របៀបបម្រើស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

ថ្ងៃនេះ ខ្ញុំនឹងពិភាក្សាជាចម្បងអំពីរបៀបដែលមនុស្សគួរបម្រើព្រះក្នុងសេចក្តីជំនឿរបស់ពួកគេចំពោះព្រះ អំពីលក្ខខណ្ឌនានាដែលអ្នកបម្រើព្រះជាម្ចាស់ត្រូវបំពេញ និងសេចក្តីពិតនានាដែលគេត្រូវយល់ ហើយនិងកន្លែងដែលអ្នករាល់គ្នានឹងងាកបែរទៅរកក្នុងការបម្រើព្រះរបស់ខ្លួន។ អ្នករាល់គ្នាគួរតែយល់អំពីចំណុចទាំងអស់នេះ។ បញ្ហាទាំងនេះប៉ះពាល់ដល់របៀបដែលអ្នករាល់គ្នាជឿលើព្រះ និងរបៀបដែលអ្នកដើរលើផ្លូវដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចុះចូលនឹងការចាត់ចែងយ៉ាងហ្មត់ចត់របស់ព្រះក្នុងគ្រប់ការទាំងអស់ ដែលអាចឱ្យអ្នករាល់គ្នាយល់គ្រប់ជំហាននៃកិច្ចការរបស់ព្រះនៅក្នុងអ្នករាល់គ្នា។ នៅពេលអ្នកឈានដល់ចំនុចនោះ អ្នករាល់គ្នានឹងពេញចិត្តចំពោះអត្តសញ្ញាណនៃជំនឿជឿលើព្រះ ពេញចិត្តនឹងរបៀបជឿលើព្រះយ៉ាងត្រឹមត្រូវ ហើយពេញចិត្តនឹងនិងអ្វីដែលអ្នកគួរធ្វើដើម្បីប្រព្រឹត្តឲ្យត្រូវតាមព្រះហឫទ័យរបស់ព្រះ។ ការនេះនឹងធ្វើឱ្យអ្នករាល់គ្នាចុះចូលចំពោះកិច្ចការរបស់ព្រះយ៉ាងពេញលេញ និងពេញទំហឹង។ អ្នករាល់គ្នានឹងមិនមានការត្អូញត្អែរ ហើយអ្នកនឹងមិនវិនិច្ឆ័យ ឬវិភាគអ្វីសោះ និងរឹតតែមិនសិក្សាស្រាវជ្រាវកិច្ចការរបស់ព្រះជាម្ចាស់។ ហេតុនេះ អ្នករាល់គ្នានឹងអាចចុះចូលចំពោះព្រះរហូតដល់ស្លាប់ ដោយទុកឱ្យព្រះដឹកនាំអ្នក និងដកយកជីវិតរបស់អ្នកដូចជាសត្វចៀម ដូច្នេះ អ្នករាល់គ្នាអាចក្លាយជាសាវកពេត្រុសនៃទសវត្សឆ្នាំ១៩៩០ ហើយអាចស្រឡាញ់ព្រះខ្លាំងបំផុត ដល់ថ្នាក់ហ៊ានជាប់ឆ្កាងដោយគ្មានការត្អូញត្អែរសូម្បីតែបន្តិច។ មានតែពេលនោះទេ ទើបអ្នកនឹងអាចរស់នៅដូចជាសាវកពេត្រុសនៃទសវត្សឆ្នាំ១៩៩០បាន។

មនុស្សគ្រប់រូបដែលមានការតាំងចិត្ត អាចបម្រើព្រះបាន ក៏ប៉ុន្តែមានតែអ្នកដែលយកចិត្តទុកដាក់ បំផុតចំពោះបំណងព្រះទ័យរបស់ព្រះ និងយល់ពីព្រះហឫទ័យរបស់ព្រះប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបម្រើព្រះជាម្ចាស់បាន។ ខ្ញុំបានរកឃើញចំណុចមួយនេះក្នុងចំណោមអ្នករាល់គ្នាគឺ៖ មនុស្សជាច្រើនជឿថា ដរាបណាពួកគេខ្នះខ្នែងផ្សាយដំណឹងល្អសម្រាប់ព្រះ ដើរប្រាប់គេអំពីព្រះ ថ្វាយខ្លួន និងលះបង់អ្វីៗទាំងអស់សម្រាប់ព្រះ ។ល។ នេះហើយគឺជាការបម្រើព្រះ។ សូម្បីតែអ្នកកាន់សាសនាជាច្រើនជឿថា ការបម្រើព្រះគឺជាការដើរកាន់ព្រះគម្ពីរក្នុងដៃ ផ្សព្វផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ និងសង្រ្គោះមនុស្សទ្រង់ដោយឱ្យពួកគេប្រែចិត្ត និងលន់តួបាប។ ក៏មានអ្នកដឹកនាំសាសនាជាច្រើនគិតថា ការបម្រើព្រះមានដូចជា ការអធិប្បាយនៅក្នុងវិហារបន្ទាប់ពីបានទទួលការសិក្សា និងការបណ្តុះបណ្តាលជ្រៅជ្រះនៅក្នុងសាលាព្រះគម្ពីរ និងការបង្រៀនមនុស្សតាមរយៈការអានអត្ថបទគម្ពីរ។ លើសពីនេះ មានមនុស្សនៅតំបន់ក្រីក្រដែលជឿថា ការបម្រើព្រះគឺជា ការប្រោសជំងឺ និងដេញអារក្សចេញពីបងប្អូនប្រុសស្រីរបស់ពួកគេ ឬជាការអធិស្ឋានសម្រាប់ពួកគេ ឬបម្រើពួកគេ។ ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលជឿថា ការបម្រើព្រះ គឺជាការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះ អធិស្ឋានទៅព្រះជារៀងរាល់ថ្ងៃ ក៏ដូចជាការទៅសួរសុខទុក្ខ និងធ្វើកិច្ចការនៅតាមក្រុមជំនុំគ្រប់ទីកន្លែង។ មានបងប្អូនប្រុសស្រីផ្សេងទៀតដែលជឿថា ការបម្រើព្រះ គឺជាការដែលមិនរៀបអាពាហ៍ពិពាហ៍ ឬចិញ្ចឹមគ្រួសារ ហើយថ្វាយខ្លួនទាំងស្រុងទៅព្រះ។ ប៉ុន្តែ មានមនុស្សតិចណាស់ដែលដឹងថា ការបម្រើព្រះ តាមការពិត គឺជាអ្វី។ ទោះបីជាមានមនុស្សជាច្រើនដែលបម្រើព្រះ ប្រៀបដូចជាផ្កាយនៅលើមេឃក៏ដោយ ក៏ចំនួនអ្នកដែលអាចបម្រើដោយផ្ទាល់ និងចំនួនអ្នកដែលអាចបម្រើស្របទៅនឹងព្រះហឫទ័យរបស់ព្រះគឺមានចំនួនតិចតួចបំផុត។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? ខ្ញុំនិយាយដូច្នេះពីព្រោះអ្នករាល់គ្នាមិនយល់ពីខ្លឹមសារនៃឃ្លាដែលថា «ការបម្រើព្រះជាម្ចាស់» ហើយអ្នកយល់តិចតួចបំផុតអំពីរបៀបបម្រើស្របទៅនឹងព្រះហឫទ័យរបស់ព្រះ។ ថ្ងៃនេះ ខ្ញុំនឹងពិភាក្សាជាចម្បងអំពីរបៀបបម្រើឲ្យស្របនឹងព្រះហឫទ័យរបស់ព្រះ និងរបៀបបម្រើព្រះ ដើម្បីតម្រូវតាមព្រះហឫទ័យរបស់ទ្រង់។

ប្រសិនបើអ្នករាល់គ្នាចង់បម្រើតាមព្រះហឫទ័យរបស់ព្រះ ជាដំបូងអ្នកត្រូវយល់ពីជំពូកមនុស្សដែលគាប់ព្រះហឫទ័យព្រះ ជំពូកមនុស្សដែលព្រះមិនសព្វព្រះទ័យ ជំពូកមនុស្សដែលបានគ្រប់លក្ខណ៍ដោយសារព្រះ និងមនុស្សដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីបម្រើព្រះ។ យ៉ាងហោចណាស់ អ្នករាល់គ្នាគួរតែមានចំណេះដឹងនេះ។ ម៉្យាងវិញទៀត អ្នករាល់គ្នាគួរតែដឹងពីគោលបំណងនៃកិច្ចការរបស់ព្រះ និងកិច្ចការដែលព្រះត្រូវធ្វើនៅទីនេះ និងឥឡូវនេះ។ បន្ទាប់ពីបានយល់អំពីចំណុចទាំងនេះ និងតាមរយៈការដឹកនាំនៃព្រះបន្ទូលរបស់ព្រះ ជាដំបូងអ្នករាល់គ្នាគួរតែបានចូលទៅឯទ្រង់ និងបានទទួលការត្រាស់បង្គាប់ពីព្រះជាមុនសិន។ នៅពេលដែលអ្នករាល់គ្នាពិតជាបានស្គាល់ព្រះបន្ទូលរបស់ព្រះ ហើយនៅពេលដែលអ្នកពិតជាស្គាល់កិច្ចការរបស់ព្រះ អ្នករាល់គ្នានឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើព្រះ។ ហើយកាលណាអ្នករាល់គ្នាបម្រើទ្រង់ នោះព្រះនឹងបើកភ្នែកខាងព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា ហើយឱ្យអ្នករាល់គ្នាយល់ដឹងអំពីកិច្ចការរបស់ទ្រង់កាន់តែខ្លាំង និងមើលឃើញកិច្ចការនោះកាន់តែច្បាស់ជាងមុន។ នៅពេលដែលអ្នកចូលទៅកាន់ភាពពិតនេះ បទពិសោធន៍របស់អ្នកនឹងកាន់តែជ្រាលជ្រៅ និងពិតប្រាកដ ហើយអ្នករាល់គ្នាដែលមានបទពិសោធន៍បែបនេះនឹងអាចដើរនៅក្នុងក្រុមជំនុំ និងផ្តល់ការផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីរបស់អ្នក ដូច្នេះ អ្នករាល់គ្នាអាចជួយចម្រើនកម្លាំងគ្នាទៅវិញទៅមក ដើម្បីបំពេញនូវភាពខ្វះខាតរបស់ខ្លួនផ្ទាល់ និងទទួលបានចំណេះដឹងកាន់តែច្រើនខាងព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា។ លុះត្រាតែអ្នករាល់គ្នាសម្រេចបានលទ្ធផលទាំងនេះ ទើបអ្នករាល់គ្នាអាចបម្រើស្របតាមព្រះហឫទ័យរបស់ព្រះ ហើយបានគ្រប់លក្ខណ៍ដោយសារព្រះ នៅក្នុងការបម្រើព្រះរបស់អ្នក។

អស់អ្នកដែលបម្រើព្រះគួរតែជាមិត្តសម្លាញ់របស់ព្រះពួកគេគួរតែផ្គាប់ព្រះហឫទ័យព្រះ ហើយមានភាពស្មោះត្រង់បំផុតចំពោះព្រះ។ មិនថាអ្នកធ្វើសកម្មភាពជាឯកជន ឬនៅទីសាធារណៈ អ្នកអាចទទួលបានសេចក្តីអំណររបស់ព្រះនៅចំពោះព្រះ អ្នកអាចឈរមាំនៅចំពោះព្រះ ហើយទោះបីមនុស្សដទៃប្រព្រឹត្តនឹងអ្នកយ៉ាងណា ក៏អ្នកតែងតែដើរតាមផ្លូវដែលអ្នកគួរតែដើរជានិច្ច ហើយយកចិត្តទុកដាក់ដល់បន្ទុករបស់ព្រះយ៉ាងល្អិតល្អន់។ មានតែមនុស្សជំពូកនេះទេ ទើបជាមិត្តសម្លាញ់របស់ព្រះ។ មិត្តសម្លាញ់របស់ព្រះទាំងអស់នោះ អាចបម្រើទ្រង់ដោយផ្ទាល់ ព្រោះពួកគេបានទទួលការត្រាស់បង្គាប់ដ៏អស្ចារ្យ និងបន្ទុករបស់ព្រះ ពួកគេអាចយកព្រះហឫទ័យរបស់ព្រះដាក់នៅក្នុងដួងចិត្តរបស់គេ ហើយយកបន្ទុករបស់ព្រះធ្វើជាបន្ទុករបស់ពួកគេផ្ទាល់ ហើយពួកគេមិនគិតពីអនាគតរបស់ពួកគេឡើយ សូម្បីតែនៅពេលដែលពួកគេមិនមានការរំពឹងទុក ហើយពួកគេឈរមាំទាំងមិនបានទទួលអ្វីសោះ ក៏ពួកគេនៅតែជឿលើព្រះដោយចិត្តស្រទ្បាញ់។ ហេតុដូច្នេះ មនុស្សជំពូកនេះគឺជាមិត្តសម្លាញ់របស់ព្រះ។ មិត្តសម្លាញ់របស់ព្រះក៏ជាអ្នកជិតស្និទ្ធរបស់ទ្រង់ដែរ។ មានតែអ្នកជិតស្និទ្ធរបស់ព្រះប៉ុណ្ណោះ ទើបអាចចែករំលែកនូវភាពល្វើយរបស់ទ្រង់ និងព្រះតម្រិះរបស់ទ្រង់ ហើយទោះបីសាច់ឈាមរបស់ពួកគេគឺឈឺចាប់ និងខ្សោយក៏ដោយ ក៏ពួកគេអាចស៊ូទ្រាំនឹងការឈឺចាប់ និងលះបង់អ្វីដែលពួកគេចូលចិត្ត ដើម្បីផ្គាប់ព្រះហឫទ័យព្រះ។ ព្រះដាក់បន្ទុកកាន់តែច្រើនដល់មនុស្សជំពូកនេះ ហើយអ្វីដែលព្រះសព្វព្រះហឫទ័យត្រូវបានស្តែងចេញតាមរយៈទីបន្ទាល់របស់មនុស្សជំពូកនេះ។ ដូច្នេះ មនុស្សទាំងនេះគាប់ព្រះហឫទ័យព្រះ ពួកគេជាអ្នកបម្រើរបស់ព្រះដែលដើរតាមបំណងព្រះហឫទ័យរបស់ព្រះ ហើយមានតែមនុស្សជំពូកនេះប៉ុណ្ណោះដែលអាចគ្រងរាជ្យជាមួយព្រះបាន។ នៅពេលដែលអ្នកបានក្លាយជាមិត្តសម្លាញ់របស់ព្រះ ពិតប្រាកដណាស់ នៅពេលដែលអ្នកនឹងគ្រងរាជ្យជាមួយនឹងព្រះ។

