XII. ព្រះបន្ទូលស្ដីពីរដ្ឋធម្មនុញ្ញ បញ្ញត្តិរដ្ឋបាល និងបទបញ្ជានៃយុគសម័យនៃនគរព្រះ
៥៩៥. កិច្ចការដែលបានគ្រោងទុករបស់ខ្ញុំ នៅតែបន្តទៅមុខដោយគ្មានឈប់មួយខណៈណាឡើយ។ ដោយបានផ្លាស់ចូលទៅក្នុងយុគសម័យនៃនគរព្រះ និងដោយបានដឹកនាំអ្នករាល់គ្នាឱ្យចូលទៅក្នុងនគររបស់ខ្ញុំធ្វើជារាស្ត្ររបស់ខ្ញុំ នោះខ្ញុំនឹងមានការទាមទារផ្សេងទៀតដែលត្រូវធ្វើចំពោះអ្នករាល់គ្នា គឺថា ខ្ញុំនឹងចាប់ផ្ដើមប្រកាសនៅចំពោះមុខអ្នករាល់គ្នាឱ្យប្រើធម្មនុញ្ញដែលខ្ញុំនឹងយកមកគ្រប់គ្រងយុគសម័យនេះ៖
ដោយហេតុថាអ្នករាល់គ្នាត្រូវបានហៅថាជារាស្ត្ររបស់ខ្ញុំ នោះអ្នករាល់គ្នាគួរតែអាចលើកតម្កើងព្រះនាមរបស់ខ្ញុំបាន ពោលគឺត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់នៅក្នុងកណ្ដាលសមុទ្រទុក្ខ។ ប្រសិនបើអ្នកណាម្នាក់ប៉ុនប៉ងបញ្ជោរខ្ញុំ និងលាក់បាំងការពិតពីខ្ញុំ ឬចូលរួមក្នុងការប្រព្រឹត្តបង្ខូចព្រះកិត្តិនាមពីក្រោយខ្នងខ្ញុំ មនុស្សបែបនេះនឹងត្រូវបានដេញចេញ និងយកចេញពីផ្ទះរបស់ខ្ញុំឱ្យទៅរង់ចាំខ្ញុំដោះស្រាយជាមួយពួកគេ។ អស់អ្នកដែលផិតក្បត់ និងគ្មានលក្ខណៈជាកូនខ្ញុំកាលពីមុន និងអ្នកដែលក្រោកឡើងជាថ្មីនៅថ្ងៃនេះដើម្បីវិនិច្ឆ័យខ្ញុំជាចំហ ពួកគេក៏នឹងត្រូវដេញចេញពីផ្ទះរបស់ខ្ញុំផងដែរ។ អស់អ្នកដែលជារាស្ត្ររបស់ខ្ញុំ ត្រូវតែបង្ហាញជានិច្ចនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ។ មានតែមនុស្សដូចនេះទេ ទើបខ្ញុំនឹងបំភ្លឺពួកគេ ហើយពួកគេនឹងរស់នៅក្រោមការណែនាំ និងការបំភ្លឺរបស់ខ្ញុំ ដោយមិនជួបការវាយផ្ចាលសោះឡើយ។ អស់អ្នកដែលមិនបានបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ ហើយផ្ដោតលើការធ្វើផែនការសម្រាប់អនាគតផ្ទាល់ខ្លួនពួកគេ (ពោលគឺ អស់អ្នកដែលមិនបានតម្រង់សកម្មភាពរបស់ពួកគេដើម្បីបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ប៉ុន្តែបែរជាសម្លឹងរកអំណោយទៅវិញ) សត្វដូចអ្នកសុំទានទាំងនេះ ខ្ញុំបដិសេធមិនប្រើជាដាច់ខាត ព្រោះតាំងពីពេលពួកគេកើតមក ពួកគេគ្មានដឹងអ្វីបន្តិចសោះអំពីអត្ថន័យក្នុងការបង្ហាញនូវការចេះគិតគូរចំពោះបន្ទុករបស់ខ្ញុំ។ ពួកគេជាមនុស្សដែលខ្វះញាណធម្មតា មនុស្សបែបនេះរងផលប៉ះពាល់ពី «កង្វះអាហារូបត្ថម្ភ» ដល់ខួរក្បាល ហើយត្រូវការទៅផ្ទះរក «អាហាររូបត្ថម្ភ» បន្ថែមខ្លះទៀត។ ខ្ញុំមិនប្រើប្រាស់មនុស្សបែបនេះទេ។ ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ មនុស្សគ្រប់គ្នានឹងត្រូវតម្រូវឱ្យចាត់ទុកការស្គាល់ខ្ញុំថាជាភារកិច្ចខានមិនបានដែលត្រូវធ្វើឱ្យគេឃើញរហូតដល់ទីបញ្ចប់ ឱ្យដូចការបរិភោគ ការស្លៀកពាក់ និងការដេក ដែលគ្រប់គ្នាមិនដែលភ្លេចមួយពេលណាសោះឡើយ ដើម្បីឱ្យនៅទីបញ្ចប់ ការស្គាល់ខ្ញុំនឹងក្លាយជាស៊ាំដូចជាការបរិភោគអ៊ីចឹងដែរ ដែលធ្វើបានដោយមិនបាច់ប្រឹង ប្រកបដោយភាពស្ទាត់ជំនាញ។ ចំពោះព្រះបន្ទូលដែលខ្ញុំបញ្ចេញ អ្នករាល់គ្នាត្រូវតែទទួលយកដោយមានជំនឿបំផុត និងជ្រួតជ្រាបបានពេញលេញ ហើយវាអាចមិនមានសកម្មភាពពាក់កណ្ដាលទីបែបបង្គ្រប់កិច្ចនោះទេ។ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា រឹងទទឹងនឹងខ្ញុំដោយផ្ទាល់ រីឯអ្នកណាដែលមិនពិសាព្រះបន្ទូលរបស់ខ្ញុំ ឬមិនប្រឹងប្រែងស្គាល់ព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានចាត់ទុកថា មិនយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយនឹងត្រូវបោសចេញពីមាត់ទ្វារនៃដំណាក់របស់ខ្ញុំដោយផ្ទាល់។ ដូចដែលខ្ញុំបានមានព្រះបន្ទូលកាលពីមុនអ៊ីចឹង នេះដោយសារតែអ្វីដែលខ្ញុំចង់បានមិនមែនជាចំនួនមនុស្សដ៏ច្រើននោះទេ តែជាឧត្តមភាព។ ក្នុងចំណោមមនុស្សមួយរយនាក់ ប្រសិនបើមានតែមនុស្សម្នាក់គត់ដែលអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំបាន