ជំពូកទី ៨២

ពេលឮព្រះបន្ទូលរបស់ខ្ញុំ មនុស្សទាំងអស់មានអារម្មណ៍ភ័យស្លន់ស្លោ។ គ្រប់គ្នាពេញដោយសេចក្តីញ័ររន្ធត់។ តើអ្នកខ្លាចអ្វីទៅ? ខ្ញុំមិនសម្លាប់អ្នករាល់គ្នាឯណា! នោះដោយសារតែអ្នករាល់គ្នាមានមនសិការពិរុទ្ធ។ អ្វីដែលអ្នកធ្វើពីក្រោយខ្នងខ្ញុំ គឺរឿងឥតបានការ និងគ្មានតម្លៃ។ ការនេះបានធ្វើឱ្យខ្ញុំស្អប់អ្នកយ៉ាងខ្លាំង រហូតដល់ខ្ញុំចង់គ្រវែងចោលមនុស្សគ្រប់គ្នា ដែលខ្ញុំមិនបានកំណត់ទុក និងបានជ្រើសរើសឱ្យធ្លាក់ទៅក្នុងនរកអវិចី ព្រមទាំងឱ្យបែកជាកម្ទេចតូចៗ។ យ៉ាងណាមិញ ខ្ញុំមានផែនការរបស់ខ្ញុំ ហើយខ្ញុំមានគោលដៅរបស់ខ្ញុំ។ ខ្ញុំនឹងទុកជីវិតដ៏តូចទាបរបស់អ្នកមួយរយៈសិន ហើយទប់ចិត្តមិនបណ្ដេញអ្នកចេញឡើយ រហូតដល់ក្រោយពេលអ្នកបម្រើខ្ញុំចប់ជាមុនសិន។ ខ្ញុំមិនចង់ឃើញសត្តនិករបែបនេះទេ។ ពួកវាជាសេចក្តីអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ! តើអ្នកដឹងអំពីរឿងនេះដែរឬទេ? តើអ្នកយល់ដែរឬទេ? ឱមនុស្សដ៏អភ័ព្វគ្មានតម្លៃអើយ! រៀនចេះដឹងខ្លះទៅ! នៅពេលដែលអ្នកត្រូវបានគេប្រើប្រាស់ នោះគឺជាខ្ញុំហើយដែលប្រើអ្នក ហើយនៅពេលដែលអ្នកមិនត្រូវបានគេប្រើប្រាស់ នោះក៏ដោយសារតែខ្ញុំផងដែរ។ អ្វីៗគ្រប់យ៉ាងត្រូវបានចាត់ចែងដោយខ្ញុំ ហើយនៅក្នុងព្រះហស្តខ្ញុំ អ្វីៗគ្រប់យ៉ាងត្រូវតែសមសួន និងមានសណ្ដាប់ធ្នាប់ល្អ។ អស់អ្នកដែលហ៊ានបម្រើដោយគ្មានសណ្ដាប់ធ្នាប់ នឹងត្រូវវាយផ្ដួលភ្លាមៗ ដោយព្រះហស្តរបស់ខ្ញុំ។ ជារឿយៗ ខ្ញុំមានបន្ទូលថា «វាយផ្ដួល» តើអ្នកគិតថា ខ្ញុំពិតជាធ្វើការនេះដោយព្រះហស្តរបស់ខ្ញុំផ្ទាល់ឬ? ខ្ញុំមិនចាំបាច់ធ្វើបែបនេះឡើយ! សកម្មភាពរបស់ខ្ញុំមិនល្ងីល្ងើដូចអ្វីដែលមនុស្សលោកស្រមើស្រមៃឡើយ។ តើវាមានន័យដូចម្ដេចទៅ នៅពេលដែលនិយាយថា អ្វីៗទាំងអស់ត្រូវបានបង្កើតឡើង និងសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ? អ្វីៗគ្រប់យ៉ាងត្រូវបានសម្រច ដោយមិនចាំបាច់ឱ្យខ្ញុំលើកម្រាមដៃរបស់ខ្ញុំផង។ តើអ្នកយល់អំពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ខ្ញុំដែរឬទេ?

