ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦

ការសរសើរបានមកដល់ភ្នំស៊ីយ៉ូន ហើយព្រះដំណាក់របស់ព្រះជាម្ចាស់បានលេចមកដែរ។ ព្រះនាមដ៏បរិសុទ្ធពេញដោយសិរីល្អ ដែលមនុស្សទាំងអស់លើកសរសើរនោះ រីកសាយភាយ។ ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ព្រះសិរសានៃចក្កវាឡ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់គឺជាព្រះអាទិត្យដ៏ចាំងចែង ដែលបានរះឡើងនៅលើភ្នំស៊ីយ៉ូន ដែលលេចត្រដែតឡើងដោយឫទ្ធានុភាព និងអំណាចដ៏ថ្កុំថ្កើងទៅលើចក្រវាឡទាំងមូល ...

ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ពួកយើងអំពាវនាវរកទ្រង់ក្នុងសេចក្តីរីករាយយ៉ាងខ្លាំង ហើយពួកយើងរាំច្រៀង។ ទ្រង់ជាព្រះប្រោសលោះដ៏ពិតរបស់ពួកយើង ជាស្ដេចដ៏ធំធេងនៃចក្រវាឡ! ទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុម ហើយបានសម្រេចផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់នឹងចូលហូរហែទៅរកភ្នំនេះ។ មនុស្សទាំងអស់នឹងលុតជង្គង់នៅមុខបល្ល័ង្ក! ទ្រង់ជាព្រះដ៏ពិតតែមួយប៉ុណ្ណោះ ហើយទ្រង់សក្ដិសមទទួលសិរីល្អ និងការលើកតម្កើង។ សូមថ្វាយគ្រប់ទាំងសិរីល្អ ការសរសើរតម្កើង និងសិទ្ធិអំណាចដល់បល្ល័ង្កនៃទ្រង់! ប្រភពទឹកនៃជីវិតហូរចេញមកពីបល្ល័ង្កទ្រង់ ស្រោចស្រព និងចម្អែតដល់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដ៏ច្រើនសន្ធឹកសន្ធាប់។ ជីវិតផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ហើយពន្លឺនិងការបើកសម្ដែងថ្មីតាមពីក្រោយពួកយើង ដែលតែងតែផ្ដល់ដល់ឱ្យពួកយើងនូវគតិជ្រៅជ្រះថ្មីៗអំពីព្រះជាម្ចាស់។ នៅក្នុងបទពិសោធផ្សេងៗ ពួកយើងចាប់ផ្ដើមមានភាពច្បាស់លាស់ទាំងស្រុងអំពីព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញជានិច្ចនៅក្នុងចំណោមមនុស្សសុចរិត។ ពួកយើងពិតជាមានពរខ្លាំងណាស់! ដោយជួបជាមួយព្រះជាម្ចាស់មុខទល់នឹងមុខរាល់ថ្ងៃ ប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ហើយផ្ដល់ឱ្យព្រះជាម្ចាស់នូវអធិបតេយ្យភាពលើអ្វីៗទាំងអស់។ ពួកយើងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងប្រុងប្រយ័ត្ន ដួងចិត្តរបស់ពួកយើងសម្រាកយ៉ាងស្ងប់ស្ងាត់នៅក្នុងព្រះជាម្ចាស់ ហើយពួកយើងក៏មកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ដែរ ជាកន្លែងដែលយើងទទួលបានពន្លឺរបស់ទ្រង់។ រាល់ថ្ងៃ នៅក្នុងជីវិត ទង្វើ ពាក្យសម្ដី គំនិត និងយោបល់របស់យើង យើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយស្គាល់ខុស ស្គាល់ត្រូវគ្រប់ពេលវេលា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវនៃជីវិត ហើយដោយមិនបានរំពឹងទុក រឿងលាក់កំបាំងខាងក្នុងចិត្តយើង ត្រូវបានលេចចេញមកនៅក្នុងពន្លឺម្ដងមួយៗ។ ការប្រកបគ្នាជាមួយព្រះជាម្ចាស់ត្រូវធ្វើឡើង ដោយគ្មានការពន្យារពេលឡើយ ហើយរាល់គំនិត និងយោបល់របស់យើងត្រូវបានព្រះជាម្ចាស់លាតត្រដាងឱ្យឃើញទាំងអស់។ យើងកំពុងតែរស់នៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទគ្រប់ពេលវេលា ដ្បិតនៅទីនោះជាកន្លែងដែលយើងត្រូវទទួលការជំនុំជម្រះ។ សាតាំងនៅបន្ដកាន់កាប់គ្រប់កន្លែងនៅក្នុងរូបកាយរបស់យើង។ នៅថ្ងៃនេះ ដើម្បីស្តារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើងវិញ ព្រះវិហាររបស់ទ្រង់ត្រូវតែលាងជម្រះឱ្យស្អាតសិន។ ដើម្បីឱ្យព្រះជាម្ចាស់កាន់កាប់ទាំងស្រុង យើងត្រូវតែចូលរួមនៅក្នុងការប្រយុទ្ធស្លាប់រស់មួយនេះ។ មានតែនៅពេលដែលជីវិតចាស់របស់ពួកយើងត្រូវបានជាប់ឆ្កាងប៉ុណ្ណោះ ទើបជីវិតដែលរស់ឡើងវិញរបស់ព្រះគ្រីស្ទ អាចសោយរាជ្យដល់កម្រិតខ្ពស់បំផុតបាន។

ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែចាត់ចែងគ្រប់គ្រងលើគ្រប់ផ្នែកនៃជីវិតរបស់យើង ដើម្បីចូលរួមប្រយុទ្ធសម្រាប់ការស្ដារឡើងវិញរបស់យើង! ដរាបណាយើងត្រៀមខ្លួនជាស្រេច ដើម្បីបដិសេធខ្លួនឯង ហើយព្រមសហការជាមួយព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រាកដជាបំភ្លឺ និងបន្សុទ្ធចិត្តរបស់យើងគ្រប់ពេលវេលា ហើយទាមទារមកវិញនូវអ្វីដែលសាតាំងបានកាន់កាប់ ដើម្បីឱ្យយើងអាចត្រូវបានប្រោសឱ្យពេញខ្នាត ដោយព្រះជាម្ចាស់កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ចូរកុំខ្ជះខ្ជាយពេលវេលាឡើយ។ ចូររស់នៅគ្រប់វិនាទីនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរស្អាងឡើងជាមួយពួកបរិសុទ្ធ ហើយត្រូវបាននាំចូលទៅក្នុងនគរព្រះ ព្រមទាំងចូលទៅក្នុងសិរីល្អជារួមជាមួយព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧

ពួកជំនុំនៅក្រុងភីឡាដិលភាបានកើតឡើងដោយសារតែព្រះគុណ ហើយនិងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ទាំងស្រុងតែម្ដង។ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់កើនឡើងនៅក្នុងដួងចិត្តរបស់ពួកបរិសុទ្ធដ៏ច្រើនអនេក ដែលមិនរារែកចិត្តនៅក្នុងដំណើរផ្លូវខាងវិញ្ញាណរបស់គេឡើយ។ ពួកគេបានប្រកាន់ខ្ជាប់ទៅនឹងជំនឿរបស់គេដែលជឿថា ព្រះដ៏ពិតតែមួយអង្គបានត្រលប់ជាសាច់ឈាម ជឿថា ទ្រង់ជាព្រះសិរសានៃចក្រវាឡ ដែលបញ្ជាលើរបស់សព្វសារពើ៖ ជំនឿនេះត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ ជាជំនឿមួយដ៏រឹងមាំដែលមិនអាចរើបានដូចជាភ្នំអ៊ីចឹង។ ហើយវានឹងមិនដែលផ្លាស់ប្ដូរឡើយ!

ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! នៅថ្ងៃនេះ គឺជាទ្រង់ហើយដែលបានបើកភ្នែកខាងវិញ្ញាណរបស់ពួកយើង ដែលជួយឱ្យមនុស្សខ្វាក់មើលឃើញ ជួយឱ្យមនុស្សខ្វិនដើរបាន និងជួយឱ្យមនុស្សឃ្លង់បានជាស្អាត។ គឺជាទ្រង់ហើយដែលបានបើកទ្វារនៃស្ថានសួគ៌ ដើម្បីជួយឱ្យយើងយល់ពីសេចក្តីលាក់កំបាំងនៃពិភពខាងវិញ្ញាណ។ ដោយត្រូវបានជ្រួតជ្រាបដោយព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ និងត្រូវបានសង្រ្គោះពីភាពជាមនុស្សរបស់ពួកយើង ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ពោលគឺទាំងអស់នេះជាកិច្ចការ និងសេចក្ដីមេត្តាករុណាដ៏ធំធេងលើសលប់របស់ទ្រង់។ ពួកយើងគឺជាស្មរបន្ទាល់របស់ទ្រង់!

ទ្រង់បានលាក់អង្គទ្រង់ជាយូរណាស់មកហើយ ដោយបន្ទាបព្រះអង្គទ្រង់ និងដោយស្ងប់ស្ងាត់។ ទ្រង់បានឆ្លងកាត់ការរស់ពីសុគតឡើងវិញ បានរងទុក្ខដោយការជាប់ឆ្កាង បានឆ្លងកាត់អំណរ និងទុក្ខព្រួយនៃជីវិតជាមនុស្ស ហើយបានជួបនូវការបៀតបៀន និងទុក្ខវេទនាជាច្រើន ទ្រង់បានដកពិសោធន៍ និងស្គាល់រសជាតិនៃការឈឺចាប់នៅក្នុងពិភពលោករបស់មនុស្ស ហើយទ្រង់ត្រូវបានមនុស្សជំនាន់នេះបោះបង់ចោល។ ព្រះដែលយកកំណើតជាមនុស្ស គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សម្រាប់ជាប្រយោជន៍ដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រង់បានសង្គ្រោះពួកយើងពីគំនរលាមកសត្វ កាន់ពួកយើងដោយព្រះហស្ដស្ដាំរបស់ទ្រង់ ហើយប្រទានព្រះគុណរបស់ទ្រង់ដល់យើងដោយឥតគិតថ្លៃ។ ដោយទទួលយករាល់ការឈឺចាប់គ្រប់យ៉ាង ទ្រង់បានលះបង់ព្រះជន្មទ្រង់ឱ្យយើង ហើយតម្លៃដែលទ្រង់បានបង់ដោយព្រះលោហិត ញើស និងទឹកព្រះនេត្រទ្រង់ ត្រូវបានស្ដែងចេញយ៉ាងច្បាស់នៅក្នុងពួកបរិសុទ្ធ។ ពួកយើងគឺជាលទ្ធផលចេញពី[ក] កិច្ចខិតខំប្រឹងប្រែងដ៏ប្រុងប្រយ័ត្នរបស់ទ្រង់ ហើយពួកយើងគឺជាតម្លៃដែលទ្រង់បានបង់។

ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! គឺដោយសារតែព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ សេចក្តីសុចរិត និងឫទ្ធានុភាពរបស់ទ្រង់ ភាពបរិសុទ្ធ និងការបន្ទាបព្រះអង្គទ្រង់របស់ទ្រង់នេះហើយ ដែលនាំឱ្យមនុស្សទាំងអស់លុតជង្គង់នៅចំពោះព្រះភ័ក្រ្ដទ្រង់ និងថ្វាយបង្គំទ្រង់អស់កល្បជានិច្ចនោះ។

នៅថ្ងៃនេះ ទ្រង់បានធ្វើឱ្យពួកជំនុំទាំងអស់ពេញខ្នាត ដូចជា ពួកជំនុំនៃក្រុងភីឡាដិលភា ហើយទ្រង់បានសម្រេចផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ របស់ទ្រង់។ ពួកបរិសុទ្ធអាចចុះចូលដោយបន្ទាបខ្លួននៅចំពោះទ្រង់ ផ្សារភ្ជាប់ខាងវិញ្ញាណ និងការដើរតាមនៅក្នុងសេចក្តីស្រឡាញ់ ដោយចូលរួមទៅនឹងប្រភពទឹក។ ទឹកដ៏រស់នៃជីវិតហូរឥតឈប់ ដោយលាងជម្រះ និងកម្ចាត់ចោលរាល់ភក់ជ្រាំ និងទឹកស្មោកគ្រោកដែលមាននៅក្នុងពួកជំនុំ ដើម្បីបន្សុទ្ធព្រះវិហាររបស់ទ្រង់ម្ដងទៀត។ យើងបានស្គាល់ព្រះដ៏ពិតជាក់ស្ដែង បានដើរនៅក្នុងព្រះបន្ទូលរបស់ទ្រង់ បានទទួលស្គាល់មុខងារ និងភារកិច្ចរបស់យើង ហើយបានធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលះបង់ខ្លួនឯងសម្រាប់ជាប្រយោជន៍ដល់ពួកជំនុំ។ ដោយនៅស្ងប់ស្ងៀមចំពោះទ្រង់ យើងត្រូវតែយកចិត្តទុកដាក់មើលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកុំឱ្យព្រះហឫទ័យរបស់ទ្រង់ត្រូវបានរាំងស្ទះនៅក្នុងយើង។ នៅក្នុងចំណោមពួកបរិសុទ្ធនៅក្រុងនោះ ពួកគេមាននូវសេចក្តីស្រឡាញ់ចំពោះគ្នា ហើយចំណុចខ្លាំងរបស់អ្នកខ្លះនឹងជួយបំពេញបន្ថែមដល់ចំណុចខ្វះខាតរបស់អ្នកផ្សេងទៀត។ ពួកគេអាចដើរដោយវិញ្ញាណគ្រប់ពេល ដោយទទួលបានការស្រាយបំភ្លឺ និងការពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេអនុវត្តតាមសេចក្តីពិតភ្លាមៗនៅពេលដែលពួកគេយល់។ ពួកគេបន្តដើរតាមឱ្យទាន់ពន្លឺថ្មី និងដើរតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់។

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយការអនុញ្ញាតឱ្យទ្រង់ត្រួតត្រា គឺជាការដើរជាមួយទ្រង់។ គ្រប់ទាំងគំនិត សញ្ញាណ យោបល់ និងការជាប់ជំពាក់ខាងលោកីយ៍ ត្រូវរលាយបាត់ទៅក្នុងខ្យល់ដូចជាផ្សែង។ យើងអនុញ្ញាតឱ្យព្រះជាម្ចាស់សោយរាជ្យដ៏ខ្ពង់ខ្ពស់នៅក្នុងវិញ្ញាណរបស់យើង ដើរជាមួយទ្រង់ និងទទួលបានភាពខ្ពង់ខ្ពស់ យកឈ្នះលើលោកីយ៍ ហើយវិញ្ញាណរបស់យើងមានសេរីភាពហោះហើរដោយសេរី និងទទួលបានការដោះលែង៖ នេះគឺជាលទ្ធផលនៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាក្លាយជាស្ដេច។ តើយើងអាចមិនរាំច្រៀងនៅក្នុងការសរសើរតម្កើង ដោយថ្វាយការសរសើរតម្កើងរបស់យើង និងច្រៀងបទទំនុកថ្មីយ៉ាងដូចម្ដេច?

មានផ្លូវដ៏ពិតជាច្រើន ដើម្បីសរសើរព្រះជាម្ចាស់៖ ការអំពាវនាវរកព្រះនាមទ្រង់ ការចូលទៅជិតទ្រង់ ការគិតអំពីទ្រង់ ការអានសេចក្តីអធិស្ឋាន ការចូលរួមនៅក្នុងការប្រកបគ្នា ការសញ្ជឹងគិត ការអធិស្ឋាន និងបទចម្រៀងនៃការសរសើរតម្កើង។ នៅក្នុងប្រភេទនៃការសរសើរទាំងនេះ មាននូវសេចក្តីរីករាយ និងមាននូវការចាក់ប្រេងតាំង ហើយមានអំណាចនៅក្នុងការសរសើរតម្កើង ហើយក៏មាននូវបន្ទុកមួយដែរ។ មាននូវសេចក្តីជំនឿនៅក្នុងការសរសើរតម្កើង ហើយក៏មានគតិជ្រៅជ្រះថ្មីដែរ។

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយសម្របសម្រួលនៅក្នុងការបម្រើ និងមានចិត្តតែមួយ ចូរសម្រេចបំណងព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ចូរប្រញាប់ក្លាយជារូបកាយខាងវិញ្ញាណដ៏បរិសុទ្ធមួយ ចូរយកឈ្នះលើសាតាំង ហើយបញ្ចប់នូវវាសនារបស់សាតាំង។ ពួកជំនុំភីឡាដិលភាត្រូវបានលើកឡើងទៅក្នុងពពកចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយត្រូវបានបង្ហាញចេញយ៉ាងច្បាស់នៅក្នុងសិរីល្អរបស់ទ្រង់។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «លទ្ធផលចេញពី»។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៨

ស្ដេចដ៏មានជ័យគង់នៅលើបល្ល័ង្កដ៏ពេញដោយសិរីល្អរបស់ទ្រង់។ ទ្រង់បានសម្រេចនូវការប្រោសលោះ និងបានដឹកនាំប្រជារាស្ត្ររបស់ទ្រង់ទាំងអស់ឱ្យលេចមកនៅក្នុងសិរីល្អ។ ទ្រង់ក្ដាប់ចក្រវាឡទាំងមូលនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយជាមួយព្រះប្រាជ្ញាញាណ និងឫទ្ធិអំណាចរបស់ទ្រង់ ទ្រង់បានសង់ និងបានបង្កើតទីក្រុងស៊ីយ៉ូនដ៏រឹងមាំ។ ដោយឫទ្ធានុភាពរបស់ទ្រង់ ទ្រង់ធ្វើការជំនុំជម្រះពិភពលោកដែលពោរពេញដោយបាប។ ទ្រង់បានទម្លាក់ការជំនុំជម្រះមកលើប្រជាជាតិនានា និងមនុស្សគ្រប់ជាតិសាសន៍ ផែនដី និងសមុទ្រ ព្រមទាំងគ្រប់ភាវៈមានជីវិតនៅក្នុងនោះ ក៏ដូចជាអស់អ្នកដែលងប់ងល់នឹងកាមគុណថោកទាបដែរ។ ព្រះជាម្ចាស់ច្បាស់ជានឹងជំនុំជម្រះពួកគេ ហើយទ្រង់ប្រាកដជានឹងក្រោធចំពោះពួកគេ ហើយជាលទ្ធផល ឫទ្ធានុភាពរបស់ព្រះជាម្ចាស់នឹងត្រូវបើកសម្ដែង ហើយការជំនុំជម្រះរបស់ទ្រង់នឹងត្រូវធ្វើឡើងភ្លាមៗ ដោយគ្មានការពន្យារពេលឡើយ។ ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ប្រាកដជានឹងដុតរំលាយអំពើដ៏សាហាវយង់ឃ្នងរបស់ពួកគេ ហើយទុក្ខលំបាកនឹងធ្លាក់លើពួកគេគ្រប់ពេលវេលា។ ពួកគេនឹងមិនស្គាល់ផ្លូវដើម្បីឱ្យបានរួចខ្លួន ហើយក៏គ្មានកន្លែងដើម្បីលាក់ខ្លួនដែរ។ ពួកគេនឹងយំ ព្រមទាំងសង្កៀតធ្មេញ ហើយពួកគេនឹងនាំសេចក្តីវិនាសមកដាក់លើខ្លួនឯង។

ពួកកូនប្រុសដ៏មានជ័យ និងជាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប្រាកដជានឹងស្នាក់នៅក្នុងក្រុងស៊ីយ៉ូន ហើយមិនដែលចាកចេញពីទីក្រុងនេះឡើយ។ មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នឹងស្ដាប់ព្រះសូរសៀងរបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ពួកគេនឹងមើលសកម្មភាពរបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ហើយសំឡេងនៃការសរសើររបស់គេនឹងមិនដែលឈប់សោះឡើយ។ ព្រះដ៏ពិតតែមួយអង្គបានលេចមកហើយ! យើងនឹងស្គាល់ទ្រង់ច្បាស់នៅក្នុងវិញ្ញាណ ហើយដើរតាមទ្រង់យ៉ាងប្រកៀកប្រកិត។ យើងនឹងប្រញាប់ប្រញាល់ធ្វើដំណើរទៅមុខដោយអស់ពីកម្លាំងរបស់យើង និងលែងស្ទាក់ស្ទើរទៀតហើយ។ ចុងបញ្ចប់នៃពិភពលោកកំពុងតែលាតត្រដាងនៅមុខយើង ហើយជីវិតពួកជំនុំដ៏ត្រឹមត្រូវ ក៏ដូចជាមនុស្ស កិច្ចការ និងរឿងរ៉ាវដែលកើតឡើងជុំវិញយើង ក៏កំពុងតែបង្កើនកម្ដៅកាន់តែខ្លាំងដល់ការហ្វឹកហាត់របស់យើងដែរ។ ចូរយើងប្រញាប់យកដួងចិត្តរបស់យើងដែលស្រឡាញ់លោកីយ៍នោះ ត្រឡប់មកវិញ! ចូរយើងប្រញាប់យកនិមិត្តរបស់យើងដែលស្រអាប់ខ្លាំងនោះ ត្រឡប់មកវិញ! ចូរយើងបន្តនៅជាប់នឹងជំហានរបស់យើង ដើម្បីកុំឱ្យយើងដើរហួសព្រំដែន។ ចូរយើងទប់មាត់របស់យើង ដើម្បីឱ្យយើងអាចដើរនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលែងទាស់ទែងគ្នាអំពីរឿងផលប្រយោជន៍ និងការខាតបង់របស់យើងតទៅទៀត។ ចូរលះបង់ចោលចុះនូវភាពលោភលន់របស់អ្នកចំពោះលោកីយ៍ និងការស្រឡាញ់ទ្រព្យសម្បត្តិ! ចូរឱ្យខ្លួនអ្នកមានសេរីភាពពីចំណងដែលនៅស្អិតជាប់របស់អ្នកចំពោះស្វាមី និងកូនប្រុសស្រីរបស់អ្នក! ចូរបែរខ្នងទៅកាន់ទស្សនៈ និងបុរេវិនិឆ្ឆ័យរបស់អ្នកចុះ! ចូរភ្ញាក់ខ្លួនឡើង ដ្បិតពេលវេលាខ្លីណាស់! ចូរសម្លឹងទៅលើចុះ ចូរសម្លឹងទៅលើដោយចេញពីវិញ្ញាណ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងចុះ។ មិនថាមានអ្វីៗកើតឡើងឡើយ ចូរកុំធ្វើដូចជាភរិយារបស់ឡុតនោះឡើយ។ វាពិតជាគួរឱ្យអាណិតណាស់ដែលត្រូវគេបោះចោលទៅម្ខាង! វាពិតជាគួរឱ្យអាណិតណាស់! ចូរភ្ញាក់ខ្លួនឡើង!

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៩

ភ្នំ និងទន្លេផ្លាស់ប្តូរ ទឹកហូរទៅតាមចរន្តរបស់វា ហើយជីវិតរបស់មនុស្សមិនអាចឋិតថេរដូចផែនដី និងផ្ទៃមេឃនោះទេ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ដែលមានព្រះជន្មអស់កល្បជានិច្ច និងមានព្រះជន្មរស់ឡើងវិញ ដែលបន្តពីជំនាន់មួយទៅជំនាន់មួយជារៀងរហូត! របស់សព្វសារពើ និងហេតុការណ៍ទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយសាតាំងស្ថិតនៅក្រោមព្រះបាទទ្រង់។

ថ្ងៃនេះ គឺដោយសារតែការជ្រើសរើសតាមការកំណត់របស់ព្រះជាម្ចាស់ ទើបទ្រង់រំដោះយើងចេញពីក្រញាំរបស់សាតាំង។ ទ្រង់ពិតជាព្រះដ៏ប្រោសលោះរបស់យើងប្រាកដមែន។ ព្រះជន្មដែលបានរស់ឡើងវិញ និងអស់កល្បជានិច្ចរបស់ព្រះគ្រីស្ទពិតជាបានធ្វើការនៅក្នុងយើង ដោយកំណត់ឱ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះជន្មរបស់ព្រះជាម្ចាស់ ដែលយើងអាចមកជួបផ្ទាល់ជាមួយទ្រង់ ហូបទ្រង់ ផឹកទ្រង់ និងរីករាយនឹងទ្រង់។ នេះគឺជាតង្វាយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដែលព្រះជាម្ចាស់បានប្រទាន ដោយថ្លៃលោហិតបេះដូងរបស់ទ្រង់។

រដូវកាលនានាចូលមកហើយទៅវិញ ដោយឆ្លងកាត់ខ្យល់ និងសន្សើម ជួបនឹងការឈឺចាប់ ការធ្វើទុក្ខបុកម្នេញ និងការរងទុក្ខជាច្រើនរបស់ជីវិត ជួបនឹងការមិនទទួលស្គាល់ និងការបង្កាច់បង្ខូចជាច្រើនរបស់លោកីយ៍ ជួបនឹងការចោទប្រកាន់ក្លែងក្លាយជាច្រើនរបស់រដ្ឋាភិបាល ប៉ុន្តែសេចក្តីជំនឿរបស់ព្រះជាម្ចាស់ និងការប្តេជ្ញារបស់ទ្រង់មិនថមថយសូម្បីតែបន្តិច។ ទ្រង់ទុកព្រះជន្មផ្ទាល់របស់ទ្រង់មួយឡែក ដោយលះបង់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចំពោះផែនការ ព្រមទាំងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យកិច្ចការទាំងនោះអាចសម្រេចបាន។ ទ្រង់មិនសំចៃចំពោះការឈឺចាប់នោះទេ ដើម្បីរាស្ត្រជាច្រើនរបស់ទ្រង់ ដោយការចិញ្ចឹមបីបាច់ និងស្រោចស្រពពួកគេយ៉ាងយកចិត្តទុកដាក់។ មិនថាយើងងងឹតងងល់យ៉ាងណា ឬលំបាកយ៉ាងណានោះទេ យើងត្រូវតែចុះចូលចំពោះទ្រង់ ហើយព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទនឹងផ្លាស់ប្តូរធម្មជាតិចាស់របស់យើង...។ ដើម្បីពួកកូនប្រុសច្បងទាំងអស់នេះ ទ្រង់ធ្វើការដោយមិននឿយហត់ ដោយមិនសោយអាហារ និងមិនសម្រាក។ ជាច្រើនថ្ងៃ និងច្រើនយប់ ដែលទ្រង់ទតមើលស៊ីយ៉ូនដោយអស់ពីព្រះទ័យ តាមរយៈកម្តៅដ៏ក្តៅហែង និងភាពត្រជាក់ស្ទើរកក។

លោកីយ៍ ផ្ទះសម្បែង កិច្ចការ និងគ្រប់យ៉ាងបានកន្លងផុតទៅទាំងស្រុងយ៉ាងរីករាយ និងស្ម័គ្រចិត្ត ហើយការសប្បាយតាមបែបលោកីយ៍មិនជាប់ទាក់ទងនឹងទ្រង់ឡើយ...។ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ វាយលុកចូលទៅក្នុងយើង ដោយបើកបង្ហាញអ្វីៗដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង។ តើយើងអាចមិនជឿដូចម្តេចកើត? ប្រយោគនីមួយៗដែលចេញពីព្រះឱស្ឋរបស់ទ្រង់ អាចក្លាយជាការពិតនៅក្នុងយើងគ្រប់ពេលវេលា។ អ្វីក៏ដោយដែលយើងធ្វើ ទោះនៅចំពោះទ្រង់ក្តី ឬលាក់បាំងពីទ្រង់ក្តី គឺគ្មានអ្វីដែលទ្រង់មិនជ្រាបនោះទេ គ្មានអ្វីដែលទ្រង់មិនយល់ឡើយ។ គ្រប់យ៉ាងនឹងបើកសម្តែងនៅចំពោះទ្រង់យ៉ាងពិតប្រាកដ មិនថាផែនការ និងការរៀបចំផ្ទាល់ខ្លួនរបស់ពួកយើងនោះទេ។

ការអង្គុយនៅចំពោះទ្រង់ប្រកបដោយភាពស្រាកស្រាន្ត និងស្ងប់ស្ងាត់ ដោយមានអារម្មណ៍រីករាយនៅក្នុងវិញ្ញាណរបស់យើង ប៉ុន្តែអារម្មណ៍តែងតែទទេសូន្យ ហើយពិតជាជាប់ជំពាក់ជាមួយព្រះជាម្ចាស់៖ នេះគឺជាការអស្ចារ្យមួយដែលមិនអាចគិតដល់ និងមិនអាចសម្រេចបាន។ ព្រះវិញ្ញាណបរិសុទ្ធល្មមគ្រប់គ្រាន់ក្នុងការអះអាងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដ៏ពិតមួយអង្គ! វាគឺជាអំណះអំណាងដែលមិនអាចប្រកែកបាន! យើងទាំងអស់គ្នាដែលនៅក្នុងក្រុមនេះពិតជាមានព្រះពរមិនអាចពណ៌នាបាន! ប្រសិនបើមិនមែនដោយសារព្រះគុណ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ទេ នោះយើងមានតែអាចត្រូវវិនាស និងដើរតាមសាតាំងប៉ុណ្ណោះ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន!

ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលបានបើកភ្នែកខាងវិញ្ញាណរបស់ពួកយើង ដោយអនុញ្ញាតឱ្យពួកយើងយល់អំពីអាថ៌កំបាំងនៃពិភពខាងវិញ្ញាណ។ ទិដ្ឋភាពនៃនគរព្រះគ្មានព្រំដែនកំណត់នោះទេ។ ចូរយើងប្រុងប្រយ័ត្នខណៈដែលយើងកំពង់រង់ចាំ។ ពេលវេលាជិតមកដល់ហើយ។

អណ្តាតភ្លើងនៃសង្គ្រាមកួចឡើង ផ្សែងកាំភ្លើងធំពេញផ្ទៃអាកាស ធាតុអាកាសប្រែជាក្តៅឧណ្ហៗ អាកាសធាតុផ្លាស់ប្តូរ គ្រោះចង្រៃនឹងលាតសន្ធឹង ហើយមនុស្សមិនអាចធ្វើអ្វីបានក្រៅពីស្លាប់ដោយគ្មានសង្ឃឹមរស់រានមានជីវិតនោះទ។

ឱ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែងអើយ! គឺទ្រង់ហើយដែលជាបន្ទាយដ៏រឹងមាំរបស់ពួកយើង។ ទ្រង់គឺជាទីជម្រករបស់ពួកយើង។ ពួកយើងប្រមូលផ្តុំគ្នានៅក្រោមស្លាបរបស់ទ្រង់ ហើយគ្រោះភ័យមិនអាចប៉ះពាល់យើងបានទេ។ នេះគឺជាការការពារ និងការថែរក្សានៃភាពជាព្រះរបស់ទ្រង់។

ពួកយើងទាំងអស់គ្នាបន្លឺសម្លេងឡើងជាបទចម្រៀង។ ពួកយើងច្រៀងដោយការសរសើរតម្កើង ហើយសម្លេងនៃការសរសើរតម្កើងរបស់ពួកយើង បន្លឺទូទាំងក្រុងស៊ីយ៉ូន! ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះដ៏ជាក់ស្ដែង បានរៀបចំទិសដៅដ៏រុងរឿងនោះសម្រាប់ពួកយើង។ ចូរប្រុងប្រយ័ត្ន អូ! ចូរប្រយ័ត្នប្រយែង! មកដល់ពេលនេះ ពេលវេលាមិនទាន់ហួសនៅឡើយទេ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥០

ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក វិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានលាតត្រដាងទាំងស្រុងនៅក្នុងចក្រវាលទាំងមូល។ ការលេចមករបស់ព្រះជាម្ចាស់មិនគ្រាន់តែត្រូវបានធ្វើបន្ទាល់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ត្រូវបានធ្វើបន្ទាល់នៅគ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងផងដែរ។ ពួកគេគ្រប់គ្នាកំពុងតែស្រែកហៅព្រះនាមដ៏បរិសុទ្ធនេះ ដោយព្យាយាមប្រកបគ្នាជាមួយព្រះជាម្ចាស់តាមមធ្យោបាយណាមួយដែលអាចធ្វើបាន ដោយព្យាយាមចង់យល់ពីព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបម្រើទ្រង់រួមគ្នានៅក្នុងពួកជំនុំ។ នេះហើយជារបៀបដ៏អស្ចារ្យដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនោះ។

ទោះបីជាភាសានៃជាតិសាសន៍នានាខុសគ្នាយ៉ាងណាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយដែរ។ ព្រះវិញ្ញាណនេះបង្រួបបង្រួមពួកជំនុំនៅទូទាំងចក្រវាល ហើយជាអង្គតែមួយជាមួយព្រះជាម្ចាស់ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្ដិច។ នេះជាអ្វីមួយដែលច្បាស់លាស់គ្មានអ្វីត្រូវឆ្ងល់ឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធអំពាវនាវទៅកាន់ពួកគេ ហើយព្រះសូរសៀងរបស់ទ្រង់ដាស់ពួកគេឱ្យភ្ញាក់ឡើង។ នេះជាព្រះសូរសៀងនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ពួកគេគ្រប់គ្នាកំពុងតែស្រែករកព្រះនាមដ៏បរិសុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា! ពួកគេក៏ថ្វាយការសរសើរតម្កើង និងការច្រៀងផងដែរ។ វាមិនអាចមានការងាកចេញណាមួយនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចម្រើនឡើងតាមផ្លូវដែលត្រឹមត្រូវ ហើយពួកគេមិនងាករេពីឫទ្ធិបាដិហារិយ៍យ៉ាងច្រើនឡើយ។ នេះជាអ្វីមួយដែលមនុស្សពិបាកស្រមើស្រមៃ និងពិបាកវាស់ស្ទង់មើល។

ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាស្ដេចនៃជីវិតនៅក្នុងចក្រវាល! ទ្រង់គង់នៅលើបល្ល័ង្កដែលប្រកបដោយសិរីល្អ និងជំនុំជម្រះពិភពលោក ហើយគ្រប់គ្រងលើអ្វីៗទាំងអស់ ព្រមទាំងសោយរាជ្យលើគ្រប់ប្រជាជាតិ។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ អធិស្ឋានទៅកាន់ទ្រង់ ចូលជិតទ្រង់ ហើយប្រាស្រ័យទាក់ទងជាមួយទ្រង់។ មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណា មិនថាអ្នកមានឋានៈខ្ពស់បែបណា ឬមានអតីតភាពអស្ចារ្យយ៉ាងណាឡើយ ប្រសិនបើអ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកត្រូវទទួលការជំនុំជម្រះ ហើយត្រូវក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដោយបញ្ចេញសម្រែកអង្វរករដ៏ឈឺចាប់មិនខាន។ នេះហើយជាការច្រូតផលពីទង្វើរបស់អ្នកផ្ទាល់នោះ។ សម្រែកទ្រហោយំនេះគឺជាសម្រែកនៃការរងទារុណកម្មនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ហើយវាជាសម្រែកនៃការត្រូវបានវាយផ្ចាល ដោយដំបងដែករបស់ព្រះជាម្ចាស់។ នេះហើយជាការជំនុំជម្រះនៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទនោះ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥១

ការលេចមករបស់ព្រះជាម្ចាស់បានកើតឡើងនៅក្នុងក្រុមជំនុំទាំងអស់រួចហើយ។ គឺជាព្រះវិញ្ញាណដែលមានបន្ទូល ហើយទ្រង់គឺជាភ្លើងដ៏សន្ធោសន្ធៅ មានឫទ្ធានុភាព និងកំពុងជំនុំជម្រះ។ ទ្រង់គឺជាបុត្រមនុស្ស ទ្រង់គ្រងព្រះពស្ដ្រវែងដល់ព្រះបាទា ហើយមានខ្សែមាសរឹតតឹងព្រះឧរា។ ព្រះសិរសា និងព្រះកេសារបស់ទ្រង់សដូចជារោមចៀម ហើយព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង។ ព្រះបាទរបស់ទ្រង់ដូចជាលង្ហិនរលីងដែលភ្លឺផ្លេកៗដូចជាគេដុតក្នុងគុកភ្លើង ហើយព្រះសូរសៀងរបស់ទ្រង់ដូចជាសូរនៃទឹកជាច្រើន។ នៅព្រះហស្ដស្តាំទ្រង់កាន់ផ្កាយប្រាំពីរ ក៏មានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ដ្របញ្ចេញពន្លឺដូចជាថ្ងៃភ្លឺពេញអំណាច!

