ឍ. ស្ដីពីរបៀបដេញតាមការផ្លាស់ប្ដូរខាងនិស្ស័យ និងការប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់
៥០៤. ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឱ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឱ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេ ដែលអាចធ្វើឱ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់ តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥០៥. មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឱ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងន និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។ កាលពីមុន អត្ថន័យចម្បងនៃការនិយាយពីការផ្លាស់ប្ដូរនិស្ស័យ គឺសំដៅលើការអាចលះបង់ខ្លួនឯង ដើម្បីទុកឱ្យសាច់ឈាមរងទុក្ខ ជាការលត់ដំរូបកាយ និងការកំចាត់ចោលនូវការចង់បានរបស់ខ្លួនខាងផ្នែកសាច់ឈាម ដែលនេះជាប្រភេទនៃការផ្លាស់ប្ដូរនិស្ស័យមួយបែប។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដឹងថា ការបង្ហាញយ៉ាងពិតប្រាកដពីការផ្លាស់ប្ដូរនិស្ស័យ គឺជាការស្ដាប់បង្គាប់ព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងដឹងពីកិច្ចការថ្មីរបស់ព្រះអង្គយ៉ាងពិតប្រាកដ។ ការយល់ដឹងពីមុនរបស់មនុស្សចំពោះព្រះជាម្ចាស់ ដែលពួកគេគ្រាន់តែដឹងតាមការយល់ឃើញរបស់ខ្លួននោះ អាចត្រូវបានលុបចោល ហើយពួកគេអាចទទួលបានចំណេះដឹងពិតប្រាកដ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺមានតែបែបនេះទេទើបជាការបង្ហាញយ៉ាងពិតប្រាកដពីការផ្លាស់ប្ដូរនិស្ស័យ។
(ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥០៦. ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សចាប់ផ្ដើមជាមួយនឹងការយល់ដឹងពីសារជាតិគេ និងតាមរយៈការផ្លាស់ប្ដូរការគិត លក្ខណៈធម្មជាតិ និងទស្សនៈវិស័យផ្លូវចិត្ដ និងតាមរយៈការផ្ដាស់ប្ដូរជាមូលដ្ឋាន។ មានតែតាមរយៈរបៀបនេះទេ ទើបការផ្ដាស់ប្ដូរពិតប្រាកដ អាចសម្រេចបាននៅក្នុងនិស្ស័យរបស់មនុស្ស។ ឫសគល់នៃនិស្ស័យពុករលួយដែលកើតឡើងនៅក្នុងមនុស្ស គឺជាការបោកបញ្ឆោត សេចក្តីពុករលួយ និងសារជាតិពិសពុលរបស់សាតាំង។ មនុស្សត្រូវបានសាតាំងចង និងគ្រប់គ្រង ហើយគេរងទុក្ខយ៉ាងខ្លាំង ដែលសាតាំងបានបង្កឡើងនៅក្នុងគំនិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឱ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនអាចទទួលសេចក្ដីពិត។ ដូចនេះ ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សគួរតែចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរការគិត ការយល់ដឹង និងវិចារណញ្ញាណរបស់មនុស្ស ដែលនឹងធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិត។
(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥០៧. នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការបន្សុទ្ធ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឱ្យការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ និងការវាយកំទេចរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឱ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់សាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។ មនុស្សរស់នៅក្រោមឥទ្ធិពលរបស់សាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបានការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏ដោយ ទោះបីជាមានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំដែរ។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់។ ការវាយផ្ចាលរបស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឱ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែលើសពីនេះទៅទៀត វាជាការវាយផ្ចាល និងការជំនុំជម្រះ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានបទពិសោធនូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ។»
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥០៨. ប្រសិនបើអ្នកប្រាថ្នាឱ្យបានគ្រប់លក្ខណ៍នោះ ដំបូងអ្នកត្រូវតែធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យអ្នកសិន ដ្បិតទ្រង់ធ្វើឱ្យមនុស្សដែលទ្រង់សព្វព្រះហឫទ័យ និងស្របតាមព្រះហឫទ័យរបស់ទ្រង់បានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកចង់ស្របនឹងព្រះហឫទ័យរបស់ទ្រង់ នោះអ្នកត្រូវតែមានដួងចិត្តមួយដែលស្ដាប់បង្គាប់តាមកិច្ចការរបស់ទ្រង់ អ្នកត្រូវតែប្រឹងប្រែងស្វែងរកសេចក្ដីពិត ហើយអ្នកត្រូវតែទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់លើគ្រប់កិច្ចការទាំងអស់។ តើរាល់ទង្វើដែលអ្នកទាំងអស់គ្នាបានប្រព្រឹត្ត បានឆ្លងកាត់ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ហើយឬនៅ? តើចេតនារបស់អ្នក ត្រឹមត្រូវហើយឬនៅ? ប្រសិនបើចេតនារបស់អ្នកត្រឹមត្រូវហើយ នោះព្រះជាម្ចាស់នឹងសរសើរអ្នក ប្រសិនបើចេតនារបស់អ្នកមិនត្រឹមត្រូវវិញ នោះបង្ហាញឱ្យឃើញថា អ្វីដែលអ្នកស្រឡាញ់ពេញចិត្ត គឺសាច់ឈាម និងសាតាំង មិនមែនព្រះជាម្ចាស់ទេ។ ហេតុដូច្នេះហើយ អ្នកត្រូវតែប្រើនូវសេចក្ដីអធិស្ឋាន ទុកជាវិធីទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់។ ទោះបីជាខ្ញុំមិនមែនកំពុងឈរនៅចំពោះអ្នកផ្ទាល់ក៏ដោយ នៅពេលអ្នកអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយអ្នក ហើយទាំងខ្ញុំ និងព្រះវិញ្ញាណនៃព្រះជាម្ចាស់ សុទ្ធសឹងជាព្រះជាម្ចាស់ដែលអ្នកកំពុងអធិស្ឋានរក។ តើអ្នកនឹងជឿលើមនុស្សនេះឬទេ ប្រសិនបើទ្រង់ពុំមានព្រះវិញ្ញាណនៃព្រះជាម្ចាស់គង់នៅជាមួយទេនោះ? នៅពេលអ្នកទាំងអស់គ្នាជឿលើមនុស្សនេះ នោះអ្នកជឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ហើយ។ នៅពេលអ្នកទាំងអស់គ្នាកោតខ្លាចមនុស្សនេះ អ្នកក៏កោតខា្លចព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែរ។ សេចក្ដីជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ គឺជាសេចក្ដីជំនឿលើមនុស្សម្នាក់នេះ ហើយសេចក្ដីជំនឿលើមនុស្សម្នាក់នេះ គឺជាសេចក្ដីជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់។ នៅពេលអ្នកអធិស្ឋាន អ្នកទទួលអារម្មណ៍ថា ព្រះវិញ្ញាណគង់ជាមួយ ហើយមានអារម្មណ៍ថាព្រះជាម្ចាស់នៅចំពោះមុខអ្នក ហេតុដូច្នេះហើយ អ្នកក៏អធិស្ឋានទៅកាន់ព្រះវិញ្ញាណទ្រង់។ សព្វថ្ងៃនេះ មនុស្សភាគច្រើនភ័យខ្លាចក្នុងការនាំយកទង្វើរបស់ខ្លួនមកចំពោះព្រះជាម្ចាស់ពេក ដ្បិតខណៈពេលដែលអ្នកបំភាន់សាច់ឈាមរបស់ទ្រង់ នោះអ្នកមិនអាចបំភាន់ព្រះវិញ្ញាណរបស់ទ្រង់បានឡើយ។ គ្រប់បញ្ហាដែលមិនអាចទ្រាំទ្រនឹងការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានទេ នោះទាស់ទទឹងនឹងសេចក្ដីពិត ហើយក៏គួរតែត្រូវបោះចោលទៅម្ខាងដែរ ទង្វើផ្ទុយពីនេះ គឺជាអំពើបាបទាស់នឹងព្រះជាម្ចាស់ហើយ។ ដូច្នេះ អ្នកត្រូវតែថ្វាយដួងចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ គ្រប់ពេលទាំងអស់ ទាំងពេលអធិស្ឋាន ពេលនិយាយស្ដី និងពេលប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងពេលអ្នកបំពេញភារកិច្ច និងប្រកបរបរចិញ្ចឹមជីវិតរបស់អ្នក។ នៅពេលដែលអ្នកបំពេញតួនាទីរបស់ខ្លួន នោះព្រះជាម្ចាស់គង់នៅជាមួយអ្នក ហើយដរាបណាចេតនារបស់អ្នកត្រឹមត្រូវ និងជាចេតនាសម្រាប់កិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះទ្រង់នឹងទទួលយករាល់កិច្ចការដែលអ្នកធ្វើ អ្នកគួរតែលះបង់ខ្លួនដោយចិត្តស្មោះស ដើម្បីបំពេញមុខងាររបស់ខ្លួន។ នៅពេលអ្នកអធិស្ឋាន ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្ត ហើយស្វែងរកការថែរក្សា ការការពារ និងការពិនិត្យពិច័យពីព្រះជាម្ចាស់ ប្រសិនបើកិច្ចការទាំងអស់នេះគឺជាចេតនារបស់អ្នក នោះសេចក្ដីអធិស្ឋានរបស់អ្នកច្បាស់ជាមានប្រសិទ្ធភាព។ ឧទាហរណ៍ នៅពេលអ្នកអធិស្ឋាននៅក្នុងអង្គប្រជុំនានា ប្រសិនបើអ្នកបើកដួងចិត្ត រួចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលទ្រង់នូវអ្វីដែលមាននៅក្នុងចិត្តដោយមិនពោលពាក្យកុហក នោះសេចក្ដីអធិស្ឋានរបស់អ្នកនឹងមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកមានដួងចិត្តស្រឡាញ់ព្រះដោយស្មោះអស់ពីចិត្ត នោះចូរស្បថចំពោះព្រះជាម្ចាស់ដូចនេះថា៖ «ឱព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ និងលើផែនដី និងក្នុងចំណោមសព្វសារពើអើយ! ទូលបង្គំសូមស្បថនឹងទ្រង់ថា៖ សូមឱ្យព្រះវិញ្ញាណរបស់ទ្រង់ពិនិត្យពិច័យអស់ទាំងទង្វើដែលទូលបង្គំធ្វើ ហើយការពារ និងថែរក្សាទូលបង្គំគ្រប់ពេលវេលា ព្រមទាំងធ្វើឱ្យគ្រប់កិច្ចការទាំងអស់ដែលទូលបង្គំធ្វើ អាចស្ថិតនៅក្នុងវត្តមានរបស់ទ្រង់ផង។ ប្រសិនបើដួងចិត្តទូលបង្គំឈប់ស្រឡាញ់ទ្រង់ ឬក្បត់ទ្រង់ នោះសូមដាក់ទោស និងដាក់បណ្ដាសាយ៉ាងធ្ងន់ធ្ងរចំពោះទូលបង្គំចុះ។ សូមកុំអត់ទោសឱ្យទូលបង្គំឡើយ ទោះក្នុងជីវិតនេះ និងនៅបរលោកក្ដី!» តើអ្នកហ៊ានស្បថដូចនេះដែរឬទេ? ប្រសិនបើអ្នកទាំងអស់គ្នាមិនហ៊ានទេ នោះបង្ហាញថាអ្នកជាមនុស្សកំសាក ហើយអ្នកនៅតែស្រឡាញ់ខ្លួនឯង។ តើអ្នកមានការតាំងចិត្តបែបនេះដែរឬទេ? ប្រសិនបើនេះគឺពិតជាការតាំងចិត្តរបស់អ្នកមែន អ្នកគួរតែស្បថបែបនេះ ប្រសិនបើអ្នកមានការតាំងចិត្តស្បថបែបនេះ នោះព្រះជាម្ចាស់នឹងសម្រេចការតាំងចិត្តរបស់អ្នក។ នៅពេលអ្នកទាំងអស់គ្នាស្បថចំពោះព្រះជាម្ចាស់ នោះទ្រង់ព្រះសណ្ដាប់។ ព្រះជាម្ចាស់កំណត់ថា តើអ្នកគឺជាមនុស្សមានបាប ឬមនុស្សសុចរិត តាមរយៈការវាស់ស្ទង់សេចក្ដីអធិស្ឋាន និងការអនុវត្តរបស់អ្នក។ ឥឡូវនេះ គឺជាដំណើរការនៃការប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រសិនបើអ្នកពិតជាមានសេចក្ដីជំនឿលើការប្រោសឱ្យគ្រប់លក្ខណ៍មែន នោះអ្នកនឹងនាំយកទង្វើទាំងអស់ដែលអ្នកធ្វើ មកចំពោះព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ទ្រង់ ដ្បិតបើអ្នកប្រព្រឹត្តការបះបោរទាំងងងើល ឬប្រសិនបើអ្នកក្បត់ព្រះជាម្ចាស់ នោះទ្រង់នឹងឱ្យសម្បថរបស់អ្នកកើតផល ដូច្នេះ អ្វីក៏ដោយដែលកើតឡើងចំពោះអ្នក ទោះជាក្ដីវិនាសអន្តរាយឬការវាយផ្ចាល នោះជាទង្វើរបស់អ្នកផ្ទាល់ទេ។ អ្នកបានស្បថហើយ ដូច្នេះ អ្នកគួរតែប្រកាន់តាមសម្បថនេះឱ្យជាប់។ ប្រសិនបើអ្នកស្បថហើយ ប៉ុន្តែមិនប្រកាន់តាមទេ អ្នកនឹងរងនូវក្ដីវិនាសអន្តរាយ។ ដោយសារសម្បថនោះជាសម្បថរបស់អ្នក នោះព្រះជាម្ចាស់នឹងឱ្យផលដល់សម្បថនោះ។ មនុស្សខ្លះភ័យខ្លាចបន្ទាប់ពីបានអធិស្ឋាន និងទួញសោកថា «ចប់អស់ហើយ! ឱកាសប្រព្រឹត្តរឿងឧបាយមុខរបស់ខ្ញុំចប់ហើយ។ ឱកាសប្រព្រឹត្តនូវការអាក្រក់របស់ខ្ញុំចប់ហើយ។ ឱកាសផ្ដេកផ្ដួលតាមចំណង់ខាងលោកិយរបស់ខ្ញុំចប់ហើយ!» មនុស្សទាំងអស់នេះ នៅតែស្រឡាញ់លោកិយ និងអំពើបាប ហើយរងនូវក្ដីវិនាសអន្តរាយប្រាកដណាស់។
(ដកស្រង់ពី «ព្រះជាម្ចាស់ប្រោសមនុស្សណាដែលស្របតាមព្រះហឫទ័យទ្រង់ឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥០៩. មានច្បាប់មួយដើម្បីឱ្យមនុស្សទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គឺថាទ្រង់បំភ្លឺដល់អ្នកដោយប្រើផ្នែកដែលអ្នកចង់បាន ដើម្បីឱ្យអ្នកមានមាគ៌ាក្នុងការអនុវត្ត ហើយអាចញែកខ្លួនឯងចេញពីភាពអវិជ្ជមានទាំងអស់ ដោយជួយវិញ្ញាណរបស់អ្នកទទួលបានការដោះលែង ហើយធ្វើឱ្យអ្នកកាន់តែអាចស្រឡាញ់ទ្រង់។ តាមវិធីនេះ អ្នកអាចបោះចោលនូវនិស្ស័យពុករលួយរបស់សាតាំង។ អ្នកគឺជាមនុស្សគ្មានភាពប៉ិនប្រសព្វ និងបើកចំហរ មានឆន្ទៈក្នុងការស្គាល់ខ្លួនឯង និងអនុវត្តនូវសេចក្ដីពិត។ ព្រះជាម្ចាស់ប្រាកដជានឹងប្រទានពរដល់អ្នក ដូច្នេះនៅពេលអ្នកខ្សោយ និងមានភាពអវិជ្ជមាន ព្រះជាម្ចាស់នឹងបំភ្លឺអ្នកជាទ្វេគុណ ជួយអ្នកឱ្យស្គាល់ខ្លួនឯងកាន់តែច្រើន មានឆន្ទៈប្រែចិត្តសម្រាប់ខ្លួនឯង និងអាចអនុវត្តនូវអ្វីដែលអ្នកគប្បីអនុវត្ត។ មានតែតាមវិធីនេះទេ ដែលអាចធ្វើឱ្យចិត្តរបស់អ្នកមានភាពសុខសាន្ដ និងស្ងប់ស្ងៀម។ មនុស្សដែលយកចិត្តទុកដាក់នឹងការស្គាល់ព្រះជាម្ចាស់ អ្នកដែលយកចិត្តទុកដាក់ក្នុងការស្គាល់ខ្លួនឯង អ្នកដែលយកចិត្តទុកដាក់នឹងការអនុវត្តផ្ទាល់ខ្លួន នោះនឹងអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់ជាញឹកញាប់ ព្រមទាំងទទួលបានការណែនាំ និងការបំភ្លឺរបស់ទ្រង់ផងដែរ។ ទោះបីជាមនុស្សបែបនេះអាចស្ថិតនៅក្នុងសភាពអវិជ្ជមានក៏ដោយ ក៏ទ្រង់អាចបង្វែរអ្វីៗបានភ្លាមៗ ទោះបីជាតាមរយៈសកម្មភាពមនសិការ ឬការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការផ្លាស់ប្តូរនិស្ស័យរបស់មនុស្សម្នាក់ ជានិច្ចជាកាលអាចធ្វើទៅបាននៅពេលដែលមនុស្សម្នាក់នោះដឹងពីសភាពជាក់ស្តែងផ្ទាល់ខ្លួន និងនិស្ស័យ ព្រមទាំងកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ដែលមានឆន្ទៈស្គាល់ខ្លួនឯង ហើយបើកចំហខ្លួនឯង នឹងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិត។ មនុស្សប្រភេទនេះជាមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ មានការយល់ដឹងអំពីព្រះជាម្ចាស់ មិនថាការយល់ដឹងនេះមានភាពស៊ីជម្រៅ ឬរាក់ តិចតូច ឬច្រើនក៏ដោយ។ នេះគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយជាអ្វីដែលមនុស្សទទួលបាន។ វាជាការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សដែលមានចំណេះដឹងអំពីព្រះជាម្ចាស់ គឺជាអ្នកដែលមានមូលដ្ឋានគ្រឹះ ជាអ្នកមាននិមិត្ត។ មនុស្សប្រភេទនេះមានភាពប្រាកដច្បាស់អំពីសាច់ឈាមរបស់ព្រះជាម្ចាស់ ហើយដឹងច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ មិនថារបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការ ឬមានព្រះបន្ទូល ឬរបៀបដែលមនុស្សដទៃទៀតធ្វើឱ្យមានការរំខានយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់នោះនៅតែអាចឈរជើងយ៉ាងមាំ ហើយធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។ បើមនុស្សម្នាក់ធ្វើតាមវិធីនេះកាន់តែច្រើន នោះគេកាន់តែអាចប្រកាន់ខ្ជាប់នូវសេចក្ដីពិតដែលគេយល់ដឹង។ ដោយសារគេតែងតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគេទទួលបាននូវការយល់ដឹងកាន់តែច្រើនអំពីព្រះជាម្ចាស់ និងមានការតាំងចិត្តធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ជារៀងរហូត។
(ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១០. ក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សចង់ឱ្យមានការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេ នោះពួកគេមិនត្រូវដកខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ នៅក្នុងជីវិតពិតជាក់ស្តែង អ្នកត្រូវស្គាល់ខ្លួនឯង លះបង់ខ្លួនឯង អនុវត្តសេចក្តីពិត ក៏ដូចជារៀនពីគោលការណ៍ សុភវិនិច្ឆ័យ និងច្បាប់នៃការប្រព្រឹត្តខ្លួននៅគ្រប់កិច្ចការទាំងអស់ មុនពេលដែលអ្នកអាចសម្រេចនូវការបំផ្លាស់បំប្រែបន្តិចម្តងៗបាន។ ប្រសិនបើអ្នកផ្តោតតែទៅលើចំណេះដឹងខាងទ្រឹស្តី ហើយរស់នៅក្នុងចំណោមពិធីសាសនាផ្សេងៗ ដោយមិនបានចូលឱ្យជ្រៅទៅក្នុងតថភាព ដោយមិនបានចូលទៅក្នុងជីវិតពិតជាក់ស្តែងទេ នោះអ្នកនឹងមិនដែលចូលទៅក្នុងតថភាពឡើយ អ្នកនឹងមិនដែលស្គាល់ខ្លួនឯង សា្គល់សេចក្តីពិត ឬស្គាល់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងខ្វាក់ ព្រមទាំងល្ងង់ខ្លៅជារៀងរហូត។ កិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ គឺមិនមែនដើម្បីឱ្យពួកគេរស់នៅក្នុងជីវិតជាមនុស្សធម្មតាបន្ទាប់ពីបានមួយរយៈខ្លីនោះទេ ហើយក៏មិនមែនដើម្បីបំផ្លាស់បំប្រែសញ្ញាណ និងគោលលទ្ធិខុសឆ្គងរបស់ពួកគេនោះដែរ។ ផ្ទុយទៅវិញ គោលបំណងរបស់ទ្រង់ គឺដើម្បីផ្លាស់ប្តូរនិស្ស័យចាស់របស់មនុស្ស ដើម្បីផ្លាស់ប្តូររបៀបរស់នៅចាស់របស់ពួកគេទាំងស្រុង និងដើម្បីផ្លាស់ប្តូរគ្រប់ទាំងវិធីគិត និងទស្សនៈគំនិតចាស់គំរឹលរបស់ពួកគេផងដែរ។ ការផ្តោតតែទៅលើជីវិតពួកជំនុំ នឹងមិនផ្លាស់ប្តូរទម្លាប់ជីវិតចាស់របស់មនុស្ស ឬផ្លាស់ប្តូរវិធីចាស់ ដែលពួកគេបានរស់នៅជាយូរមកហើយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនត្រូវកាត់ផ្តាច់ចេញពីជីវិតពិតជាក់ស្តែងឡើយ។ ព្រះជាម្ចាស់ត្រាស់បង្គាប់ឱ្យមនុស្សរស់នៅក្នុងភាពជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែង មិនមែនគ្រាន់តែនៅក្នុងជីវិតពួកជំនុំប៉ុណ្ណោះទេ ឱ្យពួកគេត្រូវរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែង មិនមែនគ្រាន់តែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ និងឱ្យពួកគេបំពេញមុខងាររបស់ពួកគេនៅក្នុងជីវិតពិតជាក់ស្តែង មិនមែនគ្រាន់តែនៅក្នុងជីវិតពួកជំនុំប៉ុណ្ណោះទេ។ ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត មនុស្សត្រូវតែបង្វែរអ្វីគ្រប់យ៉ាងឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ នៅក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនអាចស្គាល់ខ្លួនឯងតាមរយៈការចូលទៅក្នុងជីវិតពិតជាក់ស្តែងទេ ហើយប្រសិនបើពួកគេមិនអាចរស់នៅក្នុងភាពជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែងបានទេ នោះពួកគេនឹងក្លាយជាមនុស្សបរាជ័យមិនខាន។ អ្នកទាំងឡាយណាដែលមិនស្តាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែជាមនុស្សដែលមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានទាំងអស់។ ពួកគេគឺសុទ្ធតែជាមនុស្សដែលនិយាយអំពីភាពជាមនុស្ស តែបែរជារស់នៅតាមធម្មជាតិជាអារក្សទៅវិញ។ ពួកគេគឺសុទ្ធតែជាមនុស្សដែលនិយាយអំពីសេចក្តីពិត តែបែរជារស់នៅតាមគោលលទ្ធិទៅវិញ។ អស់អ្នកណាដែលមិនអាចរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែងបានទេ អ្នកនោះគឺជាអ្នកដែលជឿព្រះជាម្ចាស់ ប៉ុន្តែត្រូវព្រះអង្គស្អប់ខ្ពើម និងបដិសេធ។ អ្នកត្រូវអនុវត្តការចូលទៅក្នុងជីវិតពិតជាក់ស្ដែងរបស់អ្នក ដឹងពីភាពខ្វះចន្លោះរបស់ខ្លួន ដឹងពីការមិនស្តាប់បង្គាប់ និងភាពល្ងង់ខ្លៅ ព្រមទាំងដឹងពីភាពជាមនុស្សដែលខុសពីធម្មតា និងភាពទន់ខ្សោយរបស់អ្នក។ តាមរបៀបនេះ ចំណេះដឹងរបស់អ្នកនឹងត្រូវរួមបញ្ចូលទៅក្នុងស្ថានភាព និងការលំបាកជាក់ស្តែងរបស់អ្នក។ មានតែចំណេះដឹងប្រភេទនេះទេ ដែលពិតប្រាកដ និងអាចឱ្យអ្នកក្ដាប់បានពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក និងសម្រេចនូវការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកបានយ៉ាងពិតប្រាកដ។
(ដកស្រង់ពី «ការពិភាក្សាអំពីជីវិតពួកជំនុំ និងជីវិតពិតជាក់ស្តែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១១. ការហូប និងផឹកព្រះបន្ទូល ការអធិស្ឋាន ការទទួលយកបន្ទុកពីព្រះ និងការទទួលយកកិច្ចការដែលទ្រង់ផ្ញើទុកនឹងអ្នក ទាំងអស់នេះគឺដើម្បីអាចឱ្យមានផ្លូវមួយចំពោះមុខអ្នក។ កាលណាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ធ្លាក់មកលើអ្នកកាន់តែច្រើន នោះអ្នកកាន់តែងាយនឹងត្រូវទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ អ្នកខ្លះមិនចង់សហការជាមួយអ្នកដទៃនៅក្នុងការបម្រើព្រះនោះទេ ទោះបីជានៅពេលដែលពួកគេត្រូវបានត្រាស់ហៅក៏ដោយ។ ពួកគេទាំងនេះ គឺជាមនុស្សកម្ជិល ដែលចង់តែសោយសុខក្នុងភាពសុខស្រួលប៉ុណ្ណោះ។ ពេលដែលអ្នកត្រូវបានស្នើឱ្យបម្រើ ដោយសហការជាមួយអ្នកដទៃកាន់តែច្រើន នោះអ្នកនឹងទទួលបទពិសោធកាន់តែច្រើន។ ដោយសារអ្នកមានអម្រែក និងបទពិសោធកាន់តែច្រើន អ្នកនឹងទទួលបានឱកាសកាន់តែច្រើនដើម្បីបានគ្រប់លក្ខណ៍។ ដូច្នេះហើយ ប្រសិនបើអ្នកអាចបម្រើព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត នោះអ្នកនឹងយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ ពេលនោះ អ្នកនឹងមានឱកាសកាន់តែច្រើនដើម្បីឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍។ មានតែមនុស្សក្រុមនេះទេ ដែលកំពុងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅពេលបច្ចុប្បន្ននេះ។ កាលណាព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តអ្នកកាន់តែច្រើន នោះអ្នកមានពេលវេលាយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់កាន់តែច្រើន ព្រះអង្គធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍កាន់តែច្រើន ហើយព្រះជាម្ចាស់នឹងទទួលយកកាន់កាន់តែច្រើន រហូតដល់ចុងបញ្ចប់ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់ប្រើ។ នៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនមិនរែកអម្រែកសម្រាប់ក្រុមជំនុំទេ។ មនុស្សទាំងនេះ ជាពួកខ្ជីខ្ជា និងខ្ជិលច្រអូស ហើយពួកគេខ្វល់ខ្វាយតែខាងផ្នែកសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺពិតជាអាត្មានិយមខ្លាំងណាស់ ហើយពួកគេក៏ជាមនុស្សខ្វាក់ផង។ ប្រសិនបើអ្នកមិនអាចមើលឃើញបញ្ហានេះច្បាស់នោះទេ អ្នកនឹងមិនរែកអម្រែកណាមួយឡើយ។ កាលណាអ្នកយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះកាន់តែច្រើន នោះព្រះជាម្ចាស់នឹងផ្ទុកផ្ដាក់អម្រែកកាន់តែធ្ងន់ដល់អ្នក។ មនុស្សអាត្មានិយម មិនចង់រងទុក្ខបែបនេះទេ ក៏មិនចង់លះបង់អ្វីដែរ ហើយជាលទ្ធផល ពួកគេនឹងខកឱកាសទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ តើពួកមិនមែនកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនទេឬអី? បើអ្នកជាមនុស្សម្នាក់ដែលគិតគូរពីព្រះហឫទ័យព្រះ នោះអ្នកនឹងរែកពុនបន្ទុកពិតប្រាកដដើម្បីក្រុមជំនុំ។ តាមពិត គួរហៅថាជាបន្ទុកដែលអ្នករែកពុនដើម្បីជីវិតខ្លួនឯង ជាងហៅថាជាបន្ទុកដែលអ្នករែកពុនដើម្បីពួកជំនុំ ព្រោះគោលបំណងដែលអ្នករែកពុនបន្ទុកសម្រាប់ពួកជំនុំ គឺដើម្បីឱ្យអ្នកប្រើបទពិសោធនេះ ដើម្បីឱ្យព្រះប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍។ ដូច្នេះហើយ អ្នកណាក៏ដោយដែលរែកអម្រែកធំបំផុតសម្រាប់ក្រុមជំនុំ អ្នកណាក៏ដោយដែលរែកអម្រែកដើម្បីចូលទៅក្នុងជីវិត ពួកគេគឺជាអ្នកដែលព្រះជាម្ចាស់ប្រោសគេឱ្យគ្រប់លក្ខណ៍។ តើអ្នកមើលឃើញរឿងនេះច្បាស់ទេ? ប្រសិនបើក្រុមជំនុំដែលអ្នកនៅជាមួយបានរាយប៉ាយដូចគ្រាប់ខ្សាច់ ប៉ុន្តែអ្នកមិនខ្វល់ ឬបារម្ភ ហើយអ្នកធ្វើមិនដឹងមិនឮ ពេលបងប្អូនប្រុសស្រីមិនហូប មិនផឹកបន្ទូលព្រះតាមធម្មតា នោះអ្នកមិនមែនកំពុងរែកអម្រែកណាមួយនោះទេ។ មនុស្សប្រភេទនេះ មិនមែនជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ ប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះឫទ័យ គឺមនុស្សដែលស្រេកឃ្លានសេចក្តីសុចរិត ហើយយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ អ្នកមិនគួររង់ចាំឱ្យព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ដល់មនុស្សទាំងអស់ នៅមុនពេលដែលអ្នកបង្កើនការយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់នោះទេ។ ដល់ពេលនោះ តើវាមិនយឺតពេលហើយទេឬអី? ពេលនេះជាឱកាសដ៏ល្អមួយដើម្បីឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកទុកឱ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃរបស់អ្នក នោះអ្នកនឹងសោកស្តាយអស់មួយជីវិត ដូចម៉ូសេដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ ហើយសោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំងវិប្បដិសារី។ នៅពេលដែលព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ទៅគ្រប់មនុស្សទាំងអស់ អ្នកនឹងពេញដោយការសោកស្តាយ។ ទោះបីជាព្រះជាម្ចាស់មិនដាក់ទោសអ្នកក៏ដោយ អ្នកនឹងដាក់ទោសខ្លួនឯងដោយសារវិប្បដិសារីរបស់អ្នក។ អ្នកខ្លះមិនជឿលើការនេះទេ ប្រសិនបើអ្នកមិនជឿរឿងនេះទេ នោះគ្រាន់តែរង់ចាំមើលចុះ។ មានមនុស្សមួយចំនួន ដែលបំណងតែមួយគត់របស់ពួកគេគឺ ដើម្បីចាក់បំពេញព្រះបន្ទូលទាំងនេះ។ តើអ្នកចង់លះបង់ខ្លួនឯងដើម្បីប្រយោជន៍នៃព្រះបន្ទូលទាំងនេះទេ?
(ដកស្រង់ពី «ចូរយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១២. ព្រះវិញ្ញាណបរិសុទ្ធមានផ្លូវមួយដើរនៅក្នុងមនុស្សម្នាក់ៗ ហើយផ្តល់ឱ្យមនុស្សម្នាក់ៗនូវឳកាសទទួលបានភាពគ្រប់លក្ខណ៍។ តាមរយៈភាពអវិជ្ជមានរបស់អ្នក អ្នកត្រូវបានបង្កើតឡើងដើម្បីឱ្យបានដឹងអំពីសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់ពីការបោះបង់ចោលនូវភាពអវិជ្ជមាន អ្នកនឹងរកឃើញនូវមាគ៌ាដើម្បីអនុវត្ត។ ទាំងនេះគឺជាវិធីទាំងអស់ដែលទ្រង់នឹងប្រទានឱ្យអ្នកបានគ្រប់លក្ខណ៍។ លើសពីនេះទៅទៀត តាមរយៈការណែនាំជាបន្តបន្ទាប់ និងការបំភ្លឺនូវចំណុចវិជ្ជមានមួយចំនួននៅខាងក្នុងអ្នក អ្នកនឹងបំពេញមុខងាររបស់អ្នកយ៉ាងសកម្ម លូតលាស់នូវការយល់ដឹងបានច្បាស់ និងទទួលបាននូវការដឹងខុសត្រូវ។ នៅពេលដែលលក្ខណៈរបស់អ្នកល្អ អ្នកនឹងមានឆន្ទៈជាពិសេសក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជាពិសេសទៅទៀត មានឆន្ទៈក្នុងការអធិស្ឋានទៅចំពោះព្រះជាម្ចាស់ និងអាចផ្សារភ្ជាប់សេចក្ដីអធិប្បាយដែលអ្នកបានឮ ទៅកាន់សណ្ឋានរបស់អ្នកផ្ទាល់ខ្លួន។ នៅគ្រានោះព្រះជាម្ចាស់នឹងបំភ្លឺ និងធ្វើឱ្យអ្នកយល់នៅខាងក្នុងចិត្ត ធ្វើឱ្យអ្នកដឹងនូវរឿងរ៉ាវខ្លះៗអំពីទិដ្ឋភាពវិជ្ជមាន។ នេះជារបៀបដែលទ្រង់ប្រទានឱ្យអ្នកបានគ្រប់លក្ខណ៍នៅក្នុងផ្នែកវិជ្ជមាន។ នៅក្នុងភាពអវិជ្ជមាន អ្នកខ្សោយ និងអសកម្ម។ អ្នកមានអារម្មណ៍ថាអ្នកមិនមានព្រះជាម្ចាស់នៅក្នុងចិត្តអ្នកទេ តែព្រះជាម្ចាស់ធ្វើឱ្យអ្នកយល់ ដោយជួយអ្នករកផ្លូវដើម្បីអនុវត្ត។ ចេញពីការនេះ គឺជាការទទួលបាននូវភាពគ្រប់លក្ខណ៍នៅក្នុងទិដ្ឋភាពអវិជ្ជមាន។ ព្រះជាម្ចាស់អាចប្រោសឱ្យមនុស្សគ្រប់លក្ខណ៍បានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ វាអាស្រ័យថាតើអ្នកអាចទទួលបានបទពិសោធឬអត់ ហើយថាតើអ្នកបន្តទទួលបាននូវភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ឬអត់។ ប្រសិនបើអ្នកពិតជាដេញតាមការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ នោះភាពអវិជ្ជមានមិនអាចធ្វើឱ្យអ្នកទទួលរងនូវការបាត់បង់ទេ ប៉ុន្តែអាចផ្ដល់ឱ្យអ្នកនូវអ្វីដែលកាន់តែពិតប្រាកដ ហើយអាចធ្វើឱ្យអ្នកកាន់តែដឹងថាអ្វីខ្លះនៅក្នុងអ្នកមានភាពខ្វះខាត កាន់តែអាចយល់បានពីភាពពិតរបស់អ្នក ហើយមើលឃើញថាមនុស្សមិនមានអ្វីទេ គឹគ្មានអ្វីសោះ។ ប្រសិនបើអ្នកមិនបានជួប្រទះការល្បងល នោះអ្នកនឹងមិនដឹងទេ ហើយនឹងតែងតែមានអារម្មណ៍ថាអ្នកខ្ពស់ជាងអ្នកដទៃ និងប្រសើរជាងមនុស្សគ្រប់គ្នាផ្សេងទៀតជានិច្ច។ តាមរយៈអ្វីៗទាំងអស់នេះ អ្នកនឹងឃើញថា អ្វីៗដែលបានកើតឡើងពីមុន ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ហើយត្រូវបានការពារដោយព្រះជាម្ចាស់។ ការចូលទៅក្នុងការល្បងលធ្វើឱ្យអ្នកគ្មានសេចក្តីស្រឡាញ់ ឬសេចក្តីជំនឿ អ្នកខ្វះការអធិស្ឋាន ហើយអ្នកមិនអាចច្រៀងទំនុកតម្កើង ហើយនៅក្នុងស្ថានភាពនេះ អ្នកចាប់ផ្ដើមស្គាល់ខ្លួនឯង ដោយមិនដឹងខ្លួន។ ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីឱ្យមនុស្សឃើញជាក់។ ក្នុងន័យម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់ឱ្យមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងឱ្យមនុស្សជីកកកាយរក និងឃើញនូវ «អាថ៌កំបាំង» នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឱ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងឱ្យឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីឱ្យមនុស្សអាចដឹងថាព្រះជាម្ចាស់មានភាពជាក់ស្ដែង។
(ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១៣. នាពេលបច្ចុប្បន្ននេះ អ្វីដែលអ្នករាល់គ្នាគួរតែស្វែងរកមុនគេ គឺការទុកឱ្យព្រះជាម្ចាស់ប្រោសអ្នករាល់គ្នាឱ្យបានគ្រប់លក្ខណ៍នៅក្នុងគ្រប់ការទាំងអស់ និងឱ្យព្រះអង្គប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍តាមរយៈមនុស្សទាំងអស់ បញ្ហាទាំងអស់ និងអ្វីៗទាំងអស់ដែលអ្នករាល់គ្នាបានជួបប្រទះ ដើម្បីឱ្យអ្វីដែលព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតអ្នករាល់គ្នាបានកាន់តែច្រើនឡើង។ ដំបូងអ្នករាល់គ្នាត្រូវតែទទួលមរតករបស់ព្រះជាម្ចាស់នៅលើផែនដី ទាល់តែដល់ពេលនោះ ទើបអ្នកមានសិទ្ធិទទួលព្រះពរពីព្រះអង្គកាន់តែច្រើនឡើងៗបាន។ ទាំងនេះគឺជាអ្វីដែលអ្នករាល់គ្នាគួរស្វែងរក ហើយអ្នករាល់គ្នាគួរស្វែងយល់មុនអ្វីៗទាំងអស់។ កាលណាអ្នករាល់គ្នារឹតតែព្យាយាមឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ នោះអ្នករាល់គ្នាក៏រឹតតែអាចមើលឃើញព្រះហស្តរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ជាលទ្ធផល អ្នករាល់គ្នានឹងព្យាយាមចូលក្នុងវត្តមាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទ្រង់ តាមរយៈទស្សនៈផ្សេងៗពីគ្នា នៅក្នុងបញ្ហាផ្សេងៗពីគ្នា។ អ្នករាល់គ្នាមិនអាចស្កប់ចិត្តជាមួយនឹងស្ថានភាពអសកម្មដោយគ្រាន់តែមិនប្រព្រឹត្តអំពើបាប ឬគ្មានគំនិតគិតស្រមៃ គ្មានទស្សនវិជ្ជាសម្រាប់ការរស់នៅ និងគ្មានឆន្ទៈជាមនុស្សតែប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍តាមរបៀបជាច្រើន។ ក្នុងគ្រប់បញ្ហាទាំងអស់ គឺសុទ្ធតែមានលទ្ធភាពនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយទ្រង់មិនត្រឹមតែអាចធ្វើឱ្យអ្នកគ្រប់លក្ខណ៍នៅក្នុងលក្ខណៈវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងន័យអវិជ្ជមានផងដែរ ដើម្បីឱ្យអ្នករាល់គ្នាទទួលបានកាន់តែច្រើន។ រៀងរាល់ថ្ងៃ ឱកាសត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ និងឱកាសឱ្យព្រះជាម្ចាស់ទទួលយក គឺនៅតែមាន។ បន្ទាប់ពីបានឆ្លងកាត់បទពិសោធបែបនេះមួយរយៈ អ្នកនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង ហើយអ្នកនឹងយល់ពីរឿងជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុន។ មិនចាំបាច់មានការណែនាំពីអ្នកដទៃទេ។ ព្រះជាម្ចាស់នឹងបំភ្លឺដល់អ្នក ទាំងមិនឱ្យអ្នកដឹងខ្លួន ដើម្បីឱ្យអ្នកទទួលបានការយល់ដឹងក្នុងគ្រប់រឿងទាំងអស់ ហើយបញ្ចូលបទពិសោធរបស់អ្នកឱ្យលម្អិត។ ព្រះជាម្ចាស់ប្រាកដជាដឹកនាំអ្នកដើម្បីកុំឱ្យអ្នកងាកទៅឆ្វេង ឬទៅស្តាំឡើយ ដូច្នេះហើយអ្នកនឹងដើរលើមាគ៌ាឆ្ពោះទៅរកការត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយទ្រង់។
... ប្រសិនបើអ្នករាល់គ្នាចង់ឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែរៀនអំពីរបៀបពិសោធក្នុងគ្រប់បញ្ហាទាំងអស់ និងអាចទទួលបានការយល់ដឹងក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឱ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែអាចពិចារណាខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធរបស់អ្នក)។ ប្រសិនបើអ្នកឆ្លងកាត់បទពិសោធបែបនេះនោះដួងចិត្តរបស់អ្នកនឹងបានពេញដោយបន្ទុកនៃជីវិតរបស់អ្នក។ អ្នកនឹងរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជារៀងរហូត ដោយមិនងាយនឹងបែរចេញពីទ្រង់ងាយៗក្នុងការអនុវត្តរបស់អ្នកឡើយ។ មនុស្សបែបនេះមានអនាគតភ្លឺស្វាងនៅពីមុខពួកគេ។ ឱកាសត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់មានច្រើនណាស់។ វាអាស្រ័យត្រង់ថា អ្នករាល់គ្នាគឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតមែន ឬមិនមែន ហើយអាស្រ័យត្រង់ថា អ្នករាល់គ្នាមាន ឬគ្មានការតាំងចិត្ត ដើម្បីឱ្យបានប្រោសឱ្យបានគ្រប់លក្ខណ៍ និងត្រូវបានទទួលយកដោយព្រះជាម្ចាស់ និងដើម្បីទទួលព្រះពរ និងមរតករបស់ទ្រង់។ ត្រឹមការតាំងចិត្ត គឺមិនទាន់គ្រប់គ្រាន់ទេ។ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងច្រើន បើមិនដូច្នេះទេអ្នករាល់គ្នានឹងតែងតែងាកចេញពីការអនុវត្តរបស់អ្នករាល់គ្នាជាមិនខាន។ ព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឱ្យអ្នករាល់គ្នាមានភាពគ្រប់លក្ខណ៍។ ជាក់ស្តែងបច្ចុប្បន្ននេះ ទោះបីជាមនុស្សភាគច្រើនបានទទួលកិច្ចការព្រះជាម្ចាស់អស់រយៈពេលយូរយ៉ាងណាក៏ដោយ ក៏ពួកគេបានកំណត់ខ្លួនឯងត្រឹមរស់នៅដោយពឹងផ្អែកតែនឹងព្រះគុណព្រះជាម្ចាស់ ហើយព្រមឱ្យព្រះអង្គកម្សាន្តសាច់ឈាមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែពួកគេមិនព្រមទទួលការបើកសម្តែងបន្ថែម និងលើសពីនេះទេ។ ការនេះសរបញ្ជាក់ឱ្យឃើញថា ចិត្តរបស់មនុស្សនៅតែគិតពីរឿងក្រៅខ្លួនប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់មនុស្ស ការបម្រើរបស់គេ និងដួងចិត្តនៃសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់មានភាពសៅហ្មងតិចតួចក៏ដោយ បើយោងទៅតាមលក្ខណៈពិតក្នុងចិត្តរបស់គេ និងការគិតថយក្រោយរបស់គេ មនុស្សនៅតែស្វែងរកភាពសុខសាន្ត និងការរីករាយខាងសាច់ឈាមជានិច្ច ហើយមិនខ្វល់ពីលក្ខខណ្ឌ និងគោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការប្រោសពួកគេឱ្យបានគ្រប់លក្ខណ៍នឹងទៅជាយ៉ាងណានោះទេ។ ដូច្នេះហើយជីវិតរបស់មនុស្សភាគច្រើន នៅតែជាមនុស្សថោកទាប និងអាប់ឱនដដែល។ ជីវិតរបស់ពួកគេមិនបានផ្លាស់ប្តូរបន្តិចបន្តួចឡើយ។ ពួកគេមិនចាត់ទុកជំនឿលើព្រះជាម្ចាស់ជារឿងសំខាន់នោះទេ វាហាក់ដូចជាពួកគេមានជំនឿសម្រាប់ជាប្រយោជន៍អ្នកដទៃ ដោយគ្រាន់តែបំពេញកិច្ច និងព្យាយាមសម្រេចអ្វីមួយដោយធ្វេសប្រហែស រសាត់អណ្តែតក្នុងជីវិតដែលគ្មានគោលបំណង។ មនុស្សដែលអាចព្យាយាមចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ទាំងទទួលបានកាន់តែច្រើនឡើងៗ ហើយមានទ្រព្យសម្បត្តិកាន់តែច្រើន ក្នុងដំណាក់របស់ព្រះជាម្ចាស់សព្វថ្ងៃ និងទទួលបានព្រះពរពីព្រះជាម្ចាស់ថែមទៀតផងនោះ មានតិចណាស់។ ប្រសិនបើអ្នករាល់គ្នាព្យាយាមឱ្យព្រះជាម្ចាស់ប្រោសអ្នករាល់គ្នាឱ្យបានគ្រប់លក្ខណ៍ក្នុងគ្រប់ការទាំងអស់ ហើយអាចទទួលបាននូវអ្វីៗដែលទ្រង់សន្យានៅលើផែនដីនេះ ប្រសិនបើអ្នករាល់គ្នាព្យាយាមឱ្យព្រះជាម្ចាស់បំភ្លឺគំនិតអ្នកក្នុងគ្រប់ការទាំងអស់ និងមិនបណ្ដោយឱ្យពេលវេលា កន្លងទៅឥតប្រយោជន៍ នោះហើយជាផ្លូវត្រឹមត្រូវសម្រាប់ចូលទៅយ៉ាងសកម្ម។ ដូច្នេះទើបអ្នកមានតម្លៃ និងមានសិទ្ធិទទួលបាននូវភាពគ្រប់លក្ខណ៍អំពីព្រះជាម្ចាស់។
(ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១៤. ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែធ្វើការក្នុងខ្លួនមនុស្សណាម្នាក់ដែលព្រះជាម្ចាស់ប្រើការនោះទេ ប៉ុន្តែក៏ធ្វើការនៅក្នុងពួកជំនុំផងដែរ។ ទ្រង់អាចធ្វើការនៅក្នុងមនុស្សគ្រប់គ្នាបាន។ ទ្រង់អាចនឹងកំពុងធ្វើការក្នុងខ្លួនអ្នកក្នុងអំឡុងពេលបច្ចុប្បន្ន ហើយអ្នកនឹងបានស្គាល់កិច្ចការនេះ។ នៅក្នុងអំឡុងពេលបន្ទាប់ទៀត ទ្រង់អាចនឹងធ្វើការក្នុងខ្លួនមនុស្សផ្សេងទៀត ដែលក្នុងករណីនេះ អ្នកត្រូវតែប្រញាប់ដើរតាម។ នៅពេលអ្នកដើរតាមពន្លឺបច្ចុប្បន្នកាន់តែកៀក នោះជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើនឡើង។ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់បែបណានោះទេ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងពួកគេ នោះអ្នកត្រូវតែដើរតាម។ ចូរថ្លឹងថ្លែងបទពិសោធរបស់ពួកគេតាមរយៈបទពិសោធរបស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបានអ្វីកាន់តែខ្ពស់។ ការធ្វើបែបនេះ នោះអ្នកនឹងរីកចម្រើនកាន់តែឆាប់។ នេះគឺជាផ្លូវនៃភាពគ្រប់លក្ខណ៍សម្រាប់មនុស្ស និងជាមធ្យោបាយ ដែលជីវិតបានរីកចម្រើនធំធាត់។ ផ្លូវដែលនាំឱ្យគ្រប់លក្ខណ៍គឺអាចសម្រេចបាន តាមរយៈការស្ដាប់បង្គាប់របស់អ្នកចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកពុំដឹងថាព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍តាមរយៈមនុស្សប្រភេទណានោះទេ ក៏មិនដឹងថា ទ្រង់អនុញ្ញាតឱ្យអ្នកទទួលបាន ឬមើលឃើញអស់ទាំងសេចក្ដីតាមរយៈមនុស្ស តាមព្រឹត្តិការណ៍ ឬតាមវត្ថុអ្វីឡើយ។ ប្រសិនបើអ្នកអាចដាក់ជើងនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ នោះអាចបង្ហាញថា អ្នកមានក្ដីសង្ឃឹមដ៏ធំធេងដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ នោះបង្ហាញថាអនាគតរបស់អ្នកងងឹតសូន្យឈឹង គ្មានពន្លឺអ្វីឡើយ។ នៅពេលអ្នកចាប់ផ្ដើមដើរនៅលើផ្លូវត្រូវ អ្នកនឹងទទួលការបើកសម្ដែងក្នុងគ្រប់ការទាំងអស់។ មិនថាព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងអ្វីខ្លះចំពោះអ្នកដទៃនោះទេ ប្រសិនបើអ្នកបន្តឋិតនៅលើមូលដ្ឋានចំណេះដឹងរបស់ពួកគេដើម្បីទទួលបានបទពិសោធលើអ្វីៗដោយខ្លួនឯង នោះបទពិសោធនេះ នឹងក្លាយជាចំណែកមួយនៃជីវិតរបស់អ្នក ហើយអ្នកនឹងអាចផ្គត់ផ្គង់ដល់អ្នកដទៃបាន តាមរយៈបទពិសោធនេះ។ អស់អ្នកណាដែលផ្គត់ផ្គង់អ្នកដទៃ ដោយពាក្យសម្ដីដូចជាសត្វសេក ជាមនុស្សដែលមិនធ្លាប់មានបទពិសោធអ្វីសោះឡើយ។ អ្នកត្រូវស្វែងយល់ដើម្បីរកវិធីអនុវត្តមួយ នៅមុនពេលដែលអ្នកអាចចាប់ផ្ដើមនិយាយអំពីបទពិសោធ និងចំណេះដឹងជាក់ស្តែងរបស់អ្នក តាមរយៈការបំភ្លឺ និងការបង្ហាញរបស់អ្នកដទៃ។ ការនេះនឹងមានប្រយោជន៍យ៉ាងច្រើនសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគប្បីឆ្លងកាត់បទពិសោធបែបនេះ ដោយស្ដាប់បង្គាប់តាមគ្រប់អ្វីដែលមកពីព្រះជាម្ចាស់។ អ្នកគប្បីព្យាយាមស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ និងរៀនសូត្រមេរៀននានាក្នុងគ្រប់ការទាំងអស់ ដើម្បីឱ្យជីវិតរបស់អ្នកចម្រើនឡើង។ ការអនុវត្តបែបនេះ ជួយឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
(ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១៥. តើអ្នកពិតជាសុខចិត្តឱ្យខ្លួនបានគ្រប់លក្ខណ៍ដែរឬទេ? ប្រសិនបើអ្នកពិតជាស្ម័គ្តិចិត្តឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍មែន នោះអ្នកនឹងមានសេចក្តីក្លាហានក្នុងការលះបង់ខាងសាច់ឈាមរបស់អ្នក អ្នកនឹងអាចប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងមិនអសកម្ម ឬទន់ខ្សោយឡើយ។ អ្នកនឹងអាចស្ដាប់បង្គាប់តាមគ្រប់អ្វីៗដែលមកអំពីព្រះជាម្ចាស់ ហើយគ្រប់សកម្មភាពរបស់អ្នក មិនថាសកម្មភាពដែលត្រូវបានធ្វើជាសាធារណៈ ឬដោយឯកជននោះទេ គឺនឹងត្រូវព្រះជាម្ចាស់ទតឃើញ។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ ហើយអនុវត្តតាមសេចក្តីពិតក្នុងគ្រប់ការទាំងអស់ នោះអ្នកនឹងត្រូវធ្វើឱ្យគ្រប់លក្ខណ៍។ មនុស្សបោកបញ្ឆោតដែលធ្វើបែបនេះនៅមុខមនុស្សម្នា ហើយធ្វើបែបផ្សេងនៅក្រោយខ្នងពួកគេទាំងនោះ មិនស្ម័គ្រចិត្តឱ្យខ្លួនត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ឡើយ។ ពួកគេជាកូននៃសេចក្ដីបាក់បែក និងជាកូននៃសេចក្ដីវិនាស។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ឡើយ តែជាកម្មសិទ្ធិរបស់សាតាំង។ ពួកគេមិនមែនជាមនុស្សដែលព្រះជាម្ចាស់ជ្រើសរើសនោះឡើយ! ប្រសិនបើទង្វើ និងឥរិយាបថរបស់អ្នកមិនបានបង្ហាញនៅចំពោះព្រះជាម្ចាស់ ឬមិនបានទតមើលដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ នេះគឺជាភស្ដុតាងបញ្ជាក់ថា អ្នកមានអ្វីមិនត្រឹមត្រូវហើយ។ ទាល់តែអ្នកទទួលយកការជំនុំជម្រះ និងការដាក់ទោសរបស់ព្រះជាម្ចាស់ ហើយយកចិត្តទុកដល់ការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចបោះជំហាននៅលើផ្លូវដែលធ្វើឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកពិតជាចង់ឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ និងចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែន នោះអ្នកគប្បីស្ដាប់បង្គាប់តាមកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ដោយពុំមានការរអ៊ូរទាំសូម្បីតែមួយម៉ាត់ ដោយគ្មានការសន្និដ្ឋាន វាយតម្លៃ ឬក៏វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ទាំងអស់នេះជាលក្ខខណ្ឌបន្តិចបន្តួច សម្រាប់ឱ្យព្រះជាម្ចាស់ធ្វើឱ្យបានគ្រប់លក្ខណ៍។ លក្ខខណ្ឌចាំបាច់សម្រាប់អស់អ្នកណាដែលចង់បានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់គឺបែបនេះ៖ ធ្វើកិច្ចការដោយចិត្តស្រឡាញ់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។ តើការធ្វើកិច្ចការដោយចិត្តស្រឡាញ់ព្រះជាម្ចាស់ មានន័យដូចម្តេច? មានន័យថា គ្រប់ទង្វើ និងអាកប្បកិរិយាទាំងអស់របស់អ្នក អាចបង្ហាញនៅចំពោះព្រះជាម្ចាស់បាន។ ហើយដោយសារអ្នកមានបំណងត្រឹមត្រូវ មិនថាទង្វើរបស់អ្នកត្រឹមត្រូវ ឬក៏ខុសនោះទេ អ្នកមិនខ្លាចនឹងបង្ហាញទង្វើនោះនៅចំពោះព្រះជាម្ចាស់ ឬនៅចំពោះបងប្អូនប្រុសស្រីរបស់អ្នកឡើយ ហើយអ្នកក៏ហ៊ានស្បថនៅចំពោះព្រះជាម្ចាស់ដែរ។ អ្នកត្រូវបង្ហាញគ្រប់ចេតនា គំនិត និងទស្សនៈរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ពិនិត្យពិច័យ។ ប្រសិនបើអ្នកអនុវត្ត និងចូលទៅក្នុងដោយវិធីនេះ នោះការរីកចម្រើននៅក្នុងជីវិតរបស់អ្នកប្រាកដជាឆាប់រហ័សមិនខាន។
(ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១៦. ប្រសិនបើអ្នកចង់ត្រូវបានប្រើ និងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ នោះអ្នកត្រូវតែមានអ្វីៗទាំងអស់ដូចជា៖ ឆន្ទៈក្នុងការរងទុក្ខ សេចក្ដីជំនឿ ការស៊ូទ្រាំ ការស្ដាប់បង្គាប់ និងសមត្ថភាពក្នុងការទទួលពិសោធកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីព្រះហឫទ័យរបស់ទ្រង់ ពិចារណាពីទុក្ខព្រួយរបស់ទ្រង់ជាដើម។ ការធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ គឺមិនងាយស្រួលនោះទេ ហើយរាល់ការបន្សុទ្ធនីមួយៗដែលអ្នកជួបប្រទះ តម្រូវឱ្យមានជំនឿ និងសេចក្តីស្រឡាញ់។ ប្រសិនបើអ្នកចង់ទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ វាមិនគ្រប់គ្រាន់ទេក្នុងការដែលគ្រាន់តែឆ្ពោះទៅមុខនៅលើផ្លូវ ហើយវាមិនគ្រប់គ្រាន់ដែរ ក្នុងការដែលគ្រាន់តែលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់នោះ។ អ្នកត្រូវតែមានរបស់ជាច្រើនដើម្បីអាចក្លាយជាមនុស្សម្នាក់ ដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឱ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត។ មិនថាកម្ពស់ជាក់ស្ដែងរបស់អ្នកប៉ុនណានោះទេ ជាដំបូងអ្នកត្រូវតែមានទាំងឆន្ទៈដើម្បីរងទុក្ខលំបាក និងសេចក្ដីជំនឿដ៏ពិត ហើយអ្នកក៏ត្រូវមានឆន្ទៈក្នុងការលះបង់នូវសាច់ឈាមផងដែរ។ អ្នកគប្បីមានឆន្ទៈស៊ូទ្រាំការលំបាកផ្ទាល់ខ្លួន ហើយទទួលរងនូវការខាតបង់ចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកក៏ត្រូវតែមានសមត្ថភាពក្នុងការមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងនៅក្នុងចិត្តផងដែរ៖ កាលពីអតីតកាល អ្នកមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយឥឡូវនេះអ្នកអាចសោកស្តាយខ្លួនឯងបាន។ អ្នកមិនត្រូវខ្វះខាតក្នុងការទាំងនោះណាមួយទេ វាគឺតាមរយៈការទាំងនេះដែលព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចបំពេញតាមលក្ខខណ្ឌទាំងនេះទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍នោះឡើយ។
(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥១៧. ការបំផ្លាស់បំប្រែខាងឯនិស្ស័យ សំដៅជាចម្បងទៅលើការបំផ្លាស់បំប្រែធម្មជាតិរបស់បុគ្គលម្នាក់។ រឿងរ៉ាវនៃធម្មជាតិរបស់បុគ្គលម្នាក់ មិនអាចមើលឃើញតាមរយៈឥរិយាបថពីខាងក្រៅនោះទេ។ វាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់គេ ពាក់ព័ន្ធនឹងទស្សនៈរបស់គេអំពីជីវិត និងគុណតម្លៃរបស់គេ ពាក់ព័ន្ធនឹងអ្វីៗដែលនៅក្នុងជម្រៅព្រលឹង និងសារជាតិរបស់គេ។ ប្រសិនបើបុគ្គលម្នាក់មិនអាចទទួលយកសេចក្ដីពិតបានទេ នោះគេនឹងមិនទទួលបានការបំផ្លាស់បំប្រែនៅក្នុងទិដ្ឋភាពទាំងនេះបានឡើយ។ មានតែតាមរយៈការដកពិសោធន៍កិច្ចការព្រះជាម្ចាស់ ការចូលទៅក្នុងសេចក្ដីពិតយ៉ាងពេញលេញ ការផ្លាស់ប្ដូរគុណតម្លៃ និងទស្សនៈរបស់ខ្លួនអំពីអត្ថិភាព និងជីវិត ការសម្របទស្សនៈរបស់ខ្លួនទៅតាមព្រះបន្ទូលព្រះជាម្ចាស់ និងការចុះចូលទាំងស្រុង ព្រមទាំងមានភក្ដីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចនិយាយបានថា និស្ស័យរបស់បុគ្គលម្នាក់បានបំផ្លាស់បំប្រែ។ បច្ចុប្បន្ននេះ មើលទៅ អ្នកអាចខំប្រឹង និងស៊ូទ្រាំ នៅពេលជួបការលំបាក ខណៈពេលដែលអ្នកកំពុងបំពេញភារៈកិច្ចរបស់ខ្លួន អ្នកប្រហែលជាអាចអនុវត្តតាមការរៀបចំកិច្ចការពីខាងលើ ឬអ្នកអាចទៅកន្លែងណាដែលគេប្រាប់ឱ្យអ្នកទៅ។ ពីសម្បកក្រៅ មើលទៅ អ្នកហាក់ដូចស្ដាប់បង្គាប់ខ្លះដែរ ប៉ុន្តែនៅពេលមានរឿងកើតឡើងដែលមិនស្របតាមសញ្ញាណរបស់អ្នក ពេលនោះ ការបះបោររបស់អ្នកចាប់ផ្ដើមលេចចេញមក។ ឧទាហរណ៍ អ្នកមិនចុះចូលចំពោះការលួសកាត់ និងការដោះស្រាយ ហើយអ្នកក៏មិនសូវចុះចូលដែរ នៅពេលមានគ្រោះមហន្តរាយកើតឡើង។ អ្នកថែមទាំងរិះគិតចង់ស្ដីបន្ទោសព្រះជាម្ចាស់ទៀតផង។ ហេតុដូចនេះ ការស្ដាប់បង្គាប់បន្តិចបន្តួច និងការផ្លាស់ប្ដូរពីសម្បកក្រៅនេះ គ្រាន់តែជាការផ្លាស់ប្ដូរតូចមួយនៅក្នុងឥរិយាបថប៉ុណ្ណោះ។ វាជាការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះ ប៉ុន្តែការនេះមិនទាន់គ្រប់គ្រាន់នឹងរាប់ជាការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកនោះទេ។ អ្នកអាចដើរនៅលើមាគ៌ាជាច្រើន រងទុក្ខការលំបាកជាច្រើន ហើយទ្រាំទ្រនឹងការអាម៉ាស់យ៉ាងខ្លាំង អ្នកប្រហែលជាមានអារម្មណ៍ថាជិតស្និទ្ធជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណបរិសុទ្ធប្រហែលជាធ្វើកិច្ចការខ្លះៗនៅក្នុងអ្នក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះជាម្ចាស់សុំឱ្យអ្នកធ្វើអ្វីមួយដែលមិនស្របតាមសញ្ញាណរបស់អ្នក អ្នកនៅតែមិនអាចចុះចូល ហើយផ្ទុយទៅវិញ អ្នកអាចរកលេសដោះសា បះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយនៅក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកថែមទាំងចោទសួរ និងវាយបកប្រឆាំងនឹងព្រះជាម្ចាស់ទៀតផង។ នេះជាបញ្ហាធ្ងន់ធ្ងរ។ ការនេះនឹងបង្ហាញថា អ្នកនៅតែមានធម្មជាតិមួយដែលទាស់ទទឹងនឹងព្រះជាម្ចាស់ បង្ហាញថា អ្នកមិនទាន់យល់ពីសេចក្តីពិត និងបង្ហាញទៀតថា អ្នកគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់អ្នកសោះឡើយ។ បន្ទាប់ពីបណ្ដេញ ឬដកពួកគេចេញរួច មនុស្សខ្លះនៅតែរិះគិតចង់វិនិច្ឆ័យព្រះជាម្ចាស់ និងនិយាយថា ព្រះជាម្ចាស់មិនសុចរិតឡើយ។ ពួកគេថែមទាំងប្រកែកជាមួយព្រះជាម្ចាស់ និងវាយបក ដោយផ្សព្វផ្សាយសញ្ញាណរបស់ខ្លួនអំពីព្រះជាម្ចាស់ និងការមិនពេញចិត្តរបស់ខ្លួនចំពោះព្រះជាម្ចាស់នៅគ្រប់ទីកន្លែងដែលពួកគេទៅ។ មនុស្សបែបនេះ គឺជាពួកអារក្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សដែលមានធម្មជាតិបែបអារក្ស នឹងមិនផ្លាស់ប្ដូរសោះឡើយ ហើយគួរបណ្ដេញពួកគេចេញ។ មានតែមនុស្សដែលអាចស្វែងរក និងទទួលយកសេចក្តីពិតនៅគ្រប់ស្ថានភាព ហើយចុះចូលចំពោះកិច្ចការព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានសង្ឃឹមទទួលបានសេចក្ដីពិត និងសម្រេចបាននូវការផ្លាស់ប្ដូរក្នុងនិស្ស័យ។ នៅក្នុងបទពិសោធរបស់អ្នក អ្នកត្រូវតែរៀនឈ្វេងយល់រវាងសភាពដែលលេចមកធម្មតាពីសម្បកក្រៅ។ អ្នកអាចទួញសោក និងយំ ក្នុងពេលអធិស្ឋាន ឬមានអារម្មណ៍ថា ដួងចិត្តរបស់អ្នកស្រឡាញ់ព្រះជាម្ចាស់ជាខ្លាំង និងនៅកៀកកិតព្រះជាម្ចាស់ ប៉ុន្តែសភាពទាំងនេះគ្រាន់តែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ហើយវាមិនបង្ហាញថា អ្នកជាបុគ្គលម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកអាចបន្តស្រឡាញ់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ទោះបីព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការ និងពេលព្រះជាម្ចាស់ធ្វើកិច្ចការដែលមិនស្របតាមសញ្ញាណរបស់អ្នក ពេលនោះ ទើបបញ្ជាក់ថា អ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មានតែពេលនោះទេ ទើបអ្នកក្លាយជាបុគ្គលម្នាក់ដែលមានការផ្លាស់ប្ដូរនូវនិស្ស័យជីវិត។ មានតែបែបនេះទេ ទើបជាបុគ្គលម្នាក់ដែលមានតថភាពនៃសេចក្តីពិត។
(ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥១៨. ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់មិនមែនជាការផ្លាស់ប្ដូរឥរិយាបថ ហើយក៏មិនមែនជាការផ្លាស់ប្ដូរក្លែងក្លាយខាងក្រៅ ឬការកែប្រែបណ្ដោះអាសន្នដែលធ្វើឡើងដោយការខំប្រឹងនោះដែរ។ មិនថាការផ្លាស់ប្តូរទាំងនេះល្អប៉ុនណានោះទេ វាមិនអាចជំនួសការផ្លាស់ប្តូរនៅក្នុងនិស្ស័យនៃជីវិតបានទេ ដោយសារការផ្លាស់ប្តូរសម្បកខាងក្រៅអាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មនុស្ស ប៉ុន្តែការផ្លាស់ប្តូរនៅក្នុងនិស្ស័យនៃជីវិត មិនអាចសម្រេចបាន តាមរយៈការប្រឹងប្រែងរបស់មនុស្សនោះឡើយ។ ការទទួលបានបទពិសោធន៍នៃការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់គឺតម្រូវឱ្យមានដើម្បីសម្រេចបាននូវការនេះ ព្រមទាំងភាពល្អឥតខ្ចោះនៃព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាមនុស្សដែលជឿលើព្រះជាម្ចាស់បង្ហាញឥរិយាបថល្អខ្លះៗក៏ដោយ ក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេពិតជាស្តាប់បង្គាប់ព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ឬអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីបានជាដូច្នេះ? នោះព្រោះតែការនេះទាមទារឱ្យមានការផ្លាស់ប្តូរក្នុងនិស្ស័យជីវិត ហើយការផ្លាស់ប្តូរត្រឹមឥរិយាបថ គឺនៅមិនទាន់គ្រប់គ្រាន់ទេ។ ការផ្លាស់ប្តូរនិស្ស័យមានន័យថា អ្នករាល់គ្នាមានចំណេះដឹង និងបទពិសោធន៍នៃសេចក្តីពិត ហើយសេចក្តីពិតបានក្លាយជាជីវិតរបស់អ្នក ដែលវាអាចដឹកនាំអ្នក និងត្រួតត្រាជីវិតរបស់អ្នក និងអ្វីៗគ្រប់យ៉ាងអំពីអ្នក។ នេះគឺជាការផ្លាស់ប្តូរក្នុងនិស្ស័យនៃជីវិតរបស់អ្នក។ មានតែមនុស្សដែលមានសេចក្ដីពិតជាជីវិតប៉ុណ្ណោះ ទើបជាមនុស្សដែលបានបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួន។ កាលពីមុន ប្រហែលជាមានសេចក្តីពិតមួយចំនួនដែលអ្នកមិនអាចអនុវត្តបាន នៅពេលអ្នកយល់ពីវា ប៉ុន្តែឥឡូវនេះ អ្នកអាចអនុវត្តផ្នែកណាមួយក៏បាននៃសេចក្តីពិតដែលអ្នកយល់ដោយគ្មានឧបសគ្គ ឬការលំបាកឡើយ។ នៅពេលអ្នកអនុវត្តសេចក្តីពិត អ្នកមានអារម្មណ៍ពេញដោយសេចក្តីសុខសាន្ត និងភាពរីករាយ ប៉ុន្តែប្រសិនបើអ្នកមិនអាចអនុវត្តសេចក្តីពិតវិញ អ្នកមានអារម្មណ៍ឈឺចាប់ ហើយមានការរំខានដល់មនសិការ។ អ្នករាល់គ្នាដែលអាចអនុវត្តសេចក្ដីពិតក្នុងរឿងគ្រប់យ៉ាង រស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅ។ នេះមានន័យថា និស្ស័យរបស់អ្នកបានផ្លាស់ប្តូរ។ ឥឡូវនេះ អ្នកអាចបោះបង់ចោលនូវសញ្ញាណ និងការស្រមើស្រមៃរបស់អ្នកបានយ៉ាងងាយស្រួល បោះបង់ចោលនូវចំណូលចិត្ត និងការដេញតាមខាងសាច់ឈាមរបស់អ្នក ព្រមទាំងអ្វីៗដែលអ្នកមិនអាចបោះបង់ចោលបានកាលពីមុន។ អ្នកមានអារម្មណ៍ថា ព្រះបន្ទូលព្រះជាម្ចាស់ គឺល្អយ៉ាងពិតប្រាកដ ហើយការអនុវត្តសេចក្ដីពិតគឺជារឿងល្អបំផុតដែលត្រូវធ្វើ។ នេះមានន័យថានិស្ស័យរបស់អ្នកបានផ្លាស់ប្តូរ។ ស្តាប់ទៅការផ្លាស់ប្តូរនិស្ស័យគឺសាមញ្ញណាស់ ប៉ុន្តែតាមពិត វាជាដំណើរការមួយដែលពាក់ព័ន្ធនឹងបទពិសោធជាច្រើន។ អំឡុងពេលនេះ មនុស្សត្រូវរងទុក្ខលំបាកជាច្រើន ត្រូវតែលត់ដំខ្លួន លះបង់សាច់ឈាម ពួកគេក៏ត្រូវរងការជំនុំជម្រះ វាយផ្ចាល លួសកាត់ ត្រូវបានដោះស្រាយជាមួយ ល្បងល និងបន្សុទ្ធ ហើយពួកគេក៏ត្រូវឆ្លងកាត់បទពិសោធន៍បរាជ័យ ការធ្លាក់ចុះ ការពុះពារក្នុងចិត្ត និងការរងទុក្ខនៅក្នុងចិត្តរបស់ពួកគេ។ មានតែបន្ទាប់ពីបទពិសោធន៍ទាំងនេះប៉ុណ្ណោះ ទើបមនុស្សអាចមានការយល់ដឹងខ្លះអំពីធម្មជាតិផ្ទាល់របស់ពួកគេ ប៉ុន្តែការយល់ដឹងខ្លះមិនបង្កើតការផ្លាស់ប្តូរពេញលេញភ្លាមៗនោះទេ។ ពួកគេត្រូវឆ្លងកាត់បទពិសោធដ៏យូរមួយ មុននឹងទីបំផុត ពួកគេអាចកម្ចាត់ចោលនូវនិស្ស័យពុករលួយរបស់ខ្លួនបានបន្តិចម្តងៗ។ នេះជាមូលហេតុដែលត្រូវចំណាយពេលមួយជីវិតដើម្បីផ្លាស់ប្តូរនិស្ស័យរបស់បុគ្គលម្នាក់។ ឧទាហរណ៍ ប្រសិនបើអ្នកបើកបង្ហាញសេចក្តីពុករលួយនៅក្នុងរឿងមួយ តើអ្នកអាចអនុវត្តសេចក្តីពិតភ្លាមៗបានទេ នៅពេលដែលអ្នកដឹងពីវានោះ? អ្នកមិនអាចធ្វើវាបានទេ។ នៅដំណាក់កាលនៃការយល់ដឹងនេះ អ្នកផ្សេងទៀតលួសកាត់ និងដោះស្រាយជាមួយអ្នក ហើយបន្ទាប់មកមជ្ឈដ្ឋានរបស់អ្នកបង្ខិតបង្ខំអ្នកឱ្យធ្វើសកម្មភាពតាមគោលការណ៍នានានៃសេចក្ដីពិត។ ជួនកាល អ្នកនៅតែមិនផ្សះផ្សាចំពោះការធ្វើបែបនេះ ហើយអ្នកគិតក្នុងចិត្តថា «តើខ្ញុំត្រូវធ្វើបែបនេះឬ? ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើតាមរបៀបដែលខ្ញុំចង់បាន? ហេតុអ្វីបានជាខ្ញុំតែងតែត្រូវបានតម្រូវឱ្យអនុវត្តសេចក្ដីពិត? ខ្ញុំមិនចង់ធ្វើការនេះឡើយ ខ្ញុំនឿយណាយនឹងវាហើយ!» ការមានបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់តម្រូវឱ្យឆ្លងកាត់នូវដំណើរការដូចខាងក្រោម៖ ចាប់តាំងពីការស្ទាក់ស្ទើរក្នុងការអនុវត្តសេចក្ដីពិត រហូតដល់អនុវត្តសេចក្ដីពិតដោយស្ម័គ្រពីចិត្ត ចាប់តាំងពីមានភាពអវិជ្ជមាននិងភាពកម្សោយ រហូតដល់មានកម្លាំង និងមានសមត្ថភាពបោះបង់សាច់ឈាមចោលបាន។ នៅពេលមនុស្សទៅដល់ចំណុចជាក់លាក់មួយនៃបទពិសោធន៍ ហើយបន្ទាប់មកឆ្លងកាត់ការល្បងល ការបន្សុទ្ធមួយចំនួន ហើយចុងក្រោយ ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងសេចក្ដីពិតមួយចំនួន នោះពួកគេនឹងសប្បាយចិត្តបន្តិច ហើយចង់ប្រព្រឹត្តតាមគោលការណ៍នៃសេចក្ដីពិត។ ដើមដំបូង មនុស្សមានការស្ទាក់ស្ទើរក្នុងការអនុវត្តសេចក្ដីពិត។ ចូរយកការបំពេញភារកិច្ចរបស់មនុស្សដ៏ស្មោះស្ម័គ្រភក្តីជាឧទាហរណ៍ចុះ៖ អ្នកមានការយល់ដឹងខ្លះៗអំពីការបំពេញភារកិច្ចរបស់អ្នក និងស្មោះស្ម័គ្រភក្តីចំពោះព្រះជាម្ចាស់ ហើយអ្នកក៏មានការយល់ដឹងខ្លះអំពីសេចក្ដីពិតដែរ ប៉ុន្តែតើពេលណាទើបអ្នកអាចលះបង់ខ្លួនដល់ព្រះជាម្ចាស់បានពេញលេញ? តើនៅពេលណាទើបអ្នកអាចបំពេញភារកិច្ចរបស់អ្នកទាំងចិត្តទាំងកាយបាន? នេះនឹងតម្រូវឱ្យមានដំណើរការមួយ។ នៅក្នុងដំណើរការនេះ អ្នកអាចទទួលរងនូវទុក្ខលំបាកជាច្រើន។ អ្នកខ្លះអាចនឹងដោះស្រាយជាមួយអ្នក ហើយអ្នកខ្លះទៀតអាចនឹងរិះគន់អ្នក។ ភ្នែករបស់មនុស្សគ្រប់គ្នានឹងតាមមើលអ្នក តាមពិនិត្យពិច័យអ្នក ហើយមានតែពេលនោះទេ ទើបអ្នកនឹងចាប់ផ្ដើមដឹងថា អ្នកកំពុងធ្វើខុស និងដឹងថា អ្នកជាបុគ្គលម្នាក់ដែលធ្វើមិនបានល្អ និងដឹងទៀតថា កង្វះការលះបង់នៅក្នុងការបំពេញភារកិច្ចរបស់អ្នក គឺជារឿងដែលមិនអាចទទួលយកបាន ហើយអ្នកមិនត្រូវធ្វេសប្រហែស ឬគ្រាន់តែធ្វើបែបបង្គ្រប់កិច្ចឡើយ! ព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺអ្នកពីខាងក្នុង ហើយស្ដីបន្ទោសអ្នកនៅពេលអ្នកធ្វើខុស។ នៅក្នុងដំណើរការនេះ អ្នកនឹងចាប់ផ្ដើមយល់ដឹងរឿងមួយចំនួនអំពីខ្លួនឯង ហើយអ្នកនឹងដឹងថា អ្នកមានភាពមិនបរិសុទ្ធច្រើនពេក មានចេតនាផ្ទាល់ខ្លួនជាច្រើន និងមានសេចក្ដីប្រាថ្នាហួសប្រមាណ ច្រើនពេកក្រៃនៅពេលបំពេញភារកិច្ចរបស់អ្នក។ នៅពេលអ្នកបានយល់ពីសារជាតិនៃរឿងទាំងនេះ ប្រសិនបើអ្នកអាចអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងមានការប្រែចិត្តពិតប្រាកដ នោះអ្នកអាចត្រូវបានបន្សុទ្ធចេញពីសេចក្តីពុករលួយទាំងនោះ។ តាមបែបនេះ ប្រសិនបើអ្នកស្វះស្វែងរកសេចក្ដីពិតជារឿយៗដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់អ្នកផ្ទាល់ នោះអ្នកនឹងចាប់ផ្ដើមដាក់ជើងដើរលើមាគ៌ាដ៏ត្រឹមត្រូវនៃសេចក្ដីជំនឿ។ អ្នកនឹងចាប់ផ្ដើមមានបទពិសោធជីវិតពិត ហើយនិស្ស័យពុករលួយរបស់អ្នកនឹងត្រូវបានបន្សុទ្ធជាបន្តបន្ទាប់។ កាលណានិស្ស័យពុករលួយរបស់អ្នក ត្រូវបានបន្សុទ្ធកាន់តែច្រើន នោះនិស្ស័យជីវិតរបស់អ្នក ក៏នឹងផ្លាស់ប្រែកាន់តែច្រើនផងដែរ។
ឥឡូវនេះ ទោះបីមានមនុស្សជាច្រើនកំពុងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ការពិតទៅ តើមានមនុស្សប៉ុន្មាននាក់ដែលបំពេញភារកិច្ចរបស់ពួកគេឱ្យតែរួចពីដៃនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលអាចទទួលយកសេចក្ដីពិត ហើយបំពេញភារកិច្ចតាមគោលការណ៍នៃសេចក្ដីពិតបាន? តើមានមនុស្សប៉ុន្មាននាក់ដែលបំពេញភារកិច្ចរបស់ពួកគេតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់បន្ទាប់ពីនិស្ស័យរបស់ពួកគេបានផ្លាស់ប្តូរ? តាមរយៈការពិនិត្យមើលរឿងទាំងនេះបន្ថែមទៀត អ្នកនឹងអាចដឹងថា តើអ្នកពិតជាឈានដល់បទដ្ឋានក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយអ្នកក៏នឹងអាចមើលឃើញយ៉ាងច្បាស់ថាតើនិស្ស័យរបស់អ្នកបានផ្លាស់ប្តូរដែរឬទេ។ ការសម្រេចបាននូវការបំផ្លាស់បំប្រែខាងនិស្ស័យរបស់បុគ្គលម្នាក់ មិនមែនជារឿងធម្មតាទេ វាមិនមែនមានន័យថាគ្រាន់តែមានការផ្លាស់ប្ដូរឥរិយាបថខ្លះៗ ការទទួលបានចំណេះដឹងខ្លះអំពីសេចក្ដីពិត អាចនិយាយបានបន្ដិចបន្ដួចអំពីបទពិសោធន៍របស់អ្នកណាម្នាក់ចំពោះទិដ្ឋភាពគ្រប់យ៉ាងនៃសេចក្ដីពិត ឬបានផ្លាស់ប្ដូរខ្លះៗ ឬប្រែក្លាយជាស្ដាប់បង្គាប់បន្ដិចបន្ដួចក្រោយពីត្រូវបានដាក់វិន័យនោះទេ។ ការទាំងនេះមិនបង្កើតឱ្យមានការបំផ្លាស់បំប្រែខាងឯនិស្ស័យនៅក្នុងជិវិតរបស់បុគ្គលម្នាក់នោះទេ។ តើហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ទោះបីជាអ្នកបានផ្លាស់ប្ដូរខ្លះក៏ដោយ ក៏អ្នកនៅតែមិនយកសេចក្ដីពិតទៅអនុវត្តយ៉ាងពិតប្រាកដដែរ។ ប្រហែលជាដោយសារអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានសមស្របមួយជាបណ្ដោះអាសន្ន និងស្ថានភាពមួយដែលអំណោយផល ឬក៏កាលៈទេសៈបច្ចុប្បន្នរបស់អ្នកបានបង្ខំអ្នក ទើបអ្នកបញ្ចេញអាកប្បកិរយាតាមរបៀបនេះ។ បន្ថែមលើនេះទៀត នៅពេលអ្នកមានអារម្មណ៍ល្អ នៅពេលសភាពរបស់អ្នកធម្មតា ហើយនៅពេលអ្នកមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចអនុវត្តសេចក្តីពិតបាន។ ប៉ុន្តែឧបមាថា អ្នកកំពុងស្ថិតនៅក្នុងការល្បងល នៅពេលអ្នករងទុក្ខដូចយ៉ូបក្នុងពេលនៃការល្បងលរបស់អ្នក ឬថាអ្នកប្រឈមមុខនឹងការល្បងលដល់សេចក្ដីស្លាប់។ នៅពេលមានរឿងកើតឡើង តើអ្នកនឹងនៅតែអាចអនុវត្តសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវទីបន្ទាល់ដែរឬទេ? តើអ្នកអាចនិយាយអ្វីដូចពេត្រុសបាននិយាយថា «ទោះជាខ្ញុំត្រូវស្លាប់បន្ទាប់ពីស្គាល់ទ្រង់ក៏ដោយ តើខ្ញុំអាចមិនរីករាយ និងមិនសប្បាយម្តេចនឹងកើតទៅ?» តើពេត្រុសបានផ្ដល់តម្លៃលើអ្វី? អ្វីដែលពេត្រុសឱ្យតម្លៃនោះ គឺការស្តាប់បង្គាប់ ហើយគាត់ចាត់ទុកការស្គាល់ព្រះជាម្ចាស់ ជារឿងដ៏សំខាន់បំផុត ដូច្នេះ គាត់អាចស្តាប់បង្គាប់រហូតដល់ស្លាប់។ ការបំផ្លាស់បំប្រែមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ តែវាត្រូវការបទពិសោធន៍ពេលមួយជីវិត ដើម្បីសម្រេចបាន។ ការយល់ដឹងអំពីសេចក្តីពិតហាក់ដូចជាងាយស្រួលជាងមុនបន្តិច ប៉ុន្តែការយកសេចក្តីពិតទៅអនុវត្តនៅក្នុងបរិបទផ្សេងៗ គឺមានការលំបាក។ ហេតុអ្វីបានជាមនុស្សតែងតែមានការលំបាកក្នុងការអនុវត្តតាមសេចក្តីពិត? តាមពិតទៅ ការលំបាកទាំងនេះសុទ្ធតែទាក់ទងដោយផ្ទាល់ទៅនឹងនិស្ស័យពុករលួយរបស់មនុស្ស ហើយវាសុទ្ធតែជាឧបសគ្គដែលកើតចេញពីនិស្ស័យពុករលួយ។ ហេតុដូចនេះ អ្នកត្រូវរងទុក្ខជាច្រើន និងបង់ថ្លៃ ដើម្បីអាចអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកគ្មាននិស្ស័យពុករលួយទេ នោះអ្នកនឹងមិនចាំបាច់រងទុក្ខ និងបង់ថ្លៃដើម្បីអនុវត្តសេចក្តីពិតឡើយ។ តើនេះមិនមែនជាការពិតដ៏ច្បាស់ក្រឡែតទេឬអី? ពេលខ្លះ វាមើលទៅហាក់ដូចជាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្ត ប៉ុន្ដែតាមពិត ធម្មជាតិនៃសកម្មភាពរបស់អ្នកមិនបង្ហាញថាអ្នកកំពុងធ្វើដូច្នេះនោះទេ។ នៅក្នុងការដើរតាមព្រះជាម្ចាស់ មនុស្សជាច្រើនអាចបោះបង់គ្រួសារ និងអាជីពរបស់ខ្លួន ដើម្បីបំពេញភារកិច្ចរបស់ខ្លួនបាន ដូច្នេះហើយពួកគេជឿថា ពួកគេកំពុងអនុវត្តសេចក្ដីពិត។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនអាចផ្ដល់ទីបន្ទាល់ពិតប្រាកដចេញពីបទពិសោធបានឡើយ។ តើត្រង់នេះមានន័យបែបណាឱ្យប្រាកដទៅ? បើវាស់វែងពួកគេតាមសញ្ញាណរបស់មនុស្ស មើលទៅពួកគេហាក់កំពុងអនុវត្តសេចក្តីពិតអ៊ីចឹង ប៉ុន្តែព្រះជាម្ចាស់មិនទទួលស្គាល់អ្វីដែលពួកគេកំពុងតែធ្វើ ថាជាការអនុវត្តសេចក្ដីពិតឡើយ។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ មានកត្តាជំរុញផ្ទាល់ខ្លួនមួយនៅបង្កប់ពីក្រោយវា ហើយវាជាទង្វើក្លែងក្លាយ នោះអ្នកទទួលខុសត្រូវចំពោះការងាកបែរចិត្តពីគោលការណ៍ ហើយមិនអាចត្រូវបាននិយាយថា កំពុងអនុវត្តសេចក្ដីពិតទេ នេះគឺគ្រាន់តែជាការប្រព្រឹត្តមួយប៉ុណ្ណោះ។ និយាយឱ្យចំទៅ ការប្រព្រឹត្តរបស់អ្នកបែបនេះ នឹងប្រហែលជាត្រូវព្រះជាម្ចាស់ថ្កោលទោស។ ព្រះអង្គនឹងមិនសរសើរ ឬនឹកចាំពីការប្រព្រឹត្តរបស់អ្នកទេ។ ដើម្បីបន្តពិនិត្យមើលរឿងនេះឱ្យដល់សារជាតិ និងឫសគល់របស់វា អ្នកគឺជាបុគ្គលម្នាក់ដែលធ្វើអាក្រក់ ហើយឥរិយាបថពីខាងក្រៅរបស់អ្នក គឺជាការទាស់ទទឹងនឹងព្រះជាម្ចាស់។ ពីខាងក្រៅ អ្នកមិនមែនកំពុងបង្អាក់ ឬរំខានអ្វីមួយទេ ហើយអ្នកមិនបានធ្វើឱ្យខូចខាតពិតប្រាកដឡើយ។ វាហាក់ដូចជាសមទំនង និងសមហេតុផល ប៉ុន្តែនៅខាងក្នុងចិត្តវិញ វាបង្កប់នូវសារជាតិពិសពុល និងចេតនារបស់មនុស្ស ហើយសារជាតិរបស់វានោះ គឺជាសារជាតិធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ដូច្នេះហើយ អ្នកគួរតែកំណត់ថា តើមានការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់អ្នក ហើយថាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្តដោយប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តដោយសំលឹងមើលគោលបំណងដែលនៅពីក្រោយសកម្មភាពផ្ទាល់ខ្លួនរបស់អ្នក។ វាមិនអាស្រ័យលើថាតើទង្វើរបស់អ្នកស្របតាមការស្រមើស្រមៃ និងគំនិតរបស់មនុស្ស ឬថាតើសកម្មភាពទាំងនោះសមនឹងរសជាតិរបស់អ្នកឬអត់នោះទេ រឿងទាំងនេះមិនសំខាន់ឡើយ។ ផ្ទុយទៅវិញ វាអាស្រ័យលើព្រះជាម្ចាស់មានបន្ទូលថា អ្វីដែលអ្នកកំពុងធ្វើស្របតាមព្រះហឫទ័យរបស់ទ្រង់ឬអត់ ឬតើសកម្មភាពរបស់អ្នកមានសេចក្ដីពិត ហើយថាសកម្មភាពទាំងនោះឆ្លើយតបនឹងសេចក្ដីតម្រូវ ព្រមទាំងបទដ្ឋានរបស់ទ្រង់ឬអត់។ មានតែការវាស់ស្ទង់ខ្លួនអ្នកជាមួយនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបត្រឹមត្រូវ។ ការបំផ្លាស់បំប្រែខាងឯនិស្ស័យ និងការយកសេចក្ដីពិតទៅអនុវត្ត មិនមែនធម្មតា និងងាយស្រួលដូចមនុស្សស្រមើស្រមៃនោះទេ។ តើពេលនេះអ្នករាល់គ្នាយល់ពីការនេះឬទេ? តើអ្នកមានបទពិសោធន៍ជាមួយការនេះឬទេ? នៅពេលដែលនិយាយអំពីសារជាតិនៃបញ្ហា អ្នករាល់គ្នាប្រហែលជាមិនយល់នោះទេ ព្រោះច្រកចូលរបស់អ្នករាល់គ្នារាក់កំផែលពេក។ អ្នករាល់គ្នារត់ពេញមួយថ្ងៃ តាំងពីព្រលឹមរហូតដល់ព្រលប់ ក្រោកពីព្រលឹម ហើយចូលដេកយឺត ប៉ុន្ដែអ្នកមិនសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យនៅក្នុងជីវិតរបស់អ្នក ហើយអ្នករាល់គ្នាមិនអាចយល់ថា ការបំផ្លាស់បំប្រែនិស្ស័យជាអ្វីនោះឡើយ។ នេះមានន័យថាច្រកចូលរបស់អ្នករាក់កំផែលពេកហើយ មិនអ៊ីចឹងទេឬ? មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណាទេ អ្នករាល់គ្នាមិនអាចយល់ពីសារជាតិ និងរឿងរ៉ាវស៊ីជម្រៅទាក់ទងនឹងការបំផ្លាស់បំប្រែនិស្ស័យឡើយ។ តើអាចនិយាយបានថា និស្ស័យរបស់អ្នកបានផ្លាស់ប្ដូរដែរឬទេ? តើធ្វើដូចម្ដេចទើបអ្នកដឹងថា ព្រះជាម្ចាស់លើកសរសើរអ្នកឬអត់? យ៉ាងហោចណាស់ អ្នកនឹងមានអារម្មណ៍ដឹងច្បាស់ទាក់ទងនឹងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយអ្នកនឹងមានអារម្មណ៍ដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំ និងបំភ្លឺអ្នក ព្រមទាំងកំពុងធ្វើការនៅក្នុងអ្នក នៅពេលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក កំពុងធ្វើកិច្ចការណាមួយនៅក្នុងដំណាក់ព្រះជាម្ចាស់ ឬនៅក្នុងកិច្ចការទូទៅ។ ការប្រព្រឹត្តរបស់អ្នកនឹងស្របគ្នាជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកបានទទួលបទពិសោធន៍ដល់កម្រិតជាក់លាក់មួយ អ្នកនឹងមានអារម្មណ៍ថា របៀបដែលអ្នកបានធ្វើកាលពីមុនគឺសមស្របពិតមែន។ ទោះយ៉ាងណា បន្ទាប់ពីទទួលបានបទពិសោធន៍មួយរយៈពេលមក ប្រសិនបើអ្នកមានអារម្មណ៍ថា រឿងមួយចំនួនដែលអ្នកបានធ្វើកាលពីមុនមិនសមស្រប ហើយអ្នកមិនពេញចិត្តនឹងរឿងទាំងនោះ និងមានអារម្មណ៍ថា វាមិនស្របតាមសេចក្តីពិតទេ នោះហើយដែលបញ្ជាក់ថាអ្វីៗដែលអ្នកបានធ្វើ គឺបានប្រឆាំងនឹងព្រះជាម្ចាស់។ វាជាភស្ដុតាងដែលបញ្ជាក់ថាការបម្រើរបស់អ្នកគឺពោរពេញទៅដោយការបះបោរ ការទទឹងទាស់ និងការប្រព្រឹត្តតាមបែបមនុស្ស ហើយបញ្ជាក់ថាអ្នកបានបរាជ័យក្នុងការសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ។
(ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥១៩. ប្រសិនបើមនុស្សម្នាក់មានឥរិយាបថល្អច្រើន វាមិនមានន័យថា ពួកគេមានតថភាពនៃសេចក្តីពិតនោះទេ។ មានតែតាមរយៈការអនុវត្តសេចក្តីពិត និងការប្រព្រឹត្តតាមគោលការណ៍ប៉ុណ្ណោះ ទើបអ្នកអាចមានតថភាពនៃសេចក្តីពិត។ មានតែតាមរយៈការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីការអាក្រក់ប៉ុណ្ណោះ ទើបអ្នកមានតថភាពនៃសេចក្តីពិត។ មនុស្សមួយចំនួនមានសេចក្តីរំភើប អាចនិយាយគោលលទ្ធិ គោរពតាមច្បាប់វិន័យ និងធ្វើអំពើល្អជាច្រើន ប៉ុន្តែអ្វីដែលអាចនិយាយបានអំពីពួកគេនោះគឺថា ពួកគេមានភាពជាមនុស្សបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកដែលអាចនិយាយគោលលទ្ធិ និងតែងតែធ្វើតាមក្រឹត្យវិន័យ មិនប្រាកដថាអាចអនុវត្តសេចក្តីពិតបានឡើយ។ ទោះបីអ្វីដែលពួកគេនិយាយនោះត្រឹមត្រូវ និងស្ដាប់ទៅដូចជាមិនមានបញ្ហាក៏ដោយ ក៏ពួកគេគ្មានអ្វីនិយាយឡើយនៅក្នុងរឿងរ៉ាវទាក់ទងនឹងសារជាតិនៃសេចក្តីពិតដែរ។ ហេតុនេះ មិនថាបុគ្គលម្នាក់អាចនិយាយគោលលទ្ធិបានច្រើនកម្រិតណា នេះមិនមានន័យថា ពួកគេយល់សេចក្តីពិតទេ ហើយមិនថាពួកគេយល់ពីគោលលទ្ធិច្រើនកម្រិតណាឡើយ ពួកគេមិនអាចដោះស្រាយបញ្ហាណាមួយបានទេ។ ទ្រឹស្ដីវិទូខាងសាសនា សុទ្ធតែអាចពន្យល់ពីព្រះគម្ពីរបាន ប៉ុន្តែចុងក្រោយ ពួកគេគ្រប់គ្នាសុទ្ធតែបរាជ័យ ដោយសារតែពួកគេមិនទទួលយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានសម្ដែងចេញ។ មនុស្សដែលមានបទពិសោធន៍នៃការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់ខ្លួន គឺខុសគេ។ ពួកគេបានយល់ពីសេចក្ដីពិត ពួកគេចេះពិចារណាលើបញ្ហាទាំងអស់ ពួកគេដឹងពីរបៀបប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ របៀបប្រព្រឹត្តស្របតាមគោលការណ៍នៃសេចក្ដីពិត និងរបៀបប្រព្រឹត្តដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយពួកគេយល់ពីធម្មជាតិនៃសេចក្ដីពុករលួយដែលពួកគេបង្ហាញចេញមក។ នៅពេលដែលគំនិត និងសញ្ញាណរបស់ពួកគេត្រូវបានបើកសម្ដែង ពួកគេអាចពិចារណា ហើយលះបង់សាច់ឈាម។ នេះហើយជារបៀបដែលការផ្លាស់ប្ដូរខាងឯនិស្ស័យត្រូវបានសម្ដែងចេញ។ ការបង្ហាញចេញអំពីមនុស្សដែលបានឆ្លងកាត់ការផ្លាស់ប្ដូរខាងនិស្ស័យ គឺពួកគេបានយល់យ៉ាងច្បាស់ពីសេចក្ដីពិត ហើយនៅពេលដែលអនុវត្តកិច្ចការអ្វីៗ ពួកគេយកសេចក្ដីពិតទៅអនុវត្តដោយភាពត្រឹមត្រូវ ហើយពួកគេមិនបង្ហាញចេញនូវភាពពុករលួយជាញឹកញាប់នោះទេ។ ជាទូទៅ អស់អ្នកដែលនិស្ស័យរបស់ខ្លួនបានបំផ្លាស់បំប្រែ តែងមានហេតុផល និងការពិចារណាជាពិសេស ហើយដោយសារការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត ពួកគេមិនបង្ហាញឱ្យឃើញច្រើនអំពីការរាប់ខ្លួនឯងជាសុចរិត ឬក៏ភាពក្រអឺតក្រទមនោះទេ។ ពួកគេអាចមើលធ្លុះ និងដឹងយ៉ាងច្រើនអំពីសេចក្ដីពុករលួយដែលបានបើកសម្ដែងឱ្យឃើញនៅក្នុងពួកគេ ដូច្នេះពួកគេមិនឱ្យតម្លៃលើភាពក្រអឺតក្រទមទេ។ ពួកគេអាចមានការយល់ដឹងមួយ ដែលអាចវាស់វែងបានអំពីអ្វីដែលជាកន្លែងរបស់មនុស្ស របៀបបញ្ចេញឥរិយាបថសមរម្យ របៀបយកចិត្តទុកដាក់បំពេញភារកិច្ច អ្វីដែលត្រូវនិយាយ និងអ្វីមិនត្រូវនិយាយ ព្រមទាំងអ្វីដែលត្រូវនិយាយ និងធ្វើចំពោះមនុស្សណាខ្លះ។ ដូច្នេះមនុស្សដែលនិស្ស័យរបស់ខ្លួនបានផ្លាស់ប្ដូរពិតជាមនុស្សដែលមានហេតុផល ហើយមានតែមនុស្សបែបនេះទេទើបពិតជាសម្ដែងចេញនូវលក្ខណៈជាមនុស្ស។ ដោយព្រោះពួកគេយល់សេចក្ដីពិត ពួកគេអាចនិយាយ និងមើលឃើញអ្វីៗស្របតាមសេចក្ដីពិត ហើយពួកគេមានគោលការណ៍នៅក្នុងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ។ ពួកគេមិនស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកណាម្នាក់ បញ្ហា ឬក៏កិច្ចការអ្វីមួយឡើយ ហើយពួកគេមានទស្សនផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងអាចលើកកម្ពស់គោលការណ៍នៃសេចក្ដីពិតទៀតផង។ និស្ស័យរបស់ពួកគេពិតជាមានស្ថិរភាព ពួកគេមិនងាយផ្លាស់ប្ដូរចិត្តនោះទេ ហើយមិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏ពួកគេយល់ពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានសមរម្យ និងរបៀបបញ្ចេញឥរិយាបថតាមការសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ អស់អ្នកដែលនិស្ស័យរបស់ខ្លួនបានផ្លាស់ប្ដូរពិតប្រាកដ មិនផ្ដោតលើអ្វីដែលត្រូវធ្វើដើម្បីឱ្យខ្លួនឯងមើលទៅល្អនៅលើកម្រិតមួយដ៏អស្ចារ្យនោះទេ តែពួកគេបានទទួលនូវភាពច្បាស់លាស់ខាងក្នុង អំពីអ្វីដែលត្រូវធ្វើដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ដូច្នេះហើយ បើមើលពីខាងក្រៅពួកគេមើលទៅហាក់ដូចជាមិនសូវសាទរ ឬបានធ្វើអ្វីដែលអស្ចារ្យនោះទេ ប៉ុន្ដែអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ សុទ្ធតែមានអត្ថន័យ មានតម្លៃ និងផ្ដល់លទ្ធផលជាក់ស្ដែង។ អស់អ្នកដែលនិស្ស័យរបស់ខ្លួនបានផ្លាស់ប្ដូរ ប្រាកដជាមានតថភាពនៃសេចក្ដីពិតជាច្រើន ហើយការនេះអាចបញ្ជាក់បានតាមរយៈទស្សនរបស់ពួកគេទៅលើកិច្ចការ និងសកម្មភាពសំខាន់ៗរបស់ពួកគេ។ អស់អ្នកដែលមិនបានទទួលសេចក្ដីពិត មិនសម្រេចបាននូវការផ្លាស់ប្ដូរណាមួយខាងឯនិស្ស័យជីវិតឡើយ។ តើការសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ ជាអ្វីឱ្យប្រាកដទៅ? មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ពួកគេគ្រប់គ្នាទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយពួកគេសុទ្ធតែមានធម្មជាតិទាស់ទទឹងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់សង្រ្គោះមនុស្ស ដោយផ្លាស់ប្រែអស់អ្នកដែលមានធម្មជាតិទាស់ទទឹងនឹងព្រះជាម្ចាស់ និងអ្នកដែលអាចទាស់ទទឹងនឹងព្រះជាម្ចាស់ ឱ្យក្លាយជាអ្នកដែលអាចស្ដាប់បង្គាប់ និងកោតខ្លាចព្រះជាម្ចាស់។ នេះហើយជាអត្ថន័យនៃការក្លាយជាបុគ្គលម្នាក់ ដែលមាននិស្ស័យផ្លាស់ប្ដូរ។ មិនថាបុគ្គលម្នាក់ពុករលួយបែបណា ឬពួកគេមាននិស្ស័យពុករលួយច្រើនយ៉ាងណាទេ ដរាបណាពួកគេអាចទទួលយកសេចក្តីពិត ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ ព្រមទាំងអាចទទួលយកការល្បងល និងការបន្សុទ្ធផ្សេងៗបាន នោះពួកគេនឹងមានការយល់ដឹងដ៏ពិតប្រាកដអំពីព្រះជាម្ចាស់ ហើយទន្ទឹមគ្នានោះ ពួកគេនឹងអាចមើលឃើញយ៉ាងច្បាស់ពីធម្មជាតិ និងសារជាតិរបស់ពួកគេផ្ទាល់។ នៅពេលដែលពួកគេស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ពួកគេនឹងអាចស្អប់ខ្លួនឯង និងស្អប់សាតាំង ពួកគេនឹងព្រមបោះបង់សាតាំង និងស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ នៅពេលដែលមនុស្សមានការតាំងចិត្តបែបនេះ នោះពួកគេអាចដេញតាមសេចក្តីពិតបាន។ ប្រសិនបើមនុស្សមានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ បើនិស្ស័យបែបសាតាំងរបស់ពួកគេ ត្រូវបានបន្សុទ្ធ ហើយព្រះបន្ទូលព្រះជាម្ចាស់ចាក់ឫសនៅក្នុងពួកគេ និងបានក្លាយជាជីវិតរបស់ពួកគេ ព្រមទាំងជាមូលដ្ឋាននៃអត្ថិភាពរបស់ពួកគេ បើពួកគេរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានផ្លាស់ប្ដូរទាំងស្រុង និងបានក្លាយទៅជាមនុស្សថ្មី ពេលនោះ ទើបរាប់ថាជាការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់ពួកគេ។ ការបំផ្លាស់ប្ដូរខាងឯនិស្ស័យមិនមែនមានន័យថាមានភាពជាមនុស្សពេញវ័យ និងបរិបូរនោះដែរ ក៏មិនមែនមានន័យថានិស្ស័យខាងក្រៅរបស់មនុស្សមានភាពស្លូតបូតជាងមុន ហើយថាពួកគេធ្លាប់ក្រអឺតក្រទម ប៉ុន្ដែឥលូវនេះអាចប្រាស្រ័យទាក់ទងដោយសមហេតុផល ឬថាពួកគេមិនធ្លាប់ស្ដាប់អ្នកណាម្នាក់ ប៉ុន្ដែឥលូវនេះអាចស្ដាប់អ្នកដទៃនោះទេ។ ការផ្លាស់ប្ដូរផ្នែកខាងក្រៅទាំងអស់នេះ មិនអាចនិយាយបានថាជាការបំផ្លាស់បំប្រែខាងឯនិស្ស័យនោះទេ។ ប្រាកដណាស់ ការបំផ្លាស់បំប្រែខាងឯនិស្ស័យពិតជារាប់បញ្ចូលទាំងការសម្ដែងចេញបែបនេះ ប៉ុន្ដែគ្រឿងផ្សំដែលសំខាន់បំផុតនោះគឺផ្នែកខាងក្នុង ដែលជីវិតរបស់ពួកគេបានផ្លាស់ប្ដូរ។ ការនេះគឺដោយសារតែព្រះបន្ទូលព្រះជាម្ចាស់ និងសេចក្តីពិតបានចាក់ឫសនៅក្នុងពួកគេ គ្រប់គ្រងនៅក្នុងពួកគេទាំងស្រុង និងបានក្លាយជាជីវិតរបស់ពួកគេ។ ទស្សនៈយល់ឃើញរបស់ពួកគេ ក៏បានផ្លាស់ប្ដូរផងដែរ។ ពួកគេអាចមើលឃើញយ៉ាងច្បាស់ពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងពិភពលោក និងជាមួយមនុស្សជាតិ របៀបដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ របៀបដែលនាគដ៏ធំមានសម្បុរក្រហមទាស់ទទឹងនឹងព្រះជាម្ចាស់ និងសារជាតិរបស់នាគដ៏ធំមានសម្បុរក្រហម។ ពួកគេអាចស្អប់នាគដ៏ធំមានសម្បុរក្រហម និងសាតាំងនៅក្នុងដួងចិត្តរបស់ខ្លួន ហើយពួកគេអាចបែរទៅរក និងដើរតាមព្រះជាម្ចាស់ទាំងស្រុង។ នេះមានន័យថា និស្ស័យនៃជីវិតរបស់ពួកគេបានផ្លាស់ប្ដូរ ហើយព្រះជាម្ចាស់បានទទួលយកពួកគេ។ ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិត គឺជាការផ្លាស់ប្ដូរសំខាន់ ក្នុងពេលដែលការផ្លាស់ប្ដូរនៅក្នុងឥរិយាបថ គឺរាក់កំផែល។ មានតែអស់អ្នកដែលសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតប៉ុណ្ណោះ ទើបជាអ្នកដែលទទួលបានសេចក្តីពិត ហើយមានតែពួកគេប៉ុណ្ណោះ ទើបព្រះជាម្ចាស់ទទួលយក។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥២០. ប្រសិនបើអ្នកចង់ទទួលបានការបន្សុទ្ធពីសេចក្ដីពុករលួយ ហើយឆ្លងកាត់ការផ្លាស់ប្តូររនៅក្នុងនិស្ស័យជីវិតរបស់អ្នក នោះអ្នកត្រូវតែមានសេចក្តីស្រលាញ់ចំពោះសេក្តីពិត និងសមត្ថភាពក្នុងការទទួលយកនូវសេចក្ដីពិត។ តើការទទួលយកសេចក្តីពិតមានអត្ថន័យដូចម្ដេចដែរ? ការទទួលយកសេចក្តីពិតមានន័យថា មិនថាអ្នកមាននិស្ស័យពុករលួយបែបណា ឬមិនថាធម្មជាតិរបស់អ្នកមានសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ជាសារជាតិពិសពុលរបស់សាតាំង បែបណានោះទេ នៅពេលព្រះបន្ទូលព្រះជាម្ចាស់បើកសម្តែងពីចំណុចទាំងនេះ អ្នកគួរតែទទួលស្គាល់ និងចុះចូល អ្នកមិនអាចធ្វើការជ្រើសរើសផ្សេងទៀតបានទេ ហើយអ្នកគួរតែស្គាល់ខ្លួនឯងយោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះមានន័យថា ជាការអាចទទួលយកព្រះបន្ទូលព្រះជាម្ចាស់ និងទទួលយកសេចក្តីពិត។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះសូរសៀងទ្រង់ធ្ងន់ធ្ងរយ៉ាងណា ហើយមិនថាទ្រង់ប្រើព្រះបន្ទូលអ្វីនោះទេ អ្នកអាចទទួលយកបាន ឱ្យតែព្រះបន្ទូលដែលទ្រង់មានបន្ទូលនោះ ជាសេចក្តីពិត ហើយអ្នកអាចទទួលស្គាល់បន្ទូល ឱ្យតែព្រះបន្ទូលទាំងនោះស្របនឹងភាពពិតជាក់ស្ដែង។ អ្នកអាចចុះចូលជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកយល់ពីវាបានជ្រាលជ្រៅប៉ុនណា ហើយទទួលយក និងចុះចូលទៅនឹងពន្លឺដែលត្រូវបានបើកសម្ដែងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក។ នៅពេលដែលមនុស្សដេញតាមសេចក្តីពិតទៅដល់ចំណុចណាមួយនោះ ពួកគេអាចទទួលបានសេចក្តីពិត ហើយសម្រេចបានការផ្លាស់ប្រែនៃនិស្ស័យរបស់ពួកគេ។ សូម្បីតែមនុស្សដែលមិនស្រលាញ់សេចក្តីពិត មានភាពជាមនុស្សបន្តិចបន្តួច ក៏អាចធ្វើនូវទង្វើល្អមួយចំនួន ហើយអាចលះបង់ និងលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ ពួកគេភ័ន្តច្រឡំអំពីសេចក្តីពិត និងមិនសូវយកចិត្តទុកដាក់នឹងសេចក្តីពិតឡើយ ដូច្នេះនិស្ស័យនៃជីវិតរបស់ពួកគេមិនផ្លាស់ប្តូរឡើយ។ អ្នកអាចឃើញថា ពេត្រុសមានភាពជាមនុស្សដែលស្រដៀងទៅនឹងពួកសិស្សផ្សេងទៀតដែរ ប៉ុន្តែគាត់លេចធ្លោក្នុងការប្រឹងប្រែងតាមរកសេចក្ដីពិត។ មិនថាព្រះយេស៊ូវមានព្រះបន្ទូលបែបណានោះទេ ក៏គាត់ពិចារណាយ៉ាងយកចិត្តទុកដាក់ដែរ។ ព្រះយេស៊ូវបានសួរថា «ស៊ីម៉ូន កូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានឆ្លើយដោយស្មោះត្រង់ថា «ទូលបង្គំស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌តែប៉ុណ្ណោះ តែទូលបង្គំមិនស្រឡាញ់ព្រះអម្ចាស់នៅលើផែនដីនេះទេ»។ ក្រោយមកគាត់បានយល់ រួចគិតថា «ខ្ញុំយល់ខុសហើយ។ ព្រះជាម្ចាស់នៅលើផែនដី គឺជាព្រះជាម្ចាស់នៅឯស្ថានសួគ៌។ តើព្រះជាម្ចាស់នៅឯស្ថានសួគ៌ និងនៅលើផែនដីមិនមែនជាព្រះតែមួយអង្គទេឬ? ប្រសិនបើខ្ញុំស្រឡាញ់តែព្រះជាម្ចាស់នៅឯស្ថានសួគ៌ នោះសេចក្ដីស្រឡាញ់របស់ខ្ញុំមិនពិតប្រាកដទេ។ ខ្ញុំត្រូវតែស្រឡាញ់ព្រះជាម្ចាស់នៅលើផែនដីដែរ ដ្បិតមានតែដូច្នេះទេ ទើបសេចក្ដីស្រឡាញ់របស់ខ្ញុំបានពិតប្រាកដ»។ ដូច្នេះ ពេត្រុសបានយល់អត្ថន័យពិតប្រាកដនៃព្រះបន្ទូលមកពីអ្វីដែលព្រះយេស៊ូវបានចោទសួរ។ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ និងដើម្បីឱ្យសេចក្ដីស្រឡាញ់នេះក្លាយជាការពិត គេត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅលើផែនដីដែរ។ ការស្រឡាញ់ព្រះដ៏ស្រពេចស្រពិលដែលគេមើលមិនឃើញ គឺគ្មានភាពប្រាកដនិយម ឬជាក់ស្ដែងទេ ចំណែកឯការស្រឡាញ់ព្រះដ៏ជាក់ស្ដែងដែលគេមើលឃើញ គឺជាសេចក្ដីពិត។ តាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូវ ពេត្រុសបានទទួលសេចក្ដីពិត និងការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ច្បាស់ណាស់ ជំនឿរបស់ពេត្រុសលើព្រះជាម្ចាស់ បានផ្ដោតតែលើការតាមរកសេចក្ដីពិតប៉ុណ្ណោះ។ នៅទីបំផុត គាត់សម្រេចបាននូវសេចក្ដីស្រឡាញ់ចំពោះព្រះដ៏ជាក់ស្ដែង ពោលគឺព្រះជាម្ចាស់នៅលើផែនដី។ ពេត្រុសបានស្មោះស្ម័គ្រយ៉ាងខ្លាំងក្នុងការតាមរកសេចក្ដីពិត។ រាល់ពេលដែលព្រះយេស៊ូវណែនាំគាត់ គាត់បានពិចារណាព្រះបន្ទូលរបស់ព្រះយេស៊ូវដោយស្មោះអស់ពីចិត្ត។ ប្រហែលជា គាត់បានពិចារណាច្រើនខែ ឬមួយឆ្នាំ ឬច្រើនឆ្នាំ មុនពេលដែលព្រះវិញ្ញាណបរិសុទ្ធបានបំភ្លឺគាត់ ហើយគាត់បានយល់ពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បែបនេះ ពេត្រុសបានចូលក្នុងសេចក្ដីពិត ហើយនៅពេលគាត់បានចូលក្នុងសេចក្តីពិតរួច និស្ស័យជីវិតរបស់គាត់ក៏ត្រូវបានបំផ្លាស់បំប្រែ និងកែជាថ្មីដែរ។
(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥២១. គន្លឹះដើម្បីសម្រេចបានការផ្លាស់ប្ដូរខាងឯនិស្ស័យ គឺត្រូវស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយការនេះត្រូវតែកើតឡើងស្របតាមការបើកសម្ដែងមកពីព្រះជាម្ចាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចស្គាល់ពីធម្មជាតិដ៏គួរឱ្យស្អប់របស់ខ្លួន ទទួលស្គាល់ថាមានថ្នាំពុលផ្សេងៗរបស់សាតាំងនៅក្នុងធម្មជាតិរបស់ខ្លួន ទទួលស្គាល់ថាខ្លួនជាមនុស្សល្ងីល្ងើ ហើយល្ងង់ខ្លៅ និងទទួលស្គាល់ធាតុដែលទន់ខ្សោយ និងអវិជ្ជមាននៅក្នុងធម្មជាតិរបស់ខ្លួន។ ក្រោយពេលដែលបានស្គាល់ចំណុចទាំងអស់នេះច្បាស់លាស់ ហើយអ្នកពិតជាអាចស្អប់ខ្លួនឯង និងលះបង់ចោលសាច់ឈាម អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងជាប់លាប់ បន្តដេញតាមសេចក្ដីពិតយ៉ាងជាប់លាប់ពេលបំពេញភារកិច្ចរបស់អ្នក សម្រេចបាននូវការផ្លាស់ប្ដូរក្នុងនិស្ស័យរបស់អ្នក ហើយក្លាយជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកនឹងបានដើរលើមាគ៌ារបស់ពេត្រុស។ បើគ្មានព្រះគុណរបស់ព្រះជាម្ចាស់ ហើយបើគ្មានការបំភ្លឺ និងការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធទេ នោះវានឹងពិបាកដើរលើមាគ៌ានេះណាស់ ពីព្រោះមនុស្សមិនមានសេចក្ដីពិត និងមិនអាចក្បត់ខ្លួនឯងបាន។ ការដើរលើមាគ៌ានៃភាពគ្រប់លក្ខណ៍របស់ពេត្រុសពឹងផ្អែកទៅលើការតាំងចិត្ត ការមានសេចក្ដីជំនឿ និងការពឹងពាក់លើព្រះជាម្ចាស់។ លើសពីនេះទៅទៀត បុគ្គលម្នាក់ត្រូវតែចុះចូលចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺក្នុងគ្រប់កិច្ចការទាំងអស់ គេមិនអាចធ្វើវាដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ទាំងនេះគឺជាទិដ្ឋភាពសំខាន់ៗ គ្មានទិដ្ឋភាពណាមួយដែលអាចបំពានបានឡើយ។ ការព្យាយាមស្គាល់ខ្លួនឯងតាមរយៈបទពិសោធន៍ គឺពិបាកខ្លាំងណាស់ ហើយបើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គឺវាអសារឥតការ។ ដើម្បីដើរលើមាគ៌របស់ពេត្រុស បុគ្គលម្នាក់ត្រូវតែផ្ចង់អារម្មណ៍លើការស្គាល់ខ្លួនឯង និងការបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួនឯង។ មាគ៌ារបស់ប៉ុលមិនមែនជាមាគ៌ាមួយដែលស្វែងរកជីវិត ឬក៏ផ្ដោតលើចំណេះដឹងផ្ទាល់ខ្លួននោះទេ តែគាត់បានផ្ដោតជាពិសេសលើការធ្វើកិច្ចការ ព្រមទាំងឥទ្ធិពល និងសន្ទុះនៃកិច្ចការនោះ។ ការជំរុញចិត្តរបស់គាត់គឺដើម្បីទទួលបានព្រះពររបស់ព្រះជាម្ចាស់ ដែលជាថ្នូរនឹងកិច្ចការ និងការរងទុក្ខរបស់គាត់ ព្រមទាំងដើម្បីឱ្យបានរង្វាន់មកពីព្រះជាម្ចាស់។ ការជំរុញចិត្តនេះមិនត្រឹមត្រូវទេ។ ប៉ុលមិនបានផ្ដោតលើជីវិតទេ ហើយគាត់ក៏មិនបានផ្ដោតសំខាន់លើការសម្រេចឱ្យបាននូវការផ្លាស់ប្ដូរនិស្ស័យដែរ គាត់បានផ្ដោតតែទៅលើរង្វាន់ប៉ុណ្ណោះ។ ដោយសារតែគាត់មានគោលដៅមិនត្រឹមត្រូវ នោះមាគ៌ាដែលគាត់បានដើរក៏ប្រាកដជាមិនត្រឹមត្រូវដែរ។ ការនេះបានកើតឡើងដោយសារតែធម្មជាតិក្រអឺតក្រទម និងអំណួតរបស់គាត់។ ច្បាស់ណាស់ថា ប៉ុលមិនមានសេចក្ដីពិតណាមួយឡើយ ហើយគាត់ក៏គ្មានមនសិការ ឬក៏ហេតុផលដែរ។ នៅក្នុងការសង្គ្រោះ និងការផ្លាស់ប្ដូរមនុស្ស ជាដំបូងគឺព្រះជាម្ចាស់ត្រូវផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ គោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលមនុស្សមាននូវនិស្ស័យដែលបានបំផ្លាស់បំប្រែ និងសមត្ថភាពស្គាល់ព្រះជាម្ចាស់ ចុះចូលចំពោះទ្រង់ និងការថ្វាយបង្គំទ្រង់តាមរបៀបធម្មតាមួយ។ នេះគឺជាគោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ វិធីរបស់ប៉ុលក្នុងការស្វែងរក គឺជាការបំពានដោយផ្ទាល់ និងផ្ទុយពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពោលគឺវាប្រឆាំងទាំងស្រុងទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្ដែ វិធីរបស់ពេត្រុសក្នុងការស្វែងរក គឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង ដោយទ្រង់ផ្ដោតលើជីវិត និងការផ្លាស់ប្ដូរនិស្ស័យ ដែលជាលទ្ធផលយ៉ាងជាក់លាក់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេចឱ្យបាននៅក្នុងភាពជាមនុស្ស ជាមួយនឹងកិច្ចការរបស់ទ្រង់។ ដូច្នេះ មាគ៌ារបស់ពេត្រុសបានទទួលព្រះពរ និងទទួលការសរសើររបស់ព្រះជាម្ចាស់។ ដោយសារមាគ៌ារបស់ប៉ុលគឺជាការបំពានលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះហើយទើបព្រះជាម្ចាស់ស្អប់ខ្ពើម និងដាក់បណ្ដាសាមាគ៌ានោះ។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥២២. សព្វថ្ងៃនេះ មនុស្សភាគច្រើនមានការយល់ដឹងរាក់កំផែលណាស់អំពីខ្លួនឯង។ ពួកគេមិនបានដឹងច្បាស់អំពីអ្វីៗដែលជាផ្នែកនៃធម្មជាតិរបស់ពួកគេទាល់តែសោះ។ ពួកគេមានតែចំណេះដឹងអំពីសភាពពុករលួយមួយចំនួនដែលពួកគេបានលាតត្រដាង ជាអ្វីៗដែលពួកគេទំនងជានឹងធ្វើ ឬគុណវិបត្តិពីរបីរបស់ពួកគេតែប៉ុណ្ណោះ ហើយការនេះធ្វើឱ្យពួកគេជឿជាក់ថា ពួកគេស្គាល់ខ្លួនឯង។ លើសពីនេះទៅទៀត បើពួកគេគោរពតាមវិន័យពីរបីវិញ ពួកគេធានាថាមិនធ្វើខុសក្នុងផ្នែកណាមួយឡើយ និងបានជៀសវាងការធ្វើអំពើរំលងមួយចំនួនទៀតផង បន្ទាប់មកពួកគេគិតថា ខ្លួនឯងមានការពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយសន្មតថា ពួកគេនឹងបានសង្គ្រោះ។ នេះគឺជាការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ ប្រសិនបើអ្នកគោរពតាមវិន័យទាំងនោះ តើអ្នកពិតជានឹងអាចជៀសវាងពីការធ្វើអំពើរំលងបានមែនឬ? តើអ្នកនឹងទទួលបានការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងនិស្ស័យឬទេ? តើអ្នកពិតជានឹងរស់នៅក្នុងលក្ខណៈជាមនុស្សដែរឬទេ? តើអ្នកពិតជាអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានតាមវិធីនោះឬទេ? ដាច់ខាតមិនអាចទេ ប្រាកដជាអ៊ីចឹងមែន។ ការជឿលើព្រះជាម្ចាស់មានដំណើរការបាន តែនៅពេលណាដែលគេមានបទដ្ឋានខ្ពស់ ហើយបានទទួលសេចក្ដីពិត និងមានការផ្លាស់ប្ដូរខ្លះៗនៅក្នុងនិស្ស័យជីវិតរបស់គេប៉ុណ្ណោះ។ ការនេះទាមទារឱ្យមាននូវការប្រឹងប្រែងស្គាល់ខ្លួនឯងជាមុនសិន។ ប្រសិនបើចំណេះដឹងរបស់មនុស្សអំពីខ្លួនឯងរាក់កំផែលពេក នោះពួកគេនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយជីវិត និងនិស្ស័យរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ វាចាំបាច់ណាស់ដែលត្រូវស្គាល់ខ្លួនឯងក្នុងកម្រិតជ្រាលជ្រៅមួយ ដែលមានន័យថាស្គាល់ពីធម្មជាតិរបស់ខ្លួនឯង៖ តើមានធាតុអ្វីខ្លះដែលរួមបញ្ចូលនៅក្នុងធម្មជាតិនោះ តើធាតុទាំងនេះមានប្រភពយ៉ាងដូចម្ដេច និងចេញមកពីកន្លែងណា។ លើសពីនេះទៅទៀត តើអ្នកអាចស្អប់ធាតុទាំងនេះឬទេ? តើអ្នកបានមើលឃើញព្រលឹងដ៏គួរឱ្យខ្ពើម និងធម្មជាតិដ៏អាក្រក់របស់អ្នកឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញសេចក្ដីពិតអំពីខ្លួនឯង នោះអ្នកនឹងស្អប់ខ្ពើមខ្លួនឯង។ នៅពេលដែលអ្នកស្អប់ខ្ពើមខ្លួនឯង រួចក៏អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចលះបង់ចោលសាច់ឈាម ហើយមានកម្លាំងអនុវត្តសេចក្ដីពិតដោយមិនជឿថាវាត្រូវការប្រើថាមពលច្រើននោះទេ។ តើហេតុអ្វីបានជាមនុស្សជាច្រើនធ្វើតាមចំណូលចិត្តខាងសាច់ឈាមរបស់ខ្លួន? ពីព្រោះពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សល្អ មានអារម្មណ៍ថាសកម្មភាពរបស់ពួកគេត្រឹមត្រូវ និងសុចរិត ហើយថាពួកគេគ្មានកំហុស ថែមទាំងថាពួកគេត្រឹមត្រូវទាំងស្រុងទៀតផង ដូច្នេះហើយបានជាពួកគេអាចធ្វើសកម្មភាពដោយសន្មតថាសេចក្ដីយុត្តិធម៌ឈរនៅខាងពួកគេ។ នៅពេលដែលបុគ្គលម្នាក់ទទួលស្គាល់ថាធម្មជាតិពិតប្រាកដរបស់ខ្លួនគួរឱ្យខ្ពើម គួរឱ្យស្អប់ និងគួរឱ្យអាណិត នោះគេមិនមានមោទនភាពចំពោះខ្លួនឯងហួសហេតុពេក មិនក្រអឺតក្រទមខ្លាំងពេក ហើយក៏មិនពេញចិត្តនឹងខ្លួនឯងខ្លាំងពេកដូចកាលពីមុននោះដែរ។ បុគ្គលប្រភេទនេះមានអារម្មណ៍ថា «ខ្ញុំត្រូវតែស្មោះអស់ពីចិត្ត ហើយឥតលាក់ពុតឡើយ ចំពោះការអនុវត្តន៍ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនសក្ដិសមទៅនឹងបទដ្ឋាននៃការធ្វើជាមនុស្សឡើយ ហើយនឹងត្រូវអាម៉ាស់ដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ ដូច្នេះ បុគ្គលម្នាក់នេះពិតជាមើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ។ នៅពេលនេះ បុគ្គលម្នាក់នេះនឹងងាយអនុវត្តសេចក្ដីពិត ហើយគេនឹងមើលទៅមានលក្ខណៈដែលមនុស្សគួរមាន។ មានតែនៅពេលដែលមនុស្សស្អប់ខ្ពើមខ្លួនឯងពិតប្រាកដប៉ុណ្ណោះ ដែលពួកគេអាចលះបង់សាច់ឈាមចោលបាន។ ប្រសិនបើពួកគេមិនស្អប់ខ្ពើមខ្លួនឯងទេ នោះពួកគេនឹងមិនអាចលះបង់សាច់ឈាមចោលបានឡើយ។ ការស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ មិនមែនជារឿងសាមញ្ញនោះទេ។ មាននូវរឿងរ៉ាវមួយចំនួនដែលត្រូវស្វែងរកឱ្យឃើញនៅក្នុងពួកគេ៖ ទីមួយគឺ ការស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយទីពីរគឺការមើលឃើញខ្លួនឯងថាត្រូវការជំនួយ និងគួរឱអាណិត មើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ ព្រមទាំងមើលឃើញព្រលឹងដ៏កខ្វក់ និងគួរឱ្យអាណិតរបស់ខ្លួន។ នៅពេលដែលបុគ្គលម្នាក់មើលឃើញយ៉ាងពេញលេញនូវអ្វីដែលជាលក្ខណៈពិតប្រាកដរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានសម្រេច នោះគេពិតជាទទួលបាននូវចំណេះដឹងអំពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយអាចនិយាយបានថា បុគ្គលម្នាក់នេះបានស្គាល់ខ្លួនឯងយ៉ាងពេញលេញ។ មានតែនៅពេលនោះទេ ទើបបុគ្គលម្នាក់អាចស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ រហូតដល់ដាក់បណ្ដាសាខ្លួនឯង និងមានអារម្មណ៍ថាសាតាំងបានធ្វើឱ្យខ្លួនឯងពុករលួយយ៉ាងខ្លាំង ថែមទាំងធ្វើឱ្យខ្លួនឯងមិនមានលក្ខណៈស្រដៀងទៅនឹងមនុស្សទៀតផង។ បន្ទាប់មក ថ្ងៃមួយ នៅពេលដែលការគម្រាមកំហែងនៃសេចក្ដីស្លាប់លេចឡើង បុគ្គលបែបនេះនឹងគិតថា «នេះគឺជាការដាក់ទណ្ឌកម្មដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាសុចរិត ហើយខ្ញុំពិតជាគួរនឹងស្លាប់!» ត្រង់ចំណុចនេះ គាត់នឹងមិនត្អូញត្អែរទេ ហើយរឹតតែមិនបន្ទោសព្រះជាម្ចាស់ គ្រាន់តែមានអារម្មណ៍ថា គាត់ជាមនុស្សដែលមានសេចក្ដីត្រូវការ និងគួរឱ្យអាណិត កខ្វក់ និងពុករលួយយ៉ាងខ្លាំងដែលគួរតែត្រូវព្រះជាម្ចាស់ផាត់ចោល និងបំផ្លាញប៉ុណ្ណោះ ហើយព្រលឹងដូចជាគាត់ មិនសមនឹងរស់នៅលើផែនដីឡើយ។ ដូច្នេះហើយ បុគ្គលម្នាក់នេះមិនត្អូញត្អែរ ឬតតាំងជាមួយព្រះជាម្ចាស់ទេ រឹតតែមិនក្បត់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើបុគ្គលម្នាក់មិនស្គាល់ខ្លួនឯង ហើយនៅតែចាត់ទុកខ្លួនឯងថាជាមនុស្សល្អ នោះនៅពេលដែលសេចក្ដីស្លាប់មកគោះទ្វារ បុគ្គលម្នាក់នេះនឹងគិតថា «ខ្ញុំបានធ្វើយ៉ាងល្អនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំបានខិតខំស្វែងរក! ខ្ញុំបានផ្ដល់ឱ្យយ៉ាងច្រើន ខ្ញុំបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅទីបំផុត ព្រះជាម្ចាស់កំពុងស្នើសុំឱ្យខ្ញុំស្លាប់។ ខ្ញុំមិនដឹងថាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់នៅឯណានោះទេ។ តើហេតុអ្វីបានជាទ្រង់ស្នើសុំឱ្យខ្ញុំស្លាប់? ប្រសិនបើខ្ញុំត្រូវស្លាប់ នោះតើអ្នកណានឹងត្រូវបានសង្គ្រោះទៅ? តើពូជមនុស្សនឹងមិនដល់ទីបញ្ចប់ទេឬអី?» ទីមួយ បុគ្គលម្នាក់នេះមានសញ្ញាណអំពីព្រះជាម្ចាស់។ ទីពីរ បុគ្គលម្នាក់នេះកំពុងត្អូញត្អែរ ហើយមិនបង្ហាញការចុះចូលអ្វីទាំងអស់។ នេះដូចជាប៉ុលដែរ៖ នៅពេលដែលគាត់ជិតស្លាប់ គាត់មិនបានស្គាល់ខ្លួនឯងទេ ហើយនៅពេលដែលការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់មកដល់ នោះអ្វីទាំងអស់នឹងហួសពេល។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥២៣. នៅពេលដែលមនុស្សបានបោះជំហាននៅក្នុងផ្លូវឆ្ពោះទៅរកភាពគ្រប់លក្ខណ៍ និស្ស័យចាស់របស់ពួកគេ អាចមានលទ្ធភាពផ្លាស់ប្ដូរបាន។ លើសពីនេះទៅទៀត ជីវិតរបស់ពួកគេនៅបន្ដរីកចម្រើន ហើយជាបន្ដបន្ទាប់ ពួកគេក៏ចូលទៅក្នុងសេចក្ដីពិតកាន់តែជ្រៅ។ ពួកគេអាចស្អប់ខ្ពើមលោកិយ និងអស់អ្នកដែលមិនស្វែងរកសេចក្ដីពិត។ ពួកគេស្អប់ខ្លួនឯងជាពិសេស ប៉ុន្ដែលើសពីនេះទៅទៀតនោះ គឺពួកគេស្គាល់ខ្លួនឯងយ៉ាងច្បាស់។ ពួកគេសុខចិត្ដរស់នៅដោយសេចក្ដីពិត និងយកវាធ្វើជាគោលដៅក្នុងការស្វែងរកសេចក្ដីពិត។ ពួកគេមិនមានបំណងរស់នៅក្នុងគំនិតដែលគ្រប់គ្រងដោយខួរក្បាលរបស់ពួកគេទេ ហើយពួកគេមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះការរាប់ខ្លួនឯងជាសុចរិតរបស់មនុស្ស ភាពក្រអឺតក្រទម និងអំនួត។ ពួកគេនិយាយដោយស្មារតីរឹងប៉ឹង ដោះស្រាយអ្វីៗដោយវិចារណញ្ញាណ និងប្រកបដោយប្រាជ្ញា និងមានភាពស្មោះត្រង់ ព្រមទាំងស្ដាប់បង្គាប់ព្រះជាម្ចាស់។ ប្រសិនបើពួកគេប្រទះនឹងករណីនៃការវាយផ្ចាល និងការជំនុំជម្រះ ពួកគេមិនត្រឹមតែមិនអសកម្ម ឬខ្សោយឡើយ តែថែមទាំងដឹងគុណចំពោះការវាយផ្ចាល និងការជំនុំជម្រះមកពីព្រះជាម្ចាស់ទៀតផង។ ពួកគេជឿថា ពួកគេមិនអាចគ្មាននូវការវាយផ្ចាល និងការជំនុំជម្រះពីព្រះជាម្ចាស់ទេ ព្រោះការនេះអាចជួយការពារពួកគេបាន។ ពួកគេមិនស្វែករកសេចក្ដីជំនឿនៃសន្ដិភាព និងអំណរ ព្រមទាំងការស្វែងរកនូវនំប៉័ង ដើម្បីចម្អែតសេចក្ដីស្រេកឃ្លានដែរ។ ពួកគេក៏មិនស្វែងរកការសប្បាយផ្នែកសាច់ឈាមដែរ។ នេះជាអ្វីដែលកើតឡើងនៅក្នុងមនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។
(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥២៤. ប្រសិនបើបុគ្គលម្នាក់អាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនផ្អែកលើពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ហើយអាចចូលទៅកាន់តថភាពនៃគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត នោះគេជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ គឺអាចនិយាយបានថា កិច្ចការ និងព្រះបន្ទូលព្រះជាម្ចាស់មានប្រសិទ្ធភាពចំពោះពួកគេ ហើយថាព្រះបន្ទូលព្រះជាម្ចាស់បានក្លាយជាជីវិតពួកគេ ពួកគេបានទទួលសេចក្ដីពិត ហើយពួកគេអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនេះទៅ ធម្មជាតិនៃសាច់ឈាមរបស់ពួកគេ ដែលជាមូលដ្ឋានគ្រឹះនៃអត្ថិភាពដើមរបស់ពួកគេនឹងអង្រួនដាច់ចេញពីគ្នា និងដួលរលំ។ មានតែក្រោយពេលមនុស្សមានព្រះបន្ទូលព្រះជាម្ចាស់ជាជីវិតរបស់ខ្លួនប៉ុណ្ណោះ ទើបពួកគេនឹងក្លាយជាមនុស្សថ្មី។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់មនុស្ស ប្រសិនបើនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ ការបើកសម្តែង និងសេចក្ដីតម្រូវការរបស់ទ្រង់ចំពោះមនុស្សជាតិ និងបទដ្ឋានសម្រាប់ជីវិតមនុស្ស ដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញ បានក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើមនុស្សរស់នៅស្របតាមព្រះបន្ទូល និងសេចក្ដីពិតទាំងនេះ នោះពួកគេច្បាស់ជាត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះបានកើតជាថ្មី ហើយបានក្លាយជាមនុស្សថ្មីតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាមាគ៌ាដែលពេត្រុសបានដេញតាមសេចក្ដីពិត។ នេះគឺជាមាគ៌ានៃការប្រោសឱ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលព្រះជាម្ចាស់បានប្រោសពេត្រុសឱ្យបានគ្រប់លក្ខណ៍ គាត់ទទួលបានជីវិតចេញពីព្រះបន្ទូលព្រះជាម្ចាស់ សេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ បានក្លាយជាជីវិតរបស់គាត់ ហើយគាត់បានក្លាយជាបុគ្គលម្នាក់ដែលបានទទួលសេចក្តីពិត។
(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥២៥. នៅពេលមនុស្សមានការយល់ដឹងត្រឹមត្រូវអំពីនិស្ស័យរបស់ព្រះជាម្ចាស់ នៅពេលពួកគេអាចមើលឃើញថា ព្រះជាម្ចាស់មាននិស្ស័យពិតប្រាកដ មាននិស្ស័យបរិសុទ្ធ និងសុចរិត ហើយនៅពេលពួកគេអាចសរសើរពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ចេញពីជម្រៅចិត្តរបស់គេ ពេលនោះ ពួកគេនឹងស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយពួកគេនឹងទទួលបានសេចក្តីពិត។ មានតែពេលដែលមនុស្សស្គាល់ព្រះជាម្ចាស់ទេ ទើបពួកគេអាចរស់នៅក្នុងពន្លឺបាន។ លទ្ធផលដោយផ្ទាល់ចេញពីការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាការស្រឡាញ់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ នៅក្នុងមនុស្សដែលស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលយល់ពីសេចក្តីពិត និងទទួលបានសេចក្តីពិត មាននូវការផ្លាស់ប្ដូរដ៏ពិតមួយនៅក្នុងទស្សនៈគតិលោក និងទស្សនៈអំពីជីវិត ហើយក្រោយមក ការផ្លាស់ប្ដូរដ៏ពិតនោះ ក៏កើតឡើងនៅក្នុងនិស្ស័យជីវិតរបស់ពួកគេផងដែរ។ នៅពេលមនុស្សមានគោលដៅជីវិតត្រឹមត្រូវ អាចដេញតាមសេចក្តីពិត និងចេះប្រព្រឹត្តខ្លួនស្របតាមសេចក្តីពិត នៅពេលពួកគេចុះចុលទាំងស្រុងចំពោះព្រះជាម្ចាស់ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ នៅពេលពួកគេមានអារម្មណ៍សុខសាន្ត និងទទួលការបំភ្លឺដល់ជម្រៅចិត្តរបស់ខ្លួន នៅពេលដួងចិត្តរបស់ពួកគេរួចផុតពីសេចក្តីងងឹត និងនៅពេលពួកគេអាចរស់នៅយ៉ាងមានសេរីភាពទាំងស្រុង និងគ្មានការរឹតត្បិតនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ពេលនោះហើយទើបពួកគេអាចដឹកនាំជីវិតមនុស្សបានយ៉ាងពិតប្រាកដ ហើយមានតែពេលនោះទេ ទើបពួកគេក្លាយជាមនុស្សដែលមានសេចក្តីពិត និងភាពជាមនុស្ស។ លើសជាងនេះទៅទៀតនោះ គ្រប់ទាំងសេចក្តីពិតដែលអ្នកបានយល់ និងទទួលបាន គឺសុទ្ធតែចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មានតែពេលដែលអ្នកទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះអម្ចាស់នៃការបង្កើត ហើយទ្រង់មានបន្ទូលថា អ្នកជាភាវៈដែលព្រះបង្កើតមក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរស់នៅក្នុងលក្ខណៈជាមនុស្សប៉ុណ្ណោះ ទើបជីវិតអ្នកនឹងមានអត្ថន័យខ្លាំងបំផុត។
