៤. ប្រសិនបើយើងមិនជឿលើព្រះជាម្ចាស់ ហើយគ្រាន់តែមានគុណធម៌ ធ្វើតែអំពើល្អ និងមិនធ្វើអាក្រក់ តើយើងនឹងត្រូវបានព្រះជាម្ចាស់សង្រ្គោះដែរឬទេ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការផ្លាស់ប្ដូរតែឥរិយាបថគឺមិនមាននិរន្តរភាពទេ ប្រសិនបើមិនមានការប្រែប្រួលក្នុងនិស្ស័យនៃជីវិតរបស់មនុស្សទេ នោះមិនយូរមិនឆាប់ ពួកគេនឹងបង្ហាញពណ៌សម្បុរពិតរបស់ខ្លួនមិនខាន។ នេះដោយសារតែប្រភពនៃការផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេ គឺជាសេចក្ដីក្លៀវក្លា ហើយគួបផ្សំនឹងកិច្ចការមួយចំនួនដោយព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះ វាងាយស្រួលនឹងឱ្យពួកគេក្លាយជាក្លៀវក្លា ឬបង្ហាញសេចក្ដីសប្បុរសបណ្តោះអាសន្នណាស់។ ដូចដែលអ្នកមិនជឿនិយាយថា «ការធ្វើអំពើល្អមួយពេលគឺងាយស្រួលទេ អ្វីដែលពិបាកគឺការធ្វើអំពីល្អពេញមួយជីវិត»។ ហេតុអ្វីបានជាមនុស្សគ្មានសមត្ថភាពធ្វើអំពើល្អពេញមួយជីវិតរបស់ខ្លួន? ពីព្រោះដោយធម្មជាតិ មនុស្សមានភាពអាក្រក់ អាត្មានិយម និងពុករលួយ។ ឥរិយាបថរបស់មនុស្សត្រូវបានដឹកនាំដោយធម្មជាតិរបស់ពួកគេ ធម្មជាតិបែបណា ឥរិយាបថបែបនោះ ហើយមានតែអ្វីៗដែលត្រូវបានបើកសម្ដែងដោយឯកឯងទេទើបតំណាងឱ្យនិស្ស័យរបស់មនុស្ស។ អ្វីដែលក្លែងក្លាយមិនអាចស្ថិតស្ថេរបាននោះទេ។ នៅពេលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្ស វាមិនមែនដើម្បីលម្អមនុស្សដែលមានឥរិយាបថល្អនោះទេ ព្រោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់គឺដើម្បីបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីធ្វើឱ្យពួកគេកើតឡើងវិញទៅជាមនុស្សថ្មី។ ព្រះជាម្ចាស់ធ្វើការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធមនុស្ស សុទ្ធតែដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ដើម្បីឱ្យពួកគេអាចសម្រេចបាននូវការចុះចូល និងភក្ដីភាពទាំងស្រុងចំពោះព្រះជាម្ចាស់ និងបែរមកថ្វាយបង្គំទ្រង់ជាធម្មតា។ នេះគឺជាគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ការប្រព្រឹត្តល្អមិនដូចការចុះចូលចំពោះព្រះជាម្ចាស់ទេ កុំថាឡើយដល់ទៅស្មើនឹងការចុះសម្រុងជាមួយព្រះគ្រីស្ទនោះ។ ការផ្លាស់ប្ដូរឥរិយាបថគឺផ្អែកលើគោលលទ្ធិ និងកើតចេញពីភាពក្លៀវក្លា វាមិនផ្អែកលើការស្គាល់ព្រះជាម្ចាស់ច្បាស់ ឬលើសេចក្ដីពិតទេ កុំថាឡើយដល់ទៅផ្អែកលើការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនោះ។ ទោះបីពេលខ្លះ ទង្វើមួយចំនួនដែលមនុស្សធ្វើ ត្រូវបានបំភ្លឺ ឬដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏នោះមិនមែនជាការបង្ហាញចេញពីជីវិតរបស់ពួកគេដែរ។ ពួកគេមិនទាន់បានចូលក្នុងតថភាពនៃសេចក្តីពិតនៅឡើយទេ ហើយនិស្ស័យនៃជីវិតរបស់ពួកគេទៀតសោត ក៏មិនបានផ្លាស់ប្ដូរនោះដែរ។ មិនថាឥរិយាបថរបស់មនុស្សល្អយ៉ាងណានោះទេ វាមិនបញ្ជាក់ថា ពួកគេបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬថាពួកគេអនុវត្តសេចក្ដីពិតនោះទេ។ ការផ្លាស់ប្ដូរឥរិយាបថ មិនតំណាងឱ្យការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតទេ ហើយការផ្លាស់ប្ដូរទាំងនេះ ក៏មិនអាចរាប់ថាជាការបង្ហាញចេញពីជីវិតរបស់មនុស្សនោះដែរ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

តើអំពើល្អរបស់អ្នកធ្វើដើម្បីអ្វី? តើអំពើល្អទាំងនេះអាចកើតមាននៅក្នុងដួងចិត្តដែលថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? អ្នកមិនអាចទទួលបានព្រះពរពីព្រះជាម្ចាស់ដោយគ្រាន់តែធ្វើអំពើល្អមួយចំនួននោះទេ ហើយព្រះជាម្ចាស់នឹងមិនសងសឹកនឹងអំពើខុសឆ្គងប្រឆាំងនឹងអ្នក ដោយគ្រាន់តែអ្នកត្រូវក្លាយជាជនរងគ្រោះ និងត្រូវគេគៀបសង្កត់នោះទេ។ អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ តែមិនស្គាល់ព្រះជាម្ចាស់ ប៉ុន្តែជាអ្នកប្រព្រឹត្ដអំពើល្អ តើពួកគេទាំងអស់នឹងមិនត្រូវវាយផ្ចាលទេឬអី? អ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ គ្រាន់តែចង់ឱ្យព្រះជាម្ចាស់កែតម្រង់ និងសងសឹកចំពោះអំពីខុសឆ្គងប្រឆាំងនឹងអ្នក ហើយអ្នកចង់ឱ្យព្រះជាម្ចាស់ទទួលស្គាល់អ្នក ជាថ្ងៃមួយដែលទីបំផុតអ្នកអាចចេញមកដោយឥតលាក់លៀមងើបក្បាលខ្ពស់នៅទីបំផុតទៅ។ ប៉ុន្តែ អ្នកបដិសេធមិនចង់យកចិត្តទុកដាក់ចំពោះសេចក្តីពិត ហើយអ្នកក៏មិនស្រេចឃ្លាននឹងស្ដែងចេញនូវសេចក្ដីពិតនោះតាមរយៈការរស់នៅដែរ។ អ្នកកាន់តែមិនអាចគេចចេញពីជីវិតដែលលំបាក និងទទេសូន្យនោះដែរ។ ផ្ទុយទៅវិញ ខណៈពេលដែលការរស់នៅក្នុងជីវិតខាងសាច់ឈាម និងជីវិតដែលមានបាបរបស់អ្នក អ្នកហាក់ដូចជាត្រេកអរនឹងព្រះជាម្ចាស់ចំពោះសិទ្ធិតវ៉ារបស់អ្នក និងផាត់ចេញនូវអ័ព្ទដែលបាំងជីវិតរបស់អ្នក។ ប៉ុន្តែ តើវាអាចទៅរួចដែរឬទេ? ប្រសិនបើអ្នកមាននូវសេចក្តីពិត អ្នកអាចដើរតាមព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមានការសម្ដែងចេញតាមរយៈការរស់នៅ អ្នកអាចជាការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមានជីវិត អ្នកអាចអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់បាន។ អស់អ្នកណាដែលមានសេចក្តីពិត អាចអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ធានាកែតម្រង់ដល់អស់អ្នកណាដែលស្រលាញ់ទ្រង់ដោយស្មោះអស់ពីចិត្ត និងដល់អ្នកណាដែលស៊ូទ្រាំនឹងទុក្ខលំបាក និងការរងទុក្ខនានា ប៉ុន្តែមិនមែនសម្រាប់អស់អ្នកណាដែលគ្រាន់តែស្រឡាញ់ខ្លួនឯង និងអស់អ្នកណាដែលបានធ្លាក់ជាចំណីនៃការបោកប្រាស់របស់សាតាំងឡើយ។ តើអាចមានសេចក្តីល្អនៅក្នុងខ្លួនរបស់អស់អ្នកណាដែលមិនស្រឡាញ់សេចក្តីពិតបានដូចម្តេចទៅ? តើអាចមានសេចក្តីសុចរិតនៅក្នុងខ្លួនអ្នកណាដែលគ្រាន់តែស្រឡាញ់ខាងសាច់ឈាមបានដូចម្តេចទៅ? តើសេចក្តីសុចរិត និងសេចក្ដីល្អទាំងពីរមិនបាននិយាយដោយគ្រាន់តែសម្អាងទៅលើសេចក្តីពិតទេឬអី? តើចំណុចនេះមិនរក្សាទុកសម្រាប់អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ដទេឬអី? អស់អ្នកណាដែលមិនស្រឡាញ់សេចក្តីពិត និងអស់អ្នកណាដែលជាសាកសពមានក្លិនអសោច តើពួកគេទាំងអស់នេះ មិនមែនជាទីជម្រកនៃអំពើអាក្រក់ទេឬអី? អស់អ្នកណាដែលមិនអាចស្ដែងចេញនូវសេចក្តីពិតតាមរយៈការរស់នៅបានទេ តើពួកគេរាល់គ្នាមិនមែនជាសត្រូវនៃសេចក្តីពិតទេឬអី?

(ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើការដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់ក្នុងនាមជាពួកបរិសុទ្ធ ឬបុគ្គលសុចរិតនោះ ងាយស្រួលដែរឬទេ? នេះគឺជាឃ្លាត្រឹមត្រូវដែលថា «ពុំមានសេចក្តីសុចរិតនៅលើផែនដីនេះឡើយ សេចក្តីសុចរិតមិនមាននៅក្នុងលោកិយនេះទេ។» នៅពេលអ្នករាល់គ្នាមកចំពោះព្រះជាម្ចាស់ ចូរគិតអំពីសម្លៀកបំពាក់ដែលអ្នករាល់គ្នាពាក់ ចូរគិតពីគ្រប់ទង្វើ និងពាក្យសម្ដីរបស់អ្នករាល់គ្នា ចូរគិតពីគំនិត និងយោបល់របស់អ្នករាល់គ្នា និងគិតសូម្បីតែការយល់សប្តិដែលអ្នកសុបិនឃើញរាល់ថ្ងៃ ដោយគ្រប់ទាំងអស់នេះ គឺសម្រាប់តែជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ តើនេះមិនមែនជារឿងពិតទេឬអី? «សេចក្តីសុចរិត» ពុំមានន័យថាជាការដាក់ទានដល់អ្នកដទៃនោះទេ ក៏ពុំមានន័យថាជាការស្រឡាញ់អ្នកជិតខាងរបស់អ្នកឱ្យដូចជាខ្លួនឯងដែរ ហើយក៏ពុំមានន័យថាជាការជៀសវាងការឈ្លោះប្រកែក និងការឈ្លោះទាស់ទែងគ្នា ឬពីការលួចឆក់ប្លន់ដែរ។ សេចក្តីសុចរិតមានន័យថាជាការអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ តាមភារកិច្ចរបស់អ្នក និងគោរពតាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ចាត់ទុកដូចជារបរចិញ្ចឹមជីវិតដែលស្ថានសួគ៌ប្រទានដល់អ្នក ដោយមិនគិតពីពេលវេលា ឬទីកន្លែងឡើយ គឺដូចជាគ្រប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់យេស៊ូវបានធ្វើរួចរាល់មកហើយដែរ។ នេះគឺជាសេចក្តីសុចរិតដែលព្រះជាម្ចាស់បានមានបន្ទូល។ ឡុតអាចត្រូវគេហៅថាសុចរិតបាន គឺដោយសារគាត់បានសង្គ្រោះជីវិតទេវតាពីរអង្គដែលព្រះជាម្ចាស់បានបញ្ជូនមក ដោយពុំបានគិតពីប្រយោជន៍ ឬការខាតបង់របស់ខ្លួនឡើយ។ គេអាចត្រឹមនិយាយថា អ្វីដែលគាត់បានធ្វើនៅពេលនោះ គឺអាចហៅថាសុចរិតបាន ប៉ុន្តែគាត់មិនអាចឱ្យគេហៅថាជាមនុស្សសុចរិតបានទេ។ គឺដោយសារតែឡុតបានឃើញព្រះជាម្ចាស់ ហើយក៏បានប្រគល់កូនស្រីពីរនាក់របស់គាត់ដើម្បីដូរនឹងទេវតាពីរអង្គ ដែលអាចហៅថាជាទង្វើសុចរិតបាន ប៉ុន្តែឥរិយាបថទាំងអស់របស់គាត់កាលពីមុន មិនសុទ្ធតែតំណាងឱ្យសេចក្តីសុចរិតនោះទេ។ ដូច្នេះ ខ្ញុំមានបន្ទូលថា «ពុំមានមនុស្សសុចរិតនៅលើផែនដីនេះឡើយ»។ សូម្បីតែអស់អ្នកដែលនៅក្នុងនិកាយ ដំណើរនៃការជាសះស្បើយ (Stream of Recovery) ក៏គ្មាននរណាម្នាក់អាចហៅថាសុចរិតបានដែរ។ មិនថាទង្វើរបស់អ្នកល្អយ៉ាងណា មិនថាអ្នកចេញមកសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់យ៉ាងណា មិនថាអ្នកមិនដែលវាយតប់ និងដាក់បណ្ដាសាអ្នកដទៃ មិនថាអ្នកមិនលួចឆក់ប្លន់ពីអ្នកដទៃនោះទេ ក៏អ្នកនៅតែមិនអាចហៅថាសុចរិតបានដែរ ដ្បិតទង្វើនេះ គឺមនុស្សធម្មតាសុទ្ធតែអាចធ្វើបាន។ ចំណុចសំខាន់នៅក្នុងពេលនេះគឺថា អ្នកពុំស្គាល់ព្រះជាម្ចាស់។ គេអាចត្រឹមនិយាយបានថា នៅពេលបច្ចុប្បន្ននេះ អ្នកមានភាពជាមនុស្សធម្មតាតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែគ្មានធាតុនៃសេចក្តីសុចរិតដែលព្រះទ្រង់មានបន្ទូលឡើយ ដូច្នេះហើយ គ្មានអ្វីដែលអ្នកធ្វើអាចបញ្ជាក់បានថាអ្នកស្គាល់ព្រះជាម្ចាស់ឡើយ។

(ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកអាចជាមនុស្សមានអធ្យាស្រ័យ និងមានការលះបង់ជាពិសេសចំពោះសាច់ញាតិ មិត្ដភក្ដិ ប្ដីប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយរបស់អ្នក ហើយមិនដែលកេងចំណេញពីអ្នកដទៃណា ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានភាពស្របគ្នាជាមួយព្រះគ្រីស្ទបានទេ ប្រសិនបើអ្នកគ្មានទំនាក់ទំនងចុះសម្រុងជាមួយទ្រង់ទេ ដូច្នេះ ទោះបីជាអ្នកលះបង់គ្រប់យ៉ាងដើម្បីជួយដល់អ្នកជិតខាង ឬយកចិត្តទុកដាក់មើលថែទាំឪពុកម្ដាយ និងសមាជិកគ្រួសាររបស់អ្នកក៏ដោយ ក៏ខ្ញុំនៅតែហ៊ាននិយាយថា អ្នកជាមនុស្សអាក្រក់ ហើយក៏ជាមនុស្សដែលពោរពេញទៅដោយល្បិចកលបោកបញ្ឆោតដែរ។ ចូរកុំគិតថាខ្លួនឯងចុះសម្រុងជាមួយព្រះគ្រីស្ទដោយព្រោះតែអ្នកចុះសម្រុងនឹងអ្នកដទៃ ឬធ្វើអំពើល្អតិចតួចឱ្យសោះ។ តើអ្នកគិតថា ចេតនាសប្បុរសរបស់អ្នក អាចទទួលបានព្រះពរពីស្ថានសួគ៌ឬ? តើអ្នកគិតថា ការធ្វើអំពើល្អបន្តិចបន្តួចនេះ អាចជំនួសឱ្យការស្ដាប់បង្គាប់របស់អ្នកបានហើយមែនទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចទទួលយកការដោះស្រាយជាមួយ និងការលួសកាត់បានឡើយ ហើយអ្នករាល់គ្នាក៏មានការលំបាកក្នុងការទទួលយកភាពជាមនុស្សធម្មតារបស់ព្រះគ្រីស្ទដែរ ទោះបីអ្នករាល់គ្នាអះអាងឥតឈប់ថា អ្នករាល់គ្នាស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ។ សេចក្ដីជំនឿបែបអ្នករាល់គ្នានេះ នឹងទទួលកម្មពៀរដែលស័ក្តិសមមិនខាន។

(ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. ជីវិតរបស់មនុស្សបានកន្លងផុតទៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះក្នុងពេលពីរបីទសវត្សរ៍។ ដោយក្រឡេកមើលក្រោយ ពួកគេក៏នឹកឃើញពីជីវិតរបស់ខ្លួន៖ ការទៅរៀន ធ្វើការ រៀបការ មានកូន រង់ចាំសេចក្តីស្លាប់ ពោលគឺជីវិតរបស់ពួកគេទាំងស្រុងបានមមាញឹកជុំវិញតែរឿងប្រយោជន៍គ្រួសារ លុយកាក់ ឋានៈបុណ្យស័ក្ដិ ទ្រព្យសម្បត្តិ និងកិត្យានុភាព ដោយគ្មាននូវទិសដៅ និងកម្មវត្ថុដ៏ពិតអំពីអត្ថិភាពជាមនុស្ស ហើយក៏មិនអាចរកឃើញនូវគុណតម្លៃ ឬអត្ថន័យណាមួយនៅក្នុងការមានជីវិតរស់នៅផងដែរ។ ដូច្នេះ មនុស្សរស់នៅពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងផ្លូវដ៏ឈឺចាប់ និងគ្មានន័យខ្លឹមសារនេះ។ ហេតុអ្វីបានជាជីវិតរបស់មនុស្សឈឺចាប់ និងគ្មានន័យខ្លឹមសារបែបនេះ? តើការឈឺចាប់ និងភាពគ្មានន័យខ្លឹមសារនៃអត្ថិភាពរបស់មនុស្សអាចត្រូវបានដោះស្រាយយ៉ាងដូចម្ដេចទៅ?

បន្ទាប់៖ ៥. វាជាការល្អក្នុងការជឿលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំគិតថា គ្រប់សាសនាសុទ្ធតែបង្រៀនមនុស្សឲ្យក្លាយជាមនុស្សល្អ។ ដូច្នេះ មិនថាមនុស្សជឿលើសាសនាណាឡើយ ដរាបណាពួកគេទៀងត្រង់ និងមិនធ្វើអាក្រក់ នោះពួកគេនឹងប្រាកដជាត្រូវបានព្រះជាម្ចាស់សង្រ្គោះមិនខាន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