បុត្រមនុស្សត្រូវបានគេមើលឃើញ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គត្រូវបានបើកសម្ដែងយ៉ាងបើកចំហ។ សិរីល្អរបស់ព្រះជាម្ចាស់បានសាយភាយទៅ ដោយបញ្ចេញពន្លឺដូចជាថ្ងៃភ្លឺពេញអំណាច! ព្រះភក្ដ្រដ៏មានសិរីល្អរបស់ទ្រង់ភ្លឺត្រចះត្រចង់ដោយពន្លឺផ្លេកៗ។ តើភ្នែករបស់អ្នកណាដែលហ៊ានសម្លឹងទ្រង់ដោយការទាស់ទទឹងនោះ? ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់! គ្មានសេចក្ដីមេត្តាករុណាបន្ដិចឡើយ ចំពោះអ្វីមួយដែលអ្នកគិតនៅក្នុងចិត្ត ចំពោះពាក្យពេចន៍ណាមួយដែលអ្នកនិយាយ ឬចំពោះអ្វីមួយដែលអ្នកធ្វើ។ អ្នករាល់គ្នានឹងយល់ ហើយមើលឃើញអ្វីដែលអ្នករាល់គ្នាបានទទួល គឺគ្មានអ្វីក្រៅពីការជំនុំជម្រះឡើយ! តើខ្ញុំអាចប្រកាន់ខ្ជាប់ការជំនុំជម្រះបានទេ នៅពេលដែលអ្នករាល់គ្នាមិនប្រឹងប្រែងហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ តែបែរជារំខានយ៉ាងបំពាន ហើយបំផ្លាញការកសាងរបស់ខ្ញុំនោះ? ខ្ញុំនឹងមិនប្រព្រឹត្តយ៉ាងទន់ភ្លន់ចំពោះបុគ្គលប្រភេទនេះទេ! ប្រសិនបើឥរិយាបថរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅ នោះអ្នកនឹងត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើង! ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកបង្ហាញនៅក្នុងរូបកាយខាងវិញ្ញាណមួយ ដោយគ្មានសាច់ឈាម ឬការតភ្ជាប់ពីក្បាលដល់ចុងជើងសូម្បីតែបន្តិចឡើយ។ ទ្រង់យាងឆ្លងកាត់ពិភពសាកលលោក ដោយគង់លើបល្ល័ង្កដ៏រុងរឿងនៅក្នុងស្ថានសួគ៌ជាន់ទីបី ទ្រង់គ្រប់គ្រងរបស់សព្វសារពើ។ សាកលលោក និងរបស់សព្វសារពើស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមានបន្ទូលបែបណា នោះវានឹងក្លាយជាបែបនោះ។ ប្រសិនបើខ្ញុំបង្គាប់បែបណា នោះវានឹងទៅជាបែបនោះ។ សាតាំងនៅក្រោមព្រះបាទរបស់ខ្ញុំ វានៅក្នុងជង្ហុកដ៏ធំ! នៅពេលដែលសម្លេងរបស់ខ្ញុំបន្លឺឡើង នោះផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ ហើយក្លាយជាទទេសូន្យ! របស់សព្វសារពើនឹងត្រូវបានស្អាងឱ្យថ្មីឡើងវិញ នេះគឺជាសេចក្តីពិតដែលមិនអាចផ្លាស់ប្តូរបាន និងពិតជាត្រឹមត្រូវ។ ខ្ញុំបានយកឈ្នះពិភពលោក ក៏ដូចជាសភាវៈអាក្រក់ទាំងអស់។ ខ្ញុំគង់នៅទីនេះដោយការនិយាយទៅកាន់អ្នករាល់គ្នា ហើយអស់អ្នកណាដែលមានត្រចៀក គួរតែស្ដាប់ ហើយអស់អ្នកណាដែលកំពុងតែរស់នៅគួរតែទទួលយក។

ពេលវេលានឹងចូលមកដល់ទីបញ្ចប់ របស់សព្វសារពើនៅក្នុងពិភពលោកនេះនឹងក្លាយជាទទេសូន្យ ហើយរបស់សព្វសារពើនឹងត្រូវបានកើតជាថ្មី។ ចូរចាំពីសេចក្តីនេះ! ចូរកុំភ្លេចឱ្យសោះ! អាចមិនមានភាពស្រពេចស្រពិលឡើយ! ផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ តែព្រះបន្ទូលរបស់ខ្ញុំមិនដែលបាត់ឡើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្ដងទៀត៖ ចូរកុំរត់ដោយអសារឥតការ! ចូរក្រោកឡើង! ចូរប្រែចិត្ត ការសង្គ្រោះនៅជិតបង្កើយ! ខ្ញុំបានលេចមករួចហើយនៅក្នុងចំណោមអ្នករាល់គ្នា ហើយព្រះសូរសៀងរបស់ខ្ញុំបានបន្លឺឡើង។ ព្រះសូរសៀងរបស់ខ្ញុំបានបន្លឺឡើងនៅចំពោះអ្នករាល់គ្នា។ ជារៀងរាល់ថ្ងៃ ព្រះសូរសៀងនេះនៅចំពោះមុខអ្នកដោយផ្ទាល់ ហើយរាល់ថ្ងៃគឺជាថ្ងៃដែលស្រស់ស្រាយ ហើយថ្មីជានិច្ច។ អ្នកមើលឃើញខ្ញុំ ហើយខ្ញុំមើលឃើញអ្នក។ ខ្ញុំនិយាយទៅកាន់អ្នកជានិច្ច ហើយខ្ញុំនៅចំពោះមុខអ្នក។ ទោះបីជាយ៉ាងណា អ្នកបដិសេធខ្ញុំ ហើយមិនស្គាល់ខ្ញុំទេ។ ចៀមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាស្ទាក់ស្ទើរទៅវិញ! អ្នកស្ទាក់ស្ទើរ! ចិត្តរបស់អ្នកបានត្រឡប់ជាស្ពឹក ភ្នែករបស់អ្នកបានខ្វាក់ដោយសារសាតាំង ហើយអ្នកមិនអាចមើលឃើញផ្ទៃមុខដ៏មានសិរីរុងល្អរបស់ខ្ញុំបានឡើយ អ្នកគួរឱ្យអាណិតណាស់! គួរឱ្យអាណិតមែន!

ព្រះវិញ្ញាណទាំងប្រាំពីរ នៅខាងមុខបល្ល័ង្ករបស់ខ្ញុំត្រូវបានបញ្ជូនទៅគ្រប់ច្រកល្ហកនៃផែនដី ហើយខ្ញុំនឹងបញ្ជូនអ្នកនាំសាររបស់ខ្ញុំដើម្បីនិយាយទៅកាន់ក្រុមជំនុំ។ ខ្ញុំសុចរិត និងស្មោះត្រង់ ខ្ញុំជាព្រះជាម្ចាស់ដែលត្រួតពិនិត្យផ្នែកដ៏ជ្រៅបំផុតនៃចិត្តរបស់មនុស្ស។ ព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មាន ហើយនោះជាព្រះបន្ទូលរបស់ខ្ញុំដែលបន្លឺចេញពីខាងក្នុងបុត្រារបស់ខ្ញុំ។ អស់អ្នកណាដែលមានត្រចៀកគួរតែស្ដាប់! អស់អ្នកណាដែលកំពុងរស់នៅ គួរតែទទួលយក! ចូរហូប និងផឹកព្រះបន្ទូលទាំងនេះ ហើយចូរកុំសង្ស័យឡើយ។ អស់អ្នកណាដែលចុះចូល ហើយយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំនឹងទទួលបានព្រះពរដ៏អស្ចារ្យ! អស់អ្នកណាដែលស្វែងរកព្រះភ័ក្រ្ដខ្ញុំដោយអស់ពីចិត្ត នឹងពិតជាមានពន្លឺថ្មី ការបំភ្លឺថ្មី និងការយល់ដឹងថ្មី។ គ្រប់យ៉ាងនឹងស្រស់ ហើយថ្មី។ ព្រះបន្ទូលរបស់ខ្ញុំនឹងលេចមកដល់វិញ្ញាណរបស់អ្នក ដើម្បីឱ្យអ្នកអាចមើលឃើញរាល់អាថ៌កំបាំងនៃពិភពខាងវិញ្ញាណទាំងឡាយ ហើយមើលឃើញថា នគរព្រះគឺស្ថិតនៅក្នុងចំណោមមនុស្ស។ ចូរចូលទៅក្នុងទីជម្រក ហើយព្រះគុណនិងព្រះពរទាំងអស់នឹងកើតមានដល់អ្នក។ គ្រោះទុរភិក្ស និងគ្រោះកាច នឹងមិនអាចប៉ះពាល់អ្នកបានឡើយ ហើយចចក ពស់ ខ្លា និងខ្លាដំបង នឹងមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបានឡើយ។ អ្នកនឹងទៅជាមួយខ្ញុំ ដើរជាមួយខ្ញុំ ហើយចូលទៅក្នុងសិរីល្អជាមួយខ្ញុំ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥២

ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! រូបអង្គដ៏រុងរឿងរបស់ទ្រង់លេចឡើងដោយចំហ រូបអង្គនៃព្រះវិញ្ញាណបរិសុទ្ធលេចឡើង ហើយទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលពេញលេញ! លោកីយ៍ និងសាច់ឈាមបានផ្លាស់ប្ដូរទាំងពីរ ហើយការផ្លាស់ប្រែរបស់ទ្រង់នៅលើភ្នំ គឺជារូបអង្គរបស់ព្រះជាម្ចាស់។ ទ្រង់ពាក់មកុដមាសនៅលើព្រះសិរសារបស់ទ្រង់ ព្រះពស្ដ្ររបស់ទ្រង់សដូចរោមចៀម នៅជុំវិញព្រះឱរាមានខ្សែមាសព័ទ្ធជុំវិញ ហើយលោកីយ៍ និងរបស់សព្វសារពើ គឺជាទ្រនាប់ព្រះបាទរបស់ទ្រង់។ ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង មានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយនៅព្រះហស្ដស្តាំទ្រង់កាន់ផ្កាយប្រាំពីរ។ ផ្លូវទៅកាន់នគរព្រះគឺភ្លឺចែងចាំងគ្មានដែនកំណត់ ហើយសិរីរុងរឿងរបស់ទ្រង់លេចឡើង ព្រមទាំងបញ្ចេញពន្លឺ។ ភ្នំទាំងឡាយមានអំណរ ហើយទឹកសើចសប្បាយ ហើយព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារាទាំងឡាយវិលត្រឡប់ទៅរកការរៀបចំដ៏មានសណ្ដាប់ធ្នាប់របស់ពួកវា ដោយទទួលស្វាគមន៍ព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់ ដែលការយាងត្រឡប់មកប្រកបដោយជ័យជម្នះរបស់ទ្រង់ ប្រកាសអំពីការបញ្ចប់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ គ្រប់យ៉ាងលោតកញ្ឆេង និងរាំដោយក្តីអំណរ! ចូរអបអរសាទរ! ព្រះដ៏មានគ្រប់ព្រះចេស្ដាគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់! ចូរច្រៀង! ទង់ជ័យនៃព្រះចេស្ដាដ៏ខ្ពង់ខ្ពស់ ត្រូវបានលើកឡើងនៅលើភ្នំស៊ីយ៉ូនដ៏ប្រសើរ និងប្រកបដោយឫទ្ធានុភាព! ជាតិសាសន៍ទាំងអស់កំពុងតែអបអរសាទរ មនុស្សទាំងអស់កំពុងតែច្រៀង ភ្នំស៊ីយ៉ូនកំពុងតែសើចយ៉ាងក្អាកក្អាយ ហើយសិរីល្អរបស់ព្រះជាម្ចាស់បានកើតឡើង! ខ្ញុំមិនធ្លាប់ស្រមៃថា ខ្ញុំអាចមើលឃើញព្រះភក្ដ្ររបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែថ្ងៃនេះ ខ្ញុំបានឃើញហើយ។ ដោយនៅផ្ទាល់ជាមួយទ្រង់ជារៀងរាល់ថ្ងៃ នោះខ្ញុំបានប្រគល់ចិត្តទាំងមូលដល់ទ្រង់។ ទ្រង់ប្រទានអាហារ និងភេសជ្ជៈយ៉ាងច្រើនក្រៃលែង។ ពន្លឺដ៏រុងរឿងរបស់ទ្រង់បំភ្លឺគ្រប់ទាំងជីវិត ពាក្យពេចន៍ សកម្មភាព គំនិត យោបល់។ ទ្រង់ដឹកនាំរាល់ជំហាននីមួយៗនៃវិធី ហើយការជំនុំជម្រះរបស់ទ្រង់កើតឡើងភ្លាមៗចំពោះចិត្តដ៏បះបោរ។

ការទទួលទាន ការស្នាក់នៅជាមួយគ្នា និងការរស់នៅជាមួយព្រះជាម្ចាស់ ការនៅរួមគ្នាជាមួយទ្រង់ ដើរជាមួយគ្នា រីករាយជាមួយគ្នា ទទួលបានសិរីល្អ និងព្រះពរជាមួយគ្នា ចែករំលែកភាពជាស្ដេចជាមួយទ្រង់ ហើយមានវត្តមានជាមួយគ្នានៅក្នុងនគរព្រះ ឱ! ពិតជារីករាយម្ល៉េះទេ! ឱ! ពិតជាផ្អែមល្ហែមម៉្លេះទេ! យើងនៅផ្ទាល់ជាមួយទ្រង់មុខទល់នឹងមុខជារៀងរាល់ថ្ងៃ និយាយជាមួយទ្រង់ជារៀងរាល់ថ្ងៃ ហើយជជែកគ្នាជានិច្ច ព្រមទាំងទទួលបានការបំភ្លឺថ្មី និងគំនិតថ្មីជារៀងរាល់ថ្ងៃ។ ភ្នែកខាងវិញ្ញាណរបស់យើងបានបើក ហើយយើងមើលឃើញអ្វីៗគ្រប់យ៉ាង។ គ្រប់អាថ៌កំបាំងទាំងអស់នៃវិញ្ញាណត្រូវបានបើកសម្ដែងដល់យើង។ ជីវិតដ៏បរិសុទ្ធ គឺពិតជាគ្មានសេចក្តីខ្វល់ខ្វាយឡើយ។ ចូររត់យ៉ាងលឿន និងកុំឈប់ឱ្យសោះ ព្រមទាំងបោះជំហានទៅមុខឥតឈប់ ព្រោះមានជីវិតដ៏អស្ចារ្យជាងនេះនៅខាងមុខ។ ចូរកុំពេញចិត្តត្រឹមតែរសជាតិផ្អែមឱ្យសោះ ចូរស្វែងរកឥតឈប់ឈរដើម្បីចូលទៅក្នុងព្រះជាម្ចាស់។ ទ្រង់គឺជាគ្រប់យ៉ាងដែលបរិបូរណ៍ និងច្រើនក្រៃលែង ហើយទ្រង់មានអ្វីៗគ្រប់ប្រភេទដែលយើងខ្វះខាត។ ចូរសហការយ៉ាងសកម្ម និងចូលទៅក្នុងទ្រង់ ហើយគ្មានអ្វីដែលនឹងដូចពីមុនម្ដងទៀតឡើយ។ ជីវិតរបស់យើងនឹងវិសេសវិសាល ហើយគ្មានបុគ្គលណា បញ្ហាណា ឬអ្វីមួយអាចនឹងរំខានយើងបានឡើយ។

ភាពវិសេសវិសាល! ភាពវិសាល! ភាពវិសេសវិសាលដ៏ពិត! ជីវិតដែលវិសេសវិសាលរបស់ព្រះជាម្ចាស់គឺនៅខាងក្នុង ហើយរបស់សព្វសារពើបានស្រាកស្រាន្ដយ៉ាងពិតប្រាកដ! យើងវិសេសលើសពិភពលោក និងវត្ថុនៃលោកីយ៍ ដោយគ្មានអារម្មណ៍ជាប់ជំពាក់ជាមួយស្វាមី ឬកូនៗឡើយ។ យើងវិសេសលើសការត្រួតត្រានៃជំងឺ និងបរិស្ថានទាំងឡាយ។ សាតាំងមិនហ៊ានរំខានយើងឡើយ។ យើងពិតជាវិសេសលើសគ្រោះមហន្តរាយទាំងស្រុង។ ការនេះកំពុងតែអនុញ្ញាតឱ្យព្រះជាម្ចាស់កាន់កាប់ភាពជាស្ដេច! យើងជាន់ឈ្លីសាតាំងនៅក្រោមព្រះបាទ ឈរជាទីបន្ទាល់សម្រាប់ក្រុមជំនុំ ហើយបើកបង្ហាញយ៉ាងលម្អិតអំពីមុខមាត់ដ៏អាក្រក់របស់សាតាំង។ ការកសាងក្រុមជំនុំគឺស្ថិតនៅក្នុងព្រះគ្រីស្ទ ហើយរូបកាយដ៏រុងរឿងបានលេចចេញមក នេះគឺជាការរស់នៅក្នុងការលើកឡើងទៅក្នុងពពក!

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៣

ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប ជាម្ចាស់នៃសេចក្ដីសុខសាន្ត ព្រះជាម្ចាស់របស់យើងគឺជាសេ្ដច! ព្រះដ៏មានគ្រប់ព្រះចេស្ដា ដាក់ព្រះបាទរបស់ទ្រង់នៅលើភ្នំអូលីវ។ ពិតជាស្រស់ស្អាតមែន! ចូរស្ដាប់ចុះ! ពួកយើងដែលជាអ្នកចាំយាម ចូរបន្លឺសម្លេងរបស់ពួកយើងឡើង! ចូរយើងច្រៀងជាមួយគ្នាដោយបន្លឺសម្លេងឡើង ដ្បិតព្រះជាម្ចាស់បានយាងមកឯក្រុងស៊ីយ៉ូនវិញហើយ។ ពួកយើងឃើញនឹងភ្នែករបស់ពួកយើងនូវការបំផ្លាញនៃយេរូសាឡឹម។ ចូរបញ្ចេញសម្លេងដ៏រីករាយ ហើយច្រៀងរួមគ្នា ដ្បិតព្រះជាម្ចាស់បាននាំមកនូវសេចក្ដីកម្សាន្ដចិត្តដល់ពួកយើង ហើយបានប្រោសលោះក្រុងយេរូសាឡិម។ ព្រះជាម្ចាស់បានលាត់ព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ឱ្យគ្រប់ទាំងសាសន៍បានឃើញផ្ទាល់នឹងភ្នែក រាស្ត្រដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់បានលេចមកហើយ! អស់ទាំងចុងនៃផែនដី បានឃើញនូវសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នៃយើងរាល់គ្នា។

ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដា! វិញ្ញាណទាំងប្រាំពីរ ត្រូវបានបញ្ជូនចេញពីបល្ល័ង្ករបស់ទ្រង់ទៅកាន់ក្រុមជំនុំនីមួយៗ ដើម្បីបើកសម្ដែងអាថ៌កំបាំងទាំងអស់របស់ទ្រង់។ ដោយការគង់លើបល្ល័ង្កនៃសិរីល្អរបស់ទ្រង់ នោះព្រះអង្គបានគ្រប់គ្រងនគររបស់ទ្រង់ ហើយបានធ្វើឱ្យនគរនោះបានរឹងមាំ និងមានភាពនឹងធឹងប្រកបដោយភាពយុត្តិធម៌ និងសេចក្ដីសុចរិត ហើយទ្រង់បានត្រួតត្រាជាតិសាសន៍ទាំងអស់នៅចំពោះទ្រង់។ ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ទ្រង់បានបន្ធូរខ្សែរឹតរបស់ស្ដេច ទ្រង់បានធ្វើឱ្យទ្វារក្រុងបើកចំហនៅចំពោះទ្រង់ ដោយមិនដែលបិទឡើយ។ ដ្បិតពន្លឺរបស់ទ្រង់បានមកដល់ហើយ ហើយសិរីល្អរបស់ទ្រង់ក៏រះឡើង និងបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់។ ភាពងងឹតគ្របដណ្ដប់ផែនដី ហើយសេចក្ដីសូន្យសុងគ្របលើមនុស្ស។ ឱ ព្រះជាម្ចាស់អើយ! ទោះបីជាយ៉ាងណា ទ្រង់បានលេចមក និងបញ្ចេញពន្លឺរបស់ទ្រង់លើពួកយើង ហើយសិរីល្អរបស់ទ្រង់នឹងស្ថិតនៅលើពួកយើង។ អស់ទាំងសាសន៍ នឹងមូលគ្នាមកឯពន្លឺរបស់ទ្រង់ ហើយសេ្ដចទាំងប៉ុន្មាននឹងមកឯរស្មីដែលចេញពីទ្រង់។ ទ្រង់បើកព្រះនេត្ររបស់ទ្រង់មើលជុំវិញ៖ ពួកកូនប្រុសៗរបស់ទ្រង់មូលគ្នាមកឯទ្រង់ ហើយពួកគេមកពីទីឆ្ងាយ។ កូនស្រីៗរបស់ទ្រង់ក៏ត្រូវបានគេបីមកដែរ។ ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់បាននៅជាប់ជាមួយពួកយើង។ គឺទ្រង់នេះហើយដែលដឹកនាំពួកយើងដើរនៅលើផ្លូវឆ្ពោះទៅរកនគររបស់ទ្រង់ ហើយគឺព្រះបន្ទូលរបស់ទ្រង់នេះហើយដែលជ្រាបអំពីពួកយើង។

ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ពួកយើងថ្វាយនូវការអរព្រះគុណ និងសរសើរតម្កើងទ្រង់! ចូរឱ្យយើងសម្លឹងទៅរកទ្រង់ នាំយកទីបន្ទាល់ថ្វាយទ្រង់ ស្រឡាញ់ទ្រង់ ហើយច្រៀងទៅរកទ្រង់ដោយចិត្តមួយដែលស្មោះស្ម័គ្រ ស្ងប់ស្ងាត់ និងផ្ចង់ស្មារតី។ សូមឱ្យយើងមានចិត្តតែមួយ ហើយរួមជាមួយគ្នា ហើយសូមឱ្យទ្រង់ធ្វើឱ្យយើងក្លាយជាអ្នកដែលត្រូវនឹងព្រះហឫទ័យទ្រង់ឱ្យបានឆាប់ ដើម្បីត្រូវបានទ្រង់ប្រើប្រាស់។ ដោយហេតុនោះ បំណងព្រះហឫទ័យរបស់ទ្រង់នៅលើផែនដី នឹងអាចត្រូវបានអនុវត្តដោយគ្មានការរារាំង!

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៤

ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដ៏មានព្រះចេស្ដាគ្រប់យ៉ាង សម្រេចបានគ្រប់យ៉ាង និងជាព្រះជាម្ចាស់ដ៏ពិតពេញខ្នាត! ទ្រង់មិនត្រឹមតែកាន់ផ្កាយទាំងប្រាំពីរ ទទួលបានព្រះវិញ្ញាណប្រាំពីរ មានព្រះនេត្រប្រាំពីរ បើកត្រាទាំងប្រាំពីរ ហើយបើកក្រាំងប៉ុណ្ណោះទេ ជាងនោះទៅទៀត គឺទ្រង់ថែមទាំងគ្រប់គ្រងគ្រោះកាចទាំងប្រាំពីរ និងចានទាំងប្រាំពីរ ព្រមទាំងបើកសម្ដែងផ្គរលាន់ចំនួនប្រាំពីរទៀតផង។ កាលពីយូរលង់កន្លងផុតទៅ ទ្រង់ក៏បានបញ្ចេញសម្លេងត្រែទាំងប្រាំពីរដែរ! របស់សព្វសារពើដែលទ្រង់បានបង្កើត និងធ្វើឱ្យពេញខ្នាត គួរតែសរសើរតម្កើងទ្រង់ ថ្វាយសិរីល្អដល់ទ្រង់ ហើយសរសើរតម្កើងបល្ល័ង្ករបស់ទ្រង់។ ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ទ្រង់គឺជាអ្វីៗគ្រប់យ៉ាង។ ទ្រង់បានសម្រេចអ្វីៗគ្រប់យ៉ាង ហើយជាមួយទ្រង់ គ្រប់យ៉ាងគឺពេញលេញ ភ្លឺថ្លា ត្រូវបានរំដោះ មានសេរីភាព រឹងមាំ និងមានអំណាច! គ្មានអ្វីត្រូវបានលាក់បាំង ឬបិទបាំងទាល់តែសោះ។ ដោយមានទ្រង់ គ្រប់ទាំងអាថ៌កំបាំងគឺត្រូវបានបើកសម្ដែង។ ជាងនេះទៅទៀត ទ្រង់បានជំនុំជម្រះសត្រូវរបស់ទ្រង់យ៉ាងច្រើន ទ្រង់បើកសម្ដែងឫទ្ធានុភាពរបស់ទ្រង់ បើកបង្ហាញភ្លើងដ៏សន្ធោរសន្ធៅរបស់ទ្រង់ ទ្រង់បង្ហាញសេចក្ដីក្រោធរបស់ទ្រង់ ហើយជាងនេះទៅទៀត ទ្រង់បង្ហាញសិរីល្អដ៏ឥតដែនកំណត់ អស់កល្ប និងអស្ចារ្យរបស់ទ្រង់! មនុស្សទាំងអស់គួរតែភ្ញាក់ឡើងដើម្បីអបអរសាទរ និងច្រៀងចម្រៀងដោយឥតព្រាងទុក ដោយការសរសើរព្រះជាម្ចាស់ដ៏ពិត រុងរឿងធំធេង មានព្រះជន្មរស់ ពិតទាំងស្រុង និងមានគ្រប់ព្រះចេស្ដា ដែលទ្រង់យាងមកពីទីអស់កល្បទៅកាន់ទីអស់កល្បជានិច្ច។ បល្ល័ង្ករបស់ទ្រង់គួរតែត្រូវបានសរសើរតម្កើងជាប់ជានិច្ច ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ គួរតែត្រូវបានសរសើរ និងលើកតម្កើង។ នេះគឺជាបំណងព្រះហឫទ័យដ៏អស់កល្បនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយគឺជាព្រះពរដ៏ធំធេងដែលទ្រង់បើកសម្ដែង និងប្រទានមកយើង! តើនរណាក្នុងចំណោមពួកយើង ដែលមិនទទួលវាជាមរតក? ដើម្បីទទួលមរតកនៃព្រះពររបស់ព្រះជាម្ចាស់ មនុស្សត្រូវតែសរសើរតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ហើយចូលមកជារង្វង់នៅជុំវិញបល្ល័ង្ករបស់ទ្រង់ដោយការថ្វាយបង្គំ។ អស់អ្នកដែលទៅនៅចំពោះទ្រង់ដោយមនោសញ្ចេតនាផ្សេងៗ និងគោលបំណងផ្សេងៗ នឹងត្រូវបានរំលាយដោយភ្លើងដ៏សន្ធោរសន្ធៅរបស់ទ្រង់។ ថ្ងៃនេះ គឺជាថ្ងៃដែលសត្រូវរបស់ទ្រង់ត្រូវបានជំនុំជម្រះ ហើយពួកគេក៏នឹងស្លាប់នៅថ្ងៃនេះដែរ។ ជាងនេះទៅទៀត វាក៏ជាថ្ងៃដែលខ្ញុំ ដែលជាព្រះដ៏មានគ្រប់ព្រះចេស្ដា នឹងត្រូវបានបើកសម្ដែង និងជាថ្ងៃដែលខ្ញុំទទួលបានសិរីល្អ ព្រមទាំងកិត្តិយស។ ឱ មនុស្សទាំងអស់អើយ! ចូរក្រោកឈរឱ្យឆាប់ ដើម្បីលើកសរសើរ និងស្វាគមន៍ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលចាប់តាំងពីពេលដ៏យូរលង់រហូតដល់អស់កល្ប បញ្ជូនឱ្យយើងនូវសេចក្ដីសប្បុរស អនុវត្តការសង្រ្គោះ និងប្រទានព្រះពរដល់យើង ធ្វើឱ្យពួកកូនប្រុសរបស់ទ្រង់បានពេញខ្នាត ហើយសម្រេចបាននគររបស់ទ្រង់យ៉ាងជោគជ័យ! នេះគឺជាស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់! នេះគឺជាការកំណត់ទុកជាមុន និងការរៀបចំដ៏អស់កល្បរបស់ព្រះជាម្ចាស់ ដែលទ្រង់ផ្ទាល់ព្រះអង្គ យាងមកដើម្បីសង្គ្រោះពួកយើង ដើម្បីធ្វើឱ្យពួកយើងពេញលេញ និងដើម្បីនាំពួកយើងទៅក្នុងសិរីល្អ។

អស់អ្នកណាដែលមិនក្រោកឈរ ហើយមានទីបន្ទាល់ គឺជាជន្ទល់របស់មនុស្សខ្វាក់ និងជាស្ដេចនៃភាពល្ងង់ខ្លៅ។ ពួកគេនឹងល្ងង់ខ្លៅអស់កល្បជានិច្ច ជាមនុស្សល្ងង់មិនចេះចប់។ ជាមនុស្សស្លាប់អស់កល្បដែលងងឹតងងល់។ គឺដោយសារតែមូលហេតុនេះ ទើបវិញ្ញាណរបស់យើងគួរភ្ញាក់ឡើង! មនុស្សទាំងអស់គួរតែក្រោកឈរឡើង! ចូរអបអរសាទរ សរសើរ និងតម្កើងស្ដេចនៃសិរីល្អដោយគ្មានទីបញ្ចប់ឡើយ ដែលទ្រង់ជាព្រះវរបិតានៃសេចក្ដីមេត្តាករុណា ជាព្រះរាជបុត្រានៃការប្រោសលោះ ជាព្រះវិញ្ញាណទាំងប្រាំពីរដ៏ធំធេង ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលនាំមកនូវភ្លើងដ៏សន្ធោរសន្ធៅយ៉ាងមានឫទ្ធានុភាព និងការជំនុំជម្រះដ៏សុចរិត ព្រមទាំងជាព្រះជាម្ចាស់ដែលគ្រប់គ្រាន់ទាំងស្រុង ធំធេង គ្រប់ព្រះចេស្ដា និងពេញលេញ។ បល្ល័ង្ករបស់ទ្រង់នឹងត្រូវបានសរសើរតម្កើងជារៀងរហូត! មនុស្សទាំងអស់គួរតែមើលឃើញថា នេះគឺជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ វាគឺជាផ្លូវដ៏អស្ចារ្យរបស់ទ្រង់ឆ្ពោះទៅកាន់សេចក្ដីសង្គ្រោះ និងការសម្រេចបាននូវបំណងព្រះហឫទ័យប្រកបដោយសិរីល្អរបស់ទ្រង់។ ប្រសិនបើពួកយើងមិនក្រោកឈរ និងធ្វើបន្ទាល់ទេ នោះនៅពេលដែលពេលវេលាកន្លងផុតទៅ នឹងលែងបានត្រឡប់មកវិញហើយ។ មិនថាពួកយើងនឹងទទួលបានព្រះពរ ឬសំណាងអាក្រក់កំពុងត្រូវបានសម្រេចចិត្ត នៅក្នុងដំណាក់កាលនៃការធ្វើដំណើររបស់ពួកយើងនាពេលបច្ចុប្បន្ននេះ អាស្រ័យលើអ្វីដែលពួកយើងធ្វើ អ្វីដែលពួកយើងគិត និងអ្វីដែលពួកយើងកំពុងតែរស់នៅជាក់ស្ដែងនៅពេលនេះ។ តើអ្នករាល់គ្នាគួរតែធ្វើសកម្មភាពដូចម្ដេច? ត្រូវធ្វើបន្ទាល់ និងសរសើរតម្កើងព្រះជាម្ចាស់ជារៀងរហូត។ សរសើរតម្កើងព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដែលជាព្រះដ៏ពិត តែមួយអង្គ និងអស់កល្ប។

ចាប់ពីពេលនេះតទៅ អ្នកគួរតែមើលឃើញយ៉ាងច្បាស់ថា អស់អ្នកដែលមិនធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ដែលមិនធ្វើបន្ទាល់ថ្វាយព្រះដ៏ពិតតែមួយអង្គ ក៏ដូចជាអស់អ្នកដែលមានមន្ទិលសង្ស័យអំពីទ្រង់ ពោលគឺពួកគេសុទ្ធតែមានជំងឺឈឺ និងស្លាប់ ព្រមទាំងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានបញ្ជាក់អះអាងរួចហើយតាំងពីសម័យបុរាណមក៖ អ្នកណាដែលមិនប្រមូលមកខាងខ្ញុំ ហើយអ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ។ នេះគឺជាសេចក្ដីពិតគ្មានទីបញ្ចប់ ដែលត្រូវបានឆ្លាក់នៅក្នុងថ្ម! អ្នកណាដែលមិនធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺជាបាវបម្រើរបស់សាតាំង។ មនុស្សបែបនេះ មកដើម្បីរំខាន និងបោកបញ្ឆោតបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដើម្បីរំខានការគ្រប់គ្រងរបស់ទ្រង់។ ពួកគេត្រូវតែបានប្រហារដោយដាវ! អ្នកណាដែលបង្ហាញបំណងល្អដល់ពួកគេ គឺស្វែងរកការបំផ្លាញផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកគួរតែស្ដាប់ ហើយជឿព្រះសូរសៀងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដើរនៅលើផ្លូវនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយសម្ដែងចេញនូវព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត អ្នកគួរតែសរសើរតម្កើងបល្ល័ង្ករបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារហូតដល់ទីបញ្ចប់!

ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដែលមានព្រះវិញ្ញាណទាំងប្រាំពីរ! ព្រះអង្គដែលមានព្រះនេត្រទាំងប្រាំពីរ និងផ្កាយទាំងប្រាំពីរ នោះក៏ជាទ្រង់ដែរ។ ទ្រង់បើកត្រាទាំងប្រាំពីរ ហើយក្រាំងទាំងមូលត្រូវបានទ្រង់លាតត្រដាង! ទ្រង់បានបញ្ចេញសម្លេងត្រែទាំងប្រាំពីរ ហើយចានទាំងប្រាំពីរ ព្រមទាំងគ្រោះកាចទាំងប្រាំពីរ គឺស្ថិតនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ទ្រង់ ដែលនឹងត្រូវបានបញ្ចេញតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ឱ ផ្គរលាន់ទាំងប្រាំពីរ ដែលតែងតែត្រូវបានបិទជិតអើយ! ពេលវេលាដើម្បីបើកសម្ដែងពួកវាបានមកដល់ហើយ! ទ្រង់ដែលនឹងនាំយកផ្គរលាន់ទាំងប្រាំពីរ បានលេចមកនៅចំពោះភ្នែករបស់យើងហើយ!

ព្រះដ៏មានគ្រប់ព្រះចេស្ដា! ជាមួយទ្រង់ គ្រប់យ៉ាងត្រូវបានរំដោះ និងមានសេរីភាព។ គ្មានការលំបាកឡើយ ហើយគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន! គ្មានអ្វីហ៊ានរំខាន ឬរារាំងទ្រង់បានឡើយ ហើយគ្រប់យ៉ាងចុះចូលនៅចំពោះទ្រង់។ អ្វីមួយដែលមិនចុះចូលនឹងត្រូវស្លាប់!

ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះជាម្ចាស់ដែលមានព្រះនេត្រប្រាំពីរអើយ! គ្រប់យ៉ាងមានភាពច្បាស់យ៉ាងឥតខ្ចោះ គ្រប់យ៉ាងគឺមានពន្លឺ និងបើកចំហ ហើយគ្រប់យ៉ាងត្រូវបានបើកសម្ដែង និងលាតត្រដាង។ ជាមួយទ្រង់ គ្រប់យ៉ាងមានភាពច្បាស់លាស់ ហើយមិនត្រឹមតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលដូចនេះ ប៉ុន្តែពួកកូនប្រុសរបស់ទ្រង់ក៏ដូច្នេះផងដែរ។ គ្មាននរណាម្នាក់ គ្មានវត្ថុណាមួយ ហើយគ្មានបញ្ហាណាមួយដែលត្រូវបានលាក់បាំងនៅចំពោះទ្រង់ និងពួកកូនប្រុសរបស់ទ្រង់ទេ!

ផ្កាយទាំងប្រាំពីររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាភ្លឺចែងចាំង! ក្រុមជំនុំត្រូវបានទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍ ទ្រង់បង្កើតអ្នកនាំសាររបស់ក្រុមជំនុំ ហើយក្រុមជំនុំទាំងមូលស្ថិតនៅក្នុងការផ្គត់ផ្គង់របស់ទ្រង់។ ទ្រង់បើកត្រាទាំងប្រាំពីរ ហើយទ្រង់ផ្ទាល់ព្រះអង្គនាំយកផែនការគ្រប់គ្រងរបស់ទ្រង់ និងបំណងព្រះហឫទ័យរបស់ទ្រង់ឱ្យសម្រេច។ ក្រាំងគឺជាភាសាខាងវិញ្ញាណដ៏មានអាថ៌កំបាំងនៃការគ្រប់គ្រងរបស់ទ្រង់ ហើយត្រូវបានលាតត្រដាង និងបើកសម្ដែងដោយទ្រង់!

មនុស្សទាំងអស់គួតែស្ដាប់ត្រែទាំងប្រាំពីររបស់ទ្រង់ដែលកំពុងតែបន្លឺ។ ជាមួយទ្រង់ គ្រប់យ៉ាងត្រូវបានធ្វើឱ្យដឹង លែងមានការលាក់បាំងតទៅទៀត ហើយលែងមានសេចក្ដីទុក្ខព្រួយតទៅទៀតហើយ។ គ្រប់យ៉ាងត្រូវបានបើកសម្ដែង ហើយគ្រប់យ៉ាងទទួលជ័យជម្នះ!

ត្រែទាំងប្រាំពីររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាត្រែដ៏មានជ័យជម្នះ មានសិរីល្អ និងបើកចំហ! ពួកវាក៏ជាត្រែដែលជំនុំជម្រះសត្រូវរបស់ទ្រង់ដែរ! នៅក្នុងចំណោមត្រែរបស់ទ្រង់ ស្នែងរបស់ទ្រង់កំពុងត្រូវបានសរសើរតម្កើង! ទ្រង់ត្រួតត្រាលើពិភពលោកទាំងមូល!

ទ្រង់បានរៀបចំចានទាំងប្រាំពីរនៃគ្រោះកំណាច សត្រូវរបស់ទ្រង់ត្រូវបានទ្រង់ដាក់គោលដៅ ហើយពួកគេត្រូវបានបញ្ចេញនៅក្នុងភ្លៀងដ៏ខ្លាំង ហើយសត្រូវទាំងនោះនឹងត្រូវបានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅរបស់ទ្រង់ឆាបឆេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបង្ហាញឫទ្ធានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់ ហើយសត្រូវរបស់ទ្រង់ទាំងអស់ស្លាប់។ ផ្គរលាន់ចុងក្រោយទាំងប្រាំពីរ លែងត្រូវបានបិទនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតហើយ។ ពួកវាទាំងអស់ត្រូវបានបើកសម្ដែង! ពួកវាទាំងអស់ត្រូវបានបើកសម្ដែង! ទ្រង់ប្រហារសត្រូវរបស់ទ្រង់ដោយផ្គរលាន់ទាំងប្រាំពីរ ដោយធ្វើឱ្យផែនដីមានស្ថិរភាព និងធ្វើឱ្យវាថ្វាយការបម្រើចំពោះទ្រង់ ដោយលែងឱ្យនៅដោយឥតប្រយោជន៍ទៀតហើយ!

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏សុចរិតអើយ! ពួកយើងសរសើរតម្កើងទ្រង់ជារៀងរហូត! ទ្រង់សមនឹងទទួលការសរសើរតម្កើងដោយគ្មានទីបញ្ចប់ និងការសាទរ ព្រមទាំងការសរសើរតម្កើងអស់កល្បជានិច្ច! ផ្គរលាន់ទាំងប្រាំពីររបស់ទ្រង់ គឺមិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ការជំនុំជម្រះរបស់ទ្រង់ទេ ប៉ុន្តែលើសពីនេះ ត្រូវបានប្រើប្រាស់សម្រាប់សិរីល្អ និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីសម្រេចរបស់សព្វសារពើ!

មនុស្សទាំងអស់អបអរសាទរនៅចំពោះមុខបល្ល័ង្ក ដោយលើកតម្កើង និងសរសើរព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ! សម្លេងរបស់ពួកគេអង្រួនពិភពលោកទាំងមូលដូចជាផ្គរលាន់! ពិតប្រាកដណាស់ របស់សព្វសារពើកើតឡើងដោយសារទ្រង់ ហើយផុសឡើងដោយសារទ្រង់។ តើនរណាហ៊ានចាត់ទុកថា សិរីល្អ កិត្តិយស សិទ្ធិអំណាច ប្រាជ្ញា ភាពបរិសុទ្ធ ជ័យជម្នះ និងការបើកសម្ដែងទាំងអស់ មិនមែនជារបស់ទ្រង់នោះ? នេះគឺជាការសម្រេចនៃបំណងព្រះហឫទ័យរបស់ទ្រង់ ហើយវាគឺជាការសម្រេចបានចុងក្រោយនៃការកសាងការគ្រប់គ្រងរបស់ទ្រង់!

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៥

ផ្គរលាន់ទាំងប្រាំពីរ ចេញមកពីបល្ល័ង្ក អង្រួនសកលលោក ធ្វើឱ្យស្ថានសួគ៌ និងផែនដីក្រឡាប់ចាក់ ហើយខ្ទររំពងពេញមេឃ! សម្លេងចាក់ទម្លុះត្រចៀក ហើយមនុស្សមិនអាចរត់គេចពីវាបានទេ ហើយពួកគេក៏មិនអាចពួនពីវាបានដែរ។ ផ្គរលាន់ និងផ្លេកបន្ទោរផ្ទុះចេញ ហើយភ្លាមៗនោះ ស្ថានសួគ៌និងផែនដីផ្លាស់ប្រែ ហើយមនុស្សស្ថិតនៅមាត់ជ្រោះនៃសេចក្ដីស្លាប់។ បន្ទាប់មក ពិភពលោកត្រូវបានស្រោបដោយព្យុះភ្លៀងយ៉ាងកំណាច លឿនដូចផ្លេកបន្ទោរ ដោយកំពុងធ្លាក់ពីលើស្ថាសួគ៌! នៅជ្រុងឆ្ងាយបំផុតនៃផែនដី ដោយសព្វពាសពេញដូចជាទឹកភ្លៀង នោះវាមិនបណ្ដោយឱ្យមានស្លាកស្នាមឡើយ ខណៈពេលដែលវាលាងជម្រះចាប់ពីក្បាលរហូតដល់ចុងជើង។ គ្មានអ្វីដែលអាចលាក់បាំងពីវាបានទេ ហើយក៏គ្មានអ្វីដែលមនុស្សណាម្នាក់អាចពួនពីវាបានដែរ។ សម្លេងនៃផ្គរលាន់ ដូចជាពន្លឺនៃផ្លេកបន្ទោរ បញ្ចេញពន្លឺប្រឹមៗ និងធ្វើឱ្យមនុស្សញ័រដោយការភ័យខ្លាច! ដាវមុខពីរដ៏មុត វាយផ្ដួលកូននៃការបះបោរ ហើយសត្រូវប្រឈមនឹងគ្រោះមហន្តរាយ ដោយគ្មានទីកន្លែងដើម្បីលាក់ខ្លួនឡើយ។ ពួកគេវង្វេងស្មារតីនៅក្នុងខ្យល់ និងភ្លៀង ហើយដោយដំណើរទ្រេតទ្រោតពីខ្យល់បក់ ពួកគេធ្លាក់មកស្លាប់ភ្លាមៗទៅក្នុងទឹកដែលកំពុងហូរ ហើយក៏ត្រូវបានបក់ផាត់ទៅ។ មានតែសេចក្ដីស្លាប់ប៉ុណ្ណោះ ហើយគ្មានផ្លូវសម្រាប់ឱ្យពួកគេមានជីវិតរស់ទេ។ ផ្គរលាន់ទាំងប្រាំពីរចេញពីខ្ញុំ ហើយបង្ហាញនូវបំណងព្រះហឫទ័យរបស់ខ្ញុំ គឺដើម្បីវាយផ្ដួលកូនប្រុសច្បងរបស់ពួកអេហ្ស៊ីប ដើម្បីដាក់ទោសមនុស្សអាក្រក់ ហើយដើម្បីបន្សុទ្ធក្រុមជំនុំរបស់ខ្ញុំ នោះទើបគ្រប់គ្នាអាចមានញាតិវង្សជាមួយគ្នា អាចធ្វើសកម្មភាពយ៉ាងពិតប្រាកដចំពោះខ្លួនឯង និងមានចិត្តតែមួយជាមួយខ្ញុំ នោះទើបក្រុមជំនុំទាំងអស់នៅក្នុងពិភពលោក អាចត្រូវបានរួមបញ្ចូលគ្នាតែមួយ។ នេះគឺជាគោលបំណងរបស់ខ្ញុំ។

សម្លេងនៃផ្គរលាន់ និងសម្លេងនៃការទ្រហោរយំឮកងរំពងឡើងនៅក្នុងការភ្ញាក់របស់វា។ មនុស្សខ្លះត្រូវបានដាស់ឱ្យភ្ញាក់ពីដំណេករបស់ពួកគេ ហើយត្រូវបានបង្អើលយ៉ាងខ្លាំង នោះពួកគេស្វែងរកយ៉ាងជ្រៅក្នុងព្រលឹងរបស់ពួកគេ ហើយប្រញាប់ប្រញាល់ត្រឡប់មកនៅមុខបល្ល័ង្ក។ វាមិនយឺតពេលនោះទេសម្រាប់មនុស្សបែបនេះដើម្បីភ្ញាក់ពីដំណេក។ ខ្ញុំទតមើលពីបល្ល័ង្ក។ ខ្ញុំទតមើលយ៉ាងជ្រៅទៅក្នុងចិត្តរបស់មនុស្ស។ ខ្ញុំសង្គ្រោះអ្នកដែលចង់បានខ្ញុំយ៉ាងស្មោះត្រង់ និងយ៉ាងក្លៀវក្លា ហើយខ្ញុំមានសេចក្ដីអាណិតចំពោះពួកគេ។ ខ្ញុំនឹងសង្គ្រោះអ្នកដែលស្រឡាញ់ខ្ញុំនៅក្នុងចិត្តរបស់ពួកគេច្រើនជាងនរណាទាំងអស់ អ្នកដែលយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ និងដើរតាមខ្ញុំរហូតដល់ទីបញ្ចប់នៃផ្លូវ ចូលទៅក្នុងភាពអស់កល្ប។ ព្រះហស្ដរបស់ខ្ញុំនឹងកាន់ពួកគេយ៉ាងមានសុវត្ថិភាព នោះទើបពួកគេនឹងមិនជួបប្រទះព្រឹត្តិការណ៍បែបនេះ ហើយនឹងមិនចូលទៅក្នុងគ្រោះថ្នាក់ឡើយ។ មនុស្សខ្លះ នៅពេលដែលពួកគេមើលឃើញពន្លឺនៃផ្លេកបន្ទោរដែលកំពុងបញ្ចេញពន្លឺនេះ ពួកគេមានការឈឺចាប់ដែលមិនអាចបរិយាយបាននៅក្នុងចិត្តរបស់ពួកគេ ហើយមានការសោកស្ដាយបំផុត។ ប្រសិនបើពួកគេមានៈនៅតែប្រព្រឹត្តតាមវិធីនេះ នោះវានឹងយឺតពេលសម្រាប់ពួកគេហើយ។ ឱ គ្រប់អ្វីៗ និងរឿងរ៉ាវគ្រប់យ៉ាងអើយ! វានឹងត្រូវបានសម្រេចទាំងអស់។ នេះក៏គឺជាវិធីមួយនៃការសង្គ្រោះរបស់ខ្ញុំផងដែរ។ ខ្ញុំសង្គ្រោះអ្នកណាដែលស្រឡាញ់ខ្ញុំ ហើយវាយផ្ដួលមនុស្សអាក្រក់ ខ្ញុំធ្វើឱ្យនគររបស់ខ្ញុំនៅនឹងន ហើយមានស្ថិរភាពនៅលើផែនដី និងឱ្យជាតិសាសន៍ទាំងអស់ ព្រមទាំងមនុស្សទាំងអស់ គ្រប់យ៉ាងនៅក្នុងពិភពលោក និងនៅចុងបំផុតនៃផែនដី ដឹងថាខ្ញុំគឺជាឫទ្ធានុភាព ខ្ញុំគឺជាភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ខ្ញុំគឺជាព្រះជាម្ចាស់ដែលស្រាវជ្រាវរកដួងចិត្តដ៏ជ្រៅបំផុតរបស់មនុស្សម្នាក់ៗ។ ចាប់ពីពេលនេះតទៅ ការជំនុំជម្រះនៃបល្ល័ង្កពណ៌សដ៏ធំ គឺត្រូវបើកសម្ដែងយ៉ាងចំហចំពោះហ្វូងមនុស្ស និងចំពោះមនុស្សទាំងអស់ វាត្រូវបានប្រកាសថា ការជំនុំជម្រះបានចាប់ផ្ដើមហើយ! វាច្បាស់ណាស់ដែលថា អស់អ្នកណាដែលពាក្យសម្ដីរបស់ពួកគេមិនស្មោះពីចិត្ត អ្នកណាដែលសង្ស័យ និងមិនហ៊ានច្បាស់លាស់ អ្នកខ្ជះខ្ជាយពេលវេលាដែលយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ប៉ុន្តែមិនចង់យកវាទៅអនុវត្ត ពួកគេទាំងអស់ត្រូវតែត្រូវបានជំនុំជម្រះ។ អ្នករាល់គ្នាត្រូវតែយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យបំណង និងការជំរុញចិត្តផ្ទាល់ខ្លួនរបស់អ្នក ហើយទៅកាន់ទីកន្លែងដ៏សមរម្យរបស់អ្នក។ ចូរអនុវត្តព្រះបន្ទូលរបស់ខ្ញុំដោយអស់ពីចិត្ត ផ្ដល់គុណតម្លៃដល់បទពិសោធជីវិតរបស់អ្នក ហើយមិនត្រូវធ្វើសកម្មភាពដោយអំណរហួសហេតុឡើយ ប៉ុន្តែចូរធ្វើឱ្យជីវិតរបស់អ្នកលូតលាស់ ធំធាត់ មានស្ថិរភាព និងមានបទពិសោធ មានតែដូច្នោះទេ ទើបអ្នកត្រូវនឹងព្រះទ័យរបស់ខ្ញុំ។

មិនត្រូវឱ្យពួកកញ្ជះរបស់សាតាំង និងពួកវិញ្ញាណអាក្រក់ដែលរំខាននិងបំផ្លាញអ្វីដែលខ្ញុំបានសាងសង់ មានឱកាសកេងយកប្រយោជន៍សម្រាប់ខ្លួនពួកគេឡើយ។ ពួកគេត្រូវតែត្រូវបានដាក់ដែនកំណត់យ៉ាងធ្ងន់ធ្ងរ និងត្រូវបានរារាំង។ ពួកគេបានត្រឹមតែដោះស្រាយជាមួយនឹងមធ្យោបាយនៃដាវដ៏មុតប៉ុណ្ណោះ។ អ្នកដែលអាក្រក់បំផុត ប្រាកដជាត្រូវបានគាស់រំលើងចេញភ្លាមៗ ដើម្បីការពារមិនឱ្យមានបញ្ហានៅពេលអនាគត។ ហើយក្រុមជំនុំនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ រួចផុតពីការខូចទ្រង់ទ្រាយទាំងអស់ ហើយវានឹងមានសុខភាពមាំមួន ពេញដោយជីវិត និងថាមពល។ ដោយការដើរតាមផ្លេកបន្ទោរដែលបញ្ចេញពន្លឺ នោះស្នូរផ្គរលាន់រោទិ៍ឡើងរំពង។ អ្នកមិនត្រូវខ្ជីខ្ជា ហើយអ្នកមិនត្រូវបោះបង់ទេ ប៉ុន្តែអ្នកត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីតាមឱ្យទាន់ ហើយអ្នកនឹងច្បាស់ជាអាចមើលឃើញអ្វីដែលព្រះហស្ដរបស់ខ្ញុំធ្វើ ឃើញអ្វីដែលខ្ញុំចង់ទទួលបាន ឃើញអ្វីដែលខ្ញុំចង់លះបង់ចោល ឃើញអ្វីដែលខ្ញុំចង់ឱ្យគ្រប់លក្ខណ៍ ឃើញអ្វីដែលខ្ញុំគាស់រំលើងចេញ ឃើញអ្វីដែលខ្ញុំចង់វាយផ្ដួល ទាំងអស់នេះនឹងបើកបង្ហាញនៅចំពោះភ្នែកអ្នករាល់គ្នា ដោយអនុញ្ញាតឱ្យអ្នករាល់គ្នាឃើញយ៉ាងច្បាស់អំពីសព្វានុភាពរបស់ខ្ញុំ។

ចាប់តាំងពីបល្ល័ង្កទៅដល់ពិភពលោក និងទីបំផុតនៃផែនដី ផ្គរលាន់ទាំងប្រាំពីរ បន្លឺសម្លេងខ្ទរខ្ទារ។ មនុស្សមួយក្រុមធំនឹងត្រូវបានសង្គ្រោះ ហើយនឹងចុះចូលនៅចំពោះបល្ល័ង្ករបស់ខ្ញុំ។ ដោយការដើរតាមពន្លឺនៃជីវិតនេះ នោះមនុស្សស្វែងរកវិធីដើម្បីរស់នៅ ហើយមិនអាចធ្វើអ្វីបានក្រៅពីចូលមករកខ្ញុំឡើយ ដើម្បីលុតជង្គង់ចុះដោយការថ្វាយបង្គំ និងដើម្បីស្រែករកព្រះនាមនៃព្រះជាម្ចាស់ដ៏ពិតដ៏មានគ្រប់ព្រះចេស្ដាដោយមាត់របស់ពួកគេ ព្រមទាំងបញ្ចេញសម្លេងអង្វរកររបស់ពួកគេ។ ប៉ុន្តែអ្នកដែលប្រឆាំងនឹងខ្ញុំ អ្នកដែលមានចិត្តរឹងរូស នោះផ្គរលាន់ក៏បន្លឺសម្លេងនៅក្នុងត្រចៀករបស់ពួកគេ ហើយច្បាស់ណាស់ថា ពួកគេត្រូវតែស្លាប់។ នេះត្រឹមតែជាលទ្ធផលដែលរង់ចាំពួកគេប៉ុណ្ណោះ។ បុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលមានជ័យជម្នះ នឹងស្នាក់នៅក្នុងក្រុងស៊ីយ៉ូន ហើយមនុស្សទាំងអស់នឹងឃើញអ្វីដែលពួកគេនឹងទទួលបាន ហើយសិរីល្អធំធេងនឹងលេចឡើងនៅចំពោះអ្នករាល់គ្នា។ ពិតប្រាកដណាស់ នេះគឺជាព្រះពរដ៏ធំធេងមួយ ហើយវាគឺជាភាពផ្អែមល្ហែមមួយដែលពិបាកនឹងផ្ទឹមបាន។

សូរក្ឌាំងនៃផ្គរលាន់ទាំងប្រាំពីរដែលចេញមក គឺជាការសង្គ្រោះរបស់អ្នកដែលស្រឡាញ់ខ្ញុំ ដែលចង់បានខ្ញុំដោយដួងចិត្តដ៏ពិត។ អ្នកដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយអ្នកដែលខ្ញុំបានកំណត់ទុក និងបានជ្រើសរើស គឺទាំងអស់គ្នានឹងអាចចូលមកនៅក្នុងព្រះនាមរបស់ខ្ញុំ។ ពួកគេអាចស្ដាប់ឮសម្លេងរបស់ខ្ញុំ ដែលជាការកោះហៅរបស់ព្រះជាម្ចាស់ទៅកាន់ពួកគេ។ ចូរឱ្យអ្នកដែលនៅទីបំផុតនៃផែនដីឃើញថា ខ្ញុំសុចរិត ខ្ញុំស្មោះត្រង់ ខ្ញុំគឺជាសេចក្ដីសប្បុរស ខ្ញុំគឺជាសេចក្ដីមេត្តាករុណា ខ្ញុំគឺជាឫទ្ធានុភាព ខ្ញុំគឺជាភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ ហើយទីបំផុត ខ្ញុំគឺជាការជំនុំជម្រះដ៏ឥតមេត្តាករុណា។

ចូរឱ្យគ្រប់យ៉ាងនៅក្នុងពិភពលោកឃើញថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញលេញ និងពិតប្រាកដ។ មនុស្សទាំងអស់ជឿទាំងស្រុង ហើយគ្មាននរណាម្នាក់ហ៊ានប្រឆាំងនឹងខ្ញុំម្ដងទៀតទេ ហើយក៏មិនហ៊ានកាត់សេចក្ដីខ្ញុំ ឬបង្កាច់បង្ខូចខ្ញុំម្ដងទៀតដែរ។ បើមិនដូច្នោះទេ នោះបណ្ដាសានឹងចូលមកពួកគេភ្លាម ហើយគ្រោះមហន្តរាយកើតឡើងចំពោះពួកគេ។ ពួកគេអាចត្រឹមតែយំស្រែក និងសង្កៀតធ្មេញរបស់ពួកគេប៉ុណ្ណោះ ដោយការនាំយកការបំផ្លាញផ្ទាល់ខ្លួនរបស់ពួកគេ។

ចូរឱ្យមនុស្សទាំងអស់ដឹង ចូរឱ្យវាត្រូវបានគេដឹងទូទាំងពិភពលោក និងដឹងដល់ចុងបំផុតនៃផែនដី នៅគ្រប់ផ្ទះសម្បែងនីមួយៗ និងដឹងដោយមនុស្សទាំងអស់៖ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ពិតតែមួយ។ មនុស្សទាំងអស់នឹងលុតជង្គង់ចុះ ហើយថ្វាយបង្គំខ្ញុំម្ដងម្នាក់ៗ ហើយសូម្បីតែក្មេងៗដែលទើបតែរៀននិយាយ ក៏នឹងស្រែកថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ដែរ! មន្ត្រីទាំងនេះដែលកាន់កាប់អំណាច ក៏នឹងមើលឃើញព្រះជាម្ចាស់លេចឡើងនៅចំពោះភ្នែករបស់ពួកគេដែរ ហើយពួកគេក៏នឹងលូនក្រាបដោយការថ្វាយបង្គំដែរ ដោយការអង្វរករសុំសេចក្ដីមេត្តាករុណា និងការអភ័យទោស ប៉ុន្តែធ្វើបែបនេះគឺពិតជាយឺតពេលហើយ ដោយសារពេលវេលានៃសេចក្ដីស្លាប់របស់ពួកគេបានមកដល់ហើយ។ ពួកគេអាចត្រឹមតែត្រូវបានបញ្ចប់ និងដាក់ទោសនៅក្នុងរណ្ដៅដ៏ជ្រៅដែលមិនអាចវាស់បានប៉ុណ្ណោះ។ ខ្ញុំនឹងនាំយកសម័យកាលទាំងមូលមកដល់ទីបញ្ចប់ ហើយពង្រឹងនគររបស់ខ្ញុំឱ្យរឹងមាំថែមទៀត។ ជាតិសាសន៍ និងប្រជាជនទាំងអស់នឹងចុះចូលចំពោះខ្ញុំអស់កល្បជានិច្ច!

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦

ព្រះជាម្ចាស់ដ៏ពិតដែលមានគ្រប់ព្រះចេស្ដា ស្ដេចដែលត្រូវបានថ្វាយរាជ្យសម្បត្តិ ត្រួតត្រាលើសកលលោកទាំងមូល បែរព្រះភ័ក្ត្រទៅរកជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយគ្រប់យ៉ាងដែលនៅក្រោមស្ថានសួគ៌បញ្ចេញពន្លឺដោយសិរីល្អរបស់ព្រះជាម្ចាស់។ របស់សព្វសារពើដែលមានជីវិតនៅក្នុងសកលលោក និងទៅដល់ទីបំផុតនៃផែនដីនឹងឃើញ។ ភ្នំ ទន្លេ បឹងបួ ដែនដី មហាសមុទ្រ និងភាវៈមានជីវិតទាំងអស់បានទាញបើកវាំងននរបស់ពួកគេ ដោយពិចារណាពីព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ដ៏ពិត ហើយពួកគេបានរស់ឡើងវិញ ហាក់ដូចជាការដើរចេញពីសុបិន ហាក់ដូចជាពួកគេគឺជាពន្លកដែលកំពុងពើងដីឡើងអ៊ីចឹង!

អ្ហា! ព្រះជាម្ចាស់ដ៏ពិតមួយអង្គលេចចេញនៅខាងមុខពិភពលោក។ តើអ្នកណាហ៊ានទៅរកទ្រង់ដោយការរារែកនោះ? គ្រប់គ្នាញ័រដោយភាពភ័យខ្លាច។ គ្រប់គ្នាជឿទាំងស្រុង ហើយអង្វរសុំអភ័យទោសម្ដងហើយម្ដងទៀត។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ ហើយមាត់ទាំងអស់ថ្វាយបង្គំទ្រង់! ទ្វីប និងមហាសមុទ្រ ភ្នំ ទន្លេ របស់សព្វសារពើសរសើរតម្កើងទ្រង់ដោយឥតទីបញ្ចប់! និទាឃរដូវចូលមកដោយខ្យល់ដ៏កក់ក្ដៅ ដោយនាំមកនូវភ្លៀងនិទាឃរដូវដ៏ល្អ។ ដូចមនុស្សទាំងអស់ដែរ ចរន្តទឹកក្នុងស្ទឹងហូរដោយក្ដីទុក្ខព្រួយ និងក្ដីអំណរ ដោយស្រក់ទឹកភ្នែកនៃការជាប់ជំពាក់ និងការបន្ទោសខ្លួនឯង។ ទន្លេ បឹងបួ រលក និងផ្ទាំងទឹកទាំងអស់កំពុងតែច្រៀង ដោយច្រៀងសរសើរព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដ៏ពិត! សម្លេងនៃការសរសើរបន្លឺឡើងយ៉ាងច្បាស់! អ្វីៗដែលចាស់ ដែលធ្លាប់ត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ទាំងអស់នោះនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ និងត្រូវបានផ្លាស់ប្ដូរ ហើយនឹងចូលទៅក្នុងពិភពថ្មីទាំងស្រុង ...

នេះគឺជាត្រែដ៏បរិសុទ្ធ ហើយវាបានចាប់ផ្ដើមបន្លឺសម្លេង! ចូរស្ដាប់វាចុះ។ សម្លេងដ៏ផ្អែមនោះ គឺជាព្រះសូរសៀងនៃបល្ល័ង្ក ដែលប្រកាសទៅដល់ជាតិសាសន៍នីមួយៗ និងមនុស្សថា ពេលវេលាបានមកដល់ហើយ ទីបញ្ចប់ចុងក្រោយបានមកដល់ហើយ។ ផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានបញ្ចប់ហើយ។ នគររបស់ខ្ញុំបានលេចឡើងយ៉ាងចំហនៅលើផែនដី។ នគររបស់ពិភពលោកបានក្លាយជានគររបស់ខ្ញុំ ដែលជាព្រះជាម្ចាស់។ ត្រែទាំងប្រាំពីររបស់ខ្ញុំ បន្លឺសម្លេងចេញពីបល្ល័ង្ក ហើយរឿងរ៉ាវដ៏អស្ចារ្យបែបនេះនឹងកើតឡើង! មនុស្សនៅចុងបំផុតនៃផែនដីនឹងប្រញាប់ប្រញាប់ជាមួយគ្នាចេញពីទិសដៅនីមួយៗ ដោយកម្លាំងនៃផ្ទាំងទឹកកក និងអំណាចនៃផ្គររន្ទះ…។

ខ្ញុំទតមើលរាស្ត្ររបស់ខ្ញុំដោយក្ដីអំណរ ជាអ្នកដែលស្ដាប់ឮសម្លេងរបស់ខ្ញុំ ហើយប្រមូលគ្នាមកពីគ្រប់ជាតិសាសន៍ និងដែនដីទាំងអស់។ មនុស្សទាំងអស់សរសើរតម្កើង និងលោតកញ្ឆេងដោយអំណរគ្មានទីបញ្ចប់ ដោយការរក្សាព្រះជាម្ចាស់ដ៏ពិតនៅក្នុងមាត់របស់ពួកគេ! ពួកគេធ្វើបន្ទាល់ទៅកាន់ពិភពលោក ហើយសម្លេងនៃបន្ទាល់របស់ពួកគេទៅកាន់ព្រះជាម្ចាស់ដ៏ពិត គឺដូចទៅនឹងសូរគ្រាំគ្រេងនៃទឹកជាច្រើន។ មនុស្សទាំងអស់នឹងប្រមូលផ្ដុំគ្នាទៅក្នុងនគររបស់ខ្ញុំ។

ត្រែទាំងប្រាំពីររបស់ខ្ញុំបន្លឺសម្លេងដាស់អ្នកដែលកំពុងលង់លក់ក្នុងដំណេក! ចូរក្រោកឡើងឱ្យឆាប់ វាមិនទាន់យឺតពេលទេ។ ចូរសម្លឹងទៅកាន់ជីវិតរបស់អ្នក! ចូរបើកភ្នែករបស់អ្នកឡើង ហើយមើលថាតើពេលនេះម៉ោងប៉ុន្មានហើយ។ តើមានអ្វីខ្លះដែលត្រូវស្វែងរក? តើត្រូវគិតពីអ្វីខ្លះ? តើមានអ្វីត្រូវជាប់ជំពាក់? តើអ្នកមិនដែលពិចារណាអំពីភាពខុសគ្នាផ្នែកគុណតម្លៃ រវាងការទទួលបានជីវិតរបស់ខ្ញុំ និងការទទួលបានគ្រប់យ៉ាងដែលអ្នកស្រឡាញ់ និងជាប់ជំពាក់ទេឬ? ចូរកុំមានបំណងតទៅទៀត ហើយក៏កុំលោតកញ្ឆេងតទៅទៀតដែរ។ ចូរកុំខកខានឱកាសនេះឱ្យសោះ។ ពេលនេះ នឹងមិនមកម្ដងទៀតឡើយ! ចូរក្រោកឈរឡើងពេលនេះ ចូរអនុវត្តការធ្វើលំហាត់ប្រាណនៃវិញ្ញាណរបស់អ្នក ចូរប្រើប្រាស់គ្រប់ឧបករណ៍នានា ដើម្បីមើលឱ្យធ្លុះ និងបង្អាក់ល្បិចកល ព្រមទាំងការបោកបញ្ឆោតគ្រប់យ៉ាងរបស់សាតាំង នោះទើបបទពិសោធនៃជីវិតរបស់អ្នកអាចត្រូវបានធ្វើឱ្យកាន់តែជ្រាលជ្រៅ ហើយអ្នកអាចបង្ហាញពីនិស្ស័យរបស់ខ្ញុំ នោះទើបជីវិតរបស់អ្នកអាចក្លាយជាពេញវ័យ និងត្រូវបានបន្ថែមរសជាតិ ហើយអ្នកអាចដើរតាមស្នាមព្រះបាទរបស់ខ្ញុំជានិច្ច។ មិនត្រូវរួញរា មិនត្រូវទន់ខ្សោយ ត្រូវបោះជំហានទៅមុខជានិច្ច មួយជំហានម្ដងៗ ទៅត្រង់រហូតដល់ទីបញ្ចប់នៃផ្លូវ!

នៅពេលដែលត្រែទាំងប្រាំពីរបន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការកោះហៅទៅរកការជំនុំជម្រះ ការជំនុំជម្រះពួកកូនប្រុសនៃការបះបោរ ការជំនុំជម្រះនៃជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយជាតិសាសន៍នីមួយៗនឹងប្រគល់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ព្រះជាម្ចាស់នឹងច្បាស់ជាលេចឡើងនៅចំពោះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់។ គ្រប់គ្នានឹងជឿទាំងស្រុង ហើយស្រែករកព្រះជាម្ចាស់ដ៏ពិតដោយគ្មានទីបញ្ចប់។ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានឹងកាន់តែមានសិរីល្អ ហើយពួកកូនប្រុសរបស់ខ្ញុំ និងខ្ញុំនឹងចែករំលែកនៅក្នុងសិរីល្អ ហើយចែករំលែកនៅក្នុងភាពជាស្ដេច ដោយការជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដាក់ទោសមនុស្សអាក្រក់ សង្គ្រោះ និងមានសេចក្ដីមេត្តាករុណាចំពោះអ្នកដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយធ្វើឱ្យនគរព្រះខ្លាំងក្លា និងមានស្ថិរភាព។ តាមរយៈសម្លេងនៃត្រែទាំងប្រាំពីរ មនុស្សជាច្រើននឹងត្រូវបានសង្គ្រោះ ដោយធ្វើការវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីលុតជង្គង់ និងថ្វាយបង្គំដោយការសរសើរជានិច្ច!

