៣. ប្រសិនបើយើងទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា តើយើងគួរតែដេញតាមអ្វីទៅ ដើម្បីទទួលបានផ្លូវនៃជីវិតអស់កល្ប?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរាប់សេចក្ដីពិតទាំងអស់នេះជារឿងសំខាន់ ប្រសិនបើអ្នកមិនពិចារណាអ្វីសោះ ក្រៅតែពីរិះរកវិធីគេចវេសពីសេចក្ដីពិតនេះ ឬរិះរកដំណោះស្រាយដែលមិនឱ្យពាក់ព័ន្ធនឹងរឿងទាំងអស់នេះ នោះខ្ញុំសុំប្រាប់ថា អ្នកជាមនុស្សបាបដែលសោកសៅបំផុត។ ប្រសិនបើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វះស្វែងរកសេចក្ដីពិត ឬស្វែងយល់អំពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏មិនស្រឡាញ់ចូលចិត្តផ្លូវ ដែលនាំឱ្យអ្នកចូលមកកៀកនឹងព្រះជាម្ចាស់ នោះខ្ញុំសុំប្រាប់អ្នកថា អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេសពីការជំនុំជម្រះ ហើយអ្នកក៏ជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំដែរ។ ព្រះជាម្ចាស់មិនទុកឱ្យមនុស្សបះបោរដែលរត់គេចពីព្រះនេត្រទ្រង់ បានរួចខ្លួនឡើយ។ មនុស្សបែបនេះនឹងត្រូវទទួលទោសរឹតតែធ្ងន់។ អស់អ្នកដែលមកឯចំពោះព្រះជាម្ចាស់ដើម្បីទទួលការវិនិច្ឆ័យ ព្រមទាំងត្រូវបន្សុទ្ធកាន់តែខ្លាំង ទើបអាចរស់នៅក្នុងនគរព្រះអស់កល្បជានិច្ចបាន។ ប្រាកដណាស់ រឿងនេះគឺជារឿងអនាគតកាល។
(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺដើម្បីស្ដារទីបន្ទាល់ទាំងអស់ និងសិរីល្អទាំងអស់ឡើងវិញ និងដើម្បីឱ្យមនុស្សទាំងអស់ថ្វាយបង្គំព្រះជាម្ចាស់ ប្រយោជន៍ឱ្យមានទីបន្ទាល់នៅក្នុងចំណោមសត្តនិករ នេះហើយជាកិច្ចការដែលត្រូវបានធ្វើនៅក្នុងដំណាក់កាលនេះ។ ពិតណាស់ តើមនុស្សជាតិត្រូវបានយកឈ្នះដោយរបៀបណា? ដោយការប្រើកិច្ចការនៃព្រះបន្ទូលក្នុងដំណាក់កាលនេះ ដើម្បីឱ្យមនុស្សជឿទាំងស្រុង តាមរយៈការប្រើនូវការលាតត្រដាង ការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសាឥតអាសូរ ដើម្បីបញ្ចុះបញ្ចូលគេទាំងស្រុង តាមរយៈការលាតត្រដាងនូវការបះបោររបស់មនុស្ស និងការជំនុំជម្រះការតតាំងរបស់គេ ដើម្បីឱ្យគេអាចស្គាល់ភាពទុច្ចរិត និងភាពស្មោកគ្រោករបស់មនុស្សជាតិ ហើយប្រើនូវសេចក្ដីទាំងនេះជារូបឆ្លុះចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានយកឈ្នះ និងត្រូវបានជំរុញឱ្យជឿទាំងស្រុង ភាគច្រើនគឺតាមរយៈព្រះបន្ទូលទាំងនេះហើយ។ ព្រះបន្ទូលគឺជាមធ្យោបាយនាំទៅរកការយកឈ្នះមនុស្សជាតិចុងក្រោយបំផុត ហើយអស់អ្នកណាដែលទទួលយកការយកឈ្នះរបស់ព្រះជាម្ចាស់ ត្រូវតែទទួលយកការវាយផ្ដួល និងការជំនុំជម្រះនៃព្រះបន្ទូលរបសប់ទ្រង់។ ដំណើរការនៃការថ្លែងព្រះបន្ទូលនៅថ្ងៃនេះ ពិតប្រាកដជាដំណើរការនៃការយកឈ្នះច្បាស់ណាស់។ ចុះមនុស្សគួរសហការដោយវិធីណា? គឺតាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ ហើយសម្រេចបាននូវការយល់ដឹងអំពីព្រះបន្ទូលទាំងអស់នេះ។ ចំពោះរឿងថា មនុស្សត្រូវបានយកឈ្នះយ៉ាងណានោះ នេះគឺរឿងដែលពួកគេផ្ទាល់មិនអាចធ្វើបានដោយខ្លួនឯងឡើយ។ តាមរយៈការហូប និងផឹកព្រះបន្ទូលទាំងនេះ គ្រប់យ៉ាងដែលអ្នកអាចធ្វើបានគឺ ត្រូវចាប់ផ្ដើមស្គាល់ពីសេចក្ដីពុករលួយ និងភាពស្មោកគ្រោករបស់អ្នក ស្គាល់ការបះបោរ និងភាពទុច្ចរិតរបស់អ្នក រួចលុតក្រាបនៅចំពោះព្រះជាម្ចាស់។ បន្ទាប់ពីយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ ប្រសិនបើអ្នកអាចយកការយល់ដឹងនេះទៅអនុវត្ត ហើយប្រសិនបើអ្នកមាននិមិត្ត និងអាចចុះចូលទាំងស្រុងចំពោះព្រះបន្ទូលទាំងនេះ ព្រមទាំងមិនធ្វើការជ្រើសរើសណាមួយដោយខ្លួនឯង នោះអ្នកនឹងត្រូវបានយកឈ្នះហើយ ហើយរឿងទាំងអស់នេះកើតឡើងដោយសារតែព្រះបន្ទូលទាំងអស់នេះ។
(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឱ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឱ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវដែលគេត្រូវតែទទួលយក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងគោលដៅ និងទិសដៅផងដែរ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឱ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ ភាពពិតនៃសេចក្ដីពិតដែលត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សបានរស់នៅជាមនុស្សសាមញ្ញ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឱ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឱ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឱ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។ មានតែនៅក្នុងបទពិសោធជាក់ស្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចប្រទានឱ្យមនុស្សមានសេចក្ដីពិត និងជីវិតបាន ហើយមានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សអាចចាប់ផ្ដើមយល់ថាអ្វីទៅជាភាពជាមនុស្សធម្មតា អ្វីទៅជាជីវិតដ៏មានន័យ អ្វីទៅជាមនុស្សពិត អ្វីទៅជាការស្ដាប់បង្គាប់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ ហើយមានតែនៅក្នុងព្រះបន្ទូលនេះទេទើបមនុស្សអាចចាបផ្ដើមយល់ពីវិធីដែលគេគួរយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ យល់អំពីវិធីដែលគេគួរមានភាពដូចគ្នារបស់មនុស្សពិត មានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សអាចចាប់ផ្ដើមយល់ពីអត្ថន័យនៃសេចក្ដីជំនឿពិត និងការថ្វាយបង្គំពិត មានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សចាប់ផ្ដើមយល់ថានរណាជាអ្នកគ្រប់គ្រងស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើ មានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សអាចយល់ពីមធ្យោបាយ ដែលព្រះដ៏ជាចៅហ្វាយលើសព្វសារពើ ទ្រង់គ្រប់គ្រង ដឹកនាំ និងផ្គត់ផ្គង់ដល់អ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក ហើយមានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបមនុស្សអាចចាប់ផ្ដើមដឹង និងយល់ពីមធ្យោបាយដែលព្រះដ៏ជាចៅហ្វាយលើរបស់ទាំងអស់ដែលទ្រង់បានបង្កើតមក មានអត្ថិភាព សម្ដែងអង្គទ្រង់ ហើយនិងធ្វើការ។ ដោយត្រូវបានកាត់ផ្ដាច់ពីបទពិសោធពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សពុំមានចំណេះដឹងពិត ឬការយល់ដឹងជ្រៅជ្រះខាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតទេ។ មនុស្សបែបនេះ គឺជាសាកសពមានជីវិតដ៏ពិតប្រាកដ ជាសម្បកស្នូកសុទ្ធសាធ ហើយចំណេះដឹងទាំងអស់ទាក់ទងនឹងព្រះអាទិករ គឺគ្មានអ្វីពាក់ព័ន្ធនឹងគេសោះ។ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះមិនបានជឿលើទ្រង់សោះឡើយ ក៏មិនធ្លាប់ដើរតាមព្រះអង្គដែរ ដូច្នេះហើយ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់គេថាជាអ្នកជឿលើព្រះអង្គ ឬជាអ្នកដើរតាមទ្រង់នោះដែរ រឹតតែមិនមែនជាភាវៈដែលទ្រង់បានបង្កើតពិតប្រាកដផង។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
នៅក្នុងការដេញតាមជីវិត អ្នកត្រូវតែផ្ដោតការយកចិត្តទុកដាក់ទៅលើរឿងពីរយ៉ាង៖ ទីមួយ ការយល់ពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីពីរ ការស្គាល់ខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចំណុចទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ គ្មានជីវិត ឬសេចក្ដីពិតណាក្រៅពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើអ្នកអាចទៅស្វែងរកសេចក្ដីពិតបាននៅកន្លែងណា? នៅក្នុងពិភពលោកនេះ តើសេចក្ដីពិតស្ថិតនៅនៅត្រង់ណា? តើកាសែតនិងសារព័ត៌មានរបស់ពិភពលោក មានរាយការណ៍ពីបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើគណបក្សនយោបាយក្នុងពិភពលោកមានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែរឬទេ? តើការផ្សព្វផ្សាយបន្ទូលព្រះដោយបើកចំហនៅក្នុងប្រទេសណាមួយនៅក្នុងពិភពលោកនេះ គឺជារឿងដែលអាចធ្វើទៅបានដែរឬទេ? មិនអាចជាដាច់ខាត។ នេះជាមូលហេតុដែលពិភពលោកនេះគ្មានសេចក្ដីពិត ជាមូលហេតុដែលអារក្សសាតាំងគ្រប់គ្រងពិភពលោកនេះ និងជាមូលហេតុដែលពិភពលោកនេះងងឹតនិងអាក្រក់។ តើមានកន្លែងណាដែលមានសេចក្ដីពិតសូម្បីតែបន្តិចបន្តួចដែរទេ? ផ្នែកដ៏សំខាន់បំផុតនៃការយល់ពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺ៖ ការយល់ពីព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ការយល់ពីជីវិតមនុស្សតាមរយៈព្រះបន្ទូលរបស់ទ្រង់ ការស្គាល់ខ្លួនឯងពិតប្រាកដ និងការរកឃើញខ្លឹមសារនៃជីវិតមនុស្សតាមរយៈព្រះបន្ទូលរបស់ទ្រង់ និងទិដ្ឋភាពនៃសេចក្ដីពិតផ្សេងទៀត។ គ្រប់ទាំងសេចក្ដីពិត គឺមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកអាចចូលទៅក្នុងសេចក្ដីពិតបាន។ មានតែការដកពិសោធន៍និងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកអាចសម្រេចនូវការយល់ដឹងពីសេចក្ដីពិតបាន ហើយការយល់ដឹងពិតប្រាកដពីសេចក្ដីពិត មានន័យថា អ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ នេះគឺជារឿងដ៏សំខាន់បំផុត។
(ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
