របៀបដេញតាមសេចក្ដីពិត (៨)
គោលការណ៍សម្រាប់ការញែកដឹងពីកម្រិតសមត្ថភាពរបស់មនុស្ស
ប៉ុន្មានថ្ងៃកន្លងមកនេះ ការប្រកបគ្នារបស់យើង គឺស្ដីអំពីប្រធានបទនៃរបៀបញែកដឹងកម្រិតសមត្ថភាពក្នុងទិដ្ឋភាពផ្សេងៗ តើមែនទេ? (មែនហើយ។) តាមរយៈការប្រកបគ្នារបស់យើងស្ដីអំពីការសម្ដែងចេញជាក់លាក់នៃទិដ្ឋភាពផ្សេងៗ និងកម្រិតផ្សេងៗនៃកម្រិតសមត្ថភាព តើអ្នករាល់គ្នាអាចទាញសេចក្ដីសន្និដ្ឋានបានទេថា អ្វីទៅជាកម្រិតសមត្ថភាពល្អ អ្វីទៅជាកម្រិតសមត្ថភាពមធ្យម អ្វីទៅជាកម្រិតសមត្ថភាពខ្សោយ និងអ្វីទៅជាការខ្វះកម្រិតសមត្ថភាពទាំងស្រុងនោះ? យើងបានប្រកបគ្នាច្រើនគួរសមដែរអំពីទិដ្ឋភាពនេះ ដូច្នេះ អ្នករាល់គ្នាត្រូវតែអាចសង្ខេបខ្លឹមសារនេះ ហើយបន្ទាប់មក យកវាទៅផ្គូផ្គងជាមួយនឹងការសម្ដែងចេញជាក់លាក់នៅក្នុងជីវិតប្រចាំថ្ងៃ។ តាមរបៀបនេះ ការវាយតម្លៃរបស់អ្នករាល់គ្នាចំពោះខ្លួនឯង និងចំពោះអ្នកដទៃ នឹងកាន់តែមានភាពត្រឹមត្រូវ។ ប្រសិនបើអ្នកមិនចេះសង្ខេបទេ នៅពេលជួបមនុស្សមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃ អ្នកនឹងមិនអាចញែកដឹងពួកគេបានឡើយ ហើយអ្នកក៏នឹងមិនអាចញែកដឹងការសម្ដែងចេញ និងការបញ្ចេញឱ្យឃើញរបស់ខ្លួនឯងនៅក្នុងទិដ្ឋភាពផ្សេងៗបានដែរ។ តើនេះមិនមានន័យថា អ្នកស្ដាប់ដោយឥតប្រយោជន៍ទេឬអី? អ្នកត្រូវតែពូកែខាងសង្ខេប។ តើការសង្ខេបមានន័យដូចម្ដេច? វាមានន័យថា ការរកឃើញគោលការណ៍សម្រាប់ការញែកដឹង ឬការយល់ដឹងអំពីប្រភេទរឿងផ្សេងៗ នៅក្នុងខ្លឹមសារជាក់លាក់នៃទិដ្ឋភាពផ្សេងៗទាំងអស់នេះ។ តាមរបៀបនេះ គោលបំណងនៃការសង្ខេប ត្រូវបានសម្រេច។ នៅពេលដែលអ្នកបានរកឃើញគោលការណ៍ហើយ អ្នកនឹងអាចប្រើគោលការណ៍សេចក្ដីពិត ដើម្បីពិនិត្យពិចារណាមនុស្ស និងអ្វីៗ ហើយអ្នកនឹងអាចញែកដឹងអ្នកដទៃ ព្រមទាំងញែកដឹងខ្លួនឯងបានផងដែរ។ នេះបញ្ជាក់ថា អ្នកយល់ពីសេចក្ដីពិត។ នៅពេលដែលអ្នកយល់ពីទិដ្ឋភាពណាមួយនៃសេចក្ដីពិត ហើយអាចអនុវត្តវាបាន អ្នកនឹងសម្រេចបានការចូលទៅក្នុងតថភាពសេចក្ដីពិតនៅក្នុងទិដ្ឋភាពនេះ។ ដូច្នេះ តើយើងមិនគួរសង្ខេបខ្លឹមសារជាក់លាក់នៃទិដ្ឋភាពផ្សេងៗនៃកម្រិតសមត្ថភាពទេឬអី? (មែនហើយ។) យើងត្រូវតែសង្ខេបវា។ មានតែតាមរបៀបនេះទេ ទើបអ្នកអាចយល់ច្បាស់ពីគោលការណ៍សេចក្ដីពិតដែលទាក់ទងនឹងកម្រិតសមត្ថភាព។
ការប្រើគោលការណ៍សេចក្ដីពិត ដើម្បីវាយតម្លៃកម្រិតសមត្ថភាពរបស់មនុស្ស
I. ការបង្ហាញចេញនៃកម្រិតសមត្ថភាពល្អ
អ្នកត្រូវដឹងពីគោលការណ៍ ដើម្បីធ្វើការវាយតម្លៃជារួមចំពោះមនុស្សដែលមានកម្រិតសមត្ថភាពល្អ តើមែនទេ? (មែនហើយ។) យើងបានប្រកបគ្នាអំពីការសម្ដែងចេញជាក់លាក់ជាច្រើនយ៉ាងលម្អិត ដោយប្រើការសម្ដែងចេញជាក់លាក់ទាំងនេះ ដើម្បីវាយតម្លៃថាតើកម្រិតសមត្ថភាពរបស់មនុស្សម្នាក់មានលក្ខណៈបែបណា។ ដូច្នេះ តើការសម្ដែងចេញជារួមរបស់មនុស្សដែលមានកម្រិតសមត្ថភាពល្អ មានអ្វីខ្លះ? ពួកគេមានគោលការណ៍ជាក់លាក់មួយចំនួននៅក្នុងចិត្តរបស់ពួកគេ សម្រាប់ការប្រព្រឹត្តខ្លួន និងការធ្វើកិច្ចការ។ សូម្បីតែនៅពេលដែលពួកគេមិនយល់ពីសេចក្ដីពិត ឬមិនទាន់បានឮសេចក្ដីពិតក៏ដោយ ក៏ពួកគេមានគោលការណ៍ជាមូលដ្ឋានបំផុតមួយចំនួន សម្រាប់ការពិនិត្យពិចារណាមនុស្ស និងអ្វីៗ ក៏ដូចជាសម្រាប់ការប្រព្រឹត្តខ្លួន និងការធ្វើកិច្ចការដែរ។ ពោលគឺ ពួកគេមានព្រំដែនជាក់លាក់មួយចំនួនសម្រាប់ការប្រព្រឹត្តខ្លួនរបស់ពួកគេ។ ក្នុងកម្រិតណាមួយ ព្រំដែនទាំងនេះស្របគ្នាគួរសម ឬប្រហាក់ប្រហែលនឹងគោលការណ៍សេចក្ដីពិត ហើយយ៉ាងហោចណាស់ ក៏ប្រហាក់ប្រហែលនឹងស្ដង់ដានៃមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សដែរ។ បន្ទាប់ពីពួកគេបានយល់ពីសេចក្ដីពិតមួយចំនួន តាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកការស្រោចស្រព និងការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ សូម្បីតែពួកគេមិនបានឆ្លងកាត់រឿងរ៉ាវ ឬមជ្ឈដ្ឋានពិសេសៗជាច្រើនក៏ដោយ ក៏ពួកគេនៅតែអាចយល់ និងក្ដាប់បាននូវគោលការណ៍សេចក្ដីពិតមួយចំនួននៅក្នុងចិត្តរបស់ពួកគេដែរ។ បន្ទាប់មក នៅក្នុងជីវិតជាក់ស្ដែង ពួកគេអាចអនុវត្តគោលការណ៍ទាំងនេះ ដើម្បីចាត់ចែងមនុស្សផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងអ្វីៗផ្សេងៗ។ ជាការពិតណាស់ នៅពេលដែលពួកគេចាត់ចែងមនុស្សផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងអ្វីៗផ្សេងៗ វាមិនមែនគ្រាន់តែជាការចាត់ចែងបញ្ហាសាមញ្ញៗដែលមានតែមួយជ្រុងនោះទេ។ ផ្ទុយទៅវិញ នៅពេលដែលពួកគេជួបប្រទះមនុស្សផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងអ្វីៗផ្សេងៗដែលស្មុគស្មាញ និងពាក់ព័ន្ធគ្នា ពួកគេអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត ដើម្បីប្រព្រឹត្តចំពោះ និងចាត់ចែងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗទាំងនោះ។ នេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពល្អ នៅពេលនិយាយដល់បញ្ហាដែលពាក់ព័ន្ធនឹងគោលការណ៍។ ដោយសារកម្រិតសមត្ថភាពរបស់ពួកគេល្អ តាមរយៈការស្រោចស្រព និងការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចរកឃើញដោយខ្លួនឯងនូវគោលការណ៍នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រាប់ការពិនិត្យពិចារណា និងការចាត់ចែងមនុស្សផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងអ្វីៗផ្សេងៗ។ មនុស្សដែលមានកម្រិតសមត្ថភាពល្អបែបនេះ អាចទទួលបន្ទុកការងារដោយឯករាជ្យ ដោយបំពេញកិច្ចការនីមួយៗដោយខ្លួនឯង។ នេះគឺជាការសម្ដែងចេញនៃកម្រិតសមត្ថភាពល្អ។ តើការសម្ដែងចេញចម្បងគឺជាអ្វី? (ការសម្ដែងចេញចម្បងគឺថា តាមរយៈការស្រោចស្រព និងការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចរកឃើញដោយខ្លួនឯងនូវគោលការណ៍នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សម្រាប់ការពិនិត្យពិចារណា និងការចាត់ចែងមនុស្សផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងអ្វីៗផ្សេងៗ ដោយអាចដោះស្រាយបញ្ហាដោយខ្លួនឯង និងទទួលបន្ទុកការងារដោយឯករាជ្យ។) ត្រឹមត្រូវហើយ តាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចយល់ពីសេចក្ដីពិត និងរកឃើញគោលការណ៍សម្រាប់ការពិនិត្យពិចារណា និងការចាត់ចែងមនុស្សផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងអ្វីៗផ្សេងៗ ដោយអាចរ៉ាប់រងការងារដោយខ្លួនឯង។ ទាល់តែបែបនេះ ទើបហៅថាមានកម្រិតសមត្ថភាពល្អ។ ពីមុន យើងបាននិយាយថា ការដែលអាចរ៉ាប់រងការងារដោយខ្លួនឯងបាន តម្រូវឱ្យមានសមត្ថភាពផ្សេងៗ។ ឥឡូវនេះ ដោយប្រើគោលការណ៍សេចក្ដីពិតដើម្បីវាស់ស្ទង់ចំណុចនេះ នេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពល្អ។
II. ការបង្ហាញចេញនៃកម្រិតសមត្ថភាពមធ្យម
តើការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម មានអ្វីខ្លះ? ច្បាស់ណាស់ ការសម្ដែងចេញរបស់ពួកគេអន់ជាងការសម្ដែងចេញរបស់អ្នកដែលមានកម្រិតសមត្ថភាពល្អឆ្ងាយណាស់។ ទោះជាយ៉ាងណាក៏ដោយ មិនថាមនុស្សមានកម្រិតសមត្ថភាពល្អ ឬមធ្យមនោះទេ មុនពេលពួកគេទទួលបានការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិត ពួកគេនឹងមិនមានគោលការណ៍ត្រឹមត្រូវសម្រាប់ការប្រព្រឹត្តខ្លួនឡើយ។ ការក្ដាប់បាននូវគោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួន ត្រូវតែធ្វើឡើងនៅលើមូលដ្ឋាននៃការទទួលបានការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការឈានទៅយល់ពីសេចក្ដីពិត។ មានតែតាមរយៈបទពិសោធជាក់ស្ដែងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចឈានទៅយល់បន្តិចម្ដងៗពីគោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួនបាន។ ប្រសិនបើជាមនុស្សដែលមានកម្រិតសមត្ថភាពមធ្យម នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចយល់បានត្រឹមតែអត្ថន័យជាមូលដ្ឋាន និងស្ដង់ដាតម្រូវដែលបានបញ្ជាក់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេយល់ពីរឿងទាំងនេះក្នុងន័យជាគោលលទ្ធិ ប៉ុន្តែនៅពេលប្រឈមមុខនឹងស្ថានភាពជាក់ស្ដែង ពួកគេនៅតែមិនអាចអនុវត្តគោលការណ៍សេចក្ដីពិតបានដដែល។ មានតែតាមរយៈការណែនាំ និងការផ្គត់ផ្គង់ពីអ្នកដទៃ ឬបន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវជាច្រើនប៉ុណ្ណោះ ទើបពួកគេអាចឈានទៅយល់ពីគោលការណ៍សេចក្ដីពិតជាមូលដ្ឋានមួយចំនួនបាន។ តើពាក្យ «ជាមូលដ្ឋាន» នៅទីនេះ សំដៅលើអ្វី? វាមានន័យថា គោលការណ៍ដែលពួកគេយល់ និងក្ដាប់បាន ភាគច្រើនគឺជាគោលការណ៍ដែលមានតែមួយជ្រុង និងសាមញ្ញគួរសម ហើយអាចឱ្យពួកគេចាត់ចែង និងដោះស្រាយបញ្ហាធម្មតាៗបាន ប៉ុន្តែនៅពេលប្រឈមមុខនឹងស្ថានភាព ឬបរិបទដែលស្មុគស្មាញ ពួកគេមិនដឹងថាត្រូវប្រព្រឹត្តតាមគោលការណ៍ដោយរបៀបណាឡើយ។ ពួកគេត្រូវតែពឹងផ្អែកលើការណែនាំ និងជំនួយពីមនុស្សដែលយល់ពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញមួយចំនួន ឬកិច្ចការដែលមានច្រើនជ្រុង។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម។ តើអ្វីដែលលេចធ្លោនៅក្នុងការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម? ពួកគេមិនអាចយល់ពីសេចក្ដីពិត ឬរកឃើញគោលការណ៍នៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយឯករាជ្យបានឡើយ។ ពួកគេមិនអាចយល់បានយ៉ាងត្រឹមត្រូវថា តើស្ដង់ដាដែលព្រះជាម្ចាស់តម្រូវពិតជាអ្វីនោះទេ។ ពួកគេត្រូវការនរណាម្នាក់ដើម្បីប្រកបគ្នាជាមួយពួកគេ គាំទ្រពួកគេ និងជួយពិនិត្យមើលរឿងរ៉ាវ ព្រមទាំងប្រាប់ និងរំឭកពួកគេឱ្យបានច្បាស់លាស់។ មានតែតាមរបៀបនេះទេ ទើបពួកគេដឹងថា៖ «នេះគឺជាគោលការណ៍សេចក្ដីពិត។ ខ្ញុំត្រូវតែចងចាំវា។ ខ្ញុំត្រូវតែអនុវត្តតាមចំណុចនេះ។ ខ្ញុំត្រូវតែអនុវត្តការងារតាមការរៀបចំការងារនេះ»។ នេះគឺនិយាយអំពីការយល់ដឹងរបស់ពួកគេ។ ទីពីរ និយាយអំពីការធ្វើការងារ នៅពេលធ្វើការងារដែលពួកគេគ្មានបទពិសោធ ពួកគេមិនអាចអនុវត្តគោលការណ៍សេចក្ដីពិតបានយ៉ាងឆាប់រហ័ស ដើម្បីពិនិត្យពិចារណា ឬចាត់ចែងមនុស្សផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងអ្វីៗផ្សេងៗបានឡើយ។ ពួកគេអាចចាត់ចែងបានត្រឹមតែការងារដែលមានតែមួយជ្រុងមួយចំនួនប៉ុណ្ណោះ ដោយផ្អែកលើការយល់ដឹងពីគោលការណ៍សេចក្ដីពិតជាមូលដ្ឋានមួយចំនួន។ នៅពេលប្រឈមមុខនឹងការងារស្មុគស្មាញដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតជាច្រើន ពួកគេត្រូវការអ្នកដទៃដើម្បីពិនិត្យមើលរឿងរ៉ាវ ព្រមទាំងគាំទ្រ និងផ្គត់ផ្គង់ពួកគេ។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម។ និយាយអំពីការយល់ដឹងផ្ទាល់ខ្លួន ពួកគេត្រូវការអ្នកដទៃដើម្បីប្រកបគ្នាជាមួយពួកគេ និងជួយពិនិត្យមើលរឿងរ៉ាវ។ ពួកគេត្រូវស្ដាប់ឱ្យបានច្រើន មិនមែនត្រឹមតែទិដ្ឋភាពមួយនៃសេចក្ដីពិតនោះទេ ប៉ុន្តែត្រូវស្ដាប់ទិដ្ឋភាពផ្សេងៗ ហើយនៅទីបញ្ចប់ ពួកគេត្រូវការនរណាម្នាក់ដើម្បីប្រាប់ពួកគេថា តើគោលការណ៍ជាមូលដ្ឋាននៃទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិតមានអ្វីខ្លះ ដើម្បីឱ្យពួកគេអាចយល់ពីគោលការណ៍មួយចំនួននៅក្នុងចិត្តរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេជួបប្រទះស្ថានភាពស្មុគស្មាញ ពួកគេក៏មិនដឹងម្ដងទៀតថាត្រូវយល់រឿងទាំងនោះយ៉ាងដូចម្ដេច ហើយនៅតែត្រូវស្វែងរកដដែល។ នេះគឺនិយាយអំពីការយល់ដឹង។ ចំណែកឯការចាត់ចែងរឿងរ៉ាវផ្សេងៗនៅក្នុងការងារ ឬជីវិតជាក់ស្ដែងវិញ សមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហា អាចឈានដល់ត្រឹមកម្រិតនៃការប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត ដើម្បីចាត់ចែងការងារដែលមានតែមួយជ្រុងប៉ុណ្ណោះ។ នៅពេលប្រឈមមុខនឹងការងារស្មុគស្មាញដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតជាច្រើន ពួកគេយល់ថាវាមានការលំបាកបន្តិច ហើយត្រូវស្វែងរក និងត្រូវមាននរណាម្នាក់ជួយពិនិត្យមើលរឿងរ៉ាវ។ ពួកគេផ្ទាល់មិនអាចធានាថា ពួកគេអាចធ្វើការងារនោះបានល្អឡើយ ហើយមិនអាចកំណត់ថាតើអ្វីដែលពួកគេធ្វើ ស្របនឹងគោលការណ៍សេចក្ដីពិតដែរឬទេ។ ជួនកាល នឹងមានសេចក្ដីល្អៀងនៅក្នុងការងាររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីល្អៀងទាំងនេះ គ្រាន់តែជាសេចក្ដីល្អៀងប៉ុណ្ណោះ ហើយមិនមែនជាការវៀចខុសទំនងឡើយ។ ប្រសិនបើវាជាការវៀចខុសទំនង នោះវាបញ្ជាក់ពីកម្រិតសមត្ថភាពខ្សោយហើយ។ មានភាពខុសគ្នារវាងសេចក្ដីល្អៀង និងការវៀចខុសទំនង៖ សេចក្ដីល្អៀងមានន័យថា ការងារនោះមិនស្របតាមគោលការណ៍សេចក្ដីពិតទាំងស្រុង ធ្វើមិនបានគ្រប់គ្រាន់ ឬខ្វះការពិចារណាឱ្យបានគ្រប់គ្រាន់ ប៉ុន្តែទិសដៅមិនខុសនោះទេ។ គ្រាន់តែថា ដោយសារពួកគេមានបទពិសោធការងារមិនគ្រប់គ្រាន់ ឬមានការយល់ដឹងពីសេចក្ដីពិតរាក់កំភែលពេក និងការក្ដាប់បាននូវគោលការណ៍សេចក្ដីពិតមិនច្បាស់លាស់គ្រប់គ្រាន់ ទើបការងាររបស់ពួកគេមិនត្រូវតាមស្ដង់ដាគ្រប់គ្រាន់។ វាអាចនឹងជិតត្រូវតាមស្ដង់ដា ប៉ុន្តែនៅតែត្រូវការការកែលម្អ ដើម្បីឱ្យត្រូវតាមស្ដង់ដាទាំងស្រុង។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម។ តើអ្វីជាលក្ខណៈចម្បងរបស់មនុស្សប្រភេទនេះ? (គឺថា ពួកគេមិនអាចធ្វើការងារណាមួយឱ្យបានត្រឹមត្រូវដោយឯករាជ្យបានឡើយ ពួកគេត្រូវការជំនួយ និងការគាំទ្រពីអ្នកដទៃ ដើម្បីបញ្ចប់ការងារមួយចំនួន។) លក្ខណៈរបស់ពួកគេគឺថា មិនថានិយាយអំពីការយល់ដឹង ឬការបំពេញភារកិច្ចរបស់ពួកគេនោះទេ ពួកគេអន់ជាងគួរសម។ ជាទូទៅ ពួកគេមិនអាចធ្វើការងារណាមួយឱ្យបានត្រឹមត្រូវដោយឯករាជ្យបានឡើយ ដោយត្រូវការការគាំទ្រ ការពិនិត្យមើល និងការដាស់តឿនពីអ្នកដទៃ។ ហេតុដូច្នេះហើយ វិចារណញ្ញាណជាមូលដ្ឋានដែលមនុស្សដែលមានកម្រិតសមត្ថភាពមធ្យមគួរមាន គឺត្រូវស្វែងរកឱ្យបានច្រើន និងរង់ចាំឱ្យបានច្រើន នៅពេលធ្វើកិច្ចការ។ នៅពេលដែលពួកគេមិនអាចមើលធ្លុះរឿងអ្វីមួយ ពួកគេគួរតែស្វែងរកភ្លាមៗដោយចិត្តបន្ទាបខ្លួន ដោយស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ខ្លួនឯង ឬក៏ស្វែងរកពីថ្នាក់លើ ហើយមិនត្រូវប្រព្រឹត្តទាំងងងឹតងងល់ ឬទាំងច្របូកច្របល់ឡើយ។ បន្ទាប់ពីធ្វើការបានមួយរយៈ ប្រសិនបើអ្នកយល់ថាខ្លួនឯងមានភាពច្របូកច្របល់អំពីរឿងជាច្រើន ចូរសង្ខេប និងកត់ត្រារឿងទាំងនោះភ្លាមៗ ហើយស្វែងរកពីថ្នាក់លើ។ គោលបំណងគឺដើម្បីឱ្យថ្នាក់លើរបស់អ្នកពិនិត្យមើល និងផ្ទៀងផ្ទាត់ថាតើការងារដែលអ្នកបានធ្វើក្នុងអំឡុងពេលនេះ មានសេចក្ដីល្អៀង ឬចន្លោះប្រហោងណាមួយដែរឬទេ។ កុំរាប់ខ្លួនឯងជាសុចរិតពេក ដោយគិតថាអ្នកមានបទពិសោធការងារ ហើយកុំពេញចិត្តនឹងខ្លួនឯងពេក។ អ្នកត្រូវតែមានការស្គាល់ខ្លួនឯង។ ការសម្ដែងចេញនៃកម្រិតសមត្ថភាពមធ្យម ត្រូវបានពិភាក្សារួចហើយ ដូច្នេះ តើលក្ខណៈរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យមមានអ្វីខ្លះ? (ពួកគេមិនអាចធ្វើការងារដោយឯករាជ្យបានឡើយ ពួកគេត្រូវការអ្នកដទៃដើម្បីគាំទ្រ ជួយ និងពិនិត្យមើលរឿងរ៉ាវ។) ចុះតើលក្ខណៈរបស់ពួកគេក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានអ្វីខ្លះ? (ក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចយល់ដឹងបានត្រឹមតែគោលការណ៍ជាមូលដ្ឋានមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តវាជាក់ស្ដែងនៅក្នុងការងារបានឡើយ។) ចុះតើលក្ខណៈរបស់ពួកគេទាក់ទងនឹងសមត្ថភាពការងារ មានអ្វីខ្លះ? (ទាក់ទងនឹងសមត្ថភាពការងារ មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម មិនអាចអនុវត្តគោលការណ៍សេចក្ដីពិតបានយ៉ាងឆាប់រហ័ស ដើម្បីពិនិត្យពិចារណា ឬចាត់ចែងបញ្ហាផ្សេងៗបានឡើយ។ លើសពីនេះ ពួកគេអាចរក្សាបានត្រឹមតែការងារមួយមុខប៉ុណ្ណោះ នៅពេលនិយាយដល់ការងារច្រើនមុខ ពួកគេមិនអាចក្ដាប់គោលការណ៍បានឡើយ។ ពួកគេមិនអាចកំណត់អាទិភាពការងារផ្សេងៗតាមភាពសំខាន់ ឬភាពបន្ទាន់ ដើម្បីបញ្ចប់វាឱ្យបានល្អឡើយ កុំថាឡើយដល់ការរៀបចំការងារឱ្យបានសមស្របនោះ។ ពួកគេត្រូវតែមាននរណាម្នាក់ជួយពិនិត្យមើលរឿងរ៉ាវ និងចង្អុលបង្ហាញទិសដៅរបស់ពួកគេ ព្រមទាំងជួយ និងគាំទ្រពួកគេជានិច្ច។) ត្រូវហើយ។ មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម អាចធ្វើការងារដែលមានតែមួយជ្រុងដោយឯករាជ្យបាន ឬនៅលើមូលដ្ឋាននៃការមានបទពិសោធការងារកម្រិតណាមួយ ពួកគេអាចចាត់ចែងការងារសាមញ្ញៗមួយចំនួនបាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រឈមមុខនឹងបញ្ហាស្មុគស្មាញ ជាពិសេសការងារដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតជាច្រើន ពួកគេមានភាពច្របូកច្របល់ ហើយមិនដឹងថាត្រូវអនុវត្តដោយរបៀបណាឡើយ។ មួយភ្លែត ពួកគេគិតថាវាគួរតែធ្វើតាមរបៀបនេះ ហើយមួយភ្លែតទៀត ពួកគេគិតថាវាគួរតែធ្វើតាមរបៀបនោះ ប៉ុន្តែពួកគេមិនដឹងថា តើរបៀបមួយណាដែលស្របនឹងគោលការណ៍សេចក្ដីពិតឡើយ។ ពួកគេមិនអាចវាយតម្លៃពីផលវិបាកដែលអាចកើតឡើង បន្ទាប់ពីកិច្ចការនោះត្រូវបានបញ្ចប់នៅទីបំផុតបានឡើយ។ ក្នុងស្ថានភាពបែបនេះ ពួកគេគ្មានផ្លូវដោះស្រាយឡើយ។ មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម អាចមានសមត្ថភាពសម្រាប់កិច្ចការមួយមុខ ប៉ុន្តែនៅពេលប្រឈមមុខនឹងកិច្ចការច្រើនមុខ ឬកិច្ចការដែលស្មុគស្មាញជាងមុនបន្តិច ពួកគេមានភាពច្របូកច្របល់។ ឧទាហរណ៍៖ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនក្នុងចំណោមអ្នករាល់គ្នា អាចចាត់ចែងការងារមួយមុខបាន នៅពេលដែលការងារនោះត្រូវបានចាត់តាំងឱ្យពួកគេ ប៉ុន្តែប្រសិនបើពួកគេត្រូវបានចាត់តាំងឱ្យធ្វើការងារពីរ ឬបីមុខ ពួកគេមិនអាចគ្រប់គ្រងវាបានឡើយ។ ទោះបីជាពួកគេចង់ធ្វើវាឱ្យបានល្អក៏ដោយ ក៏ពួកគេមិនអាចសម្រេចវាបានដែរ។ នៅពេលដែលពួកគេរវល់នឹងការងារ ពេលមាននរណាម្នាក់លើកឡើងពីបញ្ហាមួយ ឬបញ្ហាផ្សេងទៀត ពួកគេមានភាពច្របូកច្របល់ ហើយមិនដឹងថាត្រូវដោះស្រាយដោយរបៀបណាឡើយ។ ជាលទ្ធផល គ្មានការងារណាមួយត្រូវបានធ្វើឱ្យបានល្អឡើយ។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម។ មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម មិនអាចរ៉ាប់រងការងារពីរ ឬបីមុខក្នុងពេលតែមួយបានឡើយ។ ជាពិសេស នៅពេលដែលពួកគេជួបប្រទះស្ថានភាពស្មុគស្មាញ ឬស្ថានភាពពិសេស ពួកគេមានភាពច្របូកច្របល់ភ្លាមៗ ហើយមិនដឹងថាត្រូវធ្វើអ្វីឡើយ។ ជាលទ្ធផល ការងារដែលពួកគេអាចធ្វើបានល្អ បែរជាធ្វើមិនបានល្អ ហើយការងារដែលពួកគេទទួលខុសត្រូវ ជួបប្រទះនឹងបញ្ហា និងមានការពន្យារពេល។ ហេតុដូច្នេះហើយ មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម មិនអាចរ៉ាប់រងការងារពីរ ឬបីមុខបានឡើយ ហើយស័ក្តិសមសម្រាប់តែការងារសាមញ្ញៗមួយមុខប៉ុណ្ណោះ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន តែងតែគិតថាការធ្វើការងារគឺសាមញ្ញណាស់។ នៅពេលដែលអ្នកដទៃចង្អុលបង្ហាញពីបញ្ហា ពួកគេតែងតែព្រងើយកន្តើយ និងមិនចាត់ទុកវាជាបញ្ហាឡើយ សូម្បីតែគិតថាអ្នកទាំងនោះមានបញ្ហាខួរក្បាល និងធ្វើឱ្យរឿងរ៉ាវកាន់តែស្មុគស្មាញទៀតផង។ នៅទីបញ្ចប់ បញ្ហាធំៗក៏កើតឡើង ហើយពួកគេមិនអាចដោះស្រាយវាបាន ទើបរាយការណ៍ទៅថ្នាក់លើ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការបែបនេះ មានបទពិសោធតិចតួចពេក និងខ្វះការយល់ដឹងស៊ីជម្រៅ។ នៅក្នុងការងាររបស់ពួកគេ ពួកគេតែងតែសន្មតថាអ្វីៗនឹងប្រព្រឹត្តទៅដោយរលូន ដោយគ្រាន់តែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិមួយចំនួន និងប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវផ្លូវតែមួយប៉ុណ្ណោះ។ មិនថាបញ្ហាដែលកើតឡើងធ្ងន់ធ្ងរប៉ុនណានោះទេ ពួកគេមិនបានដឹងពីបញ្ហាទាំងនោះឡើយ រឹតតែមិនបានដឹងថា បញ្ហាទាំងនេះនឹងពន្យារពេលការងារជារួម ប្រសិនបើវាមិនត្រូវបានដោះស្រាយនោះទេ។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម។
ជាទូទៅ ប្រសិនបើមនុស្សដែលមានកម្រិតសមត្ថភាពមធ្យម ត្រូវតាមស្ដង់ដានៅក្នុងគ្រប់ទិដ្ឋភាពនៃភាពជាមនុស្សរបស់ពួកគេ នោះជាមូលដ្ឋាន ពួកគេអាចមានសមត្ថភាពសម្រាប់ការងារដែលមានតែមួយជ្រុង។ មូលហេតុដែលខ្ញុំនិយាយថា ពួកគេមិនអាចបញ្ចប់ការងារគ្រប់ជ្រុងជ្រោយដោយឯករាជ្យបាន គឺដោយសារតែកម្រិតសមត្ថភាពរបស់ពួកគេ អនុញ្ញាតឱ្យពួកគេធ្វើបានល្អតែនៅក្នុងការងារដែលមានតែមួយជ្រុងប៉ុណ្ណោះ។ នៅពេលនិយាយដល់ការងារមួយចំនួនដែលទាក់ទងនឹងចំណាប់អារម្មណ៍ ចំណូលចិត្ត និងចំណុចខ្លាំងរបស់ពួកគេ បើនិយាយពីកម្រិតសមត្ថភាពរបស់ពួកគេ ពួកគេអាចមានសមត្ថភាពសម្រាប់វា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រឈមមុខនឹងភាពស្មុគស្មាញនៃការងារដែលមានច្រើនជ្រុង ពួកគេមានភាពច្របូកច្របល់។ សូម្បីតែពួកគេមានបទពិសោធជាក់ស្ដែងខ្លះក៏ដោយ ក៏កម្រិតសមត្ថភាពរបស់ពួកគេមិនគ្រប់គ្រាន់សម្រាប់កិច្ចការនោះដែរ។ មនុស្សមួយចំនួននិយាយថា៖ «តើនេះមកពីខ្ញុំនៅក្មេងមែនទេ?» ទេ មិនមែនទេ។ ប្រសិនបើកម្រិតសមត្ថភាពរបស់អ្នកមធ្យម សូម្បីតែនៅពេលដែលអ្នកឈានចូលវ័យសែសិប ឬហាសិបឆ្នាំក៏ដោយ ក៏អ្នកនៅតែមិនមានសមត្ថភាពរ៉ាប់រងការងារដែលមានច្រើនជ្រុងដដែល។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? បន្ទាប់ពីប្រមូលបានបទពិសោធខ្លះ តាមរយៈការបំពេញការងារជាក់ស្ដែង អ្នកអាចនឹងមានសមត្ថភាពចាត់ចែងការងារដែលមានតែមួយជ្រុងមួយចំនួនបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចបញ្ចប់ការងារនោះបានយ៉ាងល្អដោយឯករាជ្យ តែនៅក្នុងស្ថានភាពដែលអ្នកមានការណែនាំ មាននរណាម្នាក់ជួយពិនិត្យមើលរឿងរ៉ាវ ឬមានការតាមដានពីអ្នកដទៃប៉ុណ្ណោះ អ្នកនៅតែមិនអាចរ៉ាប់រងការងារច្រើនប្រភេទដោយឯករាជ្យបានឡើយ ទោះជាពេលណាក៏ដោយ។ នេះបញ្ជាក់ថា អ្នកមានកម្រិតសមត្ថភាពមធ្យម។ មនុស្សមួយចំនួន បន្ទាប់ពីប្រមូលបានបទពិសោធខ្លះ តាមរយៈការឆ្លងកាត់ស្ថានភាពផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំ និងបន្ទាប់ពីបានឈានទៅយល់ពីគោលការណ៍សេចក្ដីពិតមួយចំនួន នៅតែមិនអាចរ៉ាប់រងការងារដែលមានច្រើនជ្រុងបានដដែល ជាពិសេសការងារដែលពួកគេត្រូវទទួលបន្ទុកដោយឯករាជ្យ។ នៅពេលដែលពួកគេជួបប្រទះស្ថានភាពស្មុគស្មាញ ពួកគេមានភាពច្របូកច្របល់ ហើយមិនអាចកំណត់អាទិភាពកិច្ចការតាមភាពសំខាន់ ឬភាពបន្ទាន់បានឡើយ។ មនុស្សបែបនេះ ច្បាស់ជាមានកម្រិតសមត្ថភាពមធ្យមហើយ។ បទពិសោធការងារ គ្រាន់តែជាទិដ្ឋភាពមួយនៃសមត្ថភាពការងាររបស់មនុស្សម្នាក់ប៉ុណ្ណោះ វាមិនមែនជាកត្តាចម្បងឡើយ។ កត្តាចម្បង គឺកម្រិតសមត្ថភាពរបស់មនុស្សម្នាក់ និងសមត្ថភាពរបស់ពួកគេនៅក្នុងទិដ្ឋភាពផ្សេងៗ។ បទពិសោធការងារ គ្រាន់តែផ្ដល់ជាចំណុចយោងខ្លះៗប៉ុណ្ណោះ។ ជាការពិតណាស់ បទពិសោធការងារក៏មានតម្លៃផងដែរ ព្រោះវាកើតចេញពីបទពិសោធផ្ទាល់ខ្លួន ប៉ុន្តែបទពិសោធការងារជាក់ស្ដែងនេះ មិនអាចធ្វើឱ្យអ្នកក្ដាប់បានកាន់តែត្រឹមត្រូវនូវគោលការណ៍នៃការងារដែលមានច្រើនជ្រុងបានឡើយ។ ប្រសិនបើកម្រិតសមត្ថភាពរបស់អ្នកល្អ ហើយអ្នកពិតជាយល់ពីគោលការណ៍សេចក្ដីពិតមែន សូម្បីតែអ្នកគ្មានបទពិសោធការងារ ឬបទពិសោធផ្ទាល់ខ្លួនរបស់អ្នកមិនទូលំទូលាយក៏ដោយ ក៏អ្នកនៅតែអាចរ៉ាប់រងការងារជារួមដោយខ្លួនឯង និងទទួលបន្ទុកការងារដោយឯករាជ្យបានដែរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម មិនអាចបញ្ចប់ការងារជារួមដោយខ្លួនឯងបានឡើយ ពួកគេអាចបញ្ចប់បានត្រឹមតែការងារដែលមានតែមួយជ្រុងប៉ុណ្ណោះ ហើយត្រូវការការដាស់តឿន ការពិនិត្យមើលរឿងរ៉ាវ ការជួយ និងការណែនាំជាញឹកញាប់។ ហេតុដូច្នេះហើយ សម្រាប់អ្នករាល់គ្នាដែលមានកម្រិតសមត្ថភាពមធ្យម កុំគិតថាការដែលអាចធ្វើបានល្អនៅក្នុងការងារដែលមានតែមួយជ្រុងមួយចំនួន មានន័យថាអ្នកអាចមានសមត្ថភាពសម្រាប់ការងារដែលមានច្រើនជ្រុង ឬទទួលបន្ទុកការងារដោយឯករាជ្យឱ្យសោះ។ នេះគឺជាការយល់ច្រឡំ និងជាការយល់ដឹងមិនត្រឹមត្រូវ។ មានគម្លាតរវាងការដែលអាចបញ្ចប់ការងារដែលមានតែមួយជ្រុងមួយចំនួនដោយខ្លួនឯង និងការដែលអាចបញ្ចប់ការងារដែលមានច្រើនជ្រុងដោយខ្លួនឯង ពោលគឺការដែលអាចទទួលបន្ទុកការងារដោយឯករាជ្យ។ នេះជារឿងដែលអ្នករាល់គ្នានឹងឈានទៅដឹងបន្តិចម្ដងៗ តាមរយៈបទពិសោធ។ ព្រះបន្ទូលទាំងនេះ ប្រហែលជាមិនងាយយល់នោះទេ មានតែអ្នកដែលធ្លាប់បម្រើជាពួកអ្នកដឹកនាំ ឬពួកអ្នកធ្វើការអស់រយៈពេលជាច្រើនឆ្នាំ និងមានបទពិសោធជាក់ស្ដែងប៉ុណ្ណោះ ទើបអាចយល់ពីព្រះបន្ទូលទាំងនេះបាន។ បងប្អូនប្រុសស្រីធម្មតា ប្រហែលជាមិនយល់ទេ តើមែនទេ? ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែលធ្លាប់រ៉ាប់រងការងារដែលមានច្រើនជ្រុង មានបទពិសោធជាក់ស្ដែង និងយល់ពីភាពខុសគ្នានៅក្នុងរឿងនេះ ពួកគេមានគោលការណ៍នៅក្នុងរបៀបដែលពួកគេធ្វើការងាររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម ធ្វើមិនបានដល់ចំណុចនេះឡើយ។ ដូច្នេះ ការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម ត្រូវបានសង្ខេបយ៉ាងពេញលេញហើយ។
III. ការបង្ហាញចេញនៃកម្រិតសមត្ថភាពអន់
បន្ទាប់មកទៀត ចូរយើងសង្ខេបអំពីការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ។ ការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ច្បាស់ជាអន់ជាងការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យមហើយ។ តើការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មានអ្វីខ្លះ? គឺថា តាមរយៈការស្វែងរក ឬការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង ទោះបីជាពួកគេអាចយល់ពីអត្ថន័យនៃប្រយោគ និងវគ្គនីមួយៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមន័យត្រង់ ក៏ដូចជាយល់ពីអ្វីដែលជាបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនយល់ពីគោលការណ៍សេចក្ដីពិត ឬស្ដង់ដាដែលព្រះជាម្ចាស់តម្រូវទាល់តែសោះ។ ពោលគឺ ពួកគេមិនយល់ពីស្ដង់ដាដែលព្រះជាម្ចាស់តម្រូវ សម្រាប់របៀបពិនិត្យពិចារណាមនុស្ស និងអ្វីៗ ឬរបៀបប្រព្រឹត្តខ្លួន និងធ្វើកិច្ចការឡើយ ហើយពួកគេក៏មិនយល់ថា តើគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធមានអ្វីខ្លះដែរ។ នៅពេលដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង ពួកគេមិនអាចយល់ពីរឿងទាំងនេះបានឡើយ ហើយបន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗនៅក្នុងជីវិតប្រចាំថ្ងៃ ពួកគេនៅតែមិនយល់ដដែល។ សូម្បីតែបន្ទាប់ពីការប្រកបគ្នាក៏ដោយ ក៏ពួកគេនៅតែមិនច្បាស់ថា តើគោលការណ៍សេចក្ដីពិតជាអ្វីដែរ។ មនុស្សប្រភេទនេះមានលក្ខណៈមួយ៖ ទោះបីជាពួកគេមិនយល់ថាគោលការណ៍សេចក្ដីពិតជាអ្វីក៏ដោយ ក៏ពួកគេអាចសង្ខេបបទប្បញ្ញត្តិដែលពួកគេត្រូវអនុវត្តតាម ដោយពឹងផ្អែកលើអារម្មណ៍របស់ពួកគេបានដែរ។ អ្វីដែលពួកគេអាចចងចាំបាន គឺបទប្បញ្ញត្តិ ជាប្រភេទគោលលទ្ធិដ៏រឹងត្អឹង ឬសំណុំនៃច្បាប់។ ឧទាហរណ៍៖ ព្រះជាម្ចាស់ប្រកបគ្នាអំពីទិដ្ឋភាពមួយនៃគោលការណ៍សេចក្ដីពិត ដោយលើកឧទាហរណ៍អំពីការសម្ដែងចេញជាវិជ្ជមាន ការសម្ដែងចេញជាអវិជ្ជមាន ការយល់ដឹងដ៏បរិសុទ្ធ និងការយល់ដឹងដ៏វៀចខុសទំនងរបស់មនុស្ស ក្នុងចំណោមការសម្ដែងចេញផ្សេងៗទៀត នៅក្នុងរឿងនេះ តើទីបំផុត មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ទទួលបានអ្វីពីរឿងនេះ? ពួកគេនិយាយថា៖ «ឥឡូវនេះ ខ្ញុំយល់ហើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើរឿងនេះ ឬរឿងនោះឡើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យហូបរបស់នេះ ឬរបស់នោះឡើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យនិយាយពាក្យទាំងនេះ ពាក្យទាំងនោះ ឬប្រើពាក្យពេចន៍ទាំងនោះឡើយ»។ នេះគឺជាអ្វីដែលពួកគេចងចាំ ហើយពួកគេប្រកាន់ខ្ជាប់យ៉ាងរឹងត្អឹងចំពោះរឿងនេះ ដោយគិតថាទាំងនេះគឺជាគោលការណ៍សេចក្ដីពិត។ ពួកគេជឿថា ប្រសិនបើពួកគេប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ ពាក្យសម្ដី និងរបៀបនៃការប្រព្រឹត្តទាំងនេះ នោះមានន័យថាពួកគេកំពុងប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិតហើយ។ មិនថាអ្នកប្រាប់ពួកគេប៉ុនណាថា នេះគ្រាន់តែជាការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិក៏ដោយ ក៏ពួកគេមិនទទួលយកវាដែរ។ ពួកគេនៅតែចចេសប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិទាំងនេះ ដោយជឿថា នេះគឺជាការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអនុវត្តសេចក្ដីពិត។ គ្មានវិធីណាដើម្បីដោះស្រាយជាមួយមនុស្សបែបនេះ ដែលគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ ប្រសិនបើពួកគេសុខចិត្តប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ ចូរទុកឱ្យពួកគេធ្វើចុះ ដរាបណាចេតនារបស់ពួកគេមិនខុស នោះមិនជាបញ្ហាឡើយ។ ឧទាហរណ៍៖ ម្ដងនោះ ខ្ញុំបាននិយាយថា៖ «នៅពេលអ្នករាល់គ្នាអធិស្ឋាន អ្នករាល់គ្នាត្រូវតែមានចិត្តគោរពប្រណិប័តន៍ កុំអធិស្ឋានដោយខ្ជីខ្ជាឱ្យសោះ។ នៅក្នុងមជ្ឈដ្ឋានដែលសមស្រប យកល្អគួរតែលុតជង្គង់អធិស្ឋាន ក្រាបខ្លួននៅចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ហើយក្នុងអំឡុងពេលអធិស្ឋាន អ្នករាល់គ្នាត្រូវតែធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ និងអធិស្ឋានដោយចិត្តផ្ដោតអារម្មណ៍។ នេះគឺជាការមានចិត្តគោរពប្រណិប័តន៍ និងមានចិត្តកោតខ្លាចព្រះជាម្ចាស់»។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ បន្ទាប់ពីបានឮដូច្នេះហើយ ពួកគេចងចាំបទប្បញ្ញត្តិតែមួយគត់៖ «ដើម្បីអធិស្ឋានដោយចិត្តគោរពប្រណិប័តន៍ និងមានចិត្តកោតខ្លាចព្រះជាម្ចាស់ គេត្រូវតែលុតជង្គង់»។ ពួកគេចាត់ទុកការដែលត្រូវលុតជង្គង់អធិស្ឋាន ថាជាគោលការណ៍សេចក្ដីពិត ហើយប្រកាន់ខ្ជាប់វាទៅតាមនោះ ដោយជឿថា នេះគឺជាការអនុវត្តសេចក្ដីពិត។ ដូច្នេះ មិនថានៅក្នុងមជ្ឈដ្ឋានណាក៏ដោយ ពួកគេនៅតែចចេសលុតជង្គង់អធិស្ឋាន។ សូម្បីតែនៅពេលដែលពួកគេចង់អធិស្ឋាននៅពេលហូបបាយ ក៏ពួកគេលុតជង្គង់នៅក្រោមតុដើម្បីអធិស្ឋានដែរ។ ពេលកំពុងធ្វើការនៅឯស្រែចម្ការ មិនថាដីនោះកខ្វក់ប៉ុនណា ឬមានអ្វីខ្លះនៅក្នុងដីនោះទេ ក៏ពួកគេលុតជង្គង់អធិស្ឋានដែរ។ សូម្បីតែនៅពេលប្រឈមមុខនឹងមហន្តរាយ ឬព្រឹត្តិការណ៍ធំៗ នៅពេលដែលពួកគេស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ ប្រសិនបើពួកគេចង់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ ពួកគេត្រូវតែរកកន្លែងលាក់កំបាំង ដើម្បីលុតជង្គង់ និងអធិស្ឋាន។ ពួកគេជឿថា មានតែការអធិស្ឋានតាមរបៀបនេះទេ ទើបស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ពួកគេត្រូវតែលុតជង្គង់អធិស្ឋាន។ ពួកគេគិតថា តាមរយៈការធ្វើបែបនេះ ពួកគេកំពុងអនុវត្តសេចក្ដីពិតហើយ។ លើសពីនេះ ពួកគេមើលឃើញខ្លួនឯងថាជាមនុស្សដែលមានចិត្តគោរពប្រណិប័តន៍បំផុត ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះជាម្ចាស់យ៉ាងខ្ជាប់ខ្ជួនបំផុត ជាអ្នកដែលស្រឡាញ់សេចក្ដីពិតបំផុត និងជាអ្នកដែលអាចចុះចូលនឹងសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលើសគេ។ អ្នកឃើញទេ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ។ មនុស្សប្រភេទនេះ អន់ និងមានបញ្ហាទាក់ទងនឹងការយល់ដឹង។ ពួកគេតែងតែកំណត់គោលការណ៍យ៉ាងរឹងត្អឹងត្រឹមប្រយោគ ឬបទប្បញ្ញត្តិតែមួយ។ ពួកគេប្រើវិធីសាស្ត្រនៃការយល់ដឹងពីពាក្យពេចន៍ និងចំណេះដឹង ដើម្បីយល់ពីសេចក្ដីពិត ហើយជាការពិតណាស់ ពួកគេក៏អនុវត្តសេចក្ដីពិត តាមរយៈការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ ពាក្យពេចន៍ ពាក្យសម្ដី និងទម្រង់បែបបទផងដែរ។ មិនថាអ្នកប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតយ៉ាងណានោះទេ បន្ទាប់ពីបានឮហើយ ពួកគេគិតថាវាគ្រាន់តែជាប្រយោគ បទប្បញ្ញត្តិ របៀបនៃការប្រព្រឹត្ត ឬពាក្យស្លោកប៉ុណ្ណោះ។ សម្រាប់ពួកគេ វាគ្រាន់តែជាការធ្វើតាមច្បាប់ប៉ុណ្ណោះ។ ពួកគេមើលឃើញថា ការអនុវត្តសេចក្ដីពិតគឺសាមញ្ញបែបនេះឯង គ្រាន់តែប្រកាន់ខ្ជាប់នូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន គឺចប់ហើយ។
មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មើលមនុស្ស និងអ្វីៗ ប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ដោយប្រើបទប្បញ្ញត្តិដើម្បីវាស់ស្ទង់ និងដោះស្រាយអ្វីៗគ្រប់យ៉ាង។ ទោះបីជាមជ្ឈដ្ឋានខាងក្រៅ និងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗនៅជុំវិញខ្លួនផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិតែមួយ ដោយមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា ពួកគេមិនស្រឡាញ់សេចក្ដីពិត និងមិនអនុវត្តសេចក្ដីពិតទេ ពួកគេមានអារម្មណ៍ថារងភាពអយុត្តិធម៌នៅក្នុងចិត្តរបស់ពួកគេ។ ពួកគេនិយាយថា៖ «ខ្ញុំបានលះបង់ច្រើនណាស់ ស៊ូទ្រាំនឹងទុក្ខលំបាកច្រើនណាស់ ធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនណាស់ និងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនណាស់ ចុះហេតុអ្វីបានជាអ្នកនិយាយថា ខ្ញុំមិនស្រឡាញ់សេចក្ដីពិត និងមិនអនុវត្តសេចក្ដីពិតដូច្នេះ? ហេតុអ្វីបានជាអ្នកថែមទាំងនិយាយថា ខ្ញុំប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិទៀត? ខ្ញុំកំពុងរងភាពអយុត្តិធម៌ហើយ»។ តើការដែលពួកគេអាចនិយាយពាក្យបែបនេះបាន បញ្ជាក់ពីបញ្ហាអ្វី? តើការសម្ដែងចេញចម្បងរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មានអ្វីខ្លះ? តើកម្រិតសមត្ថភាពរបស់ពួកគេខ្សោយក្នុងទិដ្ឋភាពណាខ្លះ? ពួកគេគ្មានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិតទាល់តែសោះ ដូច្នេះ មិនថាមានការប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ សម្រាប់ពួកគេ ទីបំផុត អ្វីៗទាំងអស់ត្រូវបានបង្រួញមកត្រឹមរបៀបនៃការប្រព្រឹត្តតែមួយ ក្បួនតែមួយ ឃ្លាតែមួយ ឬទម្រង់ការតែមួយ មិនមែនជាគោលការណ៍ឡើយ។ ប្រសិនបើនរណាម្នាក់និយាយប្រយោគណាមួយ ឬប្រើពាក្យពេចន៍ណាមួយដែលបំពានក្បួនរបស់ពួកគេនោះ នោះសម្រាប់ពួកគេ នេះគឺជាការបំពានគោលការណ៍សេចក្ដីពិតហើយ។ នេះគឺជារឿងស្មុគស្មាញ។ ហេតុដូច្នេះហើយ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ទីមួយ ពួកគេប្រើបទប្បញ្ញត្តិផ្សេងៗ ទម្រង់ការផ្សេងៗ ពាក្យពេចន៍ទទេៗផ្សេងៗ និងរបៀបនៃការប្រព្រឹត្តផ្សេងៗ ដើម្បីកំណត់ថាខ្លួនពួកគេផ្ទាល់មានតថភាពសេចក្ដីពិត។ បន្ថែមលើនេះ មានរឿងដ៏ស្មុគស្មាញមួយទៀត៖ ពួកគេតែងតែប្រើគោលលទ្ធិដែលពួកគេឧស្សាហ៍និយាយ ព្រមទាំងបទប្បញ្ញត្តិ និងរបៀបនៃការប្រព្រឹត្តដែលពួកគេតែងតែប្រកាន់ខ្ជាប់ ដើម្បីវាស់ស្ទង់អ្នកដទៃ និងសូម្បីតែវាស់ស្ទង់ព្រះជាម្ចាស់។ ក្រៅពីការវាស់ស្ទង់ ពួកគេក៏តែងតែវិនិច្ឆ័យអ្នកដទៃ និងព្រះជាម្ចាស់ ព្រមទាំងដាក់កំហិតលើអ្នកដទៃ និងព្រះជាម្ចាស់ផងដែរ។ ឧទាហរណ៍៖ ខ្ញុំធ្លាប់បាននិយាយថា៖ «ជាទូទៅ ខ្ញុំមិនហ៊ានហូបរបស់ត្រជាក់ៗទេ។ បន្ទាប់ពីហូបវាហើយ ក្រពះរបស់ខ្ញុំមិនអាចទ្រាំទ្របានឡើយ ដូច្នេះ ជាទូទៅ ខ្ញុំមិនហូបអាហារឆៅ និងត្រជាក់ទាំងនេះទេ»។ មនុស្សម្នាក់ដែលមានកម្រិតសមត្ថភាពខ្សោយ បានឮដូច្នេះ ហើយនិយាយថា៖ «ឥឡូវនេះ ខ្ញុំយល់ពីព្រះអង្គហើយ។ នៅថ្ងៃអនាគត ខ្ញុំត្រូវតែប្រាកដថាមិនថ្វាយអាហារឆៅ និងត្រជាក់ដល់ព្រះអង្គឡើយ។ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនឹងមិនឱ្យព្រះអង្គសោយអាហារឆៅ និងត្រជាក់ជាដាច់ខាត»។ ប៉ុន្តែ នៅពេលដែលរដូវក្ដៅខ្លាំងបានមកដល់ ហើយអាកាសធាតុក្ដៅខ្លាំង ព្រមទាំងផ្លែស្ត្របឺរីនៅឯកសិដ្ឋានបានទុំ ថ្ងៃមួយ ខ្ញុំបានហូបផ្លែស្ត្របឺរី ២ ផ្លែនៅឯកសិដ្ឋាន ហើយពេលឃើញដូច្នេះ គាត់ក៏មានគំនិតថា៖ «តើព្រះអង្គមិនដែលសោយរបស់ឆៅ និងត្រជាក់ទេឬអី? តើផ្លែស្ត្របឺរីមិនត្រជាក់ទេឬ? តើពីមុន ព្រះអង្គមិនបានមានបន្ទូលទេឬថា ការសោយរបស់ត្រជាក់ៗ ធ្វើឱ្យក្រពះរបស់ព្រះអង្គមិនស្រួលនោះ? ចុះហេតុអ្វីបានជាថ្ងៃនេះ ព្រះអង្គសោយផ្លែស្ត្របឺរីដូច្នេះ? តើព្រះអង្គមិនមែនកំពុងកុហកទេឬអី?»។ គាត់បានគិតបែបនេះនៅក្នុងចិត្តរបស់គាត់ គ្រាន់តែគាត់មិនបាននិយាយវាចេញមកក្រៅប៉ុណ្ណោះ។ ប្រាប់ខ្ញុំមើល តើការយល់ឃើញរបស់គាត់ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាមិនត្រឹមត្រូវដោយរបៀបណា? (គាត់បានយកព្រះបន្ទូលមួយឃ្លារបស់ព្រះជាម្ចាស់ធ្វើជាបទប្បញ្ញត្តិដើម្បីវាស់ស្ទង់រឿងរ៉ាវ ដោយមិនបានពិចារណាពីបរិបទដែលព្រះជាម្ចាស់បានមានព្រះបន្ទូលឡើយ។) គាត់មិនបានដឹងថា ព្រះបន្ទូលទាំងនេះរបស់ខ្ញុំសំដៅលើអ្វីឡើយ។ ក្នុងកាលៈទេសៈធម្មតា ការហូបរបស់ឆៅ និងត្រជាក់ ធ្វើឱ្យក្រពះរបស់ខ្ញុំមិនស្រួល ប៉ុន្តែមានករណីលើកលែង។ ឧទាហរណ៍៖ នៅពេលដែលខ្ញុំបានធ្វើការងារប្រើកម្លាំង ហើយរាងកាយរបស់ខ្ញុំឡើងកម្ដៅ រួមផ្សំនឹងអាកាសធាតុក្ដៅ ដែលសីតុណ្ហភាពឡើងដល់ប្រហែល៣០អង្សា ហើយអាហារឆៅ និងត្រជាក់ទាំងនោះមិនសូវត្រជាក់ខ្លាំង នោះក្នុងករណីបែបនេះ ខ្ញុំអាចហូបបានបន្តិចបន្តួច។ វាមិនមែនមានន័យថា ខ្ញុំមិនអាចហូបវាបានទាល់តែសោះនោះទេ។ នៅពេលដែលខ្ញុំនិយាយថា «មិនអាចហូបវាបាន» ខ្ញុំកំពុងសំដៅលើកាលៈទេសៈធម្មតា នៅក្នុងអាកាសធាតុរដូវក្ដៅដ៏ស្អុះស្អាប់ ខ្ញុំអាចហូបបន្តិចបន្តួចបានដោយមិនមានបញ្ហា។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មិនអាចយល់ពីព្រះបន្ទូលទាំងនេះបានឡើយ។ នៅពេលដែលគាត់បានឮព្រះបន្ទូលទាំងនេះ គាត់បានចាត់ទុកវាជាបទប្បញ្ញត្តិ ឬរូបមន្ត។ នៅពេលដែលកាលៈទេសៈពិសេសកើតឡើង គាត់នៅតែព្យាយាមយកកាលៈទេសៈទាំងនោះទៅផ្គូផ្គងនឹងរូបមន្តនេះដដែល។ នៅពេលដែលគាត់ឃើញថាវាមិនស៊ីគ្នា គាត់មិនអាចយល់ពីរឿងនេះបានឡើយ៖ «តើព្រះអង្គមិនបានមានបន្ទូលទេឬថា ព្រះអង្គមិនអាចសោយរបស់ឆៅ និងត្រជាក់បាននោះ? ចុះហេតុអ្វីបានជាឥឡូវនេះ ព្រះអង្គសោយវាដូច្នេះ? តើព្រះអង្គមិនមែនកំពុងកុហកទេឬអី?»។ តើភាពខ្វះខាតរបស់គាត់ស្ថិតនៅត្រង់ណា ទាក់ទងនឹងការដែលគាត់មិនអាចយល់ពីព្រះបន្ទូលរបស់ខ្ញុំនោះ? (គាត់គ្មានសមត្ថភាពក្នុងការយល់ដឹងឡើយ។) ភាពខ្វះខាតរបស់គាត់ស្ថិតនៅត្រង់ការដែលគាត់មិនអាចវិនិច្ឆ័យ និងយល់ពីរឿងនេះ ដោយផ្អែកលើការផ្លាស់ប្ដូរនៃមជ្ឈដ្ឋាន និងកាលៈទេសៈពិសេស។ ប្រសិនបើមនុស្សដែលមានកម្រិតសមត្ថភាពគ្រប់គ្រាន់ឃើញដូច្នេះ ពួកគេនឹងដឹងថា បន្ទាប់ពីធ្វើការ ហើយរាងកាយរបស់ខ្ញុំឡើងកម្ដៅ រួមផ្សំនឹងអាកាសធាតុក្ដៅ ព្រមទាំងការពិតដែលថាផ្លែឈើទាំងនេះមិនសូវត្រជាក់ពេក ការហូបបន្តិចបន្តួច មិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ ហើយនេះគឺជារឿងធម្មតាណាស់។ ពួកគេអាចយល់ពីរឿងនេះ និងគិតយល់ពីរឿងនេះបាន។ ប៉ុន្តែ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មិនអាចគិតយល់ពីរឿងនេះបានឡើយ ពួកគេជាប់គាំងនៅត្រង់ចំណុចនេះ ហើយបង្កើតជាសញ្ញាណនៅក្នុងចិត្តរបស់ពួកគេ។ តើមានផលវិបាកអ្វី នៅពេលដែលសញ្ញាណត្រូវបានបង្កើតឡើង? វាងាយនឹងនាំឱ្យពួកគេវិនិច្ឆ័យ និងថ្កោលទោស។ តើវាមិនមែនបែបនេះទេឬអី? (មែនហើយ។) ជាការពិតណាស់ រឿងតូចតាចនេះមិនមែនជាបញ្ហាធំដុំឡើយ ប៉ុន្តែពួកគេនៅតែមិនអស់ចិត្តឡើយ៖ «តើនេះមិនមែនជាការកុហកទេឬអី? ដូច្នេះ ព្រះអង្គក៏កុហកដែរ!»។ អ្នកឃើញទេ ពួកគេប្រញាប់ដាក់កំហិត និងវិនិច្ឆ័យ សូម្បីតែលើរឿងដ៏តូចតាចនេះក៏ដោយ។ ហើយនេះគឺមុននឹងឈានដល់រឿងធំៗផង ពួកគេបានបង្កើតជាសញ្ញាណរួចទៅហើយ។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មិនអាចមើលធ្លុះសូម្បីតែរឿងតូចតាចបែបនេះ ហើយគ្មានការញែកដឹងទាល់តែសោះ។ មិនថាពួកគេកំពុងមើលរឿងរ៉ាវអ្វីនោះទេ ពួកគេអនុវត្តបទប្បញ្ញត្តិយ៉ាងរឹងត្អឹង។ ពួកគេជឿថា មានតែអ្នកដែលអាចប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិប៉ុណ្ណោះ ទើបមានសេចក្ដីពិត។ ទោះបីជាពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នកស្របនឹងគោលការណ៍សេចក្ដីពិតយ៉ាងណាក៏ដោយ ដរាបណាវាផ្ទុយនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សបែបនេះ ហើយប៉ះទង្គិចនឹងបទប្បញ្ញត្តិដែលពួកគេទទួលស្គាល់ នោះពួកគេនឹងវិនិច្ឆ័យ និងថ្កោលទោសអ្នកនៅក្នុងចិត្តរបស់ពួកគេ។ សូម្បីតែពួកគេមិននិយាយវាចេញមកក្រៅក៏ដោយ ក៏ពួកគេនឹងបង្កើតជាសញ្ញាណ ឬអគតិចំពោះអ្នកដែរ។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយទាំងនេះ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណា ឬមានការប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតនោះទេ ពួកគេតែងតែបង្រួញអ្វីៗគ្រប់យ៉ាងមកត្រឹមពាក្យសម្ដីតែមួយ របៀបនៃការប្រព្រឹត្តតែមួយ ឬបទប្បញ្ញត្តិតែមួយ ហើយពួកគេប្រកាន់ខ្ជាប់នូវពាក្យសម្ដី របៀបនៃការប្រព្រឹត្ត និងបទប្បញ្ញត្តិទាំងនេះដោយភាពក្លៀវក្លាជាទីបំផុត។ ពួកគេថែមទាំងជឿថា ពួកគេគឺជាមនុស្សដែលអនុវត្តសេចក្ដីពិត ហើយថាពួកគេពិតជាចុះចូលនឹងសេចក្ដីពិត និងពិតជាកោតខ្លាចព្រះជាម្ចាស់មែន។ ជួនកាល ពួកគេថែមទាំងធ្វើឱ្យខ្លួនឯងរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក ដោយគិតថាពួកគេពិតជាស្រឡាញ់ព្រះជាម្ចាស់ ហើយថាគ្មាននរណាម្នាក់នៅក្នុងលោកនេះស្រឡាញ់ព្រះជាម្ចាស់ជាងពួកគេឡើយ។ តាមពិត អ្វីដែលពួកគេប្រកាន់ខ្ជាប់ គ្រាន់តែជាបទប្បញ្ញត្តិតែមួយ ឬរបៀបនៃការប្រព្រឹត្តតែមួយប៉ុណ្ណោះ។ ពួកគេអនុវត្តតាមរបៀបនេះ ហើយអាចប្រកាន់ខ្ជាប់វាដោយមិនផ្លាស់ប្ដូរ ដោយជឿថាពួកគេទទួលបានសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ហើយ។ ប្រាប់ខ្ញុំមើល តើនេះមិនមែនជារឿងគួរឱ្យឈឺក្បាលទេឬអី? (មែនហើយ។)
តើអ្នករាល់គ្នាតែងតែឃើញករណីមនុស្សដែលប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិជាញឹកញាប់ដែរឬទេ? (មែនហើយ។) ឧទាហរណ៍៖ អ្នកប្រាប់អ្នកធ្វើម្ហូបថា អាកាសធាតុកាន់តែក្ដៅហើយ ដូច្នេះ ជារៀងរាល់ថ្ងៃ គេគួរតែរៀបចំតែរុក្ខជាតិដែលជួយបញ្ចុះកម្ដៅក្នុងខ្លួន ឬធ្វើភេសជ្ជៈត្រជាក់ៗខ្លះ ហើយបម្រើម្ហូបត្រជាក់ៗខ្លះនៅពេលធ្វើម្ហូប ដែលជនជាតិលោកខាងលិចហៅថាសាឡាដ ដើម្បីជួយឱ្យមនុស្សមានចំណង់អាហារ។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ចងចាំរឿងនេះទុកក្នុងចិត្ត៖ នៅពេលអាកាសធាតុក្ដៅខ្លាំង មនុស្សគួរតែហូបម្ហូបត្រជាក់ៗ និងផឹកភេសជ្ជៈត្រជាក់ៗ។ គាត់ចងចាំរឿងនេះបានយ៉ាងល្អ ហើយប្រកាន់ខ្ជាប់វាដោយឧស្សាហ៍ព្យាយាម។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃមួយ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ គាត់មិនខ្វល់ថាវាត្រជាក់ឬអត់នោះទេ ហើយគិតថា៖ «ឥឡូវនេះជារដូវក្ដៅ ដូច្នេះ ខ្ញុំត្រូវតែធ្វើម្ហូបត្រជាក់ៗ និងភេសជ្ជៈត្រជាក់ៗ។ ខ្ញុំនឹងធ្វើវាជារៀងរាល់ថ្ងៃ ដើម្បីឱ្យអ្នកបានរីករាយនឹងវាឱ្យអស់ចិត្ត ដើម្បីឱ្យអ្នកត្រជាក់ខ្លួនទាំងស្រុង។ ខ្ញុំមិនខ្វល់ថាសីតុណ្ហភាពធ្លាក់ចុះឬអត់នោះទេ!»។ គាត់មិនត្រឹមតែធ្វើម្ហូបត្រជាក់ៗប៉ុណ្ណោះទេ សូម្បីតែមី ក៏គាត់លាងវាក្នុងទឹកត្រជាក់ដែរ បន្ទាប់មក ក្រោយពេលហូបបាយរួច ក៏បម្រើភេសជ្ជៈត្រជាក់ៗ ដោយថែមទាំងដាក់ដុំទឹកកកពីរបីដុំទៀតផង។ មនុស្សមួយចំនួន ពេលឃើញដូច្នេះ ក៏និយាយថា៖ «ថ្ងៃនេះត្រជាក់ណាស់។ ហេតុអ្វីបានជាអ្នកនៅតែធ្វើម្ហូបត្រជាក់ៗទៀត? ហើយអ្នកថែមទាំងដាក់ដុំទឹកកកក្នុងភេសជ្ជៈត្រជាក់ៗទៀត តើអ្នកកំពុងព្យាយាមធ្វើឱ្យពួកយើងកកឬអី?»។ អ្នកធ្វើម្ហូបមានអារម្មណ៍អាក់អន់ចិត្ត ហើយនិយាយថា៖ «តើខ្ញុំពិតជាមានចិត្តព្យាបាទដល់ថ្នាក់ហ្នឹងមែនឬ? រដូវក្ដៅក្ដៅណាស់ តើខ្ញុំមិនមែនគ្រាន់តែធ្វើបែបនេះដើម្បីជួយឱ្យអ្នកគ្រប់គ្នាត្រជាក់ខ្លួន និងហូបបានច្រើនបន្តិចទេឬអី? តើនេះមិនមែនជាការធ្វើតាមគោលការណ៍ និងការគិតគូរដល់អ្នកគ្រប់គ្នាទេឬអី? តើខ្ញុំខុសត្រង់ណា? ហើយឥឡូវនេះ អ្នករាល់គ្នានិយាយថា ខ្ញុំកំពុងព្យាយាមធ្វើឱ្យអ្នករាល់គ្នាកក តើខ្ញុំពិតជាខ្វះគុណធម៌ដល់ថ្នាក់ហ្នឹងមែនឬ? តើភាពជាមនុស្សរបស់ខ្ញុំពិតជាអន់ដល់ថ្នាក់ហ្នឹងមែនឬ? អ្នករាល់គ្នាពិតជាមិនគិតគូរដល់ខ្ញុំទាល់តែសោះ!»។ តាមរយៈការធ្វើម្ហូបតាមរបៀបនោះ តើគាត់កំពុងធ្វើតាមគោលការណ៍ដែរឬទេ? តើគោលការណ៍នៅទីនេះគឺជាអ្វី? គឺត្រូវកែសម្រួលអាហារ និងភេសជ្ជៈ ទៅតាមរដូវកាល និងសីតុណ្ហភាព។ នៅរដូវក្ដៅ ពេលអាកាសធាតុក្ដៅ ការហូបអាហារ ឬផឹកភេសជ្ជៈដែលត្រជាក់ល្មម ដែលអាចជួយឱ្យមនុស្សមានចំណង់អាហារ នេះគឺជាគោលការណ៍មួយ តើមែនទេ? វាគឺជាគោលការណ៍មួយ។ ប៉ុន្តែឥឡូវនេះ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះភ្លាមៗ តើគោលការណ៍នេះគួរត្រូវបានអនុវត្តដោយរបៀបណា? (នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះភ្លាមៗ អ្នកធ្វើម្ហូបលែងអាចប្រកាន់ខ្ជាប់នូវការរៀបចំម្ហូបត្រជាក់ៗ ឬសាឡាដ ដូចដែលគាត់ត្រូវបានណែនាំពីមុនទៀតហើយ ប៉ុន្តែត្រូវតែកែសម្រួលដោយផ្អែកលើអាកាសធាតុ ហើយធ្វើម្ហូបក្ដៅៗជំនួសវិញ។ គាត់មិនអាចប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិបានឡើយ។) ត្រូវហើយ។ នៅពេលដែលអាកាសធាតុចុះត្រជាក់ម្ដងម្កាលនៅរដូវក្ដៅ អ្នកមិនអាចប្រកាន់ខ្ជាប់នូវការធ្វើម្ហូបត្រជាក់ៗ និងភេសជ្ជៈត្រជាក់ៗនៅរដូវក្ដៅបានឡើយ អ្នកមិនអាចប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិនេះបានទេ។ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះភ្លាមៗ អាហារនិងភេសជ្ជៈដែលគេហូបចុក ក៏ត្រូវតែផ្លាស់ប្ដូរភ្លាមៗដែរ។ មិនគួរធ្វើម្ហូបត្រជាក់ៗ និងភេសជ្ជៈត្រជាក់ៗទៀតទេ ហើយក៏មិនគួរដាក់ដុំទឹកកកជាដាច់ខាត។ ផ្ទុយទៅវិញ អ្នកគួរតែធ្វើម្ហូបក្ដៅៗ ធ្វើមីឧណ្ហៗខ្លះ ដោយកែសម្រួលអាហារនិងភេសជ្ជៈទៅតាមសីតុណ្ហភាព និងអាកាសធាតុ។ នេះគឺជាគោលការណ៍។ ប៉ុន្តែ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ដរាបណាជារដូវក្ដៅ គាត់ប្រកាន់ខ្ជាប់នូវការធ្វើភេសជ្ជៈត្រជាក់ៗ និងម្ហូបត្រជាក់ៗ ដោយមិនខ្វល់ពីសីតុណ្ហភាព ឬស្ថានភាពអាកាសធាតុឡើយ តើបញ្ហានៅទីនេះគឺជាអ្វី? (ការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។) នេះគឺជាការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ ដោយមិនអាចអនុវត្តគោលការណ៍ឱ្យបានបត់បែនទៅតាមកាលៈទេសៈ។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ទាក់ទងនឹងរបៀបដែលពួកគេធ្វើអ្វីៗ ពួកគេចងចាំពាក្យសម្ដីមួយឃ្លា ហើយចាត់ទុកវាជាបទប្បញ្ញត្តិដែលត្រូវប្រកាន់ខ្ជាប់ ហើយមិនថាមជ្ឈដ្ឋាន មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចអនុវត្តគោលការណ៍ឱ្យបានបត់បែន ដើម្បីចាត់ចែងរឿងរ៉ាវបានឡើយ។ តាមពិត លទ្ធផលដែលត្រូវសម្រេចបាន តាមរយៈការបង្កើតគោលការណ៍ទាក់ទងនឹងអាហារនិងភេសជ្ជៈ គឺដើម្បីធានាថាមនុស្សហូបក្នុងរបៀបមួយដែលធ្វើឱ្យរាងកាយរបស់ពួកគេមានអារម្មណ៍ស្រួល។ គោលការណ៍បែបនេះ មិនមែនជាបទប្បញ្ញត្តិទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ ដោយមិនពិចារណាពីសីតុណ្ហភាព ឬអាកាសធាតុ ហើយក៏មិនខ្វល់ថាអ្នកហូបហើយមានអារម្មណ៍ស្រួលឬអត់នោះទេ ពួកគេប្រកាន់ខ្ជាប់នូវការធ្វើម្ហូបត្រជាក់ៗ និងភេសជ្ជៈត្រជាក់ៗ ដរាបណាជារដូវក្ដៅ នេះហៅថាការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិហើយ។ ការអនុវត្តតាមគោលការណ៍ មានន័យថា អ្វីៗគ្រប់យ៉ាងដែលបានធ្វើ គឺវិលជុំវិញការសម្រេចបាននូវលទ្ធផលល្អនៅទីបញ្ចប់នោះ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ គឺព្រងើយកន្តើយនឹងលទ្ធផល ហើយផ្ដោតតែលើទម្រង់ការ និងរបៀបធ្វើប៉ុណ្ណោះ។ នេះគឺជាវិធីដែលមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយចាត់ចែងរឿងរ៉ាវ មិនថារឿងអ្វីកើតឡើងនោះទេ ពួកគេប្រើវិធីសាស្ត្រដដែលនេះដើម្បីចាត់ចែងវា។
មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មិនអាចមើលធ្លុះរឿងអ្វីដែលកើតឡើងចំពោះពួកគេឡើយ។ សូម្បីតែនៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់សេចក្ដីអធិប្បាយក៏ដោយ ក៏ការយល់ដឹងរបស់ពួកគេមានការវៀចខុសទំនងខ្លះៗ ហើយជៀសមិនផុតពីការមានសេចក្ដីល្អៀងដែរ។ ពួកគេកំពុងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ របៀបនៃការប្រព្រឹត្ត ឬពិធី ដែលខុសប្លែកស្រឡះពីគោលការណ៍សេចក្ដីពិត ហើយជាលទ្ធផល រឿងដែលវៀចខុសទំនងជាច្រើនក៏កើតឡើង។ អាចនិយាយបានថា ការយល់ដឹងរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយទាក់ទងនឹងរឿងរ៉ាវណាមួយ តែងតែមានលក្ខណៈវៀចខុសទំនងខ្លះៗជានិច្ច។ ទោះបីជានៅក្នុងរឿងសាមញ្ញៗ និងងាយស្រួលចាត់ចែង ពួកគេអាចសម្រេចបានការស្ដាប់បង្គាប់ និងការចុះចូល ដោយមិនបង្ហាញពីការវៀចខុសទំនងក៏ដោយ ប៉ុន្តែនៅពេលនិយាយដល់រឿងរ៉ាវដែលផ្អែកលើគោលការណ៍ ឬបញ្ហាដែលស្មុគស្មាញគួរសម ពួកគេមិនអាចក្ដាប់គោលការណ៍សេចក្ដីពិតបានឡើយ ហើយដឹងត្រឹមតែការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិប៉ុណ្ណោះ។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ គ្មានសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិតទាល់តែសោះ ហើយគ្រាន់តែដឹងពីការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិប៉ុណ្ណោះ។ មនុស្សបែបនេះ ក៏ពិបាកដោះស្រាយជាមួយណាស់ដែរ។ ពួកគេមានភាពក្លៀវក្លា និងប្ដេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។ ប្រសិនបើអ្នកប្រកបគ្នាជាមួយពួកគេ ហើយនិយាយថា៖ «អ្វីដែលអ្នកកំពុងធ្វើ គឺជាការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ មិនមែនជាការធ្វើតាមគោលការណ៍សេចក្ដីពិតទេ» ពួកគេមិនអាចទទួលយកវាបានឡើយ។ ពួកគេមានអារម្មណ៍ថា៖ «ខ្ញុំកំពុងប្រកាន់ខ្ជាប់នូវគោលការណ៍យ៉ាងខ្ជាប់ខ្ជួន ហើយមិនអាចសម្របសម្រួលជាមួយអ្នកដទៃបានឡើយ! អ្នកដទៃមិនប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយត្រូវបានថ្កោលទោសដោយសារតែរឿងនេះ ប៉ុន្តែនៅពេលដែលខ្ញុំប្រកាន់ខ្ជាប់នូវគោលការណ៍ ខ្ញុំក៏ត្រូវបានថ្កោលទោសដែរ។ នេះគឺជារឿងអយុត្តិធម៌ណាស់!»។ ចូរមើលចុះថាពួកគេរឹងរូសប៉ុនណា អ្នកពិតជាមិនអាចបញ្ចុះបញ្ចូលពួកគេបានឡើយ។ តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សបែបនេះដែរឬទេ? (ធ្លាប់។) ឧទាហរណ៍៖ ខ្ញុំប្រាប់មនុស្សមួយចំនួនថា៖ «ប្រសិនបើអ្នកចង់រៀនរាំ អ្នកអាចទុកពេលពីរម៉ោងជារៀងរាល់ថ្ងៃ ដើម្បីហ្វឹកហាត់ នៅពេលដែលការងារមិនរវល់។ ប្រសិនបើអ្នកតស៊ូបានមួយរយៈ អ្នកនឹងរៀនវាចេះមិនខាន»។ ពួកគេចងចាំឃ្លាថា «តស៊ូហ្វឹកហាត់ពីរម៉ោងជារៀងរាល់ថ្ងៃ» ហើយជឿថាការធ្វើបែបនេះ គឺជាការអនុវត្តសេចក្ដីពិត និងការប្រកាន់ខ្ជាប់នូវគោលការណ៍។ ក្រោយមក មិនថាភារកិច្ចដែលពួកគេកំពុងធ្វើរវល់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែតស៊ូហ្វឹកហាត់រាំពីរម៉ោងជារៀងរាល់ថ្ងៃដដែល។ ក្នុងអំឡុងពេលមួយ ដែលកិច្ចការពួកជំនុំរវល់ខ្លាំងតាំងពីព្រឹករហូតដល់ល្ងាច ហើយតាមពិតទៅ ពួកគេគ្មានពេលទំនេរពីរម៉ោងក្នុងមួយថ្ងៃនោះទេ ពួកគេនៅតែចចេសហ្វឹកហាត់រាំពីរម៉ោងដដែល។ នៅពេលដែលអ្នកដទៃរំឭកពួកគេថា ការធ្វើបែបនេះអាចពន្យារពេលកិច្ចការពួកជំនុំ ពួកគេបដិសេធមិនស្ដាប់ ហើយនិយាយថា៖ «ព្រះជាម្ចាស់បានបង្គាប់ឱ្យខ្ញុំហ្វឹកហាត់រាំពីរម៉ោងជារៀងរាល់ថ្ងៃ។ ខ្ញុំត្រូវតែធ្វើរឿងនេះ។ ប្រសិនបើខ្ញុំមិនធ្វើរឿងនេះទេ វាមានន័យថា ខ្ញុំមិនស្ដាប់បង្គាប់ និងគ្មានការចុះចូល»។ ប្រសិនបើអ្នកប្រាប់ពួកគេកុំឱ្យធ្វើវា ពួកគេមិនសុខចិត្តឡើយ។ ពួកគេមិនអាចចាត់ចែងរឿងរ៉ាវឱ្យបានបត់បែន ឬអនុវត្តព្រះបន្ទូលរបស់ខ្ញុំឱ្យបានបត់បែន ដោយផ្អែកលើតម្រូវការនៃកិច្ចការ ឬតម្រូវការនៃមជ្ឈដ្ឋានបានឡើយ។ ពួកគេមិនយល់ថា ហេតុអ្វីបានជាពួកគេគួរហ្វឹកហាត់ពីរម៉ោង តើការហ្វឹកហាត់ពីរម៉ោងមានអត្ថន័យយ៉ាងណា ឬតើវាមានបំណងសម្រេចឱ្យបានលទ្ធផលអ្វីនោះទេ។ ពួកគេមិនយល់ និងមិនច្បាស់ពីរឿងទាំងនេះឡើយ។ សម្រាប់ពួកគេ ការអនុវត្តសេចក្ដីពិត គ្រាន់តែមានន័យថា ការប្រកាន់ខ្ជាប់នូវពាក្យសម្ដីមួយឃ្លា បទប្បញ្ញត្តិមួយ ឬទម្រង់ការមួយប៉ុណ្ណោះ។ តាមទស្សនៈរបស់ពួកគេ នោះគឺជាការអនុវត្តសេចក្ដីពិតហើយ។ មិនថាលទ្ធផលណាមួយត្រូវបានសម្រេច ឬលទ្ធផលនោះចេញមកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែចចេសតស៊ូដើរតាមផ្លូវតែមួយ ដោយបដិសេធមិនព្រមត្រឡប់ក្រោយវិញជាដាច់ខាត ទោះបីជាយកគោដប់ក្បាលមកទាញពួកគេក៏ដោយ។ សូម្បីតែពួកគេមានសេចក្ដីល្អៀងនៅក្នុងការអនុវត្តរបស់ពួកគេក៏ដោយ ក៏ពួកគេនឹងធ្វើវាតាមរបៀបនោះជានិច្ចដែរ។ នៅពេលប្រាប់ថា ពួកគេកំពុងតែធ្វើរឿងខុសទំនង ពួកគេនៅតែចចេសធ្វើវាដដែល។ តើមនុស្សបែបនេះមិនពិបាកដោះស្រាយជាមួយខ្លាំងណាស់ទេឬអី? មិនថានរណាប្រកបគ្នាជាមួយពួកគេនោះទេ វាមិនមានប្រសិទ្ធភាពឡើយ។ បន្ទាប់ពីអ្នកខិតខំពន្យល់រឿងរ៉ាវយ៉ាងច្បាស់លាស់ ថ្ងៃនេះពួកគេប្រហែលជាយល់ពីរឿងនេះ ប៉ុន្តែថ្ងៃស្អែក ពួកគេនឹងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិនៅក្នុងរឿងមួយទៀត ដោយប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិឥតឈប់ឈរ ហើយអ្នកត្រូវតែកែតម្រូវពួកគេជានិច្ច។ ពួកគេកំពុងងាកទៅឆ្វេង ឬទៅស្ដាំ ហើយមានសេចក្ដីល្អៀងនៅក្នុងរឿងបែបនេះ ឬរឿងបែបនោះ ពួកគេបន្តមានសេចក្ដីល្អៀងឥតឈប់ឈរ។ ការមើលពួកគេ ធ្វើឱ្យអ្នកអន្ទះអន្ទែង ប៉ុន្តែអ្នកមិនអាចកែតម្រូវពួកគេបានឡើយ ទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ។ ហេតុអ្វី? ពីព្រោះកម្រិតសមត្ថភាពរបស់ពួកគេខ្សោយពេក។ ពួកគេមិនអាចបែងចែករវាងអ្វីៗដែលវិជ្ជមាន និងអ្វីៗដែលអវិជ្ជមាន អ្វីដែលត្រូវ និងខុស អ្វីដែលត្រឹមត្រូវ និងមិនត្រឹមត្រូវ សេចក្ដីពិត និងបទប្បញ្ញត្តិបានឡើយ។ ពួកគេគ្មានស្ដង់ដាសម្រាប់បែងចែកឱ្យដាច់ស្រឡះនូវរឿងរ៉ាវទាំងនេះ គ្មានសមត្ថភាពក្នុងការបែងចែកឱ្យដាច់ស្រឡះនូវរឿងរ៉ាវទាំងនេះ ហើយគ្រាន់តែមិនអាចបែងចែកឱ្យដាច់ស្រឡះនូវរឿងរ៉ាវទាំងនេះបានតែម្ដង។ ហេតុដូច្នេះហើយ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ អាចធ្វើបានត្រឹមតែការងារ និងកិច្ចការដែលផ្អែកលើបទប្បញ្ញត្តិ ឬកិច្ចការតែមួយផ្នែក ដែលមិនពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ដូចជាការធ្វើតាមកាលវិភាគជាប្រចាំរាល់ថ្ងៃ ការធ្វើរឿងមួយនៅម៉ោងជាក់លាក់ណាមួយ និងការធ្វើរឿងមួយទៀតនៅម៉ោងកំណត់មួយទៀត ពោលគឺ ពួកគេអាចចាត់ចែងបានត្រឹមតែកិច្ចការសាមញ្ញៗទាំងនោះ ដែលការប្រកាន់ខ្ជាប់នូវកាលវិភាគ ទម្រង់ការ និងរបៀបនៃការធ្វើរឿងរ៉ាវ គឺគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការនោះឱ្យបានល្អប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេមិនអាចចាត់ចែងកិច្ចការដែលស្មុគស្មាញបន្តិចបានឡើយ។ នៅពេលដែលពួកគេត្រូវបានតម្រូវឱ្យប្រព្រឹត្តតាមគោលការណ៍សេចក្ដីពិត និងសម្រេចឱ្យបានលទ្ធផលជាក់លាក់ ពួកគេមិនអាចសម្រេចរឿងនេះបានឡើយ។ ប្រសិនបើអ្នកចាត់តាំងកិច្ចការមួយមុខឱ្យពួកគេ ដែលតម្រូវឱ្យពួកគេអនុវត្តគោលការណ៍សេចក្ដីពិតឱ្យបានបត់បែន ចាត់ចែងបញ្ហាផ្សេងៗឱ្យបានសមស្រប និងសម្របខ្លួនទៅតាមមជ្ឈដ្ឋាន ពួកគេមានភាពច្របូកច្របល់ ហើយមិនអាចសម្រេចវាបានឡើយ។ ពួកគេត្រូវតែមាននរណាម្នាក់ជួយ និងណែនាំពួកគេ អ្នកមិនអាចរំពឹងថាពួកគេនឹងធ្វើកិច្ចការនោះឱ្យបានល្អដោយឯករាជ្យបានឡើយ។ តើគួរប្រព្រឹត្តចំពោះមនុស្សបែបនេះដោយរបៀបណា? ទោះបីជាពួកគេអាចតស៊ូក្នុងការបំពេញភារកិច្ចរបស់ពួកគេជាប្រចាំរាល់ថ្ងៃក៏ដោយ ប៉ុន្តែនៅពេលប្រឈមមុខនឹងស្ថានភាពដែលនឹកស្មានមិនដល់ ពួកគេមិនដឹងថាត្រូវឆ្លើយតបដោយរបៀបណាឡើយ ហើយថែមទាំងអាចឈប់បំពេញភារកិច្ចរបស់ពួកគេទៀតផង។ សម្រាប់មនុស្សបែបនេះ ចាំបាច់ត្រូវសាកសួរ និងត្រួតពិនិត្យកិច្ចការរបស់ពួកគេជាញឹកញាប់ ដោយសួរថា៖ «ក្នុងអំឡុងពេលនេះ តើមានការបង្អាក់ ឬការរំខានណាមួយដល់កិច្ចការពួកជំនុំដែរឬទេ? តើមានបញ្ហាស្មុគស្មាញណាមួយ ដែលអ្នកមិនដឹងថាត្រូវចាត់ចែងដោយរបៀបណាដែរឬទេ?»