នោះខ្ញុំនឹងសព្វព្រះហឫទ័យគ្រវែងចោលអ្នកផ្សេងទាំងអស់ដើម្បីផ្ដោតលើការបំភ្លឺ និងការពន្យល់ដល់មនុស្សតែម្នាក់នេះគត់។ តាមរយៈការនេះ អ្នករាល់គ្នាអាចឃើញថា វាមិនពិតទាំងស្រុងនោះទេដែលថា ចំនួនច្រើនតែអ្នកអាចបង្ហាញច្បាស់អំពីខ្ញុំ និងសម្ដែងអំពីខ្ញុំបាននោះ។ អ្វីដែលខ្ញុំចង់បានគឺស្រូវសាលី (ទោះបីជាវាអាចនឹងគ្មានសាច់គ្រាប់ពេញក៏ដោយ) មិនមែនស្រងែទេ (សូម្បីតែពេលវាមានសាច់គ្រាប់ពេញលេញគួរឱ្យកោតសរសើរក៏ដោយ)។ ចំណែកឯពួកអ្នកដែលមិនខ្វល់ពីការស្វះស្វែងរក តែផ្ទុយទៅវិញបែរជាប្រព្រឹត្តបែបខ្ជីខ្ជា ពួកគេគួរតែចាកចេញដោយខ្លួនឯង ព្រោះខ្ញុំមិនចង់ឃើញពួកគេទៀតនោះទេ ក្រែងលោពួកគេបន្តធ្វើឱ្យខូចកិត្តិនាមរបស់ខ្ញុំ។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥៩៦. ខ្ញុំមិនប្រញាប់ប្រញាល់ដើម្បីដាក់ទោសនរណាម្នាក់ឡើយ ហើយខ្ញុំក៏មិនប្រព្រឹត្តចំពោះនរណាម្នាក់ដោយអយុត្តិធម៌ដែរ គឺខ្ញុំសុចរិតចំពោះមនុស្សគ្រប់គ្នា។ ខ្ញុំច្បាស់ជាស្រឡាញ់ពួកកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំច្បាស់ជាស្អប់អស់អ្នកដែលអាក្រក់ ដែលបំពានខ្ញុំ។ នេះគឺជាគោលការណ៍នៅពីក្រោយសកម្មភាពរបស់ខ្ញុំ។ អ្នករាល់គ្នាម្នាក់ៗគួរតែមានការយល់ដឹងខ្លះៗអំពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ប្រសិនបើអ្នកមិនយល់ទេ នោះអ្នករាល់គ្នានឹងមិនមានការកោតខ្លាចសូម្បីតែបន្តិចឡើយ ហើយអ្នកនឹងធ្វើសកម្មភាពយ៉ាងធ្វេសប្រហែសនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំជាមិនខាន។ អ្នកក៏នឹងមិនស្គាល់អ្វីដែលខ្ញុំចង់សម្រេចបាន អ្វីដែលខ្ញុំចង់បំពេញ អ្វីដែលខ្ញុំចង់ទទួលបាន ឬប្រភេទនៃមនុស្សដែលនគររបស់ខ្ញុំត្រូវការឡើយ។
បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំមានដូចជា៖
១) មិនថាអ្នកជានរណាឡើយ ប្រសិនបើអ្នកប្រឆាំងខ្ញុំនៅក្នុងចិត្តរបស់អ្នក នោះអ្នកនឹងត្រូវបានជំនុំជម្រះ។
២) អស់អ្នកដែលខ្ញុំបានជ្រើសរើស នឹងត្រូវបានប្រៀនប្រដៅភ្លាមៗ ចំពោះការគិតខុសឆ្គងណាមួយ។
៣) ខ្ញុំនឹងដាក់អស់អ្នកដែលមិនជឿលើខ្ញុំទៅម្ខាង។ ខ្ញុំនឹងអនុញ្ញាតឱ្យពួកគេនិយាយ និងធ្វើសកម្មភាពយ៉ាងធ្វេសប្រហែស រហូតដល់ទីចុងបំផុត នៅពេលដែលខ្ញុំនឹងដាក់ទោសពួកគេយ៉ាងល្អិតល្អន់ ហើយចម្រាញ់យកពួកគេចេញ។
៤) ខ្ញុំនឹងថែរក្សា ព្រមទាំងការពារអស់អ្នកដែលជឿលើខ្ញុំគ្រប់ពេលវេលា។ គ្រប់ពេលវេលា ខ្ញុំនឹងផ្គត់ផ្គង់ពួកគេដោយជីវិត តាមវិធីនៃការសង្គ្រោះ។ មនុស្សទាំងនេះនឹងមានសេចក្ដីស្រឡាញ់របស់ខ្ញុំ ហើយពួកគេនឹងច្បាស់ជាមិនដួល ឬវង្វេងផ្លូវរបស់ពួកគេទេ។ ភាពទន់ខ្សោយណាមួយដែលពួកគេមាន នឹងគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ហើយខ្ញុំនឹងច្បាស់ជាមិនចងចាំភាពទន់ខ្សោយរបស់ពួកគេទេ។
៥) អស់អ្នកណាដែលហាក់ដូចជាជឿ ប៉ុន្តែជឿមិនពិតប្រាកដ គឺអស់អ្នកដែលជឿថាមានព្រះជាម្ចាស់ ប៉ុន្តែមិនស្វែងរកព្រះគ្រីស្ទ ហើយក៏មិនប្រឆាំងដែរ មនុស្សទាំងនេះគឺជាប្រភេទមនុស្សដែលគួរឱ្យអាណិតបំផុត ហើយតាមរយៈទង្វើរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើឱ្យពួកគេមើលឃើញយ៉ាងច្បាស់។ តាមរយៈវិធីនៃសកម្មភាពរបស់ខ្ញុំ នោះខ្ញុំនឹងសង្គ្រោះមនុស្សបែបនេះ ហើយនាំពួកគេត្រឡប់មកវិញ។
៦) ពួកកូនប្រុសច្បង ដែលជាមនុស្សដំបូងដើម្បីទទួលព្រះនាមរបស់ខ្ញុំ នឹងត្រូវបានប្រទានពរ! ខ្ញុំនឹងប្រទានព្រះពរដ៏ល្អបំផុតដល់អ្នករាល់គ្នាជាប្រាកដ ដោយអនុញ្ញាតឱ្យអ្នករាល់គ្នារីករាយនឹងព្រះពរទាំងនោះដោយពេញចិត្ត។ គ្មាននរណាម្នាក់នឹងហ៊ានបង្អាក់ការនេះទេ។ ទាំងអស់នេះ គឺត្រូវបានរៀបចំទាំងស្រុងសម្រាប់អ្នករាល់គ្នា ស្របពេលដែលនេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥៩៧. ពេលនេះ ខ្ញុំប្រកាសបញ្ញត្តិរដ្ឋបាលនៃនគររបស់ខ្ញុំ៖ របស់សព្វសារពើ គឺស្ថិតនៅក្នុងការជំនុំជម្រះរបស់ខ្ញុំ របស់សព្វសារពើស្ថិតនៅក្នុងសេចក្ដីសុចរិតរបស់ខ្ញុំ របស់សព្វសារពើស្ថិតនៅក្នុងឫទ្ធានុភាពរបស់ខ្ញុំ ហើយខ្ញុំអនុវត្តសេចក្ដីសុចរិតរបស់ខ្ញុំចំពោះអ្វីៗគ្រប់យ៉ាង។ អស់អ្នកណាដែលនិយាយថា ពួកគេជឿលើខ្ញុំ ប៉ុន្តែគិតឱ្យជ្រៅទៅ ពួកគេប្រឆាំងនឹងខ្ញុំ ឬអស់អ្នកដែលចិត្តរបស់គេបានបោះបង់ខ្ញុំចោល នោះនឹងត្រូវបានទាត់ចេញ ប៉ុន្តែទាំងអស់នេះគឺសុទ្ធតែស្ថិតនៅក្នុងពេលវេលាដ៏សមស្របផ្ទាល់ខ្លួនរបស់ខ្ញុំ។ មនុស្សដែលនិយាយបន្តុះបង្អាប់ខ្ញុំ ប៉ុន្តែតាមវិធីដែលអ្នកដទៃមិនអាចសម្គាល់បាន នឹងស្លាប់ភ្លាមៗ (ពួកគេនឹងវិនាសខាងឯវិញ្ញាណ រូបកាយ និងព្រលឹង)។ អស់អ្នកណាដែលគាបសង្កត់ ឬមើលងាយមើលថោកមនុស្សជាទីស្រឡាញ់របស់ខ្ញុំ នឹងត្រូវបានជំនុំជម្រះភ្លាមៗ ដោយសេចក្ដីក្រោធរបស់ខ្ញុំ។ នេះមានន័យថា មនុស្សដែលច្រណែននឹងមនុស្សដែលខ្ញុំស្រឡាញ់ ហើយអ្នកដែលគិតថាខ្ញុំមិនសុចរិត នឹងត្រូវបានប្រគល់ទៅឱ្យមនុស្សជាទីស្រឡាញ់របស់ខ្ញុំជំនុំជម្រះ។ អស់អ្នកណាដែលមានឥរិយាបថល្អ សាមញ្ញ និងស្មោះត្រង់ (រួមទាំងអស់អ្នកដែលខ្វះប្រាជ្ញា) និងអ្នកដែលប្រព្រឹត្តចំពោះខ្ញុំដោយភាពស្មោះស្ម័គ្រអស់ពីចិត្ត នឹងនៅក្នុងនគររបស់ខ្ញុំទាំងអស់គ្នា។ អស់អ្នកណាដែលមិនបានឆ្លងកាត់ការហ្វឹកហ្វឺន មានន័យថាមនុស្សស្មោះត្រង់ទាំងនោះដែលខ្វះប្រាជ្ញា និងការយល់ដឹង នឹងមានអំណាចនៅក្នុងនគររបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏ត្រូវបានដោះស្រាយ និងបែកបាក់ផងដែរ។ អ្វីដែលថា ពួកគេមិនឆ្លងកាត់ការហ្វឹកហ្វឺន គឺមិនប្រាកដទេ។ ផ្ទុយទៅវិញ តាមរយៈអ្វីៗទាំងនេះ ខ្ញុំនឹងបង្ហាញគ្រប់គ្នានូវព្រះចេស្ដារបស់ខ្ញុំ និងព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំនឹងទាត់ចោលអស់អ្នកណាដែលនៅតែសង្ស័យខ្ញុំ។ ខ្ញុំមិនចង់បានម្នាក់ក្នុងចំណោមពួកគេទេ (ខ្ញុំស្អប់មនុស្សដែលនៅតែសង្ស័យខ្ញុំដូចពេលនេះ)។ តាមរយៈវិធីនៃទង្វើដែលខ្ញុំធ្វើនៅទូទាំងសកលលោកទាំងមូល នោះខ្ញុំនឹងបង្ហាញមនុស្សស្មោះត្រង់ នូវភាពអស្ចារ្យនៃសកម្មភាពរបស់ខ្ញុំ ភ្លាមៗបន្ទាប់ពីនោះមក ខ្ញុំនឹងបណ្ដាលឱ្យប្រាជ្ញា ការយល់ដឹង និងភាពឆ្លាតវៃរបស់ពួកគេរីកចម្រើន។ ខ្ញុំក៏នឹងបណ្ដាលឱ្យមនុស្សបោកបញ្ឆោតត្រូវបានបំផ្លាញភ្លាមៗ ដោយសារទង្វើដ៏អស្ចារ្យរបស់ខ្ញុំដែរ។ ពួកកូនប្រុសច្បងទាំងអស់ ដែលជាមនុស្សដំបូងគេក្នុងការទទួលយកព្រះនាមរបស់ខ្ញុំ (មានន័យថា មនុស្សដែលបរិសុទ្ធ ឥតខ្ចោះ និងស្មោះត្រង់) នឹងក្លាយជាមនុស្សដំបូងគេដែលទទួលបានច្រកចូលទៅក្នុងនគរព្រះ ហើយត្រួតត្រាលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ជាមួយខ្ញុំ ដោយសោយរាជ្យជាស្ដេចនៅក្នុងនគរព្រះ ហើយជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ (នេះសំដៅលើពួកកូនប្រុសច្បងទាំងអស់នៅក្នុងនគរព្រះ មិនមែនអ្នកដទៃទេ)។ អស់អ្នកដែលនៅក្នុងចំណោមជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដែលត្រូវបានជំនុំជម្រះ និងអ្នកដែលបានប្រែចិត្ត នឹងចូលទៅក្នុងនគររបស់ខ្ញុំ ហើយក្លាយជារាស្ត្ររបស់ខ្ញុំ ខណៈដែលអស់អ្នកដែលរឹងរូស មិនប្រែចិត្ត នឹងត្រូវបោះចូលទៅក្នុងជង្ហុកធំ (ដើម្បីឱ្យវិនាសជារៀងរហូត)។ ការជំនុំជម្រះនៅក្នុងនគរព្រះនឹងក្លាយជាការជំនុំជម្រះចុងក្រោយ ហើយវានឹងក្លាយជាការសម្អាតពិភពលោកដ៏ហ្មត់ចត់របស់ខ្ញុំ។ ដូច្នេះ នឹងគ្មានភាពអយុត្តិធម៌ សេចក្ដីទុក្ខព្រួយ ទឹកភ្នែក ឬការយំខ្សឹកខ្សួលទៀតទេ ហើយលើសពីនេះទៀត នឹងលែងមានពិភពលោកតទៅទៀតហើយ។ គ្រប់យ៉ាងនឹងក្លាយជាការបើកបង្ហាញពីព្រះគ្រីស្ទ ហើយគ្រប់យ៉ាងនឹងក្លាយជានគររបស់ព្រះគ្រីស្ទ។ ពិតជាសិរីល្អមែន! ពិតជាសិរីល្អមែន!
