អំពីងារ និងអត្តសញ្ញាណ

ប្រសិនបើអ្នកចង់មានគុណសម្បត្តិសក្ដិសម ដើម្បីឱ្យព្រះជាម្ចាស់ប្រើ អ្នកត្រូវតែដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែដឹងអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីអតីតកាល (នៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងសញ្ញាចាស់) ហើយលើសពីនេះ អ្នកក៏ត្រូវតែដឹងអំពីកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃផងដែរ។ គឺអាចនិយាយបានថា អ្នកត្រូវតែដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលបានធ្វើជាង ៦ ០០០ ឆ្នាំកន្លងមកនេះ។ ប្រសិនបើអ្នកត្រូវបានស្នើសុំឱ្យផ្សាយដំណឹងល្អ នោះអ្នកនឹងមិនអាចធ្វើកិច្ចការនេះ ដោយមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សម្នាក់អាចសួរអ្នកអំពីសេចក្តីដែលព្រះរបស់អ្នករាល់គ្នាបានមានបន្ទូលទាក់ទងនឹងព្រះគម្ពីរសញ្ញាចាស់ និងអំពីកិច្ចការ ព្រមទាំងព្រះបន្ទូលរបស់ព្រះយេស៊ូវនៅគ្រានោះ។ ប្រសិនបើអ្នកមិនអាចនិយាយចេញពីសាច់រឿងខាងក្នុងព្រះគម្ពីរទេ នោះពួកគេនឹងមិនជឿអ្នកឡើយ។ នៅគ្រានោះ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្រើនអំពីព្រះគម្ពីរសញ្ញាចាស់ជាមួយនឹងពួកសិស្សរបស់ទ្រង់។ គ្រប់យ៉ាងដែលពួកគេបានអាន គឺចេញមកពីព្រះគម្ពីរសញ្ញាចាស់ ហើយព្រះគម្ពីរសញ្ញាថ្មីត្រូវបាននិពន្ធឡើងតែប៉ុន្មានទសវត្សរ៍ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានជាប់ឆ្កាងប៉ុណ្ណោះ។ ដើម្បីផ្សាយដំណឹងល្អ អ្នករាល់គ្នាគួរតែយល់គោលៗអំពីសេចក្តីពិតខាងក្នុងព្រះគម្ពីរ និងយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងស្រុកអ៊ីស្រាអែល ជាកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ា ហើយអ្នកក៏ត្រូវយល់អំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវផងដែរ។ ទាំងនេះគឺជាចំណុចដែលមនុស្សទាំងអស់មានការខ្វល់ខ្វាយបំផុត ហើយសាច់រឿងខាងក្នុងដំណាក់កាលនៃកិច្ចការទាំងពីរនោះ គឺជាអ្វីដែលពួកគេមិនធ្លាប់បានឮឡើយ។ នៅពេលផ្សាយដំណឹងល្អ ជាដំបូង ចូរកុំទាន់អាលនិយាយអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលសព្វថ្ងៃនេះ។ ដំណាក់កាលនៃកិច្ចការនេះ គឺលើសពីអ្វីដែលគេអាចយល់បាន ព្រោះអ្វីដែលអ្នករាល់គ្នាដេញតាម គឺជាសេចក្តីដែលខ្ពង់ខ្ពស់បំផុត ពោលគឺជាចំណេះដឹងអំពីព្រះជាម្ចាស់ និងចំណេះដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មានអ្វីដែលត្រូវបានគេលើកតម្កើងជាងសេចក្តីទាំងពីរនេះឡើយ។ ប្រសិនបើអ្នករាល់គ្នាចាប់ផ្ដើមនិយាយដំបូងអំពីសេចក្តីដែលខ្ពង់ខ្ពស់បែបនេះ នោះវានឹងច្រើនពេកហើយសម្រាប់ពួកគេ ព្រោះថាគ្មាននរណាម្នាក់ធ្លាប់មានបទពិសោធអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះវាមិនធ្លាប់មានពីមុនមកទេ ហើយវាមិនងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយកនោះទេ។ បទពិសោធរបស់គេគឺជាបទពិសោធចាស់ៗពីអតីតកាល ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការម្ដងម្កាល។ អ្វីដែលគេមានបទពិសោធនោះ មិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលសព្វថ្ងៃ ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃឡើយ។ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ចាស់ ដោយគ្មានពន្លឺថ្មី និងកិច្ចការថ្មីៗដដែល។

នៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើកិច្ចការរបស់ទ្រង់ជាចម្បងនៅក្នុងព្រះយេស៊ូវ ខណៈពេលដែលអស់អ្នកដែលបម្រើព្រះយេហូវ៉ា ទាំងសម្លៀកបំពាក់ជាបូជាចារ្យនៅក្នុងព្រះវិហារ បានធ្វើកិច្ចការរបស់គេ ដោយចិត្តភក្ដីភាពឥតងាករេ។ ពួកគេក៏មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ប៉ុន្តែពួកគេមិនអាចយល់អំពីព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់ឡើយ គឺគេគ្រាន់តែស្មោះត្រង់ចំពោះព្រះយេហូវ៉ាស្របតាមការអនុវត្តចាស់ៗ ហើយគ្មានការដឹកនាំថ្មីៗនោះឡើយ។ ព្រះយេស៊ូវបានយាងមក ហើយបាននាំមកនូវកិច្ចការថ្មី ប៉ុន្តែអស់អ្នកដែលបម្រើនៅក្នុងព្រះវិហារមិនមានការដឹកនាំថ្មីៗទេ ហើយពួកគេក៏គ្មាននូវកិច្ចការថ្មីៗដែរ។ ដោយការបម្រើនៅក្នុងព្រះវិហារ ពួកគេគ្រាន់តែអាចប្រកាន់ខ្ជាប់នូវការអនុវត្តចាស់ៗប៉ុណ្ណោះ ហើយដោយគ្មានការចាកចេញពីព្រះវិហារ ពួកគេក៏មិនអាចមាននូវច្រកចូលថ្មីណាមួយដែរ។ កិច្ចការថ្មីត្រូវបាននាំមកដោយព្រះយេស៊ូវ ហើយព្រះយេស៊ូវមិនបានចូលទៅក្នុងព្រះវិហារ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឡើយ។ ទ្រង់គ្រាន់តែធ្វើកិច្ចការរបស់ទ្រង់នៅខាងក្រៅព្រះវិហារប៉ុណ្ណោះ ព្រោះវិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរជាយូរឆ្នាំមកហើយ។ ទ្រង់មិនបានធ្វើកិច្ចការនៅក្នុងព្រះវិហារ ហើយនៅពេលដែលមនុស្សបានបម្រើព្រះជាម្ចាស់នៅទីនោះ វាគ្រាន់តែជាការបម្រើតាមទម្លាប់ប៉ុណ្ណោះ ហើយវាមិនអាចនាំមកនូវកិច្ចការថ្មីនោះឡើយ។ ដូចគ្នាដែរ អ្នកដឹកនាំសាសនានាពេលសព្វថ្ងៃ នៅតែថ្វាយបង្គំព្រះគម្ពីរ។ ប្រសិនបើអ្នកផ្សាយដំណឹងល្អទៅកាន់ពួកគេ នោះពួកគេនឹងបោះសម្ដីមកកាន់អ្នកវិញជាសេចក្តីលម្អិតគួរសមអំពីព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ហើយពួកគេនឹងមានភស្តុតាងជាច្រើន ដើម្បីធ្វើឱ្យអ្នកស្រឡាំងកាំង និងកប់យោបល់។ បន្ទាប់មក ពួកគេនឹងដាក់ងារឱ្យអ្នក ហើយគិតថា អ្នករាល់គ្នាជាមនុស្សល្ងីល្ងើនៅក្នុងសេចក្តីជំនឿរបស់អ្នក។ ពួកគេនឹងនិយាយថា៖ «អ្នកមិនទាំងដឹងអំពីព្រះគម្ពីរ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង តើអ្នកអាចនិយាយថាអ្នកជឿលើព្រះជាម្ចាស់ដូចម្ដេចកើតទៅ?» បន្ទាប់មក គេនឹងមើលងាយអ្នក ហើយនិយាយថា៖ «ដោយសារតែព្រះមួយអង្គដែលអ្នករាល់គ្នាជឿ គឺជាព្រះជាម្ចាស់ ចុះហេតុអ្វីបានជាទ្រង់មិនមានបន្ទូលប្រាប់អ្នករាល់គ្នា គ្រប់ទាំងសេចក្តីអំពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី? ដោយសារតែទ្រង់បាននាំសិរីល្អរបស់ទ្រង់ ចេញពីអ៊ីស្រាអែលទៅទិសខាងកើត ហេតុអ្វីបានជាទ្រង់មិនជ្រាបដឹងអំពីកិច្ចការដែលបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល? ហេតុអ្វីបានជាទ្រង់មិនបានជ្រាបដឹងអំពីកិច្ចការរបស់ព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នាមិនដឹង នោះបញ្ជាក់ឱ្យឃើញថា ទ្រង់មិនបានមានបន្ទូលប្រាប់អ្នករាល់គ្នា ហើយដោយសារតែទ្រង់ជាព្រះយេស៊ូវដែលយកកំណើតជាមនុស្សលើកទីពីរ តើទ្រង់មិនអាចជ្រាបដឹងអំពីកិច្ចការទាំងនេះ ដូចម្ដេចទៅ? ព្រះយេស៊ូវបានជ្រាបដឹងអំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ា តើទ្រង់មិនអាចជ្រាបដឹងយ៉ាងដូចម្ដេចទៅ?» នៅពេលដែលពេលកំណត់បានមកដល់ ពួកគេទាំងអស់គ្នានឹងសួរអ្នកនូវសំណួរទាំងនេះ។ ក្បាលរបស់គេ គឺពេញដោយសេចក្តីបែបនេះ តើពួកគេអាចមិនសួរនាំយ៉ាងដូចម្ដេចទៅ? ក្នុងចំណោមអ្នករាល់គ្នាដែលស្ថិតនៅក្នុងចរន្តនេះ មិនបានផ្ដោតទៅលើព្រះគម្ពីរឡើយ ដ្បិតអ្នករាល់គ្នាបានបន្តតាមដាននូវកិច្ចការមួយជំហានម្ដងៗ ដែលត្រូវបានធ្វើដោយព្រះជាម្ចាស់នាពេលសព្វថ្ងៃ អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកអំពីកិច្ចការមួយជំហានម្ដងៗនេះ ហើយអ្នកបានឃើញយ៉ាងច្បាស់អំពីដំណាក់កាលទាំងបីនៃកិច្ចការ ដូច្នេះ អ្នកត្រូវតែទម្លាក់ព្រះគម្ពីរចុះ ហើយផ្អាកការសិក្សាសិន។ ប៉ុន្តែ ពួកគេមិនអាចផ្អាកការសិក្សាបានឡើយព្រោះពួកគេមិនដឹងអំពីកិច្ចការមួយជំហានម្ដងៗនេះឡើយ។ មនុស្សខ្លះនឹងសួរថា «តើអ្វីទៅជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ និងកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីអតីតកាល? ស្ដេចដាវីឌត្រូវបានហៅថា ព្រះអម្ចាស់ ឯព្រះយេស៊ូវក៏ត្រូវបានហៅបែបនេះដែរ ហើយទោះបីជាកិច្ចការ ដែលពួកទ្រង់បានធ្វើខុសគ្នាក៏ដោយ ក៏ពួកទ្រង់ត្រូវបានគេហៅដូចគ្នា។ ចូរប្រាប់ខ្ញុំបន្ដិចមើល៍ថា ហេតុអ្វីបានជាអត្តសញ្ញាណរបស់ពួកទ្រង់មិនដូចគ្នា? អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ជានិមិត្តដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធដែរ ហើយគាត់អាចនិយាយអំពីសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធចង់មានព្រះបន្ទូលទៀត ដូច្នេះ ហេតុអ្វីបានជាអត្តសញ្ញាណរបស់យ៉ូហានខុសពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ?» ព្រះបន្ទូលដែលចេញពីព្រះយេស៊ូវអាចតំណាងឱ្យព្រះជាម្ចាស់យ៉ាងពេញលេញ ហើយព្រះបន្ទូលទាំងនោះបានតំណាងយ៉ាងពេញលេញឱ្យកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ហើយគាត់មិនអាចមានសមត្ថភាពតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងពេញលេញនោះឡើយ។ ហេតុអ្វីបានជាយ៉ូហាន ពេត្រុស និងប៉ុលបានថ្លែងនូវពាក្យជាច្រើន ដូចជាព្រះយេស៊ូវដែរ ប៉ុន្តែពួកគេមិនមានអត្តសញ្ញាណដូចជាព្រះយេស៊ូវ? ជាចម្បង គឺដោយសារតែកិច្ចការដែលពួកគេបានធ្វើ មានលក្ខណៈខុសគ្នា។ ព្រះយេស៊ូវបានតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការដោយផ្ទាល់។ ទ្រង់បានធ្វើកិច្ចការនៃយុគសម័យថ្មី ជាកិច្ចការមួយដែលគ្មាននរណាម្នាក់ធ្លាប់បានធ្វើពីមុនមកឡើយ។ ទ្រង់បានរៀបចំផ្លូវមួយថ្មី ទ្រង់បានតំណាងឱ្យព្រះយេហូវ៉ា ហើយទ្រង់បានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ ចំណែកឯពេត្រុស ប៉ុល និងដាវីឌវិញ មិនថាពួកគេត្រូវបានត្រាស់ហៅឱ្យធ្វើអ្វីនោះឡើយ ពួកគេគ្រាន់តែបានតំណាងឱ្យអត្តសញ្ញាណជាសត្តនិករមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេត្រូវបានព្រះយេស៊ូវ ឬព្រះយេហូវ៉ាបញ្ជូនមក។ ដូច្នេះ មិនថាពួកគេធ្វើកិច្ចការបានច្រើនយ៉ាងណា មិនថាពួកគេបានធ្វើការអស្ចារ្យធំៗបែបណានោះទេ ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាពតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេបានធ្វើការនៅក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ឬបានធ្វើការ ក្រោយពេលត្រូវបានព្រះជាម្ចាស់បញ្ជូនមកប៉ុណ្ណោះ ហើយលើសពីនេះ ពួកគេបានធ្វើការនៅក្នុងយុគសម័យដែលបានចាប់ផ្ដើមដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា ហើយពួកគេមិនបានធ្វើកិច្ចការណាផ្សេងទៀតឡើយ។ សរុបមក ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានហោរាជាច្រើនបានថ្លែងទំនាយ ឬបាននិពន្ធនូវកណ្ឌគម្ពីរទំនាយជាច្រើន។ គ្មាននរណាម្នាក់និយាយថា ពួកគេជាព្រះជាម្ចាស់ឡើយ ប៉ុន្តែពេលដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើកិច្ចការ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើបន្ទាល់ថា ទ្រង់ជាព្រះជាម្ចាស់។ តើនោះជាអ្វីទៅ? នៅត្រង់នេះ អ្នកគួរតែបានដឹងរួចហើយ! កាលពីមុន ពួកសាវ័ក និងពួកហោរាបានសរសេរសំបុត្រជាច្រើន ហើយបានថ្លែងទំនាយជាច្រើនដែរ។ ក្រោយមក មនុស្សបានជ្រើសរើសយកសំបុត្រ និងសេចក្ដីទំនាយមួយចំនួនមកដាក់នៅក្នុងព្រះគម្ពីរ ហើយសំបុត្រ និងទំនាយខ្លះទៀតត្រូវបានបាត់បង់។ ដោយសារតែមានមនុស្សដែលនិយាយថា គ្រប់ទាំងសេចក្តីដែលពួកគេនិយាយ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ តើហេតុអ្វីបានជាសេចក្តីខ្លះត្រូវបានចាត់ទុកថាល្អ ហើយសេចក្តីខ្លះទៀត ត្រូវបានចាត់ទុកថាអាក្រក់? ហើយហេតុអ្វីបានជាសេចក្តីខ្លះត្រូវបានជ្រើសរើស ហើយសេចក្តីខ្លះទៀតមិនត្រូវបានជ្រើសរើសដូច្នេះ? ប្រសិនបើសេចក្តីទាំងនោះ ពិតជាព្រះបន្ទូលដែលថ្លែងចេញពីព្រះវិញ្ញាណបរិសុទ្ធមែន ហេតុអ្វីបានជាវាចាំបាច់សម្រាប់មនុស្សក្នុងការជ្រើសរើសសេចក្តីទាំងនោះ? ហេតុអ្វីបានជារឿងរ៉ាវនៃព្រះបន្ទូល ដែលត្រូវបានថ្លែងចេញពីព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ មានលក្ខណៈខុសៗគ្នានៅក្នុងកណ្ឌគម្ពីរនីមួយៗនៃកណ្ឌគម្ពីរដំណឹងល្អទាំងបួនក្បាលបែបនេះ? តើនេះមិនមែនជាកំហុសរបស់មនុស្សដែលបានកត់ត្រាព្រះបន្ទូលទាំងនោះទេឬ? មនុស្សខ្លះនឹងសួរថា៖ «ដោយសារតែសំបុត្រដែលត្រូវបាននិពន្ធដោយប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀត និងកិច្ចការដែលពួកគេបានធ្វើ មានផ្នែកខ្លះចេញមកពីឆន្ទៈរបស់មនុស្ស ហើយត្រូវបានលាយឡំដោយសញ្ញាណរបស់មនុស្ស ដូច្នេះ តើវាគ្មានភាពមិនបរិសុទ្ធរបស់មនុស្សនៅក្នុងព្រះបន្ទូលដែលទ្រង់ (ព្រះជាម្ចាស់) មានបន្ទូលនាពេលសព្វថ្ងៃទេឬអី? តើព្រះបន្ទូលទាំងនោះ ពិតជាគ្មានផ្ទុកនូវសញ្ញាណរបស់មនុស្សមែនឬ?» ដំណាក់កាលនៃកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់នេះ គឺមានលក្ខណៈខុសប្លែកទាំងស្រុងពីដំណាក់កាលដែលត្រូវបានធ្វើដោយប៉ុល ពួកសាវ័ក និងពួកហោរាជាច្រើននាក់។ វាមិនគ្រាន់តែមានភាពខុសគ្នាមួយនៅក្នុងអត្តសញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែតាមគោលការណ៍ វាមាននូវភាពខុសគ្នាមួយនៅក្នុងកិច្ចការដែលត្រូវអនុវត្តផងដែរ។ ក្រោយពេលដែលប៉ុលត្រូវបានដួលចុះនៅចំពោះព្រះភ័ក្រ្ដព្រះអម្ចាស់ គាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើការ ហើយគាត់បានក្លាយជាបុគ្គលម្នាក់ដែលត្រូវបានបញ្ជូនឱ្យចេញទៅ។ ដូច្នេះ គាត់បានសរសេរសំបុត្រទៅកាន់ពួកជំនុំ ហើយសំបុត្រទាំងអស់នេះសុទ្ធតែសរសេរឡើងតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ។ ប៉ុលត្រូវបានព្រះអម្ចាស់បញ្ជូនឱ្យទៅធ្វើការ នៅក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ផ្ទាល់បានយាងមក ទ្រង់មិនបានធ្វើកិច្ចការនៅក្នុងនាមណាមួយឡើយ ហើយក៏មិនបានតំណាងឱ្យនរណាម្នាក់ដែរ ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់នោះ។ ព្រះជាម្ចាស់បានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់៖ ទ្រង់មិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយមនុស្ស ហើយកិច្ចការរបស់ទ្រង់ក៏មិនត្រូវបានអនុវត្តស្របតាមសេចក្តីបង្រៀនរបស់មនុស្សណាម្នាក់ដែរ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនបានដឹកនាំ ដោយមានបន្ទូលអំពីបទពិសោធផ្ទាល់ខ្លួនរបស់ទ្រង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ស្របតាមអ្វីដែលទ្រង់មាន។ ឧទាហរណ៍ ការល្បងលរបស់អ្នកស៊ីឈ្នួល ពេលវេលានៃការវាយផ្ចាល ការល្បងលនៃសេចក្តីស្លាប់ ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់...។ ទាំងអស់នេះសុទ្ធតែជាកិច្ចការដែលមិនធ្លាប់ត្រូវបានធ្វើពីមុនមកឡើយ ហើយក៏ជាកិច្ចការដែលចេញពី យុគសម័យបច្ចុប្បន្ន ជាជាងចេញពីបទពិសោធរបស់មនុស្ស។ នៅក្នុងព្រះបន្ទូលដែលខ្ញុំបានថ្លែង តើមានព្រះបន្ទូលណាខ្លះដែលជាបទពិសោធរបស់មនុស្ស? តើព្រះបន្ទូលទាំងអស់នោះមិនចេញមកដោយផ្ទាល់ពីព្រះវិញ្ញាណទេឬ? តើព្រះបន្ទូលទាំងនោះមិនត្រូវបានថ្លែងចេញមកពីព្រះវិញ្ញាណទេឬ? គឺដោយសារតែគុណសម្បត្តិរបស់អ្នកអន់ពេក ទើបអ្នកគ្មានសមត្ថភាពមើលឃើញសេចក្តីពិតនោះ! ផ្លូវនៃជីវិតដ៏ជាក់ស្ដែងដែលខ្ញុំថ្លែងនេះ គឺដើម្បីនាំផ្លូវ ហើយផ្លូវនេះមិនធ្លាប់បាននិយាយដោយនរណាម្នាក់ពីមុនមកឡើយ ហើយក៏គ្មាននរណាម្នាក់ធ្លាប់មានបទពិសោធអំពីផ្លូវមួយនេះ ឬបានស្គាល់ពីការពិតនេះដែរ។ មុនពេលខ្ញុំថ្លែងព្រះបន្ទូលទាំងនេះ គ្មាននរណាម្នាក់ធ្លាប់បាននិយាយវាពីមុនមកឡើយ។ គ្មាននរណាម្នាក់ធ្លាប់បាននិយាយអំពីបទពិសោធបែបនេះ ហើយក៏មិនធ្លាប់មាននរណានិយាយលម្អិតបែបនេះនោះដែរ ហើយលើសពីនេះទៅទៀត ក៏គ្មាននរណាម្នាក់ធ្លាប់លើកឡើងអំពីសភាពបែបនេះ ដើម្បីបើកសម្ដែងពីសេចក្តីទាំងនេះដែរ។ គ្មាននរណាម្នាក់ធ្លាប់បានដឹកនាំផ្លូវដែលខ្ញុំដឹកនាំនៅថ្ងៃនេះឡើយ ហើយបើវាត្រូវបានដឹកនាំដោយមនុស្សពីមុនមក ដូច្នេះ វាមិនមែនជាផ្លូវថ្មីនោះឡើយ។ សូមយកប៉ុល និងពេត្រុស មកធ្វើជាឧទាហរណ៍ចុះ។ មុនពេលព្រះយេស៊ូវបានដឹកនាំផ្លូវ ពួកគេមិនធ្លាប់មានបទពិសោធផ្ទាល់ខ្លួនរបស់គេឡើយ។ មានតែក្រោយពេលដែលព្រះយេស៊ូវបានដឹកនាំផ្លូវរួចហើយប៉ុណ្ណោះ ទើបពួកគេបានមានបទពិសោធអំពីព្រះបន្ទូលដែលត្រូវបានថ្លែងដោយព្រះយេស៊ូវ និងផ្លូវដែលត្រូវបានដឹកនាំដោយទ្រង់។ ដោយហេតុនេះ ពួកគេបានទទួលនូវបទពិសោធជាច្រើន ហើយពួកគេក៏បានសរសេរនូវសំបុត្រជាច្រើនដែរ។ ដូច្នេះ បទពិសោធរបស់មនុស្ស មិនដូចជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏មិនដូចជាចំណេះដឹង ដែលត្រូវបានពណ៌នាដោយសញ្ញាណ និងបទពិសោធរបស់មនុស្សដែរ។ ខ្ញុំបានមានបន្ទូលម្ដងហើយម្ដងទៀតថា នៅថ្ងៃនេះ ខ្ញុំកំពុងតែដឹកនាំផ្លូវមួយថ្មី និងកំពុងតែធ្វើកិច្ចការមួយថ្មី ហើយកិច្ចការនិងព្រះសូរសៀងរបស់ខ្ញុំ មានលក្ខណៈខុសគ្នាពីកិច្ចការ និងសូរសំឡេងរបស់យ៉ូហាន និងពួកហោរាទាំងអស់ផ្សេងទៀត។ ជាដំបូង ខ្ញុំមិនដែលទទួលបានបទពិសោធ ហើយបន្ទាប់មកមានបន្ទូលអំពីបទពិសោធទាំងនោះប្រាប់អ្នករាល់គ្នា គឺខ្ញុំមិនដែលបានធ្វើបែបនេះឡើយ។ បើខ្ញុំធ្វើបែបនេះ តើវានឹងមិនបានពន្យារពេលអ្នករាល់គ្នាកាលពីយូរលង់ណាស់មកហើយទេឬអី? កាលពីអតីកាល ចំណេះដឹងដែលមនុស្សជាច្រើនបានថ្លែង ក៏ត្រូវបានលើកតម្កើងឡើង ប៉ុន្តែពាក្យទាំងអស់របស់គេគ្រាន់តែជាពាក្យដែលថ្លែងចេញពីមនុស្សដែលត្រូវបានហៅថាជាបុគ្គលអស្ចារ្យខាងវិញ្ញាណប៉ុណ្ណោះ។ ពាក្យទាំងនោះមិនបានដឹកនាំផ្លូវឡើយ ប៉ុន្តែបានចេញមកពីបទពិសោធ ចេញមកពីអ្វីដែលគេបានឃើញ និងចេញមកពីចំណេះដឹងរបស់គេប៉ុណ្ណោះ។ ពាក្យខ្លះចេញមកពីសញ្ញាណរបស់គេ ហើយពាក្យខ្លះទៀតចេញមកពីបទពិសោធដែលពួកគេបានធ្វើការសង្ខេបប៉ុណ្ណោះ។ នៅថ្ងៃនេះ និស្ស័យនៃកិច្ចការរបស់ខ្ញុំ គឺខុសស្រះឡះពីពួកគេ។ ខ្ញុំមិនធ្លាប់មានបទពិសោធឱ្យអ្នកដទៃដឹកនាំ ហើយខ្ញុំក៏មិនធ្លាប់បានទទួលការប្រោសឱ្យគ្រប់លក្ខណ៍ពីអ្នកដទៃដែរ។ លើសពីនេះទៅទៀត រាល់សេចក្តីដែលខ្ញុំបានថ្លែង និងបានប្រកប គឺមានលក្ខណៈខុសពីសេចក្តីរបស់អ្នកឯទៀតៗ ហើយក៏ជាសេចក្តីដែលមិនធ្លាប់មាននរណាម្នាក់បានថ្លែងពីមុនមកដែរ។ នៅថ្ងៃនេះ មិនថាអ្នករាល់គ្នាជានរណាឡើយ គឺកិច្ចការរបស់អ្នកត្រូវតែអនុវត្តដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលដែលខ្ញុំថ្លែង។ បើគ្មានព្រះសូរសៀង និងកិច្ចការទាំងនេះទេ តើនរណានឹងមានសមត្ថភាពដកពិសោធន៍សេចក្តីទាំងនេះ (ការល្បងលរបស់ពួកអ្នកស៊ីឈ្នួល ពេលវេលានៃការវាយផ្ចាល...) ហើយតើនរណាអាចនឹងនិយាយពី ចំណេះដឹងបែបនេះបានទៅ? តើអ្នកពិតជាគ្មានសមត្ថភាពមើលឃើញចំណុចនេះមែនឬ? មិនថាជំហាននៃកិច្ចការនោះបែបណាឡើយ គឺនៅពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានថ្លែងចេញទៅ នោះអ្នករាល់គ្នាចាប់ផ្ដើមការប្រកបគ្នាស្របតាមព្រះបន្ទូលរបស់ខ្ញុំ និងធ្វើការស្របតាមព្រះបន្ទូលទាំងនោះ ហើយនេះមិនមែនជាផ្លូវមួយដែលនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្លាប់បានគិតនោះឡើយ។ ដោយបានមកឆ្ងាយបែបនេះហើយ តើអ្នកគ្មានសមត្ថភាពមើលឃើញសំណួរដ៏ច្បាស់លាស់ និងសាមញ្ញនេះទេឬអី? វាមិនមែនជាផ្លូវមួយដែលមនុស្សម្នាក់ធ្លាប់បានគិតនោះទេ ហើយវាក៏មិនមានមូលដ្ឋានចេញមកពីបុគ្គលអស្ចារ្យខាងវិញ្ញាណណាម្នាក់ដែរ។ វាជាផ្លូវថ្មីមួយ ហើយសូម្បីតែព្រះបន្ទូលជាច្រើនដែលព្រះយេស៊ូវធ្លាប់បានមានបន្ទូល ក៏ប្រើការលែងបានដែរ។ អ្វីដែលខ្ញុំមានបន្ទូល គឺជាកិច្ចការនៃការបើកយុគសម័យថ្មីមួយ ហើយវាជាកិច្ចការដែលឯករាជ្យ ដ្បិតកិច្ចការដែលខ្ញុំធ្វើ និងព្រះបន្ទូលដែលខ្ញុំថ្លែង សុទ្ធតែថ្មីទាំងអស់។ តើនេះមិនមែនជាកិច្ចការថ្មីនាពេលសព្វថ្ងៃទេឬ? កិច្ចការរបស់ព្រះយេស៊ូវ ក៏មានលក្ខណៈបែបនេះផងដែរ។ កិច្ចការរបស់ទ្រង់មានលក្ខណៈខុសប្លែកពីកិច្ចការរបស់មនុស្សនៅក្នុងព្រះវិហារ ខុសពីកិច្ចការរបស់ពួកផារិស៊ី ហើយក៏មិនមានលក្ខណៈស្រដៀងគ្នាទៅនឹងកិច្ចការដែលត្រូវបានធ្វើដោយប្រជាជនអ៊ីស្រាអែលទាំងអស់នោះដែរ។ ក្រោយពីបានឃើញផ្ទាល់ភ្នែកហើយ មនុស្សមិនអាចសម្រេចចិត្តបានឡើយថា៖ «វាពិតជាត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ឬ?» ព្រះយេស៊ូវមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ ហើយនៅពេលដែលទ្រង់បានយាងមកបង្រៀនមនុស្ស រាល់សេចក្តីដែលទ្រង់បានមានបន្ទូលគឺសុទ្ធតែថ្មី និងមានលក្ខណៈខុសប្លែកពីអ្វីដែលត្រូវបានថ្លែងដោយពួកបរិសុទ្ធ និងពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ ហើយដោយសារតែការនេះហើយ ទើបមនុស្សនៅតែមិនទាន់ច្បាស់លាស់។ នេះគឺជាអ្វីដែលធ្វើឱ្យមនុស្សពិបាកដោះស្រាយជាមួយ។ មុនពេលទទួលយកដំណាក់កាលថ្មីនៃកិច្ចការនេះ ផ្លូវដែលអ្នករាល់គ្នាភាគច្រើនបានដើរ គឺជាការអនុវត្ត និងការចូលទៅលើគ្រឹះមូលដ្ឋានចេញពីបុគ្គលអស្ចារ្យខាងវិញ្ញាណប៉ុណ្ណោះ។ ប៉ុន្តែ នៅថ្ងៃនេះ កិច្ចការដែលខ្ញុំធ្វើ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ដែលជាហេតុនាំឱ្យអ្នករាល់គ្នាមិនអាចសម្រេចចិត្តបានឡើយថា វាត្រឹមត្រូវ ឬក៏ខុសនោះ។ ខ្ញុំមិនខ្វល់អំពីផ្លូវដែលអ្នកបានដើរកាលពីមុននោះឡើយ ហើយក៏មិនចាប់អារម្មណ៍លើ «អាហារ» របស់នរណាដែលអ្នកបានទទួលទាន ឬនរណាដែលអ្នកយកធ្វើជា «ឪពុក» របស់អ្នកនោះដែរ។ ដោយសារតែខ្ញុំបាននាំមកនូវកិច្ចការថ្មី ដើម្បីដឹកនាំមនុស្ស ដូច្នេះ អស់អ្នកណាដែលដើរតាមខ្ញុំ ត្រូវតែប្រព្រឹត្តតាមអ្វីដែលខ្ញុំមានបន្ទូល។ មិនថាអ្នកចេញមកពី «ក្រុមគ្រួសារ» ដែលមានអំណាចប៉ុនណាឡើយ គឺអ្នកត្រូវតែដើរតាមខ្ញុំ អ្នកមិនត្រូវប្រព្រឹត្តស្របតាមទម្លាប់ពីអតីតកាលរបស់អ្នកឡើយ «ឪពុកចិញ្ចឹម» របស់អ្នកគួរតែចុះចេញ ហើយអ្នកគួរតែមកនៅចំពោះព្រះជាម្ចាស់របស់អ្នក ដើម្បីស្វែងរកចំណែកដ៏ស្របច្បាប់របស់អ្នកវិញ។ អ្វីៗទាំងអស់របស់អ្នកស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយអ្នកមិនគួរជឿទាំងងងឹតងងល់ខ្លាំងពេកលើឪពុកចិញ្ចឹមរបស់អ្នកនោះឡើយ ព្រោះថាគេមិនអាចគ្រប់គ្រងលើអ្នកបានទាំងស្រុងឡើយ។ កិច្ចការនាពេលសព្វថ្ងៃ គឺជាកិច្ចការដែលឯករាជ្យ។ គ្រប់យ៉ាងដែលខ្ញុំមានបន្ទូលនៅថ្ងៃនេះ មិនមានមូលដ្ឋានចេញពីអតីតកាលឡើយ។ ហើយវាជាទីចាប់ផ្ដើមថ្មីមួយ ហើយប្រសិនបើអ្នកនិយាយថា វាត្រូវបានបង្កើតឡើងដោយដៃរបស់មនុស្ស នោះអ្នកជាមនុស្សម្នាក់ដែលមានភ្នែកខ្វាក់ងងឹតមើលមិនឃើញ ហើយពិបាកនឹងសង្រ្គោះណាស់!

អេសាយ អេសេគាល ម៉ូសេ ដាវីឌ អ័ប្រាហាំ និងដានីយ៉ែល សុទ្ធតែជាអ្នកដឹកនាំ ឬហោរានៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់អ៊ីស្រាអែល។ ហេតុអ្វីបានជាពួកគេមិនត្រូវបានហៅថា ព្រះជាម្ចាស់ដូច្នេះ? ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើបន្ទាល់អំពីពួកគេ? ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះយេស៊ូវ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ និងចាប់ផ្ដើមមានបន្ទូលរបស់ទ្រង់ច្នេះ? ហើយហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើបន្ទាល់អំពីអ្នកដទៃ? មនុស្សដែលចេញមកពីសាច់ឈាម ពួកគេត្រូវបានហៅថា «ព្រះអម្ចាស់»។ មិនថាពួកគេត្រូវបានហៅបែបណានោះទេ គឺកិច្ចការរបស់គេតំណាងឱ្យលក្ខណៈ និងសារជាតិរបស់គេ ហើយលក្ខណៈ និងសារជាតិរបស់គេតំណាងឱ្យអត្តសញ្ញាណរបស់គេ។ សារជាតិរបស់គេមិនជាប់ទាក់ទងអ្វីទៅនឹងងាររបស់គេឡើយ ព្រោះថាវាត្រូវបានតំណាងឱ្យអ្វីដែលពួកគេបានបង្ហាញ និងអ្វីដែលពួកគេបានស្ដែងចេញតាមការរស់នៅ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ វាគ្មានអ្វីមួយចេញពីមនុស្សសាមញ្ញដែលត្រូវបានហៅថា ព្រះអម្ចាស់នោះទេ ហើយទោះបីជាបុគ្គលម្នាក់អាចត្រូវបានគេហៅតាមរបៀបណាមួយក៏ដោយ ប៉ុន្តែសារជាតិ និងអត្តសញ្ញាណដើមរបស់គេមិនចេះប្រែប្រួលឡើយ។ នៅក្នុងចំណោមព្រះគ្រីស្ទក្លែងក្លាយ ពួកហោរាក្លែងក្លាយ និងពួកបោកបញ្ឆោត តើមិនមានមនុស្សដែលត្រូវបានគេហៅថាជា «ព្រះជាម្ចាស់» ដែរទេឬអី? ចុះហេតុអ្វីបានជាពួកគេមិនមែនជាព្រះជាម្ចាស់ទៅ? នោះគឺដោយសារតែពួកគេគ្មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់។ តាមឋានៈ ពួកគេគឺជាមនុស្ស ជាពួកបញ្ឆោតមនុស្ស មិនមែនជាព្រះជាម្ចាស់ឡើយ ដូច្នេះ ពួកគេមិនមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ តើស្ដេចដាវីឌក៏មិនត្រូវបានគេហៅថា ជាព្រះអម្ចាស់នៅក្នុងចំណោមអំបូរទាំងដប់ពីរដែរឬ? ព្រះយេស៊ូវក៏ត្រូវបានគេហៅថាជាព្រះអម្ចាស់ដែរ ចុះហេតុអ្វីបានជាមានតែព្រះយេស៊ូវមួយអង្គ ដែលត្រូវបានគេហៅថា ជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស? តើយេរេមាមិនត្រូវបានគេស្គាល់ថាជាបុត្រមនុស្សទេឬ? ហើយតើព្រះយេស៊ូវក៏មិនត្រូវបានគេស្គាល់ថាជាបុត្រមនុស្សដែរទេឬអី? ចុះហេតុអ្វីបានជាព្រះយេស៊ូវត្រូវបានជាប់ឆ្កាង ជំនួសឱ្យព្រះជាម្ចាស់ទៅវិញ? តើនោះមិនមែនដោយសារតែសារជាតិរបស់ទ្រង់មានលក្ខណៈខុសពីគេទេឬ? តើនោះមិនមែនដោយសារតែកិច្ចការដែលទ្រង់បានធ្វើមានលក្ខណៈខុសពីគេទេឬ? តើងារសំខាន់ដែរឬទេ? ទោះបីព្រះយេស៊ូវត្រូវបានហៅថាជាបុត្រមនុស្សក៏ដោយ ក៏ទ្រង់គឺជាការយកកំណើតជាមនុស្សទីមួយរបស់ព្រះជាម្ចាស់ដែរ ហើយទ្រង់បានយាងមក ដើម្បីកាន់កាប់អំណាច និងដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ។ ការនេះសបញ្ជាក់ឱ្យឃើញថា អត្តសញ្ញាណនិងសារជាតិរបស់ព្រះយេស៊ូវ មានលក្ខណៈខុសប្លែកពីអ្នកដទៃផ្សេងទៀតដែលត្រូវបានហៅថាជាបុត្រមនុស្សដែរនោះ។ នៅថ្ងៃនេះ តើនរណាខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដែលហ៊ាននិយាយថា គ្រប់ទាំងពាក្យដែលត្រូវបានថ្លែងដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ សុទ្ធតែបានចេញមកពីព្រះវិញ្ញាណបរិសុទ្ធ? តើអ្នកណាខ្លះដែលហ៊ាននិយាយពាក្យបែបនេះទៅ? ប្រសិនបើអ្នកពិតជានិយាយបែបនេះមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរទំនាយរបស់អែសរ៉ា ត្រូវបានបោះបង់ចោល ហើយហេតុអ្វីបានជារឿងដូចគ្នានេះត្រូវបានធ្វើចំពោះកណ្ឌគម្ពីររបស់ពួកបរិសុទ្ធ និងពួកហោរាពីបុរាណទាំងនោះ? ប្រសិនបើពួកគេទាំងអស់នោះ បានមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានធ្វើការជ្រើសរើសដ៏សាវ៉ាបែបនេះ? តើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬ? មានសាច់រឿងជាច្រើនចេញពីអ៊ីស្រាអែល ក៏ត្រូវបានបោះបង់ចោលដែរ ហើយប្រសិនបើអ្នកជឿថា សំណេរកាលពីអតីតកាលទាំងនេះ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ហេតុអ្វីបានជាសៀវភៅមួយចំនួនត្រូវបានបោះបង់ចោលដូច្នេះ? ប្រសិនបើសៀវភៅទាំងអស់នេះបានមកពីព្រះវិញ្ញាណបរិសុទ្ធ នោះសៀវភៅទាំងនោះគួរតែត្រូវបានរក្សាទុក ហើយផ្ញើទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំដើម្បីអានបាត់ទៅហើយ។ សៀវភៅទាំងនោះ មិនគួរណាមិនត្រូវបានជ្រើសរើស ឬបោះបង់ចោលដោយឆន្ទៈរបស់មនុស្សឡើយ ដ្បិតការធ្វើបែបនេះ គឺជារឿងខុសហើយ។ ការនិយាយថា បទពិសោធរបស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយគតិជ្រៅជ្រះផ្ទាល់ខ្លួនរបស់គេ មិនមែនមានន័យថា បទពិសោធ និងចំណេះដឹងរបស់គេ មកពីសាតាំងនោះឡើយ ប៉ុន្តែវាគ្រាន់តែមានន័យថា ពួកគេមាននូវសេចក្តីដែលចេញមកពីបទពិសោធ និងគតិជ្រៅជ្រះរបស់គេប៉ុណ្ណោះ។ ចំណេះដឹងរបស់គេគឺស្របតាមសាវតារនៃបទពិសោធពិតរបស់គេនៅគ្រានោះ ដូច្នេះ តើនរណាអាចហ៊ាននិយាយទាំងជឿជាក់ថា អ្វីៗទាំងអស់នេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះ? ប្រសិនបើកណ្ឌគម្ពីរដំណឹងល្អទាំងបួនសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ចែងខុសៗគ្នាអំពីកិច្ចការរបស់ព្រះយេស៊ូវបែបនេះ? ប្រសិនបើអ្នករាល់គ្នាមិនជឿលើការនេះទេ សាកបើកមើលព្រះគម្ពីរអំពីរបៀបដែលពេត្រុសបដិសេធព្រះអម្ចាស់ចំនួនបីដងទៅមើល៍៖ កណ្ឌគម្ពីរទាំងអស់ចែងខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវចរិតលក្ខណៈរបស់គេរៀងៗខ្លួន។ មនុស្សដែលល្ងីល្ងើនិយាយថា «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ជាមនុស្សផងដែរ ដូច្នេះ តើព្រះបន្ទូលដែលទ្រង់ថ្លែងពិតជាអាចចេញមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើពាក្យរបស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស តើព្រះបន្ទូលដែលទ្រង់ថ្លែងនោះមិនលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?» មនុស្សដែលនិយាយបែបនេះ គឺជាមនុស្សខ្វាក់ និងល្ងង់ខ្លៅ! ចូរអានកណ្ឌគម្ពីរដំណឹងល្អទាំងបួនដោយយកចិត្តទុកដាក់ចុះ។ ចូរអានអ្វីដែលគេបានកត់ត្រាអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងព្រះបន្ទូលដែលទ្រង់បានថ្លែង។ កណ្ឌគម្ពីរនីមួយៗមានលក្ខណៈខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវទស្សនៈរបស់វាផ្ទាល់។ ប្រសិនបើសេចក្តីដែលត្រូវបានសរសេរដោយអ្នកនិពន្ធនៃកណ្ឌគម្ពីរទាំងនេះ សុទ្ធតែមកពីព្រះវិញ្ញាណបរិសុទ្ធ នោះវាគួរតែមានភាពដូចគ្នា និងភាពជាប់លាប់មិនខាន។ ចុះហេតុអ្វីបានជាវាមានភាពផ្សេងគ្នាយ៉ាងដូច្នេះ? តើមនុស្សមិនល្ងីល្ងើពេកទេឬអី ដែលមើលមិនឃើញអំពីចំណុចនេះ? ប្រសិនបើអ្នកត្រូវបានសុំឱ្យធ្វើបន្ទាល់អំពីព្រះជាម្ចាស់ តើបន្ទាល់បែបណាទៅដែលអ្នកអាចធ្វើនោះ? តើចំណេះដឹងអំពីព្រះជាម្ចាស់បែបនេះអាចធ្វើបន្ទាល់អំពីទ្រង់បានដែរឬ? ប្រសិនបើអ្នកដទៃសួរអ្នកថា «បើកណ្ឌគម្ពីរយ៉ូហាន និងលូកាត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស ដូច្នេះ តើព្រះបន្ទូលដែលត្រូវបានថ្លែង ដោយព្រះជាម្ចាស់របស់អ្នករាល់គ្នា មិនត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?» តើអ្នកអាចឆ្លើយសំណួរនេះបានយ៉ាងច្បាស់លាស់ដែរឬទេ? ក្រោយពេលលូកា និងម៉ាថាយបានឮអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ និងបានឃើញអំពីកិច្ចការរបស់ព្រះយេស៊ូវហើយ ពួកគេបាននិយាយចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់គេ ទៅតាមការចងចាំអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើប៉ុណ្ណោះ។ តើអ្នកអាចនិយាយថា ចំណេះដឹងរបស់គេត្រូវបានបើកសម្ដែងទាំងស្រុងដោយព្រះវិញ្ញាណបរិសុទ្ធឬ? នៅខាងក្រៅព្រះគម្ពីរមាននូវបុគ្គលអស្ចារ្យខាងវិញ្ញាណជាច្រើនដែលមានចំណេះដឹងខ្ពស់ជាងពួកគេទៅទៀត ចុះហេតុអ្វីបានជាពាក្យរបស់ពួកគេ មិនត្រូវបានចាប់អារម្មណ៍ដោយមនុស្សជំនាន់ក្រោយដូច្នេះ? តើពួកគេមិនត្រូវបានប្រើដោយព្រះវិញ្ញាណបរិសុទ្ធដែរទេឬអី? ចូរដឹងថា នៅក្នុងកិច្ចការនាពេលថ្ងៃនេះ ខ្ញុំមិនមែនកំពុងតែនិយាយអំពីគតិជ្រៅជ្រះរបស់ខ្ញុំ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចការរបស់ព្រះយេស៊ូវឡើយ ហើយខ្ញុំក៏មិនកំពុងនិយាយចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ខ្ញុំទាស់នឹងសាវតារកិច្ចការរបស់ព្រះយេស៊ូវនោះដែរ។ តើព្រះយេស៊ូវបានធ្វើកិច្ចការអ្វីខ្លះនៅពេលនោះ? តើខ្ញុំកំពុងតែធ្វើកិច្ចការអ្វីខ្លះនាពេលសព្វថ្ងៃ? អ្វីដែលខ្ញុំធ្វើ និងមានបន្ទូលនេះ គ្មានពាក់ព័ន្ធនឹងគ្រាមុនឡើយ។ ផ្លូវដែលខ្ញុំដើរនៅថ្ងៃនេះ មិនធ្លាប់ត្រូវបានដើរកាលពីមុនឡើយ គឺវាមិនធ្លាប់ត្រូវបានដើរដោយមនុស្សជំនាន់មុនៗនោះទេ។ នៅថ្ងៃនេះ វាត្រូវបានផ្ដើមឡើង តើនេះមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណទេឬ? ទោះបីវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏អ្នកដឹកនាំទាំងអស់កាលពីអតីតកាល សុទ្ធតែបានអនុវត្តកិច្ចការរបស់គេ ដោយផ្អែកលើគ្រឹះមូលដ្ឋាននៃកិច្ចការរបស់អ្នកដទៃ ប៉ុន្តែយ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ មានលក្ខណៈខុសពីគេ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវគឺដូចគ្នា៖ ទ្រង់បានរៀបចំផ្លូវមួយថ្មី។ នៅពេលដែលទ្រង់បានយាងមក ទ្រង់បានប្រកាសដំណឹងល្អអំពីនគរស្ថានសួគ៌ និងបានមានបន្ទូលថា មនុស្សគួរតែប្រែចិត្ត ហើយលន់តួ។ ក្រោយពេលដែលព្រះយេស៊ូវបានបង្ហើយកិច្ចការរបស់ទ្រង់ ពេត្រុស ប៉ុល និងអ្នកផ្សេងទៀតបានចាប់ផ្ដើមបន្តកិច្ចការរបស់ព្រះយេស៊ូវ។ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានបោះភ្ជាប់នឹងឈើឆ្កាង ហើយយាងឡើងទៅស្ថានសួគ៌ ព្រះវិញ្ញាណក៏បានចាត់ពួកគេឱ្យទៅផ្សាយអំពីផ្លូវនៃឈើឆ្កាង។ ទោះបីជាពាក្យរបស់ប៉ុលត្រូវបានលើកតម្កើងក៏ដោយ ក៏ពាក្យទាំងនោះផ្អែកលើគ្រឹះមូលដ្ឋានដែលត្រូវបានចាក់ដោយសេចក្តីដែលព្រះយេស៊ូវបានមានបន្ទូលដូចជា ចិត្តអត់ធ្មត់ សេចក្តីស្រឡាញ់ ការរងទុក្ខលំបាក ការគ្របបាំងក្បាល បុណ្យជ្រមុជទឹក ឬគោលលទ្ធិជាបន្តបន្ទាប់ផ្សេងទៀតដែរ។ រាល់សេចក្តីទាំងនេះត្រូវបាននិយាយចេញដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ពួកគេគ្មានសមត្ថភាពរៀបចំផ្លូវថ្មីឡើយ ដ្បិតពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើប៉ុណ្ណោះ។

ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូវនៅគ្រានោះ មិនផ្ទុកនូវគោលលទ្ធិឡើយ ហើយទ្រង់ក៏មិនអនុវត្តកិច្ចការរបស់ទ្រង់ ស្របតាមកិច្ចការនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់នោះដែរ។ វាត្រូវបានអនុវត្តស្របតាមកិច្ចការដែលគួរតែត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ។ ទ្រង់បានធ្វើការស្របតាមកិច្ចការដែលទ្រង់បាននាំមក ស្របតាមផែនការរបស់ទ្រង់ និងស្របតាមព័ន្ធកិច្ចរបស់ទ្រង់ ហើយទ្រង់មិនធ្វើការស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់នោះឡើយ។ គ្មានអ្វីមួយដែលទ្រង់បានធ្វើស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ឡើយ ហើយទ្រង់ក៏មិនបានយាងមកធ្វើកិច្ចការ ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរានោះដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រូវបានធ្វើឡើងដើម្បីសម្រេចទំនាយរបស់ពួកហោរាពីបុរាណឡើយ ហើយទ្រង់ក៏មិនបានយាងមកដើម្បីប្រកាន់ខ្ជាប់តាមគោលលទ្ធិ ឬមកសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនោះដែរ។ ប៉ុន្តែ សកម្មភាពរបស់ទ្រង់មិនបានបង្អាក់ដល់សេចក្តីទំនាយរបស់ពួកហោរាពីបុរាណ ហើយក៏មិនរំខានដល់កិច្ចការដែលទ្រង់បានធ្វើកន្លងមកនោះដែរ។ ចំណុចដ៏លេចធ្លោនៃកិច្ចការរបស់ទ្រង់ មិនមែនជាការកាន់តាមគោលលទ្ធិណាមួយឡើយ ផ្ទុយទៅវិញ ជាការធ្វើកិច្ចការដែលទ្រង់ផ្ទាល់គួរតែធ្វើវិញ។ ទ្រង់មិនមែនជាហោរា ឬព្យាការីឡើយ ប៉ុន្តែជាអ្នកអនុវត្តផ្ទាល់ ដែលបានយាងមក ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើ ហើយទ្រង់បានយាងមក ដើម្បីចាប់ផ្ដើមនូវយុគសម័យថ្មីរបស់ទ្រង់ និងអនុវត្តតាមកិច្ចការថ្មីរបស់ទ្រង់។ ជាការពិត នៅពេលដែលព្រះយេស៊ូវបានយាងមកធ្វើកិច្ចការរបស់ទ្រង់ ទ្រង់ក៏បានសម្រេចតាមព្រះបន្ទូលជាច្រើនដែលត្រូវបានថ្លែងទុកដោយពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ដូច្នេះ កិច្ចការនាពេលសព្វថ្ងៃ ក៏បានសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ដែរ។ គ្រាន់តែខ្ញុំមិនកាន់ «សៀវភៅចំណាស់» នោះប៉ុណ្ណោះ។ សម្រាប់កិច្ចការជាច្រើនទៀតដែលខ្ញុំត្រូវធ្វើ ខ្ញុំក៏ត្រូវថ្លែងព្រះបន្ទូលជាច្រើនទៀតទៅកាន់អ្នករាល់គ្នាផងដែរ ហើយកិច្ចការនិងពាក្យទាំងនេះពិតជាសំខាន់ខ្លាំងណាស់ គឺសំខាន់ជាងសេចក្តីពន្យល់បទគម្ពីរទៅទៀត ដោយសារតែកិច្ចការបែបនេះមិនសំខាន់ ឬមានតម្លៃអ្វីសម្រាប់អ្នករាល់គ្នាឡើយ ហើយក៏មិនអាចជួយអ្វីដល់អ្នករាល់គ្នា ឬផ្លាស់ប្រែអ្នករាល់គ្នានោះដែរ។ ខ្ញុំចង់ធ្វើកិច្ចការថ្មី មិនមែនសម្រាប់ជាប្រយោជន៍នៃការសម្រេចតាមបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែយាងមកកាន់ផែនដីដើម្បីសម្រេចតាមពាក្យរបស់ពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរ នោះតើនរណាទៅដែលមានឋានៈធំជាង ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏ជាពួកហោរាពីបុរាណ? សរុបមក តើពួកហោរាគ្រប់គ្រងលើព្រះជាម្ចាស់ ឬក៏ព្រះជាម្ចាស់គ្រប់គ្រងលើពួកហោរា? តើអ្នកត្រូវពន្យល់អំពីពាក្យទាំងនេះយ៉ាងដូចម្ដេចទៅ?

