១. អស់រយៈពេលពីរពាន់ឆ្នាំមកនេះ សហគមន៍សាសនាទាំងមូលបានជឿលើព្រះត្រៃឯក៖ ព្រះវរបិតាដ៏បរិសុទ្ធ ព្រះរាជបុត្រាដ៏បរិសុទ្ធ និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះត្រៃឯកគឺជាគោលជំនឿស្នូលមួយរបស់គ្រីស្ទសាសនា ចុះហេតុអ្វីបានជាអ្នកនិយាយថា ព្រះត្រៃឯកគឺជាសេចក្តីខុសឆ្គងដ៏ធំបំផុតនៃពិភពសាសនា និងថាព្រះត្រៃឯកគ្មានទៅវិញ?
ខគម្ពីរយោង៖
«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ។ បើអ្នកបានស្គាល់ខ្ញុំ អ្នកគួរតែបានស្គាល់ព្រះវរបិតាខ្ញុំដែរ៖ ហើយចាប់ពីពេលនេះតទៅ អ្នកបានស្គាល់ទ្រង់ និងបានឃើញទ្រង់ផង។ ភីលីពទូលទៅកាន់ទ្រង់ថា ព្រះអម្ចាស់ សូមទ្រង់បង្ហាញពួកយើងខ្ញុំឱ្យស្គាល់ព្រះវរបិតាផង នោះយើងខ្ញុំពេញចិត្តហើយ។ ព្រះយេស៊ូវមានបន្ទូលទៅភីលីពថា ខ្ញុំនៅជាមួយអ្នកយូរមកហើយ តែអ្នកនៅមិនទាន់ស្គាល់ខ្ញុំទៀតឬ ភីលីព? អ្នកណាដែលបានឃើញខ្ញុំ ក៏បានឃើញព្រះវរបិតាដែរ។ ហើយចុះម្ដេចបានជាអ្នកពោលថា សូមបង្ហាញឱ្យយើងខ្ញុំបានស្គាល់ព្រះវរបិតា ទៅវិញដូច្នេះ? តើអ្នកមិនជឿថាខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាសណ្ឋិតក្នុងខ្ញុំទេឬ? បន្ទូលដែលខ្ញុំថ្លែងមកកាន់អ្នក ខ្ញុំមិនមែនថ្លែងចេញពីខ្លួនឯងទេ៖ តែចេញពីព្រះវរបិតាដែលគង់នៅក្នុងខ្ញុំវិញ ទ្រង់ជាអ្នកធ្វើកិច្ចការនានា។ ចូរជឿខ្ញុំចុះថា ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ៖ បើពុំនោះទេជឿខ្ញុំដោយព្រោះកិច្ចការចុះ» (យ៉ូហាន ១៤:៦-១១)។
«ខ្ញុំ និងព្រះវរបិតាខ្ញុំគឺជាអង្គតែមួយ» (យ៉ូហាន ១០:៣០)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?
(ជំពូកមួយដែលបានជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់)
បន្ទាប់ពីសេចក្ដីពិតអំពីព្រះយេស៊ូវត្រឡប់មកជាសាច់ឈាមបានលេចចេញមក មនុស្សក៏ជឿថា នៅក្នុងស្ថានសួគ៌ មិនមែនមានតែព្រះវរបិតាទេ សូម្បីតែព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណបរិសុទ្ធក៏គង់នៅទីនោះដែរ។ នេះជាសញ្ញាណទូទៅមួយដែលមនុស្សប្រកាន់ខ្ជាប់ថា មានព្រះមួយអង្គបែបនេះគង់នៅស្ថានសួគ៌៖ ជាព្រះត្រៃឯកអង្គដែលមាន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងអស់សុទ្ធតែមានសញ្ញាណទាំងនេះថា៖ ព្រះជាម្ចាស់គឺជាព្រះតែមួយ ប៉ុន្តែមានបីអង្គជាជំនឿដែលអ្នកទាំងអស់នោះជឿស៊ប់ ក្នុងសញ្ញាណទូទៅរបស់គេ មានដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មានតែបីអង្គនេះទេ ទើបរួបរួមគ្នាមកជាព្រះតែមួយបាន។ ប្រសិនបើគ្មានព្រះវរបិតាដ៏បរិសុទ្ធ ព្រះជាម្ចាស់មិនអាចពេញជាព្រះដែរ។ ដូចគ្នាដែរ ព្រះជាម្ចាស់មុខជាមិនអាចពេញជាព្រះទេ ប្រសិនបើគ្មានព្រះរាជបុត្រា ឬព្រះវិញ្ញាណដ៏បរិសុទ្ធ។ នៅក្នុងសញ្ញាណរបស់គេ ពួកគេជឿថា ព្រះវរបិតាតែអង្គឯង ឬព្រះរាជបុត្រាតែអង្គឯង មិនអាចរាប់ជាព្រះបានឡើយ។ ទាល់តែព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធរួមគ្នា ទើបរាប់ជាព្រះជាម្ចាស់បាន។ ពេលនេះ អ្នកជឿលើសាសនាទាំងអស់ ហើយសូម្បីតែពួកបរិស័ទនៅក្នុងចំណោមអ្នករាល់គ្នា សុទ្ធតែប្រកាន់ខ្ជាប់ជំនឿនេះ។ ប៉ុន្តែត្រង់ថា ជំនឿនេះត្រូវ ឬមិនត្រូវ គ្មាននរណាអាចពន្យល់បានឡើយ ដ្បិតអ្នករាល់គ្នាតែងតែមានភាពស្រពេចស្រពិលយល់ច្រឡំ ចំពោះរឿងដែលទាក់ទងនឹងព្រះជាម្ចាស់ផ្ទាល់។ ទោះបីជាសេចក្ដីទាំងនេះ គ្រាន់តែជាសញ្ញាណ ក៏អ្នករាល់គ្នាមិនដឹងដែរថា សេចក្ដីនេះត្រូវ ឬខុសឡើយ ដ្បិតអ្នករាល់គ្នារងនូវឥទ្ធិពលពីសញ្ញាណសាសនាខ្លាំងពេក។ អ្នករាល់គ្នាបានទទួលសញ្ញាណសាសនាទូទៅនេះជ្រាលជ្រៅពេក ហើយជាតិពុលនេះបានជ្រាបចូលក្នុងខ្លួនឯងជ្រៅពេក។ ហេតុនេះ អ្នករាល់គ្នាក៏បានចុះចូលចំពោះឥទ្ធិពលដ៏សាហាវ នៅក្នុងបញ្ហានេះដែរ ដ្បិតព្រះត្រៃឯកអង្គ គ្មានវត្តមានគង់នៅតែម្ដង។ ពោលគឺ ត្រៃឯកភាពនៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏បរិសុទ្ធ គ្មានវត្តមាន គង់នៅតែម្ដង។ ទាំងអស់នេះ គឺជាសញ្ញាណទូទៅទាំងអស់របស់មនុស្ស និងជាជំនឿក្លែងក្លាយរបស់មនុស្សផង។ ជាច្រើនសតវត្សកន្លងមកនេះ មនុស្សបានជឿលើព្រះត្រៃឯក ជំនឿនេះបានរងនូវឥទ្ធិពលពីសញ្ញាណនៅក្នុងគំនិតរបស់មនុស្ស ប្រឌិតឡើងដោយមនុស្ស ហើយក៏មិនធ្លាប់មានមនុស្សណាម្នាក់ធ្លាប់បានឃើញពីមុនមកដែរ។ ជាច្រើនឆ្នាំកន្លងមកនេះ មានអ្នកបកស្រាយព្រះគម្ពីរជាច្រើន ធ្លាប់បានពន្យល់អំពី «អត្ថន័យពិត» នៃព្រះត្រៃឯក ប៉ុន្តែការពន្យល់អំពី ព្រះត្រៃឯកអង្គថាជាព្រះបីអង្គខុសគ្នាដែលមានលក្ខណៈដូចៗគ្នា មានសភាពស្រពេចស្រពិល និងមិនច្បាស់លាស់ មនុស្សទាំងអស់ក៏វង្វេងដោយសារ «ការកាត់ស្រាយ» អំពីព្រះជាម្ចាស់។ គ្មានមនុស្សអស្ចារ្យណាម្នាក់អាចផ្ដល់ការពន្យល់ក្បោះក្បាយមួយបានឡើយ។ ការពន្យល់ភាគច្រើនទទួលយកបាន ដោយព្រោះការលើកហេតុផល និងជាសំណេរ ប៉ុន្តែគ្មានមនុស្សណាម្នាក់មានការយល់ដឹងពេញលេញ ច្បាស់លាស់ពីអត្ថន័យនៃសេចក្ដីពន្យល់នោះឡើយ។ មូលហេតុគឺមកពីត្រៃឯកដ៏អស្ចារ្យ ដែលមនុស្សជឿក្នុងចិត្តនេះ គឺគ្មានវត្តមានតែម្ដង។ ដ្បិតពុំមាននរណាម្នាក់ធ្លាប់បានឃើញព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ ក៏ពុំមាននរណាមានភ័ព្វសំណាងបានឡើងទៅលេងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីពិនិត្យថា មានវត្ថុអ្វីខ្លះមានវត្តមាននៅកន្លែងដែលព្រះជាម្ចាស់គង់នៅ ដើម្បីពិនិត្យឱ្យច្បាស់ថា មានមនុស្សប៉ុន្មានម៉ឺន ឬប៉ុន្មានរយលានជំនាន់នៅក្នុង «ដំណាក់របស់ព្រះជាម្ចាស់» ឬដើម្បីសង្កេតមើលថា ទ្រង់ទ្រាយដែលព្រះជាម្ចាស់មានជាយូរមកហើយនោះ ផ្គុំឡើងប៉ុន្មានផ្នែកនោះឡើយ។ អ្វីដែលត្រូវយកមកពិនិត្យ គឺដូច្នេះ៖ យុគសម័យរបស់ព្រះវរបិតា និងព្រះរាជបុត្រា ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ការលេចមករៀងខ្លួនរបស់អង្គព្រះនីមួយៗ វិធីជាក់ស្ដែងដែលទ្រង់ទាំងបីនៅទីទៃពីគ្នា និងវិធីដែលទ្រង់ទាំងបីរួមគ្នាមកតែមួយ។ គួរឱ្យស្ដាយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពុំមាននរណាម្នាក់អាចកំណត់នូវសេចក្ដីពិត