២. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ ថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស ដែលកំពុងសម្ដែងចេញនូវគ្រប់ទាំងសេចក្តីពិតដែលអាចបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ និងថាទ្រង់កំពុងតែធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ តើយើងគួរតែស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? តើយើងអាចប្រាកដបានយ៉ាងដូចម្ដេចទៅថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ?
ខគម្ពីរយោង៖
«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)។
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
«ដ្បិតព្រះបន្ទូលរបស់ព្រះគឺរស់នៅ និងពូកែ ហើយក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត» (ហេព្រើរ ៤:១២)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឱ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឱ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សលោកធ្វើ និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «ភាសិតនៃជីវិត»។ វាមិនមែនជាភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដីពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌និងផែនដី និងម្ចាស់នៃគ្រប់សព្វសារពើទាំងអស់។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «ភាសិតនៃជីវិតដែលខ្ពង់ខ្ពស់បំផុត»។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឱ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឱ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវដែលគេត្រូវតែទទួលយក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងគោលដៅ និងទិសដៅផងដែរ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឱ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ ភាពពិតនៃសេចក្ដីពិតដែលត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សបានរស់នៅជាមនុស្សសាមញ្ញ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឱ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឱ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឱ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ការស្គាល់ព្រះជាម្ចាស់ ត្រូវសម្រេចបានតាមរយៈការអានព្រះបន្ទូលព្រះជាម្ចាស់ ព្រមទាំងការអនុវត្ត និងការដកពិសោធន៍ព្រះបន្ទូលព្រះជាម្ចាស់ ក៏ដូចជាការឆ្លងកាត់ការល្បងល ការបន្សុទ្ធ ការលួសកាត់ និងការដោះស្រាយជាច្រើនផងដែរ។ មានតែបែបនេះទេ ទើបអាចមានចំណេះដឹងពិតប្រាកដអំពីកិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមិនបានឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សផង តើខ្ញុំអាចស្គាល់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ?» តាមពិតទៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការសម្ដែងចេញអំពីនិស្ស័យរបស់ទ្រង់។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកអាចមើលឃើញពីសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្ស ក៏ដូចជាវិធីសាស្ត្ររបស់ទ្រង់ក្នុងការសង្រ្គោះពួកគេផងដែរ...។ នោះគឺដោយសារតែព្រះបន្ទូលត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនមែនត្រូវបានសរសេរឡើងដោយមនុស្សឡើយ។ ព្រះបន្ទូលទាំងនោះត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គកំពុងតែបង្ហាញព្រះបន្ទូលទ្រង់ និងព្រះសូរសៀងនៃព្រះហឫទ័យទ្រង់ ដែលអាចត្រូវបានហៅថាជាព្រះបន្ទូលចេញពីព្រះហឫទ័យទ្រង់ផងដែរ។ ហេតុអ្វីបានជាគេហៅព្រះបន្ទូលទាំងនេះថាជាព្រះហឫទ័យទ្រង់? នោះគឺដោយសារតែព្រះបន្ទូលទាំងនេះត្រូវបានចេញមកពីជម្រៅខាងក្នុង ព្រមទាំងបង្ហាញពីនិស្ស័យ ព្រះហឫទ័យ យោបល់ និងព្រះតម្រិះទ្រង់ សេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ និងសេចក្ដីរំពឹងទុករបស់ទ្រង់ចំពោះមនុស្សជាតិ...