៦. ខ្ញុំជឿថាមានព្រះជាម្ចាស់ ប៉ុន្តែខ្ញុំនៅក្មេងនៅឡើយ ខ្ញុំត្រូវតែខំធ្វើការសម្រាប់ក្រុមគ្រួសារ និងអាជីពរបស់ខ្ញុំ ហើយវានៅមានកិច្ចការជាច្រើនទៀតដែលខ្ញុំចង់ធ្វើ។ តើខ្ញុំនឹងនៅតែបានសង្រ្គោះឬទេ បើខ្ញុំរង់ចាំរហូតដល់ខ្ញុំមានវ័យចាស់ និងមានពេលជឿលើព្រះជាម្ចាស់?
ខគម្ពីរយោង៖
«តើគាត់នឹងបានផលចំណេញអ្វី ប្រសិនបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ហើយបាត់បង់ព្រលឹងរបស់ខ្លួននោះ? ឬថាតើមនុស្សត្រូវផ្ដល់អ្វីដើម្បីដោះដូរព្រលឹងវិញ្ញាណរបស់ខ្លួន?» (ម៉ាថាយ ១៦:២៦)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលខ្ញុំចាប់ផ្ដើមកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមប្រជាជាតិសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលខ្ញុំត្រូវចាត់ថ្នាក់គ្រប់ភាវៈដែលព្រះបានបង្កើតទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឱ្យកិច្ចការរបស់ខ្ញុំ ដំណើរការទៅមុខបានលឿន ហើយអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។ ដូច្នេះហើយ អ្វីដែលខ្ញុំស្នើសុំពីអ្នករាល់គ្នានៅតែឱ្យអ្នកលះបង់ខ្លួនទាំងមូលរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ លើសពីនេះទៅទៀត អ្នកត្រូវមើលឱ្យធ្លុះ និងមើលឱ្យឃើញច្បាស់នូវកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងអ្នក ហើយខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់អ្នក ដើម្បីឱ្យកិច្ចការរបស់ខ្ញុំអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។ នេះគឺជាអ្វីដែលអ្នកត្រូវតែយល់។ ឈប់ប្រជែងគ្នាទៅវិញទៅមក ឈប់រកផ្លូវថយ ឬស្វែងរកសេចក្ដីសុខស្រួលសម្រាប់សាច់ឈាមរបស់អ្នក ដើម្បីជៀសវាងការបង្អាក់កិច្ចការរបស់ខ្ញុំ និងរារាំងអនាគតដ៏អស្ចារ្យរបស់អ្នក។ ការធ្វើបែបនេះមិនការពារអ្នកឡើយ ផ្ទុយទៅវិញ វាអាចនាំមកនូវសេចក្ដីហិនវិនាសដល់អ្នកតែប៉ុណ្ណោះ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីដែលអ្នកលង់សប្បាយនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងបំផ្លាញអនាគតរបស់អ្នក ចំណែកឯការឈឺចាប់ដែលអ្នកស៊ូទ្រាំនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងច្បាស់អំពីរឿងទាំងនេះ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងសេចក្តីល្បួង ដែលអ្នកនឹងពិបាកដកខ្លួនចេញ ហើយជៀសវាងការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ ហើយមិនអាចរកឃើញព្រះអាទិត្យទៀតឡើយ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។