ខ្ញុំនឹងមិននាំសេចក្តីសង្រ្គោះទៅកាន់អស់អ្នកណាដែលធ្វើការបម្រើខ្ញុំឡើយ។ ពួកគេគ្មានចំណែកនៅក្នុងនគររបស់ខ្ញុំទេ។ នោះដោយសារតែមនុស្សទាំងនេះធ្វើឱ្យខ្លួនមមាញឹកជាមួយតែរឿងខាងក្រៅប៉ុណ្ណោះ ជាជាងធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ទោះបីជាខ្ញុំកំពុងតែប្រើប្រាស់ពួកគេឥឡូវនេះក៏ដោយ ក៏តាមពិតទៅ ពួកគេជាមនុស្សដែលខ្ញុំស្អប់បំផុតដែរ ពោលគឺជាមនុស្សដែលខ្ញុំស្អប់ខ្ពើមបំផុត។ នៅថ្ងៃនេះ ខ្ញុំស្រឡាញ់អ្នកណាដែលអាចធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ អ្នកណាដែលអាចបង្ហាញការគិតគូរចំពោះបន្ទុករបស់ខ្ញុំ និងអ្នកណាដែលអាចថ្វាយគ្រប់យ៉ាងរបស់ពួកគេដល់ខ្ញុំ ដោយដួងចិត្តដ៏ពិត និងចិត្តស្មោះស។ ខ្ញុំនឹងបំភ្លឺពួកគេជានិច្ច ហើយមិនបណ្ដោយឱ្យពួកគេឃ្លាតចេញពីខ្ញុំឡើយ។ ជារឿយៗ ខ្ញុំមានបន្ទូលថា «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះ យ៉ាងហូរហៀរ។» តើពាក្យថា «ផ្ដល់ពរ» នេះចង់សំដៅលើអ្វីទៅ? តើអ្នកដឹងដែរឬទេ? នៅក្នុងបរិបទនៃកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ពាក្យនេះសំដៅទៅលើបន្ទុកដែលខ្ញុំប្រទានដល់អ្នក។ សម្រាប់អស់អ្នកដែលអាចរែកពន់បន្ទុកមួយសម្រាប់ពួកជំនុំ និងអស់អ្នកដែលថ្វាយខ្លួនយ៉ាងស្មោះត្រង់សម្រាប់ជាប្រយោជន៍របស់ខ្ញុំ បន្ទុករបស់ពួកគេ និងភាពស្មោះអស់ពីចិត្តរបស់ពួកគេសុទ្ធតែជាព្រះពរចេញមកពីខ្ញុំទាំងអស់។ លើសពីនេះ ការបើកសម្ដែងរបស់ខ្ញុំចំពោះពួកគេក៏ជាព្រះពរមួយមកពីខ្ញុំដែរ។ នេះគឺដោយសារអស់អ្នកដែលមិនកំពុងមានបន្ទុកនាពេលនេះ មិនត្រូវបានកំណត់ទុកជាមុន និងជ្រើសរើសដោយខ្ញុំទេ។ ការដាក់បណ្ដាសារបស់ខ្ញុំបានធ្លាក់ទៅលើពួកគេរួចហើយ។ ម្យ៉ាងទៀត អស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន និងបានជ្រើសរើស មានចំណែកមួយនៅក្នុងទិដ្ឋភាពវិជ្ជមានអំពីអ្វីដែលខ្ញុំបានមានបន្ទូល ខណៈពេលដែលអស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន និងបានជ្រើសរើសវិញ អាចគ្រាន់តែចូលរួមនៅក្នុងទិដ្ឋភាពអវិជ្ជមាននៃព្រះសូរសៀងរបស់ខ្ញុំប៉ុណ្ណោះ។ បើព្រះបន្ទូលរបស់ខ្ញុំត្រូវបានថ្លែងកាន់តែច្រើន នោះអត្ថន័យនៃព្រះបន្ទូលទាំងនោះមានកាន់តែច្បាស់។ បើខ្ញុំថ្លែងព្រះបន្ទូលទាំងនោះកាន់តែច្រើន នោះព្រះបន្ទូលទាំងនោះកាន់តែមានតម្លាភាព។ អស់អ្នកដែលវៀចវេរ និងបោកបញ្ឆោត និងអស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន សុទ្ធតែត្រូវបណ្ដាសាពីខ្ញុំ មុនកំណើតពិភពលោកមកម្ល៉េះ។ ហេតុអ្វីបានជានិយាយថា ឆ្នាំ ខែ ថ្ងៃ និងសូម្បីតែម៉ោង នាទី និងវិនាទីនៃកំណើតរបស់អ្នករាល់គ្នាសុទ្ធតែត្រូវបានគ្រោងទុកយ៉ាងត្រឹមត្រូវដោយខ្ញុំ? ខ្ញុំបានកំណត់ទុកតាំងពីយូរមកហើយថា នរណាខ្លះនឹងទទួលបានឋានៈជាកូនច្បង។ ពួកគេស្ថិតនៅក្នុងព្រះនេត្ររបស់ខ្ញុំ។ ពួកគេត្រូវបានខ្ញុំកំណត់ទុកមកតាំងពីយូរថាជាមនុស្សមានតម្លៃ ហើយពួកគេមានកន្លែងមួយតាំងពីយូរនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ គ្រប់ទាំងព្រះបន្ទូលដែលខ្ញុំថ្លែងមានទម្ងន់ និងផ្ទុកនូវព្រះតម្រិះរបស់ខ្ញុំ។ តើមនុស្សជាអ្វីទៅ? លើកលែងតែមនុស្សពីរបីនាក់ដែលខ្ញុំស្រឡាញ់ដែលមានឋានៈជាកូនច្បង តើមនុស្សពីរបីនាក់នោះបង្ហាញការពិចារណាអ្វីខ្លះចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ? តើកូនៗរបស់ខ្ញុំមានតម្លៃប៉ុនណា? តើមនុស្សរបស់ខ្ញុំមានតម្លៃប៉ុនណាទៅ? កាលពីអតីតកាល ពាក្យថា «កូនៗខ្ញុំ» គឺជាងារមួយសម្រាប់កូនច្បងរបស់ខ្ញុំ ប៉ុន្តែសម្រាប់កូនៗរបស់ខ្ញុំ និងមនុស្សរបស់ខ្ញុំដែលគ្មានការខ្មាសអៀន ពួកគេបានគិតថា វាជាងារដ៏មានកិត្តិយសមួយសម្រាប់ពួកគេផ្ទាល់។ ចូរកុំដើរតួនាទីជាកូនច្បងរបស់ខ្ញុំ ដោយគ្មានកេរ្តិ៍ខ្មាសនោះឡើយ។ តើអ្នកស័ក្ដិសមទទួលងារនេះដែរឬទេ? នៅថ្ងៃនេះ មនុស្សដែលត្រូវបានបញ្ជាក់ គឺជាអស់អ្នកដែលស្ថិតនៅក្នុងមុខតំណែងដ៏សំខាន់នៅចំពោះខ្ញុំ។ មនុស្សទាំងនេះបានទទួលឋានៈជាកូនច្បង។ ពួកគេមានចំណែកមួយរួចហើយនៅក្នុងបល្ល័ង្កខ្ញុំ មកុដខ្ញុំ សិរីល្អខ្ញុំ និងនគរខ្ញុំ។ គ្រប់យ៉ាងត្រូវបានខ្ញុំរៀបចំយ៉ាងល្អិតល្អន់។ នៅថ្ងៃនេះ អស់អ្នកដែលបានទទួលឋានៈជាកូនច្បងសុទ្ធតែបានឆ្លងកាត់ការឈឺចាប់ ការបៀតបៀន និងទុក្ខលំបាកដ៏ធំ រួមទាំងអ្វីដែលពួកគេបានដកពិសោធន៍នៅក្នុងគ្រួសាររបស់ពួកគេតាំងពីកើតមក នៅក្នុងសេចក្តីរំពឹងទុក ការងារ និងអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ កូនច្បងទាំងនេះបានឈ្នះឋានៈនេះ ដោយគ្មានបង់ថ្លៃអ្វីឡើយ។ ផ្ទុយទៅវិញ ពួកគេបានឆ្លងកាត់គ្រប់ទាំងទិដ្ឋភាពនៃជីវិត៖ ពោលគឺទាំងល្អទាំងអាក្រក់ ទាំងឡើងទាំងចុះ។ អស់អ្នកដែលបានទទួលការគោរពដ៏ខ្ពង់ខ្ពស់កាលពីមុនពីសំណាក់មនុស្សខាងលោកីយ៍ និងអស់អ្នកដែលកំពុងតែរស់នៅយ៉ាងសុខស្រួលនៅឯផ្ទះ គ្មានចំណែកនៅក្នុងកូនច្បងឡើយ។ ពួកគេមិនសមក្លាយជាកូនច្បងទេ។ ពួកគេនាំភាពអាម៉ាស់ដល់ព្រះនាមខ្ញុំ ហើយខ្ញុំពិតជាមិនចង់បានពួកគេឡើយ។ កូនប្រុសរបស់ខ្ញុំ និងមនុស្សដែលខ្ញុំបានជ្រើសរើស ក៏មានកេរ្តិ៍ឈ្មោះល្អនៅក្នុងពិភពលោកដែរ ប៉ុន្តែពួកគេខ្វះមិនដល់បទដ្ឋានជាកូនច្បងខ្ញុំឡើយ។ បច្ចុប្បន្ន ខ្ញុំកំពុងតែប្រើប្រាស់មនុស្សជាក់លាក់ ប៉ុន្តែនៅក្នុងចំណោមពួកគេ មនុស្សជាច្រើនថែមទាំងគ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាមនុស្សរបស់ខ្ញុំទៀតផង។ ពួកគេគ្មានអ្វីក្រៅពីជាកម្មវត្ថុនៃសេចក្ដីវិនាសអស់កល្បជានិច្ចទេ។ ពួកគេកំពុងតែត្រូវបានប្រើប្រាស់ ដើម្បីបម្រើខ្ញុំសម្រាប់ពេលមួយ ប៉ុន្តែមិនមែនសម្រាប់ការប្រើប្រាស់រយៈពេលវែងឡើយ។ នៅក្នុងជម្រៅព្រះហឫទ័យរបស់ខ្ញុំ ខ្ញុំបានសម្រេចព្រះទ័យរួចហើយថា នរណាខ្លះដែលត្រូវបានប្រើប្រាស់នៅក្នុងរយៈពេលវែងនោះ។ ពោលគឺជាអស់អ្នកដែលខ្ញុំដាក់ឱ្យកាន់មុខតំណែងសំខាន់ គឺជាអ្នកដែលខ្ញុំស្រឡាញ់ ហើយខ្ញុំបានចាប់ផ្ដើមប្រើប្រាស់ពួកគេតាំងពីយូរមកហើយ។ ម្យ៉ាងទៀត មុខងាររបស់ពួកគេត្រូវបានកំណត់ទុករួចជាស្រេច។ ចំពោះមនុស្សដែលខ្ញុំស្អប់ខ្ពើមវិញ នៅដំណាក់កាលបច្ចុប្បន្ន ពួកគេគ្រាន់តែត្រូវបានប្រើប្រាស់នៅក្នុងពេលបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅពេលដែលជនបរទេសមកដល់ នោះជាពេលដែលកូនច្បងនឹងត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាឃើញច្បាស់ៗមិនខាន។

ឥឡូវនេះ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាឆាប់លូតលាស់ឡើង ហើយបង្ហាញការគិតគូរទៅលើបន្ទុករបស់ខ្ញុំ។ បន្ទុកនេះមិនធ្ងន់ពេកឡើយ ហើយខ្ញុំនឹងសុំឱ្យអ្នករាល់គ្នាធ្វើអ្វីដែលស្ថិតនៅក្នុងដែនសមត្ថភាពរបស់អ្នកតែប៉ុណ្ណោះ។ ខ្ញុំស្គាល់កម្ពស់របស់អ្នករាល់គ្នា។ ខ្ញុំដឹងអំពីមុខងារអ្វីខ្លះដែលអ្នករាល់គ្នាអាចបំពេញបាន។ ខ្ញុំដឹងអំពីការទាំងអស់នេះ ហើយខ្ញុំយល់អំពីសេចក្តីទាំងនេះ។ កូនៗរបស់ខ្ញុំអើយ ខ្ញុំគ្រាន់តែប្រាថ្នាថា អ្នកនឹងព្រមលះកាត់ខ្លួនឯង