មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់

មនុស្សទាំងអស់សុទ្ធតែប្រាថ្នាចង់ឃើញព្រះភ័ក្ដ្រពិតរបស់ព្រះយេស៊ូវ ហើយគ្រប់គ្នាសុទ្ធតែចង់រស់នៅជាមួយទ្រង់។ ខ្ញុំគិតថា គ្មានបងប្អូនប្រុសស្រីណាម្នាក់នឹងពោលថា ខ្លួនមិនប្រាថ្នាចង់ឃើញ ឬចង់រស់នៅជាមួយព្រះយេស៊ូវឡើយ។ មុនពេលអ្នករាល់គ្នាបានឃើញព្រះយេស៊ូវ (មុនពេលអ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស) នោះអ្នករាល់គ្នាទំនងជាមានគំនិតគ្រប់បែបយ៉ាង ឧទាហរណ៍ដូចជា គំនិតពីការលេចមករបស់ព្រះយេស៊ូវ របៀបដែលទ្រង់មានបន្ទូល របៀបដែលទ្រង់រស់នៅ និងចំណុចជាច្រើនផ្សេងទៀត។ ប៉ុន្ដែ នៅពេលដែលអ្នករាល់គ្នាបានឃើញទ្រង់មែន នោះគំនិតរបស់អ្នករាល់គ្នានឹងផ្លាស់ប្ដូរភ្លាមតែម្ដង។ តើហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាចង់ដឹងដែរឬទេ? ជាការពិតណាស់ គេមិនអាចមើលរំលងគំនិតរបស់មនុស្សឡើយ ប៉ុន្ដែ មនុស្សក៏មិនត្រូវធ្វើការកែប្រែសារជាតិរបស់ព្រះគ្រីស្ទដែរ។ អ្នករាល់គ្នាគិតថា ព្រះគ្រីស្ទជាមនុស្សអមតៈ ឬជាអ្នកប្រាជ្ញ ប៉ុន្ដែគ្មាននរណាម្នាក់ចាត់ទុកទ្រង់ជាមនុស្សសាមញ្ញ ដែលមានសារជាតិជាព្រះឡើយ។ តាមពិតទៅ មនុស្សជាច្រើនដែលទន្ទឹងចង់ឃើញព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃនោះ បែរជាក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ទៅវិញ ហើយថែមទាំងមិនចុះសម្រុងជាមួយទ្រង់ថែមទៀត។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬអី? សូម្បីពេលនេះក្ដី អ្នករាល់គ្នានៅតែគិតថា ជំនឿនិងភាពស្មោះត្រង់របស់អ្នករាល់គ្នា គ្រប់គ្រាន់នឹងធ្វើឱ្យអ្នករាល់គ្នាស័ក្តិសមនឹងមើលឃើញព្រះភ័ក្ដ្ររបស់ព្រះគ្រីស្ទ ប៉ុន្ដែខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឱ្យបំពាក់បំប៉នខ្លួនឯងនូវអ្វីៗដែលជាក់ស្ដែងឱ្យបានច្រើន! ដ្បិតមនុស្សជាច្រើន ដែលបានស្គាល់ព្រះគ្រីស្ទកាលពីមុន ក្នុងពេលនេះ និងទៅអនាគត បានបរាជ័យរួចហើយ ឬនឹងត្រូវបរាជ័យជាមិនខាន។ ពួកគេគ្រប់គ្នាបានប្រតិបត្ដិខ្លួនដូចជាពួកផារីស៊ីដូច្នោះដែរ។ ចុះបរាជ័យរបស់អ្នករាល់គ្នាវិញ តើបណ្ដាលមកពីមូលហេតុអ្វីដែរ? ប្រាកដណាស់ គឺដោយសារនៅក្នុងគំនិតរបស់អ្នករាល់គ្នាគិតថា ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ និងគួរឱ្យកោតសរសើរបំផុត។ ប៉ុន្ដែការពិត មិនដូចអ្វីដែលមនុស្សគិតនោះទេ។ ព្រះគ្រីស្ទមិនត្រឹមតែមិនខ្ពង់ខ្ពស់ទេ តែទ្រង់ថែមទាំងតូចទាបផង ទ្រង់មិនត្រឹមតែជាមនុស្សទេ តែទ្រង់ថែមទាំងជាមនុស្សធម្មតាទៀតផង ទ្រង់មិនត្រឹមតែមិនអាចយាងទៅស្ថានសួគ៌ទេ តែទ្រង់ថែមទាំងមិនអាចយាងដើរនៅលើផែនដីដោយសេរីបានទៀតផង។ ហេតុដូច្នេះហើយ ទើបមនុស្សប្រតិបត្ដិដាក់ទ្រង់ ដូចជាគេប្រតិបត្ដិដាក់មនុស្សធម្មតាដែរ។ នៅពេលដែលពួកគេនៅជាមួយទ្រង់ ពួកគេប្រព្រឹត្ដដាក់ទ្រង់តាមធម្មតា ហើយនិយាយរកទ្រង់ ដោយមិនសូវយកចិត្ដទុកដាក់ ហើយក្នុងពេលនោះដែរ ពួកគេគ្រប់គ្នានៅតែរង់ចាំការយាងមករបស់ «ព្រះគ្រីស្ទពិត» ដដែល។ អ្នករាល់គ្នាចាត់ទុកព្រះគ្រីស្ទដែលបានយាងមក ថាជាមនុស្សធម្មតាម្នាក់ ហើយចាត់ទុកព្រះបន្ទូលរបស់ទ្រង់ ថាជាសម្ដីរបស់មនុស្សធម្មតាម្នាក់។ ដោយហេតុនេះហើយ ទើបអ្នកមិនទាន់បានទទួលអ្វីពីព្រះគ្រីស្ទនៅឡើយ ហើយបែរជាត្រូវលាតត្រដាងពីភាពស្មោកគ្រោករបស់ខ្លួនទាំងស្រុងឱ្យគេបានដឹងទៅវិញ។

មុននឹងមានទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទ អ្នកអាចជឿថា និស្ស័យរបស់អ្នកបានផ្លាស់ប្រែទាំងស្រុងរួចហើយ ថាអ្នកជាអ្នកដើរតាមព្រះគ្រីស្ទដ៏ស្មោះត្រង់ម្នាក់ ថាគ្មាននរណាស័ក្ដិសមនឹងទទួលព្រះពររបស់ព្រះគ្រីស្ទជាងអ្នកទៀតទេ ហើយថា ការបានឆ្លងកាត់រឿងរ៉ាវជាច្រើន ការបានធ្វើកិច្ចការជាច្រើន និងការបានបង្កើតផលផ្លែជាច្រើន នោះចុងក្រោយ អ្នកមុខជាក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនឹងទទួលបានមកុដមិនខាន។ ប៉ុន្ដែ មានការពិតមួយ ដែលអ្នកប្រហែលជាមិនបានដឹង៖ និស្ស័យពុករលួយ ការបះបោរ និងការទាស់ទទឹងរបស់មនុស្ស នឹងត្រូវលាតត្រដាង នៅពេលគេជួបនឹងព្រះគ្រីស្ទ ហើយការបះបោរ និងការទាស់ទទឹងរបស់មនុស្សដែលត្រូវលាតត្រដាងនៅពេលនោះ នឹងកាន់តែច្បាស់លាស់ទាំងស្រុង ជាងពេលណាៗទាំងអស់។ នេះក៏ព្រោះតែព្រះគ្រីស្ទជាបុត្រមនុស្ស ជាបុត្រមនុស្សដែលមានភាពជាមនុស្សធម្មតា ជាបុត្រមនុស្សដែលមនុស្សមិនលើកតម្កើង ឬគោរពទ្រង់ឡើយ។ ដោយសារតែព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាមបែបនេះហើយ ទើបការបះបោររបស់មនុស្សត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត គ្មានសល់ចន្លោះត្រង់ណានោះ។ ដូចនេះ ខ្ញុំមានបន្ទូលថា ការយាងមករបស់ព្រះគ្រីស្ទ បានគាស់កកាយគ្រប់ទាំងការបះបោររបស់មនុស្សជាតិ និងបានបង្ហាញយ៉ាងច្បាស់ពីធម្មជាតិរបស់មនុស្សជាតិ។ ទង្វើនេះហៅថា «ព្រលែងខ្លាឱ្យចុះពីភ្នំ» និង «ព្រលែងចចកឱ្យចេញពីរូង»។ តើអ្នកហ៊ាននិយាយសន្មតថា