(ដកស្រង់ពី «កិច្ចការផ្សាយដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អស់អ្នកណាដែលរស់នៅក្រៅព្រះបន្ទូលរបស់ខ្ញុំ ដោយគេចចេញពីការរងទុក្ខនៃការល្បងល តើពួកគេមិនមែនកំពុងរសាត់អណ្ដែតនៅក្នុងពិភពលោកនេះទេឬអី? ពួកគេស្រដៀងគ្នានឹងស្លឹកឈើនាសរទរដូវដែរ ដែលបក់រវិចម្តងទៅនេះ ម្តងទៅនោះ គ្មានពេលឈប់ ហើយបន្ទូលរបស់ខ្ញុំក៏មិនអាចឱ្យគេបានធូរស្បើយក្នុងចិត្តដែរ។ បើទោះបីជាការកាត់ទោស និងការបន្សុទ្ធរបស់ខ្ញុំ ពុំធ្វើតាមពួកគេក៏ពិតមែន ប៉ុន្តែតើពួកគេមិនដូចជាអ្នកសុំទាន ដែលរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ ដោយដើរតាមផ្លូវនានានៅខាងក្រៅនគរស្ថានសួគ៌ទេឬអី? តើពិភពលោកពិតជាកន្លែងសម្រាករបស់អ្នកមែនឬ? តើអ្នកពិតជាអាចទទួលបានស្នាមញញឹមនៃសេចក្ដីពេញចិត្តបន្តិចបន្តួចពីពិភពលោក ដោយការគេចចេញពីការវាយផ្ចាលរបស់ខ្ញុំមែនឬ? តើអ្នកពិតជាអាចប្រើភាពសប្បាយរីករាយមួយភ្លែតរបស់អ្នកដើម្បីបិទបាំងភាពទទេក្នុងចិត្តរបស់អ្នក ជាភាពទទេដែលមិនអាចលាក់បាំងបានឬ? អ្នកប្រហែលជាអាចបោកបញ្ឆោតអ្នកគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នក ប៉ុន្តែ អ្នកមិនអាចបោកបញ្ឆោតខ្ញុំបានឡើយ។ ដោយសារតែជំនឿរបស់អ្នកតិចពេក មកដល់ថ្ងៃនេះ អ្នកនៅតែគ្មានសមត្ថភាពស្វែងរកសេចក្ដីរីករាយណាមួយដែលជីវិតផ្ដល់ឱ្យឡើយ។ ខ្ញុំលើកទឹកចិត្តអ្នក៖ ឱ្យចំណាយពាក់កណ្តាលជីវិតរបស់អ្នកដោយស្មោះ ដើម្បីជាប្រយោជន៍របស់ខ្ញុំ ជាជាងជីវិតទាំងមូលរបស់អ្នកក្នុងភាពធម្មតាៗ និងការងារមមាញឹកសម្រាប់សាច់ឈាម ដោយទ្រាំទ្រនូវទុក្ខវេទនាទាំងអស់ដែលមនុស្សពិបាកនឹងទ្រាំទ្រ។ តើមានប្រយោជន៍អ្វីក្នុងការស្រឡាញ់ខ្លួនឯងខ្លាំងម៉្លេះ ហើយគេចចេញពីការវាយផ្ចាលរបស់ខ្ញុំនោះ? តើមានគោលបំណងអ្វីដែលត្រូវលាក់បាំងខ្លួនអ្នកពីការវាយផ្ចាលត្រឹមមួយពេលរបស់ខ្ញុំ ដោយគ្រាន់តែទទួលបានភាពអាម៉ាស់ និងការវាយផ្ចាលដ៏អស់កល្បជានិច្ចនោះ? តាមពិត ខ្ញុំមិនបានបង្ខំដាក់សេចក្ដីតម្រូវរបស់ខ្ញុំលើនរណាម្នាក់នោះទេ។ ប្រសិនបើមាននរណាម្នាក់ពិតជាសុខចិត្តចុះចូលនឹង ផែនការទាំងអស់របស់ខ្ញុំមែន នោះខ្ញុំនឹងមិនធ្វើដាក់ពួកគេ អាក្រក់ពេកទេ។ ប៉ុន្តែ ខ្ញុំត្រូវការឱ្យមនុស្សទាំងអស់ជឿលើខ្ញុំ ដូចជាយ៉ូបជឿលើខ្ញុំដ៏ជាព្រះយេហូវ៉ាដែរ។ ប្រសិនបើសេចក្តីជំនឿរបស់អ្នកលើសពីសេចក្តីជំនឿរបស់ថូម៉ាស់ នោះសេចក្តីជំនឿរបស់អ្នករាល់គ្នានឹងទទួលបានការកោតសរសើរអំពីខ្ញុំ ហើយអ្នកនឹងឃើញសេចក្ដីសុខសាន្តរបស់ខ្ញុំ នៅក្នុងភក្ដីភាពរបស់អ្នករាល់គ្នា អ្នកនឹងរកឃើញសេចក្ដីរីករាយរបស់ខ្ញុំ ហើយអ្នកនឹងប្រាកដជាឃើញសិរីល្អរបស់ខ្ញុំនៅក្នុងថ្ងៃរបស់អ្នករាល់គ្នាមិនខាន។