នៅពេលដែលត្រែទាំងប្រាំពីរបន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការបញ្ចប់នៃសម័យកាល សូរសម្លេងត្រែនៃជ័យជម្នះលើអារក្សសាតាំង ការគំនាប់ដែលប្រាប់ជាមុនអំពីការចាប់ផ្ដើមនៃការរស់នៅយ៉ាងចំហនៅក្នុងនគរព្រះនៅលើផែនដី! សម្លេងអ្វីក៏ត្រដែតម្ល៉េះ សម្លេងនេះខ្ទរជុំវិញបល្ល័ង្ក សូរសម្លេងត្រែនេះអង្រួនស្ថានសួគ៌ និងផែនដី ដែលជាទីសម្គាល់នៃភាពជោគជ័យនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ដែលជាការជំនុំជម្រះសាតាំង។ វាដាក់ទោសពិភពលោកចាស់នេះទាំងស្រុងដល់ស្លាប់ ដើម្បីត្រលប់ទៅកាន់ជង្ហុកធំ! សូរសម្លេងត្រែនេះ ផ្ដល់សញ្ញាថា ទ្វារនៃព្រះគុណគឺជិតបិទហើយ ថាជីវិតរបស់នគរព្រះនឹងចាប់ផ្ដើមនៅលើផែនដី គឺចាប់ផ្ដើមដោយត្រឹមត្រូវ និងសមរម្យ។ ព្រះជាម្ចាស់សង្គ្រោះអ្នកណាដែលស្រឡាញ់ទ្រង់។ នៅពេលដែលពួកគេវិលត្រឡប់ទៅរកនគររបស់ទ្រង់ នោះមនុស្សនៅលើផែនដីនឹងជួបប្រទះនូវគ្រោះអត់ឃ្លាន និងរោគប៉ែស ហើយចានទាំងប្រាំពីរ និងគ្រោះកាចទាំងប្រាំពីររបស់ព្រះជាម្ចាស់ នឹងមានសុពលភាពបន្តបន្ទាប់គ្នា។ ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ខ្ញុំនឹងមិនកន្លងផុតឡើយ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឱ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឱ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨

ការដែលអាថ៌កំបាំងរបស់ខ្ញុំត្រូវបានបើកសម្ដែង ហើយបើកបង្ហាញយ៉ាងចំហ និងមិនលាក់បាំងតទៅទៀតនោះ គឺដោយសារតែព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំទាំងស្រុង។ ជាងនេះទៅទៀត ការដែលព្រះបន្ទូលរបស់ខ្ញុំលេចមកនៅក្នុងចំណោមមនុស្ស ហើយលែងត្រូវបានលាក់បាំងតទៅទៀត ក៏ជាព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំដែរ។ ខ្ញុំស្រឡាញ់អស់អ្នកដែលលះបង់ខ្លួនយ៉ាងស្មោះស្ម័គ្រចំពោះខ្ញុំ ហើយថ្វាយខ្លួនសម្រាប់ខ្ញុំ។ ខ្ញុំស្អប់អស់អ្នកដែលបានកើតក្នុងខ្ញុំ ប៉ុន្តែមិនស្គាល់ខ្ញុំ ហើយប្រឆាំងខ្ញុំទៀតផង។ ខ្ញុំនឹងមិនបោះបង់ចោលនរណាម្នាក់ដែលស្មោះស្ម័គ្រចំពោះខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងធ្វើឱ្យព្រះពររបស់ពួកគេកើនឡើងទ្វេដង។ ខ្ញុំនឹងដាក់ទោសទ្វេដងចំពោះអស់អ្នកដែលមិនដឹងគុណ ហើយបំពានលើសេចក្ដីសប្បុរសរបស់ខ្ញុំ ហើយខ្ញុំនឹងមិនឱ្យពួកគេរួចខ្លួនងាយៗឡើយ។ នៅក្នុងនគររបស់ខ្ញុំ គ្មានល្បិចកល ឬការបោកបញ្ឆោត ហើយក៏គ្មានភាពជាលោកីយ៍ដែរ។ មានន័យថា គ្មានក្លិនរបស់មនុស្សស្លាប់ទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងគឺជាភាពត្រូវតាមគន្លង និងសេចក្ដីសុចរិត។ គ្រប់យ៉ាងគឺជាភាពបរិសុទ្ធ និងការបើកចំហ ដោយគ្មានអ្វីមួយលាក់បាំង ឬបិទបាំងឡើយ។ គ្រប់យ៉ាងគឺស្រស់ស្រាយ គ្រប់យ៉ាងគឺជាការរីករាយ ហើយគ្រប់យ៉ាងគឺជាភាពប្រសើរឡើងនៃសីលធម៌។ នរណាដែលនៅតែធំក្លិននៃមនុស្សស្លាប់ គឺគ្មានផ្លូវអាចនៅក្នុងនគររបស់ខ្ញុំបានទេ ហើយផ្ទុយទៅវិញ វានឹងត្រូវបានបំផ្លាញដោយដំបងដែករបស់ខ្ញុំ។ គ្រប់អាថ៌កំបាំងដែលគ្មានទីបញ្ចប់ទាំងអស់ ចាប់តាំងពីពេលវេលាដ៏យូរមកហើយ រហូតដល់ពេលបច្ចុប្បន្ននេះ គឺត្រូវបានបើកសម្ដែងយ៉ាងពេញលេញដល់អ្នករាល់គ្នា ដែលជាក្រុមមនុស្សត្រូវបានទទួលយកដោយខ្ញុំនៅគ្រាចុងក្រោយ។ តើអ្នកមិនមានអារម្មណ៍ថា មានពរទេឬ? គ្រាដែលគ្រប់យ៉ាងត្រូវបានបើកសម្ដែងយ៉ាងចំហ ជាងនេះទៅទៀត គ្រាដែលអ្នករាល់គ្នាចែករំលែកការសោយរាជ្យរបស់ខ្ញុំ។

ក្រុមមនុស្សដែលពិតជាសោយរាជ្យជាស្ដេច គឺអាស្រ័យលើការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ខ្ញុំ ហើយច្បាស់ជាគ្មានគំនិតរបស់មនុស្សណាម្នាក់នៅក្នុងក្រុមនេះទេ។ នរណាដែលហ៊ានចូលរួមនៅក្នុងក្រុមនេះ នឹងរងទុក្ខដោយការវាយពីព្រះហស្ដរបស់ខ្ញុំ ហើយមនុស្សបែបនេះនឹងក្លាយជាកម្មវត្ថុនៃភ្លើងដែលឆាបឆេះរបស់ខ្ញុំ។ នេះគឺជាចំហៀងមួយទៀតនៃសេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ។ ខ្ញុំបានមានបន្ទូលថា ខ្ញុំត្រួតត្រារបស់សព្វសារពើ ខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកដោយព្រះប្រាជ្ញាញាណ ដែលកាន់កាប់សិទ្ធិអំណាចពេញលេញ ហើយខ្ញុំមិនអត់ឱនឱ្យនរណាម្នាក់ឡើយ។ ខ្ញុំគ្មានសេចក្ដីមេត្តាខាងព្រះសូរសៀងឡើយ ហើយពិតជាគ្មានមនោសញ្ចេតនាផ្ទាល់ខ្លួនឡើយ។ ខ្ញុំប្រព្រឹត្តដាក់នរណាម្នាក់ (មិនថាគេពូកែនិយាយប៉ុនណា ខ្ញុំនឹងមិនឱ្យគេរួចខ្លួនទេ) ដោយសេចក្ដីសុចរិត ភាពត្រឹមត្រូវ និងឫទ្ធានុភាពរបស់ខ្ញុំ ស្របពេលដែលធ្វើឱ្យគ្រប់គ្នាឃើញកាន់តែច្បាស់នូវភាពអស្ចារ្យនៃទង្វើរបស់ខ្ញុំ ក៏ដូចជាអត្ថន័យនៃទង្វើរបស់ខ្ញុំ។ ខ្ញុំបានដាក់ទោសវិញ្ញាណអាក្រក់ម្ដងមួយៗចំពោះសកម្មភាពគ្រប់ប្រភេទដែលពួកវាប្រព្រឹត្ត ដោយបោះពួកវាម្នាក់ៗទៅក្នុងជង្ហុកធំ។ ខ្ញុំបានបញ្ចប់កិច្ចការនេះនៅមុនពេលវេលាចាប់ផ្ដើម ដោយមិនទុកឱ្យពួកវាមានតួនាទី មិនទុកឱ្យពួកវាមានទីកន្លែងដើម្បីធ្វើកិច្ចការរបស់ពួកវាទេ។ គ្មាននរណាម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ខ្ញុំ គឺជាអស់អ្នកដែលត្រូវបានកំណត់ទុកជាមុន និងជ្រើសរើសដោយខ្ញុំ អាចមានវិញ្ញាណអាក្រក់ឡើយ ផ្ទុយទៅវិញ គេនឹងបរិសុទ្ធជានិច្ច។ ចំពោះអស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន និងមិនបានជ្រើសរើស នោះខ្ញុំនឹងប្រគល់ពួកគេត្រឡប់ទៅឱ្យសាតាំងវិញ ហើយមិនអនុញ្ញាតឱ្យពួកគេនៅតទៅទៀតឡើយ។ បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចូលរួមជាមួយសេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ខ្ញុំនឹងមិនឱ្យសូម្បីតែម្នាក់ក្នុងចំណោមអស់អ្នកដែលសាតាំងធ្វើការជាមួយរួចខ្លួនទេ ប៉ុន្តែខ្ញុំនឹងបោះពួកគេទៅជាមួយនឹងរូបកាយរបស់ពួកគេទៅក្នុងស្ថាននរក ដោយសារតែខ្ញុំស្អប់សាតាំង។ ខ្ញុំគ្មានផ្លូវនឹងលើកលែងឱ្យវាងាយៗឡើយ ប៉ុន្តែខ្ញុំនឹងបំផ្លាញវាទាំងស្រុង ដោយមិនអនុញ្ញាតឱ្យវាមានឱកាសធ្វើកិច្ចការរបស់វាសូម្បីតែបន្ដិចឡើយ។ អស់អ្នកដែលសាតាំងបានធ្វើឱ្យពុករលួយដល់កម្រិតជាក់លាក់មួយ (មានន័យថា អស់អ្នកដែលជាកម្មវត្ថុនៃគ្រោះមហន្តរាយ) គឺស្ថិតនៅក្រោមការរៀបចំដ៏ឆ្លាតវៃនៃព្រះហស្ដរបស់ខ្ញុំដោយផ្ទាល់។ ចូរកុំគិតថា ហេតុការណ៍បានកើតឡើងដោយសារភាពសាហាវរបស់សាតាំងឱ្យសោះ។ ចូរដឹងថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាដែលត្រួតត្រាលើពិភពលោក និងរបស់សព្វសារពើ! ចំពោះខ្ញុំ គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបាននោះឡើយ ហើយជាងនេះទៅទៀត គឺគ្មានអ្វីមួយដែលមិនអាចសម្រេចបាន ឬព្រះបន្ទូលណាមួយដែលមិនអាចថ្លែងចេញឡើយ។ មនុស្សមិនត្រូវប្រព្រឹត្តដូចជាទីប្រឹក្សារបស់ខ្ញុំឡើយ។ ចូរដឹងអំពីការត្រូវវាយផ្ដួលដោយសារព្រះហស្ដរបស់ខ្ញុំ និងការបោះចូលទៅក្នុងស្ថាននរក។ ខ្ញុំសូមមានបន្ទូលប្រាប់អ្នកដូចនេះ! អស់អ្នកណាដែលសហការជាមួយខ្ញុំយ៉ាងបុរេសកម្មនៅថ្ងៃនេះ គឺជាអ្នកដែលឆ្លាតបំផុត ហើយពួកគេនឹងជៀសផុតពីការបាត់បង់ ហើយគេចផុតពីការឈឺចាប់នៃការជំនុំជម្រះ។ ទាំងអស់នេះគឺជាការរៀបចំរបស់ខ្ញុំ ដែលខ្ញុំបានកំណត់ទុកជាមុន។ ចូរកុំថ្លែងអ្វីដែលលាក់បាំង ហើយចូរកុំនិយាយបំផ្លើស ដោយគិតថាអ្នកអស្ចារ្យនោះឡើយ។ តើទាំងអស់នេះមិនមែនតាមរយៈការកំណត់ទុកជាមុនរបស់ខ្ញុំទេឬ? អ្នកដែលអាចក្លាយជាទីប្រឹក្សារបស់ខ្ញុំ មិនស្គាល់ភាពអាម៉ាស់ឡើយ! អ្នកមិនស្គាល់កម្ពស់ខ្លួនឯងទេ។ វាពិតជាតូចគួរឱ្យអាណិតណាស់! ទោះបីជាបែបនោះក៏ដោយ ក៏អ្នកគិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយអ្នកក៏មិនស្គាល់ខ្លួនឯងដែរ។ អ្នករាល់គ្នាបែរត្រចៀកដ៏ថ្លង់មករកព្រះបន្ទូលរបស់ខ្ញុំម្ដងហើយម្ដងទៀត ដោយបណ្ដាលឱ្យការប្រឹងប្រែងដ៏ផ្ចិតផ្ចង់របស់ខ្ញុំឥតប្រយោជន៍ ហើយមិនដឹងទាល់តែសោះថា ពួកវាគឺជាការបើកបង្ហាញពីព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំ។ ផ្ទុយទៅវិញ អ្នកព្យាយាមសម្ញែងភាពឆ្លាតវៃផ្ទាល់ខ្លួនរបស់អ្នកម្ដងហើយម្ដងទៀត។ តើអ្នកចងចាំរឿងនេះទេ? អស់អ្នកដែលគិតថាពួកគេឆ្លាត តើពួកគេទទួលការវាយផ្ចាលដូចម្ដេច? មិនអើពើ និងមិនស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ខ្ញុំ ហើយមិនឆ្លាក់ពួកវាទៅក្នុងបេះដូងរបស់អ្នក នោះអ្នកប្រើប្រាស់ខ្ញុំជាពុតត្បុតដើម្បីធ្វើការនេះ និងការនោះហើយ។ មនុស្សអាក្រក់អើយ! ពេលណាទើបអ្នកអាចគិតគូរយ៉ាងពេញលេញពីព្រះទ័យរបស់ខ្ញុំ? អ្នកគ្មានការគិតគូរចំពោះវាទាល់តែសោះ ដូច្នេះហើយ ការហៅអ្នកថា «មនុស្សអាក្រក់» មិនមែនជាការធ្វើទុក្ខទោសដល់អ្នករាល់គ្នាទេ។ វាសក្ដិសមជាមួយអ្នកឥតខ្ចោះ!

បច្ចុប្បន្ននេះ ខ្ញុំកំពុងតែបង្ហាញអ្នករាល់គ្នាម្ដងមួយៗ នូវអ្វីៗដែលធ្លាប់តែត្រូវបានលាក់បាំង។ សត្វនាគដ៏ធំមានសម្បុរក្រហម គឺត្រូវបានបោះទៅក្នុងជង្ហុកធំ ហើយត្រូវបានបំផ្លាញទាំងស្រុង ព្រោះថា ការរក្សាវាទុកនឹងគ្មានប្រយោជន៍អ្វីទាល់តែសោះ។ នេះមានន័យថា វាមិនអាចបម្រើព្រះគ្រីស្ទបានទេ។ ពីនេះតទៅ អ្វីៗដែលក្រហមនឹងលែងមានតទៅទៀត។ ពួកវាត្រូវតែបោះចោលទៅជាភាពទទេបន្ដិចម្ដងៗ។ ខ្ញុំធ្វើនូវអ្វីដែលខ្ញុំមានបន្ទូល។ នេះគឺជាការបញ្ចប់នៃកិច្ចការរបស់ខ្ញុំ។ ចូរយកសញ្ញាណរបស់មនុស្សចេញ។ គ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូល គឺខ្ញុំបានធ្វើ។ នរណាក៏ដោយដែលព្យាយាមធ្វើជាមនុស្សឆ្លាត គឺបានត្រឹមតែនាំការបំផ្លាញ និងសេចក្ដីមើលងាយមកដាក់ខ្លួនឯងប៉ុណ្ណោះ ហើយគេមិនចង់រស់នៅទេ។ ដូច្នេះហើយ ខ្ញុំនឹងបំពេញចិត្តអ្នក ហើយខ្ញុំនឹងច្បាស់ជាមិនរក្សាទុកមនុស្សបែបនេះទេ។ ពីនេះតទៅ ចំនួនប្រជាជននឹងកើនឡើយយ៉ាងគំហុក ស្របពេលដែលអស់អ្នកដែលមិនសហការជាមួយខ្ញុំយ៉ាងបុរេសកម្ម នឹងត្រូវបានផាត់ចេញទៅជាភាពទទេសូន្យ។ អស់អ្នកដែលខ្ញុំបានយល់ព្រម គឺជាអ្នកដែលខ្ញុំនឹងធ្វើឱ្យគ្រប់លក្ខណ៍ ហើយខ្ញុំនឹងមិនបោះចោលម្នាក់ណាឡើយ។ នឹងគ្មានភាពផ្ទុយណាមួយចំពោះអ្វីដែលខ្ញុំមានបន្ទូលទេ។ អស់អ្នកដែលមិនសហការជាមួយខ្ញុំយ៉ាងបុរេសកម្ម នឹងរងទុក្ខដោយការវាយផ្ចាលកាន់តែច្រើន ទោះបីជានៅទីបំផុត ខ្ញុំនឹងច្បាស់ជាសង្គ្រោះពួកគេក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រឹមពេលនោះ រយៈពេលនៃអាយុរបស់ពួកគេនឹងខុសគ្នាខ្លះដែរ។ តើអ្នកចង់ក្លាយជាមនុស្សបែបនេះទេ? ចូរក្រោកឈរឡើង ហើយសហការជាមួយខ្ញុំ! ខ្ញុំច្បាស់ជានឹងមិនប្រព្រឹត្តយ៉ាងរយីករយោកចំពោះនរណាម្នាក់ដែលលះបង់ខ្លួនយ៉ាងស្មោះស្ម័គ្រចំពោះខ្ញុំ ដោយភាពស្មោះត្រង់ឡើយ ខ្ញុំនឹងប្រទានព្រះពររបស់ខ្ញុំទាំងអស់ដល់អ្នក។ ចូរថ្វាយខ្លួនអ្នកទាំងស្រុងដល់ខ្ញុំ! អ្វីដែលអ្នកទទួលទាន អ្វីដែលអ្នកស្លៀកពាក់ និងអនាគតរបស់អ្នក គឺទាំងអស់នេះសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ខ្ញុំនឹងរៀបចំគ្រប់យ៉ាងឱ្យបានសមរម្យ នោះទើបអ្នកអាចមានភាពសប្បាយរីករាយឥតទីបញ្ចប់ ដែលអ្នកនឹងមិនដែលប្រើប្រាស់អស់ឡើយ។ នេះគឺដោយសារតែខ្ញុំបានមានបន្ទូលថា «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះ យ៉ាងហូរហៀរ។» ព្រះពរទាំងអស់នឹងចូលមករកមនុស្សម្នាក់ៗដែលលះបង់ខ្លួនចំពោះខ្ញុំយ៉ាងស្មោះស្ម័គ្រ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩

បណ្ដាជនសាទរខ្ញុំ ហើយសរសើរតម្កើងខ្ញុំ គ្រប់មាត់ទាំងអស់ថ្លែងពីព្រះដ៏ពិតតែមួយ ហើយមនុស្សគ្រប់គ្នាបើកភ្នែកងើយមើលស្នាព្រះហស្តរបស់ខ្ញុំ។ នគរព្រះចុះមកលើពិភពមនុស្ស ហើយអង្គរបស់ខ្ញុំសម្បូរភោគទ្រព្យ និងភាពសម្បូរហូរហៀរ។ តើនរណាដែលមិនត្រេកអរចំពោះការនេះ? តើនរណាដែលមិនរាំដោយអំណរ? ឱស៊ីយ៉ូនអើយ! ចូរលើកទង់ជ័យរបស់អ្នកឡើងដើម្បីអបអរខ្ញុំ! ចូរច្រៀងចម្រៀងជ័យឃោសរបស់អ្នកដើម្បីផ្សាយព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ! ឱស្នាព្រះហស្ដទាំងអស់ រហូតដល់ចុងបំផុតនៃផែនដីអើយ! ចូររួសរាន់សម្អាតខ្លួនឯងឱ្យបានស្អាត ដើម្បីឱ្យអ្នកអាចធ្វើជាតង្វាយដល់ខ្ញុំ! ឱហ្វូងផ្កាយនៅលើស្ថានសួគ៌អើយ! ចូររួសរាន់ត្រឡប់ទៅកន្លែងរបស់អ្នកវិញចុះ ដើម្បីបង្ហាញពីព្រះចេស្ដាដ៏មានអនុភាពរបស់ខ្ញុំនៅក្នុងលំហរអាកាស! ខ្ញុំផ្ទៀងព្រះកាណ៌របស់ខ្ញុំ ស្ដាប់សម្លេងមនុស្សនៅលើផែនដី គឺមនុស្សដែលបង្ហូរក្ដីស្រលាញ់ និងការគោរពគ្មានព្រំដែនចំពោះខ្ញុំតាមរយៈបទចម្រៀង! នៅថ្ងៃនេះ នៅពេលដែលស្នាព្រះហស្ដទាំងអស់មានជីវិតឡើងវិញ នោះខ្ញុំក៏យាងចុះមកក្នុងពិភពមនុស្ស។ នៅខណៈពេលនេះ គឺនៅខណៈពេលដ៏រីករាយនេះ ផ្កាទាំងអស់ក៏រីកស្គុសស្គាយ ហើយបក្សាបក្សីទាំងអស់ក៏ស្រែកច្រៀងត្រសង អ្វីៗទាំងអស់កក្រើកដោយអំណរ! នគររបស់សាតាំងក៏ដួលរលំដោយសារសម្លេងគំនាប់នៃនគរព្រះ គឺត្រូវបំផ្លាញដោយសម្លេងផ្គរលាន់នៃចម្រៀងជ័យរបស់នគរព្រះ ហើយមិនអាចងើបឡើងវិញបានទៀតឡើយ!

នៅលើផែនដី តើនរណាហ៊ានក្រោកឡើង ហើយតតាំង? នៅពេលខ្ញុំយាងចុះមកផែនដី ខ្ញុំនាំយកភ្លើង យកសេចក្ដីក្រោធ និងយកគ្រោះហមន្ដរាយគ្រប់បែបយ៉ាងមក។ ឥលូវនេះ នគរនៅលើផែនដី គឺជានគររបស់ខ្ញុំ! នៅលើមេឃ ពពកវិលចុះវិលឡើង ហើយនៅក្រោមមេឃ បឹងបួរ និងទន្លេក៏កញ្ជ្រោលឡើង ជាបទភ្លេងដ៏ពីរោះរណ្ដំ។ សត្វទាំងពួងដែលកំពុងសម្រាកក៏ស្ទុះងើបចេញពីរូងរបស់ខ្លួនមក មនុស្សម្នាទាំងពួងក៏ងើបពីភាពលង់លក់របស់ខ្លួនដោយសារខ្ញុំ។ ទីបំផុត ថ្ងៃដែលមនុស្សដ៏ច្រើនលើសលប់បានទន្ទឹងរង់ចាំ ក៏មកដល់! ពួកគេក៏ច្រៀងបទចម្រៀងដ៏ពីរោះបំផុតថ្វាយដល់ខ្ញុំ!

នៅវេលាដ៏ស្រស់ត្រកាលនេះ គឺនៅវេលាដ៏រំភើបរីករាយនេះ

ការសរសើរតម្កើងក៏បន្លឺឡើងនៅគ្រប់ទីកន្លែង ទាំងនៅស្ថានសួគ៌ខាងលើ និងផែនដីខាងក្រោម។ តើនរណាដែលមិនរំភើបចំពោះរឿងនេះ?

តើដួងចិត្តរបស់នរណាដែលមិនធូរស្រាល? តើនរណាដែលមិនសម្រក់ទឹកភ្នែក ពេលឃើញនូវ ទិដ្ឋភាពនេះ?

ផ្ទៃមេឃមិនមែនជាផ្ទៃមេឃចាស់ទេ ប៉ុន្ដែឥលូវនេះ គឺជាផ្ទៃមេឃនៃនគរព្រះវិញ។

ផែនដីលែងជាផែនដីកាលពីមុនទៀតហើយ ប៉ុន្ដែឥលូវនេះ គឺជាទឹកដីដ៏បរិសុទ្ធវិញ។

ក្រោយភ្លៀងមួយមេធំបានកន្លងទៅ ពិភពលោកចាស់ដ៏ស្មោកគ្រោកក៏បានត្រលប់ជាពិភពលោកថ្មីទាំងស្រុង។

ភ្នំនានាកំពុងផ្លាស់ប្ដូរ ... ទឹកក៏កំពុងផ្លាស់ប្ដូរ ...

មនុស្សក៏កំពុងផ្លាស់ប្ដូរដែរ ... គឺអ្វីៗទាំងអស់កំពុងផ្លាស់ប្ដូរ...។

ឱភ្នំដ៏ស្ងាត់ជ្រងំអើយ! ចូរក្រោកឡើង ហើយរាំថ្វាយខ្ញុំ!

ឱទឹកដ៏នឹងថ្កល់អើយ! ចូរបន្ដហូរដោយសេរីចុះ!

អ្នករាល់គ្នាជាមនុស្សដែលកំពុងសុបិនអើយ! ចូរក្រោកឡើង ហើយដេញតាមក្ដីសុបិនទាំងនោះចុះ!

ខ្ញុំយាងមកហើយ ... ខ្ញុំគឺជាមហាក្សត្រ...។

មនុស្សជាតិទាំងអស់នឹងឃើញព្រះភ័ក្រ្ដរបស់ខ្ញុំដោយភ្នែករបស់ពួកគេផ្ទាល់ ពួកគេនឹងស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដោយត្រចៀករបស់ពួកគេផ្ទាល់

ហើយនឹងរស់ក្នុងជីវិតនៃនគរព្រះ សម្រាប់ខ្លួនឯង...។

ពិតជាផ្អែមល្ហែមណាស់ ... ពិតជាស្រស់ស្អាតណាស់...។

បំភ្លេចមិនបានទេ ... មិនអាចបំភ្លេចបានទេ...។

ក្នុងកំសួលនៃសេចក្ដីក្រោធរបស់ខ្ញុំ នាគដ៏ធំមានសម្បុរក្រហមជាប់គាំង។

អារក្សក៏បង្ហាញរូបពិតរបស់វានៅក្នុងការជំនុំជម្រះដ៏មានឫទ្ធានុភាពរបស់ខ្ញុំ។

មនុស្សទាំងអស់មានអារម្មណ៍ខ្មាស ពេលឮព្រះបន្ទូលដ៏ប្រឹតប្រៀនរបស់ខ្ញុំ និងគ្មានកន្លែងណាលាក់ខ្លួនឡើយ។

ពួកគេនឹកឃើញអតីតកាល នឹកឃើញពីរបៀបដែលពួកគេបានចំអក និងបានមើលងាយខ្ញុំ។

គ្មានពេលណាដែលពួកគេមិនបានសម្ញែងខ្លួនឯងឡើយ ហើយគ្មានពេលណាដែលពួកគេមិនបានបំពានលើខ្ញុំឡើយ។

ថ្ងៃនេះ តើនរណាមិនស្រក់ទឹកភ្នែក? តើនរណាមិនមានអារម្មណ៍ស្ដាយក្រោយ?

ពិភពចក្រវាលទាំងមូលពោរពេញដោយទំនួញសោក ...

ពេញដោយសម្លេងត្រេកអរ ... និងសម្លេងសើចក្អាកក្អាយ...។

ឱក្ដីអំណរដែលគ្មានអ្វីប្រៀបបាន ... ឱក្ដីអំណរដែលគ្មានអ្វីប្រៀបស្មើ...។

ភ្លៀងកំពុងរលឹមតិចៗ ... ព្រិលក៏កំពុងធ្លាក់មកទាំងដុំៗយ៉ាងក្រាស់...។

នៅក្នុងខ្លួនមនុស្ស ទុក្ខព្រួយ និងអំណរ កំពុងលាយឡំគ្នា ... អ្នកខ្លះកំពុងសើចក្អាកក្អាយ ...

អ្នកខ្លះកំពុងយំខ្សឹកខ្សួល ... ហើយអ្នកខ្លះទៀតកំពុងអបអរ...។

មនុស្សគ្រប់គ្នាហាក់ដូចជាភ្លេចហើយថា ... នេះគឺជារដូវផ្ការីកដែលសម្បូរទឹកភ្លៀង និងពពក

ជារដូវក្ដៅដែលសម្បូរផ្ការីក ជាសរទរដូវដែលប្រមូលផលបានច្រើន

ឬជារដូវលំហើយដែលត្រជាក់ដូចជាកំណកសន្សើម និងទឹកកក គ្មាននរណាម្នាក់ដឹងឡើយ...។

នៅលើមេឃ ពពកកំពុងរសាត់ ហើយនៅលើផែនដី មហាសមុទ្រឡើងកករ។

ពួកកូនប្រុសគ្រវីដៃរបស់ពួកគេ ... បណ្ដាជនក៏កម្រើកជើងរបស់ខ្លួនរាំ...។

ទេវតាកំពុងធ្វើការ ... ទេវតាកំពុងឃ្វាលចៀម...។

មនុស្សនៅលើផែនដីទាំងអស់ញាប់ដៃញាប់ជើង ហើយអ្វីៗទាំងអស់នៅលើផែនដី ក៏ពហុគុណឡើងដែរ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ចម្រៀងជ័យនៃនគរព្រះ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០

មនុស្សជាតិគ្រប់រូប គួរតែទទួលយកការត្រួតពិនិត្យមើលដោយព្រះវិញ្ញាណរបស់ខ្ញុំ គួរតែត្រួតពិនិត្យទង្វើ និងពាក្យសម្ដីគ្រប់ម៉ាត់របស់ខ្លួនឱ្យបានហ្មត់ចត់ ហើយជាងនេះទៅទៀត គួរតែសម្លឹងមើលអំពើដ៏ល្អអស្ចារ្យរបស់ខ្ញុំ។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណានៅពេលនគរព្រះមកដល់ផែនដី? នៅពេលដែលពួកកូនប្រុសរបស់ខ្ញុំ និងមនុស្សទាំងអស់ដើរជាជួរទាំងហ្វូងទៅកាន់បល្ល័ង្ករបស់ខ្ញុំ នោះខ្ញុំក៏ចាប់ផ្ដើមធ្វើការជំនុំជម្រះជាផ្លូវការនៅមុខរាជបល្ល័ង្កពណ៌សដ៏អស្ចារ្យ។ និយាយឱ្យចំគឺថា នៅពេលដែលខ្ញុំចាប់ផ្តើមកិច្ចការរបស់ខ្ញុំនៅលើផែនដីដោយផ្ទាល់ ហើយនៅពេលយុគសម័យនៃការជំនុំជម្រះជិតដល់ទីបញ្ចប់ ខ្ញុំចាប់ផ្ដើមដឹកនាំព្រះបន្ទូលរបស់ខ្ញុំទៅទូទាំងសកលលោក ហើយបញ្ចេញសំឡេងនៃព្រះវិញ្ញាណរបស់ខ្ញុំទៅទូទាំងសកលលោក។ តាមរយៈព្រះបន្ទូលរបសខ្ញុំ ខ្ញុំនឹងលាងសម្អាតមនុស្សទាំងអស់ ព្រមទាំងវត្ថុគ្រប់យ៉ាងដែលនៅក្នុងស្ថានសួគ៌ និងលើផែនដី ដើម្បីឱ្យដីលែងស្មោកគ្រោក និងលែងខុសសីលធម៌ ហើយទៅជានគរដ៏បរិសុទ្ធ។ ខ្ញុំនឹងបង្កើតរបស់សព្វសារពើជាថ្មី ដើម្បីឱ្យខ្ញុំអាចប្រើប្រាស់ពួកវាបាន និងដើម្បីឱ្យពួកវាលែងទទួលរងខ្យល់ដង្ហើមថោក ព្រមទាំងលែងប្រឡាក់ប្រឡូកជាមួយរសជាតិនៃដីតទៅទៀត។ នៅលើផែនដី មនុស្សបានរាវរកគោលដៅ និងដើមកំណើតនៃព្រះបន្ទូលរបស់ខ្ញុំ ហើយបានសង្កេតមើលទង្វើរបស់ខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងពិតប្រាកដពីដើមកំណើតនៃព្រះបន្ទូលរបស់ខ្ញុំឡើយ ហើយក៏គ្មាននរណាម្នាក់បានឃើញពិតប្រាកដនូវភាពល្អអស្ចារ្យក្នុងស្នាព្រះហស្ដរបស់ខ្ញុំនោះដែរ។ មានតែសព្វថ្ងៃនេះទេដែលខ្ញុំចូលមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយប្រាប់នូវព្រះបន្ទូលរបស់ខ្ញុំ ឯមនុស្សស្គាល់ខ្ញុំតិចតួចប៉ុណ្ណោះ ពួកគេយកកន្លែងដែល «ខ្ញុំ» តាំងនៅក្នុងគំនិតរបស់ពួកគេចេញ ហើយជំនួសមកវិញដោយបង្កើតកន្លែងសម្រាប់ព្រះដ៏ជាក់ស្ដែងនៅក្នុងសម្បជញ្ញៈរបស់ពួកគេ។ មនុស្សមានសញ្ញាណ និងពោរពេញទៅដោយការចង់ដឹង។ តើអ្នកណាទៅដែលមិនចង់ឃើញព្រះជាម្ចាស់? តើអ្នកណាទៅដែលមិនចង់ជួបព្រះជាម្ចាស់? ប៉ុន្តែ មានតែវត្ថុដែលតាំងនៅកន្លែងច្បាស់លាស់មួយក្នុងចិត្តរបស់មនុស្សប៉ុណ្ណោះ ទើបជាព្រះជាម្ចាស់ ដែលមនុស្សមានអារម្មណ៍ថាស្រពេចស្រពិល និងអរូបី។ តើអ្នកណាទៅនឹងដឹងរឿងនេះបានប្រសិនបើខ្ញុំមិនបានប្រាប់ពួកគេយ៉ាងច្បាស់លាស់នោះ? តើអ្នកណាទៅនឹងពិតជាជឿដោយភាពប្រាកដប្រជា និងគ្មានការសង្ស័យសូម្បីតែបន្តិចថា ខ្ញុំពិតជាមានវត្តមានគង់នៅមែន? វាមានភាពខុសគ្នាយ៉ាងខ្លាំងរវាង «ខ្ញុំ» នៅក្នុងចិត្តរបស់មនុស្ស និង «ខ្ញុំ» ពិតប្រាកដ ហើយគ្មាននរណាម្នាក់អាចគូសវាសប្រៀបធៀបភាពខុសគ្នានេះបានទេ។ ប្រសិនបើខ្ញុំមិនបានមកយកកំណើតជាមនុស្សទេ មនុស្សនឹងមិនបានស្គាល់ខ្ញុំឡើយ ហើយទោះបីជាពួកគេបានបែរមកស្គាល់ខ្ញុំវិញក្ដី តើការស្គាល់នេះនឹងមិននៅតែជាសញ្ញាណទេឬ? មួយថ្ងៃៗ ខ្ញុំដើរនៅក្នុងចំណោមមនុស្សជាច្រើនតំណគ្មានទីបញ្ចប់ ហើយមួយថ្ងៃៗ ខ្ញុំធ្វើការនៅក្នុងមនុស្សគ្រប់រូប។ នៅពេលមនុស្សពិតជាឃើញខ្ញុំ ពួកគេនឹងអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំ ហើយនឹងយល់ពីមធ្យោបាយដែលខ្ញុំប្រាប់ ក៏ដូចជាចេតនារបស់ខ្ញុំ។

