ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់

យើងគោរពតាមក្រឹត្យវិន័យ និងបញ្ញត្តិនានានៅក្នុងព្រះគម្ពីរ រីករាយចំពោះព្រះគុណដ៏បរិបូររបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយរួមគ្នាអធិស្ឋាន សរសើរតម្កើង និងបម្រើដោយនូវព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដូចជាមនុស្សរាប់រាយលាននាក់ផ្សេងទៀតដែរ ហើយកិច្ចការដែលយើងធ្វើទាំងអស់នេះសុទ្ធតែស្ថិតក្រោមការថែរក្សា និងការការពាររបស់ព្រះអម្ចាស់។ យើងតែងទន់ខ្សោយជារឿយៗ ហើយក៏រឹងមាំជារឿយៗដែរ។ យើងជឿថា សកម្មភាពទាំងអស់របស់យើងសុទ្ធតែស្របតាមសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។ ដូច្នេះមិនចាំបាច់និយាយអ្វីទេ យើងក៏ជឿថាខ្លួនយើងស្ថិតនៅលើវិថីនៃការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ។ យើងទន្ទឹងរង់ចាំការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ រង់ចាំការយាងចុះមកប្រកបដោយសិរីរុងរឿងរបស់ទ្រង់ រង់ចាំទីបញ្ចប់នៃជីវិតរបស់យើងនៅលើផែនដី រង់ចាំការលេចមកនៃនគរព្រះ និងរង់ចាំអ្វីៗទាំងអស់ដូចដែលបានចែងទុកជាមុននៅក្នុងកណ្ឌគម្ពីរវិវរណៈថា៖ ព្រះអម្ចាស់យាងមកដល់ ទ្រង់នាំយកគ្រោះមហន្ដរាយមក ទ្រង់ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទណ្ឌកម្មមនុស្សអាក្រក់ហើយទ្រង់យកអស់អ្នកដែលដើរតាមទ្រង់ និងស្វាគមន៍ការយាងត្រលប់មកវិញរបស់ទ្រង់ ទៅជួបជាមួយទ្រង់នៅលើអាកាស។ រាល់ពេលដែលយើងគិតអំពីរឿងនេះ យើងមិនអាចធ្វើអ្វីបានឡើយ ក្រៅតែពីត្រូវយកឈ្នះដោយអារម្មណ៍ ពេញដោយអំណរដែលយើងបានកើតមកនៅគ្រាចុងក្រោយ និងមានសំណាងធ្វើជាស្មរបន្ទាល់ពីការយាងមករបស់ព្រះអម្ចាស់។ ទោះបីជាយើងបានទទួលរងការបៀតបៀនក៏ដោយ ក៏យើងបានទទួលមកវិញនូវ «សិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច»។ នេះគឺជាព្រះពរដ៏អស្ចារ្យមួយ! រាល់ការចង់បានទាំងអស់នេះ និងព្រះគុណដែលព្រះអម្ចាស់បានប្រទានមកយើង ធ្វើឱ្យយើងមានស្មារតីអធិស្ឋានជាប់ជានិច្ច និងធ្វើឱ្យយើងកាន់តែឧស្សាហ៍ក្នុងការប្រមូលផ្ដុំគ្នា។ ប្រហែលជាឆ្នាំក្រោយ ប្រហែលជាថ្ងៃស្អែក និងប្រហែលជាក្នុងចន្លោះពេលវេលាមួយដែលខ្លីជាងអ្វីដែលមនុស្សអាចយល់បាន នោះព្រះអម្ចាស់នឹងយាងចុះមកភ្លាម ដោយលេចមកក្នុងចំណោមមនុស្សមួយក្រុមដែលបានរង់ចាំទ្រង់ដោយយកចិត្តទុកដាក់យ៉ាងខ្លាំង។ យើងប្រញាប់ប្រញល់ទៅខាងមុខគេ គ្មាននរណាម្នាក់ចង់នៅក្រោយគេឡើយ ហើយទាំងអស់នេះគឺដើម្បីឱ្យបានស្ថិតនៅក្នុងចំណោមក្រុមមនុស្សដំបូងគេ ដែលមើលឃើញការលេចមករបស់ព្រះអម្ចាស់ គឺក្នុងចំណោមអស់អ្នកដែលត្រូវបានលើកឡើងទៅក្នុងពពក។ ដើម្បីការមកដល់នៃថ្ងៃនេះ យើងបានប្រគល់អ្វីៗគ្រប់យ៉ាងដោយមិនខ្វល់ពីការខាតបង់ឡើយ ដោយអ្នកខ្លះទុកការងាររបស់ខ្លួនចោល អ្នកខ្លះបោះបង់គ្រួសាររបស់ខ្លួន អ្នកខ្លះផ្ដាច់ចំណងអាពាហ៍ពិពាហ៍ចោល ហើយអ្នកខ្លះទៀតថែមទាំងបរិច្ចាគប្រាក់សន្សំទាំងអស់របស់ខ្លួនទៀតផង។ នេះជាការលះបង់ដ៏អស្ចារ្យដោយមិនគិតពីខ្លួនឯង! ភាពស្មោះត្រង់ និងភក្ដីភាពបែបនេះ ប្រាកដជាលើសពីពួកបរិសុទ្ធកាលពីសម័យមុនទៅទៀត! ដោយព្រោះព្រះអម្ចាស់ប្រទានព្រះគុណ និងសម្ដែងសេចក្ដីមេត្តាករុណាដល់អស់អ្នកណាដែលទ្រង់សព្វព្រះហឫទ័យ យើងជឿថាព្រះនេត្ររបស់ទ្រង់បានទតឃើញភាពស្មោះត្រង់ និងការលះបង់របស់យើងតាំងពីយូរមកហើយ។ ដូច្នេះ ការអធិស្ឋានអស់ពីដួងចិត្តរបស់យើងក៏បានឮទៅដល់ព្រះកាណ៌របស់ទ្រង់ដែរ ហើយយើងជឿជាក់ថា ព្រះអម្ចាស់នឹងប្រទានការតបស្នងចំពោះការលះបង់របស់យើង។ លើសពីនេះទៀត ព្រះជាម្ចាស់បានបង្ហាញព្រះគុណចំពោះយើងមុនពេលដែលទ្រង់បានបង្កើតពិភពលោកមក ហើយព្រះពរ និងសេចក្ដីសន្យាដែលទ្រង់បានប្រទានដល់យើង គ្មាននរណាម្នាក់អាចដកចេញបានឡើយ។ យើងទាំងអស់គ្នាសុទ្ធតែកំពុងរៀបចំផែនការសម្រាប់ពេលអនាគត ហើយតាមធម្មតាបានដាក់ការតាំងចិត្តនិងការលះបង់របស់យើងជាប្រាក់ដើម ឬទុនដើម្បីដោះដូរនឹងការលើកឡើងទៅក្នុងពពកទៅជួបជាមួយព្រះអម្ចាស់នៅលើអាកាស។ បន្ថែមលើនេះទៀត យើងបានដាក់ខ្លួនយើងនៅលើបល្ល័ង្កនៃអនាគតដោយមិនស្ទាក់ស្ទើរបន្ដិចឡើយ ដើម្បីបានធ្វើជាអធិបតីលើជាតិសាសន៍ និងមនុស្សទាំងអស់ ឬដើម្បីសោយរាជ្យធ្វើជាស្ដេច។ យើងរាប់អ្វីៗទាំងអស់នេះទុកដូចជាការប្រទានឱ្យ ជាអ្វីម្យ៉ាងដែលយើងបានរំពឹងទុក។

យើងមាក់ងាយអស់អ្នកដែលទាស់ប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវ។ ទីបញ្ចប់របស់ពួកគេទាំងអស់គ្នាគឺការវិនាសសាបសូន្យ។ តើនរណាដែលបានប្រាប់ពួកគេមិនឱ្យជឿថាព្រះអម្ចាស់យេស៊ូវដែលជាព្រះអង្គសង្គ្រោះ? ប្រាកដណាស់ មានពេលវេលាជាច្រើនដងដែលយើងត្រាប់តាមព្រះអម្ចាស់យេស៊ូវ ក្នុងការបង្ហាញចិត្តក្ដួលអាណិតចំពោះមនុស្សនៅក្នុងលោកិយ ដ្បិតពួកគេមិយល់ ហើយវាជារឿងត្រឹមត្រូវដែលលើកលែង ហើយអត់ទោសដល់ពួកគេ។ អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ សុទ្ធតែស្របតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដ្បិតអ្វីៗដែលមិនស្របនឹងបទគម្ពីរ សុទ្ធតែជាសេចក្ដីបង្រៀនក្លែងក្លាយ និងខុសឆ្គង។ ជំនឿប្រភេទនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តគំនិតរបស់យើងម្នាក់ៗ។ ព្រះអម្ចាស់របស់យើងនៅក្នុងព្រះគម្ពីរ ហើយប្រសិនបើយើងមិនឃ្លាតឆ្ងាយពីព្រះគម្ពីរទេ នោះយើងក៏នឹងមិនឃ្លាតឆ្ងាយពីព្រះអម្ចាស់ឡើយ ហើយប្រសិនបើយើងនៅជាប់នឹងគោលការណ៍នេះ នោះយើងនឹងទទួលបានសេចក្ដីសង្គ្រោះ។ យើងជំរុញគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក ហើយគ្រប់ពេលដែលយើងជួបជុំគ្នា គឺយើងសង្ឃឹមថាអ្វីៗដែលយើងនិយាយ និងធ្វើ សុទ្ធតែស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអម្ចាស់នឹងទទួលយក។ ទោះបីជាបរិយាកាសរបស់យើងមានភាពប្រទូស្ដរ៉ាយយ៉ាងខ្លាំងក៏ដោយ ក៏ដួងចិត្តរប់សយើងពេញដោយក្ដីរីករាយដែរ។ នៅពេលដែលយើងគិតអំពីព្រះពរដែលងាយនឹងទទួលយកបែបនេះ តើមានអ្វីដែលយើងមិនអាចទុកចោលឬទេ? តើមានអ្វីដែលយើងស្ទាក់ស្ទើរក្នុងការចូលរួមឬទេ? ទាំងអស់នេះ គឺមិនបាច់និយាយនោះទេ ហើយអ្វីៗទាំងអស់នេះសុទ្ធតែស្ថិតក្រោមការឃ្លាំមើលរបស់ព្រះជាម្ចាស់។ យើងទាំងអស់គ្នាជាមនុស្សខ្វះខាតមួយក្ដាប់តូច ដែលត្រូវបានលើកចេញពីគំនរលាមកសត្វមក ហើយយើងក៏ដូចជាអ្នកដើរតាមធម្មតាទាំងអស់របស់ព្រះអម្ចាស់យេស៊ូវដែរ គឺយើងសុបិនថានឹងត្រូវលើកឡើងទៅក្នុងពពក ទទួលបានព្រះពរ និងត្រួតត្រាលើជាតិសាសន៍ទាំងអស់។ ភាពពុករលួយរបស់យើងត្រូវបានលាតត្រដាងដោយចំហនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយបំណងប្រាថ្នា និងការលោភលន់របស់យើងក៏ត្រូវបានថ្កោលទោសនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗទាំងអស់នេះកើតឡើងជាធម្មតា និងសមហេតុផលបំផុត បានជាគ្មាននរណាម្នាក់ក្នុងចំណោមយើងរាល់គ្នាឆ្ងល់ថាការចង់បានរបស់យើងត្រឹមត្រូវ ឬក៏អត់នោះទេ ហើយមានមនុស្សតិចណាស់ក្នុងចំណោមយើងរាល់គ្នាដែលសង្ស័យពីភាពត្រឹមត្រូវនៃអ្វីៗដែលយើងប្រកាន់ខ្ជាប់។ តើនរណាអាចដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? យើងមិនដឹងថាត្រូវស្វែងរក ឬក៏ស្រាវជ្រាវរកឱ្យដឹងច្បាស់ថា ផ្លូវដែលមនុស្សដើរជាផ្លូវប្រភេទណាឱ្យពិតប្រាកដទេ ហើយយើងក៏មិនចាប់អារម្មណ៍ចង់សាកសួរអ្វីដែរ។ ដ្បិតយើងខ្វល់ខ្វាយតែចំណុចដែលថា យើងអាចត្រូវបានលើកឡើងទៅក្នុងពពកឬអត់ យើងអាចទទួលបានព្រះពរឬអត់ មានកន្លែងសម្រាប់យើងនៅលើនគរស្ថានសួគ៌ឬអត់ ហើយថាយើងនឹងមានចំណែកពីទឹកនៃទន្លេជីវិត និងផលផ្លែពីដើមជីវិតឬអត់ប៉ុណ្ណោះ។ តើមិនមែនដើម្បីឱ្យបានរបស់ទាំងអស់នេះទេឬអី ដែលយើងជឿលើព្រះអម្ចាស់ និងក្លាយជាអ្នកដើរតាមទ្រង់? បាបរបស់យើងត្រូវបានអត់ទោសឱ្យ យើងបានប្រែចិត្ត យើងបានផឹកពីពែងស្រាទំពាំងបាយជូរដ៏ល្វីង ហើយយើងបានដាក់ឈើឆ្កាងលើខ្នងរបស់យើង។ តើនរណាអាចនិយាយថា ព្រះអម្ចាស់នឹងមិនទទួលយកតម្លៃដែលយើងបានបង់? តើនរណាអាចនិយាយថា យើងមិនបានរៀបចំប្រេងគ្រប់គ្រាន់? យើងមិនចង់ធ្វើជាស្ដ្រីព្រហ្មចារីដ៏ល្ងង់ទាំងនោះ ឬក៏ធ្វើជានរណាម្នាក់ក្នុងចំណោមមនុស្ស ដែលត្រូវបានគេបោះបង់ចោលនោះទេ។ លើសពីនេះទៀត យើងអធិស្ឋានឥតឈប់ឈរ ដោយទូលសុំព្រះអម្ចាស់ឱ្យការពារយើងពីការបោកបញ្ឆោតដោយព្រះគ្រីស្ទក្លែងក្លាយ ដ្បិតព្រះគម្ពីរបានចែងថា៖ «ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឱ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ យើងទាំងអស់គ្នាប្ដេជ្ញាចិត្តទន្ទេញខព្រះគម្ពីរទាំងនេះ យើងចងចាំខព្រះគម្ពីរទាំងនេះរត់មាត់ ហើយយើងរាប់ខព្រះគម្ពីរទាំងនេះថាជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជាជីវិត និងជាលិខិតសរសើរមួយ ដែលសម្រេចថាយើងអាចបានសង្គ្រោះ ឬអាចត្រូវលើកឡើងទៅក្នុងពពកឬអត់ ...

