ជំពូកទី ៣០
មនុស្សមួយចំនួនប្រហែលជាអាចមានការយល់ដឹងតិចតួចអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែក្នុងចំណោមពួកគេនោះ គ្មាននរណាម្នាក់ជឿទុកចិត្តលើអារម្មណ៍ខ្លួនឯងនោះទេ។ ពួកគេខ្លាចខ្លាំងថានឹងត្រូវធ្លាក់ក្នុងភាពអវិជ្ជមាន។ ម្ល៉ោះហើយ ពួកគេតែងមានអារម្មណ៍លាយឡំគ្នារវាងសេចក្ដីអំណរ និងសេចក្តីទុក្ខព្រួយ។ អាចនិយាយបានថា ជីវិតរបស់មនុស្សទាំងអស់ពោរពេញទៅដោយសេចក្ដីទុក្ខសោក ឬក៏និយាយឱ្យលើសជាងនេះបន្តិចទៅថា នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សរាល់គ្នាមានភាពប្រសើរជាងមុន ប៉ុន្តែខ្ញុំអាចនិយាយបានថា រាល់ថ្ងៃ គ្មាននរណាម្នាក់ទទួលបានសេរីភាពខាងវិញ្ញាណរបស់ពួកឡើយ គឺដូចជាមានភ្នំដ៏ធំចំនួនបីកំពុងសង្កត់លើក្បាលរបស់ពួកគេដូច្នេះដែរ។ គ្មានជីវិតពួកគេណាម្នាក់បានសប្បាយរីករាយពេញមួយថ្ងៃឡើយ ហើយសូម្បីតែនៅពេលដែលពួកគេសប្បាយចិត្តបន្តិចបន្តួចនោះ ក៏ពួកគេគ្រាន់តែព្យាយាមធ្វើពុតជាសប្បាយប៉ុណ្ណោះ។ នៅក្នុងចិត្តរបស់ពួកគេ មនុស្សតែងមានអារម្មណ៍ថា នៅមានរឿងដែលពួកគេមិនទាន់បានធ្វើរួច។ ដូច្នេះហើយ ដួងចិត្តរបស់ពួកគេគ្មានភាពនឹងននោះទេ។ ការរស់នៅតាមរបៀបនេះ មានអារម្មណ៍ថាអ្វីៗឥតន័យខ្លឹមសារ និងគ្មានយុត្តិធម៌ទេ ហើយនៅពេលនិយាយដល់ការជឿលើព្រះជាម្ចាស់វិញ ពួកគេរវល់ មិនសូវមានពេលនោះទេ ឬបើពុំដូច្នោះទេ ពួកគេគ្មានពេលហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ឬមិនដឹងថាត្រូវហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណាឱ្យសមរម្យនោះទេ។ ក្នុងចំណោមពួកគេ គ្មាននរណាដែលមានចិត្តសុខសាន្ត ចិត្តជ្រះស្រឡះ និងចិត្តនឹងននោះទេ។ ហាក់ដូចជាពួកគេតែងរស់នៅក្រោមផ្ទៃមេឃដ៏អួរអាប់ រស់នៅក្នុងលំហដែលគ្មានអុកស៊ីសែនដូច្នោះដែរ ហើយរឿងនេះក៏បានធ្វើឱ្យពួកគេមានការភាន់ច្រឡំនៅក្នុងជីវិតរបស់ពួកគេ។ ព្រះជាម្ចាស់តែងមានបន្ទូលដោយត្រង់អំពីភាពទន់ខ្សោយរបស់មនុស្ស ទ្រង់តែងវាយប្រហារទៅលើចំណុចខ្សោយរបស់ពួកគេ។ តើអ្នកនៅមិនទាន់យល់ច្បាស់ពីសំនៀងព្រះបន្ទូលដែលទ្រង់ថ្លែងមកនាពេលកន្លងទៅ ទៀតឬអី? ព្រះជាម្ចាស់មិនដែលប្រទានឱកាសឱ្យមនុស្សប្រែចិត្តឡើយ ទ្រង់ឱ្យមនុស្សរាល់គ្នារស់នៅលើ «ឋានព្រះចន្ទ» ដែលគ្មានអុកស៊ីសែន។ តាំងពីគ្រាដំបូងរហូតមកទល់នឹងបច្ចុប្បន្ននេះ សម្បកក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីធម្មជាតិរបស់មនុស្ស ប៉ុន្តែគ្មាននរណាម្នាក់អាចយល់ច្បាស់ពីសារជាតិនៃព្រះបន្ទូលទាំងនោះឡើយ។ តាមរយៈការលាតត្រដាងពីលក្ខណៈរបស់មនុស្ស មើលទៅហាក់ដូចជាមនុស្សបានស្គាល់ខ្លួនឯង និងបានស្គាល់ព្រះជាម្ចាស់ដូច្នោះដែរ ប៉ុន្តែតាមសារជាតិ មិនមែនដូច្នេះទេ។ សំនៀងព្រះបន្ទូល និងភាពជ្រាលជ្រៅអស្ចារ្យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បង្ហាញឱ្យឃើញពីភាពខុសគ្នាយ៉ាងច្បាស់រវាងព្រះជាម្ចាស់ និងមនុស្ស។ នៅក្នុងអារម្មណ៍របស់ពួកគេ ចំណុចនេះធ្វើឱ្យមនុស្សជឿទាំងមិនដឹងខ្លួនថា ព្រះជាម្ចាស់មិនអាចប៉ះពាល់បាន ឬមិនអាចចូលទៅជិតបាន។ ព្រះជាម្ចាស់លាតត្រដាងពីការពិតទាំងស្រុង ហើយមើលទៅដូចជាគ្មាននរណាម្នាក់អាចស្ដារទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សឱ្យត្រឡប់ទៅរកសភាពដើមវិញបានឡើយ។ មិនពិបាកយល់នោះទេថា គោលបំណងដែលព្រះជាម្ចាស់ថ្លែងព្រះសូរសៀងទាំងអស់នេះ គឺដើម្បីប្រើព្រះបន្ទូលដើម្បី «ផ្ដួលរំលំ» មនុស្សរាល់គ្នា រួចក៏ឈានទៅសម្រេចកិច្ចការរបស់ទ្រង់។ ទាំងអស់នេះគឺជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ក្នុងចិត្តមនុស្ស ពួកគេមិនជឿលើរឿងទាំងអស់នេះទេ។ ពួកគេជឿថា កិច្ចការរបស់ព្រះជាម្ចាស់កំពុងតែខិតជិតដល់ចំណុចកំពូលហើយ ជឿថាកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែខិតជិតទៅសម្រេចផលគួរជាទីកត់សម្គាល់ហើយ ដូច្នេះមុខជាយកឈ្នះលើនាគដ៏ធំមានសម្បុរក្រហម ដែលនេះចង់បានន័យថា កិច្ចការនេះនឹងធ្វើឱ្យបណ្ដាក្រុមជំនុំចម្រើនលូតលាស់ទៅមុខ ដោយគ្មានមនុស្សណាម្នាក់មានសញ្ញាណអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬបើពុំដូច្នោះទេ នឹងធ្វើឱ្យមនុស្សទាំងអស់បានស្គាល់ព្រះជាម្ចាស់។ ប៉ុន្តែ សូមយើងនាំគ្នាអានបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «នៅក្នុងចិត្តរបស់មនុស្ស ព្រះជាម្ចាស់គឺជាព្រះ ហើយមិនងាយនឹងទាក់ទងជាមួយទ្រង់ឡើយ ឯមនុស្សវិញគឺជាមនុស្ស ហើយងាយនឹងប្រព្រឹត្តខុសណាស់។ ... ហេតុនេះហើយ ពួកគេតែងតែបន្ទាបខ្លួន និងអត់ធ្មត់នៅចំពោះព្រះភ័ក្រ្តខ្ញុំ។ ពួកគេមិនអាចចុះសម្រុងជាមួយខ្ញុំបានឡើយ ដ្បិតពួកគេមានសញ្ញាណច្រើនពេក»។ តាមរយៈព្រះបន្ទូលនេះ យើងអាចយល់បានថា មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា ឬមិនថាមនុស្សធ្វើអ្វីនោះទេ ក៏មនុស្សមិនអាចស្គាល់ព្រះជាម្ចាស់បានសោះឡើយ។ ដោយសារតែសារជាតិរបស់ពួកគេដើរតួនាទីបែបនេះ ដូច្នេះមិនថាបែបណានោះទេ នៅទីបំផុតទៅ ពួកគេមិនអាចស្គាល់ព្រះជាម្ចាស់បានទេ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់នៅពេលដែលមនុស្សមើលឃើញខ្លួនឯងជាកូនចៅនៃស្ថាននរក។ ព្រះជាម្ចាស់មិនចាំបាច់ត្រូវបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ដាក់មនុស្ស ឬថ្កោលទោសពួកគេដោយផ្ទាល់ ឬដាក់ទោសពួកគេដល់ស្លាប់នៅពេលចុងក្រោយ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុងនោះទេ។ ព្រះអង្គគ្រាន់តែមានបន្ទូលតិចតួចទៅតាមដំណើររបស់ទ្រង់ប៉ុណ្ណោះ ហាក់ដូចជាការបញ្ចប់កិច្ចការរបស់ទ្រង់គឺជារឿងចៃដន្យដូច្នោះដែរ ជាកិច្ចការដែលត្រូវបង្ហើយនៅពេលទ្រង់ទំនេរ ដោយមិនចាំបាច់ខំប្រឹងអ្វីខ្លាំងពេកនោះទេ។ ពីសម្បកក្រៅ មើលទៅដូចជាកិច្ចការរបស់ព្រះជាម្ចាស់បន្ទាន់ណាស់អ៊ីចឹង ប៉ុន្តែព្រះជាម្ចាស់មិនទាន់បានបំពេញកិច្ចការអ្វីនៅឡើយទេ ទ្រង់គ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ។ កិច្ចការក្នុងចំណោមក្រុមជំនុំ មិនមានទំហំធំដូចកិច្ចការនាពេលកន្លងទៅនោះទេ៖ ព្រះជាម្ចាស់មិនបានបន្ថែមមនុស្ស ឬបណ្ដេញពួកគេចេញ ឬបំផ្លាញពួកគេឡើយ។ កិច្ចការបែបនេះ គឺគ្មានន័យទាល់តែសោះ។ មើលទៅព្រះជាម្ចាស់គ្មានបំណងធ្វើកិច្ចការបែបនោះទេ។ ព្រះអង្គគ្រាន់តែមានបន្ទូលតិចតួចអំពីអ្វីដែលទ្រង់គួរមានបន្ទូលប៉ុណ្ណោះ បន្ទាប់មកទ្រង់ក៏បង្វែរអង្គទ្រង់ រួចបាត់ព្រះកាយដោយគ្មានបន្សល់ដានឡើយ ដែលជាធម្មតា នេះគឺជាទិដ្ឋភាពនៃការបញ្ចប់ការថ្លែងព្រះសូរសៀងរបស់ទ្រង់។ ហើយនៅពេលដែលគ្រានោះមកដល់ មនុស្សទាំងអស់នឹងភ្ញាក់ពីការលង់លក់របស់ពួកគេ។ មនុស្សជាតិបានស្ថិតនៅក្នុងសភាពលង់លក់ស្ដូកស្ដឹងអស់ពេលរាប់ពាន់ឆ្នាំមកហើយ ពួកគេស្ថិតនៅក្នុងការលង់លក់រហូតមក។ ហើយអស់ពេលជាច្រើនឆ្នាំមកហើយដែលមនុស្សចេះតែប្រញាប់ប្រញាល់រត់ទៅនេះទៅនោះនៅក្នុងសុបិនរបស់ពួកគេ ហើយពួកគេថែមទាំងស្រែកយំនៅក្នុងសុបិនរបស់ពួកគេទៀតផង ដោយមិនអាចនិយាយពីភាពអយុត្តិធម៌នៅក្នុងចិត្តរបស់ពួកគេបាន។ ម្ល៉ោះហើយ ពួកគេ «មានអារម្មណ៍ព្រួយចិត្តបន្តិចដែរនៅក្នុងដួងចិត្តរបស់ពួកគេ» តែនៅពេលដែលពួកគេភ្ញាក់ដឹងខ្លួនឡើង ពួកគេនឹងបានដឹងពីការពិតជាក់ស្ដែង រួចក៏ពោលថា៖ «អ៎! តាមពិតរឿងរ៉ាវគឺបែបនេះសោះ!» ដូច្នេះហើយទើបមានបន្ទូលថា៖ «សព្វថ្ងៃនេះ មនុស្សភាគច្រើនកំពុងស្ថិតក្នុងការលង់លក់នៅឡើយទេ។ ទាល់តែពេលដែលចម្រៀងជ័យនៃនគរព្រះបន្លឺឡើង ទើបពួកគេបើកភ្នែកកំពុងងោកងុយរបស់ពួកគេ រួចក៏ចាប់ផ្ដើមមានអារម្មណ៍ព្រួយចិត្តបន្តិចនៅក្នុងដួងចិត្តពួកគេ»។