ហើយអាចស្រឡាញ់អ្វីដែលខ្ញុំស្រឡាញ់យ៉ាងអស់ពីចិត្ត ស្អប់អ្វីដែលខ្ញុំស្អប់ ធ្វើតាមអ្វីដែលខ្ញុំធ្វើ ហើយនិយាយអ្វីដែលខ្ញុំមានបន្ទូលតែប៉ុណ្ណោះ។ មិនត្រូវឱ្យលំហ ភូមិសាស្ត្រ ពេលវេលា ឬបុគ្គលណាម្នាក់ត្រួតត្រាអ្នកឡើយ។ សេចក្តីប្រាថ្នារបស់ខ្ញុំ គឺឱ្យវិញ្ញាណរបស់អ្នករាល់គ្នាមានសេរីភាពនៅគ្រប់ទីកន្លែង និងប្រាថ្នាថា អ្នករាល់គ្នាម្នាក់ៗអាចឈរនៅក្នុងមុខតំណែងជាកូនច្បងរបស់ខ្ញុំ។ នៅថ្ងៃនេះ តើមាននរណាខ្លះថ្វាយខ្លួនទាំងស្រុងដល់ខ្ញុំទៅ? តើមាននរណាខ្លះលះបង់សម្រាប់ខ្ញុំយ៉ាងស្មោះត្រង់? តើមាននរណាខ្លះក្លាយជាប្រយោជន៍សម្រាប់ខ្ញុំទាំងថ្ងៃទាំងយប់? តើមាននរណាខ្លះគ្រប់គ្រងកិច្ចការក្នុងគ្រួសាររបស់ខ្ញុំជំនួសខ្ញុំទៅ? តើនរណាជួយសម្រាលបន្ទុកនៅលើស្មារបស់ខ្ញុំជំនួសខ្ញុំទៅ? តើពួកគេមិនមែនជាកូនរបស់ខ្ញុំទេឬ? អ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើគឺដើម្បីប្រោសកូនៗរបស់ខ្ញុំឱ្យបានគ្រប់លក្ខណ៍ និងបម្រើដល់កូនៗរបស់ខ្ញុំ។ តើអ្នកយល់ដែរឬទេ? គ្រប់យ៉ាងគឺសម្រាប់កូនច្បងរបស់ខ្ញុំ ហើយខ្ញុំមិនធ្វើខុសឡើយ។ កុំធ្វើការទាំងយល់ខុសថា ខ្ញុំជំនុំជម្រះមនុស្សខុសនោះឡើយ ហើយក៏កុំគិតថា ខ្ញុំមើលងាយអ្នកនោះដែរ។ កុំនឹកស្មានថា ខ្ញុំប្រើប្រាស់មិនអស់ទេពកោសល្យដ៏អស្ចារ្យ ឬស្មានថា ខ្ញុំបានធ្វើខុសនៅក្នុងការមិនកំណត់វាសនាអ្នកទុកជាមុននោះឡើយ។ វាមិនមែនបែបនេះទេ។ បញ្ហានៅត្រង់ថា អ្នកមិនស័ក្ដិសមទទួលវាតែម្ដង! តើអ្នកដឹងអំពីការនេះដែរឬទេ? ឥឡូវ ខ្ញុំនឹងបញ្ជាក់រឿងមួយចំនួនសម្រាប់អ្នករាល់គ្នា៖ អស់អ្នកណាដែលបញ្ឆេះសេចក្តីក្រោធរបស់ខ្ញុំជាញឹកញាប់ និងជាគោលដៅនៃការរិះគន់ ឬការដោះស្រាយរបស់ខ្ញុំជារឿយៗ អ្នកនោះច្បាស់ជាគោលដៅនៃចិត្តស្អប់របស់ខ្ញុំហើយ។ មនុស្សបែបនេះនឹងប្រាកដជាស្លាប់មិនខាន ដ្បិតការនេះត្រូវបានចារទុកនៅលើផ្ទាំងថ្មរួចហើយ។ ខ្ញុំបានមានបន្ទូលថា ខ្ញុំនឹងលែងដោះស្រាយជាមួយកូនច្បងរបស់ខ្ញុំទៀតហើយ ដោយសារតែមនុស្សទាំងនេះបានឆ្លងកាត់ការល្បងលដ៏ធ្ងន់ធ្ងររបស់ខ្ញុំ និងបានទទួលការអនុម័តរបស់ខ្ញុំរួចហើយ។ អស់អ្នកដែលខ្ញុំទតមើលជាមួយនឹងទឹកព្រះភក្ត្រមាំ អ្នកនោះស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ។ តើអ្នកមិនខ្លាចទេឬ? មនុស្សជាច្រើននឹងត្រូវស្លាប់ ភ្លាមៗនៅពេលដែលព្រះបន្ទូលរបស់ខ្ញុំចេញពីព្រះឱស្ឋរបស់ខ្ញុំ។ យ៉ាងណាមិញ អ្នកខ្លះនឹងនៅបន្តរក្សាសាច់ឈាមរបស់ពួកគេដដែល។ វានឹងគ្រាន់តែថា វិញ្ញាណរបស់ពួកគេបានស្លាប់ប៉ុណ្ណោះ។ ការចង្អុលបង្ហាញដ៏ច្បាស់បំផុតគឺថា ពួកគេគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេក៏គ្មានអ្វីមួយអូសទាញពួកគេដែរ។ (ពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតដ៏ជ្រៅមួយរួចទៅហើយ។) នៅពេលដែលសាច់ឈាមរបស់ពួកគេត្រូវបានរលត់ផុតទៅ នោះវាកើតឡើងតាមផែនការដ៏សមគួររបស់ខ្ញុំ និងនៅពេលវេលាមួយដែលខ្ញុំបានកំណត់ទុកប៉ុណ្ណោះ។ សេចក្តីស្លាប់ខាងវិញ្ញាណរបស់ពួកគេមិនអាចផ្ដល់ការបម្រើដ៏ធំធេងអ្វីដល់ខ្ញុំឡើយ។ ខ្ញុំនឹងប្រើប្រាស់សាច់ឈាមរបស់ពួកគេ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃទង្វើរបស់ខ្ញុំ។ ចេញពីការនេះ មនុស្សនឹងមានភាពជឿជាក់។ ពួកគេនឹងកោតសរសើរមិនដាច់ពីមាត់ ហើយវានឹងគ្មាននរណាម្នាក់ដែលមិនគោរព និងកោតខ្លាចដល់ខ្ញុំនោះឡើយ។ ខ្ញុំមិនចាត់ទុកអ្វីមួយថាមិនសំខាន់ឡើយ។ អ្វីៗទាំងអស់ត្រូវតែរស់នៅ ឬស្លាប់ទៅសម្រាប់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចចាកចេញទៅបានឡើយ លុះត្រាតែពួកគេបានបំពេញការបម្រើរបស់ពួកគេសម្រាប់ខ្ញុំសិន។ ទោះបីជាសាតាំងក៏មិនអាចត្រលប់ទៅក្នុងនរកអវិចីបានដែរ លុះត្រាតែវាបានបំពេញការបម្រើរបស់វាសម្រាប់ខ្ញុំសិន។ គ្រប់ជំហានដែលខ្ញុំដើរ គឺមានលំនឹង និងសុវត្ថិភាព ហើយមានគោលជំហររឹងមាំ។ គ្មានជំហានណាមួយដែលខ្ញុំធ្វើ មិនមានភាពជាក់ស្ដែងនោះឡើយ។

តើនរណានឹងហ៊ានប្រៀបធៀបជាមួយខ្ញុំទៅ? តើនរណានឹងហ៊ានប្រឆាំងចំពោះខ្ញុំទៅ? ខ្ញុំនឹងវាយបំផ្លាញអ្នកនោះមួយរំពេច! ខ្ញុំនឹងគ្មានបន្សល់ដាន ហើយសាច់របស់អ្នកនឹងត្រូវកម្ទេចចោលមិនខាន។ នេះជាការពិតយ៉ាងប្រាកដ។ នៅពេលដែលខ្ញុំមានបន្ទូលហើយ ខ្ញុំនឹងធ្វើសកម្មភាពទៅសម្រេចវាភ្លាមៗ ហើយវានឹងគ្មានការបកក្រោយឡើយ។ ពិភពលោកកំពុងតែវិនាសពីមួយថ្ងៃទៅមួយថ្ងៃ ហើយមនុស្សជាតិក៏កំពុងតែអន្តរាយពីមួយថ្ងៃទៅមួយថ្ងៃដែរ។ ជាមួយថ្ងៃនីមួយៗដែលកន្លងផុតទៅ នគររបស់ខ្ញុំកំពុងតែលេចមកជារូបរាង ហើយកូនច្បងរបស់ខ្ញុំក៏កំពុងតែលូតលាស់ធំឡើងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ សេចក្តីក្រោធរបស់ខ្ញុំកំពុងតែកើនឡើង ការវាយផ្ចាលរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ ហើយព្រះបន្ទូលរបស់ខ្ញុំក៏កាន់តែគំរោះគំរើយផងដែរ។ អ្នករាល់គ្នានៅតែរង់ចាំឱ្យខ្ញុំមានបន្ទូលកាន់តែទន់ភ្លន់ដល់អ្នករាល់គ្នា និងរង់ចាំឱ្យខ្ញុំថ្លែងព្រះសូរសៀងបែបស្រាលទៀត ប៉ុន្តែ ចូរគិតម្ដងទៀតចុះ! ព្រះសូរសៀងខ្ញុំអាស្រ័យទៅលើមនុស្សដែលខ្ញុំកំពុងតែដោះស្រាយជាមួយទេ។ ចំពោះមនុស្សដែលខ្ញុំស្រឡាញ់ នោះខ្ញុំនឹងថ្លែងនូវព្រះសូរសៀងដ៏ស្រទន់ និងលួងលោមចិត្ត ប៉ុន្តែចំពោះអ្នករាល់គ្នាវិញ ខ្ញុំអាចបង្ហាញតែភាពឃោរឃៅ និងការជំនុំជម្រះប៉ុណ្ណោះ បន្ថែមពីលើការវាយផ្ចាល និងសេចក្តីក្រោធដែលខ្ញុំមាន។ បើពួកគេមិនដឹងអំពីការនេះទេ នោះស្ថានការណ៍នៅគ្រប់ប្រទេសនៃពិភពលោកនឹងកាន់តែតានតឹងខ្លាំង កាន់តែវិនាស និងកាន់តែធ្លាក់ទៅក្នុងចលាចលពីមួយថ្ងៃទៅមួយថ្ងៃមិនខាន។ ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗសុទ្ធតែសង្ឃឹមចង់បានអំណាចនៅទីចុងបំផុត។ ពួកគេពិតជាមិនដែលគិតថា ការវាយផ្ចាលរបស់ខ្ញុំស្ថិតនៅលើពួកគេរួចហើយនោះឡើយ។ ពួកគេព្យាយាមដណ្ដើមអំណាចរបស់ខ្ញុំ ប៉ុន្តែក្ដីសង្ឃឹមរបស់ពួកគេនោះមិនអាចសម្រេចបានឡើយ! សូម្បីតែថ្នាក់ដឹកនាំនៃអង្គការសហប្រជាជាតិក៏ត្រូវអង្វរសុំការអត់ទោសរបស់ខ្ញុំដែរ។ ទង្វើអាក្រក់ដែលគេបានប្រព្រឹត្ត គឺច្រើនពេកហើយ។ ឥឡូវនេះដល់ពេលសម្រាប់ការវាយផ្ចាលហើយ ហើយខ្ញុំនឹងមិនបណ្ដោយឱ្យគេរួចខ្លួនទៅស្រួលៗឡើយ។ អស់អ្នកដែលកាន់អំណាចត្រូវតែដោះមកុដរបស់ពួកគេចេញ។ មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលស័ក្ដិសមសោយរាជ្យលើអ្វីៗទាំងអស់។ អ្វីៗគ្រប់យ៉ាងអាស្រ័យលើខ្ញុំ គឺគ្រប់ទាំងអស់ រួមទាំងជនបរទេសមួយក្ដាប់តូចនោះផងដែរ។ ខ្ញុំនឹងវាយផ្ដួលភ្លាមៗអស់អ្នកណាដែលពិនិត្យពិច័យខ្ញុំ ដោយសារតែកិច្ចការរបស់ខ្ញុំនេះបានមកដល់ឆ្ងាយហើយ។ ជារៀងរាល់ថ្ងៃ ចូរមើលនូវការបើកសម្ដែងមួយថ្មី។ ជារៀងរាល់ថ្ងៃ វាមាននូវពន្លឺថ្មី។ អ្វីៗទាំងអស់កំពុងតែត្រលប់ជាពេញខ្នាតឡើងៗ។ ថ្ងៃចុងក្រោយរបស់សាតាំងកំពុងតែជិតមកដល់ ហើយក៏កាន់តែស្ដែងឱ្យឃើញច្បាស់ដែរ។

ខាង​ដើម៖ ជំពូកទី ៨១

បន្ទាប់៖ ជំពូកទី ៨៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