៤៩. របៀបដ៏អស្ចារ្យក្នុងការរស់នៅ

កាលខ្ញុំនៅក្មេង ឪពុកម្ដាយខ្ញុំបានប្រាប់ខ្ញុំ មិនឱ្យនិយាយត្រង់ៗជាមួយអ្នកដទៃ ហើយក៏មិនត្រូវធ្វើឱ្យគេអន់ចិត្តផងដែរ។ របៀបរស់នៅរបស់ខ្ញុំគឺបែបនោះឯង។ ដូច្នេះ ខ្ញុំតែងតែរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំង ដូចជា «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ» និង «កុំនិយាយចាក់ដោតដាក់គេពេក» ជាមួយមិត្ដរួមថ្នាក់ មិត្តភក្ដិ អ្នកជិតខាង ពោលគឺជាមួយមនុស្សគ្រប់គ្នា។ គ្រប់ពេលដែលខ្ញុំបានឃើញនរណាម្នាក់ធ្វើខុស ខ្ញុំមិនចង់ធ្វើឱ្យពួកគេអាម៉ាស់ ឬលាតត្រដាងពីកំហុសរបស់ពួកគេឡើយ។ មនុស្សបានសរសើរខ្ញុំសម្រាប់ការដែលខ្ញុំចេះយល់ចិត្ត និងចេះគិតគូរពីអ្នកដទៃ ហើយខ្ញុំបានគិតថា នេះជារបៀបមួយដ៏ល្អ ថានេះគឺជាគោលការណ៍ដ៏សំខាន់មួយសម្រាប់ទំនាក់ទំនង។ តាមរយៈការដកបទពិសោធន៍ពីការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ការនេះមិនធ្វើឱ្យក្លាយជាមនុស្សល្អម្នាក់ឡើយ តែផ្ទុយទៅវិញ វាជាការធ្វើតាមទស្សនវិជ្ជាបែបសាតាំងអំពីជីវិតវិញទេ។ វាមិនបានជួយនរណាឡើយ ហើយវាអាចធ្វើឱ្យអ្នកដទៃឈឺចាប់។ ទស្សនៈរបស់ខ្ញុំទៅលើរឿងទាំងនេះបានផ្លាស់ប្ដូរ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានដល់ខ្ញុំនូវគោលការណ៍នៃការប្រព្រឹត្ត។

ពេលដែលខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំនៅក្នុងឆ្នាំ ២០១៩ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់យ៉ាងខ្លាំងសម្រាប់ឱកាសមួយនេះ។ ខ្ញុំបានតាំងចិត្តទទួលយកទំនួលខុសត្រូវមួយនេះ។ មួយរយៈក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញមានបញ្ហាមួយចំនួនជាមួយកិច្ចការរបស់បងប្អូនប្រុសស្រី។ អ្នកខ្លះបានធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់ពួកគេ ដោយនាំទៅរកបញ្ហាជាក់ស្ដែងមួយចំនួន។ អ្នកខ្លះធ្វើការមិនចុះសម្រុងជាមួយអ្នកដទៃ ដោយធ្វើឱ្យការងារផលិតវីដេអូរបស់ពួកគេមិនស៊ីចង្វាក់គ្នា និងគ្មានប្រសិទ្ធផល។ ពេលខ្ញុំឃើញបែបនេះ ខ្ញុំបានគិតថា «ពួកគេកំពុងបង្ហាញសេចក្តីពុករលួយនៅក្នុងភារកិច្ចរបស់ពួកគេហើយ។ កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នឹងរងផលប៉ះពាល់ បើវាមិនត្រូវបានលើកឡើងទេនោះ។ ខ្ញុំត្រូវតែប្រកបគ្នាជាមួយពួកគេ ដើម្បីឱ្យពួកគេអាចយល់ និងផ្លាស់ប្ដូរ»។ បន្ទាប់មក ខ្ញុំបានគិតថា «បើខ្ញុំលាតត្រដាងបញ្ហារបស់ពួកគេ តាំងពីបើកឆាកដំបូងបែបនេះ តើពួកគេនឹងគិតយ៉ាងដូចម្ដេចអំពីខ្ញុំទៅ? តើពួកគេនឹងនិយាយថា ខ្ញុំំកំពុងតែតឹងរឹងខ្លាំងពេកជាមួយពួកគេ ថាខ្ញុំពិបាកចុះសម្រុងជាមួយខ្លាំងណាស់ឬ? តើវានឹងមិនធ្វើឱ្យគ្រប់គ្នាងាកចេញពីខ្ញុំទេឬ បើខ្ញុំសម្ដែងចេញឱ្យពួកគេឃើញបែបនេះនោះ? បំភ្លេចចោលទៅចឹង។ ខ្ញុំនឹងមិនលើកឡើងពីបញ្ហានោះឡើយ។ ខ្ញុំត្រូវតែបង្កើតឱ្យមានទំនាក់ទំនងល្អ»។ ដូច្នេះ ខ្ញុំគ្រាន់តែនិយាយត្រួសៗអំពីគ្រប់ទាំងរឿងរ៉ាវ និងបញ្ហារបស់បងប្អូនប្រុសស្រីទាំងនេះ។ ខ្ញុំខ្លាចធ្វើឱ្យខូចដល់ទំនាក់ទំនងរបស់យើង តាមរយៈការបំបាក់មុខពួកគេ និងបង្ខំឱ្យមនុស្សឆ្លើយសំណួរពិបាកៗ ។