រាប់ពាន់ឆ្នាំមកហើយ មនុស្សរស់បានស្លាប់ទៅ ដោយនាំយកការចង់បាន និងក្ដីសុបិនរបស់ខ្លួនទៅជាមួយ ប៉ុន្ដែថាតើពួកគេបានទៅនគរស្ថានសួគ៌ឬអត់នោះ គឺគ្មាននរណាម្នាក់ដឹងច្បាស់ឡើយ។ មនុស្សស្លាប់ត្រលប់មកវិញ ដោយភ្លេចរឿងរ៉ាវទាំងអស់ដែលបានកើតឡើង ហើយពួកគេនៅតែអនុវត្តតាមសេចក្ដីបង្រៀន និងដើរតាមផ្លូវរបស់ពួកឰយុកោ។ ហើយនៅពេលដែលពេលវេលាកន្លងផុតទៅបែបនេះច្រើនឆ្នាំច្រើនថ្ងៃ នោះគ្មាននរណាម្នាក់ដឹងថាព្រះអម្ចាស់យេស៊ូវដ៏ជាព្រះជាម្ចាស់នៃយើង ពិតជាទទួលយកអ្វីៗទាំងអស់ដែលយើងធ្វើឬក៏អត់នោះទេ។ អ្វីដែលយើងអាចធ្វើបានគឺរង់ចាំទទួលលទ្ធផល និងប៉ាន់ស្មានអំពីអ្វីៗដែលនឹងកើតឡើង។ ប៉ុន្ដែ ព្រះជាម្ចាស់បានរក្សាភាពស្ងៀមស្ងាត់នៅគ្រប់ទីកន្លែង មិនដែលលេចមកឱ្យយើងឃើញឡើយក៏មិនដែលមានបន្ទូលមកកាន់យើងដែរ។ ដូច្នេះហើយ ការអនុវត្តតាមព្រះគម្ពីរ និងតាមទីសម្គាល់បញ្ជាក់ថាយើងមានបំណងធ្វើការវិនិច្ឆ័យអំពីបំណងព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់។ យើងបានស៊ាំនឹងភាពស្ងៀមស្ងាត់របស់ព្រះជាម្ចាស់ យើងបានស៊ាំនឹងការវាស់ស្ទង់លើការប្រព្រឹត្តរបស់ខ្លួនថាត្រូវ និងខុស តាមតែគំនិតផ្ទាល់ខ្លួនរបស់យើង យើងបានស៊ាំនឹងការពឹងផ្អែកលើចំណេះដឹង សញ្ញាណ និងក្រមសីលធម៌របស់យើង ដែលព្រះជាម្ចាស់តម្រូវពីយើង យើងបានស៊ាំនឹងការរីករាយចំពោះព្រះគុណរបស់ព្រះជាម្ចាស់ យើងបានស៊ាំនឹងការមានព្រះជាម្ចាស់ចាំប្រទានជំនួយនៅពេលដែលយើងត្រូវការ យើងបានស៊ាំនឹងការលូកដៃទៅរកព្រះជាម្ចាស់ និងបញ្ជាទ្រង់គ្រប់រឿង យើងក៏បានស៊ាំនឹងអនុលោមតាមបទបញ្ជាដែរ តែមិនយកចិត្តទុកដាក់ចំពោះរបៀបដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងទេ ហើយលើសពីនោះទៀត យើងក៏ស៊ាំនឹងសភាពសព្វថ្ងៃដែលយើងធ្វើជាចៅហ្វាយលើខ្លួនឯងដែរ។ យើងជឿលើព្រះមួយអង្គ ដែលយើងមិនធ្លាប់ជួបមុខទល់នឹងមុខសោះ។ សំណួរដូចជា តើទ្រង់មាននិស្ស័យបែបណា តើទ្រង់មានលក្ខណៈបែបណា ហើយមានអ្វីខ្លះ តើរូបអង្គទ្រង់មានលក្ខណៈបែបណា តើយើងស្គាល់ទ្រង់ឬអត់នៅពេលដែលទ្រង់យាងមក និងសំណួរផ្សេងៗទៀត គឺសុទ្ធតែគ្មានអ្វីសំខាន់នោះទេ។ អ្វីដែលសំខាន់នោះ គឺទ្រង់គង់នៅក្នុងចិត្តរបស់យើង ហើយថាយើងទាំងអស់គ្នាសុទ្ធតែរង់ចាំទ្រង់ ហើយវាល្មមនឹងអាចឱ្យយើងស្រម៉ៃថាទ្រង់បែបនេះ ឬក៏បែបនោះ។ យើងសរសើរពីសេចក្ដីជំនឿរបស់យើង ហើយឱ្យតម្លៃទៅលើជីវិតខាងព្រលឹងវិញ្ញាណរបស់យើង។ យើងមើលទៅអ្វីៗទាំងអស់ដូចជាលាមក ហើយជាន់ឈ្លីអ្វីៗទាំងអស់នៅក្រោមជើង។ ដោយព្រោះយើងជាអ្នកជឿលើព្រះអម្ចាស់ដ៏មានសិរីល្អ មិនថាដំណើរនោះវែងឆ្ងាយ ហើយតឹងតែងប៉ុនណា មិនថាការលំបាក និងគ្រោះថ្នាក់កើតឡើងចំពោះយើងយ៉ាងណាក៏ដោយក៏គ្មានអ្វីដែលអាចបញ្ឈប់ជំហានជើងរបស់យើងបានដែរ នៅពេលដែលយើងដើរតាមព្រះអម្ចាស់។ «ទន្លេជីវិតដ៏បរិសុទ្ធមួយ ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងកូនចៀម។ នៅសងខាងទន្លេនេះ មានដើមជីវិតដែលបង្កើតផ្លែដប់ពីរដង គឺរៀងរាល់ខែ ឯស្លឹករបស់វា គឺសម្រាប់ប្រោសប្រជាជាតិនានាឱ្យជា។ នឹងគ្មានបណ្ដាសាទៀតឡើយ គឺមានតែបល្ល័ង្ករបស់ព្រះ និងកូនចៀមនៅទីនោះវិញ ហើយអ្នកបម្រើទ្រង់ នឹងនៅបម្រើទ្រង់ ពួកគេនឹងមើលឃើញព្រះភក្ត្រទ្រង់ ហើយព្រះនាមទ្រង់ នឹងឆ្លាក់នៅជាប់នឹងថ្ងាសរបស់គេ។ នៅទីនោះគ្មានពេលយប់ទេ ហើយពួកគេក៏មិនត្រូវការទៀន ឬត្រូវការពន្លឺព្រះអាទិត្យដែរ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ប្រទានពន្លឺដល់គេ ហើយពួកគេនឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ២២:១-៥)។ រាល់ពេលដែលយើងច្រៀងពាក្យពេចន៍ទាំងនេះ ចិត្តរបស់យើងពោរពេញទៅដោយអំណរ និងការពេញចិត្តឥតព្រំដែន ហើយទឹកភ្នែកក៏ហូរចេញពីភ្នែករបស់យើងមក។ សូមអរព្រះគុណដល់ព្រះអម្ចាស់ដែលជ្រើសរើសយើង សូមអរព្រះគុណព្រះអម្ចាស់ចំពោះព្រះគុណរបស់ទ្រង់។ ទ្រង់បានប្រទានដល់យើងមួយរយដងនៅក្នុងជីវិតនេះ ហើយទ្រង់បានប្រទានជីវិតអស់កល្បជានិច្ចដល់យើងនៅលោកខាងមុខ។ ប្រសិនបើទ្រង់ឱ្យយើងស្លាប់ឥលូវនេះ យើងនឹងធ្វើតាមភ្លាមដោយមិនត្អូញត្អែរអ្វីបន្ដិចឡើយ។ ឱព្រះអម្ចាស់អើយ សូមទ្រង់មេត្តាឆាប់យាងមក! សូមទ្រង់ពិចារណាមើល យើងខ្ញុំត្រូវការទ្រង់ខ្លាំងណាស់ ហើយយើងបានលះបង់អ្វីៗគ្រប់យ៉ាងថ្វាយទ្រង់ សូមទ្រង់កុំពន្យារពេលទៀតឡើយ សូម្បីតែមួយនាទី ឬក៏មួយវិនាទី។

ព្រះជាម្ចាស់នៅស្ងៀម ហើយទ្រង់មិនដែលលេចមកឱ្យយើងឃើញឡើយ ប៉ុន្ដែកិច្ចការរបស់ទ្រង់មិនដែលឈប់ឡើយ។ ទ្រង់ស្ទង់មើលផែនដីទាំងមូល ហើយបញ្ជាអ្វីៗទាំងអស់ ព្រមទាំងទតមើលពាក្យសម្ដី និងការប្រព្រឹត្ដទាំងអស់របស់មនុស្ស។ ទ្រង់អនុវត្តការគ្រប់គ្រងរបស់ទ្រង់តាមជំហានដ៏ល្អិតល្អន់ និងទៅតាមផែនការរបស់ទ្រង់ដោយសម្ងាត់ និងគ្មានឥទ្ធិពលអស្ចារ្យអ្វីនោះទេ ប៉ុន្ដែជំហានព្រះបាទារបស់ទ្រង់ឆ្ពោះទៅមុខមួយជំហានម្ដងៗ ខិតទៅកាន់តែជិតមនុស្សជាតិ ហើយបល្ល័ង្កជំនុំជម្រះរបស់ទ្រង់បានសម្ដែងនៅលើសកលលោកទាំងមូលលឿនដូចជាផ្លេកបន្ទោរ បន្ទាប់ពីបល្ល័ង្ករបស់ទ្រង់ចុះមកកណ្ដាលចំណោមយើងភ្លាមៗ។ នោះគឺជាទស្សនីយភាពមួយដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏វិសេសវិសាល និងឱឡារិកមួយ។ ព្រះវិញ្ញាណយាងចុះមកកណ្ដាលយើងប្រៀបដូចជាសត្វព្រាបមួយក្បាល និងសឹង្ហមួយក្បាលដែលកំពុងគ្រហឹម។ ទ្រង់គឺជាប្រាជ្ញា ជាសេចក្ដីបរិសុទ្ធ និងជាអានុភាពដ៏អស្ចារ្យ ហើយទ្រង់យាងចុះមកកណ្ដាលចំណោមយើងដោយស្ងាត់ៗ ដោយសិទ្ធិអំណាចគ្រប់គ្រង និងពេញដោយសេចក្ដីស្រលាញ់ ព្រមទាំងសេចក្ដីមេត្តាករុណា។ គ្មាននរណាម្នាក់ដឹងពីការយាងមកដល់របស់ទ្រង់ឡើយ គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ទ្រង់ឡើង ហើយលើសពីនោះទៀតគឺគ្មាននរណាម្នាក់ដឹងពីអ្វីគ្រប់យ៉ាងដែលទ្រង់រៀបនឹងធ្វើឡើយ។ ជីវិតរបស់មនុស្សបន្ដទៅដូចកាលពីមុន ដួងចិត្តរបស់ពួកគេមិនខុសប្លែកអ្វីឡើយ ហើយថ្ងៃក៏កន្លងផុតទៅដូចធម្មតាដែរ។ ព្រះជាម្ចាស់គង់នៅកណ្ដាលចំណោមយើង ក្នុងលក្ខណៈជាមនុស្សម្នាក់ដូចជាមនុស្សផ្សេងទៀតដែរ គឺជាមនុស្សម្នាក់ដែលសំខាន់បំផុតក្នុងចំណោមអ្នកដើរតាម និងជាអ្នកជឿធម្មតាម្នាក់។ ទ្រង់មានការស្វែងរកផ្ទាល់ខ្លួន ទ្រង់មានគោលដៅផ្ទាល់ខ្លួន ហើយលើសពីនោះទៀត ទ្រង់មានភាពជាព្រះដែលមនុស្សធម្មតាមិនមានឡើយ។ គ្មាននរណាម្នាក់កត់សម្គាល់ពីអត្ថិភាពនៃភាពជាព្រះរបស់ទ្រង់ឡើង ហើយគ្មាននរណាម្នាក់បានយល់ដឹងអំពីភាពខុសគ្នារវាងលក្ខណៈរបស់ទ្រង់ និងភាពជាមនុស្សរបស់ទ្រង់នោះឡើយ។ យើងរស់នៅជាមួយទ្រង់ ដោយមិនគ្មានការបង្ខិតបង្ខំ និងគ្មានខ្លាចអ្វីឡើយ ដ្បិតនៅក្នុងភ្នែករបស់យើង ទ្រង់គឺជាអ្នកជឿម្នាក់ដែលមិនសំខាន់។ ទ្រង់ទតមើលគ្រប់ដំណើរផ្លាស់ប្ដូររបស់យើង ហើយគំនិតនិងយោបល់របស់យើងទាំងប៉ុន្មានសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់។ គ្មាននរណាម្នាក់ចាប់អារម្មណ៍ចំពោះអត្ថិភាពរបស់ទ្រង់ឡើយ គ្មាននរណាម្នាក់នឹកឃើញដល់មុខងាររបស់ទ្រង់ឡើយ ហើយលើសពីនោះទៀត គ្មាននរណម្នាក់សង្ស័យអ្វីបន្ដិចអំពីអត្តសញ្ញាណរបស់ទ្រង់ឡើយ។ អ្វីៗដែលយើងធ្វើគឺបន្ដការស្វែងរករបស់ខ្លួន ហាក់ដូចជាទ្រង់គ្មានជាប់ទាក់ទងអ្វីនឹងយើងបន្ដិចឡើយ ...

