៣. ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។ អស់អ្នកដែលនិយាយថា «ព្រះអម្ចាស់ ព្រះអម្ចាស់» សុទ្ធតែជាអ្នកជឿ និងបម្រើព្រះអម្ចាស់។ ពួកគេតែងតែបានធ្វើការលះបង់ បោះបង់ខ្លួនឯង និងបានប្រឹងប្រែងធ្វើការសម្រាប់ព្រះអម្ចាស់ ហើយពួកគេបានផ្សាយដំណឹងល្អ និងបានកសាងពួកជំនុំនានា។ តើពួកគេមិនបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ តាមរយៈការធ្វើកិច្ចការទាំងអស់នេះទេឬ? នៅពេលដែលព្រះអម្ចាស់យេស៊ូវយាងត្រលប់មកវិញ ហេតុអ្វីបានជាពួកគេនឹងមិនទទួលបានការសរសើរពីព្រះអម្ចាស់ ហើយបែរជាត្រូវទ្រង់ថ្កោលទោសជាអ្នកធ្វើការអាក្រក់ទៅវិញ?
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ការបម្រើព្រះជាម្ចាស់ មិនមែនជាកិច្ចការសាមញ្ញឡើយ។ អ្នកណាដែលមិនទាន់បានផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្លួននៅឡើយទេនោះ មិនអាចបម្រើព្រះជាម្ចាស់បានទេ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនទាន់បានវិនិច្ឆ័យ និងវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឱ្យសាតាំងដដែល ហើយការបម្រើព្រះរបស់អ្នក គឺផ្អែកតាមនិស្ស័យបែបសាតាំង ដែលនេះបញ្ជាក់ថា អ្នកបម្រើព្រះគ្រាន់តែដើម្បីបង្ហាញចេតនាល្អប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ទៅតាមចរិតពីកំណើតរបស់អ្នក និងតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនអ្នក។ ជាងនេះទៅទៀត អ្នកតែងតែគិតថា កិច្ចការដែលអ្នកព្រមធ្វើនោះ គឺសុទ្ធតែជាកិច្ចការដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ទាំងអស់ ហើយកិច្ចការដែលអ្នកមិនចង់ធ្វើ គឺសុទ្ធតែជាកិច្ចការដែលព្រះជាម្ចាស់ស្អប់។ ដូច្នេះ អ្នកក៏ធ្វើកិច្ចការគ្រប់យ៉ាងទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។ តើទង្វើបែបនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យជីវិតរបស់អ្នកនឹងគ្មានការផ្លាស់ប្តូរសូម្បីតែបន្តិចសោះឡើយ តែផ្ទុយទៅវិញ ការបម្រើព្រះរបស់អ្នក កាន់តែធ្វើឱ្យអ្នកមានចិត្តរឹងរូសខ្លាំងឡើង ហេតុនេះ អ្នកក៏ប្រកាន់ខ្ជាប់តាមនិស្ស័យពុករលួយរបស់ខ្លួនដោយបែបនេះ។ ហេតុនេះហើយទើបអ្នកបង្កើតជាច្បាប់ទម្លាប់នៅក្នុងបម្រើព្រះជាម្ចាស់ ដែលភាគច្រើនផ្អែកលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងផ្អែកលើបទពិសោធដែលទទួលបានពីការបម្រើព្រះតាមនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធ និងជាមេរៀនរបស់មនុស្ស ជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅក្នុងពិភពលោកនេះ។ មនុស្សដែលមានលក្ខណៈបែបនេះ អាចចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនាបាន។ ប្រសិនបើពួកគេមិនភ្ញាក់ខ្លួន និងប្រែចិត្តទេ នោះពួកគេនឹងក្លាយជាព្រះគ្រីស្ទក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលបោកបញ្ឆោតមនុស្សនៅគ្រាចុងក្រោយមិនខាន។ ព្រះគ្រីស្ទក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដែលគេនិយាយនោះ នឹងលេចមកពីក្នុងចំណោមមនុស្សប្រភេទនេះឯង។ ប្រសិនបើអ្នកណាដែលបម្រើព្រះជាម្ចាស់ ធ្វើតាមចរិតផ្ទាល់របស់គេ និងប្រព្រឹត្តទៅតាមបំណងរបស់គេផ្ទាល់ អ្នកនោះនឹងប្រឈមនឹងការផាត់ចោលនៅពេលណាមួយជាក់ជាមិនខាន។ អ្នកណាដែលប្រើបទពិសោធរាប់សិបឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀននិងគ្រប់គ្រងមនុស្ស និងដើម្បីឱ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួនទេនោះ មនុស្សទាំងនេះនឹងត្រូវដួលចុះនៅចំពោះព្រះជាម្ចាស់មិនខាន។ ពួកគេជាប្រភេទមនុស្សដូចជាប៉ុលដែរ ដែលចូលចិត្តអួតអាងអំពីឋានៈបុណ្យសក្តិខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនប្រោសមនុស្សបែបនេះឱ្យបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើព្រះបែបនេះ គឺជាការជ្រៀតជ្រែកដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងទម្លាប់ចាស់។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណចាស់ៗ ទៅនឹងអ្វីគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយគឺជាឧបសគ្គដ៏ធំក្នុងការបម្រើព្រះជាម្ចាស់របស់ពួកគេនោះ។ ប្រសិនបើអ្នកមិនអាចលះបង់អ្វីទាំងនេះបានទេ នោះវានឹងនៅរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ទោះបីនៅពេលអ្នកបម្រើព្រះជាម្ចាស់ អ្នកប្រឹងរត់ដល់បាក់ជើង ឬធ្វើការធ្ងន់ដល់បាក់ខ្នង ឬទោះបីអ្នកត្រូវស្លាប់ដោយសារតែជំនឿរបស់អ្នកក៏ដោយ ក៏ទ្រង់នឹងមិនសរសើរអ្នកសូម្បីបន្តិចណាដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សប្រព្រឹត្តអាក្រក់។
(ដកស្រង់ពី «ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងជំនឿរបស់គាត់លើព្រះជាម្ចាស់ ពេត្រុសបានព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ការទាំងអស់ ហើយបានព្យាយាមស្ដាប់បង្គាប់នូវគ្រប់ការទាំងអស់ដែលមកអំពីព្រះជាម្ចាស់។ គាត់អាចទទួលយកនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏ដូចជាការបន្សុទ្ធ ទុក្ខសោក និងការបន្តទៅមុខដោយគ្មានអ្វីសោះនៅក្នុងជីវិតរបស់គាត់ ដោយគ្មានការតវ៉ាសូម្បីតែបន្តិច ហើយគ្មានអ្វីអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់បានឡើយ។ តើនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? មិនថានៅក្នុងការវាយផ្ចាល ការជំនុំជម្រះ ឬទុក្ខសោកនោះទេអ្នកតែងអាចសម្រេចបាននូវការស្ដាប់បង្គាប់រហូតដល់ស្លាប់បាន ហើយនេះគឺជាអ្វីដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីសម្រេចឱ្យបាន នេះគឺជាភាពស្អាតបរិសុទ្ធនៃសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ប្រសិនបើមនុស្សសម្រេចបានចំណុចនេះបានកាន់តែច្រើន នោះគេនឹងមានលក្ខណៈសម្បត្តិជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីផ្សេងដែលអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះអាទិករបានប្រសើរជាងនេះឡើយ។ ឧបមាថា អ្នកអាចធ្វើការថ្វាយព្រះជាម្ចាស់បាន ប៉ុន្តែអ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបាន។ តាមរបៀបនេះអ្នកមិនត្រឹមតែនឹងមិនបានបំពេញភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ថ្កោលទោសដែរ ដ្បិតអ្នកគឺជាមនុស្សម្នាក់ដែលមិនមានសេចក្ដីពិត ជាអ្នកដែលមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន ហើយជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ អ្នកគ្រាន់តែខ្វល់អំពីការធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះនិងមិនខ្វល់អំពីការប្រតិបត្តិសេចក្ដីពិត ឬស្វែងយល់អំពីខ្លួនឯងឡើយ។ អ្នកពុំយល់ ឬស្គាល់ព្រះអាទិករទេ ហើយអ្នកមិនស្ដាប់បង្គាប់ ឬស្រឡាញ់ព្រះអាទិករឡើយ។ អ្នកគឺជាមនុស្សម្នាក់ដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់តាំងពីកំណើតមក ហើយមនុស្សបែបអ្នកនេះ មិនត្រូវបានព្រះអាទិករសព្វព្រះហឫទ័យឡើយ។
(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សខ្លះនឹងនិយាយថា «ខ្ញុំបានធ្វើកិច្ចការជាច្រើនសម្រាប់ទ្រង់ ហើយបើទោះបីជាខ្ញុំមិនអាចសម្រេចនូវសមិទ្ធផលដែលគួរសាទរក្ដី ក៏ខ្ញុំនៅតែបន្តមានការព្យាយាមនៅក្នុងកិច្ចការរបស់ខ្ញុំដដែល។ តើទ្រង់មិនអាចត្រឹមអនុញ្ញាតឱ្យខ្ញុំចូលទៅស្ថានសួគ៌ដើម្បីទទួលទានផ្លែឈើនៃជីវិតទេឬ?» អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឱ្យប្រឡូកប្រឡាក់ទីធ្លាដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការយ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឱ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឱ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាក្រឹត្យក្រមរបស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!