ជាថ្មីម្ដងទៀត ប្អូនស្រីម្នាក់បានប្រាប់ខ្ញុំថា ការដែលបង វ៉ាង រឹងចចេសនៅក្នុងភារកិច្ចរបស់គាត់ ហើយមិនព្រមទទួលយកសំណើ កំពុងតែធ្វើឱ្យការងារមានភាពយឺតយ៉ាវ។ ខ្ញុំក៏បានសុំយោបល់ពីអ្នកផ្សេងទៀត ហើយពួកគេទាំងអស់បាននិយាយថា បង វ៉ាង ជាមនុស្សក្រអឺតក្រទម ក្អេងក្អាង និងវាយឫកខ្ពស់។ មនុស្សភាគច្រើនដែលធ្វើការជាមួយគាត់ មានអារម្មណ៍រងការបង្ខំ។ ដោយបានឮមតិត្រលប់បែបនេះ ខ្ញុំបានដឹងថា បង វ៉ាង មាននូវបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយការមិនដោះស្រាយជាមួយបញ្ហានោះ នឹងមិនជួយដល់ច្រកចូលនៃជីវិតរបស់គាត់ ឬដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំត្រូវតែជួយគាត់ឱ្យយល់អំពីភាពធ្ងន់ធ្ងរនៃបញ្ហានោះ។ ប៉ុន្តែ ពេលដែលខ្ញុំបាននិយាយជាមួយបង វ៉ាង រួច ខ្ញុំមានអារម្មណ៍ចង់តែរត់ចេញពីគាត់ទេ។ ខ្ញុំបានគិតថា «រាល់បញ្ហាទាំងអស់នេះគឺជាផ្នែកដ៏អាក្រក់បំផុតរបស់បង វ៉ាង។ បើខ្ញុំលាតត្រដាងគ្រប់ទាំងបញ្ហា តើគាត់នឹងមិនមានអារម្មណ៍ថា ត្រូវបានគេមើលងាយ និងថាខ្លួនគ្មានភាពល្អទេឬ? តើការនេះនឹងមិនគួរឱ្យអាម៉ាស់ទេឬ? បើគាត់មានអារម្មណ៍ថា ខ្ញុំកំពុងតែវាយប្រហារគាត់ដោយផ្ទាល់ តើគាត់នឹងមិនអន់ចិត្តចំពោះខ្ញុំទេឬ? យើងឃើញមុខគ្នាជាប្រចាំនៅក្នុងការប្រជុំ ក្នុងការធ្វើភារកិច្ចរបស់យើង។ តើយើងនឹងចុះសម្រុងគ្នាម្ដេចកើតទៅ បើអ្វីៗក្លាយជាឆ្គាំឆ្គងនោះ?» ក្រោយមក ខ្ញុំបានគិតអំពីរបៀបដែលគាត់តែងតែនិយាយថា គាត់មាននិស្ស័យក្រអឺតក្រទម ដូច្នេះ ដោយលើកឡើងពីចំណុចនេះ ដោយមិនប៉ះចំណុចរសើបណាមួយ វានឹងមិនធ្វើឱ្យគាត់បាក់មុខខ្លាំងពេកនោះឡើយ ហើយអ្វីៗក៏នឹងមិនឆ្គាំឆ្គងខ្លាំងពេករវាងពួកយើងដែរ។ ដូច្នេះ នៅក្នុងការប្រកបគ្នារបស់យើង ខ្ញុំគ្រាន់តែលើកឡើងចោះៗអំពីបញ្ហានេះ ដោយនិយាយថា គាត់ក្រអឺតក្រទម និងក្អេងក្អាងប៉ុណ្ណោះ។ គាត់បានឮខ្ញុំនិយាយ ហើយបានទទួលស្គាល់ថា គាត់ពិតជាក្រអឺតក្រទម និងក្អេងក្អាងមែន ហើយថា គាត់បានដឹងអំពីបញ្ហានេះរួចទៅហើយ។ ខ្ញុំបានដឹងថា គាត់មិនបានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះឡើយ ប៉ុន្តែ ខ្ញុំមិនបាននិយាយអ្វីផ្សេងទៀតឡើយ។ ដោយសារតែគាត់មិនបានទទួលនូវការយល់ដឹងដ៏ពិតអំពីខ្លួនឯង គាត់បានបន្តរឹងចចេសនៅក្នុងភារកិច្ចរបស់គាត់ដដែល។ ដោយមិនអាចធ្វើការជាមួយអ្នកដទៃ និងបង្កនូវការពន្យារពេលក្នុងកិច្ចការក្រុមជំនុំ គាត់ត្រូវបានផ្ទេរចេញ។ គាត់បានកាន់ភារកិច្ចមួយទៀត ប៉ុន្តែត្រូវបានរាំងស្ទះដោយនិស្ស័យដ៏ពុករលួយរបស់គាត់ គាត់គ្មានប្រសិទ្ធភាពនោះឡើយ។ នៅថ្ងៃមួយ ប្រធានរបស់គាត់បាននិយាយមកកាន់ខ្ញុំទាំងកំហឹងថា «តើឯងបានដឹងអំពីបញ្ហារបស់បង វ៉ាង ដែរឬទេ? ហេតុអ្វីបានជាឯងមិនប្រកបគ្នាជាមួយគាត់ដូច្នេះ? គាត់បានជះឥទ្ធិពលធ្ងន់ធ្ងរទៅលើវឌ្ឍនភាពការងាររបស់យើង»។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែស្ដីបន្ទោសខ្ញុំ តាមរយៈគាត់សម្រាប់ការមិនអនុវត្តតាមសេចក្តីពិត។ ខ្ញុំមានអារម្មណ៍ពិរុទ្ធយ៉ាងខ្លាំង។ បើខ្ញុំបានលើកឡើងពីបញ្ហារបស់គាត់ ហើយគាត់បានឆ្លុះបញ្ចាំងទៅលើបញ្ហាទាំងនោះ គាត់ប្រហែលជាអាចធ្វើភារកិច្ចរបស់គាត់បានត្រឹមត្រូវមិនខាន។ ប៉ុន្តែ គាត់មិនមានការយល់ដឹងដ៏ពិតណាមួយអំពីធម្មជាតិរបស់គាត់ឡើយ ដូច្នេះ គាត់មិនគ្រាន់តែបរាជ័យក្នុងភារកិច្ចមុនរបស់គាត់ប៉ុណ្ណោះទេ តែក្រោយមក គាត់ក៏មិនបានផ្លាស់ប្ដូរផងដែរ។ គាត់កំពុងតែរាំងស្ទះដល់ការងារ។ តើខ្ញុំមិនមែនកំពុងបង្កការខូចខាតដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? ខ្ញុំបានគិតថា ខ្ញុំមាននូវភាពជាមនុស្សល្អ តែឥឡូវ ខ្ញុំបានឃើញថា ខ្ញុំបែរជាខ្លាចធ្វើឱ្យអ្នកដទៃរងភាពអាម៉ាស់ និងខ្លាចពួកគេមើលមកកាន់ខ្ញុំមិនល្អទៅវិញ។ ប៉ុន្តែ ការនេះមិនល្អសម្រាប់ច្រកចូលនៃជីវិតរបស់អ្នកដទៃ ឬសម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ នេះឬភាពជាមនុស្សដ៏ល្អនោះ?

