្សជាច្រើនដែលនិយាយថា ពួកគេស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្រឡាញ់ទ្រង់ដោយចិត្តស្មោះនោះ។ មើលទៅចំណុចនេះ សូម្បីតែបិទភ្នែក ក៏អាចយល់យ៉ាងច្បាស់បានដែរ។ ពិភពទាំងមូលរបស់អ្នកដែលជឿលើព្រះជាម្ចាស់ តាមពិតគឺមានលក្ខណៈបែបនេះឯង។ ក្នុងនោះដែរ យើងឃើញថា បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានងាកទៅរកកិច្ចការនៃ «ការបែងចែកមនុស្ស» ដែលបង្ហាញថា អ្វីដែលព្រះជាម្ចាស់ចង់បាន និងអ្វីដែលបំពេញតាមបំណងព្រះហឫទ័យទ្រង់ មិនមែនជាពួកជំនុំនាពេលសព្វថ្ងៃនេះឡើយ ប៉ុន្តែជានគរព្រះក្រោយពីការបែងចែកមនុស្សរួច។ នាពេលនេះ ទ្រង់បន្តព្រមានបន្ថែមទៀតទៅគ្រប់ «ទំនិញគ្រោះថ្នាក់» ទាំងអស់ថា៖ លើកលែងតែព្រះជាម្ចាស់មិនធ្វើសកម្មភាព បើមិនដូច្នោះទេ ឱ្យតែព្រះជាម្ចាស់ចាប់ផ្ដើមធ្វើសកម្មភាពភ្លាម នោះមនុស្សទាំងនេះនឹងត្រូវបោសសម្អាតពីនគរព្រះមិនខាន។ ព្រះជាម្ចាស់មិនដែលបំពេញកិច្ចការច្បោលៗឱ្យតែបាននោះទេ។ ព្រះអង្គតែងធ្វើកិច្ចការស្របតាមគោលការណ៍ «មួយគឺមួយ ពីរគឺពីរ» ជានិច្ច ហើយបើមានមនុស្សណាដែលទ្រង់មិនចង់គិតគូរដល់នោះទេ នោះទ្រង់នឹងធ្វើគ្រប់យ៉ាង ដើម្បីបោសសម្អាតពួកគេចេញ ដើម្បីបញ្ឈប់ពួកគេកុំឱ្យបង្កបញ្ហានៅថ្ងៃអនាគតទៀត។ នេះហៅថា «ការយកសំរាមទៅបោះចោល ហើយជូតសម្អាតឱ្យស្អាតល្អ»។ ពេលដែលព្រះជាម្ចាស់ប្រកាសពីបញ្ញត្តិរដ្ឋបាលទៅកាន់មនុស្ស គឺជាពេលដែលទ្រង់បង្ហាញពីកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ និងពីគ្រប់លក្ខណៈទាំងអស់ដែលមាននៅក្នុងអង្គទ្រង់ ដូច្នេះហើយទើបទ្រង់មានបន្ទូលបន្ទាប់មកទៀតថា៖ «នៅតាមព្រៃភ្នំ មានសត្វព្រៃកាចសាហាវច្រើនរាប់មិនអស់ ប៉ុន្តែនៅចំពោះព្រះភ័ក្ដ្ររបស់ខ្ញុំ ពួកវាសុទ្ធតែស្លូតដូចចៀមអ៊ីចឹង។ នៅក្រោមទឹករលក មានអាថ៌កំបាំងរាប់មិនអស់ ប៉ុន្តែអាថ៌កំបាំងទាំងនោះបង្ហាញខ្លួនឱ្យខ្ញុំទតឃើញយ៉ាងច្បាស់ ដូចរបស់សព្វសារពើដែលមាននៅលើផែនដីដែរ។ ស្ថានសួគ៌ដែលនៅខាងលើ គឺជាពិភពដែលមនុស្សមិនអាចទៅដល់បាន ប៉ុន្តែខ្ញុំយាងដើរនៅលើពិភពដែលមនុស្សមិនអាចចូលទៅដល់នោះដោយសេរី»។ អត្ថន័យរបស់ព្រះជាម្ចាស់គឺបែបនេះ៖ ទោះបីជាដួងចិត្តរបស់មនុស្សបោកបញ្ឆោតលើសអស់ទាំងរបស់សព្វសារពើ និងមានអាថ៌កំបាំងគ្មានទីបញ្ចប់ ប្រៀបដូចជាស្ថាននរកនៅក្នុងសញ្ញាណរបស់មនុស្សក៏ដោយ ក៏ព្រះជាម្ចាស់ទ្រង់ជ្រាបពីសភាពពិតរបស់មនុស្សច្បាស់ដូចបាតព្រះហស្ដរបស់ទ្រង់ដែរ។ នៅក្នុងចំណោមរបស់សព្វសារពើ មនុស្សគឺជាសត្វមួយដែលកាចសាហាវ និងព្រៃផ្សៃជាងសត្វព្រៃទៅទៀត ប៉ុន្តែព្រះជាម្ចាស់បានយកឈ្នះលើមនុស្សដល់ថ្នាក់គ្មាននរណាម្នាក់ហ៊ានក្រោកបះបោរ និងតតាំងឡើយ។ តាមពិតទៅ ក្នុងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្វីដែលមនុស្សគិតនៅក្នុងចិត្តរបស់ពួកគេ គឺមានលក្ខណៈស្មុគស្មាញជាងអ្វីគ្រប់យ៉ាងនៅក្នុងចំណោមរបស់សព្វសារពើទៅទៀត។ ជាគំនិតដែលមិនអាចវាស់ស្ទង់បាន ប៉ុន្តែព្រះជាម្ចាស់មិនបានខ្វល់ព្រះទ័យនឹងដួងចិត្តរបស់មនុស្សឡើយ។ នៅក្នុងព្រះនេត្ររបស់ទ្រង់ ព្រះអង្គគ្រាន់តែចាត់ទុកមនុស្សដូចជាសត្វដង្កូវដ៏តូចមួយក្បាលប៉ុណ្ណោះ។ ព្រះអង្គយកឈ្នះវា ដោយប្រើតែព្រះបន្ទូលតែមួយព្រះឱស្ឋប៉ុណ្ណោះ។ ទ្រង់អាចវាយផ្ដួលវាបានគ្រប់ពេល តាមដែលទ្រង់សព្វព្រះទ័យចង់ធ្វើ។ ទ្រង់គ្រាន់តែកម្រើកព្រះហស្តរបស់ទ្រង់បន្ដិច ក៏អាចវាយផ្ចាលវាបានទៅហើយ។ ទ្រង់អាចដាក់ទោសវាបានគ្រប់ពេល។

សព្វថ្ងៃនេះ មនុស្សទាំងអស់គ្នាស្ថិតនៅក្នុងភាពងងឹត ប៉ុន្តែដោយសារតែការយាងមកដល់របស់ព្រះជាម្ចាស់ ដូច្នេះនៅទីបំផុត ពួកគេក៏ចាប់ផ្ដើមស្គាល់ពីសារជាតិនៃពន្លឺ ដោយបានមើលឃើញទ្រង់។ នៅទូទាំងពិភពលោកទាំងមូល ហាក់ដូចជាមានផើងខ្មៅដ៏ធំមួយបានក្រឡាប់មកគ្របពីលើផែនដី ហើយគ្មាននរណាម្នាក់អាចដកដង្ហើមបានឡើយ។ ពួកគេទាំងសុទ្ធតែចង់កែប្រែស្ថានភាពនេះវិញ ប៉ុន្តែគ្មាននរណាម្នាក់អាចលើកផើងនោះចេញបានទេ។ ដោយសារតែការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះឯង ទើបភ្នែករបស់មនុស្សត្រូវបានបើកឱ្យភ្លឺមួយរំពេច ហើយពួកគេក៏បានឃើញព្រះដ៏ជាក់ស្ដែង។ ដូច្នេះហើយទើបព្រះជាម្ចាស់សួរពួកគេក្នុងសូរសំនៀងជាសំណួរថា៖ «មនុស្សមិនដែលស្គាល់ខ្ញុំនៅក្នុងពន្លឺនោះទេ ប៉ុន្តែបានត្រឹមមើលឃើញខ្ញុំនៅពិភពនៃភាពងងឹតប៉ុណ្ណោះ។ តើអ្នករាល់គ្នាមិនមែនស្ថិតក្នុងស្ថានភាពដូចគ្នានឹងសព្វថ្ងៃនេះទេអី? នៅពេលដែលកំហឹងរបស់នាគដ៏ធំមានសម្បុរក្រហមឆេះឆួលដល់កម្រិតកំពូលហើយ ពេលនោះខ្ញុំនឹងយកកំណើតជាសាច់ឈាមដើម្បីបំពេញកិច្ចការរបស់ខ្ញុំ»។ ព្រះជាម្ចាស់មិនបានលាក់បាំងពីកាលៈទេសៈពិតនៅក្នុងពិភពខាងវិញ្ញាណឡើយ ហើយទ្រង់ក៏មិនបានលាក់បាំងពីសភាពពិតនៃដួងចិត្តរបស់មនុស្សដែរ ដូច្នេះហើយទើបព្រះអង្គរំឭកដាស់តឿនមនុស្សម្ដងហើយម្ដងទៀតថា៖ «ខ្ញុំមិនត្រឹមតែធ្វើឱ្យរាស្ត្ររបស់ខ្ញុំស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងបន្សុទ្ធពួកគេថែមទៀតផង។ ដោយសារតែភាពតឹងរឹងនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំនេះហើយ ទើបនៅបន្តមានមនុស្សច្រើនទៀតដែលស្ថិតក្នុងគ្រោះថ្នាក់ត្រូវខ្ញុំផាត់ចោល។ លុះត្រាតែអ្នកព្យាយាមប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយជាមួយខ្លួនអ្នក ដើម្បីយកឈ្នះលើខ្លួនអ្នកផ្ទាល់ លុះត្រាតែអ្នកធ្វើបែបនេះ បើពុំដូច្នោះទេ អ្នកប្រាកដជានឹងក្លាយជាវត្ថុមួយដែលខ្ញុំស្អប់និងបដិសេធចោលមិនខាន ជាវត្ថុដែលត្រូវបោះចូលទៅក្នុងស្ថាននរក ជាកន្លែងដែលមិនអាចរត់គេចបាន ប្រៀបដូចជាប៉ុលដែលបានទទួលការវាយផ្ចាលពីព្រះហស្តរបស់ខ្ញុំដូច្នោះដែរ»។ ដោយសារព្រះជាម្ចាស់មានបន្ទូលបែបនេះកាន់តែច្រើនឡើងៗ ដូច្នេះមានតែពេលនោះទេ ដែលមនុស្សប្រុងប្រយ័ត្ននឹងជំហានរបស់ខ្លួនកាន់តែខ្លាំង និងកាន់តែខ្លាចបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ មានតែបែបនេះទេ ទើបសិទ្ធិអំណាចរបស់ព្រះជាម្ចាស់អាចយកមកប្រើបាន ហើយឫទ្ធានុភាពរបស់ទ្រង់ត្រូវបានសម្ដែងចេញឱ្យឃើញច្បាស់។ នៅទីនេះ មានការលើកមកនិយាយអំពីប៉ុលជាថ្មីម្ដងទៀត ដើម្បីឱ្យមនុស្សអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន នោះគឺ ពួកគេមិនត្រូវធ្វើជាមនុស្សដែលត្រូវព្រះជាម្ចាស់វាយផ្ចាលឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សដែលគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ គឺក្នុងពេលដែលពួកគេភ័យខ្លាចនេះឯង