អ្នកស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកហ៊ាននិយាយសន្មតថា អ្នកស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងទេ? តើអ្នកហ៊ាននិយាយសន្មតថា អ្នកមិនបះបោរដែរឬទេ? មនុស្សខ្លះនឹងថា៖ «ពេលណាព្រះជាម្ចាស់ប្រទានមជ្ឈដ្ឋានថ្មីដល់ខ្ញុំ នោះខ្ញុំនឹងចុះចូលឱ្យខាងតែបាន ដោយមិនរអ៊ូរទាំអ្វីឡើយ ហើយជាងនេះទៅទៀត ខ្ញុំក៏គ្មានសញ្ញាណអ្វីអំពីព្រះជាម្ចាស់ដែរ»។ អ្នកខ្លះនឹងថា៖ «មិនថាព្រះជាម្ចាស់ប្រគល់កិច្ចការអ្វីមកឱ្យខ្ញុំទេ ខ្ញុំនឹងធ្វើកិច្ចការនោះឱ្យអស់ពីសមត្ថភាព និងមិនធ្វេសប្រហែសឡើយ»។ ក្នុងករណីនេះ ខ្ញុំសុំសួរអ្នករាល់គ្នាដូច្នេះថា៖ នៅពេលអ្នករាល់គ្នារស់នៅជាមួយព្រះគ្រីស្ទ តើអ្នករាល់គ្នាអាចចុះសម្រុងជាមួយទ្រង់បានដែរឬទេ? ហើយតើអ្នករាល់គ្នាអាចចុះសម្រុងជាមួយទ្រង់បានយូរប៉ុនណា? មួយថ្ងៃ? ពីរថ្ងៃ? មួយម៉ោង? ពីរម៉ោង? សេចក្ដីជំនឿរបស់អ្នករាល់គ្នាគួរនឹងត្រូវលើកសរសើរ ប៉ុន្ដែ អ្នករាល់គ្នាគ្មានការតស៊ូព្យាយាមជាប់លាប់ឡើយ។ នៅពេលដែលអ្នករាល់គ្នាបានរស់នៅជាមួយព្រះគ្រីស្ទមែន នោះការរាប់ខ្លួនឯងជាសុចរិត និងការរាប់ខ្លួនឯងជាសំខាន់ នឹងត្រូវលាតត្រដាងតាមរយៈពាក្យសម្ដីនិងសកម្មភាពរបស់អ្នករាល់គ្នា ម្ដងបន្តិចៗ ហើយបំណងប្រាថ្នាដែលគិតតែពីខ្លួនឯង ផ្នត់គំនិតមិនស្ដាប់បង្គាប់ និងការមិនពេញចិត្ដរបស់អ្នករាល់គ្នា ក៏នឹងត្រូវបានលាតត្រដាងដោយរបៀបនេះដែរ។ ចុងក្រោយ ភាពក្រអឺតក្រទមរបស់អ្នក នឹងកាន់តែខ្លាំងឡើងៗ រហូតដល់ថ្នាក់អ្នកលែងចុះសម្រុងនឹងព្រះគ្រីស្ទដូចទឹកនិងភ្លើង ហើយពេលនោះ ធម្មជាតិរបស់អ្នក នឹងត្រូវលាតត្រដាងចេញមកទាំងស្រុង។ ពេលនោះ អ្នកមិនអាចបិទបាំងសញ្ញាណរបស់ខ្លួនបានទៀតឡើយ ហើយការរអ៊ូរទាំរបស់អ្នក ក៏នឹងលេចចេញមកដោយឯកឯងដែរ ហើយភាពជាមនុស្សជាតិដ៏អន់ថយរបស់អ្នក នឹងត្រូវលាតត្រដាងចេញមកទាំងស្រុង។ ទោះយ៉ាងណា សូម្បីតែដល់ពេលនោះហើយក្ដី ក៏អ្នកនៅតែបដិសេធមិនទទួលស្គាល់ការបះបោររបស់ខ្លួនដែរ ដោយបែរជាជឿថា ព្រះគ្រីស្ទបែបនេះ មនុស្សមិនងាយនឹងទទួលយកទេ ថាទ្រង់មានលក្ខណៈដូចមនុស្សខ្លាំងពេក ហើយថាអ្នកនឹងចុះចូលទាំងស្រុង ប្រសិនបើទ្រង់ជាព្រះគ្រីស្ទ ដែលមានសេចក្ដីសប្បុរសជាងនេះ។ អ្នករាល់គ្នាជឿថា ការបះបោររបស់អ្នករាល់គ្នាត្រឹមត្រូវ ថាអ្នករាល់គ្នាគ្រាន់តែបះបោរទាស់នឹងទ្រង់ នៅពេលដែលទ្រង់ច្រានអ្នករាល់គ្នាឱ្យចេញឆ្ងាយប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលពិចារណាថា ខ្លួនអ្នករាល់គ្នា