ក្រោយមក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ត្រូវតែមានបទដ្ឋានមួយចំពោះការមានភាពជាមនុស្សដ៏ល្អ។ វាមិនពាក់ព័ន្ធនឹងការដើរលើផ្លូវកណ្ដាល មិនប្រកាន់ខ្ជាប់គោលការណ៍ ការប្រឹងប្រែងមិនបំពាននរណាម្នាក់ ការផ្គាប់ផ្គុនសេចក្ដីល្អនៅគ្រប់ទីកន្លែងដែលអ្នកទៅ ភាពរលូន និងភាពប៉ិនប្រសប់ជាមួយគ្រប់គ្នាដែលអ្នកជួប និងការធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ល្អ នេះមិនមែនជាបទដ្ឋានឡើយ។ ដូច្នេះ តើអ្វីជាបទដ្ឋាន? វារួមបញ្ចូលការប្រព្រឹត្តចំពោះព្រះជាម្ចាស់ ចំពោះមនុស្សដទៃ និងចំពោះហេតុការណ៍ដោយចិត្តពិតប្រាកដ អាចទទួលខុសត្រូវ និងធ្វើរឿងទាំងអស់នេះតាមរបៀបដែលមានភាពច្បាស់លាស់ ដើម្បីឱ្យគ្រប់គ្នាឃើញ និងមានអារម្មណ៍។ ជាងនេះទៅទៀត ព្រះជាម្ចាស់ស្វែងរកចិត្តរបស់មនុស្ស និងស្គាល់ពួកវាគ្រប់ៗគ្នា។ មនុស្សមួយចំនួនតែងតែអួតអាងថា ពួកគេមានភាពជាមនុស្សល្អ ដោយអះអាងថា ពួកគេមិនដែលបានធ្វើអ្វីអាក្រក់ មិនដែលលួចរបស់របរអ្នកដទៃ ឬមិនដែលចង់បានអ្វីៗជារបស់មនុស្សដទៃឡើយ។ ពួកគេថែមទាំងធ្វើហួស ដោយអនុញ្ញាតឱ្យអ្នកដទៃទាញយកផលប្រយោជន៍ពីការប្រឹងប្រែងផ្ទាល់ខ្លួនរបស់ពួកគេទៀតផង នៅពេលដែលមានជម្លោះផលប្រយោជន៍ ដោយចង់រងទុក្ខនូវការខាតបង់ ហើយពួកគេមិនដែលនិយាយអ្វីអាក្រក់ពីនរណាម្នាក់ដើម្បីឱ្យអ្នកផ្សេងទៀតគិតថា ពួកគេជាមនុស្សល្អនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេកិបកេង និងរប៉ិលរប៉ូច តែងតែមានល្បិចកលដើម្បីខ្លួនឯង។ ពួកគេមិនដែលគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនដែលចាត់ទុកអ្វីៗជារឿងបន្ទាន់ ដូចដែលព្រះជាម្ចាស់ចាត់ទុកថាជារឿងបន្ទាន់ ឬគិតដូចព្រះជាម្ចាស់មានព្រះតម្រិះឡើយ ហើយពួកគេមិនអាចទុកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ដើម្បីបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេមិនដែលបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ទោះបីជានៅពេលដែលពួកគេឃើញអ្នកប្រព្រឹត្តអាក្រក់កំពុងតែប្រព្រឹត្តអាក្រក់ក៏ដោយ ក៏ពួកគេមិនលាតត្រដាងអ្នកទាំងនោះឡើយ។ ពួកគេគ្មានគោលការណ៍អ្វីសោះ។ នេះមិនមែនជាគម្រូនៃភាពជាមនុស្សល្អឡើយ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញអំពីគោលការណ៍នៃការប្រព្រឹត្ត។ មនុស្សល្អមិនដើរតាមផ្លូវនៃការសម្របសម្រួល ឬបិទមាត់សម្ងំស្ងៀមចំពោះបញ្ហារបស់អ្នកដទៃឡើយ។ ពួកគេមិនចង់បានភាពចុះសម្រុងទាំងស្រុងឡើយ ឬក៏មិនព្យាយាមមានទំនាក់ទំនងល្អឥតខ្ចោះជាមួយអ្នកដទៃនោះដែរ។ បទដ្ឋានស្ថិតនៅក្នុងការប្រកាន់ខ្ជាប់តាមគោលការណ៍ និងភាពយុត្តិធម៌។ វាជាការប្រកាន់ខ្ជាប់តាមគោលការណ៍ ដោយគ្មានអារម្មណ៍ភ័យខ្លាច និងការការពារដល់ដំណាក់របស់ព្រះជាម្ចាស់ ពេលដែលប៉ះពាល់ដល់ផលប្រយោជន៍នៃព្រះដំណាក់។ នៅក្នុងអន្តរកម្មរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រី ខ្ញុំផ្តោតទៅលើការមិនធ្វើឱ្យនរណាម្នាក់អាម៉ាស់ ឬអន់ចិត្ត ដោយគិតថា គ្រប់គ្នានឹងគិតល្អអំពីខ្ញុំ បើខ្ញុំថែរក្សាទំនាក់ទំនងបស់ខ្ញុំជាមួយពួកគេ។ ការនេះមិនស្របជាមួយគោលការណ៍នៃសេចក្តីពិតឡើយ។ ខ្ញុំបានឃើញសេចក្តីពុករលួយនៅក្នុងអ្នកដទៃ និងការរាំងស្ទះរបស់ពួកគេដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ ដោយចង់ការពារមុខមាត់ដ៏ល្អរបស់ខ្ញុំ ខ្ញុំមិនបានការពារដល់ផលប្រយោជន៍របស់ពួកជំនុំទេ ហើយបែរជាបិទភ្នែកធ្វើមិនឃើញទៅវិញ។ ខ្ញុំបានបណ្ដែតបណ្ដោយចំពោះបញ្ហា។ ជាពិសេស ជាមួយបង វ៉ាង ខ្ញុំបានដឹងថា បញ្ហារបស់គាត់បានជះឥទ្ធិពលលើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ ខ្ញុំខ្លាចគាត់អាចគិតថា ខ្ញុំកំពុងតែវាយប្រហារគាត់ ខ្លាចថា គាត់នឹងមិនទទួលយកអ្វីដែលខ្ញុំបាននិយាយ ហើយគិតមិនល្អចំពោះខ្ញុំ។ ពេលដែលខ្ញុំបានប្រកបគ្នាជាមួយគាត់ ខ្ញុំបាននិយាយចោះៗ ត្រួសៗអំពីបញ្ហាទាំងនោះប៉ុណ្ណោះ។ ជាលទ្ធផល គាត់មិនយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហារបស់គាត់ឡើយ។ បើមើលពីខាងក្រៅ ខ្ញុំបានថែរក្សាមុខមាត់ខ្ញុំបានល្អ ដោយមិនបង្កការខូចខាតឡើយ ប៉ុន្តែ តាមពិតទៅ ខ្ញុំបានបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំ និងដល់ច្រកចូលនៃជីវិតរបស់អ្នកដទៃ។ ខ្ញុំបានឃើញថា ខ្ញុំគ្រាន់តែជាបុគ្គលម្នាក់ដែលផ្គាប់ចិត្តមនុស្សប៉ុណ្ណោះ ជាអ្នកបោកបញ្ឆោតទាំងស្រុងតែម្ដង។

ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការចំណាយពេលរបស់ខ្ញុំជាមួយព្រះជាម្ចាស់៖ «ពេលឃើញបងប្អូនប្រុសៗ ឬស្រីៗរបស់ខ្លួនកំពុងតែបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វេសប្រហែស និងបែបបង្គ្រប់កិច្ច អ្នកដឹកនាំពួកជំនុំមួយចំនួនមិនស្ដីបន្ទោសពួកគេទេ ទោះបើពួកគេគួរតែធ្វើក៏ដោយ។ នៅពេលដែលពួកគេមើលឃើញអ្វីមួយដែលធ្វើឱ្យខូចដល់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេធ្វើជាមើលមិនឃើញ និងមិនសួរដេញដោលអ្វីឡើយ ដើម្បីកុំឱ្យគេមានការអាក់អន់ចិត្ត។ គោលបំណង និងគោលដៅដ៏ពិតរបស់ពួកគេគឺមិនមែនបង្ហាញនូវការគិតគូរដល់ចំណុចខ្សោយរបស់អ្នកដទៃឡើយ ពួកគេដឹងយ៉ាងច្បាស់អំពីអ្វីដែលពួកគេចង់បាន៖ 'បើខ្ញុំបន្តធ្វើបែបនេះ ហើយមិនធ្វើឱ្យនរណាម្នាក់អន់ចិត្ត នោះពួកគេនឹងគិតថា ខ្ញុំជាអ្នកដឹកនាំដ៏ល្អម្នាក់។ ពួកគេនឹងគិតល្អ និងឱ្យតម្លៃខ្ញុំ។ ពួកគេនឹងទទួលស្គាល់ខ្ញុំ និងចូលចិត្តខ្ញុំ'។ ទោះបីជាមានការខូចខាតកម្រិតណាដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយមិនថារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានរាំងស្ទះខ្លាំងបែបណានៅក្នុងច្រកចូលជីវិតរបស់ពួកគេនោះឡើយ ឬជីវិតជាពួកជំនុំរបស់ពួកគេត្រូវបានរាំងស្ទះបែបណាឡើយ ក៏មនុស្សបែបនេះនៅតែមានះនៅក្នុងទស្សនវិជ្ជាបែបសាតាំងរបស់ពួកគេ និងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តដដែល។ មិនដែលមានការតិះដៀលខ្លួនឯងនៅក្នុងដួងចិត្តរបស់ពួកគេទេ។ ភាគច្រើន ពួកគេអាចលើកឡើងនូវបញ្ហាមួយចំនួនដែលកន្លងផុតទៅ ក្រោយមកក៏លែងនិយាយទៀត។ ពួកគេមិនប្រកបគ្នាអំពីសេចក្តីពិត ហើយក៏មិនលើកឡើងពីសារជាតិនៃបញ្ហារបស់អ្នកដទៃដែរ ហើយពួកគេនៅតែបន្តមិនពិនិត្យពិច័យលើសភាពរបស់មនុស្សដដែល។ ពួកគេមិនដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិតទេ ហើយពួកគេក៏មិនដែលប្រាស្រ័យទាក់ទងថាតើអ្វីជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអ្វីជាកំហុសដែលមនុស្សប្រព្រឹត្តជាញឹកញាប់ ឬអ្វីជាប្រភេទនៃនិស្ស័យដ៏ពុករលួយដែលមនុស្សបើកសម្ដែងនោះដែរ។ ពួកគេមិនដោះស្រាយបញ្ហាជាក់ស្ដែងតាមរបៀបនេះឡើយ។ ផ្ទុយទៅវិញ ពួកគេបណ្ដោយទៅតាមសេចក្តីកម្សោយ និងភាពអវិជ្ជមានរបស់អ្នកដទៃ ហើយថែមទាំងបណ្ដោយតាមភាពធ្វេសប្រហែស និងការធ្វើការបែបបង្រ្គប់កិច្ចរបស់ពួកគេទៀតផង។ ពួកគេចេះតែបណ្ដោយឱ្យទង្វើ និងឥរិយាបថរបស់មនុស្សទាំងនេះធ្វើទៅ ដោយមិនកំណត់ថាវាជាអ្វីនោះឡើយ ហើយជាក់ស្ដែង ដោយសារតែពួកគេធ្វើបែបនេះ មនុស្សភាគច្រើនចាប់ផ្ដើមគិតថា 'អ្នកដឹកនាំរបស់យើងដូចជាអ្នកម្ដាយម្នាក់ចំពោះយើង។ គាត់ថែមទាំងមានការយល់ដឹងអំពីចំណុចខ្សោយរបស់យើងជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងអាចនៅតូចទាបពេកក្នុងការរស់នៅតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងអាចមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការរស់នៅតាមសេចក្តីតម្រូវនៃអ្នកដឹកនាំរបស់យើង។ គាត់ជាអ្នកដឹកនាំដ៏ល្អម្នាក់សម្រាប់យើង។ បើថ្ងៃមួយមកដល់ ជាពេលដែលស្ថានលើមកជំនួសអ្នកដឹកនាំរបស់យើង នោះយើងគួរតែបញ្ចេញសំឡេងរបស់យើងឱ្យខ្លាំង ហើយសម្ដែងចេញពីយោបល់ និងបំណងប្រាថ្នាខុសៗគ្នារបស់យើង។ យើងគួរតែព្យាយាមចរចាជាមួយស្ថានលើ'។ បើមនុស្សប្រកាន់ខ្ជាប់គំនិតបែបនេះ បើពួកគេមានទំនាក់ទំនងបែបនេះជាមួយអ្នកដឹកនាំរបស់គេ និងមានការចាប់អារម្មណ៍បែបនេះអំពីពួកគេ ហើយបានបង្កើតនៅក្នុងដួងចិត្តរបស់ពួកគេនូវអារម្មណ៍ពឹងអាង ការកោតសរសើរ ការគោរព និងចិត្តស្វាមីភក្ដិបែបនេះចំពោះអ្នកដឹកនាំរបស់ពួកគេ តើអ្នកដឹកនាំមានអារម្មណ៍ដូចម្ដេចទៅ? នៅក្នុងរឿងនេះ បើពួកគេមានអារម្មណ៍តិះដៀលខ្លួនឯង មានអារម្មណ៍មិនស្រួល និងមានអារម្មណ៍ជំពាក់គុណព្រះជាម្ចាស់ នោះពួកគេមិនគួរផ្ចង់ចិត្តទៅលើឋានៈ ឬមុខមាត់របស់ពួកគេនៅក្នុងដួងចិត្តរបស់អ្នកដទៃឡើយ។ ពួកគេគួរតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងលើកតម្កើងទ្រង់ ដើម្បីឱ្យទ្រង់មាននូវកន្លែងមួយនៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីឱ្យមនុស្សគោរពព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់។ មានតែតាមវិធីនេះទេ ទើបដួងចិត្តរបស់ពួកគេនឹងមានសន្ដិភាពយ៉ាងពិតប្រាកដ ហើយអ្នកដែលធ្វើបែបនេះគឺជាអ្នកដែលដេញតាមសេចក្តីពិត។ យ៉ាងណាមិញ នេះមិនមែនជាគោលដៅនៅពីក្រោយសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់វិធីសាស្ត្រ និងតិចនិកទាំងនេះ ដើម្បីទាក់ចិត្តមនុស្សឱ្យងាកចេញពីផ្លូវដ៏ពិត ហើយក្បត់សេចក្តីពិត ដោយទៅរកការបណ្ដែតបណ្ដោយតាមការបំពេញភារកិច្ចរបស់ពួកគេដោយធ្វេសប្រហែល បែបបង្គ្រប់កិច្ច និងគ្មានទំនួលខុសត្រូវ ជាមួយនឹងគោលបំណងចង់កាន់កាប់កន្លែងជាក់លាក់មួយនៅក្នុងដួងចិត្តរបស់មនុស្ស និងឈ្នះបានឆន្ទៈរបស់ពួកគេប៉ុណ្ណោះ។ តើនេះមិនមែនជាបំណងចង់ឈ្នះចិត្តមនុស្សទេឬ? តើនេះមិនមែនជារឿងដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមទេឬ? វាជារឿងគួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង!» («ពួកគេព្យាយាមបញ្ចុះបញ្ចូលមនុស្ស» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ការនេះបានបើកសម្ដែងអំពីសារជាតិ និងចេតនានៅពីក្រោយសកម្មភាពរបស់ខ្ញុំ។ តាំងពីក្លាយជាអ្នកដឹកនាំម្នាក់មក ខ្ញុំបានគេចវេះក្នុងការនិយាយចំៗទៅកាន់មនុស្ស ដើម្បីបន្តមានទំនាក់ទំនងល្អជាមួយគ្នា។ ខ្ញុំនឹងមិនលើកឡើងពីបញ្ហារបស់មនុស្សឡើយ ដើម្បីការពារដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ។ ខ្ញុំមិនមានអារម្មណ៍បន្ទាន់ឡើយ ពេលឃើញបង វ៉ាង បង្កនូវការរំខាន និងការរាំងស្ទះដល់កិច្ចការរបស់ពួកជំនុំ។ ផ្ទុយទៅវិញ ខ្ញុំបែរជាប្រយ័ត្នការនិយាយស្ដីរបស់ខ្ញុំទៅកាន់មនុស្សគ្រប់គ្នា ដោយចង់បន្តមានទំនាក់ទំនងល្អនៅក្នុងចំណោមពួកគេ។ ខ្ញុំហាក់ដូចជាសុភាពរាបសា និងមិនបង្កអន្តរាយពីខាងក្រៅ តែវាជាការបញ្ឆោតសម្រាប់បងប្អូនប្រុសស្រីរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានប្រើអ្វីដែលមនុស្សបានឃើញថាជាឥរិយាបថ និងពាក្យសម្ដីល្អៗ ដើម្បីឈ្នះចិត្តមនុស្ស ដូច្នេះ ពួកគេនឹងចូលចិត្ត ហើយគោរពស្រឡាញ់ខ្ញុំ។ បែបនេះ ខ្ញុំនឹងពង្រឹងមុខតំណែងរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យផ្លូវរបស់ខ្ញុំទៅយ៉ាងរលូន ហើយខ្ញុំបានមកដោយការខាតបង់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានប្រឆាំងនឹងគោលការណ៍នៃសេចក្តីពិត។ ខ្ញុំបានដើរនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់មក ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចូលមកក្នុងគំនិតខ្ញុំ៖ «អ្នកអាចមានលក្ខណៈគួរឱ្យស្រឡាញ់ និងគោរពពីសាច់ញាតិ មិត្ដភក្ដិ ប្ដី ឬប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយ ហើយមិនដែលយកចំណេញពីគ្នាឡើយ ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានលក្ខណៈចុះសម្រុងនឹងព្រះគ្រីស្ទ ហើយប្រសិនបើអ្នកមិនអាចមានទំនាក់ទំនងល្អប្រសើរទៅវិញទៅមកជាមួយទ្រង់នោះទេ ហើយទោះបីជាអ្នកចំណាយគ្រប់យ៉ាងសម្រាប់អ្នកជិតខាង ឬអ្នកថែរក្សាឪពុកម្ដាយ និងសមាជិកក្នុងគ្រួសារអ្នកបានយ៉ាងល្អិតល្អន់ក្ដី ក៏ខ្ញុំនៅតែនិយាយថា អ្នកជាមនុស្សអាក្រក់ ហើយថែមទាំងជាមនុស្សដែលពោរពេញដោយអំពើពុតត្បុតយ៉ាងអាក្រក់ផង» («មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ដំណាក់របស់ព្រះជាម្ចាស់អនុញ្ញាតឱ្យខ្ញុំដឹកនាំ និងចង្អុលបង្ហាញអ្នកដទៃឱ្យអនុវត្តតាមសេចក្តីពិត ធ្វើភារកិច្ចរបស់ពួកគេ គាំទ្រដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្តីពិត និងដោះស្រាយបញ្ហារបស់អ្នកដទៃ ដើម្បីឱ្យពួកគេអាចយល់អំពីនិស្ស័យពុករលួយរបស់ពួកគេ និងធ្វើភារកិច្ចរបស់ពួកគេស្របទៅតាមគោលការណ៍។ នេះហើយជាភារកិច្ចរបស់ខ្ញុំនោះ។ ប៉ុន្តែ ខ្ញុំមិនបានធ្វើតាមការទាមទាររបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានផ្តោតទៅលើទំនាក់ទំនង