ចៃដន្យ ព្រះវិញ្ញាណបរិសុទ្ធសម្ដែងអត្ថបទព្រះបន្ទូល «តាមរយៈ» ទ្រង់ ហើយទោះបីវាមានអារម្មណ៍ហាក់ដូចជាស្មានមិនដល់ក៏ដោយ ក៏យើងទទួលស្គាល់ថា វាជាព្រះបន្ទូលដែលមកចេញពីព្រះជាម្ចាស់ និងទទួលយកពីព្រះជាម្ចាស់យ៉ាងងាយស្រួលដែរ។ នោះគឺដោយសារថា ដរាបណាព្រះបន្ទូលទាំងនោះមកពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងគួរតែទទួលយក មិនត្រូវបដិសេធឡើយ ទោះបីជានរណាសម្ដែងព្រះបន្ទូលទាំងនេះក៏ដោយ។ ព្រះសូរសៀងបន្ទាប់ទៀត អាចមកតាមរយៈខ្ញុំ ឬក៏តាមរយៈអ្នក ឬមួយក៏តាមរយៈនរណាម្នាក់ផ្សេងទៀត។ មិនថាបុគ្គលនោះជានរណាទេ ទាំងនេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ ប៉ុន្ដែ មិនថាបុគ្គលនោះជានរណាទេ យើងមិនអាចថ្វាយបង្គំបានឡើយ ដ្បិតមិនថាយ៉ាងណាទេ បុគ្គលនេះមិនអាចជាព្រះជាម្ចាស់បានឡើយ ហើយយើងក៏មិនត្រូវជ្រើសរើសមនុស្សដ៏សាមញ្ញធម្មតាបែបនេះមកធ្វើជាព្រះជាម្ចាស់របស់យើងដែរ ទោះជាតាមវិធីណាក៏ដោយ។ ព្រះជាម្ចាស់របស់យើងធំមហិមា និងគួរឱ្យលើកតម្កើង តើមនុស្សដែលមិនសំខាន់បែបនេះអាចឈរជំនួសកន្លែងរបស់ទ្រង់យ៉ាងដូចម្ដេចកើត? អ្វីដែលលើសពីនេះទៀត គឺយើងកំពុងរង់ចាំព្រះជាម្ចាស់យាងមក ហើយនាំយើងត្រលប់ទៅនរគរស្ថានសួគ៌វិញ ដូច្នេះតើបុគ្គលម្នាក់ដែលមិនសំខាន់បែបនេះ អាចធ្វើកិច្ចការមួយដ៏សំខាន់ និងលំបាកបែបនេះបានយ៉ាងដូចម្ដេចកើត? ប្រសិនបើព្រះអម្ចាស់យាងមកម្ដងទៀត គឺត្រូវតែយាងមកនៅលើពពកពណ៌សមួយដុំ ដើម្បីឱ្យហ្វូងមនុស្សទាំងអស់អាចមើលឃើញ។ នោះគឺជារឿងដែលប្រកបដោយសិរីល្អ! តើទ្រង់អាចលាក់ខ្លួនស្ងាត់ៗក្នុងចំណោមក្រុមមនុស្សដ៏សាមញ្ញធម្មតាយ៉ាងដូចម្ដេចកើត?

ហើយបុគ្គលធម្មតាដែលបានលាក់កំបាំងនៅកណ្ដាលចំណោមមនុស្សនេះ ហើយជាអ្នកដែលកំពុងធ្វើកិច្ចការថ្មីនៃការសង្គ្រោះយើង។ ទ្រង់មិនពន្យល់ប្រាប់យើងទេ ហើយទ្រង់ក៏មិនមានបន្ទូលប្រាប់យើងពីមូលហេតុដែលទ្រង់បានយាងមកដែរ ប៉ុន្ដែទ្រង់ធ្វើកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើយ៉ាងសាមញ្ញ តាមជំហានដ៏ល្អិតល្អន់ និងទៅតាមផែនការរបស់ទ្រង់។ ព្រះបន្ទូល និងព្រះសូរសៀងរបស់ទ្រង់បានសម្ដែងចេញមកកាន់តែញឹកញាប់។ ពីការលួងលោម ការដាស់តឿន ការរំឭកនិងការព្រមាន ទៅដល់កាបន្ទោស និងការដាក់វិន័យ ហើយពីសូរសៀងទន់ភ្លន់ និងសុភាពរាបសារ ទៅដល់ព្រះបន្ទូលដ៏កាចសាហាវ និងប្រកបដោយអនុភាព ហើយទាំងអស់នេះសុទ្ធតែផ្ដល់នូវសេចក្ដីមេត្តាករុណាដល់មនុស្ស និងបណ្ដុះភាពភ័យខ្លាចនៅក្នុងគេ។ គ្រប់យ៉ាងដែលទ្រង់មានបន្ទូល សុទ្ធតែត្រូវចំអាថ៌កំបាំងដែលលាក់ទុកយ៉ាងជ្រៅនៅក្នុងខ្លួនយើង ព្រះបន្ទូលរបស់ទ្រង់ចាក់ដោតដួងចិត្តយើង ចាក់ដោតព្រលឹងវិញ្ញាណយើង ហើយធ្វើឱ្យយើងមានភាពអាម៉ាស់ដែលមិនអាចទ្រាំទ្របាន ទាំងមិនដឹងថាត្រូវលាក់ខ្លួននៅកន្លែងណា។ យើងចាប់ផ្ដើមងឿងឆ្ងល់ថា តើព្រះជាម្ចាស់ដែលគង់នៅក្នុងដួងចិត្តរបស់បុគ្គលនេះ ពិតជាស្រលាញ់យើងមែនឬអត់ ហើយតើទ្រង់ព្រះតម្រិះពីអ្វីឱ្យពិតប្រាកដ។ ប្រហែលជាយើងអាចត្រូវបានលើកឡើងទៅក្នុងពពក ក្រោយពេលស៊ូទ្រាំនឹងការរងទុក្ខទាំងអស់នេះទេដឹង? នៅក្នុងខួរក្បាលរបស់យើង គឺយើងកំពុងគន់គូរ...អំពីទិសដៅខាងមុខ និងជោគវាសនាអនាគតរបស់យើង។ ប៉ុន្ដែ វានៅតែដូចកាលពីមុនដដែល គឺគ្មាននរណាម្នាក់នៅក្នុងចំណោមយើងរាល់គ្នាជឿថាព្រះជាម្ចាស់បានយាងមកយកនិស្ស័យជាសាច់ឈាម ដើម្បីធ្វើកិច្ចការនៅកណ្ដាលចំណោមយើងរួចទៅហើយនោះទេ។ ទោះបីជាទ្រង់បានអមដំណើរជាមួយយើងអស់រយៈពេលយ៉ាងយូរបែបនេះហើយក៏ដោយ ហើយទោះបីជាទ្រង់បានមានបន្ទូលយ៉ាងច្រើនជាមួយយើងដោយមុខទល់នឹងមុខក៏ដោយ ក៏យើងនៅតែមិនព្រមទទួលយកបុគ្គលដ៏សាមញ្ញធម្មតាបែបនេះធ្វើជាព្រះជាម្ចាស់នៃអនាគតរបស់យើងដដែល ហើយយើងនៅតែមិនព្រមប្រគល់ការគ្រប់គ្រងលើអនគត និងជោគវាសនារបស់យើងទៅបុគ្គលដែលមិនសំខាន់បែបនេះដែរ។ តាមរយៈទ្រង់ យើងរីករាយចំពោះការផ្គត់ផ្គង់ទឹករស់ដែលមិនចេះរីងស្ងួត ហើយតាមរយៈទ្រង់ យើងរស់នៅមុខទល់នឹងមុខជាមួយព្រះជាម្ចាស់។ ប៉ុន្ដែ យើងអរគុណតែចំពោះព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ ហើយយើងមិនដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់បុគ្គលដ៏សាមញ្ញម្នាក់នេះ ដែលមានភាពជាព្រះនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការរបស់ទ្រង់ ទាំងបន្ទាបព្រះអង្គទ្រង់យ៉ាងលាក់កំបាំងនៅក្នុងសាច់ឈាមដូចកាលពីមុនដដែល ដើម្បីបង្ហាញពីព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះមនុស្ស ទាំងអត់ទោសចំពោះភាពផ្ដេសផ្ដាសដូចជាកូនក្មេង និងភាពល្ងង់ខ្លៅរបស់មនុស្សដរាបអស់កល្បជានិច្ច ហើយក៏អត់ឱនចំពោះអាកប្បកិរិយាឆ្គាំឆ្គងរបស់មនុស្សចំពោះទ្រង់ ដោយហាក់ដូចជាមិនខ្វល់នឹងការបដិសេធរបស់ពួកគេចំពោះទ្រង់សោះឡើយ។