មិនដែលចាត់ទុកព្រះគ្រីស្ទជាព្រះជាម្ចាស់ទេ មិនដែលគិតថា អ្នកគ្មានចេតនាស្ដាប់បង្គាប់ទ្រង់ឡើយ។ ផ្ទុយទៅវិញ អ្នកចចេសរឹងរូសថា ព្រះគ្រីស្ទធ្វើការស្របទៅតាមបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ហើយនៅពេលដែលទ្រង់ធ្វើកិច្ចការអ្វីមួយដែលផ្ទុយពីការគិតរបស់អ្នក អ្នកបែរជាជឿថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ទេ តែជាមនុស្សម្នាក់ទៅវិញ។ ក្នុងចំណោមអ្នករាល់គ្នានេះ តើមិនមែនមានមនុស្សច្រើនគ្នាទេឬ ដែលបានទាស់នឹងទ្រង់ដោយរបៀបនេះ? ដូចនេះ តើអ្នករាល់គ្នាជឿលើអ្នកណាវិញ? ហើយតើអ្នករាល់គ្នាស្វែងរកដោយរបៀបណា?

អ្នករាល់គ្នាតែងតែប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឱ្យតម្លៃខ្លួនឯងខ្ពស់ខ្លាំងពេក។ នរណាក៏អាចនឹងមើលឃើញព្រះគ្រីស្ទបានដែរ ប៉ុន្ដែ ខ្ញុំសូមប្រាប់ថា គ្មាននរណាម្នាក់ស័ក្តិសមនឹងបានឃើញព្រះគ្រីស្ទឡើយ។ ដ្បិតធម្មជាតិរបស់មនុស្ស ពោរពេញទៅដោយអំពើអាក្រក់ ភាពក្រអឺតក្រទម និងការបះបោរ ហើយនៅពេលដែលអ្នកបានឃើញព្រះគ្រីស្ទភ្លាម នោះធម្មជាតិរបស់អ្នករាល់គ្នា នឹងបំផ្លាញនិងថ្កោលទោសអ្នករហូតដល់ស្លាប់មិនខាន។ ការដែលអ្នករាប់អានជាមួយបងប្អូនប្រុសស្រី អាចនឹងមិនបង្ហាញពីលក្ខណៈរបស់អ្នករាល់គ្នាច្រើនទេ ប៉ុន្ដែ ការដែលអ្នករាប់អានជាមួយព្រះគ្រីស្ទ មិនមែនសាមញ្ញនោះទេ។ សញ្ញាណរបស់អ្នកអាចនឹងចាក់ឫសកែវ ភាពក្រអឺតក្រទមរបស់អ្នក អាចនឹងចាប់ផ្ដើមដុះពន្លក ហើយការបះបោររបស់អ្នកក៏អាចនឹងចេញជាផ្លែល្វាមកបានគ្រប់ពេលដែរ។ តើមនុស្សដែលមានភាពជាមនុស្សជាតិដូចអ្នកនេះ អាចស័ក្តិសមនឹងរាប់អានជាមួយព្រះគ្រីស្ទបានយ៉ាងដូចម្ដេច? តើអ្នកពិតជាអាចចាត់ទុកទ្រង់ជាព្រះជាម្ចាស់បានគ្រប់ពេលវេលាជារៀងរាល់ថ្ងៃដែរឬទេ? តើអ្នកមានការចុះចូលនឹងព្រះជាម្ចាស់ពិតប្រាកដដែរឬទេ? អ្នករាល់គ្នាថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់ឧត្តមនៅក្នុងចិត្ដរបស់អ្នកថាជាព្រះយេហូវ៉ា ហើយចាត់ទុកព្រះគ្រីស្ទដែលអាចមើលឃើញ ថាជាមនុស្សម្នាក់។ ហេតុផលរបស់អ្នករាល់គ្នាអន់ពេកហើយ ហើយភាពជាមនុស្សរបស់អ្នករាល់គ្នាក៏អន់ថយខ្លាំងណាស់ដែរ! អ្នករាល់គ្នាគ្មានសមត្ថភាពចាត់ទុកព្រះគ្រីស្ទថាជាព្រះជាម្ចាស់ជារៀងរហូតបានទេ។ ម្ដងម្កាល ពេលអ្នករាល់គ្នាពេញចិត្ត អ្នករាល់គ្នាក៏ឱបក្រសោបទ្រង់ និងថ្វាយបង្គំទ្រង់ថាជាព្រះជាម្ចាស់។ ហេតុនេះ ទើបខ្ញុំនិយាយថា អ្នករាល់គ្នាមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ទេ តែអ្នករាល់គ្នាជាអ្នកសមគំនិតប្រឆាំងទាស់នឹងព្រះគ្រីស្ទវិញទេតើ។ សូម្បីមនុស្សដែលមានចិត្ដសប្បុរសចំពោះអ្នកដទៃ ក៏ទទួលបានការតបស្នងដែរ ប៉ុន្ដែ ព្រះគ្រីស្ទដែលបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា បែរជាមិនទទួលបានសេចក្ដីស្រលាញ់ ឬការប៉ះប៉ូវនិងការចុះចូលពីមនុស្សឡើយ។ តើនេះមិនមែនជារឿងគួរឱ្យឈឺចាប់ទេឬអី?

អាចថានៅក្នុងរយៈពេលដែលអ្នកជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ អ្នកមិនដែលដាក់បណ្ដាសានរណាម្នាក់ ឬក៏ប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ ប៉ុន្ដែនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះគ្រីស្ទវិញ អ្នកមិនចេះនិយាយការពិត មិនធ្វើរឿងស្មោះត្រង់ ឬស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទឡើយ។ ក្នុងករណីនេះ ខ្ញុំហ៊ានថា អ្នករាល់គ្នាជាមនុស្សអាក្រក់និងព្យាបាទគេខ្លាំងបំផុតក្នុងលោកនេះ។ អ្នកអាចជាមនុស្សមានអធ្យាស្រ័យ និងមានការលះបង់ជាពិសេសចំពោះសាច់ញាតិ មិត្ដភក្ដិ ប្ដីប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយរបស់អ្នក ហើយមិនដែលកេងចំណេញពីអ្នកដទៃណា ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានភាពស្របគ្នាជាមួយព្រះគ្រីស្ទបានទេ ប្រសិនបើអ្នកគ្មានទំនាក់ទំនងចុះសម្រុងជាមួយទ្រង់ទេ ដូច្នេះ ទោះបីជាអ្នកលះបង់គ្រប់យ៉ាងដើម្បីជួយដល់អ្នកជិតខាង ឬយកចិត្តទុកដាក់មើលថែទាំឪពុកម្ដាយ និងសមាជិកគ្រួសាររបស់អ្នកក៏ដោយ ក៏ខ្ញុំនៅតែហ៊ាននិយាយថា អ្នកជាមនុស្សអាក្រក់ ហើយក៏ជាមនុស្សដែលពោរពេញទៅដោយល្បិចកលបោកបញ្ឆោតដែរ។ ចូរកុំគិតថាខ្លួនឯងចុះសម្រុងជាមួយព្រះគ្រីស្ទដោយព្រោះតែអ្នកចុះសម្រុងនឹងអ្នកដទៃ ឬធ្វើអំពើល្អតិចតួចឱ្យសោះ។ តើអ្នកគិតថា ចេតនាសប្បុរសរបស់អ្នក អាចទទួលបានព្រះពរពីស្ថានសួគ៌ឬ? តើអ្នកគិតថា ការធ្វើអំពើល្អបន្តិចបន្តួចនេះ អាចជំនួសឱ្យការស្ដាប់បង្គាប់របស់អ្នកបានហើយមែនទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចទទួលយកការដោះស្រាយជាមួយ និងការលួសកាត់បានឡើយ ហើយអ្នករាល់គ្នាក៏មានការលំបាកក្នុងការទទួលយកភាពជាមនុស្សធម្មតារបស់ព្រះគ្រីស្ទដែរ ទោះបីអ្នករាល់គ្នាអះអាងឥតឈប់ថា អ្នករាល់គ្នាស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ។ សេចក្ដីជំនឿបែបអ្នករាល់គ្នានេះ នឹងទទួលកម្មពៀរដែលស័ក្តិសមមិនខាន។ ចូរឈប់បង្កើតការស្រមើស្រមៃរវើរវាយក្នុងចិត្ត និងឈប់ប្រាថ្នាចង់ឃើញព្រះគ្រីស្ទទៀតទៅ ដ្បិតកម្ពស់អ្នករាល់គ្នាតូចទាបណាស់ តូចទាបរហូតដល់ថ្នាក់អ្នករាល់គ្នាមិនស័ក្តិសមនឹងឃើញទ្រង់ឡើយ។ នៅពេលដែលការបះបោរត្រូវបានដកចេញពីខ្លួនអ្នកអស់ ហើយអ្នកអាចចុះសម្រុងជាមួយព្រះគ្រីស្ទបាន នៅគ្រានោះ ព្រះជាម្ចាស់នឹងលេចមកនៅចំពោះមុខអ្នកដោយឯកឯងជាមិនខាន។ ប្រសិនបើអ្នកទៅជួបព្រះជាម្ចាស់ ដោយមិនបានឆ្លងកាត់ការលួសកាត់ ឬការជំនុំជម្រះទេ នោះអ្នកប្រាកដជាក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ហើយត្រូវកំណត់ទុកសម្រាប់កម្ទេចចោល។ ធម្មជាតិរបស់មនុស្ស គឺប្រឆាំងនឹងព្រះជាម្ចាស់ពីកំណើត ដ្បិតមនុស្សទាំងអស់មានសេចក្ដីពុករលួយដល់ឆ្អឹងចេញពីសាតាំង។ ប្រសិនបើមនុស្សព្យាយាមប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ ដោយសេចក្ដីពុករលួយរបស់ខ្លួន ច្បាស់ណាស់ថា ការប្រាស្រ័យទាក់ទងនោះនឹងគ្មានផលល្អនោះទេ។ ទាំងទង្វើ ទាំងពាក្យសម្ដីរបស់មនុស្ស នឹងលាតត្រដាងពីសេចក្ដីពុករលួយរបស់គេគ្រប់ពេលទាំងអស់ ហើយពេលប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ នោះការបះបោររបស់គេ នឹងត្រូវបង្ហាញចេញមកនៅគ្រប់ទិដ្ឋភាពទាំងអស់។ មនុស្សចេញមកប្រឆាំងនឹងព្រះគ្រីស្ទ បោកបញ្ឆោតព្រះគ្រីស្ទ និងបោះបង់ព្រះគ្រីស្ទចោលទាំងមិនដឹងខ្លួន។ នៅពេលដែលរឿងនេះកើតឡើង មនុស្សនឹងកាន់តែស្ថិតក្នុងសភាពមិនទៀងទាត់ជាងមុនទៅទៀត ហើយបើរឿងនេះនៅតែបន្ដ នោះគេនឹងក្លាយជាវត្ថុសម្រាប់ដាក់ទោសជាមិនខាន។

មនុស្សមួយចំនួនអាចជឿថា ប្រសិនបើការរាប់អានព្រះជាម្ចាស់មានគ្រោះថ្នាក់ខ្លាំងបែបនេះ ដូច្នេះ រសនៅឱ្យឆ្ងាយពីព្រះជាម្ចាស់វិញប្រសើរជាង។ តើមនុស្សបែបនេះអាចទទួលបានអ្វីខ្លះ? តើពួកគេអាចស្មោះត្រង់នឹងព្រះជាម្ចាស់ដែរឬទេ? ប្រាកដណាស់ ការរាប់អានព្រះជាម្ចាស់ ពិតជាលំបាកណាស់ ប៉ុន្ដែ នេះក៏ព្រោះតែមនុស្សត្រូវបានធ្វើឱ្យពុករលួយ មិនមែនដោយសារតែព្រះជាម្ចាស់មិនអាចរាប់អានមនុស្សបាននោះទេ។ សម្រាប់អ្នករាល់គ្នា ការលះបង់និងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសេចក្ដីពិតនៃការស្គាល់ខ្លួនឯង ទើបជារឿងល្អបំផុត។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងអ្នករាល់គ្នា? ហេតុអ្វីបានជាទ្រង់ស្អប់ខ្ពើមនិស្ស័យរបស់អ្នករាល់គ្នា? ហេតុអ្វីបានជាទ្រង់មិនពេញព្រះទ័យនឹងពាក្យសម្ដីរបស់អ្នករាល់គ្នា? ឱ្យតែអ្នករាល់គ្នាបានបង្ហាញពីភាពស្មោះត្រង់តែបន្ដិច