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥៩៨. ពេលនេះ ខ្ញុំប្រកាសឱ្យប្រើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចំពោះអ្នករាល់គ្នា (ដែលមាន ប្រសិទ្ធភាពចាប់ពីថ្ងៃនៃការប្រកាសឱ្យប្រើ ដោយការចាត់ចែងការវាយផ្ចាលផ្សេងៗទៅកាន់មនុស្សខុសៗគ្នា)៖
ខ្ញុំរក្សាសេចក្តីសន្យារបស់ខ្ញុំ ហើយអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ៖ នរណាក៏ដោយដែលមានមន្ទិលសង្ស័យនឹងត្រូវសម្លាប់ជាក់ជាមិនខាន។ គ្មានកន្លែងត្រូវពិចារណាឡើយ។ ពួកគេនឹងត្រូវសម្លាប់គ្មានសល់ ដូច្នេះ ត្រូវគេចចេញពីសេចក្ដីស្អប់នៅក្នុងព្រះទ័យរបស់ខ្ញុំ។ (សូមបញ្ជាក់ថា ចាប់ពីពេលនេះតទៅ នរណាក៏ដោយដែលត្រូវបានសម្លាប់ ច្បាស់ជាមិនមែនសមាជិកនៃនគររបស់ខ្ញុំឡើយ ហើយគេត្រូវតែជាកូនចៅរបស់សាតាំង។)
ក្នុងនាមជាពួកកូនប្រុសច្បង អ្នកគួរតែរក្សាតួនាទីរបស់ខ្លួន ហើយបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងមិនត្រូវចង់ដឹងចង់ឮរឿងរបស់អ្នកដទៃឡើយ។ អ្នកគួរតែថ្វាយខ្លួនចំពោះផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយគ្រប់ទីកន្លែងដែលអ្នកទៅ អ្នកគួរតែធ្វើជាបន្ទាល់ដ៏ល្អអំពីខ្ញុំ និងសរសើរតម្កើងព្រះនាមរបស់ខ្ញុំ។ មិនត្រូវប្រព្រឹត្តសកម្មភាពដ៏អាម៉ាស់ឡើយ។ ចូរធ្វើជាគម្រូសម្រាប់ពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំទាំងអស់។ មិនត្រូវប្រព្រឹត្តរំលងប្រពៃណី សូម្បីតែមួយភ្លែតក៏ដោយ៖ អ្នកត្រូវតែមានវត្តមានជានិច្ចនៅចំពោះមុខមនុស្សម្នាក់ៗ ដោយការនាំយកនូវអត្តសញ្ញាណនៃពួកកូនប្រុសច្បង មិនមែនជាអ្នកបម្រើនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែបោះជំហានទៅមុខដោយងើបក្បាលខ្ពស់ឡើង។ ខ្ញុំកំពុងតែស្នើឱ្យអ្នករាល់គ្នាសរសើរតម្កើងព្រះនាមរបស់ខ្ញុំ មិនមែនធ្វើឱ្យព្រះនាមរបស់ខ្ញុំអាប់ឱននោះទេ។ អស់អ្នកណាដែលជាពួកកូនប្រុសច្បង គឺម្នាក់ៗមានតួនាទីផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនអាចធ្វើបានគ្រប់យ៉ាងឡើយ។ នេះគឺជាទំនួលខុសត្រូវដែលខ្ញុំបានផ្តល់ដល់អ្នករាល់គ្នា ហើយអ្នកមិនត្រូវគេចពីទំនួលខុសត្រូវឡើយ។ អ្នកត្រូវតែលះបង់ខ្លួនអ្នកដោយអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំង ដើម្បីបំពេញអ្វីដែលខ្ញុំបានផ្តល់ដល់អ្នករាល់គ្នា។
ចាប់ពីថ្ងៃនេះតទៅ ភារកិច្ចនៃការឃ្វាលពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំទាំងអស់នៅទូទាំងពិភពសាកលលោក នឹងត្រូវបានប្រគល់ឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំបំពេញ ហើយខ្ញុំនឹងវាយផ្ចាលនរណាដែលមិនអាចថ្វាយចិត្ត និងគំនិតទាំងមូលរបស់ពួកគេដើម្បីបំពេញភារកិច្ចនោះ។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ។ ខ្ញុំនឹងមិនប្រណី ហើយក៏មិនធូររលុងសូម្បីតែចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំឡើយ។
ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកកូនប្រុសរបស់ខ្ញុំ ឬក្នុងចំណោមរាស្ដ្ររបស់ខ្ញុំ ដែលចំអក និងជេរប្រមាថពួកកូនប្រុសច្បងរបស់ខ្ញុំណាម្នាក់ នោះខ្ញុំនឹងដាក់ទោសពួកគេយ៉ាងសាហាវ ព្រោះថាពួកកូនប្រុសច្បងរបស់ខ្ញុំតំណាងឱ្យខ្ញុំផ្ទាល់។ អ្វីដែលនរណាម្នាក់ធ្វើចំពោះពួកគេ ក៏ធ្វើចំពោះខ្ញុំដែរ។ នេះគឺជាភាពធ្ងន់ធ្ងរបំផុតនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ដោយអាស្រ័យលើបំណងប្រាថ្នារបស់ពួកគេ នោះខ្ញុំនឹងអនុញ្ញាតឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំ គ្រប់គ្រងសេចក្តីសុចរិតរបស់ខ្ញុំប្រឆាំងនឹងពួកកូនប្រុស ព្រមទាំងរាស្ត្ររបស់ខ្ញុំដែលបំពានលើបញ្ញត្តិនេះ។
ខ្ញុំនឹងបោះបង់ចោលបន្តិចម្ដងៗនូវអ្នកណាដែលប្រព្រឹត្តចំពោះខ្ញុំយ៉ាងឡេះឡោះ និងផ្តោតតែទៅលើអាហារ សំលៀកបំពាក់ និងដំណេករបស់ខ្ញុំ ចូលរួមតែក្នុងកិច្ចការខាងក្រៅរបស់ខ្ញុំ ហើយមិនមានការពិចារណាចំពោះបន្ទុករបស់ខ្ញុំ ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះការបំពេញតួនាទីផ្ទាល់ខ្លួនរបស់ពួកគេឱ្យបានសមរម្យ។ ការនេះ សំដៅលើអស់អ្នកណាដែលមានត្រចៀក។
នរណាក៏ដោយដែលបញ្ចប់កិច្ចការបម្រើសម្រាប់ខ្ញុំ ត្រូវតែដកខ្លួនចេញទាំងស្ដាប់បង្គាប់ ដោយគ្មានការឈ្លោះប្រកែកឡើយ។ ចូរប្រយ័ត្ន បើមិនដូច្នោះទេ ខ្ញុំនឹងជម្រុះអ្នកចេញ។ (នេះគឺជាបញ្ញត្តិបន្ថែមមួយ។)
ពួកកូនប្រុសច្បងរបស់ខ្ញុំត្រូវតែចាប់កាន់ព្រនង់ដែកចាប់ពីពេលនេះតទៅ ហើយចាប់ផ្តើមប្រតិបត្តិសិទ្ធិអំណាចរបស់ខ្ញុំដើម្បីគ្រប់គ្រងជាតិសាសន៍ និងប្រជាជនទាំងអស់ ដើម្បីដើរនៅក្នុងចំណោមជាតិសាសន៍ និងមនុស្សទាំងអស់ និងដើម្បីអនុវត្តការជំនុំជម្រះ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំនៅក្នុងចំណោមជាតិសាសន៍ និងមនុស្សទាំងអស់។ ពួកកូនប្រុស និងរាស្ដ្ររបស់ខ្ញុំត្រូវតែកោតខ្លាចខ្ញុំ សរសើរតម្កើងខ្ញុំ អបអរខ្ញុំ និងថ្វាយសិរីល្អដល់ខ្ញុំឥតឈប់ឈរ ពីព្រោះផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានសម្រេច ហើយពួកកូនប្រុសច្បងរបស់ខ្ញុំអាចសោយរាជ្យជាមួយខ្ញុំ។