។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់ រួមបញ្ចូលទាំងព្រះបន្ទូលគំរោះគំរើយ និងព្រះបន្ទូលទន់ភ្លន់ និងចេះគិតគូរ ហើយព្រះបន្ទូលបែបបើកសម្ដែងខ្លះទៀតក៏មិនស្របតាមសេចក្តីប៉ងប្រាថ្នារបស់មនុស្សដែរ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលបែបបើកសម្ដែងតែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាប្រិតប្រៀងខ្លាំងពេកហើយ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលដ៏ទន់ភ្លន់តែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាគ្មានសិទ្ធិអំណាចខ្លាំងនោះទេ។ ដូច្នេះ អ្នកមិនគួរយកព្រះបន្ទូលទាំងនោះចេញពីបរិបទឡើយ ផ្ទុយទៅវិញ គួរតែមើលទៅកាន់ព្រះបន្ទូលទាំងនោះចេញពីគ្រប់ជ្រុងជ្រោយវិញ។ ពេលខ្លះ ព្រះជាម្ចាស់មានបន្ទូលចេញពីទិដ្ឋភាពក្ដួលអាណិត ហើយបន្ទាប់មក មនុស្សក៏មើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិ។ ពេលខ្លះទៀត ព្រះអង្គមានបន្ទូលចេញពីទិដ្ឋភាពប្រិតប្រៀងខ្លាំង បន្ទាប់មក មនុស្សមើលឃើញថា និស្ស័យរបស់ទ្រង់មិនអត់ឱនចំពោះការប្រមាថ ឃើញថាមនុស្សស្មោកគ្រោកយ៉ាងខ្លាំង ហើយគេមិនស័ក្ដិសមនឹងឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ ឬមិនសមនឹងចូលមកចំពោះទ្រង់ឡើយ។ ហើយការដែលមនុស្សត្រូវបានអនុញ្ញាតឱ្យចូលមកចំពោះទ្រង់ឥឡូវនេះ គឺដោយសារតែព្រះគុណរបស់ទ្រង់សុទ្ធសាធតែប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញចេញពីរបៀបដែលទ្រង់ធ្វើការ និងនៅក្នុងភាពសំខាន់នៃកិច្ចការរបស់ទ្រង់។ មនុស្សអាចនៅតែមើលឃើញរឿងរ៉ាវទាំងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាំបាច់មានទំនាក់ទំនងដោយផ្ទាល់ជាមួយទ្រង់ឡើយ។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កាលព្រះជាម្ចាស់យាងមកផែនដីដើម្បីធ្វើកិច្ចការរបស់ទ្រង់ មនុស្សទាំងអស់មើលឃើញព្រឹត្តិការណ៍អធិធម្មជាតិ។ អ្វីដែលពួកគេមើលឃើញនឹងភ្នែករបស់គេផ្ទាល់ និងអ្វីដែលពួកគេស្ដាប់ឮនឹងត្រចៀករបស់គេផ្ទាល់ សុទ្ធតែមានលក្ខណៈអធិធម្មជាតិ ដ្បិតកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ គឺសុទ្ធតែមិនអាចយល់បាន និងមិនអាចទទួលយកបានសម្រាប់ពួកគេ។ ប្រសិនបើមានរបស់អ្វីពីស្ថានសួគ៌ ត្រូវបានយកមកផែនដី តើអាចជារបស់អ្វីផ្សេង ក្រៅតែពីរបស់ដែលមានលក្ខណៈអធិធម្មជាតិបានដែរឬទេ? ពេលដែលសេចក្ដីអាថ៌កំបាំងនៃនគរស្ថានសួគ៌ត្រូវបាននាំយកមកផែនដី សេចក្ដីអាថ៌កំបាំងដែលមនុស្សគិតមិនដល់ ហើយយល់មិនបាន ជាអាថ៌កំបាំងដែលចម្លែកដល់ចិត្ត និងប្រកបដោយភាពវាងវៃ តើសេចក្ដីទាំងនោះសុទ្ធតែមិនមែនជាអធិធម្មជាតិទៀតមែនទេ? ... ចូរពិចារណាអំពីកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន៖ តើចំណុចណាខ្លះដែលគ្មានលក្ខណៈអធិធម្មជាតិ? ព្រះបន្ទូលរបស់ទ្រង់ គឺយល់មិនដល់ និងមិនអាចទទួលយកបានសម្រាប់អ្នក ហើយកិច្ចការដែលទ្រង់ធ្វើ គឺគ្មានមនុស្សណាម្នាក់អាចធ្វើបានឡើយ។ អ្វីដែលទ្រង់យល់ មនុស្សគ្មានផ្លូវយល់បានឡើយ ចំណែកឯចំណេះដឹងរបស់ទ្រង់វិញ មនុស្សក៏មិនដឹងជាមានតាំងពីពេលណាមកដែរ។ មានមនុស្សខ្លះនិយាយថា «ទូលបង្គំក៏ជាមនុស្សធម្មតាដូចទ្រង់ដែរ ប៉ុន្តែចុះម្ដេចបានជាទូលបង្គំមិនដឹងអ្វីដែលទ្រង់ដឹងដូច្នេះ? ទូលបង្គំចាស់ជាង និងមានបទពិសោធច្រើនជាង ប៉ុន្តែម្ដេចបានជាទ្រង់ដឹងពីអ្វីដែលទូលបង្គំមិនដឹង?» តាមទស្សនៈរបស់មនុស្ស អ្វីៗទាំងអស់នេះគឺជារឿងដែលមនុស្សគ្មានផ្លូវនឹងទទួលបានឡើយ។ ហេតុនេះ មានមនុស្សខ្លះនិយាយថា «គ្មាននរណាដឹងពីកិច្ចការដែលត្រូវបានអនុវត្តនៅអ៊ីស្រាអែលនោះឡើយ ហើយសូម្បីតែអ្នកបកស្រាយព្រះគម្ពីរ ក៏មិនអាចផ្ដល់នូវការបកស្រាយបានដែរ ចុះម្ដេចបានជាអ្នកដឹង?» តើទាំងអស់នេះមិនមែនជារឿងអធិធម្មជាតិទេឬអី? ព្រះអង្គពុំមានបទពិសោធអំពីការអស្ចារ្យទេ ប៉ុន្តែទ្រង់ជ្រាបគ្រប់យ៉ាង ទ្រង់មានបន្ទូល និងបង្ហាញឱ្យឃើញពីសេចក្ដីពិតយ៉ាងងាយស្រួលបំផុត។ តើនេះមិនមែនជារឿងអធិធម្មជាតិទៀតមែនទេ? កិច្ចការរបស់ទ្រង់លើសលប់ពេកនឹងឱ្យមនុស្សអាចទទួលបាន។ កិច្ចការនោះ គំនិតរបស់មនុស្សដែលមានសាច់ឈាម មិនអាចទទួលបានទេ ហើយការលើកហេតុផលនៃគំនិតរបស់មនុស្ស ក៏មិនអាចយល់ពីកិច្ចការនេះបានដែរ។ ទោះបីជាទ្រង់មិនធ្លាប់បានអានព្រះគម្ពីរ ក៏ទ្រង់យល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងស្រុកអ៊ីស្រាអែលដែរ។ ហើយទោះបីជាទ្រង់ឈរលើផែនដី ពេលទ្រង់ថ្លែងព្រះបន្ទូល ក៏ទ្រង់ថ្លែងពីសេចក្ដីអាថ៌កំបាំងដែលនៅឯស្ថានសួគ៌ជាន់ទីបីដែរ។ កាលណាមនុស្សអានព្រះបន្ទូលទាំងនេះ អារម្មណ៍នេះនឹងយកឈ្នះលើគេ៖ «តើនេះមិនមែនជាសម្ដីពីស្ថានសួគ៌ ជាន់ទីបីទេឬអី?» តើការទាំងអស់នេះ មិនលើសពីអ្វីដែលមនុស្សធម្មតាអាចសម្រេចបានទេឬអី?
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មានចំណុចសំខាន់ៗជាច្រើនក្នុងបទពិសោធរបស់មនុស្ស ក្នុងកិច្ចការរបស់គេ អ្វីដែលគេបង្ហាញចេញមក គឺជាលក្ខណៈរបស់គេ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ក៏បង្ហាញលក្ខណៈរបស់ទ្រង់ដែរ តែលក្ខណៈរបស់ទ្រង់ ខុសគ្នាពីលក្ខណៈរបស់មនុស្ស។ លក្ខណៈរបស់មនុស្សតំណាងឱ្យបទពិសោធ និងជីវិតរបស់គេ (អ្វីៗដែលមនុស្សមានបទពិសោធ ឬជួបប្រទះនៅក្នុងជីវិតរបស់គេ ឬជាទស្សនវិជ្ជាដែលគេមានសម្រាប់ការរស់នៅ) ហើយមនុស្សដែលកំពុងរស់នៅក្នុងបរិយាកាសខុសៗគ្នា ក៏បង្ហាញចេញនូវលក្ខណៈខុសៗគ្នាដែរ។ ទោះបីជាអ្នកមានបទពិសោធច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញក្នុងអ្វីដែលអ្នកបង្ហាញចេញឱ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើយ ទោះបីជាទ្រង់មានបទពិសោធក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាបច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យពុករលួយ និងឥរិយាបថបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតពុករលួយរបស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្រឹត្យក្រមនៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូករួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជាលក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេតែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឱ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាបរបស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធជីវិតសង្គមដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតពុករលួយរបស់មនុស្សឱ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឱ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធ និងមេរៀនសម្រាប់ការដោះស្រាយនឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធខាងសាច់ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតពុករលួយរបស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះទេ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង។
(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឱ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើង ព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់ទិសដៅ និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឱ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងចាត់ចែងយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញាញាណ និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឱ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពេចស្រពិល ព្រមទាំងធ្វើឱ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះមក ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងចិត្តយើង ដែលយើងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ទាំងភ្ញាក់ ទាំងគេងទេឬអី? គឺទ្រង់នេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត!
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)