នៅពេលនគរព្រះមកដល់ផែនដីជាផ្លូវការ នៅក្នុងចំណោមវត្ថុទាំងអស់ តើអ្វីទៅដែលមិននៅស្ងៀម? នៅក្នុងចំណោមមនុស្សទាំងអស់ តើអ្នកណាទៅដែលមិនខ្លាច? ខ្ញុំដើរគ្រប់ទីកន្លែងទូទាំងសកលលោក ហើយខ្ញុំបានរៀបចំគ្រប់យ៉ាងដោយផ្ទាល់។ នៅពេលនេះ តើអ្នកណាទៅដែលមិនដឹងថា ស្នាព្រះហស្ដរបស់ខ្ញុំអស្ចារ្យនោះ? ព្រះហស្ដរបស់ខ្ញុំកាន់កាប់វត្ថុទាំងអស់ ប៉ុន្តែខ្ញុំក៏នៅខ្ពស់លើវត្ថុទាំងអស់ផងដែរ។ សព្វថ្ងៃនេះ តើការយកកំណើតជាមនុស្សរបស់ខ្ញុំ និងវត្តមានរបស់ខ្ញុំផ្ទាល់នៅក្នុងចំណោមមនុស្ស មិនមែនជាអត្ថន័យពិតអំពីការបន្ទាបខ្លួន និងការលាក់បំពួនរបស់ខ្ញុំទេឬ? មើលពីខាងក្រៅ មនុស្សជាច្រើនលើកតម្កើងខ្ញុំថាល្អ និងលើកសរសើរខ្ញុំថាថ្លៃថ្នូរ ប៉ុន្តែតើអ្នកណាទៅដែលពិតជាស្គាល់ខ្ញុំមែន? សព្វថ្ងៃនេះ ហេតុអ្វីបានជាខ្ញុំប្រាប់អ្នករាល់គ្នាឱ្យស្គាល់ខ្ញុំ? តើបំណងរបស់ខ្ញុំមិនមែនដើម្បីបង្អាប់នាគដ៏ធំមានសម្បុរក្រហមទេឬ? ខ្ញុំមិនចង់បង្ខំមនុស្សឱ្យលើកសរសើរខ្ញុំទេ ប៉ុន្តែខ្ញុំចង់ធ្វើឱ្យពួកគេស្គាល់ខ្ញុំ ហើយតាមរយៈការនេះ ពួកគេនឹងស្រឡាញ់ខ្ញុំ ព្រមទាំងលើកសរសើរខ្ញុំ។ ការលើកសរសើរបែបនេះទើបមានតម្លៃសមនឹងកេរ្តិ៍ឈ្មោះ និងមិនមែនជាសម្ដីគ្មានខ្លឹមសារ។ មានតែការលើកសរសើរបែបនេះប៉ុណ្ណោះ ទើបអាចទៅដល់រាជបល្ល័ង្ករបស់ខ្ញុំ ហើយហោះឡើងទៅលើមេឃ។ ដោយសារតែមនុស្សត្រូវបានសាតាំងល្បួង និងធ្វើឱ្យពុករលួយ ដោយសារតែពួកគេត្រូវបានគ្រប់គ្រងដោយសញ្ញាណ និងការគិត ទើបខ្ញុំបានយកកំណើតជាមនុស្សដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ដោយផ្ទាល់ ដើម្បីបើកសម្ដែងសញ្ញាណទាំងអស់របស់មនុស្ស និងដើម្បីហែកការគិតរបស់មនុស្សជាចម្រៀកៗ។ ជាលទ្ធផល មនុស្សលែងដើរអួតនៅចំពោះមុខខ្ញុំ ហើយលែងបម្រើខ្ញុំដោយប្រើសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេតទៅទៀត យ៉ាងនោះ «ខ្ញុំ» នៅក្នុងសញ្ញាណរបស់មនុស្ស ត្រូវបានបណ្ដេញចេញអស់ទាំងស្រុង។ នៅពេលនគរព្រះមកដល់ រឿងដំបូងដែលខ្ញុំធ្វើ គឺចាប់ផ្តើមកិច្ចការក្នុងដំណាក់កាលនេះ ហើយខ្ញុំធ្វើដូច្នេះនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ។ ចំពោះរាស្ត្ររបស់ខ្ញុំដែលបានកើតនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម ប្រាកដជាមានពិសរបស់នាគដ៏ធំមានសម្បុរក្រហមនេះមិនតិចតួច ឬក៏មួយផ្នែកនោះឡើយនៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះ កិច្ចការរបស់ខ្ញុំក្នុងដំណាក់កាលនេះគឺផ្ដោតជាចម្បងទៅលើអ្នករាល់គ្នា ហើយនេះគឺជាទិដ្ឋភាពមួយអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងប្រទេសចិន។ មនុស្សជាច្រើនមិនអាចយល់បានសូម្បីតែព្រះបន្ទូលដែលខ្ញុំថ្លែងត្រឹមតែមួយបំណែក ហើយនៅពេលពួកគេយល់ ការយល់ដឹងរបស់ពួកគេគឺស្រពេចស្រពិល និងច្រឡំបល់។ នេះគឺជាចំណុចរបត់មួយនៅក្នុងវិធីសាស្ត្រដែលខ្ញុំថ្លែងព្រះបន្ទូល។ ប្រសិនបើមនុស្សទាំងអស់អាចអានព្រះបន្ទូលរបស់ខ្ញុំ និងយល់ពីអត្ថន័យបាន នោះក្នុងចំណោមមនុស្ស តើអ្នកណាទៅដែលអាចទទួលការសង្គ្រោះបាន និងមិនត្រូវបោះចុះទៅក្នុងស្ថានឃុំព្រលឹង? នៅពេលមនុស្សស្គាល់ខ្ញុំ និងស្ដាប់បង្គាប់ខ្ញុំ នោះនឹងដល់ពេលវេលាដែលខ្ញុំសម្រាកហើយ ហើយនោះអ្នកជាពេលដែលមនុស្សអាចយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំបាន។ សព្វថ្ងៃនេះ កម្ពស់របស់អ្នករាល់គ្នាតូចពេក វាតូចស្ទើរតែអន់បំផុតទៅហើយ រហូតដល់ថ្នាក់មិនសមនឹងត្រូវលើកឡើងឡើយ ដោយមិនបាច់និយាយអ្វីទាំងអស់អំពីការស្គាល់ខ្ញុំ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦១

នៅពេលដែលពន្លឺចេញពីទិសខាងកើត ក៏ជាពេលវេលាដ៏ប្រាកដដែលខ្ញុំចាប់ផ្តើមបញ្ចញព្រះសូរសៀងរបស់ខ្ញុំផងដែរ។ នៅពេលដែលផ្លេកបន្ទោរបញ្ចេញពន្លឺ នោះសាកលលោកទាំងមូលនឹងត្រូវបំភ្លឺ ហើយការផ្លាស់ប្តូរកើតឡើងនៅក្នុងគ្រប់តារានិករទាំងអស់។ ពូជសាសន៍មនុស្សទាំងមូល ហាក់ដូចជាត្រូវបានគេបែងចែករួចជាស្រេចដូច្នោះដែរ។ នៅក្រោមរស្មីដែលចាំចែងពីទិសខាងកើតមក ទម្រង់ដើមរបស់មនុស្សជាតិទាំងអស់ ក៏ត្រូវបើកសម្តែង ភ្នែករបស់គេក៏ត្រូវស្រវាំងដោយពន្លឺ មិនដឹងថាត្រូវធ្វើបែបណានោះទេ ហើយក៏មិនដឹងវិធីដើម្បីលាក់បាំងសណ្ឋានដ៏កខ្វក់របស់ពួកគេនោះដែរ។ ពួកគេប្រៀបដូចជាសត្វដែលរត់គេចពីពន្លឺរបស់ខ្ញុំ ទៅចូលជ្រកនៅក្នុងល្អាងភ្នំដូច្នោះដែរ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចលាក់ខ្លួនផុតពីពន្លឺរបស់ខ្ញុំបានឡើយ។ មនុស្សទាំងអស់វង្វេងស្មារតី ដោយគ្រប់គ្នាកំពុងរង់ចាំ គ្រប់គ្នាកំពុងសម្លឹងមើល។ ជាមួយនឹងការមកដល់នៃពន្លឺរបស់ខ្ញុំ គ្រប់គ្នារីករាយនៅថ្ងៃកំណើតរបស់ពួកគេ ព្រមជាមួយគ្នានេះ គ្រប់គ្នាក៏ដាក់បណ្តាសាចំពោះថ្ងៃកំណើតរបស់ពួកគេដែរ។ អារម្មណ៍ច្របូកច្របល់ គឺមិនអាចបញ្ចេញបានទេ។ ទឹកភ្នែកនៃការធ្វើទណ្ឌកម្មខ្លួនបានបង្កើតទៅជាទន្លេ ហើយបានហូរទៅក្នុងទឹកភ្លៀងដែលកំពុងធ្លាក់ដោយបាត់ខ្លួនមួយរំពេចគ្មានស្នាមដាននោះទេ។ ជាថ្មីម្ដងទៀត ពេលកំណត់របស់ខ្ញុំកាន់តែខិតចូលមកកៀកនឹងមនុស្សជាតិទាំងអស់ហើយ ដោយដាស់ពូជមនុស្សឱ្យភ្ញាក់ជាថ្មីម្តងទៀត ដោយប្រទានការចាប់ផ្តើមថ្មីមួយដល់មនុស្សជាតិ។ បេះដូងរបស់ខ្ញុំលោត ហើយភ្នំទាំងឡាយក៏លោតកញ្ឆេងដោយក្ដីអរសប្បាយ ទឹកក៏រេរាំដោយក្ដីអរសប្បាយ ហើយទឹករលកក៏បក់បោកលើថ្មប៉ប្រ៉ះទឹក ទៅតាមចង្វាក់នៃបេះដូងរបស់ខ្ញុំដែរ។ ខ្ញុំពិបាកនឹងសម្ដែងអារម្មណ៍ដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំណាស់។ ចង់ធ្វើឱ្យរបស់គ្រប់យ៉ាងដែលកខ្វក់ ត្រូវដុតទៅជាផេះ ក្រោមខ្សែព្រះនេត្រទតមើលរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យពួកបុត្រាដែលមិនស្តាប់បង្គាប់ទាំងអម្បាលម៉ាន ត្រូវវិនាសបង់ចេញពីមុខព្រះនេត្ររបស់ខ្ញុំ មិនឱ្យមានវត្តមានតទៅទៀតឡើយ។ ខ្ញុំមិនត្រឹមតែបង្កើតការចាប់ផ្តើមថ្មីមួយនៅក្នុងកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅនោះទេ ខ្ញុំថែមទាំងចាប់ផ្តើមកិច្ចការថ្មីនៅលើសាកលលោកផងដែរ។ មិនយូរនោះទេ នគរនានានៃផែនដីនេះនឹងក្លាយជានគររបស់ខ្ញុំ។ មិនយូរនោះទេ នរគរនានានៃផែនដីនេះនឹងបាត់បង់ជារៀងរហូតព្រោះតែនគររបស់ខ្ញុំ ដោយសារតែខ្ញុំបានទទួលជ័យជម្នះរួចទៅហើយ ហើយដោយសារតែខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ។ នាគដ៏ធំមានសម្បុរក្រហម ហត់នឿយក្នុងការប្រើមធ្យោបាយបោកប្រាស់ដើម្បីរំខានដល់ផែនការរបស់ខ្ញុំ ដោយរំពឹងថានឹងលុបបំបាត់កិច្ចការរបស់ខ្ញុំនៅលើផែនដី ប៉ុន្តែតើខ្ញុំអាចបាក់ទឹកចិត្តដោយសារតែយុទ្ធសាស្ត្របោកប្រាស់របស់វាឬទេ? តើខ្ញុំអាចភ័យខ្លាច រហូតដល់បាត់បង់ភាពជឿជាក់ដោយសារតែការគំរាមកំហែងរបស់វាឬទេ? មិនដែលមានភាវៈណាមួយទាំងនៅលើស្ថានសួគ៌ ទាំងនៅលើផែនដី ដែលខ្ញុំមិនបានក្តាប់នៅក្នុងបាតព្រះហស្ដរបស់ខ្ញុំឡើយ។ តើពិតប៉ុនណាទៅ ដែលនាគដ៏ធំមានសម្បុរក្រហមប្រើស្នៀតនេះដើម្បីជាគ្រឿងបន្ទាប់បន្សំចំពោះខ្ញុំ? តើវាមិនមែនជាវត្ថុមួយដែលព្រះហស្តរបស់ខ្ញុំគ្រប់គ្រងទេឬអី?

អំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងពិភពមនុស្ស ក្រោមការដឹកនាំរបស់ខ្ញុំ នោះមនុស្សជាតិបានមកដល់ថ្ងៃនេះដោយមិនដឹងខ្លួន ហើយបានស្គាល់ខ្ញុំដោយមិនដឹងខ្លួន។ ប៉ុន្តែ សម្រាប់វិធីដែលត្រូវដើរនៅលើផ្លូវដែលនៅខាងមុខ គ្មាននរណាម្នាក់មានតម្រុយ គ្មាននរណាម្នាក់ដឹង ហើយជាងនេះទៅទៀត គ្មាននរណាម្នាក់មានសញ្ញាដែលអាចប្រាប់ពីទិសដៅដែលពួកគេដើរនៅលើផ្លូវនោះទេ។ មានតែតាមរយៈព្រះដ៏មានគ្រប់ព្រះចេស្តាដែលកំពុងឃ្លាំមើលពួកគេប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរនៅលើផ្លូវរហូតដល់ទីបញ្ចប់បាន។ មានតែតាមរយៈការដឹកនាំរបស់ផ្លេកបន្ទោរនៅទិសខាងកើតប៉ុណ្ណោះ ទើបមនុស្សនឹងអាចឆ្លងកាត់ទ្វារដែលនាំទៅរកនគររបស់ខ្ញុំបាន។ នៅក្នុងចំណោមមនុស្ស ដែលបានឃើញផ្លេកបន្ទោរនៅទិសខាងកើត មិនដែលមាននរណាម្នាក់បានឃើញព្រះភ័ក្ត្ររបស់ខ្ញុំនោះទេ។ តើអ្នកដែលបានឮព្រះសូរសៀងចេញពីបល្ល័ង្ករបស់ខ្ញុំតិចប៉ុនណា? តាមពិត តាំងពីសម័យបុរាណ គ្មានមនុស្សណាម្នាក់បានចូលមកទាក់ទងដោយផ្ទាល់ជាមួយរាងកាយរបស់ខ្ញុំនោះទេ។ មានតែបច្ចុប្បន្ននេះ ពេលនេះ ដែលខ្ញុំបានយាងមកក្នុងពិភពលោកទេ ទើបមនុស្សមានឱកាសបានឃើញខ្ញុំ។ ប៉ុន្តែទោះបីជាពេលនេះក៏ដោយ មនុស្សនៅតែមិនស្គាល់ខ្ញុំ គេបានត្រឹមតែសម្លឹងមើលព្រះភ័ក្ត្ររបស់ខ្ញុំ ហើយគេគ្រាន់តែឮព្រះសូរសៀងរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែគេមិនយល់ពីអត្ថន័យរបស់ខ្ញុំនោះទេ។ មនុស្សទាំងអស់គឺបែបនេះ។ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ តើអ្នករាល់គ្នាមិនមានមោទនភាពខ្លាំងទេឬ នៅពេលដែលអ្នកឃើញព្រះភ័ក្ត្ររបស់ខ្ញុំ? ហើយតើអ្នកមិនមានអារម្មណ៍អៀនខ្មាស ដោយសារតែអ្នកមិនស្គាល់ខ្ញុំទេឬអី? ខ្ញុំយាងនៅក្នុងចំណោមមនុស្ស ហើយខ្ញុំរស់នៅក្នុងចំណោមមនុស្ស ដោយសារខ្ញុំបានក្លាយជាសាច់ឈាម ហើយខ្ញុំបានយាងចុះមកពិភពរបស់មនុស្ស។ គោលបំណងរបស់ខ្ញុំ មិនមែនគ្រាន់តែធ្វើឱ្យមនុស្សអាចមើលសាច់ឈាមរបស់ខ្ញុំនោះទេ សំខាន់ជាងនេះ គឺដើម្បីឱ្យមនុស្សស្គាល់ខ្ញុំ។ ជាងនេះទៅទៀត តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ នោះខ្ញុំនឹងកាត់ទោសមនុស្សដោយសារបាបរបស់ពួកគេ។ តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ ខ្ញុំនឹងយកឈ្នះនាគដ៏ធំមានសម្បុរក្រហម ហើយបំផ្លាញជម្រករបស់វាឱ្យវិនាសសាបសូន្យ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦២

មនុស្សទូទាំងពិភពលោក ធ្វើពិធីអបអរសារទរចំពោះការមកដល់នៃថ្ងៃរបស់ខ្ញុំ ហើយទេវតាទាំងឡាយយាងក្នុងចំណោមរាស្ត្រទាំងអស់របស់ខ្ញុំ។ នៅពេលដែលសាតាំងបង្កបញ្ហា នោះពួកទេវតាតែងតែជួយរាស្ត្ររបស់ខ្ញុំជានិច្ច ដោយសារតែការបម្រើរបស់ពួកគេនៅលើស្ថានសួគ៌។ ពួកគេមិនត្រូវបានបោកប្រាស់ដោយអារក្ស ដោយសារតែភាពកំសោយរបស់មនុស្សនោះទេ ផ្ទុយទៅវិញដោយសារតែការវាយលុកនៃកម្លាំងរបស់ភាពងងឹត ពួកគេប្រឹងប្រែងគ្រប់យ៉ាង ដើម្បីមានបទពិសោធជីវិតរបស់មនុស្សតាមរយៈអ័ព្ទ។ រាស្ត្ររបស់ខ្ញុំទាំងអស់ ចុះចូលនៅក្រោមព្រះនាមរបស់ខ្ញុំ ហើយមិនដែលមាននរណាម្នាក់ក្រោកឈរដើម្បីប្រឆាំងជំទាស់ខ្ញុំដោយចំហរនោះទេ។ ដោយសារតែការងាររបស់ពួកទេវតា នោះមនុស្សទទួលយកព្រះនាមរបស់ខ្ញុំ ហើយគ្រប់គ្នាស្ថិតនៅក្នុងលំហូរនៃកិច្ចការរបស់ខ្ញុំ។ ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង! ឱពិភពនៃសាសនាអើយ! តើអ្នកមិនត្រូវបានបំផ្លាញដោយសារអំណាចនៅលើផែនដីរបស់ខ្ញុំ បានយ៉ាងដូចម្តេចទៅ? តើនរណានៅតែហ៊ានមិនស្តាប់បង្គាប់ និងប្រឆាំងជំទាស់នឹងខ្ញុំ? អ្នកនិពន្ធ? គ្រប់ទាំងមន្ត្រីផ្នែកសាសនា? អ្នកគ្រប់គ្រង និងអាជ្ញាធរនៅលើផែនដី? ពួកទេវតា? តើនរណាដែលមិនធ្វើពិធីអបអរសាទរភាពគ្រប់លក្ខណ៍ និងភាពពេញលេញនៃរាងកាយរបស់ខ្ញុំនោះ? ក្នុងចំណោមមនុស្សទាំងអស់ តើនរណាមិនច្រៀងចម្រៀងសរសើររបស់ខ្ញុំដោយឥតឈប់នោះ ហើយតើនរណាដែលមិនសប្បាយរីករាយមិនឈប់នោះ? ខ្ញុំរស់នៅក្នុងដែនដីនៃជម្រករបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្តែរឿងនេះមិនបណ្តាលឱ្យខ្ញុំភ័យខ្លាចញាប់ញ័រ ឬក៏រត់ចេញនោះទេ ដោយសារតែមនុស្សទាំងអស់របស់វាបានចាប់ផ្តើមស្អប់វាទៅហើយ។ មិនដែលមានអ្វីមួយបំពេញ «ភារកិច្ច» របស់ខ្លួននៅខាងមុខនាគ ដើម្បីផលប្រយោជន៍របស់នាគនោះទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងទាំងអស់ធ្វើសកម្មភាពទៅតាមអ្វីដែលពួកគេមើលឃើញថាសមស្រប ហើយពួកវានីមួយៗក៏ទៅតាមផ្លូវរបស់វារៀងៗខ្លួន។ ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចវិនាសនោះ? ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចដួលចុះនោះ? ធ្វើដូចម្តេច ទើបរាស្ត្ររបស់ខ្ញុំមិនអាចរីករាយសាទរនោះ? ធ្វើដូចម្តេចទើបពួកគេមិនអាចច្រៀងចម្រៀងដោយអំណរនោះ? តើនេះជាកិច្ចការរបស់មនុស្សឬ? តើវាជាកិច្ចការនៃស្នាដៃរបស់មនុស្សឬ? ខ្ញុំបានប្រទានឫសគល់នៃជីវិតរបស់មនុស្ស ហើយបានប្រទានសម្ភារៈប្រើប្រាស់ដល់គេ ប៉ុន្ដែគេមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គេនោះទេ ហើយគេសុំចូលទៅក្នុងនគររបស់ខ្ញុំ។ ប៉ុន្តែ ធ្វើដូចម្តេចទើបគេអាចចូលទៅក្នុងនគររបស់ខ្ញុំបានដោយស្រួល ដោយមិនបានចេញថ្លៃ និងមិនចង់ថ្វាយការលះបង់អស់ពីខ្លួននោះ? ជំនួសឱ្យការទាមទារយកអ្វីម៉្យាងពីមនុស្ស ខ្ញុំធ្វើការតម្រូវចំពោះគេ នោះទើបនគររបស់ខ្ញុំនៅលើផែនដីពេញទៅដោយភាពរុងរឿង។ ខ្ញុំបានដឹកនាំមនុស្សចូលក្នុងយុគសម័យបច្ចុប្បន្ន គេមានជីវិតនៅក្នុងស្ថានភាពនេះ ហើយគេរស់នៅក្នុងការដឹកនាំនៃពន្លឺរបស់ខ្ញុំ។ ប្រសិនបើមិនដូច្នោះទេ តើនរណាក្នុងចំណោមមនុស្សនៅលើផែនដី នឹងដឹងពីសេចក្តីសង្ឃឹមរបស់ពួកគេនោះ? តើនរណានឹងយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ? ខ្ញុំបន្ថែមបទបញ្ញត្តិរបស់ខ្ញុំទៅក្នុងការទាមទារចំពោះមនុស្ស តើនេះមិនស្របទៅនឹងច្បាប់ធម្មជាតិទេឬ?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៣

នៅក្នុងនគរនេះ របស់សព្វសារពើជាច្រើននៃសត្តនិករ ចាប់ផ្ដើមមានជីវិតឡើងវិញ និងទទួលបានអនុភាពជីវិតរបស់គេមកវិញដែរ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី ព្រំដែនរវាងទឹកដីមួយ និងទឹកដីមួយទៀត ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំបានថ្លែងទំនាយទុកថា នៅពេលដែនដីផ្ដាច់ចេញពីដែនដី ហើយដែនដីរួមគ្នាជាដែនដី នៅគ្រានោះខ្ញុំនឹងវាយកម្ទេចជាតិសាសន៍ទាំងអស់ឱ្យខ្ទេចខ្ទី។ នៅពេលនេះ ខ្ញុំនឹងធ្វើឱ្យសត្តនិករទាំងអស់ បានជាថ្មីឡើងវិញ ហើយបែងចែកសកលលោកទាំងមូលម្ដងទៀត ខ្ញុំធ្វើដូច្នេះ ដោយធ្វើឱ្យសកលលោកនេះមានសណ្ដាប់ធ្នាប់ និងផ្លាស់ប្ដូរអ្វីៗដែលចាស់ឱ្យក្លាយជាថ្មីវិញ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នៅពេលជាតិសាសន៍ និងមនុស្សទាំងអស់លើផែនដី ត្រឡប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ នោះខ្ញុំនឹងយកភាពសម្បូរសប្បាយនៃស្ថានសួគ៌ ហើយយកមកដាក់នៅលើពិភពរបស់មនុស្ស ដើម្បីឱ្យគេអរព្រះគុណដល់ខ្ញុំ ដែលពិភពលោកនេះបានពេញដោយភាពសម្បូរសប្បាយគ្មានគូរប្រៀប។ តែដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំពាសពេញសកលលោក ព្រមទាំងធ្វើការវាយផ្ចាលដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖

ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។

នៅពេលដែលសូរសៀងរបស់ខ្ញុំលេចជ្រៅទៅក្នុងប្រពលភាព ខ្ញុំក៏សង្កេតមើលសភាពនៃសកលលោក។ សត្តនិករជាច្រើនអនេកក៏ត្រូវបានបង្កើតជាថ្មី តាមរយៈបន្ទូលរបស់ខ្ញុំ។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សក៏សម្ដែងចេញនូវសណ្ឋានដើមរបស់ខ្លួនសន្សឹមៗ រួចមនុស្សម្នាក់ៗត្រូវបានញែកទៅតាមជំពូករបស់គេ ហើយរកឃើញផ្លូវត្រឡប់ទៅក្នុងភាពជិតស្និទ្ធនឹងគ្រួសាររបស់គេវិញដោយមិនដឹងខ្លួន។ ការនេះធ្វើឱ្យខ្ញុំគាប់ព្រះហឫទ័យជាខ្លាំង។ ខ្ញុំមានសេរីភាពពីការរំខាន ចំណែកកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំវិញ ក៏បានសម្រេចដោយមិនដឹងខ្លួនគ្រប់យ៉ាងក្នុងសត្តនិករទាំងអស់ក៏ត្រូវបានបំផ្លាស់បំប្រែដែរ។ ពេលដែលខ្ញុំបង្កើតពិភពលោកនេះមក ខ្ញុំបង្កើតគ្រប់យ៉ាងតាមប្រភេទរបស់វា ដោយដាក់គ្រប់យ៉ាងទៅតាមសណ្ឋានព្រមគ្នានឹងប្រភេទរបស់វា។ នៅពេលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំ កាន់តែខិតមកជិត ខ្ញុំនឹងស្ដារសណ្ឋានដើមនៃការបង្កើត ខ្ញុំនឹងស្ដារគ្រប់យ៉ាងឱ្យដូចដើម ដោយផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុង ដើម្បីឱ្យគ្រប់យ៉ាងត្រឡប់ទៅជិតស្និទ្ធនឹងផែនការរបស់ខ្ញុំវិញ។ ពេលវេលាដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំ ជិតនឹងសម្រេចហើយ។ ឱពិភពលោកដ៏ស្មោកគ្រោក ចាស់គំរិលអើយ! អ្នកនឹងធ្លាក់ទៅក្រោមបន្ទូលរបស់ខ្ញុំ! អ្នកប្រាកដជាក្លាយជាភាពទទេ ដោយសារផែនការរបស់ខ្ញុំ! អ្នកគ្រប់គ្នានឹងទទួលបាននូវជីវិតថ្មីនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ អ្នកនឹងមានព្រះអម្ចាស់ដ៏មានអធិបតេយ្យភាព! ឱពិភពលោកថ្មីដ៏បរិសុទ្ធ និងឥតសៅហ្មងអើយ! អ្នកនឹងបានរស់ឡើងវិញជាប្រាកដនៅក្នុងសិរីរុងរឿងរបស់ខ្ញុំ! ឱភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងប់ស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ! ខ្ញុំបានពិនិត្យពិច័យផែនដីទាំងមូល ពីក្នុងចំណោមសត្តនិករទាំងអស់។ នៅលើផែនដី មនុស្សលោកបានចាប់ផ្ដើមជីវិតថ្មីមួយ ហើយបានទទួលសេចក្ដីសង្ឃឹមថ្មី។ ឱរាស្ត្រខ្ញុំអើយ! ម្ដេចក៏អ្នកមិនត្រឡប់មកឯជីវិតនៅក្នុងពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនលោតដោយអំណរ ក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងតែស្រែកហ៊ោដោយភាពរីករាយ ទឹកខ្ជោលឡើងដោយសំណើចដ៏រីករាយ! ឱអ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនអាចមានអំនួតចំពោះរឿងរ៉ាវនៃការកំណត់ទុកជាមុនរបស់ខ្ញុំ? តើនរណាយំសោក? តើនរណាទ្រហោរយំ? អ៊ីស្រាអែលចាស់លែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃក៏បានក្រោកឡើង លេចឡើង ហើយត្រដែតឡើងនៅក្នុងពិភពលោក និងបានឈរឡើងនៅក្នុងចិត្តរបស់មនុស្សទាំងអស់ផង។ អ៊ីស្រាអែលសព្វថ្ងៃ ច្បាស់ជាទទួលបាននូវប្រភពនៃអត្ថិភាពតាមរយៈរាស្ត្ររបស់ខ្ញុំ! ឱអេស៊ីព្ទដ៏គួរឱ្យស្អប់អើយ! អ្នកច្បាស់ជាមិននៅក្រោកឈរទាស់នឹងខ្ញុំទេ មែនទេ? ម្ដេចក៏អ្នកអាចកេងចំណេញពីព្រះគុណរបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? ម្ដេចក៏អ្នកមិនអាចមានវត្តមាននៅក្នុងការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងរស់នៅអស់កល្បជានិច្ចជាប្រាកដ អស់អ្នកណាដែលឈរទាស់នឹងខ្ញុំនឹងត្រូវខ្ញុំវាយផ្ចាលអស់កល្បជានិច្ចយ៉ាងប្រាកដ។ ដ្បិតខ្ញុំគឺជាព្រះដែលប្រចណ្ឌ ហើយដោយព្រោះគ្រប់យ៉ាងដែលមនុស្សបានធ្វើ នោះខ្ញុំនឹងមិនលើកលែងឱ្យគេស្រួលៗឡើយ។ ខ្ញុំនឹងឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំនឹងបើកសម្ដែងពីអង្គខ្ញុំដល់មនុស្សជាច្រើន ដោយលេចមកនៅទិសខាងកើតនៃផែនដីដោយសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល!

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៤

នៅពេលដែលពួកទេវតាលេងភ្លេងសរសើរតម្កើងខ្ញុំ ការនេះមិនអាចធ្វើអ្វីក្រៅតែពីធ្វើឱ្យរំជួលនូវការអាណិតអាសូររបស់ខ្ញុំចំពោះមនុស្សឡើយ។ ភ្លាមៗនោះ ព្រះហឫទ័យរបស់ខ្ញុំស្រាប់តែពោរពេញទៅដោយភាពសោកសៅ ហើយវាមិនអាចដកអង្គខ្ញុំចេញពីអារម្មណ៍ដ៏ឈឺចាប់នេះបានទេ។ នៅក្នុងសេចក្ដីអំណរ និងទុក្ខព្រួយពីការបែកបាក់ និងការជួបជុំជាមួយមនុស្សវិញ គឺយើងមិនអាចដោះដូរមនោសញ្ចេតនាបានទេ។ ដោយបានខណ្ឌចែករវាងស្ថានសួគ៌ខាងលើនិងផែនដីខាងក្រោម កម្រមានពេលដែលមនុស្ស និងខ្ញុំអាចជួបគ្នាបានណាស់។ តើអ្នកណាអាចគេចផុតពីការអាឡោះអាល័យចំពោះអារម្មណ៍កាលពីមុនបាន? តើអ្នកណាអាចឈប់នឹកពីរឿងអតីតកាលបាន? តើអ្នកណាដែលមិនសង្ឃឹមបានបន្តមនោសញ្ចេតនាពីអតីតកាលនោះ? តើអ្នកណាដែលមិនប្រាថ្នាចង់បានការយាងត្រឡប់មកវិញរបស់ខ្ញុំនោះ? តើអ្នកណាដែលមិនចង់បានការជួបជុំរវាងខ្ញុំជាមួយមនុស្សវិញនោះ? ព្រះហឫទ័យរបស់ខ្ញុំមានការខ្វល់ខ្វាយយ៉ាងខ្លាំង ឯវិញ្ញាណរបស់មនុស្សក៏មានការព្រួយបារម្ភខ្លាំងដែរ។ ថ្វីបើមានលក្ខណៈដូចគ្នាខាងវិញ្ញាណក៏ដោយ ក៏យើងមិនអាចនៅជាមួយគ្នាបានញឹកញាប់ដែរ ហើយយើងក៏មិនអាចជួបគ្នាបានញឹកញាប់ដែរ។ ដូច្នេះ ជីវិតរបស់មនុស្សជាតិទាំងអស់ជោរជន់ដោយទុក្ខព្រួយ និងការខ្វះខាតនូវភាពស្វាហាប់ ដ្បិតមនុស្សតែងតែចង់បានខ្ញុំខ្លាំងណាស់។ វាហាក់ដូចជាមនុស្ស គឺជាវត្ថុដែលត្រូវបានបោះចុះមកពីស្ថានសួគ៌មក ហើយពួកគេស្រែកហៅព្រះនាមខ្ញុំនៅលើផែនដី ដោយងើយមើលមកខ្ញុំពីដី ប៉ុន្តែតើពួកគេអាចគេចចេញពីចង្កូមនៃចចកដែលស្វែងរកចំណីដោយស្រេកឃ្លានបានយ៉ាងដូចម្ដេច? តើពួកគេអាចរំដោះខ្លួនចេញពីការគំរាមកំហែង និងសេចក្ដីល្បួងរបស់វាបានយ៉ាងដូចម្ដេច? តើធ្វើដូចម្ដេចទើបមនុស្សអាចមិនលះបង់ខ្លួនរបស់ពួកគេដោយសារការស្ដាប់បង្គាប់តាមការរៀបចំនៃផែនការរបស់ខ្ញុំបាន? នៅពេលពួកគេទទូចអង្វរយ៉ាងខ្លាំង ខ្ញុំងាកព្រះភក្ត្រចេញពីពួកគេ ខ្ញុំមិនអាចទ្រាំឱបដៃមើលតទៅទៀតបានទេ ប៉ុន្តែតើធ្វើម្ដេចទើបខ្ញុំមិនឮសម្រែកទាំងទឹកភ្នែករបស់ពួកគេបាន? ខ្ញុំនឹងកែតម្រូវភាពអយុត្តិធម៌នៅក្នុងពិភពមនុស្ស។ ខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយព្រះហស្ដរបស់ខ្ញុំផ្ទាល់នៅទូទាំងពិភពលោក ដោយហាមឃាត់មិនឱ្យសាតាំងធ្វើបាបរាស្ត្ររបស់ខ្ញុំតទៀត និងហាមឃាត់មិនឱ្យពួកសត្រូវធ្វើអ្វីៗដែលពួកវាចង់ធ្វើម្ដងទៀតទេ។ ខ្ញុំនឹងក្លាយជាស្ដេចនៅលើផែនដី ហើយផ្លាស់រាជបល្ល័ង្ករបស់ខ្ញុំទៅទីនោះ ដោយធ្វើឱ្យពួកសត្រូវទាំងអស់របស់ខ្ញុំដួលនៅលើដី ហើយសារភាពពីឧក្រិដ្ឋកម្មរបស់ខ្លួននៅចំពោះព្រះភ័ក្រ្ដខ្ញុំ។ នៅក្នុងភាពសោកសៅរបស់ខ្ញុំ មានទាំងកំហឹងនៅលាយឡំគ្នា ខ្ញុំនឹងជាន់ឈ្លីសាកលលោកទាំងមូលឱ្យសំប៉ែត ដោយមិនសន្ដោសនរណាម្នាក់ឡើយ ហើយធ្វើឱ្យពួកសត្រូវរបស់ខ្ញុំភ័យរន្ធត់បំផុត។ ខ្ញុំនឹងធ្វើឱ្យផែនដីទាំងមូលវិនាស និងធ្វើឱ្យពួកសត្រូវរបស់ខ្ញុំធ្លាក់ទៅក្នុងសេចក្ដីវិនាស ហើយចាប់ពីពេលនេះតទៅ ពួកវាមិនអាចធ្វើឱ្យមនុស្សជាតិពុករលួយទៀតទេ។ ផែនការរបស់ខ្ញុំបានកំណត់រួចហើយ ហើយគ្មានអ្នកណាម្នាក់ផ្លាស់ប្តូរវាបានឡើយ ទោះបីគេជានរណាក៏ដោយ។ នៅពេលខ្ញុំត្រាច់ចរក្នុងដំណើរអធិកអមដ៏មានឫទ្ធិពីលើសាកលលោក មនុស្សទាំងអស់នឹងត្រូវបានបង្កើតជាថ្មី ហើយគ្រប់យ៉ាងនឹងត្រូវបានធ្វើឱ្យរស់ឡើងវិញ។ មនុស្សនឹងលែងយំ លែងស្រែករកខ្ញុំសុំជំនួយទៀតហើយ។ ពេលនោះ ព្រះហឫទ័យរបស់ខ្ញុំនឹងត្រេកអរជាខ្លាំង ហើយមនុស្សនឹងត្រឡប់មកធ្វើពិធីអបអរដល់ខ្ញុំ។ សាកលលោកទាំងមូល តាំងពីលើដល់ក្រោម នឹងរំជើបរំជួលដោយសប្បាយរីករាយ ...