។ បន្ទាប់ពីគិតគូររួច ពួកគេនិយាយថា៖ «អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងល្អ ក្នុងអំឡុងពេលនេះ។ មនុស្សគ្រប់គ្នាកំពុងបំពេញភារកិច្ចរបស់ពួកគេ ហើយអាចជួបជុំ និងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាធម្មតា។ គ្មាននរណាម្នាក់បានបង្អាក់ ឬរំខានឡើយ ហើយខ្ញុំក៏មិនបានឮថាមនុស្សណាម្នាក់ផ្សព្វផ្សាយទស្សនៈខុសទំនង ដើម្បីបំភាន់អ្នកដទៃដែរ»។ ពួកគេមិនអាចមើលឃើញបញ្ហាណាមួយបានឡើយ ហើយមិនដឹងថាត្រូវរាយការណ៍ពីអ្វីនោះទេ ហើយថែមទាំងមិនអាចលើកជាសំណួរបានទៀតផង។ ហេតុដូច្នេះហើយ អ្នកមិនអាចរំពឹងថាពួកគេនឹងចាត់ចែង ឬដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងជីវិតពិត ឬក្នុងការបំពេញភារកិច្ចរបស់ពួកគេដោយខ្លួនឯងបានឡើយ។ អ្នកក៏មិនអាចរំពឹងថាពួកគេនឹងស្វែងរកការណែនាំពីថ្នាក់លើរបស់ពួកគេ ឬសួរពួកគាត់ នៅពេលដែលពួកគេមិនដឹងថាត្រូវចាត់ចែងរឿងអ្វីមួយដោយរបៀបណាដែរ។ ពួកគេមិនអាចសម្រេចបានរឿងទាំងនេះឡើយ ពីព្រោះកម្រិតសមត្ថភាពរបស់ពួកគេមិនគ្រប់គ្រាន់។ ប្រសិនបើមនុស្សបែបនេះមិនរាយការណ៍ពីបញ្ហាទៅថ្នាក់លើរបស់ពួកគេទេ អ្នកដទៃអាចនឹងគិតថាពួកគេគ្មានបញ្ហាឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនបែបនេះទេ។ ពួកគេមិនអាចរកឃើញសូម្បីតែបញ្ហាធម្មតាៗ សូម្បីតែនៅពេលដែលបញ្ហាគរនៅចំពោះមុខពួកគេក៏ដោយ ក៏ពួកគេមិនចាត់ទុកវាជាបញ្ហាដែរ។ ដូច្នេះហើយ ពួកគេក៏មិនដោះស្រាយបញ្ហាដែរ។ ពួកគេមានក្បាលមួយ ដែលមានភ្នែកពីរ និងត្រចៀកពីរនៅលើនោះ ពួកគេអាចមើលឃើញ ស្ដាប់ឮ និងនិយាយបាន ប៉ុន្តែពួកគេមិនអាចរកឃើញ ឬដោះស្រាយបញ្ហាបានឡើយ។ ដោយសារពួកគេខ្វះទាំងស្រុងនូវកម្រិតសមត្ថភាព និងសមត្ថភាពក្នុងការរកឃើញ និងចាត់ចែងបញ្ហា មិនថាពួកគេមើលទៅឆ្លាតវៃយ៉ាងណាតាមរយៈរូបរាងរបស់ពួកគេនោះទេ វាមិនមានប្រយោជន៍ឡើយ។ ពួកគេមិនអាចយកអ្វីដែលពួកគេមើលឃើញ ឬស្ដាប់ឮ មកគិតពិចារណាក្នុងគំនិតរបស់ពួកគេ និងវែកញែកថាតើទាំងនេះគឺជាបញ្ហា ឬថាតើវាគួរត្រូវបានចាត់ចែងដោយរបៀបណាឡើយ។ ប្រសិនបើពួកគេមិនអាចចាត់ចែងបញ្ហាដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតបានទេ ពួកគេក៏នឹងមិនរាយការណ៍បញ្ហាទាំងនោះទៅខាងលើរបស់ពួកគេដែរ។ ពួកគេគ្មានសមត្ថភាពក្នុងការធ្វើរឿងទាំងនេះទាល់តែសោះ។ តើនេះមិនបង្ហាញថាពួកគេមានកម្រិតសមត្ថភាពខ្សោយទេឬអី? តើទាំងនេះមិនមែនជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយទេឬអី? (មែនហើយ។) ប្រសិនបើអ្នកសួរមនុស្សម្នាក់ដែលមានកម្រិតសមត្ថភាពខ្សោយថា៖ «តើមានបញ្ហាណាមួយនៅក្នុងការងារ ក្នុងអំឡុងពេលនេះដែរឬទេ? តើមានផ្នែកណាមួយដែលអ្នកមិនយល់ពីគោលការណ៍ដែរឬទេ?» ពួកគេឆ្លើយតបថា៖ «គ្មានបញ្ហាអ្វីទេ គ្រប់គ្នាសុទ្ធតែរវល់ ហើយអ្វីៗកំពុងប្រព្រឹត្តទៅយ៉ាងល្អ!»។ សម្រាប់ពួកគេ អ្វីៗគ្រប់យ៉ាងគឺល្អទាំងអស់។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ ប្រសិនបើអ្នកគ្រាន់តែជឿពួកគេ នៅពេលដែលពួកគេនិយាយថាអ្វីៗគ្រប់យ៉ាងគឺល្អ នោះអ្នកល្ងង់ពេកហើយ ហើយអ្នកក៏ជាមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយដូចពួកគេដែរ។ មនុស្សដែលមានកម្រិតសមត្ថភាពល្អ មិនត្រឹមតែដឹងពីរបៀបស្វែងយល់ពីបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែអាចរកឃើញបញ្ហាទាំងនោះដោយខ្លួនឯងផងដែរ។ ពួកគេអាចចូលរួមក្នុងការសន្ទនាដែលផ្ដោតលើបញ្ហា ហើយនៅពេលដែលពួកគេនិយាយ បញ្ហានឹងលេចចេញមកដោយឯកឯង។ នៅពេលដែលអ្នករកឃើញបញ្ហាមួយ ហើយសួរមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយថា តើពួកគេចាត់ចែងវាដោយរបៀបណា ពួកគេឆ្លើយតបថា៖ «បញ្ហាអ្វីទៅ? ហេតុអ្វីបានជាខ្ញុំមិនបានកត់សម្គាល់ឃើញវាដូច្នេះ?»។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មិនអាចរកឃើញបញ្ហាបានឡើយ ដូច្នេះ ក្នុងការធ្វើកិច្ចការ អ្នកត្រូវតែពូកែខាងស្វែងយល់ និងរកឃើញបញ្ហា ចាប់យកបញ្ហាទាំងនោះឱ្យជាប់ដោយមិនលែង ហើយបន្ទាប់មក ជួយក្នុងការចាត់ចែង និងដោះស្រាយបញ្ហាទាំងនោះ។ អ្នកត្រូវដឹងពីរបៀបជជែកជាមួយមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ដោយសួរពួកគេ និងសាកសួរក្នុងរបៀបជាការជជែកលេង ដើម្បីរកឃើញបញ្ហា។ នៅពេលដែលអ្នកជជែកលេង ពួកគេនឹងលើកឡើងពីបញ្ហាដោយខ្លួនឯងដោយមិនដឹងខ្លួន។ បើគ្មានការជជែកលេងបែបនេះទេ វាមិនអាចទៅរួចឡើយក្នុងការរកឃើញបញ្ហាទាំងនេះ។ ដោយសារអ្នកជជែកលេងជាមួយពួកគេតាមរបៀបនេះ ពួកគេក៏ភ្លឺភ្នែក ហើយស្រាប់តែរកឃើញបញ្ហាទាំងនេះ។ ប្រសិនបើអ្នកមិនប្រើវិធីសាស្ត្រនេះដើម្បីស្វែងយល់ពីស្ថានភាពទេ ពួកគេគ្រាន់តែមិនចាត់ទុករឿងរ៉ាវដែលពួកគេមើលឃើញទាំងនេះ ថាជាបញ្ហាឡើយ។ ដូច្នេះ នៅពេលដែលបញ្ហាលេចចេញមកក្នុងពេលអ្នកជជែកគ្នា អ្នកត្រូវតែស្វែងយល់ពីបញ្ហាទាំងនោះឱ្យបានច្បាស់លាស់បន្តិចម្ដងៗ ដូចជាការច្របាច់ថ្នាំដុសធ្មេញ។ ពួកគេនឹងមានអារម្មណ៍ខ្មាសអៀនខ្លះៗ តែនៅពេលដែលបញ្ហាទាំងអស់ត្រូវបានដោះស្រាយរួចប៉ុណ្ណោះ។ តើនេះមិនបង្ហាញថាពួកគេមានកម្រិតសមត្ថភាពខ្សោយទេឬអី? (មែនហើយ។) ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ៖ សូម្បីតែនៅពេលដែលមានបញ្ហាក៏ដោយ ក៏ពួកគេមិនអាចរកឃើញបញ្ហាទាំងនោះដែរ ហើយដោយសារពួកគេមិនអាចរកឃើញបញ្ហា ពួកគេមិនដែលអាចលើកឡើងពីបញ្ហាទាំងនោះ ឬដោះស្រាយវាបានឡើយ។ ប្រាប់ខ្ញុំមើល ប្រសិនបើពួកគេមិនអាចសម្គាល់ឃើញបញ្ហាទេ តើពួកគេអាចធ្វើកិច្ចការរបស់ពួកគេឱ្យបានល្អដែរឬទេ? តើពួកគេអាចធ្វើកិច្ចការរបស់ពួកគេឱ្យបានល្អ តាមរយៈការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិដែរឬទេ? (មិនអាចទេ។) មិនអាចជាដាច់ខាត។ នេះគឺជាការសម្ដែងចេញនៃការមានកម្រិតសមត្ថភាពខ្សោយ។ ប្រសិនបើអ្នកនិយាយថាកម្រិតសមត្ថភាពរបស់ពួកគេខ្សោយ ពួកគេថែមទាំងគិតថា៖ «កម្រិតសមត្ថភាពរបស់ខ្ញុំល្អណាស់! បន្ទាប់ពីព្រះជាម្ចាស់មានបន្ទូលអំពីរឿងអ្វីមួយ ខ្ញុំក្ដាប់បានរបៀបនៃការប្រព្រឹត្ត ឬបទប្បញ្ញត្តិមួយភ្លាមៗ ហើយខ្ញុំអាចប្រកាន់ខ្ជាប់វាអស់មួយជីវិត។ ឃើញទេ? តើកម្រិតសមត្ថភាពរបស់ខ្ញុំមិនល្អទេឬអី? អ្នករាល់គ្នាមិនអាចក្ដាប់បានចំណុចសំខាន់ៗឡើយ ប៉ុន្តែខ្ញុំអាចក្ដាប់បាន។ ឧទាហរណ៍៖ ខ្ញុំត្រូវបានគេប្រាប់ថា នៅរដូវក្ដៅ អាកាសធាតុក្ដៅ ហើយយើងគួរតែហូបម្ហូបត្រជាក់ៗ។ ដូច្នេះ ខ្ញុំបន្តធ្វើម្ហូបត្រជាក់ៗ និងដាក់ភេសជ្ជៈត្រជាក់ៗឱ្យផឹក ខ្ញុំអាចប្រកាន់ខ្ជាប់នូវការណែនាំនេះបាន។ អ្នកឃើញទេ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចប្រកាន់ខ្ជាប់វាបានឡើយ ហើយអ្នករាល់គ្នាតែងតែនិយាយអំពីគោលការណ៍។ តើគោលការណ៍មិនមែនគ្រាន់តែជាបទប្បញ្ញត្តិទេឬអី? ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ តើវាមិនមែនជាការប្រកាន់ខ្ជាប់នូវគោលការណ៍ទេឬអី?»។ ពួកគេថែមទាំងគិតថាកម្រិតសមត្ថភាពរបស់ពួកគេល្អ ដោយជឿថាពួកគេអាចក្ដាប់បានចំណុចសំខាន់ៗនៃបញ្ហាមួយ ហើយថាពីសេចក្ដីអធិប្បាយដ៏វែងមួយ ពួកគេអាចជ្រើសរើសយកពាក្យសម្ដីតែមួយ វិធីធ្វើតែមួយ បទប្បញ្ញត្តិតែមួយ ឬសូម្បីតែឃ្លា ឬពាក្យតែមួយ ដែលពួកគេមានអារម្មណ៍ថាពួកគេត្រូវតែធ្វើតាម។ ប្រាប់ខ្ញុំមើល តើនេះមិនគួរឱ្យឈឺក្បាលទេឬអី? មានមនុស្សបែបនេះច្រើនគួរសមដែរ។ នៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីលម្អិតផ្សេងៗនៃសេចក្ដីពិត ពួកគេមិនអាចយល់បានឡើយ ហើយថែមទាំងនិយាយថា៖ «គួរឱ្យធុញទ្រាន់ណាស់! អ្នកចេះតែនិយាយមិនចេះឈប់សោះ។ តើវាមិនមែនគ្រាន់តែជាការមិននិយាយពាក្យទាំងនោះ ឬមិនធ្វើរឿងបែបនោះទេឬអី? គ្រាន់តែប្រកាន់ខ្ជាប់នូវពាក្យសម្ដីមួយឃ្លានោះទៅ គឺចប់ហើយ វាគ្រាន់តែជារឿងនៃពាក្យសម្ដីមួយឃ្លាប៉ុណ្ណោះ។ ហេតុអ្វីធ្វើឱ្យវាគួរឱ្យធុញម្ល៉េះ? អ្នកថែមទាំងបែងចែកសភាព មជ្ឈដ្ឋាន និងភាពជាមនុស្សរបស់មនុស្សប្រភេទផ្សេងៗ ហើយបែងចែករវាងការយល់ដឹងដ៏វៀចខុសទំនង និងការយល់ដឹងដ៏ត្រឹមត្រូវទៀតផង។ តើពិតជាមានសេចក្ដីលម្អិតច្រើនយ៉ាងនេះមែនឬ? ហេតុអ្វីត្រូវច្រើនរឿងម្ល៉េះ? អ្នកពិតជាសាំញ៉ាំណាស់!»។ ពួកគេថែមទាំងថ្កោលទោសអ្នកដទៃទៀតផង។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ។
តើលក្ខណៈរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយមានអ្វីខ្លះ? ពួកគេមិនយល់ពីគោលការណ៍សេចក្ដីពិតឡើយ មិនថាជាទិដ្ឋភាពណាមួយនៃគោលការណ៍សេចក្ដីពិតនោះទេ ពួកគេចាត់ទុកវាជាប្រភេទបទប្បញ្ញត្តិ ឬរូបមន្តមួយ ហើយបន្ទាប់មក ពួកគេធ្វើតាមវាដោយភាពក្លៀវក្លាឥតនឿយហត់។ ពួកគេអាចនិយាយអំពីគោលលទ្ធិបានជាច្រើន ដូច្នេះ ពួកគេគិតថាពួកគេយល់ពីគោលការណ៍សេចក្ដីពិតហើយ ប៉ុន្តែតាមពិតទៅ ពួកគេមិនយល់ពីសេចក្ដីពិតទាល់តែសោះ។ ប្រសិនបើអ្នកពន្យល់ពីគោលការណ៍មួយចំនួនសម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្នុងការធ្វើកិច្ចការ ដោយតម្រូវឱ្យមនុស្សបែបនេះធ្វើកិច្ចការ និងដោះស្រាយបញ្ហាផ្សេងៗដោយផ្អែកលើការយល់ដឹងពីគោលការណ៍ទាំងនេះ នោះមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយទាំងនេះ នឹងមិនអាចអនុវត្តវាបានជាដាច់ខាត។ ពួកគេមិនយល់ពីគោលការណ៍សេចក្ដីពិតទាំងនេះឡើយ ហើយក៏មិនអាចអនុវត្តគោលការណ៍សេចក្ដីពិតទាំងនេះដើម្បីធ្វើកិច្ចការបានដែរ។ នៅពេលដែលពួកគេចុះទៅធ្វើកិច្ចការ វាគឺជាការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ ការធ្វើតាមនីតិវិធី និងការអនុវត្តគោលលទ្ធិដោយងងឹតងងល់ទាំងស្រុង។ មានមនុស្សមួយចំនួនដែលចង់ប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត ប៉ុន្តែដោយសារកម្រិតសមត្ថភាពរបស់ពួកគេខ្សោយ ហើយពួកគេមិនអាចឈានទៅយល់ពីសេចក្ដីពិតបាន ពួកគេមិនអាចប្រកាន់ខ្ជាប់នូវគោលការណ៍បានឡើយ។ មិនថាពួកគេធ្វើកិច្ចការអ្វីនោះទេ នៅពេលប្រឈមមុខនឹងបញ្ហា ពួកគេទាល់គំនិត ហើយថែមទាំងរងសម្ពាធរហូតដល់ទប់ទល់លែងបានទៀតផង។ ពួកគេមិនអាចធ្វើកិច្ចការណាមួយឱ្យបានល្អឡើយ។ នៅពេលដែលថ្នាក់លើប្រកបគ្នាអំពីគោលការណ៍ ពួកគេមានអារម្មណ៍ថាពួកគេបានយល់ បានជ្រួតជ្រាប ក្ដាប់បាន និងបានចងចាំវាទាំងអស់។ ប៉ុន្តែនៅពេលដែលពួកគេជួបប្រទះបញ្ហានៅក្នុងជីវិតពិត ពួកគេមានភាពច្របូកច្របល់ ដោយសារគោលលទ្ធិ និងបទប្បញ្ញត្តិដែលពួកគេបានយល់ មិនមានប្រយោជន៍អ្វីឡើយ ដូច្នេះ ពួកគេគិតថា៖ «តើខ្ញុំគួរធ្វើអ្វីឥឡូវនេះ?»។ ពួកគេមិនដឹងថាត្រូវចាប់ផ្ដើមកិច្ចការពីកន្លែងណា ពួកគេមិនដឹងថាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីធ្វើកិច្ចការ ពួកគេមិនដឹងថាត្រូវអនុវត្តការរៀបចំកិច្ចការដោយរបៀបណា ហើយរឹតតែមិនដឹងថា តើបញ្ហាណាខ្លះដែលគួរត្រូវបានដោះស្រាយនៅពេលនេះ ដើម្បីធានាដល់ដំណើរការធម្មតានៃកិច្ចការពួកជំនុំ ពួកគេមិនដឹងពីរឿងទាំងនេះទាល់តែសោះ។ ជាលទ្ធផល មិនថាពួកគេធ្វើការយូរប៉ុនណានោះទេ គឺគ្មានលទ្ធផលឡើយ ហើយការរៀបចំកិច្ចការមិនអាចត្រូវបានអនុវត្តឡើយ។ ពួកគេថែមទាំងមិនអាចដោះស្រាយបញ្ហាអំពីរបៀបធ្វើឱ្យជីវិតពួកជំនុំបានល្អប្រសើរផង។ ពួកគេមិនអាចអនុវត្តសូម្បីតែកិច្ចការជាមូលដ្ឋានបំផុត ហើយមិនដឹងថាត្រូវអនុវត្តវាដោយរបៀបណាឡើយ។ ពួកគេអាចត្រឹមតែនិយាយគោលលទ្ធិប្រាប់មនុស្ស និងសុំឱ្យពួកគេប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិប៉ុណ្ណោះ។ នៅពេលនិយាយដល់ការអនុវត្តការរៀបចំកិច្ចការ និងការធ្វើកិច្ចការពួកជំនុំជាក់ស្ដែង ពួកគេមានភាពច្របូកច្របល់ ហើយមិនអាចធ្វើវាបានឡើយ។ ពួកគេគិតក្នុងចិត្តថា៖ «តើការរៀបចំកិច្ចការទាំងនេះ គួរត្រូវបានអនុវត្តដោយរបៀបណា? តើបទប្បញ្ញត្តិណាខ្លះដែលគួរប្រកាន់ខ្ជាប់?»។ ពួកគេមិនអាចមើលឃើញរឿងទាំងនេះឱ្យបានច្បាស់លាស់ឡើយ។ ប៉ុន្តែ ពួកគេនៅតែមានជម្រើសចុងក្រោយមួយ៖ ពួកគេជឿថា ដរាបណាពួកគេរៀបចំការជួបជុំឱ្យបានកាន់តែច្រើន នោះបញ្ហានឹងអាចត្រូវបានដោះស្រាយ។ ហេតុដូច្នេះហើយ របៀបនៃការធ្វើកិច្ចការរបស់ពួកគេ គឺរៀបចំការជួបជុំឥតឈប់ឈរ និងអធិប្បាយឥតឈប់ឈរ។ នៅពេលដែលការអធិប្បាយរបស់ពួកគេ ដាស់អារម្មណ៍មនុស្សគ្រប់គ្នា និងធ្វើឱ្យពួកគេរំភើប ពួកគេគិតថាបញ្ហាទាំងអស់ត្រូវបានដោះស្រាយ ហើយថាគ្មានបញ្ហាអ្វីទៀតទេ ហើយថាដរាបណាមនុស្សគ្រប់គ្នាមានភាពក្លៀវក្លា នោះកិច្ចការទាំងអស់ត្រូវបានធ្វើយ៉ាងត្រឹមត្រូវហើយ។ ប៉ុន្តែ លទ្ធផលគឺថា បន្ទាប់ពីការជួបជុំអស់រយៈពេលជាច្រើនថ្ងៃ មិនត្រឹមតែបញ្ហាពិតប្រាកដនៅតែមិនត្រូវបានដោះស្រាយ ហើយភារកិច្ចដែលមនុស្សបំពេញនៅតែមិនទទួលបានលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការពួកជំនុំក៏គ្មានការរីកចម្រើនទាល់តែសោះដែរ។ ប៉ុន្តែ ពួកគេនៅតែមានអារម្មណ៍ចង់អធិប្បាយដដែល។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មិនទទួលបានលទ្ធផលឡើយ មិនថាពួកគេធ្វើការយូរប៉ុនណានោះទេ ហើយមិនអាចអនុវត្តការរៀបចំកិច្ចការបានឡើយ មិនថាពួកគេត្រូវបានផ្ដល់ពេលវេលាច្រើនប៉ុនណាក៏ដោយ ពួកគេគ្មានទាំងប្រសិទ្ធភាព និងប្រសិទ្ធផលកិច្ចការឡើយ។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ។ ការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ គឺដូចដែលខ្ញុំទើបតែបានរៀបរាប់ កុំថាឡើយដល់អ្នកដែលគ្មានកម្រិតសមត្ថភាពនោះ។ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណា ឬអ្នកដទៃប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេច្រើនប៉ុនណានោះទេ ពួកគេមិនអាចក្ដាប់គោលការណ៍សេចក្ដីពិតបានឡើយ ហើយថែមទាំងមិនអាចក្ដាប់បានសូម្បីតែបទប្បញ្ញត្តិជាមូលដ្ឋានបំផុតដែលគួរប្រកាន់ខ្ជាប់ផង។ នៅពេលដែលកម្រិតសមត្ថភាពរបស់នរណាម្នាក់ខ្សោយដល់កម្រិតនេះ គោលការណ៍សេចក្ដីពិតគឺហួសពីសមត្ថភាពរបស់ពួកគេហើយ។ សូម្បីតែអ្នកដទៃប្រកបគ្នាអំពីសេចក្ដីពិតប្រាប់ពួកគេក៏ដោយ ក៏ពួកគេមិនអាចស្វែងរកផ្លូវនៃការអនុវត្តបានដែរ ហើយពួកគេត្រូវតែមាននរណាម្នាក់ផ្ដល់ការណែនាំជាក់លាក់ដល់ពួកគេ ទើបពួកគេដឹងពីរបៀបអនុវត្ត។ មនុស្សបែបនេះ គឺហាក់ដូចជាចាប់ជាតិមកពីសត្វតិរច្ឆាន គំនិតរបស់ពួកគេតែងតែស្រពិចស្រពិល និងមិនច្បាស់លាស់ជានិច្ច ហើយពួកគេមិនអាចបែងចែកឱ្យដាច់ស្រឡះថាអ្វីជាគោលការណ៍ និងអ្វីជាបទប្បញ្ញត្តិបានឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាការស្ដាប់រឿងទាំងនេះ តែងតែធ្វើឱ្យខ្ញុំឈឺក្បាល និងងងុយដេកដូច្នេះ?»។ នៅទីបញ្ចប់ ពួកគេទាញសេចក្ដីសន្និដ្ឋានមួយថា៖ «មិនត្រឹមតែគោលការណ៍សេចក្ដីពិតហួសពីសមត្ថភាពរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងមិនអាចប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិបានទៀតផង ដូច្នេះ នៅថ្ងៃអនាគត ខ្ញុំនឹងបញ្ចេញពន្លឺឱ្យបានភ្លឺតាមកម្ដៅដែលមានក្នុងខ្លួនខ្ញុំ បញ្ចេញកម្លាំងឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ហើយគ្រាន់តែធ្វើអ្វីដែលខ្ញុំមានសមត្ថភាពអាចធ្វើបាន គឺគ្រប់គ្រាន់ហើយ»។ មនុស្សមួយចំនួនក្នុងចំណោមពួកគេ ថែមទាំងលួងលោមខ្លួនឯង ដោយនិយាយថា៖ «ខ្ញុំមិនដឹងពីរបៀបប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិទេ ហើយខ្ញុំក៏មិនយល់ពីគោលការណ៍សេចក្ដីពិតដែរ ប៉ុន្តែខ្ញុំមានចិត្តស្រឡាញ់ព្រះជាម្ចាស់!»។ ប្រសិនបើពួកគេពិតជាអាចស្រឡាញ់ព្រះជាម្ចាស់មែន នោះវាមិនអាក្រក់ទេ ប៉ុន្តែជាមួយនឹងកម្រិតសមត្ថភាពដ៏ខ្សោយបែបនេះ ពួកគេថែមទាំងមិនយល់ពីសេចក្ដីពិតផង តើសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់អាចពិតប្រាកដដែរឬទេ? មនុស្សដែលគ្មានកម្រិតសមត្ថភាព ខ្វះសមត្ថភាពក្នុងការយល់ដឹងលើគ្រប់ទិដ្ឋភាពទាំងអស់ ហើយថែមទាំងមិនមានសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិទៀតផង។ មនុស្សមួយចំនួនដែលមានកម្រិតសមត្ថភាពខ្សោយ នៅពេលអនុវត្តសេចក្ដីពិត យ៉ាងហោចណាស់ ពួកគេអាចចាប់យកគោលការណ៍ដែលយល់បានមួយផ្នែក បទប្បញ្ញត្តិ ឬរូបមន្ត ហើយតាមរយៈនោះ អាចអនុវត្តសេចក្ដីពិតបានបន្តិចបន្តួចដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលគ្មានកម្រិតសមត្ថភាព សូម្បីតែរឿងរ៉ាវដែលផ្អែកលើបទប្បញ្ញត្តិ ក៏ពួកគេមិនអាចក្ដាប់បាន ឬប្រកាន់ខ្ជាប់បានដែរ មនុស្សប្រភេទនេះគឺរឹតតែគួរឱ្យអាណិតទៅទៀត។
ការប្រើប្រាស់ការមាន ឬគ្មានការយល់ដឹងខាងវិញ្ញាណរបស់មនុស្ស ដើម្បីវាយតម្លៃកម្រិតសមត្ថភាពរបស់ពួកគេ
ប្រសិនបើយើងវាយតម្លៃកម្រិតសមត្ថភាពរបស់មនុស្ស ដោយប្រើគោលការណ៍សេចក្ដីពិតតាមរបៀបនេះ នោះការសម្ដែងចេញដែលពាក់ព័ន្ធ គឺជាអ្វីដែលយើងទើបតែបានប្រកបគ្នានោះឯង។ ដូច្នេះ ប្រសិនបើយើងប្រើការមាន ឬគ្មានការយល់ដឹងខាងវិញ្ញាណរបស់មនុស្ស ដើម្បីវាយតម្លៃកម្រិតសមត្ថភាពរបស់ពួកគេ តើយើងគួរធ្វើបែបណា? មនុស្សដែលមានកម្រិតសមត្ថភាពល្អ ច្បាស់ជាមានការយល់ដឹងខាងវិញ្ញាណហើយ តើមែនទេ? (មែនហើយ។) អ្វីដែលហៅថាការមានការយល់ដឹងខាងវិញ្ញាណ គឺថាពួកគេអាចយល់ពីសេចក្ដីពិត ក្ដាប់បាននូវគោលការណ៍សេចក្ដីពិត និងប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលលេចឡើងនៅក្នុងដំណើរការនៃការជឿលើព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិត ក៏ដូចជាចាត់ចែងបញ្ហាផ្ទៃក្នុងផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ដោយប្រើសេចក្ដីពិតផងដែរ។ ចុះចំណែកឯបញ្ហាផ្សេងៗនៃពិភពខាងក្រៅវិញ? ដោយសារអ្នកដែលមានកម្រិតសមត្ថភាពល្អ មានការយល់ដឹងខាងវិញ្ញាណ និងមានសមត្ថភាពចាត់ចែងរឿងរ៉ាវផ្សេងៗ ពួកគេក៏អាចប្រើគោលការណ៍មួយចំនួនដែលផ្អែកលើភាពជាមនុស្សក្នុងកម្រិតមួយ ឬគោលការណ៍មួយចំនួនដែលប្រហាក់ប្រហែលនឹងអ្វីៗដែលវិជ្ជមាន ដើម្បីចាត់ចែងរឿងរ៉ាវនៃពិភពខាងក្រៅបានផងដែរ។ ទោះបីជាមានភាពខុសគ្នានៅសំបកក្រៅក៏ដោយ ក៏មូលដ្ឋានគ្រឹះនៃអ្វីៗផ្សេងៗគឺដូចគ្នាដែរ ហើយគោលការណ៍នៅក្នុងអ្វីៗផ្សេងៗ ជាមូលដ្ឋានគឺជាអ្វីដែលមនុស្សដែលមានកម្រិតសមត្ថភាពល្អអាចក្ដាប់បាន ដូច្នេះ ជាទូទៅ គេអាចនិយាយបានថា មនុស្សដែលមានកម្រិតសមត្ថភាពល្អ មានការយល់ដឹងខាងវិញ្ញាណ។ ការមានការយល់ដឹងខាងវិញ្ញាណ មិនមែនមានន័យថា អាចទាក់ទងជាមួយពិភពខាងវិញ្ញាណបាននោះទេ ផ្ទុយទៅវិញ វាមានន័យថា គេអាចក្ដាប់បាននូវច្បាប់ជាមូលដ្ឋាន និងគោលការណ៍នៃអ្វីៗផ្សេងៗ។ នេះជារបៀបនិយាយត្រង់ៗ សាមញ្ញ និងប្រើភាសាធម្មតា។ ការដែលអាចយល់ពីច្បាប់ជាមូលដ្ឋាននៃអ្វីៗនៃពិភពខាងក្រៅ និងគោលការណ៍ដែលពាក់ព័ន្ធនឹងសេចក្ដីពិត គឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពល្អ។ ដូច្នេះ តើយើងអាចវាស់ស្ទង់ការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម ដោយផ្អែកលើការមាន ឬគ្មានការយល់ដឹងខាងវិញ្ញាណរបស់ពួកគេដោយរបៀបណា? មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម មានការយល់ដឹងខាងវិញ្ញាណចំពោះរឿងរ៉ាវពាក់កណ្ដាល ប៉ុន្តែគ្មានការយល់ដឹងខាងវិញ្ញាណចំពោះរឿងរ៉ាវពាក់កណ្ដាលទៀតឡើយ ដោយយល់ពីផ្នែកខ្លះ តែមិនយល់ពីផ្នែកផ្សេងទៀត។ ផ្នែកដែលពួកគេមានការយល់ដឹងខាងវិញ្ញាណ គឺជាផ្នែកដែលកម្រិតសមត្ថភាពរបស់ពួកគេអាចឈានដល់។ តាមរយៈការស្ដាប់ការប្រកបគ្នាអំពីសេចក្ដីពិតផ្សេងៗដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់ ពួកគេអាចឈានទៅយល់ពីសេចក្ដីពិតទាំងនោះបាន ហើយសូម្បីតែគ្មានការណែនាំពីនរណាម្នាក់ក៏ដោយ ក៏ពួកគេអាចយល់ឃើញដោយខ្លួនឯងនូវគោលការណ៍ដែលគួរក្ដាប់ឱ្យបាននៅក្នុងសេចក្ដីពិតទាំងនោះដែរ។ ផ្នែកដែលពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ គឺជាផ្នែកដែលកម្រិតសមត្ថភាពរបស់ពួកគេមិនអាចឈានដល់។ បើគ្មានការចង្អុលបង្ហាញ និងការណែនាំពីអ្នកដទៃទេ ពួកគេគ្មានគោលការណ៍នៃការអនុវត្តឡើយ។ ពួកគេមិនអាចបំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី ឬដោះស្រាយបញ្ហាបានឡើយ។ ហើយពួកគេត្រូវការការស្រោចស្រព ការចង្អុលបង្ហាញ និងការណែនាំ ដើម្បីដឹងពីរបៀបធ្វើការងារ និងចាត់ចែងបញ្ហា។ ទាំងនេះគឺជាការសម្ដែងចេញនៃការដែលពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ។ គេអាចនិយាយបានថា មនុស្សដែលមានកម្រិតសមត្ថភាពមធ្យម ជាទូទៅមានការយល់ដឹងខាងវិញ្ញាណ ប៉ុន្តែកម្រិតនៃការយល់ដឹងខាងវិញ្ញាណរបស់ពួកគេ នៅមានការខ្វះខាត បើប្រៀបធៀបទៅនឹងកម្រិតរបស់មនុស្សដែលមានកម្រិតសមត្ថភាពល្អ ពួកគេយល់បានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ តើវាខ្វះខាតនៅត្រង់ណា? វាខ្វះខាតត្រង់កម្រិតដែលពួកគេក្ដាប់បាននូវគោលការណ៍សេចក្ដីពិត ពួកគេមិនអាចបញ្ចប់ការងារផ្សេងៗដោយឯករាជ្យបានឡើយ។ ដូច្នេះ ប្រសិនបើយើងវាយតម្លៃមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ដោយប្រើការមាន ឬគ្មានការយល់ដឹងខាងវិញ្ញាណរបស់ពួកគេ តើយើងគួរធ្វើបែបណា? តើវាងាយស្រួលវាយតម្លៃដែរឬទេ? តើមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ មានការយល់ដឹងខាងវិញ្ញាណដែរឬទេ? (ទេ មិនមានទេ។) អ្នកអាចដឹងថា មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ គ្មានការយល់ដឹងខាងវិញ្ញាណ ដោយគ្រាន់តែមើលទៅលើការសម្ដែងចេញរបស់ពួកគេ ពីព្រោះពួកគេគ្រាន់តែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិប៉ុណ្ណោះ។ តាមពិត មនុស្សដែលគ្មានកម្រិតសមត្ថភាព មិនមានវិញ្ញាណជាមនុស្សឡើយ ហើយការមិនមានវិញ្ញាណជាមនុស្ស មានន័យថា ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណដូចជាសត្វតិរច្ឆានអ៊ីចឹង។ សម្រាប់មនុស្សបែបនេះ វាមិនចាំបាច់វាយតម្លៃថាពួកគេមានការយល់ដឹងខាងវិញ្ញាណ ឬអត់នោះទេ។ នៅពេលដែលមនុស្សគ្មានវិញ្ញាណ មើលរឿងរ៉ាវណាមួយ ឬដោះស្រាយជាមួយមនុស្សផ្សេងៗ ពួកគេមិនអាចវាយតម្លៃរឿង ឬមនុស្សទាំងនោះបានឡើយ ហើយពួកគេគ្មានទស្សនៈទាក់ទងនឹងអ្វីៗដែលវិជ្ជមាន ឬអវិជ្ជមានឡើយ។ ពួកគេមានត្រឹមតែការគិតគូរខ្លះៗ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងចៀសវាងការខាតបង់ប៉ុណ្ណោះ។ នៅពេលដែលអ្នកបញ្ចេញទស្សនៈណាមួយ ប្រសិនបើពួកគេស្គាល់អ្នក ហើយដឹងថាអ្នកមានកម្រិតសមត្ថភាពល្អ និងមានការយល់ដឹងដ៏ត្រឹមត្រូវ ហើយថាអ្នកគឺជាមនុស្សវិជ្ជមាន នោះពួកគេនឹងធ្វើតាមទស្សនៈរបស់អ្នក។ ប៉ុន្តែ ប្រសិនបើពួកគេមិនស្គាល់អ្នកទេ ពួកគេនឹងមើលងាយអ្នក។ ទោះបីជាទស្សនៈរបស់អ្នកត្រឹមត្រូវ ឬស្របនឹងគោលការណ៍សេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលយកវាដែរ។ ពួកគេមិនដឹងថាវាត្រឹមត្រូវឡើយ មិនដឹងថាវាជារឿងដែលមនុស្សគួរទទួលយកឡើយ ហើយមិនដឹងថាទស្សនៈដ៏ល្អនេះអាចមានប្រយោជន៍សម្រាប់ពួកគេកម្រិតណា ឬអាចផ្ដល់ជំនួយដល់ពួកគេកម្រិតណានោះទេ។ ពួកគេមិនដឹងពីរឿងទាំងអស់នេះឡើយ។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សអវិជ្ជមានលើកឡើងពីទស្សនៈអវិជ្ជមាន ប្រសិនបើមនុស្សអវិជ្ជមាននេះមានចរិតត្រួតត្រាគេ ហើយជានរណាម្នាក់ដែលពួកគេឱ្យតម្លៃ និងគោរពកោតស្ញប់ស្ញែង នោះពួកគេនឹងទទួលយកទស្សនៈអវិជ្ជមាននោះ សូម្បីតែពួកគេដឹងថា ទស្សនៈនោះនឹងបង្កគ្រោះថ្នាក់ដល់ពួកគេ បន្ទាប់ពីពួកគេទទួលយកវាក៏ដោយ។ តើពួកគេជាមនុស្សប្រភេទណា? (ជាអ្នកដែលគ្មានកម្រិតសមត្ថភាព។) ពួកគេគឺជាមនុស្សដែលគ្មានកម្រិតសមត្ថភាព ដែលមានន័យថា ពួកគេខ្វះសមត្ថភាពក្នុងការញែកដឹងរឿងរ៉ាវ។ មិនថាពួកគេជួបប្រទះស្ថានភាពបែបណានោះទេ ពួកគេមិនអាចមើលធ្លុះស្ថានភាពនោះបានឡើយ ហើយមិនដឹងពីគោលការណ៍ណាមួយដែលពួកគេគួរប្រកាន់ខ្ជាប់ឡើយ។ មនុស្សប្រភេទនេះអាចប្រព្រឹត្តអំពើអាក្រក់ នៅពេលដើរតាមមនុស្សមិនល្អ ឬមនុស្សអាក្រក់ ហើយពួកគេអាចធ្វើរឿងល្អៗមួយចំនួន នៅពេលដើរតាមមនុស្សល្អ។ ពួកគេខ្វះសមត្ថភាពក្នុងការញែកដឹងរឿងរ៉ាវ។ ហេតុដូច្នេះហើយបានជាខ្ញុំនិយាយថា ពួកគេគឺជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណ។ មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ បន្ទាប់ពីរស់នៅអស់រយៈពេលជាច្រើនឆ្នាំជាមួយមនុស្សដែលមានកម្រិតសមត្ថភាពល្អ ឬបុគ្គលវិជ្ជមាន អាចនឹងទទួលឥទ្ធិពលពីអ្វីដែលពួកគេឮ និងឃើញ ហើយអាចរៀនពីរឿងល្អៗមួយចំនួន ប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិល្អៗមួយចំនួន និងប្រកាន់ខ្ជាប់នូវពាក្យសម្ដី និងរបៀបនៃការប្រព្រឹត្តជាវិជ្ជមានមួយចំនួន ឬគំនិត និងទស្សនៈជាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សស្លាប់ដែលគ្មានវិញ្ញាណ មិនអាចសូម្បីតែរៀន ឬប្រកាន់ខ្ជាប់នូវគំនិត និងទស្សនៈជាវិជ្ជមាន របៀបនៃការប្រព្រឹត្ត និងបទប្បញ្ញត្តិល្អៗ របៀបគិតល្អៗ ឬរបៀបរស់នៅជាវិជ្ជមានមួយចំនួន និងចំណេះដឹងទូទៅជាវិជ្ជមាននៃជីវិតប្រចាំថ្ងៃបានឡើយ។ នៅពេលដែលពួកគេចាប់ផ្ដើមរស់នៅដោយឯករាជ្យ ស្ថានភាពរស់នៅរបស់ពួកគេ ដែលជាស្ថានភាពរបស់មនុស្សច្របូកច្របល់ ត្រូវបានលាតត្រដាងទាំងស្រុង។ ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សស្លាប់ដែលគ្មានវិញ្ញាណ។