នោះអ្នករាល់គ្នានឹងច្រៀងសរសើរពីខ្លួនឯង ហើយអ្នកនឹងទាមទាររង្វាន់សម្រាប់ការរួមចំណែកបន្ដិចបន្តួចនោះ។ អ្នកបានមាក់ងាយអ្នកដទៃនៅពេលអ្នកបង្ហាញពីការស្ដាប់បង្គាប់បន្តិចបន្ដួច ហើយប្រែជាមើលងាយព្រះជាម្ចាស់នៅពេលសម្រេចកិច្ចការបន្ដិចបន្តួច។ ក្នុងការទទួលព្រះជាម្ចាស់ អ្នករាល់គ្នាទារប្រាក់ ទារអំណោយ និងការសរសើរ។ ពេលអ្នកបរិច្ចាគប្រាក់មួយកាក់ឬពីរកាក់ អ្នកបែរជាមិនសប្បាយចិត្ត។ នៅពេលអ្នកបរិច្ចាគដប់កាក់ អ្នកក៏ប្រាថ្នាចង់បានព្រះពរ ហើយចង់ឱ្យគេប្រព្រឹត្ដដាក់អ្នកពិសេសជាងអ្នកដទៃទៅវិញ។ ភាពមនុស្សជាតិដូចជាអ្នករាល់គ្នានេះ ទាស់ចិត្តខ្លាំងណាស់ មិនគួរនឹងនិយាយ ឬស្ដាប់នោះទេ។ នៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នា តើមានអ្វីដែលគួរឱ្យសរសើរដែរឬទេ? អ្នកដែលបំពេញភារកិច្ចរបស់ខ្លួននិងអ្នកដែលមិនបំពេញ អ្នកដែលដឹកនាំនិងអ្នកដែលដើរតាម អ្នកដែលទទួលព្រះជាម្ចាស់និងអ្នកដែលមិនទទួល អ្នកដែលបរិច្ចាគនិងអ្នកដែលមិនបរិច្ចាគ អ្នកដែលអធិប្បាយនិងអ្នកដែលស្ដាប់ការអធិប្បាយ ។ល។ និង ។ល។ មនុស្សទាំងអស់នេះ សុទ្ធតែអួតសរសើរពីខ្លួនឯង។ តើអ្នករាល់គ្នាមិនយល់ថារឿងនេះគួរឱ្យចង់សើចទេឬអី? ទោះបីជាអ្នកដឹងយ៉ាងច្បាស់ថា អ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ក៏អ្នកមិនអាចចុះសម្រុងជាមួយព្រះជាម្ចាស់បានដែរ។ ទោះដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីសោះក៏ដោយ ក៏អ្នករាល់គ្នានៅតែអួតអាងដដែល។ តើអ្នករាល់គ្នាមិនយល់ថា ហេតុផលរបស់អ្នកបានចុះអន់ខ្សោយខ្លាំងរហូតដល់ថ្នាក់អ្នកគ្រប់គ្រងខ្លួនឯងលែងបានហើយទេឬអី? ដោយមានហេតុផលអន់បែបនេះ តើអ្នកស័ក្តិសមនឹងរាប់អានព្រះជាម្ចាស់ដោយរបៀបណាទៅ? ក្នុងពេលនេះ តើអ្នករាល់គ្នាមិនព្រួយបារម្ភចំពោះខ្លួនឯងទេឬអី? និស្ស័យរបស់អ្នករាល់គ្នាបានចុះអន់ខ្សោយខ្លាំងរហូតដល់ថ្នាក់អ្នករាល់គ្នាមិនអាចមានភាពស្របគ្នានឹងព្រះជាម្ចាស់បាន។ បើដូច្នេះមែន តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនគួរឱ្យចង់សើចទេឬអី? តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនមែនគ្មានហេតុផលទេឬអី? តើអ្នកនឹងសម្រេចអនាគតរបស់ខ្លួនដោយរបៀបណា? តើអ្នករាល់គ្នានឹងត្រូវសម្រេចជ្រើសដើរផ្លូវណាមួយដោយរបៀបណាទៅ?

ខាង​ដើម៖ ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ

បន្ទាប់៖ មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