អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង និងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ហើយការនេះបង្ហាញថា ពួកគេជឿទៅលើព្រះជាម្ចាស់ មិនមែនដើម្បីស្ដាប់បង្គាប់ទ្រង់ឡើយ ប៉ុន្តែដើម្បីទទួលបានផលប្រយោជន៍ណាមួយ ឬដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនា ដែលកើតពីគ្រោះមហន្តរាយតែប៉ុណ្ណោះ។ ទាល់តែបែបនេះ ទើបពួកគេស្ដាប់បង្គាប់ខ្លះ។ ការស្ដាប់បង្គាប់របស់គេមានលក្ខខណ្ឌ ហើយគេធ្វើឡើងដោយបង្ខំចិត្ត ទាំងគិតដល់ប្រយោជន៍របស់គេ។ បើដូច្នេះ ហេតុអ្វីក៏អ្នកជឿលើព្រះជាម្ចាស់? ប្រសិនបើអ្នកជឿដើម្បីតែផលប្រយោជន៍ និងដើម្បីសម្រេចជោគវាសនារបស់ខ្លួន នោះកុំជឿព្រះអង្គល្អជាង។ សេចក្តីជំនឿបែបនេះ គឺជាការបញ្ឆោតខ្លួនឯង ជាការធានាដល់ខ្លួនឯង និងជាការកោតសរសើរដល់ខ្លួនឯង។ ប្រសិនបើសេចក្តីជំនឿរបស់អ្នក មិនត្រូវបានសង់ឡើងពីលើគ្រឹះនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវដាក់ទោសចំពោះការទាស់ទទឹងនឹងទ្រង់វិញមិនខាន។ អស់អ្នកណាដែលមិនព្យាយាមស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺទាស់ទទឹងនឹងទ្រង់ហើយ។ ព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សស្វែងរកសេចក្តីពិត ឱ្យគេស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់ ឱ្យគេហូប និងផឹកពីព្រះបន្ទូលទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលទាំងនោះ ដើម្បីឱ្យគេអាចសម្រេចបាននូវការស្ដាប់បង្គាប់តាមព្រះជាម្ចាស់។ ប្រសិនបើចំណុចទាំងនេះ គឺជាចេតនាដ៏ពិតរបស់អ្នក នោះព្រះជាម្ចាស់នឹងច្បាស់ជាលើកអ្នកឡើង ហើយទ្រង់នឹងសម្ដែងព្រះគុណរបស់ទ្រង់ដល់អ្នកជាប្រាកដ។ ការនេះគ្មានអ្វីដែលត្រូវសង្ស័យ និងប្រែប្រួលបានឡើយ។ ប្រសិនបើអ្នកគ្មានចេតនាស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយអ្នកមានគោលបំណងផ្សេង ដូច្នេះ គ្រប់យ៉ាងដែលអ្នកនិយាយនិងធ្វើ គឺទាំងពាក្យអធិស្ឋានរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ព្រមទាំងគ្រប់ទង្វើរបស់អ្នក នឹងក្លាយជាការទាស់ទទឹងនឹងទ្រង់ជាក់ជាមិនខាន។ អ្នកប្រហែលជាមនុស្សម្នាក់ដែលនិយាយស្ដីទន់ភ្លន់ និងមានចរិតស្លូតបូត គ្រប់ទង្វើនិងកាយវិការរបស់អ្នកអាចមើលទៅមានភាពរម្យទម ហើយអ្នកអាចធ្វើខ្លួនដូចជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ ប៉ុន្តែពេលដែលនិយាយដល់ចេតនា និងទស្សនៈរបស់អ្នកចំពោះសេចក្តីជំនឿលើព្រះជាម្ចាស់វិញ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែទាស់ទទឹងនឹងព្រះជាម្ចាស់ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែអាក្រក់ទាំងអស់។ មនុស្សដែលមើលទៅស្ដាប់បង្គាប់ដូចជាសត្វចៀម ប៉ុន្តែដួងចិត្តរបស់គេពេញដោយចេតនាអាក្រក់ គឺប្រៀបដូចជាសត្វចចកដែលពាក់ស្បែកចៀមដូច្នោះដែរ។ ពួកគេប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ ហើយព្រះអង្គនឹងមិនត្រាប្រណីដល់ពួកគេណាម្នាក់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងពីពួកគេម្ដងម្នាក់ៗ ហើយបង្ហាញដល់មនុស្សគ្រប់គ្នាឱ្យឃើញថា ពួកមនុស្សកំពុត ច្បាស់ជាត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធជាមិនខាន។ ចូរកុំបារម្ភឡើយ៖ ព្រះជាម្ចាស់នឹងគិតបញ្ជី ហើយចាត់ការជាមួយនឹងពួកគេម្នាក់ៗវិញមិនខាន។

បើអ្នកមិនអាចទទួលយកពន្លឺថ្មីពីព្រះជាម្ចាស់ និងមិនអាចយល់ ហើយមិនព្យាយាមស្វែងយល់គ្រប់ទាំងសេចក្តីដែលទ្រង់ធ្វើនាពេលសព្វថ្ងៃ អ្នកប្រាកដជាដាក់ការរិះគន់ ឬពិនិត្យពិច័យ ហើយវិភាគទៅលើសេចក្តីទាំងនោះជាមិនខាន ពុំនោះទេអ្នកច្បាស់ជាសង្ស័យ ដូច្នេះ អ្នកគ្មានគំនិតចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលពន្លឺបច្ចុប្បន្នលេចចេញមក ប្រសិនបើអ្នកនៅតែឱ្យតម្លៃទៅលើពន្លឺពីអតីតកាល ហើយប្រឆាំងនឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ នោះអ្នកជាមនុស្សល្ងីល្ងើហើយ ដ្បិតអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលមានចេតនាទាស់ទទឹងនឹងព្រះជាម្ចាស់។ គន្លឹះក្នុងការស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺការឱ្យតម្លៃពន្លឺថ្មី ហើយអាចទទួលយក និងប្រតិបត្តិតាមពន្លឺថ្មីនោះផងដែរ។ នេះហើយគឺជាការស្ដាប់បង្គាប់ដ៏ពិត។ អស់អ្នកណាដែលមិនមានចិត្តស្រេកឃ្លានចង់បានព្រះជាម្ចាស់ គឺគ្មានបំណងចង់ចុះចូលនឹងទ្រង់ឡើយ ហើយដោយសារតែលទ្ធផលស្កប់ចិត្តជាមួយស្ថានភាពបច្ចុប្ប្នន្នរបស់ខ្លួននេះ បានបណ្ដាលឱ្យពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សបែបនេះមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ ដោយសារតែគេបានងប់ងល់ជាមួយទិដ្ឋភាពពីអតីតកាល។ ទិដ្ឋភាពពីអតីតកាលទាំងនេះ បានផ្ដល់ឱ្យមនុស្សនូវការយល់ឃើញ និងការស្រមើស្រមៃគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយទាំងនេះបានក្លាយជារូបភាពរបស់ព្រះនៅក្នុងគំនិតរបស់គេ។ ដូច្នេះ អ្វីដែលពួកគេជឿ គឺជាសញ្ញាណរបស់ពួកគេផ្ទាល់ ហើយក្លាយជាបទដ្ឋាននៃការស្រមើស្រមៃរបស់ពួកគេ។ បើអ្នកប្រៀបធៀបព្រះជាម្ចាស់ដែលធ្វើកិច្ចការជាក់ស្ដែងនាពេលបច្ចុប្បន្ន ជាមួយនឹងព្រះនៃការស្រមើស្រមៃរបស់អ្នក នោះសេចក្តីជំនឿរបស់អ្នកចេញមកពីអារក្សសាតាំង ហើយវាត្រូវបង្ខូច ដោយសារសេចក្តីលម្អៀងរបស់អ្នក។ ព្រះជាម្ចាស់មិនចង់បានសេចក្តីជំនឿបែបនេះទេ មិនថា គុណសម្បត្តិនិងការតាំងចិត្តរបស់គេខ្ពស់ប៉ុនណា ហើយទោះជាពួកគេបានប្ដូរផ្ដាច់ប្រឹងប្រែងពេញមួយជីវិតចំពោះកិច្ចការរបស់ទ្រង់ ហើយត្រូវបានស្លាប់ដោយសារតែសេចក្តីជំនឿរបស់ខ្លួនក៏ដោយ ក៏ព្រះជាម្ចាស់មិនសរសើរមនុស្ស ដែលមានសេចក្តីជំនឿបែបនេះឡើយ។ ទ្រង់គ្រាន់តែប្រទានព្រះគុណបន្ដិចបន្ដួចដល់ពួកគេ ហើយអនុញ្ញាតឱ្យពួកគេរីករាយនឹងព្រះគុណនោះតែមួយដងប៉ុណ្ណោះ។ មនុស្សបែបនេះគ្មានសមត្ថភាពប្រតិបត្តិតាមសេចក្តីពិតឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនៅក្នុងពួកគេទេ ហើយព្រះជាម្ចាស់នឹងផាត់ពួកគេម្ដងម្នាក់ៗចោលមិនខាន។ អស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ និងមានចេតនាអាក្រក់ មិនថាអ្នកទាំងនោះក្មេង ឬចាស់ឡើយ ពួកគេសុទ្ធតែទាស់ទទឹង និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមនុស្សបែបនេះនឹងត្រូវព្រះជាម្ចាស់ផាត់ចោល ដោយគ្មានអ្វីសង្ស័យឡើយ។ មនុស្សដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិច មនុស្សដែលគ្រាន់តែទទួលស្គាល់ព្រះនាមទ្រង់ ហើយមានការយល់ដឹងខ្លះអំពីព្រះហឫទ័យដ៏សប្បុរស និងព្រះទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែដើរមិនទាន់លំអានព្រះបាទារបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនស្ដាប់បង្គាប់តាមកិច្ចការបច្ចុប្បន្ន និងមិនស្ដាប់តាមព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលរស់នៅក្នុងចំណោមព្រះគុណនៃព្រះ ប៉ុន្តែពួកគេនឹងមិនត្រូវបានទ្រង់ទទួលយក ឬប្រោសឱ្យបានគ្រប់លក្ខណ៍នោះទេ។ ព្រះជាម្ចាស់ប្រោសឱ្យមនុស្សទៅជាគ្រប់លក្ខណ៍ តាមរយៈការស្ដាប់បង្គាប់របស់គេ តាមរយៈការហូប ការផឹក និងការរីករាយជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមរយៈការរងទុក្ខ និងការបន្សុទ្ធនៅក្នុងជីវិតរបស់គេ។ មានតែតាមរយៈសេចក្តីជំនឿបែបនេះទេ ទើបនិស្ស័យរបស់មនុស្សអាចត្រូវបានផ្លាស់ប្រែ ហើយពួកគេអាចមានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។ ការមិនស្កប់ចិត្តជាមួយការរស់នៅក្នុងព្រះគុណនៃព្រះ ការខំស្វែងរក និងការស្រេកឃ្លានចង់បានសេចក្តីពិតយ៉ាងខ្នះខ្នែង និងការព្យាយាមឱ្យព្រះជាម្ចាស់ទទួលយក នេះហើយជាអត្ថន័យនៃការស្ដាប់បង្គាប់តាមព្រះជាម្ចាស់ដោយបញ្ញាចិត្ត និងជាប្រភេទនៃសេចក្តីជំនឿដែលព្រះអង្គចង់បាន។ មនុស្សដែលមិនធ្វើអ្វីសោះ ក្រៅពីរីករាយនឹងព្រះគុណនៃព្រះ មិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ឬត្រូវបំផ្លាស់បំប្រែបានឡើយ។ រីឯការស្ដាប់បង្គាប់ ការគោរពប្រតិបត្តិដល់ព្រះ សេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់របស់ពួកគេ សុទ្ធតែជាទង្វើលំៗទាំងអស់។ មនុស្សដែលគ្រាន់តែរីករាយនឹងព្រះគុណនៃព្រះមិនអាចស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ ហើយបើទោះបីជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែចំណេះដឹងរបស់គេនៅមានកម្រិតលំៗ ហើយគេនិយាយសេចក្តីមួយចំនួនដូចជា «ព្រះជាម្ចាស់ស្រឡាញ់មនុស្ស» ឬ «ព្រះជាម្ចាស់មានព្រះហឫទ័យអាណិតមេត្តាចំពោះមនុស្ស»។ កត្តានេះមិនតំណាងឱ្យជីវិតរបស់មនុស្ស ហើយក៏មិនបង្ហាញថា មនុស្សពិតជាស្គាល់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចបន្សុទ្ធពួកគេ ហើយកាលណាសេចក្តីល្បងលរបស់ទ្រង់មកដល់ ពួកគេក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ បើពួកគេមានចិត្តសង្ស័យ និងជំពប់ដួល នោះពួកគេមិនមានការស្ដាប់បង្គាប់សោះឡើយ មានក្បួនច្បាប់ និងការរឹតត្បិតជាច្រើន ទាក់ទងនឹងសេចក្តីជំនឿជឿលើព្រះជាម្ចាស់នៅក្នុងពួកគេដូចជា បទពិសោធចាស់ៗដែលជាលទ្ធផលចេញពីសេចក្តីជំនឿរយៈពេលជាច្រើនឆ្នាំ ឬពីក្បួនច្បាប់ផ្សេងៗដែលផ្អែកលើព្រះគម្ពីរ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានដែរឬទេ? មនុស្សទាំងនេះ ពោរពេញដោយនិស្ស័យជាមនុស្ស។ តើពួកគេអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយរបៀបណា? «ការស្ដាប់បង្គាប់» របស់គេ គឺស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ តើព្រះជាម្ចាស់ចង់បានការស្ដាប់បង្គាប់បែបនេះដែរឬទេ? នេះមិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ប៉ុន្តែវាជាការប្រកាន់ខ្ជាប់តាមច្បាប់វិន័យនានា ជាការបំពេញចិត្ត និងជាការធ្វើឱ្យចិត្តរបស់ពួកគេបានស្ងប់ប៉ុណ្ណោះ។ ប្រសិនបើអ្នកនិយាយថា នេះជាការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ តើអ្នកមិនប្រមាថទ្រង់ទៅហើយទេឬអី? អ្នកជាព្រះចៅផារ៉ោន ស្ដេចស្រុកអេស៊ីព្ទ។ អ្នកប្រព្រឹត្តអំពើអាក្រក់ និងបានចូលរួមនៅក្នុងកិច្ចការទាស់ទទឹងនឹងព្រះជាម្ចាស់ តើនេះជារបៀបដែលព្រះជាម្ចាស់ចង់ឱ្យអ្នកបម្រើទ្រង់មែនទេ? អ្នកគួរតែឆាប់ប្រែចិត្ត ហើយព្យាយាមស្គាល់ខ្លួនឯងឱ្យបានច្បាស់ជាងនេះវិញ។ បើមិនដូច្នោះទេ អ្នកគួរតែត្រលប់ទៅផ្ទះវិញទៅវាល្អជាង ដ្បិតការត្រលប់ទៅវិញនឹងផ្ដល់ប្រយោជន៍ល្អដល់អ្នក ជាងការបម្រើព្រះជាម្ចាស់ ត្រឹមតែបបូរមាត់។ អ្នកមុខជាមិនបង្អាក់ និងរំខានដល់កិច្ចការរបស់ទ្រង់ឡើយ។ អ្នកនឹងស្គាល់ឋានៈរបស់ខ្លួន ហើយរស់នៅយ៉ាងស្រួល ដូច្នេះ តើការធ្វើបែបនេះនឹងមិនប្រសើរជាងទេឬអី? ហើយអ្នកនឹងមិនត្រូវទទួលទោសចំពោះការទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ!

ខាង​ដើម៖ ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត

បន្ទាប់៖ សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