យ៉ាងហោចណាស់ មនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ មានកម្រិតសមត្ថភាពមធ្យម។ ប្រសិនបើសេចក្ដីពិតស្ថិតនៅក្នុងកម្រិតដែលពួកគេអាចឈានដល់ ហើយពួកគេអាចយល់ពីវាបាន នោះពួកគេគឺជាមនុស្សដែលមានកម្រិតសមត្ថភាពល្អ។ មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ ច្បាស់ជាមនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ ឬជាអ្នកដែលគ្មានកម្រិតសមត្ថភាពទាល់តែសោះ។ មនុស្សពីរប្រភេទនេះ ច្បាស់ជាគ្មានការយល់ដឹងខាងវិញ្ញាណហើយ។ មានតែមនុស្សដែលមានកម្រិតសមត្ថភាពល្អទេ ទើបអាចនិយាយបានថា មានការយល់ដឹងខាងវិញ្ញាណពេញលេញ ចំណែកឯមនុស្សដែលមានកម្រិតសមត្ថភាពមធ្យម មានការយល់ដឹងខាងវិញ្ញាណកម្រិតមធ្យម។ ពោលគឺ មានរឿងរ៉ាវជាច្រើនដែលកម្រិតសមត្ថភាពរបស់ពួកគេមិនអាចឈានដល់ ហើយពួកគេមិនអាចសម្រេចបានការយល់ដឹងខាងវិញ្ញាណឡើយ។ មានតែនៅក្នុងរឿងរ៉ាវធម្មតាៗប៉ុណ្ណោះ ទើបពួកគេអាចសម្រេចបានការយល់ដឹងខាងវិញ្ញាណ និងចាត់ចែងរឿងរ៉ាវដោយឯករាជ្យបាន។ នៅពេលដែលពួកគេប្រឈមមុខនឹងរឿងរ៉ាវស្មុគស្មាញ ឬការងារដែលមានច្រើនផ្នែក ពួកគេមិនអាចចាត់ចែងរឿងទាំងនេះដោយឯករាជ្យបានឡើយ ពីព្រោះគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធ គឺហួសពីកម្រិតដែលពួកគេអាចឈានដល់ និងយល់បាន។ ហេតុដូច្នេះហើយ កម្រិតនៃការយល់ដឹងខាងវិញ្ញាណរបស់ពួកគេ គឺត្រឹមកម្រិតមធ្យមប៉ុណ្ណោះ។ លក្ខណៈរបស់មនុស្សដែលមានកម្រិតសមត្ថភាពខ្សោយ គឺថាគោលការណ៍សេចក្ដីពិត គឺហួសពីសមត្ថភាពរបស់ពួកគេ ហើយពួកគេគ្រាន់តែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិប៉ុណ្ណោះ។ ពីព្រោះពួកគេមិនអាចយល់ពីគោលការណ៍សេចក្ដីពិតឡើយ។ សូម្បីតែគោលគំនិតនៃគោលការណ៍សេចក្ដីពិតជាអ្វី ក៏ពួកគេមិនយល់ដែរ ហើយពួកគេជឿថា គោលការណ៍សេចក្ដីពិតគ្រាន់តែជាបទប្បញ្ញត្តិប៉ុណ្ណោះ។ ហេតុដូច្នេះហើយ វាច្បាស់ណាស់ថា មនុស្សប្រភេទនេះគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ លក្ខណៈចម្បងមួយនៃការគ្មានការយល់ដឹងខាងវិញ្ញាណរបស់ពួកគេ គឺថាគំនិត និងទស្សនៈដែលពួកគេបញ្ចេញឱ្យឃើញ នៅក្នុងការយល់ដឹងរបស់ពួកគេអំពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្សេងៗ សុទ្ធតែវៀចខុសទំនង។ តើពាក្យ «វៀចខុសទំនង» នៅទីនេះ គួរយល់យ៉ាងដូចម្ដេច? វាមានន័យថា ផ្ដាច់ចេញទាំងស្រុងពីគន្លងនៃការគិតនៃភាពជាមនុស្សធម្មតា និងផ្ដាច់ចេញទាំងស្រុងពីគន្លងនៃតម្រូវការនៃភាពជាមនុស្សធម្មតា។ នេះហើយគឺជាការវៀចខុសទំនង។ នៅពេលដែលអ្នកស្ដាប់តក្កវិជ្ជានៃការគិតដែលបង្ហាញចេញតាមពាក្យសម្ដីរបស់មនុស្សទាំងនេះ អ្នកយល់ថាវាចម្លែកខុសធម្មតា ហើយរាល់ពេលដែលអ្នកឮពួកគេបញ្ចេញទស្សនៈ ឬនិយាយអំពីរឿងអ្វីមួយ អ្នកមានអារម្មណ៍ថាភ្ញាក់ផ្អើល។ តើពាក្យ «ភ្ញាក់ផ្អើល» មានន័យដូចម្ដេច? វាមានន័យថា នៅពេលដែលអ្នកឮពួកគេនិយាយអ្វីមួយ អ្នកមានអារម្មណ៍ថាវាជារឿងដែលមិនគួរឱ្យជឿ ហើយគិតក្នុងចិត្តថា៖ «តើពួកគេអាចមានគំនិតបែបនេះដោយរបៀបណា? ហេតុអ្វីបានជាវាខុសប្លែកពីអ្វីដែលមនុស្សធម្មតាគិតម្ល៉េះ? គំនិតនេះចម្លែកណាស់ ហេតុអ្វីបានជាវាមិនសូវសមហេតុផលអ៊ីចឹង?» នៅក្នុងចិត្តរបស់អ្នក អ្នកយល់ថាវាឆ្គង និងមិនសមហេតុផលខ្លាំងណាស់។ មនុស្សដែលពាក្យសម្ដីរបស់ពួកគេ តែងតែធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាភ្ញាក់ផ្អើល គឺជាអ្នកដែលងាយនឹងមានការវៀចខុសទំនង ជាពិសេសតែម្ដង។ ឧទាហរណ៍៖ អ្នកសួរពួកគេថា៖ «តើអ្នកបានហូបអ្វីហើយឬនៅ?» ពួកគេឆ្លើយតបថា៖ «ថ្ងៃនេះរងាគួរសមដែរ»។ តើមានទំនាក់ទំនងអ្វីរវាងរឿងទាំងពីរនេះដែរឬទេ? (ទេ មិនមានទេ។) អ្នកនិយាយថា៖ «ហេតុអ្វីបានជាថ្ងៃនេះអ្នកស្លៀកពាក់ស្ដើងម្ល៉េះ?» ពួកគេនិយាយថា៖ «ថ្ងៃនេះខ្ញុំបានផឹកទឹកខ្ញីមួយពែង»។ តើការឆ្លើយតបរបស់ពួកគេ មានទំនាក់ទំនងចាំបាច់ណាមួយទៅនឹងសំណួររបស់អ្នកដែរឬទេ? តើចម្លើយរបស់ពួកគេ មានការគិត និងតក្កវិជ្ជាធម្មតាដែរឬទេ? (ទេ មិនមានទេ។) តើមនុស្សដែលមានការគិត និងតក្កវិជ្ជាធម្មតា គួរឆ្លើយតបបែបណា? ពួកគេអាចនិយាយថា៖ «ខ្ញុំស្លៀកពាក់ស្ដើងបែបនេះ ព្រោះនៅខាងក្នុងក្ដៅខ្លាំង ហើយម្យ៉ាងទៀត នៅខាងក្រៅមានពន្លឺព្រះអាទិត្យខ្លាំង ហើយសីតុណ្ហភាពក៏ខ្ពស់គួរសមដែរ»។ ឬពួកគេអាចនិយាយថា៖ «ខ្ញុំស្លៀកពាក់ស្ដើងបែបនេះ ព្រោះខ្ញុំទើបតែហាត់ប្រាណរួច ហើយខ្ញុំមានអារម្មណ៍ថាក្ដៅ»។ ប៉ុន្តែ ប្រសិនបើនរណាម្នាក់សួរថា៖ «ហេតុអ្វីបានជាអ្នកស្លៀកពាក់ស្ដើងម្ល៉េះ?» ហើយពួកគេឆ្លើយតបថា៖ «ព្រោះថ្ងៃនេះខ្ញុំពាក់ស្បែកជើងដែលមានស្រទាប់ក្រណាត់រោមទន់នៅខាងក្នុង» ចម្លើយនេះគ្មានពាក់ព័ន្ធអ្វីនឹងសំណួរឡើយ។ របៀបគិតរបស់ពួកគេ និងតក្កវិជ្ជាដែលពួកគេធ្វើតាមនៅពេលពួកគេគិត មិនស្របនឹងការគិត និងតក្កវិជ្ជានៃភាពជាមនុស្សធម្មតាឡើយ។ វាជាគំនិតដ៏ចម្លែកខ្លាំង និងជារបៀបគិតដ៏ចម្លែកខ្លាំង ដែលគ្មានមនុស្សណាដែលមានការគិតនៃភាពជាមនុស្សធម្មតា អាចគិតឃើញឡើយ។ ដូច្នេះហើយ បន្ទាប់ពីស្ដាប់ចម្លើយរបស់ពួកគេ អ្នកមានអារម្មណ៍ថាវាឆ្គង។ អ្នកចង់សន្ទនាជាមួយពួកគេ ប៉ុន្តែអ្នកមិនអាចនិយាយយល់គ្នាជាមួយពួកគេបានឡើយ។ ពួកគេតែងតែផ្ដល់ចម្លើយដែលមិនពាក់ព័ន្ធ ដែលធ្វើឱ្យមិនអាចបន្តការសន្ទនាបាន។ ឧទាហរណ៍៖ មាននរណាម្នាក់កំពុងរៀនកាត់ដេរសម្លៀកបំពាក់ ហើយខ្ញុំបានសួរនាងថា៖ «តើការរៀនកាត់ដេរសម្លៀកបំពាក់របស់អ្នក មានវឌ្ឍនភាពយ៉ាងណាហើយ? តើអ្នកអាចកាត់ដេរសម្លៀកបំពាក់ដែលមានទ្រនាប់បានដែរឬទេ?» តើការឆ្លើយតបបែបណាដែលស្របនឹងការគិត និងតក្កវិជ្ជាធម្មតា? (គឺ «ខ្ញុំអាចធ្វើបាន» ឬ «ខ្ញុំមិនអាចធ្វើបានទេ»។) នោះទើបឆ្លុះបញ្ចាំងពីការគិត និងតក្កវិជ្ជាធម្មតា។ ឬនាងក៏អាចនិយាយបានដែរថា៖ «ជួនកាល ខ្ញុំធ្វើបានល្អបន្តិច ហើយគ្រូរបស់ខ្ញុំនិយាយថាវាមិនអីទេ គ្រាន់តែអាចទទួលយកបានប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលនិយាយដល់ផ្នែកដែលស្មុគស្មាញជាងនេះមួយចំនួន ការងាររបស់ខ្ញុំមិនទាន់ល្អគ្រប់គ្រាន់ទេ ហើយត្រូវធ្វើឡើងវិញ»។ តើការឆ្លើយតបទាំងនេះ មកពីមនុស្សដែលមានការគិត និងតក្កវិជ្ជាធម្មតាដែរឬទេ? (មែនហើយ។) តើមនុស្សដែលគ្មានការគិត និងតក្កវិជ្ជាធម្មតានេះ ឆ្លើយតបយ៉ាងដូចម្ដេច? ខ្ញុំបានសួរថា៖ «តើឥឡូវនេះ អ្នកអាចកាត់ដេរសម្លៀកបំពាក់ដែលមានទ្រនាប់ប្រភេទនេះបានដែរឬទេ?» នាងបានឆ្លើយតបថា៖ «ខ្ញុំកំពុងរៀនកាត់ដេរសម្លៀកបំពាក់ប្រភេទនេះ នៅពេលដែលខ្ញុំមកទីនេះដំបូង»។ ខ្ញុំបានសួរថា៖ «ដូច្នេះ តើឥឡូវនេះ អ្នកអាចកាត់ដេរវាបានដែរឬទេ?» នាងនៅតែឆ្លើយតបថា៖ «ខ្ញុំកំពុងរៀនកាត់ដេរសម្លៀកបំពាក់ប្រភេទនេះ នៅពេលដែលខ្ញុំមកទីនេះដំបូង»។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំមិនយល់ទេ។ អ្នកកំពុងរៀនកាត់ដេរសម្លៀកបំពាក់ប្រភេទនេះ នៅពេលដែលអ្នកមកទីនេះដំបូង ដូច្នេះ តើឥឡូវនេះ អ្នកអាចកាត់ដេរវាបានដែរឬទេ? ហេតុអ្វីបានជាខ្ញុំមិនអាចយល់ពីរឿងនេះសោះអ៊ីចឹង?» នៅពេលដែលខ្ញុំឮការឆ្លើយតបរបស់នាង ខ្ញុំមានអារម្មណ៍ថាវាឆ្គង។ ខ្ញុំកំពុងសួរថាតើនាងអាចកាត់ដេរសម្លៀកបំពាក់ប្រភេទនេះបានដែរឬទេ ហើយនាងនិយាយថានាងកំពុងរៀនកាត់ដេរវា នៅពេលដែលនាងមកដល់ទីនេះដំបូង។ ខ្ញុំមិនយល់សោះថា តើនាងអាចបង្វែរទៅប្រធានបទនោះបានដោយរបៀបណា។ តើវាមានពាក់ព័ន្ធអ្វីនឹងការដែលនាងអាចធ្វើវាបាន ឬមិនបាននោះ? ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំពិតជាមិនអាចតាមទាន់ការបង្វែរប្រធានបទនេះសោះ»។ សូម្បីតែនៅពេលដែលខ្ញុំសួរពីរ ឬបីដងជាប់ៗគ្នាថា៖ «ដូច្នេះ តើឥឡូវនេះ អ្នកអាចធ្វើវាបានដែរឬទេ?» នាងនៅតែបន្តឆ្លើយថា៖ «នៅពេលដែលខ្ញុំមកទីនេះដំបូង ខ្ញុំកំពុងរៀនធ្វើរបស់នេះ ហើយគ្រូរបស់ខ្ញុំកំពុងណែនាំខ្ញុំក្នុងការធ្វើរបស់នេះ។ ខ្ញុំកំពុងធ្វើរបស់នេះជាចម្បង»។ ខ្ញុំនៅតែមិនទទួលបានចម្លើយដែលខ្ញុំកំពុងស្វែងរកដដែល។ ហើយរហូតមកដល់សព្វថ្ងៃនេះ ខ្ញុំនៅតែមិនដឹងថាតើនាងអាចធ្វើវាបាន ឬមិនបានឡើយ។ ចូរវិភាគតក្កវិជ្ជានៅពីក្រោយពាក្យសម្ដីរបស់នាង និងមូលហេតុដែលនាងនិយាយបែបនេះ។ (ការឆ្លើយតបរបស់នាង ហាក់ដូចជាមិនសូវពាក់ព័ន្ធនឹងសំណួរឡើយ។ មនុស្សដែលឮវា នឹងព្យាយាមទាយពីអត្ថន័យរបស់នាង ប៉ុន្តែពួកគេនៅតែមិនដឹងថាតើនាងពិតជាអាចធ្វើវាបាន ឬមិនបានដដែល។) តើនាងចង់ឱ្យខ្ញុំដឹង ឬមិនចង់? តើនាងចង់ផ្ដល់ចម្លើយដ៏ត្រឹមត្រូវច្បាស់លាស់ដល់ខ្ញុំដែរឬទេ? នៅទីនេះ នាងកំពុងផ្ដល់តម្រុយថា៖ «ខ្ញុំបានប្រាប់ព្រះអង្គរួចហើយថា នៅពេលដែលខ្ញុំមកទីនេះដំបូង ខ្ញុំកំពុងរៀនធ្វើរបស់នេះជាចម្បង ហើយឥឡូវនេះ វាបានមួយសប្ដាហ៍ហើយ។ ដូច្នេះ ប្រាកដណាស់ថាខ្ញុំអាចធ្វើវាបាន។ តើព្រះអង្គមិនគួរអាចយល់ពីអត្ថន័យរបស់ខ្ញុំទេឬអី? ម្ដេចបានជាព្រះអង្គមិនយល់?» តើអ្នករាល់គ្នាអាចយល់អត្ថន័យនេះ ពីការឆ្លើយតបរបស់នាងបានដែរឬទេ? (ទេ មិនអាចទេ។) ប្រសិនបើការឆ្លើយតបរបស់នាង ធ្វើឱ្យអ្នកអាចទទួលបានចម្លើយដ៏ត្រឹមត្រូវច្បាស់លាស់ និងដឹងថាតើនាងអាចធ្វើវាបាន ឬមិនបាន នោះការឆ្លើយតបរបស់នាងនឹងមានតក្កវិជ្ជាហើយ។ ប៉ុន្តែ ការឆ្លើយតបរបស់នាង គ្រាន់តែផ្ដល់ឱ្យអ្នកនូវអត្ថន័យដ៏ស្រពេចស្រពិលប៉ុណ្ណោះ ហើយមិនធ្វើឱ្យអ្នកដឹងច្បាស់ថាតើនាងអាចធ្វើវាបាន ឬមិនបានឡើយ។ មនុស្សដែលតែងតែនិយាយបែបនេះ តើពួកគេមិនមែនជាមនុស្សមានគំនិតច្របូកច្របល់ខ្លាំងទេឬអី? ប្រសិនបើពួកគេមានចេតនាឆ្លើយតបបែបនេះ នោះវាជាបញ្ហាចរិតលក្ខណៈហើយ។ ប្រសិនបើពួកគេមិនមានចេតនាធ្វើបែបនេះទេ ហើយការឆ្លើយតបរបស់ពួកគេ គ្មានទំនាក់ទំនងចាំបាច់ណាមួយទៅនឹងចម្លើយដែលអ្នកកំពុងព្យាយាមចង់បានទេ នោះមានន័យថា មានបញ្ហាជាមួយនឹងការគិត និងតក្កវិជ្ជារបស់ពួកគេហើយ។ ប្រសិនបើមានបញ្ហាជាមួយនឹងការគិត និងតក្កវិជ្ជារបស់ពួកគេ តើនេះមិនមែនមានន័យថា ពួកគេមានកម្រិតសមត្ថភាពខ្សោយទេឬអី? តើពួកគេមិនមែនជាមនុស្សដែលងាយមានការវៀចខុសទំនងទេឬអី? (មែនហើយ។) នេះគឺជាការសម្ដែងចេញមួយនៃការងាយមានការវៀចខុសទំនង។ មនុស្សនោះបានគិតថា៖ «ខ្ញុំកំពុងប្រាប់ព្រះអង្គថា ខ្ញុំកំពុងរៀនកាត់ដេររបស់នេះ នៅពេលដែលខ្ញុំមកទីនេះដំបូង ដូច្នេះ លទ្ធផលដែលចៀសមិនផុត គឺខ្ញុំអាចធ្វើវាបាន»។ អ្វីដែលនាងចង់ប្រាប់ គឺចម្លើយថា «ខ្ញុំអាចធ្វើវាបាន»។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានការគិតធម្មតា មិនទទួលបានចម្លើយដ៏ត្រឹមត្រូវច្បាស់លាស់ឡើយ បន្ទាប់ពីបានឮបែបនេះ។ ហេតុដូច្នេះហើយ ការឆ្លើយតបរបស់នាងដែលថា «ខ្ញុំកំពុងរៀនធ្វើរបស់នេះ នៅពេលដែលខ្ញុំមកទីនេះដំបូង» គ្មានទំនាក់ទំនងខាងតក្កវិជ្ជាទៅនឹងការដែលនាងចង់ប្រាប់ថានាងអាចធ្វើវាបានឡើយ។ ដូច្នេះ តើការឆ្លើយតបរបស់នាង មិនមែនជាពាក្យសម្ដីច្របូកច្របល់ទេឬអី? (មែនហើយ។) ការនិយាយពាក្យសម្ដីច្របូកច្របល់ ទាំងគិតថាពួកគេអាចប្រាស្រ័យទាក់ទងបានល្អ និងថាពួកគេបានឆ្លើយសំណួររួចហើយ តើនេះមិនឆ្លុះបញ្ចាំងពីកម្រិតសមត្ថភាពខ្សោយទេឬអី? (មែនហើយ។) នេះគឺជាការសម្ដែងចេញមួយនៃកម្រិតសមត្ថភាពខ្សោយ។ មនុស្សនោះមិនមានការគិត និងតក្កវិជ្ជានៃភាពជាមនុស្សធម្មតាឡើយ។ មិនថាអ្នកសួរយ៉ាងណានោះទេ នាងនឹងមិនអាចដឹងថា តើចំណុចស្នូលនៃបញ្ហាគឺជាអ្វី ឬហេតុអ្វីបានជាអ្នកនៅតែសួររឿងដដែលៗឡើយ។ នៅពេលដែលអ្នកសួរជាលើកទីបី នាងនៅតែផ្ដល់ការឆ្លើយតបដដែល ហើយថែមទាំងអស់ភាពអត់ធ្មត់ទៀតផង ដោយគិតថា៖ «ហេតុអ្វីបានជាអ្នកនៅតែសួរអ៊ីចឹង? ខ្ញុំបានប្រាប់អ្នករួចហើយ ហើយអ្នកនៅតែមិនយល់ និងនៅតែសួរទៀត!» សូម្បីតែបន្ទាប់ពីត្រូវបានសួរបីដងក៏ដោយ ក៏នាងនឹងមិនអាចដឹងថា ចម្លើយរបស់នាងមិនច្បាស់លាស់ និងមិនមែនជាអ្វីដែលអ្នកម្ខាងទៀតកំពុងស្វែងរកទេ ហើយក៏មិនអាចដឹងថា នាងគួរផ្លាស់ប្ដូររបៀបនិយាយរបស់នាង បញ្ជាក់ឱ្យច្បាស់ថានាងអាចធ្វើវាបាន ឬមិនបាន និងមិនត្រូវធ្វើឱ្យអ្នកម្ខាងទៀតទាយឡើយ។ នាងមិនអាចដឹងថា តើពាក្យសម្ដីរបស់នាងធ្វើឱ្យអ្នកដទៃមានអារម្មណ៍បែបណា ឬតើអ្នកម្ខាងទៀតមានប្រតិកម្មយ៉ាងណា បន្ទាប់ពីបានឮពាក្យទាំងនោះឡើយ។ នាងមិនអាចដឹងពីរឿងទាំងអស់នេះបានទេ។ នេះបង្ហាញថានាងគ្មានកម្រិតសមត្ថភាពឡើយ។ មិនថាអ្នកសួរប៉ុន្មានដងនោះទេ នាងនឹងផ្ដល់ការឆ្លើយតបដដែល ហើយថែមទាំងមានអារម្មណ៍ថា អ្វីដែលនាងកំពុងនិយាយ គឺចេញពីចិត្ត និងមិនមែនជាពាក្យមិនពិតទៀតផង ដោយគិតថា៖ «មិនថាអ្នកសួរអំពីរឿងដដែលនេះប៉ុន្មានដងនោះទេ ខ្ញុំបានផ្ដល់ចម្លើយដដែល។ ខ្ញុំកំពុងអនុវត្តការធ្វើជាមនុស្សស្មោះត្រង់ ហើយខ្ញុំកំពុងនិយាយអ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំ»។ តើនេះមិនមែនជាការឆ្លុះបញ្ចាំងពីកម្រិតសមត្ថភាពខ្សោយទេឬអី? (មែនហើយ។) នៅពេលដែលអ្នកសួរអំពីថម នោះមនុស្សប្រភេទនេះតែងតែនិយាយអំពីឌីក និងហារី។ នៅពេលដែលអ្នកសួរអំពីឌីក និងហារី ពួកគេតែងតែនិយាយអំពីថម។ មនុស្សដែលគ្មានការគិតធម្មតា មានគំនិតច្របូកច្របល់ ហើយការគិតរបស់ពួកគេគឺរញ៉េរញ៉ៃ។ នេះគឺជាការសម្ដែងចេញដ៏សំខាន់មួយនៃកម្រិតសមត្ថភាពខ្សោយ។ សរុបមក ទាំងនេះគឺជាការសម្ដែងចេញរបស់មនុស្សដែលមានកម្រិតសមត្ថភាពខុសៗគ្នា។ មិនថាអ្នកវាយតម្លៃកម្រិតសមត្ថភាពរបស់ពួកគេ ដោយផ្អែកលើសមត្ថភាព ឬការខ្វះសមត្ថភាពរបស់ពួកគេក្នុងការយល់ និងអនុវត្តគោលការណ៍សេចក្ដីពិត ឬដោយផ្អែកលើថាតើពួកគេមានការយល់ដឹងខាងវិញ្ញាណឬអត់នោះទេ ទាំងនេះគឺជាការសម្ដែងចេញ។ ទោះបីជាយើងបាននិយាយក្នុងន័យទូទៅបន្តិចក៏ដោយ តើអ្នករាល់គ្នាមិនអាចយកព្រះបន្ទូលរបស់ខ្ញុំ ទៅផ្គូផ្គងនឹងជីវិតពិតបានមួយភាគធំទេឬអី? (មែនហើយ។) ដូច្នេះ តើយើងមិនបានសង្ខេបប្រធានបទនៃកម្រិតសមត្ថភាពបានស្ទើរតែរួចរាល់ហើយទេឬអី? (មែនហើយ។) នេះជាការបញ្ចប់ការពិភាក្សារបស់យើង ស្ដីអំពីប្រធានបទនៃកម្រិតសមត្ថភាព។
ការអនុវត្តទីមួយសម្រាប់ការដេញតាមសេចក្ដីពិត៖ ការដាក់ចុះ
ការដាក់ចុះនូវរបាំងរវាងខ្លួនឯង និងព្រះជាម្ចាស់ ព្រមទាំងភាពប្រទូសរ៉ាយរបស់ខ្លួនចំពោះព្រះជាម្ចាស់
I. ការដាក់ចុះនូវសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនអំពីព្រះជាម្ចាស់៖ ការដាក់ចុះនូវសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនអំពីកិច្ចការរបស់ព្រះជាម្ចាស់
ច. កិច្ចការរបស់ព្រះជាម្ចាស់មិនផ្លាស់ប្ដូរលក្ខខណ្ឌពីកំណើតរបស់មនុស្សទេ កិច្ចការនេះមានគោលបំណងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ពួកគេ
ចូរប្រាប់ខ្ញុំមើល តើកម្រិតដែលមនុស្សទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់ មានពាក់ព័ន្ធអ្វីនឹងការដែលកម្រិតសមត្ថភាពរបស់ពួកគេល្អ ឬខ្សោយដែរឬទេ? តើមនុស្សទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់ ដោយសារតែកម្រិតសមត្ថភាពខ្សោយមែនទេ? តើអ្នករាល់គ្នាធ្លាប់ពិចារណាពីសំណួរនេះដែរឬទេ? តើនេះជាសំណួរដែលគួរពិចារណាដែរឬទេ? (មែនហើយ។) មនុស្សមួយចំនួននិយាយថា៖ «ដោយសារយើងមានកម្រិតសមត្ថភាពខ្សោយ ដោយសារកម្រិតសមត្ថភាពដែលព្រះជាម្ចាស់ប្រទានឱ្យយើងមិនល្អ ទើបយើងទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ»។ តើពាក្យសម្ដីនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) ដោយផ្អែកលើការប្រកបគ្នារបស់យើងពីមុន អំពីភាពខុសគ្នារវាងលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ តើកម្រិតសមត្ថភាពស្ថិតក្នុងប្រភេទមួយណា? (លក្ខខណ្ឌពីកំណើត។) វាស្ថិតក្នុងលក្ខខណ្ឌពីកំណើត។ ដូច្នេះ តើអ្នកដឹងទេថា តើទិដ្ឋភាពផ្សេងៗនៃលក្ខខណ្ឌពីកំណើត មានពាក់ព័ន្ធនឹងភាពជាមនុស្ស និងនិស្ស័យពុករលួយរបស់មនុស្សដែរឬទេ? ចូរចាប់ផ្ដើមជាមួយនឹងកម្រិតសមត្ថភាព។ តើកម្រិតសមត្ថភាព កំណត់ពីកម្រិតដែលមនុស្សម្នាក់បះបោរទាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ដែរឬទេ? (ទេ មិនកំណត់ទេ។) ហេតុអ្វីបានជាយើងនិយាយថា វាមិនកំណត់ពីរឿងនេះ? នេះពាក់ព័ន្ធនឹងមូលហេតុដែលមនុស្សទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់។ តើមនុស្សបះបោរទាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយសារតែកម្រិតសមត្ថភាពខ្សោយមែនទេ? (ទេ គឺដោយសារតែយើងមាននិស្ស័យពុករលួយ។) ត្រឹមត្រូវហើយ។ នេះស្របនឹងការពិត។ ការទាស់ទទឹង និងការបះបោររបស់អ្នកទាស់នឹងព្រះជាម្ចាស់ ព្រមទាំងការដែលអ្នកមិនអាចចុះចូលនឹងសេចក្ដីពិតបាន មិនមែនដោយសារតែកម្រិតសមត្ថភាពខ្សោយនោះទេ គឺដោយសារតែអ្នកមាននិស្ស័យពុករលួយ។ ដូច្នេះហើយ អ្នកមិនអាចរអ៊ូរទាំអំពីការដែលព្រះជាម្ចាស់ប្រទានកម្រិតសមត្ថភាពខ្សោយដល់អ្នក ដោយយកការដែលអ្នកអាចទាស់ទទឹងនឹងព្រះអង្គមកធ្វើជាហេតុផលនោះឡើយ។ កម្រិតសមត្ថភាព ឬទិដ្ឋភាពផ្សេងទៀតនៃលក្ខខណ្ឌពីកំណើតរបស់អ្នក គឺជាលក្ខខណ្ឌដែលខ្លួនអ្នកផ្ទាល់មានពីកំណើត។ វាគឺជាលក្ខខណ្ឌពីកំណើតដែលមានស្រាប់ ដែលអ្នកមានក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ មិនថាវាជាទិដ្ឋភាពណាមួយនៃលក្ខខណ្ឌពីកំណើតនោះទេ វាមិននាំឱ្យមានការទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ ហើយវាមិនមានទំនាក់ទំនងអ្វីនឹងនិស្ស័យពុករលួយឡើយ។ ឧទាហរណ៍៖ ការមានកម្ពស់ខ្ពស់ មិនមែនមានន័យថាអ្នកមាននិស្ស័យពុករលួយតិចជាងនោះទេ។ ការមានរូបសម្រស់ស្រស់ស្អាត ឬមានស្បែកស មិនមែនមានន័យថាអ្នកគ្មាននិស្ស័យពុករលួយនោះទេ។ ការកើតមកក្នុងពូជសាសន៍ដែលមនុស្សឱ្យតម្លៃ និងគោរពកោតសរសើរ មិនមែនមានន័យថាអ្នកគ្មាននិស្ស័យពុករលួយនោះទេ។ និយាយម្យ៉ាងទៀត មិនថាព្រះជាម្ចាស់បានប្រទានលក្ខខណ្ឌពីកំណើតបែបណាដល់មនុស្សម្នាក់នោះទេ ហើយមិនថាលក្ខខណ្ឌពីកំណើតរបស់មនុស្សម្នាក់មានលក្ខណៈបែបណានោះទេ វាមិនមានទំនាក់ទំនងអ្វីនឹងនិស្ស័យពុករលួយរបស់មនុស្សនោះឡើយ។ ឧទាហរណ៍៖ រូបរាងរបស់មនុស្សម្នាក់ផ្ទាល់ មិននាំឱ្យមានការទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមនុស្សមាននិស្ស័យពុករលួយ នៅពេលដែលនរណាម្នាក់មានរូបរាងសង្ហា ឬស្រស់ស្អាត ពួកគេអាចនឹងគិតថា៖ «ខ្ញុំស្រស់ស្អាត ដូច្នេះ ខ្ញុំគួរតែមានឋានៈ និងទទួលបានការគោរព»។ ទាំងនេះគឺជាការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ។ មនុស្សមួយចំនួនប្រើប្រាស់រូបសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ ដើម្បីប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួនឱ្យបានពេញទី ដោយហេតុនេះ ពួកគេបញ្ចេញឱ្យឃើញនូវពាក្យសម្ដី និងទង្វើខុសឆ្គងជាច្រើន។ ពាក្យសម្ដី និងទង្វើទាំងនេះ សុទ្ធតែបណ្ដាលមកពីនិស្ស័យពុករលួយរបស់ពួកគេ មិនមែនបណ្ដាលមកពីលក្ខខណ្ឌពីកំណើតរបស់ពួកគេឡើយ។ មិនថាអ្នកមានកម្រិតសមត្ថភាពល្អ ឬខ្សោយនោះទេ កម្រិតសមត្ថភាពផ្ទាល់ មិននាំឱ្យមានការទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមានកម្រិតសមត្ថភាពល្អ ប៉ុន្តែមិនយល់ ឬមិនទទួលយកសេចក្ដីពិតទេ អ្នកនៅតែទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់ដដែល ពីព្រោះអ្នកមាននិស្ស័យពុករលួយ។ ប្រសិនបើអ្នកមានកម្រិតសមត្ថភាពខ្សោយ ប៉ុន្តែអាចទទួលយកសេចក្ដីពិតបាន ហើយនៅពេលដែលអ្នកយល់ពីអ្វីដែលព្រះជាម្ចាស់ប្រាប់អ្នកឱ្យធ្វើ ឬមិនឱ្យធ្វើ អ្នកអាចគោរពតាមវាបាន ហើយអ្នកអាចមិនប្រព្រឹត្តដោយផ្អែកលើនិស្ស័យពុករលួយរបស់អ្នកបាន នោះអ្នកនឹងមិនបះបោរទាស់នឹងព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងមិនប្រើល្បិចគេចវេះ និងខ្ជិលច្រអូស ឬធ្វើឱ្យតែរួចពីដៃ ធ្វើតាមតែអំពើចិត្ត ឬធ្វើតាមតែចិត្តឯង និងប្រព្រឹត្តដោយមិនខ្វល់ពីខុសត្រូវនោះដែរ។ មិនថាអ្នកមានកម្រិតសមត្ថភាពខ្សោយ ឬអត់នោះទេ ដរាបណាអ្នកមាននិស្ស័យពុករលួយ នោះសូម្បីតែអ្នកអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនៅតែបះបោរទាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល។ ដោយសារអ្នកមាននិស្ស័យពុករលួយជាជីវិតរបស់អ្នក អ្នកក៏មានដោយឯកឯងនូវគំនិត និងទស្សនៈបែបសាតាំងផ្សេងៗ និងទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍បែបសាតាំង ក៏ដូចជាទស្សនៈបែបសាតាំងដែលជាមូលដ្ឋាននៃរបៀបដែលអ្នកមើលមនុស្ស និងអ្វីៗ ហើយអ្នកនឹងអួតខ្លួន ការពារខ្លួនឯង និងតែងតែចង់លេចធ្លោ និងចាត់ទុកខ្លួនឯងខ្ពស់ជាងអ្នកដទៃ ហើយថែមទាំងចង់គ្រប់គ្រង និងត្រួតត្រាលើអ្នកដទៃទៀតផង។ ការសម្ដែងចេញទាំងនេះ សុទ្ធតែកើតចេញពីធម្មជាតិបែបសាតាំងរបស់មនុស្ស។ ប្រសិនបើអ្នកធ្វើរឿងផ្សេងៗដោយផ្អែកលើធម្មជាតិបែបសាតាំង និងជីវិតបែបសាតាំងរបស់អ្នក នោះមិនថាអ្នកមានកម្រិតសមត្ថភាពល្អ ឬខ្សោយនោះទេ អ្នកនឹងទាស់ទទឹងនឹងព្រះជាម្ចាស់។ កម្រិតសមត្ថភាពផ្ទាល់ មិននាំឱ្យមានការទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ អ្នកមានកម្រិតសមត្ថភាពខ្សោយ ប៉ុន្តែតើអ្នកអាចប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ ដរាបណាអ្នកយល់ពីព្រះបន្ទូលទាំងនោះ? ប្រសិនបើអ្នកគ្មាននិស្ស័យពុករលួយ ឬមិនរស់នៅដោយនិស្ស័យពុករលួយរបស់អ្នកទេ នោះអ្នកច្បាស់ជាអាចសម្រេចបានរឿងនេះជាមិនខាន។ ចូរយកការមានចំណុចខ្លាំងជាក់លាក់ណាមួយជាឧទាហរណ៍ មនុស្សតែងតែគិតថា៖ «ដោយសារខ្ញុំមានចំណុចខ្លាំងនេះ ខ្ញុំប្រសើរជាងអ្នកដទៃ ខ្ញុំគួរតែមានឋានៈនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំគួរតែជាអ្នកដឹកនាំ ឬជាសសរទ្រូងនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។ គំនិតទាំងនេះ មិនមែនបណ្ដាលមកពីការមានចំណុចខ្លាំងនោះទេ ប៉ុន្តែបណ្ដាលមកពីនិស្ស័យពុករលួយ។ ដោយសារមនុស្សមាននិស្ស័យពុករលួយជាជីវិតរបស់ពួកគេ អ្វីៗទាំងអស់ដែលពួកគេបញ្ចេញឱ្យឃើញ សម្ដែងចេញ និងបង្ហាញ ក៏ដូចជាទស្សនៈ ជំហរ និងគោលការណ៍របស់ពួកគេ ក្នុងការមើលមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្សេងៗ សុទ្ធតែបណ្ដាលមកពីការដែលពួកគេមាននិស្ស័យពុករលួយជាជីវិតរបស់ពួកគេ។ រឿងទាំងនេះ មិនមែនបណ្ដាលមកពីលក្ខខណ្ឌពីកំណើតណាមួយ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេឡើយ។ តើអ្នកយល់ទេ? (យល់ហើយ។) តើខ្ញុំមានន័យដូចម្ដេច តាមរយៈការប្រកបគ្នាពីពាក្យទាំងនេះ? គោលបំណងនៃការប្រកបគ្នានេះ គឺដើម្បីឱ្យអ្នករាល់គ្នាអាចយល់ និងស្គាល់ស្ថានភាពជាក់ស្ដែងរបស់អ្នករាល់គ្នាកាន់តែច្បាស់ ហើយស្គាល់ថាតើកម្រិតសមត្ថភាពរបស់អ្នករាល់គ្នាមានលក្ខណៈបែបណា។ កុំធ្វើជាមនុស្សដែលគ្មានវិចារណញ្ញាណ ហើយកុំប្រឹងតវ៉ាដោយឥតប្រយោជន៍ ជុំវិញការមានកម្រិតសមត្ថភាពមធ្យម ឬខ្សោយ ឬសូម្បីតែផ្ដល់លេសដោយឥតប្រយោជន៍ ដើម្បីបង្ហាញថាកម្រិតសមត្ថភាពរបស់អ្នកមិនខ្សោយឱ្យសោះ។ ការប្រព្រឹត្តទាំងនេះ គ្មានតម្លៃឡើយ។ ការប្រកបគ្នានេះ មានគោលបំណងឱ្យអ្នកអាចយល់បានយ៉ាងត្រឹមត្រូវពីកម្រិតសមត្ថភាព និងសមត្ថភាពផ្សេងៗរបស់អ្នក ហើយបន្ទាប់មករកឋានៈដ៏ត្រឹមត្រូវរបស់អ្នក និងប្រព្រឹត្តខ្លួនស្របតាមឋានៈតួនាទីដ៏ត្រឹមត្រូវរបស់អ្នក។ នេះនឹងជួយអ្នកកាន់តែច្រើន ឱ្យធ្វើជាភាវៈដែលព្រះបានបង្កើតដ៏ត្រឹមត្រូវម្នាក់ ឈរយ៉ាងត្រឹមត្រូវនៅក្នុងឋានៈរបស់អ្នកជាភាវៈដែលព្រះបានបង្កើត ហើយនឹងជួយអ្នកកាន់តែច្រើន ឱ្យបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើត។ ជាការពិតណាស់ ក្នុងកម្រិតណាមួយ វាក៏នឹងជួយអ្នកកាន់តែច្រើន ក្នុងការបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នកផងដែរ។ មិនថាកម្រិតសមត្ថភាព ឬសមត្ថភាពផ្សេងៗរបស់អ្នកស្ថិតក្នុងកម្រិតណានោះទេ វាមិនកំណត់ពីកម្រិតដែលអ្នកទាស់ទទឹង និងបះបោរទាស់នឹងព្រះជាម្ចាស់ឡើយ។ និយាយម្យ៉ាងទៀត គេក៏អាចនិយាយបានដែរថា និស្ស័យពុករលួយរបស់អ្នក មិនអាស្រ័យលើចំណាត់ថ្នាក់នៃកម្រិតសមត្ថភាពរបស់អ្នកឡើយ ហើយវាកាន់តែមិនអាស្រ័យលើថាតើលក្ខខណ្ឌពីកំណើតរបស់អ្នកមានលក្ខណៈបែបណានោះដែរ។ និស្ស័យពុករលួយរបស់មនុស្ស កើតឡើងនៅក្នុងសាច់ឈាមពីកំណើត និងដែលមានស្រាប់របស់ពួកគេ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ និស្ស័យពុករលួយរបស់ពួកគេ បានក្លាយជាជីវិតខាងក្នុងរបស់ពួកគេ។ នៅពេលដែលអ្នកមិនទាន់បានបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នក អ្នកយកលក្ខខណ្ឌពីកំណើតរបស់អ្នកមកប្រើ ដើម្បីនិយាយ និងប្រព្រឹត្តដោយផ្អែកលើជីវិតបែបសាតាំងនេះ។ នេះមានន័យថា មុនពេលអ្នកបានបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នក អ្នកកំពុងយកលក្ខខណ្ឌពីកំណើតផ្សេងៗ ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ដើម្បីបម្រើដល់ការសម្រេចបាននូវគោលបំណងផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះហើយ យើងអាចនិយាយបែបនេះបាន៖ ប្រសិនបើអ្នកមិនបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នកទេ អ្នកកំពុងកេងយកប្រយោជន៍ ឬជាន់ឈ្លីលើលក្ខខណ្ឌពីកំណើតផ្សេងៗ ដែលព្រះជាម្ចាស់បានប្រទានដល់អ្នកហើយ។ ប្រសិនបើអ្នកស្ថិតក្នុងដំណើរការនៃការដេញតាមសេចក្ដីពិត និងការអនុវត្តសេចក្ដីពិត ដើម្បីបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នក នោះអ្នកកំពុងប្រើប្រាស់លក្ខខណ្ឌពីកំណើតផ្សេងៗ ដែលព្រះជាម្ចាស់បានប្រទានដល់អ្នកយ៉ាងសមស្រប និងមានប្រសិទ្ធភាពហើយ។ នៅពេលដែលអ្នកផ្លាស់ប្ដូរពីការមាននិស្ស័យពុករលួយជាជីវិតរបស់អ្នក ទៅជាការមានសេចក្ដីពិតជាជីវិតរបស់អ្នក នោះអ្នកកំពុងប្រើប្រាស់លក្ខខណ្ឌពីកំណើត ដែលព្រះជាម្ចាស់បានប្រទានដល់អ្នកយ៉ាងសមស្រប និងត្រឹមត្រូវហើយ។ ពោលគឺ ក្នុងរបៀបមួយដែលកាន់តែមានអត្ថន័យ។ តើឥឡូវនេះ អ្នកយល់ហើយឬនៅ? លក្ខខណ្ឌពីកំណើតផ្ទាល់ មិនមែនជាឫសគល់នៃការទាស់ទទឹងរបស់មនុស្សជាតិទាស់នឹងព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ និស្ស័យពុករលួយបែបសាតាំងរបស់មនុស្ស និងជីវិតដែលសាតាំងបានបណ្ដុះចូលក្នុងខ្លួនមនុស្ស គឺជាឫសគល់នៃការទាស់ទទឹង និងការបះបោររបស់មនុស្សជាតិទាស់នឹងព្រះជាម្ចាស់។ តើវាមិនមែនបែបនេះទេឬអី? (មែនហើយ។) តើឥឡូវនេះ បញ្ហានេះច្បាស់លាស់សម្រាប់អ្នកជាទូទៅហើយឬនៅ? (ច្បាស់ហើយ។)
៦. ការបង្ហាញចេញផ្សេងៗនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ
មុនពេលយើងប្រកបគ្នាអំពីប្រធានបទនៃកម្រិតសមត្ថភាព យើងបានប្រកបគ្នាអំពីការបង្ហាញចេញមួយចំនួននៅក្នុងទិដ្ឋភាព ៣ យ៉ាង៖ លក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ តើការបង្ហាញចេញអ្វីខ្លះដែលយើងបានប្រកបគ្នាកាលពីលើកមុន? (កាលពីលើកមុន ការសម្ដែងចេញដែលបានប្រកបគ្នា គឺភាពឧស្សាហ៍ព្យាយាមក្នុងការធ្វើអ្វីៗ ការធ្វើអ្វីៗប្រកបដោយវិធីសាស្ត្រ ការធ្វើអ្វីៗខ្លាំងតែនៅដើមទី ប៉ុន្តែខ្សោយនៅចុងបញ្ចប់ និងការប្រុងប្រយ័ត្នក្នុងការធ្វើអ្វីៗ ក៏ដូចជាការនិយាយហួសមាឌ និងអួតអាង ភាពខ្ជីខ្ជា ការចូលចិត្តអួតសម្ញែង ការមើលងាយអ្នកក្រ និងការលម្អៀងចិត្តទៅរកអ្នកមាន ការអែបអបអ្នកដែលមានអំណាច ការមានការចងចាំល្អលើសពីធម្មតា និងអ្វីៗផ្សេងទៀត។) យើងនឹងមិនប្រកបគ្នាអំពីរឿងទាំងនេះទៀតទេ។ យើងនឹងបន្តប្រកបគ្នាអំពីការបង្ហាញចេញផ្សេងៗនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ។ នៅពេលដែលការសម្ដែងចេញទាំងនេះកើតឡើង អ្នកត្រូវតែដឹងថាតើវាជាប្រភេទនៃការសម្ដែងចេញបែបណា ហើយអ្នកត្រូវតែអាចបែងចែក និងវែកញែកវាបាន។ មានតែពេលនោះទេ ទើបអ្នកអាចប្រព្រឹត្តចំពោះវាបានយ៉ាងត្រឹមត្រូវ។ ប្រសិនបើការសម្ដែងចេញណាមួយពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើត ដែលមិនអាចផ្លាស់ប្ដូរបាន នោះអ្នកមិនចាំបាច់ខ្វាយខ្វល់ពីវាឡើយ។ ប្រសិនបើវាជាភាពខ្វះខាត ឬចំណុចខ្សោយនៃភាពជាមនុស្ស ដែលអាចយកឈ្នះ កែតម្រូវ ឬផ្លាស់ប្ដូរបាន នោះអ្នកគួរតែព្យាយាមកែតម្រូវ និងផ្លាស់ប្ដូរវា។ ប្រសិនបើមិនចាំបាច់យកឈ្នះវាទេ ហើយវាមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នក ឬការដេញតាមសេចក្ដីពិតរបស់អ្នកទេ នោះអ្នកមិនចាំបាច់យកចិត្តទុកដាក់ចំពោះវាឡើយ។ ប្រសិនបើការសម្ដែងចេញណាមួយ មិនមែនជាបញ្ហានៃលក្ខខណ្ឌពីកំណើត ឬជាបញ្ហានៃភាពជាមនុស្សទេ ប៉ុន្តែពាក់ព័ន្ធនឹងនិស្ស័យពុករលួយ នោះវាត្រូវតែផ្លាស់ប្ដូរ។ ប្រសិនបើអ្នកមិនកែប្រែ ឬផ្លាស់ប្ដូរវាទេ នោះនៅពេលដែលទម្រង់ជីវិតដែលត្រូវបានត្រួតត្រាដោយនិស្ស័យពុករលួយ ចាក់ឫស និងកាន់អំណាចនៅក្នុងខ្លួនអ្នក អ្វីដែលអ្នកសម្ដែងចេញ និងបញ្ចេញឱ្យឃើញ មិនមែនគ្រាន់តែជាបញ្ហាតូចតាច ដូចជាការមិនអាចចុះសម្រុងជាមួយអ្នកដទៃ ឬការធ្វើឱ្យអ្នកដទៃមិនពេញចិត្ត និងការមិនអាចស្ថាបនាពួកគេបាននោះទេ។ ផ្ទុយទៅវិញ អ្វីដែលអ្នករស់នៅដោយសម្ដែងចេញ និងបញ្ចេញឱ្យឃើញ ឈានដល់កម្រិតនៃការបំពានសេចក្ដីពិត ការបំពានគោលការណ៍សេចក្ដីពិត ការទាស់ទទឹងនឹងព្រះជាម្ចាស់ ការបដិសេធព្រះជាម្ចាស់ ការប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ហើយសូម្បីតែអាចនិយាយបានថា ជាការឈរប្រឆាំងនឹងព្រះជាម្ចាស់ទៀតផង។ គឺដោយសារតែនិស្ស័យពុករលួយមានលក្ខណៈបែបនេះហើយ ទើបនៅពេលដែលការសម្ដែងចេញទាំងនេះពាក់ព័ន្ធនឹងនិស្ស័យពុករលួយ អ្នកត្រូវតែយល់ដឹងអំពីនិស្ស័យពុករលួយទាំងនេះ ហើយបន្ទាប់មកស្វែងរកសេចក្ដីពិត យល់ និងក្ដាប់ឱ្យបាននូវគោលការណ៍នៃការអនុវត្តសេចក្ដីពិត ព្រមទាំងអនុវត្តតាមគោលការណ៍សេចក្ដីពិត ដើម្បីជំនួសនិស្ស័យពុករលួយទាំងនេះ ដើម្បីកុំឱ្យនិស្ស័យពុករលួយទាំងនេះ ត្រួតត្រាជីវិតរបស់អ្នកទៀត ហើយជំនួសមកវិញ សេចក្ដីពិតក្លាយជាជីវិតរបស់អ្នក និងត្រួតត្រាជីវិតប្រចាំថ្ងៃរបស់អ្នក ព្រមទាំងអ្វីដែលអ្នកសម្ដែងចេញ។
ការភ្លេចភ្លាំង
យើងនឹងបន្តប្រកបគ្នាអំពីការបង្ហាញចេញផ្សេងៗនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ ការសម្ដែងចេញចុងក្រោយដែលយើងបានប្រកបគ្នាកាលពីលើកមុន គឺការមានការចងចាំល្អ តើមែនទេ? (មែនហើយ។) ដូច្នេះ តើការភ្លេចភ្លាំងស្ថិតក្នុងទិដ្ឋភាពមួយណា? (លក្ខខណ្ឌពីកំណើត។) នេះគឺជាលក្ខខណ្ឌពីកំណើត ហើយក៏ជាភាពខ្វះខាតនៃភាពជាមនុស្សផងដែរ។ គឺមានតែទិដ្ឋភាព ២ នេះប៉ុណ្ណោះ។ តើការភ្លេចភ្លាំងជានិស្ស័យពុករលួយដែរឬទេ? (ទេ មិនមែនទេ។) ច្បាស់ណាស់ថាមិនមែនទេ។ មនុស្សមួយចំនួនភ្លេចភ្លាំង ដោយសារតែពួកគេមានការចងចាំខ្សោយពីធម្មជាតិ ចំណែកឯអ្នកផ្សេងទៀតក្លាយជាមនុស្សភ្លេចភ្លាំង ដោយសារតែភាពចាស់ជរានៃខួរក្បាល និងការថយចុះនៃការចងចាំ នៅពេលដែលពួកគេកាន់តែចាស់។ ប្រសិនបើការភ្លេចភ្លាំងកើតឡើងពីកំណើត វាស្ថិតក្នុងលក្ខខណ្ឌពីកំណើត។ ប្រសិនបើវាកើតឡើងនៅពេលក្រោយ នោះវាគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ ការភ្លេចភ្លាំងពីធម្មជាតិ ជាការពិតណាស់ ក៏ត្រូវបានចាត់ទុកថាជាភាពខ្វះខាតផងដែរ តើមែនទេ? (មែនហើយ។)
ការពូកែរៀបចំផែនការមុនពេលធ្វើអ្វីៗ និងការពូកែគិតគូរលម្អិតរឿងខាតចំណេញ
ការពូកែរៀបចំផែនការមុនពេលធ្វើអ្វីៗ៖ តើនេះស្ថិតក្នុងទិដ្ឋភាពមួយណា? (ចំណុចល្អនៃភាពជាមនុស្ស។) នេះគឺជាចំណុចល្អនៃភាពជាមនុស្ស។ មុនពេលធ្វើអ្វីមួយ មនុស្សដែលពូកែរៀបចំផែនការ តែងតែរៀបចំផែនការទុកជាមុន ហើយបន្ទាប់មកធ្វើតាមជំហាន ដោយមិនធ្វើតាមអារម្មណ៍មួយឆាវ មិនធ្វើដោយមិនគិតពិចារណា ឬមិនធ្វើដោយប្រញាប់ប្រញាល់ឡើយ។ ពួកគេប្រព្រឹត្តដោយនឹងនរ មិនប្រញាប់ប្រញាល់ទៅធ្វើកិច្ចការតាមតែអារម្មណ៍មួយឆាវនោះទេ ប៉ុន្តែពួកគេពិចារណាជាមុនថាតើពួកគេគួរទៅដោយរបៀបណា ទៅជាមួយនរណា ត្រូវធ្វើអ្វីក្នុងកាលៈទេសៈពិសេស ត្រូវយកឯកសារ ឬរបស់របរអ្វីខ្លះ ថាតើត្រូវយករបស់របរប្រើប្រាស់ប្រចាំថ្ងៃចាំបាច់មួយចំនួនទៅដែរឬទេ អាស្រ័យលើបរិស្ថាន និងអ្វីៗផ្សេងទៀត។ ពួកគេអាចយកអ្វីៗទាំងអស់នេះមកពិចារណាបាន។ មុនពេលធ្វើកិច្ចការ ពួកគេរៀបចំយ៉ាងហ្មត់ចត់ ដោយពិចារណាលើកត្តាច្រើនជាង និងកាន់តែល្អិតល្អន់ក្នុងការពិចារណារបស់ពួកគេ។ ពួកគេនឹងវាយតម្លៃជាមុននូវភាពខុសគ្នារវាងលក្ខខណ្ឌអំណោយផល និងមិនអំណោយផល ហើយពួកគេនឹងបែងចែករវាងស្ថានភាពល្អបំផុត និងផលវិបាកអាក្រក់បំផុតដែលអាចកើតមាន។ ពួកគេនឹងរៀបចំយ៉ាងសមហេតុផល ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ ដោយសារពួកគេពូកែរៀបចំផែនការ និងរៀបចំយ៉ាងសមហេតុផល ការចាត់ចែងរឿងរ៉ាវរបស់ពួកគេ ជាទូទៅមានភាពហ្មត់ចត់ជាង។ ស្ថានភាពដែលមិននឹកស្មានដល់នៅក្នុងរឿងរ៉ាវ និងកម្មវិធីធ្វើដំណើរដែលពួកគេរៀបចំ កើតមានតិចជាង ហើយលទ្ធផលនៃការងាររបស់ពួកគេ ជាទូទៅល្អប្រសើរជាង។ មនុស្សដែលធ្វើការជាមួយពួកគេ មិនមានអារម្មណ៍ព្រួយបារម្ភឡើយ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ធូរស្រាលជាង។ ដូច្នេះ តើគេអាចនិយាយបានទេថា បើនិយាយប្រៀបធៀប ការពូកែរៀបចំផែនការ ស្ថិតក្នុងចំណុចល្អនៃភាពជាមនុស្ស? (មែនហើយ។) ចំពោះការពូកែរៀបចំផែនការ យើងនិយាយត្រឹមនេះ។ ចុះចំណែកឯការគិតកំប៉ិកកំប៉ុករឿងខាតចំណេញវិញ តើវាល្អ ឬមិនល្អ? (វាមិនល្អទេ។ វាគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។) ការពូកែរៀបចំផែនការ គឺជាចំណុចល្អ និងជាចំណុចខ្លាំងនៃភាពជាមនុស្ស។ វាជារឿងវិជ្ជមាន។ ចំណែកឯការគិតកំប៉ិកកំប៉ុករឿងខាតចំណេញ គឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ ឧទាហរណ៍៖ ប្រសិនបើមនុស្ស ២ នាក់ ហូបអាហារដែលអស់ប្រាក់សរុប ១០ យ័ន ហើយនៅពេលបង់ប្រាក់ មនុស្សដែលគិតកំប៉ិកកំប៉ុករឿងខាតចំណេញ បង់ប្រាក់ ៥ យ័ន និង ៥០ សេន ចំណែកឯម្នាក់ទៀតបង់ប្រាក់ ៤ យ័ន និង ៥០ សេន នោះគាត់មានអារម្មណ៍ថា៖ «នេះមិនត្រឹមត្រូវទេ គាត់បង់ប្រាក់ខ្វះ ៥០ សេន។ មនុស្សម្នាក់ៗគួរតែបង់ប្រាក់ ៥ យ័ន ទើបវាយុត្តិធម៌ និងសមហេតុផល»។ គាត់សូម្បីតែគិតគូរពីចំនួនទឹកប្រាក់ដ៏តិចតួចបែបនេះ។ ប្រសិនបើគាត់មានអារម្មណ៍ថាគាត់ខាតបង់ គាត់នឹងមានអារម្មណ៍មិនស្រួល ហើយតែងតែស្វែងរកឱកាសដើម្បីប៉ះប៉ូវការខាតបង់របស់គាត់ តាមរយៈមធ្យោបាយដែលមានល្បិចកល។ ប្រសិនបើគាត់មិនអាចប៉ះប៉ូវការខាតបង់របស់គាត់តាមរបៀបនេះទេ គាត់មិនអាចហូបបានស្រួល ឬគេងបានស្រួលឡើយ។ ការគិតកំប៉ិកកំប៉ុករឿងខាតចំណេញ គឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ ប្រសិនបើរឿងនេះក្លាយជាធ្ងន់ធ្ងរ ហើយពួកគេគិតកំប៉ិកកំប៉ុករឿងខាតចំណេញសូម្បីតែក្នុងរឿងធំដុំ ដោយតែងតែព្យាយាមទាញយកផលប្រយោជន៍ពីអ្នកដទៃ ឬកេងចំណេញពីពួកគេ ឬប្រើល្បិចកលជាញឹកញាប់ដើម្បីបម្រើដល់ការគិតកំប៉ិកកំប៉ុករឿងខាតចំណេញរបស់ពួកគេ នោះវាមិនមែនគ្រាន់តែជាភាពខ្វះខាតនៃភាពជាមនុស្សទៀតទេ ប៉ុន្តែវាពាក់ព័ន្ធនឹងនិស្ស័យពុករលួយហើយ។ ប្រសិនបើការគិតកំប៉ិកកំប៉ុករឿងខាតចំណេញរបស់នរណាម្នាក់ មិនប៉ះពាល់ដល់អ្នកដទៃ ហើយក៏មិនធ្វើឱ្យខូចប្រយោជន៍របស់ពួកគេទេ ហើយវាមានតែនៅក្នុងរឿងតូចតាចនៃជីវិតប្រចាំថ្ងៃ ដែលទីបំផុតនាំឱ្យមានការបរាជ័យជាញឹកញាប់ ឬលទ្ធផលមិនល្អក្នុងការចាត់ចែងរឿងរ៉ាវ នោះនេះគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។
តើភាពកំណាញ់ជាបញ្ហាប្រភេទណា? (ភាពខ្វះខាតនៃភាពជាមនុស្ស។) តើការសម្ដែងចេញអ្វីខ្លះដែលចាត់ទុកថាជាភាពកំណាញ់? ឧទាហរណ៍៖ ប្រសិនបើមនុស្សកំណាញ់ម្នាក់រៀបនឹងបើកបរទៅកន្លែងណាមួយ ហើយមាននរណាម្នាក់និយាយថា៖ «វាស្របផ្លូវគ្នា តើអ្នកអាចឱ្យខ្ញុំជិះជាមួយផងបានទេ? វាចំណាយពេលតែ ៥ នាទីប៉ុណ្ណោះ ហើយខ្ញុំអាចឱ្យលុយចាក់សាំងខ្លះដល់អ្នកបាន» ពួកគេខ្លាចថាមនុស្សនោះប្រហែលជាមិនឱ្យលុយទេ បន្ទាប់ពីជិះរួច ហើយពួកគេក៏រកលេសដើម្បីបដិសេធមិនឱ្យជិះជាមួយ។ នេះគឺជាភាពកំណាញ់។ ក៏មានអ្នកខ្លះទៀត នៅពេលដែលមាននរណាម្នាក់សុំខ្ចីរបស់អ្វីមួយពីពួកគេ ហើយពួកគេមិនចង់ឱ្យខ្ចី ពួកគេនិយាយថា៖ «ខ្ញុំកំពុងប្រើវាឥឡូវនេះ។ ខ្ញុំមិនអាចឱ្យអ្នកខ្ចីបានទេ។ អ្នកគួរសួរអ្នកផ្សេងទៅ»។ ពួកគេកំណាញ់ និងចិត្តចង្អៀតខ្លាំងណាស់។ ពួកគេមិនមានទំនាក់ទំនងជាប្រក្រតីជាមួយអ្នកដទៃឡើយ ហើយខ្លាចអ្នកដទៃកេងចំណេញពីពួកគេជាខ្លាំង ស្របពេលដែលពួកគេតែងតែសង្ឃឹមថានឹងបានកេងចំណេញពីអ្នកដទៃ។ នេះហៅថាភាពកំណាញ់។ ក៏មានអ្នកខ្លះទៀត នៅពេលដែលអ្នកសុំខ្ចីប្រាក់ ១០ យ័ន ដើម្បីទិញអាហារ និងរបស់របរផ្សេងទៀត ពួកគេគិតពិចារណាថា៖ «ខ្ញុំនឹងឱ្យអ្នកខ្ចីតែ ៥ យ័នប៉ុណ្ណោះសម្រាប់អាហារ មិនឱ្យលើសពីនេះទេ សូម្បីតែមួយសេនក៏ដោយ!» នៅថ្ងៃបន្ទាប់ ពេលដែលពួកគេឃើញអ្នក ពួកគេថែមទាំងសួរថា៖ «តើអាហារនោះយ៉ាងម៉េចដែរ? តើអ្នកចាយអស់ទាំង ៥ យ័នដែរឬទេ?» ពាក្យសម្ដីរបស់ពួកគេ បង្កប់អត្ថន័យថា៖ «ប្រញាប់សងលុយខ្ញុំមកវិញមក! អ្នកនៅជំពាក់លុយខ្ញុំសម្រាប់អាហារនោះ។ ប្រសិនបើអ្នកមិនសងខ្ញុំទេ អ្នកត្រូវតែប៉ាវអាហារខ្ញុំមួយពេលហើយ!» មនុស្សប្រភេទនេះ ចិត្តចង្អៀតខ្លាំងណាស់ក្នុងការប្រព្រឹត្តខ្លួន ហើយពូកែគិតកំប៉ិកកំប៉ុករឿងខាតចំណេញ។ ពួកគេមិនត្រឹមតែពូកែគិតកំប៉ិកកំប៉ុករឿងខាតចំណេញចំពោះរបស់របរខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ពូកែគិតកំប៉ិកកំប៉ុករឿងខាតចំណេញជាពិសេសនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃផងដែរ។ មិនថានរណាម្នាក់និយាយអ្វីទៅកាន់ពួកគេនោះទេ ពួកគេតែងតែបកស្រាយ និងពិចារណាពីអត្ថន័យនៅពីក្រោយពាក្យសម្ដីទាំងនោះ។ ប្រសិនបើពាក្យសម្ដីទាំងនោះធ្វើឱ្យពួកគេរងការខូចខាត ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ពួកគេនឹងវាយបកភ្លាមៗ។ សូម្បីតែនៅក្នុងការសន្ទនា ក៏ពួកគេព្យាយាមកេងចំណេញ និងបដិសេធយ៉ាងដាច់អហង្ការមិនព្រមទទួលរងការខាតបង់ណាមួយឡើយ។ នេះលែងគ្រាន់តែជាភាពចិត្តចង្អៀត ឬភាពកំណាញ់ទៀតហើយ។ វាជានិស្ស័យពុករលួយ។ ប្រសិនបើវាគ្រាន់តែពាក់ព័ន្ធនឹងការតែងតែព្យាយាមកេងចំណេញ និងចៀសវាងការខាតបង់នៅក្នុងទំនាក់ទំនងខាងសម្ភារៈ និងហិរញ្ញវត្ថុប្រចាំថ្ងៃ នោះនេះគ្រាន់តែជាភាពខ្វះខាតនៃភាពជាមនុស្សប៉ុណ្ណោះ ហើយមិនទាន់ឈានដល់កម្រិតនៃនិស្ស័យពុករលួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាពាក់ព័ន្ធនឹងគោលការណ៍នៃការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព នោះវាមិនមែនជាភាពខ្វះខាតនៃភាពជាមនុស្សទៀតទេ ប៉ុន្តែវាបានឈានដល់កម្រិតនៃនិស្ស័យពុករលួយហើយ។ ដូច្នេះ តើភាពចិត្តទូលាយស្ថិតក្នុងទិដ្ឋភាពមួយណា? (ចំណុចល្អនៃភាពជាមនុស្ស។) នេះអាចចាត់ថ្នាក់ជាចំណុចល្អនៃភាពជាមនុស្ស។ នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ មនុស្សចិត្តទូលាយមិនសូវខ្វល់ខ្វាយពីការចំណេញ និងការខាតបង់ឡើយ។ នៅពេលដែលអ្នកដទៃកេងចំណេញបន្តិចបន្តួច ឬយករបស់អ្វីមួយបន្តិចបន្តួចពីពួកគេ ឬជួនកាលនៅពេលដែលនរណាម្នាក់មិនបានសងប្រាក់ដែលបានខ្ចីពីពួកគេ ពួកគេមិនសូវគិតកំប៉ិកកំប៉ុករឿងខាតចំណេញចំពោះរឿងបែបនេះឡើយ។ ពួកគេមានចិត្តទូលាយ និងចេះអត់ឱនចំពោះអ្នកដទៃគួរសម។ នេះគឺជាចំណុចល្អនៃភាពជាមនុស្ស។
ភាពចិត្តចង្អៀត
តើភាពចិត្តចង្អៀតជាបញ្ហាប្រភេទណា? (ភាពខ្វះខាតនៃភាពជាមនុស្ស។) វាគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ តើការសម្ដែងចេញនៃភាពចិត្តចង្អៀតមានអ្វីខ្លះ? (ទំនោរក្នុងការរករឿងក្នុងរឿងតូចតាច។) ឧទាហរណ៍៖ ក្នុងអំឡុងពេលហូបអាហារ ប្រសិនបើអ្នកនិយាយទៅកាន់មនុស្សចិត្តចង្អៀតថា៖ «អ្នកពិតជាហូបច្រើនណាស់ អ្នកហូបច្រើនជាងមនុស្សភាគច្រើនទៅទៀត» ពួកគេនឹងខឹងថា៖ «តើអ្នកកំពុងហៅខ្ញុំថាមនុស្សល្មោភហូបមែនទេ?» អ្នកបាននិយាយពាក្យសម្ដីមួយម៉ាត់ ដែលធ្វើឱ្យពួកគេឈឺចាប់ ឬធ្វើឱ្យពួកគេមិនសប្បាយចិត្តដោយអចេតនា ហើយពួកគេទុកវាក្នុងចិត្ត និងមិនព្រមរំលងរឿងនោះចោលឡើយ។ ពួកគេអាចខឹងអ្នករហូតដល់កន្លះខែ ហើយបដិសេធមិននិយាយជាមួយអ្នក ហើយអ្នកនឹងមិនដឹងទាល់តែសោះថាអ្វីដែលបណ្ដាលឱ្យមានរឿងនេះ។ តាមពិត អ្នកគ្រាន់តែនិយាយធម្មតាមួយម៉ាត់ ដោយគ្មានចេតនាចង់ចំអកឱ្យពួកគេឡើយ ប៉ុន្តែពួកគេបែរជាធ្វើឱ្យពាក្យសម្ដីនេះក្លាយជារឿងធំ ដោយជឿថាពួកគេកំពុងត្រូវបានគេសើចចំអកទៅវិញ។ ពួកគេទុកសូម្បីតែរឿងតូចតាចនេះក្នុងចិត្ត ហើយពន្លើសវាដោយគ្មានទីបញ្ចប់ ដោយធ្វើឱ្យរឿងតូចក្លាយជារឿងធំ និងមិនបង្ហាញការអត់ឱនទាល់តែសោះ។ នេះគឺជាភាពចិត្តចង្អៀត។ តើមនុស្សប្រភេទនេះអាចចិត្តចង្អៀតដល់កម្រិតណា? ពួកគេអាចធ្វើតាមតែចិត្តឯងដូចជាកូនក្មេងអ៊ីចឹង។ គ្មាននរណាម្នាក់ហ៊ានប៉ះពាល់ពួកគេឡើយ។ នៅពេលទាក់ទងជាមួយពួកគេ អ្នកតែងតែត្រូវប្រុងប្រយ័ត្ន ដោយមិនហ៊ាននិយាយជាមួយពួកគេជាប្រក្រតីឡើយ ពីព្រោះប្រសិនបើអ្នកធ្វើបែបនេះ អ្វីក៏ដោយដែលអ្នកនិយាយ អាចនឹងធ្វើឱ្យពួកគេអន់ចិត្ត ឬធ្វើឱ្យពួកគេឈឺចាប់ ហើយនោះនឹងនាំឱ្យមានផលវិបាក។ នៅពេលជួបគ្នាលើកក្រោយ ពួកគេនឹងធ្វើមុខក្រញូវដាក់អ្នក មិនព្រមសម្លឹងចំភ្នែកអ្នក ហើយថែមទាំងបោករបស់របរទៀតផង។ ប្រសិនបើអ្នកព្យាយាមនិយាយជាមួយពួកគេ ពួកគេនឹងមិនអើពើនឹងអ្នកឡើយ។ ការពិភាក្សារឿងរ៉ាវជាមួយពួកគេ ឬការព្យាយាមលួងលោមពួកគេ នឹងមិនបានផលឡើយ។ ប្រសិនបើអ្នកអង្គុយជិតពួកគេ ពួកគេនឹងគេចចេញពីអ្នក ហើយមិនអើពើនឹងអ្នកឡើយ។ មិនថាពួកគេមានអាយុប៉ុន្មាននោះទេ ពួកគេតែងតែខឹងង៉ក់ងរដូចកូនក្មេង និងធ្វើតាមតែចិត្តឯង។ តើនេះមិនមែនជាភាពចិត្តចង្អៀតទេឬអី? (មែនហើយ។) នេះគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ មនុស្សបែបនេះ ពិបាកចុះសម្រុងជាមួយណាស់។ នៅពេលដែលបងប្អូនប្រុសស្រីប្រកបគ្នាដោយបើកចំហចិត្តជាមួយគ្នា ដោយចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក គ្មាននរណាម្នាក់ហ៊ានចង្អុលបង្ហាញអ្វីដល់មនុស្សប្រភេទនេះឡើយ។ ប៉ុន្តែ ប្រសិនបើពួកគេមិនត្រូវបានរាប់បញ្ចូលក្នុងការប្រកបគ្នានេះទេ ពួកគេនឹងមិនពេញចិត្ត ហើយចាប់ផ្ដើមមានគំនិតខ្លះៗថា៖ «អ្នករាល់គ្នាប្រកបគ្នាដោយបើកចំហចិត្តជាមួយគ្នា ដោយជួយគ្នាទៅវិញទៅមក ប៉ុន្តែអ្នករាល់គ្នាមិនចាត់ទុកខ្ញុំជាបងប្អូនប្រុស ឬបងប្អូនស្រីម្នាក់ឡើយ»។ ការមិននិយាយអ្វីទាល់តែសោះទៅកាន់ពួកគេ គឺមិនល្អទេ។ អ្នកត្រូវតែនិយាយអ្វីខ្លះទៅកាន់ពួកគេ៖ «អ្នកជាមនុស្សល្អ ប៉ុន្តែជួនកាលអ្នកឆាប់ខឹងបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ពួកយើងក៏មានចំណុចខ្វះខាតដែរ ហើយជាញឹកញាប់មិនបានយកចិត្តទុកដាក់ចំពោះអ្វីដែលពួកយើងកំពុងនិយាយនោះទេ»។ ប្រសិនបើអ្នកមិននិយាយបែបនោះទេ ហើយគ្រាន់តែនិយាយថាពួកគេឆាប់ខឹង និងចិត្តចង្អៀត នោះវានឹងមិនបានផលឡើយ។ ពួកគេនឹងខឹង។ នៅពេលទាក់ទងជាមួយពួកគេ អ្នកត្រូវតែប្រុងប្រយ័ត្នជាពិសេស និងនិយាយដោយប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកនិយាយរឿងមួយដែលមិនសមរម្យ អ្នកនឹងត្រូវទទួលរងផលវិបាក។ ហេតុដូច្នេះហើយ វាពិតជាហត់នឿយខ្លាំងណាស់ក្នុងការទាក់ទងជាមួយពួកគេ។ អ្នកគ្មានជំនឿមានពាក្យមួយសម្រាប់រឿងនេះ ពួកគេនិយាយថាមនុស្សប្រភេទនេះមាន «បេះដូងកញ្ចក់» ដែលមានន័យថា ពួកគេងាយនឹងទទួលរងការឈឺចាប់ជាពិសេស។ គ្រាន់តែមានរឿងបន្តិចបន្តួច មនុស្សបែបនេះមានអារម្មណ៍ថាឈឺចាប់ ចាប់ផ្ដើមយំ មិនព្រមហូបបាយ គេងមិនលក់ និងក្លាយជាអវិជ្ជមាន។ ពួកគេនិយាយថា៖ «អ្នករាល់គ្នានិយាយថាខ្ញុំមិនល្អ។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាចូលចិត្តខ្ញុំទេ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយលេងជាមួយខ្ញុំទេ ហើយអ្នករាល់គ្នាគេចចេញពីខ្ញុំ និងមិនចង់នៅក្បែរខ្ញុំឡើយ»។ តើនេះមិនមែនជាចរិតកូនក្មេងទេឬអី? (មែនហើយ។) មាននរណាម្នាក់និយាយថា៖ «ចិត្តរបស់អ្នកផុយស្រួយណាស់ ដូចជាកញ្ចក់អ៊ីចឹង។ វាបែកខ្ទេចនៅពេលមានការឈឺចាប់បន្តិចបន្តួច។ តើនរណាហ៊ានលាតត្រដាងអ្នក? តើនរណាហ៊ានទាក់ទងជាមួយអ្នក? គ្រប់គ្នាខ្លាចក្នុងការធ្វើបែបនោះ»។ ការនិយាយថាមនុស្សប្រភេទនេះមានភាពជាមនុស្សអាក្រក់ គឺមិនស្របតាមសភាពជាក់ស្ដែងឡើយ។ ពួកគេពិតជាមិនបានប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ។ គ្រាន់តែថាពួកគេឆាប់ខឹងង៉ក់ងរជាពិសេស។ ពួកគេធ្វើតាមតែចិត្តឯង ប្រកាន់រឿងតូចតាច និងមានចរិតឆាប់ខឹងដូចកូនក្មេង។ អ្នកមិនអាចប៉ះពាល់ពួកគេសូម្បីតែបន្តិច ឬធ្វើឱ្យពួកគេខឹងបានឡើយ។ ប្រសិនបើអ្នកអត់ឱនឱ្យពួកគេ ពួកគេនិយាយថាអ្នកកំពុងមើលងាយពួកគេ និងមិនយកពួកគេជាសំខាន់ឡើយ។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះពួកគេដោយម៉ឺងម៉ាត់ ពួកគេនិយាយថាអ្នកកំពុងរករឿងពួកគេ។ មិនថាអ្នកធ្វើអ្វីនោះទេ គឺសុទ្ធតែខុសទាំងអស់។ នៅពេលទាក់ទងជាមួយមនុស្សប្រភេទនេះ ប្រសិនបើវិធីសាស្ត្ររបស់អ្នកសមស្រប ហើយអ្នកអាចធ្វើឱ្យពួកគេពេញចិត្ត សូម្បីតែកម្រិតសមត្ថភាពរបស់ពួកគេខ្សោយបន្តិចក៏ដោយ ក៏ពួកគេអាចបំពេញភារកិច្ចរបស់ពួកគេបានល្អដែរ។ ប៉ុន្តែ ប្រសិនបើវិធីសាស្ត្ររបស់អ្នកមិនសមស្រប ហើយមានរឿងអ្វីមួយធ្វើឱ្យពួកគេមិនសប្បាយចិត្ត ពួកគេនឹងក្លាយជាអវិជ្ជមាន ហើយអ្នកត្រូវតែប្រឹងគិតរកវិធីដើម្បីលួងលោមពួកគេ។ មនុស្សដែលចិត្តចង្អៀត គឺពិតជាបង្កការលំបាកខ្លាំងណាស់។ គ្រាន់តែរឿងតូចតាចសោះ ពួកគេអាចយំអស់រយៈពេលយូរ រហូតដល់ភ្នែករបស់ពួកគេឡើងក្រហមខ្លាំង។ ប្រសិនបើរឿងតូចតាចមិនសមតាមបំណងរបស់ពួកគេទេ ពួកគេអាចពេបមាត់រាប់ម៉ោង។ នៅពេលដែលពួកគេខឹង ពួកគេអាចនៅស្ងៀមរហូតដល់កន្លះខែ ដោយមិនខ្វល់ ឬមិននិយាយជាមួយអ្នកដទៃឡើយ។ មនុស្សប្រភេទនេះឆាប់ខឹង និងចិត្តចង្អៀត ប៉ុន្តែពួកគេនៅតែធ្វើការងារដែលពួកគេត្រូវធ្វើដដែល។ គ្រាន់តែពួកគេធ្វើវាទាំងកំហឹងប៉ុណ្ណោះ។ នៅពេលដែលអារម្មណ៍របស់ពួកគេបានធូរស្បើយ ពួកគេអាចធ្វើការបានល្អឡើងវិញ។ ជារួម ភាពខ្វះខាត និងបញ្ហានៃភាពជាមនុស្សរបស់ពួកគេនេះ គឺធ្ងន់ធ្ងរណាស់។ ពួកគេងាយនឹងបង្កើតបរិយាកាសតានតឹង និងបង្កបញ្ហា ព្រមទាំងដាក់បន្ទុកលើខ្លួនឯង និងអ្នកដទៃ។ មនុស្សប្រភេទនេះ មិនមានចិត្តទូលាយដូចមនុស្សពេញវ័យ ឬអាកប្បកិរិយាដូចមនុស្សពេញវ័យ សម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ឡើយ។ ពួកគេមានលក្ខណៈស្រដៀងខ្លះទៅនឹងក្មេងអាយុប្រហែល ១០ ឆ្នាំអ៊ីចឹង។ អ្នកមិនអាចនិយាយថាពួកគេចេះគិតពិចារណាឡើយ ពីព្រោះពួកគេមិនសូវចេះគិតពិចារណានោះទេ ប៉ុន្តែអ្នកក៏មិនអាចនិយាយថាពួកគេមិនទាន់ចាស់ទុំដែរ ពីព្រោះពួកគេតែងតែនិយាយដូចមនុស្សពេញវ័យ។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះពួកគេដូចមនុស្សពេញវ័យ នោះវាអាចទៅរួចដែលថា អ្វីក៏ដោយដែលអ្នកនិយាយ អាចធ្វើឱ្យពួកគេមិនពេញចិត្ត និងធ្វើឱ្យពួកគេមានអារម្មណ៍ថារងការរឹតត្បិត ដែលបណ្ដាលឱ្យពួកគេស្រាប់តែខឹងង៉ក់ងរដូចកូនក្មេង។ ប៉ុន្តែ ប្រសិនបើអ្នកប្រព្រឹត្តចំពោះពួកគេដូចកូនក្មេង ពួកគេមានអារម្មណ៍ថាអ្នកកំពុងមើលងាយពួកគេ។ សរុបមក ពួកគេមិនប្រក្រតីខ្លាំងណាស់។ នេះគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ ប្រសិនបើនរណាម្នាក់មានបញ្ហាប្រភេទនេះ ពួកគេគួរតែផ្លាស់ប្ដូរ និងខិតខំរៀនអត់ឱន និងអត់ធ្មត់ រៀនប្រឈមមុខ និងចាត់ចែងបញ្ហាតាមរបៀបដ៏ត្រឹមត្រូវ និងដោយអាកប្បកិរិយាដ៏ត្រឹមត្រូវ ព្រមទាំងទាក់ទងជាមួយអ្នកដទៃ ក្នុងរបៀបប្រកបដោយវិចារណញ្ញាណនៃមនុស្សប្រក្រតី។ សូម្បីតែមនុស្សភាគច្រើនមិនទទួលយកសេចក្ដីពិត ឬរបៀបដ៏ត្រឹមត្រូវក្នុងការធ្វើកិច្ចការក៏ដោយ ក៏អ្នកមិនគួរត្រូវបានរឹតត្បិត ឬទទួលឥទ្ធិពលពីរឿងនេះដែរ ហើយអ្នកក៏មិនគួរត្រូវបានដាក់កំហិត ឬជាប់ចំណងដោយរឿងនេះដែរ។ អ្នកគួរតែបន្តធ្វើកិច្ចការតាមរបៀបដ៏ត្រឹមត្រូវដោយខ្ជាប់ខ្ជួន។ សូម្បីតែអ្នកមានអារម្មណ៍ថាវាលំបាកក៏ដោយ ក៏កុំបោះបង់ចោលឡើយ។ នេះក៏ជាផ្នែកមួយនៃដំណើរការរៀនសូត្រផងដែរ។ បន្តិចម្ដងៗ ភាពជាមនុស្ស ការយល់ដឹង និងទិដ្ឋភាពផ្សេងទៀតរបស់អ្នក នឹងចាស់ទុំ ហើយអ្នកនឹងលូតលាស់។ តើអ្វីជាសញ្ញានៃការលូតលាស់? គឺការដែលអាចចុះសម្រុងជាមួយមនុស្សភាគច្រើនបានយ៉ាងល្អ។ គឺការដែលអាចស៊ូទ្រាំនឹងវា យល់ពីវា និងប្រព្រឹត្តចំពោះវាយ៉ាងត្រឹមត្រូវ នៅពេលដែលនរណាម្នាក់និយាយអ្វីដែលមិនពីរោះ និយាយលេងសើច ឬនិយាយអ្វីដែលធ្វើឱ្យអ្នកឈឺចាប់។ ប្រសិនបើអ្វីដែលអ្នកដទៃនិយាយ ស្ដាប់ទៅមិនពីរោះ ប៉ុន្តែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់អ្នក នោះអ្នកគួរតែទទួលយក និងទទួលស្គាល់វា។ ប្រសិនបើនរណាម្នាក់និយាយអ្វីដែលធ្វើឱ្យអ្នកអន់ចិត្តដោយអចេតនា ហើយអ្នកឃើញថាវាជាអចេតនា នោះអ្នកគួរតែជ្រើសរើសអនុវត្តការអត់ឱន។ ប្រសិនបើនរណាម្នាក់មានចេតនារករឿងអ្នក ហើយនិយាយពាក្យសម្ដីដែលធ្វើឱ្យឈឺចាប់ខ្លាំង នោះអ្នកត្រូវតែស្ងប់ចិត្ត អធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយស្វែងរកថា៖ «ហេតុអ្វីបានជាគាត់រករឿងខ្ញុំបែបនេះ? តើគាត់មានចេតនាអ្វី? តើគាត់ជាមនុស្សអាក្រក់ ឬតើនេះជាការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ? ប្រសិនបើពួកគេជាមនុស្សអាក្រក់ នោះខ្ញុំត្រូវតែមានការញែកដឹង និងប្រុងប្រយ័ត្នចំពោះពួកគេឱ្យបានច្រើនជាងនេះ។ ប្រសិនបើអ្វីដែលពួកគេនិយាយ គឺត្រឹមត្រូវ និងស្របនឹងសេចក្ដីពិត ខ្ញុំនឹងទទួលយកវា។ ប្រសិនបើវាមិនត្រឹមត្រូវទេ នោះក៏មិនចាំបាច់ប្រកែកជាមួយពួកគេដែរ។ ប្រសិនបើពួកគេកំពុងបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ ខ្ញុំនឹងមើលថាតើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬទេ។ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិតបាន នោះខ្ញុំនឹងប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ។ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតទេ នោះខ្ញុំអាចត្រឹមតែអនុវត្តការអត់ធ្មត់ប៉ុណ្ណោះ»។ តើការធ្វើបែបនេះ មិនដោះស្រាយបញ្ហាទេឬអី? តាមរបៀបនេះ នៅពេលដែលអ្នកទាក់ទងជាមួយមនុស្សគ្រប់ប្រភេទ អ្នកអាចធ្វើបែបនេះដោយការអត់ឱនឱ្យគ្នាទៅវិញទៅមក និងការជួយគ្នាទៅវិញទៅមក ព្រមទាំងចុះសម្រុងជាមួយពួកគេបានយ៉ាងល្អ។ ការធ្វើបែបនេះ តែងតែល្អជាងការធ្វើជាមនុស្សចិត្តចង្អៀត។ ម្យ៉ាង មនុស្សចិត្តចង្អៀត នាំមកនូវភាពមិនស្រួលយ៉ាងខ្លាំងដល់អ្នកដទៃ ហើយម្យ៉ាងវិញទៀត ពួកគេមិនអាចចុះចំណោមជាមួយក្រុមណាមួយឡើយ ដោយមើលទៅនៅដាច់ពីគេខ្លាំងណាស់ និងហាក់ដូចជាមិនសមនឹងនៅក្នុងចំណោមគេ។ មនុស្សដែលមានចិត្តល្អមួយចំនួន នឹងមានអារម្មណ៍អាណិតអ្នក ហើយតាមពិត គ្រប់គ្នានឹងចង់ជួយអ្នក ពីព្រោះអ្នករាល់គ្នាជាបងប្អូនប្រុសស្រី ប៉ុន្តែនៅពេលដែលអ្នកតែងតែផ្ដាច់ខ្លួនឯង និងនៅម្នាក់ឯងបែបនេះ តើអ្នកមិនគិតថាអ្នកមើលទៅឆ្គងចំពោះអ្នកដទៃទេឬអី? (មែនហើយ។) ហេតុអ្វីបានជាអ្នកមិនចុះចំណោមគេ? គឺដោយសារតែអ្នកមានភាពខ្វះខាតនៃភាពជាមនុស្សនេះ ដូច្នេះ អ្នកគួរតែខិតខំយកឈ្នះវា និងផ្លាស់ប្ដូរបន្តិចម្ដងៗ តើមែនទេ? (មែនហើយ។)
ការមានចរិតឆាប់ខឹង
ការមានចរិតឆាប់ខឹង ការមានចរិតឆេវឆាវ តើនេះស្ថិតក្នុងទិដ្ឋភាពមួយណា? (ភាពខ្វះខាតនៃភាពជាមនុស្ស។) ការមានចរិតឆាប់ខឹង ក៏អាចហៅថាការមានចរិតឆេវឆាវផងដែរ។ តើនេះរាប់បញ្ចូលជាភាពខ្វះខាតនៃភាពជាមនុស្សដែរឬទេ? (ទេ មិនមែនទេ។) តើរឿងនេះគួរត្រូវបានមើលឃើញយ៉ាងដូចម្ដេច? មនុស្សម្នាក់ដែលមានចរិតមិនឆាប់ខឹង មុខញញឹមតែចិត្តពិសពុល តែងតែនិយាយក្នុងរបៀបទន់ភ្លន់ និងរួសរាយរាក់ទាក់ មិនដែលឈ្លោះប្រកែកជាមួយនរណាម្នាក់ឡើយ ហើយតែងតែនិយាយអ្វីដែលអ្នកដទៃចង់ឮ។ តើនេះជារឿងល្អដែរឬទេ? (ទេ មិនល្អទេ។) ប្រសិនបើនរណាម្នាក់និយាយថាមនុស្សនេះជាមនុស្សគំរោះគំរើយ ពួកគេនិយាយថា៖ «ការធ្វើជាមនុស្សគំរោះគំរើយគឺជារឿងល្អ។ មនុស្សគំរោះគំរើយមិនបង្កបញ្ហាឡើយ»។ ប្រសិនបើនរណាម្នាក់និយាយថាពួកគេទំពែក ពួកគេនិយាយថា៖ «ការទំពែកគឺជារឿងល្អ។ មនុស្សទំពែកឆ្លាត»។ ពោលគឺ មិនថាអ្នកដទៃនិយាយអ្វី ឬអ្នកដទៃប្រព្រឹត្តចំពោះពួកគេយ៉ាងណានោះទេ ពួកគេមិនដែលខឹង ឬបញ្ចេញកំហឹងឡើយ។ តើមនុស្សប្រភេទនេះល្អដែរឬទេ? (ទេ មិនល្អទេ។) នៅពេលនិយាយដល់ថាតើពួកគេពិតជាចូលចិត្តមនុស្សប្រភេទណា តើគំនិត និងទស្សនៈរបស់ពួកគេចំពោះមនុស្សល្អ និងរឿងល្អៗ ព្រមទាំងមនុស្សអាក្រក់ និងរឿងអាក្រក់ៗមានលក្ខណៈបែបណា ហើយថាតើពួកគេពេញចិត្តមនុស្សល្អ និងស្អប់ខ្ពើមមនុស្សអាក្រក់ ឬពេញចិត្តមនុស្សអាក្រក់ និងស្អប់ខ្ពើមមនុស្សល្អ ពួកគេគ្មានទស្សនៈ ឬជំហរច្បាស់លាស់ចំពោះរឿងទាំងនេះឡើយ ហើយពួកគេមិនបញ្ចេញមតិលើអ្វីទាំងអស់។ មិនថាពួកគេជួបប្រទះរឿងអ្វីនោះទេ ពួកគេតែងតែញញឹមហើយរំលងរឿងនោះចោល ហើយពួកគេមានចរិតទន់ភ្លន់ជាពិសេស និងគ្មានកំហឹងឡើយ។ តើនេះជាចំណុចល្អនៃភាពជាមនុស្សដែរឬទេ? (ទេ មិនមែនទេ។) ការមានចរិតមិនឆាប់ខឹង មិនមែនជាចំណុចល្អនៃភាពជាមនុស្សឡើយ ដូច្នេះ តើការមានចរិតឆាប់ខឹង ជាភាពខ្វះខាតនៃភាពជាមនុស្សដែរឬទេ? តើការដែលមនុស្សម្នាក់មានចរិតមិនឆាប់ខឹង ឬឆាប់ខឹង អាចកំណត់ថាតើភាពជាមនុស្សរបស់ពួកគេមានលក្ខណៈបែបណាបានដែរឬទេ? (ទេ មិនអាចទេ។) ឧទាហរណ៍៖ មនុស្សមួយចំនួនឃើញនរណាម្នាក់ធ្វើការឱ្យតែរួចពីដៃនៅក្នុងភារកិច្ចរបស់ពួកគេ ហើយមិនខ្វល់ខ្វាយ ពួកគេឃើញនរណាម្នាក់រំខានដល់ការងាររបស់ពួកជំនុំ ហើយមិនមានអារម្មណ៍ខឹងសម្បារឡើយ។ ហើយពួកគេថែមទាំងនិយាយថា៖ «មិនអីទេ អ្នកនឹងរីកចម្រើន។ ធ្វើសន្សឹមៗទៅ។ ព្រះជាម្ចាស់មានចេតនាដ៏ផ្ចិតផ្ចង់សម្រាប់ពួកយើង។ ពួកយើងត្រូវតែសងគុណសេចក្ដីស្រឡាញ់ និងព្រះគុណរបស់ព្រះជាម្ចាស់ ហើយពួកយើងមិនអាចធ្វើការឱ្យតែរួចពីដៃបានឡើយ។ លើកក្រោយ ត្រូវយកចិត្តទុកដាក់ចំពោះរឿងនេះ»។ តើមនុស្សទាំងនេះមានចរិតមិនឆាប់ខឹងដែរឬទេ? (មែនហើយ។) មនុស្សមួយចំនួន នៅពេលដែលពួកគេឃើញនរណាម្នាក់មិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេនិយាយថា៖ «តើអ្នកអាចព្យាយាមការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បានទេ? វាពិតជាអស្ចារ្យណាស់ ប្រសិនបើអ្នកមានការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពួកយើងត្រូវតែធ្វើជាមនុស្សល្អ។ ប្រសិនបើពួកយើងមិនមែនជាមនុស្សល្អទេ ព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យនឹងពួកយើងឡើយ។ នៅក្នុងរបៀបដែលពួកយើងប្រព្រឹត្តខ្លួន យ៉ាងហោចណាស់ ពួកយើងត្រូវតែការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ នៅថ្ងៃអនាគត ត្រូវយកចិត្តទុកដាក់ចំពោះរឿងនេះ»។ តើក្នុងរឿងនេះមានការបង្ហាញកំហឹងដែរឬទេ? (ទេ មិនមានទេ។) ចរិតរបស់ពួកគេគឺមិនឆាប់ខឹងសោះ តើមែនទេ? មនុស្សមួយចំនួនមិនដែលខឹងឡើយ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ នៅពេលដែលពួកគេឃើញថាមនុស្សមួយចំនួនរាយការណ៍តួលេខក្លែងក្លាយជាញឹកញាប់ ដើម្បីបោកបញ្ឆោតខាងលើ និងដំណាក់របស់ព្រះជាម្ចាស់ ក្នុងពេលកំពុងផ្សាយដំណឹងល្អ ពួកគេនិយាយថា៖ «ប្រសិនបើមនុស្សភាគច្រើនកំពុងរាយការណ៍តួលេខក្លែងក្លាយបែបនេះ នោះវាគឺជាលំហូរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ ពួកយើងត្រូវតែចុះចូលនឹងវា!» មាននរណាម្នាក់បដិសេធពាក្យសម្ដីរបស់ពួកគេ ដោយនិយាយថា៖ «ការរាយការណ៍តួលេខក្លែងក្លាយ គឺជាការនិយាយកុហក និងការបោកបញ្ឆោតព្រះជាម្ចាស់។ ខ្ញុំមិនអាចធ្វើបែបនោះបានទេ»។ ពួកគេឆ្លើយតបថា៖ «ហេតុអ្វីមិនបាន? អ្នកផ្សេងទៀតរាយការណ៍តួលេខក្លែងក្លាយ ដោយរាយការណ៍តែដំណឹងល្អ និងមិនរាយការណ៍ដំណឹងអាក្រក់ឡើយ។ ហេតុអ្វីបានជាអ្នកល្ងង់ម្ល៉េះ?» នៅពេលដែលពួកគេឃើញមនុស្សរាយការណ៍តួលេខក្លែងក្លាយ ពួកគេមានអារម្មណ៍សប្បាយចិត្ត។ នៅពេលដែលពួកគេឃើញមនុស្សមួយចំនួនប្រកាន់ខ្ជាប់នូវគោលការណ៍ និងបដិសេធមិនរាយការណ៍តួលេខក្លែងក្លាយ ពួកគេខឹង និងក្ដៅក្រហាយ វាយទះតុ ហើយនិយាយថា៖ «ហេតុអ្វីបានជាអ្នកមិនរាយការណ៍តួលេខក្លែងក្លាយ? តើអ្នកចង់ប្រឆាំងនឹងលំហូរនៃព្រះវិញ្ញាណបរិសុទ្ធមែនទេ? ប្រសិនបើអ្នកមិនរាយការណ៍តួលេខក្លែងក្លាយទេ ខ្ញុំនឹងដកហូតតំណែងអ្នក! ខ្ញុំនឹងបោសសម្អាតអ្នកចេញ!» តើអ្នកគិតយ៉ាងណាចំពោះការដែលពួកគេបញ្ចេញកំហឹងតាមរបៀបនេះ? (វាជារឿងអាក្រក់។) នេះគឺជាការផ្ទុះឡើងនៃកំហឹងដ៏ទុច្ចរិត។ ការមិនបញ្ចេញកំហឹងនៅពេលដែលពួកគេគួរតែបញ្ចេញ និងការបញ្ចេញកំហឹងតាមតែអំពើចិត្តនៅពេលដែលពួកគេមិនគួរបញ្ចេញ ការហៅរឿងអាក្រក់ថាយុត្តិធម៌ ការហៅការរាយការណ៍តួលេខក្លែងក្លាយថាជាលំហូរនៃព្រះវិញ្ញាណបរិសុទ្ធ និងការសរសើរវាខ្លាំងបែបនេះ ហើយថែមទាំងជំរុញឱ្យគេអនុវត្តតាមទៀតផង។ តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬអី? (មែនហើយ។) នៅពេលដែលពួកគេឃើញថានរណាម្នាក់បដិសេធមិនរាយការណ៍តួលេខក្លែងក្លាយ ពួកគេវាយទះតុ ខឹង និងសម្លក់សម្លឹង ដោយចង់ដកហូតតំណែងពួកគេ ឬបោសសម្អាតពួកគេចេញ។ នេះគឺជា «សេចក្ដីក្រោធដូចផ្គររន្ទះ!» នាគដ៏ធំមានសម្បុរក្រហមមាន «ប្រតិបត្តិការរន្ទះ»។ ការបង្ហាញកម្លាំងរបស់អារក្សនោះ ត្រូវបានគេហៅថា «ប្រតិបត្តិការរន្ទះ» ហើយនេះគឺជា «សេចក្ដីក្រោធដូចផ្គររន្ទះ» របស់មនុស្សទាំងនេះ។ ប្រសិនបើអ្នកបដិសេធមិនរាយការណ៍តួលេខក្លែងក្លាយ ហើយពួកគេវាយទះតុ និងបញ្ចេញសេចក្ដីក្រោធដូចផ្គររន្ទះរបស់ពួកគេមកលើអ្នក នៅក្នុងស្ថានភាពបែបនេះ តើអ្នករាល់គ្នាហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍ ដោយរាយការណ៍តែតួលេខពិត និងបដិសេធមិនរាយការណ៍តួលេខក្លែងក្លាយដែរឬទេ? តើអ្នករាល់គ្នាហ៊ានក្រោកឈរឡើង ហើយរិះគន់ និងលាតត្រដាងពួកគេ ដោយនិយាយថា៖ «អ្នកកំពុងបង្ខំមនុស្សឱ្យរាយការណ៍តួលេខក្លែងក្លាយ។ អ្នកគឺជាអារក្ស! អ្នកថែមទាំងហៅការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការរាយការណ៍តួលេខក្លែងក្លាយ ថាជាលំហូរនៃព្រះវិញ្ញាណបរិសុទ្ធទៀតផង។ តើនេះមិនមែនជាការប្រមាថព្រះវិញ្ញាណបរិសុទ្ធ និងការប្រមាថព្រះជាម្ចាស់ទេឬអី? អ្នកមិនបែងចែកខុសត្រូវឡើយ ហើយអ្នកប្រមាថព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកបែរជាចាត់ទុកខ្លួនឯងថាជាទេវតាដ៏យុត្តិធម៌ទៅវិញ។ អ្នកមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រឆាំងនឹងការទាមទាររបស់អ្នក ក្នុងការរាយការណ៍តួលេខក្លែងក្លាយឡើយ ហើយអ្នកថែមទាំងបញ្ចេញកំហឹងទៀតផង។ អ្នកគ្មានស្មារតីយុត្តិធម៌សូម្បីបន្តិច។ អ្នកមិនត្រឹមតែមិនលាតត្រដាង និងថ្កោលទោសរឿងអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបញ្ចេញកំហឹងយ៉ាងខ្លាំង ទៅលើអ្នកដែលប្រកាន់ខ្ជាប់នូវសេចក្ដីពិត និងបដិសេធមិនរាយការណ៍តួលេខក្លែងក្លាយទៀតផង ដោយថែមទាំងបញ្ចេញ «សេចក្ដីក្រោធដូចផ្គររន្ទះ» របស់អ្នកទៅលើពួកគេទៀតផង។ តើនេះមិនមែនជាការមានចេតនាបង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេឬអី? តើអាកប្បកិរិយានេះ មិនមានសារជាតិដូចគ្នាទៅនឹងអ្វីដែលនាគដ៏ធំមានសម្បុរក្រហមធ្វើទេឬអី?» ដូច្នេះ ក្រឡេកមើលម្ដងទៀតថាតើការមានចរិតឆាប់ខឹង ពិតជាភាពខ្វះខាតនៃភាពជាមនុស្ស ឬជាចំណុចល្អនៃភាពជាមនុស្ស គេមិនអាចសន្និដ្ឋានជារួមបានឡើយ។ វាអាស្រ័យលើថាតើស្ថានភាពបែបណាដែលធ្វើឱ្យមនុស្សម្នាក់បញ្ចេញកំហឹង និងស្ថានភាពបែបណាដែលមិនធ្វើឱ្យពួកគេបញ្ចេញកំហឹង ក៏ដូចជាមូលហេតុដែលមនុស្សនោះជាទូទៅមានចរិតឆាប់ខឹង។ វាអាស្រ័យលើថាតើមនុស្សនោះកំពុងដេញតាមអ្វី ថាតើមនុស្សនោះមានគោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួនរបស់ពួកគេដែរឬទេ និងថាតើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិតពិតជាមានលក្ខណៈបែបណា ក៏ដូចជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំ។ ប្រសិនបើដើម្បីរក្សាគោលការណ៍សេចក្ដីពិត ការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែមានចរិតឆាប់ខឹង នៅពេលប្រឈមមុខនឹងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗអាក្រក់ផ្សេងៗ នោះនេះគឺជាចំណុចល្អនៃភាពជាមនុស្សរបស់ពួកគេ។ ប៉ុន្តែ ប្រសិនបើពួកគេមិនដែលខឹង ឬក្ដៅក្រហាយ នៅពេលប្រឈមមុខនឹងរឿងអាក្រក់ផ្សេងៗ ឬរឿងដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហាក់ដូចជាពួកគេគ្មានពាក់ព័ន្ធអ្វីនឹងរឿងទាំងនោះទេ នោះវាមិនមែនជាភាពខ្វះខាតនៃភាពជាមនុស្សរបស់ពួកគេឡើយ។ នេះគឺជាភាពជាមនុស្សមិនល្អ ជាការខ្វះស្មារតីយុត្តិធម៌ទាំងស្រុង ហើយជាការពិតណាស់ វាស្ថិតក្នុងប្រភេទនៃនិស្ស័យពុករលួយ។ ដូច្នេះ តើចរិតគួរត្រូវបានមើលឃើញយ៉ាងដូចម្ដេច? មនុស្សម្នាក់ដែលមានចរិតមិនឆាប់ខឹង មិនប្រាកដថាភាពជាមនុស្សរបស់គាត់ល្អនោះទេ ហើយមនុស្សម្នាក់ដែលមានចរិតឆាប់ខឹង មិនប្រាកដថាភាពជាមនុស្សរបស់គាត់មិនល្អនោះដែរ។ វាអាស្រ័យលើថាតើចរិតឆាប់ខឹងរបស់គាត់ សំដៅទៅលើអ្វី។ ប្រសិនបើចរិតឆាប់ខឹងរបស់ពួកគេ សំដៅទៅលើរឿងដែលអាក្រក់ ងងឹត និងមិនស្របនឹងសេចក្ដីពិត ហើយសំដៅទៅលើរឿងដែលបំពានគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ ធ្វើឱ្យខូចផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយគាត់ខឹង និងបញ្ចេញកំហឹងជាញឹកញាប់ ដោយសារតែមានអារម្មណ៍ព្រួយបារម្ភ អន្ទះសា និងខ្វាយខ្វល់ពីរឿងទាំងនេះ នោះនេះមិនមែនជាភាពជាមនុស្សមិនល្អឡើយ។ នេះគឺជាការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះគឺជាចំណុចល្អនៃភាពជាមនុស្ស។ ផ្ទុយទៅវិញ ប្រសិនបើនៅពេលប្រឈមមុខនឹងរឿងអវិជ្ជមានទាំងនេះ ពួកគេមិនបង្ហាញកំហឹង មិនចេញមុខការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬទីបន្ទាល់របស់ព្រះជាម្ចាស់ និងមិនប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត ព្រមទាំងមិនចេញមុខបញ្ឈប់ ឬរឹតត្បិតរឿងទាំងនេះ ប៉ុន្តែបែរជាអនុញ្ញាតឱ្យការបង្អាក់ និងការរំខានទាំងនេះ កើនឡើង និងរីករាលដាលដោយគ្មានការទប់ស្កាត់ទៅវិញ នោះទោះបីជាមនុស្សបែបនេះអាចមើលទៅហាក់ដូចជាមានចរិតមិនងាយខឹងសោះក៏ដោយ តាមពិត ចរិតលក្ខណៈរបស់ពួកគេគឺថោកទាប។ តើវាមិនមែនបែបនេះទេឬអី? (មែនហើយ។) តើបញ្ហានៃការមានចរិតឆាប់ខឹង គួរត្រូវបានមើលឃើញយ៉ាងដូចម្ដេច? វាអាស្រ័យលើថាតើចរិតឆាប់ខឹងរបស់មនុស្សម្នាក់ សំដៅទៅលើរឿងអ្វី។ អ្នកគួរតែមើលថាតើចរិតលក្ខណៈរបស់មនុស្សនោះមានលក្ខណៈបែបណា អ្វីដែលពួកគេដេញតាម និងផ្លូវអ្វីដែលពួកគេដើរ ព្រមទាំងអាកប្បកិរិយាអ្វីដែលពួកគេមានចំពោះសេចក្ដីពិត ចំពោះព្រះជាម្ចាស់ ចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ តើរបៀបនៃការមើលឃើញបែបនេះ ត្រឹមត្រូវដែរឬទេ? (មែនហើយ។) ប្រសិនបើមនុស្សម្នាក់គ្មានស្មារតីយុត្តិធម៌ ប៉ុន្តែមានចរិតឆាប់ខឹង ងាយនឹងខឹង និងឆេវឆាវខ្លាំង នៅពេលទាក់ទងជាមួយមនុស្សនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយខឹងសម្បារជាញឹកញាប់ និងឈ្លោះប្រកែកជាញឹកញាប់ ព្រមទាំងប្រឈមមុខដាក់គ្នាជាមួយអ្នកដទៃ ជុំវិញរឿងតូចតាច ដោយថែមទាំងប្រើពាក្យអសុរោះទៀតផង នោះនេះមិនមែនជាភាពខ្វះខាតនៃភាពជាមនុស្សឡើយ។ នេះគឺជាចរិតលក្ខណៈថោកទាប។ បើមើលក្នុងន័យនៃនិស្ស័យពុករលួយ និស្ស័យរបស់មនុស្សនេះគឺកាចសាហាវ ហើយគ្មាននរណាម្នាក់ហ៊ានប៉ះពាល់ពួកគេឡើយ។ ពួកគេមិនបញ្ចេញកំហឹង ដើម្បីរក្សាបុព្វហេតុយុត្តិធម៌ ការពារអ្វីដែលវិជ្ជមាន រក្សាគោលការណ៍សេចក្ដីពិត ឬការពារផលប្រយោជន៍ និងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់របស់ពួកគេ កេរ្តិ៍ឈ្មោះ ឋានៈ មុខមាត់ ទ្រព្យសម្បត្តិ លុយកាក់ និងអ្វីៗផ្សេងទៀតរបស់ពួកគេ។ ចរិតឆាប់ខឹងរបស់មនុស្សបែបនេះ អាចចាត់ថ្នាក់ជាចរិតលក្ខណៈថោកទាប។ ចរិតឆាប់ខឹង ត្រូវតែមើលឃើញដោយផ្អែកលើស្ថានភាព ដោយពិចារណាថាតើចរិតឆាប់ខឹងរបស់នរណាម្នាក់ សំដៅទៅលើអ្វី និងចេតនានៅពីក្រោយវា។ ប្រសិនបើដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ឬការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ពួកគេពិតជាអាចបញ្ចេញកំហឹង និងឡូឡាផ្អើលឆោឡោ ជុំវិញពាក្យសម្ដីតែមួយឃ្លា នោះចរិតលក្ខណៈរបស់ពួកគេគឺថោកទាប។ ប្រសិនបើជាទូទៅ ពួកគេមានចិត្តទូលាយគួរសម នៅពេលនិយាយដល់រឿងដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ឧទាហរណ៍៖ នៅពេលដែលមនុស្សជួនកាលនិយាយពាក្យសម្ដីដែលសំដៅលើពួកគេ និងធ្វើឱ្យប៉ះពាល់ដល់មោទនភាពរបស់ពួកគេបន្តិចបន្តួច ឬកេងចំណេញពីពួកគេបន្តិចបន្តួច ជាទូទៅ ពួកគេមិនប្រកាន់រឿងនោះ ហើយមិនបញ្ចេញកំហឹងឡើយ។ ប្រសិនបើពួកគេមិនប្រកាន់ចំពោះរឿងតូចតាច និងចេះអត់ឱន និងបន្ធូរបន្ថយឱ្យគេ នៅពេលទាក់ទងជាមួយអ្នកដទៃ ប៉ុន្តែពួកគេបែរជាបញ្ចេញកំហឹង នៅពេលដែលពួកគេឃើញនរណាម្នាក់បង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ព្រមទាំងបង្កការខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ នោះនេះមិនមែនជាចរិតលក្ខណៈអាក្រក់ឡើយ។ ផ្ទុយទៅវិញ វាគឺជាស្មារតីយុត្តិធម៌ដែលភាពជាមនុស្សគួរតែមាន។ វាគឺជាចំណុចល្អនៃភាពជាមនុស្ស។
ការងាយនឹងងក់ងរ
ការងាយនឹងងក់ងរ។ តើនេះជាបញ្ហាប្រភេទណា? (ជាភាពខ្វះខាតនៃភាពជាមនុស្ស។) នេះគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ តើមនុស្សប្រភេទណាដែលងាយនឹងងក់ងរ? (មនុស្សចិត្តចង្អៀត។) មនុស្សចិត្តចង្អៀត មនុស្សឆាប់ប្រកាន់ និងកូនក្មេង សុទ្ធតែងាយនឹងងក់ងរ។ នៅពេលដែលពួកគេជួបប្រទះនឹងបញ្ហាតូចតាច ពួកគេក៏ងាយនឹងខឹង មិនព្រមនិយាយជាមួយអ្នក មិនព្រមជួបមុខអ្នក ហើយក៏មិនទទួលការហៅទូរសព្ទពីអ្នកដែរ។ អ្នកនិយាយអ្វីមួយដែលធ្វើឱ្យពួកគេឈឺចាប់ដោយអចេតនា ហើយពួកគេក៏ចាប់ផ្ដើមងក់ងរ ដោយមិនអើពើនឹងអ្នកអស់រយៈពេលយ៉ាងយូរ។ សូម្បីតែនៅពេលដែលអ្នកសួរអំពីរឿងនេះ ក៏ពួកគេមិននិយាយអ្វីដែរ។ អ្នកសួរពួកគេថា៖ «មានរឿងអី? ប្រសិនបើមានបញ្ហា យើងដោះស្រាយវាទៅ។ ប្រសិនបើខ្ញុំជំពាក់អ្វីអ្នក ខ្ញុំនឹងប៉ះប៉ូវឱ្យ។ ប្រសិនបើពាក្យសម្ដីរបស់ខ្ញុំធ្វើឱ្យអ្នកឈឺចាប់ ខ្ញុំសុំទោស ហើយខ្ញុំអាចធ្វើអ្វីក៏បានតាមដែលអ្នកត្រូវការឱ្យខ្ញុំធ្វើ»។ ប៉ុន្តែ ពួកគេនៅតែស្ងៀមស្ងាត់ និងងក់ងរដដែល។ តើមនុស្សបែបនេះ មិនបង្កការលំបាកទេឬអី? (មែនហើយ។) នេះគឺជាភាពជាមនុស្សមិនប្រក្រតី។ បញ្ហាដែលពាក់ព័ន្ធនឹងភាពជាមនុស្ស ដែលមិនឈានដល់កម្រិតនៃបញ្ហាទាក់ទងនឹងចរិតលក្ខណៈ សុទ្ធតែជាភាពខ្វះខាតនៃភាពជាមនុស្ស។ ភាពខ្វះខាតមានន័យថា អ្វីដែលគួរតែមាននៅក្នុងភាពជាមនុស្សធម្មតា បែរជាខ្វះខាតនៅក្នុងខ្លួននរណាម្នាក់។ អាកប្បកិរិយា ឬរបៀបនៃការប្រព្រឹត្តខ្លួន និងការចាត់ចែងរឿងរ៉ាវរបស់ពួកគេ គឺមិនប្រក្រតី ឬមិនទាន់ចាស់ទុំ ហើយមិនស្របតាមស្ដង់ដានៃវិចារណញ្ញាណសម្រាប់ភាពជាមនុស្សធម្មតាឡើយ។ នេះគឺជាភាពខ្វះខាត។ ការងាយនឹងងក់ងរ ទីមួយគឺ ធ្វើឱ្យអ្នកដទៃធុញថប់ ហើយពួកគេមិនចូលចិត្តប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះឡើយ។ លើសពីនេះ ការងាយនឹងងក់ងរ គឺជាភាពមិនទាន់ចាស់ទុំដូចកូនក្មេង។ ជាទូទៅ មានតែក្មេងអាយុខ្ទង់ ១០ ឆ្នាំប៉ុណ្ណោះ ដែលមានអាកប្បកិរិយាបែបនេះ។ មនុស្សពេញវ័យ មិនមានការសម្ដែងចេញទាំងនេះឡើយ។ នៅពេលដែលមនុស្សបែបនេះមានទំនាក់ទំនងល្អជាមួយអ្នក អ្នកទាំងពីរគឺស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។ ប៉ុន្តែ នៅពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរប្រែជារកាំរកូស ពួកគេក៏ប្រែជាប្រទូសរ៉ាយ ងក់ងរ មិនព្រមនិយាយជាមួយអ្នក ប្រគល់អ្វីៗគ្រប់យ៉ាងដែលអ្នកបានឱ្យពួកគេទៅអ្នកវិញ ហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយអ្នកជារៀងរហូត។ ប៉ុន្តែ នរណាទៅដឹង។ ថ្ងៃណាមួយ ពួកគេអាចនឹងត្រូវរ៉ូវគ្នាវិញ ហើយប្រែជាស្និទ្ធស្នាលដូចមុនក៏ថាបាន។ ទាំងនេះគឺជាការសម្ដែងចេញនៃភាពមិនទាន់ចាស់ទុំ។ ការសម្ដែងចេញនៃភាពមិនទាន់ចាស់ទុំទាំងអស់នេះ ត្រូវបានហៅថាជាភាពខ្វះខាតនៃភាពជាមនុស្ស។ ការងាយនឹងងក់ងរ គឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ មនុស្សដែលងាយនឹងងក់ងរ ងាយនឹងធ្វើឱ្យការងារយឺតយ៉ាវបំផុត នៅពេលបំពេញភារកិច្ច។ អ្នកមិនអាចដឹងឡើយថា តើពេលណាដែលពួកគេអាចនឹងងក់ងរអស់រយៈពេលជាច្រើនថ្ងៃ ដោយសារតែនរណាម្នាក់បាននិយាយអ្វីមួយដែលធ្វើឱ្យពួកគេឈឺចាប់នោះ។ មិនថាភារកិច្ចនោះសំខាន់កម្រិតណានោះទេ ពួកគេអាចឈប់ធ្វើការងារនោះដោយមិននិយាយអ្វីទាំងអស់។ អ្នកអាចនឹងគិតថា ពួកគេនៅតែបំពេញភារកិច្ចរបស់ពួកគេជាប្រក្រតី ប៉ុន្តែតាមពិត ពួកគេបានឈប់ធ្វើការងាររបស់ពួកគេតាំងពីយូរមកហើយ។ ហេតុដូច្នេះហើយ ជារឿងចាំបាច់ណាស់ដែលមិនត្រូវចាត់តាំងការងារសំខាន់ៗ ដល់មនុស្សដែលងាយនឹងងក់ងរឡើយ ជាពិសេសការងារនៅក្នុងដំណាក់កាលសំខាន់ៗ។ ពីព្រោះពួកគេធ្វើតាមតែអំពើចិត្តខ្លាំងណាស់ តែងតែធ្វើតាមអារម្មណ៍ និងងាយនឹងងក់ងរ ព្រមទាំងខ្វះភាពមានវិចារណញ្ញាណ ដែលងាយនឹងធ្វើឱ្យពួកគេបោះបង់ការងាររបស់ពួកគេចោល ក្នុងអំឡុងពេលនៃការបំពេញភារកិច្ច។ ប្រសិនបើការងារនេះចាំបាច់ត្រូវតែធ្វើដោយពួកគេ ឬគ្មាននរណាម្នាក់ផ្សេងទៀតអាចជំនួសពួកគេបានទេ នោះនៅពេលចាត់តាំងការងារដល់ពួកគេ អ្នកត្រូវតែមាននរណាម្នាក់មើលការខុសត្រូវលើការងាររបស់ពួកគេ។ ប្រសិនបើមាននរណាម្នាក់ផ្សេងទៀតដែលអាចជំនួសពួកគេបាន នោះការងារដែលសំខាន់គួរសម មិនគួរត្រូវបានចាត់តាំងដល់ពួកគេឡើយ។ ឧទាហរណ៍៖ មនុស្សមួយចំនួនមានកម្រិតសមត្ថភាពបន្តិចបន្តួច ហើយអាចចាត់ចែងការងារជាអ្នកដឹកនាំពួកជំនុំបាន ប៉ុន្តែនៅពេលដែលបងប្រុស ឬបងស្រីណាម្នាក់និយាយអ្វីមួយដែលធ្វើឱ្យពួកគេឈឺចាប់ ពួកគេក៏ងក់ងរថា៖ «ខ្ញុំឈប់ហើយ! អ្នករាល់គ្នាអាចឱ្យនរណាម្នាក់ធ្វើជាអ្នកដឹកនាំក៏បានតាមចិត្ត។ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ ដើម្បីរស់នៅជីវិតរបស់ខ្ញុំ។ ខ្ញុំលែងធ្វើរឿងនេះទៀតហើយ!» ពេលដែលពួកគេចាប់ផ្ដើមងក់ងរ ពួកគេអាចបោះបង់ភារកិច្ចរបស់ពួកគេចោល ហើយចាកចេញទៅ ហើយនរណាទៅដឹងថាពេលណាពួកគេនឹងត្រឡប់មកវិញនោះ។ តើមនុស្សបែបនេះ អាចទុកចិត្តបានដែរឬទេ? (ទេ មិនអាចទេ។) ពួកគេបញ្ចេញកំហឹងរបស់ពួកគេទៅលើភារកិច្ចរបស់ពួកគេ និងការងាររបស់ពួកជំនុំ ដោយបោះបង់ភារកិច្ចរបស់ពួកគេចោលនៅពេលណាក៏បាន។ តើនេះមិនមែនជាការសម្ដែងចេញនៃភាពមិនទាន់ចាស់ទុំទេឬអី? (មែនហើយ។) ការចាត់ទុកភារកិច្ចរបស់ពួកគេ និងកិច្ចការរបស់ពួកជំនុំ ហាក់ដូចជាល្បែងរបស់កូនក្មេង ដូចជាការលេងបាយឡុកបាយឡអ៊ីចឹង។ នោះគឺជាការសម្ដែងចេញនៃភាពមិនទាន់ចាស់ទុំ។ នៅពេលដែលក្មេងៗលេងបាយឡុកបាយឡ វាគ្រាន់តែជាល្បែងមួយប៉ុណ្ណោះ។ ប្រសិនបើពួកគេខឹង ពួកគេក៏ឈប់លេង។ វាមិនធ្វើឱ្យអ្វីយឺតយ៉ាវឡើយ។ ប៉ុន្តែ ការចាត់ទុកកិច្ចការពួកជំនុំ ឬភារកិច្ចណាមួយ ដូចជាក្មេងលេងបាយឡុកបាយឡ ដោយឈប់នៅពេលណាក៏បានតាមដែលពួកគេចង់ តើវាមិនធ្វើឱ្យរអាក់រអួលដល់កិច្ចការទេឬអី? នេះមិនត្រឹមតែធ្វើឱ្យរឿងផ្ទាល់ខ្លួនរបស់ពួកគេយឺតយ៉ាវប៉ុណ្ណោះទេ។ ប្រសិនបើពួកគេជាអ្នកដឹកនាំពួកជំនុំ នោះកិច្ចការរបស់ពួកជំនុំនឹងយឺតយ៉ាវដោយសារពួកគេ។ ប្រសិនបើពួកគេកំពុងបំពេញភារកិច្ចដ៏សំខាន់ នោះភារកិច្ចដ៏សំខាន់នោះនឹងយឺតយ៉ាវ។ ហេតុដូច្នេះហើយ នៅពេលជ្រើសរើសមនុស្សមកប្រើប្រាស់ អ្នកត្រូវតែពិចារណាថាតើពួកគេមានបញ្ហានៃការងាយនឹងងក់ងរដែរឬទេ។ ប្រសិនបើពួកគេពិតជាមានបញ្ហានេះមែន តើវាធ្ងន់ធ្ងរដែរឬទេ? តើវាធ្ងន់ធ្ងរកម្រិតណា? តើពួកគេនឹងបោះបង់កិច្ចការរបស់ពួកគេចោលដែរឬទេ? នៅពេលដែលពួកគេងក់ងរ តើពួកគេនឹងខឹងអន់ចិត្ត ត្រឡប់ទៅផ្ទះវិញ ហើយឈប់បំពេញភារកិច្ចរបស់ពួកគេ ដោយមិនព្រមត្រឡប់មកវិញ ទោះបីជានរណាហៅពួកគេក៏ដោយ ដែរឬទេ? មនុស្សប្រភេទនេះ គឺពិបាកដោះស្រាយជាមួយណាស់។ កុំប្រើប្រាស់ពួកគេឱ្យសោះ។ ពួកគេគឺជាប្រភេទមនុស្សដែលឆាប់ប្រកាន់ និងពិបាកទាក់ទង។ ការលួងលោមពួកគេក៏មិនបានផល ការប្រៀនប្រដៅពួកគេក៏មិនបានផល ហើយមិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណានោះទេ ពួកគេនៅតែពិបាកនឹងទទួលយកដដែល។ លុះត្រាតែពួកគេគិតឃើញដោយខ្លួនឯង និងយល់ពីវាដោយខ្លួនឯង ទើបពួកគេអាចវិលត្រឡប់មកសភាពដើមវិញ និងត្រឡប់ទៅរកវិចារណញ្ញាណធម្មតាវិញបាន។ ហេតុដូច្នេះហើយ ក្រៅពីមាននិស្ស័យពុករលួយ ប្រសិនបើភាពជាមនុស្សរបស់នរណាម្នាក់ ក៏មានភាពខ្វះខាត ឬចំណុចខ្សោយជាច្រើនដែរនោះ នៅពេលដែលពួកគេជួបប្រទះនឹងរឿងដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត វាអាចបណ្ដាលឱ្យពួកគេក្លាយជាអវិជ្ជមានយ៉ាងខ្លាំង រហូតដល់មិនអាចវិលត្រឡប់មកសភាពដើមវិញបាន។ សូម្បីតែពួកគេមានការប្ដេជ្ញាចិត្តខ្លះៗ ហើយសុខចិត្តដេញតាមសេចក្ដីពិតដើម្បីសម្រេចបានសេចក្ដីសង្គ្រោះ ក៏ដូចជាសូម្បីតែពួកគេមានគំនិតចង់បំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ និងត្រូវតាមស្ដង់ដាក្នុងនាមជាភាវៈដែលព្រះបានបង្កើតក៏ដោយ ក៏នៅពេលដែលការលំបាក ឬស្ថានភាពដែលធ្វើឱ្យពួកគេមិនសប្បាយចិត្តកើតឡើង ពួកគេលែងអាចបន្តដំណើរទៅមុខទៀតបានដែរ។ ហេតុដូច្នេះហើយ ប្រសិនបើមនុស្សម្នាក់ចង់ដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ ពួកគេត្រូវតែស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយភាពខ្វះខាត ឬចំណុចខ្សោយណាមួយ ដែលអាចមាននៅក្នុងភាពជាមនុស្សរបស់ពួកគេ។ ប្រសិនបើអ្នកមិនមានចិត្តដែលប្រាថ្នាចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង ឬស្រេកឃ្លានសេចក្ដីពិតទេ ហើយអ្នកមិនសុខចិត្តជម្នះភាពខ្វះខាតនៃភាពជាមនុស្សទាំងនេះ ឬមានការប្ដេជ្ញាចិត្តមិនគ្រប់គ្រាន់ក្នុងការធ្វើបែបនេះទេ នោះបញ្ហាប្រឈមដែលអ្នកជួបប្រទះ នឹងមានច្រើន។ ប្រសិនបើអ្នកមិនអាចផ្លាស់ប្ដូរ ឬជម្នះសូម្បីតែភាពខ្វះខាតផ្ទាល់ខ្លួនទាំងនេះបានផង នោះវានឹងកាន់តែពិបាកក្នុងការបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នក។
ការចូលចិត្តកេងចំណេញ
ឥឡូវនេះ ចូរយើងនិយាយអំពី «ការចូលចិត្តកេងចំណេញ»។ តើនេះជាបញ្ហាប្រភេទណា? (ជាភាពខ្វះខាតនៃភាពជាមនុស្ស។) តើនេះជាភាពខ្វះខាតនៃភាពជាមនុស្សមែនទេ? ការចូលចិត្តកេងចំណេញ គឺជាបញ្ហានៃចរិតលក្ខណៈ។ ប្រសិនបើនរណាម្នាក់កេងចំណេញក្នុងគ្រប់កាលៈទេសៈ សូម្បីតែរឿងតូចតាចដូចជាបន្លែមួយដើម ក្រដាសមួយសន្លឹក ឬដបទឹកតូចមួយក្ដី នេះគឺជាបញ្ហាទាក់ទងនឹងចរិតលក្ខណៈរបស់ពួកគេ។ ចរិតលក្ខណៈរបស់ពួកគេគឺថោកទាប។ នេះមិនមែនជាភាពខ្វះខាតនៃភាពជាមនុស្សឡើយ។ តើយល់ទេ? (យល់ហើយ។) មនុស្សបែបនេះ មានចរិតលក្ខណៈថោកទាប និងគ្មានសេចក្ដីទៀងត្រង់ឡើយ។ នៅពេលដែលពួកគេទិញទំនិញនៅហាង ពួកគេតែងតែព្យាយាមតថ្លៃ និងសុំចុះថ្លៃ។ នៅពេលដែលពួកគេទិញបន្លែនៅផ្សារ ពួកគេប្រកែកគ្នាមិនចេះចប់មិនចេះហើយ គ្រាន់តែរឿងលុយប៉ុន្មានសេនសោះ។ នៅពេលដែលពួកគេស្នាក់នៅសណ្ឋាគារ ហើយឃើញរបស់របរដែលគេផ្ដល់ឱ្យដោយឥតគិតថ្លៃ ដូចជាកន្សែងពោះគោ ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញដែលប្រើហើយចោល ពួកគេយកអ្វីៗគ្រប់យ៉ាងទៅផ្ទះ ដោយមិនបន្សល់ទុករបស់ណាមួយឡើយ ព្រោះខ្លាចមិនបានយករបស់ណាមួយ។ មនុស្សមួយចំនួននិយាយថា៖ «តើពួកគេចូលចិត្តកេងចំណេញ ដោយសារតែពួកគេក្រមែនទេ?» ទេ មនុស្សប្រភេទនេះ គ្រាន់តែមានចរិតលក្ខណៈបែបនេះប៉ុណ្ណោះ។ គ្រួសាររបស់ពួកគេមិនខ្វះលុយទេ ប៉ុន្តែពួកគេនៅតែទទូចចង់កេងចំណេញដដែល។ បន្ទាប់ពីជឿលើព្រះជាម្ចាស់ មនុស្សប្រភេទនេះ សូម្បីតែកេងចំណេញពីដំណាក់របស់ព្រះជាម្ចាស់ក៏មានដែរ។ មនុស្សមួយចំនួនមិនហូបបាយនៅផ្ទះរបស់ខ្លួនទេ ប៉ុន្តែតែងតែទៅលំនៅឋានទទួលភ្ញៀវ ដើម្បីហូបបាយដោយឥតគិតថ្លៃ ដោយធ្វើពុតជាទៅទីនោះដើម្បីជួយធ្វើកិច្ចការឱ្យលំនៅឋានទទួលភ្ញៀវ។ ពួកគេលួចប្រើប្រាស់របស់របររបស់បងប្អូនប្រុសស្រី។ ពួកគេចៀសវាងការប្រើប្រាស់របស់របរផ្ទាល់ខ្លួន ហើយតែងតែប្រើប្រាស់របស់របរអ្នកដទៃ។ ពួកគេមិនពាក់សម្លៀកបំពាក់របស់ខ្លួនទេ ហើយតែងតែពាក់សម្លៀកបំពាក់របស់អ្នកដទៃ។ នៅពេលដែលពួកគេឃើញនរណាម្នាក់កំពុងបោកគក់សម្លៀកបំពាក់ ពួកគេសុំឱ្យអ្នកនោះបោកគក់សម្លៀកបំពាក់របស់ពួកគេពីរដែរ ក្នុងពេលដែលអ្នកនោះកំពុងបោកគក់ស្រាប់ តែចុងក្រោយ បែរជាឱ្យសម្លៀកបំពាក់ប្រាំពីរ ឬប្រាំបីទៅអ្នកនោះបោកគក់ទៅវិញ។ នេះច្បាស់ណាស់ថាជាការកេងចំណេញហើយ។ ពួកគេគ្រាន់តែមានចរិតលក្ខណៈបែបនេះប៉ុណ្ណោះ។ ទោះបីជាគ្រួសាររបស់ពួកគេច្បាស់ជាមានលុយក៏ដោយ ក៏ពួកគេនៅតែខ្ចីលុយពីបងប្អូនប្រុសស្រីដដែល។ នៅពេលសួរថាពេលណាពួកគេនឹងសងវិញ ពួកគេនិយាយថា៖ «ខ្ញុំនឹងសងវិញនៅពេលខ្ញុំមានលុយ។ បើខ្ញុំអត់លុយ តើឱ្យខ្ញុំសងវិញយ៉ាងម៉េច? ខ្ញុំអត់មានលុយទេ។ មានតែជីវិតហ្នឹងឯង!» តើពាក្យសម្ដីទាំងនេះមានន័យដូចម្ដេច? ពួកគេច្បាស់ជាមិនចង់សងវិញទេ ហើយក៏មិនដែលមានបំណងចង់សងវិញដែរ។ ពួកគេគ្រាន់តែចង់កេងចំណេញ ដោយប្រើប្រាស់លុយរបស់អ្នកដទៃ ដើម្បីសេចក្ដីរីករាយផ្ទាល់ខ្លួន និងដើម្បីចាយវាយតាមតែអំពើចិត្តប៉ុណ្ណោះ។ នេះគឺជាគោលបំណងរបស់ពួកគេ។ នៅពេលដែលពួកគេឃើញនរណាម្នាក់ទិញរបស់ថ្មី ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំង ហើយតែងតែគិតចង់ខ្ចីរបស់នោះ។ ប្រសិនបើម្ចាស់ត្រូវការវា ហើយមិនចង់ឱ្យខ្ចីទេ ពួកគេនៅតែបង្ខំឱ្យម្ចាស់ឱ្យពួកគេខ្ចីវាដដែល។ ពួកគេប្រើប្រាស់វារហូតដល់ចាស់ ឬខូច ហើយនៅតែមិនព្រមសងវិញ ដោយចាត់ទុកវាហាក់ដូចជារបស់ខ្លួនអ៊ីចឹង។ មនុស្សប្រភេទនេះ កេងចំណេញគ្រប់ទីកន្លែង ដោយខ្ចីរបស់របរគេ ហើយមិនដែលសងវិញឡើយ។ តើនេះជាភាពខ្វះខាតនៃភាពជាមនុស្សមែនទេ? (ទេ មិនមែនទេ។) នេះគឺជាការគ្មានសេចក្ដីទៀងត្រង់ និងមានចរិតលក្ខណៈថោកទាប។ តើអ្នករាល់គ្នាធ្លាប់ឃើញមនុស្សប្រភេទនេះដែរឬទេ? (ធ្លាប់ឃើញ។) មានមនុស្សបែបនេះមិនតិចទេ។ ចូរប្រាប់ខ្ញុំមើល តើមនុស្សប្រភេទនេះអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? (ទេ មិនអាចទេ។) តើមនុស្សទាំងនេះភាគច្រើន ជាមនុស្សប្រភេទណា? តើពួកគេមិនមែនជាមនុស្សពាលទេឬអី? មិនថាពួកគេកេងចំណេញពីអ្នកដទៃកម្រិតណានោះទេ មនសិការរបស់ពួកគេមិនមានអារម្មណ៍បន្ទោសខ្លួនឯងឡើយ។ ចូរប្រាប់ខ្ញុំមើល តើពួកគេមានមនសិការដែរឬទេ? (ទេ មិនមានទេ។) តើមនុស្សដែលគ្មានមនសិការ ជាមនុស្សប្រភេទណា? ចូរយើងកុំនិយាយសិនថាតើពួកគេជាមនុស្សល្អ ឬមនុស្សអាក្រក់អី។ យ៉ាងហោចណាស់ ពួកគេខ្វះស្ដង់ដា និងលក្ខខណ្ឌជាមូលដ្ឋានបំផុតនៃភាពជាមនុស្ស ដែលតម្រូវឱ្យមានដើម្បីអនុវត្តសេចក្ដីពិត។ ពីមុន យើងបានប្រកបគ្នាថា ដើម្បីអនុវត្តសេចក្ដីពិត យ៉ាងហោចណាស់ មនុស្សម្នាក់ត្រូវតែមានមនសិការ។ មនសិការរបស់មនុស្ស រួមបញ្ចូលទាំងការចេះខ្មាសអៀនផងដែរ។ តើមនុស្សដែលតែងតែកេងចំណេញពីអ្នកដទៃ ដោយមិនមានអារម្មណ៍បន្ទោសខ្លួនឯងនៅក្នុងមនសិការរបស់ពួកគេ មានការចេះខ្មាសអៀនដែរឬទេ? (ទេ មិនមានទេ។) តើមនុស្សដែលមិនចេះខ្មាសអៀន អាចអនុវត្តសេចក្ដីពិតបានដែរឬទេ? (ទេ មិនអាចទេ។) ពួកគេប្រព្រឹត្តអំពើអាក្រក់ ដោយមិនមានអារម្មណ៍អ្វីទាំងអស់ និងដោយគ្មានការស្ដីបន្ទោសពីមនសិការរបស់ពួកគេឡើយ។ ហេតុដូច្នេះហើយ ការប្រព្រឹត្តអំពើដែលយុត្តិធម៌ និងការដើរក្នុងផ្លូវដ៏ត្រឹមត្រូវ មិនមានភាពទាក់ទាញសម្រាប់ពួកគេឡើយ ពីព្រោះភាពជាមនុស្សរបស់ពួកគេ មិនត្រូវការរឿងបែបនេះទេ។ តើពួកគេត្រូវការអ្វី? អ្វីដែលពួកគេត្រូវការ គឺការពារផលប្រយោជន៍ផ្ទាល់ខ្លួនពីការខាតបង់ណាមួយ ព្រមទាំងយកផលប្រយោជន៍របស់អ្នកដទៃ និងប្រើប្រាស់វាដើម្បីបម្រើខ្លួនឯង។ ភាពជាមនុស្សរបស់ពួកគេ មិនមានអារម្មណ៍ស្ដីបន្ទោស ឬបន្ទោសខ្លួនឯងចំពោះអាកប្បកិរិយាបែបនេះឡើយ ហើយក៏មិនចេះខ្មាសអៀនដែរ។ ហេតុដូច្នេះហើយ វាពិបាកណាស់សម្រាប់មនុស្សប្រភេទនេះ ក្នុងការអនុវត្តសេចក្ដីពិត។ គោលជំនឿរបស់ពួកគេក្នុងការប្រព្រឹត្តខ្លួនគឺ៖ អ្វីក៏ដោយដែលមានប្រយោជន៍សម្រាប់ខ្លួនឯង មិនថាក្នុងទម្រង់ជាសម្ភារៈ ឬក្នុងន័យផ្លូវចិត្តក្ដី គឺមិនត្រូវបោះបង់ចោលសូម្បីតែបន្តិចឡើយ។ ចំណែកឯរបស់ល្អៗ និងមានតម្លៃរបស់អ្នកដទៃវិញ ពួកគេតែងតែចង់ធ្វើជាម្ចាស់ ចង់ដណ្ដើមយក ឬសូម្បីតែចង់កាន់កាប់ដោយបង្ខំទៀតផង។ ពេលដែលពួកគេមានឱកាស ពួកគេនឹងដណ្ដើមយករបស់ល្អៗរបស់អ្នកដទៃ មកធ្វើជារបស់ខ្លួន។ ពួកគេពិតជាមិនអាចបណ្ដោយឱ្យខ្លួនឯងបាត់បង់ឱកាសនេះឡើយ ហើយប្រសិនបើពួកគេបាត់បង់វា ពួកគេនឹងស្ដាយក្រោយអស់មួយជីវិត។ នេះគឺជាគោលជំនឿរបស់ពួកគេ នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តខ្លួន។ ដោយសារពួកគេត្រូវបានគ្រប់គ្រងដោយគោលជំនឿនេះ ពួកគេមានអារម្មណ៍ថាត្រឹមត្រូវ និងស្ងប់ចិត្ត នៅពេលកេងចំណេញពីអ្នកដទៃ និងទាមទារយកផលប្រយោជន៍របស់អ្នកដទៃមកធ្វើជារបស់ខ្លួន ដោយមានអារម្មណ៍ថាទទួលបានជោគជ័យយ៉ាងខ្លាំង។ ប្រសិនបើពួកគេមិនអាចកេងចំណេញបាន ឬបាត់បង់ឱកាសក្នុងការធ្វើបែបនេះ ពួកគេមានអារម្មណ៍ថាពួកគេបានបរាជ័យ ហើយចាត់ទុកខ្លួនឯងថាជាមនុស្សល្ងង់ខ្លៅ។ នៅពេលដែលពួកគេកេងចំណេញបាន ពួកគេមានអារម្មណ៍ល្អ ត្រេកអរ និងមានសេចក្ដីសុខសាន្ត។ ប៉ុន្តែ នៅពេលដែលពួកគេឃើញឱកាសក្នុងការកេងចំណេញ ហើយមិនបានធ្វើ ពួកគេមានអារម្មណ៍មួម៉ៅ និងមិនស្ងប់ក្នុងចិត្តឡើយ ដោយគិតថា៖ «ប្រសិនបើខ្ញុំមិនកេងចំណេញពីរឿងនេះទេ នោះខាតឱកាសហើយ។ ប្រសិនបើនរណាម្នាក់ផ្សេងទៀតកេងចំណេញពីវា តើខ្ញុំមិនមែនជាអ្នកខាតបង់ទេឬអី?» ចូរមើលចុះ។ តើមនុស្សដែលត្រូវបានគ្រប់គ្រងដោយគោលជំនឿនេះ អាចព្យាយាមធ្វើជាមនុស្សល្អបានដែរឬទេ? (ទេ មិនអាចទេ។) នៅពេលអនុវត្តសេចក្ដីពិត មនុស្សត្រូវលះបង់ចោលរឿងជាច្រើន ដូចជាមុខមាត់ដែលពួកគេឱ្យតម្លៃ ឋានៈ និងរឿងផ្លូវចិត្តផ្សេងៗទៀត ក៏ដូចជារបស់របរជាសម្ភារៈមួយចំនួនផងដែរ។ រឿងទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការអនុវត្តសេចក្ដីពិត តម្រូវឱ្យមនុស្សបះបោរទាស់នឹងរឿងទាំងនេះ ជម្នះវា បោះបង់វាចោល និងលះបង់វាចោល។ មនុស្សដែលចូលចិត្តកេងចំណេញ មិនអាចធ្វើរឿងណាមួយក្នុងចំណោមរឿងទាំងនេះបានទាល់តែសោះ។ ពួកគេមិនអាចលះបង់ចោលមុខមាត់ ឬឋានៈរបស់ពួកគេបានឡើយ ហើយពួកគេកាន់តែមិនអាចបោះបង់ចោលផលប្រយោជន៍ជាសម្ភារៈណាមួយបានទៅទៀត។ នៅពេលអនុវត្តសេចក្ដីពិត ពួកគេមិនអាចធ្វើរឿងណាមួយក្នុងចំណោមរឿងទាំងនេះបានឡើយ។ ដូច្នេះ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? (ទេ មិនអាចទេ។) ហេតុដូច្នេះហើយ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ពួកគេ ក្នុងការអនុវត្តសេចក្ដីពិត។ ពួកគេចង់កាន់កាប់របស់ល្អៗទាំងខាងផ្លូវចិត្ត និងខាងសម្ភារៈទាំងអស់សម្រាប់ខ្លួនឯង ហើយមិនអាចលះបង់វាចោលបានឡើយ ដែលរឿងនេះផ្ទុយ និងប្រឆាំងដោយផ្ទាល់ទៅនឹងគោលការណ៍នៃការអនុវត្តសេចក្ដីពិត។ នោះហើយជាមូលហេតុដែលពួកគេមិនអាចយកសេចក្ដីពិតទៅអនុវត្តបាន។ ចូរមើលមនុស្សដែលចូលចិត្តកេងចំណេញជាពិសេសទាំងនោះចុះ។ តើពួកគេធ្វើដល់កម្រិតណា? នៅពេលទៅលេងផ្ទះនរណាម្នាក់ ពួកគេថែមទាំងធ្វើយ៉ាងណាឱ្យបានផឹកទឹក និងហូបចំណីអាហាររបស់ម្ចាស់ផ្ទះខ្លះៗ មុនពេលចាកចេញទៀតផង។ ចូរប្រាប់ខ្ញុំមើល តើមនុស្សដែលមានចរិតលក្ខណៈបែបនេះ អាចអនុវត្តសេចក្ដីពិតបានដែរឬទេ? (ទេ មិនអាចទេ។) ស្ដង់ដារបស់ពួកគេក្នុងការវាស់ស្ទង់អ្វីៗគ្រប់យ៉ាង គឺផ្អែកលើគោលការណ៍ថាតើពួកគេអាចកេងចំណេញ និងទទួលបានផលប្រយោជន៍ដែរឬទេ។ ផលចំណេញផ្ទាល់ខ្លួន គឺជាគោលការណ៍ដែលពួកគេប្រើដើម្បីវាស់ស្ទង់អ្វីៗគ្រប់យ៉ាង។ ការប្រព្រឹត្តខ្លួនរបស់ពួកគេ គឺផ្ដោតតែទៅលើការកេងចំណេញពីអ្នកដទៃប៉ុណ្ណោះ។ ដរាបណាពួកគេមិនខាតបង់ និងអាចកេងចំណេញបាន ពួកគេយល់ថាវាគួរឱ្យធ្វើហើយ។ ពួកគេជឿថា ក្នុងការប្រព្រឹត្តខ្លួន មនុស្សម្នាក់ត្រូវតែអាចកេងចំណេញបាន ហើយថាមនុស្សម្នាក់ឆ្លាតវៃ និងវាងវៃ លុះត្រាតែពួកគេឧស្សាហ៍កេងចំណេញបាន។ ប្រសិនបើនរណាម្នាក់មិនដឹងពីរបៀបកេងចំណេញទេ មនុស្សនោះគឺជាមនុស្សល្ងង់ខ្លៅហើយ! ស្ដង់ដារបស់ពួកគេសម្រាប់ការប្រព្រឹត្តខ្លួន គឺត្រូវតែកេងចំណេញប៉ុណ្ណោះ និងមិនត្រូវខាតបង់ឡើយ។ ពួកគេយកវិធីសាស្ត្រនេះធ្វើជាស្ដង់ដារបស់ពួកគេសម្រាប់ការប្រព្រឹត្តខ្លួន។ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? (ទេ មិនអាចទេ។) តើសេចក្ដីពិតមានកន្លែងណាមួយនៅក្នុងចិត្តរបស់ពួកគេដែរឬទេ? តើវាអាចកាន់អំណាចនៅក្នុងចិត្តរបស់ពួកគេបានដែរឬទេ? (ទេ មិនអាចទេ។) ចុះតើសេចក្ដីពិតអ្វីខ្លះដែលពួកគេអាចអនុវត្តបាន? (គ្មានទាល់តែសោះ។) ពួកគេមិនអាចអនុវត្តសេចក្ដីពិតណាមួយបានទាល់តែសោះ។ ចរិតលក្ខណៈរបស់ពួកគេគឺថោកទាបពេក ដែលធ្វើឱ្យអ្នកដទៃមើលងាយពួកគេ។ មនុស្សមួយចំនួនបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ដំណាក់របស់ព្រះជាម្ចាស់ ផ្ដល់របស់របរមួយចំនួនដល់ពួកគេសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយពួកគេឧស្សាហ៍ស្នើសុំបន្ថែមទៀត ដោយយកលេសថាពួកគេប្រើអស់ហើយ ទាំងដែលតាមពិត ពួកគេនៅសល់ខ្លះៗនៅឡើយ។ ហេតុអ្វីបានជាពួកគេតែងតែស្នើសុំបន្ថែមទៀត? ពួកគេគិតថា៖ «ប្រសិនបើខ្ញុំមិនកេងចំណេញពីរឿងនេះទេ ហើយនរណាម្នាក់ផ្សេងទៀតកេងចំណេញពីវា តើខ្ញុំមិនមែនជាអ្នកខាតបង់ទេឬអី?»