សេចក្តីពិតដែលមនុស្សត្រូវមាន គឺមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាជាសេចក្តីពិតដែលមានសារៈសំខាន់ និងមានប្រយោជន៍បំផុតដល់មនុស្សជាតិ។ វាជាម្ហូបអាហារដែលរាងការយរបស់អ្នកត្រូវការ ជាអាហារដែលជួយឱ្យមនុស្សស្តារភាពជាមនុស្សរបស់ខ្លួនឡើងវិញ។ វាគឺជាសេចក្តីពិតដែលមនុស្សគួរតែមាន។ កាលណាអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះជីវិតរបស់អ្នករាល់គ្នានឹងកាន់តែមានផ្លែផ្កា។ នៅពេលដែលអ្នករាល់គ្នាធំដឹងក្តី អ្នកនឹងឃើញរឿងរ៉ាវនៃពិភពខាងវិញ្ញាណកាន់តែច្បាស់ ហើយកាន់តែមានកម្លាំងដើម្បីយកឈ្នះសាតាំង។ នៅពេលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះសេចក្តីពិតជាច្រើនដែលអ្នករាល់គ្នាមិនយល់ នឹងត្រូវបើកបង្ហាញយ៉ាងច្បាស់។ មនុស្សភាគច្រើនពេញចិត្ត ដោយគ្រាន់តែយល់ន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយផ្តោតទៅលើការយកគោលលទ្ធិមកដាក់ក្នុងខ្លួន ជាជាងការពង្រឹងបទពិសោធរបស់ខ្លួនដោយការអនុវត្ត។ តើនោះ មិនមែនជាវិធីរបស់ពួកផារិស៊ីទេឬអី? ដូច្នេះ តើឃ្លា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជីវិត» គឺជាការពិតសម្រាប់ពួកគេយ៉ាងដូចម្តេច? ជីវិតរបស់បុគ្គលម្នាក់មិនអាចរីកចម្រើនដោយត្រឹមតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ លុះត្រាតែពួកគេយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកជឿថា ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺគ្រប់គ្រាន់សម្រាប់ជីវិត និងកេរ្ត៍ឈ្មោះ នោះការយល់របស់អ្នកគឺខូចការហើយ។ ការយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ កើតឡើងនៅពេលអ្នកអនុវត្តសេចក្តីពិត ហើយអ្នកត្រូវតែយល់ថា «មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។» សព្វថ្ងៃនេះ បន្ទាប់ពីអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគ្រាន់តែអាចនិយាយថា អ្នកស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែអ្នកពុំអាចនិយាយថា អ្នកយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ មានអ្នកខ្លះនិយាយថា វិធីតែមួយដើម្បីអនុវត្តសេចក្តីពិត គឺយល់សេចក្តីពិតជាមុនសិន ប៉ុន្តែសម្តីនេះគ្រាន់តែត្រូវមួយផ្នែកប៉ុណ្ណោះ វាពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ មុនពេលដែលអ្នកមានចំណេះដឹងអំពីសេចក្តីពិត គឺអ្នកមិនទាន់មានបទពិសោធអំពីសេចក្តីពិតនោះទេ។ ការមានអារម្មណ៍ថា អ្នកយល់ពីអ្វីមួយដែលអ្នកបានឮនៅក្នុងសេចក្តីអធិប្បាយព្រះបន្ទូល មិនមែនជាការយល់ដ៏ពិតនោះទេ វាគ្រាន់តែជាការទទួលបានន័យត្រង់នៃសេចក្តីពិតប៉ុណ្ណោះ វាមិនដូចជាការយល់អត្ថន័យពិតនៃពាក្យទាំងនោះទេ។ បើគ្រាន់តែមានចំណេះដឹងអំពីសេចក្តីពិតសើរៗ មិនមែនមានន័យថា អ្នកពិតជាយល់ដឹងសេចក្តីពិតនោះទេ។ អត្ថន័យពិតប្រាកដនៃសេចក្តីពិត បានមកពីការមានបទពិសោធជាមួយវា។ ដូច្នេះហើយ មានតែពេលដែលអ្នកមានបទពិសោធជាមួយសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ពីសេចក្តីពិត ហើយពេលនោះអ្នកនឹងអាចចាប់យល់បាននូវចំណុចដែលលាក់បាំងរបស់វា។ ការពង្រឹងបទពិសោធរបស់អ្នក គឺជាវិធីតែមួយគត់ដែលអាចចាប់យកអត្ថន័យ និងយល់ពីសារៈសំខាន់នៃសេចក្តីពិតបាន។ ដូច្នេះហើយ ជាមួយនឹងសេចក្តីពិត អ្នកអាចទៅទីណាក៏បាន ប៉ុន្តែបើអ្នកគ្មានសេចក្តីពិតនោះទេ មិនបាច់ព្យាយាមអូសទាញអ្នកកាន់សាសនានោះទ សូម្បីតែសមាជិកគ្រួសាររបស់អ្នកក៏គេមិនជឿដែរ។ គ្មានសេចក្តីពិត អ្នកប្រៀបបានទៅនឹងគ្រាប់ព្រិលដែលកំពុងធ្លាក់ ប៉ុន្តែបើមានសេចក្តីពិត អ្នកអាចមានសេចក្តីអំណរ និងសេរីភាព ហើយក៏គ្មាននរណាអាចវាយប្រហារអ្នកបានដែរ។ មិនថាទ្រឹស្តីខ្លាំងប៉ុនណានោះទេ វាមិនអាចយកឈ្នះសេចក្តីពិតបានឡើយ។ ដោយសារសេចក្តីពិត ពិភពលោកនេះអាចរង្គោះរង្គើ ហើយភ្នំ និងសមុទ្រអាចផ្លាស់ទីបាន ខណៈពេលដែលគ្មានសេចក្តីពិតអាចធ្វើឱ្យជញ្ជាំងដ៏រឹងមាំរបស់ក្រុង ត្រូវបានដង្កូវស៊ីក្លាយជាកម្ទេចថ្មប៉ុណ្ណោះ។ នេះជាការពិតដ៏ជាក់ស្តែង។
(ដកស្រង់ពី «នៅពេលដែលអ្នកយល់ដឹងអំពីសេចក្ដីពិត អ្នកគួរយកវាមកអនុវត្ត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដើម្បីឱ្យច្បាស់លាស់ ការដើរតាមមាគ៌ារបស់ពេត្រុសនៅក្នុងសេចក្ដីជំនឿរបស់បុគ្គលម្នាក់ មានន័យថាដើរលើមាគ៌ានៃការដេញតាមសេចក្ដីពិត ដែលមានន័យថាមាគ៌ានៃការស្គាល់ខ្លួនឯងពិតប្រាកដ និងការផ្លាស់ប្ដូរនិស្ស័យរបស់បុគ្គលម្នាក់។ មានតែតាមរយៈការដើរតាមមាគ៌ារបស់ពេត្រុសប៉ុណ្ណោះ ដែលបុគ្គលម្នាក់ស្ថិតនៅលើមាគ៌ានៃការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បុគ្គលម្នាក់ត្រូវតែមានភាពច្បាស់លាស់ អំពីរបៀបដើរតាមមាគ៌ារបស់ពេត្រុស ក៏ដូចជាយកវាទៅអនុវត្ត។ ជាដំបូង បុគ្គលម្នាក់ត្រូវតែទុកទៅម្ខាងនូវចេតនាផ្ទាល់ខ្លួន ការដេញតាមមិនត្រឹមត្រូវ និងសូម្បីតែគ្រួសារ ព្រមទាំងអ្វីៗទាំងអស់ខាងសាច់ឈាមរបស់គេ។ បុគ្គលម្នាក់ត្រូវតែមានភក្ដីភាពស្មោះអស់ពីចិត្ត។ គឺអាចនិយាយបានថា គេត្រូវមានភក្ដីភាពទាំងស្រុងចំពោះព្រះបន្ទូលព្រះជាម្ចាស់ ផ្ដោតលើការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់ ផ្ចង់អារម្មណ៍លើការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់អ្វីៗទាំងអស់។ នេះគឺជាវិធីសាស្ដ្រគ្រឹះ និងសំខាន់បំផុតនៃការអនុវត្ត។ នេះគឺជាអ្វីដែលពេត្រុសបានធ្វើក្រោយពេលមើលឃើញព្រះយេស៊ូវ ហើយមានតែតាមរយៈការអនុវត្តតាមវិធីនេះប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចសម្រេចបានលទ្ធផលដ៏ល្អបំផុត។ ការមានភក្ដីភាពស្មោះអស់ពីចិត្តចំពោះព្រះបន្ទូលព្រះជាម្ចាស់ ជាចម្បងទាក់ទងនឹងការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ផ្ដោតលើការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងការទទួលបានសេចក្ដីពិតជាច្រើនទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអានព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនបានផ្ដោតលើការយល់ដឹងពីគោលលទ្ធិនោះទេ ហើយគាត់រឺតតែមិនបានផ្ដោតលើការទទួលបានចំណេះដឹងផ្នែកទេវសាស្ដ្រទៅទៀត។ ផ្ទុយទៅវិញ គាត់បានផ្ចង់អារម្មណ៍ទៅលើការយល់ដឹងពីសេចក្ដីពិត និងការស្វែងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏ដូចជាការសម្រេចឱ្យបាននូវការយល់ដឹងអំពីនិស្ស័យ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ពេត្រុសក៏បានព្យាយាមស្វែងយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សតាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ក៏ដូចជាស្វែងយល់ពីធម្មជាតិ សារជាតិ និងចំណុចខ្វះខាតជាក់ស្ដែងរបស់មនុស្ស ដែលជាហេតុនាំទៅរកភាពងាយស្រួលក្នុងការបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ផងដែរ។ ពេត្រុសមានការអនុវត្តត្រឹមត្រូវជាច្រើនដែលប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះជាម្ចាស់។ នេះជាអ្វីដែលស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់បំផុត ហើយវាគឺជាវិធីដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចសហការបាន ខណៈពេលកំពុងមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលឆ្លងកាត់ការល្បងលរាប់រយ ដែលព្រះជាម្ចាស់បញ្ជូនមក ពេត្រុសបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរ៉ឹងធៀបនឹងព្រះបន្ទូលអំពី ការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងការបើកសម្តែងរបស់មនុស្ស និងព្រះបន្ទូលគ្រប់ម៉ាត់នៃការទាមទាររបស់ទ្រង់ចំពោះមនុស្ស ហើយបានព្យាយាមយល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃព្រះបន្ទូលទាំងនោះ។ គាត់បានព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីសញ្ជឹងគិត និងទន្ទេញព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ ហើយគាត់សម្រេចបានលទ្ធផលយ៉ាងល្អ។ តាមរយៈការអនុវត្តបែបនេះ គាត់អាចមានការយល់ដឹងអំពីខ្លួនឯងចេញពីព្រះបន្ទូលព្រះជាម្ចាស់ ហើយគាត់មិនត្រឹមតែបានយល់ពីសភាពពុករលួយផ្សេងៗ និងចំណុចខ្វះខាតរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានយល់ពីសារជាតិ និងធម្មជាតិរបស់មនុស្សផងដែរ។ នេះហើយជាអត្ថន័យនៃការយល់ដឹងពីខ្លួនឯងពិតប្រាកដ។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនត្រឹមតែបានស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានឃើញពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះកិច្ចការរបស់ទ្រង់ និងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិផងដែរ។ តាមរយៈព្រះបន្ទូលទាំងនេះ គាត់ក៏បានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។ គាត់បានស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ គាត់បានស្គាល់ និងយល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពគួរឱ្យស្រលាញ់របស់ព្រះជាម្ចាស់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សដែរ។ ទោះបីជាកាលនោះ ព្រះជាម្ចាស់មិនបានមានបន្ទូលច្រើនដូចដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃនេះក៏ដោយ ក៏លទ្ធផលនៅក្នុងទិដ្ឋភាពទាំងនេះបានសម្រេចនៅក្នុងពេតុ្រសដែរ។ នេះគឺជារឿងមួយដ៏កម្រ និងមានតម្លៃ។ ពេត្រុសបានឆ្លងកាត់ការល្បងលរាប់រយជំពូក ប៉ុន្ដែគាត់មិនបានរងទុក្ខដោយឥតប្រយោជន៍នោះទេ។ គាត់មិនត្រឹមតែបានយល់ពីខ្លួនឯងចេញពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានស្គាល់ព្រះជាម្ចាស់ដែរ។ បន្ថែមលើនេះទៀត គាត់បានយកចិត្តទុកដាក់ជាពិសេសលើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ មិនថាក្នុងទិដ្ឋភាពបែបណានោះទេ ឱ្យតែមនុស្សគួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺពេត្រុសបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទិដ្ឋភាពទាំងនេះ និងសម្រេចបាននូវភាពច្បាស់លាស់ពេញលេញ។ ការនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះច្រកចូលទៅក្នុងជីវិតរបស់គាត់។ មិនថាព្រះជាម្ចាស់មានបន្ទូលអ្វីឡើយ ដរាបណាព្រះបន្ទូលទាំងនោះអាចក្លាយជាជីវិត និងជាសេចក្ដីពិត នោះពេត្រុសអាចឆ្លាក់វានៅក្នុងដួងចិត្ដរបស់គាត់ ដើម្បីសញ្ជឹងគិត និងសរសើរពីព្រះបន្ទូលទាំងនោះជារឿយៗ។ ដោយបានស្ដាប់ឮព្រះបន្ទូលព្រះយេស៊ូវរួច គាត់អាចយកព្រះបន្ទូលទាំងនោះចូលទៅក្នុងដួងចិត្ត ដែលបង្ហាញថា គាត់បានផ្ដោតជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់ពិតជាសម្រេចបានលទ្ធផលនៅទីបញ្ចប់។ មានន័យថា គាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តដោយសេរី អនុវត្តសេចក្ដីពិតយ៉ាងត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើសកម្មភាពស្របតាមចេតនារបស់ព្រះជាម្ចាស់ និងលះបង់ចោលគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គាត់។ តាមរបៀបនេះ ពេត្រុសបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
ប្រសិនបើបុគ្គលម្នាក់អាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនផ្អែកលើពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ហើយអាចចូលទៅកាន់តថភាពនៃគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត នោះគេជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ គឺអាចនិយាយបានថា កិច្ចការ និងព្រះបន្ទូលព្រះជាម្ចាស់មានប្រសិទ្ធភាពចំពោះពួកគេ ហើយថាព្រះបន្ទូលព្រះជាម្ចាស់បានក្លាយជាជីវិតពួកគេ ពួកគេបានទទួលសេចក្ដីពិត ហើយពួកគេអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនេះទៅ ធម្មជាតិនៃសាច់ឈាមរបស់ពួកគេ ដែលជាមូលដ្ឋានគ្រឹះនៃអត្ថិភាពដើមរបស់ពួកគេនឹងអង្រួនដាច់ចេញពីគ្នា និងដួលរលំ។ មានតែក្រោយពេលមនុស្សមានព្រះបន្ទូលព្រះជាម្ចាស់ជាជីវិតរបស់ខ្លួនប៉ុណ្ណោះ ទើបពួកគេនឹងក្លាយជាមនុស្សថ្មី។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់មនុស្ស ប្រសិនបើនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ ការបើកសម្តែង និងសេចក្ដីតម្រូវការរបស់ទ្រង់ចំពោះមនុស្សជាតិ និងបទដ្ឋានសម្រាប់ជីវិតមនុស្ស ដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញ បានក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើមនុស្សរស់នៅស្របតាមព្រះបន្ទូល និងសេចក្ដីពិតទាំងនេះ នោះពួកគេច្បាស់ជាត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះបានកើតជាថ្មី ហើយបានក្លាយជាមនុស្សថ្មីតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាមាគ៌ាដែលពេត្រុសបានដេញតាមសេចក្ដីពិត។ នេះគឺជាមាគ៌ានៃការប្រោសឱ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលព្រះជាម្ចាស់បានប្រោសពេត្រុសឱ្យបានគ្រប់លក្ខណ៍ គាត់ទទួលបានជីវិតចេញពីព្រះបន្ទូលព្រះជាម្ចាស់ សេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ បានក្លាយជាជីវិតរបស់គាត់ ហើយគាត់បានក្លាយជាបុគ្គលម្នាក់ដែលបានទទួលសេចក្តីពិត។
(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)