ទើបមនុស្សអាចក្រឡេកទៅមើលពីកង្វះសមត្ថភាពរបស់ពួកគេកាលពីអតីតកាលក្នុងការតាំងចិត្តនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ទាំងស្រុង ដែលទង្វើនេះធ្វើឱ្យពួកគេកាន់តែមានវិប្បដិសារី និងកាន់តែស្គាល់ព្រះដ៏ជាក់ស្ដែងបានច្រើនជាងមុន។ ម្ល៉ោះហើយ មានតែពេលនោះទេ ទើបពួកគេគ្មានមន្ទិលសង្ស័យអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

«មនុស្សមិនគ្រាន់តែមិនស្គាល់ខ្ញុំនៅខាងសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះទេ តែលើសពីនេះទៅទៀត ពួកគេថែមមិនស្គាល់ខ្លួនឯង ដែលរស់នៅក្នុងរូបកាយជាសាច់ឈាមនេះទៀត។ អស់ពេលរាប់សិបឆ្នាំមកហើយ ដែលមនុស្សបានបោកបញ្ឆោតខ្ញុំ ដោយប្រព្រឹត្តចំពោះខ្ញុំដូចជាភ្ញៀវម្នាក់មកពីក្រៅ។ ជាច្រើនលើកច្រើនសារណាស់...»។ ពាក្យថា «ជាច្រើនលើកច្រើនសារ» អស់ទាំងនេះ រៀបរាប់ពីតថភាពជាច្រើននៃការប្រឆាំងទាស់របស់មនុស្សចំពោះព្រះជាម្ចាស់ ដោយបង្ហាញពីឧទាហរណ៍ពិតៗនៃការវាយផ្ចាល។ នេះគឺជាភស្តុតាងបញ្ជាក់ពីអំពើបាប ហើយម្ដងនេះ គ្មាននរណាម្នាក់អាចប្រកែកបានឡើយ។ មនុស្សទាំងអស់ប្រើព្រះជាម្ចាស់ដូចជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ហាក់ដូចទ្រង់ជារបស់នៅក្នុងផ្ទះដែលពួកគេអាចប្រើតាមតែអំពើចិត្តរបស់ពួកគេដូច្នោះដែរ។ គ្មាននរណាម្នាក់គោរពស្រឡាញ់ព្រះជាម្ចាស់នោះទេ។ គ្មាននរណាម្នាក់បានព្យាយាមស្គាល់ពីភាពស្រស់ស្អាតរបស់ព្រះជាម្ចាស់ និងព្រះភ័ក្ត្រដ៏មានសិរីល្អរបស់ទ្រង់ឡើយ ហើយរឹតគ្មានអ្នកណាមានបំណងចង់ចុះចូលនឹងព្រះជាម្ចាស់ទៀត។ ក៏គ្មាននរណាម្នាក់ធ្លាប់ចាត់ទុកព្រះជាម្ចាស់ថាជារបស់ជាទីស្រឡាញ់នៅក្នុងដួងចិត្តរបស់ពួកគេដែរ។ ពួកគេរាល់គ្នាអូសទ្រង់ចេញមក នៅពេលដែលពួកគេត្រូវការទ្រង់ ហើយក៏ទាត់ទ្រង់ចោល និងព្រងើយកន្ដើយដាក់ទ្រង់ នៅពេលដែលពួកគេលែងត្រូវការទ្រង់ទៀត។ ចំពោះមនុស្ស ហាក់ដូចព្រះជាម្ចាស់ជាអាយ៉ងមួយដែលមនុស្សអាចបញ្ជាតាមអំពើចិត្ត ហើយទាមទារអ្វីតាមតែចិត្តគេប្រាថ្នា ឬចង់បានដូច្នោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ ប្រសិនបើខ្ញុំមិនបានអាណិតអាសូរដល់ភាពទន់ខ្សោយរបស់មនុស្សនោះទេ ម្ល៉េះសមគ្រាន់តែការយកកំណើតជាមនុស្សរបស់ខ្ញុំតែមួយមុខប៉ុណ្ណេះ ក៏ធ្វើឱ្យមនុស្សជាតិទាំងអស់នឹងភ័យលោះព្រលឹងទៅហើយ រួចហើយពួកគេក៏ធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងមិនខាន» ដែលចំណុចនេះបង្ហាញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានសារៈសំខាន់ខ្លាំងកម្រិតណា។ ទ្រង់មិនបានបំផ្លាញមនុស្សជាតិទាំងអស់ពីពិភពខាងវិញ្ញាណនោះទេ តែផ្ទុយទៅវិញ ទ្រង់បែរជាយាងមក ដើម្បីយកឈ្នះលើមនុស្សជាតិនៅខាងសាច់ឈាមនេះវិញ។ ហេតុដូច្នេះហើយបានជាពេលដែលព្រះបន្ទូលត្រលប់ជាសាច់ឈាម គ្មាននរណាម្នាក់បានដឹងសោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនខ្វល់ព្រះទ័យអំពីគុណវិបត្តិរបស់មនុស្សទេ ប្រសិនបើផ្ទៃមេឃនិងផែនដីត្រូវក្រឡាប់ចក្រនៅពេលដែលទ្រង់ត្រលប់ជាសាច់ឈាម ម្ល៉េះសមមនុស្សទាំងអស់នឹងត្រូវវិនាសសាបសូន្យមិនខាន។ ដោយសារតែនៅក្នុងធម្មជាតិរបស់មនុស្ស ពួកគេចូលចិត្តរបស់ថ្មី ហើយស្អប់របស់ចាស់ ម្ល៉ោះហើយជារឿយៗ នៅពេលដែលអ្វីៗដំណើរការទៅយ៉ាងរលូន ពួកគេក៏ភ្លេចពីគ្រាលំបាក ហើយពួកគេគ្មាននរណាមា្នក់ដឹងថា ខ្លួនមានពរកម្រិតណានោះទេ ដូច្នេះ ព្រះជាម្ចាស់បានរំឭកដាស់រឿនពួកគេម្ដងហើយម្ដងទៀតថា ពួកគេត្រូវតែឱ្យតម្លៃទៅលើការប្រឹងប្រែង ទម្រាំពួកគេមានថ្ងៃនេះ។ ដើម្បីថ្ងៃស្អែក ពួកគេត្រូវតែចេះឱ្យតម្លៃថ្ងៃនេះឱ្យបានច្រើន ហើយមិនត្រូវធ្វើដូចជាសត្វភ្លេចកំណើតនោះទេ ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំ។ ហើយពួកគេមិនត្រូវព្រងើយកន្ដើយនឹងព្រះពរដែលពួកគេរស់នៅជាមួយនោះឡើយ។ បែបនេះ ទើបមនុស្សមានការប្រព្រឹត្តខ្លួនបានល្អ លែងអួតអាង លែងក្រអឺតក្រទមទៀត ហើយពួកគេនឹងចាប់ផ្ដើមដឹងថា ធម្មជាតិរបស់មនុស្សមិនល្អនោះទេ តែសេចក្ដីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់រមែងកើតមានចំពោះមនុស្ស។ ពួកគេសុទ្ធតែខ្លាចការវាយផ្ចាល ដូច្នេះពួកគេមិនហ៊ានធ្វើអ្វីទៀតឡើយ។

លេខយោង៖

ក. «ទន្លេជូ» ក្នុងន័យប្រៀបធៀប សំដៅទៅលើព្រំដែនរវាងអំណាចដែលប្រឆាំងនឹងគ្នា។

ខាង​ដើម៖ ឧបសម្ព័ន្ធ៖ ជំពូកទី ២

បន្ទាប់៖ ជំពូកទី ១៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