គ្មានវិញ្ញាណរបស់មនុស្សណាម្នាក់ត្រូវបានរំដោះឱ្យមានសេរីភាពឡើយ គ្មានវិញ្ញាណរបស់មនុស្សណាម្នាក់ធ្លាប់ស្គាល់ភាពឥតកង្វល់ ឬសប្បាយរីករាយឡើយ។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុង នោះវិញ្ញាណរបស់មនុស្សនឹងត្រូវបានរំដោះឱ្យមានសេរីភាព ដ្បិតវិញ្ញាណនីមួយៗនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរៀងៗខ្លួន ដូច្នេះ មនុស្សរាល់គ្នានឹងមានភាពនឹងននៅក្នុងចិត្ត។ នេះមិនខុសអ្វីពីមនុស្សកំពុងធ្វើដំណើរតាមសមុទ្រទៅកាន់ទីដ៏សែនឆ្ងាយដាច់សង្វែងនោះទេ នៅពេលដែលពួកគេបានត្រឡប់មកផ្ទះវិញ ដួចចិត្តរបស់ពួកគេក៏បាននឹងនឡើងវិញ។ នៅពេលមកដល់ផ្ទះវិញ មនុស្សនឹងលែងមានអារម្មណ៍ថា ពិភពលោកឥតន័យខ្លឹមសារ និងអយុត្តិធម៌ទៀតហើយ តែពួកគេនឹងរស់នៅក្នុងសេចក្ដីសុខសាន្តនៅក្នុងផ្ទះរបស់ពួកគេ។ ស្ថានភាពបែបនេះ នឹងកើតមានឡើងនៅក្នុងចំណោមមនុស្សជាតិទាំងអស់។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «មនុស្សមិនដែលអាចរំដោះខ្លួនចេញផុតពីចំណងរបស់សាតាំងបានឡើយ»។ ពេលកំពុងរស់នៅខាងសាច់ឈាម គ្មាននរណាម្នាក់អាចរំដោះខ្លួនចេញពីសភាពនេះបានទេ។ ក្នុងពេលនេះ សូមយើងទុកបន្ទូលដែលព្រះជាម្ចាស់ថ្លែងអំពីសភាពជាក់ស្ដែងរបស់មនុស្សមួយឡែកសិនចុះ រួចបកមកនិយាយតែពីអាថ៌កំបាំងដែលព្រះជាម្ចាស់មិនទាន់បើកសម្ដែងដល់មនុស្សវិញ។ «មានពេលរាប់មិនអស់ទេ ដែលមនុស្សបានសម្លឹងមើលមកខ្ញុំ ដោយក្រសែភ្នែកសើចចំអក ហាក់ដូចជារូបអង្គរបស់ខ្ញុំមានដុះបន្លាជុំជិត និងគួរជាទីសម្អប់នៃពួកគេដូច្នោះដែរ ម្ល៉ោះហើយ មនុស្សស្អប់ខ្ញុំណាស់ ហើយជឿថា ខ្ញុំគ្មានតម្លៃអ្វីទេ»។ ផ្ទុយទៅនឹងទៅព្រះបន្ទូលនេះ ពណ៌សម្បុរពិតរបស់មនុស្សត្រូវបានបើកសម្ដែងតាមរយៈសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ខ្លួនមនុស្សគ្របដណ្ដប់ដោយស្លាបកាំប្រមា គ្មានអ្វីគួរជាទីពេញចិត្តនោះទេ ដូច្នេះហើយ ការដែលព្រះជាម្ចាស់ស្អប់ខ្ពើមដល់មនុស្សក៏កើនឡើង ដ្បិតមនុស្សមិនខុសអ្វីពីសត្វកាំប្រមាដែលគ្របដណ្ដប់ពេញទៅដោយទ្រនុងបន្លា ដែលគ្មានអ្វីគួរជាទីស្ងើចសរសើរឡើយ។ ពីសម្បកក្រៅ បន្ទូលទាំងនេះហាក់ដូចជាពណ៌នាអំពីសញ្ញាណរបស់មនុស្សចំពោះព្រះជាម្ចាស់ដូច្នោះដែរ ប៉ុន្តែតាមពិត ព្រះជាម្ចាស់កំពុងតែគូររូបមនុស្សទៅតាមរូបរាងរបស់គេ។ បន្ទូលទាំងនេះ គឺជាការគូសព្រាងរូបមនុស្សពីសំណាក់ព្រះជាម្ចាស់ ហើយហាក់ដូចជាព្រះជាម្ចាស់បានលាបថ្នាំលុបមិនជ្រះនៅលើរូបរបស់មនុស្សដូច្នោះដែរ។ ដូច្នេះ រូបភាពរបស់មនុស្សឈរយ៉ាងត្រដែតនៅក្នុងចក្កវាឡនេះ ហើយថែមទាំងធ្វើឱ្យមនុស្សភ្ញាក់ផ្អើលខ្លាំងផង។ ចាប់តាំងពីពេលដែលទ្រង់ចាប់ផ្ដើមថ្លែងព្រះបន្ទូលមក ព្រះជាម្ចាស់បានដាក់កម្លាំងរបស់ទ្រង់តាមទីតាំងសម្រាប់ធ្វើសង្គ្រាមធំជាមួយមនុស្ស។ ទ្រង់ប្រៀបដូចជាសាស្ត្រាចារ្យពិជគណិតមួយរូបនៅសាកលវិទ្យាល័យ ដែលលាតត្រដាងពីការពិតឱ្យមនុស្សបានដឹងដូច្នោះដែរ ហើយអ្វីដែលការពិតទាំងនោះបញ្ជាក់ (អំណះអំណាងគាំទ្រ និងអំណះអំណាងប្រឆាំង) ធ្វើឱ្យមនុស្សទាំងអស់ជឿទាំងស្រុង។ នេះគឺជាគោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដោយសារតែបែបនេះហើយ ទើបព្រះជាម្ចាស់ថ្លែងបន្ទូលដ៏គួរឱ្យងឿងឆ្ងល់ទាំងនេះទៅកាន់មនុស្សថា៖ «សរុបជារួមមក ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះនៅក្នុងចិត្តរបស់មនុស្ស ខ្ញុំគ្រាន់តែជារបស់ប្រើប្រាស់ក្នុងផ្ទះដែលមិនចាំបាច់ប៉ុណ្ណោះ។» បន្ទាប់ពីអានព្រះបន្ទូលទាំងនេះរួច មនុស្សគ្មានអ្វីក្រៅពីពោលពាក្យអធិស្ឋាននៅក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេក៏បានដឹងពីការជាប់ជំពាក់របស់ពួកគេចំពោះព្រះជាម្ចាស់ ដែលធ្វើឱ្យពួកគេថ្កោលទោសខ្លួនឯង ធ្វើឱ្យពួកគេជឿថា មនុស្សគួរតែស្លាប់ ជឿថាគេគ្មានតម្លៃសូម្បីតែបន្តិច។ ព្រះជាម្ចាស់មានបន្ទូលថា «ដោយសារតែហេតុនេះហើយ ទើបខ្ញុំធ្លាក់មកក្នុងស្ថានភាពដូចសព្វថ្ងៃនេះ» ដែលជាហេតុធ្វើឱ្យមនុស្សថ្កោលទោសខ្លួនឯង នៅពេលផ្សារភ្ជាប់បន្ទូលនេះទៅនឹងស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន។ តើនេះមិនមែនជាការពិតទេឬអី? ប្រសិនបើអ្នកពិតជាអាចស្គាល់ខ្លួនឯងបានមែន តើពាក្យថា «ខ្ញុំពិតជាគួរតែស្លាប់មែន!» នេះ អាចនិយាយចេញពីមាត់របស់អ្នកបានយ៉ាងដូចម្ដេចកើតទៅ? នេះគឺជាស្ថានភាពពិតរបស់មនុស្ស ហើយពុំចាំបាច់ត្រូវគិតច្រើនពេកនោះទេ ព្រោះវាគ្រាន់តែជាឧទាហរណ៍សមស្របមួយប៉ុណ្ណោះ។
នៅពេលដែលព្រះជាម្ចាស់សុំការអភ័យទោស និងការអត់ឱនពីមនុស្ស ក្នុងន័យម្យ៉ាង មនុស្សយល់ថា ព្រះជាម្ចាស់កំពុងតែលេងសើចជាមួយពួកគេ ហើយក្នុងន័យម្យ៉ាងទៀត ពួកគេក៏បានដឹងពីការបះបោររបស់ពួកគេផ្ទាល់ផងដែរ។ ពួកគេគ្រាន់តែទន្ទឹងរង់ចាំឱ្យព្រះជាម្ចាស់ខំប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីមនុស្សប៉ុណ្ណោះ។ ក្រៅពីនេះ ពេលមានបន្ទូលអំពីសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់មានបន្ទូលថា ទ្រង់មិនពូកែខាងទស្សនវិទ្យាសម្រាប់ការរស់នៅរបស់មនុស្សទេ ក៏មិនប៉ិនប្រសប់ក្នុងការប្រើប្រាស់ភាសារបស់មនុស្សដែរ។ ដូច្នេះហើយ ក្នុងន័យម្យ៉ាង មនុស្សធ្វើការប្រៀបធៀបព្រះបន្ទូលទាំងនេះទៅនឹងព្រះដ៏ជាក់ស្ដែង ហើយម្យ៉ាងទៀត ពួកគេដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់។ ព្រះជាម្ចាស់កំពុងចំអកឱ្យពួកគេ ដ្បិតពួកគេដឹងថា ព្រះជាម្ចាស់កំពុងបើកសម្ដែងពីមុខមាត់ពិតរបស់មនុស្ស ហើយព្រះអង្គមិនបានប្រាប់មនុស្សអំពីស្ថានភាពពិតរបស់ព្រះជាម្ចាស់នោះទេ។ អត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានលាយឡំទៅដោយការចំអកឡកឡឺយ ការបញ្ឈឺ ការលលេង និងការស្អប់ខ្ពើមចំពោះមនុស្ស។ ហាក់ដូចជាគ្រប់យ៉ាងដែលមនុស្សធ្វើ គឺពួកគេកំពុងតែបំផ្លាញច្បាប់ កំពុងតែទទួលសំណូកដូច្នោះ។ មនុស្សគឺជាស្រីផ្កាមាស ហើយនៅពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋដើម្បីថ្លែងព្រះបន្ទូល ពួកគេភ័យញ័រខ្លួន ខ្លាចខ្លាំងថា ការពិតពាក់ព័ន្ធនឹងពួកគេ នឹងត្រូវលាតត្រដាងខ្ទេចគ្មាលសល់ ធ្វើឱ្យពួកគេរងនូវភាពភាពអាម៉ាស់ជាខ្លាំង មិនហ៊ានប្រឈមមុខនឹងអ្នកដទៃ។ ប៉ុន្តែការពិតគឺនៅតែជាការពិត។ ព្រះជាម្ចាស់មិនឈប់ថ្លែងព្រះសូរសៀងរបស់ទ្រង់ ដោយសារតែ «ការប្រែចិត្ត» របស់មនុស្សឡើយ។ កាលណាមនុស្សកាន់តែអាម៉ាស់ និងកាន់បាក់មុខរកពាក្យអ្វីថ្លែងលែងបាន នោះព្រះជាម្ចាស់កាន់តែតម្រង់ព្រះនេត្រកំពុងឆេះឆួលនោះទតចំមុខរបស់ពួកគេ។ ព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ លាតត្រដាងពីទង្វើអាក្រក់របស់មនុស្សខ្ទេចគ្មាលសល់។ នេះជាអំពើយុត្តិធម៌ និងមិនលម្អៀង ជាលោកម្ចាស់ប៉ាវជីងធាន[ក] ជាការកាត់ក្ដីដោយតុលាការកំពូលរបស់មនុស្ស។ ដូច្នេះ នៅពេលដែលមនុស្សអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេស្រាប់តែចង់គាំងបេះដូងមួយរំពេច សម្ពាធឈាមរបស់ពួកគេក៏ឡើងខ្ពស់ ហាក់ដូចជាពួកគេកំពុងកើតជំងឺជំងឺសរសៃឈាមបេះដូង ហាក់ដូចជាជំងឺដាច់សរសៃឈាមខួរក្បាលហៀបនឹងធ្វើឱ្យក្ស័យសង្ខារ បានត្រឡប់ទៅដែនដីសុខាវតី ទៅជួបជុំដូនតារបស់ពួកគេដូច្នោះដែរ។ នៅពេលដែលមនុស្សអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានប្រតិកម្មបែបនេះឯង។ មនុស្សធ្លាក់ខ្លួនខ្សោយឈឺច្រើនដោយសារធ្វើការធ្ងន់រាប់សិបឆ្នាំមកហើយ គេឈឺទាំងក្នុង ទាំងក្រៅ ខ្លួនគេទាំងមូលឈឺគ្មានចន្លោះទេ រាប់តាំងពីបេះដូងរហូតដល់សរសៃឈាម ពោះវៀនធំ ពោះវៀនតូច ក្រពះ សួត ក្រលៀន ។ល។ និង ។ល។ ពេញមួយតួខ្លួនគេទាំងមូលនេះ គ្មានត្រង់ណាមានសុខភាពល្អនោះទេ។ ដូច្នេះហើយ កិច្ចការរបស់ព្រះជាម្ចាស់ មិនឈានទៅដល់កម្រិតមួយ ដែលមនុស្សមិនសម្រេចបាននោះទេ តែធ្វើយ៉ាងណាឱ្យមនុស្សបានស្គាល់ពីខ្លួនឯង។ ដោយសារតែរាងកាយរបស់មនុស្សបានរួបរឹតទៅដោយជំងឺ ហើយដោយសារតែគេកាន់តែចាស់ហើយ ម្ល៉ោះហើយថ្ងៃស្លាប់របស់ពួកគេក៏ខិតកាន់តែជិតដែរ ហើយគ្មានផ្លូវត្រឡប់ក្រោយវិញឡើយ។ ប៉ុន្តែ នេះគ្រាន់តែជាសាច់រឿងមួយចំណែកប៉ុណ្ណោះ។ អត្ថន័យខាងក្នុងរឿងនោះ នៅមិនទាន់បើកសម្ដែងឱ្យដឹងនៅឡើយទេ ដ្បិតប្រភពនៃជំងឺរបស់មនុស្ស គេកំពុងស្វែងរកនៅឡើយ។ តាមពិត នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ទាំងមូលត្រូវបានបញ្ចប់ គឺមិនមែនជាពេលដែលកិច្ចការរបស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់នោះទេ ព្រោះនៅពេលដែលកិច្ចការនៅជំហាននេះត្រូវបញ្ចប់ នោះនឹងគ្មានវិធីអនុវត្តកិច្ចការទៅអនាគតនៅខាងសាច់ឈាមឡើយ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នឹងត្រូវតម្រូវឱ្យបញ្ចប់កិច្ចការនេះ។ ដូច្នេះហើយទើបព្រះជាម្ចាស់មានបន្ទូលថា «នៅពេលដែលខ្ញុំបើកក្រាំងជាផ្លូវការ នោះគឺជាពេលដែលមនុស្សទូទាំងចក្រវាលទាំងមូល ត្រូវទទួលការវាយផ្ចាល ជាពេលដែលកិច្ចការរបស់ខ្ញុំឈានដល់ចំណុចកំពូល ជាពេលដែលមនុស្សនៅក្នុងលោកីយ៍ត្រូវធ្លាក់ទៅក្នុងការល្បងល»។ ពេលវេលាដែលកិច្ចការខាងសាច់ឈាមត្រូវបានបញ្ចប់ មិនមែនជាពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ចំណុចកំពូលនោះទេ។ ចំណុចកំពូលនៅពេលនេះ គ្រាន់តែសំដៅទៅលើកិច្ចការក្នុងដំណាក់កាលនេះតែប៉ុណ្ណោះ មិនមែនជាចំណុចកំពូលនៃផែនការគ្រប់គ្រងទាំងមូលទេ។ ដូច្នេះ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនខ្ពស់នោះទេ។ ទ្រង់គ្រាន់តែត្រាស់បង្គាប់ឱ្យមនុស្សស្គាល់ខ្លួនឯងប៉ុណ្ណោះ ដើម្បីបានបម្រើនៅជំហានបន្ទាប់នៃកិច្ចការនេះទៀត ហើយធ្វើបែបនេះនឹងសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ ដូច្នេះ «អង្គភាពកិច្ចការ» របស់មនុស្សក៏ត្រូវកែប្រែដែរ។ បច្ចុប្បន្ននេះ គឺជាដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី ដូច្នេះហើយ ពួកគេត្រូវតែធ្វើការនៅកម្រិតបាតក្រោម។ នៅពេលអនាគត នឹងមានភាពចំបាច់ក្នុងការគ្រប់គ្រងប្រទេស ដូច្នេះហើយពួកគេនឹងត្រូវតែងតាំងសាជាថ្មីទៅក្នុង «គណៈកម្មាធិការកណ្ដាល»។ ប្រសិនបើពួកគេទៅទស្សនកិច្ចនៅបរទេស នោះពួកគេនឹងត្រូវធ្វើតាមនីតិវិធីដើម្បីធ្វើដំណើរទៅបរទេស។ នៅពេលនោះ ពួកគេនឹងត្រូវស្ថិតនៅបរទេស