១. សេចក្តីទំនាយនៅក្នុងព្រះគម្ពីរទាក់ទងនឹងការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ឥឡូវនេះ ត្រូវបានសម្រេចសឹងតែទាំងអស់ ហើយព្រះអម្ចាស់ក៏បាននៅទីនេះរួចជាស្រេចដែរ។ យើងឃើញថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែធ្វើបន្ទាល់ជាសាធារណៈតាមអនឡាញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយមនុស្សជាច្រើនមកពីគ្រប់សាសនា និងនិកាយដែលជឿលើព្រះអម្ចាស់យ៉ាងពិតប្រាកដ និងស្រេកឃ្លានចង់បានការលេចមករបស់ព្រះជាម្ចាស់ បានត្រលប់មករកព្រះដ៏មានគ្រប់ព្រះចេស្ដា។ យើងគ្រាន់តែចង់ដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការលេចមករបស់ព្រះជាម្ចាស់ឬក៏អត់ប៉ុណ្ណោះ។

ខគម្ពីរយោង៖

«ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់» (យ៉ូហាន ១:១)

«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ការលេចមករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាមវិធីដែលទ្រង់មានស្រាប់។ ការលេចមកប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទីសម្គាល់ ជារូបភាព ជាការអស្ចារ្យ ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះបាន និងអាចមើលឃើញបាន។ ការលេចមកប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឱ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេចមករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យខ្លឹមសារជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់។ អ្វីដែលហៅថា ការលេចមក នៅទីនេះ គឺខុសគ្នាទាំងស្រុងពី «ការលេចមក» ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេចមកដោយផ្ទាល់។ កិច្ចការនេះគឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ចាប់តាំងពីយើងកំពុងតែស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់មក វាជាការសមគួរដល់យើងដែលត្រូវស្វែងរកព្រះរាជបំណងរបស់ព្រះជាម្ចាស់ ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះឱង្ការរបស់ទ្រង់។ នេះក៏ព្រោះតែនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយកន្លែងណាដែលព្រះជាម្ចាស់យាងមកលេចមក កន្លែងនោះមានសេចក្ដីពិត មាគ៌ា និងជីវិត។ នៅក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានមើលរំលងនូវព្រះបន្ទូលថា៖ «ព្រះជាម្ចាស់គឺជាសេចក្តីពិត មាគ៌ា និងជីវិត»។ ដូច្នេះហើយ ទោះបីជាមនុស្សជាច្រើនបានទទួលសេចក្តីពិតក៏ដោយ ក៏ពួកគេមិនជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដែរ ហើយរឹតតែតិចទៅទៀត ពួកគេមិនទទួលស្គាល់ពីការលេចមករបស់ព្រះជាម្ចាស់នោះទេ។ តើនេះជាកំហុសដ៏ធ្ងន់ធ្ងរប៉ុនណាទៅ! ការលេចមករបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ ហើយរឹតតែតិចទៅទៀត ព្រះជាម្ចាស់មិនអាចយាងមកលេចឡើងក្នុងរបៀបដែលមនុស្សស្នើទ្រង់ឲ្យធ្វើបានឡើយ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសារសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងឲ្យចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិនអាឡោះអាល័យនឹងភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើអ្នកណាមិនចង់មកឯពន្លឺ? តើអ្នកណាមិនចង់ឃើញភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងផែនដី។ ខ្ញុំនឹងបន្លឺសូរសៀង ហើយមានបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំបញ្ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត ថាខ្ញុំបានយាងចុះមកលើ «ភ្នំដើមអូលីវ» នៅទិសខាងកើត ហើយបានមកដល់ផែនដីជាយូរមកហើយ និងថាខ្ញុំលែងជាបុត្ររបស់ជនជាតិយូដាទៀតហើយ តែជាផ្លេកបន្ទោរនៃទិសខាងកើតវិញ។ ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមមនុស្ស។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែលរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយឃើញព្រះភក្ត្រដ៏រុងរឿងរបស់ខ្ញុំ ឮព្រះសូរសៀងរបស់ខ្ញុំ និងឃើញពីកិច្ចការរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំទាំងមូល ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដែរ ពោលគឺដើម្បីឲ្យជាតិសាសន៍ជាច្រើនថ្វាយបង្គំខ្ញុំ ឲ្យមាត់ជាច្រើនទទួលស្គាល់ខ្ញុំ ឲ្យមនុស្សជាច្រើនដាក់សេចក្តីជំនឿរបស់ខ្លួនមកលើខ្ញុំ និងឲ្យរាស្ដ្ររើសតាំងរបស់ខ្ញុំជាច្រើនចុះចូលនឹងខ្ញុំ!