។ ចូរមើលចុះ។ តើនេះជាចរិតលក្ខណៈប្រភេទណា? ស្ដង់ដាដែលមនុស្សប្រភេទនេះប្រើសម្រាប់វាស់ស្ទង់អ្វីៗគ្រប់យ៉ាង គឺផ្អែកលើគោលការណ៍ថាតើពួកគេអាចកេងចំណេញ និងទទួលបានផលប្រយោជន៍ដែរឬទេ។ ចិត្តរបស់ពួកគេ គឺពោរពេញទៅដោយការគិតអំពីផលប្រយោជន៍ទាំងស្រុង។ មិនថាអ្នកប្រកបគ្នាជាមួយពួកគេអំពីអ្វីៗដែលវិជ្ជមាន ឬសេចក្ដីពិតយ៉ាងណានោះទេ ពួកគេបដិសេធមិនទទួលយកវាឡើយ ដែលរឿងនេះគ្មានពាក់ព័ន្ធអ្វីនឹងកម្រិតសមត្ថភាពរបស់ពួកគេ ឬថាតើពួកគេអាចយល់បានឬអត់នោះទេ។ គឺដោយសារតែគោលជំនឿរបស់ពួកគេនៅក្នុងរបៀបដែលពួកគេប្រព្រឹត្តខ្លួន មានបញ្ហា។ ពួកគេពិតជាមិនទទួលយក ឬអនុវត្តអ្វីៗដែលវិជ្ជមានឡើយ ហើយក៏មិនប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិតដែរ។ ចរិតលក្ខណៈរបស់ពួកគេ គឺថោកទាបខ្លាំងណាស់។ ចូរប្រាប់ខ្ញុំមើល តើចាំបាច់ត្រូវប្រកបគ្នាអំពីសេចក្ដីពិតជាមួយមនុស្សប្រភេទនេះដែរឬទេ? (ទេ មិនចាំបាច់ទេ។) ហេតុអ្វីបានជាមិនចាំបាច់? (ពីព្រោះពួកគេនឹងមិនអនុវត្តសេចក្ដីពិតនៅពេលណាមួយឡើយ។) ពួកគេខ្វះមនសិការនៅក្នុងភាពជាមនុស្សរបស់ពួកគេ ហើយមិនមានលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ការអនុវត្តសេចក្ដីពិតឡើយ។ ចិត្តរបស់ពួកគេ គឺផ្ដោតតែទៅលើការកេងចំណេញ និងការទទួលបានផលប្រយោជន៍ប៉ុណ្ណោះ។ គេអាចនិយាយបានថា មនុស្សប្រភេទនេះ គឺពិតជាមិនស័ក្តិសមនឹងឮសេចក្ដីពិតឡើយ ហើយក៏មិនស័ក្តិសមនឹងស្ដាប់សេចក្ដីអធិប្បាយអំពីការសម្រេចបានសេចក្ដីសង្គ្រោះដែរ។ ឃើញទេ អ្នករាល់គ្នាមិនទាន់យល់ច្បាស់ទេថា ការចូលចិត្តកេងចំណេញ គឺជាបញ្ហាប្រភេទណា តើមែនទេ? អ្នករាល់គ្នាថែមទាំងបានគិតថា វាគឺជាភាពខ្វះខាតនៃភាពជាមនុស្សទៀតផង។ តើវាជាភាពខ្វះខាតនៃភាពជាមនុស្សមែនទេ? (ទេ មិនមែនទេ។) ឥឡូវនេះ យល់ហើយ តើមែនទេ? តើវាជាបញ្ហាប្រភេទណា? (វាគឺជាបញ្ហានៃចរិតលក្ខណៈ។ មនុស្សប្រភេទនេះ មានចរិតលក្ខណៈថោកទាប។)
ការចូលចិត្តធ្វើទាន
ឥឡូវនេះ ចូរយើងនិយាយអំពីការចូលចិត្តធ្វើទាន។ ប្រសិនបើគ្មានចេតនានៅពីក្រោយការចូលចិត្តធ្វើទានរបស់មនុស្សម្នាក់ទេ ហើយវាគ្រាន់តែជាអាកប្បកិរិយា ឬទម្លាប់ធម្មតានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ នោះការចូលចិត្តធ្វើទាននេះ គួរតែត្រូវបានចាត់ទុកថាជាចំណុចល្អនៃភាពជាមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ការឱ្យ គឺប្រសើរជាងការទទួល។ យ៉ាងហោចណាស់ មនុស្សដែលចូលចិត្តធ្វើទាន មានចិត្តអាណិតអាសូរដល់អ្នកដទៃ និងមានធាតុផ្សំនៃសេចក្ដីសប្បុរសនៅក្នុងភាពជាមនុស្សរបស់ពួកគេ ហើយពួកគេមិនកំណាញ់ និងមិនសូវឱ្យតម្លៃលើរបស់របរជាសម្ភារៈឡើយ។ លើសពីនេះ នៅពេលដែលពួកគេមានរបស់របរជាសម្ភារៈច្រើនគួរសម ពួកគេនឹងយករបស់របរដែលលើសពីតម្រូវការ ឬរបស់ដែលពួកគេមិនប្រើ ប៉ុន្តែស័ក្តិសមសម្រាប់អ្នកដទៃប្រើប្រាស់ ទៅឱ្យអ្នកដទៃ ធ្វើឱ្យជីវភាពរបស់អ្នកដទៃមានភាពធូរធារ ឬងាយស្រួលជាងមុនបន្តិច។ ដោយវិនិច្ឆ័យពីចេតនានៅពីក្រោយសកម្មភាពទាំងនេះ យ៉ាងហោចណាស់ មនុស្សដែលចូលចិត្តធ្វើទាន មានភាពជាមនុស្សសប្បុរស និងបង្ហាញឱ្យឃើញនូវការសម្ដែងចេញជាសារវន្តនៃការអាណិតអាសូរ និងការអាណិតដល់អ្នកដទៃ។ នេះគឺជាចំណុចល្អនៃភាពជាមនុស្សរបស់ពួកគេ។ មនុស្សបែបនេះ មានចរិតលក្ខណៈល្អគួរសម ដែលល្អប្រសើរឆ្ងាយជាងចរិតលក្ខណៈរបស់មនុស្សអាក្រក់ ដែលចូលចិត្តកេងចំណេញពីអ្នកដទៃ និងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នកដទៃតាមតែអំពើចិត្តឆ្ងាយណាស់។ ពួកគេមានសេចក្ដីទៀងត្រង់ខ្ពស់ជាងបន្តិច។ ពួកគេធ្វើទាន និងជួយអ្នកដទៃដោយមិនចង់បានអ្វីតបស្នងឡើយ ដោយមិនស្វែងរកការសរសើរពីអ្នកដទៃ ឬចង់បន្សល់ទុកកេរ្តិ៍ឈ្មោះល្អឡើយ។ នេះគ្រាន់តែជាអាកប្បកិរិយារបស់ពួកគេក្នុងការប្រព្រឹត្តខ្លួន ឬជារបៀបរស់នៅរបស់ពួកគេប៉ុណ្ណោះ។ ឧទាហរណ៍៖ នៅពេលដែលពួកគេឃើញនរណាម្នាក់ខ្វះខាតសម្លៀកបំពាក់ ពួកគេក៏ប្រញាប់ឱ្យសម្លៀកបំពាក់ដែលពួកគេមានលើសពីតម្រូវការ ទៅមនុស្សនោះពាក់ភ្លាម។ នៅពេលដែលពួកគេឃើញគ្រួសាររបស់អ្នកដទៃក្រីក្រ ហើយហូបមិនគ្រប់គ្រាន់ជាញឹកញាប់ ពួកគេក៏ឱ្យអង្ករខ្លះរបស់គ្រួសារពួកគេទៅគ្រួសារនោះ ដើម្បីឱ្យពួកគេអាចហូបបានគ្រប់គ្រាន់ដែរ។ នៅពេលដែលពួកគេទិញកុំព្យូទ័រថ្មី ហើយឃើញថាកុំព្យូទ័ររបស់អ្នកដទៃស្ទើរតែមិនអាចប្រើបាន ពួកគេក៏ឱ្យកុំព្យូទ័រចាស់របស់ពួកគេទៅអ្នកនោះប្រើប្រាស់។ ពួកគេធ្វើទានដោយមិនចង់បានអ្វីតបស្នងឡើយ។ នេះគ្រាន់តែជាចរិតលក្ខណៈរបស់ពួកគេប៉ុណ្ណោះ។ នេះគឺជាចំណុចល្អនៃភាពជាមនុស្ស ហើយក៏អាចចាត់ថ្នាក់ថាជាការសម្ដែងចេញនៃចរិតលក្ខណៈល្អផងដែរ។ អាកប្បកិរិយានៃការចូលចិត្តធ្វើទាន មិនអាក្រក់ទាល់តែសោះ ប៉ុន្តែមនុស្សមួយចំនួន ដោយសារតែពួកគេចូលចិត្តធ្វើទាន ពួកគេឧស្សាហ៍គិតថា៖ «ខ្ញុំជាមនុស្សសប្បុរស ខ្ញុំជាមនុស្សថ្លៃថ្នូរ ខ្ញុំជាមនុស្សចិត្តទូលាយ។ ជីវិតរបស់មនុស្សជាច្រើនបានប្រសើរឡើង បន្ទាប់ពីទទួលបានទាន និងជំនួយពីខ្ញុំ។ ខ្ញុំគឺជាមុខសញ្ញានៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនសង្គ្រោះមនុស្សដូចជាខ្ញុំទេ តើព្រះអង្គនឹងសង្គ្រោះមនុស្សប្រភេទណាទៅ?» ពួកគេឧស្សាហ៍ចាត់ទុកខ្លួនឯងថាជា «មនុស្សល្អដែលចូលចិត្តធ្វើទាន»។ ឧបមាថានរណាម្នាក់និយាយទៅកាន់ពួកគេថា៖ «ភាពជាមនុស្សរបស់អ្នកមិនល្អទេ។ អ្នកធ្វើរឿងជាច្រើនដែលផ្ទុយនឹងសេចក្ដីពិត ហើយអ្នកមិនស្រឡាញ់សេចក្ដីពិតឡើយ»។ បន្ទាប់ពីបានឮបែបនេះ ពួកគេនឹងខឹង។ តើមានបញ្ហាអ្វីនៅទីនេះ? គ្រួសាររបស់មនុស្សមួយចំនួន មានជីវភាពធូរធារគួរសម ហើយបងប្អូនប្រុសស្រីនៅជុំវិញពួកគេ សុទ្ធតែទទួលបានជំនួយពីពួកគេ។ ដូច្នេះ មនុស្សទាំងនោះឧស្សាហ៍រិះគិតថា៖ «ខ្ញុំបានប្រព្រឹត្តចំពោះមនុស្សទាំងនេះនៅក្នុងពួកជំនុំយ៉ាងល្អ។ ពួកគេសុទ្ធតែទទួលបានជំនួយខ្លះៗពីខ្ញុំ។ តើខ្ញុំមិនមានកិត្យានុភាព និងឋានៈនៅក្នុងចិត្តរបស់មនុស្សទាំងនេះទេឬអី? តើខ្ញុំមិនមែនជាអ្នកដែលមានកម្រិតសមត្ថភាពល្អបំផុត និងមានភាពជាមនុស្សល្អបំផុតនៅក្នុងពួកជំនុំទេឬអី? តើខ្ញុំមិនគួរធ្វើជាអ្នកដឹកនាំទេឬអី? តើបងប្អូនប្រុសស្រីមិនគួរស្ដាប់ខ្ញុំទាំងអស់គ្នាទេឬអី?»។ តើនេះជាបញ្ហាប្រភេទណា? តើនេះមិនមែនជាបញ្ហានៃនិស្ស័យពុករលួយទេឬអី? (មែនហើយ។) គ្រាន់តែដោយសារពួកគេមានអាកប្បកិរិយាល្អបន្តិចបន្តួច ពួកគេលែងដឹងពីកម្រិតពិតប្រាកដរបស់ខ្លួនឯងទៀតហើយ ពួកគេចាត់ទុកអាកប្បកិរិយានេះជាដើមទុន ដោយតែងតែចង់ធ្វើជាអ្នកដឹកនាំពួកជំនុំ ហើយពួកគេមានអំនួតកាន់តែខ្លាំង ដោយគិតថាពួកគេជាមនុស្សអស្ចារ្យ។ ពួកគេមិនយកនិស្ស័យពុករលួយផ្សេងៗដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាង មកផ្ទៀងផ្ទាត់នឹងខ្លួនឯងឡើយ។ ពួកគេជឿថា ការចូលចិត្តធ្វើទានរបស់ពួកគេ មានន័យថាពួកគេជាមនុស្សល្អ ថាពួកគេមិនមាននិស្ស័យពុករលួយណាមួយឡើយ ថាអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើគឺត្រឹមត្រូវ ហើយថាពួកគេគួរតែធ្វើជាអ្នកដឹកនាំ និងជាគោលគំរូនៅក្នុងពួកជំនុំ ព្រមទាំងថាបងប្អូនប្រុសស្រីគួរតែយកតម្រាប់តាមពួកគេទាំងអស់គ្នា។ តើទាំងនេះជាការបញ្ចេញឱ្យឃើញនូវអ្វី? (និស្ស័យពុករលួយ។) នេះបានឈានដល់កម្រិតនៃនិស្ស័យពុករលួយហើយ។ ទោះបីជាការចូលចិត្តធ្វើទាន គឺជាចំណុចល្អនៃភាពជាមនុស្សក៏ដោយ ប្រសិនបើនរណាម្នាក់វិនិច្ឆ័យខ្លួនឯងថាជាមនុស្សល្អ ដែលប្រាកដជាត្រូវបានសង្គ្រោះដោយសារតែរឿងនេះ តើគំនិត និងទស្សនៈប្រភេទនេះត្រឹមត្រូវដែរឬទេ? ពួកគេចាត់ទុកអាកប្បកិរិយាល្អរបស់ពួកគេក្នុងការចូលចិត្តធ្វើទាន ថាជាការមានចរិតលក្ខណៈល្អ និងសេចក្ដីទៀងត្រង់ដ៏ថ្លៃថ្នូរ ហើយថែមទាំងចាត់ទុកវាថាជាការអនុវត្តសេចក្ដីពិត និងការចុះចូលនឹងព្រះជាម្ចាស់ទៀតផង។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ។ នេះគឺជាភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ហើយជាការខ្វះការស្គាល់ខ្លួនឯងទាំងស្រុង។ ការចូលចិត្តធ្វើទាន អាចនិយាយបានថាជាអាកប្បកិរិយាល្អ។ យ៉ាងច្រើនបំផុត មនុស្សដែលចូលចិត្តធ្វើទាន មានចរិតលក្ខណៈល្អគួរសម ដែលល្អប្រសើរឆ្ងាយជាងចរិតលក្ខណៈរបស់អ្នកដែលកេងចំណេញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចអះអាងថាអ្នកជាមនុស្សល្អ ថាអ្នកគ្មាននិស្ស័យពុករលួយ និងមានតថភាពសេចក្ដីពិត ហើយថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាអ្នកដឹកនាំពួកជំនុំ ព្រមទាំងឈរខ្ពស់ជាងអ្នកដទៃ និងចេញបញ្ជា គ្រាន់តែដោយសារតែអ្នកមានអាកប្បកិរិយាល្អក្នុងការចូលចិត្តធ្វើទាននោះឡើយ។ នេះគឺជានិស្ស័យក្រអឺតក្រទម។ ទោះបីជាអ្នកចូលចិត្តធ្វើទាន និងជួយអ្នកដទៃ ដោយបង្ហាញអាកប្បកិរិយាល្អៗមួយចំនួននេះ ដែលជាចំណុចល្អនៃភាពជាមនុស្សក៏ដោយ ក៏វាមិនបានបញ្ជាក់ថាអ្នកគ្មាននិស្ស័យពុករលួយនោះទេ។ ប្រសិនបើអ្នកចាត់ទុកការចូលចិត្តធ្វើទាន និងការជួយអ្នកដទៃរបស់អ្នក ដូចជាដើមទុន ហើយបង្កើតមហិច្ឆតាចង់ក្លាយជាអ្នកដឹកនាំពួកជំនុំ និងចង់លើកតម្កើងខ្លួនឯងឱ្យខ្ពស់ជាងអ្នកដទៃ នោះនេះគឺជាបញ្ហានៃនិស្ស័យពុករលួយហើយ។ តើឥឡូវនេះ អ្នកអាចមើលឃើញពីភាពខុសគ្នាដែរឬទេ? ការមានចរិតលក្ខណៈល្អ មិនមែនមានន័យថាមនុស្សម្នាក់គ្មាននិស្ស័យពុករលួយឡើយ។ មនុស្សមួយចំនួន ជាទូទៅប្រាស្រ័យទាក់ទង និងសេពគប់ជាមួយអ្នកដទៃបានល្អគួរសម។ ពួកគេមិនកេងចំណេញពីអ្នកដទៃទេ ហើយពួកគេថែមទាំងធ្វើទាន និងជួយអ្នកដទៃទៀតផង។ ពួកគេមានចំណុចល្អនៃភាពជាមនុស្សខ្លះៗ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចំណាយពេលជាមួយពួកគេមួយរយៈ អ្នករកឃើញថាពួកគេក្រអឺតក្រទមខ្លាំងណាស់ ថាពួកគេចូលចិត្តអួតអាង ហើយថាជួនកាល ពួកគេថែមទាំងនិយាយកុហក និងមានភាពបោកបញ្ឆោតខ្លាំងទៀតផង។ ប្រសិនបើអ្នករិះគន់ពួកគេ ពួកគេបដិសេធមិនទទួលយកវាឡើយ ហើយមានភាពកាចសាហាវបន្តិច ដោយថែមទាំងវាយតុ និងនិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តើនរណាខ្លះដែលមិនធ្លាប់ទទួលបានទានពីខ្ញុំ? សាកសួរបងប្អូនប្រុសស្រីមើល។ តើខ្ញុំធ្លាប់កេងចំណេញពីនរណាម្នាក់ដែរឬទេ? តើខ្ញុំធ្លាប់ធ្វើបាប ឬធ្វើឱ្យនរណាម្នាក់ឈឺចាប់ដែរឬទេ?» តើការមិនធ្លាប់ធ្វើបាបអ្នកដទៃ ធ្វើឱ្យអ្នកក្លាយជាមនុស្សល្អមែនទេ? តើការមិនធ្វើបាបអ្នកដទៃ មិនមែនគ្រាន់តែជារឿងអប្បបរមាដែលមនុស្សម្នាក់គួរធ្វើទេឬអី? តើអ្នកមានហេតុផលអ្វីដែលត្រូវវាយឫកនោះ? ការមិនធ្លាប់ធ្វើបាប ឬធ្វើឱ្យនរណាម្នាក់ឈឺចាប់ គឺជាអ្វីដែលមនុស្សម្នាក់គួរធ្វើ។ វាមិនមែនជាដើមទុនឡើយ។ ការមិនកេងចំណេញពីអ្នកដទៃ មិនមែនមានន័យថាអ្នកអាចអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ អ្នកគួរតែរៀនឆ្លុះបញ្ចាំងពីខ្លួនឯង និងអាចទទួលយកការរិះគន់ និងជំនួយពីអ្នកដទៃបាន។ មានតែពេលនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សដែលមានវិចារណញ្ញាណ។ ឥឡូវនេះ អ្នកកំពុងត្រូវបានលួសកាត់ ពីព្រោះអ្នកបានបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ ហើយសកម្មភាពរបស់អ្នកមិនស្របនឹងសេចក្ដីពិតឡើយ។ នេះមិនមែនជាការបដិសេធការពិតដែលថា អាកប្បកិរិយាល្អរបស់អ្នកក្នុងការចូលចិត្តធ្វើទាន គឺជាអ្វីដែលវិជ្ជមាន ឬជាការបដិសេធចរិតលក្ខណៈរបស់អ្នកឡើយ។ ផ្ទុយទៅវិញ ការលួសកាត់ និងការលាតត្រដាង ត្រូវបានអនុវត្ត ពីព្រោះអ្នកបានធ្វើខុស និងបំពានគោលការណ៍សេចក្ដីពិត។ ប្រសិនបើអ្នកអាចទទួលយកវាបាន នោះអ្នកគឺជាមនុស្សដែលស្រឡាញ់សេចក្ដីពិត និងអាចអនុវត្តសេចក្ដីពិតបាន។ ប្រសិនបើអ្នកមិនទទួលយកវាទេ នោះការចូលចិត្តធ្វើទានរបស់អ្នក យ៉ាងច្រើនបំផុត គ្រាន់តែជាចំណុចល្អនៃភាពជាមនុស្សប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារតែភាពក្រអឺតក្រទម ទង្វើកាចសាហាវ និងសេចក្ដីទុច្ចរិតនៅក្នុងនិស្ស័យពុករលួយរបស់អ្នក ចូលមកត្រួតត្រា អ្នកមិនអាចទទួលយកសេចក្ដីពិតបានឡើយ ដូច្នេះ អ្នកពិតជាថោកទាប និងគ្មានតម្លៃទាល់តែសោះ។ នៅពេលប្រឈមមុខនឹងការលួសកាត់ មនុស្សប្រភេទនេះ បង្កភាពអុកឡុកយ៉ាងខ្លាំង និយាយអំពីលក្ខណៈសម្បត្តិរបស់ពួកគេ និងអួតអាងពីអាកប្បកិរិយាល្អបន្តិចបន្តួចដែលពួកគេធ្លាប់បង្ហាញ។ ពួកគេមានអាកប្បកិរិយាដូចជាឆ្កែឆ្កួត ដោយអុកឡុកឡាំប៉ា។ មុខមាត់ល្អបន្តិចបន្តួចដែលពួកគេមាននោះ បានរលាយបាត់ទាំងស្រុង ហើយធម្មជាតិរបស់ពួកគេ ត្រូវបានលាតត្រដាងទាំងស្រុង។ មនុស្សគ្រប់គ្នាមើលឃើញរឿងនេះយ៉ាងច្បាស់ ហើយនិយាយថា៖ «មនុស្សនេះមាននិស្ស័យពុករលួយយ៉ាងធ្ងន់ធ្ងរ។ គេគឺជាមនុស្សអាក្រក់ ជាមនុស្សកាចកោង! សំណាងហើយដែលគេមិនត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ។ ប្រសិនបើគេបានក្លាយជាអ្នកដឹកនាំពួកជំនុំ គេនឹងមិនអាចទ្រាំទ្រនឹងការរិះគន់សូម្បីតែបន្តិចបានឡើយ។ ប្រសិនបើនរណាម្នាក់ព្យាយាមដកហូតតំណែងគេ គេនឹងមិនបណ្ដោយឱ្យអ្នកនោះបានសុខឡើយ ហើយគេនឹងប្រយុទ្ធស្លាប់រស់ជាមួយអ្នកនោះមិនខាន។ នោះនឹងក្លាយជាមហន្តរាយហើយ!» ប្រសិនបើអ្នកគ្រាន់តែមើលទៅលើអាកប្បកិរិយាល្អមួយរបស់គេ ឬលក្ខណៈមួយនៃភាពជាមនុស្សរបស់គេ នោះអ្នកពិតជាមិនអាចមើលឃើញថាតើនិស្ស័យពុករលួយរបស់គេមានលក្ខណៈបែបណា តើអាកប្បកិរិយារបស់គេចំពោះសេចក្ដីពិតមានលក្ខណៈបែបណា ឬថាតើគេអាចចុះចូលនឹងសេចក្ដីពិតបានឬអត់នោះឡើយ។ នៅពេលដែលគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ ហើយបន្ទាប់មកឆ្លងកាត់ការលាតត្រដាង និងការលួសកាត់ នោះអាកប្បកិរិយារបស់គេចំពោះសេចក្ដីពិត នឹងលេចឡើងបន្តិចម្ដងៗ ហើយលេចចេញឱ្យឃើញ។ ហេតុដូច្នេះហើយ ចរិតលក្ខណៈរបស់មនុស្សម្នាក់ ឬចំណុចល្អ និងចំណុចខ្សោយនៃភាពជាមនុស្សរបស់គេ មិនអាចកំណត់ទាំងស្រុងថាតើគេទទួលយកសេចក្ដីពិតឬអត់នោះទេ។ ដោយមើលទៅលើចរិតលក្ខណៈរបស់គេ ឬចំណុចល្អ និងចំណុចខ្សោយនៃភាពជាមនុស្សរបស់គេ គេក៏មិនអាចមើលឃើញថាតើអាកប្បកិរិយារបស់គេចំពោះសេចក្ដីពិតមានលក្ខណៈបែបណាដែរ។ មានតែនៅពេលដែលគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ ឬនៅពេលដែលគេប្រឈមមុខនឹងការលាតត្រដាង និងការលួសកាត់ប៉ុណ្ណោះ ទើបអាកប្បកិរិយារបស់គេចំពោះសេចក្ដីពិតត្រូវបានបង្ហាញឱ្យឃើញ ហើយមានតែពេលនោះទេ ទើបគេអាចដឹងថាតើគេស្រឡាញ់សេចក្ដីពិតដែរឬទេ តើគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ និងថាតើគេមានសង្ឃឹមប៉ុនណាក្នុងការត្រូវបានសង្គ្រោះនៅទីបញ្ចប់។ តាមរយៈការចូលចិត្តធ្វើទាន និងការជួយអ្នកដទៃរបស់មនុស្សបែបនេះ អ្នកអាចមើលឃើញថាតើពួកគេមានចំណុចល្អ និងភាពខ្វះខាតនៃភាពជាមនុស្សអ្វីខ្លះ។ បន្ទាប់មក តាមរយៈបញ្ហាជាបន្តបន្ទាប់របស់ពួកគេ ដូចជាការដែលពួកគេក្លាយជាមនុស្សក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ព្រមទាំងចង់ក្លាយជាអ្នកដឹកនាំ និងឈរខ្ពស់ជាងអ្នកដទៃ ដោយសារតែការចូលចិត្តធ្វើទាន និងការជួយអ្នកដទៃរបស់ពួកគេ អ្នកអាចមើលឃើញយ៉ាងច្បាស់ពីអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត។ ហើយដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត អ្នកអាចមើលឃើញយ៉ាងច្បាស់ថាតើពួកគេអាចសម្រេចបានសេចក្ដីសង្គ្រោះដែរឬទេ។ តាមរយៈអាកប្បកិរិយាទាំងនេះ អ្នកអាចញែកដឹងពីចំណុចល្អ និងចំណុចខ្សោយនៃភាពជាមនុស្សរបស់ពួកគេ ញែកដឹងពីចរិតលក្ខណៈរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានេះ រៀនបែងចែកឱ្យដឹងពីភាពខុសគ្នារវាងភាពជាមនុស្ស និងនិស្ស័យពុករលួយ ប៉ុន្តែអ្នកមិនអាចដឹងបានទាំងស្រុងថាតើទីបំផុត ពួកគេអាចត្រូវបានសង្គ្រោះ ឬថាតើលទ្ធផលរបស់ពួកគេនឹងមានលក្ខណៈបែបណានោះទេ។ ការវិនិច្ឆ័យថាតើនរណាម្នាក់អាចត្រូវបានសង្គ្រោះឬអត់ គឺមានភាពស្មុគស្មាញជាងនេះបន្តិច។ អ្នកក៏ត្រូវមើលផងដែរថាតើពួកគេអាចទទួលយកសេចក្ដីពិត ឆ្លុះបញ្ចាំងពីខ្លួនឯង និងមានការប្រែចិត្តពិតប្រាកដដែរឬទេ នៅពេលដែលពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ។ ត្រូវវិនិច្ឆ័យរឿងនេះដោយផ្អែកលើទិដ្ឋភាពទាំងនេះ។
ការចូលចិត្តចូលចំណោមគេ និងការមិនចូលចំណោមគេ
ការចូលចិត្តចូលចំណោមគេ។ តើនេះជាទិដ្ឋភាពអ្វី? (លក្ខខណ្ឌពីកំណើត។) នេះគឺជាលក្ខខណ្ឌពីកំណើត ជាវិធីសាស្ត្រសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ នៅពេលស្ថិតក្នុងចំណោមក្រុមមនុស្ស។ មនុស្សមួយចំនួនចូលចិត្តសេពគប់ជាមួយអ្នកដទៃ ពួកគេមិនចេះធុញទ្រាន់នឹងរឿងនេះឡើយ ហើយមិនថាអ្នកដទៃមានបុគ្គលិកលក្ខណៈបែបណានោះទេ ពួកគេអាចសេពគប់ ហើយក៏ស្ម័គ្រចិត្តសេពគប់ជាមួយអ្នកទាំងនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនចូលចិត្តចៀសវាងកន្លែងដែលមានមនុស្សច្រើន ហើយមិនចង់សេពគប់ជាមួយអ្នកដទៃឡើយ។ រឿងនេះមានទំនាក់ទំនងខ្លះទៅនឹងបុគ្គលិកលក្ខណៈពីកំណើតរបស់មនុស្សម្នាក់។ នៅពេលដែលវាពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈ នោះវាច្បាស់ជាពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើតហើយ។ ការចូលចិត្តចូលចំណោមគេ មានទំនាក់ទំនងទៅនឹងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់។ វាមិនពាក់ព័ន្ធនឹងចំណុចល្អ ឬភាពខ្វះខាតនៃភាពជាមនុស្សឡើយ ហើយប្រាកដណាស់ថា វាមិនពាក់ព័ន្ធនឹងនិស្ស័យពុករលួយណាមួយឡើយ។ នេះគឺជាការសម្ដែងចេញដែលសាមញ្ញគួរសម។ ការមិនចូលចំណោមគេ។ តើនេះស្ថិតក្នុងទិដ្ឋភាពអ្វី? (វាជាផ្នែកមួយនៃបុគ្គលិកលក្ខណៈពីកំណើតរបស់មនុស្សម្នាក់។) (វាជាភាពខ្វះខាតនៃភាពជាមនុស្ស។) មានការខ្វែងគំនិតគ្នានៅទីនេះ។ ដូច្នេះ តើការមិនចូលចំណោមគេ ជាបញ្ហាប្រភេទអ្វីទៅ? (ការមិនចូលចំណោមគេ បង្ហាញថាបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់នោះមិនល្អ។) ការមានបុគ្គលិកលក្ខណៈមិនល្អ គឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ បុគ្គលិកលក្ខណៈនេះឯង ក៏ជាទិដ្ឋភាពមួយនៃលក្ខខណ្ឌពីកំណើតរបស់មនុស្សម្នាក់ផងដែរ ដូច្នេះ លក្ខណៈនៃការមិនចូលចំណោមគេនេះ គឺជាលក្ខខណ្ឌពីកំណើតផង និងជាភាពខ្វះខាតនៃភាពជាមនុស្សផង។ នេះមិនមែនជានិស្ស័យពុករលួយឡើយ ហើយមិនពាក់ព័ន្ធនឹងការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់ឡើយ។ ការមិនចូលចំណោមគេ មានន័យថា តែងតែចៀសវាងមនុស្ស មិនចង់ចែករំលែកគំនិតរបស់ខ្លួនជាមួយអ្នកដទៃ ចូលចិត្តធ្វើអ្វីៗតែម្នាក់ឯង មិនចូលចិត្តសេពគប់ជាមួយអ្នកដទៃ និងមិនចូលចិត្តរស់នៅក្នុងចំណោមមនុស្ស។ មនុស្សបែបនេះ ចូលចិត្តតែនៅក្នុងកន្លែងដែលមានតែខ្លួនម្នាក់ឯង ឬនៅជ្រុងណាមួយប៉ុណ្ណោះ។ នៅពេលដែលមានមនុស្សច្រើន ពួកគេមិនចង់និយាយស្ដីឡើយ។ ពួកគេមិនពូកែប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើយ។ នៅពេលដែលពួកគេប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ពួកគេមានអារម្មណ៍ថប់បារម្ភ និងភ័យស្លន់ស្លោ ឬធ្លាក់ចូលក្នុងស្ថានភាពគួរឱ្យខ្មាសអៀន និងឆ្គងមួយចំនួន។ នេះគឺជាបញ្ហាបុគ្គលិកលក្ខណៈនៅក្នុងលក្ខខណ្ឌពីកំណើត ហើយប្រាកដណាស់ថា វាក៏ជាភាពខ្វះខាតនៃភាពជាមនុស្សផងដែរ តើមែនទេ? (មែនហើយ។)
ភាពកំសាក និងភាពក្លាហាន
ឥឡូវនេះ ចូរយើងក្រឡេកមើលភាពកំសាក។ តើនេះជាបញ្ហាប្រភេទអ្វី? (លក្ខខណ្ឌពីកំណើត។) (ភាពខ្វះខាតនៃភាពជាមនុស្ស។) វាគឺជាលក្ខខណ្ឌពីកំណើត ហើយក៏ជាភាពខ្វះខាតនៃភាពជាមនុស្សផងដែរ។ ចូរប្រាប់ខ្ញុំមើល តើការមានភាពកំសាក មានន័យដូចម្ដេច? ការខ្លាចមិនហ៊ានចេញក្រៅនៅពេលយប់ ការខ្លាចកណ្ដុរ ក្អែប និងខ្យាដំរី ក៏ដូចជាការខ្លាចមានបញ្ហា និងការមិនចង់ប្រឈមមុខនឹងបញ្ហាស្មុគស្មាញ។ ទាំងនេះសុទ្ធតែជាការសម្ដែងចេញនៃភាពកំសាក។ មនុស្សមួយចំនួនសន្លប់ដោយសារការភ័យខ្លាច នៅពេលដែលពួកគេឃើញពស់។ មនុស្សមួយចំនួនភ័យខ្លាចរហូតដល់ញ័រពេញខ្លួន នៅពេលដែលពួកគេឮអំពីគ្រោះថ្នាក់ចរាចរណ៍។ មនុស្សមួយចំនួន ពេលឮថាអ្នកជឿលើព្រះជាម្ចាស់ត្រូវបានគេបៀតបៀន ហើយអាចត្រូវបានគេចាប់ខ្លួន កាត់ទោស និងដាក់ពន្ធនាគារ ពួកគេក៏ភ័យខ្លាចរហូតដល់មិនហ៊ានជឿ។ ក៏មានអ្នកដែលមិនហ៊ានជិះរថភ្លើងហោះផងដែរ។ មនុស្សបែបនេះ មិនហ៊ានចូលរួម ឬសាកល្បងអ្វីឡើយ ប្រសិនបើមានរឿងសូម្បីតែបន្តិចបន្តួចដែលពួកគេមិនអាចមើលធ្លុះ ឬប្រសិនបើវាជារឿងដែលពួកគេមិនធ្លាប់ធ្វើពីមុនមក។ ពួកគេមិនត្រឹមតែមិនហ៊ានសាកល្បងការងារគ្រោះថ្នាក់ ឬសកម្មភាពគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ខ្លាចក្នុងការធ្វើរឿងដែលមនុស្សធម្មតាគួរធ្វើនៅក្នុងជីវិតប្រចាំថ្ងៃផងដែរ។ ឧទាហរណ៍៖ ប្រសិនបើគេប្រាប់ឱ្យរៀនបើកបរ ពួកគេនិយាយថា៖ «ខ្ញុំមិនហ៊ានបើកបរទេ។ មានឡានច្រើនណាស់នៅលើផ្លូវ ហើយពួកគេបើកលឿនណាស់។ ចុះបើខ្ញុំត្រូវគេបុក តើនឹងមានរឿងអ្វីកើតឡើង?» មាននរណាម្នាក់និយាយថា៖ «ហេតុអ្វីបានជាអ្នកតែងតែបារម្ភអំពីឡានបុកអ៊ីចឹង? តើអ្នកមិនអាចគ្រាន់តែប្រុងប្រយ័ត្នជាងមុនបន្តិច នៅពេលបើកបរទេឬអី?» ប៉ុន្តែ ពួកគេនៅតែភ័យខ្លាចដដែល៖ «នៅពេលដែលឡានចាប់ផ្ដើមរំកិល វាហួសពីការគ្រប់គ្រងរបស់ខ្ញុំហើយ។ ប្រសិនបើការបុកគ្នាកើតឡើងមែន គ្មាននរណាម្នាក់អាចគ្រប់គ្រងវាបានឡើយ!» ពួកគេតែងតែគិតក្នុងផ្លូវអវិជ្ជមាន ដូច្នេះ ពួកគេមិនអាចសម្រេចអ្វីបានឡើយ។ ភាពកំសាក គឺជាលក្ខខណ្ឌពីកំណើត ហើយវាក៏ជាភាពខ្វះខាតនៃភាពជាមនុស្សផងដែរ។ មនុស្សកំសាក មានការប្រុងប្រយ័ត្នជ្រុល និងល្អិតល្អន់នៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ជាធម្មតា ពួកគេមិនធ្វើកំហុសធំដុំ ឬប្រព្រឹត្តអំពើខុសឆ្គងធំដុំឡើយ។ ប៉ុន្តែ មិនថាមើលពីជ្រុងណានោះទេ នេះមិនអាចចាត់ទុកថាជាចំណុចល្អឡើយ។ នេះគឺជាភាពខ្វះខាតនៃភាពជាមនុស្ស។ ចុះចំណែកឯភាពក្លាហានវិញ? តើពាក្យអ្វីខ្លះដែលជាទូទៅត្រូវបានភ្ជាប់ទៅនឹងភាពក្លាហាន? (ការក្លាហានបែបល្ងង់ខ្លៅ ការប្រព្រឹត្តដោយមិនខ្វល់ពីខុសត្រូវដោយសារភាពក្លាហាន។) «ការប្រព្រឹត្តដោយមិនខ្វល់ពីខុសត្រូវដោយសារភាពក្លាហាន» «ការក្លាហានហួសហេតុ» និង «ថ្លើមពាសមេឃ» សុទ្ធតែសំដៅទៅលើភាពក្លាហាន។ ដូច្នេះ តើភាពក្លាហានជារឿងល្អ ឬមិនល្អ? (វាអាស្រ័យលើរឿងនោះ។) វាអាស្រ័យលើស្ថានភាព និងថាតើពួកគេជាមនុស្សប្រភេទណា។ ប្រសិនបើមើលពីជ្រុងនៃភាពជាមនុស្ស ភាពក្លាហានមិនអាចចាត់ថ្នាក់ជាចំណុចល្អ ឬភាពខ្វះខាតឡើយ។ យើងនឹងចាត់ថ្នាក់វាជាលក្ខខណ្ឌពីកំណើត។ ភាពក្លាហានរបស់មនុស្សម្នាក់ ត្រូវតែពិចារណាទៅតាមរឿងនីមួយៗ។ បន្ថែមពីនេះ អ្នកត្រូវមើលថាតើពួកគេមានព្រំដែនក្នុងការប្រព្រឹត្តរបស់ពួកគេដែរឬទេ ហើយថាតើចរិតលក្ខណៈរបស់ពួកគេមានលក្ខណៈបែបណា។ ប្រសិនបើចរិតលក្ខណៈរបស់ពួកគេអាក្រក់ ភាពក្លាហានអាចនាំឱ្យពួកគេបំពានច្បាប់ ប្រព្រឹត្តអំពើអាក្រក់ និងប្រព្រឹត្តបទឧក្រិដ្ឋ ដោយទាញយកប្រយោជន៍ រកប្រាក់ចំណូលដោយទុច្ចរិត ព្រមទាំងបោកប្រាស់ និងឆបោកអ្នកដទៃនៅគ្រប់ទីកន្លែង។ ប្រសិនបើនរណាម្នាក់ផ្ដល់ប្រាក់ឱ្យពួកគេដើម្បីប្រព្រឹត្តអំពើខុសឆ្គង ពួកគេហ៊ានប្រព្រឹត្តអំពើនោះ។ ដើម្បីទាញយកប្រយោជន៍ ពួកគេហ៊ានប្រព្រឹត្តអំពើអាក្រក់អ្វីក៏ដោយ ដោយមិនខ្វល់ពីផលវិបាក ឬគិតគូរដល់អ្នកដទៃឡើយ។ តើការប្រព្រឹត្តដោយមិនខ្វល់ពីខុសត្រូវដោយសារភាពក្លាហានបែបនេះ ជារឿងល្អដែរឬទេ? (ទេ មិនល្អទេ។) មនុស្សមួយចំនួនបោកប្រាស់អ្នកដទៃនៅគ្រប់ទីកន្លែង ដើម្បីតែមុខជំនួញរបស់ពួកគេ។ មុខជំនួញដែលពួកគេដំណើរការ គឺខុសច្បាប់។ វាគ្រាន់តែជាក្រុមហ៊ុនសំបកក្រៅ ដែលគ្មានប្រតិបត្តិការជាក់ស្ដែងប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារតែភាពក្លាហានរបស់ពួកគេ រួមផ្សំនឹងសមត្ថភាពក្នុងការបោកប្រាស់ ពួកគេក៏រកបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាបណ្ដោះអាសន្ន រស់នៅក្នុងវីឡា និងបើកបររថយន្តប្រភេទស៊ីដាន។ ពួកគេសោយសុខនឹងជីវិតដ៏ល្អប្រសើរ ប៉ុន្តែប្រាក់ និងទ្រព្យសម្បត្តិដែលពួកគេយកមកសោយសុខនោះ សុទ្ធតែទទួលបានមកពីការបោកប្រាស់ ដែលជាលទ្ធផលនៃភាពក្លាហានរបស់ពួកគេ។ តើនេះជារឿងល្អដែរឬទេ? ចូរប្រាប់ខ្ញុំមើល តើភាពក្លាហាននេះល្អដែរឬទេ? (ទេ មិនល្អទេ។) ហេតុដូច្នេះហើយ នៅពេលនិយាយដល់មនុស្សក្លាហាន អ្នកត្រូវមើលផ្លូវដែលពួកគេដើរ។ ប្រសិនបើពួកគេហ៊ានបោកប្រាស់ និងឆបោកអ្នកដទៃដោយសារតែភាពក្លាហានរបស់ពួកគេ នោះពួកគេកំពុងប្រព្រឹត្តអំពើអាក្រក់ដ៏ធំហើយ។ កាលណាអ្នកបោកប្រាស់កាន់តែច្រើន ហើយអ្នកទាញយកប្រយោជន៍ពីអ្នកដទៃកាន់តែច្រើន នោះការដាក់ទោសដែលអ្នកនឹងទទួលបាននៅថ្ងៃអនាគត ក៏កាន់តែធ្ងន់ធ្ងរដែរ តើមែនទេ? តើនេះមិននាំមកនូវមហន្តរាយទេឬអី? (មែនហើយ។) ប្រសិនបើអ្នកកំសាក ហើយចង់បោកប្រាស់ និងឆបោកអ្នកដទៃ នោះអ្នកនឹងបោកប្រាស់តិចជាងនេះបន្តិច ហើយការដាក់ទោសដែលអ្នកទទួលបាននៅថ្ងៃអនាគត ក៏នឹងស្រាលជាងដែរ។ ដូច្នេះ សម្រាប់មនុស្សបែបនេះ ដែលមិនដើរក្នុងផ្លូវត្រូវ តើការមានភាពកំសាកបន្តិច ឬការមានភាពក្លាហានបន្តិច មួយណាល្អជាង? (ការមានភាពកំសាកបន្តិច គឺល្អជាង។) សម្រាប់មនុស្សទាំងនេះ ដែលមិនដើរក្នុងផ្លូវត្រូវ ដែលអាចបោកប្រាស់ និងឆបោកអ្នកដទៃបាន ដែលមិនខ្វល់ពីច្បាប់ និងតែងតែព្យាយាមឆ្លៀតប្រើចន្លោះប្រហោងផ្លូវច្បាប់ ដើម្បីកើបយកប្រាក់ចំណេញយ៉ាងច្រើនភ្លាមៗ ហើយដែលអាចបំពានច្បាប់បានគ្រប់ពេលវេលា ភាពក្លាហានគឺជាមហន្តរាយ។ វាគឺជាភាពខ្វះខាត និងជាចំណុចខ្សោយនៃភាពជាមនុស្សរបស់ពួកគេ។ ផ្ទុយទៅវិញ ភាពកំសាកក្លាយជារឿងល្អ។ វាថែមទាំងជាការការពារសម្រាប់ពួកគេទៀតផង។ មនុស្សកំសាក រកប្រាក់បានខ្លះ ដើម្បីពួកគេអាចផ្គត់ផ្គង់តម្រូវការជាមូលដ្ឋានរបស់គ្រួសារ និងខ្លួនឯង ហើយក៏សោយសុខនឹងរបស់ប្រណីតៗខ្លះ រួចក៏ឈប់ត្រឹមហ្នឹង។ ការដាក់ទោសដែលពួកគេទទួលបាននៅថ្ងៃអនាគត នឹងស្រាលជាង។ មនុស្សក្លាហាន ហ៊ានប្រព្រឹត្តអំពើខុសឆ្គងដោយមិនខ្វល់ពីខុសត្រូវ ព្រមទាំងឆបោក និងបោកប្រាស់អ្នកដទៃ ព្រមទាំងយករបស់ដែលជារបស់អ្នកដទៃ ដើម្បីឱ្យខ្លួនឯងមានរបស់សម្រាប់សោយសុខកាន់តែច្រើន។ ពួកគេទាញយកប្រយោជន៍ពីអ្នកដទៃ។ តើពួកគេមិនត្រូវសងវិញនៅថ្ងៃអនាគតទេឬអី? (មែនហើយ។) ប្រសិនបើពួកគេមានជាតិក្រោយ ការដាក់ទោសដែលពួកគេទទួលបាននៅពេលនោះ នឹងធ្ងន់ធ្ងរ។ ពួកគេប្រហែលជាមិនអាចសងវាឱ្យបានពេញលេញ ក្នុងមួយជាតិ ឬពីរជាតិឡើយ។ មនុស្សមួយចំនួនចំណាយពេលពេញមួយជីវិតរបស់ពួកគេ ដើម្បីបើកភោជនីយដ្ឋាន ឬធ្វើជំនួញ ដោយរកបានទ្រព្យសម្បត្តិមួយលាន ឬពីរលាន ឬសូម្បីតែរាប់សិបលាន ប៉ុន្តែពួកគេមិនបានសោយសុខនឹងរបស់ទាំងនោះដោយខ្លួនឯងឡើយ ព្រោះវាទាំងអស់ត្រូវបានប្រើប្រាស់ដើម្បីសងបំណុល។ សូម្បីតែនៅពេលដែលពួកគេមានអាយុខ្ទង់ចិតសិប ឬខ្ទង់ប៉ែតសិបឆ្នាំក៏ដោយ ក៏ពួកគេនៅតែសងមិនទាន់អស់ដដែល។ តើហេតុអ្វីបានជាដូច្នេះ? នេះគឺជាផលកម្ម។ ប្រហែលជាដោយសារតែនៅក្នុងជាតិមុនៗរបស់ពួកគេ ពួកគេបានយកពីអ្នកដទៃច្រើនពេកដោយសារតែភាពលោភលន់ ដូច្នេះ ពួកគេបានបន្តសងបំណុលក្នុងរយៈពេលប៉ុន្មានជាតិនេះ។ តើវាមិនមែនដោយសារតែនៅក្នុងជាតិមុនៗរបស់ពួកគេ ពួកគេលោភលន់ពេក ក្លាហានពេក និងទាញយកប្រយោជន៍ពីអ្នកដទៃច្រើនពេក ដែលបណ្ដាលឱ្យមានផលកម្មនៅក្នុងជាតិនេះទេឬអី? (មែនហើយ។) សម្រាប់មនុស្សដែលមិនដើរក្នុងផ្លូវត្រូវ ការមានភាពកំសាកបន្តិច គឺជាការការពារសម្រាប់ពួកគេ ចំណែកឯភាពក្លាហាន គឺជាសញ្ញាអាក្រក់។
