៣. ខ្ញុំទទួលស្គាល់ថា អ្វីដែលត្រូវបានអធិប្បាយដោយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាផ្លូវពិត ប៉ុន្តែដោយសារតែមនុស្សនៅក្នុងពួកជំនុំរបស់យើងត្រូវបានចាញ់បញ្ឆោតដោយសេចក្តីកុហក និងសេចក្តីខុសឆ្គង ដែលត្រូវបានផ្សាយដោយគ្រូគង្វាល និងពួកចាស់ទុំ ពួកគេគ្រប់គ្នាសុទ្ធតែប្រឆាំងនឹងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំបានបារម្ភថា ក្រោយពេលទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំនឹងត្រូវរងការបដិសេធ និងការមួលបង្កាច់ពីសំណាក់បងប្អូនប្រុសស្រីចេញពីពួកជំនុំចាស់របស់ខ្ញុំ។ កម្ពស់របស់ខ្ញុំនៅតូចទាបណាស់ ហើយខ្ញុំក៏មិនក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមនឹងការទាំងនេះដែរ តើខ្ញុំគួរតែធ្វើអ្វីទៅ?
ខគម្ពីរយោង៖
«យ៉ាងណាមិញ នៅក្នុងចំណោមអ្នកគ្រប់គ្រងជាន់ខ្ពស់ ក៏មានមនុស្សជាច្រើនជឿដល់ព្រះអង្គដែរ។ ប៉ុន្តែ ដោយសារតែពួកផារិស៊ី ពួកគេមិនហ៊ានទទួលស្គាល់ទ្រង់ឡើយ ព្រោះខ្លាចត្រូវបណ្ដេញចេញពីសាលាប្រជុំ។ ដ្បិតពួកគេចូលចិត្តពាក្យសរសើររបស់មនុស្ស ខ្លាំងជាងពាក្យសរសើររបស់ព្រះជាម្ចាស់» (យ៉ូហាន ១២:៤២-៤៣)។
«មានពរហើយអ្នកដែលត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសារតែសេចក្ដីសុចរិត៖ ដ្បិតនគរស្ថានសួគ៌គឺជារបស់ពួកគេទាំងនោះ។ អ្នកមានពរហើយ នៅពេលដែលមនុស្សជេរបៀតបៀនអ្នក និងធ្វើទុក្ខបុកម្នេញដល់អ្នក ព្រមទាំងពោលពាក្យអាក្រក់ៗជំទាស់នឹងអ្នកទាំងទទឹងទិស ដោយសារតែខ្ញុំ។ ចូរមានអំណរ និងរីករាយចុះ៖ ដ្បិតអ្នកមានរង្វាន់ដ៏ធំធេងនៅឯស្ថានសួគ៌៖ ដ្បិតពួកហោរាដែលនៅមុនអ្នករាល់គ្នា ក៏ជួបការបៀតបៀនដូចអ្នកផងដែរ» (ម៉ាថាយ ៥:១០-១២)។
«អ្នកត្រូវចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយនាំទៅរកសេចក្តីអន្តរាយ ហើយក៏មានមនុស្សជាច្រើនចូលតាមទ្វារនោះដែរ។ រីឯទ្វារដែលតូច និងផ្លូវចង្អៀតវិញ នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ» (ម៉ាថាយ ៧:១៣-១៤)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
អ្នកមិនគួរខ្លាចរឿងនេះ រឿងនោះទេ។ មិនថាអ្នកប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ច្រើនប៉ុនណាក៏ដោយ ក៏អ្នកនៅតែអាចពឹងផ្អែកមកលើនឹងនរនៅចំពោះខ្ញុំដោយមិនមានការរាំងស្ទះដោយឧបសគ្គអ្វីមួយឡើយ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំអាចត្រូវបានអនុវត្តដោយគ្មានការរាំងស្ទះ។ នេះជាភារកិច្ចរបស់អ្នក។ បើមិនដូច្នោះទេ ខ្ញុំនឹងមានសេចក្ដីក្រោធចំពោះអ្នក ហើយជាមួយនឹងព្រះហស្ដរបស់ខ្ញុំ ខ្ញុំនឹង...