១. ហេតុអ្វីបានជាយើងគួរតែជឿលើព្រះជាម្ចាស់?
ខគម្ពីរយោង៖
«កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី» (លោកុប្បត្តិ ១:១)។
«ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ ចូរឲ្យមានពន្លឺ នោះពន្លឺក៏មានឡើង។ ហើយព្រះជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ ទ្រង់ក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់បានហៅពន្លឺថា ថ្ងៃ ហើយហៅភាពងងឹតថា យប់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ» (លោកុប្បត្តិ ១:៣-៥)។
«ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ចូរឲ្យទឹកញែកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។ វាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:៦-៧)។
«ព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង ហើយវាក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានហៅទីគោកនោះថា ដី ហើយទឹកដែលប្រមូលផ្ដុំគ្នានោះថា សមុទ្រ ព្រះជាម្ចាស់ទតឃើញថាល្អ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ ចូរឲ្យដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី នោះវាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:៩-១១)។
«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ និងសម្រាប់ទុកជាទីសម្គាល់ និងសម្រាប់ជារដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាដុំពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី ហើយវាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:១៤-១៥)។
«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានមច្ឆាជាតិដ៏រស់រវើកនៅក្នុងទឹក និងមានបក្សាបក្សីហោះហើរពីលើផែនដីនៅក្នុងលំហអាកាស។ ព្រះជាម្ចាស់បានបង្កើតត្រីបាឡែនដ៏ធំសម្បើម និងគ្រប់ភាវៈមានជីវិតដែលមានចលនា ដែលមាននៅក្នុងទឹកទៅតាមពូជ និងគ្រប់ទាំងសត្វស្លាបតាមពូជរបស់វាដែរ។ ហើយព្រះជាម្ចាស់ទតឃើញថាល្អ» (លោកុប្បត្តិ ១:២០-២១)។
«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែនដីតាមពូជរបស់វា៖ វាក៏កើតមានដូច្នោះមែន។ ហើយព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះជាម្ចាស់ទតឃើញថាល្អ» (លោកុប្បត្តិ ១:២៤-២៥)។
«ហើយព្រះជាម្ចាស់មានបន្ទូលថា ចូរយើងបង្កើតមនុស្សឲ្យដូចរូបយើង ឲ្យមានលក្ខណៈដូចយើង៖ ហើយចូរឲ្យពួកគេត្រួតត្រាលើត្រីក្នុងសមុទ្រ និងលើសត្វស្លាបលើអាកាស និងលើសត្វគោក្របី និងលើផែនដីទាំងមូល និងលើសត្វលូនវារទាំងអស់នៅលើដី។ ដូចនេះព្រះជាម្ចាស់បានបង្កើតមនុស្សមកដូចរូបអង្គទ្រង់ ដោយដូចរូបព្រះជាម្ចាស់ដែលបានបង្កើតគេមក គឺទ្រង់បានបង្កើតបុរស និងស្ដ្រី» (លោកុប្បត្តិ ១:២៦-២៧)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ និងគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ទំនុកបម្រុងដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក។ នេះគឺជាអត្តសញ្ញាណដែលព្រះជាម្ចាស់មាន ហើយទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានរបស់ណាមួយដែលព្រះជាម្ចាស់បានបង្កើតមក (មិនថាស្ថិតក្នុងចំណោមមនុស្សជាតិ ឬក្នុងពិភពខាងវិញ្ញាណទេ) អាចប្រើមធ្យោបាយ ឬលេសដោះសាណាមួយដើម្បីត្រាប់តាម ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដ្បិតមានព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ ដែលមានអត្តសញ្ញាណ ព្រះចេស្ដា សិទ្ធិអំណាច និងសមត្ថភាពក្នុងការត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់គង់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីខ្ពស់បំផុតពីលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយទ្រង់ផ្ទាល់ធ្វើជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនៅខាងសាច់ឈាម មកជួបមុខមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ហើយក្នុងពេលជាមួយគ្នានោះដែរ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចវាសនានៃរបស់គ្រប់យ៉ាងដែលមាន និងសម្រេចទិសដៅដែលពួកគេត្រូវទៅ។ ជាងនេះទៅទៀត ទ្រង់ដឹកនាំវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ភាវៈមានជីវិតទាំងអស់ថ្វាយបង្គំ ស្ដាប់បង្គាប់ និងស្គាល់ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងក្រុមឬប្រភេទមនុស្សជាតិបែបណាទេ ការជឿលើព្រះជាម្ចាស់ ការដើរតាមព្រះជាម្ចាស់ ការគោរពព្រះជាម្ចាស់ ការទទួលយកការត្រួតត្រារបស់ទ្រង់ និងការទទួលយកការរៀបចំវាសនារបស់អ្នកពីទ្រង់ គឺជាជម្រើសតែមួយគត់ ជាជម្រើសដ៏ចាំបាច់ សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ភាវៈមានជីវិតទាំងអស់។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
នៅក្នុងភាពល្វឹងល្វើយនៃចក្កវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមច្បាប់វដ្ដជីវិត ហើយប្រកាន់ខ្ជាប់តាមក្បួនច្បាប់ដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ... ទាំងអស់នេះគឺជាចម្ងល់ ដែលមនុស្សចេះតែសួរឥតស្រាកស្រាន្ត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជាអកុសល កាលណាមនុស្សរឹតតែខ្វល់ចិត្តនឹងសំណួរទាំងអស់នេះ ពួកគេក៏រឹតតែស្រេកឃ្លានចង់ដឹងពីវិទ្យាសាស្ត្រដែរ។ វិទ្យាសាស្រ្តផ្ដល់ក្ដីសោមនស្សមួយរយៈខ្លី និងផ្ដល់ភាពរីករាយបណ្ដោះអាសន្នដល់សាច់ឈាម ប៉ុន្តែមិនល្មមនឹងរំដោះមនុស្សឱ្យរួចពីភាពត្រម៉ង់ត្រម៉ោច ភាពតែលតោល និងភាពភ័យខ្លាចដែលពិបាកបិទបាំង ព្រមទាំងភាពគ្មានទីពឹងដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេទេ។ មនុស្សជាតិគ្រាន់តែប្រើចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលគេអាចមើលឃើញនឹងភ្នែករបស់គេផ្ទាល់ ហើយយល់ដោយខួរក្បាលរបស់គេ ដើម្បីធ្វើឱ្យចិត្តរបស់គេស្ងប់ប៉ុណ្ណោះ។ ប៉ុន្តែ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបែបនេះ មិនល្មមនឹងអាចបញ្ឈប់មនុស្សជាតិពីការស្រាវជ្រាវ សេចក្ដីអាថ៌កំបាំងឡើយ។ មនុស្សជាតិមិនស្គាល់ព្រះជាម្ចាស់ដែលប្រកបដោយអធិបតេយ្យភាព លើរបស់សព្វសារពើក្នុងពិភពលោកនេះ ជានរណាទេ គេក៏រឹតតែមិនដឹងពីដើមចម និងអនាគតរបស់មនុស្សជាតិទៅទៀត។ មនុស្សជាតិបានត្រឹមរស់នៅ និងប្រព្រឹត្តតាមច្បាប់នេះប៉ុណ្ណោះ។ គ្មាននរណាអាចគេចផុតពីច្បាប់នេះបានឡើយ ហើយក៏គ្មាននរណាអាចផ្លាស់ប្ដូរច្បាប់បាននេះដែរ ដ្បិតនៅក្នុងសព្វសារពើទាំងអស់ ទាំងនៅស្ថានសួគ៌ផង គឺមានតែព្រះមួយអង្គគត់ ចាប់ពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ច ដែលមានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់មើលឃើញ គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់ដឹងឮ ជាព្រះដែលមនុស្សជាតិមិនជឿថា មានវត្តមានគង់នៅ ប៉ុន្តែទ្រង់ជាព្រះដែលបានផ្លុំខ្យល់ដង្ហើមជីវិតឱ្យបុព្វបុរសរបស់មនុស្សជាតិ ព្រមទាំងប្រទានជីវិតដល់មនុស្សជាតិផង។ ព្រះអង្គជាព្រះដែលផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់មនុស្សជាតិ ឱ្យគេបានរស់នៅ ហើយក៏ជាព្រះដែលបានដឹកនាំមនុស្សជាតិ ដរាបដល់សព្វថ្ងៃនេះដែរ។ ជាងនេះទៅទៀត ព្រះអង្គតែ១អង្គគត់ គឺជាព្រះដែលមនុស្សជាតិពឹងអាង ដើម្បីមានជីវិតរស់នៅ។ ទ្រង់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើ ហើយគ្រប់គ្រងសភាវៈមានជីវិតទាំងអស់នៅក្នុងសកលលោក។ ទ្រង់បង្គាប់ឱ្យមានបួនរដូវកាល ហើយទ្រង់ក៏ជាអ្នកបង្គាប់ឱ្យមានជាខ្យល់លំហើយ ខ្យល់ត្រជាក់ ព្រិល និងទឹកភ្លៀងទៀតផង។ ព្រះអង្គនាំពន្លឺព្រះអាទិត្យមកឱ្យមនុស្សជាតិ ហើយចាំយាមនៅពេលយប់។ ទ្រង់ក៏ជាអ្នកលាតសន្ធឹងផ្ទៃមេឃ និងផែនដី ទាំងប្រទានឱ្យមនុស្សជាតិមានភ្នំ បឹងបួរ ស្ទឹង និងទន្លេ ព្រមទាំងអ្វីៗសព្វសារពើដែលមាននៅក្នុងរបស់ទាំងនេះផង។ ស្នាព្រះហស្តរបស់ទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដារបស់ទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណរបស់ទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យវិន័យ និងក្បួនច្បាប់នីមួយៗ គឺជាគំរូពីស្នាព្រះហស្តរបស់ទ្រង់ ក្រឹត្យវិន័យ និងបញត្តិនីមួយៗ ក៏ស្ដែងឱ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឱ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់។ ក្រៅពីទ្រង់ គឺគ្មានអ្វីអាចបង្គាប់បញ្ជាចក្រវាឡនេះបានឡើយ ក៏រឹតតែគ្មានអ្វីអាចមកចិញ្ចឹមបីបាច់មនុស្សជាតិ ដោយឥតឈប់ឈរនោះបានឡើយ។ បើទោះបីជាអ្នកមិនអាចមើលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ហើយបើទោះបីជាអ្នកមិនជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គ្មានអ្វីគួរសង្ស័យឡើយថា ជោគវាសនារបស់អ្នក គឺព្រះជាម្ចាស់បានកំណត់ទុក ហើយក៏គ្មានអ្វីគួរសង្ស័យទៀតថា ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើគ្រប់សព្វសារពើជានិរន្ត។ ព្រះវត្តមាន និងសិទ្ធិអំណាចរបស់ទ្រង់ មិនមែនសំអាងលើកត្តាដែលមនុស្សជាតិទទួលស្គាល់ ឬមិនទទួលស្គាល់ ដឹងឮ ឬមិនដឹងឮនោះទេ។ មានតែព្រះអង្គទេដែលជ្រាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់មនុស្សជាតិ ហើយមានតែព្រះអង្គប៉ុណ្ណោះ ទើបអាចកំណត់ជោគវាសនារបស់មនុស្សជាតិបាន។ បើទោះបីជាអ្នកមិនអាចទទួលស្គាល់ការពិតនេះក៏ដោយ មិនយូរប៉ុន្មានមនុស្សជាតិនឹងឃើញការពិតទាំងអស់នេះផ្ទាល់នឹងភ្នែករបស់គេ ហើយនេះក៏ជាការពិត ដែលព្រះជាម្ចាស់នឹងនាំយកមកអនុវត្តផងដែរ។ មនុស្សរស់រាន និងបាត់បង់ជីវិត នៅក្រោមព្រះនេត្រទតមើលរបស់ព្រះជាម្ចាស់។ មនុស្សជាតិរស់នៅសម្រាប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយកាលណាពួគេបិទភ្នែករបស់គេជាលើកចុងក្រោយ ក៏គេបិទទៅសម្រាប់ការគ្រប់គ្រងនេះដែរ។ មនុស្សស្លាប់រស់ វិលវល់ទៅមក ម្ដងហើយម្ដងទៀត។ ទាំងអស់នេះ គឺសុទ្ធតែជាចំណែកមួយនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ គ្មានលើកលែងអ្វីសោះ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច គឺមិនដែលឈប់សម្រាកម្ដងណាឡើយ។ ព្រះអង្គនឹងធ្វើឱ្យមនុស្សជាតិដឹងពីអត្ថិភាពរបស់ទ្រង់ ជឿលើអធិបតេយ្យភាពរបស់ទ្រង់ មើលឃើញស្នាព្រះហស្តរបស់ទ្រង់ ហើយត្រឡប់មកក្នុងនគររបស់ទ្រង់វិញ។ នេះគឺជាផែនការរបស់ទ្រង់ ហើយជាកិច្ចការដែលទ្រង់កំពុងគ្រប់គ្រងរាប់ពាន់ឆ្នាំមកហើយ។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សជាតិទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលលួងលោមចិត្តមនុស្សជាតិ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ មិនអាចកាត់ផ្ដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងអនាគតរបស់មនុស្សជាតិ មិនអាចគេចផុតពីការរៀបចំដែលធ្វើឡើងដោយព្រះហស្ដព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ ស្រេចនៅលើការរៀបចំរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍ណាមួយ ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រប់គ្រងដំណើរជីវិតរបស់មនុស្សជាតិនេះ។ ប្រសិនបើមនុស្សជាតិចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ និងមកចំពោះព្រះជាម្ចាស់ដើម្បីប្រែចិត្ត និងលន់តួបាបនៅចំពោះទ្រង់ ពុំនោះទេ វាសនា និងទិសដៅរបស់មនុស្សជាតិ នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។
ចូរត្រឡប់ទៅមើលសម័យដែលណូអេសាងសង់ទូកធំ៖ មនុស្សលោកពុករលួយខ្លាំងណាស់ មនុស្សបានឃ្លាតចេញពីព្រះពររបស់ព្រះជាម្ចាស់ លែងស្ថិតនៅក្រោមការមើលថែរបស់ព្រះជាម្ចាស់ និងបានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមកពួកគេបានប្រព្រឹត្តខុសសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឱ្យធ្លាក់ទៅក្នុងអំពើខូចសីលធម៌គួរឱ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឱ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សខូចសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែណូអេប៉ុណ្ណោះ ដែលបានថ្វាយបង្គំព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។
ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចណូអេ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ លែងមានទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណីចំពោះមនុស្ស និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលចុះចូលនឹងទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការត្រឹមត្រូវជាងគេបំផុតសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវបណ្ដាសា ហើយថែមទាំងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមទៀតផង។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នកខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការត្រឹមត្រូវ ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីរុញច្រានការការពាររបស់ព្រះជាម្ចាស់ចេញពីមនុស្ស ពោលគឺដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមនៃអត្ថិភាពដែលគ្មានទីបញ្ចប់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេសូន្យ។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តសង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងទៀត ដែលផ្ទុយនឹងការពិតដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ដើម្បីចាក់បំពេញដួងចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថាព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូរ និងភាពមហិមារបស់ព្រះជាម្ចាស់ លែងអើពើពីព្រះវត្តមានដ៏គង់នៅទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានសារជាតិ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ។ ... មានមនុស្សតិចណាស់ដែលខ្នះខ្នែងស្វែងរកទីកន្លែងដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់មានអធិបតេយ្យភាព និងរៀបចំទិសដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចតម្រូវតាមក្ដីប្រាថ្នាចង់បានរបស់មនុស្សលោក ដោយមនុស្សមិនបានដឹងខ្លួនសោះ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏សម្ដែងការមិនពេញចិត្តបែបនេះដែរ។ ទោះបីមេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ព្រោះគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មានបុគ្គលណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មានបុគ្គលណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយក៏គ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីបញ្ហានៃភាពទទេស្អាតបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្តសប្បាយ និងភាពស្រាកស្រាន្ត អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនៅតែប្រព្រឹត្តបាប និងរអ៊ូរទាំអំពីភាពមិនត្រឹមត្រូវនៅក្នុងសង្គម ដោយជៀសមិនផុតដែរ។ ការដែលមានចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្សដែលចង់រុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់ពួកគេ អាចត្រឹមនាំមកនូវសេចក្ដីទុក្ខព្រួយកាន់តែច្រើនមកលើពួកគេ និងធ្វើឱ្យមនុស្សរស់នៅក្នុងភាពថប់បារម្ភឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ រហូតដល់ថ្នាក់ដែលមនុស្សកាន់តែមានការភ័យខ្លាចចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេសូន្យនេះ។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានទេ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងទិសដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេសូន្យនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែគ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ អ្វីដែលមនុស្សជាតិត្រូវការ គឺមិនត្រឹមតែជាសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ ស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះជាម្ចាស់ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការរបស់ពួកគេ ការស្រេកឃ្លានក្នុងការរុករករបស់ពួកគេ និងភាពទទេស្អាតនៅក្នុងចិត្តរបស់ពួកគេ អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងការការពារពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងដើរទៅរកការធ្លាក់ចុះ ឆ្ពោះទៅរកភាពងងឹតមិនខាន ហើយក្រោយមកក៏ត្រូវព្រះជាម្ចាស់ធ្វើឱ្យវិនាសសាបសូន្យ។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត។ ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់ក្នុងចំណោមរបស់សព្វសារពើ នោះគ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ ព្រោះមានមនុស្សតិចតួចណាស់ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់ទិសដៅនៃពន្លឺ និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា តើគោលដៅមួយណាដែលមនុស្សបានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាចដែលអាចត្រូវបាននាំទៅ។ ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឱ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឱ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះហស្ដទ្រង់ ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឱ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក មនុស្សក៏ចាប់ផ្ដើមមានឪពុកម្ដាយ និងសាច់ញាតិ ហើយក៏លែងឯកាទៀត។ ចាប់តាំងពីពេលដែលមនុស្សបានសម្លឹងមើលពិភពលោកខាងសម្ភារៈនេះជាលើកដំបូង គឺគេត្រូវបានកំណត់ឱ្យរស់នៅក្នុងការចាត់តាំងរបស់ទ្រង់ទៅហើយ។ ខ្យល់ដង្ហើមជីវិតដែលចេញមកពីព្រះជាម្ចាស់ ទ្រទ្រង់សភាវមានជីវិតទាំងឡាយឱ្យលូតលាស់រហូតដល់ពេញវ័យ។ ក្នុងអំឡុងពេលនៃដំណើរការនេះ គ្មាននរណាម្នាក់មានអារម្មណ៍ថាមនុស្សធំធាត់ឡើងក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញពួកគេជឿថា មនុស្សធំធាត់ឡើងក្រោមការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រលាញ់របស់ឪពុកម្ដាយខ្លួន ហើយជឿថាសភាវគតិនៃជីវិតរបស់គេ គឺជាអ្វីដែលជម្រុញដល់ការធំធាត់របស់ពួកគេ។ នេះគឺដោយសារតែមនុស្សមិនស្គាល់អ្នកដែលបានផ្ដល់ជីវិតរបស់ខ្លួនមក ឬមិនដឹងថាជីវិតរបស់ខ្លួនបានមកពីណា ពោលគឺមិនដឹងពីរបៀបដែលសភាវគតិនៃជីវិតបង្កើតការអស្ចារ្យ។ គេដឹងត្រឹមតែថា ចំណីអាហារគឺជាមូលដ្ឋានដែលធ្វើឱ្យជីវិតរបស់គេបន្ដរស់នៅតទៅទៀត និងថាភាពតស៊ូគឺជាប្រភពនៃការរស់នៅរបស់គេ ព្រមទាំងថាជំនឿនៅក្នុងគំនិតរបស់គេ គឺជាដើមទុនដែលការរស់នៅរបស់គេត្រូវពឹងផ្អែកលើ។ មនុស្សភ្លេចទាំងស្រុងនូវព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាគេមិនខ្វល់ពីជីវិតដែលព្រះជាម្ចាស់បានប្រទានដល់គេ...។ គ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ទាំងយប់ទាំងថ្ងៃ យកខ្លួនគេមកថ្វាយបង្គំទ្រង់ឡើយ។ ព្រះជាម្ចាស់បន្ដដោះស្រាយជាមួយមនុស្ស ដូចដែលទ្រង់បានគ្រោងទុក ទោះបីជាទ្រង់មិនបានរំពឹងទុកអ្វីពីគេក៏ដោយ។ ទ្រង់ធ្វើដូច្នេះ ព្រោះសង្ឃឹមថា ថ្ងៃណាមួយមនុស្សនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ហើយចាប់ផ្ដើមទទួលស្គាល់ភ្លាមៗនូវគុណតម្លៃ និងអត្ថន័យនៃជីវិត និងតម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់អ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់គេ ព្រមទាំងភាពអន្ទះសាដែលព្រះជាម្ចាស់រង់ចាំឱ្យមនុស្សវិលត្រលប់មករកទ្រង់វិញ។ គ្មាននរណាម្នាក់ធ្លាប់សម្លឹងមើលទៅអាថ៌កំបាំងដែលគ្រប់គ្រងលើដើមកំណើត និងការបន្ដនៃជីវិតរបស់មនុស្សទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលយល់ពីការទាំងអស់នេះ ហើយទ្រាំទ្រយ៉ាងស្ងៀមស្ងាត់ចំពោះការឈឺចាប់ និងការវាយប្រហារដែលមនុស្សផ្ដល់ឱ្យទ្រង់ គឺជាមនុស្សដែលបានទទួលអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់ ប៉ុន្ដែមិនចេះដឹងគុណទ្រង់ឡើយ។ ដូចគ្នាផងដែរ មនុស្សរីករាយចំពោះអ្វីៗដែលកើតមានតាមសភាពធម្មតា ហើយដូចគ្នានេះដែរ វាជា «រឿងធម្មតា» ទេ ដែលព្រះជាម្ចាស់ត្រូវបានមនុស្សក្បត់ បំភ្លេច និងគំរាមកំហែង។ តើវាអាចទេដែលថា ផែនការរបស់ព្រះជាម្ចាស់ពិតជាមានសារៈសំខាន់បែបនេះ? តើវាអាចទេដែលថា មនុស្សដែលជាសភាវមានជីវិតដែលចេញមកពីព្រះហស្ដរបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់បែបនេះ? ផែនការរបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្ដែសភាវមានជីវិតដែលបានកើតមកដោយសារព្រះហស្ដរបស់ព្រះជាម្ចាស់ រស់នៅសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចបោះបង់ផែនការរបស់ទ្រង់ចោល ដោយសារតែសេចក្ដីស្អប់ចំពោះពូជមនុស្សនេះឡើយ។ ព្រះជាម្ចាស់ទ្រាំទទួលទារុណកម្មគ្រប់យ៉ាងសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់ និងខ្យល់ដង្ហើមដែលទ្រង់បានផ្លុំចេញមក មិនមែនសម្រាប់ជាប្រយោជន៍ដល់សាច់ឈាមរបស់មនុស្សទេ ប៉ុន្ដែសម្រាប់ជាប្រយោជន៍ដល់ជីវិតរបស់មនុស្សវិញ។ ទ្រង់ធ្វើដូច្នេះដើម្បីយកជីវិតដែលទ្រង់បានផ្លុំចេញ ឱ្យត្រលប់មកវិញ មិនមែនដើម្បីយកសាច់ឈាមរបស់មនុស្សទេ។ នេះគឺជាផែនការរបស់ទ្រង់។
មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ បានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះគឺជាដំណើរជីវិតដែលរៀបចំដោយព្រះជាម្ចាស់សម្រាប់សត្វលោកមានជីវិតនីមួយៗ។ ប៉ុន្តែ ដំណើរ និងវដ្ដទាំងនេះ គឺជាការពិតជាក់ស្ដែងដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សមើលឃើញថា៖ ជីវិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺបន្តឥតដាច់ ហើយមិនត្រូវបានកម្រិតដោយរូបកាយភាព ពេលវេលា ឬលំហឡើយ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងជាភស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីទ្រង់។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតរបស់មនុស្សកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលកើតមកពីព្រះជាម្ចាស់ ដោយចៀសមិនរួចដែរ មិនថាពួកគេជឿ ឬបដិសេធពីអត្ថិភាពរបស់ទ្រង់ឡើយ។ ប្រសិនបើថ្ងៃណាមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យភ្លាមៗ ហើយចង់យកមកវិញនូវអ្វីៗសព្វសារពើដែលមាននៅក្នុងពិភពលោក និងដកយកជីវិតដែលទ្រង់បានប្រទានមកនោះ នោះអ្វីៗទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មរបស់ទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ ទាំងរបស់ដែលមានជីវិត និងគ្មានជីវិត ដោយធ្វើឱ្យអ្វីៗទាំងអស់មានសណ្ដាប់ធ្នាប់ល្អ តាមរយៈព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាការពិតមួយដែលគ្មាននរណាម្នាក់អាចគិតឃើញដល់ ឬយល់ដឹងបានឡើយ។ ការពិតដ៏មិនអាចយល់ដឹងបានទាំងនេះគឺជាការស្ដែងចេញ និងជាទីបន្ទាល់នៃថាមពលជីវិតរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ខ្ញុំនឹងប្រាប់អាថ៌កំបាំងមួយដល់អ្នក៖ ភាពអស្ចារ្យនៃជីវិតរបស់ព្រះជាម្ចាស់ និងថាមពលនៃព្រះជន្មរបស់ទ្រង់ គឺគ្មានភាវៈដែលត្រូវបានបង្កើតណាមួយអាចវាស់ស្ទង់បានឡើយ។ ពេលនេះគឺបែបនេះ កាលពីអតីតកាលក៏បែបនេះ ហើយទៅអនាគតក៏នឹងនៅតែបែបនេះដែរ។ អាថ៌កំបាំងទីពីរដែលខ្ញុំនឹងប្រាប់គឺ៖ ប្រភពនៃជីវិតសម្រាប់គ្រប់ភាវៈទាំងអស់ គឺមកពីព្រះជាម្ចាស់ បើទោះបីជាពួកវាអាចមានភាពខុសគ្នានៃទម្រង់ជីវិត ឬរចនាសម្ព័ន្ធយ៉ាងណាក៏ដោយ ហើយមិនថាអ្នកជាភាវៈមានជីវិតប្រភេទណានោះទេ គឺគ្មានភាវៈណាមួយអាចងាកចេញពីគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកនោះឡើយ។ ទោះក្នុងករណីណាក៏ដោយ អ្វីទាំងអស់ដែលខ្ញុំប្រាថ្នា គឺឱ្យមនុស្សយល់អំពីចំណុចនេះថា៖ ប្រសិនបើគ្មានការបីបាច់ ការថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបាននូវអ្វីៗសព្វសារពើដែលខ្លួនត្រូវទទួលបានឡើយ ទោះបីជាគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ឬតស៊ូយ៉ាងពិបាកយ៉ាងណាក៏ដោយ។ ប្រសិនបើគ្មានការផ្គត់ផ្គង់ជីវិតមកពីព្រះជាម្ចាស់ទេ នោះមនុស្សនឹងបាត់បង់គុណតម្លៃនៃការរស់នៅ និងអត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចខ្ញុំបាននិយាយរួចហើយថា សូមកុំភ្លេចឱ្យសោះថា ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់អ្នក។ ប្រសិនបើមនុស្ស មិនពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានឱ្យដល់គេទេ នោះទ្រង់មិនត្រឹមតែដកយកនូវអ្វីដែលទ្រង់បានប្រទានឱ្យតាំងតែពីដើមមកវិញប៉ុណ្ណោះទេ តែទ្រង់ក៏នឹងតម្រូវឱ្យមនុស្សសងមកវិញទ្វេដងនូវតម្លៃនៃរបស់គ្រប់យ៉ាងដែលទ្រង់បានប្រទានឱ្យដល់គេផងដែរ។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សជាតិដែលបែរចេញពីការទំនុកបម្រុងខាងជីវិតពីព្រះដ៏មានគ្រប់ចេស្ដាមិនយល់ដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ តែយ៉ាងណា ក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដដែល។ ពួកគេគ្មានការជួយ ឬទីពឹងអ្វីឡើយ តែនៅមិនចង់បិទភ្នែករបស់ពួកគេ ហើយពួកគេប្រឹងត្រដរដើម្បីទ្រទ្រង់សំបកកាយរបស់ពួកគេ ជាមួយនឹងវិញ្ញាណដែលគ្មានអារម្មណ៍សោះឡើយ ព្រមទាំងត្រដររស់ក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ។ អ្នករស់នៅក្នុងរបៀបនេះដោយគ្មានក្តីសង្ឃឹម ដូចអ្នកដទៃទៀត ដោយគ្មានគោលដៅអ្វីឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការយាងមករបស់ទ្រង់យ៉ាងអន្ទះអន្ទែងទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ ជាយូរយារណាស់ហើយ ជំនឿបែបនេះនៅតែមិនទាន់ក្លាយជាការពិតឡើយ នៅក្នុងចំណោមមនុស្សដែលខ្វះសតិសម្បជញ្ញៈ។ ទោះបែបនេះក្តី ក៏ពួកគេនៅតែប្រាថ្នាចង់បានវាបែបនេះដដែល។ ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំងទាំងនេះ ហើយស្របពេលនោះដែរ ទ្រង់មិនពេញចិត្តចំពោះមនុស្សទាំងនេះដែលខ្វះសតិសម្បជញ្ញៈទាល់តែសោះ ដ្បិតទ្រង់ត្រូវរង់ចាំយ៉ាងយូរ ទើបទ្រង់ទទួលបានចម្លើយពីមនុស្ស។ ទ្រង់ប្រាថ្នាស្វែងរក គឺស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ហើយយកទឹក និងអាហារមកឱ្យអ្នក ដើម្បីឱ្យអ្នកភ្ញាក់ហើយអ្នកលែងស្រេក ឬឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកមានអារម្មណ៍តិចតួចនូវភាពសោះកក្រោះនៃពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំយំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលជាអ្នកចាំយាម នឹងត្រកងឱបការមកដល់របស់អ្នកគ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមមើលនៅក្បែរអ្នក។ ទ្រង់ រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ រង់ចាំថ្ងៃដែលអ្នកស្រាប់តែមានការចងចាំដូចដើមវិញ៖ នៅពេលអ្នកដឹងខ្លួនថាអ្នកមកពីព្រះជាម្ចាស់ និងថាដោយមិនដឹងពេលណា អ្នកបានវង្វេងទិសដៅរបស់អ្នក ដោយមិនដឹងពេលណា អ្នកបានបាត់បង់ស្មារតីរបស់អ្នកនៅតាមផ្លូវ ហើយដោយមិនដឹងពេលណា អ្នកមាន «ឪពុក»។ បន្ថែមពីនេះទៀត នៅពេលអ្នកដឹងខ្លួនថា ព្រះដ៏មានគ្រប់ចេស្ដាបានយាមមើលរហូតមក ដោយរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកអស់រយៈពេលយ៉ាងយូរណាស់មកហើយនៅទីនោះ។ ទ្រង់បានប្រាថ្នាចង់បានយ៉ាងអន្ទះសា ដោយរង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាមរបស់ទ្រង់មិនអាចកាត់ថ្លៃបាន ហើយការចាំយាមនេះ គឺដើម្បីដួងចិត្ត និងវិញ្ញាណរបស់មនុស្ស។ ប្រហែលជាការចាំយាមរបស់ទ្រង់គ្មានកាលកំណត់ឡើយ ឬមួយក៏ប្រហែលជាបានមកដល់ទីបញ្ចប់ដែរ។ តែ អ្នកគប្បីដឹងឱ្យបានច្បាស់ថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណានៅពេលនេះ។
(ដកស្រង់ពី «ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)