សព្វថ្ងៃនេះ ខ្ញុំកំពុងធ្វើកិច្ចការដែលខ្ញុំបានដាក់ចេញដើម្បីសម្រេចឱ្យបានក្នុងចំណោមប្រជាជាតិនានានៅក្នុងពិភពលោក។ ខ្ញុំផ្លាស់ទីចុះឡើងនៅក្នុងចំណោមមនុស្សជាតិ ដោយធ្វើកិច្ចការទាំងអស់នៅក្នុងផែនការរបស់ខ្ញុំ ហើយមនុស្សទាំងអស់កំពុងតែបំបែកប្រជាជាតិនានាតាមព្រះហឫទ័យរបស់ខ្ញុំ។ មនុស្សនៅលើផែនដីមានចំណាប់អារម្មណ៍ជាប់នឹងទិសដៅផ្ទាល់ខ្លួនរបស់ពួកគេ ដ្បិតថ្ងៃចុងក្រោយពិតជាមកកាន់តែជិតដល់ហើយ ហើយពួកទេវតាកំពុងតែផ្លុំត្រែរបស់ពួកគេ។ វានឹងគ្មានការពន្យារពេលទៀតឡើយ ហើយរបស់សព្វសារពើទាំងអស់នឹងចាប់ផ្ដើមរាំដោយសប្បាយរីករាយនៅពេលនោះ។ តើអ្នកណាអាចពន្យារថ្ងៃរបស់ខ្ញុំតាមចិត្តរបស់ខ្លួនបាន? អ្នកដែលរស់លើផែនដីឬ? ឬក៏ផ្កាយនៅលើមេឃ? ឬក៏ពួកទេវតា? នៅពេលដែលខ្ញុំមានព្រះបន្ទូលដើម្បីចាប់ផ្ដើមសេចក្ដីសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ថ្ងៃរបស់ខ្ញុំសង្កត់ធ្ងន់ទៅលើមនុស្សជាតិទាំងអស់។ មនុស្សគ្រប់រូបភ័យខ្លាចចំពោះការវិលមកវិញរបស់អ៊ីស្រាអែល។ នៅពេលអ៊ីស្រាអែលវិលមកវិញ នោះនឹងបានជាថ្ងៃនៃសិរីរុងរឿងរបស់ខ្ញុំ ដូច្នេះហើយវាក៏នឹងជាថ្ងៃដែលអ្វីៗគ្រប់យ៉ាងផ្លាស់ប្ដូរ និងក្លាយទៅជាថ្មីឡើងវិញផងដែរ។ នៅពេលការជំនុំជម្រះដ៏សុចរិតខិតជិតមកដល់សកលលោកទាំងមូល មនុស្សទាំងអស់កាន់តែកំសាក និងភ័យខ្លាច ព្រោះនៅក្នុងពិភពមនុស្ស មិនដែលមានសេចក្ដីសុចរិតសោះ។ នៅពេលព្រះអាទិត្យនៃសេចក្ដីសុចរិតលេចមក ទិសខាងកើតនឹងត្រូវបានបំភ្លឺ ហើយបន្ទាប់មកវានឹងបំភ្លឺសកលលោកទាំងមូលម្ដង រហូតទៅដល់មនុស្សគ្រប់គ្នា។ បើសិនជាមនុស្សពិតជាអាចប្រតិបត្តិសេចក្ដីសុចរិតរបស់ខ្ញុំបានមែន តើមានអ្វីដែលត្រូវភ័យខ្លាច? រាស្ត្ររបស់ខ្ញុំទាំងអស់កំពុងតែរង់ចាំថ្ងៃរបស់ខ្ញុំមកដល់ ពួកគេសុទ្ធតែចង់បានការមកដល់នៃថ្ងៃរបស់ខ្ញុំបំផុត។ ពួកគេរង់ចាំខ្ញុំធ្វើការផ្តន្ទាទោសមនុស្សជាតិទាំងអស់ ហើយរៀបចំគោលដៅរបស់មនុស្សជាតិតាមតួនាទីរបស់ខ្ញុំដែលជាព្រះអាទិត្យនៃសេចក្ដីសុចរិត។ នគររបស់ខ្ញុំកំពុងតែលេចចេញជារូបរាងនៅពីលើសកលលោកទាំងមូល ហើយរាជបល្ល័ង្ករបស់ខ្ញុំមានឥទ្ធិពលលើដួងចិត្តរបស់មនុស្សរាប់រយលាននាក់។ ដោយមានជំនួយពីពួកទេវតា សមិទ្ធផលដ៏ធំធេងរបស់ខ្ញុំនឹងហុចផលឆាប់ៗនេះ។ ពួកកូនប្រុសទាំងអស់របស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ កំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំយ៉ាងអន្ទះសា ដោយចង់ឱ្យខ្ញុំមកជួបជុំជាមួយពួកគេបំផុត ដោយមិនបែកបាក់គ្នាជាថ្មីទៀតឡើយ។ តើរាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់នៃនគររបស់ខ្ញុំ អាចមិនប្រណាំងគ្នាធ្វើពិធីអបអរដោយអំណរដោយសារលក្ខណៈរបស់ខ្ញុំនៅជាមួយនឹងពួកគេដូចម្ដេចនឹងកើត? តើនេះអាចជាការជួបជុំគ្នាដែលមិនចាំបាច់បង់ថ្លៃដែរឬទេ? ខ្ញុំមានកិត្តិយសនៅក្នុងភ្នែករបស់មនុស្សទាំងអស់ គ្រប់គ្នាប្រកាសអំពីខ្ញុំនៅក្នុងពាក្យសម្ដីគ្រប់ម៉ាត់របស់ពួកគេ។ លើសពីនេះទៀត នៅពេលខ្ញុំយាងត្រឡប់មកវិញ ខ្ញុំនឹងយកឈ្នះលើកម្លាំងសត្រូវទាំងអស់។ ពេលវេលាបានមកដល់ហើយ! ខ្ញុំនឹងចាប់ផ្ដើមដំណើរការកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងសោយរាជ្យជាស្ដេចក្នុងចំណោមមនុស្ស! ខ្ញុំកំពុងស្ថិតនៅលើចំណុចនៃការយាងត្រឡប់មកវិញ! ហើយខ្ញុំរៀបនឹងចាកចេញហើយ! នេះជាអ្វីដែលគ្រប់គ្នាសង្ឃឹម វាជាអ្វីដែលពួកគេចង់បាន។ ខ្ញុំនឹងឱ្យមនុស្សមើលឃើញការមកដល់នៃថ្ងៃរបស់ខ្ញុំ ហើយពួកគេនឹងសុទ្ធតែស្វាគមន៍ការមកដល់នៃថ្ងៃរបស់ខ្ញុំដោយសេចក្ដីអំណរ!

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៥

នៅថ្ងៃដែលរបស់សព្វសារពើត្រូវបានរស់ឡើងវិញ នោះខ្ញុំបានយាងមកនៅក្នុងចំណោមមនុស្ស ហើយខ្ញុំបានចំណាយពេលដ៏អស្ចារ្យទាំងថ្ងៃ ទាំងយប់ជាមួយគេ។ មានតែត្រង់ចំណុចនេះទេ ដែលមនុស្សអាចដឹងតិចតួចអំពីការដែលអាចចូលមកកាន់ខ្ញុំ ហើយនៅពេលដែលការប្រកបទាក់ទងរបស់គេជាមួយខ្ញុំកាន់តែញឹកញាប់ នោះគេនឹងមើលឃើញខ្លះៗអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ ហើយជាលទ្ធផល គេទទួលបានចំណេះដឹងខ្លះៗពីខ្ញុំ។ ខ្ញុំងើបព្រះសិរសារបស់ខ្ញុំទតមើលទៅក្នុងចំណោមមនុស្សទាំងអស់ ហើយពួកគេទាំងអស់គ្នាបានឃើញខ្ញុំ។ ប៉ុន្តែនៅពេលមានគ្រោះមហន្តរាយកើតឡើងដល់ពិភពលោក ពួកគេមានការថប់បារម្ភមួយរំពេច ហើយរូបអង្គរបស់ខ្ញុំក៏រសាត់បាត់ចេញពីចិត្តរបស់ពួកគេ។ ដោយការភ័យស្លន់ស្លោចំពោះការមកដល់នៃគ្រោះមហន្តរាយនេះ ពួកគេមិនយកចិត្តទុកដាក់ចំពោះការដាស់តឿនរបស់ខ្ញុំទេ។ ខ្ញុំបានយាងកាត់ក្នុងចំណោមមនុស្សជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេនៅតែមិនបានចាប់ភ្លឹក ហើយមិនដែលស្គាល់ខ្ញុំសោះឡើយ។ ថ្ងៃនេះខ្ញុំមានបន្ទូលប្រាប់គេដោយព្រះឱស្ឋខ្ញុំផ្ទាល់ ហើយខ្ញុំធ្វើឱ្យមនុស្សទាំងអស់មកនៅចំពោះខ្ញុំ ដើម្បីទទួលអ្វីមួយពីខ្ញុំ ប៉ុន្តែពួកគេនៅតែរក្សាគម្លាតឆ្ងាយពីខ្ញុំដដែល ដូច្នេះហើយពួកគេមិនស្គាល់ខ្ញុំទេ។ នៅពេលដែលស្នាមព្រះបាទារបស់ខ្ញុំជាន់នៅលើសកលលោកនេះ និងទៅដល់ចុងបំផុតនៃផែនដីហើយ នោះមនុស្សនឹងចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមនុស្សគ្រប់គ្នានឹងចូលមករកខ្ញុំ ទាំងក្រាបចុះនៅចំពោះព្រះភ័ក្ត្រខ្ញុំ ហើយថ្វាយបង្គំខ្ញុំផង។ ថ្ងៃនោះនឹងក្លាយជាថ្ងៃដែលខ្ញុំទទួលបានសិរីល្អ ជាថ្ងៃដែលខ្ញុំយាងត្រលប់មកវិញ ហើយក៏ជាថ្ងៃដែលខ្ញុំយាងចាកចេញទៅវិញផងដែរ។ ឥឡូវនេះ ខ្ញុំបានចាប់ផ្តើមនូវកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្សទាំងអស់ ហើយបានអនុវត្តផែនការគ្រប់គ្រងដំណាក់កាលចុងក្រោយរបស់ខ្ញុំជាផ្លូវការនៅទូទាំងចក្រវាឡទាំងមូល។ ចាប់ពីពេលនេះតទៅ អ្នកណាដែលមិនប្រយ័ត្នប្រយែង នឹងត្រូវទទួលខុសត្រូវចំពោះការធ្លាក់ចូលទៅក្នុងការវាយផ្ចាលដោយគ្មានមេត្តា ហើយការវាយផ្ចាលនេះអាចកើតមានឡើងគ្រប់ពេលទាំងអស់។ នេះមិនមែនដោយសារតែខ្ញុំគ្មានព្រះហឫទ័យនោះទេ ផ្ទុយទៅវិញ វាគឺជាជំហាននៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ អ្វីៗទាំងអស់ត្រូវតែបន្តទៅតាមជំហាននៃផែនការរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ នៅពេលដែលខ្ញុំចាប់ផ្តើមកិច្ចការរបស់ខ្ញុំជាផ្លូវការ មនុស្សទាំងអស់ធ្វើចលនានៅពេលដែលខ្ញុំធ្វើចលនា មនុស្សនៅទូទាំងសកលលោកទាំងអស់នោះបោះជំហានទៅជាមួយខ្ញុំ នោះនឹងមាន «ភាពសប្បាយរីករាយ» នៅទូទាំងសកលលោក ហើយមនុស្សនឹងត្រូវជំរុញទៅមុខដោយខ្ញុំ។ ជាលទ្ធផល នាគដ៏ធំមានសម្បុរក្រហមនឹងត្រូវខ្ញុំវាយឱ្យវង្វេងស្មារតី និងវល់គំនិត ហើយវាបម្រើកិច្ចការរបស់ខ្ញុំ ហើយទោះបីជាវាមិនមានឆន្ទៈធ្វើក៏ដោយ ក៏វាមិនអាចធ្វើតាមបំណងផ្ទាល់ខ្លួនរបស់វាបានដែរ ប៉ុន្តែវាគ្មានសល់ជម្រើសអ្វីក្រៅពីការចុះចូលក្រោមគ្រប់គ្រងរបស់ខ្ញុំនោះទេ។ ក្នុងគ្រប់ផែនការទាំងអស់របស់ខ្ញុំ នាគដ៏ធំមានសម្បុរក្រហមគឺជាគ្រឿងបន្ទាប់បន្សំរបស់ខ្ញុំ ជាសត្រូវរបស់ខ្ញុំ និងជាអ្នកបម្រើរបស់ខ្ញុំដែរ ដូច្នោះហើយបានជាខ្ញុំមិនដែលបន្ធូរបន្ថយ «សេចក្ដីតម្រូវ» របស់ខ្ញុំពីវាទេ។ ដូច្នេះដំណាក់កាលចុងក្រោយអំពីកិច្ចការនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ គឺត្រូវបានបំពេញរួចហើយ គឺនៅក្នុងផ្ទះសម្បែងរបស់វាតែម្ដង។ តាមវិធីនេះ នាគដ៏ធំមានសម្បុរក្រហម អាចបម្រើដល់ខ្ញុំបានកាន់តែសមរម្យ ដែលតាមរយៈការនោះ ខ្ញុំនឹងយកឈ្នះលើវា ហើយបញ្ចប់ផែនការរបស់ខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ ពួកទេវតាទាំងអស់ក៏រួមគ្នាជាមួយខ្ញុំចាប់ផ្ដើមធ្វើសង្គ្រាមផ្ដាច់ព្រ័ត្រ ហើយតាំងចិត្តបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ ដើម្បីឱ្យមនុស្សនៅលើផែនដីក្រាបចុះនៅចំពោះព្រះភ័ក្ត្រខ្ញុំដូចពួកទេវតាដែរ ហើយលែងមានបំណងទាស់នឹងខ្ញុំ និងលែងធ្វើអ្វីដែលបះបោរទាស់នឹងខ្ញុំទៀត។ ទាំងនេះគឺជាថាមពលនៃកិច្ចការរបស់ខ្ញុំនៅក្នុងចក្រវាឡទាំងមូល។

គោលបំណង និងសារៈសំខាន់នៃការយាងមកដល់របស់ខ្ញុំក្នុងចំណោមមនុស្ស គឺដើម្បីជួយសង្គ្រោះមនុស្សទាំងអស់ នាំមនុស្សទាំងអស់ឱ្យវិលត្រឡប់មកដំណាក់របស់ខ្ញុំវិញ ដើម្បីបង្រួបបង្រួមស្ថានសួគ៌ជាមួយនឹងផែនដី និងដើម្បីឱ្យមនុស្សដឹងពី «ទីសម្គាល់» រវាងស្ថានសួគ៌និងផែនដី ដែលនេះគឺជាមុខងារដែលមានស្រាប់របស់មនុស្ស។ នៅពេលដែលខ្ញុំបង្កើតមនុស្សជាតិមក ខ្ញុំបានរៀបចំរបស់សព្វសារពើរួចជាស្រេចសម្រាប់មនុស្សជាតិ ហើយក្រោយមក ខ្ញុំបានអនុញ្ញាតឱ្យមនុស្សជាតិទទួលទៅតាមសេចក្ដីតម្រូវរបស់ខ្ញុំ ដែលជាទ្រព្យសម្បត្តិដែលខ្ញុំបានផ្តល់ឱ្យគេ។ ដូច្នេះ ទើបខ្ញុំមានបន្ទូលថា ស្ថិតក្រោមការដឹកនាំរបស់ខ្ញុំនេះហើយ ដែលមនុស្សទាំងអស់បានឈានមកដល់សព្វថ្ងៃ។ ហើយនេះគឺជាផែនការរបស់ខ្ញុំទាំងអស់។ ក្នុងចំណោមមនុស្សគ្រប់រូប មានមនុស្សជាច្រើនរាប់មិនអស់ រស់នៅក្រោមការការពារនៃសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយមានមនុស្សជាច្រើនរាប់មិនអស់ រស់នៅក្រោមការវាយផ្ចាលនៃសេចក្ដីសម្អប់របស់ខ្ញុំ។ ទោះបីជាមនុស្សទាំងអស់អធិស្ឋានដល់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែមិនអាចផ្លាស់ប្តូរកាលៈទេសៈបច្ចុប្បន្នរបស់ពួកគេបានឡើយ។ កាលណាពួកគេអស់សង្ឃឹមពួកគេគ្រាន់តែទុកឱ្យវាកើតឡើងដោយឯកឯង ហើយលែងស្តាប់បង្គាប់ខ្ញុំតទៅទៀត ដ្បិតអ្វីៗទាំងអស់នេះអាចសម្រេចបានតាមរយៈមនុស្ស។ នៅពេលនិយាយអំពីសណ្ឋាននៃជីវិតរបស់មនុស្ស គឺមនុស្សមិនទាន់រកឃើញនូវជីវិតដ៏ពិតនៅឡើយទេ គេនៅតែមិនទាន់ប្រទះឃើញនូវភាពអយុត្តិធម៌ ការបំផ្លិចបំផ្លាញ និងស្ថានភាពដ៏លំបាកនៃពិភពលោកនៅឡើយទេ ដូច្នេះហើយ តើវាមិនមែនជាការចូលមកដល់នៃគ្រោះមហន្តរាយទេឬអី ដោយមនុស្សភាគច្រើននៅតែប្រកាន់ខ្ជាប់ចំពោះធម្មជាតិ និងនៅតែទាញចំណាប់អារម្មណ៍ខ្លួនឯងទៅលើរសជាតិនៃ «ជីវិត» នៅឡើយ។ តើនេះមិនមែនជាសេចក្ដីពិតរបស់ពិភពលោកទេឬ? តើនេះមិនមែនជាសំឡេងនៃសេចក្ដីសង្គ្រោះ ដែលខ្ញុំបានមានបន្ទូលទៅកាន់មនុស្សទេឬ? ហេតុអ្វីក្នុងចំណោមមនុស្សជាតិ មិនមានអ្នកណាធ្លាប់ស្រឡាញ់ខ្ញុំដោយពិតប្រាកដ? ហេតុអ្វីបានជាមនុស្សស្រឡាញ់ខ្ញុំតែនៅពេលមានការវាយផ្ចាល និងជួបទុក្ខលំបាក ចុះពេលកំពុងស្ថិតក្រោមការការពាររបស់ខ្ញុំ ម្ដេចក៏គ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំសោះអ៊ីចឹង? ខ្ញុំបានដាក់ការវាយផ្ចាលរបស់ខ្ញុំជាច្រើនដងមកលើមនុស្ស។ ពួកគេក្រឡេកមើលវា ប៉ុន្តែក្រោយមកពួកគេព្រងើយកន្តើយនឹងវា ហើយពួកគេមិនបានសិក្សា និងសញ្ជឹងគិតពីវានៅពេលនេះទេ ដូច្នេះហើយ អ្វីទាំងអស់ដែលកើតឡើងលើមនុស្ស គឺជាការជំនុំជម្រះដោយគ្មានមេត្តា។ នេះគ្រាន់តែជាវិធីសាស្រ្តមួយនៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ តែវានៅតែជាវិធីសាស្រ្តដើម្បីផ្លាស់ប្តូរមនុស្ស និងធ្វើឱ្យគេស្រលាញ់ខ្ញុំ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៦

ខ្ញុំគ្រងរាជ្យនៅក្នុងនគរព្រះ ហើយលើសពីនេះទៀត ខ្ញុំសោយរាជ្យនៅទូទាំងសកលលោកទាំងមូល។ ខ្ញុំជាស្ដេចនៃនគរព្រះ និងជាប្រមុខនៃសកលលោក។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រមូលអស់អ្នកដែលខ្ញុំមិនបានជ្រើសរើស ហើយនឹងចាប់ផ្តើមកិច្ចការរបស់ខ្ញុំក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំនឹងប្រកាសនូវបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដល់សកលលោកទាំងមូល ដើម្បីឱ្យខ្ញុំឈានទៅជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងប្រើការវាយផ្ចាល ដើម្បីផ្សព្វផ្សាយកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ មានន័យថា ខ្ញុំនឹងប្រើកម្លាំងប្រឆាំងនឹងអស់អ្នកណាដែលជាសាសន៍ដទៃ។ ជាធម្មតា កិច្ចការនេះនឹងត្រូវធ្វើនៅពេលដំណាលគ្នានឹងកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមរាស្រ្តរើសតាំងដែរ។ នៅពេលដែលប្រជារាស្ដ្ររបស់ខ្ញុំគ្រប់គ្រង និងកាន់អំណាចនៅលើផែនដី នោះក៏នឹងជាថ្ងៃដែលមនុស្សទាំងអស់នៅលើផែនដីត្រូវបានយកឈ្នះ ហើយលើសពីនេះទៀត វានឹងជាពេលវេលាដែលខ្ញុំសម្រាក ហើយមានតែពេលនោះទេ ដែលខ្ញុំនឹងលេចមកចំពោះអស់អ្នកដែលត្រូវបានយកឈ្នះ។ ខ្ញុំលេចមកក្នុងនគរដ៏បរិសុទ្ធ ហើយលាក់បំពួនអង្គខ្ញុំពីទឹកដីដ៏ស្មោកគ្រោកនេះ។ អស់អ្នកដែលត្រូវបានយកឈ្នះ ហើយស្តាប់បង្គាប់នៅចំពោះខ្ញុំ គឺអាចមើលឃើញព្រះភ័ក្រ្ដរបស់ខ្ញុំដោយផ្ទាល់ភ្នែក ហើយអាចស្តាប់សំឡេងខ្ញុំដោយត្រចៀករបស់ពួកគេផ្ទាល់។ នេះគឺជាព្រះពរដល់អស់អ្នកដែលបានកើតនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយនេះ គឺជាព្រះពរដែលខ្ញុំបានកំណត់ទុកជាមុន ហើយនេះគឺជាអ្វីដែលមិនអាចកែប្រែបានដោយមនុស្សណាម្នាក់ឡើយ។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការតាមរបៀបនេះ ដើម្បីជាប្រយោជន៍ដល់កិច្ចការនាពេលអនាគត។ រាល់កិច្ចការរបស់ខ្ញុំគឺមានទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងនោះមានការអំពាវនាវ និងការឆ្លើយតប៖ មិនដែលមានជំហានណាមួយត្រូវបញ្ឈប់ភ្លាមៗ ហើយក៏មិនដែលមានជំហានណាមួយត្រូវបានអនុវត្តដោយឯករាជ្យពីជំហានផ្សេងទៀតឡើយ។ តើមិនមែនដូច្នេះទេឬ? តើកិច្ចការពីអតីតកាលមិនមែនជាគ្រឹះនៃកិច្ចការសព្វថ្ងៃទេឬ? តើព្រះបន្ទូលពីអតីតកាល មិនមែនជាព្រះបន្ទូលពីមុន ដែលសម្រាប់ព្រះបន្ទូលសព្វថ្ងៃទេឬអី? តើជំហាននៃអតីតកាល មិនមែនជាដើមកំណើតនៃជំហាននៅសព្វថ្ងៃនេះទេឬ? នៅពេលដែលខ្ញុំបើកក្រាំងជាផ្លូវការ នោះគឺជាពេលដែលមនុស្សនៅក្នុងចក្រវាឡទាំងមូលត្រូវទទួលការវាយផ្ចាល ជាពេលដែលមនុស្សនៅក្នុងលោកីយ៍ត្រូវធ្លាក់ទៅក្នុងការល្បងល ហើយវាជាចំណុចកំពូលនៃកិច្ចការរបស់ខ្ញុំ។ មនុស្សទាំងអស់រស់នៅក្នុងទឹកដីដែលគ្មានពន្លឺ ហើយមនុស្សទាំងអស់រស់នៅដោយមានការគំរាមកំហែងពីមជ្ឈដ្ឋានរបស់ពួកគេ។ អាចនិយាយម៉្យាងទៀតបានថា នេះជាជីវិតដែលមនុស្សមិនធ្លាប់ជួបប្រទះនោះទេ ចាប់តាំងពីគ្រានៃការបង្កើតលោកីយ៍រហូតមកដល់បច្ចុប្បន្ននេះ ហើយគ្មាននរណាម្នាក់ក្នុងមួយជីវិតគេ ធ្លាប់បាន «រីករាយ» នឹងជីវិតបែបនេះឡើយ ម្ល៉ោះហើយទើបខ្ញុំមានបន្ទូលថា ខ្ញុំបានធ្វើកិច្ចការដែលមិនធ្លាប់មានអ្នកណាបានធ្វើពីមុនមកឡើយ។ នេះគឺជាសណ្ឋានដ៏ពិតនៃកិច្ចការ ហើយនេះគឺជាអត្ថន័យនៅខាងក្នុងចិត្ត។ ដោយសារថ្ងៃរបស់ខ្ញុំខិតជិតមកកៀកនឹងមនុស្សជាតិរាល់គ្នាហើយដោយសារតែថ្ងៃនោះហាក់ដូចជានៅមិនឆ្ងាយប៉ុន្មានទេ ប៉ុន្តែគឺនៅនឹងមុខមនុស្សតែម្ដង ជាលទ្ធផល តើអ្នកណាមិនមានការខ្លាចរអាទៅ? ហើយតើអ្នកណាមិនអាចរីករាយខ្លាំងចំពោះរឿងនេះទៅ? ទីបំផុត ទីក្រុងបាប៊ីឡូនដ៏ស្មោកគ្រោកបានឈានដល់ទីបញ្ចប់ហើយ។ មនុស្សបានជួបនឹងពិភពដ៏ថ្មីស្រឡាងម្ដងទៀត ហើយផ្ទៃមេឃនិងផែនដីត្រូវបានផ្លាស់ប្តូរ និងបង្កើតជាថ្មី។

នៅពេលដែលខ្ញុំលេចមកឯគ្រប់ជាតិសាសន៍ និងមនុស្សទាំងអស់ ពពកពណ៌សបក់បោកនៅលើមេឃ ហើយគ្របដណ្ដប់លើខ្ញុំ។ ដូច្នេះ សត្វស្លាបនៅលើផែនដីនឹងច្រៀង ហើយរាំដោយអំណរថ្វាយដល់ខ្ញុំ ដោយរំលេចឱ្យឃើញបរិយាកាសនៅលើផែនដី ហើយជាហេតុធ្វើឱ្យរបស់សព្វសារពើនៅលើផែនដីមានជីវិតរស់រវើក លែងមានការ «រសាត់ចុះក្រោមបន្ដិចម្ដងៗ» ទៀតឡើយ ប៉ុន្តែជំនួសមកវិញដោយការរស់នៅក្នុងមជ្ឈដ្ឋានមួយដែលប្រកបដោយថាមពល។ នៅពេលដែលខ្ញុំស្ថិតនៅក្នុងពពក នោះមនុស្សអាចមើលឃើញព្រះភក្រ្ដ និងព្រះនេត្ររបស់ខ្ញុំយ៉ាងច្បាស់ ហើយនៅពេលនេះ គេមានអារម្មណ៍ភ័យខ្លាចបន្តិច។ កាលពីមុន គេបានឮកំណត់ត្រាប្រវត្តិសាស្រ្តអំពីខ្ញុំនៅក្នុងរឿងព្រេង ហើយជាលទ្ធផល គេមានជំនឿតែពាក់កណ្តាលប៉ុណ្ណោះ ហើយមានការសង្ស័យចំពោះខ្ញុំពាក់កណ្ដាល។ គេមិនដឹងថាខ្ញុំនៅឯណា ឬព្រះភក្រ្តរបស់ខ្ញុំធំប៉ុនណានោះទេ តើព្រះភក្រ្តរបស់ខ្ញុំមិនធំទូលាយដូចសមុទ្រ ឬធំទូលាយគ្មានព្រំដែនដូចវាលស្មៅបៃតងទេឬអី? គ្មានអ្នកណាដឹងរឿងទាំងនេះទេ។ មានតែនៅពេលដែលមនុស្សបានឃើញព្រះភក្រ្តរបស់ខ្ញុំនៅលើពពកនាពេលសព្វថ្ងៃនេះទេ ទើបមនុស្សមានអារម្មណ៍ថា ខ្ញុំដែលនៅក្នុងរឿងព្រេងនោះ គឺមានពិតប្រាកដ ដូច្នេះហើយ គេក៏ក្លាយជាមនុស្សដែលគាប់ព្រះហឫទ័យដល់ខ្ញុំ ហើយគឺដោយសារតែទង្វើរបស់ខ្ញុំប៉ុណ្ណោះ ទើបធ្វើឱ្យការកោតសរសើររបស់គេចំពោះខ្ញុំត្រឡប់ជាធំជាងនេះបន្តិច។ ប៉ុន្តែមនុស្សនៅតែមិនស្គាល់ខ្ញុំ ហើយគេឃើញតែផ្នែកមួយរបស់ខ្ញុំនៅក្នុងពពកប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំក៏លាតព្រះហស្ដរបស់ខ្ញុំ ហើយបង្ហាញឱ្យមនុស្សឃើញ។ មនុស្សមានការងឿងឆ្ងល់ និងដាក់ដៃនៅលើមាត់របស់គេ ដោយភ័យខ្លាចយ៉ាងខ្លាំងថានឹងត្រូវវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំ ដូច្នេះហើយ គេក៏បន្ថែមការគោរពបន្ដិចបន្ដួចពីលើការកោតសរសើររបស់គេចំពោះខ្ញុំ។ មនុស្សសម្លឹងមើលគ្រប់សកម្មភាពរបស់ខ្ញុំ ដោយភ័យខ្លាចជាខ្លាំងថា គេនឹងត្រូវវាយផ្ដួលដោយសារខ្ញុំ នៅពេលដែលគេមិនយកចិត្តទុកដាក់ ប៉ុន្តែខ្ញុំមិន ត្រូវបានដាក់កម្រិតដោយសារតែការឃ្លាំមើលរបស់មនុស្សនោះឡើយ ហើយខ្ញុំនៅតែបន្តធ្វើកិច្ចការដោយព្រះហស្ដរបស់ខ្ញុំ។ មានតែនៅក្នុងទង្វើទាំងអស់របស់ខ្ញុំនោះទេ ដែលអាចធ្វើឱ្យមនុស្សមានការពេញចិត្តចំពោះខ្ញុំបានខ្លះ ម៉្លោះហើយ គេក៏ចូលមកបន្តិចម្តងៗនៅចំពោះខ្ញុំ ដើម្បីចូលរួមជាមួយខ្ញុំ។ នៅពេលដែលខ្ញុំត្រូវបានបើកសម្ដែងឱ្យមនុស្សឃើញអំពីលក្ខណៈទាំងស្រុងរបស់ខ្ញុំ នោះមនុស្សនឹងមើលឃើញព្រះភក្រ្តរបស់ខ្ញុំ ហើយចាប់ពីពេលនោះទៅ ខ្ញុំនឹងមិនលាក់ព្រះភក្រ្ដ ឬលាក់បាំងព្រះកាយរបស់ខ្ញុំពីមនុស្សទៀតទេ។ នៅទូទាំងសកលលោក ខ្ញុំនឹងលេចមកជាសាធារណៈនៅចំពោះមនុស្សទាំងអស់ ហើយអស់អ្នកដែលនៅជាប់សាច់និងឈាម នឹងមើលឃើញទង្វើទាំងអស់របស់ខ្ញុំ។ អស់អ្នកដែលនៅជាប់នឹងវិញ្ញាណ នឹងរស់នៅដោយសុខសាន្តនៅក្នុងដំណាក់របស់ខ្ញុំ ហើយនឹងរីករាយចំពោះព្រះពរដ៏អស្ចារ្យទាំងអស់គ្នាជាមួយខ្ញុំ។ អស់អ្នកដែលខ្ញុំថែរក្សា ប្រាកដជានឹងគេចផុតពីការវាយផ្ចាល ហើយច្បាស់ជានឹងចៀសផុតពីការឈឺចាប់ខាងវិញ្ញាណ និងការឈឺចាប់ខាងសាច់ឈាម។ ខ្ញុំនឹងលេចមកជាសាធារណៈនៅចំពោះមនុស្សទាំងអស់ ហើយគ្រប់គ្រងនិងប្រើអំណាចដើម្បីឱ្យក្លិនរបស់សាកសពលែងមាននៅលើសកលលោកទៀត។ ផ្ទុយទៅវិញ ក្លិនក្រអូបឈ្ងុយឈ្ងប់របស់ខ្ញុំ នឹងសាយភាយពាសពេញពិភពលោកទាំងមូល ព្រោះថ្ងៃកំណត់របស់ខ្ញុំជិតមកដល់ហើយ មនុស្សនឹងដឹងខ្លួន អ្វីៗនៅលើផែនដីនឹងមានរបៀបរៀបរយ ហើយថ្ងៃនៃការរួចពីសេចក្ដីស្លាប់នៃផែនដីនេះ នឹងមិនមានទៀតទេ ដ្បិតខ្ញុំបានយាងមកដល់ហើយ!