កាលពីដើមដំបូង នៅពេលដែលព្រះយេស៊ូវមិនទាន់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ពេលខ្លះ ទ្រង់ក៏បានចូលរួមការប្រជុំ និងច្រៀងបទទំនុកតម្កើង ថ្វាយការសរសើរ និងអានព្រះគម្ពីរសញ្ញាចាស់នៅក្នុងព្រះវិហារ ដូចពួកសិស្សដែលបានដើរតាមទ្រង់ដែរ។ ក្រោយពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក និងងើបឡើងចេញពីទឹក ព្រះវិញ្ញាណបានយាងមកសណ្ឋិតលើទ្រង់ជាផ្លូវការ ហើយទ្រង់បានចាប់ផ្ដើមធ្វើការបើកសម្ដែងអំពីអត្តសញ្ញាណរបស់ទ្រង់ និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ។ មុនពេលនេះ គ្មាននរណាម្នាក់បានដឹងអំពីអត្តសញ្ញាណរបស់ទ្រង់ ហើយក្រៅពីនាងម៉ារា សូម្បីតែយ៉ូហានក៏មិនបានដឹងផង។ ព្រះយេស៊ូវមានព្រះជន្ម២៩ព្រះវស្សា នៅពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក។ ក្រោយពេលបុណ្យជ្រមុជទឹករបស់ទ្រង់ត្រូវបានធ្វើរួច ផ្ទៃមេឃបានបើកចំហ ហើយមានសំឡេងមួយពីស្ថានសួគ៌ថា៖ «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់»។ នៅពេលដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើបន្ទាល់អំពីទ្រង់នៅក្នុងរបៀបនេះ។ មុនពេលដែលទទួលបុណ្យជ្រមុជទឹកនៅវ័យ២៩ព្រះវស្សា ទ្រង់បានរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញ សោយអាហារនៅពេលដែលទ្រង់គួរតែសោយ ផ្ទុំ និងគ្រងព្រះពស្ដ្រជាមនុស្សសាមញ្ញ ហើយគ្មានអ្វីមួយអំពីទ្រង់ដែលមានលក្ខណៈខុសប្លែកពីអ្នកដទៃឡើយ ហើយពិតណាស់ នេះគ្រាន់តែចំពោះផ្នែកខាងសាច់ឈាមរបស់មនុស្សប៉ុណ្ណោះ។ ពេលខ្លះ ទ្រង់ក៏ទន់ខ្សោយ ហើយពេលខ្លះទៀត ទ្រង់ក៏មិនអាចឈ្វេងយល់រឿងរ៉ាវផ្សេងៗ ដូចជាមានចែងនៅក្នុងព្រះគម្ពីរថា៖ បញ្ញារបស់ទ្រង់បានចម្រើនឡើងទៅតាមព្រះជន្មរបស់ទ្រង់។ ពាក្យទាំងនេះគ្រាន់តែបង្ហាញថា ទ្រង់មានភាពជាមនុស្សសាមញ្ញធម្មតា និងបង្ហាញទៀតថាទ្រង់មិនមានលក្ខណៈពិសេសអ្វីពីមនុស្សសាមញ្ញផ្សេងទៀតឡើយ។ ទ្រង់ក៏បានធំធាត់ឡើងជាមនុស្សសាមញ្ញម្នាក់ ហើយគ្មានអ្វីមួយពិសេសអំពីទ្រង់នោះឡើយ។ ប៉ុន្តែ ទ្រង់បានស្ថិតនៅក្រោមការមើលថែ និងការការពាររបស់ព្រះជាម្ចាស់។ ក្រោយពេលដែលទទួលបុណ្យជ្រមុជទឹកហើយ ទ្រង់បានចាប់ផ្ដើមជួបសេចក្តីល្បួង បន្ទាប់មកទ្រង់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ហើយទ្រង់បានពេញដោយឫទ្ធានុភាព ព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាច។ នេះមិនមែនមានន័យថា ព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការនៅក្នុងទ្រង់ មុនពេលបុណ្យជ្រមុជទឹករបស់ទ្រង់ ឬព្រះអង្គមិនបានគង់នៅខាងក្នុងទ្រង់នោះឡើយ។ មុនបុណ្យជ្រមុជទឹករបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធក៏បានគង់សណ្ឋិតនៅខាងក្នុងទ្រង់ផងដែរ ប៉ុន្តែទ្រង់មិនទាន់បានចាប់ផ្ដើមធ្វើការជាផ្លូវការឡើយ ព្រោះមិនទាន់ដល់ពេលកំណត់ដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ មនុស្សសាមញ្ញមាននូវដំណើរការសាមញ្ញនៅក្នុងការលូតលាស់។ ព្រះវិញ្ញាណបរិសុទ្ធតែងតែគង់នៅខាងក្នុងទ្រង់ជានិច្ច។ នៅពេលដែលព្រះយេស៊ូវប្រសូតមក ទ្រង់មានលក្ខណៈខុសប្លែកពីអ្នកដទៃ ហើយផ្កាយព្រឹកបានលេចឡើង។ មុនកំណើតរបស់ទ្រង់ ទេវតាមួយអង្គបានបង្ហាញខ្លួនឱ្យយ៉ូសែបឃើញនៅក្នុងសុបិន ហើយប្រាប់គាត់ថា ម៉ារាត្រូវផ្ដល់កំណើតដល់ទារកម្នាក់ និងបានប្រាប់ទៀតថា បុត្រនោះកើតមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ ក្រោយពេលដែលព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជទឹកហើយ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ប៉ុន្តែការនេះមិនមានន័យថា ព្រះវិញ្ញាណបរិសុទ្ធគ្រាន់តែយាងចុះមកសណ្ឋិត ពីលើព្រះយេស៊ូវនោះឡើយ។ ការដែលនិយាយថា ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ដូចជាសត្វព្រាបសណ្ឋិតពីលើទ្រង់ គឺជាការសំដៅទៅលើការចាប់ផ្ដើមជាផ្លូវការនៃព័ន្ធកិច្ចរបស់ទ្រង់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានគង់នៅក្នុងទ្រង់កាលពីមុន ប៉ុន្តែទ្រង់មិនទាន់បានចាប់ផ្ដើមធ្វើការទេ ដ្បិតពេលកំណត់មិនទាន់បានមកដល់នៅឡើយ ហើយព្រះវិញ្ញាណក៏មិនចាប់ផ្ដើមធ្វើការដោយតក់ក្រហល់នោះដែរ។ ព្រះវិញ្ញាណបានធ្វើបន្ទាល់អំពីទ្រង់ តាមរយៈបុណ្យជ្រមុជទឹក។ នៅពេលដែលទ្រង់ងើបចេញពីទឹក ព្រះវិញ្ញាណក៏បានចាប់ផ្ដើមធ្វើការជាផ្លូវការនៅក្នុងទ្រង់ ដែលជាទីសម្គាល់បង្ហាញថា សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ហើយបានចាប់ផ្ដើមកិច្ចការនៃការប្រោសលោះ ដែលមានន័យថា យុគសម័យនៃព្រះគុណបានចាប់ផ្ដើមជាផ្លូវការហើយ។ ដូច្នេះ វាមាននូវពេលកំណត់មួយសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ មិនថាទ្រង់ធ្វើកិច្ចការអ្វីនោះឡើយ។ ក្រោយបុណ្យជ្រមុជទឹករបស់ទ្រង់ វាមិនទាន់មានការផ្លាស់ប្ដូរជាក់លាក់ណាមួយនៅក្នុងព្រះយេស៊ូវនោះឡើយ ហើយទ្រង់នៅតែគង់នៅក្នុងសាច់ឈាមដើមរបស់ទ្រង់ដដែល។ វាគ្រាន់តែថា ទ្រង់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ និងបើកសម្ដែងពីអត្តសញ្ញាណរបស់ទ្រង់ ហើយទ្រង់បានពេញដោយសិទ្ធិអំណាច និងឫទ្ធានុភាពប៉ុណ្ណោះ។ នៅក្នុងការនេះ ទ្រង់មានលក្ខណៈខុសពីមុន។ អត្តសញ្ញាណរបស់ទ្រង់មានលក្ខណៈខុសពីមុន គឺអាចនិយាយបានថា វាមាននូវការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងឋានៈរបស់ទ្រង់ ហើយនេះជាទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ និងមិនមែនជាកិច្ចការដែលត្រូវបានធ្វើដោយមនុស្សឡើយ។ កាលពីដំបូង មនុស្សមិនបានដឹង ហើយពួកគេគ្រាន់តែដឹងតែបន្ដិចប៉ុណ្ណោះ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់អំពីព្រះយេស៊ូវនៅក្នុងរបៀបនោះ។ ប្រសិនបើព្រះយេស៊ូវបានធ្វើកិច្ចការដ៏ធំ មុនពេលព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់អំពីទ្រង់ ប៉ុន្តែដោយគ្មានបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ នោះទោះបីកិច្ចការរបស់ទ្រង់ធំអស្ចារ្យប៉ុនណាក៏ដោយ ក៏មនុស្សនឹងមិនបានស្គាល់អំពីអត្តសញ្ញាណរបស់ទ្រង់នោះដែរ ព្រោះថាភ្នែករបស់មនុស្សនឹងគ្មានសមត្ថភាពអ្វីទៅមើលឃើញអំពីអត្តសញ្ញាណនេះឡើយ។ បើគ្មានជំហាននៃការធ្វើបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះគ្មាននរណាម្នាក់អាចស្គាល់ទ្រង់ថាជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ក្រោយពេលព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់អំពីទ្រង់រួចហើយ ប្រសិនបើព្រះយេស៊ូវបានបន្តធ្វើការនៅក្នុងរបៀបដដែលដោយគ្មានភាពខុសប្លែកពីមុនទេ នោះវានឹងគ្មានប្រសិទ្ធភាពឡើយ ហើយនៅក្នុងចំណុចនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ត្រូវបានបង្ហាញឱ្យឃើញដែរ។ ក្រោយពេលដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់រួចហើយ ព្រះវិញ្ញាណបរិសុទ្ធត្រូវតែបង្ហាញអង្គទ្រង់ ដើម្បីឱ្យអ្នកអាចមើលឃើញយ៉ាងច្បាស់ថា ទ្រង់គឺជាព្រះជាម្ចាស់ មើលឃើញថា មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលគង់សណ្ឋិតនៅខាងក្នុងទ្រង់ និងមើលឃើញទៀតថា ទីបន្ទាល់របស់ព្រះជាម្ចាស់មិនមែនជារឿងខុសឡើយ ដូច្នេះ នេះអាចបញ្ជាក់យ៉ាងច្បាស់ថា ទីបន្ទាល់របស់ទ្រង់ គឺជារឿងត្រឹមត្រូវ។ ប្រសិនបើកិច្ចការរបស់ទ្រង់ កាលពីមុន និងក្រោយការធ្វើបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ បានកើតឡើងនៅពេលតែមួយ នោះព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវលេចចេញយ៉ាងច្បាស់ឡើយ ហើយជាលទ្ធផល មនុស្សនឹងគ្មានសមត្ថភាពទទួល ស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ ព្រោះវានឹងគ្មានភាពខុសគ្នាដ៏ច្បាស់លាស់នោះទេ។ បន្ទាប់ពីធ្វើបន្ទាល់រួច ព្រះវិញ្ញាណបរិសុទ្ធត្រូវតែប្រកាន់ខ្ជាប់នឹងទីបន្ទាល់នេះ ដូច្នេះ ទ្រង់ត្រូវតែបើកបង្ហាញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់នៅក្នុងព្រះយេស៊ូវ ដែលមានលក្ខណៈខុសប្លែកពីអតីតកាល។ ជាការពិត នេះមិនមែនជាលទ្ធផលកើតចេញពីបុណ្យជ្រមុជទឹកឡើយ ដ្បិតបុណ្យជ្រមុជទឹកគ្រាន់តែជាពិធីមួយប៉ុណ្ណោះ ហើយបុណ្យជ្រមុជទឹកគ្រាន់តែជាផ្លូវមួយ ដើម្បីបង្ហាញថាវាដល់ពេលក្នុងការធ្វើព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ កិច្ចការនេះកើតឡើង