ព្រះយេស៊ូវអាចបំពេញសេចក្តីបង្គាប់របស់ព្រះដែលជាកិច្ចការនៃការប្រោសលោះមនុស្សទាំងអស់ ពីព្រោះទ្រង់បានយកចិត្ដទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះដោយមិនចាំបាច់មានផែនការ ឬការរៀបចំណាមួយ សម្រាប់អង្គទ្រង់ ឡើយ។ ដូច្នេះ ទ្រង់គឺជាមិត្តសម្លាញ់របស់ព្រះ គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ ជាព្រះដែលអ្នករាល់គ្នាយល់ច្បាស់។ (តាមពិត ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ដែលត្រូវបានធ្វើបន្ទាល់ដោយព្រះ។ ខ្ញុំនិយាយអំពីរឿងនេះនៅទីនេះ ដើម្បីប្រើអង្គហេតុពីព្រះយេស៊ូវមកបង្ហាញអំពីបញ្ហានេះ)។ ទ្រង់អាចដាក់ផែនការគ្រប់គ្រងរបស់ព្រះនៅកណ្តាល ហើយទ្រង់តែងតែអធិស្ឋានដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ និងបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ទ្រង់បានអធិស្ឋាន និងមានបន្ទូលថា៖ «ឱព្រះដ៏ជាព្រះវរ‌បិតា! សូមសម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់ កុំតាមចិត្តទូលបង្គំឡើយ ប៉ុន្តែតាមផែនការរបស់ទ្រង់វិញ។ មនុស្សអាចនឹងខ្សោយ ប៉ុន្តែ ហេតុអ្វីទ្រង់យកព្រះទ័យទុកដាក់នឹងគេ? តើមនុស្សដែលប្រៀបដូចជាស្រមោច នៅក្នុងព្រះហស្ថរបស់ទ្រង់ មានតម្លៃអ្វី ដែលទ្រង់ត្រូវយកព្រះទ័យទុកដាក់? ក្នុងដួងចិត្តទូលបង្គំ ទូលបង្គំគ្រាន់តែចង់សម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទូលបង្គំចង់ឲ្យទ្រង់ធ្វើអ្វីនៅក្នុងទូលបង្គំ តាមបំណងព្រះហឫទ័យរបស់ទ្រង់»។ តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងព្រះទ័យរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច។ តែងតែមានកម្លាំងដ៏មានអានុភាពដែលបង្ខំឲ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង។ នៅទីបំផុត ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រឡប់ដូចជាសាច់ឈាមដ៏មានបាបដែលបំពេញកិច្ចការនៃការប្រោសលោះរបស់មនុស្ស។ ទ្រង់បានផ្ដាច់ច្រវាក់នៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង។ នៅចំពោះទ្រង់សេចក្តីស្លាប់ ស្ថាននរក និងស្ថានឃុំព្រលឹង បានបាត់បង់អំណាចរបស់វា ហើយត្រូវបានទ្រង់យកឈ្នះរួចទៅហើយ។ ទ្រង់បានរស់នៅអស់រយៈពេលសាមសិបបីឆ្នាំ ជារយៈពេលដែលទ្រង់តែងតែខិតខំអស់ពីសមត្ថភាព ដើម្បីបំពេញតាមបំណងព្រះហឬទ័យរបស់ព្រះ ស្របតាមកិច្ចការរបស់ព្រះនៅពេលនោះ ទាំងមិនដែលគិតពីផលប្រយោជន៍ ឬការខាតបង់ផ្ទាល់ខ្លួនឡើយ ហើយតែងតែគិតពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ ដូច្នេះ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់ក៏មានបន្ទូលថា៖ «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់»។ ដោយសារតែការបម្រើរបស់ទ្រង់នៅចំពោះព្រះ ស្របនឹងព្រះហឬទ័យរបស់ព្រះ ទើបបានជាព្រះដាក់បន្ទុកដ៏ធ្ងន់នៃការប្រោសលោះមនុស្សទាំងអស់ លើស្មារបស់ទ្រង់ និងធ្វើឲ្យទ្រង់សម្រេចកិច្ចការនោះបាន ហើយទ្រង់មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបំពេញកិច្ចការដ៏សំខាន់នេះ។ ពេញមួយជីវិតរបស់ទ្រង់ ទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខដែលមិនអាចវាស់បានសម្រាប់ព្រះ ហើយទ្រង់ត្រូវបានល្បួងដោយសាតាំងជាច្រើនដង ប៉ុន្តែទ្រង់មិនដែលធ្លាក់ទឹកចិត្តឡើយ។ ព្រះបានប្រគល់កិច្ចការដ៏ធំសម្បើមដល់ទ្រង់ ពីព្រោះព្រះបានទុកចិត្តលើទ្រង់ ហើយស្រឡាញ់ទ្រង់ ដូច្នេះ ព្រះបានមានបន្ទូលដោយផ្ទាល់ថា «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់»។ នៅពេលនោះ មានតែព្រះយេស៊ូវទេ ដែលអាចសម្រេចសេចក្តីបង្គាប់នេះបាន ហើយនេះគឺជាទិដ្ឋភាពជាក់ស្តែងមួយនៃការបញ្ចប់កិច្ចការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃព្រះគុណ។

ប្រសិនបើអ្នករាល់គ្នាអាចផ្តោតការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ព្រះ ហើយបោះបង់ចោលសាច់ឈាមរបស់អ្នក ដូចជាព្រះយេស៊ូវ នោះព្រះនឹងប្រគល់កិច្ចការសំខាន់ៗដល់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងបំពេញតាមលក្ខខណ្ឌតម្រូវដើម្បីបម្រើព្រះ។ មានតែនៅក្នុងកាលៈទេសៈបែបនេះទេ ទើបអ្នករាល់គ្នាអាចនិយាយបានថា អ្នករាល់គ្នាកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយបំពេញតាមសេចក្តីបង្គាប់របស់ទ្រង់ ហើយមានតែពេលនោះទេ ទើបអ្នកហ៊ាននិយាយថា អ្នកពិតជាកំពុងបម្រើព្រះ។ បើប្រៀបធៀបនឹងគំរូរបស់ព្រះយេស៊ូវ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះ? តើអ្នកហ៊ាននិយាយទេថា អ្នកកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះ? តើអ្នកហ៊ាននិយាយទេថា អ្នកពិតជាកំពុងបម្រើព្រះ? សព្វថ្ងៃនេះ អ្នកមិនយល់ពីរបៀបបម្រើព្រះទ្បើយ។ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះ? បើអ្នកនិយាយថា អ្នកបម្រើព្រះ តើអ្នកមិនប្រមាថដល់ទ្រង់ទេឬអី? សូមគិតមើលថា៖ តើអ្នកកំពុងបម្រើព្រះ ឬកំពុងបម្រើខ្លួនឯង? អ្នកបម្រើសាតាំង តែអ្នកនិយាយដោយចចេសថា អ្នកកំពុងបម្រើព្រះ។ នៅក្នុងន័យនេះ តើអ្នកមិនប្រមាថព្រះទេឬអី? មនុស្សជាច្រើនលោភលន់ចង់បានការប្រទានពរជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេ ទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅដាស់តឿនបងប្អូនប្រុសស្រី ដោយតាំងខ្លួនជាចៅហ្វាយលើអ្នកដទៃតាមរយៈសិទ្ធិអំណាចជាអ្នកគ្រប់គ្រង។ មនុស្សជំពូកនេះនៅតែនិយាយថា ពួកគេកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះ។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានបំណងដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើបំណងរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះហើយ អ្នកសមនឹងទទួលទណ្ឌកម្មពីព្រះ! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះឡើយ។ ពួកគេមិនទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែប្រើកលល្បិច និងបោកបញ្ឆោតបង ប្អូនប្រុសស្រីរបស់ពួកគេ និងធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលសេចក្តីបង្គាប់របស់ព្រះដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលដែលអ្នកបម្រើព្រះដូចនេះ តើព្រះអាចនឹងហ៊ានប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឲ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីលក្ខខណ្ឌដែលត្រូវបំពេញដើម្បីបម្រើតាមព្រះឫទ័យរបស់ព្រះ។ ប្រសិនបើអ្នករាល់គ្នាមិនប្រគល់ដួងចិត្តរបស់អ្នកដល់ព្រះ ប្រសិនបើអ្នកមិនផ្តោតការយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះដូចជាព្រះយេស៊ូវទេនោះ ព្រះមិនអាចជឿជាក់លើអ្នករាល់គ្នាបានទ្បើយ ហើយនឹងបញ្ចប់ដោយត្រូវជំនុំជម្រះដោយព្រះ។ ប្រហែលជាសព្វថ្ងៃនេះ អ្នកតែងតែមានចេតនាបញ្ឆោតព្រះ ក្នុងការបម្រើទ្រង់ ប៉ុន្តែព្រះនឹងនៅតែកត់សម្គាល់អ្នក។ សរុបសេចក្ដីមក ប្រសិនបើអ្នកបោកបញ្ឆោតព្រះ ការជំនុំជម្រះដ៏ឥតមេត្តានឹងធ្លាក់មកលើអ្នកដោយមិនគិតពីអ្វីទាំងអស់ផ្សេងទៀត។ អ្នករាល់គ្នាគួរតែទាញយកប្រយោជន៍ពីការចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវក្នុងការបម្រើព្រះ ដើម្បីប្រគល់ដួងចិត្តដល់ព្រះជាមុន ដោយមានភក្ដីភាពចំពោះព្រះតែមួយគត់។ មិនថាអ្នកនៅចំពោះព្រះ ឬនៅមុខមនុស្សដទៃទៀត ដួងចិត្តរបស់អ្នកគួរតែផ្តោតទៅរកព្រះជានិច្ច ហើយអ្នកគួរតែតាំងចិត្តស្រឡាញ់ព្រះ ដូចព្រះយេស៊ូវដែរ។ តាមវិធីនេះ ព្រះនឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឲ្យអ្នកក្លាយជាអ្នកបម្រើដែលព្រះសព្វព្រះហឫទ័យ។ ប្រសិនបើអ្នកពិតជាចង់បានគ្រប់លក្ខណ៍ដោយសារព្រះ ហើយឲ្យកិច្ចការបម្រើរបស់អ្នក ស្របតាមព្រះហឫទ័យរបស់ព្រះ នោះអ្នកគួរតែផ្លាស់ប្តូរទស្សនៈពីមុនរបស់អ្នក ចំពោះជំនឿលើព្រះ និងផ្លាស់ប្តូររបៀបចាស់របស់អ្នកដែលអ្នកបានប្រើដើម្បីបម្រើព្រះ ទើបអ្នកកាន់តែបានគ្រប់លក្ខណ៍ដោយសារព្រះ។ តាមវិធីនេះ ព្រះនឹងមិនបោះបង់ចោលអ្នកឡើយ ហើយអ្នកនឹងនាំមុខគេនៃអ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ដូចជាពេត្រុស។ ប្រសិនបើអ្នកនៅតែមិនប្រែចិត្ត នោះចុងក្រោយ អ្នកនឹងជួបរឿងដូចជាយូដាស។ មនុស្សគ្រប់គ្នាដែលជឿដល់ព្រះ គួរតែយល់អំពីរឿងនេះ។

ខាង​ដើម៖ ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ

បន្ទាប់៖ អំពីការដែលព្រះប្រើមនុស្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