បុគ្គលដែលមិនសំខាន់ម្នាក់នេះ បានដឹកនាំយើងចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ទាំងដែលយើងមិនដឹងខ្លួនសោះ។ យើងឆ្លងកាត់នូវទុក្ខលំបាករាប់មិនអស់ ទទួលទោសជាច្រើន និងត្រូវបានល្បងលដោយសេចក្ដីស្លាប់។ យើងរៀនសូត្រអំពីនិស្ស័យដ៏សុចរិត និងប្រកបដោយតេជានុភាពរបស់ព្រះជាម្ចាស់ ក៏រីករាយចំពោះសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រមទាំងចាប់ផ្ដើមកោតសរសើរអំពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណដ៏អស្ចារ្យរបស់ទ្រង់ ធ្វើបន្ទាល់ពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងសម្លឹងមើលព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ជួយសង្គ្រោះមនុស្ស។ តាមរយៈពាក្យសម្ដីរបស់បុគ្គលធម្មតាម្នាក់នេះ យើងចាប់ផ្ដើមស្គាល់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់និស្ស័យ និងលក្ខណៈរបស់មនុស្ស ព្រមទាំងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ និងភាពគ្រប់លក្ខណ៍ផងដែរ។ ព្រះបន្ទូលរបស់ទ្រង់បណ្ដាលឱ្យយើង «ស្លាប់» ហើយព្រះបន្ទូលទាំងនោះក៏បណ្ដាលឱ្យយើង «កើតជាថ្មី» ដែរ។ ព្រះបន្ទូលរបស់ទ្រង់នាំយកមកនូវការកំសាន្ដចិត្តដល់យើង ប៉ុន្ដែក៏នាំមកនូវការឈឺចាប់គ្មានព្រំដែនដែរ។ ពេលខ្លះ យើងដូចជាកូនចៀមដែលយកទៅសម្លាប់នៅក្នុងព្រះហស្ដទ្រង់ ពេលខ្លះយើងប្រៀបបីដូចជាប្រសី្រព្រះនេត្ររបស់ទ្រង់ និងរីករាយចំពោះសេចក្ដីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ទ្រង់ ពេលខ្លះទៀតយើងប្រៀបបីដូចជាខ្មាំងសត្រូវរបស់ទ្រង់ ហើយស្ថិតក្រោមការឃ្លាំមើលរបស់ទ្រង់ក៏ប្រែក្លាយទៅជាផែះដោយសារសេចក្ដីក្រោធរបស់ទ្រង់។ យើងគឺជាពូជមនុស្សដែលបានសង្គ្រោះដោយសារទ្រង់ យើងគឺជាដង្កូវនៅក្នុងព្រះនេត្រទ្រង់ ហើយយើងគឺជាកូនចៀមវង្វេងដែលទ្រង់បានបន្ទាបព្រះអង្គទ្រង់តាមរកទាំងយប់ទាំងថ្ងៃ។ ទ្រង់ពេញដោយសេចក្ដីមេត្តាករុណាចំពោះយើង ទ្រង់ស្អប់យើង ទ្រង់លើកយើងឡើង ទ្រង់កំសាន្ដចិត្តយើង ហើយណែនាំយើង ទ្រង់ដឹកនាំយើង ទ្រង់បំភ្លឺយើង ទ្រង់វាយផ្ចាល និងដាក់វិន័យយើង ហើយទ្រង់ក៏ដាក់បណ្ដាសាយើងដែរ។ ទាំងយប់ទាំងថ្ងៃ ទ្រង់មិនដែលឈប់បារម្ភពីយើងឡើយ ហើយទ្រង់ការពារ និងថែរក្សាយើងទាំងយប់ទាំងថ្ងៃ ដោយមិនមិនឃ្លាតឆ្ងាយពីយើងឡើយ ប៉ុន្ដែទ្រង់បានបង្ហូរព្រះលោហិតពីបេះដូងរបស់ទ្រង់សម្រាប់ជាប្រយោជន៍ដល់យើង និងបង់តម្លៃគ្រប់យ៉ាងជំនួសយើង។ នៅក្នុងព្រះបន្ទូលនៃរូបកាយជាសាច់ឈាមដ៏តូច និងធម្មតានេះ យើងក៏បានរីករាយនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ ព្រមទាំងបានមើលឃើញទិសដៅដែលព្រះជាម្ចាស់បានប្រទានដល់យើងទៀតផង។ ទោះជាយ៉ាងនេះក្ដី ភាពឥតប្រយោជន៍នៅតែបង្កបញ្ហានៅក្នុងដួងចិត្តរបស់យើងដដែល ហើយយើងនៅតែមិនព្រមទទួលយកបុគ្គលបែបនេះ មកធ្វើជាព្រះជាម្ចាស់របស់យើងដដែល។ ទោះបីជាទ្រង់បានប្រទាននំម៉ាណាជាច្រើនដល់យើង ដើម្បីឱ្យយើងរីករាយច្រើនប៉ុនណាក៏ដោយ ក៏គ្មានអ្វីមួយក្នុងចំណោមនេះអាចជំនួសកន្លែងរបស់ព្រះអម្ចាស់នៅក្នុងដួងចិត្តយើងបានដែរ។ យើងលើកតម្កើងអត្តសញ្ញាណ និងឋានៈដ៏ពិសេសរបស់បុគ្គលម្នាក់នេះ ត្រឹមតែដោយភាពស្ទាក់ស្ទើរខ្លាំងប៉ុណ្ណោះ។ ដរាបណាទ្រង់មិនបើកព្រះឱស្ឋរបស់ទ្រង់ប្រាប់ឱ្យយើងទទួលស្គាល់ថាទ្រង់គឺជាព្រះជាម្ចាស់ទេ នោះយើងប្រាកដជានឹងមិនទទួលស្គាល់ទ្រង់ដោយខ្លួនឯងថា ព្រះអង្គគឺជាព្រះជាម្ចាស់ដែលត្រូវយាងមកក្នុងពេលឆាប់ៗ និងបានកំពុងតែធ្វើកិច្ចការក្នុងចំណោមយើងរាល់គ្នាជាយូរមកហើយនោះឡើយ។

ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឱ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើង ព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់ទិសដៅ និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឱ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងចាត់ចែងយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញាញាណ និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឱ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពេចស្រពិល ព្រមទាំងធ្វើឱ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះមក ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងចិត្តយើង ដែលយើងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ទាំងភ្ញាក់ ទាំងគេងទេឬអី? គឺទ្រង់នេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត! ទ្រង់បានជួយឱ្យយើងអាចរស់នៅជាថ្មីម្ដងទៀត និងអាចឃើញពន្លឺជាថ្មី ព្រមទាំងបានបញ្ឈប់ដួងចិត្តរបស់យើងកុំឱ្យវង្វេង។ យើងបានវិលត្រលប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ យើងបានវិលត្រលប់មកនៅមុខបល្ល័ង្ករបស់ទ្រង់វិញ យើងនៅជាមួយទ្រង់ដោយមុខទល់នឹងមុខ យើងបានធ្វើបន្ទាល់អំពីការអនុញ្ញាតរបស់ទ្រង់ ហើយយើងបានមើលឃើញផ្លូវដែលនៅខាងមុខ។ នៅពេលនោះ ទ្រង់បានយកឈ្នះលើដួងចិត្តរបស់យើងទាំងស្រុង យើងលែងសង្ស័យថាទ្រង់ជានរណាទៀតហើយ យើងលែងប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ព្រមទាំងព្រះបន្ទូលទៀតហើយ ហើយយើងក៏ក្រាបថ្វាយបង្គំនៅចំពោះទ្រង់ដែរ។ យើងមិនប្រាថ្នាចង់បានអ្វីក្រៅពីដើរតាមស្នាមព្រះបាទារបស់ទ្រង់អស់មួយជីវិតរបស់យើង និងបានគ្រប់លក្ខណ៍ដោយសារទ្រង់ តបស្នងចំពោះព្រះគុណ និងសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះយើង ហើយស្ដាប់តាមការចាត់ចែង និងការរៀបចំរបស់ទ្រង់ ព្រមទាំងសហការជាមួយកិច្ចការរបស់ទ្រង់ និងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីបំពេញនូវអ្វីដែលទ្រង់ផ្ទុកដាក់នឹងយើង។

ការដែលត្រូវបានយកឈ្នះដោយព្រះជាម្ចាស់ គឺប្រៀបដូចជាការប្រកួតក្បាច់គុណមួយ។

ព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់សុទ្ធតែវាយចំចំណុចស្លាប់របស់យើង ដោយធ្វើឱ្យយើងរងរបួស និងពេញដោយភាពភ័យខ្លាច។ ទ្រង់លាតត្រដាងសញ្ញាណរបស់យើង ការស្រមើស្រមៃរបស់យើង និងនិស្ស័យពុករលួយរបស់យើង។ ចាប់ពីអ្វីៗគ្រប់យ៉ាងដែលយើងនិយាយ និងអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ រហូតទៅដល់គំនិតនិងយោបល់គ្រប់យ៉ាងរបស់យើង ធម្មជាតិនិងសារជាតិរបស់យើង គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញតាមរយៈព្រះបន្ទូលទ្រង់ ដែលធ្វើឱ្យយើងស្ថិតក្នុងសភាពភ័យខ្លាចនិងញាប់ញ័រដោយគ្មានកន្លែងដើម្បីលាក់បាំងភាពអាម៉ាស់របស់ខ្លួន។ ទ្រង់មានបន្ទូលប្រាប់យើងអំពីសកម្មភាព គោលបំណង និងចេតនារបស់យើងម្ដងមួៗ សូម្បីតែនិស្ស័យពុករលួយរបស់យើង ដែលយើងខ្លួនឯងមិនធ្លាប់ដឹងក៏ដោយ ដែលធ្វើឱ្យយើងមានអារម្មណ៍ថាភាពមិនគ្រប់លក្ខណ៍ដ៏អាក្រក់របស់យើងត្រូវបានលាតត្រដាងឱ្យគេឃើញ និងត្រូវបានយកឈ្នះទាំងស្រុង។ ទ្រង់ជំនុំជម្រះយើងដោយព្រោះការប្រឆាំងនឹងទ្រង់ ហើយវាយផ្ចាលយើងដោយព្រោះការប្រមាថ និងការថ្កោលទោសទ្រង់ ព្រមទាំងធ្វើឱ្យយើងមានអារម្មណ៍ថា នៅក្នុងព្រះនេត្រទ្រង់ យើងគ្មានលក្ខណៈដែលសមនឹងការប្រោសលោះសូម្បីតែមួយ ដ្បិតយើងគឺជាសាតាំងដែលមានជីវិត។ សេចក្ដីសង្ឃឹមរបស់យើងត្រូវរលាយសាបសូន្យអស់ យើងលែងហ៊ានធ្វើការទាមទារដោយមិនសមហេតុផលពីទ្រង់ ឬក៏រក្សាការរៀបចំណាមួយចំពោះទ្រង់ទៀត ហើយសូម្បីតែក្ដីសុបិនរបស់យើងក៏រលាយបាត់ទៅក្នុងពេលមួយយប់ដែរ។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចស្រមៃគិតដល់ ហើយគ្មាននរណាម្នាក់ក្នុងចំណោមយើងអាចទទួលយកបានឡើយ។ នៅក្នុងខណៈពេលនេះយើងបាត់បង់លំនឹងខាងក្នុងរបស់យើង ហើយមិនដឹងថាត្រូវបន្ដដំណើរនៅលើផ្លូវដែលនៅខាងមុខ ឬបន្ដជំនឿរបស់យើងដោយរបៀបណាឡើយ។ វាហាក់ដូចជាសេចក្ដីជំនឿរបស់យើងបានត្រលប់ទៅជាជ្រុងការ៉េមួយ ហើយហាក់ដូចជាយើងមិនដែលជួបជាមួយព្រះអម្ចាស់យេស៊ូវ ឬក៏មិនធ្លាប់ស្គាល់ទ្រង់សោះ។ អ្វីៗគ្រប់យ៉ាងដែលនៅមុខភ្នែកយើង ធ្វើឱ្យយើងមានភាពអល់អែក និងរារែកមិនដាច់ស្រេច។ យើងមានការស្រងាកចិត្ត យើងខកចិត្ត ហើយនៅក្នុងជម្រៅចិត្តយើងមានកំហឹងនិងសេចក្ដីស្អប់ខ្ពើមដែលមិនអាចកែប្រែបាន។ យើងព្យាយាមបន្ធូរអារម្មណ៍ និងរកផ្លូវចេញ ហើយលើសពីនោះទៀត គឺបន្ដរង់ចាំព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៃយើង ដែលយើងអាចចាក់បង្ហូរដួងចិត្តរបស់យើងទៅកាន់ទ្រង់បាន។ ទោះបីជាមានពេលខ្លះ នៅពេលដែលយើងបង្ហាញខ្លួននៅខាងក្រៅថាយើងគឺជាមនុស្សពូកែ មិនក្រអឺតក្រទម និងបន្ទាបខ្លួនក៏ដោយ ក៏ក្នុងដួងចិត្តរបស់យើងបានទទួលរងនូវអារម្មណ៍បាត់បង់ម្យ៉ាងដែលយើងមិនធ្លាប់មានពីមុនមកដែរ។ ទោះបីជាពេលខ្លះ យើងហាក់ដូចស្ងប់ស្ងាត់ខុសពីធម្មតានៅផ្នែកខាងក្រៅក៏ដោយ ក៏ចិត្តគំនិតរបស់យើងកំពុងគ្រហឹមដោយទារុណកម្មដូចជាសមុទ្រដែលមានព្យុះ។ ការជំនុំជម្រះ និងការវាលផ្ចាលរបស់ទ្រង់ បានធ្វើឱ្យយើងបាត់បង់ក្ដីសង្ឃឹម និងក្ដីសុបិនទាំងអស់របស់យើង ដោយបញ្ចប់ក្ដីប៉ងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់យើង ហើយធ្វើឱ្យយើងមិនព្រមជឿថាទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់យើង និងមានសមត្ថភាពអាចជួយសង្គ្រោះយើងបាន។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឱ្យមានជ្រលងដ៏ជ្រៅមួយនៅចន្លោះយើង និងទ្រង់ ដែលគ្មាននរណាម្នាក់ហ៊ានឆ្លងកាត់ឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ គឺជាលើកដំបូងដែលយើងបានជួបនូវឧបសគ្គ និងភាពអាម៉ាស់ដ៏ធំធេងបែបនេះនៅក្នុងជីវិតរបស់យើង។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ពិតជាធ្វើឱ្យយើងកោតសរសើរពីព្រះកិត្តិនាមរបស់ព្រះជាម្ចាស់ និងការមិនអត់ឱនរបស់ទ្រង់ចំពោះកំហុសរបស់មនុស្ស ធៀបទៅនឹងអ្វីដែលយើងផ្អែកធ្វើជាមូលដ្ឋាន គឺមិនបរិសុទ្ធនោះឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ធ្វើឱ្យយើងដឹងជាលើកដំបូងថាយើងក្រអឺតក្រទម និងឆ្មើងឆ្មៃប៉ុនណា និងដឹងថាមនុស្សមិនស្មើនឹងព្រះជាម្ចាស់ ឬក៏មិនអាចប្រៀបនឹងព្រះជាម្ចាស់បានឡើយ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឱ្យយើងលែងចង់រស់នៅក្នុងនិស្ស័យពុករលួយបែបនេះតទៅទៀត និងចង់ឱ្យខ្លួនយើងរួចផុតពីលក្ខណៈធម្មជាតិ និងសារជាតិបែបនេះក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ព្រមទាំងបញ្ឈប់ភាពកខ្វក់ និងភាពគួរឱ្យស្អប់ខ្ពើមចំពោះទ្រង់។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ធ្វើឱ្យយើងរីករាយក្នុងការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ លែងបះបោរទាស់នឹងការរៀបចំ និងការចាត់ចែងរបស់ទ្រង់តទៅទៀត។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ប្រទានឱ្យយើងនូវបំណងប្រាថ្នាដែលចង់រស់រានមានជីវិតនិងធ្វើឱ្យយើងរីករាយក្នុងការទទួលទ្រង់ជាព្រះអង្គសង្គ្រោះរបស់យើង...។ យើងបានបោះជំហានចេញពីកិច្ចការនៃការយកឈ្នះពីស្ថាននរក និងពីជ្រលងស្រមោលនៃសេចក្ដីស្លាប់...។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានទទួលយើងដែលជាមនុស្សមួយក្រុមនេះ! ទ្រង់បានយកឈ្នះលើសាតាំង និងបានយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ជាច្រើន!

យើងគ្រាន់តែជាក្រុមមនុស្សធម្មតា ដែលមាននិស្ស័យពុករលួយបែបសាតាំងប៉ុណ្ណោះ ជាអ្នកដែលព្រះជាម្ចាស់បានតម្រូវទុកតាំងពីមុនពេលមានយុគសម័យមកម្ល៉េះ និងជាអ្នកខ្វះខាតដែលព្រះជាម្ចាស់បានលើកចេញពីរណ្ដៅលាមកមក។ យើងធ្លាប់បានបដិសេធ និងថ្កោលទោសព្រះជាម្ចាស់ ប៉ុន្ដែយើងមិនត្រូវបានយកឈ្នះដោយទ្រង់ឡើយ។ យើងបានទទួលជីវិតពីព្រះជាម្ចាស់ ជាផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ច។ មិនថាយើងនៅកន្លែងណានៅលើផែនដីនេះ ហើយមិនថាយើងរងទ្រាំការបៀតបៀននិងទុក្ខវេទនាយ៉ាងណាក៏ដោយ ក៏យើងមិនអាចដាច់ចេញពីសេចក្ដីសង្គ្រោះនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានដែរ។ ដ្បិតទ្រង់គឺជាព្រះអាទិកររបស់យើង និងជាសេចក្ដីប្រោសលោះរបស់យើងតែមួយគត់!

សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់សន្ធឹងទៅមុខដូចជាទឹកដែលហូរចេញពីប្រភពទឹក ហើយសេចក្ដីស្រលាញ់នេះបានប្រទានមកដល់អ្នក ដល់ខ្ញុំ និងអ្នកដទៃទៀត ព្រមទាំងអស់អ្នកដែលស្វែងរកសេចក្ដីពិត និងរងចាំការលេចមករបស់ព្រះជាម្ចាស់ពិតប្រាកដ។

ដូចជាព្រះអាទិត្យ និងព្រះចន្ទដើរតាមព្រះអាទិត្យឆ្លាស់វេនគ្នាឥតឈប់ឈរជាយ៉ាងណា កិច្ចការរបស់ព្រះជាម្ចាស់ក៏មិនដែលឈប់ឡើយ ហើយនឹងត្រូវអនុវត្តលើអ្នក លើខ្ញុំ លើអ្នកដទៃទៀត និងលើអស់អ្នកដែលដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០

ខាង​ដើម៖ ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