ទាក់ទងនឹងបញ្ហាទាំងនេះទេ។ ពួកគេបានត្រឹមតែស្មានប៉ុណ្ណោះ ដ្បិតពុំមាននរណាម្នាក់ ធ្លាប់ឡើងទៅលេងស្ថានសួគ៌ រួចត្រឡប់មកវិញទាំងយក «របាយការណ៍ស៊ើបអង្កេត» មកឱ្យមនុស្សជាតិគ្រប់ៗគ្នា ដើម្បីរាយការណ៍ពីសេចក្ដីពិតទាក់ទងនឹងបញ្ហានេះ ប្រាប់ដល់ពួកបរិស័ទដែលឆេះឆួល និងជឿស៊ប់លើជំនឿព្រះត្រៃឯកនេះ។ ពិតណាស់ ការបង្កើតឱ្យមាននូវសញ្ញាណបែបនេះ បើដាក់ការបន្ទោសមកលើមនុស្សក៏មិនកើតដែរ ដ្បិតហេតុអ្វីក៏ព្រះយេហូវ៉ាដ៏ជាព្រះវរបិតា ពុំមានព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៅជាមួយទ្រង់ ពេលទ្រង់បង្កើតមនុស្សលោក? កាលដើមដំបូង ប្រសិនបើគ្រប់យ៉ាងប្រើតែព្រះនាមព្រះយេហូវ៉ា នោះគឺមុខជាល្អជាងនេះមិនខាន។ ប្រសិនបើត្រូវបន្ទោសលើពេលវេលាដ៏ខ្លីដែលកន្លងផុតរបស់ព្រះយេហូវ៉ាដ៏ជាព្រះដែលទ្រង់មិនបានហៅព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ មកចំពោះទ្រង់ក្នុងគ្រាបង្កើតសត្តនិករទាំងអស់ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់អនុវត្តកិច្ចការនេះតែមួយអង្គឯង។ ប្រសិនបើទ្រង់ទាំងបីអង្គធ្វើកិច្ចការទាំងអស់នេះព្រមគ្នា តើទ្រង់ទាំងបីព្រះអង្គមិនក្លាយជាព្រះតែមួយទេឬអី? តាំងពីដើមដំបូងរហូតមកដល់ទីបញ្ចប់ ប្រសិនបើមានតែព្រះនាមព្រះយេហូវ៉ា ហើយគ្មានព្រះនាមព្រះយេស៊ូវ ពីយុគសម័យនៃព្រះគុណ ឬប្រសិនបើទ្រង់នៅតែប្រើព្រះនាមថា ព្រះយេហូវ៉ា តើព្រះជាម្ចាស់មិនត្រូវមនុស្សទុកជីវិត មិនឱ្យរងទុក្ខលំបាកពីការបែងចែកនេះទេឬអី? និយាយឱ្យចំទៅ រឿងទាំងអស់មិនអាចបន្ទោសព្រះយេហូវ៉ាបានទេ ប្រសិនបើត្រូវបន្ទោស គឺបន្ទោសព្រះវិញ្ញាណបរិសុទ្ធ ដ្បិតរយៈពេលរាប់ពាន់ឆ្នាំមកនេះព្រះអង្គបានបន្តកិច្ចការរបស់ទ្រង់ ដោយប្រើព្រះនាមព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងព្រះនាមព្រះវិញ្ញាណបរិសុទ្ធផងធ្វើឱ្យមនុស្សវង្វេង ហើយភ័ន្តច្រឡំ ដល់ថ្នាក់មិនអាចដឹងច្បាស់ថា ព្រះអង្គណាមួយជាព្រះជាម្ចាស់។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធផ្ទាល់បានធ្វើកិច្ចការដោយគ្មានទ្រង់ទ្រាយ ឬរូបអង្គ ហើយជាងនេះទៅទៀត គឺដោយមិនប្រើព្រះនាមព្រះយេស៊ូវ ហើយមនុស្សក៏មិនអាចពាល់ទ្រង់ ឬមើលឃើញទ្រង់បានត្រឹមតែស្ដាប់ឮតែសំឡេងផ្គរលាន់ តើកិច្ចការបែបនេះមិនមានប្រយោជន៍ដល់មនុស្សច្រើនជាងទេឬអី? ដូច្នេះ តើពេលនេះគួរធ្វើអ្វីវិញ? សញ្ញាណរបស់មនុស្សបង្គរឡើងខ្ពស់ដូចភ្នំ ហើយល្ហល្ហាចដូចផ្ទៃសមុទ្រ ដល់ថ្នាក់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នលែងអាចទ្រាំនឹងសញ្ញាណទាំងនេះបាន ហើយមិនដឹងជាត្រូវធ្វើយ៉ាងណានោះឡើយ។ កាលពីមុន ពេលដែលមានតែព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធ មនុស្សមិនដឹងជាត្រូវប្រឈមយ៉ាងណាទៅហើយ ពេលនេះមានព្រះដ៏មានគ្រប់ព្រះចេស្ដា ថែមមួយទៀត ដែលមានបន្ទូលថាជាអង្គមួយរបស់ព្រះជាម្ចាស់ដែរ។ តើនរណាដឹងថាទ្រង់ជានរណា ហើយតើទ្រង់ជាអង្គណាមួយក្នុងព្រះត្រៃឯក ដែលទ្រង់គង់បង្កប់ជាមួយ ឬលាក់ព្រះកាយក្នុងអង្គណាមួយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ? តើមនុស្សអាចទ្រាំនឹងសេចក្ដីនេះបានយ៉ាងដូចម្ដេច? ត្រឹមព្រះត្រៃឯកអង្គប៉ុណ្ណឹង ល្មមឱ្យមនុស្សចំណាយពេលមួយជីវិតមកពន្យល់ទៅហើយ តែពេលនេះមាន «ព្រះតែមួយមានបួនអង្គ» ទៀត។ តើគួរពន្យល់រឿងនេះដោយរបៀបណា? តើអ្នកអាចពន្យល់បានទេ? បងប្អូនប្រុសស្រីអើយ! តើអ្នករាល់គ្នាបានជឿដល់ព្រះបែបនេះ មកទល់សព្វថ្ងៃនេះដែរឬទេ? ខ្ញុំសូមសរសើរអ្នករាល់គ្នាទៅចុះ។ ព្រះត្រៃឯកអង្គ គឺល្មមនឹងទ្រាំទ្រស្រេចទៅហើយ ចុះម្ដេចក៏អ្នករាល់គ្នាបន្តមានជំនឿឥតរង្គើ លើព្រះមួយដែលមានដល់ទៅបួនអង្គទៀតនោះ? អ្នករាល់គ្នាត្រូវបានជំរុញឱ្យចេញទៅ តែអ្នករាល់គ្នាបដិសេធ។ ពិតជាស្មានមិនដល់មែន! អ្នករាល់គ្នាពិតជាហ៊ានមែន! មនុស្សម្នាក់ពិតជាអាចដល់ថ្នាក់ជឿលើព្រះដល់ទៅបួនអង្គ ហើយមិនរាប់ជំនឿនោះគឺជាជំនឿសំខាន់ទៀត តើអ្នករាល់គ្នាមិនគិតថា វាជារឿងអស្ចារ្យទេឬអី? មើលទៅអ្នក គ្មាននរណាអាចដឹងថា អ្នករាល់គ្នាអាចធ្វើការអស្ចារ្យបានទេ! ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះ តាមពិត ព្រះត្រៃឯកអង្គ គ្មានវត្តមាននៅទីកន្លែងណាមួយនៅក្នុងសកលលោកនេះទេ។ ព្រះពុំមានព្រះវរបិតា ក៏ពុំមានព្រះរាជបុត្រា ហើយរឹតតែគ្មានគំនិតគិតថា ព្រះវរបិតា និងព្រះរាជបុត្រាសហការគ្នាប្រើព្រះវិញ្ញាណបរិសុទ្ធជាឧបករណ៍ដែរ។ ទាំងអស់នេះសុទ្ធតែជាជំនឿខុសឆ្គងដ៏ធំបំផុតនៅក្នុងលោកិយនេះ ហើយគ្មានវត្តមាននោះឡើយ! ប៉ុន្តែបើទោះបីជាជំនឿខុសឆ្គងនេះមានប្រភពដើម ហើយប្រភពដើមនោះមិនមែនគ្មានមូលដ្ឋានទាំងស្រុងដែរ ដ្បិតគំនិតរបស់អ្នករាល់គ្នាមិនមែនសាមញ្ញ ហើយតម្រិះរបស់អ្នករាល់គ្នាក៏ពុំមែនឥតហេតុផលដែរ។ ផ្ទុយទៅវិញ គំនិត និងតម្រិះទាំងអស់នោះ គឺសុទ្ធតែត្រឹមត្រូវ និងប៉ិនប្រសប់ រហូតដល់ថ្នាក់សូម្បីសាតាំង ក៏មិនអាចដណ្ដើមបានផង។ រឿងគួរឱ្យអាណិតគឺ គំនិតទាំងនេះ សុទ្ធតែជាគំនិតខុសឆ្គង ហើយគ្មានវត្តមានតែម្ដង! អ្នករាល់គ្នាពុំបានឃើញ សេចក្ដីពិតដ៏ពិតប្រាកដទាល់តែសោះ។ អ្នករាល់គ្នាគ្រាន់តែធ្វើការស្មាន និងស្រមើស្រមៃ បន្ទាប់មកបញ្ចូលគ្រប់យ៉ាងដោយប្រឌិតចេញជារឿងមួយ ដើម្បីទទួលបានការទុកចិត្តរបស់អ្នកដទៃដោយការបោកបញ្ឆោត និងដើម្បីទទួលបាននូវអំណាចគ្រប់គ្រងលើមនុស្សដែលល្ងីល្ងើបំផុត ក្នុងចំណោមមនុស្សឥតគំនិត ឬហេតុផល ដើម្បីឱ្យពួកគេជឿលើ «សេចក្ដីបង្រៀនដ៏ជំនាញ» ដែលអស្ចារ្យ និងល្បីល្បាញរបស់អ្នករាល់គ្នាវិញ។ តើនេះជាការពិតទេ? តើនេះជាផ្លូវជីវិតដែលមនុស្សគួរតែទទួលមែនទេ? សុទ្ធតែចោលម្សៀតទាំងអស់! សូម្បីសម្ដីមួយម៉ាត់ក៏មិនត្រូវផង! ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រះជាម្ចាស់ត្រូវអ្នករាល់គ្នាញែកចេញមកបែបនេះ ដោយត្រូវញែកចេញទៅជាតូចទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ថ្នាក់ព្រះមួយអង្គត្រូវបែងចែកជាចំហឱ្យទៅជាព្រះបីអង្គ។ ហើយពេលនេះ មនុស្សមិនអាចបង្រួមព្រះឱ្យមកជាព្រះតែមួយវិញបានយ៉ាងងាយឡើយ ដ្បិតអ្នករាល់គ្នាបានបែងចែកទ្រង់ឱ្យទៅជាតូចពេកទៅហើយ! ប្រសិនបើមិនមែនដោយសារតែកិច្ចការដ៏រហ័សរបស់ខ្ញុំ មុនពេលវាយឺតពេល គឺពិបាកនិយាយថា អ្នកនឹងបន្តនៅតែបែបនេះ ដោយពុំមានភាពខ្មាសអៀនយូរប៉ុនណាណាស់! បើនៅតែបន្តចែកព្រះជាម្ចាស់បែបនេះ តើទ្រង់នៅអាចធ្វើជាព្រះជាម្ចាស់របស់អ្នករាល់គ្នាដូចម្ដេចទៅ? តើអ្នករាល់គ្នានឹងនៅតែស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នានឹងនៅតែស្វែងរកដើមកំណើតរបស់ខ្លួនដែរឬទេ? តើអ្នករាល់គ្នានៅតែទទួលស្គាល់ថា ទ្រង់ជាឪពុករបស់អ្នករាល់គ្នា ហើយត្រឡប់ទៅរកទ្រង់វិញ ដូចម្ដេចទៅ? ប្រសិនបើខ្ញុំមកដល់យឺតជាងនេះ នោះអ្នកច្បាស់ជាបញ្ជូន «ព្រះវរបិតា និងព្រះរាជបុត្រា» គឺព្រះយេហូវ៉ា និងព្រះយេស៊ូវឱ្យត្រឡប់ទៅអ៊ីស្រាអែលវិញ ហើយប្រកាសថា អ្នករាល់គ្នាផ្ទាល់ក៏ជាផ្នែកមួយរបស់ព្រះជាម្ចាស់ជាមិនខាន។ សំណាងល្អហើយដែលគ្រានេះជាគ្រាចុងក្រោយ។ ទីបំផុត ថ្ងៃដែលខ្ញុំទន្ទឹងជាយូរមកហើយនេះក៏បានមកដល់ ហើយទាល់តែខ្ញុំបានអនុវត្តកិច្ចការដំណាក់កាលនេះឱ្យហើយ ដោយព្រះហស្តខ្ញុំផ្ទាល់ទើបការបែងចែកព្រះជាម្ចាស់ផ្ទាល់ ពីសំណាក់អ្នករាល់គ្នា ត្រូវបានបញ្ឈប់។ ប្រសិនបើមិនមែនដោយព្រោះរឿងនេះទេ អ្នករាល់គ្នាមុខជាតម្កើងខ្លួនឯង ថែមទាំងលើកតម្កើងពួកសាតាំងក្នុងចំណោមអ្នករាល់គ្នាដាក់លើតុរបស់អ្នករាល់គ្នា រួចថ្វាយបង្គំផង។ នេះហើយជាវិធីដែលអ្នករាល់គ្នាបែងចែកព្រះជាម្ចាស់! តើអ្នករាល់គ្នានឹងបន្តធ្វើបែបនេះ ដល់ពេលនេះមែនទេ? ខ្ញុំសួរអ្នករាល់គ្នាទៅចុះ៖ តើមានព្រះចំនួនប៉ុន្មាន? តើព្រះណាមួយដែលនាំយកសេចក្ដីសង្គ្រោះមកអ្នករាល់គ្នា? តើព្រះដែលអ្នករាល់គ្នាតែងតែអធិស្ឋានរក គឺជាព្រះទីមួយ ទីពីរ ឬទីបី? តើអ្នករាល់គ្នាតែងតែជឿលើព្រះអង្គណា? ព្រះវរបិតា? ព្រះរាជបុត្រា? ឬក៏ព្រះវិញ្ញាណ? ចូរប្រាប់ខ្ញុំមកថា អ្នកជឿលើព្រះណាមួយ។ ទោះបីជាអ្នកនិយាយពាក្យ គ្រប់ម៉ាត់ថា អ្នកជឿលើព្រះ តែអ្វីដែលអ្នករាល់គ្នាជឿពិតប្រាកដ គឺខួរក្បាលរបស់អ្នករាល់គ្នាផ្ទាល់! អ្នកគ្មានព្រះជាម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នាតែម្ដង! ដោយឡែក នៅក្នុងគំនិតរបស់អ្នករាល់គ្នា មានព្រះត្រៃឯកបែបនេះច្រើនណាស់! តើអ្នករាល់គ្នាមិនយល់ស្របទេឬអី?
ប្រសិនបើកិច្ចការទាំងបីដំណាក់កាល ត្រូវបានវាយតម្លៃតាមជំនឿលើព្រះត្រៃឯកនេះ នោះត្រូវតែមានព្រះទាំងបីអង្គព្រោះកិច្ចការត្រូវបានអនុវត្តដោយព្រះនីមួយៗគឺមិនដូចគ្នាឡើយ។ ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយថា ព្រះត្រៃឯកពិតជាមានមែនជាប្រាកដមែន នោះចូរពន្យល់ថា នៅក្នុងអង្គទាំងបីនេះ ព្រះណាមួយគឺជាអ្វីឱ្យប្រាកដ។ តើព្រះវរបិតាដ៏បរិសុទ្ធ គឺជាអ្វី? តើព្រះរាជបុត្រា គឺជាអ្វី? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះយេហូវ៉ា គឺជាព្រះវរបិតាដ៏បរិសុទ្ធ? តើព្រះយេស៊ូវគឺជាព្រះរាជបុត្រា? ចុះចំណែកព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះវរបិតាមិនមែនជាវិញ្ញាណទេឬអី? តើលក្ខណៈពិតរបស់ព្រះរាជបុត្រា គឺមិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងគ្រាដែលត្រូវបានអនុវត្តដោយព្រះវិញ្ញាណ នោះមិនដូចជាកិច្ចការរបស់ព្រះយេស៊ូវទេឬអី? តើព្រះជាម្ចាស់មានវិញ្ញាណប៉ុន្មាន? យោងតាមការពន្យល់របស់អ្នក អង្គទាំងបីរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ បើដូច្នេះមែន គឺមានព្រះវិញ្ញាណបី ប៉ុន្តែដើម្បីមាននូវព្រះវិញ្ញាណបី មានន័យថា ត្រូវតែមានព្រះបីអង្គ។ ដូច្នេះមានន័យថា គ្មាននូវព្រះដ៏ពិតតែមួយទេ។ ធ្វើម្ដេចឱ្យព្រះបែបនេះ នៅតែមានលក្ខណៈដើមជាព្រះជាម្ចាស់បាន? ប្រសិនបើអ្នកទទួលស្គាល់ថា មានព្រះតែមួយ នោះធ្វើម្ដេចអាចឱ្យទ្រង់មានបុត្រាម្នាក់ ហើយធ្វើជាឪពុកម្នាក់បាន? តើទាំងអស់នេះ មិនមែនត្រឹមតែជាសញ្ញាណរបស់អ្នករាល់គ្នាទេឬអី? មានព្រះតែមួយប៉ុណ្ណោះនៅក្នុងព្រះនេះ មានតែមួយអង្គ ហើយក៏មានវិញ្ញាណនៃព្រះតែមួយ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «មានព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយមានព្រះតែមួយគត់»។ មិនថាព្រះវរបិតា ឬព្រះរាជបុត្រាដែលអ្នកនិយាយនេះមាន ឬគ្មានព្រះវត្ដមានក៏ដោយ ទីបំផុត ក៏មានតែព្រះជាម្ចាស់តែមួយគត់ ហើយលក្ខណៈពិតរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាជឿនេះជាលក្ខណៈពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ន័យមួយទៀតគឺ ព្រះគឺជាវិញ្ញាណ ប៉ុន្តែទ្រង់ក៏អាចក្លាយជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្សលោក ព្រមទាំងខ្ពស់ឧត្ដមលើសអ្វីៗទាំងអស់ផង។ វិញ្ញាណរបស់ទ្រង់ក៏រួមបញ្ចូលទាំងអស់ ហើយមានវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់អាចជាសាច់ឈាម ហើយនៅខ្ពស់ក្រៅចក្រវាឡនេះព្រមគ្នាក៏បាន។ ដ្បិតមនុស្សទាំងអស់និយាយថា ព្រះជាម្ចាស់ គឺជាព្រះដ៏ពិតតែមួយ រួចមានព្រះតែមួយអង្គ ហើយមានតែមួយអង្គគត់ ពុំមាននរណាម្នាក់អាចបែងចែកតាមចិត្តបានឡើយ! ព្រះជាម្ចាស់ជាព្រះវិញ្ញាណតែមួយ ហើយមានតែមួយអង្គគត់ ព្រមទាំងនិយាយថា នោះគឺជាព្រះវិញ្ញាណនៃព្រះ។ ប្រសិនបើដូចអ្វីដែលអ្នកនិយាយមែន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ តើទាំងបីអង្គនេះ មិនមែនជាព្រះបីអង្គពីគ្នាទេឬអី? ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយ ព្រះរាជបុត្រា គឺជារឿងមួយ ហើយព្រះវរបិតា គឺជារឿងមួយដោយឡែក។ អង្គទាំងបីអង្គខុសគ្នា ហើយលក្ខណៈរបស់ព្រះទាំងបីអង្គក៏ខុសគ្នាដែរ ដូច្នេះតើព្រះទាំងបីអង្គអាចជាចំណែកនីមួយៗនៃព្រះតែមួយបានយ៉ាងដូចម្ដេច? ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណមួយ ចំណុចនេះមនុស្សងាយយល់ទេ។ ប្រសិនបើដូច្នេះមែន នោះព្រះវរបិតា ក៏រឹតតែជាវិញ្ញាណមួយទៅទៀត។ ទ្រង់មិនធ្លាប់យាងចុះមកផែនដី និងមិនធ្លាប់បានក្លាយជាសាច់ឈាមផង ទ្រង់ជាព្រះយេហូវ៉ាដ៏ជាព្រះនៅក្នុងដួងចិត្តរបស់មនុស្ស ហើយទ្រង់ក៏ជាវិញ្ញាណមួយយ៉ាងពិតប្រាកដដែរ។ ចុះតើអ្វីជាសម្ពន្ធភាពរវាងព្រះអង្គ និងព្រះវិញ្ញាណបរិសុទ្ធ? តើនោះជាសម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រា? ឬជាសម្ពន្ធភាពរវាងព្រះវិញ្ញាណបរិសុទ្ធ និងព្រះវិញ្ញាណរបស់ព្រះវរបិតា? តើលក្ខណៈពិតនៃវិញ្ញាណនីមួយៗ ដូចគ្នាដែរឬទេ? ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ គឺជាភាជនៈរបស់ព្រះវរបិតា? តើរឿងនេះត្រូវពន្យល់យ៉ាងដូចម្ដេចវិញ? ចុះតើសម្ពន្ធភាពរវាងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើជាសម្ពន្ធភាពរវាងវិញ្ញាណពីរ ឬក៏ជាសម្ពន្ធភាពរវាងមនុស្ស និងវិញ្ញាណ? ទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលគ្មានការបកស្រាយ! ប្រសិនបើព្រះទាំងបីអង្គសុទ្ធតែជាវិញ្ញាណ នោះគ្មានអ្វីត្រូវជជែកអំពីព្រះទាំងបីអង្គទៀតទេ ដ្បិតទាំងបីអង្គសុទ្ធតែមានវិញ្ញាណមួយ។ ប្រសិនបើទាំងបីអង្គនេះគឺជាព្រះដោយឡែកពីគ្នា នោះវិញ្ញាណរបស់ព្រះទាំងបីមុខជាមានអានុភាពខុសគ្នា ហើយព្រះទាំងបីអង្គ មិនអាចជាវិញ្ញាណតែមួយបានទេ។ ជំនឿបែបនេះអំពីព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺលេលាបំផុត! កត្តានេះញែកព្រះជាម្ចាស់ និងបែងចែកទ្រង់ចេញជាបីអង្គ អង្គនីមួយៗមានទាំងឋានៈ និងមានទាំងវិញ្ញាណ តើទ្រង់នៅតែអាចជាវិញ្ញាណតែមួយ និងជាព្រះតែមួយបានយ៉ាងដូចម្ដេច? ចូរប្រាប់ខ្ញុំមកមើលថា តើផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណដ៏បរិសុទ្ធឬ? អ្នកខ្លះក៏និយាយថា ព្រះទាំងបីអង្គបានបង្កើតរបស់សព្វសារពើ រួមជាមួយគ្នា។ តើព្រះអង្គណាជាអ្នកសង្គ្រោះមនុស្សជាតិ? ព្រះវិញ្ញាណបរិសុទ្ធ ព្រះរាជបុត្រា ឬព្រះវរបិតា? មានអ្នកខ្លះថា ព្រះរាជបុត្រា គឺជាព្រះដែលបានសង្គ្រោះមនុស្សជាតិ។ ចុះ តើព្រះរាជបុត្រាមានលក្ខណៈពិតជាព្រះបែបណា? តើព្រះអង្គមិនមែនជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះទេឬអី? សាច់ឈាមដែលជារូបកាយរបស់ព្រះវិញ្ញាណនៃព្រះ ហៅព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះនាមថា ព្រះវរបិតា តាមទស្សនៈជាមនុស្សដែលព្រះបានបង្កើត។ តើអ្នកមិនដឹងទេថា ព្រះយេស៊ូវបានប្រសូតមកដោយការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាអ្នកនិយាយអ្វី ក៏ទ្រង់នៅតែជាព្រះដែលគង់នៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះ។ គំនិតគិតបែបនេះ ចំពោះព្រះរាជបុត្រា គឺមិនពិតតែម្ដង។ គឺជាវិញ្ញាណតែមួយដែលអនុវត្តកិច្ចការទាំងអស់ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាវិញ្ញាណនៃព្រះដែលអនុវត្តកិច្ចការរបស់ទ្រង់។ តើព្រះវិញ្ញាណនៃព្រះនេះជាអ្នកណា? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការជាមួយព្រះយេស៊ូវទេឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវបានអនុវត្តដោយព្រះវិញ្ញាណបរិសុទ្ធ (ដែលជាព្រះវិញ្ញាណនៃព្រះ) តើកិច្ចការរបស់ទ្រង់ អាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់យ៉ាងដូចម្ដេច? នៅពេលព្រះយេស៊ូវហៅព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ដោយព្រះនាមព្រះវរបិតា នៅពេលទ្រង់អធិដ្ឋាន គឺទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្សដែលព្រះបានបង្កើតតែប៉ុណ្ណោះ ហេតុផលមួយគត់ គឺមកពីព្រះវិញ្ញាណនៃព្រះគ្រងរូបកាយសាច់ឈាមធម្មតា ហើយមានសម្បកកាយជាភាវៈដែលត្រូវបានបង្កើតមក។ បើទោះបីជានៅក្នុងទ្រង់មានព្រះវិញ្ញាណនៃព្រះ សម្បកកាយរបស់ទ្រង់ នៅតែជាមនុស្សធម្មតា ពោលគឺទ្រង់បានក្លាយជា «កូនបុត្រមនុស្ស» ដែលមនុស្សទាំងអស់បានលើកយកមកនិយាយ រួមទាំងព្រះយេស៊ូវផ្ទាល់ផង។ ដែលទ្រង់ត្រូវបានគេហៅថា បុត្រមនុស្ស ព្រោះទ្រង់ជាបុគ្គលម្នាក់ (មិនដឹងជាបុរស ឬស្ត្រីទេ តែយ៉ាងណាក៏ទ្រង់មានសម្បកកាយជាមនុស្សដែរ) ដែលកើតក្នុងគ្រួសារធម្មតានៃមនុស្សទូទៅមួយ។ ដូច្នេះ ព្រះយេស៊ូវហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា គឺដូចដែលអ្នករាល់គ្នាហៅទ្រង់ថា ព្រះវរបិតាពីដំបូងដែរ។ ទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្ស។ តើអ្នករាល់គ្នានៅចាំសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ដែលព្រះយេស៊ូវ បានបង្រៀនអ្នករាល់គ្នាឱ្យទន្ទេញទេ? «ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌...។» ទ្រង់បានបង្គាប់ឱ្យមនុស្សទាំងអស់ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមថាព្រះវរបិតា។ ដ្បិតព្រះអង្គហៅព្រះដែលគង់ស្ថានសួគ៌ថាព្រះវរបិតាដែរ ហើយទ្រង់ធ្វើដូច្នេះ តាមទស្សនៈជាមនុស្សម្នាក់ ដែលមានឋានៈស្មើនឹងអ្នករាល់គ្នា។ ដោយព្រោះអ្នករាល់គ្នាហៅព្រះដែលគង់នៅស្ថានសួគ៌ដោយព្រះនាមព្រះវរបិតាដែរ ព្រះយេស៊ូវបានរាប់អង្គទ្រង់ផ្ទាល់ក្នុងឋានៈស្មើនឹងអ្នករាល់គ្នា ហើយជាមនុស្សម្នាក់ដែឡត្រូវបានព្រះជ្រើសរើសនៅលើផែនដី (ពោលគឺជាព្រះរាជបុត្រានៃព្រះ)។ ប្រសិនបើអ្នករាល់គ្នាហៅព្រះជាម្ចាស់ថា ព្រះវរបិតា តើនេះមិនមែនដោយសារអ្នករាល់គ្នា គឺជាមនុស្សទេឬអី? ទោះបីជាសិទ្ធិអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីធំប៉ុនណាមុនពេលដែលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលឃុំគ្រងដោយព្រះវិញ្ញាណបរិសុទ្ធ (ពោលគឺជាព្រះជាម្ចាស់) ហើយជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលព្រះបានបង្កើតនៅលើផែនដី ដ្បិតព្រះអង្គមិនទាន់សម្រេចកិច្ចការរបស់ទ្រង់នៅឡើយ។ ដូច្នេះ ការដែលទ្រង់ហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតា គឺជាការបន្ទាបខ្លួន និងជាការស្ដាប់បង្គាប់របស់ទ្រង់ទាំងស្រុង។ យ៉ាងណាមិញ ការដែលព្រះអង្គហៅព្រះជាម្ចាស់ (ព្រះវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌) ដោយកិរិយាបែបនេះមិនបញ្ជាក់ថា