នេះគឺជាផ្នែកមួយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ បន្ទាប់ពីនេះ ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នានូវបញ្ញត្តិរដ្ឋបាលទាំងនេះ នៅពេលដែលកិច្ចការដំណើរការទៅមុខ។ ចេញពីបញ្ញត្តិរដ្ឋបាលខាងលើ អ្នករាល់គ្នានឹងមើលឃើញអំពីជំហានដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ក៏ដូចជាជំហានណាមួយដែលកិច្ចការរបស់ខ្ញុំបានទៅដល់។ នេះគួរតែជាការបញ្ជាក់មួយ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៨៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥៩៩. បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម
(ដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់អត្ថបទទាំងស្រុង)
១) មនុស្សលោកមិនគួរតម្កើងខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គឺត្រូវតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់វិញ។
២) ចូរធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់ឡើយ។ ចូរការពារព្រះនាម ទីបន្ទាល់ និងកិច្ចការរបស់ព្រះជាម្ចាស់។
៣) មាសប្រាក់ សម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្ដិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាតង្វាយដែលមនុស្សគួរថ្វាយ។ តង្វាយទាំងនេះ អាចនឹងមិនមែនសម្រាប់ឱ្យនរណាផ្សេង ក្រៅតែពីបូជាចារ្យ និងព្រះជាម្ចាស់ឡើយ ដ្បិតតង្វាយរបស់មនុស្ស គឺសម្រាប់ឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យ។ ព្រះជាម្ចាស់រំលែកតង្វាយទាំងនេះឱ្យតែបូជាចារ្យប៉ុណ្ណោះ គ្មាននរណាម្នាក់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬមានសិទ្ធិទទួលយកចំណែកណាមួយពីតង្វាយនេះឡើយ។ តង្វាយទាំងអស់របស់មនុស្ស (រាប់បញ្ចូលទាំងលុយ និងសម្ភារៈដែលអាចប្រើប្រាស់បានផង) ត្រូវថ្វាយទៅព្រះជាម្ចាស់ មិនមែនឱ្យទៅមនុស្សឡើយ ដូចនេះ មនុស្សមិនអាចយករបស់ទាំងអស់នេះបានឡើយ។ ប្រសិនបើមនុស្សយករបស់ទាំងនេះ នោះមានន័យថា គេបានលួចយកតង្វាយហើយ។ ជនណាដែលប្រព្រឹត្ដទង្វើបែបនេះគឺដូចយូដាសហើយក្រៅពីជាជនក្បត់ យូដាសក៏បានយកលុយនៅក្នុងថង់តង្វាយមកប្រើប្រាស់សម្រាប់ខ្លួនឯងដែរ។
៤) មនុស្សមាននិស្ស័យពុករលួយ ហើយលើសពីនេះ គេពោរពេញដោយអារម្មណ៍រវើរវាយផង។ ដូចនេះ នៅពេលបម្រើព្រះ គឺត្រូវហាមដាច់ខាត មិនត្រូវមានសមាជិកភេទផ្ទុយគ្នា ធ្វើការជាមួយគ្នាតែពីរនាក់ឡើយ។ បើរកឃើញថា មានបុគ្គលណាប្រព្រឹត្ដបែបនេះ នោះត្រូវបណ្ដេញចេញ ដោយគ្មានការលើកលែងឡើយ។
៥) មិនត្រូវកាត់ទោសជំនួសព្រះជាម្ចាស់ឡើយ ហើយក៏មិនត្រូវពិភាក្សាពីបញ្ហានានាទាក់ទងនឹងព្រះជាម្ចាស់ដែរ។ ចូរធ្វើតាមអ្វីដែលមនុស្សគួរធ្វើ ហើយក៏មិនត្រូវឈានហួសព្រំដែន ឬរំលងដែនកំណត់ឡើយ។ ចូរប្រយ័ត្នអណ្ដាតរបស់អ្នក ហើយរក្សាកន្លែងដែលអ្នកឈានជើងចូល ដើម្បីចៀសវាងធ្វើអ្វីដែលប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។
៦) ចូរប្រព្រឹត្ដអ្វីដែលមនុស្សគួរធ្វើ ព្រមទាំងអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបំពេញទំនួលខុសត្រូវរបស់អ្នក ហើយប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្លួនផង។ ដោយព្រោះអ្នកជឿលើព្រះជាម្ចាស់ អ្នកគួរចូលរួមចំណែកក្នុងកិច្ចការរបស់ទ្រង់។ ប្រសិនបើអ្នកមិនចូលរួមចំណែកទេ នោះអ្នកក៏មិនសាកសមនឹងចូលរួមហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនស័ក្ដិសមនឹងរស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។
៧) ចំពោះកិច្ចការ និងបញ្ហារបស់ពួកជំនុំវិញ ក្រៅពីការស្ដាប់បង្គាប់ព្រះជាម្ចាស់ ចូរធ្វើតាមដំបូន្មានរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើប្រាស់ ក្នុងគ្រប់កិច្ចការទាំងអស់។ សូម្បីតែការបំពានបន្ដិចបន្ទួច ក៏មិនអាចទទួលយកបានដែរ។ ចូររក្សាការអនុវត្តតាមឱ្យបានដាច់ខាត ហើយមិនត្រូវវិភាគរកត្រូវ ឬខុសឡើយ ដ្បិតអ្វីដែលត្រូវ ឬខុសនោះ វាមិនពាក់ព័ន្ធនឹងអ្នកឡើយ។ អ្នកត្រូវខ្វល់ខ្វាយពីខ្លួនឯង គឺមានតែការស្ដាប់បង្គាប់ទាំងស្រុងប៉ុណ្ណោះ។
៨) មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ មិនត្រូវលើកតម្កើង ឬស្ងើចសរសើរបុគ្គលណាម្នាក់ឡើយ។ មិនត្រូវចាត់ទុកព្រះជាទីមួយ ទុកមនុស្សដែលខ្លួនស្ងើចសរសើរជាទីពីរ ហើយចាត់ទុកខ្លួនឯងជាទីបីឡើយ។ ដួងចិត្ដរបស់អ្នកមិនត្រូវមាននរណាផ្សេងទៀតឡើយ ហើយអ្នកមិនត្រូវចាត់ទុកនរណាផ្សេងទៀត ជាពិសេសមនុស្សដែលអ្នកគោរពឱ្យតម្លៃធៀបនឹងព្រះជាម្ចាស់ ឬទុកស្មើនឹងព្រះអង្គឡើយ។ ចំណុចនេះ ព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។
៩) ចូររក្សាគំនិតរបស់អ្នកឱ្យនៅជាប់នឹងកិច្ចការរបស់ពួកជំនុំ។ ត្រូវយកគំនិតដែលគិតពីសាច់ឈាមខ្លួនអ្នកផ្ទាល់ទុកដោយឡែក ត្រូវចេះសម្រេចចិត្ដចំពោះបញ្ហាគ្រួសារ ដោយថ្វាយខ្លួនទាំងស្រុងចំពោះកិច្ចការបស់ព្រះជាម្ចាស់ ហើយត្រូវទុកកិច្ចការរបស់ព្រះជាម្ចាស់ជាទីមួយ រួចទុកជីវិតរស់នៅរបស់ខ្លួនជាទីពីរ។ នេះគឺជាសេចក្ដីថ្លៃថ្នូររបស់ពួកបរិសុទ្ធ។