ឃ្លាតឆ្ងាយពីស្រុកកំណើតរបស់ពួកគេ ប៉ុន្តែរឿងនេះនៅតែជាសេចក្ដីតម្រូវការនៃកិច្ចការរបស់ព្រះជាម្ចាស់ដដែលទេ។ ដូចមនុស្សបាននិយាយថា «យើងនឹងលះបង់ជីវិតរបស់យើងថ្វាយដល់ព្រះជាម្ចាស់នៅពេលដែលចាំបាច់» តើនេះមិនមែនជាផ្លូវដែលត្រូវដើរនៅពេលអនាគតទេឬអី? តើនរណាធ្លាប់ទទួលបានជីវិតបែបនេះ? មនុស្សម្នាក់អាចធ្វើដំណើរបានគ្រប់ទីកន្លែង ទៅទស្សនកិច្ចនៅបរទេស ផ្ដល់ការណែនាំនៅតាមទីជនបទស្រុកស្រែចម្ការ សម្របខ្លួនទៅក្នុងចំណោមមនុស្សសាមញ្ញ ហើយពួកគេក៏អាចជជែកពីបញ្ហាសំខាន់ៗរបស់ជាតិជាមួយសមាជិកអង្គការចាត់តាំងជាន់ខ្ពស់នានាបានផងដែរ។ ហើយនៅពេលណាដែលចាំបាច់ ពួកគេអាចភ្លក់រសជាតិជីវិតនៅក្នុងឋាននរកដោយផ្ទាល់បាន បន្ទាប់មក ពួកគេក៏អាចត្រឡប់មកវិញ ហើយនៅតែអាចទទួលបានព្រះពរពីស្ថានសួគ៌ដដែល។ តើអ្វីទាំងនេះមិនមែនជាព្រះពរសម្រាប់មនុស្សទេឬអី? តើនរណាធ្លាប់បានធ្វើការប្រៀបធៀបជាមួយព្រះជាម្ចាស់? តើនរណាធ្លាប់បានធ្វើដំណើរទៅគ្រប់ជាតិសាសន៍ទាំងអស់? តាមពិត មនុស្សអាចយល់បានខ្លះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន ដោយពុំចាំបាច់មានការចង្អុលបង្ហាញ ឬការពន្យល់អ្វីឡើយ គ្រាន់តែថាពួកគេគ្មានការជឿជាក់លើខ្លួនគេប៉ុណ្ណោះ ហេតុនេះហើយទើបកិច្ចការរបស់ព្រះជាម្ចាស់អូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ។ ដោយសារតែមនុស្សខ្វះខាតច្រើនពេក (ដូចដែលព្រះជាម្ចាស់មានបន្ទូលថា «ពួកគេគ្មានអ្វីសោះ») ដូច្នេះ កិច្ចការបច្ចុប្បន្ននេះ បង្កការលំបាកយ៉ាងខ្លាំងដល់ពួកគេ។ ជាងនេះទៅទៀត ភាពទន់ខ្សោយរបស់ពួកគេបានខ្ទប់ព្រះឱស្ឋរបស់ព្រះជាម្ចាស់ដោយឯកឯងតែម្ដង។ ម្ល៉ោះហើយ តើអ្វីទាំងអស់នេះ មិនមែនកំពុងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ក្រឡែតទេឬអី? តើអ្នកនៅមើលមិនដឹងទៀតឬយ៉ាងណា? នៅគ្រប់ទាំងបន្ទូលដែលព្រះជាម្ចាស់ថ្លែងមក សុទ្ធតែមានន័យបង្កប់។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូល ទ្រង់ក្ដាប់បានបញ្ហានៅក្នុងព្រះហស្ដទ្រង់ ហើយមិនខុសពីរឿងព្រេងនោះទេ ព្រះបន្ទូលដែលទ្រង់ថ្លែងមក គឺសុទ្ធតែមានសារជ្រាលជ្រៅ។ ព្រះបន្ទូលដ៏សាមញ្ញទាំងអស់នេះ មានអត្ថន័យជ្រាលជ្រៅក្នុងនោះ និងបានពន្យល់ពីបញ្ហាសំខាន់ៗជាច្រើន។ តើបន្ទូលរបស់ព្រះជាម្ចាស់មិនមែនល្អបំផុតត្រង់ចំណុចនេះទេឬអី? តើអ្នកដឹងចំណុចនេះទេ?
លេខយោង៖
ក. ប៉ាវជីងធាន៖ ពាក្យនេះ ត្រូវបានសំដៅទៅលើចៅក្រមសុចរិតម្នាក់នៅក្នុងសម័យព្រះចៅអធិរាជនៃប្រទេសចិន។