(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែមានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឱ្យមនុស្សទាំងអស់ត្រូវតែសម្រេចឱ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែអ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន។» វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែសេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឱ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែអ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយដេញតាមវាដោយមានអាកប្បកិរិយាសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏ត្រឹមត្រូវ ហើយវាក៏ជាការដាក់ទោសយ៉ាងត្រឹមត្រូវចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្នករាល់គ្នាប្រហែលជាស្រមៃគិតថា ដោយបានធ្វើជាអ្នកដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំ អ្នកបានខិតខំធ្វើការមិនថាជាអ្វីទេ ហើយអ្នកគួរទទួលបានបាយមួយចាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងនាមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំចង់មានបន្ទូលប្រាប់ថា ភាគច្រើននៃអ្នករាល់គ្នាគិតតាមរបៀបនេះ ដ្បិតអ្នករាល់គ្នាតែងតែស្វែងរកនូវគោលការណ៍ ពីរបៀបទាញយកប្រយោជន៍ ហើយមិនឱ្យមានការទាញយកប្រយោជន៍ពីខ្លួនឡើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាឥឡូវនេះដោយភាពម៉ឺងម៉ាត់ទាំងអស់ថា៖ ខ្ញុំមិនខ្វល់ថាកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគួរឱ្យស្ញើចយ៉ាងណា សមត្ថភាពរបស់អ្នកខ្លាំងប៉ុនណា អ្នកធ្វើតាមខ្ញុំបានជាប់ប៉ុនណា កិត្តិនាមល្បីល្បាញប៉ុនណា ឬអាកប្បកិរិយារបស់អ្នកមានភាពប្រសើរប៉ុនណានោះទេ ដរាបណាអ្នកមិនបានបំពេញតាមការទាមទាររបស់ខ្ញុំ នោះអ្នកនឹងមិនអាចទទួលបាននូវការសរសើរពីខ្ញុំនោះឡើយ។ ចូរសរសេរចេញនូវគំនិត និងការគណនាទាំងនោះទាំងអស់របស់អ្នករាល់គ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមធ្វើតាមសេចក្ដីតម្រូវរបស់ខ្ញុំយ៉ាងហ្មត់ចត់។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ទៅជាផេះផង់ ដើម្បីបញ្ចប់នូវកិច្ចការរបស់ខ្ញុំ ហើយដែលអាក្រក់បំផុតនោះ គឺធ្វើឱ្យឆ្នាំនៃកិច្ចការនិងការរងទុក្ខទាំងប៉ុន្មានរបស់ខ្ញុំ ត្រឡប់ទៅជាឥតប្រយោជន៍ ដ្បិតខ្ញុំមិនអាចយកខ្មាំងសត្រូវ និងមនុស្សដែលធ្វើការអាក្រក់ទាំងនោះ ហើយដែលមានរូបរាងរបស់សាតាំង ឱ្យចូលមកក្នុងនគររបស់ខ្ញុំ ឬយកចូលទៅក្នុងយុគសម័យបន្ទាប់បាននោះឡើយ។
(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)