(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាគឺជារូបកាយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សជាលើកទីពីរ ហើយជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញណាស់។ បើមើលទៅកាន់ទ្រង់ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ គ្រាន់តែរូបកាយសាច់ឈាមមិនសំខាន់នេះ ជាតំណាងនៃអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតរបស់ព្រះជាម្ចាស់ ជាអ្នកទទួលបន្ទុកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងការសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងមូលឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាធ្លាប់អាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលដូចទៅនឹងមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះជាម្ចាស់មួយអង្គដែលមិនអាចកត់សម្គាល់បានយ៉ាងណាក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានវត្តមានមនុស្សនេះទេ នោះអស់ទាំងផ្ទៃមេឃ និងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានវត្តមានមនុស្សនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់នៃគ្រាចុងក្រោយមិនបានយកកំណើតជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នាទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំជារៀងរហូត ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ វាមិនអាចទៅរួចទេដែលមនុស្សលោកទាំងអស់អាចគេចផុតពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរ ហើយមិនអាចគេចផុតពីទណ្ឌកម្មកាន់តែធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងសុំអង្វរឱ្យបានស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នករាល់គ្នានឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នករាល់គ្នា។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានឹងនៅតែបដិសេធចំពោះការមកយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើនដល់ម៉្លេះ ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?

(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឱ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើង ព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់ទិសដៅ និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឱ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងចាត់ចែងយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញាញាណ និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឱ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានបើកនូវយុគសម័យថ្មី សករាជថ្មី និងបាននាំមកនូវផ្ទៃមេឃថ្មី ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ហើយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពេចស្រពិល ហើយបានឲ្យយើងទាំងមូលមើលឃើញផ្លូវទៅរកសេចក្ដីសង្គ្រោះយ៉ាងពេញលេញ។ ទ្រង់បានយកឈ្នះលើយើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះមក ចិត្តរបស់យើងចាប់ដឹងខ្លួនឡើងវិញ ហើយវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ ជាមនុស្សដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធអស់ពេលជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងគំនិតយើងជានិច្ច ដែលយើងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ទាំងនៅពេលភ្ញាក់ និងនៅពេលគេងទេឬអី? គឺទ្រង់នេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត! ទ្រង់បានជួយឱ្យយើងអាចរស់នៅជាថ្មីម្ដងទៀត និងអាចឃើញពន្លឺ ព្រមទាំងបានបញ្ឈប់ដួងចិត្តរបស់យើងកុំឱ្យវង្វេង។ យើងបានវិលត្រលប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ យើងបានវិលត្រលប់មកនៅមុខបល្ល័ង្ករបស់ទ្រង់វិញ យើងនៅជាមួយទ្រង់ដោយមុខទល់នឹងមុខ យើងបានឃើញព្រះភ័ក្រ្ដរបស់ទ្រង់ ហើយយើងបានមើលឃើញផ្លូវដែលនៅខាងមុខ។ នៅពេលនោះ ទ្រង់បានយកឈ្នះលើដួងចិត្តរបស់យើងទាំងស្រុង យើងលែងសង្ស័យថាទ្រង់ជានរណាទៀតហើយ យើងលែងប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ព្រមទាំងព្រះបន្ទូលទៀតហើយ ហើយយើងក៏ក្រាបថ្វាយបង្គំនៅចំពោះទ្រង់ដែរ។ យើងមិនប្រាថ្នាចង់បានអ្វីក្រៅពីដើរតាមស្នាមព្រះបាទារបស់ទ្រង់អស់មួយជីវិតរបស់យើង និងបានគ្រប់លក្ខណ៍ដោយសារទ្រង់ តបស្នងចំពោះព្រះគុណ និងសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះយើង ហើយស្ដាប់តាមការចាត់ចែង និងការរៀបចំរបស់ទ្រង់ ព្រមទាំងសហការជាមួយកិច្ចការរបស់ទ្រង់ និងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីបំពេញនូវអ្វីដែលទ្រង់ផ្ទុកដាក់នឹងយើង។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ ដូច្នេះពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍អំពីទ្រង់ដែលជាព្រះដ៏ជាក់ស្ដែង និងមានគ្រប់ព្រះចេស្ដា។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចចុះចូលតាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់តាមរយៈការមានបន្ទូល ការអនុញ្ញាតឱ្យអស់អ្នកដែលទទួលយកការកាត់ទោសនិងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះ អំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះ ព្រះជាម្ចាស់ប្រើវិធីសាស្រ្តនៃការសម្ដែងចេញនូវនិស្ស័យខាងក្នុងរបស់ទ្រង់ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ»។ នៅពេលនោះ អ្នកនឹងដឹងយ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបានថា សាច់ឈាមសាមញ្ញដែលបានមានបន្ទូលយ៉ាងច្រើននេះ គឺជាព្រះដែលយកកំណើតជាមនុស្សលើកទីពីរ។ លើសពីនេះទៅទៀត អ្នកនឹងយល់យ៉ាងពិតប្រាកដថា អ្នកពិតជាមានពរណាស់ និងមានអារម្មណ៍ថា អ្នកជាមនុស្សមានសំណាងបំផុតនៅក្នុងលោក។ តើអ្នកមិនព្រមទទួលយកព្រះពរនេះទេឬអី?

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. សព្វថ្ងៃនេះ និកាយសាសនាផ្សេងៗហាក់ដូចជាគោរពពិធីសាសនា ដោយធ្វើតាមភារកិច្ច ប៉ុន្តែពួកគ្រូគង្វាលផ្តោតសំខាន់លើការប្រកាសនូវពាក្យ និងឃ្លាចេញពីព្រះគម្ពីរ ព្រមទាំងទ្រឹស្ដីខាងទេវសាស្ត្រប៉ុណ្ណោះ ហើយការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធគឺគ្មានតែម្ដង។ ជីវិតរបស់ពួកអ្នកជឿមិនទទួលបានការផ្គត់ផ្គង់ឡើយ។ ពួកគេបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនដឹងអំពីសេចក្តីពិត និងមិនអាចយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅអនុវត្តបានទេ។ សេចក្តីជំនឿរបស់ពួកគេលើព្រះអម្ចាស់បានក្លាយជាគ្មានអ្វីក្រៅពីជាជំនឿសាសនាប៉ុណ្ណោះ។ ខ្ញុំមិនយល់អំពីហេតុផលដែលពួកជំនុំនាពេលសព្វថ្ងៃបានធ្លាក់ចុះក្លាយជាសាសនានោះឡើយ។

បន្ទាប់៖ ២. តាមអ្វីដែលយើងយល់ មានអ្នកជំនាញ និងបញ្ញវន្តខាងសាសនាអន្តរជាតិដ៏មានកិត្យានុភាពជាច្រើនបានទទួលស្គាល់ថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាពួកជំនុំគ្រីស្ទបរិស័ទមួយដែលកំពុងលេចត្រដែតឡើង។ តើអ្វីទៅជាភាពខុសគ្នារវាងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងគ្រីស្ទសាសនាបែបប្រពៃណី?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