១០) មិនត្រូវបង្ខំសាច់ញាតិរបស់អ្នក (កូនៗរបស់អ្នក ស្វាមី ឬភរិយា បងប្អូនប្រុសស្រី ឬឪពុកម្ដាយ និងញាតិផ្សេងៗទៀត) ដែលមិនទាន់ជឿ ឱ្យទៅចូលរួមពួកជំនុំឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនខ្វះសមាជិកឡើយ ហើយមិនចាំបាច់បង្កើនចំនួនមនុស្សឡើយ។ មិនត្រូវនាំអស់អ្នកដែលមិនបានជឿដោយចិត្ដរីករាយឱ្យទៅពួកជំនុំឡើយ។ បញ្ញត្តិនេះគឺ សម្រាប់មនុស្សទាំងអស់។ អ្នករាល់គ្នាគួរតែត្រួតពិនិត្យ តាមដាន និងរំឭកគ្នាទៅវិញទៅមកអំពីបញ្ហានេះ គ្មាននរណាម្នាក់អាចបំពានច្បាប់នេះឡើយ។ សូម្បីតែពេលដែលសាច់ញាតិណាដែលមិនទាន់មានជំនឿ រួចចូលក្នុងពួកជំនុំដោយស្ទាក់ស្ទើ នោះពួកគេមិនត្រូវទទួលបានសៀវភៅ ឬឈ្មោះថ្មីឡើយ។ មនុស្សបែបនេះមិនទាន់ជាមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយត្រូវហាមឃាត់ពួកគេមិនឱ្យចូលពួកជំនុំ ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលចាំបាច់។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ចំពោះពួកជំនុំដោយសារតែការលុកលុយរបស់វិញ្ញាណអាក្រក់ នោះខ្លួនអ្នកផ្ទាល់ក៏នឹងត្រូវបណ្ដេញចេញ ឬនឹងត្រូវដាក់ការរឹតបន្តឹងមកលើអ្នក។ សរុបមក គ្រប់គ្នាមានចំណែកទំនួលខុសត្រូវចំពោះបញ្ហានេះ ប៉ុន្តែ អ្នកមិនត្រូវធ្វេសប្រហែស ក៏មិនត្រូវយករឿងនេះដើម្បីសកសឹកគំនុំផ្ទាល់ខ្លួនដែរ។
(ដកស្រង់ពី «ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១)
៦០០. មនុស្សត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជាច្រើនដែលពួកគេគួរបំពេញ។ មនុស្សគួរតែប្រកាន់ខ្ជាប់កាតព្វកិច្ចទាំងនេះ ហើយពួកគេក៏ត្រូវតែបំពេញកាតព្វកិច្ចនេះដែរ។ ចូរអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើទៅចុះ។ មនុស្សមិនអាចជួយអ្វីបានឡើយ។ មនុស្សគួរប្រកាន់ខ្ជាប់កិច្ចការដែលមនុស្សគួរធ្វើ ដោយគ្មានពាក់ព័ន្ធនឹងព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សគ្មានអ្វីក្រៅពីត្រូវគោរពតាមកិច្ចការដែលមនុស្សគួរធ្វើនោះទេ ហើយគួរគោរពតាមកិច្ចការទាំងនោះឱ្យដូចជាបញ្ញត្តិ ឱ្យដូចទៅនឹងការគោរពតាមក្រឹត្យវិន័យនៅក្នុងគម្ពីរសញ្ញាចាស់ដែរ។ ទោះបីពេលនេះ មិនមែនជាយុគសម័យនៃក្រឹត្យវិន័យក៏ដោយ ក៏នៅតែមានព្រះបន្ទូលជាច្រើន ដែលគួរតែគោរពតាមដដែល ជាប្រភេទព្រះបន្ទូលតែមួយដែលបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ មិនមែនគ្រាន់តែត្រូវអនុវត្តតាមព្រះបន្ទូលទាំងនេះដោយពឹងអាងលើការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ មនុស្សគួរតែគោរពតាមព្រះបន្ទូលទាំងនេះ។ ឧទាហរណ៍៖
អ្នកមិនត្រូវធ្វើការវិនិច្ឆ័យចំពោះកិច្ចការរបស់ព្រះដ៏ជាក់ស្ដែងឡើយ។
អ្នកមិនត្រូវប្រឆាំងទាស់នឹងមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។
នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ អ្នកត្រូវស្គាល់តួនាទីខ្លួនឯងនៅកន្លែងណា ហើយមិនត្រូវព្រហើនគ្មានសីលធម៌ទេ។
អ្នកគួរតែនិយាយស្ដីឱ្យចេះប្រមាណខ្លួន ហើយទាំងពាក្យសម្ដី និងសកម្មភាពរបស់អ្នក ត្រូវតែប្រព្រឹត្តទៅតាមការរៀបចំរបស់មនុស្សដែលត្រូវព្រះជាម្ចាស់បានធ្វើបន្ទាល់។
អ្នកគួរគោរពតាមទីបន្ទាល់របស់ព្រះជាម្ចាស់។ អ្នកមិនគួរព្រងើយកន្ដើយចំពោះកិច្ចការរបស់ទ្រង់ និងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ឡើយ។
អ្នកមិនគួរត្រាប់តាមសំឡេង និងបំណងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។
ឫកពារខាងក្រៅ អ្នកមិនត្រូវធ្វើអ្វីប្រឆាំងនឹងមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។
មនុស្សម្នាក់ៗគួរប្រកាន់ខ្ជាប់តាមចំណុចទាំងនេះ។
(ដកស្រង់ពី «បញ្ញត្តិនៅក្នុងយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦០១. សព្វថ្ងៃនេះ គ្មានអ្វីដែលសំខាន់សម្រាប់មនុស្សជាងការគោរពតាមប្រការទាំងនេះឡើយ៖
អ្នកដាច់ខាតមិនត្រូវព្យាយាមលួងលោមបញ្ឆោតព្រះជាម្ចាស់ដែលឈរនៅនឹងមុខអ្នក ឬព្យាយាមបិទបាំងអ្វីមិនឱ្យទ្រង់ទតឃើញឡើយ។
អ្នកមិនត្រូវពោលពាក្យស្មោកគ្រោក ឬនិយាយក្រអឺតក្រទមនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដែលគង់នៅចំពោះមុខអ្នកឡើយ។
អ្នកមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ដែលគង់នៅនឹងមុខអ្នក ដោយពាក្យសម្ដីផ្អែមដូចទឹកឃ្មុំ និងសម្ដីត្រឹមត្រូវ ដើម្បីទទួលបានការជឿទុកចិត្តពីទ្រង់ឡើយ។
អ្នកមិនគួរប្រព្រឹត្តដោយគ្មានការគោរពនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ឡើយ។ អ្នកត្រូវតែស្ដាប់បង្គាប់តាមព្រះបន្ទូលទាំងអស់ដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមិនត្រូវរឹងទទឹង ប្រឆាំងទាស់ ឬប្រកែកតវ៉ានឹងព្រះបន្ទូលរបស់ទ្រង់ឡើយ។
អ្នកមិនត្រូវបកស្រាយតាមដែលអ្នកយល់ឃើញថាសមស្របទៅតាមព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ឡើយ។ អ្នកគួរតែប្រយ័ត្នអណ្ដាតរបស់ខ្លួន ដើម្បីចៀសវាងកុំឱ្យអណ្ដាតនោះធ្វើឱ្យអ្នកធ្លាក់ខ្លួនក្លាយជាចំណីនៃគ្រោងការបោកបញ្ឆោតរបស់ពួកទុច្ចរិត។
