របៀបចូលទៅក្នុងសភាពធម្មតា

នៅពេលដែលមនុស្សទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះពួកគេទទួលបានការបំភ្លឺកាន់តែច្រើន ហើយពួកគេកាន់តែឃ្លាន និងស្រេកក្នុងការស្វះស្វែងរកឱ្យស្គាល់ព្រះជាម្ចាស់កាន់តែច្រើន។ មានតែអ្នកដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដែលមានសមត្ថភាពទទួលបានបទពិសោធកាន់តែខ្លាំងពូកែ និងកាន់តែជ្រាលជ្រៅ ហើយពួកគេគឺជាមនុស្សតែមួយក្រុមគត់ដែលជីវិតរបស់ខ្លួនអាចបន្តលូតលាស់ដូចជាផ្កាល្ង។ អស់អ្នកដែលស្វះស្វែងរកជីវិត គួរតែចាត់ទុកការនេះ ជាការងារពេញម៉ោងរបស់ខ្លួន។ ពួកគេគួរមានអារម្មណ៍ថា «បើគ្មានព្រះជាម្ចាស់ ខ្ញុំមិនអាចរស់បានទេ បើគ្មានព្រះជាម្ចាស់ ខ្ញុំមិនអាចសម្រេចអ្វីបានទេ បើគ្មានព្រះជាម្ចាស់ អ្វីៗទាំងអស់គឺទទេ។» ដូច្នេះ ពួកគេគួរតែមានការសម្រេចចិត្តផងដែរថា «បើគ្មានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះខ្ញុំនឹងមិនធ្វើអ្វីឡើយ ហើយបើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមានឥទិ្ធពល នោះខ្ញុំក៏មិនចាំបាច់ធ្វើអ្វីៗដែរ។» ចូរកុំបណ្ដោយខ្លួនឱ្យសោះ។ បទពិសោធនៃជីវិត កើតចេញពីការបំភ្លឺ និងការណែនាំពីព្រះជាម្ចាស់ ហើយវាជាភាពស្ដែងជាក់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយជំនឿរបស់អ្នករាល់គ្នា។ អ្វីដែលអ្នករាល់គ្នាគួរទាមទារពីខ្លួនឯងនោះគឺ «នៅពេលដែលពាក់ព័ន្ធនឹងបទពិសោធជីវិត ខ្ញុំមិនអាចលើកលែងឱ្យខ្លួនឯងបានឡើយ។»

ពេលខ្លះ នៅពេលដែលស្ថិតក្នុងស្ថានភាពមិនប្រក្រតី អ្នកបាត់បង់ព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយទៅជាមិនអាចមានអារម្មណ៍ចំពោះព្រះជាម្ចាស់នៅពេលអ្នកអធិស្ឋាន។ វាជារឿងធម្មតាទេ ដែលមានអារម្មណ៍ភ័យខ្លាចនៅក្នុងស្ថានភាពបែបនេះ។ អ្នកគួរតែចាប់ផ្តើមស្វែងរកភ្លាមៗ។ បើអ្នកមិនស្វែងរកទេ ព្រះជាម្ចាស់នឹងឃ្លាតឆ្ងាយពីអ្នក ហើយអ្នកនឹងមិនមានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយលើសពីនេះទៅទៀត អ្នកនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃ សូម្បីតែមួយខែ ឬពីរខែផង។ ក្នុងស្ថានភាពទាំងនេះអ្នកប្រែទៅជាស្ពឹកយ៉ាងខ្លាំង ហើយអ្នកនឹងត្រូវជាប់ជាឈ្លើយរបស់សាតាំងម្តងទៀត រហូតដល់អ្នកមានសមត្ថភាពធ្វើសកម្មភាពគ្រប់បែបយ៉ាងបាន។ អ្នកលោភលន់ទ្រព្យសម្បត្តិ បោកបញ្ឆោតបងប្អូនប្រុសស្រីរបស់អ្នក មើលខ្សែភាពយន្ត និងវីដេអូ លេងល្បែងម៉ាចុង ហើយថែមទាំងជក់បារី និងផឹកស៊ីដោយគ្មានវិន័យ។ ចិត្តរបស់អ្នកបានងាកចេញឆ្ងាយពីព្រះជាម្ចាស់ អ្នកបានទៅតាមផ្លូវផ្ទាល់ខ្លួនដោយសម្ងាត់ ហើយអ្នកបានធ្វើការវិនិច្ឆ័យលើកិច្ចការបស់ព្រះជាម្ចាស់ដោយបំពាន។ ក្នុងករណីខ្លះ មនុស្សធ្លាក់ខ្លួនក្នុងកម្រិតទាបខ្លាំង ដែលធ្វើឱ្យពួកគេមិនមានអារម្មណ៍ខ្មាសអៀន ឬអាម៉ាស់ក្នុងការប្រព្រឹត្ដអំពើបាបនៃធម្មជាតិផ្លូវភេទ។ មនុស្សប្រភេទនេះត្រូវបានព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលបរិសុទ្ធ តាមពិតទៅ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគ្មានវត្តមាននៅក្នុងមនុស្សបែបនេះជាយូរមកហើយ។ មនុស្សម្នាក់អាចមើលឃើញពួកគេកាន់តែលិចលង់ជ្រៅទៅក្នុងសេចក្ដីពុករលួយ តែនៅពេលដែលដៃនៃអំពើអាក្រក់កាន់តែលាតសន្ធឹងវែងទៅៗប៉ុណ្ណោះ។ នៅចុងបញ្ចប់ ពួកគេបដិសេធអត្ថិភាពនៃផ្លូវដែលមានស្រាប់ ហើយត្រូវបានសាតាំងចាប់ជាឈ្លើយនៅពេលដែលពួកគេធ្វើបាប។ ប្រសិនបើអ្នករកឃើញថា អ្នកគ្រាន់តែមានព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ តែខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះវាគឺជាស្ថានភាពដ៏គ្រោះថ្នាក់មួយដែលអាចកើតមានរួចទៅហើយ។ នៅពេលដែលអ្នកមិនអាចសូម្បីតែដឹងអំពីព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ពេលនោះអ្នកជិតដល់ពេលស្លាប់ហើយ។ ប្រសិនបើអ្នកមិនប្រែចិត្តទេ នោះអ្នកនឹងវិលត្រឡប់ទៅសាតាំងវិញទាំងស្រុង ហើយអ្នកនឹងស្ថិតនៅក្នុងចំណោមពួកអ្នកដែលត្រូវផាត់ចោល។ ដូច្នេះ នៅពេលអ្នករកឃើញថាអ្នកស្ថិតនៅក្នុងសភាពមួយដែលមានតែព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ (អ្នកមិនធ្វើបាប អ្នកគ្រប់គ្រងខ្លួនឯងបាន ហើយអ្នកមិនធ្វើអ្វីសោះទាស់ទទឹងនឹងព្រះជាម្ចាស់) ប៉ុន្តែអ្នកខ្វះនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ (នៅពេលដែលអ្នកអធិស្ឋាន អ្នកមិនមានអារម្មណ៍ពាល់ចិត្ត អ្នកមិនទទួលបាននូវការបំភ្លឺ ឬការយល់ដឹងជ្រួតជ្រាបទាល់តែសោះ នៅពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកព្រងើយកន្ដើយចំពោះការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនដែលមានការរីកចម្រើនអ្វីសោះក្នុងជីវិតរបស់អ្នក ហើយអ្នកបានបាត់បង់ការបំភ្លឺដ៏អស្ចារ្យជាយូរមកហើយ) ក្នុងគ្រានោះ អ្នកត្រូវប្រយ័ត្នឱ្យបានច្រើន។ អ្នកមិនត្រូវបណ្ដោយខ្លួនឯងទេ អ្នកក៏មិនត្រូវផ្ដល់សេរីភាពចំពោះអត្តចរិតផ្ទាល់ខ្លួនរបស់អ្នកទៀតឡើយ។ ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធអាចនឹងបាត់ទៅវិញនៅពេលណាមួយ។ នេះជាមូលហេតុដែលស្ថានភាពបែបនេះមានគ្រោះថ្នាក់ខ្លាំងបំផុត។ ប្រសិនបើអ្នករកឃើញថាខ្លួនឯងនៅក្នុងសភាពបែបនេះ សូមព្យាយាមបង្វែរអ្វីៗត្រលប់ក្រោយឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។ ដំបូង អ្នកគួរតែបន្លឺនូវសេចក្ដីអធិស្ឋានអំពីការប្រែចិត្ត ហើយទូលសុំឱ្យព្រះជាម្ចាស់សម្ដែងសេចក្តីមេត្តាករុណារបស់ទ្រង់មកលើអ្នកម្តងទៀត។ ចូរអធិស្ឋានឱ្យអស់ពីចិត្ត ហើយធ្វើឱ្យចិត្តអ្នកស្ងប់ស្ងៀមដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន។ ជាមួយនឹងគ្រឹះនេះ អ្នកត្រូវចំណាយពេលឱ្យបានច្រើនថែមទៀតក្នុងការអធិស្ឋាន។ ចូរអ្នកខិតខំប្រឹងប្រែងច្រៀង អធិស្ឋាន ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានទ្វេដង ហើយបំពេញភារកិច្ចរបស់អ្នក។ នៅពេលដែលអ្នកស្ថិតក្នុងភាពទន់ខ្សោយបំផុត ចិត្តរបស់អ្នកងាយនឹងត្រូវសណ្ឋិតដោយសាតាំងខ្លាំងណាស់។ នៅពេលដែលការនោះកើតឡើង ចិត្តរបស់អ្នកនឹងត្រូវដាច់ចេញពីព្រះជាម្ចាស់ ហើយត្រលប់ទៅសាតាំងវិញ ខណៈនោះអ្នកនឹងស្ថិតនៅដោយគ្មានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងស្ថានភាពបែបនេះ វាពិបាកទ្វេដងក្នុងការទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ វាជាការប្រសើរក្នុងការស្វែងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលទ្រង់កំពុងគង់នៅជាមួយអ្នក ដែលនឹងអនុញ្ញាតឱ្យព្រះជាម្ចាស់ប្រទាននូវការបំភ្លឺរបស់ទ្រង់បន្ថែមទៀតមកលើអ្នក និងមិនបណ្តាលឱ្យទ្រង់បោះបង់ចោលអ្នកឡើយ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការបំពេញមុខងាររបស់អ្នក ហើយការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងដើម្បីឱ្យសាតាំងគ្មានឱកាសធ្វើកិច្ចការរបស់វា និងដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងចិត្តអ្នកបាន។ ប្រសិនបើអ្នកមិនទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមរបៀបនេះទេ ប្រសិនបើអ្នកគ្រាន់តែរង់ចាំ នោះការទទួលបានមកវិញនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនមានភាពងាយស្រួលទេ នៅពេលដែលអ្នកបានបាត់បង់ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលចិត្តអ្នកជាពិសេស ឬក៏ធ្វើឱ្យអ្នកជ្រួតជ្រាបច្បាស់ និងបំភ្លឺអ្នកជាពិសេស។ ទោះយ៉ាងនេះក៏ដោយ វាមិនមែនចំណាយពេលតែមួយថ្ងៃ ឬពីរថ្ងៃ ដើម្បីឱ្យសភាពរបស់អ្នកបានត្រលប់មកដូចដើមវិញនោះឡើយ។ ពេលខ្លះ សូម្បីតែប្រាំមួយខែហើយ ក៏មិនទាន់ត្រលប់ដូចដើមវិញដែរ។ ទាំងអស់នេះគឺដោយសារតែមនុស្សធូររលុងចំពោះខ្លួនឯងពេក មិនអាចឆ្លងកាត់រឿងរ៉ាវផ្សេងៗតាមរបៀបធម្មតាមួយ ដូច្នេះហើយបានជាត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល។ ទោះបីជាអ្នកទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមកវិញក៏ដោយ ក៏កិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់អាចនៅតែមិនទាន់ច្បាស់សម្រាប់អ្នកនៅឡើយ ពីព្រោះអ្នកបានធ្លាក់ចុះឆ្ងាយក្នុងបទពិសោធជីវិតរបស់អ្នក ហាក់ដូចជាអ្នកបាននៅដាច់ឆ្ងាយរាប់ពាន់ម៉ាយអ៊ីចឹង។ តើនេះមិនមែនជារឿងដែលគួរឱ្យភ័យខ្លាចទេឬ? ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមមានបន្ទូលប្រាប់ដល់មនុស្សបែបនេះថា វាមិនទាន់យឺតពេលទេក្នុងការប្រែចិត្តឥឡូវនេះ ប៉ុន្តែមានលក្ខខណ្ឌមួយគឺថា៖ អ្នកត្រូវតែខិតខំធ្វើកិច្ចការ ហើយមិនត្រូវខ្ជិលច្រអូសឡើយ។ ប្រសិនបើអ្នកដទៃអធិស្ឋានប្រាំដងក្នុងមួយថ្ងៃ អ្នកត្រូវអធិស្ឋានដប់ដង។ ប្រសិនបើអ្នកដទៃហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់រយៈពេលពីរម៉ោងក្នុងមួយថ្ងៃ អ្នកក៏ត្រូវធ្វើដូច្នេះក្នុងរយៈពេលបួន ឬប្រាំមួយម៉ោងដែរ ហើយប្រសិនបើអ្នកដទៃស្តាប់ចំរៀងទំនុកតម្ដើងរយៈពេលពីរម៉ោង អ្នកត្រូវស្តាប់យ៉ាងហោចណាស់ឱ្យបានកន្លះថ្ងៃ។ ចូរមានចិត្តស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ជារឿយៗ រហូតដល់អ្នកបានពាល់ចិត្ត រហូតដល់ចិត្តរបស់អ្នកត្រឡប់ទៅរកព្រះជាម្ចាស់វិញ ហើយអ្នកលែងហ៊ានឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់ទៀត។ មានតែពេលនោះទេទើបការអនុវត្តរបស់អ្នកនឹងបង្កើតផលផ្លែ ហើយមានតែពេលនោះទេ ទើបអ្នកនឹងអាចស្ដារសភាពធម្មតារបស់អ្នកឱ្យដូចដើមវិញបាន។

មនុស្សខ្លះយកចិត្តសាទរដាក់ទៅក្នុងការស្វះស្វែងរករបស់ពួកគេ ហើយនៅតែមិនអាចឈានទៅរកផ្លូវត្រូវបាន។ នេះក៏ព្រោះតែពួកគេធ្វេសប្រហែសពេក ហើយមិនយកចិត្តទុកដាក់លើរឿងរ៉ាវខាងវិញ្ញាណ។ ពួកគេមិនមានគំនិតក្នុងការទទួលបាននូវបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទេ ហើយក៏មិនដឹងថាតើកិច្ចការ និងព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែរ។ មនុស្សបែបនេះមានចិត្តសាទរ តែជាមនុស្សល្ងីល្ងើ ដ្បិតពួកគេមិនស្វះស្វែងរកជីវិតទេ។ នោះគឺដោយសារតែអ្នកខ្វះនូវបំណែកដ៏តូចនៃចំណេះដឹងអំពីព្រះវិញ្ញាណ អ្នកមិនដឹងអ្វីសោះអំពីការរីកចម្រើននៅក្នុងកិច្ចការដែលកំពុងបន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកមិនអើពើពីសភាពនៅក្នុងវិញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ។ តើសេចក្ដីជំនឿរបស់មនុស្សបែបនេះ មិនមែនជាសេចក្ដីជំនឿបែបល្ងីល្ងើទេឬ? ការស្វះស្វែងរករបស់មនុស្សបែបនេះ ទីបំផុតមិនទទួលបានលទ្ធផលអ្វីទាំងអស់។ គន្លឹះដើម្បីសម្រេចបាននូវការរីកលូតលាស់នៅក្នុងជីវិតក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់ទៅលើព្រះជាម្ចាស់ គឺជាការដឹងនូវកិច្ចការអ្វីដែលព្រះជាម្ចាស់ធ្វើនៅក្នុងបទពិសោធរបស់អ្នក ដោយមើលឃើញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ បើធ្វើដូច្នោះបាន គឺអ្នកអាចពន្យានូវគ្រប់ទាំងការរៀបចំរបស់ព្រះជាម្ចាស់ទាំងអស់ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងអ្នក ដើម្បីឱ្យព្រះបន្ទូលក្លាយជាជីវិតរបស់អ្នក ហើយធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ប្រសិនបើសេចក្ដីជំនឿរបស់អ្នកគឺជាសេចក្ដីជំនឿល្ងីល្ងើ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើបញ្ហាខាងវិញ្ញាណ និងការផ្លាស់ប្តូរនៅក្នុងនិស្ស័យជីវិតរបស់អ្នក ប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងរកសេចក្ដីពិត តើអ្នកអាចនឹងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ? ប្រសិនបើអ្នកមិនយល់ពីអ្វីដែលព្រះជាម្ចាស់បានស្នើសុំ នោះអ្នកនឹងមិនអាចទទួលបទពិសោធបានទេ ដូច្នេះហើយអ្នកនឹងគ្មានផ្លូវអនុវត្តទេ។ អ្វីដែលអ្នកត្រូវតែយកចិត្តទុកដាក់នៅពេលអ្នកទទួលបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាលទ្ធផលដែលព្រះបន្ទូលទ្រង់ធ្វើនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលទ្រង់។ ប្រសិនបើអ្នកត្រឹមតែចេះអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនដឹងពីរបៀបទទួលបានបទពិសោធនូវព្រះបន្ទូលទេនោះ តើនេះមិនមែនបង្ហាញថាអ្នកកំពុងតែមិនអើពើអំពីរឿងរ៉ាវខាងវិញ្ញាណទេឬ? ឥឡូវនេះ មនុស្សភាគច្រើនមិនអាចទទួលបានបទពិសោធក្នុងការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដូច្នេះហើយពួកគេមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ តើនេះមិនមែនជាការបរាជ័យក្នុងការអនុវត្តរបស់ពួកគេទេឬ? ប្រសិនបើពួកគេបន្តធ្វើដូចនេះ តើដល់ចំណុចណាទៅ ទើបពួកគេនឹងអាចទទួលបានបទពិសោធអំពីរឿងរ៉ាវនៃការលូតលាស់ដ៏ពេញលេញ និងបានសម្រេចក្នុងជីវិតរបស់ពួកគេបាន? តើនេះជាការនិយាយដោយគ្មានខ្លឹមសារទេឬ? មានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នាដែលជាអ្នកផ្តោតលើទ្រឹស្តី ជាអ្នកដែលមិនដឹងអំពីរឿងរ៉ាវខាងវិញ្ញាណ ហើយនៅតែចង់ឱ្យព្រះជាម្ចាស់ប្រើ ហើយឱ្យព្រះជាម្ចាស់ប្រទានពរ។ ការនេះគឺមិនប្រាកដប្រជាទាំងស្រុង! ដូច្នេះអ្នករាល់គ្នាត្រូវតែបញ្ចប់នូវភាពបរាជ័យនេះ ដើម្បីឱ្យអ្នកទាំងអស់គ្នាអាចឈានចូលទៅក្នុងផ្លូវត្រូវនៅក្នុងជីវិតខាងវិញ្ញាណរបស់អ្នក និងទទួលបានបទពិសោធដ៏ពិត ព្រមទាំងចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ

បន្ទាប់៖ របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