(ដកស្រង់ពី «អ្វីដែលហៅថា ជាមនុស្សពិតប្រាកដម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការយកពេលវេលាមកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! ប្រសិនបើអ្នករាល់គ្នាធ្លាក់នៅក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀននិងប្រលងម្ដងហើយម្ដងទៀតបាន។ ក៏ប៉ុន្តែ ថ្ងៃរបស់ខ្ញុំនឹងលែងពន្យារពេលតទៅទៀតហើយ។ ចូរចាំ! ចូរចាំទុកចុះ! ទាំងនេះគឺជាសម្ដីដាស់តឿនដោយសុទ្ធចិត្តរបស់ខ្ញុំ។ ទីបញ្ចប់នៃពិភពលោក ត្រូវបានលាតត្រដាងនៅនឹងមុខអ្នករាល់គ្នាហើយ ហើយគ្រោះមហន្តរាយដ៏ធំនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាដែលអ្នករាល់គ្នាត្រូវថ្លឹងថ្លែងអំពីការទាំងនេះបានមកដល់ហើយ! ឈប់ឆ្ងល់ទៀតហើយ! តើអ្នករាល់គ្នាភ័យខ្លាចនឹងរឿងទាំងអស់នេះខ្លាំងណាស់មែនទេ?
គួរឱ្យអាណិតម្ល៉េះ! អន់អ្វីម្ល៉េះ! ម្ដេចក៏ខ្វាក់ភ្នែកមើលមិនឃើញដូច្នេះ! មនុស្សជាតិអីក៏ឃោរឃៅយ៉ាងនេះ! ពិតណាស់ អ្នកបិទត្រចៀកមិនស្ដាប់ព្រះបន្ទូលរបស់ខ្ញុំឡើយ តើខ្ញុំកំពុងតែមានបន្ទូលទៅកាន់អ្នករាល់គ្នាដោយអសារឥតការឬ? អ្នករាល់គ្នានៅតែខ្ជីខ្ជាទៀត តើហេតុអ្វីទៅ? ហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាពិតជាមិនធ្លាប់គិតបែបនេះមែនឬ? តើខ្ញុំនិយាយសេចក្តីទាំងនេះទៅកាន់អ្នកណាទៅ? ចូរជឿខ្ញុំចុះ! ខ្ញុំជាព្រះសង្រ្គោះរបស់អ្នករាល់គ្នា! ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដារបស់អ្នករាល់គ្នា! ចូរប្រុងស្មារតី! ចូរប្រុងស្មារតីឡើង! ចូរចាំថា ពេលវេលាដែលបាត់បង់ទៅ នឹងមិនអាចត្រលប់មកវិញឡើយ! នៅក្នុងលោកនេះ គ្មានថ្នាំណាអាចព្យាបាលវិប្បដិសារីបានឡើយ! ដូច្នេះ តើខ្ញុំគួរតែមានបន្ទូលដូចម្ដេចកាន់អ្នករាល់គ្នាទៅ? តើព្រះបន្ទូលរបស់ខ្ញុំមិនមានតម្លៃនឹងឱ្យអ្នករាល់គ្នាយកទៅពិចារណាយ៉ាងយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតទេឬ? អ្នករាល់គ្នាមិនខ្វល់នឹងព្រះបន្ទូលរបស់ខ្ញុំទាល់តែសោះ ហើយក៏មិនទទួលខុសត្រូវជាមួយជីវិតរបស់ខ្លួនដែរ។ តើខ្ញុំអាចអត់ទ្រាំចំពោះទង្វើបែបនេះយ៉ាងដូចម្ដេច? តើខ្ញុំអាចធ្វើម្ដេចកើតទៅ?