អ្នកគួរតែប្រយ័ត្តជំហានរបស់អ្នក ដើម្បីចៀសវាងកុំឱ្យបំពានលើព្រំដែនដែលព្រះជាម្ចាស់បានកំណត់សម្រាប់អ្នក។ ប្រសិនបើអ្នកបំពានព្រំដែននេះ នោះវានឹងបណ្តាលឱ្យអ្នកឈរនៅទីតាំងរបស់ព្រះជាម្ចាស់ និងពោលពាក្យក្រអឺតក្រទម អួតបំប៉ោង ដូច្នេះ ព្រះជាម្ចាស់នឹងស្អប់អ្នកមិនខាន។
អ្នកមិនត្រូវផ្សាយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដោយធ្វេសប្រហែសឡើយ ក្រែងលោអ្នកដទៃណាសើចចំអកមើលងាយអ្នក ហើយក្រែងលោពួកអារក្សលេងល្បិចដាក់អ្នក។
អ្នកត្រូវស្ដាប់បង្គាប់តាមកិច្ចការទាំងអស់របស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ។ បើទោះបីជាអ្នកមិនយល់ពីកិច្ចការនោះក៏ដោយ ក៏អ្នកមិនត្រូវរិះគន់កិច្ចការនោះដែរ។ អ្វីដែលអ្នកអាចធ្វើបាន គឺត្រូវស្វែងរក និងប្រកបគ្នា។
គ្មាននរណាម្នាក់អាចបំពានកន្លែងដើមរបស់ព្រះជាម្ចាស់បានឡើយ។ ក្រៅតែពីបម្រើព្រះជាម្ចាស់នាពេលបច្ចុប្បន្នតាមទស្សនៈរបស់មនុស្ស អ្នកមិនអាចធ្វើអ្វីផ្សេងពីនេះបានទេ។ អ្នកមិនអាចបង្រៀនព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះតាមទស្សនៈរបស់មនុស្សបានទេ ព្រោះការដែលធ្វើដូច្នេះ គឺជារឿងខុស។
គ្មាននរណាម្នាក់អាចឈរនៅទីតាំងរបស់មនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។ ក្នុងពាក្យសម្ដី ការប្រព្រឹត្តិ និងគំនិតកប់ជ្រៅរបស់អ្នក អ្នកត្រូវប្រកាន់តាមទស្សនៈរបស់មនុស្ស។ មនុស្សត្រូវតែគោរពតាម ព្រោះវាជាទំនួសខុសត្រូវរបស់មនុស្ស ហើយគ្មាននរណាម្នាក់អាចកែប្រែបានឡើយ។ ការប៉ុនប៉ងធ្វើការកែប្រែ នឹងបំពានលើបញ្ញត្តិរដ្ឋបាលមិនខាន។ គ្រប់គ្នាគួរតែចងចាំចំណុចនេះទុក។
(ដកស្រង់ពី «បញ្ញត្តិនៅក្នុងយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦០២. រាល់ប្រយោគដែលខ្ញុំថ្លែង គឺមានសិទ្ធិអំណាច និងការជំនុំជម្រះ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះបន្ទូលរបស់ខ្ញុំបានទេ។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំចេញទៅ នោះអ្វីៗពិតជាបានសម្រេចដោយស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ នេះគឺជានិស្ស័យរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំគឺជាសិទ្ធិអំណាច ហើយនរណាដែលកែប្រែព្រះបន្ទូលនោះ គឺប្រមាថនឹងការវាយផ្ចាលរបស់ខ្ញុំ ហើយខ្ញុំត្រូវតែវាយផ្ដួលពួកគេ។ ក្នុងករណីធ្ងន់ធ្ងរ នោះពួកគេនាំយកការបំផ្លាញទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេទៅកាន់ស្ថានឃុំព្រលឹង ឬទៅក្នុងជង្ហុកធំ។ នេះគឺជាវិធីតែមួយដែលខ្ញុំដោះស្រាយជាមួយមនុស្សជាតិ ហើយមនុស្សគ្មានផ្លូវផ្លាស់ប្ដូរវាបានទេ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ចូរចងចាំរឿងនេះ! គ្មាននរណាម្នាក់ត្រូវបានបណ្ដោយឱ្យមើលងាយបញ្ញត្តិរបស់ខ្ញុំបានទេ។ អ្វីៗត្រូវបានសម្រេច ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ! កាលពីអតីតកាល ខ្ញុំដូចជាធូររលុងចំពោះអ្នករាល់គ្នា ហើយអ្នកជួបប្រទះត្រឹមតែព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ ព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលអំពីការវាយផ្ដួលមនុស្ស គឺមិនទាន់កើតឡើងឡើយ។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅ គ្រោះមហន្តរាយទាំងអស់ (ទាំងនេះ ទាក់ទងទៅនឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ) នឹងចូលមកម្ដងមួយៗ ដើម្បីដាក់ទោសអស់អ្នកដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ។ នឹងត្រូវមានការកើតឡើងនូវតថភាព បើមិនដូច្នោះទេ មនុស្សនឹងមិនអាចមើលឃើញសេចក្ដីក្រោធរបស់ខ្ញុំទេ ផ្ទុយទៅវិញពួកគេនឹងប្រមាថខ្លួនឯងម្ដងហើយម្ដងទៀត។ នេះគឺជាជំហាននៃផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយវាគឺជាវិធីដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំនៅជំហានបន្ទាប់។ ខ្ញុំមានបន្ទូលនេះទៅកាន់អ្នករាល់គ្នាទុកជាមុន នោះទើបអ្នករាល់គ្នាអាចចៀសវាងការប្រព្រឹត្តបទល្មើស និងចៀសវាងការឈឺចាប់ដោយការវិនាសជារៀងរហូត។ មានន័យថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ លើកលែងតែពួកកូនប្រុសច្បងរបស់ខ្ញុំ ចូលទៅកាន់ទីកន្លែងសមរម្យរបស់ពួកគេ ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំនឹងវាយផ្ចាលពួកគេម្ដងម្នាក់ៗ។ ខ្ញុំនឹងមិនឱ្យពួកគេសូម្បីតែម្នាក់របូតចេញពីផ្លែសន្ទូចឡើយ។ មើល៎ អ្នករាល់គ្នាហ៊ានប្រមាថម្ដងទៀតទេ! មើល៎ អ្នករាល់គ្នាហ៊ានបះបោរម្ដងទៀតទេ! ខ្ញុំបានមានបន្ទូលកាលពីមុនថា ខ្ញុំសុចរិតចំពោះគ្រប់គ្នា ហើយថា ខ្ញុំគ្មានមនោសញ្ចេតនាប៉ុនសរសៃអំបោះឡើយ ហើយនេះបង្ហាញថា និស្ស័យរបស់ខ្ញុំ មិនត្រូវបានមើលងាយឡើយ។ នេះគឺជាអង្គរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានទេ។ មនុស្សទាំងអស់ស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ ហើយមនុស្សទាំងអស់មើលឃើញព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ។ មនុស្សទាំងអស់ត្រូវតែស្ដាប់បង្គាប់ខ្ញុំទាំងស្រុង និងយ៉ាងពិតប្រាកដ នេះគឺជាបញ្ញាត្តិរដ្ឋបាលរបស់ខ្ញុំ។ មនុស្សទាំងអស់នៅទូទាំងពិភពលោក និងចុងបំផុតនៃផែនដី គួរតែសរសើរ និងលើកតម្កើងខ្ញុំ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ដោយសារខ្ញុំគឺជាអង្គនៃព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះបន្ទូល និងព្រះសូរសៀងរបស់ខ្ញុំ ការមានបន្ទូលនិងឥរិយារបស់ខ្ញុំបានទេ ដោយសារទាំងអស់នេះគឺជាបញ្ហារបស់ខ្ញុំតែមួយអង្គគត់ ហើយទាំងអស់នេះគឺជាអ្វីៗដែលខ្ញុំមានតាំងពីជំនាន់បុរាណបំផុត ហើយដែលនឹងមានជារៀងរហូត។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦០៣. ការជំនុំជម្រះរបស់ខ្ញុំធ្លាក់មកកាន់មនុស្សរាល់គ្នា បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំប៉ះពាល់មនុស្សរាល់គ្នា ហើយព្រះបន្ទូល និងអង្គរបស់ខ្ញុំ ត្រូវបានបើកសម្តែងដល់មនុស្សគ្រប់គ្នា។ នេះគឺជាពេលវេលាសម្រាប់កិច្ចការដ៏អស្ចារ្យនៃព្រះវិញ្ញាណរបស់ខ្ញុំ (នៅពេលនេះ អស់អ្នកដែលនឹងទទួលបានព្រះពរ និងអស់អ្នកដែលនឹងទទួលរងនូវជោគវាសនាអាក្រក់ ត្រូវបានញែកចេញពីគ្នា)។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបញ្ចេញមក នោះខ្ញុំបានញែកអស់អ្នកដែលនឹងទទួលបានព្រះពរ ក៏ដូចជាអស់អ្នកដែលនឹងទទួលរងនូវជោគវាសនាអាក្រក់ហើយ។ ទាំងអស់នេះគឺភ្លឺច្បាស់ដូចត្បូង ហើយខ្ញុំអាចមើលឃើញវាទាំងអស់ក្នុងមួយប៉ប្រិចភ្នែក។ (ខ្ញុំកំពុងបញ្ចេញបន្ទូលបែបនេះទាក់ទងនឹងភាពជាមនុស្សរបស់ខ្ញុំ ដូច្នេះហើយ ព្រះបន្ទូលទាំងនេះមិនផ្ទុយពីការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ខ្ញុំនោះទេ។) ខ្ញុំដើរឆ្លងកាត់ភ្នំ និងទន្លេ ហើយក្នុងចំណោមរបស់សព្វសារពើនៅទូទាំងលំហនៃសាកលលោក ដោយត្រួតពិនិត្យ និងបន្សុទ្ធទីកន្លែងនីមួយៗ ដើម្បីឱ្យទីកន្លែងដែលមិនស្អាត និងដែនដីដែលច្របូកច្របល់ទាំងអស់នោះលែងមានវត្តមានតទៅទៀត ហើយត្រូវបានដុតឱ្យវិនាសបាត់ទៅដោយសារព្រះបន្ទូលរបស់ខ្ញុំ។ ចំពោះខ្ញុំ អ្វីៗគ្រប់យ៉ាងគឺងាយស្រួលទេ។ ប្រសិនបើពេលនេះគឺជាពេលវេលាដែលខ្ញុំបានកំណត់សម្រាប់ការបំផ្លាញពិភពលោក នោះខ្ញុំអាចលេបវាដោយបន្ទូលតែមួយម៉ាត់។ ទោះបីជាយ៉ាងណា ឥឡូវនេះមិនទាន់ដល់ពេលនោះទេ។ គ្រប់យ៉ាងត្រូវតែរួចរាល់មុនពេលដែលខ្ញុំនឹងធ្វើកិច្ចការនេះ ដើម្បីកុំឱ្យផែនការ និងការគ្រប់គ្រងរបស់ខ្ញុំត្រូវបានរំខាន។ ខ្ញុំជ្រាបដឹងពីវិធីដើម្បីធ្វើកិច្ចការនេះយ៉ាងសមហេតុផល៖ ខ្ញុំមាន ប្រាជ្ញា របស់ខ្ញុំ ហើយខ្ញុំមានការគ្រប់គ្រងផ្ទាល់របស់ខ្ញុំ។ មនុស្សមិនត្រូវកម្រើកម្រាមដៃមួយឡើយ ចូរប្រយ័ត្នកុំឱ្យស្លាប់ដោយសារព្រះហស្ដរបស់ខ្ញុំ។ ចំណុចនេះបានប៉ះពាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំរួចហើយ។ តាមរយៈការនេះ បុគ្គលម្នាក់អាចមើលឃើញភាពសាហាវនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ក៏ដូចជាគោលការណ៍នៅពីក្រោយបញ្ញត្តិទាំងនេះ ដែលមានពីរផ្នែក៖ មួយផ្នែក គឺខ្ញុំសម្លាប់អស់អ្នកដែលមិនស្របនឹងបំណង របស់ខ្ញុំ និងអ្នកដែលបំពាននឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ មួយផ្នែកទៀត ក្នុងសេចក្តីក្រោធរបស់ខ្ញុំ ខ្ញុំដាក់បណ្តាសាអស់អ្នកដែលបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ទិដ្ឋភាពទាំងពីរនេះ គឺមិនអាចជៀសវាងបានឡើយ ហើយជាគោលការណ៍ប្រតិបត្តិនៅពីក្រោយបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ មនុស្សម្នាក់ៗត្រូវបានដោះស្រាយទៅតាមគោលការណ៍ទាំងពីរនេះ ដោយគ្មានមនោសញ្ចេតនាឡើយ មិនថាបុគ្គលម្នាក់មានភក្តីភាពយ៉ាងណានោះទេ។ សេចក្តីនេះ គឺគ្រប់គ្រាន់ដើម្បីបង្ហាញពីសេចក្តីសុចរិតរបស់ខ្ញុំ ឫទ្ធានុភាពរបស់ខ្ញុំ និងសេចក្តីក្រោធរបស់ខ្ញុំ ដែលនឹងដុតបំផ្លាញវត្ថុនៃផែនដីទាំងអស់ វត្ថុនៃលោកិយទាំងអស់ និងរបស់សព្វសារពើដែលមិនស្របទៅតាមបំណងរបស់ខ្ញុំ។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំមានអាថ៌កំបាំងដែលនៅតែលាក់បាំងនៅឡើយ ហើយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ក៏មានអាថ៌កំបាំងដែលត្រូវបានបើកសម្តែងដែរ។ ដូច្នេះ ដោយផ្អែកតាមសញ្ញាណរបស់មនុស្ស និងនៅក្នុងចិត្តរបស់មនុស្ស នោះព្រះបន្ទូលរបស់ខ្ញុំគឺមិនអាចយល់បានជារៀងរហូត ហើយដួងព្រះទ័យរបស់ខ្ញុំគឺមិនអាចវាស់ស្ទង់បានជារៀងរហូត។ មានន័យថា ខ្ញុំត្រូវតែយកមនុស្សចេញពីសញ្ញាណ និងការគិតរបស់ពួកគេ។ នេះគឺជាចំណុចសំខាន់បំផុតនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំត្រូវតែធ្វើវាតាមវិធីនេះ ដើម្បីទទួលបានពួកកូនប្រុសច្បងរបស់ខ្ញុំ និងដើម្បីសម្រេចអ្វីៗដែលខ្ញុំសព្វព្រះហឫទ័យចង់ធ្វើ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦០៤. ដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំពាសពេញសកលលោក ព្រមទាំងធ្វើការវាយផ្ចាលដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖
ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)