។ អ្នកនឹងរងទុក្ខវេទនាខាងផ្លូវចិត្តគ្មានថ្ងៃផុតឡើយ។ អ្នកត្រូវតែស៊ូទ្រាំគ្រប់ទាំងអស់។ សម្រាប់ខ្ញុំ អ្នកត្រូវតែត្រៀមខ្លួនលះបង់អ្វីគ្រប់យ៉ាងដែលអ្នកមាន ហើយធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីដើរតាមខ្ញុំ ហើយត្រៀមខ្លួនលះបង់អ្វីទាំងអស់របស់អ្នក។ ឥឡូវនេះជាពេលដែលខ្ញុំនឹងល្បងលអ្នក៖ តើអ្នកនឹងផ្តល់ភាពស្មោះស្ម័គ្ររបស់អ្នកមកលើខ្ញុំទេ? តើអ្នកអាចដើរតាមខ្ញុំដល់ចុងផ្លូវបានទេ? ចូរកុំខ្លាច។ ដោយមានការគាំទ្រពីខ្ញុំ តើអ្នកណាអាចបិទផ្លូវនេះបាន? ចូរចងចាំរឿងនេះ! សូមកុំភ្លេចឱ្យសោះ! អ្វីទាំងអស់ដែលកើតឡើង គឺដោយបំណងព្រះហឫទ័យល្អរបស់ខ្ញុំ ហើយអ្វីគ្រប់យ៉ាងស្ថិតនៅក្រោមការសង្កេតរបស់ខ្ញុំ។ តើអ្នកអាចធ្វើតាមព្រះបន្ទូលរបស់ខ្ញុំនៅក្នុងអ្វីទាំងអស់ដែលអ្នកនិយាយ និងធ្វើបានឬទេ? នៅពេលការល្បងលដោយមានសម្ពាធកើតមកលើអ្នក តើអ្នកនឹងលុតជង្គង់ចុះ ហើយស្រែកហៅឬទេ? ឬតើអ្នកនឹងក្រាបពួនដោយមិនមានសមត្ថភាពក្នុងការឆ្ពោះទៅមុខបាន?
អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ។ ចូរដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នក ដោយការដាក់ចិត្តរបស់អ្នកនៅចំពោះខ្ញុំ ហើយខ្ញុំនឹងកម្សាន្តចិត្តអ្នក និងផ្ដល់ឱ្យអ្នកនូវសន្តិភាព និងសុភមង្គល។ កុំព្យាយាមធ្វើបែបជាក់លាក់ណាមួយនៅចំពោះមុខមនុស្សដទៃឡើយ។ តើការធ្វើឱ្យខ្ញុំពេញព្រះហឫទ័យ មិនមានតម្លៃ និងមានទំងន់ច្រើនមែនទេ? ក្នុងការបំពេញព្រះហឫទ័យខ្ញុំ តើអ្នកនឹងមិនត្រូវបានបំពេញបន្ថែមទៅដោយសន្តិភាព និងសុភមង្គលដ៏អស់កល្បជានិច្ច និងជារៀងរហូតទេឬ? ការរងទុក្ខនាពេលបច្ចុប្បន្នរបស់អ្នក បង្ហាញពីការដែលព្រះពរនាពេលអនាគតរបស់អ្នកនឹងមានភាពអស្ចារ្យ។ ព្រះពរទាំងនោះមិនអាចពិពណ៌នាបានទេ។ អ្នកមិនដឹងពីភាពអស្ចារ្យនៃព្រះពរដែលអ្នកនឹងមានទេ។ អ្នកមិនអាចសូម្បីតែសុបិន្តឃើញវា។ ថ្ងៃនេះវាបានក្លាយជាការពិតហើយ។ វាជាការពិតខ្លាំងណាស់! វាមិននៅឆ្ងាយពេកទេ តើអ្នកអាចឃើញវាទេ? អ្វីគ្រប់យ៉ាងអំពីការនេះ គឺស្ថិតនៅក្នុងខ្ញុំ។ ផ្លូវនៅខាងមុខគឺពិតជាភ្លឺខ្លាំងមែនទែន! ចូរជូតទឹកភ្នែករបស់អ្នក ហើយមិនត្រូវមានអារម្មណ៍ឈឺចាប់ ឬទុក្ខព្រួយទៀតឡើយ។ របស់សព្វសារពើត្រូវបានរៀបចំដោយព្រះហស្ដរបស់ខ្ញុំ ហើយគោលដៅរបស់ខ្ញុំ គឺចង់ធ្វើឱ្យអ្នករាល់គ្នាជាអ្នកមានជ័យជម្នះឆាប់ៗ ហើយនាំអ្នកចូលទៅកាន់សិរីល្អជាមួយនឹងខ្ញុំ។ ចំពោះអ្វីទាំងអស់ដែលកើតឡើងចំពោះអ្នក អ្នកគួរតែដឹងគុណ និងពេញដោយការសរសើរយ៉ាងជាប់លាប់ ដែលនឹងធ្វើឱ្យខ្ញុំពេញព្រះហឫទ័យយ៉ាងខ្លាំង។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឱ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឱ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។ «ស្រូវមិនអាចធ្វើឱ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឱ្យក្លាយជាស្រូវបានដែរ» នេះជាចំណុចមួយដែលគ្មានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ពួកគេមិនត្រូវបានព្រះជាម្ចាស់ស្រឡាញ់ ហើយអនាគតរបស់ពួកគេមានភាពស្រពេចស្រពិល។ ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងគ្មានកម្លាំងសោះ! ព្រះជាម្ចាស់មានព្រះទ័យចង់ឱ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់ នោះទុក្ខវេទនាសព្វបែបយ៉ាងនឹងធ្លាក់មកលើអ្នក ហើយប្រសិនបើអ្នកមិនស្រឡាញ់ទេ នោះអ្វីៗគ្រប់យ៉ាងនឹងប្រហែលជាដំណើរការយ៉ាងរលូនសម្រាប់អ្នក ហើយគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងមានសុខសន្ដិភាព។ នៅពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ថា មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ ហើយដោយសារតែកម្ពស់របស់អ្នកនៅទាបពេក ដូច្នេះ អ្នកនឹងត្រូវតែទទួលការបន្សុទ្ធ។ ជាងនេះទៅទៀត អ្នកនឹងគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានភាពខ្ពង់ខ្ពស់ពេក ដែលហួសពីការឈោងចាប់របស់មនុស្ស។ ដោយព្រោះតែការទាំងអស់នេះ អ្នកនឹងត្រូវបានបន្សុទ្ធ ដ្បិតមានសេចក្តីកម្សោយយ៉ាងច្រើននៅខាងក្នុងអ្នក ជាសេចក្តីកម្សោយដែលគ្មានសមត្ថភាពបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នកនឹងត្រូវបានបន្សុទ្ធនៅផ្នែកខាងក្នុង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឱ្យច្បាស់ថា ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ។ ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវបន្តស្មោះត្រង់នឹងព្រះ នៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង។ នៅពេលដែលអ្នកត្រូវបានសាតាំងល្បួង អ្នកគួរតែនិយាយថា៖ «ដួងចិត្តរបស់ខ្ញុំជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានទទួលយកខ្ញុំរួចហើយ។ ខ្ញុំមិនអាចបំពេញតាមចិត្តរបស់អ្នកឡើយ ព្រោះថាខ្ញុំត្រូវតែថ្វាយនូវអ្វីៗទាំងអស់របស់ខ្ញុំដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ។ ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ។ គេអាចនិយាយបានថា ប្រសិនបើមនុស្សស្រឡាញ់ព្រះជាម្ចាស់ នោះគេនឹងគ្មានភាពសោកសៅឡើយ។ ទោះបីជាពេលខ្លះសាច់ឈាមរបស់អ្នកមានភាពទន់ខ្សោយ ហើយអ្នកជួបនូវបញ្ហាជាក់ស្ដែងជាច្រើនក៏ដោយ ក៏ក្នុងអំឡុងពេលទាំងនេះ អ្នកនឹងពឹងអាងលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ ហើយនៅក្នុងវិញ្ញាណរបស់អ្នក អ្នកនឹងទទួលបានការលួងលោម ព្រមទាំងមានអារម្មណ៍ជឿជាក់ថា អ្នកមានអ្វីមួយជាទីពំនាក់។ តាមរបៀបនេះ អ្នកនឹងអាចយកឈ្នះលើបរិយាកាសជាច្រើន