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឱ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឱ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំអ្នកចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឱ្យស្រួលស្ដាប់ទៅ ដើម្បីឱ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឱ្យមានមហិច្ឆតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាសេចក្ដីប្រាថ្នារបស់មនុស្សខ្ពង់ខ្ពស់យ៉ាងណា មិនថាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬសមហេតុផលយ៉ាងណាក៏ដោយ ក៏អ្វីៗដែលមនុស្សចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពេញមួយជីវិតរបស់ពួកគេ ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ «កិត្តិយស» និង «ផលប្រយោជន៍»។ សាតាំងប្រើវិធីសាស្ត្រដ៏ស្រទន់មួយ ជាវិធីសាស្ត្រដែលស្របតាមសញ្ញាណរបស់មនុស្សយ៉ាងខ្លាំង ហើយដែលមិនមានលក្ខណៈខ្លាំងក្លានោះទេ ដើម្បីឱ្យមនុស្ស ទទួលយកមធ្យោបាយ និងច្បាប់នៃការរស់រានរបស់វា បង្កើតគោលដៅ និងទិសដៅជីវិត ហើយមានសេចក្ដីប្រាថ្នាក្នុងជីវិត ដោយមិនដឹងខ្លួន។ ទោះបីជាការពណ៌នារបស់មនុស្សអំពីសេចក្ដីប្រាថ្នានៃជីវិតរបស់ពួកគេ ស្ដាប់ទៅអស្ចារ្យយ៉ាងណាក៏ដោយ ក៏មហិច្ឆិតាទាំងនេះមិនផុតពីការដេញតាមកិត្តិនាម និង ផលប្រយោជន៍ដែរ។ អ្វីគ្រប់យ៉ាងដែលមហាបុរស ឬបុគ្គលល្បីល្បាញណាម្នាក់ ឬតាមពិតទៅ នរណាក៏ដោយ គឺដេញតាមពេញមួយជីវិតរបស់ពួកគេ ដើម្បីតែនឹងពាក្យពីរម៉ាត់នេះប៉ុណ្ណោះ គឺ «កិត្តិនាម» និង «ផលប្រយោជន៍»។ មនុស្សគិតថា ពេលណាដែលពួកគេមានកិត្តិនាម និងផលប្រយោជន៍ហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកិត្តិនាម និងផលប្រយោជន៍ហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កិត្តិនាម និងផលប្រយោជន៍ដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និង អ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេ ទៅឱ្យសាតាំង ដោយរីករាយ និង ដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយគ្មានការស្ទាក់ស្ទើរ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិចហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី?
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
សាតាំងប្រើកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេទ្រាំទ្រនឹងខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍នេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់សាតាំង។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលចុះចូលនឹងទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការត្រឹមត្រូវជាងគេបំផុតសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវបណ្ដាសា ហើយថែមទាំងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមទៀតផង។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នកខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការត្រឹមត្រូវ ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីរុញច្រានការការពាររបស់ព្រះជាម្ចាស់ចេញពីមនុស្ស ពោលគឺដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមនៃអត្ថិភាពដែលគ្មានទីបញ្ចប់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា តើគោលដៅមួយណាដែលមនុស្សបានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាចដែលអាចត្រូវបាននាំទៅ។ ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឱ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឱ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះហស្ដទ្រង់ ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)