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៧

ខ្ញុំនឹងបំពេញស្ថានសួគ៌ដោយការបើកបង្ហាញនូវសកម្មភាពរបស់ខ្ញុំ ហើយធ្វើឱ្យអ្វីៗនៅលើផែនដីក្រាបចុះក្រោមព្រះចេស្ដារបស់ខ្ញុំ ដែលនឹងអនុវត្តផែនការរបស់ខ្ញុំសម្រាប់ «សាមគ្គីភាពជាសកល» និងនាំយកបំណងព្រះហឫទ័យរបស់ខ្ញុំមួយនេះឱ្យកើតចេញជាផ្លែផ្កា នោះទើបមនុស្សនឹងលែង «ដើរត្រាច់ចរ» នៅលើផ្ទៃផែនដីតទៅទៀត ប៉ុន្តែពួកគេរកឃើញគោលដៅដ៏សមរម្យមួយដោយគ្មានការពន្យារពេលនោះទេ។ ខ្ញុំគិតពីពូជមនុស្សនៅក្នុងគ្រប់វិធីទាំងអស់ ដោយធ្វើឱ្យពូជមនុស្សទៅជាដូច្នោះ នោះទើបមនុស្សជាតិទាំងអស់នឹងមានជីវិតនៅលើដែនដីនៃសន្តិភាព និងសេចក្ដីសុខនៅពេលដ៏ខ្លីខាងមុខ នោះទើបថ្ងៃនៃជីវិតរបស់ពួកគេនឹងលែងកើតទុក្ខ និងសោះកក្រោះតទៅទៀត ហើយទើបផែនការរបស់ខ្ញុំនឹងមិនមកលើផែនដីដោយគ្មានផលផ្លែ។ ដោយសារតែមនុស្សរស់នៅទីនោះ ខ្ញុំនឹងកសាងជាតិសាសន៍របស់ខ្ញុំនៅលើផែនដី ដោយសារតែផ្នែកមួយនៃការបើកបង្ហាញពីសិរីល្អរបស់ខ្ញុំគឺនៅលើផែនដី។ នៅស្ថានសួគ៌ខាងលើ ខ្ញុំនឹងរៀបចំទីក្រុងរបស់ខ្ញុំយ៉ាងត្រឹមត្រូវ ដូច្នេះហើយនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងថ្មី ទាំងនៅខាងលើ និងខាងក្រោម។ ខ្ញុំនឹងធ្វើឱ្យគ្រប់យ៉ាងដែលមាននៅខាងលើ និងពីក្រោមស្ថានសូគ៌រួបរួមគ្នាតែមួយ នោះទើបរបស់សព្វសារពើនៅលើផែនដីនឹងត្រូវបានរួបរួមតែមួយជាមួយនឹងរបស់សព្វសារពើនៅលើស្ថានសួគ៌។ នេះគឺជាផែនការរបស់ខ្ញុំ! វាគឺជាអ្វីដែលខ្ញុំត្រូវសម្រេចនៅយុគសម័យចុងក្រោយ មិនត្រូវឱ្យនរណាម្នាក់ជ្រៀតជ្រែកកិច្ចការរបស់ខ្ញុំនៅផ្នែកនេះឡើយ! ការពង្រាយកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមជាតិសាសន៍ដទៃ គឺជាផ្នែកចុងក្រោយនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី។ គ្មាននរណាម្នាក់អាចយល់ពីកិច្ចការដែលខ្ញុំនឹងធ្វើនោះទេ ហើយដោយសារតែហេតុផលនេះ មនុស្សក៏ត្រូវបានធ្វើឱ្យវង្វេងវង្វាន់បន្តិចដែរ។ ហើយដោយសារតែខ្ញុំរវល់នឹងកិច្ចការរបស់ខ្ញុំនៅលើផែនដី នោះមនុស្សក៏ឆ្លៀតឱកាស «លេងសើច»។ ដើម្បីមិនឱ្យពួកគេឥតវិន័យពេក ជាដំបូងខ្ញុំដាក់ពួកគេនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ ដើម្បីស៊ូទ្រាំនឹងវិន័យរបស់បឹងភ្លើង។ នេះគឺជាជំហានមួយនៅក្នុងកិច្ចការរបស់ខ្ញុំ ហើយខ្ញុំនឹងប្រើប្រាស់ឫទ្ធានុភាពនៃបឹងភ្លើងដើម្បីសម្រេចកិច្ចការរបស់ខ្ញុំនៅជំហាននេះ។ បើមិនដូច្នោះទេ នោះវាមិនអាចអនុវត្តកិច្ចការរបស់ខ្ញុំបានឡើយ។ ខ្ញុំនឹងឱ្យមនុស្សទូទាំងពិភពលោកចុះចូលនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ដោយបែងចែកពួកគេជាពីរប្រភេទផ្សេងគ្នា ស្របទៅតាមការជំនុំជម្រះរបស់ខ្ញុំ ដោយចាត់ចំណាត់ថ្នាក់ពួកគេទៅតាមប្រភេទទាំងអស់នេះ ហើយលើសពីនេះ ចាត់ពួកគេទៅក្នុងគ្រួសាររបស់ពួគេ នោះមនុស្សជាតិទាំងមូលនឹងលែងមិនស្ដាប់បង្គាប់ខ្ញុំទៀត ផ្ទុយទៅវិញ ពួកគេធ្លាក់ទៅក្នុងការរៀបចំដ៏មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ស្របទៅតាមប្រភេទដែលខ្ញុំបានដាក់ឈ្មោះឱ្យ ពោលគឺមិនអនុញ្ញាតឱ្យនរណាម្នាក់អាចផ្លាស់ទីតាមការនឹកឃើញនោះទេ! នៅទូទាំងពិភពលោក ខ្ញុំបាននាំមកនូវកិច្ចការថ្មី។ នៅទូទាំងពិភពលោក មនុស្សទាំងអស់ត្រូវបានធ្វើឱ្យវង្វេង និងភាំងស្មារតីដោយការលេចមកភ្លាមៗរបស់ខ្ញុំ ចំណេះដឹងតិចតួចរបស់ពួកគេក៏បានកើនឡើងដោយសារការលេចមករបស់ខ្ញុំដោយបើកចំហ។ តើបច្ចុប្បន្ននេះ មិនដូច្នោះទេឬ?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៨

ខ្ញុំកំពុងពង្រីកកិច្ចការរបស់ខ្ញុំ ក្នុងចំណោមជាតិសាសន៍ដទៃ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពេញទាំងសកលលោក។ មនុស្សផ្កាយ-ផ្កាយ-ចំណុច-ចំណុចទាំងអស់ ស្ពាយនូវបំណងព្រះហឫទ័យរបស់ខ្ញុំនៅជាប់នឹងខ្លួន ហើយពួកគេត្រូវបានដឹកនាំដោយព្រះហស្ដរបស់ខ្ញុំ និងត្រៀមធ្វើកិច្ចការដែលខ្ញុំបានចាត់ចែងឱ្យ។ ចាប់ពីពេលនេះទៅ ខ្ញុំបានចូលទៅក្នុងយុគសម័យថ្មីមួយ ដោយនាំយកមនុស្សទាំងអស់ទៅក្នុងពិភពថ្មីនោះ។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅ «ទឹកដីកំណើត» របស់ខ្ញុំវិញ ខ្ញុំនឹងចាប់ផ្តើមធ្វើកិច្ចការមួយចំណែកទៀត នៅក្នុងផែនការដើមរបស់ខ្ញុំ ដើម្បីឱ្យមនុស្សស្គាល់ខ្ញុំកាន់តែជ្រាលជ្រៅជាងមុន។ ខ្ញុំទតឃើញសកលលោកទាំងមូលដោយគ្មានចន្លោះ ហើយខ្ញុំយល់ឃើញថា[ក] វាជាឱកាសមួយដ៏ល្អសម្រាប់កិច្ចការរបស់ខ្ញុំ ហេតុនេះបានជាខ្ញុំប្រញាប់ប្រញាល់យាងទៅមកចុះឡើង ដោយបំពេញកិច្ចការថ្មីរបស់ខ្ញុំចំពោះមនុស្ស។ នេះគឺជាយុគសម័យថ្មីមួយ ហើយទីបំផុត ខ្ញុំបាននាំកិច្ចការថ្មីមក ដើម្បីនាំមនុស្សថ្មីៗបន្ថែមទៀតចូលទៅក្នុងយុគសម័យថ្មីនេះ ហើយបោះចោលមនុស្សដែលខ្ញុំត្រូវផាត់ចោលនោះមួយឡែកសិន។ ខ្ញុំបានអនុវត្តដំណាក់កាលមួយនៃកិច្ចការដែលមនុស្សពុំអាចយល់បាននៅក្នុងជាតិសាសន៍នៃនាគដ៏ធំមានសម្បុរក្រហម ដោយធ្វើឱ្យពួកគេយោលយោគទៅមកនៅក្នុងខ្យល់ ហើយក្រោយមក មនុស្សជាច្រើនត្រូវរសាត់បាត់ទៅយ៉ាងស្ងៀមស្ងាត់ ដោយសារខ្យល់បក់។ ពិតណាស់ នេះគឺជា «លានបោកស្រូវ» ដែលខ្ញុំនឹងត្រូវជម្រះឱ្យស្អាត។ ជាកិច្ចការដែលខ្ញុំទន្ទឹងជាខ្លាំង ហើយក៏ជាផែនការរបស់ខ្ញុំផងដែរ។ ដ្បិតមនុស្សអាក្រក់ជាច្រើនបានលបលួចចូលមក នៅពេលខ្ញុំកំពុងធ្វើការ ប៉ុន្តែខ្ញុំមិនប្រញាប់បណ្ដេញពួកគេចេញនោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងកម្ចាត់ពួកគេចោលនៅពេលឱកាសល្អមកដល់។ ទាល់តែកិច្ចការនេះរួចរាល់សិន ទើបខ្ញុំនឹងក្លាយជារន្ធទឹកនៃជីវិត ដែលអាចឱ្យអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដ មកទទួលផ្លែល្វា និងគន្ធាក្រអូបសាយនៃផ្កាកំភ្លឹងបាន។ នៅក្នុងទឹកដីដែលសាតាំងស្នាក់នៅ គឺជាទឹកដីដែលមានសុទ្ធតែធូលី នៅទីនោះគ្មានសល់មាសសុទ្ធទេ សល់តែដីខ្សាច់ប៉ុណ្ណោះ ហេតុនេះ ខ្ញុំក៏បំពេញកិច្ចការមួយដំណាក់កាល តម្រូវទៅតាមកាលៈទេសៈទាំងនេះសិន។ អ្នកគប្បីដឹងថា អ្វីដែលខ្ញុំទទួលបានគឺមាសសុទ្ធ ជាមាសដែលបន្សុទ្ធរួច មិនមែនជាខ្សាច់ទេ។ តើមនុស្សអាក្រក់អាចស្ថិតនៅក្នុងដំណាក់របស់ខ្ញុំបានយ៉ាងដូចម្ដេចទៅ? តើខ្ញុំអាចអនុញ្ញាតឱ្យពពួកសត្វកញ្ជ្រោង ក្លាយជាបញ្ញើក្អែកនៅក្នុងឋានសួគ៌ខ្ញុំបានដោយវិធីណាទៅ? ខ្ញុំប្រើគ្រប់វិធីសាស្រ្តដែលខ្ញុំគិតឃើញ ដើម្បីបណ្ដេញរបស់ទាំងអស់នេះចេញ។ មុនពេលបញ្ចេញប្រាប់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឱ្យគេបានដឹង នោះគ្មាននរណាម្នាក់ដឹងអំពីអ្វីដែលខ្ញុំហៀបនឹងធ្វើឡើយ។ ខ្ញុំក៏នឹងចាប់យកឱកាសនេះ ដើម្បីបណ្ដេញមនុស្សអាក្រក់ចេញ ហើយពួកគេនឹងត្រូវបង្ខំឱ្យចេញពីព្រះវត្តមានរបស់ខ្ញុំ។ ខ្ញុំធ្វើដាក់ពួកមនុស្សអាក្រក់ដោយបែបនេះឯង ប៉ុន្តែគង់មានថ្ងៃណាមួយពួកគេអាចបម្រើខ្ញុំបានទេ។ ចំណង់ដែលមនុស្សចង់បានការប្រទានពរ គឺខ្លាំងក្លាណាស់។ ហេតុនេះ ខ្ញុំនឹងបង្វែរព្រះកាយខ្ញុំ ហើយបង្ហាញព្រះភក្ត្រប្រកបដោយសិរីល្អរបស់ខ្ញុំទៅដល់សាសន៍ដទៃ ដើម្បីឱ្យមនុស្សទាំងអស់ អាចរស់នៅក្នុងពិភពលោកមួយជាកម្មសិទ្ធផ្ទាល់ខ្លួន និងអាចវិនិច្ឆ័យខ្លួនឯងបាន ចំណែកឯខ្ញុំវិញ ខ្ញុំនឹងនៅតែបន្តថ្លែងព្រះបន្ទូលដែលខ្ញុំគួរថ្លែង ហើយទំនុកបម្រុងដល់មនុស្សតាមអ្វីដែលពួកគេត្រូវការ។ ទម្រាំមនុស្សបានភ្ញាក់ដឹងខ្លួនវិញ គឺខ្ញុំបានផ្សាយកិច្ចការរបស់ខ្ញុំរួចជាយូរមកហើយ។ បន្ទាប់មក ខ្ញុំនឹងបញ្ជាក់អំពីបំណងរបស់ខ្ញុំឱ្យមនុស្សបានដឹង និងចាប់ផ្ដើមចំណែកទីពីរនៃកិច្ចការរបស់ខ្ញុំចំពោះមនុស្ស ដោយអនុញ្ញាតឱ្យមនុស្សទាំងអស់ ដើរតាមខ្ញុំយ៉ាងប្រកៀក ដើម្បីសម្រួលកិច្ចការរបស់ខ្ញុំ និងអាចឱ្យមនុស្សធ្វើអ្វី តាមសមត្ថភាពរបស់ពួកគេ ដើម្បីរួមគ្នាជាមួយខ្ញុំបំពេញកិច្ចការដែលខ្ញុំចាំបាច់ត្រូវធ្វើ។

(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ឃើញថា»។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៩

គ្មាននរណាម្នាក់ជឿថា ពួកគេនឹងមើលឃើញសិរីល្អរបស់ខ្ញុំទេ ហើយខ្ញុំមិនបង្ខិតបង្ខំពួកគេឡើយ ផ្ទុយទៅវិញ ខ្ញុំនឹងដកយកសិរីល្អរបស់ខ្ញុំចេញពីក្នុងចំណោមមនុស្សជាតិមកវិញ និងនាំយកសិរីល្អនោះទៅកាន់ពិភពមួយទៀត។ ពេលមនុស្សប្រែចិត្តសាជាថ្មី នោះខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំ ទៅបង្ហាញដល់អ្នកដែលមានជំនឿកាន់តែច្រើនថែមទៀត។ នេះគឺជាគោលការណ៍ ដែលខ្ញុំអនុវត្តកិច្ចការ។ ដ្បិតមានពេលមួយដែលសិរីល្អរបស់ខ្ញុំបាត់ចេញពីស្រុកកាណាន ហើយក៏មានពេលមួយដែលសិរីល្អខ្ញុំនឹងចាកចេញពីមនុស្សដែលខ្ញុំបានជ្រើសតាំងផងដែរ។ លើសពីនេះទៅទៀត មានពេលមួយដែលសិរីល្អរបស់ខ្ញុំចាកចេញពីផែនដីទាំងមូល ដែលធ្វើឱ្យផែនដីនេះប្រែជាងងឹត ហើយធ្លាក់ចូលទៅក្នុងភាពអន្ធិកា។ សូម្បីទឹកដីស្រុកកាណានក៏នឹងមើលមិនឃើញពន្លឺព្រះអាទិត្យដែរ។ មនុស្សគ្រប់គ្នានឹងបាត់បង់ជំនឿរបស់ពួកគេ ប៉ុន្តែគ្មាននរណាម្នាក់អាចទ្រាំចាកចេញពីគន្ធាក្រអូបសាយនៃទឹកដីកាណានបានឡើយ។ ទាល់តែខ្ញុំបានឆ្លងទៅកាន់ផ្ទៃមេឃ និងផែនដីថ្មី ទើបខ្ញុំអាចយកចំណែកផ្សេងទៀតក្នុងសិរីល្អរបស់ខ្ញុំបាន និងសម្ដែងសិរីល្អនោះនៅក្នុងស្រុកកាណានសិន ដែលនាំឱ្យមានពន្លឺព្រឹមៗចាំងឡើងលើផែនដីទាំងមូល ដែលលិចចូលក្នុងភាពងងឹតស្លុងនៃរាត្រីកាល ដែលផែនដីទាំងមូលអាចត្រឡប់មកជាមានពន្លឺវិញ ដោយមនុស្សទាំងអស់នៅលើផែនដី អាចមកស្រូបយកកម្លាំងពីអានុភាពពន្លឺនេះ ដើម្បីឱ្យសិរីល្អរបស់ខ្ញុំកើនកាន់តែច្រើន និងលេចឡើងជាថ្មីដល់គ្រប់ជាតិសាសន៍ ហើយដោយឱ្យមនុស្សទាំងអស់អាចដឹងថា ខ្ញុំបានមកកាន់ពិភពលោកនេះជាយូរមកហើយ រួចខ្ញុំបាននាំសិរីល្អរបស់ខ្ញុំពីអ៊ីស្រាអែល ទៅឯទិសខាងកើតទៀត ដ្បិតសិរីល្អរបស់ខ្ញុំរះចាំងចែងពីទិសខាងកើត ហើយសិរីល្អនេះត្រូវបាននាំចេញមកពីយុគសម័យនៃព្រះគុណរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលនេះ ទៅដល់ទិសខាងកើត។ ទាល់តែពន្លឺនៅទិសខាងកើតចាប់ផ្ដើមឡើងសបន្តិចម្ដងៗ ទើបភាពអន្ធិកានៅទូទាំងផែនដីនឹងចាប់ផ្ដើមត្រឡប់ជាមានពន្លឺវិញ ដល់ពេលនោះទើបមនុស្សដឹងថា ខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលជាយូរមកហើយ ហើយខ្ញុំកំពុងតែរះឡើងជាថ្មីនៅទិសខាងកើត។ ខ្ញុំមិនអាចយកកំណើតជាថ្មីក្នុងសាសន៍អ៊ីស្រាអែលបានទេ ដ្បិតខ្ញុំបានយាងចុះមកអ៊ីស្រាអែលម្ដងរួចហើយ ក្រោយមក ខ្ញុំក៏បានចាកចេញពីទីនោះ ដ្បិតកិច្ចការរបស់ខ្ញុំ គឺដឹកនាំសកលលោកទាំងមូល ហើយលើសពីនេះ ផ្លេកបន្ទោរនឹងជះពន្លឺត្រង់ពីទិសខាងកើតទៅទិសខាងលិច។ ខ្ញុំក៏យាងចុះមកទិសខាងកើត រួចនាំយកស្រុកកាណានទៅឱ្យមនុស្សនៅទិសខាងកើតវិញ គឺដោយព្រោះហេតុផលនេះឯង។ ខ្ញុំនឹងនាំមនុស្សមកពីជុំវិញផែនដីនេះទៅកាន់ទឹកដីកាណាន ដូច្នេះ ខ្ញុំបន្តបញ្ចេញព្រះសូរសៀងនៅស្រុកកាណាន ដើម្បីគ្រប់គ្រងសកលលោកទាំងមូល។ ពេលនោះ នៅលើផែនដី កន្លែងណាក៏គ្មានពន្លឺដែរ ក្រៅតែពីស្រុកកាណាន ហើយមនុស្សទាំងអស់នឹងរងគ្រោះដោយសារការស្រេកឃ្លាន និងភាពរងាត្រជាក់។ ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់មក ក៏ដកសិរីល្អនោះចេញវិញ ដោយហេតុនេះ ខ្ញុំក៏នាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងនាំមនុស្សទាំងអស់ទៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឱ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឱ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឱ្យពួកគេឃើញថា ខ្ញុំបានយាងចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឱ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឱ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឱ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសកលលោកទាំងមូល ហើយខ្ញុំនឹងធ្វើការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឱ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ដ្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!

ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវព្រះសូរសៀងរបស់ខ្ញុំយកឈ្នះ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ «ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត ដោយសិរីល្អដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!

(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧០

រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។ មនុស្សស្រេកឃ្លានចង់មើលឃើញព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះដោយផ្ទាល់ភ្នែក នៅពេលដែលទ្រង់យាងចុះមក ដោយគង់នៅលើពពកសមួយដុំ នៅកណ្ដាលចំណោមមនុស្សដែលរង់ចាំទ្រង់ អស់រយៈពេលរាប់ពាន់ឆ្នាំយ៉ាងក្រៀមក្រំ និងដោយអន្ទះសា។ មនុស្សក៏ចង់ឱ្យព្រះអង្គសង្គ្រោះ យាងត្រឡប់មកវិញ និងចង់ឱ្យទ្រង់បានរួបរួមជាមួយនឹងពួកគេដែរ ពោលគឺ ពួកគេចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលបានគង់ឆ្ងាយពីពួកគេអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ យាងត្រឡប់មកវិញ និងមកអនុវត្តកិច្ចការនៃការប្រោសលោះដែលទ្រង់បានធ្វើក្នុងចំណោមសាសន៍យូដានោះម្ដងទៀត យាងមកសម្ដែងចិត្តក្ដួលអាណិត និងក្ដីស្រឡាញ់ដល់មនុស្ស យាងមកអត់ទោសបាបមនុស្សលោក និងយកបាបនេះដាក់លើអង្គទ្រង់ ព្រមទាំងស្ពាយយកអស់ទាំងសេចក្ដីរំលងរបស់គេ ហើយប្រោសគេឱ្យរួចពីអំពើបាបផង។ អ្វីដែលមនុស្សចង់បានបំផុត គឺចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងមកធ្វើដូចគ្រាមុន គឺមកធ្វើជាព្រះអង្គសង្គ្រោះដែលពោរពេញដោយសេចក្ដីស្រឡាញ់ ព្រះទ័យសប្បុរស និងគួរជាទីគោរព ជាព្រះដែលគ្មានសេចក្ដីក្រោធ ចំពោះមនុស្ស ក៏មិនដែលស្ដីបន្ទោសឱ្យគេ គឺមានតែការអត់ទោសនិងដកយកអំពើបាបរបស់មនុស្សទាំងអស់ ហើយថែមទាំងសុគតលើឈើឆ្កាង ជំនួសមនុស្សដូចគ្រាមុនផង។ តាំងពីពេលដែលព្រះយេស៊ូវបានយាងចេញទៅបាត់ ពួកសិស្សដែលដើរតាមទ្រង់ និងពួកបរិសុទ្ធដែលបានសង្គ្រោះដោយនូវព្រះនាមទ្រង់ នាំគ្នាស្វែងរកទ្រង់យ៉ាងក្រៀមក្រំ និងកំពុងទន្ទឹងមើលផ្លូវទ្រង់។ អស់អ្នកដែលបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងយុគសម័យនៃព្រះគុណ ក៏នៅតែអន្ទះសាចង់ឃើញថ្ងៃដ៏រីករាយនៅគ្រាចុងក្រោយ ពេលដែលព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងចុះមកលើពពក ដើម្បីបង្ហាញព្រះកាយដល់មនុស្សគ្រប់ គ្នា។ ប្រាកដណាស់ នេះជាក្ដីប្រាថ្នារួមរបស់មនុស្សគ្រប់គ្នា ដែលទទួលយកព្រះនាមព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះនៅថ្ងៃនេះ។ គ្រប់ៗគ្នាក្នុងសកលលោក ដែលដឹងពីសេចក្ដីសង្គ្រោះរបស់ព្រះយេស៊ូវ ដ៏ជាព្រះអង្គសង្គ្រោះ គេអន្ទះសាយ៉ាងខ្លាំង ចង់ឱ្យព្រះយេស៊ូវគ្រីស្ទយាងមកដល់ភ្លាមៗ ដើម្បីសម្រេចនូវអ្វីដែលទ្រង់បានមានបន្ទូលកាលទ្រង់នៅគង់លើផែនដីថា៖ «ខ្ញុំនឹងត្រឡប់មកវិញ ដូចគ្នានឹងរបៀបដែលខ្ញុំបានចាកចេញទៅដែរ»។ មនុស្សជឿថា បន្ទាប់ពីត្រូវគេឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌ដោយគង់នៅលើពពកសមួយដុំ ដើម្បីទៅទទួលតំណែងរបស់ទ្រង់ គឺគង់ខាងស្ដាំនៃព្រះដ៏ខ្ពស់បំផុត។ ព្រះយេស៊ូវនឹងយាងចុះមកវិញម្ដងទៀត ដោយគង់នៅលើពពកសមួយដុំក្នុងលក្ខណៈដូចគ្នា (ពពកនេះ គឺសំដៅលើពពកដែលព្រះយេស៊ូវគង់ ពេលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញ) មកក្នុងចំណោមមនុស្សដែលទន្ទឹងចាំទ្រង់ ដោយក្ដីសង្ឃឹមជាខ្លាំងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយព្រះអង្គនឹងយកសណ្ឋានជាសាសន៍យូដា ព្រមទាំងស្លៀកសម្លៀកបំពាក់សាសន៍យូដាផង។ បន្ទាប់ពីលេចមកឱ្យមនុស្សឃើញ ទ្រង់នឹងប្រទានអាហារឱ្យពួកគេ ហើយធ្វើឱ្យទឹករស់ហូរយ៉ាងគំហុកមករកគេ ព្រមទាំងរស់នៅកណ្ដាលចំណោមមនុស្ស ពេញដោយព្រះគុណនិងពេញដោយក្ដីស្រឡាញ់ ផូរផង់ និងប្រាកដប្រជា។ ការយល់ឃើញទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សជឿ។ ដោយឡែក ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់មិនបានធ្វើដូច្នេះទេ ទ្រង់ធ្វើផ្ទុយស្រឡះពីអ្វីដែលមនុស្សយល់ឃើញ។ ទ្រង់មិនបានយាងមកក្នុងចំណោមមនុស្សដែលរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ដោយសង្ឃឹមនោះទេ ហើយទ្រង់ក៏មិនលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញ នៅពេលដែលទ្រង់គង់នៅលើពពកសដែរ។ ទ្រង់បានយាងមកដល់ហើយ ប៉ុន្តែមនុស្សមិនបានដឹងទេ ហើយក៏នៅតែមិនអើពើ។ មនុស្សគ្រាន់តែរង់ចាំទ្រង់ដោយគ្មានបំណង ក៏មិនដឹងថាទ្រង់បានយាងមកដោយគង់នៅលើ «ពពកស» មួយដុំរួចហើយដែរ (ពពកនេះ គឺជាព្រះវិញ្ញាណទ្រង់ ព្រះបន្ទូលទ្រង់ និស្ស័យរបស់ទ្រង់ទាំងមូល និងលក្ខណៈទាំងអស់របស់ទ្រង់) ចំណែកពេលនេះ ទ្រង់កំពុងគង់កណ្ដាលចំណោមក្រុមមនុស្សដែលមានជ័យជម្នះ ដែលទ្រង់នឹងបង្កើតឡើងនៅគ្រាចុងក្រោយ។ មនុស្សមិនដឹងរឿងមួយ គឺ៖ បើទោះជាព្រះអង្គសង្គ្រោះ ដ៏បរិសុទ្ធ មានសេចក្ដីស្រឡាញ់គ្រប់យ៉ាងដល់មនុស្ស តើធ្វើម្ដេចឱ្យទ្រង់ធ្វើការនៅក្នុង «ព្រះវិហារ» ដែលមានសុទ្ធតែវិញ្ញាណស្មោកគ្រោក និងមិនបរិសុទ្ធដូច្នេះបាន? ថ្វីដ្បិតថាមនុស្សកំពុងទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ តើទ្រង់អាចលេចមកឱ្យអស់អ្នកដែលបរិភោគសាច់ឈាមមនុស្សទុច្ចរិត ផឹកឈាមមនុស្សទុច្ចរិត ហើយស្លៀកសម្លៀកបំពាក់មនុស្សទុច្ចរិត ជាអ្នកដែលជឿដល់ទ្រង់ ប៉ុន្តែមិនស្គាល់ទ្រង់ ហើយក៏ជាអ្នកដែលកំហែងព្រះអង្គរហូតមក បានឃើញយ៉ាងដូចម្ដេចកើត? មនុស្សដឹងត្រឹមថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់ពោរពេញដោយក្ដីស្រឡាញ់ ហើយមានក្ដីមេត្តាករុណាដ៏ហូរហៀរ និងដឹងថា ទ្រង់ជាតង្វាយលោះបាប ពោរពេញដោយការប្រោសលោះ។ យ៉ាងណាមិញ គេពុំដឹងសោះថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានពេញដោយភាពសុចរិត ឬទ្ធានុភាព សេចក្ដីក្រោធ និងការជំនុំជម្រះ ហើយមានសិទ្ធិអំណាច និងពេញដោយសេចក្ដីថ្លៃថ្នូរនោះឡើយ។ ហេតុនេះ ទោះបីជាមនុស្សអន្ទះសារង់ចាំ និងទទូចចង់ឃើញការវិលត្រឡប់របស់ព្រះដ៏ប្រោសលោះយ៉ាងណា ហើយទោះបីជាសេចក្ដីអធិដ្ឋានរបស់គេធ្វើឱ្យ «ស្ថានសួគ៌» រង្គើក៏ដោយ ក៏ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ មិនលេចមកឱ្យអស់អ្នកដែលជឿលើទ្រង់ តែមិនស្គាល់ព្រះអង្គ បានឃើញនោះដែរ។

(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧១

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់ ហើយច្រកទ្វារនគរព្រះបានបើកជាស្រេចសម្រាប់អស់អ្នកដែលស្វែងរកការលេចមករបស់ទ្រង់។ បងប្អូនប្រុសស្រីអើយ តើអ្នករាល់គ្នាកំពុងរង់ចាំអ្វីទៀត? តើអ្នករាល់គ្នាកំពុងស្វែងរកអ្វី? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យព្រះជាម្ចាស់លេចមកមែនទេ? តើអ្នកកំពុងរកមើលស្នាមព្រះបាទារបស់ទ្រង់មែនទេ? ពិតជាចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ខ្លាំងណាស់! ហើយការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់អីក៏លំបាកដល់ម្ល៉េះ! នៅក្នុងយុគសម័យបែបនេះ នៅក្នុងពិភពមួយបែបនេះ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីអាចមើលឃើញថ្ងៃដែលព្រះជាម្ចាស់លេចមក? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដើរឱ្យទាន់លំអាននៃព្រះបាទារបស់ព្រះជាម្ចាស់? អស់អ្នកដែលរង់ចាំព្រះជាម្ចាស់លេចមក តែងមានសំណួរបែបនេះ។ អ្នករាល់គ្នាគិតពិចារណាអំពីសំណួរទាំងនេះជាច្រើនលើកច្រើនសា ប៉ុន្តែតើបានលទ្ធផលអ្វីខ្លះហើយ? តើព្រះជាម្ចាស់លេចមកនៅទីណា? តើស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅទីណា? តើអ្នករាល់គ្នាមានចម្លើយហើយឬនៅ? មនុស្សជាច្រើននឹងឆ្លើយបែបនេះថា៖ «ព្រះជាម្ចាស់លេចមកនៅក្នុងចំណោមអ្នកទាំងឡាយដែលដើរតាមទ្រង់ ហើយស្នាមព្រះបាទារបស់ទ្រង់ គឺនៅក្នុងចំណោមយើងរាល់គ្នា។ ចម្លើយគឺងាយស្រួលបែបនេះឯង!» នរណាក៏អាចផ្តល់ចម្លើយដែលមានជាលំនាំស្រាប់បានដែរ ប៉ុន្តែតើអ្នករាល់គ្នាយល់ពីអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ ឬស្នាមព្រះបាទារបស់ទ្រង់ដែរឬទេ? ការលេចមករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាមវិធីដែលទ្រង់មានស្រាប់។ ការលេចមកប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទីសម្គាល់ ជារូបភាព ជាការអស្ចារ្យ ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះបាន និងអាចមើលឃើញបាន។ ការលេចមកប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឱ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេចមករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យខ្លឹមសារជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់។ អ្វីដែលហៅថា ការលេចមក នៅទីនេះ គឺខុសគ្នាទាំងស្រុងពី «ការលេចមក» ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេចមកដោយផ្ទាល់។ កិច្ចការនេះគឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់។

នៅពេលណាដែលអ្នករាល់គ្នា បានយល់នូវអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាគប្បីត្រូវស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដោយរបៀបណា? សំណួរនេះមិនពិបាកពន្យល់នោះទេ៖ នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះហើយដែលអ្នកនឹងឃើញស្នាមព្រះបាទារបស់ទ្រង់។ ការពន្យល់បែបនេះ ស្តាប់ទៅដូចជាត្រង់ៗពេក ប៉ុន្តែមិនងាយស្រួលនឹងអនុវត្តនោះទេ ដ្បិតមនុស្សជាច្រើនពុំបានដឹងថាព្រះជាម្ចាស់លេចមកនៅទីណានោះទេ កាន់តែមិនដឹងថា ទ្រង់អាចនឹងលេចមកនៅទីណា ឬទ្រង់គួរលេចមកនៅទីណាឡើយ។ មនុស្សខ្លះជឿទាំងមិនបានគិតថា នៅទីណាដែលព្រះវិញ្ញាណបរិសុទ្ធកំពុងបំពេញកិច្ចការ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម៉្យាងទៀត ពួកគេជឿថា នៅទីណាដែលមានបុគ្គលខាងវិញ្ញាណ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម្យ៉ាងទៀតពួកគេជឿថា នៅទីណាដែលមានបុគ្គលមានកេរ្តិ៍ឈ្មោះល្បី នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ក្នុងពេលនេះ ចូរយើងទុករឿងដែលថាជំនឿបែបនេះត្រឹមត្រូវឬខុសនោះមួយឡែកសិន។ ដើម្បីពន្យល់សំណួរបែបនេះយើងត្រូវមានគោលដៅច្បាស់លាស់ជាមុនសិន។ យើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ យើងមិនមែនកំពុងស្វែងរកបុគ្គលខាងវិញ្ញាណនោះទេ ហើយយើងក៏មិនបានកំពុងស្វែងរកមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីដែរ គឺយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ក្នុងហេតុផលនេះ ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧២

មិនថាអ្នកជាជនជាតិអាមេរិក អង់គ្លេស ឬជាតិសាសន៍ដទៃនោះទេ អ្នកគប្បីដើរចេញពីរនាំងជាតិសាសន៍ផ្ទាល់ខ្លួនរបស់អ្នក ដោយទៅឱ្យផុតពីខ្លួនឯង និងគិតពីកិច្ចការរបស់ព្រះជាម្ចាស់តាមទីស្ថានរបស់ភាវៈដែលព្រះបានបង្កើតមក។ តាមរបៀបនេះ អ្នកនឹងមិនដាក់កំហិតចំពោះស្នាមព្រះបាទារបស់ព្រះជាម្ចាស់ឡើយ។ នេះគឺដោយសារបច្ចុប្បន្ននេះ មានមនុស្សជាច្រើនយល់ថាវាមិនអាចទៅរួចនោះទេ ដែលព្រះជាម្ចាស់នឹងលេចមកនៅក្នុងជាតិសាសន៍ណាមួយ ឬក្នុងចំណោមក្រុមមនុស្សណាមួយ។ កិច្ចការរបស់ព្រះជាម្ចាស់ ពិតជាមានអត្ថន័យជ្រាលជ្រៅ ហើយការលេចមករបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់! តើសញ្ញាណ និងគំនិតរបស់មនុស្សអាចធ្វើការវាស់ស្ទង់បានដោយរបៀបណា? ហេតុនេះហើយបានជាខ្ញុំមានបន្ទូលថា អ្នកគប្បីទម្លុះនូវសញ្ញាណជាតិសាសន៍ និងពូជសាសន៍ដើម្បីស្វែងរកការលេចមករបស់ព្រះជាម្ចាស់។ មានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមិនត្រូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដាក់កំហិត។ ហើយមានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលស្វាគមន៍ការលេចមករបស់ព្រះជាម្ចាស់។ បើពុំដូច្នោះទេ អ្នកនឹងស្ថិតក្នុងភាពងងឹតជាដរាប និងមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។

ព្រះជាម្ចាស់ គឺជាព្រះនៃមនុស្សគ្រប់ជាតិសាសន៍ទាំងមូល។ ទ្រង់ពុំចាត់ទុកអង្គទ្រង់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននៃជាតិសាសន៍ ឬមនុស្សមួយក្រុមណាឡើយ ប៉ុន្តែទ្រង់ផ្តើមបំពេញកិច្ចការរបស់ទ្រង់ដូចដែលទ្រង់បានគ្រោងទុក ដោយពុំមានការបង្ខាំងដោយទម្រង់ណាមួយ ចំពោះសាសន៍ណាមួយ ឬចំពោះក្រុមមនុស្សណាមួយឡើយ។ ប្រហែលជាអាចមកពីអ្នកពុំធ្លាប់ស្រមៃដល់លក្ខណៈនេះ ឬមកពីអ្នកមានអាកប្បកិរិយាបដិសេធលក្ខណៈនេះ ឬមកពីប្រជាជាតិដែលព្រះជាម្ចាស់សម្ដែងអង្គទ្រង់ និងបណ្ដាមនុស្សដែលទ្រង់លេចមកក្នុងចំណោមពួកគេ ជាមនុស្សដែលគេគ្រប់គ្នារើសអើង ហើយជាមនុស្សដែលអន់ខ្សោយបំផុតនៅលើផែនដី។ តែព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ទ្រង់។ ព្រះអង្គពិតជាទទួលបានក្រុមមនុស្សដែលមានគំនិតដូចទ្រង់ ហើយជាក្រុមមនុស្សដែលទ្រង់ចង់កែច្នៃឱ្យបានបរិបូរ ជាក្រុមមនុស្សដែលទ្រង់បានយកឈ្នះដោយព្រះចេស្ដាដ៏មហិមា និងដោយសេចក្ដីពិត ព្រមទាំងនិស្ស័យដ៏អង់អាចរបស់ទ្រង់ ជាក្រុមមនុស្សដែលបានទ្រាំទ្រទុក្ខលំបាក សេចក្ដីវេទនា និងការបៀតបៀនគ្រប់យ៉ាង ហើយនៅតែអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់។ គោលបំណងនៃការលេចមករបស់ព្រះជាម្ចាស់ គឺដើម្បីឱ្យទ្រង់អាចបំពេញកិច្ចការរបស់ទ្រង់បានទៅតាមអ្វីដែលទ្រង់បានគ្រោងទុក ដោយពុំមានដាក់ដែនកំណត់ក្នុងលក្ខណៈណាមួយ ឬដោយសាសន៍ណាមួយឡើយ។ នេះគឺដូចកាលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅស្រុកយូដាដែរ៖ គោលបំណងរបស់ទ្រង់ គឺដើម្បីបញ្ចប់កិច្ចការនៃការត្រូវឆ្កាងដើម្បីប្រោសលោះមនុស្សទាំងមូល។ ក៏ប៉ុន្តែសាសន៍យូដាបានជឿថា ព្រះជាម្ចាស់មិនអាចធ្វើរឿងបែបនេះបានទេ ហើយពួកគេបានគិតថា ព្រះជាម្ចាស់មិនអាចត្រលប់ជាសាច់ឈាម និងក្លាយជារូបអង្គនៃព្រះអម្ចាស់យេស៊ូវបានឡើយ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ បានក្លាយជាមូលដ្ឋានដែលពួកគេថ្កោលទោស និងបដិសេធព្រះជាម្ចាស់ ហើយចុងក្រោយនាំទៅដល់ការបំផ្លិចបំផ្លាញស្រុកអ៊ីស្រាអែល។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ ពួកគេប្រកាសប្រាប់ពីការលេចមករបស់ព្រះជាម្ចាស់ដែលនឹងជិតមកដល់ អស់ពីកម្លាំងរបស់ពួកគេ តែក្នុងពេលដំណាលគ្នានោះ គេបែរជាថ្កោលទោសចំពោះការលេចមករបស់ទ្រង់ទៅវិញ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ ដាក់កំហិតម្ដងទៀតលើការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រំដែននៃការស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះ ខ្ញុំបានឃើញមនុស្សជាច្រើនផ្ទុះសំណើចក្អាកក្អាយ និងកងរំពង ក្រោយជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៃដន្យ។ ប៉ុន្តែតើសំណើចនេះខុសគ្នាពីការថ្កោលទោស និងការប្រមាថរបស់សាសន៍យូដាដែរទេ? អ្នករាល់គ្នាពុំមានការគោរពចំពោះវត្តមាននៃសេចក្តីពិតទេ ហើយអ្នកក៏មិនមានអាកប្បកិរិយាស្រេកឃ្លានសេចក្ដីពិតដែរ។ អ្វីទាំងអស់ដែលអ្នកធ្វើ គឺសិក្សាស្វែងយល់ដោយមិនរើសមុខ និងរង់ចាំដោយត្រេកអរ គ្មានការខ្វល់ខ្វាយសោះឡើយ។ តើអ្នកអាចទទួលបានអ្វីខ្លះ ពីការសិក្សាស្វែងយល់ និងការរង់ចាំបែបនេះ? តើអ្នកគិតថា អ្នកនឹងទទួលបានការដឹកនាំពីព្រះជាម្ចាស់ដោយផ្ទាល់ដែរឬទេ? ប្រសិនបើអ្នកមិនអាចយល់ពីសូរសៀងរបស់ព្រះជាម្ចាស់ តើអ្នកមានលក្ខណសម្បត្តិបែបណា ដើម្បីអាចធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់បាន? នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់អ្នកចេញ! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ បើអ្នកចង់ឃើញសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺអ្នក ហើយអ្នកនឹងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់អ្នករាល់គ្នាចំពោះគំនិតថា «មិនអាចទៅរួច» នេះចេញ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃការគិត និងសញ្ញាណរបស់មនុស្សដែរ។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាព្រះអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងសកលលោកទាំងមូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឱ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់កើតឡើងដំណាលគ្នា ហើយនិស្ស័យនិងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់។ បងប្អូនប្រុសស្រីអើយ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចមើលឃើញពីការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះ និងចាប់ផ្ដើមដើរតាមលំអាននៃស្នាមព្រះបាទារបស់ទ្រង់នៅពេលអ្នកបោះជំហានទៅមុខ ទៅក្នុងយុគសម័យថ្មីមួយ និងចូលទៅក្នុងឋានសួគ៌ និងផែនដីថ្មីដ៏ស្រស់ស្អាត ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អស់អ្នកដែលរង់ចាំការលេចមករបស់ទ្រង់!