ហើយអ្នកក៏នឹងមិនរអ៊ូរទាំអំពីព្រះជាម្ចាស់ ដោយសារតែការថប់បារម្ភដែលអ្នកមាននោះដែរ។ ផ្ទុយទៅវិញ អ្នកនឹងចង់ស្រែកច្រៀង រាំ និងអធិស្ឋាន ចង់ជួបជុំ និងប្រាស្រ័យទាក់ទង ចង់ទូលគំនិតរបស់អ្នកប្រាប់ដល់ព្រះជាម្ចាស់ ហើយអ្នកនឹងមានអារម្មណ៍ថា មនុស្ស រឿងរ៉ាវ និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងជុំវិញអ្នក ដែលព្រះជាម្ចាស់បានរៀបចំទុកទាំងអំបាលម៉ាននេះ ពិតជាសក្ដិសមមែន។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកសម្លឹងមើលនឹងក្លាយជារឿងគួរឱ្យធុញទ្រាន់ចំពោះអ្នក ហើយគ្មានអ្វីមួយនឹងក្លាយជាទីគាប់ភ្នែករបស់អ្នកឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគ្មានសេរីភាពឡើយ គឺមានតែការសង្កត់សង្កិនប៉ុណ្ណោះ ដួងចិត្តរបស់អ្នកនឹងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា អ្នករងទារុណកម្មច្រើនពេកហើយ ព្រមទាំងមានអារម្មណ៍ទៀតថា នេះជារឿងអយុត្តិធម៌ណាស់។ ប្រសិនបើអ្នកមិនដេញតាមដើម្បីជាប្រយោជន៍ឱ្យបានសេចក្តីសុខ ហើយបែរជាស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនឱ្យសាតាំងចោទប្រកាន់ នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឱ្យអ្នកមានកម្លាំងដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន។ មនុស្សអាចអនុវត្តតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានថ្លែង ហើយគ្រប់យ៉ាងដែលគេធ្វើ គឺដើម្បីអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះហើយជាអត្ថន័យនៃការមានភាពពិតជាក់ស្ដែងនោះ។ ការស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការប្រើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ដោយអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយមិនថាក្នុងពេលណាឡើយ ទោះបីជាពេលដែលអ្នកដទៃគ្មានកម្លាំងចង់ធ្វើក៏ដោយ ក៏នៅខាងក្នុងអ្នកនៅតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ជាដួងចិត្តមួយដែលស្រេកឃ្លានយ៉ាងជ្រាលជ្រៅចង់បានព្រះជាម្ចាស់ ព្រមទាំងនឹករឭកទ្រង់យ៉ាងខ្លាំង។ នេះហើយជាកម្ពស់ដ៏ពិតប្រាកដនោះ។ កម្ពស់របស់អ្នកឡើងខ្ពស់បាន គឺអាស្រ័យលើទំហំនៃសេចក្តីស្រឡាញ់របស់អ្នកដែលមានចំពោះព្រះជាម្ចាស់ អាស្រ័យលើថាតើអ្នកអាចបន្តឈររឹងមាំឬអត់ នៅពេលដែលជួបការល្បងល អាស្រ័យលើថាតើអ្នកទន់ខ្សោយឬអត់ នៅពេលដែលជួបបរិយាកាសជាក់លាក់មួយ និងអាស្រ័យលើថាតើអ្នកអាចប្រកាន់ជំហររឹងប៉ឹងឬអត់ នៅពេលដែលបងប្អូនប្រុសស្រីរបស់អ្នកបដិសេធអ្នក។ ការពិតនឹងស្ដែងចេញឱ្យឃើញច្បាស់អំពីលក្ខណៈនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់។
(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)