ប្រសិនបើមនុស្សម្នាក់ដើរក្នុងផ្លូវត្រូវ តើភាពក្លាហានជារឿងល្អដែរឬទេ? (មែនហើយ។) តើវាល្អត្រង់ណា? (ប្រសិនបើគាត់ក្លាហាន គាត់នៅតែអាចតស៊ូក្នុងការជឿលើព្រះជាម្ចាស់ នៅពេលប្រឈមមុខនឹងការបៀតបៀន។) ភាពក្លាហាននេះ មិនមែនគ្រាន់តែសំដៅទៅលើភាពក្លាហានខាងសាច់ឈាមប៉ុណ្ណោះទេ។ ប្រសិនបើវាជាប្រភេទភាពក្លាហាន ដែលជាភាពក្លាហានខាងសាច់ឈាម នោះវាគឺជាការធ្វើអ្វីដោយមិនគិតពីគ្រោះថ្នាក់ និងការធ្វើអ្វីដោយមិនពិចារណា។ វាមានលក្ខណៈឆេវឆាវ និងងងឹតងងល់បន្តិច។ ឧទាហរណ៍៖ ប្រសិនបើអ្នកក្លាហាន ហើយអ្នកត្រូវបានគេចាប់ខ្លួនដោយសារការជឿលើព្រះជាម្ចាស់ តើអ្នកនឹងខ្លាចការធ្វើទារុណកម្មដែរឬទេ? តើអ្នកនឹងខ្លាចសេចក្ដីស្លាប់ដែរឬទេ? តើអ្នកនឹងខ្លាចការជាប់ពន្ធនាគាររយៈពេលម្ភៃ ឬសាមសិបឆ្នាំដែរឬទេ? ប្រសិនបើអ្នកខ្លាច នោះការដែលអ្នកនិយាយថា៖ «ខ្ញុំមិនខ្លាចទេ» នៅពេលដែលអ្នកចាប់ផ្ដើមជឿលើព្រះជាម្ចាស់ គឺជាការធ្វើអ្វីដោយមិនគិតពីគ្រោះថ្នាក់ មិនមែនជាភាពក្លាហានពិតប្រាកដឡើយ។ តើការសម្ដែងចេញបែបណា ដែលមិនមែនជាការធ្វើអ្វីដោយមិនគិតពីគ្រោះថ្នាក់? គឺនៅពេលដែលអ្នកចាប់ផ្ដើមជឿលើព្រះជាម្ចាស់ អ្នកមានភាពក្លាហានខ្លះ ប៉ុន្តែអ្នកក៏មានសេចក្ដីជំនឿពិតប្រាកដផងដែរ។ តើសេចក្ដីជំនឿពិតប្រាកដនេះ សំដៅទៅលើអ្វី? វាមានន័យថា ក្នុងការជឿលើព្រះជាម្ចាស់ អ្នកមានការប្ដេជ្ញាចិត្តថា៖ «ប្រសិនបើខ្ញុំត្រូវបានគេបៀតបៀន ចាប់ខ្លួន និងធ្វើទារុណកម្មដោយសារការជឿលើព្រះជាម្ចាស់ ខ្ញុំត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីបូជាជីវិតរបស់ខ្ញុំ។ មិនថាខ្ញុំត្រូវគេធ្វើបាបយ៉ាងណា ឬដល់កម្រិតណានោះទេ ខ្ញុំនឹងមិនក្បត់ពួកជំនុំ ឬក្លាយជាយូដាសឡើយ។ ខ្ញុំមិនខ្លាចស្លាប់ទេ!» នេះគឺជាទិដ្ឋភាពមួយ។ ទិដ្ឋភាពមួយទៀតគឺថា ប្រសិនបើអ្នកពិតជាត្រូវបានគេចាប់ខ្លួន និងបៀតបៀនមែន ហើយនាគដ៏ធំមានសម្បុរក្រហមគំរាមកំហែងអ្នក ដើម្បីឱ្យអ្នកក្បត់ពួកជំនុំ អ្នកអាចមើលធ្លុះឧបាយកលរបស់សាតាំង ហើយមិនត្រូវបានវារឹតត្បិតឡើយ ព្រមទាំងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ដោយនិយាយថា៖ «អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងមនុស្សម្នាក់ រួមទាំងជីវិត និងសេចក្ដីស្លាប់របស់គាត់ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ខ្ញុំមិនខ្លាចទេ!» នេះមិនមែនជាការធ្វើអ្វីដោយមិនគិតពីគ្រោះថ្នាក់ ឬគ្រាន់តែជាភាពក្លាហាននោះទេ។ នេះគឺជាសេចក្ដីជំនឿពិតប្រាកដ។ ការមានសេចក្ដីជំនឿពិតប្រាកដនេះ និងការដែលអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកបាន គឺជាចំណុចល្អរបស់អ្នក។ ឧបមាថា អ្នកមិនមានសេចក្ដីជំនឿពិតប្រាកដទេ ហើយគ្រាន់តែនិយាយថា៖ «ខ្ញុំមិនខ្លាចទេ។ យ៉ាងអាក្រក់បំផុត គឺគ្រាន់តែស្លាប់ប៉ុណ្ណោះ» ប៉ុន្តែនៅពេលដែលអ្នកប្រឈមមុខនឹងការចាប់ខ្លួន អ្នកភ័យខ្លាចរហូតដល់នោមដាក់ខោ។ បន្ទាប់ពីត្រូវបានគេចាប់ខ្លួន រឿងដំបូងដែលអ្នកគិតគឺ៖ «តើខ្ញុំនឹងត្រូវគេធ្វើទារុណកម្មដែរឬទេ? តើសាច់ឈាមរបស់ខ្ញុំនឹងរងទុក្ខដែរឬទេ? ប្រសិនបើដែកដុតក្ដៅដោយអគ្គិសនី ត្រូវគេយកមកសង្កត់លើរាងកាយរបស់ខ្ញុំ តើខ្ញុំអាចទ្រាំទ្របានដែរឬទេ? ប្រសិនបើការធ្វើទារុណកម្មនោះធ្ងន់ធ្ងរ តើខ្ញុំនឹងស្លាប់ដែរឬទេ? ប្រសិនបើខ្ញុំស្លាប់ តើព្រះជាម្ចាស់នឹងមិននឹកចាំពីខ្ញុំទេឬអី? តើខ្ញុំនឹងមិនអាចសម្រេចបានសេចក្ដីសង្គ្រោះទេឬអី? ប្រសិនបើខ្ញុំពិតជាមិនអាចទ្រាំទ្របានមែន ខ្ញុំនឹងក្បត់ពួកជំនុំ ហើយក្លាយជាយូដាស។ ប្រសិនបើខ្ញុំត្រូវគេដាក់ទោស និងបំផ្លាញចោល បន្ទាប់ពីខ្ញុំក្លាយជាយូដាស ក៏បណ្ដោយទៅចុះ។ យ៉ាងហោចណាស់ ខ្ញុំនឹងមិនរងការឈឺចាប់នៅពេលនេះដែរ»។ ក្នុងករណីនោះ តើអ្នកមិនមែនកំពុងបាត់បង់ទីបន្ទាល់របស់អ្នកទេឬអី? ឧបមាថា បន្ទាប់មក គណបក្សកុម្មុយនីស្តគំរាមកំហែងអ្នក ដោយប្រើគ្រួសាររបស់អ្នកដើម្បីគាបសង្កត់អ្នក មិនអនុញ្ញាតឱ្យកូនៗរបស់អ្នកចូលរៀននៅសាកលវិទ្យាល័យ បដិសេធមិនឱ្យឪពុកម្ដាយរបស់អ្នកទទួលបានការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ដកហូតសិទ្ធិទាំងអស់របស់គ្រួសារអ្នក នោះអ្នកនឹងភ័យខ្លាច ហើយមិនមានសេចក្ដីជំនឿពិតប្រាកដឡើយ។ តើភាពក្លាហានរបស់អ្នកនឹងបាត់ទៅណា? តើអ្នកពិតជាក្លាហានមែនឬ? ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿពិតប្រាកដទេ នោះភាពក្លាហានរបស់អ្នក គ្រាន់តែជាការធ្វើអ្វីដោយមិនគិតពីគ្រោះថ្នាក់ប៉ុណ្ណោះ។ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿពិតប្រាកដប៉ុណ្ណោះ ទើបភាពក្លាហានរបស់អ្នកពិតប្រាកដ។ មុនពេលត្រូវបានគេចាប់ខ្លួន ប្រសិនបើអ្នកគិតថា៖ «ព្រះជាម្ចាស់នឹងមិនបណ្ដោយឱ្យខ្ញុំត្រូវគេចាប់ខ្លួនឡើយ» ហើយអ្នកកាន់តែមានភាពក្លាហានដោយសារតែគំនិតនេះ នោះមិនមែនជាភាពរឹងប៉ឹងពិតប្រាកដ ឬសេចក្ដីជំនឿពិតប្រាកដឡើយ។ ឧបមាថា មុនពេលត្រូវបានគេចាប់ខ្លួន អ្នកបានគិតគូរពីរឿងទាំងអស់នេះឱ្យបានច្បាស់លាស់រួចហើយ ហើយនិយាយថា៖ «ជីវិត និងសេចក្ដីស្លាប់របស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់ពិតជាចង់យកជីវិតរបស់ខ្ញុំមែន ខ្ញុំគួរតែចុះចូល។ ចំណែកឯគោលដៅអនាគតរបស់ខ្ញុំវិញ គឺត្រូវបានកំណត់ដោយព្រះបន្ទូលតែមួយម៉ាត់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ទោះបីជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងណា ហើយទោះបីជាព្រះអង្គប្រទានគោលដៅបែបណាដល់ខ្ញុំក៏ដោយ ក៏វាសុទ្ធតែជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែរ ហើយខ្ញុំនឹងចុះចូល។ ប្រសិនបើព្រះជាម្ចាស់រៀបចំឱ្យខ្ញុំស្លាប់នៅក្នុងពន្ធនាគារ នោះគឺជាកិត្តិយសរបស់ខ្ញុំ។ ខ្ញុំសុខចិត្តថ្វាយជីវិតនេះដល់ព្រះជាម្ចាស់។ មិនថាខ្ញុំជួបប្រទះនឹងការរងទុក្ខធំធេងយ៉ាងណានោះទេ ខ្ញុំនឹងមានគោលជំនឿមួយដែលមិនផ្លាស់ប្ដូរ គឺខ្ញុំប្រគល់ជីវិតរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយមិនថាសាតាំងធ្វើបាបខ្ញុំ បំផ្លិចបំផ្លាញខ្ញុំ ឬធ្វើទារុណកម្មលើរូបខ្ញុំយ៉ាងណានោះទេ ខ្ញុំនឹងមិនចុះញ៉មនឹងវាឡើយ។ ខ្ញុំមិនព្រួយបារម្ភថាតើខ្ញុំនឹងស្លាប់ ឬអត់នោះទេ។ សូម្បីតែខ្ញុំស្លាប់ ក៏វាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយព្រះអង្គបានកំណត់វាទុកជាមុនដែរ។ ខ្ញុំនៅតែអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ដដែល!» នេះគឺជាប្រភេទសេចក្ដីជំនឿដែលអ្នកត្រូវតែមាន។ មានតែសេចក្ដីជំនឿបែបនេះប៉ុណ្ណោះ ទើបអ្នកអាចមានភាពក្លាហានពិតប្រាកដបាន។ ឧបមាថា មុនពេលត្រូវបានគេចាប់ខ្លួន មុនពេលរឿងនោះកើតឡើងចំពោះអ្នកពិតមែន អ្នកបានមើលធ្លុះរឿងទាំងនេះ មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹង និងការទទួលយកពិតប្រាកដអំពីរឿងជីវិត និងសេចក្ដីស្លាប់ ហើយអ្នកអាចប្រគល់ខ្លួនអ្នកទាំងស្រុងទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលអ្នកពិតជាត្រូវបានគេចាប់ខ្លួន និងប្រឈមមុខនឹងលទ្ធភាពនៃសេចក្ដីស្លាប់ ការយល់ដឹងទាំងនេះនៅក្នុងចិត្តរបស់អ្នកនៅតែមិនផ្លាស់ប្ដូរ នោះសេចក្ដីជំនឿរបស់អ្នកនឹងមិនរង្គោះរង្គើឡើយ។ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើសេចក្ដីជំនឿរបស់អ្នកមិនត្រូវបានកម្ទេច ឬយកឈ្នះទេ នោះអ្នកនឹងតែងតែមានភាពក្លាហានជានិច្ច។ ឧបមាថា មុនពេលត្រូវបានគេចាប់ខ្លួន មុនពេលរឿងនោះកើតឡើងចំពោះអ្នកពិតមែន អ្នកមិនបានគិតគូរពីរឿងទាំងនេះឱ្យបានច្បាស់លាស់ទេ ហើយគ្រាន់តែគិតតាមការចង់បានរបស់ខ្លួនថា៖ «ខ្ញុំសុខចិត្តថ្វាយជីវិតរបស់ខ្ញុំ។ ជីវិតរបស់ខ្ញុំត្រូវបានប្រទានដោយព្រះជាម្ចាស់។ យ៉ាងអាក្រក់បំផុត ខ្ញុំនឹងស្លាប់ជាទុក្ករបុគ្គលសម្រាប់ព្រះជាម្ចាស់!» ក្នុងករណីនោះ នៅពេលដែលនាគដ៏ធំមានសម្បុរក្រហមធ្វើទារុណកម្មអ្នក ហើយបន្ទាប់មកកាត់ទោសអ្នកឱ្យជាប់ពន្ធនាគារដប់ឆ្នាំ នោះអ្នកនឹងស្រឡាំងកាំង៖ «ខ្ញុំស្មានថាការស្លាប់នឹងបញ្ចប់រឿងគ្រប់យ៉ាងទៅហើយ។ ប្រសិនបើខ្ញុំស្លាប់ជាទុក្ករបុគ្គល ព្រះជាម្ចាស់នឹងនឹកចាំពីខ្ញុំ។ ខ្ញុំមិននឹកស្មានថា ខ្ញុំបែរជាមិនបានធ្វើបន្ទាល់នោះ ហើយចុងក្រោយ ត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគារដប់ឆ្នាំសោះ។ ដប់ឆ្នាំ។ វាមិនមែនដប់ថ្ងៃ ឬដប់ខែទេ! តើខ្ញុំត្រូវស៊ូទ្រាំនឹងរឿងនេះដោយរបៀបណាទៅ?» ដោយសារអ្នកមិនបានគិតអំពីរឿងទាំងនេះពីមុនមក តើវាងាយស្រួលក្នុងការគិតរឿងទាំងនេះឱ្យបានច្បាស់លាស់នៅពេលនេះដែរឬទេ? វានឹងពិបាកបន្តិចហើយ តើមែនទេ? (មែនហើយ។) នៅពេលដែលការលំបាកកើតឡើង មនុស្សគ្រាន់តែគិតពីរបៀបដោះស្រាយវា និងរបៀបរត់គេចពីវាប៉ុណ្ណោះ។ ប្រសិនបើកម្លាំងជំរុញរបស់អ្នកក្នុងការរត់គេចពីការលំបាកមានភាពខ្លាំងក្លា នោះកម្លាំងជំរុញរបស់អ្នកក្នុងការសម្របខ្លួនទៅនឹងការលំបាកទាំងនោះនៅក្នុងកាលៈទេសៈដ៏លំបាក នឹងខ្សោយខ្លាំងបំផុត។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខនឹងការលំបាក វាក្លាយជារឿងពិបាកខ្លាំងណាស់សម្រាប់អ្នក ក្នុងការចុះចូលនឹងបរិយាកាសបែបនេះ។ ដូច្នេះ តើស្ថានភាពបែបនេះគួរដោះស្រាយដោយរបៀបណា? អ្នកត្រូវតែស្វែងរកសេចក្ដីពិតភ្លាមៗ ហើយគិតគូរពីរឿងទាំងនេះឱ្យបានច្បាស់លាស់។ អ្នកក៏ត្រូវតែរកឱ្យឃើញថា អ្នកគួរអនុវត្តសេចក្ដីពិតតាមផ្លូវណាផងដែរ។ ឧទាហរណ៍៖ ប្រសិនបើអ្នកត្រូវជាប់ពន្ធនាគារដប់ឆ្នាំ តើអ្នកនឹងគិតអ្វី? «តើប្រពន្ធ (ឬប្ដី) របស់ខ្ញុំនឹងលែងលះខ្ញុំដែរឬទេ? តើកូនៗរបស់ខ្ញុំនឹងមានអាយុប៉ុន្មាន ដប់ឆ្នាំក្រោយ? ខ្ញុំនឹងមិនបានបំពេញការទទួលខុសត្រូវរបស់ខ្ញុំចំពោះពួកគេឡើយ។ តើពួកគេនឹងកាត់កាល់ខ្ញុំ ហើយបដិសេធមិនមើលថែខ្ញុំនៅពេលខ្ញុំចាស់ដែរឬទេ? តើខ្ញុំនឹងរស់នៅដោយរបៀបណា បន្ទាប់ពីត្រូវបានដោះលែង? បន្ទាប់ពីដប់ឆ្នាំ ឪពុកម្ដាយរបស់ខ្ញុំនឹងចាស់ ហើយខ្ញុំនឹងមិនបានបំពេញការទទួលខុសត្រូវជាកូនចំពោះពួកគាត់ឡើយ។ តើវាមិនធ្វើឱ្យខ្ញុំក្លាយជាកូនអកតញ្ញូទេឬអី? តើកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់ បន្ទាប់ពីដប់ឆ្នាំដែរឬទេ? ខ្ញុំនឹងមិនទទួលបានអ្វីសោះនៅក្នុងពន្ធនាគារ។ ខ្ញុំនឹងមិនបានចូលរួមការជួបជុំណាមួយ ឬស្ដាប់សេចក្ដីអធិប្បាយណាមួយឡើយ ហើយខ្ញុំនឹងមិនយល់ពីសេចក្ដីពិតឡើយ។ តើខ្ញុំនឹងមិននៅពីក្រោយអ្នកដទៃទេឬអី ក្នុងអំឡុងពេលដប់ឆ្នាំនេះ? តើនេះមិនមែនមានន័យថា ខ្ញុំត្រូវបានគេជម្រុះចោលទេឬអី? តើព្រះជាម្ចាស់នៅតែចង់បានខ្ញុំដែរឬទេ? ប្រសិនបើខ្ញុំឆ្លងកាត់ការរងទុក្ខនេះ តើព្រះជាម្ចាស់នឹងនឹកចាំពីរឿងនេះដែរឬទេ? ប្រសិនបើព្រះអង្គមិននឹកចាំពីរឿងនេះ ហើយខ្ញុំមិនអាចសម្រេចបានសេចក្ដីសង្គ្រោះទេ នោះតើខ្ញុំមិនចំណាយពេលនៅក្នុងពន្ធនាគារនេះដោយឥតប្រយោជន៍ទេឬអី? រឿងជាច្រើននឹងផ្លាស់ប្ដូរក្នុងរយៈពេលដប់ឆ្នាំ ហើយខ្ញុំនឹងមិនទទួលបានអ្វីសោះ ស្របពេលដែលបាត់បង់រឿងជាច្រើន»។ នៅពេលដែលអ្នកគិតពីរឿងទាំងនេះ ការលំបាកក៏កើតឡើង។ តើអ្នកគួរប្រឈមមុខនឹងការលំបាកទាំងនេះដោយរបៀបណា? តើអ្នកមិនគួរគិតពីរបៀបឆ្លងកាត់រាល់ថ្ងៃនីមួយៗទេឬអី? ប្រសិនបើអ្នកមិនបានគិតពិចារណារឿងទាំងនេះឱ្យបានសព្វគ្រប់ ហើយមិនទាន់ឈានដល់ចំណុចដែលអ្នកយល់ពីសេចក្ដីពិត និងមើលឃើញរឿងរ៉ាវបានច្បាស់លាស់ទេ នោះនៅពេលដែលអ្នកប្រឈមមុខនឹងការចាប់ខ្លួន ជីវិត និងសេចក្ដីស្លាប់របស់អ្នក នឹងអាស្រ័យលើគំនិតតែមួយប៉ុណ្ណោះ៖ ភាពកំសាក និងការភ័យខ្លាចមួយភ្លែត គំនិត ឬការនឹកគិតតែមួយក្នុងចិត្ត អាចបណ្ដាលឱ្យអ្នកក្លាយជាយូដាស ក្បត់ពួកជំនុំ និងធ្វើឱ្យការខិតខំប្រឹងប្រែងពីមុនរបស់អ្នកទាំងអស់ក្លាយជាឥតប្រយោជន៍។ ប្រសិនបើអ្នកមិនអាចគិតពិចារណារឿងនេះឱ្យបានសព្វគ្រប់ ឬមើលធ្លុះរឿងនេះទេ វានឹងពិបាកខ្លាំងណាស់ក្នុងការមិនបារម្ភអំពីអនាគត និងវាសនារបស់អ្នក ហើយវានឹងពិបាកខ្លាំងណាស់ក្នុងការប្រគល់ជីវិត និងសេចក្ដីស្លាប់របស់អ្នកទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឱ្យព្រះអង្គចាត់ចែងតាមដែលព្រះអង្គសព្វព្រះទ័យ។ ប្រសិនបើអ្នកមិនអាចមើលធ្លុះរឿងជីវិត និងសេចក្ដីស្លាប់ ហើយនៅតែមានផ្នត់គំនិតនៃការសាកល្បងសំណាងរបស់អ្នក ដោយចង់ឆ្លងផុតឱ្យតែបាន នោះនៅពេលដែលបរិយាកាសមួយកើតឡើងចំពោះអ្នក អ្នកនឹងត្រូវបានបង្ហាញឱ្យឃើញ។ អស់អ្នកដែលបានក្លាយជាយូដាស ដោយចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច» នៅពេលត្រូវគេចាប់ខ្លួន សុទ្ធតែបានធ្វើដូច្នេះត្រឹមតែមួយយប់ប៉ុណ្ណោះ ហើយពួកគេត្រូវបានសាតាំងបោះត្រាដោយសញ្ញានៃសត្វសាហាវ។ ជីវិត និងសេចក្ដីស្លាប់របស់មនុស្សម្នាក់ ជួនកាលអាស្រ័យលើគំនិតតែមួយប៉ុណ្ណោះ។ បើគ្មានសេចក្ដីពិតទេ វានឹងពិបាកខ្លាំងណាស់ក្នុងការឆ្លងកាត់វិបត្តិ។ ដូច្នេះ តើភាពក្លាហានពិតប្រាកដគឺជាអ្វី? ប្រសិនបើនរណាម្នាក់សម្រេចបានអ្វីមួយ ដោយពឹងផ្អែកលើសន្ទុះចិត្តមួយឆាវ តើនោះជាភាពក្លាហានពិតប្រាកដដែរឬទេ? វាមិនមែនទេ។ វាគឺជាការធ្វើតាមអារម្មណ៍មួយឆាវ។ មនុស្សក្លាហានពិតប្រាកដ មានការញែកដឹងមួយកម្រិតនៅក្នុងចិត្តរបស់ពួកគេ ទាក់ទងនឹងអ្វីៗដែលវិជ្ជមាន និងអ្វីៗដែលអវិជ្ជមានជាច្រើន។ ពួកគេអាចយល់ស្រប ទទួលយក និងទទួលស្គាល់យ៉ាងមុតមាំនូវអ្វីៗដែលវិជ្ជមាននៅក្នុងចិត្ត រហូតដល់អាចចុះចូលនឹងសេចក្ដីពិត និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ មានតែតាមរបៀបនេះប៉ុណ្ណោះ ទើបអ្នកអាចមានភាពក្លាហានពិតប្រាកដបាន។ ប្រសិនបើអ្នកមិនមានរឿងទាំងនេះនៅក្នុងចិត្តរបស់អ្នកទេ ភាពក្លាហានរបស់អ្នក គ្រាន់តែជាភាពក្លាហានបែបល្ងង់ខ្លៅប៉ុណ្ណោះ។ ដូចជាកូនគោទើបនឹងកើតដែលមិនខ្លាចខ្លាអ៊ីចឹង។ ហេតុដូច្នេះហើយ នៅក្នុងប្រទេសដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ការជឿ និងការដើរតាមព្រះជាម្ចាស់ មិនត្រឹមតែទាមទារភាពក្លាហានប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទាមទារសេចក្ដីជំនឿ។ អ្នកហ៊ានជឿលើព្រះជាម្ចាស់ មិនមែនដោយសារតែអ្នកក្លាហាននោះទេ ប៉ុន្តែដោយសារតែអ្នកមានសេចក្ដីជំនឿ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំគិតថា ខ្ញុំជឿលើព្រះជាម្ចាស់ គ្រាន់តែដោយសារតែខ្ញុំក្លាហាន និងមិនខ្លាចការបៀតបៀនប៉ុណ្ណោះ»។ ពាក្យសម្ដីនេះអាចត្រឹមត្រូវ។ អ្នកជឿដោយសារតែភាពក្លាហានបែបល្ងង់ខ្លៅ ប៉ុន្តែដោយគិតដល់ភាពល្ងង់ខ្លៅ ភាពមិនដឹងអី និងភាពស្លូតត្រង់របស់អ្នក ព្រះជាម្ចាស់ប្រទានព្រះគុណពិសេសដល់អ្នក ដោយរៀបចំបរិយាកាសជាក់លាក់សម្រាប់អ្នក ក៏ដូចជាផ្ដល់ឱ្យអ្នកនូវការស្រោចស្រព និងការផ្គត់ផ្គង់សេចក្ដីពិតផងដែរ។ តាមរយៈរឿងនេះ អ្នកឈានទៅយល់ និងទទួលបានសេចក្ដីពិតជាច្រើន។ យូរៗទៅ ភាពក្លាហានបែបល្ងង់ខ្លៅរបស់អ្នកចាប់ផ្ដើមមានធាតុផ្សំនៃសេចក្ដីជំនឿពិតប្រាកដ ហើយមានតែពេលនោះទេ ទើបភាពក្លាហានរបស់អ្នកកើនឡើង ហើយអ្នកកាន់តែហ៊ានប្រឈមមុខនឹងបរិយាកាស ឬការបៀតបៀននាពេលអនាគត។ ប្រសិនបើមនុស្សម្នាក់មិនមានសេចក្ដីជំនឿពិតប្រាកដ ហើយពឹងផ្អែកលើសន្ទុះចិត្តមួយឆាវ ដោយនិយាយថា៖ «ខ្ញុំហ៊ានជឿលើព្រះជាម្ចាស់! ខ្ញុំមិនខ្លាចការបៀតបៀន ឬការត្រូវគេចាប់ខ្លួន និងដាក់ពន្ធនាគារឡើយ!» នោះភាពក្លាហានប្រភេទនោះ នឹងមិនស្ថិតស្ថេរយូរឡើយ។ បើគ្មានការផ្គត់ផ្គង់សេចក្ដីពិត បើគ្មានព្រះជាម្ចាស់រៀបចំស្ថានការណ៍នៅក្នុងជីវិតពិត ដើម្បីបង្វឹកអ្នក ដើម្បីឱ្យអ្នកអនុវត្ត និងដើម្បីបង្រៀនអ្នកពីរបៀបប្រឈមមុខនឹងរឿងផ្សេងៗទេ ភាពក្លាហានរបស់អ្នក គ្រាន់តែជាភាពក្លាហានបែបល្ងង់ខ្លៅសុទ្ធសាធ ហើយវាមិនមែនជាសេចក្ដីជំនឿពិតប្រាកដទាល់តែសោះ។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) ប្រសិនបើវាពិតជាភាពក្លាហានបែបល្ងង់ខ្លៅមែន នោះវាធ្វើឱ្យអ្នកក្លាយជាមនុស្សដែលប្រព្រឹត្តដោយមិនគិតពីផលវិបាក ល្ងង់ខ្លៅ និងមិនដឹងអី។ មនុស្សមួយចំនួនដែលជឿលើព្រះជាម្ចាស់ មានគំនិតសាមញ្ញបំផុត ដោយស្រមើស្រមៃថារឿងរ៉ាវមានភាពសាមញ្ញណាស់ ដោយមិនបានរំពឹងទុកទាល់តែសោះថា តើនឹងមានគ្រោះថ្នាក់អ្វីខ្លះពាក់ព័ន្ធនឹងការដើរតាមព្រះជាម្ចាស់។ ប៉ុន្តែ នៅពេលដែលពួកគេជួបប្រទះនឹងឧបសគ្គ ទើបពួកគេដឹងថា ការដើរតាមព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញឡើយ។ ប្រសិនបើភាពក្លាហានរបស់មនុស្សម្នាក់ គឺជាចំណុចល្អនៃភាពជាមនុស្ស នោះយ៉ាងហោចណាស់ ពួកគេជាមនុស្សសាមញ្ញ និងត្រង់ៗ មិនស្មុគស្មាញ ហើយពួកគេមិនបារម្ភពីនេះពីនោះឡើយ។ ប៉ុន្តែ ឧបមាថា ភាពក្លាហានរបស់អ្នក ត្រូវបានជំរុញដោយចេតនាចង់ទទួលបានព្រះពរ ហើយអ្នកគិតថា៖ «ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកអាចចូលទៅក្នុងស្ថានសួគ៌ ទទួលបានព្រះពរដ៏ធំធេង ព្រមទាំងគេចផុតពីមហន្តរាយ និងចៀសផុតពីសេចក្ដីស្លាប់ ដូច្នេះ ខ្ញុំនឹងជឿ ទោះមានរឿងអ្វីកើតឡើងក៏ដោយ!» និយាយម្យ៉ាងទៀត ជំនឿរបស់អ្នកត្រូវបានជំរុញដោយកម្លាំងបាយមួយឆាវដ៏ល្ងង់ខ្លៅ។ វាមិនមែនជាការដែលអ្នកប្រាថ្នាចង់ជឿលើព្រះជាម្ចាស់ដោយចិត្តសាមញ្ញនោះទេ។ ផ្ទុយទៅវិញ វាគឺជាការដេញតាមព្រះពរ។ ក្នុងករណីនោះ ភាពក្លាហានរបស់អ្នក បើនិយាយឱ្យល្អបំផុត ក៏ត្រឹមតែជាភាពក្លាហានបែបល្ងង់ខ្លៅប៉ុណ្ណោះ ហើយមិនអាចចាត់ថ្នាក់ជាចំណុចល្អនៃភាពជាមនុស្សឡើយ។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់មនុស្សក្លាហាន អ្នកត្រូវតែមើលថាតើសារជាតិភាពជាមនុស្សរបស់ពួកគេមានលក្ខណៈបែបណា។ ប្រសិនបើពួកគេគ្មានមនសិការ និងវិចារណញ្ញាណ ហើយគ្រាន់តែមានភាពក្លាហានបែបល្ងង់ខ្លៅ នោះពួកគេមានតម្លៃតិចតួចណាស់ ហើយមិនអាចសម្រេចបានអ្វីដែលមានអត្ថន័យឡើយ។ ប៉ុន្តែ ប្រសិនបើពួកគេអាចជឿលើព្រះជាម្ចាស់ និងទទួលយកសេចក្ដីពិត នោះមនុស្សបែបនេះមានតម្លៃហើយ។ ប្រសិនបើមនុស្សម្នាក់ក្លាហាន ប៉ុន្តែគ្មានសមត្ថភាពក្នុងការយល់ដឹង មិនអាចយល់ពីសេចក្ដីពិត និងជឿលើព្រះជាម្ចាស់ដើម្បីតែទទួលបានព្រះពរប៉ុណ្ណោះ ហើយពួកគេសុខចិត្តបោះបង់ចោលគ្រួសារ និងអាជីពរបស់ពួកគេ ព្រមទាំងមិនខ្លាចការបៀតបៀន ដើម្បីទទួលបានព្រះពរ នោះវាមិនមែនជាចំណុចល្អនៃភាពជាមនុស្សទេ ប៉ុន្តែវាគឺជាគំនិត និងទស្សនៈដ៏ខុសឆ្គងទៅវិញ។ តើគំនិត និងទស្សនៈខុសឆ្គង ស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ មិនស្របទេ។) មិនថានរណាម្នាក់កំសាក ឬក្លាហាននោះទេ វាពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើតរបស់ពួកគេ ហើយមិនសូវមានទំនាក់ទំនងអ្វីនឹងសារជាតិភាពជាមនុស្សរបស់ពួកគេឡើយ។
ប្រសិនបើយើងមិនបានប្រកបគ្នាអំពីការសម្ដែងចេញផ្សេងៗនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយទេ តើអ្នករាល់គ្នាអាចញែកដឹងរឿងទាំងនោះដោយខ្លួនឯងបានដែរឬទេ? (ពួកយើងប្រហែលជាអាចញែកដឹងបានចំពោះការសម្ដែងចេញសាមញ្ញៗ ប៉ុន្តែពួកយើងមិនអាចធ្វើបានទេចំពោះការសម្ដែងចេញដែលស្មុគស្មាញជាងនេះ។) ឥឡូវនេះ ដោយសារយើងបានប្រកបគ្នាអំពីភាពខុសគ្នារវាងលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយរួចហើយ តើអ្នករាល់គ្នាអាចញែកដឹងរឿងទាំងនោះបានដែរឬទេនៅពេលនេះ? (ពួកយើងអាចញែកដឹងរឿងទាំងនោះបានល្អជាងមុនបន្តិច។) ដូច្នេះ ប្រសិនបើខ្ញុំលើកឧទាហរណ៍ប្លែកៗមួយចំនួនទៀត តើអ្នករាល់គ្នានឹងអាចញែកដឹងរឿងទាំងនោះ ដោយផ្អែកលើខ្លឹមសារនៃការប្រកបគ្នារបស់ខ្ញុំដែរឬទេ? ពិបាកនិយាយណាស់ តើមែនទេ? ដូច្នេះ លើកក្រោយ យើងនឹងបន្តប្រកបគ្នាអំពីបញ្ហាដែលពាក់ព័ន្ធនឹងប្រធានបទនេះ។ នៅពេលដែលយើងប្រកបគ្នាកាន់តែច្រើន អ្នករាល់គ្នានឹងរកឃើញក្បួនមួយចំនួន សម្រាប់ការញែកដឹងបញ្ហាប្រភេទផ្សេងៗ។ ទាក់ទងនឹងការសម្ដែងចេញផ្សេងៗនៃភាពជាមនុស្ស លក្ខខណ្ឌពីកំណើត និងនិស្ស័យពុករលួយ ជាទូទៅ អ្នករាល់គ្នាអាចញែកដឹងការសម្ដែងចេញដែលយើងបានលើកយកមកប្រកបគ្នារួចហើយបាន។ ចំពោះរឿងដែលយើងមិនទាន់បានលើកយកមកប្រកបគ្នា មានតែមនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ ឬអ្នកដែលដឹងពីរបៀបស្វែងរកសេចក្ដីពិតប៉ុណ្ណោះ ដែលប្រហែលជាអាចញែកដឹងរឿងទាំងនោះមួយចំនួនបាន។ អ្នកដែលមានកម្រិតសមត្ថភាពខ្សោយ អាចនឹងមិនឈានដល់កម្រិតដែលត្រូវការ និងមិនអាចញែកដឹងរឿងទាំងនោះបានឡើយ ដូច្នេះ ពួកគេត្រូវស្ដាប់ឱ្យបានច្រើន និងសួរសំណួរឱ្យបានច្រើន។ ប្រសិនបើយើងមិនប្រកបគ្នាអំពីបញ្ហាទាំងនេះទេ វានឹងតែងតែស្រពេចស្រពិលសម្រាប់អ្នករាល់គ្នាជានិច្ច ហើយអ្វីដែលអ្នករាល់គ្នានិយាយ ក៏នឹងមិនច្បាស់លាស់ដែរ។ វានឹងតែងតែមានគម្លាតរវាងការយល់ដឹងរបស់អ្នករាល់គ្នា និងការយល់ដឹងដ៏ត្រឹមត្រូវអំពីសេចក្ដីពិតជានិច្ច តើមែនទេ? (មែនហើយ។)
ថ្ងៃនេះ យើងបានប្រកបគ្នាអំពីបញ្ហានៃកម្រិតសមត្ថភាព។ តើឥឡូវនេះ អ្នករាល់គ្នាអាចញែកដឹងបានទេថា តើកម្រិតសមត្ថភាពរបស់មនុស្សមានលក្ខណៈបែបណា? (ពួកយើងអាចញែកដឹងបានត្រួសៗ។) ប្រសិនបើអ្នករាល់គ្នាមិនអាចញែកដឹងវាបានទេ នោះចូរចំណាយពេលដកបទពិសោធពីរឿងផ្សេងៗបន្តិចម្ដងៗចុះ។ នៅក្នុងជីវិតប្រចាំថ្ងៃ អ្នករាល់គ្នានឹងជួបប្រទះបញ្ហាទាំងនេះ។ ចូររៀនអនុវត្តពាក្យសម្ដីពីការប្រកបគ្នារបស់យើងទៅក្នុងជីវិតពិត ដោយផ្គូផ្គងពាក្យសម្ដីទាំងនោះទៅនឹងការសម្ដែងចេញរបស់មនុស្សបន្តិចម្ដងៗ ញែកដឹងខ្លួនឯង និងញែកដឹងអ្នកដទៃ ឈានទៅស្គាល់ខ្លួនឯង និងឈានទៅស្គាល់អ្នកដទៃ។ បន្តិចម្ដងៗ អ្នកនឹងអាចវាស់ស្ទង់រឿងទាំងនេះបាន ហើយមានស្ដង់ដាមួយសម្រាប់ការធ្វើបែបនេះ។ គោលការណ៍សម្រាប់ការមើលមនុស្ស និងអ្វីៗ ក៏ដូចជាសម្រាប់ការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព នឹងកាន់តែច្បាស់លាស់ឡើង។ យើងបានប្រកបគ្នាច្រើន អំពីទិដ្ឋភាពផ្សេងៗនៃការញែកដឹងលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ មិនថាយើងប្រកបគ្នាអំពីការសម្ដែងចេញណាមួយ ឬការបញ្ចេញឱ្យឃើញណាមួយនៃភាពជាមនុស្សនោះទេ គ្មានអ្វីមួយជាពាក្យសម្ដីទទេឡើយ។ រឿងទាំងនេះសុទ្ធតែអាចជួបប្រទះ មើលឃើញ និងដឹងបាននៅក្នុងជីវិតពិត។ ហេតុដូច្នេះហើយ អ្នកត្រូវតែរៀនមើលរឿងផ្សេងៗ និងមនុស្សប្រភេទផ្សេងៗ ដោយផ្គូផ្គងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងរឿង និងមនុស្សទាំងនោះ។ មានតែតាមរយៈការរៀនផ្គូផ្គងសភាព និងបញ្ហាផ្សេងៗពីការប្រកបគ្នារបស់យើងទៅនឹងជីវិតពិតប៉ុណ្ណោះ ទើបអ្នកអាចមានវឌ្ឍនភាពបន្តិចម្ដងៗ ក្នុងការមើលមនុស្ស និងអ្វីៗ ក៏ដូចជានៅក្នុងការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព មានការយល់ដឹងដ៏ត្រឹមត្រូវអំពីបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងសេចក្ដីពិត និងក្ដាប់បាននូវគោលការណ៍សេចក្ដីពិតផ្សេងៗបន្តិចម្ដងៗ។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) ទោះបីជាបញ្ហាដែលយើងបានពិភាក្សា ត្រូវបានប្រើប្រាស់ជាចម្បងដើម្បីញែកដឹងសភាព និងការបញ្ចេញឱ្យឃើញផ្សេងៗដែលមនុស្សបានបង្ហាញ ហើយមិនធ្វើឱ្យអ្នកយល់ និងចូលទៅក្នុងសេចក្ដីពិតដោយផ្ទាល់ក៏ដោយ ក៏បញ្ហាទាំងអស់នេះនឹងជះឥទ្ធិពលដល់ការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិត ក៏ដូចជាការចូលទៅក្នុងតថភាពសេចក្ដីពិតរបស់អ្នកផងដែរ។ ហេតុដូច្នេះហើយ ទោះបីជានៅក្នុងសញ្ញាណរបស់មនុស្ស បញ្ហាទាំងនេះហាក់ដូចជាពាក់ព័ន្ធតែនឹងភាពជាមនុស្ស លក្ខខណ្ឌពីកំណើត ឬនិស្ស័យពុករលួយដែលឃើញច្បាស់មួយចំនួនក៏ដោយ ក៏គ្រប់បញ្ហា និងគ្រប់ពាក្យសម្ដី សុទ្ធតែពាក់ព័ន្ធនឹងការចូលទៅក្នុងសេចក្ដីពិតរបស់មនុស្សដែរ។ ដូច្នេះ បញ្ហាទាំងនេះគឺជារឿងដែលអ្នកត្រូវតែប្រឈមមុខ នៅលើផ្លូវនៃការចូលទៅក្នុងសេចក្ដីពិត។ អ្នកមិនអាចចៀសវាងរឿងទាំងនោះបានឡើយ។ បញ្ហា និងការសម្ដែងចេញផ្សេងៗនៃភាពជាមនុស្ស មិនថាវិជ្ជមាន ឬអវិជ្ជមាននោះទេ សុទ្ធតែជារឿងដែលអ្នកនឹងប្រឈមមុខ និងជួបប្រទះនៅក្នុងបរិយាកាសផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ។ ប្រសិនបើនៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហាផ្សេងៗ អ្នកមិនអាចញែកដឹងរឿងទាំងនោះណាមួយបាន ហើយចាត់ទុករឿងទាំងនោះទាំងអស់ដូចៗគ្នា ដោយចាត់ទុកគោលការណ៍សេចក្ដីពិតពីការប្រកបគ្នារបស់យើងថាជាបទប្បញ្ញត្តិ ឬគោលលទ្ធិ នោះអ្នកនឹងមិនអាចចូលទៅក្នុងតថភាពសេចក្ដីពិតបានឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះអ្នកនឹងមិនយល់ថា សេចក្ដីពិតគឺជាអ្វីឡើយ។
បានហើយ ការប្រកបគ្នានៅថ្ងៃនេះ គឺមានតែប៉ុណ្ណេះឯង។ លាហើយ!
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