ដើម្បីឱ្យឃើញជាក់ស្ដែងអំពីឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ឱ្យឃើញជាក់ស្ដែងអំពីការធ្វើបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងទទួលខុសត្រូវសម្រាប់ការធ្វើបន្ទាល់នេះរហូតដល់ទីបញ្ចប់។ មុនពេលធ្វើព័ន្ធកិច្ចរបស់ទ្រង់ ព្រះយេស៊ូវក៏បានស្ដាប់សេចក្ដីអធិប្បាយ បានប្រកាស និងផ្សាយដំណឹងល្អនៅតាមកន្លែងផ្សេងៗផងដែរ។ ទ្រង់មិនបានធ្វើកិច្ចការធំដុំណាមួយទេ ដោយសារតែពេលកំណត់ដែលឱ្យទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់ មិនទាន់មកដល់នៅឡើយ ហើយក៏ដោយសារតែព្រះជាម្ចាស់ផ្ទាល់បានលាក់កំបាំងដោយបន្ទាបព្រះអង្គទ្រង់នៅក្នុងសាច់ឈាម និងមិនធ្វើកិច្ចការណាមួយឡើយ រហូតដល់ពេលកំណត់បានមកដល់។ ទ្រង់មិនបានធ្វើការមុនពេលបុណ្យជ្រមុជទឹកដោយសារហេតុផលពីរយ៉ាង៖ ទីមួយ គឺដោយសារតែព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងចុះមកសណ្ឋិតលើទ្រង់ជាផ្លូវការដើម្បីធ្វើការ (គឺអាចនិយាយបានថា ព្រះវិញ្ញាណបរិសុទ្ធមិនទាន់បានប្រទានព្រះចេស្ដា និងសិទ្ធិអំណាចដល់ព្រះយេស៊ូវ ដើម្បីធ្វើកិច្ចការបែបនេះនៅឡើយ) ហើយទោះបីជាទ្រង់បានស្គាល់ពីអត្តសញ្ញាណរបស់ទ្រង់ហើយក៏ដោយ ក៏ព្រះយេស៊ូវមិនមានសមត្ថភាពធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើនៅពេលក្រោយដែរ ដូច្នេះ ទ្រង់ត្រូវតែរង់ចាំរហូតដល់ថ្ងៃបុណ្យជ្រមុជទឹករបស់ទ្រង់។ នេះគឺជាពេលកំណត់របស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់មានសមត្ថភាពល្មើសបានឡើយ រួមទាំងព្រះយេស៊ូវផ្ទាល់ ព្រោះថាព្រះយេស៊ូវផ្ទាល់មិនអាចបង្អាក់ដល់កិច្ចការរបស់ទ្រង់ផ្ទាល់នោះឡើយ។ ជាការពិត នេះគឺជាការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់ ហើយក៏ជាក្រឹត្យវិន័យនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនបានធ្វើការទេ នោះក៏គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់ទ្រង់បានដែរ។ ហេតុផលទីពីរគឺថា មុនពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក ទ្រង់គ្រាន់តែជាមនុស្សសាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះ គឺទ្រង់គ្មានលក្ខណៈអ្វីខុសប្លែកពីមនុស្សសាមញ្ញធម្មតាផ្សេងទៀតនោះឡើយ។ នេះជាទិដ្ឋភាពមួយអំពីរបៀបដែលព្រះយកកំណើតជាមនុស្ស មិនមែនជាអធិធម្មជាតិ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនបានបំពានលើការរៀបចំនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ គឺទ្រង់បានធ្វើការនៅក្នុងរបៀបដែលមានលំដាប់លំដោយ ហើយទ្រង់បានធ្វើការយ៉ាងសាមញ្ញបំផុត។ គឺមានតែក្រោយពេលបុណ្យជ្រមុជទឹកប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់មាននូវសិទ្ធិអំណាច និងព្រះចេស្ដា។ គឺអាចនិយាយបានថា ទោះបីទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ដោយក៏ទ្រង់មិនអនុវត្តកិច្ចការអធិធម្មជាតិណាមួយ ហើយទ្រង់បានធំធាត់ឡើងនៅក្នុងរបៀបសាមញ្ញ ដូចជាមនុស្សផ្សេងទៀតផងដែរ។ ប្រសិនបើព្រះយេស៊ូវបានស្គាល់អត្តសញ្ញាណរបស់ទ្រង់ និងបានធ្វើកិច្ចការដ៏អស្ចារ្យនៅទូទាំងទឹកដី មុនពេលដែលទ្រង់ទទួលបុណ្យជ្រមុជទឹកហើយទ្រង់មានលក្ខណៈខុសប្លែក ពីមនុស្សសាមញ្ញ ព្រមទាំងបង្ហាញអង្គទ្រង់ជាមនុស្សដ៏អស្ចារ្យ នោះយ៉ូហានមិនត្រឹមតែមិនអាចធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងគ្មានផ្លូវសម្រាប់ព្រះជាម្ចាស់ ដើម្បីចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ដែរ។ ដូច្នេះ ការនេះនឹងសបញ្ជាក់ឱ្យឃើញថា អ្វីដែលព្រះជាម្ចាស់បានធ្វើ ប្រែទៅជាខុស ហើយចំពោះមនុស្សវិញ វានឹងស្ដែងចេញឱ្យឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនបានយាងមកចេញពីប្រភពតែមួយឡើយ។ ដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ គឺជាកិច្ចការដែលត្រូវបានអនុវត្ត ក្រោយពេលទ្រង់បានទទួលបុណ្យជ្រមុជទឹក ជាកិច្ចការដែលត្រូវបានធ្វើក្នុងពេលបី ឆ្នាំ។ ព្រះគម្ពីរមិនបានកត់ត្រាអ្វីដែលទ្រង់បានធ្វើ មុនពេលទ្រង់បានទទួលបុណ្យជ្រមុជទឹក ដោយសារតែទ្រង់មិនបានធ្វើកិច្ចការនេះ មុនពេលទ្រង់បានទទួលបុណ្យជ្រមុជទឹកឡើយ។ ទ្រង់គ្រាន់តែជាមនុស្សសាមញ្ញ និងតំណាងឱ្យមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ហើយមុនពេលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់ក៏គ្មានលក្ខណៈអ្វីខុសប្លែកពីមនុស្សសាមញ្ញនោះដែរ ហើយអ្នកដទៃក៏មើលមិនឃើញអ្វីប្លែកនៅក្នុងទ្រង់នោះដែរ។ មានតែក្រោយពេលដែលទ្រង់បានចូលដល់ព្រះជន្ម២៩ព្រះវស្សាប៉ុណ្ណោះ ទើបព្រះយេស៊ូវបានជ្រាបថា ទ្រង់បានយាងមកដើម្បីបញ្ចប់ដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយកាលពីមុននោះ ទ្រង់ផ្ទាល់មិនបានដឹងអំពីការនេះ ដ្បិតកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ មិនមែនជាកិច្ចការអធិធម្មជាតិឡើយ។ នៅពេលដែលទ្រង់បានចូលរួមការប្រជុំនៅក្នុងសាលាប្រជុំនៅវ័យ១២ព្រះវស្សា ម៉ារាកំពុងតែតាមស្វែងរកទ្រង់ ហើយទ្រង់គ្រាន់តែមានបន្ទូលតែមួយប្រយោគ ដូចជាក្មេងឯទៀតៗប៉ុណ្ណោះ៖ «អ្នកម្ដាយ! តើលោកមិនជ្រាបទេឬថា ខ្ញុំត្រូវឱ្យតម្លៃខ្ពស់ទៅលើព្រះហឫទ័យរបស់ព្រះវរបិតាជាងអ្វីៗទាំងអស់?» ជាការពិត ដោយសារតែទ្រង់បានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ តើព្រះយេស៊ូវអាចមិនមានលក្ខណៈពិសេសនៅក្នុងរបៀបណាមួយដែរឬទេ? ប៉ុន្តែ ភាពពិសេសរបស់ទ្រង់មិនមែនមានន័យថា ទ្រង់ជាមនុស្សអធិធម្មជាតិឡើយ ប៉ុន្តែគ្រាន់តែចង់បង្ហាញថា ទ្រង់ស្រឡាញ់ព្រះជាម្ចាស់លើសក្មេងឯទៀតៗប៉ុណ្ណោះ។ ទោះបីទ្រង់មានរូបរាងជាមនុស្សក៏ដោយ ក៏សារជាតិរបស់ទ្រង់នៅតែពិសេស និងមានលក្ខណៈខុសប្លែកពីអ្នកដទៃ។ មានតែក្រោយពេលបុណ្យជ្រមុជទឹកប៉ុណ្ណោះ ទើបទ្រង់ពិតជាជ្រាបដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការនៅក្នុងទ្រង់ជ្រាបដឹងថា ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់។ មានតែពេលដែលទ្រង់បានចូលដល់វ័យ៣៣ព្រះវស្សាប៉ុណ្ណោះ ទើបទ្រង់ជ្រាបដឹងយ៉ាងពិតប្រាកដថា ព្រះវិញ្ញាណបរិសុទ្ធមានបំណងអនុវត្តកិច្ចការនៃការជាប់ឆ្កាងតាមរយៈទ្រង់។ នៅវ័យ ៣២ ព្រះវស្សា ទ្រង់ទើបតែចាប់ផ្ដើមដឹងអំពីសេចក្តីពិតពីខាងក្នុងមួយចំនួន ដូចជាមានចែងនៅក្នុងកណ្ឌគម្ពីរដំណឹងល្អម៉ាថាយថា៖ «រួចលោកស៊ីម៉ូនពេត្រុសក៏ឆ្លើយថា ទ្រង់គឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រា នៃព្រះដ៏មានព្រះជន្មគង់នៅ» (ម៉ាថាយ ១៦:១៦)។ និង «តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់ផ្ដើមបង្ហាញប្រាប់សិស្សទ្រង់ ពីរបៀបដែលទ្រង់ត្រូវយាងចូលក្រុងយេរូសាឡឹម និងរងទុក្ខលំបាកជាច្រើនពីពួកចាស់ទុំ ពួកបូជាចារ្យ និងពួកអាចារ្យ ព្រមទាំងត្រូវគេធ្វើគុត ហើយមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី» (ម៉ាថាយ ១៦:២១)។ មុនពេលនោះ ទ្រង់មិនបានជ្រាបដឹងអំពីកិច្ចការដែលទ្រង់ត្រូវធ្វើនោះឡើយ ដ្បិតទ្រង់ដឹងនៅពេលជាក់លាក់មួយប៉ុណ្ណោះ។ ក្រោយពេលដែលទ្រង់បានប្រសូតភ្លាម ទ្រង់មិនបានជ្រាបដឹងទាំងស្រុងឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធបានធ្វើការបន្ដិចម្ដងៗនៅក្នុងទ្រង់ ហើយវាមាននូវដំណើរការមួយចំពោះកិច្ចការនេះ។ តាំងពីដើមដំបូងមក ប្រសិនបើទ្រង់បានជ្រាបដឹងថា ទ្រង់ជាព្រះជាម្ចាស់ ជាព្រះគ្រីស្ទ និងជាព្រះរាជបុត្រានៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងជ្រាបទៀតថា ទ្រង់ត្រូវសម្រេចកិច្ចការនៃការជាប់ឆ្កាង ចុះហេតុអ្វីបានជាកាលពីមុន ទ្រង់មិនបានធ្វើការដូច្នេះ? ហេតុអ្វីបានជាក្រោយពេលប្រាប់ដល់ពួកសិស្សរបស់ទ្រង់អំពីព័ន្ធកិច្ចរបស់ទ្រង់ហើយ ទើបព្រះយេស៊ូវមានអារម្មណ៍កើតទុក្ខ និងបានអធិស្ឋានយ៉ាងអស់ពីចិត្តសម្រាប់ការនេះ? ហេតុអ្វីបានជាយ៉ូហានរៀបចំផ្លូវសម្រាប់ទ្រង់ និងធ្វើបុណ្យជ្រមុជទឹកឱ្យទ្រង់ មុនពេលទ្រង់ចាប់ផ្ដើមយល់អំពីរឿងជាច្រើនដែលទ្រង់មិនទាន់បានយល់? ការនេះចង់បញ្ជាក់ឱ្យឃើញថា វាជាកិច្ចការរបស់ព្រះដែលត្រូវយកកំណើតជាមនុស្សនៅក្នុងសាច់ឈាម ហើយដើម្បីឱ្យទ្រង់យល់និងសម្រេចនូវកិច្ចការនោះ វាមាននូវដំណើរការមួយ ព្រោះថាទ្រង់គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ទ្រង់ក៏ខុសប្លែកពីកិច្ចការដែលព្រះវិញ្ញាណបានធ្វើដោយផ្ទាល់ដែរ។

គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ គឺសុទ្ធតែដើរតាមចរន្តតែមួយដូចគ្នាដូច្នេះ នៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ជំហាននីមួយៗបានដើរតាមក្រោយគ្នាយ៉ាងប្រកិត ចាប់តាំងពីពិភពលោកត្រូវបានបង្កើតរហូតមកដល់ពេលសព្វថ្ងៃ។ ប្រសិនបើគ្មាននរណាម្នាក់ជួយរៀបចំផ្លូវទេ នោះនឹងគ្មាននរណាម្នាក់មកតាមក្រោយនោះឡើយ ព្រោះដោយសារតែមានមនុស្សដែលមកតាមក្រោយ ដូច្នេះហើយទើបមានមនុស្សដែលបានរៀបចំផ្លូវ។ កិច្ចការត្រូវបានហុចបន្តមួយជំហានម្ដងៗតាមរបៀបនេះ។ ជំហានមួយមកតាមក្រោយជំហានមួយទៀតហើយបើគ្មានមនុស្សម្នាក់រៀបចំផ្លូវទេ នោះក៏មិនអាចនឹងចាប់ផ្ដើមកិច្ចការបានឡើយហើយព្រះជាម្ចាស់ក៏នឹងគ្មានផ្លូវក្នុងការនាំកិច្ចការរបស់ទ្រង់ឆ្ពោះទៅមុខដែរ។ គ្មានជំហានណាមួយជាន់ដានជំហានមួយទៀតឡើយ ដ្បិតជំហាននីមួយៗតាមពីក្រោយគ្នាទៅតាមលំដាប់លំដោយ ដើម្បីបង្កើតជាចរន្តមួយ ហើយកិច្ចការទាំងអស់នេះត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណតែមួយ។ ប៉ុន្តែ ទោះបីជាបុគ្គលម្នាក់រៀបចំផ្លូវ ឬអនុវត្តកិច្ចការរបស់បុគ្គលម្នាក់ទៀតក៏ដោយ ក៏ការនេះមិនកំណត់អំពីអត្តសញ្ញាណរបស់គេឡើយ។ តើនេះមិនត្រឹមត្រូវទេឬ? យ៉ូហានបានរៀបចំផ្លូវ ហើយព្រះយេស៊ូវបានបន្តធ្វើកិច្ចការរបស់គាត់ ដូច្នេះ តើការនេះបញ្ជាក់ថា អត្តសញ្ញាណរបស់ព្រះយេស៊ូវមានឋានៈទាបជាងយ៉ូហានឬ? ព្រះយេហូវ៉ាបានអនុវត្តកិច្ចការរបស់ទ្រង់មុនព្រះយេស៊ូវ ដូច្នេះ តើអ្នកអាចនិយាយថា ព្រះយេហូវ៉ាមានឋានៈធំជាងព្រះយេស៊ូវឬ? មិនថាពួកគេបានរៀបចំផ្លូវ ឬបានបន្តធ្វើកិច្ចការរបស់អ្នកដទៃនោះឡើយ វាមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺជាសារជាតិនៃកិច្ចការរបស់ពួកគេ និងអត្តសញ្ញាណដែលវាតំណាងឱ្យ។ តើនេះមិនត្រឹមត្រូវទេឬ? ដោយសារតែព្រះជាម្ចាស់មានគោលបំណងធ្វើការនៅក្នុងចំណោមមនុស្ស ដូច្នេះ ទ្រង់ត្រូវតែជ្រើសតាំងអស់អ្នកដែលអាចធ្វើកិច្ចការនៃការរៀបចំផ្លូវ។ នៅពេលដែលយ៉ូហានទើបតែចាប់ផ្ដើមប្រកាសព្រះបន្ទូលគាត់បានមានប្រសាសន៍ថា៖ «ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូររៀបផ្លូវឱ្យត្រង់ថ្វាយទ្រង់»។ «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ»។ គាត់មានប្រសាសន៍បែបនេះ តាំងពីដើមដំបូងមក តើហេតុអ្វីបានជាគាត់អាចនិយាយពាក្យទាំងនេះបាន? ទាក់ទងនឹងលំដាប់លំដោយដែលពាក្យទាំងនេះត្រូវបានថ្លែងចេញ ជាដំបូង យ៉ូហានបាននិយាយអំពីដំណឹងល្អនៃនគរស្ថានសួគ៌ ហើយព្រះយេស៊ូវជាអ្នកមានបន្ទូលក្រោយមកទៀត។ យោងតាមសញ្ញាណរបស់មនុស្ស គឺយ៉ូហានទេដែលបានរៀបចំផ្លូវថ្មី ដូច្នេះ យ៉ូហានប្រាកដជាមានឋានៈខ្ពស់ជាងព្រះយេស៊ូវហើយ។ ប៉ុន្តែ យ៉ូហានមិនបាននិយាយថា គាត់ជាព្រះគ្រីស្ទឡើយ ហើយព្រះជាម្ចាស់ក៏មិនបានធ្វើបន្ទាល់អំពីគាត់ថាជាបុត្រស្ងួនភ្ងារបស់ព្រះជាម្ចាស់នោះដែរ ប៉ុន្តែទ្រង់គ្រាន់តែប្រើគាត់ដើម្បីបើក និងរៀបចំផ្លូវសម្រាប់ព្រះអម្ចាស់ប៉ុណ្ណោះ។ គាត់បានរៀបចំផ្លូវសម្រាប់ព្រះយេស៊ូវ ប៉ុន្តែគាត់មិនអាចធ្វើការជំនួសឱ្យព្រះយេស៊ូវបានឡើយ។ គ្រប់កិច្ចការរបស់មនុស្សក៏ត្រូវបានរក្សាដោយព្រះវិញ្ញាណបរិសុទ្ធដែរ។

នៅក្នុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ គឺជាព្រះយេហូវ៉ាដែលបានដឹកនាំផ្លូវ ហើយកិច្ចការរបស់ព្រះយេហូវ៉ាបានតំណាងឱ្យយុគសម័យទាំងមូលនៃព្រះគម្ពីរសញ្ញាចាស់ និងកិច្ចការទាំងអស់ដែលបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល។ ម៉ូសេគ្រាន់តែកាន់កាប់កិច្ចការនេះនៅលើផែនដីប៉ុណ្ណោះ ហើយការខំប្រឹងរបស់គាត់ត្រូវបានចាត់ទុកជាកិច្ចសហប្រតិបត្តិការ ដែលមនុស្សបានផ្ដល់ឱ្យ។ នៅពេលនោះ គឺព្រះយេហូវ៉ាដែលបានមានបន្ទូលត្រាស់ហៅម៉ូសេ ហើយទ្រង់បានលើកម៉ូសេឡើងនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល និងបានធ្វើឱ្យគាត់ដឹកនាំពួកគេចូលទៅកាន់វាលរហោស្ថាន និងបន្តទៅកាន់ទឹកដីកាណានទៀត។ នេះមិនមែនជាកិច្ចការរបស់ម៉ូសេផ្ទាល់នោះឡើយ ប៉ុន្តែជាកិច្ចការដែលត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ព្រះយេហូវ៉ា ដូច្នេះម៉ូសេមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់ឡើយ។ ម៉ូសេក៏បានសរសេរនូវក្រឹត្យវិន័យដែរ ប៉ុន្តែក្រឹត្យវិន័យនេះត្រូវបានចេញព្រះរាជក្រឹត្យដោយផ្ទាល់ពីព្រះយេហូវ៉ា។ វាគ្រាន់តែទ្រង់ឱ្យម៉ូសេជាអ្នកបង្ហាញក្រឹត្យវិន័យនោះប៉ុណ្ណោះ។ ព្រះយេស៊ូវក៏បានបង្កើតនូវបទបញ្ញត្តិផងដែរ ហើយទ្រង់បានលុបបំបាត់នូវក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ និងបានដាក់ចេញនូវបទបញ្ញត្តិសម្រាប់យុគសម័យថ្មី។ ហេតុអ្វីបានជាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់? គឺដោយសារតែវាមានលក្ខណៈខុសគ្នា។ នៅពេលនោះ កិច្ចការដែលត្រូវបានធ្វើដោយម៉ូសេ មិនតំណាងឱ្យយុគសម័យទេ ហើយក៏មិនបានបើកផ្លូវថ្មីនោះដែរ។ គាត់គ្រាន់តែត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ព្រះយេហូវ៉ា និងគ្រាន់តែត្រូវបានព្រះជាម្ចាស់ប្រើប៉ុណ្ណោះ។ នៅពេលដែលព្រះយេស៊ូវបានយាងមក យ៉ូហានបានអនុវត្តជំហានមួយនៃកិច្ចការរៀបចំផ្លូវហើយបានចាប់ផ្ដើមផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ (ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការនេះ)។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ ប៉ុន្តែវាមានភាពខុសគ្នាដ៏ធំមួយរវាងកិច្ចការរបស់ទ្រង់ និងកិច្ចការរបស់ម៉ូសេ។ អេសាយក៏បានថ្លែងទំនាយជាច្រើនផងដែរ ចុះហេតុអ្វីបានជាគាត់មិនមែនជាព្រះជាម្ចាស់ផ្ទាល់ទៅ? ព្រះយេស៊ូវមិនបានថ្លែងទំនាយជាច្រើនឡើយ ចុះហេតុអ្វីបានជាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ដូច្នេះ? គ្មាននរណាម្នាក់ហ៊ាននិយាយថា កិច្ចការរបស់ព្រះយេស៊ូវនៅគ្រានោះ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយពួកគេក៏មិនហ៊ានអះអាងថា កិច្ចការរបស់ទ្រង់សុទ្ធតែចេញពីឆន្ទៈរបស់មនុស្សឬក៏និយាយថា វាជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ទាំងស្រុងនោះដែរ។ មនុស្សគ្មានផ្លូវអាចវិភាគយល់ពីកិច្ចការបែបនេះឡើយ។ គឺអាចនិយាយបានថា អេសាយបានធ្វើកិច្ចការបែបនេះ និងបានថ្លែងទំនាយបែបនេះ ហើយទាំងអស់សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយអ្វីៗទាំងនេះមិនបានចេញមកដោយផ្ទាល់ពីអេសាយឡើយ ប៉ុន្តែវាជាការបើកសម្ដែងមកពីព្រះយេហូវ៉ា។ ព្រះយេស៊ូវមិនបានធ្វើកិច្ចការធំដុំច្រើនឡើយ ហើយក៏មិនបានមានបន្ទូល ឬថ្លែងទំនាយជាច្រើននោះដែរ។ ចំពោះមនុស្ស សេចក្តីអធិប្បាយរបស់ទ្រង់មិនគួរត្រូវបានលើកតម្កើងឡើយ ប៉ុន្តែទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ ហើយមនុស្សមិនអាចពន្យល់ពីការនេះបានឡើយ។ គ្មាននរណាម្នាក់បានជឿលើ យ៉ូហាន អេសាយ ឬដាវីឌឡើយ ហើយក៏គ្មាននរណាម្នាក់បានហៅពួកគេថាជាព្រះជាម្ចាស់ដូចជា ព្រះជាម្ចាស់ដាវីឌ ឬព្រះជាម្ចាស់យ៉ូហាននោះដែរ។ គ្មាននរណាម្នាក់ធ្លាប់បាននិយាយបែបនេះទេ គឺមានតែព្រះយេស៊ូវតែមួយអង្គប៉ុណ្ណោះ ដែលត្រូវបានគេហៅថាជាព្រះគ្រីស្ទ។ ការចាត់ថ្នាក់នេះត្រូវបានធ្វើឡើងស្របតាមការធ្វើបន្ទាល់របស់ព្រះជាម្ចាស់ កិច្ចការដែលទ្រង់បានធ្វើ និងព័ន្ធកិច្ចដែលទ្រង់បានបំពេញ។ ដោយមានការគោរពចំពោះវីរបុរសដ៏អស្ចារ្យនៃព្រះគម្ពីរដូចជា អ័ប្រាហាំ ដាវីឌ យ៉ូស្វេ ដានីយ៉ែល អេសាយ យ៉ូហាន និងព្រះយេស៊ូវ តាមរយៈកិច្ចការដែលពួកគេបានធ្វើ នោះអ្នកអាចប្រាប់បានថា នរណាគឺជាព្រះជាម្ចាស់ផ្ទាល់ ហើយមនុស្សប្រភេទណាខ្លះជាពួកហោរា និងជាពួកសាវ័ក។ នរណាដែលព្រះជាម្ចាស់បានប្រើប្រាស់ ហើយនរណាគឺជាព្រះជាម្ចាស់ផ្ទាល់ ត្រូវបានបែងចែក និងកំណត់ដោយសារជាតិ និងប្រភេទនៃកិច្ចការដែលពួកគេបានធ្វើ។ ប្រសិនបើអ្នកមិនអាចប្រាប់ពីភាពខុសគ្នានេះបានទេ នោះវាបញ្ជាក់ឱ្យឃើញថា អ្នកមិនដឹងអំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ឡើយ។ ព្រះយេស៊ូវជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានមានបន្ទូលជាច្រើន និងបានធ្វើនូវកិច្ចការជាច្រើន ជាពិសេសគឺការធ្វើការអស្ចារ្យជាច្រើនរបស់ទ្រង់។ យ៉ូហានក៏បានធ្វើនូវកិច្ចការជាច្រើន និងបានមានប្រសាសន៍ជាច្រើន រួមទាំងម៉ូសេផង ចុះហេតុអ្វីបានជាពួកគេមិនត្រូវបានហៅថា ជាព្រះជាម្ចាស់? អ័ដាមត្រូវបានព្រះជាម្ចាស់បង្កើតឡើងដោយផ្ទាល់ ចុះហេតុអ្វីបានជាគាត់មិនត្រូវបានគេហៅថាជាព្រះជាម្ចាស់ ផ្ទុយទៅវិញ គ្រាន់តែត្រូវបានគេហៅថាជាសត្តនិករម្នាក់? ប្រសិនបើមនុស្សម្នាក់និយាយទៅកាន់អ្នកថា «នៅថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន និងបានមានបន្ទូលជាច្រើនដែរ ដូច្នេះ ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់។ អ៊ីចឹង ម៉ូសេត្រូវតែជាព្រះជាម្ចាស់ហើយ ព្រោះគាត់ថ្លែងនូវព្រះបន្ទូលជាច្រើន!» អ្នកគួរតែសួរពួកគេវិញថា «នៅគ្រានោះ ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបន្ទាល់អំពីព្រះយេស៊ូវ ថាជាព្រះជាម្ចាស់ផ្ទាល់ ហើយមិនមែនជាយ៉ូហាន? តើយ៉ូហានមិនបានមកពីព្រះយេស៊ូវទេឬអី? តើមួយណាមានអំណាចជាង កិច្ចការរបស់យ៉ូហាន ឬកិច្ចការរបស់ព្រះយេស៊ូវ? ចំពោះមនុស្ស កិច្ចការរបស់យ៉ូហានមើលទៅដូចជាមានអំណាចជាងកិច្ចការរបស់ព្រះយេស៊ូវ ប៉ុន្តែហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះយេស៊ូវ ហើយមិនមែនជាយ៉ូហាន?» រឿងដដែលនេះកំពុងតែកើតឡើងនៅពេលសព្វថ្ងៃ! នៅសម័យនោះ នៅពេលដែលម៉ូសេបានដឹកនាំប្រជាជនអ៊ីស្រាអែល ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់គាត់ចេញពីក្នុងពពកមក។ ម៉ូសេមិនបាននិយាយដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ព្រះយេហូវ៉ា។ នេះគឺជាកិច្ចការរបស់អ៊ីស្រាអែលកាលពីសញ្ញាចាស់។ នៅក្នុងម៉ូសេ គ្មានព្រះវិញ្ញាណឡើយ ហើយក៏គ្មានវត្តមានរបស់ព្រះជាម្ចាស់ដែរ។ គាត់មិនអាចធ្វើកិច្ចការនោះបានឡើយ ដូច្នេះ វាមានភាពខុសគ្នាដ៏ធំមួយរវាងកិច្ចការដែលគាត់បានធ្វើ និងកិច្ចការដែលព្រះយេស៊ូវបានធ្វើ។ ហើយនោះគឺដោយសារតែកិច្ចការដែលពួកគេបានធ្វើ មានលក្ខណៈខុសគ្នា! ដើម្បីដឹងថាមនុស្សម្នាក់ត្រូវបានប្រើដោយព្រះជាម្ចាស់ ឬជាហោរា ជាសាវ័ក ឬក៏ជាព្រះជាម្ចាស់ផ្ទាល់នោះ គឺគេអាចឈ្វេងយល់បានតាមរយៈនិស្ស័យនៃកិច្ចការរបស់គេ ហើយការនេះនឹងជួយឱ្យអ្នកលែងមានមន្ទិលតទៅទៀត។ នៅក្នុងព្រះគម្ពីរ មានចែងទុកមកថា មានតែកូនចៀមប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរបាន។ នៅក្នុងយុគសម័យកាលនានា មានអ្នកកាត់ស្រាយបទគម្ពីរជាច្រើននាក់នៅក្នុងចំណោមបុគ្គលអស្ចារ្យៗជាច្រើន ដូច្នេះ តើអ្នកអាចនិយាយថា ពួកគេទាំងអស់គ្នាសុទ្ធតែជាកូនចៀមឬ? តើអ្នកអាចនិយាយបានថា សេចក្តីពន្យល់របស់ពួកគេសុទ្ធតែមកពីព្រះជាម្ចាស់ឬ? ពួកគេគ្រាន់តែជាគ្រូអធិប្បាយប៉ុណ្ណោះ ហើយពួកគេគ្មានអត្តសញ្ញាណនៃកូនចៀមឡើយ។ តើពួកគេអាចមានតម្លៃសក្ដិសមក្នុងការបកត្រាទាំងប្រាំពីរបានយ៉ាងដូចម្ដេច? នេះគឺជាការពិតដែលថា «មានតែកូនចៀមប៉ុណ្ណោះ ដែលអាចបើកត្រាទាំងប្រាំពីរបាន» ប៉ុន្តែទ្រង់មិនគ្រាន់តែយាងមក ដើម្បីបើកត្រាទាំងប្រាំពីរប៉ុណ្ណោះទេដ្បិតកិច្ចការនេះគ្មានភាពចាំបាច់នោះឡើយ ហើយវាត្រូវបានធ្វើឡើងដោយចៃដន្យប៉ុណ្ណោះ។ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់អំពីកិច្ចការរបស់ទ្រង់ផ្ទាល់ ដូច្នេះ តើវាចាំបាច់សម្រាប់ទ្រង់ដែរឬទេក្នុងការចំណាយពេលជាច្រើនធ្វើការបកស្រាយបទគម្ពីរនោះ? តើ «យុគសម័យនៃកូនចៀមបកស្រាយបទគម្ពីរ» ត្រូវបូកបន្ថែមទៅក្នុងកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំឬ? ទ្រង់យាងមកធ្វើកិច្ចការថ្មី ប៉ុន្តែទ្រង់ក៏ប្រទាននូវការបើកសម្ដែងមួយចំនួនអំពីកិច្ចការកាលពីអតីតកាលដែរ ដើម្បីធ្វើឱ្យមនុស្សយល់អំពីសេចក្តីពិតនៃកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំ។ ដូច្នេះ វាគ្មានភាពចាំបាច់អ្វីក្នុងការពន្យល់នូវបទគម្ពីរយ៉ាងច្រើនចេញពីព្រះគម្ពីរនោះឡើយ ដ្បិតគឺកិច្ចការនាពេលបច្ចុប្បន្នទេដែលសំខាន់។ អ្នកគួរតែដឹងថា ព្រះជាម្ចាស់មិនបានយាងមកដើម្បីបកត្រាទាំងប្រាំពីរឡើយ ប៉ុន្តែដើម្បីធ្វើកិច្ចការនៃសេចក្តីសង្រ្គោះវិញ។

អ្នកគ្រាន់តែដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ នៅគ្រាចុងក្រោយ ប៉ុន្តែតើទ្រង់នឹងយាងចុះមកយ៉ាងដូចម្ដេចឱ្យប្រាកដទៅ? មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ តើអ្នកអាចស្របតាមព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅតែមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ និងមិនត្រូវបានរាប់ថាជាមនុស្សមានបាប ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនបញ្ជាក់ថា អ្នកមិនមានបាប និងបរិសុទ្ធនោះឡើយ។ តើអ្នកអាចក្លាយជាពួកបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនត្រូវបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកត្រូវបានហ៊ុមព័ទ្ធ ដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងភាពឃោរឃៅ ប៉ុន្តែអ្នកនៅតែចង់ឡើងទៅជាមួយព្រះយេស៊ូវ ហើយបើបានបែបនេះមែន អ្នកច្បាស់ជាមនុស្សសំណាងបំផុតហើយ! អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែអ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឱ្យអ្នកស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការនៃការផ្លាស់ប្ដូរ និងការបន្សុទ្ធអ្នកដោយផ្ទាល់សិន។ ប្រសិនបើអ្នកគ្រាន់តែត្រូវបានប្រោសលោះ នោះអ្នកនឹងគ្មានសមត្ថភាពទទួលបានការញែកជាបរិសុទ្ធឡើយ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីគ្រប់គ្រាន់ ដើម្បីទទួលបានចំណែកជាព្រះពរដ៏ល្អៗរបស់ព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកខានមួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឱ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមរតករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ។

បើគ្មានការចាប់ផ្ដើមដំណាក់កាលថ្មីនៃកិច្ចការនេះទេ នោះនរណាទៅដឹងទៅថាអ្នករាល់គ្នាដែលជាអ្នកផ្សាយដំណឹងល្អ ជាគ្រូអធិប្បាយ ជាអ្នកកាត់ស្រាយព្រះគម្ពីរ និងជាអ្នកដឹកនាំខាងវិញ្ញាណដ៏អស្ចារ្យ នឹងត្រូវទៅកន្លែងដ៏សែនឆ្ងាយ! បើសិនគ្មានការចាប់ផ្ដើមដំណាក់កាលថ្មីនៃកិច្ចការនេះទេ នោះអ្វីដែលអ្នករាល់គ្នានិយាយនឹងក្លាយជារឿងហួសសម័យមិនខាន! មិនថាអ្វីៗដែលអ្នកនិយាយនោះ ស្ដីពីការឡើងទៅលើបល្ល័ង្ក ឬការរៀបចំឋានៈក្លាយជាស្ដេច មិនថាស្ដីពីការលះកាត់ចិត្តខ្លួនឯង ឬការយកឈ្នះរូបកាយរបស់ខ្លួន ស្ដីពីការធ្វើជាអ្នកជំងឺ ឬការរៀនមេរៀនចេញពីអ្វីៗគ្រប់យ៉ាង និងស្ដីពីការបន្ទាបខ្លួន ឬសេចក្តីស្រឡាញ់នោះឡើយ។ តើនេះមិនមែនជាការច្រៀងចេញពីតុងចាស់ដូចគ្នាទេឬអី? វាគ្រាន់តែជាការហៅសាច់រឿងតែមួយដោយឈ្មោះផ្សេងគ្នាប៉ុណ្ណោះ! មិនថាជាការគ្របបាំងក្បាល និងការកាត់នំប៉័ង ឬជាការដាក់ដៃអធិស្ឋាន និងការប្រោសអ្នកជំងឺឱ្យជា និងការដេញអារក្សនោះឡើយ។ តើវាអាចមានកិច្ចការថ្មីៗផ្សេងទេ? តើវាអាចមានការអភិវឌ្ឍថ្មីទេ? ប្រសិនបើអ្នកបន្តដឹកនាំតាមរបៀបនេះ នោះអ្នកនឹងដើរតាមគោលលទ្ធិ ឬកាន់តាមទំនៀមទម្លាប់ទាំងងងឹតងងល់មិនខាន។ អ្នករាល់គ្នាជឿថា កិច្ចការរបស់អ្នករាល់គ្នានឹងមានភាពខ្ពង់ខ្ពស់ ក៏ប៉ុន្តែ តើអ្នកមិនដឹងទេឬថា អ្វីៗទាំងអស់ត្រូវបានផ្ទេរ និងបង្រៀនដោយ «មនុស្សចាស់» ទាំងនោះកាលពីសម័យបុរាណ? តើគ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នានិយាយនិងធ្វើ មិនមែនជាពាក្យចុងក្រោយរបស់មនុស្សចាស់ទាំងនោះទេឬ? តើវាមិនមែនជាអ្វីដែលត្រូវបានបង្គាប់មក ដោយមនុស្សចាស់ទាំងនេះ មុនពេលពួកគេបានចែកឋានទេឬអី? តើអ្នកគិតថាទង្វើរបស់អ្នករាល់គ្នាខ្ពស់លើសពីទង្វើរបស់ពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុន និងថែមទាំងខ្ពស់លើសគ្រប់ទាំងអស់ឬ? ការចាប់ផ្ដើមដំណាក់កាលនៃកិច្ចការនេះ បានបញ្ចប់ការលើកសរសើររបស់អ្នករាល់គ្នាចំពោះកិច្ចការរបស់វីតណេស លី អំពីការព្យាយាមក្លាយជាស្ដេច និងការឡើងអង្គុយលើបល្ល័ង្ក ហើយវាបានធ្វើឱ្យអ្នកមានសេចក្តីអំនួតក្អេងក្អាង ដូច្នេះ អ្នកមិនអាចជ្រែកខ្លួនចូលទៅក្នុងដំណាក់កាលនៃកិច្ចការនេះបានឡើយ។ បើគ្មានដំណាក់កាលនេះទេ អ្នករាល់គ្នានឹងត្រូវលិចកាន់តែជ្រៅរហូតដល់លង់ខ្លួនគ្មានថ្ងៃត្រឡប់ក្រោយវិញឡើយ។ នៅក្នុងចំណោមអ្នករាល់គ្នា មានរឿងចាស់ៗច្រើនណាស់! ជាសំណាងល្អកិច្ចការនាថ្ងៃនេះ បាននាំអ្នករាល់គ្នាឱ្យបកក្រោយវិញ បើមិនដូច្នោះទេ នរណាទៅដឹងអំពីទិសដៅដែលអ្នករាល់គ្នានឹងត្រូវទៅ! ដោយសារតែព្រះជាម្ចាស់ជាព្រះដែលតែងតែថ្មី និងមិនដែលចាស់ តើហេតុអ្វីបានជាអ្នកមិនស្វែងរកអ្វីដែលថ្មីៗដូច្នេះ? ហេតុអ្វីបានជាអ្នកតែងតែប្រកាន់ខ្ជាប់នឹងអ្វីចាស់ៗបែបនេះ? ដូច្នេះ ការដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលសព្វថ្ងៃ ពិតជាសំខាន់ណាស់!

ខាង​ដើម៖ អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន

បន្ទាប់៖ អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