ទ្រង់ជាព្រះបុត្រារបស់ព្រះវិញ្ញាណព្រះដែលគង់នៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ នោះមកពីទស្សនៈរបស់ទ្រង់ខុសគេ មិនមែនមកពីទ្រង់ជាមនុស្សខុសគេទេ។ វត្តមាននៃអង្គខុសគ្នារបស់ព្រះ ជាជំនឿខុសឆ្គង! មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលជាប់ចំណងកំហិតនៃសាច់ឈាម ហើយទ្រង់គ្មានសិទ្ធិអំណាចពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ហេតុនេះទើបទ្រង់អាចស្វែងរកព្រះហឫទ័យនៃព្រះដ៏ជាព្រះវរបិតា តាមតែត្រឹមទស្សនៈជាមនុស្សប៉ុណ្ណោះ។ ពេលព្រះអង្គអធិស្ឋានលើកទីបី នៅសួនកេតសេម៉ានី ទ្រង់អធិស្ឋានថា «សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មុនពេលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់ត្រឹមតែជាស្ដេចនៃសាសន៍យូដា ទ្រង់ជាព្រះគ្រីស្ទ ជាបុត្រមនុស្ស ហើយក៏មិនមែនជារូបកាយ ដែលពេញដោយសិរីល្អដែរ។ ហេតុនេះ តាមទស្សនៈនៃភាវៈដែលត្រូវបានបង្កើតមក ទ្រង់ហៅព្រះជាម្ចាស់ថា ព្រះវរបិតា។ ពេលនេះ អ្នកមិនអាចពោលថា អ្នកដែលហៅព្រះជាម្ចាស់ថា ព្រះវរបិតាជាព្រះបុត្រានោះទេ។ ប្រសិនបើដូច្នេះមែន តើអ្នករាល់គ្នានឹងមិនក្លាយទៅជាព្រះបុត្រា នៅពេលដែលព្រះយេស៊ូវបានបង្រៀនអ្នករាល់គ្នា អំពីសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ហើយទេឬអី? ប្រសិនបើអ្នករាល់គ្នានៅតែមិនទាន់ជឿ ចូរប្រាប់ខ្ញុំមកមើលថា តើអ្នកដែលអ្នករាល់គ្នាហៅថា ព្រះវរបិតា គឺជាអ្នកណា? ប្រសិនបើអ្នកសំដៅលើព្រះយេស៊ូវ ចុះព្រះវរបិតារបស់ព្រះយេស៊ូវជាអ្នកណាចំពោះអ្នករាល់គ្នាវិញ? ក្រោយពេលដែលព្រះយេស៊ូវយាងចេញទៅបាត់ គំនិតបែបនេះអំពីព្រះវរបិតា និងព្រះបុត្រាក៏លែងមានតទៅទៀត។ គំនិតបែបនេះ ត្រឹមត្រូវតែក្នុងគ្រាដែលព្រះយេស៊ូវ បានត្រឡប់ជាសាច់ឈាមតែប៉ុណ្ណោះ នៅក្នុងកាលៈទេសៈផ្សេងទៀត ពេលដែលអ្នករាល់គ្នាហៅព្រះថាព្រះវរបិតា សម្ពន្ធភាពនេះ គឺគ្រាន់តែជាសម្ពន្ធភាពរវាងព្រះអម្ចាស់នៃសត្តនិករ និងមនុស្សដែលព្រះអង្គបានបង្កើតតែប៉ុណ្ណោះ។ ពុំមានវេលាដែលគំនិតអំពីត្រៃឯកភាពនៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធនេះអាចឈរនៅបានឡើយ។ វាជាជំនឿខុសឆ្គងមួយដែលកម្រមានគេឃើញក្នុងយុគសម័យទាំងអស់ណាស់ ហើយក៏មិនមាននៅផង!
កត្តានេះធ្វើឱ្យមនុស្សភាគច្រើននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីក្នុងគម្ពីរលោកុប្បត្តិថា «ចូរយើងបង្កើតមនុស្សឱ្យដូចរូបយើង ឱ្យមានលក្ខណៈដូចយើង» (លោកុប្បត្តិ ១:២៦)។ ព្រះបន្ទូលដែលព្រះមានបន្ទូលថា «ចូរយើងធ្វើមនុស្សឱ្យដូចរូបយើង» សំដៅលើអង្គព្រះពីរអង្គ ឬច្រើនជាងនេះ ដ្បិតទ្រង់បានប្រើព្រះបន្ទូលថា «យើង» ដូច្នេះ មិនមែនមានព្រះតែមួយអង្គទេ។ ដោយសារតែការបង្ហាញរបៀបនេះ មនុស្សចាប់ផ្ដើមគិតតាមគំនិតអរូបីរបស់អង្គនៃព្រះផ្សេងៗពីគ្នា ហើយពាក្យទាំងនេះផុសចេញពីគំនិតផ្ដោតលើព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ រួចចុះព្រះវរបិតាមានលក្ខណៈដូចម្ដេច? តើព្រះបុត្រាមានលក្ខណៈដូចម្ដេច? ហើយព្រះវិញ្ញាណបរិសុទ្ធ មានលក្ខណៈដូចម្ដេច? តើអាចទេថា មនុស្សសព្វថ្ងៃត្រូវបានបង្កើតមកតាមរូបអង្គរបស់ព្រះទាំងបីរួមគ្នា? នោះតើរូបកាយរបស់មនុស្សមានលក្ខណៈដូចទៅនឹងព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណបរិសុទ្ធ? តើមនុស្សមានលក្ខណៈដូចគ្នាទៅនឹងព្រះអង្គណាមួយ? គំនិតរបស់មនុស្សបែបនេះ គឺមិនត្រឹមត្រូវ ហើយចោលម្សៀតទៀតផង! វាអាចត្រឹមបែងចែកព្រះមួយអង្គឱ្យក្លាយជាព្រះជាច្រើនអង្គតែប៉ុណ្ណោះ។ ក្នុងគ្រាដែលម៉ូសេសរសេរបទគម្ពីរលោកុប្បត្តិ មនុស្សជាតិត្រូវបានបង្កើតនៅក្រោយពេលដែលបង្កើតភពផែនដីនេះរួច។ នៅគ្រាដំបូងបង្អស់ ពេលដែលផែនដីនេះចាប់ផ្ដើមឡើង ម៉ូសេមិនទាន់មានវត្តមានទេ។ ហើយម៉ូសេក៏បានសរសេរកណ្ឌគម្ពីរនេះ ក្នុងគ្រាក្រោយពេលដែលការបង្កើតផែនដីនេះកើតឡើងយ៉ាងយូរ ដូច្នេះ ម្ដេចបានជាគាត់អាចដឹងពីអ្វី ដែលព្រះដែលគង់នៅឯស្ថានសួគ៌មានព្រះបន្ទូល? លោកពុំមានតឹកតាងអ្វីបន្តិចអំពីរបៀបដែលព្រះជាម្ចាស់បង្កើតលោកិយនេះឡើងនោះទេ។ នៅក្នុងគម្ពីរសញ្ញាចាស់ ពុំមាននិយាយអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណទេ គឺមានតែព្រះដ៏ពិតតែមួយគឺ ព្រះយេហូវ៉ាដែលកំពុងតែអនុវត្តកិច្ចការរបស់ទ្រង់ក្នុងស្រុកអ៊ីស្រាអែលតែប៉ុណ្ណោះ។ ទ្រង់ត្រូវបានគេហៅដោយព្រះនាមផ្សេងៗពីគ្នា ពេលយុគសម័យមានការផ្លាស់ប្ដូរ ប៉ុន្តែកត្តានេះមិនអាចបញ្ជាក់ថា ព្រះនាមនីមួយៗសំដៅលើអង្គព្រះខុសគ្នានោះដែរ។ ប្រសិនបើដូច្នោះមែន នោះអង្គព្រះដែលនៅក្នុងព្រះជាម្ចាស់មិនច្រើនឥតគណនាទៅហើយទេឬអី? អ្វីដែលមានចែងនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា ជាដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់សម្រាប់ការផ្ដើមយុគសម័យនៃក្រឹត្យវិន័យ។ គឺកិច្ចការរបស់ព្រះជាម្ចាស់នេះហើយ ដែលនៅពេលទ្រង់មានបន្ទូលនោះវាក៏មានឡើង ពេលទ្រង់បង្គាប់នោះវាក៏លេចមក។ ពុំមានគ្រាណាមួយដែលព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់ជាព្រះវរបិតាដែលយាងមកអនុវត្តកិច្ចការនេះ ហើយទ្រង់ក៏មិនធ្លាប់ថ្លែងទំនាយថា ព្រះរាជបុត្រានឹងយាងប្រោសលោះមនុស្សជាតិដែរ។ នោះមកដល់សម័យព្រះយេស៊ូវ ក៏មានតែត្រឹមពាក្យថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីសង្គ្រោះមនុស្សជាតិ មិនមានពាក្យថា ព្រះរាជបុត្រាត្រូវយាងមកនោះទេ។ ដោយសារយុគសម័យទាំងនោះមិនដូចគ្នា ហើយកិច្ចការដែលព្រះធ្វើដោយផ្ទាល់ក៏ខុសគ្នា ទ្រង់ក៏ត្រូវអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងភពខុសគ្នា។ អត្តសញ្ញាណដែលទ្រង់តំណាង ក៏ខុសគ្នាទៅតាមរបៀបនេះដែរ។ មនុស្សជឿថា ព្រះយេហូវ៉ាគឺជាព្រះវរបិតារបស់ព្រះយេស៊ូវ តែតាមពិត រឿងនេះមិនត្រូវបានព្រះយេស៊ូវទទួលស្គាល់ទេ ទ្រង់មានព្រះបន្ទូលថា «យើងពុំដែលត្រូវបានបែងចែកជាព្រះវរបិតា និងព្រះរាជបុត្រាឡើយ។ ខ្ញុំនិងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ គឺតែមួយ។ ព្រះវរបិតាគង់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាខ្ញុំដែរ។ កាលណាមនុស្សមើលឃើញព្រះបុត្រា ពួកគេក៏កំពុងមើលឃើញព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ នៅពេលព្រះបន្ទូលទាំងអស់នេះត្រូវបានថ្លែង ទោះជាព្រះវរបិតា ឬព្រះបុត្រាក៏ដោយ ព្រះទាំងពីរអង្គជាវិញ្ញាណតែមួយ មិនមែនព្រះដែលត្រូវបានបែងចែងក្លាយជាអង្គព្រះដោយឡែកពីគ្នានោះឡើយ។ នៅពេលមនុស្សព្យាយាមពន្យល់បញ្ហាទាំងនោះក៏ចាក់ស្រេះជាមួយនឹងគំនិតថាមានព្រះជាច្រើនអង្គ ហើយក៏មានសម្ព័ន្ធភាពរវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ពេលមនុស្សនិយាយអំពីអង្គព្រះដោយឡែកពីគ្នា តើសម្ដីបែបនេះមិនកំណត់រូបរាងរបស់ព្រះជាម្ចាស់ទេឬអី? មនុស្សថែមទាំងចាត់ថ្នាក់អង្គទាំងបីរបស់ព្រះ ជាព្រះទីមួយ ទីពីរ និងទីបីទៀតផង។ ទាំងអស់នេះ សុទ្ធតែជាការស្រមើស្រមៃរបស់មនុស្ស ពុំសមយកធ្វើជាឯកសារយោង និងមិនប្រាកដប្រជាទាល់តែសោះ! ប្រសិនបើអ្នកសួរបន្ថែមទៀតថា «តើព្រះមានប៉ុន្មាន?» នោះគេ ប្រាកដជាឆ្លើយថា ព្រះជាម្ចាស់ គឺជាព្រះត្រៃឯក រួមមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ជាព្រះពិតតែមួយ។ ប្រសិនបើអ្នកសួរគេម្ដងទៀតថា «តើព្រះវរបិតាជាអ្នកណា?» នោះគេនឹង ឆ្លើយថា «ព្រះវរបិតាគឺជាវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌»។ «ទ្រង់គ្រប់គ្រងលើទាំងអស់ ហើយក៏ជាម្ចាស់ឋានសួគ៌ទៀតផង»។ «ចុះព្រះយេហូវ៉ា គឺជាវិញ្ញាណដែរឬទេ?» នោះគេនឹងឆ្លើយ «មែនហើយ!» ប្រសិនបើអ្នកសួរគេថា «តើព្រះរាជបុត្រាគឺជាអ្នកណា?» គេនឹងឆ្លើយថា ពិតណាស់ ព្រះយេស៊ូវ គឺជាព្រះរាជបុត្រា។ ចុះតើអ្វីជាដំណើររឿងព្រះយេស៊ូវ? តើទ្រង់យាងមកពីកន្លែងណា? គេមុខជាឆ្លើយថា «ព្រះយេស៊ូវប្រសូតពីនាងម៉ារា ដោយសារការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ ចុះតើលក្ខណៈពិតរបស់ទ្រង់ មិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ទ្រង់មិនតំណាងឱ្យកិច្ចការរបស់ទ្រង់ មិនតំណាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ព្រះយេហូវ៉ាជាវិញ្ញាណ ដូច្នេះហើយ លក្ខណៈពិតរបស់ព្រះយេស៊ូវក៏ជាវិញ្ញាណដែរ។ គ្រានេះគឺជាគ្រាចុងក្រោយ នោះមិនចាំបាច់និយាយច្រើនទេថា ទ្រង់នៅតែជាព្រះវិញ្ញាណ តើព្រះទាំងបីអង្គ គឺជាអង្គព្រះខុសគ្នាដោយរបៀបណា? ដូច្នេះ ព្រះទាំងបីអង្គគ្មានអ្វីខុសគ្នាទេ។ ព្រះយេស៊ូវត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថា កិច្ចការរបស់ទ្រង់គឺពិតជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងដំណាក់កាលទីមួយនៃ កិច្ចការដែលត្រូវបានអនុវត្តដោយព្រះយេហូវ៉ា ទ្រង់បានត្រឡប់ជាសាច់ឈាម និងមិនបានលេចមកឱ្យមនុស្សឃើញដែរ។ ហេតុនេះ មនុស្សមិនធ្លាប់ឃើញការលេចមករបស់ទ្រង់ឡើយ។ ទោះបីទ្រង់អស្ចារ្យ និងខ្ពង់ខ្ពស់យ៉ាងណា ក៏ទ្រង់នៅតែជាវិញ្ញាណដដែលដែរ ជាព្រះជាម្ចាស់ផ្ទាល់ ដែលជាអ្នកបង្កើតមនុស្សមកនៅដើមដំបូងបង្អស់។ មានន័យថា ទ្រង់គឺជាវិញ្ញាណរបស់ព្រះជាម្ចាស់។ ព្រះអង្គមានបន្ទូលមកកាន់មនុស្សពីលើពពក ដែលត្រឹមតែជាវិញ្ញាណមួយប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់បានឃើញការលេចមករបស់ទ្រង់ដោយផ្ទាល់ភ្នែកនោះឡើយ។ មានតែក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលវិញ្ញាណនៃព្រះបានត្រឡប់ជាសាច់ឈាម ហើយបានយកកំណើតជាសាច់ឈាមក្នុងស្រុកយូដា ទើបមនុស្សមើលឃើញរូបអង្គព្រះដែលយកកំណើតជាមនុស្សជាលើកទីមួយ ជាសាសន៍យូដាម្នាក់។ គឺគ្មានឃើញអ្វីនៃព្រះយេហូវ៉ាស្ដីពីទ្រង់ឡើយ។ យ៉ាងណាមិញ ទ្រង់បានចាប់បដិសន្ធិដោយវិញ្ញាណនៃព្រះយេហូវ៉ាផ្ទាល់ ហើយព្រះយេស៊ូវនៅតែប្រសូតក្នុងឋានៈជាតំណាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សមើលឃើញដំបូង គឺព្រះវិញ្ញាណបរិសុទ្ធយាងចុះមកសណ្ឋិតលើព្រះយេស៊ូវ ដូចជាសត្វព្រាប។ ព្រះវិញ្ញាណនេះមិនមែនជាវិញ្ញាណដែលរួមក្នុងព្រះយេស៊ូវទេ តែជាព្រះវិញ្ញាណបរិសុទ្ធវិញ។ ចុះតើវិញ្ញាណរបស់ព្រះយេស៊ូវ ដោយឡែកពីព្រះវិញ្ញាណបរិសុទ្ធមែនទេ? ប្រសិនបើព្រះយេស៊ូវ គឺជាព្រះយេស៊ូវដ៏ជាព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធ តើព្រះអង្គទាំងពីរជាព្រះតែមួយយ៉ាងដូចម្ដេច? ប្រសិនបើដូច្នេះមែន កិច្ចការនេះមិនអាចអនុវត្តបានឡើយ។ ព្រះវិញ្ញាណដែលនៅក្នុងព្រះយេស៊ូវ ព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌ និងព្រះវិញ្ញាណនៃព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះវិញ្ញាណត្រូវបានហៅថា ព្រះវិញ្ញាណដ៏បរិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណទាំងប្រាំពីរ និងព្រះវិញ្ញាណដែលរួមបញ្ចូលគ្រប់ទាំងអស់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចយកឈ្នះ និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចត្រូវបានធ្វើឡើងដោយភាពជាអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និងព្រះយេស៊ូវ ក៏ដូចជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះអង្គគឺជាព្រះអម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ហើយគ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សជាតិ ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះផ្ទាល់ព្រះអង្គដែរ ដែលជាការបង្ហាញឱ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់នៅគ្រាចុងក្រោយផងដែរ។ ព្រះជាម្ចាស់អាចត្រូវបានហៅថាជាព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ ជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ពេលវេលា។ អង្គរបស់ព្រះជាម្ចាស់ខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានគំនិតអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធទៅទៀត។ នៅស្ថានសួគ៌និងផែនដីនេះ គឺមានព្រះតែមួយអង្គគត់!
ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់លាតសន្ធឹងប្រាំមួយពាន់ឆ្នាំ ហើយត្រូវបានបែងចែងជាបីយុគសម័យ ផ្អែកតាមភាពខុសគ្នានៃកិច្ចការរបស់ទ្រង់៖ យុគសម័យទីមួយជាយុគសម័យនៃក្រឹត្យវិន័យក្នុងសញ្ញាចាស់។ យុគសម័យទីពីរ គឺជាយុគសម័យនៃព្រះគុណ។ ឯយុគសម័យទីបីជាគ្រាចុងក្រោយ ពោលគឺយុគសម័យនៃនគរព្រះ។ ក្នុងយុគសម័យនីមួយៗ អត្តសញ្ញាណប្លែកមួយត្រូវបានបង្ហាញចេញមក។ នេះក៏ព្រោះតែភាពខុសគ្នាក្នុងកិច្ចការនេះប៉ុណ្ណោះ ពោលគឺ លក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ ដំណាក់កាលទីមួយនៃកិច្ចការក្នុងសម័យនៃក្រឹត្យវិន័យ ត្រូវបានអនុវត្តនៅក្នុងស្រុកអ៊ីស្រាអែលហើយដំណាក់កាលទីពីរនៃការបញ្ចប់កិច្ចការប្រោសលោះ ត្រូវបានអនុវត្តនៅក្នុងស្រុកយូដា។ សម្រាប់កិច្ចការនៃការប្រោសលោះ ព្រះយេស៊ូវបានមក ប្រសូតតាមរយៈការចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងធ្វើជាព្រះបុត្រាតែមួយគត់។ ទាំងអស់នេះ គឺសុទ្ធតែមកពីលក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ចង់បន្សាយកិច្ចការរបស់ទ្រង់ដល់សាសន៍ដទៃ រួចក៏យកឈ្នះមនុស្សនៅទីនោះ ដើម្បីឱ្យព្រះនាមទ្រង់ល្បីរន្ទឺក្នុងចំណោមពួកគេ។ ទ្រង់ចង់ដឹកនាំមនុស្ស ទាំងក្នុងការយល់ដឹង និងការចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ កិច្ចការទាំងអស់នេះ ត្រូវបានអនុវត្តដោយព្រះវិញ្ញាណតែ មួយ។ បើទោះបីជាទ្រង់ប្រហែលជាធ្វើដូច្នេះ តាមទស្សនៈខុសគ្នា តែសណ្ឋាន និងគោលការណ៍នៃកិច្ចការនេះ គឺនៅដូចគ្នាដដែល។ កាលណាអ្នកប្រកាន់ខ្ជាប់តាមគោលការណ៍ និងសណ្ឋានកិច្ចការ ដែលព្រះអង្គបានអនុវត្ត នោះអ្នកនឹងដឹងថា កិច្ចការនេះ គឺសុទ្ធតែត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណតែមួយ។ នៅតែមានមនុស្សខ្លះនិយាយថា «ព្រះវរបិតាជាព្រះវរបិតា ព្រះរាជបុត្រាជាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណបរិសុទ្ធ ហើយនៅទីបំផុត ទាំងបីព្រះអង្គនឹងរួមគ្នាមកតែមួយ»។ តើអ្នកនឹងធ្វើឱ្យព្រះទាំងបីអង្គ រួមគ្នាមកតែមួយដោយវិធីណា? តើព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ រួមគ្នាមកតែមួយដោយវិធីណា? ប្រសិនបើព្រះទាំងពីរអង្គ គឺជាព្រះពីរអង្គរហូតមក ទោះបីជាព្រះទាំងពីរអង្គរួមគ្នាយ៉ាងណា តើទ្រង់ទាំងពីរ មិននៅតែជាព្រះពីរអង្គ ដោយឡែកពីគ្នាទេឬអី? កាលណាអ្នកនិយាយអំពីការបង្រួមព្រះទាំងពីរអង្គមកតែមួយ តើនោះមិនត្រឹមតែជាការបង្រួមចំណែកពីរ ដើម្បីឱ្យក្លាយជាចំណែកមួយទាំងមូលទេឬអី? ប៉ុន្តែ តើព្រះអង្គទាំងពីរពុំមែនជាចំណែកពីរ មុនពេលរួមគ្នាមកតែមួយទេឬអី? ព្រះវិញ្ញាណនីមួយៗ ទ្រង់មានលក្ខណៈពិតខុសគ្នាហើយព្រះវិញ្ញាណទាំងពីរ មិនអាចបង្រួមគ្នាមកតែមួយបាននោះទេ។ វិញ្ញាណមិនមែនជាវត្ថុធាតុ ហើយក៏មិនដូចនឹងវត្ថុផ្សេងទៀតក្នុងពិភពលោកនេះឡើយ។ ព្រះវរបិតា ជាព្រះវិញ្ញាណមួយ ព្រះរាជបុត្រាជាព្រះវិញ្ញាណមួយ ចំណែកព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណមួយផ្សេងទៀត ហើយព្រះវិញ្ញាណទាំងបីរួមគ្នា ដូចជាទឹកបីកែវរួមគ្នាមកតែមួយទាំងមូល។ តើនោះ មិនមែនជាព្រះបីអង្គរួមគ្នាមកតែមួយទេឬអី? នេះជាពន្យល់ដែលខុសសុទ្ធសាធ និងមិនសមហេតុផលទាំងស្រុង! តើនេះមិនមែនជាការបែងចែកព្រះទេឬអី? តើធ្វើយ៉ាងណាអាចឱ្យព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បង្រួមគ្នាមកតែមួយបាន? តើព្រះទាំងបីអង្គមិនមែនជាចំណែកបី ដែលមានលក្ខណៈខុសគ្នាទេឬអី? នៅតែមានអ្នកផ្សេងទៀតដែលនិយាយថា «តើព្រះជាម្ចាស់មិនបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ រាជបុត្រស្ងួនភ្ងារបស់ទ្រង់ទេឬអី?» ព្រះយេស៊ូវ គឺជាបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ជាបុត្រដែលទ្រង់សព្វព្រះហឫទ័យណាស់ ព្រះបន្ទូលនេះ គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកថ្លែងមែន។ គឺព្រះជាម្ចាស់ជាអ្នកធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់ តែធ្វើតាមទស្សនៈខុសពីគ្នាប៉ុណ្ណោះ នោះជាព្រះវិញ្ញាណនៅស្ថានសួគ៌ ធ្វើបន្ទាល់ពីរូបកាយសាច់ឈាមរបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវ គឺជារូបកាយសាច់ឈាមរបស់ទ្រង់ ពុំមែនជាព្រះបុត្រារបស់ទ្រង់ដែលនៅស្ថានសួគ៌ទេ។ តើអ្នកយល់ ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះយេស៊ូវថា «ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ» មិនបង្ហាញថា ព្រះអង្គទាំងបី ជាព្រះវិញ្ញាណតែមួយទេឬអី? តើមិនមែនដោយសារតែការយកកំណើតជាសាច់ឈាមទេឬអី ដែលព្រះទាំងបីអង្គត្រូវបានញែកចេញរវាងស្ថានសួគ៌ និងផែនដី? ក្នុងភាពជាក់ស្ដែង ព្រះអង្គទាំងបី គឺនៅតែជាព្រះវិញ្ញាណតែមួយ តែទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាព្រះ ដែលកំពុងតែធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់តែប៉ុណ្ណោះ។ ដោយសារតែការប្រែប្រួលយុគសម័យ លក្ខខណ្ឌតម្រូវនៃកិច្ចការ ហើយនិងដំណាក់កាលខុសៗគ្នានៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រះនាមដែលមនុស្សហៅទ្រង់ក៏ខុសៗគ្នាដែរ។ កាលទ្រង់យាងមកអនុវត្តដំណាក់កាលទីមួយនៃកិច្ចការនេះ ទ្រង់ត្រូវបានគេហៅដោយព្រះនាមថា ព្រះយេហូវ៉ាដែលជាអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល។ នៅក្នុងដំណាក់កាលទីពីរ ព្រះដែលយកកំណើតជាសាច់ឈាមហៅបានត្រឹមថា ព្រះអម្ចាស់ និងព្រះគ្រីស្ទ។ តែនៅពេលនោះ ព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ បានប្រកាសត្រឹមថា ទ្រង់ជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយពុំមានការលើកឡើងអំពីអត្ថិភាពរបស់ទ្រង់ថាជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ។ រឿងនេះមិនអាចកើតឡើងងាយដូច្នេះទេ។ ម្ដេចបានជាព្រះមានបុត្រតែមួយនោះ? តើព្រះមិនបានក្លាយជាមនុស្សទេឬអី? ដោយសារទ្រង់ជារូបកាយសាច់ឈាម ទើបទ្រង់ត្រូវបានហៅថា ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយតាំងពីពេលនោះមក សម្ពន្ធភាពរវាងព្រះវរបិតានិងព្រះរាជបុត្រាក៏ចាប់ផ្ដើមមាន។ សម្ពន្ធភាពនេះកើតឡើង ដោយសារការបែងចែករវាងស្ថានសួគ៌ និងផែនដី។ ព្រះយេស៊ូវបានអធិស្ឋានតាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដោយសារតែទ្រង់គ្រងរូបកាយសាច់ឈាមរបស់មនុស្សសាមញ្ញៗ បែបនេះ ទ្រង់មានបន្ទូលតាមទស្សនៈជាមនុស្សថា «សម្បកកាយរបស់ខ្ញុំ គឺជាសម្បកកាយមនុស្ស។ ដោយសារខ្ញុំគ្រងរូបកាយផ្នែកសាច់ឈាមរបស់មនុស្ស ដើម្បីយាងមកផែនដីនេះ ពេលនេះខ្ញុំនៅឆ្ងាយពីស្ថានសួគ៌ណាស់»។ ដោយព្រោះហេតុនេះ ទើបទ្រង់បានត្រឹមតែអាចអធិដ្ឋានទៅឯព្រះដ៏ជាព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ នេះគឺជាកាតព្វកិច្ចរបស់ព្រះអង្គ ហើយវាជាកាតព្វកិច្ចដែលព្រះវិញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស គួរផ្ដល់ជូន។ មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានអធិស្ឋានទៅរកព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ទោះបីទ្រង់ត្រូវបានហៅថាជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប៉ុន្តែទ្រង់ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដដែល ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណ ហើយលក្ខណៈ ពិតរបស់ទ្រង់ គឺនៅតែជាវិញ្ញាណ។ មនុស្សឆ្ងល់ពីហេតុផលដែលទ្រង់អធិស្ឋាន ហាក់ដូចទ្រង់ជាព្រះជាម្ចាស់ផ្ទាល់។ មូលហេតុមកពីទ្រង់គឺជាព្រះដែលយកកំណើតជាមនុស្ស ជាព្រះជាម្ចាស់ដែលកំពុងគង់ក្នុងសាច់ឈាម ហើយមិនមែនជាព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌នោះឡើយ។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ សុទ្ធតែជាព្រះ។ ទាល់តែព្រះទាំងបីអង្គ រួមគ្នាមកតែមួយ ទើបអាចរាប់ថាជាព្រះពិតតែមួយបានហើយព្រះចេស្ដារបស់ទ្រង់ ក៏អស្ចារ្យខុសពីធម្មតាដោយសារវិធីនេះដែរ។ មានមនុស្សដែលនិយាយថា គឺមានតែវិធីនេះទេទើបទ្រង់អាចធ្វើជាព្រះវិញ្ញាណទាំងប្រាំពីរបាន។ ពេលដែលព្រះរាជបុត្រាអធិស្ឋាន បន្ទាប់ពីទ្រង់យាងមកនោះ ព្រះដែលទ្រង់អធិស្ឋានរក គឺព្រះវិញ្ញាណ។ នៅក្នុងភាពជាក់ស្ដែងទ្រង់កំពុងអធិស្ឋានតាមទស្សនៈជាមនុស្ស។ ទ្រង់មិនពេញលេញ ដោយសារតែសាច់ឈាមមិនពេញលេញ ហើយទ្រង់មាននូវសេចក្ដីកម្សោយជាច្រើន ពេលដែលព្រះអង្គយាងមកក្នុងសាច់ឈាម ហើយទ្រង់ជួបនូវបញ្ហាជាច្រើន នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ នៅក្នុងសាច់ឈាម។ ហេតុនេះបានជាទ្រង់អធិស្ឋានបីដងទៅកាន់ព្រះវរបិតា មុនពេលទ្រង់ត្រូវគេឆ្កាង និងជាច្រើនលើកទៀត មុនពេលទ្រង់ជាប់ឆ្កាងផងដែរ។ ទ្រង់បានអធិស្ឋាននៅក្នុងចំណោមពួកសិស្សទ្រង់ ទ្រង់បានអធិស្ឋានម្នាក់អ្នកនៅលើភ្នំ ទ្រង់ក៏បានអធិស្ឋាននៅលើទូកនេសាទ រួចទ្រង់ក៏បានអធិស្ឋាននៅក្នុងចំណោមបណ្ដាជន ទ្រង់ក៏បានអធិស្ឋានទាំងពេលកំពុងកាច់នំប៉័ង ហើយទ្រង់ក៏អធិស្ឋានពេលកំពុងឱ្យពរអ្នកដទៃទៀតផង។ ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ? ទ្រង់អធិស្ឋានទៅកាន់ព្រះវិញ្ញាណព្រះអង្គកំពុងអធិស្ឋានទៅកាន់ព្រះវិញ្ញាណ គឺទៅកាន់ព្រះដែលនៅឯស្ថានសួគ៌ តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដូច្នេះតាមទស្សនៈរបស់មនុស្ស ព្រះយេស៊ូវបានក្លាយជាព្រះរាជបុត្រានៅក្នុងដំណាក់កាលនោះ។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលនេះ ព្រះអង្គមិនអធិស្ឋានទេ។ ហេតុអ្វីក៏បែបនេះ? នេះគឺមកពីអ្វីដែលទ្រង់នាំយកនោះ គឺជាកិច្ចការនៃព្រះបន្ទូល ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាល។ ទ្រង់មិនត្រូវការនូវការអធិស្ឋាន ហើយព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវថ្លែងព្រះបន្ទូល។ ទ្រង់ពុំមែនត្រូវគេឆ្កាង ហើយទ្រង់ក៏មិនត្រូវមនុស្សចាប់យកទៅឱ្យពួកអ្នកមានអំណាចដែរ។ ទ្រង់គ្រាន់តែអនុវត្តកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ នៅគ្រាដែលព្រះយេស៊ូវអធិស្ឋាន ទ្រង់កំពុងអធិស្ឋានទៅកាន់ព្រះដ៏ជាព្រះវរបិតា ដើម្បីឱ្យនគរស្ថានសួគ៌មកដល់ ដើម្បីឱ្យព្រះហឫទ័យព្រះវរបិតាបានសម្រេច និងសម្រាប់កិច្ចការដែលនឹងត្រូវមកដល់។ នៅក្នុងដំណាក់កាលនេះ នគរស្ថានសួគ៌បានចុះមកដល់ហើយ តើទ្រង់នៅតែត្រូវការអធិស្ឋានបែបនេះទៀតមែនទេ? កិច្ចការរបស់ទ្រង់ គឺបញ្ចប់យុគសម័យនេះ ហើយពុំមានយុគសម័យថ្មីទៀតទេ ហេតុនេះ តើមានការចាំបាច់ត្រូវអធិស្ឋានសម្រាប់ដំណាក់កាលបន្ទាប់ទៀតទេ? ខ្ញុំយល់ថា ពុំមានការចាំបាច់នោះទេ!
ក្នុងការបកស្រាយរបស់មនុស្ស គឺមាននូវសម្ដីផ្ទុយគ្នាជាច្រើន។ ពិតណាស់ ទាំងអស់នេះជាសញ្ញាណរបស់មនុស្ស ប្រសិនបើគ្មានការពិនិត្យពិច័យទេ អ្នករាល់គ្នាមុខជាជឿថា ការពន្យល់របស់ពួកគេសុទ្ធតែត្រឹមត្រូវទាំងអស់។ តើអ្នកមិនដឹងទេឬថា គំនិតបែបនេះដែលថា ព្រះត្រៃឯក គ្មានអ្វីក្រៅពីសញ្ញាណនានារបស់មនុស្សទេឬអី? ចំណេះដឹងរបស់មនុស្ស ពុំមានចំណេះដឹងណាពេញលេញ ឬម៉ត់ចត់នោះទេ។ ភាពស្មោកគ្រោកក៏ចេះតែមាន ហើយមនុស្សក៏មានគំនិតច្រើនដែរ។ នេះបង្ហាញថា មនុស្សម្នាក់មិនអាចត្រឹមតែពន្យល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ។ មានរឿងច្រើនណាស់នៅក្នុងគំនិតរបស់មនុស្សទាំងអស់ គឺសុទ្ធតែចេញមកពីហេតុផល និងតម្រិះរបស់គេ ដែលផ្ទុយអំពីសេចក្ដីពិត។ តើហេតុផលរបស់អ្នកអាចកាត់ញែកកិច្ចការរបស់ព្រះជាម្ចាស់ឱ្យម៉ត់ចត់ដែរឬទេ? តើអ្នកអាចទទួលបានតម្រិះស៊ីជម្រៅ ក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះយេហូវ៉ាដែរឬទេ? ក្នុងឋានៈជាមនុស្ស តើអ្នកអាចមើលឃើញកិច្ចការទាំងអស់នេះទេ ឬក៏ព្រះជាម្ចាស់ផ្ទាល់ទើបអាចមើលឃើញពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ចបាន។ តើគឺអ្នកមែនទេដែលអាចមើលឃើញអតីតកាលពីអស់កល្បជានិច្ច ដល់អនាគតកាលដ៏អស់កល្បជានិច្ច ឬទាល់តែព្រះជាម្ចាស់ទើបអាចធ្វើបែបនេះបាន? តើអ្នកនិយាយអ្វីខ្លះ? តើអ្នកអាចស័ក្ដិសមនឹងពន្យល់ព្រះជាម្ចាស់ទេ? តើការពន្យល់របស់អ្នកផ្អែកលើអ្វី? តើអ្នកគឺជាព្រះមែនទេ? ស្ថានសួគ៌ និងផែនដីព្រមទាំងរបស់សព្វសារពើត្រូវបានបង្កើតដោយព្រះជាម្ចាស់ផ្ទាល់។ អ្នកដែលធ្វើកិច្ចការនេះ គឺមិនមែនជាអ្នកទេ ដូច្នេះ ហេតុអ្វីទើបអ្នកផ្ដល់នូវការពន្យល់មិនត្រឹមត្រូវបែបនេះ? ពេលនេះ តើអ្នកបន្តជឿលើព្រះត្រៃឯកទៀតដែរឬទេ? តើអ្នកមិនគិតទេថា វិធីនេះគឺជាបន្ទុកខ្លាំងពេកទេឬអី? ល្អបំផុត គឺអ្នកត្រូវជឿលើព្រះតែមួយបានហើយ មិនចាំបាច់ជឿព្រះបីអង្គទេ។ ស្រាលខ្លួន គឺជារឿងល្អបំផុត ដ្បិតបន្ទុករបស់ព្រះអម្ចាស់ស្រាលទេ។
(ដកស្រង់ពី «ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១)
ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ និងគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ទំនុកបម្រុងដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក។ នេះគឺជាអត្តសញ្ញាណដែលព្រះជាម្ចាស់មាន ហើយទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានរបស់ណាមួយដែលព្រះជាម្ចាស់បានបង្កើតមក (មិនថាស្ថិតក្នុងចំណោមមនុស្សជាតិ ឬក្នុងពិភពខាងវិញ្ញាណទេ) អាចប្រើមធ្យោបាយ ឬលេសដោះសាណាមួយដើម្បីត្រាប់តាម ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដ្បិតមានព្រះតែមួយអង្គគត់នៅក្នុងចំណោមរបស់សព្វសារពើ ដែលមានអត្តសញ្ញាណ ព្រះចេស្ដា សិទ្ធិអំណាច និងសមត្ថភាពក្នុងការត្រួតត្រាលើរបស់សព្វសារពើដែលបានបង្កើតមក នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់គង់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីខ្ពស់បំផុតពីលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយទ្រង់ផ្ទាល់ធ្វើជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនៅខាងសាច់ឈាម មកជួបមុខមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ហើយក្នុងពេលជាមួយគ្នានោះដែរ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចវាសនានៃរបស់គ្រប់យ៉ាងដែលមាន និងសម្រេចទិសដៅដែលពួកគេត្រូវទៅ។ ជាងនេះទៅទៀត ទ្រង់ដឹកនាំវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ភាវៈមានជីវិតទាំងអស់ថ្វាយបង្គំ ស្ដាប់បង្គាប់ និងស្គាល់ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)