(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៥២៦. នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ប្រសិនបើគេមិនហ្មត់ចត់អំពីកិច្ចការនៃជីវិត មិនបន្តស្វែងរកច្រកចូលទៅកាន់សេចក្តីពិត មិនបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ និងមិនបន្តស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះគេមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បានឡើយ។ ប្រសិនបើអ្នកចង់ទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ នោះអ្នកត្រូវតែយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់។ ជាពិសេស អ្នកត្រូវតែយល់អំពីភាពសំខាន់នៃការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ និងហេតុផលដែលកិច្ចការនេះត្រូវអនុវត្តទៅលើមនុស្ស។ តើអ្នកអាចទទួលយកបានដែរឬទេ? ក្នុងអំឡុងពេលនៃការវាយផ្ចាល តើអ្នកអាចទទួលបានបទពិសោធ និងចំណេះដឹង ដូចជាពេត្រុសដែរឬទេ? ប្រសិនបើអ្នកបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយប្រសិនបើអ្នកបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក នោះអ្នកនឹងមានឱកាសទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ហើយ។
សម្រាប់អស់អ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ជំហាននៃកិច្ចការត្រូវបានយកឈ្នះនេះ គឺជារឿងមួយដែលមិនអាចចៀសផុតឡើយ ព្រោះមានតែពេលដែលមនុស្សត្រូវបានយកឈ្នះប៉ុណ្ណោះ ទើបគេអាចមានបទពិសោធអំពីកិច្ចការនៃការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ វានឹងគ្មានប្រយោជន៍ឡើយក្នុងការបំពេញតួនាទីនៃការត្រូវបានយកឈ្នះ ដែលនឹងមិននាំអ្នកឱ្យមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យព្រះជាម្ចាស់ប្រើប្រាស់នោះ។ អ្នកនឹងគ្មានវិធីបំពេញតួនាទីរបស់អ្នកនៅក្នុងការផ្សាយដំណឹងល្អបានឡើយ ព្រោះថាអ្នកមិនបន្តស្វែងរកជីវិត និងមិនបន្តស្វែងរកការផ្លាស់ប្ដូរ និងការកែជាថ្មីនៅក្នុងជីវិតរបស់អ្នក ដូច្នេះ អ្នកគ្មានបទពិសោធពិតអំពីជីវិតឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការមួយជំហានម្ដងៗនេះ ជាដំបូង អ្នកប្រព្រឹត្តដូចជាអ្នកស៊ីឈ្នួល និងដូចជាវត្ថុសម្រាប់ឆ្លុះបញ្ចាំង ប៉ុន្តែចុងក្រោយ ប្រសិនបើអ្នកមិនបន្តស្វែងរកឱ្យក្លាយដូចជាពេត្រុសទេ នោះការបន្តស្វែងរករបស់អ្នកនឹងមិនស្របតាមផ្លូវមួយ ដែលប្រោសពេត្រុសឱ្យបានគ្រប់លក្ខណ៍នោះឡើយ ដូច្នេះ ជាលទ្ធផល អ្នកនឹងមិនទទួលបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកនោះឡើយ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលបន្តស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍ នោះអ្នកនឹងធ្វើបន្ទាល់ ហើយអ្នកនឹងនិយាយថា៖ «នៅក្នុងមួយជំហានម្ដងៗនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ទូលបង្គំសូមទទួលយកកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយទោះបីជាទូលបង្គំបានរងទុក្ខវេទនាដ៏ធំក៏ដោយ ក៏ទូលបង្គំបានដឹងពីរបៀបដែលព្រះជាម្ចាស់ប្រាសឱ្យមនុស្សបានគ្រប់លក្ខណ៍ ទូលបង្គំបានទទួលនូវកិច្ចការដែលព្រះជាម្ចាស់បានសម្រេច ទូលបង្គំមានចំណេះដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយការវាយផ្ចាលរបស់ទ្រង់បានជួយសង្រ្គោះទូលបង្គំវិញទេ។ និស្ស័យដ៏សុចរិតរបស់ទ្រង់បានសណ្ឋិតលើទូលបង្គំ ហើយបាននាំឱ្យទូលបង្គំទទួលបានព្រះពរ និងព្រះគុណ ហើយគឺការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់នេះហើយដែលបានការពារ និងបន្សុទ្ធទូលបង្គំ។ ប្រសិនបើទូលបង្គំមិនត្រូវបានព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះទេ ហើយប្រសិនបើព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់មិនបានធ្លាក់មកលើទូលបង្គំទេ នោះទូលបង្គំប្រហែលជាមិនបានស្គាល់ព្រះជាម្ចាស់ ហើយប្រហែលមិនបានទទួលសេចក្តីសង្រ្គោះឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញថា៖ ក្នុងនាមជាសត្តនិករម្នាក់ មនុស្សមិនគ្រាន់តែរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា គ្រប់សត្តនិករទាំងអស់គួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ ដោយសារតែនិស្ស័យរបស់ព្រះជាម្ចាស់សក្ដិសមនឹងឱ្យមនុស្សរីករាយជាមួយ។ ក្នុងនាមជាសត្តនិករម្នាក់ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ គេគួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់ វាមាននូវការវាយផ្ចាល និងការជំនុំជម្រះ ហើយលើសពីនេះទៀត គឺជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ទោះបីជាទូលបង្គំគ្មានសមត្ថភាពទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពេញលេញនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ ទូលបង្គំមានសំណាងដ៏ពិសេសដែលមើលឃើញក្ដីស្រឡាញ់នោះ ហើយទូលបង្គំបានទទួលព្រះពរតាមរយៈការនេះ។» នេះហើយជាផ្លូវដែលត្រូវដើរ ដោយមនុស្សដែលមានបទពិសោធអំពីការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយនេះជាចំណេះដឹងដែលគេត្រូវនិយាយ។ មនុស្សបែបនេះ មានលក្ខណៈដូចជាពេត្រុស ព្រោះពួកគេមានបទពិសោធដូចជាពេត្រុស។ មនុស្សបែបនេះក៏ជាមនុស្សដែលទទួលបានជីវិត ដែលមានសេចក្តីពិតដែរ។ នៅពេលដែលគេមានបទពិសោធរហូតដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រាកដជារំដោះខ្លួនបានទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់ទទួលបានមិនខាន។
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥២៧. អ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់បាន គឺជាមនុស្សដូចពេត្រុស ជាមនុស្សដែលបន្តស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍។ សេចក្តីពិតនៅថ្ងៃនេះ ត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លាន និងស្វែងរកវាប៉ុណ្ណោះ។ សេចក្តីសង្រ្គោះនេះត្រូវបានប្រទានដល់អស់អ្នកដែលស្រេកឃ្លានចង់ឱ្យព្រះជាម្ចាស់សង្រ្គោះ ហើយវាមិនមែនដើម្បីបានសង្គ្រោះដោយអ្នករាល់គ្នាឡើយ។ គោលបំណងរបស់វា គឺដើម្បីឱ្យព្រះជាម្ចាស់ទទួលយកអ្នករាល់គ្នា។ អ្នកទទួលយកព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់ទទួលយកអ្នក។ នៅថ្ងៃនេះ ខ្ញុំបានមានបន្ទូលទាំងនេះទៅកាន់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឮព្រះបន្ទូលទាំងនោះហើយ ដូច្នេះ អ្នករាល់គ្នាគួរតែអនុវត្តតាមព្រះបន្ទូលទាំងនេះចុះ។ នៅចុងបញ្ចប់ នៅពេលដែលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលទាំងនេះ នោះវានឹងក្លាយជាពេលវេលាមួយដែលខ្ញុំទទួលបានអ្នករាល់គ្នាតាមរយៈព្រះបន្ទូលទាំងនេះ ហើយក្នុងពេលជាមួយគ្នា អ្នករាល់គ្នាក៏នឹងបានទទួលព្រះបន្ទូលទាំងនេះដែរ គឺអាចនិយាយបានថា អ្នករាល់គ្នានឹងបានទទួលសេចក្តីសង្រ្គោះដ៏ខ្ពង់ខ្ពស់នេះ។ នៅពេលដែលអ្នករាល់គ្នាត្រូវបានលាងជម្រះ នោះអ្នកនឹងក្លាយជាមនុស្សដ៏ពិត។ ប្រសិនបើអ្នកគ្មានសមត្ថភាពរស់នៅតាមសេចក្តីពិត ឬរស់នៅឱ្យដូចជាមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទេ នោះគឺអាចនិយាយបានថា អ្នកមិនមែនជាមនុស្សឡើយ ប៉ុន្តែដូចជាខ្មោចឆៅ ជាសត្វតិរច្ឆានវិញ ពីព្រោះអ្នកគ្មានសេចក្តីពិតទេ គឺអាចនិយាយម្យ៉ាងទៀតថា អ្នកគ្មានខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាឡើយ បើដូច្នេះ អ្នកជាមនុស្សស្លាប់ ដែលគ្មានវិញ្ញាណហើយ! ក្រោយពេលដែលត្រូវបានយកឈ្នះហើយ ទោះបីជាអ្នកអាចធ្វើទីបន្ទាល់បានក៏ដោយ ក៏អ្វីដែលអ្នកទទួលបាន គឺគ្មានអ្វីក្រៅពីសេចក្តីសង្រ្គោះដ៏តិចតួចនោះឡើយ ហើយអ្នកមិនបានក្លាយជាមនុស្សរស់ដែលមានវិញ្ញាណទេ។ ទោះបីជាអ្នកធ្លាប់មានបទពិសោធអំពីការវាយផ្ចាល និងការជំនុំជម្រះក៏ដោយ ក៏ជាលទ្ធផល និស្ស័យរបស់អ្នកមិនត្រូវបានកែជាថ្មី ឬផ្លាស់ប្ដូរឡើយ។ អ្នកនៅតែជាជីវិតចាស់របស់អ្នក អ្នកនៅតែជាកម្មសិទ្ធិរបស់សាតាំង ហើយអ្នកមិនបានក្លាយជាមនុស្សម្នាក់ដែលត្រូវបានលាងជម្រះនោះឡើយ។ មានតែមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ទើបជាមនុស្សមានតម្លៃ ហើយមានតែមនុស្សបែបនេះទេ ដែលទទួលបានជីវិតដ៏ពិត។
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥២៨. នៅលើផ្លូវនៃការបម្រើរបស់អ្នកនៅថ្ងៃអនាគត តើអ្នកអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ចំណុចសំខាន់មួយគឺ ត្រូវដេញតាមឱ្យបាននូវច្រកចូលទៅកាន់ជីវិត ចាប់ឱ្យបាននូវការផ្លាស់ប្ដូរនិស្ស័យ និងតាមចាប់ឱ្យបាននូវការចូលក្នុងសេចក្ដីពិតឱ្យកាន់តែជ្រៅ នេះហើយជាមាគ៌ាដើម្បីសម្រេចបានការស្អាងឱ្យគ្រប់លក្ខណ៍ និងធ្វើឱ្យព្រះជាម្ចាស់ទទួលយក។ អ្នករាល់គ្នាជាអ្នកទទួលនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ប៉ុន្ដែតើជាបញ្ជាបេសកកម្មប្រភេទអ្វី? ការនេះទាក់ទងនឹងជំហានកិច្ចការបន្ទាប់ទៀត។ ជំហានកិច្ចការបន្ទាប់ជាកិច្ចការដែលអស្ចារ្យជាងមុន ជាកិច្ចការដែលត្រូវធ្វើនៅពាសពេញសាកលលោក ដូច្នេះ ថ្ងៃនេះ អ្នករាល់គ្នាគួរតែដេញតាមការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់អ្នក ដែលនៅថ្ងៃខាងមុខ អ្នកអាចក្លាយជាតឹកតាងរបស់ព្រះជាម្ចាស់ក្នុងការទទួលបាននូវសិរីរុងរឿងតាមរយៈកិច្ចការរបស់ព្រះអង្គ ដែលធ្វើឱ្យអ្នករាល់គ្នាជាឧទាហរណ៍សម្រាប់កិច្ចការរបស់ទ្រង់នាពេលខាងមុខ។ ការដេញតាមនៅថ្ងៃនេះ គឺធ្វើឡើងទាំងស្រុងសម្រាប់ជាប្រយោជន៍ចំពោះការចាក់គ្រឹះសម្រាប់ការងារនៅថ្ងៃខាងមុខ ដូចនេះ ព្រះជាម្ចាស់អាចនឹងប្រើអ្នក ហើយអ្នកអាចធ្វើជាសក្ខីភាពសម្រាប់ព្រះអង្គ។ ប្រសិនបើអ្នកធ្វើឱ្យការនេះក្លាយជាគោលដៅនៃការដេញតាមរបស់អ្នក នោះអ្នកនឹងអាចទទួលបាននូវព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ កាលណាអ្នកកំណត់គោលដៅនៃការដេញតាមរបស់អ្នកកាន់តែខ្ពស់ អ្នកអាចទទួលបានការប្រោសឱ្យបានគ្រប់លក្ខណ៍កាន់តែច្រើន។ កាលណាអ្នកដេញតាមសេចក្ដីពិតកាន់តែច្រើន ព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើការកាន់តែច្រើនដែរ។ កាលណាអ្នកចំណាយកម្លាំងលើការដេញតាមនោះកាន់តែច្រើន នោះអ្នកនឹងទទួលបានកាន់តែច្រើន។ ព្រះវិញ្ញាណបរិសុទ្ធធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ផ្អែកទៅតាមសភាវៈខាងក្នុងរបស់គេ។ មនុស្សមួយចំនួនពោលថា ពួកគេមិនចង់ឱ្យព្រះជាម្ចាស់ប្រើប្រាស់ ឬឱ្យព្រះអង្គធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍ទេ គឺពួកគេគ្រាន់តែចង់ឱ្យសាច់ឈាមរបស់ពួកគេនៅមានសុវត្ថិភាព និងមិនរងទុក្ខពីភាពអកុសលតែប៉ុណ្ណោះ។ មនុស្សមួយចំនួនទៀតមិនចង់ចូលទៅក្នុងនគរព្រះ ប៉ុន្ដែសុខចិត្ដធ្លាក់ចុះចូលក្នុងរណ្ដៅដែលគ្មានទីបញ្ចប់។ ចំពោះករណីនេះ ព្រះជាម្ចាស់នឹងសម្រេចបំណងរបស់អ្នក។ អ្វីៗក៏ដោយដែលអ្នកដេញតាម ព្រះជាម្ចាស់នឹងធ្វើវាឱ្យកើតឡើង។ ដូចនេះ តើបច្ចុប្បន្ននេះអ្នកកំពុងដេញតាមអ្វី? តើអ្នកកំពុងដេញតាមការត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍មែនឬ? តើសកម្មភាព និងឥរិយាបថនាពេលបច្ចុប្បន្នរបស់អ្នក ធ្វើសម្រាប់នៃការដែលនាំឱ្យព្រះជាម្ចាស់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ និងឱ្យព្រះអង្គទទួលយកអ្នកមែនឬ? អ្នកត្រូវតែពិនិត្យមើលខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនជានិច្ច។ ប្រសិនបើអ្នកដាក់ចិត្ដរបស់អ្នកទាំងស្រុងចូលក្នុងដេញតាមរកគោលដៅមួយ នោះព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍យ៉ាងប្រាកដ។ នេះជាមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធ។ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សគឺទទួលបានតាមរយៈមធ្យោបាយនៃការដេញតាមរបស់ពួកគេ។ កាលណាអ្នកកាន់តែស្រេកឃ្លានចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ និងទទួលយកអ្នក នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកកាន់តែខ្លាំង។ កាលណាអ្នកបរាជ័យមិនបានស្វែងរក ហើយកាលណាអ្នកកាន់តែមានភាពអវិជ្ជមាន ហើយកាន់តែថមថយ នោះអ្នកបានដកចេញឱកាសកាន់តែច្រើនសម្រាប់ព្រះវិញ្ញាណបរិសុទ្ធឱ្យធ្វើការ។ យូរៗទៅ ព្រះវិញ្ញាណនឹងបោះបង់អ្នកចោល។ តើអ្នកចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកចង់ឱ្យខ្លួនត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬទេ? តើអ្នកចង់ឱ្យព្រះជាម្ចាស់ប្រើប្រាស់អ្នកដែរឬទេ? អ្នករាល់គ្នាគួរតែដេញតាមការធ្វើអ្វីៗសម្រាប់ជាប្រយោជន៍ឱ្យបានគ្រប់លក្ខណ៍ ឱ្យព្រះជាម្ចាស់ទទួលយក និងប្រើប្រាស់អ្នក ដើម្បីឱ្យសកលលោក និងអ្វីៗទាំងអស់អាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ដែលបានបង្ហាញនៅក្នុងខ្លួនអ្នករាល់គ្នា។ អ្នករាល់គ្នាគឺជាម្ចាស់លើរបស់សព្វសារពើ ហើយនៅកណ្ដាលអ្វីៗទាំងអស់ផង អ្នកនឹងអនុញ្ញាតឱ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងទីបន្ទាល់ និងសិរីរុងរឿងតាមរយៈអ្នករាល់គ្នា ដែលនេះជាតឹកតាងបង្ហាញថា អ្នករាល់គ្នាគឺជាអ្នកដែលមានពរលើសមនុស្សជំនាន់ណាៗទាំងអស់!
(ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)