និងកិត្យានុភាពរបស់ខ្ញុំជាមួយអ្នកដទៃ ដែលបានធ្វើឱ្យខូចខាតដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយបានរារាំងដល់ច្រកចូលនៃជីវិតរបស់អ្នកដទៃ។ ខ្ញុំកំពុងតែប្រព្រឹត្តនៅខាងសាតាំង។ ខ្ញុំដូចជាអ្វីដែលព្រះជាម្ចាស់បានលាតត្រដាងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ណាស់។ ខ្ញុំមិនគ្រាន់តែអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏មានឧបាយកល អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមផងដែរ។ បើខ្ញុំមិនប្រែចិត្ត និងផ្លាស់ប្ដូរទេ នោះខ្ញុំក្លាយជាឧបសគ្គសម្រាប់ច្រកចូលនៃជីវិតរបស់បងប្អូនប្រុសស្រីមិនខាន។ នៅទីបំផុត ខ្ញុំបានយល់អំពីច្បាប់ទម្លាប់របស់ខ្ញុំសម្រាប់ជីវិតនៅក្នុងអន្តរកម្មរបស់ខ្ញុំជាមួយអ្នកដទៃហើយ។ ខ្ញុំបានឃើញយ៉ាងពិតប្រាកដថា៖ «ការធ្វើមិនដឹងមិនឮចំពោះកំហុសរបស់មិត្តល្អធ្វើឱ្យទំនាក់ទំនងល្អ និងស្ថិតស្ថេរបានយូរ» និង «កុំនិយាយចាក់ដោតដាក់គេពេក» គឺជាសារជាតិពិសពុលរបស់សាតាំង មិនមែនជាគោលការណ៍សម្រាប់ការប្រព្រឹត្តដ៏ពិតប្រាកដឡើយ។ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន ដើម្បីប្រែចិត្ត និងកែតម្រូវការដេញតាមខុសរបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកចង់មានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ អ្នកត្រូវដាក់ចិត្តទៅបែរទៅរកព្រះជាម្ចាស់។ នៅពេលមានមូលដ្ឋាននេះជាបង្អែក អ្នកនឹងមានសម្ពន្ធភាពត្រឹមត្រូវជាមួយមនុស្សដទៃទៀត។ ប្រសិនបើអ្នកពុំមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះទេ ទោះអ្នកខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរក្សាសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ មិនថាអ្នកខិតខំព្យាយាមខ្លាំងប៉ុនណា ឬមិនថាអ្នកខំចំណាយកម្លាំងច្រើនប៉ុនណានោះទេ ក៏វាគ្រាន់តែជាគំនិតសម្រាប់ការរស់នៅរបស់មនុស្សលោកតែប៉ុណ្ណោះ។ អ្នកកំពុងរក្សាជំហររបស់ខ្លួន នៅក្នុងចំណោមមនុស្សដទៃ តាមរយៈទស្សនៈវិស័យ និងគំនិតបែបមនុស្សលោក ដើម្បីឱ្យមនុស្សនឹងកោតសរសើរដល់អ្នក ប៉ុន្តែ អ្នកពុំបានគោរពតាមព្រះបន្ទូលនៃព្រះក្នុងការបង្កើតសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃឡើយ។ ប្រសិនបើអ្នកពុំផ្តោតសំខាន់លើសម្ពន្ធភាពរបស់អ្នកជាមួយនឹងមនុស្ស ប៉ុន្តែ អ្នករក្សាសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ ប្រសិនបើអ្នកអាចប្រគល់ដួងចិត្តថ្វាយដល់ព្រះជាម្ចាស់ និងរៀនគោរពតាមទ្រង់ នោះសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃក៏នឹងត្រឹមត្រូវល្អបានដោយឯកឯងដែរ។ ហេតុនេះ សម្ពន្ធភាពអស់ទាំងនេះមិនមែនបង្កើតឡើងខាងសាច់ឈាមនោះទេ ប៉ុន្តែត្រូវបង្កើតឡើងដោយលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សម្ពន្ធភាពខាងសាច់ឈាម គឺសឹងតែគ្មាន ចំណែកខាងឯវិញ្ញាណវិញ គឺរមែងមាននូវមេត្រីភាព សេចក្តីស្រឡាញ់ ការកម្សាន្តចិត្ត និងការទំនុកបម្រុងឱ្យគ្នាទៅវិញទៅមក។ អ្វីទាំងអស់នេះសម្រេចទៅបាន ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃដួងចិត្តដែលស្រឡាញ់ពេញចិត្តចំពោះព្រះជាម្ចាស់។ សម្ពន្ធភាពអស់ទាំងនេះ មិនអាចរក្សាបានដោយការពឹងផ្អែកលើគំនិតសម្រាប់ការរស់នៅតាមបែបមនុស្សលោកឡើយ ប៉ុន្តែ ត្រូវបង្កើតឡើងដោយការរែកបន្ទុកសម្រាប់ព្រះជាម្ចាស់។ ការនេះមិនតម្រូវឱ្យមានការខំប្រឹងប្រែងតាមបែបមនុស្សឡើយ។ អ្នកគ្រាន់តែអនុវត្តវាទៅតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ» («ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំថា ទំនាក់ទំនងអន្ដរបុគ្គលដែលត្រឹមត្រូវមិនអាចបង្កើតឡើងដោយប្រើប្រាស់ទស្សនវិជ្ជាបែបលោកីយ៍សម្រាប់ការរស់នៅនោះឡើយ។ យើងគួរតែចិញ្ចឹមបីបាច់វិញ្ញាណរបស់អ្នកដទៃស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានតែតាមវិធីនេះប៉ុណ្ណោះទេ ទើបផ្ដល់ជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ពេលដែលខ្ញុំបានឃើញអ្នកដទៃកំពុងតែធ្វើភារកិច្ចរបស់ពួកគេ ទាំងមាននិស្ស័យពុករលួយ ខ្ញុំមិនគួរផ្តោតទៅលើឋានៈ និងមុខមាត់របស់ខ្ញុំឡើយ។ ខ្ញុំគួរតែបានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅដោះស្រាយបញ្ហា ដើម្បីជួយពួកគេឱ្យយល់អំពីនិស្ស័យពុករលួយរបស់ពួកគេ និងបានប្រកបគ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ពួកគេបានល្អ។ ព្រះជាម្ចាស់នឹងបានយល់ស្រប។ ជារឿយៗ នៅក្នុងការជួបជុំ បង វ៉ាង អាចយល់ពីខ្លួនឯង ដោយពិចារណាទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានន័យថា គាត់ចង់ដោះស្រាយជាមួយបញ្ហារបស់គាត់។ គាត់មិនបានយល់ពីឫសគល់នៃបញ្ហា និងមិនបានស្អប់ខ្លួនឯងយ៉ាងពិតប្រាកដឡើយ ដូច្នេះហើយបានជាគាត់បន្តរស់នៅក្នុងនិស្ស័យពុករលួយរបស់គាត់ទៀតនៅពេលដែលបញ្ហាបានមកដល់។ បើខ្ញុំបានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីវិភាគរកបញ្ហា ដើម្បីឱ្យគាត់អាចរកឃើញផ្លូវនៃការអនុវត្ត នោះវានឹងបានជួយគាត់បាត់ទៅហើយ។ ដោយដឹងអំពីការនេះ ខ្ញុំចង់ផ្លាស់ប្ដូរការដេញតាមរបស់ខ្ញុំ និងប្រព្រឹត្តតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានសង្ខេបបញ្ហារបស់បង វ៉ាង នៅក្នុងភារកិច្ចរបស់គាត់ និងបានរៀបរាប់ភារកិច្ចនីមួយៗ។ ខ្ញុំបានប្រកបគ្នាជាមួយគាត់ ដោយវិភាគរកឫសគល់នៃបញ្ហារបស់គាត់។ ក្រោយមក គាត់មិនបានស្អប់ខ្ញុំ ឬគេចចេញពីខ្ញុំដូចជាអ្វីដែលខ្ញុំបានគិតថា គាត់នឹងធ្វើនោះឡើយ ប៉ុន្តែបែរជាទទួលយកការប្រកបគ្នារបស់ខ្ញុំទៅវិញ។ គាត់បានផ្ញើសារមួយដល់ខ្ញុំ ដោយសរសេរថា៖ «សូមអរគុណអ្នកដែលបានលើកឡើងអំពីរឿងនេះ បើមិនដូច្នោះទេ ខ្ញុំនឹងមិនបានឃើញថាបញ្ហានោះវាធ្ងន់ធ្ងរកម្រិតណាឡើយ»។ ខ្ញុំបានរំជួលចិត្តជាខ្លាំង។ ពេលដែលខ្ញុំកែសម្រួលចេតនារបស់ខ្ញុំ ហើយមិនបានផ្តោតទៅលើមុខមាត់របស់ខ្ញុំ ហើយបានអនុវត្តតាមព្រះបន្ទូល និងគោលការណ៍របស់ព្រះជាម្ចាស់ ខ្ញុំអាចផ្តល់នូវការគាំទ្រជាក់ស្ដែងទៅកាន់អ្នកដទៃ។ ខ្ញុំក៏មានសន្ដិភាពផងដែរ។

ក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញប្អូនស្រីម្នាក់ដែលបានពន្យារពេលនៅក្នុងភារកិច្ចរបស់នាង ដែលបាននាំទៅរកបញ្ហាជាច្រើន។ ការមើលឃើញរបស់នាងចំពោះបញ្ហាទាំងនេះបានធ្វើឱ្យនាងមានអារម្មណ៍អវិជ្ជមាន។ ខ្ញុំបានដឹងថា បញ្ហាទាំងនេះភាគច្រើនចេញមកពីអាកប្បកិរិយារបស់នាងចំពោះភារកិច្ចរបស់នាង ដូច្នេះ ខ្ញុំចង់និយាយចេញអំពីរឿងនេះ។ ប៉ុន្តែ ក្រោយមកខ្ញុំបានគិតថា «នាងកំពុងតែមានអារម្មណ៍បាក់ទឹកចិត្តស្រាប់ផង។ បើខ្ញុំនិយាយអំពីបញ្ហារបស់នាងទៀត តើខ្ញុំមិនកំពុងបាចអំបិលទៅលើមុខរបួសរបស់នាងទេឬ? បើនាងមានអារម្មណ៍កាន់តែអវិជ្ជមាន មនុស្សអាចនិយាយថា ខ្ញុំកំពុងតែខ្វះនូវភាពជាមនុស្ស ហើយបន្ទាប់មក បណ្ដេញខ្ញុំចេញមិនខាន»។ ខ្ញុំបានគិតថា បើខ្ញុំអាចរកឃើញផ្លូវមួយ ដើម្បីដោះស្រាយបញ្ហានៅក្នុងភារកិច្ចរបស់នាង នោះខ្ញុំនឹងមិនចាំបាច់លើកឡើងពីបញ្ហារបស់នាងឡើយ។ បន្ទាប់មក ខ្ញុំបានដឹងថា ខ្ញុំកំពុងតែប្រព្រឹត្តស្របតាមទស្សនវិជ្ជាបែបសាតាំងជាថ្មីម្ដងទៀត ហើយបើខ្ញុំមិនលើកឡើងពីបញ្ហារបស់នាងទេ នោះនាងនឹងមើលមិនឃើញពីនិស្ស័យពុករលួយរបស់នាងឡើយ ហើយវានឹងមិនជួយដល់នាងទេ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងបានស្វែងរកសេចក្តីពិតនៅក្នុងស្ថានភាពនោះ។ ក្រោយមក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ព្រះជាម្ចាស់មិនដែលអល់អែក ឬស្ទាក់ស្ទើរនៅក្នុងទង្វើរបស់ទ្រង់ឡើយ ហើយគោលការណ៍ និងគោលបំណងដែលស្ថិតនៅពីក្រោយទង្វើរបស់ទ្រង់ តែងតែច្បាស់លាស់ មានតម្លាភាព បរិសុទ្ធ និងឥតកំហុសជានិច្ច ព្រមទាំងគ្មានការប្រញាប់ប្រញាល់ ឬផែនការអាក្រក់បង្កប់នៅក្នុងនោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា លក្ខណៈសំខាន់របស់ព្រះជាម្ចាស់គ្មានសេចក្តីងងឹត ឬសេចក្តីអាក្រក់ឡើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «ព្រះជាម្ចាស់ពុំប្រកាន់ផ្លូវកណ្ដាលទេ។ គំនិតរបស់មនុស្សពុំអាចយល់ពីទ្រង់បានឡើយ។ ចំពោះទ្រង់ មួយគឺមួយ ពីរគឺពីរ។ ត្រូវគឺត្រូវ ខុសគឺខុស។ គ្មានភាពមិនច្បាស់លាស់ឡើយ» («មានតែមនុស្សម្នាក់ស្ដាប់បង្គាប់ដោយពិតប្រាកដទេ ទើបគេមានសេចក្ដីជំនឿដ៏ពិតប្រាកដ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការនេះបង្ហាញដល់ខ្ញុំថា ព្រះជាម្ចាស់មានគោលការណ៍ច្បាស់លាស់នៅក្នុងព្រះបន្ទូល និងទង្វើរបស់ទ្រង់។ ព្រះជាម្ចាស់យល់ព្រម នៅពេលដែលមនុស្សធ្វើរឿងវិជ្ជមាន តែពេលដែលពួកគេបំពានសេចក្តីពិត និងធ្វើឱ្យខូចខាតដល់ដំណាក់របស់ព្រះជាម្ចាស់ ទ្រង់ស្អប់ខ្ពើមការនេះណាស់។ ព្រះជាម្ចាស់ច្បាស់លាស់នៅក្នុងសកម្មភាពរបស់ទ្រង់ ពោលគឺគ្មានឡើយភាពមិនច្បាស់លាស់នោះ។ ការនេះបានធ្វើឱ្យខ្ញុំគិតពីរបៀប មុនពេលដែលព្រះអម្ចាស់យេស៊ូវត្រូវបានជាប់ឆ្កាង ពេត្រុសបានមានប្រសាសន៍ថា «ព្រះអម្ចាស់អើយ សូមឱ្យការណ៍នេះនៅឆ្ងាយពីព្រះអង្គចុះ៖ ការណ៍នេះមិនគួរធ្លាក់មកលើទ្រង់ទេ» (ម៉ាថាយ ១៦:២២)។ ប៉ុន្ដែ ព្រះអម្ចាស់បានមានបន្ទូលថា៖ «ចូរឯងទៅនៅពីក្រោយខ្ញុំទៅ សាតាំងអើយ» (ម៉ាថាយ ១៦:២៣)។ ដោយនិយាយបែបនេះ ពេត្រុសកំពុងតែបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ ជាហេតុផលដែលព្រះជាម្ចាស់បានហៅការនេះថាមកពីសាតាំង។ ព្រះអម្ចាស់យេស៊ូវមិនបានរារែកព្រះហឫទ័យដោយខ្លាចប៉ះពាល់ដល់ការគោរពខ្លួនឯងរបស់ពេត្រុសឡើយ។ ទ្រង់មានការតាំងព្រះហឫទ័យដ៏ច្បាស់លាស់ ដោយផ្អែកលើសកម្មភាពរបស់ពេត្រុស ដើម្បីឱ្យគាត់អាចមើលឃើញយ៉ាងច្បាស់លាស់ពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ និងដឹងអំពីធម្មជាតិនៃសកម្មភាពរបស់គាត់។ អាកប្បកិរិយារបស់ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំអំពីគោលការណ៍នៃការអនុវត្ត។ ភាពអត់ឱន និងភាពអត់ធ្មត់អាចទទួលយកបានសម្រាប់បញ្ហាមួយចំនួន ប៉ុន្តែ បើមានអ្វីមួយជះឥទ្ធិពល ឬរារាំងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ វាត្រូវតែកោះហៅឱ្យមានការប្រកបគ្នាទៅអំពីសេចក្តីពិតហើយ។ ខ្ញុំមិនអាចក្លាយជាអ្នកផ្គាប់ចិត្តមនុស្សឡើយ។ ខ្ញុំបានដឹងថា ប្អូនស្រីកំពុងតែមានអារម្មណ៍អវិជ្ជមាន ប៉ុន្តែ ដោយមានចេតនាត្រឹមត្រូវ ដោយមិនមើលងាយ ឬស្ដីបន្ទោសបែបគំរោះគំរើយចំពោះនាង ប៉ុន្តែដោយប្រកបគ្នាទៅអំពីសេចក្តីពិតដើម្បីជួយវិភាគរកមើលបញ្ហារបស់នាង នោះនាងអាចយល់ពីសេចក្តីពុករលួយរបស់នាងមិនខាន។ យើងអាចស្វែងរកផ្លូវនៃការអនុវត្ត ហើយភារកិច្ចរបស់ខ្ញុំនឹងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានស្វែងរកនាងដើម្បីប្រកបគ្នាទៅលើបញ្ហារបស់នាង និងពិភាក្សាអំពីទស្សនៈខុសឆ្គងរបស់នាង។ ខ្ញុំក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ។ ខ្ញុំខ្លាចថា ការប្រកបគ្នាបែបនេះគឺធ្ងន់ៗពេក ហើយនាងមិនអាចទទួលយកបាន។ ប៉ុន្តែ ពេលដែលខ្ញុំបានធ្វើរួច នាងមិនបានធ្លាក់ទឹកចិត្ត ឬមានគំនិតមិនល្អចំពោះខ្ញុំដូចអ្វីដែលខ្ញុំបានគិតនោះឡើយ តែនាងបាននិយាយដោយស្មោះថា នាងមិនបានយល់អំពីបញ្ហារបស់នាងកាលពីមុនឡើយ ហើយអាចទទួលយកការត្រូវបានដោះស្រាយនេះ។ ក្រោយមក អាកប្បកិរិយាដែលនាងមាននៅក្នុងភារកិច្ចរបស់នាងបានប្រសើរឡើង ហើយនាងចាប់ផ្ដើមស្វែងរកគោលការណ៍នៃសេចក្តីពិតដោយមនសិការ។ ខ្ញុំរីករាយដែលឃើញបែបនេះ។ ការអនុវត្តតាមសេចក្តីពិត និងការធ្វើភារកិច្ចរបស់ខ្ញុំស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អណាស់។

នៅក្នុងអន្តរកម្មរបស់ខ្ញុំជាមួយអ្នកដទៃ ខ្ញុំតែងតែខ្លាចក្នុងការធ្វើឱ្យមនុស្សរងភាពអាម៉ាស់ តាមរយៈការកែតម្រូវខ្លាំងពេក ដូច្នេះ ទំនាក់ទំនងរបស់ខ្ញុំត្រូវបានឈរលើទស្សនៈវិជ្ជាបែបសាតាំង។ របៀបរស់នៅបែបនេះពិតជានឿយហត់ខ្លាំងណាស់។ តាមរយៈបទពិសោធន៍ និងការចង្អុលបង្ហាញទាំងនេះរបស់ព្រះជាម្ចាស់ ខ្ញុំបានរៀនអំពីលក្ខណៈក្លាយជាមនុស្សល្អពិតប្រាកដ។ ខ្ញុំក៏បានដកពិសោធន៍ផងដែរថា វាពិតជាសំខាន់ដែលត្រូវប្រកាន់តាមគោលការណ៍ និងការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលមានអន្តរកម្មជាមួយអ្នកដទៃ។ នេះហើយជាគោលការណ៍នៃការប្រព្រឹត្តល្អនោះ។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៤៧. តើអ្នកផ្គាប់ចិត្តមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឬទេ?

បន្ទាប់៖ ៥០. អ្វីដែលនៅពីក្រោយ «កេរ្ដិ៍ឈ្មោះល្អ»

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