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៣

ព្រះជាម្ចាស់នៅស្ងៀម ហើយទ្រង់មិនដែលលេចមកឱ្យយើងឃើញឡើយ ប៉ុន្ដែកិច្ចការរបស់ទ្រង់មិនដែលឈប់ឡើយ។ ទ្រង់ស្ទង់មើលផែនដីទាំងមូល ហើយបញ្ជាអ្វីៗទាំងអស់ ព្រមទាំងទតមើលពាក្យសម្ដី និងការប្រព្រឹត្ដទាំងអស់របស់មនុស្ស។ ទ្រង់អនុវត្តការគ្រប់គ្រងរបស់ទ្រង់តាមជំហានដ៏ល្អិតល្អន់ និងទៅតាមផែនការរបស់ទ្រង់ដោយសម្ងាត់ និងគ្មានឥទ្ធិពលអស្ចារ្យអ្វីនោះទេ ប៉ុន្ដែជំហានព្រះបាទារបស់ទ្រង់ឆ្ពោះទៅមុខមួយជំហានម្ដងៗ ខិតទៅកាន់តែជិតមនុស្សជាតិ ហើយបល្ល័ង្កជំនុំជម្រះរបស់ទ្រង់បានសម្ដែងនៅលើសកលលោកទាំងមូលលឿនដូចជាផ្លេកបន្ទោរ បន្ទាប់ពីបល្ល័ង្ករបស់ទ្រង់ចុះមកកណ្ដាលចំណោមយើងភ្លាមៗ។ នោះគឺជាទស្សនីយភាពមួយដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏វិសេសវិសាល និងឱឡារិកមួយ។ ព្រះវិញ្ញាណយាងចុះមកកណ្ដាលយើងប្រៀបដូចជាសត្វព្រាបមួយក្បាល និងសឹង្ហមួយក្បាលដែលកំពុងគ្រហឹម។ ទ្រង់គឺជាប្រាជ្ញា ជាសេចក្ដីបរិសុទ្ធ និងជាអានុភាពដ៏អស្ចារ្យ ហើយទ្រង់យាងចុះមកកណ្ដាលចំណោមយើងដោយស្ងាត់ៗ ដោយសិទ្ធិអំណាចគ្រប់គ្រង និងពេញដោយសេចក្ដីស្រលាញ់ ព្រមទាំងសេចក្ដីមេត្តាករុណា។ គ្មាននរណាម្នាក់ដឹងពីការយាងមកដល់របស់ទ្រង់ឡើយ គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ទ្រង់ឡើង ហើយលើសពីនោះទៀតគឺគ្មាននរណាម្នាក់ដឹងពីអ្វីគ្រប់យ៉ាងដែលទ្រង់រៀបនឹងធ្វើឡើយ។ ជីវិតរបស់មនុស្សបន្ដទៅដូចកាលពីមុន ដួងចិត្តរបស់ពួកគេមិនខុសប្លែកអ្វីឡើយ ហើយថ្ងៃក៏កន្លងផុតទៅដូចធម្មតាដែរ។ ព្រះជាម្ចាស់គង់នៅកណ្ដាលចំណោមយើង ក្នុងលក្ខណៈជាមនុស្សម្នាក់ដូចជាមនុស្សផ្សេងទៀតដែរ គឺជាមនុស្សម្នាក់ដែលសំខាន់បំផុតក្នុងចំណោមអ្នកដើរតាម និងជាអ្នកជឿធម្មតាម្នាក់។ ទ្រង់មានការស្វែងរកផ្ទាល់ខ្លួន ទ្រង់មានគោលដៅផ្ទាល់ខ្លួន ហើយលើសពីនោះទៀត ទ្រង់មានភាពជាព្រះដែលមនុស្សធម្មតាមិនមានឡើយ។ គ្មាននរណាម្នាក់កត់សម្គាល់ពីអត្ថិភាពនៃភាពជាព្រះរបស់ទ្រង់ឡើង ហើយគ្មាននរណាម្នាក់បានយល់ដឹងអំពីភាពខុសគ្នារវាងលក្ខណៈរបស់ទ្រង់ និងភាពជាមនុស្សរបស់ទ្រង់នោះឡើយ។ យើងរស់នៅជាមួយទ្រង់ ដោយមិនគ្មានការបង្ខិតបង្ខំ និងគ្មានខ្លាចអ្វីឡើយ ដ្បិតនៅក្នុងភ្នែករបស់យើង ទ្រង់គឺជាអ្នកជឿម្នាក់ដែលមិនសំខាន់។ ទ្រង់ទតមើលគ្រប់ដំណើរផ្លាស់ប្ដូររបស់យើង ហើយគំនិតនិងយោបល់របស់យើងទាំងប៉ុន្មានសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់។ គ្មាននរណាម្នាក់ចាប់អារម្មណ៍ចំពោះអត្ថិភាពរបស់ទ្រង់ឡើយ គ្មាននរណាម្នាក់នឹកឃើញដល់មុខងាររបស់ទ្រង់ឡើយ ហើយលើសពីនោះទៀត គ្មាននរណម្នាក់សង្ស័យអ្វីបន្ដិចអំពីអត្តសញ្ញាណរបស់ទ្រង់ឡើយ។ អ្វីៗដែលយើងធ្វើគឺបន្ដការស្វែងរករបស់ខ្លួន ហាក់ដូចជាទ្រង់គ្មានជាប់ទាក់ទងអ្វីនឹងយើងបន្ដិចឡើយ ...

ចៃដន្យ ព្រះវិញ្ញាណបរិសុទ្ធសម្ដែងអត្ថបទព្រះបន្ទូល «តាមរយៈ» ទ្រង់ ហើយទោះបីវាមានអារម្មណ៍ហាក់ដូចជាស្មានមិនដល់ក៏ដោយ ក៏យើងទទួលស្គាល់ថា វាជាព្រះបន្ទូលដែលមកចេញពីព្រះជាម្ចាស់ និងទទួលយកពីព្រះជាម្ចាស់យ៉ាងងាយស្រួលដែរ។ នោះគឺដោយសារថា ដរាបណាព្រះបន្ទូលទាំងនោះមកពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងគួរតែទទួលយក មិនត្រូវបដិសេធឡើយ ទោះបីជានរណាសម្ដែងព្រះបន្ទូលទាំងនេះក៏ដោយ។ ព្រះសូរសៀងបន្ទាប់ទៀត អាចមកតាមរយៈខ្ញុំ ឬក៏តាមរយៈអ្នក ឬមួយក៏តាមរយៈនរណាម្នាក់ផ្សេងទៀត។ មិនថាបុគ្គលនោះជានរណាទេ ទាំងនេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ ប៉ុន្ដែ មិនថាបុគ្គលនោះជានរណាទេ យើងមិនអាចថ្វាយបង្គំបានឡើយ ដ្បិតមិនថាយ៉ាងណាទេ បុគ្គលនេះមិនអាចជាព្រះជាម្ចាស់បានឡើយ ហើយយើងក៏មិនត្រូវជ្រើសរើសមនុស្សដ៏សាមញ្ញធម្មតាបែបនេះមកធ្វើជាព្រះជាម្ចាស់របស់យើងដែរ ទោះជាតាមវិធីណាក៏ដោយ។ ព្រះជាម្ចាស់របស់យើងធំមហិមា និងគួរឱ្យលើកតម្កើង តើមនុស្សដែលមិនសំខាន់បែបនេះអាចឈរជំនួសកន្លែងរបស់ទ្រង់យ៉ាងដូចម្ដេចកើត? អ្វីដែលលើសពីនេះទៀត គឺយើងកំពុងរង់ចាំព្រះជាម្ចាស់យាងមក ហើយនាំយើងត្រលប់ទៅនរគរស្ថានសួគ៌វិញ ដូច្នេះតើបុគ្គលម្នាក់ដែលមិនសំខាន់បែបនេះ អាចធ្វើកិច្ចការមួយដ៏សំខាន់ និងលំបាកបែបនេះបានយ៉ាងដូចម្ដេចកើត? ប្រសិនបើព្រះអម្ចាស់យាងមកម្ដងទៀត គឺត្រូវតែយាងមកនៅលើពពកពណ៌សមួយដុំ ដើម្បីឱ្យហ្វូងមនុស្សទាំងអស់អាចមើលឃើញ។ នោះគឺជារឿងដែលប្រកបដោយសិរីល្អ! តើទ្រង់អាចលាក់ខ្លួនស្ងាត់ៗក្នុងចំណោមក្រុមមនុស្សដ៏សាមញ្ញធម្មតាយ៉ាងដូចម្ដេចកើត?

ហើយបុគ្គលធម្មតាដែលបានលាក់កំបាំងនៅកណ្ដាលចំណោមមនុស្សនេះ ហើយជាអ្នកដែលកំពុងធ្វើកិច្ចការថ្មីនៃការសង្គ្រោះយើង។ ទ្រង់មិនពន្យល់ប្រាប់យើងទេ ហើយទ្រង់ក៏មិនមានបន្ទូលប្រាប់យើងពីមូលហេតុដែលទ្រង់បានយាងមកដែរ ប៉ុន្ដែទ្រង់ធ្វើកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើយ៉ាងសាមញ្ញ តាមជំហានដ៏ល្អិតល្អន់ និងទៅតាមផែនការរបស់ទ្រង់។ ព្រះបន្ទូល និងព្រះសូរសៀងរបស់ទ្រង់បានសម្ដែងចេញមកកាន់តែញឹកញាប់។ ពីការលួងលោម ការដាស់តឿន ការរំឭកនិងការព្រមាន ទៅដល់កាបន្ទោស និងការដាក់វិន័យ ហើយពីសូរសៀងទន់ភ្លន់ និងសុភាពរាបសារ ទៅដល់ព្រះបន្ទូលដ៏កាចសាហាវ និងប្រកបដោយអនុភាព ហើយទាំងអស់នេះសុទ្ធតែផ្ដល់នូវសេចក្ដីមេត្តាករុណាដល់មនុស្ស និងបណ្ដុះភាពភ័យខ្លាចនៅក្នុងគេ។ គ្រប់យ៉ាងដែលទ្រង់មានបន្ទូល សុទ្ធតែត្រូវចំអាថ៌កំបាំងដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងខ្លួនយើង ព្រះបន្ទូលរបស់ទ្រង់ចាក់ដោតដួងចិត្តយើង ចាក់ដោតព្រលឹងវិញ្ញាណយើង ហើយធ្វើឱ្យយើងមានភាពអាម៉ាស់ដែលមិនអាចទ្រាំទ្របាន ទាំងមិនដឹងថាត្រូវលាក់ខ្លួននៅកន្លែងណា។ យើងចាប់ផ្ដើមងឿងឆ្ងល់ថា តើព្រះជាម្ចាស់ដែលគង់នៅក្នុងដួងចិត្តរបស់បុគ្គលនេះ ពិតជាស្រលាញ់យើងមែនឬអត់ ហើយតើទ្រង់ព្រះតម្រិះពីអ្វីឱ្យពិតប្រាកដ។ ប្រហែលជាយើងអាចត្រូវបានលើកឡើងទៅក្នុងពពក ក្រោយពេលស៊ូទ្រាំនឹងការរងទុក្ខទាំងអស់នេះទេដឹង? នៅក្នុងខួរក្បាលរបស់យើង គឺយើងកំពុងគន់គូរ...អំពីទិសដៅខាងមុខ និងជោគវាសនាអនាគតរបស់យើង។ ប៉ុន្ដែ វានៅតែដូចកាលពីមុនដដែល គឺគ្មាននរណាម្នាក់នៅក្នុងចំណោមយើងរាល់គ្នាជឿថាព្រះជាម្ចាស់បានយាងមកយកនិស្ស័យជាសាច់ឈាម ដើម្បីធ្វើកិច្ចការនៅកណ្ដាលចំណោមយើងរួចទៅហើយនោះទេ។ ទោះបីជាទ្រង់បានអមដំណើរជាមួយយើងអស់រយៈពេលយ៉ាងយូរបែបនេះហើយក៏ដោយ ហើយទោះបីជាទ្រង់បានមានបន្ទូលយ៉ាងច្រើនជាមួយយើងដោយមុខទល់នឹងមុខក៏ដោយ ក៏យើងនៅតែមិនព្រមទទួលយកបុគ្គលដ៏សាមញ្ញធម្មតាបែបនេះធ្វើជាព្រះជាម្ចាស់នៃអនាគតរបស់យើងដដែល ហើយយើងនៅតែមិនព្រមប្រគល់ការគ្រប់គ្រងលើអនគត និងជោគវាសនារបស់យើងទៅបុគ្គលដែលមិនសំខាន់បែបនេះដែរ។ តាមរយៈទ្រង់ យើងរីករាយចំពោះការផ្គត់ផ្គង់ទឹករស់ដែលមិនចេះរីងស្ងួត ហើយតាមរយៈទ្រង់ យើងរស់នៅមុខទល់នឹងមុខជាមួយព្រះជាម្ចាស់។ ប៉ុន្ដែ យើងអរគុណតែចំពោះព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ ហើយយើងមិនដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់បុគ្គលដ៏សាមញ្ញម្នាក់នេះ ដែលមានភាពជាព្រះនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការរបស់ទ្រង់ ទាំងបន្ទាបព្រះអង្គទ្រង់យ៉ាងលាក់កំបាំងនៅក្នុងសាច់ឈាមដូចកាលពីមុនដដែល ដើម្បីបង្ហាញពីព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះមនុស្ស ទាំងអត់ទោសចំពោះភាពផ្ដេសផ្ដាសដូចជាកូនក្មេង និងភាពល្ងង់ខ្លៅរបស់មនុស្សដរាបអស់កល្បជានិច្ច ហើយក៏អត់ឱនចំពោះអាកប្បកិរិយាឆ្គាំឆ្គងរបស់មនុស្សចំពោះទ្រង់ ដោយហាក់ដូចជាមិនខ្វល់នឹងការបដិសេធរបស់ពួកគេចំពោះទ្រង់សោះឡើយ។

បុគ្គលដែលមិនសំខាន់ម្នាក់នេះ បានដឹកនាំយើងចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ទាំងដែលយើងមិនដឹងខ្លួនសោះ។ យើងឆ្លងកាត់នូវទុក្ខលំបាករាប់មិនអស់ ទទួលទោសជាច្រើន និងត្រូវបានល្បងលដោយសេចក្ដីស្លាប់។ យើងរៀនសូត្រអំពីនិស្ស័យដ៏សុចរិត និងប្រកបដោយតេជានុភាពរបស់ព្រះជាម្ចាស់ ក៏រីករាយចំពោះសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រមទាំងចាប់ផ្ដើមកោតសរសើរអំពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណដ៏អស្ចារ្យរបស់ទ្រង់ ធ្វើបន្ទាល់ពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងសម្លឹងមើលព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ជួយសង្គ្រោះមនុស្ស។ តាមរយៈពាក្យសម្ដីរបស់បុគ្គលធម្មតាម្នាក់នេះ យើងចាប់ផ្ដើមស្គាល់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់និស្ស័យ និងលក្ខណៈរបស់មនុស្ស ព្រមទាំងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ និងភាពគ្រប់លក្ខណ៍ផងដែរ។ ព្រះបន្ទូលរបស់ទ្រង់បណ្ដាលឱ្យយើង «ស្លាប់» ហើយព្រះបន្ទូលទាំងនោះក៏បណ្ដាលឱ្យយើង «កើតជាថ្មី» ដែរ។ ព្រះបន្ទូលរបស់ទ្រង់នាំយកមកនូវការកំសាន្ដចិត្តដល់យើង ប៉ុន្ដែក៏នាំមកនូវការឈឺចាប់គ្មានព្រំដែនដែរ។ ពេលខ្លះ យើងដូចជាកូនចៀមដែលយកទៅសម្លាប់នៅក្នុងព្រះហស្ដទ្រង់ ពេលខ្លះយើងប្រៀបបីដូចជាប្រសី្រព្រះនេត្ររបស់ទ្រង់ និងរីករាយចំពោះសេចក្ដីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ទ្រង់ ពេលខ្លះទៀតយើងប្រៀបបីដូចជាខ្មាំងសត្រូវរបស់ទ្រង់ ហើយស្ថិតក្រោមការឃ្លាំមើលរបស់ទ្រង់ក៏ប្រែក្លាយទៅជាផែះដោយសារសេចក្ដីក្រោធរបស់ទ្រង់។ យើងគឺជាពូជមនុស្សដែលបានសង្គ្រោះដោយសារទ្រង់ យើងគឺជាដង្កូវនៅក្នុងព្រះនេត្រទ្រង់ ហើយយើងគឺជាកូនចៀមវង្វេងដែលទ្រង់បានបន្ទាបព្រះអង្គទ្រង់តាមរកទាំងយប់ទាំងថ្ងៃ។ ទ្រង់ពេញដោយសេចក្ដីមេត្តាករុណាចំពោះយើង ទ្រង់ស្អប់យើង ទ្រង់លើកយើងឡើង ទ្រង់កំសាន្ដចិត្តយើង ហើយណែនាំយើង ទ្រង់ដឹកនាំយើង ទ្រង់បំភ្លឺយើង ទ្រង់វាយផ្ចាល និងដាក់វិន័យយើង ហើយទ្រង់ក៏ដាក់បណ្ដាសាយើងដែរ។ ទាំងយប់ទាំងថ្ងៃ ទ្រង់មិនដែលឈប់បារម្ភពីយើងឡើយ ហើយទ្រង់ការពារ និងថែរក្សាយើងទាំងយប់ទាំងថ្ងៃ ដោយមិនមិនឃ្លាតឆ្ងាយពីយើងឡើយ ប៉ុន្ដែទ្រង់បានបង្ហូរព្រះលោហិតពីបេះដូងរបស់ទ្រង់សម្រាប់ជាប្រយោជន៍ដល់យើង និងបង់តម្លៃគ្រប់យ៉ាងជំនួសយើង។ នៅក្នុងព្រះបន្ទូលនៃរូបកាយជាសាច់ឈាមដ៏តូច និងធម្មតានេះ យើងក៏បានរីករាយនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ ព្រមទាំងបានមើលឃើញទិសដៅដែលព្រះជាម្ចាស់បានប្រទានដល់យើងទៀតផង។ ទោះជាយ៉ាងនេះក្ដី ភាពឥតប្រយោជន៍នៅតែបង្កបញ្ហានៅក្នុងដួងចិត្តរបស់យើងដដែល ហើយយើងនៅតែមិនព្រមទទួលយកបុគ្គលបែបនេះ មកធ្វើជាព្រះជាម្ចាស់របស់យើងដដែល។ ទោះបីជាទ្រង់បានប្រទាននំម៉ាណាជាច្រើនដល់យើង ដើម្បីឱ្យយើងរីករាយច្រើនប៉ុនណាក៏ដោយ ក៏គ្មានអ្វីមួយក្នុងចំណោមនេះអាចជំនួសកន្លែងរបស់ព្រះអម្ចាស់នៅក្នុងដួងចិត្តយើងបានដែរ។ យើងលើកតម្កើងអត្តសញ្ញាណ និងឋានៈដ៏ពិសេសរបស់បុគ្គលម្នាក់នេះ ត្រឹមតែដោយភាពស្ទាក់ស្ទើរខ្លាំងប៉ុណ្ណោះ។ ដរាបណាទ្រង់មិនបើកព្រះឱស្ឋរបស់ទ្រង់ប្រាប់ឱ្យយើងទទួលស្គាល់ថាទ្រង់គឺជាព្រះជាម្ចាស់ទេ នោះយើងប្រាកដជានឹងមិនទទួលស្គាល់ទ្រង់ដោយខ្លួនឯងថា ព្រះអង្គគឺជាព្រះជាម្ចាស់ដែលត្រូវយាងមកក្នុងពេលឆាប់ៗ និងបានកំពុងតែធ្វើកិច្ចការក្នុងចំណោមយើងរាល់គ្នាជាយូរមកហើយនោះឡើយ។

ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឱ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើង ព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់ទិសដៅ និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឱ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងចាត់ចែងយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញាញាណ និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឱ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពេចស្រពិល ព្រមទាំងធ្វើឱ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះមក ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងចិត្តយើង ដែលយើងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ទាំងភ្ញាក់ ទាំងគេងទេឬអី? គឺទ្រង់នេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត! ទ្រង់បានជួយឱ្យយើងអាចរស់នៅជាថ្មីម្ដងទៀត និងអាចឃើញពន្លឺជាថ្មី ព្រមទាំងបានបញ្ឈប់ដួងចិត្តរបស់យើងកុំឱ្យវង្វេង។ យើងបានវិលត្រលប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ យើងបានវិលត្រលប់មកនៅមុខបល្ល័ង្ករបស់ទ្រង់វិញ យើងនៅជាមួយទ្រង់ដោយមុខទល់នឹងមុខ យើងបានធ្វើបន្ទាល់អំពីការអនុញ្ញាតរបស់ទ្រង់ ហើយយើងបានមើលឃើញផ្លូវដែលនៅខាងមុខ។ នៅពេលនោះ ទ្រង់បានយកឈ្នះលើដួងចិត្តរបស់យើងទាំងស្រុង យើងលែងសង្ស័យថាទ្រង់ជានរណាទៀតហើយ យើងលែងប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ព្រមទាំងព្រះបន្ទូលទៀតហើយ ហើយយើងក៏ក្រាបថ្វាយបង្គំនៅចំពោះទ្រង់ដែរ។ យើងមិនប្រាថ្នាចង់បានអ្វីក្រៅពីដើរតាមស្នាមព្រះបាទារបស់ទ្រង់អស់មួយជីវិតរបស់យើង និងបានគ្រប់លក្ខណ៍ដោយសារទ្រង់ តបស្នងចំពោះព្រះគុណ និងសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះយើង ហើយស្ដាប់តាមការចាត់ចែង និងការរៀបចំរបស់ទ្រង់ ព្រមទាំងសហការជាមួយកិច្ចការរបស់ទ្រង់ និងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីបំពេញនូវអ្វីដែលទ្រង់ផ្ទុកដាក់នឹងយើង។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៤

ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ និងមានបន្ទូលដោយផ្ទាល់នៅក្នុងពិភពលោករបស់មនុស្សទេ នោះមនុស្សនឹងមិនអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលបានដាក់ជីវិតរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ ក៏នឹងមិនអាចទទួលបានការយល់ព្រមពីទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនចាប់ផ្ដើមធ្វើការទេ ទោះបីមនុស្សធ្វើការបានល្អយ៉ាងណាក៏វានៅតែគ្មានតម្លៃអ្វីសោះឡើយ ព្រោះថាព្រះតម្រិះរបស់ព្រះជាម្ចាស់នឹងតែងតែខ្ពង់ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តែងតែលើសហួសពីការយល់ដឹងរបស់មនុស្សជានិច្ច។ ហេតុនេះហើយបានជាខ្ញុំនិយាយថា អស់អ្នកដែលអះអាងថា «ខ្លួនយល់ទាំងស្រុង» អំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តាមពិតទៅជាមនុស្សល្ងីល្ងើវិញទេ។ ពួកគេទាំងអស់គ្នា សុទ្ធតែជាមនុស្សដែលគិតតែពីខ្លួនឯង និងល្ងង់ខ្លៅ។ មនុស្សមិនគួរកំណត់និយមន័យ អំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មួយវិញទៀត មនុស្សមិនអាចកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សគ្មានតម្លៃដូចជាសត្វស្រមោចដែរ។ តើមនុស្សអាចវាស់ស្ទង់អំពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកដែលចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចថា «ព្រះជាម្ចាស់មិនធ្វើការបែបនេះ ឬបែបនោះ» ឬ «ព្រះជាម្ចាស់មានលក្ខណៈបែបនេះ ឬបែបនោះ» តើពួកគេមិនមែនកំពុងនិយាយទាំងអួតក្អេងក្អាងទេឬអី? យើងទាំងអស់គ្នាគួរតែដឹងថា មនុស្សដែលរស់នៅខាងសាច់ឈាមបែបនេះ ត្រូវបានអារក្សសាតាំងធ្វើឱ្យពុករលួយរួចទៅហើយ។ និស្ស័យដើមរបស់មនុស្សជាតិគឺប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សជាតិមិនអាចមានឋានៈស្មើនឹងព្រះជាម្ចាស់ឡើយ ហើយមនុស្សជាតិក៏គ្មានថ្ងៃសង្ឃឹមចង់ផ្ដល់ដំបូន្មានដល់កិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់ដឹកនាំមនុស្ស នោះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់។ វាជារឿងសក្ដិសមដែលមនុស្សគួរតែចុះចូលធ្វើតាម ដោយមិនចាំបាច់ហាមាត់និយាយអំពីទស្សនៈបែបនេះ ឬបែបនោះឡើយ ដ្បិតមនុស្សគ្មានអ្វីក្រៅពីជាធូលីដីឡើយ។ ដោយសារនេះជាចេតនារបស់យើងក្នុងការស្វែងរកព្រះជាម្ចាស់ ដូច្នេះ យើងមិនគួរដាក់សញ្ញាណរបស់យើងពីលើកិច្ចការរបស់ទ្រង់ ដើម្បីឱ្យព្រះជាម្ចាស់យកទៅពិចារណាឡើយ ហើយជាងនេះទៅទៀត យើងមិនគួរប្រើនិស្ស័យពុករលួយរបស់យើងទាំងអស់មកប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ តើការធ្វើបែបនេះមិនធ្វើឱ្យយើងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ដោយសារតែយើងជឿថា មានព្រះជាម្ចាស់ ហើយដោយសារតែយើងចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងចង់ឃើញទ្រង់ ដូច្នេះ យើងគួរតែស្វែងរកផ្លូវនៃសេចក្តីពិត និងស្វែងរកផ្លូវ ដើម្បីស្របគ្នាជាមួយទ្រង់វិញ។ យើងមិនគួរប្រឆាំងនឹងទ្រង់ ដោយចិត្តរឹងចចេសឡើយ។ តើទង្វើបែបនេះអាចនាំឱ្យមានផលល្អអ្វីទៅ?

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលជាចម្លែកសម្រាប់អ្នកផងដែរ ប៉ុន្តែខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញសារជាតិដើមរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឱ្យអ្នកខ្វល់ចិត្តឡើយ។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឱ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។

វាមិនពិបាកឡើយក្នុងការសួរនាំរកចម្លើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះសិន៖ ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។ យើងគួរតែញីភ្នែកខាងវិញ្ញាណរបស់យើង ដើម្បីឱ្យមើលឃើញច្បាស់ ហើយមិនផុងជ្រៅនៅក្នុងពាក្យនិយាយបំផ្លើសបែបរវើរវាយ។ យើងគួរតែគិតអំពីកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ និងមើលទៅកាន់ទិដ្ឋភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់វិញ។ ចូរកុំបណ្ដោយខ្លួនឱ្យអណ្ដែតអណ្ដូង ឬវង្វេងនៅក្នុងការរវើរវាយឡើយ ប៉ុន្តែចូរទន្ទឹងរង់ចាំជានិច្ចនូវថ្ងៃដែលព្រះអម្ចាស់ព្រះយេស៊ូវយាងនៅលើពពក ចុះមកភ្លាមៗក្នុងចំណោមអ្នករាល់គ្នា ហើយនាំយកអ្នករាល់គ្នាដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ឃើញទ្រង់ និងអស់អ្នកដែលមិនដឹងពីរបៀបធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ការគិតអំពីកិច្ចការជាក់ស្ដែង គឺជារឿងដែលប្រសើរជាង!

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៥

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នានេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់គោលដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបគ្នាជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់តាមតែព្រះនាមរបស់ព្រះមែស្ស៊ី ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនគួរឱ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវសូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើមនោះ មិនរឹតតែងាយស្រួលសម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិតបានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឱ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំនិងជាការច្រានចោលសេចក្ដីដែលសម្ដែងឱ្យឃើញតាមរយៈព្រះយេស៊ូវទាំងអស់។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបានដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងល់ គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាស។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរ សប្បាយនឹងនគរស្ថានសួគ៌ដ៏មានសិរីរុងរឿងប៉ុណ្ណោះ ប៉ុន្តែអ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ និងមិនបានទទួលសេចក្ដីពិត ដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះ វាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំ ដែលអ្នកអួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឱ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតនោះមែនទេ?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៦

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នាវិញ ក៏គ្រាន់តែជាចំណេះដឹងផ្នែកបញ្ញា និងគំនិតតែប៉ុណ្ណោះ ការអនុវត្តកិច្ចការរបស់អ្នករាល់គ្នា គឺដើម្បីឱ្យបានទទួលព្រះពរពីស្ថានសួគ៌ប៉ុណ្ណោះ បើដូច្នេះ តើអ្នករាល់គ្នាត្រូវមានជំនឿបែបណា? សូម្បីសព្វថ្ងៃ អ្នករាល់គ្នាក៏នៅតែខ្ទប់ត្រចៀកមិនព្រមស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិតមួយម៉ាត់ណាឡើយ។ អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបគោរពកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបោកបញ្ឆោតរបស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវនឹងគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការស្ដាប់បង្គាប់របស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅសេចក្ដីប្រាថ្នាចង់ស្វែងរកសេចក្ដីពិតរបស់អ្នក? តើឯណាទៅការគោរពរបស់អ្នក ចំពោះព្រះជាម្ចាស់? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ មនុស្សដែលជឿលើព្រះជាម្ចាស់ ដោយសារទីសម្គាល់ គឺច្បាស់ជាប្រភេទមនុស្សដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានយាងត្រឡប់ជាសាច់ឈាមវិញ គឺច្បាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាប្រភេទមនុស្សដែលត្រូវវិនាសអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិត និងជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតពេក ហើយសូមកុំឱ្យជំនឿដែលអ្នកមានលើព្រះជាម្ចាស់ ក្លាយជាជំនឿមួយគ្រាៗ ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែបន្ទាបខ្លួន និងចេះគោរពកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែគេបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬច្រានសេចក្ដីពិតនោះចោល គេគឺជាមនុស្សដែលរងទុក្ខដោយភាពក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានការយល់ដឹង ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែលជាការដែលបានស្ដាប់ឮអំពីផ្លូវនៃសេចក្ដីពិត និងការដែលបានអានព្រះបន្ទូលនៃជីវិតនេះហើយ បានជាអ្នកជឿថា ក្នុងចំណោមពាក្យសម្ដី១ម៉ឺនម៉ាត់នេះ គឺមានតែ១ម៉ាត់គត់ដែលស្របទៅនឹងជំនឿរបស់អ្នក ហើយស្របទៅនឹងព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកផ្លូវនៃសេចក្ដីពិត និងព្រះបន្ទូលនៃជីវិត នៅក្នុងពាក្យសម្ដី១ម៉ឺនម៉ាត់នេះចុះ។ ខ្ញុំក៏នៅតែទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឱ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈដួងចិត្តដ៏តូចទាបដែលប្រកាន់ខ្ជាប់ការគោរពកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងល់ដោយនិយាយថា «នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ» ឬនិយាយថា «នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលបោកបញ្ឆោតមនុស្សតែប៉ុណ្ណោះ»។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឱ្យអ្នករាល់គ្នាថា ត្រូវចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវច្រានចោលព្រះបន្ទូលដែលព្រះជាម្ចាស់បង្ហាញប្រាប់ទាំងងងឹតងងល់ ដោយសារការបង្ហាញខ្លួនរបស់ព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារខ្លាចរអារការបោកបញ្ឆោតនោះដែរ។ តើនេះវាមិនគួរឱ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។ ប្រសិនបើអ្នកមិនអាចទទួលសេចក្ដីពិតដែលថ្លែងដោយត្រង់ៗ និងច្បាស់លាស់បែបនេះបានទេ តើអ្នកស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬអី? តើអ្នកមិនមែនជាមនុស្សដែលមិនទទួលបានព្រះពរគ្រប់គ្រាន់ នឹងអាចចូលទៅចំពោះបល្ល័ង្កនៃព្រះទេឬអី? សូមពិចារណាមើលចុះ! ចូរកុំប្រញាប់ប្រញាល់ និងច្រឡោតពេក ហើយសូមកុំចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ជាល្បែងលេងសើចឱ្យសោះ។ ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក សម្រាប់ជាប្រយោជន៍ដល់ក្ដីសង្ឃឹមរបស់អ្នក ជាប្រយោជន៍ដល់ជីវិតរបស់អ្នក ហើយកុំលេងសើចនឹងខ្លួនឯងឱ្យសោះ។ តើអ្នកអាចទទួលយកព្រះបន្ទូលទាំងអស់នេះបានដែរឬទេ?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ដំណាក់កាលទាំងបីនៃកិច្ចការ

បន្ទាប់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